Wednesday, 10 Aug B.E.2566  
Listen to Dhamma (Mp3)
ការអានព្រះត្រៃបិដក (Mp3)
​ការបង្រៀនព្រះធម៌ (Mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (Mp3)
កម្រងធម៌​សូធ្យនានា (Mp3)
កម្រងកំណាព្យនិងស្មូត្រ (Mp3)
កម្រងបទភ្លេងនិងចម្រៀង (Mp3)
Buddhism​ & Society (Mp3)
Read Dhamma (eBook)
Video Gallery
Recently Listen / Read
Live Radio
Kalyanmet Radio
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
Metta Radio
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
Buddha Speech Radio
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
Radio Koltoteng
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុរស្មីព្រះអង្គខ្មៅ
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ២៤ម៉ោង
Radio RVD BTMC
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
មើលច្រើនទៀត​
Notification
All Visitors
Today 63,485
Today
Yesterday 133,463
This Month 1,530,426
Total ២៦៨,៧១៨,១៤៤
free counters
កំពុងទស្សនា ចំនួន
BEDOK
images/articles/3082/_______________.jpg
Public date : 24, Apr 2022 (1,482 Read)
[៧៧] សម័យមួយ ព្រះដ៏មានព្រះភាគ កាលគង់ក្នុងកូដាគារសាលា នាមហាវន ជិតក្រុងវេសាលី ។ លំដាប់នោះ ព្រះដ៏មានព្រះភាគ ទ្រង់ស្បង់ប្រដាប់បាត្រនឹងចីវរ ក្នុងបុព្វណ្ណសម័យ ហើយចូលទៅកាន់ក្រុង វេសាលី ដើម្បីបិណ្ឌបាត ។ លុះទ្រង់ត្រាច់ ទៅបិណ្ឌបាតក្នុងក្រុងវេសាលីហើយ ត្រឡប់អំពីបណ្ឌបាត ក្នុងវេលាខាងក្រោយភត្ត ហើយទ្រង់ត្រាស់ហៅព្រះ អានន្ទដ៏មានអាយុថា ម្នាលអានន្ទ ចូរអ្នកកាន់យក និសីទនៈទៅ យើងនឹងចូល ទៅសម្រាក ក្នុងវេលាថ្ងៃឯបាវាលចេតិយ ។ ព្រះអានន្ទដ៏ មានអាយុ បានទទួលព្រះពុទ្ធដីកា នៃព្រះដ៏មានព្រះភាគ ដោយពាក្យថា ព្រះករុណា ព្រះអង្គ ហើយក៏កាន់និសីទនៈទៅតាមខាងក្រោយៗព្រះដ៏មានព្រះភាគទៅ ។ គ្រានោះ ព្រះដ៏មានព្រះភាគ កាលស្ដេចចូលទៅកាន់បាវាលចេតិយ លុះចូលទៅ ដល់ហើយ ក៏គង់លើអាសនៈ ដែលព្រះអានន្ទក្រាលថ្វាយ ។ លុះព្រះដ៏មានព្រះភាគ គង់ហើយ ក៏ទ្រង់ត្រាស់នឹងព្រះអានន្ទដ៏មានអាយុថា ម្នាលអានន្ទ ក្រុងវេសាលី ជាទីគួរត្រេកអរ ឧទេនចេតិយ ជាទីត្រេកអរ គោតមកចេតិយ ជាទីគួរត្រកអរ ពហុបុត្តកចេតិយ ជាទីគួរត្រេកអរ សត្តម្ដចេតិយ ជាទីគួរត្រេដអរ សារន្ទទចេតិយ ជាទីគួរត្រេកអរ បាវាលចេតិយ ជាទីគួរត្រេកអរ។ ម្នាលអានន្ទ ឥទ្ធិបាទទាំង ៤ បើបុគ្គលណាមួយ បានចំរើនហើយ បានធ្វើឲ្យច្រើន បានធ្វើឲ្យដូចជាយាន បានដម្គល់ស៊ប់ បានប្រព្រឹត្តរឿយ ៗ បានសន្សំទុក បានប្រារព្ធល្អហើយ ម្នាលអានន្ទ បុគ្គលនោះ ទោះបីប្រាថ្នានឹងគប្បីឋិតនៅអស់ ១ អាយុកល្ប ឬ លើសជាង ១ អាយុកល្បក៏បាន ។ ម្នាលអានន្ទ ឯឥទ្ធិបាទ ៤ តថាគតបានចំរើនហើយ បានធ្វើ ឲ្យច្រើន បានធ្វើឲ្យដូចជាយាន បានដម្គល់ស៊ប់ បានប្រព្រឹត្តរឿយ ៗ បានសន្សំទុក បានប្រារព្ធ ល្អហើយ ម្នាលអានន្ទ បុគ្គលនោះ ទោះបីប្រាថ្នានឹងគប្បីឋិតនៅអស់ ១ អាយុកល្ប ឬ លើសជាង ១ អាយុកល្បក៏បាន ។ ឯព្រះអានន្ទដ៏មានអាយុ ទុកជាព្រះ ដ៏មានព្រះភាគ ទ្រង់ធ្វើនិមមិត្តជាឪឡារិក ទ្រង់ធ្វើឪកាសជាឪឡារិក យ៉ានេះហើយ ក៏មិនអាចនឹងយល់ សេចក្ដីច្បាស់លាស់បាន មិនបានអារាធនា ព្រះដ៏មានព្រះភាគថា បពិត្រ ព្រះអង្គដ៏ចំរើន សូមព្រះដ៏មានព្រះភាគ ឋិតនៅអស់ ១ អាយុកល្ប បពិត្រព្រះ អង្គដ៏ចំរើន សូមព្រះសុគត ឋិតនៅអស់ ១ អាយុកល្ប ដើម្បីប្រយោជន៍ ដល់ជនច្រើន ដើម្បីសេចក្ដីសុខ ដល់ជនច្រើនដើម្បីអានុគ្រោះ ដល់ពួកទេវាតា នឹងមនុស្សដូច្នេះសោះ ព្រោះមារ ចូលមកជ្រែកគំនិត ។ ព្រះដ៏មានព្រះភាគទ្រង់មានព្រះពុទ្ធដីកា ជាគំរប់ពីរដងផង ។ ព្រះដ៏មានព្រះភាគ ទ្រង់មានព្រះទុព្ធដីកានឹងព្រះអានន្ទដ៏មានអាយុ ជាគំរប់បីដងផងថា ម្នាលអានន្ទ ក្រុងវេសាលី ជាទីគួរត្រេកអរ ឧទេនចេតិយ ជាទីត្រេកអរ គោតមកចេតិយ ជាទីគួរត្រកអរ ពហុបុត្តកចេតិយ ជាទីគួរត្រេកអរ សត្តម្ដចេតិយ ជាទីគួរត្រេដអរ សារន្ទទចេតិយ ជាទីគួរត្រេកអរ បាវាលចេតិយ ជាទីគួរត្រេកអរ។ ម្នាលអានន្ទ ឥទ្ធិបាទទាំង ៤ បើបុគ្គលណាមួយ បានចំរើនហើយ បានធ្វើឲ្យច្រើន បានធ្វើឲ្យដូច ជាយាន បានដម្គល់ស៊ប់ បានប្រព្រឹត្តរឿយ ៗ បានសន្សំទុក បានប្រារព្ធល្អ ហើយ។បេ។ ម្នាលអានន្ទ តថាគត បើប្រាថ្នា គម្បីឋិតនៅ អស់១ អាយុកល្បឬលើសជាង ១ អាយុកល្បក៏បាន ។ ឯព្រះអានន្ទដ៏មានអាយុ ទុកជាព្រះដ៏មាន ព្រះភាគ ទ្រង់ធ្វើនិមិត្តជា ឪឡារិកយ៉ាងនេះហើយ ក៏មិនអាចនឹងយល់ សេចក្ដីច្បាស់លាស់ បានឡើយ ហើយមិនបានអារាធនាព្រះដ៏មានព្រះភាគ ថា បពិត្រ ព្រះអង្គដ៏ចំរើន សូមព្រះដ៏មាន ព្រះភាគ ឋិតនៅអស់ ១ អាយុកល្ប បពិត្រព្រះ អង្គដ៏ចំរើន សូមព្រះសុគត ឋិតនៅអស់ ១ អាយុកល្ប ដើម្បីប្រយោជន៍ ដល់ជនច្រើន ដើម្បីសេចក្ដីសុខ ដល់ជនច្រើន ដើម្បី អានុគ្រោះ ដល់ពួកសត្វលោក ដើម្បីសេចក្ដីចំរើន ដើម្បីប្រយោជន៍ ដើម្បីសេចក្ដីសុខ ដល់ទេវាតា នឹងមនុស្សដូច្នេះសោះ ព្រោះមារ ចូលមកជ្រែកគំនិត ។ លំដាប់នោះ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់នឹងអានន្ទដ៏មានអាយុថា ម្នាលអានន្ទ អ្នកចូលទៅចុះ អ្នកចូលសំគាល់នូវកាលដែលគួរនឹងទៅក្នុងកាលឥឡូវនេះចុះ។ ព្រះអានន្ទដ៏មានអាយុ បានទទួលព្រះពុទ្ធដីកាព្រះមានព្រះភាគដោយពាក្យថា ព្រះករុណាព្រះអង្គ រួចក៏ក្រោក ចាកអាសនៈ ហើយថ្វាយបង្គំព្រះដ៏មានព្រះភាគ ធ្វើប្រទក្សិណ រួចអង្គុយទៀបគល់ឈើ មួយជិតព្រះដ៏មានព្រះភាគ ។ គ្រានោះ កាលបើព្រះអានន្ទដ៏មានអាយុ ចៀសចេញទៅ មិនយូរប៉ុន្មាន មារមាន ចិត្តបាប ក៏បានពោលពាក្យនេះ នឹងព្រះដ៏មានព្រះភាគថា បពិត្រព្រះអង្គ ដ៏ចំរើន សូចព្រះដ៏ មានព្រះភាគបរិនិព្វានក្នុងកាលឥឡូវនេះ សូមព្រះសុគត បរិនិព្វានទៅ បពិត្រព្រះអង្គដ៏ ចំរើនឥឡូវនេះ ជាកាលគួរនឹងបរិនិព្វានរបស់ព្រះ ដ៏មានព្រះភាគហើយ បពិត្រព្រះអង្គ ដ៏ចំរើន ព្រោះថា ព្រះដ៏មានព្រះភាគ បានត្រាស់វាចានេះហើយថា នៃមារមានចិត្តបាប ពួកភិក្ខុ ជាសាវករបស់តថាគត ដែលឈ្លាសវាងវៃ ក្លៀវក្លា ដល់នូវការក្សេម ចាកយោគៈ ជាពហុស្សូត ទ្រទ្រង់ធម៌ ប្រតិបត្តិធម៌សមគួរដល់ធម៌ ប្រតិបត្តិដ៏សមគួរ ប្រព្រឹត្តិតាមធម៌ បានរៀននូវវាទៈនៃអាចារ្យរបស់ខ្លួនហើយ ប្រាប់សំដែង បញ្ញត្ត តាំងទុក បើក ចែក ធ្វើឲ្យងាយបាន បានសង្កត់សង្កិនបរប្បវាទ ដែលកើតឡើងហើយ ឲ្យជាកិច្ចដែលខ្លួនបាន សង្កត់សង្កិនដោយល្អតាមពាក្យ ដែលសមហេតុ ហើយសំដែង ធម៌ ប្រកបដោយបាដិហារ្យ នៅមិនទាន់មាន ដរាបណាទេ តថាគតនឹងមិនទាន់ បរិនិព្វានដរាបនោះដូច្នេះ ។ បពិត្រព្រះអង្គដ៏ចំរើន ឥឡូវនេះ ពួកភិក្ខុ ជាសាវករបស់ ព្រះដ៏មានព្រះភាគ បានឈ្លាសវាងវៃ ក្លៀវក្លា ដល់នូវការក្សេមចាកយោគៈ ជាពហុស្សូតទ្រទ្រង់ធម៌ ប្រតិបត្តិធម៌សមគួរ ដល់ធម៌ ប្រតិបត្តិដ៏សមគួរ ប្រព្រឹត្តិតាម ធម៌ បានរៀននូវវាទៈនៃអាចារ្យរបស់ខ្លួន ហើយ ប្រាប់ សំដែង បញ្ញត្ត តាំងទុក បើក ចែក ធ្វើឲ្យងាយបាន បានសង្កត់សង្កិនបរប្បវាទ ដែលកើតឡើងហើយ ឲ្យជាកិច្ចដែលខ្លួនបាន សង្កត់ សង្កិនដោយល្អ តាមពាក្យ ដែលសមហេតុ ហើយសំដែងធម៌ ប្រកបដោយ បាដិហារ្យ។ បពិត្រព្រះអង្គដ៏ចំរើន ឥឡូវនេះ សូចព្រះដ៏មានព្រះភាគបរិនិព្វានទៅ សូមព្រះ សុគតបរិនិព្វានទៅ បពិត្រព្រះអង្គដ៏ចំរើន ឥឡូវនេះ ជាកាលគួរនឹង បរិនិព្វាន របស់ព្រះ ដ៏មានព្រះភាគហើយ បពិត្រព្រះអង្គដ៏ចំរើន ព្រោះព្រះដ៏មាន ព្រះភាគ ត្រាស់វាចានេះ ហើយថា ម្នាលមារមានចិត្តបាប ពួកភិក្ខុ ជាសាវិកា តថាគត មិនទាន់មានដរាបណា តថាគតនឹងមិនទាន់បរិនិព្វានដរាបនោះ។បេ។ ពួក ឧបាសក ជាសាវក របស់តថាគត មិនទាន់មាន ដរាបណា ។បេ។ ពួកឧបាសក ជាសាវិកា របស់តថាគត ដែលឈ្លាសវាងវៃ ក្លៀវក្លា ដល់នូវការក្សេម ចាកយោគៈ ជាពហុស្សូត ទ្រទ្រង់ធម៌ ប្រតិបត្តិធម៌សម គួរដល់ធម៌ ប្រតិបត្តិដ៏សមគួរ ប្រព្រឹត្តិតាមធម៌ បានរៀននូវវាទៈនៃអាចារ្យរបស់ខ្លួនហើយ ប្រាប់សំដែង បញ្ញត្ត តាំងទុក បើក ចែក ធ្វើឲ្យងាយបាន បានសង្កត់ សង្កិនបរប្បវាទ ដែលកើតឡើងហើយ ឲ្យជាកិច្ចដែលខ្លួនបាន សង្កត់សង្កិនដោយ ល្អតាមពាក្យ ដែលសមហេតុ ហើយសំដែងធម៌ ប្រកបដោយបាដិហារ្យ នៅមិនទាន់មាន ដរាបណាទេ។ បពិត្រព្រះអង្គដ៏ចំរើន ឥឡូវនេះ ពួកឧបាសក ជាសាវិកា របស់ព្រះដ៏មានព្រះភាគ ដែលឈ្លាសវាងវៃ ក្លៀវក្លា ដល់នូវការក្សេម ចាកយោគៈ ជាពហុស្សូត ទ្រទ្រង់ធម៌ ប្រតិបត្តិធម៌សមគួរដល់ធម៌ ប្រតិបត្តិដ៏សមគួរ ប្រព្រឹត្តិតាមធម៌ បានរៀននូវវាទៈ នៃអាចារ្យរបស់ខ្លួនហើយ ប្រាប់សំដែង បញ្ញត្ត តាំងទុក បើក ចែក ធ្វើឲ្យងាយបាន បានខាំងសង្កត់ សង្កិនបរប្បវាទ ដែលកើតឡើងហើយ ឲ្យជាកិច្ចដែលខ្លួនបាន សង្កត់សង្កិន ដោយល្អ តាមពាក្យ ដែលសមហេតុ ហើយសំដែងធម៌ ប្រកបដោយបាដិហារ្យ បានហើយ។ បពិត្រព្រះអង្គដ៏ចំរើន ឥឡូវនេះ សូចព្រះដ៏មានព្រះភាគ បរិនិព្វានទៅ សូមព្រះសុគត បរិនិព្វានទៅ បពិត្រព្រះអង្គដ៏ចំរើន ឥឡូវនេះ ជាកាលគួរនឹង បរិនិព្វាន របស់ព្រះដ៏មានព្រះភាគហើយ បពិត្រព្រះអង្គដ៏ចំរើន មួយទៀត ព្រះដ៏មានព្រះភាគ បានត្រាស់វាចានេះហើយថា ម្នាលមារមានចិត្តបាប ព្រហ្មចារ្យ របស់តថាគតនេះ នៅមិនទាន់ខ្ជាប់ខ្ជួន មិនទាន់ចំរើន មិនទាន់ផ្សាយទៅសព្វទិស គេមិនទាន់ដឹងមនុស្ស មិនទាន់ចេះសំដែងបាន ដោយប្រពៃ ដរាបណា តថាគតនឹងមមិនបរិនិព្វាន ដរាបនោះ ដូច្នេះ។ បពិត្រព្រះអង្គដ៏ចំរើន ឥឡូវនេះ ព្រហ្មចារ្យរបស់ព្រះដ៏មានព្រះភាគនេះ បាន ទាន់ខ្ជាប់ខ្ជួន បានចំរើន បានផ្សាយទៅ សព្វទិសហើយ គេបានដឹងច្រើនគ្នាហើយ បានពេញបរិបូណ៌ហើយ ពួកទេវតានឹង មនុស្ស ចេះសំដែងបានដោយល្អហើយ ។ បពិត្រ ព្រះអង្គដ៏ចំរើន ឥឡូវនេះ សូចព្រះដ៏មានព្រះភាគ បរិនិព្វានទៅ សូមព្រះសុគត បរិនិព្វាន ទៅ បពិត្រព្រះអង្គ ដ៏ចំរើន ឥឡូវនេះ ជាកាលគួរនឹងបរិនិព្វាន របស់ព្រះដ៏មានព្រះភាគ ហើយ។ ម្នាលមារមានចិត្តបាប ចូរអ្នកមានសេចក្ដីខ្វល់ខ្វាយតិចចុះ ការ បរិនិព្វានរ បស់តថាគត មិនយូរប៉ុន្មានទេ កន្លង៣ខែអំពីថ្ងៃនេះទៅ តថាគតនឹង បរិនិព្វានហើយ ។ លំដាប់នោះ ព្រះដ៏មានព្រះភាគ ទ្រង់មានសតិសម្បជញ្ញៈ ទ្រង់ដាក់អាយុសង្ខារ ឮដ៏ បាវាលចេតិយ ។ លុះព្រះដ៏មានព្រះភាគ ទ្រង់ដាក់អាយុសង្ខារហើយ ក៏កើតការ ក្រើកដែនដីយ៉ាងធំ គួរឲ្យភ្លូកព្រឺព្រួចរោម ទាំងផ្គរក៏លាន់ឮឡើង ។ គ្រានោះ ព្រះដ៏ មានព្រះភាគ ទ្រង់ជ្រាបច្បាស់នូវសេចក្ដីនេះហើយ ក៏បន្លឺនូវ ឧទាននេះ ក្នុងវេលានោះថាព្រះពុទ្ធ ជាអ្នកប្រាជ្ញ ទ្រង់ពិចារណាឃើញ នូវព្រះនិព្វានដែលមាន គុណថ្លឹងមិនបានផង នូវភពផង ទ្រង់លះបង់នូវសង្ខារ ដែលនាំសត្វ ទៅកាន់ភព ទ្រង់ ត្រេកអរនូវអារម្មណ៍ខាងក្នុង [ដោយអំណាច វិបស្សនា] មានព្រះហឬទ័យតាំងមាំហើយ [ដោយអំណាច សមថៈ] ទ្រង់បានទំលាយនូវបណ្ដាញគឺកិលេស ដែលកើតមាន នៅ ក្នុងព្រះអង្គដូចជាក្រោះ ។ លំដាប់នោះ ព្រះអានន្ទដ៏មានអាយុ មានសេចក្ដីត្រិះរិះយ៉ាងនេះថា អើហ្ន៎ ការ កក្រើក ផែនដីនេះយ៉ាងធំ ការកក្រើកផែនដីនេះធំណាស់តើគួរឲ្យភ្លួកភ្លឹក ឲ្យព្រឺព្រួច រោម ទាំងផ្គរក៏លាន់ឡើង ។ ហេតុដូចម្ដេច បច្ច័យដូចម្ដេចហ្ន៎ ដែលនាំឲ្យការ កក្រើក ផែនដី ជាយ៉ាងធំម្ល៉េះ ។ ទើបព្រះអានន្ទដ៏មានអាយុ ចូលទៅគាល់ព្រះដ៏មាន ព្រះភាគ លុះចូលទៅដល់ហើយ ក៏ក្រាបថ្វាយបង្គំ ព្រះដ៏មានព្រះភាគ ហើយគង់ក្នុង ទីដ៏សមគួរ ។ លុះព្រះអានន្ទដ៏មានអាយុ គង់ក្នុងទីសមគួរហើយ ក៏ក្រាបបង្គំទូលព្រះដ៏មានព្រះភាគ ដូច្នេះថា បពិត្រព្រះ អង្គដ៏ចំរើន ការកក្រើកផែនដីនេះជាយ៉ាងធំ បពិត្រព្រះអង្គដ៏ចំរើន ការកក្រើកផែន ដីនេះ ធំពេកណាស់តើ គួរឲ្យភ្លួកភ្លឹក គួរឲ្យព្រឺព្រួចរោម ទាំងផ្គរក៏លាន់ ឮឡើង។ បពិត្រព្រះអង្គដ៏ចំរើន ហេតុដូចម្ដេច បច្ច័យដូចម្ដេចហ្ន៎ ដែលនាំឲ្យកើតការ កក្រើផែនដី ជាយ៉ាងធំម្ល៉េះ។ ព្រះអង្គត្រាស់ថា ម្នាលអានន្ទ ហេតុបច្ច័យដែលនាំឲ្យកើតការកក្រើផែនដី នេះមាន ៨ យ៉ាង។ ហេតុបច្ច័យទាំង ៨យ៉ាង តើដូចម្ដេចខ្លះ។ ម្នាលអានន្ទ មហាប្រឋពីនេះ ប្រតិស្ថាននៅលើទឹក ឯទឹកប្រតិស្ថាននៅលើខ្យល់ ខ្យល់ ប្រតិស្ថាននៅលើអាកាស ម្នាលអានន្ទ សម័យដែលមានខ្យល់បក់ ខ្យល់ធំដែល បក់នោះ រមែងធ្វើទឹកឲ្យកក្រើក ឯទឹកដែលកក្រើកមកហើយ ក៏ធ្វើផែនដី ឲ្យកក្រើកដែរ ម្នាលអានន្ទ នេះជាហេតុ ជាបច្ច័យទី១ ដែលនាំឲ្យការ កក្រើកផែនដី ជាយ៉ាងធំ ។ ម្នាលអានន្ទ មួយទៀត សមណៈក្ដី ព្រាហ្មណ៍ក្ដី ដែលមានឬទ្ធិ ដល់នូវការស្ទាត់ជំនាញ ក្នុងចិត្តឬទេវតាដែល មានឬទ្ធិធំ មាន អានុភាពធំបុគ្គលនោះ បានចំរើនបឋវិសញ្ញា ឲ្យមានកំឡាំងតិច ចំរើន អាបោសញ្ញា ឲ្យមានកំឡាំងច្រើន បុគ្គលនោះ រមែងធ្វើផែនដីនេះ ឲ្យកក្រើករំភើប ញាប់ញ័របាន ម្នាលអានន្ទ នេះជាហេតុ ជាបច្ច័យទី២ ដែលនាំឲ្យកើតការ កក្រើកផែនដី ជាយ៉ាងធំ ។ ម្នាលអានន្ទ មួយទៀត កាលណាដែលព្រះពោធិ សត្វ ច្បុតចាកពួកទេវតា ដែលឋិតនៅក្នុងឋានតុសិតមានសតិនឹង សម្បជញ្ញៈ យាងចុះកាន់ព្រះមាតុឧទរ ក្នុងកាល នោះផែនដីនេះ តែងកក្រើករំភើប ញាប់ញ័របាន ម្នាលអានន្ទ នេះជាហេតុ ជាបច្ច័យទី៣ ដែលនាំឲ្យកើតការ កក្រើកផែនដី ជាយ៉ាងធំ ។ ម្នាលអានន្ទ មួយទៀត កាលណា ដែលព្រះពោធិ សត្វ មានសតិនឹងសម្បជញ្ញៈ ទ្រង់ប្រសូតចាកព្រះមាតុឧទរ ក្នុងដីកាល នោះ ផែនដីនេះ តែងកក្រើករំភើប ញាប់ញ័របាន ម្នាលអានន្ទ នេះជាហេតុ ជាបច្ច័យទី៤ ដែលនាំឲ្យកើតការកក្រើកផែនដី ជាយ៉ាងធំ ។ ម្នាលអានន្ទ មួយទៀត កាល ណា ដែលព្រះតថាគត ត្រាស់ដឹងនូវអនុត្តរសម្មាសម្ពោធិញ្ញាណ ក្នុងកាលនោះ ផែនដីនេះ តែងកក្រើករំភើបញាប់ញ័រ ម្នាលអានន្ទ នេះជាហេតុ ជាបច្ច័យទី៥ ដែលនាំឲ្យកើត ការកក្រើកផែនដី ជាយ៉ាងធំ ។ ម្នាលអានន្ទ មួយទៀត កាលណា ដែលព្រះតថាគត ញុំាងអនុត្តរធម្មចក្រ ឲ្យប្រព្រឹត្តទៅ កាលនោះផែន ដីនេះ តែងកក្រើករំភើបញាប់ញ័រ ម្នាលអានន្ទ នេះជាហេតុ ជាបច្ច័យទី៦ ដែលនាំឲ្យកើតការកក្រើកផែនដីជាយ៉ាងធំ ។ ម្នាលអានន្ទ មួយទៀត កាលណា ដែលព្រះតថាគត គតមានសតិនឹងសម្បជញ្ញៈ ដាក់ចុះនូវអាយុសង្ខារ ក្នុងកាលនោះ ផែនដីនេះ តែងកក្រើករំភើបញាប់ញ័រ ម្នាលអានន្ទ នេះជាហេតុ ជាបច្ច័យទី៧ ដែលនាំឲ្យកើតការកក្រើកផែនដីជាយ៉ាងធំ ។ ម្នាលអានន្ទ មួយទៀត កាលណា ដែលព្រះតថាគត បរិនិព្វាន ដោយអនុបាទិសេសនិព្វានធាតុ ក្នុងកាលនោះផែនដីនេះ តែងកក្រើករំភើបញាប់ញ័រ ម្នាលអានន្ទ នេះជាហេតុ ជាបច្ច័យ ទី៨ ដែលនាំឲ្យកើតការកក្រើកផែនដី ជាយ៉ាងធំ ។ ម្នាលអានន្ទ ហេតុបច្ច័យ ដែលនាំឲ្យ កើតការកក្រើកផែនដី ជាយ៉ាងធំមាន ៨ យ៉ាងនេះឯង ។ ចប់ ចាសវគ្គទី ២ ។ ឧទ្ទានក្នុងចាលវគ្គនោះគឺ និយាយអំពីសេចក្ដីប្រាថ្នា ១ ភិក្ខុដែលគួរ ១ ព្រះដ៏មានព្រះភាគទ្រង់ សំដែងធម៌ ដោយសង្ខេប ១ ព្រះដ៏មានព្រះភាគ ទ្រង់គង់ក្នុងគយាសីសប្រទេស ១ អភិភាយតនៈ ១ វិមោក្ខ ១ វោហារ ២លើក បរិសទ្យ១ ផែនដីកក្រើក ១ ។ (បិ. ៤៨ ទំ២៩៣) ដោយ៥០០០ឆ្នាំ
images/articles/3090/53TERGS.jpg
Public date : 24, Apr 2022 (1,885 Read)
[៤៤៦] ម្នាលភិក្ខុទាំងឡាយ ។ សម័យមួយ ព្រះដ៏មានព្រះភាគ គង់នៅក្នុងកូដាគារសាលា នាមហាវន ជិតក្រុងវេសាលី ។ គ្រានោះឯង ព្រះដ៏មានព្រះភាគ ទ្រង់ស្បង់ទ្រង់បាត្រនិងចីវរ ក្នុងបុព្វណ្ហសម័យ ស្តេចចូលទៅកាន់ក្រុងវេសាលី ដើម្បីបិណ្ឌបាត ហើយត្រឡប់ពីបិណ្ឌបាតក្នុងបច្ឆាភត្ត ត្រាស់ហៅព្រះអានន្ទដ៏មានអាយុថា ម្នាលអានន្ទ អ្នកចូរកាន់យកនូវសំពត់គឺសីទនៈ តថាគតនិងចូលទៅឯបាវាលចេតិយ ដើម្បីសម្រាកក្នុងវេលាថ្ងៃ ។ ព្រះអានន្ទដ៏មានអាយុ ទទួលព្រះពុទ្ធដីកាព្រះដ៏មានព្រះភាគថា ព្រះករុណា ព្រះអង្គ ហើយក៏កាន់នូវសំពត់សីទនៈដើរតាមក្រោយ ៗ ព្រះដ៏មានព្រះភាគទៅ ។ [៤៤៧] គ្រានោះឯង ព្រះដ៏មានព្រះភាគទ្រង់ចូលទៅបាវាលចេតិយ លុះចូលទៅដល់ហើយ ក៏គង់លើអាសនៈ ដែលបុគ្គលតាក់តែងថ្វាយ ។ ព្រះអានន្ទដ៏មានអាយុ ក៏ថ្វាយបង្គំព្រះដ៏មានព្រះភាគ ហើយអង្គុយក្នុងទីសមគួរ ។ លុះព្រះអានន្ទដ៏មានអាយុ អង្គុយក្នុងទីសមគួរហើយ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ដូច្នេះថា ម្នាលអានន្ទ ក្រុងវេសាលី គួរជាទីរីករាយ ឧទេនៈចេតិយ គួរជាទីរីករាយ គោតមកចេតិយ គួរជាទីរីករាយ សត្តម្ពចេតិយ គួរជាទីរីករាយ ពហុបុត្តកចេតិយ គួរជាទីរីករាយ សារន្ទទចេតិយ គួរជាទីរីករាយ បាវាលចេតិយ គួរជាទីរីករាយ ។ ម្នាលអានន្ទ បុគ្គលណាមួយបានចម្រើនឥទ្ធិបាទ ៤ បានធ្វើឲ្យរឿយ ៗ ធ្វើឲ្យដូចជាយាន ធ្វើឲ្យជាទីនៅ តាំងទុករឿយ ៗ សន្សំទុក ផ្តើមល្អហើយ កាលបើបុគ្គលនោះប្រាថ្នា អាចស្ថិតនៅអស់មួយអាយុកប្ប ឬជាងមួយអាយុកប្បក៏បាន ។ ម្នាលអានន្ទ ឥទ្ធិបាទ ៤ តថាគតបានចម្រើនហើយ ធ្វើឲ្យរឿយ ៗ ហើយ ធ្វើឲ្យដូចជាយាន ធ្វើឲ្យជាទីនៅ តាំងទុករឿយ ៗ សន្សំទុក ផ្តើមល្អហើយ ។ ម្នាលអានន្ទ បើតថាគតប្រាថ្នា អាចស្ថិតនៅអស់មួយអាយុកប្ប ឬជាងមួយអាយុកប្បក៏បាន ។ [៤៤៨] កាលបើព្រះដ៏មានព្រះភាគទ្រង់ធ្វើនិមិត្ត ជាឱឡារិក ទ្រង់ធ្វើឱកាសជាឱឡារិកយ៉ាងនេះក៏ដោយ ព្រះអានន្ទដ៏មានអាយុ នៅតែមិនអាចនិងយល់សេចក្តីច្បាស់លាស់បានឡើយ មិនបានអារាធនាព្រះដ៏មានព្រះភាគថា បពិត្រព្រះអង្គដ៏ចម្រើន សូមព្រះដ៏មានព្រះភាគទ្រង់គង់នៅអស់ ១ អាយុកប្ប សូមព្រះសុគតទ្រង់គង់នៅអស់ ១ អាយុកប្ប ដើម្បីប្រយោជន៍ ដល់ជនច្រើន ដើម្បីសេចក្តីសុខដល់ជនច្រើន ដើម្បីអនុគ្រោះដល់សត្វលោក ដើម្បីសេចក្តីចម្រើន ដើម្បីប្រយោជន៍ ដើម្បីសេចក្តីសុខដល់ទេវតានិងមនុស្សទាំងឡាយដូច្នេះឡើយ ព្រោះមារចូលមកជ្រែកចិត្ត ។ [៤៤៩] ព្រះដ៏មានព្រះភាគ ទ្រង់មានព្រះពុទ្ធដីកា (និងព្រះអានន្ទ) ជាគំរប់ពីរដង ។ ព្រះដ៏មានព្រះភាគទ្រង់ត្រាស់និងព្រះអានន្ទដ៏មានអាយុជាគំរប់ ៣ ដងថា ម្នាលអានន្ទ ក្រុងវេសាលី គួរជាទីរីករាយ ឧទេនចេតិយ គួរជាទីរីករាយ គោតមកចេតិយ គួរជាទីរីករាយ សត្តម្ពចេតិយ គួរជាទីរីករាយ ពហុមុត្តកចេតិយ គួរជាទីរីករាយ សារន្ទទចេតិយ គួរជាទីរីករាយ បាវាលចេតិយ គួរជាទីរីករាយ ។ ម្នាលអានន្ទ បុគ្គលណាមួយបានចម្រើន ឥទ្ធិបាទ ៤ ធ្វើឲ្យច្រើន ធ្វើឲ្យដូចជាយាន ធ្វើឲ្យជាទីតាំងនៅ តាំងទុករឿយ ៗ សន្សំទុក ផ្តើមទុកល្អហើយ បើបុគ្គលនោះប្រាថ្នា អាចនៅអស់ ១ អាយុកប្ប ឬជាងមួយអាយុកប្បក៏បាន ។ ម្នាលអានន្ទ តថាគតបានចម្រើនឥទ្ធិបាទ ៤ បានធ្វើឲ្យរឿយ ៗ បានធ្វើឲ្យដូចជាយាន បានធ្វើឲ្យជាទីតាំងនៅ បានតាំងទុករឿយ ៗ បានសន្សំទុក បានផ្តើមទុកល្អហើយ ។ ម្នាលអានន្ទ បើតថាគតប្រាថ្នា អាចនៅអស់មួយអាយុកប្ប ឬជាងមួយអាយុកប្បក៏បាន ។ [៤៥០] កាលព្រះដ៏មានព្រះភាគ ទ្រង់ធ្វើនិមិត្តជាឱឡារិក ទ្រង់ធ្វើឱកាលជាឱឡារិកយ៉ាងនេះក៏ដោយ ព្រះអានន្ទដ៏មានអាយុ នៅតែមិនយល់សេចក្តីច្បាស់លាស់ឡើយ មិនបានអាពាធ ព្រះដ៏មានព្រះភាគថា បពិត្រព្រះអង្គដ៏ចម្រើន សូមព្រះដ៏មានព្រះភាគទ្រង់គង់នៅអស់មួយអាយុកប្ប សូមព្រះសុគត ទ្រង់គង់នៅអស់មួយអាយុកប្ប ដើម្បីប្រយោជន៍ដល់ជនច្រើន ដើម្បីសេចក្តីសុខដល់ជនច្រើន ដើម្បីអនុគ្រោះដល់សត្វលោក ដើម្បីសេចក្តីចម្រើន ដើម្បីជាប្រយោជន៍ ដើម្បីសេចក្តីសុខដល់ទេវតា និងមនុស្សទាំងឡាយដូច្នេះឡើយ ព្រោះមារចូលមកជ្រែកចិត្ត ។ [៤៥១] លំដាប់នោះ ព្រះដ៏មានព្រះភាគទ្រង់ត្រាស់និងព្រះអានន្ទដ៏មានអាយុថា ម្នាលអានន្ទ អ្នកចូរទៅចុះ ចូរសំគាល់នូវកាលគួរក្នុងកាលឥឡូវនេះចុះ ។ ព្រះអានន្ទដ៏មានអាយុទទួលព្រះពុទ្ធដីកាព្រះដ៏មានព្រះភាគថា ករុណា ព្រះអង្គ រួចក៏ក្រោកចាកអាសនៈ ថ្វាយបង្គំព្រះដ៏មានព្រះភាគ ដើរប្រទក្សិណ ហើយអង្គុយជិតគល់ឈើមួយដើម ដ៏មិនឆ្ងាយប៉ុន្មាន ។ [៤៥២] (កាលដែលព្រះអានន្ទដ៏មានអាយុចេញទៅមិនយូរប៉ុន្មាន) មារមានចិត្តបាបចូលទៅរកព្រះដ៏មានព្រះភាគ លុះចូលទៅដល់ហើយ ក៏ឈរក្នុងទីសមគួរ ។ (លុះមារមានចិត្តបាបឈរក្នុងទីសមគួរហយ) ក៏ក្រាបទូលអារាធនាព្រះដ៏មានព្រះភាគយ៉ាងនេះថា បពិត្រព្រះអង្គដ៏ចម្រើន សូមព្រះដ៏មានព្រះភាគបរិនិព្វានក្នុងកាលឥឡូវនេះទៅ សូមព្រះសុគតនិព្វានទៅ បពិត្រព្រះអង្គដ៏ចម្រើន ឥឡូវនេះ ព្រះដ៏មានព្រះភាគល្មមបរិនិព្វានហើយ ។ បពិត្រព្រះអង្គដ៏ចម្រើន ព្រះដ៏មានព្រះភាគបានត្រាស់វាចានេះថា នែមារមានចិត្តបាប (បើ) ពួកភិក្ខុជាសាវករបស់តថាគតដែលឈ្លាស វាងវៃ ក្លៀវក្លា ជាពហុស្សូត ទ្រទ្រង់ធម៌ ប្របិបត្តិធម៌សមគួរដល់ធម៌ ប្រតិបត្តិដោយកោតក្រែង ប្រព្រឹត្តតាមធម៌នៅមិនទានមាន ទាំងមិនទាន់រៀនវាទៈនៃអាចារ្យរបស់ខ្លួន ហើយនិងប្រាប់ សម្តែង បញ្ញត្ត តាំងទុក បើក ចែក ធ្វើឲ្យងាយបាន ទាំងមិនទាន់បានសង្កត់សង្កិនបរប្បវាទដែលកើតឡើងហើយ ឲ្យជាកិច្ចដែលខ្លួនបានសង្កត់សង្កិនល្អ តាមពាក្យដែលសមហេតុ ហើយនិងសម្តែងធម៌ប្រកបដោយបាដិហារ្យដរាបណាទេ តថាគតនឹងមិនទាន់បរិនិព្វានដរាបនោះឡើយ ។ បពិត្រព្រះអង្គដ៏ចម្រើន ឥឡូវនេះ ពួកជាសាវករបស់ព្រះដ៏មានព្រះភាគ បានឈ្លាស វាងវៃ ក្លៀវក្លា ជាពហូស្សូត ទ្រទ្រង់ធម៌ ប្រតិបត្តិធម៌សមគួរដល់ធម៌ ប្រតិបត្តិដោយកោតក្រែង ប្រព្រឹត្តតាមធម៌ទាំងបានរៀននូវវាទៈនៃអាចារ្យរបស់ខ្លួន ហើយប្រាប់ សម្តែង បញ្ញត្ត តាំងទុក បើក ចែក ធ្វើឲ្យងាយបានហើយ ទាំងសង្កត់សង្កិនបរប្បវាទដែលកើតឡើងហើយ ឲ្យជាកិច្ចដែលបានសង្កត់សង្កិនដោយល្អ តាមពាក្យដែលសមហេតុ ហើយសម្តែងធម៌ប្រកបដោយបាដិហារ្យបានហើយ ។ បពិត្រព្រះអង្គដ៏ចម្រើន សូមព្រះដ៏មានព្រះភាគបរិនិព្វានក្នុងកាលឥឡូវនេះទៅ សូមព្រះសុគតបរិនិព្វានទៅ បពិត្រព្រះអង្គដ៏ចម្រើន ឥឡូវនេះ ជាកាលគួរព្រះដ៏មានព្រះភាគបរិនិព្វានហើយ ។ [៤៥៣] បពិត្រព្រះអង្គដ៏ចម្រើន ព្រោះព្រះដ៏មានព្រះភាគត្រាស់វាចារនេះថា ម្នាលមារមានចិត្តបាប តថាគតនឹងមិនទាន់បរិនិព្វានទេ ព្រោះពួកភិក្ខុនីជាសាវិការបស់តថាគត ឈ្លាស វាងវៃ ក្លៀវក្លា ជាពហុសូ្សត ទ្រទ្រង់ធម៌ ប្រតិបត្តិធម៌សមគួរដល់ធម៌ ប្រតិបត្តិដោយកោតក្រែង ប្រព្រឹត្តតាមធម៌ នៅមិនទាន់មាន ទាំងមិនទាន់រៀននូវវាទៈនៃអាចារ្យរបស់ខ្លួន ហើយនឹងប្រាប់ សម្តែង បញ្ញត្ត តាំងទុក បើក ចែក ធ្វើឲ្យងាយបាន ទាំងមិនទាន់សង្កត់សង្កិនបរប្បវាទដែលកើតឡើងហើយ ឲ្យជាកិច្ចដែលខ្លួនបានសង្កត់សង្កិនដោយល្អ តាមពាក្យដែលសមហេតុ ហើយនិងសម្តែងធម៌ប្រកបដោយបាដិហារ្យទេ ។ បពិត្រព្រះអង្គដ៏ចម្រើន ក៏ក្នុងកាលឥឡូវនេះ ពួកភិក្ខុនីជាសាវិការបស់ព្រះដ៏មានព្រះភាគ បានឈ្លាស វាងវៃ ក្លៀវក្លា ជាពហុស្សូត ទ្រទ្រង់ធម៌ ប្រតិបត្តិធម៌សមគួរដល់ធម៌ ប្រតិបត្តិដោយកោតក្រែង ប្រព្រឹត្តតាមធម៌ហើយ ទាំងបានរៀននូវវាទៈនៃអាចារ្យរបស់ខ្លួន ហើយប្រាប់ សម្តែង បញ្ញត្ត តាំងទុក បើក ចែក ធ្វើឲ្យងាយបានហើយ ទាំងសង្កត់សង្កិននូវបរប្បវាទដែលកើតឡើងហើយ ឲ្យជាកិច្ចដែលខ្លួនសង្កត់សង្កិនដោយល្អ តាមពាក្យដែលសមហេតុ ហើយសម្តែងធម៌ប្រកបដោយបាដិហារ្យបានហើយ ។ បពិត្រព្រះអង្គដ៏ចម្រើន ឥឡូវនេះ សូមព្រះដ៏មានព្រះភាគបរិនិព្វាន ទៅ សូមព្រះសុគតបរិនិព្វានទៅ បពិត្រព្រះអង្គដ៏ចម្រើន ព្រោះឥឡូវនេះ ជាកាលគួរល្មមព្រះដ៏មានព្រះភាគបរិនិព្វានហើយ ។ [៤៥៤] បពិត្រព្រះអង្គដ៏ចម្រើន មួយទៀត ព្រះដ៏មានព្រះភាគបានត្រាស់វាចារនេះថា ម្នាលមារមានចិត្តបាប តថាគតនិងមិនទាន់បរិនិព្វានទេ ព្រោះពួកឧបាសក (ជាសាវក) របស់តថាគត ។បេ។ ព្រោះពួកឧបាសិកាជាសាវិការបស់តថាគត ដែលឈ្លាស វាងវៃ ក្លៀវក្លា ជាពហុស្សូត ទ្រទ្រង់ធម៌ ប្រតិបត្តិធម៌សមគួរដល់ធម៌ ប្រតិបត្តិដោយកោតក្រែង ប្រព្រឹត្តតាមធម៌នៅមិនទាន់មាន ទាំងមិនទាន់រៀននូវវាទៈនៃអាចារ្យរបស់ខ្លួន ហើយនិងប្រាប់ សម្តែង បញ្ញត្ត តាំងទុក បើក ចែក ធ្វើឲ្យងាយបាន ទាំងមិនទាន់សង្កត់សង្កិន នូវបរប្បវាទ ដែលកើតឡើងហើយ ឲ្យជាកិច្ចដែលសង្កត់សង្កិនដោយល្អ តាមពាក្យដែលសមហេតុ ហើយនិងសម្តែងធម៌ប្រកបដោយបាដិហារ្យទេ ។ បពិត្រព្រះអង្គដ៏ចម្រើន ក៏ឥឡូវនេះ មានពួកឧបាសិកាជាសាវិការបស់ព្រះដ៏មានព្រះភាគ បានឈ្លាស វាងវៃ ក្លៀវក្លា ជាពហុស្សូត ទ្រទ្រង់ធម៌ ប្រតិបត្តិធម៌សមគួរដល់ធម៌ ប្រតិបត្តិដោយកោតក្រែង ប្រព្រឹត្តតាមធម៌ទាំងបានរៀននូវវាទៈនៃអាចារ្យរបស់ខ្លួន ហើយប្រាប់ សម្តែង បញ្ញត្ត តាំងទុក បើក ចែក ធ្វើឲ្យងាយបាន ទាំងសង្កត់សង្កិននូវបរប្បវាទដែលកើតឡើងហើយ ឲ្យជាកិច្ចដែលសង្កត់សង្កិនដោយល្អ តាមពាក្យដែលសមហេតុ ហើយសម្តែងធម៌ប្រកបដោយបាដិហារ្យបានហើយ ។ បពិត្រព្រះអង្គដ៏ចម្រើន ឥឡូវនេះ សូមព្រះដ៏មានព្រះភាគបរិនិព្វានទៅ សូមព្រះសុគតបរិនិព្វានទៅ បពិត្រព្រះអង្គដ៏ចម្រើន ព្រោះឥឡូវនេះ ជាកាលគួរល្មមព្រះដ៏មានព្រះភាគបរិនិព្វានហើយ ។ [៤៥៥] បពិត្រព្រះអង្គដ៏ចម្រើន មួយទៀត ព្រះដ៏មានព្រះភាគបានត្រាស់វាចារនេះថា ម្នាលមារមានចិត្តបាប តថាគតនឹងមិនទាន់បរិនិព្វានទេ ព្រោះព្រហ្មចារ្យរបស់តថាគតនេះ នៅមិនទាន់ខ្ជាប់ខ្ជួន មិនទាន់ចម្រើន មិនទាន់ផ្សាយទៅសព្វទិស គេមិនទាន់ដឹងច្រើនគ្នា មិនទាន់ពេញបរិបូណ៌ ពួកទេវតានិងមនុស្ស មិនទានចេះសម្តែងបានដោយប្រពៃទេ ។ បពិត្រព្រះអង្គដ៏ចម្រើន ព្រហ្មចារ្យរបស់ព្រះដ៏មានព្រះភាគនោះបានខ្ជាប់ខ្ជួនហើយ បានចម្រើនហើយ បានផ្សាយទៅសព្វទិសហើយ គេបានដឹងច្រើនគ្នាហើយ បានពេញបរិបូណ៌ហើយ ពួកទេវតានិងមនុស្សចេះសម្តែងបានដោយល្អហើយ ។ បពិត្រព្រះអង្គដ៏ចម្រើន ឥឡូវនេះ សូមព្រះដ៏មានព្រះភាគបរិនិព្វានទៅ សូមព្រះសុគតបរិនិព្វានទៅ បពិត្រព្រះអង្គដ៏ចម្រើន ព្រោះឥឡូវនេះជាកាលគួរល្មម ព្រះដ៏មានព្រះភាគបរិនិព្វានហើយ ។ [៤៥៦] កាលបើក្រុងមារក្រាបទូលបង្គំនេះហើយ ព្រះដ៏មានព្រះភាគ ចូរអ្នកមានសេចក្តីខ្វល់ខ្វាយតិចចុះ ការបរិនិព្វានរបស់តថាគតមិនយូរប៉ុន្មានទេ កន្លង ៣ ខែអំពីកាលនេះទៅ តថាគតនឹងបរិនិព្វាន ។ [៤៥៧] លំដាប់នោះឯង ព្រះដ៏មានព្រះភាគទ្រង់មានព្រះសតិសម្បជញ្ញៈ ទ្រង់ដាក់អាយុសង្ខារព្ធដ៏បាវាលចេតិយ ។ លុះព្រះដ៏មានព្រះភាគដាក់អាយុសង្ខារហើយ ក៏កើតកក្រើកផែនដីយ៉ាងធំ គួរឲ្យភ្លូកភ្លឹកព្រឺព្រួចរោម ទាំងផ្គរក៏លាន់ឮឡើង ។ [៤៥៨] គ្រានោះឯង ព្រះដ៏មានព្រះភាគទ្រង់ជ្រាបច្បាស់នូវដំណើរនោះហើយ ក៏បន្លឺនូវឧទាននេះក្នុងវេលានោះថា ៖ ព្រះពុទ្ធជាអ្នកប្រាជ្ញ ពិចារណាឃើញនូវព្រះនិព្វានដែលមានគុណ ថ្លឹងមិនបានផង នូវភពផង លះបង់នូវសង្ខារដែលនាំសត្វទៅកាន់ ភពហើយ ត្រេកអរចំពោះអារម្មណ៍ខាងក្នុង (ដោយអំណាច- វិបស្សនា) មានចិត្តតាំងមាំ (ដោយអំណាចសមថៈ) បានទំលាយ ហើយនូវបណ្តាញ គឺកិលេសដែលកើតមាននៅក្នុងខ្លួនដូចជា ក្រោម ។ ចប់ បាវាលវគ្គទី ១ ។ (បិ៣៨ ទំ២៧១) ដោយ​៥០០០​ឆ្នាំ​
images/articles/3106/6yergerw343.jpg
Public date : 24, Apr 2022 (1,848 Read)
[៦៣] ម្នាលគហបតិបុត្រ មនុស្ស៤ពួកនេះ អ្នកត្រូវដឹងថា ជាមិត្ត មានសន្តានល្អ គឺមិត្តមានឧបការៈ អ្នកត្រូវដឹងថា ជាមិត្តមានសន្តានល្អ១ មិត្តរួមសុខទុក្ខ អ្នកត្រូវដឹងថា ជាមិត្តមានសន្តានល្អ១ មិត្តប្រាប់ប្រយោជន៍ អ្នកត្រូវដឹងថា ជាមិត្តមានសន្តានល្អ១ មិត្តមានសេចក្តីឈឺឆ្អាល អ្នកត្រូវដឹងថា ជាមិត្តមានសន្តានល្អ១។ [៦៤] ម្នាលគហបតិបុត្រ មិត្តមានឧបការៈ ជាមិត្តមានសន្តានល្អ អ្នកត្រូវដឹងដោយស្ថាន៤យ៉ាងគឺ រក្សាមិត្តដែលធ្វេសប្រហែស១ រក្សាសម្បត្តិរបស់មិត្ត ដែលធ្វេសប្រហែស១ ជាទីពឹងពំនាក់ នៃមិត្តដែលមានសេចក្តីភិតភ័យ១ កាលបើកិច្ចដែលត្រូវធ្វើ កើតឡើងហើយ តែងជួយផ្តល់ភោគៈ ជាទ្វិគុណ ជាងទ្រព្យដែលមិត្តត្រូវការនោះ១។ ម្នាលគហបតិបុត្ត មិត្តមានឧបការៈ ជាមិត្តមានសន្តានល្អ អ្នកត្រូវដឹងដោយស្ថាន៤យ៉ាងនេះឯង។ [៦៥] ម្នាលគហបតិបុត្រ មិត្តរួមសុខទុក្ខ ជាមិត្តមានសន្តានល្អ អ្នកត្រូវដឹងដោយស្ថាន៤យ៉ាងគឺ ប្រាប់នូវអាថ៌កំបាំងរបស់ខ្លួនដល់មិត្ត១ ជួយបិទបាំងនូវអាថ៌កំបាំងរបស់មិត្ត១ មិនបោះបង់គ្នា ក្នុងគ្រាមានវិបត្តិ១ សូម្បីជីវិត ក៏ហ៊ានលះបង់ ដើម្បីប្រយោជន៍ដល់មិត្ត (ស៊ូប្តូរជីវិត)១។ ម្នាលគហបតិបុត្ត មិត្តរួមសុខទុក្ខ ជាមិត្តមានសន្តានល្អ អ្នកត្រូវដឹងដោយស្ថាន៤យ៉ាងនេះឯង។ [៦៦] ម្នាលគហបតិបុត្រ មិត្តប្រាប់ប្រយោជន៍ ជាមិត្តមានសន្តានល្អ អ្នកត្រូវដឹងដោយស្ថាន៤យ៉ាងគឺ ហាមមិត្តឲ្យឃ្លាតចាកអំពើអាក្រក់១ ដឹកនាំឲ្យមិត្តតំកល់នៅតែក្នុងអំពើល្អ១ ឲ្យបានឮពាក្យដែលមិនធ្លាប់បានឮ១ ប្រាប់ផ្លូវឋានសួក៌១។ ម្នាលគហបតិបុត្ត មិត្តប្រាប់ប្រយោជន៍ ជាមិត្តមានសន្តានល្អ អ្នកត្រូវដឹងដោយស្ថាន៤យ៉ាងនេះឯង។ [៦៧] ម្នាលគហបតិបុត្រ មិត្តមានសេចក្តីឈឺឆ្អាល ជាមិត្តមានសន្តានល្អ អ្នកត្រូវដឹងដោយស្ថាន៤យ៉ាងគឺ ជួយព្រួយចិត្ត ពីព្រោះមិត្តបានសេចក្តីវិនាស១ ជួយត្រេកអរ ព្រោះមិត្តបានសេចក្តីចម្រើន១ ទទឹងទាស់នឹងមនុស្ស ដែលពោលទោសមិត្ត១ សរសើរតែមនុស្ស ដែលពណ៌នាគុណមិត្ត១។ ម្នាលគហបតិបុត្ត មិត្តមានសេចក្តីឈឺឆ្អាល ជាមិត្តមានសន្តានល្អ អ្នកត្រូវដឹង ដោយស្ថាន៤យ៉ាងនេះឯង។ ព្រះមានព្រះភាគ ទ្រង់បានសំដែងសេចក្តីនេះ លុះព្រះសុគត ជាសាស្តា ត្រាស់សេចក្តីនេះហើយ ទើបទ្រង់សំដែងពាក្យជាគាថាព័ន្ធ តទៅទៀតថា [៦៨] មិត្តដែលមានឧបការៈ សំឡាញ់ដែលរួមសុខទុក្ខ មិត្តដែលប្រាប់ប្រយោជន៍ មិត្តដែលមានសេចក្តីឈឺឆ្អាល បណ្ឌិតស្គាល់ជាក់ នូវបុគ្គលទាំង៤ពួកនុ៎ះថា ជាមិត្តមែនទែន ហើយគប្បីចូលទៅអង្គុយជិតស្និទ្ធស្នាល ដូចជាមាតា និងបុត្ត ដែលកើតពីទ្រូង។ អ្នកប្រាជ្ញបរិបូណ៌ដោយសីល តែងរុងរឿង ដូចជាភ្លើងដែលភ្លឺដូច្នោះឯង កាលបុគ្គលសន្សំទ្រព្យ រមែងធ្វើទ្រព្យ ឲ្យជាគំនរ ដូចជាឃ្មុំដូច្នោះឯង។ ភោគៈទាំងឡាយ តែងដល់នូវការពូនជាគំនរ ដូចជាដំបូក ដែលកណ្តៀរ កពូន ដូច្នោះឯង។ គ្រហស្ថក្នុងត្រូកូល បានសន្សំភោគៈទាំងឡាយ យ៉ាងនេះហើយ ទើបអាច (តាំងខ្លួន) កុលបុត្រដែលចែកភោគៈទាំងឡាយជា៤ចំណែក គឺបិរភោគភោគៈទាំងឡាយ១ចំណែក ប្រកបការងារពីរចំណែក ទាំងតំកល់ទុកនូវចំណែកទី៤ ដោយក្រែងមានអន្តរាយទាំងឡាយ (ទៅខាងមុខ) កុលបុត្រនោះ ទើបឈ្មោះថា ចងបាច់មិត្តទាំងឡាយបាន [ចំណែកទីមួយ បរិភោគ ប្រើប្រាស់ ចាយវាយ ចំណែកទី២ ទី៣ ប្រកបការងារ គឺប្រកបកសិកម្ម និងពាណិជ្ជកម្មផ្សេងៗ ចំណែកជាគំរប់៤ ទុកសម្រាប់ការពារអន្តរាយផ្សេងៗ មានអន្តរាយអំពីស្តេចជាដើម។ ម្យ៉ាងទៀត ឲ្យរំលែកអំពីចំណែកទាំង៤ នោះ ធ្វើកុសល ឬឲ្យជាថ្លៃគ្រឿងស្លៀកពាក់ និងឈ្នួលកោរកាត់ (អដ្ឋកថា)។ ]។ មិត្តគួរសេពគប់ ៤ ពួក បិដក ១៩ ទំព័រ ៨១ ឃ្នាប ៦៣ ដោយ​៥០០០​ឆ្នាំ​
images/articles/3141/2021xzserest.jpg
Public date : 24, Apr 2022 (1,165 Read)
អក្កោសកវគ្គ អក្កោសកសូត្រ ទី ១ [១១១] ម្នាលភិក្ខុទាំងឡាយ ភិក្ខុណាជេរប្រទេច តិះដៀលព្រះអរិយៈ ចំពោះសព្រហ្មចារីទាំងឡាយ ទោស ៥ យ៉ាង តែងប្រាកដឡើង ដល់ភិក្ខុនោះ។ ទោស ៥ យ៉ាង គឺអ្វីខ្លះ។ គឺជាអ្នកត្រូវបារាជិក អស់ផ្លូវកែខៃ ១ ជាអ្នកត្រូវអាបត្តិដ៏សៅហ្មងណាមួយ ១ ជាអ្នកប៉ះពាល់នូវរោគយ៉ាងធ្ងន់ ១ ជាអ្នកស្លាប់វង្វេងស្មារតី ១ លុះបែកធ្លាយរាងកាយស្លាប់ទៅ ក៏ទៅកើតជាតិរច្ឆាន ប្រេត អសុរកាយ និងនរក ១។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុណាជេរ ប្រទេច តិះដៀលព្រះអរិយៈ ចំពោះសព្រហ្មចារីទាំងឡាយ ទោស ៥ យ៉ាងនេះ តែងប្រាកដឡើងដល់ភិក្ខុនោះ។ ភណ្ឌនការកសូត្រ ទី ២ ១១២] ម្នាលភិក្ខុទាំងឡាយ ភិក្ខុណាជាអ្នកធ្វើនូវសេចក្តីប្រកួតប្រកាន់ ធ្វើនូវជំលោះ ធ្វើនូវវិវាទ ធ្វើនូវតិរច្ឆានកថា ធ្វើនូវអធិករណ៍ក្នុងសង្ឃ ទោស ៥ យ៉ាង តែងប្រាកដឡើងដល់ភិក្ខុនោះ។ ទោស ៥ យ៉ាង គឺអ្វីខ្លះ។ គឺមិនបានគុណវិសេស ដែលខ្លួនមិនទាន់បាន ១ គុណវិសេស ដែលខ្លួនបានហើយ សាបសូន្យទៅវិញ ១ កិត្តិសព្ទអាក្រក់ រមែងខ្ចរខ្ចាយទៅ ១ ស្លាប់វង្វេងស្មារតី ១ លុះបែកធ្លាយរាងកាយសា្លប់ទៅ ក៏ទៅកើតជាតិរច្ឆាន ប្រេត អសុរកាយ និងនរក ១។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុណាជាអ្នកធ្វើសេចក្តីប្រកួតប្រកាន់ ធ្វើជំលោះ ធ្វើវិវាទ ធ្វើតិរច្ឆានកថា ធ្វើអធិករណ៍ក្នុងសង្ឃ ទោស ៥ យ៉ាងនេះ តែងប្រាកដឡើងដល់ភិក្ខុនោះ។ អក្កោសកវគ្គ ឬ ភិក្ខុធ្វើនូវតិរច្ឆានកថាមែងមានទោស ៥ យ៉ាង - បិដក ៤៥ ទំព័រ ២៤៦ ឃ្នាប ១១១ ដោយ​៥០០០​ឆ្នាំ​
images/articles/3140/2021ujhterest.jpg
Public date : 24, Apr 2022 (1,246 Read)
[១៩៥] ម្នាលភិក្ខុទាំងឡាយ បុគ្គល (ជាអាចារ្យ) ណាក្តី បបួលគេក្នុងធម្មវិន័យ ដែល សាស្តា ជាអសព្វញ្ញូ ពោលមិនត្រូវ បបួលនូវបុគ្គល (ជាអនេ្តវាសិក) ណាក្តី បុគ្គល (ជា អនេ្តវាសិក) ណា ដែលអាចារ្យបបួលហើយ ប្រតិបត្តិតាម យ៉ាងនោះ បុគ្គលទាំងអស់នោះ តែងបាននូវបាបជាច្រើន។ ដំណើរនោះ ព្រោះហេតុអ្វី។ ម្នាលភិក្ខុទាំងឡាយ ព្រោះធម៌ដែល គេពោលខុស។ [១៩៦] ម្នាលភិក្ខុទាំងឡាយ បុគ្គល (ជាអាចារ្យ) ណាក្តី បបួលគេ ក្នុងធម្មវិន័យ ដែលសាស្តា ជាសព្វញ្ញូ ពោលត្រូវ បបួលនូវបុគ្គល (ជាអនេ្តវាសិក) ណាក្តី បុគ្គល (ជាអនេ្តវាសិក) ណា ដែលអាចារ្យបបួលហើយ ប្រតិបត្តិតាមយ៉ាងនោះ បុគ្គលទាំងអស់នោះ តែងបាននូវបុណ្យជាច្រើន។ ដំណើរនោះ ព្រោះហេតុអ្វី។ ម្នាលភិក្ខុទាំងឡាយ ព្រោះធម៌ ដែលគេពោលត្រឹមត្រូវ។ [១៩៧] ម្នាលភិក្ខុទាំងឡាយ ក្នុងធម្មវិន័យ ដែលសាស្តា ជាអសព្វញ្ញូ ពោលមិនត្រូវថា បុគ្គលជាទាយក (អ្នកឲ្យ) ត្រូវដឹងប្រមាណ បុគ្គលជាបដិគ្គាហក (អ្នកទទួល) មិនបាច់ដឹងប្រមាណទេ ដំណើរនោះ ព្រោះហេតុអ្វី។ ម្នាលភិក្ខុទាំងឡាយ ព្រោះធម៌ ដែលសាស្តាជាអសព្វញ្ញូ ពោលខុស។ [១៩៨] ម្នាលភិក្ខុទាំងឡាយ ក្នុងធម្មវិន័យដែលសាស្តា ជាសព្វញ្ញូ ពោលត្រឹមត្រូវថា បដិគ្គាហក ត្រូវដឹងប្រមាណ ទាយកមិនបាច់ដឹងប្រមាណទេ។ ដំណើរនោះ ព្រោះហេតុអ្វី។ ម្នាលភិក្ខុទាំងឡាយ ព្រោះធម៌ ដែលសាស្តា ជាសព្វញ្ញូពោលត្រឹមត្រូវ។ [១៩៩] ម្នាលភិក្ខុទាំងឡាយ ក្នុងធម្មវិន័យដែលសាស្តា ជាអសព្វញ្ញូ ពោលមិនត្រឹមត្រូវ ថា បុគ្គលណា មានព្យាយាមប្រារឰ បុគ្គលនោះ តែងនៅជាទុក្ខ។ ដំណើរនោះ ព្រោះហេតុអ្វី។ ម្នាលភិក្ខុទាំងឡាយ ព្រោះធម៌ដែលសាស្តា ជាអសព្វញ្ញូពោលខុស។ [២០០] ម្នាលភិក្ខុទាំងឡាយ ក្នុងធម្មវិន័យ ដែលសាស្តាជាសព្វញ្ញូ ពោលត្រឹមត្រូវថា បុគ្គលណា ខ្ជិលច្រអូស បុគ្គលនោះ តែងនៅជាទុក្ខ។ ដំណើរនោះ ព្រោះហេតុអ្វី។ ម្នាលភិក្ខុ ទាំងឡាយ ព្រោះធម៌ដែលសាស្តា ជាសព្វញ្ញូពោលត្រឹមត្រូវ។ [២០១] ម្នាលភិក្ខុទាំងឡាយ ក្នុងធម្មវិន័យ ដែលសាស្តាជាអសព្វញ្ញូ ពោលមិនត្រឹមត្រូវថា បុគ្គលណា ខ្ជិលច្រអូស បុគ្គលនោះ តែងនៅជាសុខ។ ដំណើរនោះ ព្រោះហេតុអ្វី។ ម្នាលភិក្ខុទាំងឡាយ ព្រោះធម៌ដែលសាស្តា ជាអសព្វញ្ញូពោលខុស។ [២០២] ម្នាលភិក្ខុទាំងឡាយ ក្នុងធម្មវិន័យ ដែលសាស្តាជាសព្វញ្ញូ ពោលត្រឹមត្រូវថា បុគ្គលណា មានព្យាយាមប្រារឰ បុគ្គលនោះ តែងនៅជាសុខ។ ដំណើរនោះ ព្រោះហេតុអ្វី។ ម្នាលភិក្ខុទាំងឡាយ ព្រោះធម៌ដែលសាស្តា ជាសព្វញ្ញូពោលត្រឹមត្រូវ។ [២០៣] ម្នាលភិក្ខុទាំងឡាយ ដូចលាមក សូម្បីបន្តិចបន្តួច រមែងមានក្លិនស្អុយ យ៉ាងណាមិញ ម្នាលភិក្ខុទាំងឡាយ តថាគត មិនដែលសសើរ នូវការបដិសន្ធិក្នុងភព សូម្បីបន្តិច បន្តួច ដោយហោចទៅ សូម្បីអស់កាលត្រឹមតែផ្ទាត់ម្រាមដៃម្តងឡើយ ក៏យ៉ាងនោះឯង។ [២០៤] ម្នាលភិក្ខុទាំងឡាយ ដូចទឹកមូត្រ សូម្បីបន្តិចបន្តួច រមែងមានក្លិនស្អុយ… ទឹកមាត់ សូម្បីបន្តិចបន្តួច រមែងមានក្លិនស្អុយ… ខ្ទុះ សូម្បីបន្តិចបន្តួច រមែងមានក្លិនស្អុយ… ឈាម សូម្បីបន្តិចបន្តួច រមែងមានក្លិនស្អុយ… យ៉ាងណាមិញ ម្នាលភិក្ខុទាំងឡាយ តថាគត មិនដែលសសើរ នូវការបដិសន្ធិក្នុងភព សូម្បីបន្តិចបន្តួច ដោយហោចទៅ សូម្បីអស់កាល ត្រឹមតែផ្ទាត់ម្រាមដៃម្តងឡើយ ក៏យ៉ាងនោះឯង។ ចប់ វគ្គ ទី ៣ ។ បិដកភាគ ៤០ ទំព័រ ៧៧ ឃ្នាប ១៩៥ ដោយ​៥០០០​ឆ្នាំ​
images/articles/3134/20fffmons.jpg
Public date : 24, Apr 2022 (1,359 Read)
[៧៥] ម្នាលគហបតិបុត្ត សមណព្រាហ្មណ៍ ជាទិសខាងលើ កុលបុត្តត្រូវផ្គត់ផ្គង់ ដោយស្ថាន៥យ៉ាងគឺ ដោយកាយកម្ម ប្រកបដោយមេត្តា១ ដោយវចីកម្ម ប្រកបដោយមេត្តា១ ដោយមនោកម្ម ប្រកបដោយមេត្តា១ ជាអ្នកមិនបិទទ្វារ [អដ្ឋកថា ថា ទ្វារផ្ទះបើកទាំងអស់ក្តី បិទទាំងអស់ក្តី បើមិនឲ្យអ្វី ឬធ្វើល្អអ្វី ដល់អ្នកមានសីលសោះ ក៏ឈ្មោះថា បិទទ្វារដែរ បើឲ្យ ឬធ្វើល្អអ្វី ដល់អ្នកមានសីល ក៏ឈ្មោះថា បើកហើយ។] ផ្ទះ១ ដោយកិរិយាឲ្យអាមិសទាន១។ ម្នាលគហបតិបុត្ត សមណព្រាហ្មណ៍ ជាទិសខាងលើ ដែលកុលបុត្ត ទំនុកបម្រុង ដោយស្ថាន៥យ៉ាងនេះឯងហើយ រមែងអនុគ្រោះកុលបុត្ត ដោយស្ថាន៦យ៉ាង គឺ ហាមឃាត់កុលបុត្ត ចាកអំពើអាក្រក់១ ឲ្យតាំងនៅតែក្នុងអំពើល្អ១ អនុគ្រោះដោយចិត្តដ៏ល្អ១ ឲ្យបានស្តាប់ពាក្យ ដែលមិនធ្លាប់ស្តាប់១ បំភ្លឺសេចក្តី ដែលធ្លាប់ស្តាប់ហើយ១ ប្រាប់ផ្លូវសួគ៌១។ ម្នាលគហបតិបុត្ត សមណព្រាហ្មណ៍ ជាទិសខាងលើ ដែលកុលបុត្តផ្គត់ផ្គង់ ដោយស្ថាន៥យ៉ាងនេះឯងហើយ រមែងអនុគ្រោះកុលបុត្ត ដោយស្ថាន៦យ៉ាងនេះ ទិសខាងលើនុ៎ះ ដែលកុលបុត្តបានបិទបាំងហើយ ជាទិសមានសេចក្តីក្សេម ឥតមានភយន្តរាយយ៉ាងនេះ។ ព្រះមានព្រះភាគ បានសំដែងសេចក្តីនេះ ព្រះសុគត ជាសាស្តា លុះសំដែងសេចក្តីនេះហើយ ទ្រង់ត្រាស់ពាក្យជាគាថាព័ន្ធ តទៅទៀតថា [៧៦] មាតាបិតា ជាទិសខាងកើត អាចារ្យ ជាទិសខាងត្បូង កូនប្រពន្ធ ជាទិសខាងលិច មិត្តអាមាត្យ ជាទិសខាងជើង ទាសៈ និងកម្មករ ជាទិសខាងក្រោម សមណព្រាហ្មណ៍ ជាទិសខាងលើ គ្រហស្ថក្នុងត្រកូល ដែលអាចគ្រប់គ្រងផ្ទះ គប្បីនមស្ការទិសទាំងឡាយនុ៎ះ។ បណ្ឌិត [អដ្ឋកថា ថា បណ្ឌិតមានប្រាជ្ញាវៃ ក្នុងស្ថានជាទីសំពះទិស។] បរិបូណ៌ដោយសីល មានវាចាដ៏ពីរោះ មានប្រាជ្ញាវៃ [អដ្ឋកថា ថា បណ្ឌិតមានប្រាជ្ញាវៃ ក្នុងស្ថានជាទីសំពះទិស។] មានកិរិយាប្រព្រឹត្តឱនលំទោន ជាប្រក្រតី មិនរឹងត្អឹង បុគ្គលមានសភាពដូច្នោះ រមែងបានយស បុគ្គលមានព្យាយាម រវៀសរវៃ មិនខ្ជិលច្រអូស រមែងមិនញាប់ញ័រក្នុងអន្តរាយទាំងឡាយ បុគ្គលមានកិរិយាប្រព្រឹត្តឥតចន្លោះ មានប្រាជ្ញាវាងវៃ បុគ្គលមានសភាពដូច្នោះ រមែងបានយស។ បុគ្គលមានសេចក្តីសង្គ្រោះ ជាអ្នកចងមិត្ត ជាអ្នកដឹងដំណើរពាក្យ [សំដៅយកមនុស្សនាំពាក្យខ្លួន ដែលបានថាឲ្យរបស់អ្វី ដល់សំឡាញ់ហើយ ក៏ឲ្យទាល់តែបាន ដឹងចិត្តសំឡាញ់ថា ចង់បានអ្វី ក៏ឲ្យរបស់នោះ ឬដឹងថា សំឡាញ់ខ្វះខាតអ្វី ក៏ឲ្យរបស់នោះ។] ជាអ្នកប្រាសចាកសេចក្តីកំណាញ់ ជាអ្នកដឹកនាំ ពន្យល់ការណ៍ផ្សេងៗ ជាអ្នកណែនាំរឿយៗ បុគ្គលមានសភាពដូច្នោះ រមែងបានយស។ ទាន១ ពាក្យពីរោះ១ សេចក្តីប្រព្រឹត្ត ជាប្រយោជន៍ក្នុងលោកនេះ១ ភាវៈជាអ្នកមានចិត្តស្មើ ក្នុងធម៌ទាំងឡាយ និងក្នុងបុគ្គលនោះៗ តាមសមគួរ១។ សង្គហធម៌ ទាំងនេះ (មានក្នុងលោក ទើបលោកប្រព្រឹត្តទៅបាន) ដូចជារថមានប្រែកទប់ ទើបប្រព្រឹត្តទៅបាន ដូច្នោះឯង បើ សង្គហធម៌ ទាំងនេះមិនមានហើយ មាតាក្តី បិតាក្តី ក៏មិនបាននូវសេចក្តីរាប់អាន និងការបូជា អំពីកិច្ចដែលកូនត្រូវធ្វើ។ ព្រោះហេតុតែអ្នកប្រាជ្ញាទាំងឡាយ សំឡឹងឃើញ សង្គហធម៌ ទាំងនោះដោយប្រពៃ ហេតុនោះ បានជាលោកដល់នូវភាវៈជាធំផង គួរគេសរសើរផង។ តួនាទីព្រះសង្ឃនិងតួនាទីពុទ្ធបរិស័ទ្ធ - បិដកភាគ ១៩ ទំព័រ ៨៩ ឃ្នាប ៧៥ ដោយ​៥០០០​ឆ្នាំ​
images/articles/3135/2021-09-07_11_0Mon.jpg
Public date : 24, Apr 2022 (1,334 Read)
[៧៤] ម្នាលគហបតិបុត្ត ទាសៈ និងកម្មករ ជាទិសខាងក្រោម ចៅហ្វាយនាយ ត្រូវទំនុកបម្រុង ដោយស្ថាន៥យ៉ាងគឺ ដោយការចាត់ចែងការងារសមគួរ តាមកំឡាំង១ ដោយការឲ្យនូវភត្តាហារ និងថ្លៃឈ្នួល១ ដោយការព្យាបាល ក្នុងវេលាឈឺថ្កាត់១ ដោយការចែករំលែកនូវរបស់ មានរសត្រកាលចំឡែក១ ដោយការឲ្យឈប់សម្រាកក្នុងសម័យគួរ១។ ម្នាលគហបតិបុត្ត ទាសៈ និងកម្មករ ជាទិសខាងក្រោម ដែលចៅហ្វាយនាយទំនុកបម្រុង ដោយស្ថាន៥យ៉ាងនេះឯងហើយ រមែងអនុគ្រោះចៅហ្វាយនាយ ដោយស្ថាន៥យ៉ាង គឺ ក្រោកឡើងធ្វើការងារមុនចៅហ្វាយនាយ១ ឈប់ធ្វើការងារក្រោយចៅហ្វាយនាយ១ កាន់យកតែរបស់ដែលចៅហ្វាយនាយឲ្យ១ ធ្វើការងាររបស់ចៅហ្វាយនាយ ដោយយកចិត្តទុកដាក់១ នាំកិត្តិគុណរបស់ចៅហ្វាយនាយ ទៅថ្លែងក្នុងទីនោះៗ១។ ម្នាលគហបតិបុត្ត ទាសៈ និងកម្មករ ជាទិសខាងក្រោម ដែលចៅហ្វាយនាយទំនុកបម្រុង ដោយស្ថាន៥យ៉ាងនេះឯងហើយ រមែងអនុគ្រោះចៅហ្វាយនាយ ដោយស្ថាន៥យ៉ាងនេះ ទិសខាងក្រោមនុ៎ះ ដែលចៅហ្វាយនាយ បានបិទបាំងហើយ ជាទិសមានសេចក្តីក្សេម ឥតមានភយន្តរាយយ៉ាងនេះ។ តួនាទីចៅហ្វាយនាយនិងតួនាទីកម្មករ - បិដកភាគ ១៩ ទំព័រ ៨៨ ឃ្នាប ៧៤ ដោយ​៥០០០​ឆ្នាំ​
images/articles/3104/756ryergre.jpg
Public date : 24, Apr 2022 (1,345 Read)
[១១] លុះទេវតានោះ ឈរក្នុងទីដ៏សមគួរហើយ ទើបពោលគាថា សួរព្រះមានព្រះភាគថា ជនត្រូវកាត់បង់ធម៌ប៉ុន្មាន ត្រូវលះបង់ធម៌ប៉ុន្មាន ត្រូវអប់រំធម៌ប៉ុន្មានតទៅ ភិក្ខុកន្លងបង់ នូវធម៌ ជាគ្រឿងចំពាក់ប៉ុន្មាន ទើបហៅថា អ្នកឆ្លងឱឃៈបាន។ [១២] ព្រះមានព្រះភាគ ត្រាស់តបថា ជនត្រូវកាត់សំយោជនៈ ជាចំណែកខាងក្រោម៥ ត្រូវលះបង់សំយោជនៈ ជាចំណែកខាងលើ៥ ត្រូវអប់រំ នូវឥន្ទ្រិយ ទាំង៥ តទៅ ភិក្ខុកន្លងបង់នូវសង្គៈ គឺធម៌ជាគ្រឿងចំពាក់ [សំដៅយក រាគៈ ទោសៈ មោហៈ មានះ ទិដ្ឋិ។] ទាំង៥យ៉ាង ទើបហៅថា អ្នកឆ្លងអន្លង់បាន។ កតិច្ឆិន្ទិសូត្រ ទី ៥ បិដកភាគ ២៩ ទំព័រ ៦ ឃ្នាប ១១ ដោយ​៥០០០​ឆ្នាំ​
images/articles/3105/756yerg.jpg
Hot
Public date : 24, Apr 2022 (1,650 Read)
[៥៧] ម្នាលគហបតិបុត្ត អ្នកត្រូវស្គាល់ពួកមនុស្ស ដែលមិនមែនជាមិត្ត គ្រាន់តែជាមិត្តប្លម៤ពួកនេះគឺ អ្នកត្រូវស្គាល់ពួកមនុស្ស ដែលគិតយកតែប្រយោជន៍ខ្លួនថា មិនមែនជាមិត្ត គ្រាន់តែជាមិត្តប្លម១ អ្នកត្រូវស្គាល់ពួកមនុស្ស ល្អតែសំដីថា មិនមែនជាមិត្ត គ្រាន់តែជាមិត្តប្លម១ អ្នកត្រូវស្គាល់មនុស្ស ដែលនិយាយចាក់បណ្តោយ ឲ្យគាប់ចិត្តថា មិនមែនជាមិត្ត គ្រាន់តែជាមិត្តប្លម១ អ្នកត្រូវស្គាល់មនុស្ស ជាសំឡាញ់ ក្នុងការវិនាសភោគៈទាំងឡាយថា មិនមែនជាមិត្ត គ្រាន់តែជាមិត្តប្លម១។ [៥៨] ម្នាលគហបតិបុត្ត មនុស្សគិតយកតែប្រយោជន៍ខ្លួន មិនមែនជាមិត្ត គ្រាន់តែជាមិត្តប្លម (នោះ) អ្នកត្រូវស្គាល់ដោយស្ថាន៤យ៉ាង គឺមិត្តគិតយកតែប្រយោជន៍ខ្លួន១ មិត្តប្រាថ្នាយករបស់ច្រើន ដោយ(ឲ្យ)របស់តិចតួច១ ទាល់តែមានភ័យ ទើបជួយធ្វើកិច្ចរបស់មិត្ត១ សេពគប់មិត្ត ព្រោះហេតុតែប្រយោជន៍១។ ម្នាលគហបតិបុត្ត មិត្តគិតយកតែប្រយោជន៍ខ្លួន មិនមែនជាមិត្តទេ គ្រាន់តែជាមិត្តប្លម អ្នកត្រូវស្គាល់ដោយស្ថាន៤យ៉ាងនេះឯង។ [៥៩] ម្នាលគហបតិបុត្ត មិត្តល្អតែសំដី មិនមែនជាមិត្ត គ្រាន់តែជាមិត្តប្លម អ្នកត្រូវស្គាល់ដោយស្ថាន៤ គឺមិត្តទទួលរាក់ទាក់ដោយរបស់ដែលកន្លងហើយ១ ទទួលរាក់ទាក់ដោយរបស់ដែលមិនទាន់មានមក១ សង្គ្រោះដោយអំពើឥតប្រយោជន៍ ១ កាលកិច្ចទាំងឡាយ កើតឡើងភ្លាមៗ ក៏សំដែងអាងរបស់ខូចខាត [ពឹងការអ្វីមិនបាន បើត្រូវពឹងរកអ្វីៗ ក៏ប្រាប់ថារបស់នោះ ខូចនេះ បាត់នោះជាដើម។]១ ម្នាលគហបតិបុត្ត មិត្តល្អតែសំដី មិនមែនជាមិត្តទេ គ្រាន់តែជាមិត្តប្លម អ្នកត្រូវស្គាល់ដោយស្ថាន៤យ៉ាងនេះឯង។ [៦០] ម្នាលគហបតិបុត្ត មិត្តនិយាយចាក់បណ្តោយ ឲ្យគាប់ចិត្ត មិនមែនជាមិត្តទេ គ្រាន់តែជាមិត្តប្លម អ្នកត្រូវស្គាល់ដោយស្ថាន៤យ៉ាង គឺបើមិត្តធ្វើអំពើអាក្រក់ ក៏យល់ព្រមតាម១ មិត្តធ្វើអំពើល្អ ក៏យល់ព្រមតាម១ ពណ៌នាគុណមិត្ត តែក្នុងទីចំពោះមុខ១ ពោលទោសមិត្ត ក្នុងទីកំបាំងមុខ១។ ម្នាលគហបតិបុត្ត មិត្តនិយាយចាក់បណ្តោយ ឲ្យគាប់ចិត្ត មិនមែនជាមិត្តទេ គ្រាន់តែជាមិត្តប្លម អ្នកត្រូវស្គាល់ដោយស្ថាន៤យ៉ាងនេះឯង។ [៦១] ម្នាលគហបតិបុត្ត មនុស្សជាសំឡាញ់ ក្នុងផ្លូវវិនាស មិនមែនជាមិត្តទេ គ្រាន់តែជាមិត្តប្លម អ្នកត្រូវស្គាល់ដោយស្ថាន៤យ៉ាង គឺជាសំឡាញ់ក្នុងកិរិយាប្រកបរឿយៗ នូវការផឹកទឹកស្រវឹង គឺសុរាមេរ័យ ដែលជាទីតាំងនៃសេចក្តីប្រមាទ១ ជាសំឡាញ់ក្នុងការប្រកបរឿយៗ នូវការត្រាច់ទៅតាមច្រកល្ហក ខុសកាល១ ជាសំឡាញ់ក្នុងកិរិយាដើរមើលល្បែង មហោស្រព១ ជាសំឡាញ់ក្នុងកិរិយាប្រកបរឿយៗ នូវល្បែងភ្នាល់ ដែលជាហេតុ ជាទីតាំងនៃសេចក្តីប្រមាទ១។ ម្នាលគហបតិបុត្ត មនុស្សជាសំឡាញ់ ក្នុងផ្លូវវិនាស មិនមែនជាមិត្តទេ គ្រាន់តែជាមិត្តប្លម អ្នកត្រូវស្គាល់ដោយស្ថាន៤យ៉ាងនេះឯង។ ព្រះមានព្រះភាគ ទ្រង់បានសំដែងសេចក្តីនេះ លុះព្រះសុគត ជាសាស្តា សំដែងសេចក្តីនេះហើយ ទើបទ្រង់សំដែងពាក្យគាថាព័ន្ធ តទៅទៀតថា [៦២] បុគ្គលដែលជាមិត្ត គិតយកតែប្រយោជន៍ខ្លួន១ បុគ្គលដែលជាមិត្ត ល្អតែសំដី១ បុគ្គលដែលនិយាយចាក់បណ្តោយ ឲ្យគាប់ចិត្ត១ បុគ្គលដែលជាសំឡាញ់ ក្នុងផ្លូវវិនាស១ បណ្ឌិត ដឹងថាបុគ្គលទាំង៤ពួកនុ៎ះ មិនមែនជាមិត្តហើយ គប្បីចៀសវាងឲ្យឆ្ងាយ ដូចជាអ្នកដំណើរ ចៀសវាងផ្លូវដែលប្រកបដោយភ័យ ដូច្នោះ។ មិត្តមិនគួរសេពគប់ ៤ យ៉ាង បិដក ១៩ ទំព័រ ៧៨ ឃ្នាប ៥៧ ដោយ​៥០០០​ឆ្នាំ​
images/articles/3107/20CCook.jpg
Public date : 24, Apr 2022 (2,558 Read)
ឧជ្ជយសូត្រ ទី៥ [៥៥] លំដាប់នោះ ឧជ្ជយព្រាហ្មណ៍ ចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ហើយ ក៏និយាយរីករាយជាមួយនឹងព្រះដ៏មានព្រះភាគ លុះបញ្ចប់ពាក្យ ដែលគួររីករាយ និងពាក្យដែលគួររលឹកហើយ ក៏អង្គុយក្នុងទីសមគួរ។ លុះឧជ្ជយព្រាហ្មណ៍ អង្គុយក្នុងទីសមគួរហើយ ក៏ក្រាបបង្គំទូលព្រះដ៏មានព្រះភាគ ដូច្នេះថា បពិត្រព្រះគោតមដ៏ចំរើន យើងខ្ញុំមានប្រាថ្នា ដើម្បីទៅឃ្លាតចេញអំពីស្រុក ធម៌ទាំងឡាយណា ប្រព្រឹត្តទៅ ដើម្បីប្រយោជន៍ ក្នុងបច្ចុប្បន្ន ដើម្បីសេចក្ដីសុខ ក្នុងបច្ចុប្បន្ន ដើម្បីប្រយោជន៍ក្នុងបរលោក ដើម្បីសេចក្តីសុខ ក្នុងបរលោក គប្បីមានដល់ពួកយើងខ្ញុំ សូមព្រះគោតមដ៏ចំរើន ទ្រង់សំដែងនូវធម៌នោះដល់យើងខ្ញុំ។ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលព្រាហ្មណ៍ ធម៌ទាំងឡាយ ៤ ប្រការនេះ ប្រព្រឹត្តទៅ ដើម្បីប្រយោជន៍ ក្នុងបច្ចុប្បន្ន ដើម្បីសេចក្ដីសុខ ក្នុងបច្ចុប្បន្ន ដល់កុលបុត្រ។ ធម៌៤ ប្រការ តើដូចម្ដេច។ គឺ ឧដ្ឋានសម្បទា ១ អារក្ខសម្បទា ១ កល្យាណមិត្តតា ១ សមជីវិតា ១។ ម្នាលព្រាហ្មណ៍ ចុះឧដ្ឋានសម្បទា តើដូចម្តេច។ ម្នាលព្រាហ្មណ៍ កុលបុត្រក្នុងលោកនេះ ចិញ្ចឹមជីវិតដោយការប្រឹងប្រែង ក្នុងការងារណា ទោះភ្ជួរក្ដី ជួញប្រែក្ដី រក្សាគោក្តី ការងាររបស់ខ្មាន់ធ្នូក្ដី ការងាររបស់រាជបុរសក្ដី សិល្បៈណាមួយក្ដី ជាអ្នកប៉ិនប្រសប់ក្នុងការងារទាំងនោះ មិនខ្ជិលច្រអូស ប្រកបដោយឧបាយ ជាគ្រឿងពិចារណា ក្នុងការងារទាំងនោះថា គួរធ្វើ គួរចាត់ចែង ម្នាលព្រាហ្មណ៍ នេះហៅថា ឧដ្ឋានសម្បទា។ ម្នាលព្រាហ្មណ៍ ចុះអារក្ខសម្បទា តើដូចម្ដេច។ ម្នាលព្រហ្មណ៍ ភោគៈទាំងឡាយ ដែលកុលបុត្រក្នុងលោកនេះ បានមកដោយកំឡាំងព្យាយាម ប្រឹងប្រែង សន្សំ ដោយកំឡាំងដៃ បែកញើស ហូរញើស ជាភោគៈ ប្រកបដោយធម៌ កុលបុត្រនោះ រមែងញុំាងភោគៈទាំងនោះ ឲ្យសម្រេច ដោយការរក្សាគ្រប់គ្រង ដោយគិតថា ធ្វើដូចម្ដេច កុំឲ្យសេ្ដចទាំងឡាយ នាំយកភោគៈទាំងនេះ របស់អាត្មាអញទៅបាន កុំឲ្យពួកចោរលួចយកទៅបាន កុំឲ្យភ្លើងឆេះបាន កុំឲ្យទឹកបន្សាត់ទៅបាន កុំឲ្យពួកទាយាទ មិនជាទីស្រឡាញ់ ដណ្ដើមយកទៅបាន ម្នាលព្រាហ្មណ៍ នេះហៅថាអារក្ខសម្បទា។ ម្នាលព្រាហ្មណ៍ ចុះកល្យាណមិត្តតា តើដូចម្ដេច។ ម្នាលព្រាហ្មណ៍ កុលបុត្រក្នុងលោកនេះ នៅអាស្រ័យក្នុងស្រុក ឬនិគមណា ពួកជនណា ទោះគហបតីក្ដី គហបតិបុត្រក្ដី ក្មេង តែចំរើនដោយសីល ចាស់ហើយតែចំរើនដោយសីល បរិបូណ៌ដោយសទ្ធា បរិបូណ៌ដោយសីល បរិបូណ៌ដោយចាគៈ បរិបូណ៌ដោយបញ្ញា មាននៅក្នុងស្រុក ឬនិគមនោះ (កុលបុត្រនោះ) រមែងឈរចរចា សាកច្ឆាជាមួយនឹងពួកជនទាំងនោះ តែងសិក្សានូវសទ្ធាសម្បទា នឹងពួកជនអ្នកបរិបូណ៌ដោយសទ្ធា តាមសមគួរ សិក្សានូវសីលសម្បទា នឹងពួកជនអ្នកបរិបូណ៌ដោយសីល តាមសមគួរ សិក្សានូវចាគសម្បទា នឹងពួកជនអ្នកបរិបូណ៌ដោយចាគៈ តាមសមគួរ សិក្សានូវបញ្ញាសម្បទា នឹងពួកជនអ្នកបរិបូណ៌ដោយបញ្ញា តាមសមគួរ ម្នាលព្រាហ្មណ៍ នេះហៅថា កល្យាណមិត្តតា។ ម្នាលព្រាហ្មណ៍ ចុះសមជីវិតា តើដូចម្ដេច។ ម្នាលព្រាហ្មណ៍ កុលបុត្រក្នុងលោកនេះ ដឹងច្បាស់នូវការចំរើននៃភោគៈទាំងឡាយផង ដឹងច្បាស់នូវការវិនាសទៅ នៃភោគៈទាំងឡាយផង ហើយចិញ្ចឹមជីវិតស្មើ មិនខ្ជះខ្ជាយពេក មិនក្បិតក្បៀតពេក ដោយគិតថា សេចក្ដីចំរើនរបស់អាត្មាអញ នឹងគ្របសង្កត់សេចក្ដីវិនាសយ៉ាងនេះ ឯសេចក្ដីវិនាស របស់អាត្មាអញ នឹងកុំគ្របសង្កត់សេចក្ដីចំរើនបានឡើយ។ ម្នាលព្រាហ្មណ៍ ប្រៀបដូចជនអ្នកថ្លឹងជញ្ជីងក្ដី កូនសិស្សនៃជនអ្នកថ្លឹងជញ្ជីងក្ដី លើកនូវជញ្ជីងថ្លឹង ហើយក៏ដឹងថា ទន់ទៅខាងម្ខាង បះឡើងខាងម្ខាងផង យ៉ាងណាមិញ ម្នាលព្រាហ្មណ៍ កុលបុត្រអ្នកដឹងច្បាស់នូវការចំរើន នៃភោគៈទាំងឡាយផង ដឹងច្បាស់នូវការវិនាសទៅ នៃភោគៈទាំងឡាយផង ហើយចិញ្ចឹមជីវិតស្មើ មិនខ្ជះខ្ជាយពេក មិនក្បិតក្បៀតពេក ដោយគិតថា សេចក្ដីចំរើនរបស់អាត្មាអញ នឹងគ្របសង្កត់សេចក្ដីវិនាសយ៉ាងនេះ ឯសេចក្ដីវិនាសរបស់អាត្មាអញ នឹងកុំគ្របសង្កត់សេចក្ដីចំរើនបានឡើយ ក៏យ៉ាងនោះដែរ។ ម្នាលព្រាហ្មណ៍ ប្រសិនបើកុលបុត្រនេះ មានសេចក្ដីចំរើនតិច តែចិញ្ចឹមជីវិត ច្រើនលើសលុប អ្នកផងទាំងឡាយ តែងនិយាយដល់កុលបុត្រនោះថា កុលបុត្រនេះ បរិភោគនូវភោគៈទាំងឡាយ ដូចជាគេស៊ីផ្លែល្វា។ ម្នាលព្រាហ្មណ៍ ប្រសិនបើកុលបុត្រនេះ មានសេចក្ដីចំរើនធំ តែចិញ្ចឹមជីវិត ដោយក្បិតក្បៀត អ្នកផងទាំងឡាយ រមែងនិយាយដល់កុលបុត្រនោះថា កុលបុត្រនេះ មុខជានឹងស្លាប់ ៗ ដោយឥតទីពឹង។ ម្នាលព្រាហ្មណ៍ កាលណាកុលបុត្រនេះ ដឹងច្បាស់នូវការចំរើន នៃភោគៈទាំងឡាយផង ដឹងច្បាស់នូវការវិនាសទៅ នៃភោគៈទាំងឡាយផង ហើយចិញ្ចឹមជីវិតស្មើ មិនខ្ជះខ្ជាយពេក មិនក្បិតក្បៀតពេក ដោយគិតថា សេចក្ដីចំរើនរបស់អាត្មាអញ នឹងគ្របសង្កត់សេចក្ដីវិនាស យ៉ាងនេះ ឯសេចក្ដីវិនាស របស់អាត្មាអញ នឹងកុំគ្របសង្កត់សេចក្ដីចំរើនបានឡើយ ម្នាលព្រាហ្មណ៍ នេះហៅថា សមជីវិតា។ ម្នាលព្រាហ្មណ៍ កាលដែលភោគៈទាំងឡាយ ចំរើនឡើងយ៉ាងនេះហើយ រមែងមានផ្លូវនៃសេចក្ដីវិនាស ៤ ប្រការ គឺជាអ្នកលេងស្រី ១ លេងសុរា ១ លេងល្បែងភ្នាល់ ១ មានមិត្រលាមក មានសំឡាញ់លាមក សមគប់នឹងបុគ្គលលាមក ១។ ម្នាលព្រាហ្មណ៍ ដូចស្រះធំ មានផ្លូវនៃសេចក្ដីចំរើន ៤ ផង មានផ្លូវនៃសេចក្ដីវិនាស ៤ ផង បុរសគប្បីបិទខ្ទប់នូវផ្លូវនៃសេចក្ដីចំរើនទាំងនោះ របស់ស្រះនោះផង គប្បីបើកបង្ហូរ នូវផ្លូវនៃសេចក្ដីវិនាសទាំងនោះ របស់ស្រះនោះផង ទាំងភ្លៀងសោត ក៏មិនបង្អោរនូវធារទឹក ដោយប្រពៃផង ម្នាលព្រាហ្មណ៍ កាលបើយ៉ាងនេះ ស្រះដ៏ធំនោះ នឹងមានសេចក្ដីសាបសូន្យជាប្រាកដ មិនមានសេចក្ដីចំរើនឡើយ យ៉ាងណាមិញ ម្នាលព្រាហ្មណ៍ កាលដែលភោគៈទាំងឡាយ ចំរើនឡើង យ៉ាងនេះហើយ រមែងមានផ្លូវនៃសេចក្ដីវិនាស ៤ យ៉ាងគឺ ជាអ្នកលេងស្រី ១ លេងសុរា ១ លេងល្បែងភ្នាល់ ១ មានមិត្រលាមក មានសំឡាញ់លាមក សមគប់នឹងបុគ្គលលាមក ១ ក៏យ៉ាងនោះដែរ។ ម្នាលព្រាហ្មណ៍ កាលដែលភោគៈទាំងឡាយចំរើនឡើង យ៉ាងនេះហើយ រមែងមានផ្លូវនៃសេចក្ដីចំរើន ៤ ប្រការគឺ ជាអ្នកមិនលេងស្រី ១ មិនលេងសុរា ១ មិនលេងល្បែងភ្នាល់ ១ មានមិត្រល្អ មានសំឡាញ់ល្អ សមគប់នឹងបុគ្គលល្អ ១។ ម្នាលព្រាហ្មណ៍ ស្រះធំមានផ្លូវនៃសេចក្ដីចំរើន ៤ផង មានផ្លូវនៃសេចក្ដីវិនាស ៤ផង បុរសគប្បីបើកបង្ហូរនូវផ្លូវនៃសេចក្ដីចំរើនទាំងនោះ របស់ស្រះនោះផង គប្បីបិទនូវផ្លូវនៃសេចក្ដីវិនាសទាំងនោះ របស់ស្រះនោះផង ទាំងភ្លៀងសោត ក៏បង្អោរចុះនូវធារទឹកដោយប្រពៃផង ម្នាលព្រាហ្មណ៍ កាលបើយ៉ាងនេះហើយ សេចក្ដីចំរើនរបស់ស្រះនោះ នឹងមានប្រាកដ មិនមានសេចក្ដីសាបសូន្យឡើយ យ៉ាងណាមិញ ម្នាលព្រាហ្មណ៍ កាលបើភោគៈទាំងឡាយ ចំរើនឡើង យ៉ាងនេះហើយ រមែងមានផ្លូវនៃសេចក្ដីចំរើន ៤ ប្រការ គឺជាអ្នកមិនលេងស្ត្រី ១។បេ។ សមគប់នឹងបុគ្គលល្អ ១ យ៉ាងនោះដែរ។ ម្នាលព្រាហ្មណ៍ ធម៌ទាំងឡាយ ៤ ប្រការនេះឯង តែងប្រព្រឹត្តទៅ ដើម្បីប្រយោជន៍ក្នុងបច្ចុប្បន្ន ដើម្បីសេចក្តីសុខក្នុងបច្ចុប្បន្ន ដល់កុលបុត្រ។ ម្នាលព្រាហ្មណ៍ ធម៌ទាំងឡាយ ៤ ប្រការនេះ ប្រព្រឹត្តទៅ ដើម្បីប្រយោជន៍ក្នុងបរលោក ដើម្បីសេចក្ដីសុខ ក្នុងបរលោក ដល់កុលបុត្រ។ ធម៌ ៤ ប្រការ តើដូចម្ដេច។ គឺសទ្ធាសម្បទា ១ សីលសម្បទា ១ ចាគសម្បទា ១ បញ្ញាសម្បទា ១។ ម្នាលព្រាហ្មណ៍ ចុះសទ្ធាសម្បទា តើដូចម្ដេច។ ម្នាលព្រាហ្មណ៍ កុលបុត្រក្នុងលោកនេះ ជាអ្នកមានសទ្ធា ជឿនូវការត្រាស់ដឹងនៃព្រះតថាគតថា ព្រះដ៏មានព្រះភាគ អង្គនោះ។បេ។ ជាសាស្ដានៃទេវតា និងមនុស្សទាំងឡាយ ទ្រង់ត្រាស់ដឹងនូវចតុរារិយសច្ច ទ្រង់លែងវិលត្រឡប់មកកាន់ភពថ្មីទៀតហើយ ម្នាលព្រាហ្មណ៍ នេះហៅថា សទ្ធាសម្បាទា។ ម្នាលព្រាហ្មណ៍ ចុះសីលសម្បទា តើដូចម្ដេច។ ម្នាលព្រាហ្មណ៍ កុលបុត្រក្នុងលោកនេះ ជាអ្នកវៀរចាកបាណាតិបាត។បេ។ វៀរចាកសុរាមេរយមជ្ជប្បមាទដ្ឋាន ម្នាលព្រាហ្មណ៍ នេះហៅថា សីលសម្បទា។ ម្នាលព្រាហ្មណ៍ ចុះចាគសម្បទា តើដូចម្ដេច។ ម្នាលព្រាហ្មណ៍ កុលបុត្រក្នុងលោកនេះ មានចិត្តប្រាសចាកមន្ទិល គឺសេចក្ដីកំណាញ់ នៅគ្រប់គ្រងផ្ទះ មានទានបរិច្ចាគរួចស្រឡះហើយ មានដៃលាងហើយ ត្រេកអរក្នុងការលះបង់ ជាអ្នកគួរដល់ស្មូម ត្រេកអរក្នុងការចែករលែកនូវទាន ម្នាលព្រាហ្មណ៍ នេះហៅថា ចាគសម្បទា។ ម្នាលព្រាហ្មណ៍ ចុះបញ្ញាសម្បទា តើដូចម្ដេច។ ម្នាលព្រាហ្មណ៍ កុលបុត្រក្នុងលោកនេះ ជាអ្នកមានប្រាជ្ញា។បេ។ ជាដំណើរយល់ការ ដែលអស់ទៅនៃទុក្ខដោយប្រពៃ ម្នាលព្រាហ្មណ៍ នេះហៅថា បញ្ញាសម្បទា។ ម្នាលព្រាហ្មណ៍ ធម៌ទាំងឡាយ ៤ ប្រការនេះឯង តែងប្រព្រឹត្តទៅ ដើម្បីប្រយោជន៍ក្នុងបរលោក ដើម្បីសេចក្ដីសុខ ក្នុងបរលោក ដល់កុលបុត្រ។ កុលបុត្រអ្នកមានព្យាយាម ប្រឹងប្រែង ក្នុងទីនៃការងារទាំងឡាយ ១ មិនប្រហែសធ្វេស មានការចាត់ចែង ១ ចិញ្ចឹមជីវិតស្មើ ១ ចេះថែរក្សាទ្រព្យ ដែលរកបានមក ១ មានសទ្ធា ១ បរិបូណ៌ដោយសីល ១ ដឹងនូវពាក្យពេចន៍ ១ ប្រាសចាកសេចក្ដីកំណាញ់ ជំរះនូវផ្លូវ មានសួស្ដី ជាផ្លូវទៅកាន់បរលោកជានិច្ច ១ ធម៌ទាំង ៨ ប្រការនេះ តែងនាំមកនូវសេចក្ដីសុខក្នុងលោកទាំងពីរ ដែលព្រះដ៏មានព្រះភាគ ព្រះអង្គជាសច្ចនាម ទ្រង់សំដែងដល់កុលបុត្រអ្នកមានសទ្ធា ស្វែងរកផ្ទះ ដើម្បីប្រយោជន៍ ក្នុងបច្ចុប្បន្នផង ដើម្បីសេចក្ដីសុខក្នុងបរលោកផង ដោយប្រការដូច្នេះ ការបរិច្ចាគ និងបុណ្យនេះ តែងចំរើនដល់គ្រហស្ថទាំងឡាយ យ៉ាងនេះឯង។ ឧជ្ជយសូត្រ ទី៥ ឬ ប្រយោជន៍ក្នុងបច្ចុប្បន្ន ៤ និងបរលោក ៤ បិដក ៤៨ ទំព័រ ២៥១ ឃ្នាប ៥៥ ដោយ​៥០០០​ឆ្នាំ​
images/articles/3108/20Cook.jpg
Public date : 24, Apr 2022 (2,557 Read)
[៤៩] អរិយសាវ័ក មិនសេពនូវធម៌ ជាប្រធាននៃសេចក្តីវិនាសភោគ៦យ៉ាង ដូចម្តេចខ្លះ។ ម្នាលគហបតិបុត្ត កិរិយាប្រកបរឿយៗ នូវការផឹកទឹកស្រវឹង គឺសុរា និងមេរ័យ ដែលជាហេតុ ជាទីតាំងនៃសេចក្តីប្រមាទ ជាប្រធាននៃសេចក្តីវិនាសភោគៈ ១ បានប្រកបរឿយៗ នូវការត្រាច់ទៅតាមច្រកល្ហកខុសកាល ជាប្រធាននៃសេចក្តីវិនាសភោគ ១ ការដើរមើលមហោស្រពជាប្រធាននៃសេចក្តីវិនាសភោគៈ ១ ការប្រកបរឿយៗ នូវហេតុជាទីតាំង នៃសេចក្តីប្រមាទ គឺលេងល្បែងភ្នាល់ ជាប្រធាន នៃសេចក្តីវិនាសភោគៈ ១ ការសេពនូវបាបមិត្ត ជាប្រធាននៃសេចក្តីវិនាសភោគៈ ១ ការប្រកបរឿយៗ នូវសេចក្តីខ្ជិល ជាប្រធាននៃសេចក្តីវិនាសភោគៈ ១។ [៥០] ម្នាលគហបតិបុត្ត ទោសក្នុងកិរិយាប្រកបរឿយៗ នូវការផឹកទឹកស្រវឹង គឺសុរានិងមេរ័យ ដែលជាហេតុ ជាទីតាំងនៃសេចក្តីប្រមាទនេះមាន៦យ៉ាង គឺវិនាសទ្រព្យដែលឃើញជាក់ស្តែងខ្លួនឯង ១ ការកឲ្យកើតជម្លោះ ១ ហេតុនាំឲ្យកើតរោគទាំងឡាយ ១ ការនាំឲ្យខូចឈ្មោះ ១ ការបង្ហាញកេរ្តិ៍ខ្មាស ១ ហេតុជាគំរប់ ៦ គឺធ្វើបញ្ញាឲ្យមានកំឡាំងថយ ១ ។ ម្នាលគហបតិបុត្ត ទោសក្នុងការប្រកបរឿយៗ នូវការផឹកទឹកស្រវឹង គឺសុរា និងមេរ័យ ដែលជាហេតុ ជាទីតាំង នៃសេចក្តីប្រមាទមាន៦យ៉ាងនេះឯង។ [៥១] ម្នាលគហបតិបុត្ត ទោសក្នុងការប្រកបរឿយៗ នូវការដើរទៅតាមច្រកល្ហកខុសកាលនេះមាន៦យ៉ាង គឺអ្នកនោះឈ្មោះថា មិនគ្រប់គ្រង មិនរក្សាខ្លួន១ អ្នកនោះឈ្មោះថា មិនគ្រប់គ្រង មិនរក្សាកូនប្រពន្ធ១ អ្នកនោះឈ្មោះថា មិនគ្រប់គ្រង មិនរក្សាទ្រព្យសម្បត្តិ១ សេចក្តីរង្កៀស តែងកើតមានក្នុងកន្លែង (ដែលខ្លួនទៅដល់) នោះៗ១ ពាក្យមិនពិត តែងធ្លាក់មកត្រូវលើបុគ្គលនោះ[រមែងត្រូវគេចោទបង្កាច់ ក្នុងអំពើដែលខ្លួនមិនបានធ្វើសោះ ព្រោះជាន់ដានចោរ។]១។ បុគ្គលនោះឈ្មោះថា បំពេញនូវធម៌ទុក្ខច្រើន១។ ម្នាលគហបតិបុត្ត ទោសក្នុងការប្រកបរឿយៗ នូវកិរិយាត្រាច់ទៅ តាមច្រកល្ហកខុសកាល មាន៦យ៉ាងនេះឯង។ [៥២] ម្នាលគហបតិបុត្ត ទោសក្នុងការដើរមើលល្បែង មហោស្រពនេះ៦យ៉ាង គឺរបាំក្នុងទីណា ក៏ទៅក្នុងទីនោះ១ ចម្រៀងក្នុងទីណា ក៏ទៅក្នុងទីនោះ១ ការប្រគំក្នុងទីណា ក៏ទៅក្នុងទីនោះ១ គេប្រជុំនិយាយរឿងព្រេង ឥតប្រយោជន៍ (មានរឿងចម្បាំងនៃមហាភារតៈ និងរឿងនាងសិតាជាដើម) ក្នុងទីណា ក៏ទៅក្នុងទីនោះ១ ល្បែងវាយគង [បើតាមព្យញ្ជនៈ គួរប្រែថា ល្បែងលេងទះទៃ គឺច្រៀងប្របកៃ។] ក្នុងទីណា ក៏ទៅក្នុងទីនោះ១ ល្បែងវាយរនាតក្នុងទីណា ក៏ទៅក្នុងទីនោះ១។ ម្នាលគហបតិបុត្ត ទោសក្នុងកិរិយាដើរមើលល្បែង មហោស្រព មាន៦យ៉ាងនេះឯង។ [៥៣] ម្នាលគហបតិបុត្ត ទោសក្នុងការប្រកបរឿយៗ នូវការលេងល្បែងភ្នាល់ ដែលជាហេតុ ជាទីតាំង នៃសេចក្តីប្រមាទនេះ មាន៦យ៉ាង គឺបុគ្គលនោះ បើឈ្នះគេ តែងបានពៀរ១ បើចាញ់គេ តែងសោកស្តាយទ្រព្យសម្បត្តិ១ វិនាសទ្រព្យសម្បត្តិ ដែលឃើញជាក់ស្តែង ទាន់ភ្នែក១ កាលបើទៅសាលាវិនិច្ឆ័យ គេមិនជឿស្តាប់ពាក្យ១ ពួកមិត្តអាមាត្យ តែងបោះបង់ចោល១ ជាបុគ្គលដែលគេមិនត្រូវការដណ្តឹង ឬឲ្យកូនស្រី ព្រោះគេគិតថា បុរសបុគ្គលអ្នកលេងល្បែងភ្នាល់ មិនអាចចិញ្ចឹមប្រពន្ធបានទេ១។ ម្នាលគហបតិបុត្ត ទោសក្នុងការប្រកបរឿយៗ នូវការលេងល្បែងភ្នាល់ ដែលជាហេតុ ជាទីតាំងនៃសេចក្តីប្រមាទ មាន៦យ៉ាងនេះឯង។ [៥៤] ម្នាលគហបតិបុត្ត ទោសក្នុងការសេពគប់ នូវបាបមិត្តនេះ មាន៦យ៉ាង គឺពួកជនដែលជាអ្នកលេងល្បែងភ្នាល់១ ជនដែលជាអ្នកលេង[អ្នកលេង មាន៤យ៉ាង គឺអ្នកលេងស្រី១ អ្នកលេងភត្ត១ អ្នកលេងផឹកស្រា១ អ្នកលេងមើមឈើ មានស៊ីមើមដំឡូងជាដើម១។] ស្រី១ ជនដែលជាអ្នកលេងផឹកសុរា១ ជនដែលជាអ្នកបោកប្រាស បញ្ឆោតអ្នកដទៃ ដោយរបស់ក្លែង១ ជនដែលជាអ្នកបំបាត់ប្រវញ្ចន៍អ្នកដទៃ ក្នុងទីចំពោះមុខ១ ជនដែលជាអ្នកឆក់ដណ្តើមទ្រព្យអ្នកដទៃ១ ជនទាំងនោះ ជាមិត្ត ជាសំឡាញ់ របស់ជននោះ។ ម្នាលគហបតិបុត្ត ទោសក្នុងការសេពគប់នូវបាបមិត្ត មាន៦យ៉ាងនេះឯង។ [៥៥] ម្នាលគហបតិបុត្ត ទោសក្នុងការប្រកបរឿយៗ នូវសេចក្តីខ្ជិលនេះ មាន៦យ៉ាង គឺមិនធ្វើការងារដោយអាងថា ត្រជាក់ណាស់១ មិនធ្វើការងារ ដោយអាងថាក្តៅណាស់១ មិនធ្វើការងារ ដោយអាងថាល្ងាចណាស់១ មិនធ្វើការងារ ដោយអាងថាព្រឹកណាស់១ មិនធ្វើការងារ ដោយអាងថាឃ្លានណាស់១ មិនធ្វើការងារ ដោយអាងថាស្រេកណាស់១ កាលបើជនអ្នកខ្ជិលច្រអូសនោះ ច្រើនដោយការពោលអាងកិច្ចយ៉ាងនេះ ភោគទាំងឡាយ ដែលមិនទាន់កើត ក៏ខានកើតឡើងផង ភោគៈទាំងឡាយ ដែលកើតឡើងហើយ ក៏ដល់នូវសេចក្តីរេចរឹលទៅវិញផង។ ម្នាលគហបតិបុត្ត ទោសក្នុងការប្រកបរឿយៗ នូវសេចក្តីខ្ជិល មាន៦យ៉ាងនេះឯង។ ព្រះមានព្រះភាគ ទ្រង់បានសំដែងធម៌នេះហើយ ព្រះសុគត ជាសាស្តា លុះសំដែងធម៌នេះហើយ ទ្រង់សំដែងគាថាព័ន្ធនេះ តទៅទៀតថា [៥៦] បុគ្គលខ្លះ ជាមិត្តសំឡាញ់ បានតែក្នុងរោងសុរាក៏មាន បុគ្គលខ្លះថា សំឡាញ់ៗ តែនៅចំពោះមុខក៏មាន បុគ្គលណា កាលបើប្រយោជន៍ (ខ្លួន) កើតឡើង ទើបធ្វើជាសំឡាញ់បុគ្គលនោះ មកជាសំឡាញ់នឹងខ្លួនក៏មាន។ កិរិយាដេកដល់ថ្ងៃ១ ធ្វើសេវនកិច្ច នឹងប្រពន្ធអ្នកដទៃ១ ភាវៈជាអ្នកមានពៀរច្រើន១ ភាវៈជាអ្នកធ្វើអំពើឥតប្រយោជន៍១ បាបមិត្ត១ ភាវៈជាអ្នកកំណាញ់ស្វិតស្វាញ១ ហេតុទាំង៦នុ៎ះ រមែងបំផ្លាញបុរស (ឲ្យវិនាស)។ នរជន ដែលមានមិត្តអាក្រក់ មានសំឡាញ់អាក្រក់ មានមារយាទ និងគោចរអាក្រក់ តែងវិនាសចាកលោកទាំងពីរ គឺលោកនេះ និងលោកខាងមុខ។ ល្បែងភ្នាល់ ល្បែងស្រី និងល្បែងសុរា១ របាំ និងចម្រៀង១ ការដេកថ្ងៃ១ ការឲ្យគេបំរើខ្លួន ក្នុងកាលមិនគួរ១ ពួកមិត្តអាក្រក់១ ភាវៈជាអ្នកមានសេចក្តីកំណាញ់ស្វិតស្វាញ១ ហេតុទាំង៦នេះ តែងបំផ្លាញបុរសឲ្យវិនាស។ ពួកជនលេងល្បែងភ្នាល់ ផឹកសុរា ធ្វើសេវនកិច្ចនឹងស្រី ដែលស្មើដោយជីវិតរបស់បុរសដទៃ សេពគប់នឹងបុគ្គលថោកទាប (ខាតលក្ខណ៍) មិនសេពគប់នឹងបុគ្គល ដែលមានសេចក្តីចំរើន (គ្រប់លក្ខណ៍) យសរបស់ពួកជននោះឯង តែងសាបសូន្យ ដូចព្រះចន្ទខាងរនោច។ ជនដែលជាអ្នកផឹកសុរា ជាអ្នកខ្សត់ទ្រព្យ ជាអ្នកឥតមានកង្វល់ ដោយការងារចិញ្ចឹមជីវិត មានតែស្រវឹងជានិច្ច ប្រាសចាកសេចក្តីចំរើន លិចចុះក្នុងបំណុល ដូចដុំថ្មលិចចុះទៅក្នុងទឹក បុគ្គលនោះ តែងធ្វើការងារឲ្យវឹកវរ ដល់ខ្លួនដោយឆាប់។ បុគ្គលដេកក្នុងវេលាថ្ងៃ ជាប្រក្រតី មិនក្រោកឡើងពីយប់ ជាប្រក្រតី ជាអ្នកស្រវឹងជានិច្ច ជាអ្នកលេងល្បែង មិនអាចនឹងគ្រប់គ្រងផ្ទះសម្បែងបាន។ ប្រយោជន៍ទាំងឡាយ តែងកន្លងហួសមនុស្សដែលលះបង់ចោលនូវការងារ ដោយពោលអាងថា វេលានេះ ត្រជាក់ណាស់ ក្តៅណាស់ ល្ងាចណាស់។ ជនណាមួយ ធ្វើនូវកិច្ចការរបស់បុរស មិនអើពើនូវត្រជាក់ និងក្តៅ ក្រៃលែងជាងស្មៅ (ទៅទៀត) ជននោះ រមែងមិនសាបសូន្យចាកសេចក្តីសុខឡើយ។ ប្រធាននៃសេចក្តីវិនាសភោគៈ ៦ យ៉ាង បិដកភាគ ១៩ ទំព័រ_ ៧១ ឃ្នាប ៤៩ ដោយ​៥០០០​ឆ្នាំ​
images/articles/3133/20ccver.jpg
Public date : 24, Apr 2022 (1,292 Read)
[៧៣] ម្នាលគហបតិបុត្ត មិត្តអាមាត្យជាទិសខាងជើង កុលបុត្ត ត្រូវប្រតិបត្តិដោយស្ថាន៥យ៉ាងគឺ ដោយការឲ្យរបស់១ ដោយការនិយាយតែពាក្យគាប់ចិត្ត១ ដោយការប្រព្រឹត្តិ ឲ្យជាប្រយោជន៍១ ដោយការប្រព្រឹត្តិខ្លួនស្មើ១ ដោយការមិនកុហកបញ្ឆោត១។ ម្នាលគហបតិបុត្ត មិត្តអាមាត្យជាទិសខាងជើង ដែលកុលបុត្តប្រតិបត្តិដោយស្ថាន៥យ៉ាងនេះឯងហើយ រមែងអនុគ្រោះកុលបុត្ត ដោយស្ថាន៥យ៉ាង គឺ រក្សាមិត្តដែលធ្វេសប្រហែស១ ជួយថែទាំទ្រព្យសម្បត្តិ របស់មិត្តដែលធ្វេសប្រហែស១ ជាទីពឹងរបស់មិត្តដែលមានភ័យ១ មិនបោះបង់គ្នាក្នុងគ្រាវិបត្តិ១ រាប់អានរហូតដល់ផៅពង្សរបស់មិត្ត១។ ម្នាលគហបតិបុត្ត មិត្តអាមាត្យ ជាទិសខាងជើង ដែលកុលបុត្តប្រតិបត្តិ ដោយស្ថាន៥យ៉ាងនេះឯងហើយ រមែងអនុគ្រោះកុលបុត្ត ដោយស្ថាន៥យ៉ាងនេះ ទិសខាងជើងនោះ ដែលកុលបុត្តបានបិទបាំងហើយ ជាទិសមានសេចក្តីក្សេម ឥតមានភយន្តរាយយ៉ាងនេះ។ តួនាទីរបស់មិត្ត ៥ យ៉ាង - បិដកភាគ ១៩ ទំព័រ ៨៧ ឃ្នាប ៧៣ ដោយ​៥០០០​ឆ្នាំ​
images/articles/3180/_________________________________.jpg
Public date : 18, Apr 2022 (547 Read)
សម័យមួយ ព្រះដ៏មានព្រះភាគ កាលគង់ក្នុង​កូដាគារសាលា នាមហាវន ជិតក្រុង​វេសាលី។ លំដាប់នោះ ព្រះដ៏មានព្រះភាគ ទ្រង់ស្បង់ ប្រដាប់បាត្រ និងចីវរ ក្នុង​បុព្វណ្ហសម័យ ហើយចូល​ទៅកាន់ក្រុង​វេសាលី ដើម្បី​បិណ្ឌបាត។ លុះ​ទ្រង់ត្រាច់​ទៅ​បិណ្ឌបាត ក្នុង​ក្រុងវេសាលី​ហើយ ត្រឡប់​អំពីបិណ្ឌបាត ក្នុងវេលា​ខាងក្រោយភត្ត ហើយ​ទ្រង់ត្រាស់​ហៅ​ព្រះអានន្ទ​ដ៏មានអាយុ​ថា ម្នាលអានន្ទ ចូរអ្នក​កាន់យក​និសីទនៈ​ទៅ យើងនឹង​ចូល​ទៅសម្រាក ក្នុងវេលា​ថ្ងៃ ឯបាវាលចេតិយ។ ព្រះអានន្ទដ៏​មានអាយុ បាន​ទទួល​ព្រះពុទ្ធដីកា នៃព្រះដ៏មាន​ព្រះភាគ ដោយពាក្យថា ព្រះករុណា ព្រះអង្គ ហើយក៏​កាន់​និសីទនៈទៅតា​មខាងក្រោយៗ ព្រះដ៏មានព្រះភាគទៅ។ គ្រានោះ ព្រះដ៏មានព្រះភាគ កាលស្ដេចចូល​ទៅកាន់​បាវាលចេតិយ លុះចូលទៅ​ដល់ហើយ ក៏គង់លើ​អាសនៈ ដែលព្រះអានន្ទ​ក្រាលថ្វាយ។ លុះ​ព្រះដ៏មានព្រះភាគ គង់​ហើយ ក៏ទ្រង់ត្រាស់​នឹង​ព្រះអានន្ទដ៏មាន​អាយុថា ម្នាលអានន្ទ ក្រុង​វេសាលី ជាទីគួរ​ត្រេកអរ ឧទេនចេតិយ ជាទីគួរត្រេកអរ គោតមកចេតិយ ជាទីគួរត្រកអរ ពហុបុត្តកចេតិយ ជាទី​គួរត្រេកអរ សត្តម្ពចេតិយ ជាទីគួរត្រេកអរ សារន្ទទចេតិយ ជាទីគួរត្រេកអរ បាវាលចេតិយ ជាទីគួរត្រេកអរ។ ម្នាលអានន្ទ ឥទ្ធិបាទ​ទាំង ៤ បើបុគ្គល​ណាមួយ បាន​ចំរើនហើយ បានធ្វើ​ឲ្យច្រើន បានធ្វើ​ឲ្យដូចជាយាន បានដម្កល់ស៊ប់ បានប្រព្រឹត្ត​រឿយ ៗ បាន​សន្សំទុក បានប្រារព្ធ​ល្អហើយ ម្នាល​អានន្ទ បុគ្គលនោះ ទោះបី​ប្រាថ្នា នឹង​គប្បី​ឋិត​នៅ​អស់ ១ អាយុកល្ប ឬ​លើសជាង ១ អាយុកល្បក៏បាន។ ម្នាលអានន្ទ ឯ​ឥទ្ធិបាទទាំង ៤ តថាគត​បានចំរើន​ហើយ បានធ្វើ​ឲ្យច្រើន បានធ្វើ​ឲ្យដូច​ជាយាន បានដម្កល់ស៊ប់ បាន​ប្រព្រឹត្ត​រឿយៗ បាន​សន្សំទុក បានប្រារព្ធ​ល្អហើយ ម្នាល​អានន្ទ តថាគត បើ​ប្រាថ្នា ​គប្បីឋិត​នៅអស់ ១ អាយុកល្ប ឬ​លើសជាង ១ អាយុកល្បក៏បាន។ ឯ​ព្រះអានន្ទ​ដ៏មានអាយុ ទុកជា​ព្រះ​ដ៏មានព្រះភាគ ទ្រង់ធ្វើ​និមិត្តជាឱឡារិក ទ្រង់ធ្វើឱភាស​ជាឱឡារិក យ៉ាងនេះ​ហើយ ក៏មិនអាច​នឹង​យល់​សេចក្ដី​ច្បាស់លាស់​បាន មិនបាន​អារាធនា​ព្រះដ៏​មាន​ព្រះភាគថា បពិត្រ​ព្រះអង្គដ៏ចំរើន សូម​ព្រះដ៏មានព្រះភាគ ឋិតនៅ​អស់ ១ អាយុកល្ប បពិត្រ​ព្រះអង្គ​ដ៏ចំរើន សូម​ព្រះសុគត ឋិតនៅ​អស់ ១ អាយុកល្ប ដើម្បី​ប្រយោជន៍​​ដល់​ជនច្រើន ដើម្បី​សេចក្ដីសុខ​ដល់ជន​ច្រើន ដើម្បី​អនុគ្រោះ ដល់​សត្វលោក ដើម្បី​​សេចក្តី​ចំរើន ដើម្បី​ប្រយោជន៍ ដើម្បី​សេចក្តីសុខ ដល់ពួក​​ទេវតា និង​មនុស្ស​ដូច្នេះ​សោះ ព្រោះ​មារ ចូលមក​ជ្រែកគំនិត។ ព្រះដ៏មាន​ព្រះភាគ ទ្រង់មាន​ព្រះពុទ្ធដីកា ជាគំរប់​ពីរ​ដង​ផង​។ ព្រះដ៏មានព្រះភាគ ទ្រង់មានព្រះពុទ្ធដីកា​នឹងព្រះអានន្ទ​ដ៏មានអាយុ ជាគំរប់​បីដង​ផងថា ម្នាលអានន្ទ ក្រុងវេសាលី ជាទីគួរត្រេកអរ ឧទេនចេតិយ ជាទីគួរត្រេកអរ គោតមកចេតិយ ជាទីគួរត្រកអរ ពហុបុត្តកចេតិយ ជាទីគួរត្រេកអរ សត្តម្ពចេតិយ ជាទី​គួរត្រេកអរ សារន្ទទចេតិយ ជាទីគួរ​ត្រេកអរ បាវាលចេតិយ ជាទី​គួរត្រេកអរ។ ម្នាល​អានន្ទ ឥទ្ធិបាទ​ទាំង ៤ បើបុគ្គល​ណាមួយ បានចំរើន​ហើយ បានធ្វើ​ឲ្យច្រើន បានធ្វើ​ឲ្យដូច​ជាយាន បានដម្កល់​ស៊ប់ បានប្រព្រឹត្ត​រឿយ ៗ បាន​សន្សំទុក បាន​ប្រារព្ធល្អ​ហើយ។បេ។ ម្នាលអានន្ទ តថាគត បើប្រាថ្នា គប្បីឋិត​នៅ អស់១ អាយុកល្ប ឬ​លើស​ជាង ១ អាយុកល្ប​ក៏បាន។ ឯព្រះ​អានន្ទ​ដ៏មានអាយុ ទុកជា​ព្រះដ៏មាន​ព្រះភាគ ទ្រង់​ធ្វើ​និមិត្ត​ជាឱឡារិក​យ៉ាងនេះហើយ ក៏នៅតែមិនអាច​យល់​សេចក្ដី​ច្បាស់លាស់​បានឡើយ ហើយមិន​បាន​អារាធនា​ព្រះដ៏មានព្រះភាគ​ថា បពិត្រ​ព្រះអង្គ​ដ៏ចំរើន សូមព្រះដ៏មាន​ព្រះភាគ ឋិតនៅ​អស់ ១ អាយុកល្ប បពិត្រព្រះអង្គ​ដ៏ចំរើន សូមព្រះសុគត ឋិតនៅ​អស់ ១ អាយុកល្ប ដើម្បី​ប្រយោជន៍ ដល់ជនច្រើន ដើម្បីសេចក្ដី​សុខ ដល់ជនច្រើន ដើម្បី​អនុគ្រោះ ដល់​សត្វលោក ដើម្បី​សេចក្ដី​ចំរើន ដើម្បី​ប្រយោជន៍ ដើម្បី​សេចក្ដីសុខ ដល់​ទេវតា និង​មនុស្ស​ទាំងឡាយដូច្នេះសោះឡើយ ព្រោះមារ ចូលមក​ជ្រែកគំនិត។ លំដាប់នោះ ព្រះដ៏មាន​ព្រះភាគ ទ្រង់ត្រាស់​នឹង​អានន្ទដ៏មាន​អាយុថា ម្នាលអានន្ទ អ្នកចូរទៅចុះ អ្នកចូរសំគាល់​នូវកាល​ដែលគួរ​នឹងទៅ ក្នុងកាល​ឥឡូវ​នេះចុះ។ ព្រះអានន្ទ​ដ៏មានអាយុ បាន​ទទួល​ព្រះពុទ្ធដីកា​ព្រះមានព្រះភាគ ដោយពាក្យថា ព្រះករុណា ព្រះអង្គ រួចក៏ក្រោក​ចាក​អាសនៈ ហើយថ្វាយបង្គំ​ព្រះដ៏មានព្រះភាគ ធ្វើប្រទក្សិណ រួចអង្គុយ​ទៀបគល់ឈើមួយ ​ជិត​ព្រះដ៏មានព្រះភាគ។ គ្រានោះ កាលបើព្រះអានន្ទ​ដ៏មានអាយុ ចៀសចេញទៅ មិនយូរប៉ុន្មាន មារមាន​ចិត្ត​បាប ក៏បាន​ពោលពាក្យនេះ នឹង​ព្រះដ៏មានព្រះភាគ​ថា បពិត្រ​ព្រះអង្គ​ដ៏ចំរើន សូម​ព្រះដ៏មាន​ព្រះភាគ បរិនិព្វាន​ក្នុង​កាល​ឥឡូវនេះ សូមព្រះសុគត បរិនិព្វានទៅ បពិត្រ​ព្រះអង្គ​ដ៏​ចំរើន ឥឡូវនេះ ជាកាលគួរនឹង​បរិនិព្វាន​របស់ព្រះ​ដ៏មានព្រះភាគ​ហើយ បពិត្រ​ព្រះអង្គ​ដ៏ចំរើន ព្រោះថា ព្រះដ៏មានព្រះភាគ បានត្រាស់​វាចានេះ​ហើយថា នែ​មារមាន​ចិត្តបាប ពួកភិក្ខុ ជាសាវក​របស់តថាគត ដែល​ឈ្លាសវាងវៃ ក្លៀវក្លា ដល់នូវ​ការក្សេម ចាក​យោគៈ ជាពហុស្សូត ទ្រទ្រង់ធម៌ ប្រតិបត្តិ​ធម៌​សមគួរដល់​ធម៌ ប្រតិបត្តិ​ដ៏សមគួរ ប្រព្រឹត្ត​តាមធម៌ បានរៀន​នូវវាទៈ​នៃអាចារ្យ​របស់ខ្លួនហើយ ប្រាប់ សំដែង បញ្ញត្ត តាំងទុក បើក ចែក ធ្វើឲ្យ​ងាយបាន បាន​សង្កត់សង្កិន​បរប្បវាទ ដែលកើត​ឡើងហើយ ឲ្យជា​កិច្ច​ដែល​ខ្លួនបាន​សង្កត់សង្កិន​ដោយល្អ​ តាមពាក្យ​ដែល​សមហេតុ ហើយសំដែង​ធម៌ ប្រកប​ដោយ​បាដិហារ្យ នៅ​មិនទាន់​មាន ដរាប​ណាទេ តថាគត​នឹង​មិនទាន់​បរិនិព្វាន​ដរាប​នោះ​ដូច្នេះ។ បពិត្រ​ព្រះអង្គ​ដ៏ចំរើន ឥឡូវនេះ ពួកភិក្ខុ ជាសាវក​របស់​ព្រះដ៏មានព្រះភាគ បាន​ឈ្លាសវៃ ក្លៀវក្លា ដល់នូវ​ការក្សេម ចាកយោគៈ ជាពហុស្សូត ទ្រទ្រង់ធម៌ ប្រតិបត្តិ​ធម៌​សមគួរ​ដល់ធម៌ ប្រតិបត្តិ​ដ៏សមគួរ ប្រព្រឹត្តតាមធម៌ ទាំងបានរៀន​នូវវាទៈ​នៃអាចារ្យ​របស់ខ្លួន ហើយប្រាប់ សំដែង បញ្ញត្ត តាំងទុក បើក ចែក ធ្វើឲ្យងាយ​បានហើយ ទាំងសង្កត់សង្កិន​បរប្បវាទ ដែលកើត​ឡើងហើយ ឲ្យជាកិច្ច​ដែលបាន​សង្កត់​សង្កិន​ដោយល្អ តាមពាក្យ ដែល​សមហេតុ ហើយ​សំដែងធម៌ ប្រកប​ដោយ​បាដិហារ្យបានហើយ។ បពិត្រ​ព្រះអង្គ​ដ៏ចំរើន ឥឡូវនេះ សូមព្រះដ៏មានព្រះភាគ បរិនិព្វាន​ទៅ សូមព្រះសុគត បរិនិព្វានទៅ បពិត្រ​ព្រះអង្គ​ដ៏ចំរើន ឥឡូវនេះ ជាកាលគួរនឹង​បរិនិព្វាន របស់ព្រះ​ដ៏មានព្រះភាគ​ហើយ បពិត្រ​ព្រះអង្គ​ដ៏ចំរើន ព្រោះព្រះដ៏មាន​ព្រះភាគ ត្រាស់​វាចានេះ​ហើយថា ម្នាលមារ​មាន​ចិត្តបាប ពួកភិក្ខុ​នី ជាសាវិកា របស់តថាគត មិនទាន់​មាន​ដរាបណា តថាគត​នឹង​មិនទាន់​បរិនិព្វាន​ដរាប​នោះ។បេ។ ពួកឧបាសក ជាសាវក របស់តថាគត មិនទាន់មាន ដរាបណា។បេ។ ពួកឧបាសិកា ជាសាវិកា របស់តថាគត ដែល​ឈ្លាសវាងវៃ ក្លៀវក្លា ដល់​នូវ​ការក្សេម ចាកយោគៈ ជាពហុស្សូត ទ្រទ្រង់ធម៌ ប្រតិបត្តិធម៌​សម​គួរដល់ធម៌ ប្រតិបត្តិ​ដ៏សមគួរ ប្រព្រឹត្តតាមធម៌ បានរៀន​នូវវាទៈ​នៃអាចារ្យ​របស់ខ្លួនហើយ ប្រាប់ សំដែង បញ្ញត្ត តាំងទុក បើក ចែក ធ្វើឲ្យ​ងាយបាន បានសង្កត់​សង្កិននូវ​បរប្បវាទ ដែលកើត​ឡើង​ហើយ ឲ្យជា​កិច្ចដែលសង្កត់សង្កិនដោយល្អ តាមពាក្យ​ដែលសមហេតុ សំដែងធម៌ ប្រកប​ដោយ​បាដិហារ្យ នៅមិនទាន់​មាន ដរាបណា​ទេ។ បពិត្រ​ព្រះអង្គ​ដ៏ចំរើន ឥឡូវនេះ ពួក​ឧបាសិកា ជាសាវិកា របស់​ព្រះដ៏មានព្រះភាគ ដែលឈ្លាស​វាងវៃ ក្លៀវក្លា ដល់​នូវ​ការ​ក្សេម ចាកយោគៈ ជាពហុស្សូត ទ្រទ្រង់ធម៌ ប្រតិបត្តិ​ធម៌​សមគួរ​ដល់ធម៌ ប្រតិបត្តិ​ដ៏សមគួរ ប្រព្រឹត្តតាមធម៌ ទាំងបានរៀន​នូវវាទៈ នៃអាចារ្យ​របស់ខ្លួន​ហើយ ប្រាប់សំដែង បញ្ញត្ត តាំងទុក បើក ចែក ធ្វើឲ្យ​ងាយបានហើយ ទាំងសង្កត់​សង្កិន​នូវបរប្បវាទ ដែល​កើត​ឡើង​ហើយ ឲ្យជា​កិច្ចដែល​សង្កត់សង្កិន​ដោយល្អ តាមពាក្យ ដែលសមហេតុ ហើយ​សំដែង​ធម៌ ប្រកប​ដោយ​បាដិហារ្យ​បានហើយ។ បពិត្រ​ព្រះអង្គ​ដ៏ចំរើន ឥឡូវនេះ សូមព្រះដ៏មានព្រះភាគ បរិនិព្វាន​ទៅ សូមព្រះសុគត បរិនិព្វាន​ទៅ បពិត្រ​ព្រះអង្គ​ដ៏ចំរើន ឥឡូវនេះ ជាកាលគួរ​នឹង​បរិនិព្វាន របស់ព្រះដ៏មាន​ព្រះភាគហើយ បពិត្រ​ព្រះអង្គ​ដ៏ចំរើន មួយទៀត ព្រះដ៏មាន​ព្រះភាគ បានត្រាស់​វាចានេះ​ហើយថា ម្នាលមារ​មានចិត្តបាប ព្រហ្មចារ្យ របស់​តថាគតនេះ នៅមិនទាន់​ខ្ជាប់ខ្ជួន មិនទាន់​ចំរើន មិនទាន់ផ្សាយ​ទៅសព្វទិស គេមិនទាន់​ដឹងច្រើនគ្នា និង​មិនទាន់​ពេញ​បរិបូណ៌​ដរាបណា មួយទៀត ពួក​ទេវតា និងមនុស្ស​មិនទាន់​​ចេះសំដែងបាន ដោយប្រពៃ ដរាបណា តថាគត​នឹងមិនបរិនិព្វាន ដរាបនោះ ដូច្នេះ។ បពិត្រ​ព្រះអង្គ​ដ៏ចំរើន ឥឡូវនេះ ព្រហ្មចារ្យ​របស់​ព្រះដ៏មាន​ព្រះភាគ​នេះ បាន​ខ្ជាប់ខ្ជួនហើយ បានចំរើនហើយ បានផ្សាយទៅ​សព្វទិសហើយ គេបាន​ដឹងច្រើន​គ្នាហើយ បានពេញ​បរិបូណ៌ហើយ ពួកទេវតា និងមនុស្ស ចេះ​សំដែង​បាន​ដោយល្អហើយ។ បពិត្រ​ព្រះអង្គដ៏ចំរើន ឥឡូវនេះ សូមព្រះដ៏មានព្រះភាគ បរិនិព្វាន​ទៅ សូមព្រះសុគត បរិនិព្វានទៅ បពិត្រ​ព្រះអង្គ​ដ៏ចំរើន ឥឡូវនេះ ជាកាល​គួរ​នឹង​បរិនិព្វាន របស់​ព្រះដ៏មានព្រះភាគ​ហើយ។ ម្នាល​មារមានចិត្តបាប ចូរអ្នក​មាន​សេចក្ដី​ខ្វល់ខ្វាយ​តិចចុះ ការ​បរិនិព្វាន របស់តថាគត មិនយូរប៉ុន្មានទេ កន្លង ៣ ខែ អំពី​ថ្ងៃនេះ​ទៅ តថាគតនឹងបរិនិព្វាន​ហើយ។ លំដាប់នោះ ព្រះដ៏មានព្រះភាគ ទ្រង់មាន​សតិសម្បជញ្ញៈ ទ្រង់ដាក់​អាយុសង្ខារ ឰដ៏បាវាលចេតិយ។ លុះ​ព្រះដ៏មានព្រះភាគ ទ្រង់ដាក់​អាយុសង្ខារ​ហើយ ក៏កើតការកក្រើក​ផែនដី​យ៉ាងធំ គួរឲ្យភ្លូក​ភ្លឹក ព្រឺព្រួចរោម ទាំងផ្គរ​ ក៏លាន់ឮឡើង។ គ្រានោះ ព្រះដ៏​មានព្រះភាគ ទ្រង់ជ្រាបច្បាស់​នូវ​សេចក្ដី​នេះ​ហើយ ក៏បន្លឺនូវ​ឧទាននេះ ក្នុងវេលានោះថា ព្រះពុទ្ធ ជាអ្នកប្រាជ្ញ ទ្រង់ពិចារណាឃើញ​នូវព្រះនិព្វាន ​ដែលមាន​គុណ​ថ្លឹង​មិនបានផង នូវភពផង ទ្រង់លះបង់​នូវសង្ខារ ដែល​នាំសត្វ​ទៅកាន់ភព ទ្រង់ត្រេកអរ​នូវអារម្មណ៍​ខាងក្នុង (ដោយអំណាច​វិបស្សនា) មាន​ព្រះហឫទ័យ​តាំងមាំហើយ (ដោយអំណាច​សមថៈ) ទ្រង់បាន​ទំលាយ​នូវ​បណ្ដាញ គឺកិលេស ដែល​កើតមាន​នៅ​ក្នុង​ព្រះអង្គ​ដូចជា​ក្រោះ។ លំដាប់នោះ ព្រះអានន្ទដ៏មានអាយុ មានសេចក្ដី​ត្រិះរិះយ៉ាង​នេះថា អើហ្ន៎ ការ​កក្រើក​ផែនដី​នេះជាយ៉ាងធំ ការកក្រើក​ផែនដីនេះ​ធំណាស់​តើ គួរឲ្យភ្លូកភ្លឹក ឲ្យព្រឺព្រួច​រោម ទាំងផ្គរ​ក៏លាន់ឮឡើង។ ហេតុ​ដូចម្ដេច បច្ច័យ​ដូចម្ដេចហ្ន៎ ដែលនាំ​ឲ្យការ​កក្រើក​ផែនដី ជា​យ៉ាង​ធំម្ល៉េះ។ ទើបព្រះអានន្ទ​ដ៏មានអាយុ ចូលទៅគាល់​ព្រះដ៏មានព្រះភាគ លុះចូល​ទៅដល់​ហើយ ក៏ក្រាបថ្វាយ​បង្គំ​ព្រះដ៏មានព្រះភាគ ហើយគង់​ក្នុង​ទីដ៏សមគួរ។ លុះ​ព្រះអានន្ទ​ដ៏មាន​អាយុ គង់ក្នុងទី​សមគួរហើយ ក៏ក្រាប​បង្គំទូល​ព្រះដ៏មានព្រះភាគ ដូច្នេះ​ថា បពិត្រ​ព្រះអង្គ​ដ៏ចំរើន ការកក្រើក​ផែនដីនេះ​ជាយ៉ាងធំ បពិត្រ​ព្រះអង្គ​ដ៏ចំរើន ការ​កក្រើក​ផែន​ដីនេះ ធំពេក​ណាស់តើ គួរឲ្យ​ភ្លូកភ្លឹក គួរឲ្យ​ព្រឺព្រួចរោម ទាំងផ្គរ​ក៏លាន់​ឮ​ឡើង។ បពិត្រ​ព្រះអង្គដ៏​ចំរើន ហេតុដូចម្ដេច បច្ច័យដូច​ម្ដេចហ្ន៎ ដែលនាំឲ្យកើតការ​កក្រើកផែនដី ជាយ៉ាងធំម្ល៉េះ។ ព្រះអង្គត្រាស់ថា ម្នាលអានន្ទ ហេតុបច្ច័យ​ដែលនាំឲ្យ​កើតការកក្រើក​ផែនដីនេះ​មាន ៨ យ៉ាង។ ហេតុ​បច្ច័យទាំង ៨យ៉ាង តើដូច​ម្ដេចខ្លះ។ ម្នាលអានន្ទ មហាប្រឋពី​នេះ ប្រតិស្ថាន​នៅលើ​ទឹក ឯទឹក​ប្រតិស្ថាន​នៅលើខ្យល់ ខ្យល់​ប្រតិស្ថាន​នៅលើអាកាស ម្នាល​អានន្ទ សម័យ​ដែលមាន​ខ្យល់បក់ ខ្យល់​ធំដែល​បក់នោះ រមែងធ្វើ​ទឹកឲ្យ​កក្រើក ឯទឹកដែល​កក្រើក​មកហើយ ក៏ធ្វើផែនដី​ឲ្យកក្រើក​ដែរ ម្នាល​អានន្ទ នេះជាហេតុ ជាបច្ច័យ​ ទី១ ដែលនាំ​ឲ្យកើតការ​កក្រើក​ផែនដី ជាយ៉ាងធំ។ ម្នាលអានន្ទ មួយទៀត សមណៈ​ក្ដី ព្រាហ្មណ៍ក្ដី ដែលមាន​ឫទ្ធិ ដល់នូវការ​ស្ទាត់ជំនាញ ក្នុងចិត្ត ឬទេវតា​ដែលមានឫទ្ធិធំ មាន​អានុភាព​ធំ បុគ្គលនោះ បានចំរើន​បឋវិសញ្ញា ឲ្យមាន​កំឡាំងតិច ចំរើន​អាបោសញ្ញា ឲ្យ​មាន​កំឡាំង​ច្រើន បុគ្គលនោះ រមែងធ្វើ​ផែនដីនេះ ឲ្យកក្រើក​រំភើប ញាប់ញ័រ​បាន ម្នាល​អានន្ទ នេះជាហេតុ ជាបច្ច័យ ទី២ ដែលនាំឲ្យ​កើតការ​កក្រើក​ផែនដី ជាយ៉ាងធំ។ ម្នាល​អានន្ទ មួយទៀត កាលណា​ដែលព្រះពោធិសត្វ ច្យុតចាក​ពួកទេវតា ដែលឋិតនៅ​ក្នុងឋាន​តុសិត​ មានសតិ និងសម្បជញ្ញៈ យាងចុះ​កាន់ព្រះមាតុឧទរ ក្នុងកាល​នោះ​ ផែនដី​នេះ តែងកក្រើក​រំភើប ញាប់ញ័រ​ ម្នាលអានន្ទ នេះជាហេតុ ជាបច្ច័យ ទី៣ ដែលនាំ​ឲ្យ​កក្រើកផែនដី ជាយ៉ាងធំ។ ម្នាល​អានន្ទ មួយទៀត កាលណា ដែល​ពោធិសត្វ មាន​សតិ និងសម្បជញ្ញៈ ទ្រង់ប្រសូត​ចាកព្រះមាតុឧទរ ក្នុងកាលនោះ ផែនដីនេះ តែងកក្រើក​រំភើប ញាប់ញ័រ ម្នាលអានន្ទ នេះជាហេតុ ជាបច្ច័យ ទី៤ ដែលនាំឲ្យ​កក្រើក​ផែនដី ជាយ៉ាងធំ។ ម្នាលអានន្ទ មួយទៀត កាលណា ដែល​ព្រះតថាគត ត្រាស់ដឹង​នូវអនុត្តរសម្មាសម្ពោធិញ្ញាណ ក្នុងកាលនោះ ផែនដីនេះ តែង​កក្រើក​រំភើប ញាប់ញ័រ ម្នាលអានន្ទ នេះជាហេតុ ជាបច្ច័យ ទី៥ ដែលនាំ​ឲ្យកើត​ការកក្រើក​ផែនដី ជាយ៉ាងធំ។ ម្នាលអានន្ទ មួយទៀត កាលណា ដែល​ព្រះតថាគត ញុំាង​អនុត្តរធម្មចក្រ ឲ្យប្រព្រឹត្តទៅ កាលនោះ ផែនដីនេះ តែងកក្រើក​ រំភើប​ញាប់ញ័រ ម្នាល​អានន្ទ នេះជាហេតុ ជាបច្ច័យ ទី៦ ដែលនាំឲ្យ​កើតការកក្រើក​ផែនដី​ជាយ៉ាងធំ។ ម្នាល​អានន្ទ មួយទៀត កាលណា ដែល​ព្រះតថាគតគត មានសតិ និងសម្បជញ្ញៈ ដាក់​ចុះនូវ​អាយុសង្ខារ ក្នុងកាលនោះ ផែនដីនេះ តែងកក្រើក ​រំភើប​ញាប់ញ័រ ម្នាលអានន្ទ នេះជាហេតុ ជាបច្ច័យ ទី៧ ដែលនាំឲ្យកក្រើក​ផែនដី​ជាយ៉ាងធំ។ ម្នាលអានន្ទ មួយទៀត កាលណា ដែល​ព្រះតថាគត បរិនិព្វាន​ដោយ​អនុបាទិសេសនិព្វានធាតុ ក្នុងកាលនោះ ផែនដីនេះ តែង​កក្រើក​ រំភើបញាប់ញ័រ ម្នាលអានន្ទ នេះជាហេតុ ជាបច្ច័យ ទី៨ ដែលនាំ​ឲ្យ​ការកក្រើក​ផែនដី ជាយ៉ាងធំ។ ម្នាលអានន្ទ ហេតុបច្ច័យ ដែល​នាំឲ្យ​កើតការ​កក្រើក​ផែនដី ជាយ៉ាងធំ មាន ៨ យ៉ាងនេះឯង។ អង្គុត្តរនិកាយ អដ្ឋកនិបាត នវមភាគ (ព្រះត្រៃបិដក ភាគ ៤៨) ដោយ៥០០០ឆ្នាំ
images/articles/3173/_____________________________________________.jpg
Public date : 18, Apr 2022 (677 Read)
​ខ្ញុំ​បាន​ស្ដាប់​មក​ថា​ ​ព្រះមានព្រះភាគ​ ​ទ្រង់​ត្រាស់​ហើយ​ ​ព្រះអរហន្ត​សំដែង​ហើយ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ធម៌​ ​១​ ​កាល​កើតឡើង​ក្នុង​លោក​ ​តែង​កើតឡើង​ ​ដើម្បី​ជា​ប្រយោជន៍​ដល់​ជន​ច្រើន​ ​ដើម្បី​ជា​សុខ​ដល់​ជន​ច្រើន​ ​ដើម្បី​ជា​ប្រយោជន៍​ ​ដើម្បី​សេចក្ដី​ចំរើន​ដល់​ជន​ច្រើន​ ​ដើម្បី​ជា​សុខ​ដល់​ទេវតា​ ​និង​មនុស្ស​ទាំងឡាយ​។​ ​ធម៌​ ​១​ ​តើ​ដូចម្ដេច​។​ ​គឺ​សេចក្ដីព្រមព្រៀង​របស់​សង្ឃ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កាលបើ​សង្ឃ​ព្រមព្រៀង​គ្នា​ហើយ​ ​ការ​ឈ្លោះប្រកែក​គ្នានឹងគ្នា​ ​ក៏​មិនកើត​មាន​ ​ការ​ប្រទេចផ្ដាសា​គ្នានឹងគ្នា​ ​ក៏​មិនកើត​មាន​ ​ការ​បោកបោះ​ពាក្យសំដី​ដល់គ្នា​នឹងគ្នា​ ​ក៏​មិនកើត​មាន​ ​ការ​លះបង់​គ្នានឹងគ្នា​ ​ក៏​មិនកើត​មាន​ ​ជន​ទាំងឡាយ​ ​ដែល​មិន​ជ្រះថ្លា​ក្នុង​សង្ឃ​នោះ​ ​ក៏​រមែង​ជ្រះថ្លា​ ​ពួក​ជន​ដែល​ជ្រះថ្លា​ស្រាប់ហើយ​ ​ក៏​រឹងរឹតតែ​ជ្រះថ្លា​ឡើង​។​ ​លុះ​ព្រះមានព្រះភាគ​ ​ទ្រង់​សំដែង​សេចក្ដី​នុ៎ះហើយ​។​ ​ ទ្រង់​ត្រាស់​គាថា​ព័ន្ធ​នេះ​ ​ក្នុង​សូត្រ​នោះ​ថា​ ​​សេចក្ដីព្រមព្រៀង​នៃ​សង្ឃ​ ​ជាហេតុ​នាំ​សេចក្ដីសុខ​មក​ឲ្យ​ ​ការ​អនុគ្រោះ​បុគ្គល​ទាំងឡាយ​ ​ដែល​មាន​សេចក្ដីព្រមព្រៀង​គ្នា​ ​(​ជាហេតុ​នាំ​សេចក្ដីសុខ​មក​ឲ្យ​)​ ​បុគ្គល​ត្រេកអរ​ ​ក្នុង​ជន​ដែល​ព្រមព្រៀង​គ្នា​ ​តាំងនៅ​ក្នុង​ធម៌​ ​រមែង​មិន​សាបសូន្យ​ ​ចាក​ធម៌​ជាទី​ក្សេម​ចាក​យោ​គៈ​ ​បុគ្គល​ធ្វើ​សង្ឃ​ ​ឲ្យ​ព្រមព្រៀង​គ្នា​ ​រមែង​រីករាយ​ ​ក្នុង​ឋានសួគ៌​ ​អស់​ ​១​ ​កប្ប​។​ ​ ខ្ញុំ​បាន​ស្ដាប់​មក​ហើយ​ថា​ ​សេចក្ដី​នេះឯង​ ​ព្រះមានព្រះភាគ​ ​ត្រាស់​ទុក​ហើយ​។​ ​សូត្រ​ ​ទី៩​។ បិដក ភាគ ៥៣ - ទំព័រទី ១៧ ដោយ៥០០០ឆ្នាំ
images/articles/3171/____________________________________.jpg
Public date : 18, Apr 2022 (590 Read)
ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ត្រកូល​ទាំងឡាយ​ណា​ ​ដែល​កូន​បូជា​មាតាបិតា​ ​ក្នុង​ផ្ទះ​របស់​ខ្លួន​ ​ត្រកូល​ទាំងឡាយ​នោះ​ ​ឈ្មោះថា​ ​នៅ​រួម​ជាមួយនឹង​ព្រហ្ម​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ត្រកូល​ទាំងឡាយ​ណា​ ​ដែល​កូន​បូជា​មាតាបិតា​ ​ក្នុង​ផ្ទះ​របស់​ខ្លួន​ ​ត្រកូល​ទាំងឡាយ​នោះ​ ​ឈ្មោះថា​ ​នៅ​រួម​ជាមួយនឹង​បុព្វទេវតា​ ​(​ទេវតា​ដើម​)​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ត្រកូល​ទាំងឡាយ​ណា​ ​ដែល​កូន​បូជា​មាតាបិតា​ក្នុង​ផ្ទះ​របស់​ខ្លួន​ ​ត្រកូល​ទាំងឡាយ​នោះ​ ​ឈ្មោះថា​ ​នៅ​រួម​ជាមួយនឹង​បុព្វាចារ្យ​ ​(​អាចារ្យ​ដើម​)​។​ ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ត្រកូល​ទាំងឡាយ​ណា​ ​ដែល​កូន​បូជា​មាតាបិតា​ក្នុង​ផ្ទះ​របស់​ខ្លួន​ ​ត្រកូល​ទាំងឡាយ​នោះ​ ​ឈ្មោះថា​ ​នៅ​រួម​ជាមួយនឹង​អា​ហុនេ​យ្យ​បុគ្គល​ ​(​បុគ្គល​គួរ​បូជា​)​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ពាក្យ​ថា​ ​ព្រហ្ម​នុ៎ះ​ ​ជា​ឈ្មោះ​របស់​មាតាបិតា​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ពាក្យ​ថា​ ​បុព្វទេវតា​នុ៎ះ​ ​ជា​ឈ្មោះ​របស់​មាតាបិតា​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ពាក្យ​ថា​ ​បុ​ពា្វ​ចារ្យ​នុ៎ះ​ ​ជា​ឈ្មោះ​របស់​មាតាបិតា​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ពាក្យ​ថា​ ​អា​ហុនេ​យ្យៈ​នុ៎ះ​ ​ជា​ឈ្មោះ​របស់​មាតាបិតា​។​ ​ដំណើរ​នោះ​ ​ព្រោះ​ហេតុអ្វី​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​(​ព្រោះ​)​ ​មាតាបិតា​ ​មាន​ឧបការៈ​ច្រើន​ ​ជា​អ្នក​បីបាច់​ ​(​ឲ្យគង់​ជីវិត​)​ ​ជា​អ្នក​ចិញ្ចឹម​ ​(​ឲ្យ​បៅ​ទឹកដោះ​)​ ​ទាំង​ជា​អ្នកបង្ហាញ​នូវ​លោក​នេះ​ ​ដល់​កូន​ទាំងឡាយ​។​ ​មាតាបិតា​ទាំងឡាយ​ ​ដែល​ហៅថា​ ​ព្រហ្ម​ក្តី​ ​បុព្វាចារ្យ​ក្តី​ ​អា​ហុនេ​យ្យៈ​ក្តី​ ​(​សុទ្ធតែ​)​ ​ជា​អ្នក​អនុគ្រោះ​ដល់​ពួក​សត្វ​ ​គឺ​កូន​។​ ​ព្រោះហេតុនោះ​ឯង​ ​អ្នកប្រាជ្ញ​ ​គួរ​នមស្ការ​ ​គួរ​ធ្វើសក្ការៈ​ដល់​មាតាបិតា​ទាំងនោះ​ ​ដោយ​បាយ​ ​ទឹក​ ​សំពត់​ ​គ្រឿង​ដេក​ ​គ្រឿង​អប់​ ​គ្រឿង​ផ្ងូត​ទឹក​ ​និង​ទឹក​សម្រាប់​លាង​ជើង​។​ ​ព្រោះ​ការដែល​បាន​ទំនុក​បំរុង​មាតាបិតា​នោះ​ហើយ​ ​បាន​ជា​អ្នកប្រាជ្ញ​ទាំងឡាយ​ ​សរសើរ​នូវ​បុគ្គល​នោះ​ ​ក្នុង​លោក​នេះឯង​ ​បុគ្គល​នោះ​ ​លុះ​លះលោក​នេះ​ទៅ​ហើយ​ ​រមែង​រីករាយ​ក្នុង​ឋានសួគ៌​។​ ​សូត្រ​ ​ទី៧​។​ បិដក ភាគ ៥៣ - ទំព័រទី ១៤១ ដោយ៥០០០ឆ្នាំ
images/articles/3172/_______________________________________.jpg
Public date : 18, Apr 2022 (600 Read)
​ខ្ញុំ​បាន​ស្ដាប់​មក​ថា​ ​ព្រះមានព្រះភាគ​ ​ទ្រង់​ត្រាស់​ហើយ​ ​ព្រះអរហន្ត​សំដែង​ហើយ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​ ​កំណត់ចិត្ត​ដោយចិត្ត​ហើយ​ ​ដឹង​ច្បាស់​បុគ្គល​ពួក​ខ្លះ​ ​ក្នុង​លោក​នេះ​ ​ដែល​មានចិត្ត​ប្រទូស្ដ​យ៉ាងនេះ​ថា​ ​បើ​បុគ្គល​នេះ​ ​ធ្វើ​មរណកាល​ទៅ​ ​ក្នុង​សម័យនេះ​ ​មុខ​ជា​ទៅ​កើត​ក្នុង​នរក​ ​ដូចជា​គេ​នាំ​យក​ទៅ​ទំលាក់​។​ ​រឿង​នោះ​ ​ព្រោះ​ហេតុអ្វី​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ព្រោះ​បុគ្គល​នោះ​ ​មានចិត្ត​ប្រទូស្ដ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សត្វ​ទាំងឡាយ​ពួក​ខ្លះ​ ​ក្នុង​លោក​នេះ​ ​ហេតុតែ​មានចិត្ត​ប្រទូស្ដ​ ​លុះ​បែកធ្លាយ​រាងកាយ​ស្លាប់​ទៅ​ ​ក៏​រមែង​ទៅ​កើត​ក្នុង​អបាយ​ ​ទុគ្គតិ​ ​វិនិបាត​ ​និង​នរក​។​ ​ លុះ​ព្រះមានព្រះភាគ​ ​ទ្រង់​សំដែង​សេចក្ដី​នុ៎ះហើយ​។​ ​ទ្រង់​ត្រាស់​គាថា​ព័ន្ធ​នេះ​ ​ក្នុង​សូត្រ​នោះ​ថា​ ​​ព្រះពុទ្ធ​ ​ទ្រង់​ជ្រាប​បុគ្គល​ពួក​ខ្លះ​ ​ក្នុង​លោក​នេះ​ ​ដែល​មានចិត្ត​ប្រទូស្ដ​ ​ទើប​ទ្រង់ព្យាករ​សេចក្ដី​នុ៎ះ​ ​ក្នុង​សំណាក់​ភិក្ខុ​ទាំងឡាយ​ថា​ ​បើ​បុគ្គល​នេះ​ ​ធ្វើ​មរណកាល​ទៅ​ ​ក្នុង​សម័យនេះ​ ​មុខ​ជា​ទៅ​កើត​ក្នុង​នរក​ ​ព្រោះតែ​បុគ្គល​នោះ​ ​មានចិត្ត​ប្រទូស្ដ​ ​បុគ្គល​បែប​នោះ​ ​ដូចជា​គេ​នាំ​យក​ទៅ​ទំលាក់​យ៉ាងនេះ​ឯង​ ​សត្វ​ទាំងឡាយ​ ​រមែង​ទៅកាន់​ទុគ្គតិ​ ​ព្រោះហេតុតែ​មានចិត្ត​ប្រទូស​។ ​ខ្ញុំ​បាន​ស្ដាប់​មក​ហើយ​ថា​ ​សេចក្ដី​នេះឯង​ ​ព្រះមានព្រះភាគ​ ​បាន​ត្រាស់​ទុក​ហើយ​។​ ​សូត្រ​ ​ទី១០​។​ បិដក ភាគ ៥៣ - ទំព័រទី ១៨ ដោយ៥០០០ឆ្នាំ
images/articles/3170/5334treefds33.jpg
Public date : 18, Apr 2022 (762 Read)
[២៦៨] ម្នាលភិក្ខុទាំងឡាយ បុគ្គល ២ ពួកនេះ តែងពោលបង្កាច់ព្រះតថាគត។ បុគ្គល ២ ពួក តើដូចម្តេច។ គឺបុគ្គលជាអ្នកក្រោធ មានទោសចិត្តនៅខាង [បានដល់បុគ្គល ដែលមានទោសចិត្តជានិច្ច បុគ្គលនេះ តែងពោលទោសថា ព្រះសមណគោតម លោកមិនមានធម៌ដ៏ប្រសើរ ជាជាងធម៌របស់មនុស្សទេ តែងពោលបង្កាច់ព្រះអង្គ ដូចសុនក្ខត្តលិច្ឆវី។] ក្នុង ១ បុគ្គលជាអ្នកជឿ ដោយប្រកាន់ [បានដល់បុគ្គលអប្បឥតបញ្ញា មានតែសទ្ធាជ្រុល សេចក្ដីជ្រះថ្លាតិច តែងជឿថា ព្រះពុទ្ធ ព្រះអង្គជាលោកុត្តរទាំងអស់ សូម្បីអាការទាំង ៣២ មានសក់ ជាដើម របស់ព្រះអង្គ គង់ជាលោកុត្តរដែរ ដូច្នេះ ឈ្មោះថា ពោលបង្កាច់ព្រះអង្គដែរ។ (អដ្ឋកថា)។] ខុស ១។ ម្នាលភិក្ខុទាំងឡាយ បុគ្គល ២ ពួកនេះ តែងពោលបង្កាច់ព្រះតថាគត។ [២៦៩] ម្នាលភិក្ខុទាំងឡាយ បុគ្គល ២ ពួកនេះ តែងពោលបង្កាច់ព្រះតថាគត។ បុគ្គល ២ ពួក តើដូចម្តេច។ គឺបុគ្គលសំដែងនូវពាក្យ ដែលព្រះតថាគត មិនបានសំដែង មិនបានពោល ថាជាពាក្យដែលព្រះតថាគត បានសំដែង បានពោល ១ បុគ្គលសំដែងនូវពាក្យ ដែលព្រះតថាគត បានសំដែង បានពោល ថាជាពាក្យ ដែលព្រះតថាគត មិនបានសំដែង មិនបានពោល ១។ ម្នាលភិក្ខុទាំងឡាយ បុគ្គល ២ ពួកនេះ តែងពោលបង្កាច់ព្រះតថាគត។ ម្នាលភិក្ខុទាំងឡាយ បុគ្គល ២ ពួកនេះ មិនពោលបង្កាច់ព្រះតថាគតទេ។ បុគ្គល ២ ពួក តើដូចម្តេច។ គឺបុគ្គល សំដែងនូវពាក្យ ដែលព្រះតថាគត មិនបានសំដែង មិនបានពោល ថាជាពាក្យ ដែលព្រះតថាគត មិនបានសំដែង មិនបានពោល ១ បុគ្គលសំដែងនូវពាក្យ ដែលព្រះតថាគត បានសំដែង បានពោល ថាជាពាក្យ ដែលព្រះតថាគត បានសំដែង បានពោល ១។ ម្នាលភិក្ខុទាំងឡាយ បុគ្គល ២ ពួកនេះឯង មិនពោលបង្កាច់ព្រះតថាគតឡើយ។ [២៧០] ម្នាលភិក្ខុទាំងឡាយ បុគ្គល ២ ពួកនេះ តែងពោលបង្កាច់ព្រះតថាគត។ បុគ្គល ទាំង ២ ពួក តើដូចម្តេច។ គឺបុគ្គល ដែលសំដែងសូត្រ មានសេចកី្តជាបុគ្គលាធិដ្ឋាន [បានដល់ព្រះសូត្រ ដែលសំដែងបុគ្គលាធិដ្ឋាន ដូចទ្រង់សំដែងថា ម្នាលភិក្ខុទាំងឡាយ បុគ្គលពួក ១ បុគ្គលពួក ២ បុគ្គលពួក ៣ បុគ្គលពួក ៤ ជាដើម ហៅថា ព្រះសូត្រជានេយ្យត្ថ។] ថាជាសូត្រមានសេចកី្តជាធម្មាធិដ្ឋានទៅវិញ ១ ដែលសំដែងសូត្រ មានសេចកី្តជាធម្មាធិដ្ឋាន [បានដល់ព្រះសូត្រ ដែលសំដែងជាធម្មាធិដ្ឋាន ដូចសំដែងថា អនិច្ចំ ទុក្ខំ អនត្តា ជាដើម ហៅថា ព្រះសូត្រជានីតត្ថ (អដ្ឋកថា)។] ថាជាសូត្រ មានសេចក្តីជាបុគ្គលាធិដ្ឋានទៅវិញ ១។ ម្នាលភិក្ខុទាំងឡាយ បុគ្គល ២ ពួកនេះ តែងពោលបង្កាច់ព្រះតថាគត។ ម្នាលភិក្ខុទាំងឡាយ បុគ្គល ២ ពួកនេះ មិនពោលបង្កាច់ ព្រះតថាគតទេ។ បុគ្គល ២ ពួក តើដូចម្តេច។ គឺបុគ្គលសំដែងសូត្រ មានសេចកី្តជាបុគ្គលាធិដ្ឋាន ថាជាសូត្រមានសេចកី្តជាបុគ្គលាធិដ្ឋាន ១ បុគ្គលសំដែងសូត្រ មានសេចកី្តជាធម្មាធិដ្ឋាន ថាជាសូត្រ មានសេចកី្តជាធម្មាធិដ្ឋាន ១។ ម្នាលភិក្ខុទាំងឡាយ បុគ្គល ២ ពួកនេះ មិនពោលបង្កាច់ព្រះតថាគតឡើយ។ បុគ្គល ២ ពួកនេះ តែងពោលបង្កាច់ព្រះតថាគត - បិដក ៤០ ទំព័រ ១៣២_ ឃ្នាប ២៦៨ ដោយ៥០០០ឆ្នាំ
images/articles/3224/56u7887777uu7.jpg
Public date : 17, Apr 2022 (319 Read)
អានទៅខាងដើមអត្ថបទ ញ្រហ្មណ៍ ឈ្មោះសញ្ជ័យ ជាអ្នកបង្រៀនមន្ត ចេះចាំមន្ត ចេះ ចប់ត្រៃវេទ ខ្ញុំនៅក្នុងសំណាក់​ញ្រហ្មណ៍នោះ ។ បពិត្រព្រះអង្គ មានព្យាយាមធំ ញ្រហ្មណ៍ឈ្មោះអស្សជិ ដែលគេគ្របសង្កត់ ​បានដោយក្រ មានតេជះខ្ពង់ខ្ពស់ ជាសាវ័ករបស់ព្រះអង្គ ត្រាច់ ទៅបិណ្ឌបាត ក្នុងកាលនោះ ។ ខ្ញុំព្រះអង្គបានឃើញព្រះអស្សជិនោះ ជាមុនី ប្រកបដោយបញ្ញា ខ្ជាប់ខ្ជួនក្នុងញាណ មានចិត្ត ស្ងប់រម្ងាប់ ជាមហានាគ ( លោករីកពេញដោយគុណ ) ដូចផ្កា ឈូករីក ។ លុះខ្ញុំឃើញព្រះអស្សជិ មានឥន្រ្ទិយទូន្មានល្អ មាន ចិត្តស្អាត ដូចឧសភៈ លោកប្រសើរ មានព្យាយាម ខ្ញុំក៏គិតថា ស្រមណ៍នេះប្រាកដ ជាព្រះអរហន្ត ទើបមានរូបល្អ សង្រួមល្អ គួរជាទីជ្រះថ្លា ទូន្មានឥន្រ្ទិយដែលគួរទូន្មានដ៏ប្រសើរ ប្រាកដជា ឃើញនូវព្រះនិញ្វន ឈ្មោះអមតៈ ។ បើដូច្នោះ មានតែអាត្មា អញសួរអត្ថដ៏ឧត្តម នឹងស្រមណ៍ ជាអ្នកមានចិត្តរីករាយ ប្រសិនបើអញសួរទៅហើយ លោកនឹងតបបាន អាត្មាអញនឹង សូមសួរលោក តទៅទៀត ក្នុងវេលានោះ ។ កាលព្រះអស្សជិ កំពុងនិមន្តទៅបិណ្ឌបាត ខ្ញុំក៏បានដើរតាមពីក្រោយ រិះរកឱកាសដើម្បីសួរនូវអមតបទ ។ ខ្ញុំបានចូលទៅសួរព្រះអស្សជិត្ថេរ ដែលនិមន្តដល់ត្រង់ចន្លោះថ្នល់ថា បពិត្រលោកមានព្យាយាម លោកជាគោត្រអ្វី បពិត្រលោកនិរទុក្ខ លោកជាសិស្សរបស់ គ្រូណា ។ ព្រះអស្សជិត្ថេរនោះ កាលបើខ្ញុំសួរហើយ ក៏បាន ដោះស្រាយថា ម្នាលអាវុសោព្រះសម្ពុទ្ធ ដូចកេសររាជសីហ៍ មិនចេះខ្លាច កើតហើយក្នុងលោក អាត្មាជាសិស្សរបស់ព្រះ សម្ពុទ្ធនោះ ។ បពិត្រលោកមានព្យាយាមធំ ជាអនុជាតមាន យសធំ ចុះពាក្យប្រដៅនៃព្រះសម្ពុទ្ធ របស់លោក តើដូចម្តេច សូមលោកសម្តែងធម៌គឺពាក្យប្រដៅ ( របស់ព្រះសម្ពុទ្ធនោះ ) ដល់ខ្ញុំ ។ ព្រះអស្សជិត្ថេរនោះ កាលបើខ្ញុំសួរហើយ ទើប សម្តែង នូវសាសនធម៌ទាំងពួង ដែលល្អិតជ្រាលជ្រៅ ជាចំណែក ( និញ្វន ) ជាគុណកម្ចាត់បង់នូវសរគឺតណ្ហា ដែលបន្ទោ បង់ នូវកងទុក្ខទាំងពួងថា ធម៌ទាំងឡាយណា មានហេតុជា ដែនកើតមុន ព្រះតថាគតបានសម្តែង នូវហេតុរបស់ធម៌ទាំង នោះផង នូវការរលត់នៃធម៌ទាំងនោះផង ព្រះមហាសមណៈ តែងពោលយ៉ាងនេះ ។ កាលព្រះអស្សជិត្ថេរ បានដោះស្រាយ បញ្ហាហើយ ខ្ញុំក៏បានសម្រេចផលជាបឋម បានប្រាសចាកធូលី ប្រាសចាកមន្ទិល ព្រោះបានស្តាប់ពាក្យប្រដៅ របស់ព្រះ ជិនស្រី ។ លុះខ្ញុំបានស្តាប់ព្រះពុទ្ធដីកា របស់ព្រះមុនីហើយ ឃើញនូវធម៌ដ៏ឧត្តម ទាំងមានចិត្តចុះស៊ប់សួន ក្នុងព្រះសទ្ធម្ម ហើយបានពោលនូវគាថានេះថា ធម៌នេះ ជាគន្លងនៃសេចក្តី ជាក់ច្បាស់ មិនមានសោក ដែលខ្ញុំមិនទាន់ឃើញ កន្លងទៅយូរ ហើយ ដោយសែននៃកប្បជាច្រើន ។ កាលខ្ញុំស្វែងរកធម៌ បាន ត្រាច់ទៅហើយក្នុងលិទ្ធអាក្រក់ ឥឡូវប្រយោជន៍នោះ ខ្ញុំបាន សម្រេចហើយ វេលានេះ ជាកាលគួរខ្ញុំមិនប្រមាទ ។ ខ្ញុំដែល បានព្រះអស្សជិត្ថេរ ប្រោសប្រាណហើយ ក៏បានសម្រេចអចលបទ គឺព្រះនិញ្វន ទើបទៅស្វែងរកជួបនឹងសម្លាញ់ ក៏បាន ទៅឯអាស្រម ។ សម្លាញ់របស់ខ្ញុំ ជាអ្នកសិក្សាល្អ បរិបូណ៌ ដោយឥរិយាបថ បានឃើញខ្ញុំអំពីចម្ងាយ ក៏សួរខ្ញុំថា អ្នកមាន មុខនិងភ្នែកក៏ស្រស់បស់ មានភាពជាអ្នកប្រាជ្ញ អ្នកប្រហែល ជាបានសម្រេច នូវចំណែកនៃព្រះនិញ្វន ឈ្មោះអមតៈ ជាធម៌ មិនច្យុតហើយឬ នែញ្រហ្មណ៍ អ្នកមានសភាពល្អបានដើរមក អ្នកទូន្មានខ្លួនក្នុងធម៌ ដែលគប្បីទូន្មាន របស់អ្នកទូន្មានហើយ មានចិត្តស្ងប់រម្ងាប់ ដូចដំរីដែលគេបង្ហាត់មិនឲ្យញាប់ញ័រ ។ ខ្ញុំ ប្រាប់សម្លាញ់ថា ព្រះនិញ្វនឈ្មោះអមតៈ ជាគុណបន្ទោបង់នូវ សរ គឺសេចក្តីសោក ខ្ញុំបានសម្រេចហើយ អ្នកចូលសម្រេច ព្រះនិញ្វននោះចុះ យើងនឹងនាំគ្នាទៅកាន់សំណាក់ព្រះពុទ្ធ ។ សម្លាញ់របស់ខ្ញុំនោះជាអ្នកសិក្សាល្អ បានទទួលពាក្យថា ប្រពៃ ហើយ រួចចាប់ដៃគ្នា ដើរចូលមកសំណាក់ព្រះអង្គ ក្រាបទូល ថា បពិត្រព្រះសក្យបុត្ត ខ្ញុំព្រះអង្គទាំងពីរនាក់ នឹងបួសក្នុងសំណាក់នៃព្រះអង្គ ជាអ្នកមិនមានអាសវៈ ព្រោះបានអាស្រ័យ នូវសាសនធម៌របស់ព្រះអង្គហើយ ។ កោលិតជាបុគ្គលប្រសើរដោយឫទ្ធិ ឯខ្ញុំព្រះអង្គ ជាបុគ្គលដល់នូវត្រើយនៃបញ្ញា យើងខ្ញុំទាំងពីរនាក់ បានញុំាងសាសនធម៌ឲ្យល្អដូចគ្នា ។ កាល ដែលខ្ញុំព្រះអង្គ មានបំណងមិនទាន់បានសម្រេចនៅឡើយ បាន ត្រាច់ទៅ ក្នុងលិទ្ធអាក្រក់ លុះបានមកជួបប្រទះ នឹងព្រះអង្គ ទើបបំណងរបស់ខ្ញុំព្រះអង្គ ពេញបរិបូណ៌ឡើង ។ ឈើទាំង ឡាយ ដែលដុះលើផែនដី រមែងមានផ្ការីកក្នុងរដូវ ក្លិនទាំង ឡាយជាទិព្វ រមែងផ្សាយទៅ ញុំាងពួកសត្វទាំងពួងឲ្យត្រេក អរបាន ( យ៉ាងណាមិញ ) ។ បពិត្រព្រះអង្គ មានព្យាយាមធំ ជាសក្យបុត្ត មានយសធំ ខ្ញុំព្រះអង្គតាំង នៅក្នុងសាសនា របស់ព្រះអង្គ ខំស្វែងរក ( នូវសម័យ ) ដើម្បីផ្កា ខ្ញុំស្វែងរកផ្កា គឺ វិមុត្តិ ជាគ្រឿងរួចចាកភវសង្សារ តែងធ្វើពួកសត្វទាំងពួង ឲ្យ ត្រេកអរ ដោយការបាននូវផ្កាគឺវិមុត្តិ ក៏យ៉ាងនោះដែរ ។ បពិត្រ ព្រះអង្គមានបញ្ញាចក្ខុ ក្នុងពុទ្ធក្ខេត្ត ទាំងប៉ុន្មាន លើកលែងតែ ព្រះមហាមុនីចេញ មិនមានបុគ្គលណា នឹងប្រហែលដោយ ប្រាជ្ញា នៃបុត្ររបស់ព្រះអង្គទេ ។ ពួកសិស្សរបស់ព្រះអង្គបាន ទូន្មានល្អហើយផង ពួកបរិស័ទ សិក្សាល្អហើយផង គប្បីទូន្មាន ឥន្រ្ទិយដ៏ប្រសើរ លោកទាំងនោះ មានឥន្រ្ទិយទូន្មានហើយ តែង ចោមរោម ព្រះអង្គសព្វ ៗ កាល ។ ពួកបរិស័ទ ដែលមាន ឈាន ត្រេកអរក្នុងឈាន មានប្រាជ្ញា មានចិត្តស្ងប់រម្ងាប់ មាន ចិត្តតំកល់មាំ ជាមុនីបរិបូណ៌ដោយញាណ តែងចោមរោមព្រះ អង្គ សព្វ ៗ កាល ។ ពួកបរិស័ទដែលជាអ្នក ប្រាថ្នាតិច មាន បញ្ញាឆ្អិន មានបញ្ញាជាគ្រឿងទ្រទ្រង់ មានអាហារតិច មិន ល្មោភ ជាអ្នកសន្តោសតាមមានតាមបាន តែងចោមរោមព្រះ អង្គសព្វ ៗ កាល ។ ពួកបរិស័ទដែលជាអ្នកប្រព្រឹត្តនៅក្នុងព្រៃ ត្រេកអរក្នុងការកម្ចាត់បង់នូវកិលេស មានឈាន មានចីវរ សៅហ្មង ត្រេកអរតែក្នុងទីស្ងាត់ មានប្រាជ្ញាជាគ្រឿងចងចាំ តែងចោមរោមព្រះអង្គសព្វ ៗ កាល ។ ពួកសេក្ខបុគ្គលកំពុង ប្រតិបត្តិខ្លះ ឋិតនៅក្នុងផលខ្លះ និងព្រះអរហន្តបរិបូណ៌ ដោយ ផលខ្លះ ជាអ្នកស្វែងរកប្រយោជន៍ដ៏ខ្ពង់ខ្ពស់ តែងចោមរោម ព្រះអង្គសព្វ ៗ កាល ។ ពួកសោតាបន្នបុគ្គល មិនមានធម៌ជា មន្ទិលផង សកទាគាមិបុគ្គលផង អនាគាមិនបុគ្គលផង អរហន្តផង តែងចោមរោមព្រះអង្គសព្វ ៗ កាល ។ ពួកសាវ័កជា ច្រើនរបស់ព្រះអង្គ ជាអ្នកឈ្លាសវៃ ក្នុងសតិប្បដ្ឋាន ត្រេកអរ ក្នុងការចម្រើនពោជ្ឈង្គ តែងចោមរោមព្រះអង្គ សព្វ ៗ កាល ។ ពួកសាវ័ក អ្នកឈ្លាសវៃ ក្នុងឥទ្ធិបាទ ត្រេកអរក្នុងការ ចម្រើនសមាធិ ប្រកបនូវសមប្បធាន តែងចោមរោមព្រះអង្គ សព្វ ៗ កាល ។ ពួកសាវ័កអ្នកបាននូវត្រៃវិជ្ជាផង បានអភិញ្ញា ៦ ផង ដល់នូវត្រើយនៃឫទ្ធិផង ដល់នូវត្រើយនៃប្រាជ្ញាផង តែងចោមរោមព្រះអង្គសព្វ ៗ កាល ។ បពិត្រព្រះអង្គមានព្យាយាមធំ ពួកសិស្សរបស់ព្រះអង្គបែបនេះ បានសិក្សាល្អ កម្រ បុគ្គលគ្របសង្កត់បាន មានតេជះខ្ពង់ខ្ពស់ តែងចោមរោមព្រះ អង្គសព្វ ៗ កាល ។ ព្រះអង្គ ត្រូវពួកសិស្សទាំងនោះ ដែលជា អ្នកសង្រួម មានតបៈចោមរោមហើយ ទ្រង់មិនខ្លាចដូចស្តេច ម្រឹគ រុងរឿងដូចព្រះចន្រ្ទ ។ ឈើទាំងឡាយ ដុះនៅលើផែនដី តែងលូតលាស់ចម្រើនឡើង ឈើទាំងនោះ តែងបញ្ចេញផ្លែ ។ បពិត្រព្រះសក្យបុត្ត មានយសធំ ព្រះអង្គដូចផែនដី ពួកសាវ័ក តាំងនៅ ក្នុងសាសនធម៌របស់ព្រះអង្គហើយ តែងបាននូវផ្លែ គឺអមតមហានិញ្វន ។ សាគរទទួលទឹក របស់ស្ទឹងទាំងនុ៎ះ គឺ សិន្ទុ សរស្សតី ចន្ទភាគា គង្គា យមុនា សរភូ និងមហី ដែល ហូរមក ។ ទឹកស្ទឹងទាំងនោះ តែងលះបង់ ឈ្មោះដើមចោល ចេញ គេដឹងថាជាសាគរតែម្យ៉ាង ( យ៉ាងណាមិញ ) ។ វណ្ណៈ ទាំង ៤ នេះ លុះបួសក្នុងសំណាក់របស់ ព្រះអង្គហើយ តែង លះឈ្មោះដើមចោលចេញ គេដឹងថាជាពុទ្ធ បុត្តតែម្យ៉ាង ក៏ យ៉ាងនោះដែរ ។ មួយទៀត ព្រះចន្រ្ទប្រាសចាកមន្ទិល អណ្តែតទៅក្នុងអាកាសធាតុ មានពន្លឺរុងរឿងកន្លង នូវពួកផ្កាយ ទាំងអស់ក្នុងលោក យ៉ាងណាមិញ ។ បពិត្រព្រះអង្គមានព្យាយាមធំ ព្រះអង្គមានពួកទេវតានិងមនុស្សចោមរោម ហើយ ទ្រង់រុងរឿងកន្លង នូវពុទ្ធក្ខេត្តសព្វកាល ក៏យ៉ាងនោះដែរ ។ រលកដែលតាំងឡើងក្នុងទឹកជ្រៅ មិនប្រព្រឹត្តកន្លងនូវច្រាំងរលកទាំងនោះ រមែងមកផ្ទប់នឹងច្រាំងទាំងអស់ សឹងបែកខ្ទេច ខ្ទីរោយរាយទៅ ( យ៉ាងណាមិញ ) ។ ពួកតិរ្ថិយជាច្រើន មាន ទិដ្ឋិផ្សេង ៗ គ្នាក្នុងលោក មានប្រាថ្នាដើម្បីនឹងឆ្លងនូវ ធម៌របស់ ព្រះអង្គ ក៏មិនប្រព្រឹត្តកន្លង នូវព្រះអង្គជាមុនីឡើយ ក៏យ៉ាងនោះដែរ ។ បពិត្រព្រះអង្គមានបញ្ញាចក្ខុ ប្រសិនបើពួកតិរ្ថិយទាំងនោះ មកដល់ព្រះអង្គ ដោយលំដាប់នៃវារៈទាំងឡាយ លុះចូល មកកាន់សំណាក់ព្រះអង្គហើយ រមែងខ្ទេចខ្ទី ។ មួយ ទៀត ដើមកុមុទ និងចង្កុលណីជាច្រើន កើតឡើងក្នុងទឹក តែង ទទឹក ដោយទឹកផង ប្រឡាក់ដោយភក់និងល្បាប់ផង យ៉ាង ណាមិញ ។ ពួកសត្វជាច្រើន តែងកើតឡើង ចម្រើនឡើងក្នុង លោក ជាសត្វទទឹកដោយរាគៈ និង ទោសៈ ដូចកុមុទ ក្នុងភក់ ក៏យ៉ាងនោះដែរ ។ ឈូកដែលដុះឡើង ក្នុងទឹករមែងរុងរឿង ក្នុងកណ្តាលទឹក ឈូកនោះមិនជាប់ដោយទឹក នៅជាឈូក មានកេសរ ដ៏បរិសុទ្ធ យ៉ាងណាមិញ ។ បពិត្រព្រះអង្គមាន ព្យាយាមធំ ជាមហាមុនី ព្រះអង្គកើតឡើងក្នុងលោក ព្រះអង្គ មិនជាប់ជំពាក់ដោយលោក ដូចឈូក ( មិនជាប់ ) ដោយទឹក ក៏យ៉ាងនោះដែរ ។ ពួកវារិជាតិជាច្រើន តែងរីកក្នុងខែជាទី ត្រេកអរ ( ខែកត្តិក ) មិនកន្លងខែនោះទៅបានឡើយ ព្រោះខែ នោះ ជាសម័យរីក យ៉ាងណាមិញ ។ បពិត្រព្រះសក្យបុត្ត ព្រះ អង្គ រីកហើយដោយវិមុត្តិ ពួកសាវ័កទាំងនោះ រមែងមិនប្រព្រឹត្ត កន្លងនូវសាសនាឡើយ ដូចផ្កាឈូករីកដោយទឹក ។ ស្តេច​សាល​​ព្រឹក្សមានផ្ការីកហើយ តែងផ្សាយនូវក្លិនដូចជាទិព្វ ស្តេចសាលព្រឹក្ស មានពួកសាល​ព្រឹក្សដទៃចោមរោម តែងល្អ ដោយនាមជាសាលព្រឹក្ស យ៉ាងណាមិញ ។ បពិត្រព្រះអង្គ មានព្យាយាមធំ ព្រះអង្គរីកហើយ ដោយពុទ្ធញ្ញាណ មានភិក្ខុ សង្ឃចោមរោមហើយ រុងរឿងដូចជាស្តេចសាលព្រឹក្ស ក៏ យ៉ាងនោះដែរ ។ មួយទៀត ភ្នំហិមពាន្ត ជាឱសថរបស់សត្វ ទាំងអស់ផង ជាទីនៅនៃពួកនាគ អសុរនិងពួកទេវតាផង យ៉ាងណាមិញ ។ បពិត្រព្រះអង្គមានព្យាយាមធំ ព្រះអង្គដូច ជាឱសថ នៃពួកសត្វដែលបានត្រៃវិជ្ជា បាន​ឆឡភិញ្ញា ដល់ ហើយ នូវបារមីនៃឫទ្ធិផង ក៏យ៉ាងនោះដែរ ។ បពិត្រព្រះអង្គ មានព្យាយាមធំ សត្វ​ទាំងនោះដែលព្រះអង្គ មានព្រះហឫទ័យ ករុណា ទ្រង់ប្រដៅហើយ តែងរីករាយដោយតម្រេកធម៌ តែង នៅក្នុងសាសនានៃព្រះអង្គ ។ សីហៈជាមិគរាជ ចេញអំពីទី អាស្រ័យហើយ​ តែងក្រឡេកមើលទិសទាំង ៤ ទើបបន្លឺឡើង ៣ ដង ។ កាលមិគរាជបន្លឺឡើង ពួកម្រឹគទាំងអស់ តែងតក់ ស្លុតយ៉ាងខ្លាំង ព្រោះតែស្តេចម្រឹគនុ៎ះ ជាសត្វមានជាតិខ្ពស់ តែងធ្វើសត្វឲ្យតក់ស្លុតសព្វ ៗ កាល ( យ៉ាងណាមិញ ) ។ បពិត្រព្រះអង្គមាន ព្យាយាមធំ កាលព្រះអង្គមានបន្ទូល ផែនដី នេះកម្រើក ពួកសត្វ ដែលគួរត្រាស់ដឹង រមែងត្រាស់ដឹង ពួក មារតែងតក់ស្លុត ។ បពិត្រព្រះមហាមុនី កាលបើព្រះអង្គទ្រង់ បន្លឺឡើង ពួកតិរិ្ថយទាំងអស់តែងតក់ស្លុត ដូចពួកក្អែកនិងខ្លែង ដែលភ្ញាក់ផ្អើល ឬដូចជាពួកម្រឹគដែលភ្ញាក់ផ្អើល ដោយសារ សេ្តចម្រឹគ ។ ពួកមេគណៈណា ដែលគេហៅថា សាស្តាក្នុង លោក មេគណៈទាំងនោះ តែងសម្តែងប្រាប់បរិស័ទ នូវធម៌ ដែលនាំមកត ៗ គ្នា ។ បពិត្រព្រះអង្គ មានព្យាយាមធំ ឯព្រះ អង្គមិនសម្តែងធម៌ ដល់ពួកសត្វ ដូច្នោះទេ ព្រោះត្រាស់ដឹងនូវ សច្ចធម៌ទាំងឡាយ ដោយព្រះអង្គឯង ព្រមទាំងត្រាស់ដឹង នូវ ពោធិបក្ខិយធម៌ទាំងអស់ ដោយព្រះអង្គឯង ។ ព្រះអង្គទ្រង់ ជ្រាប នូវអាសយានុសយៈ នូវឥន្រ្ទិយទាំងឡាយ នូវពលៈនិង មិនមែនពលៈ ទ្រង់ជ្រាបច្បាស់នូវពួកសត្វ ដែលមានភ័ព្វនិង ឥតភ័ព្វ ហើយទ្រង់សម្តែងធម៌ ដូចមហាមេឃ ( គម្រាម ហើយ ) ។ បរិស័ទអង្គុយ ក្នុងទីបំផុតនៃចក្រវាឡ មានទិដ្ឋិ ផ្សេង ៗ គ្នា តែងត្រិះរិះនូវធម៌នោះ ដើម្បីនឹងផ្តាច់បង់សេចក្តី សង្ស័យ ។ ព្រះមុនីទ្រង់ឈ្លាសវៃ ក្នុងបទឧបមា បានជ្រាបនូវ ចិត្ត របស់សត្វទាំងអស់ ទ្រង់សម្តែងតែបញ្ហាមួយ ក៏បានកាត់ បង់ នូវសេចក្តីសង្ស័យ របស់ពួកសត្វបាន ។ ផែនដីដែលពេញ ដោយមនុស្ស ប្រកបដោយរាគាទិក្កិលេស មនុស្សទាំងអស់ នោះ នាំគ្នាប្រណមអញ្ជលី សរសើរគុណព្រះនាយក ។ ម្យ៉ាង ទៀត មនុស្សទាំងនោះកាលសរសើរគុណ គប្បីសរសើរ ដោយគុណផ្សេង ៗ អស់មួយកប្ប ក៏មិនគប្បីសម្រេចនូវការ រាប់បានឡើយ ( ព្រោះ ) ព្រះតថាគត មានគុណគេមិនគប្បីរាប់ បាន ។ ព្រះជិនស្រីដ៏ប្រសើរ ដែលមនុស្សនិងទេវតាសរសើរ ហើយ ដោយកម្លាំងរបស់ខ្លួន យ៉ាងនោះ មនុស្សទាំងឡាយ កាលសរសើរ គប្បីសរសើរ យ៉ាងនេះឯង អស់កោដិនៃកប្ប ។ ប្រសិនបើបុគ្គលណាមួយ ទោះជាទេវតា ឬមនុស្សដែលសិក្សាល្អហើយ គប្បីកំណត់ដើម្បីនឹងរាប់ (នូវធារទឹកក្នុងសមុទ្រ) បុគ្គលនោះ នឹង បានតែសេចក្តីលំបាក ។ បពិត្រព្រះសក្យបុត្ត មានយសធំ ខ្ញុំព្រះអង្គឋិតនៅហើយ ក្នុងសាសនារបស់ព្រះ អង្គ ដល់នូវបញ្ញាបារមី ជាបុគ្គលមិនមានអាសវៈ ។ ថ្ងៃនេះ ខ្ញុំ ព្រះអង្គជាធម្ម សេនាបតី ក្នុងសាសនារបស់ព្រះសក្យបុត្ត បាន ញាំញីពួកតិរ្ថិយ ញុំាងសាសនានៃព្រះជិនស្រីឲ្យប្រព្រឹត្តទៅ ។ អំពើដែលខ្ញុំធ្វើហើយ អស់កប្បប្រមាណមិនបាន ឲ្យផលដល់ ខ្ញុំក្នុងជាតិនេះ ខ្ញុំព្រះអង្គបានផុតស្រឡះហើយចាកកិលេស ដូចកម្លាំងសរ ( ដែលផុតចាកធ្នូ ) ទាំងបានដុតបំផ្លាញ នូវកិលេសអស់ហើយ ។ មនុស្សណាមួយ បាននាំទៅនូវភារៈលើ ក្បាល សព្វ ៗ កាល ( មនុស្សនោះ ) ក៏ដល់នូវសេចក្តីទុក្ខ ដោយភារៈ ព្រោះភារៈជារបស់ធ្ងន់ ។ ឯខ្ញុំព្រះអង្គ ត្រូវភ្លើង កិលេសទាំង ៣ គឺលោភៈ ទោសៈ មោហៈ ដុតរោលហើយ បាន អន្ទោល​ទៅក្នុងភពទាំងឡាយ សឹងតែធ្ងន់ហើយ ដោយទម្ងន់ គឺភព ដូចជាគេដកយក ភ្នំសិនេរុ ( មកទូលលើក្បាល ) ។ ភារៈ នោះ ខ្ញុំព្រះអង្គ បានទំលាក់ចោលហើយ ភពទាំងឡាយ ខ្ញុំព្រះ អង្គ ក៏បានទម្លាយចោលហើយ កិច្ចទាំងពួងដែលគួរធ្វើក្នុង សាសនា របស់ព្រះសក្យបុត្ត ខ្ញុំព្រះអង្គបានធ្វើរួចហើយ ។ ពុទ្ធក្ខេត្តមានកំណត់ត្រឹមណា វៀរលែងតែព្រះអង្គ ជាបុគ្គលប្រសើរក្នុងសក្យត្រកូលចេញ ខ្ញុំព្រះអង្គជាបុគ្គលប្រសើរ ដោយ ប្រាជ្ញា នឹងរកបុគ្គលណា ឲ្យស្មើនឹងខ្ញុំព្រះអង្គពុំបាន ។ ខ្ញុំព្រះ អង្គឈ្លាសវៃ ចំណាប់ក្នុងសាមាធិ ដល់នូវបារមីញាណ ដោយឫទ្ធិ ថ្ងៃនេះ ( បើ ) ខ្ញុំព្រះអង្គប្រាថ្នា ( នឹងធ្វើឫទ្ធិ ) ក៏គប្បី និម្មិតប្រមាណ ១ ពាន់ឫទ្ធិបាន ។ ព្រះមហាមុនីទ្រង់ស្ទាត់ស្ទាញ ខាងអនុបុព្វវិហារធម៌ បានសម្តែងនូវសាសនធម៌ ដល់ខ្ញុំព្រះ អង្គ ឯព្រះនិញ្វន ជាគ្រឿងរំលត់ទុក្ខ ជាដំណេករបស់ខ្ញុំព្រះអង្គ ។ ទិព្វចក្ខុ របស់ខ្ញុំព្រះអង្គស្អាតហើយ ខ្ញុំព្រះអង្គជាបុគ្គល ឈ្លាសវៃ ក្នុងសមាធិបានប្រកបក្នុងសម្មប្បធាន ត្រេកអរក្នុង ការចម្រើន នូវពោជ្ឈង្គ ។ កិច្ចណាដែលសាវ័កគួរដល់ កិច្ច ទាំងអស់នោះ ខ្ញុំព្រះអង្គធ្វើស្រេចហើយ វៀរលែងតែព្រះលោកនាថចេញ នឹងរកបុគ្គលណា ឲ្យស្មើនឹងខ្ញុំព្រះអង្គ ពុំបាន ឡើយ ។ ខ្ញុំព្រះអង្គ ជាបុគ្គលឈ្លាសវៃ ក្នុងសមាបត្តិ ជាអ្នក បាននូវឈាន និងវិមោក្ខ យ៉ាងរហ័ស ត្រេកអរក្នុងការចម្រើន នូវពោជ្ឈង្គ ដល់ហើយនូវបារមីញាណ នៃសាវកគុណ ។ ចិត្ត (របស់ខ្ញុំព្រះអង្គ) ដែលសង្គ្រោះដោយសទ្ធា ក្នុងពួកសព្រហ្មចារី សព្វ ៗ កាល ព្រោះសេចក្តីគោរព ចំពោះបុរសប្រសើរ ដោយប្រាជ្ញា ដោយការបាននូវសាវកគុណ ។ ខ្ញុំព្រះអង្គមាន សេចក្តី​ឆោត​ គឺមានៈដាក់ចុះហើយ ដូចពស់មានចង្កូមគេដក ហើយ ពុំនោះសោត ដូចគោមានស្នែងបាក់ ខ្ញុំព្រះអង្គ ចូល មកកាន់ទីប្រជុំសង្ឃ ដោយសេចក្តីគោរពក្រៃពេក ។ ឯបញ្ញា របស់ខ្ញុំព្រះអង្គ ប្រសិនបើមានរូប គប្បីស្មើនឹងសេ្តចផែនដីក៏បាន នេះជាផលនៃ ការសរសើរនូវញាណ របស់ព្រះមានព្រះភាគ ទ្រង់ព្រះនាមអនោមទស្សី ។ ធម្មចក្រដែលព្រះសក្យបុត្ត ជា តាទិបុគ្គល ទ្រង់ឲ្យប្រព្រឹត្តទៅហើយ ខ្ញុំព្រះអង្គឲ្យប្រព្រឹត្តទៅ តាម ដោយប្រពៃ នេះជាផលនៃការសរសើរនូវញាណ ។ (មួយទៀត) បុគ្គល អ្នកមានសេចក្តីប្រាថ្នាលាមក ជាបុគ្គល ខ្ជិល មានព្យាយាមថោកថយ មិនចេះដឹង ប្រព្រឹត្តអានាចារ កុំ ឲ្យមកជួបប្រទះនឹងខ្ញុំព្រះអង្គ ក្នុងទីណាមួយបានឡើយ ។ បុគ្គលជាអ្នកចេះដឹងច្រើន អ្នកមានប្រាជ្ញា អ្នកមានចិត្តតម្កល់ មាំក្នុងសីល និងអ្នកប្រកបរឿយ ៗ នូវចេតោសមថៈ សូមចូលមកតម្កល់នៅលើ​ក្បាល ( របស់ខ្ញុំ ) ។ ព្រោះហេតុនោះ ខ្ញុំសូមពោលនឹង លោកទាំងឡាយ សូមអំពើដ៏ចម្រើន ( មាន ) ដល់លោកទាំងឡាយ ទាំងអស់ ដែលបានមកជួបជុំ ក្នុងទីនេះ សូមលោកទាំងឡាយមានប្រាថ្នាតិច សន្តោស នាំគ្នាឲ្យទាន សព្វ ៗ កាលចុះ ។ ខ្ញុំបានជួបនូវអាចារ្យអង្គណា ជាដំបូង ហើយបានប្រាសចាកធូលី ប្រាសចាកមន្ទិល អាចារ្យខ្ញុំនោះ ជាអ្នកប្រាជ្ញ ជាសាវ័ក ឈ្មោះអស្សជិ ។ ខ្ញុំជាអ្នកស្តាប់ពាក្យ នៃព្រះអស្សជិអង្គនោះ បានជាធម្មសេនាបតី បានដល់នូវបារមី ក្នុងទីទាំង​ពួង​ហើយ ជាអ្នកមិនមានអាសវៈ ។ ព្រះសាវ័ក ឈ្មោះអស្សជិ ជាអាចារ្យ របស់ខ្ញុំ គង់ក្នុងទិសណា ខ្ញុំធ្វើទី ក្បាលដំណេក ទៅក្នុងទិសនោះ ។ ព្រះគោតម ជាបុគ្គលប្រសើរក្នុងសក្យត្រកូល ទ្រង់រឭកឃើញនូវអំពើរបស់ខ្ញុំ ទ្រង់គង់ ក្នុងកណ្តាលជំនុំសង្ឃ ហើយតម្កល់ទុកនូវខ្ញុំក្នុងទីដ៏ប្រសើរ ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ ច្បាស់ហើយ ទាំងសាសនា របស់ព្រះសម្ពុទ្ធ ខ្ញុំក៏បានប្រតិបត្តិ ហើយ ។ បានឮថា ព្រះសារីបុត្តត្ថេរ មានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការ ដូច្នេះ ។ ចប់ សារីបុត្តត្ថេររាបទាន ។ ព្រះត្រៃបិដកភាគ៧២ ដោយ៥០០០ឆ្នាំ
images/articles/3179/_________________________________.jpg
Public date : 04, Apr 2022 (651 Read)
សម័យមួយ ព្រះដ៏មានព្រះភាគ ទ្រង់គង់នៅក្នុង​មិគារមាតុប្រាសាទ ក្នុង​បុព្វារាម ទៀប​ក្រុង​សាវត្ថី។ សម័យនោះឯង ព្រះដ៏មានព្រះភាគ មានភិក្ខុសង្ឃ​ចោមរោម ទ្រង់គង់​ក្នុង​ឧបោសថ​ថ្ងៃនោះ។ លុះ​វេលារាត្រី​អស់ហើយ បឋមយាម​កន្លងទៅ​ហើយ ព្រះអានន្ទ​ដ៏មានអាយុ ក៏ក្រោក​ចាក​អាសនៈ ធ្វើ​ឧត្តរាសង្គៈ ឆៀងស្មាម្ខាង លើកអញ្ជលី​ប្រណម្យ ចំពោះ​ព្រះដ៏មានព្រះភាគ ក្រាបបង្គំ​ទូល​ព្រះដ៏មានព្រះភាគ​ថា បពិត្រ​ព្រះអង្គ​ដ៏ចំរើន វេលារាត្រី​អស់ហើយ បឋមយាម​កន្លង​ទៅហើយ ភិក្ខុសង្ឃ​អង្គុយ​ចាំយូរ​ហើយ បពិត្រ​ព្រះអង្គ​ដ៏ចំរើន សូម​ព្រះដ៏មានព្រះភាគ ទ្រង់សំដែង​បាតិមោក្ខ​ដល់​ភិក្ខុ​ទាំងឡាយ។ កាលដែល​ព្រះអានន្ទ​ដ៏មានអាយុ ក្រាបបង្គំ​ទូល​យ៉ាងនេះហើយ ព្រះ​ដ៏មានព្រះភាគ ក៏គង់ស្ងៀម។ កាលបើ​វេលារាត្រី​អស់ហើយ មជ្ឈិមយាម ​កន្លង​ទៅហើយ ព្រះអានន្ទ​ដ៏​មានអាយុ ក៏ក្រោក​ចាក​អាសនៈ ធ្វើ​ឧត្តរាសង្គៈ ឆៀងស្មាម្ខាង លើក​អញ្ជលី​ប្រណម្យ ចំពោះ​ព្រះដ៏​មានព្រះភាគ ក្រាប​បង្គំ​ទូល​ព្រះដ៏មានព្រះភាគ អស់វារៈ​ជា​គំរប់​ពីរដងទៀតថា បពិត្រ​ព្រះអង្គ​ដ៏ចំរើន វេលារាត្រី​អស់ហើយ មជ្ឈិមយាម​កន្លង​ទៅហើយ ភិក្ខុសង្ឃ​អង្គុយ​ចាំយូរ​ហើយ បពិត្រ​ព្រះអង្គ​ដ៏ចំរើន សូម​ព្រះដ៏មានព្រះភាគ សំដែង​បាតិមោក្ខ​ដល់​ភិក្ខុ​ទាំងឡាយ។ ព្រះ​ដ៏មានព្រះភាគ ទ្រង់គង់ស្ងៀម អស់វារៈ​ជាគំរប់​ពីរដង។ កាលបើ​វេលារាត្រី​អស់ហើយ បច្ឆិមយាម កន្លងទៅហើយ រាត្រី​ប្រាកដ​ដូចជា​មាន​មុខស្រស់ (បំព្រង) ក្នុងពេលដែល​អរុណរះ​ឡើង ព្រះអានន្ទ​ដ៏មានអាយុ ក៏ក្រោកចាក​អាសនៈ ហើយធ្វើ​ឧត្តរាសង្គៈ ឆៀង​ស្មាម្ខាង លើកអញ្ជលីប្រណម្យ​ចំពោះ​ព្រះ​ដ៏មាន​ព្រះភាគ ក្រាបបង្គំ​ទូល​ព្រះដ៏មានព្រះភាគ អស់វារៈ​ជាគំរប់​ ៣ដង​ទៀត​ដូច្នេះថា បពិត្រ​ព្រះអង្គ​ដ៏ចំរើន ឥឡូវនេះ រាត្រីអស់ហើយ បច្ឆិមយាម​កន្លង​ទៅហើយ អរុណ​ក៏រះហើយ​ រាត្រី​ក៏ប្រាកដ​ដូចជា​មុខស្រស់​ហើយ ភិក្ខុសង្ឃ​​ក៏អង្គុយ​ចាំយូរហើយ បពិត្រ​ព្រះអង្គ​ដ៏ចំរើន​ សូមព្រះដ៏មាន​ព្រះភាគ​ ទ្រង់សំដែង​បាតិមោក្ខ​ដល់ភិក្ខុ​ទាំង​ឡាយ​។ ព្រះអង្គ​ទ្រង់​ត្រាស់​ថា ម្នាល​អានន្ទ មាន​បរិសទ្យ​មិន​បរិសុទ្ធទេ។ គ្រានោះ ព្រះ​មហាមោគ្គល្លាន​ដ៏មាន​អាយុ​ មាន​សេចក្តី​ត្រិះរិះ​ដូច្នេះថា ព្រះដ៏មានព្រះភាគ ទ្រង់ដៅ​យកបុគ្គលណា​ហ្ន៎​ បាន​ជា​ទ្រង់​ត្រាស់ថា ម្នាល​អានន្ទ បរិសទ្យ មិនបរិសុទ្ធទេ យ៉ាងនេះ។ លំដាប់នោះ ព្រះ​មហាមោគ្គល្លានដ៏​មានអាយុ ស្ទង់មើល​ចិត្ត (របស់ភិក្ខុសង្ឃ) ដោយចិត្ត (របស់លោក) ហើយ​ធ្វើទុកក្នុង​​ចិត្ត​ចំពោះភិក្ខុសង្ឃ​ទាំងអស់នោះ។ ព្រះមហា​មោគ្គល្លាន​ដ៏មាន​អាយុ បានឃើញ​បុគ្គលនោះ​ទ្រុស្តសីល មានធម៌លាមក មានមារយាទ​មិនស្អាត គួរឲ្យរង្កៀស មាន​អំពើអាក្រក់​បិទបាំង​ទុក មិនមែន​ជាសមណៈ ប្តេជ្ញាខ្លួនថាជា​សមណៈ ប្រព្រឹត្ត​ធម៌​មិន​ប្រសើរ ប្តេជ្ញាខ្លួន​ថាជា​អ្នកប្រព្រឹត្ត​ធម៌ដ៏ប្រសើរ ស្អុយក្នុង មានចិត្ត​ជោក​ដោយរាគៈ ក្រខ្វក់​ដូច​សម្រាម អង្គុយ​នៅក្នុង​កណ្តាល​ភិក្ខុសង្ឃ លុះឃើញ​ហើយ ក៏​ក្រោកចាក​អាសនៈ ចូលទៅរក​បុគ្គលនោះ​ លុះចូល​ទៅជិត​ហើយ ក៏ពោល​ចំពោះទៅបុគ្គល​នោះ ដូច្នេះថា នែ​អាវុសោ អ្នកចូរក្រោក​ចេញ ដ្បិត​ព្រះដ៏មានព្រះភាគ ទ្រង់​បានឃើញ​អ្នកច្បាស់​ហើយ អ្នកលែងបាន​នៅរួម​ជាមួយនឹង​ភិក្ខុទាំងឡាយ​ហើយ។ កាលដែល​ព្រះមហាមោគ្គល្លាន ពោលយ៉ាង​នេះហើយ បុគ្គលនោះ​ក៏នៅ​ស្ងៀម។ ព្រះមហាមោគ្គល្លាន​​ដ៏មានអាយុ បាននិយាយ​​នឹងបុគ្គលនោះ ជាគំរប់ពីរដងទៀត ដូច្នេះថា នែអាវុសោ អ្នកចូរក្រោកចេញ ដ្បិតព្រះដ៏មានព្រះភាគ ទ្រង់​បានឃើញ​អ្នក​ច្បាស់​ហើយ អ្នកលែង​បាននៅរួម​ជាមួយ​នឹង​ភិក្ខុ​ទាំងឡាយ​ហើយ។ បុគ្គលនោះ​ក៏​នៅ​ស្ងៀម អស់វារៈ​ពីរដងទៀត។ ព្រះមហាមោគ្គល្លាន​ដ៏មានអាយុ បាននិយាយ​នឹងបុគ្គល​នោះ ជាគំរប់បី​ដងទៀត​ដូច្នេះ​ថា នែ​អាវុសោ អ្នកចូរ​ក្រោកចេញ ដ្បិត​ព្រះដ៏មានព្រះ​ភាគ ទ្រង់​បានឃើញ​អ្នកច្បាស់​ហើយ អ្នកលែងបាន​នៅរួម​ជាមួយនឹង​ភិក្ខុ​ទាំងឡាយ​ទៀត​ហើយ។ បុគ្គល​នោះក៏​នៅស្ងៀម អស់វារៈជាគំរប់​បីដងទៀត។ ទើប​ព្រះមហា​មោគ្គលា្លន​ដ៏មាន​អាយុ ចាប់ដើមដៃ​បុគ្គលនោះ ទាញចេញ​ទៅ​​ខាងក្រៅ​ស៊ុំទ្វារ ហើយខ្ទាស់គន្លឹះ និង​រនុក​ទ្វារ រួចចូលទៅ​គាល់ព្រះដ៏មាន​ព្រះភាគ លុះចូល​ទៅដល់​ហើយ ក៏ក្រាបបង្គំ​ទូល​ព្រះដ៏មាន​ព្រះភាគ ដូច្នេះ​ថា បពិត្រ​ព្រះអង្គ​ដ៏ចំរើន បុគ្គល (ទ្រុស្តសីល) នោះ ខ្ញុំព្រះអង្គ​បាន​បណ្តេញ​ឲ្យដើរ​ចេញហើយ ឥឡូវ​នេះ​ បរិសទ្យ​បរិសុទ្ធ​ហើយ បពិត្រ​ព្រះអង្គ​ដ៏ចំរើន សូម​ព្រះអង្គ​ទ្រង់សំដែង​បាតិមោក្ខ ដល់ភិក្ខុ​ទាំងឡាយ ព្រះអង្គ​ទ្រង់​ត្រាស់ថា ម្នាល​មោគ្គល្លាន ហេតុនេះ អស្ចារ្យណាស់ ម្នាលមោគ្គលា្លន ហេតុនេះ​ចំឡែក​ណាស់ មោឃបុរស​នោះ មិនសមបើ​នឹង​បង្អង់​ទាល់តែ​ចាប់ទាញដៃ​ចេញសោះ។ លំដាប់​នោះ ព្រះមានព្រះភាគ ទ្រង់ត្រាស់​ហៅភិក្ខុ​ទាំងឡាយ​ថា ម្នាលភិក្ខុ​ទាំងឡាយ ឥឡូវនេះ អ្នកទាំងឡាយ គប្បី​ធ្វើ​ឧបោសថ គប្បីសំដែង​បាតិមោក្ខចុះ។ ម្នាលភិក្ខុ​ទាំងឡាយ ឥឡូវនេះ តថាគត ឈប់សំដែង​បាតិមោក្ខ ចាប់ដើម​តាំងអំពី​ថ្ងៃ​នេះតទៅ។ ម្នាល​ភិក្ខុ​ទាំងឡាយ ព្រះតថាគត គប្បីសំដែង​នូវបាតិមោក្ខ​ដល់បរិសទ្យ មិនបរិសុទ្ធ ដោយ​ហេតុ​ណា ហេតុនោះ​មិនមែន​ជាឋានៈ មិនមែន​ជាបច្ច័យ​ឡើយ។ ម្នាលភិក្ខុ​ទាំងឡាយ ក្នុង​មហាសមុទ្រ មានហេតុ​ជាអស្ចារ្យ​ចំឡែក ៨ យ៉ាងនេះ ដែលពួក​អសុរ​ឃើញហើយ ៗ តែង​រីករាយ​ក្នុង​មហាសមុទ្រ។ ហេតុជាអស្ចារ្យចំឡែក ៨ យ៉ាង តើ​ដូចម្តេច។ ម្នាលភិក្ខុ​ទាំង​ឡាយ មហាសមុទ្រ មានទំនាបទៅ​ដោយ​លំដាប់ មានទីជម្រាលទៅ​ដោយ​លំដាប់ មាន​ទីទេរ​ទៅដោយ​លំដាប់ មិនមែន​ចោតជ្រៅ​តែម្តង ដូចជា​អណ្តូង​ទេ។ ម្នាលភិក្ខុ​ទាំងឡាយ មហាសមុទ្រ មានទំនាប​ទៅដោយ​លំដាប់ មានទីជម្រាល​ទៅដោយ​លំដាប់ មានទីទេរ​ទៅដោយ​លំដាប់ មិនមែនចោតជ្រៅ​ទៅតែម្តង ដូចជា​អណ្តូង ដោយហេតុ​ណា ម្នាលភិក្ខុ​ទាំងឡាយ នេះជា​ហេតុ​អស្ចារ្យ​ចំឡែក ទី១ ក្នុង​មហាសមុទ្រ​ ដែលពួក​អសុរ​ឃើញហើយៗ តែងរីករាយ​ក្នុងមហាសមុទ្រ។ សេចក្តីពិស្តារ ដូចពាក្យ​ខាងដើមដែរ។បេ។ ម្នាលភិក្ខុ​ទាំងឡាយ មួយទៀត​ មហាសមុទ្រ ជាទីនៅអាស្រ័យ​​នៃពួកសត្វ​ធំ ៗ ជាច្រើន ពួក​សត្វធំៗ ទាំងនេះ ដែលនៅក្នុង​មហាសមុទ្រ​នោះគឺ ត្រីឈ្មោះ​តិមិ ឈ្មោះ​តិមិង្គលៈ ឈ្មោះ​តិមិរមិង្គលៈ និងពួក​អសុរ នាគ គន្ធព្វ ដែលមាន​អត្តភាព ១០០ យោជន៍ខ្លះ។បេ។ មាន​អត្តភាព ៥០០ យោជន៍ខ្លះ តែងនៅ​ក្នុង​មហាសមុទ្រ។ ម្នាលភិក្ខុទាំងឡាយ មហាសមុទ្រ ជាទីនៅអាស្រ័យ នៃពួកសត្វធំៗ ជាច្រើន ពួកសត្វធំៗ​ទាំងនេះ ដែលនៅ​ក្នុង​មហាសមុទ្រ​នោះ គឺត្រីឈ្មោះ​តិមិ ឈ្មោះ​តិមិង្គលៈ ឈ្មោះ​តិមិរមិង្គលៈ និង​ពួក​អសុរ នាគ គន្ធព្វ ដែលមានអត្តភាព ១០០ យោជន៍ខ្លះ។បេ។ មានអត្តភាព ៥០០ យោជន៍ខ្លះ តែងនៅ​ក្នុង​មហាសមុទ្រ ដោយហេតុណា ម្នាលភិក្ខុ​ទាំងឡាយ នេះជាហេតុ​អស្ចារ្យ​ចំឡែក ទី៨ ក្នុង​មហាសមុទ្រ ដែលពួក​អសុរឃើញ​ហើយ ៗ តែងរីករាយ​ក្នុង​មហាសមុទ្រ។ ម្នាលភិក្ខុ​ទាំងឡាយ ក្នុង​មហាសមុទ្រ មានហេតុ​ជាអស្ចារ្យចំឡែក ៨ យ៉ាង​នេះឯង ដែលពួក​អសុរឃើញហើយ ៗ តែងរីករាយ​ក្នុងមហា​សមុទ្រ។ ម្នាលភិក្ខុ​ទាំង​ឡាយ ក្នុង​ធម្មវិន័យ​នេះ មានហេតុជា​អស្ចារ្យ​ចំឡែក ៨ យ៉ាងនេះ ដែលពួកភិក្ខុ​ឃើញ​ហើយ ៗ តែងរីករាយ​ក្នុងធម្មវិន័យ​នេះ។ ហេតុជា​អស្ចារ្យចំឡែក ៨ យ៉ាង តើ​ដូចម្តេច​ខ្លះ។ ម្នាលភិក្ខុ​ទាំងឡាយ មហាសមុទ្រ ដែលមានទំនាប​ទៅដោយ​លំដាប់ មាន​ទីជម្រាល​ទៅ​ដោយ​លំដាប់ មានទីទេរ​ទៅដោយ​លំដាប់ មិនចោត​ជ្រៅ​ទៅតែ​ម្តង ដូចជា​អណ្តូង យ៉ាង​ណា​មិញ ម្នាលភិក្ខុ​ទាំងឡាយ ក្នុងធម្មវិន័យ​នេះ មាន​ការសិក្សា​ដោយ​លំដាប់ មានកិច្ច​ដែលត្រូវ​ធ្វើ ដោយ​លំដាប់ មានសេចក្តី​ប្រតិបត្តិ​ដោយ​លំដាប់ មិនមែន​បានត្រាស់​ដឹងនូវ​អរហត្តផល​តែម្តង​ទេ ក៏យ៉ាងនោះ​ដែរ។ ម្នាលភិក្ខុ​ទាំងឡាយ ក្នុងធម្មវិន័យ​នេះ មាន​ការសិក្សា​ដោយលំដាប់ មានកិច្ច​ដែល​ត្រូវធ្វើ​ដោយ​លំដាប់ មាន​សេចក្តី​ប្រតិបត្តិ​ដោយ​លំដាប់ មិនមែន​បានត្រាស់​ដឹងនូវ​អរហត្តផល​តែម្តង​ទេ ដោយ​ហេតុណា ម្នាល​ភិក្ខុ​ទាំងឡាយ នេះ​ជាហេតុ​អស្ចារ្យ ចំឡែក​ ទី១ ក្នុង​ធម្មវិន័យនេះ ដែល​ពួកភិក្ខុ​ឃើញ​ហើយ ៗ​ តែង​រីករាយ​ក្នុងធម្មវិន័យ​នេះ។បេ។ ម្នាលភិក្ខុ​ទាំងឡាយ មហាសមុទ្រ ជាទីអាស្រ័យ​នៃពួក​សត្វធំ ៗ ជាច្រើន ពួកសត្វធំ ៗ ទាំងនេះ ដែលនៅក្នុង​មហាសមុទ្រ​នោះគឺ ត្រីឈ្មោះ​តិមិ ឈ្មោះ​តិមិង្គលៈ ឈ្មោះ​តិមិរមិង្គលៈ និង​ពួកអសុរ នាគ គន្ធព្វ ដែល​មាន​អត្តភាព ១០០ ​យោជន៍​ខ្លះ។បេ។ មានអត្តភាព ៥០០ យោជន៍​ខ្លះ ដែលនៅក្នុង​មហាសមុទ្រ យ៉ាងណាមិញ។បេ។ ម្នាលភិក្ខុ​ទាំងឡាយ ធម្មវិន័យនេះ ជាទីនៅអាស្រ័យ​នៃពួក​បុគ្គលធំ ៗ ជាច្រើនពួក បុគ្គល​ទាំងនេះ ក្នុងធម្មវិន័យ​នោះ គឺ សោតាបន្នបុគ្គល និង​បុគ្គល​ដែលកំពុង​ប្រតិបត្តិ ដើម្បីធ្វើ​អោយជាក់ច្បាស់​នូវ​សោតាបត្តិផល។បេ។ អរហន្ត និង​បុគ្គល​ដែល​កំពុង​ប្រតិបត្តិ ដើម្បីភាវៈ​នៃខ្លួន​ជាអរហន្ត ក៏យ៉ាងនោះ​ដែរ។ ម្នាលភិក្ខុ​ទាំងឡាយ ​ធម្មវិន័យ​នេះ ជាទីនៅអាស្រ័យនៃពួក​បុគ្គលធំ ៗ ជាច្រើន បុគ្គលទាំងនេះ ក្នុងធម្មវិន័យ​នោះ គឺ សោតាបន្នបុគ្គល និងបុគ្គល​ដែល​កំពុង​ប្រតិបត្តិ ដើម្បី​ធ្វើឲ្យ​ជាក់​ច្បាស់ នូវ​សោតាបត្តិផល។បេ។ អរហន្ត និង​បុគ្គល​ដែល​កំពុង​ប្រតិបត្តិ ដើម្បីភាវៈនៃ​ខ្លួន​ជា​អរហន្ត ដោយហេតុណា ម្នាលភិក្ខុ​ទាំងឡាយ នេះជា​ហេតុអស្ចារ្យ​ចំឡែក ទី៨ ក្នុង​ធម្មវិន័យ​នេះ ដែលពួកភិក្ខុ​ឃើញហើយ ៗ តែងរីករាយ ក្នុងធម្មវិន័យ​នេះ។ ម្នាលភិក្ខុ​ទាំង​ឡាយ ​ក្នុង​ធម្មវិន័យ​នេះ មានហេតុជា​អស្ចារ្យ​ចំឡែក ៨ យ៉ាងនេះឯង ដែលពួកភិក្ខុ​ឃើញ​ហើយ ៗ តែងរីករាយ ក្នុងធម្មវិន័យនេះ។ អង្គុត្តរនិកាយ អដ្ឋកនិបាត នវមភាគ (ព្រះត្រៃបិដក ភាគ ៤៨) ដោយ៥០០០ឆ្នាំ
images/articles/3185/435efedfseee.jpg
Public date : 04, Apr 2022 (575 Read)
[២៦៦] ម្នាលភិក្ខុទាំងឡាយ ធម៌ទាំងឡាយ ២ ប្រការនេះ តែងប្រព្រឹត្តទៅ ដើម្បីសេចក្តីភ្លាំងភ្លាត់ ដើម្បីសេចក្តីសាបសូន្យ នៃព្រះសទ្ធម្ម។ ធម៌ ២ ប្រការ តើដូចម្តេច។ គឺបទ និងព្យពា្ជនៈ ដែលអាចារ្យដំកល់ទុកខុសមួយ សេចក្តីដែលអាចារ្យនាំមកខុស ១។ ម្នាលភិក្ខុទាំងឡាយ បើបទ និងព្យពា្ជនៈ ដែលអាចារ្យដំកល់ទុកខុសហើយ រូបសេចកី្ត ដែលអាចារ្យនាំមក ក៏ខុសដែរ។ ម្នាលភិក្ខុទាំងឡាយ ធម៌ទាំង ២ ប្រការនេះ តែងប្រព្រឹត្តទៅ ដើម្បីសេចក្តីភ្លាំងភ្លាត់ ដើម្បីសេចក្តីសាបសូន្យ នៃព្រះសទ្ធម្ម។ ម្នាលភិក្ខុទាំងឡាយ ធម៌ទាំង ២ ប្រការនេះ តែងប្រព្រឹត្តទៅ ដើម្បីឋិតថេរ មិនភ្លាំងភ្លាត់ មិនសាបសូន្យ នៃព្រះសទ្ធម្ម។ ធម៌ ២ ប្រការ តើដូចម្តេច។ គឺបទ និងព្យពា្ជនៈ ដែលអាចារ្យដំកល់ទុកត្រូវ ១ សេចក្ដីដែលអាចារ្យនាំមកត្រូវ ១ ម្នាលភិក្ខុទាំងឡាយ បើបទ និងព្យពា្ជនៈ ដែលអាចារ្យដំកល់ទុកត្រូវហើយ សូម្បីរូបសេចកី្ត ដែលអាចារ្យនាំមក ក៏ត្រូវដែរ។ ម្នាលភិក្ខុទាំងឡាយ ធម៌ទាំង ២ ប្រការនេះ តែងប្រព្រឹត្តទៅ ដើម្បីឋិតថេរ មិនភ្លាំងភ្លាត់ មិនសាបសូន្យ នៃព្រះសទ្ធម្មឡើយ។ ចប់ អធិករណវគ្គ ទី២។ ធម៌ ២ ប្រការនេះ ប្រព្រឹត្តទៅដើម្បីសេចក្តីភ្លាំងភ្លាត់នៃព្រះសទ្ធម្ម - បិដកភាគ_ ៤០ ទំព័រ ១៣០ ឃ្នាប ២៦៦ ដោយ៥០០០ឆ្នាំ
© Founded in June B.E.2555 by 5000-years.org (Khmer Buddhist).
បិទ
ឧបត្ថម្ភការផ្សាយធម្មទាន៥០០០ឆ្នាំ ABA 000 185 807
   នាមអ្នកមានឧបការៈចំពោះការផ្សាយ៥០០០ឆ្នាំ ៖  ✿  ឧបាសិកា កាំង ហ្គិចណៃ 2022 ✿  ឧបាសក ធី សុរ៉ិល ឧបាសិកា គង់ ជីវី ព្រមទាំងបុត្រាទាំងពីរ ✿  ឧបាសិកា អ៊ា-ហុី ឆេងអាយ រស់នៅប្រទេសស្វីស 2022 ✿  ឧបាសិកា គង់-អ៊ា គីមហេង រស់នៅប្រទេសស្វីស  2022 ✿  ឧបាសិកា សុង ចន្ថា និង លោក អ៉ីវ វិសាល ព្រមទាំងក្រុមគ្រួសារទាំងមូលមានដូចជាៈ 2022 ✿  ( ឧបាសក ទា សុង និងឧបាសិកា ង៉ោ ចាន់ខេង ✿  លោក សុង ណារិទ្ធ ✿  លោកស្រី ស៊ូ លីណៃ និង លោកស្រី រិទ្ធ សុវណ្ណាវី  ✿  លោក វិទ្ធ គឹមហុង ✿  លោក សាល វិសិដ្ឋ អ្នកស្រី តៃ ជឹហៀង ✿  លោក សាល វិស្សុត និង លោក​ស្រី ថាង ជឹង​ជិន ✿  លោក លឹម សេង ឧបាសិកា ឡេង ចាន់​ហួរ​ ✿  កញ្ញា លឹម​ រីណេត និង លោក លឹម គឹម​អាន ✿  លោក សុង សេង ​និង លោកស្រី សុក ផាន់ណា​ ✿  លោកស្រី សុង ដា​លីន និង លោកស្រី សុង​ ដា​ណេ​  ✿  លោក​ ទា​ គីម​ហរ​ អ្នក​ស្រី ង៉ោ ពៅ ✿  កញ្ញា ទា​ គុយ​ហួរ​ កញ្ញា ទា លីហួរ ✿  កញ្ញា ទា ភិច​ហួរ ) ✿  ឧបាសិកា ណៃ ឡាង និងក្រុមគ្រួសារកូនចៅ មានដូចជាៈ (ឧបាសិកា ណៃ ឡាយ និង ជឹង ចាយហេង  ✿  ជឹង ហ្គេចរ៉ុង និង ស្វាមីព្រមទាំងបុត្រ  ✿ ជឹង ហ្គេចគាង និង ស្វាមីព្រមទាំងបុត្រ ✿   ជឹង ងួនឃាង និងកូន  ✿  ជឹង ងួនសេង និងភរិយាបុត្រ ✿  ជឹង ងួនហ៊ាង និងភរិយាបុត្រ)  2022 ✿  ឧបាសិកា ទេព សុគីម 2022 ✿  ឧបាសក ឌុក សារូ 2022 ✿  ឧបាសិកា សួស សំអូន និងកូនស្រី ឧបាសិកា ឡុងសុវណ្ណារី 2022 ✿  លោកជំទាវ ចាន់ លាង និង ឧកញ៉ា សុខ សុខា 2022 ✿  ឧបាសិកា ទីម សុគន្ធ 2022 ✿   ឧបាសក ពេជ្រ សារ៉ាន់ និង ឧបាសិកា ស៊ុយ យូអាន 2022 ✿  ឧបាសក សារុន វ៉ុន & ឧបាសិកា ទូច នីតា ព្រមទាំងអ្នកម្តាយ កូនចៅ កោះហាវ៉ៃ (អាមេរិក) 2022 ✿  ឧបាសិកា ចាំង ដាលី (ម្ចាស់រោងពុម្ពគីមឡុង)​ 2022 ✿  លោកវេជ្ជបណ្ឌិត ម៉ៅ សុខ 2022 ✿  ឧបាសក ង៉ាន់ សិរីវុធ និងភរិយា 2022 ✿  ឧបាសិកា គង់ សារឿង និង ឧបាសក រស់ សារ៉េន  ព្រមទាំងកូនចៅ 2022 ✿  ឧបាសិកា ហុង គីមស៊ែ 2022 ✿  ឧបាសិកា រស់ ជិន 2022 ✿  Mr. Maden Yim and Mrs Saran Seng  ✿  ភិក្ខុ សេង រិទ្ធី 2022 ✿  ឧបាសិកា រស់ វី 2022 ✿  ឧបាសិកា ប៉ុម សារុន 2022 ✿  ឧបាសិកា សន ម៉ិច 2022 ✿  ឃុន លី នៅបារាំង 2022 ✿  ឧបាសិកា លាង វួច  2022 ✿  ឧបាសិកា ពេជ្រ ប៊ិនបុប្ផា ហៅឧបាសិកា មុទិតា និងស្វាមី ព្រមទាំងបុត្រ  2022 ✿  ឧបាសិកា សុជាតា ធូ  2022 ✿  ឧបាសិកា ស្រី បូរ៉ាន់ 2022 ✿  ឧបាសិកា ស៊ីម ឃី 2022 ✿  ឧបាសិកា ចាប ស៊ីនហេង 2022 ✿  ឧបាសិកា ងួន សាន 2022 ✿  ឧបាសក ដាក ឃុន  ឧបាសិកា អ៊ុង ផល ព្រមទាំងកូនចៅ 2022 ✿  ឧបាសិកា ឈង ម៉ាក់នី ឧបាសក រស់ សំណាង និងកូនចៅ  2022 ✿  ឧបាសក ឈង សុីវណ្ណថា ឧបាសិកា តឺក សុខឆេង និងកូន 2022 ✿  ឧបាសិកា អុឹង រិទ្ធារី និង ឧបាសក ប៊ូ ហោនាង ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសិកា ទីន ឈីវ (Tiv Chhin)  2022 ✿  ឧបាសិកា បាក់​ ថេងគាង ​2022 ✿  ឧបាសិកា ទូច ផានី និង ស្វាមី Leslie ព្រមទាំងបុត្រ  2022 ✿  ឧបាសិកា ពេជ្រ យ៉ែម ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសក តែ ប៊ុនគង់ និង ឧបាសិកា ថោង បូនី ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសិកា តាន់ ភីជូ ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសក យេម សំណាង និង ឧបាសិកា យេម ឡរ៉ា ព្រមទាំងបុត្រ  2022 ✿  ឧបាសក លី ឃី នឹង ឧបាសិកា  នីតា ស្រឿង ឃី  ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសិកា យ៉ក់ សុីម៉ូរ៉ា ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសិកា មុី ចាន់រ៉ាវី ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសិកា សេក ឆ វី ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសិកា តូវ នារីផល ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសក ឌៀប ថៃវ៉ាន់ 2022 ✿  ឧបាសក ទី ផេង និងភរិយា 2022 ✿  ឧបាសិកា ឆែ គាង 2022 ✿  ឧបាសិកា ទេព ច័ន្ទវណ្ណដា និង ឧបាសិកា ទេព ច័ន្ទសោភា  2022 ✿  ឧបាសក សោម រតនៈ និងភរិយា ព្រមទាំងបុត្រ  2022 ✿  ឧបាសិកា ច័ន្ទ បុប្ផាណា និងក្រុមគ្រួសារ 2022 ✿  ឧបាសិកា សំ សុកុណាលី និងស្វាមី ព្រមទាំងបុត្រ  2022 ✿  លោកម្ចាស់ ឆាយ សុវណ្ណ នៅអាមេរិក 2022 ✿  ឧបាសិកា យ៉ុង វុត្ថារី 2022 ✿  លោក ចាប គឹមឆេង និងភរិយា សុខ ផានី ព្រមទាំងក្រុមគ្រួសារ 2022 ✿  ឧបាសក ហ៊ីង-ចម្រើន និង​ឧបាសិកា សោម-គន្ធា 2022 ✿  ឩបាសក មុយ គៀង និង ឩបាសិកា ឡោ សុខឃៀន ព្រមទាំងកូនចៅ  2022 ✿  ឧបាសិកា ម៉ម ផល្លី និង ស្វាមី ព្រមទាំងបុត្រី ឆេង សុជាតា 2022 ✿  លោក អ៊ឹង ឆៃស្រ៊ុន និងភរិយា ឡុង សុភាព ព្រមទាំង​បុត្រ 2022 ✿  ឧបាសិកា លី យក់ខេន និងកូនចៅ 2022 ✿   ឧបាសិកា អូយ មិនា និង ឧបាសិកា គាត ដន 2022 ✿  ឧបាសិកា ខេង ច័ន្ទលីណា 2022 ✿  ឧបាសិកា ជូ ឆេងហោ 2022 ✿  ឧបាសក ប៉ក់ សូត្រ ឧបាសិកា លឹម ណៃហៀង ឧបាសិកា ប៉ក់ សុភាព ព្រមទាំង​កូនចៅ  2022 ✿  ឧបាសិកា ពាញ ម៉ាល័យ និង ឧបាសិកា អែប ផាន់ស៊ី  ✿  ឧបាសិកា ស្រី ខ្មែរ  ✿  ឧបាសក ស្តើង ជា និងឧបាសិកា គ្រួច រាសី  ✿  ឧបាសក ឧបាសក ឡាំ លីម៉េង ✿  ឧបាសក ឆុំ សាវឿន  ✿  ឧបាសិកា ហេ ហ៊ន ព្រមទាំងកូនចៅ ចៅទួត និងមិត្តព្រះធម៌ និងឧបាសក កែវ រស្មី និងឧបាសិកា នាង សុខា ព្រមទាំងកូនចៅ ✿  ឧបាសក ទិត្យ ជ្រៀ នឹង ឧបាសិកា គុយ ស្រេង ព្រមទាំងកូនចៅ ✿  ឧបាសិកា សំ ចន្ថា និងក្រុមគ្រួសារ ✿  ឧបាសក ធៀម ទូច និង ឧបាសិកា ហែម ផល្លី 2022 ✿  ឧបាសក មុយ គៀង និងឧបាសិកា ឡោ សុខឃៀន ព្រមទាំងកូនចៅ ✿  អ្នកស្រី វ៉ាន់ សុភា ✿  ឧបាសិកា ឃី សុគន្ធី ✿  ឧបាសក ហេង ឡុង  ✿  ឧបាសិកា កែវ សារិទ្ធ 2022 ✿  ឧបាសិកា រាជ ការ៉ានីនាថ 2022 ✿  ឧបាសិកា សេង ដារ៉ារ៉ូហ្សា ✿  ឧបាសិកា ម៉ារី កែវមុនី ✿  ឧបាសក ហេង សុភា  ✿  ឧបាសក ផត សុខម នៅអាមេរិក  ✿  ឧបាសិកា ភូ នាវ ព្រមទាំងកូនចៅ ✿  ក្រុម ឧបាសិកា ស្រ៊ុន កែវ  និង ឧបាសិកា សុខ សាឡី ព្រមទាំងកូនចៅ និង ឧបាសិកា អាត់ សុវណ្ណ និង  ឧបាសក សុខ ហេងមាន 2022 ✿  លោកតា ផុន យ៉ុង និង លោកយាយ ប៊ូ ប៉ិច ✿  ឧបាសិកា មុត មាណវី ✿  ឧបាសក ទិត្យ ជ្រៀ ឧបាសិកា គុយ ស្រេង ព្រមទាំងកូនចៅ ✿  តាន់ កុសល  ជឹង ហ្គិចគាង ✿  ចាយ ហេង & ណៃ ឡាង ✿  សុខ សុភ័ក្រ ជឹង ហ្គិចរ៉ុង ✿  ឧបាសក កាន់ គង់ ឧបាសិកា ជីវ យួម ព្រមទាំងបុត្រនិង ចៅ ។   ✿ ✿ ✿  លោកអ្នកអាចជួយទ្រទ្រង់ដំណើរការផ្សាយ ៥០០០ឆ្នាំ សម្រាប់ឆ្នាំ២០២២  ដើម្បីគេហទំព័រ៥០០០ឆ្នាំ មានលទ្ធភាពពង្រីកនិងបន្តការផ្សាយ ។  សូមបរិច្ចាគទាន មក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987   ✿ ✿ ✿     សូមអរព្រះគុណ និង សូមអរគុណ ។...       ✿  ✿  ✿