images/articles/2690/tex986tyrtpic.jpg
ផ្សាយ : ២៦ មករា ឆ្នាំ២០២១ (អាន: ៤០៧០៤ ដង)
(មិនមែនដូចរូបគំនូរដែលមានព្រះឥន្ទ្រមកដេញពិណថ្វាយ)ព្រះពោធិសត្វពិរចារណារកឃើញមជ្ឈិមប្បដិទា ដោយបានបែរត្រឡប់ពីការបដិបត្តិទុក្ករកិរិយាដោយខ្លួនព្រះអង្គឯង មិនមែនដោយព្រះឥន្ទ្រមកក្រើនរំលឹកដោយដេញពិណ ឬដោយបុគ្គលណាមួយមកពន្យល់ណែនាំឡើយ ។ មានគម្ពីរខ្លះបានសម្ដែងត្រង់ចំណុចហ្នឹងថា ព្រះឥន្ទ្រមកដេញពិណឲ្យព្រះអង្គពិចារណា ហើយក៏មានបុគ្គលមួយចំនួនខ្លះ ដោយមិនបានសិក្សាស្រាវជ្រាវតាមបិដកអដ្ឋកថា ក៏កាន់យកតៗគ្នាមកដល់សព្វថ្ងៃ ដូចមានជាក់ស្ដែងក្នុងរូបគំនូរនានាតាមវត្តអារាមជាដើម តែការយល់ដូច្នេះ មិនត្រឹមត្រូវតាមព្រះត្រៃបិដកដែលព្រះអង្គបានសម្ដែងផ្ទាល់ឡើយ សេចក្ដីពិត គឺព្រះអង្គបានពិចារណាដោយខ្លួនឯងដល់កាលដែលព្រះអង្គនៅជាកុមារតូច ដែលក្នុងកាលនោះ ទ្រង់ធ្លាប់បានសម្រេចបឋមជ្ឈាន ទើបទ្រង់ត្រិះរិះថា នេះជាផ្លូវត្រាស់ដឹងហ៎្ន ។
ខ្ញុំលើកសេចក្ដីនេះដោយដកស្រង់ចេញពីសុត្តន្តបិដក មជ្ឈិមនិកាយ មូលបណ្ណាសក មហាយមកវគ្គ មហាសច្ចកសូត្រ បិដកលេខ ២២ ទំព័រ ១២១ ព្រះមានព្រះភាគសម្ដែងថាម្នាលអគិ្គវេស្សនៈ តថាគតនោះមានសេចកី្តត្រិះរិះដូចេ្នះថា ជនទាំងឡាយ ណានីមួយ ទោះសមណៈកី្ត ព្រាហ្មណ៍កី្ត ក្នុងអតីតកាល បានសោយនូវទុក្ខវេទនា ដ៏ក្លៀវក្លា រឹងរូស ផ្សាខ្លោច ដែលកើតអំពីព្យាយាម មានកំណត់តែត្រឹមប៉ុណ្ណេះ មិនលើសជាងនេះទៅទៀតទេ ។ ជនទាំងឡាយណានីមួយ ទោះសមណៈកី្ត ព្រាហ្មណ៍កី្ត ក្នុងអនាគតកាល នឹងរងនូវទុក្ខវេទនា ដ៏ក្លៀវក្លា រឹងរូស ផ្សាខ្លោច ដែលកើតអំពី ព្យាយាម មានកំណត់តែត្រឹមប៉ុណ្ណេះ មិនលើសលប់ជាងនេះទៅទៀតទេ ។
ជន ទាំងឡាយណានីមួយ ទោះសមណៈកី្ត ព្រាហ្មណ៍កី្ត ក្នុងកាលឥឡូវនេះ នឹងរងនូវ ទុក្ខវេទនា ដ៏ក្លៀវក្លា រឹងរូស ផ្សាខ្លោច.. ដែលកើតអំពីព្យាយាម មានកំណត់តែត្រឹម ប៉ុណ្ណេះ មិនលើសលប់ជាងនេះទៅទៀតទេ ។ ចំណែកខាងអាត្មាអញ មិនទាន់បាន ត្រាស់ដឹងនូវគុណវិសេសគឺញាណទស្សនៈដ៏ឧត្តម ដែលអាចកំចាត់បង់នូវកិលេស ដ៏ក្រៃលែងជាងមនុស្សធម៌ ដោយទុក្ករកិរិយា ដ៏ផ្សាខ្លោចនេះនៅឡើយ ។
ផ្លូវដទៃ ប្រព្រឹត្តទៅ ដើម្បីត្រាស់ដឹង គប្បីមានដែរឬហ្ន៎ ។ ម្នាលអគិ្គវេស្សនៈ តថាគតនោះ មានសេចកី្តត្រិះរិះដូច្នេះថា កាលដែលអាត្មាអញអង្គុយ នៅក្រោមម្លប់នៃដើមព្រីងដ៏ ត្រជាក់ ក្នុងកិច្ចការរបស់សក្យរាជជាបិតា ក៏ធ្លាប់បានស្ងាត់ចាកកាមទាំងឡាយ ស្ងាត់ចាកអកុសលធម៌ទាំងឡាយ បានដល់នូវបឋមជ្ឈាន ដែលប្រកបដោយវិត្តកៈ នឹងវិចារៈ មានបីតិនឹងសុខ ដែលកើត អំពីសេចកី្តស្ងាត់នោះ ហើយសម្រេចសម្រាន្តនៅ ឱហ្ន៎ នុ៎ះឯង ជាផ្លូវនៃការត្រាស់ដឹងហើយ ទេដឹង ។
ម្នាលអគិ្គវេស្សនៈ វិញ្ញាណជាគ្រឿង រឭកតាមនូវស្មារតី ក៏កើតឡើងដល់តថាគតនោះថា ផ្លូវនុ៎ះឯងហើយ ជាផ្លូវនៃការ ត្រាស់ដឹង ។ ម្នាលអគ្គិវេស្សនៈ តថាគតនោះ មានសេចកី្តតិ្រះរិះដូច្នេះថា សេចកី្តសុខ ណា ក្រៅចាកកាមទាំងឡាយ ក្រៅចាកអកុសលធម៌ទាំងឡាយ អាត្មាអញខ្លាច សេចកី្តសុខនោះ ឬហ្ន៎ ។ ម្នាលអគ្គិវេស្សនៈ តថាគតនោះ មានសេចកី្តត្រិះរិះដូច្នេះថា សេចកី្តសុខណា ក្រៅចាកកាមទាំងឡាយ ក្រៅចាកអកុសលធម៌ទាំងឡាយ អាត្មាអញ មិនខ្លាចសេចកី្តសុខនោះទេ ។
(ដោយ អវតារ)
ដោយ៥០០០ឆ្នាំ
images/articles/2689/876pic.jpg
ផ្សាយ : ២៦ មករា ឆ្នាំ២០២១ (អាន: ៤១៩០៧ ដង)
សួរថា ព្រះពោធិសត្វបានទៅកាន់ទេវលោកអស់វារៈប៉ុន្មានដង ដោយអត្តភាពជាមនុស្ស ?
ឆ្លើយថា ព្រះពោធិសត្វទៅកាន់ទេវលោកអស់វារៈ ៤ ដង ដោយអត្តភាពជាមនុស្ស គឺ ក្នុងកាលទ្រង់នៅជាព្រះបាទមន្ធាតុចក្រពត្រាធិរាជ ១ ក្នុងកាលនៅជាព្រះបាទសាធិនរាជ ១ ក្នុងកាលនៅជាគុត្តិលវីណាវាទកព្រាហ្មណ៍ ១ ក្នុងកាលនៅជាព្រះបាទនិមិរាជ ១ ។
ព្រះពោធិសត្វនោះកាលនៅជាព្រះបាទមន្ធាតុ ទ្រង់អាស្រ័យនៅក្នុងទេវលោកអស់កាលរាប់ចំនួនឆ្នាំមិនបាន ក្នុងពេលដែលព្រះអង្គនៅក្នុងទេវលោកនោះ សក្កទេវរាជចុតិអស់ ៣៦ អង្គ ។ កាលព្រះពោធិសត្វនៅជាព្រះបាទសាធិនរាជ ទ្រង់នៅអស់ ៧ ថ្ងៃ ត្រូវជា ៧០០ ឆ្នាំ ដោយការរាប់ឆ្នាំរបស់មនុស្ស ។ កាលព្រះពោធិសត្វនៅជាគុត្តិលវីណាវាទកព្រាហ្មណ៍ និង ព្រះបាទនិមិរាជ ទ្រង់នៅអស់ប្រមាណមួយរំពេច ត្រូវជា ៧ ថ្ងៃ ដោយការរាប់ថ្ងៃរបស់មនុស្សលោក ។
(បបញ្ចសូទនី អដ្ឋកថា មជ្ឈិមនិកាយ មជ្ឈិមបណ្ណាសក រាជវគ្គ មឃទេវសូត្រ)
ដោយខេមរ អភិធម្មាវតារ
ដោយ៥០០០ឆ្នាំ
images/articles/2688/te3223pic.jpg
ផ្សាយ : ២៦ មករា ឆ្នាំ២០២១ (អាន: ២៩៩០៤ ដង)
ការសម្រេចធម៌និងការបរិនិព្វានរបស់ព្រះបាទសុទ្ធោទនៈក្នុងវេលាដែលព្រះមានព្រះភាគទ្រង់យាងបិណ្ឌបាតប្រព្រឹត្តកិច្ចប្រោសសត្វ ដែល ពុទ្ធវង្សរបស់ព្រះអង្គ ។ ព្រះបាទសុទ្ធោទនៈជាពុទ្ធបិតា បានយាងទៅឃាត់ ហើយបានស្ដាប់ ព្រះគាថាដែលព្រះមានព្រះភាគទ្រង់សម្ដែង ក៏បានសម្រេចសោតាបត្តិផល ដោយ ព្រះគាថានេះថាៈ
ឧត្តិដ្ឋេ នប្បមជ្ជេយ្យ, ធម្មំ សុចរិតំ ចរេ;
ធម្មចារី សុខំ សេតិ, អស្មិំ លោកេ បរម្ហិ ច។
បុគ្គលមិនគួរប្រមាទ ក្នុងដុំបាយ ដែលខ្លួនគប្បីក្រោកឡើងទទួល គប្បីប្រព្រឹត្តធម៌ឲ សុចរិត បុគ្គលអ្នកប្រព្រឹត្តធម៌ជាប្រក្រតី រមែងដេកជាសុខ ក្នុងលោកនេះផង ក្នុងលោកខាងមុខផង ។ (សុត្តន្តបិដក ខុទ្ទកនិកាយ ធម្មបទ លោកវគ្គ បិដកលេខ ៥២ ទំព័រ ៥៧) ហើយព្រះបាទសុទ្ធោទនៈ ក៏បានសម្រេចសកទាគាមិផលដោយស្ដាប់ព្រះគាថានេះថា
ធម្មំ ចរេ សុចរិតំ, ន នំ ទុច្ចរិតំ ចរេ;
ធម្មចារី សុខំ សេតិ, អស្មិំ លោកេ បរម្ហិ ច។
បុគ្គលគួរប្រព្រឹត្តធម៌ឲសុចរិត មិនគួរប្រព្រឹត្តធម៌នោះឲទុច្ចរិតឡើយ បុគ្គល ប្រព្រឹត្តធម៌ជាប្រក្រតី រមែងដេកជាសុខ ក្នុងលោកនេះផង ក្នុងលោកខាងមុខផង ។ (សុត្តន្តបិដក ខុទ្ទកនិកាយ ធម្មបទ លោកវគ្គ បិដកលេខ ៥២ ទំព័រ ៥៧)
ធម្មបាលជាតកំ សុត្វា អនាគាមិផលេ បតិដ្ឋាសិ ហើយព្រះរាជាបានស្ដាប់នូវ ធម្មបាលជាតក (ក្នុងថ្ងៃខាងក្រោយអំពីការបួសរបស់ព្រះនន្ទ) ទ្រង់ក៏បានតាំងនៅក្នុង អនាគាមិផល ។ (សុត្តន្តបិដក ខុទ្ទកនិកាយ ជាតក ទសកនិបាត មហាធម្មបាលជាតក បិដកលេខ ៥៩ ទំព័រ ១៨៦) មរណសមយេ សេតច្ឆត្តស្ស ហេដ្ឋា សិរិសយនេ និបន្នោយេវ អរហត្តំ បាបុណិ។ អរញ្ញវាសេន បធានានុយោគកិច្ចំ រញ្ញោ នាហោសិ។
ក្នុងមរណសម័យ (ពេលជិតនឹងស្លាប់) ព្រះបាទសុទ្ធោទនៈទ្រង់ផ្ទុំលើសិរិសយនៈ ខាងក្រោមស្វេតច្ឆត្រប៉ុណ្ណោះ ហើយបានដល់នូវព្រះអរហត្ត ។ កិច្ចដែលត្រូវប្រកបដោយ សេចក្ដីព្យាយាមជាគ្រឿងតម្កល់ទុកដោយអរញ្ញវាស (ព្រៃជាទីនៅ) មិនមានដល់ ព្រះរាជាឡើយ ។ (សមន្តបាសាទិកា អដ្ឋកថា វិនយបិដក មហាវគ្គ មហាខន្ធកៈ រាហុលវត្ថុកថា ត្រង់ព្រះសម្មាសម្ពុទ្ធទ្រង់យាងនិវត្តទៅនគរកបិលពស្ដុតាមការអារាធនារបស់ព្រះកាឡុទាយីដែលជារាជទូតរបស់ព្រះពុទ្ធបិតា)
សេចក្ដីសន្និដ្ឋាន : កាលដែលព្រះបាទសុទ្ធោទនៈសម្រេចព្រះអរហត្តហើយបរិនិព្វាននេះ មិនមែនកើតឡើងក្នុងរវាងវស្សាទី ៤ ឬ ទី ៥ ដូចដែលគម្ពីរជិនមហានិទាន និង ព្រះសាវកនិព្វាន សម្ដែងនោះឡើយ មិនមានបញ្ជាក់ក្នុងគម្ពីរព្រះត្រៃបិដក ឬអដ្ឋកថា ។ រឿងនេះអាចកើតឡើងក្នុងពេលវេលាព្រះសម្មាសម្ពុទ្ធទ្រង់យាងជាលើកដំបូងនោះឯង ដោយអាងទៅលើរឿងការចេញបួសរបស់ស្ដេចសក្យទាំង ៦ (គឺភទ្ទិយសក្យរាជ ១ អនុរុទ្ធ ១ អានន្ទ ១ ភគ្គុ ១ កិមិល ១ ទេវទត្ត ១) គប្បីពិចារណាដល់ស្ដេចដែលត្រូវសោយរាជសម្បត្តិ ។
ថ្ងៃពុធ ១៥ កើត ខែចែត្រ ឆ្នាំវក អដ្ឋស័ក ព.ស. ២៥៦០
ដោយ ខេមរ អភិធម្មាវតារ
ដោយ៥០០០ឆ្នាំ
images/articles/2687/te43xtsspic.jpg
ផ្សាយ : ២៦ មករា ឆ្នាំ២០២១ (អាន: ២៨៧៦៣ ដង)
អង្គាទិ
១. អង្គំ ការទាយអវយវៈខ្លះ
២. និមិត្តំ ទាយនិមិត្ត (ហេតុ) ខ្លះ
៣. ឧប្បាតំ ទាយឧត្បាត គឺធ្លាក់ចុះនៃហេតុធំៗ មានរន្ទះបាញ់ ជាដើមខ្លះ
៤. សុបិនំ ទាយយល់សបិ្តខ្លះ
៥. លក្ខណំ ទាយលក្ខណៈខ្លះ
៦. មូសិកច្ឆិន្នំ ទាយវត្ថុមានសំពត់ជាដើមដែលកណ្តុរកាត់ខ្លះ
៧. អគ្គិហោមំ និយាយអំពីការបូជាដោយភ្លើងខ្លះ
៨. ទព្ពិហោមំ និយាយអំពីការបូជាដោយវែកខ្លះ
៩. ថុសហោមំ និយាយអំពីការបូជាដោយអង្កាមខ្លះ
១០. កណហោមំ និយាយអំពីការបូជាដោយកុណ្ឌកខ្លះ
១១. តណ្ឌុលហោមំ និយាយអំពីការបូជាដោយអង្ករខ្លះ
១២. សប្បិហោមំ និយាយអំពីការបូជាដោយទឹកដោះរាវខ្លះ
១៣. តេលហោមំ និយាយអំពីការបូជាដោយប្រេងខ្លះ
១៤. មុខហោមំ និយាយអំពីការបូជាដោយមាត់ខ្លះ
១៥. លោហិតហោមំ និយាយអំពីការបូជាដោយឈាមខ្លះ
១៦. អង្គវិជ្ជា វិជ្ជាសម្រាប់ទាយអវយវៈខ្លះ
១៧. វត្ថុវិជ្ជា វិជ្ជាសម្រាប់ទាយទីភូមិឋាន (ថាឲ្យទុក្ខឲ្យសុខ) ខ្លះ
១៨. ខត្តវិជ្ជា វិជ្ជាសម្រាប់ទាយទីស្រែចម្ការខ្លះ
១៩. សិវវិជ្ជា វិជ្ជាស្គាល់ព្រៃខ្មោចខ្លះ
២០. ភូតវិជ្ជា វិជ្ជាចាប់ខ្មោចខ្លះ
២១. ភូរិវិជ្ជា វិជ្ជាសម្រាប់ការពាររក្សាភូមិផ្ទះខ្លះ
២២. អហិវិជ្ជា វិជ្ជាស្តោះពស់ខ្លះ
២៣. វិសវិជ្ជា វិជ្ជារក្សាពិសខ្លះ
២៤. វិច្ឆិកវិជ្ជា វិជ្ជាស្តោះខ្ទួយទិចខ្លះ
២៥. មូសិកវិជ្ជា វិជ្ជាស្តោះកណ្តុរខាំខ្លះ
២៦. សកុណវិជ្ជា វិជ្ជាសំរាប់ទាយសម្រែកសត្វស្លាបខ្លះ
២៧. វាយសវិជ្ជា វិជ្ជាសម្រាប់ទាយសម្រែកក្អែកខ្លះ
២៨. បក្កជ្ឈានំ វិជ្ជាសម្រាប់ទាយអាយុខ្លះ
២៩. សរបរិត្តាណំ វិជ្ជាសម្រាប់រារាំងសរខ្លះ
៣០. មិគចក្កំ វិជ្ជាសម្រាប់មើលនូវស្នាមជើងម្រឹគគឺសត្វជើង ៤ ទាំងអស់ខ្លះ ។
មណិលក្ខណាទិ
៣១. មណិលក្ខណំ ការទាយលក្ខណៈកែវមណីខ្លះ
៣២. វត្ថលក្ខណំ ទាយលក្ខណៈសំពត់ខ្លះ
៣៣. ទណ្ឌលក្ខណំ ទាយលក្ខណៈដំបងឬឈើច្រត់ខ្លះ
៣៤. សត្ថលក្ខណំ ទាយលក្ខណៈសស្ត្រាខ្លះ
៣៥. អសិលក្ខណំ ទាយលក្ខណៈដាវខ្លះ
៣៦. ឧសុលក្ខណំ ទាយលក្ខណៈសរខ្លះ
៣៧. ធនុលក្ខណំ ទាយលក្ខណៈធ្នូខ្លះ
៣៨. អាវុធលក្ខណំ ទាយលក្ខណៈអាវុធខ្លះ
៣៩. ឥត្ថិលក្ខណំ ទាយលក្ខណៈស្រីខ្លះ
៤០. បុរិសលក្ខណំ ទាយលក្ខណៈប្រុសខ្លះ
៤១. កុមារលក្ខណំ ទាយលក្ខណៈក្មេងប្រុសខ្លះ
៤២. កុមារិលក្ខណំ ទាយលក្ខណៈក្មេងស្រីខ្លះ
៤៣. ទាសលក្ខណំ ទាយលក្ខណៈខ្ញុំប្រុសខ្លះ
៤៤. ទាសិលក្ខណំ ទាយលក្ខណៈខ្ញុំស្រីខ្លះ
៤៥. ហត្ថិលក្ខណំ ទាយលក្ខណៈដំរីខ្លះ
៤៦. អស្សលក្ខណំ ទាយលក្ខណៈសេះខ្លះ
៤៧. មហិំសលក្ខណំ ទាយលក្ខណៈក្របីខ្លះ
៤៨. ឧសភលក្ខណំ ទាយលក្ខណៈគោឧសភខ្លះ
៤៩. គោលក្ខណំ ទាយលក្ខណៈគោខ្លះ
៥០. អជលក្ខណំ ទាយលក្ខណៈពពែខ្លះ
៥១. មេណ្ឌលក្ខណំ ទាយលក្ខណៈកែះខ្លះ
៥២. កុក្កុដលក្ខណំ ទាយលក្ខណៈមាន់ខ្លះ
៥៣. វដ្ដកលក្ខណំ ទាយលក្ខណៈចាបឬក្រួចខ្លះ
៥៤. គោធាលក្ខណំ ទាយលក្ខណៈទន្សងខ្លះ
៥៥. កណ្ណិកាលក្ខណំ ទាយលក្ខណៈគ្រឿងប្រដាប់ឬកំពូលផ្ទះខ្លះ
៥៦. កច្ឆបលក្ខណំ ទាយលក្ខណៈអណ្តើកខ្លះ
៥៧. មិគលក្ខណំ ទាយលក្ខណៈម្រឹគខ្លះ ។
រញ្ញោទិ
៥៨. រញ្ញំ និយ្យានំ ភវិស្សតិ ទាយការលើកទ័ពថា ព្រះរាជាគួរស្តេចចេញទៅ (ក្នុងថ្ងៃនោះ)
៥៩. រញ្ញំ អនិយ្យានំ ភវិស្សតិ ព្រះរាជា គួរស្តេចចូលមកវិញ (ក្នុងថ្ងៃនោះ) ។
៦០. អព្ភន្តរានំ រញ្ញំ ឧបយានំ ភវិស្សតិ ព្រះរាជាខាងក្នុងនឹងរុករានចូលទៅ ។
៦១. ពាហិរានំ រញ្ញំ អបយានំ ភវិស្សតិ ព្រះរាជាខាងក្រៅនឹងថយចេញទៅ ។
៦២. ពាហិរានំ រញ្ញំ ឧបយានំ ភវិស្សតិ ព្រះរាជាខាងក្រៅនឹងរុករានចូលមក ។
៦៣. អព្ភន្តរានំ រញ្ញំ អបយានំ ភវិស្សតិ ព្រះរាជាខាងក្នុងនឹងថយចេញទៅ ។
៦៤. អព្ភន្តរានំ រញ្ញំ ជយោ ភវិស្សតិ ព្រះរាជាខាងក្នុងនឹងមានជ័យជំនះ ។
៦៥. ពាហិរានំ រញ្ញំ បរាជយោ ភវិស្សតិ ព្រះរាជាខាងក្រៅនឹងបរាជ័យ ។
៦៦. ពាហិរានំ រញ្ញំ ជយោ ភវិស្សតិ ព្រះរាជាខាងក្រៅ នឹងមានជ័យជំនះ ។
៦៧. អព្ភន្តរានំ រញ្ញំ បរាជយោ ភវិស្សតិ ព្រះរាជាខាងក្នុងនឹងបរាជ័យ ។
៦៨. ឥតិ ឥមស្ស ជយោ ភវិស្សតិ ព្រះរាជាអង្គនេះនឹងមានជ័យជំនះ
៦៩. ឥមស្ស បរាជយោ ភវិស្សតិ ឯព្រះរាជាអង្គនេះនឹងបរាជ័យ ។
ចន្ទគ្គាហោទិ
៧០. ចន្ទគ្គាហោ ភវិស្សតិ ការទាយថា (ក្នុងថ្ងៃឯណោះ) នឹងមានចន្ទ្រគ្រាះ ។
៧១. សូរិយគ្គាហោ ភវិស្សតិ ការទាយថា (ក្នុងថ្ងៃឯណោះ) នឹងមានសូរ្យគ្រាះ ។
៧២. នក្ខត្តគ្គាហោ ភវិស្សតិ ការទាយថា (ក្នុងថ្ងៃឯណោះ) នឹងមាននក្សត្រគ្រាះ គឺផ្កាយព្រះគ្រោះដើររួមចូលគ្នា ឬដើររំលងព្រះអាទិត្យព្រះចន្ទ្រ ឬផ្កាយណាមួយ ។
៧៣. ចន្ទិមសូរិយានំ បថគមនំ ភវិស្សតិ ព្រះចន្ទ្រព្រះអាទិត្យនឹងដើរតាមផ្លូវត្រូវគ្នា ។
៧៤. ចន្ទិមសូរិយានំ ឧប្បថគមនំ ភវិស្សតិ ព្រះចន្ទ្រព្រះអាទិត្យនឹងដើរខុសផ្លូវគ្នា ។
៧៥. នក្ខត្តានំ បថគមនំ ភវិស្សតិ ផ្កាយទាំងឡាយនឹងដើរតាមផ្លូវត្រូវគ្នា ។
៧៦. នក្ខត្តានំ ឧប្បថគមនំ ភវិស្សតិ ផ្កាយទាំងឡាយនឹងដើរខុសផ្លូវគ្នា ។
៧៧. ឧក្កាបាតោ ភវិស្សតិ នឹងមានឧក្កាបាត ។
៧៨. ទិសាឌាហោ ភវិស្សតិ នឹងកើតមានកម្ដៅក្នុងទិស ។
៧៩. ភូមិចាលោ ភវិស្សតិ នឹងមានកម្រើកផែនដី ។
៨០. ទេវទុទ្រភិ ភវិស្សតិ នឹងមានផ្គរលាន់ (ឥតមានភ្លៀង) ។
៨១. ចន្ទិមសូរិយនក្ខត្តានំ ឧគ្គមនំ ឱគមនំ សំកិលេសំ វោទានំ ភវិស្សតិ ព្រះចន្ទ្រ ព្រះអាទិត្យ ផ្កាយនឹងរះឡើង ឬអស្តង្គតទៅវិញ នឹងសៅហ្មង ឬផូរផង់ ។
៨២. ឯវំវិបាកោ ចន្ទគ្គាហោ ភវិស្សតិ ចន្ទ្រគ្រាះ នឹងបណ្តាលឲ្យបានសុខទុក្ខយ៉ាងនេះ (ដល់សត្វលោក) ។
៨៣. ឯវំវិបាកោ សូរិយគ្គាហោ ភវិស្សតិ សូរ្យគ្រាះនឹងបណ្តាលឲ្យមានសុខទុក្ខយ៉ាងនេះ
៨៤. ឯវំវិបាកោ នក្ខត្តគ្គាហោ ភវិស្សតិ នក្សត្រគ្រាះនឹងបណ្តាលឲ្យមានសុខទុក្ខយ៉ាងនេះ ។
៨៥. ឯវំវិបាកំ ចន្ទិមសូរិយានំ បថគមនំ ភវិស្សតិ ព្រះចន្ទ្រនិងព្រះអាទិត្យ ដើរតាមផ្លូវត្រូវគ្នា នឹងបណ្តាលឲ្យមានសុខ ទុក្ខយ៉ាងនេះ ។
៨៦. ឯវំវិបាកំ ចន្ទិមសូរិយានំ ឧប្បថគមនំ ភវិស្សតិ ព្រះចន្ទ្រនិងព្រះអាទិត្យ ដើរខុសផ្លូវគ្នា នឹងបណ្តាលឲ្យមានសុខទុក្ខ យ៉ាងនេះ ។
៨៧. ឯវំវិបាកំ នក្ខត្តានំ បថគមនំ ភវិស្សតិ ពួកផ្កាយ ដើរតាមផ្លូវត្រូវគ្នា នឹងបណ្តាលឲ្យមានសុខទុក្ខយ៉ាងនេះ ។
៨៨. ឯវំវិបាកំ នក្ខត្តានំ ឧប្បថគមនំ ភវិស្សតិ ពួកផ្កាយ ដើរខុសផ្លូវគ្នា នឹងបណ្តាលឲ្យមានសុខទុក្ខយ៉ាងនេះ ។
៨៩. ឯវំវិបាកោ ឧក្កាបាតោ ភវិស្សតិ ឧក្កាបាត នឹងបណ្តាល ឲ្យមានទុក្ខសុខយ៉ាងនេះ ។
៩០. ឯវំវិបាកោ ទិសាឌាហោ ភវិស្សតិ កម្ដៅក្នុងទិស នឹងបណ្តាលឲ្យមានសុខទុក្ខយ៉ាងនេះ ។
៩១. ឯវំវិបាកោ ភូមិចាលោ ភវិស្សតិ ការកម្រើកផែនដី នឹងបណ្តាលឲ្យមានសុខទុក្ខយ៉ាងនេះ ។
៩២. ឯវំវិបាកោ ទេវទុទ្រភិ ភវិស្សតិ ផ្គរលាន់ (ឥតមានភ្លៀង) នឹង បណ្តាលឲ្យមានសុខទុក្ខយ៉ាងនេះ ។៩៣. ឯវំវិបាកំ ចន្ទិមសូរិយនក្ខត្តានំ ឧគ្គមនំ ឱគមនំ សំកិលេសំ វោទានំ ភវិស្សតិ ព្រះចន្ទ្រព្រះអាទិត្យនិងផ្កាយរះឡើង ឬអស្តង្គត ទៅវិញ សៅហ្មងឬផូរផង់ នឹងបណ្តាលឲ្យមានសុខទុក្ខយ៉ាងនេះ ។
សុវុដ្ឋិកាទិ
៩៤. សុវុដ្ឋិកា ភវិស្សតិ ការទាយថា (ក្នុងឆ្នាំនេះ) ភ្លៀងស្រួល ។
៩៥. ទុព្ពុដ្ឋិកា ភវិស្សតិ នឹងមានភ្លៀងធ្លាក់មិនស្រួល ។
៩៦. សុភិក្ខំ ភវិស្សតិ នឹងមានបាយសម្បូណ៌ ។
៩៧. ទុព្ភិក្ខំ ភវិស្សតិ នឹងមានបាយក្រ ។
៩៨. ខេមំ ភវិស្សតិ នឹងមានសេចក្តីក្សេមក្សាន្ត ។
៩៩. ភយំ ភវិស្សតិ នឹងមានភ័យ ។
១០០. រោគោ ភវិស្សតិ នឹងមានរោគ ។
១០១. អារោគ្យំ ភវិស្សតិ នឹងមិនមានរោគ ។
១០២. មុទ្ទា ការរាប់ដោយដៃទទេ
១០៣. គណនា ការរាប់ដោយវិធីនព្វន្ត
១០៤. សង្ខានំ រាប់បូក
១០៥. កាវេយ្យំ កាព្យឃ្លោង
១០៦. លោកាយតំ គម្ពីរលោកាយតៈ ។
អាវាហនាទិ
១០៧. អាវាហនំ វិធីរៀបអាវាហមង្គលខ្លះ
១០៨. វិវាហនំ វិធីរៀបវិវាហមង្គលខ្លះ
១០៩. សំវរណំ វិធីធ្វើឲ្យព្រមព្រៀងគ្នា (ស្នេហ៍) ខ្លះ
១១០. វិវរណំ វិធីធ្វើឲ្យព្រាត់ប្រាសគ្នា (បង់ចំណែង) ខ្លះ
១១១. សំកិរណំ វិធីប្រមូលទ្រព្យខ្លះ
១១២. វិកិរណំ វិធីប្រកបជំនួញខ្លះ
១១៣. សុភគករណំ វិធីធ្វើឲ្យចូលចិត្តស្រឡាញ់គ្នា ឬធ្វើឲ្យមានសិរីខ្លះ
១១៤. ទុព្ភគករណំ វិធីធ្វើឲ្យស្អប់គ្នាខ្លះ
១១៥. វិរុទ្ធគព្ភករណំ វិធីធ្វើគភ៌ដែលបំរុងនឹងវិនាសមិនឲ្យវិនាសខ្លះ
១១៦. ជិវ្ហានិពន្ធនំ វិធីចងអណ្តាតឲ្យរឹងដោយមន្តខ្លះ
១១៧. ហនុសំហននំ វិធីចងចង្កាឲ្យរឹងខ្លះ
១១៨. ហត្ថាភិជប្បនំ វិធីសូត្ររបៀនដើម្បីមិនឲ្យឮសំឡេងដោយដៃខ្លះ
១១៩. ហនុជប្បនំ វិធីសូត្ររបៀនដើម្បីមិនឲ្យឮសំឡេងដោយចង្កាខ្លះ
១២០. កណ្ណជប្បនំ វិធីសូត្ររបៀនដើម្បីមិនឲ្យឮសំឡេងដោយត្រចៀកខ្លះ
១២១. អាទាសបញ្ហំ ប្រស្នាកញ្ចក់ គឺមន្តខាបយកទេវតាឲ្យមកនៅនឹងកញ្ចក់ ហើយសួរប្រស្នាខ្លះ
១២២. កុមារិកបញ្ហំ ប្រស្នាកុមារី គឺមន្តបញ្ចូលទេវតាក្នុងសរីរៈនៃកុមារីហើយសួរប្រស្នាខ្លះ
១២៣. ទេវបញ្ហំ ប្រស្នាទេវតា គឺមន្តបញ្ចូលទេវតាក្នុងសរីរៈនៃទាសី ហើយសួរប្រស្នាខ្លះ
១២៤. អាទិច្ចុបដ្ឋានំ វិធីបម្រើព្រះអាទិត្យខ្លះ
១២៥. មហតុបដ្ឋានំ វិធីបម្រើមហាព្រហ្មខ្លះ
១២៦. អព្ភុជ្ជលនំ វិធីបញ្ចេញភ្លើងអំពីមាត់ដោយមន្តខ្លះ
១២៧. សិរិវ្ហាយនំ វិធីហៅសិរីឲ្យមកឋិតក្នុងសរីរៈខ្លះ ។
សន្តិកម្មាទិ
១២៨. សន្តិកម្មំ ការបន់ស្រន់ខ្លះ
១២៩. បណិធិកម្មំ លាបំណន់ខ្លះ
១៣០. ភូតកម្មំ ធ្វើមន្តសម្រាប់ការពារបិសាចខ្លះ
១៣១. ភូរិកម្មំ ធ្វើមន្តសម្រាប់ការពារផ្ទះខ្លះ
១៣២. វស្សកម្មំ ធ្វើខ្ទើយឲ្យដូចជាប្រុសខ្លះ
១៣៣. វោស្សកម្មំ ធ្វើប្រុសឲ្យដូចជាខ្ទើយគឺក្រៀវខ្លះ
១៣៤. វត្ថុកម្មំ ធ្វើពិធីសង់ផ្ទះលើទីដី ដែលមិនធ្លាប់បានធ្វើខ្លះ
១៣៥. វត្ថុបរិកម្មំ ធ្វើពលិកម្មនៅទីដីសង់ផ្ទះខ្លះ
១៣៦. អាចមនំ ជម្រះមុខឲ្យស្អាតដោយទឹកឲ្យគេខ្លះ
១៣៧. ន្ហាបនំ ស្រោចទឹកបង្កក់ប្រសិទ្ធិ៍ឲ្យគេខ្លះ
១៣៨. ជុហនំ បូជាភ្លើងឲ្យគេខ្លះ
១៣៩. វមនំ ផ្សំថ្នាំសម្រាប់ឲ្យក្អួតខ្លះ
១៤០. វិរេចនំ ផ្សំថ្នាំបញ្ចុះខ្លះ
១៤១. ឧទ្ធំវិរេចនំ ផ្សំថ្នាំកម្ចាត់បង់នូវទោសខាងលើខ្លះ
១៤២. អធោវិរេចនំ ផ្សំថ្នាំកម្ចាត់បង់នូវទោសខាងក្រោមខ្លះ
១៤៣. សីសវិរេចនំ ផ្សំថ្នាំកម្ចាត់បង់នូវទោសក្នុងក្បាលខ្លះ
១៤៤. កណ្ណតេលំ ស្លប្រេងសម្រាប់បន្តក់ត្រចៀកខ្លះ
១៤៥. នេត្តតប្បនំ ស្លប្រេងសម្រាប់ស្អំភ្នែកខ្លះ
១៤៦. នត្ថុកម្មំ ផ្សំថ្នាំសម្រាប់ហិតខ្លះ
១៤៧. អញ្ជនំ ផ្សំថ្នាំសម្រាប់លាបបង្កាត់ខ្លះ
១៤៨. បច្ចញ្ជនំ ផ្សំថ្នាំត្រជាក់សម្រាប់លាបស្រលាបខ្លះ
១៤៩. សាលាកិយំ ធ្វើវេជ្ជកម្មរក្សាភ្នែកខ្លះ
១៥០. សល្លកត្តិយំ ធ្វើកម្មរបស់ពេទ្យខ្លះ
១៥១. ទារកតិកិច្ឆា ធ្វើពេទ្យរក្សាកូនក្មេងខ្លះ
១៥២. មូលភេសជ្ជានំ អនុប្បទានំដាក់ថ្នាំក្រោយឲ្យជួយកម្លាំងថ្នាំមុនខ្លះ
១៥៣. ឱសធីនំ បដិមោក្ខោ លាងថ្នាំដើមចេញខ្លះ ។
(សុត្តន្តបិដក ទីឃនិកាយ សីលក្ខន្ធវគ្គ ព្រហ្មជាលសូត្រ មហាសីល)
បាចិត្តិយកណ្ឌ ចិត្តាគារវគ្គ តិរច្ឆានវិជ្ជាបរិយាបុណនសិក្ខាបទ យា បន ភិក្ខុនី តិរច្ឆានវិជ្ជំ បរិយាបុណេយ្យ បាចិត្តិយំ ភិក្ខុនីណាមួយរៀនតិរច្ឆានវិជ្ជា ភិក្ខុនីនោះ ត្រូវអាបត្តិបាចិត្តិយ ។
តិរច្ឆានវិជ្ជា នាម យង្កិញ្ចិ ពាហិរកំ អនត្ថសញ្ហិតំ ។
ចំណេះណាមួយជាខាងក្រៅ ដែលមិនប្រកបដោយប្រយោជន៍ ចំណេះនោះឈ្មោះថា តិរច្ឆានវិជ្ជា ។
វិនយបិដក ចូឡវគ្គ ខុទ្ទកវត្ថុក្ខន្ធកៈ ន ភិក្ខវេ តិរច្ឆានវិជ្ជា បរិយាបុណិតព្វា យោ បរិយាបុណេយ្យ អាបត្តិ ទុក្កដស្ស ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិនត្រូវរៀនតិរច្ឆានវិជ្ជាទេ ភិក្ខុណារៀន ត្រូវអាបត្តិទុក្កដ ។
សមន្តបាសាទិកា
ពាហិរកំ អនត្ថសំហិតន្តិ ហត្ថិអស្សរថធនុថរុសិប្បអាថព្ពណខីលនវសីករណសោសាបនមន្តាគទប្បយោគាទិភេទំ បរូបឃាតករំ ។ពីរបទថា ពាហិរកំ អនត្ថសំហិតំ (ចំណេះណាមួយជាខាងក្រៅ ដែលមិនប្រកបដោយប្រយោជន៍) បានដល់ សិប្បវិទ្យាការដែលចូលទៅសម្លាប់បៀតបៀនអ្នកដទៃ មានប្រភេទដូច វិជ្ជាដែលប្រកបដោយដំរី សេះ រថ ធ្នូ និងដាវ និងមន្តអាថព្វណ (អាថាន់) មន្តកប់រូបទីងមោង មន្តធ្វើឲ្យមានអំណាច មន្តធ្វើឲ្យស្គម និងវិជ្ជាប្រកបដោយថ្នាំពិសជាដើម ។បរិត្តន្តិ យក្ខបរិត្តនាគមណ្ឌលាទិភេទំ សព្ពម្បិ វដ្ដតិ។ ពាក្យថា បរិត្តំ (វិជ្ជាការពារខ្លួន) បានដល់ សូម្បីវិជ្ជាការពារខ្លួនគ្រប់យ៉ាង មានប្រភេទ វិជ្ជាការពារពួកយក្ស ការពារពួកនាគ (ពស់) ជាដើម រមែងគួរ (រៀបបានមិនត្រូវអាបត្តិ) ។
ដោយ៥០០០ឆ្នាំ
images/articles/2759/dfcdfvdvx.jpg
ផ្សាយ : ២៦ មករា ឆ្នាំ២០២១ (អាន: ៣៥០៤៩ ដង)
សម័យមួយ ព្រះដ៏មានព្រះភាគ ទ្រង់គង់ប្រថាប់នៅនាបុព្វារាម ឰដ៏មិគារមាតុប្រាសាទ ជិតក្រុងសាវត្ថី ។ គ្រានោះឯង គណកមោគ្គល្លានព្រាហ្មណ៍ បានចូលគាល់ព្រះដ៏មានព្រះភាគ ហើយក្រាបទូលសួរអំពី អនុបុព្វសិក្ខា ការសិក្សាជាលំដាប់ អនុបុព្វកិរិយា ការធ្វើជាលំដាប់ និង អនុបុព្វប្បដិបទា ការដែលមានបដិបទាជាលំដាប់ ក្នុងធម្មវិន័យនេះ ។
ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់សម្ដែងប្រៀបទៅនឹងការចង្អុលបង្ហាញប្រាប់ផ្លូវ ដែលមានខ្លឹមសារនៅក្នុងព្រះសូត្រ បានធ្វើឱ្យព្រាហ្មណ៍ស្ដាប់យល់ ព្រមដោយសេចក្ដីជ្រះថ្លា ហើយបានពោលពាក្យដ៏ពីរោះ អនុមោទនាព្រះធម៌ទេសនា ដែលមានខ្លឹមសារទាំងស្រុងដូចតទៅ ៖
កាលបើព្រះដ៏មានព្រះភាគ ទ្រង់មានព្រះពុទ្ធដីកាយ៉ាងនេះហើយ គណកមោគ្គល្លានព្រាហ្មណ៍ ក៏ក្រាបបង្គំទូលព្រះមានព្រះភាគដូច្នេះថា បពិត្រព្រះគោតមដ៏ចម្រើន បុគ្គលទាំងឡាយណា ជាអ្នកមិនមានសទ្ធា ត្រូវការតែចិញ្ចឹមជីវិត ចេញចាកផ្ទះទៅចូលកាន់ផ្នួស ជាអ្នកលេង ជាអ្នកបិទបាំងទោសខ្លួន ជាអ្នកបញ្ឆោត ជាអ្នកមានចិត្តរាយមាយ មានមានះដុះឡើង មានចិត្តឃ្លេងឃ្លោង មានមាត់រឹង មានវាចារោយរាយ មិនបានរក្សាទ្វារ ក្នុងឥន្ទ្រិយទាំងឡាយ មិនដឹងប្រមាណក្នុងភោជន មិនប្រកបរឿយៗ នូវសេចក្ដីភ្ញាក់រលឹក មិនរមិលមើល ក្នុងសមណធម៌ ( ផ្នួស ) មិនមានការគោរពដ៏ក្លៀវក្លាក្នុងសិក្ខា ជាអ្នកល្មោភច្រើន ជាអ្នកប្រព្រឹត្តធូរ ជាប្រធានក្នុងការបន្ធូរបន្ថយព្យាយាម ដាក់ធុរៈចោលក្នុងទីស្ងាត់ ជាអ្នកខ្ជិលច្រអូស មានព្យាយាមក្នុងអំពើថោកទាប ភ្លេចស្មារតី មិនដឹងខ្លួន មានចិត្តមិនបានតម្កល់មាំ មានចិត្តវិលខុស ឥតបញ្ញា ជាអ្នកល្ងង់ខ្លៅ ព្រះគោតមដ៏ចម្រើន មិនបាននៅរួមជាមួយនឹងបុគ្គលទាំងនោះទេ ។
ឯកុលបុត្រទាំងឡាយណា ដែលចេញចាកផ្ទះចូលទៅកាន់ផ្នួស ដោយសទ្ធា មិនជាអ្នកលេង មិនបានបិទបាំងទោសខ្លួន មិនជាអ្នកបញ្ឆោត មានចិត្តមិនបានរាយមាយ មិនមានមានះដុះឡើង មិនមានចិត្តឃ្លេងឃ្លោង មិនមានមាត់រឹង មិនមានវាចារោយរាយ ជាអ្នករក្សាទ្វារក្នុងឥន្ទ្រិយទាំងឡាយ ជាអ្នកដឹងប្រមាណក្នុងភោជន ប្រកបរឿយៗ នូវសេចក្ដីភ្ញាក់រលឹក ជាអ្នករមិលមើលក្នុងសមណធម៌ មានសេចក្ដីគោរពដ៏ក្លៀវក្លាក្នុងសិក្ខា មិនជាអ្នកល្មោភច្រើន មិនបានប្រព្រឹត្តធូរ ដាក់ធុរៈក្នុងការបន្ធូរបន្ថយព្យាយាមចោល ជាប្រធានក្នុងទីស្ងាត់ មានព្យាយាមតឹងតែង មានចិត្តបញ្ជូនទៅកាន់ព្រះនិព្វាន មានសតិតម្កល់ខ្ជាប់ ដឹងខ្លួន មានចិត្តតម្កល់មាំ មានចិត្តប្រកបដោយអារម្មណ៍តែមួយ មានបញ្ញា មិនល្ងង់ខ្លៅ ព្រះគោតមដ៏ចម្រើន រមែងនៅរួមជាមួយនឹងកុលបុត្រទាំងនោះ ។
បពិត្រព្រះគោតមដ៏ចម្រើន ដូចជាក្លិននៃឫស ឬមើម ណានីមួយ ឫសស្គា ប្រាកដជាប្រសើរជាងក្លិននៃឫសឬមើម ទាំងអម្បាលនោះ ក្លិននៃខ្លឹម ណានីមួយ ខ្លឹមចន្ទន៍ក្រហម ប្រាកដជាប្រសើរជាងក្លិននៃខ្លឹម ទាំងអម្បាលនោះ ក្លិនផ្កាណាមួយ ផ្កាម្លិះលា ប្រាកដជាប្រសើរជាងក្លិននៃផ្កាទាំងអម្បាលនោះ យ៉ាងណាមិញ ឱវាទរបស់ព្រះគោតមដ៏ចម្រើន ក្នុងធម៌ជាគ្រឿងដុសខាត់ចិត្តនៃសត្វដទៃ ( ឱ្យស្អាត ) ក៏យ៉ាងនោះឯង បពិត្រព្រះគោតមដ៏ចម្រើន ភាសិតរបស់ព្រះអង្គច្បាស់ពេកណាស់ បពិត្រព្រះគោតមដ៏ចម្រើន ដូចបុគ្គលផ្ងារឡើងនូវវត្ថុដែលផ្កាប់ ឬបើកនូវវត្ថុដែលគេបិទបាំង ពុំនោះ ដូចគេប្រាប់ផ្លូវដល់មនុស្សដែលវង្វេងផ្លូវ ពុំនោះសោត ដូចគេទ្រោលប្រទីបប្រេង បំភ្លឺក្នុងទីងងឹត ដោយគិតថា បុរសអ្នកមានភ្នែករមែងមើលឃើញរូបទាំងឡាយបាន យ៉ាងណាមិញ ធម៌ដែលព្រះគោតមដ៏ចម្រើន ទ្រង់សម្ដែងហើយ ដោយអនេកបរិយាយ ក៏យ៉ាងនោះឯង ខ្ញុំព្រះអង្គសូមដល់នូវព្រះគោតមដ៏ចម្រើន ទាំងព្រះធម៌ ទាំងព្រះភិក្ខុសង្ឃ ជាទីពឹងទីរលឹក សូមព្រះគោតមដ៏ចម្រើន ចាំទុកនូវខ្ញុំព្រះអង្គ ថាជាឧបាសក អ្នកដល់នូវសរណៈ ស្មើដោយជីវិត ក្នុងកាលមានថ្ងៃនេះជាដើមទៅ ។
ដកស្រង់ពីសៀវភៅ សិក្សាព្រះសូត្រ ភាគទី១៣
ដោយ៥០០០ឆ្នាំ
images/articles/2758/dgvgcvsdzfcve.jpg
ផ្សាយ : ២៦ មករា ឆ្នាំ២០២១ (អាន: ៣៤៣៩៥ ដង)
សម័យមួយ ព្រះដ៏មានព្រះភាគ ស្ដេចគង់នៅក្នុងកូដាគារសាលា នាមហាវ័ន ជិតក្រុងវេសាលី ។ សម័យនោះឯង មានភិក្ខុច្រើនអង្គ ប្រកាសអរហត្តផលក្នុងសម្នាក់ព្រះដ៏មានព្រះភាគ ហើយសុនក្ខត្តលិច្ឆវិបុត្ត បានចូលទូលសួរបញ្ហានឹងព្រះដ៏មានព្រះភាគថា បពិត្រព្រះអង្គដ៏ចម្រើន ភិក្ខុទាំងនោះ បានប្រកាសព្រះអរហត្តផល ដោយប្រពៃមែនពិត ឬថា មានភិក្ខុពួកខ្លះក្នុងចំណោមនេះ បានប្រកាសព្រះអរហត្តផលដោយអធិមានះ គឺគ្រាន់តែសម្គាល់ថាខ្លួនបានសម្រេចប៉ុណ្ណោះទេ ។
អធិមានះ គឺបុថុជ្ជនដែលចម្រើនសមថវិបស្សនា ហើយមានសេចក្ដីសម្គាល់ក្នុងធម៌លោកុត្តរៈ ដែលខ្លួនមិនទាន់បានសម្រេច ថាបានសម្រេចហើយ ។ ព្រះដ៏មានព្រះភាគ ទ្រង់ទទួលថាមានដូច្នោះមែន ក្នុងរឿងនេះ ព្រះអង្គទ្រង់មានសេចក្ដីត្រិះរិះយ៉ាងនេះថា តថាគតនឹងសម្ដែងធម៌ដល់ភិក្ខុនោះ ធ្វើឱ្យបរិសុទ្ធ ឱ្យពិតប្រាកដ ។
ជាបន្ត ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់អំពីពួកភិក្ខុដទៃផ្សេងទៀត ដែលមាននូវឥច្ឆាចារ គឺមានការប្រាថ្នាអាក្រក់លាមក ជាមោឃបុរស តាក់តែងបញ្ហាចូលមករកតថាគតហើយ មិនបានចេះដឹងក្នុងបញ្ហានោះ ក៏ធ្វើដូចជាចេះដឹង មិនបានសម្រេចគុណវិសេស ធ្វើដូចជាបានសម្រេច ត្រាច់ទៅតាមស្រុកនិគម ពោលអួតនូវគុណវិសេសដែលមិនមានក្នុងខ្លួន ប្រព្រឹត្តទៅដើម្បីមិនជាប្រយោជន៍ នឹងជាទុក្ខដល់មោឃបុរសនោះ អស់កាលជាអង្វែង ។ ក្នុងរឿងនេះ ព្រះតថាគតទ្រង់ព្រះតម្រិះថា តថាគតនឹងសម្ដែងធម៌ដល់ពួកភិក្ខុអ្នកបដិបត្តិ ប្រព្រឹត្តទៅដើម្បីជាប្រយោជន៍ដល់ភិក្ខុទាំងនោះ ដោយប្រការដទៃផ្សេងអំពីពួកភិក្ខុដែលមាននូវអធិមានះនោះ ។
ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់សម្ដែងអំពីកាមគុណ ៥ និងឋានៈដែលនាំឱ្យបុគ្គលពួកខ្លះក្នុងលោកនេះ មានអធ្យាស្រ័យឱនទៅរកលោកាមិសៈរមែងមាន ។ ពាក្យសម្ដីរបស់បុគ្គលដែលមានអធ្យាស្រ័យឱនទៅរកលោកាមិសៈ តែហាមាត់និយាយឡើង រមែងរអិលធ្លាក់ចូលទៅរកកាមគុណផង គេតែងត្រិះរិះរឿយៗ ប្រព្រឹត្តទៅក្នុងកាមគុណនោះផង តែងគប់រកនិងយកចិត្តទុកដាក់ចំពោះអ្នកដែលមានសភាពបែបនោះផង ចំណែកខាងពាក្យសម្ដីដែលគេនិយាយប្រកបដោយអានេញ្ជសមាបត្តិ ( សមាបត្តិដែលមិនញាប់ញ័រនឹងកាមគុណ មិនញាប់ញ័រនឹងរូប មិនញាប់ញ័រដោយកិលេស ) បុគ្គលនោះ មិនចង់ស្ដាប់ មិនផ្ចង់ត្រចៀក មិនតាំងចិត្តដើម្បីដឹង មិនសេពគប់ មិនយកចិត្តទុកដាក់ដោយសេចក្ដីគោរពឡើយ ។
ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់សម្ដែងអំពីឋានៈដែលបុគ្គលពួកខ្លះក្នុងលោក មានអធ្យាស្រ័យឱនទៅរកអានេញ្ជសមាបត្តិ ឱនទៅរកអាកិញ្ចញ្ញាយតនសមាបត្តិ ឱនទៅរកនេវសញ្ញានាសញ្ញាយតនសមាបត្តិ និងបុគ្គលពួកខ្លះក្នុងលោកនេះ មានអធ្យាស្រ័យឱនទៅរកព្រះនិព្វានដោយប្រពៃ ។
ពិតមែនតែមានអធ្យាស្រ័យឱនទៅរកព្រះនិព្វានដោយប្រពៃ ប៉ុន្តែបើមិនបដិបត្តិសង្រួមឥន្ទ្រិយទេ រាគៈក៏គ្របសង្កត់ចិត្ត ព្រោះហេតុតែនៅមានអនុស័យ គឺកិលេសដែលនៅមិនទាន់បានលះហ្នឹងឯង ។ ព្រះដ៏មានព្រះភាគទ្រង់ត្រាស់ថា ភិក្ខុនោះ លុះត្រូវរាគៈគ្របសង្កត់ចិត្តហើយ ក៏ដល់នូវសេចក្ដីស្លាប់ ឬដល់នូវទុក្ខវេទនាស្ទើរតែនឹងស្លាប់ ។
ព្រះពុទ្ធអង្គទ្រង់ប្រៀបទៅនឹងបុរសដែលត្រូវសរត្រាំដោយថ្នាំពិស កាលដែលគ្រូពេទ្យដកសរពិសនោះចេញហើយ ប្រាប់ឱ្យបុរសនោះថែរក្សាមុខរបួស មានការតមចំណីទាស់ជាដើម កុំឱ្យដំបៅរីក ប៉ុន្តែព្រោះតែបុរសនោះ មិនបានធ្វើតាមគ្រូពេទ្យ ក៏ដល់នូវសេចក្ដីស្លាប់ ឬទុក្ខវេទនាស្ទើរតែនឹងស្លាប់ យ៉ាងណាមិញ ការមិនសង្រួមឥន្ទ្រិយក្នុងទ្វារទាំង ៦ ដូចជាការមិនថែរក្សាមុខរបួស យ៉ាងនោះឯង ។ ពាក្យថាដល់នូវសេចក្ដីស្លាប់នេះ ក្នុងអរិយវិន័យ សំដៅយកភិក្ខុដែលពោលលាសិក្ខា ប្រព្រឹត្តទៅនៅក្នុងហីនភេទវិញ ឯចំណែកទុក្ខវេទនាស្ទើរតែនឹងស្លាប់នេះ សំដៅដល់ភិក្ខុដែលត្រូវអាបត្តិធ្ងន់ណាមួយ ដែលនាំឱ្យសៅហ្មងព្រម ។
ចំណែកបុគ្គលដែលមានអធ្យាស្រ័យឱនទៅរកព្រះនិព្វានដោយប្រពៃ ហើយមានការប្រព្រឹត្តសង្រួមឥន្ទ្រិយក្នុងទ្វារទាំង ៦ ព្រះដ៏មានព្រះភាគទ្រង់ត្រាស់សម្ដែងនៅខាងចុងព្រះសូត្រនេះ ដែលមានខ្លឹមសារពីរោះដូចតទៅ ៖
ម្នាលសុនក្ខត្ត សេចក្ដីឧបមានេះ តថាគតបានធ្វើដើម្បីនឹងញ៉ាំងជនឱ្យដឹងសេចក្ដី ។ ឯសេចក្ដីក្នុងឧបមានុ៎ះដូចតទៅនេះ ។ ម្នាលសុនក្ខត្ត ពាក្យថា ដំបៅ នុ៎ះ ជាឈ្មោះនៃអាយតនៈ ដែលប្រព្រឹត្តទៅខាងក្នុងទាំង ៦ ។ ម្នាលសុនក្ខត្ត ពាក្យថា ពិសជាទោស នុ៎ះ ជាឈ្មោះនៃអវិជ្ជា ។ ម្នាលសុនក្ខត្ត ពាក្យថា សរ នុ៎ះ ជាឈ្មោះនៃតណ្ហា ។ ម្នាលសុនក្ខត្ត ពាក្យថា គ្រឿងសម្រាប់រាវរក នុ៎ះ ជាឈ្មោះនៃស្មារតី ។ ម្នាលសុនក្ខត្ត ពាក្យថា សស្ត្រា នុ៎ះ ជាឈ្មោះនៃបញ្ញាដ៏ប្រសើរ ។ ម្នាលសុនក្ខត្ត ពាក្យថា ពេទ្យវះដ៏ជំនាញ នុ៎ះ ជាឈ្មោះនៃព្រះតថាគតអរហន្តសម្មាសម្ពុទ្ធ ។
ម្នាលសុនក្ខត្ត ភិក្ខុនោះឯង ជាអ្នកធ្វើនូវការសង្រួមក្នុងផស្សាយតនៈទាំង ៦ ដឹងច្បាស់ថាកិលេសជាឫសនៃសេចក្ដីទុក្ខ លុះដឹងដូច្នេះហើយ ក៏ជាអ្នកមិនមានកិលេស ជាអ្នករួចស្រឡះហើយ ព្រោះការអស់ទៅនៃកិលេស នឹងបង្អោនកាយ ឬនឹងផ្ដេកផ្ដួលចិត្តទៅក្នុងកិលេស ពាក្យដូច្នេះនេះ មិនសមហេតុឡើយ ។ ម្នាលសុនក្ខត្ត ដូចផ្តិលសំរឹទ្ធិ ដល់ព្រមដោយពណ៌ ដោយក្លិន ដោយរស តែថាផ្តិលសំរឹទ្ធិនោះប្រឡាក់ដោយថ្នាំពិស ។ កាលបើមានបុរសអ្នកចង់រស់មិនចង់ស្លាប់ ចង់សុខ ខ្ពើមទុក្ខ មកដល់ ។ ម្នាលសុនក្ខត្ត អ្នកសម្គាល់សេចក្ដីនោះថាដូចម្ដេច តើបុរសនោះ គួរផឹកទឹក នឹងផ្តិលសំរឹទ្ធិឯណោះ ដែលខ្លួនដឹងថា អាត្មាអញផឹកទឹកនេះទៅហើយ នឹងដល់នូវមរណៈ ឬដល់នូវសេចក្ដីទុក្ខស្ទើរតែមរណៈដែរឬ ។ បពិត្រព្រះអង្គដ៏ចម្រើន មិនផឹកទឹកនឹងផ្តិលសំរឹទ្ធិនុ៎ះទេ ។
ម្នាលសុនក្ខត្ត សេចក្ដីនេះមានឧបមេយ្យដូចភិក្ខុនោះឯង ជាអ្នកធ្វើនូវការសង្រួមក្នុងផស្សាយតនៈ ៦ ដឹងថាកិលេសជាឫសនៃសេចក្ដីទុក្ខ ។បេ។ ពាក្យដូច្នេះនុ៎ះ មិនសមហេតុឡើយ ។ ម្នាលសុនក្ខត្ត ដូចជាអាសិរពិស មានពិសដ៏ពន្លឹក ។ កាលបើបុរសអ្នកចង់រស់ មិនចង់ស្លាប់ ចង់សុខ ខ្ពើមទុក្ខ មកដល់ ។ ម្នាលសុនក្ខត្ត អ្នកសម្គាល់សេចក្ដីនោះដូចម្ដេច តើបុរសនោះ គួរហុចដៃទាំងឡាយ ឬហុចមេដៃឱ្យដល់អាសិរពិសមានពិសដ៏ពន្លឹកឯណោះ ដែលខ្លួនដឹងថា អាសិរពិសនេះចឹកអាត្មាអញហើយ នឹងដល់នូវមរណៈ ឬដល់នូវសេចក្ដីទុក្ខស្ទើរតែមរណៈដែរឬ ។ បពិត្រព្រះអង្គដ៏ចម្រើន មិនហុចឱ្យអាសិរពិសនោះទេ ។
ម្នាលសុនក្ខត្ត សេចក្ដីនេះមានឧបមេយ្យដូចភិក្ខុនោះឯង ជាអ្នកធ្វើនូវការសង្រួមក្នុងផស្សាយតនៈ៦ ដឹងច្បាស់ថា កិលេសជាឫសនៃសេចក្ដីទុក្ខ លុះដឹងដូច្នេះហើយ ក៏ជាអ្នកមិនមានកិលេស រួចស្រឡះហើយ ព្រោះតែការអស់ទៅនៃកិលេស នឹងបង្អោនកាយ ឬផ្ដេកផ្ដួលចិត្តទៅរកកិលេសពាក្យដូច្នេះនុ៎ះ មិនសមហេតុឡើយ។លុះព្រះមានព្រះភាគសម្ដែងព្រះសូត្រនេះចប់ហើយ សុនក្ខត្តលិច្ឆវិបុត្ត មាន ចិត្តត្រេកអរ រីករាយហើយ ចំពោះភាសិត របស់ព្រះមានព្រះភាគ។
ដកស្រង់ពីសៀវភៅ សិក្សាព្រះសូត្រ ភាគទី១៣
ដោយ៥០០០ឆ្នាំ
images/articles/2757/sfdgcsddxdvgchfbcf.jpg
ផ្សាយ : ២៦ មករា ឆ្នាំ២០២១ (អាន: ២២៣១៣ ដង)
សម័យមួយ ព្រះដ៏មានព្រះភាគ ទ្រង់គង់ក្នុងសាមគ្រាម ក្នុងដែនសក្កៈ ។ សម័យនោះឯង និគណ្ឋនាដបុត្ត ទើបតែធ្វើមរណកាល ក្នុងដែនបាវា ។ ព្រោះកាលកិរិយានៃនិគណ្ឋនាដបុត្តនោះ ពួកនិគ្រន្ថជាកូនសិស្ស បានបាក់បែកឈ្លោះប្រកែកគ្នាជា ២ ពួក ប្រកួតប្រកាន់ចាក់ដោតគ្នាដោយលំពែងគឺមាត់ ។
អដ្ឋកថាប្រាប់ថា ការឈ្លោះទាស់ទែងគ្នានេះ ព្រោះមកអំពីនិគណ្ឋនាដបុត្ត គិតឃើញថាលទ្ធិរបស់ខ្លួននេះ មិនអាចដឹកនាំសត្វឱ្យរួចផុតចាកទុក្ខបានឡើយ ជាលទ្ធិប្រាសចាកសារៈ ។ ដើម្បីកុំឱ្យ អ្នកដែលជឿតាមធ្លាក់ចុះកាន់អបាយភូមិ និគណ្ឋនាដបុត្ត មុននឹងមរណភាពបានប្រាប់កូនសិស្សពួកខ្លះដោយឧច្ឆេទវាទ ប្រាប់កូនសិស្សពួកខ្លះទៀតដោយសស្សតវាទ ដោយគិតថា ឱ្យកូនសិស្សទាំងអស់នេះវិវាទគ្នា កាលដែលវិវាទគ្នាហើយនឹងបានចូលទៅរកព្រះពុទ្ធសាសនា យកព្រះពុទ្ធសាសនាជាធំ ។
ក្នុងកាលនោះ ព្រះចុន្ទៈ ជាប្អូនបង្កើតរបស់ព្រះធម្មសេនាបតី លោកនៅចាំវស្សាក្នុងដែនបាវា បានជ្រាបរឿងរ៉ាវពួកនិគ្រន្ថដូច្នេះហើយ ក៏បាននិមន្តមករកព្រះអានន្ទជាព្រះឧបជ្ឈាយ៍ នៅនាសាមគ្រាម ហើយពិតទូលអំពីរឿងនោះឯង ។ ព្រះអានន្ទដ៏មានអាយុ និងព្រះចុន្ទៈ បាននិមន្តចូលគាល់ព្រះដ៏មានព្រះភាគ ក្រាបទូលព្រះដ៏មានព្រះភាគសព្វគ្រប់ហើយ ទើបព្រះអានន្ទបន្តសេចក្ដីក្រាបទូលព្រះអង្គទៀតថា បពិត្រព្រះអង្គដ៏ចម្រើន ខ្ញុំព្រះអង្គមានសេចក្ដីត្រិះរិះ យ៉ាងនេះថា អំណើះអត់អំពីព្រះដ៏មានព្រះភាគទៅ សូមកុំឱ្យមានវិវាទកើតឡើងក្នុងសង្ឃឡើយ ព្រោះថាវិវាទនោះ នឹងប្រព្រឹត្តទៅដើម្បីមិនជាគុណដល់ជនច្រើន មិនជាសុខដល់ជនច្រើន មិនជាប្រយោជន៍ មិនជាសេចក្ដីចម្រើនដល់ជនច្រើន ជាទុក្ខដល់ទេវតា និងមនុស្សទាំងឡាយ ។
ព្រះអានន្ទលើកអំពីវិវាទក្នុងសង្ឃ ព្រោះអាជីវៈជាហេតុខ្លះ ព្រោះអធិប្បាតិមោក្ខជាហេតុខ្លះ ចំណែកព្រះដ៏មានព្រះភាគទ្រង់ត្រាស់ថា វិវាទព្រោះអាជីវៈ និងព្រោះអធិប្បាតិមោក្ខ ជាហេតុនេះ គ្រាន់តែជាការបន្តិចបន្តួចទេ ។ ព្រះពុទ្ធអង្គទ្រង់ត្រាស់អំពីវិវាទដែលកើតឡើងក្នុងសង្ឃ ព្រោះអាស្រ័យមគ្គ ឬព្រោះអាស្រ័យបដិបទា វិវាទនោះ នឹងប្រព្រឹត្តទៅដើម្បីមិនជាគុណ មិនជាសុខ មិនជាប្រយោជន៍ មិនជាសេចក្ដីចម្រើន ដល់ជនច្រើន រមែងជាទុក្ខដល់ទេវតានិងមនុស្សទាំងឡាយ ។
ព្រះអដ្ឋកថាប្រាប់ថា កាលណាចូលដល់លោកុត្តរមគ្គ វិវាទរមែងស្ងប់រំងាប់ទៅដោយប្រការទាំងពួង គឺថា វិវាទរមែងមិនមានដល់បុគ្គលដែលបានសម្រេចនូវមគ្គទាំងឡាយ ( មានសោតាបត្តិមគ្គ ជាដើម ) ឡើយ ។ វិវាទព្រោះអាស្រ័យមគ្គ ឬព្រោះអាស្រ័យបដិបទា សំដៅយកមគ្គឬបដិបទាជាបុព្វភាគ បានដល់មគ្គប្បដិបទាជាចំណែកខាងដើម គឺនៅជាលោកិយហ្នឹងឯង ។ ព្រះពុទ្ធអង្គទ្រង់ត្រាស់អំពីវិវាទមូល ៦ ប្រការ ៖
១-កោធនោ ហោតិ ឧបនាហី
២-មក្ខី ហោតិ បឡាសី
៣-ឥស្សុកី ហោតិ មច្ឆរី
៤-សថោ ហោតិ មាយាវី
៥-បាបិច្ឆោ ហោតិ មិច្ឆាទិដ្ឋី
៦-សន្ទិដ្ឋី បរាមាសី ហោតិ អាធានគ្គាហី ទុប្បដិនិស្សគ្គី ជាអ្នកស្ទាបអង្អែលនូវការយល់ខុសរបស់ខ្លួន និងជាអ្នកប្រកាន់មាំ លះបង់បានដោយកម្រ ។
ព្រះដ៏មានព្រះភាគទ្រង់ត្រាស់ថា ភិក្ខុដែលមាននូវវិវាទមូល ដោយនូវប្រការនីមួយៗ ឈ្មោះថា មិនគោរពកោតក្រែងព្រះសាស្ដា មិនគោរពកោតក្រែងព្រះធម៌ មិនគោរពកោតក្រែងព្រះសង្ឃ និងមិនធ្វើឱ្យពេញលេញក្នុងសិក្ខា ភិក្ខុនោះ ឈ្មោះថាបង្កើតវិវាទក្នុងសង្ឃ ។ ព្រះពុទ្ធអង្គទ្រង់ត្រាស់ប្រទានឱវាទឱ្យព្យាយាមលះបង់នូវវិវាទមូលដ៏លាមកនោះចេញ ។
ជាបន្តក្នុងព្រះសូត្រ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់សម្ដែងអំពី អធិករណ៍ ៤ យ៉ាង និង អធិករណសមថៈ ៧ យ៉ាង ។ ជាទីបញ្ចប់ ព្រះអង្គទ្រង់ត្រាស់សម្ដែងនូវ សារាណីយធម៌ ៦ ប្រការ ព្រមទាំងអានិសង្សផង ។
ដកស្រង់ពីសៀវភៅ សិក្សាព្រះសូត្រ ភាគទី១៣
ដោយ៥០០០ឆ្នាំ
images/articles/2756/rfrsxefcsd.jpg
ផ្សាយ : ២៦ មករា ឆ្នាំ២០២១ (អាន: ៨៦១៤ ដង)
តាមខ្លឹមសារនៅក្នុងកេវដ្ដសូត្រ បិដកលេខ ១៥ គឺមហភូតរូប ៤ ដែលមិនជាប់ដោយឥន្ទ្រិយ មិនមែនជាទុក្ខសច្ច ដូចជាផែនដី ព្រៃភ្នំ ទន្លេសមុទ្រ ភ្នំមាសភ្នំប្រាក់ជាដើមនេះ មិនត្រូវលើកឡើងជាសំណួរថា រលត់អស់មិនមានសេសសល់ក្នុងទីណានោះទេ ពីព្រោះក្នុងធម្មជាតិទាំងអស់នេះ មិនមានវិសុទ្ធិ ៧ ។
អ្វីដែលត្រូវលើកយកមកសួរថា រលត់អស់មិនមានសេសសល់ក្នុងទីណា គឺនាមរូបក្នុងសត្វលោកដែលជាប់ដោយជីវិតិន្ទ្រិយ ជាទុក្ខសច្ចអាស្រ័យតណ្ហាជាសមុទយៈ ។ ឯចម្លើយត្រូវលើកយកព្រះនិព្វានជានិរោធសច្ចមកឆ្លើយថា នាមរូបដែលសន្មតថាសត្វលោកហ្នឹងឯង រលត់អស់មិនមានសេសសល់ក្នុងព្រះនិព្វានជានិរោធសច្ចនោះ ព្រោះការរលត់ទៅនៃអភិសង្ខារវិញ្ញាណ ។
អដ្ឋកថា កេវដ្ដសូត្រប្រាប់ថា អភិសង្ខារវិញ្ញាណស្សាបិ អនុប្បាទនិរោធេន អនុប្បាទវសេន ឧបរុជ្ឈតិ ព្រោះអនុប្បាទនិរោធនៃអភិសង្ខារវិញ្ញាណ ទើប ឧបរុជ្ឈតិ គឺនាមរូបរលត់ដោយអំណាចនៃការមិនកើតឡើង ។
អនុប្បាទនិរោធ គឺព្រះអដ្ឋកថាពន្យល់ក្នុងព្រះពុទ្ធដីកានៃកេវដ្ដសូត្រ ដែលព្រះអង្គទ្រង់ត្រាស់សម្ដែងថា
ឯត្ថ នាមញ្ច រូបញ្ច អសេសំ ឧបរុជ្ឈតិ
វិញ្ញាណស្ស និរោធេន ឯត្ថេតំ ឧបរុជ្ឈតីតិ ។
នាម និងរូប រមែងរលត់ឥតមានសេសសល់ក្នុងព្រះនិព្វាននោះ នាម និងរូបនេះ រមែងរលត់ក្នុងព្រះនិព្វាននោះ ព្រោះរលត់ទៅនៃវិញ្ញាណ ។
ពាក្យថា ឯត្ថ គឺចង្អុលប្រាប់ចំពោះព្រះនិព្វាននោះ ដែលព្រះអង្គទ្រង់ត្រាស់កន្លះព្រះគាថាខាងដើមថា វិញ្ញាណំ អនិទស្សនំ អនន្តំ សព្វតោ បភំ ។
ចំពោះ អនុប្បាទនិរោធ នេះ នៅក្នុងបិដកលេខ ៦៧ ( ចូឡនិទ្ទេស ) ទំព័រ ៣៣ សម្ដែងប្រាប់ថា រលត់ដោយមគ្គញ្ញាណ ៤ មានសោតាបត្តិមគ្គជាដើម ។
ដកស្រង់ពីសៀវភៅ សិក្សាព្រះសូត្រ ភាគទី១៣
ដោយ៥០០០ឆ្នាំ
images/articles/2755/dghcdrfxvdvszd.jpg
ផ្សាយ : ២៦ មករា ឆ្នាំ២០២១ (អាន: ៧៨២៤ ដង)
សម័យមួយ ព្រះដ៏មានព្រះភាគទ្រង់គង់ប្រថាប់នៅនាដងព្រៃ ជិតក្រុងកុសិនារា ។ ក្នុងទីនោះឯង ព្រះអង្គទ្រង់ត្រាស់សួរភិក្ខុទាំងឡាយថា ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ ធ្លាប់មានសេចក្ដីត្រិះរិះចំពោះតថាគតថា ព្រះសមណគោតមសម្ដែងធម៌ព្រោះហេតុចីវរខ្លះ... ព្រោះហេតុបិណ្ឌបាតខ្លះ... ព្រោះហេតុសេនាសនៈខ្លះ ព្រះសមណគោតមសម្ដែងធម៌ព្រោះហេតុភពតូចភពធំខ្លះ ដូច្នេះដែរឬ ? ( កិន្តិ = កឹ + ឥតិ ) ។
ភិក្ខុទាំងឡាយ ក្រាបទូលថា បពិត្រព្រះអង្គដ៏ចម្រើន ខ្ញុំព្រះអង្គទាំងឡាយ ពុំដែលមានសេចក្ដីត្រិះរិះចំពោះព្រះដ៏មានព្រះភាគថា ព្រះសមណគោតមសម្ដែងធម៌ព្រោះហេតុចីវរខ្លះ... ព្រោះហេតុបិណ្ឌបាតខ្លះ... ព្រោះហេតុសេនាសនៈខ្លះ ព្រះសមណគោតមសម្ដែងធម៌ព្រោះហេតុភពតូចភពធំខ្លះ ដូច្នេះឡើយ ។
កាលដែលព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់សាកសួរបញ្ជាក់អំពីសេចក្ដីត្រិះរិះរបស់ភិក្ខុទាំងឡាយ ចំពោះការត្រាស់សម្ដែងព្រះធម៌របស់ព្រះអង្គនោះ ថាដូចម្ដេច ទើបភិក្ខុទាំងឡាយក្រាបទូលថា បពិត្រព្រះអង្គដ៏ចម្រើន ខ្ញុំព្រះអង្គទាំងឡាយ មានសេចក្ដីត្រិះរិះចំពោះព្រះដ៏មានព្រះភាគយ៉ាងនេះថា ព្រះដ៏មានព្រះភាគ ជាអ្នកអនុគ្រោះ ស្វែងរកប្រយោជន៍ អាស្រ័យនូវសេចក្ដីអនុគ្រោះ ទើបសម្ដែងធម៌ ។
ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ បានឮថា អ្នកទាំងឡាយមានសេចក្ដីត្រិះរិះ ចំពោះតថាគតយ៉ាងនេះថា ព្រះដ៏មានព្រះភាគ ជាអ្នកអនុគ្រោះ ស្វែងរកប្រយោជន៍ អាស្រ័យនូវសេចក្ដីអនុគ្រោះ ទើបសម្ដែងធម៌ ម្នាលភិក្ខុទាំងឡាយ ព្រោះហេតុនោះ ធម៌ទាំងឡាយណា ដែលតថាគតត្រាស់ដឹងហើយ សម្ដែងហើយ ដូចជាសតិប្បដ្ឋាន ៤ សម្មប្បធាន ៤ ឥទ្ធិបាទ ៤ ឥន្ទ្រិយ ៥ ពលៈ ៥ ពោជ្ឈង្គ ៧ មគ្គដ៏ប្រសើរប្រកបដោយអង្គ ៨ អ្នកទាំងឡាយរាល់រូបគប្បីព្រមព្រៀងគ្នា គប្បីរីករាយរកគ្នា កុំវិវាទគ្នា គប្បីសិក្សាក្នុងធម៌ទាំងនោះចុះ ។
ជាបន្តក្នុងព្រះសូត្រ ព្រះដ៏មានព្រះភាគទ្រង់ត្រាស់សម្ដែងអំពីការសម្រុះសម្រួលគ្នា កុំឱ្យមានវិវាទនឹងគ្នាក្នុងអភិធម្ម ទាក់ទងដោយអត្ថនិងព្យញ្ជនៈ ។ សម្រុះសម្រួលក្នុងវិន័យ តាមដែលមានភិក្ខុត្រូវអាបត្តិ ជាការប្រព្រឹត្តល្មើស ឱ្យចេញចាកអកុសលធម៌ មកតាំងនៅក្នុងកុសលធម៌វិញ ។ សម្រុះសម្រួលក្នុងរឿងដែលនិយាយស្ដី មានវចីសង្ខារមិនល្អ វាយឫកដោយទិដ្ឋិ មានចិត្តអាឃាតព្យាបាទ មិនស្ដាប់គ្នា មិនត្រេកអររកគ្នា ។ ព្រះពុទ្ធអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុកាលនឹងពោលដោយប្រពៃ គប្បីពោលយ៉ាងនេះថា ម្នាលអាវុសោ ភិក្ខុបើមិនលះបង់នូវធម៌នោះទេ នឹងមិនធ្វើឱ្យ ជាក់ច្បាស់នូវព្រះនិព្វានបានឡើយ ។
នៅខាងចុងនៃព្រះសូត្រ ព្រះដ៏មានព្រះភាគទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ បើមានភិក្ខុពួកដទៃ សួរភិក្ខុនោះយ៉ាងនេះថា លោកដ៏មានអាយុ បានធ្វើឱ្យភិក្ខុទាំងនេះរបស់ពួកយើង ចេញចាកអំពីអកុសលធម៌ ហើយតាំងនៅក្នុងកុសលធម៌ដែរឬ ? ម្នាលភិក្ខុទាំងឡាយ ភិក្ខុកាលនឹងពោលដោយប្រពៃ គប្បីពោលយ៉ាងនេះថា ម្នាលអាវុសោ ក្នុងទីនេះ ខ្ញុំព្រះករុណាបានចូលទៅគាល់ព្រះដ៏មានព្រះភាគ ព្រះអង្គទ្រង់សម្ដែងព្រះធម៌ដល់ខ្ញុំព្រះករុណា ខ្ញុំព្រះករុណាបានស្ដាប់ព្រះធម៌ដែលព្រះអង្គទ្រង់ត្រាស់សម្ដែងហើយ បានសម្ដែងប្រាប់ដល់ភិក្ខុទាំងនោះ ភិក្ខុទាំងនោះ ក៏បានស្ដាប់ធម៌នោះ ហើយចេញចាកអកុសលធម៌ បានតាំងនៅក្នុងកុសលធម៌ ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុកាលពោលយ៉ាងនេះ មិនឈ្មោះថាលើកតម្កើងខ្លួន មិនឈ្មោះថាសង្កត់សង្កិនបុគ្គលដទៃទេ ឈ្មោះថាជាអ្នកពោលប្ដេជ្ញានូវធម៌តាមធម៌ ម្យ៉ាងទៀត វាទៈនិងអនុវាទៈដែលប្រកបដោយហេតុណាមួយ រមែងមិនមកកាន់ឋានៈដែលអ្នកប្រាជ្ញគប្បីតិះដៀលបានឡើយ ។ លុះព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់សម្ដែងនូវកិន្តិសូត្រនេះចប់ហើយ ភិក្ខុទាំងនោះ ក៏មានចិត្តត្រេកអរ រីករាយ ចំពោះភាសិតរបស់ព្រះដ៏មានព្រះភាគ ។
ដកស្រង់ពីសៀវភៅ សិក្សាព្រះសូត្រ ភាគទី១៣
ដោយ៥០០០ឆ្នាំ
images/articles/3015/2020-09-02_12_51_28-Window.jpg
ផ្សាយ : ២៦ មករា ឆ្នាំ២០២១ (អាន: ១៣៩៩៣ ដង)
សម័យមួយ ព្រះមានព្រះភាគ ទ្រង់ពុទ្ធដំណើរទៅកាន់ចារិក ក្នុងដែនកោសល ព្រមដោយភិក្ខុសង្ឃជាច្រើន ក៏បានដល់ទៅស្រុកព្រាហ្មណ៍ ឈ្មោះឱបាសាទ របស់ដែនកោសល ។ ដំណឹងនោះឮថា ព្រះមានជោគ ទ្រង់គង់ក្នុងសាលវ័ន ជាទេវវ័ន [ក្នុងព្រៃនោះ អ្នកផងតែងធ្វើពលិកម្មថ្វាយពួកទេវតា បានជាហៅថា ទេវវ័ន ឬនឹងហៅថា សាលវ័ន ក៏បាន ។ អដ្ឋកថា ។] នៅខាងជើងឱបាសាទគ្រាម ជិតឱបាសាទគ្រាម ។ ក្នុងសម័យនោះឯង មានព្រាហ្មណ៍ម្នាក់ ឈ្មោះចង្កី នៅអាស្រ័យនឹងឱបាសាទគ្រាម ដែលជាស្រុកកុះករដោយសត្វ និងមនុស្ស បរិបូណ៌ដោយស្មៅ ឧស និងទឹក បរិបូណ៌ដោយធញ្ញាហារ ជាស្រុកព្រះរាជទ្រព្យ ដែលព្រះរាជាបសេនទិកោសល ទ្រង់ព្រះរាជទាន ជាព្រះរាជអំណោយដ៏ប្រសើរ គឺទ្រង់ប្រទានដោយដាច់ខាត ។
[៦៤] ពួកព្រាហ្មណ៍ និងគហបតីនៅក្នុងឱបាសាទគ្រាម បានឮដំណឹងថា ព្រះសមណគោតម ជាសក្យបុត្រ ទ្រង់ចេញចាកសក្យត្រកូល ទ្រង់ព្រះផ្នួស ទ្រង់ពុទ្ធដំណើរមកកាន់ចារិក ក្នុងដែនកោសល ព្រមដោយភិក្ខុសង្ឃជាច្រើន បានដល់មកឱបាសាទគ្រាម ឥឡូវនេះ មកគង់ក្នុងឱបាសាទគ្រាម ក្នុងសាលវ័នជាទេវវ័ន នៅខាងជើងឱបាសាទគ្រាម កិត្តិសព្ទល្អ នៃព្រះគោតមដ៏ចម្រើន អង្គនោះ ឮល្បីខ្ចរខ្ចាយ សុះសាយយ៉ាងនេះថា ព្រះមានជោគអង្គនោះ ព្រះអង្គឆ្ងាយចាកសេចក្តីសៅហ្មងគ្រប់យ៉ាង ព្រះអង្គត្រាស់ដឹងនូវញេយ្យធម៌ទាំងពួង ដោយប្រពៃ ចំពោះព្រះអង្គ ព្រះអង្គបរិបូណ៌ដោយវិជ្ជា និងចរណៈ គឺសេចក្តីចេះដឹង និងក្រឹត្យដែលបុគ្គលគប្បីប្រព្រឹត្ត ព្រះអង្គមានព្រះដំណើរល្អទៅកាន់ព្រះនិព្វាន ព្រះអង្គជ្រាបច្បាស់នូវត្រៃលោក ព្រះអង្គប្រសើរដោយសីលាទិគុណ រកបុគ្គលណាមួយស្មើគ្មាន ព្រះអង្គជាអ្នកទូន្មាននូវបុរស ដែលគួរទូន្មានបាន ព្រះអង្គជាគ្រូនៃទេវតា និងមនុស្សទាំងឡាយ ព្រះអង្គបានត្រាស់ដឹងនូវអរិយសច្ចធម៌ ព្រះអង្គលែងវិលត្រឡប់មកកាន់ភពថ្មីទៀត ព្រះអង្គបានធ្វើឲ្យជាក់ច្បាស់ ដោយប្រាជ្ញា ចំពោះព្រះអង្គ នូវលោកនេះ ព្រមទាំងទេវលោក មារលោក ព្រហ្មលោក នូវពពួកសត្វ ព្រមទាំងសមណៈ និងព្រាហ្មណ៍ ទាំងមនុស្សជាសម្មតិទេព និងមនុស្សដ៏សេស ហើយប្រកាស ទ្រង់សំដែងធម៌ មានលម្អបទដើម មានលម្អបទកណ្តាល និងបទចុង ព្រះអង្គប្រកាសនូវព្រហ្មចរិយធម៌ ព្រមទាំងអត្ថ និងព្យញ្ជនៈ ដ៏ពេញបរិបូណ៌ បរិសុទ្ធទាំងអស់ ក៏ដំណើរដែលបានឃើញ បានចួបនឹងព្រះអរហន្តទាំងឡាយ មានសភាពយ៉ាងហ្នឹង ជាការប្រពៃពេក ។
លំដាប់នោះ ពួកព្រាហ្មណ៍ និងគហបតី នៅក្នុងឱបាសាទគ្រាម ចេញអំពីឱបាសាទគ្រាម ជាពួក ជាក្រុម ជាគណៈ មានមុខឆ្ពោះទៅកាន់ឧត្តរទិស សំដៅទៅកាន់សាលវ័ន ជាទេវវ័ន ។ ក៏សម័យនោះឯង ចង្កីព្រាហ្មណ៍ ចូលទៅដេកក្នុងវេលាថ្ងៃ ឰដ៏ប្រាសាទជាន់ខាងលើ ។
[៦៥] ចង្កីព្រាហ្មណ៍ បានឃើញពួកព្រាហ្មណ៍ និងគហបតី នៅក្នុងឱបាសាទគ្រាម ចេញអំពីឱបាសាទគ្រាម ជាពួក ជាក្រុម ជាគណៈ មានមុខឆ្ពោះទៅកាន់ឧត្តរទិស ដើរត្រសងទៅកាន់សាលវ័ន ជាទេវវ័ន លុះឃើញហើយ ក៏និយាយទៅរកខត្តាមាត្យថា ម្នាលខត្តៈ ចុះហេតុដូចម្តេច បានជាពួកព្រាហ្មណ៍ និងគហបតី នៅក្នុងឱបាសាទគ្រាម ជាពួក ជាក្រុម ជាគណៈ មានមុខឆ្ពោះទៅកាន់ឧត្តរទិស ដើរត្រសងទៅកាន់សាលវ័ន ជាទេវវ័ន ។
ខត្តាមាត្យជំរាបថា បពិត្រលោកចង្កីដ៏ចម្រើន មានព្រះសមណគោតម ជាសក្យបុត្រ ចេញចាកសក្យត្រកូល ទ្រង់ព្រះផ្នួស ទ្រង់ពុទ្ធដំណើរមកកាន់ចារិក ក្នុងដែនកោសល ព្រមដោយភិក្ខុសង្ឃ ជាច្រើន ឥឡូវ បានមកដល់ឱបាសាទគ្រាម ទ្រង់គង់នៅក្នុងសាលវ័ន ជាទេវវ័ន ក្បែរឱបាសាទគ្រាម ជាខាងជើងនៃឱបាសាទគ្រាម ក៏កិត្តិសព្ទល្អ នៃព្រះគោតមដ៏ចម្រើននោះ ឮល្បីខ្ចរខ្ចាយ សុះសាយមក យ៉ាងនេះថា ព្រះមានព្រះភាគអង្គនោះ ជាអហរន្តសម្មាសម្ពុទ្ធ ទ្រង់បរិបូណ៌ដោយវិជ្ជា និងចរណៈ ជាព្រះសុគត ជ្រាបច្បាស់នូវលោក ជាបុគ្គលប្រសើរបំផុត ជាសារថីទូន្មាននូវបុរស ជាសាស្តានៃទេវតា និងមនុស្សទាំងឡាយ ព្រះអង្គបានត្រាស់ដឹងនូវចតុរារិយសច្ច ព្រះអង្គលែងវិលមកកាន់ភពថ្មីទៀត ពួកព្រាហ្មណ៍ និងគហបតីទាំងនុ៎ះ ដើរចូលទៅដើម្បីគាល់ព្រះគោតមដ៏ចម្រើន ។
ចង្កីព្រាហ្មណ៍និយាយថា ម្នាលខត្តៈដ៏ចម្រើន បើដូច្នោះ អ្នកចូរចូលទៅរកពួកព្រាហ្មណ៍ និងគហបតី ដែលនៅក្នុងឱបាសាទគ្រាម លុះចូលទៅដល់ហើយ និយាយនឹងពួកព្រាហ្មណ៍ និងគហបតី អ្នកនៅក្នុងឱបាសាទគ្រាម យ៉ាងនេះថា ម្នាលអ្នកទាំងឡាយដ៏ចម្រើន ចង្កីព្រាហ្មណ៍ បាននិយាយយ៉ាងនេះថា សូមឲ្យអ្នកដ៏ចម្រើនទាំងឡាយ រង់ចាំបន្តិចសិន ដ្បិតចង្កីព្រាហ្មណ៍ ចង់ចូលទៅគាល់ព្រះសមណគោតមដែរ ។
ខត្តាមាត្យនោះ ទទួលពាក្យចង្កីព្រាហ្មណ៍ថា បាទ លោកដ៏ចម្រើន រួចចូលទៅរកពួកព្រាហ្មណ៍ និងគហបតី ដែលនៅក្នុងឱបាសាទគ្រាម លុះចូលទៅដល់ហើយ បានពោលទៅរកពួកព្រាហ្មណ៍ គហបតី ដែលនៅក្នុងឱបាសាទគ្រាម ដូច្នេះថា ម្នាលអ្នកដ៏ចម្រើនទាំងឡាយ ចង្កីព្រាហ្មណ៍ និយាយយ៉ាងនេះថា សូមឲ្យអ្នកទាំងឡាយ រង់ចាំបន្តិចសិន ដ្បិតចង្កីព្រាហ្មណ៍ ចង់ចូលទៅគាល់ព្រះគោតមដែរ ។
[៦៦] ក៏សម័យនោះឯង បណ្តាពួកព្រាហ្មណ៍ ដែលមកអំពីដែនដទៃផ្សេងៗ មានពួកព្រាហ្មណ៍ ចំនួន៥០០ នាក់ នៅអាស្រ័យក្នុងឱបាសាទគ្រាម ដោយកិច្ចណានីមួយៗ ។ ពួកព្រាហ្មណ៍ទាំងនោះ បានឮថា ចង្កីព្រាហ្មណ៍ នឹងចូលទៅគាល់ព្រះសមណគោតម ។ ទើបព្រាហ្មណ៍ទាំងនោះ នាំគ្នាចូលទៅរកចង្កីព្រាហ្មណ៍ ត្រង់កន្លែងដែលគាត់នៅ លុះចូលទៅដល់ហើយ បាននិយាយទៅរកចង្កីព្រាហ្មណ៍ ដូច្នេះថា ឮថា ចង្កីដ៏ចម្រើន នឹងចូលទៅគាល់ព្រះសមណគោតម មែនឬ ។
ចង្កីព្រាហ្មណ៍ឆ្លើយថា ម្នាលអ្នកដ៏ចម្រើនទាំងឡាយ យ៉ាងហ្នឹងហើយ ខ្ញុំឯងនឹងទៅគាល់ព្រះសមណគោតមមែន ។ ពួកព្រាហ្មណ៍និយាយឃាត់ថា ចង្កីដ៏ចម្រើន កុំចូលទៅគាល់ព្រះសមណគោតមឡើយ ចង្កីដ៏ចម្រើន មិនគួរចូលទៅគាល់ព្រះសមណគោតមទេ គួតែព្រះសមណគោតម ចូលមកចួបនឹងចង្កីដ៏ចម្រើនវិញ ដ្បិតចង្កីដ៏ចម្រើន មានកំណើតបរិសុទ្ធទាំងពីរចំណែក គឺខាងមាតា និងខាងបិតា ប្រសូតចាកគភ៌ដ៏បរិសុទ្ធ តាំងអំពីតំណ នៃជីដូនជីតាជាគម្រប់៧មក មិនមានអ្នកណាមួយ រិះគន់ តិះដៀល ដោយពោលដល់ជាតិកំណើតបានឡើយ ចង្កីដ៏ចម្រើន មានកំណើតបរិសុទ្ធទាំងពីរចំណែក គឺខាងមាតា និងខាងបិតា ប្រសូតចាកគភ៌ដ៏បរិសុទ្ធ តាំងអំពីតំណនៃជីដូនជីតា ជាគម្រប់៧មក មិនមានអ្នកណាមួយ រិះគន់ តិះដៀល ដោយពោលដល់ជាតិកំណើតបានឡើយ ដោយហេតុណា ហេតុនោះ បានជាចង្កីដ៏ចម្រើន មិនគួរចូលទៅគាល់ព្រះសមណគោតមទេ គួរតែព្រះសមណគោតមចូលមកចួបនឹងចង្កីដ៏ចម្រើនវិញ មួយទៀត ចង្កីដ៏ចម្រើន ជាអ្នកស្តុកស្តម្ភ មានទ្រព្យច្រើន មានគ្រឿងបរិភោគច្រើន មិនតែប៉ុណ្ណោះ ចង្កីដ៏ចម្រើន ចេះចប់ត្រៃវេទ ព្រមទាំងគម្ពីរនិឃណ្ឌុ និងគម្ពីរកេដុភៈ ព្រមទាំងអក្ខរប្បភេទ គឺសិក្ខា និងនិរុត្តិ ដែលមានគម្ពីរឥតិហាសៈ ជាគម្រប់៥ ជាអ្នកស្គាល់នូវបទ និងវេយ្យាករណ៍ ជាអ្នកមិនឱនថយ គឺស្ទាត់ជំនាញ ក្នុងលោកាយតសាស្ត្រ និងមហាបុរិសលក្ខណព្យាករណសាស្ត្រ មួយទៀត ចង្កីដ៏ចម្រើន មាន រូបល្អ គួរពិតពិលរមិលមើល គួរជាទីជ្រះថ្លា ប្រកបដោយពណ៌សម្បុរដ៏ល្អក្រៃលែង មានព្រះវ័ណ្ណ ស្រដៀងនឹងព្រហ្ម មានសរីរៈស្រដៀងគ្នានឹងព្រហ្ម មានសព៌ាង្គរាងកាយ គួរឲ្យចង់មើលមិនលែង មួយទៀត ចង្កីដ៏ចម្រើន ជាអ្នកមានសីល មានសីលដ៏ចម្រើន ប្រកបដោយសីលដ៏ចម្រើន មួយទៀត ចង្កីដ៏ចម្រើន មានសំដីពីរោះ និយាយសំដីពីរោះ ប្រកបដោយសំដីអ្នកក្រុង ជាសំដីច្បាស់លាស់ ប្រាសចាកទោស អាចញុំាងអ្នកស្តាប់ ឲ្យចូលចិត្តសេចក្តីជាក់លាក់បាន មួយទៀត ចង្កីដ៏ចម្រើន ជាអាចារ្យ ជាប្រធានលើអាចារ្យនៃពួកជនច្រើន បានបង្រៀនមន្តមាណព ៣០០ នាក់ មួយទៀត ចង្កីដ៏ចម្រើន ព្រះបាទបសេនទិកោសល តែងធ្វើសក្ការៈ ធ្វើសេចក្តីគោរព រាប់អាន បូជា កោតក្រែង ទាំងបោក្ខរសាតិព្រាហ្មណ៍ ក៏តែងធ្វើសក្ការៈ ធ្វើសេចក្តីគោរព រាប់អាន បូជា កោតក្រែងចង្កីដ៏ចម្រើនដែរ មួយទៀត ចង្កីដ៏ចម្រើន នៅគ្រប់គ្រងឱបាសាទគ្រាម ដែលជាស្រុកកុះករ ដោយមនុស្ស និងសត្វ សម្បូណ៌ដោយស្មៅ ឧស និងទឹក បរិបូណ៌ដោយធញ្ញាហារ ជាស្រុកព្រះរាជទ្រព្យ ដែលព្រះបាទបសេនទិកោសល ប្រទាន ជាព្រះរាជអំណោយដ៏ប្រសើរ គឺទ្រង់ប្រទានដោយដាច់ខាត ចង្កីដ៏ចម្រើន នៅគ្រប់គ្រងឱបាសាទគ្រាម ដែលជាស្រុកកុះករដោយមនុស្ស និងសត្វ សម្បូណ៌ដោយស្មៅ ឧស និងទឹក បរិបូណ៌ដោយធញ្ញាហារ ជាស្រុកព្រះរាជទ្រព្យ ដែលព្រះបាទបសេនទិកោសល ប្រទាន ជាព្រះរាជអំណោយដ៏ប្រសើរ គឺព្រះរាជទានដោយដាច់ខាត ដោយហេតុណា ហេតុនេះ បានជាថា ចង្កីដ៏ចម្រើន មិនគួរចូលទៅចួបនឹងព្រះសមណគោតមឡើយ គួរតែព្រះសមណគោតម ចូលមកចួបនឹងចង្កីដ៏ចម្រើនវិញ ។
[៦៧] កាលបើពួកព្រាហ្មណ៍ និយាយយ៉ាងនេះហើយ ចង្កីព្រាហ្មណ៍ ក៏និយាយនឹងព្រាហ្មណ៍ទាំងនោះ យ៉ាងនេះថា នែអ្នកដ៏ចម្រើន បើដូច្នោះ ចូរស្តាប់ពាក្យខ្ញុំសិនថា បើទុកជាយ៉ាងណាៗ ក៏គួរតែយើងចូលទៅគាល់ព្រះសមណគោតមនោះវិញ មិនគួរឲ្យព្រះគោតមដ៏ចម្រើននោះ ចូលមកចួបនឹងយើងទេ នែអ្នកទាំងឡាយដ៏ចម្រើន ឮថា ព្រះសមណគោតម មានជាតិបរិសុទ្ធទាំងពីរចំណែក គឺខាងព្រះមាតា និងព្រះបិតា ប្រសូតចាកគភ៌ដ៏បរិសុទ្ធ តាំងពីតំណនៃព្រះអយ្យកោ អយ្យិកា ជាគម្រប់៧មក មិនមានអ្នកណាតិះដៀល ដោយពោលដល់ជាតិកំណើតបានឡើយ ព្រះសមណគោតម មានជាតិដ៏ល្អ ទាំងពីរចំណែក ។បេ ។
ដោយពោលដល់ជាតិកំណើតបានឡើយ ដោយហេតុណា ហេតុនេះ មិនគួរឲ្យព្រះគោតមដ៏ចម្រើននោះ ចូលមកចួបនឹងយើងទេ គួរតែយើងរាល់គ្នា ចូលទៅគាល់ព្រះគោតមដ៏ចម្រើននោះ ដោយពិត នែអ្នកទាំងឡាយដ៏ចម្រើន ឮថា ព្រះសមណគោតម ទ្រង់លះបង់មាសប្រាក់មានប្រមាណច្រើន ដែលឋិតនៅលើផែនដី ទាំងឋិតនៅក្នុងវេហាស៍ គឺក្នុងប្រាសាទជាន់លើ ហើយចេញទៅទ្រង់ព្រះផ្នួស នែគ្នាយើង ឮថាព្រះសមណគោតម ព្រះអង្គជាកម្ល៉ោះនៅឡើយ មានព្រះកេសាខ្មៅស្រិល ប្រកបដោយវ័យដ៏ចម្រើន គឺបឋមវ័យ ទ្រង់ចេញចាកគេហដ្ឋាន ចូលទៅកាន់ផ្នួស នែគ្នាយើង ឮថា ព្រះសមណគោតម កាលព្រះវរមាតាបិតា មិនពេញព្រះហឫទ័យ (នឹងការទ្រង់ព្រះផ្នួស) កំពុងមានព្រះភក្ត្រជោកជាំ ដោយទឹកព្រះនេត្រ ទ្រង់ព្រះកន្សែងសោយសោក ព្រះអង្គ ទ្រង់ដាក់ព្រះកេសា និងព្រះមស្សុ ទ្រង់ព្រះកាសាវពស្ត្រ ហើយចេញចាកគេហដ្ឋាន ចូលទៅកាន់ផ្នួស នែគ្នាយើង ឮថា ព្រះសមណគោតម មានព្រះ រូបល្អ គួរឲ្យរមិលមើល គួរជាទីជ្រះថ្លា ប្រកបដោយព្រះវណ្ណៈដ៏ល្អក្រៃលែង មានព្រះវណ្ណៈស្រដៀងនឹងព្រហ្ម មានព្រះសរីរៈស្រដៀងនឹងព្រហ្ម មានព្រះសព៌ាង្គរាងកាយ គួរឲ្យចង់មើលមិនលែង នែគ្នាយើង ឮថា ព្រះសមណគោតម ទ្រង់មានសីល មានសីលដ៏ប្រសើរ មានសីលជាកុសល ប្រកបដោយសីលជាកុសល នែគ្នាយើង ឮថា ព្រះសមណគោតម មានព្រះវាចាពីរោះ មានព្រះពុទ្ធដីកាដ៏ពីរោះ ប្រកបដោយវាចាជារបស់អ្នកក្រុង ជាព្រះវាចាច្បាស់លាស់ប្រាសចាកទោស អាចញុំាងអ្នកស្តាប់ឲ្យចូលចិត្តសេចក្តីច្បាស់លាស់បាន នែគ្នាយើង ឮថា ព្រះសមណគោតម ជាអាចារ្យ ជាប្រធានលើអាចារ្យរបស់ពួកជនច្រើន នែគ្នាយើង ឮថា ព្រះសមណគោតម អស់កាមរាគៈហើយ ប្រាសចាកសេចក្តីស្រើបស្រាលហើយ នែគ្នាយើង ឮថា ព្រះសមណគោតម ជាកម្មវាទី ជាកិរិយវាទី ព្រះអង្គ ទ្រង់ធ្វើធម៌ដែលគ្មានបាប ទុកជាខាងមុខ ក្នុងពួកព្រាហ្មណ៍ និងពួកសត្វ នែគ្នាយើង ឮថា ព្រះសមណគោតម ចេញចាកត្រកូលដ៏ខ្ពស់ខ្ពស់ ជាត្រកូលក្សត្រិយ៍ មិនលាយច្រឡំ ហើយមកទ្រង់ព្រះផ្នួស នែគ្នាយើង ឮថា ព្រះសមណគោតម ចេញចាកត្រកូលដ៏ស្តុកស្តម្ភ មានទ្រព្យច្រើន មានភោគៈច្រើន មកទ្រង់ព្រះផ្នួស នែគ្នាយើង ឮថា ពួកមនុស្ស អ្នកនៅដែនក្រៅ អ្នកនៅជនបទក្រៅ តែងនាំគ្នាមកសាកសួរព្រះសមណគោតម នែគ្នាយើង ឮថា ទេវតាច្រើនពាន់ បានដល់ព្រះសមណគោតម ជាទីពឹង ស្មើដោយជីវិត នែគ្នាយើង ឮថា កិត្តិសព្ទល្អ នៃព្រះសមណគោតម ល្បីខ្ចរខ្ចាយ សុសសាយទៅ យ៉ាងនេះថា ព្រះមានព្រះភាគអង្គនោះ ជាអរហន្ត សម្មាសម្ពុទ្ធ បរិបូណ៌ដោយវិជ្ជា និងចរណៈ ជាព្រះសុគត ជ្រាបច្បាស់នូវត្រៃលោក ប្រសើរបំផុត ជាសារថី ទូន្មាននូវបុរស ជាសាស្តានៃទេវតា និងមនុស្សទាំងឡាយ បានត្រាស់ដឹងនូវចតុរារិយសច្ចធម៌ ទ្រង់លែងវិលមកកាន់ភពថ្មីទៀត នែគ្នាយើង ឮថា ព្រះសមណគោតម ប្រកបដោយមហាបុរិសលក្ខណៈ ៣២ប្រការ នែគ្នាយើង ឮថា ព្រះបាទមាគធសេនិយពិម្ពិសារ ព្រមទាំងព្រះរាជបុត្រ ព្រះអគ្គមហេសី បានដល់ព្រះសមណគោតម ជាទីពឹង ស្មើដោយជីវិត នែគ្នាយើង ឮថា ព្រះបាទបសេនទិកោសល ព្រមទាំងព្រះរាជបុត្រ ព្រះអគ្គមហេសី បានដល់ព្រះសមណគោតម ជាទីពឹង ស្មើដោយជីវិត នែគ្នាយើង ឮថា បោក្ខរសាតិព្រាហ្មណ៍ ព្រមទាំងបុត្រ និងភរិយា បានដល់ព្រះសមណគោតម ជាទីពឹង ស្មើដោយជីវិត នែគ្នាយើង ឮថា ព្រះសមណគោតម ស្តេចមកដល់ឱបាសាទគ្រាមហើយ ឥឡូវនេះ គង់នៅក្នុងសាលវ័ន ជាទេវវ័ន ជាខាងជើងឱបាសាទគ្រាម ជិតឱបាសាទគ្រាម ពួកសមណៈ ឬព្រាហ្មណ៍ ណាមួយ ដែលមកដល់គាមក្ខេត្ត របស់យើងហើយ ពួកសមណព្រាហ្មណ៍ទាំងនោះ សុទ្ធតែជាភ្ញៀវរបស់យើង ភ្ញៀវហ្នឹងឯង ត្រូវតែយើងធ្វើសក្ការៈ គោរព រាប់អាន បូជា នែគ្នាយើង ក៏ព្រះសមណគោតមនេះឯង ស្តេចមកដល់ឱបាសាទគ្រាមហើយ ឥឡូវនេះ គង់ក្នុងសាលវ័ន ជាទេវវ័ន ជាខាងជើងឱបាសាទគ្រាម ជិតឱបាសាទគ្រាម ឯព្រះសមណគោតម ជាភ្ញៀវរបស់យើង ភ្ញៀវហ្នឹងឯង ក៏ត្រូវតែយើងធ្វើសក្ការៈ គោរព រាប់អាន បូជា ដោយហេតុនេះហើយ បានជាមិនគួរឲ្យព្រះសមណគោតមដ៏ចម្រើននោះ ចូលមកចួបនឹងយើងឡើយ តាមពិត គួរតែពួកយើង ចូលទៅគាល់ព្រះសមណគោតមដ៏ចម្រើននោះវិញ នែគ្នាយើង ខ្ញុំដឹងគុណ (ដែលគួរសរសើរ) របស់ព្រះគោតមដ៏ចម្រើននោះ ត្រឹមតែប៉ុណ្ណេះឯង តែព្រះគោតមដ៏ចម្រើននោះ មិនមែនមានគុណដែលគួរសរសើរ ត្រឹមតែប៉ុណ្ណេះទេ ព្រោះព្រះគោតមដ៏ចម្រើននោះ មានគុណ នឹងរាប់ នឹងប្រមាណពុំបាន នែគ្នាយើង ព្រះគោតមដ៏ចម្រើននោះ ទោះបីព្រះអង្គប្រកបដោយអង្គតែមួយៗ ព្រះគោតមដ៏ចម្រើននោះ ក៏មិនគួរនឹងចូលមកចួបនឹងយើងទេ តាមពិត គួរតែពួកយើង ចូលទៅចួបនឹងព្រះគោតមដ៏ចម្រើននោះវិញ ។ ពួកព្រាហ្មណ៍និយាយគ្នាថា នែគ្នាយើង បើដូច្នោះ ពួកយើងទាំងអស់គ្នា នឹងនាំគ្នាចូលទៅគាល់ព្រះសមណគោតម ។ ទើបចង្កីព្រាហ្មណ៍ ព្រមទាំងពួកព្រាហ្មណ៍ច្រើន នាក់ ចូលទៅគាល់ព្រះសមណគោតម លុះចូលទៅដល់ហើយ ក៏ពោលពាក្យសំណេះសំណាល ជាមួយនឹងព្រះមានព្រះភាគ លុះបញ្ចប់ពាក្យដែលគួររីករាយ និងពាក្យដែលគួររលឹកហើយ ក៏អង្គុយក្នុងទីដ៏សមគួរ ។
ក៏សម័យនោះឯង ព្រះមានព្រះភាគ ទ្រង់ពោលពាក្យណាមួយ ទៅរកពួកព្រាហ្មណ៍ចាស់ៗ លុះបញ្ចប់ពាក្យដែលគួររលឹកហើយ ក៏ទ្រង់គង់ ។
[៦៨] សម័យនោះឯង មានមាណពកំឡោះម្នាក់ ឈ្មោះកាបទិកៈ មានក្បាលកោរ មានអាយុប្រមាណ ១៦ឆ្នាំ អំពីកំណើត ចេះចប់ត្រៃវេទ ព្រមទាំងគម្ពីរនិឃណ្ឌុ និងគម្ពីរកេដុភៈ ព្រមទាំងអក្ខរប្បភេទ គឺសិក្ខា និងនិវុត្តិ ដែលមានគម្ពីរឥតិហាសៈ ជាគម្រប់៥ ជាអ្នកស្គាល់នូវបទ និងវេយ្យាករណ៍ ជាអ្នកមិនឱនថយ គឺស្ទាត់ជំនាញ ក្នុងលោកាយតសាស្ត្រ និងមហាបុរិសលក្ខណព្យាករណសាស្ត្រ អង្គុយនៅក្នុងប្រជុំបរិស័ទនោះ ។ មាណពនោះ ក៏និយាយស្កាត់សំដីរបស់ពួកព្រាហ្មណ៍ចាស់ៗ ដែលកំពុងតែប្រឹក្សា ទៅរកព្រះមានព្រះភាគ ។ ទើបព្រះមានព្រះភាគ ទ្រង់ឃាត់កាបទិកមាណពថា ភារទ្វាជៈមានអាយុ កុំនិយាយស្កាត់សំដី របស់ពួកព្រាហ្មណ៍ចាស់ៗ ដែលកំពុងតែប្រឹក្សាឡើយ ភារទ្វាជៈមានអាយុ ចូរបង្អង់ចាំឲ្យចប់សំដីគេសិន។
[៦៩] កាលបើព្រះមានព្រះភាគ ទ្រង់ត្រាស់យ៉ាងនេះហើយ ចង្កីព្រាហ្មណ៍ ក៏ក្រាបបង្គំទូលព្រះមានព្រះភាគ ដូច្នេះថា ព្រះគោតមដ៏ចម្រើន កុំឃាត់កាបទិកមាណពឡើយ ដ្បិតកាបទិកមាណព ជាកុលបុត្រផង ជាពហុស្សូតផង កាបទិកមាណព ជាបណ្ឌិតផង កាបទិកមាណព ជាអ្នកនិយាយពាក្យពីរោះផង កាបទិកមាណព អាចនឹងប្រឹក្សាក្នុងពាក្យនោះ ជាមួយនឹងព្រះគោតមដ៏ចម្រើនបានផង ។
ទើបព្រះមានជោគ មានព្រះតម្រិះយ៉ាងនេះថា កាបទិកមាណព មុខជានឹងបានសម្រេចត្រៃវិជ្ជា ក្នុងព្រះពុទ្ធសាសនាដោយពិត ព្រោះហេតុនោះ បានជាពួកព្រាហ្មណ៍ លើកកាបទិកមាណពនោះជាត្រីមុខ ។ គ្រានោះ កាបទិកមាណព មានសេចក្តីត្រិះរិះ យ៉ាងនេះថា កាលណាបើព្រះសមណគោតម ទ្រង់ឆ្មៀងព្រះនេត្រមកចំភ្នែករបស់អញ អញនឹងសួរប្រស្នា ចំពោះព្រះសមណគោតម ក្នុងកាលនោះ ។
លំដាប់នោះ ព្រះមានព្រះភាគ ទ្រង់ជ្រាបនូវបរិវិតក្កៈ ក្នុងចិត្តរបស់កាបទិកមាណព ដោយព្រះហឫទ័យរបស់ព្រះអង្គហើយ ទើបឆ្មៀងព្រះនេត្រ ចំពោះទៅរកកាបទិកមាណព ។ គ្រានោះ កាបទិកមាណព មានសេចក្តីត្រិះរិះ យ៉ាងនេះថា ព្រះសមណគោតម មើលមកអញហើយតើ បើដូច្នោះ មានតែអញសួរប្រស្នា ចំពោះព្រះសមណគោតម ។
លំដាប់នោះ កាបទិកមាណព ក្រាបបង្គំទូលសួរព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះគោតមដ៏ចម្រើន បទមន្តចាស់ របស់ពួកព្រាហ្មណ៍ដែលប្រកាន់តៗគ្នាថា ដូច្នេះៗ ប្រកាន់តាមក្បួន ក៏បណ្តាពួកព្រាហ្មណ៍ទាំងនោះ ពួកព្រាហ្មណ៍ដែលដល់នូវសេចក្តីចូលចិត្ត ដោយចំណែកមួយថា ពាក្យនេះពិត ឯពាក្យដទៃ ជាមោឃៈ ក្នុងសេចក្តីនេះ ព្រះគោតមដ៏ចម្រើន ទ្រង់សំដែងថាដូចម្តេចទៅវិញ។
[៧០] ព្រះមានព្រះភាគត្រាស់ថា ម្នាលភារទ្វាជៈ ចុះបណ្តាព្រាហ្មណ៍ទាំងឡាយ មានព្រាហ្មណ៍ណាខ្លះ សូម្បីតែម្នាក់ ពោលយ៉ាងនេះថា អញដឹងហេតុនេះ អញឃើញហេតុនេះ ពាក្យនេះពិត ឯពាក្យដទៃ ជាមោឃៈ ដូច្នេះ មានដែរឬទេ ។ កាបទិកមាណព ឆ្លើយថា បពិត្រព្រះគោតមដ៏ចម្រើន ពុំមានទេ ។
ម្នាលភារទ្វាជៈ ចុះបណ្តាព្រាហ្មណ៍ទាំងឡាយ ព្រាហ្មណ៍ខ្លះ មានអាចារ្យជាមួយគ្នាផង ជាប្រធានលើអាចារ្យជាមួយគ្នាផង តាំងអំពីគូនៃអាចារ្យជាគម្រប់៧មក ពោលយ៉ាងនេះថា អញដឹងហេតុនេះ អញឃើញហេតុនេះ ពាក្យនេះពិត ឯពាក្យដទៃ ជាមោឃៈ ដូច្នេះ មានដែរឬទេ ។ បពិត្រព្រះគោតមដ៏ចម្រើន ពុំមានទេ ។
ម្នាលភារទ្វាជៈ ចុះបណ្តាព្រាហ្មណ៍ទាំងឡាយ មានពួកព្រាហ្មណ៍ណា ជាឥសី មានក្នុងជាន់មុន ជាអ្នកតាក់តែងនូវមន្ត អ្នកពោលនូវមន្ត បទនៃមន្តចាស់នេះ ដែលពួកព្រាហ្មណ៍ណា បានសូត្រហើយ បានពោលហើយ បានតាំងទុកហើយ ឥឡូវនេះ ពួកព្រាហ្មណ៍ សូត្រតាមមន្តនោះ ពោលតាមមន្តនោះ ពោលតាមមន្ត ដែលគេពោលហើយ បង្រៀនមន្តដែលគេបង្រៀនហើយ ពួកឥសីទាំងនោះ គឺឥសីឈ្មោះ អដ្ឋកៈ ឈ្មោះវាមកៈ ឈ្មោះវាមទេវៈ ឈ្មោះវេស្សាមិត្តៈ ឈ្មោះយមតគ្គិ ឈ្មោះអង្គីរសៈ ឈ្មោះភារទ្វាជៈ ឈ្មោះវាសេដ្ឋៈ ឈ្មោះកស្សបៈ ឈ្មោះភគុ ក៏ពួកឥសីទាំងនោះ ពោលយ៉ាងនេះថា យើងទាំងឡាយ ដឹងហេតុនេះ យើងទាំងឡាយ ឃើញហេតុនេះ ពាក្យនេះពិត ឯពាក្យដទៃ ជាមោឃៈ ដូច្នេះ មានដែរឬទេ ។ បពិត្រព្រះគោតមដ៏ចម្រើន ពុំមានទេ។
[៧១] ព្រះភគវន្តមុនីនាថ ទ្រង់ត្រាស់ថា ម្នាលភារទ្វាជៈ មិនមានឮថា បណ្តាព្រាហ្មណ៍ទាំងឡាយ មិនមានព្រាហ្មណ៍ណាមួយ សូម្បីតែម្នាក់ ពោលយ៉ាងនេះថា អញដឹងហេតុនេះ អញឃើញហេតុនេះ ពាក្យនេះពិត ឯពាក្យដទៃ ជាមោឃៈ បណ្តាព្រាហ្មណ៍ទាំងឡាយ មិនមានព្រាហ្មណ៍ណាមួយ ដែលមានអាចារ្យជាមួយគ្នា ឬមានអាចារ្យជាប្រធានលើអាចារ្យជាមួយគ្នា ដរាបតាំងអំពីគូនៃអាចារ្យ ជាគម្រប់៧មក ពោលយ៉ាងនេះថា អញដឹងហេតុនេះ អញឃើញហេតុនេះ ពាក្យនេះពិត ឯពាក្យដទៃ ជាមោឃៈ បណ្តាព្រាហ្មណ៍ទាំងឡាយ ពួកព្រាហ្មណ៍ដែលជាឥសី មានក្នុងជាន់មុន ជាអ្នកតាក់តែងមន្ត អ្នកពោលមន្ត បទនៃមន្តចាស់នេះ ដែលពួកឥសីណា បានសូត្រហើយ បានពោលហើយ បានតាំងទុកហើយ ឥឡូវនេះ ពួកព្រាហ្មណ៍ បានសូត្រតាមមន្តនោះ បានពោលតាមមន្តនោះ បានពោលតាមមន្ត ដែលគេពោលហើយ បានបង្រៀនមន្ត ដែលគេបង្រៀនហើយ ពួកឥសីទាំងនោះ គឺឥសីឈ្មោះ អដ្ឋកៈ ឈ្មោះវាមកៈ ឈ្មោះវាមទេវៈ ឈ្មោះវេស្សាមិត្តៈ ឈ្មោះយមតគ្គិ ឈ្មោះអង្គីរសៈ ឈ្មោះភារទ្វាជៈ ឈ្មោះវាសេដ្ឋៈ ឈ្មោះកស្សបៈ ឈ្មោះភគុ ក៏ពួកឥសីទាំងនោះ មិនពោលថា យើងទាំងឡាយ ដឹងហេតុនេះ យើងទាំងឡាយ ឃើញហេតុនេះ ពាក្យនេះពិត ឯពាក្យដទៃ ជាមោឃៈ ។
ម្នាលភារទ្វាជៈ ដូចបុរសខ្វាក់ទាំងជួរ ដែលជាប់តៗគ្នា បុរសដែលដើរមុន ក៏មើលមិនឃើញ បុរសដែលដើរកណ្តាល ក៏មើលមិនឃើញ បុរសដែលដើរក្រោយ ក៏មើលមិនឃើញ យ៉ាងណាមិញ ម្នាលភារទ្វាជៈ ភាសិតរបស់ពួកព្រាហ្មណ៍ ក៏មានទំនងដូចបុរសខ្វាក់ទាំងជួរ បុរសដែលដើរមុន ក៏មើលមិនឃើញ បុរសដែលដើរកណ្តាល ក៏មើលមិនឃើញ បុរសដែលដើរក្រោយ ក៏មើលមិនឃើញ យ៉ាងនោះដែរ ម្នាលភារទ្វាជៈ អ្នកយល់សេចក្តីនោះ ដូចម្តេច កាលបើយ៉ាងនេះ តើសទ្ធាដែលគ្មានឫសគល់ របស់ពួកព្រាហ្មណ៍ សម្រេចបានដែរឬ ។
កាបទិកមាណព ក្រាបទូលថា បពិត្រព្រះគោតមដ៏ចម្រើន សម្រេចមិនបានទេ ពួកព្រាហ្មណ៍ តែងចូលទៅអង្គុយជិតដោយសទ្ធា ពួកព្រាហ្មណ៍ តែងចូលទៅអង្គុយជិត ដោយការស្តាប់តៗគ្នាមក។
[៧២] ព្រះបរមគ្រូទ្រង់ត្រាស់ថា ម្នាលភារទ្វាជៈ កាលពីមុន អ្នកថាជឿ ឥឡូវនេះ អ្នកថាឮតាមគេ ម្នាលភារទ្វាជៈ ធម៌ទាំង៥យ៉ាងនេះ មានវិបាក២យ៉ាង ក្នុងបច្ចុប្បន្ន ធម៌ទាំង៥យ៉ាង តើដូចម្តេច ធម៌ទាំង៥យ៉ាងគឺ សេចក្តីជឿ១ សេចក្តីគាប់ចិត្ត១ ការឮតាមគ្នា១ ការត្រិះរិះនូវអាការ១ សេចក្តីចូលចិត្តតាមការយល់១ ម្នាលភារទ្វាជៈ ធម៌ទាំង៥នេះឯង មានវិបាក២យ៉ាង ក្នុងបច្ចុប្បន្ន ម្នាលភារទ្វាជៈ គឺហេតុណា ដែលបុគ្គលជឿស៊ប់ តែហេតុនោះ ជាហេតុសោះសូន្យទទេ កុហកសោះក៏មាន ហេតុណា ដែលបុគ្គលមិនជឿស៊ប់ទេ តែហេតុនោះ ជាហេតុពិតប្រាកដ មិនមែនជាដទៃក៏មាន ម្នាលភារទ្វាជៈ មួយទៀត ហេតុណា ដែលបុគ្គលគាប់ចិត្តស៊ប់ ។បេ ។
ពាក្យណា ដែលបុគ្គលឮច្បាស់តាមគ្នា ។បេ ។ ហេតុណា ដែលបុគ្គលត្រិះរិះឃើញជាក់ ។បេ ។ ហេតុណា ដែលបុគ្គលចូលចិត្តស៊ប់ តែហេតុនោះ ជាហេតុសោះសូន្យទទេ កុហកសោះក៏មាន ហេតុណា ដែលបុគ្គលមិនចូលចិត្តស៊ប់ទេ តែហេតុនោះ ជាហេតុពិតប្រាកដ មិនមែនជាដទៃក៏មាន ម្នាលភារទ្វាជៈ បុរសជាអ្នកប្រាជ្ញ អ្នករក្សាសច្ចៈ មិនគួរចូលចិត្តដោយដាច់ខាត ក្នុងហេតុនេះថា ពាក្យនេះពិត ពាក្យដទៃ ជាមោឃៈ ដូច្នេះឡើយ ។ កាបទិកមាណព ក្រាបទូលសួរថា បពិត្រព្រះគោតមដ៏ចម្រើន ចុះការរក្សាសច្ចៈ តើត្រឹមប៉ុន្មាន បុគ្គលរក្សាសច្ចៈ តើត្រឹមប៉ុន្មាន យើងខ្ញុំព្រះអង្គ សូមសួរចំពោះការរក្សាសច្ចៈ និងព្រះគោតមដ៏ចម្រើន។
[៧៣] ព្រះលោកនាថត្រាស់ថា ម្នាលភារទ្វាជៈ បើបុរសមានជំនឿថា ជំនឿរបស់អញយ៉ាងនេះ កាលដែលនិយាយតាមគំនិតដូច្នេះ ឈ្មោះថា រក្សាសច្ចៈ តែមិនទាន់ដល់នូវសេចក្តីចូលចិត្ត ដោយដាច់ខាតថា ពាក្យនេះពិត ពាក្យដទៃ ជាមោឃៈ ត្រឹមប៉ុណ្ណោះឡើយ ម្នាលភារទ្វាជៈ ការរក្សាសច្ចៈត្រឹមប៉ុណ្ណេះ បុគ្គលរក្សាសច្ចៈត្រឹមប៉ុណ្ណេះ យើងក៏បញ្ញត្តការរក្សាសច្ចៈត្រឹមប៉ុណ្ណេះ តែការត្រាស់ដឹងសច្ចៈ មិនទាន់មានដល់បុរសនោះនៅឡើយទេ ម្នាលភារទ្វាជៈ បើបុរសមានសេចក្តីគាប់ចិត្ត…
ម្នាលភារទ្វាជៈ បើបុរសមានការឮតាមៗគ្នា… ម្នាលភារទ្វាជៈ បើបុរសមានសេចក្តីត្រិះរិះនូវអាការ… ម្នាលភារទ្វាជៈ បើបុរសមានសេចក្តីចូលចិត្តដោយការយល់ថា សេចក្តីចូលចិត្ត តាមការយល់របស់អញ យ៉ាងនេះ កាលបើនិយាយតាមសេចក្តីចូលចិត្ត ដោយការយល់ដូច្នេះ ឈ្មោះថា រក្សាសច្ចៈ តែមិនទាន់ដល់នូវសេចក្តីចូលចិត្ត ដោយដាច់ខាតថា ពាក្យនេះពិត ឯពាក្យដទៃ ជាមោឃៈ ត្រឹមប៉ុណ្ណោះឡើយ ម្នាលភារទ្វាជៈ ការរក្សាសច្ចៈត្រឹមប៉ុណ្ណេះ បុគ្គលរក្សាសច្ចៈត្រឹមតែប៉ុណ្ណេះ យើងក៏បញ្ញត្តការរក្សាសច្ចៈត្រឹមប៉ុណ្ណេះ តែការត្រាស់ដឹងសច្ចៈ មិនទាន់មានដល់បុរសនោះនៅឡើយទេ ។
កាបទិកមាណព ក្រាបបង្គំទូលសួរថា បពិត្រព្រះគោតមដ៏ចម្រើន ការរក្សាសច្ចៈត្រឹមប៉ុណ្ណេះ បុគ្គលរក្សាសច្ចៈត្រឹមប៉ុណ្ណេះ យើងខ្ញុំទាំងឡាយ ក៏បញ្ញត្តការរក្សាសច្ចៈត្រឹមប៉ុណ្ណេះដែរ បពិត្រព្រះគោតមដ៏ចម្រើន ចុះការត្រាស់ដឹងសច្ចៈត្រឹមប៉ុន្មាន បុគ្គលត្រាស់ដឹងសច្ចៈត្រឹមប៉ុន្មាន យើងខ្ញុំសូមសួរ ចំពោះការត្រាស់ដឹងសច្ចៈ នឹងព្រះគោតមដ៏ចម្រើន។
[៧៤] ព្រះមានព្រះភាគត្រាស់ថា ម្នាលភារទ្វាជៈ មានសេចក្តីដំណាលថា ភិក្ខុក្នុងសាសនានេះ ចូលទៅអាស្រ័យនូវស្រុក ឬនិគមណាមួយ ។ គហបតីក្តី កូនគហបតីក្តី ចូលទៅរកភិក្ខុនោះឯង ល្បងមើលក្នុងធម៌ទាំងឡាយ ៣ប្រការ គឺធម៌ជាទីតាំងនៃលោភៈ ធម៌ជាទីតាំងនៃទោសៈ ធម៌ជាទីតាំងនៃមោហៈ ដោយគំនិតថា បុគ្គលមានចិត្ត ដែលធម៌ជាទីតាំងនៃលោភៈ មានសភាពយ៉ាងណា គ្របសង្កត់ហើយមិនដឹង និយាយថា អាត្មាអញដឹង ឬមិនឃើញ និយាយថា អាត្មាអញឃើញ ឬក៏ហេតុណាដែលប្រព្រឹត្តទៅ ដើម្បីកម្មមិនមែនជាប្រយោជន៍ ដើម្បីសេចក្តីទុក្ខអស់កាលយូរ ដល់បុគ្គលទាំងឡាយដទៃ ក៏បបួលនូវបុគ្គលដទៃ ដើម្បីហេតុនោះ ធម៌ទាំងឡាយ ដែលជាទីតាំងនៃសេចក្តីលោភ មានសភាពដូច្នោះ តើមានដល់លោកមានអាយុនេះដែរឬហ្ន៎ ។ កាលគហបតី ឬកូនគហបតី ល្បងមើលភិក្ខុនោះ ក៏ដឹងយ៉ាងនេះថា បុគ្គលមានចិត្ត ដែលធម៌ទាំងឡាយ ជាទីតាំងនៃសេចក្តីលោភ មានសភាពយ៉ាងណា គ្របសង្កត់ហើយ មិនដឹង និយាយថា អាត្មាអញដឹង ឬមិនឃើញ និយាយថា អាត្មាអញឃើញ ឬក៏ហេតុណា ដែលប្រព្រឹត្តទៅ ដើម្បីកម្មមិនជាប្រយោជន៍ ដើម្បីសេចក្តីទុក្ខ អស់កាលយូរ ដល់បុគ្គលទាំងឡាយដទៃ ក៏បបួលនូវបុគ្គលដទៃ ដើម្បីហេតុនោះ ធម៌ទាំងឡាយ ជាទីតាំងនៃសេចក្តីលោភ មានសភាពដូច្នោះ មិនមានដល់លោកមានអាយុនេះទេ។
កាយសមាចារ និងវចីសមាចារ របស់លោកមានអាយុនេះ ក៏ដូចជារបស់អ្នកដែលមិនលោភដែរ បើលោកមានអាយុនេះ សំដែងធម៌ណា ធម៌នោះជ្រៅ ឃើញបានដោយក្រ ត្រាស់ដឹងបានដោយក្រ ជាធម៌ស្ងប់ ជាធម៌ឧត្តម ជាធម៌ដែលគេស្ទង់មើលដោយការត្រិះរិះពុំបាន ជាធម៌ល្អិត មានតែអ្នកប្រាជ្ញ ទើបដឹងបាន ធម៌នោះ បុគ្គលអ្នកមានសេចក្តីលោភ មិនងាយសំដែងបានឡើយ ។
កាលគហបតី ឬកូនគហបតី ល្បងមើលភិក្ខុនោះ បានឃើញច្បាស់ថា ជាអ្នកបរិសុទ្ធ ចាកធម៌ទាំងឡាយ ដែលជាទីតាំងនៃលោភៈ ដោយហេតុណាហើយ ក៏ល្បងមើលភិក្ខុនោះ ក្នុងធម៌ ដែលជាទីតាំងនៃទោសៈ ឲ្យក្រៃលែងជាងហេតុនោះ តទៅទៀតថា បុគ្គលមានចិត្ត ដែលធម៌ជាទីតាំងនៃទោសៈ មានសភាពយ៉ាងណា គ្របសង្កត់ហើយ មិនដឹង និយាយថា អាត្មាអញដឹង ឬមិនឃើញ និយាយថា អាត្មាអញឃើញ ឬក៏ហេតុណា ដែលប្រព្រឹត្តទៅ ដើម្បីកម្មមិនជាប្រយោជន៍ ដើម្បីសេចក្តីទុក្ខ អស់កាលយូរ ដល់ជនទាំងឡាយដទៃ ក៏បបួលនូវបុគ្គលដទៃ ដើម្បីហេតុនោះ ពួកធម៌ ដែលជាទីតាំងនៃទោសៈ មានសភាពដូច្នោះ មានដល់លោកមានអាយុនេះ ដែរឬហ្ន៎ ។
កាលគហបតី ឬកូនគហបតី ល្បងមើលភិក្ខុនោះ ក៏ដឹងយ៉ាងនេះថា បុគ្គលមានចិត្ត ដែលពួកធម៌ ជាទីតាំងនៃទោសៈ មានសភាពយ៉ាងណា គ្របសង្កត់ហើយ មិនដឹង និយាយថា អាត្មាអញដឹង ឬមិនឃើញ និយាយថា អាត្មាអញឃើញ ឬក៏ហេតុណា ដែលប្រព្រឹត្តទៅ ដើម្បីកម្មមិនជាប្រយោជន៍ ដើម្បីសេចក្តីទុក្ខ អស់កាលយូរ ដល់ជនទាំងឡាយដទៃ ក៏បបួលជនដទៃ ដើម្បីហេតុនោះ ពួកធម៌ ដែលជាទីតាំងនៃទោសៈ មានសភាពដូច្នោះ មិនមានដល់លោកមានអាយុនេះឡើយ ។
កាយសមាចារ និងវចីសមាចារ របស់លោកមានអាយុនេះ ក៏ដូចជារបស់អ្នក ដែលមិនមានទោសៈដែរ បើលោកមានអាយុនេះ សំដែងធម៌ណា ធម៌នោះជ្រៅ ឃើញបានដោយក្រ ត្រាស់ដឹងបានដោយក្រ ជាធម៌ស្ងប់ ជាធម៌ឧត្តម ជាធម៌ដែលគេស្ទង់មើល ដោយការត្រិះរិះពុំបាន ជាធម៌ល្អិត មានតែអ្នកប្រាជ្ញ ទើបដឹងបាន ធម៌នោះ បុគ្គលអ្នកមានទោសៈ មិនងាយសំដែងបានឡើយ ។
កាលគហបតី ឬកូនគហបតី ល្បងមើលភិក្ខុនោះ បានឃើញច្បាស់ថា ជាអ្នកបរិសុទ្ធ ចាកធម៌ទាំងឡាយ ដែលជាទីតាំងនៃទោសៈ ដោយហេតុណាហើយ ក៏ល្បងមើលភិក្ខុនោះ ក្នុងធម៌ទាំងឡាយ ដែលជាទីតាំងនៃមោហៈ ឲ្យក្រៃលែងជាងហេតុនោះ តទៅទៀតថា បុគ្គលមានចិត្ត ដែលពួកធម៌ជាទីតាំងនៃមោហៈ មានសភាពយ៉ាងណា គ្របសង្កត់ហើយ មិនដឹង និយាយថា អាត្មាអញដឹង ឬមិនឃើញ និយាយថា អាត្មាអញឃើញ ឬក៏ហេតុណា ដែលប្រព្រឹត្តទៅ ដើម្បីកម្មមិនជាប្រយោជន៍ ដើម្បីសេចក្តីទុក្ខ អស់កាលយូរ ដល់ជនទាំងឡាយដទៃ ក៏បបួលអ្នកដទៃ ដើម្បីហេតុនោះ ពួកធម៌ ដែលជាទីតាំងនៃមោហៈ មានសភាពដូច្នោះ មានដល់លោកមានអាយុនេះ ដែរឬហ្ន៎ ។
កាលគហបតី ឬកូនគហបតី ល្បងមើលភិក្ខុនោះ ក៏ដឹងយ៉ាងនេះថា បុគ្គលមានចិត្ត ដែលពួកធម៌ ជាទីតាំងនៃមោហៈ មានសភាពយ៉ាងណា គ្របសង្កត់ហើយ មិនដឹង និយាយថា អាត្មាអញដឹង ឬមិនឃើញ និយាយថា អាត្មាអញឃើញ ឬក៏ហេតុណា ដែលប្រព្រឹត្តទៅ ដើម្បីកម្មមិនជាប្រយោជន៍ ដើម្បីសេចក្តីទុក្ខ អស់កាលយូរ ដល់ជនទាំងឡាយដទៃ ក៏បបួលអ្នកដទៃ ដើម្បីហេតុនោះ ពួកធម៌ ដែលជាទីតាំងនៃមោហៈ មានសភាពដូច្នោះ មិនមានដល់លោកមានអាយុនេះទេ ។
កាយសមាចារ និងវចីសមាចារ របស់លោកមានអាយុនេះ ក៏ដូចជារបស់អ្នកដែលមិនមានមោហៈដែរ បើលោកមានអាយុនេះ សំដែងធម៌ណា ធម៌នោះជ្រៅ ឃើញបានដោយក្រ ត្រាស់ដឹងបានដោយក្រ ជាធម៌ស្ងប់ ជាធម៌ឧត្តម ជាធម៌ដែលគេស្ទង់មើល ដោយការត្រិះរិះពុំបានទេ ជាធម៌ល្អិត មានតែអ្នកប្រាជ្ញ ទើបដឹងបាន ធម៌នោះ បុគ្គលអ្នកមានមោហៈ មិនងាយនឹងសំដែងបានឡើយ ។
កាលគហបតី ឬកូនគហបតី ល្បងមើលនូវភិក្ខុនោះ បានឃើញច្បាស់ថា ជាអ្នកបរិសុទ្ធ ចាកធម៌ទាំងឡាយ ជាទីតាំងនៃមោហៈ ដោយហេតុណាហើយ ក៏ញុំាងសទ្ធា ឲ្យជ្រួតជ្រាប ក្នុងហេតុនោះ ជាអ្នកមានសទ្ធា កើតឡើងក្នុងកាលនោះ ទើបចូលទៅរក (ភិក្ខុនោះ) កាលចូលទៅរក ក៏បានអង្គុយជិត កាលទៅអង្គុយជិត ក៏ដាក់នូវសោតប្បសាទ លុះមានសោតប្បសាទដាក់ចុះហើយ ទើបស្តាប់ធម៌ លុះស្តាប់ហើយ ទើបទ្រទ្រង់នូវធម៌ ពិចារណានូវសេចក្តីនៃធម៌ទាំងឡាយ ដែលខ្លួនទ្រទ្រង់ហើយ កាលបើពិចារណានូវសេចក្តីហើយ ក៏ចូលចិត្តនូវធម៌ និងគំនិត កាលមានសេចក្តីចូលចិត្ត នូវធម៌ និងគំនិតហើយ ក៏មានឆន្ទៈកើតឡើង លុះមានឆន្ទៈកើតឡើងហើយ ក៏ប្រឹងប្រែង លុះប្រឹងប្រែងហើយ ក៏ត្រិះរិះ លុះត្រិះរិះហើយ ក៏តម្កល់ (នូវសេចក្តីព្យាយាម ដើម្បីមគ្គ) ជាអ្នកមានចិត្តបញ្ជូនទៅកាន់ព្រះនិព្វាន ទើបធ្វើឲ្យជាក់ច្បាស់ នូវបរមត្ថសច្ចៈ ដោយនាមកាយផង បានចាក់ធ្លុះឃើញច្បាស់ នូវបរមត្ថសច្ចៈនោះ ដោយបញ្ញាផង ។