images/articles/3206/____________________________________.jpg
Public date : 15, Mar 2022 (605 Read)
អ្នកចូរមើលនូវអត្តភាព ដែលធើ្វឲ្យវិចិត្រ ជាទីប្រជុំនៃដំបៅដែលតាំងឡើងព្រមហើយ (ដោយឆ្អឹង ៣០០ កំណាត់) ជាអត្តភាពក្ដៅក្រហាយ ដែលជនពាលត្រិះរិះដោយច្រើន ជាអត្តភាពមិនទៀងទាត់ឋិតថេរ។ អ្នកចូរមើលនូវរូប ដែលធើ្វឲ្យវិចិត្រដោយកែវមណី និងកណ្ឌល ដែលឆ្អឹង និងស្បែករួបរឹតហើយ (រូបនោះ) រមែងល្អដោយសារសំពត់ទាំងឡាយ។ ជើងទាំងឡាយ លាបដោយល័ខស្រស់ មុខលាបដោយគ្រឿងលំអិត អាចញ៉ាំងជនពាលឲ្យវង្វេង តែមិនអាចញ៉ាំងបុគ្គលអ្នកស្វែងរកនូវត្រើយ គឺព្រះនិព្វានឲ្យវង្វេងបានទេ។ សក់ទាំងឡាយ ដែលគេរចនាដូចជាក្រឡាចតុរង្គ ភ្នែកទាំងឡាយ លាបដោយថ្នាំសម្រាប់បន្តក់ភ្នែក អាចញ៉ាំងជនពាលឲ្យវង្វេង តែមិនអាចញ៉ាំងបុគ្គលអ្នកស្វែងរកនូវត្រើយ គឺព្រះនិព្វានឲ្យវង្វេងបានឡើយ។
កាយស្អុយដែលគេតាក់តែងហើយ ដូចជានាឡិសម្រាប់ដាក់ថ្នាំបន្តក់ ដែលគេវិចិត្រហើយថ្មី ៗ អាចញ៉ាំងជនពាលឲ្យវង្វេង តែមិនអាចញ៉ាំងបុគ្គលអ្នកស្វែងរកនូវត្រើយ គឺព្រះនិពា្វនឲ្យវង្វេងបានឡើយ។ ព្រានម្រឹគដាក់នូវអន្ទាក់ ម្រឹគក៏មិនបានប៉ះពាល់នូវអន្ទាក់ ហើយស៊ីនូវចំណី កាលដែលព្រានម្រឹគកំពុងកន្ទក់កន្ទេញ (ក៏បោលចេញទៅ យ៉ាងណាមិញ) ពួកយើងក៏ដើរចេញទៅ (យ៉ាងនោះដែរ)។
អន្ទាក់របស់ព្រានម្រឹគដាច់ហើយ ម្រឹគក៏មិនប៉ះពាល់នូវអន្ទាក់ ហើយស៊ីនូវចំណី កាលព្រានម្រឹគកំពុងសោកស្ដាយ (ក៏បោលចេញទៅ យ៉ាងណាមិញ) ពួកយើងក៏ដើរចេញទៅ (យ៉ាងនោះដែរ)។ អាត្មាបានឃើញនូវមនុស្សទាំងឡាយ បរិបូណ៌ដោយទ្រព្យសម្បត្តិក្នុងលោក (ពួកមនុស្សទាំងនោះ) លុះបានទ្រព្យគាប់ចិត្តហើយ មិនឲ្យ (ដល់បុគ្គលណាមួយឡើយ) ព្រោះតែសេចក្តីវង្វេង។ ពួកមនុស្សបានទ្រព្យហើយ ក៏ធើ្វនូវការសន្សំទុក ទាំងប្រាថ្នាក្នុងកាមដ៏លើសលុប។ ព្រះរាជាឈ្នះនូវផែនដី ដែលព្រះអង្គរឹបជាន់បានហើយ នៅគ្រប់គ្រងផែនដី មានសាគរជាទីបំផុត មានសភាពមិនឆ្អែតនឹងត្រើយសមុទ្រខាងអាយ ក៏ប្រាថ្នានូវត្រើយសមុទ្រខាងនាយ។ ព្រះរាជាក្តី ពួកមនុស្សដទៃច្រើននាក់ក្តី មិនទាន់ប្រាសចាកតណ្ហា រមែងដល់នូវសេចក្តីស្លាប់ គឺថាជាអ្នកមានសេចក្តីខ្វះខាត លះបង់រាងកាយ ព្រោះថាសេចក្តីឆ្អែតដោយកាមទាំងឡាយក្នុងលោកមិនមាន។
ពួកញាតិរំសាយសក់ កន្ទក់កន្ទេញ ចំពោះបុគ្គលដែលស្លាប់ហើយនោះ ទាំងបាននិយាយថា ធើ្វម្ដេចហ្ន៎ ញាតិរបស់យើងទាំងឡាយ កុំស្លាប់វិញ ក៏នាំខ្មោចនោះ ដែលរុំដោយសំពត់ ទៅកាន់ជើងថ្ករ ប្រជុំគ្នាដុតក្នុងទីនោះ។ បុគ្គលដែលស្លាប់នោះ ត្រូវពួកអ្នកដុតចាក់ដោយឈើសូល ដុតបុគ្គលនោះ លះបង់នូវភោគៈទាំងឡាយ មានតែសំពត់មួយស្លាប់ទៅ ញាតិទាំងឡាយក្តី មិត្រទាំងឡាយក្តី ឬសម្លាញ់ទាំងឡាយក្តី ជាទីពឹងមិនមានទេ។
ពួកទាយាទ (អ្នកត្រូវទទួលមត៌ក) រមែងនាំទៅនូវទ្រព្យរបស់សត្វដែលស្លាប់នោះ ចំណែកសត្វដែលស្លាប់នោះ ក៏ទៅតាមយថាកម្ម ទ្រព្យតិចតួច កូនប្រពន្ធ មាសប្រាក់ និងដែន ក៏មិនមែនជាប់តាមសត្វដែលស្លាប់នោះទេ។ បុគ្គលមិនមែនបាននូវអាយុវែង ដោយសារទ្រព្យទេ ទាំងមិនមែនកំចាត់បង់នូវជរា ដោយសារទ្រព្យបានទេ ព្រោះថា អ្នកប្រាជ្ញទាំងឡាយ បានពោលនូវជីវិតនោះថា តិច មិនទៀង មានការប្រែប្រួលទៅជាធម្មតា។
ជនទាំងឡាយ អ្នកស្ដុកស្ដម្ភ និងអ្នកទាល់ក្រ រមែងប៉ះពាល់នូវផស្សៈ (មិនជាទីប្រាថ្នា) បុគ្គលពាល និងអ្នកប្រាជ្ញ រមែងប៉ះពាល់ដូចគ្នា ប៉ុន្តែបុគ្គលពាល បើមានសេចក្តីទុក្ខបៀតបៀនហើយ រមែងដេក (សោកស្ដាយ) ព្រោះភាវៈនៃខ្លួនពាល ឯអ្នកប្រាជ្ញ បើទុកជាប៉ះពាល់នូវផស្សៈក៏មិនបានញាប់ញ័រ។ ព្រោះហេតុនោះ បុគ្គលបាននូវព្រះនិព្វាន ជាទីបំផុតនៃភព ក្នុងលោកនេះ ដោយបញ្ញាណា បញ្ញានោះ ជាធម្មជាតិប្រសើរជាទ្រព្យ ដ្បិតបុគ្គលទាំងឡាយ មិនទាន់បានសម្រេចប្រយោជន៍ រមែងធើ្វនូវបាបកម្មទាំងឡាយ ក្នុងភពតូច និងភពធំ ព្រោះតែមោហៈ។
បុគ្គលណា (បានធើ្វបាបកម្ម) ក៏ដល់នូវការអន្ទោលទៅមក រមែងចូលទៅកាន់គភ៌ និងបរលោក បុគ្គលអ្នកអប្បប្រាជ្ញា (ឯទៀត) កាលបើជឿបុគ្គលអ្នកធើ្វបាបកម្មនោះ ក៏ទៅកាន់គភ៌ និងបរលោក។ ចោរអ្នកមានធម៌ដ៏លាមក ដែលគេចាប់បានត្រង់មុខតំណ [គេចាប់បានត្រង់កន្លែងជញ្ជាំងដែលខ្លួនបោះ ឬកាត់នោះ។] (នៃផ្ទះ) រមែងក្តៅក្រហាយដោយកម្មរបស់ខ្លួន យ៉ាងណាមិញ សត្វអ្នកមានធម៌ដ៏លាមក លុះស្លាប់ទៅ រមែងក្តៅក្រហាយក្នុងលោកខាងមុខ ដោយកម្មរបស់ខ្លួន ក៏យ៉ាងនោះដែរ។
កាមទាំងឡាយដ៏វិចិត្រ មានរសឆ្ងាញ់ ជាទីរីករាយនៃចិត្ត តែងញាំញីចិត្តដោយសភាពផ្សេង ៗ បពិត្រមហារាជ ហេតុនោះ អាត្មាភាព ឃើញទោសក្នុងកាមគុណទាំងឡាយ ទើបចេញទៅបួស។ សត្វទាំងឡាយ ទោះក្មេងក្តី ចាស់ក្តី តែងបែកធ្លាយនូវសរីរៈ ដូចជាផ្លែឈើជ្រុះ (ចាកដើម) បពិត្រមហារាជ អាត្មាភាព បានឃើញនូវរបស់មិនទៀងនេះឯង បានជាចេញបួស ភាពជាសមណៈ មិនសូវខុសភ្លាត់ ជារបស់ប្រសើរលើសលុប។
អាត្មាភាពបួសដោយសទ្ធា បានប្រកបសេចក្តីប្រតិបត្តិ ក្នុងសាសនានៃព្រះជិនស្រី បព្វជ្ជារបស់អាត្មាភាព មិនមានទោស អាត្មាភាពបរិភោគភោជន មិនមានបំណុលទេ។ អាត្មាភាព ឃើញនូវកាមទាំងឡាយ ហាក់ដូចជាភ្លើងឆេះសព្វហើយ ឃើញនូវជាតរូប ហាក់ដូចជាគ្រឿងសស្រ្ដាវុធ ឃើញហេតុនាំមកនូវទុក្ខ តាំងតែអំពីការចុះចាប់បដិសន្ធិក្នុងគភ៌ ឃើញនូវភ័យធំក្នុងនរកទាំងឡាយ។
អាត្មាភាព ឃើញនូវទោសនេះឯង ក៏បាននូវសេចក្តីសំវេគ ក្នុងកាលនោះ អាត្មាភាពហ្នឹងឯង ជាអ្នកត្រូវសរមុតហើយ ក្នុងកាលនោះ (ឥឡូវនេះ) បានដល់ហើយនូវការអស់ទៅនៃអាសវៈ។ ព្រះសាស្តា អាត្មាភាព បានបម្រើហើយ ព្រះពុទ្ធសាសនា អាត្មាភាពក៏បានធើ្វហើយ ភារៈដ៏ធ្ងន់ អាត្មាភាពបានដាក់ចុះហើយ តណ្ហាជាគ្រឿងនាំសត្វទៅកាន់ភព អាត្មាភាពបានដកចោលហើយ។ កុលបុត្របានចេញចាកផ្ទះ ចូលមកកាន់ផ្នួស ដើម្បីប្រយោជន៍ណា ប្រយោជន៍នោះ គឺការអស់ទៅនៃសំយោជនៈទាំងពួង អាត្មាភាពបានដល់ហើយ។
(សុត្តន្តបិដក ខុទ្ទកនិកាយ ថេរីគាថា ចត្តាឡីសនិបាត បិដកលេខ ៥៧ ទំព័រ ២១៨)
ដោយ៥០០០ឆ្នាំ
images/articles/3205/________________________.jpg
Public date : 15, Mar 2022 (564 Read)
ព្រះសាស្តាកាលស្តេចគង់នៅវត្តជេតពន ទ្រង់ប្រារព្ធឧបេាសថកម្ម បានត្រាស់ព្រះធម្មទេសនានេះ មានពាក្យថា កឹឆន្ទេា កិមធិប្បាយេា ដូច្នេះជាដេីម ។ ថ្ងៃមួយ ព្រះសាស្តាត្រាស់សួរឧបាសក ឧបាសិកាទាំងឡាយជាច្រេីន ដែលជាអ្នករក្សាឧបេាសថ មកដេីម្បីស្តាប់ធម៌ អង្គុយក្នុងធម្មសភាថា ម្នាលឧបាសក ឧបាសិកាទាំងឡាយ អ្នកទាំងឡាយជាអ្នកប្រកបដេាយឧបេាសថឬ ? កាលឧបាសក ឧបាសិកាទាំងឡាយទូលថាពិតមែនហេីយ ព្រះអង្គ ។ ព្រះមានព្រះភាគត្រាស់ថា ឧបេាសថដែលអ្នកទាំងឡាយបានធ្វេីដេាយរក្សានេះ ល្អប្រពៃហេីយ សូម្បីបេារាណជនទាំងឡាយបានទទួលយសដ៏ធំ ក៏ដេាយផលនៃឧបេាសថកម្មកន្លះថ្ងៃដែរ ។
កាលឧបាសក ឧបាសិកាទាំងឡាយ ទូលសូមអារាធនាហេីយ ព្រះសាស្តានាំអតីតនិទានមកថា៖ ក្នុងអតីតកាល កាលព្រះបាទព្រហ្មទត្តសេាយរាជសម្បតិ្ត ដេាយធម៌ ក្នុងនគរពារាណសី ព្រះរាជានេាះមានសទ្ធា ជាអ្នកមិនប្រមាទក្នុងទាន សីល និងឧបេាសថកម្ម ។
ព្រះរាជា ញាុំងជនដ៏សេសមានអាមាត្យទាំងឡាយជាដេីម ឲ្យសមាទាននូវកុសលមានទានជាដេីម ។ ចំណែកបុរេាហិតរបស់ព្រះអង្គ ជាអ្នកប្រព្រឹត្តសុីសាច់ខ្នងរបស់អ្នកដទៃ ជាអ្នកសុីសំណូក ជាអ្នកវិនិច្ឆ័យក្តីកេាង ។ ក្នុងថ្ងៃឧបេាសថមួយ ព្រះរាជាត្រាស់ឲ្យហៅអាមាត្យទាំងឡាយមក ហេីយទ្រង់ត្រាស់ថា អ្នកទាំងឡាយចូររក្សាឧបេាសថ ។ បុរេាហិតនេាះមិនបានសមាទានឧបេាសថឡេីយ ។ គ្រានេាះ កាលព្រះរាជាកំពុងសួរពួកអាមាត្យថា អ្នកទាំងឡាយរក្សាឧបេាសថហេីយឬ ? ទេីបត្រាស់សួរបុរេាហិតនេាះដែលទទួលសំណូក និងកាត់ក្តីកេាងក្នុងពេលថ្ងៃ ដែលមកកាន់ទីគាល់ថា លេាកអាចារ្យរក្សាឧបេាសថហេីយឬ ។
បុរេាហិតនេាះធ្វេីមុសាវាទថា ទូលព្រះបង្គំរក្សាហេីយ រួចទេីបចុះពីប្រាសាទ ។ លំដាប់នេាះ អាមាត្យម្នាក់ចេាទបុរេាហិតនេាះថា លេាកមិនបានរក្សាឧបេាសថមិនមែនឬ ។ បុរេាហិតនិយាយកែថា ខ្ញុំបរិភេាគអាហារតែក្នុងកាលប៉ុណ្ណេាះ ពេលទៅដល់ផ្ទះ ខ្ពុរមាត់ហេីយ អធិដ្ឋានឧបេាសថ ខ្ញុំនឹងមិនបរិភេាគអាហារក្នុងល្ងាចទេ នឹងរក្សាសីលអស់រាត្រី ដេាយអាការយ៉ាងនេះ ឧបេាសថកម្មកន្លះថ្ងៃនឹងមានដល់ខ្ញុំ ។ អាមាត្យម្នាក់នេាះពេាលថា ល្អគ្រាន់ លេាកអាចារ្យ ។ បុរេាហិតនេាះទៅដល់ផ្ទះហេីយ ក៏បានធ្វេីយ៉ាងនេាះ ។ ថ្ងៃមួយ កាលបុរេាហិតនេាះ អង្គុយវិនិច្ឆ័យក្តីក្នុងសាលាវិនិច្ឆ័យ មានស្ត្រីអ្នកមានសីលម្នាក់មកស្តាប់ការកាត់ក្តី នាងមិនបានឱកាសដេីម្បីនឹងទៅផ្ទះ ទេីបគិតថា យេីងនឹងមិនកន្លងនូវឧបេាសថកម្មឡេីយ ដូច្នេះហេីយ កាលដែលវេលាចូលទៅកាន់ទីជិតផុតហេីយ ក៏ប្រារព្ធដេីម្បីនឹងខ្ពុរមាត់ ។
ក្នុងខណៈនេាះ មានគេនាំចំណិតស្វាយទុំមកឲ្យព្រាហ្មណ៍បុរេាហិត ។ បុរេាហិតនេាះដឹងភាពជាអ្នករក្សាឧបេាសថរបស់ស្ត្រីនេាះ ក៏ឲ្យដល់នាង ដេាយពេាលថា នាងចូរបរិភេាគចំណិតស្វាយទុំនេះហេីយ ចូររក្សាឧបេាសថចុះ ។ ស្ត្រីនេាះក៏បានធ្វេីយ៉ាងនេាះ ។ កុសលកម្មរបស់ព្រាហ្មណ៍បុរេាហិតមានត្រឹមតែប៉ុណ្ណឹងឯង ។
ចំណេរកាលតមក បុរេាហិតនេាះធ្វេីកាលកិរិយា បានទៅកេីតលេីអលង្កតសិរិសយនៈក្នុងវិមានមាស លេីភូមិភាគដែលដល់ព្រមដេាយសេាភ័ណភាព ក្នុងព្រៃស្វាយដែលគួរ រីករាយ ដែលមានប្រមាណ ៣ យេាជន៍ នៅនឹងច្រាំងកេាសិកិគង្គានទី ក្នុងហិមវន្តប្រទេស ហាក់ដូចជា ទេីបភ្ញាក់ពីដេក មានរូបដ៏ស្រស់ស្អាត មានទេវកញ្ញា ១៦០០០ ប្រដាប់ដេាយគ្រឿងអលង្ការជាបរិវារ ។ ទេវបុត្រនេាះបានសេាយសិរីសម្បត្តិនេាះតែក្នុងពេលរាត្រីប៉ុណ្ណេាះ ។
ពិតមែនហេីយ ទេវបុត្រនេាះបានសេាយវិបាកដូចគ្នានឹងកម្ម ដែលខ្លួនបានធ្វេីដេាយភាពជាវេមានិកប្រេត ព្រេាះហេតុនេាះ កាលអរុណរះឡេីង ទេវបុត្រចូលទៅកាន់អម្ពវ័ន ក្នុងខណៈដែលចូលទៅនេាះឯង អត្តភាពជាទិព្វក៏អន្តរធានបាត់ទៅ អត្តភាពដែលមានប្រមាណប៉ុនដេីមត្នេាត កម្ពស់ ៨០ ហត្ថ កេីតឡេីង សរីរៈទាំងអស់ឆេះឡេីង ហាក់ដូចជាដេីមចារដែលមានផ្ការីកស្គុះស្គាយ ។ ក្នុងដៃទាំងពីរ ម្រាមដៃនីមួយៗ មានក្រចកធំប្រមាណប៉ុនចបកាប់អាធំ ។ ទេវបុត្រយកក្រចកនេាះខ្វារហែកសាច់ខ្នងខ្លួនឯង មកបរិភេាគ កាលដល់នូវទុក្ខវេទនា ទេីបស្រែកយំខ្លាំងៗ សេាយសេចក្តីទុក្ខយ៉ាងនេះ ។
កាលព្រះអាទិត្យអស្តង្គតទៅ សរីរៈនេាះក៏អន្តរធានទៅ សរីរៈជាទិព្វបានកេីតឡេីង មានស្ត្រីរបាំជាទិព្វដែលប្រដាប់ដេាយគ្រឿងអលង្ការ កាន់គ្រឿងតន្ត្រីផ្សេងៗ មកចេាមរេាម ។ ទេវបុត្រនេាះ កាលនឹងសេាយមហាសម្បត្តិ ក៏ឡេីងកាន់ប្រាសាទជាទិព្វ ក្នុងអម្ពវ័ន ដែលជាទីគួររីករាយ ។
វេមានិកប្រេតនេាះ បានអម្ពវ័នដែលមានទំហំ ៣ យេាជន៍នេះ ដេាយផលនៃការឲ្យផ្លែស្វាយដល់ស្ត្រីអ្នករក្សាឧបេាសថ, ចំណែកការខ្វះហែកសាច់ខ្នង មកបរិភេាគនេះ ដេាយផលកម្មនៃការទទួលសំណូក និងកាត់ក្តីកេាង, ការបានសេាយទិព្វសម្បត្តិក្នុងពេលរាត្រី និងមានស្ត្រីរបាំ ១៦០០០ ចេាមរេាមបម្រេីនេះ ដេាយផលនៃឧបេាសថកន្លះថ្ងៃ ។
ក្នុងកាលនេាះ ព្រះរាជាពារាណសីឃេីញទេាសក្នុងកាមទាំងឡាយ ហេីយបួសជាឥសី សាងបណ្ណសាលា លេីភូមិភាគជាទីរីករាយ នៅចំណែកខាងក្រេាមទន្លេគង្គា ញាុំងអត្តភាពឲ្យប្រព្រឹត្តទៅដេាយឧពា្ឆាចរិយា (ការត្រាច់បិណ្ឌបាតចិពាឹ្ចមជីវិត) ។ ថ្ងៃមួយ ផ្លែស្វាយទុំប៉ុនក្អមអាធំ ដែលនៅក្នុងព្រៃស្វាយនេាះ ធ្លាក់ចុះទន្លេគង្គា ហេីយហូរអណ្តែតតាមខ្សែទឹក មកដល់ទីខាងមុខកំពង់ជាទីបរិភេាគរបស់តាបសនេាះ ។ តាបសកាលជម្រះមុខ បានឃេីញស្វាយកំពុងអណ្តែតមកនៅកណ្តាលទន្លេហេីយ ចុះទៅក្នុងទឹក កាន់យកស្វាយនេាះ នាំមកអាស្រម រក្សាទុកក្នុងផ្ទះភ្លេីង យកកាំបិតមកពុះ ហេីយបរិភេាគមួយចម្អែត ចំណែកដែលនៅសល់ យកស្លឹកចេកមកគ្របទុក បន្តបន្ទាប់មក តាបសឆាន់ផ្លែស្វាយនេាះរាល់ៗ ថ្ងៃ រឿយៗរហូតទាល់តែអស់ ។
កាលស្វាយនេាះអស់ហេីយ តាបសមិនអាចនឹងបរិភេាគផលាផលដទៃ ព្រេាះជាប់ជំពាក់រសតណ្ណា ទេីបគិតថា យេីងនឹងបរិភេាគផ្លែស្វាយទុំនេាះ ដូច្នេះ ទេីបទៅកាន់ច្រាំងទន្លេ កាលសម្លឹងមេីលទន្លេ ធ្វេីសេចក្តីសន្និដ្ឋានថា បេីមិនបានផ្លែស្វាយ យេីងនឹងមិនក្រេាក យ៉ាងនេះហេីយអង្គុយនៅទីនេាះឯង ។ តាបសនេាះ ជាអ្នកមិនមានអាហារក្នុងទីនេាះ សូម្បីអស់ ១ថ្ងៃ ២ថ្ងៃ ៣ថ្ងៃ ៤ថ្ងៃ ៥ថ្ងៃ ៦ថ្ងៃ រហូតរាងកាយរីងស្ងួត ហួតហែង ក្រៀមក្រេាះ ដេាយខ្យល់ និងកម្តៅ អង្គុយសម្លឹងរកមេីលផ្លែស្វាយប៉ុណ្ណេាះ ។
លំដាប់នេាះ ក្នុងថ្ងៃទី ៧ នទីទេវតាកាលពិចារណាឭ បានដឹងហេតុនេាះ ហេីយគិតថា តាបសនេះ ជាអ្នកលុះក្នុងអំណាចតណ្ហា មិនបរិភេាគអាហារអស់ ៧ ថ្ងៃ មកអង្គុយសម្លឹងមេីលទន្លេគង្គា កាលដែលយេីងមិនឲ្យផ្លែស្វាយទុំដល់តាបសនេះ រមែងមិនគួរ កាលតាបសនេហមិនបានផ្លែស្វាយ គេនឹងស្លាប់ ចឹងយេីងនឹងឲ្យដល់គេ ដូច្នេះទេីបមក ហេីយឋិតនៅលេីអាកាសខាងលេីទន្លេគង្គា កាលចរចាមួយអន្លេីដេាយតាបសនេាះ ទេីបពេាលគាថាទី ១ ថា៖ បពិត្រព្រាហ្មណ៍ លេាកពេញចិត្តនឹងអ្វី ប៉ុនប៉ងអ្វី ប្រាថ្នាអ្វី ស្វែងរកអ្វី ទេីបអង្គុយម្នាក់ឯងក្នុងរដូវក្តៅ ដេាយប្រយេាជន៍អ្វី ។ នាងទេពធីតាហៅតាបសនេះថា ព្រាហ្មណ៍ ព្រេាះលេាកបួសហេីយ អធិប្បាយថា ម្នាលព្រាហ្មណ៍ លេាកប្រាថ្នាអ្វី គិតដល់អ្វី ចង់បានអ្វី ស្វែងរកអ្វី ត្រូវការអ្វី លេាកទេីបមកអង្គុយសម្លឹងមេីលទន្លេគង្គាត្រង់ច្រាំងទន្លេនេះ ។
តាបសស្តាប់ពាក្យនេាះហេីយ ក៏ពេាល ៩ គាថា ថា៖ ក្អមដាក់នូវទឹកដ៏ធំ មានទ្រង់ទ្រាយស្អាតបាត មានឧបមាយ៉ាងណា ផ្លែស្វាយទុំដ៏ឧត្តម ដេាយពណ៌ និងក្លិន និងរស ក៏មានឧបមេយ្យយ៉ាងនេាះ ។ ម្នាលនាងមានអវយៈត្រង់កណ្តាល (ចង្កេះ) មិនមានមន្ទិល អាត្មាបានឃេីញផ្លែស្វាយនេាះ អណ្តែតតាមខ្សែទឹក ក៏ចាប់ផ្លែស្វាយនេាះដេាយដៃទាំងពីរ ហេីយនាំយកទៅកាន់រេាងបូជាភ្លេីង ។ លំដាប់នេាះ អាត្មាបានដាក់ផ្លែស្វាយលេីស្លឹកចេកទាំងឡាយដេាយខ្លួនឯង ចិតនូវផ្លែស្វាយនេាះដេាយកាំបិតបហេីយ (ឆាន់) ផ្លែស្វាយនេាះ នាំចេញនូវសេចក្តីស្រេកឃ្លានរបស់អាត្មាបាន ។
អាត្មានេាះប្រាសចាកសេចក្តីក្រវល់ក្រវាយ លុះផ្លែស្វាយអស់ហេីយ ក៏អត់ទ្រាំបានដេាយលំបាក មិនបានសេចក្តីត្រេកអរ ក្នុងផ្លែឈេីទាំងឡាយឯទៀតណាមួយ ។ ផ្លែស្វាយនេាះ នឹងនាំមកនូវសេចក្តីស្លាប់ ដល់អាត្មាដេាយពិត ព្រេាះរីងស្គម ព្រេាះផ្លែស្វាយមានរសឆ្ងាញ់ មានរសផ្អែមលេីសលប់ ជាទីពេញចិត្ត ។ អាត្មាស្រង់ផ្លែស្វាយ ដែលកំពុងអណ្តែតក្នុងអន្លង់ដ៏ធំអំពីស្ទឹង អាត្មានៅ (ដេាយសេចក្តីស្រេកឃ្លាន) ព្រេាះហេតុណា ហេតុនេាះទាំងអស់ អាត្មាបានប្រាប់ដល់នាង ។ អាត្មាអង្គុយអាស្រ័យនូវស្ទឹងជាទីរីករាយ ស្ទឹងនេហ ធំទូលាយប្រកបដេាយត្រី នាងកុំអាលរត់ទៅ ចូរប្រាប់ខ្លួននេាះ ដល់អាត្មាសិន ។
ម្នាលនាងកល្យាណី នាងជាអ្វី ម្នាលនាងមានអវយវៈត្រង់កណ្តាល (ចង្កេះ) ដ៏ល្អ នាងមានរូបដូចកតម្បារមាសដ៏រលីង (មានដំណេីរ) ដូចជាកូនខ្លាដែលកេីតក្នុងញកភ្នំ (មកក្នុងទីនេះ) ដេីម្បីអ្វី ។ នាងនារីទាំងឡាយណា ជាអ្នកបម្រេីពួកទេវតា ក្នុងទេវតាទាំងឡាយផង ្រសីទាំងឡាយណាប្រកបដេាយរូប ក្នុងមនុស្សលេាកផង ស្រីទាំងឡាយនេាះ ប្រាកដស្មេីដេាយរូបនៃនាងមិនមាន ក្នុងទេវគន្ធព្វ និងមនុស្សលេាកឡេីយ ម្នាលនាងមានអវយវៈខាងដេីម (ភ្លៅ) ដ៏ល្អ អាត្មាសួរហេីយ ចូរប្រាប់នាម និងគេាត្រផង ផៅពង្សទាំងឡាយផង ។
លំដាប់នេាះ ទេវធីតា ក៏ពេាល ៨ គាថា ថា៖ បពិត្រព្រាហ្មណ៍ លេាកគង់នៅអា្រស័យស្ទឹងឈ្មេាះកេាសិកីជាទីរីករាយណា ខ្ញុំមានលំនៅត្រង់ខ្សែទឹកដ៏កាច មានអន្លង់ជាទីហូរនៅនៃទឹកដ៏ប្រសេីរ អាស្រ័យនៅហេីយ (ក្នុងស្ទឹងនេាះ) ។ ព្រេាះភ្នំដ៏ច្រេីន កុះករដេាយឈេីផ្សេងៗ រមែងមានក្នុងទីចំពេាះមុខខ្ញុំ រមែងហូរទៅ ក្នុងរដូវភ្លៀង ។ ម្យ៉ាងទៀត ស្ទឹងដ៏ច្រេីន មានទឹកហូរចេញអំពីព្រៃ ទ្រទ្រង់នូវគំនរទឹកដ៏ខៀវ ស្ទឹងដ៏ច្រេីនមានរូបភាពដូចជានាគ រមែងញុាំងខ្ញុំឲ្យពេញដេាយទឹក ។
ដេីមស្វាយ ដេីមព្រីង ដេីមខ្នុរសម្ល ដេីមក្ទុម្ព ដេីមត្នេាតនិងដេីមល្វា ផលជាតទាំងឡាយ ដ៏ច្រេីន រមែងចូលទៅកាន់ស្ទឹងទាំងនេាះរឿយៗ ។ ផ្លែឈេីណាមួយ នៅក្បែរមាត់ច្រាំងទាំងពីរ រមែងជ្រុះទៅក្នុងទឹក ផ្លែឈេីនេាះ រសាត់ទៅតាមអំណាចខ្សែទឹកដេាយឥតសង្ស័យ ។ បពិត្រលេាកជាអ្នកប្រាជ្ញ មានប្រាជ្ញាច្រេីន លេាកជ្រាបហេតុនុ៎ះហេីយ សូមស្តាប់ ពាក្យខ្ញុំចុះ បពិត្រព្រះជនាធិបតី សូមលេាកកុំពេញចិត្តឡេីយ ចូរបដិសេធ នូវការជាប់ជំពាក់ដេាយតណ្ហា ។
បពិត្រព្រះរាជិសី អ្នកញាុំងដែនឲ្យចម្រេីន លេាកកំពុងចម្រេីន (ដេាយសាច់និងឈាម) ប្រាថ្នាសេចក្តីស្លាប់ ដេាយហេតុណា ខ្ញុំពុំសំគាល់នូវលេាកថា ជាអ្នកចម្រេីនដេាយប្រាជ្ញាដេាយហេតុនេាះទេ ។ បិតាទាំងឡាយ (ព្រហ្ម) និងគន្ធព្វព្រមទាំងទេវតា រមែងដឹងនូវភាពនៃបុគ្គលនេាះថាជាអ្នកលុះក្នុងអំណាចនៃតណ្ហា ម្យា៉ងទៀត ឥសីទាំងឡាយណាក្នុងលេាក ជាអ្នកមានចិត្តសង្រួមហេីយ មានតបៈ ឥសីទាំងឡាយនេាះ រមែងដឹងឥតសង្ស័យ (សូម្បី) ពួកអ្នកមានយសជាអ្នកបម្រេី (ឥសីទាំងនេាះក៏ដឹងការនេាះតៗ គ្នាទៀត) ។
កាលនទីទេវធីតា នឹងឲ្យតាបសនេាះ កេីតសេចក្តីសង្វេគទេីបពេាលយ៉ាងនេះថា ព្រហ្មដែលដល់ការរាប់ថាជាបិតា គន្ធព្វព្រមទាំងកាមាវចរទេវតា មួយអន្លេីដេាយព្រហ្មនេាះ និងពួកឥសីដែលមានចក្ខុទិព្វ រមែងដឹងបុគ្គលដែលធ្លាក់ចុះក្នុងអំណាចនៃតណ្ហា ដេាយឥតសង្ស័យ ។ តែការដែលអ្នកមានប្ញទ្ធិទាំងនេាះដឹងថា តាបសឯណេាះជាបុគ្គលធ្លាក់ចុះ ក្នុងអំណាចនៃតណ្ណា មិនជាអស្ចារ្យទេ ។ ចំណែកអ្នកបម្រេី របស់ឥសីដែលតាំងសេចក្តីព្យាយាមជាអ្នកមានយស បានដឹងព្រេាះស្តាប់ពាក្យរបស់ជនទាំងនេាះនិយាយគ្នាម្តងទៀត ។ ឈ្មេាះថា អាថ៌កំបាំងរបស់អ្នកធ្វេីបាបកម្ម រមែងមិនមាន ។
បន្ទាប់ពីនេាះមក តាបសក៏ពេាល ៤ គាថា ថា៖ បេី (នរជនណា) មិនគិតសម្លាប់បុគ្គលនេាះទេ បាបក៏មិនចម្រេីនដល់នរជននេាះ ដែលដឹងច្បាស់នូវធម៌ទាំងពួង របស់អ្នកប្រាជ្ញ យ៉ាងនេះផង ដឹងនូវការបែកធ្លាយនិងច្យុតិនៃជីវិតផង ។ ម្នាលនាងជាធំ ដែលពួកឥសីដឹងច្បាស់ហេីយ ប្រយេាជន៍នៃសត្វលេាក នាងដឹងច្បាស់ហេីយយ៉ាងនេះ នាងឈ្មេាះថាស្វែងរកនូវបាបកម្ម (ចំពេាះខ្លួន) ព្រេាះប្រទេចពាក្យមិនប្រសេីរ ។ ម្នាលនាងទេវធីតាមានត្រគាកសាយល្អ បេីយេីងស្លាប់លេីត្រេីយរបស់នាង កាលបេីយេីងស្លាប់ហេីយ តំណិះដំណៀលនឹងបានមកនាងឯង ឥតសង្ស័យឡេីយ ។ ម្នាលនាងមានអវយវៈ ត្រង់កណ្តាលដ៏ល្អ ព្រេាះហេតុនេាះ នាងឯងចូររក្សានូវកម្មអាក្រក់ កាលបេីយេីងស្លាប់ហេីយ កុំឲ្យជនទាំងអស់ជេរប្រទេចនាង ក្នុងកាលជាខាងក្រេាយឡេីយ ។
ទេពធីតាស្តាប់ពាក្យនេាះហេីយ ទេីបពេាល ៥ គាថា ថា៖ ហេតុនេះ ខ្ញុំម្ចាស់ដឹងច្បាស់ហេីយ ធម្មតាសេ្តចនេះ មិនងាយអត់ទ្រាំបានទេ ណ្ហេីយចុះ ខ្ញុំម្ចាស់នឹងប្រគេននូវខ្លួនខ្ញុំម្ចាស់ផង ប្រគេននូវស្វាយនេាះផង ដល់លេាកម្ចាស់ ត្បិតលេាកម្ចាស់បានលះបង់នូវកាមគុណទាំងឡាយ ដែលគេលះបង់បានដេាយក្រ ហេីយបានអធិដ្ឋាននូវសីល ជាគ្រឿងស្ងប់រម្ងាប់ផង នូវសុចរិតធម៌ផង ។ បុគ្គលណា លះបង់នូវចំណង់ខាងដេីម ហេីយឋិតនៅក្នុងចំណងខាងចុងផង ប្រព្រឹត្តនូវធម៌ផង បាបតែងចម្រេីនឡេីងដល់បុគ្គលនេាះ ។
សូមលេាកម្ចាស់មកចុះ ខ្ញុំម្ចាស់នឹងនាំលេាកម្ចាស់ទៅឲ្យដល់ព្រៃស្វាយនេាះ សូមលេាកម្ចាស់មានសេចក្តីខ្វល់ខ្វាយតិចដេាយពិតចុះ ខ្ញុំម្ចាស់នឹងនាំទៅដាក់ក្នុងព្រៃស្វាយដ៏ត្រជាក់នេាះ សូមលេាកម្ចាស់គង់នៅកុំមានសេចក្តីខ្វល់ខ្វាយ ។ បពិត្រអរិន្ទមៈ ព្រៃស្វាយនេាះ ពួកសត្វបក្សីមានកក្ងក់ ស្រវឹងដេាយរសនៃផ្កាឈេី ស្រែកបន្លឺឡេីងហេីយ ពួកក្រៀល ពួកក្ងេាក ជាទិព្វ ពួកសត្វស្លាបឈ្មេាះកេាលដ្ឋិ និងឈ្មេាះមធុសាឡិកៈ យំជាមួយនឹងពួកហង្ស ពួកតាវៅ ដែលនៅក្នុងព្រៃស្វាយនេាះ ក៏ញាុំងពួកសត្វទាំងនេាះឲ្យភ្ងាក់ឡេីងហេីយ ។ ដេីមស្វាយទាំងឡាយក្នុងព្រៃេនាះ មានចុងមែកដាបចុះ (ព្រេាះទម្ងន់ផ្លែ) ប្រាកដស្មេីដេាយទីលានដែលពេញដេាយកណ្តាប់ស្រូវ ដេីមដកគាំ ស្រល់ និងកទម្ពទាំងឡាយ មានចង្កេាមផ្លែសំយុងចុះ ដូចធ្លាយផ្លែត្នេាតទុំ។
លេាកពេាលអធិប្បាយថា នែតាបសដ៏ចម្រេីន បុគ្គលណាលះបង់រាជសម្បត្តិដ៏ធំហេីយមកជាប់ជំពាក់នឹងរសតណ្ហា ត្រឹមតែផ្លែស្វាយទុំ មិននឹកនាដល់ខ្យល់និងកម្តៅ អង្គុយរីងរៃនៅនឹងច្រាំងទន្លេ បុគ្គលនេាះកាលឆ្លងមហាសមុទ្រ ប្រៀបដូចបុគ្គលដែលអង្គុយនៅទីបំផុតនៃច្រាំង ។ បុគ្គលណាជាអ្នកលុះក្នុងអំណាចនៃតណ្ហា ប្រព្រឹត្តអធម៌ កាលធ្វេីដេាយអំណាចនៃតណ្ហា បាបរមែងចម្រេីនដល់បុគ្គលនេាះ ។ ទេពធីតាកាលតិះដៀលតាបស ទេីបពេាលដូច្នេះ ។
កាលទេវធីតាពណ៌នាហេីយ នាងក៏នាំតាបសទៅដាក់ក្នុងព្រៃស្វាយនេាះ ហេីយពេាលថា លេាកកាលបរិភេាគផ្លែស្វាយក្នុងអម្ពវ័ននេះហេីយ ចូរញាុំតណ្ហារបស់ខ្លួនឲ្យពេញចុះ ថាដូច្នេះហេីយ ទេីបចៀសចេញទៅ ។ តាបសបរិភេាគផ្លែស្វាយ និងញាុំតណ្ហាឲ្យពេញហេីយ ក៏សម្រាក កាលប្រព្រឹត្តនៅក្នុងអម្ពវ័នក៏បានឃេីញវេមានិកប្រេតដែលកំពុងសេាយទុក្ខ តែលេាកមិនអាចនឹងពេាលយ៉ាងណាឡេីយ ។ ក្នុងកាលព្រះសូរិយាអស្តង្គតទៅតាបសឃេីញប្រេតសេាយទិព្វសម្បត្តិ ដែលមានស្ត្រីរបាំជាបរិវារ ហេីយទេីបពេាល ៣ គាថា ថា៖ អ្នកទ្រទ្រង់នូវផ្កាកម្រង ទ្រទ្រង់នូវឈ្នូត ប្រដាប់ដេាយគ្រឿងអាភរណៈ ពាក់នូវពាហុរត្ន (កងកន់) ប្រស់ព្រំដេាយខ្លឹមចន្ទន៍ ឲ្យគេបម្រេីក្នុងវេលាយប់ សេាយនូវទុក្ខវេទនាក្នុងវេលាថ្ងៃ ។ ស្ត្រីទាំងឡាយ ១៦០០០ នេះ ជាស្រីបម្រេីរបស់អ្នក អ្នកជាបុគ្គលមានអានុភាពច្រេីនយ៉ាងនេះ អស្ចារ្យគួរឲ្យព្រឺរេាម ។
ក្នុងកាលមុន អ្នកបានធ្វេីអំពេីបាប នាំមកនូវទុក្ខដល់ខ្លួនដូចម្តេច ដែលអ្នកធ្វេីក្នុងមនុស្សលេាក បានជាសុីនូវសាច់ខ្នង (របស់ខ្លួន) ។ ប្រេតចាំតាបសនេាះបាន ហេីយពេាលថា ព្រះអង្គមិនស្គាល់ខ្ញុំទេឬ ខ្ញុំជាបុរេាហិតរបស់ព្រះអង្គ ខ្ញុំបានសេាយសេចក្តីសុខក្នុងវេលាយប់ ព្រេាះផលនៃឧបេាសថកន្លះថ្ងៃ ដែលខ្ញុំបានធ្វេីដេាយអាស្រ័យព្រះអង្គ បានសេាយសេចក្តីទុក្ខក្នុងពេលយប់ ដេាយផលនៃបាបជាប្រក្រតីរបស់ខ្ញុំ ។
ខ្ញុំដែលព្រះអង្គតាំងទុកក្នុងតំណែងជាអ្នកវិនិច្ឆ័យ បានធ្វេីការកាត់ក្តីកេាងទទួលសំណូក ជាអ្នកសុីសាច់ខ្នងអ្នកដទៃ ព្រេាះផលនៃកម្មដែលបានធ្វេីទុកនេាះ ខ្ញុំទេីបសេាយសេចក្តីទុក្ខនេះក្នុងពេលថ្ងៃ ដូច្នេះហេីយ ទេីបពេាលគាថា ២ ថា៖ ខ្ញុំបានរៀននូវវេទទាំងឡាយ ហេីយជាប់ជំពាក់ក្នុងកាមទាំងឡាយ បានប្រព្រឹត្តមិនជាប្រយេាជន៍ដល់ជនដទៃ អស់កាលដ៏យូអង្វែង ។ បុគ្គលណា ជាអ្នកសុីនូវសាច់ខ្នង (ញុះញ៉ង់គេ) បុគ្គលនេាះ ក៏ខ្វារសុីនូវសាច់ខ្នងរបស់ខ្លួន ដូចខ្ញុំសុីក្នុងថ្ងៃនេះដែរ ។
វេមានិកប្រេតបានពេាលពាក្យនេះហេីយ ក៏សួរតាបសថា លេាកម្ចាស់មកទីនេះបាន ដេាយប្រការដូចម្តេច ។ តាបសពេាលរឿងរ៉ាវទាំងអស់ ដេាយពិស្តារ ។ ប្រេតសួរទៀតថា បពិត្រលេាកម្ចាស់ដ៏ចម្រេីន ឥឡូវនេះ លេាកនឹងនៅក្នុងទីនេះ ឬនឹងទៅវិញ ? តាបសពេាលថា យេីងមិននៅទេ យេីងនឹងទៅកាន់អាស្រមប៉ុណ្ណេាះ ។ ប្រេតពេាលថា បពិត្រលេាកម្ចាស់ប្រពៃណាស់ ខ្ញុំនឹងទំនុកបម្រុងលេាកម្ចាស់ដេាយផ្លែស្វាយទុំជាប្រចាំ ថាហេីយ ក៏នាំយកតាបសទៅដាក់ចុះក្នុងអាស្រម ដេាយអានុភាពរបស់ខ្លួន រួចឲ្យតាបសកាន់យកបដិញ្ញាថា សូមលេាកម្ចាស់កុំអផ្សុកអី ចូរនៅក្នុងទីនេះចុះ ដូច្នេះហេីយ ទេីបទៅ ។ ចាប់ពីពេលនេាះមកប្រេតនេាះក៏បានទំនុកបម្រុងតាបសដេាយផ្លែស្វាយទុំជាប់ជានិច្ច ។ តាបសកាលបានបរិភេាគផ្លែស្វាយនេាះ ហេីយធ្វេីកសិណបរិកម្ម ញាុំងឈាននិងអភិញ្ញាឲ្យកេីតឡេីង ជាអ្នកមានព្រហ្មលេាកជាទីទៅខាងមុខ ។
ព្រះសាស្តាបាននាំព្រះធម្មទេសនានេះ ដល់ឧបាសិកាទាំងឡាយហេីយ ទ្រង់ប្រកាសសច្ចធម៌ និងប្រជុំជាតក ក្នុងកាលជាទីបពា្ចប់នៃសច្ចធម៌ បុគ្គលខ្លះបានសម្រេចជាព្រះសេាតាបន្ន បុគ្គលខ្លះបានសម្រេចជាព្រះសកទាគាមី បុគ្គលខ្លះបានជាព្រះអនាគាមី ។ទេពធីតាក្នុងកាលនេាះ បានមកជាឧប្បលវណ្ណា ។ ចំណែក តាបស គឺ តថាគតនេះឯង ។
កឹឆន្ទជាតក (ពេាលអំពីផល ឧបេាសថកន្លះថ្ងៃ)
សុត្តន្តបិដក ខុទ្ទកនិកាយ ជាតក នវមភាគ
(ព្រះត្រៃបិដក លេខ ៦០)
ដោយ៥០០០ឆ្នាំ
images/articles/3204/etytuyiyujgy7778.jpg
Public date : 11, Mar 2022 (548 Read)
ម្នាលភិក្ខុទាំងឡាយ កាលពីដើម មានគ្រូឈ្មោះអរកៈ ជាអ្នកធ្វើនូវកំពង់ ជាទីទៅកាន់សុគតិភព ជាអ្នកប្រាសចាកតម្រេកក្នុងកាមទាំងឡាយ ម្នាលភិក្ខុទាំងឡាយ ឯគ្រូឈ្មោះអរកៈ មានសាវកច្រើនរយ។ គ្រូឈ្មោះអរកៈ រមែងសំដែងធម៌ដល់សាវកទាំងឡាយ យ៉ាងនេះថា ម្នាលព្រាហ្មណ៍ ជីវិតពួកមនុស្ស ជារបស់តិច ខ្លី មានទុក្ខច្រើន មានសេចក្តីចង្អៀតចង្អល់ច្រើន។ អ្នកទាំងឡាយ ត្រូវដឹង ត្រូវធ្វើនូវកុសល ត្រូវប្រព្រឹត្ត នូវព្រហ្មចរិយធម៌ ដោយប្រាជ្ញា ព្រោះសត្វដែលកើតហើយ សុទ្ធតែស្លាប់។
ម្នាលព្រាហ្មណ៍ ប្រៀបដូចដំណក់ទឹកសន្សើម លើចុងស្មៅ ដល់ព្រះអាទិត្យរះឡើង ក៏ត្រឡប់បាត់វិញឆាប់រហ័ស ជារបស់មិនឋិតថេរនៅយូរយារបាន យ៉ាងណា ម្នាលព្រាហ្មណ៍ ជីវិតរបស់ពួកមនុស្ស ជារបស់តិច ខ្លី មានទុក្ខច្រើន មានសេចក្តីចង្អៀតចង្អល់ច្រើន ប្រៀបដូចដំណក់ទឹកសន្សើម យ៉ាងនោះដែរ។
អ្នកទាំងឡាយ ត្រូវដឹង ត្រូវធ្វើនូវកុសល ត្រូវប្រព្រឹត្តនូវព្រហ្មចរិយធម៌ ដោយប្រាជ្ញា សត្វដែលកើតហើយ សុទ្ធតែស្លាប់។ ម្នាលព្រាហ្មណ៍ ប្រៀបដូចភ្លៀង មានដំណក់ដ៏ថ្លោស ធ្លាក់ចុះមក ក្រពេញទឹក ក៏ត្រឡប់បាត់ទៅវិញឆាប់ មិនឋិតថេរយូរយារបាន យ៉ាងណាមិញម្នាលព្រាហ្មណ៍ ជីវិតរបស់ពួកមនុស្ស ជារបស់តិច ខ្លី មានសេចក្តីទុក្ខច្រើន មានសេចក្តីចង្អៀតចង្អល់ច្រើន ប្រៀនដូចជាក្រពេញទឹក យ៉ាងនោះដែរ។
អ្នកទាំងឡាយ ត្រូវដឹង ត្រូវធ្វើនូវកុសល ត្រូវប្រព្រឹត្តព្រហ្មចរិយធម៌ ដោយប្រាជ្ញា ព្រោះសត្វដែលកើតហើយ សុទ្ធតែស្លាប់។ ម្នាលព្រាហ្មណ៍ ប្រៀបដូចស្នាមគំនូសដម្បងលើទឹក តែងត្រឡប់បាត់ទៅវិញឆាប់ មិនឋិតថេរយូរយារបាន យ៉ាងណាមិញ ម្នាលព្រាហ្មណ៍ ជីវិតរបស់ពួកមនុស្ស ជារបស់តិច ខ្លី… ប្រៀបដូចជាស្នាមគំនូសដម្បងលើទឹក យ៉ាងនោះដែរ ព្រោះសត្វដែលកើតហើយ សុទ្ធតែស្លាប់ទៅវិញ។
ម្នាលព្រាហ្មណ៍ ប្រៀបដូចស្ទឹងហូរពីភ្នំ ហូរទៅកាន់ទីឆ្ងាយ មានខ្សែទឹករហ័ស អាចនាំ ទៅនូវរបស់ដែលគួរនាំទៅបាន គ្មានកំណត់កាល កំណត់វេលា កំណត់យាមឡើយ ព្រោះស្ទឹងនោះ ចេះតែទៅ ចេះតែប្រព្រឹត្តទៅ ចេះតែហូរទៅបាន យ៉ាងណាមិញ ម្នាលព្រាហ្មណ៍ ជីវិតរបស់ពួកមនុស្ស ជារបស់តិច ខ្លី ប្រៀបដូចជាស្ទឹងហូរពីភ្នំ… យ៉ាងនោះដែរ ព្រោះសត្វដែលកើតហើយ សុទ្ធតែស្លាប់ទៅវិញ។
ម្នាលព្រាហ្មណ៍ ប្រៀបដូចបុរសដែលមានកំឡាំង គ្រលៀវដុំទឹកមាត់ ដាក់លើចុងអណ្តាត ហើយស្តោះចោលទៅ ដោយងាយបាន យ៉ាងណាមិញ ម្នាលព្រាហ្មណ៍ ជីវិតរបស់ពួកមនុស្ស ជារបស់តិច ខ្លី ប្រៀបដូចដុំទឹកមាត់… យ៉ាងនោះដែរ ព្រោះសត្វដែលកើតហើយ សុទ្ធតែស្លាប់ទៅវិញ។ ម្នាលព្រាហ្មណ៍ ដូចជាដុំសាច់ដែលគេយកទៅដាក់ក្នុងខ្ទះដែកដ៏ក្តៅ អស់មួយថ្ងៃ រមែងខ្លោចចង្រុះឆាប់ មិនឋិតថេរយូរយារបាន យ៉ាងណាមិញ ម្នាលព្រាហ្មណ៍ ជីវិតរបស់ពួកមនុស្ស ជារបស់តិច ខ្លី ប្រៀបដូចដុំសាច់… យ៉ាងនោះដែរ ព្រោះសត្វដែលកើតហើយ សុទ្ធតែស្លាប់។ ម្នាលព្រាហ្មណ៍ ដូចមេគោដែលត្រូវសម្លាប់ ដែលគេនាំទៅកាន់កន្លែងសម្លាប់ ឈានជំហានណាទៅ ឈ្មោះថា ខិតទៅជិតកន្លែងសម្លាប់ ជិតសេចក្តីស្លាប់ យ៉ាងណាមិញ ម្នាលព្រាហ្មណ៍ ជីវិតរបស់ពួកមនុស្ស ជារបស់តិច ខ្លី មានទុក្ខច្រើន មានសេចក្តីចង្អៀតចង្អល់ច្រើន ប្រៀបដូចជាមេគោ ដែលត្រូវសម្លាប់ យ៉ាងនោះដែរ។
អ្នកទាំងឡាយ ត្រូវដឹង ត្រូវធ្វើនូវកុសល ត្រូវប្រព្រឹត្តព្រហ្មចរិយធម៌ ដោយប្រាជ្ញា ព្រោះសត្វដែលកើតហើយ សុទ្ធតែស្លាប់។ ម្នាលភិក្ខុទាំងឡាយ សម័យនោះឯង ពួកមនុស្ស មានអាយុប្រាំមួយហ្មឺនឆ្នាំ។ កុមារិកា មានអាយុត្រឹមប្រាំរយឆ្នាំ ទើបល្មមមានប្តី។ ម្នាលភិក្ខុទាំងឡាយ សម័យនោះឯង ពួកមនុស្ស មានតែអាពាធ ៦ យ៉ាងគឺ រងា ១ ស្អុះ ១ ឃ្លាន ១ ស្រេក ១ ឈឺឧច្ចារៈ ១ ឈឺបស្សាវៈ ១។ ម្នាលភិក្ខុទាំងឡាយ គ្រូឈ្មោះអរកៈនោះ អម្បាលពួកមនុស្សមានអាយុវែងយ៉ាងនេះ ឋិតថេរយូរយារយ៉ាងនេះ មានអាពាធតិច យ៉ាងនេះ ម្តេចគង់សំដែងធម៌ដល់ពួកសាវកយ៉ាងនេះថា ម្នាលព្រាហ្មណ៍ ជីវិតរបស់ពួកមនុស្ស ជារបស់តិច ខ្លី មានទុក្ខច្រើន មានសេចក្តីចង្អៀតចង្អល់ច្រើន។
អ្នកទាំងឡាយ ត្រូវដឹង ត្រូវធ្វើនូវកុសល ត្រូវប្រព្រឹត្តព្រហ្មចរិយធម៌ ដោយប្រាជ្ញា ព្រោះសត្វដែលកើតហើយ សុទ្ធតែស្លាប់។ ម្នាលភិក្ខុទាំងឡាយ ក្នុងកាលឥឡូវនេះ បើបុគ្គលនិយាយឲ្យត្រូវ ត្រូវនិយាយថា ជីវិតរបស់ពួកមនុស្ស ជារបស់តិច ខ្លី មានទុក្ខច្រើន មានសេចក្តីចង្អៀតចង្អល់ច្រើន។ បុគ្គលត្រូវដឹង ត្រូវធ្វើនូវកុសល ត្រូវប្រព្រឹត្តព្រហ្មចរិយធម៌ ដោយប្រាជ្ញា ព្រោះសត្វដែលកើតហើយ សុទ្ធតែស្លាប់។ ម្នាលភិក្ខុទាំងឡាយ ក្នុងកាលឥឡូវនេះ បុគ្គលរស់នៅយ៉ាងយូរត្រឹមមួយរយឆ្នាំ ឬតិចជាង ឬក៏លើសពីមួយរយឆ្នាំបន្តិចបន្តួច។ ម្នាលភិក្ខុទាំងឡាយ ក៏បុគ្គលដែលរស់នៅបានមួយរយឆ្នាំ ឈ្មោះថារស់នៅអស់បីរយរដូវ គឺ ហេមន្តរដូវ មួយរយ គិម្ហរដូវ មួយរយ វស្សានរដូវ មួយរយ។
ម្នាលភិក្ខុទាំងឡាយ ក៏បុគ្គលដែលរស់នៅអស់បីរយរដូវ ឈ្មោះថា រស់នៅមួយពាន់ពីររយខែ គឺ ហេមន្តរដូវ បួនរយខែ គិម្ហរដូវ បួនរយខែ វស្សានរដូវ បួនរយខែ។ ម្នាលភិក្ខុទាំងឡាយ កាលបើបុគ្គល រស់នៅអស់មួយពាន់ពីររយខែហើយ បើរាប់ជាកន្លះ ៗ ខែ ឈ្មោះថា រស់នៅអស់ពីរពាន់បួនរយកន្លះ ៗ ខែ គឺ ហេមន្តរដូវ ប្រាំបីរយកន្លះខែ គិម្ហរដូវ ប្រាំបីរយកន្លះខែ វស្សានរដូវ ប្រាំបីរយកន្លះខែ។
ម្នាលភិក្ខុទាំងឡាយ កាលបើបុគ្គលរស់នៅអស់ពីរពាន់បួនរយកន្លះ ៗ ខែហើយ ឈ្មោះថា រស់នៅអស់បីហ្មឺនប្រាំមួយពាន់រាត្រី គឺ ហេមន្តរដូវ មួយហ្មឺនពីរពាន់រាត្រី គិម្ហរដូវ មួយហ្មឺនពីរពាន់រាត្រី វស្សានរដូវ មួយហ្មឺនពីរពាន់រាត្រី។ ម្នាលភិក្ខុទាំងឡាយ កាលបើបុគ្គល រស់នៅអស់បីហ្មឺនប្រាំមួយពាន់រាត្រីហើយ រមែងបរិភោគបាយ ប្រាំពីរហ្មឺនពីរពាន់ដង គឺ ហេមន្តរដូវ ពីរហ្មឺនបួនពាន់ដង គិម្ហរដូវ ពីរហ្មឺនបួនពាន់ដង វស្សានរដូវ ពីរហ្មឺនបួនពាន់ដង រាប់ទាំងបៅទឹកដោះម្តាយ រាប់ទាំងខានបរិភោគបាយ។ ក្នុងហេតុទាំងនោះ ការអត់បាយនេះ គឺ បុគ្គលខឹង មិនបរិភោគបាយ បុគ្គលព្រួយ មិនបរិភោគបាយ បុគ្គលឈឺចាប់ មិនបរិភោគបាយ បុគ្គលរក្សាឧបោសថ មិនបរិភោគបាយ បុគ្គលមិនបរិភោគបាយ ព្រោះរកអ្វីមិនបាន។
ម្នាលភិក្ខុទាំងឡាយ អាយុរបស់មនុស្ស ដែលមានអាយុមួយរយឆ្នាំ តថាគតបានរាប់ហើយ ប្រមាណនៃអាយុ តថាគតបានរាប់ហើយ រដូវទាំងឡាយ តថាគតបានរាប់ហើយ ឆ្នាំទាំងឡាយ តថាគត បានរាប់ហើយ ខែទាំងឡាយ តថាគតបានរាប់ហើយ កន្លះខែទាំងឡាយ តថាគតបានរាប់ហើយ រាត្រីទាំងឡាយ តថាគតបានរាប់ហើយ ថ្ងៃទាំងឡាយ តថាគតបានរាប់ហើយ បាយទាំងឡាយ តថាគតបានរាប់ហើយ ការអត់បាយទាំងឡាយ តថាគតបានរាប់ហើយ ដូច្នេះឯង។
ម្នាលភិក្ខុទាំងឡាយ កិច្ចណា ដែលសាស្តា ជាអ្នកស្វែងរកប្រយោជន៍ ទំនុកបំរុង ជាអ្នកឈឺឆ្អាល អាស្រ័យនូវសេចក្តីឈឺឆ្អាល គួរធ្វើដល់ពួកសាវក កិច្ចនោះ តថាគតបានធ្វើហើយ ដល់អ្នកទាំងឡាយ។ ម្នាលភិក្ខុទាំងឡាយ នុ៎ះជាគល់ឈើទាំងឡាយ នុ៎ះជាផ្ទះស្ងាត់ទាំងឡាយ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ ចូរចំរើនឈាន កុំប្រមាទ កុំមានសេចក្តីក្តៅក្រហាយ ក្នុងកាលជាខាងក្រោយឡើយ។ នេះជាពាក្យប្រៀនប្រដៅរបស់តថាគត ចំពោះអ្នកទាំងឡាយ។ ចប់ មហាវគ្គ ទី២។
បិដក ភាគ ៤៧ - ទំព័រទី ២៤៨/២៥៣
ដោយ៥០០០ឆ្នាំ
images/articles/3203/________________________.jpg
Public date : 11, Mar 2022 (1,012 Read)
[២៦២] ចន្ទនទេវបុត្ត ឋិតនៅក្នុងទីសមគួរហើយក៏ក្រាបទូលសួរព្រះមានព្រះភាគ ដោយគាថា ថា បុគ្គលដូចម្តេចហ្ន៎ ដែលមិនខ្ជិលទាំងយប់ទាំងថ្ងៃតែងឆ្លងនូវអន្លង់បានបុគ្គលដូចម្តេច មិនលិចចុះក្នុងអន្លង់ជ្រៅដែលមិនមានទីឋិតនៅខាងក្រោមមិនមានទីតោងក្នុងខាងលើ។
[២៦៣] ព្រះអង្គត្រាស់ថាបុគ្គលបរិបូណ៌ ដោយសីល មានបញ្ញាមានចិត្តតាំងខ្ជាប់ មានព្យាយាមប្រារព្ធហើយមានចិត្តបញ្ជូនទៅកាន់ព្រះនិព្វានសព្វកាលរមែងឆ្លងនូវអន្លង់ដែលឆ្លងបានដោយកម្របុគ្គលណាប្រាសចាកកាមសញ្ញា កន្លងនូវរូបសញ្ញោជនៈមានភពជាទីត្រេកអរអស់ហើយ បុគ្គលនោះរមែងមិនលិចចុះក្នុងអន្លង់ជ្រៅឡើយ។
បិដក ភាគ២៩ ទំព័រ១៤០
ដោយ៥០០០ឆ្នាំ
images/articles/3201/_______________________________________________________________.jpg
Public date : 11, Mar 2022 (471 Read)
សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងវត្តព្រះជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ជិតក្រុងសាវត្ថី។ គ្រានោះឯង ព្រះមានព្រះភាគ ទ្រង់ស្បង់ ប្រដាប់បាត្រ ចីវរក្នុងបុព្វណ្ហសម័យ ហើយទ្រង់ពុទ្ធដំណើរចូលទៅ កាន់ក្រុងសាវត្ថី ដើម្បីបិណ្ឌបាត។ ចំណែកខាងព្រះរាហុលមានអាយុ ក៏ស្លៀកស្បង់ ប្រដាប់បាត្រ ចីវរក្នុងបុព្វណ្ហសម័យ ហើយដើរតាមក្រោយៗព្រះមានព្រះភាគ។ ក្នុងសម័យនោះឯង ព្រះមានព្រះភាគ ទ្រង់ឆ្មៀងព្រះភក្ត្រ ត្រាស់ទៅនឹងព្រះរាហុលមានអាយុថា ម្នាលរាហុល រូបណាមួយ ជាខាងក្នុងក្តី ខាងក្រៅក្តី គ្រោតគ្រាតក្តី ល្អិតក្តី ថោកទាបក្តី ឧត្តមក្តី ឬរូបណាដែលមានក្នុងទីឆ្ងាយក្តី ក្នុងទីជិតក្តី ដែលជាអតីត អនាគត ជាបច្ចុប្បន្ន រូបទាំងអស់នោះ ក៏គ្រាន់តែជារូប (ប៉ុណ្ណោះឯង) អ្នកគួរយល់ឃើញនូវរូបនុ៎ះ ដោយប្រាជ្ញាដ៏ល្អតាមសេចក្តីពិតយ៉ាងនេះថា នុ៎ះមិនមែនរបស់អញ នុ៎ះមិនមែនជាអញ នុ៎ះមិនមែនជាខ្លួនរបស់អញឡើយ។ ព្រះរាហុលក្រាបបង្គំសួរថា បពិត្រព្រះមានព្រះភាគ (សេចក្តីនេះ) មានតែរូបម្យ៉ាងទេឬ បពិត្រព្រះសុគត (សេចក្តីនេះ) មានតែរូបម្យ៉ាងទេឬ។ ព្រះមានព្រះភាគ ទ្រង់ត្រាស់តបថា ម្នាលរាហុល រូបក៏មាន ម្នាលរាហុល វេទនាក៏មាន ម្នាលរាហុល សញ្ញាក៏មាន ម្នាលរាហុល សង្ខារទាំងឡាយក៏មាន ម្នាលរាហុល វិញ្ញាណក៏មាន។
[១៣៤] គ្រានោះឯង ព្រះរាហុលមានអាយុគិតថា បាននរណាហ្ន៎ (ជាវិញ្ញុបណ្ឌិត) ដែលព្រះមានព្រះភាគ ទូន្មានហើយដោយដម្បូន្មានផ្ទាល់ព្រះឱស្ឋ នឹងចូលមកកាន់ស្រុក ដើម្បីបិណ្ឌបាត ក្នុងថ្ងៃនេះទៅអេះ ដូច្នេះហើយ លោកក៏ត្រឡប់ថយចេញ អំពីសំណាក់ព្រះមានព្រះភាគនោះ ហើយទៅអង្គុយផ្គត់ភ្នែន តម្រង់កាយឲ្យត្រង់ តាំងស្មារតី ឲ្យមានមុខឆ្ពោះទៅរកព្រះកម្មដ្ឋាន ទៀបគល់ឈើ១ដើម។ គាប់ចួនជាព្រះសារីបុត្តមានអាយុ បានឃើញព្រះរាហុលមានអាយុ កំពុងអង្គុយផ្គត់ភ្នែន តម្រង់កាយឲ្យត្រង់ តាំងស្មារតីឲ្យមានមុខឆ្ពោះទៅរកព្រះកម្មដ្ឋាន ទៀបគល់ឈើ១ដើម លុះឃើញហើយ ក៏ប្រាប់ព្រះរាហុលមានអាយុថា ម្នាលរាហុល អ្នកចូរចំរើនអានាបានស្សតិភាវនាចុះ ម្នាលរាហុល (ដ្បិត) អានាបានស្សតិភាវនា ដែលគេបានអប់រំបន្ទុំ ធ្វើឲ្យរឿយៗហើយ ជាគុណជាតមានផលច្រើន មានអានិសង្សច្រើន។ លុះដល់ពេលថ្ងៃរសៀល ព្រះរាហុលមានអាយុ ក្រោកអំពីសំណិង ហើយចូលសំដៅទៅត្រង់ទី ដែលព្រះមានព្រះភាគគង់ លុះចូលទៅដល់ហើយ ក៏ថ្វាយបង្គំព្រះមានព្រះភាគ រួចហើយដាក់អង្គគង់ ក្នុងទីសមគួរ។ លុះព្រះរាហុលមានអាយុ គង់ក្នុងទីសមគួរហើយ ក៏បានទូលស្នើសេចក្តីនេះ នឹងព្រះមានព្រះភាគថា បពិត្រព្រះអង្គដ៏ចំរើន ចុះអានាបានស្សតិ ត្រូវចំរើនដោយប្រការដូចម្តេច ត្រូវបន្ទុំ ធ្វើឲ្យរឿយៗ ដោយប្រការដូចម្តេច ទើបជាគុណជាត មានផលច្រើន មានអានិសង្សច្រើនបាន។
[១៣៥] ព្រះមានព្រះភាគ ទ្រង់ត្រាស់តបថា ម្នាលរាហុល រូបណាមួយ ដែលជារូបខាងក្នុង អាស្រ័យនូវខ្លួន ជារូបគ្រោតគ្រាត ជារូបរឹង ជារូបដែលវិញ្ញាណកាន់កាប់ គឺសក់ រោម ក្រចក ធ្មេញ ស្បែក សាច់ សរសៃ ឆ្អឹង ខួរក្នុងឆ្អឹង តម្រងបស្សាវៈ បេះដូង ថ្លើម វាវ ក្រពះ សួត ពោះវៀនធំ ពោះវៀនតូច អាហារថ្មី អាហារចាស់ ពុំនោះសោត រូបណាមួយ ក្រៅអំពីនេះ ដែលជាខាងក្នុង អាស្រ័យនៅខ្លួន ជារូបគ្រោតគ្រាត ជារូបរឹង ជារូបដែលវិញ្ញាណកាន់កាប់ ម្នាលរាហុល នេះហៅថា បឋវីធាតុខាងក្នុង។ មួយទៀត បឋវីធាតុណា ខាងក្នុងក្តី បឋវីធាតុណាខាងក្រៅក្តី ធាតុទាំងនុ៎ះ ឈ្មោះថា បឋវីធាតុដូចគ្នា។ បុគ្គលគួរឃើញបឋវីធាតុនុ៎ះ ដោយប្រាជ្ញាល្អ តាមសេចក្តីពិតយ៉ាងនេះថា នុ៎ះមិនមែនរបស់អញ នុ៎ះមិនមែនជាអញ នុ៎ះមិនមែនជាខ្លួនរបស់អញឡើយ។ លុះបុគ្គលឃើញបឋវីធាតុនុ៎ះ ដោយប្រាជ្ញាល្អ តាមសេចក្តីពិត យ៉ាងនេះហើយ រមែងនឿយណាយ ចាកបឋវីធាតុ ធ្វើចិត្តឲ្យប្រាសចេញចាកបឋវីធាតុ។
[១៣៦] ម្នាលរាហុល ចុះអាបោធាតុ តើដូចម្តេចខ្លះ អាបោធាតុ (នោះ) ខាងក្នុងក៏មាន ខាងក្រៅក៏មាន។ ម្នាលរាហុល ចុះអាបោធាតុខាងក្នុង ដូចម្តេច រូបណា ដែលជាខាងក្នុង អាស្រ័យនូវខ្លួន មានសភាពជាទឹក ដល់នូវភាពជាទឹក ដែលវិញ្ញាណចូលទៅកាន់យក គឺប្រមាត់ ស្លេស្ម ខ្ទុះ ឈាម ញើស ខ្លាញ់ខាប់ ទឹកភ្នែក ខ្លាញ់រាវ ទឹកមាត់ ទឹកសម្បោរ ទឹករំអិល ទឹកមូត្រ ពុំនោះសោត រូបណាមួយក្រៅអំពីនេះ ដែលជាខាងក្នុង អាស្រ័យនូវខ្លួន មានសភាពជាទឹក ដល់នូវភាពជាទឹក ដែលវិញ្ញាណចូលទៅកាន់យក ម្នាលរាហុល នេះហៅថា អាបោធាតុខាងក្នុង។ មួយវិញទៀត អាបោធាតុណា ជាខាងក្នុងក្តី អាបោធាតុណា ជាខាងក្រៅក្តី ធាតុទាំងនុ៎ះ ហៅថា អាបោធាតុដូចគ្នា។ បុគ្គលគួរឃើញអាបោធាតុនុ៎ះ ដោយប្រាជ្ញាដ៏ល្អ តាមសេចក្តីពិតយ៉ាងនេះថា នុ៎ះមិនមែនរបស់អញ នុ៎ះមិនមែនជាអញ នុ៎ះមិនមែនជាខ្លួនរបស់អញឡើយ។ លុះបុគ្គលឃើញអាបោធាតុនុ៎ះ ដោយប្រាជ្ញាដ៏ល្អ តាមសេចក្តីពិត យ៉ាងនេះហើយ រមែងនឿយណាយ ចាកអាបោធាតុ ធ្វើចិត្តឲ្យប្រាសចេញចាកអាបោធាតុ។
[១៣៧] ម្នាលរាហុល ចុះតេជោធាតុ តើដូចម្តេចខ្លះ តេជោធាតុ (នោះ) ខាងក្នុងក៏មាន ខាងក្រៅក៏មាន។ ម្នាលរាហុល ចុះតេជោធាតុខាងក្នុង ដូចម្តេច រូបណា ដែលជាខាងក្នុង អាស្រ័យនូវខ្លួន ជារបស់ក្តៅ ដល់នូវភាពជារបស់ក្តៅ ដែលវិញ្ញាណចូលទៅកាន់យក គឺភ្លើងដែលធ្វើកាយឲ្យផ្សព្វផ្សាយ១ ភ្លើងដែលធ្វើកាយឲ្យទ្រុឌទ្រោម១ ភ្លើងដែលធ្វើកាយឲ្យក្តៅរោលរាល១ ភ្លើងធ្វើអាហារដែលស៊ី ផឹក ទំពា លិទ្ធភ្លក្ស ហើយឲ្យទ្រុឌទ្រោម រលួយទៅដោយស្រួល១ ពុំនោះសោត រូបណាមួយ ក្រៅអំពីនេះ ដែលជាខាងក្នុង អាស្រ័យនូវខ្លួន ជារបស់ក្តៅ ដល់នូវភាពជារបស់ក្តៅ ដែលវិញ្ញាណចូលទៅកាន់យក ម្នាលរាហុល នេះហៅថា តេជោធាតុខាងក្នុង។ មួយវិញទៀត តេជោធាតុណា ខាងក្នុងក្តី តេជោធាតុណា ខាងក្រៅក្តី ធាតុទាំងនុ៎ះ ហៅថា តេជោធាតុដូចគ្នា។ បុគ្គលគួរឃើញ នូវតេជោធាតុនុ៎ះ ដោយប្រាជ្ញាល្អ តាមសេចក្តីពិតយ៉ាងនេះថា នុ៎ះមិនមែនរបស់អញ នុ៎ះមិនមែនជាអញ នុ៎ះមិនមែនជាខ្លួនរបស់អញឡើយ។ លុះបុគ្គលឃើញតេជោធាតុនុ៎ះ ដោយប្រាជ្ញាល្អ តាមសេចក្តីពិត យ៉ាងនេះហើយ រមែងនឿយណាយ ចាកតេជោធាតុ ធ្វើចិត្តឲ្យប្រាសចេញចាកតេជោធាតុ។
[១៣៨] ម្នាលរាហុល ចុះវាយោធាតុ តើដូចម្តេចខ្លះ វាយោធាតុ (នោះ) ខាងក្នុងក៏មាន ខាងក្រៅក៏មាន។ ម្នាលរាហុល រូបណា ដែលជាខាងក្នុង អាស្រ័យនូវខ្លួន មានសភាពជាខ្យល់ ដល់នូវភាពជាខ្យល់ ដែលវិញ្ញាណចូលទៅកាន់យក គឺខ្យល់បក់ឡើងទៅខាងលើ១ ខ្យល់បក់ចុះមកខាងក្រោម១ ខ្យល់បក់ក្នុងពោះក្រៅពោះវៀន១ ខ្យល់បក់ក្នុងពោះវៀន១ ខ្យល់បក់សព្វអវយវៈតូចធំ១ ខ្យល់ដង្ហើមចេញចូល១ ពុំនោះសោត រូបណាមួយ ក្រៅអំពីនេះ ដែលជាខាងក្នុង អាស្រ័យនូវខ្លួន មានសភាពជាខ្យល់ ដល់នូវភាពជាខ្យល់ ដែលវិញ្ញាណចូលទៅកាន់យក ម្នាលរាហុល នេះហៅថា វាយោធាតុខាងក្នុង។ មួយទៀត វាយោធាតុណា ដែលជាខាងក្នុងក្តី វាយោធាតុណា ជាខាងក្រៅក្តី ធាតុទាំងនុ៎ះ ហៅថា វាយោធាតុដូចគ្នា។ បុគ្គលគួរឃើញវាយោធាតុនុ៎ះ ដោយប្រាជ្ញាល្អ តាមសេចក្តីពិតយ៉ាងនេះថា នុ៎ះមិនមែនរបស់អញ នុ៎ះមិនមែនជាអញ នុ៎ះមិនមែនជាខ្លួនរបស់អញឡើយ។ លុះបុគ្គលឃើញវាយោធាតុនុ៎ះ ដោយប្រាជ្ញាល្អ តាមសេចក្តីពិត យ៉ាងនេះហើយ រមែងនឿយណាយ ចាកវាយោធាតុ ធ្វើចិត្តឲ្យប្រាសចេញ ចាកវាយោធាតុ។
[១៣៩] ម្នាលរាហុល អាកាសធាតុ តើដូចម្តេចខ្លះ អាកាសធាតុ (នោះ) ខាងក្នុងក៏មាន ខាងក្រៅក៏មាន។ ម្នាលរាហុល អាកាសធាតុខាងក្នុង តើដូចម្តេច រូបណាជាខាងក្នុង អាស្រ័យនូវខ្លួន មានភាពជាទីវាល ដល់នូវភាពជាទីទំនេរ ដែលវិញ្ញាណចូលទៅកាន់យក គឺរន្ធត្រចៀក រន្ធច្រមុះ ទ្វារមាត់ដែលសម្រាប់លេបចូលនូវអាហារ ដែលស៊ី ផឹក ទំពា លិទ្ធភ្លក្សហើយ ដោយទ្វារណាក្តី ភោជនដែលស៊ី ផឹក ទំពា លិទ្ធភ្លក្សហើយ ឋិតនៅក្នុងទ្វារណាក្តី ភោជនដែលស៊ី ផឹក ទំពា លិទ្ធភ្លក្សហើយ តែងចេញមកតាមចំណែកខាងក្រោម ដោយទ្វារណាក្តី ពុំនោះសោត រូបណាមួយក្រៅអំពីនេះ ដែលជាខាងក្នុង អាស្រ័យនូវខ្លួន មានភាពជាទីវាល ដល់នូវភាពជាទីទំនេរ ជាទីទទេ ដល់នូវភាពទទេ ជាចន្លោះដល់នូវទីជាចន្លោះ ដែលសាច់និងឈាម មិនប៉ះពាល់គ្នា ដែលវិញ្ញាណចូលទៅកាន់យក ម្នាលរាហុល នេះហៅថា អាកាសធាតុខាងក្នុង។ មួយទៀត អាកាសធាតុណា ជាខាងក្នុងក្តី អាកាសធាតុណា ជាខាងក្រៅក្តី ធាតុទាំងនុ៎ះ ហៅថា អាកាសធាតុដូចគ្នា។ បុគ្គលគួរឃើញអាកាសធាតុនុ៎ះ ដោយប្រាជ្ញាល្អ តាមសេចក្តីពិតយ៉ាងនេះថា នុ៎ះមិនមែនរបស់អញ នុ៎ះមិនមែនជាអញ នុ៎ះមិនមែនជាខ្លួនរបស់អញឡើយ។ លុះបុគ្គលឃើញអាកាសធាតុនុ៎ះ ដោយប្រាជ្ញាល្អ តាមសេចក្តីពិត យ៉ាងនេះហើយ រមែងនឿយណាយ ចាកអាកាសធាតុ ធ្វើចិត្តឲ្យប្រាសចេញ ចាកអាកាសធាតុ។
[១៤០] ម្នាលរាហុល អ្នកចូរចំរើនភាវនាឲ្យដូចជាផែនដី ម្នាលរាហុល ព្រោះថា កាលបើអ្នកចំរើនភាវនា ឲ្យដូចជាផែនដីហើយ ផស្សៈជាទីគាប់ចិត្ត ឬមិនជាទីគាប់ចិត្ត ដែលកើតហើយ រមែងមិនគ្របសង្កត់នូវចិត្តអ្នក។ ម្នាលរាហុល ជនទាំងឡាយដាក់វត្ថុស្អាតក្តី ដាក់វត្ថុមិនស្អាតក្តី ដាក់ចុះនូវគូថក្តី ដាក់ចុះនូវទឹកមូត្រក្តី ដាក់ចុះនូវទឹកមាត់ក្តី ដាក់ចុះនូវខ្ទុះក្តី សម្រក់ឈាមដាក់ក្តី លើផែនដី ផែនដីក៏មិននឿយណាយ ឬធុញទ្រាន់ ឬខ្ពើមរអើម ដោយវត្ថុទាំងនោះឡើយ យ៉ាងណាមិញ ម្នាលរាហុល អ្នកចូរចំរើនភាវនា ឲ្យដូចជាផែនដី យ៉ាងនោះឯង ព្រោះថា កាលបើអ្នកចំរើនភាវនា ឲ្យដូចជាផែនដីហើយ ផស្សៈជាទីគាប់ចិត្ត ឬមិនជាទីគាប់ចិត្ត ដែលកើតហើយ រមែងមិនគ្របសង្កត់ចិត្តឡើយ។
[១៤១] ម្នាលរាហុល អ្នកចូរចំរើនភាវនាឲ្យដូចជាទឹក ម្នាលរាហុល ព្រោះថា កាលបើអ្នកចំរើនភាវនា ឲ្យដូចជាទឹកហើយ ផស្សៈជាទីគាប់ចិត្ត ឬមិនជាទីគាប់ចិត្ត ដែលកើតហើយ រមែងមិនគ្របសង្កត់ចិត្ត។ ម្នាលរាហុល ជនទាំងឡាយលាងវត្ថុស្អាតក្តី លាងវត្ថុមិនស្អាតក្តី លាងគូថក្តី លាងទឹកមូត្រក្តី លាងទឹកមាត់ក្តី លាងខ្ទុះក្តី លាងឈាមក្តី ក្នុងទឹក ទឹកក៏មិនបាននឿយណាយ ឬធុញទ្រាន់ ឬខ្ពើមរអើមដោយវត្ថុទាំងនោះឡើយ យ៉ាងណាមិញ ម្នាលរាហុល អ្នកចូរចំរើនភាវនា ឲ្យដូចជាទឹក យ៉ាងនោះឯង ព្រោះថា កាលបើអ្នកចំរើនភាវនា ឲ្យដូចជាទឹកហើយ ផស្សៈជាទីគាប់ចិត្ត ឬមិនជាទីគាប់ចិត្ត ដែលកើតហើយ រមែងមិនគ្របសង្កត់ចិត្តឡើយ។
[១៤២] ម្នាលរាហុល អ្នកចូរចំរើនភាវនាឲ្យដូចជាភ្លើង ម្នាលរាហុល ព្រោះថា កាលបើអ្នកចំរើនភាវនា ឲ្យដូចជាភ្លើងហើយ ផស្សៈជាទីគាប់ចិត្ត ឬមិនជាទីគាប់ចិត្ត ដែលកើតហើយ រមែងមិនគ្របសង្កត់ចិត្ត។ ម្នាលរាហុល ភ្លើងឆេះវត្ថុស្អាតក្តី ឆេះវត្ថុមិនស្អាតក្តី ឆេះគូថក្តី ឆេះទឹកមូត្រក្តី ឆេះទឹកមាត់ក្តី ឆេះខ្ទុះក្តី ឆេះឈាមក្តី ភ្លើងក៏មិននឿយណាយ ឬធុញទ្រាន់ ឬខ្ពើមរអើមដោយវត្ថុទាំងនោះឡើយ យ៉ាងណាមិញ ម្នាលរាហុល អ្នកចូរចំរើនភាវនា ឲ្យដូចជាភ្លើង យ៉ាងនោះឯង ម្នាលរាហុល ព្រោះថា កាលបើអ្នកចំរើនភាវនា ឲ្យដូចជាភ្លើងហើយ ផស្សៈជាទីគាប់ចិត្ត ឬមិនជាទីគាប់ចិត្ត ដែលកើតហើយ រមែងមិនគ្របសង្កត់ចិត្តឡើយ។
[១៤៣] ម្នាលរាហុល អ្នកចូរចំរើនភាវនាឲ្យដូចជាខ្យល់ ព្រោះថា កាលបើអ្នកចំរើនភាវនា ឲ្យដូចជាខ្យល់ហើយ ផស្សៈជាទីគាប់ចិត្ត ឬមិនជាទីគាប់ចិត្ត ដែលកើតហើយ រមែងមិនគ្របសង្កត់ចិត្ត។ ម្នាលរាហុល ខ្យល់បក់វត្ថុស្អាតក្តី បក់វត្ថុមិនស្អាតក្តី បក់គូថក្តី បក់ទឹកមូត្រក្តី បក់ទឹកមាត់ក្តី បក់ខ្ទុះក្តី បក់ឈាមក្តី ខ្យល់ក៏មិននឿយណាយ ឬធុញទ្រាន់ ឬខ្ពើមរអើម ដោយវត្ថុនោះឡើយ យ៉ាងណាមិញ ម្នាលរាហុល អ្នកចូរចំរើនភាវនា ឲ្យដូចជាខ្យល់ យ៉ាងនោះឯង ម្នាលរាហុល ព្រោះថា កាលបើអ្នកចំរើនភាវនា ឲ្យដូចជាខ្យល់ហើយ ផស្សៈជាទីគាប់ចិត្ត ឬមិនជាទីគាប់ចិត្ត ដែលកើតឡើងហើយ រមែងមិនគ្របសង្កត់ចិត្តឡើយ។
[១៤៤] ម្នាលរាហុល អ្នកចូរចំរើនភាវនាឲ្យដូចជាអាកាស ម្នាលរាហុល ព្រោះថា កាលបើអ្នកចំរើនភាវនា ឲ្យដូចជាអាកាសហើយ ផស្សៈជាទីគាប់ចិត្ត ឬមិនជាទីគាប់ចិត្ត ដែលកើតហើយ រមែងមិនគ្របសង្កត់ចិត្ត។ ម្នាលរាហុល អាកាសដែលមិនប្រតិស្ឋាននៅក្នុងទីណាមួយ យ៉ាងណាមិញ ម្នាលរាហុល អ្នកចូរចំរើនភាវនាឲ្យដូចជាអាកាស យ៉ាងនោះឯង ម្នាលរាហុល ព្រោះថា កាលបើអ្នកចំរើនភាវនា ឲ្យដូចជាអាកាសហើយ ផស្សៈជាទីគាប់ចិត្ត ឬមិនជាទីគាប់ចិត្ត ដែលកើតឡើងហើយ រមែងមិនគ្របសង្កត់ចិត្តឡើយ។
[១៤៥] ម្នាលរាហុល អ្នកចូរចំរើនមេត្តាភាវនា ម្នាលរាហុល ព្រោះថា កាលបើអ្នកចំរើនមេត្តាភាវនាហើយ ព្យាបាទនឹងវិនាសសាបសូន្យទៅ។ ម្នាលរាហុល អ្នកចូរចំរើនករុណាភាវនា ម្នាលរាហុល ព្រោះថា កាលបើអ្នកចំរើនករុណាភាវនាហើយ វិហេសា គឺសេចក្តីបៀតបៀន នឹងសាបសូន្យទៅ។ ម្នាលរាហុល អ្នកចូរចំរើនមុទិតាភាវនា ម្នាលរាហុល ព្រោះថា កាលបើអ្នកចំរើនមុទិតាភាវនាហើយ អរតិ គឺសេចក្តីមិនត្រេកអរ នឹងសាបសូន្យទៅ។ ម្នាលរាហុល អ្នកចូរចំរើនឧបេក្ខាភាវនា ម្នាលរាហុល ព្រោះថា កាលបើអ្នកចំរើនឧបេក្ខាភាវនាហើយ បដិឃៈ គឺសេចក្តីថ្នាំងថ្នាក់ចិត្ត នឹងសាបសូន្យទៅ។ ម្នាលរាហុល អ្នកចូរចំរើនអសុភភាវនា ម្នាលរាហុល ព្រោះថា កាលបើអ្នកចំរើនអសុភភាវនាហើយ រាគៈ គឺតម្រេកក្នុងកាមគុណ នឹងសាបសូន្យទៅ។ ម្នាលរាហុល អ្នកចូរចំរើនអនិច្ចសញ្ញាភាវនា ព្រោះថា កាលបើអ្នកចំរើនអនិច្ចសញ្ញាភាវនាហើយ អស្មិមានះ គឺសេចក្តីប្រកាន់ខ្លួន នឹងសាបសូន្យទៅ។
[១៤៦] ម្នាលរាហុល អ្នកចូរចំរើនអានាបានស្សតិភាវនា ម្នាលរាហុល អានាបានស្សតិភាវនា ដែលអ្នកបានចំរើនហើយ បានធ្វើឲ្យរឿយៗហើយ ជាគុណជាតមានផលច្រើន មានអានិសង្សច្រើន។ ម្នាលរាហុល ចុះអានាបានស្សតិភាវនា ដែលចំរើនហើយ តើដូចម្តេច ដែលធ្វើឲ្យរឿយៗហើយ តើដូចម្តេច ទើបជាគុណជាតមានផលច្រើន មានអានិសង្សច្រើន។ ម្នាលរាហុល ភិក្ខុក្នុងសាសនានេះ នៅក្នុងព្រៃក្តី នៅទៀបគល់ឈើក្តី នៅក្នុងផ្ទះស្ងាត់ក្តី អង្គុយផ្គត់ភ្នែន តាំងកាយឲ្យត្រង់ តំកល់ស្មារតីឲ្យមានមុខឆ្ពោះទៅរកកម្មដ្ឋាន ភិក្ខុនោះ មានស្មារតីចាំជាក់ ដកដង្ហើមចេញ មានស្មារតីចាំជាក់ ដកដង្ហើមចូល។ កាលដកដង្ហើមចេញវែង ក៏ដឹងច្បាស់ថា អាត្មាអញ ដកដង្ហើមចេញវែង ឬកាលដកដង្ហើមចូលវែង ក៏ដឹងច្បាស់ថា អាត្មាអញ ដកដង្ហើមចូលវែង។ កាលដកដង្ហើមចេញខ្លី ក៏ដឹងច្បាស់ថា អាត្មាអញ ដកដង្ហើមចេញខ្លី ឬកាលដកដង្ហើមចូលខ្លី ក៏ដឹងច្បាស់ថា អាត្មាអញ ដកដង្ហើមចូលខ្លី។ ភិក្ខុសិក្សាថា អាត្មាអញ ដឹងច្បាស់នូវកាយ គឺដកដង្ហើមទាំងពួង ហើយដកដង្ហើមចេញ សិក្សាថា អាត្មាអញ ដឹងច្បាស់នូវកាយ គឺដកដង្ហើមទាំងពួង ហើយដកដង្ហើមចូល សិក្សាថា អាត្មាអញ នឹងរម្ងាប់កាយសង្ខារ គឺដង្ហើមចេញ និងដង្ហើមចូល ហើយដកដង្ហើមចេញ សិក្សាថា អាត្មាអញ នឹងរម្ងាប់នូវកាយសង្ខារ ហើយដកដង្ហើមចូល។ សិក្សាថា អាត្មាអញ ដឹងច្បាស់នូវបីតិ ហើយដកដង្ហើមចេញ សិក្សាថា អាត្មាអញ ដឹងច្បាស់នូវបីតិ ហើយដកដង្ហើមចូល។ សិក្សាថា អាត្មាអញ ដឹងច្បាស់នូវសេចក្តីសុខ ហើយដកដង្ហើមចេញ សិក្សាថា អាត្មាអញ ដឹងច្បាស់នូវសេចក្តីសុខ ហើយដកដង្ហើមចូល។ សិក្សាថា អាត្មាអញ ដឹងច្បាស់នូវចិត្តសង្ខារ គឺវេទនាខន្ធ និងសញ្ញាខន្ធ ហើយដកដង្ហើមចេញ សិក្សាថា អាត្មាអញ ដឹងច្បាស់នូវចិត្តសង្ខារ ហើយដកដង្ហើមចូល។ សិក្សាថា អាត្មាអញ នឹងរម្ងាប់នូវចិត្តសង្ខារ ហើយដកដង្ហើមចេញ សិក្សាថា អាត្មាអញ នឹងរម្ងាប់នូវចិត្ត ហើយដកដង្ហើមចេញ សិក្សាថា អាត្មាអញ ដឹងច្បាស់នូវចិត្ត ហើយដកដង្ហើមចូល។ សិក្សាថា អាត្មាអញ នឹងធ្វើចិត្តឲ្យរីករាយ ហើយដកដង្ហើមចេញ សិក្សាថា អាត្មាអញ នឹងធ្វើចិត្តឲ្យរីករាយ ហើយដកដង្ហើមចូល។ សិក្សាថា អាត្មាអញ នឹងតំកល់ចិត្តឲ្យស្មើ ហើយដកដង្ហើមចេញ សិក្សាថា អាត្មាអញ នឹងតំកល់ចិត្តឲ្យស្មើ ហើយដកដង្ហើមចូល។ សិក្សាថា អាត្មាអញ នឹងដោះចិត្តឲ្យផុតស្រឡះ (ចាកនីវរណៈជាដើម) ហើយដកដង្ហើមចេញ សិក្សាថា អាត្មាអញ នឹងដោះចិត្តឲ្យផុតស្រឡះ (ចាកនីវរណធម៌ជាដើម) ហើយដកដង្ហើមចូល។ សិក្សាថា អាត្មាអញ នឹងពិចារណា (នូវបញ្ចក្ខន្ធថា) មិនទៀង ហើយដកដង្ហើមចេញ សិក្សាថា អាត្មាអញ នឹងពិចារណា (នូវបញ្ចក្ខន្ធថា) មិនទៀង ហើយដកដង្ហើមចូល។ សិក្សាថា អាត្មាអញ នឹងពិចារណាធម៌ ជាគ្រឿងធ្វើចិត្ត ឲ្យប្រាសចាកតម្រេក គឺវិបស្សនា និងមគ្គ ហើយដកដង្ហើមចេញ សិក្សាថា អាត្មាអញ នឹងពិចារណាធម៌ ជាគ្រឿងធ្វើចិត្ត ឲ្យប្រាសចាកតម្រេក ហើយដកដង្ហើមចូល។ សិក្សាថា អាត្មាអញ នឹងពិចារណា នូវសេចក្តីរលត់ (នៃកងទុក្ខ) ហើយដកដង្ហើមចេញ សិក្សាថា អាត្មាអញ នឹងពិចារណា នូវសេចក្តីរលត់ (នៃកងទុក្ខ) ហើយដកដង្ហើមចូល។ សិក្សាថា អាត្មាអញ នឹងពិចារណាធម៌ ជាគ្រឿងធ្វើចិត្ត ឲ្យលះចោល (នូវកិលេស ព្រមទាំងខន្ធ និងអភិសង្ខារ) ហើយដកដង្ហើមចេញ សិក្សាថា អាត្មាអញ នឹងពិចារណាធម៌ ជាគ្រឿងធ្វើចិត្ត ឲ្យលះចោល (នូវកិលេស ព្រមទាំងខន្ធ និងអភិសង្ខារ) ហើយដកដង្ហើមចូល។ ម្នាលរាហុល អានាបានស្សតិ ដែលបុគ្គលបានចំរើនហើយយ៉ាងនេះ ធ្វើឲ្យរឿយៗហើយយ៉ាងនេះឯង ទើបជាគុណជាត មានផលច្រើន មានអានិសង្សច្រើន ម្នាលរាហុល កាលបើអានាបានស្សតិ ដែលបុគ្គលចំរើនហើយយ៉ាងនេះ ធ្វើឲ្យរឿយៗហើយយ៉ាងនេះ ដង្ហើមចេញ និងដង្ហើមចូលទាំងឡាយណា ដែលមានក្នុងកាលជាខាងក្រោយ ដង្ហើមចេញ និងដង្ហើមចូលទាំងនោះ នឹងរលត់ទៅវិញ ជាប្រាកដ មិនមែនមិនរលត់ទៅវិញទេ។ លុះព្រះមានព្រះភាគ សំដែងព្រះសូត្រនេះចប់ហើយ ព្រះរាហុលមានអាយុ ក៏មានចិត្តរីករាយ ត្រេកអរ ចំពោះភាសិត នៃព្រះមានព្រះភាគ។
ចប់ មហារាហុលោវាទសូត្រ ទី២។
មជ្ឈិមនិកាយ មជ្ឈិមបណ្ណាសក
ចតុត្ថភាគ (ព្រះត្រៃបិដក ភាគទី២៣)
ដោយ៥០០០ឆ្នាំ
images/articles/3196/____________________________________.jpg
Public date : 10, Mar 2022 (456 Read)
កាលនោះ ខ្ញុំកើតជាសេដ្ឋីបុត្រ នៅក្នុងនគរហង្សវតី ជាអ្នកឆ្អែតស្កប់ស្កល់ដោយកាមគុណទាំងឡាយ ញុំាងគេឲ្យចោមរោម។ កាលនោះ ខ្ញុំឡើងកាន់ប្រាសាទទាំង ៣ ប្រើប្រាស់ភោគៈច្រើន ញុំាងគេឲ្យចោមរោមដោយការរាំច្រៀង ក្នុងប្រាសាទនោះ។ តូរ្យតន្រ្តីប្រកបដោយការប្រគំដ៏ពីរោះ ដែលគេនាំមកដើម្បីខ្ញុំ ពួកស្រីទាំងអស់ កាលត្រេកអរ រមែងដឹកនាំនូវចិត្តខ្ញុំ។ ពួកស្រីកំពុងពេញល្បែង ពួកស្រីតឿ ពួកស្រីពេញរូបរាង ពួកស្រីចំទង់ ពួកស្រីឡើងរ៉ាវ និងពួកស្រីត្លុក តែងចោមរោមខ្ញុំសព្វៗ កាល។ ពួកអ្នកប្រគំ ពួកអ្នកដំស្គ ពួកអ្នករបាំ ជាច្រើនគ្នា ពួករបាំប្រុសស្រី តែងចោមរោមខ្ញុំសព្វៗ កាល។ ពួកជាងកំណោរ ពួកអ្នកផ្ងូតទឹក ពួកអ្នកដាំស្ល ពួកអ្នកធ្វើផ្កាកម្រង ពួកសុបាសកជន ពួកអ្នកប្រដាល់ ពួកអ្នកចំបាប់ទាំងអស់នោះ តែងចោមរោមខ្ញុំសព្វៗ កាល។
កាលពួកជនទាំងនុ៎ះ កំពុងលេងក្នុងការបាញ់ធ្នូដែលសិក្សាស្ទាត់ហើយ ខ្ញុំឥតស្គាល់យប់ និងថ្ងៃឡើយ ដូចជាព្រះឥន្រ្ទឋិតនៅក្នុងតាវត្តិង្សបុរី។ ពួកអ្នកដើរផ្លូវ ពួកអ្នកកំព្រា ពួកយាចក ពួកអ្នកដើរជាច្រើនគ្នា អ្នកទាំងអស់នោះ តែងចូលទៅសុំទានក្នុងផ្ទះខ្ញុំជានិច្ច។ ពួកសមណៈ និងព្រាហ្មណ៍ជាបុញ្ញក្ខេត្តដ៏ប្រសើរ ញុំាងបុណ្យឲ្យចម្រើនដល់ខ្ញុំ តែងមកកាន់ផ្ទះខ្ញុំ។ ពួកនិគ្រន្ថទាំងអស់នោះ គឺពួកបដកៈ លដុកៈ បុប្ផសាដកៈ ទណ្ឌិកៈ ឯកសិខៈ តែងមកកាន់ផ្ទះខ្ញុំ។ ពួកអ្នកប្រព្រឹត្តចិញ្ចឹមជីវិតដោយប្រពៃ ពួកអ្នកប្លន់ដណ្តើមទ្រព្យគេ ពួកអ្នកប្រព្រឹត្តធម៌ដូចគោ ពួកអ្នកប្រព្រឹត្តធម៌ដូចទេវតា ពួកអ្នកទ្រទ្រង់ល្អងធូលីទាំងនុ៎ះ តែងមកកាន់ផ្ទះខ្ញុំ។ ពួកអ្នកប្រព្រឹត្តធម៌ ពួកអ្នកដល់នូវការសម្រេចហេតុផ្សេងៗ ពួកអ្នកប្រជុំគ្នារម្ងាប់ការក្រោធ ពួកអ្នកមានតបៈ និងពួកអ្នកប្រព្រឹត្តនៅក្នុងព្រៃជាច្រើន តែងមកកាន់ផ្ទះខ្ញុំ។ ពួកជនខ្វាក់ ពួកទមិឡ ពួកអ្នកដែនសាកុឡៈ ពួកអ្នកដែនមលយាលកៈ ពួកអ្នកដែនសវរៈ និងពួកអ្នកដែនយោនកៈ តែងមកកាន់ផ្ទះខ្ញុំ។
ពួកអ្នកដែនគន្ធកៈ ពួកអ្នកដែនមុណ្ឌកៈ ពួកអ្នកដែនកុដ្ឋលៈ ពួកអ្នកដែនសានុវិន្ទកៈ ពួកអ្នកដែនអារាព និងពួកអ្នកដែនចិន តែងមកកាន់ផ្ទះខ្ញុំ។ ពួកអ្នកអាស្រ័យនៅភ្នំអលសន្ទកៈ ពួកអ្នកអាស្រ័យនៅភ្នំបល្លវៈ ពួកអ្នកឡើងកំពូលភ្នំ និងពួកចេតបុត្ត អ្នកនៅក្រៅដែន តែងមកកាន់ផ្ទះខ្ញុំ។ ពួកជនអ្នកនៅក្នុងដែនមធុរៈ ពួកជនអ្នកនៅក្នុងដែនកោសល ពួកជនអ្នកនៅក្នុងដែនកាសី ពួកជនអ្នកនៅក្នុងដែនហត្ថិបុរី ពួកជនអ្នកនៅក្នុងដែនឥសិន្ទៈ និងពួកជនអ្នកនៅក្នុងដែនមក្កលៈ តែងមកកាន់ផ្ទះខ្ញុំ។ ពួកជនអ្នកនៅក្នុងដែនចេលាវកៈ ពួកជនអ្នកនៅក្នុងដែនអារម្ពៈ ពួកជនអ្នកនៅក្នុងដែនឱភាសៈ ពួកជនអ្នកនៅក្នុងដែនមេឃលៈ ពួកជនអ្នកនៅក្នុងដែនខុទ្ទកៈ និងពួកជនអ្នកនៅក្នុងដែនសុទ្ទកៈជាច្រើន តែងមកកាន់ផ្ទះខ្ញុំ។ ពួកជនអ្នកនៅក្នុងដែនរោហកៈ ពួកជនអ្នកនៅក្នុងដែនសិន្ទវៈ ពួកជនអ្នកនៅក្នុងដែនចិត្តកៈ ពួកជនអ្នកនៅក្នុងដែនឯកកណ្ណិកៈ ពួកជនអ្នកនៅក្នុងដែនសុរដ្ឋៈ និងពួកជនអ្នកនៅក្នុងដែនអបរន្តៈ តែងមកកាន់ផ្ទះខ្ញុំ។
ពួកកុមារនៅក្នុងដែនសុបារកៈ នៅក្នុងដែនមលយៈ នៅក្នុងសោណភូមិ នៅក្នុងដែនវិជ្ជហារ ពួកជនទាំងអស់នោះ តែងមកកាន់ផ្ទះខ្ញុំ។ ពួកជាងផ្កាកម្រង ពួកជាងតម្បាញ ពួកជាងធ្វើស្បែក ពួកជាងចាំងឈើ ពួកអ្នកធ្វើការងារ និងពួកស្មូនឆ្នាំង តែងមកកាន់ផ្ទះខ្ញុំ។ ពួកជាងកែវមណី ពួកជាងលោហៈ ពួកជាងមាស ពួកជាងត្បាញសំពត់ និងពួកជាងសំណ ទាំងអស់នោះ តែងមកកាន់ផ្ទះខ្ញុំ។ ពួកជាងកូនសរ ពួកជាងក្រឡឹង ពួកជាងតម្បាញ ពួកអ្នកធ្វើទឹកអប់ ពួកជាងជ្រលក់ និងពួកជាងជុល តែងមកកាន់ផ្ទះខ្ញុំ។ ពួកអ្នកស្លប្រេង ពួកអ្នកនាំឧស ពួកអ្នកដងទឹក ពួកអ្នកចិញ្រ្ចាំសាច់ ពួកអ្នកដាំស្ល និងពួកអ្នកឈ្លាសវៃក្នុងសំឡេង តែងមកកាន់ផ្ទះខ្ញុំ។ ពួកអ្នកចាំទ្វារ ពួកអ្នករក្សាអង្គ ពួកអ្នកក្រងផ្កា ពួកអ្នកចាក់ចោលផ្កា ពួកអ្នកជិះដំរី និងពួកគង្វាលដំរី តែងមកកាន់ផ្ទះខ្ញុំ។ ខ្ញុំបានឲ្យសាមគ្គី ដល់ស្តេចឈ្មោះអានន្ទៈ ខ្ញុំបំពេញសេចក្តីខ្វះខាតដោយរតនៈមានពណ៌ ៧។
ពួកជនជាច្រើនទាំងអស់ណា មានវណ្ណៈផ្សេងៗគ្នា ដែលខ្ញុំបានពណ៌នារួចហើយ ខ្ញុំដឹងចិត្តនៃជននោះ ហើយឲ្យឆ្អែតស្កប់ស្កល់ដោយរតនវត្ថុ។ កាលបើគេនិយាយពាក្យពីរោះ កាលបើគេទួងស្គរឡើង កាលបើគេផ្លុំស័ង្ខឡើង ខ្ញុំត្រេកអរតែក្នុងផ្ទះរបស់ខ្លួន។ សម័យនោះ ព្រះមានព្រះភាគ ព្រះនាមបទុមុត្តរៈ ព្រមទាំងព្រះខីណាស្រពមួយសែនអង្គ កើតមានឡើងហើយ។ ព្រះសម្ពុទ្ធមានចក្ខុ ព្រមដោយភិក្ខុទាំងឡាយ ទ្រង់ស្តេចទៅតាមថ្នល់ រុងរឿងដូចជាដើមទីបព្រឹក្ស ដែលញុំាងទិសទាំងពួងឲ្យភ្លឺ។ កាលបើព្រះលោកនាយកស្តេចយាងទៅ ស្គរទាំងពួង ក៏លាន់ឮឡើង រស្មីរបស់ព្រះពុទ្ធក៏ផ្សាយចេញទៅ ហាក់ដូចព្រះអាទិត្យទើបនឹងរះ។ ខណៈនោះ ពន្លឺដ៏ធំទូលាយ ចាំងចូលទៅក្នុងផ្ទះទាំងឡាយ ដោយរស្មីផ្សាយចូលទៅតាមចន្លោះសន្ទះទ្វារ។ ខ្ញុំបានឃើញរស្មីរបស់ព្រះពុទ្ធហើយ បានប្រាប់បរិស័ទខ្ញុំថា ព្រះពុទ្ធដ៏ប្រសើរ ស្តេចយាងមកតាមថ្នល់នេះដោយឥតសង្ស័យ។
ខ្ញុំបានចុះអំពីប្រាសាទដោយរហ័ស ទៅរង់ចាំពាក់កណ្តាលផ្លូវ ថ្វាយបង្គំព្រះសម្ពុទ្ធ ហើយក្រាបបង្គំទូលថា សូមព្រះពុទ្ធ ព្រះនាមបទុមុត្តរៈ អនុគ្រោះដល់ខ្ញុំព្រះអង្គ។ ព្រះពុទ្ធជាអ្នកប្រាជ្ញអង្គនោះ ទ្រង់ទទួលនិមន្ត មួយអន្លើដោយពួកភិក្ខុមួយសែនអង្គ។ លុះខ្ញុំនិមន្តព្រះសម្ពុទ្ធរួចហើយ នាំព្រះអង្គទៅឯផ្ទះរបស់ខ្ញុំ ញុំាងព្រះមហាមុនីឲ្យឆ្អែតស្កប់ស្កល់ដោយបាយ និងទឹក ក្នុងផ្ទះនោះ។ ខ្ញុំបានដឹងកាលដ៏គួរនៃព្រះពុទ្ធដ៏ប្រសើរ ជាតាទិបុគ្គល ទ្រង់ឆាន់រួចហើយ ក៏បម្រើព្រះពុទ្ធដ៏ប្រសើរដោយតូរ្យតន្រ្តី ព្រមទាំងចម្រៀង។ ព្រះសម្ពុទ្ធ ទ្រង់ព្រះនាមបទុមុត្តរៈ ព្រះអង្គជ្រាបច្បាស់នូវលោក គួរទទួលគ្រឿងបូជា ទ្រង់គង់នៅខាងក្នុងផ្ទះ ហើយត្រាស់គាថាទាំងនេះថាបុគ្គលណា បានបម្រើតថាគតដោយតូរ្យតន្រ្តីផង បានថ្វាយបាយ និងទឹកផង ដល់តថាគត តថាគតនឹងសរសើរបុគ្គលនោះ អ្នកទាំងឡាយចូរស្តាប់ តថាគតនឹងសម្តែងដូចតទៅនេះ នរៈនេះ នឹងមានគ្រឿងបរិភោគច្រើន ព្រមទាំងមាសប្រាក់ ភោជន និងបានសោយឯករាជ្យក្នុងទ្វីប ៤។
នរៈនេះ នឹងសមាទានសីល ៥ ត្រេកអរក្នុងកុសលកម្មបថ ១០ ប្រព្រឹត្តសមាទានកុសលធម៌ ហើយនឹងញុំាងបរិស័ទឲ្យសិក្សា។ តូរ្យតន្រ្តីមួយសែន និងពួកនារីមានខ្លួនប្រដាប់ប្រពៃ តែងគាល់បម្រើនរៈនេះជានិច្ច នេះជាផលនៃការបម្រើ។ នរៈនេះ នឹងត្រេកអរក្នុងទេវលោក អស់ ៣០ ពាន់កប្ប បានជាព្រះឥន្រ្ទសោយរាជ្យជាស្តេចទេវតា អស់ ៦៤ ដង។ នឹងបានជាស្តេចចក្រពត្តិ អស់ ៧៤ ដង បានសោយប្រទេសរាជ្យដ៏ធំទូលាយ រាប់បានមួយអសង្ខេយ្យកប្ប។ កន្លងទៅមួយសែនកប្ប នឹងមានព្រះសាស្តា ព្រះនាមគោតម កើតក្នុងត្រកូលព្រះបាទឱក្កាករាជ្យ ត្រាស់ដឹងក្នុងលោក។ នរៈនេះ បើចូលទៅកាន់កំណើតណា ទោះជាទេវតា ឬជាមនុស្ស នឹងជាអ្នកមានភោគៈមិនខ្វះខាត ក្នុងបច្ឆិមជាតិ នឹងបាននូវភាពជាមនុស្ស។ ក្នុងកាលនោះ នរៈនេះ ជាអ្នកស្វាធ្យាយមន្ត ដល់នូវត្រើយនៃវេទទាំង ៣ កាលស្វែងរកប្រយោជន៍ដ៏ឧត្តម នឹងត្រាច់ទៅតាមផែនដី។ នរៈនោះ លុះកាលជាខាងក្រោយ ក៏ចេញបួស ត្រូវកុសលមូលដាស់តឿន នឹងតេ្រកអរក្នុងសាសនានៃព្រះមានព្រះភាគ ព្រះនាមគោតម។
នរៈនេះ នឹងញុំាងព្រះសម្ពុទ្ធ ព្រះនាមគោតម ជាសក្យៈដ៏ប្រសើរ ឲ្យប្រោសប្រាណ នឹងដុតកំដៅនូវកិលេសទាំងឡាយ ហើយបានជាព្រះអរហន្ត។
ថ្ងៃនេះ ខ្ញុំនៅក្នុងសាសនានៃព្រះពុទ្ធជាសក្យបុត្រ ខ្ញុំឥតភ័យ ដូចជាស្តេចខ្លាធំ ឬដូចជាកេសររាជសីហ៍ ជាស្តេចម្រឹគនៅក្នុងព្រៃ។ ខ្ញុំមិនដែលឃើញនូវកំណើតរបស់ខ្ញុំក្នុងទេវលោកកំសត់ ឬក្នុងកំណើតមនុស្សកំសត់ ឬក៏ក្នុងទុគ្គតិឡើយ នេះជាផលនៃការបម្រើ។ ខ្ញុំជាអ្នកប្រកបក្នុងវិវេក ជាអ្នកមានចិត្តស្ងប់ មិនមានឧបធិ មិនមានអាសវៈ ដូចជាដំរីដ៏ប្រសើរ កាត់ផ្តាច់នូវទន្លីង។ កិលេសទាំងឡាយ ខ្ញុំដុតបំផ្លាញហើយ ភពទាំងពួង ខ្ញុំបានដកចោលហើយ ខ្ញុំជាអ្នកមិនមានអាសវៈ ដូចជាដំរីដ៏ប្រសើរ កាត់ផ្តាច់នូវទន្លីង។ ឱ! ដំណើរដែលខ្ញុំមកក្នុងសំណាក់ព្រះពុទ្ធរបស់ខ្ញុំ ល្អណាស់ហ្ន៎ វិជា្ជ ៣ ខ្ញុំបានដល់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានធ្វើហើយ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ។
បានឮថា ព្រះជតុកណ្ណិកត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។ ចប់ ជតុកណ្ណិកត្ថេរាបទាន។
បិដក ភាគ ៧៤ - ទំព័រទី ២៦០
ជតុកណ្ណិកត្ថេរាបទាន ទី៩
ដោយ៥០០០ឆ្នាំ
images/articles/3195/202________________________rest.jpg
Public date : 10, Mar 2022 (538 Read)
កឹសីលសូត្រ ទី៩
(ព្រះសារីបុត្តដ៏មានអាយុ ក្រាបទូលសួរថា) នរជនមានសីលដូចម្តេច មានមារយាទដូចម្តេច ចំរើននូវអំពើទាំងឡាយដូចម្តេច គប្បីជាបុគ្គលប្រតិស្ឋានមាំល្អ (ក្នុងសាសនា) ផង ដល់នូវប្រយោជន៍ខ្ពង់ខ្ពស់ គឺអរហត្តផលផង។
(ព្រះមានព្រះភាគ ទ្រង់ត្រាស់ថា) បុគ្គលត្រូវប្រព្រឹត្តកោតក្រែងចំពោះបុគ្គលដែលចំរើន ជាអ្នកមិនមានសេចក្តីច្រណែន ស្គាល់កាលគួរចួបនឹងគ្រូ ស្គាល់ខណៈស្តាប់ធម្មីកថា ដែលលោកពោល គប្បីស្តាប់សុភាសិតឯទៀតដោយគោរព។
បុគ្គលគួរធ្វើការរឹងត្អឹង ឲ្យជ្រះស្រឡះ ប្រព្រឹត្តបន្ទាបខ្លួន ហើយចូលទៅកាន់សំណាក់គ្រូ តាមកាលគួរ គប្បីរលឹករឿយ ៗ ទាំងប្រព្រឹត្តដោយប្រពៃនូវអត្ថនៃ (ភាសិត) ធម៌ សីល និងព្រហ្មចារ្យ (ដ៏សេស ដែលគ្រូសំដែងហើយ)។
បុគ្គលគួរជាអ្នកមានធម៌ជាទីត្រេកអរ ត្រេកអរក្នុងធម៌ ឋិតនៅក្នុងធម៌ ចេះវិនិច្ឆ័យនូវធម៌ មិនគួរប្រព្រឹត្តនូវពាក្យ ដែលប្រទូស្តចំពោះធម៌ គប្បីញុំាងកាលឲ្យអស់ទៅ ដោយសុភាសិតទាំងឡាយដែលពិត ៗ។
បុគ្គលគួរលះបង់នូវការសើច រីករាយ ការចរចាឥតប្រយោជន៍ ការខ្សឹកខ្សួល ការប្រទុស្ត ការធ្វើនូវមាយា ការកុហក ការជាប់ចិត្ត ការប្រកាន់ ការប្រណាំងប្រជែង សំដីអាក្រក់ ទឹកអម្ចត់ គឺរាគាទិក្កិលេស និងការជ្រប់នៅដោយតណ្ហា គប្បីជាបុគ្គលប្រាសចាកសេចក្តីស្រវឹង មានចិត្តឋិតនៅមាំ។
សុភាសិតទាំងឡាយ (ដែលប្រកបដោយសមថវិបស្សនា) គឺអ្នកប្រាជ្ញដឹងច្បាស់ ថាមានសារៈ ឯញាណសំរេចអំពីសុតៈ គឺអ្នកប្រាជ្ញដឹងច្បាស់ថា មានសមាធិជាសារៈ បញ្ញា និងសុតៈ រមែងមិនចំរើនដល់នរជន ដែលជាអ្នកមានចិត្តរហ័ស ជាអ្នកធ្វេសប្រហែស ។
មួយទៀត ជនពួកណា ត្រេកអរក្នុងធម៌ ដែលអរិយបុគ្គលសំដែងហើយ ជនពួកនោះ រមែងប្រសើរដោយវចីកម្ម មនោកម្ម និងកាយកម្ម ជនពួកនោះ រមែងឋិតនៅក្នុងសេចក្តីស្ងប់ស្ងាត់ ស្ងប់ស្ងៀម និងសមាធិ ហើយបានដល់នូវខ្លឹមនៃការស្តាប់ផង នៃប្រាជ្ញាផង។
ចប់ កឹសីលសូត្រ ទី៩។
(ខុទ្ទកនិកាយ សុត្តនិបាត តតិយភាគ ព្រះត្រៃបិដកលេខ ៥៤)
…………………….ព្រះពុទ្ធដីកា
សេដ្ឋីពេាធិសត្វជាបិតាពេាលថា៖ បុគ្គលគប្បីប្រាថ្នាលាភដ៏ឧត្តម គឺការមិនមានរេាគ១, សីល (គឺមារយាទ) ១, ការយល់ឃេីញតាមបណ្ឌិតអ្នកដឹង ១, ការឧស្សាហ៍ស្តាប់ ១, ការអនុវត្តន៍នូវសុចរិតធម៌ ១, ការមិនរុញរានៃចិត្ត ១, ធម៌ទាំង ៦ នេះ ជាទ្វារ ទាំងជាប្រធាននៃសេចក្តីចម្រេីន ។ (អត្ថស្សទ្វារជាតកទី ៤)
ដោយ៥០០០ឆ្នាំ
images/articles/3194/_______________________________________.jpg
Public date : 06, Mar 2022 (418 Read)
បញ្ញាវគ្គ វិបស្សនាកថា
សាវត្ថីបរិបុណ្ណនិទាន
ម្នាលភិក្ខុទាំងឡាយ ភិក្ខុនោះឯង កាលពិចារណាឃើញនូវសង្ខារនីមួយ ថាទៀង នឹងប្រកបដោយអនុលោមិកខន្តី ពាក្យដូច្នេះនុ៎ះ មិនសមហេតុទេ ភិក្ខុនោះ មិនប្រកបដោយអនុលោមិកខន្តី នឹងចុះកាន់សម្មត្តនិយាមធម៌ ពាក្យដូច្នេះនុ៎ះ មិនសមហេតុទេ ភិក្ខុនោះកាលមិនចុះកាន់សម្មត្តនិយាមធម៌ នឹងធ្វើឲ្យជាក់ច្បាស់នូវសោតាបត្តិផល ឬសកទាគាមិផល អនាគាមិផល អរហត្តផល ពាក្យដូច្នេះនុ៎ះ មិនសមហេតុទេ ម្នាលភិក្ខុទាំងឡាយ ភិក្ខុនោះឯង កាលពិចារណាឃើញនូវសង្ខារទាំងពួង ថាមិនទៀង នឹងប្រកបដោយអនុលោមិកខន្តី ពាក្យដូច្នេះនុ៎ះ ទើបសមហេតុ ភិក្ខុនោះប្រកបដោយអនុលោមិកខន្តី នឹងចុះកាន់សម្មត្តនិយាមធម៌ ពាក្យដូច្នេះនុ៎ះ ទើបសមហេតុ ភិក្ខុនោះ កាលចុះកាន់សម្មត្តនិយាមធម៌ នឹងធ្វើឲ្យជាក់ច្បាស់នូវសោតាបត្តិផល ឬសកទាគាមិផល អនាគាមិផល អរហត្តផល ពាក្យដូច្នេះនុ៎ះ ទើបសមហេតុ។
[២០៣] ម្នាលភិក្ខុទាំងឡាយ ភិក្ខុនោះឯង កាលពិចារណាឃើញនូវសង្ខារនីមួយ ថាជាសុខ នឹងប្រកបដោយអនុលោមិកខន្តី ពាក្យដូច្នេះនុ៎ះ មិនសមហេតុទេ ភិក្ខុនោះមិនប្រកបដោយអនុលោមិកខន្តី នឹងចុះកាន់សម្មត្តនិយាមធម៌ ពាក្យដូច្នេះនុ៎ះ មិនសមហេតុទេ ភិក្ខុនោះ កាលមិនចុះកាន់សម្មត្តនិយាមធម៌ នឹងធ្វើឲ្យជាក់ច្បាស់នូវសោតាបត្តិផល ឬសកទាគាមិផល អនាគាមិផល អរហត្តផល ពាក្យដូច្នេះនុ៎ះ មិនសមហេតុទេ ម្នាលភិក្ខុទាំងឡាយ ភិក្ខុនោះឯង កាលពិចារណាឃើញនូវសង្ខារទាំងពួង ថាជាទុក្ខ នឹងប្រកបដោយអនុលោមិកខន្តី ពាក្យដូច្នេះនុ៎ះ ទើបសមហេតុ ភិក្ខុនោះប្រកបដោយអនុលោមិកខន្តី នឹងចុះកាន់សម្មត្តនិយាមធម៌ ពាក្យដូច្នេះនុ៎ះ ទើបសមហេតុ ភិក្ខុនោះ កាលចុះកាន់សម្មត្តនិយាមធម៌ នឹងធ្វើឲ្យជាក់ច្បាស់នូវសោតាបត្តិផល ឬសកទាគាមិផល អនាគាមិផល អរហត្តផល ពាក្យដូច្នេះនុ៎ះ ទើបសមហេតុ។
[២០៤] ម្នាលភិក្ខុទាំងឡាយ ភិក្ខុនោះឯង កាលពិចារណាឃើញធម៌នីមួយ ថាជាខ្លួន នឹងប្រកបដោយអនុលោមិកខន្តី ពាក្យដូច្នេះនុ៎ះ មិនសមហេតុទេ ភិក្ខុនោះមិន ប្រកបដោយអនុលោមិកខន្តី នឹងចុះកាន់សម្មត្តនិយាមធម៌ ពាក្យដូច្នេះនុ៎ះ មិនសមហេតុទេ ភិក្ខុនោះកាលមិនចុះកាន់សម្មត្តនិយាមធម៌ នឹងធ្វើឲ្យជាក់ច្បាស់នូវសោតាបត្តិផល ឬសកទាគាមិផល អនាគាមិផល អរហត្តផល ពាក្យដូច្នេះនុ៎ះ មិនសមហេតុទេ ម្នាលភិក្ខុទាំងឡាយ ភិក្ខុនោះឯង កាលពិចារណាឃើញធម៌នីមួយ ថាមិនមែនខ្លួន នឹងប្រកបដោយអនុលោមិកខន្តី ពាក្យដូច្នេះនុ៎ះ ទើបសមហេតុ ភិក្ខុប្រកបដោយអនុលោមិកខន្តី នឹងចុះកាន់សម្មត្តនិយាមធម៌ ពាក្យដូច្នេះនុ៎ះ ទើបសមហេតុ ភិក្ខុនោះកាលចុះកាន់សម្មត្តនិយាមធម៌ នឹងធ្វើឲ្យជាក់ច្បាស់នូវសោតាបត្តិផល ឬសកទាគាមិផល អនាគាមិផល អរហត្តផល ពាក្យដូច្នេះនុ៎ះ ទើបសមហេតុ។
[២០៥] ម្នាលភិក្ខុទាំងឡាយ ភិក្ខុនោះឯង កាលពិចារណាឃើញព្រះនិញ្វនថា ជាទុក្ខ នឹងប្រកបដោយអនុលោមិកខន្តី ពាក្យដូច្នេះនុ៎ះ មិនសមហេតុទេ ភិក្ខុនោះមិនប្រកបដោយអនុលោមិកខន្តី នឹងចុះកាន់សម្មត្តនិយាមធម៌ ពាក្យដូច្នេះនុ៎ះ មិនសមហេតុទេ ភិក្ខុនោះ កាលមិនចុះកាន់សម្មត្តនិយាមធម៌ នឹងធ្វើឲ្យជាក់ច្បាស់នូវសោតាបត្តិផល ឬសកទាគាមិផល អនាគាមិផល អរហត្តផល ពាក្យដូច្នេះនុ៎ះ មិនសមហេតុទេ ម្នាលភិក្ខុទាំងឡាយ ភិក្ខុនោះឯង កាលពិចារណាឃើញព្រះនិញ្វនថាជាសុខ នឹងប្រកបដោយអនុលោមិកខន្តី ពាក្យដូច្នេះនុ៎ះ ទើបសមហេតុ ភិក្ខុនោះប្រកបដោយអនុលោមិកខន្តី នឹងចុះកាន់សម្មត្តនិយាមធម៌ ពាក្យដូច្នេះនុ៎ះ ទើបសមហេតុ ភិក្ខុនោះ កាលចុះកាន់សម្មត្តនិយាមធម៌ នឹងធ្វើឲ្យជាក់ច្បាស់នូវសោតាបត្តិផល ឬសកទាគាមិផល អនាគាមិផល អរហត្តផល ពាក្យដូច្នេះនុ៎ះ ទើបសមហេតុ។
[២០៦] ភិក្ខុបាននូវអនុលោមិកខន្តី ដោយអាការប៉ុន្មាន ចុះកាន់សម្មត្តនិយាមធម៌ ដោយអាការប៉ុន្មាន។ ភិក្ខុបាននូវអនុលោមិកខន្តី ដោយអាការ ៤០ ចុះកាន់សម្មត្តនិយាមធម៌ ក៏ដោយអាការ ៤០ ដែរ។ ភិក្ខុបាននូវអនុលោមិកខន្តី ដោយអាការ ៤០ តើដូចម្តេចខ្លះ ចុះកាន់សម្មត្តនិយាមធម៌ ដោយអាការ ៤០ តើដូចម្តេចខ្លះ។ ភិក្ខុពិចារណាឃើញនូវខន្ធ ៥ ថាមិនទៀង ១ ថាជាទុក្ខ ១ ជារោគ ១ ជាបូស ១ ជាសរ ១ ជារបស់លំបាក ១ ជាអាពាធ ១ ជារបស់ដទៃ ១ ជារបស់វិនាស ១ ជាចង្រៃ ១ ជាឧបទ្រព ១ ជាភ័យ ១ ជាឧបសគ្គ ១ ជាគ្រឿងញាប់ញ័រ ១ ជាគ្រឿងបែកធ្លាយ ១ ថាមិនទៀង ១ ថាមិនមានទីជ្រកកោន ១ ថាមិនមានទីពួន ១ ថាមិនមានទីពឹង ១ ថាជាវាល ១ ថាទទេ ១ ថាសោះសូន្យ ១ ថាមិនមែនខ្លួន ១ ថាជាទោស ១ ថាមានសេចក្តីប្រែប្រួលជាធម្មតា ១ ថាគ្មានខ្លឹម ១ ថាជាឫសគល់នៃសេចក្តីលំបាក ១ ថាជាអ្នកសម្លាប់ ១ ថាមិនមានសេចក្តីចម្រើន ១ ថាប្រកបដោយអាសវៈ ១ ថាជារបស់ដែលបច្ច័យប្រជុំតាក់តែង ១ ថាជាអាមិសៈនៃមារ ១ ថាមានការកើតជាធម្មតា ១ មានជរាជាធម្មតា ១ មានព្យាធិជាធម្មតា ១ មានមរណៈជាធម្មតា ១ មានសោកជាធម្មតា ១ មានការខ្សឹកខ្សួលជាធម្មតា ១ មានសេចក្តីចង្អៀតចង្អល់ជាធម្មតា ១ មានសេចក្តីសៅហ្មងជាធម្មតា ១ គឺថា កាលពិចារណាឃើញថា ខន្ធ ៥ មិនទៀង រមែងបានអនុលោមិកខន្តី កាលពិចារណាឃើញថា ការរំលត់ខន្ធ ៥ គឺព្រះនិញ្វនដ៏ទៀង រមែងចុះកាន់សម្មត្តនិយាមធម៌ កាលពិចារណាឃើញថាខន្ធ ៥ ជាទុក្ខ រមែងបានអនុលោមិកខន្តី កាលពិចារណាឃើញថា ការរំលត់ខន្ធ ៥ គឺព្រះនិញ្វន ជាឋានសុខ រមែងចុះកាន់សម្មត្តនិយាមធម៌ កាលពិចារណាឃើញថាខន្ធ ៥ ជារោគ រមែងបានអនុលោមិកខន្តី កាលពិចារណាឃើញថា ការរំលត់ខន្ធ ៥ គឺព្រះនិញ្វន ជាឋានមិនមានរោគ រមែងចុះកាន់សម្មត្តនិយាមធម៌ កាលពិចារណាឃើញថាខន្ធ ៥ ជាបូស រមែងបានអនុលោមិកខន្តី កាលពិចារណាឃើញថា ការរំលត់ខន្ធ ៥ គឺព្រះនិញ្វន ជាឋានមិនមានបូស រមែងចុះកាន់សម្មត្តនិយាមធម៌ កាលពិចារណាឃើញខន្ធ ៥ ថាជាសរ រមែងបានអនុលោមិកខន្តី កាលពិចារណាឃើញថា ការរំលត់ខន្ធ ៥ គឺព្រះនិញ្វន ជាឋានមិនមានសរ រមែងចុះកាន់សម្មត្តនិយាមធម៌ កាលពិចារណាឃើញខន្ធ ៥ ថាជាខន្ធលំបាក រមែងបានអនុលោមិកខន្តី កាលពិចារណាឃើញថា ការរំលត់ខន្ធ ៥ គឺព្រះនិញ្វន ជាឋានមិនមានទុក្ខ រមែងចុះកាន់សម្មត្តនិយាមធម៌ កាលពិចារណាឃើញនូវខន្ធ ៥ ថាជាអាពាធ រមែងបានអនុលោមិកខន្តី កាលពិចារណាឃើញថា ការរំលត់ខន្ធ ៥ គឺព្រះនិញ្វន ជាឋានមិនមានអាពាធ រមែងចុះកាន់សម្មត្តនិយាមធម៌ កាលពិចារណាឃើញខន្ធ ៥ ថាជារបស់ដទៃ រមែងបានអនុលោមិកខន្តី កាលពិចារណាឃើញថា ការរំលត់ខន្ធ ៥ គឺព្រះនិញ្វន មិនជាបច្ច័យរបស់អ្នកដទៃ រមែងចុះកាន់សម្មត្តនិយាមធម៌ កាលពិចារណាឃើញខន្ធ ៥ ថាវិនាស រមែងបានអនុលោមិកខន្តី កាលពិចារណាឃើញថា ការរំលត់ខន្ធ ៥ គឺព្រះនិញ្វន ជាសភាវៈមិនវិនាស រមែងចុះកាន់សម្មត្តនិយាមធម៌ កាលពិចារណាឃើញខន្ធ ៥ ថាជាចង្រៃ រមែងបានអនុលោមិកខន្តី កាលពិចារណាឃើញថា ការរំលត់ខន្ធ ៥ គឺព្រះនិញ្វន ជាឋានមិនមានចង្រៃ រមែងចុះកាន់សម្មត្តនិយាមធម៌ កាលពិចារណាឃើញខន្ធ ៥ ថាជាឧបទ្រព រមែងបានអនុលោមិកខន្តី កាលពិចារណាឃើញថា ការរំលត់ខន្ធ ៥ គឺព្រះនិញ្វន ជាឋានមិនមានឧបទ្រព រមែងចុះកាន់សម្មត្តនិយាមធម៌ កាលពិចារណាឃើញខន្ធ ៥ ថាជាភ័យ រមែងបានអនុលោមិកខន្តី កាលពិចារណាឃើញថា ការរំលត់ខន្ធ ៥ គឺព្រះនិញ្វនជាឋានមិនមានភ័យ រមែងចុះកាន់សម្មត្តនិយាមធម៌ កាលពិចារណាឃើញខន្ធ ៥ ថាជាឧបសគ្គ រមែងបានអនុលោមិកខន្តី កាលពិចារណាឃើញថា ការរំលត់ខន្ធ ៥ គឺព្រះនិញ្វន ជាឋានមិនមានឧបសគ្គ រមែងចុះកាន់សម្មត្តនិយាមធម៌ កាលពិចារណាឃើញខន្ធ ៥ ថាជាគ្រឿងញាប់ញ័រ រមែងបានអនុលោមិកខន្តី កាលពិចារណាឃើញថា ការរំលត់ខន្ធ ៥ គឺព្រះនិញ្វន ជាឋានមិនមានការញាប់ញ័រ រមែងចុះកាន់សម្មត្តនិយាមធម៌ កាលពិចារណាឃើញខន្ធ ៥ ថាជារបស់បែកធ្លាយ រមែងបានអនុលោមិកខន្តី កាលពិចារណាឃើញថា ការរំលត់ខន្ធ ៥ គឺព្រះនិញ្វន ជាឋានមិនមានការបែកធ្លាយ រមែងចុះកាន់សម្មត្តនិយាមធម៌ កាលពិចារណាឃើញខន្ធ ៥ ថាមិនទៀង រមែងបានអនុលោមិកខន្តី កាលពិចារណាឃើញថា ការរំលត់ខន្ធ ៥ គឺព្រះនិញ្វនជាឋានទៀង រមែងចុះកាន់សម្មត្តនិយាមធម៌ កាលពិចារណាឃើញខន្ធ ៥ ថាមិនមានទីជ្រកកោន រមែងបានអនុលោមិកខន្តី កាលពិចារណាឃើញថា ការរំលត់ខន្ធ ៥ គឺព្រះនិញ្វនជាឋានមានទីជ្រកកោន រមែងចុះកាន់សម្មត្តនិយាមធម៌ កាលពិចារណាឃើញខន្ធ ៥ ថាមិនមានទីពួន រមែងបានអនុលោមិកខន្តី កាលពិចារណាឃើញថា ការរំលត់ខន្ធ ៥ គឺព្រះនិញ្វនជាឋានមានទីពួន រមែងចុះកាន់សម្មត្តនិយាមធម៌ កាលពិចារណាឃើញខន្ធ ៥ ថាមិនមានទីពឹង រមែងបានអនុលោមិកខន្តី កាលពិចារណាឃើញថា ការរំលត់ខន្ធ ៥ គឺព្រះនិញ្វន ជាឋានមានទីពឹង រមែងចុះកាន់សម្មត្តនិយាមធម៌ កាលពិចារណាឃើញខន្ធ ៥ ថាជាវាល រមែងបានអនុលោមិកខន្តី កាលពិចារណាឃើញថា ការរំលត់ខន្ធ ៥ គឺព្រះនិញ្វន ជាឋានមិនមានទីវាល រមែងចុះកាន់សម្មត្តនិយាមធម៌ កាលពិចារណាឃើញខន្ធ ៥ ថាជារបស់ទទេ រមែងបានអនុលោមិកខន្តី កាលពិចារណាឃើញថា ការរំលត់ខន្ធ ៥ គឺព្រះនិញ្វន ជាឋានមិនទទេ រមែងចុះកាន់សម្មត្តនិយាមធម៌ កាលពិចារណាឃើញខន្ធ ៥ ថាសូន្យ រមែងបានអនុលោមិកខន្តី កាលពិចារណាឃើញថាការរំលត់ខន្ធ ៥ គឺព្រះនិញ្វនជាឋានសូន្យ (ចាកកិលេស) ដ៏ក្រៃលែង រមែងចុះកាន់សម្មត្តនិយាមធម៌ កាលពិចារណាឃើញខន្ធ ៥ ថាមិនមែនខ្លួន រមែងបានអនុលោមិកខន្តី កាលពិចារណាឃើញថា ការរំលត់ខន្ធ ៥ គឺព្រះនិញ្វន ជាឋានមានអត្ថដ៏ឧត្តម រមែងចុះកាន់សម្មត្តនិយាមធម៌ កាលពិចារណាឃើញនូវខន្ធ ៥ ថាជាទោស រមែងបានអនុលោមិកខន្តី កាលពិចារណាឃើញថា ការរំលត់ខន្ធ ៥ គឺព្រះនិញ្វន ជាឋានមិនមានទោស រមែងចុះកាន់សម្មត្តនិយាមធម៌ កាលពិចារណាឃើញ ខន្ធ ៥ ថាមានការប្រែប្រួលជាធម្មតា រមែងបានអនុលោមិកខន្តី កាលពិចារណាឃើញថា ការរំលត់ខន្ធ ៥ គឺព្រះនិញ្វន ជាឋានមិនមានការប្រែប្រួលជាធម្មតា រមែងចុះកាន់សម្មត្តនិយាមធម៌ កាលពិចារណាឃើញខន្ធ ៥ ថាមិនមានខ្លឹម រមែងបាននូវអនុលោមិកខន្តី កាលពិចារណាឃើញថា ការរំលត់ខន្ធ ៥ គឺព្រះនិញ្វន ជាឋានមានខ្លឹម រមែងចុះកាន់សម្មត្តនិយាមធម៌ កាលពិចារណាឃើញខន្ធ ៥ ថាជាឫសគល់នៃការលំបាក រមែងបានអនុលោមិកខន្តី កាលពិចារណាឃើញថា ការរំលត់ខន្ធ ៥ គឺ ព្រះនិញ្វន ជាឋានមិនមានឫសគល់នៃសេចក្តីលំបាក រមែងចុះកាន់សម្មត្តនិយាមធម៌ កាលពិចារណាឃើញខន្ធ ៥ ថាជាអ្នកសម្លាប់ រមែងបានអនុលោមិកខន្តី កាលពិចារណាឃើញថា ការរំលត់ខន្ធ ៥ គឺព្រះនិញ្វនមិនជាទីសម្លាប់ រមែងចុះកាន់សម្មត្តនិយាមធម៌ កាលពិចារណាឃើញខន្ធ ៥ ថាប្រាសចាកសេចក្តីចម្រើន រមែងបានអនុលោមិកខន្តី កាលពិចារណាឃើញថា ការរំលត់ខន្ធ ៥ គឺព្រះនិញ្វន មិនមែនជាទីប្រាសចាកសេចក្តីចម្រើន រមែងចុះកាន់សម្មត្តនិយាមធម៌ កាលពិចារណាឃើញខន្ធ ៥ ថាប្រកបដោយអាសវៈ រមែងបានអនុលោមិកខន្តី កាលពិចារណាឃើញថា ការរំលត់ខន្ធ ៥ គឺព្រះនិញ្វនមិនមានអាសវៈ រមែងចុះកាន់សម្មត្តនិយាមធម៌ កាលពិចារណាឃើញខន្ធ ៥ ថាបច្ច័យប្រជុំតាក់តែង រមែងបានអនុលោមិកខន្តី កាលពិចារណាឃើញថា ការរំលត់ខន្ធ ៥ គឺព្រះនិញ្វន មិនមានបច្ច័យប្រជុំតាក់តែង រមែងចុះកាន់សម្មត្តនិយាមធម៌ កាលពិចារណាឃើញខន្ធ ៥ ថាជាអាមិសៈនៃមារ រមែងបានអនុលោមិកខន្តី កាលពិចារណាឃើញថា ការរំលត់ខន្ធ ៥ គឺព្រះនិញ្វនមិនមានអាមិសៈ រមែងចុះកាន់សម្មត្តនិយាមធម៌ កាលពិចារណាឃើញខន្ធ ៥ ថាមានការកើតជាធម្មតា រមែងបានអនុលោមិកខន្តី កាលពិចារណាឃើញថា ការរំលត់ខន្ធ ៥ គឺ ព្រះនិញ្វន ជាឋានឈប់កើត រមែងចុះកាន់សម្មត្តនិយាមធម៌ កាលពិចារណាឃើញខន្ធ ៥ ថាមានជរាជាធម្មតា រមែងបានអនុលោមិកខន្តី កាលពិចារណាឃើញថា ការរំលត់ខន្ធ ៥ គឺព្រះនិញ្វន មិនមានជរា រមែងចុះកាន់សម្មត្តនិយាមធម៌ កាលពិចារណាឃើញខន្ធ ៥ ថាមានព្យាធិជាធម្មតា រមែងបានអនុលោមិកខន្តី កាលពិចារណាឃើញថា ការរំលត់ខន្ធ ៥ គឺព្រះនិញ្វន មិនមានព្យាធិជាធម្មតា រមែងចុះកាន់សម្មត្តនិយាមធម៌ កាលពិចារណាឃើញខន្ធ ៥ ថាមានសេចក្តីស្លាប់ជាធម្មតា រមែងបានអនុលោមិកខន្តី កាលពិចារណាឃើញថា ការរំលត់ខន្ធ ៥ គឺព្រះនិញ្វន ជាឋានមិន ស្លាប់ រមែងចុះកាន់សម្មត្តនិយាមធម៌ កាលពិចារណាឃើញខន្ធ ៥ ថាមានសេចក្តីសោកជាធម្មតា រមែងបានអនុលោមិកខន្តី កាលពិចារណាឃើញថា ការរំលត់ខន្ធ ៥ គឺព្រះនិញ្វន មិនមានសេចក្តីសោក រមែងចុះកាន់សម្មត្តនិយាមធម៌ កាលពិចារណាឃើញខន្ធ ៥ ថាមានសេចក្តីខ្សឹកខ្សួលជាធម្មតា រមែងបានអនុលោមិកខន្តី កាលពិចារណាឃើញថា ការរំលត់ខន្ធ ៥ គឺព្រះនិញ្វន មិនមានសេចក្តីខ្សឹកខ្សួល រមែងចុះកាន់សម្មត្តនិយាមធម៌ កាលពិចារណាឃើញខន្ធ ៥ ថាមានសេចក្តីចង្អៀតចង្អល់ជាធម្មតា រមែងបានអនុលោមិកខន្តី កាលពិចារណាឃើញថា ការរំលត់ខន្ធ ៥ គឺព្រះនិញ្វន មិនមានសេចក្តីចង្អៀតចង្អល់ រមែងចុះកាន់សម្មត្តនិយាមធម៌ កាលពិចារណាឃើញខន្ធ ៥ ថាមានសេចក្តីសៅហ្មងជាធម្មតា រមែងបានអនុលោមិកខន្តី កាលពិចារណាឃើញថា ការរំលត់ខន្ធ ៥ គឺព្រះនិញ្វន មិនមានសេចក្តីសៅហ្មង រមែងចុះកាន់សម្មត្តនិយាមធម៌។
[២០៧] ពាក្យថាមិនទៀង បានដល់អនិច្ចានុបស្សនា។ ពាក្យថាទុក្ខ បានដល់ទុក្ខានុបស្សនា។ ពាក្យថារោគ បានដល់ទុក្ខានុបស្សនា។ ពាក្យថាបូស បានដល់ទុក្ខានុបស្សនា។ ពាក្យថាសរ បានដល់ទុក្ខានុបស្សនា។ ពាក្យថាលំបាក បានដល់ទុក្ខានុបស្សនា។ ពាក្យថាអាពាធ បានដល់ទុក្ខានុបស្សនា។ ពាក្យថាជារបស់អ្នកដទៃ បានដល់អនត្តានុបស្សនា។ ពាក្យថាវិនាស បានដល់អនត្តានុបស្សនា។ ពាក្យថាចង្រៃ បានដល់ទុក្ខានុបស្សនា។ ពាក្យថាឧបទ្រព បានដល់ទុក្ខានុបស្សនា។ ពាក្យថាភ័យ បានដល់ទុក្ខានុបស្សនា។ ពាក្យថាឧបសគ្គ បានដល់ទុក្ខានុបស្សនា។ ពាក្យថាញាប់ញ័រ បានដល់អនិច្ចានុបស្សនា។ ពាក្យថាបែកធ្លាយ បានដល់អនិច្ចានុបស្សនា។ ពាក្យថាមិនទៀង បានដល់អនិច្ចានុបស្សនា។ ពាក្យថាមិនមានទីជ្រកកោន បានដល់ទុក្ខានុបស្សនា។ ពាក្យថាមិនមានទីពួន បានដល់ទុក្ខានុបស្សនា។ ពាក្យថាមិនមានទីពឹង បានដល់ទុក្ខានុបស្សនា។ ពាក្យថាទីវាល បានដល់ទុក្ខានុបស្សនា ។ ពាក្យថាទទេ បានដល់អនត្តានុបស្សនា។ ពាក្យថាសោះសូន្យ បានដល់អនត្តានុបស្សនា។ ពាក្យថាមិនមែនខ្លួន បានដល់អនត្តានុបស្សនា។ ពាក្យថាទោស បានដល់ទុក្ខានុបស្សនា។ ពាក្យថាមានការប្រែប្រួលជាធម្មតា បានដល់អនិច្ចានុបស្សនា។ ពាក្យថាមិនមានខ្លឹម បានដល់អនត្តានុបស្សនា។ ពាក្យថាមានការលំបាកជាឫសគល់ បានដល់ទុក្ខានុបស្សនា។ ពាក្យថាជាអ្នកសម្លាប់ បានដល់ទុក្ខានុបស្សនា។ ពាក្យថាប្រាសចាកសេចក្តីចម្រើន បានដល់អនិច្ចានុបស្សនា។ ពាក្យថាប្រកបដោយអាសវៈ បានដល់ទុក្ខានុបស្សនា។ ពាក្យថាមានបច្ច័យប្រជុំតាក់តែង បានដល់អនិច្ចានុបស្សនា។ ពាក្យថាជាអាមិសៈនៃមារ បានដល់ទុក្ខានុបស្សនា។ ពាក្យថាមានការកើតជាធម្មតា បានដល់ទុក្ខានុបស្សនា។ ពាក្យថាមានជរាជាធម្មតា បានដល់ទុក្ខានុបស្សនា។ ពាក្យថាមានព្យាធិជាធម្មតា បានដល់ទុក្ខានុបស្សនា។ ពាក្យថាមានសេចក្តីស្លាប់ជាធម្មតា បានដល់អនិច្ចានុបស្សនា។ ពាក្យថាមានសោកជាធម្មតា បានដល់ទុក្ខានុបស្សនា។ ពាក្យថាមានសេចក្តីខ្សឹកខ្សួលជាធម្មតា បានដល់ទុក្ខានុបស្សនា។ ពាក្យថាមានសេចក្តីចង្អៀតចង្អល់ជាធម្មតា បានដល់ទុក្ខានុបស្សនា។ ពាក្យថា មានសេចក្តីសៅហ្មងជាធម្មតា បានដល់ទុក្ខានុបស្សនា។
ភិក្ខុបានអនុលោមិកខន្តី ដោយអាការ ៤០ នេះ ចុះកាន់សម្មត្តនិយាមធម៌ ដោយអាការ ៤០ នេះ។
កាលភិក្ខុបានអនុលោមិកខន្តី ដោយអាការ ៤០ នេះ ចុះកាន់សម្មត្តនិយាមធម៌ ដោយអាការ ៤០ នេះ តើអនិច្ចានុបស្សនា មានប៉ុន្មាន ទុក្ខានុបស្សនា មានប៉ុន្មាន អនត្តានុបស្សនា មានប៉ុន្មាន។
អនត្តានុបស្សនា មាន ២៥ អនិច្ចានុបស្សនា មាន ៥០ វិបស្សនាទាំងឡាយណា ដែលព្រះមានព្រះភាគសំដែងចំពោះទុក្ខានុបស្សនា វិបស្សនានោះ មាន ១២៥។
ចប់ វិបស្សនាកថា។
ខុទ្ទកនិកាយ បដិសម្ភិទាមគ្គ តតិយភាគ
(ព្រះត្រៃបិដក ភាគទី៧១)
ដោយ៥០០០ឆ្នាំ
images/articles/3193/rtt555577yuuiii99.jpg
Public date : 02, Mar 2022 (670 Read)
១០. វេលាមសូត្រ
[២០] សម័យមួយ ព្រះដ៏មានព្រះភាគ កាលគង់ក្នុងវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុងសាវត្ថី។ គ្រានោះ អនាថបិណ្ឌិកគហបតី ចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ ក៏ក្រាបថ្វាយបង្គំព្រះដ៏មានព្រះភាគ ហើយអង្គុយក្នុងទីសមគួរ។ លុះអនាថបិណ្ឌិកគហបតី អង្គុយក្នុងទីសមគួរហើយ ទើបព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់សួរដូច្នេះថា ម្នាលគហបតី ទានក្នុងត្រកូល អ្នកនៅតែឲ្យដែរឬ។
បពិត្រព្រះអង្គដ៏ចំរើន ទានក្នុងត្រកូល ខ្ញុំព្រះអង្គនៅតែឲ្យដែរ តែទាននោះឯងសៅហង្ម គឺបាយចុងអង្ករ និងទឹកជ្រក់ ជាគំរប់ពីរ។ ម្នាលគហបតី បុគ្គលឲ្យទានសៅហង្មក្តី ឲ្យទានថ្លៃថ្លាក្តី តែឲ្យទាននោះមិនគោរព ធ្វើសេចក្តីមិនកោតក្រែងហើយឲ្យ មិនឲ្យដោយដៃខ្លួនឯង បោះឲ្យ យល់ថាមិនមានផលហើយឲ្យ វិបាករបស់ទាននោះ ៗ កើតក្នុងត្រកូលណា ៗ ចិត្តក៏មិនឱនទៅ ដើម្បីប្រើប្រាស់នូវភត្តដ៏ថ្លៃថ្លា ចិត្តមិនឱនទៅ ដើម្បីប្រើប្រាស់នូវសំពត់ដ៏ថ្លៃថ្លា ចិត្តមិនឱនទៅ ដើម្បីប្រើប្រាស់យានដ៏ថ្លៃថ្លា ចិត្តមិនឱនទៅ ដើម្បីប្រើប្រាស់ក្នុងកាមគុណ ៥ ដ៏ថ្លៃថ្លា មួយទៀត ពួកជនណា ដែលជាកូនក្តី ប្រពន្ធក្តី ទាសៈក្តី អ្នកបំរើក្តី កម្មករក្តី របស់បុគ្គលនោះ ជនទាំងនោះ មិនស្តាប់ មិនផ្ចង់ត្រចៀកស្តាប់ រមែងបញ្ជូនចិត្តទៅក្នុងអារម្មណ៍ដទៃ។ ដំណើរនោះ ព្រោះហេតុអ្វី។
ម្នាលគហបតី ព្រោះថា វិបាកនៃកម្មទាំងឡាយ ដែលបុគ្គលធ្វើដោយមិនគោរព រមែងមានយ៉ាងនេះឯង ម្នាលគហបតី បុគ្គលឲ្យទានសៅហង្មក្តី ថ្លៃថ្លាក្តី តែឲ្យទាននោះដោយគោរព ធ្វើសេចក្តីកោតក្រែងហើយឲ្យ ឲ្យដោយដៃខ្លួនឯង មិនបោះឲ្យ យល់ថាមានផលហើយឲ្យ វិបាករបស់ទាននោះ ៗ កើតក្នុងត្រកូលណា ៗ ចិត្តក៏រមែងឱនទៅ ដើម្បីប្រើប្រាស់ភត្តដ៏ថ្លៃថ្លា ចិត្តរមែងឱនទៅ ដើម្បីប្រើប្រាស់សំពត់ដ៏ថ្លៃថ្លា ចិត្តរមែងឱនទៅ ដើម្បីប្រើប្រាស់យាន ដ៏ថ្លៃថ្លា ចិត្តរមែងឱនទៅ ដើម្បីប្រើប្រាស់ក្នុងកាមគុណ ៥ ដ៏ថ្លៃថ្លា មួយទៀត ពួកជនណាដែលជាកូនក្តី ប្រពន្ធក្តី ទាសៈក្តី អ្នកបំរើក្តី កម្មករក្តី របស់បុគ្គលនោះ ជនទាំងនោះ រមែងស្តាប់ ផ្ចង់ត្រចៀកស្តាប់ មិនបញ្ជូនចិត្តទៅក្នុងអារម្មណ៍ដទៃឡើយ។ ដំណើរនោះ ព្រោះហេតុអ្វី។ ម្នាលគហបតី ព្រោះថាវិបាករបស់កម្មទាំងឡាយ ដែលបុគ្គលធ្វើដោយគោរព រមែងមានយ៉ាងនេះឯង។
ម្នាលគហបតី កាលពីព្រេងនាយ មានព្រាហ្មណ៍ ឈ្មោះវេលាម លោកបានឲ្យទាន ជាមហាទាន មានសភាពយ៉ាងនេះ គឺបានឲ្យភាជន៍មាស ៨៤.០០០ ដែលពេញដោយប្រាក់ បានឲ្យភាជន៍ប្រាក់ ៨៤.០០០ ដែលពេញដោយមាស បានឲ្យភាជន៍សំរិទ្ធិ ៨៤.០០០ ដែលពេញដោយប្រាក់ បានឲ្យដំរី ៨៤.០០០ ដែលមានគ្រឿងអលង្ការមាស មានទង់ជ័យមាស ព្រមទាំងបាំងដោយបណ្តាញមាស បានឲ្យរថ ៨៤.០០០ ដែលពាសដោយស្បែកសីហៈ ដែលពាសដោយស្បែកខ្លាធំ ពាសដោយស្បែកខ្លាដំបង ពាសដោយសំពត់កម្ពល មានពណ៌លឿង មានគ្រឿងអលង្ការមាស មានទង់ជ័យមាស បិទបាំងដោយបណ្តាញមាស បានឲ្យមេគោ ៨៤.០០០ សម្រាប់រូតបង្ហូរ (ទឹកដោះ) មានភាជន៍សំរិទ្ធិសម្រាប់ត្រង បានឲ្យនាងកញ្ញា ៨៤.០០០ ដែលពាក់កែវមណី និងកណ្ឌល បានឲ្យបល្ល័ង្ក ៨៤.០០០ ដែលក្រាលដោយព្រំ ក្រាលដោយកម្រាលរោម មានពណ៌ស ក្រាលដោយកម្រាលរោមមានផ្កាជាចង្កោម ក្រាលដោយកម្រាលដ៏ប្រសើរ ធ្វើពីរោមម្រឹគ ឈ្មស់ មានខ្នើយមានពណ៌ក្រហមទាំងពីរខាង ព្រមទាំងពិតាន មានពណ៌ក្រហម បានឲ្យកោដិ [កោដិក្នុងទីនេះ សំដៅយក សំពត់សាកដ ១០ ហៅថាមួយកោដិ។ អដ្ឋកថា។] នៃសំពត់ ៨៤.០០០ គឺសំពត់ថ្មីមានសាច់ល្អិត សំពត់សូត្រមានសាច់ល្អិត សំពត់អម្បោះមានសាច់ល្អិត បាច់និយាយថ្មី ដល់បាយ ទឹក បង្អែម ភោជន គ្រឿងលាប ទីដេក ដូចជាស្ទឹង តែងហូរទៅ ម្នាលគហបតី អ្នកប្រហែលជាមានសេចក្តីសំគាល់នូវវេលាមព្រាហ្មណ៍នុ៎ះយ៉ាងនេះថា ក្នុងសម័យនោះ វេលាមព្រាហ្មណ៍ ជាបុគ្គលដទៃដោយពិត (ក្រៅពីតថាគត) លោកបានឲ្យទាននោះ ជាមហាទាន។ ម្នាលគហបតី ហេតុនុ៎ះ អ្នកមិនត្រូវយល់យ៉ាងនេះឡើយ ក្នុងសម័យនោះ វេលាមព្រាហ្មណ៍ ក៏គឺតថាគត ទានដែលតថាគតបានឲ្យនោះ ជាមហាទាន។ ម្នាលគហបតី មិនមានទក្ខិណេយ្យបុគ្គលណាមួយ ក្នុងទាននោះទេ មិនមានបុគ្គលណាមួយ សំអាតទក្ខិណាទាននោះទេ។ ម្នាលគហបតី វេលាមព្រាហ្មណ៍ បានឲ្យទានណា ដែលឈ្មោះថាមហាទាន និងបុគ្គលណា ញុំាងបុគ្គលដែលមានទិដ្ឋិល្អ ១ រូប (សោតាបន្នបុគ្គល) ឲ្យបរិភោគ ទាននេះ ជាទានមានផលច្រើនជាងមហាទាន បុគ្គលណា ញុំាងបុគ្គលដែលមានទិដ្ឋិល្អ ១០០ រូប ឲ្យបរិភោគ និងបុគ្គលណា ញុំាងបុគ្គលជាសកទាគាមី ១ រូប ឲ្យបរិភោគ។បេ។ បុគ្គលណា ញុំាងបុគ្គលជាសកទាគាមី ១០០ រូប ឲ្យបរិភោគ និងបុគ្គលណា ញុំាងបុគ្គលជាអនាគាមី ១ រូប ឲ្យបរិភោគ បើបុគ្គលណា ញុំាងបុគ្គលជាអនាគាមី ១០០ រូប ឲ្យបរិភោគ និងបុគ្គលណា ញុំាងបុគ្គលជាព្រះអរហន្ត ១ រូប ឲ្យបរិភោគ បុគ្គលណា ញុំាងបុគ្គលជាព្រះអរហន្ត ១០០ រូប ឲ្យបរិភោគ និងបុគ្គលណា ញុំាងព្រះបច្ចេកពុទ្ធ ១ អង្គ ឲ្យបរិភោគ បុគ្គលណា ញុំាងព្រះបច្ចេកពុទ្ធ ១០០ អង្គ ឲ្យបរិភោគ និងបុគ្គលណា ញុំាងព្រះតថាគត អរហន្តសម្មាសម្ពុទ្ធឲ្យបរិភោគ បុគ្គលណា ញុំាងសង្ឃ មានព្រះពុទ្ធជាប្រធាន ឲ្យបរិភោគ និងបុគ្គលណា ឲ្យគេធ្វើវិហារ ឧទ្ទិសចំពោះសង្ឃមកពីទិសទាំង ៤ បុគ្គលណា មានចិត្តជ្រះថ្លាដល់នូវព្រះពុទ្ធផង ព្រះធម៌ផង ព្រះសង្ឃផង ជាទីពឹង និងបុគ្គលណា មានចិត្តជ្រះថ្លា សមាទាននូវសិក្ខាបទទាំងឡាយ គឺចេតនាវៀរចាកបាណាតិបាត វៀរចាកអទិន្នាទាន វៀរចាកកាមេសុមិច្ឆាចារ វៀរចាកមុសាវាទ វៀរចាកហេតុជាទីតាំងនៃសេចក្តីប្រមាទ ដោយការផឹកនូវទឹកស្រវឹង គឺសុរា និងមេរ័យ បុគ្គលណា មានចិត្តជ្រះថ្លា សមាទាននូវសិក្ខាបទទាំងឡាយ គឺចេតនាវៀរចាកបាណាតិបាត។បេ។ វៀរចាកហេតុជាទីតាំងនៃសេចក្តីប្រមាទ ដោយការផឹកនូវទឹកស្រវឹង គឺសុរា និងមេរ័យ ដោយហោចទៅ បុគ្គលណា ចំរើននូវមេត្តាចិត្ត សូម្បីអស់កាលត្រឹមតែមួយរូតទឹកដោះគោប៉ុណ្ណោះ ការចំរើនមេត្តាចិត្តនេះ របស់បុគ្គលទាំងនោះ មានផលច្រើនជាងទាននោះទៅទៀត។ ម្នាលគហបតី វេលាមព្រាហ្មណ៍ បានឲ្យទានជាមហាទានណា និងបុគ្គលណា ញុំាងបុគ្គលមានទិដ្ឋិល្អ ១ រូប ឲ្យបរិភោគ បុគ្គលណា ញុំាងបុគ្គលមានទិដ្ឋិល្អ ១០០ រូប ឲ្យបរិភោគ និងបុគ្គលណា ញុំាងបុគ្គលជាសកទាគាមី ១ រូប ឲ្យបរិភោគ បុគ្គលណា ញុំាងបុគ្គលជាសកទាគាមី ១០០ រូប ឲ្យបរិភោគ និងបុគ្គលណា ញុំាងបុគ្គលជាអនាគាមី ១ រូប ឲ្យបរិភោគ បុគ្គលណា ញុំាងបុគ្គលជាអនាគាមី ១០០ រូប ឲ្យបរិភោគ និងបុគ្គលណា ញុំាងព្រះអរហន្ត ១ អង្គ ឲ្យបរិភោគ បុគ្គលណា ញុំាងព្រះអរហន្ត ១០០ អង្គ ឲ្យបរិភោគ និងបុគ្គលណា ញុំាងព្រះបច្ចេកពុទ្ធ ១ អង្គ ឲ្យបរិភោគ បុគ្គលណា ញុំាងពួកព្រះបច្ចេកពុទ្ធ ១០០ អង្គ ឲ្យបរិភោគ និងបុគ្គលណា ញុំាងព្រះតថាគត អរហន្តសម្មាសម្ពុទ្ធ ឲ្យបរិភោគ បុគ្គលណា ញុំាងភិក្ខុសង្ឃ មានព្រះពុទ្ធជាប្រធាន ឲ្យបរិភោគ និងបុគ្គលណា ឲ្យគេធ្វើវិហារ ឧទ្ទិសចំពោះសង្ឃមកអំពីទិសទាំង ៤ បុគ្គលណា មានចិត្តជ្រះថ្លាដល់នូវព្រះពុទ្ធផង ព្រះធម៌ផង ព្រះសង្ឃផង ជាទីពឹង និងបុគ្គលណា មានចិត្តជ្រះថ្លា សមាទាននូវសិក្ខាបទទាំងឡាយ គឺចេតនាវៀរចាកបាណាតិបាត។បេ។ វៀរចាកហេតុជាទីតាំងនៃសេចក្តីប្រមាទ ដោយការផឹកនូវទឹកស្រវឹង គឺសុរា និងមេរ័យ ដោយហោចទៅ និងបុគ្គលណា ចំរើននូវមេត្តាចិត្ត សូម្បីអស់កាលត្រឹមតែមួយរូតទឹកដោះគោប៉ុណ្ណោះ និងបុគ្គលណា ចំរើននូវអនិច្ចសញ្ញា សូម្បីអស់កាលគ្រាន់តែផ្ទាត់ម្រាមដៃប៉ុណ្ណោះ ការចំរើននេះ មានផលច្រើនជាងទាននោះទៅទៀត។
ចប់ សីហនាទវគ្គ ទី២។
ហេតុដែលនាំឲ្យកូនប្រពន្ធមិនស្ដាប់បង្គាប់ - បិដកភាគ ៤៩ ទំព័រ ៧៧ ឃ្នាប ២០
ដោយ៥០០០ឆ្នាំ
images/articles/3192/45wrrtuu755666.jpg
Public date : 02, Mar 2022 (914 Read)
ចុន្ទីសូត្រ ទី២
[៣២] សម័យមួយ ព្រះដ៏មានព្រះភាគ គង់នៅវត្តវេឡុវន ជាកលន្ទកនិវាបដ្ឋាន ទៀបក្រុងរាជគ្រិះ។ គ្រានោះ នាងចុន្ទីរាជកុមារី មានរថ ៥០០ និងកុមារី ៥០០ ហែហម ចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ ថ្វាយបង្គំព្រះដ៏មានព្រះភាគ ហើយប្រថាប់ក្នុងទីសមគួរ។ លុះនាងចុន្ទីរាជកុមារី ប្រថាប់ក្នុងទីសមគួរហើយ បានក្រាបទូលព្រះដ៏មានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន រាជកុមារឈ្មោះចុន្ទៈ ជាបងខ្ញុំព្រះអង្គនោះ និយាយយ៉ាងនេះថា តាមតែបុគ្គលណាក៏ដោយ ទោះស្រ្តីក្តី បុរសក្តី ដល់នូវព្រះពុទ្ធជាទីពឹង ដល់នូវព្រះធម៌ជាទីពឹង ដល់នូវព្រះសង្ឃជាទីពឹងហើយ វៀរចាកបាណាតិបាត វៀរចាកអទិន្នាទាន វៀរចាកកាមេសុមិច្ឆាចារ វៀរចាកមុសាវាទ វៀរចាកសុរាមេរយ មជ្ជប្បមាទដ្ឋាន បុគ្គលនោះ លុះបែកធ្លាយរាងកាយស្លាប់ទៅ ទៅកើតក្នុងសុគតិ មិនទៅកើតក្នុងទុគ្គតិទេ។
បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គ សូមសួរព្រះដ៏មានព្រះភាគថា បុគ្គលជ្រះថ្លា ក្នុងព្រះសាស្តា មានសភាពដូចម្តេច លុះបែកធ្លាយរាងកាយស្លាប់ទៅ បានទៅកើតក្នុងសុគតិ មិនទៅកើតក្នុងទុគ្គតិ ជ្រះថ្លាក្នុងព្រះធម៌ មានសភាពដូចម្តេច លុះបែកធ្លាយរាងកាយស្លាប់ទៅ បានទៅកើតក្នុងសុគតិ មិនទៅកើតក្នុងទុគ្គតិ ជ្រះថ្លាក្នុងព្រះសង្ឃ មានសភាពដូចម្តេច លុះបែកធ្លាយរាងកាយស្លាប់ទៅ បានទៅកើតក្នុងសុគតិ មិនទៅកើតក្នុងទុគ្គតិ បំពេញក្នុងសីល មានសភាពដូចម្តេច លុះបែកធ្លាយរាងកាយស្លាប់ទៅ បានទៅកើតក្នុងសុគតិ មិនទៅកើតក្នុងទុគ្គតិទេ។
ម្នាលនាងចុន្ទី រាប់តាំងពីពួកសត្វឥតជើងក្តី មានជើង២ក្តី ជើង៤ក្តី ជើងច្រើនក្តី មានរូបក្តី ឥតរូបក្តី មានសញ្ញាក្តី ឥតសញ្ញាក្តី មិនមែនជាមិនមានសញ្ញាក្តី ព្រះតថាគត ជាអរហន្ត សម្មាសម្ពុទ្ធ ប្រាកដជាប្រសើរជាងពួកសត្វទាំងនោះ។ ម្នាលនាងចុន្ទី ពួកបុគ្គលណា ជ្រះថ្លាក្នុងព្រះពុទ្ធ ពួកបុគ្គលនោះ ឈ្មោះថា ជ្រះថ្លា ក្នុងបុគ្គលដ៏ប្រសើរ ផលដ៏ប្រសើរ រមែងមានដល់ពួកបុគ្គលអ្នកជ្រះថ្លា ក្នុងបុគ្គលដ៏ប្រសើរ។ ម្នាលនាងចុន្ទី ពួកសង្ខតធម៌ក្តី អសង្ខតធម៌ក្តី ទាំងប៉ុន្មាន វិរាគធម៌ គឺធម៌ញ៉ាំងសេចក្តីស្រវឹង ឲ្យទ្រុឌទ្រោម នាំបង់នូវសេចក្តីស្រេកឃ្លាន គាស់រំលើងនូវសេចក្តីអាល័យ ផ្តាច់បង់នូវវដ្ដៈ អស់តណ្ហា ប្រាសចាកតម្រេក រលត់ទុក្ខ មិនមានគ្រឿងចាក់ដោត ប្រាកដជាប្រសើរជាងពួកធម៌ទាំងនោះ។
ម្នាលនាងចុន្ទី ពួកបុគ្គលណាជ្រះថ្លា ក្នុងវិរាគធម៌ ពួកបុគ្គលនោះ ឈ្មោះថាជ្រះថ្លាក្នុងធម៌ដ៏ប្រសើរ ផលដ៏ប្រសើរ រមែងមានដល់ពួកបុគ្គលអ្នកជ្រះថ្លា ក្នុងធម៌ដ៏ប្រសើរ។ ម្នាលនាងចុន្ទី សង្ឃក្តី គណៈក្តី ទាំងប៉ុន្មាន សង្ឃសាវករបស់តថាគត បើរាប់ជាគូនៃបុរស មាន៤គូ បើរាប់រៀងជាបុរសបុគ្គល មាន៨ សង្ឃទាំងនុ៎ះ ជាសង្ឃសាវក នៃព្រះដ៏មានព្រះភាគ ជាអ្នកគួរទទួលចតុប្បច្ច័យ ដែលគួរឧទ្ទិសចំពោះ ហើយនាំមកបូជា គួរទទួលអាគន្តុកទាន គួរទទួលនូវទាន ដែលបុគ្គលជឿនូវកម្ម និងផលនៃកម្ម ហើយបូជា គួរដល់អញ្ជលិកម្ម ដែលសត្វលោកគប្បីធ្វើ ជាបុញ្ញក្ខេត្តដ៏ប្រសើរ របស់សត្វលោក ប្រាកដជាប្រសើរជាងសង្ឃ ឬគណៈទាំងនោះ ម្នាលនាងចុន្ទី ពួកបុគ្គលណាជ្រះថ្លា ក្នុងព្រះសង្ឃ ពួកបុគ្គលនោះ ឈ្មោះថាជ្រះថ្លា ក្នុងព្រះសង្ឃដ៏ប្រសើរ ផលដ៏ប្រសើរ រមែងមានដល់ពួកបុគ្គលអ្នកជ្រះថ្លា ក្នុងព្រះសង្ឃដ៏ប្រសើរ។
ម្នាលនាងចុន្ទី សីលដែលព្រះអរិយៈសរសើរ ទាំងអម្បាលម៉ាន ជាសីលមិនដាច់ មិនធ្លុះ មិនពពាល មិនពព្រុស ជាសីលអ្នកជា ដែលវិញ្ញូជនសរសើរហើយ មិនប៉ះពាល់ ដោយតណ្ហា និងទិដ្ឋិ ប្រព្រឹត្តទៅ ដើម្បីសមាធិ នេះប្រាកដជាប្រសើរជាងសីលទាំងនោះ។ ម្នាលនាងចុន្ទី ពួកបុគ្គលណា ជាអ្នកបំពេញក្នុងពួកសីល ដែលព្រះអរិយៈសរសើរហើយ ពួកបុគ្គលទាំងនោះ ឈ្មោះថា បានបំពេញ ក្នុងសីលដ៏ប្រសើរ ផលដ៏ប្រសើរ រមែងមានដល់ពួកបុគ្គលអ្នកបំពេញ ក្នុងសីលដ៏ប្រសើរ។
បុណ្យ គឺអាយុដ៏ប្រសើរផង យសស័ក្តិដ៏ប្រសើរផង កេរ្តិ៍ឈ្មោះដ៏ប្រសើរផង សុខដ៏ប្រសើរផង កម្លាំងដ៏ប្រសើរផង រមែងចំរើនដល់ពួកបុគ្គលអ្នកជ្រះថ្លានឹងវត្ថុដ៏ប្រសើរ ដឹងច្បាស់នូវធម៌ដ៏ប្រសើរ ជ្រះថ្លាក្នុងព្រះពុទ្ធដ៏ប្រសើរ ជាទក្ខិណេយ្យបុគ្គល រកបុគ្គលដទៃក្រៃលែងជាងគ្មាន ជ្រះថ្លា ក្នុងព្រះធម៌ដ៏ប្រសើរ ជាធម៌ប្រាសចាករាគៈ ជាធម៌ស្ងប់រម្ងាប់ នាំមកនូវសុខ ជ្រះថ្លា ក្នុងព្រះសង្ឃដ៏ប្រសើរ ជាបុញ្ញក្ខេត្ត រកខេត្តដទៃក្រៃលែងជាងគ្មាន ជាអ្នកឲ្យនូវទាន ចំពោះបុគ្គលដ៏ប្រសើរ បុគ្គលអ្នកមានប្រាជ្ញា មានចិត្តដំកល់ ក្នុងធម៌ដ៏ប្រសើរ ជាអ្នកឲ្យនូវទាន ចំពោះបុគ្គលដ៏ប្រសើរ តែងបានទៅកើតជាទេវតា ឬមនុស្ស ដល់នូវសេចក្តីប្រសើរ រមែងរីករាយ។
បុគ្គលជ្រះថ្លានូវព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃដូចម្ដេច ទើបមិនទៅកាន់ទុគ្គតិ - បិដកភាគ ៤៤ ទំព័រ ៦៧ ឃ្នាប ៣២
ដោយ៥០០០ឆ្នាំ
images/articles/3191/4rtyurtrer333334.jpg
Public date : 02, Mar 2022 (542 Read)
ឧគ្គហសូត្រ ទី៣
[៣៣] សម័យមួយ ព្រះដ៏មានព្រះភាគ គង់នៅក្នុងជាតិយាវន ទៀបក្រុងភទ្ទិយៈ។ គ្រានោះ ឧគ្គហមេណ្ឌកនត្តា (ជាចៅមេណ្ឌកសេដ្ឋី) ចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ ថ្វាយបង្គំព្រះដ៏មានព្រះភាគ ហើយអង្គុយក្នុងទីសមគួរ។ លុះឧគ្គហមេណ្ឌកនត្តា អង្គុយក្នុងទីសមគួររួចហើយ បានក្រាបទូលព្រះដ៏មានព្រះភាគ យ៉ាងនេះថា បពិត្រព្រះអង្គដ៏ចំរើន សូមព្រះដ៏មានព្រះភាគ មានភិក្ខុជាគម្រប់ ៤ នឹងព្រះអង្គ ទទួលភត្តខ្ញុំព្រះអង្គ ក្នុងថ្ងៃស្អែក។ ព្រះដ៏មានព្រះភាគ ទទួលដោយតុណ្ហីភាព។ គ្រានោះ ឧគ្គហមេណ្ឌកនត្តាដឹងច្បាស់ថា ព្រះដ៏មានព្រះភាគ ទទួលនិមន្តហើយ ក៏ក្រោកចាកអាសនៈ ថ្វាយបង្គំព្រះដ៏មានព្រះភាគ ធ្វើប្រទក្សិណចេញទៅ។ ដល់វេលារាត្រីកន្លងហើយ ព្រះដ៏មានព្រះភាគ ទ្រង់ស្បង់ ប្រដាប់បាត្រ និងចីវរ ក្នុងបុព្វណ្ហសម័យ ស្តេចចូលទៅឯលំនៅ របស់ឧគ្គហមេណ្ឌកនត្តា លុះចូលទៅដល់ហើយ ទ្រង់គង់លើអាសនៈ ដែលគេក្រាលថ្វាយ។
លំដាប់នោះ ឧគ្គហមេណ្ឌកនត្តា អង្គាសព្រះដ៏មានព្រះភាគ ឲ្យឆ្អែតស្កប់ស្កល់ ដោយខាទនីយភោជនីយាហារដ៏ថ្លៃថ្លា ដោយដៃខ្លួនឯង ត្រាតែព្រះដ៏មានព្រះភាគ ទ្រង់ឃាត់។ លុះឧគ្គហមេណ្ឌកនត្តា (ឃើញ) ព្រះដ៏មានព្រះភាគឆាន់រួច លែងលូកព្រះហស្តក្នុងបាត្រហើយ ក៏អង្គុយក្នុងទីសមគួរ។ លុះឧគ្គហមេណ្ឌកនត្តា អង្គុយក្នុងទីសមគួរហើយ ទើបក្រាបទូលព្រះដ៏មានព្រះភាគ យ៉ាងនេះថា បពិត្រព្រះអង្គដ៏ចំរើន ពួកកុមារីរបស់ខ្ញុំព្រះអង្គទាំងអម្បាលនេះ មុខជានឹងទៅកាន់ត្រកូលប្តី បពិត្រព្រះអង្គដ៏ចំរើន សូមព្រះដ៏មានព្រះភាគ ទូន្មានពួកកុមារីទាំងនោះឲ្យទាន បពិត្រព្រះអង្គដ៏ចំរើន សូមព្រះដ៏មានព្រះភាគ ប្រៀនប្រដៅពួកកុមារីទាំងនោះ ដោយឱវាទានុសាសនៈណា ដែលនាំឲ្យបានប្រយោជន៍ និងសេចក្តីសុខ អស់កាលដ៏វែង ដល់កុមារីទាំងនោះ។
លំដាប់នោះ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់នឹងពួកកុមារីទាំងនោះ យ៉ាងនេះថា ម្នាលកុមារីទាំងឡាយ ហេតុដូច្នោះ ពួកកុមារីក្នុងលោកនេះ ត្រូវសិក្សាយ៉ាងនេះថា មាតា និងបិតា ជាអ្នកប្រាថ្នាសេចក្តីចំរើន ជាអ្នកស្វែងរកប្រយោជន៍ ជាអ្នកអនុគ្រោះ អាស្រ័យសេចក្តីអនុគ្រោះហើយ ឲ្យដល់បុរសជាស្វាមីណា យើងទាំងឡាយ ជាស្រីភ្ញាក់ឡើងមុនគេ ដេកក្រោយគេ ប្រុងខ្លួននឹងទទួលកិច្ចការអ្វីៗ ប្រព្រឹត្តផ្គាប់ផ្គុន និយាយពាក្យផ្អែមល្ហែម ដល់ស្វាមីនោះ ម្នាលកុមារីទាំងឡាយ ឲ្យនាងត្រូវសិក្សា យ៉ាងនេះចុះ។
ម្នាលកុមារីទាំងឡាយ ហេតុដូច្នោះ ពួកកុមារីក្នុងលោកនេះ ត្រូវសិក្សាយ៉ាងនេះថា បុគ្គលណា ជាទីគោរពនៃស្វាមី ទោះជាមាតាក្តី បិតាក្តី សមណព្រាហ្មណ៍ក្តី យើងទាំងឡាយ នឹងធ្វើសក្ការៈ គោរព រាប់អាន បូជាដល់បុគ្គលទាំងនោះ ទាំងទទួលគួរសម រៀបចំដោយអាសនៈ និងទឹកលាងជើង ចំពោះជនទាំងឡាយ ដែលមកដល់ហើយ ម្នាលកុមារីទាំងឡាយ ពួកនាងត្រូវសិក្សាយ៉ាងនេះ។
ម្នាលកុមារីទាំងឡាយ ហេតុដូច្នោះ ពួកកុមារី ក្នុងលោកនេះ ត្រូវសិក្សាយ៉ាងនេះថា ការងារទាំងឡាយណា ខាងក្នុងផ្ទះរបស់ប្តី ទោះរោមចៀមក្តី កប្បាសក្តី ពួកយើងនឹងជាស្រីឈ្លាសវៃ ក្នុងការងារទាំងនោះ មិនខ្ជិលច្រអូស បរិបូណ៌ដោយឧបាយ និងការត្រិះរិះ ក្នុងកិច្ចការទាំងនោះថា គួរធ្វើ គួរចាត់ចែង ម្នាលកុមារីទាំងឡាយ ពួកនាងត្រូវសិក្សាយ៉ាងនេះ។ ម្នាលកុមារីទាំងឡាយ ហេតុដូច្នោះ ពួកកុមារី ក្នុងលោកនេះ ត្រូវសិក្សាយ៉ាងនេះថា ជនណា ជាជនខាងក្នុងផ្ទះរបស់ស្វាមី ទោះខ្ញុំក្តី អ្នកបម្រើក្តី អ្នកធ្វើការងារក្តី ពួកយើងដឹងការងារ ដែលជនទាំងនោះធ្វើហើយ ព្រោះការងារដែលជនទាំងនោះ ធ្វើហើយផង ដឹងការងារ ដែលជនទាំងនោះមិនបានធ្វើ ព្រោះការងារ ដែលជនទាំងនោះ មិនបានធ្វើផង ដឹងថាឈឺធ្ងន់ ឈឺស្រាលផង ហើយចែករំលែក ខាទនីយភោជនីយាហារ ជាចំណែកៗ ដល់ជនទាំងនោះផង ម្នាលកុមារីទាំងឡាយ ពួកនាងត្រូវសិក្សារយ៉ាងនេះ។
ម្នាលកុមារីទាំងឡាយ ហេតុដូច្នោះ ពួកកុមារីក្នុងលោកនេះ ត្រូវសិក្សារយ៉ាងនេះថា ស្វាមីនាំរបស់ណាមក ទោះទ្រព្យក្តី ស្រូវក្តី ប្រាក់ក្តី មាសក្តី យើងទាំងឡាយ នឹងធ្វើរបស់នោះ ឲ្យសម្រេច ដោយការរក្សា និងការគ្រប់គ្រង មិនជាស្រីអ្នកលេង មិនជាស្រីអ្នកលួច មិនជាស្រីអ្នកផឹកសុរា មិនមែនជាស្រីអ្នកបំផ្លាញរបស់ទ្រព្យ ដែលខ្លួនគ្រប់គ្រងនោះ ម្នាលកុមារីទាំងឡាយ ពួកនាងត្រូវសិក្សារយ៉ាងនេះ។ ម្នាលនាងកុមារីទាំងឡាយ មាតុគ្រាម ប្រកបដោយធម៌ទាំង ៥ យ៉ាងនេះឯង លុះបែកធ្លាយរាងកាយស្លាប់ទៅ រមែងទៅកើត ក្នុងពួកទេវតា មានកាយជាគាប់ចិត្ត។
ស្វាមីណា ចិញ្ចឹមភរិយានោះសព្វកាល មានព្យាយាម ខ្វល់ខ្វាយជានិច្ច ភរិយាមិន ត្រូវមើលងាយស្វាមីអ្នកចិញ្ចឹម អ្នកបំពេញសេចក្តីប្រាថ្នាទាំងពួង (នោះ) ឡើយ ស្រ្តីល្អមិនត្រូវក្រោធខឹងនឹងស្វាមី ដោយកិរិយាប្រព្រឹត្តឫស្យាផង ស្រ្តីអ្នកចេះដឹង រមែងគួរសមនឹងពួកជនទាំងពួង អ្នកជាទីគោរព របស់ស្វាមីផង ភរិយាជាស្រ្តីមានព្យាយាម មិនខ្ជិលច្រអូស សង្រ្គោះជនជាខាងក្នុងផ្ទះស្វាមី ប្រព្រឹត្តកិច្ចការជាទីគាប់ចិត្តរបស់ស្វាមី រក្សាទុកនូវសម្បត្តិ ដែលស្វាមីបានមកហើយ ដោយប្រពៃ។ នារីណាបានប្រព្រឹត្តិយ៉ាងនេះ លុះតាមអំណាចសេចក្តីប្រាថ្នារបស់ស្វាមី នារីនោះ រមែងទៅកើតក្នុងពួកទេវតាទាំងនោះ ដែលមានកាយជាទីពេញចិត្ត។
ប្រពន្ធត្រូវគោរពប្រតិបត្តិប្ដី - បិដកភាគ ៤៤ ទំព័រ ៧១ ឃ្នាប ៣៣ ( 5000 )
ដោយ៥០០០ឆ្នាំ
images/articles/3187/ewfew32we2___.jpg
Public date : 02, Mar 2022 (529 Read)
[២៧៥] ម្នាលភិក្ខុទាំងឡាយ ធម៌ទាំងឡាយពីរប្រការនេះ ជាចំណែកនៃវិជ្ជា។ ធម៌ពីរ ប្រការ តើដូចម្តេច។ គឺ សមថៈ ១ វិបស្សនា ១។ ម្នាលភិក្ខុទាំងឡាយ សមថៈ ដែលបុគ្គលចំរើនហើយ នឹងសម្រេចប្រយោជន៍អ្វី។ នឹងញ៉ាំងចិត្តឲ្យចំរើន។ ចិត្តដែលចំរើនហើយ នឹងសម្រេចប្រយោជន៍អ្វី។ នឹងលះបង់ នូវរាគៈចេញបាន។ ម្នាលភិក្ខុទាំងឡាយ វិបស្សនា ដែលបុគ្គលចំរើនហើយ នឹងសម្រេចប្រយោជន៍អ្វី។ នឹងញុំាងបញ្ញាឲ្យចំរើន។ បញ្ញាដែល ចំរើនហើយ នឹងសម្រេចប្រយោជន៍អ្វី។ នឹងលះនូវអវិជ្ជាចេញបាន។
[២៧៦] ម្នាលភិក្ខុទាំងឡាយ ចិត្តដែលសៅហ្មងដោយរាគៈហើយ រមែងមិនរួចផុតស្រឡះ ឬបញ្ញាដែលសៅហ្មង ដោយអវិជ្ជាហើយ រមែងមិនចំរើនឡើយ។ ម្នាលភិក្ខុទាំងឡាយ ចេតោវិមុតិ្តកើត ព្រោះប្រាសចាករាគៈ បញ្ញាវិមុតិ្តកើត ព្រោះប្រាសចាកអវិជ្ជា ដោយប្រការ ដូច្នេះ។
ចប់ ពាលវគ្គ ទី៣។
ពាលវគ្គ ទី ៣ ឬ ធម៌ ២ ប្រការនេះ ជាចំណែកនៃវិជ្ជា - បិដកភាគ ៤០ ទំព័រ ១៣៥ ឃ្នាប ២៧៥
ដោយ៥០០០ឆ្នាំ
images/articles/3162/2022-01-09_16_2500.jpg
Public date : 01, Mar 2022 (1,076 Read)
សមចិត្តវគ្គ ទី៤
[២៧៧] ម្នាលភិក្ខុទាំងឡាយ តថាគតនឹងសំដែងប្រាប់ នូវអសប្បុរិសភូមិ ១ សប្បុរិសភូមិ ១ ដល់អ្នកទាំងឡាយ អ្នកទាំងឡាយ ចូរស្តាប់នូវភូមិទាំងពីរនោះ ចូរប្រុងចិត្តឲ្យប្រពៃ តថាគត នឹងសំដែង។ ភិក្ខុទាំងនោះ ទទួលព្រះពុទ្ធដីកា របស់ព្រះដ៏មានព្រះភាគថា ព្រះករុណា ព្រះអង្គ។ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ដូច្នេះថា ម្នាលភិក្ខុទាំងឡាយ អសប្បុរិសភូមិ តើដូចម្តេច។
ម្នាលភិក្ខុទាំងឡាយ អសប្បុរិស រមែងមិនដឹងឧបការៈ ដែលគេធ្វើហើយ (ដល់ខ្លួន) និងមិនធ្វើឧបការៈ ដែលគេធ្វើហើយ ឲ្យប្រាកដឡើង ម្នាលភិក្ខុទាំងឡាយ អំពើទាំងពីរនេះ ដែលពួកអសប្បុរស បានពោលសរសើរហើយ គឺការមិនដឹងឧបការៈ ដែលគេធ្វើហើយ ១ មិនធើ្វឧបការៈ ដែលគេធ្វើហើយ ឲ្យប្រាកដឡើង ១ ម្នាលភិក្ខុទាំងឡាយ អំពើទាំងពីរនេះ សុទ្ធតែជាអសប្បុរិសភូមិទាំងអស់ គឺការមិនដឹងឧបការៈ ដែលគេធ្វើហើយ ១ មិនធើ្វឧបការៈ ដែលគេធ្វើហើយ ឲ្យប្រាកដឡើង ១។
ម្នាលភិក្ខុទាំងឡាយ ឯសប្បុរស រមែងដឹងឧបការៈ ដែលគេធ្វើហើយ និងធ្វើឧបការៈ ដែលគេធ្វើហើយ ឲ្យប្រាកដឡើង ម្នាលភិក្ខុទាំងឡាយ អំពើទាំងពីរនេះ ដែលពួកសប្បុរស បានពោលសរសើរហើយ គឺការដឹងឧបការៈ ដែលគេធ្វើហើយ ១ ធ្វើឧបការៈ ដែលគេធ្វើហើយ ឲ្យប្រាកដឡើង ១។ ម្នាលភិក្ខុទាំងឡាយ អំពើទាំងពីរនេះ សុទ្ធតែជាសប្បុរសភូមិទាំងអស់ គឺការដឹងឧបការៈ ដែលគេធ្វើហើយ ១ ធ្វើឧបការៈ ដែលគេធើ្វហើយ ឲ្យប្រាកដឡើង ១។
សមចិត្តវគ្គ ទី ៤ ឬ ភូមិរបស់សប្បុរសនិងអសប្បុរស - បិដកភាគ ៤០ ទំព័រ ១៣៦ ឃ្នាប ២៧៧
ដោយ៥០០០ឆ្នាំ
images/articles/3161/dsger534rwfefwe.jpg
Public date : 01, Mar 2022 (971 Read)
អកុសលរាសិសូត្រ ទី៥
[១៩] សាវត្ថីនិទាន។ ក្នុងទីនោះឯង ព្រះដ៏មានព្រះភាគ។ បេ។ បានត្រាស់នូវភាសិតនេះថា ម្នាលភិក្ខុទាំងឡាយ កាលបើបុគ្គលពោលថា គំនរនៃអកុសលដូច្នេះ បើពោលដោយត្រឹមត្រូវ ត្រូវពោលចំពោះនីវរណៈទាំង ៥។ ម្នាលភិក្ខុទាំងឡាយ គំនរនៃអកុសលទាំងអស់នេះ គឺ នីវរណៈទាំង ៥ នេះឯង។ នីវរណៈទាំង ៥ តើអ្វីខ្លះ។ គឺកាមច្ឆន្ទនីវរណៈ ១ ព្យាបាទនីវរណៈ ១ ថីនមិទ្ធនីវរណៈ ១ ឧទ្ធច្ចកុក្កុច្ចនីវរណៈ ១ វិចិកិច្ឆានីវរណៈ ១។ ម្នាលភិក្ខុទាំងឡាយ កាលបើបុគ្គលពោលថា គំនរនៃអកុសល ដូច្នេះ កាលបើពោលដោយត្រឹមត្រូវ ត្រូវពោលចំពោះ នីវរណៈ ទាំង ៥ នេះឯង។ ម្នាលភិក្ខុទាំងឡាយ គំនរនៃអកុសលទាំងអស់ គឺ នីវរណៈទាំង ៥នេះឯង។
[២០] ម្នាលភិក្ខុទាំងឡាយ កាលបើបុគ្គលពោលថា គំនរនៃកុសល ដូច្នេះ កាលបើពោលដោយត្រឹមត្រូវ ត្រូវពោលចំពោះសតិប្បដ្ឋាន ទាំង ៤។ មា្នលភិក្ខុទាំងឡាយ គំនរនៃកុសលទាំងអស់នេះ គឺ សតិប្បដ្ឋាន ទាំង ៤ នេះឯង។ សតិប្បដ្ឋាន ទាំង ៤ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ជាអ្នកពិចារណាឃើញ នូវកាយក្នុងកាយ ជាប្រក្រតី ជាអ្នកមានព្យាយាម ដុតកំដៅកិលេស ជាអ្នកដឹងខ្លួន មានស្មារតី កំចាត់បង់ នូវអភិជ្ឈា និងទោមនស្ស ក្នុងលោកចេញ។ ជាអ្នកពិចារណាឃើញ នូវវេទនាក្នុងវេទនាទាំងឡាយ ជាប្រក្រតី នូវចិត្តក្នុងចិត្ត ជាប្រក្រតី នូវធម៌ក្នុងធម៌ទាំងឡាយ ជាប្រក្រតី ជាអ្នកមានព្យាយាម ដុតកំដៅ កិលេស ជាអ្នកដឹងខ្លួន មានស្មារតី កំចាត់បង់ នូវអភិជ្ឈា និងទោមនស្ស ក្នុងលោកចេញ ។ ម្នាលភិក្ខុទាំងឡាយ កាលបើបុគ្គលពោលថា គំនរនៃកុសល ដូច្នេះ កាលបើពោលដោយត្រឹមត្រូវ ត្រូវពោលចំពោះសតិប្បដ្ឋាន ទាំង ៤ នេះឯង។ ម្នាលភិក្ខុទាំងឡាយ គំនរនៃកុសលទាំងអស់នេះ គឺ សតិប្បដ្ឋាន ទាំង ៤ នេះឯង។
អកុសលរាសិសូត្រ ទី ៥ ឬ គំនរបាបនិងគំនរបុណ្យ បិដកភាគ ៣៨ ទំព័រ ១៤ ឃ្នាប ១៩
ដោយ៥០០០ឆ្នាំ
images/articles/3156/t9038gtitwgk0osw0k_th.jpg
Public date : 01, Mar 2022 (824 Read)
(ព្រះបាទពារាណសី សួរពោធិសត្វថា) បពិត្រតាបសព្រះនាមអដ្ឋិសេនៈ ខ្ញុំមិនដែលស្គាល់ពួកស្មូមណាពួកស្មូមនោះ ប្រជុំគ្នាមករកខ្ញុំ ហើយសូម (នូវវត្ថុដែលខ្លួនត្រូវការ) ហេតុអ្វីក៏លោកមិនសូមខ្ញុំ។
(តាបសពោធិសត្វ ពោលថា) បុគ្គលអ្នកសូម រមែងមិនជាទីស្រឡាញ់ (នៃអ្នកឲ្យ) បុគ្គលអ្នកមិនឲ្យនូវរបស់ដែលគេសូមរមែងមិនជាទីស្រឡាញ់ (នៃស្មូម) ព្រោះហេតុនោះ បានជាអាត្មាមិនសូមមហារាជ កុំឲ្យមហារាជ ស្អប់អាត្មាឡើយ ។
(ព្រះរាជាត្រាស់ថា) សមណព្រាហ្មណ៍ ណារស់ដោយការសូម តែមិនសូមវត្ថុខ្លូនត្រូវសូម ក្នុងកាលគួរ (សមណព្រាហ្មណ៍នោះ) ឈ្មោះថាញ៉ាំងបុគ្គលដទៃ ឲ្យខូចបុណ្យផង ឈ្មោះថាមិនបានរស់ស្រួល ដោយខ្លួនឯងផង ។
សមណព្រាហ្មណ៍ណា រស់ដោយការសូម ហើយសូមនូវវត្ថុដែលខ្លួនត្រូវការសូម ក្នុងកាលគួរ (សមណព្រាហ្មណ៍នោះ) ឈ្មោះថាញ៉ាំងបុគ្គលដទៃឲ្យបានបុណ្យផង ឈ្មោះថា រស់នៅស្រួល ដោយខ្លួនឯងផង ។ បុគ្គលមានប្រាជ្ញាទាំងឡាយ ឃើញពួកស្មូម មកដល់ហើយ មិនដែលប្រទូស្ត លោកជាព្រហ្មចារីបុគ្គលជាទីស្រឡាញ់នៃខ្ញុំ លោកប្រាថ្នារបស់ណា ដែលត្រូវនិយាយសូម លោកចូរសូមចុះ ។
(ពោធិសត្វ ពោលថា) បុគ្គលមានប្រាជ្ញាទាំងឡាយ មិនដែលសូមទេ ស្រេចតែនឹង (ឧបដ្ឋក) អ្នកមានប្រាជ្ញា គួរដឹង(ខ្លួនឯងចុះ) ពួកអរិយៈ គ្រាន់តែឈរឧទ្ទិសស្ងៀមៗប៉ុណ្ណោះ នុ៎ះជាការសូម របស់ពួកអរិយៈ។
(ព្រះរាជា ពោលថា) បពិត្រព្រាហ្មណ៍ ខ្ញុំសូមប្រគេនមេគោមានសម្បុរក្រហម១ពាន់ ព្រមទាំងគោឈ្មោលដល់លោកម្ចាស់ ដ្បិតថា បុគ្គលមានមារយាទដ៏ប្រសើរ បានស្តាប់គាថារបស់លោកដែលប្រកបដោយធម៌ហើយមិនឲ្យដល់បុគ្គល មានអាចារៈដ៏ប្រសើរ (ដូចគ្នា) ដូចម្តេចបាន ។
ចប់ អដ្ឋិសេនជាតកទី៨
បិដក៥៩ ទំព័រ៨៤
ដោយ៥០០០ឆ្នាំ
images/articles/3142/2021svaarest.jpg
Public date : 01, Mar 2022 (1,948 Read)
បឋមអក្ខន្តិសូត្រ ទី ៥
[១១៥] ម្នាលភិក្ខុទាំងឡាយ ទោសនៃសេចក្តីមិនអត់ធន់នេះ មាន ៥ យ៉ាង។ ទោស ៥ យ៉ាង គឺអ្វីខ្លះ។ គឺមិនជាទីស្រឡាញ់ មិនជាទីពេញចិត្ត របស់ជនច្រើន ១ ជាអ្នកច្រើនដោយពៀរ ១ ច្រើនដោយទោស ១ តែងស្លាប់វង្វេងស្មារតី ១ លុះបែកធ្លាយរាងកាយស្លាប់ទៅ តែងទៅកើតជាតិរច្ឆាន ប្រេត អសុរកាយ និងនរក ១។ ម្នាលភិក្ខុទាំងឡាយ ទោសនៃសេចក្តីមិនអត់ធន់ មាន ៥ យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ អានិសង្សនៃសេចក្តីអត់ធន់នេះ មាន ៥ យ៉ាង។ អានិសង្ស ៥ យ៉ាង គឺអ្វីខ្លះ។ គឺជាទីស្រឡាញ់ ជាទីពេញចិត្តរបស់ជនច្រើន ១ មិនច្រើនដោយពៀរ ១ មិនច្រើនដោយទោស ១ តែងស្លាប់មិនវង្វេងស្មារតី ១ លុះបែកធ្លាយរាងកាយស្លាប់ទៅ តែងទៅកើតក្នុងសុគតិ សួគ៌ទេវលោក ១។ ម្នាលភិក្ខុទាំងឡាយ អានិសង្សនៃសេចក្តីអត់ធន់ មាន ៥ យ៉ាងនេះឯង។
បឋមអក្ខន្តិសូត្រ ទី ៥ ឬ ទោសនៃសេចក្តីមិនអត់ធន់ ៥ យ៉ាង - បិដកភាគ ៤៥ ឃ្នាប ១១៥
ដោយ៥០០០ឆ្នាំ
images/articles/3143/bfret454532.jpg
Public date : 01, Mar 2022 (1,942 Read)
បឋមកណ្ហសប្បសូត្រ ទី ៩
[១២៩] ម្នាលភិក្ខុទាំងឡាយ ទោស ៥ យ៉ាងនេះ រមែងមានក្នុងពស់វែក។ ទោស ៥ យ៉ាង គឺអ្វីខ្លះ។ គឺពស់វែកមិនស្អាត ១ មានក្លិនស្អុយ ១ គួរតក់ស្លុត ១ គួរខ្លាច ១ ទ្រុស្តមិត្រ ១។ ម្នាលភិក្ខុទាំងឡាយ ទោស ៥ យ៉ាងនេះ រមែងមានក្នុងពស់វែក ម្នាលភិក្ខុទាំងឡាយ ទោស ៥ យ៉ាងនេះ រមែងមានក្នុងមាតុគ្រាម ដូច្នេះដែរ។ ទោស ៥ យ៉ាង គឺអ្វីខ្លះ។ គឺមាតុគ្រាមមិនស្អាត ១ មានក្លិនស្អុយ ១ គួរតក់ស្លុត ១ គួរខ្លាច ១ ទ្រុស្តមិត្រ ១។ ម្នាលភិក្ខុទាំងឡាយ ទោស ៥ យ៉ាងនេះ រមែងមានក្នុងមាតុគ្រាម។
ទុតិយកណ្ហសប្បសូត្រ ទី ១០
[១៣០] ម្នាលភិក្ខុទាំងឡាយ ទោស ៥ យ៉ាងនេះ រមែងមានក្នុងពស់វែក។ ទោស ៥ យ៉ាង គឺអ្វីខ្លះ។ គឺពស់វែកមានចិត្តក្រោធ ១ ចងពៀរ ១ មានពិសពន្លឹក ១ មានអណ្តាតអាក្រក់ ១ ទ្រុស្តមិត្ត ១។ ម្នាលភិក្ខុទាំងឡាយ ទោស ៥ យ៉ាងនេះ រមែងមានក្នុងពស់វែកម្នាលភិក្ខុទាំងឡាយ ទោស ៥ យ៉ាងនេះ រមែងមានក្នុងមាតុគ្រាម ដូច្នោះដែរ។ ទោស ៥ យ៉ាង ៥ គឺអ្វីខ្លះ។ គឺមាតុគ្រាមច្រើនក្រោធ ១ ចងគំនុំ ១ មានពិសពន្លឹក ១ មានអណ្តាតអាក្រក់ ១ ទ្រុស្តមិត្ត ១។ ម្នាលភិក្ខុទាំងឡាយ ត្រង់ពាក្យថា មាតុគ្រាមមានពិសពន្លឹកនេះ ម្នាលភិក្ខុទាំងឡាយ ដោយច្រើន មាតុគ្រាមមានរាគៈខ្លាំងក្លា។ ម្នាលភិក្ខុទាំងឡាយ ត្រង់ពាក្យថា មាតុគ្រាមមានអណ្តាតអាក្រក់នេះ ម្នាលភិក្ខុទាំងឡាយ ដោយច្រើន មាតុគ្រាមមានវាចាញុះញង់។ ម្នាលភិក្ខុទាំងឡាយ ត្រង់ពាក្យថា មាតុគ្រាមជាអ្នកទ្រុស្តមិត្រនេះ ម្នាលភិក្ខុទាំងឡាយ ដោយច្រើន មាតុគ្រាមប្រព្រឹត្តក្បត់ចិត្តស្វាមី។ ម្នាលភិក្ខុទាំងឡាយ ទោស ៥ យ៉ាងនេះ រមែងមានក្នុងមាតុគ្រាម។
ចប់ ទីឃចារិកវគ្គ ទី៣។
បឋមកណ្ហសប្បសូត្រ ទី ៩ ឬ ទោស ៥ យ៉ាងនេះ រមែងមានក្នុងស្រ្តី - បិដកភាគ ៤៥ ទំព័រ ២៦១ ឃ្នាប ១២៩
ដោយ៥០០០ឆ្នាំ
images/articles/3144/dsvdr564y5ged.jpg
Public date : 01, Mar 2022 (1,525 Read)
ពហុភាណិសូត្រ ទី៤
[១១៤] ម្នាលភិក្ខុទាំងឡាយ ទោសរបស់បុគ្គលនិយាយច្រើននេះ មាន ៥ យ៉ាង។ ទោស ៥ យ៉ាង គឺអ្វីខ្លះ។ គឺនិយាយកុហក ១ និយាយញុះញង់ ១ និយាយពាក្យអាក្រក់ ១ និយាយពាក្យឥតប្រយោជន៍ ១ លុះបែកធ្លាយរាងកាយស្លាប់ទៅ ទៅកើតជាតិរច្ឆាន ប្រេត អសុរកាយ និងនរក ១។ ម្នាលភិក្ខុទាំងឡាយ ទោសរបស់បុគ្គលនិយាយច្រើន មាន ៥ យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ អានិសង្សរបស់បុគ្គលនិយាយតិចនេះ មាន ៥ យ៉ាង។ អានិសង្ស ៥ យ៉ាង គឺអ្វីខ្លះ។ គឺមិននិយាយកុហក ១ មិននិយាយញុះញង់ ១ មិននិយាយពាក្យអាក្រក់ ១ មិននិយាយឥតប្រយោជន៍ ១ លុះបែកធ្លាយរាងកាយស្លាប់ទៅ តែងទៅកើតក្នុងសុគតិ សួគ៌ទេវលោក ១។ ម្នាលភិក្ខុទាំងឡាយ អានិសង្សរបស់បុគ្គលនិយាយតិច មាន ៥ យ៉ាងនេះឯង។
ពហុភាណិសូត្រ ទី ៤ ឬ ទោស ៥ យ៉ាង របស់បុគ្គលនិយាយច្រើន
បិដកភាគ ៤៥ ទំព័រ ២៤៩ ឃ្នាប ១១៤
ដោយ៥០០០ឆ្នាំ
images/articles/3163/2ttt4045tt.jpg
Public date : 23, Feb 2022 (889 Read)
តយោធម្មសូត្រ
[៧៦] ម្នាលភិក្ខុទាំងឡាយ (ប្រសិនបើ) ធម៌ទាំង ៣ នេះ មិនមានក្នុងលោកទេ ព្រះតថាគតអរហន្តសម្មាសម្ពុទ្ធ ក៏មិនគប្បីកើតឡើង ក្នុងលោកឡើយ ទាំងធម្មវិន័យ ដែលព្រះតថាគតសំដែងហើយ ក៏មិនភ្លឺច្បាស់ក្នុងលោកដែរ។ ធម៌ទាំង ៣ តើដូចម្តេច។ គឺជាតិ ១ ជរា ១ មរណៈ ១។
ម្នាលភិក្ខុទាំងឡាយ (ប្រសិនបើ) ធម៌ទាំង ៣ នេះ មិនមានក្នុងលោកទេ ព្រះតថាគតអរហន្តសម្មាសម្ពុទ្ធ ក៏មិនគប្បីកើតឡើងក្នុងលោក ទាំងធម្មវិន័យ ដែលព្រះតថាគតសំដែងហើយ ក៏មិនភ្លឺច្បាស់ ក្នុងលោកនេះដែរ។
ម្នាលភិក្ខុទាំងឡាយ ធម៌ទាំង ៣ នេះ រមែងមានក្នុងលោក ព្រោះហេតុណា ព្រោះហេតុនោះ ទើបព្រះតថាគត អរហន្តសម្មាសម្ពុទ្ធ កើតឡើងក្នុងលោក ព្រោះហេតុនោះ ទើបធម្មវិន័យ ដែលព្រះតថាគតសំដែងហើយ ភ្លឺច្បាស់ក្នុងលោកដែរ។
ម្នាលភិក្ខុទាំងឡាយ បុគ្គលកាលមិនបានលះបង់ធម៌ទាំង ៣ ហើយ មិនគួរលះបង់ជាតិ លះបង់ជរា លះបង់មរណៈបានទេ។ ធម៌ទាំង ៣ តើដូចម្តេច។ គឺមិនលះបង់រាគៈ ១ មិនលះបង់ទោសៈ ១ មិនលះបង់មោហៈ ១។ ម្នាលភិក្ខុទាំងឡាយ បុគ្គល កាលមិនលះបង់ធម៌ទាំង ៣ នេះចេញហើយ មិនគួរលះបង់ជាតិ លះបង់ជរា លះបង់មរណៈបានទេ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលកាលមិនលះបង់ធម៌ទាំង ៣ ចេញហើយ មិនគួរលះបង់រាគៈ លះបង់ទោសៈ លះបង់មោហៈបានទេ។ ធម៌ទាំង ៣ តើដូចម្តេច។ គឺមិនលះបង់សក្កាយទិដ្ឋិ ១ មិនលះបង់វិចិកិច្ឆា ១ មិនលះបង់សីលព្វតបរាមាសៈ ១។
ម្នាលភិក្ខុទាំងឡាយ បុគ្គលកាលមិនលះបង់ធម៌ទាំង ៣ នេះហើយ មិនគួរលះបង់រាគៈ លះបង់ទោសៈ លះបង់មោហៈបានទេ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលកាលមិនលះបង់ធម៌ទាំង ៣ ហើយ មិនគួរលះបង់សក្កាយទិដ្ឋិ លះបង់វិចិកិច្ឆា លះបង់សីលព្វតបរាមាសៈបានទេ។ ធម៌ទាំង ៣ តើដូចម្តេច។ គឺមិនលះបង់ នូវការធ្វើទុកក្នុងចិត្តដោយមិនមែនឧបាយ ១ មិនលះបង់នូវកិរិយាសេពគប់នូវផ្លូវខុស ១ មិនលះបង់នូវភាពរួញរានៃចិត្ត ១។
ម្នាលភិក្ខុទាំងឡាយ បុគ្គលកាលមិនបានលះបង់ធម៌ទាំង ៣ នេះចេញហើយ មិនគួរលះបង់សក្កាយទិដ្ឋិ លះបង់វិចិកិច្ឆា លះបង់សីលព្វតបរាមាសៈបានទេ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលកាលមិនបានលះបង់ធម៌ទាំង ៣ ចេញហើយ មិនគួរលះបង់នូវការធ្វើទុកក្នុងចិត្ត ដោយមិនមែនឧបាយ លះបង់នូវកិរិយាសេពគប់នូវផ្លូវខុស លះបង់នូវភាពរួញរានៃចិត្តបានទេ។ ធម៌ទាំង ៣ តើដូចម្តេច។ គឺមិនលះបង់ការភ្លេចស្មារតី ១ មិនលះបង់សេចក្តីមិនដឹងខ្លួន ១ មិនលះបង់សេចក្តីរវើរវាយនៃចិត្ត ១។
ម្នាលភិក្ខុទាំងឡាយ បុគ្គល កាលមិនបានលះបង់ធម៌ទាំង ៣ នេះហើយ មិនគួរលះបង់នូវការធ្វើទុកក្នុងចិត្ត ដោយមិនមែនឧបាយ លះបង់នូវកិរិយាសេពគប់នូវផ្លូវខុស លះបង់នូវភាពរួញរានៃចិត្តបានទេ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលកាលមិនបានលះបង់ធម៌ទាំង ៣ ហើយ មិនគួរលះបង់នូវការភ្លេចស្មារតី លះបង់នូវសេចក្តីមិនដឹងខ្លួន លះបង់នូវសេចក្តីរវើរវាយនៃចិត្តបានទេ។ ធម៌ទាំង ៣ តើដូចម្តេច។ គឺលះបង់នូវភាពនៃសេចក្តីប្រាថ្នា ដើម្បីមិនឃើញនូវព្រះអរិយៈទាំងឡាយ ១ មិនលះបង់នូវភាពនៃសេចក្តីប្រាថ្នា ដើម្បីមិនស្តាប់នូវអរិយធម៌ ១ មិនលះបង់នូវភាពនៃចិត្តប្រកាន់ ១។
ម្នាលភិក្ខុទាំងឡាយ បុគ្គលកាលមិនបានលះបង់ធម៌ទាំង ៣ នេះហើយ មិនគួរលះបង់នូវការភ្លេចស្មារតី លះបង់នូវសេចក្តីមិនដឹងខ្លួន លះបង់នូវសេចក្តីរវើរវាយ នៃចិត្តបានទេ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលកាលមិនបានលះបង់ធម៌ទាំង ៣ ចេញហើយ មិនគួរលះបង់នូវភាពនៃសេចក្តីប្រាថ្នា ដើម្បីមិនឃើញនូវព្រះអរិយៈទាំងឡាយ លះបង់នូវភាពនៃសេចក្តីប្រាថ្នា ដើម្បីមិនស្តាប់នូវអរិយធម៌ លះបង់នូវភាពនៃចិត្តប្រកួតប្រកាន់បានទេ។ ធម៌ទាំង ៣ តើដូចម្តេច។ គឺមិនលះបង់នូវសេចក្តីរវើរវាយ ១ មិនលះបង់នូវសេចក្តីមិនសង្រួម ១ មិនលះបង់នូវភាពទ្រុស្តសីល ១។
ម្នាលភិក្ខុទាំងឡាយ បុគ្គលកាលមិនបានលះបង់ធម៌ទាំង ៣ នេះហើយ មិនគួរលះបង់នូវភាពនៃសេចក្តីប្រាថ្នា ដើម្បីមិនឃើញនូវព្រះអរិយៈទាំងឡាយ លះបង់នូវភាពនៃសេចក្តីប្រាថ្នា ដើម្បីមិនស្តាប់នូវអរិយធម៌ទាំងឡាយ លះបង់នូវភាពនៃចិត្តប្រកួតប្រកាន់បានទេ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលកាលមិនបានលះបង់ធម៌ទាំង ៣ ហើយ មិនគួរលះបង់នូវចិត្តរវើរវាយ លះបង់នូវសេចក្តីមិនសង្រួម លះបង់នូវភាពទ្រុស្តសីលបានទេ។
ធម៌ទាំង ៣ តើដូចម្តេច។ គឺមិនលះបង់នូវភាពមិនមានសទ្ធា ១ មិនលះបង់នូវភាពមិនដឹងនូវពាក្យពោល ១ មិនលះបង់នូវសេចក្តីខ្ជិល ១។ ម្នាលភិក្ខុទាំងឡាយ បុគ្គលកាលមិនបានលះបង់ធម៌ ៣ នេះហើយ មិនគួរលះបង់នូវសេចក្តីរវើរវាយ លះបង់នូវសេចក្តីមិនសង្រួម លះបង់នូវភាពទ្រុស្តសីលបានទេ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលកាលមិនបានលះបង់ធម៌ទាំង ៣ ចេញហើយ មិនគួរលះបង់នូវភាពមិនមានសទ្ធា លះបង់នូវភាពមិនដឹងពាក្យពោល លះបង់នូវសេចក្តីខ្ជិលបានទេ។ ធម៌ទាំង ៣ តើដូចម្តេច។ គឺមិនលះបង់នូវសេចក្តីមិនអើពើ ១ មិនលះបង់នូវភាពជាអ្នកប្រដៅក្រ ១ មិនលះបង់នូវភាពនៃបាបមិត្រ ១។
ម្នាលភិក្ខុទាំងឡាយ បុគ្គលកាលមិនបានលះបង់ធម៌ទាំង ៣ នេះហើយ មិនគួរលះបង់នូវភាពមិនមានសទ្ធា លះបង់នូវភាពមិនដឹងពាក្យពោល លះបង់នូវសេចក្តីខ្ជិលបានទេ។ ម្នាលភិក្ខុទាំងឡាយ បុគ្គល កាលមិនបានលះបង់ធម៌ទាំង ៣ ហើយ មិនគួរលះបង់នូវសេចក្តីអើពើ លះបង់ភាពនៃបាបមិត្របានទេ។ ធម៌ទាំង ៣ តើដូចម្តេច។ គឺមិនលះបង់នូវសេចក្តីមិនអៀនខ្មាសនឹងអំពើទុច្ចរិត ១ មិនលះបង់នូវសេចក្តីក្តៅក្រហាយនឹងអំពើទុច្ចរិត ១ មិនលះបង់នូវសេចក្តីធ្វេសប្រហែស ១។
ម្នាលភិក្ខុទាំងឡាយ បុគ្គលមិនបានលះបង់ធម៌ទាំង ៣ នេះហើយ មិនគួរលះបង់នូវសេចក្តីមិនអើពើ លះបង់នូវភាពជាអ្នកប្រដៅក្រ លះបង់នូវភាពនៃបាបមិត្របានទេ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលនេះ ជាអ្នកមិនមានសេចក្តីអៀនខ្មាស មិនមានសេចក្តីក្តៅក្រហាយនឹងអំពើទុច្ចរិត ជាអ្នកប្រមាទ។ កាលបើបុគ្គលនោះ ជាអ្នកប្រមាទហើយ មិនគួរលះបង់នូវសេចក្តីមិនអើពើ លះបង់នូវភាពជាអ្នកប្រដៅក្រ លះបង់នូវភាពនៃបាបមិត្របានទេ។ កាលបើបុគ្គលនោះ មានបាបមិត្រហើយ មិនគួរលះបង់នូវភាពមិនមានសទ្ធា លះបង់នូវភាពមិនដឹងពាក្យពោល លះបង់នូវសេចក្តីខ្ជិលបានទេ។ កាលបើបុគ្គលនោះ មានសេចក្តីខ្ជិលហើយ មិនគួរលះបង់នូវសេចក្តីរវើរវាយ លះបង់នូវសេចក្តីមិនសង្រួម លះបង់នូវភាពទ្រុស្តសីលបានទេ។
កាលបើបុគ្គលនោះ មានភាពជាអ្នកទ្រុស្តសីលហើយ មិនគួរលះបង់ភាពនៃសេចក្តីប្រាថ្នា ដើម្បីមិនឃើញព្រះអរិយៈទាំងឡាយ លះបង់នូវភាពនៃសេចក្តីប្រាថ្នា ដើម្បីមិនស្តាប់នូវអរិយធម៌ លះបង់នូវភាពនៃចិត្តប្រកួតប្រកាន់បានទេ។ កាលបើបុគ្គលនោះ មានភាពនៃចិត្តប្រកួតប្រកាន់ហើយ មិនគួរលះបង់នូវការភ្លេចស្មារតី លះបង់នូវសេចក្តីមិនដឹងខ្លួន លះបង់នូវចិត្តរវើរវាយបានទេ។ កាលបើបុគ្គលនោះ មានចិត្តរវើរវាយហើយ មិនគួរលះបង់នូវការធ្វើទុកក្នុងចិត្ត ដោយមិនមែនឧបាយ លះបង់នូវកិរិយាសេពគប់នូវផ្លូវខុស លះបង់នូវសេចក្តីរួញរានៃចិត្តបានទេ។ កាលបើបុគ្គលនោះ មានចិត្តរួញរា មិនគួរលះបង់នូវសក្កាយទិដ្ឋិ លះបង់នូវវិចិកិច្ឆា លះបង់នូវសីលព្វតបរាមាសៈបានទេ។
កាលបើបុគ្គលនោះ មានវិចិកិច្ឆា មិនគួរលះបង់រាគៈ លះបង់ទោសៈ លះបង់មោហៈបានទេ។ កាលបើមិនបានលះបង់រាគៈ មិនបានលះបង់ទោសៈ មិនបានលះបង់មោហៈ មិនគួរលះបង់ជាតិ លះបង់ជរា លះបង់មរណៈបានឡើយ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលកាលលះបង់ធម៌ទាំង ៣ បានហើយ ទើបគួរលះបង់ជាតិ លះបង់ជរា លះបង់មរណៈបាន។ ធម៌ទាំង ៣ តើដូចម្តេចខ្លះ។ គឺលះបង់រាគៈ ១ លះបង់ទោសៈ ១ លះបង់មោហៈ ១។
ម្នាលភិក្ខុទាំងឡាយ បុគ្គលលះបង់ធម៌ទាំង ៣ នេះចេញបានហើយ ទើបគួរលះបង់ជាតិ លះបង់ជរា លះបង់មរណៈបាន។ ម្នាលភិក្ខុទាំងឡាយ បុគ្គល កាលលះបង់ធម៌ទាំង ៣ បានហើយ ទើបគួរលះបង់រាគៈ លះបង់ទោសៈ លះបង់មោហៈបាន។ ធម៌ទាំង ៣ តើដូចម្តេច។ គឺលះបង់សក្កាយទិដ្ឋិ ១ លះបង់វិចិកិច្ឆា ១ លះបង់សីលព្វតបរាមាសៈ ១។
ម្នាលភិក្ខុទាំងឡាយ បុគ្គលកាលលះបង់ធម៌ទាំង ៣ នេះបានហើយ ទើបគួរលះបង់រាគៈ លះបង់ទោសៈ លះបង់មោហៈបាន។ ម្នាលភិក្ខុទាំងឡាយ បុគ្គលកាលលះបង់ធម៌ទាំង ៣ បានហើយ ទើបគួរលះបង់សក្កាយទិដ្ឋិ លះបង់វិចិកិច្ឆា លះបង់សីលព្វតបរាមាសៈបាន។ ធម៌ទាំង ៣ តើដូចម្តេច។ គឺលះបង់ការធ្វើទុកក្នុងចិត្តដោយមិនមែនឧបាយ ១ លះបង់ការសេពគប់ផ្លូវខុស ១ លះបង់សេចក្តីរួញរានៃចិត្ត ១។
ម្នាលភិក្ខុទាំងឡាយ បុគ្គលកាលលះបង់ធម៌ទាំង ៣ នេះបានហើយ ទើបគួរលះបង់សក្កាយទិដ្ឋិ លះបង់វិចិកិច្ឆា លះបង់សីលព្វតបរាមាសៈបាន។ ម្នាលភិក្ខុទាំងឡាយ បុគ្គលកាលលះបង់ធម៌ទាំង ៣ បានហើយ ទើបគួរលះបង់ការធ្វើទុកក្នុងចិត្ត ដោយមិនមែនឧបាយ លះបង់នូវការសេពគប់នូវផ្លូវខុស លះបង់នូវសេចក្តីរួញរានៃចិត្តបាន។ ធម៌ទាំង ៣ តើដូចម្តេច។ គឺលះបង់នូវការភ្លេចស្មារតី ១ លះបង់នូវសេចក្តីមិនដឹងខ្លួន ១ លះបង់នូវសេចក្តីរវើរវាយនៃចិត្ត ១។
ម្នាលភិក្ខុទាំងឡាយ បុគ្គលកាលលះបង់ធម៌ទាំង ៣ បានហើយ ទើបគួរលះបង់នូវការធ្វើទុកក្នុងចិត្ត ដោយមិនមែនឧបាយ លះបង់នូវការសេពគប់នូវផ្លូវខុស លះបង់នូវសេចក្តីរួញរានៃចិត្តបាន។ ម្នាលភិក្ខុទាំងឡាយ បុគ្គលកាលលះបង់ធម៌ទាំង ៣ បានហើយ ទើបគួរលះបង់នូវការភ្លេចស្មារតី លះបង់នូវសេចក្តីមិនដឹងខ្លួន លះបង់នូវសេចក្តីរវើរវាយនៃចិត្តបាន។ ធម៌ ទាំង ៣ តើដូចម្តេច។ គឺលះបង់នូវសេចក្តីប្រាថ្នា ដើម្បីមិនឃើញនូវព្រះអរិយៈទាំងឡាយ ១ លះបង់នូវសេចក្តីប្រាថ្នា ដើម្បីមិនស្តាប់នូវអរិយធម៌ ១ លះបង់នូវចិត្តប្រកួតប្រកាន់ ១។
ម្នាលភិក្ខុទាំងឡាយ បុគ្គលកាលលះបង់ធម៌ទាំង ៣ នេះបានហើយ ទើបគួរលះបង់នូវការភ្លេចស្មារតី លះបង់នូវសេចក្តិមិនដឹងខ្លួន លះបង់នូវសេចក្តីរវើរវាយនៃចិត្តបាន។ ម្នាលភិក្ខុទាំងឡាយ បុគ្គលកាលលះបង់ធម៌ទាំង ៣ បានហើយ ទើបគួរលះបង់សេចក្តីប្រាថ្នា ដើម្បីមិនឃើញនូវព្រះអរិយៈទាំងឡាយ លះបង់នូវសេចក្តីប្រាថ្នា ដើម្បីមិនស្តាប់នូវអរិយធម៌ លះបង់នូវចិត្តប្រកួតប្រកាន់បាន។ ធម៌ទាំង ៣ តើដូចម្តេច។ គឺលះបង់នូវសេចក្តីរវើរវាយ ១ លះបង់នូវសេចក្តីមិនសង្រួម ១ លះបង់នូវភាពទ្រុស្តសីល ១។
ម្នាលភិក្ខុទាំងឡាយ បុគ្គលកាលលះបង់ធម៌ទាំង ៣ នេះបានហើយ ទើបគួរលះបង់នូវសេចក្តីប្រាថ្នា ដើម្បីមិនឃើញនូវព្រះអរិយៈទាំងឡាយ លះបង់នូវសេចក្តីប្រាថ្នា ដើម្បីមិនស្តាប់នូវអរិយធម៌ លះបង់នូវចិត្តប្រកួតប្រកាន់បាន។ ម្នាលភិក្ខុទាំងឡាយ បុគ្គលកាលលះបង់ធម៌ទាំង ៣ បានហើយ ទើបគួរលះបង់នូវសេចក្តីរវើរវាយ លះបង់នូវសេចក្តីមិនសង្រួម លះបង់នូវភាពទ្រុស្តសីល។ ធម៌ទាំង ៣ តើដូចម្តេច។ គឺលះបង់នូវភាពមិនមានសទ្ធា ១ លះបង់នូវសេចក្តីមិនដឹងនូវពាក្យពោល ១ លះបង់នូវសេចក្តីខ្ជិល ១។
ម្នាលភិក្ខុទាំងឡាយ បុគ្គលកាលលះបង់ធម៌ទាំង ៣ នេះបានហើយ ទើបគួរលះបង់នូវសេចក្តីរវើរវាយ លះបង់នូវសេចក្តីមិនសង្រួម លះបង់នូវភាពទ្រុស្តសីលបាន។ ម្នាលភិក្ខុទាំងឡាយ បុគ្គលកាលលះបង់ធម៌ទាំង ៣ បានហើយ ទើបគួរលះបង់នូវភាពមិនមានសទ្ធា លះបង់នូវសេចក្តីមិនដឹងនូវពាក្យពោល លះបង់នូវសេចក្តីខ្ជិលបាន។ ធម៌ទាំង ៣ តើដូចម្តេច។ គឺលះបង់នូវសេចក្តីមិនអើពើ ១ លះបង់នូវភាពជាអ្នកប្រដៅក្រ ១ លះបង់នូវភាពនៃបាបមិត្ត ១។
ម្នាលភិក្ខុទាំងឡាយ បុគ្គលកាលលះបង់ធម៌ទាំង ៣ បានហើយ ទើបគួរលះបង់នូវភាពមិនមានសទ្ធា លះបង់នូវភាពមិនដឹងនូវពាក្យពោល លះបង់នូវសេចក្តីខ្ជិលបាន។ ម្នាលភិក្ខុទាំងឡាយ បុគ្គលកាលលះបង់ធម៌ទាំង ៣ បានហើយ ទើបគួរលះបង់នូវសេចក្តីមិនអើពើ លះបង់នូវភាពជាអ្នកប្រដៅក្រ លះបង់នូវភាពនៃបាបមិត្តបាន។ ធម៌ទាំង ៣ តើដូចម្តេច។ គឺលះបង់នូវសេចក្តីមិនអៀនខ្មាសនឹងអំពើទុច្ចរិត ១ លះបង់នូវសេចក្តីមិនក្តៅនឹងអំពើទុច្ចរិត ១ លះបង់នូវសេចក្តីធ្វេសប្រហែស ១។
ម្នាលភិក្ខុទាំងឡាយ បុគ្គលកាលលះបង់ធម៌ទាំង ៣ បានហើយ ទើបគួរលះបង់នូវសេចក្តីមិនអើពើ លះបង់នូវភាពជាអ្នកប្រដៅក្រ លះបង់នូវភាពនៃបាបមិត្តបាន។ ម្នាលភិក្ខុទាំងឡាយ បុគ្គលនេះ ជាអ្នកមានសេចក្តីអៀនខ្មាសនឹងអំពើទុច្ចរិត ក្តៅនឹងអំពើទុច្ចរិត មិនប្រមាទ។ កាលបើបុគ្គលនោះ មិនប្រមាទហើយ ទើបគួរដើម្បីលះបង់នូវសេចក្តីមិនអើពើ លះបង់នូវភាពជាអ្នកប្រដៅក្រ លះបង់នូវភាពនៃបាបមិត្តបាន។
កាលបើបុគ្គលនោះ មានកល្យាណមិត្តហើយ ទើបគួរដើម្បីលះបង់នូវភាពមិនមានសទ្ធា លះបង់នូវសេចក្តីមិនដឹងនូវពាក្យពោល លះបង់នូវសេចក្តីខ្ជិលបាន។ កាលបើបុគ្គលនោះ មានសេចក្តីព្យាយាមប្រារព្ធហើយ ទើបគួរដើម្បីលះបង់នូវសេចក្តីរវើរវាយ លះបង់នូវការមិនសង្រួម លះបង់នូវភាពទ្រុស្តសីលបាន។ កាលបើបុគ្គលនោះ មានសីល ទើបគួរដើម្បីលះបង់នូវសេចក្តីប្រាថ្នា ដើម្បីមិនឃើញនូវព្រះអរិយៈទាំងឡាយ លះបង់នូវសេចក្តីប្រាថ្នា ដើម្បីមិនស្តាប់នូវអរិយធម៌ លះបង់នូវចិត្តប្រកួតប្រកាន់បាន។
កាលបើបុគ្គលនោះ មិនមានចិត្តប្រកួតប្រកាន់ហើយ ទើបគួរដើម្បីលះបង់នូវការភ្លេចស្មារតី លះបង់នូវសេចក្តីមិនដឹងខ្លួន លះបង់នូវសេចក្តីរសាប់រសល់នៃចិត្តបាន។ កាលបើបុគ្គលនោះ មិនមានចិត្តរសាប់រសល់ហើយ ទើបគួរដើម្បីលះបង់នូវកិរិយាធ្វើទុកក្នុងចិត្ត ដោយមិនមែនឧបាយ លះបង់នូវការសេពគប់នូវផ្លូវខុស លះបង់នូវសេចក្តីរួញរានៃចិត្តបាន។
កាលបើបុគ្គលនោះ មិនមានចិត្តរួញរាហើយ ទើបគួរដើម្បីលះបង់នូវសក្កាយទិដ្ឋិ លះបង់នូវវិចិកិច្ឆា លះបង់នូវសីលព្វតបរាមាសៈបាន។ កាលបើបុគ្គលនោះ មិនមានវិចិកិច្ឆាហើយ ទើបគួរដើម្បីលះបង់រាគៈ លះបង់ទោសៈ លះបង់មោហៈបាន។ កាលបើបុគ្គលនោះ លះបង់រាគៈ លះបង់ទោសៈ លះបង់មោហៈហើយ ទើបគួរដើម្បីលះបង់ជាតិ លះបង់ជរា លះបង់មរណៈបាន។
តយោធម្មសូត្រ ឬ ប្រសិនបើធម៌ទាំង ៣ នេះ មិនមានក្នុងលោកទេ ព្រះតថាគតក៏មិនគប្បីកើតឡើងក្នុងលោកដែរ - បិដក ៥០ ទំព័រ ៣១៣ ឃ្នាប ៧៦
ដោយ៥០០០ឆ្នាំ
images/articles/3164/20ythjljj.jpg
Public date : 23, Feb 2022 (792 Read)
[២៧៤] ម្នាលភិក្ខុទាំងឡាយ តថាគតពិចារណាឃើញអំណាចប្រយោជន៍ពីរប្រការ ទើបគប់រក នូវសេនាសនៈស្ងាត់ តាំងនៅក្នុងព្រៃ។ អំណាចប្រយោជន៍ ២ ប្រការ តើដូចម្តេច។ គឺតថាគត ពិចារណាឃើញធម៌ នៅជាសុខ ក្នុងបច្ចុប្បន្នរបស់ខ្លួន ១ មានសេចកី្តអនុគ្រោះប្រជុំ ជនជាន់ក្រោយ ១។ ម្នាលភិក្ខុទាំងឡាយ តថាគត ពិចារណាឃើញអំណាចប្រយោជន៍ពីរប្រការនេះ ទើបគប់រក នូវសេនាសនៈស្ងាត់ តាំងនៅក្នុងព្រៃ។
ប្រយោជន៍ ២ ប្រការ ដែលគប់នូវសេនាសនៈស្ងាត់ - បិដកភាគ ៤០ ទំព័រ ១៣៥_ ឃ្នាប ២៧៤
ដោយ៥០០០ឆ្នាំ