Monday, 01 Mar B.E.2564  
Listen to Dhamma (Mp3)
Listening to Tripitaka (Mp3)
Teaching Dhamma (Mp3)
Audio Books (Mp3)
Block Thor Sot (Mp3)
កម្រងកំណាព្យនិងស្មូត្រ (Mp3)
កម្រងបទភ្លេងនិងចម្រៀង (Mp3)
Buddhism​ & Society (Mp3)
Read Dhamma (eBook)
Video Gallery
Recently Listen / Read
Live Radio
Metta Radio
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
Kalyanmet Radio
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
Buddha Speech Radio
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
Voice of Dhamma Radio
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
Radio Koltoteng
ទីតាំងៈ វត្តគល់ទទឹង
ម៉ោងផ្សាយៈ ២៤ម៉ោង
Radio RVD BTMC
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ០៤.០០​​​ - ២២.០០
Ponletrayroth Radio
ទីតាំងៈ ខេត្តតាកែវ
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
Notification
All Visitors
Today 27,213
Today
Yesterday 224,717
This Month 27,213
Total ១៧៦,២០៧,៩៤០
free counters
កំពុងទស្សនា ចំនួន
Reading Article
Public date : 10, Oct 2020 (2128 Read)

កិន្នរាទេវិវត្ថុ



Audio

 

កាលពីព្រេងនាយ មានព្រះរាជាមួយព្រះអង្គព្រះនាម កណ្ឌរី១ សោយរាជសម្បត្តិក្នុងនគរពារាណសី ទ្រង់មានព្រះរូបឆោមលោមពណ៌ល្អឆើតឆាយ ។ ពួកអាមាត្យទាំងឡាយតែងនាំយកគ្រឿងក្រអូបមកថ្វាយដល់ព្រះរាជានោះរាល់ៗថ្ងៃ ។ កាលប្រោះព្រំគ្រឿងក្រអូបក្នុងព្រះរាជនិវេសន៍សព្វគ្រប់ហើយ ក៏ពុះឈើក្រអូប ចម្អិននូវព្រះក្រយាដើម្បី (ថ្វាយ) ព្រះរាជានោះ ។

សូម្បីព្រះអគ្គមហេសីរបស់ព្រះបាទកណ្ឌរីនោះ ក៏ជាអ្នកមានរូបល្អស្អាតក្រៃលែង ព្រះនាងមានព្រះនាម កិន្នរា២ ។ សូម្បីបុរោហិតរបស់ព្រះចៅកណ្ឌរីនោះ ក៏ជាអ្នកដល់ព្រមដោយបញ្ញាហើយមានវ័យស្មើនឹងព្រះរាជាដែរ លោកមានឈ្មោះថា បញ្ចាលចណ្ឌៈ ។

ខាងក្នុងស្ថានទី ដែលអាស្រ័យនឹងប្រាសាទរបស់ព្រះរាជានោះ មានដើមព្រីងមួយដើមដុះនៅខាងក្នុងកំពែងវាំង ហើយមានមែកសាខាឱនសំយុងចុះទៅលើកំពែងវាំងនោះ ។ មានបុរសខ្វិនមួយមានរូបរាងអាក្រក់គួរខ្ពើមអាស្រ័យនៅនឹងម្លប់ព្រីងនោះ ។    

ក្នុងថ្ងៃមួយព្រះនាងកិន្នរាទេវី  កាលព្រះនាងសម្លឹងមើលតាមវាតបាន (សីហបញ្ជរ) ឆៀងព្រះនេត្រទតឃើញបុរសនោះ ក៏ជាប់ព្រះទ័យប្រតិព័ទ្ធស្នេហាឥតរសាយ លុះវេលាដែលញ៉ាំងព្រះរាជាឲ្យទ្រង់ រីក​រាយ​ឆ្អែតស្កប់ស្កល់ដោយកិលេស និងឲ្យទ្រង់ផ្ទំលក់ហើយ ព្រះនាងទើបក្រោកឡើង វេចខ្ចប់អាហារដែលប្រណីតៗមានរសឆ្ងាញ់ដាក់ក្នុងផ្តិលមាស ធ្វើឲ្យជាប់នឹងចង្កេះ ហើយឆ្លងតាមវាតបានដោយខ្សែធ្វើអំពីសំពត់ ឡើងទៅកាន់ដើមព្រីង ហើយចុះទៅតាមមែក ញ៉ាំងបុរសខ្វិននោះឲ្យបរិភោគរួចហើយ ទើបធ្វើនូវអំពើអាក្រក់(ប្រព្រឹត្តអំពើក្បត់) ជាមួយនឹងបុរសនោះ រួចរាល់ហើយ ទើបព្រះនាងឡើងមកប្រាសាទដោយផ្លូវដែលខ្លួនមកនោះឯង ជម្រះនូវសរីរកាយដោយគ្រឿងក្រអូបហើយ ទើបចូលទៅផ្ទំជាមួយនឹងព្រះរាជាវិញ ។

ព្រះនាងកិន្នរានោះតែងប្រព្រឹត្តអំពើបាបជាមួយនឹងបុរសខ្វិននោះជាប់ជានិច្ចដោយឧបាយនេះឯង ។ ចំណែកឯព្រះរាជាទ្រង់មិនបានដឹងឡើយ ។ ថ្ងៃមួយ ព្រះរាជាទ្រង់ប្រទក្សិណព្រះនគររួចហើយ កាលនឹងចូលកាន់ព្រះរាជនិវេសន៍ ទ្រង់ទតឃើញបុរសខ្វិន ដែលមានអាការៈគួរអាណិតក្រៃលែង ដែលនៅអាស្រ័យនឹងម្លប់ដើមព្រីងនោះ ទើបទ្រង់ត្រាស់សួរបុរោហិតថា ឃើញមនុស្សប្រេតនោះដែរឬទេ ? 
បុរោ​ហិត​ទូលថា ព្រះករុណាព្រះអង្គ ខ្ញុំឃើញ ។

ព្រះចៅកណ្ឌរីក៏សួរទៀតថា ម្នាលសម្លាញ់ ចុះបុរសដែលមានរូបរាងអាក្រក់គួរខ្ពើមយ៉ាងនេះ នឹងមានស្ត្រីណាមកស្រឡាញ់ដោយឆន្ទរាគៈដែរនោះ ? បុរសខ្វិនបានស្ដាប់ព្រះរាជតម្រាស់នោះហើយ ក៏កើតមានះហើយគិតថា ព្រះរាជានេះនិយាយស្អី មិនដឹងថាមហេសីរបស់ខ្លួនមកកាន់សម្នាក់យើង ហើយលើកដៃសំពះដើមព្រីងពោលវាចាថា ឱ ទេព្តាដែលនៅនឹងដើមព្រីងនេះអើយ វៀរលែងតែអ្នកចេញហើយ មនុស្សដទៃមិនដឹងនូវហេតុការណ៍នោះឡើយ ។  

បុរោហិតឃើញកិរិយារបស់បុរសខ្វិននោះ ហើយគិតថា ព្រះអគ្គមហេសីរបស់ព្រះរាជាប្រាកដជាមកតាមដើមព្រីងនេះ ហើយធ្វើកម្មលាមកជាមួយនឹងបុរសនេះ ។ បុរោហិតទើបទូលសួរព្រះរាជាថា បពិត្រមហារាជ ក្នុងវេលារាត្រី សម្ផស្សសរីរៈនៃព្រះទេវីនោះ មានសភាពដូចម្ដេចដែរ ព្រះអង្គ ? ព្រះបាទកណ្ឌរីត្រាស់ថា ម្នាលសម្លាញ់ យើងមិនឃើញអ្វីដទៃឡើយ តែក្នុងមជ្ឈិមយាម សរីរៈព្រះទេវីមានសភាពត្រជាក់ប្លែក ។

បុរោហិតទើបទូលថា បពិត្រទេវៈ បើសិនយ៉ាងនោះ ស្ត្រីទាំងឡាយដទៃចូរលើកទុកសិនចុះ ព្រះនាងកិន្នរាទេវីអគ្គមហេសីរបស់ព្រះអង្គ បានធ្វើកម្មលាមកជាមួយនឹងបុរសខ្វិននេះហើយ ។ ព្រះរាជាត្រាស់ថា ម្នាលសម្លាញ់ អ្នកនិយាយអ្វី ព្រះនាងកិន្នរាទេវីដែលជាអ្នកដល់ព្រមដោយរូបឆោម លោមពណ៌ ស្រស់ឆើតឆាយយ៉ាងនេះ នឹងមកអភិរម្យជាមួយនឹងបុរសដែលមានរូបអាក្រក់គួរខ្ពើមយ៉ាងនេះដូចម្ដេចកើត ។ បុរោហិតត្រាស់ថា បពិត្រទេវៈ សូមទ្រង់ចាំចាប់ចុះ ។ 

ព្រះចៅកណ្ឌរីនោះទទួលថា ល្អហើយចឹង គ្រាសោយព្រះក្រយាហើយក៏ចូលផ្ទំជាមួយនឹងព្រះនាងកិន្នរាដោយតាំងព្រះទ័យថា យើងនឹងចាប់ព្រះនាង ។ វេលាដល់ពេលដែលទ្រង់ធ្លាប់ផ្ទំតាមប្រក្រតីក៏ទ្រង់ធ្វើជាផ្ទំលក់ធម្មតា ។ សូម្បីព្រះនាងកិន្នរានោះក៏បានក្រោកឡើងហើយធ្វើតាមដែលបានធ្វើហើយយ៉ាងនោះ ។ ព្រះរាជាទ្រង់ទៅតាមខាងក្រោយព្រះនាង ហើយបានឈរនៅក្រោមម្លប់ដើមព្រីង ។

ថ្ងៃនោះ បុរសខ្វិនខឹងព្រះទេវី បាននិយាយគំហកថា ថ្ងៃនេះហេតុអ្វីទើបនាងយូរមកម្លេះ ហើយលើក​ដៃទះនូវថ្ពាល់ព្រះនាងមួយដៃ ។ ព្រះនាងនិយាយថា បពិត្រអ្នកជាម្ចាស់ បងកុំខឹងអី អូននៅចាំមើលឲ្យព្រះរាជាផ្ទំលក់សិន ដូច្នេះហើយព្រះនាងក៏ប្រព្រឹត្តហាក់បីដូចជាភរិយាក្នុងផ្ទះរបស់បុរសនោះ ។ ព្រោះការទះនោះ សីហមុខកុណ្ឌល (ទុំហូមានមុខរាជសីហ៍) ក៏របូតចាកត្រចៀកខ្ទាតធ្លាក់ទៅក្បែរជើងរបស់ព្រះរាជា ។ ព្រះរាជាកាន់យកទុំហូនោះដោយគិតថា នឹងជាភ័ស្តុតាង ហើយទ្រង់ក៏ចេញទៅ ។

ចំណែកព្រះនាងកិន្នរាបានប្រព្រឹត្តអនាចារជាមួយនឹងបុរសខ្វិននោះហើយ ក៏ត្រឡប់ទៅដោយន័យមុននោះឯង ហើយក៏ប្រារព្ធនឹងផ្ទំជាមួយនឹងព្រះរាជា ។ ព្រះរាជាទ្រង់ហាមឃាត់ ។ ក្នុងថ្ងៃស្អែកឡើង ទ្រង់បញ្ជាឲ្យអ្នកបម្រើទៅប្រាប់ព្រះនាងថា ព្រះនាងកិន្នរាទេវីចូរតាក់តែងគ្រឿងអលង្ការទាំងពួងដែលយើងប្រទានឲ្យហើយមក ។ ព្រះនាងកិន្នរាប្រាប់ទៅវិញថា សីហមុខកុណ្ឌលនោះ យើងបានបញ្ជូនទៅឲ្យជាងមាសធ្វើហើយ ដូច្នេះហើយ យើងនឹងមិនបានទៅគាល់ព្រះអង្គទេ ព្រះរាជាត្រាស់បញ្ជាមកទៀត ព្រះនាងទើបប្រដាប់កុណ្ឌលម្ខាងចូលមកគាល់ ។ ព្រះចៅកណ្ឌរីត្រាស់សួរថា កុណ្ឌលរបស់នាងនៅឯណា ? ព្រះនាងទូលថា នៅក្នុងសម្នាក់ជាងមាស ។ 

ព្រះរាជាទើបបញ្ជាឲ្យហៅជាងមាសមក ហើយសួរថា ហេតុអ្វីបានជាអ្នកមិនឲ្យកុណ្ឌលដល់ព្រះនាង ? ជាងមាសទូលថា បពិត្រទេវៈ ខ្ញុំព្រះករុណាមិនបានទទួលទេ ព្រះអង្គ ។ ព្រះរាជាក្រោធនឹងព្រះនាងនោះ ហើយពោលថា នែស្រីចង្រៃ ការងារដូច្នេះនឹងគប្បីមានដោយជាងមាសនោះ ហើយក៏បោះនូវកុណ្ឌលនោះទៅខាងមុខព្រះនាង ហើយត្រាស់នឹងបុរោហិតថា ម្នាលសម្លាញ់ អ្នកនិយាយនោះពិតហើយ អ្នកចូរទៅកាត់ក្បាលរបស់នាងភ្លាម ។        

បុរោហិតនោះ ឲ្យគេយកព្រះនាងទៅទុកក្នុងកន្លែងមួយខាងក្នុងព្រះរាជវាំង ហើយចូលទៅគាល់ព្រះរាជាទូលថា បពិត្រព្រះសម្មតិទេព សូមទ្រង់កុំខឹងនឹងព្រះនាងកិន្នរាទេវីឡើយ ស្ត្រីទាំងឡាយយ៉ាងនេះឯង ។ បើព្រះអង្គមិនជឿ ហើយមានសេចក្ដីប្រាថ្នាដើម្បីនឹងដឹងនូវភាពទ្រុស្តសីលរបស់ស្ត្រីទាំង​ឡាយ ខ្ញុំព្រះអង្គនឹងសម្ដែងប្រាប់ឲ្យទ្រង់ឃើញនូវសេចក្ដីអាក្រក់លាមក និងភាពមាយាលាក់ពុតរបស់ស្ត្រីទាំងឡាយនោះ សូមទ្រង់ចូរយាងមក ពួកយើងនឹងត្រាច់ទៅកាន់ជនបទ ដោយភេទនៃខ្លួនគឺបុគ្គលដទៃមិនស្គាល់ (ស្លៀកពាក់ស៊ីវិល)។ ព្រះរាជាទទួលថា ល្អហើយបុរោហិត ដូច្នេះហើយទ្រង់ប្រគល់រាជ្យឲ្យព្រះមាតាគ្រប់គ្រង ទ្រង់ក៏ចេញទៅកាន់ចារិកមួយអន្លើដោយបុរោហិតនោះ ។ 

កាលព្រះបាទកណ្ឌរីនិងបុរោហិតទៅបានប្រមាណមួយយោជន៍ ទ្រង់គង់សម្រាកនៅនឹងផ្លូវធំមួយ ។ (ក្នុងពេលនោះ) មានក្ដុម្ពីម្នាក់ធ្វើនូវមង្គលដើម្បីប្រយោជន៍ដល់កូនប្រុស បានឲ្យនាងកុមារីម្នាក់ អង្គុយ​លើ​យានដែលបិទបាំង ហើយធ្វើដំណើរទៅដោយបរិវារដ៏ច្រើន ។ បុរោហិតបានឃើញហើយទូលថា បពិត្រ​ទេវៈ បើព្រះអង្គប្រាថ្នា ខ្ញុំអាចនឹងឲ្យនាងកុមារីនោះធ្វើអជ្ឈាចារជាមួយនឹងព្រះអង្គបាន ។ ព្រះបាទ​កណ្ឌរីត្រាស់ថា នែសម្លាញ់ អ្នកនិយាយអ្វី នាងមកជាមួយនឹងបរិវារដ៏ច្រើន មិនអាចនឹងធ្វើយ៉ាងនេះឡើយ ។     

បុរោហិតទូលថា បើយ៉ាងនោះ សូមព្រះអង្គចូរចាំមើលចុះ ហើយប្រញាប់ត្រាច់ស្កាត់ទៅខាងមុខ បិទបាំងវាំងននក្នុងទីមិនឆ្ងាយអំពីផ្លូវ ធ្វើព្រះរាជាឲ្យនៅខាងក្នុងវាំងនននោះ ហើយខ្លួនឯងទៅអង្គុយយំនៅចំណែកមួយនៃផ្លូវ ។ លំដាប់នោះ ក្ដុម្ពីនោះបានឃើញបុរោហិតហើយសួរថា នែលោក ព្រោះហេតុអ្វី បានជាអ្នកអង្គុយយំ ។ បុរោហិតប្រាប់ថា ភរិយារបស់ខ្ញុំជាអ្នកមានភារៈធ្ងន់ (មានគភ៌ចាស់) ខ្ញុំនាំនាងទៅកាន់ត្រកូលរបស់នាង ពេលដល់ពាក់កណ្ដាលផ្លូវ នាងក៏ឈឺពោះរកកល់នឹងប្រសូតបុត្រ នាងកំពុងលំបាកនៅក្នុងវាំងនននោះឯង ឥឡូវនេះមិនមានស្ត្រីឯណានីមួយក្នុងសម្នាក់របស់នាងឡើយ សូម្បីខ្ញុំក៏មិនអាចដើម្បីនឹងទៅក្នុងទីនោះ ខ្ញុំមិនដឹងថា នាងនឹងទៅជាយ៉ាងណាឡើយ នាងគួរដើម្បីបានស្ត្រីម្នាក់ ។ 

ក្ដុម្ពីនោះទើបតបថា បើយ៉ាងនោះលោកកុំយំឡើយ ពួកស្ត្រីរបស់យើងមកជាមួយច្រើនដែរ ល្មមនឹងទៅជួយបានម្នាក់ ។ បុរោហិតពោលថា បើយ៉ាងនោះ សូមឲ្យនាងកុមារីនេះទៅចុះ នឹងបានជាសិរីសួស្ដីដល់នាងផង ។ ក្ដុម្ពីនោះគិតថា បុរសនេះនិយាយត្រូវ មង្គលនឹងកើតមានដល់កូនប្រសារបស់យើង និងដោយនិមិត្តនេះ នាងនឹងចម្រើនទៅដោយបុត្រធីតាទាំងឡាយ គិតដូច្នេះហើយទើបបញ្ជូននាងកុមារីនោះទៅ ។

នាងកុមារីនោះចូលទៅហើយ បានឃើញព្រះរាជា មានចិត្តប្រតិព័ទ្ធស្នេហាហើយក៏បានធ្វើអជ្ឈាការនោះទៅ ។ ចំណែកព្រះរាជា (ទ្រង់ដោះ) ព្រះទម្រង់ប្រទានដល់នាង ។ គ្រានោះ នាងកុមារីបានសម្រេច​កិច្ចហើយ ក៏ចេញមកក្រៅ ជនទាំងឡាយសួរថា នាងនោះប្រសូតបានកូនប្រុស ឬស្រី ? នាងកុមារីឆ្លើយថា ជាកូនប្រុស ស្អាតដូចមាសចឹង ។ ក្ដុម្ពីក៏នាំកុមារីនោះទៅ ។ ចំណែកបុរោហិតត្រឡប់ចូលមកគាល់ព្រះរាជាហើយទូលថា បពិត្រទេវៈ ព្រះអង្គឃើញហើយមែនទេ សូម្បីនាងកុមារីនេះ គង់ប្រព្រឹត្តធ្វើអំពើយ៉ាងនេះ នឹងនិយាយអ្វីដល់ស្ត្រីដទៃនោះ ហើយព្រះអង្គបានប្រទានអ្វីដល់នាងអត់ ?    

ព្រះចៅកណ្ឌរីត្រាស់ថា យើងឲ្យចិញ្ចៀនដែលជាប់នឹងដៃដល់នាង ។ បុរោហិតទូលថា ព្រះអង្គប្រទានចិញ្ចៀនឲ្យនាងធ្វើអ្វី ថាហើយក៏រត់យ៉ាងលឿនទៅបញ្ឈប់យាន មនុស្សទាំងឡាយសួរថា មានរឿងអ្វីលោក ? បុរោហិតពោលថា នាងកុមារីនេះកាន់យកចិញ្ចៀនដែលទុកនៅលើក្បាលនាងព្រាហ្មណីភរិយារបស់ខ្ញុំហើយមក នែនាង ចូរឲ្យចិញ្ចៀននោះមកវិញ ។ នាងកុមារីនោះ កាលឲ្យនូវចិញ្ចៀននោះ ក៏បានចាក់នូវដៃព្រាហ្មណ៍ដោយក្រចក ហើយឲ្យដោយកំហកថា អាចោរយកចុះ ។ 

ព្រាហ្មណ៍បុរោហិតបានសម្ដែងស្ត្រីទាំងឡាយជាច្រើន ដែលប្រព្រឹត្តក្រៅចិត្តដទៃ ដោយឧបាយវិធីផ្សេងៗ យ៉ាងនេះហើយ ទើបទូលព្រះរាជាថា បពិត្រព្រះសម្មតិទេព ប៉ុណ្ណេះក៏ល្មមហើយ សូមស្ដេច​យាង​ទៅកាន់ទីដទៃចុះ ។ ព្រះបាទកណ្ឌរីត្រាស់ថា សូម្បីនឹងត្រាច់ទៅអស់ទូទាំងជម្ពូទ្វីប ស្ត្រីទាំងពួងនឹងជាយ៉ាងនេះដូចគ្នា ។ យើងនឹងត្រូវទៅធ្វើអ្វី ពួកយើងនឹងត្រឡប់ទៅវិញ ហើយស្ដេចក៏ត្រឡប់ចូលកាន់ក្រុងពារាណាសី ។

បុរោហិតទូលសូមប្រទានទោសដល់ព្រះនាងកិន្នរាថា បពិត្រមហារាជ ឈ្មោះ​ថា ស្ត្រីទាំងឡាយជាអ្នកមានបាបធម៌យ៉ាងនេះ នោះជាប្រក្រតីរបស់ស្ត្រីទាំងនោះឯង សូមព្រះអង្គអត់ទោសឲ្យព្រះនាងកិន្នរាចុះ ព្រះរាជាទ្រង់ក៏លើកលែងទោសឲ្យព្រះនាង ហើយត្រាស់បញ្ជាឲ្យនិរទេសចេញចាកព្រះរាជនិវេ​ស​ន៍​ ​កាលទ្រង់ដកនូវព្រះនាងកិន្នរានោះចេញចាកតំណែង បានតែងតាំងស្ត្រីដទៃក្នុងតំណែងអគ្គម​ហេ​សី ​។ ព្រះបាទកណ្ឌរីបញ្ជាឲ្យបណ្ដេញបុរសខ្វិននោះឲ្យចេញ ហើយឲ្យគេកាត់នូវមែកព្រីងនោះចេញ ។ 

តទា កុណាលោ បញ្ចាលចណ្ឌោ អហោសិ ក្នុងពេលនោះ ស្ដេចបក្សី  កុណាល គឺជាបុរោហិតបញ្ចាលចណ្ឌៈ ។ 

(កុណាលោហំ តទា អាសិំ បក្សីកុណាលក្នុងកាលនោះមកជាតថាគត ) កាលនាំរឿងដែលខ្លួនបានឃើញហើយមកសម្ដែងទើបពោលគាថាថា   យំ វេ ទិស្វា កណ្ឌរីកិន្នរានំ     សព្វិត្ថិយោ ន រមន្តិ អគារេ
 តំ តាទិសំ មច្ចំ ចជិត្វា ភរិយា     អញ្ញំ ទិស្វា បុរិសំ បីឋសប្បិំ។ 
 បុគ្គលឃើញ (នូវហេតុនៃសេចក្តីនឿយណាយ) របស់ព្រះរាជាព្រះនាមកណ្ឌរី និងព្រះនាងកិន្នរា (គប្បីដឹងចុះ) ពួកស្រីទាំងអស់ រមែងមិនត្រេកអរក្នុងផ្ទះ (របស់ស្វាមីទេ) ដូចជាភរិយា  (របស់ព្រះរាជាកណ្ឌរី) លះបង់នូវសត្វគឺ (ស្វាមី) បែបនោះ ព្រោះឃើញនូវបុរសផ្តេសផ្តាសដទៃជាបុរសខ្វិន ។

អធិប្បាយសេចក្ដីនៃគាថានោះថា បណ្ឌិតឃើញហេតុនៃសេចក្ដីនឿយណាយរបស់ព្រះបាទកណ្ឌរីនឹងព្រះនាងកិន្នរានេះ ។ ស្ត្រីទាំងពួងរមែងមិនត្រេកអរក្នុងផ្ទះនៃស្វាមីរបស់ខ្លួន ។ ពិតមែនហើយ ព្រះនាងកិន្នរាទេវីដែលជាអគ្គមហេសីរបស់ព្រះបាទកណ្ឌរីឃើញបុរសខ្វិនដទៃ សុខចិត្តលះបង់ព្រះរាជាអង្គនោះដែលបុរសឈ្លាសក្នុងការអភិរម្យយ៉ាងនេះ ហើយមកធ្វើកម្មលាមកនឹងមនុស្សប្រេតនោះ ។ 

(កិន្នរាទេវីវត្ថុ និដ្ឋិតា ) (រឿងព្រះនាងកិន្នរាទេវី ចប់ )
(ជាតកដ្ឋកថា សុត្តន្តបិដក ខុទ្ទកនិកាយ ជាតក អសីតិនិបាត កុណាលជាតក បិដកលេខ ៦១ ទំព័រ ១៧២) ដោយខេមរ អភិធម្មាវតារ

ដោយ៥០០០ឆ្នាំ


 
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
Articles you may like
Public date : 26, Aug 2019 (21586 Read)
រឿង​ប្រេត​ស៊ី​កូន​ម្តង​៧
Public date : 27, Jul 2019 (21053 Read)
រឿងរាជ​គហ​ទារិកា
Public date : 28, Jul 2019 (37112 Read)
រឿងឃោសកសេដ្ឋី
Public date : 26, Jul 2019 (11759 Read)
ទោស​ប្រ​មាថ​មើល​ងាយ​ទាន​របស់​អ្នក​ដទៃ
Public date : 10, Feb 2021 (2695 Read)
នង្គលីសជាតក
Public date : 27, Jul 2019 (43467 Read)
រឿង​បុរស​លិច​សំ​ពៅ
Public date : 20, Jan 2021 (60173 Read)
ព្រះបាទសិវិ​បរមពោធិសត្វ
Public date : 10, Oct 2020 (1562 Read)
ព្រហ្មទត្តមាតុវត្ថុ
Public date : 26, Jul 2019 (19445 Read)
អានិសង្ស​សាង​ព្រះពុទ្ធរូប ជួសជុល​ព្រះ​ចេតិយ និង​ទោស​ខ្វេះ​ភ្នែក​សត្វ
© Founded in June B.E.2555 by 5000-years.org (Khmer Buddhist).