15
Tueday, 04 Oct B.E.2566  
Listen to Dhamma (Mp3)
ការអានព្រះត្រៃបិដក (Mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (Mp3)
កម្រងធម៌​សូត្រនានា (Mp3)
កម្រងបទធម៌ស្មូត្រនានា (Mp3)
កម្រងកំណាព្យនានា (Mp3)
កម្រងបទភ្លេងនិងចម្រៀង (Mp3)
Buddhism​ & Society (Mp3)
បណ្តុំសៀវភៅ (eBook)
បណ្តុំវីដេអូ (Video)
Recently Listen / Read
Notification
Live Radio
Kalyanmet Radio
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
Metta Radio
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
Radio Koltoteng
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
Radio RVD BTMC
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
Mongkol Panha Radio
ទីតាំងៈ កំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុរស្មីព្រះអង្គខ្មៅ
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ២៤ម៉ោង
មើលច្រើនទៀត​
All Visitors
Today 83,793
Today
Yesterday 110,153
This Month 378,488
Total ២៧៥,៤៦១,៧១១
Flag Counter
Online
ADVISE
images/articles/258/162eecb9db1348d57251b06f49f71953.jpg
Buddhism
ផ្សាយ : ០១ មិថុនា ឆ្នាំ២០២២
ព្រះពុទ្ធសាសនាមានដើមកំណើតនៅប្រទេសឥណ្ឌាក្នុងសតវត្សរ៍ទី៦ មុនគ.ស ប្រហែលគ្នានឹងដើមកំណើតព្រាហ្មណ៍(សម័យទី២នៃលទ្ធិសាសនាព្រាហ្មណ៍)។ លុះក្រោយមកក្នុងរជ្ជកាលព្រះបាទកនិស្កៈប្រហែលក្នុងសតវត្សរ៍ទី១នៃគ.ស ព្រះពុទ្ធសាសនាបានបែងចែកជាពីរនិកាយគឺនិកាយហិនយាន និងនិកាយមហាយាន។ ព្រះពុទ្ធសាសនាគឺជាពាក្យប្រៀនប្រដៅរបស់ព្រះសម្មាសម្ពុទ្ធជាម្ចាស់។ បើយោងតាមអត្ថន័យនៃពាក្យថាព្រះពុទ្ធសាសនាបែបភាសាអង់គ្លេស Buddhism ដែលបានក្តោបយកន័យគ្របដណ្តប់ទាំងព្រះពុទ្ធជាសាស្តាព្រះធម៌មានធម្មវិន័យជាពាក្យប្រៀនប្រដៅ និងព្រះសង្ឃជាអង្គសាវ័ក រួមហៅថាព្រះរតនត្រ័យគឺកែវទាំង៣នេះឯង។ មុនពុទ្ធសករាជ៨០ឆ្នាំ មានព្រះរាជាណាចក្រតូចមួយឈ្មោះសក្កជនបទមានទីក្រុងកបិលវត្ថុ ឬជារាជធានីដែលស្ថិតនៅក្រោម អាណាគ្រប់គ្រងរបស់ព្រះបាទបសេនទិនាក្រុងសាវត្ថីក្នុងដែនកោសល កាលណោះព្រះបាទសុទ្ធោធនៈជារាជាធិបតេយ្យ បានរាជាភិសេកជាមួយព្រះនាងមាយាជាអគ្គមហេសី ហើយក្រោយមកក៏បានប្រសូតព្រះរាជបុត្រាមួយព្រះអង្គព្រះនាមសិទ្ធត្ថកុមារក្នុងព្រះរាជត្រកូលគោតម។ កាលព្រះជន្មាយុគ្រប់ ៨ វស្សាព្រះកុមារតូចក៏បានទទួលការសិក្សានូវវិជ្ជាផ្សេងៗដូចជា អក្សរសាស្ដ្រ យុទ្ធសាស្ដ្រ សិល្បៈ ក្នុងការគ្រប់គ្រង។ល។ លុះជន្មាយុគ្រប់ ១៦ ព្រះវស្សាព្រះរាជជនក ជននី ក៏បានរៀបចំព្រះរាជពិធីអភិសេកវិវាហមង្គល ព្រះរាជកុមា សិទ្ធត្ថ ជាមួយព្រះនាងយសោធរា (ពិម្ពា) ដែលជាបងប្អូនជីដូនមួយ ក្នុងវ័យ ១៦វស្សាដូចគ្នា ជាបុត្រីរបស់ព្រះបាទសុប្បពុទ្ធ នៃនគរកោលិយៈ។ និកាយថេរវាទ ឬ និកាយហីនយានចែកចេញជាទិសខាងត្បូងនៃប្រទេសឥណ្ឌា(ទន្ខិណនិកាយ)ជាយានតូចចង្អៀត(តាមន័យប្រៀបធៀប)ភ្ទុកសត្វលោកទៅកាន់និព្វានបានចំនួនតិច ពោលគឺក្របានសម្រេចនិព្វានព្រោះវិន័យតឹងតែងម៉ត់ចត់។ និកាយហិនយាននិយមនិកាយធម៌ចាស់គឺគោរពតាមពុទ្ធោវាទ ដែលព្រះពុទ្ធទ្រង់បានសម្តែងរួចមកហើយ(ក្នុងគម្ពីព្រះត្រៃបិដក)។ និកាយនេះគោរពព្រះពុទ្ធសមណគោតម ដែលត្រាស់ដឹងព្រះសម្មាសម្ពោធិញ្ញាណ ហើយបានចូលបរិនិព្វានហើយ។ សព្វថ្ងៃប្រទេសដែលនិយមនិកាយហីនយាមមានដូចជា ប្រទេសកម្ពុជា ប្រទេសថៃ ប្រទេសឡាវ ប្រទេសស្រីលង្កា ប្រទេសនេប៉ាល់។ល។ និកាយមហាយានចែកចេញនៅទិសខាងជើង(ឧត្តរនិកាយ)ជាយានធំអាចផ្ទុកសត្វលោកបានច្រើនទៅកាន់គោលដៅត្រឹមព្រះពោធិសត្វ ដែលអាចជួយណែនាំប្រោសសត្វបាន។ និកាយមហាយាននិយមធម៌ថ្មីគឺជាព្រះធម៌ដែលមានបិន័យធូស្រាល ហើយគោរពប្រតិបត្តិតាមលទ្ធិអាចរិយវាទ(តាមគ្រូអាចារ្យរបស់ខ្លួនតៗគ្នា)ពុំមែនតាមពុទ្ធឱវាទដូចនិកាយហីនយានឡើយ។ ដូចនេះនិលាយមហាយានពុំគោរពតាមព្រះពុទ្ធជាធំទេ តែគោរពព្រះពោធិសត្វគឺ អវលោកិតេស្វរៈ ឬលោកេស្វរៈ មញ្ជុស្រី មៃត្រេយ ប្រាជ្ញបាមិតាជាដើម។ សព្វថ្ងៃប្រទេសដែលនិយមនិកាយមហាយានមានដូចជា ប្រទេសចិន ប្រទេសវៀតណាម ប្រទេសជប៉ុន ប្រទេសទីបេជាដើម។ នៅសតវត្សរ៍ទី៣នៃគ.សក្នុងរជ្ជកាលព្រះបាទអសោក ព្រះពុទ្ធសាសនាបានផ្សព្វផ្សាយពាសពេញក្នុងប្រទេសឥណ្ឌា និងទាំងក្រៅប្រទេសផងដែរ។ តាមប្រវត្តិសាស្រ្តគេបានឱ្យដឹងថា នៅពុទ្ធសករាជឆ្នាំ២៣៤ គឺតាំងពីមុនគ.ស ៣០០ឆ្នាំ ព្រះបាទអសោកជាពុទ្ធសាសនិកដ៏ឆ្នើមនៅក្នុងប្រទេសឥណ្ឌាបានបញ្ជូនសមណទូតពីព្រះអង្គគឺ ព្រះសោណត្ថេរ និងឧត្តរត្ថេរ ឱ្យនាំព្រះពុទ្ធសាសនាហីនយានឱ្យមកផ្សព្វផ្សាយនៅសុវណ្ណភូមិ។ ព្រះរតនត្រ័យពាក្យថា រតនត្រ័យ មានពីបទ គឺ រតនៈ និង ត្រ័យ (៣) ។ តាមវចនានុក្រមខ្មែររបស់សម្តេចសង្ឃរាជ ជួន ណា ពាក្យថា រតនៈ ជាពាក្យខ្ចីមកពីភាសាសំស្ក្រឹត និងបាលី មានន័យអត្ថានុរូបថា វត្ថុឬរបស់ដែលញ៉ាំងចិត្តឲ្យរីករាយ ដូចជា កែវ ពេជ្រ ត្បូងគ្រប់ប្រភេទ សូម្បីមាស ប្រាក់ក៏ហៅ រតនៈ ដែរ ឬហៅថា រតនវត្តុក៏បាន វត្ថុ ធម្មជាតិដ៏ប្រសើរវិសេសឬមនុស្សប្រសើរវិសេស សត្វវិសេស ក៏ហៅ រតនៈ បានដែរ ។ សព្ទនេះបើ ប្រើភ្ជាប់ជាមួយនឹងនាមសព្ទដទៃឲ្យជាបទសមាសរៀងពីខាងដើមក៏បាន ពីខាងចុងក៏បាន បើរៀងពីខាងដើម អានថា រៈតៈន៉ៈ ឬ រ័ត-ត្នៈ បើរៀងពីខាងចុង អានថា រ័ត ដូចជា រតនករ (រៈតៈន៉ៈក) អ្នកធ្វើរតនៈគឺអ្នកជីកត្បូង អ្នកច្នៃត្បូង ជាងមាសប្រាក់ ព្រះវេស្សវ័ណ ។ រតនករណ្ឌ (រៈតៈន៉ៈកៈរ៉ន់) ទូឬហឹបដាក់រតនៈ ដាក់ពេជ្រ ដាក់ត្បូង ។ រតនគភ៌ ឬ រត្នគ័ភ៌ផ្ទៃជាទីកើតរតនៈ គឺសមុទ្រ (ព្រោះសមុទ្រជាទីកើតរតនៈផេ្សងៗ) ព្រះបាទកុវេរៈ គឺព្រះវេស្សវ័ណ(ព្រោះព្រះបាទកុវេរៈ ពួកមនុស្សពីបុរាណយល់ថាជាទេវតាម្ចាស់រតនៈឬម្ចាស់ទ្រព្យ) ។ រតនគញ្ភ ឬ រត្នគ័ភ៌ា រត្នគ័រ្ភីផែនដី (ព្រោះផែនដីជាទីកើតរតនៈផ្សេងៗ។ រតនត្រ័យ រត្នត្រ័យ ឬត្រៃ រតនៈបីយ៉ាងគឺព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ ហៅថា ពុទ្ធរតនៈ ធម្មរតនៈ សង្ឃរតនៈ ឬព្រះពុទ្ធរ័ត្ន ព្រះធម៌រ័ត្ន ព្រះសង្ឃរ័ត្ន ក៏បាន។ រត្នត្រ័យប្រណាម ការបង្អោនកាយវាចាចិត្តគោរពព្រះរត្នត្រ័យ។ រតននិធិ កំណប់រតនៈ គឺសមុទ្រ; ភ្នំព្រះសុមេរុ ។ រតនប្បភា ឬរត្នប្រភា(រៈតៈណ័ប-ប៉ៈភា ឬ រ័ត-ត្ន័ប-ប្រៈភា) ពន្លឺរតនៈ ផែនដី ។ រតនពាណិជអ្នកលក់ពេជ្រ អ្នកលក់ត្បូង អ្នកលក់គ្រឿងប្រដាប់ដែលដាំត្បូង ។ រតនពាណិជ្ជ ឬ រតនពាណិជ្យ ការលក់ត្បូង ជំនួញត្បូង (ប្រើជារតនវណិជ្ជ ឬ រតនវណិជ្ជា ក៏បាន) ។ រតនម័យ គុ ដែលប្រដាប់ដោយរតនៈ ដែលដាំពេជ្រ ដាំត្បូង ។ រតនមាលា កម្រងកែវ ខ្សែខ្លួនឬខ្សែ-កដាំពេជ្រ ។ រតនរង្សី ស្មើរតនៈ ពន្លឺពេជ្រ ។រតនរាសីគំនរកែវ មហាសមុទ្រ ។ រតនវត្ថុ ឬ រត្នព័ស្តុ វត្ថុជារតនៈ មានកែវ ត្បូង មាស ប្រាក់ជាដើម ។ រតនវិកតិ ឬ រតនវិក័តិ ការរចនាដោយរតនៈ របស់ដាំត្បូង ។ រតនវិចិត្រ ឬ រត្នពិចិត្រ ដែលវិចិត្រដោយរតនៈ ការរចនារំលេចដោយត្បូង ។ រតនសុវណ្ណឬ រត្នសុព័ណ៌ មាសប្រដាប់ដោយត្បូង, មាសដាំពេជ្រ ។ រតនសោភា លំអរតនៈ។ រតនាករ (<រតន+អាករ) អណ្តូងរតនៈ កន្លែងដែលកើតពេជ្រ ដែលកើតត្បូង សមុទ្រ (ប្រើជា រត្នាករ ក៏បាន < រត្ន+អាករ) ។ រតនាគារ (<រតន+អគារ) អគារនៃរតនៈ ឃ្លាំងរ័តន៍ ឃ្លាំងប្រាក់ ។ រតនាលង្ការ(<រតន+អលង្ការ) គ្រឿងអលង្ការប្រដាប់ដោយពេជ្រ ដោយត្បូង ។ រតនាលោក (<រតន+អាលោក) ឬ រតនោភាស (<រតន+ឱភាស) ពន្លឺរតនៈ ពន្លឺពេជ្រ ។ រតនាវលី (<រតន+អាវលិ) ខ្សែ-កដាំពេជ្រ ។ល។ គហបតីរ័តន៍ គហបតីកែវ នាយឃ្លាំងកែវ (សម្រាប់ព្រះរាជាចក្រពត្តិ) ។ ចក្ករ័តន៍ ឬ ចក្ររ័ត្ន កង់កែវ (សម្រាប់ស្ដេចចក្រពត្តិ) ។ ទ្រទូងរ័ត្ន ទ្រទូងកែវគឺសមណស័ក្តិទីរាជាគណៈសម្រាប់ឯកនៅកម្ពុជរដ្ឋពីក្នុងសម័យបុរាណ (ម. ព. ទ្រទូង ២ ន. ផង) ។ នារីរ័ត្ន នាងកែវ ស្ត្រីកែវឬស្រីថ្លៃ ស្ត្រីមានលំអប្រហែលដូចពេជ្រ ។ បរិនាយករ័តន៍ នាយពលកែវ (សម្រាប់ស្ដេចចក្រពត្តិ) ។ បុរសរត្ន ឬ ប្រុសរ័ត្ន ប្រុសកែវ ឬប្រុសថ្លៃ... ។ ប្រពាលរ័ត្ន កែវប្រពាល ។ មណីរ័ត្ន កែវមណី ពេជ្រមានតម្លៃ (សម្រាប់ស្ដេចចក្រពត្តិក៏មាន) ។ មហាបុរសរ័ត្ន មហាបុរសថ្លៃថ្លា... ។ ហត្ថិរ័តន៍ ឬដំរីរ័ត្ន ដំរីកែវ (សម្រាប់ព្រះរាជាចក្រពត្តិ) ។ អស្សរ័តន៍ (អ័ស-សៈ--) ឬ សេះរ័តន៍ សេះកែវ (សម្រាប់ស្ដេចចក្រពត្តិ) ។ ឥត្ថីរ័តន៍ឬ ស្ត្រីរ័ត្ន ស្ត្រីកែវ (សម្រាប់ព្រះរាជាចក្រពត្តិ) ។ល។ ។អាចសរសេរថា រត្នៈ រ័តន៍ រ័ត្ន បានផងដែរ។ ពុទ្ធរតនៈបានជាគេចាត់ទុកព្រះពុទ្ធថាជារតនៈគឺកែវនោះ ព្រោះតែព្រះអង្គប្រសើរដោយសីលាទិគុណ វិសុទ្ធិគុណ និងបញ្ញាទិគុណ។ ព្រះអង្គទ្រង់ប្រព្រឹត្តនូវប្រយោជន៍៣ប្រការមានប្រយោជន៍ដើម្បីបាននូវព្រះសម្មាសម្ពោធិញ្ញាណព្រះអង្គឯងផង ប្រយោជន៍ព្រះញាតិព្រះអង្គផង និងប្រយោជន៍ជួយស្រោចស្រង់សត្វលោកផង។ ម្យ៉ាងវិញទៀតព្រះអង្គជាសាស្តាចារ្យនៃទេវតានិងមនុស្សទាំងឡាយផង ព្រះអង្គបែងចែកចំណែកព្រះធម៌ពាក្យប្រៀនប្រដៅដល់សត្វលោកទូទៅស្មើៗគ្នាផង ព្រះអង្គប្រកបដោយទសពលញ្ញាណផង និងញាណដទៃទៀត ៧៣ ប្រការផង និងព្រះអង្គជាទីពឹងដ៏ប្រសើររបស់សត្វលោកផង ព្រះអង្គឆ្លៀវឈ្លាសក្នុងការសម្តែងធម៌ប្រោសវេនេយ្យសត្វផងទើបបានឈ្មោះថាជាពុទ្ធរតនៈដោយប្រការដូច្នេះ។ ធម្មរតនៈព្រះធម៌ដែលអ្នកសិក្សាប្រតិបត្តិគប្បីបានគឺ ទិដ្ឋធម្មិកត្ថ ប្រយោជន៍បច្ចុប្បន្ន សម្បរាយិកត្ថ ប្រយោជន៍ជាតិខាងមុខ និងបរមត្ថ ប្រយោជន៍ប្រសើរបំផុតគឺព្រះនិព្វានដែលព្រះសង្គីតិកាចារ្យទាំងឡាយបានប្រមូលរួបរួមទុកក្នុងគម្ពីព្រះត្រៃបិដកទាំង ៨៤០០០ ព្រះធម្មក្ខន្ធ ដែលចែកជា ១) វិនយបិដក មាន ២១០០០ ព្រះធម្មក្ខន្ធ, ២) សុត្តន្តបិដក មាន ២១០០០ ព្រះធម្មក្ខន្ធ និង ៣) អភិធម្មបិដក មាន ៤២០០០ ព្រះធម្មក្ខន្ធ ។ ផ្តើមតាំងតែព្រះបឋមទេសនាគឺការសម្តែងព្រះធម្មចក្កប្បវត្តនសូត្រ ដែលព្រះអង្គទ្រង់បំបែក អរិយសច្ចធម៌ជា ៤ ប្រការមានទុក្ខារិយសច្ច សមុទយារិយសច្ច និរោធារិយសច្ច និងមគ្គារិយសច្ច ហើយដែលជារឿយៗព្រះអង្គទ្រង់ដឹកនាំសត្វឲ្យដើរតាមអរិយដ្ឋង្គិកមគ្គ គឺមាគ៌ាមានអង្គ ៨ មាន សម្មាទិដ្ឋិ និង សម្មាសង្កប្ប ជាដើម និង មាន សម្មាសមាធិ ជាបរិយោសាន ថាជាផ្លូវកណ្តាលនាំឆ្ពោះទៅដល់ការរំលត់ទុក្ខ ពោលគឺព្រះនិព្វាន ។ ក្រៅពីអរិយសច្ច៤ នៅមានត្រៃលក្ខណ៍ គឺ ទុក្ខំ, អនិច្ចំ, អនត្តា (3 Universal Characteristics: suffering, impermanence, and non-self) និង បដិច្ចសមុប្បាទធម៌ ដែលសម្តែងរឿងហេតុបច្ច័យនៃធម៌ទាំងឡាយមានអធិប្បាយពិស្តារក្នុង អភិធម្មបិដក គម្ពីមហាបដ្ឋានប្បករណ៍ដែលចែកចេញជា២៤ បច្ច័យមាន ហេតុប្បច្ច័យជាដើម។ សង្ឃរតនៈគឺពួកក្រុមដែលប្រព្រឹត្តបតិបត្តិតាមគន្លងព្រះធម៌នៃព្រះសម្មាសម្ពុទ្ធជាម្ចាស់នោះឯង។ ព្រះសង្ឃអង្គសាវ័កជាអ្នកប្រតិបត្តិល្អ ប្រតិបត្តិត្រង់តាមផ្លូវមជ្ឈិមាបដិបទាប្រតិបត្តិ ដើម្បីចេញចាកទុក្ខ និងប្រតិបត្តិដ៏សមគួរដល់សាមីចិកម្ម។ ព្រះសង្ឃមានពីរពូកគឺសម្មតិសង្ឃ សង្ឃជាបុថុជ្ជននៅឡើយ និងអរិយសង្ឃ សង្ឃជាព្រះអរិយៈទាំងឡាយបានដល់ព្រះសោតាបន្នបុគ្គល១ ព្រះសកទាគាមិបុគ្គល១ ព្រះអនាគាមិបុគ្គល១ ព្រះអរហន្តាខីណាស្រព១។ ព្រះអរិយសង្ឃទាំង៤ពួកនេះលោកចាត់ទុកថាជាសង្ឃរតនៈដ៏ប្រសើររបស់សត្វលោក។ ដោយ៥០០០ឆ្នាំ
images/articles/203/wefatitled-1.jpg
ចរណៈ ១៥ យ៉ាង
ផ្សាយ : ០១ មិថុនា ឆ្នាំ២០២២
ចរណៈ ប្រែថា “ការប្រព្រឹត្ត, ការ​ត្រាច់​ទៅ ឬការដើរ” ។ ចរណៈ​នេះ​ជា​ឈ្មោះ​បដិបទា របស់​ព្រះពុទ្ធ​ជាម្ចាស់ ឬពុទ្ធសាវ័ក ដែល​ព្រះអង្គ​មាន​ចរណៈ​ដ៏​បរិបូណ៌ សំដៅ​យក​ការ ប្រព្រឹត្ត​ល្អ​ដោយ​កាយ វាចា ចិត្ត​​ឥត​មាន​បុគ្គល​ណា​មួយ ចាប់​ថ្នាក់ ចោទ​ប្រកាន់ ក្នុង​ផ្លូវ​សីលធម៌ ឬ រង្កៀស​ចំពោះ​សេចក្តី​ប្រព្រឹត្តិ​ព្រះអង្គ​បាន​ឡើយ។ ចរណៈ​ទាំង​១៥ ចែក​ចេញ​ជា​៣​ពួក​គឺ សីល ជា​ពួក​ទី១ សទ្ធម្ម ជា​ពួក​ទី២ ឈាន ជាពួកទី៣។ ពួកទី១ សីល ១-សីល​សំវរៈ សង្រួម​កាយ​វាចា​តាម​សិក្ខាបទ​នៃ​សីល។ ២-ឥន្ទ្រិយ​សំវរៈ សង្រួម​ឥន្ទ្រិយ​ទាំង ៦ បាន​ដល់ ១-ចក្ខុន្ទ្រីយ គឺភ្នែក, ២-សោតិន្ទ្រិយ គឺត្រចៀក, ៣-ឃានិន្ទ្រិយ គឺច្រមុះ, ៤-ជីវ្ហិន្ទ្រិយ គឺអណ្តាត, ៥-កាយិន្ទ្រិយ គឺកាយ និង ៦-មនិន្ទ្រិយ គឺចិត្ត។ ៣-ភោជនេ មត្តញ្ញុតា សេចក្តី​ដឹង​ប្រមាណ​ក្នុង​ភោជន។ ៤-ជាគរិយានុយោគៈ ប្រកប​រឿយ​ៗ​ក្នុង​ការ​ភ្ញាក់​រលឹក។ ពួកទី២ សទ្ធម្ម ៧យ៉ាង ៥-សទ្ធា ការ​ជឿ​ហេតុផល​ដែល​គួរជឿ។ ៦-ហិរិ សេចក្តី​ខ្មាស់​បាប។ ៧-ឱតប្បៈ សេចក្តី​តក់​ស្លុត​ខ្លាច​បាប។ ៨-ពាហុសច្ចៈ ភាព​ជា​អ្នក​រៀន​សូត្រ​ច្រើន។ ៩-វីរយៈ សេចក្តី​ប្រឹងប្រែង។ ១០-សតិ សេចក្តី​រលឹក​ចាំ​បាន។ ១១-បញ្ញា ការ​ដឹង​ច្បាស់​ទូទៅ។ ពួកទី៣ រូបជ្ឈាន ពាក្យថា “ឈាន” ប្រែថា “ការ​ដុត​កំដៅ​នូវ​នីវរណៈ, ការ​ពិនិត្យ​សម្លឹង​នូវ​អារម្មណ៍” ដើម្បី បង្វឹក​ចិត្ត​ទាល់​តែ​កើត អប្បនាសមាធិ​ជា​លំដាប់ តាំង​ពី​ឈាន​ថ្នាក់​ទាប​រហូត​ដល់ ថ្នាក់ខ្ពស់។ ១២-បឋមជ្ឈាន ឈានទី ១ ប្រកប​ដោយ​អង្គ​៥ គឺ ១-វិតក្កៈ សេចក្ដី​នឹក​សំដៅ​ឆ្ពោះ​ទៅ​រក អារម្មណ៍​ដែល​កំពុង ភាវនា។ ២-វិចារៈ សេចក្ដី​រំពឹង​ពិចារណា​អារម្មណ៍​ដែល​កំពុង​ភាវនា។ ៣-បីតិ សេចក្ដី​ឆ្អែត​ចិត្ត ។ ៤-សុខៈ សេចក្ដី​សប្បាយ​ក្នុង​ចិត្ត។ ៥-ឯកគ្គតា ដំណើរ​មូល​ចិត្ត​ស្លុង​ទៅ ក្នុង​អារម្មណ៍​តែ​មួយ។ ១៣-ទុតិយជ្ឈាន ឈាន​ទី២ ប្រកប​ដោយ​អង្គ៣ គឺ បីតិ សុខៈ ឯកគ្គតា។ លះ​នូវ​វិតក្កៈ និង វិចារៈ។ ១៤-តតិយជ្ឈាន ឈានទី ៣ ប្រកប​ដោយ​អង្គ​២ គឺសុខៈ ឯកគ្គតា។ លះ​វិតក្កៈ វិចារៈ និង បីតិ ។ ១៥-ចតុត្ថជ្ឈាន ឈានទី៤ ប្រកប​ដោយ​អង្គ​២ គឺ ឯកគ្គតា និង ឧបេក្ខា។ លះ​វិតក្កៈ វិចារៈ បីតិ និង សុខៈ។ ឈាន​ទាំង​បួន​ថ្នាក់​នេះ ហៅថា រូបជ្ឈាន ជា​ឈាន​មាន​រូបធម៌​ជា​អារម្មណ៍​រាប់​បញ្ចូល ក្នុង​រូបាវចរ​ភូមិ ។ បុគ្គល​អ្នក​ចម្រើន​ភាវនា បាន​សម្រេច​ផ្លូវ​ឈាន សូម្បី​ត្រឹម​តែ បឋមជ្ឈាន​ប៉ុណ្ណោះ ក៏​ជួប​ប្រទះ​សេចក្ដី​សុខ​សប្បាយ​ធម្មតា ឆ្ងាញ់​ពិសា​ជាង​រសជាតិ​អ្វី​ៗ ទាំង អស់។ ព្រះសម្មាសម្ពុទ្ធ​ជា​ម្ចាស់​ទ្រង់​បរិបូណ៌​ដោយ​ចរណៈទាំង១៥​នេះ​ឥត​មាន​ខ្វះចន្លោះ​ត្រង់​ណា​ឡើយ។ សិក្សាពាក្យ រូបជ្ឈាន (រូបុ័ច-ឈាន) ឈាន​ដែល​មាន​រូបធម៌​ជាអារម្មណ៍ ។ អប្បនាសមាធិ (អ័ប-ប៉ៈ ន៉ា–) សមាធិ​ដែល​ចុះ​ស្លុង​ស៊ប់​ក្នុង​អង្គឈាន​ពេញ​បរិបូរ ។ រូបភព (រូប៉ៈភប់) កន្លែង​កើត​នៃ​រូបព្រហ្ម។ រូបាវចរ (រូប៉ាវ៉ៈចៈរៈ ឬ-ច; បា. < រូប + អវចរ) ចិត្ត​ដែល​ត្រាច់​រង្គាត់ ឬ​អន្ទោល​ទៅ ក្នុង​រូប​ភព ។ រូបាវចរភូមិ (រូប៉ាវៈចៈរៈ ភូម; បា. < រូប + អវចរ + ភូមិ) ភូមិ, ទី ឬ​ថ្នាក់​របស់​រូបាវចរ ។ ឥន្ទ្រិយ ឬ ឥន្ទ្រីយ៍ (អិន-ទ្រី) ភាវៈជាធំ, ឥស្សរភាព; អានុភាព, អំណាច; គុណានុភាព​ឬ​គុណសម្បត្តិ​របស់​ព្រះឥន្រ្ទ​ឬ​ដែល​ជាប់​ទាក់​ទង​អំពី​ព្រះ ឥន្រ្ទកម; រូបកាយ; កម្លាំង, កម្លាំងកាយ; សេចក្ដីដឹង, ប្រាជ្ញា; អារម្មណ៍; មុខការ, នាទី; អាយតនៈខាងក្នុង, ប្រសាទ​ឬ​ប្រសាទរូប : សង្រួម ឥន្រ្ទិយ ប្រុង​ប្រយ័ត្ន​អាយតនៈ​ខាង​ក្នុង​មាន​ភ្នែក​ជា​ដើម។ ឥន្រ្ទិយ សព្ទ​នេះ​មាន​ន័យ​ច្រើន​យ៉ាង​ណាស់, ព. ពុ. ប្រាប់​ថា​អ្វី​ដែល​ជា​ធំ តាម​មុខ​តាម​នាទី​របស់​ខ្លួន​ឬ​ដែល​មាន​បែប​ភាព​ផ្សេង​ដោយ​ឡែក​ហៅ​ថា ឥន្រ្ទិយ, ដូចជា ភ្នែក ហៅ ចក្ខុន្រ្ទិយ; ត្រចៀក ហៅ សោតិន្រ្ទិយ; ច្រមុះ ហៅ ឃានិន្រ្ទិយ; អណ្ដាត ហៅ ជីវ្ហិន្រ្ទិយ; កាយ ហៅ កាយិន្រ្ទិយ; មនោ ឬ ចិត្ត ហៅ មនិន្រ្ទិយ (ព្រោះ​អាយតនៈ​ខាង​ក្នុង​ទាំង ៦ នេះ​ជា​ធំ​ក្នុង​ការ​ទទួល អារម្មណ៍​តាម​នាទី​របស់​ខ្លួន ជា​ជំនួស​គ្នាពុំ​បាន) ។ (វចនានុក្រម​សម្តេច​ព្រះសង្ឃរាជ ជួន ណាត) សិក្ខាបទ (–បត់) ចំណែក, មាត្រា​របស់​សីល​ឬ​របស់​វិន័យ ។ នីវរណៈ = ធម៌​ដែល​ជា​គ្រឿង​រារាំង​ចិត្ត​មិន​ឲ​បាន​សម្រេច​សេចក្តី​ល្អ ហៅថា នីវរណធម៌ មាន ៥យ៉ាងគឺៈ ១- កាមច្ឆន្ទៈ​ស្រឡាញ់​ចូល​ចិត្ត​ក្នុង​អារម្មណ៍​មាន​រូប​ជា​ដើម ដែល​ជា​ទី​គាប់​ចិត្ត។ ២- ព្យាបាទៈ ចង​ចិត្ត​គំនុំ​គុំគួន​អ្នក​ដទៃ។ ៣- ថីនមិទ្ធៈ ដំណើរ​ដែល​ចិត្ត​រុញ​ថយ និង​ដំណើរ​ងុយ​ងោក​ងក់។ ៤- ឧទ្ធច្ចកុកុក្កុច្ចៈ (អ៊ុត-ធាច់ចៈ – កុកកុច ចៈ) ដំណើរ​ដែល​ចិត្ត​រាយ​មាយ​និង​រសាប់រសល់។ ៥- វិចិកិច្ឆា សេចក្តី​សង្ស័យ​មិន​ចេះ​ដាច់​ស្រេច។ ដោយ ៥០០០ឆ្នាំ
images/articles/202/fa22910c4672c6b7c1d408adb7831945.jpg
វិជ្ជា៨ ប្រការ
ផ្សាយ : ០១ មិថុនា ឆ្នាំ២០២២
ក្នុងអត្ថបទ​មុនយើងបានស្គាល់ពីវិជ្ជា៣ របស់​ព្រះសម្មា​សម្ពុទ្ធរួច​ហើយ​ ឥឡូវនេះ​សូមស្វែង​​យល់​អំពីវិជ្ជាប្រាំបីប្រការ​ដូចតទៅៈ​ ១- វិបស្សនាញាណ ពិចារណា​ឃើញរូប​និងនាម។ ​សំដៅយក​ប្រាជ្ញាសម្រាប់​ពិចារណាឃើញច្បាស់នូវ​បញ្ចក្ខន្ធ ព្រមទាំង​ការញែក​​បញ្ចក្ខន្ធ​ចេញជារូប​ ជានាម​ដោយ​ចំណែកៗ ​និង​​ការ​ឃើញ​ច្បាស់​​នូវធម៌​ជាបច្ច័យ​របស់នាម​និងរូប។​ ២- មនោមយិទ្ធិ ឫទ្ធិដែលសម្រេចដោយចិត្ត ។ សំដៅយកឫទ្ធិដែលកើត​ឡើង​បាន​ដោយ​អំណាចចិត្តគឺថា​ បើចិត្តចង់និម្មិតកាយ​របស់ខ្លួនពីមុន​ឲ្យឃើញ​ទៅ​​ជា​កាយ​​ដទៃវិញ ​ដូចជា​គេដក​បណ្តូល​ស្មៅយ៉ាប្លង​ចេញពីទង​ស្មៅយ៉ាប្លង ឬដូចជា​គេ​ហូត​ដាវ​ចេញពីស្រោម។ មួយទៀត ឫទ្ធិរបស់ចិត្ត​ដែលបាន​អប់រំល្អហើយ ជា​ហេតុ​​ឲ្យ​ក្លៀវក្លា អង់អាច គិតការអ្វីបាន​ដូច​ចិត្ត​គ្រប់​យ៉ាង​មិនមាន​ការទើស​ទាក់​សល់​ជំពាក់​។​ ៣- ឥទ្ធិវិធៈ សំដែងឫទ្ធិបាន។ សំដៅយកការ​សំដែងឫទ្ធិ​ផ្សេងៗបាន ​ដែល​ហួសវិស័យរបស់ជន​សាមញ្ញ ដូចយ៉ាងមនុស្សម្នាក់​អាចនិម្មិតឲ្យ​ទៅជាច្រើន​នាក់​បាន​​ដើរពាន់​កាត់​គ្រឿងបិទបាំង​ដូចជា​ជញ្ជាំងឬកំពែង​ក៏បាន​ មុជក្នុងដី​ដូចមុជ​ក្នុងទឹក​ក៏​បាន ​ដើរលើទឹកដូចដើរលើដីក៏បាន ហោះទៅ​លើអាកាស​ដូចសត្វ​បក្សី​ហើរ​​ក៏បាន ​ស្ទាបអង្អែលព្រះអាទិត្យ​ព្រះចន័្ទ​​ដោយ​ដៃ​ក៏​បាន។​ ៤- ទិព្វសោតៈ ត្រចៀកទិព្វ។ សំដៅយកការស្តាប់សំឡេង​ក្នុងទីជិត​ឆ្ងាយ​បាន​ ទោះបីជា​​សំឡេង​មនុស្សឬជា​សំឡេងទេវតា​ ជាត្រចៀក​កន្លងហួស​វិស័យនៃ​ត្រចៀក​សាមញ្ញជន​។​ ៥- ចេតោបរិយញ្ញាណ កំណត់ដឹង​ចិត្តអ្នកដទៃបាន​។ សំដៅ​យកការ​ទា​យ​ចិត្តគំនិត​របស់អ្នកដទៃ​ដែល​ត្រិះរិះគិត​ទៅរក​​ហេតុណា​​មួយ​ក៏អាច​ដឹងបាន​ដោយ​ការ​កំណត់​អធិដ្ឋានចិត្តា​​នុភាព​របស់ខ្លួនទៅស្ទាក់​ដេញតាមរក​ចិត្តគំនិត​របស់​​បុគ្គល​​ដទៃដោយ​ចិត្តដ៏បរិសុទ្ធ​រ​បស់ខ្លួន​ដូច​មានសេចក្តីដឹង​ថា​ចិត្ត​របស់បុគ្គលនោះ​ៗបរិសុទ្ធឬសៅហ្មង​ជាដើម។​ ៦- បុព្វេនិវាសានុស្សតិញ្ញាណ ញាណគឺការរលឹកឃើញ​នូវ​ខន្ធបញ្ចកៈ​(ខន្ធ៥) ​ក្នុងជាតិមុន។​ ការដឹងនូវជាតិ​ គឺការរលឹក​ឃើញនូវ​ខន្ធបញ្ចកៈ​ដែលធ្លាប់​កើត ធ្លាប់នៅក្នុងភពមុនបាន គឺរលឹកឃើញ ជាតិថយ​ក្រោយ​ក្នុង​កាល​ដែលកន្លងទៅ​ហើយ តាំងអំពីមួយ​​ជាតិ ពីរ​ជាតិ បីជាតិ រហូត​ដល់​អនេក​ជាតិថា​ “ក្នុងកាល​នោះអាត្មាអញ​បានកើតក្នុងទីនោះ មាន​ឈ្មោះ​យ៉ាងនេះ​ មាន​គោត្តយ៉ាងនេះ មានវណ្ណៈយ៉ាងនេះ ​មានអាហារយ៉ាងនេះ មាន ​សុខទុក្ខយ៉ាងនេះ មានអាយុ ប៉ុណ្ណេះៗជាដើម។ លុះច្យុត​​អំពីជាតិនោះ​ហើយ ​ក៏ទៅកើតក្នុង​ ទីនោះៗ ​លុះមកអំពីទីនោះក៏មក​កើតក្នុងទីនេះ”។ ការយល់ធ្លុះ​ធ្លាយឃើញព្រឹត្តិការណ៍ ​របស់ជាតិក្នុងកាលមុនដូច្នេះ ទើប​ឈ្មោះ​ថា “បុព្វេនិវាសានុស្សតិញ្ញាណ” គឺឃើញការវិល កើតវិលស្លាប់​តាម​យថាកម្ម​របស់សត្វ។ ៧- ចុតូបបាតញ្ញាណ ញាណក្នុងការកំណត់​ឃើញនូវចុតិនិង​បដិសន្ធិនៃ​ពួកសត្វ។ ​ការដឹងច្បាស់នូវចុតិ​និងបដិសន្ធិ គឺការឃ្លាតចាក​ជីវិតនិង​ការ​ចាប់​កំណើត​បាន ដោយការឃើញពួកសត្វដែលកំពុងច្យុតក៏មាន កំពុងចាប់​កំណើតក៏មាន ​ដឹងច្បាស់ថា​ “ពួកសត្វទាំង​នោះមាន​គតិផ្សេង​ៗគ្នា​ខ្លះថោកទាប ខ្លះខ្ពង់ខ្ពស់ តាមយថាកម្មរបស់ខ្លួនៗ ដោយអំណាច​ផលវិបាក​នៃការ​​ប្រព្រឹត្តរបស់​ពួកសត្វ”។​ ការដឹងច្បាស់នូវ​ចុតិនិង​បដិសន្ធិនៃ ​ពួកសត្វដូច្នេះ ទើបឈ្មោះ​ថា “ចុតូបបាតញ្ញាណ”។​ ៨- អាសវក្ខយញ្ញាណ ​ញាណក្នុងការធ្វើឲ្យអស់​នូវអាសវៈ ។​ ការដឹងច្បាស់​នូវ​ហេតុ​ជាទីអស់​ទៅនៃអាសវៈ​នោះ​ បានដល់​ការដឹង​ច្បាស់​តាម​ពិត​ថា ​“នេះ​ជាទុក្ខ នេះជាសមុទ័យ (ហេតុឲ្យកើតទុក្ខ) នេះជានិរោធ (ការរលត់ទុក្ខ) នេះ​​ជាមគ្គ (ផ្លូវប្រតិបត្តិដើម្បីរំលត់ទុក្ខ) នេះជាអាសវៈ នេះជា​ហេតុដែល​អោយ​​កើតអាសវៈ នេះជា សេចក្តីប្រតិបត្តិដើម្បីឲ្យអស់អាសវៈ” កាលដឹង​ច្បាស់ដូច្នេះ​ហើយចិត្តក៏រមែងរួចចាក អាសវៈទាំង៤ ប្រការ គឺកាមាសាវៈ ភវាសវៈ ទិដ្ឋាសវៈ​និងអវិជ្ជាសវៈ ។ ដឹងច្បាស់ថាជាតិ របស់​អាត្មា​អញ​អស់​ហើយ ​ព្រហ្មចរិយធម៌អញបានប្រព្រឹត្តចប់​ហើយ ​ករណីកិច្ចរបស់អញ​ បាន​សម្រេច​ហើយ កិច្ចដែលត្រូវចម្រើន​តទៅ​ទៀតពុំមាន​ឡើយ”។ទាំងប្រាំបីនេះប្រការនេះហៅថា វិជ្ជា៨ ប្រការ។ ដោយ៥០០០ឆ្នាំ
images/articles/201/300b7866d883ff1e05e94a97f0c6a2e1.jpg
វិជ្ជា ៣ ប្រការ
ផ្សាយ : ០១ មិថុនា ឆ្នាំ២០២២
នៅក្នុង​ធម៌នមស្សការ​ព្រះរតន​ត្រ័យ​ ត្រង់​ពុទ្ធរតនប្ប​ណាម​ គឺការ​ថ្វាយ​បង្គំ​ចំពោះ​ព្រះសម្ពុទ្ធ ​ដែលផ្តើម​ដោយពាក្យថា​ (ឥតិបិ សោ ភគវា (អ៊ិ តិ ប៉ិ សោ ភៈ គៈ វា) ​ជាដើម​ ពុទ្ធបរិស័ទ​ទាំងឡាយ​ច្បាស់ជា​ធ្លាប់ជួប​បាលីមួយ​ឃ្លាថា​ វិជ្ជាចរណ​សម្បន្នោ ​(វជ្ជា-ចៈ-រៈណៈ ​សាំ-ប៉ាន់- ​ណោ) ​ជាមិនខាន​។ពាក្យថា ​វិជ្ជាចរណៈ​សម្បន្នោ ប្រែថា ​ព្រះសម្មាសម្ពុទ្ធជា​បរមគ្រួនៃ​យើង​ ព្រះអង្គ​ទ្រង់បរិបូណ៍​ដោយ ​វិជ្ជា៣ វិជ្ជា៨​ និងចរណៈ១៥ ។ ការចេះដឹង យល់ធ្លុះធ្លាយ ​ឃើញច្បាស់​ដោយ​បញ្ញា ​ហៅថា ​“វិជ្ជា” ។ ពាក្យ​ថា​ វិជ្ជា ​គឺជាគុណសម្បត្តិនៃសម្មាសម្ពោធិញ្ញាណ ​ដែលព្រះមាន​ព្រះភាគ​ បាន​ត្រាស់​ដឹង ​ក្នុងយាមទាំងបី​នៃរាត្រី១៥​កើតខែពិសាខ គឺ​ បឋម​យាម​ព្រះអង្គ​បានវិជ្ជាទី១មជ្ឈិមយាម ​បានវិជ្ជាទី២ ​បជ្ឈិមយាម ​បានវិជ្ជាទី៣ ​។​ វិជ្ជាបី​យ៉ាង​នេះ​ហៅថា ​ញាណ ​ដូច្នេះក៏បាន ​គឺជា​ ពាក្យផ្លាស់ប្តូរគ្នា។​ ព្រះមាន​ព្រះភាគ ​បាននូវវិជ្ជា​ទាំងបីប្រការ​នេះជាដើម​ ទើបឈ្មោះថា​ ព្រះអង្គ​បាន​ត្រាស់។​ ១- បុព្វេនិវាសានុស្សតិញ្ញាណ ញាណគឺការរលឹកឃើញ​នូវខន្ធបញ្ចកៈ​(​​​ខន្ធ៥​) ​ក្នុងជាតិមុន​។​ការដឹងនូវជាតិ គឺការរលឹក​ឃើញនូវខន្ធ​បញ្ចកៈ​ ដែលធ្លាប់កើត ​ធ្លាប់នៅ​ក្នុងភព​​មុន​ បាន​ គឺរលឹកឃើញជាតិ​ថយ​​ក្រោយ​ក្នុងកាលដែលកន្លងទៅ​ហើយ​ តាំងអំពីមួយ​ជាតិ ពីរ​ជាតិ បីជាតិ​ រហូត​ដល់​អនេក​ជាតិថា ​“ក្នុង​កាល​នោះ​អាត្មា​អញបាន​កើតក្នុងទីនោះ​ មានឈ្មោះ​​យ៉ាងនេះ ​​មានគោត្ត​​យ៉ាង​នេះ​ ​មានវណ្ណៈ​​យ៉ាងនេះ ​មានអាហារ​យ៉ាងនេះ ​មាន​សុខ​ទុក្ខយ៉ាង​នេះ ​​មាន​អាយុ​ប៉ុណ្ណេះ​ៗ​ជាដើម។ ​លុះច្យុតអំពី​ជាតិនោះ​ហើយ​ ​ក៏ទៅកើតក្នុង​ទីនោះៗ ​​លុះមកអំពី​ទីនោះ​​ក៏មកកើត​ក្នុងទីនេះ”​។​ ការយល់ធ្លុះធ្លាយ​ឃើញព្រឹត្តិការណ៍​ ​រ​​បស់ជាតិក្នុង​កាល​មុនដូច្នេះ ​ទើប​​ឈ្មោះ​​​ថា “បុព្វេនិវាសានុស្សតិ​​ញ្ញាណ” គឺឃើញ​ការវិល ​កើតវិល​ស្លាប់​​តាម​​យ​ថា​​កម្មរបស់​​សត្វ។​​ ២- ចុតូបបាតញ្ញាណ ញាណក្នុងការកំណត់ឃើញ​នូវ​ចុតិនិង​បដិសន្ធិនៃពួក​សត្វ​។​ការដឹងច្បាស់នូវ​ចុតិនិងបដិសន្ធិ គឺការឃ្លាត​ចាកជីវិតនិង​ការចាប់កំណើត​បាន ដោយការឃើញពួកសត្វដែលកំពុងច្យុតក៏មាន កំពុងចាប់​កំណើតក៏​មាន ​ដឹងច្បាស់ថា “ពួកសត្វទាំងនោះមានគតិផ្សេងៗគ្នា ខ្លះថោក​ទាប ខ្លះ​ខ្ពង់ខ្ពស់ ​តាមយថាកម្មរបស់ខ្លួនៗ​ ដោយអំណាចផល​វិបាក​នៃការ​ប្រព្រឹត្ត​របស់ពួក​សត្វ”។ ​ការដឹងច្បាស់នូវ​ចុតិនិងបដិសន្ធិនៃ​ពួកសត្វដូច្នេះ​ ទើប​ឈ្មោះ​ថា ​“ចុតូបបាតញ្ញាណ”។​ ៣- អាសវក្ខយញ្ញាណ ញាណ​ក្នុង​ការធ្វើឲ្យ​អស់នូវអាសវៈ ​។​ការដឹ​ង​ច្បាស់នូវហេតុជាទីអស់ទៅនៃអាសវៈនោះ បានដល់ការ​ដឹងច្បាស់​តាមពិត​ថា “នេះជាទុក្ខ នេះជា​សមុទ័យ (ហេតុឲ្យកើតទុក្ខ) ​នេះជានិរោធ​ (ការរលត់ទុក្ខ) ​នេះជាមគ្គ (​ផ្លូវប្រតិបត្តិដើម្បីរំលត់ទុក្ខ) ​នេះជាអាសវៈ នេះ​ជា​ហេតុដលែលអោយកើតអាសវៈ នេះជា សេចក្តី​ប្រតិបត្តិ​ដើម្បីឲ្យ​អស់​អាសវៈ” ​កាលដឹងច្បាស់ដូច្នេះហើយចិត្តក៏រមែងរួចចា​ក​ អាសវៈទាំង៤ ប្រការ ​គឺកាមាសាវៈ ​ភវាសវៈ ទិដ្ឋាសវៈ និងអវិជ្ជាសវៈ ។ ដឹងច្បាស់​ថា​ជាតិ របស់​អាត្មាអញអស់ហើយ ព្រហ្មចរិយធម៌អញបានប្រព្រឹត្តចប់ហើយ ករណី​កិច្ច​របស់អញ​ បានសម្រេចហើយ​ កិច្ចដែលត្រូវចម្រើន​តទៅទៀតពុំ​មាន​ឡើយ”​ ។​ ព្រះសម្មាសម្ពុទ្ធបរិបូណ៌ដោយវិជ្ជា ​ឃើញច្បាស់នូវបដិបទាជា​ទីញ៉ាំង​អាសវៈ​ឲ្យអស់​ទៅ​ ហើយទ្រង់សំដែងធម៌​ប្រៀន​ប្រដៅ​ពុទ្ធបរិស័ទ​ឲ្យ​ប្រតិបត្តិដើម្បី​ធ្វើអាសវៈ​​ឲ្យអស់ទៅ ​ដូច្នេះទើបឈ្មោះ​ថា​ “អាសវក្ខយ​ញ្ញាណ”។វិជ្ជាទាំងបីប្រការនេះ​ឈ្មោះថា ​អង្គនៃសម្មាសម្ពោធិញ្ញាណ។ ពន្យល់ពាក្យ អាសវៈ = គ្រឿងត្រាំ, គ្រឿងសៅហ្មង, ឧបទ្រពចង្រៃ, ​កិលេសជា​គ្រឿង​ត្រាំ គឺកិលេសធម៌​ដែលត្រាំនៅក្នុងសន្តាន។ អាសវៈមាន៤ យ៉ាងគឺៈ ១- កាមាសវៈ អាសវៈគឺកាម បានដល់​សេចក្តី​ប្រាថ្នា​ទាំងឡាយ​។​ ២- ភវាសវៈ អាសវៈគឺភព បានដល់ការ អន្ទោលកើតស្លាប់​មិនចេះឈប់​ឈរ។ ​៣- ទិដ្ឋាសវៈ អសវៈគឺទិដ្ឋិ បានដល់ការ​យល់ខុស ប្រាស​​ចាកនូវ​សច្ចធម៌។ ៤- អវិជ្ជាសវៈ អាសវៈគឺអវិជ្ជា បានដល់ការ​មិនដឹង​ច្បាស់​នូវ​​កងទុក្ខទាំងពួង ឬមិនដឹងច្បាស់នូវអរិយសច្ចធម៌។ ខន្ធបញ្ចកៈ = គំនរនៃខន្ធ៥ គឺ រូប វេទនា សញ្ញា សង្ខារ និង វិញ្ញាណ។ ព្រហ្មចរិយធម៌ (ព្រំ-មៈ-ចៈរិយៈ-ធម៌) = ការប្រព្រឹត្តធម៌ដ៏ប្រសើរ, ​ការខ្វល់​ខ្វាយ ​ឬខ្នះខ្នែង​ចំពោះ​អំពើជា​កុសល។​ អរិយសច្ចធម៌​ (អៈរ៉ិយ៉ៈ-សច្ចៈធម៌) = ធម៌ពិតដ៏ប្រសើរ មាន៤ គឺ ១- ទុក្ខៈ សេចក្តីព្រួយលំបាក, ​សេចក្តីទុក្ខ។ ២- សមុទយៈ កំណើតទុក្ខ ឬហេតុ​ដែលនាំ​ឲ្យកើត​ទុក្ខ។ ​៣- និរោធៈ សេចក្តីរលត់ទុក្ខ ឬធម៌សម្រាប់​រំលត់ទុក្ខ​។ ​៤- មគ្គៈ ផ្លូវ ឬ ឧបាយនៃសេចក្តីរលត់ទុក្ខ ។ អរិយសច្ចទាំងបួននេះ ហៅ​ម៉្យាង​ទៀតថា ចតុរារិយសច្ច (ចៈ-តុ-រ៉ា-រ៉ិយៈ-ស័ច)។ បដិបទា (ប៉ៈ-ដិ-ប៉ៈ-ទា) = ការប្រព្រឹត្ត, ការប្រតិបត្តិ ។ ដោយ៥០០០ឆ្នាំ
images/articles/191/maxresdefault.jpg
ព្រះបរម​សារីរិកធាតុនៃ​ព្រះសម្មាសម្ពុទ្ធ
ផ្សាយ : ០១ មិថុនា ឆ្នាំ២០២២
ព្រះសារីរិកធាតុរបស់គោតមពុទ្ធត្រូវបានគេជឿថា ស្ថិតនៅភាសពេញតំបន់អាស៊ីដែលជាទីចាប់កំណើតនៃព្រះពុទ្ធសាសនា តាំងពីពេលធ្វើឈាបនកិច្ចព្រះបរមសពមកម៉្លេះ ។ តាមដំណាលថា បន្ទាប់ពីធ្វើឈាបនកិច្ចរួច មានពួកក្សត្យនគរផ្សេងៗ មកដើម្បីដណ្ដើមយកព្រះសារីរិកធាតុ ហើយដើម្បីបញ្ចប់នូវជម្លោះនេះ ភាគីជម្លោះទាំងឡាយបានយល់ព្រមធ្វើការបែងចែកព្រះសារីរិកធាតុជា ៨ ចំណែក និងត្រូវបានបាំងដោយក្លស់ (ឆត្រ) ដែលក្រោយមក ក្លស់បានក្លាយទៅជានិមិត្តរូបនៃសិល្បៈផ្នែកព្រះពុទ្ធ សាសនា ។ សារីរិកធាតុចំណែកនីមួយៗត្រូវបានបញ្ជូនទៅកាន់នគរជាច្រើនដើម្បីបញ្ចុះនៅក្នុងស្ដូប (ចេតិយ) សម្រាប់គោរពបូជា ។ ព្រះបរមសារីរិកធាតុ តាមដំណាលបានបន្តទៀតថា ប្រហែល ១០០ ឆ្នាំ ក្រោយមក មានស្ដេចមួយអង្គឈ្មោះ អសុកាជាក្សត្រដែលមានជំនឿមុតមាំ ជ្រះថ្លាលើពុទ្ធសាសនា បានផ្សព្វផ្សាយលទ្ធិសាសនានេះដុះដាល និងបានប្រមែប្រមូលសារីរិកធាតុទាំងអស់ ហើយបានយកទៅបញ្ចុះនៅក្នុងស្ដូបចំនួន ៨៤០០០ដែលបច្ចុប្បន្នស្ដូបទាំងនោះស្ថិតនៅក្នុងប្រទេសកាន់ព្រះពុទ្ធសាសនានានានៅអាស៊ី ។ អ្នកមានជំនឿភាគច្រើនជឿជាក់ថា សារីរិកធាតុទាំងនេះបានសម្ដែងនូវអម្ភូតហេតុពិសិដ្ឋដ៏មហស្ចារ្យ ។ ព្រះ​សារីរិកធាតុភាគច្រើនមានរូបរាងដូចជាគុលិកាគុជតូចៗ ខ្លះស្រអាប់ ខ្លះថ្លា មានពណ៌ផ្សេងៗ តាមជំនឿថា ផ្នែកផ្សេងៗនៃរាងកាយព្រះសម្ពុទ្ធ ផ្ដល់នូវសារីរិកធាតុពណ៌ផ្សេងគ្នា ។ ព្រះសារីរិកធាតុមួយចំនួនធំត្រូវបានបញ្ចុះនៅក្នុងស្ដូប ហើយមួយចំនួនទៀតត្រូវបានបែងចែកដោយព្រះសង្ឃទៅឲ្យអ្នកដែលមានជំនឿដើម្បីរក្សាទុកគោរពបូជាលក្ខណៈគ្រួសារ ដែលករណីដូចនេះមានតិចតួចបំផុត ។ ដោយហេតុថា ព្រះសារីរិកធាតុជាវត្ថុពិសិដ្ឋ សក្តិសិទ្ធិ ប្រកបដោយមហិទ្ធិឫទ្ធិ គឺត្រូវបានដាក់ដំកល់ជាសាធារណៈដើម្បីគោរពបូជារួមគ្នាក្នុងចំណោមអ្នកដែលមានជំនឿទាំងឡាយ ។ ការអត្ថាធិប្បាយតាមបែបសាសនាៈ ព្រះពុទ្ធកិច្ច គឺកិច្ចដែលព្រះអរហន្តសម្មាសម្ពុទ្ធទាំងឡាយទ្រង់ប្រតិបត្តិជានិច្ច ក្រោយអំពីត្រាស់ដឹងនូវសព្វញ្ញតញ្ញាណដោយបញ្ញាដ៏កំពូលរបស់ព្រះអង្គ ។ ព្រះដ៏មានព្រះភាគទ្រង់បំពេញពុទ្ធចរិយាដែលជាប្រយោជន៍ដល់សត្វលោក ទ្រង់ត្រាស់សម្ដែងធម៌ប្រោសវេនេយ្យសត្វដោយព្រះមហាករុណារបស់ព្រះអង្គទ្រង់ដឹកនាំសត្វលោកឲ្យប្រកបដោយសេចក្ដីសុខ ឲ្យតាំងនៅក្នុងសរណៈឲ្យរួចផុតចាកទុក្ខឲ្យបន្លុំអមតធម៌ មិនថាព្រះអង្គគង់ក្នុងទីណាទេ ព្រះអង្គទ្រង់មិនលះនូវកិច្ច៥យ៉ាងគឺ កិច្ចក្នុងបុរេភត្ត កិច្ចក្នុងបច្ឆាភត្ត កិច្ចក្នុងបឋមយាម កិច្ចក្នុងមជ្ឈិមយាម និងកិច្ចក្នុងបច្ឆិមយាម ដូចបោរាណាចារ្យប្រព័ន្ធជាគាថាទុកថា ៖ «ព្រះសម្មាសម្ពុទ្ធជាចម្បងជាងអស់អ្នក ប្រាជ្ញ ទ្រង់ជម្រះនូវពុទ្ធកិច្ចទាំងឡាយ៥ប្រការនេះ គឺក្នុងពេលព្រឹកទ្រង់ត្រាច់ទៅបិណ្ឌបាត១ ក្នុងពេលល្ងាចទ្រង់សម្ដែងធម៌ទេសនា១ ក្នុងពេលព្រលប់ទ្រង់ប្រទានឱវាទដល់ពួកភិក្ខុ១ ក្នុងពេលអាធ្រាតទ្រង់ដោះប្រស្នានៃទេវតា១ ក្នុងពេលជិតភ្លឺទ្រង់ប្រមើលមើលនូវសត្វលោកដែលគួរត្រាស់ដឹងនិង មិនគួរត្រាស់ដឹង១ ។» ព្រះពុទ្ធអង្គទ្រង់បំពេញពុទ្ធកិច្ចអស់៤៥ ឆ្នាំហើយ ក្នុងថ្ងៃអង្គារ ១៥កើត ខែពិសាខ មុនពុទ្ធសករាជ១ថ្ងៃ ព្រះអង្គទ្រង់ចូលបរិនិព្វានក្រោមសាលព្រឹក្សទាំងគូ ដោយអនុបាទិសេសនិព្វាន ។ ព្រះបរមសពនៃព្រះអរហន្តសម្មាសម្ពុទ្ធ ត្រូវពួកមនុស្ស ទេវតា ព្រហ្ម ជាដើមនាំគ្នាបូជាយ៉ាងសន្ធឹកសន្ធាប់ជាទីបំផុត ហើយបានដង្ហែយកទៅបូជាត្រង់មកុដពន្ធនចេតិយ ។ ក្នុងថ្ងៃទី៧ បន្ទាប់ពីព្រះអង្គទ្រង់បរិនិព្វាន ព្រះបរមសពដែលតម្កល់លើចិតកាធាន ត្រូវភ្លើងឆេះឡើងដោយអំណាចនៃទេវតាបណ្ដាលឲ្យឆេះព្រះបរមសពនៃព្រះ ដ៏មានព្រះភាគអស់រូបរាងកាយ ធារទឹកបានធ្លាក់ហូរចុះពីលើអាកាសបានពន្លត់ចិតកាធានរបស់ ព្រះសាស្ដា នៅសល់តែព្រះបរមធាតុនៃព្រះដ៏មានព្រះភាគប៉ុណ្ណោះ ។ ពួកមល្លក្សត្របានអារាធនាព្រះបរមសារីរិកធាតុទាំងអស់ទៅដាក់ទុក ក្នុងសុវណ្ណទោណប្រោសព្រំដោយទឹកក្រអូបគ្រប់ប្រភេទ រោយរាយគន្ធជាតិក្នុងសុវណ្ណទោណ ហើយបាននាំសុវណ្ណទោណទៅប្រតិស្ឋានលើដំរីដែលប្រដាប់តាក់តែងហើយ និងបូជាដោយវត្ថុទាំងឡាយដោយមានកម្រងផ្កា និងគ្រឿងក្រអូវជាដើម ហើយក៏នាំយកព្រះបរមសារីរិកធាតុចូលទៅកាន់ក្នុងនគរ តម្កល់ទុកលើសត្តរតនមយបល្ល័ង្ក គឺបល្ល័ង្កដែលធ្វើដោយរតន៧ប្រការ ក្នុងសណ្ឋាគារបាំងស្វេតឆ័ត្រពីខាងលើ ហើយនាំគ្នារៀបចំធ្វើសក្ការបូជាចំពោះព្រះបរមសារីរិកធាតុនៃព្រះដ៏ មានព្រះភាគ រហូតអស់៧ថ្ងៃទៀត ។ មកុដពន្ធនចេតិយ ស្ថានទីបូជាព្រះបរមសព ក្នុងកាលណោះព្រះរាជាក្នុងដែនផ្សេងៗមានព្រះបាទមាគធអជាសត្តុជាដើមទ្រង់បានឮដំណឹងថា ព្រះដ៏មានព្រះភាគទ្រង់បរនិព្វានហើយក្នុងក្រុងកុសិនារាថា ព្រះដ៏មានព្រះភាគជាក្សត្រ យើងក៏ជាក្សត្រ យើងគួរបានចំណែកនៃព្រះសារីរិកធាតុរបស់ព្រះដ៏មានព្រះភាគដែរ យើងធ្វើស្ដូបផង ការបូជាផងចំពោះព្រះសារីរិកធាតុនៃព្រះដ៏មានព្រះភាគ ។ តែពួកមល្លក្សត្រគិតថា ធម្មតាពុទ្ធរតនៈជាវត្ថុដ៏ប្រសើរបំផុតក្នុងលោក ព្រមទាំងទេវលោក ក៏រតនៈនេះកើតក្នុងគាមក្ខេត្តរបស់យើង យើងមិនព្រមឲ្យដល់អ្នកណាទេ ។ កាលបើពួកមល្លក្សត្រមិនព្រមចែកព្រះសារីរិកធាតុយ៉ាងនេះ ព្រះវាជា និងព្រាហ្មណ៍ទាំងអស់នោះ ចាប់ផ្ដើមនាំគ្នាធ្វើចម្បាំងដើម្បីដណ្ដើមយកព្រះសារីរិកធាតុ ។ ក៏រៀបចំកងទ័ពរៀងៗខ្លួនដើម្បីឡោមព័ទ្ធក្រុងកុសិនារា ។ ឯពួកមល្លក្សត្រអ្នកក្រុងកុសិនារាវិញ ក៏បានរៀបចំកងទ័ពតតាំងច្បាំងវិញដែរ ។ ក្នុងកាលណោះទោណព្រាម្មណ៍ជាអាចារ្យរបស់ក្សត្រ និងព្រាហ្មណ៍ទាំងនោះ ឃើញការវិវាទទាស់ទែងគ្នាដោយសារព្រះសារីរិកធាតុជារឿងមិនសមគួរទាល់តែសោះ ទើបឡើងទៅឈរលើកំពែងទីខ្ពស់ស្រែកឡើងថា ៖ «លោកទាំងឡាយដ៏ចម្រើន សូមស្ដាប់ពាក្យខ្ញុំមួយមាត់សិន ព្រះពុទ្ធជាម្ខាស់នៃយើង ព្រះអង្គជាខន្តិវាទ ការប្រហារគ្នា ច្បាំងគ្នាព្រោះចំណែកនៃព្រះសារីរិកធាតុរបស់ឧត្ដមបុរសនេះមិនប្រពៃឡើយ ។ បពិត្រលោកដ៏ចម្រើនទាំងឡាយ យើងទាំងអស់គ្នាគួរតែស្រុះស្រួលគ្នា ព្រមព្រៀងគ្នា រីករាយរកគ្នា ចែកព្រះសារីរិកធាតុឲ្យជា៨ចំណែក ព្រះស្ដូបទាំងឡាយ សូមផ្សាយទៅក្នុងទិសទាំងឡាយចុះ ពួកជនច្រើនជ្រះថ្លាចំពោះព្រះសម្ពុទ្ធមានចក្ខុមិនលែង ។» កាលទោណព្រាហ្មណ៍ពោលពាក្យនេះលើកទី១ គ្មានអ្នកណាយកចិត្តទុកដាក់ស្ដាប់ឡើយ ព្រោះម្នាក់ៗគិតតែថាត្រូវច្បាំងៗ ។ តែអាស្រ័យទោណព្រាហ្មណ៍ជាអាចារ្យរបស់ក្សត្រ និងព្រាហ្មណ៍ទូទាំងជម្ពូទ្វីប មិនមានក្សត្រ និងព្រាហ្មណ៍ណាមួយថាមិនស្គាល់ឡើយ ។ ទើបទោណព្រាហ្មណ៍ស្រែកប្រកាសយ៉ាងខ្លាំងជាពីរដងថា ៖ «ពួកលោកចាំសម្លេងអាចារ្យរបស់ខ្លួនមិនបាន ទេឬ ។ ប្រសិនបើចាំបាន សូមស្ងាត់ស្ងៀមគ្រប់ៗគ្នា ហើយស្ដាប់វាចាដែលខ្ញុំពោល ។» ពួកក្សត្រទាំងនោះ បានឮសម្លេងស្រែកឡើងនោះក៏ចាំបានថា នេះជាសម្លេងរបស់ទោណព្រាហ្មជាអាចារ្យរបស់ខ្លួន ហើយក៏នាំគ្នាស្ងៀមស្ងាត់ទៅ ។ ទោណព្រាហ្មណ៍ក៏ប្រកាសឡើងដូចពាក្យមុននោះឯង ដើម្បីបបួលគ្នាចែកព្រះបរមសារីរិកធាតុឲ្យជា៨ចំណែកសម្រាប់ក្សត្រ និងព្រហ្មណ៍៨នគរ ដែលមកជួបជុំគ្នានៅពេលនោះ ។ ក្សត្រ និងព្រាហ្មណ៍ព្រមតាមទោណព្រាហ្មណ៍ មានឆន្ទៈតែមួយថានឹងចែកឲ្យបានស្មើៗគ្នា ។ ទោណព្រាហ្មណ៍បានដឹងពីការព្រមព្រៀងគ្នារបស់ក្សត្រ និងព្រាហ្មណ៍ទាំងនោះហើយ ក៏បានបញ្ជាឲ្យគេបើតុម្ពមាសឡើងដើម្បីចែកព្រះ បរមសារីរិកធាតុ ។ ពេលនោះ ព្រះរាជាទាំងឡាយបានឈរនៅជិតឯតុម្ពមាសនោះ ឃើញនូវព្រះធាតុមានពណ៌ដូចមាសក៏ខ្សឹមខ្សួលកន្ទក់កន្ទេញថា ព្រះដ៏មានព្រះភាគជាសព្វញ្ញូក្នុងកាលមុន យើងបានឃើញសរីរៈរបស់ព្រះអង្គមានពណ៌ដូចមាសដែលប្រដាប់តាក់តែង ហើយដោយបុរិសលក្ខណៈ ៣២ ប្រការ ដែលមានឆព្វណ្ណរង្សី ៦ ប្រការ និងលម្អរុងរឿងទៅដោយអនុព្យញ្ជនៈ ៨០ ឥឡូវនេះនៅសល់តែព្រះធាតុមានពណ៌ដូចមាសប៉ុណ្ណោះ ។ ឯទោណព្រហ្មណ៍ដឹងនូវសេចក្ដីប្រមាទរបស់ក្សត្រ និងព្រហ្មណ៍ទាំងនោះ ក៏ចាប់យកទក្ខិណទាឋៈ គឺចង្កូមកែវខាងស្ដាំ ដាក់ក្នុងចន្លោះឈ្នួតក្បាល ។ កាលបើក្សត្រ និងព្រាហ្មណ៍ទាំងនោះ បន្ទោបង់សេចក្ដីសោកខ្សឹកខ្សួលហើយ ក៏បាននាំគ្នាចែកនូវព្រះធាតុនោះជា ៨ ចំណែក គឺ ៖ ព្រះបាទមាគធអជាសត្តុវេទេហីបុត្រ បានទទួលព្រះធាតុមួយចំណែកគឺ ២ នាឡិ យកទៅបញ្ចុះក្នុងស្ដូប (ព្រះចេតិយ) ក្នុងរាជគ្រឹះ ។ ពួកក្សត្រលិច្ឆវី បានទទួលមួយចំណែកគឺ ២ នាឡិ យកទៅបញ្ចុះក្នុងស្ដូបក្រុងវេសាលី ។ ពួកក្សត្រអ្នកក្រុងកបិលវត្ថុ បានទទួលមួយចំណែកគឺ ២ នាឡិ យកទៅបញ្ចុះក្នុងស្ដូប ក្រុងកបិលវត្ថុ ។ ពួកក្សត្រថូលិ អ្នកក្រុងអល្លកប្បៈ បានទទួលមួយចំណែកគឺ ២ នាឡិ យកទៅបញ្ចុះក្នុងស្ដូប ក្រុងអល្លកប្បៈ ។ ពួកក្សត្រកោឡិយៈ អ្នករាមគ្រាម បានទទួលមួយចំណែកគឺ ២ នាឡិ យកទៅបញ្ចុះក្នុងស្ដូប ក្រុងរាមគ្រាម ។ ព្រាហ្មណ៍អ្នកវេដ្ឋទីបកៈ បានទទួលមួយចំណែកគឺ ២ នាឡិ យកទៅបញ្ចុះក្នុងស្ដូប ក្នុងដែនវេដ្ឋទីបកៈ ។ ពួកមល្លក្សត្រក្រុងបាវ បានទទួលមួយចំណែកគឺ ២ នាឡិ យកទៅបញ្ចុះក្នុងស្ដូប ក្នុងក្រុងបាវា ។ ពួកមល្លក្សត្រអ្នកក្រុងកុសិនារា បានទទួលមួយចំណែកគឺ ២ នាឡិ យកទៅបញ្ចុះក្នុងស្ដូប ក្នុងក្រុងកុសិនារា ។ ក្នុងកាលណោះ ស្ដេចសក្កទេវរាជទ្រង់រមិលមើលថា អ្នកណាយកចង្កូបកែវខាងស្ដាំទៅ ? ក៏បានដឹងថាទោណព្រាហ្មណ៍ជាអ្នកយកទុកក្នុងចន្លោះឈ្នួតក្បាល ក៏បានគិតថា ទោណព្រាហ្មណ៍នេះ មិនអាចធ្វើសក្ការៈគោរពបូជាចំពោះចង្កូមកែវនេះបានទេ ហើយក៏យកចង្កូមកែវពីទោណព្រាហ្មណ៍នោះទៅ ។ ឯទោណព្រាហ្មណ៍កាលចែកព្រះធាតុអស់ហើយ ក៏យកដៃចាប់មើលចង្កូមកែវត្រង់ឈ្នួតក្បាលមិនឃើញ តែមិនអាចសួរថា អ្នកណាយកចង្កូមកែវទៅ ? ព្រោះខ្លួនជាម្ចាស់ចំណែកហើយ ។ ទោណព្រាហ្មណ៍គិតថា បើដូច្នោះអាត្មាអញនឹងសូមតុម្ពនេះជំនួសចង្កូមកែវវិញ ។ ទើបពោលឡើងថា បពិត្រលោកដ៏ចម្រើន ខ្ញុំសូមតុម្ពនេះទៅបញ្ចុះក្នុងស្ដូប គ្រាន់បានធ្វើសក្ការៈគោរពបូជា ។ ព្រះរាជាទាំងឡាយក៏ព្រមអនុញ្ញាតឲ្យដល់ទោណព្រាហ្មណ៍នោះ ។ ចំណែកពួកក្សត្រមោរិយៈអ្នកក្រុងបិប្ផលិវ័ន មកសូមព្រះធាតុក្រោយគេមិនបាន ក៏សូមយកព្រះអង្គារៈគឺធ្យូងយកទៅធ្វើស្ដូប ធ្វើការបូជាក្នុងក្រុងរបស់ខ្លួន ។ នៅក្នុងគម្ពីរពុទ្ធវំសរបស់ប្រទេសភូមា (ច្បាប់ឆដ្ឋសង្គាយនា) និងគម្ពីរពុធ្ធវំស (ច្បាប់មហាចុឡាតិបិដក ភាគ៣៣ ទំព័រ៥៧៩ ប្រទេសថៃ) មានបាលីប្រាកដពណ៌នាពីរឿងព្រះធាតុនេះ តែក្នុងគម្ពីរពុទ្ធវំសបិដកខ្មែរយើងលេខ៧៧ គ្រាន់តែលើកយកបាលីពីបិដកភូមាមកដាក់ជាលេខយោងត្រង់ទំព័រ២៣៧ បន្ទាត់ទី១០ ប៉ុណ្ណោះ ។ ឯបាលីនោះថា ៖ «ព្រះសារីរិកធាតុទាំងឡាយនោះ ដែលមិនបែកចេញមាន ៧ អង្គគឺ ព្រះឧណ្ហីសធាតុ (ឆ្អឹងថ្ងាស) ១ ព្រះទាឋធាតុ (ចង្កូមកែវ) ៤ ព្រះអក្ខកធាតុ (ឆ្អឹងដងកាំបិត) ២ ព្រះសារីរិកធាតុដ៏សេសសល់ក្រៅពីនោះសុទ្ធតែបែកចេញ (ជាចំណែកតូចៗ) ។» ព្រះបរមធាតុទាំងឡាយមានខ្នាតផ្សេងៗគ្នាគឺ ព្រះធាតុខ្នាតធំ មានទំហំប៉ុនគ្រាប់សណ្ដែកបាយព្រះធាតុខ្នាតកណ្ដាល មានទំហំប៉ុនកំណាត់គ្រាប់អង្ករបាក់ និង ព្រះធាតុខ្នាតតូច មានទំហំប៉ុនគ្រាប់ស្ពៃ ។ ព្រះបរមធាតុទាំងឡាយ មានពណ៌ផ្សេងៗគ្នាគឺ ព្រះធាតុខ្នាតធំមានពណ៌ដូចមាស ព្រះធាតុខ្នាតកណ្ដាលមានពណ៌ដូចកែវមុក្ដា ព្រះធាតុខ្នាតតូចមានពណ៌ដូចផ្កាម្លិះ រួមទាំងអស់ប្រមាណ ១៦ នាឡិ ស្មើ ១ ទោណ ។ នៅក្នុងគម្ពីរសុមង្គលវិលាសិនី អដ្ឋកថា មហាបរិនិព្វានសូត្រ ៥/៣៤៧ បានសម្ដែងថា ៖ «ចុះព្រះធាតុរបស់ព្រះសម្មាសម្ពុទ្ធបរម សាស្ដាបែកជាចំណែកប៉ុន្មាន ? មិនបែកប៉ុន្មានដែរ ? ព្រះបរមធាតុព្រះសម្មាសម្ពុទ្ធនៃយើង មិនបែកជាចំណែកតូចៗមាន ៧ គឺ ព្រះចង្កូមកែវ ៤ ដងកាំបិត ២ ថ្ងាស ១ ឯព្រះធាតុដ៏សេសសល់ក្រៅពីនោះ សុទ្ធតែជាចំណែកតូចៗ ។ បណ្ដាព្រះធាតុទាំងនោះ ព្រះធាតុតូចបំផុតប៉ុនគ្រាប់ស្ពៃ ព្រះធាតុខ្នាតកណ្ដាលប៉ុនគ្រាប់អង្ករបាក់ពាក់កណ្ដាល ព្រះធាតុខ្នាតធំបំផុតប៉ុនគ្រាប់សណ្ដែកបាយបាក់ពាក់កណ្ដាល ។» សេចក្ដីបញ្ជាក់ៈ នៅក្នុងបទនមស្សការត្រង់ធាតុចេតិយនមស្សការគាថា ដែលរៀបរៀងដោយ បណ្ឌិត សែម សូរ ក្នុងសៀវភៅប្រជុំភាណវារបាលីប្រែពិស្ដារ ត្រង់ទំព័រ៣០៣ បន្ទាត់ទី១៣ ដែលគាថានេះបានដកចេញពីគម្ពីរបឋមសម្ពោធិត្រង់ទំព័រ២៦០ តែមិនត្រឹមត្រូវតាមគម្ពីរព្រះត្រៃបិដក ដែលមានក្នុងគម្ពីរពុទ្ធវំសបិដកលេខ៧៧ ទំព័រ២៣៧ បន្ទាត់ទី១១ នោះទេ ។ ដូចគាថាក្នុងព្រះត្រៃបិដកថា មុត្តាវណ្ណា ច មជ្ឈិមា ព្រះធាតុខ្នាតកណ្ដាលមានពណ៌ដូចកែវមុក្ដា តែក្នុងបឋមសម្ពោធិ និងយើងធ្លាប់សូត្រមកថា មជ្ឈិមា ផលិកប្បភា ព្រះធាតុខ្នាតកណ្ដាលមានពណ៌ដូចកែវផលិក ដូច្នេះគាថានេះ ប្រាកដជាមិនត្រឹមត្រូវតាមព្រះត្រៃបិដកទេ ។ ដូចគាថាក្នុងព្រះត្រៃបិដកមួយបាទទៀតថា ខុទ្ទកា មកុលវណ្ណា ច ព្រះធាតុខ្នាតតូចមានពណ៌ដូចផ្កាម្លិះ ស្រាប់តែក្នុងបឋមសម្ពោធិ និងយើងធ្លាប់សូត្រមកថា ខុទ្ទកា ពកុលវណ្ណា ព្រះធាតុខ្នាតតូចមានពណ៌ដូចផ្កាថ្កុល បាទគាថានេះ ក៏មិនត្រឹមត្រូវតាមព្រះត្រៃបិដក និងអដ្ឋកថា ព្រោះហេតុនេះ មិនអាចកាន់យកបានឡើយ ។ តាមពិត មកុល ស័ព្ទមិនមែនប្រែថា ផ្កាម្លិះតែម្ដងទេ តែក្នុងគាថានេះ អាស្រ័យច្បាប់ឆ័ន្ទទើបកាត់ពាក្យ សុមនៈ ចេញដែលប្រែថា ផ្កាម្លិះនោះ ។ ពាក្យថា មកុល ក្នុងគម្ពីរអភិធានប្បទីបិកា និងអភិធានប្បទីបិកាដីកាត្រង់សូត្រ៥៤៤ ថា មកុល (មុច មោចនេ + ឧល) ប្រែថា ផ្កាឈើក្ដោប ឬផ្កាឈើក្រពុំ វិ. មុចតីតិ មកុលោ ផ្កាឈើដែលលាស់ចេញ ឈ្មោះថា មកុល (អាទេស គឺផ្លាស់ ឧ ជា អ, ច ជា ក) ។ មានក្នុងអដ្ឋកថា មជ្ឈិមនិកាយថា កមលុប្បលាទីនី ឯកស្មឹ កាលេ វិកសន្តិ ឯកស្មឹ មកុលនិ ហោន្តិ ។ ផ្កាឈូកក្រហម និងឧប្បលជាដើមតែងរីកក្នុងវេលាមួយ តែងក្ដោបទៅក្នុងវេលាមួយ ។ ចុះពាក្យថា មកុល ប្រែថា ក្ដោប ឬក្រពុំ ហេតុអ្វីបានជាហ៊ានប្រែថា ផ្កាម្លះនោះទៅវិញ ? បានជាហ៊ានប្រែថាផ្កាម្លិះនោះ ព្រោះអាងគម្ពីរសុមង្គលវិលាសិនី អដ្ឋកថា មហាបរិនិព្វានសូត្រ ៥/៣៤៧ ថា ៖ «ព្រះធាតុទាំងឡាយដែលនៅសេសសល់ប្រាកដ ដូចផ្កាម្លិះក្រពុំខ្លះ ដូចកែវមុក្ដាដ៏ស្អាតខ្លះ ដូចលម្អិតមាសខ្លះ ។» ដូច្នេះក្នុងអដ្ឋកថាបានបញ្ជាក់ហើយថា សុមនមកុលសទិសា ប្រាកដដូចផ្កាម្លិះក្រពុំជាក់ច្បាស់ទៅហើយ និងគម្ពីរជិនកាលមាលីបករណ៍ (១/៣៩) បានសម្ដែងថា ៖ «បណ្ដាព្រះបរមសារីរិកធាតុនោះ ព្រះធាតុខ្នាតតូចប៉ុនគ្រាប់ស្ពៃ ។ ព្រះធាតុកណ្ដាលប៉ុនគ្រាប់អង្ករបាក់ពាក់កណ្ដាល ។ បណ្ដាព្រះបរមសារីរិកធាតុនោះ ព្រះធាតុខ្នាតតូចមានពណ៌ប្រាកដដូចផ្កាម្លិះក្រពុំ ។ ព្រះធាតុកណ្ដាលមានពណ៌ប្រាកដដូចកែវមុក្ដាដ៏ស្អាត ។ ព្រះធាតុខ្នាតធំមានពណ៌ប្រាកដដូចជាមាស ។» ព្រមទាំងក្នុងគម្ពីរបបញ្ចសូទនីអដ្ឋកថា មជ្ឈិមនិកាយ ពាកុលសូត្រត្រង់សុញ្ញតវគ្គបានបញ្ជាក់ធាតុព្រះពាកុលៈមាន មកុល ស័ព្ទដែរថា ៖ «ព្រះធាតុទាំងឡាយនោះឯងនៅសេលសល់ប្រាកដដូចផ្កាម្លិះក្រពុំ ។» តាមទឡ្ហីករណ៍ដែលបានលើកឡើងខាងលើនេះ ព្រះធាតុខ្នាតតូចគឺមានពណ៌ដូចផ្កាម្លិះក្រពុំ មិនមែនពណ៌ដូចផ្កាថ្កុលទេ ដោយហេតុថាពាក្យ ពកុល មិនមានក្នុងបិដក និងអដ្ឋកថាដែលជាច្បាប់ដើមនោះទេ ។ ដូច្នេះ យើងទាំងអស់គ្នាគប្បីកែបទនមស្សការនេះឲ្យត្រឹមត្រូវតាមព្រះត្រៃបិដក និងអដ្ឋកថាវិញ ។ នៅក្នុងសុមង្គលវិលាសិនី អដ្ឋកថា មហាបរិនិព្វានសូត្រប្រាប់ថា ៖ «ព្រះបរមធាតុរួមទាំងអស់ ១៦ នាឡិ ដោយនាឡិតាមប្រក្រតី (អដ្ឋកថា ទីឃនិកាយ ៥/៣៥៦) ។» នៅក្នុងសុត្តន្តបិដក ទីឃនិកាយ មហាវគ្គ (១៦/៣៤៩/១០) ថា ៖ «ព្រះបរមធាតុរបស់ព្រះសម្ពុទ្ធមានចក្ខុ មានចំនួន ៨ ទោណ ។» យើងត្រូវគិតពីមាគធនាឡិ (បាកតិនាឡិ) និងទោណនេះឲ្យបានច្បាស់លាស់ដើម្បីដឹងពីប្រមាណនៃព្រះធាតុ នេះ ។ តាមគម្ពីរអភិធានប្បទិបិកា គាថាទី៤៨២‑៣ តទៅ ៖ ១ បសតៈ ជា ១ កុឌុវៈ ៤ កុឌុវៈ ជា ១ បត្ថៈ ៤ បត្ថៈ ជា អាឡ្ហក ៤ អាឡ្ហក ជា ១ ទោណ ។ តាមមាត្រាវាស់នេះ សឲ្យឃើញថា ៤ កំបង់ដៃ ស្មើ ១ បត្ថៈ គឺ ១ នាឡិ តាមប្រក្រតី ។ ដូចពាក្យក្នុងវិសុទ្ធិមកញក មហាដីកា (២/១៦៧) ថា ៤ កឌុវៈ ជា ១ នាឡិ ។ ក្នុងសុមង្គលវិលាសិនី អដ្ឋកថា ទីឃនិកាយ (២/២១៨) និងក្នុងសមន្តប្បាសាទិកា វេរញ្ជកណ្ឌវណ្ណនា (១/៣៤០‑៣៤១) ថា ឈ្មោះថា បត្ថៈ គឺមានប្រមាណប៉ុននាឡិត្រឹមល្មដើម្បីចិញ្ចឹមបុរសម្នាក់ៗឲ្យ ប្រព្រឹត្តទៅបាន ។ សរុបព្រះធាតុ ៤ កុឌុវៈ ជាមួយនាឡិតាមប្រក្រតី ៤ នាឡិតាមប្រក្រតី ជាមួយ អាឡ្ហក ៤ អាឡ្ហក ជា ១ ទោណ ។ ដូច្នេះ ៤ x ៤ = ១៦ គឺ ១៦ នាឡិតូចស្មើ ១ ទោណ ។ ព្រះបរមសិរីរិកធាតុសរុបទាំងអស់មាន ១៦ នាឡិ ស្មើ ១ ទោណ ប៉ុណ្ណោះតាមន័យក្នុងអដ្ឋកថា ។ តែព្យញ្ជនៈក្នុងសុត្តន្តបិដក ទីឃនិកាយ មហាវគ្គ (១៦/៣៤៩/១០) ថា ព្រះបរមសារីរិកធាតុរបស់សម្ពុទ្ធមានចក្ខុមានចំនួន ៨ ទោណ ។ បើមាន ៨ ទោណ មែននោះគឺ ១៦ x ៨ = ១២៨ នាឡិ ទៅហើយ តែអដ្ឋកថាបញ្ជាក់ថា មានតែ ១៦ នាឡិធម្មតាប៉ុណ្ណោះ ។ ហើយគួរឲ្យសង្ស័យដល់អ្នកសិក្សាទៀតនោះ គឺក្នុងសារត្ថទីបនីដីកា (១/២២៣) ព្រះសារីបុត្រជាគន្ថរចនាចារ្យបានខៃពន្យល់ពីព្រះធាតុដែលបានតមក ពីរាមគ្រាមចំនួន ១ ទោណ ថា ៖ «ពាក្យថា ត្រឹម ១ ទោណ គឺស្មើប្រមាណ ១៦ នាឡិ ដោយនាឡិមគធ ។ តាមក្នុងដីកាខៃពន្យល់ព្រះបរមធាតុមានចំនួន ១២៨ នាឡិ តែតាមពិត ព្រះបរមធាតុមានតែ ១៦ នាឡិ ស្មើនឹង ១ ទោណ ទេ ។» ចុះពាក្យថា ព្រះបរមធាតុមាន ៨ ទោណ ដែលមានក្នុងសុត្តន្តបិដក ទីឃនិកាយ មហាវគ្គ ភាគ១៦ ទំព័រ៣៤៩ បន្ទាត់ទី១០ នោះយ៉ាងណាទៅវិញ ? ពាក្យនេះអដ្ឋកថាប្រាប់ថា ៖ «ក៏គាថាទាំងឡាយមានពាក្យជាដើមថា ព្រះបរមធាតុរបស់ព្រះសម្ពុទ្ធមានចក្ចុ មានចំនួន ៨ ទោណ ដូច្នេះជាដើម គឺព្រះថេរៈទាំងឡាយ អ្នកនៅក្នុងកោះតាម្ពបណ្ណិទ្វីប (ប្រទេសសិរីលង្កាសព្វថ្ងៃ) ពោលទុកហើយ ។» តាមគាថាពន្យល់ក្នុងគម្ពីរបឋមសម្ពោធិត្រង់ ទំព័រ២៦១ បានចង្អុលបង្ហាញប្រាប់ថា ព្រះថេរៈក្នុងកោះតាម្ពបណ្ណិទ្វីបនោះមិនបានគិតពីមាត្រាវាស់ទេ លោកចងគាថាឲ្យគិតយ៉ាងនេះថា ១ ទោណ ស្មើ ២ នាឡិ ដូច្នេះ ៨ x ២ = ១៦ នាឡិ ។ សូម្បីគម្ពីរដទៃមានគម្ពីរជិនកាលមាលីបករណ៍ (១/៣៩) ក៏បានពន្យល់យ៉ាងជាក់ច្បាស់ដែរថា ក៏ធាតុទាំងឡាយរបស់ព្រះដ៏មានព្រះភាគនៃយើងមានត្រឹម ១៦ នាឡិ ។ ហើយធ្វើឲ្យយើងលែងសង្ស័យគ្រាន់ពាក្យថា ៨ ទោណ ដែលមានក្នុងបិដកទៀតនោះ ព្រោះក្នុងអដ្ឋកថា (៥/៣៥៦) បានបញ្ជាក់ពីព្រះធាតុចែកឲ្យទៅទាំង ៨ នគរនោះថា ៖ «ព្រះរាជា និងព្រាហ្មណ៍អ្នកក្នុងនគរនិមួយៗ បានទទួលចំណែកព្រះធាតុ ២ នាឡិៗ (ក្នុងមួយនគរៗ) ។» ចំណែកព្រះធាតុដែលប្រទេសសិរីលង្កាបានតមកពី រាមគ្រាមនោះ ក៏បានចំណែកតែ ២ នាឡិដែរ មិនមែន ១៦ នាឡិ ដូចដីកាពោលនោះទេ ។ ដូច្នេះសរុបគ្រប់គម្ពីរមក ព្រះបរមធាតុ មាន ១៦ នាឡិ ស្មើ ១ ទោណ ។ ខ្នាត ពណ៌ និង បរិមាណ របស់សម្ភិន្នធាតុ ព្រះធាតុខ្នាតធំ ខ្នាតៈ គ្រាប់សណ្ដែកបាយ ពណ៌ៈ ពណ៌មាស បរិមាណៈ ៥ នាឡិ ព្រះធាតុខ្នាតកណ្ដាល ខ្នាតៈ ប៉ុនគ្រាប់អង្ករបាក់ ពណ៌ៈ កែវមុក្ដា បរិមាណៈ ៥ នាឡិ ព្រះធាតុខ្នាតតូច ខ្នាតៈ ប៉ុនគ្រាប់ស្ពៃ ពណ៌ៈ ដូចផ្កាម្លិះក្រពុំ បរិមាណៈ ៦ នាឡិ ។ មានអ្នកសាកសួរថា ហេតុអ្វីទើបព្រះធាតុរបស់ព្រះអរហន្តសម្មាសម្ពុទ្ធមានបំណែកបែកជា ចំណែកតូចៗយ៉ាងនេះ ? ប្រស្នានេះលុះណាតែយើងសិក្សាពីព្រះគុណរបស់ព្រះសម្ពុទ្ធដែលព្រះ អង្គទ្រង់មានសព្វញ្ញូតញ្ញាណ ទ្រង់មានព្រះទ័យករុណាចំពោះសត្វលោកយ៉ាងណា ដូចព្រះអង្គទ្រង់សឹងលើគ្រែបរិនិព្វាន ទ្រង់បានអធិដ្ឋានឲ្យព្រះធាតុបែកជាចំណែកតូចៗ (ជិនកាលមាលីបករណ៍ ១/៣៩) ថា ៖ «តថាគតមិនស្ថិតនៅយូរអង្វែងទេ នឹងបរិនិព្វានទៅ សាសនាតថាគតនៅមិនទាន់ផ្សាយទៅគ្រប់ទីកន្លែងនៅឡើយ ព្រោះហេតុនេះ កាលបើតថាគតបរិនិព្វានទៅហើយ មហាជនទទួលយកនូវព្រះធាតុសូម្បីប៉ុនគ្រាប់ស្ពៃ ហើយធ្វើចេតិយក្នុងទីនៅរបស់ខ្លួនៗ ហើយគោរពបូជា កាលត្រាច់ទៅនឹងមានសួគ៌ក្នុងខាងមុខ ។ ព្រោះហេតុនោះ ព្រះធាតុបែកចេញជាចំណែកតូចៗខ្លះ មិនបែកចេញខ្លះ ។» អដ្ឋកថា ទីឃនិកាយ មហាវគ្គ ៥/៣៤៧ ថា ៖ «ព្រះអរហន្តសម្មាសម្ពុទ្ធព្រះអង្គទ្រង់បំពេញ ពុទ្ធចរិយាអស់ ៤៥ វស្សា ដើម្បីប្រយោជន៍ដល់សត្វលោក សូម្បីព្រះអង្គទ្រង់បរិនិព្វានទៅហើយ ក៏ព្រះអង្គនៅតែបំពេញប្រយោជន៍ដល់សត្វលោកទៀត ដូចព្រះអង្គទ្រង់អធិដ្ឋានឲ្យព្រះធាតុបែកជាចំណែកតូចៗ ដើម្បីផ្សាយទៅគ្រប់ទីកន្លែងសម្រាប់ជាគ្រឿងសក្ការៈគោរពបូជារបស់ ពុទ្ធបរិស័ទ នឹងបានសម្រេចនូវស្ថានសួគ៌ និងព្រះនិព្វានក្នុងកាលខាងមុខ ៕» ដោយ៥០០០ឆ្នាំ
images/articles/144/bbhh77.jpg
Akthakatha
ផ្សាយ : ០១ មិថុនា ឆ្នាំ២០២២
អដ្ឋកថា (atthakatha) គឺជា​គម្ពីរ​​ទាំង​ឡាយ​ដែល​និពន្ធ​ដោយ​ព្រះពុទ្ធឃោសាចារ្យ (Buddhaghosa) ក្នុង​គោល​បំណង​ពន្យល់​បន្ថែម​(explanation or commentary) លើ​អត្ថបទ​ភាសា​បាលី​នៅ​ក្នុង​គម្ពីរ​ព្រះត្រៃបិដក ។ ដោយ​សារ​ព្រះត្រៃបិដកខ្មែរ​បាន​តម្រៀប​គម្ពីរ​នានា​ជា ១១០​ ក្បាល​ដាច់​ពីគ្នា ទើប​នៅ​ក្នុង អដ្ឋកថា មាន​ចំនួន​សរុប​ទាំង​អស់ ១១០​ ក្បាល​ដែរ ដើម្បី​ផ្តល់​ភាព​ងាយ​ស្រួល​ដល់​អ្នក​សិក្សា​ស្រាវ​ជ្រាវ​ក្នុង​ការ​ស្វែង​រក​ និង ធ្វើ​លេខ​យោង ។ មាន​រឿង​និទាន​ប្រៀបធៀប​​ជា​ច្រើន​ដែល​ប្រតិដ្ឋ​ឡើង​ដោយ​ព្រះ​ពុទ្ធឃោសាចារ្យ​សម្រាប់​ធ្វើ​ជា​ឧបមានវិធី​ក្នុង​ការ​ពន្យល់​ក្រម​សីលធម៌​ទាំង​ឡាយ​ ឧទាហរណ៍​ នៅ​ក្នុង​អដ្ឋកថា នៃ​ធម្មបទគាថា ។ ដោយ៥០០០ឆ្នាំ
images/articles/185/654edffc.jpg
Ti-pitaka
ផ្សាយ : ០១ មិថុនា ឆ្នាំ២០២២
ព្រះ​ត្រៃ​បិដក ឬ​ព្រះត្រ័យ​បិដក ឬ​ត្រ័យបិដក ប្រែថា កញ្រ្ចែង ឬ​កញ្ចើ​ទាំង​៣​សម្រាប់​​ដាក់​​ផ្ទុក​​​ពាក្យ​​ពេចន៍​វចនៈ​នៃ​​ព្រះ​​សម្មា​ សម្ពុទ្ធ​​​ជា​ម្ចាស់​​គឺ៖ ».​ ពុទ្ធ​វិន័យ​ទាំង​អស់​បាន​ដល់វិន័យ​បិដក​១ ».​ ព្រះសូត្រ​ទាំង​អស់​បាន​ដល់​សុត្តន្តបិដក​១ ».​ ព្រះ​អភិធម្ម​ទាំង​៧​គម្ពីរ​បាន​ដល់​ព្រះ​អភិ​ធម្មបិដក​១។ វិនយ​បិដក វិនយ​បិដក គឺ​ជា​គម្ពីរ​ខាង​ព្រះពុទ្ធសាសនា​ដែល​បាន​​ចារិក​​ទុក​​នូវ​​ពុទ្ធប្បញ្ញត្តិ​​និង ​​ពុទ្ធា​នុ​ញាតិ​​។​​ ​ក្នុង​​​វិនយ​​បិដក​​​​​ដដែល​​​​​បាន​​​ចែក​​​ចេញ​​ជា​​​៥គម្ពីរ​មាន៖ គម្ពីរមហាវិភង្គ គម្ពីរមហាវិភង្គ ដែល​ជា​គម្ពីរ​មួយ​រៀប​រាប់​អំពី​វិន័យ​របស់​ព្រះភិក្ខុសង្ឃ​ទាំង​២២៧​សិក្ខា។ គម្ពីរភិក្ខុណីវិភង្គ គម្ពីរភិក្ខុណីវិភង្គ ដែល​អធិប្បាយ​នូវ​វិន័យ​ទាំង​៣១១​សិក្ខាបទ​របស់​នាង​ភិក្ខុណី។ គម្ពីរមហាវគ្គ គម្ពីរមហាវគ្គ ជា​គម្ពីរ​ដែល​បាន​ពណ៌នា​អំពី​ពិធី​ធ្វើ​សង្ឃកម្ម​ផ្សេង​ៗ​របស់​ពួក​​ពុទ្ធ​បរិស័ទ។​​​ ក្នុង​​​គម្ពីរ​​​នេះ​​​​មាន​​​១០​​​ខន្ធកៈ​​នៃ​​២២​​ខន្ធកៈ​​ដែល​​នៅ​​សល់​​១២​​ខន្ធកៈ​ ទៀត​​មាន​​ប្រាកដ​ក្នុង​គម្ពីរ​ចូឡវគ្គ។ គម្ពីរចូឡវគ្គ គម្ពីរចូឡវគ្គ គម្ពីរ​​មាន​ភាព​ប្រហាក់​ប្រហែល​នឹង​គម្ពីរ​មហាវគ្គ​ផ្សេង​តែ​យក​១២ខន្ធកៈ​ក្រៅ​​​ផ្សេង​​​ពី ​​​១០​​ខន្ធកៈ​​ក្នុង​​គម្ពីរ​មហា​វគ្គ​​តែ​ប៉ុណ្ណោះ​។ គម្ពីរបរិវារៈ គម្ពីរបរិវារៈ ជា​គម្ពីរ​ចុង​ក្រោយ​ដែល​បាន​ធ្វើ​ជា​សំនួរ​ចំលើយ ចោទ​ឆ្លើយ​​អំពី​​បញ្ហា​​មាន​​​ក្នុង​​គម្ពីរ​​​ទាំង​​៤​​​ខាង​លើ។​ សុត្តន្តបិដក សុត្តន្តបិដក​គឺ​ជា​គម្ពីរ​ដែល​បាន​រួបរួម​នូវ​ព្រះធម៌​មាន​លក្ខណៈ​ជា​​ការ​សម្តែង​ចាត់​ជា​ក្រុម​ជា ​​​ពួក​​​តាម​​ហេតុ​ការណ៍​​​និង​​​​​ចរិត​​​​អធ្យាស្រ័យ​​របស់​​សត្វ​គូរ​​ សន្ទនា​​នោះ​​ឯង​​ដែល​​មាន​​មួយ​​ចប់​នៃ​ការ​​សាកច្ឆា សន្ទនា​រវាង​ព្រះ​បរម​សាស្តា​​​នឹង​​ភាគី​​ចរចា​​ហៅថា​ ​មួយ​ព្រះសូត្រ ឬ​សូត្រ​​មួយ​។ ក្នុង​​[[សុត្តន្ត​បិដក]]​​​មានការ​ចាត់​ចំណាត់​​ថ្នាក់​វែង ​ខ្លី ​ច្រើន ​តិច​ ជា​កង​ ជា​​​ពួក​និង​ជា​ក្រុម​ជា​ដើម​​ដែល​បាន​ប្រារព្ធ​ធ្វើ​ឡើង​​ដោយ​ ព្រះសង្គីតិកាចារ្យ​​តាំងតែ​​[[បឋម​សង្គាយ​នា​]]​​ឬ​​​សង្គាយនា​​​​លើក​​ទី​​​មួយ​​​​មាន​​​​​​ព្រះអរហន្ត​ ​៥០០​អង្គ​រួម​ទាំង​ព្រះមហាកស្សប ព្រះមហាឧបាលី​និង​​ព្រះ​មហា​អានន្ទ​ជា​ដើម​​​ឮ​​រហូត​​​ដល់សង្គាយ​នាគ្រាទី៣​ ដែល​បាន​ញ៉ាំង​ព្រះត្រ័យបិដក​​​​មាន​​​​​​ព្រះវិនយបិដក​ព្រះ​សុត្តន្ត​បិដក​ ​​និង​​ព្រះអភិធម្មបិដក​ឲ្យ​គ្រប់បរិបូរណ៍​ហើយ​និង​សង្គាយនា​លើកទី​៤​(តាម​ ច្បាប់​ស្រីលង្កា) ព្រះ​ត្រ័យ​​បិដក​​ដែន​​​បាន​​បន្ត​មក​ដោយ​​​ការទន្ទេញ​ចាំមាត់​របស់​ពួក​ សាវ័ក​ក៏​បាន​សរសេរ​ចារិក ទុកក្នុង​ស្ត្រា​ស្លឹក​រឹត​ជា​លាយ​លក្ខណ៍​អក្សរ​ដោយ​​ក្រុមភិក្ខុជនជាតិ​ ស្រីលង្កា។ ក្រោយ​មក​គម្ពីរ​ព្រះ​ត្រ័យ​បិដក​​ក៏​​បាននាំយកទៅសរសេរ​ជា​​ភាសា​​​ផ្សេង​ៗ​ និងបានមក​បក​ប្រែ​ជា​ភាសា​​ខ្លួន​ដើម្បី​​ងាយ​ស្រួល​​​ក្នុង​ការ​សិក្សា​​ រៀនសូត្រ​ព្រោះ​​ដំបូង​ឡើយ​មាន​សំនេរ​ ​ជា​ភាសា​ស្រី​លង្កា​ (សីហឡភាសា)​តែ​សំនៀង​​​​ភាសា​​បាលី​ហើយ​ត្រូវគេ​ចម្លង​យក​សំនៀង​បាលី​មក​​​ជា ​​ភាសា​​​ខ្លួន​ហើយ​ប្រែ​សេចក្តី​នែ​​ព្រះត្រ័យ​បិដក​​​ទាំងមូល​​ ជាភាសានៃប្រជាជាតិនោះៗ។ ព្រះសុត្តន្តបិដកមាន ៥គម្ពីរ​ដែល​បាន​ចារិក​​ទុកនូវ​​​ពាក្យ​វចនៈ​នៃ​​ព្រះ​សម្មា​​សម្ពុទ្ធ​​ តាម​​​​បែប​​​​ផែន​​ដូច្នេះ​​៖ គម្ពីរទីឃនិកាយ មានចំណុះព្រះសូត្រដែលមានខ្នាតវែង៣៤ព្រះសូត្រហើយបែងចែកជា​៣​វគ្គ​ធំ​ៗ​គឺ​ ​សីលក្ខន្ធវគ្គ​​​មាន​​១៣​​ព្រះសូត្រ មហាវគ្គ​មាន​១០​ព្រះសូត្រ​ និង​បាដិកវគ្គមាន​១១​ព្រះ​សូត្រ​។ គម្ពីរមជ្ឈិមនិកាយ មានចំណុះព្រះសូត្រដែលមានខ្នាតកណ្តាលមិនវែង​​ពេកមិនខ្លី​ពេក​១៥២​ព្រះសូត្រ​​ ដែល​​បែងចែក​ជា​៣​បណ្ណាសកៈ ​មានមូលបណ្ណាសកៈ មជ្ឈិមបណ្ណាសកៈ​ និង​ឧបរិ​បណ្ណាសកៈ​ ​ហើយ​ក្នុង​បណ្ណាសកៈ​នីមួយៗ​មាន​៥វគ្គតូចៗ​ទៀត ហើយ​វគ្គតូចៗ​នីមួយ​ៗ​មាន​១០​​​ព្រះ​សូត្រ​វៀរ​តែ​វគ្គ​ទី​១៤​គឺ​វិភង្គ​​ វគ្គមាន​​១២​ព្រះ​សូត្រ​។ សំយុត្តនិកាយ សំយុត្តនិកាយ បានប្រមូលរួបរួមនូវកងធម៌តាមប្រភេទ ហើយបែងជា​​៥​វគ្គមាន​សគាថវគ្គ​ដែល​​សម្តែង​អំពី​ពួកព្រះសូត្រ​​មាន​ គាថា​ទាំង​ឡាយ​២៧១​ព្រះសូត្រ១​និទានវគ្គ រួម​​ព្រះសូត្រ​ដែល​ពោល​​ អំពី​ហេតុ​ ឬ ឫស​គល់​នៃ​សភាវធម៌​ទាំងឡាយជាដើម​១ ខន្ធវារវគ្គ ព្រះសូត្រដែល​​ពោល​អំពី​ខន្ធ​ទាំងឡាយ​មានរូបក្ខន្ធជាដើម១ សយនវគ្គ ព្រះសូត្រដែល​សម្តែង​អំពី​ពួក​អាយតនៈ​ទាំងឡាយ​ មាន​រូបាយតនៈ​​ ជាដើម​​​១ មហាវារវគ្គ ព្រះសូត្រដែល​សម្តែង​អំពី​ពួក​ធម៌​សំខាន់​ៗ​ដូចជា​មគ្គ៨ ពោជ្ឈង្គ៧ ឥន្រ្ទិយ៍​២២​ជាដើម​១។ សំយុត្តនិកាយ ជាគម្ពីរដែលរួបរួមធម៌ជាក្រុម​មួយ​​ៗ​ហៅថា សំយុត្តមួយ​រួម​ទាំងអស់​មាន​៥៦​សំយុត្ត​រួម​គ្នា​ដូចជា​ទេវតា​សំយុត្ត​ជាដើម ​និង​មាន​៧៧៦២​ព្រះសូត្រ។ អង្គុត្តរនិកាយ ប្រែថាពួកធម៌ក្រៃលែងដោយអង្គមាន១១​និបាត​ដូចជា​​ក្នុង​ឯកនិបាត​​សម្តែង​​អំពី​ ពួកធម៌​មាន​អង្គ​​១​ ទុកនិបាត មានអង្គ២ តិកនិបាត​មាន​អង្គ៣ រហូតដល់​ឯកាទសក​និបាត គឺពួកធម៌​មាន​អង្គ​១១​ដូច្នេះ​ជាដើម​។ ដោយរួម​ក្នុង​អង្គុត្តរនិកាយ​មាន​ព្រះសូត្រ​សរុប​ទាំង​អស់​៩៥៥៧​ព្រះសូត្រ​។ ខុទ្ទកនិកាយ ប្រែថាគម្ពីរដែលមានធម៌បន្តិចបន្តួចសេសសល់ ឬក្រៅពី​៤​​​គម្ពីរ​ខាង​លើ​​មាន​​១៥​​ប្រភេទ​មាតិកា​បាន​ដល់៖ ១. ខុទ្ទកបាឋ មាន​បទ​សូត្រ​ខ្លី​ៗ៩​បទ​មាន​​សរណគមន៍​​ជា​ដើម​​មាន​​ករណិយ​​​មេត្ត​​សូត្រ​​ជា​បរិយោសាន​១ ២. ធម្មបទ​គាថា​មាន​២៦​វគ្គ​ដូច​ជា​យមក​វគ្គ​ជា​ដើម​មាន​ព្រហ្មណវគ្គ​ជា​បរិយោ​សាន និង​​សរុប​​ទាំងអស់​​មាន​ច្រើន​ជាង​​៤០០​គាថា។ ៣. ឧទាន មានពុទ្ធសុភាសិតដែលបន្លឺចេញចាកព្រះឱស្ឋ។ ៤. ឥតិវុត្តក មានវចនៈដែល​ពោល​អាង​ដល់​ព្រះពុទ្ធវចនៈ។មាន​១១២​ព្រះសូត្រ​។ ៥. សុត្តនិបាត មានព្រះសូត្រតូចៗ៧០សូត្រ។ ៦. វិមានវត្ថុ មានសម្តែងពីរឿងពួកធ្វើល្អហើយបានទៅកើតជាទេវបុត្រ ទេវ​ធីតា​ស្ថាន​សួគ៌​។ ៧. បេត្តវត្ថុ មានសម្តែងពីរឿងពួកធ្វើបាបកម្មទៅកើតជាពួកប្រែត។ ៨. ថេរគាថា មានប្រជុំគាថារបស់ពួកព្រះថេរទាំងឡាយ។ ៩. ថេរីគាថា មានប្រជុំសុភាសិតរបស់នាងភិក្ខុណីទាំងឡាយ។ ១០. ជាតក មានប្រជុំរឿងជាតកទាំងអស់​៥៥០​ជាតក​ដែល​ជា​ប្រវត្តិ​រឿងរ៉ាវ​​ពី​អឌិត​​របស់​ព្រះពោធិសត្វ​។ ១១. និទ្ទេស ចែកជា២មានមហានិទ្ទេស និងចូឡនិទ្ទេស ដែល​ទាំងពីរ​ព្រះសារិបុត្ត​​បាន​​នាំ​​យក​​​ព្រះសូត្រក្​នុង​​​​សុត្តនិបាត​មក​អធិប្បាយ​ឲ្យ​ពិស្តារ​បន្ថែម។ ១២. បដិសម្ភិទាមគ្គ គឺជាការលើកយកពួកធម៌មាន​៣០យ៉ាង​មកអធិប្បាយ​និង​ចំនែក​ឲ្យ​តូច​ៗ​ដោយ​ពិស្តារ​របស់ព្រះសារិបុត្ត។ ១៣. អប្បទាន ឬអបទាន មានការរួបរួមនូវសម្តីឬ​ពាក្យ​ពេចន៍​ចុង​ក្រោយ​មុន​នឹង​ចូល​និព្វាន​របស់​ ព្រះអរហន្ត​ទាំង​ឡាយ​ទាំង​ព្រះសម្មា​សម្ពុទ្ធ​ព្រះ​បច្ចេកពុទ្ធ​​និង​ ព្រះសាវ័កពុទ្ធ​។ ១៤. ពុទ្ធវង្ស ឬពុទ្ធវំស មាន​រៀប​រាប់​អំពី​ព្រះពុទ្ធ​ទាំង​២៤​ព្រះអង្គ​ពី​អតីត​កាល​​រហូត​​ដល់​​​ព្រះពុទ្ធ​​សមណគោតម​​​នៃ​យើងនេះ​ឯង។ ១៥. ចរិយាបិដក មានប្រវត្តរឿងរ៉ាវ៣៥ចរិយា​នៃ​ការ​កសាង​បារមី​របស់​​​​ព្រះ​បរម​ពោធិ​សត្វ​​​​ក្នុង​​ភទ្ទកប្ប​នេះ។ អភិធម្មបិដក ».​ សុមង្គលវិលាសិនី ».​ ធម្មសង្គណី ».​ សវិភង្គប្បករណ៍ ».​ ចធាតុកថា ».​ បុគ្គលប្បញ្ញត្តិ ».​ កថាវត្ថុ ».​ យមកប្បករណ៍ ».​ មហាបដ្ឋាន ដោយ ៥០០០ឆ្នាំ
images/articles/189/Unti3456tled-1.jpg
Buddhism flag
ផ្សាយ : ០១ មិថុនា ឆ្នាំ២០២២
ទង់​ព្រះពុទ្ធ​សាសនា​​បាន​​ធ្វើការ​​បង្ហាញ​​រូបរាង​​ ​និង​​ចាប់​​បង្ហូត​​នៅ​ក្នុង​​​ប្រទេស​​ខ្មែរ​គឺ​ ​នា​​ឱកាស​បុណ្យ​​​ពាក់​​កណ្តាល​​សាសនា​​ ​ក្នុង​​ពុទ្ធ​សក​រាជ​​២៥០០​នៅ​ទី​​ក្រុង​​ភ្នំពេញ​​​គឺ​​ក្រោយ​​​​ពេល​​ដែល​​សម្តេច​​​​ព្រះសង្ឃ​​រាជ​​ ​ជួន​ ​​ណាត​ ​​យាង​​មក​ពី​​ប្រជុំ​មហា​​​សន្និបាត​​​ប្រមុខ​​ដឹក​សង្ឃ​​ពុទ្ធសាសនា​​​ទូទាំង​​ពិភពលោក​​ ​នា​​ប្រទេស​​ឥណ្ឌា​​រួច​​នោះ​​។​
images/articles/2729/rgvrcdgvfdxc.jpg
ទេវទហសូត្រ
ផ្សាយ : ២២ ឧសភា ឆ្នាំ២០២២
សម័យមួយ ព្រះដ៏មានព្រះភាគ ទ្រង់គង់នៅក្នុងទេវទហនិគម នាដែនសក្កៈ ។ ព្រះអដ្ឋកថាប្រាប់ថា ព្រះអង្គគង់ប្រថាប់នៅព្រៃលុម្ពិនី ( ជាទីដែលទ្រង់ប្រសូត ) ។ ក្នុងទីនោះ ព្រះអង្គទ្រង់ត្រាស់ចំពោះភិក្ខុទាំងឡាយនូវ បុព្វេកតវាទ របស់ពួកនិគ្រន្ថ ។ បុព្វេកតវាទ គឺជាគំនិតយល់ខុសមួយបែប ដែលគេតែង​ពោលថា ការសោយអារម្មណ៍ឯណានីមួយ សុខក្ដី ទុក្ខក្ដី អទុក្ខមសុខក្ដី ការសោយអារម្មណ៍ទាំងអស់នោះ កើតឡើងព្រោះកម្មដែលខ្លួនបានធ្វើហើយក្នុងកាលមុនដូច្នេះឯង ។ ពួកនិគ្រន្ថបានយល់ឃើញដូច្នេះទៀតថា កម្មចាស់ទាំងនោះ អស់ទៅបានដោយការប្រព្រឹត្តតបៈ តាម​ដែលពួកគេបានប្រព្រឹត្តដោយវិធីផ្សេងៗ កាលដែលកម្មចាស់អស់ទៅ ទាំងមិនធ្វើនូវកម្មថ្មី ក៏មិនមាន​ផល​តទៅ នេះជាការអស់ទៅនៃវេទនា ហើយក៏ជាការសាបសូន្យទៅនៃទុក្ខទាំងពួងហ្នឹងឯង ។ តាម​ពិត វេទនាក្នុងជាតិនេះ មិន​មែនសុទ្ធតែជាផលវិបាករបស់កម្មចាស់ទៅទាំងអស់នោះទេមានវេទនា​ជាផលវិបាកនៃកម្មក្នុងបច្ចុប្បន្នជាតិនេះក៏មាន វេទនាជាកុសលក៏មាន វេទនាជាអកុសលក៏មាន នៅវេទនាជាកិរិយាទៀត ដែលវេទនាទាំងអស់នេះ រួមមកគឺសុខវេទនា ទុក្ខវេទនា និងអទុក្ខមសុខវេទនា ។ អ្វីជាអស្សាទៈ តម្រេកត្រេកអរដែលនាំឱ្យសត្វលោកជាប់ជំពាក់ក្ដី អ្វីជាអាទីនវៈគឺទោសក្ដី និងអ្វីជាការរលាស់​ចោលនូវវេទនានោះក្ដី ពួកនិគ្រន្ថមិនដឹងទេ ទាំងដែលវាទៈរបស់និគ្រន្ថនោះសោត ក៏គ្រាន់​តែស្មានៗតែប៉ុណ្ណោះ ព្រោះមិនបានដឹងថា ខ្លួនធ្លាប់កើតយ៉ាងណា ធ្វើបាបកម្មអ្វីខ្លះ ទុក្ខប៉ុន​ណាអស់​​ទៅ​ហើយ ទាំងមិនបានដឹងអំពីការលះបង់នូវអកុសលធម៌ និងការបំពេញនូវកុសលធម៌ក្នុងបច្ចុប្បន្ននេះផង ។ ការប្រឹងប្រែងព្យាយាមរបស់ពួកនិគ្រន្ថ មិនអាចឱ្យរួចចាកទុក្ខទេ ។ នៅក្នុងព្រះពុទ្ធសាសនា មានការលះបង់នូវទុក្ខទាំងពួងដោយបរិញ្ញា ចំពោះវេទនាគឺបដិបត្តិកំណត់ដឹងនូវការសោយអារម្មណ៍ ឯណានីមួយនោះ ត្រឹមតែជាវេទនាប៉ុណ្ណោះ ដែលមានបច្ច័យឱ្យកើតឡើងហើយ រលត់ទៅវិញ នេះគឺវេទនា​នុ​បស្សនាសតិប្បដ្ឋាន ទើបលះបង់បាននូវតណ្ហាដែលជាហេតុនៃទុក្ខ ។ ភិក្ខុក្នុងព្រះសាសនានេះ មិនបានប្រឹងប្រែងព្យាយាមយកទុក្ខមកគ្របសង្កត់ខ្លួន ដោយទុក្ករកិរិយាផ្សេងៗនោះឡើយ មានជីវិតរស់នៅជាសុខប្រកបដោយធម៌ បរិភោគប្រើប្រាស់នូវបច្ច័យ ៤ ដោយការពិចារណា មិនជ្រុលជ្រប់ក្នុងសេចក្ដីសុខដោយតណ្ហា មានតែការអស់ទៅនៃតណ្ហានោះឯង ដោយការ​ប្រឹងប្រែងក្នុងសម្មប្បធាន ៤ ។ ជាគោលការណ៍សំខាន់នៅក្នុងព្រះពុទ្ធសាសនា គឺកុសលធម៌ចម្រើន​ឡើង អកុសលធម៌សាបសូន្យទៅ ត្រូវរៀបចំដំណើរជីវិតរស់នៅយ៉ាងនេះ ទើបបានរួចផុតចាកទុក្ខ​ពិតប្រាកដមែន ។ ដកស្រង់ពីសៀវភៅ សិក្សាព្រះសូត្រ ភាគទី១៣ ដោយ៥០០០ឆ្នាំ
images/articles/2719/_________pic.jpg
ធម៌ដែលស្រដៀងនឹងព្រះសទ្ធម្ម ឬ ធម៌ប្លម
ផ្សាយ : ២២ ឧសភា ឆ្នាំ២០២២
សទ្ធម្មប្បតិរូបកសូត្រ (ធម៌ដែលស្រដៀងនឹងព្រះសទ្ធម្ម ឬ ធម៌ប្លម) សម័យមួយ ព្រះមានព្រះភាគទ្រង់គង់នៅវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ជិតក្រុងសាវត្ថី ។ គ្រានោះឯង ព្រះមហាកស្សបមានអាយុ ចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ក៏ថ្វាយ​បង្គំព្រះមានព្រះភាគរួចអង្គុយក្នុងទីដីសមគួរ ។ លុះព្រះមហាកស្សបមានអាយុ អង្គុយក្នុងទីដ៏សមគួរហើយ ក៏ក្រាបទួលសួរព្រះមានព្រះភាគយ៉ាងនេះថា បពិត្រព្រះអង្គដ៏ចម្រើន ចុះហេតុដូចម្តេច បច្ច័យដូចម្តេច បានជាក្នុងកាលពីដើម មានសិក្ខាបទតិច តែមានភិក្ខុបានសម្រេចព្រះអរហត្តច្រើន បពិត្រព្រះអង្គដ៏ចម្រើន ហេតុដូចម្តេច បច្ច័យដូចម្តេច បានជាឥឡូវនេះ មានសិក្ខាបទច្រើន តែមានភិក្ខុបានសម្រេចព្រះអរហត្តតិច ។ ម្នាលកស្សប ហេតុនុ៎ះ តែងមានយ៉ាងនេះឯង កាលបើពួកសត្វសាបសូន្យទៅ ព្រះសទ្ធម្មក៏អន្តរធានទៅដែរ បានជាមានសិក្ខាបទច្រើន មានពួកភិក្ខុបានសម្រេចព្រះអរហត្តតិច ម្នាលកស្សប សទ្ធម្មប្បតិរូបក៍ គឺធម៌ដែលស្រដៀងគ្នានឹងព្រះសទ្ធម្ម មិនបានកើតឡើងក្នុងលោក ដរាបណា ការអន្តរធាននៃព្រះសទ្ធម្ម ក៏មិនមាន ដរាបនោះ ម្នាលកស្សប សទ្ធម្មប្បតិរូបក៍កើតឡើងក្នុងលោក កាលណាអន្តរធាននៃព្រះសទ្ធម្ម ក៏មានកាលនោះ ។ ម្នាលកស្សប ជាតរូប- ប្បតិរូបក៍ គឺរបស់ដែលស្រដៀងនឹងមាស មិនទាន់កើតឡើងក្នុងលោក ដរាបណា ការអន្តរធាននៃមាស ក៏មិនមានដរាបនោះ ម្នាលកស្សប ជាតរូបប្បតិរូបក៍ គឺរបស់ដែលស្រដៀងនឹងមាស កើតឡើងក្នុងលោក ដរាបណា ការអន្តរធាននៃមាស ក៏មានក្នុងកាលនេះ យ៉ាងណាមិញ ។ ម្នាលកស្សប សទ្ធម្មប្បតិរូបក៍មិនបានកើតឡើងក្នុងលោក ដរាបណា ការអន្តរធាននៃព្រះសទ្ធម្ម ក៏មិនមានដរាបនោះ ម្នាលកស្សប សទ្ធម្មប្បតិរូបក៍កើតឡើងក្នុងលោក កាលណា ការអន្តរធាននៃព្រះសទ្ធម្ម ក៏មានក្នុងកាលនោះ យ៉ាងនេះឯង។ ម្នាលកស្សប បឋវីធាតុ ធ្វើព្រះសទ្ធម្មឲ្យអន្តរធានទៅក៏ទេ អាបោធាតុ ធ្វើព្រះសទ្ធម្មឲ្យអន្តរធានទៅក៏ទេ តេជោធាតុ ធ្វើព្រះសទ្ធម្មឲ្យអន្តរធានទៅក៏ទេ វាយោធាតុធ្វើព្រះសទ្ធម្មឲ្យអន្តរធានទៅក៏ទេ មានតែពួកមោឃបុរស ដែលកើតឡើងក្នុងលោកនេះ ទើបធ្វើព្រះសទ្ធម្មនេះឲ្យអន្តរធានទៅបាន ម្នាលកស្សប ដូចទូកលិចចុះដោយការផ្ទុករបស់យ៉ាងណា ។ ម្នាលកស្សប ការអន្តរធាននៃព្រសទ្ធម្ម មិនមែនយ៉ាងនេះទេ ។ ម្នាលកស្សប ធម៌ ៥ ប្រការនេះ ថយចុះ តែងប្រព្រឹត្តទៅដើម្បីវិនាស ដើម្បីសាបសូន្យនៃព្រះសទ្ធម្ម ។ ធម៌ ៥ ប្រការ តើដូចម្តេចខ្លះ ។ ម្នាលកស្សប ពួកភិក្ខុ ភិក្ខុនី ឧបាសក ឧបាសិកា ក្នុងសាសនានេះ ជាអ្នកមិនគោរព មិនកោតក្រែងចំពោះព្រះសាស្តា ១ ជាអ្នកមិនគោរព មិនកោតក្រែងចំពោះព្រះធម៌ ១ ជាអ្នកមិនគោរព មិនកោតក្រែង ចំពោះព្រះសង្ឃ ១ ជាអ្នកមិនគោរព មិនកោតក្រែងចំពោះសិក្ខា ១ ជាអ្នកមិនគោរព មិនកោតក្រែង ចំពោះសមាធិ ១ ។ ម្នាលកស្សប ធម៌ទាំង ៥ ប្រការនេះឯង ថយចុះ តែងប្រព្រឹត្តទៅ ដើម្បីសាបសូន្យនៃព្រះសទ្ធម្ម ។ ម្នាលកស្សប ធម៌ ៥ ប្រការនេះ តែងប្រព្រឹត្តទៅដើម្បីតាំងនៅ ដើម្បីមិនវិនាស មិនសាបសូន្យនៃព្រះសទ្ធម្ម ។ ធម៌ទាំង ៥ ប្រការ តើដូចម្តេចខ្លះ ។ ម្នាលកស្សបពួកភិក្ខុ ភិក្ខុនី ឧបាសក ឧបាសិកា ក្នុងសាសនានេះ ជាអ្នកគោរព កោតក្រែង ចំពោះព្រះសាស្តា ១ ជាអ្នកគោរព កោតក្រែងចំពោះព្រះធម៌ ១ ជាអ្នក គោរព កោតក្រែងចំពោះព្រះសង្ឃ ១ ជាអ្នកគោរព កោតក្រែងចំពោះសិក្ខា ១ ជាអ្នកគោរព កោតក្រែងចំពោះសមាធិ ១ ។ ម្នាលកស្សប ធម៌ទាំង ៥ ប្រការនេះឯង តែងប្រព្រឹត្តទៅដើម្បីតាំងនៅ ដើម្បីមិនវិនាស មិនសាបសូន្យនៃព្រះសទ្ធម្ម ។ (សុត្តន្តបិដក សំយុត្តនិកាយ និទានវគ្គ កស្សបសំយុត្តទី ៤ សទ្ធម្មប្បតិរូបកសូត្រទី ១៣ បិដក ៣២ ទំព័រ ១៧៦) សទ្ធម្មប្បតិរូបក៍ ២ យ៉ាងៈ ១. អធិគមសទ្ធម្មប្បតិរូបក៍ ធម៌ដែលស្រដៀងនឹងឈាន មគ្គ ផល និព្វាន ២. បរិយត្តិសទ្ធម្មប្បតិរូបក៍ ធម៌ដែលស្រដៀងនឹងព្រះបរិយត្តិ អធិគមសទ្ធម្មប្បតិរូបក៍ បានដល់ វិបស្សនូបក្កិលេស ១០ យ៉ាង ១. ឱភាស ២. ញាណ ៣. បីតិ ៤. បស្សទ្ធិ ៥. សុខ ៦. អធិមោក្ខៈ ៧. បគ្គាហៈ ៨. ឧបដ្ឋានៈ ៩. ឧបេក្ខាវជ្ជនៈ ១០. ឧបេក្ខានិកន្តិ បរិយត្តិសទ្ធម្មប្បតិរូបក៍ ធម៌ដែលមិនមែនជាពុទ្ធវចនៈ គឺ គុឡ្ហវិន័យ គុឡ្ហវេស្សន្តរ គុឡ្ហមហោសធ វណ្ណបិដក អង្គុលិមាលបិដក រដ្ឋបាលគជ្ជិតៈ អាឡវកគជ្ជិតៈ វេទល្លបិដក ដែលក្រៅពីកថាវត្ថុ ៥ យ៉ាងនេះគឺធាតុកថា អារម្មណកថា អសុភកថា ញាណវត្ថុកថា វិជ្ជាករណ្ឌកៈ ដែលមិនឡើងកាន់សង្គីតិទាំង ៣ ឈ្មោះថា បរិយត្តិសទ្ធម្មប្បតិរូបក៍ ។ (សារត្ថប្បកាសិនី អដ្ឋកថា សំយុត្តនិកាយ) កំណត់ចំណាំ 902 ធម៌ណាដែលបុគ្គលតែងឡើងដោយប្រើពាក្យហាក់ដូចជាពុទ្ធដីការបស់ព្រះសម្មាសម្ពុទ្ធមានពាក្យថា ម្នាលភិក្ខុទាំងឡាយ......ជាដើម តែពាក្យនោះ គឺព្រះសម្មាសម្ពុទ្ធមិនបានត្រាស់ឡើយ ធម៌ដែលមានសភាពដូច្នេះ ក៏សង្គ្រោះចូលក្នុងសទ្ធម្មប្បដិរូបក៍ទាំងអស់ ។ ដោយ៥០០០ឆ្នាំ
images/articles/2741/_________pic.jpg
មហាធម្មសមាទានសូត្រ
ផ្សាយ : ២២ ឧសភា ឆ្នាំ២០២២
សម័យមួយ ព្រះដ៏មានព្រះភាគ ទ្រង់គង់នៅនាព្រះមហាវិហារជេតពន ព្រះអង្គទ្រង់ត្រាស់សម្តែងអំពីបំណងប្រាថ្នារបស់សត្វ ទាំងឡាយ ។ សត្វទាំងឡាយប្រាថ្នាឲ្យអារម្មណ៍មិនល្អ គឺអារម្មណ៍មិនជាទី ប្រាថ្នា មិនជាទីត្រេកអរ មិនជាទីគាប់ចិត្ត ឲ្យសាបសូន្យទៅ ចំណែក អារម្មណ៍ល្អៗ ដែលជាទីប្រាថ្នា ជាទីត្រេកអរ ជាទីគាប់ចិត្ត គប្បីចម្រើនឡើង ប៉ុន្តែទោះជាសត្វទាំងឡាយប្រាថ្នាដូច្នេះក៏ដោយ ក៏មិន បានសម្រេចដូចប្រាថ្នាគឺបានតែអារម្មណ៍មិនល្អ ចំណែកអារម្មណ៍ ល្អៗរមែងសាបសូន្យទៅ តើព្រោះហេតុអ្វី ។ យថាតំ អវិទ្ទសុនោ ព្រោះបុថុជ្ជនអន្ធពាលមិនដឹងតាម ពិត ក៏រមែងដូច្នោះឯង ។ បុថុជ្ជនល្ងង់ខ្លៅ មិនស្គាល់ធម៌ដែលគួរ សេពគប់ ក៏មិនស្គាល់ធម៌ដែលមិនគួរសេពគប់ដែរ ព្រោះហេតុតែមិនស្គាល់ធម៌ដូច្នេះ ក៏បានសេពគប់នូវធម៌ដែលមិនគួរសេពគប់ ហើយ បែរជាមិនសេពគប់នូវធម៌ដែលគួរសេពគប់ទៅវិញដូច្នេះទើបមិនបានសម្រេចតាមប្រាថ្នា បានតែអារម្មណ៍មិនល្អទៅវិញហ្នឹងឯង ។ យថាតំ វិទ្ទសុនោ ព្រះអរិយសាវ័កជាអ្នកចេះដឹងតាម ពិត មានសភាពផ្ទុយគ្នាអំពីបុថុជ្ជនអន្ធពាលដែលមិនដឹងតាមពិត ។ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់សម្តែងនូវធម្មសមាទាន ៤ យ៉ាង ធម្មសមាទានក្នុងព្រះសូត្រនេះ គឺព្រះអង្គទ្រង់ត្រាស់យកអកុសលកម្មបថ ១០ និងកុសលកម្មបថ ១០ មកជាធម៌ដែលគេកាន់ យកជាការប្រព្រឹត្ត មានបាណាតិបាតជាដើម ។ ៤ យ៉ាងគឺ ១- ទុក្ខក្នុងបច្ចុប្បន្ន ទាំងមានទុក្ខជាវិបាកតទៅ ២- សុខក្នុងបច្ចុប្បន្ន តែមានទុក្ខជាវិបាកតទៅ ៣- ទុក្ខក្នុងបច្ចុប្បន្ន តែមានសុខជាវិបាកតទៅ ៤- សុខក្នុងបច្ចុប្បន្ន ទាំងមានសុខជាវិបាកតទៅ អវិជ្ជាគតោ បុគ្គលដែលធ្លាក់នៅក្នុងអំណាចនៃអវិជ្ជា រមែងមិនដឹង មិនស្គាល់នូវធម្មសមាទានទាំង ៤ នេះតាមពិតឡើយ ម្ល៉ោះហើយ ក៏បានសេពគប់នូវធម្មដែលនាំឲ្យបាននូវអារម្មណ៍មិនល្អ មិនជាទីប្រាថ្នា មិនជាទីត្រេកអរ មិនជាទីគាប់ចិត្ត ចំណែកអារម្មណ៍ ល្អៗសាបសូន្យអស់ នេះជារឿងរបស់បុថុជ្ជនល្ងង់ខ្លៅ ( យថាតំ អវិទ្ទសុនោ ) ដែលមិនបានវៀរចាកនូវអកុសលកម្មបថ ១០ នោះ ដូចបាលីថា តំ អវិទ្ធា អវិជ្ជាគតោ យថាភូតំ នប្បជានន្តោ តំ សេវតិ តំ ន បរិវជ្ជេតិ ប្រែថា បុគ្គលមិនដឹងនូវ ធម្មសមាទាននោះ ជាអ្នកធ្លាក់ចូលក្នុងអំណាចនៃអវិជ្ជា រមែងមិនដឹងច្បាស់តាមសេចក្តីពិត ក៏បានសេពនូវធម្មសមាទាននោះ មិន វៀរចាកនូវធម្មសមាទាននោះឡើយ ។ វិជ្ជាគតោ ជាអ្នកដែលធ្លាក់ក្នុងអំណាចនៃវិជ្ជា រមែងមានការចេះដឹងនៅក្នុងធម្មសមាទាន ៤ យ៉ាងនេះ តាមសេចក្តីពិត ក៏មិនបានសេពគប់នូវធម្មសមាទានណា ដែលនាំឲ្យបាននូវអារម្មណ៍មិនល្អ គឺជាបុគ្គល​​វៀរចាកនូវធម្មសមាទាននោះ ដែលធ្វើឲ្យអារម្មណ៍ទាំងឡាយដែលជាទីប្រាថ្នា ជាទីត្រេកអរ ជាទីគាប់ចិត្ត រមែងចម្រើនឡើង នេះជារឿងរបស់ព្រះអរិយសាវ័កអ្នកចេះដឹង ( យថាតំ វិទ្ទសុនោ ) ដែលបានវៀរចាកនូវអកុសលកម្មបថ ១០ ដូចបាលី ព្រះពុទ្ធដីកាថា តំ វិទ្ធា វិជ្ជាគតោ យថាភូតំ បជានន្តោ តំ ន សេវតិ តំ បរិវជ្ជេតិ ប្រែថា បុគ្គលដែលបានដឹងនូវធម្មសមាទាននោះ ជាអ្នកធ្លាក់ចូលក្នុងអំណាចនៃវិជ្ជា មានការដឹងច្បាស់ តាមសេចក្តីពិត រមែងមិនសេពនូវធម្មសមាទាននោះឡើយ គឺវៀរចាកនូវធម្មសមាទាននោះឯង ។ អ្នកសិក្សាក្នុងព្រះសូត្រនេះ អាចសង្ស័យងេងងោងបាន បើមិនបានភ្ជាប់សេចក្តីអំពីខាងដើមនៃព្រះសូត្រទេនោះ ។ សេចក្តីខាងដើមគឺការដែលចេះតែបាននូវអារម្មណ៍មិនល្អ អារម្មណ៍ល្អសាបសូន្យ គឺព្រោះហេតុអកុសលកម្មបថ ១០ នោះឯង ជាបន្តគឺព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់អំពីអន្ធបុថុជ្ជន ( យថាតំ អវិទ្ទសុនោ ) ដែលមិនដឹងនូវធម្មសមាទានទាំង ៤ រមែងសេពនូវអកុសលកម្មបថ ១០ ( តំ សេវតិ ) មិនវៀរនូវអកុសលកម្មបថ ១០ នោះ ( តំ ន បរិវជ្ជេតិ ) មិនមែនសេពនូវធម្មសមាទានទាំង ៤ មិនវៀរនូវធម្មសមាទានទាំង ៤ នោះៗទេ ។ ចំណែកខាងព្រះអរិយសាវ័ក ( យថា​តំ​វិទ្ទ​សុ​នោ​ ) ដែលបានចេះដឹងក្នុងធម្មសមាទានទាំង ៤ ហើយ រមែងមិនសេពនូវអកុសលកម្មបថ ( តំ ន សេវតិ ) វៀរចាកនូវអកុសលកម្មបថនោះ ( តំ បរិវជ្ជេតិ ) គឺមិនមែនបានសេចក្តីថា មិនសេពនូវធម្មសមាទានទាំង ៤ នោះ វៀរចាកនូវ ធម្មសមាទានទាំង ៤ នោះឡើយ ។ ធម្មសមាទានទី ១ គឺអកុសលកម្មបថ ១០ ដែលអ្នកប្រព្រឹត្ត ប្រកបដោយទុក្ខទោមនស្ស ទោះជាកាមេសុមិច្ឆា អភិជ្ឈា និងមិច្ឆាទិដ្ឋិ កើតនៅតែក្នុងលោភមូលចិត្ត ប៉ុន្តែកម្មបថបីនេះប្រកបដោយ ទុក្ខ​ទោមនស្ស ក្នុងបុព្វចេតនា និងអបរចេតនា នៅក្នុងធម្មសមាទាន ទី ១ នេះ ។ ធម្មសមាទានទី ២ គឺអកុសលកម្មបថ ១០ ដែលអ្នកប្រព្រឹត្ត ប្រកបដោយសុខសោមនស្ស ទោះជា បាណាតិបាត ផរុសវាចា និងព្យាបាទ ដែលកើតនៅតែក្នុងទោសមូលចិត្តក៏ដោយ ប៉ុន្តែរមែង សុខសោមនស្សក្នុងបុព្វចេតនា និងអបរចេតនា ប្រព្រឹត្តទៅនៅក្នុងធម្មសមាទានទី ២ នេះ ។ ធម្មសមាទានទី ៣ គឺកុសលកម្មបថ ១០ ដែលជាទុក្ខ-ទោមនស្ស ដោយបុព្វចេតនា និងអបរចេតនា ។ ធម្មសមាទានទី ៤ គឺកុសលកម្មបថ ១០ ដែលប្រព្រឹត្តទៅជា សុខដោយចេតនាទាំងបីកាល ។ ធម្មសមាទានទី ១ ប្រៀបដូច ផ្លែននោងព្រៃ រសជាតិល្វីង ទាំងដែលគេយកមកលាយដោយថ្នាំពិសទៀត ធម្មសមាទានទី ២ ប្រៀបដូច ភាជន៍សំរឹទ្ធិពេញដោយទឹកផ្អែមឆ្ងាញ់ តែលាយដោយថ្នាំ ពិស ធម្មសមាទានទី ៣ ប្រៀបដូច ទឹកមូត្រស្អុយលាយដោយថ្នាំសម្រាប់ព្យាបាលរោគស្គមលឿង ធម្មសមាទានទី ៤ ប្រៀបដូច ទឹកដោះ ទឹកឃ្មុំ និងទឹកអំពៅលាយគ្នាធ្វើថ្នាំព្យាបាលរោគធ្លាក់ ឈាម ។ ធម្មសមាទានពីរខាងដើម ក្នុងសេចក្តីប្រៀបគឺធ្វើឲ្យអ្នកផឹកនោះឯងមិនឆ្ងាញ់ក៏ដោយ ឆ្ងាញ់ក៏ដោយ លទ្ធផលគឺស្លាប់ដោយ ជាតិពិសហ្នឹងឯង ចំណែកពីរខាងចុង ទាំងមិនឆ្ងាញ់ ទាំងឆ្ងាញ់ គឺ សុទ្ធតែបានជារោគនោះៗ ដោយអំណាចនៃភេសជ្ជៈព្យាបាលរោគ។ នៅខាងចុងនៃព្រះសូត្រ ព្រះបរមសាស្តាទ្រង់ត្រាស់សម្តែង ធម្មសមាទានទី ៤ ដែលមានសេចក្តីសុខក្នុងបច្ចុប្បន្នផង ទាំងមាន សេចក្តីសុខតទៅផង ប្រៀបដូចជាព្រះអាទិត្យរះក្នុងសរទសម័យមេឃស្រឡះ​​ក្នុងខែខាងចុងនៃវស្សានរដូវ មានរស្មីរុងរឿងត្រចះត្រចង់ ។ ធម្មសមាទានទី ៤ នេះ អាចគ្របសង្កត់នូវពាក្យផ្សេងៗ របស់ពួកសមណព្រាហ្មណ៍ដទៃក្រៅព្រះពុទ្ធសាសនាដ៏ច្រើន ដូចពាក្យថា សេចក្តីសុខគឺទាល់តែធ្វើខ្លួនឲ្យលំបាកទើបបាន ដូច្នេះ ជាដើម ។ ក្នុងព្រះអដ្ឋកថា ប្រាប់ថា ព្រះសូត្រនេះ ពួកទេវតាជ្រះថ្លា ពេញចិត្តដ៏ក្រៃលែង ទាំងបានលើករឿងទេវតាជាព្រះសោតាបន្នមួយ អង្គ ពោលពាក្យសាធុការ អនុមោទនាក្នុងការស្វាធ្យាយនូវព្រះសូត្រ នេះ នៃព្រះភិក្ខុមួយអង្គ ។ ដកស្រង់ចេញពីសៀវភៅ សិក្សាព្រះសូត្រ ភាគ៧ ដោយ៥០០០ឆ្នាំ
images/articles/2750/xgcrdxzfsfdv.jpg
អរិយសច្ចៈ
ផ្សាយ : ២២ ឧសភា ឆ្នាំ២០២២
ពាក្យ​ថា​អរិយសច្ច មានអត្ថ ៤ យ៉ាង ១- ព្រោះ​ព្រះអរិយបុគ្គល មាន​ព្រះសម្មាសម្ពុទ្ធជាដើម បាន​ចាក់​ធ្លុះ​នូវ​សច្ចៈ​ទាំង​នោះ ទើប​ហៅ​ថា អរិយសច្ច ដូច​ជា​ព្រះពុទ្ធដីកា​ក្នុង​បិដកលេខ ៣៩ ទំព័រ ២៦៦ ព្រះអង្គ​ទ្រង់ត្រាស់​ថា ម្នាល​ភិក្ខុ​ទាំង​ឡាយ ព្រះអរហន្ត​សម្មាសម្ពុទ្ធ​ទាំង​ឡាយ​គ្រប់​អង្គ​ក្នុង​អតីតកាល បាន​ត្រាស់​ដឹង​ហើយ... ក្នុង​អនាគតកាល​នឹង​បាន​ត្រាស់​ដឹង... ក្នុង​បច្ចុប្បន្ន​កាល រមែង​ត្រាស់​ដឹង​តាម​សេចក្ដី​ពិត ព្រះអរហន្ត​សម្មាសម្ពុទ្ធ​គ្រប់​ព្រះអង្គ​នោះ រមែង​ត្រាស់​ដឹង​នូវ​អរិយសច្ច ៤ តាម​សេចក្ដី​ពិត។ ២- ព្រោះ​ដោយ​អត្ថថា ជា​សច្ចៈ​របស់​ព្រះអរិយៈ ដូច​ក្នុង​បិដក​លេខ ៣៩ ទំព័រ ២៦៩ ព្រះពុទ្ធ​អង្គទ្រង់​ត្រាស់ថា ម្នាល​ភិក្ខុ​ទាំង​ឡាយ តថាគត ជា​អរិយបុគ្គល​ក្នុង​លោក ព្រម​ទាំង​ទេវលោក មារលោក ព្រហ្មលោក ក្នុង​ពពួក​សត្វ ព្រម​ទាំង​សមណព្រាហ្មណ៍ ទាំង​មនុស្ស​ជា​សម្មតិទេព និង​មនុស្ស​ដ៏​សេស ព្រោះ​ហេតុ​នោះ (សច្ចៈ ៤ ដែល​តថាគត​សម្ដែង​ហើយ) ហៅ​ថា អរិយសច្ច។ អដ្ឋកថា តថាគតោ អរិយោ តស្មា អរិយសច្ចានីតិ វុច្ចន្តិ ដោយ​សេចក្ដីថា អរិយសច្ច​ទាំង​ឡាយ​នោះ ឈ្មោះ​ថា ជា​របស់​ព្រះអរិយៈ ព្រោះ​ព្រះតថាគត ជា​ព្រះអរិយៈ​ទ្រង់​ត្រាស់​ដឹង និង​ត្រាស់​សម្ដែង​ហើយ ព្រោះ​ហេតុ​ណា ហេតុ​នោះ ទើប​ឈ្មោះ​ថា អរិយសច្ច គឺ​ជា​សេចក្ដីពិត​របស់​ព្រះអរិយៈ។ ៣- ព្រោះ​សម្រេចជា​ព្រះអរិយ​បុគ្គល ដោយ​ការ​បាន​ត្រាស់​ដឹង​នូវ​សច្ចៈ​ទាំង ៤ ដូច​ក្នុង​ព្រះពុទ្ធដីកា បិដកលេខ ៣៩ ទំព័រ ២៦៥ ព្រះអង្គ​ទ្រង់​ត្រាស់​ថា ម្នាល​ភិក្ខុ​ទាំង​ឡាយ តថាគត ដែល​មាន​ឈ្មោះ​ថា អរហន្ត​សម្មាសម្ពុទ្ធ ព្រោះ​តថាគត បាន​ត្រាស់​ដឹង​នូវ​អរិយសច្ច ៤ នេះ តាម​សេចក្ដីពិត។ ៤- ឈ្មោះ​ថា អរិយសច្ច ព្រោះ​ដោយ​អត្ថថា ជា​សច្ចៈ​ដ៏​ប្រសើរ ក្នុង​បិដក​លេខ ៣៩ ទំព័រ ២៦៩ ព្រះពុទ្ធ​អង្គ​ទ្រង់​ត្រាស់​ថា ម្នាលភិក្ខុ​ទាំង​ឡាយ អរិយសច្ច ៤ នេះ ជា​របស់​ពិត មិន​ប្រែប្រួល មិន​ក្លាយ​ទៅ​ជា​របស់​ដទៃ​ឡើយ ព្រោះ​ហេតុ​នោះ បាន​ជា​តថាគត ហៅ​ថា​អរិយសច្ច ។ តថានិ ជា​របស់​ពិត អវិតថានិ មិន​ប្រែប្រួល អនញ្ញថានិ មិន​ក្លាយ​ទៅ​ជា​របស់​ដទៃ។ ដកស្រង់ពីសៀវភៅ សិក្សាព្រះសូត្រ ភាគទី១៣ ដោយ៥០០០ឆ្នាំ
images/articles/2751/dthvgcrdvxsfd.jpg
ឧបមាចតុរារិយសច្ច ៤ រឿងផ្សេងទៀត
ផ្សាយ : ២២ ឧសភា ឆ្នាំ២០២២
១- អបិច វេរីវេរមូលវេរសមុគ្ឃាតវេរសមុគ្ឃាតុបាយេហិ ម្យ៉ាង​ទៀត គប្បី​ជ្រាប​សច្ចៈ​ទាំង​នេះ ដោយ​ឧបមា ប្រកប​ដោយ​បុគ្គល​មាន​ពៀរ មូល​ហេតុ​នៃ​ពៀរ ការ​ដក​ចេញ​នូវ​ពៀរ (ស្ងប់​វេរា) និង​ឧបាយ​នៃ​ការ​ដក​ចេញ​នូវ​ពៀរ ។ ២- វិសរុក្ខរុក្ខមូលមូលុបច្ឆេទតទុបច្ឆេទុបាយេហិ ដើម​ឈើ​មាន​ពិស ឫស​នៃ​ដើម​ឈើ​ពិស ការ​កាត់​គាស់​នូវ​ឫស​ឈើ​ពិស និង​ឧបាយ​នៃ​ការ​កាត់​គាស់​ឫស​គល់​ឈើ​ពិស​នោះ ។ ៣- ភយភយមូលនិព្ភយតទធិគមុបាយេហិ ការ​មាន​ភ័យ មូល​ហេតុ​នៃ​ភ័យ ការ​រួច​ផុត​ពី​ភ័យ និង​ឧបាយ​នៃ​ការ​រួច​ផុត​ចាក​ភ័យ​នោះ​ឯង ។ ៤- ឱរិមតីរមហោឃបារិមតីរតំសម្បាបកវាយាមេហិ ត្រើយ​អាយ អន្លង់​ទឹក​ធំ ត្រើយ​នាយ និង​សេចក្ដី​ព្យាយាម​ឱ្យ​បាន​ដល់​ត្រើយ​នាយ​នោះ ។ ដកស្រង់ពីសៀវភៅ សិក្សាព្រះសូត្រ ភាគទី១៣ ដោយ៥០០០ឆ្នាំ
images/articles/2752/sgvdxsxsdcfvhg.jpg
បញ្ចត្តយសូត្រ
ផ្សាយ : ២២ ឧសភា ឆ្នាំ២០២២
សម័យ​មួយ ព្រះដ៏មាន​ព្រះភាគ​ទ្រង់​គង់​ប្រថាប់​នៅ​នា​ព្រះមហាវិហារ​ជេតពន ជិត​ក្រុង​សាវត្ថី ។ សម័យ​នោះ ព្រះអង្គ​ទ្រង់​ត្រាស់​សម្ដែង​អំពី​ទិដ្ឋិ​ច្រើន​ប្រការ ឱ្យ​ដល់​ភិក្ខុ​ទាំង​ឡាយ​បាន​ស្ដាប់​ក្នុង​វត្ត​ជេតពន​នោះ​ឯង​ ។ ទិដ្ឋិ​ដែល​ប្រារព្ធ​យក​ខន្ធ​ជា​អនាគត មក​ជា​អារម្មណ៍ មាន ៥ ចំណែក គឺ ១- អត្តា កាល​ស្លាប់​ទៅ​ហើយ​កើត​ទៀត មាន​សញ្ញា ។ ២- អត្តា កាល​ស្លាប់​ទៅ​ហើយ​កើត​ទៀត មិន​មាន​សញ្ញា ។ ៣- អត្តា កាល​ស្លាប់​ទៅ​ហើយ​កើត​ទៀត មាន​សញ្ញា​ក៏​មិន​មែន មិន​មាន​សញ្ញា​ក៏​មិន​មែន ។ ៤- សត្វ​ស្លាប់​ទៅ​សូន្យ មិន​កើត​ទៀត​ឡើយ ។ ៥- ទិដ្ឋធម្មនិព្វានវាទ យល់​ឃើញ​ថា​កាម​សុខ​និង​ឈាន​សុខ ជា​ព្រះនិព្វាន​ក្នុង​បច្ចុប្បន្ន ។ ទិដ្ឋិ​ទាំង ៥ ពួក​នេះ រួម​ជា ៣ ពួក​ក៏​បាន គឺ ៣ ពួក​ខាង​ដើម ជា​សស្សតវាទ ពួក ១ បន្ត​មក​គឺ​ឧច្ឆេទវាទ ពួក ១ និង​ទិដ្ឋធម្មនិព្វានវាទ ពួក ១ ដោយ​ប្រការ​ដូច្នេះ​ទើប​ព្រះសូត្រ​នេះ មាន​ឈ្មោះ​ថា បញ្ចត្តយសូត្រ គឺ ៥ មក​ជា ៣ ឬ ៣ ទៅ​ជា ៥ ក៏​បាន ។ ជា​បន្ត​មក​ក្នុង​ព្រះសូត្រ ព្រះដ៏មាន​ព្រះភាគ​ទ្រង់​ត្រាស់​សម្ដែង​ចែក​ទិដ្ឋិ ៥ ពួក​ខាង​ដើម​នោះ ទៅ​ជា​ទិដ្ឋិ ៤៤ ដូច​នៅ​ក្នុងព្រហ្មជាល​សូត្របិដក​លេខ ១៤ ដែរ គឺ -សស្សតទិដ្ឋិជាសញ្ញីវាទ មាន ១៦ -សស្សតទិដ្ឋិជាអសញ្ញីវាទ មាន ៨ -សស្សតទិដ្ឋិជានេវសញ្ញីនាសញ្ញីវាទ មាន ៨ -ឧច្ឆេទទិដ្ឋិ មាន ៧ -ទិដ្ឋធម្មនិព្វានវាទ មាន ៥ ។ ទិដ្ឋិ​ទាំង ៤៤ គឺ​ប្រារព្ធ​យក​ខន្ធ​ជា​អនាគត មក​ជា​អារម្មណ៍ ហៅ​ថា អបរន្តកប្បទិដ្ឋិ ។ បន្ទាប់​មក​ព្រះអង្គ​ទ្រង់​សម្ដែង​អំពី​ទិដ្ឋិ ៥ ពួក​ទៀត ដែល​ប្រារព្ធ​យក​ខន្ធ​អតីត​មក​ជា​អារម្មណ៍ ៥ ពួក​នេះ ចែក​បាន​ជាទិដ្ឋិ ១៨ គឺ ១- សស្សតទិដ្ឋិ មាន ៤ ២- ឯកច្ចសស្សតឯកច្ចអសស្សតទិដ្ឋិ មាន ៤ ៣- អន្តានន្តទិដ្ឋិ មាន ៤ ៤- អមរាវិក្ខេបទិដ្ឋិ មាន ៤ ៥- អធិច្ចសមុប្បន្នទិដ្ឋិ មាន ២ ។ ទិដ្ឋិ ៥ ពួក ចែក​បាន​ជាទិដ្ឋិ ១៨ ដែល​ប្រារព្ធ​យក​ខន្ធ​ខាង​ដើម​គឺ​ខន្ធ​អតីត​មក​ជា​អារម្មណ៍​នោះ ហៅ​ថា បុព្វន្តកប្បទិដ្ឋិ ។ បូក​បញ្ចូល​បុព្វន្តកប្បទិដ្ឋិ ១៨ និង​អបរន្តកប្បទិដ្ឋិ ៤៤ ត្រូវ​ជា​ទិដ្ឋិ ៦២ ។ ចំពោះ​ទិដ្ឋិ​ទាំង ៦២ នេះ គឺ​មាន​សក្កាយទិដ្ឋិ ដែល​ប្រកាន់​ថា​ជា​សត្វ​បុគ្គល​តួ​ខ្លួន ជា​មេ ជា​ប្រធាន ទើប​ព្រះដ៏មានព្រះភាគ ទ្រង់​ប្រកាស​សម្ដែង​នៅ​ក្នុង​ព្រះសូត្រ​នេះ​ជា​បន្ត​ថា ម្នាលភិក្ខុ​ទាំង​ឡាយ សមណៈ​ឬ​ព្រាហ្មណ៍​ពួក​ខ្លះ ក្នុង​លោក​នេះ ព្រោះ​លះបង់​នូវ​បុព្វន្តានុទិដ្ឋិ​ផង លះ​បង់​នូវ​អបរន្តានុទិដ្ឋិ​ផង ទាំង​មិន​អធិដ្ឋាន​ទុក​នូវ​កាម​សញ្ញោជនៈ ដោយ​សព្វ​គ្រប់ កន្លង​នូវ​បីតិ​ដ៏​ស្ងប់​ស្ងាត់ កន្លង​នូវ​និរាមិសសុខ កន្លង​នូវ​អទុក្ខម​សុខ​វេទនា ក៏​ពិចារណា​ឃើញ​ថា អាត្មា​អញ​ជា​អ្នក​ស្ងប់​រម្ងាប់ អាត្មា​អញ​ជា​អ្នក​រលត់​ទុក្ខ អាត្មា​អញ​ជា​អ្នក​មិន​មាន​សេចក្ដី​ប្រកាន់ ( ក្នុងបញ្ចក្ខន្ធ ) ។ ម្នាលភិក្ខុ​ទាំងឡាយ ព្រះតថាគត​ដឹង​ច្បាស់​នូវ​ដំណើរ​នោះ​ថា សមណៈ​ឬ​ព្រាហ្មណ៍​ដ៏​ចម្រើន​នេះ ព្រោះ​លះបង់​នូវ​បុព្វន្តានុទិដ្ឋិ​ផង លះ​បង់​នូវ​អបរន្តានុទិដ្ឋិ​ផង ទាំង​មិន​អធិដ្ឋាន​ទុក​នូវ​កាម​សញ្ញោជនៈ ដោយ​សព្វ​គ្រប់ កន្លង​នូវ​បីតិ​ដ៏​ស្ងប់​ស្ងាត់ កន្លង​នូវ​និរាមិសសុខ កន្លងនូវ​អទុក្ខម​សុខ​វេទនា ក៏​ពិចារណា​ឃើញ​ថា អាត្មា​អញ​ជា​អ្នក​ស្ងប់​រម្ងាប់ អាត្មា​អញ​ជា​អ្នក​រលត់​ទុក្ខ អាត្មា​អញ​ជា​អ្នក​មិន​មាន​សេចក្ដី​ប្រកាន់។ សមណព្រាហ្មណ៍​ដ៏​មាន​អាយុ​នេះ​តែង​ពោល​សរសើរ នូវ​បដិបទាជាទី​​សប្បាយ​នៃ​ព្រះនិព្វាន ដោយ​ពិត ប៉ុន្តែ​សមណៈ​ឬ​ព្រាហ្មណ៍​ដ៏​ចម្រើន​នេះ​ឯង ប្រកាន់​មាំ​នូវ​បុព្វន្តានុទិដ្ឋិ​ផង ប្រកាន់​មាំ​នូវ​អបរន្តានុទិដ្ឋិ​ផង ប្រកាន់​មាំ​នូវ​កាម​សញ្ញោជនៈ​ផង ប្រកាន់​មាំ​នូវ​បីតិ​ដ៏​ស្ងប់​ស្ងាត់​ផង ប្រកាន់​មាំ​នូវ​និរាមិសសុខ​ផង ប្រកាន់​មាំនូវ​អទុក្ខម​សុខវេទនា​ផង ។ សមណព្រាហ្មណ៍​មាន​អាយុ​នេះ ពិចារណា​ឃើញ​ថា អាត្មា​អញ​ជាអ្នក​ស្ងប់​រម្ងាប់ អាត្មា​អញ​ជា​អ្នក​រលត់​ទុក្ខ អាត្មា​អញ​ជា​អ្នក​មិន​មាន​សេចក្ដី​ប្រកាន់​មាំ ដោយ​ហេតុ​ណា ហេតុ​នោះ ព្រះតថាគត​ពោល​ថា​ជា​ឧបាទាន ( សេចក្ដី​ប្រកាន់​មាំ ) របស់​សមណព្រាហ្មណ៍​ដ៏​ចម្រើន​នេះ ។ ឧបាទាន​នោះ​ជា​សង្ខតធម៌ ដ៏​គ្រោត​គ្រាត​នៅ​ឡើយ ចំណែក​ខាង​ការ​រលត់សង្ខារ​ទាំងឡាយ​មាន​ពិត ព្រះនិព្វាន​ក៏​មាន​ពិត លុះ​ព្រះតថាគត​ដឹង​ច្បាស់​ដូច្នេះ​ហើយ ជា​អ្នក​ឃើញ​នូវ​ការ​រលាស់​ចេញ​នូវ​ឧបាទាន​នោះ កន្លង​នូវ​ឧបាទាន​នោះ។ ម្នាល​ភិក្ខុ​ទាំង​ឡាយ ការ​ដឹង​ច្បាស់​តាម​ពិត នូវ​កិរិយា​កើត​ឡើង​ផង នូវ​កិរិយា​វិនាស​ផង នូវ​អានិសង្ស​ផង នូវ​ទោស​ផង នូវ​កិរិយា​រលាស់​ចេញ​ផង នៃ​ផស្សាយតនៈ​ទាំង​ ៦ ហើយ​រួច​ចាក​សេចក្ដី​ប្រកាន់​មាំ​ណា នេះ​ឯង ឈ្មោះ​ថា​សន្តិវរបទ ដ៏​ប្រសើរ ដែល​ព្រះតថាគត​ត្រាស់​ដឹង​ហើយ ម្នាល​ភិក្ខុ​ទាំង​ឡាយ ការ​ដឹង​ច្បាស់​តាម​ពិត នូវ​កិរិយា​កើត​ឡើង​ផង នូវ​កិរិយា​វិនាស​ផង នូវ​អានិសង្ស​ផង នូវ​ទោស​ផង នូវ​កិរិយា​រលាស់​ចេញ​ផង នៃ​ផស្សាយតនៈ​ទាំង ៦ ហើយ រួច​ចាក​សេចក្ដី​ប្រកាន់​មាំ​ណា នោះ​ឯង ឈ្មោះ​ថា​សន្តិវរបទ​ដ៏​ប្រសើរ ដែល​ព្រះតថាគតត្រាស់​ដឹង​ហើយ ។ លុះ​ព្រះមាន​បុណ្យ​បាន​សម្ដែង​ព្រះសូត្រ​នេះ​ចប់​ហើយ ភិក្ខុ​ទាំង​នោះ ក៏​មាន​ចិត្ត​ត្រេកអរ រីករាយ​ចំពោះ​ភាសិត របស់​ព្រះមាន​បុណ្យ។ ដកស្រង់ពីសៀវភៅ សិក្សាព្រះសូត្រ ភាគទី១៣ ដោយ៥០០០ឆ្នាំ
images/articles/2753/etbhfsd.jpg
អនុបាទាបរិនិព្វាន
ផ្សាយ : ២២ ឧសភា ឆ្នាំ២០២២
នៅ​ក្នុង​បិដក​លេខ ២១ រថវិនីត​សូត្រ ព្រះបុណ្ណមន្តាណីបុត្ត បាន​សម្ដែង​ថា អនុបាទាប​រិនិព្វាន មិន​មែន​ជា​វិសុទ្ធិ​ណា​មួយ ក្នុង​វិសុទ្ធិ​ទាំង ៧ នោះ​ឡើយ ហើយ​ព្រះសារីបុត្ត​បាន​សួរ​ថា ម្នាលអាវុសោ ចុះ​អនុបាទាប​រិនិព្វាន ក្រៅ​អំពី​ធម៌​ទាំង​នេះ​ឬ ? ព្រះបុណ្ណមន្តាណីបុត្ត​ឆ្លើយ​ថា អញ្ញត្រ ចេ អាវុសោ ឥមេហិ ធម្មេហិ អនុបាទាបរិនិព្វានំ អភវិស្ស បុថុជ្ជនោ បរិនិព្វា​យេយ្យ បុថុជ្ជនោ ហិ អាវុសោ​ អញ្ញត្រ ឥមេហិ ធម្មេហិ។ ម្នាល​អាវុសោ បើ​អនុបាទាបរិនិព្វាន ក្រៅ​អំពី​ធម៌​ទាំង​នេះ​ហើយ បុថុជ្ជន​ក៏​គង់​បរិនិព្វាន​បាន ម្នាល​អាវុសោ ព្រោះ​បុថុជ្ជន ក្រៅ​អំពី​ធម៌​ទាំង​នេះ​ឯង ។ នៅ​ខាង​ចុង​នៃ​ព្រះធម្មទេសនា ព្រះបុណ្ណមន្តាណីបុត្ត បាន​សម្ដែង​ថា ញាណ​ទស្សនវិសុទ្ធិ យាវទេវ អនុបាទាបរិនិព្វានត្ថា ប្រែ​ថា ញាណទស្សនវិសុទ្ធិ ( មគ្គញ្ញាណ ៤ ) មាន​ប្រយោជន៍​ត្រឹម​តែ​អនុបាទាបរិនិព្វាន ( អសង្ខតធាតុ ) ។ អនុបាទាបរិនិព្វានត្ថំ ខោ អាវុសោ ភគវតិ ព្រហ្មចរិយំ វុស្សតីតិ ។ ម្នាល​អាវុសោ ព្រហ្មចរិយធម៌​ដែល​ខ្ញុំ​ប្រព្រឹត្ត​ក្នុង​សម្នាក់ ព្រះដ៏មាន​ព្រះភាគ​នេះ ដើម្បី​អនុបាទាបរិនិព្វាន ។ ដកស្រង់ពីសៀវភៅ សិក្សាព្រះសូត្រ ភាគទី១៣ ដោយ៥០០០ឆ្នាំ
images/articles/2754/rtvgrcdgxvred.jpg
មិនបាច់ខ្វល់ជាមួយនឹងធម្មតាធម៌
ផ្សាយ : ២២ ឧសភា ឆ្នាំ២០២២
ចន្ទគតិ មាន​រនោច មាន​ខ្នើត​ជា​ធម្មតា បើ​យើង​មិន​ប្រាថ្នា​ឱ្យ​ខុស​ពី​ធម្មតា​ទេ យើង​ក៏​មិន​កើត​ទុក្ខ​ដែរ ។ ផែន​ដី​វិល​ជុំ​វិញ​ព្រះអាទិត្យ ចំណែក​ព្រះចន្ទ​វិល​ជុំ​វិញ​ផែនដី យើង​មិន​ដែល​កើត​ទុក្ខ​ព្រោះ​ហេតុ​តែ​ព្រះចន្ទ​មិន​បាន​មក​វិល​ជុំ​វិញ​ខ្លួន​យើង​នោះ​ឡើយ យ៉ាង​ណា​មិញ អ្វី​ៗ​ក្នុង​លោក​រមែង​ប្រព្រឹត្ត​ទៅ​តាម​ធម្មតា​របស់​លោក បើ​យើង​មិន​ចង់​រវល់​ច្រើន​ទេ យើង​ត្រូវ​សិក្សា​ចូល​ឱ្យ​ដល់​ធម្មតា​ធម៌ អ្វី​ៗ​រៀប​រយ​ស្រេច​បាច់​តាម​ធម្មជាតិ មាន​បច្ច័យ​ឱ្យ​កើត​ឡើង មាន​ជរា​ជា​ធម្មតា មាន​ព្យាធិជាធម្មតា មាន​មរណៈ​ជា​ធម្មតា មាន​ការ​ព្រាត់​ប្រាស ប្រែប្រួល​ជា​ធម្មតា ។ល។ យើង​មិន​មាន​អ្វី​ដែល​ត្រូវ​មក​ប្រាថ្នា​ដោយ​ការ​ហួង​ហែង​ចំពោះ​សង្ខារ​ទាំង​ឡាយ​ថា កុំ​ឱ្យ​ប្រព្រឹត្ត​ទៅ​ដូច្នោះ​ៗ​ឡើយ ព្រោះ​ព្រះនិព្វាន​ទេ​តើ ដែល​មិន​មាន​ជរា ព្យាធិ មរណៈ មិន មានវដ្ដៈ ជាទី​អស់​ទៅ​នៃ​តណ្ហា និង​ជាទី​អស់​ទៅ​នៃ​ទុក្ខ​ទាំង​ពួង ។ ដកស្រង់ពីសៀវភៅ សិក្សាព្រះសូត្រ ភាគទី១៣ ដោយ៥០០០ឆ្នាំ
images/articles/2755/dghcdrfxvdvszd.jpg
កិន្តិសូត្រ
ផ្សាយ : ២២ ឧសភា ឆ្នាំ២០២២
សម័យ​​មួយ ព្រះដ៏មាន​​ព្រះភាគ​​ទ្រង់​​គង់​​ប្រថាប់​នៅ​នា​ដង​ព្រៃ ជិត​ក្រុង​កុសិនារា ។ ក្នុង​ទី​នោះ​ឯង ព្រះអង្គ​ទ្រង់​ត្រាស់​សួរ​ភិក្ខុ​ទាំង​ឡាយ​ថា ម្នាល​ភិក្ខុ​ទាំង​ឡាយ អ្នក​ទាំង​ឡាយ ធ្លាប់​មាន​សេចក្ដី​ត្រិះ​រិះ​ចំពោះ​តថាគតថា ព្រះ​សមណគោតម​សម្ដែង​ធម៌​ព្រោះ​ហេតុ​ចីវរ​ខ្លះ... ព្រោះ​ហេតុ​បិណ្ឌបាតខ្លះ... ព្រោះ​ហេតុ​សេនា​សនៈ​ខ្លះ ព្រះសមណគោតម​សម្ដែង​ធម៌​ព្រោះ​ហេតុភព​តូច​ភពធំ​ខ្លះ ដូច្នេះ​ដែរ​ឬ ? ( កិន្តិ = កឹ + ឥតិ ) ។ ភិក្ខុ​ទាំង​ឡាយ ក្រាប​ទូល​ថា បពិត្រ​ព្រះអង្គ​ដ៏​ចម្រើន ខ្ញុំ​ព្រះអង្គ​ទាំង​ឡាយ ពុំ​ដែល​មាន​សេចក្ដី​ត្រិះ​រិះ​ចំពោះ​ព្រះដ៏មាន​ព្រះភាគ​ថា ព្រះ​សមណគោតម​សម្ដែង​ធម៌​ព្រោះ​ហេតុ​ចីវរ​ខ្លះ... ព្រោះ​ហេតុ​បិណ្ឌ​បាត​ខ្លះ... ព្រោះ​ហេតុ​សេនា​សនៈ​ខ្លះ ព្រះសមណ​គោតម​សម្ដែង​ធម៌​ព្រោះ​ហេតុ​ភព​តូច​ភព​ធំ​ខ្លះ ដូច្នេះ​ឡើយ ។ កាល​ដែល​ព្រះដ៏មាន​ព្រះភាគ ទ្រង់​ត្រាស់​សាក​សួរ​បញ្ជាក់​អំពី​សេចក្ដី​ត្រិះរិះ​របស់​ភិក្ខុ​ទាំង​ឡាយ ចំពោះ​ការ​ត្រាស់​សម្ដែង​ព្រះធម៌​របស់​ព្រះអង្គ​នោះ ថា​ដូច​ម្ដេច ទើប​ភិក្ខុ​ទាំង​ឡាយ​ក្រាប​ទូល​ថា បពិត្រ​ព្រះអង្គ​ដ៏​ចម្រើន ខ្ញុំ​ព្រះអង្គ​ទាំង​ឡាយ មាន​សេចក្ដី​ត្រិះរិះ​ចំពោះ​ព្រះដ៏មាន​ព្រះភាគ​យ៉ាង​នេះថា ព្រះដ៏មាន​ព្រះភាគ ជា​អ្នក​អនុគ្រោះ ស្វែង​រក​ប្រយោជន៍ អាស្រ័យ​នូវ​សេចក្ដី​អនុគ្រោះ ទើប​សម្ដែង​ធម៌ ។ ព្រះដ៏មាន​ព្រះភាគ ទ្រង់​ត្រាស់​ថា ម្នាល​ភិក្ខុ​ទាំង​ឡាយ បាន​ឮ​ថា អ្នក​ទាំង​ឡាយ​មាន​សេចក្ដី​ត្រិះ​រិះ ចំពោះ​តថាគត​យ៉ាង​នេះថា ព្រះដ៏មានព្រះភាគ ជា​អ្នក​អនុគ្រោះ ស្វែង​រក​ប្រយោជន៍ អាស្រ័យ​នូវ​សេចក្ដី​អនុគ្រោះ ទើប​សម្ដែង​ធម៌ ម្នាល​ភិក្ខុ​ទាំង​ឡាយ ព្រោះ​ហេតុ​នោះ ធម៌​ទាំង​ឡាយ​ណា ដែល​តថាគត​ត្រាស់​ដឹង​ហើយ សម្ដែង​ហើយ ដូច​ជា​សតិប្បដ្ឋាន ៤ សម្មប្បធាន ៤ ឥទ្ធិបាទ ៤ ឥន្ទ្រិយ ៥ ពលៈ ៥ ពោជ្ឈង្គ ៧ មគ្គ​ដ៏​ប្រសើរ​ប្រកប​ដោយ​អង្គ ៨ អ្នក​ទាំង​ឡាយ​រាល់​រូប​គប្បី​ព្រម​ព្រៀងគ្នា គប្បី​រីក​រាយ​រក​គ្នា កុំ​វិវាទ​គ្នា គប្បី​សិក្សា​ក្នុង​ធម៌​ទាំង​នោះ​ចុះ ។ ជា​បន្ត​ក្នុង​ព្រះសូត្រ ព្រះដ៏មាន​ព្រះភាគ​ទ្រង់​ត្រាស់​សម្ដែង​អំពី​ការ​សម្រុះ​សម្រួល​គ្នា កុំ​ឱ្យ​មាន​វិវាទ​នឹង​គ្នា​ក្នុង​អភិធម្ម ទាក់​ទង​ដោយ​អត្ថ​និង​ព្យញ្ជនៈ ។ សម្រុះ​សម្រួល​ក្នុង​វិន័យ តាម​ដែល​មាន​ភិក្ខុ​ត្រូវ​អាបត្តិ ជា​ការ​ប្រព្រឹត្ត​ល្មើស ឱ្យ​ចេញ​ចាក​អកុសលធម៌ មក​តាំង​នៅ​ក្នុង​កុសលធម៌​វិញ ។ សម្រុះ​សម្រួល​ក្នុង​រឿង​ដែល​និយាយ​ស្ដី មាន​វចីសង្ខារ​មិន​ល្អ វាយ​ឫក​ដោយ​ទិដ្ឋិ មាន​ចិត្ត​អាឃាតព្យាបាទ មិន​ស្ដាប់​គ្នា មិន​ត្រេកអរ​រក​គ្នា ។ ព្រះពុទ្ធ​អង្គទ្រង់​ត្រាស់​ថា ម្នាលភិក្ខុ​ទាំង​ឡាយ ភិក្ខុកាល​នឹង​ពោល​ដោយ​ប្រពៃ គប្បី​ពោល​យ៉ាង​នេះ​ថា ម្នាល​អាវុសោ ភិក្ខុ​បើ​មិន​លះ​បង់​នូវ​ធម៌​នោះ​ទេ នឹង​មិន​ធ្វើ​ឱ្យ ជាក់​ច្បាស់​នូវ​ព្រះនិព្វាន​បាន​ឡើយ ។ នៅ​ខាង​ចុង​នៃ​ព្រះសូត្រ ព្រះដ៏មាន​ព្រះភាគ​ទ្រង់​ត្រាស់​ថា ម្នាល​ភិក្ខុ​ទាំង​ឡាយ បើ​មាន​ភិក្ខុ​ពួក​ដទៃ សួរ​ភិក្ខុ​នោះ​យ៉ាង​នេះ​ថា លោក​ដ៏​មាន​អាយុ បាន​ធ្វើ​ឱ្យ​ភិក្ខុ​ទាំង​នេះ​របស់​ពួក​យើង ចេញ​ចាក​អំពី​អកុសលធម៌ ហើយ​តាំង​នៅ​ក្នុង​កុសល​ធម៌​ដែរ​ឬ ? ម្នាល​ភិក្ខុទាំងឡាយ ភិក្ខុ​កាល​នឹង​ពោល​ដោយ​ប្រពៃ គប្បី​ពោល​យ៉ាង​នេះ​ថា ម្នាល​អាវុសោ ក្នុង​ទីនេះ ខ្ញុំ​ព្រះករុណា​បាន​ចូល​ទៅ​គាល់​ព្រះដ៏មាន​ព្រះភាគ ព្រះអង្គ​ទ្រង់​សម្ដែង​ព្រះធម៌​ដល់​ខ្ញុំ​ព្រះករុណា ខ្ញុំ​ព្រះករុណា​បាន​ស្ដាប់​ព្រះធម៌​ដែល​ព្រះអង្គ​ទ្រង់​ត្រាស់​សម្ដែង​ហើយ បាន​សម្ដែង​ប្រាប់​ដល់​ភិក្ខុ​ទាំង​នោះ ភិក្ខុ​ទាំង​នោះ ក៏​បាន​ស្ដាប់​ធម៌​នោះ ហើយ​ចេញ​ចាក​អកុសលធម៌ បាន​តាំង​នៅ​ក្នុង​កុសលធម៌ ។ ម្នាលភិក្ខុ​ទាំង​ឡាយ ភិក្ខុកាល​ពោល​យ៉ាង​នេះ មិន​ឈ្មោះ​ថា​លើក​តម្កើង​ខ្លួន មិន​ឈ្មោះ​ថា​សង្កត់​សង្កិន​បុគ្គល​ដទៃ​ទេ ឈ្មោះ​ថា​ជា​អ្នក​ពោល​ប្ដេជ្ញា​នូវ​ធម៌​តាម​ធម៌ ម្យ៉ាង​ទៀត វាទៈ​និង​អនុវាទៈ​ដែល​ប្រកប​ដោយ​ហេតុ​ណា​មួយ រមែង​មិន​មក​កាន់​ឋានៈ​ដែល​អ្នក​ប្រាជ្ញ​គប្បី​តិះ​ដៀល​បាន​ឡើយ ។ លុះ​ព្រះដ៏មានព្រះភាគ ទ្រង់​ត្រាស់​សម្ដែង​នូវ​កិន្តិ​សូត្រ​នេះ​ចប់​ហើយ ភិក្ខុ​ទាំង​នោះ ក៏​មាន​ចិត្ត​ត្រេកអរ រីករាយ ចំពោះ​ភាសិត​របស់​ព្រះដ៏មានព្រះភាគ ។ ដកស្រង់ពីសៀវភៅ សិក្សាព្រះសូត្រ ភាគទី១៣ ដោយ៥០០០ឆ្នាំ
images/articles/2756/rfrsxefcsd.jpg
អនុប្បាទនិរោធ
ផ្សាយ : ២២ ឧសភា ឆ្នាំ២០២២
តាម​ខ្លឹម​សារនៅ​ក្នុង​កេវដ្ដសូត្រ បិដក​លេខ ១៥ គឺមហភូតរូប ៤ ដែល​មិន​ជាប់​ដោយ​ឥន្ទ្រិយ មិន​មែន​ជា​ទុក្ខសច្ច ដូច​ជា​ផែនដី ព្រៃ​ភ្នំ ទន្លេ​សមុទ្រ ភ្នំ​មាស​ភ្នំ​ប្រាក់​ជាដើម​នេះ មិន​ត្រូវ​លើក​ឡើង​ជា​សំណួរ​ថា រលត់​អស់​មិន​មាន​សេស​សល់​ក្នុង​ទី​ណា​នោះ​ទេ ពី​ព្រោះ​ក្នុង​ធម្មជាតិ​ទាំង​អស់​នេះ មិន​មាន​វិសុទ្ធិ ៧ ។ អ្វី​ដែល​ត្រូវ​លើក​យក​មក​សួរ​ថា រលត់​អស់​មិន​មាន​សេសសល់​ក្នុង​ទី​ណា គឺ​នាម​រូប​ក្នុង​សត្វ​លោក​ដែល​ជាប់​ដោយ​ជីវិតិន្ទ្រិយ ជា​ទុក្ខ​សច្ចអាស្រ័យ​តណ្ហា​ជា​សមុទយៈ ។ ឯ​ចម្លើយ​ត្រូវ​លើក​យក​ព្រះនិព្វាន​ជានិរោធសច្ច​មក​ឆ្លើយ​ថា នាម​រូប​ដែល​សន្មត​ថា​សត្វ​លោក​ហ្នឹង​ឯង រលត់​អស់​មិន​មាន​សេសសល់​ក្នុង​ព្រះនិព្វាន​ជា​និរោធសច្ច​នោះ ព្រោះ​ការ​រលត់​ទៅ​នៃ​អភិសង្ខារវិញ្ញាណ ។ អដ្ឋកថា កេវដ្ដ​សូត្រ​ប្រាប់​ថា អភិសង្ខារវិញ្ញាណស្សាបិ អនុប្បាទនិរោធេន អនុប្បាទវសេន ឧបរុជ្ឈតិ ព្រោះ​អនុប្បាទនិរោធ​នៃ​អភិសង្ខារវិញ្ញាណ ទើប ឧបរុជ្ឈតិ គឺ​នាម​រូប​រលត់​ដោយ​អំណាច​នៃ​ការ​មិន​កើត​ឡើង ។ អនុប្បាទនិរោធ គឺ​ព្រះអដ្ឋក​ថា​ពន្យល់​ក្នុង​ព្រះពុទ្ធដីកា​នៃ​កេវដ្ដសូត្រ ដែល​ព្រះអង្គទ្រង់​ត្រាស់​សម្ដែង​ថា ឯត្ថ នាមញ្ច រូបញ្ច អសេសំ ឧបរុជ្ឈតិ វិញ្ញាណស្ស និរោធេន ឯត្ថេតំ ឧបរុជ្ឈតីតិ ។ នាម និង​រូប រមែង​រលត់​ឥត​មាន​សេសសល់​ក្នុង​ព្រះនិព្វាន​នោះ នាម និង​រូប​នេះ រមែង​រលត់​ក្នុង​ព្រះនិព្វាននោះ ព្រោះ​រលត់​ទៅ​នៃ​វិញ្ញាណ ។ ពាក្យ​ថា ឯត្ថ គឺ​ចង្អុល​ប្រាប់​ចំពោះ​ព្រះនិព្វាន​នោះ ដែល​ព្រះអង្គ​ទ្រង់ត្រាស់​កន្លះ​ព្រះ​គាថា​ខាង​ដើម​ថា វិញ្ញាណំ អនិទស្សនំ អនន្តំ សព្វតោ បភំ ។ ចំពោះ អនុប្បាទនិរោធ នេះ នៅ​ក្នុង​បិដកលេខ ៦៧ ( ចូឡនិទ្ទេស ) ទំព័រ ៣៣ សម្ដែង​ប្រាប់​ថា រលត់​ដោយ​មគ្គញ្ញាណ ៤ មាន​សោតាបត្តិមគ្គ​ជា​ដើម ។ ដកស្រង់ពីសៀវភៅ សិក្សាព្រះសូត្រ ភាគទី១៣ ដោយ៥០០០ឆ្នាំ
images/articles/2757/sfdgcsddxdvgchfbcf.jpg
សាមគ្គាមសូត្រ
ផ្សាយ : ២២ ឧសភា ឆ្នាំ២០២២
សម័យ​មួយ ព្រះដ៏មាន​ព្រះភាគ ទ្រង់​គង់​ក្នុង​សាមគ្រាម ក្នុង​ដែន​សក្កៈ ។ សម័យ​នោះ​ឯង និគណ្ឋនាដបុត្ត ទើប​តែ​ធ្វើមរណ​កាល ក្នុង​ដែន​បាវា ។ ព្រោះ​កាល​កិរិយា​នៃ​និគណ្ឋនាដបុត្ត​នោះ ពួក​និគ្រន្ថ​ជា​កូន​សិស្ស បាន​បាក់​បែក​ឈ្លោះ​ប្រកែក​គ្នា​ជា ២ ពួក ប្រកួត​ប្រកាន់​ចាក់​ដោត​គ្នា​ដោយ​លំពែង​គឺ​មាត់ ។ អដ្ឋក​ថា​ប្រាប់​ថា ការ​ឈ្លោះ​ទាស់​ទែង​គ្នា​នេះ ព្រោះ​មក​អំពី​និគណ្ឋនាដបុត្ត គិត​ឃើញ​ថា​លទ្ធិ​របស់​ខ្លួន​នេះ មិន​អាច​ដឹក​នាំ​សត្វ​ឱ្យ​រួច​ផុត​ចាក​ទុក្ខ​បាន​ឡើយ ជា​លទ្ធិប្រាសចាក​សារៈ ។ ដើម្បី​កុំ​ឱ្យ អ្នក​ដែល​ជឿ​តាម​ធ្លាក់​ចុះ​កាន់​អបាយភូមិ និគណ្ឋនាដបុត្ត មុន​នឹង​មរណភាព​បាន​ប្រាប់​កូន​សិស្ស​ពួក​ខ្លះ​ដោយ​ឧច្ឆេទវាទ ប្រាប់​កូន​សិស្ស​ពួក​ខ្លះ​ទៀត​ដោយ​សស្សតវាទ ដោយ​គិត​ថា ឱ្យ​កូន​សិស្ស​ទាំង​អស់​នេះ​វិវាទ​គ្នា កាល​ដែល​វិវាទ​គ្នា​ហើយ​នឹង​បាន​ចូល​ទៅ​រក​ព្រះពុទ្ធសាសនា យក​ព្រះពុទ្ធ​សាសនា​ជា​ធំ ។ ក្នុង​កាល​នោះ ព្រះចុន្ទៈ ជា​ប្អូន​បង្កើត​របស់​ព្រះធម្មសេនាបតី លោក​នៅ​ចាំ​វស្សា​ក្នុង​ដែន​បាវា បាន​ជ្រាប​រឿង​រ៉ាវ​ពួក​និគ្រន្ថ​ដូច្នេះ​ហើយ ក៏​បាន​និមន្ត​មក​រក​ព្រះអានន្ទ​ជា​ព្រះឧបជ្ឈាយ៍ នៅ​នាសាមគ្រាម ហើយ​ពិត​ទូល​អំពីរឿង​នោះ​ឯង ។ ព្រះអានន្ទ​ដ៏​មាន​អាយុ និង​ព្រះចុន្ទៈ បាន​និមន្ត​ចូល​គាល់​ព្រះដ៏​មានព្រះភាគ ក្រាប​ទូល​ព្រះដ៏មាន​ព្រះភាគ​សព្វ​គ្រប់​ហើយ ទើប​ព្រះអានន្ទ​បន្ត​សេចក្ដី​ក្រាប​ទូល​ព្រះអង្គ​ទៀត​ថា បពិត្រ​ព្រះអង្គ​ដ៏​ចម្រើន ខ្ញុំ​ព្រះអង្គ​មាន​សេចក្ដី​ត្រិះ​រិះ យ៉ាង​នេះ​ថា អំណើះ​អត់​អំពី​ព្រះដ៏មាន​ព្រះភាគ​ទៅ សូម​កុំ​ឱ្យ​មាន​វិវាទកើត​ឡើង​ក្នុង​សង្ឃ​ឡើយ ព្រោះថា​វិវាទ​នោះ នឹង​​ប្រព្រឹត្ត​ទៅ​ដើម្បី​មិន​ជា​គុណ​ដល់​ជន​ច្រើន មិន​ជា​សុខ​ដល់​ជន​ច្រើន មិន​ជា​ប្រយោជន៍ មិន​ជា​សេចក្ដី​ចម្រើន​ដល់​ជន​ច្រើន ជា​ទុក្ខ​ដល់​ទេវតា និង​មនុស្ស​ទាំង​ឡាយ ។ ព្រះអានន្ទ​លើក​អំពី​វិវាទ​ក្នុង​សង្ឃ ព្រោះ​អាជីវៈ​ជា​ហេតុ​ខ្លះ ព្រោះ​អធិប្បាតិមោក្ខ​ជា​ហេតុ​ខ្លះ ចំណែក​ព្រះដ៏មាន​ព្រះភាគ​ទ្រង់​ត្រាស់​ថា វិវាទ​ព្រោះ​អាជីវៈ និង​ព្រោះ​អធិប្បាតិមោក្ខ ជា​ហេតុ​នេះ គ្រាន់​តែ​ជា​ការ​បន្តិច​បន្តួច​ទេ ។ ព្រះពុទ្ធអង្គ​ទ្រង់​ត្រាស់​អំពី​វិវាទ​ដែល​កើត​ឡើង​ក្នុង​សង្ឃ ព្រោះ​អាស្រ័យ​មគ្គ ឬ​ព្រោះ​អាស្រ័យ​បដិបទា វិវាទ​នោះ នឹង​ប្រព្រឹត្ត​ទៅ​ដើម្បី​មិន​ជា​គុណ មិន​ជា​សុខ មិន​ជា​ប្រយោជន៍ មិន​ជា​សេចក្ដី​ចម្រើន ដល់​ជន​ច្រើន រមែង​ជា​ទុក្ខ​ដល់​ទេវតា​និង​មនុស្ស​ទាំង​ឡាយ ។ ព្រះអដ្ឋកថា​ប្រាប់​ថា កាល​ណា​ចូល​ដល់​លោកុត្តរមគ្គ វិវាទ​រមែង​ស្ងប់​រំងាប់​ទៅ​ដោយ​ប្រការ​ទាំង​ពួង គឺ​ថា វិវាទ​រមែង​មិន​មាន​ដល់​បុគ្គល​ដែល​បាន​សម្រេច​នូវ​មគ្គ​ទាំង​ឡាយ ( មាន​សោតាបត្តិមគ្គ ជា​ដើម ) ឡើយ ។ វិវាទ​ព្រោះ​អាស្រ័យមគ្គ ឬ​ព្រោះ​អាស្រ័យ​បដិបទា សំដៅ​យក​មគ្គឬបដិបទាជាបុព្វភាគ បាន​ដល់​មគ្គប្បដិបទា​ជា​ចំណែក​ខាង​ដើម គឺ​នៅ​ជា​លោកិយ​ហ្នឹង​ឯង ។ ព្រះពុទ្ធ​អង្គទ្រង់ត្រាស់​អំពី​វិវាទ​មូល ៦ ប្រការ ៖ ១-កោធនោ ហោតិ ឧបនាហី ២-មក្ខី ហោតិ បឡាសី ៣-ឥស្សុកី ហោតិ មច្ឆរី ៤-សថោ ហោតិ មាយាវី ៥-បាបិច្ឆោ ហោតិ មិច្ឆាទិដ្ឋី ៦-សន្ទិដ្ឋី បរាមាសី ហោតិ អាធានគ្គាហី ទុប្បដិនិស្សគ្គី ជា​អ្នក​ស្ទាប​អង្អែល​នូវការ​យល់​ខុស​របស់​ខ្លួន និង​ជា​អ្នក​ប្រកាន់មាំ លះ​បង់​បាន​ដោយ​កម្រ ។ ព្រះដ៏មាន​ព្រះភាគ​ទ្រង់​ត្រាស់​ថា ភិក្ខុ​ដែល​មាន​នូវវិវាទមូល ដោយ​នូវ​ប្រការ​នីមួយ​ៗ ឈ្មោះ​ថា មិន​គោរព​កោត​ក្រែង​ព្រះសាស្ដា មិន​គោរព​កោត​ក្រែង​ព្រះធម៌ មិន​គោរព​កោត​ក្រែង​ព្រះសង្ឃ និង​មិន​ធ្វើ​ឱ្យ​ពេញលេញ​ក្នុង​សិក្ខា ភិក្ខុ​នោះ ឈ្មោះ​ថា​បង្កើត​វិវាទ​ក្នុង​សង្ឃ ។ ព្រះពុទ្ធ​អង្គទ្រង់ត្រាស់​ប្រទាន​ឱវាទ​ឱ្យ​ព្យាយាម​លះ​បង់​នូវវិវាទ​មូល​ដ៏​លាមក​នោះ​ចេញ ។ ជា​បន្ត​ក្នុង​ព្រះសូត្រ ព្រះដ៏មានព្រះភាគ ទ្រង់​ត្រាស់​សម្ដែង​អំពី អធិករណ៍ ៤ យ៉ាង និង អធិករណសមថៈ ៧ យ៉ាង ។ ជាទី​បញ្ចប់ ព្រះអង្គ​ទ្រង់ត្រាស់​សម្ដែង​នូវ សារាណីយធម៌ ៦ ប្រការ ព្រម​ទាំង​អានិសង្ស​ផង ។ ដកស្រង់ពីសៀវភៅ សិក្សាព្រះសូត្រ ភាគទី១៣ ដោយ៥០០០ឆ្នាំ
images/articles/2758/dgvgcvsdzfcve.jpg
សុនក្ខត្តសូត្រ
ផ្សាយ : ២២ ឧសភា ឆ្នាំ២០២២
សម័យ​មួយ ព្រះដ៏មាន​ព្រះភាគ ស្ដេច​គង់​នៅ​ក្នុង​កូដាគារសាលា នាមហាវ័ន ជិត​ក្រុងវេសាលី ។ សម័យ​នោះ​ឯង មាន​ភិក្ខុ​ច្រើន​អង្គ ប្រកាស​អរហត្ត​ផល​ក្នុង​សម្នាក់​ព្រះដ៏មាន​ព្រះភាគ ហើយ​សុនក្ខត្តលិច្ឆវិបុត្ត បាន​ចូល​ទូល​សួរ​បញ្ហា​នឹង​ព្រះដ៏មាន​ព្រះភាគ​ថា បពិត្រ​ព្រះអង្គ​ដ៏​ចម្រើន ភិក្ខុ​ទាំង​នោះ បាន​ប្រកាស​ព្រះអរហត្តផល ដោយ​ប្រពៃ​មែន​ពិត ឬ​ថា មាន​ភិក្ខុ​ពួក​ខ្លះ​ក្នុង​ចំណោម​នេះ បាន​ប្រកាស​ព្រះអរហត្តផល​ដោយ​អធិមានះ គឺ​គ្រាន់​តែ​សម្គាល់​ថា​ខ្លួន​បាន​សម្រេច​ប៉ុណ្ណោះ​ទេ ។ អធិមានះ គឺ​បុថុជ្ជន​ដែល​ចម្រើន​សមថវិបស្សនា ហើយ​មាន​សេចក្ដី​សម្គាល់​ក្នុង​ធម៌​លោកុត្តរៈ ដែល​ខ្លួន​មិន​ទាន់​បាន​សម្រេច ថា​បាន​សម្រេច​ហើយ ។ ព្រះដ៏មាន​ព្រះភាគ ទ្រង់​ទទួល​ថា​មាន​ដូច្នោះ​មែន ក្នុង​រឿង​នេះ ព្រះអង្គ​ទ្រង់​មាន​សេចក្ដី​ត្រិះរិះ​យ៉ាង​នេះ​ថា តថាគត​នឹង​សម្ដែងធម៌​ដល់​ភិក្ខុ​នោះ ធ្វើ​ឱ្យ​បរិសុទ្ធ ឱ្យ​ពិត​ប្រាកដ ។ ជា​បន្ត ព្រះដ៏មាន​ព្រះភាគ ទ្រង់​ត្រាស់​អំពី​ពួក​ភិក្ខុ​ដទៃ​ផ្សេង​ទៀត ដែល​មាន​នូវ​ឥច្ឆាចារ គឺ​មាន​ការ​ប្រាថ្នា​អាក្រក់​លាមក ជា​មោឃបុរស តាក់​តែង​បញ្ហា​ចូល​មក​រកតថាគត​ហើយ មិន​បាន​ចេះ​ដឹង​ក្នុង​បញ្ហា​នោះ ក៏​ធ្វើ​ដូច​ជា​ចេះ​ដឹង មិន​បាន​សម្រេច​គុណ​វិសេស ធ្វើ​ដូច​ជា​បាន​សម្រេច ត្រាច់​ទៅ​តាម​ស្រុក​និគម ពោល​អួត​នូវ​គុណ​វិសេស​ដែល​មិន​មាន​ក្នុង​ខ្លួន ប្រព្រឹត្ត​ទៅ​ដើម្បី​មិន​ជា​ប្រយោជន៍ នឹង​ជា​ទុក្ខ​ដល់​មោឃបុរស​នោះ អស់​កាល​ជា​អង្វែង ។ ក្នុង​រឿង​នេះ ព្រះតថាគត​ទ្រង់​ព្រះ​តម្រិះ​ថា តថាគត​នឹង​សម្ដែង​ធម៌​ដល់​ពួក​ភិក្ខុ​អ្នក​បដិបត្តិ ប្រព្រឹត្ត​ទៅ​ដើម្បី​ជា​ប្រយោជន៍​ដល់​ភិក្ខុ​ទាំង​នោះ ដោយ​ប្រការ​ដទៃ​ផ្សេង​អំពី​ពួក​ភិក្ខុ​ដែល​មាន​នូវ​អធិមានះ​នោះ ។ ព្រះដ៏មាន​ព្រះភាគ ទ្រង់​ត្រាស់​សម្ដែង​អំពី​កាម​គុណ ៥ និង​ឋានៈ​ដែល​នាំ​ឱ្យ​បុគ្គល​ពួក​ខ្លះ​ក្នុង​លោក​នេះ មាន​អធ្យាស្រ័យ​ឱន​ទៅ​រក​លោកាមិសៈ​រមែង​មាន ។ ពាក្យ​សម្ដី​របស់​បុគ្គល​ដែល​មាន​អធ្យាស្រ័យ​ឱន​ទៅ​រក​លោកាមិសៈ តែ​ហា​មាត់​និយាយ​ឡើង រមែង​រអិល​ធ្លាក់​ចូល​ទៅ​រក​កាម​គុណ​ផង គេ​តែង​ត្រិះរិះ​រឿយ​ៗ ប្រព្រឹត្ត​ទៅ​ក្នុង​កាម​គុណ​នោះ​ផង តែង​គប់​រក​និង​យក​ចិត្ត​ទុក​ដាក់​ចំពោះ​អ្នក​ដែល​មាន​សភាព​បែប​នោះ​ផង ចំណែក​ខាង​ពាក្យ​សម្ដី​ដែល​គេ​និយាយ​ប្រកប​ដោយ​អានេញ្ជសមាបត្តិ ( សមាបត្តិ​ដែល​មិន​ញាប់ញ័រ​នឹង​កាម​គុណ មិន​ញាប់​ញ័រ​នឹង​រូប មិន​ញាប់​ញ័រ​ដោយ​កិលេស ) បុគ្គល​នោះ មិន​ចង់​ស្ដាប់ មិន​ផ្ចង់​ត្រចៀក មិន​តាំង​ចិត្ត​ដើម្បី​ដឹង មិន​សេព​គប់ មិន​យក​ចិត្តទុក​ដាក់​ដោយ​សេចក្ដី​គោរព​ឡើយ ។ ព្រះដ៏មាន​ព្រះភាគ ទ្រង់​ត្រាស់​សម្ដែង​អំពី​ឋានៈ​ដែល​បុគ្គល​ពួក​ខ្លះ​ក្នុង​លោក មាន​អធ្យាស្រ័យ​ឱន​ទៅ​រក​អានេញ្ជសមាបត្តិ ឱន​ទៅ​រក​អាកិញ្ចញ្ញាយតនសមាបត្តិ ឱន​ទៅ​រក​នេវសញ្ញានាសញ្ញាយតនសមាបត្តិ និង​បុគ្គល​ពួក​ខ្លះ​ក្នុង​លោក​នេះ មាន​អធ្យាស្រ័យ​ឱន​ទៅ​រក​ព្រះនិព្វាន​ដោយ​ប្រពៃ ។ ពិត​មែន​តែ​មាន​អធ្យាស្រ័យ​ឱន​ទៅ​រក​ព្រះនិព្វាន​ដោយ​ប្រពៃ ប៉ុន្តែ​បើ​មិន​បដិបត្តិ​សង្រួម​ឥន្ទ្រិយ​ទេ រាគៈ​ក៏​គ្រប​សង្កត់​ចិត្ត ព្រោះ​ហេតុ​តែ​នៅ​មាន​អនុស័យ គឺ​កិលេស​ដែល​នៅ​មិន​ទាន់​បាន​លះហ្នឹងឯង ។ ព្រះដ៏មាន​ព្រះភាគ​ទ្រង់​ត្រាស់​ថា ភិក្ខុ​នោះ លុះ​ត្រូវ​រាគៈ​គ្រប​សង្កត់​ចិត្ត​ហើយ ក៏​ដល់​នូវ​សេចក្ដី​ស្លាប់ ឬ​ដល់​នូវ​ទុក្ខវេទនា​ស្ទើរ​តែ​នឹង​ស្លាប់ ។ ព្រះពុទ្ធ​អង្គ​ទ្រង់​ប្រៀប​ទៅ​នឹង​បុរស​ដែល​ត្រូវ​សរត្រាំ​ដោយ​ថ្នាំ​ពិស កាល​ដែល​គ្រូពេទ្យ​ដក​សរពិស​នោះ​ចេញ​ហើយ ប្រាប់​ឱ្យ​បុរស​នោះ​ថែរក្សា​មុខ​របួស មាន​ការ​តម​ចំណី​ទាស់​ជា​ដើម កុំ​ឱ្យ​ដំបៅរីក ប៉ុន្តែ​ព្រោះ​តែ​បុរស​នោះ មិន​បាន​ធ្វើ​តាម​គ្រូពេទ្យ ក៏​ដល់​នូវ​សេចក្ដី​ស្លាប់ ឬ​ទុក្ខ​វេទនា​ស្ទើរ​តែ​នឹង​ស្លាប់ យ៉ាង​ណា​មិញ ការ​មិន​សង្រួម​ឥន្ទ្រិយ​ក្នុង​ទ្វារ​ទាំង ៦ ដូច​ជា​ការ​មិន​ថែរក្សា​មុខ​របួស យ៉ាង​នោះ​ឯង ។ ពាក្យ​ថា​ដល់​នូវ​សេចក្ដី​ស្លាប់​នេះ ក្នុង​អរិយវិន័យ សំដៅ​យក​ភិក្ខុ​ដែល​ពោល​លា​សិក្ខា ប្រព្រឹត្ត​ទៅ​នៅ​ក្នុង​ហីនភេទ​វិញ ឯ​ចំណែក​ទុក្ខវេទនា​ស្ទើរ​តែ​នឹង​ស្លាប់​នេះ សំដៅ​ដល់​ភិក្ខុ​ដែល​ត្រូវ​អាបត្តិ​ធ្ងន់​ណា​មួយ ដែល​នាំ​ឱ្យ​សៅ​ហ្មង​ព្រម ។ ចំណែ​កបុគ្គល​ដែល​មាន​អធ្យាស្រ័យ​ឱន​ទៅ​រក​ព្រះនិព្វាន​ដោយ​ប្រពៃ ហើយ​មាន​ការ​ប្រព្រឹត្ត​សង្រួម​ឥន្ទ្រិយ​ក្នុង​ទ្វារ​ទាំង ៦ ព្រះដ៏មាន​ព្រះភាគ​ទ្រង់​ត្រាស់​សម្ដែង​នៅ​ខាង​ចុង​ព្រះសូត្រ​នេះ ដែល​មាន​ខ្លឹម​សារ​ពី​រោះ​ដូច​ត​ទៅ ៖ ម្នាល​សុនក្ខត្ត សេចក្ដី​ឧបមា​នេះ តថាគត​បាន​ធ្វើ​ដើម្បី​នឹង​ញ៉ាំង​ជន​ឱ្យ​ដឹង​សេចក្ដី ។ ឯសេចក្ដី​ក្នុង​ឧបមានុ៎ះ​ដូច​ត​ទៅ​នេះ ។ ម្នាល​សុនក្ខត្ត ពាក្យ​ថា ដំបៅ នុ៎ះ ជា​ឈ្មោះ​នៃ​អាយតនៈ ដែល​ប្រព្រឹត្ត​ទៅ​ខាង​ក្នុង​ទាំង ៦ ។ ម្នាល​សុនក្ខត្ត ពាក្យ​ថា ពិស​ជា​ទោស នុ៎ះ ជា​ឈ្មោះ​នៃ​អវិជ្ជា ។ ម្នាល​សុនក្ខត្ត ពាក្យ​ថា សរ នុ៎ះ ជា​ឈ្មោះ​នៃ​តណ្ហា ។ ម្នាល​សុនក្ខត្ត ពាក្យ​ថា គ្រឿង​សម្រាប់​រាវ​រក នុ៎ះ ជាឈ្មោះ​នៃ​ស្មារតី ។ ម្នាល​សុនក្ខត្ត ពាក្យ​ថា សស្ត្រា នុ៎ះ ជា​ឈ្មោះ​នៃ​បញ្ញា​ដ៏​ប្រសើរ ។ ម្នាល​សុនក្ខត្ត ពាក្យថា ពេទ្យ​វះ​ដ៏​ជំនាញ នុ៎ះ ជា​ឈ្មោះ​នៃ​ព្រះតថាគត​អរហន្តសម្មាសម្ពុទ្ធ ។ ម្នាល​សុនក្ខត្ត ភិក្ខុ​នោះ​ឯង ជា​អ្នក​ធ្វើ​នូវ​ការ​សង្រួម​ក្នុង​ផស្សាយតនៈ​ទាំង ៦ ដឹង​ច្បាស់​ថា​កិលេស​ជា​ឫស​នៃ​សេចក្ដី​ទុក្ខ លុះ​ដឹង​ដូច្នេះ​ហើយ ក៏​ជា​អ្នក​មិន​មាន​កិលេស ជា​អ្នក​រួច​ស្រឡះ​ហើយ ព្រោះ​ការ​អស់​ទៅ​នៃ​កិលេស នឹង​បង្អោន​កាយ ឬ​នឹង​ផ្ដេក​ផ្ដួល​ចិត្ត​ទៅ​ក្នុង​កិលេស ពាក្យ​ដូច្នេះ​នេះ មិន​សម​ហេតុ​ឡើយ ។ ម្នាល​សុនក្ខត្ត ដូច​ផ្តិល​សំរឹទ្ធិ ដល់​ព្រម​ដោយ​ពណ៌ ដោយ​ក្លិន ដោយ​រស តែ​ថា​ផ្តិល​សំរឹទ្ធិ​នោះ​ប្រឡាក់​ដោយ​ថ្នាំពិស ។ កាល​បើ​មាន​បុរស​អ្នក​ចង់​រស់​មិន​ចង់​ស្លាប់ ចង់​សុខ ខ្ពើម​ទុក្ខ មក​ដល់ ។ ម្នាល​សុនក្ខត្ត អ្នក​សម្គាល់​សេចក្ដី​នោះ​ថា​ដូច​ម្ដេច តើ​បុរស​នោះ គួរ​ផឹក​ទឹក នឹង​ផ្តិល​សំរឹទ្ធិ​ឯណោះ ដែល​ខ្លួន​ដឹង​ថា អាត្មា​អញ​ផឹក​ទឹក​នេះ​ទៅ​ហើយ នឹង​ដល់​នូវ​មរណៈ ឬ​ដល់​នូវ​សេចក្ដី​ទុក្ខ​ស្ទើរ​តែ​មរណៈ​ដែរ​ឬ ។ បពិត្រ​ព្រះអង្គ​ដ៏​ចម្រើន មិន​ផឹក​ទឹក​នឹង​ផ្តិលសំរឹទ្ធិ​នុ៎ះ​ទេ ។ ម្នាល​សុនក្ខត្ត សេចក្ដី​នេះ​មាន​ឧបមេយ្យ​ដូច​ភិក្ខុ​នោះ​ឯង ជា​អ្នក​ធ្វើ​នូវ​ការ​សង្រួម​ក្នុង​ផស្សាយតនៈ ៦ ដឹង​ថា​កិលេស​ជា​ឫស​នៃ​សេចក្ដី​ទុក្ខ ។បេ។ ពាក្យ​ដូច្នេះ​នុ៎ះ មិន​សម​ហេតុ​ឡើយ ។ ម្នាលសុនក្ខត្ត ដូច​ជា​អាសិរពិស មាន​ពិស​ដ៏ពន្លឹក ។ កាល​បើ​បុរស​អ្នក​ចង់​រស់ មិន​ចង់​ស្លាប់ ចង់​សុខ ខ្ពើម​ទុក្ខ មក​ដល់ ។ ម្នាល​សុនក្ខត្ត អ្នក​សម្គាល់​សេចក្ដី​នោះ​ដូច​ម្ដេច តើ​បុរស​នោះ គួរ​ហុចដៃ​ទាំង​ឡាយ ឬ​ហុច​មេ​ដៃ​ឱ្យ​ដល់​អាសិរពិស​មាន​ពិស​ដ៏​ពន្លឹក​ឯ​ណោះ ដែល​ខ្លួន​ដឹង​ថា អាសិរពិស​នេះ​ចឹក​អាត្មាអញ​ហើយ នឹង​ដល់​នូវ​មរណៈ ឬ​ដល់​នូវ​សេចក្ដី​ទុក្ខ​ស្ទើរ​តែ​មរណៈ​ដែរ​ឬ ។ បពិត្រ​ព្រះអង្គ​ដ៏​ចម្រើន មិន​ហុច​ឱ្យ​អាសិរពិស​នោះ​ទេ ។ ម្នាល​សុនក្ខត្ត សេចក្ដី​នេះ​មាន​ឧបមេយ្យ​ដូច​ភិក្ខុ​នោះ​ឯង ជា​អ្នក​ធ្វើ​នូវ​ការ​សង្រួម​ក្នុង​ផស្សាយតនៈ៦ ដឹង​ច្បាស់​ថា កិលេស​ជា​ឫស​នៃ​សេចក្ដី​ទុក្ខ លុះ​ដឹង​ដូច្នេះ​ហើយ ក៏​ជា​អ្នក​មិន​មាន​កិលេស រួច​ស្រឡះ​ហើយ ព្រោះ​តែ​ការ​អស់​ទៅ​នៃ​កិលេស នឹង​បង្អោនកាយ ឬ​ផ្ដេកផ្ដួល​ចិត្ត​ទៅ​រក​កិលេស​ពាក្យ​ដូច្នេះ​នុ៎ះ មិន​សមហេតុ​ឡើយ​។លុះ​ព្រះមាន​ព្រះភាគ​សម្ដែង​ព្រះសូត្រ​នេះ​ចប់​ហើយ សុនក្ខត្តលិច្ឆវិបុត្ត មាន ចិត្ត​ត្រេកអរ រីករាយ​ហើយ ចំពោះ​ភាសិត របស់​ព្រះមានព្រះភាគ។ ដកស្រង់ពីសៀវភៅ សិក្សាព្រះសូត្រ ភាគទី១៣ ដោយ៥០០០ឆ្នាំ
© Founded in June B.E.2555 by 5000-years.org (Khmer Buddhist).
បិទ
ទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ABA 000 185 807
   នាមអ្នកមានឧបការៈចំពោះការផ្សាយ៥០០០ឆ្នាំ ៖  ✿  ឧបាសិកា កាំង ហ្គិចណៃ 2022 ✿  ឧបាសក ធី សុរ៉ិល ឧបាសិកា គង់ ជីវី ព្រមទាំងបុត្រាទាំងពីរ ✿  ឧបាសិកា អ៊ា-ហុី ឆេងអាយ រស់នៅប្រទេសស្វីស 2022 ✿  ឧបាសិកា គង់-អ៊ា គីមហេង រស់នៅប្រទេសស្វីស  2022 ✿  ឧបាសិកា សុង ចន្ថា និង លោក អ៉ីវ វិសាល ព្រមទាំងក្រុមគ្រួសារទាំងមូលមានដូចជាៈ 2022 ✿  ( ឧបាសក ទា សុង និងឧបាសិកា ង៉ោ ចាន់ខេង ✿  លោក សុង ណារិទ្ធ ✿  លោកស្រី ស៊ូ លីណៃ និង លោកស្រី រិទ្ធ សុវណ្ណាវី  ✿  លោក វិទ្ធ គឹមហុង ✿  លោក សាល វិសិដ្ឋ អ្នកស្រី តៃ ជឹហៀង ✿  លោក សាល វិស្សុត និង លោក​ស្រី ថាង ជឹង​ជិន ✿  លោក លឹម សេង ឧបាសិកា ឡេង ចាន់​ហួរ​ ✿  កញ្ញា លឹម​ រីណេត និង លោក លឹម គឹម​អាន ✿  លោក សុង សេង ​និង លោកស្រី សុក ផាន់ណា​ ✿  លោកស្រី សុង ដា​លីន និង លោកស្រី សុង​ ដា​ណេ​  ✿  លោក​ ទា​ គីម​ហរ​ អ្នក​ស្រី ង៉ោ ពៅ ✿  កញ្ញា ទា​ គុយ​ហួរ​ កញ្ញា ទា លីហួរ ✿  កញ្ញា ទា ភិច​ហួរ ) ✿  ឧបាសិកា ណៃ ឡាង និងក្រុមគ្រួសារកូនចៅ មានដូចជាៈ (ឧបាសិកា ណៃ ឡាយ និង ជឹង ចាយហេង  ✿  ជឹង ហ្គេចរ៉ុង និង ស្វាមីព្រមទាំងបុត្រ  ✿ ជឹង ហ្គេចគាង និង ស្វាមីព្រមទាំងបុត្រ ✿   ជឹង ងួនឃាង និងកូន  ✿  ជឹង ងួនសេង និងភរិយាបុត្រ ✿  ជឹង ងួនហ៊ាង និងភរិយាបុត្រ)  2022 ✿  ឧបាសិកា ទេព សុគីម 2022 ✿  ឧបាសក ឌុក សារូ 2022 ✿  ឧបាសិកា សួស សំអូន និងកូនស្រី ឧបាសិកា ឡុងសុវណ្ណារី 2022 ✿  លោកជំទាវ ចាន់ លាង និង ឧកញ៉ា សុខ សុខា 2022 ✿  ឧបាសិកា ទីម សុគន្ធ 2022 ✿   ឧបាសក ពេជ្រ សារ៉ាន់ និង ឧបាសិកា ស៊ុយ យូអាន 2022 ✿  ឧបាសក សារុន វ៉ុន & ឧបាសិកា ទូច នីតា ព្រមទាំងអ្នកម្តាយ កូនចៅ កោះហាវ៉ៃ (អាមេរិក) 2022 ✿  ឧបាសិកា ចាំង ដាលី (ម្ចាស់រោងពុម្ពគីមឡុង)​ 2022 ✿  លោកវេជ្ជបណ្ឌិត ម៉ៅ សុខ 2022 ✿  ឧបាសក ង៉ាន់ សិរីវុធ និងភរិយា 2022 ✿  ឧបាសិកា គង់ សារឿង និង ឧបាសក រស់ សារ៉េន  ព្រមទាំងកូនចៅ 2022 ✿  ឧបាសិកា ហុង គីមស៊ែ 2022 ✿  ឧបាសិកា រស់ ជិន 2022 ✿  Mr. Maden Yim and Mrs Saran Seng  ✿  ភិក្ខុ សេង រិទ្ធី 2022 ✿  ឧបាសិកា រស់ វី 2022 ✿  ឧបាសិកា ប៉ុម សារុន 2022 ✿  ឧបាសិកា សន ម៉ិច 2022 ✿  ឃុន លី នៅបារាំង 2022 ✿  ឧបាសិកា លាង វួច  2022 ✿  ឧបាសិកា ពេជ្រ ប៊ិនបុប្ផា ហៅឧបាសិកា មុទិតា និងស្វាមី ព្រមទាំងបុត្រ  2022 ✿  ឧបាសិកា សុជាតា ធូ  2022 ✿  ឧបាសិកា ស្រី បូរ៉ាន់ 2022 ✿  ឧបាសិកា ស៊ីម ឃី 2022 ✿  ឧបាសិកា ចាប ស៊ីនហេង 2022 ✿  ឧបាសិកា ងួន សាន 2022 ✿  ឧបាសក ដាក ឃុន  ឧបាសិកា អ៊ុង ផល ព្រមទាំងកូនចៅ 2022 ✿  ឧបាសិកា ឈង ម៉ាក់នី ឧបាសក រស់ សំណាង និងកូនចៅ  2022 ✿  ឧបាសក ឈង សុីវណ្ណថា ឧបាសិកា តឺក សុខឆេង និងកូន 2022 ✿  ឧបាសិកា អុឹង រិទ្ធារី និង ឧបាសក ប៊ូ ហោនាង ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសិកា ទីន ឈីវ (Tiv Chhin)  2022 ✿  ឧបាសិកា បាក់​ ថេងគាង ​2022 ✿  ឧបាសិកា ទូច ផានី និង ស្វាមី Leslie ព្រមទាំងបុត្រ  2022 ✿  ឧបាសិកា ពេជ្រ យ៉ែម ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសក តែ ប៊ុនគង់ និង ឧបាសិកា ថោង បូនី ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសិកា តាន់ ភីជូ ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសក យេម សំណាង និង ឧបាសិកា យេម ឡរ៉ា ព្រមទាំងបុត្រ  2022 ✿  ឧបាសក លី ឃី នឹង ឧបាសិកា  នីតា ស្រឿង ឃី  ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសិកា យ៉ក់ សុីម៉ូរ៉ា ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសិកា មុី ចាន់រ៉ាវី ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសិកា សេក ឆ វី ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសិកា តូវ នារីផល ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសក ឌៀប ថៃវ៉ាន់ 2022 ✿  ឧបាសក ទី ផេង និងភរិយា 2022 ✿  ឧបាសិកា ឆែ គាង 2022 ✿  ឧបាសិកា ទេព ច័ន្ទវណ្ណដា និង ឧបាសិកា ទេព ច័ន្ទសោភា  2022 ✿  ឧបាសក សោម រតនៈ និងភរិយា ព្រមទាំងបុត្រ  2022 ✿  ឧបាសិកា ច័ន្ទ បុប្ផាណា និងក្រុមគ្រួសារ 2022 ✿  ឧបាសិកា សំ សុកុណាលី និងស្វាមី ព្រមទាំងបុត្រ  2022 ✿  លោកម្ចាស់ ឆាយ សុវណ្ណ នៅអាមេរិក 2022 ✿  ឧបាសិកា យ៉ុង វុត្ថារី 2022 ✿  លោក ចាប គឹមឆេង និងភរិយា សុខ ផានី ព្រមទាំងក្រុមគ្រួសារ 2022 ✿  ឧបាសក ហ៊ីង-ចម្រើន និង​ឧបាសិកា សោម-គន្ធា 2022 ✿  ឩបាសក មុយ គៀង និង ឩបាសិកា ឡោ សុខឃៀន ព្រមទាំងកូនចៅ  2022 ✿  ឧបាសិកា ម៉ម ផល្លី និង ស្វាមី ព្រមទាំងបុត្រី ឆេង សុជាតា 2022 ✿  លោក អ៊ឹង ឆៃស្រ៊ុន និងភរិយា ឡុង សុភាព ព្រមទាំង​បុត្រ 2022 ✿  ឧបាសិកា លី យក់ខេន និងកូនចៅ 2022 ✿   ឧបាសិកា អូយ មិនា និង ឧបាសិកា គាត ដន 2022 ✿  ឧបាសិកា ខេង ច័ន្ទលីណា 2022 ✿  ឧបាសិកា ជូ ឆេងហោ 2022 ✿  ឧបាសក ប៉ក់ សូត្រ ឧបាសិកា លឹម ណៃហៀង ឧបាសិកា ប៉ក់ សុភាព ព្រមទាំង​កូនចៅ  2022 ✿  ឧបាសិកា ពាញ ម៉ាល័យ និង ឧបាសិកា អែប ផាន់ស៊ី  ✿  ឧបាសិកា ស្រី ខ្មែរ  ✿  ឧបាសក ស្តើង ជា និងឧបាសិកា គ្រួច រាសី  ✿  ឧបាសក ឧបាសក ឡាំ លីម៉េង ✿  ឧបាសក ឆុំ សាវឿន  ✿  ឧបាសិកា ហេ ហ៊ន ព្រមទាំងកូនចៅ ចៅទួត និងមិត្តព្រះធម៌ និងឧបាសក កែវ រស្មី និងឧបាសិកា នាង សុខា ព្រមទាំងកូនចៅ ✿  ឧបាសក ទិត្យ ជ្រៀ នឹង ឧបាសិកា គុយ ស្រេង ព្រមទាំងកូនចៅ ✿  ឧបាសិកា សំ ចន្ថា និងក្រុមគ្រួសារ ✿  ឧបាសក ធៀម ទូច និង ឧបាសិកា ហែម ផល្លី 2022 ✿  ឧបាសក មុយ គៀង និងឧបាសិកា ឡោ សុខឃៀន ព្រមទាំងកូនចៅ ✿  អ្នកស្រី វ៉ាន់ សុភា ✿  ឧបាសិកា ឃី សុគន្ធី ✿  ឧបាសក ហេង ឡុង  ✿  ឧបាសិកា កែវ សារិទ្ធ 2022 ✿  ឧបាសិកា រាជ ការ៉ានីនាថ 2022 ✿  ឧបាសិកា សេង ដារ៉ារ៉ូហ្សា ✿  ឧបាសិកា ម៉ារី កែវមុនី ✿  ឧបាសក ហេង សុភា  ✿  ឧបាសក ផត សុខម នៅអាមេរិក  ✿  ឧបាសិកា ភូ នាវ ព្រមទាំងកូនចៅ ✿  ក្រុម ឧបាសិកា ស្រ៊ុន កែវ  និង ឧបាសិកា សុខ សាឡី ព្រមទាំងកូនចៅ និង ឧបាសិកា អាត់ សុវណ្ណ និង  ឧបាសក សុខ ហេងមាន 2022 ✿  លោកតា ផុន យ៉ុង និង លោកយាយ ប៊ូ ប៉ិច ✿  ឧបាសិកា មុត មាណវី ✿  ឧបាសក ទិត្យ ជ្រៀ ឧបាសិកា គុយ ស្រេង ព្រមទាំងកូនចៅ ✿  តាន់ កុសល  ជឹង ហ្គិចគាង ✿  ចាយ ហេង & ណៃ ឡាង ✿  សុខ សុភ័ក្រ ជឹង ហ្គិចរ៉ុង ✿  ឧបាសក កាន់ គង់ ឧបាសិកា ជីវ យួម ព្រមទាំងបុត្រនិង ចៅ ។   ✿ ✿ ✿  លោកអ្នកអាចជួយទ្រទ្រង់ដំណើរការផ្សាយ ៥០០០ឆ្នាំ សម្រាប់ឆ្នាំ២០២២  ដើម្បីគេហទំព័រ៥០០០ឆ្នាំ មានលទ្ធភាពពង្រីកនិងបន្តការផ្សាយ ។  សូមបរិច្ចាគទាន មក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987   ✿ ✿ ✿     សូមអរព្រះគុណ និង សូមអរគុណ ។...       ✿  ✿  ✿