images/articles/374/2020-07-21_15_51_17-__________________________________-_Google_Search.jpg
រឿង មដ្ឋកុណ្ឌលី
ផ្សាយ : ២១ កក្តដា ឆ្នាំ២០២០
ព្រះបរមសាស្តា ទ្រង់បានប្រារឰនូវមដ្ឋកុណ្ឌលី ដែលជាកូនរបស់ព្រាហ្មណ៍កំណាញ់ម្នាក់ នៅក្នុងក្រុងសាវត្ថី ។ ព្រោះព្រាហ្មណ៍ជាបិតាជាមនុស្សកំណាញ់ស្វិត ទើបគាត់ធ្វើទំហ៊ូដោយខ្លួនឯង ឲ្យកូនពាក់ ។ នៅពេលដែលមដ្ឋកុណ្ឌលីឈឺធ្ងន់, ព្រាហ្មណ៍ ជាបិតា មិនបានទៅរកគ្រូពេទ្យ មកព្យាបាលជម្ងឺឲ្យកូនគាត់ទេ ព្រោះគាត់ខ្លាចឣស់ព្រទ្យសម្បត្តិរបស់ខ្លួន ។ នៅថ្ងៃដែលមដ្ឋកុណ្ឌលីជិតនឹងមរណានោះ ព្រាហ្មណ៍ជាបិតា បានលើកកូនមកឲ្យដេក ឣស់សេចក្តីសង្ឃឹមតែម្នាក់ឯង នៅរបៀងផ្ទះខាងក្រៅ ។
សម័យនោះ ព្រះសាស្តា ទ្រង់បានបញ្ចេញព្រះរស្មីទៅ ដើម្បីឲ្យមដ្ឋកុណ្ឌលីបានឃើញ ។ មដ្ឋកុណ្ឌលី ឃើញព្រះរស្មីនៃព្រះឣង្គ ហើយ ក៏កើតសេចក្តីជ្រះថ្លា យ៉ាងខ្លាំង ក្នុងមួយរំពេចនោះ ស្រេចហើយ ក៏បានធ្វើមរណកាល នៅពេលនោះឯង ហើយបានទៅកើត នៅក្នុងឋានតាវតិ្តង្សទេវលោក ក្រឡេកមើលមកឃើញឪពុក របស់ខ្លួន ដែលកំពុងតែសៅសោក យំស្រែកបោកខ្លួន យ៉ាងខ្លាំង ទើបបានចុះពីទេវលោកមក ដើម្បីជួយសង្គ្រោះ ដល់ឪពុករបស់ខ្លួន ឲ្យបាន រួចផុតឣំពីសេចក្តីទុក្ខសោកសៅនោះ ហើយបានធ្វើឲ្យគាត់លះបង់ សេចក្តីកំណាញ់ចេញផុតពីខន្ធសន្តាន ឲ្យកើតមានចិត្តជ្រះថ្លា ក្នុងព្រះពុទ្ធសាសនា ហើយក៏ត្រឡប់ទៅកាន់ឋានទេវលោកវិញ ។
លុះព្រឹកឡើង ព្រាហ្មណ៍ជាឪពុក បានទៅឣារាធនានិមន្តព្រះសង្ឃ មានព្រះពុទ្ធជាប្រធាន ឲ្យទទួលនូវភត្តាហារ ក្នុងផ្ទះរបស់ខ្លួន ហើយ បានក្រាបទូលសួរឣំពីការដែលកូនរបស់ខ្លួន គឺ មដ្ឋកុណ្ឌលី គ្រាន់តែធ្វើចិត្ត ឲ្យជ្រះថ្លា ចំពោះព្រះពុទ្ធជាម្ចាស់ តែម៉្យាងប៉ុណ្ណោះ មិនបានធ្វើកុសលអ្វីដទៃ ក្រៅឣំពីនេះទេ ក៏ស្រាប់តែបានទៅកើត នៅឯឋានទេវលោក ។ ព្រះបរមសាស្តា ទ្រង់បានឣធិដ្ឋានឲ្យមដ្ឋកុណ្ឌលីទេវបុត្រ ចុះមកសម្តែងរឿងពិត ដល់ព្រាហ្មណ៍ជាឪពុក និង ពួកមហាជន បានឃើញជាក់ស្តែង ហើយព្រះឣង្គត្រាស់ព្រះគាថានេះ ថា ៖
មនោបុព្វង្គមា ធម្មា មនោសេដ្ឋា មនោមយា
មនសា ចេ បសន្នេន ភាសតិ វា ករោតិ វា
តតោ នំ សុខមន្វេតិ ឆាយាវ ឣនុបាយិនី ។
ធម៌ទាំងឡាយ មានចិត្តជាប្រធាន មានចិត្តប្រសើរបំផុត សម្រេចមកឣំពីចិត្ត, បើបុគ្គលមានចិត្តជ្រះថ្លាហើយ ទោះបីនិយាយក្តី ធ្វើក្តី ក៏ល្អទាំងឣស់ ព្រោះសេចក្តីល្អនោះឯង សេចក្តីសុខ រមែងតាមជាប់បុគ្គលនោះ ដូចជាស្រមោលដែលឣន្ទោលទៅតាមប្រាណ យ៉ាងនោះឯង ។
ដកស្រង់ពីវិគីផីឌា
ដោយ៥០០០ឆ្នាំ
images/articles/371/2020-07-21_15_39_13-buddha_and_monk_painting_-_Google_Search.jpg
រឿង ព្រះចូឡបន្ថកត្ថេរ
ផ្សាយ : ២១ កក្តដា ឆ្នាំ២០២០
ព្រះបរមសាស្តា ទ្រង់ប្រារឰ នូវព្រះចូឡបន្ថកត្ថេរ ។ ក្នុងសាសនាព្រះពុទ្ធទ្រង់ព្រះនាមកស្សបៈ ព្រះថេរៈអង្គនេះ ជាឣ្នកមានប្រាជ្ញាច្រើន ពេលថ្ងៃមួយ លោកបានឃើញ នូវភិក្ខុមួយរូបដែលមានប្រាជ្ញាតិច ហើយក៏បានសើចចំឣកឲ្យ រហូតដល់ភិក្ខុរូបនោះ មាន សេចក្តីឣៀនខ្មាស ឈប់រវល់នឹងការរៀនធម៌ បន្តទៅទៀត... ព្រោះទោសនៃការសើចចំឣកនេះឯង ទើបមកដល់ជាតិនេះ បានមកកើតជាព្រះចូឡបន្ថកៈ ទន្ទេញធម៌មិនចេះចាំ ទាល់តែសោះ សូម្បីតែព្រះគាថាមួយបទ ដែលព្រះមហាបន្ថកៈជាបងប្រុសដាក់ឲ្យទន្ទេញ ឣស់រយៈពេល ៤ ខែ ក៏ទន្ទេញមិនចាំដែរ ។
ព្រះមហាបន្ថកត្ថេរ ជាបង បានជេរស្តីបន្ទោស នូវព្រះចូឡបន្ថកត្ថេរ ដោយប្រការផ្សេងៗ ធ្វើឲ្យព្រះចូឡបន្ថកត្ថេរ មានសេចក្តីឣាក់ឣន់ស្រពន់ចិត្ត យ៉ាងខ្លាំង ចំពោះវាសនារបស់ខ្លួនឯង ហើយគិតនឹងលាចាកសិក្ខាបទ ។
ព្រះសាស្តា ទ្រង់ជ្រាបហើយ ទ្រង់ប្រទានព្រះកម្មដ្ឋាន និង ប្រទានឱវាទដល់លោក រហូតដល់បានសម្រេចព្រះឣរហត្តផល ។
សម័យថ្ងៃមួយ ពួកភិក្ខុទាំងឡាយ បានប្រជុំព្រមគ្នា សន្ទនាពោលសរសើឣំពីសេចក្តីព្យាយាម របស់ព្រះចូឡបន្ថកត្ថេរ ។ ព្រះសាស្តា ទ្រង់ជ្រាបហើយ ទ្រង់ត្រាស់ព្រះគាថានេះ ថា ៖
ឧដ្ឋានេនប្បមាទេន សញ្ញោមន ទមេន ច
ទីបំ កយិរាថ មេធាវី យំ ឱឃោ នាភិកីរតិ ។
ទឹកជំនន់គឺកិលេស ជន់ពន្លិចកោះ គឺឣរហត្តផល ណាពុំបាន, ឣ្នកប្រាជ្ញ គប្បីសាងកោះ គឺឣរហត្តផលនោះ ដោយសេចក្តីប្រឹងប្រែងផង ដោយសេចក្តីមិនប្រមាទផង ដោយការសង្រួមក្នុងចតុប្បារិសុទ្ធិសីលផង ដោយការទូន្មានឥន្ទ្រីយ៍ផង ។
ដកស្រង់ពីវិគិផីឌា
ដោយ ៥០០០ឆ្នាំ
images/articles/370/2020-07-21_15_23_33-Buddha-for-and-Sujata_jpg_-_Picasa_Photo_Viewer.jpg
រឿង នាងសុមនាទេវី
ផ្សាយ : ២១ កក្តដា ឆ្នាំ២០២០
ព្រះបរមសាស្តា ទ្រង់ប្រារឰនូវនាងសុមនាទេវី ជាធីតារបស់សេដ្ឋីឈ្មោះឣនាថបិណ្ឌិក ។ នាងសុមនាទេវី បានសម្រេចសកទាគាមិផល តាំងតែអំពីនាងនៅជាកុមារីមកម៉្លេះ, នាង មានជម្ងឺជាទម្ងន់ហើយបានហៅឣនាថបិណ្ឌិកសេដ្ឋី ថា ប្អូនប្រុស ។
ឣនាថបិណ្ឌិកសេដ្ឋី គិតថា “នាងសុមនាទេវីកូនស្រីពៅ ភ្លេចភ្លាំងសតិស្មារតី” ។ កាលបើនាងសុមនាទេវី បានធ្វើមរណកាលទៅហើយនោះ, លោកសេដ្ឋី មានទុក្ខទោមនស្ស សោកស្តាយ ឣាឡោះឣាល័យកូនស្រីពៅខ្លាំងណាស់ ហើយបានចូលទៅ ក្រាបទូលរឿងនេះ ថ្វាយព្រះសាស្តា ទ្រង់ជ្រាប តាំងតែឣំពីដើម រហូតដល់ចប់ ។
ព្រះសាស្តា ទ្រង់ត្រាស់រឿងពិត ថា “នែសេដ្ឋី នាងសុមនាទេវី មិនបានភ្លេចភ្លាំងសតិស្មារតីអ្វីទេ គឺ នាងហៅទៅ តាមមគ្គផលទេតើ ព្រោះនាងជាសកទាគាមី, ឯលោកសេដ្ឋី ជាសោតាបន្ន” ។
ឣនាថបិណ្ឌិកសេដ្ឋីបានក្រាបទូលសួរព្រះសាស្តាថា “បពិត្រ ព្រះឣង្គដ៏ចម្រើន តើនាងសុមនាទេវី កូនស្រីពៅ របស់ទូលព្រះបង្គំ បានទៅកើត នៅក្នុងទីណាដែរ?” ។
ព្រះសាស្តា ទ្រង់ត្រាស់ថា “នាងសុមនាទេវី បានទៅកើតនៅឋានតុសិតទេវលោកឯណោះហើយ” ស្រេចហើយ ទ្រង់ត្រាស់នូវព្រះគាថានេះថា ៖
ឥធ នន្ទតិ បេច្ច នន្ទតិ
កតបុញ្ញោ ឧភយត្ថ នន្ទតិ
បុញ្ញំ មេ កតន្តិ នន្ទតិ
ភិយ្យោ នន្ទតិ សុគតឹ គតោ ។
បុគ្គលឣ្នកបានធ្វើបុណ្យទុកហើយ រមែងត្រេកឣរ ក្នុងលោកទាំងពីរ គឺត្រេកឣរក្នុងលោកនេះផង ត្រេកឣរក្នុងលោកខាងមុខផង, បុគ្គលនោះ រមែងត្រេកឣរ ដោយគិតឃើញថា បុណ្យឣាត្មាឣញបានធ្វើហើយ លុះធ្វើមរណកាលទៅកាន់សុគតិ ក៏រឹងរឹតតែត្រេកឣរយ៉ាងក្រៃលែង ។
ដោយ ៥០០០ឆ្នាំ
images/articles/2705/te765pic.jpg
ជវនហំសជាតក
ផ្សាយ : ២២ ឧសភា ឆ្នាំ២០២០
ព្រះសាស្ដា កាលស្ដេចគង់នៅក្នុងវត្តជេតពន ទ្រង់ប្រារព្ធព្រះធម្មទេសនាទឡ្ហធម្មធនុគ្គហសូត្រ បានត្រាស់ព្រះធម្មទេសនានេះ មានពាក្យថា ឥធេវ ហំស និបត ដូច្នេះ ( ជាដើម ) ។( សេចក្ដីក្នុងសំយុត្តនិកាយ និទានវគ្គ ធនុគ្គហសូត្រនោះថា )
ម្នាលភិក្ខុទាំងឡាយ ដូចជាខ្មាន់ធ្នូ ៤ នាក់ មានកម្លាំងមាំមួន បានសិក្សាដោយប្រពៃ មានសិល្បៈស្ទាត់ក្នុងដៃ បានសម្តែងសិល្បៈរួចហើយ ឈរនៅក្នុងទិសទាំង ៤ ។ គ្រានោះ មានបុរសម្នាក់ ដើរដល់គិតថា កាលបើខ្មាន់ធ្នូទាំង ៤ នាក់នេះ ដែលមានកម្លាំងមាំមួន បានសិក្សាដោយប្រពៃ មានសិល្បៈស្ទាត់ក្នុងដៃ បានសម្តែងសិល្បៈរួចហើយ បានបាញ់សរទៅក្នុងទិសទាំង ៤ មិនទាន់ធ្លាក់ដល់ផែនដីនៅឡើយ អាត្មាអញនឹងចាប់នាំយកសរទាំងនោះមកឲ្យបាន ។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយសំគាល់ហេតុទាំងនោះ ដូចម្តេច បុរសដែលមានសំទុះ (នោះ) គេគួរនឹងនិយាយថា ជាអ្នកប្រកបដោយសំទុះ លឿនក្រៃលែលបានឬទេ ។
ភិក្ខុទាំងឡាយទូលថា យ៉ាងហ្នឹងហើយព្រះអង្គ ។ ព្រះមានព្រះភាគទើបត្រាស់ថា ម្នាលភិក្ខុទាំងឡាយ សំទុះនៃបុរសនោះយ៉ាងណាក្ដី សំទុះនៃព្រះចន្ទ្រនិងព្រះអាទិត្យដែលលឿនជាងសំទុះបុរសនោះយ៉ាងណាក្តី ម្នាលភិក្ខុទាំងឡាយ សំទុះនៃបុរសនោះយ៉ាងណាក្តី សំទុះនៃព្រះចន្ទ្រនិងព្រះអាទិត្យយ៉ាងណាក្តី សំទុះនៃទេវតាទាំងឡាយ ដែលស្ទុះទៅពីមុខព្រះចន្ទ្រ និងព្រះអាទិត្យនោះ លឿនជាងសំទុះនៃព្រះចន្ទ្រនិងព្រះអាទិត្យនោះទៅទៀតយ៉ាងណាក្តី ។ ម្នាលភិក្ខុទាំងឡាយ សំទុះនៃបុរសនោះយ៉ាងណាក្តី សំទុះនៃព្រះចន្ទ្រនិងព្រះអាទិត្យទាំងឡាយយ៉ាងណាក្តី សំទុះនៃទេវតាទាំងឡាយ ដែលស្ទុះទៅអំពីខាងមុខព្រះចន្ទ្រនិងព្រះអាទិត្យយ៉ាងណាក្តី អាយុសង្ខារទាំងឡាយ រមែងអស់ទៅឆាប់រហ័សជាងសំទុះទាំងនោះទៅទៀត ។ ម្នាលភិក្ខុទំាឡាយ ហេតុដូច្នេះ ក្នុងសាសនានេះ អ្នកទាំងឡាយគប្បីសិក្សាយ៉ាងនេះថា យើងទាំងឡាយជា អ្នកមិនប្រមាទ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយគប្បីសិក្សាយ៉ាងនេះចុះ ។
ក្នុងថ្ងៃទីពីរបន្ទាប់អំពីថ្ងៃ ដែលព្រះមានព្រះភាគសម្ដែងនូវព្រះសូត្រនេះ ភិក្ខុទាំងឡាយសន្ទនាគ្នាក្នុងសាលាធម្មសភាថា ម្នាលអ្នកមានអាយុទាំងឡាយ ព្រះសាស្ដាទ្រង់តាំងនៅក្នុងពុទ្ធវិស័យរបស់ព្រះអង្គ កាលពន្យល់ណែនាំ ទ្រង់បានសម្ដែងដល់អាយុសង្ខាររបស់សត្វទាំងឡាយនេះ ជារបស់លឿនរហ័ស ជារបស់ទុព្វល ធ្វើឲ្យភិក្ខុជាបុថុជ្ជនទាំងឡាយស្ញប់ស្ញែង ចិត្តយ៉ាងខ្លាំងថា អហោ ពុទ្ធពលំ នាម ឱហ៎្ន ! កម្លាំងរបស់ព្រះពុទ្ធ (អស្ចារ្យពេកណាស់) ។ ព្រះសាស្ដាស្ដេចយាងមកហើយត្រាស់សួរថា ម្នាលភិក្ខុទាំងឡាយ អម្បាញ់មិញ អ្នកទាំងឡាយសន្ទានគ្នាអំពីរឿងអ្វី ? ភិក្ខុទាំងឡាយក្រាបទូលថា (យើងខ្ញុំព្រះអង្គសន្ទនាគ្នា) អំពីរឿងនេះ ព្រះអង្គ ដូច្នេះហើយ ព្រះមានព្រះភាគត្រាស់ថា ម្នាលភិក្ខុទាំងឡាយ មិនជាអស្ចារ្យឡើយ ដែលឥឡូវនេះ តថាគតបានដល់នូវសព្វញ្ញុតញ្ញាណ ហើយសម្ដែងដល់អាយុសង្ខារ របស់សត្វទាំងឡាយជារបស់លឿនរហ័ស នឹងសម្ដែងធម៌ឲ្យភិក្ខុទាំងឡាយសង្វេគនោះ ពីព្រោះក្នុងកាលមុន តថាគតបានយោនយកកំណើតជាសត្វហង្ស ដែលអហេតុសត្វ (សត្វដែលបដិសន្ធិមិនប្រកបដោយហេតុទាំងបី គឺ អលោភៈ អទោសៈ អមោហៈ) ក៏ធ្លាប់សម្ដែងអំពីសង្ខារទាំងឡាយជាសភាវៈលឿនរហ័ស ហើយបានសម្ដែងធម៌ឲ្យបរិស័ទទាំងអស់ រួមទាំងព្រះរាជាដែនពារាណសីជាដើមស្លុតសង្វេគចិត្តដែរ ទ្រង់ក៏នាំអតីតនិទាននោះមកសម្ដែងដូចតទៅថា៖
ក្នុងអតីតកាល ព្រះបាទព្រហ្មត្តធ្វើរាជសម្បត្តិក្នុងនគរពារាណសី កាលនោះ ព្រះពោធិសត្វបានកើតហើយក្នុងកំណើតជវនហង្ស មានងហង្ស ៩ ម៉ឺនជាបរិវារ អាស្រ័យនោះនឹងកំពូលភ្នំចិត្រកូដ (ក្នុងព្រៃហិមពាន្ត) ។ ថ្ងៃមួយព្រះពោធិសត្វនោះ ព្រមទាំងបរិវារទំពាស៊ីស្រូវសាលី ដែលដុះឯងក្នុងស្រះមួយ ក្នុងផ្ទៃដីរបស់ជម្ពូទ្វីប ហើយហើរទៅកាន់កំពូលភ្នំចិត្រកូដ ដោយដំណើរវិលាសៈយ៉ាងទន់ភ្លន់ កាត់តាមផ្លូវជាចំណែកខាងលើនៃនគរពារាណសី មួយអន្លើដោយបរិវារដេ៏ច្រើន ហាក់ដូចជាកម្រាលមាសដែលគេក្រាលលើអាកាស ។
គ្រានោះ ព្រះចៅក្រុងពារាណសីទ្រង់ឃើញព្រះពោធិសត្វនោះ ហើយបានត្រាស់នឹងពួកអាមាត្យងថា ហង្សសូម្បីនេះ គប្បីជាព្រះរាជា ប្រាកដូចយើង ដូច្នេះហើយ ទ្រង់កើតសេចក្ដីស្រឡាញ់ក្នុងព្រះពោធិសត្វនោះ ទ្រង់បានកាន់យកកម្រងផ្កាឈើ របស់ក្រអូប និងគ្រឿងលាប ហើយសម្លឹងមើលព្រះពោធិសត្វនោះ និងបានញ៉ាំងឲ្យគេផ្គងឡើងនូវគ្រឿងតន្ត្រីទាំងពួង ។ ព្រះមហាសត្វបានឃើញនូវការធ្វើសក្ការ របស់ព្រះរាជាដល់ខ្លួន ទើបបានសួរនូវពួកហង្សថា ព្រះរាជាទ្រង់បានធ្វើសក្ការៈមានសភាពបែបនេះដល់យើង ទ្រង់ប្រាថ្នាអ្វីហ៎្ន ?ពួកហង្សនាំគ្នាឆ្លើយថា បពិត្រព្រះសម្មតិទេព ព្រះរាជានោះប្រាថ្នាការរាប់អានជាមួយនឹងព្រះអង្គ ។
ព្រះពោធិសត្វពោលថា ប្រសិនបើយ៉ាងនោះ មិត្តភាពរបស់ពួកយើងចូរមានដល់ព្រះរាជាចុះ ដូច្នេះហើយព្រះពោធិសត្វក៏បានធ្វើមិត្តភាពជាមួយនឹងព្រះរាជា ហើយទើបចៀសចេញទៅ ។ថ្ងៃមួយ ក្នុងវេលាដែលព្រះរាជាយាងទៅកាន់ព្រះរាជឧទ្យាន ក្នុងកាលនោះ ព្រះពោធិសត្វបានហើរទៅកាន់ស្រះអនោតត្តៈ ហើយនាំយកទឹកដោយស្លាបម្ខាង និងកាន់យកនូវលម្អិតខ្លឹមចន្ទន៍ដោយស្លាបម្ខាងទៀត មកឲ្យព្រះរាជាស្រង់ដោយទឹកនោះ និងឲ្យរោយរាយដោយលម្អិតចន្ទន៍នោះផង កាលមហាជនកំពុងមើលនោះឯង ព្រះពោធិសត្វនិង បរិវារ បានចេញទៅកាន់ភ្នំចិត្រកូដនោះវិញ ។
ចាប់តាំងអំពីពេលនោះមក ព្រះរាជាបានជាអ្នកប្រាថ្នានឹងជួបព្រះមហាសត្វ ហើយបានប្រថាប់ឈរសម្លឹងមើលផ្លូវដែលព្រះពោធិសត្វមក ដោយទ្រង់ធ្វើអាភោគថា ក្នុងថ្ងៃនេះ សម្លាញ់របស់យើងនឹកមក ! ក្នុងថ្ងៃនេះ សម្លាញ់របស់យើងនឹកមក ។ គ្រានោះ កូនហង្ស ២ ជាប្អូនរបស់ព្រះមហាសត្វ បាននិយាយគ្នាថា យើងនឹងហើរប្រណាំងនឹងព្រះអាទិត្យ ដូច្នេះហើយ បានប្រាប់ដល់ព្រះមហាសត្វថា ពួកយើងនឹងហើរប្រណាំងនឹងព្រះអាទិត្យ ។ ព្រះពោធិសត្វពោលថា ម្នាលប្អូន ឈ្មោះថាល្បឿនរបស់ព្រះអាទិត្យលឿនខ្លាំងណាស់ អ្នកទាំងឡាយចូរកុំសាកល្បងដើម្បីនឹងប្រណាំងនឹងព្រះអាទិត្យឡើយ កុំនាំគ្នាទៅអី ។ ហង្សទាំងនោះ បានសូមអង្វរព្រះពោធិសត្វ ជាគម្រប់ពីរដងផង ជាគម្រប់បីដងផង ព្រះពោធិសត្វក៏បានហាមឃាត់ដរាបដល់លើកទីបី ។
ហង្សទាំងពីរនោះ កាលមិនដឹងនូវកម្លាំង របស់ខ្លួនដោយអំណាចនៃមានះរឹងត្អឹង ហើយមិនបានប្រាប់ព្រះមហាសត្វ គិតថា យើងនឹងហើរប្រណាំងនឹងព្រះអាទិត្យ ដូច្នេះហើយ បានហើរទៅ អង្គុយលើកំពូលភ្នំយុគន្ធរ ក្នុងវេលាដែលព្រះអាទិត្យនៅមិនទាន់រះ ។
ព្រះមហាសត្វមិនឃើញនូវហង្សទាំងពីរនោះ ទើបសួរ (បរិវារ) ថា ហង្សទាំងនោះទៅណា ? ពេលបានស្ដាប់ដំណឹងនោះហើយ ទ្រង់គិតថា ហង្សទាំងពីរនោះ មិនអាចនឹងប្រណាំងនឹងព្រះអាទិត្យឡើយ នឹងវិនាសក្នុងរវាងផ្លូវ យើងនឹងឲ្យជីវិតដល់ហង្សទាំងពីរនោះ ។ សូម្បីព្រះពោធិសត្វ ក៏បានទៅ ហើយអង្គុយលើកំពូលភ្នំយុគន្ធរនោះដែរ ។
លំដាប់នោះ កាលដួងព្រះអាទិត្យរះឡើង កូនហង្សទាំងពីរហោះឡើងហើយហើរទៅជាមួយនឹងព្រះអាទិត្យ សូម្បីព្រះមហាសត្វក៏បានហើរទៅមួយអន្លើដោយពួកគេ ។ បងប្អូនហង្សទាំងពីរហើរបានត្រឹមបុព្វណ្ហសម័យ ក៏ចុករោយ ហាក់ជាត្រូវភ្លើងឆេះឡើងក្នុងថ្នាំងនៃស្លាបទាំងពីរ ។ ហង្សប្អូនពៅនោះបានឲ្យសញ្ញាដល់ព្រះពោធិសត្វឲ្យជ្រាបថា បពិត្របង ខ្ញុំមិនអាចហើរបានទេ ។
លំដាប់នោះ ព្រះមហាសត្វលួងលោមគេថា កុំខ្លាយឡើយ យើងនឹងឲ្យជីវិតដល់អ្នក ដូច្នេះហើយ ក៏ព័ន្ធព័ទ្ធគេដោយស្លាប ញ៉ាំគេឲ្យធូរចិត្តហើយ បាននាំគេទៅកាន់កំពូលភ្នំ ចិត្រកូដ ទៅតម្កល់ទុកក្នុងកណ្ដាលហង្សទាំងឡាយ ហើយក៏ហើរទាន់ព្រះអាទិត្យម្ដងទៀត ។ សូម្បីប្អូនកណ្ដាល ហើរប្រណាំងជាមួយនឹងព្រះអាទិត្យ ហើយចុករោយ ហាក់ដូចជាត្រូវភ្លើងឆេះត្រង់ថ្នាំងនៃស្លាបទាំងពីរ ។ គ្រានោះ ហង្សនោះបានឲ្យសញ្ញាដល់ព្រះពោធិសត្វថា បពិត្របង ខ្ញុំមិនអាចហើយទៀតបានទេ ។ ព្រះមហាសត្វបានញ៉ាំងគេឲ្យធូរចិត្តហើយកាន់យកគេដោយស្លាប ហើយមកកាន់កំពូលភ្នំចិត្រកូដ ។ ក្នុងខណៈនោះ ព្រះសូរិយា ក៏បានមកដល់កណ្ដាលអាកាស ។
លំដាប់នោះ ព្រះមហាសត្វគិតថា ថ្ងៃនេះ យើងនឹងសម្ដែងនូវកម្លាំងនៃសរីរៈរបស់យើង ដូច្នេះហើយ ព្រះអង្គក៏ហើរទៅដោយល្បឿនយ៉ាងលឿន ទៅអង្គុយលើកំពូលភ្នំយុគន្ធរ ហើយបានហោះឡើងអំពីទីនោះ ទៅទាន់ព្រះអាទិត្យដោយកម្លាំងស្ទុះទៅយ៉ាងលឿន ពេលខ្លះក៏ហើរទៅអំពីខាងមុខ ពេលខ្លះក៏ហើរទៅអំពីខាងក្រោយ ទ្រង់បានគិតថា ការហើរប្រណាំងជាមួយនឹងព្រះអាទិត្យ របស់យើងនឹងមានប្រយោជន៍អ្វី ជាការកើតអយោនិសោមនសិការ យើងត្រូវការអ្វី យើងនឹងទៅកាន់នគរពារាណសី ហើយពោលនូវកថាដែលប្រកបដោយធម៌ ប្រកបដោយប្រយោជន៍ដល់ព្រះរាជាដែលជាសម្លាញ់របស់យើងវិញ ។
ព្រះពោធិសត្វបនោះបានត្រឡប់វិញ ក្នុងកាលព្រះអាទិត្យមិនទាន់កន្លងកណ្ដាលអាកាស ទ្រង់បានហើរសរសៀរតាមកណ្ដាប់ចក្រវាឡទាំងអស់ ដោយចំណែកទីបំផុត ដល់ទីបំផុត ហើរសៀសៀរតាមជម្ពូទ្វីបទាំងអស់ ដោយទីបំផុតខ ដល់ទីបំផុត ហើយក៏បានដល់នគរពារាណសី ។ ព្រះនគរទាំងអស់មកានបវេណ ១២ យោជន៍ ហាក់បីដូចត្រូវបាំងដោយសត្វហង្ស ឈ្មោះថា រយៈផ្លូវរមែងមិនប្រាកដ កាលល្បឿនត្រូវអស់ទៅដោយលំដាប់ រយៈចន្លោះទើបប្រាកដក្នុងអាកាស ។ ព្រះមហាសត្វញ៉ាំងល្បឿនឲ្យសាបសូន្យហើយ ក៏ចុះអំពីអាកាស ហើយឋិតនៅក្នុងទីខាងមុខនៃសីហបញ្ជរ ។ ព្រះរាជាដល់នូវសេចក្ដីសោមនស្សដោយគិតថា សម្លញ់របស់យើងមកហើយ ដូច្នេះហើយ ក៏ឲ្យគេតម្កល់នូវតាំងមាស ដើម្បីប្រយោជន៍ដល់ការអង្គុយរបស់ព្រះពោធិសត្វ ហើយទ្រង់ត្រាស់ថា ម្នាលសម្លាញ់ ចូរមក នេះទីអង្គុយ ហើយត្រាស់នូវគាថាដំបូងថានែហង្ស ឯងចូរទំលើតាំងមាសនេះចុះ ការឃើញឯង ជាទីពេញចិត្តរបស់អញ ឯងសមគួរជាធំហើយ របស់ណាមានក្នុងទីនេះ ឯងចូរប្រាប់មកចុះ ។
បណ្ដាបទទាំងនោះ បទថា ឥធ ប្រែថា ក្នុងទីនេះ ព្រះរាជាត្រាស់សំដៅដល់តាំងមាស។បទថា និបត ប្រែថា សូមអង្គុយ ។ ដោយបទថា ឥស្សរោសិ នេះ ព្រះរាជាត្រាស់ថា អ្នកជាឥស្សរ ជាម្ចាស់របស់ទីនេះមកហើយ ។ បទថា យំ ឥធត្ថិ សេចក្ដីថា វត្ថុណាដែលមានក្នុងនិវេសន៍នេះ លោកមិនត្រូវក្រែងចិត្ត ចូរប្រាប់ខ្ញុំនូវវត្ថុនោះ ។
ព្រះមហាសត្វទំលើតាំងមាស ។ ព្រះរាជាបញ្ជាលាបនូវស្លាបទាំងឡាយរបស់ព្រះមហាសត្វនោះដោយប្រេងដែលមានតម្លៃច្រើនរយច្រើនពាន់ និងឲ្យគេចានមានដាក់ទឹកឃ្មុំ និង ស្ករក្រួស ធ្វើសក្ការៈដល់ព្រះពោធិសត្វ ហើយសួរថា ម្នាលសម្លាញ់ អ្នកមកតែម្នាក់ឯងទេ និង អ្នកមកអំពីទីណា ? ព្រះពោធិសត្វបានប្រាប់នូវដំណើររឿងនោះដោយពិស្ដារ ។
លំដាប់នោះ ព្រះរាជាត្រាស់នឹងព្រះពោធិសត្វថា ម្នាលសម្លាញ់ សូមលោកសម្ដែងនូវសន្ទុះដ៏លឿនរហ័សដែលជាការប្រណាំងជាមួយនឹងព្រះអាទិត្យឲ្យខ្ញុំមើលផង ។ ព្រះមហាសត្វទើបទូលថា បពិត្រមហារាជ ខ្ញុំមិនអាចនឹងសម្ដែងនូវភាពលឿនរហ័សនោះបានទេ ។ ព្រះរាជាត្រាស់ថា បើយ៉ាងនោះ សូមលោកសម្ដែងត្រឹមតែសេចក្ដីប្រហាក់ប្រហែលគ្នាដល់ខ្ញុំចុះ ។ ព្រះមហាសត្វទូលថា ល្អណាស់ មហារាជ ខ្ញុំនឹងសម្ដែងសេចក្ដីប្រហាក់ប្រហែលគ្នាបាន ព្រះអង្គចូរឲ្យនាយខ្នាន់ធ្នូដែលពូកែបាញ់ប្រជុំគ្នាចុះ ។ ព្រះរាជាក៏បានឲ្យនាយខ្នាន់ធ្នូប្រជុំគ្នា ។
ព្រះមហាសត្វជ្រើសរើសនាយខ្នាន់ធ្នូ ៤ នាក់ អំពីរាជនិវេសន៍ ហើយឲ្យគេជីកដាំសសរក្នុងប្រលានហ្វួង ឲ្យនាយខ្នាន់ស្ពាយសសរកូនសរនៅនឹងករបស់ខ្លួន ហើយព្រះពោធិសត្វទៅអង្គុយលើកំពូលសសរ ហើយឲ្យនាយខា្នន់ធ្នូទាំង ៤ នោះ បែរមុខទៅទិសទាំង ៤ យឹតកូនសរ ដូច្នេះហើយ ទើបទូលព្រះរាជាថា បពិត្រមហារាជ នាយខ្នាន់ធ្នូចូរយឹតកូនសរទាំង ៤ តម្រង់ទៅទិសទាំង ៤ ហើយបាញ់ឲ្យព្រមគ្នាចុះ ខ្ញុំនឹងចាប់នូវកូនសរទាំងនោះ ដោយមិនឲ្យធ្លាក់ដល់ដីឡើយ ហើយនឹងឲ្យកូនសរធ្លាក់ចុះត្រង់ជើងរបស់នាយខ្នាន់ធ្នូទាំងនោះវិញ ។
ព្រះអង្គនឹងដឹងការដែលខ្ញុំទៅចាប់កូនសរដោយសញ្ញានៃសំឡេងកូនសរ តែព្រះអង្គនឹងមិនឃើញនូវខ្ញុំឡើយ ហើយខ្ញុំនឹងនាំយកនូវកូនសរដែលនាយខ្នាន់ធ្នូបាញ់ព្រមគ្នាមកតម្កល់ទុកទៀបជើងរបស់ពួកគេ ហើយទើបសម្លែងខ្លួនដេកលើកំពូលសសរនោះ ពោលថា បពិត្រមហារាជ ព្រះអង្គឃើញហើយ នេះជាសន្ទុះដ៏លឿនរបស់ខ្ញុំ ហើយព្រះពោធិសត្វពោលទៀតថា បពិត្រមហារាជ នេះមិនមែនសន្ទុះដ៏ប្រសើររបស់ខ្ញុំ មិនមែនជាសន្ទុះយ៉ាងកណ្ដាល បពិត្រមហារាជ នេះគឺជាសន្ទុះលឿនយ៉ាងថោកថយរបស់ខ្ញុំប៉ុណ្ណោះ ។
លំដាប់នោះ ព្រះរាជាសួរថា ម្នាលសម្លាញ់ ភាពលឿនរហ័សដ៏ក្រៃលែងយ៉ាងដទៃជាងល្បឿនរបស់លោកមានទៀតឬ ? ព្រះពោធិសត្វពោលថា បពិត្រមហារាជ ត្រូវហើយ មានទៀត អាយុសង្ខាររបស់សត្វទាំងឡាយ រមែងអស់ទៅ រមែងបែកធ្លាយទៅ ដល់នូវការអស់ទៅ រមែងលឿនជាងល្បឿនដ៏ឧត្តមរបស់ខ្ញុំដោយរយនៃគុណ ដោយពាន់នៃគុណ ដោយសែននៃគុណ ។ ព្រះមហាសត្វសម្ដែងការរលត់ទៅនៃរូបធម៌ និងនាមធម៌ ដោយអំណាចនៃការរលត់ជាខណៈ ។
ព្រះរាជាស្ដាប់កថារបស់ព្រះមហាសត្វ ទ្រង់ស្លុតព្រះទ័យ មិនអាចតម្កល់នូវសតិចំពោះមរណភ័យ ក៏ដួលចុះលើផែនដី មហាជននាំគ្នាដល់នូវសេចក្ដីរន្ធត់ ។ ពួកបានយកមកស្រពព្រះភក្ត្ររបស់ព្រះរាជា ញ៉ាំងព្រះរាជាបាននូវសតិវិញ ។ លំដាប់នោះ ព្រះមហាសត្វឲ្យឱវាទព្រះរាជាថា បពិត្រមហារាជ សូមទ្រង់កុំភ័យឡើយ ព្រះអង្គចូរចម្រើននូវមរណានស្សតិ ចូរប្រព្រឹត្តធម៌ និងធ្វើនូវបុណ្យទាំងឡាយមានឲ្យទានជាដើម ហើយសូមទ្រង់ចូរជាអ្នកមិនប្រមាទចុះ ។
លំដាប់នោះ ព្រះរាជាកាលទ្រង់សូមអង្វរព្រះពោធសិត្វទើបត្រាស់ថា បពិត្រអ្នកជាម្ចាស់ ខ្ញុំមិនអាចដើម្បីនឹងនៅបែកផ្សេងអំពីអាចារ្យ ដែលដល់ព្រមដោយកម្លាំងនៃបញ្ញា ដែលមានសភាពដូចជាលោក សូមលោកមិនទៅកាន់ភ្នំចិត្រកូដ នៅសម្ដែងធម៌ដល់យើង ជាអាចារ្យអ្នកឲ្យឱវាទ ចូរស្នាក់នៅក្នុងទីនេះចុះ ដូច្នេះហើយទើបត្រាស់នូវគាថាទាំង ២ ថា បុគ្គលខ្លះ គ្រាន់តែឮហើយស្រឡាញ់ក៏មាន ខ្លះគ្រាន់តែឃើញគ្នាហើយអស់សេចក្តីស្រឡាញ់ក៏មាន ខ្លះឃើញផងឮផង ទើបស្រឡាញ់ក៏មាន ចុះព្រះអង្គគ្រាន់តែឃើញ តើស្រឡាញ់ខ្ញុំដែរឬទេ ។
អញគ្រាន់តែបានឮ ស្រឡាញ់ឯងទៅហើយ លុះបានឃើញ អញរឹតតែស្រឡាញ់ឡើង នែហង្ស ឯងអញឃើញហើយស្រឡាញ់យ៉ាងនេះ ឯងចូរនៅក្នុងសម្នាក់អញចុះ ។ គាថានោះ មានអត្ថាធិប្បាយថា ម្នាលស្ដេចហង្សសម្លាញ់ បុគ្គលខ្លះរមែងស្រឡាញ់ដោយការស្ដាប់ គឺជាអ្នកមានចិត្តស្រឡាញ់ដោយការបានស្ដាប់ ព្រោះបានឮថា មានគុណយ៉ាងនេះ តែពេលបានឃើញប៉ុណ្ណោះ ក៏អស់សេចក្ដីស្រឡាញ់ សេចក្ដីពេញចិត្តក៏ប្រាសទៅ ហាក់ដូចជាយក្សដែលមកដើម្បីស៊ី ។ បុគ្គលខ្លះជាអ្នកស្រឡាញ់ដោយចំណែកទាំងពីរ គឺ បានឃើញផង បានឮផង ហេតុនោះ ខ្ញុំសូមសួរលោក ព្រោះឃើញខ្ញុំ លោកទើបស្រឡាញ់ឬ ជាអ្នកស្រឡាញ់ដោយាការបានស្ដាប់ ? តែសម្រាប់ខ្ញុំ ជាអ្នកស្រឡាស់ព្រោះបានឃើញ សូមលោកកុំទៅកាន់ភ្នំចិត្រកូដ ចូរនៅក្នុងសំណាក់របស់ខ្ញុំចុះ ។
ព្រះពោធិសត្វក្រាបទូលថា ខ្ញុំនៅក្នុងដំណាក់របស់ព្រះអង្គ ព្រះអង្គធ្វើសក្ការបូជា អស់កាលជានិច្ចហើយ តែក្រែងពេលណាមួយ ព្រះអង្គស្រវឹងដោយទឹកស្រវឹងហើយ ទ្រង់ត្រាស់បង្គាប់ថា នាយពិសេស ចូរ ចម្អិនសាច់សេ្តចហង្ស យកមកឲ្យយើង ។ បណ្ដាបទទាំងនោះ បទថា មត្តោ ច ឯកទា សេចក្ដីថា បពិត្រមហារាជ យើងខ្ញុំបានទទួលការបូជាជានិច្ច នៅក្នុងព្រះរាជវាំងរបស់ព្រះអង្គ ក្រែងមានថ្ងៃមួយព្រះអង្គសោយសុរាហើយ គប្បីត្រាស់ថា ចូរចម្អិនស្ដេចហង្សឲ្យយើងដូច្នេះ ដើម្បីនឹងបានសោយសាច់ នៅពេលដែលពួកខ្ញុំមកចូលគាល់ព្រះអង្គ ទ្រង់នឹងឲ្យសម្លាប់នូវខ្ញុំ ហើយឲ្យគេចម្អិន ពេលនោះខ្ញុំនឹងធ្វើយ៉ាងណា ?
លំដាប់នោះ ព្រះរាជាដើម្បីប្រទានបដិញ្ញាដល់ព្រះពោធិសត្វនោះថា បើយ៉ាងនោះ ខ្ញុំនឹងមិនផឹកសុរាជាដាច់ខាត ទើបត្រាស់ព្រះគាថានេះថា ថ្វឺយ ! ខ្ពើមការផឹកទឹកស្រវឹង ដែលជាទីស្រឡាញ់របស់អញជាងឯង បើឯងនៅក្នុងដំណាក់អញដរាបណា អញនឹងមិនផឹកទឹកស្រវឹងដរាបនោះ ។ តអំពីនេះទៅ ព្រះពោធិសត្វពោលគាថា ៦ ថា សំដីរបស់ពួកចចក និងពួកបក្សី យល់បានងាយ បពិត្រមហារាជ សំដីរបស់ពួកមនុស្ស កម្រដឹងបាន ជាងសំដីសត្វនោះទៅទៀត ។ មួយទៀត បើបុរសណា កាលពីដើម មានចិត្តល្អ គេសម្គាល់ថា ជាញាតិ ជាមិត្រ ឬជាសម្លាញ់ តែលុះដល់ពេលខាងក្រោយមក បុរសនោះ ត្រឡប់ជាសត្រូវនឹងគ្នាទៅវិញ ក៏មាន ។
បុគ្គលណាមានចិត្តស្មោះស្មើ ដោយសារសេចក្តីស្រឡាញ់ បុគ្គលនោះ ឈ្មោះថា នៅជិតជាមួយគ្នា បុគ្គលណា មានចិត្តមិនស្មោះស្មើ បុគ្គលនោះ ទោះនៅក្នុងទីជិត ក៏ហាក់ដូចជានៅក្នុងទីឆ្ងាយ ។ សម្លាញ់ណា ជាអ្នកមានចិត្តជ្រះថា្លរកគ្នា បើទុកជានៅឯត្រើយសមុទ្ទខាងនាយ សម្លាញ់ដែលមានចិត្តជ្រះថា្លរកគ្នានោះ ក៏ឈ្មោះថានៅក្នុងសមុទ្ទជាមួយគ្នា សម្លាញ់ណាមានចិត្តប្រទូស្តរកគ្នា បើទុកជានៅក្នុងសមុទ្ទជាមួយគ្នា សម្លាញ់ដែលមានចិត្តប្រទូស្តគ្នានោះ ក៏ឈ្មោះថា នៅត្រើយសមុទ្ទខាងនាយវិញ ។
បពិត្រព្រះអង្គជាបុគ្គលប្រសើរលើរថ បុគ្គលទាំងឡាយណាជាសត្រូវនឹងគ្នា បើទុកជានៅជាមួយគ្នា បុគ្គលទាំងនោះ ក៏ឈ្មោះថា នៅផ្សេងគ្នា បពិត្រព្រះអង្គ ជាបុគ្គលចម្រើនក្នុងដែន ពួកសប្បុរសទោះបីនៅក្នុងទីឆ្ងាយ ក៏ឈ្មោះថា នៅក្នុងទីជាមួយ ដោយចិត្ត ។ បុគ្គលជាទីស្រឡាញ់ រមែងមិនស្រឡាញ់វិញ ព្រោះតែនៅជាមួយគ្នាយូរពេក ខ្ញុំសូមថា្វយបង្គំលាព្រះអង្គទៅវិញ មុនពេលដែលខ្ញុំមិនជាទីស្រឡាញ់របស់ព្រះអង្គ ។
បណ្ដាបទទាំងនោះ បទថា វស្សិតំ សេចក្ដីថា បពិត្រមហារាជ សេចក្ដីពិត ពួកសត្វតិរច្ឆានមានត្រង់ ព្រោះហេតុនោះ សម្ដីរបស់របស់ពួកសត្វតិរច្ឆាននោះ ទើបយល់បានងាយ តែពួកមនុស្សអាក្រក់ ហេតុនោះ សម្ដីរបស់មនុស្សនោះ ទើបយល់បានលំបាកជាង ។
បទថា យោ បុព្វេ សេចក្ដីថា បុគ្គលណា មានចិត្តល្អដំបូង ក៏ល្មមនឹងរាប់អានគ្នាយ៉ាងនេះថា លោកជាញាតិរបស់ខ្ញុំ ជាមិត្ររបស់ខ្ញុំ ជាសម្លាញ់ស្មើដោយជីវិតរបស់ខ្ញុំ ខាងក្រោយមក មនុស្សនោះឯងក្លាយជាសត្រូវ ជាមនុស្សអ្នកចង់ពៀរនឹងគ្នា ក៏បាន ចិត្តរបស់មនុស្សពិបាកយល់ណាស់ ដូចនេះ ។ បទថា និវិសតិ សេចក្ដីថា បពិត្រមហារាជ ចិត្តរមែងតាំងមាំដោយសេចក្ដីស្រឡាញ់ក្នុងបុគ្គលណា គេនោះ សូម្បីនៅឆ្ងាយគ្នាយ៉ាងក្ដី ក៏ឈ្មោះថា នៅក្នុងទីជិតគ្នាដែរ ។ តែចិត្តដែលមិនតាំងមាំ ដោយអំណាចនៃសេចក្ដីស្រឡាញ់ ក្នុងបុគ្គលណាហើយ គេនោះ សូម្បីនៅក្នុងទីជិត ក៏ដូចជានៅឆ្ងាយពីគ្នាអ៊ីចឹងដែរ ។ បទថា អន្តោបិ សោ ហោតិ សេចក្ដីថា បពិត្រមហារាជ សម្លាញ់ណា មានចិត្តជ្រះថ្លា សម្លាញ់នោះ សូម្បីនៅត្រើយខាងនាយនៃ សមុទ្រ ក៏ឈ្មោះថានៅខាងក្នុងសមុទ្រនោះឯង ព្រោះជាអ្នកមានចិត្តស្អិតជាប់គ្នា ។
បុគ្គលណា ជាអ្នកមានចិត្តប្រទូស្ត បុគ្គលនោះសូម្បីនៅខាងក្នុងសមុទ្រ ក៏ឈ្មោះថា នៅត្រើយនាយនៃសមុទ្រនោះឯង ព្រោះជាអ្នកមានចិត្តមិនស្អិតជាប់គ្នា ។ បទថា យេ ទិសា តេ សេចក្ដីថា មនុស្សពួកណាជាអ្នកមានពៀរ ជាសត្រូវ មនុស្សពួកនោះ សូម្បីនៅជាមួយគ្នា ក៏ឈ្មោះថា នៅក្នុងទីឆ្ងាយពីគ្នា ។ បណ្ឌិតទាំងឡាយអ្នកស្ងប់រម្ងាប់ សូម្បីឋិតនៅក្នុងទីឆ្ងាយ ក៏ឈ្មោះថា នៅក្នុងទីជិត ព្រោះចិត្តតែងរ៉ាវរកគ្នាដោយការចម្រើននូវមេត្តា ។ បទថា បុរា តេ ហោម សេចក្ដីថា ខ្ញុំនៅមិនទាន់ជាជនដែលព្រះអង្គមិនស្រឡាញ់ដរាបណា ខ្ញុំសូមថ្វាយបង្គំលាដរាបនោះ ។
សំដាប់នោះ ព្រះរាជាត្រាស់នឹងព្រះពោធិសត្វនោះថាកាលបើយើងអង្វរយ៉ាងនេះ អ្នកមិនទទួលដឹងនូវអញ្ជលី មិនធ្វើតាមពាក្យយើង ជាអ្នកបម្រើទេ យើងសូមអង្វរអ្នកយ៉ាងនេះថា អ្នកគប្បីធ្វើនូវការត្រឡប់មកទៀត ។ បណ្ដាបទទាំងនោះ បទថា ឯវំ ចេ សេចក្ដីថា ម្នាលស្ដេចហង្ស បើលោកនឹងមិនព្រមតាមពាក្យអង្វររបស់ខ្ញុំ ដែលធ្វើអញ្ជលីសូមដូចនេះ មានបានធ្វើតាមពាក្យរបស់ខ្ញុំ ជាអ្នកប្រតិបត្តិលោក កាលដូចនោះ ពួកយើងទើបសូមលោកយ៉ាងនេះ ។ បទថា បុន កយិរាសិ បរិយាយំ សេចក្ដីថា លោកគប្បីកំណត់វារៈនៃការមកក្នុងទីនេះ តាមកាលសមគួរផង ។
លំដាប់នោះ ព្រះពោធិសត្វទឹបទូលថាបពិត្រមហារាជ ជាអ្នកមានសេចក្តីចម្រើនក្នុងដែន កាលបើយើងនៅយ៉ាងនេះសេចក្តីអន្តរាយនឹងមិនមានដល់ព្រះអង្គ ទាំងដល់នូវទូលព្រះបង្គំជាខ្ញុំ សូមឲ្យយើង បានជួបគ្នាក្នុងកាលកន្លងទៅនៃថ្ងៃនិងយប់ ។ បណ្ដាបទទាំងនោះ បទថា ឯវំ ចេ នោ សេចក្ដីថា បពិត្រមហារាជ សូមទ្រង់កុំគិតឡើយ ប្រសិនបើ អន្តរាយនៃជីវិតនឹងមិនមានដល់ខ្ញុំដែលនៅសូម្បីយ៉ាងនេះ ពួកយើងទាំងពីរនឹងជួបគ្នាតែបន្តិចបន្តួចចុះ ព្រះអង្គចូរតាំងនៅក្នុងឱវាទ ដែលខ្ញុំបានថ្វាយនោះទុកក្នុង ឋានៈរបស់ខ្ញុំ ទ្រង់ចូរជាអ្នកមិនប្រមាទ ក្នុងលោកសន្និវាស ដែលជាជីវិតថោកទាបយ៉ាងនេះ សូមទ្រង់ចូរធ្វើបុណ្យទាំងឡាយមានឲ្យទានជាដើម មិនធ្វើនូវទសរាជធម៌ឲ្យកម្រើក ចូរគ្រងរាជប្រកបដោយធម៌ចុះ កាលព្រះអង្គធ្វើតាមឱវាទរបស់ខ្ញុំយ៉ាងនេះ ទ្រង់រមែងនឹងឃើញនូវខ្ញុំ ។
ព្រះមហាសត្វឲ្យឱវាទដល់ព្រះរាជាយ៉ាងនេះហើយ ទើបទៅកាន់ភ្នំចិត្រកូដវិញហោង។ ព្រះសាស្ដាបាននាំព្រះធម្មទេសនានេះមកហើយ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ សូម្បីក្នុងកាលមុន តថាគតបានយោនយកកំណើតជាសត្វតិរច្ឆាន ក៏ធ្លាប់សម្ដែងនូវភាពទុព្វលរបស់អាយុសង្ខារ ហើយសម្ដែងធម៌ដែរ ដូច្នេះហើយ ទ្រង់ក៏ប្រជុំជាតកថា តទា រាជា អានន្ទោ អហោសិ ព្រះរាជាក្នុងកាលនោះ បានមកជាអានន្ទ កនិដ្ឋោ មោគ្គល្លានោ ហង្សប្អូនពៅ បានមកជាមោគ្គល្លាន មជ្ឈិមោ សារិបុត្តោ ហង្សកណ្ដាលបានមកជាសារីបុត្រ សេសហំសគណា ពុទ្ធបរិសា ពួកហង្សដ៏សេស បនជាមកពុទ្ធបរិស័ទជវនហំសោ បន អហមេវ អហោសិ ចំណែកជវនហង្ស បានជាមកជាតថាគត។ ចប់ ជវនហំសជាតក ។
សូមថ្លែងអំណរគុណយ៉ាងខ្លាំងដល់វិចិត្តការិនីដែលបានគូរគំនូរដាក់ក្នុងអត្ថបទនេះ ។ ថ្ងៃសុក្រ ១១ កើត ខែភទ្របទ ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ម.ស. ១៩៣៩ ច.ស. ១៣៧៨ ត្រូវនឹងថ្ងៃទី ០១ ខែកញ្ញា គ.ស. ២០១៧ ។ ដោយ ខេមរ អភិធម្មាវតារ ។
ដោយ៥០០០ឆ្នាំ
images/articles/356/te325rxtpic.jpg
ទីឃីតិកោសលជាតក
ផ្សាយ : ០៤ ឧសភា ឆ្នាំ២០២០
ទីឃីតិកោសលជាតក
( ពៀរ រម្ងាប់ដោយការមិនចងពៀរ )
ព្រះបរមសាស្តា កាលដែលព្រះអង្គទ្រង់គង់ប្រថាប់នៅនាងមហាវិហារព្រះជេតពន ទ្រង់ប្រារព្ធពួកភិក្ខុក្រុង
images/articles/384/tex______tpic.jpg
តិលមុដ្ឋិជាតក
ផ្សាយ : ០៤ ឧសភា ឆ្នាំ២០២០
គប្បីហាមឃាត់អំពើអាក្រក់ តាំងពីនៅតិចតួច
ព្រះបរមសាស្តា កាលដែលព្រះអង្គទ្រង់គង់ប្រថាប់នៅនាមហាវិហារព្រះជេតពន ទ្រង់ប្រារព្ធភិក្ខុមួយ អង្គដែល ច្រើនទៅដោយសេចក្តីក្រោធ ទើបត្រាស់រឿងនេះ
images/articles/385/te32wxtpic.jpg
រឿងមហាសាលព្រាហ្មណ៍
ផ្សាយ : ០៤ ឧសភា ឆ្នាំ២០២០
គ្រានោះ ព្រាហ្មណមហាសាលម្នាក់ មានខ្លួនសៅហ្មង មានសំពត់ដណ្តប់ក៏សៅហ្មង បានចូលទៅរក ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ហើយ ក៏ធ្វើសេចក្តីរីករាយ ជាមួយនឹងព្រះដ៏មានព្រះភាគ លុះ បញ្ចប់ពាក្យដែលគួររីករាយ និងពាក្យដែលគួររលឹកហើយ ក៏អង្គុយក្នុងទីសមគួរ ។
ព្រោះហេតុអ្វី ព្រាហ្មណ៍ទើបចូលទៅរកព្រះដ៏មានព្រះភាគ ? ព្រោះមានរឿងបានពោលមកថា ក្នុងផ្ទះ របស់ព្រាហ្មណ៍នោះ មានប្រាក់ដល់ទៅ ៨ សែន ។ ព្រាហ្មណ៍នោះបានធ្វើអាវាហមង្គលដល់បុត្រ ៤ នាក់ ចាយប្រាក់អស់ដល់ទៅ ៤ សែន ។
លំដាប់នោះ កាលដែលនាងព្រាហ្មណីជាភរិយារបស់ព្រាហ្មណ៍ បានធ្វើកាលកិរិយាហើយ បុត្រទាំងឡាយ បានប្រឹក្សាគ្នាថា បើបិតានឹងនាំយកនាងព្រាហ្មណីដទៃមក ត្រកូលយើងនឹងបែកដោយអំណាចបុត្រដែលកើតក្នុងផ្ទៃរបស់នាង ទៅយើង យើងនឹងសង្គ្រោះបិតា របស់យើង ។បុត្រទាំង ៤ នាក់នោះ ទំនុកបម្រុងដោយអាហារបរិភោគ និង គ្រឿងស្លៀកដណ្តប់ជាដើម សុទ្ធតែប្រណីតៗ ព្រមទាំងធ្វើការគក់ច្របាច់ដៃជើងទៀតផង ។
ថ្ងៃមួយ កាលដែលព្រាហ្មណ៍នោះឯង សម្រាកថ្ងៃហើយក្រោកឡើង ទើបនាំគ្នាគក់ច្របាច់ឲ្យគាត់ ហើយពោលទោស ក្នុងការនៅគ្រប់គ្រងផ្ទះ ម្នាក់ពោលយ៉ាងនេះ ម្នាក់ពោលយ៉ាងនោះ ទើបអង្វរបិតាថា ពួកកូននឹងទំនុក បម្រុងបិតារបៀបនេះ រហូតអស់ជីវិត សូមបិតាកុំព្រួយ ឲ្យតែប្រាក់ដែលនៅសល់ទាំងប៉ុន្មាន ដល់ពួកកូនមក ។ ព្រាហ្មណ៍បាន ឲ្យប្រាក់ដល់បុត្រម្នាក់ៗ មួយសែន ហើយបែងចែកគ្រឿងឧបភោគបរិភោគទាំងអស់ ជាបួនចំណែកឲ្យ ដល់កូន ទុកតែសំពត់ស្លៀកដណ្តប់របស់ខ្លួនតែប៉ុណ្ណោះ ។
បន្ទាប់ពីចែកទ្រព្យសម្បត្តិហើយ បុត្រច្បងបានទំនុកបម្រុងព្រាហ្មណ៍ជាបិតាបាន ២-៣ ថ្ងៃ ពេលដែល ព្រាហ្មណ៍ងូតទឹកហើយដើរចូលផ្ទះ កូនប្រសាស្រីឈរនៅនឹងស៊ុមទ្វារ ក៏បាននិយាយជាមួយព្រាហ្មណ៍ យ៉ាងនេះថា ម៉េចបានជាឪឯងឲ្យប្រាក់កូនច្បងតែប៉ុណ្ណឹង បើចែកឲ្យដូចតែគ្នាអ៊ីចឹង ម៉េចបាននៅតែ ជាមួយនឹងកូនច្បង ឬមកអំពីអត់ស្គាល់ផ្លូវទៅផ្ទះកូនផ្សេងទៀត ? ព្រាហ្មណ៍ក្រោធខឹង ពោលថា យើ ! ស្រីថោក ចង្រៃយក៍ ហើយក៏បានទៅផ្ទះកូនដទៃ ។ ទៅបានត្រឹមតែ ២-៣ ថ្ងៃ ក៏រត់ទៅផ្ទះកូនដទៃទៀត ដោយទំនងដូចៗ គ្នា ។
កាលដែលមិនអាចចូលទៅផ្ទះកូនណាមួយបាន ក៏បួសជាអ្នកស្លៀកដណ្តប់ សំពត់ពណ៌ស ត្រាច់ភិក្ខាចារ ។ ដោយកាលកន្លងទៅ ក៏ចាស់ជរា មានរាងកាយទ្រុឌទ្រោមស្លេកស្លាំង ព្រោះការបរិភោគមិនល្អ ខ្វះខាត ទាំងដំណេកក៏លំបាក ។ ពេលមួយ ត្រឡប់មកពីភិក្ខាចារ ដេកកន្លែង មួយលក់ទៅ ភ្ញាក់ឡើងក្រោកអង្គុយ ពិចារណាខ្លួនឯង ឃើញថាមិនបានទីពឹងក្នុងបុត្រ ទើបគិតថា យើងបានស្តាប់មកថា ព្រះសមណគោតម មានព្រះភក្ត្រមិនចងចិញ្ចើម មានតែព្រះភក្ត្រស្រស់ ចរចាគួរ ឲ្យសប្បាយចិត្ត ឆ្លាតក្នុងបដិសណ្ឋារៈ ដូច្នេះ យើងអាចចូលទៅគាល់ព្រះសមណគោតមបាន ។
ព្រោះហេតុនោះ ទើបព្រាហ្មណ៍រៀបរយសំពត់ស្លៀកដណ្តប់ កាន់ភិក្ខាភាជនៈចូលទៅគាល់ព្រះដ៏មានព្រះភាគ ដល់ទីប្រថាប់ ។ លុះព្រាហ្មណមហាសាលនោះ អង្គុយក្នុងទីដ៏សមគួរហើយ ទើបព្រះដ៏មានព្រះភាគ ត្រាស់យ៉ាងនេះថា ម្នាលព្រាហ្មណ៍ អ្នកមានខ្លួនសៅហ្មង មានសំពត់ដណ្តប់ក៏សៅហ្មង តើព្រោះហេតុអ្វី ? ព្រាហ្មណ៍ក្រាប បង្គំទូលថា បពិត្រព្រះគោតមដ៏ចម្រើន ខ្ញុំព្រះអង្គមានកូន ៤ នាក់ ក្នុងក្រុងនេះឯង កូនទាំងនោះ កាន់ យកទ្រព្យដែលជារបស់ខ្ញុំព្រះអង្គទាំងអស់ រួចហើយ ដឹងថា ខ្ញុំព្រះអង្គអស់ទ្រព្យសម្បត្តិហើយ ទើប ប្រឹក្សាសមគំនិតគ្នាជាមួយនឹងភរិយារបស់គេរៀងៗ ខ្លួន បណ្តេញខ្ញុំព្រះអង្គចេញអំពីផ្ទះ សូមព្រះអង្គ ទ្រង់ជ្រាប ។
ព្រះដ៏មានព្រះភាគត្រាស់ថា ម្នាលព្រាហ្មណ៍ បើដូច្នោះ អ្នកចូររៀននូវគាថាទាំងឡាយនេះ ហើយសូត្រ ក្នុងរោងជាទីប្រជុំ នៅពេលដែលពួកមហាជនកំពុងប្រជុំគ្នា ទាំងដែលកូនទាំងឡាយរបស់អ្នក អង្គុយ ប្រជុំក្នុងទីនោះផងដែរថា ៖
យេហិ ជាតេហិ នន្ទិស្សំ យេសញ្ច ភវមិច្ឆិសំតេ មំ ទារេហិ សំបុច្ឆ សាវ វាទេន្តិ សូករំ ។ ខ្ញុំត្រេកអរ ដោយកូនទាំងឡាយណា ដែលកើតហើយផង ប្រាថ្នានូវសេចក្តីចម្រើន ដល់កូនទាំងឡាយ ណាផង កូនទាំងនោះ ក៏សមគំនិតគ្នាជាមួយនឹងប្រពន្ធទាំងឡាយ ហើយបណ្តេញខ្ញុំ ដូចជាឆ្កែបណ្តេញ ជ្រូក ។
អសន្តា កិរ មំ ជម្មា តាត តាតាតិ ភាសរេ រក្ខសា បុត្តរូបេន តេ ជហន្តិ វយោគតំ ។ កូនទាំងឡាយ ជាអសប្បុរស លាមក គ្រាន់តែហៅខ្ញុំថា បិតា បិតាប៉ុណ្ណោះទេ ប៉ុន្តែកូនទាំងនោះ ដូច អារក្សទឹកដែលមកដោយរូបជាកូន លះបង់នូវខ្ញុំដែលមានអាយុ ចូលដល់បច្ឆិមវ័យហើយ ។
អស្សោវ ជិណ្ណោ និព្ភោគោ ខាទនា អបនីយតិ ពាលកានំ បិតា ថេរោ បរាគារេសុ ភិក្ខតិ ។ បិតាចាស់របស់បុគ្គលទាំងឡាយ មិនមានអ្វីបរិភោគ តែងសូមទានប្របផ្ទះនៃជនដទៃ ដូចជាសេះចាស់ ប្រើប្រាស់មិនបាន គេនាំចេញចាកចំណី ។
ទណ្ឌោវ កិរ មេ សេយ្យោ យញ្ចេ បុត្តា អនស្សវា ចណ្ឌម្បិ គោណំ វារេតិ អថោ ចណ្ឌម្បិ កុក្កុរំអន្ធការេ បុរេ ហោតិ គម្ភីរេ គាធមេធតិ ទណ្ឌស្ស អានុភាវេន ខលិត្វា បដិតិដ្ឋតីតិ ។ ឈើច្រត់របស់ខ្ញុំប្រសើរ កូនទាំងឡាយដែលមិនស្តាប់បង្គាប់ មិនប្រសើរដូចជាឈើច្រត់ឡើយ ព្រោះ ឈើច្រត់ រមែងការពារគោកាចក៏បាន ការពារឆ្កែកាចក៏បាន ច្រត់ទៅមុខក្នុងទីងងឹតក៏បាន ស្ទង់ក្នុងទឹក ជ្រៅក៏បាន បុគ្គលភ្លាត់រអិលគង់ទប់ទៅវិញបាន ដោយអានុភាពនៃឈើច្រត់ ។
លំដាប់នោះឯង ព្រាហ្មណមហាសាលនោះ បានរៀននូវព្រះគាថាទាំងឡាយនេះ ក្នុងសម្នាក់ព្រះដ៏មាន ព្រះភាគ គឺរៀនសូត្រទាល់តែរត់មាត់ ។ ក្នុងថ្ងៃដែលពួកព្រាហ្មណ៍ប្រជុំគ្នា ទាំងដែលពួកបុត្រប្រដាប់ ដោយគ្រឿងអលង្ការទាំងពួង ចូលកាន់ទីប្រជុំនោះហើយអង្គុយលើអាសនៈយ៉ាងធំ កណ្តាលពួក ព្រាហ្មណ៍ ។
ព្រាហ្មណ៍ចាស់ជាបិតាគិតថា នេះជាពេលរបស់យើងហើយ ទើបចូលទៅកណ្តាលទីប្រជុំ លើកដៃឡើងពោលថា អស់លោកដ៏ចម្រើនទាំងឡាយ ខ្ញុំមានបំណងនឹងពោលគាថាដល់លោកទាំង ឡាយ កាលដែលខ្ញុំពោលដល់លោកទាំងឡាយ តើលោកទាំងឡាយស្តាប់ខ្ញុំទេ ? កាលដែលពួក ព្រាហ្មណ៍ពោលថា ពោលចុះ ព្រាហ្មណ៍ ពួកយើងនឹងស្តាប់ ដូច្នេះ ទើបបានឈរពោលពេលនោះតែម្តង នូវព្រះគាថា ដែលមានសេចក្តីថា ៖
ខ្ញុំត្រេកអរ ដោយកូនទាំងឡាយណា ដែលកើតហើយផង ប្រាថ្នានូវសេចក្តីចម្រើន ដល់កូនទាំងឡាយ ណាផង កូនទាំងនោះ ក៏សមគំនិតគ្នាជាមួយនឹងប្រពន្ធទាំងឡាយ ហើយបណ្តេញខ្ញុំ ដូចជាឆ្កែបណ្តេញ ជ្រូក ។ កូនទាំងឡាយ ជាអសប្បុរស លាមក គ្រាន់តែហៅខ្ញុំថា បិតា បិតាប៉ុណ្ណោះទេ ប៉ុន្តែកូនទាំងនោះ ដូច អារក្សទឹកដែលមកដោយរូបជាកូន លះបង់នូវខ្ញុំដែលមានអាយុ ចូលដល់បច្ឆិមវ័យហើយ ។
បិតាចាស់របស់បុគ្គលទាំងឡាយ មិនមានអ្វីបរិភោគ តែងសូមទានប្របផ្ទះនៃជនដទៃ ដូចជាសេះចាស់ ប្រើប្រាស់មិនបាន គេនាំចេញចាកចំណី ។ ឈើច្រត់របស់ខ្ញុំប្រសើរ កូនទាំងឡាយដែលមិនស្តាប់បង្គាប់ មិនប្រសើរដូចជាឈើច្រត់ឡើយ ព្រោះ ឈើច្រត់ រមែងការពារគោកាចក៏បាន ការពារឆ្កែកាចក៏បាន ច្រត់ទៅមុខក្នុងទីងងឹតក៏បាន ស្ទង់ក្នុងទឹក ជ្រៅក៏បាន បុគ្គលភ្លាត់រអិលគង់ទប់ទៅវិញបាន ដោយអានុភាពនៃឈើច្រត់ ។
ដោយសម័យនោះឯង ពួកមនុស្សមានប្រពៃណីដូច្នេះថា បុគ្គលណា បរិភោគសម្បត្តិនៃមាតាបិតា ហើយ មិនចិញ្ចឹមមាតាបិតា បុគ្គលនោះ ត្រូវសម្លាប់ចោល ព្រោះហេតុដូច្នោះហើយ បុត្រទាំងអស់របស់ ព្រាហ្មណ៍ ទើបក្រាបចុះក្បែរជើងទាំងពីររបស់បិតា ហើយអង្វរថា លោកឪពុកអើយ សូមលោកឪពុកឲ្យ ជីវិតដល់ពួកកូនផង ព្រោះទឹកចិត្តរបស់បិតាទន់ភ្លន់ដល់កូនៗ ព្រាហ្មណ៍ជាបិតាទើបពោលថា បពិត្រ លោកដ៏ចម្រើនទាំងឡាយ សូមលោកទាំងឡាយ កុំឲ្យកូនៗ ដ៏ល្ងង់ខ្លៅរបស់ខ្ញុំនេះវិនាសឡើយ ពួកគេ នឹងចិញ្ចឹមមើលថែដល់ខ្ញុំតទៅ ។
លំដាប់នោះ មនុស្សទាំងឡាយបានពោលទៅរកកូនៗ ទាំងនោះដូច្នេះថា នែ ! ពួកអ្នកឯងចូរប្រុងចាំ ស្តាប់ណ៎ា ចាប់តាំងពីថ្ងៃនេះនៅ បើពួកអ្នកមិនប្រណិប័តន៍បិតារបស់អ្នកឯងឲ្យល្អទេ ពួកយើងនឹង សម្លាប់ពួកអ្នកឯងចោល ជាមិនខាន ។ កូនៗ ទាំងនោះមានការភ័យខ្លាច ទើបនាំបិតាទៅកាន់ផ្ទះដើម្បី ប្រណិប័តន៍ ។ ឲ្យបិតាអង្គុយលើតាំង ហើយលើកឡើងនាំទៅដោយខ្លួនឯង ។ យកប្រេងលាបខ្លួន ហើយគក់ច្របាច់ ដល់ពេលងូតទឹក ឲ្យងូតទឹកដែលអប់ដោយគ្រឿងក្រអូប និង ជូនគ្រឿងស្លៀក ដណ្តប់ ដោយគូសំពត់មួយគូម្នាក់ៗ ។
កូនទាំងអស់បានហៅប្រពន្ធរបស់ខ្លួនមកប្រាប់ថា ចាប់តាំងពី ថ្ងៃនេះទៅ ពួកនាងចូរប្រណិប័តន៍បិតារបស់យើងឲ្យល្អ បើពួកនាងប្រមាទ ពួកយើងនឹងបណ្តេញពួក នាងឲ្យចេញពីផ្ទះ រួចហើយ កូនៗ បានជូនអាហារភោជនយ៉ាងប្រណីត អញ្ជើញបិតាបរិភោគ ។ ព្រាហ្មណ៍បានអាហារល្អ មានដំណេកយ៉ាងសប្បាយ ត្រឹមតែ ២-៣ ថ្ងៃប៉ុណ្ណោះ ក៏មានកម្លាំង មានរាង កាយស្រស់បស់ ។
ព្រាហ្មណ៍សម្លឹងមើលអត្តភាព ហើយគិតថា យើងបានសម្បត្តិនេះព្រោះអាស្រ័យព្រះសមណគោតម ទើបកាន់គ្រឿងបណ្ណាការធ្វើដំណើរទៅគាល់ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ ហើយ ក៏ធ្វើសេចក្តីរីករាយ ជាមួយនឹងព្រះដ៏មានព្រះភាគ ហើយក៏អង្គុយក្នុងទីសមគួរ ។
ព្រាហ្មណ៍ បានដាក់ថ្វាយសំពត់មួយគូ ទៀបបាទមូលនៃព្រះដ៏មានព្រះភាគ ព្រះអង្គទ្រង់ទទួលដោយសេចក្តី អនុគ្រោះ រួចហើយព្រាហ្មណ៍បានពោលពាក្យនេះ គឺក្រាបទូលព្រះដ៏មានព្រះភាគ ក្នុងពេលទទួល សរណគមន៍រួចហើយនោះឯង យ៉ាងនេះថា បពិត្រព្រះគោតមដ៏ចម្រើន ពួកកូនៗ បានឲ្យភត្តាហារ ប្រចាំដល់ខ្ញុំព្រះអង្គ ៤ ចំណែក ខ្ញុំព្រះអង្គសូមថ្វាយដល់ព្រះអង្គ ២ ចំណែកក្នុង ៤ ចំណែកនោះ ឯខ្ញុំ ព្រះអង្គនឹងបរិភោគខ្លួនឯង ២ ចំណែក ។
ព្រះដ៏មានព្រះភាគទ្រង់ត្រាស់ថា ម្នាលព្រាហ្មណ៍ អ្នកកុំបូជា ដល់តថាគត ចំពោះចំណែកដែលល្អឡើយ តថាគតនឹងទៅដល់កន្លែង តាមដែលតថាគតត្រូវទៅ ។ ព្រាហ្មណ៍ក្រាបទូលថា បពិត្រព្រះអង្គដ៏ចម្រើន យ៉ាងដូច្នោះឯង ហើយបានថ្វាយបង្គំព្រះដ៏មានព្រះភាគត្រឡប់ទៅផ្ទះ ។ ទៅដល់ផ្ទះហើយ បានហៅពួកកូនមកប្រាប់ថា កូនៗ ទាំងឡាយ ព្រះសមណ គោតមជាសម្លាញ់របស់ឪ នៅពេលព្រះអង្គយាងមកដល់ ចូរកូនៗ កុំភ្លេចថ្វាយភត្តាហារជាប្រចាំរបស់ឪ នៅពេលព្រះអង្គយាងមកដល់ ចូរកូនៗ កុំភ្លេចថ្វាយភត្តាហារជាប្រចាំរបស់ឪ ២ ចំណែក ដល់ព្រះអង្គ ណ៎ា ។ ពួកកូននាំគ្នាទទួលថា ល្អហើយឪ ។
ព្រឹកស្អែកឡើង ព្រះដ៏មានព្រះភាគទ្រង់ប្រដាប់ដោយបាត្រនិងចីវរ ទ្រង់យាងទៅកាន់គេហដ្ឋានរបស់ កូនប្រុសច្បង ។ កូនប្រុសច្បងបានទទួលបាត្រចាកព្រះហស្ត រួចយាងព្រះអង្គចូលទៅកាន់គេហដ្ឋាន ថ្វាយទីគង់ប្រថាប់ដ៏ប្រណីតហើយ ទើបបានថ្វាយនូវភោជនដ៏ប្រណីតឧត្តម ថ្ងៃបន្ទាប់មកទៀត ព្រះ បរមសាស្តាស្តេចយាងទៅកាន់គេហដ្ឋាននៃកូនម្នាក់ទៀត ជាបន្តបន្ទាប់ ព្រះអង្គស្តេចយាងទៅកាន់ គេហដ្ឋាននៃបុត្ររបស់ព្រាហ្មណ៍ គ្រប់គ្នាតាមលំដាប់ ដោយប្រការដូច្នេះឯង ។ ពួកកូនៗ ទាំងនោះ គ្រប់គ្នាបានធ្វើសក្ការៈដូចៗ គ្នា ។
ក្រោយមក ថ្ងៃមួយ នៅឯគេហដ្ឋានរបស់កូនប្រុសច្បងមានពិធីមង្គល ។ កូនបាននិយាយនឹងបិតាថា បពិត្របិតា ពួកយើងនឹងថ្វាយមង្គលដល់អ្នកណា ? ព្រាហ្មណ៍ជាបិតាពោលថា ពួកយើងអត់ស្គាល់អ្នក ដទៃណាឡើយ ព្រះសមណគោតមជាសម្លាញ់របស់ឪមិនមែនទេឬ ។ កូនច្បងបានពោលថា បើដូច្នោះ បិតាចូរយាងព្រះសមណគោតមមកដើម្បីសោយភត្តាហារក្នុងថ្ងៃស្អែកព្រមដោយភិក្ខុសង្ឃ ៥០០ អង្គ។ ព្រាហ្មណ៍៍ក៏បានធ្វើដូច្នោះ តាមពាក្យរបស់កូន ។
ព្រះដ៏មានព្រះភាគ ទ្រង់ទទួលនូវការអារាធនាហើយ ហែហមទៅដោយព្រះភិក្ខុសង្ឃ ស្តេចយាងទៅ តាមកាលកំណត់ ចូលកាន់គ្រឹះស្ថានរបស់បុត្រច្បងដែលប្រដាប់តាក់តែងដោយគ្រឿងប្រដាប់ផ្សេងៗ។ បុត្រច្បងបាននិមន្តព្រះសង្ឃដែលមានព្រះពុទ្ធអង្គជាប្រមុខ គង់លើអាសនៈដែលបានក្រាលទុកហើយ បានថ្វាយនូវបាយាស ដែលមានទឹកតិច ព្រមទាំងខាទនីយាហារផ្សេងៗ ទៀត ។
កូនទាំងអស់បានមក ជួបជុំគ្នា សមគួរតាមវេលា បានក្រាបទូលព្រះដ៏មានព្រះភាគថា បពិត្រព្រះគោតមដ៏ចម្រើន ពួកខ្ញុំព្រះ អង្គបានប្រណិប័តន៍បិតារបស់ពួកខ្ញុំព្រះអង្គ ដោយមិនបានប្រមាទឡើយ សូមព្រះអង្គទ្រង់ទតមើលនូវ អត្តភាព ។
ព្រះបរមសាស្តាទ្រង់ត្រាស់ថា ការចិញ្ចឹមបីបាច់ថែរក្សាមាតាបិតា ដែលពួកអ្នកបានធ្វើហើយ គឺជាការល្អ ពួកបុរាណបណ្ឌិតបានធ្លាប់ប្រព្រឹត្តមកហើយយ៉ាងស្មោះស្មើ ។ ព្រះដ៏មានព្រះភាគទ្រង់ ត្រាស់នូវនាគរាជជាតក ប្រកាសអរិយសច្ច ៤ ក្នុងពេលចប់ព្រះធម៌ទេសនា ព្រាហ្មណ៍ព្រមទាំងកូន ៤ នាក់ ទាំងកូនប្រសាស្រី ៤ នាក់ទៀតនោះ បានបញ្ជូនញាណទៅតាមក្រសែព្រះធម៌ តាំងនៅក្នុង សោតាបត្តិផល ។
ចាប់តាំងពីពេលនោះមក ព្រះបរមសាស្តា ស្តេចពុំបានយាងទៅកាន់ផ្ទះនៃជនទាំងនោះទៀតឡើយ ក្នុងកាលទាំងពួង ។
ដោយ៥០០០ឆ្នាំ
images/articles/388/tex32w43tpic.jpg
តយោធម្មជាតក
ផ្សាយ : ០៤ ឧសភា ឆ្នាំ២០២០
ព្រះបរមសាស្តា កាលដែលទ្រង់គង់ប្រថាប់នៅព្រះវេឡុវ័នមហាវិហារ ទ្រង់ប្រារព្ធការដែលភិក្ខុទេវទត្ត ខិតខំប្រឹងប្រែងធ្វើឃាតព្រះអង្គនោះឯង ទ្រង់ត្រាស់ព្រះធម៌ទេសនានេះ មានពាក្យជាអាទិ៍ថា យស្សេតេ ច តយោ ធម្មា ។
images/articles/394/textp344ric.jpg
អត្ថស្សទ្វារជាតក ( ទ្វារមុខនៃប្រយោជន៍ មាន ៦ )
ផ្សាយ : ០៤ ឧសភា ឆ្នាំ២០២០
អត្ថស្សទ្វារជាតក
( ទ្វារមុខនៃប្រយោជន៍ មាន ៦ )
ព្រះបរមសាស្តា កាលដែលទ្រង់គង់ប្រថាប់នៅព្រះជេតពនមហាវិហារ ទ្រង់ប្រារព្ធកុលបុត្រម្នាក់ដែលជាអ្នកឆ្លាតក្នុងប្រយោជន៍
images/articles/410/Untitled-1.jpg
images/articles/429/Untitled-1.jpg
សត្វសេកចម្រើនសតិប្បដ្ឋាន
ផ្សាយ : ០៤ ឧសភា ឆ្នាំ២០២០
តំណាលមកថា អ្នករបាំម្នាក់ដើរចាប់កូនសេកមកហ្វឹកហាត់។ នាងនៅអាស្រ័យភិក្ខុនី វេលាទៅក៍ទៅ (តែខ្លួន) ភ្លេចកូនសេក ពួកសាមណេរី ក៍ចាប់វាមកចិញ្ចឹមទុក ។ ដាក់ឈ្មោះឲ្យថា ពុទ្ធរក្ខិត (រក្សាពុទ្ធ)។
វាឆ្លើយថា អ្វីចា ម៉ែម្ចាស់
images/articles/445/Untitle53463456d-1.gif
images/articles/2702/32s55stpic.jpg
នាងពិម្ពាយសោធរារាហុលមាតា
ផ្សាយ : ២៤ មេសា ឆ្នាំ២០២០
នាងពិម្ពាយសោធរារាហុលមាតា ជាកន្សៃសារពេជ្ញ នៃព្រះសិទ្ធត្ថជាសព្វញ្ញុបរមពោធិសត្វ
កន្សៃសារពេជ្ញ (ន.) ស្រីជាអគ្គមហេសីរបស់ព្រះបរមពោធិសត្វជាបច្ឆិមជាតិ ក្នុងកាលដែលនៅជាគ្រហស្ថ ឬដែលបានត្រាស់ហើយ ក៏គង់នៅហៅស្រីនោះថា កន្សៃសារពេជ្ញ :
កាលនោះ ព្រះអង្គជាព្រាហ្មណ៍ ឈ្មោះសុមេធៈ តាក់តែង ផ្លូវសម្រាប់ថ្វាយព្រះពុទ្ធទីបង្ករ ទ្រង់ឃើញ ធម៌ទាំងពួង កាលស្ដេចមកដល់ ខ្ញុំជាកញ្ញា កើតក្នុងត្រកូល ព្រាហ្មណ៍ ឈ្មោះនាងសុមិត្តា បានចូលទៅកាន់ទីប្រជុំ ។
ខ្ញុំយកផ្កាឧប្បល ៨ ក្ដាប់ ដើម្បីបូជាព្រះសាស្ដា បានឃើញឥសីដ៏ឧត្ដម ក្នុងកណ្ដាលនៃជន ។ កាលនោះ ខ្ញុំបានឃើញព្រះសម្ពុទ្ធ ទ្រង់ខានយាងមកអស់កាលយូរ ទ្រង់មានព្រះទ័យ ប្រកបដោយ ករុណា ក៏បណ្ដាលឲ្យចិត្តត្រេកអរក្រៃលែង ហើយសំគាល់ថា ជីវិតរបស់អាត្មាអញប្រកបដោយផល ។កាលនោះ ខ្ញុំបានឃើញសេចក្ដីព្យាយាមប្រកបដោយផល របស់ឥសី នោះ ទាំងចិត្តរបស់ខ្ញុំ ក៏ជ្រះថ្លាក្នុងព្រះពុទ្ធ ដោយកុសលកម្ម មានក្នុងកាលមុន ។
ខ្ញុំញ៉ាំងចិត្តឲ្យជ្រះថ្លាក្រៃ លែង ក្នុងឥសីមានចិត្តខ្ពង់ខ្ពស់ ហើយទូលថា បពិត្រឥសី ខ្ញុំ មិនឃើញវត្ថុដទៃ ដែលគួរថ្វាយទេ ខ្ញុំសូមថ្វាយផ្កាទាំងឡាយ ដល់លោក ។បពិត្រឥសី ផ្កា ៥ ក្ដាប់ ចូរមានដល់លោក ផ្កា ៣ ក្ដាប់ ចូរមានដល់ខ្ញុំ បពិត្រឥសី ផ្កាទាំងឡាយ ចូរជារបស់ស្មើ គ្នា មួយអន្លើដោយឥសីនោះ ដើម្បីប្រយោជន៍ដល់ ពោធិញ្ញាណរបស់ព្រះអង្គ ។
(វចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត , សុត្តន្តបិដក ខុទ្ទកនិកាយ អបទាប ថេរិយាបទាន កុណ្ឌលកេសវគ្គ យសោធរាថេរិយាបទាន បិដកលេខ ៧៦ ទំព័រ ១៨០)
ដោយខេមរ អភិធម្មាវតារ
ដោយ៥០០០ឆ្នាំ
images/articles/2706/7555tpic.jpg
នាមសិទ្ធិជាតក
ផ្សាយ : ២៤ មេសា ឆ្នាំ២០២០
នាមសិទ្ធិជាតក
(ប្រយោជន៍ និងសេចក្ដីប្រាថ្នា ឬ សេចក្ដីល្អ និងសេចក្ដីអាក្រក់មិនមែនសម្រេចមកដោយឈ្មោះ)
ព្រះសាស្ដាកាលស្ដេចគង់នៅក្នុងវត្តជេតពន ទ្រង់ប្រារព្ធនាមសិទ្ធិកភិក្ខុ (ភិក្ខុដែល មានការប្រកាន់ថា សេចក្ដីសម្រេចបានមកដោយឈ្មោះ) មួយរូប បានត្រាស់ ព្រះធម្មទេសនានេះថា ជីវកញ្ច មតំ ទិស្វា ដូច្នេះ (ជាដើម)។
បានឮថា កុលបុត្រមួយរូប ដោយនាមបញ្ញិ មានឈ្មោះថា បាបកៈ (មនុស្សគម្រក់) ។ កុលបុត្រនោះ បានបួស ថ្វាយជីវិតក្នុងព្រះសាសនា កាលភិក្ខុទាំងឡាយហៅដោយពាក្យថាឯហាវុសោ, បាបក ម្នាលអាវុសោបាបកៈ អ្នកចូរមក, តិដ្ឋាវុសោ, បាបក ម្នាលអាវុសោបាបកៈ អ្នកចូរឋិតនៅហើយ ។
ភិក្ខុឈ្មោះបាបកៈនោះគិតថា ក្នុងលោកនេះ អ្នកមានឈ្មោះថាបាបកៈ ត្រូវគេចាត់ទុកថា ជា លាមក ជាកាឡកណ្ណី យើងនឹងឲ្យឧបជ្ឈាយ៍ និងអាចារ្យដាក់ឈ្មោះដទៃដែលប្រកបដោយមង្គល ។
ភិក្ខុនោះក៏ចូលទៅរកឧបជ្ឈាយ៍និងអាចារ្យហើយពោលថា បពិត្រលោកម្ចាស់ដ៏ចម្រើនអើយ ឈ្មោះរបស់ខ្ញុំនេះជាអពមង្គល សូមលោកម្ចាស់មេត្តាដាក់ឈ្មោះដទៃដល់ខ្ញុំផង ។
លំដាប់នោះ ឧបជ្ឈាយ៍និងអាចារ្យទាំងឡាយបានពោលយ៉ាងនេះថា ម្នាលអាវុសោ ឈ្មោះនេះគ្រាន់តែជាបញ្ញត្តិប៉ុណ្ណោះ សេចក្ដីសម្រចជាប្រយោជន៍យ៉ាងណាមួយ នឹងបានមកដោយ ឈ្មោះនេះ មិនមានឡើយ អ្នកចូរជាអ្នកត្រេកអរមានសន្ដោសនឹងឈ្មោះរបស់ខ្លួនចុះ ។
ភិក្ខុឈ្មោះបាបកៈនោះក៏ចេះតែសូម (ឲ្យឧបជ្ឈាយ៍និងអាចារ្យដាក់ឈ្មោះថ្មី) ជារឿយៗ ។ភាពជាអ្នកមានការប្រកាន់ថា សេចក្ដីសម្រេចរមែងបានមកដោយឈ្មោះនេះ របស់ភិក្ខុនោះ ក៍កើតប្រាកដដល់ភិក្ខុសង្ឃទាំងឡាយ ។
ក្នុងថ្ងៃមួយ ភិក្ខុទាំងឡាយអង្គុយ (ប្រជុំគ្នា) ក្នុងធម្មសភា បានញ៉ាំងកថា (ដែលទាក់ទិននឹង រឿងនោះ) ឲ្យតាំងឡើងថា ម្នាលអាវុសោទាំងឡាយ បានឮថា ភិក្ខុឯណោះជាអ្នកមានសេចក្ដី សម្រេចដោយឈ្មោះ បានញ៉ាំងឧបជ្ឈាយ៍និងអាចារ្យដាក់ឈ្មោះដែលជាមង្គលឲ្យ ។
លំដាប់នោះ ព្រះបរមសាស្ដាចារ្យស្ដេចយាងមកកាន់ធម្មសភា បានត្រាស់សួរថា ម្នាកភិក្ខុទាំងឡាយ ប្រជុំនិយាយគ្នាដោយរឿងអ្វី ? ភិក្ខុទាំងឡាយទូលថា ដោយរឿងយ៉ាងនេះ ព្រះអង្គ ។ ព្រះមានព្រះភាគត្រាស់ថា ម្នាកភិក្ខុទាំងឡាយ មិនមែនតែក្នុងកាលឥឡូវនេះទេ សូម្បីក្នុង កាលមុន ភិក្ខុនោះក៏ជាអ្នកមានការយល់ថា សេចក្ដីសម្រចតែងបានមកដោយឈ្មោះដែរ ហើយទ្រង់ បាននាំអតីតនិទានមកសម្ដែង (ប្រាប់ភិក្ខុទាំងឡាយថា) ៖
ក្នុងអតីតកាលដ៏យូរលង់ណាស់មកហើយ ព្រះបរមពោធិសត្វជាអាចារ្យទិសាបាមោក្ខ (អាចារ្យជាប្រធានក្នុងទិស ឬអាចារ្យជាប្រធាននៃសិស្សគ្រប់ទិស គឺអាចារ្យធំដែលចេះវិជ្ជាច្រើនប្រភេទ សម្រាប់ប្រើតាមជាន់ តាមសម័យ, ជាអ្នកអាចបង្ហាត់បង្រៀនពួកសិស្សដែលកាត់មកពីគ្រប់ទិស គ្រប់ប្រទេស) បង្ហាត់បង្រៀននូវមន្តវិជ្ជាទាំងឡាយដល់ មាណពចំនួន ៥០០ នាក់ ក្នុងក្រុងតក្កសិលា ។ បណ្ដាមាណពជាសិស្សទាំងនោះមានមាណពម្នាក់ឈ្មោះ បាបកៈ ។ មាណពឈ្មោះបាបកៈនោះ កាលមាណពទាំងឡាយហៅថា នែបាបកៈ ចូរមក នែបាបកៈ ចូរទៅ ដូច្នេះក៏គិតថា ឈ្មោះរបស់យើងជាអពមង្គល យើងនឹងឲ្យអាចារ្យដាក់ឈ្មោះដទៃ ។
មាណពឈ្មោះបាបកៈនោះបានចូលទៅរកអាចារ្យហើយពោលថា បពិត្រលោក អាចារ្យ ឈ្មោះរបស់ខ្ញុំជាអពមង្គល សូមលោកមេត្តាដាក់ឈ្មោះដទៃដល់ខ្ញុំផង ។ លំដាប់នោះ លោកអាចារ្យបានពោលថា នែអ្នក អ្នកចូរត្រាច់ចារិកទីកាន់ជនបទ ហើយកាន់យកឈ្មោះដែលជាមង្គលនិងដែលជាទីពេញចិត្តរបស់ខ្លួនមួយមក ហើយអ្នកចូរ មកចុះ យើងនឹងបានប្ដូរឈ្មោះដល់អ្នកដែលមកហើយនឹងដាក់ឈ្មោះដទៃ ។
មាណពឈ្មោះបាបកៈនោះទទួលថា សាធុ ដូច្នេះហើយ បានកាន់យកវត្ថុដែលជា ប្រយោជន៍ កាលធ្វើដំណើរចេញទៅ បានត្រាច់ទៅកាន់ស្រុកដោយលំដាប់ហើយក៏បានដល់ នគរមួយ ។ក្នុងពេលនោះ មានបុរសម្នាក់ឈ្មោះជីវិកៈ (ប្រែអ្នកមានជីវិត ឬលោករស់) បានធ្វើ កាលកិរិយា ។ មាណពបាបកៈនោះ ឃើញជនជាញាតិកំពុងនាំសាកសពនោះទៅកាន់ទី ប៉ាឆា ក៏បានសួរគេថា កិំ នាមកោ ឯស បុរិសោ បុរសនោះឈ្មោះអ្វី ? ជនជាញាតិបានប្រាប់ថា ជីវកោ នាមេសោ បុរសនោះឈ្មោះជីវិកៈ ។ សូម្បីឈ្មោះជីវិកៈក៏ត្រូវស្លាប់ សូម្បីឈ្មោះអជីវិកៈក៏ត្រូវស្លាប់ ឈ្មោះគ្រាន់តែជាបញ្ញត្តិ ប៉ុណ្ណោះ អ្នកឯងនេះ ល្ងង់មែន ។ មាណពបាបកៈស្ដាប់ពាក្យនោះហើយ បានជាអ្នកមានចិត្តកណ្ដាលក្នុងឈ្មោះ ហើយបានចូលទៅកាន់ខាងក្នុងនគរ ។
លំដាប់នោះ ពួកនាយទុនកំពុងចាប់នាងទាសីម្នាក់ដែលមិនធ្វើនូវការងារឲ្យអង្គុយ ត្រង់ទ្វារហើយវាយដោយខ្សែ នាងទាសីនោះមានឈ្មោះថា ធនបាលី (ស្ត្រីរក្សានូវទ្រព្យ) ។ មាណពបាបកៈកាលទៅកាន់ចន្លោះនៃផ្លូវបានឃើញនាយទុនកំពុងវាយនូវនាងទាសីនោះ ហើយសួរគេថា នែអ្នក អ្នកវាយស្ត្រីនេះព្រោះហេតុអ្វី ? ពួកនាយទុនប្រាប់ថា ស្ត្រីនេះមិនធ្វើនូវការងារ ។ មាណពបាបកៈសួរទៀតថា ហើយស្ត្រីហ្នឹងមានឈ្មោះអ្វី ? នាយទុនប្រាប់ថា ស្ត្រីនេះឈ្មោះធនបាលី ។ សូម្បីមានឈ្មោះធនបាលីក្ដី អធនបាលីក្ដី ឲ្យតែមិនអាចនឹងធ្វើនូវការងារ រមែងជាអ្នកមានសេចក្ដីលំបាក ដូចជា នាងធនបាលីនេះចឹង ឈ្មោះគ្រាន់តែជាបញ្ញត្តិប៉ុណ្ណោះ អ្នកឯងនេះពិតជាល្ងង់មែន ។
មាណពបាបកៈ (ស្ដាប់ដូច្នេះហើយ) បានជាអ្នកមានចិត្តកណ្ដាលយ៉ាងខ្លាំង ហើយក៏ចេញចាកនគរ ដើរទៅកាន់ផ្លូវ បានជួបបុរសដែលវង្វេងផ្លូវ ក្នុងផ្លូវជាចន្លោះ ហើយក៏សួរគេថា នែអ្នកដ៏ចម្រើន អ្នកកាលធ្វើអ្វី ទើបបានត្រាច់ទៅ ? បុរសនោះប្រាប់ថា បពិត្រអ្នកអើយ ខ្ញុំវង្វេងផ្លូវហើយ ។
បាបកៈមាណពសួរទៀតថា ហើចុះអ្នកមានឈ្មោះអ្វីដែរ ? បុរសនោះប្រាប់ថា ខ្ញុំឈ្មោះបន្ថកៈ (អ្នកដើរផ្លូវ) ។ សូម្បីឈ្មោះបន្ថកៈក្ដី ក៏ជាអ្នកវង្វេងផ្លូវ សូម្បីឈ្មោះអបន្ថកៈក្ដីក៏ជាអ្នកវង្វេង ឈ្មោះគ្រាន់តែជាបញ្ញត្តិប៉ុណ្ណោះ អ្នកឯងនេះពិតជាល្ងង់មែន ។
មាណពបាបកៈនោះ បានជាអ្នកមានចិត្តកណ្ដាលយ៉ាងក្រៃលែងហើយក៏ទៅកាន់ សំណាក់អាចារ្យ ។ លោកអាចារ្យសួរថា ម្នាលសិស្ស អ្នកបានឈ្មោះដែលជាទីពេញចិត្ត ហើយឬ ទើបត្រឡប់មក ? បាបកៈមណពពោលថា បពិត្រលោកអាចារ្យ សូម្បីជនទាំងឡាយឈ្មោះជីវិកៈក្ដី អជីវិកៈក្ដី ក៏នៅតែស្លាប់, សូម្បីស្ត្រីទាំងឡាយឈ្មោះធនបាលីក្ដី អធនបាលីក្ដី ក៏នៅតែជា មានសេចក្ដីលំបាក, សូម្បីបុរសទាំងឡាយឈ្មោះបន្ថកៈក្ដី អបន្ថកៈក្ដី ក៏នៅតែវង្វេងផ្លូវ, ឈ្មោះគ្រាន់តែជាបញ្ញត្តិប៉ុណ្ណោះ សេចក្ដីសម្រេចនឹងបានដោយឈ្មោះ រមែងមិនមាន សេចក្ដីសម្រេចរមែងបានមកដោយកម្មប៉ុណ្ណោះ ។ ណ្ហើយចុះលោកអាចារ្យ លោកមិនបាច់ ដាក់ឈ្មោះដទៃឲ្យខ្ញុំឡើយ ខ្ញុំយកឈ្មោះរបស់ខ្ញុំដូចដើមនោះឯងចុះ ។ ព្រះពោធិសត្វប្រៀបធៀបនូវរឿងដែលគេបានឃើញ និងកម្មដែលគេបានធ្វើ ហើយក៏ពោលនួវគាថានេះថា
ជីវកញ្ច មតំ ទិស្វា ធនបាលិញ្ច ទុគ្គតំ
បន្ថកញ្ច វនេ មូឡ្ហំ បាបកោ បុនរាគតោ ។
មាណពឈ្មោះបាបកៈបានឃើញបុរសរស់ហើយស្លាប់ផង ឃើញទាសីឈ្មោះនាង រក្សាទ្រព្យហើយខ្សត់ទ្រព្យផង ឃើញបុរសអ្នកដើរផ្លូវ ហើយវង្វេងក្នុងព្រៃផង មកវិញ ហើយ ។
បណ្ដាបទទាំងនោះ បទថា បុនរាគតោ សេចក្ដីថា មាណពបាបកៈបានឃើញនូវ ហេតុទាំង ៣ នេះហើយ ក៏ត្រឡប់មកវិញ រអក្សរ លោកពោលដោយអំណាចសន្ធិ ។ ព្រះសាស្ដាបាននាំព្រះធម្មទេសនានេះមកហើយ ទ្រង់ត្រាស់ថា ន, ភិក្ខវេ, ឥទានេវ, បុព្ពេបេស នាមសិទ្ធិកោយេវ ម្នាលភិក្ខុទាំងឡាយ មិនមែនតែក្នុងកាល ឥឡូវនេះទេ សូម្បីក្នុងកាលមុន ភិក្ខុនេះក៏ជាអ្នកមានការប្រកាន់ថា សេចក្ដីសម្រេចតែង បានមកដោយឈ្មោះដែរ ក្នុងកាលទីបញ្ចប់នៃជាតក ទ្រង់ប្រជុំជាតកថា តទា នាមសិទ្ធិកោ ឥទានិបិ នាមសិទ្ធិកោយេវ មាណពបាបកៈ ដែលជា អ្នកប្រាថ្នាសេចក្ដីសម្រេចដោយឈ្មោះក្នុងកាលនោះ បានមកជាភិក្ខុអ្នកប្រាថ្នាសេចក្ដី សម្រេចដោយឈ្មោះក្នុងកាលនេះ ។ អាចរិយបរិសា ពុទ្ធបរិសា បរិស័ទអាចារ្យក្នុងកាលនោះ បានមកជាពុទ្ធបរិស័ទ ក្នុងពេលនេះ ។ អាចរិយោ បន អហមេវ អហោសិ ចំណែក អាចារ្យក្នុងកាលនោះ បានមកជា តថាតតនេះឯង ។
(អដ្ឋកថា ខុទ្ទកនិកាយ ជាតក ឯកកនិបាត លិត្តវគ្គទី ១០ នាមសិទ្ធិជាតកទី ៧ បិដកលេខ ៥៨ ទំព័រ ៤៣)
បទពិចារណា
នាមំ នាម វោហារមត្តំ ឈ្មោះត្រឹមតែជាវោហារសម្រាប់ហៅប៉ុណ្ណោះ ។ ន តំ បណ្ឌិតា បមាណំ ករោន្តិ បណ្ឌិតទាំងឡាយមិនធ្វើនូវឈ្មោះនោះឲ្យជា ប្រមាណ ។ សុតមង្គលិកេន នាម ភវិតុំ ន វដ្ដតិ មិនគួរជាមនុស្សដែលជឿថា ការស្ដាប់ពាក្យល្អជា មង្គល ។
ដោយខេមរ អភិធម្មាវតារ
ដោយ ៥០០០ឆ្នាំ
images/articles/2850/_________xtpic.jpg
គប្បីហាមឃាត់អំពើអាក្រក់តាំងពីនៅតិចតួច
ផ្សាយ : ០២ កុម្ភះ ឆ្នាំ២០២០
តិលមុដ្ឋិជាតក
(គប្បីហាមឃាត់អំពើអាក្រក់តាំងពីនៅតិចតួច)
ព្រះបរមសាស្តា កាលដែលព្រះអង្គទ្រង់គង់ប្រថាប់នៅនាមហាវិហារព្រះជេតពន ទ្រង់ប្រារព្ធភិក្ខុមួយ អង្គដែលច្រើនទៅដោយសេចក្តីក្រោធ ទើបត្រាស់រឿងនេះ មានព្រះបាលីថា អជ្ជាបិ មេ តំ មនសិ ដូច្នេះជាដើម ។ បានស្តាប់មកថា មានព្រះភិក្ខុ ១ អង្គ លោកច្រើនទៅដោយសេចក្តីក្រោធ និងសេចក្តីចង្អៀតចង្អល់ចិត្ត គ្រាន់តែអ្នកដទៃថាអ្វីឲ្យបន្តិចបន្តួច ក៏ខឹងក្រោធភ្លាម ធ្វើការប្រទូសរ៉ាយ និងការអន់ចិត្តឲ្យប្រាកដ ។
ក្រោយមកថ្ងៃមួយ ភិក្ខុទាំងឡាយគង់អង្គុយសន្ទនាគ្នាក្នុងសាលាធម្មសភាថា លោកដ៏មានអាយុទាំងឡាយ ភិក្ខុអង្គនោះ ជាបុគ្គលច្រើនដោយសេចក្តីក្រោធ និងសេចក្តីចង្អៀតចង្អល់ចិត្ត ពេលក្រោធម្តងៗ មានសភាពដូចអំបិលដែលគេបាចក្នុងភ្លើងចង្ក្រាន ដូច្នោះឯង ។ លោកបួសក្នុងព្រះសាសនា ដែលប្រដៅមិនឲ្យក្រោធ ជាសាសនានាំសត្វឲ្យរួចផុតចាកពីសេចក្តីសៅហ្មងគ្រប់យ៉ាង ប៉ុន្តែសូម្បីគ្រាន់តែសេចក្តីក្រោធប៉ុណ្ណោះ ក៏មិនអាចគ្របសង្កត់បាន។
ព្រះបរមសាស្តាស្តេចយាងមកកាន់សាលាធម្មសភា ទ្រង់ជ្រាបអំពីការសន្ទនារបស់ភិក្ខុទាំងឡាយ ព្រះអង្គត្រាស់ឲ្យភិក្ខុ ១ អង្គទៅនិមន្តភិក្ខុដែលច្រើនទៅ ដោយសេចក្តីក្រោធនោះមក កាលដែលលោកនិមន្តមកដល់ហើយ ទ្រង់ត្រាស់សួរថា ម្នាលភិក្ខុ មានដំណឹងថា លោកជាបុគ្គលក្រោធងាយ ពិតមែនឬ ? កាលដែលភិក្ខុអង្គនោះ ក្រាបទូលការពិតហើយ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ មិនមែនតែក្នុងកាលឥឡូវនេះទេ សូម្បីក្នុងកាលមុន ភិក្ខុនេះក៏បានជាអ្នកច្រើនទៅដោយសេចក្តីក្រោធដូចគ្នាដែរ។ កាលដែលភិក្ខុទាំងឡាយទូលអារាធនា ទើបព្រះភគវា នាំយករឿងក្នុងអតីតកាលមកសម្តែងតទៅ ៖
ក្នុងអតីតកាល គ្រាដែលព្រះបាទព្រហ្មទត្តគ្រងរាជសម្បត្តិក្នុងក្រុងពារាណសី ឱរសរបស់ព្រះបាទព្រហ្មទត្តនោះ មាននាមថា ព្រហ្មទត្តកុមារ។ ក្នុងការអប់រំនិងបណ្តុះបណ្តាលបុត្រ ព្រះរាជាក្នុងគ្រាមុនៗ សូម្បីមានអាចារ្យទិសាបាមោក្ខក្នុងនគររបស់ខ្លួនក៏ដោយ ក៏នៅតែបញ្ជូនបុត្ររបស់ព្រះអង្គឲ្យទៅរៀនសិល្ប៍សាស្រ្តនៅទីឆ្ងាយ ក្រៅពីនគររបស់ខ្លួនដែរ ។ ដែលធ្វើយ៉ាងនេះ មកអំពីព្រះរាជាមានសេចក្តីសង្ឃឹមថា ព្រះរាជបុត្រទាំងនោះ នឹងកម្ចាត់នូវភាពក្រអឺតក្រអោងដោយមានះផង និងជាអ្នកចេះមានសេចក្តីអត់ធន់ចំពោះក្តៅរងាផង ព្រមទាំងនឹងបានដឹងនូវប្រពៃណី ទំនៀមទម្លាប់របស់មនុស្ស ក្នុងលោកផងដែរ ។
ព្រោះហេតុដូច្នោះ ទើបព្រះបាទព្រហ្មទត្ត ត្រាស់ហៅព្រហ្មទត្តកុមារជាព្រះរាជបុត្រ ដែលមានព្រះជន្មវស្សា ១៦ ឆ្នាំ ឲ្យចូលមកគាល់ ហើយព្រះរាជទាននូវស្បែកព្រះបាទមួយគូ ឆត្រស្លឹកឈើមួយ និងទ្រព្យ ១ ពាន់កហាបណៈ ព្រមទាំងត្រាស់ប្រាប់ថា បុត្រចូរទៅកាន់នគរតក្កសិលា ប្រឹងប្រែងសិក្សាយកនូវសិល្ប៍សាស្ត្រមក ។ ព្រហ្មទត្តកុមារទទួលព្រះរាជឱង្ការហើយថ្វាយបង្គំព្រះរាជមាតាបិតាលាចេញទៅ ។ ព្រហ្មទត្តកុមារ ក៏បានសួររកផ្ទះលោកអាចារ្យឃើញហើយ ក៏ដោះស្បែកព្រះបាទ និងដោះឆត្រ ចូលទៅសំពះលោកអាចារ្យ រួចឈរក្នុងទីដ៏សមគួរ ។
កាលដែលលោកអាចារ្យធ្វើបដិសណ្ឋារៈ និងសាកសួរដឹងហេតុការណ៍សព្វគ្រប់ហើយ ក៏ទទួលបង្ហាត់បង្រៀននូវសិល្ប៍៍សាស្ត្រដល់ព្រហ្មទត្តកុមារដោយពិស្តារ ចំណែកព្រះរាជកុមារ ក៏រៀនយកនូវសិល្ប៍សាស្ត្រដោយការតាំងចិត្ត ។ ថ្ងៃមួយ ព្រហ្មទត្តកុមារ និងសិស្សទាំងឡាយ ទៅងូតទឹកព្រមជាមួយនឹងលោកអាចារ្យ គ្រានោះមានស្ត្រីចាស់ជរាម្នាក់បកសំបកគ្រាប់ល្ងហើយយកមកហាល ទាំងដែលនៅអង្គុយចាំមើលទៀតផង ព្រហ្មទត្តកុមារ ឃើញគ្រាប់ល្ងដែលយាយហាល ក៏នឹកចង់បរិភោគ ទើបចាប់យកមួយក្តាប់ដៃមកទំពាបរិភោគ ស្ត្រីចាស់ជរាគិតថា មាណពនេះចង់បរិភោគ ទើបអង្គុយស្ងៀមមិនបានពោលអ្វីឡើយ ។ ថ្ងៃបន្ទាប់មកទៀត ព្រះរាជកុមារនោះ ក៏បានធ្វើយ៉ាងនោះទៀត សូម្បីស្ត្រីចាស់ជរាក៏មិនបានពោលថាអ្វីដែរ នៅស្ងៀមជាលើកទី ២ ។
លុះដល់ថ្ងៃទី ៣ ព្រះរាជកុមារក៏នៅតែចាប់យកល្ងរបស់ស្ត្រីចាស់ជរានោះដដែលទៀត លើកនេះ ស្ត្រីចាស់ជរាមិនអាចទ្រាំបាន គាត់ស្រែកយំហើយពោលរៀបរាប់ថា អាចារ្យទិសាបាមោក្ខ ប្រើឲ្យសិស្សរបស់ខ្លួនប្លន់យើង ។ អាចារ្យត្រឡប់មកសួរថា តើមានរឿងអ្វីលោកយាយ ។ ស្ត្រីចាស់ជរាពោលថា លោកអាចារ្យ សិស្សរបស់លោកបរិភោគគ្រាប់ល្ងខ្ញុំថ្ងៃនេះមួយក្តាប់ ម្សិលមិញ មួយក្តាប់ ម្សិលម្ង៉ៃមួយក្តាប់ បើសិស្សលោកអាចារ្យ ស៊ីល្ងរបស់ខ្ញុំយ៉ាងនេះ ទោះជាគ្រាប់ល្ងរបស់ខ្ញុំមាន ប៉ុន្មានក៏មិនសល់ដែរ ។ អាចារ្យទិសាបាមោក្ខពោលថា សូមលោកយាយ ឈប់យំទៅណ៎ា! ចាំខ្ញុំសងតម្លៃល្ងដល់លោកយាយ ។
ស្ត្រីចាស់ជរាពោលថា ខ្ញុំមិនត្រូវការតម្លៃអ្វីទេ ខ្ញុំត្រូវការឲ្យលោកប្រដៅសិស្សរបស់លោក កុំឲ្យថ្ងៃក្រោយធ្វើអ៊ីចឹងទៀត ។ អាចារ្យពោលថា មិនអីទេលោកយាយ សូមលោក យាយកុំព្រួយ លោកយាយចាំមើលណ៎ា! ភ្លាមនោះ លោកអាចារ្យបានឲ្យមាណពពីរនាក់ ចាប់ដៃព្រះរាជកុមារម្ខាងម្នាក់ ហើយទើបយករំពាត់ឫស្សីមកវាយកណ្តាលខ្នងព្រះរាជកុមារ ៣ រំពាត់ ព្រមទាំង ពោលប្រដៅថា អ្នកកុំធ្វើយ៉ាងនេះតទៅទៀត ។ ព្រះរាជកុមារក្រោធចំពោះលោកអាចារ្យ មានភ្នែកក្រហមសម្លឹងមើលលោកអាចារ្យតាំងពីខ្នងជើងរហូតដល់ចុងសក់ ។
ព្រះរាជកុមារ ប្រឹងប្រែងរៀនសិល្ប៍សាស្ត្ររហូតដល់ចប់ ទាំងមានគំនុំទុកក្នុងហឫទ័យ ដោយចងអាឃាតថា យើងនឹងសម្លាប់អាចារ្យនេះ នៅពេលដែលយើងបានសោយរាជ្យ ។ ដល់ពេលដែលត្រូវចាកចេញទៅកាន់ព្រះនគរវិញ ព្រះរាជកុមារបានក្រាបសំពះលោកអាចារ្យ ធ្វើដូចជាមានសេចក្តីស្រឡាញ់ និងដឹងគុណគ្រូអាចារ្យណាស់ បានពោលផ្តាំថា បពិត្រលោកអាចារ្យ កាលណាដែលខ្ញុំបាននូវរាជសម្បត្តិក្នុងព្រះនគរពារាណសី ខ្ញុំនឹងបញ្ជូនដំណឹងមក កាលនោះសូមលោកអាចារ្យអញ្ជើញទៅ កុំខានឲ្យសោះ ពោលផ្តាំរួចហើយក៏ចាកចេញទៅ ។
ព្រហ្មទត្តកុមារ ធ្វើដំណើរដល់ក្រុងពារាណសី បានចូលទៅថ្វាយបង្គំព្រះជនកព្រះជននី ហើយសម្តែងសិល្ប៍សាស្ត្រឲ្យទ្រង់ទាំងពីរបានទតព្រះនេត្រ ។ ព្រះរាជាត្រាស់ថា យើងមានជីវិតនៅទាន់បុត្ររបស់យើងហ្ន៎ ! ដែលបុត្ររបស់យើងរុងរឿងក្នុងរាជសម្បត្តិ ទើបទ្រង់ស្ថាបនាព្រះរាជបុត្រ ឲ្យជាព្រះរាជាគ្រប់គ្រងព្រះនគរតទៅ ។ កាលបានគ្រងសិរីរាជសម្បត្តិហើយ ក៏រលឹកដល់រឿងដែលលោកអាចារ្យបានធ្វើមកលើព្រះអង្គ កាលដែលទ្រង់នៅជាសិស្សក្នុងនគរតក្កសិលា ស្តេចទ្រង់វិរោធឆួលឆេះក្នុងព្រះឱរា ទើបចាត់ការបញ្ជួនទូតទៅ ដោយតាំងព្រះហឫទ័យថា យើងនឹងសម្លាប់អាចារ្យនោះ ។
លោកគ្រូអាចារ្យ បានទទួលការអញ្ជើញពីព្រះរាជាក្រុងពារាណសីហើយ ក៏គិតថា ក្នុងពេលដែលព្រះរាជានៅក្មេង ដូច្នេះ យើងមិនអាចឲ្យទ្រង់យល់បានឡើយ គិតហើយ គាត់ក៏មិនបានទៅក្នុងពេលនោះដែរ ។ លុះដល់វេលាដែលព្រះរាជានោះ ចូលដល់មជ្ឈិមវ័យហើយ ទើបលោកគ្រូអាចារ្យគិតថា ឥឡូវនេះ យើងអាចធ្វើឲ្យព្រះរាជាក្រុងពារាណសីយល់បាន ទើបធ្វើដំណើររហូតចូលដល់ក្រុងពារាណសី ហើយឈរនៅនាខ្លោងទ្វារព្រះរាជវាំង ឲ្យគេក្រាបទូលថា អាចារ្យពីនគរតក្កសិលាមកហើយ ។
ព្រះរាជាទ្រង់សោមនស្សត្រេកអរ បង្គាប់ឲ្យនាំលោកគ្រូអាចារ្យចូលមក គ្រាន់តែទ្រង់ទតព្រះនេត្រឃើញលោកគ្រូអាចារ្យដែលចូលមកគាល់ភ្លាម ទ្រង់ពិរោធរហូតដល់ព្រះនេត្រទាំងពីរឡើងក្រហម ហើយត្រាស់ហៅអាមាត្យទាំងឡាយមកថា នែអាមាត្យទាំងឡាយ ! អាចារ្យនេះហើយវាយយើងឲ្យបែកខ្នង នៅស្នាមរហូតដល់សព្វថ្ងៃ ឥឡូវគេមករកសេចក្តីស្លាប់ដោយមិនដឹងខ្លួនថា អាត្មាអញ នឹងស្លាប់ក្នុងថ្ងៃនេះ ។
រួចហើយព្រះរាជាបានត្រាស់ទៅរកលោកគ្រូអាចារ្យ ដោយគាថា ដែលមានសេចក្តីថា អ្នកឲ្យគេចាប់យើងត្រង់ដើមដៃ ហើយអ្នកវាយយើងដោយរំពាត់ ព្រោះហេតុតែល្ងមួយក្តាប់ ការវាយយើងដោយរំពាត់ ព្រោះហេតុតែល្ងមួយក្តាប់ ការវាយនោះ ប្រាកដក្នុងចិត្តរបស់យើងដរាបដល់ថ្ងៃនេះ។ ម្នាលព្រាហ្មណ៍ អ្នកមិនត្រេកអរក្នុងជីវិតរបស់អ្នកហើយឬ ទើបបានជាមករកយើងដល់ទីនេះ អំពើដែលអ្នកឲ្យគេចាប់ដៃយើងម្ខាងម្នាក់ ហើយអ្នកបានវាយយើងដល់ទៅ ៣ រំពាត់នោះ នឹងតបស្នងដល់អ្នកវិញក្នុងថ្ងៃនេះឯង ។ លោកគ្រូអាចារ្យបានស្តាប់ហើយ ទើបពោលគាថា ដូច្នេះថា ៖
អរិយោ អនរិយំ កុព្ពន្តំ យោ ទណ្ឌេន និសេធតិ
សាសនំ តំ ន តំ វេរំ ឥតិ នំ បណ្ឌិតា វិទូ។
អរិយជនណា ហាមឃាត់នូវបុគ្គលមិនប្រសើរ មានការដាក់ទោសដល់អ្នកដែលប្រព្រឹត្តអាក្រក់ អំពើរបស់អរិយជននោះ រាប់ថាជាការប្រៀនប្រដៅ គឺមិនមែនជាពៀរឡើយ បណ្ឌិតទាំងឡាយ រមែងដឹងច្បាស់នូវហេតុនោះ ដូច្នេះឯង ។
បពិត្រមហារាជ ព្រោះហេតុនោះ សូម្បីព្រះអង្គក៏សូមទ្រង់ជ្រាបយ៉ាងនេះចុះ ព្រះអង្គមិនគួរសាងកម្មពៀរក្នុងសភាពបែបនេះឡើយ ។ ប្រសិនបើក្នុងកាលនោះ ទូលព្រះបង្គំ មិនបានទូន្មានប្រៀនប្រដៅព្រះអង្គទេ បន្តមកទៀត ទ្រង់នឹងលួចនំ លួចស្ករក្រួសនិងផ្លែឈើជាដើម ម៉្លោះហើយទ្រង់នឹងធ្លាក់ក្នុងចោរកម្មផ្សេងៗ រហូតដល់លួចប្លន់សម្លាប់មនុស្សតាមផ្លូវ សម្លាប់អ្នកស្រុកទីបំផុត ត្រូវគេចាប់បានព្រមទាំងព័ស្តុតាងទូលដល់ព្រះរាជា ទ្រង់នឹងទទួលនូវភ័យគឺអាជ្ញា ដោយព្រះតម្រាស់ថា ពួកអ្នកចូរដាក់អាជ្ញា ឲ្យសមគួរដល់ទោសរបស់ចោរនេះ ដូច្នោះ តើសម្បត្តិមានសភាពបែបនេះ នឹងសម្រេចដល់ព្រះអង្គបានដូចម្តេចទៅ តាមពិត ទ្រង់បានដល់នូវសភាពជាធំយ៉ាងរៀបរយដូច្នេះ ក៏ព្រោះអាស្រ័យទូលព្រះបង្គំជាខ្ញុំហ្នឹងឯង មិនមែនទេឬ ? លោកគ្រូអាចារ្យបានធ្វើឲ្យព្រះរាជាទទួលព្រមដោយប្រការដូចពោលមកនេះឯង ។
ក្នុងពេលនោះ អាមាត្យទាំងឡាយ ដែលឈរនៅជុំវិញ បានស្តាប់ពាក្យលោកគ្រូអាចារ្យហើយ ទើបក្រាបទូលថា ព្រះករុណាថ្ងៃវិសេស ពាក្យដែលលោកអាចារ្យពោលនេះជាការពិតណាស់ ភាពជាធំនេះ គឺជារបស់លោកអាចារ្យរបស់ព្រះអង្គដោយពិត ។ ខណៈនោះ ព្រះរាជាទ្រង់កំណត់បាន ទ្រង់ដឹងគុណលោកគ្រូអាចារ្យទើបត្រាស់ថា បពិត្រលោកអាចារ្យ ខ្ញុំសូមជូននូវភាពជាធំនេះដល់លោក សូមលោកទទួលនូវរាជសម្បត្តិនេះចុះ ។ លោកគ្រូអាចារ្យបដិសេធថា ទូលព្រះបង្គំជាខ្ញុំមិនត្រូវការនូវរាជសម្បត្តិឡើយ ។
ព្រះរាជាទ្រង់បានបញ្ជូនដំណឹងទៅកាន់នគរតក្កសិលា ឲ្យនាំបុត្រនិងភរិយារបស់លោកគ្រូអាចារ្យមក ហើយទ្រង់ប្រទានឥស្សរិយយសដ៏ធំ ដោយទ្រង់តែងតាំងលោកគ្រូអាចារ្យនោះឯង ក្នុងតំណែងជាបុរោហិត និងតាំងទុកក្នុងឋានៈជាបិតា ។ ព្រះរាជាតាំងនៅក្នុងឱវាទរបស់បុរោហិត បំពេញបុណ្យទាំងឡាយមានទានជាដើម និងមានសុគតិភពប្រព្រឹត្តទៅខាងមុខ ។
ព្រះបរមសាស្តា កាលដែលព្រះអង្គទ្រង់នាំយកនូវព្រះធម៌ទេសនានេះ មកសម្តែងរួចហើយ ព្រះអង្គទ្រង់ប្រកាសចតុរារិយសច្ច និងប្រជុំជាតក ។ ក្នុងវេលាចប់សច្ចកថា ភិក្ខុដែលច្រើនទៅដោយសេចក្តីក្រោធ បានតាំងនៅក្នុងអនាគាមិផល បរិស័ទដទៃៗ បានជាព្រះសោតាបន្ន និងព្រះសកទាគាមី ។ព្រះរាជាក្នុងគ្រានោះ បានមកជាភិក្ខុដែលច្រើនទៅដោយសេចក្តីក្រោធនេះឯង
ចំណែកលោកគ្រូអាចារ្យ គឺបានមកជា តថាគត ៕
(អដ្ឋកថា សុត្តន្តបិដក ខុទ្ទកនិកាយ ជាតក តិកនិបាត សង្កប្បវគ្គ បិដកលេខ ៥៨ ទំព័រ ១៣៩)
ដោយ៥០០០ឆ្នាំ
images/articles/914/Untitled-1.jpg
រឿងព្រះបាទបទុមរាជ
ផ្សាយ : ១៩ មករា ឆ្នាំ២០២០
រឿងព្រះបាទបទុមរាជ
( ចាក ចូ. ធា. )
( ស្ត្រីក្បត់បើទុកជាស្វាមីបង្ហូរឈាមខ្លួន ឲ្យផឹកក៏នៅតែក្បត់ )
កាលកន្លងទៅហើយ ព្រះរាជក្រុងពារាណសី មានរាជបុត្រា ៧ ព្រះអង្គ ។ ព្រះពោធិសត្វទ្រង់សោយព្រះជាតិជារាជបុត្រច្បងព្រះនាមបទុមរាជកុមារ ។ ព្រះចៅក្រុងពារាណសីជាព្រះរាជបិតា ទ្រង់ព្រះចិន្ដាថា ព្រះរាជកុមារទាំងនោះមុខជានាំគ្នាសម្លាប់អញ ដណ្ដើមយករាជសម្បត្តិតែសព្វខ្លួនពុំខាន
images/articles/911/Untitled-1.jpg
អ្នកមានសតិស្មារតីវាងវៃ តែងឈ្នះសត្រូវទាំងពួង
ផ្សាយ : ១៩ មករា ឆ្នាំ២០២០
រឿងស្វាពោធិសត្វ
( ចាក វា. ឯ. )
( អ្នកមានសតិស្មារតីវាងវៃ តែងឈ្នះសត្រូវទាំងពួង )
ក្នុងកាលកន្លងទៅហើយ ព្រះបាទព្រហ្មទត្តសោយរាជ្យសម្បត្តិ ក្នុងនគរពារាណសី ។ កាលនោះព្រះពោធិសត្វទ្រង់សោយព្រះជាតិ ជាស្វាមានរូបធំស្រមូវមានកំលាងខ្លាំងដូចដំរីស្ករ បានដើរទៅមាត់ស្ទឹងឃើញកោះមួយ ដែលបរិបូណ៍ដោយរុក្ខជាតិមានផ្លែ ក៏
images/articles/1020/Untitled-1.jpg
រឿងសេនកបណ្ឌិត
ផ្សាយ : ១៩ មករា ឆ្នាំ២០២០
រឿងសេនកបណ្ឌិត
( ចាក ម. អ. )
( បុរសចាស់មានប្រពន្ធក្រមុំ ដូចបានដុំភ្លើង )
កាលកន្លងទៅហើយ មានព្រះរាជាមួយព្រះអង្គព្រះនាមជនកះ សោយរាជ្យក្នុងក្រុងពារណសី ។ ព្រះពោធិសត្វរបស់យើងសោយព្រះជាតិជាព្រាហ្មណ៏ ទ្រង់ព្រះនាមសេនកះ នៅក្នុងក្រុងពារាណសីនោះដែរ. បានទៅសិក្សាសិល្បសាស្រ្តនានាក្នុងនគរតក្កសិលា ។
images/articles/1094/Untitled-1-Recovered.jpg
រឿងឧបនន្ទសក្យបុត្តត្ថេរ
ផ្សាយ : ១៩ មករា ឆ្នាំ២០២០
រឿងឧបនន្ទសក្យបុត្តត្ថេរ
(ធ. ខុ.)
(មុននឹងប្រដៅគេ ត្រូវប្រដៅខ្លួនឯងជាមុនសិន)
សេចក្តីដំណាលថា ព្រះឧបនន្តជាអ្នកជំនាញខាងការសម្តែងធម្មទេសនា ។
ពួកភិក្ខុជាច្រើនអង្គ បានស្តាប់ធម្មទេសនា ដែលសម្តែងពីអប្បិច្ឆិតាគុណ (សេចក្តីប្រាថ្នាតិច) របស់ព្រះថេរះអង្គនោះ ក៏បានបូជាត្រៃចីវរ និងសមាទានធុគង្គក្នុងសំណាក់លោក ក្នុងសម័យមួយ ជាសម័យជិតចូឡព្រះវស្សា ព្រះឧបនន្ត
images/articles/1095/Untitled-1-Recovered.jpg
រឿងស្រ្តីពីរនាក់ចងពៀរនឹងគ្នា
ផ្សាយ : ១៩ មករា ឆ្នាំ២០២០
រឿងស្រ្តីពីរនាក់ចងពៀរនឹងគ្នា
(ចាក ធ. ខុ.)
(អ្នកធ្វើបាបគេ ត្រូវគេធ្វើបាបខ្លួនវិញ)
មានស្រ្តីម្នាក់ជាស្រីអាឥតកូន ខ្លាចក្រែងប្តីយកប្រពន្ធមួយទៀត នឹងត្រួតត្រាលើខ្លួន ក៏ទៅដណ្តឹងស្រ្តីម្នាក់មកឲ្យជាប្រពន្ធរបស់ប្តីដោយខ្លួនឯងដើម្បីឲ្យប្រពន្ធក្រោយនៅក្រោមអំណាចខ្លួន ។ លុះគេមានគ៌ភក៏ផ្សំថ្នាំឲ្យគេស៊ីរលូតគ៌ភដល់ពីរដង ម្តងក្រោយទៀតជាគំរប់បីប្រពន្ធចុង