Reading Article
Public date : 31, Jul 2019 (2907 Read)
កញ្ចក់ជីវិត

|
ធម្មតាចិត្តរមែងស្ទុះទៅរកអារម្មណ៍ទាំងឡាយគឺ រូប សម្លេង ក្លិន រស ផោដ្ឋព្វ និងធម្មារម្មណ៍។ ការរស់នៅរបស់បុគ្គលម្នាក់ៗ គឺចិត្តដឹងអារម្មណ៍ កាលបើចិត្តចាប់តោងនូវអារម្មណ៍ទាំងឡាយបានហើយ ក៏ប្រព្រឹត្តទៅ ដោយអំណាចនៃការស្រឡាញ់ ស្អប់ គាប់ ទាស់ ដោយអាស្រ័យ លោភៈ ទិដ្ឋិ មានះ ឬដោយកុសលផ្សេងៗ មានទាន សីលជាដើមក៏មាន។ កាលបើយ៉ាងនេះ សកម្មភាពទាំងឡាយដែលចេញទៅតាមទ្វារកាយ ឬវាចា ក៏ប្រព្រឹត្តទៅតាមអំណាចនៃកុសលឬអកុសលនោះៗ។ សកម្មភាពទាំងនោះ ហៅថាអភិសង្ខារ។ នេះឯងជាតួរកម្មភព កាលកម្មភពកើតឡើងហើយ ឧប្បត្តិភព គឺជាតិកំណើតនឹងប្រាកដជាមិនខាន។
បច្ចុប្បន្ន គឺជាកញ្ចក់មួយផ្ទាំង ដែលអាចឲ្យយើងឆ្លុះបញ្ចាំងឃើញនូវផលជាអនាគតបាន ដូចយើងយកពូជស្វាយទៅដាំ យើងនឹងបានដើមស្វាយ ផ្លែស្វាយ។ ម្យ៉ាងទៀត បើយើងលួចទ្រព្យគេ មុខតែត្រូវគេចាប់ គេវាយ ឬចូលគុកទៀតផង ទង្វើទាំងនេះសុទ្ធតែឲ្យផលដែលយើងអាចដឹងបាន។ កម្មនេះឧបមាដូចជាតួរត្រា ឯផលវិបាករបស់កម្មប្រៀបដូចស្នាមត្រា ដែលគេបោះលើក្រដាស មិនឃ្លាងឃ្លាតពីគ្នាយ៉ាងណា បើយើងធ្វើអំពើល្អសាងបុណ្យសន្សំកុសលច្រើន យើងនឹងបានជួបប្រសព្វនូវសេចក្ដីសុខក្នុងមនុស្សលោក និងទេវលោក។ បើយើងធ្វើអាក្រក់ជាងកុសលច្រើន សេចក្ដីទុក្ខមុខជាប្រាកដដល់យើងទាំងក្នុងលោកនេះនិងលោកខាងមុខ។ អំពើទាំងឡាយទាំងល្អទាំងអាក្រក់ ដែលយើងបានធ្វើហើយដែលជាអភិសង្ខារនោះ នឹងចាត់ចែងនូវឧប្បត្តិភព (ជាតិ.កំណើត) សម្រាប់យើង។ អ្នកចូលសម្លឹងមើលនូវអភិសង្ខារគឺអំពើដែលអ្នកបានធ្វើហើយ នុ៎ះអ្នកនឹងបានឃើញ នូវឧប្បត្តិភពរបស់ខ្លួនទៅអនាគត ថាយ៉ាងណា។ លោកទាំង៣ គឺ ទេវលោក មនុស្សលោក និង យមលោក (នរក តិរិច្ឆាន...) នឹងរងចាំទទួលអ្នក ទៅតាមមាគ៌ា ដែលអ្នកបានដើរនោះឯង។ បើចង់បានសេចក្ដីសុខ គប្បីប្រញាប់ជំរះនូវអំពើទាំងឡាយរបស់ខ្លួន ដូចបុគ្គល ឆ្លុះកញ្ចក់ឃើញមានមុខប្រឡាក់ ប្រញាប់ជំរះចេញយ៉ាងនោះដែរ។ ចំណងជីវិត កម្មចារលិខិត កំហិតវាសនា វេនសុខវេនទុក្ខ គុកកម្មលោកា បង្កើតបញ្ហា
នៅលើលោកីយ។
ចំណែកអ្នករួច នោះមានតិចតួច ហួសនឹងហាស្ដី រួចពីចំណង នៃភពទាំងបី ព្រោះអស់អាល័យ
អាស្រ័យនិព្វាន។
រៀបរៀងដោយ ជូ ស៊ូហៀង ដោយ៥០០០ឆ្នាំ |