images/articles/2729/rgvrcdgvfdxc.jpg
ផ្សាយ : ២២ ឧសភា ឆ្នាំ២០២២ (អាន: ៦១,៣០៩ ដង)
សម័យមួយ ព្រះដ៏មានព្រះភាគ ទ្រង់គង់នៅក្នុងទេវទហនិគម នាដែនសក្កៈ ។ ព្រះអដ្ឋកថាប្រាប់ថា ព្រះអង្គគង់ប្រថាប់នៅព្រៃលុម្ពិនី ( ជាទីដែលទ្រង់ប្រសូត ) ។ ក្នុងទីនោះ ព្រះអង្គទ្រង់ត្រាស់ចំពោះភិក្ខុទាំងឡាយនូវ បុព្វេកតវាទ របស់ពួកនិគ្រន្ថ ។ បុព្វេកតវាទ គឺជាគំនិតយល់ខុសមួយបែប ដែលគេតែងពោលថា ការសោយអារម្មណ៍ឯណានីមួយ សុខក្ដី ទុក្ខក្ដី អទុក្ខមសុខក្ដី ការសោយអារម្មណ៍ទាំងអស់នោះ កើតឡើងព្រោះកម្មដែលខ្លួនបានធ្វើហើយក្នុងកាលមុនដូច្នេះឯង ។
ពួកនិគ្រន្ថបានយល់ឃើញដូច្នេះទៀតថា កម្មចាស់ទាំងនោះ អស់ទៅបានដោយការប្រព្រឹត្តតបៈ តាមដែលពួកគេបានប្រព្រឹត្តដោយវិធីផ្សេងៗ កាលដែលកម្មចាស់អស់ទៅ ទាំងមិនធ្វើនូវកម្មថ្មី ក៏មិនមានផលតទៅ នេះជាការអស់ទៅនៃវេទនា ហើយក៏ជាការសាបសូន្យទៅនៃទុក្ខទាំងពួងហ្នឹងឯង ។ តាមពិត វេទនាក្នុងជាតិនេះ មិនមែនសុទ្ធតែជាផលវិបាករបស់កម្មចាស់ទៅទាំងអស់នោះទេមានវេទនាជាផលវិបាកនៃកម្មក្នុងបច្ចុប្បន្នជាតិនេះក៏មាន វេទនាជាកុសលក៏មាន វេទនាជាអកុសលក៏មាន នៅវេទនាជាកិរិយាទៀត ដែលវេទនាទាំងអស់នេះ រួមមកគឺសុខវេទនា ទុក្ខវេទនា និងអទុក្ខមសុខវេទនា ។
អ្វីជាអស្សាទៈ តម្រេកត្រេកអរដែលនាំឱ្យសត្វលោកជាប់ជំពាក់ក្ដី អ្វីជាអាទីនវៈគឺទោសក្ដី និងអ្វីជាការរលាស់ចោលនូវវេទនានោះក្ដី ពួកនិគ្រន្ថមិនដឹងទេ ទាំងដែលវាទៈរបស់និគ្រន្ថនោះសោត ក៏គ្រាន់តែស្មានៗតែប៉ុណ្ណោះ ព្រោះមិនបានដឹងថា ខ្លួនធ្លាប់កើតយ៉ាងណា ធ្វើបាបកម្មអ្វីខ្លះ ទុក្ខប៉ុនណាអស់ទៅហើយ ទាំងមិនបានដឹងអំពីការលះបង់នូវអកុសលធម៌ និងការបំពេញនូវកុសលធម៌ក្នុងបច្ចុប្បន្ននេះផង ។
ការប្រឹងប្រែងព្យាយាមរបស់ពួកនិគ្រន្ថ មិនអាចឱ្យរួចចាកទុក្ខទេ ។ នៅក្នុងព្រះពុទ្ធសាសនា មានការលះបង់នូវទុក្ខទាំងពួងដោយបរិញ្ញា ចំពោះវេទនាគឺបដិបត្តិកំណត់ដឹងនូវការសោយអារម្មណ៍ ឯណានីមួយនោះ ត្រឹមតែជាវេទនាប៉ុណ្ណោះ ដែលមានបច្ច័យឱ្យកើតឡើងហើយ រលត់ទៅវិញ នេះគឺវេទនានុបស្សនាសតិប្បដ្ឋាន ទើបលះបង់បាននូវតណ្ហាដែលជាហេតុនៃទុក្ខ ។
ភិក្ខុក្នុងព្រះសាសនានេះ មិនបានប្រឹងប្រែងព្យាយាមយកទុក្ខមកគ្របសង្កត់ខ្លួន ដោយទុក្ករកិរិយាផ្សេងៗនោះឡើយ មានជីវិតរស់នៅជាសុខប្រកបដោយធម៌ បរិភោគប្រើប្រាស់នូវបច្ច័យ ៤ ដោយការពិចារណា មិនជ្រុលជ្រប់ក្នុងសេចក្ដីសុខដោយតណ្ហា មានតែការអស់ទៅនៃតណ្ហានោះឯង ដោយការប្រឹងប្រែងក្នុងសម្មប្បធាន ៤ ។ ជាគោលការណ៍សំខាន់នៅក្នុងព្រះពុទ្ធសាសនា គឺកុសលធម៌ចម្រើនឡើង អកុសលធម៌សាបសូន្យទៅ ត្រូវរៀបចំដំណើរជីវិតរស់នៅយ៉ាងនេះ ទើបបានរួចផុតចាកទុក្ខពិតប្រាកដមែន ។
ដកស្រង់ពីសៀវភៅ សិក្សាព្រះសូត្រ ភាគទី១៣
ដោយ៥០០០ឆ្នាំ
images/articles/2719/_________pic.jpg
ផ្សាយ : ២២ ឧសភា ឆ្នាំ២០២២ (អាន: ៦២,១៥២ ដង)
សទ្ធម្មប្បតិរូបកសូត្រ
(ធម៌ដែលស្រដៀងនឹងព្រះសទ្ធម្ម ឬ ធម៌ប្លម)
សម័យមួយ ព្រះមានព្រះភាគទ្រង់គង់នៅវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ជិតក្រុងសាវត្ថី ។ គ្រានោះឯង ព្រះមហាកស្សបមានអាយុ ចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ក៏ថ្វាយបង្គំព្រះមានព្រះភាគរួចអង្គុយក្នុងទីដីសមគួរ ។ លុះព្រះមហាកស្សបមានអាយុ អង្គុយក្នុងទីដ៏សមគួរហើយ ក៏ក្រាបទួលសួរព្រះមានព្រះភាគយ៉ាងនេះថា បពិត្រព្រះអង្គដ៏ចម្រើន ចុះហេតុដូចម្តេច បច្ច័យដូចម្តេច បានជាក្នុងកាលពីដើម មានសិក្ខាបទតិច តែមានភិក្ខុបានសម្រេចព្រះអរហត្តច្រើន បពិត្រព្រះអង្គដ៏ចម្រើន ហេតុដូចម្តេច បច្ច័យដូចម្តេច បានជាឥឡូវនេះ មានសិក្ខាបទច្រើន តែមានភិក្ខុបានសម្រេចព្រះអរហត្តតិច ។
ម្នាលកស្សប ហេតុនុ៎ះ តែងមានយ៉ាងនេះឯង កាលបើពួកសត្វសាបសូន្យទៅ ព្រះសទ្ធម្មក៏អន្តរធានទៅដែរ បានជាមានសិក្ខាបទច្រើន មានពួកភិក្ខុបានសម្រេចព្រះអរហត្តតិច ម្នាលកស្សប សទ្ធម្មប្បតិរូបក៍ គឺធម៌ដែលស្រដៀងគ្នានឹងព្រះសទ្ធម្ម មិនបានកើតឡើងក្នុងលោក ដរាបណា ការអន្តរធាននៃព្រះសទ្ធម្ម ក៏មិនមាន ដរាបនោះ ម្នាលកស្សប សទ្ធម្មប្បតិរូបក៍កើតឡើងក្នុងលោក កាលណាអន្តរធាននៃព្រះសទ្ធម្ម ក៏មានកាលនោះ ។ ម្នាលកស្សប ជាតរូប- ប្បតិរូបក៍ គឺរបស់ដែលស្រដៀងនឹងមាស មិនទាន់កើតឡើងក្នុងលោក ដរាបណា ការអន្តរធាននៃមាស ក៏មិនមានដរាបនោះ ម្នាលកស្សប ជាតរូបប្បតិរូបក៍ គឺរបស់ដែលស្រដៀងនឹងមាស កើតឡើងក្នុងលោក ដរាបណា ការអន្តរធាននៃមាស ក៏មានក្នុងកាលនេះ យ៉ាងណាមិញ ។ ម្នាលកស្សប សទ្ធម្មប្បតិរូបក៍មិនបានកើតឡើងក្នុងលោក ដរាបណា ការអន្តរធាននៃព្រះសទ្ធម្ម ក៏មិនមានដរាបនោះ ម្នាលកស្សប សទ្ធម្មប្បតិរូបក៍កើតឡើងក្នុងលោក កាលណា ការអន្តរធាននៃព្រះសទ្ធម្ម ក៏មានក្នុងកាលនោះ យ៉ាងនេះឯង។
ម្នាលកស្សប បឋវីធាតុ ធ្វើព្រះសទ្ធម្មឲ្យអន្តរធានទៅក៏ទេ អាបោធាតុ ធ្វើព្រះសទ្ធម្មឲ្យអន្តរធានទៅក៏ទេ តេជោធាតុ ធ្វើព្រះសទ្ធម្មឲ្យអន្តរធានទៅក៏ទេ វាយោធាតុធ្វើព្រះសទ្ធម្មឲ្យអន្តរធានទៅក៏ទេ មានតែពួកមោឃបុរស ដែលកើតឡើងក្នុងលោកនេះ ទើបធ្វើព្រះសទ្ធម្មនេះឲ្យអន្តរធានទៅបាន ម្នាលកស្សប ដូចទូកលិចចុះដោយការផ្ទុករបស់យ៉ាងណា ។ ម្នាលកស្សប ការអន្តរធាននៃព្រសទ្ធម្ម មិនមែនយ៉ាងនេះទេ ។
ម្នាលកស្សប ធម៌ ៥ ប្រការនេះ ថយចុះ តែងប្រព្រឹត្តទៅដើម្បីវិនាស ដើម្បីសាបសូន្យនៃព្រះសទ្ធម្ម ។ ធម៌ ៥ ប្រការ តើដូចម្តេចខ្លះ ។ ម្នាលកស្សប ពួកភិក្ខុ ភិក្ខុនី ឧបាសក ឧបាសិកា ក្នុងសាសនានេះ ជាអ្នកមិនគោរព មិនកោតក្រែងចំពោះព្រះសាស្តា ១ ជាអ្នកមិនគោរព មិនកោតក្រែងចំពោះព្រះធម៌ ១ ជាអ្នកមិនគោរព មិនកោតក្រែង ចំពោះព្រះសង្ឃ ១ ជាអ្នកមិនគោរព មិនកោតក្រែងចំពោះសិក្ខា ១ ជាអ្នកមិនគោរព មិនកោតក្រែង ចំពោះសមាធិ ១ ។ ម្នាលកស្សប ធម៌ទាំង ៥ ប្រការនេះឯង ថយចុះ តែងប្រព្រឹត្តទៅ ដើម្បីសាបសូន្យនៃព្រះសទ្ធម្ម ។
ម្នាលកស្សប ធម៌ ៥ ប្រការនេះ តែងប្រព្រឹត្តទៅដើម្បីតាំងនៅ ដើម្បីមិនវិនាស មិនសាបសូន្យនៃព្រះសទ្ធម្ម ។ ធម៌ទាំង ៥ ប្រការ តើដូចម្តេចខ្លះ ។ ម្នាលកស្សបពួកភិក្ខុ ភិក្ខុនី ឧបាសក ឧបាសិកា ក្នុងសាសនានេះ ជាអ្នកគោរព កោតក្រែង ចំពោះព្រះសាស្តា ១ ជាអ្នកគោរព កោតក្រែងចំពោះព្រះធម៌ ១ ជាអ្នក គោរព កោតក្រែងចំពោះព្រះសង្ឃ ១ ជាអ្នកគោរព កោតក្រែងចំពោះសិក្ខា ១ ជាអ្នកគោរព កោតក្រែងចំពោះសមាធិ ១ ។ ម្នាលកស្សប ធម៌ទាំង ៥ ប្រការនេះឯង តែងប្រព្រឹត្តទៅដើម្បីតាំងនៅ ដើម្បីមិនវិនាស មិនសាបសូន្យនៃព្រះសទ្ធម្ម ។
(សុត្តន្តបិដក សំយុត្តនិកាយ និទានវគ្គ កស្សបសំយុត្តទី ៤ សទ្ធម្មប្បតិរូបកសូត្រទី ១៣ បិដក ៣២ ទំព័រ ១៧៦)
សទ្ធម្មប្បតិរូបក៍ ២ យ៉ាងៈ
១. អធិគមសទ្ធម្មប្បតិរូបក៍ ធម៌ដែលស្រដៀងនឹងឈាន មគ្គ ផល និព្វាន
២. បរិយត្តិសទ្ធម្មប្បតិរូបក៍ ធម៌ដែលស្រដៀងនឹងព្រះបរិយត្តិ
អធិគមសទ្ធម្មប្បតិរូបក៍ បានដល់ វិបស្សនូបក្កិលេស ១០ យ៉ាង
១. ឱភាស
២. ញាណ
៣. បីតិ
៤. បស្សទ្ធិ
៥. សុខ
៦. អធិមោក្ខៈ
៧. បគ្គាហៈ
៨. ឧបដ្ឋានៈ
៩. ឧបេក្ខាវជ្ជនៈ
១០. ឧបេក្ខានិកន្តិ
បរិយត្តិសទ្ធម្មប្បតិរូបក៍
ធម៌ដែលមិនមែនជាពុទ្ធវចនៈ គឺ គុឡ្ហវិន័យ គុឡ្ហវេស្សន្តរ គុឡ្ហមហោសធ វណ្ណបិដក អង្គុលិមាលបិដក រដ្ឋបាលគជ្ជិតៈ អាឡវកគជ្ជិតៈ វេទល្លបិដក ដែលក្រៅពីកថាវត្ថុ ៥ យ៉ាងនេះគឺធាតុកថា អារម្មណកថា អសុភកថា ញាណវត្ថុកថា វិជ្ជាករណ្ឌកៈ ដែលមិនឡើងកាន់សង្គីតិទាំង ៣ ឈ្មោះថា បរិយត្តិសទ្ធម្មប្បតិរូបក៍ ។
(សារត្ថប្បកាសិនី អដ្ឋកថា សំយុត្តនិកាយ)
កំណត់ចំណាំ 902
ធម៌ណាដែលបុគ្គលតែងឡើងដោយប្រើពាក្យហាក់ដូចជាពុទ្ធដីការបស់ព្រះសម្មាសម្ពុទ្ធមានពាក្យថា ម្នាលភិក្ខុទាំងឡាយ......ជាដើម តែពាក្យនោះ គឺព្រះសម្មាសម្ពុទ្ធមិនបានត្រាស់ឡើយ ធម៌ដែលមានសភាពដូច្នេះ ក៏សង្គ្រោះចូលក្នុងសទ្ធម្មប្បដិរូបក៍ទាំងអស់ ។
ដោយ៥០០០ឆ្នាំ
images/articles/2741/_________pic.jpg
ផ្សាយ : ២២ ឧសភា ឆ្នាំ២០២២ (អាន: ៣៦,៦២៥ ដង)
សម័យមួយ ព្រះដ៏មានព្រះភាគ ទ្រង់គង់នៅនាព្រះមហាវិហារជេតពន ព្រះអង្គទ្រង់ត្រាស់សម្តែងអំពីបំណងប្រាថ្នារបស់សត្វ ទាំងឡាយ ។ សត្វទាំងឡាយប្រាថ្នាឲ្យអារម្មណ៍មិនល្អ គឺអារម្មណ៍មិនជាទី ប្រាថ្នា មិនជាទីត្រេកអរ មិនជាទីគាប់ចិត្ត ឲ្យសាបសូន្យទៅ ចំណែក អារម្មណ៍ល្អៗ ដែលជាទីប្រាថ្នា ជាទីត្រេកអរ ជាទីគាប់ចិត្ត គប្បីចម្រើនឡើង ប៉ុន្តែទោះជាសត្វទាំងឡាយប្រាថ្នាដូច្នេះក៏ដោយ ក៏មិន បានសម្រេចដូចប្រាថ្នាគឺបានតែអារម្មណ៍មិនល្អ ចំណែកអារម្មណ៍ ល្អៗរមែងសាបសូន្យទៅ តើព្រោះហេតុអ្វី ។
យថាតំ អវិទ្ទសុនោ ព្រោះបុថុជ្ជនអន្ធពាលមិនដឹងតាម ពិត ក៏រមែងដូច្នោះឯង ។ បុថុជ្ជនល្ងង់ខ្លៅ មិនស្គាល់ធម៌ដែលគួរ សេពគប់ ក៏មិនស្គាល់ធម៌ដែលមិនគួរសេពគប់ដែរ ព្រោះហេតុតែមិនស្គាល់ធម៌ដូច្នេះ ក៏បានសេពគប់នូវធម៌ដែលមិនគួរសេពគប់ ហើយ បែរជាមិនសេពគប់នូវធម៌ដែលគួរសេពគប់ទៅវិញដូច្នេះទើបមិនបានសម្រេចតាមប្រាថ្នា បានតែអារម្មណ៍មិនល្អទៅវិញហ្នឹងឯង ។
យថាតំ វិទ្ទសុនោ ព្រះអរិយសាវ័កជាអ្នកចេះដឹងតាម ពិត មានសភាពផ្ទុយគ្នាអំពីបុថុជ្ជនអន្ធពាលដែលមិនដឹងតាមពិត ។
ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់សម្តែងនូវធម្មសមាទាន ៤ យ៉ាង ធម្មសមាទានក្នុងព្រះសូត្រនេះ គឺព្រះអង្គទ្រង់ត្រាស់យកអកុសលកម្មបថ ១០ និងកុសលកម្មបថ ១០ មកជាធម៌ដែលគេកាន់ យកជាការប្រព្រឹត្ត មានបាណាតិបាតជាដើម ។ ៤ យ៉ាងគឺ
១- ទុក្ខក្នុងបច្ចុប្បន្ន ទាំងមានទុក្ខជាវិបាកតទៅ
២- សុខក្នុងបច្ចុប្បន្ន តែមានទុក្ខជាវិបាកតទៅ
៣- ទុក្ខក្នុងបច្ចុប្បន្ន តែមានសុខជាវិបាកតទៅ
៤- សុខក្នុងបច្ចុប្បន្ន ទាំងមានសុខជាវិបាកតទៅ
អវិជ្ជាគតោ បុគ្គលដែលធ្លាក់នៅក្នុងអំណាចនៃអវិជ្ជា រមែងមិនដឹង មិនស្គាល់នូវធម្មសមាទានទាំង ៤ នេះតាមពិតឡើយ ម្ល៉ោះហើយ ក៏បានសេពគប់នូវធម្មដែលនាំឲ្យបាននូវអារម្មណ៍មិនល្អ មិនជាទីប្រាថ្នា មិនជាទីត្រេកអរ មិនជាទីគាប់ចិត្ត ចំណែកអារម្មណ៍ ល្អៗសាបសូន្យអស់ នេះជារឿងរបស់បុថុជ្ជនល្ងង់ខ្លៅ ( យថាតំ អវិទ្ទសុនោ ) ដែលមិនបានវៀរចាកនូវអកុសលកម្មបថ ១០ នោះ ដូចបាលីថា តំ អវិទ្ធា អវិជ្ជាគតោ យថាភូតំ នប្បជានន្តោ តំ សេវតិ តំ ន បរិវជ្ជេតិ ប្រែថា បុគ្គលមិនដឹងនូវ ធម្មសមាទាននោះ ជាអ្នកធ្លាក់ចូលក្នុងអំណាចនៃអវិជ្ជា រមែងមិនដឹងច្បាស់តាមសេចក្តីពិត ក៏បានសេពនូវធម្មសមាទាននោះ មិន វៀរចាកនូវធម្មសមាទាននោះឡើយ ។
វិជ្ជាគតោ ជាអ្នកដែលធ្លាក់ក្នុងអំណាចនៃវិជ្ជា រមែងមានការចេះដឹងនៅក្នុងធម្មសមាទាន ៤ យ៉ាងនេះ តាមសេចក្តីពិត ក៏មិនបានសេពគប់នូវធម្មសមាទានណា ដែលនាំឲ្យបាននូវអារម្មណ៍មិនល្អ គឺជាបុគ្គលវៀរចាកនូវធម្មសមាទាននោះ ដែលធ្វើឲ្យអារម្មណ៍ទាំងឡាយដែលជាទីប្រាថ្នា ជាទីត្រេកអរ ជាទីគាប់ចិត្ត រមែងចម្រើនឡើង នេះជារឿងរបស់ព្រះអរិយសាវ័កអ្នកចេះដឹង ( យថាតំ វិទ្ទសុនោ ) ដែលបានវៀរចាកនូវអកុសលកម្មបថ ១០ ដូចបាលី ព្រះពុទ្ធដីកាថា តំ វិទ្ធា វិជ្ជាគតោ យថាភូតំ បជានន្តោ តំ ន សេវតិ តំ បរិវជ្ជេតិ ប្រែថា បុគ្គលដែលបានដឹងនូវធម្មសមាទាននោះ ជាអ្នកធ្លាក់ចូលក្នុងអំណាចនៃវិជ្ជា មានការដឹងច្បាស់ តាមសេចក្តីពិត រមែងមិនសេពនូវធម្មសមាទាននោះឡើយ គឺវៀរចាកនូវធម្មសមាទាននោះឯង ។
អ្នកសិក្សាក្នុងព្រះសូត្រនេះ អាចសង្ស័យងេងងោងបាន បើមិនបានភ្ជាប់សេចក្តីអំពីខាងដើមនៃព្រះសូត្រទេនោះ ។ សេចក្តីខាងដើមគឺការដែលចេះតែបាននូវអារម្មណ៍មិនល្អ អារម្មណ៍ល្អសាបសូន្យ គឺព្រោះហេតុអកុសលកម្មបថ ១០ នោះឯង ជាបន្តគឺព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់អំពីអន្ធបុថុជ្ជន ( យថាតំ អវិទ្ទសុនោ ) ដែលមិនដឹងនូវធម្មសមាទានទាំង ៤ រមែងសេពនូវអកុសលកម្មបថ ១០ ( តំ សេវតិ ) មិនវៀរនូវអកុសលកម្មបថ ១០ នោះ ( តំ ន បរិវជ្ជេតិ ) មិនមែនសេពនូវធម្មសមាទានទាំង ៤ មិនវៀរនូវធម្មសមាទានទាំង ៤ នោះៗទេ ។ ចំណែកខាងព្រះអរិយសាវ័ក ( យថាតំវិទ្ទសុនោ ) ដែលបានចេះដឹងក្នុងធម្មសមាទានទាំង ៤ ហើយ រមែងមិនសេពនូវអកុសលកម្មបថ ( តំ ន សេវតិ ) វៀរចាកនូវអកុសលកម្មបថនោះ ( តំ បរិវជ្ជេតិ ) គឺមិនមែនបានសេចក្តីថា មិនសេពនូវធម្មសមាទានទាំង ៤ នោះ វៀរចាកនូវ ធម្មសមាទានទាំង ៤ នោះឡើយ ។
ធម្មសមាទានទី ១ គឺអកុសលកម្មបថ ១០ ដែលអ្នកប្រព្រឹត្ត ប្រកបដោយទុក្ខទោមនស្ស ទោះជាកាមេសុមិច្ឆា អភិជ្ឈា និងមិច្ឆាទិដ្ឋិ កើតនៅតែក្នុងលោភមូលចិត្ត ប៉ុន្តែកម្មបថបីនេះប្រកបដោយ ទុក្ខទោមនស្ស ក្នុងបុព្វចេតនា និងអបរចេតនា នៅក្នុងធម្មសមាទាន ទី ១ នេះ ។
ធម្មសមាទានទី ២ គឺអកុសលកម្មបថ ១០ ដែលអ្នកប្រព្រឹត្ត ប្រកបដោយសុខសោមនស្ស ទោះជា បាណាតិបាត ផរុសវាចា និងព្យាបាទ ដែលកើតនៅតែក្នុងទោសមូលចិត្តក៏ដោយ ប៉ុន្តែរមែង សុខសោមនស្សក្នុងបុព្វចេតនា និងអបរចេតនា ប្រព្រឹត្តទៅនៅក្នុងធម្មសមាទានទី ២ នេះ ។
ធម្មសមាទានទី ៣ គឺកុសលកម្មបថ ១០ ដែលជាទុក្ខ-ទោមនស្ស ដោយបុព្វចេតនា និងអបរចេតនា ។
ធម្មសមាទានទី ៤ គឺកុសលកម្មបថ ១០ ដែលប្រព្រឹត្តទៅជា សុខដោយចេតនាទាំងបីកាល ។
ធម្មសមាទានទី ១ ប្រៀបដូច ផ្លែននោងព្រៃ រសជាតិល្វីង ទាំងដែលគេយកមកលាយដោយថ្នាំពិសទៀត ធម្មសមាទានទី ២ ប្រៀបដូច ភាជន៍សំរឹទ្ធិពេញដោយទឹកផ្អែមឆ្ងាញ់ តែលាយដោយថ្នាំ ពិស ធម្មសមាទានទី ៣ ប្រៀបដូច ទឹកមូត្រស្អុយលាយដោយថ្នាំសម្រាប់ព្យាបាលរោគស្គមលឿង ធម្មសមាទានទី ៤ ប្រៀបដូច ទឹកដោះ ទឹកឃ្មុំ និងទឹកអំពៅលាយគ្នាធ្វើថ្នាំព្យាបាលរោគធ្លាក់ ឈាម ។ ធម្មសមាទានពីរខាងដើម ក្នុងសេចក្តីប្រៀបគឺធ្វើឲ្យអ្នកផឹកនោះឯងមិនឆ្ងាញ់ក៏ដោយ ឆ្ងាញ់ក៏ដោយ លទ្ធផលគឺស្លាប់ដោយ ជាតិពិសហ្នឹងឯង ចំណែកពីរខាងចុង ទាំងមិនឆ្ងាញ់ ទាំងឆ្ងាញ់ គឺ សុទ្ធតែបានជារោគនោះៗ ដោយអំណាចនៃភេសជ្ជៈព្យាបាលរោគ។
នៅខាងចុងនៃព្រះសូត្រ ព្រះបរមសាស្តាទ្រង់ត្រាស់សម្តែង ធម្មសមាទានទី ៤ ដែលមានសេចក្តីសុខក្នុងបច្ចុប្បន្នផង ទាំងមាន សេចក្តីសុខតទៅផង ប្រៀបដូចជាព្រះអាទិត្យរះក្នុងសរទសម័យមេឃស្រឡះក្នុងខែខាងចុងនៃវស្សានរដូវ មានរស្មីរុងរឿងត្រចះត្រចង់ ។ ធម្មសមាទានទី ៤ នេះ អាចគ្របសង្កត់នូវពាក្យផ្សេងៗ របស់ពួកសមណព្រាហ្មណ៍ដទៃក្រៅព្រះពុទ្ធសាសនាដ៏ច្រើន ដូចពាក្យថា សេចក្តីសុខគឺទាល់តែធ្វើខ្លួនឲ្យលំបាកទើបបាន ដូច្នេះ ជាដើម ។ ក្នុងព្រះអដ្ឋកថា ប្រាប់ថា ព្រះសូត្រនេះ ពួកទេវតាជ្រះថ្លា ពេញចិត្តដ៏ក្រៃលែង ទាំងបានលើករឿងទេវតាជាព្រះសោតាបន្នមួយ អង្គ ពោលពាក្យសាធុការ អនុមោទនាក្នុងការស្វាធ្យាយនូវព្រះសូត្រ នេះ នៃព្រះភិក្ខុមួយអង្គ ។
ដកស្រង់ចេញពីសៀវភៅ សិក្សាព្រះសូត្រ ភាគ៧
ដោយ៥០០០ឆ្នាំ
images/articles/2750/xgcrdxzfsfdv.jpg
ផ្សាយ : ២២ ឧសភា ឆ្នាំ២០២២ (អាន: ៦១,៣៨៣ ដង)
ពាក្យថាអរិយសច្ច មានអត្ថ ៤ យ៉ាង
១- ព្រោះព្រះអរិយបុគ្គល មានព្រះសម្មាសម្ពុទ្ធជាដើម បានចាក់ធ្លុះនូវសច្ចៈទាំងនោះ ទើបហៅថា អរិយសច្ច ដូចជាព្រះពុទ្ធដីកាក្នុងបិដកលេខ ៣៩ ទំព័រ ២៦៦ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ព្រះអរហន្តសម្មាសម្ពុទ្ធទាំងឡាយគ្រប់អង្គក្នុងអតីតកាល បានត្រាស់ដឹងហើយ... ក្នុងអនាគតកាលនឹងបានត្រាស់ដឹង... ក្នុងបច្ចុប្បន្នកាល រមែងត្រាស់ដឹងតាមសេចក្ដីពិត ព្រះអរហន្តសម្មាសម្ពុទ្ធគ្រប់ព្រះអង្គនោះ រមែងត្រាស់ដឹងនូវអរិយសច្ច ៤ តាមសេចក្ដីពិត។
២- ព្រោះដោយអត្ថថា ជាសច្ចៈរបស់ព្រះអរិយៈ ដូចក្នុងបិដកលេខ ៣៩ ទំព័រ ២៦៩ ព្រះពុទ្ធអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគត ជាអរិយបុគ្គលក្នុងលោក ព្រមទាំងទេវលោក មារលោក ព្រហ្មលោក ក្នុងពពួកសត្វ ព្រមទាំងសមណព្រាហ្មណ៍ ទាំងមនុស្សជាសម្មតិទេព និងមនុស្សដ៏សេស ព្រោះហេតុនោះ (សច្ចៈ ៤ ដែលតថាគតសម្ដែងហើយ) ហៅថា អរិយសច្ច។ អដ្ឋកថា តថាគតោ អរិយោ តស្មា អរិយសច្ចានីតិ វុច្ចន្តិ ដោយសេចក្ដីថា អរិយសច្ចទាំងឡាយនោះ ឈ្មោះថា ជារបស់ព្រះអរិយៈ ព្រោះព្រះតថាគត ជាព្រះអរិយៈទ្រង់ត្រាស់ដឹង និងត្រាស់សម្ដែងហើយ ព្រោះហេតុណា ហេតុនោះ ទើបឈ្មោះថា អរិយសច្ច គឺជាសេចក្ដីពិតរបស់ព្រះអរិយៈ។
៣- ព្រោះសម្រេចជាព្រះអរិយបុគ្គល ដោយការបានត្រាស់ដឹងនូវសច្ចៈទាំង ៤ ដូចក្នុងព្រះពុទ្ធដីកា បិដកលេខ ៣៩ ទំព័រ ២៦៥ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគត ដែលមានឈ្មោះថា អរហន្តសម្មាសម្ពុទ្ធ ព្រោះតថាគត បានត្រាស់ដឹងនូវអរិយសច្ច ៤ នេះ តាមសេចក្ដីពិត។
៤- ឈ្មោះថា អរិយសច្ច ព្រោះដោយអត្ថថា ជាសច្ចៈដ៏ប្រសើរ ក្នុងបិដកលេខ ៣៩ ទំព័រ ២៦៩ ព្រះពុទ្ធអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ អរិយសច្ច ៤ នេះ ជារបស់ពិត មិនប្រែប្រួល មិនក្លាយទៅជារបស់ដទៃឡើយ ព្រោះហេតុនោះ បានជាតថាគត ហៅថាអរិយសច្ច ។ តថានិ ជារបស់ពិត អវិតថានិ មិនប្រែប្រួល អនញ្ញថានិ មិនក្លាយទៅជារបស់ដទៃ។
ដកស្រង់ពីសៀវភៅ សិក្សាព្រះសូត្រ ភាគទី១៣
ដោយ៥០០០ឆ្នាំ
images/articles/2751/dthvgcrdvxsfd.jpg
ផ្សាយ : ២២ ឧសភា ឆ្នាំ២០២២ (អាន: ៤០,៦៧១ ដង)
១- អបិច វេរីវេរមូលវេរសមុគ្ឃាតវេរសមុគ្ឃាតុបាយេហិ ម្យ៉ាងទៀត គប្បីជ្រាបសច្ចៈទាំងនេះ ដោយឧបមា ប្រកបដោយបុគ្គលមានពៀរ មូលហេតុនៃពៀរ ការដកចេញនូវពៀរ (ស្ងប់វេរា) និងឧបាយនៃការដកចេញនូវពៀរ ។
២- វិសរុក្ខរុក្ខមូលមូលុបច្ឆេទតទុបច្ឆេទុបាយេហិ ដើមឈើមានពិស ឫសនៃដើមឈើពិស ការកាត់គាស់នូវឫសឈើពិស និងឧបាយនៃការកាត់គាស់ឫសគល់ឈើពិសនោះ ។
៣- ភយភយមូលនិព្ភយតទធិគមុបាយេហិ ការមានភ័យ មូលហេតុនៃភ័យ ការរួចផុតពីភ័យ និងឧបាយនៃការរួចផុតចាកភ័យនោះឯង ។
៤- ឱរិមតីរមហោឃបារិមតីរតំសម្បាបកវាយាមេហិ ត្រើយអាយ អន្លង់ទឹកធំ ត្រើយនាយ និងសេចក្ដីព្យាយាមឱ្យបានដល់ត្រើយនាយនោះ ។
ដកស្រង់ពីសៀវភៅ សិក្សាព្រះសូត្រ ភាគទី១៣
ដោយ៥០០០ឆ្នាំ
images/articles/2752/sgvdxsxsdcfvhg.jpg
ផ្សាយ : ២២ ឧសភា ឆ្នាំ២០២២ (អាន: ៥៨,៧៤៨ ដង)
សម័យមួយ ព្រះដ៏មានព្រះភាគទ្រង់គង់ប្រថាប់នៅនាព្រះមហាវិហារជេតពន ជិតក្រុងសាវត្ថី ។ សម័យនោះ ព្រះអង្គទ្រង់ត្រាស់សម្ដែងអំពីទិដ្ឋិច្រើនប្រការ ឱ្យដល់ភិក្ខុទាំងឡាយបានស្ដាប់ក្នុងវត្តជេតពននោះឯង ។ ទិដ្ឋិដែលប្រារព្ធយកខន្ធជាអនាគត មកជាអារម្មណ៍ មាន ៥ ចំណែក គឺ
១- អត្តា កាលស្លាប់ទៅហើយកើតទៀត មានសញ្ញា ។
២- អត្តា កាលស្លាប់ទៅហើយកើតទៀត មិនមានសញ្ញា ។
៣- អត្តា កាលស្លាប់ទៅហើយកើតទៀត មានសញ្ញាក៏មិនមែន មិនមានសញ្ញាក៏មិនមែន ។
៤- សត្វស្លាប់ទៅសូន្យ មិនកើតទៀតឡើយ ។
៥- ទិដ្ឋធម្មនិព្វានវាទ យល់ឃើញថាកាមសុខនិងឈានសុខ ជាព្រះនិព្វានក្នុងបច្ចុប្បន្ន ។
ទិដ្ឋិទាំង ៥ ពួកនេះ រួមជា ៣ ពួកក៏បាន គឺ ៣ ពួកខាងដើម ជាសស្សតវាទ ពួក ១ បន្តមកគឺឧច្ឆេទវាទ ពួក ១ និងទិដ្ឋធម្មនិព្វានវាទ ពួក ១ ដោយប្រការដូច្នេះទើបព្រះសូត្រនេះ មានឈ្មោះថា បញ្ចត្តយសូត្រ គឺ ៥ មកជា ៣ ឬ ៣ ទៅជា ៥ ក៏បាន ។
ជាបន្តមកក្នុងព្រះសូត្រ ព្រះដ៏មានព្រះភាគទ្រង់ត្រាស់សម្ដែងចែកទិដ្ឋិ ៥ ពួកខាងដើមនោះ ទៅជាទិដ្ឋិ ៤៤ ដូចនៅក្នុងព្រហ្មជាលសូត្របិដកលេខ ១៤ ដែរ គឺ
-សស្សតទិដ្ឋិជាសញ្ញីវាទ មាន ១៦
-សស្សតទិដ្ឋិជាអសញ្ញីវាទ មាន ៨
-សស្សតទិដ្ឋិជានេវសញ្ញីនាសញ្ញីវាទ មាន ៨
-ឧច្ឆេទទិដ្ឋិ មាន ៧
-ទិដ្ឋធម្មនិព្វានវាទ មាន ៥ ។
ទិដ្ឋិទាំង ៤៤ គឺប្រារព្ធយកខន្ធជាអនាគត មកជាអារម្មណ៍ ហៅថា អបរន្តកប្បទិដ្ឋិ ។ បន្ទាប់មកព្រះអង្គទ្រង់សម្ដែងអំពីទិដ្ឋិ ៥ ពួកទៀត ដែលប្រារព្ធយកខន្ធអតីតមកជាអារម្មណ៍ ៥ ពួកនេះ ចែកបានជាទិដ្ឋិ ១៨ គឺ
១- សស្សតទិដ្ឋិ មាន ៤
២- ឯកច្ចសស្សតឯកច្ចអសស្សតទិដ្ឋិ មាន ៤
៣- អន្តានន្តទិដ្ឋិ មាន ៤
៤- អមរាវិក្ខេបទិដ្ឋិ មាន ៤
៥- អធិច្ចសមុប្បន្នទិដ្ឋិ មាន ២ ។
ទិដ្ឋិ ៥ ពួក ចែកបានជាទិដ្ឋិ ១៨ ដែលប្រារព្ធយកខន្ធខាងដើមគឺខន្ធអតីតមកជាអារម្មណ៍នោះ ហៅថា បុព្វន្តកប្បទិដ្ឋិ ។ បូកបញ្ចូលបុព្វន្តកប្បទិដ្ឋិ ១៨ និងអបរន្តកប្បទិដ្ឋិ ៤៤ ត្រូវជាទិដ្ឋិ ៦២ ។ ចំពោះទិដ្ឋិទាំង ៦២ នេះ គឺមានសក្កាយទិដ្ឋិ ដែលប្រកាន់ថាជាសត្វបុគ្គលតួខ្លួន ជាមេ ជាប្រធាន ទើបព្រះដ៏មានព្រះភាគ ទ្រង់ប្រកាសសម្ដែងនៅក្នុងព្រះសូត្រនេះជាបន្តថា ម្នាលភិក្ខុទាំងឡាយ សមណៈឬព្រាហ្មណ៍ពួកខ្លះ ក្នុងលោកនេះ ព្រោះលះបង់នូវបុព្វន្តានុទិដ្ឋិផង លះបង់នូវអបរន្តានុទិដ្ឋិផង ទាំងមិនអធិដ្ឋានទុកនូវកាមសញ្ញោជនៈ ដោយសព្វគ្រប់ កន្លងនូវបីតិដ៏ស្ងប់ស្ងាត់ កន្លងនូវនិរាមិសសុខ កន្លងនូវអទុក្ខមសុខវេទនា ក៏ពិចារណាឃើញថា អាត្មាអញជាអ្នកស្ងប់រម្ងាប់ អាត្មាអញជាអ្នករលត់ទុក្ខ អាត្មាអញជាអ្នកមិនមានសេចក្ដីប្រកាន់ ( ក្នុងបញ្ចក្ខន្ធ ) ។
ម្នាលភិក្ខុទាំងឡាយ ព្រះតថាគតដឹងច្បាស់នូវដំណើរនោះថា សមណៈឬព្រាហ្មណ៍ដ៏ចម្រើននេះ ព្រោះលះបង់នូវបុព្វន្តានុទិដ្ឋិផង លះបង់នូវអបរន្តានុទិដ្ឋិផង ទាំងមិនអធិដ្ឋានទុកនូវកាមសញ្ញោជនៈ ដោយសព្វគ្រប់ កន្លងនូវបីតិដ៏ស្ងប់ស្ងាត់ កន្លងនូវនិរាមិសសុខ កន្លងនូវអទុក្ខមសុខវេទនា ក៏ពិចារណាឃើញថា អាត្មាអញជាអ្នកស្ងប់រម្ងាប់ អាត្មាអញជាអ្នករលត់ទុក្ខ អាត្មាអញជាអ្នកមិនមានសេចក្ដីប្រកាន់។ សមណព្រាហ្មណ៍ដ៏មានអាយុនេះតែងពោលសរសើរ នូវបដិបទាជាទីសប្បាយនៃព្រះនិព្វាន ដោយពិត ប៉ុន្តែសមណៈឬព្រាហ្មណ៍ដ៏ចម្រើននេះឯង ប្រកាន់មាំនូវបុព្វន្តានុទិដ្ឋិផង ប្រកាន់មាំនូវអបរន្តានុទិដ្ឋិផង ប្រកាន់មាំនូវកាមសញ្ញោជនៈផង ប្រកាន់មាំនូវបីតិដ៏ស្ងប់ស្ងាត់ផង ប្រកាន់មាំនូវនិរាមិសសុខផង ប្រកាន់មាំនូវអទុក្ខមសុខវេទនាផង ។
សមណព្រាហ្មណ៍មានអាយុនេះ ពិចារណាឃើញថា អាត្មាអញជាអ្នកស្ងប់រម្ងាប់ អាត្មាអញជាអ្នករលត់ទុក្ខ អាត្មាអញជាអ្នកមិនមានសេចក្ដីប្រកាន់មាំ ដោយហេតុណា ហេតុនោះ ព្រះតថាគតពោលថាជាឧបាទាន ( សេចក្ដីប្រកាន់មាំ ) របស់សមណព្រាហ្មណ៍ដ៏ចម្រើននេះ ។ ឧបាទាននោះជាសង្ខតធម៌ ដ៏គ្រោតគ្រាតនៅឡើយ ចំណែកខាងការរលត់សង្ខារទាំងឡាយមានពិត ព្រះនិព្វានក៏មានពិត លុះព្រះតថាគតដឹងច្បាស់ដូច្នេះហើយ ជាអ្នកឃើញនូវការរលាស់ចេញនូវឧបាទាននោះ កន្លងនូវឧបាទាននោះ។
ម្នាលភិក្ខុទាំងឡាយ ការដឹងច្បាស់តាមពិត នូវកិរិយាកើតឡើងផង នូវកិរិយាវិនាសផង នូវអានិសង្សផង នូវទោសផង នូវកិរិយារលាស់ចេញផង នៃផស្សាយតនៈទាំង ៦ ហើយរួចចាកសេចក្ដីប្រកាន់មាំណា នេះឯង ឈ្មោះថាសន្តិវរបទ ដ៏ប្រសើរ ដែលព្រះតថាគតត្រាស់ដឹងហើយ ម្នាលភិក្ខុទាំងឡាយ ការដឹងច្បាស់តាមពិត នូវកិរិយាកើតឡើងផង នូវកិរិយាវិនាសផង នូវអានិសង្សផង នូវទោសផង នូវកិរិយារលាស់ចេញផង នៃផស្សាយតនៈទាំង ៦ ហើយ រួចចាកសេចក្ដីប្រកាន់មាំណា នោះឯង ឈ្មោះថាសន្តិវរបទដ៏ប្រសើរ ដែលព្រះតថាគតត្រាស់ដឹងហើយ ។ លុះព្រះមានបុណ្យបានសម្ដែងព្រះសូត្រនេះចប់ហើយ ភិក្ខុទាំងនោះ ក៏មានចិត្តត្រេកអរ រីករាយចំពោះភាសិត របស់ព្រះមានបុណ្យ។
ដកស្រង់ពីសៀវភៅ សិក្សាព្រះសូត្រ ភាគទី១៣
ដោយ៥០០០ឆ្នាំ
images/articles/2753/etbhfsd.jpg
ផ្សាយ : ២២ ឧសភា ឆ្នាំ២០២២ (អាន: ៥៨,៨២៨ ដង)
នៅក្នុងបិដកលេខ ២១ រថវិនីតសូត្រ ព្រះបុណ្ណមន្តាណីបុត្ត បានសម្ដែងថា អនុបាទាបរិនិព្វាន មិនមែនជាវិសុទ្ធិណាមួយ ក្នុងវិសុទ្ធិទាំង ៧ នោះឡើយ ហើយព្រះសារីបុត្តបានសួរថា ម្នាលអាវុសោ ចុះអនុបាទាបរិនិព្វាន ក្រៅអំពីធម៌ទាំងនេះឬ ? ព្រះបុណ្ណមន្តាណីបុត្តឆ្លើយថា អញ្ញត្រ ចេ អាវុសោ ឥមេហិ ធម្មេហិ អនុបាទាបរិនិព្វានំ អភវិស្ស បុថុជ្ជនោ បរិនិព្វាយេយ្យ បុថុជ្ជនោ ហិ អាវុសោ អញ្ញត្រ ឥមេហិ ធម្មេហិ។ ម្នាលអាវុសោ បើអនុបាទាបរិនិព្វាន ក្រៅអំពីធម៌ទាំងនេះហើយ បុថុជ្ជនក៏គង់បរិនិព្វានបាន ម្នាលអាវុសោ ព្រោះបុថុជ្ជន ក្រៅអំពីធម៌ទាំងនេះឯង ។
នៅខាងចុងនៃព្រះធម្មទេសនា ព្រះបុណ្ណមន្តាណីបុត្ត បានសម្ដែងថា ញាណទស្សនវិសុទ្ធិ យាវទេវ អនុបាទាបរិនិព្វានត្ថា ប្រែថា ញាណទស្សនវិសុទ្ធិ ( មគ្គញ្ញាណ ៤ ) មានប្រយោជន៍ត្រឹមតែអនុបាទាបរិនិព្វាន ( អសង្ខតធាតុ ) ។ អនុបាទាបរិនិព្វានត្ថំ ខោ អាវុសោ ភគវតិ ព្រហ្មចរិយំ វុស្សតីតិ ។ ម្នាលអាវុសោ ព្រហ្មចរិយធម៌ដែលខ្ញុំប្រព្រឹត្តក្នុងសម្នាក់ ព្រះដ៏មានព្រះភាគនេះ ដើម្បីអនុបាទាបរិនិព្វាន ។
ដកស្រង់ពីសៀវភៅ សិក្សាព្រះសូត្រ ភាគទី១៣
ដោយ៥០០០ឆ្នាំ
images/articles/2754/rtvgrcdgxvred.jpg
ផ្សាយ : ២២ ឧសភា ឆ្នាំ២០២២ (អាន: ៦២,៥៤៨ ដង)
ចន្ទគតិ មានរនោច មានខ្នើតជាធម្មតា បើយើងមិនប្រាថ្នាឱ្យខុសពីធម្មតាទេ យើងក៏មិនកើតទុក្ខដែរ ។ ផែនដីវិលជុំវិញព្រះអាទិត្យ ចំណែកព្រះចន្ទវិលជុំវិញផែនដី យើងមិនដែលកើតទុក្ខព្រោះហេតុតែព្រះចន្ទមិនបានមកវិលជុំវិញខ្លួនយើងនោះឡើយ យ៉ាងណាមិញ អ្វីៗក្នុងលោករមែងប្រព្រឹត្តទៅតាមធម្មតារបស់លោក បើយើងមិនចង់រវល់ច្រើនទេ យើងត្រូវសិក្សាចូលឱ្យដល់ធម្មតាធម៌ អ្វីៗរៀបរយស្រេចបាច់តាមធម្មជាតិ មានបច្ច័យឱ្យកើតឡើង មានជរាជាធម្មតា មានព្យាធិជាធម្មតា មានមរណៈជាធម្មតា មានការព្រាត់ប្រាស ប្រែប្រួលជាធម្មតា ។ល។ យើងមិនមានអ្វីដែលត្រូវមកប្រាថ្នាដោយការហួងហែងចំពោះសង្ខារទាំងឡាយថា កុំឱ្យប្រព្រឹត្តទៅដូច្នោះៗឡើយ ព្រោះព្រះនិព្វានទេតើ ដែលមិនមានជរា ព្យាធិ មរណៈ មិន មានវដ្ដៈ ជាទីអស់ទៅនៃតណ្ហា និងជាទីអស់ទៅនៃទុក្ខទាំងពួង ។
ដកស្រង់ពីសៀវភៅ សិក្សាព្រះសូត្រ ភាគទី១៣
ដោយ៥០០០ឆ្នាំ
images/articles/2755/dghcdrfxvdvszd.jpg
ផ្សាយ : ២២ ឧសភា ឆ្នាំ២០២២ (អាន: ៣២,៤០០ ដង)
សម័យមួយ ព្រះដ៏មានព្រះភាគទ្រង់គង់ប្រថាប់នៅនាដងព្រៃ ជិតក្រុងកុសិនារា ។ ក្នុងទីនោះឯង ព្រះអង្គទ្រង់ត្រាស់សួរភិក្ខុទាំងឡាយថា ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ ធ្លាប់មានសេចក្ដីត្រិះរិះចំពោះតថាគតថា ព្រះសមណគោតមសម្ដែងធម៌ព្រោះហេតុចីវរខ្លះ... ព្រោះហេតុបិណ្ឌបាតខ្លះ... ព្រោះហេតុសេនាសនៈខ្លះ ព្រះសមណគោតមសម្ដែងធម៌ព្រោះហេតុភពតូចភពធំខ្លះ ដូច្នេះដែរឬ ? ( កិន្តិ = កឹ + ឥតិ ) ។
ភិក្ខុទាំងឡាយ ក្រាបទូលថា បពិត្រព្រះអង្គដ៏ចម្រើន ខ្ញុំព្រះអង្គទាំងឡាយ ពុំដែលមានសេចក្ដីត្រិះរិះចំពោះព្រះដ៏មានព្រះភាគថា ព្រះសមណគោតមសម្ដែងធម៌ព្រោះហេតុចីវរខ្លះ... ព្រោះហេតុបិណ្ឌបាតខ្លះ... ព្រោះហេតុសេនាសនៈខ្លះ ព្រះសមណគោតមសម្ដែងធម៌ព្រោះហេតុភពតូចភពធំខ្លះ ដូច្នេះឡើយ ។
កាលដែលព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់សាកសួរបញ្ជាក់អំពីសេចក្ដីត្រិះរិះរបស់ភិក្ខុទាំងឡាយ ចំពោះការត្រាស់សម្ដែងព្រះធម៌របស់ព្រះអង្គនោះ ថាដូចម្ដេច ទើបភិក្ខុទាំងឡាយក្រាបទូលថា បពិត្រព្រះអង្គដ៏ចម្រើន ខ្ញុំព្រះអង្គទាំងឡាយ មានសេចក្ដីត្រិះរិះចំពោះព្រះដ៏មានព្រះភាគយ៉ាងនេះថា ព្រះដ៏មានព្រះភាគ ជាអ្នកអនុគ្រោះ ស្វែងរកប្រយោជន៍ អាស្រ័យនូវសេចក្ដីអនុគ្រោះ ទើបសម្ដែងធម៌ ។
ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ បានឮថា អ្នកទាំងឡាយមានសេចក្ដីត្រិះរិះ ចំពោះតថាគតយ៉ាងនេះថា ព្រះដ៏មានព្រះភាគ ជាអ្នកអនុគ្រោះ ស្វែងរកប្រយោជន៍ អាស្រ័យនូវសេចក្ដីអនុគ្រោះ ទើបសម្ដែងធម៌ ម្នាលភិក្ខុទាំងឡាយ ព្រោះហេតុនោះ ធម៌ទាំងឡាយណា ដែលតថាគតត្រាស់ដឹងហើយ សម្ដែងហើយ ដូចជាសតិប្បដ្ឋាន ៤ សម្មប្បធាន ៤ ឥទ្ធិបាទ ៤ ឥន្ទ្រិយ ៥ ពលៈ ៥ ពោជ្ឈង្គ ៧ មគ្គដ៏ប្រសើរប្រកបដោយអង្គ ៨ អ្នកទាំងឡាយរាល់រូបគប្បីព្រមព្រៀងគ្នា គប្បីរីករាយរកគ្នា កុំវិវាទគ្នា គប្បីសិក្សាក្នុងធម៌ទាំងនោះចុះ ។
ជាបន្តក្នុងព្រះសូត្រ ព្រះដ៏មានព្រះភាគទ្រង់ត្រាស់សម្ដែងអំពីការសម្រុះសម្រួលគ្នា កុំឱ្យមានវិវាទនឹងគ្នាក្នុងអភិធម្ម ទាក់ទងដោយអត្ថនិងព្យញ្ជនៈ ។ សម្រុះសម្រួលក្នុងវិន័យ តាមដែលមានភិក្ខុត្រូវអាបត្តិ ជាការប្រព្រឹត្តល្មើស ឱ្យចេញចាកអកុសលធម៌ មកតាំងនៅក្នុងកុសលធម៌វិញ ។ សម្រុះសម្រួលក្នុងរឿងដែលនិយាយស្ដី មានវចីសង្ខារមិនល្អ វាយឫកដោយទិដ្ឋិ មានចិត្តអាឃាតព្យាបាទ មិនស្ដាប់គ្នា មិនត្រេកអររកគ្នា ។ ព្រះពុទ្ធអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុកាលនឹងពោលដោយប្រពៃ គប្បីពោលយ៉ាងនេះថា ម្នាលអាវុសោ ភិក្ខុបើមិនលះបង់នូវធម៌នោះទេ នឹងមិនធ្វើឱ្យ ជាក់ច្បាស់នូវព្រះនិព្វានបានឡើយ ។
នៅខាងចុងនៃព្រះសូត្រ ព្រះដ៏មានព្រះភាគទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ បើមានភិក្ខុពួកដទៃ សួរភិក្ខុនោះយ៉ាងនេះថា លោកដ៏មានអាយុ បានធ្វើឱ្យភិក្ខុទាំងនេះរបស់ពួកយើង ចេញចាកអំពីអកុសលធម៌ ហើយតាំងនៅក្នុងកុសលធម៌ដែរឬ ? ម្នាលភិក្ខុទាំងឡាយ ភិក្ខុកាលនឹងពោលដោយប្រពៃ គប្បីពោលយ៉ាងនេះថា ម្នាលអាវុសោ ក្នុងទីនេះ ខ្ញុំព្រះករុណាបានចូលទៅគាល់ព្រះដ៏មានព្រះភាគ ព្រះអង្គទ្រង់សម្ដែងព្រះធម៌ដល់ខ្ញុំព្រះករុណា ខ្ញុំព្រះករុណាបានស្ដាប់ព្រះធម៌ដែលព្រះអង្គទ្រង់ត្រាស់សម្ដែងហើយ បានសម្ដែងប្រាប់ដល់ភិក្ខុទាំងនោះ ភិក្ខុទាំងនោះ ក៏បានស្ដាប់ធម៌នោះ ហើយចេញចាកអកុសលធម៌ បានតាំងនៅក្នុងកុសលធម៌ ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុកាលពោលយ៉ាងនេះ មិនឈ្មោះថាលើកតម្កើងខ្លួន មិនឈ្មោះថាសង្កត់សង្កិនបុគ្គលដទៃទេ ឈ្មោះថាជាអ្នកពោលប្ដេជ្ញានូវធម៌តាមធម៌ ម្យ៉ាងទៀត វាទៈនិងអនុវាទៈដែលប្រកបដោយហេតុណាមួយ រមែងមិនមកកាន់ឋានៈដែលអ្នកប្រាជ្ញគប្បីតិះដៀលបានឡើយ ។ លុះព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់សម្ដែងនូវកិន្តិសូត្រនេះចប់ហើយ ភិក្ខុទាំងនោះ ក៏មានចិត្តត្រេកអរ រីករាយ ចំពោះភាសិតរបស់ព្រះដ៏មានព្រះភាគ ។
ដកស្រង់ពីសៀវភៅ សិក្សាព្រះសូត្រ ភាគទី១៣
ដោយ៥០០០ឆ្នាំ
images/articles/2756/rfrsxefcsd.jpg
ផ្សាយ : ២២ ឧសភា ឆ្នាំ២០២២ (អាន: ៣៣,៩៩៨ ដង)
តាមខ្លឹមសារនៅក្នុងកេវដ្ដសូត្រ បិដកលេខ ១៥ គឺមហភូតរូប ៤ ដែលមិនជាប់ដោយឥន្ទ្រិយ មិនមែនជាទុក្ខសច្ច ដូចជាផែនដី ព្រៃភ្នំ ទន្លេសមុទ្រ ភ្នំមាសភ្នំប្រាក់ជាដើមនេះ មិនត្រូវលើកឡើងជាសំណួរថា រលត់អស់មិនមានសេសសល់ក្នុងទីណានោះទេ ពីព្រោះក្នុងធម្មជាតិទាំងអស់នេះ មិនមានវិសុទ្ធិ ៧ ។
អ្វីដែលត្រូវលើកយកមកសួរថា រលត់អស់មិនមានសេសសល់ក្នុងទីណា គឺនាមរូបក្នុងសត្វលោកដែលជាប់ដោយជីវិតិន្ទ្រិយ ជាទុក្ខសច្ចអាស្រ័យតណ្ហាជាសមុទយៈ ។ ឯចម្លើយត្រូវលើកយកព្រះនិព្វានជានិរោធសច្ចមកឆ្លើយថា នាមរូបដែលសន្មតថាសត្វលោកហ្នឹងឯង រលត់អស់មិនមានសេសសល់ក្នុងព្រះនិព្វានជានិរោធសច្ចនោះ ព្រោះការរលត់ទៅនៃអភិសង្ខារវិញ្ញាណ ។
អដ្ឋកថា កេវដ្ដសូត្រប្រាប់ថា អភិសង្ខារវិញ្ញាណស្សាបិ អនុប្បាទនិរោធេន អនុប្បាទវសេន ឧបរុជ្ឈតិ ព្រោះអនុប្បាទនិរោធនៃអភិសង្ខារវិញ្ញាណ ទើប ឧបរុជ្ឈតិ គឺនាមរូបរលត់ដោយអំណាចនៃការមិនកើតឡើង ។
អនុប្បាទនិរោធ គឺព្រះអដ្ឋកថាពន្យល់ក្នុងព្រះពុទ្ធដីកានៃកេវដ្ដសូត្រ ដែលព្រះអង្គទ្រង់ត្រាស់សម្ដែងថា
ឯត្ថ នាមញ្ច រូបញ្ច អសេសំ ឧបរុជ្ឈតិ
វិញ្ញាណស្ស និរោធេន ឯត្ថេតំ ឧបរុជ្ឈតីតិ ។
នាម និងរូប រមែងរលត់ឥតមានសេសសល់ក្នុងព្រះនិព្វាននោះ នាម និងរូបនេះ រមែងរលត់ក្នុងព្រះនិព្វាននោះ ព្រោះរលត់ទៅនៃវិញ្ញាណ ។
ពាក្យថា ឯត្ថ គឺចង្អុលប្រាប់ចំពោះព្រះនិព្វាននោះ ដែលព្រះអង្គទ្រង់ត្រាស់កន្លះព្រះគាថាខាងដើមថា វិញ្ញាណំ អនិទស្សនំ អនន្តំ សព្វតោ បភំ ។
ចំពោះ អនុប្បាទនិរោធ នេះ នៅក្នុងបិដកលេខ ៦៧ ( ចូឡនិទ្ទេស ) ទំព័រ ៣៣ សម្ដែងប្រាប់ថា រលត់ដោយមគ្គញ្ញាណ ៤ មានសោតាបត្តិមគ្គជាដើម ។
ដកស្រង់ពីសៀវភៅ សិក្សាព្រះសូត្រ ភាគទី១៣
ដោយ៥០០០ឆ្នាំ