images/articles/384/tex______tpic.jpg
Public date : 04, May 2020 (50045 Read)
គប្បីហាមឃាត់អំពើអាក្រក់ តាំងពីនៅតិចតួច
ព្រះបរមសាស្តា កាលដែលព្រះអង្គទ្រង់គង់ប្រថាប់នៅនាមហាវិហារព្រះជេតពន ទ្រង់ប្រារព្ធភិក្ខុមួយ អង្គដែល ច្រើនទៅដោយសេចក្តីក្រោធ ទើបត្រាស់រឿងនេះ
images/articles/385/te32wxtpic.jpg
Public date : 04, May 2020 (56085 Read)
គ្រានោះ ព្រាហ្មណមហាសាលម្នាក់ មានខ្លួនសៅហ្មង មានសំពត់ដណ្តប់ក៏សៅហ្មង បានចូលទៅរក ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ហើយ ក៏ធ្វើសេចក្តីរីករាយ ជាមួយនឹងព្រះដ៏មានព្រះភាគ លុះ បញ្ចប់ពាក្យដែលគួររីករាយ និងពាក្យដែលគួររលឹកហើយ ក៏អង្គុយក្នុងទីសមគួរ ។
ព្រោះហេតុអ្វី ព្រាហ្មណ៍ទើបចូលទៅរកព្រះដ៏មានព្រះភាគ ? ព្រោះមានរឿងបានពោលមកថា ក្នុងផ្ទះ របស់ព្រាហ្មណ៍នោះ មានប្រាក់ដល់ទៅ ៨ សែន ។ ព្រាហ្មណ៍នោះបានធ្វើអាវាហមង្គលដល់បុត្រ ៤ នាក់ ចាយប្រាក់អស់ដល់ទៅ ៤ សែន ។
លំដាប់នោះ កាលដែលនាងព្រាហ្មណីជាភរិយារបស់ព្រាហ្មណ៍ បានធ្វើកាលកិរិយាហើយ បុត្រទាំងឡាយ បានប្រឹក្សាគ្នាថា បើបិតានឹងនាំយកនាងព្រាហ្មណីដទៃមក ត្រកូលយើងនឹងបែកដោយអំណាចបុត្រដែលកើតក្នុងផ្ទៃរបស់នាង ទៅយើង យើងនឹងសង្គ្រោះបិតា របស់យើង ។បុត្រទាំង ៤ នាក់នោះ ទំនុកបម្រុងដោយអាហារបរិភោគ និង គ្រឿងស្លៀកដណ្តប់ជាដើម សុទ្ធតែប្រណីតៗ ព្រមទាំងធ្វើការគក់ច្របាច់ដៃជើងទៀតផង ។
ថ្ងៃមួយ កាលដែលព្រាហ្មណ៍នោះឯង សម្រាកថ្ងៃហើយក្រោកឡើង ទើបនាំគ្នាគក់ច្របាច់ឲ្យគាត់ ហើយពោលទោស ក្នុងការនៅគ្រប់គ្រងផ្ទះ ម្នាក់ពោលយ៉ាងនេះ ម្នាក់ពោលយ៉ាងនោះ ទើបអង្វរបិតាថា ពួកកូននឹងទំនុក បម្រុងបិតារបៀបនេះ រហូតអស់ជីវិត សូមបិតាកុំព្រួយ ឲ្យតែប្រាក់ដែលនៅសល់ទាំងប៉ុន្មាន ដល់ពួកកូនមក ។ ព្រាហ្មណ៍បាន ឲ្យប្រាក់ដល់បុត្រម្នាក់ៗ មួយសែន ហើយបែងចែកគ្រឿងឧបភោគបរិភោគទាំងអស់ ជាបួនចំណែកឲ្យ ដល់កូន ទុកតែសំពត់ស្លៀកដណ្តប់របស់ខ្លួនតែប៉ុណ្ណោះ ។
បន្ទាប់ពីចែកទ្រព្យសម្បត្តិហើយ បុត្រច្បងបានទំនុកបម្រុងព្រាហ្មណ៍ជាបិតាបាន ២-៣ ថ្ងៃ ពេលដែល ព្រាហ្មណ៍ងូតទឹកហើយដើរចូលផ្ទះ កូនប្រសាស្រីឈរនៅនឹងស៊ុមទ្វារ ក៏បាននិយាយជាមួយព្រាហ្មណ៍ យ៉ាងនេះថា ម៉េចបានជាឪឯងឲ្យប្រាក់កូនច្បងតែប៉ុណ្ណឹង បើចែកឲ្យដូចតែគ្នាអ៊ីចឹង ម៉េចបាននៅតែ ជាមួយនឹងកូនច្បង ឬមកអំពីអត់ស្គាល់ផ្លូវទៅផ្ទះកូនផ្សេងទៀត ? ព្រាហ្មណ៍ក្រោធខឹង ពោលថា យើ ! ស្រីថោក ចង្រៃយក៍ ហើយក៏បានទៅផ្ទះកូនដទៃ ។ ទៅបានត្រឹមតែ ២-៣ ថ្ងៃ ក៏រត់ទៅផ្ទះកូនដទៃទៀត ដោយទំនងដូចៗ គ្នា ។
កាលដែលមិនអាចចូលទៅផ្ទះកូនណាមួយបាន ក៏បួសជាអ្នកស្លៀកដណ្តប់ សំពត់ពណ៌ស ត្រាច់ភិក្ខាចារ ។ ដោយកាលកន្លងទៅ ក៏ចាស់ជរា មានរាងកាយទ្រុឌទ្រោមស្លេកស្លាំង ព្រោះការបរិភោគមិនល្អ ខ្វះខាត ទាំងដំណេកក៏លំបាក ។ ពេលមួយ ត្រឡប់មកពីភិក្ខាចារ ដេកកន្លែង មួយលក់ទៅ ភ្ញាក់ឡើងក្រោកអង្គុយ ពិចារណាខ្លួនឯង ឃើញថាមិនបានទីពឹងក្នុងបុត្រ ទើបគិតថា យើងបានស្តាប់មកថា ព្រះសមណគោតម មានព្រះភក្ត្រមិនចងចិញ្ចើម មានតែព្រះភក្ត្រស្រស់ ចរចាគួរ ឲ្យសប្បាយចិត្ត ឆ្លាតក្នុងបដិសណ្ឋារៈ ដូច្នេះ យើងអាចចូលទៅគាល់ព្រះសមណគោតមបាន ។
ព្រោះហេតុនោះ ទើបព្រាហ្មណ៍រៀបរយសំពត់ស្លៀកដណ្តប់ កាន់ភិក្ខាភាជនៈចូលទៅគាល់ព្រះដ៏មានព្រះភាគ ដល់ទីប្រថាប់ ។ លុះព្រាហ្មណមហាសាលនោះ អង្គុយក្នុងទីដ៏សមគួរហើយ ទើបព្រះដ៏មានព្រះភាគ ត្រាស់យ៉ាងនេះថា ម្នាលព្រាហ្មណ៍ អ្នកមានខ្លួនសៅហ្មង មានសំពត់ដណ្តប់ក៏សៅហ្មង តើព្រោះហេតុអ្វី ? ព្រាហ្មណ៍ក្រាប បង្គំទូលថា បពិត្រព្រះគោតមដ៏ចម្រើន ខ្ញុំព្រះអង្គមានកូន ៤ នាក់ ក្នុងក្រុងនេះឯង កូនទាំងនោះ កាន់ យកទ្រព្យដែលជារបស់ខ្ញុំព្រះអង្គទាំងអស់ រួចហើយ ដឹងថា ខ្ញុំព្រះអង្គអស់ទ្រព្យសម្បត្តិហើយ ទើប ប្រឹក្សាសមគំនិតគ្នាជាមួយនឹងភរិយារបស់គេរៀងៗ ខ្លួន បណ្តេញខ្ញុំព្រះអង្គចេញអំពីផ្ទះ សូមព្រះអង្គ ទ្រង់ជ្រាប ។
ព្រះដ៏មានព្រះភាគត្រាស់ថា ម្នាលព្រាហ្មណ៍ បើដូច្នោះ អ្នកចូររៀននូវគាថាទាំងឡាយនេះ ហើយសូត្រ ក្នុងរោងជាទីប្រជុំ នៅពេលដែលពួកមហាជនកំពុងប្រជុំគ្នា ទាំងដែលកូនទាំងឡាយរបស់អ្នក អង្គុយ ប្រជុំក្នុងទីនោះផងដែរថា ៖
យេហិ ជាតេហិ នន្ទិស្សំ យេសញ្ច ភវមិច្ឆិសំតេ មំ ទារេហិ សំបុច្ឆ សាវ វាទេន្តិ សូករំ ។ ខ្ញុំត្រេកអរ ដោយកូនទាំងឡាយណា ដែលកើតហើយផង ប្រាថ្នានូវសេចក្តីចម្រើន ដល់កូនទាំងឡាយ ណាផង កូនទាំងនោះ ក៏សមគំនិតគ្នាជាមួយនឹងប្រពន្ធទាំងឡាយ ហើយបណ្តេញខ្ញុំ ដូចជាឆ្កែបណ្តេញ ជ្រូក ។
អសន្តា កិរ មំ ជម្មា តាត តាតាតិ ភាសរេ រក្ខសា បុត្តរូបេន តេ ជហន្តិ វយោគតំ ។ កូនទាំងឡាយ ជាអសប្បុរស លាមក គ្រាន់តែហៅខ្ញុំថា បិតា បិតាប៉ុណ្ណោះទេ ប៉ុន្តែកូនទាំងនោះ ដូច អារក្សទឹកដែលមកដោយរូបជាកូន លះបង់នូវខ្ញុំដែលមានអាយុ ចូលដល់បច្ឆិមវ័យហើយ ។
អស្សោវ ជិណ្ណោ និព្ភោគោ ខាទនា អបនីយតិ ពាលកានំ បិតា ថេរោ បរាគារេសុ ភិក្ខតិ ។ បិតាចាស់របស់បុគ្គលទាំងឡាយ មិនមានអ្វីបរិភោគ តែងសូមទានប្របផ្ទះនៃជនដទៃ ដូចជាសេះចាស់ ប្រើប្រាស់មិនបាន គេនាំចេញចាកចំណី ។
ទណ្ឌោវ កិរ មេ សេយ្យោ យញ្ចេ បុត្តា អនស្សវា ចណ្ឌម្បិ គោណំ វារេតិ អថោ ចណ្ឌម្បិ កុក្កុរំអន្ធការេ បុរេ ហោតិ គម្ភីរេ គាធមេធតិ ទណ្ឌស្ស អានុភាវេន ខលិត្វា បដិតិដ្ឋតីតិ ។ ឈើច្រត់របស់ខ្ញុំប្រសើរ កូនទាំងឡាយដែលមិនស្តាប់បង្គាប់ មិនប្រសើរដូចជាឈើច្រត់ឡើយ ព្រោះ ឈើច្រត់ រមែងការពារគោកាចក៏បាន ការពារឆ្កែកាចក៏បាន ច្រត់ទៅមុខក្នុងទីងងឹតក៏បាន ស្ទង់ក្នុងទឹក ជ្រៅក៏បាន បុគ្គលភ្លាត់រអិលគង់ទប់ទៅវិញបាន ដោយអានុភាពនៃឈើច្រត់ ។
លំដាប់នោះឯង ព្រាហ្មណមហាសាលនោះ បានរៀននូវព្រះគាថាទាំងឡាយនេះ ក្នុងសម្នាក់ព្រះដ៏មាន ព្រះភាគ គឺរៀនសូត្រទាល់តែរត់មាត់ ។ ក្នុងថ្ងៃដែលពួកព្រាហ្មណ៍ប្រជុំគ្នា ទាំងដែលពួកបុត្រប្រដាប់ ដោយគ្រឿងអលង្ការទាំងពួង ចូលកាន់ទីប្រជុំនោះហើយអង្គុយលើអាសនៈយ៉ាងធំ កណ្តាលពួក ព្រាហ្មណ៍ ។
ព្រាហ្មណ៍ចាស់ជាបិតាគិតថា នេះជាពេលរបស់យើងហើយ ទើបចូលទៅកណ្តាលទីប្រជុំ លើកដៃឡើងពោលថា អស់លោកដ៏ចម្រើនទាំងឡាយ ខ្ញុំមានបំណងនឹងពោលគាថាដល់លោកទាំង ឡាយ កាលដែលខ្ញុំពោលដល់លោកទាំងឡាយ តើលោកទាំងឡាយស្តាប់ខ្ញុំទេ ? កាលដែលពួក ព្រាហ្មណ៍ពោលថា ពោលចុះ ព្រាហ្មណ៍ ពួកយើងនឹងស្តាប់ ដូច្នេះ ទើបបានឈរពោលពេលនោះតែម្តង នូវព្រះគាថា ដែលមានសេចក្តីថា ៖
ខ្ញុំត្រេកអរ ដោយកូនទាំងឡាយណា ដែលកើតហើយផង ប្រាថ្នានូវសេចក្តីចម្រើន ដល់កូនទាំងឡាយ ណាផង កូនទាំងនោះ ក៏សមគំនិតគ្នាជាមួយនឹងប្រពន្ធទាំងឡាយ ហើយបណ្តេញខ្ញុំ ដូចជាឆ្កែបណ្តេញ ជ្រូក ។ កូនទាំងឡាយ ជាអសប្បុរស លាមក គ្រាន់តែហៅខ្ញុំថា បិតា បិតាប៉ុណ្ណោះទេ ប៉ុន្តែកូនទាំងនោះ ដូច អារក្សទឹកដែលមកដោយរូបជាកូន លះបង់នូវខ្ញុំដែលមានអាយុ ចូលដល់បច្ឆិមវ័យហើយ ។
បិតាចាស់របស់បុគ្គលទាំងឡាយ មិនមានអ្វីបរិភោគ តែងសូមទានប្របផ្ទះនៃជនដទៃ ដូចជាសេះចាស់ ប្រើប្រាស់មិនបាន គេនាំចេញចាកចំណី ។ ឈើច្រត់របស់ខ្ញុំប្រសើរ កូនទាំងឡាយដែលមិនស្តាប់បង្គាប់ មិនប្រសើរដូចជាឈើច្រត់ឡើយ ព្រោះ ឈើច្រត់ រមែងការពារគោកាចក៏បាន ការពារឆ្កែកាចក៏បាន ច្រត់ទៅមុខក្នុងទីងងឹតក៏បាន ស្ទង់ក្នុងទឹក ជ្រៅក៏បាន បុគ្គលភ្លាត់រអិលគង់ទប់ទៅវិញបាន ដោយអានុភាពនៃឈើច្រត់ ។
ដោយសម័យនោះឯង ពួកមនុស្សមានប្រពៃណីដូច្នេះថា បុគ្គលណា បរិភោគសម្បត្តិនៃមាតាបិតា ហើយ មិនចិញ្ចឹមមាតាបិតា បុគ្គលនោះ ត្រូវសម្លាប់ចោល ព្រោះហេតុដូច្នោះហើយ បុត្រទាំងអស់របស់ ព្រាហ្មណ៍ ទើបក្រាបចុះក្បែរជើងទាំងពីររបស់បិតា ហើយអង្វរថា លោកឪពុកអើយ សូមលោកឪពុកឲ្យ ជីវិតដល់ពួកកូនផង ព្រោះទឹកចិត្តរបស់បិតាទន់ភ្លន់ដល់កូនៗ ព្រាហ្មណ៍ជាបិតាទើបពោលថា បពិត្រ លោកដ៏ចម្រើនទាំងឡាយ សូមលោកទាំងឡាយ កុំឲ្យកូនៗ ដ៏ល្ងង់ខ្លៅរបស់ខ្ញុំនេះវិនាសឡើយ ពួកគេ នឹងចិញ្ចឹមមើលថែដល់ខ្ញុំតទៅ ។
លំដាប់នោះ មនុស្សទាំងឡាយបានពោលទៅរកកូនៗ ទាំងនោះដូច្នេះថា នែ ! ពួកអ្នកឯងចូរប្រុងចាំ ស្តាប់ណ៎ា ចាប់តាំងពីថ្ងៃនេះនៅ បើពួកអ្នកមិនប្រណិប័តន៍បិតារបស់អ្នកឯងឲ្យល្អទេ ពួកយើងនឹង សម្លាប់ពួកអ្នកឯងចោល ជាមិនខាន ។ កូនៗ ទាំងនោះមានការភ័យខ្លាច ទើបនាំបិតាទៅកាន់ផ្ទះដើម្បី ប្រណិប័តន៍ ។ ឲ្យបិតាអង្គុយលើតាំង ហើយលើកឡើងនាំទៅដោយខ្លួនឯង ។ យកប្រេងលាបខ្លួន ហើយគក់ច្របាច់ ដល់ពេលងូតទឹក ឲ្យងូតទឹកដែលអប់ដោយគ្រឿងក្រអូប និង ជូនគ្រឿងស្លៀក ដណ្តប់ ដោយគូសំពត់មួយគូម្នាក់ៗ ។
កូនទាំងអស់បានហៅប្រពន្ធរបស់ខ្លួនមកប្រាប់ថា ចាប់តាំងពី ថ្ងៃនេះទៅ ពួកនាងចូរប្រណិប័តន៍បិតារបស់យើងឲ្យល្អ បើពួកនាងប្រមាទ ពួកយើងនឹងបណ្តេញពួក នាងឲ្យចេញពីផ្ទះ រួចហើយ កូនៗ បានជូនអាហារភោជនយ៉ាងប្រណីត អញ្ជើញបិតាបរិភោគ ។ ព្រាហ្មណ៍បានអាហារល្អ មានដំណេកយ៉ាងសប្បាយ ត្រឹមតែ ២-៣ ថ្ងៃប៉ុណ្ណោះ ក៏មានកម្លាំង មានរាង កាយស្រស់បស់ ។
ព្រាហ្មណ៍សម្លឹងមើលអត្តភាព ហើយគិតថា យើងបានសម្បត្តិនេះព្រោះអាស្រ័យព្រះសមណគោតម ទើបកាន់គ្រឿងបណ្ណាការធ្វើដំណើរទៅគាល់ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ ហើយ ក៏ធ្វើសេចក្តីរីករាយ ជាមួយនឹងព្រះដ៏មានព្រះភាគ ហើយក៏អង្គុយក្នុងទីសមគួរ ។
ព្រាហ្មណ៍ បានដាក់ថ្វាយសំពត់មួយគូ ទៀបបាទមូលនៃព្រះដ៏មានព្រះភាគ ព្រះអង្គទ្រង់ទទួលដោយសេចក្តី អនុគ្រោះ រួចហើយព្រាហ្មណ៍បានពោលពាក្យនេះ គឺក្រាបទូលព្រះដ៏មានព្រះភាគ ក្នុងពេលទទួល សរណគមន៍រួចហើយនោះឯង យ៉ាងនេះថា បពិត្រព្រះគោតមដ៏ចម្រើន ពួកកូនៗ បានឲ្យភត្តាហារ ប្រចាំដល់ខ្ញុំព្រះអង្គ ៤ ចំណែក ខ្ញុំព្រះអង្គសូមថ្វាយដល់ព្រះអង្គ ២ ចំណែកក្នុង ៤ ចំណែកនោះ ឯខ្ញុំ ព្រះអង្គនឹងបរិភោគខ្លួនឯង ២ ចំណែក ។
ព្រះដ៏មានព្រះភាគទ្រង់ត្រាស់ថា ម្នាលព្រាហ្មណ៍ អ្នកកុំបូជា ដល់តថាគត ចំពោះចំណែកដែលល្អឡើយ តថាគតនឹងទៅដល់កន្លែង តាមដែលតថាគតត្រូវទៅ ។ ព្រាហ្មណ៍ក្រាបទូលថា បពិត្រព្រះអង្គដ៏ចម្រើន យ៉ាងដូច្នោះឯង ហើយបានថ្វាយបង្គំព្រះដ៏មានព្រះភាគត្រឡប់ទៅផ្ទះ ។ ទៅដល់ផ្ទះហើយ បានហៅពួកកូនមកប្រាប់ថា កូនៗ ទាំងឡាយ ព្រះសមណ គោតមជាសម្លាញ់របស់ឪ នៅពេលព្រះអង្គយាងមកដល់ ចូរកូនៗ កុំភ្លេចថ្វាយភត្តាហារជាប្រចាំរបស់ឪ នៅពេលព្រះអង្គយាងមកដល់ ចូរកូនៗ កុំភ្លេចថ្វាយភត្តាហារជាប្រចាំរបស់ឪ ២ ចំណែក ដល់ព្រះអង្គ ណ៎ា ។ ពួកកូននាំគ្នាទទួលថា ល្អហើយឪ ។
ព្រឹកស្អែកឡើង ព្រះដ៏មានព្រះភាគទ្រង់ប្រដាប់ដោយបាត្រនិងចីវរ ទ្រង់យាងទៅកាន់គេហដ្ឋានរបស់ កូនប្រុសច្បង ។ កូនប្រុសច្បងបានទទួលបាត្រចាកព្រះហស្ត រួចយាងព្រះអង្គចូលទៅកាន់គេហដ្ឋាន ថ្វាយទីគង់ប្រថាប់ដ៏ប្រណីតហើយ ទើបបានថ្វាយនូវភោជនដ៏ប្រណីតឧត្តម ថ្ងៃបន្ទាប់មកទៀត ព្រះ បរមសាស្តាស្តេចយាងទៅកាន់គេហដ្ឋាននៃកូនម្នាក់ទៀត ជាបន្តបន្ទាប់ ព្រះអង្គស្តេចយាងទៅកាន់ គេហដ្ឋាននៃបុត្ររបស់ព្រាហ្មណ៍ គ្រប់គ្នាតាមលំដាប់ ដោយប្រការដូច្នេះឯង ។ ពួកកូនៗ ទាំងនោះ គ្រប់គ្នាបានធ្វើសក្ការៈដូចៗ គ្នា ។
ក្រោយមក ថ្ងៃមួយ នៅឯគេហដ្ឋានរបស់កូនប្រុសច្បងមានពិធីមង្គល ។ កូនបាននិយាយនឹងបិតាថា បពិត្របិតា ពួកយើងនឹងថ្វាយមង្គលដល់អ្នកណា ? ព្រាហ្មណ៍ជាបិតាពោលថា ពួកយើងអត់ស្គាល់អ្នក ដទៃណាឡើយ ព្រះសមណគោតមជាសម្លាញ់របស់ឪមិនមែនទេឬ ។ កូនច្បងបានពោលថា បើដូច្នោះ បិតាចូរយាងព្រះសមណគោតមមកដើម្បីសោយភត្តាហារក្នុងថ្ងៃស្អែកព្រមដោយភិក្ខុសង្ឃ ៥០០ អង្គ។ ព្រាហ្មណ៍៍ក៏បានធ្វើដូច្នោះ តាមពាក្យរបស់កូន ។
ព្រះដ៏មានព្រះភាគ ទ្រង់ទទួលនូវការអារាធនាហើយ ហែហមទៅដោយព្រះភិក្ខុសង្ឃ ស្តេចយាងទៅ តាមកាលកំណត់ ចូលកាន់គ្រឹះស្ថានរបស់បុត្រច្បងដែលប្រដាប់តាក់តែងដោយគ្រឿងប្រដាប់ផ្សេងៗ។ បុត្រច្បងបាននិមន្តព្រះសង្ឃដែលមានព្រះពុទ្ធអង្គជាប្រមុខ គង់លើអាសនៈដែលបានក្រាលទុកហើយ បានថ្វាយនូវបាយាស ដែលមានទឹកតិច ព្រមទាំងខាទនីយាហារផ្សេងៗ ទៀត ។
កូនទាំងអស់បានមក ជួបជុំគ្នា សមគួរតាមវេលា បានក្រាបទូលព្រះដ៏មានព្រះភាគថា បពិត្រព្រះគោតមដ៏ចម្រើន ពួកខ្ញុំព្រះ អង្គបានប្រណិប័តន៍បិតារបស់ពួកខ្ញុំព្រះអង្គ ដោយមិនបានប្រមាទឡើយ សូមព្រះអង្គទ្រង់ទតមើលនូវ អត្តភាព ។
ព្រះបរមសាស្តាទ្រង់ត្រាស់ថា ការចិញ្ចឹមបីបាច់ថែរក្សាមាតាបិតា ដែលពួកអ្នកបានធ្វើហើយ គឺជាការល្អ ពួកបុរាណបណ្ឌិតបានធ្លាប់ប្រព្រឹត្តមកហើយយ៉ាងស្មោះស្មើ ។ ព្រះដ៏មានព្រះភាគទ្រង់ ត្រាស់នូវនាគរាជជាតក ប្រកាសអរិយសច្ច ៤ ក្នុងពេលចប់ព្រះធម៌ទេសនា ព្រាហ្មណ៍ព្រមទាំងកូន ៤ នាក់ ទាំងកូនប្រសាស្រី ៤ នាក់ទៀតនោះ បានបញ្ជូនញាណទៅតាមក្រសែព្រះធម៌ តាំងនៅក្នុង សោតាបត្តិផល ។
ចាប់តាំងពីពេលនោះមក ព្រះបរមសាស្តា ស្តេចពុំបានយាងទៅកាន់ផ្ទះនៃជនទាំងនោះទៀតឡើយ ក្នុងកាលទាំងពួង ។
ដោយ៥០០០ឆ្នាំ
images/articles/388/tex32w43tpic.jpg
Public date : 04, May 2020 (43046 Read)
ព្រះបរមសាស្តា កាលដែលទ្រង់គង់ប្រថាប់នៅព្រះវេឡុវ័នមហាវិហារ ទ្រង់ប្រារព្ធការដែលភិក្ខុទេវទត្ត ខិតខំប្រឹងប្រែងធ្វើឃាតព្រះអង្គនោះឯង ទ្រង់ត្រាស់ព្រះធម៌ទេសនានេះ មានពាក្យជាអាទិ៍ថា យស្សេតេ ច តយោ ធម្មា ។
images/articles/394/textp344ric.jpg
Public date : 04, May 2020 (43635 Read)
អត្ថស្សទ្វារជាតក
( ទ្វារមុខនៃប្រយោជន៍ មាន ៦ )
ព្រះបរមសាស្តា កាលដែលទ្រង់គង់ប្រថាប់នៅព្រះជេតពនមហាវិហារ ទ្រង់ប្រារព្ធកុលបុត្រម្នាក់ដែលជាអ្នកឆ្លាតក្នុងប្រយោជន៍
images/articles/410/Untitled-1.jpg
Public date : 04, May 2020 (44264 Read)
វានរិន្ទជាតក
( បុគ្គលដែលប្រកបដោយធម៌ ៤ រមែងកន្លងបង់នូវសត្រូវ )
ព្រះបរមសាស្តា កាលដែលព្រះអង្គទ្រង់គង់ប្រថាប់នៅព្រះជេតពនមហាវិហារ
images/articles/429/Untitled-1.jpg
Public date : 04, May 2020 (43949 Read)
តំណាលមកថា អ្នករបាំម្នាក់ដើរចាប់កូនសេកមកហ្វឹកហាត់។ នាងនៅអាស្រ័យភិក្ខុនី វេលាទៅក៍ទៅ (តែខ្លួន) ភ្លេចកូនសេក ពួកសាមណេរី ក៍ចាប់វាមកចិញ្ចឹមទុក ។ ដាក់ឈ្មោះឲ្យថា ពុទ្ធរក្ខិត (រក្សាពុទ្ធ)។
វាឆ្លើយថា អ្វីចា ម៉ែម្ចាស់
images/articles/445/Untitle53463456d-1.gif
Public date : 04, May 2020 (21399 Read)
…ព្រះនន្ទនេះត្រូវបានព្រះសម្មាសម្ពុទ្ធនាំយកទៅបួស ហើយព្រះនន្ទក៏បានបួសតាមព្រះម្ចាស់បង មិនហ៊ានប្រកែកដោយការគោរពដល់ព្រះសម្មាសម្ពុទ្ធ
images/articles/509/image.jpeg
Public date : 04, May 2020 (20216 Read)
អំពីមលធម៌៨យ៉ាង ដែលមានពុទ្ធភាសិតក្នុងគម្ពីរធម្មបទ ខុទ្ទកនិកាយ ត្រង់មលវគ្គ ដូចមានមាតិការៀបរៀងក្នុងទីនេះគឺ៖
១. អសជ្ឈាយមលា មន្តា មន្តទាំងឡាយ មានការមិនស្វាធ្យាយជាមិន្ទិល។
images/articles/516/image.jpeg
Public date : 04, May 2020 (23748 Read)
សភាវៈទាំងឡាយក្នុងលោកនេះ ដែលសង្ខារតាក់តែងហើយ រមែងកើតឡើង តាំងនៅ ហើយក៏រលត់ទៅវិញជាធម្មតា មិនបានស្ថិតស្ថេរទៀងទាត់ឡើយ យ៉ាងណាមិញ មនុស្សគ្រប់រូបដែលកើតមកហើយ
images/articles/518/image.jpeg
Public date : 04, May 2020 (18981 Read)
បុគ្គលដែលប្រកបដោយហិរិ និងឱត្តប្បៈ ឈ្មោះថា ជាអ្នកមានទេវធម៌ក្នុងលោក ។
ព្រះបរមសាស្តា កាលប្រថាប់នៅក្នុងវត្តជេតពន ទ្រង់ប្រារព្ធភិក្ខុអ្នកមានភណ្ឌៈច្រើន ទើបត្រាស់ព្រះធម៌ទេសនានេះ មានពាក្យផ្តើមថា ហិរិឱត្តប្បសម្បន្នា ដូច្នេះ ។
images/articles/2702/32s55stpic.jpg
Public date : 24, Apr 2020 (2949 Read)
នាងពិម្ពាយសោធរារាហុលមាតា ជាកន្សៃសារពេជ្ញ នៃព្រះសិទ្ធត្ថជាសព្វញ្ញុបរមពោធិសត្វ
កន្សៃសារពេជ្ញ (ន.) ស្រីជាអគ្គមហេសីរបស់ព្រះបរមពោធិសត្វជាបច្ឆិមជាតិ ក្នុងកាលដែលនៅជាគ្រហស្ថ ឬដែលបានត្រាស់ហើយ ក៏គង់នៅហៅស្រីនោះថា កន្សៃសារពេជ្ញ :
កាលនោះ ព្រះអង្គជាព្រាហ្មណ៍ ឈ្មោះសុមេធៈ តាក់តែង ផ្លូវសម្រាប់ថ្វាយព្រះពុទ្ធទីបង្ករ ទ្រង់ឃើញ ធម៌ទាំងពួង កាលស្ដេចមកដល់ ខ្ញុំជាកញ្ញា កើតក្នុងត្រកូល ព្រាហ្មណ៍ ឈ្មោះនាងសុមិត្តា បានចូលទៅកាន់ទីប្រជុំ ។
ខ្ញុំយកផ្កាឧប្បល ៨ ក្ដាប់ ដើម្បីបូជាព្រះសាស្ដា បានឃើញឥសីដ៏ឧត្ដម ក្នុងកណ្ដាលនៃជន ។ កាលនោះ ខ្ញុំបានឃើញព្រះសម្ពុទ្ធ ទ្រង់ខានយាងមកអស់កាលយូរ ទ្រង់មានព្រះទ័យ ប្រកបដោយ ករុណា ក៏បណ្ដាលឲ្យចិត្តត្រេកអរក្រៃលែង ហើយសំគាល់ថា ជីវិតរបស់អាត្មាអញប្រកបដោយផល ។កាលនោះ ខ្ញុំបានឃើញសេចក្ដីព្យាយាមប្រកបដោយផល របស់ឥសី នោះ ទាំងចិត្តរបស់ខ្ញុំ ក៏ជ្រះថ្លាក្នុងព្រះពុទ្ធ ដោយកុសលកម្ម មានក្នុងកាលមុន ។
ខ្ញុំញ៉ាំងចិត្តឲ្យជ្រះថ្លាក្រៃ លែង ក្នុងឥសីមានចិត្តខ្ពង់ខ្ពស់ ហើយទូលថា បពិត្រឥសី ខ្ញុំ មិនឃើញវត្ថុដទៃ ដែលគួរថ្វាយទេ ខ្ញុំសូមថ្វាយផ្កាទាំងឡាយ ដល់លោក ។បពិត្រឥសី ផ្កា ៥ ក្ដាប់ ចូរមានដល់លោក ផ្កា ៣ ក្ដាប់ ចូរមានដល់ខ្ញុំ បពិត្រឥសី ផ្កាទាំងឡាយ ចូរជារបស់ស្មើ គ្នា មួយអន្លើដោយឥសីនោះ ដើម្បីប្រយោជន៍ដល់ ពោធិញ្ញាណរបស់ព្រះអង្គ ។
(វចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត , សុត្តន្តបិដក ខុទ្ទកនិកាយ អបទាប ថេរិយាបទាន កុណ្ឌលកេសវគ្គ យសោធរាថេរិយាបទាន បិដកលេខ ៧៦ ទំព័រ ១៨០)
ដោយខេមរ អភិធម្មាវតារ
ដោយ៥០០០ឆ្នាំ
images/articles/2706/7555tpic.jpg
Public date : 24, Apr 2020 (2036 Read)
នាមសិទ្ធិជាតក
(ប្រយោជន៍ និងសេចក្ដីប្រាថ្នា ឬ សេចក្ដីល្អ និងសេចក្ដីអាក្រក់មិនមែនសម្រេចមកដោយឈ្មោះ)
ព្រះសាស្ដាកាលស្ដេចគង់នៅក្នុងវត្តជេតពន ទ្រង់ប្រារព្ធនាមសិទ្ធិកភិក្ខុ (ភិក្ខុដែល មានការប្រកាន់ថា សេចក្ដីសម្រេចបានមកដោយឈ្មោះ) មួយរូប បានត្រាស់ ព្រះធម្មទេសនានេះថា ជីវកញ្ច មតំ ទិស្វា ដូច្នេះ (ជាដើម)។
បានឮថា កុលបុត្រមួយរូប ដោយនាមបញ្ញិ មានឈ្មោះថា បាបកៈ (មនុស្សគម្រក់) ។ កុលបុត្រនោះ បានបួស ថ្វាយជីវិតក្នុងព្រះសាសនា កាលភិក្ខុទាំងឡាយហៅដោយពាក្យថាឯហាវុសោ, បាបក ម្នាលអាវុសោបាបកៈ អ្នកចូរមក, តិដ្ឋាវុសោ, បាបក ម្នាលអាវុសោបាបកៈ អ្នកចូរឋិតនៅហើយ ។
ភិក្ខុឈ្មោះបាបកៈនោះគិតថា ក្នុងលោកនេះ អ្នកមានឈ្មោះថាបាបកៈ ត្រូវគេចាត់ទុកថា ជា លាមក ជាកាឡកណ្ណី យើងនឹងឲ្យឧបជ្ឈាយ៍ និងអាចារ្យដាក់ឈ្មោះដទៃដែលប្រកបដោយមង្គល ។
ភិក្ខុនោះក៏ចូលទៅរកឧបជ្ឈាយ៍និងអាចារ្យហើយពោលថា បពិត្រលោកម្ចាស់ដ៏ចម្រើនអើយ ឈ្មោះរបស់ខ្ញុំនេះជាអពមង្គល សូមលោកម្ចាស់មេត្តាដាក់ឈ្មោះដទៃដល់ខ្ញុំផង ។
លំដាប់នោះ ឧបជ្ឈាយ៍និងអាចារ្យទាំងឡាយបានពោលយ៉ាងនេះថា ម្នាលអាវុសោ ឈ្មោះនេះគ្រាន់តែជាបញ្ញត្តិប៉ុណ្ណោះ សេចក្ដីសម្រចជាប្រយោជន៍យ៉ាងណាមួយ នឹងបានមកដោយ ឈ្មោះនេះ មិនមានឡើយ អ្នកចូរជាអ្នកត្រេកអរមានសន្ដោសនឹងឈ្មោះរបស់ខ្លួនចុះ ។
ភិក្ខុឈ្មោះបាបកៈនោះក៏ចេះតែសូម (ឲ្យឧបជ្ឈាយ៍និងអាចារ្យដាក់ឈ្មោះថ្មី) ជារឿយៗ ។ភាពជាអ្នកមានការប្រកាន់ថា សេចក្ដីសម្រេចរមែងបានមកដោយឈ្មោះនេះ របស់ភិក្ខុនោះ ក៍កើតប្រាកដដល់ភិក្ខុសង្ឃទាំងឡាយ ។
ក្នុងថ្ងៃមួយ ភិក្ខុទាំងឡាយអង្គុយ (ប្រជុំគ្នា) ក្នុងធម្មសភា បានញ៉ាំងកថា (ដែលទាក់ទិននឹង រឿងនោះ) ឲ្យតាំងឡើងថា ម្នាលអាវុសោទាំងឡាយ បានឮថា ភិក្ខុឯណោះជាអ្នកមានសេចក្ដី សម្រេចដោយឈ្មោះ បានញ៉ាំងឧបជ្ឈាយ៍និងអាចារ្យដាក់ឈ្មោះដែលជាមង្គលឲ្យ ។
លំដាប់នោះ ព្រះបរមសាស្ដាចារ្យស្ដេចយាងមកកាន់ធម្មសភា បានត្រាស់សួរថា ម្នាកភិក្ខុទាំងឡាយ ប្រជុំនិយាយគ្នាដោយរឿងអ្វី ? ភិក្ខុទាំងឡាយទូលថា ដោយរឿងយ៉ាងនេះ ព្រះអង្គ ។ ព្រះមានព្រះភាគត្រាស់ថា ម្នាកភិក្ខុទាំងឡាយ មិនមែនតែក្នុងកាលឥឡូវនេះទេ សូម្បីក្នុង កាលមុន ភិក្ខុនោះក៏ជាអ្នកមានការយល់ថា សេចក្ដីសម្រចតែងបានមកដោយឈ្មោះដែរ ហើយទ្រង់ បាននាំអតីតនិទានមកសម្ដែង (ប្រាប់ភិក្ខុទាំងឡាយថា) ៖
ក្នុងអតីតកាលដ៏យូរលង់ណាស់មកហើយ ព្រះបរមពោធិសត្វជាអាចារ្យទិសាបាមោក្ខ (អាចារ្យជាប្រធានក្នុងទិស ឬអាចារ្យជាប្រធាននៃសិស្សគ្រប់ទិស គឺអាចារ្យធំដែលចេះវិជ្ជាច្រើនប្រភេទ សម្រាប់ប្រើតាមជាន់ តាមសម័យ, ជាអ្នកអាចបង្ហាត់បង្រៀនពួកសិស្សដែលកាត់មកពីគ្រប់ទិស គ្រប់ប្រទេស) បង្ហាត់បង្រៀននូវមន្តវិជ្ជាទាំងឡាយដល់ មាណពចំនួន ៥០០ នាក់ ក្នុងក្រុងតក្កសិលា ។ បណ្ដាមាណពជាសិស្សទាំងនោះមានមាណពម្នាក់ឈ្មោះ បាបកៈ ។ មាណពឈ្មោះបាបកៈនោះ កាលមាណពទាំងឡាយហៅថា នែបាបកៈ ចូរមក នែបាបកៈ ចូរទៅ ដូច្នេះក៏គិតថា ឈ្មោះរបស់យើងជាអពមង្គល យើងនឹងឲ្យអាចារ្យដាក់ឈ្មោះដទៃ ។
មាណពឈ្មោះបាបកៈនោះបានចូលទៅរកអាចារ្យហើយពោលថា បពិត្រលោក អាចារ្យ ឈ្មោះរបស់ខ្ញុំជាអពមង្គល សូមលោកមេត្តាដាក់ឈ្មោះដទៃដល់ខ្ញុំផង ។ លំដាប់នោះ លោកអាចារ្យបានពោលថា នែអ្នក អ្នកចូរត្រាច់ចារិកទីកាន់ជនបទ ហើយកាន់យកឈ្មោះដែលជាមង្គលនិងដែលជាទីពេញចិត្តរបស់ខ្លួនមួយមក ហើយអ្នកចូរ មកចុះ យើងនឹងបានប្ដូរឈ្មោះដល់អ្នកដែលមកហើយនឹងដាក់ឈ្មោះដទៃ ។
មាណពឈ្មោះបាបកៈនោះទទួលថា សាធុ ដូច្នេះហើយ បានកាន់យកវត្ថុដែលជា ប្រយោជន៍ កាលធ្វើដំណើរចេញទៅ បានត្រាច់ទៅកាន់ស្រុកដោយលំដាប់ហើយក៏បានដល់ នគរមួយ ។ក្នុងពេលនោះ មានបុរសម្នាក់ឈ្មោះជីវិកៈ (ប្រែអ្នកមានជីវិត ឬលោករស់) បានធ្វើ កាលកិរិយា ។ មាណពបាបកៈនោះ ឃើញជនជាញាតិកំពុងនាំសាកសពនោះទៅកាន់ទី ប៉ាឆា ក៏បានសួរគេថា កិំ នាមកោ ឯស បុរិសោ បុរសនោះឈ្មោះអ្វី ? ជនជាញាតិបានប្រាប់ថា ជីវកោ នាមេសោ បុរសនោះឈ្មោះជីវិកៈ ។ សូម្បីឈ្មោះជីវិកៈក៏ត្រូវស្លាប់ សូម្បីឈ្មោះអជីវិកៈក៏ត្រូវស្លាប់ ឈ្មោះគ្រាន់តែជាបញ្ញត្តិ ប៉ុណ្ណោះ អ្នកឯងនេះ ល្ងង់មែន ។ មាណពបាបកៈស្ដាប់ពាក្យនោះហើយ បានជាអ្នកមានចិត្តកណ្ដាលក្នុងឈ្មោះ ហើយបានចូលទៅកាន់ខាងក្នុងនគរ ។
លំដាប់នោះ ពួកនាយទុនកំពុងចាប់នាងទាសីម្នាក់ដែលមិនធ្វើនូវការងារឲ្យអង្គុយ ត្រង់ទ្វារហើយវាយដោយខ្សែ នាងទាសីនោះមានឈ្មោះថា ធនបាលី (ស្ត្រីរក្សានូវទ្រព្យ) ។ មាណពបាបកៈកាលទៅកាន់ចន្លោះនៃផ្លូវបានឃើញនាយទុនកំពុងវាយនូវនាងទាសីនោះ ហើយសួរគេថា នែអ្នក អ្នកវាយស្ត្រីនេះព្រោះហេតុអ្វី ? ពួកនាយទុនប្រាប់ថា ស្ត្រីនេះមិនធ្វើនូវការងារ ។ មាណពបាបកៈសួរទៀតថា ហើយស្ត្រីហ្នឹងមានឈ្មោះអ្វី ? នាយទុនប្រាប់ថា ស្ត្រីនេះឈ្មោះធនបាលី ។ សូម្បីមានឈ្មោះធនបាលីក្ដី អធនបាលីក្ដី ឲ្យតែមិនអាចនឹងធ្វើនូវការងារ រមែងជាអ្នកមានសេចក្ដីលំបាក ដូចជា នាងធនបាលីនេះចឹង ឈ្មោះគ្រាន់តែជាបញ្ញត្តិប៉ុណ្ណោះ អ្នកឯងនេះពិតជាល្ងង់មែន ។
មាណពបាបកៈ (ស្ដាប់ដូច្នេះហើយ) បានជាអ្នកមានចិត្តកណ្ដាលយ៉ាងខ្លាំង ហើយក៏ចេញចាកនគរ ដើរទៅកាន់ផ្លូវ បានជួបបុរសដែលវង្វេងផ្លូវ ក្នុងផ្លូវជាចន្លោះ ហើយក៏សួរគេថា នែអ្នកដ៏ចម្រើន អ្នកកាលធ្វើអ្វី ទើបបានត្រាច់ទៅ ? បុរសនោះប្រាប់ថា បពិត្រអ្នកអើយ ខ្ញុំវង្វេងផ្លូវហើយ ។
បាបកៈមាណពសួរទៀតថា ហើចុះអ្នកមានឈ្មោះអ្វីដែរ ? បុរសនោះប្រាប់ថា ខ្ញុំឈ្មោះបន្ថកៈ (អ្នកដើរផ្លូវ) ។ សូម្បីឈ្មោះបន្ថកៈក្ដី ក៏ជាអ្នកវង្វេងផ្លូវ សូម្បីឈ្មោះអបន្ថកៈក្ដីក៏ជាអ្នកវង្វេង ឈ្មោះគ្រាន់តែជាបញ្ញត្តិប៉ុណ្ណោះ អ្នកឯងនេះពិតជាល្ងង់មែន ។
មាណពបាបកៈនោះ បានជាអ្នកមានចិត្តកណ្ដាលយ៉ាងក្រៃលែងហើយក៏ទៅកាន់ សំណាក់អាចារ្យ ។ លោកអាចារ្យសួរថា ម្នាលសិស្ស អ្នកបានឈ្មោះដែលជាទីពេញចិត្ត ហើយឬ ទើបត្រឡប់មក ? បាបកៈមណពពោលថា បពិត្រលោកអាចារ្យ សូម្បីជនទាំងឡាយឈ្មោះជីវិកៈក្ដី អជីវិកៈក្ដី ក៏នៅតែស្លាប់, សូម្បីស្ត្រីទាំងឡាយឈ្មោះធនបាលីក្ដី អធនបាលីក្ដី ក៏នៅតែជា មានសេចក្ដីលំបាក, សូម្បីបុរសទាំងឡាយឈ្មោះបន្ថកៈក្ដី អបន្ថកៈក្ដី ក៏នៅតែវង្វេងផ្លូវ, ឈ្មោះគ្រាន់តែជាបញ្ញត្តិប៉ុណ្ណោះ សេចក្ដីសម្រេចនឹងបានដោយឈ្មោះ រមែងមិនមាន សេចក្ដីសម្រេចរមែងបានមកដោយកម្មប៉ុណ្ណោះ ។ ណ្ហើយចុះលោកអាចារ្យ លោកមិនបាច់ ដាក់ឈ្មោះដទៃឲ្យខ្ញុំឡើយ ខ្ញុំយកឈ្មោះរបស់ខ្ញុំដូចដើមនោះឯងចុះ ។ ព្រះពោធិសត្វប្រៀបធៀបនូវរឿងដែលគេបានឃើញ និងកម្មដែលគេបានធ្វើ ហើយក៏ពោលនួវគាថានេះថា
ជីវកញ្ច មតំ ទិស្វា ធនបាលិញ្ច ទុគ្គតំ
បន្ថកញ្ច វនេ មូឡ្ហំ បាបកោ បុនរាគតោ ។
មាណពឈ្មោះបាបកៈបានឃើញបុរសរស់ហើយស្លាប់ផង ឃើញទាសីឈ្មោះនាង រក្សាទ្រព្យហើយខ្សត់ទ្រព្យផង ឃើញបុរសអ្នកដើរផ្លូវ ហើយវង្វេងក្នុងព្រៃផង មកវិញ ហើយ ។
បណ្ដាបទទាំងនោះ បទថា បុនរាគតោ សេចក្ដីថា មាណពបាបកៈបានឃើញនូវ ហេតុទាំង ៣ នេះហើយ ក៏ត្រឡប់មកវិញ រអក្សរ លោកពោលដោយអំណាចសន្ធិ ។ ព្រះសាស្ដាបាននាំព្រះធម្មទេសនានេះមកហើយ ទ្រង់ត្រាស់ថា ន, ភិក្ខវេ, ឥទានេវ, បុព្ពេបេស នាមសិទ្ធិកោយេវ ម្នាលភិក្ខុទាំងឡាយ មិនមែនតែក្នុងកាល ឥឡូវនេះទេ សូម្បីក្នុងកាលមុន ភិក្ខុនេះក៏ជាអ្នកមានការប្រកាន់ថា សេចក្ដីសម្រេចតែង បានមកដោយឈ្មោះដែរ ក្នុងកាលទីបញ្ចប់នៃជាតក ទ្រង់ប្រជុំជាតកថា តទា នាមសិទ្ធិកោ ឥទានិបិ នាមសិទ្ធិកោយេវ មាណពបាបកៈ ដែលជា អ្នកប្រាថ្នាសេចក្ដីសម្រេចដោយឈ្មោះក្នុងកាលនោះ បានមកជាភិក្ខុអ្នកប្រាថ្នាសេចក្ដី សម្រេចដោយឈ្មោះក្នុងកាលនេះ ។ អាចរិយបរិសា ពុទ្ធបរិសា បរិស័ទអាចារ្យក្នុងកាលនោះ បានមកជាពុទ្ធបរិស័ទ ក្នុងពេលនេះ ។ អាចរិយោ បន អហមេវ អហោសិ ចំណែក អាចារ្យក្នុងកាលនោះ បានមកជា តថាតតនេះឯង ។
(អដ្ឋកថា ខុទ្ទកនិកាយ ជាតក ឯកកនិបាត លិត្តវគ្គទី ១០ នាមសិទ្ធិជាតកទី ៧ បិដកលេខ ៥៨ ទំព័រ ៤៣)
បទពិចារណា
នាមំ នាម វោហារមត្តំ ឈ្មោះត្រឹមតែជាវោហារសម្រាប់ហៅប៉ុណ្ណោះ ។ ន តំ បណ្ឌិតា បមាណំ ករោន្តិ បណ្ឌិតទាំងឡាយមិនធ្វើនូវឈ្មោះនោះឲ្យជា ប្រមាណ ។ សុតមង្គលិកេន នាម ភវិតុំ ន វដ្ដតិ មិនគួរជាមនុស្សដែលជឿថា ការស្ដាប់ពាក្យល្អជា មង្គល ។
ដោយខេមរ អភិធម្មាវតារ
ដោយ ៥០០០ឆ្នាំ
images/articles/2871/____________pic.jpg
Public date : 24, Apr 2020 (1906 Read)
រឿងស្ដេចត្រីពោធិសត្វប្រកាសសច្ចវាចាហៅភ្លៀងឲ្យធ្លាក់ចុះ
ព្រះបរមសាស្តា កាលស្ដេចគង់នៅក្នុងវត្តជេតពន ទ្រង់ប្រារព្ធភ្លៀងដែលទ្រង់ បណ្តាលឲ្យធ្លាក់មក បានត្រាស់ព្រះធម្មទេសនានេះ មានពាក្យផ្តើមថា អភិត្ថនយ បជ្ជុន្ន ដូច្នេះជាដើម ។ បានឮថា សម័យមួយ ក្នុងដែនកោសលមិនមានភ្លៀងសោះ សន្ទូងទាំងឡាយ ហួតហែង អណ្តូងទឹក ស្រះបោក្ខរណី និងស្រះក្នុងទីនោះៗ ក៏រីងស្ងួត សូម្បីស្រះ បោក្ខរណីជេតពនដែលនៅជិតខ្លោងទ្វារវត្តជេតពនក៏ដាច់ទឹកដែរ ។ ហ្វូងក្អែកនិងហ្វូង បក្សីជាដើម នាំគ្នាចោមរោមយកចំពុះចឹកត្រីនិងអណ្តើកដែលកប់ចូលទៅក្នុងភក់ ចេញ មកស៊ីទាំងដែលកំពុងរើបម្រះ ។
ព្រះបរមសាស្តា ទ្រង់ទតឃើញសេចក្តីវិនាសរបស់ត្រី និងអណ្តើក ត្រូវព្រះមហាករុណាដាស់តឿនព្រះទ័យឲ្យទ្រង់មានឧស្សាហៈទើបទ្រង់ព្រះ តម្រិះថា ថ្ងៃនេះតថាគតគួរបណ្តាលភ្លៀងឲ្យធ្លាក់ចុះមក ។ លុះរាត្រីកន្លងទៅ (ភ្លឺ) ទ្រង់បដិបត្តិសរីរៈស្រេចហើយ ទ្រង់កំណត់វេលាភិក្ខាចារ មានភិក្ខុសង្ឃមួយពួកធំ ហែហម ស្តេចចូលទៅបិណ្ឌបាតក្នុងនគរសាវត្ថីដោយព្រះពុទ្ធលីលា ក្រោយភត្តទ្រង់ ត្រឡប់មកអំពីបិណ្ឌបាតហើយ កាលទ្រង់ត្រឡប់មកអំពីនគរសាវត្ថីចូលកាន់ព្រះវិហារ ទ្រង់ប្រថាប់ឈរក្បែរជណ្តើរស្រះបោក្ខរណីជេតពន ត្រាស់ហៅព្រះអានន្ទថា ម្នាល អានន្ទ អ្នកចូរយកសំពត់ងូតទឹកមក តថាគតនឹងស្រង់ទឹកក្នុងស្រះបោក្ខរណីជេតពន ។
ព្រះអានន្ទកា្របទូលថា បពិត្រព្រះអង្គដ៏ចម្រើន ទឹកក្នុងស្រះបោក្ខរណីជេតពន រីងស្ងួតអស់ហើយ នៅសល់ត្រឹមតែសើមដីប៉ុណ្ណោះមិនមែនឬ ព្រះអង្គ ?ព្រះសាស្តាត្រាស់ថា ម្នាលអានន្ទ ធម្មតាកម្លាំងរបស់ព្រះពុទ្ធខ្លាំង អ្នកចូរទៅយក សំពត់ងូតទឹកមកចុះ ។ ព្រះអានន្ទក៏ទៅយកមកថ្វាយ ព្រះបរមសាស្តាទ្រង់ស្លៀកសំពត់ ឧទកសាដកដោយជាងម្ខាង ជាយម្ខាងទៀតទ្រង់ដណ្តប់ព្រះសរីរៈ ទ្រង់ប្រថាប់ឈរនៅ ក្បែរជណ្តើរ ទ្រង់តាំងព្រះទ័យថា តថាគតនឹងស្រង់ទឹកក្នុងស្រះបោក្ខរណីជេតពន ។
ភ្លាមនោះឯង បណ្ឌុកម្ពលសិលាសនៈរបស់សក្កទេវរាជ ក៏សម្តែងអាការៈក្តៅ សក្ក ទេវរាជទ្រង់ពិចារណាថា តើមានហេតុអ្វីហ្ន៎ ? ទ្រង់ជ្រាបហេតុនោះ ទើបមានទេវបញ្ជា ហៅវលាហកទេវរាជ ម្ចាស់ភ្លៀងមកគាល់ហើយត្រាស់ថា នែទេវបុត្រ ព្រះបរមសាស្តា ទ្រង់តាំងព្រះទ័យថា តថាគតនឹងស្រង់ទឹកក្នុងស្រះបោក្ខរណីជេតពន ទ្រង់ប្រថាប់ឈរ នៅក្បែរជណ្តើរស្រះ អ្នកចូរធ្វើដែនកោសលទាំងមូលឲ្យមានភ្លៀងធ្លាក់ជោកជាំ បណ្តាល ឲ្យភ្លៀងធ្លាក់ចុះមកឆាប់ៗចុះ ។
វលាហកទេវរាជទទួលទេវបញ្ជាហើយ ស្លៀកដុំពពក មួយដុំ ដណ្តប់មួយដុំ ច្រៀងបទចម្រៀងដែលមានឈ្មោះថា មេឃសង្គីត បែរមុខទៅរក លោកធាតុខាងកើត ហោះទៅកាន់ទិសខាងកើត ក៏ប្រាកដដុំពពកមួយដុំប៉ុនលានបញ្ជាន់ ស្រូវ ត្រួតលើគ្នាជាជាន់ៗទាំងរយជាន់ ពាន់ជាន់ ផ្គរលាន់ទ្រហឹងអឺងកង ផ្លេកបន្ទោរដាល ច្រវាត់ ភ្លៀងក៏ធ្លាក់ចុះមកដូចគេផ្កាប់ឆ្នាំង ដែនកោសលទាំងមូលជន់លិចដូចជំនន់ ទឹកហូរមក ភ្លៀងបង្អុរចុះមកមិនដាច់ខ្សែ មួយភ្លែតប៉ុណ្ណោះ ក៏ពេញស្រះបោក្ខរណី ជេតពន ទឹកលិចរហូតដល់មាត់ជណ្តើរ ។
ព្រះបរមសាស្តា ទ្រង់ស្រង់ទឹកក្នុងស្រះបោក្ខរណីជេតពនហើយ ទ្រង់គ្រងសំពត់ ពីរជាន់ពណ៌ក្រហម ក្រវាត់វត្ថពន្ធចង្កេះ ទ្រង់គ្រងព្រះសុគតចីវរឆៀងស្មាម្ខាង ហែហម ដោយភិក្ខុសង្ឃ ស្តេចយាងទៅ ទ្រង់គង់លើបវរពុទ្ធាសនៈ ដែលក្រាលទុកហើយក្នុង បរិវេណព្រះគន្ធកុដិ កាលភិក្ខុសង្ឃសម្តែងវត្តបដិបត្តិហើយ ស្តេចឧដ្ឋាការទ្រង់ប្រថាប់ ឈរលើផ្ទៃជណ្តើរកែវមណី ប្រទានឱវាទដល់ភិក្ខុសង្ឃ ហើយទ្រង់បញ្ជូនភិក្ខុសង្ឃឲ្យ ត្រឡប់ទៅវិញ ស្តេចយាងចូលកាន់ព្រះគន្ធកុដិដែលមានក្លិនជាប់ចិត្ត ទ្រង់ផ្ទំសីហសេយ្យាដោយបែរទៅខាងស្តាំ ។
លុះដល់ពេលរសៀល ពួកភិក្ខុអង្គុយប្រជុំគ្នាក្នុងធម្មសភាលើករឿងឡើងសន្ទនាគ្នាថា អ្នកមានអាយុទាំងឡាយ អ្នកទាំងឡាយចូរមើល ព្រះគុណសម្បត្តិ គឺ ខន្តី មេត្តា និងព្រះករុណារបស់ព្រះទសពល កាលសន្ទូងទាំងឡាយ កំពុងតែស្វិតស្រពោន ជលាល័យគ្រប់កន្លែងក៏រីងស្ងួត ហ្វូងត្រីនិងអណ្តើកជួបប្រសព្វ ទុក្ខធំ ទ្រង់អាស្រ័យព្រះករុណា ទ្រង់ស្លៀកសំពត់ឧទកសាដក ដោយព្រះពុទ្ធបំណង នឹងឲ្យមហាជនផុតចាកទុក្ខ ទ្រង់ប្រថាប់ឈរនៅក្បែរជណ្តើរនៃស្រះបោក្ខរណីជេតវន ទ្រង់បណ្តាលឲ្យភ្លៀងបង្អុរចុះមក ដូចជំនន់ទឹកធំហូរមក ជន់លិចកោសលរដ្ឋគ្រប់កន្លែង ដោយវេលាត្រឹមតែមួយភ្លែត ទ្រង់ដោះមហាជនឲ្យរួចផុតអំពីទុក្ខតាមផ្លូវកាយ ទុក្ខតាម ផ្លូវចិត្តហើយ ស្ដេចយាងចូលកាន់វិហារ ។
ព្រះបរមសាស្ដា ស្ដេចយាងចេញអំពីព្រះគន្ធ កុដិមកកាន់ធម្មសភាទ្រង់ត្រាស់សួរថា ម្នាលភិក្ខុទាំងឡាយ អម្បាញ់មិញនេះ អ្នក ទាំងឡាយអង្គុយប្រជុំសនន្ទនាគ្នាដោយរឿងអ្វី ? កាលភិក្ខុទាំងឡាយក្រាបទូលឲ្យទ្រង់ ជ្រាបហើយ ទើបទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ មិនមែនតែក្នុងកាលឥឡូវនេះ ប៉ុណ្ណោះទេ ដែលតថាគតធ្វើឲ្យភ្លៀងបង្អុរចុះមក ក្នុងកាលមហាជនកំពុងតែជួបការ លំបាកដោយទឹកភ្លៀងនោះ សូម្បីក្នុងកាលមុន គឺ តថាគតកើតក្នុងកំណើតសត្វតិរច្ឆាន ក្នុងកាលជាស្ដេចនៃហ្វូងត្រី ក៏បានធ្វើភ្លៀងឲ្យបង្អុរចុះមកដែរ ហើយទ្រង់នាំយករឿងក្នុង អតីតមកសម្ដែងដូចតទៅនេះថាក្នុងអតីតកាល មានត្រពាំងមួយព័ទ្ធជុំវិញដោយព្រៃកា្រស់នៃវល្លិត្រង់ស្រះ បោក្ខរណីជេតពន នាក្រុងសាវត្ថីដែនកោសលនេះឯង ។
គ្រានោះ ព្រះបរមពោធិសត្វ បដិសន្ធិក្នុងកំណើតត្រី មានហ្វូងត្រីជាបរិវារនៅក្នុងត្រពាំងនោះ សូម្បីក្នុងកាលនោះ ដែននោះក៏គ្មានភ្លៀងធ្លាក់ចុះមកដូចពេលនេះដែរ សន្ទូងរបស់ពួកអ្នកស្រុកក្រៀមស្វិត ខូចខាតអស់ ក្នុងបឹងជាដើមគ្មានទឹក ហ្វូងត្រីនិងអណ្តើកនាំគ្នាត្បុរចូលភក់ ។ សូម្បីអូរ នោះ ហ្វូងត្រីក៏នាំគ្នាត្បុរចូលភក់ជ្រកក្នុងទីនោះៗ ហ្វូងក្អែកជាដើមក៏នាំគ្នាចឹកចេញមកស៊ី ដោយចំពុះ ។ ព្រះពោធិសត្វឃើញការវិនាសនៃពួកញាតិក៏ត្រិះរិះថា អ្នកដទៃវៀរអាត្មា អញចេញហើយ មិនមានអ្នកណាអាចជួយដោះទុក្ខពួកត្រីទាំងនេះបានឡើយ អញនឹង ធ្វើសច្ចកិរិយាឲ្យភ្លៀងបង្អុរចុះមក ដោះពួកញាតិអំពីទុក្ខគឺសេចក្តីស្លាប់ឲ្យទាល់តែបាន ហើយញែកភក់ពណ៌ខ្មៅចេញមក ស្តេចត្រីធំមានពណ៌ដូចត្របកផ្កាអញ្ជ័ន បើកភ្នែក ទាំងគូដែលប្រៀបបាននឹងកែវមណី មានពណ៌ក្រហមសម្លឹងមើលអាកាស បន្លឺសំឡេង ពោលទៅកាន់ទេវរាជឈ្មោះបជ្ជុន្នថា បពិត្រព្រះបជ្ជុន្នដ៏ចម្រើន ខ្ញុំអាស្រ័យពួកញាតិ បានក្តៅក្រហាយហើយ កាលខ្ញុំជាអ្នកទ្រទ្រង់សីល ដល់នូវសេចក្តីលំបាកយ៉ាងនេះ ហេតុដូចម្តេចលោកមិនជួយឲ្យភ្លៀងធ្លាក់ចុះមក ខ្ញុំកើតក្នុងឋានៈដែលអាចខាំសត្វដទៃស៊ី ប៉ុន្តែខ្ញុំមិនធ្លាប់មានឈ្មោះថាស៊ីមច្ឆជាតិ តាំងពីត្រីតូចប៉ុនគ្រាប់អង្ករ សូម្បីសត្វដទៃៗ ខ្ញុំក៏ មិនធ្លាប់ផ្តាច់ជីវិតដែរ ដោយសច្ចវាចានេះ សូមលោកញ៉ាំងភ្លៀងឲ្យធ្លាក់ចុះមកដោះពួក ញាតិរបស់ខ្ញុំឲ្យរួចផុតចាកទុក្ខចុះ កាលនឹងហៅទេវរាជឈ្មោះបជ្ជុន្ន ដូចប្រើបម្រើ ក៏ពោលគាថានេះថា
អភិត្ថនយ បជ្ជុន្ន និធឹ កាកស្ស នាសយ
កាកំ សោកាយ រន្ធេហិ មញ្ច សោកា បមោចយ ។
បពិត្រមេឃ សូមអ្នកញ៉ាំងផ្គរឲ្យលាន់ឡើង សូមបំផ្លាញកំណប់របស់ក្អែកឲ្យ វិនាស សូមធ្វើទុក្ខក្អែកឲ្យសោកសៅ សូមញ៉ាំងខ្ញុំ ( និងពួកញាតិខ្ញុំ ) ឲ្យរួចចាកសេចក្តី សោក ។
បណ្តាបទទាំងនោះ បទថា អភិត្ថនយ បជ្ជុន្ន សេចក្តីថា មេឃ ហៅថា ស្តេច បជ្ជុន្ន ក៏ស្តេចត្រីនេះហៅវលាហកទេវរាជថាជាម្ចាស់ភ្លៀង អ្នកមានឈ្មោះដោយ អំណាចនៃមេឃ ។ បានឮថា ស្តេចត្រីនោះមានបំណងដូច្នេះថា ធម្មតាភ្លៀងមិនគ្រហឹម មិនឲ្យមានផ្លេកបន្ទោរ សូម្បីបង្អុរចុះមកក៏មិនល្អ ព្រោះដូច្នោះ អ្នកចូរគ្រហឹម ចូរឲ្យមាន ផ្លេកបន្ទោរ ហើយញ៉ាំងភ្លៀងឲ្យបង្អុរមកចុះ ។
បទថា និធឹ កាកស្ស នាសយ សេចក្តីថា ហ្វូងក្អែកនាំគ្នាចឹកហ្វូងត្រីដែលត្បុរ ចូលភក់ដើម្បីជ្រក ចេញមកដោយចំពុះស៊ីជាអាហារ ព្រោះហេតុនោះ ទើបហ្វូងត្រីដែល ត្បុរចូលភក់នោះ ហៅថាកំណប់ទ្រព្យរបស់ក្អែកជាដើមនោះ កាលលោកបណ្តាលឲ្យ ភ្លៀងបង្អុរចុះមកជាប្រក្រតីហើយ ក៏ជាការទម្លាយកំណប់ទ្រព្យរបស់ហ្វូងក្អែកនោះ ។
បទថា កាកំ សោកាយ រន្ធេហិ សេចក្តីថា ហ្វូងក្អែក កាលត្រពាំងមានទឹក ពេញហើយ មិនបានហ្វូងត្រីជាអាហារក៏ត្រូវសោកសៅ កាលអ្នកធ្វើឲ្យត្រពាំងនេះពេញ ប្រៀបដោយទឹក ក៏ជាការទម្លាយហ្វូងក្អែកនោះ ដោយសេចក្តីសោក អ្នកចូរញ៉ាំងភ្លៀងឲ្យ បង្អុរចុះមក ដើម្បីរម្ងាប់សេចក្តីសោក គឺដើម្បីការស្រឡះចិត្តរបស់ត្រីទាំងឡាយ ។ អធិប្បាយថា ហ្វូងក្អែកនឹងដល់នូវសេចក្តីសោកសៅ ដែលមានលក្ខណៈខ្លោចផ្សាខាង ក្នុងបានដោយវិធីណា អ្នកចូរធ្វើវិធីនោះចុះ ។
ច អក្សរក្នុងបទគាថា មញ្ច សោកោ បមោចយ នេះ មានការប្រមូលមកជា អត្ថ មានន័យថា អ្នកមេត្តាឲ្យខ្ញុំនិងពួកញាតិទាំងអស់រួចផុតអំពីសោក ដែលកើតអំពី សេចក្តីស្លាប់នេះចុះ ។ព្រះពោធិសត្វហៅស្តេចបជ្ជុន្នដូចប្រើបម្រើយ៉ាងនេះ ឲ្យបណ្តាលភ្លៀងមួយមេធំ ធ្លាក់ចុះមក ទូទៅពេញដែនកោសល ធ្វើឲ្យមហាជនរួចផុតអំពីមរណទុក្ខ ក្នុងបរិយោសាននៃជីវិតក៏បានទៅតាមយថាកម្ម ។
ព្រះបរមសាស្តាទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ កាលដែលតថាគតបណ្តាល ឲ្យភ្លៀងបង្អុរចុះមកនោះ មិនមែនមានតែក្នុងកាលឥឡូវនេះប៉ុណ្ណោះទេ សូម្បីក្នុងកាល មុន កាលដែលតថាគតកើតក្នុងកំណើតត្រីក៏បណ្តាលភ្លៀងបង្អុរចុះមកដែរ ។ លុះទ្រង់នាំព្រះធម្មទេសនានេះមកហើយ ទ្រង់ប្រជុំជាតកថាតទា មច្ឆគណា ពុទ្ធបរិសា អហេសុំ ហ្វូងត្រីក្នុងកាលនោះ បានមកជា ពុទ្ធបរិស័ទក្នុងកាលឥឡូវនេះ បជ្ជុន្នទេវរាជា អានន្ទោ បជ្ជុន្នទេវរាជបានមកជាអានន្ទ មច្ឆរាជា បន អហមេវ អហោសិំ ចំណែកស្តេចត្រី គឺ តថាគត នេះឯង ៕
ចប់ មច្ឆជាតក ។ (ជាតកដ្ឋកថា សុត្តន្តបិដក ខុទ្ទកនិកាយ ជាតក ឯកកនិបាត វរុណវគ្គ បិដកលេខ ៥៨ ទំព័រ ៣២)
ដោយ៥០០០ឆ្នាំ
images/articles/2042/Untitled-1-Recovered.jpg
Public date : 02, Feb 2020 (86269 Read)
រឿងសូករប្រេត
(ព្រះនារទត្ថេរសួរថា) កាយទាំងមូលរបស់អ្នក មានសម្បុរដូចមាស មានរស្មីភឺ្លស្វាង សព្វទិស តែមាត់របស់អ្នកដូចមាត់ជ្រូក តើអំពីភពមុន អ្នកបានធ្វើអំពើ ដូចម្តេច ។
(ប្រេតតបថា) បព្រិតព្រះនារទៈ ខ្ញុំជាបុគ្គលបានសង្រួមកាយ តែមិនសង្រួមវាចា ព្រោះហេតុនោះ បានជាខ្ញុំមាសម្បុរបែបនោះ ដូចលោកម្ចាស់បានឃើញស្រាប់ហើយ បពិត្រព្រះនារទៈ ខ្ញុំសូមទូលរឿងនោះ
images/articles/2401/5eeby55evrthb5gyhge45ryb65vrtdftgn5brtdfy.jpg
Public date : 02, Feb 2020 (23416 Read)
រឿងប្រេតអ្នកពោលតិះដៀលការបូជាព្រះសារីរិកធាតុ
(បិដកលេខ៥៦ ទំព័រ៨៨ និងអដ្ឋកថា)
កាលព្រះមានព្រះភាគ ស្ដេចទ្រង់បរិនិព្វាន ទៅចន្លោះដើមសាលព្រឹក្សទាំងគូក្នុងសាលវ័ន នៃពួកមល្លក្សត្រ ដែលជាទីឆៀងចូលទៅក្នុងក្រុងកុសិនារា (ក្រោយមក ទោណព្រាហ្មណ៍) និងធ្វើការចែកព្រះធាតុ។ ព្រះបានអជាតសត្តុ បានទទួលចំណែកនៃព្រះធាតុចំនួន២នាឡិ បានកសាងព្រះស្ដូប បញ្ចុះព្រះបរមសារីរិកធាតុរបស់ព្រះសម្មាសម្ពុទ្ធ នៅនាក្រុងរាជគ្រិះ។
សួរថា តើធ្វើយ៉ាងណា?
ឆ្លើយថា គឺព្រះរាជា បានដង្ហែតាំងតែអំពីក្រុងកុសិនារារហូតដល់ក្រុងរាជគ្រិះ ក្នុងចម្ងាយផ្លូវ២៥យោជន៍។ ក្នុងចន្លោះផ្លូវនោះ ទ្រង់បានឲ្យឈប់រវាងផ្លូវ៨ឧសភៈ(ម្ដងៗ) ដើម្បីឲ្យមហាជនបានបូជា គ្រប់កន្លែងដែលបានឈប់នោះ។ ដោយការនឹករលឹកដល់ព្រះពុទ្ធគុណ ទើបធ្វើការបូជា យ៉ាងឱឡារិកគគ្រឹកគគ្រេងឲ្យប្រព្រឹត្តទៅ រហូត៧ឆ្នាំ ៧ខែ ៧ថ្ងៃ។ ពួកមនុស្សក្នុងទីនោះ រាប់ប្រមាណមិនបាន នាំគ្នាធ្វើចិត្តឲ្យជ្រះថ្លាក្នុងព្រះបរមសារីរិកធាតុ ក្រោយពីស្លាប់ បានចូលទៅកើតក្នុងឋានសួគ៌ ដោយអំណាចនៃការបូជាចំពោះព្រះសារីរិកធាតុ។ ចំណែកពួកជនដែលជាមិច្ឆាទិដ្ឋិ មានចិត្តវិបល្លាស ព្រោះជាបុគ្គលមិនមានសទ្ធា ដោយការយល់ខុសរបស់ខ្លួន បាននាំគ្នាតិះដៀលថា តាំងតែអំពីព្រះសមណគោតមបរិនិព្វានទៅ ពួកយើងរវល់តែលេងនូវគ្រឿងប្រគំ ការងាររបស់ពួកយើងវិនាសអស់ហើយ ក៏មានចិត្តប្រទូសរ៉ាយកើតឡើង សូម្បីក្នុងវត្តដែលគួរឲ្យកើតសេចក្ដីជ្រះថ្លា បែរជាតិះដៀល ពួកជនមានប្រមាណ៨៦០០០នាក់ ក្នុងទីនោះ បានទៅកើតក្នុងអបាយភូមិ (ដោយការតិះដៀលព្រះបរមធាតុ)។ (ក្នុងកាលនោះ មាន) ភរិយា កូនស្រី និងកូនប្រសារស្រីរបស់កុដុម្ពិកៈម្នាក់ ដែលបរិបូរណ៌ដោយទ្រព្យសម្បត្តិក្នុងក្រុងរាជគ្រឹះនោះឯង មានចិត្តជ្រះថ្លា នាំគ្នាគិតថា ពួកយើងនឹងធ្វើការបូជាព្រះធាតុ ទើបកាន់យកនូវសក្ការៈទាំងឡាយ មានផ្កាកម្រង និងគ្រឿងក្រអូបជាដើម ប្រុងដើម្បីនឹងទៅកាន់ទីតម្កល់ព្រះធាតុ។ កុដុម្ពិៈនោះគិតថា កឹ អដ្ឋិកានំ បូជនេន ប្រយោជន៍អ្វីដោយការបូជាឆ្អឹងទាំងឡាយ (នោះ) ទើបជេរពួកស្ត្រីទាំងនោះ ដោយពោលតិះដៀលចំពោះការបូជាព្រះសារីរិកធាតុ។ តែស្ត្រីទាំងនោះ មិនបានអើពើនឹងពាក្យរបស់គាត់ទេ ក៏នាំគ្នាទៅក្នុងទីនោះ ធ្វើការបូជាព្រះសារីរិកធាតុហើយ ទើបត្រឡប់មកផ្ទះ មិនយូរប៉ុន្មាន ក៏ធ្វើមរណកាល ហើយទៅកើតក្នុងទេវលោក។ ចំណែកកុដុម្ពិកៈនោះត្រូវសេចក្ដីក្រោធគ្របសង្កត់ មិនយូរប៉ុន្មាន ស្លាប់ហើយ ទៅកើតក្នុងពួកប្រេត ព្រោះបាបកម្មនោះ។
ក្រោយមក ថ្ងៃមួយ ព្រះមហាកស្សបៈមានអាយុ បានសម្ដែងនូវឥទ្ធាភិសង្ខារ(គឺសម្ដែងឫទ្ធិ) ដោយប្រការដែលពួកមនុស្សអាចឃើញប្រេតទាំងនោះ និងទេវតាទាំងនោះបាន លុះធ្វើយ៉ាងនេះហើយ ក៏ឈរត្រង់ទីលានព្រះចេតិយ សួរប្រេតអ្នកដែលពោលតិះដៀលព្រះសារីរិកធាតុនោះ ទាំងនេះថា
អ្នកឋិតនៅព្ធដ៏អាកាស មានក្លិនអាក្រក់ស្អុយផ្សាយចេញឯពួកដង្កូវក៏នាំគ្នារុកស៊ីមាត់របស់អ្នកដែលមានក្លិនស្អុយ តើអ្នកបានធ្វើអំពើអ្វីក្នុងកាលមុន?
ព្រោះកាលផ្សាយទៅនៃក្លិនស្អុយ និងមាត់ដែលមានកដង្កូវរុកស៊ីនោះ (បានជាពួកសត្វ ដែលប្រព្រឹត្តទៅតាមកម្ម) កាន់យកគ្រឿងសស្ត្រា មកវះ (មាត់ដំបៅ) រឿយៗ ហើយស្រោចដោយទឹកខារ (ទឹកក្រុត) ថែមទៀត។
អំពើអាក្រក់អ្វី ដែលអ្នកបានធ្វើដោយកាយ វាចា ចិត្ត? ព្រោះវិបាកនៃកម្មអ្វី អ្នកទើបបានទទួលសេចក្ដីទុក្ខយ៉ាងនេះ? ប្រេតនោះ ក៏បានទូលប្រាប់ដល់លោកថា
បពិត្រលោកអ្នកនិរទុក្ខ (កាលមុខ) ខ្ញុំជាឥស្សរៈ លើទ្រព្យ និងស្រូវអង្ករច្រើនណាស់ នៅក្នុងក្រុងរាជគ្រឹះ ដែលគួររីករាយ មានភ្នំឡោមព័ទ្ធជុំវិញ។
(កាលពីជាតិមុន) ស្រីនេះជាភរិយារបស់ខ្ញុំ ស្រីនេះជាកូនស្រីរបស់ខ្ញុំ ស្រីនេះជាកូនប្រសាររបស់ខ្ញុំ ខ្ញុំបានហាមឃាត់ពួកគេ ដែលនាំគ្នាកាន់យកកម្រងផ្កា ផ្កាឧប្បល និងគ្រឿងលាបស្រលាបដែលមានតម្លៃ ទៅកាន់ព្រះស្ដូប (ដើម្បីបូជាព្រះធាតុ) បាបកម្មនោះ គឺខ្ញុំបានធ្វើទុក្ខហើយ។
ពួកខ្ញុំមានចំនួន ៨៦០០០នាក់ បានទទួលទុក្ខវេទនាចំពោះខ្លួន ដែលបានតិះដៀលនូវការបូជាព្រះស្ដូបហើយ ទើបឆេះនៅក្នុងប្រេតវិស័យ ដែលដូចជានរក ព្រោះមានការលំបាកយ៉ាងខ្លាំង។
នាកាលបុណ្យដង្ហែ ដែលគេបូជាឧទ្ទិស្ដូបនៃព្រះអរហន្តសម្មាសម្ពុទ្ធ កំពុងតែប្រព្រឹត្តទៅ ពួកជនណាប្រកាសទោសក្នុងការបូជាព្រះស្ដូប(ដូចជាខ្ញុំ) ពួកជននោះ តែងងាកចេញចាកបុណ្យ (តែម្យ៉ាង)។
លោកម្ចាស់ សូមទតមើល នូវពួកទេពអប្សរទាំងនេះដែលទ្រទ្រង់ផ្កាកម្រង តាក់តែងកាយ កំពុងតែហោះមក (តាមអាកាស) ទេពអក្សរទាំងនោះ ដែលបានសម្រេច (ដោយសម្បត្តិទិព្វ) មានយសបរិវារ កំពុងតែសោយនូវផលនៃការបូជា (ព្រះសារីរិកធាតុ) ដោយកម្រងផ្កា។
(បពិត្រលោកម្ចាស់កស្សបៈ) ពួកនាង ជាអ្នកមានបញ្ញាបានឃើញផលដ៏អស្ចារ្យ ដ៏ចម្លែក ដែលគួរព្រឺរោម (នៃបុណ្យដ៏តិចតួចនោះ) តែងធ្វើការនមស្ការ ពោលថា (នមោ នមោ) ចំពោះព្រះមហាមុនីអង្គនោះ។
(លំដាប់នោះ) ប្រេតនោះមានចិត្តតក់ស្លុត កាលសម្ដែងកម្មដែលខ្លួនគប្បីធ្វើតទៅ ទើបពោលថា
ខ្ញុំទៅអំពីបេតលោក (នេះ) ហើយ (បើ)បានកំណើតជាមនុស្ស ខ្ញុំនឹងជាអ្នកមិនប្រមាទ ហើយនឹងធ្វើការបូជាព្រះស្ដូប(ដែលតម្កល់នូវព្រះសារីរិកធាតុ) រឿយៗដោយពិត។
ព្រះមហាកស្សបៈ ដែលប្រេតពោលប្រាប់យ៉ាងនេះហើយ ទើបធ្វើរឿងនោះឥ្យជាអត្ថុប្បត្តិហេតុ សម្ដែងធម៌ដល់បរិស័ទដែលមកប្រជុំគ្នាព្រមហើយ។
ដកស្រង់ចេញពីសៀវភៅ សារីរិកធាតុបូជានិសំសោ
រៀបរៀងដោយ លោក ង៉ែត សុផាន
ដោយ៥០០០ឆ្នាំ
images/articles/2850/_________xtpic.jpg
Public date : 02, Feb 2020 (1517 Read)
តិលមុដ្ឋិជាតក
(គប្បីហាមឃាត់អំពើអាក្រក់តាំងពីនៅតិចតួច)
ព្រះបរមសាស្តា កាលដែលព្រះអង្គទ្រង់គង់ប្រថាប់នៅនាមហាវិហារព្រះជេតពន ទ្រង់ប្រារព្ធភិក្ខុមួយ អង្គដែលច្រើនទៅដោយសេចក្តីក្រោធ ទើបត្រាស់រឿងនេះ មានព្រះបាលីថា អជ្ជាបិ មេ តំ មនសិ ដូច្នេះជាដើម ។ បានស្តាប់មកថា មានព្រះភិក្ខុ ១ អង្គ លោកច្រើនទៅដោយសេចក្តីក្រោធ និងសេចក្តីចង្អៀតចង្អល់ចិត្ត គ្រាន់តែអ្នកដទៃថាអ្វីឲ្យបន្តិចបន្តួច ក៏ខឹងក្រោធភ្លាម ធ្វើការប្រទូសរ៉ាយ និងការអន់ចិត្តឲ្យប្រាកដ ។
ក្រោយមកថ្ងៃមួយ ភិក្ខុទាំងឡាយគង់អង្គុយសន្ទនាគ្នាក្នុងសាលាធម្មសភាថា លោកដ៏មានអាយុទាំងឡាយ ភិក្ខុអង្គនោះ ជាបុគ្គលច្រើនដោយសេចក្តីក្រោធ និងសេចក្តីចង្អៀតចង្អល់ចិត្ត ពេលក្រោធម្តងៗ មានសភាពដូចអំបិលដែលគេបាចក្នុងភ្លើងចង្ក្រាន ដូច្នោះឯង ។ លោកបួសក្នុងព្រះសាសនា ដែលប្រដៅមិនឲ្យក្រោធ ជាសាសនានាំសត្វឲ្យរួចផុតចាកពីសេចក្តីសៅហ្មងគ្រប់យ៉ាង ប៉ុន្តែសូម្បីគ្រាន់តែសេចក្តីក្រោធប៉ុណ្ណោះ ក៏មិនអាចគ្របសង្កត់បាន។
ព្រះបរមសាស្តាស្តេចយាងមកកាន់សាលាធម្មសភា ទ្រង់ជ្រាបអំពីការសន្ទនារបស់ភិក្ខុទាំងឡាយ ព្រះអង្គត្រាស់ឲ្យភិក្ខុ ១ អង្គទៅនិមន្តភិក្ខុដែលច្រើនទៅ ដោយសេចក្តីក្រោធនោះមក កាលដែលលោកនិមន្តមកដល់ហើយ ទ្រង់ត្រាស់សួរថា ម្នាលភិក្ខុ មានដំណឹងថា លោកជាបុគ្គលក្រោធងាយ ពិតមែនឬ ? កាលដែលភិក្ខុអង្គនោះ ក្រាបទូលការពិតហើយ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ មិនមែនតែក្នុងកាលឥឡូវនេះទេ សូម្បីក្នុងកាលមុន ភិក្ខុនេះក៏បានជាអ្នកច្រើនទៅដោយសេចក្តីក្រោធដូចគ្នាដែរ។ កាលដែលភិក្ខុទាំងឡាយទូលអារាធនា ទើបព្រះភគវា នាំយករឿងក្នុងអតីតកាលមកសម្តែងតទៅ ៖
ក្នុងអតីតកាល គ្រាដែលព្រះបាទព្រហ្មទត្តគ្រងរាជសម្បត្តិក្នុងក្រុងពារាណសី ឱរសរបស់ព្រះបាទព្រហ្មទត្តនោះ មាននាមថា ព្រហ្មទត្តកុមារ។ ក្នុងការអប់រំនិងបណ្តុះបណ្តាលបុត្រ ព្រះរាជាក្នុងគ្រាមុនៗ សូម្បីមានអាចារ្យទិសាបាមោក្ខក្នុងនគររបស់ខ្លួនក៏ដោយ ក៏នៅតែបញ្ជូនបុត្ររបស់ព្រះអង្គឲ្យទៅរៀនសិល្ប៍សាស្រ្តនៅទីឆ្ងាយ ក្រៅពីនគររបស់ខ្លួនដែរ ។ ដែលធ្វើយ៉ាងនេះ មកអំពីព្រះរាជាមានសេចក្តីសង្ឃឹមថា ព្រះរាជបុត្រទាំងនោះ នឹងកម្ចាត់នូវភាពក្រអឺតក្រអោងដោយមានះផង និងជាអ្នកចេះមានសេចក្តីអត់ធន់ចំពោះក្តៅរងាផង ព្រមទាំងនឹងបានដឹងនូវប្រពៃណី ទំនៀមទម្លាប់របស់មនុស្ស ក្នុងលោកផងដែរ ។
ព្រោះហេតុដូច្នោះ ទើបព្រះបាទព្រហ្មទត្ត ត្រាស់ហៅព្រហ្មទត្តកុមារជាព្រះរាជបុត្រ ដែលមានព្រះជន្មវស្សា ១៦ ឆ្នាំ ឲ្យចូលមកគាល់ ហើយព្រះរាជទាននូវស្បែកព្រះបាទមួយគូ ឆត្រស្លឹកឈើមួយ និងទ្រព្យ ១ ពាន់កហាបណៈ ព្រមទាំងត្រាស់ប្រាប់ថា បុត្រចូរទៅកាន់នគរតក្កសិលា ប្រឹងប្រែងសិក្សាយកនូវសិល្ប៍សាស្ត្រមក ។ ព្រហ្មទត្តកុមារទទួលព្រះរាជឱង្ការហើយថ្វាយបង្គំព្រះរាជមាតាបិតាលាចេញទៅ ។ ព្រហ្មទត្តកុមារ ក៏បានសួររកផ្ទះលោកអាចារ្យឃើញហើយ ក៏ដោះស្បែកព្រះបាទ និងដោះឆត្រ ចូលទៅសំពះលោកអាចារ្យ រួចឈរក្នុងទីដ៏សមគួរ ។
កាលដែលលោកអាចារ្យធ្វើបដិសណ្ឋារៈ និងសាកសួរដឹងហេតុការណ៍សព្វគ្រប់ហើយ ក៏ទទួលបង្ហាត់បង្រៀននូវសិល្ប៍៍សាស្ត្រដល់ព្រហ្មទត្តកុមារដោយពិស្តារ ចំណែកព្រះរាជកុមារ ក៏រៀនយកនូវសិល្ប៍សាស្ត្រដោយការតាំងចិត្ត ។ ថ្ងៃមួយ ព្រហ្មទត្តកុមារ និងសិស្សទាំងឡាយ ទៅងូតទឹកព្រមជាមួយនឹងលោកអាចារ្យ គ្រានោះមានស្ត្រីចាស់ជរាម្នាក់បកសំបកគ្រាប់ល្ងហើយយកមកហាល ទាំងដែលនៅអង្គុយចាំមើលទៀតផង ព្រហ្មទត្តកុមារ ឃើញគ្រាប់ល្ងដែលយាយហាល ក៏នឹកចង់បរិភោគ ទើបចាប់យកមួយក្តាប់ដៃមកទំពាបរិភោគ ស្ត្រីចាស់ជរាគិតថា មាណពនេះចង់បរិភោគ ទើបអង្គុយស្ងៀមមិនបានពោលអ្វីឡើយ ។ ថ្ងៃបន្ទាប់មកទៀត ព្រះរាជកុមារនោះ ក៏បានធ្វើយ៉ាងនោះទៀត សូម្បីស្ត្រីចាស់ជរាក៏មិនបានពោលថាអ្វីដែរ នៅស្ងៀមជាលើកទី ២ ។
លុះដល់ថ្ងៃទី ៣ ព្រះរាជកុមារក៏នៅតែចាប់យកល្ងរបស់ស្ត្រីចាស់ជរានោះដដែលទៀត លើកនេះ ស្ត្រីចាស់ជរាមិនអាចទ្រាំបាន គាត់ស្រែកយំហើយពោលរៀបរាប់ថា អាចារ្យទិសាបាមោក្ខ ប្រើឲ្យសិស្សរបស់ខ្លួនប្លន់យើង ។ អាចារ្យត្រឡប់មកសួរថា តើមានរឿងអ្វីលោកយាយ ។ ស្ត្រីចាស់ជរាពោលថា លោកអាចារ្យ សិស្សរបស់លោកបរិភោគគ្រាប់ល្ងខ្ញុំថ្ងៃនេះមួយក្តាប់ ម្សិលមិញ មួយក្តាប់ ម្សិលម្ង៉ៃមួយក្តាប់ បើសិស្សលោកអាចារ្យ ស៊ីល្ងរបស់ខ្ញុំយ៉ាងនេះ ទោះជាគ្រាប់ល្ងរបស់ខ្ញុំមាន ប៉ុន្មានក៏មិនសល់ដែរ ។ អាចារ្យទិសាបាមោក្ខពោលថា សូមលោកយាយ ឈប់យំទៅណ៎ា! ចាំខ្ញុំសងតម្លៃល្ងដល់លោកយាយ ។
ស្ត្រីចាស់ជរាពោលថា ខ្ញុំមិនត្រូវការតម្លៃអ្វីទេ ខ្ញុំត្រូវការឲ្យលោកប្រដៅសិស្សរបស់លោក កុំឲ្យថ្ងៃក្រោយធ្វើអ៊ីចឹងទៀត ។ អាចារ្យពោលថា មិនអីទេលោកយាយ សូមលោក យាយកុំព្រួយ លោកយាយចាំមើលណ៎ា! ភ្លាមនោះ លោកអាចារ្យបានឲ្យមាណពពីរនាក់ ចាប់ដៃព្រះរាជកុមារម្ខាងម្នាក់ ហើយទើបយករំពាត់ឫស្សីមកវាយកណ្តាលខ្នងព្រះរាជកុមារ ៣ រំពាត់ ព្រមទាំង ពោលប្រដៅថា អ្នកកុំធ្វើយ៉ាងនេះតទៅទៀត ។ ព្រះរាជកុមារក្រោធចំពោះលោកអាចារ្យ មានភ្នែកក្រហមសម្លឹងមើលលោកអាចារ្យតាំងពីខ្នងជើងរហូតដល់ចុងសក់ ។
ព្រះរាជកុមារ ប្រឹងប្រែងរៀនសិល្ប៍សាស្ត្ររហូតដល់ចប់ ទាំងមានគំនុំទុកក្នុងហឫទ័យ ដោយចងអាឃាតថា យើងនឹងសម្លាប់អាចារ្យនេះ នៅពេលដែលយើងបានសោយរាជ្យ ។ ដល់ពេលដែលត្រូវចាកចេញទៅកាន់ព្រះនគរវិញ ព្រះរាជកុមារបានក្រាបសំពះលោកអាចារ្យ ធ្វើដូចជាមានសេចក្តីស្រឡាញ់ និងដឹងគុណគ្រូអាចារ្យណាស់ បានពោលផ្តាំថា បពិត្រលោកអាចារ្យ កាលណាដែលខ្ញុំបាននូវរាជសម្បត្តិក្នុងព្រះនគរពារាណសី ខ្ញុំនឹងបញ្ជូនដំណឹងមក កាលនោះសូមលោកអាចារ្យអញ្ជើញទៅ កុំខានឲ្យសោះ ពោលផ្តាំរួចហើយក៏ចាកចេញទៅ ។
ព្រហ្មទត្តកុមារ ធ្វើដំណើរដល់ក្រុងពារាណសី បានចូលទៅថ្វាយបង្គំព្រះជនកព្រះជននី ហើយសម្តែងសិល្ប៍សាស្ត្រឲ្យទ្រង់ទាំងពីរបានទតព្រះនេត្រ ។ ព្រះរាជាត្រាស់ថា យើងមានជីវិតនៅទាន់បុត្ររបស់យើងហ្ន៎ ! ដែលបុត្ររបស់យើងរុងរឿងក្នុងរាជសម្បត្តិ ទើបទ្រង់ស្ថាបនាព្រះរាជបុត្រ ឲ្យជាព្រះរាជាគ្រប់គ្រងព្រះនគរតទៅ ។ កាលបានគ្រងសិរីរាជសម្បត្តិហើយ ក៏រលឹកដល់រឿងដែលលោកអាចារ្យបានធ្វើមកលើព្រះអង្គ កាលដែលទ្រង់នៅជាសិស្សក្នុងនគរតក្កសិលា ស្តេចទ្រង់វិរោធឆួលឆេះក្នុងព្រះឱរា ទើបចាត់ការបញ្ជួនទូតទៅ ដោយតាំងព្រះហឫទ័យថា យើងនឹងសម្លាប់អាចារ្យនោះ ។
លោកគ្រូអាចារ្យ បានទទួលការអញ្ជើញពីព្រះរាជាក្រុងពារាណសីហើយ ក៏គិតថា ក្នុងពេលដែលព្រះរាជានៅក្មេង ដូច្នេះ យើងមិនអាចឲ្យទ្រង់យល់បានឡើយ គិតហើយ គាត់ក៏មិនបានទៅក្នុងពេលនោះដែរ ។ លុះដល់វេលាដែលព្រះរាជានោះ ចូលដល់មជ្ឈិមវ័យហើយ ទើបលោកគ្រូអាចារ្យគិតថា ឥឡូវនេះ យើងអាចធ្វើឲ្យព្រះរាជាក្រុងពារាណសីយល់បាន ទើបធ្វើដំណើររហូតចូលដល់ក្រុងពារាណសី ហើយឈរនៅនាខ្លោងទ្វារព្រះរាជវាំង ឲ្យគេក្រាបទូលថា អាចារ្យពីនគរតក្កសិលាមកហើយ ។
ព្រះរាជាទ្រង់សោមនស្សត្រេកអរ បង្គាប់ឲ្យនាំលោកគ្រូអាចារ្យចូលមក គ្រាន់តែទ្រង់ទតព្រះនេត្រឃើញលោកគ្រូអាចារ្យដែលចូលមកគាល់ភ្លាម ទ្រង់ពិរោធរហូតដល់ព្រះនេត្រទាំងពីរឡើងក្រហម ហើយត្រាស់ហៅអាមាត្យទាំងឡាយមកថា នែអាមាត្យទាំងឡាយ ! អាចារ្យនេះហើយវាយយើងឲ្យបែកខ្នង នៅស្នាមរហូតដល់សព្វថ្ងៃ ឥឡូវគេមករកសេចក្តីស្លាប់ដោយមិនដឹងខ្លួនថា អាត្មាអញ នឹងស្លាប់ក្នុងថ្ងៃនេះ ។
រួចហើយព្រះរាជាបានត្រាស់ទៅរកលោកគ្រូអាចារ្យ ដោយគាថា ដែលមានសេចក្តីថា អ្នកឲ្យគេចាប់យើងត្រង់ដើមដៃ ហើយអ្នកវាយយើងដោយរំពាត់ ព្រោះហេតុតែល្ងមួយក្តាប់ ការវាយយើងដោយរំពាត់ ព្រោះហេតុតែល្ងមួយក្តាប់ ការវាយនោះ ប្រាកដក្នុងចិត្តរបស់យើងដរាបដល់ថ្ងៃនេះ។ ម្នាលព្រាហ្មណ៍ អ្នកមិនត្រេកអរក្នុងជីវិតរបស់អ្នកហើយឬ ទើបបានជាមករកយើងដល់ទីនេះ អំពើដែលអ្នកឲ្យគេចាប់ដៃយើងម្ខាងម្នាក់ ហើយអ្នកបានវាយយើងដល់ទៅ ៣ រំពាត់នោះ នឹងតបស្នងដល់អ្នកវិញក្នុងថ្ងៃនេះឯង ។ លោកគ្រូអាចារ្យបានស្តាប់ហើយ ទើបពោលគាថា ដូច្នេះថា ៖
អរិយោ អនរិយំ កុព្ពន្តំ យោ ទណ្ឌេន និសេធតិ
សាសនំ តំ ន តំ វេរំ ឥតិ នំ បណ្ឌិតា វិទូ។
អរិយជនណា ហាមឃាត់នូវបុគ្គលមិនប្រសើរ មានការដាក់ទោសដល់អ្នកដែលប្រព្រឹត្តអាក្រក់ អំពើរបស់អរិយជននោះ រាប់ថាជាការប្រៀនប្រដៅ គឺមិនមែនជាពៀរឡើយ បណ្ឌិតទាំងឡាយ រមែងដឹងច្បាស់នូវហេតុនោះ ដូច្នេះឯង ។
បពិត្រមហារាជ ព្រោះហេតុនោះ សូម្បីព្រះអង្គក៏សូមទ្រង់ជ្រាបយ៉ាងនេះចុះ ព្រះអង្គមិនគួរសាងកម្មពៀរក្នុងសភាពបែបនេះឡើយ ។ ប្រសិនបើក្នុងកាលនោះ ទូលព្រះបង្គំ មិនបានទូន្មានប្រៀនប្រដៅព្រះអង្គទេ បន្តមកទៀត ទ្រង់នឹងលួចនំ លួចស្ករក្រួសនិងផ្លែឈើជាដើម ម៉្លោះហើយទ្រង់នឹងធ្លាក់ក្នុងចោរកម្មផ្សេងៗ រហូតដល់លួចប្លន់សម្លាប់មនុស្សតាមផ្លូវ សម្លាប់អ្នកស្រុកទីបំផុត ត្រូវគេចាប់បានព្រមទាំងព័ស្តុតាងទូលដល់ព្រះរាជា ទ្រង់នឹងទទួលនូវភ័យគឺអាជ្ញា ដោយព្រះតម្រាស់ថា ពួកអ្នកចូរដាក់អាជ្ញា ឲ្យសមគួរដល់ទោសរបស់ចោរនេះ ដូច្នោះ តើសម្បត្តិមានសភាពបែបនេះ នឹងសម្រេចដល់ព្រះអង្គបានដូចម្តេចទៅ តាមពិត ទ្រង់បានដល់នូវសភាពជាធំយ៉ាងរៀបរយដូច្នេះ ក៏ព្រោះអាស្រ័យទូលព្រះបង្គំជាខ្ញុំហ្នឹងឯង មិនមែនទេឬ ? លោកគ្រូអាចារ្យបានធ្វើឲ្យព្រះរាជាទទួលព្រមដោយប្រការដូចពោលមកនេះឯង ។
ក្នុងពេលនោះ អាមាត្យទាំងឡាយ ដែលឈរនៅជុំវិញ បានស្តាប់ពាក្យលោកគ្រូអាចារ្យហើយ ទើបក្រាបទូលថា ព្រះករុណាថ្ងៃវិសេស ពាក្យដែលលោកអាចារ្យពោលនេះជាការពិតណាស់ ភាពជាធំនេះ គឺជារបស់លោកអាចារ្យរបស់ព្រះអង្គដោយពិត ។ ខណៈនោះ ព្រះរាជាទ្រង់កំណត់បាន ទ្រង់ដឹងគុណលោកគ្រូអាចារ្យទើបត្រាស់ថា បពិត្រលោកអាចារ្យ ខ្ញុំសូមជូននូវភាពជាធំនេះដល់លោក សូមលោកទទួលនូវរាជសម្បត្តិនេះចុះ ។ លោកគ្រូអាចារ្យបដិសេធថា ទូលព្រះបង្គំជាខ្ញុំមិនត្រូវការនូវរាជសម្បត្តិឡើយ ។
ព្រះរាជាទ្រង់បានបញ្ជូនដំណឹងទៅកាន់នគរតក្កសិលា ឲ្យនាំបុត្រនិងភរិយារបស់លោកគ្រូអាចារ្យមក ហើយទ្រង់ប្រទានឥស្សរិយយសដ៏ធំ ដោយទ្រង់តែងតាំងលោកគ្រូអាចារ្យនោះឯង ក្នុងតំណែងជាបុរោហិត និងតាំងទុកក្នុងឋានៈជាបិតា ។ ព្រះរាជាតាំងនៅក្នុងឱវាទរបស់បុរោហិត បំពេញបុណ្យទាំងឡាយមានទានជាដើម និងមានសុគតិភពប្រព្រឹត្តទៅខាងមុខ ។
ព្រះបរមសាស្តា កាលដែលព្រះអង្គទ្រង់នាំយកនូវព្រះធម៌ទេសនានេះ មកសម្តែងរួចហើយ ព្រះអង្គទ្រង់ប្រកាសចតុរារិយសច្ច និងប្រជុំជាតក ។ ក្នុងវេលាចប់សច្ចកថា ភិក្ខុដែលច្រើនទៅដោយសេចក្តីក្រោធ បានតាំងនៅក្នុងអនាគាមិផល បរិស័ទដទៃៗ បានជាព្រះសោតាបន្ន និងព្រះសកទាគាមី ។ព្រះរាជាក្នុងគ្រានោះ បានមកជាភិក្ខុដែលច្រើនទៅដោយសេចក្តីក្រោធនេះឯង
ចំណែកលោកគ្រូអាចារ្យ គឺបានមកជា តថាគត ៕
(អដ្ឋកថា សុត្តន្តបិដក ខុទ្ទកនិកាយ ជាតក តិកនិបាត សង្កប្បវគ្គ បិដកលេខ ៥៨ ទំព័រ ១៣៩)
ដោយ៥០០០ឆ្នាំ
images/articles/2881/____________xtpic.jpg
Public date : 02, Feb 2020 (1465 Read)
ព្រះបរមសាស្តា កាលស្ដេចគង់នៅក្នុងវត្តជេតពន ទ្រង់ប្រារព្ធឧបាសកអ្នកមានសទ្ធាម្នាក់ ទើបត្រាស់ព្រះធម្មទេសនានេះ មានពាក្យផ្តើមថា បស្ស សទ្ធាយ សីលស្ស ដូច្នេះជាដើម ។
បានឮថា ឧបាសកនោះ ជាអរិយសាវក ជាអ្នកមានសទ្ធាជ្រះថ្លាក្នុងព្រះពុទ្ធសាសនា ថ្ងៃមួយ គាត់ដើរទៅកាន់វត្តជេតពន ដល់ឆ្នេរស្ទឹងអចិរវតី ក្នុងពេលរសៀល កាលមិនឃើញទូកត្រង់ច្រាំងស្ទឹង ព្រោះម្ចាស់ទូកទៅស្តាប់ធម៌ ទើបចម្រើនបីតិដែលមាន ព្រះពុទ្ធជាអារម្មណ៍ឲ្យមាំ ហើយចុះកាន់ស្ទឹង ជើងរបស់គាត់មិនលិចទឹកទេ ដូចដើរលើ ផែនដី ពេលដើរទៅដល់កណ្តាលស្ទឹងគាត់ឃើញរលក បីតិដែលមានព្រះពុទ្ធជា អារម្មណ៍របស់គាត់ក៏ខ្សោយទៅ ជើងរបស់គាត់ផ្តើមលិចចុះ គាត់ក៏ផ្គងបីតិដែលមានព្រះពុទ្ធជាអារម្មណ៍ឲ្យមាំ ដើរលើខ្នងទឹកទៅដល់វត្តជេតពន ថ្វាយបង្គំព្រះមានព្រះភាគ ហើយអង្គុយក្នុងទីដ៏សមគួរមួយ ។
ព្រះបរមសាស្តា ទ្រង់ធ្វើបដិសណ្ឋារៈហើយត្រាស់សួរថា ម្នាលឧបាសក អ្នកធ្វើ ដំណើរតាមផ្លូវមកដល់ទីនេះ ប្រហែលជាហត់នឿយបន្តិចហើយមើលទៅ ។ឧបាសកនោះក្រាបទូលថា បពិត្រព្រះអង្គដ៏ចម្រើន ខ្ញុំព្រះអង្គកាន់យកបីតិមានព្រះពុទ្ធជាអារម្មណ៍ ទើបបានទីពឹងលើខ្នងទឹក ដូចជាន់ផែនដីដើរមក ។
ព្រះមានព្រះភាគទ្រង់ត្រាស់ថា ម្នាលឧបាសក មិនមែនតែអ្នកប៉ុណ្ណោះទេ ដែល រឭកដល់ពុទ្ធគុណហើយបាននូវទីពឹងនោះ សូម្បីក្នុងកាលមុន ឧបាសកទាំងឡាយក៏មានរឭកដល់ពុទ្ធគុណហើយបាននូវទីពឹងក្នុងពេលដែលទូកលិចកណ្តាលសមុទ្ទដែរ ។ កាល ឧបាសកនោះក្រាបបង្គំអារាធនា ទើបទ្រង់នាំយកអតីតនិទានមកសម្តែងដូចតទៅថា ៖
ក្នុងអតីតកាល ក្នុងសាសនាព្រះសម្មាសម្ពុទ្ធកស្សប ព្រះអរិយសាវកថ្នាក់សោតា បន្នមួយរូប ឡើងជិះទូកទៅជាមួយកុដុម្ពិកៈដែលជាជាងកោរកាត់ម្នាក់ ។ ភរិយារបស់ ជាងកោរកាត់នោះ ប្រគល់ជាងកោរកាត់ដល់ឧបាសកនោះថា បពិត្រអ្នកអើយ សុខទុក្ខ ស្វាមីរបស់ខ្ញុំ សូមប្រគល់ឲ្យជាភារៈរបស់អ្នកហើយ ។
លុះដល់ថ្ងៃទី ៧ ទូករបស់ជាងកោរកាត់នោះបានលិចកណ្តាលសមុទ្ទ ។ ជនទាំង ពីរនាក់នោះ បានតោងបន្ទះក្តារមួយផ្ទាំងអណ្តែតមកដល់កោះមួយ ។ ជាងកោរកាត់ នោះ បានសម្លាប់បក្សីអាំងស៊ី ហើយឲ្យឧបាសកនោះ ។ ឧបាសកមិនព្រមបរិភោគដោយ ពោលថា កុំបន្សល់ទុកសម្រាប់ខ្ញុំឡើយ ។
ឧបាសកនោះគិតថា ក្រៅពីព្រះរតនត្រៃហើយ មិនមានទីអ្វីដទៃសម្រាប់អញទេ ទើបគាត់រឭកគុណព្រះរតនត្រៃ ។ គ្រានោះ កាលគាត់ កំពុងរឭកគុណព្រះរតនត្រៃ ស្តេចនាគដែលកើតក្នុងកោះនោះ ក៏និម្មិតរាងកាយរបស់ ខ្លួនជាទូកធំ មានទេវតាប្រចាំសមុទ្ទជាមាណពនៅក្បាលទូក ។ ទូកនោះពេញទៅដោយ រតនៈ ៧ ប្រការ សសរក្តោងទាំង ៣ សម្រេចអំពីកែវមណីពណ៌ឥន្ទនិល ទូកសម្រេច អំពីមាស ខ្សែសម្រេចអំពីប្រាក់ ច្រវាសម្រេចអំពីមាស ។ ទេវតារក្សាសមុទ្ទឈរនៅលើទូកស្រែកប្រកាសថា អត្ថិ ជម្ពុទីបំ គមិកា មានអ្នកចង់ទៅជម្ពូទ្វីបទេ ? ឧបាសកឆ្លើយថា មយំ គមិស្សាម ពួកយើងចង់ទៅ ។
ទេវតាពោលថា បើដូច្នោះ ចូរឡើងទូកមក ។ឧបាសកឡើងទូក ហើយហៅជាងកោរកាត់ឲ្យឡើងទូកដែរ ។ ទេវតាប្រចាំសមុទ្ទពោលថា បានតែអ្នកម្នាក់ប៉ុណ្ណោះ អ្នកនោះមិនបានទេ ។ ឧបាសកសួរថា ព្រោះហេតុអ្វី ? ទេវតាប្រចាំសមុទ្ទឆ្លើយថា ព្រោះបុរសនោះមិនមានគុណ គឺសីលនិងអាចារៈ ព្រោះហេតុនោះ ទើបខ្ញុំនាំទូកមកដើម្បីអ្នក មិនមែនដើម្បីបុរសម្នាក់នោះទេ ។ (កាល ទេវតាពោលដូច្នេះហើយ ឧបាសកក៏ពោលថា) ណ្ហើយចុះ ខ្ញុំនឹងឲ្យចំណែកបុណ្យដល់ បុរសនេះ ដោយទានដែលខ្ញុំបានឲ្យហើយ ដោយសីលដែលខ្ញុំបានរក្សាហើយ ដោយ ភាវនាដែលខ្ញុំបានអប់រំហើយ ។
ជាងកោរកាត់ឆ្លើយថា អនុមោទាមិ សាមិ បពិត្រលោកម្ចាស់ ខ្ញុំសូម អនុមោទនា ។ ទេវតារក្សាសមុទ្ទពោលថា ខ្ញុំនឹងនាំទៅឥឡូវនេះ ហើយបីឧបាសកនិងជាងកោរកាត់ទាំងពីរនាក់ទៅ (ដាក់ក្នុងទូក) ចេញអំពីសមុទ្ទទៅដល់នគរពារណសីតាមស្ទឹង ហើយញ៉ាំងទ្រព្យឲ្យតាំងនៅក្នុងផ្ទះ របស់អ្នកទាំងពីរ ដោយអានុភាពរបស់ខ្លួន ។ (សមុទ្ទទេវតានោះ) បានពោលអំពីគុណនៃការសេពគប់បណ្ឌិតថា ឈ្មោះថាសេចក្តី ស្និទ្ធស្នាលនឹងបណ្ឌិតទាំងឡាយ គឺគេគួរធ្វើមែនពិត ប្រសិនបើជាងកោរកាត់នេះ មិនបានសេពគប់នឹងឧបាសកនេះទេ ត្រូវវិនាសកណ្តាលសមុទ្ទនេះឯង ទើបពោល គាថាទាំងនោះថា
បស្ស សទ្ធាយ សីលស្ស, ចាគស្ស ច អយំ ផលំ;
នាគោ នាវាយ វណ្ណេន, សទ្ធំ វហតុបាសកំ។
អ្នកចូរឃើញផលនៃសទ្ធា សីល ចាគៈ នាគនេះ មានភេទដូចជាសំពៅ នាំ
ឧបាសកមានសទ្ធា ។
សព្ភិរេវ សមាសេថ, សព្ភិ កុព្ពេថ សន្ថវំ;
សតញ្ហិ សន្និវាសេន, សោត្ថិំ គច្ឆតិ ន្ហាបិតោ។
បុគ្គលគប្បីសេពគប់ជាមួយនឹងពួកសប្បុរស គប្បីធ្វើនូវសេចក្តីសិទ្ធជាមួយនឹងពួក សប្បុរស ដូចជាងផ្ងូតទឹកដល់នូវសួស្តី ព្រោះនៅរួមជាមួយនឹងពួកសប្បុរស ។
បណ្តាបទទាំងនោះ
បទថា បស្ស បានដល់ (ទេវតា) ហៅថាចូរមើលចុះ មិនកំណត់បុគ្គលណាមួយ ។
បទថា សទ្ធាយ គឺដោយលោកិយសទ្ធា និងលោកុត្តរសទ្ធា ។សូម្បីសីលក៏មានន័យដូច្នេះដែរ ។
បទថា ចាគស្ស បានដល់ ទេយ្យធម្មបរិចា្ចគ និង កិលេសបរិច្ចាគ ។
បទថា អយំ ផលំ បានដល់ នេះជាផល គឺជាគុណ ជាអានិសង្ស ។ ម្យ៉ាងទៀត គប្បីឃើញសេចក្តីអធិប្បាយក្នុងបទនេះយ៉ាងនេះថា ចូរមើលផលនៃការបរិច្ចាគចុះ ស្តេចនាគនេះក្លែងភេទជាទូក ។
បទថា នាវាយ វណ្ណេន គឺដោយសណ្ឋានជាទូក ។
បទាថា សទ្ធំ គឺសទ្ធាដែលតាំងនៅក្នុងព្រះរតនត្រៃ ។
បទថា សព្ភិរេវ គឺពួកបណ្ឌិតនោះឯង ។
បទថា សមាសេថ បានដល់ ចូរមកនៅ គឺមកនៅជាមួយគ្នា រស់នៅជាមួយគ្នា ។
បទថា កុព្វេថ បានដល់ គប្បីធ្វើ ។
បទថា សន្ថវំ បានដល់ សិទ្ធស្នាលក្នុងឋានៈជាមិត្ត ប៉ុន្តែមិនគួរធ្វើសេចក្តីស្និទ្ធស្នាលដោយតណ្ហានឹងបុគ្គលណាឡើយ ។
បទថា ន្ហាបិតោ បានដល់ ក្ដុម្ពីជាជាងកោរកាត់ ។ បាលីខ្លះថា នហាបិតោ ក៏មាន ។
ទេវតាប្រចាំសមុទ្ទឈរនៅលើអាកាសសម្តែងធម៌ទូន្មានយ៉ាងនេះហើយ ទើបនាំ ស្តេចនាគត្រឡប់ទៅកាន់វិមានរបស់ខ្លួនវិញ ។
ព្រះបរមសាស្តា លុះទ្រង់នាំយកព្រះធម្មទេសនានេះមកសម្តែងហើយ ទើបទ្រង់ ប្រកាសសច្ចធម៌ កាលចប់សច្ចធម៌ ឧបាសកនោះបានសម្រេចសកទាគាមិផល ហើយទ្រង់ប្រជុំជាតកថា ឧបាសកជាសោតាបន្នបុគ្គលក្នុងកាលនោះ (លុះចម្រើនមគ្គខ្ពស់ៗ ឡើងទៅ) ក៏បានបរិនិព្វានហើយ សេ្តចនាគបានមកជាព្រះសារីបុត្រ ចំណែកទេវតា ប្រចាំសមុទ្ទ គឺ តថាគត នេះឯង ៕
ចប់ សីលានិសំសជាតក ។ (ជាតកដ្ឋកថា សុត្តន្តបិដក ខុទ្ទកនិកាយ ជាតក ទុកនិបាត អសទិសវគ្គ បិដកលេខ ៥៨ ទំព័រ ៩៣)
ដោយ៥០០០ឆ្នាំ
images/articles/914/Untitled-1.jpg
Public date : 19, Jan 2020 (68620 Read)
រឿងព្រះបាទបទុមរាជ
( ចាក ចូ. ធា. )
( ស្ត្រីក្បត់បើទុកជាស្វាមីបង្ហូរឈាមខ្លួន ឲ្យផឹកក៏នៅតែក្បត់ )
កាលកន្លងទៅហើយ ព្រះរាជក្រុងពារាណសី មានរាជបុត្រា ៧ ព្រះអង្គ ។ ព្រះពោធិសត្វទ្រង់សោយព្រះជាតិជារាជបុត្រច្បងព្រះនាមបទុមរាជកុមារ ។ ព្រះចៅក្រុងពារាណសីជាព្រះរាជបិតា ទ្រង់ព្រះចិន្ដាថា ព្រះរាជកុមារទាំងនោះមុខជានាំគ្នាសម្លាប់អញ ដណ្ដើមយករាជសម្បត្តិតែសព្វខ្លួនពុំខាន
images/articles/911/Untitled-1.jpg
Public date : 19, Jan 2020 (62710 Read)
រឿងស្វាពោធិសត្វ
( ចាក វា. ឯ. )
( អ្នកមានសតិស្មារតីវាងវៃ តែងឈ្នះសត្រូវទាំងពួង )
ក្នុងកាលកន្លងទៅហើយ ព្រះបាទព្រហ្មទត្តសោយរាជ្យសម្បត្តិ ក្នុងនគរពារាណសី ។ កាលនោះព្រះពោធិសត្វទ្រង់សោយព្រះជាតិ ជាស្វាមានរូបធំស្រមូវមានកំលាងខ្លាំងដូចដំរីស្ករ បានដើរទៅមាត់ស្ទឹងឃើញកោះមួយ ដែលបរិបូណ៍ដោយរុក្ខជាតិមានផ្លែ ក៏
images/articles/1019/Untitled-1.jpg
Public date : 19, Jan 2020 (24927 Read)
រឿងសរណមាតា
( ចាក ម. វា. )
( ជាតិបុរសថោកទាបច្រើនលុះទៅក្នុងអំណាចស្រ្តី )
ក្នុងក្រុងសាវត្ថី មានគហបតីម្នាក់ឈ្មោះសុមនៈ ភរិយាឈ្មោះនាងសុជម្ឈកា មានកូនពីរនាក់ ប្រុស១ ស្រី១ ។ កាលកូនប្រុសមានអាយុ ១៦ ឆ្នាំ មាតាបិតាមានរោគាពាធជាទម្ងន់ បានហៅកូនទាំងពីរមកប្រគល់ទ្រព្យសម្បត្តិឲ្យហើយប្រគល់នាងជាប្អូនឲ្យរៀបចំឲ្យមានស្វាមីផង