សូមរង់ចាំ! ៥០០០ឆ្នាំកំពុងទាញទិន្នន័យ...
30
  • ទំព័រដើម សំឡេង សៀវភៅ វីដេអូ បណ្ណាល័យ ធម្មនិទាន អានបិដក ស្តាប់វិទ្យុ អត្ថបទ
      ទើបស្តាប់/អានរួច
    កំពុងទាញទិន្នន័យ
      បណ្តុំសៀវភៅ
    កំពុងទាញទិន្នន័យ
      បណ្តុំសំឡេង
    កំពុងទាញទិន្នន័យ
      បណ្តុំវីដេអូ
    កំពុងទាញទិន្នន័យ
      វិទ្យុផ្សាយផ្ទាល់
      ប្រជុំអត្ថបទ
    ថ្ងៃនេះ
    សមណសក្យបុត្រតែងឆាន់បិណ្ឌបាតប្រកបដោយធម៌
    សូចិមុខីសូត្រ (សមណសក្យបុត្រតែងឆាន់បិណ្ឌបាតប្រកបដោយធម៌) សម័យមួយ ព្រះសារីបុត្តមានអាយុ គង់នៅក្នុងវត្តវេឡុវ័ន ជាកលន្ទកនិវាបស្ថាន ជិតក្រុងរាជគ្រឹះ ។ លំដាប់នោះ ព្រះសារីបុត្តមានអាយុ ស្លៀកស្បង់ ប្រដាប់បាត្រនិងចីវរ ក្នុងបុព្វណ្ហសម័យ ហើយចូលទៅចូលកាន់ក្រុងរាជគ្រឹះ ដើម្បីបិណ្ខបាត លុះចូលទៅបិណ្ខបាតតាមលំដាប់ច្រកក្នុងរាជគ្រឹះហើយ បានទៅគង់អាស្រ័យក្បែរជើងជញ្ចាំងមួយ ឆាន់ចង្ហាន់បិណ្ខបាតនោះ ។ គ្រានោះ បរិព្វាជិកាឈ្មោះសូចិមុខី បានចូលទៅរកព្រះសារីបុត្តមានអាយុ លុះចូលទៅដល់ហើយ បាននិយាយនឹងព្រះសារីបុត្តមានអាយុដូច្នេះថា បពិត្រសមណៈ លោកឱនមុខឆាន់ឬអ្វី ។ នែប្អូនស្រី អាត្មាមិនមែនឱនមុខ ឆាន់ទេ ។ បពិត្រសមណៈ បើដូច្នោះ លោកងើយមុខឆាន់ឬ ។ ម្នាលប្អូនស្រី អាត្មាមិនមែនងើយមុខឆាន់ទេ ។ បពិត្រសមណៈ បើដូច្នោះ លោកបែរមុខទៅកាន់ទិសធំ (ទាំងបួន) ឆាន់ឬអ្វី ។ ម្នាលប្អូនស្រី អាត្មាមិនមែនបែរមុខទៅកាន់ទិសធំឆាន់ទេ ។ បពិត្រសមណៈ បើដូច្នោះ លោកងាកមុខទៅកាន់ទិសតូច (ទាំងបួន) ឆាន់ឬអ្វី ។ ម្នាលប្អូនស្រី អាត្មាមិនមែនងាកមុខទៅកាន់ទិសតូចឆាន់ទេ ។ ចុះព្រោះហេតុដូចម្តេច កាលដែលខ្ញុំសួរលោកថា បពិត្រសមណៈ លោកឱនមុខឆាន់ឬអ្វី លោកឆ្លើយថា នែប្អូនស្រី អាត្មាមិនមែនឱនមុខ ឆាន់ទេ កាលដែលខ្ញុំសួរលោកថា បពិត្រសមណៈ បើដូច្នោះ លោកងើយមុខឆាន់ឬអ្វី លោកឆ្លើយថា នែប្អូនស្រី អាត្មាមិន​មែន​ងើយមុខឆាន់ទេ កាលដែលខ្ញុំសួរលោកថា បពិត្រសមណៈ បើដូច្នោះ លោកបែរមុខទៅកាន់ទិសធំឆាន់ឬអ្វី លោកឆ្លើយថា នែប្អូនស្រី អាត្មាមិនមែនបែរមុខទៅកាន់ទិសធំឆាន់ទេ កាលដែលខ្ញុំសួរលោកថា បពិត្រសមណៈ បើដូច្នោះ លោកងាកមុខកាន់ទិសតូចឆាន់ឬអ្វី លោកឆ្លើយថា នែប្អូនស្រី អាត្មាមិនមែនងាកមុខទៅកាន់ទិសតូចឆាន់ទេ បពិត្រសមណៈ ចុះលោកឆាន់ដូម្តេចវិញ ។ នែប្អូនស្រី ពួកសមណព្រាហ្មណ៍ណានីមួយ ចិញ្ចឹមជីវិតដោយមិច្ឆាជីវៈ ព្រោះតិរច្ឆានវិជ្ជា គឺវិជ្ជាមើល​ទាយ​ចម្ការ​ទីដី ម្នាលប្អូនស្រី សមណព្រាហ្មណ៍ពួកនេះ ហៅថា អ្នកឱនមុខឆាន់ ។ ម្នាលប្អូនស្រី ពួក​សមណ​ព្រាហ្មណ៍​ណានីមួយចិញ្ចឹមជីវិតដោយមិច្ឆាជីវៈ ព្រោះតិរច្ឆានវិជ្ជា គឺវិជ្ជាមើលខាងនក្ខត្តឫក្ស នែប្អូនស្រី សមណព្រាហ្មណ៍ពួកនេះ ហៅថា អ្នកងើយមុខឆាន់ ។ នែប្អូនស្រី ពួកសមណព្រាហ្មណ៍ណានីមួយ ចិញ្ចឹមជីវិតដោយមិច្ឆាជីវៈ ព្រោះការប្រកបរឿយ ៗ នូវទូតកម្ម និងការបញ្ជូនដំណឹង នែប្អូនស្រី សមណព្រាហ្មណ៍ពួកនេះ ហៅថា បែរមុខទៅកាន់ទិសធំឆាន់ ។ នែប្អូនស្រី ពួកសមណព្រាហ្មណ៍ណានីមួយ ចិញ្ចឹមជីវិតដោយមិច្ឆាជីវៈ ព្រោះតិរច្ឆានវិជ្ជា គឺវិជ្ជាមើលខាងអង្គសម្បត្តិ (ទាយលក្ខណៈ) នែប្អូនស្រី សមណព្រាហ្មណ៍ពួកនេះ ហៅថា បែរមុខទៅកាន់ទិសតូចឆាន់ ។ នែប្អូនស្រី អាត្មាមិនមែនចិញ្ចឹមជីវិតដោយ មិច្ឆាជីវៈ ព្រោះតិរច្ឆានវិជ្ជា គឺវិជ្ជាមើលទាយចម្ការទេ អាត្មាមិនមែនចិញ្ចឹមដោយមិច្ឆាជីវៈ ព្រោះតិរច្ឆានវិជ្ជា គឺវិជ្ជាមើលទាយនក្ខត្តឫក្ស អាត្មាមិនមែនចិញ្ចឹមដោយមិច្ឆាជីវៈ ព្រោះការប្រកបរឿយ ៗ នូវទូតកម្មនិងការបញ្ជូនដំណឹងទេ អាត្មាមិនមែនចិញ្ចឹមដោយមិច្ឆាជីវៈ ព្រោះតិរច្ឆានវិជ្ជា គឺវិជ្ជាទាយអង្គសម្បត្តិទេ អាត្មាតែងស្វែងរកភិក្ខាដោយធម៌ លុះស្វែងរកភិក្ខាបានដោយធម៌ហើយ ទើបឆាន់ ។ គ្រានោះ សូចិមុខីបរិព្វាជិកា ចេញអំពីច្រកចូលទៅកាន់ច្រកចេញពីផ្លូវត្រឡែងកែង ចូលទៅកាន់ផ្លូវត្រឡែងកែង ក្នុងក្រុងរាជគ្រឹះ បា្រប់គេយ៉ាងនេះថា សមណសក្យបុត្រទាំងឡាយ តែងឆាន់អាហារប្រកបដោយធម៌ សមណសក្យបុត្រ ទាំងឡាយ តែងឆាន់អាហារ ដែលមិនមានទោស អ្នកទាំងឡាយ ចូលប្រគេនដុំបាយដល់ពួក សមណសក្យបុត្រផងចុះ ។ ចប់ សូចិមុខីសូត្រ ៕ (សុត្តន្តបិដក សំយុត្តនិកាយ ខន្ធវគ្គ សារិបុត្តសំយុត្ត បិដកលេខ ៣៤ ទំព័រ ១៨៩) ដោយ៥០០០ឆ្នាំ
    ថ្ងៃនេះ
    សារៈសំខាន់នៃថ្ងៃវិសាខបូជា
    វិសាខបូជា ពាក្យថា “វិសាខបូជា” មកពីពាក្យថា “វិសាខបុណ្ណមីបូជា” ប្រែថា ការបូជាក្នុងថ្ងៃពេញបូណ៌មី ខែពិសាខ ថ្ងៃវិសាខបូជានេះ ព្រោះថ្ងៃនេះជាថ្ងៃដែលកត់សម្គាល់ដល់ហេតុការណ៍អស្ចារ្យ ៣ យ៉ាង កើតឡើងផ្ទួនគ្នាទាក់ទងនឹងខ្សែជីវិតរបស់ព្រះសម្មាសម្ពុទ្ធជាម្ចាស់ គឺមានន័យថា ថ្ងៃនេះ ពុទ្ធសាសនិកជននៅទូទាំងពិភពលោកនាំគ្នារឭកនឹក​ដល់ថ្ងៃប្រសូត ថ្ងៃត្រាស់ដឹង និងថ្ងៃបរិនិព្វានរបស់ព្រះបរមសាស្តា។ សារៈសំខាន់នៃថ្ងៃវិសាខបូជា ១. ថ្ងៃវិសាខបូជា ចាត់ជាថ្ងៃកំណើតរបស់ព្រះពុទ្ធសាសនា ២. ថ្ងៃវិសាខបូជា ចាត់ជាថ្ងៃដែលអង្គការសហប្រជាជាតិ ទទួលស្គាល់ជាផ្លូវការតាមសម្នើរបស់ពុទ្ធបរិស័ទនៅក្នុងថ្ងៃទី ១៥ ខែ ធ្នូ ឆ្នាំ ១៩៩៩​ ថាពិអីបុណ្យវិសាខបូជានេះ គឺជាពិធីបុណ្យអន្តរជាតិមួយ ដែលគេអាចប្រារព្ធធ្វើទៅតាមការិយាល័យទាំងឡាយរបស់អង្គការ សហប្រជាជាតិទូទាំងពិភពលោក ហើយក៏ជាបុណ្យអន្តរជាតិផងដែរ។ ក្នុងសម័យប្រជុំ​អន្តរជាតិ​នៃ​ក្រុមប្រឹក្សា​ផ្នែក​ពុទ្ធសាសនា ស្ដីអំពី “ទិវា-យូអិន-វិសាខា” ឬ “បុណ្យ​វិសាខបូជានៃ​អង្គការ​សហប្រជាជាតិ” នេះ បាន​ចាប់​ផ្ដើម​ដំបូង​នៅ​ក្នុង​ឆ្នាំ​ ២០០៤ នៅ​ក្នុង​ប្រទេស​ថៃ។ តាំង​ពី​ពេល​នោះ​មក សន្និសីទ​អន្តរជាតិ​នេះ បាន​ប្រព្រឹត្ត​ទៅ​ជា​រៀងរាល់​ឆ្នាំ ប៉ុន្តែ​ភាគច្រើនតែ​ធ្វើ​នៅមុន​ថ្ងៃ ១៥​ កើត ខែ​ពិសាខ ដែល​ជា​ថ្ងៃបុណ្យ​វិសាខបូជា។ ប្រទេស​ថៃ បាន​ទទួល​រៀបចំ​កិច្ច​ប្រជុំ​នេះជា​ច្រើន​លើក​មក​ហើយ។ រី​ឯ​ប្រទេស​វៀតណាម ក៏បាន​ស្ម័គ្រ​ទទួល​នាទី​រៀបចំនូវ​សន្និសីទ​ស្ដីអំពី “ទិវា-យូអិន-វិសាខា” នេះចំនួនពីរ​ដង ​រួច​មក​ហើយ​ដែរ គឺ​កាល​ពី​អំឡុងឆ្នាំ ​២០១៣ និង​ឆ្នាំ ​២០០៨។ ៣. ថ្ងៃវិសាខបូជានេះ គឺចាត់ជាថ្ងៃសន្តិភាពពិភពលោក ព្រោះព្រះសម្មាសម្ពុទ្ធជាម្ចាស់បង្រេ៳នមនុស្សជាតិឲ្យស្វែងរកសន្តិសុខ និង​សន្តិភាពទាំងខាងក្នុង និងខាងក្រៅ។ ៤. ថ្ងៃវិសាខបូជា ចាត់ជាថ្ងៃរំឭកគុណ គឺព្រះមហាករុណាគុណ ព្រះវិសុទ្ធិគុណ និង ព្រះបញ្ញាគុណរបស់ព្រះសមណគោតម ដែលជាព្រះបរមសាស្តានៃលោក។ ៥. ថ្ងៃវិសាខបូជា ចាត់ជាថ្ងៃព្រះពុទ្ធ ព្រោះទាក់ទងនឹងខ្សែជីវិតរបស់ព្រះពុទ្ធជាម្ចាស់។ ដោយ៥០០០ឆ្នាំ
    ថ្ងៃនេះ
    ដូចម្ដេចដែលហៅថាមនុស្សល្អ
    មនុស្សល្អ គឺបុគ្គលណាដែលប្រព្រឹត្តអំពើល្អដោយកាយ វាចា ចិត្ត មានសីលធម៌ មានគុណធម៌ខ្ពងខ្ពស់។ ឃ្មុំតែងហើរទៅក្រេបផ្កា ប្រៀបដូចជា អ្នកប្រាថ្នាចង់បានសេចក្ដីចម្រើន តែងជួបប្រាស្រ័យនឹងមនុស្សល្អ ដូច្នោះឯង។ អ្នកណាខ្លះជាមនុស្សល្អ? អ្នកណាក៏ដោយ ឲ្យតែធ្លាប់ជួយយើង ដោយហោចទៅសូម្បីឲ្យទឹកមួយកែវ ឲ្យបាយមួយវែក ក៏ចាត់ទុកថាជាមនុស្សល្អចំពោះយើងដែរ។ អ្នកមានបំណងល្អ ចំពោះយើងមានដូចខាងក្រោម៖ ១ មាតាបិតា ២ ចាស់ព្រឹទ្ធាចារ្យ រៀមច្បងក្នុងគ្រួសារ ៣ គ្រូឧបជ្ឈាចារ្យ លោកគ្រូ អ្នកគ្រូ ៤ ព្រះសង្ឃដែលបានសង្រួមកាយវាចាល្អត្រឹមត្រូវ ៥ ព្រះពុទ្ធ បុគ្គលខាងលើនេះ សុទ្ធតែមានបំណងចង់ឲ្យយើងបានសេចក្ដីចម្រើន ទោះបីពេលខ្លះគាត់ស្ដីបន្ទោស ឬមានពាក្យសម្ដីធ្ងន់ស្រាលលើយើងក៏ដោយ ក៏យើងមិនត្រូវខឹងស្អប់គាត់ឡើយ។ មូលហេតុធ្វើអោយស្អប់មនុស្សល្អ ១ មច្ឆាទិដ្ឋិ ៈ យល់ខុស មិនជឿថា មានបាប មានបុណ្យ មិនជឿថា ធ្វើបាបបានផលជាទុក្ខ ធ្វើបុណ្យបានផលជាសុខទេ។ ២ មិច្ឆាសង្កប្បៈ ត្រិះរិះខុស គឺកិតរកការសប្បាយតាមផ្លូវអបាយមុខ ឬតាមការជិះជាន់ កេងប្រវ័ញ្ច ធ្វើបាបអ្នកដទៃ។ ៣ មិច្ឆាវាចាៈ និយាយពាក្យខុស គឺនិយាយពាក្យភូតកុហក ញុះញង់ ស៊កសៀត បំបែកបំបាក់ ជេរប្រទេចផ្ដាសារអ្នកដទៃ។ ៤ មិច្ឆាកម្មន្តៈ ធ្វើការងារខុស គឺធ្វើការងារដោយខ្វះសតិស្មារតីមិនដឹងថា ការងារណាគួរធ្វើ ការងារណាមិនគួរធ្វើ ការងារណាគួរធ្វើមុន ការងារណាគួរធ្វើក្រោយ។ ៥ មច្ឆាអាជីវៈ ចិញ្ចឹមជីវិតខុស គឺប្រកបមុខរបររកស៊ីខុសច្បាប់ ខុសសីលធម៌ ខុសប្រពៃណី។ ៦ មិច្ឆាវាយាមៈ ព្យាយាមខុស គឺប្រឹងប្រែងព្យាយាមធ្វើកិច្ចការងារណាដែលមិនត្រឹមត្រូវ ខុសឆ្គាំឆ្គង គ្មានសីលធម៌។ ៧ មិច្ឆាសតិៈ រលឹកខុស គឺនឹកតែរឿងបាប រឿងអកុសល រឿងខុស ហើយសប្បាយរីករាយក្នុងរឿងខុសនោះ។ ៨ មច្ឆាសមាធិៈ តម្កល់ចិត្តខុស គឺមុះមុត ក្លាហានក្នុងរឿងខុសមិនត្រូវទំនង។ កាលបើអ្នកសន្សំគំនិតមិនល្អច្រើននៅក្នុងខ្លួន វាធ្វើឲ្យយើងមិនមានជំហរឹងមាំ មានគំនិតរវើរវាយ ធ្វើអ្វីៗមិនបានសម្រេចល្អឡើយ។ ការយល់ត្រូវ ការយល់ត្រឹមត្រូវ គឺចំណុចផ្ដើមដំបូងនាំឲ្យមនុស្សធ្វើត្រូវ និយាយត្រូវ។ ការយល់ត្រូវកើតឡើងអាស្រ័យហេតុពីរយ៉ាង ១ ស្ដាប់អ្នកដទៃ គឺស្ដាប់ឪពុកម្ដាយ លោកគ្រូអ្នកគ្រូ ចាស់ព្រឹទ្ធាចារ្យ ព្រះសង្ឃ។ ២ ការពិចារណា ការស្ដាប់តែម្យ៉ាង នៅមិនទាន់គ្រប់គ្រាន់ទេ ត្រូវអាស្រ័យការពិចារណាបន្ថែមទៀតតើគេនិយាយនោះត្រឹមត្រូវទេ ត្រូវអាស្រ័យការពិចារណាបន្ថែមទៀតតើគេនិយាយនោះត្រឹមត្រូវឬទេ សមហេតុផលឬទេ មិនត្រូវជឿទាំងអស់ទេ។ កាលបើមនុស្សយល់ត្រូវ សកម្មភាពសម្ដែងចេញមកក៏ល្អ កាលបើមនុស្សធ្វើល្អ សេចក្ដីសុខរមែងកើតឡើង។ ដោយ៥០០០ឆ្នាំ
    ថ្ងៃនេះ
    គ្រប់រឿងសុទ្ធតែមានសច្ចរស
    អ្វីៗក្នុងលោកនេះ វាយ៉ាងដូច្នោះឯង ជាការពិតដោយបរមត្ថមានហេតុ មានផលត្រឹមត្រូវ អ្វីដែលត្រូវកើត រមែងកើត អ្វីដែលត្រូវរលត់ រមែងរលត់ គឺគ្រប់រឿងទាំងអស់ សុទ្ធតែមានការពិតឲ្យសុខចិត្ត កាលណាបើមានបញ្ញាចូលដល់ការពិតនោះៗ ប៉ុន្តែព្រោះមិនបានសិក្សាការពិត រវល់តែចង់បានអ្វីៗតាមតណ្ហា ទីបំផុតក៏បានជួបការខកចិត្ត ដូច្នោះទើបពុទ្ធបរិស័ទគួរសិក្សាការពិតដែលជាបរមត្ថសច្ច ។ ក្នុងអរហន្តវគ្គ (វគ្គទី ៧ នៃព្រះគាថាធម្មបទ)ព្រះពុទ្ធអង្គទ្រង់ត្រាស់ថា៖ ឧយ្យុញ្ជន្តិ សតីមន្តោ ន និកេតេ រមន្តិ តេហំសាវ បល្លលំ ហិត្វា ឱកមោកំ ជហន្តិ តេ។ បុគ្គលដែលមានស្មារតី រមែងខ្វល់ខ្វាយ (គឺខ្វល់ខ្វាយក្នុងគុណដែលខ្លួនឯងបានចាក់ធ្លុះហើយ មានឈាននិងវិបស្សនាជាដើមហើយនឹកដល់ ពិចារណាដល់ ក្នុងការចូលសមាបត្តិនោះៗ) លោកមិនត្រេកអរក្នុងទីនៅអាស្រ័យ (គឺមិនមានទីអាល័យហួងហែង) លោកលះបង់ចោលស្រឡះនូវអាល័យទាំងអស់ដូចហ្វូងហង្សលះបង់ភក់ ហើយហើរទៅ ដូច្នោះឯង។ សិក្សាព្រះសូត្រ ភាគទី ១១ ដោយ៥០០០ឆ្នាំ
    ថ្ងៃនេះ
    យើងរស់នៅដើម្បីអ្នកដែលយើងស្រឡាញ់
    សព្វា ទិសា អនុបរិគម្ម ចេតសា នេវជ្ឈគា បិយតរមត្តនោ ក្វចិ ឯវំ បិយោ បុថុ អត្តា បរេសំ តស្មា ន ហឹសេ បរំ អត្តកាមាតិ ។ បុគ្គលមានចិត្តរំពឹងគិតសព្វទិស រមែងរកមិនឃើញនូវបុគ្គលជាទីស្រឡាញ់ជាងខ្លួនក្នុងទីណាមួយឡើយ ខ្លួនទើបជាទីស្រឡាញ់ច្រើនជាងបុគ្គលដទៃ យ៉ាងនោះឯង ។ ព្រោះហេតុនោះ អ្នកដែលស្រឡាញ់ខ្លួន មិនគប្បីបៀតបៀននូវសត្វដទៃឡើយ ។ ជីវិតនេះ បើយើងមិនទាន់ប្រាកដក្នុងចិត្តថា រស់នៅដើម្បីអ្វីទេនោះ យើងគួរតែសម្រេចចិត្តជាដំបូងថា យើងរស់នៅដើម្បីអ្នកដែលយើងស្រឡាញ់ ហើយធ្វើអ្វីៗ ឱ្យបានល្អ ឱ្យជាប្រយោជន៍ដល់អ្នកទាំងអស់នោះ ។ លុះដល់ពេលបានជួបព្រះធម៌ ក្នុងមល្លិកាសូត្រ ជាដើម ទើបយើងមកពិចារណាថា ខ្លួនយើងគឺជាទីស្រឡាញ់ដ៏ក្រៃលែងនៃខ្លួនឯង ដូច្នេះ យើងគប្បីរស់នៅឱ្យបានល្អដើម្បីខ្លួនយើងផង និងដើម្បីអ្នកដែលយើងស្រឡាញ់ផង ទាំងអ្នកដែលស្រឡាញ់យើងផង ហើយមិនគប្បីបៀតបៀននូវគ្រប់ជីវិតដទៃទៀតផង ព្រោះអ្នកដទៃ ក៏មានការស្រឡាញ់ខ្លួនឯងខ្លាំងក្រៃលែងដែរ គប្បីមានខ្លួនឯងជាឧបមា ៕៚ ខ្លឹមសារនៅក្នុង មល្លិកាសូត្រទី ៨ ( បិដក ២៩ ទំព័រ ២០៧ ) ដោយ៥០០០ឆ្នាំ
    ថ្ងៃនេះ
    អំណាចនៃតណ្ហា
    បឋព្យា សាលិយវកំ គវាស្សំ ទាសបោរិសំ ទត្វាបិ នាលមេកស្ស ឥតិ វិទ្ធា សមំ ចរេ ។ ទោះបីគេឱ្យស្រូវខ្សាយ ដំណើប គោ សេះ បុរសជាទាសៈ ពេញទាំងផែនដី ( អដ្ឋកថា ប្រាប់ថា ទ្រព្យសម្បត្តិមានវិញ្ញាណក្ដី អត់វិញ្ញាណក្ដី ពេញទាំងផែនដី ថែមទាំងរតនបុរី ) ក៏មិនល្មមដល់បុគ្គលម្នាក់ឡើយ បណ្ឌិតដឹងដូច្នេះហើយ គប្បីប្រព្រឹត្តឱ្យស្មើ ( អដ្ឋកថា ប្រាប់ថា មិនគប្បីលុះក្នុងអំណាចនៃតណ្ហាឡើយ ត្រូវបំពេញកាយសុចរិត ជាដើមឱ្យបិរបូណ៌ គប្បីប្រព្រឹត្តឱ្យស្មោះស្មើ ) ។ កុំលុះក្នុងតណ្ហា ទម្លាយសីលរបស់ខ្លួនឱ្យសោះ ៕៚ ខ្លឹមសារនៅក្នុង កាមជាតក ( បិដក ៥៩ ទំព័រ ២៤៦ ) ដោយ៥០០០ឆ្នាំ
    បាបធម៌ ៥
    បាបធម៌(សំ.), (បា.) (បាប៉ៈធ័រ) (បាបធម្ម) ធម៌លាមក, អាក្រក់ គឺសភាវៈដែលជាជំនួយចិត្ត នាំចិត្តឲ្យហ៊ានធ្វើអំពើអាក្រក់ ដូចយ៉ាងសេចក្ដីច្រណែនឈ្នានីស, ឥតអៀនខ្មាស ឥតរាងរអាទៅរកអំពើអាក្រក់ ជាដើម ។ បាបធម៌ ៥ នោះគឺ ៖ 1. កុហនា ការកុហកដោយឫកពា ។ 2. លបនា ការនិយាយរាក់ទាក់ដោយវាចា ។ 3. នេមិត្តិកតា ការធ្វើនិមិត្ដ គឺប្រើឧបាយកល ដោយកាយខ្លះ ដោយវាចារខ្លះ ។ 4. និប្បេសិកតា ការពោលគំរាម ឬសង្កត់ប្រើសំដីជាខ្នោសសំរាប់កោសកាវយកលាភ ។ 5. លាភេន លាភំ និជិគីសនតា ការរកលាភដោយលាភ គឺការយកលាភទៅទាក់លាភ ។ (វិសុទ្ធិមគ្គ សីលនិទ្ទេស សីលប្បភេទកថា ចតុត្ថចតុក្ក) ខេមរ អភិធម្មាវតារ ដោយ​៥០០០​ឆ្នាំ​
      សូមថ្លែងអំណរគុណ
    បិទ
    ទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ABA 000 185 807
       ✿ សម្រាប់ឆ្នាំ២០២៤ ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំជាប្រចាំឆ្នាំ ឬប្រចាំខែ  ដើម្បីគេហទំព័រ៥០០០ឆ្នាំយើងខ្ញុំមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយតទៅ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987  ✿✿✿