ថ្ងៃ សៅរ៍ ទី ១៨ ខែ វិច្ឆិកា ឆ្នាំរកា នព្វស័ក ព.ស.២៥៦១  
ស្តាប់ព្រះធម៌ (Mp3)
ស្តាប់ការអានព្រះត្រៃបិដក (Mp3)
ស្តាប់​ការបង្រៀនព្រះធម៌ (Mp3)
ស្តាប់​ការអាន​សៀវ​ភៅ​ធម៌​ (Mp3)
កម្រងធម៌​សូត្រ​ផ្សេង​ៗ (Mp3)
កំណាព្យ និង ស្មូត្រ (Mp3)
ព្រះពុទ្ធសាសនា និងសង្គម (Mp3)
បន្ទុកសៀវភៅ (eBook)
បន្ទុកវីដេអូ (Video)
ទើបស្តាប់/អានរួច
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុ The Buddhist
ទីតាំងៈ សហរដ្ឋអាមេរិក
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តម្រោម
ទីតាំងៈ ខេត្តកំពត
ម៉ោងផ្សាយៈ ០៤.០០​​​ - ២២.០០
វិទ្យុមង្គលបញ្ញា
ទីតាំងៈ ខេត្តកំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុពន្លឺត្រៃរតន៍ តាកែវ
ទីតាំងៈ ខេត្តតាកែវ
ម៉ោងផ្សាយៈ ០៤.០០ - ២៣.០០
មើលច្រើនទៀត​
តំណគួរកត់សម្គាល់
សមាជិកទើបចូល (អម្បាញ់មិញ)
ទិន្នន័យសរុបនៃការចុចចូល៥០០០ឆ្នាំ
ថ្ងៃនេះ ៧៦,២៧៥
Today
ថ្ងៃម្សិលមិញ ៨១,២២៥
ខែនេះ ១,១៣៦,៣៦៨
សរុប ៥០,៩២១,០៥៧
free counters
កំពុងទស្សនា ចំនួន
ប្រកាសថ្មីៗ សៀវភៅធម៌ សំឡេងធម៌ វីដេអូធម៌
images/articles/2032/Untitled-1-Recovered.jpg
ថ្ងៃនេះ
ផ្សាយ : ១៨ វិច្ឆិកា ឆ្នាំ២០១៧ (អាន: ៣៧១៨ ដង)
ជ​រា​សូត្រ​ ជីវិត​នេះ​មាន​ប្រ​មាណ​តិច​ហ្ន៎ សត្វ​តែង​ស្លាប់​ថយ​អំពី​ ១០០​ឆ្នាំ ប្រ​សិន​បើ​រស់​ហួស​ពី​ ១០០​ឆ្នាំ សត្វ​នោះ​នឹង​ស្លាប់​ដោយ​ជរា​ជា​ប្រាកដ​ ។ ជន​ទាំង​ឡាយ​តែ​ង​សោក ព្រោះ​វត្ថុ​ដែល​ប្រ​កាន់​ថា របស់​យើង សេចក្តី​ប្រ​កាន់​ជា​របស់​ទៀង​ទាត់​មិន​មាន​ឡើយ ជីវិត​នេះ​មាន​ការ​ព្រាត់​ប្រាស​ចាក​របស់​ដែល​មាន​ជា​ធម្ម​តា អ្នក​ប្រាជ្ញ​លុះ​ឃើញ​ដូច្នេះ​ហើយ រមែង​មិន​នៅ​គ្រប់​គ្រង​ផ្ទះ​ឡើយ ។ បុរស​សំគាល់​របស់​ណា​ថានេះ​ជា​របស់​អញ​ រមែ​ង​លះ​របស់​នោះ​ដោយ​មរណៈ ឯ​អ្នក​ប្រាជ្ញ​រាប់​អាន​ព្រះ​រតន​ត្រ័យ​ ជ្រាប​ច្បាស់​នូវ​ទៅ​សនុ៎ះ ហើយ​មិន​បង្អោន (ចិត្ត​) ទៅ ដើម្បី​សេចក្តី​ប្រ​កាន់​ថា របស់​យើង​ឡើយ ។ បុរស​អ្នក​​ភ្ញាក់​ (​ពី​ដេក​)​ រមែង​មិន​ឃើញ​រូបា​រម្មណ៍​ជា​ដើម​ ដែល​មក​ជួប​ប្រ​ទះ​ ដោយ​យល់​សប្តិ​ យ៉ាង​ណា​មិញ​ បុគ្គល​ មិន​ឃើញ​ជន​ជា​ទី​ស្រ​ឡាញ់​ ដែល​ធ្វើ​កាល​កិរិយា​ទៅ​កាន់​ លោក​ខាង​មុខ​ ក៏​យ៉ាង​នោះ​ដែរ ។ ជន​ទាំ​ង​នោះ​ដែល​គេ​ឃើញ​ហើយ ឮ​ហើយ​ គេ​តែង​ហៅ​ឈ្មោះ​ កាល​លះ​លោក​នេះ​ទៅ​ នៅ​សល់​តែ​ឈ្មោះ​សម្រាប់​ហៅ​ប៉ុណ្ណោះ ។ ពួក​សត្វ​មាន​សេចក្តី​លោភ​ តែ​ង​មិន​លះ​បង់​ នូវ​សេចក្តី​ខ្សឹក​ខ្សួល​នឹង​សេចក្តី​កំណាញ់​ ក្នុង​វត្ថុ​ដែល​ជា​ទី​រាប់​អាន​បាន​ឡើយ ព្រោះ​ហេតុ​នោះ អ្នក​ប្រាជ្ញទាំង​ឡាយ​ ដែល​ឃើញ​ព្រះ​និព្វាន​​ថា​ជា​ទី​​ក្សេម​ហើយ រមែង​លះ​បង់​សេច​ក្តី​ប្រ​កាន់​បាន ។ ភិក្ខុ​ណា​ មិន​សម្តែង​ខ្លួន​ក្នុង​ភព​ (​ថ្មី​ទៀត​) អ្នក​ប្រាជ្ញ​ ទាំង​ឡាយ ហៅ​អំពើ​នោះ របស់​ភិក្ខុ​នោះ អ្នក​ប្រ​ព្រឹត្ត​រួញ​រា​ អ្នក​កប់ប្រ​សព្វ​អា​សនៈ​ ស្ងាត់ ថា​ជា​សភាព​សម​រម្យ​ហើយ ។ អ្នក​ប្រាជ្ញ​មិន​បាន​អា​ស្រ័យ​ ក្នុង​អា​យ​តនៈ​ ទាំង​អស់​ឡើយ មិន​ធ្វើ​សត្វ​នឹង​សង្ខារ​ឲ្យ​ជា​ទី​ស្រ​ឡាញ់ ទាំង​មិន​ធ្វើ​សត្វ​នឹង​សង្ខារ​ឲ្យ​មិន​ជា​ទី​ស្រ​ឡាញ់ សេចក្តី​ខ្សឹក​ខ្សួល​និង​សេចក្តី​កំណាញ់​ មិន​ជាប់​ក្នុង​សន្តាន​ របស់​ព្រះ​ខីណា​ស្រព​នោះ ដូច​ទឹក​មិន​ប្រ​ឡាក់​លើ​ស្លឹក​ឈូក​ ដូច្នោះ​ដែរ ។ ដំណក់​ទឹក​មិន​ដក់​នៅ​លើ​ស្លឹក​ឈូក​ ដូច​ម្តេច​ ក្តី ទឹក​មិន​ទទឹក​ផ្កា​ឈូក ដូចម្តេច​ក្តី អ្នក​ប្រាជ្ញ​មិន​ជាប់​នៅ​ក្នុង​អារម្មណ៍​នី​មួយ​ សូម្បី​អា​រម្មណ៍​​ដែល​ឃើញ​ ដែល​ឮ ដែល​ប៉ះ​ពាល់​ ក៏​ដូច្នោះ​ដែរ ។ មួយទៀត​ ព្រះ​អរហន្ត​មិន​សំគាល់​ក្នុង​អា​រម្មណ៍​នី​មួយ​​ សូម្បី​អា​រម្មណ៍​ដែល​ឃើញ ដែល​ឮ ដែល​ប៉ះ​ពាល់​ ដោយ​វត្ថុ​នោះ​ៗ​ឡើយ ទាំង​មិន​ប្រា​ថ្នា​ការ​ស្អាត ដោយ​វត្ថុ​ដទៃ​ទេ ព្រោះ​ព្រះ​អរហន្ត​នោះ​មិន​ត្រេក​ត្រ​អាល មិន​ប្រាស​តម្រេក (ដូច​កល្យាណ​បុថុជ្ជន​នឹង​សេក្ខៈ​) ។ ចប់ ជរា​សូត្រ​ ដកស្រង់​ពី​ព្រះ​ត្រៃ​បិដក ភាគ ៥៤ ទំព័រ ២៧៥-២៧៧ ដោយ​៥០០០​ឆ្នាំ
images/articles/1780/Untitled-1-Recovered.jpg
ថ្ងៃនេះ
ផ្សាយ : ១៨ វិច្ឆិកា ឆ្នាំ២០១៧ (អាន: ៤៩៥៣ ដង)
ព្រះ​សម្មាសម្ពុទ្ធ​ជាម្ចាស់​បាន​ត្រាស់​សម្ដែង ហេតុ​ជា​គ្រឿង​ត​នៃ​ពៀរ និង​ហេតុ​ជា​គ្រឿង​ស្ងប់​រម្ងាប់​នៃ​ពៀរ​ ថា៖ ន ហិ វេរេនវេរានិ សម្មន្តីធ កុទាចនំ អវេរេន ច សម្មន្តី ឯស ធម្មោ សនន្តនោ។ សេចក្ដី​ថា៖ ក្នុង​កាល​ណាៗ ក៏​ដោយ ធម្មតា​ពៀរ​ទាំង​ឡាយ​ក្នុង​លោក​សន្និវាស​នេះ មិន​ដែល​ស្ងប់​រម្ងាប់​ដោយ​ការ​ចង​ពៀរ​ឡើយ; ដោយ​ពិតពៀរ​ទាំង​ឡាយ​តែង​ស្ងប់​រម្ងាប់​ដោយ​ការ​មិន​ចង​ពៀរ, ធម៌​នេះ ជាធម៌​ចាស់​មាន​យូរ​ណាស់​មក​ហើយ។ អធិប្បាយ​ចំពោះ​តែ​បទ​ដែល​ទាក់ទង​គ្នា ដោយ​រឿង​ខន្តី​សេចក្ដី​អត់ធន់​ម្យ៉ាង ដូច​តទៅ​នេះ៖បណ្ដា​បទ​ទាំង​ឡាយ ត្រង់​បទ​ថា អវេរេន ច សម្មន្តិ ដូច្នេះ មាន​សេចក្ដី​ថា ពៀរ​ដែល​នឹង​ស្ងប់​រម្ងាប់ ឈប់​ចង​គ្នា​ទៅ​វិញ​ទៅ​មក​នោះ លុះ​តែ​មាន​ទឹក​ចិត្ត​យ៉ាង​ត្រជាក់វិសេស​គឺ ខន្តី​ ( សេចក្ដី​អត់ធន់ ) មេត្តា ( សេចក្ដី​ស្រឡាញ់ ) ឬ​មាន​យោនិសោមនសិការ និងបច្ចវេក្ខណញ្ញាណ គឺ​យក​ចិត្ត​ទុក​ដាក់​ដោយយោបល់ ពិចារណា​ឲ្យ​ឃើញ​ទោស​នៃ​សេចក្ដី​ក្រោធ​ខឹង និង គុណានិសង្ឃ​នៃ​សេចក្ដី​អត់ធន់ ទើប​ពៀរ​នោះ​ស្ងប់​រម្ងាប់​ទៅ​បាន; មាន​គួរនា​ដូច​ទី​កន្លែង​ណា​មួយ ដែល​ប្រឡាក់​ដោយ​របស់​មិន​ស្អាត​មាន​ទឹក​មាត់​ជាដើម លុះ​តែ​គេ​យក​ទឹក​ដែល​ថ្លា​ទៅ​ដុស​លាង ទើប​ជ្រះស្អាត មាន​ក្លិន​ល្អ​ដូច​ដើម​ទៅ​វិញ​បាន។ ដក​ស្រង់​ចេញ​ពី​សៀវភៅ ឱវាទបាតិមោក្ខ ដោយ​៥០០០​ឆ្នាំ​
images/articles/1990/Untitled-1-Recovered.jpg
ថ្ងៃនេះ
ផ្សាយ : ១៨ វិច្ឆិកា ឆ្នាំ២០១៧ (អាន: ១១៥១៤ ដង)
បុរស​ស្ត្រី​​ដែល​បាន​គ្នា​ជា​គូ​ស្រករ​ហើយ​ត្រូវ​ប្រ​តិ​បត្តិ​ធម៌​ប្រាំ​ ៗ ម្នាក់ ទើប​បាន​សុខ​ដល់​គ្នា​បាន​ គឺ​ប្តី​ ត្រូវ​ទំនុក​បម្រុង​ប្រពន្ធ​ របស់​ខ្លួន​ដោយ​ធម៌​ ៥យ៉ាង​គឺ ១. ត្រូវ​រាប់​អាន​លើក​មុខ​ប្រ​ពន្ធ​ថា​ ជា​ប្រ​ពន្ធ​ពិត​ប្រាកដ​ ២. ត្រូវ​កុំ​មើល​ងាយ​ប្រ​ពន្ធ​របស់​ខ្លួន​ ដូច​ទាសី​ ៣. ត្រូវ​កុំ​ក្បត់​ចិត្ត​ប្រ​ពន្ធ​ដោយ​មាន​ស្រី​ដទៃ​ទៀត​ ៤. ត្រូវ​ប្រ​គល់​ការ​ងារ​ក្នុង​ផ្ទះ​ឲ្យ​ដល់​ប្រ​ពន្ធ​ ត្រួ​តត្រា ៥. ត្រូវ​រក​គ្រឿង​អលង្កា​ឲ្យ​ប្រ​ពន្ធ ចំណែក​ប្រពន្ធ​ ត្រូវ​ប្រ​តិ​បត្តិ​ស្វា​មី​ដូច​ជា​ទេ​វតា​ក្នុង​ផ្ទះ ត្រូវ​គោរព​ស្វា​មី​ដោយ​ធម៌​ ៥​ យ៉ាង​គឺ ១. ត្រូវ​ចេះ​តាក់​តែង​ភោជ​នា​អា​ហារ​ ឲ្យ​មាន​ឱ​ជា​រស​ឆ្ងាញ់ពិសា ជូន​ស្វា​មី ដូច​ជា​ នាង​អមរា​ កាល​ចាត់​ចែង​បម្រើ​ព្រះ​មហោ​សថ​ ជា​ស្វា​មី​របស់​នាង​ដូច្នោះ ២. ត្រូវ​រាប់​អាន​ញាតិ​មិត្ត​វង្ស​ត្រកូល​ខាង​ស្វាមី ៣. ត្រូវ​កុំ​ក្បត់​ចិត្ត​ប្តី ដោយ​មា​ន​ប្រុស​ដទៃ ៤. ត្រូវ​ចេះ​ថែ​ទាំ​រក្សា​ទ្រព្យ​សម្បត្តិ​ដែល​ស្វាមី​រក​បាន​មក ៥. ត្រូវ​ជា​ស្រី​ឈ្លាស​វៃ​ក្នុង​ការ​គ្រប់​គ្រង​ផ្ទះ​ និង​ជា​អ្នក​មិន​ខ្ជិល​ច្រ​អូស​ក្នុង​កិច្ច​ការ​ទាំង​ពួង​ គឺ​ជុស​ជុល​ ដេរ​ប៉ះ គ្រីប​ ប៉ាក់ ចាក់ អន្ទង ត្បាញ​រវៃ ការខាង​ស្រី​ទាំង​ប៉ុន្មាន ត្រូវ​ឲ្យ​ចេះស្ទាត់​ទាំង​អស់ ។ ដក​ស្រង់​ពី​សៀវភៅ​ ឧបោសថ​សីល​​ រៀប​រៀង​ដោយ ភិក្ខុ​សីល​ប្បញ្ញោ​ ឆៃ​ សុផល្លី ដោយ​៥០០០​ឆ្នាំ
images/articles/1986/Untitled-1-Recovered.jpg
ថ្ងៃនេះ
ផ្សាយ : ១៨ វិច្ឆិកា ឆ្នាំ២០១៧ (អាន: ៣៦៣២ ដង)
នៅ​ក្នុង​បិដក​លេខ​ ៣០ ទំព័រ​ ១១៨ ព្រះ​អង្គ​ទ្រង់​ត្រាស់​អំពី​ ការ​មិន​ជាប់​នៅក្នុង​រស មាន​សេច​ក្តី​ថា​៖ សាវត្ថី​និ​ទាន គ្រា​នោះ​ឯង​ ព្រះ​មាន​ព្រះ​ភាគ​ ទ្រង់​ស្បង់​ប្រ​ដាប់​បាត្រ​ និង​ចីវរ​ក្នុង​បុព្វ​ណ្ហ​សម័យ​ សេ្តច​ចូល​ទៅកាន់​លំនៅ​របស់​ឧទយ​​ព្រាហ្ម​ណ៍​អស់​វរៈ​ពី​រ​ដង​ ។ លំ​ដាប់​នោះឯង​ ឧ​ទយ​ព្រាហ្មណ៍​យក​បាយ​ដាក់​ពេញ​បាត្រ​ព្រះ​មាន​ព្រះ ភាគ ។ ព្រះ​មាន​ព្រះ​ភាគ​ ទ្រង់​ស្បង់​ប្រ​ដាប់​បាត្រ​និង​ចីវរក្នុង​បុព្វណ្ហ​សម័យ​ សេ្តច​ចូល​ទៅ​កាន់លំនៅ​របស់​ឧ​ទយ​ព្រាហ្មណ៍​ អស់​វរៈ​បីដង ។ ឧ​ទយ​ព្រាហ្មណ៍​ ក៏​យក​បាយ​ដាក់​ពេញ​បាត្រ​ព្រះ​មាន​ព្រះ​ភាគ​ជា​គម្រាប់​ពី​រ​ដង ។ ព្រះ​មាន​ព្រះ​ភាគ​ ទ្រង់​ស្បង់​ប្រ​ដាប់​បាត្រ​និង​ចីវរ​ ក្នុង​បុព្វ​ណ្ហ​សម័យ​ ស្តេច​ចូលទៅកាន់​លំនៅ​របស់ឧ​ទយ​ព្រាហ្មណ៍​ ជា​គម្រប់​បីដង ។ ឧទយ​ព្រាហ្មណ៍​ ក៏​យក​បាយ​ដាក់​ពេញ​បាត្រ​ព្រះ​មាន​ព្រះ​ភាគ​ជា​គម្រប់​បីដង ។ ហើយ​ពោល​ពាក្យ​នេះ​ និង​ព្រះ​មាន​ព្រះ​ភាគ​ថា ព្រះ​សមណគោតម នេះ​ជា​អ្នក​ជាប់​ចិត្ត​ក្នុង​រស​ ទើប​និមន្ត​មក​រឿយ​ៗ​ ។ ព្រះ​មាន​ព្រះភាគ​ត្រាស់​ថាៈ ភ្លៀង​បង្អុរ​ចុះ​រឿយៗ​ ជន​ទាំង​ឡាយ​ ក៏​ព្រោះពូជ​រឿយៗ អ្នក​ភ្ជួរ​រាស់​ទាំង​ឡាយ​ ភ្ជួរ​រាស់​ស្រែ​រឿយ​ៗ​ តែង​នាំ​ស្រូវ​ទៅ​កាន់​ដែន​ក៏​រឿយៗ ។ ស្មូម​ទាំង​ឡាយ​សូម​រឿយ​ៗ ម្ចាស់​ទាន​ទាំងឡាយ​ ក៏​ឲ្យ​រឿយ​ៗ លុះ​ម្ចាស់​ទាន​ទាំង​ឡាយ​ឲ្យ​រឿយ​ៗ​ហើយ រមែង​ទៅ​កាន់​ឋាន​សួគ៌​ក៏​រឿយ​ៗ​ ។ អ្នក​រូត​ទឹក​ដោះ​គោ​ទាំងឡាយ​ រូត​រឿយ​ៗ កូន​គោ​ក៏​ចូល​ទៅ​រក​មេ​គោ​រឿយ​ៗ អ្នក​ល្ងង់​ខ្លៅ​លំបាក​ផង ញាប់​ញ័រ​ផង​រឿយៗ តែង​ចូល​ទៅកាន់​គក៌ក៏​រឿង​ៗ​ ទាំង​កើត​ទាំង​ស្លាប់​ក៏​រឿយ​ៗ ។ គេ​នាំ​ទៅកាន់​ទី​ស្ម​សាន​ក៏​រឿយ​ៗ ចំណែក​អ្នក​មាន​បញ្ញា​ដូច​ជា​ផែន​ដី​ លុះ​បាន​នូវ​មគ្គ​ហើយ មិន​កើត​ក្នុង​ភព​ថ្មី​ទៀត​រឿយ​ៗ​ឡើយ ។ កាល​ព្រះ​មាន​ព្រះ​ភាគ​ ត្រាស់​យ៉ាង​នេះ​ហើយ ឧ​ទយ​ព្រាហ្មណ៍​បាន​ពោល​ពាក្យ​នេះ​ នឹង​ព្រះ​មានព្រះ​ភាគ​ថា បពិត្រ​ព្រះ​គោតម​ដ៏​ចម្រើន ច្បាស់​ពេក​ណាស់ បពិត្រ​ព្រះ​គោតម​ដ៏​ចម្រើន ច្បាស់​ពេក​ណាស់ ។ល។ សូម​ព្រះ​គោតម​ដ៏​ចម្រើន ចាំ​ទុក​នូវ​ខ្ញុំ​ព្រះ​អង្គ​ថា ជា​ឧ​បាសក​អ្នក​ដល់​នូវ​ព្រះ​រតនត្រ័យ​ជា​ទី​ពឹង​ ស្មើ​ដោយ​ជី​វិត​តាំង​ពី​ថ្ងៃ​នេះ​ជា​ដើម​រៀង​ទៅ ។ ដក​ស្រង់​ពី​សៀវភៅ​ ទាន​យម​បុណ្យ​ រៀប​រៀង​ដោយ ភិក្ខុ​សីល​ប្បញ្ញោ​ ឆៃ​ សុផល្លី ដោយ​៥០០០​ឆ្នាំ
images/articles/1951/Untitled-1-Recovered.jpg
ថ្ងៃនេះ
ផ្សាយ : ១៨ វិច្ឆិកា ឆ្នាំ២០១៧ (អាន: ៣៩៣២ ដង)
ធម្ម​សញ្ញក​ត្ថេរា​ប​ទាន​ មាន​ពិ​ធី​ឆ្លង​មហា​ពោ​ធិ​ព្រឹក្ស​ របស់​ព្រះ​មាន​ព្រះ​ភាគ​ព្រះ​នាម​វិបស្សី​ ឯ​ព្រះ​សម្ពុទ្ធ​ជា​ច្បង​ក្នុង​លោក​ ប្រសើ​រ​ជាង​នរៈ​ ទ្រង់​ឋិត​នៅ​ទៀប​ដើម​ពោ​ធិ​ព្រឹក្ស​ ។​ក្នុង​សម័យ​នោះ​ ព្រះ​មាន​ព្រះ​ភាគ​ ទ្រង់​មាន​ភិក្ខុ​សង្ឃ​ចោម​រោម​ ទ្រង់​ប្រ​កាស​សច្ចៈ​៤​ ទ្រង់​បន្លឺ​ឡើង​នូវ​វាចា​ដ៏​អង់​អាច​ ។ ព្រះ​សម្ពុទ្ធ​មាន​កិលេស​ជា​គ្រឿង​បិទ​បើក​ហើយ ទ្រង់​សម្តែង​ធម៌​ដោយ​បម្រួញ​ផង​ ដោយ​ពិស្តារ​ផង​ ទ្រង់​ញ៉ាំង​មហា​ជន​ឲ្យ​រលត់​ទុក្ខ ។ ខ្ញុំ​បាន​ស្តាប់​ធម៌​ របស់​ព្រះ​សម្ពុទ្ធ​អង្គ​នោះ​ ទ្រង់​ជា​ឆ្នើម​ក្នុង​លោក​ ប្រ​កប​ដោយ​តា​ទិ​គុណ​ ហើយ​ថ្វាយ​បង្គំ​ព្រះ​បាទា​ របស់​ព្រះ​សាស្តា​ រួច​ឈម​មុខ​ទៅ​កាន់​ឧត្តរ​ទិស​ហើយ​ចៀស​ចេញ​ទៅ​ ។ក្នុង​កប្ប​ទី​ ៩១​ អំពី​កប្ប​នេះ​ ក្នុង​កាល​នោះ​ ព្រោះ​ហេតុ​ដែល​ខ្ញុំ​បាន​ស្តាប់​ធម៌ ខ្ញុំ​មិន​ដែល​ស្គាល់​ទុគ្គតិ​ នេះ​ជា​ផល​នៃ​ការ​ស្តាប់​ធម៌​​ ។ ក្នុង​កប្ប​ទី​ ៣៣ អំពី​កប្ប​នេះ​ ខ្ញុំ​​បាន​កើត​ជា​ស្តេច​ចក្រ​ពត្តិ​មួយ​អង្គ​ ព្រះ​នាម​សុត​វា​ ជា​ម្ចាស់​ផែន​ដី​ ទ្រង់​មាន​កម្លាំង​ច្រើន ។បដិ​សម្ភិ​ទា​ ៤ វិមោក្ខ​ ៨​ និង​អភិញ្ញា​ ៦​ នេះ​ ខ្ញុំ​បាន​ធ្វើ​ឲ្យ​ជាក់​ច្បាស់​ហើយ ទាំង​សាសនា​ របស់​ព្រះ​ពុទ្ធ​ ខ្ញុំ​បាន​ប្រ​តិ​បត្តិ​ហើយ ។ បាន​ឮ​ថា ព្រះ​ធម្ម​សញ្ញកត្ថេរ​ មាន​អា​យុ​ បាន​សម្តែង​នូវ​គាថា​ទាំង​នេះ​ ដោយ​ប្រការ​ដូច្នេះ ។​ចប់​ ធម្ម​សញ្ញកត្ថេរា​បទាន ។ ដកស្រង់​ទាំង​ស្រុង​ចេញ​ពី​ បិដកភាគ ៧៤ ទំព័រ ៤-៥ ដោយ​៥០០០​ឆ្នាំ
images/articles/2762/sexfresdvcwfsd.jpg
ផ្សាយ : ១៦ វិច្ឆិកា ឆ្នាំ២០១៧ (អាន: ៥០ ដង)
សម័យ​​មួយ កាល​ព្រះដ៏មាន​ព្រះភាគ ទ្រង់​បរិនិព្វាន​ទៅ មិន​ទាន់​បាន​យូរ​ប៉ុន្មាន ព្រះអានន្ទ​ដ៏​មាន​អាយុ គង់​នៅ​ក្នុង​វត្តវេឡុវ័ន ជិត​ក្រុង​រាជគ្រឹះ ដើម្បី​នឹង​ធ្វើ​សង្គាយនាគ្រាទី ១ ។ គ្រា​នោះ ព្រះអានន្ទ ដ៏​មាន​អាយុ បាន​សន្ទនា​ជា​មួយ​នឹង​គោបកមោគ្គល្លានព្រាហ្មណ៍ មួយ​អន្លើ​ដោយ​វស្សការ​ព្រាហ្មណ៍ ។ -ព្រះដ៏មាន​ព្រះភាគ​អង្គ​នោះ ទ្រង់​បង្កើត​ផ្លូវ​ដែល​មិន​ទាន់​កើត​ឡើង ទ្រង់​រៀប​ចំ​ផ្លូវ​ដែល​គេ​មិន​ទាន់​រៀបចំ ទ្រង់​ប្រាប់​ផ្លូវ​ដែល​គេ​មិន​ដែល​ប្រាប់ ព្រះអង្គ​ទ្រង់​ស្គាល់​ផ្លូវ ដឹង​ផ្លូវ ឈ្លាស​វៃ​ក្នុង​ផ្លូវ ចំណែក​ពួក​សាវ័ក​ក្នុង​កាល​ឥឡូវ​នេះ គ្រាន់​តែ​ជា​អ្នក​ដើរ​តាម​ផ្លូវ ប្រកប​តាម​ទៅ​ជា​ខាង​ក្រោយ​ប៉ុណ្ណោះ មិន​មាន​ភិក្ខុ​អង្គ​ណា មាន​នូវ​សព្វញ្ញុតញ្ញាណ​នោះ​ឡើយ ។ -ម្នាលព្រាហ្មណ៍ យើង​ទាំង​ឡាយ មិន​មែន​អត់​ទី​ពឹង​ទេ ម្នាល​ព្រាហ្មណ៍ យើង​ទាំង​ឡាយ​ប្រកប​ដោយ​ទីពឹង គឺ​មាន​ធម៌​ជាទី​ពឹង ។ -ម្នាល​ព្រាហ្មណ៍ បសាទនីយ​ធម៌ គឺ​ធម៌​ជា​ទី​តាំង​នៃ​សេចក្ដី​ជ្រះថ្លា ១០ យ៉ាង ដែល​ព្រះដ៏មាន​ព្រះភាគ អង្គ​នោះ ជា​ព្រះអរហន្ត​សម្មាសម្ពុទ្ធ ទ្រង់​ជ្រាប​ច្បាស់ ឃើញ​ច្បាស់ បាន​សម្ដែង​ហើយ រមែង​មាន ។ បសាទនីយ​ធម៌​ទាំងនោះ​ឯង មាន​នៅ​ក្នុង​ភិក្ខុ​ណា ក្នុង​កាល​ឥឡូវ​នេះ យើង​ទាំង​ឡាយ តែង​ធ្វើ​សក្ការៈ គោរព រាប់​អាន បូជា លុះ​ធ្វើ​សក្ការៈ គោរព​ហើយ ក៏​តែង​នៅ​អាស្រ័យ​នឹង​ភិក្ខុ​នោះ ។ -បសាទនីយធម៌ ១០ គឺ ១.សីល ២.ពហុស្សូត ៣.សន្តោស ៤.ឈានបួន និង​អភិញ្ញា ៦ ទៀត​ជា​គម្រប់ដប់ ។ -ព្រះ​អានន្ទ គង់​នៅ​វត្តវេឡុវ័ន ឆ្លើយ​ប្រាប់​វស្សការព្រាហ្មណ៍​ថា អើ ព្រាហ្មណ៍ វត្តវេឡុវ័ន ជាទី​គួរ​ត្រេកអរ​ផង មាន​សំឡេង​តិច​ផង មាន​សេចក្ដី​គឹកកង​តិច​ផង មាន​ខ្យល់​រំភើយៗ ជាទី​គួរ​ដល់​សេចក្ដី​ស្ងប់ស្ងាត់​របស់​មនុស្ស ជាទី​សមគួរ​ដល់​ការ​ពួន​សំងំ ថែម​ទាំង​មាន​បុគ្គល​ទាំង​ឡាយ​ប្រហែល​នឹង​អ្នក ជា​អ្នក​រក្សា​គ្រប់​គ្រង​ដោយ​ពិត ។ -វស្សការព្រាហ្មណ៍ ពោល​ថា បពិត្រ​ព្រះអានន្ទ​ដ៏​ចម្រើន បាន​ឮ​ថា ព្រះគោតម​ដ៏​ចម្រើន​អង្គ​នោះ ទ្រង់​សរសើរ​នូវ​ឈាន​ដែល​គួរ​សរសើរ ទ្រង់​តិះ​ដៀល​នូវ​ឈាន​ដែល​គួរ​តិះ​ដៀល ។ -ឈាន​ដែល​ព្រះដ៏មាន​ព្រះភាគ ព្រះអង្គ​ទ្រង់​មិន​សរសើរ​ព្រះអានន្ទ​ដ៏​មាន​អាយុ បាន​ប្រកាស​ហើយ គឺ ម្នាល​ព្រាហ្មណ៍ ក្នុង​លោក​នេះ បុគ្គល​ពួក​ខ្លះ មាន​ចិត្តត្រូវ​កាម​រាគ​រួប​រឹត​ហើយ ត្រូវ​កាមរាគ​គ្រប​សង្កត់​ហើយ ក៏​មិន​ដឹង​ច្បាស់​តាម​ពិត នូវ​ធម៌​ជា​គ្រឿង​រលាស់​ចោល នូវ​កាម​រាគ​ដែល​កើត​ឡើង បុគ្គល​នោះ ធ្វើ​នូវ​កាម​រាគ​ឱ្យ​ឋិត​នៅ​ក្នុង​ចិត្ត ហើយ​ក៏​ស្ងួត​ស្ងប់​ជ្រប់ សញ្ជប់​សញ្ជឹង ។ នីវរណៈ​បន្ត​មក​ទៀត គ្រប់​ទាំង ៥ ព្រះអានន្ទ​ដ៏​មាន​អាយុ បាន​សម្ដែង​មាន​ទំនង​ដូច​គ្នា​ដែរ ។ ចំណែក​ឈាន ៤ មាន​បឋមជ្ឈាន​ជា​ដើម ព្រះអានន្ទ​ប្រកាស​ថា ព្រះដ៏មាន​ព្រះភាគ​អង្គ​នោះ ទ្រង់​ត្រាស់​សរសើរ ។ វស្សការ​ព្រាហ្មណ៍ ជា​មហាមាត្យ​ក្នុង​ដែនមគធៈ ត្រេកអរ​រីករាយ​នឹង​ភាសិត​របស់​ព្រះអានន្ទ​ដ៏​មាន​អាយុ ។ អដ្ឋកថា ប្រាប់​ថា វស្សការព្រាហ្មណ៍ ធ្វើកាល​កិរិយា​ទៅ​កើត​ជា​ស្វា​នៅ​វត្ត​វេឡុវ័ន ព្រោះ​ហេតុ​ពេល​មួយ​គាត់​បាន​ឃើញ​ព្រះមហាកច្ចាយនត្ថេរ និមន្ត​ចុះ​អំពី​ភ្នំ​គិជ្ឈកូដ​មក បាន​ពោល​ថា នោះ​ដូច​ស្វា ។ ព្រះដ៏មាន​ព្រះភាគ ទ្រង់​ព្រះសណ្ដាប់​នូវ​ពាក្យ​នោះ​ហើយ ព្រះអង្គ​ត្រាស់​ថា បើ​ព្រាហ្មណ៍​សូមខមាទោស ជា​ការ​ល្អ តែ​បើ​មិន​សូម​ខមាទោស​ទេ ព្រាហ្មណ៍​នឹង​កើត​ជា​ស្វា​កន្ទុយ​គោ ( គោនង្គលមក្កដោ ) ក្នុង​ព្រះវេឡុវ័ន​នេះ ។ វស្សការព្រាហ្មណ៍​នោះ បាន​ស្ដាប់​ព្រះតម្រាស់​នៃ​ព្រះដ៏មាន​ព្រះភាគ​ហើយ គិត​ថា ធម្មតា​ព្រះតម្រាស់​របស់​ព្រះសមណគោតម​មិន​ជា​ពីរ ( ត្រាស់​ថា​យ៉ាង​ណា គឺ​យ៉ាង​ហ្នឹង ) ដូច្នេះ នៅ​ពេល​ដែល​យើង​ទៅ​ជា​ស្វា នឹង​ត្រាច់​ទៅ​រក​ស៊ី​ក្នុង​ទី​ដែល​មាន​អាហារ ទើប​ចាត់​ចែង​ដាំ​ដើម​ឈើ​មាន​ផ្លែ​ផ្សេងៗ ក្នុង​ព្រះវេឡុវ័ន ហើយ​ឱ្យ​មាន​ការ​ថែរក្សា ។ ចំពោះ​ព្រះសូត្រ​ដែល​មាន​ឈ្មោះ​ថា​គោបកមោគ្គល្លានសូត្រ ព្រោះ​គោបកមោគ្គល្លាន​ព្រាហ្មណ៍​បាន​ឱកាស​សាក​សួរ​បញ្ហា ចំពោះ​ព្រះអានន្ទ​ដ៏​មាន​អាយុ​មុន​វស្សការព្រាហ្មណ៍ ទាំង​ព្រះអានន្ទ​ដ៏​មាន​អាយុ ក៏​បាន​និមន្ត​មក​កាន់​កន្លែង​របស់​គោបកមោគ្គល្លាន​ព្រាហ្មណ៍​ផង​ដែរ ។ អដ្ឋកថា​ប្រាប់​ថា គោបកមោគ្គល្លាន​ព្រាហ្មណ៍ មាន​ចិត្ត​ច្រណែន​ឈ្នានីស (ឧសូយតិ) ចំពោះ​វស្សការ​ព្រាហ្មណ៍ ព្រោះដោយ សារ​ថា ព្រះអានន្ទ​ដ៏​មាន​អាយុ​យក​បញ្ហា​របស់​វស្សការ​ព្រាហ្មណ៍​មក​ឆ្លើយ​យ៉ាង​ទូលំទូលាយ ចំណែក​បញ្ហា​របស់​គាត់ ព្រះអានន្ទ​ឆ្លើយ​បាន​បន្តិច​បន្តួច​ដោយ​ចំណែក​ខ្លះ​ប៉ុណ្ណោះ ដូច​យក​ចុង​ឈើ​ច្រត់​ទៅ​ច្រត់​ដី​តែ​ប៉ុណ្ណឹង ។ គួរ​សង្វេគ​ចំពោះ​កិលេស​ក្នុង​សន្ដាន​ចិត្ត​នៃ​សត្វ​លោក​ណាស់ ដូច​ជា​ព្រាហ្មណ៍​ទាំង​ពីរ​នាក់​នេះ នៅ​នឹង​ក្រុង​រាជ​គ្រឹះ មាន​ឋានៈ​ខ្ពង់​ខ្ពស់... ប៉ុន្តែ​ក្នុង​រយៈ​ពេល​ជាង ៤០ ព្រះវស្សា​នៃ​ការ​ត្រាស់​ដឹង និង​ការ​គង់​ព្រះជន្ម​នៅ​នៃ​ព្រះដ៏មាន​ព្រះភាគ រហូត​ដល់​ព្រះអង្គ​ទ្រង់​បរិនិព្វាន​ទៅ ម្នាក់​ស្លាប់​ទៅ​កើត​ជា​សត្វ​ស្វា ម្នាក់​ទៀត​ប្រាកដ​នូវ​កិលេស​ដែល​បញ្ជាក់​ថា​នៅ​ជា​បុថុជ្ជន​នៅ​ឡើយ ដូច្នេះ​សូមពុទ្ធបរិស័ទ​យើង ព្យាយាម​បដិបត្តិ​កម្ចាត់​បាប​ចេញ​អំពី​សន្ដាន ទាន់​នៅ​មាន​ជីវិត​ក្នុង​ព្រះធម៌ ។ ដកស្រង់ពីសៀវភៅ សិក្សាព្រះសូត្រ ភាគទី១៣ ដោយ៥០០០ឆ្នាំ
images/articles/2761/drgcvsxedfxvfd.jpg
ផ្សាយ : ១៦ វិច្ឆិកា ឆ្នាំ២០១៧ (អាន: ២៨ ដង)
១-ទិដ្ឋិវិសុទ្ធិ សម្រេច​ដោយ នាម​រូបបរិច្ឆេទញ្ញាណ កំណត់​ដឹង​ទុក្ខសច្ច លះ​នូវ​សក្កាយទិដ្ឋិ ។ ២-កង្ខាវិតរណវិសុទ្ធិ សម្រេច​ដោយ​បច្ចយបរិគ្គហញ្ញាណ កំណត់​ដឹង​សមុទយសច្ច លះ​នូវ​វិចិកិច្ឆា និង​ឧច្ឆេទទិដ្ឋិ ។ ៣-មគ្គាមគ្គញ្ញាណទស្សនវិសុទ្ធិ សម្រេច​ដោយ​សម្មសនញ្ញាណ​ដែល​មាន​កម្លាំង និង​ឧទយព្វយញ្ញាណ ឆ្លង​រួច​អំពី​វិបស្សនូបក្កិលេស កំណត់​ដឹង​មគ្គសច្ច លះ​នូវ​សីល​ព្វតបរាមាស និង​អកិរិយទិដ្ឋិ ។ ៤-បដិបទាញាណទស្សនវិសុទ្ធិ សម្រេច​ដោយ​ពលវវិបស្សនា រាប់​ពី​ឧទយព្វយញ្ញាណ រហូត​ដល់​អនុលោមញ្ញាណ ត្រូវ​ជា​វិបស្សនា​ដ៏​មាន​កម្លាំង ៩ កំណត់​ដឹង​និរោធសច្ច លះ​នូវ​សស្សតទិដ្ឋិ​ជា​ដើម ។ ៥-ញាណទស្សនវិសុទ្ធិ សម្រេច​ដោយ​មគ្គញ្ញាណ ៤ មាន​សោតាបត្តិមគ្គ​ជា​ដើម កំណត់​ដឹង​និង​ធ្វើកិច្ច​ក្នុង​អរិយសច្ច ៤ ព្រម​គ្នា លះ​នូវ​ពួក​អកុសលធម៌​តាម​លំដាប់​នៃ​មគ្គ ។ ដកស្រង់ពីសៀវភៅ សិក្សាព្រះសូត្រ ភាគទី១៣ ដោយ៥០០០ឆ្នាំ
images/articles/2760/fxcgvxfdcvsfdxc.jpg
ផ្សាយ : ១៦ វិច្ឆិកា ឆ្នាំ២០១៧ (អាន: ២៦ ដង)
១-ឯកត្តន័យ បញ្ញា​ឃើញ​ការ​មិន​ដាច់​សូន្យ​ទៅ​នៃ​តំណ​របស់​សង្ខារធម៌ មាន​ការ​សម្ពន្ធគ្នា​ដោយ​ហេតុ​និង​ផល រមែង​លះ​នូវ​ឧច្ឆេទទិដ្ឋិ ។ ២-នានត្តន័យ បញ្ញា​ឃើញ​ភាព​ផ្សេង​គ្នា​នៃ​ហេតុ​និង​ផល គឺ​ឃើញ​ថា សង្ខារ​ធម៌​ដែល​រលត់​ទៅ​ផ្សេង​អំពី​សង្ខារធម៌​ដែល​កើត​ឡើង​ថ្មីៗ រមែង​លះ​នូវ​សស្សតទិដ្ឋិ ។ ៣-អព្យាបារន័យ បញ្ញា​ឃើញ​ក្នុង​សភាព​មិន​ខ្វាយ​ខ្វល់​នៃ​សង្ខារធម៌​ជា​ផល​ដែល​កើត​អំពី​បច្ច័យ ប្រាកដ​នូវ​លក្ខណៈ​មិន​មាន​អំណាច​បង្គាប់​បញ្ជា ឬ​ទាមទារ​តវ៉ា អង្វរ​ករ​អ្វី​ឡើយ រមែង​លះ​នូវ​អត្តទិដ្ឋិ ។ ៤-ឯវំធម្មតាន័យ បញ្ញា​ឃើញ​ធម្មតា​នៃ​សង្ខារធម៌​យ៉ាង​ហ្នឹង​ឯង គឺ​ឃើញ​សម​គួរ​ទៅ​តាម​បច្ច័យ ពោល​គឺ​បច្ច័យ​យ៉ាង​ណា ផល​យ៉ាង​នោះ រមែង​លះ​នូវ​អកិរិយទិដ្ឋិ ។ កំណត់​សម្គាល់ ន័យ​ទី ១ គឺ​ឃើញ​វដ្ដសង្សារ​មួយ​ខ្សែ​ត​គ្នា ចុតិ បដិសន្ធិ ដែល​សន្មត​ថា​ជា​សត្វ​លោក​ត្រាច់​រង្គាត់​ក្នុង​វាល​វដ្ដសង្សារ ន័យ​ទី ២ គឺ​ឃើញ​ថា ជា​ខណៈ​នៃ​ធម៌​ផ្សេង​ៗ​គ្នា គ្រាន់​តែ​កើត​បន្ត​គ្នា​ប៉ុណ្ណោះ ចំណែក​ន័យ​ទី ៣ គឺ​ឃើញ​ផល​ដោយ​មិន​មាន​ការ​ខ្វាយខ្វល់​សូម​កើត ឬ​ទាមទារ​បង្គាប់​បញ្ជា​អ្វី​ឡើយ ឯន័យ​ទី ៤ គឺ​ឃើញ​ហេតុ ឃើញ​បច្ច័យ ដែល​ញ៉ាំង​ផល​ឱ្យ​កើត​ឡើង​យ៉ាង​ត្រឹមត្រូវ ។ ដកស្រង់ពីសៀវភៅ សិក្សាព្រះសូត្រ ភាគទី១៣ ដោយ៥០០០ឆ្នាំ
images/articles/2759/dfcdfvdvx.jpg
ផ្សាយ : ១៦ វិច្ឆិកា ឆ្នាំ២០១៧ (អាន: ១៩ ដង)
សម័យ​​មួយ ព្រះដ៏មាន​​ព្រះភាគ ទ្រង់​​គង់​​ប្រថាប់​​នៅ​​នា​បុព្វារាម ឰ​ដ៏​មិគារ​មាតុ​ប្រាសាទ ជិត​ក្រុង​សាវត្ថី ។ គ្រា​នោះ​ឯង គណកមោគ្គល្លានព្រាហ្មណ៍ បាន​ចូល​គាល់​ព្រះដ៏មាន​ព្រះភាគ ហើយ​ក្រាប​ទូល​សួរ​អំពី អនុបុព្វសិក្ខា ការ​សិក្សា​ជា​លំដាប់ អនុបុព្វកិរិយា ការ​ធ្វើ​ជា​លំដាប់ និង អនុបុព្វប្បដិបទា ការ​ដែល​មាន​បដិបទា​ជា​លំដាប់ ក្នុង​ធម្មវិន័យ​នេះ ។ ព្រះដ៏មាន​ព្រះភាគ ទ្រង់​ត្រាស់​សម្ដែង​ប្រៀប​ទៅ​នឹង​ការ​ចង្អុល​បង្ហាញ​ប្រាប់​ផ្លូវ ដែល​មាន​ខ្លឹម​សារ​នៅ​ក្នុង​ព្រះសូត្រ បាន​ធ្វើ​ឱ្យ​ព្រាហ្មណ៍​ស្ដាប់​យល់ ព្រម​ដោយ​សេចក្ដី​ជ្រះ​ថ្លា ហើយ​បាន​ពោល​ពាក្យ​ដ៏​ពីរោះ អនុមោទនា​ព្រះធម៌ទេសនា ដែល​មាន​ខ្លឹម​សារ​ទាំង​ស្រុង​ដូច​ត​ទៅ ៖ កាល​បើ​ព្រះដ៏មាន​ព្រះភាគ ទ្រង់​មាន​ព្រះពុទ្ធ​ដី​កា​យ៉ាង​នេះ​ហើយ គណកមោគ្គល្លានព្រាហ្មណ៍ ក៏​ក្រាប​បង្គំ​ទូល​ព្រះមានព្រះ​ភាគ​ដូច្នេះ​ថា បពិត្រ​ព្រះគោតម​ដ៏​ចម្រើន បុគ្គល​ទាំង​ឡាយ​ណា ជាអ្នក​មិន​មាន​សទ្ធា ត្រូវ​ការ​តែ​ចិញ្ចឹម​ជីវិត ចេញ​ចាក​ផ្ទះ​ទៅ​ចូល​កាន់​ផ្នួស ជា​អ្នក​លេង ជា​អ្នក​បិទ​បាំង​ទោស​ខ្លួន ជា​អ្នក​បញ្ឆោត ជា​អ្នក​មាន​ចិត្ត​រាយ​មាយ មាន​មានះ​ដុះ​ឡើង មាន​ចិត្ត​ឃ្លេង​ឃ្លោង មាន​មាត់​រឹង មាន​វា​ចា​រោយរាយ មិន​បាន​រក្សា​ទ្វារ ក្នុង​ឥន្ទ្រិយ​ទាំង​ឡាយ មិន​ដឹង​ប្រមាណ​ក្នុង​ភោជន មិន​ប្រកប​រឿយៗ នូវ​សេចក្ដី​ភ្ញាក់​រលឹក មិន​រមិល​មើល ក្នុង​សមណធម៌ ( ផ្នួស ) មិន​មាន​ការ​គោរព​ដ៏​ក្លៀវក្លា​ក្នុង​សិក្ខា ជា​អ្នក​ល្មោភ​ច្រើន ជា​អ្នក​ប្រព្រឹត្តធូរ ជា​ប្រធាន​ក្នុង​ការ​បន្ធូរ​បន្ថយ​ព្យាយាម ដាក់​ធុរៈ​ចោល​ក្នុង​ទី​ស្ងាត់ ជា​អ្នក​ខ្ជិល​ច្រអូស មាន​ព្យាយាម​ក្នុង​អំពើ​ថោក​ទាប ភ្លេច​ស្មារតី មិន​ដឹង​ខ្លួន មាន​ចិត្ត​មិន​បាន​តម្កល់​មាំ មាន​ចិត្ត​វិល​ខុស ឥតបញ្ញា ជា​អ្នក​ល្ងង់​ខ្លៅ ព្រះគោតម​ដ៏​ចម្រើន មិន​បាន​នៅ​រួម​ជា​មួយ​នឹង​បុគ្គល​ទាំង​នោះ​ទេ ។ ឯ​កុលបុត្រ​ទាំង​ឡាយ​ណា ដែល​ចេញ​ចាក​ផ្ទះ​ចូល​ទៅ​កាន់​ផ្នួស ដោយ​សទ្ធា មិន​ជា​អ្នក​លេង មិន​បាន​បិទបាំង​ទោស​ខ្លួន មិន​ជា​អ្នក​បញ្ឆោត មាន​ចិត្ត​មិន​បាន​រាយ​មាយ មិន​មាន​មានះ​ដុះ​ឡើង មិន​មាន​ចិត្ត​ឃ្លេង​ឃ្លោង មិន​មាន​មាត់​រឹង មិន​មាន​វាចា​រោយរាយ ជា​អ្នក​រក្សា​ទ្វារ​ក្នុង​ឥន្ទ្រិយ​ទាំង​ឡាយ ជា​អ្នក​ដឹង​ប្រមាណ​ក្នុង​ភោជន ប្រកប​រឿយៗ នូវ​សេចក្ដី​ភ្ញាក់​រលឹក ជា​អ្នក​រមិល​មើល​ក្នុង​សមណធម៌ មាន​សេចក្ដី​គោរព​ដ៏​ក្លៀវក្លា​ក្នុង​សិក្ខា មិន​ជា​អ្នក​ល្មោភ​ច្រើន មិន​បាន​ប្រព្រឹត្ត​ធូរ ដាក់​ធុរៈ​ក្នុង​ការ​បន្ធូរ​បន្ថយ​ព្យាយាម​ចោល ជា​ប្រធាន​ក្នុង​ទី​ស្ងាត់ មាន​ព្យាយាម​តឹង​តែង មាន​ចិត្ត​បញ្ជូន​ទៅ​កាន់​ព្រះនិព្វាន មាន​សតិ​តម្កល់​ខ្ជាប់ ដឹង​ខ្លួន មាន​ចិត្ត​តម្កល់​មាំ មាន​ចិត្ត​ប្រកប​ដោយ​អារម្មណ៍​តែ​មួយ មាន​បញ្ញា មិន​ល្ងង់​ខ្លៅ ព្រះគោតម​ដ៏​ចម្រើន រមែង​នៅ​រួម​ជា​មួយ​នឹង​កុលបុត្រ​ទាំង​នោះ ។ បពិត្រ​ព្រះគោតម​ដ៏​ចម្រើន ដូច​ជា​ក្លិន​នៃ​ឫស ឬ​មើម ណា​នី​មួយ ឫសស្គា ប្រាកដ​ជា​ប្រសើរ​ជាង​ក្លិន​នៃ​ឫសឬ​មើម ទាំង​អម្បាល​នោះ ក្លិន​នៃ​ខ្លឹម ណា​នី​មួយ ខ្លឹម​ចន្ទន៍​ក្រហម ប្រាកដ​ជា​ប្រសើរ​ជាង​ក្លិន​នៃ​ខ្លឹម ទាំង​អម្បាល​នោះ ក្លិន​ផ្កា​ណា​មួយ ផ្កា​ម្លិះ​លា ប្រាកដ​ជា​ប្រសើរ​ជាង​ក្លិន​នៃ​ផ្កា​ទាំង​អម្បាល​នោះ យ៉ាង​ណា​មិញ ឱវាទ​របស់​ព្រះគោតម​ដ៏​ចម្រើន ក្នុង​ធម៌​ជា​គ្រឿង​ដុស​ខាត់​ចិត្ត​នៃ​សត្វ​ដទៃ ( ឱ្យស្អាត ) ក៏​យ៉ាង​នោះ​ឯង បពិត្រ​ព្រះគោតម​ដ៏​ចម្រើន ភាសិត​របស់​ព្រះអង្គ​ច្បាស់​ពេក​ណាស់ បពិត្រ​ព្រះគោតម​ដ៏​ចម្រើន ដូច​បុគ្គល​ផ្ងារ​ឡើង​នូវ​វត្ថុ​ដែល​ផ្កាប់ ឬ​បើក​នូវ​វត្ថុ​ដែល​គេ​បិទ​បាំង ពុំ​នោះ ដូច​គេ​ប្រាប់​ផ្លូវ​ដល់​មនុស្ស​ដែល​វង្វេង​ផ្លូវ ពុំ​នោះ​សោត ដូច​គេ​ទ្រោល​ប្រទីប​ប្រេង បំភ្លឺ​ក្នុង​ទី​ងងឹត ដោយ​គិត​ថា បុរស​អ្នក​មាន​ភ្នែក​រមែង​មើល​ឃើញ​រូប​ទាំង​ឡាយ​បាន យ៉ាង​ណា​មិញ ធម៌​ដែល​ព្រះគោតម​ដ៏​ចម្រើន ទ្រង់​សម្ដែង​ហើយ ដោយ​អនេក​បរិយាយ ក៏​យ៉ាង​នោះ​ឯង ខ្ញុំ​ព្រះអង្គ​សូម​ដល់​នូវព្រះគោតម​ដ៏​ចម្រើន ទាំង​ព្រះធម៌ ទាំង​ព្រះភិក្ខុ​សង្ឃ ជាទី​ពឹង​ទី​រលឹក សូម​ព្រះគោតម​ដ៏​ចម្រើន ចាំ​ទុក​នូវ​ខ្ញុំ​ព្រះអង្គ ថា​ជា​ឧបាសក អ្នក​ដល់​នូវ​សរណៈ ស្មើ​ដោយ​ជីវិត ក្នុង​កាល​មាន​ថ្ងៃ​នេះ​ជា​ដើម​ទៅ ។ ដកស្រង់ពីសៀវភៅ សិក្សាព្រះសូត្រ ភាគទី១៣ ដោយ៥០០០ឆ្នាំ
images/articles/2758/dgvgcvsdzfcve.jpg
ផ្សាយ : ១៥ វិច្ឆិកា ឆ្នាំ២០១៧ (អាន: ៣២ ដង)
សម័យ​មួយ ព្រះដ៏មាន​ព្រះភាគ ស្ដេច​គង់​នៅ​ក្នុង​កូដាគារសាលា នាមហាវ័ន ជិត​ក្រុងវេសាលី ។ សម័យ​នោះ​ឯង មាន​ភិក្ខុ​ច្រើន​អង្គ ប្រកាស​អរហត្ត​ផល​ក្នុង​សម្នាក់​ព្រះដ៏មាន​ព្រះភាគ ហើយ​សុនក្ខត្តលិច្ឆវិបុត្ត បាន​ចូល​ទូល​សួរ​បញ្ហា​នឹង​ព្រះដ៏មាន​ព្រះភាគ​ថា បពិត្រ​ព្រះអង្គ​ដ៏​ចម្រើន ភិក្ខុ​ទាំង​នោះ បាន​ប្រកាស​ព្រះអរហត្តផល ដោយ​ប្រពៃ​មែន​ពិត ឬ​ថា មាន​ភិក្ខុ​ពួក​ខ្លះ​ក្នុង​ចំណោម​នេះ បាន​ប្រកាស​ព្រះអរហត្តផល​ដោយ​អធិមានះ គឺ​គ្រាន់​តែ​សម្គាល់​ថា​ខ្លួន​បាន​សម្រេច​ប៉ុណ្ណោះ​ទេ ។ អធិមានះ គឺ​បុថុជ្ជន​ដែល​ចម្រើន​សមថវិបស្សនា ហើយ​មាន​សេចក្ដី​សម្គាល់​ក្នុង​ធម៌​លោកុត្តរៈ ដែល​ខ្លួន​មិន​ទាន់​បាន​សម្រេច ថា​បាន​សម្រេច​ហើយ ។ ព្រះដ៏មាន​ព្រះភាគ ទ្រង់​ទទួល​ថា​មាន​ដូច្នោះ​មែន ក្នុង​រឿង​នេះ ព្រះអង្គ​ទ្រង់​មាន​សេចក្ដី​ត្រិះរិះ​យ៉ាង​នេះ​ថា តថាគត​នឹង​សម្ដែងធម៌​ដល់​ភិក្ខុ​នោះ ធ្វើ​ឱ្យ​បរិសុទ្ធ ឱ្យ​ពិត​ប្រាកដ ។ ជា​បន្ត ព្រះដ៏មាន​ព្រះភាគ ទ្រង់​ត្រាស់​អំពី​ពួក​ភិក្ខុ​ដទៃ​ផ្សេង​ទៀត ដែល​មាន​នូវ​ឥច្ឆាចារ គឺ​មាន​ការ​ប្រាថ្នា​អាក្រក់​លាមក ជា​មោឃបុរស តាក់​តែង​បញ្ហា​ចូល​មក​រកតថាគត​ហើយ មិន​បាន​ចេះ​ដឹង​ក្នុង​បញ្ហា​នោះ ក៏​ធ្វើ​ដូច​ជា​ចេះ​ដឹង មិន​បាន​សម្រេច​គុណ​វិសេស ធ្វើ​ដូច​ជា​បាន​សម្រេច ត្រាច់​ទៅ​តាម​ស្រុក​និគម ពោល​អួត​នូវ​គុណ​វិសេស​ដែល​មិន​មាន​ក្នុង​ខ្លួន ប្រព្រឹត្ត​ទៅ​ដើម្បី​មិន​ជា​ប្រយោជន៍ នឹង​ជា​ទុក្ខ​ដល់​មោឃបុរស​នោះ អស់​កាល​ជា​អង្វែង ។ ក្នុង​រឿង​នេះ ព្រះតថាគត​ទ្រង់​ព្រះ​តម្រិះ​ថា តថាគត​នឹង​សម្ដែង​ធម៌​ដល់​ពួក​ភិក្ខុ​អ្នក​បដិបត្តិ ប្រព្រឹត្ត​ទៅ​ដើម្បី​ជា​ប្រយោជន៍​ដល់​ភិក្ខុ​ទាំង​នោះ ដោយ​ប្រការ​ដទៃ​ផ្សេង​អំពី​ពួក​ភិក្ខុ​ដែល​មាន​នូវ​អធិមានះ​នោះ ។ ព្រះដ៏មាន​ព្រះភាគ ទ្រង់​ត្រាស់​សម្ដែង​អំពី​កាម​គុណ ៥ និង​ឋានៈ​ដែល​នាំ​ឱ្យ​បុគ្គល​ពួក​ខ្លះ​ក្នុង​លោក​នេះ មាន​អធ្យាស្រ័យ​ឱន​ទៅ​រក​លោកាមិសៈ​រមែង​មាន ។ ពាក្យ​សម្ដី​របស់​បុគ្គល​ដែល​មាន​អធ្យាស្រ័យ​ឱន​ទៅ​រក​លោកាមិសៈ តែ​ហា​មាត់​និយាយ​ឡើង រមែង​រអិល​ធ្លាក់​ចូល​ទៅ​រក​កាម​គុណ​ផង គេ​តែង​ត្រិះរិះ​រឿយ​ៗ ប្រព្រឹត្ត​ទៅ​ក្នុង​កាម​គុណ​នោះ​ផង តែង​គប់​រក​និង​យក​ចិត្ត​ទុក​ដាក់​ចំពោះ​អ្នក​ដែល​មាន​សភាព​បែប​នោះ​ផង ចំណែក​ខាង​ពាក្យ​សម្ដី​ដែល​គេ​និយាយ​ប្រកប​ដោយ​អានេញ្ជសមាបត្តិ ( សមាបត្តិ​ដែល​មិន​ញាប់ញ័រ​នឹង​កាម​គុណ មិន​ញាប់​ញ័រ​នឹង​រូប មិន​ញាប់​ញ័រ​ដោយ​កិលេស ) បុគ្គល​នោះ មិន​ចង់​ស្ដាប់ មិន​ផ្ចង់​ត្រចៀក មិន​តាំង​ចិត្ត​ដើម្បី​ដឹង មិន​សេព​គប់ មិន​យក​ចិត្តទុក​ដាក់​ដោយ​សេចក្ដី​គោរព​ឡើយ ។ ព្រះដ៏មាន​ព្រះភាគ ទ្រង់​ត្រាស់​សម្ដែង​អំពី​ឋានៈ​ដែល​បុគ្គល​ពួក​ខ្លះ​ក្នុង​លោក មាន​អធ្យាស្រ័យ​ឱន​ទៅ​រក​អានេញ្ជសមាបត្តិ ឱន​ទៅ​រក​អាកិញ្ចញ្ញាយតនសមាបត្តិ ឱន​ទៅ​រក​នេវសញ្ញានាសញ្ញាយតនសមាបត្តិ និង​បុគ្គល​ពួក​ខ្លះ​ក្នុង​លោក​នេះ មាន​អធ្យាស្រ័យ​ឱន​ទៅ​រក​ព្រះនិព្វាន​ដោយ​ប្រពៃ ។ ពិត​មែន​តែ​មាន​អធ្យាស្រ័យ​ឱន​ទៅ​រក​ព្រះនិព្វាន​ដោយ​ប្រពៃ ប៉ុន្តែ​បើ​មិន​បដិបត្តិ​សង្រួម​ឥន្ទ្រិយ​ទេ រាគៈ​ក៏​គ្រប​សង្កត់​ចិត្ត ព្រោះ​ហេតុ​តែ​នៅ​មាន​អនុស័យ គឺ​កិលេស​ដែល​នៅ​មិន​ទាន់​បាន​លះហ្នឹងឯង ។ ព្រះដ៏មាន​ព្រះភាគ​ទ្រង់​ត្រាស់​ថា ភិក្ខុ​នោះ លុះ​ត្រូវ​រាគៈ​គ្រប​សង្កត់​ចិត្ត​ហើយ ក៏​ដល់​នូវ​សេចក្ដី​ស្លាប់ ឬ​ដល់​នូវ​ទុក្ខវេទនា​ស្ទើរ​តែ​នឹង​ស្លាប់ ។ ព្រះពុទ្ធ​អង្គ​ទ្រង់​ប្រៀប​ទៅ​នឹង​បុរស​ដែល​ត្រូវ​សរត្រាំ​ដោយ​ថ្នាំ​ពិស កាល​ដែល​គ្រូពេទ្យ​ដក​សរពិស​នោះ​ចេញ​ហើយ ប្រាប់​ឱ្យ​បុរស​នោះ​ថែរក្សា​មុខ​របួស មាន​ការ​តម​ចំណី​ទាស់​ជា​ដើម កុំ​ឱ្យ​ដំបៅរីក ប៉ុន្តែ​ព្រោះ​តែ​បុរស​នោះ មិន​បាន​ធ្វើ​តាម​គ្រូពេទ្យ ក៏​ដល់​នូវ​សេចក្ដី​ស្លាប់ ឬ​ទុក្ខ​វេទនា​ស្ទើរ​តែ​នឹង​ស្លាប់ យ៉ាង​ណា​មិញ ការ​មិន​សង្រួម​ឥន្ទ្រិយ​ក្នុង​ទ្វារ​ទាំង ៦ ដូច​ជា​ការ​មិន​ថែរក្សា​មុខ​របួស យ៉ាង​នោះ​ឯង ។ ពាក្យ​ថា​ដល់​នូវ​សេចក្ដី​ស្លាប់​នេះ ក្នុង​អរិយវិន័យ សំដៅ​យក​ភិក្ខុ​ដែល​ពោល​លា​សិក្ខា ប្រព្រឹត្ត​ទៅ​នៅ​ក្នុង​ហីនភេទ​វិញ ឯ​ចំណែក​ទុក្ខវេទនា​ស្ទើរ​តែ​នឹង​ស្លាប់​នេះ សំដៅ​ដល់​ភិក្ខុ​ដែល​ត្រូវ​អាបត្តិ​ធ្ងន់​ណា​មួយ ដែល​នាំ​ឱ្យ​សៅ​ហ្មង​ព្រម ។ ចំណែ​កបុគ្គល​ដែល​មាន​អធ្យាស្រ័យ​ឱន​ទៅ​រក​ព្រះនិព្វាន​ដោយ​ប្រពៃ ហើយ​មាន​ការ​ប្រព្រឹត្ត​សង្រួម​ឥន្ទ្រិយ​ក្នុង​ទ្វារ​ទាំង ៦ ព្រះដ៏មាន​ព្រះភាគ​ទ្រង់​ត្រាស់​សម្ដែង​នៅ​ខាង​ចុង​ព្រះសូត្រ​នេះ ដែល​មាន​ខ្លឹម​សារ​ពី​រោះ​ដូច​ត​ទៅ ៖ ម្នាល​សុនក្ខត្ត សេចក្ដី​ឧបមា​នេះ តថាគត​បាន​ធ្វើ​ដើម្បី​នឹង​ញ៉ាំង​ជន​ឱ្យ​ដឹង​សេចក្ដី ។ ឯសេចក្ដី​ក្នុង​ឧបមានុ៎ះ​ដូច​ត​ទៅ​នេះ ។ ម្នាល​សុនក្ខត្ត ពាក្យ​ថា ដំបៅ នុ៎ះ ជា​ឈ្មោះ​នៃ​អាយតនៈ ដែល​ប្រព្រឹត្ត​ទៅ​ខាង​ក្នុង​ទាំង ៦ ។ ម្នាល​សុនក្ខត្ត ពាក្យ​ថា ពិស​ជា​ទោស នុ៎ះ ជា​ឈ្មោះ​នៃ​អវិជ្ជា ។ ម្នាល​សុនក្ខត្ត ពាក្យ​ថា សរ នុ៎ះ ជា​ឈ្មោះ​នៃ​តណ្ហា ។ ម្នាល​សុនក្ខត្ត ពាក្យ​ថា គ្រឿង​សម្រាប់​រាវ​រក នុ៎ះ ជាឈ្មោះ​នៃ​ស្មារតី ។ ម្នាល​សុនក្ខត្ត ពាក្យ​ថា សស្ត្រា នុ៎ះ ជា​ឈ្មោះ​នៃ​បញ្ញា​ដ៏​ប្រសើរ ។ ម្នាល​សុនក្ខត្ត ពាក្យថា ពេទ្យ​វះ​ដ៏​ជំនាញ នុ៎ះ ជា​ឈ្មោះ​នៃ​ព្រះតថាគត​អរហន្តសម្មាសម្ពុទ្ធ ។ ម្នាល​សុនក្ខត្ត ភិក្ខុ​នោះ​ឯង ជា​អ្នក​ធ្វើ​នូវ​ការ​សង្រួម​ក្នុង​ផស្សាយតនៈ​ទាំង ៦ ដឹង​ច្បាស់​ថា​កិលេស​ជា​ឫស​នៃ​សេចក្ដី​ទុក្ខ លុះ​ដឹង​ដូច្នេះ​ហើយ ក៏​ជា​អ្នក​មិន​មាន​កិលេស ជា​អ្នក​រួច​ស្រឡះ​ហើយ ព្រោះ​ការ​អស់​ទៅ​នៃ​កិលេស នឹង​បង្អោន​កាយ ឬ​នឹង​ផ្ដេក​ផ្ដួល​ចិត្ត​ទៅ​ក្នុង​កិលេស ពាក្យ​ដូច្នេះ​នេះ មិន​សម​ហេតុ​ឡើយ ។ ម្នាល​សុនក្ខត្ត ដូច​ផ្តិល​សំរឹទ្ធិ ដល់​ព្រម​ដោយ​ពណ៌ ដោយ​ក្លិន ដោយ​រស តែ​ថា​ផ្តិល​សំរឹទ្ធិ​នោះ​ប្រឡាក់​ដោយ​ថ្នាំពិស ។ កាល​បើ​មាន​បុរស​អ្នក​ចង់​រស់​មិន​ចង់​ស្លាប់ ចង់​សុខ ខ្ពើម​ទុក្ខ មក​ដល់ ។ ម្នាល​សុនក្ខត្ត អ្នក​សម្គាល់​សេចក្ដី​នោះ​ថា​ដូច​ម្ដេច តើ​បុរស​នោះ គួរ​ផឹក​ទឹក នឹង​ផ្តិល​សំរឹទ្ធិ​ឯណោះ ដែល​ខ្លួន​ដឹង​ថា អាត្មា​អញ​ផឹក​ទឹក​នេះ​ទៅ​ហើយ នឹង​ដល់​នូវ​មរណៈ ឬ​ដល់​នូវ​សេចក្ដី​ទុក្ខ​ស្ទើរ​តែ​មរណៈ​ដែរ​ឬ ។ បពិត្រ​ព្រះអង្គ​ដ៏​ចម្រើន មិន​ផឹក​ទឹក​នឹង​ផ្តិលសំរឹទ្ធិ​នុ៎ះ​ទេ ។ ម្នាល​សុនក្ខត្ត សេចក្ដី​នេះ​មាន​ឧបមេយ្យ​ដូច​ភិក្ខុ​នោះ​ឯង ជា​អ្នក​ធ្វើ​នូវ​ការ​សង្រួម​ក្នុង​ផស្សាយតនៈ ៦ ដឹង​ថា​កិលេស​ជា​ឫស​នៃ​សេចក្ដី​ទុក្ខ ។បេ។ ពាក្យ​ដូច្នេះ​នុ៎ះ មិន​សម​ហេតុ​ឡើយ ។ ម្នាលសុនក្ខត្ត ដូច​ជា​អាសិរពិស មាន​ពិស​ដ៏ពន្លឹក ។ កាល​បើ​បុរស​អ្នក​ចង់​រស់ មិន​ចង់​ស្លាប់ ចង់​សុខ ខ្ពើម​ទុក្ខ មក​ដល់ ។ ម្នាល​សុនក្ខត្ត អ្នក​សម្គាល់​សេចក្ដី​នោះ​ដូច​ម្ដេច តើ​បុរស​នោះ គួរ​ហុចដៃ​ទាំង​ឡាយ ឬ​ហុច​មេ​ដៃ​ឱ្យ​ដល់​អាសិរពិស​មាន​ពិស​ដ៏​ពន្លឹក​ឯ​ណោះ ដែល​ខ្លួន​ដឹង​ថា អាសិរពិស​នេះ​ចឹក​អាត្មាអញ​ហើយ នឹង​ដល់​នូវ​មរណៈ ឬ​ដល់​នូវ​សេចក្ដី​ទុក្ខ​ស្ទើរ​តែ​មរណៈ​ដែរ​ឬ ។ បពិត្រ​ព្រះអង្គ​ដ៏​ចម្រើន មិន​ហុច​ឱ្យ​អាសិរពិស​នោះ​ទេ ។ ម្នាល​សុនក្ខត្ត សេចក្ដី​នេះ​មាន​ឧបមេយ្យ​ដូច​ភិក្ខុ​នោះ​ឯង ជា​អ្នក​ធ្វើ​នូវ​ការ​សង្រួម​ក្នុង​ផស្សាយតនៈ៦ ដឹង​ច្បាស់​ថា កិលេស​ជា​ឫស​នៃ​សេចក្ដី​ទុក្ខ លុះ​ដឹង​ដូច្នេះ​ហើយ ក៏​ជា​អ្នក​មិន​មាន​កិលេស រួច​ស្រឡះ​ហើយ ព្រោះ​តែ​ការ​អស់​ទៅ​នៃ​កិលេស នឹង​បង្អោនកាយ ឬ​ផ្ដេកផ្ដួល​ចិត្ត​ទៅ​រក​កិលេស​ពាក្យ​ដូច្នេះ​នុ៎ះ មិន​សមហេតុ​ឡើយ​។លុះ​ព្រះមាន​ព្រះភាគ​សម្ដែង​ព្រះសូត្រ​នេះ​ចប់​ហើយ សុនក្ខត្តលិច្ឆវិបុត្ត មាន ចិត្ត​ត្រេកអរ រីករាយ​ហើយ ចំពោះ​ភាសិត របស់​ព្រះមានព្រះភាគ។ ដកស្រង់ពីសៀវភៅ សិក្សាព្រះសូត្រ ភាគទី១៣ ដោយ៥០០០ឆ្នាំ
វីដេអូតាមហ្វេសប៊ុក
ស្ថាបនាខែពិសាខ ព.ស.២៥៥៥ ដោយ៥០០០ឆ្នាំ ។ ជាធម្មទាន ៕
Top Best 10 pro