images/articles/2830/ukmynjtgrfds.jpg
Public date : 06, Dec 2020 (36403 Read)
សម័យមួយ ព្រះដ៏មានព្រះភាគ ទ្រង់គង់ប្រថាប់នៅនាព្រះជេតពនមហាវិហារ សម័យនោះ មានពួកព្រាហ្មណ៍មកអំពីដែនផ្សេងៗរាប់រយនាក់ អាស្រ័យនៅក្រុងសាវត្ថី ដោយកិច្ចការរបស់ពួកគេ មានការបូជាយញ្ញជាដើម ។ ពួកព្រាហ្មណ៍ទាំងនោះ បានចាត់មាណពម្នាក់ឈ្មោះអស្សលាយនៈ អាយុទើបតែ ១៦ ឆ្នាំ ប៉ុន្តែរៀនចេះចប់នូវគម្ពីរត្រៃវេទ ព្រមទាំងគម្ពីរព្រាហ្មណ៍ផ្សេងៗទៀតជាច្រើន ឲ្យចូលទៅពិគ្រោះពិភាក្សានឹងព្រះដ៏មានព្រះភាគ អំពីវណ្ណៈព្រាហ្មណ៍ ជាវណ្ណៈប្រសើរខ្ពង់ខ្ពស់ជាងគេ ។
អស្សលាយនមាណព បានក្រាបបង្គំទូលព្រះដ៏មានព្រះភាគដូច្នេះថា បពិត្រព្រះគោតមដ៏ចម្រើន ពួកព្រាហ្មណ៍តែងនិយាយយ៉ាងនេះថា មានតែពួកព្រាហ្មណ៍ទេ ទើបជាវណ្ណៈប្រសើរ វណ្ណៈឯទៀតជាវណ្ណៈថោកទាប ពួកព្រាហ្មណ៍ទើបជាវណ្ណៈស វណ្ណៈឯទៀតជាវណ្ណៈខ្មៅ ពួកព្រាហ្មណ៍ទើបបរិសុទ្ធ វណ្ណៈឯទៀតដែលមិនមែនពួកព្រាហ្មណ៍គឺមិនបរិសុទ្ធឡើយ ពួកព្រាហ្មណ៍ជាបុត្រ ជាឱរសកើតមកអំពីព្រះឱស្ឋរបស់ព្រះព្រហ្ម មានព្រះព្រហ្មជាអ្នកបង្កើត មានព្រះព្រហ្មជាអ្នកនិម្មិត ជាញាតិនឹងព្រះព្រហ្ម ត្រង់នេះ តើព្រះគោតមដ៏ចម្រើនសម្ដែងដូចម្ដេច ? ព្រះដ៏មានព្រះភាគទ្រង់ត្រាស់សម្ដែងថា
ម្នាលអស្សលាយនៈ នាងព្រាហ្មណីទាំងឡាយរបស់ពួកព្រាហ្មណ៍ ជាស្រីមានរដូវ មានគភ៌ សម្រាលកូននិងបំបៅដោះកូន អ្នករាល់គ្នាក៏ឃើញដែរ... ។
ម្នាលអស្សលាយនៈ កាលពីមុន អ្នកអាងជាតិកំណើត លុះអាងជាតិកំណើតហើយ អ្នកអាងមន្តទាំងឡាយ លុះអាងមន្តទាំងឡាយហើយ ត្រឡប់ជាលើកលែងនូវមន្តនោះ ហើយមកប្រកាន់យកនូវសេចក្ដីបរិសុទ្ធក្នុងវណ្ណៈទាំង ៤ តាមដែលតថាគតបញ្ញត្តវិញ ។
នៅក្នុងព្រះពុទ្ធសាសនា ព្រះអង្គទ្រង់ត្រាស់ថា បុគ្គលធ្វើបាបដោយខ្លួនឯង រមែងសៅហ្មងដោយខ្លួនឯង បុគ្គលមិនធ្វើបាបដោយខ្លួនឯង រមែងបរិសុទ្ធដោយខ្លួនឯង ដូច្នេះបុគ្គលបរិសុទ្ធ ឬថោកទាបសៅហ្មង មិនមែននៅលើវណ្ណៈជាតិកំណើតទេ គឺនៅលើការប្រព្រឹត្តជាក់ស្ដែង ។
នៅខាងចុងនៃព្រះសូត្រ អស្សលាយនៈ បានប្រកាសខ្លួនជាឧបាសក អ្នកដល់សរណៈស្មើដោយជីវិត ។
ដកស្រង់ពីសៀវភៅ ជំនួយសតិភាគទី២២
ដោយ៥០០០ឆ្នាំ
images/articles/2831/jhmhgngfbds.jpg
Public date : 06, Dec 2020 (38092 Read)
ចំណង់លោភៈ បាននាំជីវិតចូលទៅរកបញ្ហារាប់មិនអស់ រវល់តែដោះស្រាយបញ្ហាដែលលោភៈខ្លួនឯងបានសាងឡើង មិនចេះចប់ មិនចេះហើយ ទាំងលោភៈនេះទៀតសោត បានសាងកម្ម ដែលជាពូជនៃភពថ្មី កាលដែលភពថ្មីកើតហើយ ត្រូវបានជរា និងមរណៈ កម្ចាត់ចោលអស់ ត្រូវសាងថ្មីទៀត នេះជាអំពើខាតទុន ប្រកបដោយភាពល្ងង់ខ្លៅ របស់យើងខ្លួនឯង ។
ដើម្បីការមិនចាប់ប្រកាន់អ្វីៗទៅបាន ត្រូវហ្វឹកហាត់ដកចិត្តចេញអំពីរបស់ដែលប្រែប្រួល ដូចជាការដកចិត្តចេញអំពីមនុស្សដែលមិនស្មោះត្រង់ ដូច្នោះឯង ។ ព្រះពុទ្ធអង្គទ្រង់ត្រាស់ថា របស់ណា មិនទៀង របស់នោះ ជាទុក្ខ របស់ណាដែលជាទុក្ខ មានការប្រែប្រួលជាធម្មតា ត្រូវឃើញថា នោះមិនមែនជារបស់យើងឡើយ ។ កាលដែលវិបស្សនាឃើញថា របស់ណា មិនមែនជារបស់យើង ក៏មិនចាប់យកនូវរបស់នោះដោយសេចក្ដីប្រកាន់មាំឡើយ នេះឯង បដិបទាជាទីសប្បាយ ។
ដកស្រង់ពីសៀវភៅ ជំនួយសតិភាគទី២២
ដោយ៥០០០ឆ្នាំ
images/articles/2833/mjnhbgfs.jpg
Public date : 06, Dec 2020 (16433 Read)
សម័យមួយ ព្រះឧទេនភិក្ខុ និមន្តគង់នៅក្នុងព្រៃស្វាយឈ្មោះខេមិយៈ ជិតក្រុងពារាណសី ។ សម័យកាលនោះ ព្រះដ៏មានព្រះភាគ ទ្រង់បរិនិព្វានទៅហើយ ដូច្នេះហើយ ទើបឃោដមុខព្រាហ្មណ៍មិនបានចូលគាល់ព្រះដ៏មានព្រះភាគឡើយ ប៉ុន្តែបានមកជួបនឹងព្រះឧទេនភិក្ខុហើយពោលថា បពិត្រសមណៈដ៏ចម្រើន ផ្នួសប្រកបដោយធម៌មិនមានទេ ការយល់ឃើញរបស់ខ្ញុំក្នុងផ្នួសនេះយ៉ាងនេះឯង បានជាខ្ញុំយល់ឃើញដូច្នោះ ព្រោះមិនឃើញជនទាំងឡាយ មានសភាពដូចលោកដ៏ចម្រើនផង ព្រោះមិនឃើញធម៌ក្នុងផ្នួសនេះផង ។
ដើម្បីឲ្យព្រាហ្មណ៍គាត់បានយល់ដឹងថាអ្នកបួសប្រកបដោយធម៌ មិនមែនមិនមានទេ គឺពិតជាមានមែន ព្រះឧទេនភិក្ខុ បានលើកយកបុគ្គល ៤ ពួក ដែលព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់សម្ដែងហើយ មកសម្ដែងឲ្យឃោដមុខព្រាហ្មណ៍បានស្ដាប់ទាំងសង្ខេប ទាំងពិស្ដារ ។ បុគ្គល ៤ ពួក គឺ
១-បុគ្គលដុតកម្ដៅខ្លួនឯង
២-បុគ្គលដុតកម្ដៅអ្នកដទៃ
៣- បុគ្គលដុតកម្ដៅខ្លួនឯង ទាំងដុតកម្ដៅអ្នកដទៃ
៤- បុគ្គលមិនដុតកម្ដៅខ្លួនឯង ទាំងមិនដុតកម្ដៅអ្នកដទៃ មិនមានសេចក្ដីស្រេកឃ្លានក្នុងការប្រាថ្នាបាប មានតែរំលត់ទុក្ខ ត្រជាក់ត្រជំទទួលសេចក្ដីសុខ និងមានអត្តភាពដ៏ប្រសើរ ក្នុងបច្ចុប្បន្ននេះ ។
កាលដែលព្រះឧទេនភិក្ខុសាកសួរព្រាហ្មណ៍ បានធ្វើឲ្យឃោដមុខព្រាហ្មណ៍ពេញចិត្តនឹងកាន់យកបុគ្គលពួកទី ៤ ហើយ ទើបបានព្រះឧទេនភិក្ខុ សម្ដែងបុគ្គល ២ ពួកទៀត គឺគ្រហស្ថនិងបព្វជិត ដែលធ្វើឲ្យព្រាហ្មណ៍ប្រកាសក្នុងពេលនោះថា ផ្នួសប្រកបដោយធម៌ប្រាកដជាមានមែន មិនមែនដូចគំនិតរបស់គាត់ពីមុននោះទេ ។ នៅពេលដែលព្រះឧទេនភិក្ខុសម្ដែងអំពីបុគ្គល ៤ ពួកដោយពិស្ដារចប់ហើយ ឃោដមុខព្រាហ្មណ៍បានប្រកាសសរសើរព្រះធម៌ និងសូមដល់ព្រះឧទេនដ៏ចម្រើនផង ព្រះធម៌ផង និងព្រះភិក្ខុសង្ឃផង ជាទីពឹងទីរលឹក ព្រមទាំងប្រកាសខ្លួនជាឧបាសក ។
ព្រះឧទេនភិក្ខុ បានប្រាប់ទៅឃោដមុខព្រាហ្មណ៍ថា ម្នាលព្រាហ្មណ៍ អ្នកកុំយកអាត្មាជាទីពឹងឡើយ អាត្មាយកព្រះមានព្រះភាគអង្គណាជាទីពឹង អ្នកចូរយកព្រះមានព្រះភាគអង្គនោះជាទីពឹងចុះ ។ ឃោដមុខព្រាហ្មណ៍សួរថា បពិត្រព្រះឧទេនដ៏ចម្រើន ចុះឥឡូវនេះ ព្រះគោតមដ៏ចម្រើន ជាអរហន្តសម្មាសម្ពុទ្ធអង្គនោះគង់នៅក្នុងទីណា ។ ឧទេនភិក្ខុតបថា ម្នាលព្រាហ្មណ៍ ឥឡូវនេះព្រះភគវន្តអរហន្តសម្មាសម្ពុទ្ធ ព្រះអង្គបរិនិព្វានទៅហើយ ។
ឃោដមុខព្រាហ្មណ៍តបថា បពិត្រព្រះឧទេនដ៏ចម្រើន ប្រសិនបើយើងខ្ញុំ ឮដំណឹងថា ព្រះគោតមដ៏ចម្រើនអង្គនោះ គង់ក្នុងទីចំនួន ១០ យោជន៍យើងខ្ញុំគួរទៅកាន់ទីចំនួន ១០ យោជន៍ ដើម្បីជួបនឹងព្រះគោតមដ៏ចម្រើនជាអរហន្តសម្មាសម្ពុទ្ធអង្គនោះដែរ បពិត្រព្រះឧទេនដ៏ចម្រើន ប្រសិនបើយើងខ្ញុំ ឮដំណឹងថា ព្រះគោតមដ៏ចម្រើនអង្គនោះ គង់ក្នុងទីចំនួន ២០ យោជន៍.... ក្នុងទីចំនួន ៣០ យោជន៍.... ក្នុងទីចំនួន ៤០ យោជន៍.... ក្នុងទីចំនួន ៥០ យោជន៍.... យើងខ្ញុំ ក៏គួរទៅកាន់ទីចំនួន ៥០ យោជន៍ ដើម្បីជួបនឹងព្រះគោតមដ៏ចម្រើន ជាអរហន្តសម្មាសម្ពុទ្ធអង្គនោះដែរ បពិត្រព្រះឧទេនដ៏ចម្រើន ប្រសិន បើយើងខ្ញុំ ឮដំណឹងថា ព្រះគោតមដ៏ចម្រើនអង្គនោះ គង់ក្នុងទីចំនួន ១០០ យោជន៍ យើងខ្ញុំ ក៏គួរតែទៅ កាន់ទីចំនួន ១០០ យោជន៍ ដើម្បីជួបនឹងព្រះគោតមដ៏ចម្រើន ជាអរហន្តសម្មាសម្ពុទ្ធអង្គនោះដែរ បពិត្រព្រះឧទេនដ៏ចម្រើន កាលបើព្រះគោតមដ៏ចម្រើន ព្រះអង្គបរិនិព្វានទៅហើយ ក៏យើងខ្ញុំសូមដល់នូវព្រះគោតមដ៏ចម្រើនអង្គនោះ ដែលព្រះអង្គបរិនិព្វានទៅហើយផង ព្រះធម៌ផង ព្រះភិក្ខុសង្ឃផង ជាទីពឹងទីរលឹក សូមព្រះឧទេនដ៏ចម្រើន ជ្រាបនូវខ្ញុំព្រះករុណា ថាជាឧបាសក ដល់នូវសរណៈស្មើដោយជីវិត តាំងពីថ្ងៃនេះជាដើមតទៅ បពិត្រព្រះឧទេនដ៏ចម្រើនព្រះរាជាក្នុងដែនអង្គៈ ទ្រង់ប្រទាននិច្ចភិក្ខា ដល់ខ្ញុំព្រះករុណា តែសព្វ ៗ ថ្ងៃ ខ្ញុំព្រះករុណាសូមប្រគេននិច្ចភិក្ខាមួយចំណែក អំពីនិច្ចភិក្ខានោះ ដល់ព្រះឧទេនដ៏ចម្រើន ។
ឧទេនភិក្ខុសួរថា ម្នាលព្រាហ្មណ៍ ចុះព្រះបាទអង្គៈទ្រង់ប្រទាននិច្ចភិក្ខាប៉ុន្មាន ដល់អ្នក សព្វ ៗ ថ្ងៃ ។ ឃោដមុខព្រាហ្មណ៍តបថា បពិត្រព្រះឧទេនដ៏ចម្រើន ព្រះបាទអង្គៈ ទ្រង់ប្រទាន ៥០០ កហាបណៈ ។ ឧទេនភិក្ខុតបថា ម្នាលព្រាហ្មណ៍ យើងមិនគួរទទួលមាសនិងប្រាក់ទេ ។ ឃោដមុខព្រាហ្មណ៍ឆ្លើយថា បពិត្រព្រះឧទេនដ៏ចម្រើន បើមាសប្រាក់នោះមិនគួរ ខ្ញុំព្រះករុណានឹងឲ្យជាងធ្វើវិហារប្រគេនលោកម្ចាស់ឧទេនដ៏ចម្រើន ។ ឧទេនភិក្ខុតបថា ម្នាលព្រាហ្មណ៍ បើអ្នកចង់ឲ្យជាងធ្វើវិហារឲ្យអាត្មា ចូរឲ្យជាងសង់ឧបដ្ឋានសាលាប្រគេនសង្ឃ នៅក្នុងក្រុងបាដលិបុត្តវិញចុះ ។
ឃោដមុខព្រាហ្មណ៍ពោលថា លោកម្ចាស់ឧទេនដ៏ចម្រើន បបួលខ្ញុំព្រះករុណាឲ្យធ្វើទានចំពោះសង្ឃ ដោយហេតុណា ខ្ញុំព្រះករុណាមានចិត្តត្រេកអររីករាយពន់ប្រមាណ ចំពោះលោកម្ចាស់ឧទេនដ៏ចម្រើន ដោយហេតុនេះ បពិត្រលោកម្ចាស់ឧទេនដ៏ចម្រើន ខ្ញុំព្រះករុណានេះ នឹងឲ្យជាងធ្វើឧបដ្ឋានសាលាប្រគេនសង្ឃក្នុងក្រុងបាដលិបុត្ត ដោយនិច្ចភិក្ខានេះផង ដោយនិច្ចភិក្ខាដទៃផង ។ លំដាប់នោះ ឃោដមុខព្រាហ្មណ៍ ក៏ឲ្យជាងធ្វើឧបដ្ឋានសាលាប្រគេនសង្ឃក្នុងក្រុងបាដលិបុត្ត ដោយនិច្ចភិក្ខានុះផង ដោយនិច្ចភិក្ខាដទៃផង ។ ឥឡូវនេះ សាលានោះ គេហៅថា ឃោដមុខី ។
នៅក្នុងអដ្ឋកថា បានសម្ដែងប្រាប់ថា ឃោដមុខព្រាហ្មណ៍ បានបំពេញបុណ្យហើយ អស់ជីវិតទៅបដិសន្ធិក្នុងទេវលោក ។ កាលដែលសង្ឃប្រជុំគ្នាដើម្បីចាត់ចែងជួសជុលនូវឧបដ្ឋានសាលា ឃោដមុខទេវបុត្របានចុះពីទេវលោក មកណែនាំឲ្យប្អូនស្រីទៅយកកំណប់ទ្រព្យមកចាត់ចែងជួសជុលនិងសាងនូវសាលាឆាន់ និងទុកទ្រព្យចិញ្ចឹមកូនចៅទៅទៀតផង រួចហើយថ្វាយបង្គំព្រះភិក្ខុសង្ឃ អណ្ដែតទៅព្ធដ៏អាកាសវេហា ត្រឡប់កាន់ទេវលោកវិញ ។
ដកស្រង់ពីសៀវភៅ ជំនួយសតិភាគទី២២
ដោយ៥០០០ឆ្នាំ
images/articles/2832/ykiujtfgbxdc.jpg
Public date : 06, Dec 2020 (39103 Read)
ហួងហែងខ្លាំងពេក វានាំឲ្យលំបាកទាំងអស់គ្នា គឺលំបាកទាំងយើងអ្នកហួងហែងគេ ទាំងគេដែលត្រូវយើងហួងហែងនោះឯង ។ ការហួងហែងដូចជាការឱបរឹត បើវាតឹងពេកទៅ វាពិតជានាំឲ្យលំបាកដកដង្ហើមណាស់ ម្ល៉ោះហើយរឿងរ៉ាវវារឹតតែធំឡើង ដល់ថ្នាក់នៅជាមួយគ្នាមិនបាន សូម្បីតែកូន ក៏មិនចង់នៅជាមួយនឹងម៉ែឪដែលហួងហែងពេកនោះដែរ ។
ត្រូវពិចារណាថា អ្នកណាៗ ក៏គេចមិនផុតអំពី ចាស់ ឈឺ ស្លាប់ ព្រាត់ប្រាស និងផលកម្មដែរ ខ្លួនយើងក៏គេចមិនផុត ហើយដល់យើងស្លាប់ទៅ យើងនៅហួងហែងស្អីបានទៀត ដូច្នេះត្រូវប្រញាប់រៀបចំឲ្យហើយស្រេចគ្រប់រឿង កុំចាំបាច់ហួងហែងវែងឆ្ងាយ ត្រូវរស់នៅប្រកបដោយបញ្ញា ពោលគឺព្យាយាមអប់រំបញ្ញា មានចិត្តសុខស្ងប់ សប្បាយៗមុនពេលស្លាប់ ព្រោះមិនមានអ្វីសម្រាប់ឲ្យហួងហែង ដល់ពេលស្លាប់ទៅបិទភ្នែកជិត ។
ដកស្រង់ពីសៀវភៅ ជំនួយសតិភាគទី២២
ដោយ៥០០០ឆ្នាំ
images/articles/2841/tyfhvgvd.jpg
Public date : 06, Dec 2020 (31188 Read)
ការលះបង់នូវសេចក្ដីទុក្ខទាំងពួងបាន គឺជាសុខ ។ ត្រូវប្រយ័ត្នការស្វែងរកសុខ ដែលជាការបង្កហេតុនៃសេចក្ដីទុក្ខទៅវិញ។ គួរហ្វឹកហាត់ ៧ យ៉ាង នឹងបានក្សេមក្សាន្តក្នុងចិត្ត គឺ
១-ហ្វឹកហាត់ មើលខ្លួនឯងឲ្យឃើញតូចទៅ ៗ ។ គប្បីជាមនុស្សខ្លួនតូចដោយសតិ កុំជាមនុស្សខ្លួនធំដោយកិលេស ចូរជាមនុស្សធម្មតា ៗ ។ កុំប្រកាន់ថា អញជាមនុស្សសំខាន់ គេត្រូវគោរពយើងយ៉ាងនេះ យ៉ាងនោះឲ្យសោះ គប្បីសំខាន់ណាស់ក្នុងការជួយខ្លួនឯងឲ្យរួចពីសេចក្តីសៅហ្មងទៅ បានហើយ ។ ត្រូវចាំថា ធម្មតាជីវិតគឺធម្មតាធម៌ ។
២-ហ្វឹកហាត់ ឲ្យខ្លួនឯងជាអ្នកមិនសន្សំ ។ ការសន្សំអ្វី ៗ គ្រប់យ៉ាង គឺជាភារៈ មិនមានអ្វីដែលយើងសន្សំហើយ មិនមែនជាភារៈនោះឡើយ វៀរលែងតែសេចក្ដីល្អក្នុងការលះបាបប៉ុណ្ណោះ ក្រៅពីហ្នឹងសុទ្ធតែជាភារៈទាំងអស់ បើមិនច្រើនក៏តិចដែរ ។
៣-ហ្វឹកហាត់ ឲ្យខ្លួនឯងជាមនុស្សសប្បាយ ៗ ។ មានបុគ្គលជាទីសប្បាយ មានធម៌ស្ដាប់ជាទីសប្បាយ និងមានបដិបទាជាទីសប្បាយជាដើម ។ កុំទៅវង្វេងជាមួយនឹងរបស់សម្បូណ៌បែប ព្រោះតាមពិត របស់សម្បូណ៌បែបនោះមិនមានទេ វាគ្រាន់តែជាអារម្មណ៍នៃឆន្ទរាគៈតែប៉ុណ្ណោះ មានតែបុគ្គលល្ងង់ខ្លៅទេដែលលិចចុះក្នុងរបស់សម្បូណ៌បែប ព្រោះយល់ច្រឡំថា មានពិតក្នុងមាយាធម៌នោះៗ ចំណែកអ្នកចេះដឹង មិនលិចចុះឡើយ ។
៤-ហ្វឹកហាត់ ឲ្យខ្លួនឯងដឹងធម្មជាតិថា អ្វី ៗ សុទ្ធតែមានការកន្លងទៅ ។ ពេលដែលសុខ ត្រូវដឹងថា បន្តិចវានឹងកន្លងទៅ ពេលដែលមានទុក្ខ ក៏ត្រូវដឹងថា វានឹងកន្លងទៅដូចគ្នាដែរ ។ នៅពេលដែលស្ថានការណ៍លំបាកយ៉ាកយ៉ាប់មកដល់ ត្រូវដឹងឲ្យទាន់ថា រឿងរ៉ាវទាំងនេះ វាមិនបាននៅជាមួយយើងរហូតទៅនោះឡើយ ហើយយើងត្រូវតែឈរនៅខាងសេចក្ដីល្អជានិច្ច ។
៥-ហ្វឹកហាត់ ឲ្យខ្លួនឯងចេះលះបង់ និងចេះព្រមចាញ់ប្រៀបអ្នកដទៃផង ។ ការដែលមនុស្សយើងព្រមចាញ់ប្រៀបអ្នកដទៃ ជាការចាំបាច់ ព្រោះបើយើងទាមទារតែពីត្រូវ អាងហេតុ អាងផល យ៉ាងនេះ យ៉ាងនោះ ដោយមិនព្រមចាញ់ប្រៀបគេ ចង់តែពីត្រូវគ្រប់យ៉ាង ចង់តែពីឈ្នះគេ ប៉ុន្តែបែរទៅជាមិនមានសេចក្ដីសុខក្នុងជីវិតទៅវិញ ព្រោះត្រូវតស៊ូជាមួយនឹងមនុស្សជុំវិញខ្លួន ដើម្បីទាមទាររកឲ្យខ្លួនឯងត្រូវ និងឈ្នះគេតែម្យ៉ាង ដូច្នេះមានតែការព្រមចាញ់ប្រៀបអ្នកដទៃហ្នឹងឯង ដើម្បីសេចក្ដីសុខក្នុងជីវិតផង និងដើម្បីបានឈ្នះនូវមានៈក្នុងខ្លួនឯងផង ។
៦-ហ្វឹកហាត់ ឲ្យខ្លួនឯងជាមនុស្សស្ងៀមស្ងាត់ មិននិយាយច្រើនអត់ប្រយោជន៍ ។ កាលបើត្រូវនិយាយ គប្បីនិយាយដោយសតិសម្បជញ្ញៈ មិនទម្លាយសេចក្ដីស្ងប់ក្នុងចិត្តរបស់ខ្លួន មិននិយាយបៀតបៀនអ្នកដទៃដោយពាក្យសម្តីរបស់ខ្លួនឡើយ ត្រូវដកចង្កូម គឺវចីទុច្ចរិតទាំង ៤ អំពីមាត់របស់ខ្លួនចេញ ត្រូវនឹករលឹកដល់ព្រះពុទ្ធដីកា ដែលព្រះអង្គទ្រង់ត្រាស់អំពីសម្ដីល្អ ៥ យ៉ាង គឺ ១-ពាក្យពិត ២-ពាក្យពីរោះ ៣-ពាក្យមានប្រយោជន៍ ៤-ពោលតាមកាលៈទេសៈត្រឹមត្រូវ ៥-ពោលដោយមេត្តាចិត្ត ។ ត្រូវប្រយ័ត្នសម្ដីមិនល្អ ៥ យ៉ាងផ្ទុយគ្នា ប្រយ័ត្នម្យ៉ាង គឺខ្លួនឯងកុំពោលឲ្យសោះ និងប្រយ័ត្នម្យ៉ាងទៀត ត្រូវតាំងមេត្តាចិត្តឲ្យបានល្អ នៅពេលបានស្ដាប់ឮពីអ្នកដទៃនូវសម្ដីមិនល្អ ៥ យ៉ាងនេះ ត្រូវចាំថា សម្ដីមិនល្អទាំងនេះ រមែងមានក្នុងលោក ដូច្នោះឯង ។
៧-ហ្វឹកហាត់ ឲ្យខ្លួនឯងរួចផុតអំពីភាពជាទាសៈនៃមាសប្រាក់ ។ ពាក្យថាទាសៈ គឺជាសកម្មភាពនៃសេចក្ដីញាប់ញ័រក្នុងចិត្ត ។ ដើម្បីភាពជាឥស្សរៈនេះ ត្រូវហ្វឹកហាត់ឲ្យចេះល្មមជាមួយនឹងរបស់បរិភោគប្រើប្រាស់ កាលបើចេះល្មម ចេះសន្តោសហើយ ទើបមានឱកាសមកទទួលយកព្រះធម៌ ដើម្បីសិក្សាបដិបត្តិ ដែលការសិក្សាបដិបត្តិតាមព្រះធម៌របស់ព្រះសម្មាសម្ពុទ្ធនេះ គឺជាការងារមានសារៈសំខាន់បំផុត ។
ដកស្រង់ពីសៀវភៅ ជំនួយសតិភាគទី២២
ដោយ៥០០០ឆ្នាំ
images/articles/2842/232323rwer.jpg
Public date : 06, Dec 2020 (30216 Read)
សម័យមួយ ព្រះដ៏មានព្រះភាគ ទ្រង់គង់ប្រថាប់នៅនាព្រះជេតវនារាម របស់លោកអនាថបណ្ឌិកសេដ្ឋី ជិតក្រុងសាវត្ថី ។ សម័យនោះ ព្រាហ្មណ៍ឈ្មោះឯសុការី បានចូលគាល់ព្រះដ៏មានព្រះភាគ បានក្រាបទូលព្រះដ៏មានព្រះភាគនូវការបញ្ញត្តរបស់ពួកព្រាហ្មណ៍ ដែលព្រាហ្មណ៍បានបញ្ញត្តនូវការបម្រើ ៤ យ៉ាង ទៅតាមវណ្ណៈទាំង ៤ គឺវណ្ណៈព្រាហ្មណ៍ វណ្ណៈក្សត្រិយ៍ វណ្ណៈវេស្សៈ និងវណ្ណៈសុទ្ទៈ ។ ពួកព្រាហ្មណ៍បានបញ្ញត្តថាៈ
-ព្រាហ្មណ៍ត្រូវបម្រើព្រាហ្មណ៍ ក្សត្រិយ៍ក៏ត្រូវបម្រើព្រាហ្មណ៍ដែរ វេស្សៈ សុទ្ទៈ ត្រូវបម្រើព្រាហ្មណ៍ទាំងអស់ ។
-ក្សត្រិយ៍ ត្រូវបម្រើក្សត្រិយ៍ វេស្សៈ និងសុទ្ទៈ ត្រូវបម្រើក្សត្រិយ៍ ។
-វេស្សៈត្រូវបម្រើវេស្សៈ សុទ្ទៈត្រូវបម្រើវេស្សៈ ។
-សុទ្ទៈត្រូវបម្រើសុទ្ទៈ ។
ឯសុការីព្រាហ្មណ៍ បានក្រាបទូលសួរព្រះដ៏មានព្រះភាគថា បពិត្រព្រះគោតមដ៏ចម្រើន ទ្រង់ត្រាស់សម្ដែងនូវដំណើរនោះ ថាដូចម្ដេច ? ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់សួរថា ម្នាលព្រាហ្មណ៍ចុះលោកទាំងមូលយល់ព្រមដាច់ស្រេច នូវការបញ្ញត្ត របស់ពួកព្រាហ្មណ៍នុ៎ះថា ចូរពួកព្រាហ្មណ៍បញ្ញត្តនូវការបម្រើទាំង ៤ យ៉ាងនេះចុះ ដូច្នេះដែរឬ ។ បពិត្រព្រះគោតមដ៏ចម្រើន លោកទាំងមូលមិនយល់ព្រម នូវការបញ្ញត្តនេះទេ ។ ម្នាលព្រាហ្មណ៍ បុរសកំសត់ ឥតយស មិនស្ដុកស្ដម្ភ ពួកឈ្មួញរទេះ យកចំណែកសាច់ ( គោរបស់ខ្លួនដែលស្លាប់តាមផ្លូវ ) ផ្ដែកវេរឲ្យដល់បុរសកំសត់នោះ ដែលមិនចង់បានដោយបង្ខំថា នែវ៉ឺយបុរស ឯងត្រូវតែស៊ីសាច់នេះ ទាំងត្រូវសងថ្លៃផង សេចក្តីនេះមានឧបមាយ៉ាងណា ម្នាលព្រាហ្មណ៍ ដោយការដែលពួកសមណព្រាហ្មណ៍នោះ មិនបានយល់ព្រមសោះ ស្រាប់តែពួកព្រាហ្មណ៍ មកបញ្ញត្តការបម្រើទាំង ៤ យ៉ាងនេះ ក៏មាន ឧបមេយ្យយ៉ាងនោះដែរ ។
ម្នាលព្រាហ្មណ៍ តថាគតមិនពោលថាត្រូវតែបម្រើអ្នកទាំងអស់ ( នោះ ) ទេ ម្នាលព្រហ្មណ៍ តែតថាគតនឹងបានពោលថាមិនត្រូវបម្រើទាំងអស់ក៏ទេដែរ ។ ម្នាលព្រាហ្មណ៍ ព្រោះថាកាលបើគេបម្រើបុគ្គលណា ត្រឡប់ជាបានបាបក្រៃពេក មិនបានប្រយោជន៍ ព្រោះហេតុការបម្រើ តថាគតមិនពោលថាត្រូវបម្រើបុគ្គលនោះទេ ម្នាលព្រាហ្មណ៍ តែថាកាលគេបម្រើបុគ្គលណា បានប្រយោជន៍មិនបានបាប ព្រោះហេតុតែការបម្រើទេ តថាគតពោលថាត្រូវបម្រើបុគ្គលនោះចុះ ។ ម្នាលព្រាហ្មណ៍ ប្រសិនបើគេសួរ ក្សត្រិយ៍យ៉ាងនេះថា កាលបើព្រះអង្គបម្រើបុគ្គលណា ទ្រង់ក្លាយទៅជាមនុស្សលាមកក្រៃពេក មិនបានជាមនុស្សប្រសើរវិសេស ព្រោះហេតុតែការបម្រើ មួយទៀត កាលបើព្រះអង្គបម្រើបុគ្គលណា បានជាបុគ្គលគាប់ប្រសើរ មិនក្លាយជាបុគ្គលថោកថយ ព្រោះហេតុតែការបម្រើទេ បណ្ដាបុគ្គលទាំង ២ នុ៎ះ តើព្រះអង្គត្រូវបម្រើបុគ្គលណា ។
ម្នាលព្រាហ្មណ៍ កាលបើក្សត្រិយ៍ឆ្លើយតបដោយត្រឹមត្រូវ គួរឆ្លើយតបយ៉ាងនេះថា កាលខ្ញុំបម្រើបុគ្គលណា ក្លាយខ្លួនទៅជាមនុស្សលាមកក្រៃពេក មិនបានជាមនុស្សប្រសើរវិសេស ព្រោះហេតុតែការបម្រើទេ ខ្ញុំមិនត្រូវបម្រើបុគ្គលនោះឡើយ លុះតែខ្ញុំបម្រើបុគ្គលណា បានការគាប់ប្រសើរ មិនបានការអាក្រក់ ព្រោះហេតុតែការបម្រើ ទើបខ្ញុំត្រូវបម្រើបុគ្គលនោះ ។
ម្នាលព្រាហ្មណ៍ បើគេសួរព្រាហ្មណ៍... ម្នាលព្រាហ្មណ៍ បើគេសួរវេស្សៈ... ម្នាលព្រាហ្មណ៍ បើគេសួរសុទ្ទៈយ៉ាងនេះថា កាលបើអ្នកបម្រើបុគ្គលណា ត្រឡប់ជាបានបាប មិនបានការគាប់ប្រសើរ ព្រោះការបម្រើជាហេតុទេ មួយទៀត កាលបើអ្នក បម្រើបុគ្គលណា បានការគាប់ប្រសើរ មិនបានការអាក្រក់ ព្រោះការបម្រើជាហេតុទេ បណ្ដាបុគ្គលទាំង ២ នុ៎ះ តើអ្នកត្រូវបម្រើបុគ្គលណា ។
ម្នាលព្រាហ្មណ៍ កាលបើសុទ្ទៈឆ្លើយតបដោយត្រឹមត្រូវ គប្បីឆ្លើយតបយ៉ាងនេះថា កាលបើខ្ញុំបម្រើបុគ្គលណា បានការអាក្រក់ មិនបានការគាប់ប្រសើរ ព្រោះហេតុតែការបម្រើទេ ខ្ញុំមិនត្រូវបម្រើបុគ្គលនោះឡើយ កាលបើខ្ញុំបម្រើបុគ្គលណា បានការគាប់ប្រសើរ មិនមែនជាការអាក្រក់ ព្រោះហេតុតែការបម្រើទេ ទើបខ្ញុំត្រូវបម្រើបុគ្គលនោះ ។
ម្នាលព្រាហ្មណ៍ តថាគតមិនពោលថា បុគ្គលគាប់ប្រសើរ ព្រោះតែមានត្រកូលខ្ពស់ទេ ម្នាលព្រាហ្មណ៍ ទាំងតថាគតនឹងបានពោលថាបុគ្គលថោកថយ ព្រោះតែមានត្រកូលខ្ពស់ក៏ទេដែរ ។ ម្នាលព្រាហ្មណ៍ តថាគតមិនពោលថាបុគ្គលគាប់ប្រសើរ ព្រោះតែមានជាតិថ្លៃថ្លាទេ ម្នាលព្រាហ្មណ៍ ទាំងតថាគតនឹងបានពោលថាបុគ្គលថោកទាប ព្រោះតែមានជាតិថ្លៃថ្លាក៏ទេដែរ ។ ម្នាលព្រាហ្មណ៍ តថាគតមិនពោលថា បុគ្គលប្រសើរវិសេស ព្រោះតែមានភោគៈលើសលប់ទេ ម្នាលព្រាហ្មណ៍ ទាំងតថាគតនឹងបានពោលថាបុគ្គលថោកទាប ព្រោះតែមានភោគៈលើសលប់ក៏ទេដែរ ។
ម្នាលព្រាហ្មណ៍ ព្រោះថាបុគ្គលពួកខ្លះ ក្នុងលោកនេះ សូម្បីមានត្រកូលខ្ពង់ខ្ពស់ តែជាអ្នកសម្លាប់សត្វ លួចទ្រព្យគេ ប្រព្រឹត្តកាមេសុមិច្ឆា ប្រព្រឹត្តពោលពាក្យមុសា មានវាចាញុះញង់ មានវាចាទ្រគោះ និយាយតែពាក្យឥតប្រយោជន៍ ជាអ្នកមានអភិជ្ឈា មានចិត្តព្យាបាទ ជាមិច្ឆាទិដ្ឋិ ហេតុនោះបានជាតថាគតមិនពោលថា បុគ្គលប្រសើរវិសេស ព្រោះតែមានត្រកូលខ្ពង់ខ្ពស់ទេ ។ ម្នាលព្រាហ្មណ៍ ព្រោះថាបុគ្គលពួកខ្លះ ក្នុងលោកនេះ ជាអ្នកមានត្រកូលខ្ពង់ខ្ពស់ ហើយបានវៀរចាកបាណាតិបាត វៀរចាកអទិន្នាទាន វៀរចាកកាមេសុមិច្ឆាចារ វៀរចាកមុសាវាទ វៀរចាកបិសុណាវាចា វៀរចាកផរុសវាចា វៀរចាកសម្ផប្បលាបៈ មិនមានអភិជ្ឈា មិនមានចិត្តព្យាបាទ ជាសម្មាទិដ្ឋិ ក៏មាន ហេតុនោះ បានជាតថាគតមិនពោលថាបុគ្គលថោកទាប ព្រោះតែមានត្រកូលខ្ពង់ខ្ពស់ទេ ។
ម្នាលព្រាហ្មណ៍ មនុស្សពួកខ្លះក្នុងលោកនេះ ទុកជាមានជាតិថ្លៃថ្លាក៏ដោយ តែជាអ្នកសម្លាប់សត្វ លួចទ្រព្យគេ ប្រព្រឹត្តកាមេសុមិច្ឆា ពោលពាក្យមុសា មានវាចាញុះញង់ មានសម្ដីអាក្រក់ និយាយពាក្យឥតប្រយោជន៍ មានអភិជ្ឈា មានចិត្តព្យាបាទ ជាមិច្ឆាទិដ្ឋិ ហេតុនោះ បានជាតថាគតមិនពោលថា បុគ្គលវិសេសវិសាល ព្រោះតែមានជាតិថ្លៃថ្លាទេ ។
ម្នាលព្រាហ្មណ៍ បុគ្គលពួកខ្លះ ក្នុងលោកនេះ ជាអ្នកមានជាតិថ្លៃថ្លា ហើយបានវៀរចាកបាណាតិបាត វៀរចាកអទិន្នាទាន វៀរចាកកាមេសុមិច្ឆាចារ វៀរចាកមុសាវាទ វៀរចាកបិសុណាវាចា វៀរចាកផរុសវាចា វៀរចាកសម្ផប្បលាបៈ មិនមានអភិជ្ឈា មិនមានចិត្តព្យាបាទ ជាសម្មាទិដ្ឋិក៏មាន ហេតុនោះ បានជាតថាគតមិនពោលថា បុគ្គលថោកទាប ព្រោះតែមានជាតិថ្លៃថ្លាទេ ។
ម្នាលព្រាហ្មណ៍ បុគ្គលពួកខ្លះ ក្នុងលោកនេះ សូម្បីមានភោគៈលើសលុប តែជាអ្នកសម្លាប់សត្វ លួចទ្រព្យគេ ប្រព្រឹត្តកាមេសុមិច្ឆា និយាយពាក្យមុសា មានវាចាញុះញង់ មានពាក្យអាក្រក់ និយាយពាក្យឥតប្រយោជន៍ មានអភិជ្ឈា មានចិត្តព្យាបាទ ជាមនុស្សមិច្ឆាទិដ្ឋិ ហេតុនោះ បានជាតថាគតមិនពោលថា បុគ្គលវិសេសវិសាល ព្រោះមានភោគៈលើសលុបទេ ។
ម្នាលព្រាហ្មណ៍ បុគ្គលពួកខ្លះ ក្នុងលោកនេះ ជាអ្នកមានភោគៈដ៏លើសលុប ហើយបានវៀរចាកបាណាតិបាត វៀរចាកអទិន្នាទាន វៀរចាកកាមេសុមិច្ឆាចារ វៀរចាកមុសាវាទ វៀរចាកបិសុណាវាចា វៀរចាកផរុសវាចា វៀរចាកសម្ផប្បលាបៈ មិនមានអភិជ្ឈា មិនមានចិត្តព្យាបាទ ជាសម្មាទិដ្ឋិក៏មាន ហេតុនោះ បានជាតថាគតមិនពោលថា បុគ្គលថោកទាប ព្រោះតែមានភោគៈលើសលុបទេ ។ ម្នាលព្រាហ្មណ៍ តថាគតមិនពោលថា ត្រូវតែបម្រើអ្នកទាំងអស់ ( នោះ ) ទេ ម្នាលព្រាហ្មណ៍ ទាំងតថាគតនឹងបានពោលថា មិនត្រូវបម្រើអ្នកទាំងអស់ក៏ទេដែរ ។ ម្នាលព្រាហ្មណ៍ ព្រោះថាកាលបើគេបម្រើបុគ្គលណា សទ្ធាចម្រើន សីលចម្រើន សុតៈចម្រើន ចាគៈចម្រើន ប្រាជ្ញាក៏ចម្រើន ព្រោះការបម្រើ ( នោះ ) ជាហេតុ តថាគតទើបពោលថា ត្រូវបម្រើបុគ្គលនោះ ។
ឯសុការីព្រាហ្មណ៍ បានក្រាបទូលព្រះដ៏មានព្រះភាគមួយរឿងទៀត អំពីការបញ្ញត្តទ្រព្យរបស់ពួកព្រាហ្មណ៍ គឺការប្រព្រឹត្តសូមជាទ្រព្យរបស់ព្រាហ្មណ៍ ធ្នូនិងបំពង់ព្រួញជាទ្រព្យរបស់ក្សត្រិយ៍ ការភ្ជួររាស់និងការរក្សាគោជាទ្រព្យរបស់វេស្សៈ កណ្ដៀវនិងអម្រែកជាទ្រព្យរបស់សុទ្ទៈ ។ ក្នុងទ្រព្យទាំង ៤ ប្រការនេះ ប្រសិនបើវណ្ណៈណាមើលងាយនូវទ្រព្យរបស់ខ្លួន ឈ្មោះថា ជាអ្នកមិនធ្វើការងារដែលខ្លួនត្រូវធ្វើ ដូចអ្នករក្សាទ្រព្យ លួចយកទ្រព្យដែលគេមិនបានឲ្យ ។ ឯសុការីព្រាហ្មណ៍ បានក្រាបទូលសួរថា តើព្រះគោតមដ៏ចម្រើន សម្ដែងថាដូចម្ដេច ចំពោះរឿងនេះ ?
សេចក្ដីនៅក្នុងព្រះសូត្រ គឺព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់បញ្ញត្តលោកុត្តរធម៌ដ៏ប្រសើរ ថាជាទ្រព្យសម្រាប់ខ្លួនរបស់បុរសស្ត្រី។
វណ្ណៈទាំង ៤ ចូលកាន់ផ្នួស អាស្រ័យធម្មវិន័យ ដែលព្រះតថាគតសម្ដែងហើយ វៀរចាកបាណាតិបាត វៀរចាកអទិន្នាទាន ។ល។ មានសម្មាទិដ្ឋិ ជាបុគ្គលត្រេកអរនឹងកុសលធម៌ជាគ្រឿងនាំ ចេញចាកទុក្ខ ចម្រើនចិត្តមេត្តា មិនមានពៀរ មិនមានព្យាបាទ ប្រព្រឹត្តទៅបានគ្រប់វណ្ណៈទាំងអស់ មិនចំពោះតែវណ្ណៈព្រាហ្មណ៍ទេ ។
ព្រះដ៏មានព្រះភាគ ទ្រង់លើកអំពីការងូតទឹកជម្រះក្អែល អំពីការបង្កាត់ភ្លើង ដើម្បីឲ្យឯសុការីព្រាហ្មណ៍ បានយល់អំពីការប្រព្រឹត្តព្រហ្មចរិយធម៌ក្នុងព្រះពុទ្ធសាសនា ក្នុងការលះបង់នូវកិលេស ដោយមិនចំពោះវណ្ណៈណាមួយនោះឡើយ ។ ឯសុការីព្រាហ្មណ៍ បានជាឧបាសក អ្នកដល់នូវសរណគមន៍ ស្មើដោយជីវិត ។
ដកស្រង់ពីសៀវភៅ ជំនួយសតិភាគទី២២
ដោយ៥០០០ឆ្នាំ
images/articles/3014/2020-08-31_13_53_42-Betrayal_-_Google_Search.jpg
Public date : 06, Dec 2020 (21076 Read)
មនុស្សល្អ គឺបុគ្គលណាដែលប្រព្រឹត្តអំពើល្អដោយកាយ វាចា ចិត្ត មានសីលធម៌ មានគុណធម៌ខ្ពងខ្ពស់។ ឃ្មុំតែងហើរទៅក្រេបផ្កា ប្រៀបដូចជា អ្នកប្រាថ្នាចង់បានសេចក្ដីចម្រើន តែងជួបប្រាស្រ័យនឹងមនុស្សល្អ ដូច្នោះឯង។
អ្នកណាខ្លះជាមនុស្សល្អ?
អ្នកណាក៏ដោយ ឲ្យតែធ្លាប់ជួយយើង ដោយហោចទៅសូម្បីឲ្យទឹកមួយកែវ ឲ្យបាយមួយវែក ក៏ចាត់ទុកថាជាមនុស្សល្អចំពោះយើងដែរ។ អ្នកមានបំណងល្អ ចំពោះយើងមានដូចខាងក្រោម៖
១ មាតាបិតា
២ ចាស់ព្រឹទ្ធាចារ្យ រៀមច្បងក្នុងគ្រួសារ
៣ គ្រូឧបជ្ឈាចារ្យ លោកគ្រូ អ្នកគ្រូ
៤ ព្រះសង្ឃដែលបានសង្រួមកាយវាចាល្អត្រឹមត្រូវ
៥ ព្រះពុទ្ធ
បុគ្គលខាងលើនេះ សុទ្ធតែមានបំណងចង់ឲ្យយើងបានសេចក្ដីចម្រើន ទោះបីពេលខ្លះគាត់ស្ដីបន្ទោស ឬមានពាក្យសម្ដីធ្ងន់ស្រាលលើយើងក៏ដោយ ក៏យើងមិនត្រូវខឹងស្អប់គាត់ឡើយ។
មូលហេតុធ្វើអោយស្អប់មនុស្សល្អ
១ មច្ឆាទិដ្ឋិ ៈ យល់ខុស មិនជឿថា មានបាប មានបុណ្យ មិនជឿថា ធ្វើបាបបានផលជាទុក្ខ ធ្វើបុណ្យបានផលជាសុខទេ។
២ មិច្ឆាសង្កប្បៈ ត្រិះរិះខុស គឺកិតរកការសប្បាយតាមផ្លូវអបាយមុខ ឬតាមការជិះជាន់ កេងប្រវ័ញ្ច ធ្វើបាបអ្នកដទៃ។
៣ មិច្ឆាវាចាៈ និយាយពាក្យខុស គឺនិយាយពាក្យភូតកុហក ញុះញង់ ស៊កសៀត បំបែកបំបាក់ ជេរប្រទេចផ្ដាសារអ្នកដទៃ។
៤ មិច្ឆាកម្មន្តៈ ធ្វើការងារខុស គឺធ្វើការងារដោយខ្វះសតិស្មារតីមិនដឹងថា ការងារណាគួរធ្វើ ការងារណាមិនគួរធ្វើ ការងារណាគួរធ្វើមុន ការងារណាគួរធ្វើក្រោយ។
៥ មច្ឆាអាជីវៈ ចិញ្ចឹមជីវិតខុស គឺប្រកបមុខរបររកស៊ីខុសច្បាប់ ខុសសីលធម៌ ខុសប្រពៃណី។
៦ មិច្ឆាវាយាមៈ ព្យាយាមខុស គឺប្រឹងប្រែងព្យាយាមធ្វើកិច្ចការងារណាដែលមិនត្រឹមត្រូវ ខុសឆ្គាំឆ្គង គ្មានសីលធម៌។
៧ មិច្ឆាសតិៈ រលឹកខុស គឺនឹកតែរឿងបាប រឿងអកុសល រឿងខុស ហើយសប្បាយរីករាយក្នុងរឿងខុសនោះ។
៨ មច្ឆាសមាធិៈ តម្កល់ចិត្តខុស គឺមុះមុត ក្លាហានក្នុងរឿងខុសមិនត្រូវទំនង។
កាលបើអ្នកសន្សំគំនិតមិនល្អច្រើននៅក្នុងខ្លួន វាធ្វើឲ្យយើងមិនមានជំហរឹងមាំ មានគំនិតរវើរវាយ ធ្វើអ្វីៗមិនបានសម្រេចល្អឡើយ។
ការយល់ត្រូវ
ការយល់ត្រឹមត្រូវ គឺចំណុចផ្ដើមដំបូងនាំឲ្យមនុស្សធ្វើត្រូវ និយាយត្រូវ។ ការយល់ត្រូវកើតឡើងអាស្រ័យហេតុពីរយ៉ាង
១ ស្ដាប់អ្នកដទៃ គឺស្ដាប់ឪពុកម្ដាយ លោកគ្រូអ្នកគ្រូ ចាស់ព្រឹទ្ធាចារ្យ ព្រះសង្ឃ។
២ ការពិចារណា ការស្ដាប់តែម្យ៉ាង នៅមិនទាន់គ្រប់គ្រាន់ទេ ត្រូវអាស្រ័យការពិចារណាបន្ថែមទៀតតើគេនិយាយនោះត្រឹមត្រូវទេ ត្រូវអាស្រ័យការពិចារណាបន្ថែមទៀតតើគេនិយាយនោះត្រឹមត្រូវឬទេ សមហេតុផលឬទេ មិនត្រូវជឿទាំងអស់ទេ។
កាលបើមនុស្សយល់ត្រូវ សកម្មភាពសម្ដែងចេញមកក៏ល្អ កាលបើមនុស្សធ្វើល្អ សេចក្ដីសុខរមែងកើតឡើង។
ដោយ៥០០០ឆ្នាំ
images/articles/1948/Untitled-1-Recovered.jpg
Public date : 05, Dec 2020 (15924 Read)
ធម៌ពិតគឺជីវិតនេះឯង
ពុទ្ធបរិស័ទយើងដោយច្រើនយល់ថា ធម៌ពិតដោយឡែក ផ្សេងអំពីជីវិតរស់នៅរាល់ថ្ងៃនេះ ប៉ុន្តែ កាលដែលបានសិក្សា ព្រះធម៌ហើយ ទើបដឹងថា ធម៌ពិតគឺជីវិតរាល់ថ្ងៃនេះឯង ។ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់សម្តែងអំពីលោភៈ គឺសេចក្តីប្រាថ្នា ដោយការជាប់ជំពាក់សព្វបែបយ៉ាង ដែលយើងមិនមានសតិរលឹក ដឹងថាជាធម៌ពិត ពេលខ្លះ ចេះគិតចង់លះលោភៈ ទាំងដែលមិន
images/articles/1949/Untitled-1-Recovered.jpg
Public date : 05, Dec 2020 (16804 Read)
យល់ដឹងធម៌ពិត
បើមិនបានយល់ដឹងធម៌ពិត ដែលប្រាកដផ្លូវភ្នែក ត្រចៀក ច្រមុះ អណ្តាត កាយ ចិត្ត ក្នុងខណៈនេះឱ្យបានត្រឹមត្រូវតាម សេចក្តីពិតទេ គឺមិនអាចបដិបត្តិធម៌បានឡើយ ។មិនមានអ្នកណាបដិបត្តិធម៌បានទេ បើមិនបានយល់ មិន បានដឹងថា អ្វីជាធម៌ពិត ហើយធម៌ពិតកើតប្រាកដនៅទីណាទេ នោះ ។
ដូច្នេះ ចាប់ផ្តើមមុនអ្វីៗទាំងអស់ គឺសិក្សាស្តាប់ឱ្យបាន យល់ថា បដិបត្តិគឺអ្វី ។
images/articles/1950/Untitled-1-Recovered.jpg
Public date : 05, Dec 2020 (15040 Read)
ធម៌ពិតផ្សេងគ្នាក្នុងលោក ៦
នៅពេលសិងលក់ សម្រាន្តលក់ សភាវលោកមិនប្រាកដ ឡើយ មិនមានអ្វីប្រាកដទាំងអស់ មិនមានវិថីចិត្ត អត់ឃើញ អត់ឮ អត់ដឹងក្លិន អត់ដឹងរស អត់ដឹងផោដ្ឋព្វៈ និង អត់ដឹងថា ខ្លួនឯងជា អ្នកណា នៅទីណា ពោលគឺអត់ដឹងអ្វីទាំងអស់ ។
ភវង្គចិត្ត មាន ខណៈកើតហើយរលត់ រួចទៅកើតបន្តយ៉ាងលឿនរហ័សមានកិច្ច រក្សាភពដែលបដិសន្ធិ សន្មតថាជាបុគ្គលសឹងលក់
images/articles/1951/Untitled-1-Recovered.jpg
Public date : 05, Dec 2020 (15410 Read)
ធម្មសញ្ញកត្ថេរាបទាន
មានពិធីឆ្លងមហាពោធិព្រឹក្ស របស់ព្រះមានព្រះភាគព្រះនាមវិបស្សី ឯព្រះសម្ពុទ្ធជាច្បងក្នុងលោក ប្រសើរជាងនរៈ ទ្រង់ឋិតនៅទៀបដើមពោធិព្រឹក្ស ។ក្នុងសម័យនោះ ព្រះមានព្រះភាគ ទ្រង់មានភិក្ខុសង្ឃចោមរោម ទ្រង់ប្រកាសសច្ចៈ៤ ទ្រង់បន្លឺឡើងនូវវាចាដ៏អង់អាច ។ ព្រះសម្ពុទ្ធមានកិលេសជាគ្រឿងបិទបើកហើយ ទ្រង់សម្តែងធម៌ដោយបម្រួញផង ដោយពិស្តារផង ទ្រង់ញ៉ាំងមហាជនឲ្យរលត់ទុក្ខ ។
ខ្ញុំបានស្តាប់ធម៌ របស់ព្រះសម្ពុទ្ធអង្គនោះ ទ្រង់ជាឆ្នើមក្នុងលោក ប្រកបដោយតាទិគុណ ហើយថ្វាយបង្គំព្រះបាទា របស់ព្រះសាស្តា រួចឈមមុខទៅកាន់ឧត្តរទិសហើយចៀសចេញទៅ ។ក្នុងកប្បទី ៩១ អំពីកប្បនេះ ក្នុងកាលនោះ ព្រោះហេតុដែលខ្ញុំបានស្តាប់ធម៌ ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃការស្តាប់ធម៌ ។ ក្នុងកប្បទី ៣៣ អំពីកប្បនេះ ខ្ញុំបានកើតជាស្តេចចក្រពត្តិមួយអង្គ ព្រះនាមសុតវា ជាម្ចាស់ផែនដី ទ្រង់មានកម្លាំងច្រើន ។បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនា របស់ព្រះពុទ្ធ ខ្ញុំបានប្រតិបត្តិហើយ ។
បានឮថា ព្រះធម្មសញ្ញកត្ថេរ មានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ ។ចប់ ធម្មសញ្ញកត្ថេរាបទាន ។
ដកស្រង់ទាំងស្រុងចេញពី បិដកភាគ ៧៤ ទំព័រ ៤-៥
ដោយ៥០០០ឆ្នាំ
images/articles/1952/Untitled-1-Recovered.jpg
Public date : 05, Dec 2020 (19442 Read)
សម្បសាទិកត្ថេរាបទាន
បពិត្រព្រះពុទ្ធមានព្យាយាម ខ្ញុំសូមនមស្ការចំពោះព្រះអង្គ ព្រះអង្គផុតស្រឡះហើយ ចាកកិលេសទាំងពួង ខ្ញុំព្រះអង្គដល់ហើយនូវសេចក្តីវិនាស សូមព្រះអង្គជាទីពឹងរបស់ខ្ញុំនោះ ។
ព្រះសិទ្ធត្ថ ទ្រង់មិនមានបុគ្គលប្រៀបផ្ទឹម ក្នុងលោក ទ្រង់សម្តែងប្រាប់ខ្ញុំថា ព្រះសង្ឃសើ្មដោយមហាសមុទ្រ ប្រមាណមិនបាន ប្រសើរបំផុត អ្នកចូរញ៉ាំងចិត្តឲ្យជ្រះថ្លា ទាំងចូរបណ្តុះនូវពូជដ៏ល្អ
images/articles/1953/Untitled-1-Recovered.jpg
Public date : 05, Dec 2020 (18836 Read)
ព្រះសារីបុត្តដ៏មានអាយុ ហៅពួកភិក្ខុក្នុងទីនោះថា ម្នាលអាវុសោភិក្ខុទាំងឡាយ ។ ភិក្ខុទាំងនោះទទួលស្គាល់ថេរវាចា ព្រះសារីបុត្តដ៏មានអាយុថា ករុណាអាវុសោ ។ ព្រះសារីបុត្តដ៏មានអាយុបានពោលដូច្នេះថា ម្នាលអាវុសោទាំងឡាយ គេកាលសម្រេចនូវការនៅយ៉ាងណាៗ មរណៈមិនល្អ(១) កាលកិរិយាក៏មិនល្អ(២) ភិក្ខុរមែងសម្រេចការនៅយ៉ាងនោះៗ ។ ម្នាលអាវុសោទាំងឡាយ
images/articles/1954/Untitled-1-Recovered.jpg
Public date : 05, Dec 2020 (17515 Read)
សារាណីយាទិវគ្គ
ម្នាលភិក្ខុទាំងឡាយ សារាណីយធម៌ (ធម៌គួររលឹក) នេះមាន ៦ យ៉ាង ។ សារាណីយធម៌ ៦ យ៉ាង តើដូចម្តេចខ្លះ ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ដំកល់នូវកាយកម្មប្រកបដោយមេត្តា ចំពោះសព្រហ្មចារីបុគ្គលទាំងឡាយ ទាំងទីចំពោះមុខ ទាំងទីកំបាំងមុខ នេះជាសារាណីយធម៌ ។
ម្នាលភិក្ខុទាំងឡាយ មួយទៀត ភិក្ខុដំកល់នូវវចីកម្មប្រកបដោយមេត្តា
images/articles/1955/Untitled-1-Recovered.jpg
Public date : 05, Dec 2020 (6675 Read)
សត្តាហបព្វជិតត្ថេរាបទាន
ក្នុងភពមុន មានព្រះសង្ឃរបស់ព្រះមានព្រះភាគ ព្រះនាមវិបស្សី ដែលទេវតានិងមនុស្សធ្វើសក្ការៈ រាប់អានហើយ ខ្ញុំឯងក៏ដល់នូវសេចក្តីវិនាស បានបែកចាកពួកញាតិ ខ្ញុំបានចូលទៅកាន់ផ្នួស ដើម្បីរម្ងាប់ទុក្ខព្រួយ ព្រោះសេចក្តីវិនាសនោះ ខ្ញុំត្រេកអរក្នុងផ្នួសនោះ អស់ ៧ ថ្ងៃ ព្រោះប្រាថ្នាបំពេញកិច្ចក្នុងព្រះសាសនារបស់ព្រះសាស្តា ។
images/articles/1956/Untitled-1-Recovered.jpg
Public date : 05, Dec 2020 (18649 Read)
ភិក្ខទាយត្ថេរាបទាន
ខ្ញុំបានឃើញព្រះសម្ពុទ្ធមានវណ្ណៈដូចមាស ទ្រង់គួរទទួលគ្រឿងបូជា ទ្រង់ចេញចាកព្រៃធំគឺតណ្ហាមកកាន់ព្រះនិព្វាន ។ ខ្ញុំទៅតាមស្នាមព្រះបាទានៃព្រះពុទ្ធ ទ្រង់ញ៉ាំងជនឲ្យរលត់ទុក្ខ ហើយបានថ្វាយភិក្ខាមួយវែក ដល់ព្រះមហេសីព្រះនាមសិទ្ថត្ថៈ ទ្រង់មានប្រាជ្ញា មានព្រះហឫទ័យស្ងប់រម្ងាប់ មានព្យាយាមច្រើន ទ្រង់មិនញាប់ញ័រ ដោយលោកធម៌ ។
សេចក្តីត្រេកអររបស់ខ្ញុំ មានប្រមាណច្រើនចំពោះព្រះពុទ្ធ
images/articles/1957/Untitled-1-Recovered.jpg
Public date : 05, Dec 2020 (12628 Read)
បីឋវិមាន
(ព្រះមោគ្គល្លានសួរថា) តាំងរបស់នាង ជាវិការៈ នៃមាសដ៏ធំទូលាយ មានសន្ទុះលឿនដូចចិត្ត ទៅតាមប្រាថ្នាបាន ម្នាលនាងមានខ្លួនប្រដាប់ហើយ ទ្រទ្រង់នូវកម្រងផ្កា មានសំពត់ល្អ នាងភ្លឺស្វាងដូចជាផ្លេកបន្ទោរ ញ៉ាំងទីបំផុតនៃពពកឲ្យភ្លឺច្បាស់ តើនាងមានសម្បុរបែបនេះ ដោយហេតុអ្វី ផលសម្រេចដល់នាងក្នុងទីនេះផង ភោគៈទាំងឡាយ ឯណានីមួយជាទីគាប់ចិត្ត ភោគៈទាំងនោះ
images/articles/1958/Untitled-1-Recovered.jpg
Public date : 05, Dec 2020 (16695 Read)
បុប្ផច្ឆត្តិយត្ថេរាបទាន
កាលព្រះដ៏ព្រះភាគព្រះនាមសិទ្ធត្ថ ជាច្បងក្នុងលោកប្រកបដោយតាទិគុណ ទ្រង់ប្រកាសនូវសច្ចៈ ញ៉ាំងពួកសត្វឲ្យរំលត់ទុក្ខ ខ្ញុំបានយកផ្កាឈូកដែលដុះក្នុងទឹក ជាទីរីករាយនៃចិត្តធ្វើជាឆត្រផ្កា ហើយបូជាព្រះសម្ពុទ្ធ ។
ឯព្រះសាស្តា ព្រះនាមសិទ្ធត្ថ ទ្រង់ជ្រាបច្បាស់នូវត្រៃលោក ទ្រង់គួរទទួលនូវគ្រឿងបូជា ទ្រង់ឋិតនៅក្នុងពួកភិក្ខុ ហើយសម្តែង
images/articles/1959/Untitled-1-Recovered.jpg
Public date : 05, Dec 2020 (15559 Read)
សបរិវារច្ឆត្តទាយកត្ថេរាបទាន
ព្រះសម្ពុទ្ធព្រះនាមបទុមុត្តរៈ ទ្រង់ជ្រាបច្បាស់នូវត្រៃលោក ទ្រង់គួរទទួលនូវគ្រឿងបូជា ទ្រង់បង្អុរនូវភ្លៀងគឺព្រះធម៌ ដូចជាទឹកភ្លៀង បង្អុរចុះអំពីអាកាស ។
ខ្ញុំបានឃើញនូវព្រះសម្ពុទ្ធអង្គនោះ កំពុងសម្តែងអមតបទ ខ្ញុំញ៉ាំងចិត្តរបស់ខ្លួនឲ្យជ្រះថ្លា ហើយបានទៅកាន់ផ្ទះរបស់ខ្លួនវិញ ។ ខ្ញុំកាន់ឆត្រដែលស្អិតស្អាងហើយ ដើរចូលទៅរកព្រះសម្ពុទ្ធដ៏ប្រសើរជាងពួកនរៈ
images/articles/1960/Untitled-1-Recovered.jpg
Public date : 05, Dec 2020 (42207 Read)
ទណ្ឌទាយកត្ថេរាបទាន
ក្នុងកាលនោះ ខ្ញុំបានចូលទៅក្នុងព្រៃធំ ហើយកាប់នូវឫស្សី យកមកធ្វើបង្កាន់ដៃ ប្រគេនដល់ព្រះសង្ឃ ។ ដោយចិត្តជ្រះថ្លានោះ ខ្ញុំថ្វាយបង្គំព្រះសង្ឃ ដែលមានវត្តដ៏ល្អ លុះប្រគេននូវបង្កាន់ដៃហើយ ក៏បែរមុខឆ្ពោះទៅឧត្តរទិស ដើរចេញទៅ ។
ក្នុងកប្បទី ៩៤ អំពីកប្បនេះ ក្នុងកាលនោះ ព្រោះហេតុដែលខ្ញុំ បានប្រគេននូវបង្កាន់ដៃ ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃការប្រគេនបង្កាន់ដៃ ។