ថ្ងៃ ច័ន្ទ ទី ៣០ ខែ វិច្ឆិកា ឆ្នាំជូត ទោ​ស័ក ព.ស.​ ២៥៦៤  
ស្តាប់ព្រះធម៌ (Mp3)
ស្តាប់ការអានព្រះត្រៃបិដក (Mp3)
ស្តាប់​ការបង្រៀនព្រះធម៌ (Mp3)
ស្តាប់​ការអាន​សៀវ​ភៅ​ធម៌​ (Mp3)
កម្រងធម៌​សូត្រ​ផ្សេង​ៗ (Mp3)
កម្រងកំណាព្យនិងស្មូត្រ (Mp3)
កម្រងបទភ្លេងនិងចម្រៀង (Mp3)
ព្រះពុទ្ធសាសនានិងសង្គម (Mp3)
បន្ទុកសៀវភៅ (eBook)
បន្ទុកវីដេអូ (Video)
ទើបស្តាប់/អានរួច
វិទ្យុផ្សាយផ្ទាល់
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុសំឡេងព្រះធម៌
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ វត្តគល់ទទឹង
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុផ្កាយព្រឹក
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុវត្តហ្លួង
ទីតាំងៈ ខេត្តឧត្តរមានជ័យ
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុពន្លឺពុទ្ធចក្រ
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ការជូនដំណឹង
ទិន្នន័យសរុបនៃការចុចចូល៥០០០ឆ្នាំ
ថ្ងៃនេះ ១៤៣,៤៩១
Today
ថ្ងៃម្សិលមិញ ១៥៨,៥៤៧
ខែនេះ ៤,៩១៨,៣៧៤
សរុប ១៥៧,៧២០,៥៧៣
free counters
កំពុងទស្សនា ចំនួន
ប្រកាសថ្មីៗ សៀវភៅធម៌ សំឡេងធម៌ វីដេអូធម៌
images/articles/1891/Untitled-1-Recovered.jpg
ផ្សាយ : ២៥ វិច្ឆិកា ឆ្នាំ២០២០ (អាន: ៥៨៥៦៨ ដង)
កាល​ពី​ព្រេង​នាយ មាន​ភ្នំ​មួយ​ឈ្មោះ​បំសុបពិត ស្ថិត​នៅ​ក្បែរ​ព្រំ​អាណាចក្រ​ពារាណសី។ នៅ​ញកភ្នំ​នោះ​មាន​ខ្លា​ធំ​មួយ មេ​ស្លាប់​ចោល​ទៅ នៅ​ជា​មួយ​បា​ចាស់​ជរា។ កាល​នោះ​មាន​សេក​មួយ​ក៏​ជា​សត្វ​សប្បុរស​ដែរ​អាស្រ័យ នៅ​នា​ភ្នំ​នោះ បាន​យក​ខ្លា​ធ្វើ​ជា​មិត្ត​សំឡាញ់​យ៉ាង​ជិត​ស្និទ្ធ។ សម័យ​ខាង​ក្រោយ​មក​មាន​បុរស​ម្នាក់​នៅ ក្នុង​បច្ចន្តជនបទ​ជា​មនុស្ស​ អសប្បុរស​ឈ្លោះ​ទាស់​ប្ដី​ប្រពន្ធ​លែង​លះ គ្នា​មនុស្ស​អសប្បុរស​នោះ ក៏​ដើរ​ស្ពាយ​បង្វិច​កាត់​ភ្នំ​បំសុបពិត​នោះ​សំដៅ​ទៅក្រុង ពារាណសី ទៅ​ដល់​ជើង​ភ្នំ​ជួប​នឹង​សេកៗ ធ្វើ​បដិសណ្ឋារៈ​សួរ​ដំណើរ​សព្វ​គ្រប់​បាន​ដឹង ថា​នឹង​ឆ្លង​កាត់​ភ្នំ​ទៅ​ក្រុង​ពារាណសី ក៏​ប្រាប់​ថា ភ្នំ​នេះ​មាន​ខ្លា​សាហាវ​ច្រើន​ណាស់ អញ្ជើញ​ទៅ​ពុំ​បាន​ទេ ក្រែង​មាន​គ្រោះ​ថ្នាក់​អញ្ជើញ​វាង តាម​ជើង​ភ្នំ​នេះ​ទៅ​វិញ។ បុរស​នោះ​មិន​ព្រម ឆ្លើយ​ប្រាប់​ថា​ខ្ញុំ​ចង់​ប្រញាប់​ស៊ូ​ដើរ​កាត់​ទៅ​ចុះ។ សេក​យល់​អធ្យាស្រ័យ​ហើយ ក៏​និយាយ​ប្រាប់ថា​បើ​ដូច្នោះ​អញ្ជើញ​ត្រង់​ញក​ភ្នំ​នេះ​ទៅ ខ្ញុំ​មាន​ពួក​ម៉ាក សំឡាញ់​ខ្លា​ធំ​មួយ​បើ​ទៅ​ជួប​ប្រាប់​ថា អ្នក​ជា​មិត្ត​ភ័ក្ត្រ​នឹង​ខ្ញុំៗ ឲ្យ​ជូន​ដំណើរ​ទៅ ក្រុង​ពារាណសី មើល​សុខទុក្ខ​តាមផ្លូវ​ឲ្យ​ផង​​ក្រែង​សត្រូវ​មើល​ងាយ។ មនុស្ស​អសប្បុរស​ ឮ​ដូច្នោះ​ មាន​សង្ឃឹម​ថា​នឹង​ ធ្វើ​ដំណើរ​កាត់​ភ្នំ​នេះ​បាន​ស្រួល​ហើយ ក៏​រកអាហារ​ស៊ី​ឲ្យ​មាន​ កម្លាំង​សេក​ក៏ បាន​រក​ផ្លែ​ឈើ​ឲ្យ​បរិភោគ​មិន​បរិភោគ​តែ​ផ្លែ​ឈើ​ប៉ុណ្ណោះ​ ដ៏​យក​ដំបង វាយ​សំលាប់​សេក នោះ​បោច​អាំង​ស៊ី​ថែម​ទៀត លុះ​ស៊ី​ហើយ​ក៏​ដើរ​សំដៅ ទៅ​រក​កន្លែង ខ្លាធំ​ដែល​សេក​បាន​ប្រាប់ ខ្លា​ឃើញ​បាន​ដឹង​ថា​ជា​មិត្ត​សំឡាញ់​នឹង​សេក ក៏​រាក់​ទាក់​ឲ្យ​ សំណាក់​នៅ​មួយ​យប់​សិន ខ្លា​ធំក៏​ចេញ​ទៅ​រក​ចំណី​អាហារ​មក​ជប់លៀង។ ក្នុង​ពេល ដែល​ខ្លាធំ​ចេញ​ទៅ បុរស​នោះ​ ជា​មួយ​ខ្លា​ចាស់​ជា​ឪពុក ក៏​និយាយ​ប្រាប់​ខ្លា​ចាស់​នោះ​ថា​អម្បាញ់​មិញ​ខ្ញុំ​សម្លាប់​សេក​មួយ អាំង​ស៊ី​ឆ្ងាញ់​ជាង​សេក​ធម្មតា ដែល​និយាយ​​យ៉ាង​នេះ​ដោយ​គិត​ថា​ខ្លា​ចាស់​មិន ដឹង​សេក​ជា​មិត្ត សំឡាញ់​នឹង​ខ្លា​ធំ​ជា​កូន​ទេ។ ឯ​ខ្លា​ធំ​រក​ចំណី​បាន ហើយ​ឲ្យ​បុរសនោះ​បរិភោគ​ឆ្អែក​ដេក​លក់។ ខ្លា​ចាស់​ប្រាប់​ថា បុរស​នេះ​សម្លាប់​សេក​ មិត្រ​ភក្តិ​កូន​ ឯង​ស្លាប់​ហើយ។ ខ្លា​ធំ​ឮ​ហើយ​យំ សោក ស្ទុះ​រត់​ទៅ​មើល​កន្លែង​ដែល​សេក នៅ​ឃើញ​តែ​រោម​នៅ​លើ​ដី​នឹក​ខឹង​ថា​នឹង​ស៊ីបុរស​នេះ​វិញ។ ឯ​បុរស​នោះ​ភ្ញាក់​ឡើង​បាត់ ខ្លា​ធំ ក៏​សួរ​ខ្លា​ចាស់​បាន​ដឹង​ថា​ទៅ​មើល​សេក​ដែល​ខ្លួន​ស៊ី ក៏​កើត​ទោសៈ​ចំពោះ​ខ្លាចាស់​ យក​ដំ​ថ្ម​គប់​ខ្លា​ចាស់​នោះ​ស្លាប់​ទៅ ហើយ​យក​ដំបង​មួយ​យ៉ាង​ធំ​ឈរ ក្បែរ​គល់​ឈើ​ចាំ វាយ​សំឡាប់​ខ្លា​ធំ​ទៀត ប៉ុន្តែ​ដោយ​ខ្លា​ធំ​មាន​ធម៌សប្បុរស​មិន​អាច​សម្លាប់ បាន​ឡើយ ឃើញ​ខ្លា​ធំ​មក​ដល់ បុរស​នោះ​ភ័យ​ញាប់ញ័រ​ក្រាប​ថ្វាយ​បង្គំ​សុំទោស។ ខ្លា​ធំ​ក្រឡេក មើល​ទៅ​ឃើញ​ឪពុក​ត្រូវ​ដំបង​បែកក្បាល​ស្លាប់ ដឹង​ថាបុរស​នោះ​ស្លាប់ នឹក​តូច​ចិត្ត​គិត​ខាំ​បុរស​នោះ​ម្ដង។ ប៉ុន្តែ​ធម្មតា​អ្នក​មាន​ធម៌​សប្បុរស​តែង មាន​គំនិត​គិត​វែង​ឆ្ងាយ ជឿ​បុណ្យ​ជឿ​ បាប​យល់​ហេតុ​ផល​ច្បាស់​លាស់ ទើប​មាន​គំនិត​ថា​មនុស្ស​នេះ​អសប្បុរស​អញ​មិន​គួរ​ប្រទូស្ដ​តប​ឲ្យ ជាប់​ពៀរ​នឹង​វា​ទេ សំឡាញ់​អញ​ក្ដី ឪពុក​អញ​ក្ដី ដែលស្លាប់​ ទៅ​គឺ​ជា​ផលកម្ម​របស់​គាត់​បាន សាង​ពី​បុព្វ​ជាតិ​មក យល់​ច្បាស់​ដូច្នេះ​ហើយ ក៏​និយាយ​រាក់​ទាក់​ទៅ​រក​បុរស​នោះ​ហើយ​ជូន​ដំណើរ ទៅ​ទៀត​ដរាបដល់​ផុត​ទី​មាន​គ្រោះ​ថ្នាក់។ ឯសេក​ដែល​ស្លាប់​ទៅ បាន​ទៅ​កើត​នៅ​ស្ថានសួគ៌​បរិបូណ៌​ដោយ​ទិព្វសម្បត្តិ​ដោយ អំណាច​នៃ​សប្បុរសធម៌។ ចំណែក​ខាង​ខ្លា​ធំ​ដល់​អស់​អាយុ​ ក៏បាន​ទៅ​កើត​នៅ​ស្ថាន ទេវលោក​ដូច​សេក​ដែរ។ សេចក្ដី​ពិសេស គួរ​សង្ស័យ​ថា​ខ្លា​ចាប់​តែ​សត្វ​ស៊ី​ជា​អាហារ ធ្វើ​បាណាតិបាត​រាល់​ពេល​ហេតុ​អ្វី​ក៏​បាន​កើត​ស្ថាន​សួគ៌​ដែរ? ដែល​ទៅ​កើត​ស្ថានសួគ៌ នោះ​មិន​មែន​អំពើ​បាណាតិបាត​នាំ​ទៅ​កើត​ទេ គឺ​សប្បុរស​ធម៌​ដែល​មាន​ក្នុង​សម័យ​ដែល មិន​គួរ​មាន​នោះ​ទេ នាំ​ទៅ​កើត មិន​ចាំ​បាច់​និយាយ​ឡើយ​ដល់​ទៅ​ខ្លា​ធំ ដែល​មាន សប្បុរស​ដល់​ម្ល៉ោះ សូម្បី​គ្មាន​សោះ​ក៏ ដោយ​បើ​ប្រសិន​ជា​ពេល​ជិត​ស្លាប់​ជនចិត្ត ចាប់​បាន កុសល​ធម៌​ណា​មួយ​ហើយ ទៀត​តែទៅ​សួគ៌​សិន មិន​ខាន​ដូច​ពុទ្ធភាសិត​ថា ចិត្តេ បរិសុទ្ធេ សុគតិ បាដិកង្ខា ចិត្ត​បរិសុទ្ធ ទៅសុគតិ។ ដកស្រង់ចេញពីសៀវភៅ ខំសាងកុសល ដោយ៥០០០ឆ្នាំ
images/articles/1897/Untitled-1-Recovered.jpg
ផ្សាយ : ២៥ វិច្ឆិកា ឆ្នាំ២០២០ (អាន: ១០២០៤ ដង)
រឿង អភិចារិណិត្ថី ក្នុង​សក្សបពុទ្ធកាល មានភរិយារ​របស់​ឧបាសក​ជាសោត​បន្នម្នាក់ ជា​ស្រី​ប្រព្រឹត្ត ក្បត់​ចិត្ត​ស្វាមី។ ឧបាសក​នោះ ឃើញ​នូវ​ហេតុ​ប្រព្រឹត្ត​បំពាន​យ៉ាង​ប្រត្យក្ស ហើយ​ពោល​សួរថា​ ព្រោះ​ហេតុ​អ្វី​បាន​ជា​នាង​ប្រព្រឹត្ត​មិន​គប្បី​យ៉ាង​នេះ? ស្រី​ភរិយា​ ពោល​ស្បថ​ស្បែ​ថា ប្រសិន​បើ​ខ្ញុំ​ធ្វើ​យ៉ាង​ហ្នឹង​មែន សូម​ឥ្យ​ឆ្កែ​ខាំ​ជញ្ជែង ស៊ី​ខ្ញុំ​កុំ បី​ខាន​ ព្រោះ​ជា​អ្នក ប្រព្រឹត្ត​ក្បត់​ចិត្ត​ស្វាមី​ខ្លួន។
images/articles/1900/Untitled-1-Recovered.jpg
ផ្សាយ : ២៥ វិច្ឆិកា ឆ្នាំ២០២០ (អាន: ១០៣៤១ ដង)
រឿង​គហបតីប្រេត (ទោសនៃ​ការ​មើល​ងាយ​ព្រះសារិរិកធាតុ) កាល​ព្រះ​សម្ពុទ្ធ​បរមគ្រូ​បរិនិព្វាន​ហើយ ពួក​ពុទ្ធ​បរិស័ទ​ទាំង​ឡាយ មាន​ព្រះ​បាទ មល្លរាជជាប្រធាន បាន​រៀប​បូជា​ព្រះបរមសព​ព្រះសម្ពុទ្ធ លុះ​បូជាហើយ ព្រះមហាក្សត្រ​ទាំង​ឡាយ​ក្នុង​ជម្ពូទ្វីប លើក​ទ័ព​មក​ច្បាំង​ដើម្បី​ព្រះបរមធាតុ​កាល នោះ​ទោណអាចារ្យ បាន​សម្រុះសម្រួល​ចែក​ព្រះបរមធាតុ ដល់​ព្រះរាជា​ទាំង​ឡាយ នោះ ដោយ​សន្តិវិធី។
images/articles/1907/Untitled-1-Recovered.jpg
ផ្សាយ : ២៥ វិច្ឆិកា ឆ្នាំ២០២០ (អាន: ១៣៣៧៨ ដង)
រឿង​នាង​លតា (គុណ​នៃ​ការ​រក្សា​ឧបោសថសីល តាំង​ពី​ក្មេង​ដរាប​ដល់​ចាស់) កាល​ព្រះសម្ពុទ្ធ​បរមគ្រូ គង់​នៅ​ក្នុង​ជេតវនមហាវិហារ ជា​អារាមរបស់​អនាថ បណ្ឌិត​សេដ្ឋី​នាក្រុងសាវត្ថី។ កាល​នោះ​មាន​ធីតា​ម្នាក់​ឈ្មោះនាង​លតា ជា​កូន​របស់ សាវត្ថីឧបាសក។ នាង​លតា​ធីតា​នោះ​ជាស្ត្រី​មាន​ប្រាជ្ញា​ឈ្លាសវៃ ចេះ​ដឹង​នូវ​ច្បាប់ ព្រះពុទ្ធសាសនា​ជាច្រើន​មាតាបិតា​បាន​រៀប​ឲ្យ​មាន​គូស្វាមី​ភរិយា
images/articles/1941/Untitled-1-Recovered.jpg
ផ្សាយ : ២៥ វិច្ឆិកា ឆ្នាំ២០២០ (អាន: ៦៦១៧ ដង)
រឿង​ក្នុងលោក​នៃគំនិត នៅពេលដឹងរឿង​អ្វីមួយ ភ្លេច​រលឹកដឹងការពិត នេះជាការ ភ្លេចរបស់​អ្នក​ស្តាប់​​ធម៌ បដិ​បត្តិ​ធម៌ មិនមែនជាការ​ភ្លេច​នៃ​​អ្នក​មិន បាន​ស្តាប់​​ធម៌​នោះ​ទេ ព្រោះ​​​ថា បុគ្គលដែលមិន​បានស្តាប់​ធម៌ គឺ មិន​យល់ពីធម៌​ពិតឡើយ ។អ្នក​ដែល​​ស្តាប់ធម៌ យល់ធម៌ហើយ តែនៅ​តែភ្លេច ព្រោះ ការភ្លេចនេះ ជាធម៌​ពិតមួយ​បែប ដែល​មាន​បច្ច័យឱ្យ​កើតឡើង ។ ការស្តាប់ព្រះធម៌អំពីការពិតរឿយៗ ព្រមដោយ​កុសល​ធម៌ផ្សេងៗ ទៀត រមែង​ជួយ​ជា​ឧប​ការៈ​ឱ្យ​មាន​សតិ​រលឹក​ដឹង​ដល់ការពិត ។ ការ​ពិត​​ជា​អា​រម្មណ៍​នៃ​សេចក្តី​សុខ​ចិត្ត ។ក្នុងរឿងអ្វីក៏មានការពិតដែរ ការពិតគឺជា​សច្ចធម៌ដែល​មាន បច្ច័យ​ឱ្យ​កើត​ក្នុង​លោក ៦ លោកណាមួយ មានលោកភ្នែក ជាដើម ។ នេះគឺ​ជា​ធម៌​ល្អិត​ល្អន់ ដែល​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ទ្រង់ ត្រាស់​សម្តែង សូម្បី​​គ្រាន់​​តែ​ការ​ឃើញ​រូប ដែល​​គ្រប់​គ្នា​មាន​រាល់ ថ្ងៃ ប៉ុន្តែ​ដោយ​​ច្រើន​​គឺមិន​ធ្លាប់​បាន​​ពិចារ​ណា​ឱ្យ​ដឹងសេចក្តីពិត​​នៃ ស​ភា​វ​ធម៌​ឡើយ រហូត​ដល់​​បាត់បង់ជីវិតទៅ ។ ចំពោះការឃើញ នេះ ត្រូវផ្តើម​ពិចារ​ណាឱ្យយល់​ច្បាស់​តាម​ពិតថា ឃើញ​មាន​ពិត ឯចំណែកលោកដែលត្រូវឃើញគឺរូបារម្មណ៍ ក៏មានពិតដែរ ។ស​ភាវ​ធម៌ជាធម៌ពិត ដែលកំពុងប្រាកដក្នុងខណៈនេះ សែន លំបាក​នឹង​ដឹង​ការពិតថា មិនមែនជា​សត្វបុគ្គលតួខ្លួន ព្រោះហេតុ តែការសម្គាល់ខុស ធ្លាប់​មាន​អស់​កាលដ៏យូរ​ណាស់​មកហើយ ។ រូបារម្មណ៍ដែលជាអារម្មណ៍នៃចក្ខុវិញ្ញាណ គ្រប់ពេល​វេលា ទាំងអស់ មិន​ខុស​ពីរូបថត​ឬ​រូប​ក្នុង​​ទូរ​ទស្សន៍​​ឡើយ គឺជា​លោក មួយ​​ដោយ​ឡែក​តែឯង ជា​​សភា​វធម៌​​ម៉្យាង​ដែល​​មាន​ពិត ជា​បរមត្ថ មិន​មែន​សត្វ មិន​មែន​​វត្ថុ​អ្វី​ទាំង​អស់ ។ រូបារម្មណ៍​ជាលោកក្នុង អរិយវិន័យ មិនមែន​ជាទី​កន្លែង​ផ្ទះសំបែង​ភូមិ​ស្រុក​ប្រទេស​នគរ ឬ ផែនដីព្រៃភ្នំអ្វីៗ​ដែល​ជារឿង​ក្នុង​លោកនៃ​គំនិត​នោះឡើយ បញ្ញា ចែក​ចិត្តឃើញ ដោយ​ឡែកពី​ចិត្តគិតក្នុង​មនោទ្វារ កំណត់​ដឹង​នូវ សភាវ​ធម៌ដែលជាបរមត្ថមានពិតក្នុងលោក ។ ទាន់ពេលដែល​ឮសំឡេង ក៏នឹកគិតដល់សំឡេងអ្វីៗ មាន សេចក្តីថា​ដូច​ម្តេច​ ។ បញ្ញា​កំណត់ដឹងសំឡេងជា​ធម៌ដែល​មានពិត ប្រាកដត្រង់​សោតប្ប​សាទ សំឡេង​មិន​មែន​ជា​រឿង​អ្វីទាំង​អស់ រឿង​អ្វីៗ ស្រេច​ហើយតែចិត្តគិត ។ ពេលខ្លះ​យើង​ខឹងនឹងរឿង ដូចជា កូនចៅធ្វើ​សំឡេង​ខ្លាំងៗ រក​សម្រាន្ត​មិន​បាន ទាំង​ដែល ពេល​នោះក៏មាន​ធម៌​ពិតកំពុង​​ប្រាកដ​​ដែរ ព្រោះ​ថា បើ​មិន​​មានធម៌​ពិត​ទេ បានអ្វីឮ តែនេះទៅជាខឹង​ក្រោធ​ក្នុង​រឿង ដោយ​​បោះ​​ប​ង់ ធម៌​ពិត​ចោល ព្រោះ​មិន​មា​នសតិ​រលឹកដឹង​សភាវៈដែល​មាន​ពិត ។ ចូរកុំភ្លេច​ថា ឮសំឡេង​អ្វីក៏ដោយ ពេល​ណាក៏ដោយ គឺចិត្តឮជាធម៌ ដែល​មាន​ពិត ធ្វើ​កិច្ច​ជំនួស​យើង​ក្នុង​លោក ដូច្នេះ ពេល​ដែល សម្រាន្តមិន​លក់ បាន​ឱកាស​សិក្សា​​ធម៌ពិត រំដោះខ្លួន​ចេញចាក លោក ។កុំភ្លេចថា របស់ដែល​មានពិតនោះ គឺមានត្រឹមតែជា ធម៌ពិត ជាសភាវៈ​ផ្សេង​ៗ​​គ្នាក្នុងទ្វារ​ទាំង ៦ ឯ​រឿងក្នុង​លោក​នៃ គំនិត មិន​មែន​ជា​​សភាវៈ​ដែល​មានពិត​នោះ​ទេ គ្រាន់​តែជារឿង ទៅតាមការចាំ និង ទៅតាម​ការគិត​ប៉ុណ្ណោះ ។ ដកស្រង់​ចេញ​ពី​សៀវភៅ ជំនួយ​សតិ​ភាគ១៦ រៀប​រៀង​​ដោយ​ អគ្គ​បណ្ឌិត ធម្មាចារ្យ​ ប៊ុត-សាវង្ស​ ។ ដោយ៥០០០ឆ្នាំ
images/articles/1980/Untitled-1-Recovered.jpg
ផ្សាយ : ២៥ វិច្ឆិកា ឆ្នាំ២០២០ (អាន: ១០០៩១ ដង)
រឿង​ឧព្វ​រី​ប្រេត​ (ព្រះ​សង្គីតិ​កត្ថេរ​ទាំង​ឡាយ​ ពោល​ថា) ស្តេច​របស់​ពួក​ជន​អ្នក​នៅ​ក្នុង​ដែន​បញ្ចាល​ ទ្រង់​ព្រះ​នាម​ព្រហ្ម​ទត្ត​ ព្រះ​អង្គ​ប្រ​សើរ​ក្នុង​រាជ​សម្បត្តិ​ លុះ​ដល់​ថ្ងៃ​និង​យប់​កន្លង​ទៅ​ ស្តេច​ក៏​ទ្រង់​សោយ​ទិ​វង្គត​ ។ អគ្គ​មហេ​សី​របស់​ស្តេច​នោះ ឈ្មោះ​នា​ង​ឧ​ព្វ​រី​ បាន​ទៅ​កាន់​ទីស្ម​សាន ហើយ​ទ្រង់​ព្រះ​កន្សែង​ កាល​មិន​ឃើញ​ស្តេច​ព្រហ្ម​ទត្ត​ ក៏​ទ្រង់​ព្រះ​កន្សែង​ថា ឱព្រះ​បាទ​ព្រហ្មទត្ត​ ។ ឥសី​ ជា​អ្នក​ប្រាជ្ញ​ បរិ​បូណ៌ដោយ​ចរណៈ
images/articles/2946/xdswwc.jpg
ផ្សាយ : ២៥ វិច្ឆិកា ឆ្នាំ២០២០ (អាន: ៥១៥៦៨ ដង)
ព្រះសាស្ដា កាលស្ដេចគង់នៅវត្តវេឡុវ័ន ទ្រង់ប្រារព្ធការព្យាយាមសម្លាប់របស់ទេវទត្ត បានត្រាស់ព្រះធម្មទេសនានេះ មានពាក្យថា អហមេវ ទូសិយា ភូនហតា ដូច្នេះជាដើម ។ ក្នុងជាតកទាំងឡាយដទៃ ទេវទត្តមិនអាចនឹងធ្វើ សូម្បីតែសេចក្ដីតក់ស្លុត ដល់ព្រះពោធិសត្វឡើយ ចំណែកក្នុងចូឡធម្មបាលជាតកនេះ ទេវទត្តក្នុងកាលនោះបានបញ្ជាឲ្យ ជេជ្ឈឃាដកាត់ដៃ ជើង និងសីសៈរបស់ព្រះពោធិសត្វ និងឲ្យធ្វើអសិមាលកកម្ម (បោះសាកសពឡើងលើ ហើយយកដាវគ្រវីកាប់ចិញ្ច្រាំឲ្យសាកសព បំបែកជាបំណែកតូចៗ) ក្នុងកាលដែលទ្រង់មានព្រះជន្មត្រឹមតែ ៧ ខែ ។ ក្នុងទទ្ទរជាតក ទេវទត្តបានចាប់ច្របាច់កសម្លាប់ព្រះពោធិសត្វ ហើយអាំងសាច់លើជើងក្រាន រួចបរិភោគ ។ ក្នុងខន្តីវាទីជាតក ទេវទត្តបានឲ្យគេវាយប្រហារព្រះពោធិសត្វ ២ ពាន់រំពាត់ និងឲ្យគេកាត់ដៃ ជើង ត្រចៀក ច្រមុះ ហើយឲ្យគេចាប់ផ្នួងសក់អូសទាញ ឲ្យដេកផ្ញារ និងប្រហារទ្រូងដោយជើង រួចទើបចេញទៅ ។ ព្រះពោធិសត្វក៏អស់អាយុក្នុងថ្ងៃនោះឯង ។ សូម្បីក្នុងចូឡនន្ទិយជាតក និងមហាកបិជាតក ទេវទត្តក៏បានព្យាយាមសម្លាប់ព្រះពោធិសត្វ ។ ទេវទត្តនោះព្យាយាមសម្លាប់ព្រះពោធិសត្វអស់កាលយូរដោយប្រការយ៉ាងនេះ សូម្បីក្នុងសម័យពុទ្ធកាល ក៏ព្យាយាមដូចគ្នាដែរ ។ ថ្ងៃមួយ ភិក្ខុទាំងឡាយញ៉ាំងកថាឲ្យតាំងឡើងក្នុងធម្មសភាថា ម្នាលអាវុសោ ទេវទត្តធ្វើឧបាយដើម្បីធ្វើឃាតព្រះពុទ្ធ ទេវទត្តគិតថា យើងឲ្យគេសម្លាប់ព្រះសម្មាសម្ពុទ្ធ ដូច្នេះហើយ ប្រកបនាយខ្នាន់ធ្នូ ប្រមៀលថ្ម និងឲ្យគេលែងដំរីនាឡាគិរី ។ ព្រះសាស្ដាយាងមកហើយសួរថា ម្នាលភិក្ខុទាំងឡាយ អម្បាញ់មិញនេះ អ្នកទាំងឡាយអង្គុយប្រជុំគ្នាដោយរឿងអ្វី ? ភិក្ខុទាំងឡាយទូលថា ដោយរឿងឈ្មោះនេះ ដូច្នេះហើយ ព្រះអង្គត្រាស់ថា ម្នាលភិក្ខុទាំងឡាយ មិនមែនតែក្នុងកាលឥឡូវនេះទេ សូម្បីក្នុងកាលមុន ទេវទត្តក៏បានព្យាយាមដើម្បីនឹងសម្លាប់​តថាគតដែរ ប៉ុន្តែឥឡូវនេះ ទេវទត្តមិនអាចនឹងធ្វើសូម្បីតែសេចក្ដីតក់ស្លុត ក្នុងកាលមុន កាលតថាគតនៅជាចូឡធម្មបាលកុមារ ទេវទត្តបានញ៉ាំងតថាគត ដែលជាបុត្ររបស់ខ្លួនឲ្យអស់ជីវិត ហើយឲ្យគេធ្វើអសិមាលកកម្ម ដូច្នេះហើយ ទ្រង់ទើបនាំអតីតនិទានមកថា ក្នុងអតីតកាល ព្រះរាជាព្រះនាម មហាបតាបៈ សោយរាជសម្បត្តិក្នុងនគរពារាណសី ព្រះពោធិសត្វបានកើតក្នុងផ្ទៃ នៃព្រះនាងចន្ទាទេវី ដែលជាអគ្គមហេសីរបស់ព្រះរាជានោះ ព្រះញាតិទាំងឡាយថ្វាយព្រះនាមថា ធម្មបាល ។ ក្នុងវេលាដែលធម្មបាលកុមារមានអាយុបាន ៧ ខែ ព្រះមាតាងូតទឹកក្រអូបឲ្យព្រះពោធិសត្វ និងប្រដាប់តាក់តែងហើយ ទើបអង្គុយប្រលែងលេងនឹងព្រះរាជកុមារ ។ ព្រះរាជាបតាបៈស្ដេចយាងមកដំណាក់របស់ព្រះនាង ។ ព្រះនាងចន្ទាទេវីនោះ កាលនឹងឲ្យបុត្រលេង ព្រោះភាពជាអ្នកមានសេចក្ដីស្រឡាញ់បុត្រ ទោះឃើញព្រះរាជាយាងមកហើយ ក៏មិនបានក្រោកទទួល ។ ព្រះរាជាគិតថា ឥឡូវនេះ នាងចន្ទាទេវីនេះធ្វើនូវមានះដោយអាស្រ័យបុត្រ មិនសម្គាល់យើងថាជាអ្វីឡើយ ចុះទម្រាំតែបុត្រនោះធំ នឹងមិនសម្គាល់យើងសូម្បីតែជាមនុស្ស យើងនឹងសម្លាប់បុត្រនោះឥឡូវនេះឯង ។ ព្រះរាជាបតាបៈយាងត្រឡប់ទៅអង្គុយលើរាជាសនៈ ហើយត្រាស់ហៅអ្នកសម្លាប់ចោរមកថា ពេជ្ឈឃាដចូរមក ដោយការតាក់តែងរបស់ខ្លួន ។ ពេជ្ឈឃាដនោះស្លៀកដណ្ដប់សំពត់ជ្រលក់ដោយទឹកអម្ចត់ ទ្រទ្រង់កម្រងផ្កាក្រហម លីពូថៅលើស្មា កាន់យកឈើសម្រាប់តម្កល់ដៃនិងជើង ដែលមានពកជាគ្រឿងទទួល មកហើយថ្វាយបង្គំព្រះរាជាទូលថា បពិត្រព្រះសម្មតិទេព ព្រះអង្គឲ្យទូលព្រះបង្គំធ្វើអ្វី ? ព្រះរាជាត្រាស់ថា អ្នកចូរទៅកាន់បន្ទប់ដ៏មានសិរីរបស់ព្រះទេវី រួចនាំធម្មបាលកុមារមក ។ ចំណែកព្រះទេវីជ្រាបថា ព្រះរាជាក្រោធនិងយាងត្រឡប់ទៅវិញដូច្នេះ ក៏ឲ្យព្រះពោធិសត្វដេកនៅនឹងទ្រូង ហើយអង្គុយយំ ។ ពេជ្ឈឃាដទៅហើយ បានប្រហារនូវខ្នងព្រះទេវីដោយដៃ ចាប់ទាញព្រះកុមារឲ្យដាច់ចេញអំពីដៃ របស់ព្រះនាង ហើយមកកាន់សម្នាក់ព្រះរាជា ពោលថា បពិត្រព្រះសម្មតិទេព ទូលព្រះបង្គំនឹងធ្វើអ្វីទៀត ? ព្រះរាជាបញ្ជាឲ្យនាំផែនក្ដារមួយមក ឲ្យដាក់ចុះខាងមុខ រួចត្រាស់ថា អ្នកចូរឲ្យកុមារនេះដេកលើទីនេះ ។ ពេជ្ឈឃាដក៏បានធ្វើយ៉ាងនោះ ។ ព្រះនាងចន្ទាទេវីយំ យាងមកតាមខាងក្រោយបុត្រ ។ ពេជ្ឈឃាដពោលម្ដងទៀតថា បពិត្រព្រះសម្មតិទេព ទូលព្រះបង្គំនឹងធ្វើអ្វីទៀត ? ព្រះរាជាត្រាស់ថា អ្នកចូរកាត់ដៃធម្មបាល ព្រះនាងចន្ទាទេវីពោលថា បពិត្រមហារាជ បុត្ររបស់ខ្ញុំម្ចាស់នេះ មានអាយុត្រឹមតែ ៧ ខែ នៅក្មេងតូច មិនដឹងអ្វីឡើយ ទោសមិនមានដល់បុត្ររបស់ខ្ញុំម្ចាស់ទេ ទោសនោះគប្បីមានដល់ខ្ញុំម្ចាស់ប៉ុណ្ណោះ ព្រោះហេតុនោះ សូមទ្រង់ឲ្យពេជ្ឈឃាដកាត់ដៃរបស់ខ្ញុំម្ចាស់ចុះ ដូច្នេះហើយ កាលនឹងប្រកាសសេចក្ដីនោះ ព្រះនាងទើបពោលគាថាទី ១ ថា អហមេវ ទូសិយា ភូនហតា, រញ្ញោ មហាបតាបស្ស; ឯតំ មុញ្ចតុ ធម្មបាលំ, ហត្ថេ មេ ទេវ ឆេទេហិ។ ខ្ញុំម្ចាស់ជាស្រីប្រទូស្ត ជាអ្នកបំផ្លាញនូវសេចក្តីចម្រើន ដល់សេ្តចឈ្មោះមហាបតាបៈ បពិត្រព្រះសម្មតិទេព សូមលែងនូវធម្មបាល (ជាកូនខ្ញុំ) នេះចេញ សូមកាត់នូវដៃទាំងឡាយ របស់ខ្ញុំម្ចាស់វិញចុះ ។ បណ្ដាបទទាំងនោះ បទថា ទូសិយា សេចក្ដីថា អ្នកប្រទូស្ត អធិប្បាយថា ខ្ញុំម្ចាស់បានឃើញព្រះអង្គហើយ កាលមិនបានក្រោកទទួល គឺជាអ្នកបានធ្វើទោស ។ បាឋៈថា ទូសិកា យ៉ាងនេះ ក៏មាន ។ បទថា ភូនហតា សេចក្ដីថា អ្នកបំផ្លាញសេចក្ដីចម្រើន អធិប្បាយថា ជាអ្នកសម្លាប់ប្រយោជន៍ ។ បទថា រញ្ញោ នេះ គប្បីប្រកបដោយបទថា ទូសិយា ។ លោកអធិប្បាយថា ខ្ញុំម្ចាស់ជាស្ត្រីធ្វើនូវកំហុសដល់ព្រះរាជាមហាបតាបៈ កុមារនេះមិនបានធ្វើទេ ព្រោះហេតុនោះ ធម្មបាលដែលនៅតូច និងមិនមានកំហុសនេះ ចូររួចផុត បពិត្រព្រះសម្មតិទេព ប្រសិនបើព្រះអង្គប្រាថ្នានឹងឲ្យពេជ្ឈឃាដកាត់ដៃ ចូរឲ្យកាត់ដៃរបស់ខ្ញុំម្ចាស់ ដែលជាស្ត្រីធ្វើនូវទោសចុះ ។ ព្រះរាជាសម្លឹងមើលមុខពេជ្ឈឃាដ ។ ពេជ្ឈឃាដពោលថា បពិត្រព្រះសម្មតិទេព ទូលព្រះបង្គំនឹងធ្វើអ្វី ? ព្រះរាជាត្រាស់ថា កុំធ្វើយឺតយូរឡើយ អ្នកចូរកាត់ដៃ ។ ក្នុងខណៈនោះ ពេជ្ឈឃាដបានកាន់យកពូថៅដ៏មុតកាត់ដៃទាំងពីររបស់ព្រះរាជកុមារ ហាក់ដូចជាកាត់ឈើខ្ចី ។ ធម្មបាលកុមារនោះសូម្បីត្រូវកាត់ដៃទាំង ២ ហើយ ក៏មិនស្រែកយំឡើយ ទ្រង់ធ្វើខន្តី និងមេត្តាឲ្យជាបុរេចារិក (ឲ្យប្រព្រឹត្តទៅខាងមុខ) ហើយអត់សង្កត់ ។ ចំណែកព្រះនាងចន្ទាទេវីកាន់យកចុងដៃដែលដាច់ហើយនោះ សៀតទុកនឹងចង្កេះ មានព្រះកាយប្រឡាក់ដោយលោហិត យំខ្សឹកខ្សួល ។ ពេជ្ឈឃាដសួរព្រះរាជាម្ដងទៀតថា បពិត្រព្រះសម្មតិទេព ទូលព្រះបង្គំនឹងធ្វើអ្វី ? ព្រះរាជាត្រាស់ថា ចូរកាត់ជើងទាំងពីរ ។ ព្រះនាងចន្ទាទេវីស្ដាប់ពាក្យនោះហើយ ទើបពោលគាថាទី ២ ថា អហមេវ ទូសិយា ភូនហតា, រញ្ញោ មហាបតាបស្ស; ឯតំ មុញ្ចតុ ធម្មបាលំ, បាទេ មេ ទេវ ឆេទេហិ។ ខ្ញុំម្ចាស់ជាស្រីប្រទូស្ត ជាអ្នកបំផ្លាញនូវសេចក្តីចម្រើន ដល់សេ្តចឈ្មោះមហាបតាបៈ បពិត្រព្រះសម្មតិទេព សូមព្រះអង្គ លែងនូវធម្មបាលនេះចេញ សូមកាត់នូវជើងទាំងឡាយ របស់ខ្ញុំវិញចុះ ។ សេចក្ដីអធិប្បាយក្នុងគាថានេះ គប្បីជ្រាបតាមន័យដែលពោលហើយក្នុងគាថាទី ១ នោះចុះ ។ ចំណែកព្រះរាជាមហាបតាបៈ បញ្ជាពេជ្ឈឃាដម្ដងទៀត ។ ពេជ្ឈឃាដនោះក៏កាត់ជើងទាំងពីរ ។ ព្រះនាងចន្ទាទេវីកាន់យកនូវចុងជើងហើយសៀតទុកនឹងថ្នក់ចង្កេះ មានព្រះកាយប្រឡាក់ដោយលោហិត យំបរិទេវនាការ ពោលថា បពិត្រមហាបតាបៈជាម្ចាស់ ទារកឈ្មោះថា មានដៃជើងដាច់ហើយ គឺមាតាត្រូវចិញ្ចឹម ខ្ញុំម្ចាស់នឹងធ្វើការស៊ីឈ្នួល ហើយចិញ្ចឹមបុត្ររបស់ខ្ញុំម្ចាស់ សូមព្រះអង្គប្រទានបុត្រនោះដល់ខ្ញុំម្ចាស់ ។ ពេជ្ឈឃាដសួរព្រះរាជាបន្តទៀតថា បពិត្រព្រះសម្មតិទេព ទូលព្រះបង្គំធ្វើតាមព្រះរាជបញ្ជាហើយ កិច្ចរបស់ទូលព្រះបង្គំដល់ទីបំផុតហើយឬ ? ព្រះរាជាត្រាស់ថា នៅមិនទាន់សម្រេចទេ ។ ពេជ្ឈឃាដសួរថា បពិត្រព្រះសម្មតិទេព បើយ៉ាងនោះ ទូលព្រះបង្គំនឹងធ្វើអ្វីទៀត ? ព្រះរាជាត្រាស់ថា អ្នកចូរកាត់ក្បាលរបស់ធម្មបាលកុមារ ។ ព្រះនាងចន្ទាទេវីស្ដាប់ពាក្យនោះហើយ ទើបពោលគាថាទី ៣ ថា ហមេវ ទូសិយា ភូនហតា, រញ្ញោ មហាបតាបស្ស; ឯតំ មុញ្ចតុ ធម្មបាលំ, សីសំ មេ ទេវ ឆេទេហិ។ ខ្ញុំម្ចាស់ជាស្រីប្រទូស្ត ជាអ្នកបំផ្លាញនូវសេចក្តីចម្រើន ដល់សេ្តចឈ្មោះមហាបតាបៈ បពិត្រព្រះសម្មតិទេព សូមព្រះអង្គលែងនូវធម្មបាលនេះចេញ សូមកាត់នូវក្បាល របស់ខ្ញុំវិញចុះ ។ កាលព្រះនាងពោលយ៉ាងនេះហើយ ក៏បង្អោនក្បាលរបស់ខ្លួនចូលទៅ ។ ចំណែកពេជ្ឈឃាដសួរព្រះរាជាម្ដងទៀតថា បពិត្រព្រះសម្មតិទេព តើទូលព្រះបង្គំនឹងធ្វើដូចម្ដេច ? ព្រះរាជាត្រាស់ថា ចូរកាត់ក្បាលរបស់ធម្មបាល ។ ពេជ្ឈឃាដក៏កាត់ក្បាលរបស់ព្រះកុមារ រួចហើយទូលសួរព្រះរាជាថា បពិត្រព្រះសម្មតិទេព ទូលព្រះបង្គំបានធ្វើតាមព្រះរាជបញ្ជាហើយឬ ? ព្រះរាជាត្រាស់ថា នៅមិនទាន់សម្រេចទេ ។ ពេជ្ឈឃាដសួរថា បពិត្រព្រះសម្មតិទេព បើយ៉ាងនោះ ទូលព្រះបង្គំនឹងធ្វើដូចម្ដេចទៀត ? ព្រះរាជាត្រាស់ថា អ្នកចូរយកចុងដាវទទួលរាងកាយធម្មបាលនោះ ចូរធ្វើនូវអសិមាលកកម្ម ។ ពេជ្ឈឃាដនោះក៏បោះរាងកាយរបស់ធម្មបាលកុមារទៅលើអាកាស ហើយទទួលដោយចុងដាវ ធ្វើនូវកម្មឈ្មោះ អសិមាលកៈ ឲ្យរាងកាយធម្មបាលរោយរាយលើផ្ទៃបាតខាងក្រោម ។ ព្រះនាងចន្ទាទេវីប្រមូលសាច់ របស់ព្រះពោធិសត្វដាក់ទុកក្នុងថ្នក់ចង្កេះ កាលយំខ្សឹកខ្សួល បរិទេវនាការលើផ្ទៃបាតខាងក្រោម បានពោលគាថាទាំងនេះថា ន ហិ នូនិមស្ស រញ្ញោ, មិត្តាមច្ចា ច វិជ្ជរេ សុហទា; យេ ន វទន្តិ រាជានំ, មា ឃាតយិ ឱរសំ បុត្តំ។ ពួកមិត្តអាមាត្យ និងជនអ្នកមានហឫទ័យល្អ របស់សេ្តចនេះ មិនមានទេឬ បានជាមិននិយាយឃាត់សេ្តចថា សូមព្រះអង្គ កុំសម្លាប់បុត្តជាឱរស ។ ន ហិ នូនិមស្ស រញ្ញោ, ញាតី មិត្តា ច វិជ្ជរេ សុហទា; យេ ន វទន្តិ រាជានំ, មា ឃាតយិ អត្រជំ បុត្តំ។ ពួកមិត្ត ញាតិ និងជនអ្នកមានហឫទ័យល្អ របស់សេ្តចនេះ មិនមានទេឬ បានជាមិននិយាយឃាត់សេ្តចថា សូមព្រះអង្គកុំសម្លាប់បុត្ត ដែលកើតអំពីខ្លួន ។ បណ្ដាបទទាំងនោះ បទថា មិត្តាមច្ចា ច វិជ្ជរេ សុហទា សេចក្ដីថា ជនជាមិត្រជិតស្និទ្ធរបស់ស្ដេចនេះ ឬ អាមាត្យអ្នករួមក្នុងការងារទាំងពួង ឬអ្នកមានចិត្តល្អ ព្រោះមានចិត្តទន់ភ្លន់ នឹងមិនមាន ដោយពិត ។ បទថា យេ ន វទន្តិ សេចក្ដីថា ជនពួកណាមកក្នុងកាលឥឡូវនេះ (មកទាន់ពេល) តែមិនពោល គឺមិនហាមឃាត់ព្រះរាជានេះថា សូមព្រះអង្គកុំសម្លាប់បុត្រជាទីស្រឡាញ់របស់ខ្លួន ដូច្នេះ យើងយល់ថា ជនទាំងនោះ នឹងមិនមាន ដោយពិតប្រាកដ ។ បទថា ញាតី ក្នុងគាថាទី ២ នេះ បានដល់ ញាតិទាំងឡាយ ។ ចំណែកព្រះនាងចន្ទាទេវី កាលពោលគាថាទាំងពីរនេះហើយ យកដៃទ្រទ្រង់សាច់ទ្រូង (យកដៃរឺតទ្រូង) ពោលគាថាទី ៣ ថា ចន្ទនសារានុលិត្តា, ពាហា ឆិជ្ជន្តិ ធម្មបាលស្ស; ទាយាទស្ស បថព្យា, បាណា មេ ទេវ រុជ្ឈន្តិ។ ដើមដៃទាំងឡាយ ដែលលាបដោយខ្លឹមចន្ទន៍ របស់ធម្មបាល អ្នកជាទាយាទផែនដីដាច់ បពិត្រព្រះសម្មតិទេព ជីវិតរបស់ខ្ញុំម្ចាស់នឹងរលត់ ។ បណ្ដាបទទាំងនោះ បទថា ទាយាទស្ស បថព្យា សេចក្ដីថា ព្រះនាងចន្ទាទេវីពោលរៀបរាប់ ត្អូញត្អែរ ពិលាបមានពាក្យជាដើមយ៉ាងនេះថា ដៃទាំងឡាយរបស់កុមារជាទាយាទនៃផែនដីដែលមានមហាសមុទ្រទាំង ៤ ជាទីបំផុត ដែលជារបស់ព្រះបិតា ដាច់ហើយ ជើងទាំងឡាយដាច់ហើយ និងក្បាលរបស់កុមារនោះក៏ដាច់ដែរ រាងកាយរបស់កុមារនោះត្រូវធ្វើដោយអសិមាលកកម្ម ឥឡូវនេះ ព្រះអង្គកាត់ផ្ដាច់វង្សរបស់ខ្លួន សូមទ្រង់ទៅចុះ ។ បទថាបាណា មេ ទេវ រុជ្ឈន្តិ សេចក្ដីថា បពិត្រព្រះសម្មតិទេព កាលខ្ញុំម្ចាស់មិនអាចនឹងទ្រទ្រង់សេចក្ដីសោកនេះបាន ជីវិតរបស់ខ្ញុំម្ចាស់នឹងរលត់ ។ កាលព្រះនាងចន្ទាទេវីយំរៀបរាប់ បរិទេវនាការយ៉ាងនេះហើយ ព្រះហឫទ័យក៏បែកទៅ ដូចជាឫស្សីដែលត្រូវភ្លើងឆេះក្នុងព្រៃឫស្សីដូច្នោះ ព្រះនាងបានដល់នូវការអស់ព្រះជន្មក្នុងទីនោះឯង ។ ចំណែកព្រះរាជាមហាបតាបៈមិនអាចនឹងឋិតនៅលើបល្ល័ង្កឡើយ ទ្រង់ធ្លាក់ចុះមកលើផ្ទៃបាតខាងក្រោម ហើយផែនក្ដាររនាបក៏បែកជាពីរ ព្រះអង្គក៏ធ្លាក់ចុះមកលើផែនដី ។ លំដាប់នោះ ផែនប្រឹថពីសូម្បីមានកម្រាស់ ២ សែន ៤ ម៉ឺនយោជន៍ ក៏មិនអាចនឹងទ្រទ្រង់អគុណរបស់ព្រះរាជានោះបានឡើយ បែកជាពីរ ធ្វើឲ្យមានចន្លោះ សំណាញ់ភ្លើងអំពីអវីចិ-នរកបានតាំងឡើង ចាប់យកព្រះរាជានោះ បោះទៅក្នុងអវីចិនរក ដូចជារួបរឹតដោយសំពត់កម្ពលដែលត្រកូលប្រគល់ឲ្យ ដូច្នោះ ។ ពួកអាមាត្យទាំងឡាយធ្វើសរីរកិច្ចរបស់ព្រះនាងចន្ទាទេវី និងព្រះពោធិសត្វ ។ ព្រះសាស្ដាបាននាំធម្មទេសនានេះមកហើយ ទ្រង់ប្រជុំជាតកថា តទា រាជា ទេវទត្តោ អហោសិ ព្រះរាជាក្នុងកាលនោះ បានមកជាទេវទត្ត ។ ចន្ទាទេវី មហាបជាបតិគោតមី ព្រះនាងចន្ទាទេវីបានមកជាព្រះនាងមហាបជា-បតិគោតមី ។ ធម្មបាលកុមារោ បន អហមេវ អហោសិំ ចំណែកធម្មបាលកុមារ គឺតថាគតនេះឯង ។ ចប់ ចូឡធម្មបាលជាតក ៕ (ជាតកដ្ឋកថា សុត្តន្តបិដក ខុទ្ទកនិកាយ ជាតក បញ្ចកនិបាត មណិកុណ្ឌលវគ្គ បិដកលេខ ៥៩ ទំព័រ ១១) ដោយខេមរ អភិធម្មាវតារ ។ ព.ស. ២៥៦១ ។ ដោយ៥០០០ឆ្នាំ
images/articles/2943/ccvffic.jpg
ផ្សាយ : ២៥ វិច្ឆិកា ឆ្នាំ២០២០ (អាន: ១២៩៥៦ ដង)
ជាតកនេះមានពាក្យថា លុទ្ធានំ លហុចិត្តានំ ដូច្នេះជាដើម នឹងមានប្រាកដជាក់ច្បាស់ក្នុងកុណាលជាតក (សុត្តន្តបិដក ខុទ្ទកនិកាយ ជាតក អសីតិនិបាត កុណាលជាតក បិដកលេខ ៦១ ទំព័រ ១៥៤) ឯណោះ ។ (សេចក្ដីខាងក្រោមនេះជាខ្លឹមសារចូឡកុណាលជាតកក្នុងព្រះត្រៃបិដក ៖ សត្វតាវ៉ៅបានពោលថា លុទ្ធានំ លហុចិត្តានំ, អកតញ្ញូន ទុព្ភិនំ, នាទេវសត្តោ បុរិសោ, ថីនំ សទ្ធាតុមរហតិ។ បុរសដែលមិនជាប់ចំពាក់ ដោយទេវតា (ខ្មោចមិនចូល) មិនគួរជឿ (នូវសីលនិងវត្ត) របស់ពួកស្ត្រី ជាអ្នកឈ្លានពាន មានចិត្តរហ័ស មិនដឹងនូវឧបការគុណ ដែលគេធ្វើហើយ ជាអ្នកប្រទូស្តមិត្រទេ ។ ន តា បជានន្តិ កតំ ន កិច្ចំ, ន មាតរំ បិតរំ ភាតរំ វា, អនរិយា សមតិក្កន្តធម្មា, សស្សេវ ចិត្តស្ស វសំ វជន្តិ។ ស្ត្រីទាំងនោះមិនដឹងនូវឧបការគុណ ដែលគេធ្វើហើយដល់ខ្លួន មិនដឹងច្បាស់នូវកិច្ច (ដែលខ្លួនត្រូវធ្វើ) មិនដឹងច្បាស់នូវមាតាបិតា ឬបងប្អូន មិនអៀនខ្មាស តែងប្រព្រឹត្តកន្លងច្បាប់ជាធម្មតា លុះក្នុងអំណាចនៃចិត្តរបស់ខ្លួន ។ ចិរានុវុដ្ឋម្បិ បិយំ មនាបំ, អនុកម្បកំ បាណសមម្បិ ភត្តុំ, អាវាសុ កិច្ចេសុ ច នំ ជហន្តិ, តស្មាហមិត្ថីនំ ន វិស្សសាមិ។ ស្ត្រីទាំងនោះ តែងលះបង់នូវបុរសនោះ ដែលជាទីស្រឡាញ់ ជាទីគាប់ចិត្ត សូម្បីនៅជាមួយគ្នាអស់កាលយូរ ជាអ្នកអនុគ្រោះសូម្បីស្មើដោយជីវិត ក្នុងគ្រោះថា្នក់ទាំងឡាយផង ក្នុងកិច្ចការទាំងឡាយផង ព្រោះហេតុនោះ ខ្ញុំមិនស្និទ្ធស្នាលនឹងស្ត្រីទាំងឡាយឡើយ ។ ថីនញ្ហិ ចិត្តំ យថា វានរស្ស, កន្នប្បកន្នំ យថា រុក្ខឆាយា, ចលាចលំ ហទយមិត្ថិយានំ, ចក្កស្ស នេមិ វិយ បរិវត្តតិ។ ព្រោះថា ចិត្តរបស់ពួកស្ត្រីប្រែប្រួល ដូចជាសត្វស្វា ឬដូចជាម្លប់ឈើ ចិត្តរបស់ពួកស្ត្រី ច្រាស់ច្រាល់ វិលវង់ ដូចជាខ្នងកង់ កាលវិលទៅដូច្នោះ ។ យទា តា បស្សន្តិ សមេក្ខមានា, អាទេយ្យរូបំ បុរិសស្ស វិត្តំ, សណ្ហាហិ វាចាហិ នយន្តិ មេនំ, កម្ពោជកា ជលជេនេវ អស្សំ។ ក្នុងកាលដែលស្ត្រីទាំងនោះ សម្លឹងឃើញទ្រព្យរបស់បុរស មានសភាពគួរយកបាន ក៏នាំបុរសនុ៎ះទៅ (កាន់អំណាចខ្លួន) ដោយសំដីដ៏ផ្អែមល្ហែមទាំងឡាយ ដូចជាពួកជនអ្នកនៅក្នុងដែនកម្ពោជៈ កាលនាំសេះទៅកាន់អំណាចខ្លួន ដោយស្លែដូច្នោះ ។ យទា ន បស្សន្តិ សមេក្ខមានា, អាទេយ្យរូបំ បុរិសស្ស វិត្តំ, សមន្តតោ នំ បរិវជ្ជយន្តិ, តិណ្ណោ នទីបារគតោវ កុល្លំ។ ក្នុងកាលដែលស្ត្រីទាំងនោះ សម្លឹងមើលមិនឃើញទ្រព្យរបស់បុរស មានសភាពគួរយកបានទេ ក៏គេចចៀសបុរសនុ៎ះ ដោយជុំវិញ ដូចជាបុគ្គលអ្នកឆ្លង ទៅដល់ត្រើយស្ទឹងហើយ ក៏វៀរបង់នូវក្បូនដូច្នោះ ។ សិលេសូបមា សិខិរិវ សព្វភក្ខា, តិក្ខមាយា នទីរិវ សីឃសោតា, សេវន្តិ ហេតា បិយមប្បិយញ្ច, នាវា យថា ឱរកូលំ បរញ្ច។ ស្ត្រីទាំងឡាយនោះ មានសេចក្តីប្រៀបធៀបដោយជ័រ ដូចជាភ្លើងដែលស៊ីនូវវត្ថុគ្រប់យ៉ាង មានមាយាដ៏ក្លៀវក្លា ដូចជាស្ទឹងមានខ្សែទឹកដ៏រហ័ស ព្រោះថា ស្ត្រីទាំងនុ៎ះ តែងសេពនូវបុរសជាទីស្រឡាញ់ និងមិនជាទីស្រឡាញ់ ដូចជាទូកដែលអែបនូវច្រាំងទាំងខាងអាយ ទាំងច្រាំងខាងនាយ ដូច្នោះ ។ ន តា ឯកស្ស ន ទ្វិន្នំ, អាបណោវ បសារិតោ, យោ តា មយ្ហន្តិ មញ្ញេយ្យ, វាតំ ជាលេន ពាធយេ ។ ស្ត្រីទាំងនោះ មិនមែនរបស់បុរសម្នាក់ មិនមែនរបស់បុរសពីរនាក់ទេ ដូចជារានផ្សារ ដែលគេរៀបហើយ បុរសណា សម្គាល់នូវស្ត្រីទាំងនោះ ថាជារបស់អញ បុរសនោះ គប្បីចងខ្យល់ដោយសំណាញ់បាន ។ យថា នទី ច បន្ថោ ច, បានាគារំ សភា បបា, ឯវំ លោកិត្ថិយោ នាម, វេលា តាសំ ន វិជ្ជតិ ។ ស្ទឹង ផ្លូវ តៀមស្រា រោងសម្រាប់ប្រជុំ និងអណ្តូង យ៉ាងណា ធម្មតាស្ត្រីទាំងឡាយ ក្នុងលោក ក៏យ៉ាងនោះដែរ ឯវេលារបស់ស្ត្រីទាំងនោះ មិនមានឡើយ ។ ឃតាសនសមា ឯតា, កណ្ហសប្បសិរូបមា, គាវោ ពហិតិណស្សេវ, ឱមសន្តិ វរំ វរំ។ ស្ត្រីទាំងនោះ ស្មើដោយភ្លើងឆេះឆ្នាំងខ្លាញ់ ឧបមាដោយក្បាលពស់វែក ឬដូចជាពួកគោស៊ីច្បិចតែចុងស្មៅដ៏ប្រសើរ ៗ ខាងក្រៅ ។ ឃតាសនំ កុញ្ជរំ កណ្ហសប្បំ, មុទ្ធាភិសិត្តំ បមទា ច សព្វា, ឯតេ នរោ និច្ចយតោ ភជេថ, តេសំ ហវេ ទុព្វិទុ សព្វភាវោ ។ នរជនគប្បីសង្រួមជានិច្ច ហើយគប់រកនូវជនទាំងនេះ គឺភ្លើង ១ ដំរី ១ ពស់វែក ១ សេ្តចដែលបានមុទ្ធាភិសេកហើយ ១ ពួកស្ត្រីទាំងអស់ ១ ភាវៈទៀងទាត់ របស់ជនទាំងនោះ គេស្គាល់បានដោយក្រ ។ នច្ចន្តវណ្ណា ន ពហូនំ កន្តា, ន ទក្ខិណា បមទា សេវិតព្វា, ន បរស្ស ភរិយា ន ធនស្ស ហេតុ, ឯតិត្ថិយោ បញ្ច ន សេវិតព្វា។ ស្ត្រីមានសម្បុរល្អឆើត បុរសមិនគួរសេពទេ ស្ត្រីជាទីស្រឡាញ់នៃបុរសច្រើនគ្នា បុរសមិនគួរសេពទេ ស្ត្រីប្រសប់រាំច្រៀង បុរសមិនគួរសេពទេ ស្ត្រីជាប្រពន្ធរបស់បុគ្គលដទៃ បុរសមិនគួរសេពទេ ស្រ្តី (គប់រកបុរស) ព្រោះហេតុតែទ្រព្យ បុរសមិនគួរសេពទេ ស្ត្រីទាំង ៥ ពួកនេះ បុរសមិនគួរសេពឡើយ ។) (ជាតកដ្ឋកថា សុត្តន្តបដិក ខុទ្ទកនិកាយ ជាតក ទ្វាទសកនិបាត ចូឡកុណាលជាតក បិដកលេខ ៥៩ ទំព័រ ២៣៧) ថ្ងៃ សៅរ៍ ៩ រោច ខែ ផគ្គុន ឆ្នាំ រកា ព.ស.២៥៦១ នព្វស័ក ច.ស. ១៣៧៩ ម.ស. ១៩៣៩ ត្រូវនឹងថ្ងៃទី ១០ ខែ មីនា គ.ស. ២០១៨ ដោយខេមរ អភិធម្មាវតារ ដោយ៥០០០ឆ្នាំ
images/articles/2913/_____________________.jpg
ផ្សាយ : ២៥ វិច្ឆិកា ឆ្នាំ២០២០ (អាន: ៦៧៧៧ ដង)
ព្រះសាស្ដា កាលស្ដេចគង់នៅវត្តជេតពន ទ្រង់ប្រារព្ធឧក្កណ្ឋិតភិក្ខុមួយរូប បានត្រាស់ព្រះធម្មទេសនានេះ មានពាក្យថា ឯកា និសិន្នា ដូច្នេះជាដើម ។ រឿងរ៉ាវរបស់ជាតកនេះ នឹងមានជាក់ច្បាស់ក្នុងកុសជាតក (ខុទ្ទកនិកាយ ជាតក សត្តតិនិបាត បិដក​លេខ​ ៦១ ទំព័រ ៦៤) ឯណោះ ។ ព្រះសាស្ដាសួរភិក្ខុនោះថា ម្នាលភិក្ខុ បានឮថា អ្នកអផ្សុកពិតមែនឬ កាល​ភិក្ខុនោះឆ្លើយថា បពិត្រព្រះអង្គ ពិតមែនហើយ ទ្រង់ទើបត្រាស់ថា ម្នាលភិក្ខុ អ្នកបួសក្នុងសាសនា​ដែលដឹកនាំឲ្យរួចផុតចាកទុក្ខមានសភាពបែបនេះហើយ ព្រោះហេតុអ្វី បានជាអ្នកអផ្សុក ? បុរាណ​បណ្ឌិតទាំងឡាយ កាលសោយរាជសម្បត្តិក្នុងសុរុន្ធននគរ ដែលមានទំហំ ១២ យោជន៍ សម្រេច​ហើយ សូម្បីនៅក្នុងបន្ទប់តែមួយជាមួយនឹងស្ត្រីដែលស្រដៀងនឹងទេពធីតា អស់កាល ៧០០ ឆ្នាំ ក៏​មិនឲ្យបែកធ្លាយឥន្ទ្រិយទាំងឡាយ មិនបានសម្លឹងមើលដោយអំណាចនៃលោភៈ ដូច្នេះហើយ ទ្រង់​បាននាំអតីតនិទានមកសម្ដែងថា ក្នុងអតីតកាល ព្រះរាជាកាសីសោយរាជសម្បត្តិ នៅសុរុន្ធននគរ ក្នុងដែនកាសី ព្រះរាជានោះមិនមានព្រះឱរស មិនមានព្រះធីតាឡើយ ។ ព្រះរាជាកាសីត្រាស់នឹងព្រះទេវីរបស់ខ្លួនថា នាងចូរប្រាថ្នាបុត្រ ។ សូម្បីព្រះអគ្គមហេសីទទួលពាក្យរបស់ព្រះរាជាហើយ ក៏ធ្វើយ៉ាងនោះ ។ គ្រានោះ ព្រះពោធិសត្វចុតិពីព្រហ្មលោក បានកើតក្នុងផ្ទៃនៃព្រះអគ្គមហេសី របស់ព្រះរាជានោះ ។ លំដាប់នោះ ហឫទ័យរបស់មហាជនបានចម្រើនឡើងដោយកំណើតរបស់ព្រះពោធិសត្វនោះ ដូច្នេះទើបនាំគ្នាធ្វើព្រះនាមថ្វាយទ្រង់ថា ឧទយភទ្ទ ។ ក្នុងកាលព្រះរាជកុមារចេះដើរ មានសត្វសូម្បីដទៃបានចុតិពីព្រហ្មលោក កើតជាកុមារិកាក្នុងផ្ទៃនៃព្រះទេវីដទៃរបស់ព្រះរាជាកាសីនោះ មហាជនទាំងឡាយបានធ្វើព្រះនាមថ្វាយ សូម្បីដល់ព្រះនាងថា ឧទយភទ្ទា ។ ព្រះកុមារកាលចម្រើនវ័យធំហើយ ដល់នូវការសម្រេចក្នុងសិល្បសាស្ត្រទាំងពួង តែទ្រង់ជាអ្នកប្រព្រឹត្តធម៌ដ៏ប្រសើរដោយកំណើត មិនស្គាល់នូវមេថុនធម្មសូម្បីដោយការយល់សប្តិ ចិត្តរបស់ព្រះអង្គមិនជាប់ក្នុងកិលេសទាំងឡាយ ។ ព្រះរាជបិតាប្រាថ្នានឹងអភិសេកនូវបុត្រក្នុងរាជសម្បត្តិ បានបញ្ជូនសារទៅថា ឥឡូវនេះ ជាកាលនៃការសោយសុខក្នុងរាជសម្បត្តិ របស់ព្រះរាជកុមារហើយ អ្នកទាំងឡាយចូរតម្កល់នូវស្ត្រីរបាំទាំងឡាយចំពោះព្រះកុមារ ។ ព្រះពោធិសត្វហាមឃាត់ដោយពោលថា ខ្ញុំមិនត្រូវការដោយរាជសម្បត្តិ ចិត្តរបស់ខ្ញុំមិនជាប់ជំពាក់ក្នុងកិលេសទាំងឡាយ ដូច្នេះហើយ កាលពោលហាមរឿយៗ ក៏បានញ៉ាំងគេឲ្យរូបស្ត្រី ដែលសម្រេចអំពីមាសជម្ពូទនពណ៌ក្រហម (ឈ្មោះមាសវិសេសមួយប្រភេទ កើតអំពីកករដីដែលជ្រាបជោកដោយទឹកផ្លែព្រីងប្រចាំទ្វីប, ជាមាសបរិសុទ្ធឥតមានមន្ទិល មានសាច់ល្អបំផុតជាងមាសទាំងពួង, មាសនេះ សូម្បី​ព្រះសម្មាសម្ពុទ្ធ ក៏ទ្រង់ត្រាស់សរសើរដែរ; ខ្មែរយើងហៅក្លាយមកជា មាសជម្ពូនុទ) ហើយបញ្ជូនទៅឲ្យព្រះរាជមាតាបិតាដោយពាក្យថា កាលបានស្ត្រីដែលមានរូបយ៉ាងនេះ ទើបខ្ញុំនឹងទទួលរាជសម្បត្តិ ។ ព្រះរាជមាតាបិតាឲ្យគេនាំរូបមាសនោះទៅកាន់ជម្ពូទ្វីបទាំងមូល កាលមិនបានស្ត្រីដែលមានរូបយ៉ាងនោះ ទើបប្រដាប់តាក់តែងនាងឧទយភទ្ទា យកមកតម្កល់ទុកក្នុងសម្នាក់រូបមាសនោះ ។ រូបនាង​ឧទយ​ភទ្ទាគ្របសង្កត់នូវរូបមាសនោះ ហើយឋិតនៅ ។ លំដាប់នោះ ព្រះមាតាព្រះបិតាបានធ្វើព្រះនាងឧទយភទ្ទាកុមារីដែលជាប្អូនស្រីមានមាតាផ្សេងគ្នា ឲ្យជាអគ្គមហេសី (របស់ឧទយភទ្ទកុមារ) ទាំងដែលអ្នកទាំង ២ នោះមិនប្រាថ្នា ហើយអភិសេកព្រះពោធិសត្វក្នុងរាជសម្បត្តិ ។ ចំណែកព្រះឧ​ទយ​ភទ្ទ​កុមារ និង ព្រះឧទយភទ្ទាកុមារីទាំង ២ នោះ (ជាអ្នក) នៅក្នុងព្រហ្មចរិយៈប៉ុណ្ណោះ ។ ក្នុងកាលខាងក្រោយមក កាលដែលព្រះរាជមាតាបិតាកន្លងផុតទៅ ព្រះពោធិសត្វបានគ្រប់គ្រងរាជសម្បត្តិ ។ ព្រះអង្គទាំងពីរសូម្បីនៅក្នុងបន្ទប់តែមួយ ក៏ទ្រង់មិនទម្លាយឥន្ទ្រិយ សម្លឹងមើលគ្នានឹងគ្នា ដោយអំណាចនៃលោភៈឡើយ ។ តែព្រះអង្គបានធ្វើការប្ដេជ្ញាគ្នាថា បណ្ដាយើងទាំងពីរ បើអ្នកណាធ្វើកាលកិរិយាមុន អ្នកនោះត្រូវមកអំពីស្ថានទីកើត ហើយប្រាប់ថា ខ្ញុំបានកើតក្នុងទីឈ្មោះឯណោះ ។ លំដាប់នោះ ព្រះពោធិសត្វក៏បានធ្វើកាលកិរិយា ដោយកាលកន្លង ៧០០ ឆ្នាំ អំពីឆ្នាំអភិសេក ។ មិនមានអ្នកដទៃឡើងសោយរាជ្យឡើយ អំណាចរាជការប្រព្រឹត្តទៅក្នុងព្រះនាងឧទយភទ្ទានោះឯង ។ អាមាត្យ​ទាំងឡាយ (រួមគ្នា) គ្រប់គ្រងរាជ្យ ។ ចំណែកព្រះពោធិសត្វក្នុងខណៈចុតិ (កាលចុតិហើយ) បានដល់ភាពជាស្ដេចសក្កៈក្នុងភពតាវត្តិង្ស មិនអាចនឹងរលឹកអស់ ៧ ថ្ងៃ ព្រោះភាពជាអ្នកមានយសធំ ។ ព្រោះហេតុដូច្នេះ ទើបជាកាលកន្លងទៅ ៧០០ ឆ្នាំ ដោយការរាប់ឆ្នាំមនុស្ស ព្រះឥន្ទនោះក៏រឭកបាន ទើបគិតថា យើងនឹងសាកល្បងព្រះរាជធីតាឧទយភទ្ទាដោយទ្រព្យ ញ៉ាំងឲ្យនាងបន្លឺសីហនាទ យើងនឹងសម្ដែងធម៌ កាលបានរួចចាកការប្ដេជ្ញាហើយសឹមត្រឡប់មក ។ គ្រានោះ បានឮមកថា ជាកាល​ដែល​មនុស្ស​មានអាយុ ១ ម៉ឺនឆ្នាំ ។ សូម្បីព្រះរាជធីតាទ្រង់គង់នៅស្ងៀមតែមួយអង្គឯង ក្នុងបន្ទប់ដ៏មានសិរីដែលប្រដាប់តាក់តែងហើយ លើប្រាសាទដ៏ប្រសើរជាន់ទី ៧ ដែលបានតម្កល់ការរក្សា ត្រង់ទ្វារដែលបានបិទហើយ ក្នុងពេលរាត្រី កាលពិចារណាសីលរបស់ខ្លួន ទើបអង្គុយ អស់ថ្ងៃនោះ ។ លំដាប់នោះ ស្ដេចសក្កៈកាន់យកភាជនៈមាសមួយដែលពេញទៅដោយមាសកៈមាស មកប្រាកដក្នុងបន្ទប់ផ្ទំ ហើយឋិតនៅកន្លែងមួយ កាលនឹងចរចាជាមួយព្រះរាជធីតា ទើបត្រាស់គាថាទី ១ ថា ឯកា និសិន្នា សុចិ សញ្ញតូរូ, បាសាទមារុយ្ហ អនិន្ទិតង្គី; យាចាមិ តំ កិន្នរនេត្តចក្ខុ, ឥមេករត្តិំ ឧភយោ វសេមា។ ម្នាលនាងមានចក្ខុប្រាកដស្មើដោយភ្នែកនៃកិន្នរ នាងស្លៀកសំពត់ដ៏ស្អាត មានភ្លៅរៀបស្រួលបួល មានអវយវៈតិះដៀលមិនបាន ឡើងកាន់ប្រាសាទ អង្គុយតែម្នាក់ឯង បងសូមអង្វរនាង សូមយើងទាំងពីរនាក់នៅ (ជាមួយគ្នា) អស់មួយយប់នេះ ។ លំដាប់នោះ ព្រះរាជធីតាបានត្រាស់ ២ ព្រះគាថា ថា ឱកិណ្ណន្តរបរិខំ, ទឡ្ហមដ្ដាលកោដ្ឋកំ; រក្ខិតំ ខគ្គហត្ថេហិ, ទុប្បវេសមិទំ បុរំ។ បុរីនេះ មានគូខណ្ឌ ជាសង្កាត់ ៗ មានប៉មនិងខ្លោងទ្វារ យ៉ាងមាំ (មានទាហាន ១០០០០ នាក់) កាន់ព្រះខាន់គ្រប់ដៃ រក្សាហើយ គេចូលបានដោយក្រ ។ ទហរស្ស យុវិនោ ចាបិ, អាគមោ ច ន វិជ្ជតិ; អថ កេន នុ វណ្ណេន, សង្គមំ ឥច្ឆសេ មយា។ មិនមានប្រុសជំទង់ ឬប្រុសកំលោះមក (ក្នុងទីនេះ ទាំងថ្មើរណេះទេ) បើយ៉ាងនេះ តើហេតុអ្វី បានជាអ្នកចង់មកជួបនឹងខ្ញុំ (ទាំងថ្មើរណេះ) ។ លំដាប់នោះ ស្ដេចសក្កៈទើបត្រាស់គាថាទី ៤ ថា យក្ខោហមស្មិ កល្យាណិ, អាគតោស្មិ តវន្តិកេ; ត្វំ មំ នន្ទយ ភទ្ទន្តេ, បុណ្ណកំសំ ទទាមិ តេ។ ម្នាលនាងកល្យាណី យើងជាយក្ខ (បុគ្គលដែលគេតែងបូជា) មកក្នុងសម្នាក់នាង ម្នាលនាងដ៏ចម្រើន នាងចូរត្រេកអរនឹងយើង យើងនឹងឲ្យភាជន៍មាសដ៏ពេញដោយមាស ដល់នាង ។ គាថានោះមានសេចក្ដីថា ម្នាលនាងកល្យាណី ស្រីមានរូបគួរទស្សនា បងជាទេវតា (រូបសង្ហា)មួយ មកក្នុងទីនេះដោយអានុភាពនៃទេវតា ក្នុងថ្ងៃនេះ អូនចូរត្រេកអរនឹងបង បងនឹងឲ្យភាជនៈមាសដែលពេញទៅដោយមាសកៈមាសនេះដល់អូន ។ ព្រះនាងស្ដាប់ពាក្យនោះហើយ ទើបត្រាស់គាថាទី ៥ ថា ទេវំវ យក្ខំ អថ វា មនុស្សំ, ន បត្ថយេ ឧទយមតិច្ច អញ្ញំ; គច្ឆេវ ត្វំ យក្ខ មហានុភាវ, មា ចស្សុ គន្ត្វា បុនរាវជិត្ថ។ ម្នាលទេវបុត្រ មានអានុភាពច្រើន ខ្ញុំមិនប្រាថ្នាបុគ្គលដទៃ ទោះបីជាទេវតា យក្ស ឬមនុស្ស លើសជាងព្រះបាទឧទយៈទេ អ្នកចូរទៅចុះ លុះអ្នកទៅហើយ កុំត្រឡប់មកវិញឡើយ ។ គាថានោះមានសេចក្ដីថា បពិត្រទេវរាជ ខ្ញុំកាលកន្លងផុតពីព្រះបាទឧទយៈហើយ ខ្ញុំមិនប្រាថ្នាបុរសដទៃ សូម្បីជាទេវតាក៏ដោយ យក្សក៏ដោយ លោកចូរទៅចុះ កុំឋិតនៅក្នុងទីនេះ ខ្ញុំមិនត្រូវការដោយបណ្ណាការដែលលោកនាំមក ចូរទៅ ហើយកុំត្រឡប់មកទីនេះម្ដងទៀត ។ សក្កទេវរាជស្ដាប់សីហនាទរបស់នាងហើយ មិនឋិតនៅ ធ្វើដូចជាទៅ បាត់ទៅក្នុងទីនោះឯង ហើយឋិតនៅ ។ ថ្ងៃស្អែក ក្នុងវេលានោះឯង ព្រះអង្គកាន់យកភាជនៈប្រាក់ដែលពេញដោយមាសកៈមាស កាលនឹងចរចាជាមួយព្រះនាង ទើបត្រាស់គាថាទី ៦ ថា យា សា រតិ ឧត្តមា កាមភោគិនំ, យំហេតុ សត្តា វិសមំ ចរន្តិ; មា តំ រតិំ ជីយិ តុវំ សុចិម្ហិតេ, ទទាមិ តេ រូបិយំ កំសបូរំ។ សេចក្តីត្រេកត្រអាលណាដ៏ឧត្តម របស់ពួកសត្វអ្នកបរិភោគកាម ពួកសត្វប្រព្រឹត្តមិនស្មើ ព្រោះហេតុនៃសេចក្តីត្រេកត្រអាលណា នាងកុំផ្ចាញ់សេចក្តីត្រេកត្រអាលនោះ ក្នុងធម្មជាតិស្អាតរបស់នាង យើងនឹងឲ្យភាជន៍បា្រក់ ដ៏ពេញដោយមាស ដល់នាង ។ គាថានោះមានសេចក្ដីថា ម្នាលរាជធីតាដ៏ចម្រើន បណ្ដាសេចក្ដីត្រេកអរទាំងឡាយណា របស់សត្វអ្នកបរិភោគកាម សេចក្ដីត្រេកអរក្នុងមេថុន ឈ្មោះថា ជាសេចក្ដីត្រេកអរដ៏ថ្លៃថ្លា សត្វទាំងឡាយតែងប្រព្រឹត្តមិនស្មើមានកាយទុច្ចរិតជាដើម ដោយហេតុនៃសេចក្ដីត្រេកអរណា ម្នាលនាងដ៏ចម្រើន សូមនាងកុំផ្ចាញ់សេចក្ដីត្រេកអរនោះ ក្នុងចិត្តដែលត្រេកអរ ក្នុងធម្មជាតិស្អាតរបស់នាង ។ សូម្បីយើង កាលមក មិនមែនមកដោយដៃទទេ ថ្ងៃម្សិលមិញ យើងបាននាំនូវភាជនៈមាសដែលពេញទៅដោយមាសកៈមាស ថ្ងៃនេះ យើងនាំនូវភាជនៈប្រាក់ដែលពេញទៅដោយមាសកៈមាស យើងនឹងឲ្យភាជនៈប្រាក់ ដែលពេញដោយ មាសកៈមាសនេះដល់នាង ។ ព្រះរាជធីតាគិតថា ទេវបុត្រនេះ កាលបានការសន្ទនា តែងមករឿយៗ យើងនឹងមិននិយាយជាមួយគេ ដូច្នេះហើយ ទើបមិនពោលនូវពាក្យអ្វីឡើយ ។ សក្កទេវរាជដឹងនូវភាពមិននិយាយស្ដីរបស់ព្រះនាង ទើបបាត់ទៅក្នុងទីនោះឯង ថ្ងៃស្អែក ក្នុងវេលានោះឯង ទ្រង់កាន់យកភាជនៈលោហៈដែលពេញដោយកហាបណៈ មកហើយពោលថា ហៃអូនសម្លាញ់ដ៏ចម្រើន អូនចូរត្រេកអរដោយតម្រេកក្នុងកាមជាមួយនឹងបង បងនឹងឲ្យភាជនៈលោហៈដែលពេញដោយកហាបណៈនេះដល់អូន ។ ព្រះរាជធីតាស្ដាប់ពាក្យនោះ ទើបត្រាស់គាថាទី ៧ ថា នារិំ នរោ និជ្ឈបយំ ធនេន, ឧក្កំសតី យត្ថ ករោតិ ឆន្ទំ; វិបច្ចនីកោ តវ ទេវធម្មោ, បច្ចក្ខតោ ថោកតរេន ឯសិ។ បុរសកាលលួងលោមស្ត្រី ដោយទ្រព្យ ធ្វើនូវសេចក្តីពេញចិត្ត ក្នុងស្ត្រីណា ក៏លើកតម្កើងស្ត្រីនោះ ទេវធម៌របស់អ្នកខុសគេ (ព្រោះថា) អ្នកមកដោយវត្ថុរឹតតែតិច ដោយពិតប្រាកដ ។ គាថានោះមានសេចក្ដីថា នែបុរសល្ងង់ខ្មៅ នរជនឈ្មោះថា កាលលួងលោមស្ត្រីដោយទ្រព្យ ព្រោះហេតុនៃសេចក្ដីត្រេកអរដោយកិលេស រមែងធ្វើឆន្ទៈរបស់ស្ត្រីឲ្យយល់ព្រម តែងញ៉ាំងនាងឲ្យខ្ពង់ខ្ពស់ តែងពោល តែងសរសើ និងលួងលោមដោយទ្រព្យឲ្យច្រើនឡើង សភាពទេវតារបស់លោកខុសគេ ព្រោះថា លោកនាំទ្រព្យឲ្យតិចជាងមុន មកប្រាដកដល់ខ្ញុំ ក្នុងថ្ងៃទី ១ លោកនាំភាជនៈមាសដែលពេញដោយមាសមក, ថ្ងៃទី ២ នាំភាជនៈប្រាក់ដែលពេញដោយមាសមក, ថ្ងៃទី ៣ លោកនាំភាជនៈលោហៈដែលពេញដោយកហាបណៈមក ។ សក្កទេវរាជស្ដាប់ពាក្យនោះហើយ ពោលថា ម្នាលរាជកុមារីដ៏ចម្រើន យើងជាពាណិជដ៏ឆ្លាត យើងមិនឲ្យប្រយោជន៍វិនាសដោយវត្ថុមិនមានប្រយោជន៍ឡើយ បើនាងចេះតែចម្រើនដោយអាយុ (នៅមានវ័យក្មេង) ឬដោយពណ៌សម្បុរ យើងនឹងបន្ថែមបណ្ណាការឲ្យច្រើន ហើយនាំមកឲ្យនាង ប៉ុន្តែនាងមានតែការអស់ទៅប៉ុណ្ណោះ ព្រោះហេតុនោះ សូម្បីយើងក៏ត្រូវបន្ថយទ្រព្យឲ្យអស់ទៅដែរ ដូច្នេះហើយ ទើបត្រាស់គាថាទាំងឡាយ ៣ ថា អាយុ ច វណ្ណោ ច មនុស្សលោកេ, និហីយតិ មនុជានំ សុគត្តេ; តេនេវ វណ្ណេន ធនម្បិ តុយ្ហំ, និហីយតិ ជិណ្ណតរាសិ អជ្ជ។ ម្នាលនាងមានខ្លួនល្អ អាយុ និងវណ្ណៈរបស់ពួកមនុស្ស ក្នុងមនុស្សលោក រមែងសាបសូន្យទៅ ព្រោះហេតុនោះឯង បានជាទ្រព្យរបស់នាងក៏សាបសូន្យដែរ នាងរឹតតែចាស់ទៅក្នុងថ្ងៃនេះ ។ ឯវំ មេ បេក្ខមានស្ស, រាជបុត្តិ យសស្សិនិ; ហាយតេវ តវ វណ្ណោ, អហោរត្តានមច្ចយេ។ ម្នាលរាជបុត្រី មានយស កាលយើងរមិលមើលយ៉ាងនេះ ពណ៌សម្បុររបស់នាងក៏សាបសូន្យទៅ ក្នុងកាលកន្លងទៅនៃថ្ងៃនិងយប់ទាំងឡាយ ។ ឥមិនាវ ត្វំ វយសា, រាជបុត្តិ សុមេធសេ; ព្រហ្មចរិយំ ចរេយ្យាសិ, ភិយ្យោ វណ្ណវតី សិយា។ ម្នាលរាជបុត្រី មានប្រាជ្ញាល្អ នាងគប្បីប្រព្រឹត្តព្រហ្មចារ្យដោយវ័យនេះ នាងមុខជានឹងមានពណ៌សម្បុរដ៏ក្រៃលៃង ។ បន្ទាប់មក ព្រះរាជធីតាត្រាស់គាថាដទៃថា ទេវា ន ជីរន្តិ យថា មនុស្សា, គត្តេសុ តេសំ វលិយោ ន ហោន្តិ; បុច្ឆាមិ តំ យក្ខ មហានុភាវ, កថំ នុ ទេវាន សរីរទេហោ។ ទេវតាទាំងឡាយ មិនចាស់ដូចពួកមនុស្សទេ ការជ្រួញជ្រីវក្នុងខ្លួនរបស់ទេវតាទាំងនោះ មិនមានទេឬ បពិត្រយក្ខ ខ្ញុំសូមសួរលោក ដែលមានអានុភាពច្រើន រាងកាយ គឺសរីរៈរបស់ទេវតាទាំងឡាយ (មិនចាស់) តើដោយហេតុអ្វី ។ លំដាប់នោះ សក្កទេវរាជកាលនឹងឆ្លើយប្រាប់នាង ទើបពោលគាថាដទៃថា ទេវា ន ជីរន្តិ យថា មនុស្សា, គត្តេសុ តេសំ វលិយោ ន ហោន្តិ; សុវេ សុវេ ភិយ្យតរោវ តេសំ, ទិព្ពោ ច វណ្ណោ វិបុលា ច ភោគា។ ទេវតាទាំងឡាយមិនចាស់ ដូចពួកមនុស្សទេ ការជ្រួញជ្រីវក្នុងខ្លួនរបស់ទេវតាទាំងនោះ មិនមានឡើយ ពណ៌សម្បុរជាទិព្វ និងភោគៈដ៏ច្រើន របស់ទេវតាទាំងឡាយនោះ រឹងរឹតតែចម្រើនឡើង រាល់ ៗ ថ្ងៃ ។ ព្រះនាងបានស្ដាប់គុណរបស់ទេវលោកហើយ កាលនឹងសួរផ្លូវ ជាទីទៅទេវលោកនោះ ទើបពោលគាថាដទៃទៀតថា កិំសូធ ភីតា ជនតា អនេកា, មគ្គោ ច នេកាយតនំ បវុត្តោ; បុច្ឆាមិ តំ យក្ខ មហានុភាវ, កត្ថដ្ឋិតោ បរលោកំ ន ភាយេ។ ប្រជុំជនដ៏ច្រើនក្នុងលោកនេះ ខ្លាចអ្វី (ទើបមិនទៅកាន់ទេវលោក) ម្យ៉ាងទៀត ផ្លូវ (ទៅទេវលោក) បណ្ឌិតសំដែងដោយអណ្តូង គឺកំពង់ច្រើន (ផ្លូវណា ជាផ្លូវទៅទេវលោក) បពិត្រយក្ខ មានអានុភាពច្រើន ខ្ញុំសូមសួរលោក បុគ្គល (កាលទៅ) កាន់បរលោក តើឋិតនៅក្នុងផ្លូវណា ទើបមិនខ្លាច ។ លំដាប់នោះ ស្ដេចសក្កៈកាលនឹងប្រាប់ដល់ព្រះនាង ទើបពោលគាថាដទៃទៀតថា វាចំ មនញ្ច បណិធាយ សម្មា, កាយេន បាបានិ អកុព្ពមានោ; ពហុន្នបានំ ឃរមាវសន្តោ, សទ្ធោ មុទូ សំវិភាគី វទញ្ញូ; សង្គាហកោ សខិលោ សណ្ហវាចោ, ឯត្ថដ្ឋិតោ បរលោកំ ន ភាយេ។ បុគ្គលបានតាំងវាចា និងចិត្ត ដោយត្រឹមត្រូវ មិនធ្វើបាបទាំងឡាយដោយកាយ នៅគ្រប់គ្រងផ្ទះ ដែលមានបាយ និងទឹកដ៏ច្រើន ជាអ្នកមានសទ្ធា មានចិត្តទន់ បានចែករំលែកនូវទាន ជាអ្នកដឹងនូវពាក្យស្មូម ជាអ្នកសង្គ្រោះគេ មានវាចាផ្អែម មានវាចាល្អិតល្អ បានឋិតនៅក្នុងគំនរនៃគុណនេះហើយ (កាលនឹងទៅ) កាន់បរលោក មិនខ្លាចឡើយ ។ គាថានោះមានសេចក្ដីអធិប្បាយថា ម្នាលនាងដ៏ចម្រើន បុគ្គលណាតាំងវាចា និងចិត្តដោយប្រពៃ សូម្បីទាំងកាយក៏មិនបានធ្វើបាបផ្សេងៗ គឺប្រព្រឹត្តមាំមួនក្នុងកុសលកម្មបថ ១០ កាលនៅគ្រប់គ្រងផ្ទះមានបាយនិងទឹកច្រើន គឺមានទេយ្យធម៌ល្មម ប្រកបដោយការជឿដ៏មាំថា វិបាកនៃទានមាន មានចិត្តទន់, បានឈ្មោះថា អ្នកបរិច្ចាគព្រោះចេះចែកទាន, បានឈ្មោះថា អ្នកដឹងពាក្យសូម ព្រោះដឹងនូវការឲ្យបច្ច័យដល់ពួកបព្វជិត, បានឈ្មោះថា អ្នកសង្គ្រោះ ព្រោះចូលចិត្តសង្គ្រោះដោយសង្គហវត្ថុ ៤ ប្រការ, បានឈ្មោះថា មានវាចាផ្អែម ព្រោះជាអ្នកនិយាយវាចាគួរជាទីស្រឡាញ់, បានឈ្មោះថា មានវាចាល្អិតល្អន់ ព្រោះពោលវាចាដែលមានប្រយោជន៍ បុគ្គលនោះតាំងនៅក្នុងគុណធម៌ទាំងនេះ គឺមានប្រមាណប៉ុណ្ណេះ កាលនឹងទៅកាន់បរលោក រមែងមិនខ្លាច ។ បន្ទាប់ពីព្រះរាជធីតាបានស្ដាប់ពាក្យរបស់សក្កទេវរាជហើយ កាលនឹងធ្វើការសរសើរ ទើបពោលគាថាដទៃទៀតថា អនុសាសសិ មំ យក្ខ, យថា មាតា យថា បិតា; ឧឡារវណ្ណ បុច្ឆាមិ, កោ នុ ត្វមសិ សុព្រហា។ បពិត្រទេវបុត្រ លោកប្រៀនប្រដៅខ្ញុំ ដូចជាមាតា ដូចជាបិតា បពិត្រលោកមានសម្បុរដ៏លើសលុប ខ្ញុំសូមសួរ លោកមានសរីរៈ សមរម្យល្អ លោកជាអ្វី ។ គាថានោះមានសេចក្ដីថា មាតាបិតាប្រៀនប្រដៅបុត្រយ៉ាងណា លោកបានប្រៀនប្រដៅខ្ញុំយ៉ាងនោះដែរ ។ បពិត្រលោកដែលមានពណ៌សម្បុរដ៏ក្រៃលែង មានរូបដែលដល់ភាពស្រស់ស្អាត តើលោកជាអ្នកណា ទើបមានសរីរៈស្អាតយ៉ាងនេះ ។ លំដាប់នោះ ព្រះពោធិសត្វទើបពោលគាថាដទៃទៀតថា ឧទយោហមស្មិ កល្យាណិ, សង្គរត្តា ឥធាគតោ; អាមន្ត ខោ តំ គច្ឆាមិ, មុត្តោស្មិ តវ សង្គរា។ ម្នាលនាងកល្យាណី យើងឈ្មោះឧទយៈ បានមកក្នុងទីនេះ ដើម្បីដោះពាក្យប្តេជា្ញ យើងបា្រប់នាងហើយនឹងទៅ យើងរួចចាកពាក្យប្តេជ្ញា របស់នាងហើយ ។ គាថានេះមានសេចក្ដីអធិប្បាយថា ម្នាលនាងមានរូបល្អគួរទស្សនា ក្នុងភពមុន យើងជាស្វាមីរបស់នាង ឈ្មោះ ឧទយៈ យើងបានកើតជាស្ដេចសក្កៈក្នុងភពតាវត្តិង្ស មកក្នុងទីនេះ មិនមែនមកដោយអំណាចកិលេស យើងរឭកនូវនាងហើយនឹងរួចផុតពាក្យប្ដេជ្ញា ទើបមកដោយភាពជាអ្នកធ្វើតាមពាក្យប្ដេជ្ញា ដែលបានប្ដេជ្ញាក្នុងកាលមុន ឥឡូវនេះ យើងប្រាប់នាងហើយ នឹងសូមលាទៅ យើងរួចផុតពីការប្ដេជ្ញារបស់នាងហើយ ។ ព្រះរាជធីតាត្រេកអរហើយ ដោយពោលថា បពិត្រព្រះស្វាមី ព្រះអង្គជាឧទយភទ្ទ ដូច្នេះកាលទឹកនេត្រាហូរស្រក់ ទើបពោលថា ខ្ញុំម្ចាស់មិនអាចនឹងនៅដោយវៀចាកព្រះអង្គបានឡើយ តើខ្ញុំម្ចាស់នឹងនៅក្នុងសម្នាក់ព្រះអង្គបានយ៉ាងណា សូមទ្រង់ប្រៀនប្រដៅខ្ញុំម្ចាស់យ៉ាងនោះ ដូច្នេះហើយ ទើបពោលគាថាដទៃទៀតថា សចេ ខោ ត្វំ ឧទយោសិ, សង្គរត្តា ឥធាគតោ; អនុសាស មំ រាជបុត្ត, យថាស្ស បុន សង្គមោ។ បពិត្រព្រះរាជបុត្រ ប្រសិនបើព្រះអង្គ ព្រះនាមឧទយៈ បានមកក្នុងទីនេះ ដើម្បីប្រយោជន៍ដល់ពាក្យប្តេជា្ញ សូមព្រះអង្គប្រៀនប្រដៅខ្ញុំ ឲ្យបានជួបគា្នទៀត ។ លំដាប់នោះ ព្រះមហាសត្វកាលនឹងទូន្មានព្រះនាង ទើបពោលគាថាទាំង ៤ ថា អតិបតតិ វយោ ខណោ តថេវ, ឋានំ នត្ថិ ធុវំ ចវន្តិ សត្តា; បរិជីយតិ អទ្ធុវំ សរីរំ, ឧទយេ មា បមាទ ចរស្សុ ធម្មំ។ វ័យកន្លងទៅឆាប់ ខណៈចិត្តក៏កន្លងទៅឆាប់ដូចគ្នា ការតាំងនៅ (នៃសង្ខារទាំងឡាយ) មិនមាន ពួកសត្វតែងច្យុតទៅដោយពិត សរីរៈមិនទៀង តែងទ្រុឌទ្រោមទៅ ម្នាលនាងឧទយភទ្ទា នាងកុំប្រមាទ ចូរប្រព្រឹត្តធម៌ចុះ ។ កសិណា បថវី ធនស្ស បូរា, ឯកស្សេវ សិយា អនញ្ញធេយ្យា; តំ ចាបិ ជហតិ អវីតរាគោ, ឧទយេ មា បមាទ ចរស្សុ ធម្មំ។ ផែនដីទាំងមូលរបស់សេ្តចតែមួយព្រះអង្គ ដ៏ពេញដោយទ្រព្យ ជាផែនដីដែលអ្នកដទៃទ្រទ្រង់មិនបាន ឯបុគ្គលដែលមិនទាន់ប្រាសចាករាគៈ រមែងលះបង់នូវទ្រព្យនោះ ម្នាលនាងឧទយភទ្ទា នាងកុំប្រមាទ ចូរប្រព្រឹត្តធម៌ចុះ ។ មាតា ច បិតា ច ភាតរោ ច, ភរិយា យាបិ ធនេន ហោតិ កីតា; តេ ចាបិ ជហន្តិ អញ្ញមញ្ញំ, ឧទយេ មា បមាទ ចរស្សុ ធម្មំ។ មាតា បិតា បងប្អូនប្រុស បងប្អូនស្ត្រី និងប្រពន្ធក្តី ប្តីក្តី ព្រមទាំងទ្រព្យ ឯជនទាំងនោះ រមែងលះបង់នូវគ្នានឹងគ្នា ម្នាលនាងឧទយភទ្ទា នាងកុំប្រមាទ ចូរប្រព្រឹត្តធម៌ចុះ ។ កាយោ បរភោជនន្តិ ញត្វា, សំសារេ សុគតិញ្ច ទុគ្គតិញ្ច; ឥត្តរវាសោតិ ជានិយាន, ឧទយេ មា បមាទ ចរស្សុ ធម្មំ។ ម្នាលនាងឧទយភទ្ទា នាងដឹងថា កាយជាចំណីនៃពួកសត្វដទៃ ដឹងថា សុគតិ និងទុគ្គតិក្នុងសង្សារ ជាលំនៅរបស់សត្វថោកទាប ដូច្នេះហើយ កុំប្រមាទ ចូរប្រព្រឹត្តធម៌ចុះ ។ ព្រះមហាសត្វបានឲ្យឱវាទយ៉ាងនេះដល់ព្រះនាង ។ សូម្បីព្រះនាងឧទយភទ្ទា ក៏ត្រេកអរនឹងធម្មកថារបស់ព្រះមហាសត្វ កាលនឹងសរសើរ ទើបពោលគាថាចុងក្រោយថា សាធុ ភាសតិយំ យក្ខោ, អប្បំ មច្ចាន ជីវិតំ; កសិរញ្ច បរិត្តញ្ច, តញ្ច ទុក្ខេន សំយុតំ; សាហំ ឯកា បព្ពជិស្សាមិ, ហិត្វា កាសិំ សុរុន្ធនំ។ យក្ខនោះ ពោលពីរោះណាស់ ជីវិតរបស់ពួកសត្វខ្លី លំបាកផង តិចផង ព្រោះជីវិតនោះ ប្រកបដោយទុក្ខ ខ្ញុំនោះនឹងលះដែនកាសី និងក្រុងសុរុន្ធនៈ បួសតែម្នាក់ឯង ។ ព្រះពោធិសត្វឲ្យឱវាទដល់ព្រះនាងហើយ ទើបយាងទៅកាន់លំនៅរបស់ខ្លួន ។ សូម្បីព្រះនាងក៏បានឲ្យអាមាត្យទាំងឡាយ ទទួលរាជសម្បត្តិ ហើយទ្រង់បួសជាឥសីក្នុងព្រះរាជឧទ្យានដែលជាទីគួររីករាយ ដែលនៅខាងក្នុងនគរនោះឯង កាលបានប្រព្រឹត្តធម៌ ក្នុងទីបំផុតនៃអាយុ ព្រះនាងក៏កើតជាបាទបរិចារិការបស់ព្រះពោធិសត្វ ក្នុងភពតាវត្តិង្ស ។ ព្រះសាស្ដាបាននាំព្រះធម្មទេសនានេះមកហើយ ទ្រង់ប្រកាសសច្ចៈទាំងឡាយ រួចប្រជុំជាតក ក្នុងកាលជាទីបញ្ចប់នៃសច្ចៈ ឧក្កណ្ឋិតភិក្ខុបានតាំងនៅក្នុងសោតាបត្តិផល ។ តទា រាជធីតា រាហុលមាតា អហោសិ រាជធីតាក្នុងកាលនោះ បានមកជា រាហុលមាតា ។ សក្កោ បន អហមេវ អហោសិំ ចំណែកស្ដេចសក្កៈ គឺ តថាគត នេះឯង ។ (ជាតកដ្ឋកថា សុត្តន្តបិដក ជាតក ឯកាទសកនិបាត បិដកលេខ ៥៩ ទំព័រ ២១៩) ដោយខេមរ អភិធម្មាវតារ ព.ស.២៥៦១ ដោយ៥០០០ឆ្នាំ
images/articles/2914/_________tpic.jpg
ផ្សាយ : ២៥ វិច្ឆិកា ឆ្នាំ២០២០ (អាន: ៦៨៤៦ ដង)
ព្រះសាស្ដា កាលស្ដេចគង់នៅវត្តជេតពន ទ្រង់ប្រារព្ធបញ្ញាបារមី បានត្រាស់ព្រះធម្ម​ទេសនានេះ មានពាក្យថា ឧម្មុជ្ជន្តិ និមុជ្ជន្តិ ដូច្នេះជាដើម ។ ក្នុងសាយណ្ហសម័យថ្ងៃមួយ កាលភិក្ខុទាំងឡាយអង្គុយ រងចាំការចេញយាងមក ដើម្បីនឹងសម្ដែងធម៌របស់ព្រះតថាគត ក្នុងធម្មសភា បានពោលសរសើរមហាបញ្ញាបារមីរបស់ព្រះទសពលថា ម្នាលអាវុសោ អស្ចារ្យណាស់ ព្រះសាស្ដាមានមហាបញ្ញា (បញ្ញាច្រើន) មានបុថុបញ្ញា (បញ្ញាក្រាស់) មាន​ហាសបញ្ញា (បញ្ញាផូរផង់) មានជវនបញ្ញា (បញ្ញារហ័ស) មានតិក្ខបញ្ញា (បញ្ញាមុតស្រួច) មាននិព្វេធិក​បញ្ញា (បញ្ញាវាងវៃ) ដល់ព្រមដោយបញ្ញាជាឧបាយក្នុងបញ្ហានោះៗ ក្រាស់ស្មើដូចផែនដី ជ្រៅដូចមហាសមុទ្រ ធំដូចអាកាស បញ្ហាដែលតាំងឡើងសូម្បីក្នុងជម្ពូទ្វីបទាំងមូល ដែលឈ្មោះថា អាចនឹងកន្លងព្រះទសពល រមែងមិនមានឡើយ ។ រលកទាំងឡាយរមែងមិនកន្លងនូវច្រាំងក្នុងមហាសមុទ្រ កាលដល់ច្រាំងហើយតែងបែកខ្ចាយ យ៉ាង​ណា បញ្ហាយ៉ាងណាមួយ រមែងមិនកន្លងនូវព្រះទសពល កាលដល់បាទមូលរបស់ព្រះសាស្ដាហើយ តែង​បែកទៅ ក៏យ៉ាងនោះដែរ ។ ព្រះសាស្ដាយាងមកហើយត្រាស់សួរថា ម្នាលភិក្ខុទាំងឡាយ អម្បាញ់​មិញ​នេះ តើអ្នកទាំងឡាយអង្គុយប្រជុំគ្នាដោយរឿងអ្វី កាលពួកភិក្ខុទូលថា ដោយរឿងឈ្មោះនេះ ព្រះ​អង្គ​ទើបត្រាស់ថា ម្នាលភិក្ខុទាំងឡាយ មិនមែនតែកាលឥឡូវនេះទេ ដែលតថាគតជាអ្នកមានបញ្ញានោះ ​សូម្បីក្នុងកាលមុន ពេលដែលមិនទាន់មានញាណចាស់ក្លា តថាគតក៏ជាអ្នកមានបញ្ញាដែរ សូម្បីតែតថាគតជាមនុស្សងងឹត ក៏អាចដឹងថា រតនៈឈ្មោះនេះ មានក្នុងសមុទ្រឈ្មោះនេះ ត្រង់កន្លែងនេះៗ ដោយការសម្គាល់នូវទឹកក្នុងមហាសមុទ្រ ដូច្នេះហើយ ទ្រង់ក៏នាំអតីតនិទានមកថាៈ ក្នុងអតីតកាល ព្រះរាជាព្រះនាមកុរុ សោយរាជសម្បត្តិក្នុងដែនកុរុ ហើយមានស្រុកដែលជាកំពង់ទូកមួយ ឈ្មោះ កុរុកច្ឆៈ ក្នុងដែនកុរុនោះ ។ ក្នុងគ្រានោះ ព្រះពោធិសត្វបានកើតជាបុត្ររបស់ប្រធាននិយា​មកៈ (អ្នកកាន់ចង្កូតទូក) លោកមានពណ៌សម្បុរដូចមាស គួរជាទីជ្រះថ្លា មាតាបិតាទើបដាក់ឈ្មោះឲ្យ​ថា សុប្បារកកុមារ ។ សុប្បារកកុមារនោះចម្រើនទៅដោយបរិវារដ៏ច្រើន ក្នុងពេលដែលលោកមានអាយុត្រឹ​ម​តែ ១៦ ឆ្នាំ ក៏បានសម្រេចនូវនិយាមកវិជ្ជា (វិជ្ជាបើកបរនាវា) ។ ក្នុងកាលដែលបិតាកន្លងផុតទៅ លោកបានជាប្រធាននិយាមកៈ ហើយធ្វើនិយាមកកម្ម (ការបើកបរនាវា) លោកជាបណ្ឌិតដល់ព្រមដោយបញ្ញា ។ ព្រោះហេតុនោះ ឈ្មោះថាវិបត្តិរបស់អ្នកដែលឡើងទូក ទើបមិនមាន ។ ក្នុងកាលខាងក្រោយមក ភ្នែកទាំង ២ របស់លោកត្រូវទឹកប្រៃប្រហារ ក៏វិនាសទៅ ។ ចាប់តាំងពីពេលនោះមក ព្រះពោធិសត្វមិនបានធ្វើនិយាមកកម្មទៀតឡើយ លោកគ្រាន់តែជាប្រធាននិយាមកៈប៉ុណ្ណោះ ហើយបានចូលគាល់ព្រះរាជាថា ខ្ញុំព្រះអង្គនឹងរស់នៅដោយអាស្រ័យព្រះអង្គ ។ លំដាប់នោះ ព្រះរាជាតាំងទុកព្រះពោធិសត្វនោះក្នុងការងារជាអ្នកវាយតម្លៃ ។ ចាប់តាំងពីពេលនោះមក លោកក៏បានវាយតម្លៃហត្ថិរតន៍ អស្សរតន៍ កែវមុក្ដា កែវមណីជាដើមរបស់ព្រះរាជា ។ ថ្ងៃមួយ មនុស្សទាំងឡាយនាំដំរីមួយ ដែលមានសម្បុរដូចដុំថ្មខ្មៅ ដោយគិតថា នឹងធ្វើជាដំរីមង្គលរបស់ព្រះរាជា ។ ព្រះរាជាទតមើលដំរីនោះហើយ ត្រាស់ថា អ្នកទាំងឡាយចូរឲ្យលោកបណ្ឌិតពិនិត្យចុះ ។ លំដាប់នោះ ពួកមនុស្សទាំងនោះ ក៏បាននាំទៅកាន់សម្នាក់ព្រះពោធិសត្វ ។ សុប្បារកបណ្ឌិតបានស្ទាបអង្អែលសរីរៈរបស់ដំរីនោះដោយដៃ ហើយពោលថា ដំរីនេះមិនសមគួរនឹងជាមង្គលហត្ថីឡើយ ជើងទាំងឡាយនោះខ្លី ព្រោះថា កាលដែលដំរីនេះកើតមក មាតារបស់វាមិនអាចនឹងទទួលដោយចង្កេះ ព្រោះហេតុនោះ កាលជើងវាធ្លាក់ចុះលើផែនដី ជើងខាងក្រោយរបស់វាទើបខ្លី ។ មនុស្សទាំងឡាយបានសួរអ្នកនាំដំរីមក ។ អ្នកនាំដំរីនោះពោលថា លោកបណ្ឌិតពោលពិតហើយ ។ ព្រះរាជាបានស្ដាប់ហេតុនោះហើយ ទ្រង់មានព្រះទ័យត្រេកអរ ហើយប្រទាន ៨ កហាបណៈដល់ព្រះពោធិសត្វ ។ ថ្ងៃស្អែកឡើង មនុស្សទាំងឡាយបាននាំសេះមួយ មកដោយគិតថា សេះនេះនឹងជាសេះមង្គលរបស់ព្រះរាជា ។ ព្រះរាជាបានបញ្ជូនសូម្បីនូវសេះនោះ ទៅកាន់សម្នាក់របស់បណ្ឌិត ។ ព្រះពោធិសត្វក៏បានស្ទាបអង្អែលសូម្បីនូវសេះនោះ ហើយពោលថា សេះនេះមិនប្រកបដើម្បីនឹងជាសេះមង្គលបានឡើយ ព្រោះថា មាតារបស់សេះនេះបានស្លាប់ក្នុងថ្ងៃដែលសេះនេះកើត ព្រោះហេតុនោះ កាលមិនបានទឹកដោះស្រស់របស់មាតា សេះនេះទើបធំធាត់មិនល្អ ។ ពួកមនុស្សដែលនាំសេះនោះមកពោលថា ពាក្យរបស់បណ្ឌិតនោះ ពិតហើយ ។ ព្រះរាជាបានស្ដាប់ពាក្យនោះហើយ ទ្រង់ត្រេកអរ បានឲ្យគេប្រទាន ៨ កហាបណៈ ។ ថ្ងៃមួយទៀត មនុស្សទាំងឡាយបាននាំរថមកដោយគិតថា នឹងធ្វើជាមង្គលរថរបស់ព្រះរាជា ។ ព្រះរាជាបញ្ជូនរថនោះ ទៅកាន់សម្នាក់ព្រះពោធិសត្វ ។ ព្រះពោធិសត្វស្ទាបអង្អែលរថនោះដោយដៃ ហើយពោលថា រថនេះធ្វើដោយឈើប្រហោង ព្រោះហេតុនោះ ទើបមិនសមគួរដល់ព្រះរាជាឡើយ ។ ពួកមនុស្សដែលនាំរថនោះ ពោលថា ពាក្យរបស់លោកបណ្ឌិត ពិតហើយ ។ ព្រះរាជាស្ដាប់រឿងនោះហើយ ក៏បានឲ្យគេប្រទាន ៨ កហាបណៈ ។ លំដាប់នោះ មានគេនាំសំពត់កម្ពល ដែលមានតម្លៃថ្លៃមក ។ ព្រះរាជាក៏បានបញ្ជូនសំពត់កម្ពលនោះ ឲ្យដល់ព្រះពោធិសត្វ ។ ព្រះពោធិសត្វស្ទាបអង្អែលសំពត់កម្ពលនោះដោយដៃ ហើយពោលថា សំពត់កម្ពលនេះមានប្រហោងមួយដែលត្រូវកណ្ដុរកាត់ ។ មនុស្សទាំងនោះកាលជម្រះបានឃើញប្រហោងនោះទើបក្រាបទូលព្រះរាជា ។ ព្រះរាជាស្ដាប់រឿងនោះហើយ ក៏បានឲ្យគេប្រទាន ៨ កហាបណៈ ។ ព្រះពោធិសត្វគិតថា ព្រះរាជានេះបានឃើញភាពអស្ចារ្យទាំងឡាយ សូម្បីដែលមានសភាពយ៉ាងនេះហើយ ឲ្យគេប្រទានទ្រព្យតែ ៨ កហាបណៈប៉ុណ្ណោះ រង្វាន់នេះជារង្វាន់សម្រាប់ជាងកំណោរ (អ្នកកោរកាត់) កំណើតជាងកោរកាត់នឹងមានដល់យើង ដោយការបម្រើព្រះរាជាយ៉ាងនេះឬ យើងនឹងទៅកាន់លំនៅរបស់ខ្លួនវិញ ។ សុប្បារកបណ្ឌិតបានត្រឡប់ទៅកំពង់កុរុកច្ឆៈនោះវិញ ។ កាលព្រះពោធិសត្វនៅក្នុងទីនោះ ពួកពាណិជបានរៀបចំនាវាហើយប្រឹក្សាគ្នាថា យើងនឹងធ្វើអ្នកណាឲ្យជានិយាមកៈ ទើបមូលមតិគ្នាថា នាវាដែលសុប្បារកបណ្ឌិតឡើងជិះហើយ រមែងមិនលិច លោកគឺជាបណ្ឌិត ជាអ្នកឈ្លាសក្នុងឧបាយ សូម្បីលោកជាមនុស្សខ្វាក់ សុប្បារកបណ្ឌិតប៉ុណ្ណោះដែលប្រសើរ ដូច្នេះហើយ ទើបចូលទៅរកព្រះពោធិសត្វ ហើយពោលថា សូមលោកជានិយាមកៈរបស់ពួកខ្ញុំ កាលព្រះពោធិសត្វពោលថា នែអ្នកទាំងឡាយ យើងជាមនុស្សខ្វាក់ នឹងធ្វើការបើកបរ ដូចម្ដេចបាន ពួកពាណិជពោលថា បពិត្រលោកម្ចាស់ លោកសូម្បីជាមនុស្សខ្វាក់ ក៏ប្រសើរជាងពួកខ្ញុំ ដូច្នេះហើយកាលពួកពាណិជនោះសូមអង្វររឿយៗ ទើបទទួលថា ល្អហើយអ្នកទាំងឡាយ យើងនឹងជានិយាមកៈរបស់ពួកលោក ដោយសញ្ញាដែលពួកលោកប្រាប់ចុះ រួចទើបឡើងនាវារបស់ពាណិជទាំងនោះ ។ ពួកពាណិជបើកបរនាវាទៅកាន់មហាសមុទ្រ ។ នាវាទៅដោយមិនមានឧបទ្ទវៈអស់ ៧ ថ្ងៃ បន្ទាប់ពីនោះ ខ្យល់មិនមែនរដូវកាលបានកើតឡើង នាវាក៏ត្រាច់ទៅលើខ្នងសមុទ្រធម្មតាអស់ ៤ ខែ ទើបដល់សមុទ្រឈ្មោះ ខុរមាលី ។ ក្នុងសមុទ្រនោះ មានហ្វូងត្រីដែលមានសរីរៈដូចមនុស្ស មានច្រមុះស្រួច (ប្រហែលជាទេពមច្ឆា) ធ្វើការផុសឡើង មុជចុះ ក្នុងទឹក ។ ពួកពាណិជឃើញហ្វូងត្រីនោះហើយ កាលសួរនូវឈ្មោះសមុទ្រនោះនឹងព្រះមហាសត្វ ទើបពោលគាថាទី ១ ថា ឧម្មុជ្ជន្តិ និមុជ្ជន្តិ, មនុស្សា ខុរនាសិកា; សុប្បារកំ តំ បុច្ឆាម, សមុទ្ទោ កតមោ អយំ។ មនុស្សទាំងឡាយ មានច្រមុះដូចកាំបិតកោរ ងើបមុជ (ក្នុងសមុទ្រនេះ) ពួកយើង សូមសួរលោកឈ្មោះសុប្បារកៈ សមុទ្រនេះ តើឈ្មោះអ្វី ។ ព្រះមហាសត្វត្រូវពួកពាណិជទាំងនោះសួរហើយ បានប្រៀបធៀបដោយតម្រាអ្នកនាំផ្លូវ រួចទើបពោលគាថាទី ២ ថា កុរុកច្ឆា បយាតានំ, វាណិជានំ ធនេសិនំ; នាវាយ វិប្បនដ្ឋាយ, ខុរមាលីតិ វុច្ចតិ។ កាលសំពៅរបស់ពួកពាណិជ អ្នកសែ្វងរកទ្រព្យចេញទៅអំពីកំពង់កុរុកច្ឆៈ លឿនទៅកាន់ប្រទេសផ្សេង សមុទ្រនេះ ហៅថា ខុរមាលី ។ បណ្ដាបទទាំងនោះ បទថា បយាតានំ សេចក្ដីថា កាលចេញពីកំពង់កុរុកច្ឆៈហើយទៅ ។ បទថា ធនេសិនំ សេចក្ដីថា ពួកពាណិជអ្នកសែ្វងរកទ្រព្យ ។ បទថា នាវាយវិប្បនដ្ឋាយ ​សេចក្ដីថា ម្នាលអ្នកទាំងឡាយ កាលនាវារបស់ពួកអ្នកត្រូវកម្មធ្វើឲ្យស្ទុះទៅកាន់ផ្លូវខុស កន្លងហួសបកតិសមុទ្រ (សមុទ្រធម្មតា) ហើយដល់សមុទ្រនេះ សមុទ្រនេះលោកហៅថា ខុរមាលី បណ្ឌិតទាំងឡាយរមែងពោលយ៉ាងនេះ ។ ចំណែកក្នុងសមុទ្រនោះ មានពេជ្រដុះច្រើន ។ ព្រះមហាសត្វគិតថា បើយើងប្រាប់ពាណិជទាំងនោះថា នេះជាវជិរសមុទ្រ ដូច្នេះ ពួកពាណិជនឹងកាន់យកពេជ្រដ៏ច្រើនដោយសេចក្ដីល្មោភ ហើយនឹងញ៉ាំងនាវាឲ្យលិចជាមិនខាន គិតដូច្នេះហើយ លោកទើបមិនប្រាប់ដល់ពាណិជទាំងនោះ ហើយឲ្យពាណិជទាំងនោះបញ្ឈប់នាវា ឲ្យកាន់យកខ្សែមួយដោយឧបាយ ឲ្យបោះសំណាញចុះទៅ ដោយទំនងដូចជាការចាប់ត្រី ហើយស្រង់ដុំពេជ្រឡើងមកដាក់លើនាវា ឲ្យបោះភណ្ឌៈដទៃដែលមិនមានតម្លៃចោល ។ នាវាបានកន្លងផុតនូវសមុទ្រនោះ ហើយទៅកាន់សមុទ្រ ដែលមានឈ្មោះថា អគ្គិមាលី នៅខាងមុខ ។ សមុទ្រនោះកាលបញ្ចេញពន្លឺ បីដូចជា ព្រះអាទិត្យដែលរះកណ្ដាលថ្ងៃ ឬដូចជាគំនរភ្លើងដែលឆេះឡើង ។ ពួកពាណិជបានសួរព្រះពោធិសត្វដោយគាថានេះថា យថា អគ្គីវ សូរិយោវ, សមុទ្ទោ បដិទិស្សតិ; សុប្បារកំ តំ បុច្ឆាម, សមុទ្ទោ កតមោ អយំ។ សមុទ្រដែលប្រាកដចំពោះមុខ ហាក់ដូចជាភ្លើង និងព្រះអាទិត្យ ពួកយើងសូមសួរលោកសុប្បារកៈ សមុទ្រនេះ តើឈ្មោះអ្វី ។ ចំណែកព្រះមហាសត្វក៏ពោលគាថាដោយមិនមានចន្លោះដល់ពាណិជទាំងនោះថា កុរុកច្ឆា បយាតានំ, វាណិជានំ ធនេសិនំ; នាវាយ វិប្បនដ្ឋាយ, អគ្គិមាលីតិ វុច្ចតិ។ កាលសំពៅរបស់ពួកពាណិជ អ្នកស្វែងរកទ្រព្យ ចេញទៅអំពីកំពង់កុរុកច្ឆៈ លឿនទៅកាន់ប្រទេសផ្សេង សមុទ្រនេះ ហៅថា អគ្គិមាលី ។ ក្នុងសមុទ្រនេះមានមាសដុះច្រើន ។ ព្រះមហាសត្វបានឲ្យពាណិជទាំងនោះកាន់យកមាសអំពីសមុទ្រនោះ ដោយន័យដូចមុននោះឯង ហើយឲ្យដាក់លើសំពៅ ។ សំពៅបានឆ្លងផុតសមុទ្រនោះ ហើយដល់សមុទ្រឈ្មោះ ទធិមាលី ដែលមានពន្លឺដូចជាទឹកដោះស្រស់ និងទឹកដោះជូរ ។ ពួកពាណិជបានសួរឈ្មោះសមុទ្រនោះដោយគាថានេះថា យថា ទធីវ ខីរំវ, សមុទ្ទោ បដិទិស្សតិ; សុប្បារកំ តំ បុច្ឆាម, សមុទ្ទោ កតមោ អយំ។ សមុទ្រដែលប្រាកដចំពោះមុខ ហាក់ដូចជាទឹកដោះជូរទឹកដោះស្រស់ ពួកយើងសូមអ្នកសួរលោកសុប្បារកៈ សមុទ្រនេះ តើឈ្មោះអ្វី ។ ព្រះមហាសត្វបានប្រាប់ដោយគាថាបន្ទាប់ថា កុរុកច្ឆា បយាតានំ, វាណិជានំ ធនេសិនំ; នាវាយ វិប្បនដ្ឋាយ, ទធិមាលីតិ វុច្ចតិ។ កាលសំពៅ របស់ពួកពាណិជ អ្នកស្វែងរកទ្រព្យ ចេញទៅអំពីកំពង់កុរុកច្ឆៈ លឿនទៅកាន់ប្រទេសផ្សេង សមុទ្រនេះ ហៅថា ទធិមាលី ។ ក្នុងសមុទ្រនោះមានប្រាក់ដុះច្រើន ។ ព្រះពោធិសត្វក៏បានឲ្យពាណិជទាំងនោះកាន់យកប្រាក់នោះហើយដាក់លើសំពៅ ដោយឧបាយ ។ សំពៅបានឆ្លងផុតសមុទ្រនោះ ហើយដល់សមុទ្រឈ្មោះ កុសមាលី ដែលមានពណ៌ខៀវ មានពន្លឺដូចស្បូវភ្លាំងពណ៌ខៀវ និងដូចសន្ទូងដែលកំពុងលូតលាស់ ។ ពួកពាណិជបានសួរឈ្មោះសមុទ្រនោះដោយគាថានេះថា យថា កុសោវ សស្សោវ, សមុទ្ទោ បដិទិស្សតិ; សុប្បារកំ តំ បុច្ឆាម, សមុទ្ទោ កតមោ អយំ។ សមុទ្រដែលប្រាកដចំពោះមុខ ហាក់ដូចជាស្បូវភ្លាំង និងសំទូង ពួកយើងសូមសួរលោកសុប្បារកៈ សមុទ្រនេះ តើឈ្មោះអ្វី ។ ព្រះមហាសត្វបានប្រាប់ដោយគាថាបន្ទាប់ថា កុរុកច្ឆា បយាតានំ, វាណិជានំ ធនេសិនំ; នាវាយ វិប្បនដ្ឋាយ, កុសមាលីតិ វុច្ចតិ។ កាលសំពៅពួកពាណិជ អ្នកស្វែងរកទ្រព្យ ចេញទៅអំពីកំពង់កុរុកច្ឆៈ លឿនទៅកាន់ប្រទេសផ្សេង សមុទ្រនេះ ហៅថា កុសមាលី ។ ក្នុងសមុទ្រនោះមានកែវមណីខៀវដុះច្រើន ។ ព្រះមហាសត្វបានឲ្យពាណិជទាំងនោះកាន់យកកែវមណីនោះហើយដាក់លើសំពៅ ដោយឧបាយនោះឯង ។ សំពៅបានឆ្លងផុត សមុទ្រនោះ ហើយដល់សមុទ្រឈ្មោះ នឡមាលី ដែលដូចជាព្រៃបបុស និងដូចព្រៃឫស្សី ។ ពួកពាណិជបានសួរឈ្មោះសមុទ្រនោះដោយគាថានេះថា យថា នឡោវ វេឡូវ, សមុទ្ទោ បដិទិស្សតិ; សុប្បារកំ តំ បុច្ឆាម, សមុទ្ទោ កតមោ អយំ។ សមុទ្រដែលប្រាកដចំពោះមុខ ហាក់ដូចជាបបុស និងឫស្សី ពួកយើងសូមសួរលោកសុប្បារកៈ សមុទ្រនេះ តើឈ្មោះអ្វី ។ ព្រះមហាសត្វបានពោលប្រាប់ដោយគាថាបន្ទាប់ថា កុរុកច្ឆា បយាតានំ, វាណិជានំ ធនេសិនំ; នាវាយ វិប្បនដ្ឋាយ, នឡមាលីតិ វុច្ចតិ។ កាលសំពៅពួកពាណិជ អ្នកស្វែងរកទ្រព្យ ចេញទៅអំពីកំពង់កុរុកច្ឆៈ លឿនទៅកាន់ប្រទេសផ្សេង សមុទ្រនេះ ហៅថា នឡមាលី ។ ក្នុងសមុទ្រនោះ មានកែវពព្រុះ ឬពេជ្រភ្នែកឆ្មាដុះច្រើន ។ ព្រះមហាសត្វបានឲ្យពាណិជទាំងនោះកាន់យកកែវពព្រុះ ឬពេជ្រភ្នែកឆ្មានោះហើយដាក់លើសំពៅ ដោយឧបាយ ។ ន័យដទៃទៀត ពាក្យថា បបុស បានដល់ សូម្បីបបុសខ្ទួយ បបុសក្ដាម បបុសនោះ មានពណ៌ក្រហម ។ ពាក្យថា ឫស្សី ជាឈ្មោះនៃកែវប្រពាឡនោះឯង កែវប្រពាឡនោះ និងសមុទ្រដែលមានកែវប្រពាឡដុះ មានពន្លឺពណ៌ក្រហម ព្រោះហេតុនោះ ពួកពាណិជទើបសួរថា ដូចបបុស ដូចឫស្សី យ៉ាងណា ។ ព្រះមហាសត្វបានឲ្យពាណិជទាំងនោះកាន់យកកែវប្រពាឡអំពីសមុទ្រនោះ ។ ពួកពាណិជកាលកន្លងសមុទ្រនឡមាលី ក៏បានឃើញសមុទ្រឈ្មោះ ពលវាមុខី ។ ទឹកក្នុងសមុទ្រនោះ កួចហើយៗ ខ្ពុរឡើងលើដោយចំណែកជុំវិញ ។ ទឹកដែលខ្ពុរឡើងដោយចំណែកជុំវិញក្នុងសមុទ្រនោះ ប្រាកដដូចអន្លង់ធំ ដែលត្រូវទឹកជ្រោះទម្លុះដោយជុំវិញ កាលរលកទឹកខ្ពុរឡើង ប្រាកដដូចអន្លង់ទឹកតែមួយ សំឡេងដែលគួរឲ្យភ័យខ្លាចបានកើតឡើង ហាក់បីដូចជាទម្លាយនូវត្រចៀក និងដូចជាបំបែក​បេះដូង ​។ ពួកពាណិជបានឃើញសមុទ្រនោះហើយ មានសេចក្ដីភិតភ័យ ទើបសួរឈ្មោះសមុទ្រនោះដោយគាថានេះថា មហព្ភយោ ភិំសនកោ, សទ្ទោ សុយ្យតិមានុសោ; យថា សោព្ភោ បបាតោវ, សមុទ្ទោ បដិទិស្សតិ; សុប្បារកំ តំ បុច្ឆាម, សមុទ្ទោ កតមោ អយំ។ សំឡេងរបស់អមនុស្ស គួរឲ្យភ័យខ្លាំង គួរឲ្យស្បើម ដែលពួកយើងបានឮជាក់ សមុទ្រដែលបា្រកដចំពោះមុខ ហាក់ដូចជារណ្តៅ និងជ្រោះ ពួកយើងសូមសួរលោកសុប្បារកៈ សមុទ្រនេះ តើឈ្មោះអ្វី ។ បណ្ដាបទទាំងនោះ បទថា សុយ្យតិមានុសោ សេចក្ដីថា សំឡេងដែលស្ដាប់ជាសំឡេងអមនុស្ស ។ ព្រះពោធិសត្វបានប្រាប់ឈ្មោះសមុទ្រនោះដោយគាថាបន្ទាប់ថា កុរុកច្ឆា បយាតានំ, វាណិជានំ ធនេសិនំ; នាវាយ វិប្បនដ្ឋាយ, ពលវាមុខីតិ វុច្ចតិ។ កាលសំពៅពួកពាណិជ អ្នកស្វែងរកទ្រព្យ ចេញទៅអំពីកំពង់កុរុកច្ឆៈ លឿទៅកាន់ប្រទេសផ្សេង សមុទ្រនេះ ហៅថា ពលវាមុខី ។ ដូច្នេះហើយលោកទើបពោលទៀតថា នែអ្នកទាំងឡាយ សំពៅដែលដល់សមុទ្រ ពលវាមុខីនេះហើយ ឈ្មោះថាសំពៅដែលអាចនឹងត្រឡប់ទៅវិញ រមែងមិនមាន សមុទ្រនេះនឹងញ៉ាំងសំពៅដែលបរមកដល់ហើយឲ្យលិចចុះ ធ្វើឲ្យដល់សេចក្ដីវិនាស ។ ក៏ក្នុងសំពៅនោះមានមនុស្ស ៧០០ នាក់ឡើងជិះ ។ ពួកមនុស្សទាំងអស់ មានការភ័យខ្លាចចំពោះសេចក្ដីស្លាប់ នាំគ្នាបញ្ចេញសំឡេង ដែលគួរឲ្យអាណិតដោយសំឡេងតែមួយ ហាក់ដូចជាសត្វទាំងឡាយដែលត្រូវចម្អិនក្នុងអវីចិនរក ។ ព្រះមហាសត្វគិតថា វៀរចាកយើងហើយ មនុស្សដទៃដែលអាចធ្វើសេចក្ដីសួស្ដីដល់មនុស្សទាំងនោះ រមែងមិនមាន យើងនឹងធ្វើសេចក្ដីសួស្ដីដល់មនុស្សទាំងនោះ ដោយសច្ចកិរិយា ដូច្នេះហើយ ទើបហៅមនុស្សទាំងនោះហើយពោលថា នែអ្នកទាំងឡាយ ពួកលោកចូរឲ្យយើងងូតដោយទឹកក្រអូប ឲ្យយើងស្លៀកសំពត់ថ្មី ចូររៀបចំភាជនៈទឹក ហើយតម្កល់នៅនឹងក្បាលសំពៅ ដោយប្រញាប់ ។ មនុស្សទាំងនោះបានធ្វើយ៉ាងនោះ ដោយរហ័ស ។ ព្រះមហាសត្វកាន់ភាជនៈទឹកដោយដៃទាំងពីរ ឈរនៅនឹងក្បាលសំពៅ កាលនឹងធ្វើសច្ចកិរិយា ទើបពោលគាថាចុងក្រោយថា យតោ សរាមិ អត្តានំ, យតោ បត្តោស្មិ វិញ្ញុតំ; នាភិជានាមិ សញ្ចិច្ច, ឯកបាណម្បិ ហិំសិតំ; ឯតេន សច្ចវជ្ជេន, សោត្ថិំ នាវា និវត្តតុ។ តាំងពីកាលដែលខ្ញុំរលឹកឃើញនូវខ្លួន តាំងពីកាលដែលខ្ញុំដល់នូវភាពជាអ្នកដឹងក្តី ខ្ញុំមិនចេះក្លែង ដើម្បីបៀតបៀនសត្វ សូម្បីតែមួយឡើយ សូមឲ្យសំពៅត្រឡប់ទៅកាន់ទីមាន សួស្តី ដោយការពោលពាក្យសច្ចៈនេះចុះ ។ បណ្ដាបទទាំងនោះ បទថា យតោ (តាំងពី) សេចក្ដីថា ខ្ញុំរលឹកនូវខ្លួនចាប់តាំងពីកាលណា អធិប្បាយថា ខ្ញុំដល់ការដឹងខ្លួនចាប់តាំងពីកាលណា ។ បទថា ឯកបាណម្បិហិំសិតំ (បៀតបៀនសត្វ សូម្បីតែមួយ) សេចក្ដីថា ក្នុងរវាងនេះ ខ្ញុំមិនដឹងនូវភាពដែលខ្លួនបានបៀតបៀន សូម្បីសត្វមានស្រមោចក្រហមត្រឹមតែមួយ ដោយការក្លែងឡើយ ។ ពាក្យនេះគ្រាន់តែជាប្រមាណនៃទេសនាប៉ុណ្ណោះ ចំណែកព្រះពោធិសត្វ ក៏បានធ្វើសច្ចកិរិយាដោយអំណាចនៃសីលទាំង ៥ យ៉ាងនេះថា វត្ថុជារបស់អ្នកដទៃសូម្បីត្រឹមតែស្មៅមួយ ក៏យើងមិនដែលកាន់យកដែរ, ប្រពន្ធអ្នកដទៃ ក៏មិនធ្លាប់សម្លឹងមើលដោយអំណាចនៃលោភៈ, មុសាវាទ ក៏យើងមិនធ្លាប់ពោលដែរ, យើងមិនធ្លាប់ផឹកទឹកស្រវឹងសូម្បីដោយចុងស្មៅ កាលព្រះពោធិសត្វធ្វើសច្ចកិរិយាហើយ ក៏ស្រោចទឹកក្នុងភាជនៈទៅលើក្បាលសំពៅ ។ សំពៅដែលបរខុសផ្លូវអស់ ៤ ខែនោះ ក៏ត្រឡប់ ហើយទៅដល់កំពង់កុរុកច្ឆៈត្រឹមតែមួយថ្ងៃប៉ុណ្ណោះ ដោយអំណាចនៃពាក្យសច្ចៈ ហាក់បីដូចជា អ្នកមានឫទ្ធិបណ្ដាល ។ គ្រាទៅដល់ហើយ សំពៅក៏ស្ទុះទៅកាន់ដីគោកប្រមាណ ៨ ឧសភៈ (៤០០ម៉ែត្រ) ហើយឈប់នៅត្រង់ទ្វារផ្ទះរបស់នាវិកពោធិសត្វ ។ ព្រះមហាសត្វឲ្យគេបែងចែកមាស ប្រាក់ កែវមណី កែវប្រពាឡ កែវមុក្ដា ពេជ្រហើយឲ្យដល់ពាណិជទាំងនោះ ។ ព្រះពោធិស្វបានឲ្យឱវាទដល់ពាណិជទាំងនោះថា រតនៈប៉ុណ្ណេះក៏ល្មមដល់អ្នកទាំងឡាយហើយ ពួកអ្នកចូរកុំចុះសមុទ្រទៀត ដូច្នេះហើយ កាលធ្វើបុណ្យទាំងឡាយមានឲ្យទានជាដើមរហូតអស់ជីវិត ក៏បានកើតក្នុងទេវបុរី ។ ព្រះសាស្ដាបាននាំព្រះធម្មទេសនានេះមកហើយ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ សូម្បីក្នុងកាលមុន តថាគតក៏ជាអ្នកមានបញ្ញាច្រើនយ៉ាងនេះ ហើយព្រះអង្គប្រជុំជាតកថា តទា បរិសា ពុទ្ធបរិសា អហេសុំ បរិស័ទក្នុងកាលនោះ បានមកជាពុទ្ធបរិស័ទ ។ សុប្បារកបណ្ឌិតោ បន អហមេវ អហោសិំ ចំណែកសុប្បារកបណ្ឌិត គឺ តថាគត នេះឯង ។ ចប់ សុប្បារកជាតក ៕ (ជាតកដ្ឋកថា សុត្តន្តបិដក ជាតក ឯកាទសកនិបាត បិដកលេខ ៥៩ ទំព័រ ២៣៣) ដោយខេមរ អភិធម្មាវតារ ព.ស. ២៥៦១ ដោយ៥០០០ឆ្នាំ
វីដេអូធម៌តាមហ្វេសប៊ុក
៥០០០ឆ្នាំ ស្ថាបនាក្នុងខែវិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕