Reading Article
Public date : 13, Dec 2019 (2787 Read)
អានិសង្សការចម្រើនពុទ្ធគុណ

|
អានិសង្សការចម្រើនពុទ្ធគុណ
ក៏ឯភិក្ខុដែលប្រកបរឿយៗ នូវពុទ្ធានុស្សតិនេះ រមែងជាអ្នកមានសេចក្ដីគោរព មានសេចក្ដីកោតក្រែងក្នុងព្រះសាស្ដា បានសេចក្ដីបរិបូរណ៍នៃសទ្ធា សេចក្ដីបរិបូរណ៍នៃសតិ សេចក្ដីបរិបូរណ៍នៃបញ្ញានិងបានសេចក្ដីបរិបូរណ៍នៃបុណ្យ ជាអ្នកច្រើនដោយបីតិ និងបាមោជ្ជៈ អត់ធន់ចំពោះសេចក្ដីខ្លាច និងសេចក្ដីតក់ស្លុតចិត្ត អាចដោះទុក្ខ, មានការដឹង (ដូច) ថាបានជាមួយព្រះសាស្ដា។ ម្យ៉ាងទៀត សូម្បីសរីរៈរបស់លោកដែលពុទ្ធគុណានុស្សតិប៉ះផ្ទប់រមែងល្អគួរដល់ការបូជាដូចផ្ទះព្រះចេតិយ។ ចិត្ត (របស់លោក) រមែងបង្អោនទៅក្នុងពុទ្ធភូមិ។ ម្យ៉ាងទៀត ក្នុងកាលមានការជួបជួនជាមួយនឹងវត្ថុដែលនឹងគប្បីប្រព្រឹត្តកន្លង ហិរិឱត្តប្បៈរមែងប្រាកដដល់លោក ហាក់បីដូចជាលោកឃើញព្រះសាស្ដានៅចំពោះមុខ។ ម្យ៉ាងទៀត កាលមិនទាន់សម្រេចគុណដ៏ក្រៃលែងឡើងទៅ លោករមែងមានសុគតិ ជាទីប្រព្រឹត្តទៅក្នុងខាងមុខ។ តស្មា ហវេ អប្បមាទំ កយិរាថ សុមេធសោ ឯវំ មហានុកាយ ពុទ្ធានុស្សតិយា សទាតិ។
ព្រោះហេតុនោះឯង អ្នកមានបញ្ញាល្អ គប្បីធ្វើសេចក្ដីមិនប្រមាទ ក្នុងពុទ្ធានុស្សតិ ដែលមានអានុភាពច្រើនយ៉ាងនេះគ្រប់កាលហោង។ នេះជាសេចក្ដីសង្ខេប ក្នុងពុទ្ធានុស្សតិ ចំណែកសេចក្ដីពិស្ដារ អ្នកសិក្សាគប្បីមើលក្នុងគម្ពីវិសុទ្ធិមគ្គ។ ក្នុងធម្មានុស្សតិជាដើមក៏ដូចគ្នា ខ្ញុំមិនបានពោលទុកក្នុងទីនេះទេ។ ដកស្រង់ចេញពីសៀវភៅ កម្មដ្ឋាននិទ្ទេស រៀបរៀងដោយ ភិក្ខុ សុវណ្ណជោតោ ភួង សុវណ្ណ ដោយ៥០០០ឆ្នាំ |