15
Thursday, 29 Sep B.E.2566  
Listen to Dhamma (Mp3)
ការអានព្រះត្រៃបិដក (Mp3)
​ការបង្រៀនព្រះធម៌ (Mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (Mp3)
កម្រងធម៌​សូធ្យនានា (Mp3)
កម្រងកំណាព្យនិងស្មូត្រ (Mp3)
កម្រងបទភ្លេងនិងចម្រៀង (Mp3)
Buddhism​ & Society (Mp3)
បណ្តុំសៀវភៅ (eBook)
បណ្តុំវីដេអូ (Video)
Recently Listen / Read
Live Radio
Metta Radio
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
Kalyanmet Radio
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
Radio Koltoteng
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
Radio RVD BTMC
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
Mongkol Panha Radio
ទីតាំងៈ កំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
WatMrom Radio
ទីតាំងៈ ខេត្តកំពត
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
Notification
All Visitors
Today 87,367
Today
Yesterday 91,353
This Month 3,824,357
Total ២៧៤,៩៩៥,២១៤
free counters
កំពុងទស្សនា ចំនួន
Articles
images/articles/2881/____________xtpic.jpg
សីលានិសំសជាតក
ផ្សាយ : ០១ កក្តដា ឆ្នាំ២០២២
ព្រះបរមសាស្តា កាលស្ដេចគង់នៅក្នុងវត្តជេតពន ទ្រង់ប្រារព្ធឧបាសកអ្នកមានសទ្ធាម្នាក់ ទើបត្រាស់ព្រះធម្មទេសនានេះ មានពាក្យផ្តើមថា បស្ស សទ្ធាយ សីលស្ស ដូច្នេះជាដើម ។ បានឮថា ឧបាសកនោះ ជាអរិយសាវក ជាអ្នកមានសទ្ធាជ្រះថ្លាក្នុងព្រះពុទ្ធសាសនា ថ្ងៃមួយ គាត់ដើរទៅកាន់វត្តជេតពន ដល់ឆ្នេរស្ទឹងអចិរវតី ក្នុងពេលរសៀល កាលមិនឃើញទូកត្រង់ច្រាំងស្ទឹង ព្រោះម្ចាស់ទូកទៅស្តាប់ធម៌ ទើបចម្រើនបីតិដែលមាន ព្រះពុទ្ធជាអារម្មណ៍ឲ្យមាំ ហើយចុះកាន់ស្ទឹង ជើងរបស់គាត់មិនលិចទឹកទេ ដូចដើរលើ ផែនដី ពេលដើរទៅដល់កណ្តាលស្ទឹងគាត់ឃើញរលក បីតិដែលមានព្រះពុទ្ធជា អារម្មណ៍របស់គាត់ក៏ខ្សោយទៅ ជើងរបស់គាត់ផ្តើមលិចចុះ គាត់ក៏ផ្គងបីតិដែលមានព្រះពុទ្ធជាអារម្មណ៍ឲ្យមាំ ដើរលើខ្នងទឹកទៅដល់វត្តជេតពន ថ្វាយបង្គំព្រះមានព្រះភាគ ហើយអង្គុយក្នុងទីដ៏សមគួរមួយ ។ ព្រះបរមសាស្តា ទ្រង់ធ្វើបដិសណ្ឋារៈហើយត្រាស់សួរថា ម្នាលឧបាសក អ្នកធ្វើ ដំណើរតាមផ្លូវមកដល់ទីនេះ ប្រហែលជាហត់នឿយបន្តិចហើយមើលទៅ ។ឧបាសកនោះក្រាបទូលថា បពិត្រព្រះអង្គដ៏ចម្រើន ខ្ញុំព្រះអង្គកាន់យកបីតិមានព្រះពុទ្ធជាអារម្មណ៍ ទើបបានទីពឹងលើខ្នងទឹក ដូចជាន់ផែនដីដើរមក ។ ព្រះមានព្រះភាគទ្រង់ត្រាស់ថា ម្នាលឧបាសក មិនមែនតែអ្នកប៉ុណ្ណោះទេ ដែល រឭកដល់ពុទ្ធគុណហើយបាននូវទីពឹងនោះ សូម្បីក្នុងកាលមុន ឧបាសកទាំងឡាយក៏មានរឭកដល់ពុទ្ធគុណហើយបាននូវទីពឹងក្នុងពេលដែលទូកលិចកណ្តាលសមុទ្ទដែរ ។ កាល ឧបាសកនោះក្រាបបង្គំអារាធនា ទើបទ្រង់នាំយកអតីតនិទានមកសម្តែងដូចតទៅថា ៖ ក្នុងអតីតកាល ក្នុងសាសនាព្រះសម្មាសម្ពុទ្ធកស្សប ព្រះអរិយសាវកថ្នាក់សោតា បន្នមួយរូប ឡើងជិះទូកទៅជាមួយកុដុម្ពិកៈដែលជាជាងកោរកាត់ម្នាក់ ។ ភរិយារបស់ ជាងកោរកាត់នោះ ប្រគល់ជាងកោរកាត់ដល់ឧបាសកនោះថា បពិត្រអ្នកអើយ សុខទុក្ខ ស្វាមីរបស់ខ្ញុំ សូមប្រគល់ឲ្យជាភារៈរបស់អ្នកហើយ ។ លុះដល់ថ្ងៃទី ៧ ទូករបស់ជាងកោរកាត់នោះបានលិចកណ្តាលសមុទ្ទ ។ ជនទាំង ពីរនាក់នោះ បានតោងបន្ទះក្តារមួយផ្ទាំងអណ្តែតមកដល់កោះមួយ ។ ជាងកោរកាត់ នោះ បានសម្លាប់បក្សីអាំងស៊ី ហើយឲ្យឧបាសកនោះ ។ ឧបាសកមិនព្រមបរិភោគដោយ ពោលថា កុំបន្សល់ទុកសម្រាប់ខ្ញុំឡើយ ។ ឧបាសកនោះគិតថា ក្រៅពីព្រះរតនត្រៃហើយ មិនមានទីអ្វីដទៃសម្រាប់អញទេ ទើបគាត់រឭកគុណព្រះរតនត្រៃ ។ គ្រានោះ កាលគាត់ កំពុងរឭកគុណព្រះរតនត្រៃ ស្តេចនាគដែលកើតក្នុងកោះនោះ ក៏និម្មិតរាងកាយរបស់ ខ្លួនជាទូកធំ មានទេវតាប្រចាំសមុទ្ទជាមាណពនៅក្បាលទូក ។ ទូកនោះពេញទៅដោយ រតនៈ ៧ ប្រការ សសរក្តោងទាំង ៣ សម្រេចអំពីកែវមណីពណ៌ឥន្ទនិល ទូកសម្រេច អំពីមាស ខ្សែសម្រេចអំពីប្រាក់ ច្រវាសម្រេចអំពីមាស ។ ទេវតារក្សាសមុទ្ទឈរនៅលើទូកស្រែកប្រកាសថា អត្ថិ ជម្ពុទីបំ គមិកា មានអ្នកចង់ទៅជម្ពូទ្វីបទេ ? ឧបាសកឆ្លើយថា មយំ គមិស្សាម ពួកយើងចង់ទៅ ។ ទេវតាពោលថា បើដូច្នោះ ចូរឡើងទូកមក ។ឧបាសកឡើងទូក ហើយហៅជាងកោរកាត់ឲ្យឡើងទូកដែរ ។ ទេវតាប្រចាំសមុទ្ទពោលថា បានតែអ្នកម្នាក់ប៉ុណ្ណោះ អ្នកនោះមិនបានទេ ។ ឧបាសកសួរថា ព្រោះហេតុអ្វី ? ទេវតាប្រចាំសមុទ្ទឆ្លើយថា ព្រោះបុរសនោះមិនមានគុណ គឺសីលនិងអាចារៈ ព្រោះហេតុនោះ ទើបខ្ញុំនាំទូកមកដើម្បីអ្នក មិនមែនដើម្បីបុរសម្នាក់នោះទេ ។ (កាល ទេវតាពោលដូច្នេះហើយ ឧបាសកក៏ពោលថា) ណ្ហើយចុះ ខ្ញុំនឹងឲ្យចំណែកបុណ្យដល់ បុរសនេះ ដោយទានដែលខ្ញុំបានឲ្យហើយ ដោយសីលដែលខ្ញុំបានរក្សាហើយ ដោយ ភាវនាដែលខ្ញុំបានអប់រំហើយ ។ ជាងកោរកាត់ឆ្លើយថា អនុមោទាមិ សាមិ បពិត្រលោកម្ចាស់ ខ្ញុំសូម អនុមោទនា ។ ទេវតារក្សាសមុទ្ទពោលថា ខ្ញុំនឹងនាំទៅឥឡូវនេះ ហើយបីឧបាសកនិងជាងកោរកាត់ទាំងពីរនាក់ទៅ (ដាក់ក្នុងទូក) ចេញអំពីសមុទ្ទទៅដល់នគរពារណសីតាមស្ទឹង ហើយញ៉ាំងទ្រព្យឲ្យតាំងនៅក្នុងផ្ទះ របស់អ្នកទាំងពីរ ដោយអានុភាពរបស់ខ្លួន ។ (សមុទ្ទទេវតានោះ) បានពោលអំពីគុណនៃការសេពគប់បណ្ឌិតថា ឈ្មោះ​ថា​សេចក្តី ស្និទ្ធស្នាលនឹងបណ្ឌិតទាំងឡាយ គឺគេគួរធ្វើមែនពិត ប្រសិនបើជាងកោរកាត់នេះ មិនបាន​សេព​គប់នឹងឧបាសកនេះទេ ត្រូវវិនាសកណ្តាលសមុទ្ទនេះឯង ទើបពោល គាថាទាំងនោះថា បស្ស សទ្ធាយ សីលស្ស, ចាគស្ស ច អយំ ផលំ; នាគោ នាវាយ វណ្ណេន, សទ្ធំ វហតុបាសកំ។ អ្នកចូរឃើញផលនៃសទ្ធា សីល ចាគៈ នាគនេះ មានភេទដូចជាសំពៅ នាំ ឧបាសកមានសទ្ធា ។ សព្ភិរេវ សមាសេថ, សព្ភិ កុព្ពេថ សន្ថវំ; សតញ្ហិ សន្និវាសេន, សោត្ថិំ គច្ឆតិ ន្ហាបិតោ។ បុគ្គលគប្បីសេពគប់ជាមួយនឹងពួកសប្បុរស គប្បីធ្វើនូវសេចក្តីសិទ្ធជាមួយនឹងពួក សប្បុរស ដូចជាងផ្ងូតទឹកដល់នូវសួស្តី ព្រោះនៅរួមជាមួយនឹងពួកសប្បុរស ។ បណ្តាបទទាំងនោះ បទថា បស្ស បានដល់ (ទេវតា) ហៅថាចូរមើលចុះ មិនកំណត់បុគ្គលណាមួយ ។ បទថា សទ្ធាយ គឺដោយលោកិយសទ្ធា និងលោកុត្តរសទ្ធា ។សូម្បីសីលក៏មានន័យដូច្នេះដែរ ។ បទថា ចាគស្ស បានដល់ ទេយ្យធម្មបរិចា្ចគ និង កិលេសបរិច្ចាគ ។ បទថា អយំ ផលំ បានដល់ នេះជាផល គឺជាគុណ ជាអានិសង្ស ។ ម្យ៉ាងទៀត គប្បីឃើញសេចក្តីអធិប្បាយក្នុងបទនេះយ៉ាងនេះថា ចូរមើលផលនៃការបរិច្ចាគចុះ ស្តេចនាគនេះក្លែងភេទជាទូក ។ បទថា នាវាយ វណ្ណេន គឺដោយសណ្ឋានជាទូក ។ បទាថា សទ្ធំ គឺសទ្ធាដែលតាំងនៅក្នុងព្រះរតនត្រៃ ។ បទថា សព្ភិរេវ គឺពួកបណ្ឌិតនោះឯង ។ បទថា សមាសេថ បានដល់ ចូរមកនៅ គឺមកនៅជាមួយគ្នា រស់នៅជាមួយគ្នា ។ បទថា កុព្វេថ បានដល់ គប្បីធ្វើ ។ បទថា សន្ថវំ បានដល់ សិទ្ធស្នាលក្នុងឋានៈជាមិត្ត ប៉ុន្តែមិនគួរធ្វើសេចក្តីស្និទ្ធស្នាលដោយតណ្ហានឹងបុគ្គលណាឡើយ ។ បទថា ន្ហាបិតោ បានដល់ ក្ដុម្ពីជាជាងកោរកាត់ ។ បាលីខ្លះថា នហាបិតោ ក៏មាន ។ ទេវតាប្រចាំសមុទ្ទឈរនៅលើអាកាសសម្តែងធម៌ទូន្មានយ៉ាងនេះហើយ ទើបនាំ ស្តេចនាគត្រឡប់ទៅកាន់វិមានរបស់ខ្លួនវិញ ។ ព្រះបរមសាស្តា លុះទ្រង់នាំយកព្រះធម្មទេសនានេះមកសម្តែងហើយ ទើបទ្រង់ ប្រកាសសច្ចធម៌ កាលចប់សច្ចធម៌ ឧបាសកនោះបានសម្រេចសកទាគាមិផល ហើយទ្រង់ប្រជុំជាតកថា ឧបាសកជាសោតាបន្នបុគ្គលក្នុងកាលនោះ (លុះចម្រើនមគ្គខ្ពស់ៗ ឡើងទៅ) ក៏បានបរិនិព្វានហើយ សេ្តចនាគបានមកជាព្រះសារីបុត្រ ចំណែកទេវតា ប្រចាំសមុទ្ទ គឺ តថាគត នេះឯង ៕ ចប់ សីលានិសំសជាតក ។ (ជាតកដ្ឋកថា សុត្តន្តបិដក ខុទ្ទកនិកាយ ជាតក ទុកនិបាត អសទិសវគ្គ បិដកលេខ ៥៨ ទំព័រ ៩៣) ដោយ៥០០០ឆ្នាំ
images/articles/2886/______red.jpg
យក្ខបហារសូត្រ
ផ្សាយ : ០១ កក្តដា ឆ្នាំ២០២២
ខ្ញុំបានស្តាប់មកយ៉ាងនេះ ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងវត្តវេឡុវ័ន ជាកលន្ទនិវាបស្ថាន ជិតក្រុងរាជគ្រឹះ ។ សម័យនោះឯង ព្រះសារីបុត្តដ៏មានអាយុ និងព្រះមហាមោគ្គល្លានដ៏មានអាយុ ​នៅក្នុងវត្តកបោតកន្ទរា ។ សម័យនោះ ព្រះសារីបុត្តដ៏មានអាយុមានសក់ទើបកោរថ្មី ។ អង្គុយក្នុង​ទីវាល ចូលកាន់សមាធិណាមួយ ក្នុងរាត្រីខាងខ្នើត ។ សម័យនោះ មានយក្ខពីរនាក់ជាសម្លាញ់នឹងគ្នា មកអំពីទិសខាងជើង ទៅទិសខាងត្បូង ដោយកិច្ចណា​មួយ ។ យក្ខទាំងនោះ បានឃើញព្រះសារីបុត្តដ៏មានអាយុ មានសក់ទើបកោរថ្មី ៗ អង្គុយក្នុងទីវាល ក្នុង​រាត្រីខាងខ្នើត លុះយក្ខម្នាក់បានឃើញហើយ និយាយប្រាប់យក្ខម្នាក់ទៀតថា ម្នាលសម្លាញ់ ចិត្តរបស់​ខ្ញុំកើតប្រាកដ ដើម្បីប្រហារក្បាលសមណៈនេះ ។ កាលបើយក្ខម្នាក់ និយាយយ៉ាងនេះហើយ យក្ខ​នោះក៏និយាយទៅនឹងយក្ខម្នាក់ទៀតនោះថា កុំសម្លាញ់ អ្នកកុំប្រហារសមណៈឡើយ ម្នាលសម្លាញ់​ សមណៈនោះមានគុណដ៏លើសលុបមានឫទ្ធិច្រើន មានអានុភាពច្រើន ។ យក្ខម្នាក់នោះ បាននិយាយនឹងយក្ខនោះជាគម្រប់ពីរដងទៀតថា ម្នាលសម្លាញ់ ចិត្តរបស់ខ្ញុំកើតប្រាកដ ​ដើម្បីប្រហារក្បាលសមណៈនេះ ។ យក្ខនោះ និយាយទៅនឹងយក្ខម្នាក់ទៀតនោះ ជាគម្រប់ពីរ ដង​ទៀត​ថា កុំសម្លាញ់ អ្នកកុំប្រហារសមណៈឡើយ ម្នាលសម្លាញ់ សមណៈនោះមានគុណដ៏​លើស​លុប​ មាន​ឫទ្ធិច្រើន មានអានុភាពច្រើន ។ យក្ខម្នាក់នោះ និយាយទៅនឹងយក្ខនោះ ជាគម្រប់បីដងទៀត​ថា ម្នាលសម្លាញ់ ចិត្តរបស់ខ្ញុំកើតប្រាកដ ដើម្បីប្រហារក្បាលសមណៈនេះ ។ យក្ខនោះនិយាយទៅនឹងយក្ខម្នាក់ទៀតនោះ ជាគម្រប់បីដងទៀតថា កុំសម្លាញ់ អ្នកកុំប្រហារសមណៈឡើយ ម្នាលសម្លាញ់សមណៈនោះ មានគុណដ៏លើសលុប មានឫទ្ធិច្រើន មានអានុភាពច្រើន ។ លំដាប់នោះ យក្ខម្នាក់នោះ មិនអើពើនឹងយក្ខនោះឡើយ ហើយប្រហារចំព្រះសិរ្សៈ ព្រះសារីបុត្តត្ថេរដ៏មានអាយុ ។ មានសេចក្តីដំណាលថា យក្ខនោះអាចពន្លិចដំរីមានកម្ពស់ ៧ ហត្ថ ឬ ៨ ហត្ថ (ឲ្យស្រុតទៅ​ក្នុងផែនដី) ក៏បាន អាចធ្វើកំពូលភ្នំធំ ឲ្យបែកខ្ទេចខ្ទីក៏បាន ដោយការប្រហារនោះ ។ លំដាប់នោះ ស្រាប់​តែយក្ខនោះពោលថា ខ្ញុំក្តៅណាស់ដូច្នេះ ហើយធ្លាក់ទៅកាន់មហានរក ត្រង់ទីនោះឯង ។ ព្រះមហាមោគ្គល្លានដ៏មានអាយុ បានឃើញយក្ខនោះ កំពុងប្រហារចំព្រះសិរ្សៈ ព្រះសារីបុត្តដ៏មានអាយុ ដោយទិព្វចក្ខុ ដ៏បរិសុទ្ធកន្លងចក្ខុរបស់មនុស្សធម្មតា លុះឃើញហើយ ក៏ចូលទៅរកព្រះសារីបុត្តដ៏មានអាយុ លុះចូលទៅដល់ហើយ ក៏និយាយនឹងព្រះសារីបុត្តដ៏មានអាយុថា ម្នាលអាវុសោ លោកល្មមអត់ធន់បានដែរឬ ល្មមប្រព្រឹត្តទៅ បានដែរឬ មិនមាន សេច​ក្តី​ទុ​ក្ខតិចតួចទេឬ ។ ព្រះសារីបុត្តដ៏មានអាយុ ប្រាប់ថា ម្នាលអាវុសោមោគ្គល្លាន ខ្ញុំល្មមអត់ធន់បាន ម្នាលអាវុសោមោគ្គ​ល្លាន​ ខ្ញុំល្មមប្រព្រឹត្តទៅបាន តែថា មានសេចក្តីទុក្ខបន្តិច ត្រង់ក្បាលរបស់ខ្ញុំ ។ ម្នាលអាវុសោសារីបុត្ត អស្ចារ្យ​ណាស់ ម្នាលអាវុសោសារីបុត្ត ចម្លែកណាស់ ព្រោះថា សារីបុត្តដ៏មានអាយុ មានឫទ្ធិច្រើន មានអានុភាពច្រើន ។ ម្នាលអាវុសោសារីបុត្ត ក្នុងទីនេះ មានយក្ខមួយប្រហារ ចំព្រះសិរ្សៈនៃលោក (ការប្រហារនោះ) ពេញជាការ​ប្រហារខ្លាំង ឯយក្ខនោះអាចពន្លិចដំរី មានកម្ពស់ ៧ ហត្ថ ឬ ៨ ហ្ថ (ឲ្យស្រុតទៅក្នុងផែនដីបាន) អាច​ធ្វើកំពូលភ្នំធំឲ្យបែកខ្ទេចខ្ទីបាន ដោយការប្រហារនោះ ។ ហេតុអ្វីក៏ព្រះសារីបុត្តដ៏មានអាយុ និយាយ​យ៉ាងនេះថា ម្នាលអាវុសោមោគ្គល្លាន ខ្ញុំល្មមអត់ធន់បាន ម្នាលអាវុសោមោគ្គល្លាន ខ្ញុំល្មមប្រព្រឹត្ត​ទៅបាន តែថា មានសេចក្តីទុក្ខបន្តិច ត្រង់ក្បាលរបស់ខ្ញុំ ។ ម្នាលអាវុសោមោគ្គល្លាន អស្ចារ្យណាស់ ម្នាលអាវុសោមោគ្គល្លាន ចម្លែកណាស់ ព្រោះថា មហាមោគ្គ​ល្លាន​ដ៏ មានអាយុ មានឫទ្ធិច្រើន មានអានុភាពច្រើន មើលយក្សឃើញបាន ចំណែកខាងយើង មិនឃើញ​សូម្បី​បិសាច ដែលអាស្រ័យនឹងអាចម៍ដីសោះឡើយ ។ ព្រះមានព្រះភាគ ទ្រង់ព្រះសណ្តាប់ពាក្យចរចា មានសភាពយ៉ាងនេះ របស់ព្រះមហានាគត្ថេរទាំងពីរអង្គនោះ ដោយទិព្វសោតធាតុដ៏បរិសុទ្ធ កន្លងសោតធាតុ របស់ មនុស្សធម្មតា ។ លុះព្រះមានព្រះភាគ ទ្រង់ជ្រាបច្បាស់សេចក្តីនុ៎ះហើយ ទើបបន្លឺឧទាននេះ ក្នុងវេលានោះថា យស្ស សេលូបមំ ចិត្តំ ឋិតំ នានុបកម្បតិ វិរត្តំ រជនីយេសុ កោបនេយ្យេ ន កុប្បតិ យស្សេវំ ភាវិតំ ចិត្តំ កុតោ តំ ទុក្ខមេស្សតិ។ ចិត្តរបស់បុគ្គលណា មានឧបមាដោយថ្មតាន់ នៅនឹង មិនញាប់ញ័រ ប្រាស់ចាកតម្រេក ក្នុងហេតុគួររីករាយទាំងឡាយ មិនក្រោធក្នុងវត្ថុគួរក្រោធ ចិត្តដែលបុគ្គលណា បានចម្រើនយ៉ាងនេះហើយ សេចក្តីទុក្ខនឹងមានមកដល់បុគ្គលនោះ អំពីណាបាន ។ (សុត្តន្តបិដក ខុទ្ទកនិកាយ ឧទាន មេឃិយវគ្គ បិដកលេខ ៥២ ទំព័រ ២០៥) ព្រះសារីបុត្រដ៏មានអាយុមានសម្បុរដូចមាស ព្រះមហាមោគ្គល្លានដ៏មានអាយុមានសម្បុរដូចផ្កាឧប្បល​ខៀវ ។ ព្រះថេរៈទាំងអង្គនោះឯង មានជាតិជាព្រាហ្មណ៍ ដល់ព្រមដោយអភិនីហារអស់ ១ អសង្ខេយ្យ និង ១ សែនកប្ប ជាអ្នកបាន សម្រេចអភិញ្ញា៦ និង បដិសម្ភិទា ជាព្រះមហាខីស្រព បាន​សមា​បត្តិគ្រប់យ៉ាង ដល់ទីបំផុត សាវកបារមីញាណ ៦៧ ប្រការ ធ្វើកបោតកន្ទរវិហារនោះឲ្យស្វាង​ស្វៃ​​ជាមួយគ្នា ដូចសីហៈពីរនៅល្អាងមាសតែមួយជាមួយគ្នា ដូចខ្លាធំពីរទម្រេតខ្លួនលើផែនដីតែមួយជា​មួយ​គ្នា ដូចស្ដេចដំរីឆទ្ទន្តពីរចូលព្រៃសាលវ័ន ដែលមានផ្ការីកស្គុះស្គាយ តែមួយជាមួយគ្នា ដូចស្ដេចគ្រុឌពីរ​នៅព្រៃសិម្ពលី តែមួយជាមួយគ្នា ដូចស្ដេចវេស្សវ័ណពីរអង្គឡើងយាន ដែលនាំ ដោយមនុស្សតែមួយ​ជាមួយគ្នា ដូចស្ដេចសក្កៈពីរអង្គ ប្រថាប់អង្គុយលើបណ្ឌុកម្ពល សិលាសនៈតែមួយជាមួយគ្នា ដូចស្ដេច​មហាព្រហ្មពីរអង្គនៅក្នុងវិមានតែមួយ ជាមួយគ្នា ដូចដួងចន្ទពីរដួង និង ព្រះអាទិត្យពីរដួងនៅក្នុងផ្ទៃអាកាសតែមួយជាមួយគ្នា ដូច្នេះ ។ បណ្ដាព្រះថេរៈទាំងអង្គនោះ ព្រះមហាមោគ្គល្លានដ៏អាយុបានគង់នៅស្ងៀម ចំណែកព្រះសារីបុត្រដ៏មានអាយុចូលសមាបត្ដិ ។ ពាក្យថា ចូលកាន់សមាធិណាមួយ បានដល់ ឧបេក្ខាព្រហ្មវិហារសមាបត្តិ ។ កេចិអាចារ្យទាំងឡាយពោលថាជា សញ្ញាវេទយិតនិរោធសមាបត្តិ ។’ ចំណែកអាចារ្យមួយពួកទៀតពោលថាជា ផលសមាបត្តិ ។ ពិតមែន សមាបត្តិទាំងឡាយ ៣ នេះ អាចដើម្បីនឹងរក្សានូវកាយបាន ។ (បរមត្ថទីបនី អដ្ឋកថា សុត្តន្តបិដក ខុទ្ទកនិកាយ ឧទាន មេឃិយវគ្គ យក្ខបហារសុត្ត) ដោយ៥០០០ឆ្នាំ
images/articles/2887/_________red.jpg
យុធព្ជាយជាតក
ផ្សាយ : ០១ កក្តដា ឆ្នាំ២០២២
ព្រះសាស្ដា កាលស្ដេចគង់នៅវត្តជេតពន ទ្រង់ប្រារព្ធនូវមហាភិនេស្ក្រមណ៍ បានត្រាស់ព្រះធម្មទេសនានេះ មានពាក្យថា មិត្តាមច្ចបរិព្យូឡ្ហំ ដូច្នេះ (ជាដើម) ។ (សេចក្ដីពិស្ដារថា) ថ្ងៃមួយ ភិក្ខុទាំងឡាយប្រជុំគ្នាក្នុងសាលាធម្មសភាពោលពាក្យសរសើរព្រះគុណរបស់ព្រះសាស្ដាថា ម្នាលអ្នកមានអាយុទាំងឡាយ ប្រសិនបើព្រះទសពលស្ដេចនឹងនៅគ្រប់គ្រងផ្ទះសោត ព្រះអង្គនឹងជាស្ដេចចក្រពត្តិ ក្នុងផ្ទៃនៃសកលចក្រវាឡ ប្រកបដោយរតនៈ ៧ ប្រការ ទ្រង់សម្រេចដោយឫទ្ធិទាំង ៤ មានព្រះឱរស ១០០០ ជាបរិវារ តែព្រះអង្គបានលះរាជសម្បត្តិ ដែលមានសភាពបែបនេះ ទ្រង់ឃើញទោសក្នុងកាមទាំងឡាយ ឡើងកាន់សេះកណ្ដកៈ មាននាយឆន្នអាមាត្យជាមិត្រ ចេញចាកព្រះនគរក្នុងវេលាពាក់កណ្ដាលអធ្រាត្រ ទ្រង់ព្រះផ្នួសត្រង់ច្រាំងស្ទឹងអនោមា ធ្វើនូវទុក្ករការិកអស់ ៦ វស្សា បានដល់នូវសម្មាសម្ពោធិញ្ញាណ ។ ព្រះសាស្ដាស្ដេចយាងមកហើយត្រាស់សួរថា ម្នាលភិក្ខុទាំងឡាយ អម្បាញ់មិញនេះ អ្នកទាំងឡាយអង្គុយសន្ទនាគ្នាដោយរឿងអ្វី កាលភិក្ខុទាំងឡាយនោះក្រាបទូលឲ្យទ្រង់ជ្រាបហើយ ទើបព្រះអង្គត្រាស់​ថា ម្នាលភិក្ខុទាំងឡាយ មិនមែនតែក្នុងកាលឥឡូវនេះទេ ដែលតថាគតចេញ​សាង​មហា​ភិនេស្ក្រមណ៍ សូម្បីក្នុងកាលមុន ក៏ធ្លាប់លះបង់រាជសម្បត្តិក្នុងនគរពារាណសី ដែលមានប្រមាណ ១២ យោជន៍ ចេញបួសដូចគ្នាដែរ ដូច្នេះហើយ ទើបទ្រង់នាំយកអតីតនិទានមកសម្ដែងដូចតទៅថាៈ ក្នុង​អតីត​កាល មានព្រះរាជាមួយព្រះអង្គ ទ្រង់ព្រះនាមថា សព្វទត្ត ក្នុងរម្មនគរ ។ ពិតមែនហើយ នគរពារាណសីនេះ ក្នុងឧទយជាតក មានឈ្មោះថា សុរុន្ធននគរ, ក្នុងចូឡសុតសោមជាតក មានឈ្មោះថា សុទស្សនៈ, ក្នុងសោណនន្ទជាតក មានឈ្មោះថា ព្រហ្មវឌ្ឍនៈ, ក្នុងខណ្ឌហាលជាតក មានឈ្មោះថា បុប្ផវតី ក្នុងសង្ខព្រាហ្មណជាតក មានឈ្មោះថាមោឡិនី តែក្នុងយុធញ្ជយជាតកនេះ មានឈ្មោះថា រម្មនគរ ។ ឈ្មោះរបស់នគរនេះ បានផ្លាស់ប្ដូរក្នុងសម័យខ្លះ ដោយប្រការដូច្នេះ ។ ព្រះបាទសព្វទត្តមានព្រះឱរសមួយពាន់អង្គ ទ្រង់ព្រះរាជទានស្ថាបនាព្រះឱរសច្បង ដែលមានព្រះនាមថា យុធញ្ជ័យ ជាឧបរាជ ។ ឧបរាជនោះបានញ៉ាំងមហាទានឲ្យប្រព្រឹត្តទៅរាល់ៗថ្ងៃ ។ កាលកន្លងទៅហើយយ៉ាងនេះ ក្នុងថ្ងៃមួយ ព្រះពោធិសត្វបានឡើងជិះលើរថដ៏ប្រសើរអំពីព្រឹក ស្ដេចយាងទៅកាន់ឧទ្យានកីឡា ដោយសិរីសម្បត្តិដ៏ធំ ទតព្រះនេត្រឃើញដំណក់ទឹកសន្សើម ដែលជាប់នៅនឹងអន្ទាក់សំណាញ់ ដែលធ្វើដោយសរសៃអំបោះ ក្នុងទីផ្សេងៗ មានចុងស្លឹកឈើ ចុងស្មៅ ចុងមែកឈើ និងសរសៃពីងពាងជាដើម ទើបត្រាស់សួរថា នែសារថីសម្លាញ់ នេះជាអ្វី ទ្រង់បានស្ដាប់ថា បពិត្រទេវៈ នេះជាដំណក់ទឹកសន្សើមក្នុងហិមសម័យ ។ ព្រះពោធិសត្វបានលេងក្នុងព្រះរាជឧទ្យានរហូតអស់ចំណែកនៃថ្ងៃ ទើបស្ដេចយាងត្រឡប់ក្នុងវេលាល្ងាច ទ្រង់មិនបានឃើញដំណក់ទឹកសន្សើមទាំងនោះឡើយ ក៏ត្រាស់សួរថា ម្នាលសារថីសម្លាញ់ ដំណក់ទឹកសន្សើមទាំងនេះ បាត់ទៅណា ឥឡូវនេះយើងមិនឃើញឡើយ ទ្រង់បានស្ដាប់ថា បពិត្រព្រះអង្គ ដំណក់ទឹកសន្សើមនោះ កាលដួងព្រះអាទិត្យរះឡើង ក៏រលាយធ្លាក់ចុះលើផែនដីអស់ហើយ ដូច្នេះហើយ ទ្រង់ដល់ហើយនូវសេចក្ដីសង្វេគត្រិះរិះថា សូម្បីជីវិតនិងសង្ខាររបស់សត្វទាំងនេះ ក៏ដូចនឹងដំណក់ទឹកសន្សើមលើចុងស្មៅនេះដែរ យើងកាលមិនទាន់ត្រូវជរា ព្យាធិ មរណៈបៀតបៀន គួរនឹងលាព្រះមាតាព្រះបិតាទៅបួស ដូច្នេះហើយ ទ្រង់ទើបធ្វើដំណក់ទឹកសន្សើមនោះឯងឲ្យជាអារម្មណ៍ បានឃើញភ័យក្នុងភពទាំង ៣ ដូចត្រូវភ្លើងឆេះ ។ ស្ដេចមកដល់ព្រះដំណាក់របស់ព្រះអង្គហើយ ទ្រង់យាងទៅសម្នាក់របស់ព្រះរាជបិតា ដែលប្រថាប់នៅក្នុងសាលាវិនិច្ឆ័យ ដែលតាក់តែងល្អហើយ ថ្វាយបង្គំព្រះបិតា ហើយប្រថាប់គង់ក្នុងទីដ៏សមគួរមួយ កាលនឹងទូលសូមអនុញ្ញាតបព្វជ្ជាទើបត្រាស់ព្រះគាថាទី ១ ថាៈ មិត្តាមច្ចបរិព្យូឡ្ហំ, អហំ វន្ទេ រថេសភំ; បព្ពជិស្សាមហំ រាជ, តំ ទេវោ អនុមញ្ញតុ។ បពិត្រព្រះរាជា ជាធំលើរថ ខ្ញុំព្រះអង្គសូមថា្វយបង្គំ (ព្រះអង្គ) ដែលមិត្រ និងអាមាត្រចោមរោមហើយ ខ្ញុំព្រះអង្គនឹងបួស សូមព្រះសម្មតិទេពអនុញ្ញាតផ្នួសនោះ(ដល់ខ្ញុំព្រះអង្គ)។ បណ្ដាបទទាំងនោះ បទថា បរិព្យូឡ្ហំ ប្រែថា ឡោមព័ទ្ធហើយ ។ បទថា តំ ទេវោ សេចក្ដីថា សូមព្រះទេវៈមេត្តាអនុញ្ញាតការបព្វជ្ជាដល់ខ្ញុំព្រះអង្គ ។ លំដាប់នោះ ព្រះរាជាកាលនឹងហាមឃាត់ ទើបត្រាស់ព្រះគាថាទី ២ ថា សចេ តេ ឩនំ កាមេហិ, អហំ បរិបូរយាមិ តេ; យោ តំ ហិំ សតិ វារេមិ, មា បព្ពជ យុធញ្ចយ។ បើបុត្រឯងខ្វះកាមទាំងឡាយ បិតានឹងបំពេញឲ្យគ្រប់គ្រាន់ដល់អ្នក បុគ្គលណាបៀតបៀនអ្នក បិតានឹងឃាត់ (បុគ្គលនោះ) ម្នាលយុធព្ជា័យ អ្នកកុំបួសឡើយ ។ ព្រះរាជកុមារស្ដាប់ព្រះរាជតម្រាស់នោះហើយ ទើបត្រាស់ព្រះគាថាទី ៣ ថា ន មត្ថិ ឩនំ កាមេហិ, ហិំសិតា មេ ន វិជ្ជតិ; ទីបញ្ច កាតុមិច្ឆាមិ, យំ ជរា នាភិកីរតិ។ ខ្ញុំព្រះអង្គមិនមានសេចក្តីខ្វះកាមទាំងឡាយទេ បុគ្គលនីមួយបៀតបៀននូវខ្ញុំព្រះអង្គ ក៏មិនមានដែរ តែថាខ្ញុំព្រះអង្គប្រាថ្នានឹងធ្វើនូវទីពឹង(ដល់ខ្លួន)ដែលជរាកម្ចាត់បង់មិនបាន ។ បណ្ដាបទទាំងនោះ បទថា ទីបញ្ច សេចក្ដីថា បពិត្រព្រះអង្គ សេចក្ដីខ្វះដោយកាមទាំងឡាយរបស់ខ្ញុំព្រះអង្គមិនមានឡើយ អ្នកណាៗដែលនឹងបៀតបៀនខ្ញុំព្រះអង្គ ក៏មិនមានដែរ តែខ្ញុំព្រះអង្គប្រាថ្នានឹងសាងទីពឹងរបស់ខ្លួនដើម្បីដំណើរទៅកាន់បរលោក ។ បទថា យំ ជរា នាភិកីរតិ សេចក្ដីថា ខ្ញុំព្រះអង្គប្រាថ្នានឹងធ្វើកោះដែលជរាគ្របសង្កត់មិនបាន កម្ចាត់មិនបាន គឺនឹងស្វែងរកអមតមហានិព្វាន ខ្ញុំមិនត្រូវការដោយកាមទាំងឡាយ បពិត្រមហារាជ សូមទ្រង់អនុញ្ញាតឲ្យខ្ញុំព្រះអង្គបួសចុះ ។ ព្រះរាជកុមារទូលសូមរឿយៗ ដោយប្រការដូច្នេះ ព្រះរាជាត្រាស់ហាមថា កុំបួសឡើយបុត្រ ។ ព្រះសាស្ដាកាលនឹងប្រកាសសេចក្ដីនោះ ទើបត្រាស់កន្លះថា បុត្តោ វា បិតរំ យាចេ, បិតា វា បុត្តមោរសំ បុត្រអង្វរនូវបិតា បិតាក៏អង្វរនូវបុត្តឱរសដែរ ។ វាអក្សរក្នុងគាថានោះ ជាសម្បិណ្ឌត្ថៈ (មានការប្រមូលមកជាអត្ថ) ។ ចំណុចនេះមាន ពុទ្ធាធិប្បាយថា ម្នាលភិក្ខុទាំងឡាយ ព្រះឱរសអង្វរព្រះរាជបិតា និងព្រះរាជបិតាក៏អង្វរព្រះរាជឱរស ។ ព្រះរាជាត្រាស់កន្លះគាថាដ៏សេសថា នេគមោ តំ យាចេ តាត, មា បព្ពជ យុធញ្ចយ។ ម្នាលកូន ជនអ្នកនៅក្នុងនិគមអង្វរអ្នក ម្នាលយុធព្ជា័យ អ្នកកុំបួសឡើយ ។ ពាក្យនៃគាថាមានអធិប្បាយថា ម្នាលបុត្រ មហាជនដែលរស់នៅក្នុងនិគមនេះ នាំគ្នាអង្វរអ្នក សូម្បីអ្នកនគរក៏នាំគ្នាអង្វរអ្នកថា ព្រះអង្គកុំបួសឡើយ ។ ព្រះកុមារត្រាស់ព្រះគាថាទី ៤ ថា មា មំ ទេវ និវារេហិ, បព្ពជន្តំ រថេសភ; មាហំ កាមេហិ សម្មត្តោ, ជរាយ វសមន្វគូ។ បពិត្រព្រះបិតាជាធំក្នុងរថ សូមព្រះអង្គកុំឃាត់ផ្នួសខ្ញុំព្រះអង្គនោះ កុំឲ្យខ្ញុំព្រះអង្គពោរពេញដោយកាមទាំងឡាយ ឲ្យលុះក្នុងអំណាចជរាឡើយ ។ បណ្ដាបទទាំងនោះ បទថា វសមន្វគូ សេចក្ដីថា ខ្ញុំព្រះអង្គកុំជាមនុស្សពោរពេញដោយកាមទាំងឡាយ បានឈ្មោះថា ដើរទៅកាន់អំណាចរបស់ជរាឡើយ អធិប្បាយថា សូមព្រះអង្គមេត្តាទតទូលព្រះបង្គំដោយឋានៈដែលជាអ្នកញ៉ាំងវដ្ដទុក្ខឲ្យអស់ទៅ ត្រាស់ដឹងនូវព្រះសព្វញ្ញុតញ្ញាណចុះ ។ កាលព្រះពោធសិត្វក្រាបទូលយ៉ាងនេះហើយ ព្រះរាជាក៏ជាអ្នកអស់យោបល់ ។ ចំណែកព្រះរាជមាតារបស់ព្រះពោធិសត្វ បានស្ដាប់ថា បពិត្រព្រះទេវី ព្រះឱរសរបស់ព្រះនាង កំពុងទូលសូមឲ្យព្រះបិតាអនុញ្ញាតការបព្វជ្ជា ព្រះនាងក៏ត្រាស់ថា ពួកអ្នកនិយាយអ្វី ទាំងដែលព្រះភក្ត្រមិនមានសេចក្ដីត្រេកអរ ទ្រង់ប្រថាប់លើសុវណ្ណសិវិកា (គ្រែស្នែងមាស) ប្រញាប់យាងទៅទីវិនិច្ឆ័យ កាលនឹងអង្វរទើបត្រាស់ព្រះគាថាទី ៦ ថា អហំ តំ តាត យាចាមិ, អហំ បុត្ត និវារយេ; ចិរំ តំ ទដ្ឋុមិច្ឆាមិ, មា បព្ពជ យុធញ្ចយ។ ម្នាលកូន យើងសូមអង្វរអ្នក ម្នាលកូន យើងសូមឃាត់អ្នក យើងចង់ឃើញអ្នកអស់កាលយូរ ម្នាលយុធព្ជា័យ ចូរអ្នកកុំបួសឡើយ ។ ព្រះរាជកុមារបានស្ដាប់ព្រះរាជសវនីយ៍នោះហើយ ទើបត្រាស់ព្រះគាថាទី ៧ ថា ឧស្សាវោវ តិណគ្គម្ហិ, សូរិយុគ្គមនំ បតិ; ឯវមាយុ មនុស្សានំ, មា មំ អម្ម និវារយ។ ទឹកសន្សើមលើចុងស្មៅ តែងធ្លាក់ចុះ (លើផែនដី) ក្នុងកាលព្រះអាទិត្យរះឡើង យ៉ាងណាមិញ អាយុរបស់មនុស្សទាំងឡាយ ក៏យ៉ាងនោះដែរ បពិត្រព្រះមាតា សូមព្រះមាតា កុំឃាត់ខ្ញុំឡើយ ។ ពាក្យនៃគាថានោះមានអធិប្បាយថា បពិត្រព្រះមាតា ដំណក់ទឹកសន្សើមលើចុងស្មៅ កាលព្រះអាទិត្យរះឡើងក៏រលាយបាត់ទៅ មិនអាចនឹងតាំងនៅ គឺធ្លាក់ចុះទៅលើផែនដីទាំងអស់ យ៉ាងណាមិញ ជីវិតរបស់សត្វទាំងឡាយក៏យ៉ាងនោះ ជារបស់តិចតួច មិនអាចនឹងតាំងយូរបានឡើយ ក្នុងលោកសន្និវាសដែលមានសភាពបែបនេះ ព្រះមាតានឹងឃើញខ្ញុំព្រះអង្គយូរបានប៉ុណ្ណា សូមព្រះម៉ែម្ចាស់កុំឃាត់ខ្ញុំព្រះអង្គឡើយ ។ សូម្បីកាលព្រះពោធិសត្វក្រាបទូលយ៉ាងនេះហើយ ព្រះនាងក៏នៅតែអង្វរដដែលៗ ជារឿយៗ ។ លំដាប់នោះ ព្រះមហាសត្វ បានក្រាបទូលហៅព្រះរាជបិតា ទើបត្រាស់ព្រះគាថាទី ៨ ថា តរមានោ ឥមំ យានំ, អារោបេតុ រថេសភ; មា មេ មាតា តរន្តស្ស, អន្តរាយករា អហូ’’តិ។ បពិត្រព្រះបិតា ជាធំក្នុងរថ សូមឲ្យ (បុរស) ចម្លងព្រះមាតា (របស់ខ្ញុំព្រះអង្គ) ឲ្យឡើងកាន់ព្រះរាជយាននេះ កុំឲ្យមាតាធ្វើនូវសេចក្តីអន្តរាយ ដល់ខ្ញុំព្រះអង្គ ដែលកំពុងឆ្លង ។ ពាក្យនៃគាថានោះ មានអធិប្បាយថា បពិត្រព្រះបិតាអ្នកជាធំលើរថ សូមទ្រង់បញ្ជាឲ្យមនុស្សយាងព្រះមាតារបស់ខ្ញុំព្រះអង្គនេះ ឲ្យស្ដេចឡើងកាន់ព្រះរាជយាន គឺព្រះសុវណ្ណសិវិកា កុំឲ្យព្រះមាតាធ្វើសេចក្ដីអន្តរាយដល់ខ្ញុំព្រះអង្គ ដែលកំពុងឈានកន្លងដែនកន្តារគឺ ជាតិ ជរា ព្យាធិ និងមរណៈឡើយ ។ ព្រះរាជាស្ដាប់ព្រះតម្រាស់របស់ព្រះឱរសហើយ ត្រាស់ថា ម្នាលនាងដ៏ចម្រើន សូមអូនយាងទៅចុះ ចូរប្រថាប់លើសុវណ្ណសិវិការបស់អូន ហើយឡើងកាន់ប្រាសាទញ៉ាំងសេចក្ដីត្រេកអរឲ្យចម្រើនចុះ ។ ព្រះនាងស្ដាប់ព្រះរាជតម្រាស់របស់ព្រះរាជានោះហើយ កាលមិនអាចនឹងប្រថាប់នៅបាន ទ្រង់ឡោមព័ទ្ធដោយពួកនារី ស្ដេចយាងទៅកាន់ប្រាសាទ ទ្រង់ប្រថាប់ឈរទតមើលសាលាវិនិច្ឆ័យដោយទឹកព្រះទ័យ​ថា បុត្រជាទីស្រឡាញ់របស់យើង នឹងទៅជាយ៉ាងណាហ្ន៎ ។ ចំណែកព្រះពោធិសត្វ កាលព្រះមាតាស្ដេចទៅហើយ ទ្រង់ក៏អង្វរព្រះរាជបិតាម្ដងទៀត ។ ព្រះរាជាកាលមិនអាចនឹងហាមបាន ទ្រង់ក៏អនុញ្ញាតថា ម្នាលបុត្រ បើយ៉ាងនោះ ចូរធ្វើចិត្តរបស់អ្នកឲ្យដល់ទីបំផុត បុត្រចូរបួសចុះ ។ ក្នុងវេលាដែលព្រះរាជាអនុញ្ញាតហើយ ព្រះកនិដ្ឋារបស់ព្រះពោធិសត្វព្រះនាម យុធិដ្ឋិលកុមារ ថ្វាយបង្គំព្រះរាជបិតា ក្រាបទូលសូមអនុញ្ញាតថា បពិត្រព្រះបិតា សូមទ្រង់អនុញ្ញាតការបព្វជ្ជាដល់ខ្ញុំព្រះអង្គផង ។ ព្រះរាជកុមារទាំងពីរថ្វាយបង្គំព្រះរាជបិតាហើយ លះបង់នូវកាមទាំងឡាយ មានមហាជនឡោមព័ទ្ធស្ដេចយាងចេញចាកទីវិនិច្ឆ័យ ។ ចំណែកព្រះទេវីទតព្រះនេត្រមើលព្រះមហាសត្វ ទ្រង់ព្រះកន្សែងបរិទេវនាការថា កាលបុត្ររបស់យើងបួសហើយ រម្មនគរនឹងសោះសូន្យ ទើបត្រាស់ព្រះគាថាទាំង ២ ថា អភិធាវថ ភទ្ទន្តេ, សុញ្ញំ ហេស្សតិ រម្មកំ; យុធញ្ចយោ អនុញ្ញាតោ, សព្ពទត្តេន រាជិនា។ នាងទាំងឡាយចូរស្ទុះទៅ សេចក្តីចម្រើន (នឹងមាន) ដល់នាង នគររម្មកៈ មុខជានឹងសូន្យ (ព្រោះថា) យុធព្ជា័យកុមារ ព្រះរាជាសព្វទត្ត អនុញ្ញាត (ឲ្យបួសហើយ) ។ យោហុ សេដ្ឋោ សហស្សស្ស, យុវា កញ្ចនសន្និភោ; សោយំ កុមារោ បព្ពជិតោ, កាសាយវសនោ ពលិ។ ព្រះរាជកុមារណា នៅក្មេង មានសម្បុរផ្ទឹមនឹងមាស ប្រសើរបំផុតជាងព្រះរាជបុត្រ ១០០០ ព្រះរាជកុមារនោះ ជាអ្នកមានកម្លាំង ស្លៀកសំពត់កាសាយៈ បួសហើយ ។ បណ្ដាបទទាំងនោះ បទថា អភិធាវថ សេចក្ដីថា ព្រះនាងត្រាស់បញ្ជាពួកនារី ដែលឈរឡោមព័ទ្ធព្រះនាងថា នែនាងដ៏ចម្រើនទាំងឡាយ នាងទាំងឡាយចូរស្ទុះទៅចុះ ។ ដោយបទថា ភទ្ទន្តេ ព្រះនាងត្រាស់ថា សេចក្ដីចម្រើនព្រោះការទៅនោះ ចូរមានដល់នាង ។ បទថា រម្មកំ ព្រះនាងត្រាស់សំដៅដល់រម្មនគរ ។ បទថា យោហុ សេដ្ឋោ សេចក្ដីថា ព្រះឱរសរបស់ព្រះរាជាដ៏ប្រសើរជាងឱរសទាំងពាន់នោះ ទ្រង់បួសហើយ ទាំងនេះ ព្រះនាងត្រាស់សំដៅដល់ព្រះមហាសត្វដែលកំពុងយាងទៅដើម្បីបួស ដោយប្រការដូច្នេះ ។ ចំណែកព្រះពោធិសត្វទ្រង់មិនទាន់បួសភ្លាមទេ ព្រះអង្គថ្វាយបង្គំព្រះរាជមាតា ព្រះរាជបិតាហើយ ទ្រង់ដឹកនាំព្រះកនិដ្ឋាយុធិដ្ឋិលកុមារ ស្ដេចចេញចាកព្រះនគរ ឲ្យមហាជននាំគ្នាត្រឡប់ហើយ ព្រះកុមារទាំងពីរអង្គក៏ចូលទៅកាន់ព្រៃហិមពាន្ត ទ្រង់សាងអាស្រមក្នុងស្ថានទីដែលគួររីករាយ ទ្រង់បួសជាឥសី ធ្វើឈាននិងអភិញ្ញាឲ្យកើតឡើង រស់នៅដោយផ្លែឈើ មើមឈើ ក្នុងព្រៃជាដើម រហូតអស់ព្រះជន្មាយុ ជាអ្នកមានព្រហ្មលោកជាទីទៅខាងមុខ។ ព្រះសាស្ដាកាលនឹងប្រកាសសេចក្ដីនោះ ទើបត្រាស់ព្រះគាថាចុងក្រោយថា ឧភោ កុមារា បព្ពជិតា, យុធញ្ចយោ យុធិដ្ឋិលោ; បហាយ មាតាបិតរោ, សង្គំ ឆេត្វាន មច្ចុនោ។ កុមារទាំងពីរអង្គ គឺយុធព្ជា័យ ១ យុធិដ្ឋិលៈ ១ លះបង់នូវព្រះមាតា និងព្រះបិតា ផ្តាច់ចោលនូវគ្រឿងជាប់ចំពាក់របស់មច្ចុ បួសហើយ ។ បណ្ដាបទទាំងនោះ បទថា មច្ចុនោ ប្រែថា នៃមារ មានពុទ្ធាធិប្បាយថា ម្នាលភិក្ខុទាំងឡាយ ព្រះកុមារទាំងពីរអង្គនោះ គឺយុធញ្ជ័យ និង យុធិដ្ឋិលៈ ទ្រង់លះបង់ព្រះរាជមាតា ព្រះរាជបិតា កាត់ផ្ដាច់គ្រឿងចងគឺរាគៈ ទោសៈ និងមោហៈក្នុងសម្នាក់របស់មារ ហើយនាំគ្នាបួស ។ ព្រះសាស្ដាបាននាំព្រះធម្មទេសនានេះមកហើយ ទ្រង់ប្រកាសសច្ចៈទាំងឡាយហើយត្រាស់ថា ម្នាលភិក្ខុទាំងឡាយ មិនមែនតែក្នុងកាលឥឡូវនេះទេ សូម្បីក្នុងកាលមុន តថាគតក៏ធ្លាប់លះបង់រាជសម្បត្តិហើយបួសដូចគ្នា រួចទើបទ្រង់ប្រជុំជាតកថាតទា មាតាបិតរោ មហារាជកុលានិ អហេសុំ ព្រះរាជមាតាបិតាក្នុងកាលនោះ បានមកជាមហារាជត្រកូល ។ យុធិដ្ឋិលកុមារោ អានន្ទោ យុធិដ្ឋិលកុមារ បានមកជាអានន្ទ ។ យុធញ្ចយោ បន អហមេវ អហោសិំ ចំណែក យុធញ្ជ័យ គឺ តថាគត នេះឯង ។ ចប់ យុធព្ជាយជាតក ។ (ជាតកដ្ឋកថា សុត្តន្តបិដក ខុទ្ទកនិកាយ ជាតក ឯកាទសកនិបាត បិដកលេខ ៥៩ ទំព័រ ២២៧)ដោយខេមរ អភិធម្មាវតារ ដោយ៥០០០ឆ្នាំ
images/articles/2890/______overed.jpg
ធម្មទេវបុត្តជាតក
ផ្សាយ : ០១ កក្តដា ឆ្នាំ២០២២
ព្រះសាស្ដាកាលស្ដេចគង់នៅវត្តជេតពន ទ្រង់ប្រារព្ធនូវការចូលទៅកាន់ផែនដីរបស់ភិក្ខុទេវទត្ត បានត្រាស់ព្រះធម្មទេសនានេះ មានពាក្យថា យសោករោ បុញ្ញករោហមស្មិ ដូច្នេះ (ជាដើម) ។ មែនពិត ក្នុងពេល​នោះ ពួកភិក្ខុសន្ទនាគ្នាក្នុងសាលាធម្មសភាថា ម្នាលអាវុសោទាំងឡាយ ទេវទត្តខឹងសម្បានឹងព្រះ​តថាគត ហើយត្រូវផែនដីស្រូប ។ ព្រះសាស្ដាស្ដេចយាងមកហើយត្រាស់សួរថា ម្នាលភិក្ខុទាំង​ឡាយ​ អម្បាញ់មិញនេះ អ្នកទាំងឡាយអង្គុយសន្ទនាគ្នាដោយរឿងអ្វី កាលភិក្ខុទាំងនោះក្រាបទូលឲ្យទ្រង់ជ្រាបហើយ ទើបត្រាស់ថា ម្នាលភិក្ខុទាំងឡាយ មិនមែនតែក្នុងកាលឥឡូវនេះទេ ដែលទេវទត្តឲ្យការប្រហារក្នុងជិនចក្ររបស់តថាគត​ហើយ​​ត្រូវផែនដីស្រូបនោះ សូម្បីក្នុងកាលមុន លោកក៏ធ្លាប់ឲ្យការប្រហារក្នុង ធម្មចក្រ ហើយចូលទៅកាន់ផែនដី កើតក្នុងអវីចិមហានរកជាទីខាងមុខ ទើបទ្រង់នាំអតីតនិទានមកសម្ដែងដូចតទៅថាៈ ក្នុង​អតីតកាល កាលព្រះបាទព្រហ្មទត្តសោយរាជសម្បត្តិក្នុងនគរពារាណសី ព្រះពោធិសត្វកើតជាទេវបុត្តមានព្រះនាមថា ធម្មៈ ក្នុងកាមាវចរទេវលោក ។ ចំណែកព្រះទេវទត្តជាទេវបុត្ត ឈ្មោះថា អធម្មៈ ។ ​បណ្ដាទេវបុត្តទាំង ២ អង្គនោះ ធម្មទេវបុត្រប្រដាប់ដោយគ្រឿងអលង្ការជាទិព្វ ទ្រង់រថជាទិព្វដ៏ប្រសើរ ជាអ្នកមានពួកទេពតាចោមរោមហើយ ស្ថិតនៅលើអាកាសក្នុងស្រុក និគម ជនបទ និងរាជធានីទាំង​ឡាយ ក្នុងថ្ងៃពេញបូណ៌មីដែលជាថ្ងៃឧបោសថ ដែលមនុស្សទាំយឡាយបរិភោគអាហារពេលល្ងាចរួចហើយ​​ ប្រជុំគ្នាដោយកថាជាសុខត្រង់ទ្វារផ្ទះរបស់ខ្លួនៗ ញ៉ាំងពួកមនុស្សឲ្យសមាទាននូវកុសលកម្ម​បថ ​១០ ប្រការថា អ្នកទាំងឡាយចូរវៀរចាកអកុសលកម្មបថ ១០ ប្រការ មានបាណាតិបាតជា​ដើម​ នាំ​គ្នាបំពេញធម៌ គឺការទំនុកបម្រុងបម្រើមាតាផង ការទំនុកបម្រុងបម្រើបិតាផង និងប្រព្រឹត្តសុចរិតធម៌ ៣ ​ប្រការចុះ កាលធ្វើយ៉ាងនេះ នឹងមានសួគ៌ជាទីទៅខាងមុខ និងបានសោយយសដ៏ធំ ដូច្នេះហើយ ទើបធ្វើប្រទក្សិណជម្ពូទ្វីប (ជាទក្ខិណាវដ្ដ) ។ ចំណែកអធម្មទេវបុត្ត ញ៉ាំងឲ្យមនុស្សទាំងឡាយកាន់យកនូវអកុសលកម្មបទ ១០ ប្រការ ដោយន័យជាដើមថា ពួកអ្នកចូរសម្លាប់សត្វ ដូច្នេះហើយ ទើបធ្វើនូវជម្ពូទ្វីបជា ឧត្តរាវដ្ដ (វិលជុំវិញទៅខាងឆ្វេង) ។ លំដាប់នោះ រថរបស់ទេវបុត្តទាំងពីរនោះ បានជួបគ្នាលើអាកាស ។ បន្ទាប់មកបរិស័ទរបស់ទេវបុត្តទាំងនោះ សួរគ្នាថា ពួកលោកជារបស់ទេវបុត្រណា ពួកលោកជារបស់ទេវបុត្រណា ? នាំគ្នាឆ្លើយថា ពួកយើងជាចំណែកខាងធម្មទេវបុត្ត ពួកយើងជាចំណែកខាងអធម្ម-ទេវបុត្ត ទើបនាំគ្នាញែកផ្លូវចេញជា ២ ចំណែក ។ ចំណែកធម្មទេវបុត្តហៅអធម្មទេវបុត្តមកពោលថា នែសម្លាញ់ លោកជាចំណែកអធម៌ ខ្ញុំជាចំណែកខាងធម៌ ផ្លូវនេះសមគួរដល់ខ្ញុំ លោកចូរបររថរបស់លោកចេញ ចូរឲ្យផ្លូវដល់ខ្ញុំ ហើយពោលគាថាទី ១ ថា យសោករោ បុញ្ញករោហមស្មិ, សទាត្ថុតោ សមណព្រាហ្មណានំ; មគ្គារហោ ទេវមនុស្សបូជិតោ, ធម្មោ អហំ ទេហិ អធម្ម មគ្គំ។ ម្នាលអធម្មទេវបុត្រ ខ្ញុំឈ្មោះធម្មៈ ជាអ្នកធ្វើយស ធ្វើបុណ្យ ខ្ញុំដែលពួកសមណ-ព្រាហ្មណ៍ សរសើរជានិច្ច ដែលទេវតា និងមនុស្សបូជាហើយ គួរបានផ្លូវ អ្នកចូរឲ្យផ្លូវ ។ បណ្ដាបទទាំងនោះ បទថា យសោករោ បានដល់ ខ្ញុំជាសាងយសឲ្យដល់ទេវតានិងមនុស្សទាំងឡាយ ។ សូម្បីក្នុងបទទី ២ ក៏មានន័យដូចគ្នា ។ បទថា សទាត្ថុតោ គឺ បានទទួលការសរសើរជានិច្ច ក្នុងកាលទាំងពួង ។ លំដាប់នោះ អធម្មទេវបុត្រពោលថា អធម្មយានំ ទឡ្ហមារុហិត្វា, អសន្តសន្តោ ពលវាហមស្មិ; ស កិស្ស ហេតុម្ហិ តវជ្ជ ទជ្ជំ, មគ្គំ អហំ ធម្ម អទិន្នបុព្ពំ។ ម្នាលធម្មៈ ខ្ញុំជិះរថ ឈ្មោះអធម្មយានដ៏មាំ ជាអ្នកមិនតក់ស្លុត មានកម្លាំង ខ្ញុំនោះនឹងឲ្យផ្លូវដល់អ្នក ដែលមិនធ្លាប់ឲ្យហើយ ក្នុងថ្ងៃនេះ ព្រោះហេតុអ្វី ។ ធម្មទេវបុត្រពោលថា ធម្មោ ហវេ បាតុរហោសិ បុព្ពេ, បច្ឆា អធម្មោ ឧទបាទិ លោកេ; ជេដ្ឋោ ច សេដ្ឋោ ច សនន្តនោ ច, ឧយ្យាហិ ជេដ្ឋស្ស កនិដ្ឋ មគ្គា។ ធម៌បានកើតមុន អធម៌កើតក្រោយ ក្នុងលោក ខ្ញុំជាច្បងផង ប្រសើរជាងផង មានតាំងពីព្រេងនាយផង ម្នាលប្អូន អ្នកចូរចៀសចេញ អំពីផ្លូវរបស់បង ។ អធម្មទេវបុត្រពោលថា ន យាចនាយ នបិ បាតិរូបា, ន អរហតា តេហំ ទទេយ្យំ មគ្គំ; យុទ្ធញ្ច នោ ហោតុ ឧភិន្នមជ្ជ, យុទ្ធម្ហិ យោ ជេស្សតិ តស្ស មគ្គោ។ ខ្ញុំមិនត្រូវឲ្យផ្លូវដល់អ្នក ដោយសេចក្តីអង្វរ មិនត្រូវឲ្យ ដោយពាក្យសមគួរ មិនត្រូវឲ្យ ព្រោះខ្ញុំគួរបានផ្លូវ យើងទាំងពីរនាក់ ចូរច្បាំងគ្នា ក្នុងថ្ងៃនេះ អ្នកណាឈ្នះក្នុងចម្បាំង ផ្លូវជារបស់អ្នកនោះ ។ ធម្មទេវបុត្រពោលថា សព្ពា ទិសា អនុវិសដោហមស្មិ, មហព្ពលោ អមិតយសោ អតុល្យោ; គុណេហិ សព្ពេហិ ឧបេតរូបោ, ធម្មោ អធម្ម ត្វំ កថំ វិជេស្សសិ។ មា្នលអធម្មៈ ខ្ញុំឈ្មោះធម្មៈ ជាអ្នកល្បីល្បាញសព្វទិស មានកម្លាំងច្រើន មានយសរាប់មិនអស់ មិនមានអ្នកណាផ្ទឹមបាន មានសភាពជាអ្នកប្រកបដោយគុណគ្រប់យ៉ាង អ្នកនឹងឈ្នះ (ខ្ញុំ) ដូចម្តេចបាន ។ អធម្មទេវបុត្រពោលថា លោហេន វេ ហញ្ញតិ ជាតរូបំ, ន ជាតរូបេន ហនន្តិ លោហំ; សចេ អធម្មោ ហញ្ឆតិ ធម្មមជ្ជ, អយោ សុវណ្ណំ វិយ ទស្សនេយ្យំ។ គេតែងដំមាស ដោយដែក គេមិនដែលដំដែកដោយមាសទេ បើអធម្មៈ ដំធម្មៈក្នុងថ្ងៃនេះ ដូចជាដែកដំមាស បុគ្គលគួរមើលដែរ ។ ធម្មទេវបុត្រពោលថា សចេ តុវំ យុទ្ធពលោ អធម្ម, ន តុយ្ហ វុឌ្ឍា ច គរូ ច អត្ថិ; មគ្គញ្ច តេ ទម្មិ បិយាប្បិយេន, វាចាទុរុត្តានិបិ តេ ខមាមិ។ ម្នាលអធម្មៈ បើអ្នកមានកម្លាំងនឹងច្បាំងបុគ្គលចាស់ និងបុគ្គលជាគ្រូ មិនមានដល់អ្នក ខ្ញុំនឹងឲ្យនូវផ្លូវដល់អ្នក ដោយពាក្យជាទីស្រឡាញ់ និងមិនជាទីស្រឡាញ់ផង ខ្ញុំនឹងអត់ទ្រាំនូវពាក្យទ្រគោះបោះបោក របស់អ្នកផង ។ គាថាទាំង ៦ នេះ លោកពោលដោយអំណាចជាពាក្យឆ្លើយឆ្លងរបស់ទេវបុត្រទាំង ២ នោះឯង ។ បណ្តាបទទាំងនោះ បទថា ស កិស្ស ហេតុម្ហិ តវជ្ជ ទជ្ជំ សេចក្ដីថា ខ្ញុំនេះឈ្មោះថា អធម្មៈ ឡើងលើអធម្មយានហើយ មិនខ្លាចអ្នកណាឡើយ ជាអ្នកមានកម្លាំង នែធម្មៈ ហេតុអ្វីក្នុងថ្ងៃនេះ ខ្ញុំនឹងឲ្យផ្លូវ ដែលមិនធ្លាប់ឲ្យ ដល់លោក ។ បទថា បុព្ពេ សេចក្ដីថា ធម៌គឺកុសលកម្មបថ ១០ ប្រការប្រាកដហើយក្នុងលោកនេះ ក្នុងកាលជាបឋមកប្ប អធម៌ កើតឡើងខាងក្រោយ ។ បទថា ជេដ្ឋោ ច នេះ ធម្មៈពោលថា ព្រោះសេចក្ដីដែលធម៌កើតឡើងមុន ខ្ញុំទើបចម្រើនជាង ប្រសើរជាង ចាស់ជាង ចំណែកលោកជាប្អូន ហេតុនោះ លោកចូរគេចចេញទៅ ។ បទថា នបិ បាតិរូបា សេចក្ដីថា ខ្ញុំនឹងមិនឲ្យផ្លូវដល់លោក ដោយពាក្យសូម ក្ដី ដោយពាក្យគួរសមក្ដី ព្រោះខ្ញុំជាអ្នកសមគួរនឹងបានផ្លូវ ។ បទថា អនុវិសដោ សេចក្ដីថា ខ្ញុំជាអ្នកប្រាកដដោយគុណរបស់ខ្លួនដែលផ្សាយទៅសព្វទិស គឺ ទិសធំ ៤ និងទិសតូច ៤ និងជាអ្នកប្រាកដដោយបញ្ញា ។ បទថា លោហេន បានដល់ ដោយដុំដែក ។ បទថាហញ្ឆតិ ប្រែថា នឹងសម្លាប់ ។ បទថា តុវំ យុទ្ធពលោ អធម្ម សេចក្ដីថា នែអធម្មៈ បើលោកជាមានកម្លាំងក្នុងចម្បាំង ។ បទថា វុឌ្ឍា ច គរូ ច សេចក្ដីថា បើយ៉ាងនេះ បុគ្គលចាស់ និងបុគ្គលជាគ្រូ របស់អ្នកមិនមាន ។ បទថា បិយាប្បិយេន សេចក្ដីថា ខ្ញុំកាលឲ្យដោយសេចក្ដីពេញចិត្ត និង មិនពេញចិត្ត រមែងឲ្យផ្លូវដល់លោកដូចឲ្យដោយសេចក្ដីពេញចិត្ត ។ ក្នុងខណៈដែលព្រះពោធសត្វ ពោលគាថានេះចប់ហើយភ្លាម អធម្មៈកាលមិនអាចនឹងតាំងនៅលើរថ ជាអ្នកមានក្បាលសំយុងចុះ ធ្លាក់មកលើផែនដី បានទៅកាន់ចន្លោះនៃផែនដី ហើយកើតក្នុងអវីចិមហានរក ។ កាលព្រះភគវាបានត្រាស់ជាព្រះសម្មាសម្ពុទ្ធហើយ ទ្រង់ក៏សម្ដែងព្រះគាថាដ៏សេសថា ៖ ឥទញ្ច សុត្វា វចនំ អធម្មោ, អវំសិរោ បតិតោ ឧទ្ធបាទោ; យុទ្ធត្ថិកោ ចេ ន លភាមិ យុទ្ធំ, ឯត្តាវតា ហោតិ ហតោ អធម្មោ។ អធម្មទេវបុត្រ ឮពាក្យនេះហើយ មានក្បាលសំយុងចុះ មានជើងឡើងលើ ក៏ធ្លាក់ចុះ ពោលពាក្យថា អញត្រូវការដោយចម្បាំង តែមិនបាននូវការច្បាំងឡើយ អធម្មទេវបុត្រ ក៏ស្លាប់ដោយហេតុត្រឹមប៉ុណ្ណេះឯង ។ ខន្តីពលោ យុទ្ធពលំ វិជេត្វា, ហន្ត្វា អធម្មំ និហនិត្វ ភូម្យា; បាយាសិ វិត្តោ អភិរុយ្ហ សន្ទនំ, មគ្គេនេវ អតិពលោ សច្ចនិក្កមោ។ ធម្មទេវបុត្រ មានខន្តិធម៌ ជាកម្លាំង មានចិត្ត មានកម្លាំងក្រៃពេក មានព្យាយាមដ៏ទៀងទាត់ បានផ្ចាញ់ បានសម្លាប់នូវអធម្មទេវបុត្រ ដែលមានចម្បាំងជាកម្លាំង ទម្លាក់ទៅលើផែនដី ហើយឡើងកាន់រថ (របស់ខ្លួន) បរទៅតាមផ្លូវដដែល ។ មាតា បិតា សមណព្រាហ្មណា ច, អសម្មានិតា យស្ស សកេ អគារេ; ឥធេវ និក្ខិប្ប សរីរទេហំ, កាយស្ស ភេទា និរយំ វជន្តិ តេ; យថា អធម្មោ បតិតោ អវំសិរោ។ បុគ្គលណា មិនបានធ្វើសក្ការៈដល់មាតាបិតា និងសមណព្រាហ្មណ៍ ក្នុងផ្ទះរបស់ខ្លួន បុគ្គលនោះ លុះដាក់ចុះនូវរាងកាយ គឺសរីរៈ បែកធ្លាយរាងកាយ ក្នុងលោកនេះ រមែងទៅកាន់នរក ដូចជាអធម្មទេវបុត្រ ដែលសំយុងក្បាលធ្លាក់ចុះ ។ មាតា បិតា សមណព្រាហ្មណា ច, សុសម្មានិតា យស្ស សកេ អគារេ; ឥធេវ និក្ខិប្ប សរីរទេហំ, កាយស្ស ភេទា សុគតិំ វជន្តិ តេ; យថាបិ ធម្មោ អភិរុយ្ហ សន្ទនំ។ បុគ្គលណា បានធ្វើសក្ការៈ ដល់មាតាបិតា និងសមណព្រាហ្មណ៍ ក្នុងផ្ទះរបស់ខ្លួន បុគ្គលនោះ លុះដាក់ចុះនូវរាងកាយ គឺសរីរៈ បែកធ្លាយរាងកាយ ក្នុងលោកនេះ រមែងទៅកាន់សុគតិ ដូចជាធម្មទេវបុត្រ ឡើងកាន់រថរបស់ខ្លួន ដូច្នោះ ។ បណ្តាបទទាំងនោះ បទថា យុទ្ធត្ថិកោ ចេ បានដល់ ការពិលាបរបស់អធម្មទេវបុត្រនោះ បានឮថា គេកំពុងពិលាបនោះឯង ធ្លាក់ចុះ ចូលទៅហើយកាន់ផែនដី ។ បទថាឯត្តាវតា សេចក្ដីថា ម្នាលភិក្ខុទាំង​ឡាយ អធម្មៈចូលទៅកាន់ផែនដីហើយ អស់កាលត្រឹមណា អធម្មៈឈ្មោះថាត្រូវសម្លាប់ហើយ ត្រឹម​នោះ​ ។ បទថា ខន្តីពលោ សេចក្ដីថា ម្នាលភិក្ខុទាំងឡាយ អធម្មទេវបុត្រចូលទៅកាន់ផែនដីហើយយ៉ាង​នេះ ធម្មទេវបុត្រជាអ្នកមានកម្លាំង គឺអធិវាសខន្តី ឈ្នះហើយនូវយុទ្ធពលនោះ សម្លាប់ហើយ កប់ក្នុងផែនដី ញ៉ាំងអធម្មៈឲ្យធ្លាក់ចុះហើយ ជាអ្នកមានចិត្តជឿជាក់ ព្រោះកើតភាពពិតប្រាកដ ឡើងកាន់​រថរបស់ខ្លួន មានសេចក្ដីព្យាយាមដ៏មាំ បានទៅតាមផ្លូវនោះឯង ។ បទថា អសម្មានិតា ប្រែថា ដែលគេមិនសក្ការៈ ។ បទថា សរីរទេហំ សេចក្ដីថា បានលះបង់កាយពោលគឺសរីរៈក្នុងលោកនេះ។ បទថា និរយំ វជន្តិ សេចក្ដីថា អ្នកសមគួរដល់សក្ការៈដែលមនុស្សអាក្រក់ណាមិនធ្វើក្នុងផ្ទះ មនុស្សអាក្រក់ដែលមានសភាពយ៉ាងនោះ រមែងមានក្បាលសំយុងចុះ ធ្លាក់ទៅកាន់នរក ដូចអធម្មទេវបុត្រមានក្បាលសំយុងចុះធ្លាក់ទៅ ដូច្នោះដែរ ។ បទថា សុគតិំ វជន្តិ សេចក្ដីថា បណ្ឌិតដែលមានសភាពដូច្នោះ ដែលអ្នកណាបានសក្ការៈហើយ អ្នកនោះរមែងទៅកាន់សុគតិ ដូចធម្មទេវបុត្រឡើងកាន់រថបរទៅកាន់ទេវលោក ដូច្នោះដែរ ។ ព្រះសាស្ដា គ្រានាំព្រះធម្មទេសនានេះមកហើយ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ មិនមែនតែក្នុងកាលឥឡូវនេះទេ សូម្បីក្នុងកាលមុន ទេវទត្តក៏បានក្រោធខឹងនឹងតថាគត ហើយចូលទៅកាន់ផែនដីដែរ ដូច្នេះហើយ ទ្រង់ប្រជុំជាតកថា តទា អធម្មោ ទេវបុត្តោ ទេវទត្តោ អហោសិ អធម្មទេវបុត្រក្នុងកាលនោះ បានមកជាទេវទត្ត ។បរិសាបិស្ស ទេវទត្តបរិសា សូម្បីបរិស័ទអធម្មទេវបុត្រនោះ បានមកជាបរិស័ទរបស់ទេវទត្ត ។ ធម្មោ បន អហមេវ ចំណែកធម្មទេវបុត្រ គឺជា តថាគត នេះឯង ។បរិសា ពុទ្ធបរិសាយេវ បរិស័ទរបស់ធម្មទេវបុត្រ បានមកជា ពុទ្ធបរិស័ទនេះឯង ។ ធម្មទេវបុត្តជាតក ចប់ ។ (ជាតកដ្ឋកថា សុត្តន្តបិដក ជាតក ឯកាទសកនិបាត បិដកលេខ ៥៩ ទំព័រ ២១៦) ដោយខេមរ អភិធម្មាវតារ ដោយ៥០០០ឆ្នាំ
images/articles/2892/texttpic.jpg
បានីយជាតក
ផ្សាយ : ០១ កក្តដា ឆ្នាំ២០២២
ព្រះសាស្ដា កាលស្ដេចគង់នៅវត្តជេតពន ទ្រង់ប្រារព្ធដល់ការសង្កត់សង្កិនកិលេស បានត្រាស់ព្រះធម្មទេនានេះ មានពាក្យថា មិត្តោ មិត្តស្ស ដូច្នេះ ជាដើម ។ សម័យមួយ គ្រហស្ថដែលជាមិត្តសម្លាញ់នឹងគ្នា ដែលរស់នៅក្នុងនគរសាវត្ថី មានប្រមាណ ៥០០ នាក់ បានស្ដាប់ព្រះធម្មទេសនារបស់ព្រះតថាគតហើយបានបួសជាឧបសម្បន្ន នៅក្នុងកោដិសន្ថារ ពេលដល់វេលាពាក់កណ្ដាលអធ្រាត្រ ក៏ត្រិះរិះដល់កាមវិតក្កៈ ។ រឿងទាំងអស់ បណ្ឌិតគប្បីឲ្យពិស្ដារ ដោយន័យដែលពោលហើយក្នុងទីខាងក្រោមនោះឯង ។ ពេលព្រះអានន្ទឲ្យភិក្ខុសង្ឃប្រជុំគ្នា ដោយការបង្គាប់របស់ព្រះភគវា ។ ព្រះសាស្ដាប្រថាប់គង់លើអាសនៈដែលគេចាត់ចែងថ្វាយ ទ្រង់មិនបានធ្វើការចុះចំពោះ មិនត្រាស់ថា ពួកអ្នកនាំគ្នាត្រិះរិះកាមវិតក្កៈ ទ្រង់ត្រាស់ដោយអំណាចនៃការសង្គ្រោះដល់ភិក្ខុទាំងពួងថា ម្នាលភិក្ខុទាំង​ឡាយ ឈ្មោះថាកិលេស មិនមែនជារបស់តិចតួចឡើយ ធម្មតាភិក្ខុត្រូវសង្កត់សង្កិនកិលេសដែលកើត​ឡើងហើយ សូម្បីបណ្ឌិតក្នុងកាលមុន កាលព្រះពុទ្ធនៅមិនទាន់កើតឡើង ក៏សង្កត់សង្កិនកិលេសទាំងឡាយ ហើយបានដល់នូវបច្ចេកពោធិញាណ ដូច្នេះហើយ ទើបទ្រង់នាំយកអតីតនិទានមកសម្ដែងដូចតទៅថា ក្នុងអតីតកាល កាលព្រះបាទព្រហ្មទត្តសោយរាជសម្បត្តិក្នុងនគរពារាណសី មានសម្លាញ់ ២ នាក់ ក្នុងស្រុកមួយក្នុងដែលកាសី កាន់យកនូវក្អមទឹកផឹកទៅកាន់ចម្ការ ដាក់ទុកក្នុងកន្លែងមួយហើយកាប់ចម្ការ ក្នុងវេលាស្រេកទឹកក៏នាំគ្នាមកផឹកទឹក ។ ក្នុងមនុស្សទាំង ២ នាក់នោះ មនុស្សម្នាក់កាលមកក៏រក្សាទឹក​ផឹក​របស់ខ្លួនទុក ផឹកទឹកអំពីក្អមរបស់មនុស្សមា្នក់ទៀត ដល់វេលាស្ងាចទើបចេញអំពីព្រៃ ឈរមុជទឹក​ពិចារណាថា ថ្ងៃនេះយើងបានធ្វើបាបអ្វីខ្លះ ដោយកាយទ្វារជាដើម តើមានឬទេ ក៏ឃើញថា បាន​លួចទឹករបស់មិត្តផឹក ហើយក៏ដល់នូវសេចក្ដីសង្វេគថា តណ្ហានេះ កាលចម្រើនឡើង គង់នឹងបោះយើងចូលទៅក្នុងអបាយទាំងឡាយជាយ៉ាងពិតប្រាកដ យើងនឹងសង្កត់សង្កិនកិលេសនេះឲ្យបាន ដូច្នេះហើយ ធ្វើការលួចទឹកផឹករបស់មិត្តនោះមកជាអារម្មណ៍ ចម្រើនវិបស្សនា ញ៉ាំងបច្ចេកពោធិញាណឲ្យកើតឡើង ឈរពិចារណាដល់គុណដែលខ្លួនបាន ។ លំដាប់នោះ មនុស្សម្នាក់ទៀតមុជទឹករួចហើយក៏ឡើងមក ពោលនឹងគេថា នែសម្លាញ់ ចូរមក យើងនាំគ្នាទៅផ្ទះ ។ គាត់ប្រាប់ថា អ្នកទៅចុះ កិច្ចដោយផ្ទះមិនមានដល់ យើងឈ្មោះថាជាព្រះបច្ចេកពុទ្ធហើយ ។ ម្នាក់ទៀតពោលថា ព្រះបច្ចេកពុទ្ធទាំងឡាយមិនមែនដូចអ្នកទេ ។ លំដាប់នោះ លោកទើបសួរម្នាក់ទៀតថា ព្រះបច្ចេកពុទ្ធនឹងជាយ៉ាងណា ? ម្នាក់ទៀតឆ្លើយថា ព្រះបច្ចេកពុទ្ធទាំងឡាយ មានសក់ត្រឹម ២ អង្គុលី (២ធ្នាប់) គ្រងសំពត់កាសាយៈ នាំគ្នានៅក្នុងញកភ្នំនន្ទមូលក៍ ក្នុងព្រៃហិមពាន្តនៅទិសខាងជើង ។ លោកទើបស្ទាបសីសៈ ក្នុងពេលនោះឯង ភេទគ្រហស្ថរបស់លោកក៏អន្តរធានទៅ ត្រឡប់ក្លាយជាគ្រងសំពត់កាសាវៈ ២ ជាន់ដែលជ្រលក់ហើយ ក្រវ៉ាត់វត្ថពន្ធចង្កេះដូចផ្លេកបន្ទោរ ធ្វើនូវចីវរឆៀងស្មាម្ខាង ដែលមានពណ៌ដូចអាចម៍ល័ក្តក្រហមភ្លាវ មានសំពត់បង្សុកូល ចីវរពណ៌មេឃ ស្ពាយលើស្មាខាងស្តាំង មានបាត្រដីពណ៌ដូចកន្លង់ពាក់នៅស្មាខាងឆ្វេង ។ លោកស្ថិតនៅលើអាកាស សម្ដែងធម៌ហើយ ហោះទៅចុះត្រង់ញកភ្នំនន្ទមូលក៍ ក្នុងពេលនោះឯង ។ មានកុដុម្ពិកៈម្នាក់ក្នុងកាសិគ្រាមនោះឯង អង្គុយនៅលើរានផ្សារ ឃើញបុរសម្នាក់នាំភរិយារបស់ខ្លួនដើរទៅ គាត់ទម្លាយនូវឥន្ទ្រិយ សម្លឹងមើលស្ត្រីដែលល្អស្រស់នោះ ហើយ​ត្រឡប់គិត​​វិញថា លោភៈនេះ កាលចម្រើនឡើង នឹងបោះយើងចូលទៅក្នុងអបាយទាំងឡាយ មានចិត្តតក់ស្លុត ចម្រើនវិបស្សនា ញ៉ាំង​បច្ចេកពោធិញាណឲ្យកើតឡើង ស្ថិតលើអាកាសសម្ដែងធម៌ ហោះទៅកាន់ញកភ្នំនន្ទមូលក៍ដូចគ្នា ។ មានបិតា និងបុត្រមួយគូ ជាអ្នកនៅក្នុងកាសិគ្រាមនោះឯង ដើរផ្លូវទៅជាមួយគ្នា ។ ពួកចោរព្រៃនាំគ្នាពួនស្ទាកនៅមាត់ព្រៃ ។ ពួកចោរទាំងនោះចាប់បិតានិងបុត្រនោះបាន ហើយចាប់បុត្រទុក ដោះលែងបិតា ដោយបង្គាប់ថា លោកចូរទៅយកទ្រព្យមកលោះបុត្ររបស់លោក បើចាប់បងប្អូនប្រុស ២ នាក់បាន ចាប់ប្អូនទុក ដោះលែងបង ។ បើចាប់អាចារ្យ (គ្រូ) និង អន្តេវាសិក (សិស្ស) បាន ចាប់អាចារ្យទុក ដោះលែងអន្តេវាសិក អន្តេវាសិកត្រូវទៅនាំទ្រព្យមកលោះអាចារ្យ ដោយសេចក្ដីលោភក្នុងសិល្បៈ ។ លំដាប់នោះ បិតានិងបុត្រនោះដឹងថា ពួកចោរស្ទាក់ផ្លូវត្រង់កន្លែងនោះ ទើបធ្វើកតិកាគ្នាថា កូនកុំហៅយើងថាឪពុក សូម្បីយើងក៏មិនហៅអ្នកថាកូនដែរ ក្នុងវេលាត្រូវពួកចោរចាប់បាន ត្រូវចោរសួរថា អ្នកជាអ្វីនឹងគ្នា បិតានិងកូននោះក៏ធ្វើនូវសម្បជានមុសាវាទ (និយាយកុហកទាំងដែលដឹងខ្លួន) ថា យើងមិនជាអ្វីនឹងគ្នាឡើយ ។ កាលបិតានិងបុត្ររួចផុតចាកព្រៃហើយ បានទៅមុជទឹកក្នុងវេលាល្ងាច បុត្រកាលជម្រះសីលរបស់ខ្លួន ឃើញមុសាវាទនោះ គិតថា បាបនេះកាលចម្រើនឡើងហើយនឹងបោះយើងចូលទៅ ក្នុងអបាយទាំងឡាយ យើងនឹងសង្កត់សង្កិនកិលេសនេះ ឲ្យបាន ដូច្នេះហើយ ទើបចម្រើនវិបស្សនា ញ៉ាំងបច្ចេកពោធិញាណឲ្យកើតឡើង ស្ថិតនៅលើអាកាសសម្ដែងធម៌ដល់បិតា រួចហោះទៅកាន់ញកភ្នំនន្ទមូលក៍នោះឯង ។ នៅមានមួយនាក់ទៀត ជាមេស្រុកក្នុងកាសិគ្រាមនោះឯង បង្គាប់ឲ្យគេសម្លាប់សត្វ ។ ក្នុងវេលាធ្វើពលីកម្ម មហាជនប្រជុំគ្នាពោលនឹងគាត់ថា បពិត្រលោកម្ចាស់ ពួកយើងត្រូវការសម្លាប់ម្រឹគ និងជ្រូកជាដើម ដើម្បីធ្វើពលីកម្មដល់ពួកយក្ស ពេលនេះជាកាលនៃពលីកម្ម ។ គាត់ក៏ពោលថា ពួកលោកចូរធ្វើតាមដែលធ្លាប់ធ្វើក្នុងកាលមុនចុះ ។ ពួកមនុស្សបានធ្វើបាណាតិបាតយ៉ាងច្រើនសន្ធឹកសន្ធាប់ ។ គាត់ឃើញត្រី និងសាច់ជាច្រើន ធ្វើនូវសេចក្ដីក្ដៅក្រហាយថា មនុស្សទាំងនេះ សម្លាប់សត្វមានប្រមាណប៉ុណ្ណេះដោយសម្លាប់តាមពាក្យរបស់យើងតែម្នាក់ប៉ុណ្ណោះ ដូច្នេះហើយ ទើបឈរដោយអាស្រ័យវាតបាន (ឈរផ្អែកបង្អួច) ចម្រើនវិបស្សនា ញ៉ាំងបច្ចេកពោធិញាណឲ្យកើតឡើង ស្ថិតនៅលើអាកាសសម្ដែងធម៌ដល់មាហជន ហើយហោះទៅកាន់ញកភ្នំនន្ទមូលក៍ដូចគ្នា ។ នៅមានមួយនាក់ទៀត ជាមេស្រុកក្នុងដែនកាសីនោះឯង បានហាមការលក់ដូរទឹកស្រវឹង ត្រូវមហាជននាំគ្នាសួរថា លោកម្ចាស់ កាលមុនពេលនេះជាពេលលេងមហោស្រព ហៅថា សុរាឆ័ណ (សុរាដែលផឹកក្នុងថ្ងៃមហោស្រព) ពួកខ្ញុំនឹងធ្វើយ៉ាងណា ។ មេស្រុកទើបពោលថា ពួកលោកចូរធ្វើតាមទម្លាប់ដូចកាលពីមុនចុះ ។ ពួកមនុស្សនាំគ្នាលេងមហោស្រព ផឹកសុរាហើយ កាលធ្វើនូវជម្លោះ ទើបបាក់ដៃជើង បែកក្បាល ដាច់ត្រចៀក និងចងដោយរបស់ពិន័យជាច្រើន ។ មេស្រុកឃើញពួកមនុស្សទាំងនោះហើយ គិតថា កាលយើងមិនអនុញ្ញាត មនុស្សទាំងនេះក៏មិនត្រូវទទួលទុក្ខ ។ គាត់ធ្វើនូវសេចក្ដីក្ដៅក្រហាយចិត្តដោយ​ហេតុ​ត្រឹមប៉ុណ្ណេះ ថិតនៅដោយអាស្រ័យនឹងវាតបាន (ឈរផ្អែកបង្អួច) ចម្រើនវិបស្សនា បានញ៉ាំងបច្ចេក​ពោធិញាណឲ្យកើតឡើង ស្ថិតនៅលើអាកាសសម្ដែងថា អប្បមត្តាហោថ ​ពួកលោកចូរជាអ្នកមិនប្រមាទ ហើយហោះទៅកាន់ញកភ្នំនន្ទមូលក៍ដូចគ្នា ។ ក្នុងកាលជាចំណែកខាងក្រោយមក ព្រះបច្ចេកពុទ្ធទាំង ៥ ព្រះអង្គ ហោះមកចុះត្រង់ទ្វារក្រុងពារាណសី ​ដើម្បីភិក្ខាចារ ស្លៀកដណ្ដប់សំពត់យ៉ាងរៀបរយ ត្រាច់ប្រោសសត្វ ដោយឥរិយាបថមានការឈាន​ទៅមុខជាដើម ដែលគួរជ្រះថ្លា រហូតដល់ទ្វារព្រះរាជវាំង ។ ព្រះរាជាទតឃើញព្រះបច្ចេកពុទ្ធទាំងនោះ ទ្រង់មានចិត្តជ្រះថ្លា និមន្តឲ្យចូលទៅកាន់ព្រះរាជនិវេសន៍ លាងព្រះបាទ និងលាបដោយប្រេងក្រអូប ហើយអង្គាសដោយខាទនីយៈនិងភោជនីយៈដ៏ប្រណីត ប្រថាប់ក្នុងទីដ៏សមគួរមួយ ត្រាស់សួរថា បពិត្រព្រះគុណម្ចាស់ទាំងឡាយ ការបព្វជ្ជាក្នុងបឋមវ័យរបស់លោកម្ចាស់ទាំងឡាយ គួរឲ្យជ្រះថ្លាពិត ការបព្វជ្ជាក្នុងវ័យនេះ លោកម្ចាស់ទាំងឡាយ ឃើញទោសក្នុងកាមទាំងឡាយដូចម្ដេច អ្វីជាអារម្មណ៍របស់លោកម្ចាស់ ? ព្រះបច្ចេកពុទ្ធទាំងនោះ កាលនឹងទូលដល់ព្រះរាជានោះ ទើបសម្ដែងជាគាថា (ម្ដងមួយអង្គ ៗ ) ថា (ព្រះបច្ចេកពុទ្ធ ទី ១ បានសំដែងថា) មិត្តោ មិត្តស្ស បានីយំ, អទិន្នំ បរិភុញ្ជិសំ; តេន បច្ឆា វិជិគុច្ឆិំ, តំ បាបំ បកតំ មយា; មា បុន អករំ បាបំ, តស្មា បព្ពជិតោ អហំ។ អាត្មាភាពជាមិត្រ (នៃមិត្រម្នាក់) បានប្រើប្រាស់ទឹក ដែលមិត្រនោះ មិនឲ្យហើយ ហេតុនោះ អាត្មាភាពខ្ពើមរអើម ក្នុងកាលជាខាងក្រោយ អាត្មាភាពបានធ្វើបាបនោះហើយ អាត្មាភាពលែងធ្វើបាបទៀតហើយ ព្រោះហេតុនោះ បានជាអាត្មាភាពបួស ។ (ព្រះបច្ចេកពុទ្ធ ទី ២ បានសំដែងថា) បរទារញ្ច ទិស្វាន, ឆន្ទោ មេ ឧទបជ្ជថ; តេន បច្ឆា វិជិគុច្ឆិំ, តំ បាបំ បកតំ មយា; មា បុន អករំ បាបំ, តស្មា បព្ពជិតោ អហំ។ សេចក្តីបា្រថា្ន (ក្នុងកាម) កើតឡើងដល់អាត្មាភាព ព្រោះឃើញនូវប្រពន្ធរបស់បុគ្គលដទៃ ព្រោះហេតុនោះ អាត្មាភាពខ្ពើមរអើម ក្នុងកាលជាខាងក្រោយ អាត្មាភាពបានធ្វើបាបនោះហើយ អាត្មាភាព លែងធ្វើបាបទៀតហើយ ព្រោះហេតុនោះ បានជាអាត្មាភាពបួស ។ (ព្រះបច្ចេកពុទ្ធ ទី ៣ បានសំដែងថា) បិតរំ មេ មហារាជ, ចោរា អគណ្ហុ កាននេ; តេសាហំ បុច្ឆិតោ ជានំ, អញ្ញថា នំ វិយាករិំ។ តេន បច្ឆា វិជិគុច្ឆិំ, តំ បាបំ បកតំ មយា; មា បុន អករំ បាបំ, តស្មា បព្ពជិតោ អហំ។ បពិត្រមហារាជ ពួកចោរបានចាប់បិតារបស់អាត្មាភាពក្នុងព្រៃ អាត្មាភាពដែលពួកចោរនោះសួរហើយ ទុកជាដឹង ក៏បា្រប់ហេតុនោះ ដោយចំណែកដទៃវិញ ។ ព្រោះហេតុនោះ អាត្មាភាពខ្ពើមរអើម ក្នុងកាលជាខាងក្រោយ អាត្មាភាពបានធ្វើបាបនោះហើយ អាត្មាភាពលែងធ្វើបាបទៀតហើយ ព្រោះហេតុនោះ បានជាអាត្មាភាពបួស ។ (ព្រះបច្ចេកពុទ្ធ ទី ៤ បានសំដែងថា) បាណាតិបាតមករុំ, សោមយាគេ ឧបដ្ឋិតេ; តេសាហំ សមនុញ្ញាសិំ។ តេន បច្ឆា វិជិគុច្ឆិំ, តំ បាបំ បកតំ មយា; មា បុន អករំ បាបំ, តស្មា បព្ពជិតោ អហំ។ ការសែនព្រេន ឈ្មោះសោមយាគ តាំងឡើងហើយ ពួកមនុស្សបានធ្វើបាណាតិបាត អាត្មាភាពក៏អនុញ្ញាតឲ្យពួកមនុស្សនោះ ។ ព្រោះហេតុនោះ អាត្មាភាពខ្ពើមរអើម ក្នុងកាលជាខាងក្រោយ អាត្មាភាពបានធ្វើបាបនោះហើយ អាត្មាភាពលែងធ្វើបាបទៀតហើយ ព្រោះហេតុនោះ បានជាអាត្មាភាពបួស ។ (ព្រះបច្ចេកពុទ្ធ ទី ៥ បានសំដែងថា) សុរាមេរយមាធុកា, យេ ជនា បឋមាសុ នោ; ពហូនំ តេ អនត្ថាយ, មជ្ជបានមកប្បយុំ; តេសាហំ សមនុញ្ញាសិំ។ តេន បច្ឆា វិជិគុច្ឆិំ, តំ បាបំ បកតំ មយា; មា បុន អករំ បាបំ, តស្មា បព្ពជិតោ អហំ។ ពួកជនណា (ក្នុងស្រុក) របស់យើង ដែលសម្គាល់សុរា និងមេរ័យ ថាដូចទឹកឃ្មុំ ជាជន (មានសភាពយ៉ាងនេះ) ជាដំបូង ពួកជននោះ បានចាត់ចែងទឹកស្រវឹង ដើម្បីសេចក្តីវិនាសដល់ពួកជនច្រើន អាតា្មភាពបានអនុញ្ញាត ឲ្យពួកជននោះ ។ ព្រោះហេតុនោះ អាត្មាភាពខ្ពើមរអើម ក្នុងកាលជាខាងក្រោយ អាត្មាភាពបានធ្វើបាបនោះហើយ អាត្មាភាពលែងធ្វើបាបទៀតហើយ ព្រោះហេតុនោះ បានជាអាត្មាភាពបួស ។ ព្រះបច្ចេកពុទ្ធទាំងឡាយបានសម្ដែងទាំង ៥ គាថានេះ ដោយលំដាប់ ។ ចំណែកព្រះរាជាស្ដាប់ពាក្យរបស់ព្រះបច្ចេកពុទ្ធមួយអង្គៗហើយ ទ្រង់សរសើរថា បពិត្រព្រះគុណម្ចាស់ទាំងឡាយ បព្វជ្ជានេះសមគួរដល់លោកម្ចាស់ទាំងឡាយហើយ។ បណ្ដាបទទាំងនោះ បទថា មិត្តោ មិត្តស្ស សេចក្ដីថា បពិត្រមហារាជ អាត្មាភាពជាមិត្ត របស់មិត្ត បាន​ផឹកទឹករបស់មិត្តនោះ ដោយនិយាមនេះ ។ បទថា តស្មា សេចក្ដីថា ឈ្មោះថា បុថុជ្ជនទាំងឡាយតែងធ្វើ​នូវបាបកម្ម ព្រោះហេតុណា អាត្មាភាពមិនធ្វើបាបកម្មនោះទៀត ព្រោះហេតុនោះ ។ បទថា បាបំ សេចក្ដី​ថា អាត្មាភាពបានធ្វើបាបនោះ ឲ្យជាអារម្មណ៍ហើយបួស ។ បទថាឆន្ទោ សេចក្ដីថា បពិត្រមហារាជ ព្រោះឃើញភរិយារបស់អ្នកដទៃ ដោយទំនងនេះ សេចក្ដីពេញចិត្តទើបកើតឡើងដល់អាត្មាភាព ។ បទ​ថា អគណ្ហុ ប្រែថា បានរួមគ្នាចាប់ ។ បទថា ជានំ សេចក្ដីថា អាត្មាភាពត្រូវពួកចោរនោះសួរថា អ្នកនេះជាអ្វីនឹងលោក ទាំងដែលដឹងហើយ ក៏ឆ្លើយជាយ៉ាងដទៃថា មិនជាអ្វីនឹងខ្ញុំទេ ។ បទថាសោម​យាគេ សេចក្ដីថា កាលមហោស្រពប្រាកដឡើង ពួកមនុស្សនាំគ្នាធ្វើពលីកម្មដល់ យក្ស ឈ្មោះថា ពិធី​សោម​យាគៈ ពេលពិធីនោះប្រាកដហើយ អាត្មាភាពក៏អនុញ្ញាត ។ បទថា សុរាមេរយមាធុកា សេច​ក្ដី​ថា ពួកជនដែលសម្គាល់សុរាមានសុរាដែលលាយដោយម្សៅជាដើមនិងមេរ័យមានទឹកត្រាំដោយផ្កា​ឈើ​ជាដើមថា ដូចជាទឹកឃ្មុំ ។ បទថា យេ ជនាបឋមាសុ នោ សេចក្ដីថា ពួកជននោះមានហើយ គឺមានមកយូរហើយក្នុងស្រុករបស់ពួកយើង ។ បទថា ពហូនំ តេ សេចក្ដីថា ពួកជនទាំងនោះ កាលលេងមហោស្រពហើយ មានការផឹកសុរា សេចក្ដីវិនាសមានដល់ជនដ៏ច្រើនក្នុងមួយថ្ងៃ ។ ព្រះរាជាស្ដាប់ព្រះធម្មទេសនារបស់ព្រះបច្ចេកពុទ្ធទាំងនោះហើយ មានចិត្តជ្រះថ្លា ទ្រង់ថ្វាយសំពត់ចីវរនិងភេសជ្ជៈ ហើយទ្រង់បញ្ជូនព្រះបច្ចេកពុទ្ធទាំងនោះទៅ ។ សូម្បីព្រះបច្ចេកពុទ្ធទាំងនោះ ក៏ធ្វើអនុមោទនាដល់ព្រះរាជាហើយនាំគ្នាទៅក្នុងពេលនោះឯង ។ តាំងតែពីពេលនោះមក ព្រះរាជាទ្រង់នឿយនាយ ជាអ្នកមិនមានការសម្លឹងក្នុងវត្ថុកាមទាំងឡាយ ទ្រង់សោយព្រះក្រយាហារដែលមានរសដ៏លើសផ្សេងៗ ទ្រង់មិនហៅ មិនទតមើលពួកស្ត្រី មានចិត្តនឿយនាយ ស្ដេចយាងចូលបន្ទប់ដ៏មានសិរី ប្រថាប់អង្គុយធ្វើកសិណបរិកម្មត្រង់ជញ្ជាំងដែលមានពណ៌ស ទ្រង់បានធ្វើឈានឲ្យកើតឡើងហើយ ។ ព្រះអង្គបានដល់នូវឈានហើយ កាលនឹងតិះដៀលកាមទាំងឡាយ ទើបត្រាស់ព្រះគាថាថា ធិរត្ថុ សុពហូ កាមេ, ទុគ្គន្ធេ ពហុកណ្ដកេ; យេ អហំ បដិសេវន្តោ, នាលភិំ តាទិសំ សុខំ។ គួរឲ្យតិះដៀលកាមដ៏ច្រើន ដែលមានក្លិនអាក្រក់ មានសត្រូវច្រើន ព្រោះថា អាត្មាអញបានសេពហើយ ក៏មិនបានសេចក្តីសុខ (ក្នុងឈាន) បា្រកដដូច្នោះ ។ បណ្ដាបទទាំងនោះ បទថា ពហុកណ្ដកេ សេចក្ដីថា ពួកបច្ចាមិត្រច្រើន ។ បាលីថា យេ អហំ គឺ យោ អហំ បាលីនេះឯង ។ បទថា តាទិសំ បានដល់ សេចក្ដីសុខក្នុងឈាន គឺវៀចាកកិលេស ។ លំដាប់នោះ ព្រះអគ្គមហេសីរបស់ព្រះរាជាត្រិះរិះថា ព្រះរាជាអង្គនេះទ្រង់ស្ដាប់ធម្មកថារបស់ព្រះបច្ចេកពុទ្ធទាំងឡាយហើយ ទ្រង់មានឥរិយាបថនឿយនាយ មិនត្រាស់នឹងយើង ស្ដេចចូលព្រះដំណាក់ដ៏ទ្រង់សិរី យើងនឹងរង់ចាំចាប់ព្រះអង្គ ដូចនេះហើយ ព្រះនាងទើបយាងទៅទ្វារព្រះដំណាក់ ឈរទ្រង់ទ្វារហើយស្ដាប់ព្រះឧទាន របស់ព្រះរាជាដែលកំពុងតិះដៀលកាមទាំងឡាយ ទើបត្រាស់ថា បពិត្រមហារាជ ព្រះអង្គតិះដៀលកាម តែឈ្មោះថាសេចក្ដីសុខដែលស្មើដោយកាម មិនមាន កាលនឹងទ្រង់ពណ៌នាដល់សេចក្ដីសុខក្នុងកាម ទើបត្រាស់ព្រះគាថាថា មហស្សាទា សុខា កាមា, នត្ថិ កាមា បរំ សុខំ; យេ កាមេ បដិសេវន្តិ, សគ្គំ តេ ឧបបជ្ជរេ។ កាមទាំងឡាយ មានសេចក្តីរីករាយច្រើន ជាសុខ សេចក្តីសុខក្រៅអំពីកាម មិនមានទេ ពួកជនណាបានសេពកាមទាំងឡាយ ពួកជននោះ តែងកើតក្នុងឋានសួគ៌ ។ បណ្ដាបទទាំងនោះ បទថា មហស្សាទា សេចក្ដីថា បពិត្រមហារាជ ធម្មតាថា កាមទាំងនេះមានសេចក្ដីរីករាយច្រើន សេចក្ដីសុខដទៃដែលក្រៃលែងជាងនេះ មិនមាន ព្រោះអ្នកសេពកាមជាប្រក្រតី នឹងមិនចូលដល់អបាយទាំងឡាយ នឹងនាំគ្នាទៅកើតក្នុងឋានសួគ៌ ។ ព្រះពោធិសត្វស្ដាប់ព្រះសវនីយ៍នោះហើយ កាលនឹងទ្រង់តិះដៀលថា នែវសលិ នាងនិយាយអ្វី ឈ្មោះថា សេចក្ដីសុខក្នុងកាមនឹងមានមកពីណា កាមទាំងនេះជាវិបរិណាមទុក្ខ ទើបទ្រង់ត្រាស់ព្រះគាថាដ៏សេសថា អប្បស្សាទា ទុខា កាមា, នត្ថិ កាមា បរំ ទុខំ; យេ កាមេ បដិសេវន្តិ, និរយំ តេ ឧបបជ្ជរេ។ កាមទាំងឡាយ មានសេចក្តីរីករាយតិច ជាទុក្ខ សេចក្តីទុក្ខក្រៅអំពីកាម មិនមានទេ ពួកជនណា សេពកាមទាំងឡាយ ពួកជននោះ តែងកើតក្នុងនរក ។ អសី យថា សុនិសិតោ, នេត្តិំសោវ សុបាយិកោ; សត្តីវ ឧរសិ ខិត្តា, កាមា ទុក្ខតរា តតោ។ កាមទាំងឡាយ មានសេចក្តីទុក្ខ លើសជាងដាវ ដែលសំលៀងហើយ ជាងព្រះខាន់ដែលលាបដោយថ្នាំពិស ទាំងជាងលំពែងដែលពួយត្រង់ទ្រូង ។ អង្គារានំវ ជលិតំ, កាសុំ សាធិកបោរិសំ; ផាលំវ ទិវសំតត្តំ, កាមា ទុក្ខតរា តតោ។ កាមទាំងឡាយ មានសេចក្តីទុក្ខ លើសជាងរងើកភ្លើង ដ៏ច្រាលឆ្អៅ ជាងរណ្តៅរងើកភ្លើង មានជម្រៅមួយទ្រទូង ឬអណ្តាតភ្លើង ដែលក្តៅពេញមួយថ្ងៃ ។ វិសំ យថា ហលាហលំ, តេលំ បក្កុថិតំ យថា; តម្ពលោហវិលីនំវ, កាមា ទុក្ខតរា តតោ។ កាមទាំងឡាយ មានសេចក្តីទុក្ខ លើសជាងថ្នាំពុលដ៏ក្លៀវក្លា ឬប្រេងកំពុងពុះ ឬក៏ទង់ដែងរលាយ ។ បណ្ដាបទទាំងនោះ បទថា នេត្តិំសោ សេចក្ដីថា ស្មើគ្នានឹង នេត្តិសោ ។ ពាក្យថានេត្តិំសោ ​សូម្បីនេះជាឈ្មោះនៃព្រះខាន់ប្រភេទនោះ ។ បទថា ទុក្ខតរា សេចក្ដីថា សេចក្ដីទុក្ខពួកណា ដែលនឹងកើតដល់បុគ្គល ព្រោះអាស្រ័យរណ្ដៅធ្យូងភ្លើងដែលឆេះឡើង ឬអន្ទាក់សំណាញ់ដែកដែលត្រូវអាំងរហូតថ្ងៃយ៉ាងនេះ កាមទាំងឡាយនេះឯង នៅជាទុក្ខក្រៃលែងជាងសេចក្ដីទុក្ខនេះទៀត ។ ក្នុងគាថាតទៅ មានសេចក្ដីថា ថ្នាំពិសជាដើមពួកនោះ ឈ្មោះថា ជាទុក្ខ ព្រោះនាំសេចក្ដីទុក្ខមកឲ្យយ៉ាង​ណា សូម្បីកាមទាំងឡាយក៏ជាទុក្ខយ៉ាងនោះដែរ តែសេចក្ដីទុក្ខនោះជាសេចក្ដីទុក្ខដែលក្រៃលែងជាងសេចក្ដីទុក្ខទាំងពួង ។ ព្រះមហាសត្វសម្ដែងធម៌ ដល់ព្រះទេវី យ៉ាងនេះហើយ ទ្រង់ឲ្យពួកអាមាត្យប្រជុំគ្នា ហើយត្រាស់ថា ម្នាលអាមាត្យទាំងឡាយ ពួកអ្នកចូរទទួលរាជសម្បត្តិចុះ យើងនឹងបួស ក្នុងពេលដែលមហាជនកំពុងកន្ទក់កន្ទេញនោះឯង ស្ដេចក្រោកឡើង ទៅប្រថាប់លើអាកាស ប្រទានព្រះឱវាទ ហើយស្ដេចទៅកាន់ព្រៃហិមពាន្តនៅទិសខាងជើង តាមផ្លូវអាកាសនោះឯង ទ្រង់សាងអាស្រមក្នុងទីដែលគួររីករាយ បួសជាឥសី ក្នុងទីបំផុតនៃព្រះជន្ម ជាអ្នកមានព្រហ្ម-លោកប្រព្រឹត្តទៅក្នុងទីខាងមុខ ។ ព្រះសាស្ដានាំព្រះធម្មទេសនានេះមកហើយទើបត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ឈ្មោះថាកិលេសដែលជារបស់តិចតួច មិនមានឡើយ សូម្បីមានប្រមាណតិច ក៏បណ្ឌិតទាំងឡាយ នាំគ្នាសង្កត់សង្កិនដែរ ដូច្នេះហើយ ទើបទ្រង់ប្រកាសសច្ចៈទាំងឡាយ កាលចប់សច្ចៈ ភិក្ខុទាំង ៥០០ រូបនោះ ក៏បានតាំងនៅក្នុងព្រះអរហត្ត រួចហើយប្រជុំជាតកថា តទា បច្ចេកពុទ្ធា បរិនិព្ពាយិំសុ ព្រះបច្ចេកពុទ្ធទាំងឡាយក្នុងកាលនោះបរិនិព្វានហើយ ។ ទេវី រាហុលមាតា អហោសិ ព្រះទេវីបានមកជារាហុលមាតា ។ រាជា បន អហមេវ អហោសិំ ចំណែកព្រះរាជា គឺ តថាគត នេះឯង ។ ចប់ បានីយជាតក ។ (ជាតកដ្ឋកថា សុត្តន្តបិដក ខុទ្ទកនិកាយ ជាតក ឯកាទសកនិបាត បិដកលេខ ៥៩ ទំព័រ ២២៤) ដោយខេមរ អភិធម្មាវតារ ដោយ៥០០០ឆ្នាំ
images/articles/2893/tetryrepic.jpg
មិគាលោបជាតក
ផ្សាយ : ០១ កក្តដា ឆ្នាំ២០២២
ព្រះសាស្ដា កាលស្ដេចគង់នៅវត្តជេតពន ទ្រង់ប្រារព្ធនូវភិក្ខុដែលប្រដៅក្រមួយរូប បានត្រាស់ព្រះធម្មទេសនាមានពាក្យថា ន មេ រុចិ្ច ដូច្នេះជាដើម ។ គ្រានោះ ព្រះសាស្ដាត្រាស់ហៅភិក្ខុនោះមកហើយ ត្រាស់ថា ម្នាលភិក្ខុ បានឮថា អ្នកជាមនុស្សប្រដៅក្រ ពិតមែនឬ ? កាលភិក្ខុនោះទូលថា ពិតមែនហើយ ព្រះអង្គ ។ ព្រះអង្គទើបត្រាស់ថា ម្នាលភិក្ខុ មិនមែនតែក្នុងពេលនេះទេ សូម្បីក្នុងកាលមុន អ្នកក៏ជាមនុស្សប្រដៅក្រដែរ ព្រោះអាស្រ័យភាពជាមនុស្សប្រដៅក្រ មិនស្ដាប់ពាក្យរបស់បណ្ឌិតទាំងឡាយ អ្នកបានដល់សេចក្ដីវិនាស ក្នុងមាត់ខ្យល់វេរម្ភៈ ហើយទ្រង់នាំយកអតីតនិទាន មកសម្ដែងថា ក្នុងអតីតកាល កាលព្រះបាទព្រហ្មទត្ត គ្រងរាជសម្បត្តិក្នុងនគរពារាណសី ព្រះពោធិសត្វកើតក្នុងកំណើតសត្វត្មាត មានឈ្មោះថា អបនន្ទៈ ។ ត្មាតពោធិសត្វនោះ មានហ្វូងត្មាតជាបរិវារ នៅលើភ្នំគិជ្ឈកូដ ។ ចំណែកកូនរបស់ព្រះពោធិសត្វមានឈ្មោះថា មិគាលោបៈ ជាអ្នកដល់ព្រមដោយថាមពល ត្មាតនោះហើរខ្ពស់ឡើង កន្លងនូវដែនរបស់ត្មាតដទៃទៀត ។ ត្មាតទាំងឡាយប្រាប់ស្ដេចត្មាតថា បុត្ររបស់ព្រះអង្គហើរឆ្ងាយណាស់ ។ ព្រះពោធិសត្វនោះប្រកាស់ហៅនូវបុត្រនោះថា ម្នាលកូន បានឮថា អ្នកហើរខ្ពស់ណាស់ កាលបើអ្នកហើរខ្ពស់ អ្នកនឹងដល់នូវការអស់ជីវិត ដូច្នេះហើយ ទើបពោលគាថាទាំងឡាយ ៣ ថា ន មេ រុច្ចិ មិគាលោប, យស្ស តេ តាទិសី គតី; អតុច្ចំ តាត បតសិ, អភូមិំ តាត សេវសិ។ ម្នាលមិគាលោបៈ ដំណើររបស់អ្នកប្រាកដដូច្នោះ មិនពេញចិត្តអញទេ ម្នាលកូន ដ្បិតអ្នកហើរទៅខ្ពស់ពេក ម្នាលកូន អ្នកសេពគប់នូវទីមិនមែនផែនដី ។ ចតុក្កណ្ណំវ កេទារំ, យទា តេ បថវី សិយា; តតោ តាត និវត្តស្សុ, មាស្សុ ឯត្តោ បរំ គមិ។ ផែនដីប្រាកដដល់អ្នក ដូចជាស្រែមានជ្រុង ៤ ម្នាលកូន ចូរអ្នកត្រឡប់អំពីទីនោះមកវិញ កុំទៅហួសអំពីទីនេះឡើយ ។ សន្តិ អញ្ញេបិ សកុណា, បត្តយានា វិហង្គមា; អក្ខិត្តា វាតវេគេន, នដ្ឋា តេ សស្សតីសម។ ពួកសកុណជាតិឯទៀត មានស្លាបជាយាន ទៅកាន់អាកាស ពួកសត្វទាំងនោះ សម្គាល់ខ្លួនថា ស្មើដោយវត្ថុដ៏ទៀងទាត់ ត្រូវកម្លាំងខ្យល់បក់បោកវិនាស ។ គប្បីជ្រាបវិនិច្ឆ័យក្នុងបទទាំងនោះ ត្មាតបិតាហៅកូនដោយឈ្មោះថា មិគាលោបៈ ។ បទថា អតុច្ចំ តាត បតសិ សេចក្ដីថា ម្នាលកូន អ្នកកុំហើរខ្ពស់ពេក កន្លងដែនរបស់ត្មាតដទៃឡើយ ។ ត្មាតបិតាប្រាប់ដែនដល់កូន ដោយពាក្យនេះថា ចតុក្កណ្ណំវ កេទារំ គឺដូចស្រែ មាន ៤ ជ្រុង អធិប្បាយថា កូនអើយ កាលផែនដីដ៏ធំនេះហាក់ដូចជាស្រែ ៤ ជ្រុង ដល់អ្នកហើយ គឺប្រាកដដូចជាតូចយ៉ាងនោះ កាលនោះអ្នកគួរត្រឡប់ អំពីឋានៈដែលមានសភាពដូចនោះ អ្នកកុំទៅទៀតឡើយ ។ បទថា សន្តិ អញ្ញេបិ សេចក្ដីថា មិនមែនតែអ្នកប៉ុណ្ណោះសូម្បីត្មាតទាំងឡាយដទៃ ក៏ធ្វើយ៉ាងនោះ ។ បទថា អក្ខិត្តា សេចក្ដីថា សូម្បីត្មាតទាំងនោះ កន្លងនូវដែនរបស់យើង ទៅហើយ ត្រូវកម្លាំងខ្យល់កន្ត្រាក់ហើយ ក៏វិនាស ។ បទថា សស្សតីសមា សេចក្ដីថា ពួកវាសម្គាល់ខ្លួនថា ជាអ្នកស្មើដោយផែនដី និងភ្នំទាំងឡាយដែលជាវត្ថុទៀងទាត់ សូម្បីតែមិនអាចបំពេញនូវអាយុដែលមានបរិមាណ ១០០០ ឆ្នាំរបស់ខ្លួន, បានវិនាសហើយ នៅរវាងនោះ ។ មិគាលោបៈមិនធ្វើនូវពាក្យរបស់បិតាព្រោះភាពជាអ្នកមិនស្ដាប់ឱវាទ កាលហើរទៅ បានឃើញនូវដែនតាមដែលបិតាប្រាប់ហើយ នៅតែហើរកន្លងដែននោះទៅ ក៏ដល់ខ្យល់ កាលវាត (ខ្យល់រដូវកាល) ហើយទន្លុះខ្យល់សូម្បីនោះ ហើរស្ទុះទៅកាន់មុខខ្យល់វេរម្ភៈ លំដាប់នោះ ខ្យល់វេរម្ភៈក៏ប្រហារនូវមិគាលោបៈនោះ ។ មិគាលោបៈគ្រាន់តែត្រូវខ្យល់ វេរម្ភៈនោះប្រហារហើយ ក៏ដាច់ជាបំណែកតូចធំ វិនាសទៅក្នុងអាកាសនោះឯង ។ ដោយហេតុនោះ ព្រះសម្មាសម្ពុទ្ធទើបសម្ដែងថា អកត្វា អបនន្ទស្ស, បិតុ វុទ្ធស្ស សាសនំ; កាលវាតេ អតិក្កម្ម, វេរម្ភានំ វសំ អគា។ មិគលោបៈ មិនធ្វើតាមពាក្យប្រដៅរបស់បិតាចាស់ ឈ្មោះអបនន្ទៈ ហើរកន្លងនូវខ្យល់ រដូវកាល បានទៅដល់អំណាចនៃខ្យល់ព្យុះ ។ តស្ស បុត្តា ច ទារា ច, យេ ចញ្ញេ អនុជីវិនោ; សព្ពេ ព្យសនមាបាទុំ, អនោវាទករេ ទិជេ។ កូនក្តី ប្រពន្ធក្តី ឬសត្វឯទៀត ជាអ្នកចិញ្ចឹមជីវិត តាមមិគាលោបៈនោះ ពួកសត្វស្លាបទំាងអស់ ក៏ដល់នូវសេចក្តីវិនាស ព្រោះទិជជាតិ (សត្វដែលកើតក្នុវារៈពីរដងបានដល់សត្វជាអណ្ឌជកំណើតមានសត្វស្លាបជាដើម) មិនធ្វើតាមឱវាទ ។ ឯវម្បិ ឥធ វុទ្ធានំ, យោ វាក្យំ នាវពុជ្ឈតិ; អតិសីមចរោ ទិត្តោ, គិជ្ឈោវាតីតសាសនោ; សព្ពេ ព្យសនំ បប្បោន្តិ, អកត្វា វុទ្ធសាសនំ។ បុគ្គលណា មិនយល់នូវពាក្យ របស់បុគ្គលចាស់ទុំ ក្នុងលោកនេះ បុគ្គលនោះ (ដល់នូវសេចក្តីវិនាស) ដូចជាត្មាតកន្លងពាក្យប្រៀនប្រដៅ ជាសត្វភ្លើតភ្លើនត្រាច់ទៅ កាន់ទីហួសដែន ជនទាំងអស់ដល់នូវសេចក្តីវិនាស ព្រោះមិនធ្វើតាមពាក្យប្រដៅរបស់ព្រះពុទ្ធ ។ គាថាទាំងឡាយ ៣ នេះ ជាអភិសម្ពុទ្ធគាថា ។ បណ្ដាបទទាំងនោះ បទថា អនុជីវិនោ បានដល់ ត្មាតដែលអាស្រ័យត្មាតមិគាលោបៈនោះ ។ បទថា អនោវាទករេ ទិជេ សេចក្ដីថា កាលត្មាតមិគាលោបៈនោះ មិនធ្វើតាមឱវាទ ត្មាតទាំងនោះហើរទៅជាមួយត្មាតមិគាលោបៈនោះកន្លងនូវដែន ដល់នូវសេចក្ដីវិនាស ។ បទថា ឯវម្បិ សេចក្ដីថា ម្នាលភិក្ខុទាំងឡាយ ត្មាតនោះដល់សេចក្ដីវិនាសហើយយ៉ាងណា សូម្បីអ្នកដទៃណា ជាគ្រហស្ថក្ដី ជាបព្វជិតក្ដី ក៏យ៉ាងនោះដូចគ្នា មិនកាន់នូវពាក្យរបស់បណ្ឌិតទាំងឡាយ ដែលជាអ្នកអនុគ្រោះដល់សេចក្ដីចម្រើន សូម្បីអ្នកនោះនឹងវិនាសដូចត្មាតនេះ ដែលត្រាច់ទៅកន្លងនូវដែន ជាអ្នករឹងរូសនោះឯង ។ ព្រះសាស្ដា កាលនាំព្រះធម្មទេសនានេះមកហើយ ទ្រង់ប្រកាសសច្ចៈទាំងឡាយ ហើយប្រជុំជាតកថា តទា មិគាលោបោ ទុព្ពចភិក្ខុ អហោសិ ត្មាតមិគាលោបៈក្នុងកាលនោះ បានមកជា ភិក្ខុប្រដៅក្រនេះ ។ អបនន្ទោ បន អហមេវ អហោសិំ ចំណែកស្ដេចត្មាតឈ្មោះអបនន្ទៈ គឺ តថាគត នេះឯង ។ ចប់ មិគាលោបជាតក ៕ (ជាតកដ្ឋកថា សុត្តន្តបិដក ខុទ្ទកនិកាយ ជាតក ឆក្កនិបាត អវារិយវគ្គ បិដកលេខ ៥៩ ទំព័រ ៤៣ ) ដោយខេមរ អភិធម្មាវតារ ដោយ៥០០០ឆ្នាំ
images/articles/2898/cew45tpic.jpg
មាតុបោសកជាតក
ផ្សាយ : ០១ កក្តដា ឆ្នាំ២០២២
ព្រះសាស្ដា កាលស្ដេចគង់នៅវត្តជេតពន ទ្រង់ប្រារព្ធភិក្ខុដែលចិញ្ចឹមមាតា បានត្រាស់ព្រះធម្មទេសនានេះ មានពាក្យថា តស្ស នាគស្ស វិប្បវាសេន ដូច្នេះជាដើម ។ បច្ចុប្បន្នវត្ថុ ប្រាកដដូចសាមជាតកវត្ថុនោះឯង ។ ចំណែកព្រះសាស្ដាត្រាស់ហៅឲ្យភិក្ខុទាំងឡាយមកហើយ ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយកុំលើកទោសភិក្ខុនេះឡើយ បោរាណបណ្ឌិតទាំងឡាយសូម្បីកើតក្នុងកំណើតសត្វតិរច្ឆាន កាលព្រាត់ប្រាស់ចាកមាតា ក៏ស្គាំងស្គម ព្រោះអត់អាហារអស់ ៧ ថ្ងៃ សូម្បីបានភោជនដែលសមគួរដល់ព្រះរាជា ហើយគិតថា យើងវៀរចាកមាតាហើយ នឹងមិនបរិភោគ ទាល់តែបានឃើញមាតា ទើបកាន់យកនូវអាហារ ដូច្នេះហើយ កាលដែលភិក្ខុទាំងឡាយទូលអង្វរអារាធនា ទើបទ្រង់នាំយកអតីតនិទានមកសម្ដែងថា ក្នុងអតីតកាល កាលព្រះបាទព្រហ្មទត្តសោយរាជសម្បត្តិក្នុងនគរពារាណសី គ្រានោះ ព្រះពោធិសត្វកើតក្នុងកំណើតដំរី ក្នុងហិមវន្តប្រទេស មានពណ៌សសុទ្ធ មានរូបស្អាត គួរពេចពិលរមិលមើល គួរជាទីជ្រះថ្លា ដល់ព្រមដោយលក្ខណៈ មានដំរី ៨០០០០ ជាបរិវារ ។ ព្រះពោធិសត្វនោះ ចិញ្ចឹមមាតាដែលចាស់ជរា មាតារបស់ព្រះពោធិសត្វជាដំរីខ្វាក់ភ្នែក ។ ព្រះពោធិសត្វបានឲ្យផលាផល ដែលមានរសផ្អែមទាំងឡាយដល់ដំរី ហើយបញ្ជូនទៅកាន់សម្នាក់មាតា ។ ដំរីទាំងឡាយមិនបានឲ្យដល់មេដំរីនោះឡើយ នាំគ្នាបរិភោគដោយខ្លួន ។ ព្រះពោធិសត្វកំណត់ដឹងរឿងនោះហើយ គិតថា យើងលះបង់នូវហ្វូងហើយនឹងទៅចិញ្ចឹមមាតា ពេលដល់ចំណែកនៃរាត្រីហើយ កាលដំរីទាំងឡាយដទៃមិនដឹង ទើបនាំមាតា ទៅកាន់ជើងភ្នំ ឈ្មោះ ចណ្ឌោរណៈ ទុកមាតាក្នុងគុហាភ្នំ ដែលឋិតនៅជាប់តំបន់មួយ ហើយក៏ចិញ្ចឹម ។ លំដាប់នោះ ព្រានព្រៃដែលរស់នៅនគរពារាណសីមួយរូប វង្វេងផ្លូវ មិនអាចនឹងកំណត់នូវទិស បានស្រែកយំដោយសំឡេងដ៏ខ្លាំង ។ ព្រះពោធិសត្វស្ដាប់នូវសំឡេងរបស់ព្រាននោះហើយ គិតថា បុរសនេះជាមនុស្សអនាថា បើគេវិនាសក្នុងទីដែលយើងឋិតនៅនោះ មិនសមគួរឡើយ ដូចនេះហើយ ទើបទៅរកគេ ឃើញគេកំពុងគេចទៅដោយសេចក្ដីភ័យខ្លាច ក៏សួរថា អម្ភោ នែបុរសដ៏ចម្រើន លោកកុំមានភ័យព្រោះអាស្រ័យយើងឡើយ លោកកុំគេចទៅអី ព្រោះហេតុអ្វី លោកទើបស្រែកយំត្រាច់ទៅដូច្នេះ កាលគេពោលថា បពិត្រលោកម្ចាស់ ខ្ញុំវង្វេងផ្លូវ ថ្ងៃនេះជាថ្ងៃទី ៧ ហើយសម្រាប់ខ្ញុំ ។ ព្រះមហាសត្វពោលថា នែបុរសដ៏ចម្រើន លោកកុំភ័យឡើយ យើងដាក់លោកទុកក្នុងផ្លូវមនុស្ស ដូចនេះហើយ ឲ្យគេឡើងជិះលើខ្នងរបស់ខ្លួន នាំចេញអំពីព្រៃហើយទើបត្រឡប់មកវិញ ។ ចំណែកព្រាននោះជាមនុស្សអាក្រក់ គិតថា យើងទៅកាន់នគរហើយនឹងទូលដល់ព្រះរាជា ដូច្នេះហើយ ទើបធ្វើដើមឈើជាគ្រឿងចំណាំ ធ្វើភ្នំជាគ្រឿងចំណាំ បានចេញទៅកាន់នគរពារាណសី ។ ក្នុងពេលនោះ ដំរីមង្គលរបស់ព្រះរាជាបានធ្វើកាលកិរិយា ។ ព្រះរាជាត្រាស់បញ្ជាឲ្យវាយស្គរប្រកាសថា បើអ្នកណា ឃើញដំរីដែលមានរូបដ៏សមគួរ ដើម្បីនឹងធ្វើជាព្រះទីនាំងក្នុងទីណា អ្នកចូរប្រាប់ ។ បុរសនោះចូលគាល់ព្រះរាជាទូលថា បពិត្រព្រះសម្មតិទេព ខ្ញុំព្រះអង្គបានឃើញស្ដេចដំរីដែលមានសីល ពណ៌សសុទ្ធ ជាដំរីប្រកបដោយរូប ដើម្បីនឹងជាព្រះ​ទីនាំងរបស់ព្រះអង្គបាន ខ្ញុំនឹងប្រាប់ផ្លូវ សូមទ្រង់បញ្ជូននាយហត្ថាចារ្យនឹងទូលព្រះបង្គំទៅចាប់ដំរីនោះចុះ ។ ព្រះរាជាទទួលពាក្យនោះ ហើយត្រាស់ថា ពួកលោកចូរធ្វើបុរសនេះឲ្យជាអ្នកនាំផ្លូវ ទៅកាន់ព្រៃ ហើយនាំនូវស្ដេចដំរីដូចដែលបុរសនេះពោល មក ដូច្នេះហើយ ទ្រង់ក៏បញ្ជូននាយហត្ថាចារ្យនឹងបុរសនោះ មួយអន្លើដោយបរិវារដ៏ច្រើន ។ នាយហត្ថាចារ្យទៅជាមួយបុរសនោះ បានឃើញព្រះពោធិសត្វ ដែលកំពុងចូលទៅកាន់ស្រះឈូក ស្វែងរកអាហារ ។ ចំណែកព្រះពោធិសត្វឃើញនាយហត្ថាចារ្យ ហើយអធិដ្ឋានថា ភ័យនេះមិនកើតឡើងអំពីអ្នកដទៃ នឹងកើតឡើងអំពីសម្នាក់បុរសនោះ យើងនេះជាអ្នកមានកម្លាំងខ្លាំង អាចដើម្បីនឹងកម្ចាត់នូវដំរីសូម្បីទាំងពាន់ បើយើងក្រោធហើយ អាចនឹងញ៉ាំងនូវពាហនៈរបស់សេនា ព្រមទាំងដែនឲ្យវិនាស ប្រសិនបើយើងនឹងក្រោធ សីលរបស់យើងនឹងបែកធ្លាយ ព្រោះហេតុនោះ ក្នុងថ្ងៃនេះ សូម្បីគេចាក់យើងដោយលំពែង យើងនឹងមិនក្រោធឡើយ ដូច្នេះហើយ បង្អោនក្បាលចុះ ឈរនៅមិនកម្រើក ។ នាយហត្ថាចារ្យចុះកាន់ស្រះបទុម មើលនូវលក្ខណសម្បត្តិរបស់ដំរីនោះហើយពោលថា ម្នាលបុត្រ ចូរមក ដូចនេះហើយ ចាប់កាន់ប្រម៉ោយដែលប្រាកដដូចខ្សែប្រាក់ (រួចធ្វើដំណើរទៅ) ក្នុងថ្ងៃទី ៧ ទើបដល់នគរពារាណសី ។ ចំណែកមាតាព្រះពោធិសត្វ កាលកូនមិនមក ក៏បរិទេវនាការថា កូនរបស់យើង នឹងត្រូវព្រះរាជា និងរាជមហាមាត្យនាំទៅ ឥឡូវនេះ ព្រៃនេះ នឹងចម្រើនដោយការព្រាត់ប្រាស់ចាកដំរីនោះ ដូច្នេះហើយ ទើបពោលគាថាទាំងឡាយ ២ ថា តស្ស នាគស្ស វិប្បវាសេន, វិរូឡ្ហោ សល្លកី ច កុដជា ច; កុរុវិន្ទករវីរា ភិសសាមា ច, និវាតេ បុប្ផិតា ច កណិការា។ ដើមពោនស្វាផង ដើមខ្លែងគង់ផង ដើមទទឹម និងស្មៅធំ ឈ្មោះករវីរៈផង ក្រអៅឈូក និងស្រងែផង ដុះទ្រុបទ្រុលហើយ ទាំងដើមកណិការជិតជើងភ្នំ ក៏ចេញផ្កាដែរ ព្រោះតែដំរីនោះមិននៅ ។ កោចិទេវ សុវណ្ណកាយុរា, នាគរាជំ ភរន្តិ បិណ្ឌេន; យត្ថ រាជា រាជកុមារោ វា, កវចមភិហេស្សតិ អឆម្ភិតោ។ ក្នុងស្រុក ឬក្នុងក្រុងណាមួយ ព្រះរាជា ឬព្រះរាជកុមារណាមួយ មានគ្រឿងអាភារណៈ ជាវិការនៃមាស រមែងចិញ្ចឹមសេ្តចដំរី ដោយដុំនៃភោជន ដ្បិតដំរីដែលព្រះរាជា ឬព្រះរាជកុមារ (គង់ហើយ) មិនតក់ស្លុត (ក្នុងសង្គ្រាម) អាចនឹងទម្លុះទម្លាយនូវក្រោះ (នៃពួកបច្ចាមិត្របាន) ។ ចំណែកនាយហត្ថាចារ្យ កាលធ្វើដំណើរទៅក្នុងរវាងផ្លូវ បានបញ្ជូនសារទៅដល់ព្រះរាជា ។ ព្រះរាជាបានបញ្ជាឲ្យគេតាក់តែងព្រះនគរ ។ នាយហត្ថាចារ្យនាំព្រះពោធិសត្វដែលប្រោះព្រំដោយរបស់ក្រអូប និងប្រដាប់តាក់តែង ចូលកាន់រោងដំរី ឲ្យគេឡោមព័ទ្ធដោយវាំងននដ៏វិចិត្រ និងឲ្យគេទៅទូលដល់ព្រះរាជា ។ ព្រះរាជាទ្រង់នាំនូវភោជនដែលរស់ដ៏លើសផ្សេងៗ យាងទៅ ញ៉ាំងឲ្យអ្នកបម្រើឲ្យដល់ព្រះពោធិសត្វ ។ ព្រះពោធិសត្វគិតថា យើងកាលវៀរចាកមាតាហើយ នឹងមិនទទួលយកនូវអាហារ ដូច្នេះហើយ ទើបមិនកាន់យកនូវដុំបាយ ។ លំដាប់នោះ ព្រះរាជាកាលនឹងអង្វរព្រះពោធិសត្វទើបត្រាស់ព្រះគថាទី ៣ ថា គណ្ហាហិ នាគ កពឡំ, មា នាគ កិសកោ ភវ; ពហូនិ រាជកិច្ចានិ, តានិ នាគ ករិស្សសិ។ ម្នាលដំរី អ្នកចូរទទួលពំនូតភោជនចុះ ម្នាលដំរី អ្នកកុំស្គមឡើយ ម្នាលដំរី រាជកិច្ចទាំងឡាយ មានច្រើន អ្នកនឹងធ្វើនូវរាជកិច្ចទាំងនោះ ។ ព្រះពោធិសត្វស្ដាប់ពាក្យនោះហើយ ទើបពោលគាថាទី ៤ ថា សា នូនសា កបណិកា, អន្ធា អបរិណាយិកា; ខាណុំ បាទេន ឃដ្ដេតិ, គិរិំ ចណ្ឌោរណំ បតិ។ មេដំរីនោះ ជាសត្វកំព្រា ខ្វាក់ភ្នែក មិនមានគេដឹកនាំ ទង្គិចជើងនឹងដង្គត់ឈើ ហើយបែរមុខទៅរកភ្នំចណ្ឌោរណៈ ដួលនៅ ។ លំដាប់នោះ ព្រះរាជាកាលនឹងសួរ ទើបត្រាស់គាថាទី ៥ ថា កា នុ តេ សា មហានាគ, អន្ធា អបរិណាយិកា; ខាណុំ បាទេន ឃដ្ដេតិ, គិរិំ ចណ្ឌោរណំ បតិ។ មា្នលដំរីប្រសើរ មេដំរីខ្វាក់ភ្នែក មិនមានគេដឹកនាំ ទង្គិចជើងនឹងដង្គត់ឈើ បែរមុខទៅរកភ្នំចណ្ឌោរណៈ ដួលនៅនោះ តើត្រូវជាអ្វីនឹងអ្នកឯង ។ ព្រះពោធិសត្វ ទើបពោលគាថាទី ៦ មាតា មេ សា មហារាជ, អន្ធា អបរិណាយិកា; ខាណុំ បាទេន ឃដ្ដេតិ, គិរិំ ចណ្ឌោរណំ បតិ។ បពិត្រមហារាជ មេដំរីខ្វាក់ភ្នែក មិនមានគេដឹកនាំ ទង្គិចជើងនឹងជង្គត់ឈើ បែរមុខទៅរកភ្នំចណ្ឌោរណៈ ដួលនៅនោះ ត្រូវជាមាតារបស់ទូលព្រះបង្គំជាខ្ញុំ ។ ព្រះរាជាបានស្ដាប់នូវអត្ថនៃគាថាទី ៦ នោះហើយ កាលញ៉ាំងគេឲ្យដោះលែងព្រះពោធិសត្វ ទើបត្រាស់គាថាទី ៧ ថា មុញ្ចថេតំ មហានាគំ, យោយំ ភរតិ មាតរំ; សមេតុ មាតរា នាគោ, សហ សព្ពេហិ ញាតិភិ។ អ្នកទាំងឡាយចូរលែង នូវដំរីប្រសើរនុ៎ះ ជាសត្វចិញ្ចឹមនូវមាតា ចូរឲ្យដំរីបានជួបជុំនឹងមាតា ព្រមទាំងញាតិទាំងពួងចុះ ។ អភិសម្ពុទ្ធគាថាទី ៨ និងទី ៩ ថា មុត្តោ ច ពន្ធនា នាគោ, មុត្តមាទាយ កុញ្ជរោ; មុហុត្តំ អស្សាសយិត្វា, អគមា យេន បព្ពតោ។ ដំរីគ្រាន់តែរួចចាកចំណង ដែលព្រះរាជាកាសី បានបញ្ចូនទៅ សម្រាកខ្លួនតែមួយរំពេច ក៏ដើរសំដៅទៅរកភ្នំ ។ តោ សោ នឡិនិំ គន្ត្វា, សីតំ កុញ្ជរសេវិតំ; សោណ្ឌាយូទកមាហត្វា, មាតរំ អភិសិញ្ចថ។ ដំរីនោះ ចេញទៅអំពីភ្នំនោះ ដើរទៅកាន់ព្រៃ ជាទីពួនសម្ងំដ៏ត្រជាក់ ដែលដំរីធ្លាប់សេព (នៅ) ហើយដងទឹក ដោយប្រមោយ យកមកស្រោចស្រពមាតា ។ បានឮថា ដំរីនោះបានរួចផុតចាកចំណងហើយ សម្រាកបន្តិច ក៏សម្ដែងធម៌ដោយ ទសរាជធម្មគាថា ដល់ព្រះរាជា និងឲ្យឱវាទថា បពិត្រមហារាជ សូមទ្រង់ចូរជាអ្នកកុំប្រមាទឡើយ ដូច្នេះហើយ កាលមហាជនបូជាដោយគ្រឿងក្រអូបនិងផ្កាកម្រងជាដើម ទើបចេញចាកព្រះនគរ ហើយទៅដល់ស្រះបទុមនោះ ។ ក្នុងខណៈនោះឯង ព្រះពោធិសត្វគិតថា យើងនឹងញ៉ាំងមាតារបស់យើង ឲ្យកាន់យកនូវអាហារហើយ ទើបនឹងកាន់យកដោយខ្លួន ដូច្នេះហើយ ទើបកាន់យកក្រអៅឈូកដ៏ច្រើន និងកាន់យកទឹកឲ្យពេញដោយប្រមោយ ហើយចេញចាកគុហាដែលជាទីពួន ទៅកាន់សម្នាក់មាតាដែលអង្គុយទៀបទ្វារគុហា ទើបស្រោចនូវទឹក ដើម្បីត្រឡប់បាននូវសម្ផស្ស លើសរីរៈរបស់មាតាដែលអត់អាហារអស់ ៧ ថ្ងៃ ។ ព្រះសាស្ដាកាលធ្វើឲ្យជាក់ច្បាស់នូវសេចក្ដីនោះ ទើបត្រាស់ព្រះគាថាទាំងឡាយ ២ នេះ ។ សូម្បីមាតារបស់ព្រះពោធិសត្វ កាលនឹងជេរនូវទឹកដែលធ្លាក់មកនោះ ដោយសម្គាល់ថា ភ្លៀវធ្លាក់ ដូច្នេះហើយ ទើបពោលគាថាទី ១០ ថា កោយំ អនរិយោ ទេវោ, អកាលេនបិ វស្សតិ; គតោ មេ អត្រជោ បុត្តោ, យោ មយ្ហំ បរិចារកោ។ ភ្លៀងអ្វីហ្នឹងផ្តេសផ្តាស បង្អុរចុះ ពុំជួកាលសោះ កូនបង្កើតរបស់អញ ដែលជាអ្នកបម្រើអញ ទៅបាត់ហើយតើ ។ លំដាប់នោះ ព្រះពោធិសត្វកាលនឹងលួងលោមមាតា ទើបពោលគាថាទី ១១ ថា ឧដ្ឋេហិ អម្ម កិំ សេសិ, អាគតោ ត្យាហមត្រជោ; មុត្តោម្ហិ កាសិរាជេន, វេទេហេន យសស្សិន។ បពិត្រអ្នកមេ សូមអ្នកក្រោកឡើង សម្រាន្តអ្វី ខ្ញុំជាកូនបង្កើតរបស់លោក ដែលព្រះរាជាកាសី ទ្រង់ប្រកបដោយប្រាជ្ញា មានយស បានលែងមកវិញហើយ ។ មាតាព្រះពោធិសត្វនោះ មានចិត្តត្រេកអរ កាលនឹងធ្វើនូវការអនុមោទនាដល់ព្រះរាជា ទើបពោលគាថាចុងក្រោយថា ចិរំ ជីវតុ សោ រាជា, កាសីនំ រដ្ឋវឌ្ឍនោ; យោ មេ បុត្តំ បមោចេសិ, សទា វុទ្ធាបចាយិកំ។ ព្រះរាជាណា បានលែងកូនរបស់ខ្ញុំ ជាអ្នកកោតក្រែង ចំពោះបុគ្គលចាស់សព្វ ៗ កាល សូមព្រះរាជានោះ ញ៉ាំងដែនរបស់ពួកអ្នកកាសីឲ្យចម្រើន គង់ព្រះជន្មនៅអស់កាលយូរអង្វែងចុះ ។ គ្រានោះ ព្រះរាជាកាលនឹងសរសើនូវគុណរបស់ព្រះពោធិសត្វ ទើបឲ្យគេកសាងនូវស្រុក ក្នុងទីមិនឆ្ងាយអំពីនឡិនិ (កន្លែងព្រះពោធិសត្វ) ហើយបានញ៉ាំងវត្តបដិបត្តិដែលជាប់ជានិច្ចឲ្យតម្កល់ ដល់ព្រះពោធិសត្វនិងមាតានោះ ។ ក្នុងកាលជាចំណែកខាងក្រោយ ព្រះពោធិសត្វកាលមាតាធ្វើកាលកិរិយាហើយ ទើបធ្វើនូវការរក្សាសរីរៈរបស់មាតានោះ ហើយបានទៅកាន់អាស្រមបទឈ្មោះ ការណ្ឌកៈ ។ ក្នុងទីនោះ ឥសីចំនួន ៥០០ ចុះចាកអំពីភ្នំហិមពាន្តមកនៅ ។ ព្រះពោធិសត្វបានថ្វាយវត្តបដិបត្តិនោះដល់ឥសីទាំងនោះ ។ ព្រះរាជា បានញ៉ាំងគេឲ្យកសាងនូវរូបបដិមាថ្ម ដែលដូចរូបរបស់ព្រះពោធិសត្វ និងបានញ៉ាំងនូវមហាសក្ការៈឲ្យប្រព្រឹត្តទៅ ។ អ្នករស់នៅក្នុងជម្ពូទ្វីបទាំងអស់ បានប្រជុំគ្នាជាប្រចាំឆ្នាំ ធ្វើនូវមហោស្រពឈ្មោះ ហត្ថិមហៈ (បុណ្យដំរី) ។ ព្រះសាស្ដាបាននាំព្រះធម្មទេសនានេះមកហើយ ទ្រង់ប្រកាសសច្ចៈទាំងឡាយ និង ប្រជុំជាតក ក្នុងកាលជាទីបញ្ចប់នៃសច្ចៈ មាតុបោសកភិក្ខុ បានតាំងនៅក្នុងសោតាបត្តិផល ។តទា រាជា អានន្ទោ អហោសិ ព្រះរាជាក្នុងកាលនោះបានមកជាអានន្ទ ។បាបបុរិសោ ទេវទត្តោ បុរសបាប បានមកជាទេវទត្ត ។ ហត្ថាចរិយោ សារិបុត្តោ ហត្ថាចារ្យបានមកជាសារីបុត្រ ។មាតា ហត្ថិនី មហាមាយា ដំរីជាមាតាបានមកជាព្រះនាងមហាមាយា ។ មាតុបោសកនាគោ បន អហមេវ អហោសិំ ចំណែកមាតុបោសកនាគ (ដំរីចិញ្ចឹមមាតា) គឺ តថាគត នេះឯង ។ ចប់ មាតុបោសកជាតក ៕ (ជាតកដ្ឋកថា សុត្តន្តបិដក ខុទ្ទកនិកាយ ជាតក ឯកទសកនិបាត បិដក ៥៩ ទំព័រ ២១០) ដោយខេមរ អភិធម្មាវតារ ដោយ៥០០០ឆ្នាំ
images/articles/3216/_________________________________.jpg
មគ្គញាណនិទ្ទេស (បដិសម្ភិទា​មគ្គ)
ផ្សាយ : ២៩ មិថុនា ឆ្នាំ២០២២
បញ្ញាក្នុងការចេញ និងការ​វិលត្រឡប់ ចាកសភាវៈទាំង ២ ឈ្មោះ​ថា​មគ្គញាណ តើដូចម្តេច។ ​ក្នុងខណៈ​នៃសោតាបត្តិមគ្គ សម្មាទិដ្ឋិ ដោយអត្ថថា​ឃើញ រមែងចេញចាក​មិច្ឆាទិដ្ឋិ រមែងចេញ​ចាកកិលេស​ដែល​ប្រព្រឹត្តិតាម​​នូវ​មិច្ឆាទិដ្ឋិ​នោះផង ចាកខន្ធទាំងឡាយ​ផង រមែងចេញចាក​និមិត្តទាំងពួង​​ខាងក្រៅផង ហេតុ​នោះ លោក​ពោលថា បញ្ញា​ក្នុងការ​ចេញ និង​ការ​វិលត្រឡប់ ចាកសភាវៈទាំង ២ ឈ្មោះថា មគ្គញាណ សម្មាសង្កប្បៈ ដោយអត្ថថា​លើកចិត្តឡើង (កាន់អារម្មណ៍) រមែងចេញ​ចាកមិច្ឆាសង្កប្បៈ ចេញចាក​កិលេសដែល​ប្រព្រឹត្តិតាម​​នូវ​មិច្ឆាសង្កប្បៈ​​នោះផង ចាកខន្ធ​ទាំងឡាយផង ចេញចាក​និមិត្តទាំងពួង​ខាងក្រៅផង ហេតុ​នោះ លោកពោលថា បញ្ញា​ក្នុង​ការ​​ចេញ ​និង​ការ​វិលត្រឡប់ ចាកសភាវៈទាំង ២ ឈ្មោះថា មគ្គញាណ សម្មាវាចា ដោយ​អត្ថថា​​រក្សាទុក រមែងចេញ​ចាកមិច្ឆាវាចា ចេញចាក​កិលេស​ដែល​ប្រព្រឹត្តិតាម​​នូវ​មិច្ឆាវាចា​​នោះផង ចាកខន្ធ​ទាំងឡាយផង រមែងចេញចាកនិមិត្ត​ទាំងពួង​ខាង​ក្រៅផង ហេតុ​នោះ លោកពោលថា បញ្ញា​ក្នុង​ការ​ចេញ និង​ការ​វិលត្រឡប់ ចាកសភាវៈ​ទាំង ២ ឈ្មោះថា​​មគ្គញាណ សម្មាកម្មន្តៈ ដោយអត្ថថា​តាំងឡើង រមែងចេញចាក​មិច្ឆាកម្មន្តៈ ចេញចាក​កិលេស​ដែល​ប្រព្រឹត្តិតាម​​នូវ​មិច្ឆាកម្មន្តៈ​​នោះផង ចាកខន្ធទាំងឡាយផង​ រមែងចេញ​ចាក​និមិត្ត​ទាំងពួង​​ខាងក្រៅផង ហេតុ​នោះ លោកពោលថា បញ្ញា​ក្នុងការ​ចេញ និង​ការ​​វិលត្រឡប់ ចាកសភាវៈទាំង ២ ឈ្មោះថា​មគ្គញាណ សម្មាអាជីវៈ ដោយ​អត្ថថាផូរផង់ រមែងចេញ​ចាកមិច្ឆាអាជីវៈ ចេញចាក​កិលេសដែល​​ប្រព្រឹត្តិតាម​​នូវ​មិច្ឆា​អាជីវៈ​នោះផង ចាកខន្ធ​ទាំងឡាយ​ផង រមែងចេញ​ចាកនិមិត្ត​ទាំងពួង​​ខាងក្រៅផង ហេតុ​នោះ លោកពោលថា បញ្ញា​ក្នុង​ការ​ចេញ និង​ការ​វិលត្រឡប់ ចាកសភាវៈ​ទាំង ២ ឈ្មោះថា​មគ្គញាណ សម្មាវាយាមៈ ដោយអត្ថថា​ផ្គងឡើង រមែងចេញចាក​មិច្ឆាវាយាមៈ ចេញចាក​កិលេស​ដែល​ប្រព្រឹត្តិ​តាម​នូវ​មិច្ឆាវាយាមៈ​​នោះផង ចាកខន្ធ​ទាំងឡាយផង រមែង​ចេញចាក​និមិត្ត​ទាំងពួង​​ខាងក្រៅផង ហេតុ​នោះ លោកពោលថា បញ្ញា​ក្នុងការ​ចេញ ​និង​ការ​វិលត្រឡប់ ចាកសភាវៈ​ទាំង ២ ឈ្មោះថា​មគ្គញ្ញាណ សម្មាសតិ ដោយអត្ថថា​ប្រុងប្រយ័ត្ន រមែងចេញចាក​មិច្ឆាសតិ ចេញចាក​កិលេសដែល​​ប្រព្រឹត្តិតាម​​នូវ​មិច្ឆាសតិ​នោះផង ចាកខន្ធទាំងឡាយផង រមែងចេញ​ចាកនិមិត្ត​ទាំងពួង​​ខាងក្រៅផង ហេតុ​នោះ លោកពោលថា បញ្ញា​ក្នុងការ​ចេញ និង​ការ​វិលត្រឡប់ ចាកសភាវៈទាំង ២ ឈ្មោះថាមគ្គញ្ញាណ សម្មាសមាធិ ដោយអត្ថថាមិន​រាយមាយ រមែងចេញចាក​មិច្ឆាសមាធិ ចេញចាកកិលេស​​ដែល​ប្រព្រឹត្តិ​តាម​នូវ​មិច្ឆាសមាធិ​នោះផង ចាកខន្ធ​ទាំងឡាយផង រមែងចេញ​ចាកនិមិត្ត​ទាំងពួង​​ខាងក្រៅផង ហេតុ​នោះ លោកពោលថា បញ្ញា​ក្នុងការ​ចេញ និង​ការ​វិលត្រឡប់​​ចាកសភាវៈទាំង ២ ឈ្មោះថាមគ្គញ្ញាណ។ [១៤៤] ក្នុងខណៈនៃសកទាគាមិមគ្គ សម្មាទិដ្ឋិ ដោយអត្ថថា​ឃើញ។បេ។ សម្មាសមាធិ ដោយអត្ថថា​មិន​រាយមាយ រមែងចេញ​ចាកកាមរាគ​សញ្ញោជនៈ និង​​​បដិឃសញ្ញោជនៈ​ដ៏​គ្រោតគ្រាត ចាក​កាមរាគានុស័យ និង​បដិឃានុស័យ​ដ៏​គ្រោតគ្រាត ចេញចាក​កិលេសដែល​ប្រព្រឹត្តិតាម​សញ្ញោជនៈ និង​អនុស័យ​នោះផង ចាកខន្ធទាំងឡាយផង ចេញចាកនិមិត្តទាំងពួង​​ខាងក្រៅផង ហេតុ​នោះ លោកពោលថា បញ្ញា​ក្នុងការ​ចេញ​ និង​​ការ​វិលត្រឡប់ ចាកសភាវៈទាំង ២ ឈ្មោះថាមគ្គញាណ។ [១៤៥] ​ក្នុងខណៈនៃអនាគាមិមគ្គ សម្មាទិដ្ឋិ ដោយអត្ថថា​ឃើញ។បេ។ សម្មាសមាធិ ដោយអត្ថថា​មិន​រាយមាយ រមែងចេញ​ចាក​កាមរាគសញ្ញោជនៈ និង​​បដិឃ​សញ្ញោជនៈ​ដ៏​ល្អិត ចាក​កាមរាគានុស័យ និង​បដិឃានុស័យដ៏​ល្អិត ចេញចាកកិលេស​ដែល​​ប្រព្រឹត្តិ​​​តាមសញ្ញោជនៈ និង​អនុស័យ​នោះផង ចាកខន្ធទាំងឡាយផង ចេញចាក​និមិត្ត​ទាំងពួង​​​ខាងក្រៅផង ហេតុ​នោះ លោកពោលថា បញ្ញា​ក្នុង​ការ​ចេញ និង​ការ​វិលត្រឡប់ ចាកសភាវៈ​​ទាំង ២ ឈ្មោះថាមគ្គញាណ។ [១៤៦] ក្នុងខណៈនៃអរហត្តមគ្គ សម្មាទិដ្ឋិ ដោយអត្ថថា​ឃើញ។បេ។ សម្មាសមាធិ ដោយអត្ថថា​មិន​រាយមាយ រមែងចេញ​ចាករូបរាគៈ អរូបរាគៈ មានះ ឧទ្ធច្ចៈ អវិជ្ជា មានានុស័យ ភវរាគានុស័យ និង​អវិជ្ជានុស័យ ចេញចាក​កិលេសដែល​ប្រព្រឹត្តិតាម​នូវ​​អនុសយក្កិលេស​នោះផង ចាកខន្ធ​ទាំងឡាយផង ចេញចាក​និមិត្តទាំងពួង​ខាងក្រៅផង ហេតុ​នោះ លោកពោលថា បញ្ញា​ក្នុង​ការ​ចេញ និង​ការ​វិលត្រឡប់ ចាកសភាវៈ​ទាំង ២ ឈ្មោះថា​មគ្គញាណ។ [១៤៧] យោគីរមែងដុតបំផ្លាញ​​នូវ​កិលេសដែល​មិន​ទាន់កើត ដោយ​អង្គឈាន​ដែល​កើតហើយ​ ហេតុ​នោះ លោកហៅថា ឈាន យោគី​រមែងមិន​ញាប់ញ័រ​ក្នុង​ទិដ្ឋិផ្សេងៗ ព្រោះ​ភាព​ជាបុគ្គល​ឈ្លាសវៃ​ក្នុងឈាន និង​វិមោក្ខ។ បើយោគី​តម្កល់ចិត្ត​ហើយ​ពិចារណា រមែងឃើញ​ច្បាស់​យ៉ាងណា គប្បី​តម្កល់​ចិត្ត​ទុកយ៉ាង​​នោះ វិបស្សនា និង​សមថៈ​ជាធម៌មានចំណែក​ស្មើគ្នា ​ជាគូជាប់គ្នា រមែងប្រព្រឹត្តិ​ទៅ​ក្នុងកាល​ណោះ ​ការ​ឃើញថា សង្ខារ​ទាំងឡាយ​ជាទុក្ខ និរោធ​ជាសុខ បញ្ញាដែល​ចេញចាក​សភាវៈទាំង ២ រមែងពាល់​ត្រូវ​នូវ​ព្រះនិព្វាន ឈ្មោះអមតៈ យោគីអ្នក​ឈ្លាសវៃ​​ក្នុងភាព​នៃ​ធម៌​ផ្សេងគ្នា និង​ធម៌ដូចគ្នា រមែងដឹង​នូវ​កិរិយាប្រព្រឹត្តិ​ក្នុង​វិមោក្ខ រមែង​មិន​ញាប់​ញ័រ​ក្នុងទិដ្ឋិផ្សេងៗ ព្រោះ​ភាព​ជាបុគ្គល​ឈ្លាសវៃ​ក្នុង​ញាណ​ទាំងពីរ។ ដែលឈ្មោះថាញាណ ដោយអត្ថថាដឹង​​នូវ​ធម៌​នោះ ឈ្មោះថាបញ្ញា ដោយអត្ថថា​ដឹង​​ច្បាស់​នូវ​ធម៌​នោះ ហេតុ​នោះ លោកពោលថា បញ្ញា​ក្នុង​ការ​ចេញ និង​ការ​វិលត្រឡប់ ចាកសភាវៈ​ទាំង ២ ឈ្មោះថា​មគ្គញាណ។ ខុទ្ទកនិកាយ បដិសម្ភិទា​មគ្គ (​ព្រះត្រៃបិដកលេខ ៦៩) ដោយ៥០០០ឆ្នាំ
images/articles/3228/________________________________________________.jpg
ទាញយកព្រះត្រៃបិដកជាភាសារខ្មែរ និងជាភាសាអង់គ្លេស
ផ្សាយ : ២៩ មិថុនា ឆ្នាំ២០២២
ខាងក្រោមនេះ ជាតំណទាញយកព្រះត្រៃបិដកខ្មែរ និងព្រះត្រៃបិដកអង់គ្លេស ។ ដែលក្នុងនោះ ព្រះត្រៃបិដកភាសាខ្មែរ ជាpdf scan មានចំនួន ២ច្បាប់ដូចនេះ គឺសន្លឹកពណ៌ស និងសន្លឹកពណ៌លឿង និងមានមួយច្បាប់ទៀតជាច្បាប់ pdf វាយអក្សរថ្មីឡើងវិញរបស់វត្តបញ្ញាធំ ។ និងច្បាប់ប្រែរួមជាមួយព្រះអដ្ឋកថា ។ និងមានច្បាប់ព្រះត្រៃបិដកជាភាសាអង់គ្លេសមួយច្បាប់ទៀត សម្រាប់លោកអ្នកដែលមិនអាចអានភាសាខ្មែរបាន អាចចូលអានច្បាប់pdf នេះ ។ ចុចទាញយក ប្រសិនបើលោកអ្នកលំបាកក្នុងការទាញយក អាចផ្ញើតេលេក្រាមមកលេខ 012 887 987 យើងនឹងព្យាយាមផ្ញើជូនតាមការគួរ ឬលោកអ្នកអាចទាញយកតាមក្រុមតេលេក្រាមរបស់៥០០០ឆ្នាំបាន ដោយគ្រាន់តែចុចចូល ទីនេះ ដោយ៥០០០ឆ្នាំ
images/articles/3252/_________________________________.jpg
កិំឆន្ទជាតក
ផ្សាយ : ២៧ មិថុនា ឆ្នាំ២០២២
កិំឆន្ទជាតក (ពោលអំពីផលឧបោសថកន្លះថ្ងៃ) ព្រះសាស្ដាកាលស្ដេចគង់នៅវត្តជេតពន ទ្រង់ប្រារព្ធឧបោសថកម្ម បានត្រាស់ព្រះធម្មទេសនា​នេះ មានពាក្យថា កិំឆន្ទោ កិមធិប្បាយោ ដូច្នេះជាដើម ។ ថ្ងៃមួយ ព្រះសាស្ដាត្រាស់សួរឧបាសកឧបាសិកាទាំងឡាយជាច្រើន ដែលជាអ្នករក្សាឧបោសថ មកដើម្បីស្ដាប់ធម៌ អង្គុយក្នុងធម្មសភាថា ម្នាលឧបាសកឧបាសិកាទាំងឡាយ អ្នក​ទាំងឡាយជាអ្នកប្រកបដោយឧបោសថឬ ? កាលឧបាសកឧបាសិកាទាំងឡាយនោះ​ទូល​ថា ពិតមែនហើយ ព្រះអង្គ ។ ព្រះមានព្រះភាគត្រាស់ថា ឧបោសថដែលអ្នកទាំងឡាយបាន​ធ្វើដោយរក្សានេះ ល្អប្រពៃហើយ សូម្បីបោរាណជនទាំងឡាយបានទទួលយសដ៏ធំ ក៏​ដោយ​ផលនៃឧបោសថកម្មកន្លះថ្ងៃដែរ ។កាលឧបាសកឧបាសិកាទាំងឡាយ ទូលសូមអារាធនា​ហើយ ព្រះសាស្ដានាំអតីតនិទានមកថា៖ ក្នុងអតីតកាល កាលព្រះបាទព្រហ្មទត្តសោយរាជសម្បត្តិ ដោយធម៌ ក្នុងនគរពារាណសី ព្រះរាជានោះមានសទ្ធា ជាអ្នកមិនប្រមាទក្នុងទាន សីល និងឧបោសថកម្ម ។ ព្រះរាជា ញ៉ាំង​ជនដ៏សេសមានអាមាត្យទាំងឡាយជាដើម ឲ្យសមាទាននូវកុសលមានទានជាដើម ។ ចំណែក​បុរោហិតរបស់ព្រះអង្គ ជាអ្នកប្រព្រឹត្តស៊ីសាច់ខ្នងរបស់អ្នកដទៃ ជាអ្នកស៊ីសំណូក ជាអ្នកវិនិច្ឆ័យក្ដីកោង ។ ក្នុងថ្ងៃឧបោសថមួយ ព្រះរាជាត្រាស់ឲ្យហៅអាមាត្យទាំងឡាយមក ហើយទ្រង់ត្រាស់ថា អ្នកទាំងឡាយចូររក្សាឧបោសថ ។ បុរោហិតនោះមិនបានសមាទានឧបោសថឡើយ ។ គ្រានោះ កាលព្រះរាជាកំពុងសួរពួកអាមាត្យថា អ្នកទាំងឡាយរក្សាឧបោសថ​ហើយឬ ? ទើបត្រាស់សួរបុរោហិតនោះដែលទទួលសំណូក និងកាត់ក្ដីកោងក្នុងពេលថ្ងៃ ដែលមកកាន់ទីគាល់ថា លោកអាចារ្យរក្សាឧបោសថហើយឬ ។ បុរោហិតនោះធ្វើមុសាវាទថា ទូលព្រះបង្គំរក្សាហើយ រួចទើបចុះពីប្រាសាទ ។ លំដាប់នោះ អាមាត្យម្នាក់ចោទបុរោហិតនោះថា លោកមិនបានរក្សាឧបោសថមិនមែនឬ ។ បុរោហិតនិយាយកែថា ខ្ញុំបរិភោគអាហារតែក្នុងកាលប៉ុណ្ណោះ ពេលទៅដល់ផ្ទះ ខ្ពុរមាត់ហើយ អធិដ្ឋានឧបោសថ ខ្ញុំនឹងមិនបរិភោគអាហារក្នុងល្ងាចទេ នឹងរក្សាសីលអស់រាត្រី ដោយអាការយ៉ាងនេះ ឧបោសថកម្មកន្លះថ្ងៃនឹងមានដល់ខ្ញុំ ។ អាមាត្យម្នាក់នោះពោលថា ល្អគ្រាន់ លោកអាចារ្យ ។ បុរោហិតនោះទៅដល់ផ្ទះហើយ ក៏បានធ្វើយ៉ាងនោះ ។ ថ្ងៃមួយ កាលបុរោហិតនោះ អង្គុយវិនិច្ឆ័យក្ដីក្នុងសាលាវិនិច្ឆ័យ មានស្ត្រីអ្នកមានសីលម្នាក់មកស្ដាប់ការកាត់ក្ដី នាងមិនបានឱកាសដើម្បីនឹងទៅផ្ទះ ទើបគិតថា យើងនឹងមិនកន្លងនូវឧបោសថកម្មឡើយ ដូច្នេះហើយ កាលដែលវេលាចូលទៅកាន់ទីជិតផុតហើយ ក៏ប្រារព្ធដើម្បីនឹងខ្ពុរមាត់ ។ ក្នុងខណៈនោះ មានគេនាំចំណិតស្វាយទុំមកឲ្យព្រាហ្មណ៍បុរោហិត ។ បុរោហិតនោះដឹងភាពជាអ្នករក្សាឧបោសថរបស់ស្ត្រីនោះ ក៏ឲ្យដល់នាង ដោយពោលថា នាងចូរបរិភោគចំណិតស្វាយទុំនេះហើយ ចូររក្សាឧបោសថចុះ ។ ស្ត្រីនោះក៏បានធ្វើយ៉ាងនោះ ។ កុសលកម្មរបស់ព្រាហ្មណ៍បុរោហិតមានត្រឹមតែប៉ុណ្ណេះឯង ។ ចំណេរកាលតមក បុរោហិតនោះធ្វើកាលកិរិយា បានទៅកើតលើអលង្កតសិរិសយនៈ ក្នុងវិមានមាស លើភូមិភាគដែលដល់ព្រមដោយសោភ័ណភាព ក្នុងព្រៃស្វាយដែលគួររីករាយ ដែលមានប្រមាណ ៣ យោជន៍ នៅនឹងច្រាំងកោសិកិគង្គានទី ក្នុងហិមវន្តប្រទេស ហាក់ដូចជា ទើបភ្ញាក់ពីដេក មានរូបដ៏ស្រស់ស្អាត មានទេវកញ្ញា ១៦០០០ ប្រដាប់ដែលដោយគ្រឿងអលង្ការជាបរិវារ ។ ទេវបុត្រនោះបានសោយសិរីសម្បត្តិនោះតែក្នុងពេលរាត្រីប៉ុណ្ណោះ ។ ពិតមែនហើយ ទេវបុត្រនោះបានសោយវិបាកដូចគ្នានឹងកម្ម ដែលខ្លួនបានធ្វើ ដោយភាពជាវេមានិកប្រេត ព្រោះហេតុនោះ កាលអរុណរះឡើង ទេវបុត្រចូលទៅកាន់អម្ពវ័ន ក្នុងខណៈដែលចូលទៅនោះឯង អត្តភាពជាទិព្វក៏អន្តរធានបាត់ទៅ អត្តភាពដែលមានប្រមាណប៉ុនដើមត្នោត កម្ពស់ ៨០ ហត្ថ កើតឡើង សរីរៈទាំងអស់ឆេះឡើង ហាក់ដូចជាដើមចារដែលមានផ្ការីកស្គុះស្គាយ ។ ក្នុងដៃទាំងពីរ ម្រាមដៃនីមួយៗ មានក្រចកធំប្រមាណប៉ុនចបកាប់អាធំ ។ ទេវបុត្រយកក្រចកនោះខ្វារហែកសាច់ខ្នងខ្លួនឯង មកបរិភោគ កាលដល់នូវទុក្ខទេវនា ទើបស្រែកយំខ្លាំងៗ សោយសេចក្ដីទុក្ខយ៉ាងនេះ ។ កាលព្រះអាទិត្យអស្ដង្គតទៅ សរីរៈនោះក៏អន្តរធានទៅ សរីរៈជាទិព្វបានកើតឡើង មានស្ត្រីរបាំជាទិព្វដែលប្រដាប់ដោយគ្រឿងអលង្ការ កាន់គ្រឿងតន្ត្រីផ្សេងៗ មកចោមរោម ។ ទេវបុត្រនោះ កាលនឹងសោយមហាសម្បត្តិ ក៏ឡើងកាន់ប្រាសាទជាទិព្វ ក្នុងអម្ពវ័ន ដែលជាទីគួររីករាយ ។ វេមានិកប្រេតនោះ បានអម្ពវ័នដែលមានទំហំ ៣ យោជន៍នេះ ដោយផលនៃការឲ្យផ្លែស្វាយដល់ស្ត្រីអ្នករក្សាឧបោសថ, ចំណែកការខ្វេះហែកសាច់ខ្នង មកបរិភោគនេះ ដោយផលនៃការទទួលសំណូក និងកាត់ក្ដីកោង, ការបានសោយទិព្វសម្បត្តិក្នុងពេលរាត្រី និងមានស្ត្រីរបាំ ១៦០០០ ចោមរោមបម្រើនេះ ដោយផលនៃឧបោសថកន្លះថ្ងៃ ។ ក្នុងកាលនោះ ព្រះរាជាពារាណសីឃើញទោសក្នុងកាមទាំងឡាយ ហើយបួសជាឥសី សាងបណ្ណសាលា លើភូមិភាគជាទីរីករាយ នៅចំណែកខាងក្រោមទន្លេគង្គា ញ៉ាំងអត្តភាពឲ្យប្រព្រឹត្តទៅដោយឧញ្ឆាចរិយា (ការត្រាច់បិណ្ឌបាតចិញ្ចឹមជីវិត) ។ ថ្ងៃមួយ ផ្លែស្វាយទុំប៉ុនក្អមអាធំ ដែលនៅក្នុងព្រៃស្វាយនោះ ធ្លាក់ចុះទន្លេគង្គា ហើយហូរអណ្ដែតតាមខ្សែទឹក មកដល់ទីខាងមុខកំពង់ជាទីបរិភោគរបស់តាបសនោះ ។ តាបសកាលជម្រះមុខ បានឃើញស្វាយកំពុងអណ្ដែតមកនៅកណ្ដាលទន្លេហើយ ចុះទៅក្នុងទឹក កាន់យកស្វាយនោះ នាំមកអាស្រម រក្សាទុកក្នុងផ្ទះភ្លើង យកកាំបិតមកពុះ ហើយបរិភោគមួយចម្អែត ចំណែកដែលនៅសល់ យកស្លឹកចេកមកគ្របទុក បន្តបន្ទាប់មក តាបសឆាន់ផ្លែស្វាយនោះរាល់ៗ ថ្ងៃ រឿយៗ រហូតទាល់តែអស់ ។ កាលផ្លែស្វាយនោះអស់ហើយ តាបសមិនអាចនឹងបរិភោគផលាផលដទៃ ព្រោះជាប់ជំពាក់រសតណ្ហា ទើបគិតថា យើងនឹងបរិភោគផ្លៃស្វាយទុំនោះ ដូច្នេះ ទើបទៅកាន់ច្រាំងទន្លេ កាលសម្លឹងមើលទន្លេ ធ្វើសេចក្ដីសន្និដ្ឋានថា បើមិនបានផ្លែស្វាយ យើងនឹងមិនក្រោក យ៉ាងនេះហើយអង្គុយនៅទីនោះឯង ។ តាបសនោះ ជាអ្នកមិនមានអាហារក្នុងទីនោះ សូម្បីអស់ ១ ថ្ងៃ ២ ថ្ងៃ ៣ ថ្ងៃ ៤ ថ្ងៃ ៥ ថ្ងៃ ៦ ថ្ងៃ រហូតរាងកាយរីងស្ងួត ហួតហែង ក្រៀមក្រោះ ដោយខ្យល់និងកម្ដៅ អង្គុយសម្លឹងរកមើលផ្លែស្វាយប៉ុណ្ណោះ ។ លំដាប់នោះ ក្នុងថ្ងៃទី ៧ នទីទេវតាកាលពិចារណា បានដឹងហេតុនោះ ហើយគិតថា តាបសនេះ ជាអ្នកលុះក្នុងអំណាចតណ្ហា មិនបរិភោគអាហារអស់ ៧ ថ្ងៃ មកអង្គុយសម្លឹងមើលទន្លេគង្គា កាលដែលយើងមិនឲ្យផ្លែស្វាយទុំដល់តាបសនេះ រមែងមិនគួរ កាលតាបសនេះមិនបានផ្លែស្វាយ គេនឹងស្លាប់ ចឹងយើងនឹងឲ្យដល់គេ ដូច្នេះទើបមក ហើយឋិតនៅលើអាកាសខាងលើទន្លេគង្គា កាលចរចាមួយអន្លើដោយតាបសនោះ ទើបពោលគាថាទី ១ ថា កិំឆន្ទោ កិមធិប្បាយោ, ឯកោ សម្មសិ ឃម្មនិ; កិំបត្ថយានោ កិំ ឯសំ, កេន អត្ថេន ព្រាហ្មណ។ បពិត្រព្រាហ្មណ៍ លោកពេញចិត្តនឹងអ្វី ប៉ុនប៉ងអ្វី ប្រាថ្នាអ្វី ស្វែងរកអ្វី ទើបអង្គុយម្នាក់ឯងក្នុងរដូវក្តៅ ដោយប្រយោជន៍អ្វី ។ នាងទេពធីតាហៅតាបសនេះថា ព្រាហ្មណ៍ ព្រោះលោកបួសហើយ អធិប្បាយថា ម្នាលព្រាហ្មណ៍ លោកប្រាថ្នាអ្វី គិតដល់អ្វី ចង់បានអ្វី ស្វែងរកអ្វី ត្រូវការអ្វី លោកទើបមកអង្គុយសម្លឹងមើលទន្លេគង្គាត្រង់ច្រាំងទន្លេនេះ ។ តាបសស្ដាប់ពាក្យនោះហើយ ក៏ពោល ៩ គាថា ថា យថា មហា វារិធរោ, កុម្ភោ សុបរិណាហវា; តថូបមំ អម្ពបក្កំ, វណ្ណគន្ធរសុត្តមំ។ ក្អមដាក់នូវទឹកដ៏ធំ មានទ្រង់ទ្រាយស្អាតបាត មានឧបមាយ៉ាងណា ផ្លែស្វាយទុំដ៏ឧត្តមដោយពណ៌ និងក្លិន និងរស ក៏មានឧបមេយ្យយ៉ាងនោះ ។ តំ វុយ្ហមានំ សោតេន, ទិស្វានាមលមជ្ឈិមេ; បាណីភិ នំ គហេត្វាន, អគ្យាយតនមាហរិំ។ ម្នាលនាងមានអវយៈត្រង់កណ្តាល (ចង្កេះ) មិនមានមន្ទិល អាត្មាបានឃើញផ្លែស្វាយនោះ អណ្តែតតាមខ្សែទឹក ក៏ចាប់ផ្លែស្វាយនោះដោយដៃទាំងពីរ ហើយនាំយកទៅកាន់រោងបូជាភ្លើង ។ តតោ កទលិបត្តេសុ, និក្ខិបិត្វា សយំ អហំ; សត្ថេន នំ វិកប្បេត្វា, ខុប្បិបាសំ អហាសិ មេ។ លំដាប់នោះ អាត្មាបានដាក់ផ្លែស្វាយលើស្លឹកចេកទាំងឡាយដោយខ្លួនឯង ចិតនូវផ្លែស្វាយនោះដោយកាំបិតហើយ (ឆាន់) ផ្លែស្វាយនោះ នាំចេញនូវសេចក្តីស្រេកឃ្លានរបស់អាត្មាបាន ។ សោហំ អបេតទរថោ, ព្យន្តីភូតោ ទុខក្ខមោ; អស្សាទំ នាធិគច្ឆាមិ, ផលេស្វញ្ញេសុ កេសុចិ។ អាត្មានោះប្រាសចាកសេចក្តីក្រវល់ក្រវាយ លុះផ្លែស្វាយអស់ហើយ ក៏អត់ទ្រាំបានដោយលំបាក មិនបានសេចក្តីត្រេកអរ ក្នុងផ្លែឈើទាំងឡាយឯទៀតណាមួយ ។ សោសេត្វា នូន មរណំ, តំ មមំ អាវហិស្សតិ; អម្ពំ យស្ស ផលំ សាទុ, មធុរគ្គំ មនោរមំ; យមុទ្ធរិំ វុយ្ហមានំ, ឧទធិស្មា មហណ្ណវេ។ ផ្លែស្វាយនោះ នឹងនាំមកនូវសេចក្តីស្លាប់ ដល់អាត្មាដោយពិត ព្រោះរីងស្គម ព្រោះផ្លែស្វាយមានរសឆ្ងាញ់មានរសផ្អែមលើសលប់ ជាទីពេញចិត្ត ។ អក្ខាតំ តេ មយា សព្ពំ, យស្មា ឧបវសាមហំ; រម្មំ បតិ និសិន្នោស្មិ, បុថុលោមាយុតា បុថុ។ អាត្មាបានស្រង់ផ្លែស្វាយ ដែលកំពុងអណ្តែតក្នុងអន្លង់ដ៏ធំអំពីស្ទឹង អាត្មានៅ (ដោយសេចក្តីស្រេកឃ្លាន) ព្រោះហេតុណា ហេតុនោះទាំងអស់ អាត្មាបានប្រាប់ដល់នាង ។ ត្វញ្ច ខោ មេវ អក្ខាហិ, អត្តានមបលាយិនិ; កា វា ត្វមសិ កល្យាណិ, កិស្ស វា ត្វំ សុមជ្ឈិមេ។ អាត្មាអង្គុយអាស្រ័យនូវស្ទឹងជាទីរីករាយ ស្ទឹងនេះ ធំទូលាយប្រកបដោយត្រី នាងកុំអាលរត់ទៅ ចូរប្រាប់ខ្លួននោះ ដល់អាត្មាសិន ។ រុប្បបដ្ដបលិមដ្ឋីវ, ព្យគ្ឃីវ គិរិសានុជា; យា សន្តិ នារិយោ ទេវេសុ, ទេវានំ បរិចារិកា។ ម្នាលនាងកល្យាណី នាងជាអ្វី ម្នាលនាងមានអវយវៈត្រង់កណ្តាល (ចង្កេះ) ដ៏ល្អ នាងមានរូបដូចកតម្បារមាសដ៏រលីង (មានដំណើរ) ដូចជាកូនខ្លាដែលកើតក្នុងញកភ្នំ (មកក្នុងទីនេះ) ដើម្បីអ្វី ។ យា ច មនុស្សលោកស្មិំ, រូបេនាន្វាគតិត្ថិយោ; រូបេន តេ សទិសី នត្ថិ, ទេវេសុ គន្ធព្ពមនុស្សលោកេ; បុដ្ឋាសិ មេ ចារុបុព្ពង្គិ, ព្រូហិ នាមញ្ច ពន្ធវេ។ នាងនារីទាំងឡាយណា ជាអ្នកបម្រើពួកទេវតា ក្នុងទេវតាទាំងឡាយផង ស្រីទាំងឡាយណាប្រកបដោយរូប ក្នុងមនុស្សលោកផង ស្រីទាំងឡាយនោះ ប្រាកដស្មើដោយរូបនៃនាងមិនមាន ក្នុងទេវគន្ធព្វ និងមនុស្សលោកឡើយ ម្នាលនាងមានអវយវៈខាងដើម (ភ្លៅ) ដ៏ល្អ អាត្មាសួរហើយ ចូរប្រាប់នាម និងគោត្រផង ផៅពង្សទាំងឡាយផង ។ លំដាប់នោះ ទេវធីតា ក៏ពោល ៨ គាថាថា យំ ត្វំ បតិ និសិន្នោសិ, រម្មំ ព្រាហ្មណ កោសិកិំ; សាហំ ភុសាលយាវុត្ថា, វរវារិវហោឃសា។ បពិត្រព្រាហ្មណ៍ លោកគង់នៅអាស្រ័យស្ទឹងឈ្មោះកោសិកីជាទីរីករាយណា ខ្ញុំមានលំនៅត្រង់ខ្សែទឹកដ៏កាច មានអន្លង់ជាទីហូរនៅនៃទឹកដ៏ប្រសើរ អាស្រ័យនៅហើយ (ក្នុងស្ទឹងនោះ) ។ នានាទុមគណាកិណ្ណា, ពហុកា គិរិកន្ទរា; មមេវ បមុខា ហោន្តិ, អភិសន្ទន្តិ បាវុសេ។ ព្រោះភ្នំដ៏ច្រើន កុះករដោយឈើផ្សេងៗ រមែងមានក្នុងទីចំពោះមុខខ្ញុំ រមែងហូរទៅ ក្នុងរដូវភ្លៀង ។ អថោ ពហូ វនតោទា, នីលវារិវហិន្ធរា; ពហុកា នាគវិត្តោទា, អភិសន្ទន្តិ វារិនា។ ម្យ៉ាងទៀត ស្ទឹងដ៏ច្រើន មានទឹកហូរចេញអំពីព្រៃ ទ្រទ្រង់នូវគំនរទឹកដ៏ខៀវ ស្ទឹងដ៏ច្រើន មានរូបភាពដូចជានាគ រមែងញ៉ាំងខ្ញុំឲ្យពេញដោយទឹក ។ តា អម្ពជម្ពុលពុជា, នីបា តាលា ចុទុម្ពរា; ពហូនិ ផលជាតានិ, អាវហន្តិ អភិណ្ហសោ។ ដើមស្វាយ ដើមព្រីង ដើមខ្នុរសម្ល ដើមក្ទុម្ព ដើមត្នោតនិងដើមល្វា ផលជាតទាំងឡាយដ៏ច្រើន រមែងចូលទៅកាន់ស្ទឹងទាំងនោះរឿយៗ។ យំ កិញ្ចិ ឧភតោ តីរេ, ផលំ បតតិ អម្ពុនិ; អសំសយំ តំ សោតស្ស, ផលំ ហោតិ វសានុគំ។ ផ្លែឈើណាមួយ នៅក្បែរមាត់ច្រាំងទាំងពីរ រមែងជ្រុះទៅក្នុងទឹក ផ្លែឈើនោះ រសាត់ទៅតាមអំណាចខ្សែទឹកដោយឥតសង្ស័យ ។ ឯតទញ្ញាយ មេធាវិ, បុថុបញ្ញ សុណោហិ មេ; មា រោចយ មភិសង្គំ, បដិសេធ ជនាធិប។ បពិត្រលោកជាអ្នកប្រាជ្ញ មានប្រាជ្ញាច្រើន លោកជ្រាបហេតុនុ៎ះហើយ សូមស្តាប់ ពាក្យខ្ញុំចុះ បពិត្រព្រះជនាធិបតី សូមលោកកុំពេញចិត្តឡើយ ចូរបដិសេធ នូវការជាប់ជំពាក់ដោយតណ្ហា ។ ន វាហំ វឌ្ឍវំ មញ្ញេ, យំ ត្វំ រដ្ឋាភិវឌ្ឍន; អាចេយ្យមានោ រាជិសិ, មរណំ អភិកង្ខសិ។ បពិត្រព្រះរាជិសី អ្នកញ៉ាំងដែនឲ្យចម្រើន លោកកំពុងចម្រើន (ដោយសាច់និងឈាម) ប្រាថ្នាសេចក្តីស្លាប់ ដោយហេតុណា ខ្ញុំពុំសំគាល់នូវលោកថា ជាអ្នកចម្រើនដោយប្រាជ្ញា ដោយហេតុនោះទេ ។ តស្ស ជានន្តិ បិតរោ, គន្ធព្ពា ច សទេវកា; យេ ចាបិ ឥសយោ លោកេ, សញ្ញតត្តា តបស្សិនោ; អសំសយំ តេបិ ជានន្តិ, បដ្ឋភូតា យសស្សិនោ។ បិតាទាំងឡាយ (ព្រហ្ម) និងគន្ធព្វព្រមទាំងទេវតា រមែងដឹងនូវភាពនៃបុគ្គលនោះថា ជាអ្នកលុះក្នុងអំណាចនៃតណ្ហា ម្យ៉ាងទៀត ឥសីទាំងឡាយណាក្នុងលោក ជាអ្នកមានចិត្តសង្រួមហើយ មានតបៈ ឥសីទាំងឡាយនោះ រមែងដឹងឥតសង្ស័យ (សូម្បី) ពួកអ្នកមានយសជាអ្នកបម្រើ (ឥសីទាំងនោះក៏ដឹងការនោះតៗ គ្នាទៀត) ។ កាលនទីទេវធីតានឹងឲ្យតាបសនោះ កើតសេចក្ដីសង្វេគទើបពោលយ៉ាងនេះថា ព្រហ្ម ដែលដល់ការរាប់ថាជាបិតា គន្ធព្វព្រមទាំងកាមាវចរទេវតា មួយអន្លើដោយព្រហ្មនោះ និងពួកឥសីដែលមានចក្ខុទិព្វ រមែងដឹងបុគ្គលដែលធ្លាក់ចុះក្នុងអំណាចនៃតណ្ហា ដោយឥតសង្ស័យ ។ តែការដែលអ្នកមានឫទ្ធិទាំងនោះដឹងថា តាបសឯណោះជាបុគ្គលធ្លាក់ចុះ ក្នុងអំណាចនៃតណ្ហា មិនជាអស្ចារ្យទេ ។ ចំណែកអ្នកបម្រើ របស់ឥសីដែលតាំងសេចក្ដីព្យាយាម ជាអ្នកមានយស បានដឹងព្រោះស្ដាប់ពាក្យរបស់ជនទាំងនោះនិយាយគ្នាម្ដងទៀត ។ ឈ្មោះថា អាថ៌កំបាំងរបស់អ្នកធ្វើបាបកម្ម រមែងមិនមាន ។ បន្ទាប់ពីនោះមក តាបសក៏ពោល ៤ គាថាថា ឯវំ វិទិត្វា វិទូ សព្ពធម្មំ, វិទ្ធំសនំ ចវនំ ជីវិតស្ស; ន ចីយតី តស្ស នរស្ស បាបំ, សចេ ន ចេតេតិ វធាយ តស្ស។ បើ (នរជនណា) មិនគិតសម្លាប់បុគ្គលនោះទេ បាបក៏មិនចម្រើនដល់នរជននោះ ដែលដឹងច្បាស់នូវធម៌ទាំងពួង របស់អ្នកប្រាជ្ញ យ៉ាងនេះផង ដឹងនូវការបែកធ្លាយនិងច្យុតិនៃជីវិតផង ។ ឥសិបូគសមញ្ញាតេ, ឯវំ លោក្យា វិទិតា សតិ; អនរិយបរិសម្ភាសេ, បាបកម្មំ ជិគីសសិ។ ម្នាលនាងជាធំ ដែលពួកឥសីដឹងច្បាស់ហើយ ប្រយោជន៍នៃសត្វលោក នាងដឹងច្បាស់ហើយយ៉ាងនេះ នាងឈ្មោះថាស្វែងរកនូវបាបកម្ម (ចំពោះខ្លួន) ព្រោះប្រទេចពាក្យមិនប្រសើរ ។ សចេ អហំ មរិស្សាមិ, តីរេ តេ បុថុសុស្សោណិ; អសំសយំ តំ អសិលោកោ, មយិ បេតេ អាគមិស្សតិ។ ម្នាលនាងទេវធីតាមានត្រគាកសាយល្អ បើយើងស្លាប់លើត្រើយរបស់នាង កាលបើយើងស្លាប់ហើយ តំណិះដំណៀលនឹងបានមកនាងឯង ឥតសង្ស័យឡើយ ។ តស្មា ហិ បាបកំ កម្មំ, រក្ខស្សេវ សុមជ្ឈិមេ; មា តំ សព្ពោ ជនោ បច្ឆា, បកុដ្ឋាយិ មយិ មតេ។ ម្នាលនាងមានអវយវៈ ត្រង់កណ្តាលដ៏ល្អ ព្រោះហេតុនោះ នាងឯងចូររក្សានូវកម្មអាក្រក់ កាលបើយើងស្លាប់ហើយ កុំឲ្យជនទាំងអស់ជេរប្រទេចនាង ក្នុងកាលជាខាងក្រោយឡើយ ។ ទេពធីតាស្ដាប់ពាក្យនោះហើយ ទើបពោល ៥ គាថាថា អញ្ញាតមេតំ អវិសយ្ហសាហិ, អត្តានមម្ពញ្ច ទទាមិ តេ តំ; យោ ទុព្ពជេ កាមគុណេ បហាយ, សន្តិញ្ច ធម្មញ្ច អធិដ្ឋិតោសិ។ ហេតុនេះ ខ្ញុំម្ចាស់ដឹងច្បាស់ហើយ ធម្មតាស្តេចនេះ មិនងាយអត់ទ្រាំបានទេ ណ្ហើយចុះ ខ្ញុំម្ចាស់នឹងប្រគេននូវខ្លួនខ្ញុំម្ចាស់ផង ប្រគេននូវស្វាយនោះផង ដល់លោកម្ចាស់ ត្បិតលោកម្ចាស់បានលះបង់នូវកាមគុណទាំងឡាយ ដែលគេលះបង់បានដោយក្រ ហើយបានអធិដ្ឋាននូវសីល ជាគ្រឿងស្ងប់រម្ងាប់ផង នូវសុចរិតធម៌ផង ។ យោ ហិត្វា បុព្ពសញ្ញោគំ, បច្ឆាសំយោជនេ ឋិតោ; អធម្មញ្ចេវ ចរតិ, បាបញ្ចស្ស បវឌ្ឍតិ។ បុគ្គលណា លះបង់នូវចំណងខាងដើម ហើយឋិតនៅក្នុងចំណងខាងចុងផង ប្រព្រឹត្តនូវអធម៌ផង បាបតែងចម្រើនឡើងដល់បុគ្គលនោះ ។ ឯហិ តំ បាបយិស្សាមិ, កាមំ អប្បោស្សុកោ ភវ; ឧបនយាមិ សីតស្មិំ, វិហរាហិ អនុស្សុកោ។ សូមលោកម្ចាស់មកចុះ ខ្ញុំម្ចាស់នឹងនាំលោកម្ចាស់ទៅឲ្យដល់ព្រៃស្វាយនោះ សូម លោកម្ចាស់មានសេចក្តីខ្វល់ខ្វាយតិចដោយពិតចុះ ខ្ញុំម្ចាស់នឹងនាំទៅដាក់ក្នុងព្រៃស្វាយដ៏ត្រជាក់នោះ សូមលោកម្ចាស់គង់នៅកុំមានសេចក្តីខ្វល់ខ្វាយ ។ តំ បុប្ផរសមត្តេភិ, វក្កង្គេហិ អរិន្ទម; កោញ្ចា មយូរា ទិវិយា, កោលដ្ឋិមធុសាឡិកា; កូជិតា ហំសបូគេហិ, កោកិលេត្ថ បពោធរេ។ បពិត្រអរិន្ទមៈ ព្រៃស្វាយនោះ ពួកសត្វបក្សីមានកក្ងក់ ស្រវឹងដោយរសនៃផ្កាឈើ ស្រែកបន្លឺឡើងហើយ ពួកក្រៀល ពួកក្ងោក ជាទិព្វ ពួកសត្វស្លាបឈ្មោះកោលដ្ឋិ និងឈ្មោះមធុសាឡិកៈ យំជាមួយនឹងពួកហង្ស ពួកតាវៅ ដែលនៅក្នុងព្រៃស្វាយនោះ ក៏ញ៉ាំងពួកសត្វទាំងនោះឲ្យភ្ងាក់ឡើងហើយ ។ អម្ពេត្ថ វិប្បសាខគ្គា, បលាលខលសន្និភា; កោសម្ពសលឡា នីបា, បក្កតាលវិលម្ពិនោ។ ដើមស្វាយទាំងឡាយក្នុងព្រៃនោះ មានចុងមែកដាបចុះ (ព្រោះទម្ងន់ផ្លែ) ប្រាកដស្មើដោយទីលានដែលពេញដោយកណ្តាប់ស្រូវ ដើមដកគាំ ស្រល់ និងកទម្ពទាំងឡាយ មានចង្កោមផ្លែសំយុងចុះ ដូចធ្លាយផ្លែត្នោតទុំ ។ លោកពោលអធិប្បាយថា នែតាបសដ៏ចម្រើន បុគ្គលណាលះបង់រាជសម្បត្តិដ៏ធំ ហើយមកជាប់ជំពាក់នឹងរសតណ្ហា ត្រឹមតែផ្លែស្វាយទុំ មិននឹកនាដល់ខ្យល់និងកម្ដៅ អង្គុយរីងរៃនៅនឹងច្រាំងទន្លេ បុគ្គលនោះកាលឆ្លងមហាសមុទ្រ ប្រៀបដូចបុគ្គលដែលអង្គុយនៅទីបំផុតនៃច្រាំង ។ បុគ្គលណាជាអ្នកលុះក្នុងអំណាចនៃតណ្ហា ប្រព្រឹត្តអធម៌ កាលធ្វើដោយអំណាចនៃតណ្ហា បាបរមែងចម្រើនដល់បុគ្គលនោះ ។ ទេពធីតាកាលតិះដៀលតាបស ទើបពោលដូច្នេះ ។ កាលទេវធីតាពណ៌នាហើយ នាងក៏នាំតាបសទៅដាក់ក្នុងព្រៃស្វាយនោះ ហើយពោលថា លោកកាលបរិភោគផ្លែស្វាយក្នុងអម្ពវ័ននេះហើយ ចូរញ៉ាំងតណ្ហារបស់ខ្លួនឲ្យពេញចុះ ថាដូច្នេះហើយ ទើបចៀសចេញទៅ ។ តាបសបរិភោគផ្លែស្វាយ និងញ៉ាំងតណ្ហាឲ្យពេញហើយ ក៏សម្រាក កាលប្រព្រឹត្តនៅក្នុងអម្ពវ័នក៏បានឃើញវេមានិកប្រេតដែលកំពុងសោយទុក្ខ តែលោកមិនអាចនឹងពោលយ៉ាងណាឡើយ ។ ក្នុងកាលព្រះសូរិយាអស្ដង្គតទៅ តាបសឃើញប្រេតនោះសោយទិព្វសម្បត្តិ ដែលមានស្ត្រីរបាំជាបរិវារ ហើយទើបពោល ៣ គាថាថា មាលី កិរិដី កាយូរី, អង្គទី ចន្ទនុស្សទោ; រត្តិំ ត្វំ បរិចារេសិ, ទិវា វេទេសិ វេទនំ។ អ្នកទ្រទ្រង់នូវផ្កាកម្រង ទ្រទ្រង់នូវឈ្នួត ប្រដាប់ដោយគ្រឿងអាភរណៈ ពាក់នូវពាហុរត្ន (កងកន់) ប្រស់ព្រំដោយខ្លឹមចន្ទន៍ ឲ្យគេបម្រើក្នុងវេលាយប់ សោយនូវទុក្ខវេទនាក្នុងវេលាថ្ងែ ។ សោឡសិត្ថិសហស្សានិ, យា តេមា បរិចារិកា; ឯវំ មហានុភាវោសិ, អព្ភុតោ លោមហំសនោ។ ស្រីទាំងឡាយ ១៦០០០ នេះ ជាស្រីបម្រើរបស់អ្នក អ្នកជាបុគ្គលមានអានុភាពច្រើនយ៉ាងនេះ អស្ចារ្យ គួរឲ្យព្រឺរោម ។ កិំ កម្មមករី បុព្ពេ, បាបំ អត្តទុខាវហំ; យំ ករិត្វា មនុស្សេសុ, បិដ្ឋិមំសានិ ខាទសិ។ ក្នុងកាលមុន អ្នកបានធ្វើអំពើបាប នាំមកនូវទុក្ខដល់ខ្លួនដូចម្តេច ដែលអ្នកធ្វើក្នុងមនុស្សលោក បានជាស៊ីនូវសាច់ខ្នង (របស់ខ្លួន) ។ ប្រេតចាំតាបសនោះបាន ហើយពោលថា ព្រះអង្គមិនស្គាល់ខ្ញុំទេឬ ខ្ញុំជាបុរោហិតរបស់ព្រះអង្គ ខ្ញុំបានសោយសេចក្ដីសុខក្នុងវេលាយប់ ព្រោះផលនៃឧបោសថកន្លះថ្ងៃដែលខ្ញុំបានធ្វើដោយអាស្រ័យព្រះអង្គ បានសោយសេចក្ដីទុក្ខក្នុងពេលថ្ងៃ ដោយផលនៃបាបជាប្រក្រតីរបស់ខ្ញុំ ។ ខ្ញុំដែលព្រះអង្គតាំងទុកក្នុងតំណែងជាអ្នកវិនិច្ឆ័យ បានធ្វើការកាត់ក្ដីកោង ទទួលសំណូក ជាអ្នកស៊ីសាច់ខ្នងអ្នកដទៃ ព្រោះផលនៃកម្មដែលបានធ្វើទុកនោះ ខ្ញុំទើបសោយសេចក្ដីទុក្ខនេះក្នុងពេលថ្ងៃ ដូច្នេះហើយ ទើបពោលគាថា ២ ថា អជ្ឈេនានិ បដិគ្គយ្ហ, កាមេសុ គធិតោ អហំ; អចរិំ ទីឃមទ្ធានំ, បរេសំ អហិតាយហំ។ ខ្ញុំបានរៀននូវវេទទាំងឡាយ ហើយជាប់ជំពាក់ក្នុងកាមទាំងឡាយ បានប្រព្រឹត្តមិនជាប្រយោជន៍ដល់ជនដទៃ អស់កាលដ៏យូអង្វែង ។ យោ បិដ្ឋិមំសិកោ ហោតិ, ឯវំ ឧក្កច្ច ខាទតិ; យថាហំ អជ្ជ ខាទាមិ, បិដ្ឋិមំសានិ អត្តនោ។ បុគ្គលណា ជាអ្នកស៊ីនូវសាច់ខ្នង (ញុះញង់គេ) បុគ្គលនោះ ក៏ខ្វារស៊ីនូវសាច់ខ្នងរបស់ខ្លួន ដូចខ្ញុំស៊ីក្នុងថ្ងៃនេះដែរ ។ វេមានិកប្រេតបានពោលពាក្យនេះហើយ ក៏សួរតាបសថា លោកម្ចាស់មកទីនេះបាន ដោយប្រការដូចម្ដេច ។ តាបសពោលរឿងរ៉ាវទាំងអស់ ដោយពិស្ដារ ។ ប្រេតសួរទៀតថា បពិត្រលោកម្ចាស់ដ៏ចម្រើន ឥឡូវនេះ លោកនឹងនៅក្នុងទីនេះ ឬនឹងទៅវិញ ? តាបសពោលថា យើងមិននៅទេ យើងនឹងទៅកាន់អាស្រមប៉ុណ្ណោះ ។ ប្រេតពោលថា បពិត្រលោកម្ចាស់ ប្រពៃណាស់ ខ្ញុំនឹងទំនុកបម្រុងលោកម្ចាស់ដោយផ្លែស្វាយទុំជាប្រចាំ ថាហើយ ក៏នាំយកតាបសទៅដាក់ចុះក្នុងអាស្រម ដោយអានុភាពរបស់ខ្លួន រួចឲ្យតាបសកាន់យកបដិញ្ញាថា សូមលោកម្ចាស់កុំអផ្សុកអី ចូរនៅក្នុងទីនេះចុះ ដូច្នេះហើយ ទើបទៅ ។ ចាប់ពីពេលនោះមក ប្រេតនោះក៏បានទំនុកបម្រុងតាបសដោយផ្លែស្វាយទុំជាប់ជានិច្ច ។ តាបសកាលបានបរិភោគផ្លែស្វាយនោះ ហើយធ្វើកសិណបរិកម្ម ញ៉ាំងឈាននិងអភិញ្ញាឲ្យកើតឡើង ជាអ្នកមានព្រហ្មលោកជាទីទៅខាងមុខ ។ ព្រះសាស្ដាបាននាំព្រះធម្មទេសនានេះ ដល់ឧបាសកឧបាសិកាទាំងឡាយហើយ ទ្រង់ប្រកាសសច្ចធម៌ និងប្រជុំជាតក ក្នុងកាលជាទីបញ្ចប់នៃសច្ចធម៌ បុគ្គលខ្លះបានសម្រេចជាព្រះសោតាបន្ន បុគ្គលខ្លះបានជាព្រះសកទាគាមី បុគ្គលខ្លះបានជាព្រះអនាគាមី ។ តទា ទេវធីតា ឧប្បលវណ្ណា អហោសិ ទេពធីតាក្នុងកាលនោះ បានមកជាឧប្បលវណ្ណា តាបសោ បន អហមេវ អហោសិំ ចំណែកតាបស គឺ តថាគតនេះឯង ។កិំឆន្ទជាតក ចប់ ៕ (ជាតកដ្ឋកថា សុត្តន្តបិដក ខុទ្ទកនិកាយ ជាតក តិំសនិបាត បិដកលេខ ៦០ ទំព័រ ១៤៩) ថ្ងៃសៅរ៍ ១២ កើត ខែជេស្ឋ ឆ្នាំច សំរិទ្ធិស័ក ច.ស. ១៣៨០ ម.ស. ១៩៤០ ថ្ងៃទី ២៦ ខែ ឧសភា ព.ស. ២៥៦២ គ.ស.២០១៨ ដោយស.ដ.វ.ថ. ដោយ៥០០០ឆ្នាំ
images/articles/3292/4565tyri877565634.jpg
អត្ថន័យបុណ្យវិសាខបូជា
ផ្សាយ : ២៧ មិថុនា ឆ្នាំ២០២២
បុណ្យវិសាខបូជា ជាទិវាមួយពោរពេញដោយខ្លឹមសារអត្ថន័យដ៏មានតម្លៃដែលបានបង្ហាញដំណេីរធម្មជាតិនៃជីវិតពិតរបស់ព្រះពុទ្ធប្រាប់ដល់សាវករបស់ព្រះអង្គថា ដំណេីរជីវិតគ្រប់រូបគឺកេីតពីខាងដេីមត្រូវស្លាប់នៅខាងចុង កណ្តាលខ្វាយខ្វល់ជាទុក្ខដូច្នេះជីវិតបាន​កេីត​មក​ហេីយ​នេះត្រូវសិក្សាប្រតិបត្តិឲ្យបានល្អក្នុងការបណ្តុះនូវបញ្ញាញាណទុកជាបទពិសោធសម្រាប់​ដោះបញ្ហាជីវិតជាទុក្ខ ដែលកេីតពីអវិជ្ជា និងតណ្ហា បេីបញ្ញាញាណកេីតឡេីងហេីយ អវិជ្ជានិងតណ្ហាក៏ត្រូវរលត់ សង្ខារធម៌ជាដំណេីរជីវិតប្រព្រឹត្តជាទុក្ខក៏ត្រូវអស់ ហេតុនេះកិច្ចដែលព្រះពុទ្ធប្រាប់យេីងឲ្យខំប្រឹងសិក្សាប្រតិបត្តិនេះជាកិច្ចញ៊ាំងប្រយោជន៍ឲ្យសម្រេចដោយសេចក្តីមិនប្រមាទ ទាន់យេីងមានជីវិតរស់នៅ អាចដោះស្រាយបញ្ហាទុក្ខនេះបាន និងស្វែងរកទីពឹង គឺសេចក្តីសុខស្ងប់សម្រាប់ខ្លួនយេីងម្នាក់ៗដែលប្រាថ្នាចង់រួចចាកទុក្ខទាំងពួង។ សម្តែងដេាយ ព្រះអង្គគ្រូ៖ (មហាកម្មដ្ឋានាចរិយ ហ៊ឹម ប៊ុន ធឿន ធម្មត្ថេរោ) ដោយ៥០០០ឆ្នាំ
images/articles/3181/trghdyui867u6yer.jpg
កិរិយាតម្កល់ចិត្តក្នុងសីល
ផ្សាយ : ១៣ មិថុនា ឆ្នាំ២០២២
កិច្ចប្រតិបត្តិក្នុងព្រះពុទ្ធសាសនា ដែលជាគោលសំខាន់បំផុត មាន៣យ៉ាងគឺ៖ សីល១, សមាធិ១, បញ្ញា១ ។ គុណជាតិទាំង៣នេះ គឺសីលជាគុណជាតិដែល យោគាវចរត្រូវរក្សាមុន ជាងគុណជាតិដទៃទាំងអស់ ក្នុងកិច្ចប្រតិបត្តិ ដើម្បីប្រព្រឹត្តទៅធ្វើ ឲ្យជាក់ច្បាស់នូវផ្លូវ ព្រះនិព្វាន ដែលជាទីរលត់បង់នូវ សេចក្តីទុក្ខ ទាំងពួង។ -ព្រោះហេតុអ្វី? -ព្រោះថា កាលបើសីលមិនមានក្នុងសន្តានចិត្តនៃយោគាវចរហើយ សមាធិ ការ តម្កល់ចិត្តនឹង ក៏មិនមាន និងមិនអាចញ៉ាំង វិបស្សនាបញ្ញា ឲ្យកើតឡើង បានដោយពិត ។ មានសេចក្តីនៅក្នុងគុម្ពីរ វិសុទ្ធិមគ្គ ភាគ១ថាៈ បុរសឈរស៊ប់នៅលើផែនដី លើក នូវកាំបិតដែលបានសំលៀងយ៉ាងមុត ហើយកាប់នូវ គុម្ពឬស្សីយ៉ាងធំបាន មាន សេចក្តីឧបមាយ៉ាងណា យោគាវចរដែលស្ថិត នៅលើផែនដី គឺសីល លើកឡើងនូវកាំបិត គឺវិបស្សនាបញ្ញា ដែលបានសំលៀងយ៉ាងមុតល្អ ដោយថ្មសំលៀងគឺសមាធិ ដោយដៃគឺ បរិហារិកប្បញ្ញា ដែលផ្គងឡេីងដោយកម្លាំង នៃសេចក្តីព្យាយាម កាត់ ផ្តាច់នូវបណ្តាញគឺ តណ្ហា ដែលធ្លាក់ចុះក្នុងសន្តាន នៃខ្លួននោះទាំងអស់បាន ក៏មានសេចក្តីឧបមេយ្យ យ៉ាងនេះដែរ ។ ព្រះពុទ្ធដីកា៖ សីលេ បតិដ្នាយ នរោ សបញ្ញោ ចិត្តំ បញ្ញញ្ច ភាវយំ អាតាបី និបកោ ភិក្ខុ សោ ឥមំ វិជជយេ ជដំ នរ:ប្រកបដោយបញ្ញា ស្ថិតនៅស៊ប់ក្នុងសីល កាលចំរើននូវចិត្តផង បញ្ញាផង ជាអ្នកមានសេចក្តីព្យាយាម ជាគ្រឿងដុតកំដៅ នូវកិលេសជាប្រក្រតី មានប្រាជ្ញាជា គ្រឿងរក្សាខ្លួន ឃើញភ័យក្នុងសង្សារ នរ:នោះគប្បីកាត់ផ្តាច់ នូវបណ្តាញនេះបាន ។ បណ្តាធម៌ទាំង៣នេះ សូមលើកយកត្រង់ពាក្យថា សីលដែលជាកិច្ចប្រតិបត្តិ ដំបូងរបស់ពុទ្ធបរិស័ទ ក្នុងសាសនានេះ មកបកស្រាយមុន ដូចតទៅ៖ អ្វីជាតួសីល? ធម៌៤យ៉ាងគឺ ចេតនា១, ចេតសិក១, សំវរ:១, អវិតិក្កម:១ របស់បុគ្គលវៀរចាកអំពើ មានបាណាតិបាតជាដើម ឬថារបស់បុគ្គល កាលបំពេញ នូវវត្តិប្រតិបត្តិ ហៅថា សីល ន័យក្នុងបដិសម្ភិទា មានពោលថា៖ ចេតនា សីលំ ចេតសិកំ សីលំ សំវរោ សីលំ អវិតិក្កមោ សីលំ ប្រែថា៖ ចេតនាជាតួសីល ចេតសិកជាតួសីល សេចក្តីសង្រួមជាតួសីល ការមិនប្រព្រឹត្តកន្លងជាតួសីល ។ ១- ចេតនា សីលំ ចេតនាជាតួសីល ព្រះពុទ្ធដីកា៖ ចេតនាហំ ភិក្ខវេ សីលំ វទាមិ ម្នាលភិក្ខុទាំង ឡាយ តថាគតហៅថា ចេតនាជាតួសីល ។ ចេតនាមានន័យថា ធម្មជាតិអ្នកគិត អ្នកចាត់ចែង អ្នកសន្សំ វិគ្គហថាៈ អភិសន្ទហតីតិចេតនា ធម្មជាតិចាត់ចែងហៅថា ចេតនា បានសេចក្តីថា ធម្មជាតិដែលញ៉ាំង សម្បយុត្តធម៌ គឺចិត្តនិងចេតសិក ដែលប្រកបជាមួយ ឲ្យហូរចុះទៅក្នុងសីល ។ ការគិត គំនិត ការចាត់ចែង របស់បុគ្គល វៀរចាកបញ្ចវេរា គឺសម្លាប់សត្វ១, ការកាន់យកទ្រព្យសម្បត្តិ ដែលគេមិនបានឲ្យ១, ការប្រព្រឹត្តខុសក្នុងកាម១, ការពោល ពាក្យកុហក១, ការផឹកទឹកស្រវឹង មានសុរានិងមេរ័យ១ តាមផ្លូវកាយ ឬផ្លូវវាចា ហៅ ថាសីល ។ ម៉្យាងទៀត ចេតនាក្នុង កម្មបថ ៧យ៉ាង គឺ កាយកម្ម៣ និង វចីកម្ម៤ របស់បុគ្គល កាលលះបង់ នូវអំពើមានកិរិយា ញ៉ាំងសត្វមានជីវិត ឲ្យធ្លាក់ចុះកន្លង គឺសម្លាប់សត្វ ជាដើម ក៏ហៅថាសីល ។ ២- ចេតសិកំ សីលំ ចេតសិកជាតួសីល ចេតសិកមានន័យថា ធម្មជាតិមានសេចក្តីកើត សេចក្តី រលត់ អារម្មណ៍និងវត្ថុ ជាមួយគ្នាដោយចិត្ត ហៅថាចេតសិក តែនៅក្នុងទីនេះបានដល់ធម៌៣យ៉ាងគឺ៖ ១- អនភិជ្ឈា ការមិនសម្លឹងរំពៃចង់បានទ្រព្យរបស់គេ មកធ្វើជាទ្រព្យរបស់ខ្លួន ដែលជាអលោភចេតសិក ។ ២- អព្យាបាទោ ការមិនចងគំនុំចង់ឲ្យសត្វដទៃវិនាស ដែលជាអទោសចេតសិក។ ៣- សម្មាទិដ្និ ការយល់ឃើញត្រូវ ដែលជាអមោហចេតសិកហៅថាសីល ។ ដូចមានព្រះពុទ្ធដីកាជាដើមថាៈ ចេតសិក សីលំ នាម អភិជ្ឈំ បហាយ វិគតាភិជ្ឈេន ចេតសោ វិហរតិ បុគ្គលលះបង់នូវអភិជ្ឈា មានចេតនាដែលមាន អភិជ្ឈាទៅប្រោសហើយ គង់នៅ ឈ្មោះថា ចេតសិកសីល ។ ៣- សំវរោ សីលំ សេចក្តីសង្រួមជាតួសីល សេចក្តីសង្រួម៥យ៉ាងគឺ៖ ១- បាតិមោក្ខសំវរោ សេចក្តីសង្រួមនូវកាយ វាចា ទៅតាមសិក្ខាបទដែលមាន នៅក្នុង បាដិមោក្ខ បានដល់បរាជិក៤, សង្ឈាទិសេស១៣, អនិយត២, និស្សត្តិយបាចិត្តយ៣០, សុទ្ធិកបាចិត្តយ៩២, បាដិទេសនិយ៤, សេក្ខិយវត្ត៧៥, អធិករណ សមថ៧ រួមជា២២៧ (សិក្ខាបទសម្រាប់ភិក្ខុសង្ឃ) និងសេចក្តីសង្រួមកាយ វាចាមិន ប្រព្រឹត្តកន្លងនូវសិក្ខាបទ ដែលព្រះដ៏មានព្រះភាគទ្រង់បញ្ញត្តហើយ ខាងក្រៅបាតិមោក្ខបានដល់ពួកសិក្ខាបទ ដែលជាពួកថុល្លច្ចយាបត្តិ, ទុក្កដាបត្តិ, ទុព្ភាសិតាបត្តិ សីលនេះជាបាតិមោក្ខសំវរសីល ។ ២- សតិសំវរោ សេចក្តីសង្រួមសតិ បានដល់ការសង្រួមឥន្រ្ទិយទាំង៦ គឺ៖ ចក្ខុន្រ្ទិយ១, សោតិន្រ្ទិយ១, ឃានិន្រ្ទិយ១, ជីវ្ហិន្រ្ទិយ១, កាយិន្រ្ទិយ១, មនិន្រ្ទិយ១ គឺ ជាការសង្រួមស្មារតី តាមផ្លូវភ្នែក-ត្រចៀក -ច្រមុះ-អណ្តាត -កាយ-និងចិត្ត ហាមឃាត់ មិនឲ្យអកុសលធម៌ គឺអភិជ្ឈានិង ទោមនស្ស និងបាបធម៌ កើតឡើង គ្របសង្កត់ចិត្តបាន ក្នុងខណ:ដែលមានអារម្មណ៍ មានរូបារម្មណ៍ជាដើម មកប៉ះខ្ទប់នឹងទ្វារ មាន ចក្ខុទ្វារជាដើម ។ សីលនេះជា ឥន្រ្ទិយសំវរសីល។ ៣- ញាណសំវរោ សេចក្តីសង្រួមញាណ (ការដឹង) បានដល់ប្រាជ្ញាដែលតម្កល់ ដោយប្រពៃ ពិចារណាក្នុងការប្រើប្រាស់នូវបច្ច័យ៤ គឺ ចីវរប្បច្ច័យ១, បិណ្ឌបាតបច្ច័យ១, សេនាសនបច្ច័យ១, គិលានភេសជ្ជបច្ច័យ១ តាមសមគួរដល់ធម៌នៃការ ប្រើប្រាស់បច្ច័យ របស់អ្នកបួសមានធាតុបច្ចវេក្ខណ:ជាដើម ។ សីលនេះ ជាបច្ចយ សន្និស្សិតសីល ។ ៤- ខន្តិសំវរោ សេចក្តីសង្រួមក្នុងការអត់ទ្រាំគ្រប់យ៉ាង ចំពោះត្រជាក់និងក្តៅ លោកធម៌៨គឺ៖ លាភ១, អលាភ១, យស១, អយស១, និន្ទា១, សរសើរ១, សុខ១, ទុក្ខ១ ជាដើម ដែលកើតឡើងដល់ខ្លួន ។ ៥- វិរិយសំវរោ សេចក្តីសង្រួមនូវការព្យាយាម បានដល់នូវការព្យាយាមអត់ សង្កត់ កម្ចាត់បង់នូវ អកុសលវិតក្ក:៣គឺ៖ កាមវិតក្ក: សេចក្តីត្រិះរិះពីកាម១, ព្យាបាទ វិតក្ក: សេចក្តីត្រិះរិះពីព្យាបាទ១, វិហិង្សាវិតក្ក: សេចក្តីត្រិះរិះបៀតបៀនសត្វ១ ដែលកើតឡើងគ្របសង្កត់ចិត្ត ។ សេចក្តីសង្រួម៥យ៉ាង និងចេតនាវៀរចាក ចំពោះវត្ថុដែលដល់ព្រម របស់កុលបុត្ត ដែលជាអ្នក ភ័យខ្លាចក្នុងបាប ក៏ហៅថា សំវរសីលទាំងអស់ ។ ៤- អវិតិក្កមោសីលំ ការមិនប្រព្រឹត្តកន្លងជាតួសីល បានដល់ការមិនប្រព្រឹត្តកន្លង ដែលប្រកបដោយ កាយ វាចា របស់បុគ្គលដែល បានសមាទានសីល មានសីល៥ជាដើម ។ ឧបាសក ឧបាសិកា ដែលបានសមាទានសីល ពីបុគ្គល ឬព្រះសង្ឃហើយ ក៏ប្រឹងសង្រួមកាយវាចា ដោយប្រពៃតាមសិក្ខាបទ ដែលខ្លួនបាន សមាទានហើយ គឺមិនប្រព្រឹត្តកន្លងនូវ សិក្ខាបទណាមួយឡើយ ។ សីលរបស់ ឧបាសក-ឧបាសិកា ដែលកើតឡើងនេះឯង ហៅថា អវិតិក្កមសីល ។ ………………ព្រះពុទ្ធដីកាៈ បក្សីត្រដេវវុិច ស៊ូប្រថុយលះបង់ជីវិតរក្សានូវពង យ៉ាងណា មេម្រឹកចាមរី ស៊ូប្រថុយលះបង់ជីវិត រក្សានូវរេាមកន្ទុយ យ៉ាងណា កុដុម្ពីក៍មានកូនសម្លាញ់តែមួយ រក្សានូវកូន យ៉ាងណា បុរសមានភ្នែកម្ខាង រក្សានូវភ្នែកមួយយ៉ាងណា, លេាកទាំងឡាយ ចូររក្សានូវសីល របស់ខ្លួនអេាយជាទីស្រលាញ់ពេញចិត្តអេាយណាស់ ចូរប្រកបដេាយសេចក្តីគេារព សព្វៗកាល (អេាយដូចជាបក្សី ត្រដេរវវុិច រក្សាពងជាដេីម) យ៉ាងដូច្នេាះចុះ ។ ដោយ៥០០០ឆ្នាំ
images/articles/3182/____________________________________.jpg
អ្វីដែលហៅថាចិត្ត
ផ្សាយ : ១៣ មិថុនា ឆ្នាំ២០២២
ចិត្តបរមត្ថ ពាក្យថា ចិត្ត មានសេចក្តីថា៖ ១. ធម្មជាតិណារមែងគិត គឺ ដឹងអារម្មណ៍ ធម្មជាតិនេាះ ឈ្មេាះថា ចិត្ត ។ ២. ធម្មជាតិដែលឈ្មេាះថា ចិត្ត ព្រេាះអត្ថថា ជាហេតុឲ្យសម្បយុត្តិធម៌ដឹងនូវអារម្មណ៍ ។ ៣. ធម្មជាតិដែលគ្រាន់តែគិត គឺ ដឹងឈ្មេាះថា ចិត្ត ។ . ក្នុងអដ្ឋសាលិនី ពេាលទុកថា៖ យំ ចិត្តំ មនេា ហទយំ មានសំ បណ្ឌរំ មនាយតនំ មនិន្ទ្រិយំ វិញ្ញាណំ វិញ្ញាណក្ខន្ធេា តជ្ជា មនេាវិញ្ញាណធាតុ ឥទំ ចិត្តំ ។ ប្រែថា៖ ១. ធម្មជាតិណា រមែងគិត ធម្មជាតិនេាះ ឈ្មេាះថា ចិត្ត ២. ធម្មជាតិណា តែងបង្អេានទៅ ធម្មជាតិនេាះ ឈ្មេាះថា មនេា ៣. ធម្មជាតិណា ដែលដឹងអារម្មណ៍ ទុកនៅខាងក្នុង ធម្មជាតិនេាះ ឈ្មេាះថា ហទយៈ ៤. ចិត្ត នេាះឯងមានឆន្ទៈ គឺ ការពេញចិត្ត ឈ្មេាះថា មានសៈ ៥. ចិត្ត នេាះជាធម្មជាតិបរិសុទ្ធ ឈ្មេាះថា បណ្ឌរៈ ៦. មនៈ ដែលជាអាយតនៈខាងក្នុង ឈ្មេាះថា មនាយតនៈ ៧. មនៈ ដែលជាឥន្ទ្រីយ៍ ឈ្មេាះថា មនិន្ទ្រីយ៍ ៨. ធម្មជាតិ ដែលដឹងច្បាស់នូវអារម្មណ៍ ឈ្មេាះថា វិញ្ញាណ ៩. ខន្ធ គឺ កងនៃវិញ្ញាណ ឈ្មេាះថា វិញ្ញាណក្ខន្ធ ១០. មនៈ ដែលជាធាតុដឹងច្បាស់នូវអារម្មណ៍ ឈ្មេាះថា មនេាវិញ្ញាណធាតុ . លក្ខណៈរបស់ចិត្ត ចិត្ត ជាសង្ខតធម៌ គឺ ធម៌ដែលមានបច្ច័យតាក់តែង ដេាយការតាក់តែងរបស់បច្ច័យទាំងឡាយដូច្នេះឯង ទេីបចិត្តធ្លាក់ចុះក្នុង អំណាចនៃសាមញ្ញលក្ខណៈ (ត្រៃលក្ខណ៍) គឺ អនិច្ចលក្ខណៈ ទុក្ខលក្ខណៈ និង អនត្តលក្ខណៈ ព្រេាះតែចិត្ត មានសភាពជាត្រៃលក្ខណ៍ យ៉ាងនេះឯង ទេីបចិត្ត មានអាការកេីតរលត់បន្តជាប់គ្នា មិនដាច់ខ្សែរយៈ ហេីយប្រព្រឹត្តទៅយ៉ាងរហ័សបំផុត លំបាកនឹងប្រមាណបានណាស់ ។ . លក្ខណាទិចតុកៈរបស់ចិត្ត - វិជាននលក្ខណំ មានការដឹងអារម្មណ៍ ជាលក្ខណៈ - បុព្វង្គមរសំ មានសភាពជាប្រធាន ជាកិច្ច - សន្ធានបច្ចុប្បដ្ឋានំ មានការកេីតបន្តជាប់គ្នាជាអាការប្រាកដ - នាមរូបបទដ្ឋានំ មាននាមក្ខន្ធ ៣ និង រូប ជាបទដ្ឋាន . អំណាចរបស់ចិត្ត ចិត្ត ក្នុងស័ព្ទនេះ មានសេចក្តីសង្ខេបថា៖ ១. វិចិត្តករណា ចិត្តំ ឈ្មេាះថា ចិត្ត ព្រេាះធ្វេីឲ្យវិចិត្រផ្សេងៗ និងធ្វេីវត្ថុផ្សេងៗឲ្យវិចិត្រ គឺថា វត្ថុផ្សេងៗដែលកេីតពីសិល្បវិទ្យាផ្សេងៗ ក៏ព្រេាះចិត្ត ដូចជាគំនូរ ចម្លាក់ជាដេីម និងធ្វេីកិរិយាមាយាទឲ្យវិចិត្រ សមរម្យសុភាព ក៏ព្រេាះចិត្ត និងម្យា៉ងទៀត សំដៅដល់ការធ្វេីទីកេីតប្លែកៗ ដែលកេីតពីចិត្តជាកុសលនិងអកុសល ឲ្យវិចិត្រ គឺសន្ធឹកសន្ធាប់ មាននរក តិរច្ឆាន មនុស្ស ទេវតាជាដេីម។ ២. អត្តនេា ចិត្តតាយ វា ឈ្មេាះថា ចិត្ត ព្រេាះសភាវៈខ្លួនឯងវិចិត្រ គឺ វិចិត្រដេាយខ្លួនឯង បានសេចក្តីថា ចិត្តនេាះឯងជាកុសលក៏មាន ជាអកុសលក៏មាន ជាវិបាកក៏មាន ជាកិរិយាក៏មាន គឺថាចិត្តនេាះឯង ខណៈខ្លះក៏ជាកុសល ខណៈខ្លះក៏ជាអកុសល ខណៈខ្លះក៏ជាវិបាក ខណៈខ្លះក៏ជាកិរិយា។ ៣. ចិត្តំ កម្មកិលេសេហិ ឈ្មេាះថា ចិត្ត ព្រេាះសន្សំ កម្ម និង កិលេស ។ គឺចិត្តនេាះឯង ជាតួសន្សំកម្មដែលជាកុសល ជាអកុសល និងសន្សំកិលេស មាន រាគៈ ទេាសៈ និង មេាហៈ ជាដេីម នឹងសន្សំក្នុងទីដទៃមិនបាន ដូចមានរាគៈហេីយ ចិត្តនេាះក៏សន្សំ រាគៈនេាះឲ្យច្រេីនឡេីងៗ ជាដេីម។ ៤. ចិត្តំ តាយតិ វា តថា ឈ្មេាះថា ចិត្ត ព្រេាះរក្សាទុកនូវវិបាករបស់ខ្លួន ។ គឺ កម្មនិងកិលេសដែលសន្សំហេីយនេាះ រក្សាវិបាករបស់ខ្លួនមិនឲ្យបាត់បង់សូន្យទៅទេ កាលណាមានឱកាស បានបច្ច័យហេីយ វិបាកនេាះៗ តែងនឹងកេីតឡេីង ដូចកេីតឡេីងតាមទ្វារភ្នែកជាដេីម។ ៥. ចិនេាតិ អត្តសន្តានំ ឈ្មេាះថា ចិត្ត ព្រេាះសន្សំសន្តាននៃខ្លួន ។ គឺថា ចិត្តនេាះឯង តែងសន្សំសេចក្តីល្អខ្លះ សេចក្តីអាក្រក់ខ្លះ ទុកក្នុងសន្តានមិនឲ្យសាបសូន្យ ធ្វេីឲ្យកេីតជាទម្លាប់ដ៏ថ្នឹក ក្នុងការប្រព្រឹត្តរហូតទៅជានិស្ស័យ ឬជាចរិតជាប់ក្នុងសន្តាន។ ៦. វិចិត្តារម្មណន្តិ ចាតិ ឈ្មេាះថា ចិត្ត ព្រេាះមានអារម្មណ៍វិចិត្រដេាយប្រការផ្សេងៗ គឺថា ចិត្តនេះ ជាធម្មជាតិដឹងនូវ អារម្មណ៍ទាំង ៦ បានទាំងអស់ ទាំង ៦ ទ្វារ តែដឹងបានចំពេាះ អារម្មណ៍មួយៗប៉ុណ្ណេាះ មានរូបារម្មណ៍ជាដេីម។ . ក្នុងអដ្ឋកថាបរមត្ថទីបនីដីកា ពេាលថា៖ ចិត្តវិចិត្តតាយ សញ្ញាវិចិត្តតា សញ្ញាវិចិត្តតាយ តណ្ហាវិចិត្តតា តណ្ហាវិចិត្តតាយ កម្មានិវិចិត្តានិ កម្មវិចិត្តតា យេានិយេាវិចិត្តតា យេានិវិចិត្តតាយ តេសំ តិរច្ឆានគតានំ វិចិត្តតា វេទិតព្វា។ ប្រែថា សភាពដែលសត្វទាំងឡាយវិចិត្រនេាះ ក៏ព្រេាះកំណេីតវិចិត្រ កំណេីតវិចិត្រព្រេាះកម្មវិចិត្រ កម្មវិចិត្រព្រេាះតណ្ហាវិចិត្រ តណ្ហាវិចិត្រព្រេាះសញ្ញាវិចិត្រ សញ្ញាវិចិត្រព្រេាះចិត្តវិចិត្រ។ ពាក្យថា សត្វទាំងនេាះវិចិត្រ ព្រេាះកំណេីតវិចិត្រនេាះ គឺ សត្វទាំងឡាយដែលកេីតឡេីងក្នុងលេាក មានច្រេីនប្រភេទ ហេីយប្រភេទនីមួយៗ ក៏ច្រេីនសន្ធឹកសន្ធាប់ ទាំងអស់នេះ រស់ព្រេាះកំណេីតវិចិត្រ គឺ សន្ធឹកសន្ធាប់ប្រមាណមិនបាន។ ពាក្យថា កំណេីតវិចិត្រ ព្រេាះកម្មវិចិត្រនេាះ គឺជាធម្មតា សត្វដែលកេីតមក សុទ្ធតែធ្វេីកម្មទុកផ្សេងៗគ្នា ខ្លះក៏ធ្វេីកុសល ខ្លះក៏ធ្វេីអកុសល។ ពាក្យថា កម្មវិចិត្រ ព្រេាះតណ្ហាវិចិត្រនេាះ សេចក្តីថា តណ្ហា គឺចំណង់ក្នុងវត្ថុផ្សេងៗ ក្នុងសត្វ ក្នុងបុគ្គល មិនចង់ឲ្យព្រាត់ប្រាស ឬក៏ចង់ដេាយប្រការណាៗក្តី ទេីបខ្លួនឯងក៏ត្រូវធ្វេីកម្មដេាយអំណាចនៃតណ្ហា ដែលមានប្រភេទផ្សេងៗនេាះ។ ពាក្យថា តណ្ហាវិចិត្រ ព្រេាះសញ្ញាវិចិត្រនេាះ សេចក្តីថា សញ្ញា​ គឺ ការចាំ ការសំគាល់បាន មានច្រេីនយ៉ាង ។ ឃេីញម្តងការចាំក៏កេីតឡេីងម្តង ឮម្តងការចាំក៏កេីតឡេីងម្តង យ៉ាងនេះជាេដីម កាលណាចំណាំបានក្នុងវត្ថុដែលល្អ តណ្ហា ក៏កេីតសេចក្តីពេញចិត្តក្នុងវត្ថុនេាះៗ។ ពាក្យថា សញ្ញាវិចិត្រ ព្រេាះចិត្តវិចិត្រនេាះ មានន័យថា កាលណាចិត្តដួងមួយកេីតឡេីង សញ្ញាមួយដួងក៏កេីតឡេីង ចិត្តកេីតមួយរយដង មួយពាន់ដង សញ្ញាក៏កេីតមួយរយដង មួយពាន់ដងស្មេីនឹងចិត្តនេាះដែរ។ អត្ថបទ ដកស្រង់ពីសៀវភៅ៖ អភិធម្មសង្កហ បរិច្ឆេទទី១ (ចិត្តសង្គហវិភាគ) ដោយ៥០០០ឆ្នាំ
images/articles/3184/_________________________________.jpg
ទេវតាត្រួតមេីលមនុស្សលេាក
ផ្សាយ : ១៣ មិថុនា ឆ្នាំ២០២២
នៅក្នុងគម្ពីរមនេារថបូរណី អដ្ឋកថា បឋមរាជសូត្រ លេាកបានសម្តែងអំពី ទេវតារាល់ថ្ងៃឧបេាសថ ចុះមកកត់ឈ្មេាះបុគ្គលដែលបានធ្វេីល្អ ចូលនៅក្នុងបព្ជាីក្រាំងមាស ហេីយយកទៅប្រកាសឲ្យទេវតាដឹង កាលបេីទេវតាដឹងហេីយ ទេវតាសប្បាយចិត្ត ព្រេាះគិតថា នៅឋានទេវលេាក និងបរិបូណ៌ទៅដេាយទេវតា តែបេីមនុស្សទាំងឡាយ ចូលចិត្តធ្វេីអាក្រក់ ទេវតាទាំងឡាយ មិនសប្បាយចិត្តឡេីយ ។ បទថា អមច្ចា បារិសជ្ជា បានដល់ បារិចារិកទេវតា (ទេវតាទទួលប្រេី) ។ បទថា ឥមំ លេាកំ អនុវិចរន្តិ សេចក្តីថា បានឮថាក្នុងថ្ងៃ ៨ សេ្តចសក្កទេវរាជ ទ្រង់បញ្ញាស្តេចមហារាជទាំង ៤ ថាលេាកទាំងឡាយ ថ្ងៃនេះ ជាថ្ងៃ ៨ លេាកទាំងឡាយចូរត្រាច់ទៅកាន់មនុស្សលេាក ហេីយកត់យកឈ្មេាះ និងគេាត្ររបស់មនុស្សដែលធ្វេីបុណ្យមក ។ ស្តេចមហារាជទាំង ៤ នេាះ ក៏ត្រឡប់ទៅបពា្ជាបរិវារបស់ខ្លួនថា ទៅចុះលេាកទាំងឡាយ លេាកចូរត្រាច់ទៅកាន់មនុស្សលេាក សរសេរឈ្មេាះ និងគេាត្រ និងរបស់មនុស្សដែលធ្វេីបុណ្យចុះក្នុងផែនមាសហេីយនាំមកចុះ ។ បរិវារទាំងនេាះធ្វេីតាមពាក្យបព្ជាានេាះ ដេាយហេតុនេាះ ទេីបព្រះមានព្រះភាគត្រាស់ថា ឥមំ លេាកំ អនុវិចរន្តិ ដូច្នេះ ។ បទថា កិច្ចិ ពហូ ជាដេីម ព្រះមានព្រះភាគត្រាស់ទុកដេីម្បីសម្តែងអាការត្រួតត្រាមេីលរបស់ទេវតាទាំងនេាះ ។ ពិតមែន ទេវតាទាំងឡាយត្រាច់ទៅត្រួតត្រាមេីល ដេាយអាការដូចពេាលមកនេះ ។ តេីអ្នកចង់ឲ្យទេវតាកត់ឈ្មេាះអ្នកចូលបព្ជាីក្រាំងមាស ឬចង់ឲ្យស្តេចយមរាជកត់ឈ្មេាះអ្នកចូលបព្ជាីខ្មៅ? ៚អត្ថបទស្រង់ចាកពីសៀវភៅ»សីលមយៈ ……………..ព្រះពុទ្ធដីកា បក្សីត្រដេវវុិច ស៊ូប្រថុយលះបង់ជីវិតរក្សានូវពង យ៉ាងណា មេម្រឹកចាមរី ស៊ូប្រថុយលះបង់ជីវិត រក្សានូវរេាមកន្ទុយ យ៉ាងណា កុដុម្ពីក៏មានកូនសម្លាញ់តែមួយ រក្សានូវកូន យ៉ាងណា បុរសមានភ្នែកម្ខាង រក្សានូវភ្នែកមួយយ៉ាងណា, លេាកទាំងឡាយ ចូររក្សានូវសីល របស់ខ្លួនអេាយជាទីស្រលាញ់ពេញចិត្តអេាយណាស់ ចូរប្រកបដេាយសេចក្តីគេារព សព្វៗកាល (អេាយដូចជាបក្សី ត្រដេរវវុិច រក្សាពងជាដេីម) យ៉ាងដូច្នេាះចុះ ។ ដោយ៥០០០ឆ្នាំ
images/articles/3198/____________________________________.jpg
ប្រយេាជន៍អ្វីដេាយកាយជាទេាស ឥតខ្លឹមសារ
ផ្សាយ : ១៣ មិថុនា ឆ្នាំ២០២២
ប្រយេាជន៍អ្វី ដេាយភពដែលអ្នកផងត្រេកត្រអាល ប្រយេាជន៍អ្វីដេាយកាយជាទេាស ឥតខ្លឹមសារ (សរីរៈនេះ) ដូចជាដង្កូវ ជាកាយស្អុយ មិនស្អាត មានក្លិនផ្សាយទៅ គួរឲ្យខ្លាច ដូចជាការុងជាវិការៈនៃស្បែក ពេញដេាយសាកសព ពេញដេាយរបស់មិនស្អាត ដែលហូរចេញក្នុងកាលម្តងៗ។ ដែលបូកលាប ដេាយសាច់និងឈាម ជារបស់គួរខ្ពេីមក្រៃពេក ជាលំនៅនៃហ្វូវដង្កូវ ជាចំណីនៃសត្វស្លាប ជាសាកសព (គេ) នឹងឲ្យដល់អ្នកណាម្តេចបាន។ កាយដែលមានវិញាណប្រាសចេញហេីយ មិនយូរប៉ុន្មាន គេតែងដុតក្នុងព្រៃស្មសាន ពួកញាតិដែលខ្ពេីមរអេីម ក៏បេាះបង់ចេាល ដូចជាអង្កត់អុស។ មាតាបិតារបស់ខ្លួន ចេាលសាកសពនេាះ ឲ្យជាចំណីសត្វដទៃក្នុងព្រៃស្មសាន ខ្ពេីមរអេីម ងូតលាង (ខ្លួនដេីរចេញទៅ) ចំណង់បេីសាធារណៈជន (នឹងមិនខ្ពេីម) ដូចមេ្តចកេីត។ សត្វទាំងឡាយតែងជ្រុលជ្រប់ក្នុងគ្រេាងកាយ ជាសាកសពឥតខ្លឹមសារ ដែលសង្ខារផ្សំផ្គុំដេាយឆ្អឹងសរសៃ ជាកាយស្អុយ ពេញដេាយទឹកមាត់ ទឹកភ្នែក ទឹកសំបេារ និង ទឹករងៃ។ បេីបុគ្គលពន្លាត់រាងកាយនេាះ ធ្វេីអាការខាងក្នុងនៃវាឲ្យត្រឡប់មកខាងក្រៅវិញ សូម្បីមាតារបស់ខ្លួនក៏ខ្ពេីមរអេីមទ្រាំនឹងក្លិនពុំបាន។ នូវខន្ធ ធាតុ អាយតនៈ ដែលសង្ខារតាក់តែង ថាមានជាតិជាប្ញសគល់ នាំមកនូវ ទុក្ខ មិនជាទីពេញចិត្ត និឹងប្រាថ្នា។ លំពែង ៣០០ ដែលសំលៀងថ្មីៗ គប្បីធ្លាក់ចុះលេីកាយរាល់ៗថ្ងៃ ប្រសិនបេី ការអស់ទៅនៃទុក្ខ សូម្បីមានការលំបាក (យ៉ាងនេះ) អស់រយនៃឆ្នាំ ជាការប្រសេីរ។ បុគ្គលណា ដឹងព្រះពុទ្ធដីការបស់ព្រះសាស្តាយ៉ាងនេះ ហេីយបានទទួលនូវសេចក្តីលំបាក (ការអស់ទៅនៃទុក្ខតែងមានដល់បុគ្គលនេាះ) សង្សារ (ការអន្ទេាលទៅ) របស់បុគ្គលពាលទាំងឡាយ ដែលលំបាករឿយៗ ជាសង្សារវែងឆ្ងាយ។ ការលំបាកតានតឹងមិនមានប្រមាណ រមែងប្រាកដក្នុងពួកទេវតា ពួកមនុស្ស ក្នុងកំណេីតតិរច្ឆាន ក្នុងពួកអសុរកាយ ក្នុងពួកប្រេតនិងក្នុងពួកនរក។ ក្នុងនរក មានសេចក្តីលំបាកច្រេីន សត្វដែលកេីតក្នុងវិនិបាត ក៏លំបាក សូម្បីក្នុងពួកទេវតា ក៏មិនមានទីពឹង សេចក្តីសុខដទៃក្រៃលែងជាងសេចក្តីសុខក្នុងព្រះនិព្វាន មិនមានទេ។ បុគ្គលពួកណា ខំប្រឹងប្រែងក្នុងសាសនា របស់ព្រះទសពល ជាអ្នកមានសេចក្តីខ្វល់ខ្វាយតិច ខំព្យាយាមលះបង់ជាតិនិងមរណៈ បុគ្គលពួកនេាះ ឈ្មេាះថាបានព្រះនិព្វាន។ ប្រយេាជន៍អ្វីដេាយភេាគៈទាំងឡាយ ដែលឥតខ្លឹមសារ កាមទាំងឡាយទុកស្មេីវត្ថុដែលគេខ្ជាក់ចេាល ខ្ញុំម្ចាស់នឿយណាយហេីយ ធ្វេីឲ្យដូចដេីមត្នេាតមិនមានទីកេីត (ដែលបុគ្គលដកចេាលហេីយ)។ (សុមេធាថេរី ) ដោយ៥០០០ឆ្នាំ
images/articles/3199/______________________________.jpg
ភិក្ខុលួចក្លិន
ផ្សាយ : ១៣ មិថុនា ឆ្នាំ២០២២
(បុទុមបុប្ផសូត្រទី ១៤) សម័យមួយ ភិក្ខុមួយរូប នៅក្នុងដង​ព្រៃមួយ ក្នុងដែនកោសល។ ក៏សម័យនោះឯង ភិក្ខុ​នោះ​ត្រឡប់មកពី បិណ្ឌបាត ធ្វើភត្តកិច្ចស្រេចហើយ ក្នុងវេលាក្រោយភត្ត ក៏ចុះកាន់​ស្រះ​បោក្ខរ​ណី​ រួចហិត​ផ្កាឈូក។ គ្រានោះឯង ទេវតាដែល​នៅអាស្រ័យ ក្នុងដងព្រៃ​នោះ ជាអ្នក​អនុគ្រោះ ប្រាថ្នានូវ​ប្រយោជន៍​ដល់​ភិក្ខុនោះ ចង់ធ្វើភិក្ខុ នោះឱ្យសង្វេគ ទើបចូលទៅរកភិក្ខុនោះ លុះចូលទៅដល់ហើយ ក៏​ពោល​គាថា​នឹងភិក្ខុនោះថា៖ លោកហិតផ្កា ដែលកើតក្នុងទឹកនុ៎ះ ដែលគេមិនបាន ឱ្យបពិត្រ​លោក​អ្នកនិរទុក្ខ ការហិតនុ៎ះ ជាអង្គមួយនៃការលួច លោកឈ្មោះថា ជាអ្នកលួចក្លិន។ ភិក្ខុនោះ​តបថា អាត្មាមិនបាននាំទៅ មិនបាន​កាច់ទេ គ្រាន់តែហិតផ្កា​ដែលកើតក្នុងទឹក អំពី​ចម្ងាយ​ទេតើ ចុះហេតុ ដូចម្តេចបានជាអ្នកនិយាយថា អាត្មាលួចក្លិន ។ (ក្នុងកាលនោះ មាន​តាបស​ម្នាក់ចុះជីកគាស់ ក្រអៅឈូក កាច់ផ្កាឈូក ភិក្ខុពោលតទៅទៀត ថា ) ចុះបុរស​ដែល​មាន​អំពើផ្តេសផ្តាស ជីកគាស់ក្រអៅឈូក កាច់ផ្កាឈូកយ៉ាងនេះ ហេតុអ្វី​ក៏អ្នក​មិនថា​ឱ្យ​បុរស​នុះ​ផ៎ង ។ ទេវតា​តបថា បុរសដែល​ល្មោភ​ផ្តេសផ្តាស ជាអ្នក​ប្រឡាក់ដោយ​កិលេស​ហួសកំណត់ ពាក្យ​របស់​ខ្ញុំ​មិនមានក្នុង បុរសនោះទេ ខ្ញុំគួរនិយាយតែនឹងលោកម្នាក់ ព្រោះបុគ្គល ដែលឥត​មាន​ទីទួល ពោលគឺកិលេស ជាអ្នកស្វែងរកសេចក្តី ស្អាត អស់កាលជានិច្ច សូម្បីមាន​បាប​ប៉ុន​ចុង​សក់ ក៏ប្រាកដ​ដូច​ជាប៉ុនមេឃ ។ ភិក្ខុនោះតប​ថា ម្នាលទេវតា អ្នកស្គាល់អាត្មា​មែន អ្នកអនុគ្រោះ​អាត្មាមែន ម្នាលទេវតា កាលណា​បើអ្នកឃើញ​អាត្មាធ្វើដូច្នេះ អ្នកគប្បី​និយាយឱ្យអាត្មាទៀតចុះ ។ ទេវតាតបថា ខ្ញុំមិនបាន​ចិញ្ចឹមលោកទេ មិនមែនគ្រាន់ បើជាងលោកទេ លោកគប្បី​ទៅកាន់​សុគតិ​ដោយ​កម្មណា បពិត្រភិក្ខុ លោកត្រូវដឹង​កម្មនោះដោយខ្លួន​លោកចុះ ។​ គ្រានោះឯង ភិក្ខុនោះ លុះទេវតានោះ ធ្វើឱ្យសង្វេគ ហើយ ក៏ដល់នូវសេចក្តីសង្វេគ ។ ចប់បទុមបុប្ផសូត្រ ……………………………….. បុគ្គលត្រូវតែ​មានស្មារតី ដឹងនូវទោសកំហុសរបស់ ខ្លួនឯង ទោះបីធំ ឬតូច ហើយប្រញាប់​លះបង់​ចោល ឬ ខំព្យាយាមកែលម្អ ព្រោះថា អ្នកដទៃមិនងាយបានដឹងរឿង រ៉ាវសព្វ​គ្រប់​របស់​យើងទេ ជួនកាលបានដឹងដែរ ប៉ុន្តែមិន ហ៊ានប្រាប់ ជួនកាលទៀតនោះ ថែមទាំង​ពោល​សរសើរ​នូវ ទោសកំហុសរបស់យើងទៀតផង ។ ការមាននូវលោភៈ ជាប់ជំពាក់ក្នុងរូប សំលេង ក្លិន រស ផោដ្ឋព្វ បុគ្គលក្នុងលោក​កម្របាន​ឃើញ​តាមពិត ថា ជាទោស ថាជាបាបអកុសលដែលគួរខ្លាច ព្រោះមិនមានការ អប់រំនូវសតិ ឬដោយ​ការវង្វេងភ្លេចសតិ តាមពិតលោភៈនេះ វានាំមកនូវបញ្ហាកង្វល់ក្នុងបច្ចុប្បន្នផង វាជា​អរិយ​សច្ចៈទី២ គឺហេតុដែលនាំឱ្យ​កើតទុក្ខក្នុងវដ្តៈផង ។ សព្វបើគ្រាន់តែហិតក្លិនផ្កា ក៏គង់ទេវតាពោលទោស ហើយប្រាប់ថា បុគ្គលអ្នក​ស្វែងរក​សេចក្តី​ស្អាត​អស់កាលជានិច្ច សូម្បីមានបាបប៉ុនចុងសក់ ក៏ប្រាកដដូចជាប៉ុនមេឃ ចុះបើខ្ញុំ ឯណេះ​វិញ មានបាបប៉ុនមេឃ ឃើញប៉ុនចុងសក់ ជួនកាល ស្រវាំងភ្នែក ខ្ញុំរកមើលមិនឃើញផង តើវា​យ៉ាងម៉េចេទៅខ្ញុំ ហ្នឹង បើបាបច្រើនម្លឹងៗ សណ្តោងយកទៅស្ថានសួគ៌រួចដែរ ឬអត់ ឬក៏ត្រូវ​ទប់ខ្លួនមិនជាប់ ដោយសារបាបធ្ងន់ពេកវាទាញ ទៅក្រោមទេដឹង (ខ្ញុំ=ខ្ញុំតណ្ហា) ។ ការមើលឃើញបាបល្អិតៗតូចៗដោយសារកម្លាំង របស់សតិប្បដ្ឋាន ការដឹងទោស​ថាជា​ទោស​​ពិត សូម្បីតូច ល្អិត ដោយសេចក្តីមិន​ប្រមាទ ប្រៀបបីដូចរាជ​បុរសចាប់ចោរបាន ។សតិប្បដ្ឋាន​ជាផ្លូវតែមួយគត់ នាំទៅរកការត្រាស់ ដឹង និង ការរួចផុតចាកទុក្ខទាំងពួង។ យើងតែង​ឃាត់អ្នកដទៃ មិនឱ្យថើបផ្កា ព្រោះថា សំរាប់ថ្វាយព្រះ ឬផ្កានៅនឹងដើម ដោយ​អាង​ថា សំរាប់ថ្វាយ ទេវតា ប៉ុន្តែទេវតាចង្អុលបង្ហាញទោសនៃការហិតក្លិនផ្កាឈូក ដល់ភិក្ខុ ព្រោះ​ឃើញ​ដល់លោភៈ ជាទុក្ខសមុទយៈ គឺហេតុនាំឱ្យ កើតទុក្ខ ជាការរំលឹកដាស់​តឿនឱ្យមាន​សតិថ្នាក់​សតិប្បដ្ឋាន។ ក្នុងលោកនេះបើមិនមានបុគ្គលអ្នក​ត្រាស់ដឹងសច្ចធម៌ទេនោះ តើអ្នកណា​​អាច​​សំដែង​ប្រាប់​បាន​ថា លោភៈ ជា ហេតុនាំឱ្យកើតទុក្ខ មានជាតិទុក្ខជាដើម ។ មិន​ចំពោះ​តែការ​ហិត​ក្លិន​ផ្កា​ឈូក​ប៉ុណ្ណោះទេ ឱ្យតែ តណ្ហាកើតឡើង ឈ្មោះថាជាចោរ​ដោយបរមត្ថ ព្រោះអ្វីៗ ក្នុងលោក សុទ្ធតែមិនទៀង ជាទុក្ខ ជាផលរបស់ហេតុមិន មែនរបស់ខ្លួន ប៉ុន្តែតណ្ហា​តែងតែ​ប្រកាន់ថា នុះជា៎របស់យើង នេះឯងឈ្មោះ​ថាចោរដោយ​បរមត្ថ ត្រូវទទួល​ទារុណកម្ម ដោយកងទុក្ខ ១២ កង ជាប់ក្នុង​ទ្រុងមច្ចុរាជ ។ ស្រង់​ចាកពី​សៀវភៅ​ ជំនួយ​សតិ​ភាគ​៣ ​រៀប​រៀង​ដោយ អគ្គ​បណ្ឌិត​ ធម្មាចារ្យ ប៊ុត-​សាវង្ស​។ ដោយ៥០០០ឆ្នាំ
images/articles/3209/______________________________.jpg
អ្វី​ទៅ​ជា​ព្រហ្មចរិយធម៌ ?
ផ្សាយ : ១៣ មិថុនា ឆ្នាំ២០២២
ជរាសូត្រ ទី១ ទេវតាទូលថា អ្វីហ្ន៎ ជាគុណជាតញុំាងប្រយោជន៍ឲ្យសម្រេច ដរាបដល់ជរា អ្វីហ្ន៎ ដែលបុគ្គលតម្កល់ទុកហើយ ញុំាងប្រយោជន៍ឲ្យសម្រេចបាន អ្វីហ្ន៎ ជាកែវ​របស់ជន​ទាំងឡាយ អ្វីហ្ន៎ ដែលពួកចោរនាំទៅមិនបាន ។ ព្រះមានព្រះភាគត្រាស់ថា សីល ជាគុណជាត ញុំាង​ប្រយោជន៍​ឲ្យសម្រេច ដរាបដល់ជរា សទ្ធា ដែលបុគ្គលតម្កល់ទុកហើយ ញុំាងប្រយោជន៍​ឲ្យសម្រេចបាន បញ្ញា ជាកែវ​របស់ជន​ទាំងឡាយ បុណ្យ ពួកចោរនាំទៅមិនបាន។ សីលជាយាន ទានជាស្បៀងគួរខំរកទុកបង្ការ ឥទ្ធិពល​សីល​មាន​អានុភាព​ច្រើន​ណាស់​មិន​អាច​គណនា​បាន​ទេ ហើយ​កម្លាំង​សីល​នេះ​អាច​រុញច្រាន​កំណើត​មនុស្ស​ឱ្យទៅ​ជា​កំណើត​ទេវតា ព្រះឥន្ទ្រ ព្រះព្រហ្ម​បាន​តាម​ការ​ប្រាថ្នា​ឱ្យ​តែ​បុគ្គល​នោះ​ប្រព្រឹត្ត​រក្សា​បាន​ល្អ កុំ​ធ្វើ​ឱ្យ​សីល​របស់​ខ្លួន​ពព្រុះ​ពពាល​សៅហ្មង ។ កាលដែល​បុគ្គល​ប្រតិបត្តិ​សីល​បាន​ល្អ​គ្រប់​សិក្ខាបទ​ហើយ លោក​ឱ្យឈ្មោះ​ថា មាន​ព្រហ្មចរិយធម៌​រមែង​រស់នៅ​ជា​សុខ​ក្នុង​លោក​នេះ​ផង និង​លោក​ខាង​មុខ​ផង ។ អ្វី​ទៅ​ជា​ព្រហ្មចរិយធម៌ ? ពាក្យ​ថា​ព្រហ្មចរិយៈ​ឬ​ព្រហ្មចរិយធម៌​ប្រែ​ថា​បែបបទ ឬ​សណ្តាប់ធ្នាប់​របស់​ព្រហ្មចារី ឬ​ព្រហ្មចារិនី អ្នក​ប្រព្រឹត្ត​ធម៌​ដ៏​ប្រសើរ​។ តាម​ន័យ​ខាង​ព្រះពុទ្ធ​សាសនា ការ​ឱ្យទាន​ការ​ខ្វល់​ខ្វាយ​ ឬ​ខ្នះខ្នែង​ចំពោះ​អំពើ​ជា​កុសល​, ការ​រក្សាសីល​៥, សីល​៨, ការ​ចម្រើន​ព្រហ្ម​វិហារធម៌​៤, ការ​សម្តែងធម៌ ឬ​ណែនាំ​ពន្យល់​ឱ្យ​អ្នក​ដទៃ​កាន់​អំពើ​សុចរិត​, កុំ​រុកកួន​គ្នា​, កុំ​បៀត​បៀន​គ្នា​,​កុំ​ពោល​ពាក្យចាកដោត​គ្នា​, កុំ​ញុះញង់​គ្នា​, ការ​វៀរចាក​មេថុនធម្ម​, សេចក្តី​សន្តោស​ចំពោះ​ភរិយា​របស់​​ខ្លួន​, សេចក្តី​ព្យាយាម​ដ៏​ខ្ជាប់ខ្ជួន​ក្នុង​កង​ការ​កុសល​, ការ​រក្សា​ឧបោសថសីល​តាម​ការ​កំណត់​ជាដើម លោក​ឱ្យឈ្មោះ​ថា ព្រហ្មចរិយៈ ឬ​ហៅ​ថា​ព្រហ្មចរិយធម៌ ។ ដោយសារ​តែ​សេចក្តីស្លាប់​នៃ​រូប​កាយ​យើង​នៅ​ប្រចាំការ​គ្រប់​ដង្ហើម​ចេញចូល​រាល់ថ្ងៃ​រាល់​យប់​គ្រប់​វេលា គួរ​សប្បុរស​គ្រប់​រូប​ទោះជា​អ្នក​ធ្វើស្រែ​ចម្ការ​ក្តី អ្នក​ធ្វើ​ជំនួញ​ក្តី អ្នកធ្វើការ​ឈ្នួល​ក្តី អ្នកបម្រើ​រាជការ​ក្តី បុគ្គលិក​ស្ថាប័នឯកជន​នានា​ក្តី គប្បី​លៃលក​រក​ឱកាស​ប្រព្រឹត្ត​ព្រហ្មចរិយធម៌​ពោល​គឺ​ប្រឹងប្រែង​ធ្វើ​កង​ការ​កុសល​ឱ្យ​បាន​ច្រើន​ទៅ​តាម​លទ្ធភាព​រៀង​ៗ​ខ្លួន ព្រោះ​សីល​ជា​យាន ទាន​ជា​ស្បៀង​ទុក​បង្ការ​ផ្លូវ​ទៅ​មុខ​ឱ្យ​ហើយ​ទោះបី​តិច ​ឬ​ច្រើន​កុំឱ្យ​ខកខាន​ខូច​វេលា​។ ធ្វើ​ទាន​សីល​ភាវនា​ដើម្បី​នឹង​បានជា​ឧបនិស្ស័យ​ទៅ​កាន់​បរមលោក​ក្សេម​ផុត​ចាក​ទុក្ខ​ទាំងពួង៕ ដោយ៥០០០ឆ្នាំ
images/articles/3301/_________________________________.jpg
ថ្ងៃនេះគេហទំព័រមានអាយុគ្រប់១១ឆ្នាំ
ផ្សាយ : ១២ មិថុនា ឆ្នាំ២០២២
ថ្ងៃ​នេះ​ គេ​ហទំព័រ​៥០០០​ឆ្នាំ​ មាន​អា​យុ​គម្រប់​ ១០ឆ្នាំ​ គេហទំព័រ​៥០០០​ឆ្នាំ​ត្រូវបាន​បង្កើត​ឡើង​នៅ ខែពិសាខ ឆ្នាំថោះ ត្រីស័ក, ព.ស. ២៥៥៥ (ខែ​មិថុនា​ឆ្នាំ​២០១១ ) ក្នុង​​គោល​​បំណង ផ្សព្វ​​ផ្សាយ​​ព្រះធម៌​នៃ​​ព្រះ​សម្មា​សម្ពុទ្ធ ​តាម​ប្រព័ន្ធ​​​អ៊ីនធឺ​ណែត ដើម្បី​បញ្ជៀប​នូវ​សីលធម៌ ចរិយា​ធម៌ និងសេច​ក្តីថ្លៃថ្នូរ ទៅ​ដល់​ស្រទាប់​យុវវ័យនិង​ពុទ្ធ​បរិស័ទ​ទូទៅ​ទាំងក្នុង​ស្រុកនិង​ក្រៅ​ស្រុកនិង​ម៉្យាង​ដើម្បី​សម្រួល​ដល់​ការ​សិក្សា​ព្រះ​ពុទ្ធវចនៈ​តាម​បែប​បច្ចេក​វិទ្យា​សម័យ​ទំនើប ។ គេហទំព័រ​៥០០០​ឆ្នាំ សូម​ថ្លែង​អំណរ​គុណ​យ៉ាង​ជ្រាល​ជ្រៅ​ចំពោះ​ពុទ្ធសាសនា​និក​ជន​ទូទៅ​​ដែល​បាន​ចំណាយ​ពេល​វេលា​ដ៏​មាន​តម្លៃ​ក្នុង​ការ​ចូល​មក​គេហ​ទំព័រ​៥០០០​ឆ្នាំ​ដើម្បី​ស្តាប់​ព្រះ​ធម៌និង​ស្រាវ​ជ្រាវ​ព្រះ​ពុទ្ធ​វចនៈ​ផ្សេង​ៗ ។ ​ជា​ពិសេស សូម​ថ្លែង​អំណរ​គុណ​ចំពោះ​ធម្មទាន​ដ៏ថ្លៃថ្លា របស់ ​ពុទ្ធបរិស័ទ​នៅ​ក្នុងប្រទេ​ស​និង​ ក្រៅ​ប្រទេស​ដូច​ជា ប្រទេស​អាមេរិក បារាំង កូរ៉េ អូស្រ្តាលី...ដែល​បាន​បរិច្ចាគ​ធន​ធាន​យ៉ាង​ច្រើន​ក្នុង​ការផ្គត់​ផ្គង់​ទ្រទ្រង់​គេហ​ទំព័រ​៥០០០ឆ្នាំ ជា​ប្រចាំខែ​ផង ជា​បន្ទាន់​ផង.. ដែល​ជា​​កម្លាំង​យ៉ាង​ក្រៃលែង​ដល់​ដំណើរ​ការ​៥០០០​ឆ្នាំ​រហូត​មក​ទល់​ពេល​នេះ ។ ដោយអំណាច​ផលនៃ​ធម្មទាន​ទាំងឡាយ​ ដែល៥០០០ឆ្នាំ​បាន​ធ្វើ​ហើយ សម្រេច​ហើយ សូម​ផល​នៃ​ធម្ម​ទាននោះ ចូរជាចំណែកនៃបុណ្យមហា​កុសល​ សូម​ប្រគេន និង​ចែកប្រគេន​ថ្វាយ​​ជូន​ចំពោះ​ព្រះសង្ឃ និង​ពុទ្ធបរិស័ទ​សូមបាន​នូវចំណែក​បុណ្យស្មើ​ៗ​គ្មា និង​បាន​ជា​បច្ច័យ​រួច​ផុត​ចាក​ទុក្ខទាំង​ពួង​ ។ សូមគោរព​​ឧទ្ទិស​ថ្វាយ​នូវព្រះ​រាជ​កុសលនេះ ថ្វាយ​ចំពោះព្រះ​មហាវីរក្សត្រ ព្រះ​ករុណា ព្រះបាទ​សម្តេច ​ព្រះ​នរោត្តម ​សីហនុ សូម​ទ្រង់​បានអនុមោទនា​នូវ​មហា​កុសល​នេះ និង​សោយ​នូវ​ព្រះ​បរម​សុខ។ សូមគោរ​ព​​ថ្វាយ​ព្រះរាជ​កុសល ថ្វាយ​ចំពោះ ព្រះករុណា​ជាអម្ចាស់​ជីវិត​តម្កល់​​លើត្បូង ព្រះ​បាទ​សម្តេច ​ព្រះ​បរម​នាថ នរោត្តម សីហមុនី ព្រះ​មហា​ក្សត្រ​នៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា និង សម្តេច​ព្រះ​មហា​ក្សត្រី នរោត្តម មុនីនាថ សីហនុ សូមទ្រង់​បាន​អនុមោទនា​នូវ​មហា​កុស​ល​​នេះ ដោយ​ព្រះរាជ​ហឫទ័យ​ដ៏ខ្ពង់​ខ្ពស់​បំផុត ។ សូម​ព្រះអង្គទ្រង់​ប្រកប​ដោយ​ព្រះ​រាជ​សុខភាព​ល្អ​បរិបូណ៌ ព្រះកាយ​ពល​មាំមួន ព្រះជន្ម​យឺន​យូរ ព្រះ​បញ្ញា​ញាណ​វាង​វៃ និង​គង់​ប្រថាប់​ជាម្លប់ដ៏​ត្រជាក់​ដល់​ប្រជា​រាស្រ្ត ដើម្បី​ទទួល​បាន​នូវ​សេចក្តីសុខ​ក្សេម​ក្សាន្ត ចម្រើន​រុងរឿង​ជានិច្ច​និរន្ត​រ៍ត​រៀង​ទៅ ។ សូមគោរព​​ប្រគេនឧទ្ទិស​ថ្វាយ និង​ថ្វាយ​ចំពោះ​សម្តេចព្រះសង្ឃរាជ​ទាំង​ឡាយ​ចាប់​តាំង​ពី​អតី​ត​កាល​មក​​ហើយ​ និង​ព្រះសង្ឃ​គ្រប់ៗ​ព្រះអង្គ សូម​ព្រះសង្ឃ​មេត្តា​អនុមោទនា​ត្រេក​អរ​​ទទួល​យក​នូវចំណែក​មហាកុ​សល​នេះ។ សូម​គោរព​ជូន​ចំពោះ ប្រមុខរាជរដ្ឋាភិបាល មន្រ្តីរាជការ​គ្រប់​ជាន់ថ្នាក់ និង​ពុទ្ធបរិស័ទ​គ្រប់​រូប សូមបាន​អនុមោទនាត្រេកអរ​ទទួលយក​នូវចំណែក​មហាកុសល​នេះ។ សូម​គោរពជូន មាតាបិតា រួមទាំង​ក្រុម​ញាតិ, លោកគ្រូ អគ្គ​បណ្ឌិត ធម្មាចារ្យ ប៊ុត សាវង្ស​ ជា​ម្ចាស់ ,លោកគ្រូ​ធម្មាចារ្យ​ទាំងអស់ និង​លោក​អ្នក​មានឧបការៈចំពោះ​កិច្ចការធម្មទាន​នេះ សូម​មេត្តា​អនុមោទនាត្រេកអរ​ទទួលយក​នូវចំណែក​ម​ហាកុសល​នេះ។ សូមឧទ្ទិស​ជូន​ចំពោះសព្វ​សត្វ​ទូទៅ មានសត្វដែល​ធ្លាប់ជា​ញាតិ សត្វមិនមែន​ជាញាតិ សត្វនរក​ទាំងឡាយ​មាន ប្រេត អសុរកាយ អមនុស្ស, ទេវតា​ទាំងឡាយ​មាន រុក្ខទេវតា ភូមិ​ទេវតា អាកាសទេវតា ព្រះឥន្ទ ព្រះព្រហ្ម ព្រះយមរាជ យមបាល សក្កទេវរាជ មារទាំង​ឡាយ កន្ធប់ទាំងឡាយ និងពពួកនាគទាំងឡាយ ដែល​អស់​លោក​អ្នក​ទាំង​នោះ​ជា​អ្នក​ប្រាថ្នា​នៅក្នុងបុណ្យកុសល ក៏សូមអនុមោទនា​​ទទួល​យកនូ​វចំណែក​មហាកុសល​នេះ​រៀង​ៗខ្លួន​។ បើទទួល​បានចំណែក​នៃបុណ្យ​ហើយ ក៏​សូម​នៅ​ជាសុខចុះ..។ សូមឲ្យប្រទេស​កម្ពុជាជា​ប្រទេសសម្បូរ​ទៅដោយ​សេចក្តី​ស្ងប់​សុខ៕ សូម​អនុមោទនា​បុណ្យ..! ដោយ​៥០០០​ឆ្នាំ​
© Founded in June B.E.2555 by 5000-years.org (Khmer Buddhist).
បិទ
ទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ABA 000 185 807
   នាមអ្នកមានឧបការៈចំពោះការផ្សាយ៥០០០ឆ្នាំ ៖  ✿  ឧបាសិកា កាំង ហ្គិចណៃ 2022 ✿  ឧបាសក ធី សុរ៉ិល ឧបាសិកា គង់ ជីវី ព្រមទាំងបុត្រាទាំងពីរ ✿  ឧបាសិកា អ៊ា-ហុី ឆេងអាយ រស់នៅប្រទេសស្វីស 2022 ✿  ឧបាសិកា គង់-អ៊ា គីមហេង រស់នៅប្រទេសស្វីស  2022 ✿  ឧបាសិកា សុង ចន្ថា និង លោក អ៉ីវ វិសាល ព្រមទាំងក្រុមគ្រួសារទាំងមូលមានដូចជាៈ 2022 ✿  ( ឧបាសក ទា សុង និងឧបាសិកា ង៉ោ ចាន់ខេង ✿  លោក សុង ណារិទ្ធ ✿  លោកស្រី ស៊ូ លីណៃ និង លោកស្រី រិទ្ធ សុវណ្ណាវី  ✿  លោក វិទ្ធ គឹមហុង ✿  លោក សាល វិសិដ្ឋ អ្នកស្រី តៃ ជឹហៀង ✿  លោក សាល វិស្សុត និង លោក​ស្រី ថាង ជឹង​ជិន ✿  លោក លឹម សេង ឧបាសិកា ឡេង ចាន់​ហួរ​ ✿  កញ្ញា លឹម​ រីណេត និង លោក លឹម គឹម​អាន ✿  លោក សុង សេង ​និង លោកស្រី សុក ផាន់ណា​ ✿  លោកស្រី សុង ដា​លីន និង លោកស្រី សុង​ ដា​ណេ​  ✿  លោក​ ទា​ គីម​ហរ​ អ្នក​ស្រី ង៉ោ ពៅ ✿  កញ្ញា ទា​ គុយ​ហួរ​ កញ្ញា ទា លីហួរ ✿  កញ្ញា ទា ភិច​ហួរ ) ✿  ឧបាសិកា ណៃ ឡាង និងក្រុមគ្រួសារកូនចៅ មានដូចជាៈ (ឧបាសិកា ណៃ ឡាយ និង ជឹង ចាយហេង  ✿  ជឹង ហ្គេចរ៉ុង និង ស្វាមីព្រមទាំងបុត្រ  ✿ ជឹង ហ្គេចគាង និង ស្វាមីព្រមទាំងបុត្រ ✿   ជឹង ងួនឃាង និងកូន  ✿  ជឹង ងួនសេង និងភរិយាបុត្រ ✿  ជឹង ងួនហ៊ាង និងភរិយាបុត្រ)  2022 ✿  ឧបាសិកា ទេព សុគីម 2022 ✿  ឧបាសក ឌុក សារូ 2022 ✿  ឧបាសិកា សួស សំអូន និងកូនស្រី ឧបាសិកា ឡុងសុវណ្ណារី 2022 ✿  លោកជំទាវ ចាន់ លាង និង ឧកញ៉ា សុខ សុខា 2022 ✿  ឧបាសិកា ទីម សុគន្ធ 2022 ✿   ឧបាសក ពេជ្រ សារ៉ាន់ និង ឧបាសិកា ស៊ុយ យូអាន 2022 ✿  ឧបាសក សារុន វ៉ុន & ឧបាសិកា ទូច នីតា ព្រមទាំងអ្នកម្តាយ កូនចៅ កោះហាវ៉ៃ (អាមេរិក) 2022 ✿  ឧបាសិកា ចាំង ដាលី (ម្ចាស់រោងពុម្ពគីមឡុង)​ 2022 ✿  លោកវេជ្ជបណ្ឌិត ម៉ៅ សុខ 2022 ✿  ឧបាសក ង៉ាន់ សិរីវុធ និងភរិយា 2022 ✿  ឧបាសិកា គង់ សារឿង និង ឧបាសក រស់ សារ៉េន  ព្រមទាំងកូនចៅ 2022 ✿  ឧបាសិកា ហុង គីមស៊ែ 2022 ✿  ឧបាសិកា រស់ ជិន 2022 ✿  Mr. Maden Yim and Mrs Saran Seng  ✿  ភិក្ខុ សេង រិទ្ធី 2022 ✿  ឧបាសិកា រស់ វី 2022 ✿  ឧបាសិកា ប៉ុម សារុន 2022 ✿  ឧបាសិកា សន ម៉ិច 2022 ✿  ឃុន លី នៅបារាំង 2022 ✿  ឧបាសិកា លាង វួច  2022 ✿  ឧបាសិកា ពេជ្រ ប៊ិនបុប្ផា ហៅឧបាសិកា មុទិតា និងស្វាមី ព្រមទាំងបុត្រ  2022 ✿  ឧបាសិកា សុជាតា ធូ  2022 ✿  ឧបាសិកា ស្រី បូរ៉ាន់ 2022 ✿  ឧបាសិកា ស៊ីម ឃី 2022 ✿  ឧបាសិកា ចាប ស៊ីនហេង 2022 ✿  ឧបាសិកា ងួន សាន 2022 ✿  ឧបាសក ដាក ឃុន  ឧបាសិកា អ៊ុង ផល ព្រមទាំងកូនចៅ 2022 ✿  ឧបាសិកា ឈង ម៉ាក់នី ឧបាសក រស់ សំណាង និងកូនចៅ  2022 ✿  ឧបាសក ឈង សុីវណ្ណថា ឧបាសិកា តឺក សុខឆេង និងកូន 2022 ✿  ឧបាសិកា អុឹង រិទ្ធារី និង ឧបាសក ប៊ូ ហោនាង ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសិកា ទីន ឈីវ (Tiv Chhin)  2022 ✿  ឧបាសិកា បាក់​ ថេងគាង ​2022 ✿  ឧបាសិកា ទូច ផានី និង ស្វាមី Leslie ព្រមទាំងបុត្រ  2022 ✿  ឧបាសិកា ពេជ្រ យ៉ែម ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសក តែ ប៊ុនគង់ និង ឧបាសិកា ថោង បូនី ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសិកា តាន់ ភីជូ ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសក យេម សំណាង និង ឧបាសិកា យេម ឡរ៉ា ព្រមទាំងបុត្រ  2022 ✿  ឧបាសក លី ឃី នឹង ឧបាសិកា  នីតា ស្រឿង ឃី  ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសិកា យ៉ក់ សុីម៉ូរ៉ា ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសិកា មុី ចាន់រ៉ាវី ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសិកា សេក ឆ វី ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសិកា តូវ នារីផល ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសក ឌៀប ថៃវ៉ាន់ 2022 ✿  ឧបាសក ទី ផេង និងភរិយា 2022 ✿  ឧបាសិកា ឆែ គាង 2022 ✿  ឧបាសិកា ទេព ច័ន្ទវណ្ណដា និង ឧបាសិកា ទេព ច័ន្ទសោភា  2022 ✿  ឧបាសក សោម រតនៈ និងភរិយា ព្រមទាំងបុត្រ  2022 ✿  ឧបាសិកា ច័ន្ទ បុប្ផាណា និងក្រុមគ្រួសារ 2022 ✿  ឧបាសិកា សំ សុកុណាលី និងស្វាមី ព្រមទាំងបុត្រ  2022 ✿  លោកម្ចាស់ ឆាយ សុវណ្ណ នៅអាមេរិក 2022 ✿  ឧបាសិកា យ៉ុង វុត្ថារី 2022 ✿  លោក ចាប គឹមឆេង និងភរិយា សុខ ផានី ព្រមទាំងក្រុមគ្រួសារ 2022 ✿  ឧបាសក ហ៊ីង-ចម្រើន និង​ឧបាសិកា សោម-គន្ធា 2022 ✿  ឩបាសក មុយ គៀង និង ឩបាសិកា ឡោ សុខឃៀន ព្រមទាំងកូនចៅ  2022 ✿  ឧបាសិកា ម៉ម ផល្លី និង ស្វាមី ព្រមទាំងបុត្រី ឆេង សុជាតា 2022 ✿  លោក អ៊ឹង ឆៃស្រ៊ុន និងភរិយា ឡុង សុភាព ព្រមទាំង​បុត្រ 2022 ✿  ឧបាសិកា លី យក់ខេន និងកូនចៅ 2022 ✿   ឧបាសិកា អូយ មិនា និង ឧបាសិកា គាត ដន 2022 ✿  ឧបាសិកា ខេង ច័ន្ទលីណា 2022 ✿  ឧបាសិកា ជូ ឆេងហោ 2022 ✿  ឧបាសក ប៉ក់ សូត្រ ឧបាសិកា លឹម ណៃហៀង ឧបាសិកា ប៉ក់ សុភាព ព្រមទាំង​កូនចៅ  2022 ✿  ឧបាសិកា ពាញ ម៉ាល័យ និង ឧបាសិកា អែប ផាន់ស៊ី  ✿  ឧបាសិកា ស្រី ខ្មែរ  ✿  ឧបាសក ស្តើង ជា និងឧបាសិកា គ្រួច រាសី  ✿  ឧបាសក ឧបាសក ឡាំ លីម៉េង ✿  ឧបាសក ឆុំ សាវឿន  ✿  ឧបាសិកា ហេ ហ៊ន ព្រមទាំងកូនចៅ ចៅទួត និងមិត្តព្រះធម៌ និងឧបាសក កែវ រស្មី និងឧបាសិកា នាង សុខា ព្រមទាំងកូនចៅ ✿  ឧបាសក ទិត្យ ជ្រៀ នឹង ឧបាសិកា គុយ ស្រេង ព្រមទាំងកូនចៅ ✿  ឧបាសិកា សំ ចន្ថា និងក្រុមគ្រួសារ ✿  ឧបាសក ធៀម ទូច និង ឧបាសិកា ហែម ផល្លី 2022 ✿  ឧបាសក មុយ គៀង និងឧបាសិកា ឡោ សុខឃៀន ព្រមទាំងកូនចៅ ✿  អ្នកស្រី វ៉ាន់ សុភា ✿  ឧបាសិកា ឃី សុគន្ធី ✿  ឧបាសក ហេង ឡុង  ✿  ឧបាសិកា កែវ សារិទ្ធ 2022 ✿  ឧបាសិកា រាជ ការ៉ានីនាថ 2022 ✿  ឧបាសិកា សេង ដារ៉ារ៉ូហ្សា ✿  ឧបាសិកា ម៉ារី កែវមុនី ✿  ឧបាសក ហេង សុភា  ✿  ឧបាសក ផត សុខម នៅអាមេរិក  ✿  ឧបាសិកា ភូ នាវ ព្រមទាំងកូនចៅ ✿  ក្រុម ឧបាសិកា ស្រ៊ុន កែវ  និង ឧបាសិកា សុខ សាឡី ព្រមទាំងកូនចៅ និង ឧបាសិកា អាត់ សុវណ្ណ និង  ឧបាសក សុខ ហេងមាន 2022 ✿  លោកតា ផុន យ៉ុង និង លោកយាយ ប៊ូ ប៉ិច ✿  ឧបាសិកា មុត មាណវី ✿  ឧបាសក ទិត្យ ជ្រៀ ឧបាសិកា គុយ ស្រេង ព្រមទាំងកូនចៅ ✿  តាន់ កុសល  ជឹង ហ្គិចគាង ✿  ចាយ ហេង & ណៃ ឡាង ✿  សុខ សុភ័ក្រ ជឹង ហ្គិចរ៉ុង ✿  ឧបាសក កាន់ គង់ ឧបាសិកា ជីវ យួម ព្រមទាំងបុត្រនិង ចៅ ។   ✿ ✿ ✿  លោកអ្នកអាចជួយទ្រទ្រង់ដំណើរការផ្សាយ ៥០០០ឆ្នាំ សម្រាប់ឆ្នាំ២០២២  ដើម្បីគេហទំព័រ៥០០០ឆ្នាំ មានលទ្ធភាពពង្រីកនិងបន្តការផ្សាយ ។  សូមបរិច្ចាគទាន មក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987   ✿ ✿ ✿     សូមអរព្រះគុណ និង សូមអរគុណ ។...       ✿  ✿  ✿