10
ថ្ងៃ ព្រហស្បតិ៍ ទី ០៩ ខែ មេសា ឆ្នាំកុរ ឯក​ស័ក ព.ស. ២៥៦៣  
ស្តាប់ព្រះធម៌ (Mp3)
ស្តាប់ការអានព្រះត្រៃបិដក (Mp3)
ស្តាប់​ការបង្រៀនព្រះធម៌ (Mp3)
ស្តាប់​ការអាន​សៀវ​ភៅ​ធម៌​ (Mp3)
កម្រងធម៌​សូត្រ​ផ្សេង​ៗ (Mp3)
កម្រងកំណាព្យនិងស្មូត្រ (Mp3)
កម្រងបទភ្លេងនិងចម្រៀង (Mp3)
ព្រះពុទ្ធសាសនានិងសង្គម (Mp3)
បន្ទុកសៀវភៅ (eBook)
បន្ទុកវីដេអូ (Video)
ទើបស្តាប់/អានរួច
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុឯកភ្នំ
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុពណ្ណរាយណ៍
ទីតាំងៈ ខេត្តកណ្តាល
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុគល់ទទឹង
ទីតាំងៈ វត្តគល់ទទឹង
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុមង្គលបញ្ញា
ទីតាំងៈ ខេត្តកំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ការជូនដំណឹង
ទិន្នន័យសរុបនៃការចុចចូល៥០០០ឆ្នាំ
ថ្ងៃនេះ ១៤,៨៥១
Today
ថ្ងៃម្សិលមិញ ៥១,៨៥៧
ខែនេះ ៤៩៧,០៣១
សរុប ១២៩,៤៣៧,៥៥៩
free counters
កំពុងទស្សនា ចំនួន
ប្រកាសថ្មីៗ សៀវភៅធម៌ សំឡេងធម៌ វីដេអូធម៌
images/articles/2709/swewwpic.jpg
ផ្សាយ : ០៨ មេសា ឆ្នាំ២០២០ (អាន: ១០៣៣ ដង)
ភិក្ខុបានឈ្មោះថា ធម្មកថិក ត្រូវប្រកបដោយអង្គ ១២ យ៉ាង ១. បើភិក្ខុសំដែងធម៌ ដើម្បីការនឿយណាយ ដើម្បីការវិនាស ដើម្បីការរលត់ នៃជរាមរណៈ ទើបគួរហៅថា ភិក្ខុជាធម្មកថិកបាន ។ ២. បើភិក្ខុសំដែងធម៌ ដើម្បីការនឿយណាយ ដើម្បីការវិនាស ដើម្បីការរលត់នៃជាតិ ទើបគួរហៅថា ភិក្ខុជាធម្មកថិកបាន ។ ៣. បើភិក្ខុសំដែងធម៌ ដើម្បីការនឿយណាយ ដើម្បីការវិនាស ដើម្បីការរលត់នៃភព ទើបគួរហៅថា ភិក្ខុជាធម្មកថិកបាន ។ ៤. បើភិក្ខុសំដែងធម៌ ដើម្បីការនឿយណាយ ដើម្បីការវិនាស ដើម្បីការរលត់នៃឧបាទាន ទើបគួរហៅថា ភិក្ខុជាធម្មកថិកបាន ។ ៥. បើភិក្ខុសំដែងធម៌ ដើម្បីការនឿយណាយ ដើម្បីការវិនាស ដើម្បីការរលត់នៃតណ្ហា ទើបគួរហៅថា ភិក្ខុជាធម្មកថិកបាន ។ ៦. បើភិក្ខុសំដែងធម៌ ដើម្បីការនឿយណាយ ដើម្បីការវិនាស ដើម្បីការរលត់នៃវេទនា ទើបគួរហៅថា ភិក្ខុជាធម្មកថិកបាន ។ ៧. បើភិក្ខុសំដែងធម៌ ដើម្បីការនឿយណាយ ដើម្បីការវិនាស ដើម្បីការរលត់នៃផស្សៈ ទើបគួរហៅថា ភិក្ខុជាធម្មកថិកបាន ។ ៨. បើភិក្ខុសំដែងធម៌ ដើម្បីការនឿយណាយ ដើម្បីការវិនាស ដើម្បីការរលត់នៃ សឡាយតនៈ ទើបគួរហៅថា ភិក្ខុជាធម្មកថិកបាន ។ ៩. បើភិក្ខុសំដែងធម៌ ដើម្បីការនឿយណាយ ដើម្បីការវិនាស ដើម្បីការរលត់នៃនាមរូប ទើបគួរហៅថា ភិក្ខុជាធម្មកថិកបាន ។ ១០. បើភិក្ខុសំដែងធម៌ ដើម្បីការនឿយណាយ ដើម្បីការវិនាស ដើម្បីការរលត់នៃវិញ្ញាណ ទើបគួរហៅថា ភិក្ខុជាធម្មកថិកបាន ។ ១១. បើភិក្ខុសំដែងធម៌ ដើម្បីការនឿយណាយ ដើម្បីការវិនាស ដើម្បីការរលត់នៃសង្ខារ ទើបគួរហៅថា ភិក្ខុជាធម្មកថិកបាន ។ ១២. បើភិក្ខុសំដែងធម៌ ដើម្បីការនឿយណាយ ដើម្បីការវិនាស ដើម្បីការរលត់នៃអវិជ្ជា ទើបគួរហៅថា ភិក្ខុធម្មកថិក ។ (សុត្តន្តបិដក សំយុត្តនិកាយ និទានវគ្គ និទានសំយុត្ត អាហារវគ្គ ធម្មកថិកសូត្រ បិដកលេខ ៣១ ទំព័រ ៣៧) ដោយ៥០០០ឆ្នាំ
images/articles/2710/8655pic.jpg
ផ្សាយ : ០៨ មេសា ឆ្នាំ២០២០ (អាន: ១០៣៨ ដង)
ភិក្ខុបានឈ្មោះថា ធម្មកថិក ត្រូវប្រកបដោយអង្គ ៦ យ៉ាង ១. បើភិក្ខុសម្តែងធម៌ ដើម្បីនឿយណាយ ដើម្បីវិនាស ដើម្បីរំលត់ នូវចក្ខុ ទើបគួរ ហៅថាភិក្ខុជាធម្មកថិក ។ ២. បើភិក្ខុសម្តែងធម៌ ដើម្បីនឿយណាយ ដើម្បីវិនាស ដើម្បីរំលត់ នូវសោតៈ ទើបគួរ ហៅថាភិក្ខុជាធម្មកថិក ។ ៣. បើភិក្ខុសម្តែងធម៌ ដើម្បីនឿយណាយ ដើម្បីវិនាស ដើម្បីរំលត់ នូវឃានៈ ទើបគួរ ហៅថាភិក្ខុជាធម្មកថិក ។ ៤. បើភិក្ខុសម្តែងធម៌ ដើម្បីនឿយណាយ ដើម្បីវិនាស ដើម្បីរំលត់ នូវជិវ្ហា ទើបគួរ ហៅថាភិក្ខុជាធម្មកថិក ។ ៥. បើភិក្ខុសម្តែងធម៌ ដើម្បីនឿយណាយ ដើម្បីវិនាស ដើម្បីរំលត់ នូវកាយ ទើបគួរ ហៅថាភិក្ខុជាធម្មកថិក ។ ៥. បើភិក្ខុសម្តែងធម៌ ដើម្បីនឿយណាយ ដើម្បីវិនាស ដើម្បីរំលត់ នូវចិត្ត ទើបគួរ ហៅថាភិក្ខុជាធម្មកថិក ។ (សុត្តន្តបិដក សំយុត្តនិកាយ សឡាយតនវគ្គ តតិយបណ្ណាសកៈ នវបុរាណវគ្គ ធម្មកថិកបុច្ឆសូត្រ បិដកលេខ ៣៥ ទំព័រ ៣២៤) ដោយ៥០០០ឆ្នាំ
images/articles/2719/_________pic.jpg
ផ្សាយ : ០៨ មេសា ឆ្នាំ២០២០ (អាន: ១០៦០៧ ដង)
សទ្ធម្មប្បតិរូបកសូត្រ (ធម៌ដែលស្រដៀងនឹងព្រះសទ្ធម្ម ឬ ធម៌ប្លម) សម័យមួយ ព្រះមានព្រះភាគទ្រង់គង់នៅវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ជិតក្រុងសាវត្ថី ។ គ្រានោះឯង ព្រះមហាកស្សបមានអាយុ ចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ក៏ថ្វាយ​បង្គំព្រះមានព្រះភាគរួចអង្គុយក្នុងទីដីសមគួរ ។ លុះព្រះមហាកស្សបមានអាយុ អង្គុយក្នុងទីដ៏សមគួរហើយ ក៏ក្រាបទួលសួរព្រះមានព្រះភាគយ៉ាងនេះថា បពិត្រព្រះអង្គដ៏ចម្រើន ចុះហេតុដូចម្តេច បច្ច័យដូចម្តេច បានជាក្នុងកាលពីដើម មានសិក្ខាបទតិច តែមានភិក្ខុបានសម្រេចព្រះអរហត្តច្រើន បពិត្រព្រះអង្គដ៏ចម្រើន ហេតុដូចម្តេច បច្ច័យដូចម្តេច បានជាឥឡូវនេះ មានសិក្ខាបទច្រើន តែមានភិក្ខុបានសម្រេចព្រះអរហត្តតិច ។ ម្នាលកស្សប ហេតុនុ៎ះ តែងមានយ៉ាងនេះឯង កាលបើពួកសត្វសាបសូន្យទៅ ព្រះសទ្ធម្មក៏អន្តរធានទៅដែរ បានជាមានសិក្ខាបទច្រើន មានពួកភិក្ខុបានសម្រេចព្រះអរហត្តតិច ម្នាលកស្សប សទ្ធម្មប្បតិរូបក៍ គឺធម៌ដែលស្រដៀងគ្នានឹងព្រះសទ្ធម្ម មិនបានកើតឡើងក្នុងលោក ដរាបណា ការអន្តរធាននៃព្រះសទ្ធម្ម ក៏មិនមាន ដរាបនោះ ម្នាលកស្សប សទ្ធម្មប្បតិរូបក៍កើតឡើងក្នុងលោក កាលណាអន្តរធាននៃព្រះសទ្ធម្ម ក៏មានកាលនោះ ។ ម្នាលកស្សប ជាតរូប- ប្បតិរូបក៍ គឺរបស់ដែលស្រដៀងនឹងមាស មិនទាន់កើតឡើងក្នុងលោក ដរាបណា ការអន្តរធាននៃមាស ក៏មិនមានដរាបនោះ ម្នាលកស្សប ជាតរូបប្បតិរូបក៍ គឺរបស់ដែលស្រដៀងនឹងមាស កើតឡើងក្នុងលោក ដរាបណា ការអន្តរធាននៃមាស ក៏មានក្នុងកាលនេះ យ៉ាងណាមិញ ។ ម្នាលកស្សប សទ្ធម្មប្បតិរូបក៍មិនបានកើតឡើងក្នុងលោក ដរាបណា ការអន្តរធាននៃព្រះសទ្ធម្ម ក៏មិនមានដរាបនោះ ម្នាលកស្សប សទ្ធម្មប្បតិរូបក៍កើតឡើងក្នុងលោក កាលណា ការអន្តរធាននៃព្រះសទ្ធម្ម ក៏មានក្នុងកាលនោះ យ៉ាងនេះឯង។ ម្នាលកស្សប បឋវីធាតុ ធ្វើព្រះសទ្ធម្មឲ្យអន្តរធានទៅក៏ទេ អាបោធាតុ ធ្វើព្រះសទ្ធម្មឲ្យអន្តរធានទៅក៏ទេ តេជោធាតុ ធ្វើព្រះសទ្ធម្មឲ្យអន្តរធានទៅក៏ទេ វាយោធាតុធ្វើព្រះសទ្ធម្មឲ្យអន្តរធានទៅក៏ទេ មានតែពួកមោឃបុរស ដែលកើតឡើងក្នុងលោកនេះ ទើបធ្វើព្រះសទ្ធម្មនេះឲ្យអន្តរធានទៅបាន ម្នាលកស្សប ដូចទូកលិចចុះដោយការផ្ទុករបស់យ៉ាងណា ។ ម្នាលកស្សប ការអន្តរធាននៃព្រសទ្ធម្ម មិនមែនយ៉ាងនេះទេ ។ ម្នាលកស្សប ធម៌ ៥ ប្រការនេះ ថយចុះ តែងប្រព្រឹត្តទៅដើម្បីវិនាស ដើម្បីសាបសូន្យនៃព្រះសទ្ធម្ម ។ ធម៌ ៥ ប្រការ តើដូចម្តេចខ្លះ ។ ម្នាលកស្សប ពួកភិក្ខុ ភិក្ខុនី ឧបាសក ឧបាសិកា ក្នុងសាសនានេះ ជាអ្នកមិនគោរព មិនកោតក្រែងចំពោះព្រះសាស្តា ១ ជាអ្នកមិនគោរព មិនកោតក្រែងចំពោះព្រះធម៌ ១ ជាអ្នកមិនគោរព មិនកោតក្រែង ចំពោះព្រះសង្ឃ ១ ជាអ្នកមិនគោរព មិនកោតក្រែងចំពោះសិក្ខា ១ ជាអ្នកមិនគោរព មិនកោតក្រែង ចំពោះសមាធិ ១ ។ ម្នាលកស្សប ធម៌ទាំង ៥ ប្រការនេះឯង ថយចុះ តែងប្រព្រឹត្តទៅ ដើម្បីសាបសូន្យនៃព្រះសទ្ធម្ម ។ ម្នាលកស្សប ធម៌ ៥ ប្រការនេះ តែងប្រព្រឹត្តទៅដើម្បីតាំងនៅ ដើម្បីមិនវិនាស មិនសាបសូន្យនៃព្រះសទ្ធម្ម ។ ធម៌ទាំង ៥ ប្រការ តើដូចម្តេចខ្លះ ។ ម្នាលកស្សបពួកភិក្ខុ ភិក្ខុនី ឧបាសក ឧបាសិកា ក្នុងសាសនានេះ ជាអ្នកគោរព កោតក្រែង ចំពោះព្រះសាស្តា ១ ជាអ្នកគោរព កោតក្រែងចំពោះព្រះធម៌ ១ ជាអ្នក គោរព កោតក្រែងចំពោះព្រះសង្ឃ ១ ជាអ្នកគោរព កោតក្រែងចំពោះសិក្ខា ១ ជាអ្នកគោរព កោតក្រែងចំពោះសមាធិ ១ ។ ម្នាលកស្សប ធម៌ទាំង ៥ ប្រការនេះឯង តែងប្រព្រឹត្តទៅដើម្បីតាំងនៅ ដើម្បីមិនវិនាស មិនសាបសូន្យនៃព្រះសទ្ធម្ម ។ (សុត្តន្តបិដក សំយុត្តនិកាយ និទានវគ្គ កស្សបសំយុត្តទី ៤ សទ្ធម្មប្បតិរូបកសូត្រទី ១៣ បិដក ៣២ ទំព័រ ១៧៦) សទ្ធម្មប្បតិរូបក៍ ២ យ៉ាងៈ ១. អធិគមសទ្ធម្មប្បតិរូបក៍ ធម៌ដែលស្រដៀងនឹងឈាន មគ្គ ផល និព្វាន ២. បរិយត្តិសទ្ធម្មប្បតិរូបក៍ ធម៌ដែលស្រដៀងនឹងព្រះបរិយត្តិ អធិគមសទ្ធម្មប្បតិរូបក៍ បានដល់ វិបស្សនូបក្កិលេស ១០ យ៉ាង ១. ឱភាស ២. ញាណ ៣. បីតិ ៤. បស្សទ្ធិ ៥. សុខ ៦. អធិមោក្ខៈ ៧. បគ្គាហៈ ៨. ឧបដ្ឋានៈ ៩. ឧបេក្ខាវជ្ជនៈ ១០. ឧបេក្ខានិកន្តិ បរិយត្តិសទ្ធម្មប្បតិរូបក៍ ធម៌ដែលមិនមែនជាពុទ្ធវចនៈ គឺ គុឡ្ហវិន័យ គុឡ្ហវេស្សន្តរ គុឡ្ហមហោសធ វណ្ណបិដក អង្គុលិមាលបិដក រដ្ឋបាលគជ្ជិតៈ អាឡវកគជ្ជិតៈ វេទល្លបិដក ដែលក្រៅពីកថាវត្ថុ ៥ យ៉ាងនេះគឺធាតុកថា អារម្មណកថា អសុភកថា ញាណវត្ថុកថា វិជ្ជាករណ្ឌកៈ ដែលមិនឡើងកាន់សង្គីតិទាំង ៣ ឈ្មោះថា បរិយត្តិសទ្ធម្មប្បតិរូបក៍ ។ (សារត្ថប្បកាសិនី អដ្ឋកថា សំយុត្តនិកាយ) កំណត់ចំណាំ 902 ធម៌ណាដែលបុគ្គលតែងឡើងដោយប្រើពាក្យហាក់ដូចជាពុទ្ធដីការបស់ព្រះសម្មាសម្ពុទ្ធមានពាក្យថា ម្នាលភិក្ខុទាំងឡាយ......ជាដើម តែពាក្យនោះ គឺព្រះសម្មាសម្ពុទ្ធមិនបានត្រាស់ឡើយ ធម៌ដែលមានសភាពដូច្នេះ ក៏សង្គ្រោះចូលក្នុងសទ្ធម្មប្បដិរូបក៍ទាំងអស់ ។ ដោយ៥០០០ឆ្នាំ
images/articles/2718/tex____________tpic.jpg
ផ្សាយ : ០៨ មេសា ឆ្នាំ២០២០ (អាន: ៣៥៧៧ ដង)
អានកមង្គលភេរីវត្ថុ (ប្រវត្តិស្គរមង្គលឈ្មោះអានកៈ) កិរ បានឮមក ស្រះក្ដាមធំ មានក្នុងព្រៃហិមពាន្ត ។ ក្នុងស្រះនោះ មានក្ដាមធំតែងស៊ីដំរីដែលចុះឆ្លងស្រះនោះ ។ លំដាប់នោះ ដំរីទាំងឡាយដែលត្រូវក្ដាមបៀតបៀនបានធ្វើនូវការយល់ឃើញរួមគ្នាថា សេចក្ដីសួស្ដីនឹងមានដល់យើងទាំងឡាយដោយអាស្រ័យនូវកូនរបស់មេដំរីនេះ ។ សូម្បីមេដំរីនោះ ក៏បានកើតហើយកូនដែលសក្តិធំ ។ ដំរីទាំងឡាយក៏នាំគ្នាធ្វើសក្ការៈសូម្បីដល់កូនដំរីនោះ ។កូនដំរីនោះបានចម្រើនវ័យធំហើយក៏សួរមេថា (ម៉ែ ម៉ែ) ហេតុអីបានជាដំរីទាំងនោះធ្វើសក្ការៈដល់ខ្ញុំ ? មេដំរីនោះ ក៏ប្រាប់សេចក្ដីនោះដល់កូនដំរី ។ កូនដំរីពោលក្ដាមនោះនឹងជាអ្វីដល់យើង អ្នកទាំងឡាយចូរមក យើងនឹងទៅ ដូច្នេះហើយ ជាអ្នកមានដំរីជាបរិវារដ៏ធំបានទៅហើយកាន់ទីស្រះនោះ កូនដំរីក៏ចុះមុនគេទាំងអស់ ក្ដាមបានមកដោយ (ឮ) សំឡេងទឹកនោះឯង ហើយបានកៀបនូវកូនដំរីនោះ ។ ក្ដាមមានដង្កៀបដ៏ធំ កូនដំរីមិនអាននឹងញ៉ាំងក្ដាមឲ្យឃ្លាតទីខាងណេះខាងណោះឡើយ យកប្រម៉ោយដាក់ចូលក្នុងមាត់ហើយស្រែកឡើង ។ដំរីទាំងឡាយពោលថា កូនដំរីដែលពួកយើងសម្គាល់ថា សេចក្ដីសួស្ដីនឹងដល់យើងដោយអាស្រ័យកូនដំរីណា (ឥឡូវនេះ កូនដំរីនោះត្រូវក្ដាមកៀបហើយ) ទើបស្ទុះបោលរត់ចេញទៅ ។ លំដាប់នោះ មេរបស់ដំរីនោះ ដែលឋិតក្នុងទីមិនឆ្ងាយ បានពោលនឹកក្ដាមដោយពាក្យដែលគួរស្រឡាញ់ថា មយំ ថលនាគា, តុម្ហេ ឧទកនាគា នាម, នាគេហិ នាគោ ន វិហេឋេតព្ពោ ពួកខ្ញុំឈ្មោះថាជាអ្នកប្រសើរលើគោ (ចំណែក) ពួកលោកឈ្មោះថាជាអ្នកប្រសើរក្នុងទឹក (ដូច្នេះ) អ្នកប្រសើរមិនគួរបៀតបៀនអ្នកប្រសើរដូចគ្នាឡើយ ហើយពោលនូវគាថានេះថា យេ កុឡីរា សមុទ្ទស្មិំ, គង្គាយ យមុនាយ ច; តេសំ ត្វំ វារិជោ សេដ្ឋោ, មុញ្ច រោទន្តិយា បជំ។ ក្ដាមទាំងឡាយក្នុងសមុទ្រក្ដី ក្នុងទន្លេគង្គា និងយមុនាក្ដី លោកជាសត្វដ៏ប្រសើរបំផុត សូមលោកចូរព្រលែងនូវកូនរបស់ខ្ញុំដែលកំពុងស្រែកយំ ។ ធម្មតាសំឡេងមាតុគ្រាមរមែងធ្វើឲ្យបុរសទាំងឡាយ​រំជើល​រំជួល ព្រោះហេតុនោះ ក្ដាមទើបបន្ធូរដង្កៀប ។ កូនដំរីក៏ប្រញាប់លើកជើងទាំងពីរជាន់ស្នូកក្ដាម ។ ពេលជាន់ ស្នូកក្ដាមក៏បែកដូចជាភាជន៍ដី ។ លំដាប់នោះ កូនដំរីយកភ្លុកទាំងពីរចាក់ក្ដាមលើកឡើងបោះទៅលើគោក ហើយស្រែកឡើងសម្ដែងសេចក្ដីត្រេកអរ ។ ពេលនោះ ដំរីទាំងឡាយមកអំពីទីផ្សេងៗជាន់ក្ដាមនោះ ។ ដង្កៀបក្ដាមមួយបាក់ធ្លាក់ចុះ សក្កទេវរាជទ្រង់បានកាន់យកនូវដង្កៀបក្ដាមនោះហើយទៅ ។ ចំណែកដង្កៀនមួយទៀត ត្រូវខ្យល់ និងកម្ដៅថ្ងៃដុតដរាមស្ងួត មានពណ៌ដូចទឹកល័ក្តដែលគេរម្ងាស់ហើយ ។ កាលភ្លៀងធ្លាក់ដង្កៀបក្ដាមនោះ ត្រូវក្រសែទឹកបន្សាត់អំណ្ដែតមកជាប់នឹងសំណាញ់របស់ស្ដេចដែលជាបងប្អូនទាំង ១០ អង្គ ដែលបានរាយសំណាញ់ក្នុងទឹក ហើយនាំគ្នាមកលេងទឹក្នុងទន្លេគង្គា ។ ស្ដេចទាំងឡាយនោះ ឃើញដង្កៀមនោះហើយត្រាស់ថា នុ៎ះជាអ្វី ? អ្នកបម្រើទូលថា ជាដង្កៀបក្ដាម ព្រះអង្គ ។ ព្រះរាជាទាំងឡាយនោះត្រាស់ថា ដង្កៀបក្ដាមនេះ មិនអានយកទៅធ្វើជាគ្រឿងប្រដាប់បាន ។ ពួកយើងនឹងឲ្យគេស្រោបដង្កៀបក្ដាមនេះធ្វើស្គរ បានឲ្យគេស្រោបហើយទ្រង់វាយ ។ សំឡេង (ស្គរ) ឮទូទាំងព្រះនគរដែលមានប្រមាណ ១២ យោជន៍ ។ តអំពីនោះមក ព្រះរាជាទាំងឡាយត្រាស់ថា មិនអាចប្រគំស្គរនេះជាប្រចាំថ្ងៃបានទេ ស្គរនេះចូរជា មង្គលភេរី (ស្គរមង្គល) ដើម្បីជាប្រយោជន៍ក្នុងថ្ងៃលេងមហោស្រពចុះ ដូច្នេះហើយក៏ធ្វើជាមង្គលភេរី ។ កាលប្រគំស្គរនោះ (ម្ដងៗ) ប្រជាជនដែលមិនទាន់ងូតទឹក មិនទាន់តាក់តែងខ្លួន (ក៏ដោយ) ក៏នាំគ្នាប្រញាប់ឡើងយានដំរីជាដើម ហើយមកប្រជុំគ្នា ។ ព្រោះហេតុនោះ ស្គរនោះក៏បានឈ្មោះថា អានកៈ ព្រោះដូចជាការហៅប្រជាជនឲ្យមក ។ (សារត្ថប្បកាសិនី អដ្ឋកថា សុត្តន្តបិដក សំយុត្តនិកាយ និទានវគ្គ ឱបម្មសំយុត្ត អាណិសូត្រ បិដកលេខ ៣២ ទំព័រ ២៦៣) អាណិសូត្រ (ព្រះសូត្រមានអត្ថដ៏ជ្រាវជ្រៅដែលជាពុទ្ធភាសិតនឹងបាត់បង់ ព្រះសូត្រដែលអ្នកប្រាជ្ញជាកវីបានធ្វើជាពាក្យកាព្យឃ្លោងនឹងចម្រើនឡើង) ព្រះមានព្រះភាគទ្រង់គង់នៅទៀបក្រុងសាវត្ថី… ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ពីព្រេងនាយមក មានសំភោរមួយ ឈ្មោះ អានកៈ (សំភោរមង្គលសម្រាប់វាយហៅមហាជនមកប្រជុំក្នុងថ្ងៃមានមហោ​ស្រព [អដ្ឋកថា]) របស់ពួកក្សត្រនាម ទសារហៈ ។ កាលបើរាងសំភោរ ឈ្មោះ អានកៈ នោះប្រេះឆាហើយ ពួកក្សត្រទសារហៈ ក៏ពាសនូវរាងស្រោបដទៃភ្ជាប់អប់ទុក ។ ម្នាលភិក្ខុទាំងឡាយ មានសម័យដែលត្រូវតួរាងចាស់របស់សំភោរឈ្មោះអានកៈខូចបាត់ទៅ សល់នៅតែរាងស្រោប ។ ម្នាលភិក្ខុទំាំងឡាយ សេចក្តីនេះមានឧបមេយ្យ ដូចក្នុងកាលជាអនាគត ព្រះសូត្រទាំងឡាយណា ដែលតថាគតសម្តែងហើយ ជាព្រះសូត្រដ៏ជ្រៅ មានអត្ថដ៏ជ្រៅ ជាលោកុត្តរៈ ប្រកបដោយសភាពដ៏សូន្យ ព្រះសូត្រទាំងនោះ កាលបើបុគ្គលពោល ពួកមហាជននឹងមិន ស្តាប់ មិនដាក់ចុះនូវសោតៈ មិនយកចិត្តទុកដាក់មិនដើម្បីដឹង ទាំងមិនសម្គាល់ធម៌ទាំងនោះថា គួររៀន ឬ គួរទន្ទេញឡើយ ។ បើព្រះសូត្រទាំងឡាយណា ដែលអ្នកប្រាជ្ញជាកវីបានធ្វើជាពាក្យកាព្យឃ្លោង មានអក្សរដ៏វិចិត្ត មានព្យញ្ជនៈដ៏វិចិត្តជាខាងក្រៅ ជាសាវកភាសិត ព្រះសូត្រទាំងនោះ កាលបុគ្គលពោល ទើបមហាជននឹងស្តាប់ នឹងដាក់ចុះនូវសោតៈ នឹងយកចិត្តទុកដាក់ដើម្បីដឹង នឹងសំគាល់នូវធម៌ទាំងនោះថា គួររៀន គួរទន្ទេញ ។ ម្នាលភិក្ខុទាំងឡាយ ការវិនាសទៅនៃព្រះសូត្រដែលតថាគតសំដែងហើយទាំងនោះ ជាព្រះសូត្រដ៏ជ្រៅ មានអត្ថដ៏ជ្រៅ ជាលោកុត្តរៈ ប្រកបដោយសភាពដ៏សូន្យ យ៉ាងនេះឯង ។ ម្នាលភិក្ខុទាំងឡាយ ហេតុដូច្នោះ ក្នុងសាសនានេះ អ្នកទាំងឡាយ គប្បីសិក្សាយ៉ាងនេះថា ព្រះសូត្រទាំងឡាយណា ដែលព្រះតថាគតសម្តែងហើយ ជាព្រះសូត្រដ៏ជ្រៅ មានអត្ថដ៏ជ្រៅ ជាលោកុត្តរៈ ប្រកបដោយសភាពដ៏សូន្យ ព្រះសូត្រទំាងនេះ កាលបុគ្គលពោល យើងនឹងប្រុងស្តាប់ ដាក់ចុះនូវសោតៈ យកចិត្តទុកដាក់ដើម្បីដឹង នឹងសំគាល់នូវធម៍ទាំងនោះថា គួររៀន គួរទន្ទេញ ដូច្នេះ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយទាំងឡាយគប្បីសិក្សា យ៉ាងនេះចុះ ។ (សុត្តន្តបិដក សំយុត្តនិកាយ និទានវគ្គ ឱបម្មសំយុត្ត អាណិសូត្រ បិដកលេខ ៣២ ទំព័រ ២៦៣ ) ដោយ៥០០០ឆ្នាំ
images/articles/2729/rgvrcdgvfdxc.jpg
ផ្សាយ : ០៨ មេសា ឆ្នាំ២០២០ (អាន: ៧៤៣៤ ដង)
សម័យមួយ ព្រះដ៏មានព្រះភាគ ទ្រង់គង់នៅក្នុងទេវទហនិគម នាដែនសក្កៈ ។ ព្រះអដ្ឋកថាប្រាប់ថា ព្រះអង្គគង់ប្រថាប់នៅព្រៃលុម្ពិនី ( ជាទីដែលទ្រង់ប្រសូត ) ។ ក្នុងទីនោះ ព្រះអង្គទ្រង់ត្រាស់ចំពោះភិក្ខុទាំងឡាយនូវ បុព្វេកតវាទ របស់ពួកនិគ្រន្ថ ។ បុព្វេកតវាទ គឺជាគំនិតយល់ខុសមួយបែប ដែលគេតែង​ពោលថា ការសោយអារម្មណ៍ឯណានីមួយ សុខក្ដី ទុក្ខក្ដី អទុក្ខមសុខក្ដី ការសោយអារម្មណ៍ទាំងអស់នោះ កើតឡើងព្រោះកម្មដែលខ្លួនបានធ្វើហើយក្នុងកាលមុនដូច្នេះឯង ។ ពួកនិគ្រន្ថបានយល់ឃើញដូច្នេះទៀតថា កម្មចាស់ទាំងនោះ អស់ទៅបានដោយការប្រព្រឹត្តតបៈ តាម​ដែលពួកគេបានប្រព្រឹត្តដោយវិធីផ្សេងៗ កាលដែលកម្មចាស់អស់ទៅ ទាំងមិនធ្វើនូវកម្មថ្មី ក៏មិនមាន​ផល​តទៅ នេះជាការអស់ទៅនៃវេទនា ហើយក៏ជាការសាបសូន្យទៅនៃទុក្ខទាំងពួងហ្នឹងឯង ។ តាម​ពិត វេទនាក្នុងជាតិនេះ មិន​មែនសុទ្ធតែជាផលវិបាករបស់កម្មចាស់ទៅទាំងអស់នោះទេមានវេទនា​ជាផលវិបាកនៃកម្មក្នុងបច្ចុប្បន្នជាតិនេះក៏មាន វេទនាជាកុសលក៏មាន វេទនាជាអកុសលក៏មាន នៅវេទនាជាកិរិយាទៀត ដែលវេទនាទាំងអស់នេះ រួមមកគឺសុខវេទនា ទុក្ខវេទនា និងអទុក្ខមសុខវេទនា ។ អ្វីជាអស្សាទៈ តម្រេកត្រេកអរដែលនាំឱ្យសត្វលោកជាប់ជំពាក់ក្ដី អ្វីជាអាទីនវៈគឺទោសក្ដី និងអ្វីជាការរលាស់​ចោលនូវវេទនានោះក្ដី ពួកនិគ្រន្ថមិនដឹងទេ ទាំងដែលវាទៈរបស់និគ្រន្ថនោះសោត ក៏គ្រាន់​តែស្មានៗតែប៉ុណ្ណោះ ព្រោះមិនបានដឹងថា ខ្លួនធ្លាប់កើតយ៉ាងណា ធ្វើបាបកម្មអ្វីខ្លះ ទុក្ខប៉ុន​ណាអស់​​ទៅ​ហើយ ទាំងមិនបានដឹងអំពីការលះបង់នូវអកុសលធម៌ និងការបំពេញនូវកុសលធម៌ក្នុងបច្ចុប្បន្ននេះផង ។ ការប្រឹងប្រែងព្យាយាមរបស់ពួកនិគ្រន្ថ មិនអាចឱ្យរួចចាកទុក្ខទេ ។ នៅក្នុងព្រះពុទ្ធសាសនា មានការលះបង់នូវទុក្ខទាំងពួងដោយបរិញ្ញា ចំពោះវេទនាគឺបដិបត្តិកំណត់ដឹងនូវការសោយអារម្មណ៍ ឯណានីមួយនោះ ត្រឹមតែជាវេទនាប៉ុណ្ណោះ ដែលមានបច្ច័យឱ្យកើតឡើងហើយ រលត់ទៅវិញ នេះគឺវេទនា​នុ​បស្សនាសតិប្បដ្ឋាន ទើបលះបង់បាននូវតណ្ហាដែលជាហេតុនៃទុក្ខ ។ ភិក្ខុក្នុងព្រះសាសនានេះ មិនបានប្រឹងប្រែងព្យាយាមយកទុក្ខមកគ្របសង្កត់ខ្លួន ដោយទុក្ករកិរិយាផ្សេងៗនោះឡើយ មានជីវិតរស់នៅជាសុខប្រកបដោយធម៌ បរិភោគប្រើប្រាស់នូវបច្ច័យ ៤ ដោយការពិចារណា មិនជ្រុលជ្រប់ក្នុងសេចក្ដីសុខដោយតណ្ហា មានតែការអស់ទៅនៃតណ្ហានោះឯង ដោយការ​ប្រឹងប្រែងក្នុងសម្មប្បធាន ៤ ។ ជាគោលការណ៍សំខាន់នៅក្នុងព្រះពុទ្ធសាសនា គឺកុសលធម៌ចម្រើន​ឡើង អកុសលធម៌សាបសូន្យទៅ ត្រូវរៀបចំដំណើរជីវិតរស់នៅយ៉ាងនេះ ទើបបានរួចផុតចាកទុក្ខ​ពិតប្រាកដមែន ។ ដកស្រង់ពីសៀវភៅ សិក្សាព្រះសូត្រ ភាគទី១៣ ដោយ៥០០០ឆ្នាំ
images/articles/2741/_________pic.jpg
ផ្សាយ : ០៨ មេសា ឆ្នាំ២០២០ (អាន: ១៧០៣ ដង)
សម័យមួយ ព្រះដ៏មានព្រះភាគ ទ្រង់គង់នៅនាព្រះមហាវិហារជេតពន ព្រះអង្គទ្រង់ត្រាស់សម្តែងអំពីបំណងប្រាថ្នារបស់សត្វ ទាំងឡាយ ។ សត្វទាំងឡាយប្រាថ្នាឲ្យអារម្មណ៍មិនល្អ គឺអារម្មណ៍មិនជាទី ប្រាថ្នា មិនជាទីត្រេកអរ មិនជាទីគាប់ចិត្ត ឲ្យសាបសូន្យទៅ ចំណែក អារម្មណ៍ល្អៗ ដែលជាទីប្រាថ្នា ជាទីត្រេកអរ ជាទីគាប់ចិត្ត គប្បីចម្រើនឡើង ប៉ុន្តែទោះជាសត្វទាំងឡាយប្រាថ្នាដូច្នេះក៏ដោយ ក៏មិន បានសម្រេចដូចប្រាថ្នាគឺបានតែអារម្មណ៍មិនល្អ ចំណែកអារម្មណ៍ ល្អៗរមែងសាបសូន្យទៅ តើព្រោះហេតុអ្វី ។ យថាតំ អវិទ្ទសុនោ ព្រោះបុថុជ្ជនអន្ធពាលមិនដឹងតាម ពិត ក៏រមែងដូច្នោះឯង ។ បុថុជ្ជនល្ងង់ខ្លៅ មិនស្គាល់ធម៌ដែលគួរ សេពគប់ ក៏មិនស្គាល់ធម៌ដែលមិនគួរសេពគប់ដែរ ព្រោះហេតុតែមិនស្គាល់ធម៌ដូច្នេះ ក៏បានសេពគប់នូវធម៌ដែលមិនគួរសេពគប់ ហើយ បែរជាមិនសេពគប់នូវធម៌ដែលគួរសេពគប់ទៅវិញដូច្នេះទើបមិនបានសម្រេចតាមប្រាថ្នា បានតែអារម្មណ៍មិនល្អទៅវិញហ្នឹងឯង ។ យថាតំ វិទ្ទសុនោ ព្រះអរិយសាវ័កជាអ្នកចេះដឹងតាម ពិត មានសភាពផ្ទុយគ្នាអំពីបុថុជ្ជនអន្ធពាលដែលមិនដឹងតាមពិត ។ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់សម្តែងនូវធម្មសមាទាន ៤ យ៉ាង ធម្មសមាទានក្នុងព្រះសូត្រនេះ គឺព្រះអង្គទ្រង់ត្រាស់យកអកុសលកម្មបថ ១០ និងកុសលកម្មបថ ១០ មកជាធម៌ដែលគេកាន់ យកជាការប្រព្រឹត្ត មានបាណាតិបាតជាដើម ។ ៤ យ៉ាងគឺ ១- ទុក្ខក្នុងបច្ចុប្បន្ន ទាំងមានទុក្ខជាវិបាកតទៅ ២- សុខក្នុងបច្ចុប្បន្ន តែមានទុក្ខជាវិបាកតទៅ ៣- ទុក្ខក្នុងបច្ចុប្បន្ន តែមានសុខជាវិបាកតទៅ ៤- សុខក្នុងបច្ចុប្បន្ន ទាំងមានសុខជាវិបាកតទៅ អវិជ្ជាគតោ បុគ្គលដែលធ្លាក់នៅក្នុងអំណាចនៃអវិជ្ជា រមែងមិនដឹង មិនស្គាល់នូវធម្មសមាទានទាំង ៤ នេះតាមពិតឡើយ ម្ល៉ោះហើយ ក៏បានសេពគប់នូវធម្មដែលនាំឲ្យបាននូវអារម្មណ៍មិនល្អ មិនជាទីប្រាថ្នា មិនជាទីត្រេកអរ មិនជាទីគាប់ចិត្ត ចំណែកអារម្មណ៍ ល្អៗសាបសូន្យអស់ នេះជារឿងរបស់បុថុជ្ជនល្ងង់ខ្លៅ ( យថាតំ អវិទ្ទសុនោ ) ដែលមិនបានវៀរចាកនូវអកុសលកម្មបថ ១០ នោះ ដូចបាលីថា តំ អវិទ្ធា អវិជ្ជាគតោ យថាភូតំ នប្បជានន្តោ តំ សេវតិ តំ ន បរិវជ្ជេតិ ប្រែថា បុគ្គលមិនដឹងនូវ ធម្មសមាទាននោះ ជាអ្នកធ្លាក់ចូលក្នុងអំណាចនៃអវិជ្ជា រមែងមិនដឹងច្បាស់តាមសេចក្តីពិត ក៏បានសេពនូវធម្មសមាទាននោះ មិន វៀរចាកនូវធម្មសមាទាននោះឡើយ ។ វិជ្ជាគតោ ជាអ្នកដែលធ្លាក់ក្នុងអំណាចនៃវិជ្ជា រមែងមានការចេះដឹងនៅក្នុងធម្មសមាទាន ៤ យ៉ាងនេះ តាមសេចក្តីពិត ក៏មិនបានសេពគប់នូវធម្មសមាទានណា ដែលនាំឲ្យបាននូវអារម្មណ៍មិនល្អ គឺជាបុគ្គល​​វៀរចាកនូវធម្មសមាទាននោះ ដែលធ្វើឲ្យអារម្មណ៍ទាំងឡាយដែលជាទីប្រាថ្នា ជាទីត្រេកអរ ជាទីគាប់ចិត្ត រមែងចម្រើនឡើង នេះជារឿងរបស់ព្រះអរិយសាវ័កអ្នកចេះដឹង ( យថាតំ វិទ្ទសុនោ ) ដែលបានវៀរចាកនូវអកុសលកម្មបថ ១០ ដូចបាលី ព្រះពុទ្ធដីកាថា តំ វិទ្ធា វិជ្ជាគតោ យថាភូតំ បជានន្តោ តំ ន សេវតិ តំ បរិវជ្ជេតិ ប្រែថា បុគ្គលដែលបានដឹងនូវធម្មសមាទាននោះ ជាអ្នកធ្លាក់ចូលក្នុងអំណាចនៃវិជ្ជា មានការដឹងច្បាស់ តាមសេចក្តីពិត រមែងមិនសេពនូវធម្មសមាទាននោះឡើយ គឺវៀរចាកនូវធម្មសមាទាននោះឯង ។ អ្នកសិក្សាក្នុងព្រះសូត្រនេះ អាចសង្ស័យងេងងោងបាន បើមិនបានភ្ជាប់សេចក្តីអំពីខាងដើមនៃព្រះសូត្រទេនោះ ។ សេចក្តីខាងដើមគឺការដែលចេះតែបាននូវអារម្មណ៍មិនល្អ អារម្មណ៍ល្អសាបសូន្យ គឺព្រោះហេតុអកុសលកម្មបថ ១០ នោះឯង ជាបន្តគឺព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់អំពីអន្ធបុថុជ្ជន ( យថាតំ អវិទ្ទសុនោ ) ដែលមិនដឹងនូវធម្មសមាទានទាំង ៤ រមែងសេពនូវអកុសលកម្មបថ ១០ ( តំ សេវតិ ) មិនវៀរនូវអកុសលកម្មបថ ១០ នោះ ( តំ ន បរិវជ្ជេតិ ) មិនមែនសេពនូវធម្មសមាទានទាំង ៤ មិនវៀរនូវធម្មសមាទានទាំង ៤ នោះៗទេ ។ ចំណែកខាងព្រះអរិយសាវ័ក ( យថា​តំ​វិទ្ទ​សុ​នោ​ ) ដែលបានចេះដឹងក្នុងធម្មសមាទានទាំង ៤ ហើយ រមែងមិនសេពនូវអកុសលកម្មបថ ( តំ ន សេវតិ ) វៀរចាកនូវអកុសលកម្មបថនោះ ( តំ បរិវជ្ជេតិ ) គឺមិនមែនបានសេចក្តីថា មិនសេពនូវធម្មសមាទានទាំង ៤ នោះ វៀរចាកនូវ ធម្មសមាទានទាំង ៤ នោះឡើយ ។ ធម្មសមាទានទី ១ គឺអកុសលកម្មបថ ១០ ដែលអ្នកប្រព្រឹត្ត ប្រកបដោយទុក្ខទោមនស្ស ទោះជាកាមេសុមិច្ឆា អភិជ្ឈា និងមិច្ឆាទិដ្ឋិ កើតនៅតែក្នុងលោភមូលចិត្ត ប៉ុន្តែកម្មបថបីនេះប្រកបដោយ ទុក្ខ​ទោមនស្ស ក្នុងបុព្វចេតនា និងអបរចេតនា នៅក្នុងធម្មសមាទាន ទី ១ នេះ ។ ធម្មសមាទានទី ២ គឺអកុសលកម្មបថ ១០ ដែលអ្នកប្រព្រឹត្ត ប្រកបដោយសុខសោមនស្ស ទោះជា បាណាតិបាត ផរុសវាចា និងព្យាបាទ ដែលកើតនៅតែក្នុងទោសមូលចិត្តក៏ដោយ ប៉ុន្តែរមែង សុខសោមនស្សក្នុងបុព្វចេតនា និងអបរចេតនា ប្រព្រឹត្តទៅនៅក្នុងធម្មសមាទានទី ២ នេះ ។ ធម្មសមាទានទី ៣ គឺកុសលកម្មបថ ១០ ដែលជាទុក្ខ-ទោមនស្ស ដោយបុព្វចេតនា និងអបរចេតនា ។ ធម្មសមាទានទី ៤ គឺកុសលកម្មបថ ១០ ដែលប្រព្រឹត្តទៅជា សុខដោយចេតនាទាំងបីកាល ។ ធម្មសមាទានទី ១ ប្រៀបដូច ផ្លែននោងព្រៃ រសជាតិល្វីង ទាំងដែលគេយកមកលាយដោយថ្នាំពិសទៀត ធម្មសមាទានទី ២ ប្រៀបដូច ភាជន៍សំរឹទ្ធិពេញដោយទឹកផ្អែមឆ្ងាញ់ តែលាយដោយថ្នាំ ពិស ធម្មសមាទានទី ៣ ប្រៀបដូច ទឹកមូត្រស្អុយលាយដោយថ្នាំសម្រាប់ព្យាបាលរោគស្គមលឿង ធម្មសមាទានទី ៤ ប្រៀបដូច ទឹកដោះ ទឹកឃ្មុំ និងទឹកអំពៅលាយគ្នាធ្វើថ្នាំព្យាបាលរោគធ្លាក់ ឈាម ។ ធម្មសមាទានពីរខាងដើម ក្នុងសេចក្តីប្រៀបគឺធ្វើឲ្យអ្នកផឹកនោះឯងមិនឆ្ងាញ់ក៏ដោយ ឆ្ងាញ់ក៏ដោយ លទ្ធផលគឺស្លាប់ដោយ ជាតិពិសហ្នឹងឯង ចំណែកពីរខាងចុង ទាំងមិនឆ្ងាញ់ ទាំងឆ្ងាញ់ គឺ សុទ្ធតែបានជារោគនោះៗ ដោយអំណាចនៃភេសជ្ជៈព្យាបាលរោគ។ នៅខាងចុងនៃព្រះសូត្រ ព្រះបរមសាស្តាទ្រង់ត្រាស់សម្តែង ធម្មសមាទានទី ៤ ដែលមានសេចក្តីសុខក្នុងបច្ចុប្បន្នផង ទាំងមាន សេចក្តីសុខតទៅផង ប្រៀបដូចជាព្រះអាទិត្យរះក្នុងសរទសម័យមេឃស្រឡះ​​ក្នុងខែខាងចុងនៃវស្សានរដូវ មានរស្មីរុងរឿងត្រចះត្រចង់ ។ ធម្មសមាទានទី ៤ នេះ អាចគ្របសង្កត់នូវពាក្យផ្សេងៗ របស់ពួកសមណព្រាហ្មណ៍ដទៃក្រៅព្រះពុទ្ធសាសនាដ៏ច្រើន ដូចពាក្យថា សេចក្តីសុខគឺទាល់តែធ្វើខ្លួនឲ្យលំបាកទើបបាន ដូច្នេះ ជាដើម ។ ក្នុងព្រះអដ្ឋកថា ប្រាប់ថា ព្រះសូត្រនេះ ពួកទេវតាជ្រះថ្លា ពេញចិត្តដ៏ក្រៃលែង ទាំងបានលើករឿងទេវតាជាព្រះសោតាបន្នមួយ អង្គ ពោលពាក្យសាធុការ អនុមោទនាក្នុងការស្វាធ្យាយនូវព្រះសូត្រ នេះ នៃព្រះភិក្ខុមួយអង្គ ។ ដកស្រង់ចេញពីសៀវភៅ សិក្សាព្រះសូត្រ ភាគ៧ ដោយ៥០០០ឆ្នាំ
images/articles/2752/sgvdxsxsdcfvhg.jpg
ផ្សាយ : ០៨ មេសា ឆ្នាំ២០២០ (អាន: ៧២០០ ដង)
សម័យ​មួយ ព្រះដ៏មាន​ព្រះភាគ​ទ្រង់​គង់​ប្រថាប់​នៅ​នា​ព្រះមហាវិហារ​ជេតពន ជិត​ក្រុង​សាវត្ថី ។ សម័យ​នោះ ព្រះអង្គ​ទ្រង់​ត្រាស់​សម្ដែង​អំពី​ទិដ្ឋិ​ច្រើន​ប្រការ ឱ្យ​ដល់​ភិក្ខុ​ទាំង​ឡាយ​បាន​ស្ដាប់​ក្នុង​វត្ត​ជេតពន​នោះ​ឯង​ ។ ទិដ្ឋិ​ដែល​ប្រារព្ធ​យក​ខន្ធ​ជា​អនាគត មក​ជា​អារម្មណ៍ មាន ៥ ចំណែក គឺ ១- អត្តា កាល​ស្លាប់​ទៅ​ហើយ​កើត​ទៀត មាន​សញ្ញា ។ ២- អត្តា កាល​ស្លាប់​ទៅ​ហើយ​កើត​ទៀត មិន​មាន​សញ្ញា ។ ៣- អត្តា កាល​ស្លាប់​ទៅ​ហើយ​កើត​ទៀត មាន​សញ្ញា​ក៏​មិន​មែន មិន​មាន​សញ្ញា​ក៏​មិន​មែន ។ ៤- សត្វ​ស្លាប់​ទៅ​សូន្យ មិន​កើត​ទៀត​ឡើយ ។ ៥- ទិដ្ឋធម្មនិព្វានវាទ យល់​ឃើញ​ថា​កាម​សុខ​និង​ឈាន​សុខ ជា​ព្រះនិព្វាន​ក្នុង​បច្ចុប្បន្ន ។ ទិដ្ឋិ​ទាំង ៥ ពួក​នេះ រួម​ជា ៣ ពួក​ក៏​បាន គឺ ៣ ពួក​ខាង​ដើម ជា​សស្សតវាទ ពួក ១ បន្ត​មក​គឺ​ឧច្ឆេទវាទ ពួក ១ និង​ទិដ្ឋធម្មនិព្វានវាទ ពួក ១ ដោយ​ប្រការ​ដូច្នេះ​ទើប​ព្រះសូត្រ​នេះ មាន​ឈ្មោះ​ថា បញ្ចត្តយសូត្រ គឺ ៥ មក​ជា ៣ ឬ ៣ ទៅ​ជា ៥ ក៏​បាន ។ ជា​បន្ត​មក​ក្នុង​ព្រះសូត្រ ព្រះដ៏មាន​ព្រះភាគ​ទ្រង់​ត្រាស់​សម្ដែង​ចែក​ទិដ្ឋិ ៥ ពួក​ខាង​ដើម​នោះ ទៅ​ជា​ទិដ្ឋិ ៤៤ ដូច​នៅ​ក្នុងព្រហ្មជាល​សូត្របិដក​លេខ ១៤ ដែរ គឺ -សស្សតទិដ្ឋិជាសញ្ញីវាទ មាន ១៦ -សស្សតទិដ្ឋិជាអសញ្ញីវាទ មាន ៨ -សស្សតទិដ្ឋិជានេវសញ្ញីនាសញ្ញីវាទ មាន ៨ -ឧច្ឆេទទិដ្ឋិ មាន ៧ -ទិដ្ឋធម្មនិព្វានវាទ មាន ៥ ។ ទិដ្ឋិ​ទាំង ៤៤ គឺ​ប្រារព្ធ​យក​ខន្ធ​ជា​អនាគត មក​ជា​អារម្មណ៍ ហៅ​ថា អបរន្តកប្បទិដ្ឋិ ។ បន្ទាប់​មក​ព្រះអង្គ​ទ្រង់​សម្ដែង​អំពី​ទិដ្ឋិ ៥ ពួក​ទៀត ដែល​ប្រារព្ធ​យក​ខន្ធ​អតីត​មក​ជា​អារម្មណ៍ ៥ ពួក​នេះ ចែក​បាន​ជាទិដ្ឋិ ១៨ គឺ ១- សស្សតទិដ្ឋិ មាន ៤ ២- ឯកច្ចសស្សតឯកច្ចអសស្សតទិដ្ឋិ មាន ៤ ៣- អន្តានន្តទិដ្ឋិ មាន ៤ ៤- អមរាវិក្ខេបទិដ្ឋិ មាន ៤ ៥- អធិច្ចសមុប្បន្នទិដ្ឋិ មាន ២ ។ ទិដ្ឋិ ៥ ពួក ចែក​បាន​ជាទិដ្ឋិ ១៨ ដែល​ប្រារព្ធ​យក​ខន្ធ​ខាង​ដើម​គឺ​ខន្ធ​អតីត​មក​ជា​អារម្មណ៍​នោះ ហៅ​ថា បុព្វន្តកប្បទិដ្ឋិ ។ បូក​បញ្ចូល​បុព្វន្តកប្បទិដ្ឋិ ១៨ និង​អបរន្តកប្បទិដ្ឋិ ៤៤ ត្រូវ​ជា​ទិដ្ឋិ ៦២ ។ ចំពោះ​ទិដ្ឋិ​ទាំង ៦២ នេះ គឺ​មាន​សក្កាយទិដ្ឋិ ដែល​ប្រកាន់​ថា​ជា​សត្វ​បុគ្គល​តួ​ខ្លួន ជា​មេ ជា​ប្រធាន ទើប​ព្រះដ៏មានព្រះភាគ ទ្រង់​ប្រកាស​សម្ដែង​នៅ​ក្នុង​ព្រះសូត្រ​នេះ​ជា​បន្ត​ថា ម្នាលភិក្ខុ​ទាំង​ឡាយ សមណៈ​ឬ​ព្រាហ្មណ៍​ពួក​ខ្លះ ក្នុង​លោក​នេះ ព្រោះ​លះបង់​នូវ​បុព្វន្តានុទិដ្ឋិ​ផង លះ​បង់​នូវ​អបរន្តានុទិដ្ឋិ​ផង ទាំង​មិន​អធិដ្ឋាន​ទុក​នូវ​កាម​សញ្ញោជនៈ ដោយ​សព្វ​គ្រប់ កន្លង​នូវ​បីតិ​ដ៏​ស្ងប់​ស្ងាត់ កន្លង​នូវ​និរាមិសសុខ កន្លង​នូវ​អទុក្ខម​សុខ​វេទនា ក៏​ពិចារណា​ឃើញ​ថា អាត្មា​អញ​ជា​អ្នក​ស្ងប់​រម្ងាប់ អាត្មា​អញ​ជា​អ្នក​រលត់​ទុក្ខ អាត្មា​អញ​ជា​អ្នក​មិន​មាន​សេចក្ដី​ប្រកាន់ ( ក្នុងបញ្ចក្ខន្ធ ) ។ ម្នាលភិក្ខុ​ទាំងឡាយ ព្រះតថាគត​ដឹង​ច្បាស់​នូវ​ដំណើរ​នោះ​ថា សមណៈ​ឬ​ព្រាហ្មណ៍​ដ៏​ចម្រើន​នេះ ព្រោះ​លះបង់​នូវ​បុព្វន្តានុទិដ្ឋិ​ផង លះ​បង់​នូវ​អបរន្តានុទិដ្ឋិ​ផង ទាំង​មិន​អធិដ្ឋាន​ទុក​នូវ​កាម​សញ្ញោជនៈ ដោយ​សព្វ​គ្រប់ កន្លង​នូវ​បីតិ​ដ៏​ស្ងប់​ស្ងាត់ កន្លង​នូវ​និរាមិសសុខ កន្លងនូវ​អទុក្ខម​សុខ​វេទនា ក៏​ពិចារណា​ឃើញ​ថា អាត្មា​អញ​ជា​អ្នក​ស្ងប់​រម្ងាប់ អាត្មា​អញ​ជា​អ្នក​រលត់​ទុក្ខ អាត្មា​អញ​ជា​អ្នក​មិន​មាន​សេចក្ដី​ប្រកាន់។ សមណព្រាហ្មណ៍​ដ៏​មាន​អាយុ​នេះ​តែង​ពោល​សរសើរ នូវ​បដិបទាជាទី​​សប្បាយ​នៃ​ព្រះនិព្វាន ដោយ​ពិត ប៉ុន្តែ​សមណៈ​ឬ​ព្រាហ្មណ៍​ដ៏​ចម្រើន​នេះ​ឯង ប្រកាន់​មាំ​នូវ​បុព្វន្តានុទិដ្ឋិ​ផង ប្រកាន់​មាំ​នូវ​អបរន្តានុទិដ្ឋិ​ផង ប្រកាន់​មាំ​នូវ​កាម​សញ្ញោជនៈ​ផង ប្រកាន់​មាំ​នូវ​បីតិ​ដ៏​ស្ងប់​ស្ងាត់​ផង ប្រកាន់​មាំ​នូវ​និរាមិសសុខ​ផង ប្រកាន់​មាំនូវ​អទុក្ខម​សុខវេទនា​ផង ។ សមណព្រាហ្មណ៍​មាន​អាយុ​នេះ ពិចារណា​ឃើញ​ថា អាត្មា​អញ​ជាអ្នក​ស្ងប់​រម្ងាប់ អាត្មា​អញ​ជា​អ្នក​រលត់​ទុក្ខ អាត្មា​អញ​ជា​អ្នក​មិន​មាន​សេចក្ដី​ប្រកាន់​មាំ ដោយ​ហេតុ​ណា ហេតុ​នោះ ព្រះតថាគត​ពោល​ថា​ជា​ឧបាទាន ( សេចក្ដី​ប្រកាន់​មាំ ) របស់​សមណព្រាហ្មណ៍​ដ៏​ចម្រើន​នេះ ។ ឧបាទាន​នោះ​ជា​សង្ខតធម៌ ដ៏​គ្រោត​គ្រាត​នៅ​ឡើយ ចំណែក​ខាង​ការ​រលត់សង្ខារ​ទាំងឡាយ​មាន​ពិត ព្រះនិព្វាន​ក៏​មាន​ពិត លុះ​ព្រះតថាគត​ដឹង​ច្បាស់​ដូច្នេះ​ហើយ ជា​អ្នក​ឃើញ​នូវ​ការ​រលាស់​ចេញ​នូវ​ឧបាទាន​នោះ កន្លង​នូវ​ឧបាទាន​នោះ។ ម្នាល​ភិក្ខុ​ទាំង​ឡាយ ការ​ដឹង​ច្បាស់​តាម​ពិត នូវ​កិរិយា​កើត​ឡើង​ផង នូវ​កិរិយា​វិនាស​ផង នូវ​អានិសង្ស​ផង នូវ​ទោស​ផង នូវ​កិរិយា​រលាស់​ចេញ​ផង នៃ​ផស្សាយតនៈ​ទាំង​ ៦ ហើយ​រួច​ចាក​សេចក្ដី​ប្រកាន់​មាំ​ណា នេះ​ឯង ឈ្មោះ​ថា​សន្តិវរបទ ដ៏​ប្រសើរ ដែល​ព្រះតថាគត​ត្រាស់​ដឹង​ហើយ ម្នាល​ភិក្ខុ​ទាំង​ឡាយ ការ​ដឹង​ច្បាស់​តាម​ពិត នូវ​កិរិយា​កើត​ឡើង​ផង នូវ​កិរិយា​វិនាស​ផង នូវ​អានិសង្ស​ផង នូវ​ទោស​ផង នូវ​កិរិយា​រលាស់​ចេញ​ផង នៃ​ផស្សាយតនៈ​ទាំង ៦ ហើយ រួច​ចាក​សេចក្ដី​ប្រកាន់​មាំ​ណា នោះ​ឯង ឈ្មោះ​ថា​សន្តិវរបទ​ដ៏​ប្រសើរ ដែល​ព្រះតថាគតត្រាស់​ដឹង​ហើយ ។ លុះ​ព្រះមាន​បុណ្យ​បាន​សម្ដែង​ព្រះសូត្រ​នេះ​ចប់​ហើយ ភិក្ខុ​ទាំង​នោះ ក៏​មាន​ចិត្ត​ត្រេកអរ រីករាយ​ចំពោះ​ភាសិត របស់​ព្រះមាន​បុណ្យ។ ដកស្រង់ពីសៀវភៅ សិក្សាព្រះសូត្រ ភាគទី១៣ ដោយ៥០០០ឆ្នាំ
images/articles/2753/etbhfsd.jpg
ផ្សាយ : ០៨ មេសា ឆ្នាំ២០២០ (អាន: ៧៣១៣ ដង)
នៅ​ក្នុង​បិដក​លេខ ២១ រថវិនីត​សូត្រ ព្រះបុណ្ណមន្តាណីបុត្ត បាន​សម្ដែង​ថា អនុបាទាប​រិនិព្វាន មិន​មែន​ជា​វិសុទ្ធិ​ណា​មួយ ក្នុង​វិសុទ្ធិ​ទាំង ៧ នោះ​ឡើយ ហើយ​ព្រះសារីបុត្ត​បាន​សួរ​ថា ម្នាលអាវុសោ ចុះ​អនុបាទាប​រិនិព្វាន ក្រៅ​អំពី​ធម៌​ទាំង​នេះ​ឬ ? ព្រះបុណ្ណមន្តាណីបុត្ត​ឆ្លើយ​ថា អញ្ញត្រ ចេ អាវុសោ ឥមេហិ ធម្មេហិ អនុបាទាបរិនិព្វានំ អភវិស្ស បុថុជ្ជនោ បរិនិព្វា​យេយ្យ បុថុជ្ជនោ ហិ អាវុសោ​ អញ្ញត្រ ឥមេហិ ធម្មេហិ។ ម្នាល​អាវុសោ បើ​អនុបាទាបរិនិព្វាន ក្រៅ​អំពី​ធម៌​ទាំង​នេះ​ហើយ បុថុជ្ជន​ក៏​គង់​បរិនិព្វាន​បាន ម្នាល​អាវុសោ ព្រោះ​បុថុជ្ជន ក្រៅ​អំពី​ធម៌​ទាំង​នេះ​ឯង ។ នៅ​ខាង​ចុង​នៃ​ព្រះធម្មទេសនា ព្រះបុណ្ណមន្តាណីបុត្ត បាន​សម្ដែង​ថា ញាណ​ទស្សនវិសុទ្ធិ យាវទេវ អនុបាទាបរិនិព្វានត្ថា ប្រែ​ថា ញាណទស្សនវិសុទ្ធិ ( មគ្គញ្ញាណ ៤ ) មាន​ប្រយោជន៍​ត្រឹម​តែ​អនុបាទាបរិនិព្វាន ( អសង្ខតធាតុ ) ។ អនុបាទាបរិនិព្វានត្ថំ ខោ អាវុសោ ភគវតិ ព្រហ្មចរិយំ វុស្សតីតិ ។ ម្នាល​អាវុសោ ព្រហ្មចរិយធម៌​ដែល​ខ្ញុំ​ប្រព្រឹត្ត​ក្នុង​សម្នាក់ ព្រះដ៏មាន​ព្រះភាគ​នេះ ដើម្បី​អនុបាទាបរិនិព្វាន ។ ដកស្រង់ពីសៀវភៅ សិក្សាព្រះសូត្រ ភាគទី១៣ ដោយ៥០០០ឆ្នាំ
images/articles/2754/rtvgrcdgxvred.jpg
ផ្សាយ : ០៨ មេសា ឆ្នាំ២០២០ (អាន: ៧៧៣០ ដង)
ចន្ទគតិ មាន​រនោច មាន​ខ្នើត​ជា​ធម្មតា បើ​យើង​មិន​ប្រាថ្នា​ឱ្យ​ខុស​ពី​ធម្មតា​ទេ យើង​ក៏​មិន​កើត​ទុក្ខ​ដែរ ។ ផែន​ដី​វិល​ជុំ​វិញ​ព្រះអាទិត្យ ចំណែក​ព្រះចន្ទ​វិល​ជុំ​វិញ​ផែនដី យើង​មិន​ដែល​កើត​ទុក្ខ​ព្រោះ​ហេតុ​តែ​ព្រះចន្ទ​មិន​បាន​មក​វិល​ជុំ​វិញ​ខ្លួន​យើង​នោះ​ឡើយ យ៉ាង​ណា​មិញ អ្វី​ៗ​ក្នុង​លោក​រមែង​ប្រព្រឹត្ត​ទៅ​តាម​ធម្មតា​របស់​លោក បើ​យើង​មិន​ចង់​រវល់​ច្រើន​ទេ យើង​ត្រូវ​សិក្សា​ចូល​ឱ្យ​ដល់​ធម្មតា​ធម៌ អ្វី​ៗ​រៀប​រយ​ស្រេច​បាច់​តាម​ធម្មជាតិ មាន​បច្ច័យ​ឱ្យ​កើត​ឡើង មាន​ជរា​ជា​ធម្មតា មាន​ព្យាធិជាធម្មតា មាន​មរណៈ​ជា​ធម្មតា មាន​ការ​ព្រាត់​ប្រាស ប្រែប្រួល​ជា​ធម្មតា ។ល។ យើង​មិន​មាន​អ្វី​ដែល​ត្រូវ​មក​ប្រាថ្នា​ដោយ​ការ​ហួង​ហែង​ចំពោះ​សង្ខារ​ទាំង​ឡាយ​ថា កុំ​ឱ្យ​ប្រព្រឹត្ត​ទៅ​ដូច្នោះ​ៗ​ឡើយ ព្រោះ​ព្រះនិព្វាន​ទេ​តើ ដែល​មិន​មាន​ជរា ព្យាធិ មរណៈ មិន មានវដ្ដៈ ជាទី​អស់​ទៅ​នៃ​តណ្ហា និង​ជាទី​អស់​ទៅ​នៃ​ទុក្ខ​ទាំង​ពួង ។ ដកស្រង់ពីសៀវភៅ សិក្សាព្រះសូត្រ ភាគទី១៣ ដោយ៥០០០ឆ្នាំ
images/articles/2759/dfcdfvdvx.jpg
ផ្សាយ : ០៨ មេសា ឆ្នាំ២០២០ (អាន: ១៤៤៤៨ ដង)
សម័យ​​មួយ ព្រះដ៏មាន​​ព្រះភាគ ទ្រង់​​គង់​​ប្រថាប់​​នៅ​​នា​បុព្វារាម ឰ​ដ៏​មិគារ​មាតុ​ប្រាសាទ ជិត​ក្រុង​សាវត្ថី ។ គ្រា​នោះ​ឯង គណកមោគ្គល្លានព្រាហ្មណ៍ បាន​ចូល​គាល់​ព្រះដ៏មាន​ព្រះភាគ ហើយ​ក្រាប​ទូល​សួរ​អំពី អនុបុព្វសិក្ខា ការ​សិក្សា​ជា​លំដាប់ អនុបុព្វកិរិយា ការ​ធ្វើ​ជា​លំដាប់ និង អនុបុព្វប្បដិបទា ការ​ដែល​មាន​បដិបទា​ជា​លំដាប់ ក្នុង​ធម្មវិន័យ​នេះ ។ ព្រះដ៏មាន​ព្រះភាគ ទ្រង់​ត្រាស់​សម្ដែង​ប្រៀប​ទៅ​នឹង​ការ​ចង្អុល​បង្ហាញ​ប្រាប់​ផ្លូវ ដែល​មាន​ខ្លឹម​សារ​នៅ​ក្នុង​ព្រះសូត្រ បាន​ធ្វើ​ឱ្យ​ព្រាហ្មណ៍​ស្ដាប់​យល់ ព្រម​ដោយ​សេចក្ដី​ជ្រះ​ថ្លា ហើយ​បាន​ពោល​ពាក្យ​ដ៏​ពីរោះ អនុមោទនា​ព្រះធម៌ទេសនា ដែល​មាន​ខ្លឹម​សារ​ទាំង​ស្រុង​ដូច​ត​ទៅ ៖ កាល​បើ​ព្រះដ៏មាន​ព្រះភាគ ទ្រង់​មាន​ព្រះពុទ្ធ​ដី​កា​យ៉ាង​នេះ​ហើយ គណកមោគ្គល្លានព្រាហ្មណ៍ ក៏​ក្រាប​បង្គំ​ទូល​ព្រះមានព្រះ​ភាគ​ដូច្នេះ​ថា បពិត្រ​ព្រះគោតម​ដ៏​ចម្រើន បុគ្គល​ទាំង​ឡាយ​ណា ជាអ្នក​មិន​មាន​សទ្ធា ត្រូវ​ការ​តែ​ចិញ្ចឹម​ជីវិត ចេញ​ចាក​ផ្ទះ​ទៅ​ចូល​កាន់​ផ្នួស ជា​អ្នក​លេង ជា​អ្នក​បិទ​បាំង​ទោស​ខ្លួន ជា​អ្នក​បញ្ឆោត ជា​អ្នក​មាន​ចិត្ត​រាយ​មាយ មាន​មានះ​ដុះ​ឡើង មាន​ចិត្ត​ឃ្លេង​ឃ្លោង មាន​មាត់​រឹង មាន​វា​ចា​រោយរាយ មិន​បាន​រក្សា​ទ្វារ ក្នុង​ឥន្ទ្រិយ​ទាំង​ឡាយ មិន​ដឹង​ប្រមាណ​ក្នុង​ភោជន មិន​ប្រកប​រឿយៗ នូវ​សេចក្ដី​ភ្ញាក់​រលឹក មិន​រមិល​មើល ក្នុង​សមណធម៌ ( ផ្នួស ) មិន​មាន​ការ​គោរព​ដ៏​ក្លៀវក្លា​ក្នុង​សិក្ខា ជា​អ្នក​ល្មោភ​ច្រើន ជា​អ្នក​ប្រព្រឹត្តធូរ ជា​ប្រធាន​ក្នុង​ការ​បន្ធូរ​បន្ថយ​ព្យាយាម ដាក់​ធុរៈ​ចោល​ក្នុង​ទី​ស្ងាត់ ជា​អ្នក​ខ្ជិល​ច្រអូស មាន​ព្យាយាម​ក្នុង​អំពើ​ថោក​ទាប ភ្លេច​ស្មារតី មិន​ដឹង​ខ្លួន មាន​ចិត្ត​មិន​បាន​តម្កល់​មាំ មាន​ចិត្ត​វិល​ខុស ឥតបញ្ញា ជា​អ្នក​ល្ងង់​ខ្លៅ ព្រះគោតម​ដ៏​ចម្រើន មិន​បាន​នៅ​រួម​ជា​មួយ​នឹង​បុគ្គល​ទាំង​នោះ​ទេ ។ ឯ​កុលបុត្រ​ទាំង​ឡាយ​ណា ដែល​ចេញ​ចាក​ផ្ទះ​ចូល​ទៅ​កាន់​ផ្នួស ដោយ​សទ្ធា មិន​ជា​អ្នក​លេង មិន​បាន​បិទបាំង​ទោស​ខ្លួន មិន​ជា​អ្នក​បញ្ឆោត មាន​ចិត្ត​មិន​បាន​រាយ​មាយ មិន​មាន​មានះ​ដុះ​ឡើង មិន​មាន​ចិត្ត​ឃ្លេង​ឃ្លោង មិន​មាន​មាត់​រឹង មិន​មាន​វាចា​រោយរាយ ជា​អ្នក​រក្សា​ទ្វារ​ក្នុង​ឥន្ទ្រិយ​ទាំង​ឡាយ ជា​អ្នក​ដឹង​ប្រមាណ​ក្នុង​ភោជន ប្រកប​រឿយៗ នូវ​សេចក្ដី​ភ្ញាក់​រលឹក ជា​អ្នក​រមិល​មើល​ក្នុង​សមណធម៌ មាន​សេចក្ដី​គោរព​ដ៏​ក្លៀវក្លា​ក្នុង​សិក្ខា មិន​ជា​អ្នក​ល្មោភ​ច្រើន មិន​បាន​ប្រព្រឹត្ត​ធូរ ដាក់​ធុរៈ​ក្នុង​ការ​បន្ធូរ​បន្ថយ​ព្យាយាម​ចោល ជា​ប្រធាន​ក្នុង​ទី​ស្ងាត់ មាន​ព្យាយាម​តឹង​តែង មាន​ចិត្ត​បញ្ជូន​ទៅ​កាន់​ព្រះនិព្វាន មាន​សតិ​តម្កល់​ខ្ជាប់ ដឹង​ខ្លួន មាន​ចិត្ត​តម្កល់​មាំ មាន​ចិត្ត​ប្រកប​ដោយ​អារម្មណ៍​តែ​មួយ មាន​បញ្ញា មិន​ល្ងង់​ខ្លៅ ព្រះគោតម​ដ៏​ចម្រើន រមែង​នៅ​រួម​ជា​មួយ​នឹង​កុលបុត្រ​ទាំង​នោះ ។ បពិត្រ​ព្រះគោតម​ដ៏​ចម្រើន ដូច​ជា​ក្លិន​នៃ​ឫស ឬ​មើម ណា​នី​មួយ ឫសស្គា ប្រាកដ​ជា​ប្រសើរ​ជាង​ក្លិន​នៃ​ឫសឬ​មើម ទាំង​អម្បាល​នោះ ក្លិន​នៃ​ខ្លឹម ណា​នី​មួយ ខ្លឹម​ចន្ទន៍​ក្រហម ប្រាកដ​ជា​ប្រសើរ​ជាង​ក្លិន​នៃ​ខ្លឹម ទាំង​អម្បាល​នោះ ក្លិន​ផ្កា​ណា​មួយ ផ្កា​ម្លិះ​លា ប្រាកដ​ជា​ប្រសើរ​ជាង​ក្លិន​នៃ​ផ្កា​ទាំង​អម្បាល​នោះ យ៉ាង​ណា​មិញ ឱវាទ​របស់​ព្រះគោតម​ដ៏​ចម្រើន ក្នុង​ធម៌​ជា​គ្រឿង​ដុស​ខាត់​ចិត្ត​នៃ​សត្វ​ដទៃ ( ឱ្យស្អាត ) ក៏​យ៉ាង​នោះ​ឯង បពិត្រ​ព្រះគោតម​ដ៏​ចម្រើន ភាសិត​របស់​ព្រះអង្គ​ច្បាស់​ពេក​ណាស់ បពិត្រ​ព្រះគោតម​ដ៏​ចម្រើន ដូច​បុគ្គល​ផ្ងារ​ឡើង​នូវ​វត្ថុ​ដែល​ផ្កាប់ ឬ​បើក​នូវ​វត្ថុ​ដែល​គេ​បិទ​បាំង ពុំ​នោះ ដូច​គេ​ប្រាប់​ផ្លូវ​ដល់​មនុស្ស​ដែល​វង្វេង​ផ្លូវ ពុំ​នោះ​សោត ដូច​គេ​ទ្រោល​ប្រទីប​ប្រេង បំភ្លឺ​ក្នុង​ទី​ងងឹត ដោយ​គិត​ថា បុរស​អ្នក​មាន​ភ្នែក​រមែង​មើល​ឃើញ​រូប​ទាំង​ឡាយ​បាន យ៉ាង​ណា​មិញ ធម៌​ដែល​ព្រះគោតម​ដ៏​ចម្រើន ទ្រង់​សម្ដែង​ហើយ ដោយ​អនេក​បរិយាយ ក៏​យ៉ាង​នោះ​ឯង ខ្ញុំ​ព្រះអង្គ​សូម​ដល់​នូវព្រះគោតម​ដ៏​ចម្រើន ទាំង​ព្រះធម៌ ទាំង​ព្រះភិក្ខុ​សង្ឃ ជាទី​ពឹង​ទី​រលឹក សូម​ព្រះគោតម​ដ៏​ចម្រើន ចាំ​ទុក​នូវ​ខ្ញុំ​ព្រះអង្គ ថា​ជា​ឧបាសក អ្នក​ដល់​នូវ​សរណៈ ស្មើ​ដោយ​ជីវិត ក្នុង​កាល​មាន​ថ្ងៃ​នេះ​ជា​ដើម​ទៅ ។ ដកស្រង់ពីសៀវភៅ សិក្សាព្រះសូត្រ ភាគទី១៣ ដោយ៥០០០ឆ្នាំ
វីដេអូធម៌តាមហ្វេសប៊ុក
៥០០០ឆ្នាំ ស្ថាបនាក្នុងខែវិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
បិទ
សូមជួយឧបត្ថម្ភ៥០០០ឆ្នាំ ប្រចាំខែ ឬ ប្រចាំឆ្នាំ២០២០
   បរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា (012 887 987) ម្ចាស់គេហទំព័រ៥០០០ឆ្នាំ តាមរយ    ៖        ១. ផ្ញើតាម វីង acc: 00126869 ឬ TrueMoney ផ្ញើមកលេខ 012 887 987 | 081 81 5000        ២. គណនី ABA: 000185807 ឬ Acleda: 0001 01 222863 13         ៣. លោកអ្នកនៅក្រៅ​ប្រទេស​អាច​ផ្ញើ​តាម MoneyGram ឬ WESTERN UNION  ឬតាមធនាគារខាងក្រោម​នេះ Account Name: Srong Channa Account Number: 000185807 Bank Name : ADVANCED BANK OF ASIA LIMITED Bank Address: No. 148, Preah Sihanouk Blvd., Phnom Penh, Cambodia. SWIFT Code: ABAAKHPP  ។                សូមអរគុណចំពោះ សប្បុរសជន ដែលបានបរិច្ចាគទ្រទ្រង់ ៥០០០ឆ្នាំ សម្រាប់ខែ មករា នេះមានដូចជា ៖          ឧបាសក ធី សុរិុល ឧបាសិកា គង់ ជីវី ព្រមទាំងបុត្រាទាំងពីរ នៅបារាំង     ១៥០ដុល្លា     |    ឧបាសក ម៉ៅ សុខ ៥៤ដុល្លា         |    ឧបាសិកា ចាំង ដាលី ម្ចាស់រោងពុម្ពគីមឡុង ៥០ដុល្លា    |    ឧបាសក ឡាំ លីម៉េង ១០ដុល្លា     |      ប្អូន សុខ តុលា ១០ដុល្លា  .... នាមសប្បុរសជនជួយទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ជាប្រចាំខែ និង​ប្រចាំឆ្នាំ ក្នុងឆ្នាំ២០២០  មានដូចជា ៖             ឧបាសិកា កាំង ហ្គិចណៃ   (៦០០ដុល្លា) សម្រាប់ ឆ្នាំ ២០១៩  |    ឧបាសក ទា សុង និងឧបាសិកា ង៉ោ ចាន់ខេង , លោក សុង ណារិទ្ធ  , លោកស្រី ស៊ូ លីណៃ និង លោកស្រី រិទ្ធ សុវណ្ណាវី , លោក វិទ្ធ គឹមហុង​ , លោក អ៉ីវ វិសាល និង ឧបាសិកា សុង ចន្ថា , លោក សាល វិសិដ្ឋ អ្នកស្រី តៃ ជឹហៀង , លោក សាល វិស្សុត និង លោក​ស្រី ថាង ជឹង​ជិន , អ្នកនាង សាល រីណា , លោក លឹម សេង ឧបាសិកា ឡេង ចាន់​ហួរ​ , លោក ឡេង គីមសាន , កញ្ញា លឹម​ រីណេត និង លោក លឹម គឹម​អាន , លោក សុង សេង ​និង លោកស្រី សុក ផាន់ណា​ , លោកស្រី សុង ដា​លីន និង កញ្ញា សុង​ ដា​ណេ​ , លោក​ ទា​ គីម​ហរ​ អ្នក​ស្រី ង៉ោ ពៅ , កញ្ញា ទា​ គុយ​ហួរ​ កញ្ញា ទា លីហួរ​ , កញ្ញា ទា ភិច​ហួរ    បានទ្រទ្រង់ ៥០០០ឆ្នាំ (១៤៤០ដុល្លា) សម្រាប់ប្រចាំឆ្នាំ២០១៩ | ឧបាសិកា តាន់ ស៊ីវឡេង (៥០០ដុល្លា) សម្រាប់ ៥ឆ្នាំ ២០១៦-២០២០  |    ឧបាសិកា លី យក់ខេន និងកូនចៅ ៥០ដុល្លា សម្រាប់ឆ្នាំ២០២០ |    ឧបាសក វឿន ផារ៉ាត់ និង ឧបាសិកា ញ៉ាន លីកា ព្រមទាំងបុត្រ ២៣០ដុល្លា សម្រាប់ឆ្នាំ២០២០ |    ឧបាសក សោម រតនៈ និងភរិយា ព្រមទាំងបុត្រ ២០០ដុល្លា សម្រាប់ឆ្នាំ២០២០ |    ឧបាសិកា ជ័យ ភាព  និង ឧបាសិកា សុភ័ក្រ រ កំពង់ធំ  (៣៧.៥ដុល្លា ) សម្រាប់ ឆ្នាំ២០២០         |    ​ ឧបាសក ពេជ្រ សារ៉ាន់ និង ឧបាសិកា ស៊ុយ យូអាន  (២០០ដុល្លា)  សម្រាប់ប្រចាំឆ្នាំ២០២០         |     ឧបាសក សោម រតនៈ  (២០០ដុល្លា)  សម្រាប់ប្រចាំឆ្នាំ២០២០        |          ក្រុមពុទ្ធបរិស័ទ ធម្មសង្គហៈ (៦០០ដុល្លា)  សម្រាប់ប្រចាំឆ្នាំ២០២០           |          ឧបាសក ជឿន ហ៊ុយ  (១៨២ដុល្លា)  សម្រាប់ប្រចាំឆ្នាំ២០២០    ១៨២ដុល្លា         |               ឧបាសិកា ទីម សុគន្ធ នៅអាមេរិក (៦០០ដុល្លា)  សម្រាប់ប្រចាំឆ្នាំ២០២០        |                      ឧបាសិកា តុប ស្រីពៅ នៅអាមេរិក (១២០ដុល្លា)  សម្រាប់ប្រចាំឆ្នាំ២០២០               |               ឧបាសិកា អៀម ហួយ , ឧបាសិកាប៊ាន ឈួន ជា, ឧបាសិក ឈិត ឈុនលាង នៅប្រទេសស្វីស (២០០ដុល្លា)  សម្រាប់ប្រចាំឆ្នាំ២០២០        |                      ឧបាសិកា អ៊ុយ មិនា (១១០ដុល្លា)  សម្រាប់ប្រចាំឆ្នាំ២០២០                    |          សាមណេរ ចាន់ថាគីម (៦៨០ដុល្លា)  សម្រាប់ប្រចាំឆ្នាំ២០២០              |                ឧបាសិកា លី យក់ខេន និងកូនចៅ ៥០ដុល្លា សម្រាប់ឆ្នាំ២០២០            |                  ឧបាសក វឿន ផារ៉ាត់ និង ឧបាសិកា ញ៉ាន លីកា ព្រមទាំងបុត្រ ២៣០ដុល្លា សម្រាប់ឆ្នាំ២០២០           |                   ឧបាសិកា គង់ សាវឿង ២០០ដុល្លា សម្រាប់ឆ្នាំ២០២០                 |             ឧបាសិកា តាំង ប៉ោជឹង ១០០ដុល្លា សម្រាប់ឆ្នាំ២០២០            |                  ឧបាសក វឿន ផារ៉ាត់ និងឧបាសិកា ញ៉ាន លីកា ព្រមទាំងបុត្រ ​២០០ដុល្លា សម្រាប់ឆ្នាំ២០២០             |                 ឧបាសក កាន់ គង់ ឧបាសិកា ជីវ យួម ព្រមទាំងបុត្តនិងចៅ ៦០០ដុល្លា សម្រាប់ឆ្នាំ២០២០           |                   ឧបាសិកា ម៉ៅ លន់ ព្រមទាំងកូនចៅ ១០០ដុល្លា សម្រាប់ឆ្នាំ២០២០                   |           ឧបាសិកា ម៉ៅ ម៉ារង ១០០ដុល្លា សម្រាប់ឆ្នាំ២០២០                    |          ឧបាសិកា គឹម លាន ១២០ដុល្លា សម្រាប់ឆ្នាំ២០២០    | ពេជ្រ សុភាព និង ស្វាមុី ព្រមទាំងបុត្ត ១២០ដុល្លា សម្រាប់ឆ្នាំ២០២០    |    ឧបាសក ជឿន ហ៊ុយ  (១៨២ដុល្លា)  សម្រាប់ប្រចាំឆ្នាំ២០២០    |    ឧបាសក ពេជ្រ សារ៉ាន់ និងភរិយា ២០០ដុល្លា សម្រាប់ឆ្នាំ២០២០  |    ឧបាសិកា ណៃ ឡាង ១០០ដុល្លា     |    ជឹង ហ្គេចគៀង និង ស្វាមី ១២០ដុល្លា    |    ជឹង ហ្គេចរ៉ុង និង ស្វាមី ១២០ដុល្លា    |    ជឹង ងួនហៀង និងភរិយា ៦០ដុល្លា    |    ជឹង ងួនធៀង និងភរិយា ៦០ដុល្លា    |    ជឹង ងួនសេង និងភរិយា ៦០ដុល្លា    |     (៥២0ដុល្លា)  សម្រាប់ប្រចាំឆ្នាំ២០២០    ។ សម្រាប់លោកអ្នក មានសទ្ធាបរិច្ចាគទានជួយទ្រទ្រង់ ការងារផ្សាយរបស់ ៥០០០ឆ្នាំ ជាប្រចាំខែ ឬប្រចាំឆ្នាំ សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា (012 887 987) ម្ចាស់គេហទំព័រ៥០០០ឆ្នាំ  ៈ    ១. ផ្ញើតាម វីង acc: 00126869 (លុយខ្មែរ) ឬ TrueMoney ផ្ញើមកលេខ 012 887 987       ២. គណនី ABA: 000185807 ឬ Acleda: 0001 01 222863 13        ។       ​     សូមអរព្រះគុណ និង សូមអរគុណ ។...