images/articles/1534/__________________________________________.jpg
ផ្សាយ : ១៥ ឧសភា ឆ្នាំ២០២២ (អាន: ៩,៣៨៨ ដង)
នៅក្នុងសង្គមគ្រួសារនីមួយៗ តែងមានសុខមានទុក្ខលាយឡំគ្នា ទាំងដែលគ្រប់គ្នាក្នុងក្រុមគ្រួសារមិនប្រាថ្នាទុក្ខ ប្រាថ្នាតែសេចក្ដីសុខហ្នឹងឯង។ចាប់តាំងអំពីមានគំនិតគ្រប់គ្រងផ្ទះមក រហូតដល់រៀបការមានគ្រួសារប្ដីប្រពន្ធកូនចៅ ម្នាក់ៗខំធ្វើការសន្សំទ្រព្យ ដោយបោះបង់ចិត្តខ្លួនឯងចោល ខ្វះការអប់រំទូន្មានធ្វើឲ្យចិត្តមានតែការស្រេកឃ្លាន រហេមរហាម សៅហ្មង ស្មោកគ្រោកមានរោគរួបរឹត រីងរៃរ៉ាំរ៉ៃ កំព្រីកំព្រា រងាតែលតោល។ ដូចពោលមកនវ ឈ្មោះថា បោះបង់ខ្លួនឯងចោលដោយពិត ហើយមិនបានចេះគិតអាណិតខ្លួនឡើយ ព្រោះមានសេចក្ដីដឹងខ្លួនថា ខ្លួនបានប្រឹងប្រែងជួយខ្លួនឯងទៅហើយ ដោយការខំស្វែងរកទ្រព្យសម្បត្តិតែម្យ៉ាង។
ការរស់នៅជាមួយអ្នកដទៃ សូម្បីក្នុងក្រុមគ្រួសារ តើយើងត្រូវការយកឈ្នះគ្នា ឬក៏ត្រូវការសេចក្ដីសុខ។តាមពិត សេចក្ដីសុខជាទិសដៅប្រាថ្នានៃមនុស្សយើងគ្រប់គ្នា ពាក្យថា សុភមង្គល ក៏ជាឈ្មោះនៃសេចក្ដីសុខនេះដែរ ឯសេចក្ដីសុខដ៏សំខាន់នៃជីវិត គឺសុខចិត្ត។សេចក្ដីសុខមានហេតុច្រើនប្រការ ត្រូវចាំថាមិនមែនមានទ្រព្យជាមហាសេដ្ឋីហើយ បានសុខគ្រប់យ៉ាងនោះទេ ហើយក៏មិនមែនទាល់តែជាអ្នកមានទ្រព្យសម្បត្តិច្រើន ទើបអាចរកសេចក្ដីសុខឲ្យខ្លួនឯងនិងអ្នកដទៃបាននោះដែរ។
ព្រះសម្មាសម្ពុទ្ធទ្រង់ត្រាស់សម្ដែងថា សម្លាប់សេចក្ដីក្រោធបានរមែងដេកនៅជាសុខ នេះជាការពិតដែលយើងគ្រប់គ្នាត្រូវចាំកុំភ្លេច ហើយត្រូវបដិបត្តិកម្ចាត់ការខឹងក្រោធបន្តិចម្ដងៗ យើងត្រូវតែយល់ដឹងដូចតទៅនេះគឺៈ
ខឹងនឹងគេ គឺដុតចិត្តខ្លួនឯង បើយើងដុតចិត្តខ្លួនឯង យើងហ្នឹងឯងល្ងង់ហើយឆ្កួតទៀត។
ខឹងនឹងគេ គឺអន់ជាងគេ គឺអន់ថយជាងអ្នកដែលយើងខឹងនោះទៅទៀត ដូចជាលុតជង្គង់សូមសេចក្ដីសុខពីគេអ៊ីចឹង។
ខឹងនឹងគេ គឺចាប់ផ្ដើមពីការទាស់ចិត្ត ការទាស់ចិត្តមកពីគិតថា គេហ្នឹងឯងជាអ្នកធ្វើនូវអ្វីៗឲ្យយើងទាស់ចិត្ត តែការពិត មកពីយើងមិនយល់អំពីធម្មជាតិក្នុងមនុស្សហើយយើងប្រកាន់ខុសទៅក្នុងធម្មជាតិនោះឯង។
យើងស្អប់គេ គឺស្អប់ខ្លួនឯង ព្រោះសាងភាពសៅហ្មងឲ្យប្រឡាក់ចិត្តខ្លួនឯងតែប៉ុណ្ណោះ ដោយមិនបានឲ្យភាពសៅហ្មង គឺការស្អប់នោះចូលទៅក្នុងខ្លួនអ្នកដទៃឡើយ។ ដូច្នេះ បើយើងពិតជាស្រឡាញ់ខ្លួនឯងមែន ត្រូវព្យាយាមរក្សាចិត្តរបស់ខ្លួនកុំឲ្យសៅហ្មងឡើយ។
អ្នកដទៃធ្វើល្អមិនបាន ព្រោះមកអំពីមហាកុសលមិនបានកើតឡើងក្នុងចិត្តរបស់គេ មិនមែនមកពីគេមិនធ្វើល្អឲ្យយើងទេ។ អ្វីៗមានហេតុជាបច្ច័យទើបកើតឡើង។ដូច្នេះ យើងត្រូវយល់ថា អ្នកដទៃធ្វើល្អឲ្យខ្លួនគេមិនបានផង មានរឿងអ្វីដែលគេមកធ្វើល្អឲ្យយើងបាន?
អ្នកណាៗ ដែលធ្វើអំពើមិនល្អ និយាយអាក្រក់គិតអាក្រក់ក្នុងលោកនេះនោះ តាមពិត ដោយធម្មជាតិគឺមិនមែនអ្នកនោះធ្វើ និយាយ និងជាអ្នកគិតនោះទេ នេះព្រោះអាស្រ័យហេតុ ៣ ដែលស្ថិតនៅក្នុងសន្ដានតែប៉ុណ្ណោះ។
ហេតុ ៣ គឺ លោភហេតុ ទោសហេតុ និង មោហហេតុ។ បើហេតុ ៣ នេះត្រូវបានលះអស់ពីចិត្តសន្ដានហើយ គឺមិនមានអ្នកណាធ្វើអាក្រក់សោះឡើយ។ ហេតុទាំង ៣ នេះឯង ដូចជាខ្មោចបិសាចដែលស្ថិតនៅក្នុងខ្លួនមនុស្សយើងអ៊ីចឹង។ ដូច្នេះ យើងមិនត្រូវក្រោធខឹងជាមួយមនុស្សណាម្នាក់ឡើយ។
បើយើងមិនក្រោធខឹងហើយ គឺយើងហ្នឹងឯងមាននូវសេចក្ដីសុខ។ សេចក្ដីសុខក្នុងការមិនក្រោធខឹងនេះ ព្រោះបានយល់ដឹងពីធម្មជាតិ ព្រោះមានអំណត់អត់ធន់ និងព្រោះមានមេត្តាជាដើម គឺជាបុណ្យបារមីដ៏ប្រសើរខ្ពង់ខ្ពស់។ បើសម្លាប់សេចក្ដីក្រោធហើយ ក្នុងលោកនេះមិនមានអ្នកណាសម្រាប់ឲ្យយើងសម្លាប់ ឬសូម្បីតែគ្រាន់តែស្អប់នោះឡើយ។ អ្វីៗជុំវិញជីវិតរស់នៅមានតែភាពមនោរម្យ ហាក់ដូចជាវិមានក្នុងព្រហ្មលោក។
រឿងក្នុងគ្រួសារសារសុបិន មានឆៅមានឆ្អិនគួរជិនណាយ
មានទុក្ខកង្វល់ពុំរសាយ លុះដល់ឃ្លាតឆ្ងាយបែរអាល័យ។
ចិត្តជាប់ជំពាក់ក្នុងកាមគុណ មានទុក្ខទារុណធ្ងន់ពេកក្រៃ
ប្រយោជន៍បាត់បង់តាមយប់ថ្ងៃ កាមគុណឧបមេយ្យបីដូចចោរ។
ដកស្រង់ចេញពីសៀវភៅ ពន្លឺធម៌ព្រះពុទ្ធ
ដោយ៥០០០ឆ្នាំ
images/articles/3287/867ies______5t.jpg
ផ្សាយ : ១៥ ឧសភា ឆ្នាំ២០២២ (អាន: ២៤០ ដង)
តាមទំនៀមជាប្រពៃណីនៃព្រះពុទ្ធសាសនាព្រះសង្ឃគ្រប់ព្រះអង្គទាំងឡាយ គ្រប់វត្តអារាមក្នុងព្រះរាជាណាចក្រកម្ពុជាត្រូវនិមន្តចូលកាន់ព្រះវស្សាអស់ថេរវេលា ៣ខែ ចាប់តាំងពីថ្ងៃ ១រោចខែអាសាធតទៅ ។ ពាក្យថា “វស្សា” មកពីពាក្យបាលីថា “វស្ស” ប្រែថា “ភ្លៀង” ឬ “រដូវភ្លៀង” ដែលមានកំណត់ ៤ខែ (រាប់ពីថ្ងៃ១រោចខែអាសាធដល់ ១៥កើតខែកត្តិក)។ ព្រះបរមសាស្រ្តាយើងទ្រង់បានបញ្ញត្តិឲ្យមានកិច្ចចូលព្រះវស្សានេះ ប៉ុន្តែសព្វថ្ងៃនៅប្រទេសកម្ពុជាការចូលព្រះវស្សាមានកំណត់ត្រឹមតែ ៣ខែទេ (រាប់ពីថ្ងៃ ១រោច ខែអាសាធដល់ ១៥កើតខែអស្សុជ) ។
ក្នុងរយៈវេលា៣ខែនេះ នៅគ្រប់ព្រះវិហារនៃទីវត្តទាំងឡាយ គេតែងរក្សាភ្លើងទានព្រះវស្សាឲ្យនៅឆេះជានិច្ច ។ តួទានធ្វើអំពីឈើមានទំហំប្រមាណ ២ចាប់ កំពស់២ហត្ថ មានរចនាក្បាច់យ៉ាងល្អ និងរំលេចពណ៌ដ៏ប្រណិតផង ។ ខាងក្នុងតួពុម្ពទានមានដោតអំបោះឆៅជាប្រឆេះហើយគេបង្ហូរក្រមួនឃ្មុំចូលទៅក្នុងពុម្ពនោះ ប៉ុន្តែដោយក្រមួនពុំសូវសំបូរ គេនិយមប្រើប្រេងជំនួសវិញហើយចាក់ក្រមួនឲ្យមានកំរាស់តែ៥ធ្នាប់ខាងលើទេ។ លុះឆេះអស់សាច់ក្រមួនហើយទើបឆេះដល់ប្រេងគេធ្វើ ដូច្នេះដើម្បីឲ្យទាននោះឆេះជាប់ដរាបគ្រប់ ៣ខែ។
កាលដល់ថ្ងៃកំណត់ចូលព្រះវស្សាហើយ ព្រះករុណា ឬព្រះរាជវង្សានុវង្សមួយអង្គ ទ្រង់យាងចេញអុជទានវស្សាទាំង ៤ យ៉ាងឧឡារិកជារៀងរាល់ឆ្នាំ ។ បណ្តាទានវស្សាទាំង ៤នោះទាន១ត្រូវតំកល់នៅហោព្រះរូប ក្នុងព្រះបរមរាជវាំង ដែលជាកន្លែងតំកល់ ព្រះពុទ្ធរូប ។ ទាន១ទៀតតំកល់នៅក្នុងហោព្រះអដ្ឋ នៅក្នុងព្រះទីនាំងទេវិនិច្ឆ័យ ដែលជាទីតំកល់នូវកោដ្ឋអដ្ឋធាតុរបស់ក្រុមព្រះរាជវង្សានុវង្ស ។ ទានទី៣តំកល់នៅក្នុងហោព្រះខាន់ ទានទី៤ តំកល់នៅក្នុងវិហារព្រះកែវមរកត ។
ម្យ៉ាងទៀត ព្រះករុណាទ្រង់តម្រូវឲ្យធ្វើទានទៅតំកល់នៅទីវត្ត ក្នុងព្រះរាជធានី និងទីវត្តជិតៗ នាទីក្រុងផងដែរ។ ហេតុនេះហើយទើបទានវស្សាព្រះរាជទ្រព្យមានដល់ទៅ១៩ដើម។
នៅថ្ងៃដែលធ្វើពិធីអុជទានព្រះវស្សានៅព្រះបរមរាជវាំងក្រុមបារគូបុរោហិតក៏រៀបធ្វើពិធីអញ្ជើញព្រះមហាក្សត្រឲ្យចូលទៅកាន់ព្រះវស្សាដែរ។
ចាប់តាំងពីថ្ងៃពេញបរមីខែអាសាធ គឺមុនថ្ងៃចូលព្រះវស្សា ១ថ្ងៃ គេសង្គេតឃើញភាពអ៊ូអរស្ទើរតែគ្រប់វត្តអារាម។ ពីព្រលឹមព្រះសង្ឃទាំងឡាយដែលនៅក្នុងវត្ត និមន្តចូលទៅក្នុងព្រះវិហារ ដើម្បីថ្វាយបង្គំព្រះរតនត្រ័យ និងស្វាធ្យាយធម៌ដារបញ្ជផលានិសង្ឃ ដល់វិញ្ញាណក្ខន្ធដែលធ្វើមរណៈកាលទៅហើយ។ ដល់ថ្ងៃត្រង់ពួកទាយកទាយិការៀបចំចង្ហាន់ប្រគេនព្រះសង្ឃឆាន់ពេលល្ងាចព្រះសង្ឃសម្តែងធម៌ទេសនាជាការស្រេច។ ថ្ងៃជាបន្ទាប់មកជាថ្ងៃចូលព្រះវស្សា នៅវេលារសៀលគេធ្វើពិធីហែទាន ព្រះវស្សា និងគ្រឿងបរិក្ខាផ្សេងៗ មានសំពត់វស្សិកសាដកជាដើម ប្រទក្សិណព្រះវិហារ ៣ជុំជាមុន ទើបនាំទានចូលទៅ គេវេរទានរួចទើបអុជទាននោះជាក្រោយ ។
នៅឱកាសនេះគេនិមន្តព្រះសង្ឃឲ្យគង់តាមលំដាប់វស្សា ចាស់-ខ្ចី។ ព្រះសង្ឃដែលចាស់វស្សាជាងគេប្រកាសប្រាប់ទីប្រជុំថា ថ្ងៃនេះជាថ្ងៃចូលព្រះវស្សា ដែលមានថេរវេលា៣ខែនោះព្រះសង្ឃពុំអាចនិមន្តទៅផ្ទះឯកជនបាន បើប្រសិនជាគេនិមន្ត ឬ បើមានធុរៈ ញោម ឈឺ ឬ ក៏ឧបជ្ឃាយ៍អាចារ្យឈឺ លោកអាចចេញទៅគង់ក្រៅអារាមបាន ប៉ុន្តែត្រូវកុំឲ្យហួសពីប្រាំពីរថ្ងៃ ។ មុននឹងចេញទៅលោកត្រូវទៅទូលលោកគ្រូជាមេវត្តសិនដោយសន្យានឹងលោកថា នឹងវិលមកវិញឲ្យទាន់អរុណរះនៃថ្ងៃទី៧ ជាមិនខាន ។ ដល់ពេលត្រលប់ចូលទីអារាមវិញភ្លាមត្រូវចូលទៅបង្ហាញខ្លួនដល់លោកគ្រូមេវត្តជាដំណឹង។
ជួនកាលមានព្រះសង្ឃខ្លះពុំបានចូលព្រះវស្សាតាមកំណត់កាលវេលា ដោយមានធុរៈអ្វីមួយ ឬ ដោយរោគាពាធនោះលោកអាចចូលបច្ឆិមិកវស្សាបាន គឺលោកចូលនៅថ្ងៃ ១រោជ ខែ ស្រាពណ៌ ហើយត្រូវគិតវស្សា ឲ្យគ្រប់៣ខែ ដូចលោកដែលចូលមុន គឺត្រូវចេញវិញនៅថ្ងៃ១រោជខែ កត្តិក។
ដកស្រង់ពីសៀវភៅ ពិធីប្រចាំដប់ពីរខ្មែរ
(ក្រុមជំនុំ ទំនៀមទម្លាប់ខ្មែរ)
ដោយ៥០០០ឆ្នាំ
images/articles/3288/_________________________________.jpg
ផ្សាយ : ១៥ ឧសភា ឆ្នាំ២០២២ (អាន: ៣៥៦ ដង)
ព្រះសាស្ដាកាលស្ដេចគង់នៅវត្តជេតពន ទ្រង់ប្រារព្ធកោធនភិក្ខុ (ភិក្ខុក្រោធ) មួយរូប បានត្រាស់ព្រះជាតកនេះ មានពាក្យថា យោ តេ ហត្ថេ ច បាទេ ច ជាដើម ។រឿងរ៉ាវបច្ចុប្បន្នបានពោលមកក្នុងជាតកខាងក្រោយ ។ ព្រះសាស្ដាត្រាស់នឹងភិក្ខុ ថា ម្នាលភិក្ខុ ព្រោះហេតុអ្វី អ្នកបួសក្នុងសាសនារបស់ព្រះពុទ្ធអ្នកមិនក្រោធ ហើយធ្វើនូវ សេចក្ដីក្រោធទៅវិញ បោរាណកបណ្ឌិតទាំងឡាយ សូម្បីមានខ្លួនត្រូវគេវាយ ១០០០ រំពាត់ និងមានដៃជើងត្រចៀកច្រមុះត្រូវគេកាត់ ក៏មិនធ្វើសេចក្ដីក្រោធ ចំពោះអ្នក ដទៃដែរ ហើយព្រះអង្គនាំអតីតនិទានមកថា ៖
ក្នុងអតីតកាល ព្រះរាជាព្រះនាមកលាពុ សោយរាជសម្បត្តិក្នុងនគរពារាណសី ។ គ្រានោះ ព្រះពោធិសត្វកើតក្នុងព្រាហ្មណត្រកូល ដែលមានទ្រព្យ ៨០ កោដិ លោកជា មាណពឈ្មោះថា កុណ្ឌលកុមារ កាលចម្រើនវ័យឡើង ក៏ទៅនគរតក្កសិលា រៀនសិល្បសាស្ត្រទាំងពួង ហើយទុកដាក់ទ្រព្យ អំណើះឥតពីមាតាបិតាទៅ លោកសម្លឹងមើលគំនរ ទ្រព្យ ហើយគិតថា ពពួកញាតិរបស់យើង ញ៉ាំងទ្រព្យនេះឲ្យកើតឡើងហើយ ស្លាប់ទៅ ឥតយកតាមសោះ ចំណែកអញវិញ គួរណាស់តែយកទ្រព្យនោះទៅតាមឲ្យខាងតែបាន លុះគិតដូច្នេះហើយ លោកចាត់ចែងទ្រព្យទាំងអស់ឲ្យជាទាន បុគ្គលណាយកវត្ថុណា លោកឲ្យវត្ថុនោះ ហើយលោកចូលទៅព្រៃហិមពាន្តសាងផ្នួស ញ៉ាំងជីវិតឲ្យប្រព្រឹត្តទៅ ដោយផលាផល នៅអស់កាលដ៏យូរ ទើបមកកាន់ផ្លូវមនុស្សដើម្បីសេពរសប្រៃនិងជូរ លោកទៅដល់នគរពារាណសីដោយលំដាប់ និងស្នាក់នៅក្នុងរាជឧទ្យាន ដល់ថ្ងៃស្អែក លោកត្រាច់បិណ្ឌបាតក្នុងទីក្រុង ក៏ទៅដល់ទ្វារនិវេសន៍របស់សេនាបតី ។ សេនាបតី ជ្រះថ្លានឹងឥរិយាបថរបស់ព្រះពោធិសត្វ ក៏និមន្តចូលក្នុងផ្ទះ ប្រគេនឲ្យឆាន់នូវភោជន ដែលគេបម្រុងដើម្បីខ្លួន ហើយឲ្យតាបសទទួលសេចក្ដីប្ដេជ្ញាហើយ និមន្តលោកឲ្យគង់ នៅក្នុងរាជឧទ្យាននោះឯង ។
តមកក្នុងថ្ងៃមួយ ស្ដេចកលាពុទ្រង់ស្រវឹងស្រា ហើយយាងទៅឧទ្យានដោយយស ដ៏ធំ ទាំងមានស្រ្ដីរបាំដែលឈ្លាសហែហមទៅផង ព្រះអង្គឲ្យគេក្រាលសយនាលើផ្ទាំង មង្គលសិលា ហើយទ្រង់ផ្ទំកើយភ្លៅស្រ្តីម្នាក់ ដែលជាទីស្រឡាញ់សព្វព្រះហឫទ័យ ។ ស្ត្រីរបាំទាំងឡាយដែលឈ្លាសក្នុងការច្រៀង ការប្រគំ និងការរាំជាដើម នាំគ្នាប្រគំ ចម្រៀងជាដើម មហាសម្បត្តិរបស់ស្ដេចកលាពុ ហាក់ដូចជាសក្កទេវរាជ (បានបន្តិច) ព្រះរាជាផ្ទំលក់ទៅ ។
លំដាប់នោះ ស្ត្រីរបាំទាំងឡាយគិតថា ពួកយើងប្រគំនិងចម្រៀងជាដើម ដើម្បី ព្រះរាជាណា ឥឡូវព្រះរាជានោះផ្ទំលក់ហើយ យើងនៅប្រគំចម្រៀងជាដើមធ្វើអ្វី គិតដូច្នេះហើយ ក៏ចោលគ្រឿងតន្ត្រីមានពិណជាដើមក្នុងទីនោះ ហើយនាំគ្នាដើរលេងក្នុងឧទ្យាន ពួកនាងត្រូវផ្កាឈើ ផ្លែឈើ និងត្រួយឈើជាដើមទាក់ទាញចិត្ត សប្បាយរីករាយក្នុងឧទ្យានយ៉ាងក្រៃលែង ។ គ្រានោះ ព្រះពោធិសត្វគង់នៅជាសុខក្នុងផ្នួស ទៀប គល់សាលព្រឹក្ស ដែលមានផ្ការីកស្គុះស្គាយក្នុងឧទ្យាន មើលទៅដូចជាដំរីមត្តវរៈ ។ ពេលនោះ ស្ត្រីរបាំដែលត្រាច់ក្នុងឧទ្យាន ឃើញតាបសពោធិសត្វ ហើយបបួលគ្នាថា នាងទាំងឡាយចូរមកណេះ នៅជិតគល់ឈើនោះ មានបព្វជិតមួយអង្គគង់នៅ ទាន់ពេល ព្រះរាជាមិនទាន់តើន ពួកយើងនឹងទៅអង្គុយស្ដាប់ធម្មកថាខ្លះ ក្នុងសម្នាក់បព្វជិតនោះ បបួលគ្នាដូច្នេះហើយ ក៏នាំគ្នាទៅថ្វាយបង្គំ អង្គុយចោមរោមតាបស រួចពោលថា សូម លោកម្ចាស់សម្ដែងអ្វីដែលគួរ ដល់ខ្ញុំម្ចាស់ទាំងឡាយ ។ ព្រះពោធិសត្វក៏សម្ដែងធម៌ដល់ពួកនាងទាំងនោះ ។
លំដាប់នោះ ស្ត្រីដែលព្រះរាជាផ្ទំកើយនោះ កម្រើកភ្លៅ បណ្ដាលឲ្យព្រះរាជាភ្ញាក់ ឡើង ។ បន្ទាប់ពីភ្ញាក់ហើយ ព្រះរាជាមិនឃើញស្ត្រីទាំងឡាយ ទ្រង់សួរថា តើពួកមេចង្រៃទៅណា អស់ហើយ ។ស្រ្តីនោះក្រាបទូលថា បពិត្រមហារាជ ស្ត្រីទាំងនោះទៅអង្គុយ ចោមរោមតាបស មួយអង្គ ។ព្រះរាជាក្រោធ ហើយចាប់ព្រះខាន់ យាងទៅយ៉ាងលឿន ដោយត្រាស់ថា អញ នឹងប្រដៅជដិលកោងនោះឲ្យដឹងដៃម្ដង ។ពេលនោះ ស្ត្រីទាំងឡាយឃើញព្រះរាជាយាងមកទាំងកំហឹង បណ្ដាស្រ្តីទាំងនោះ ស្ត្រីដែលស្និទ្ធស្នាលជាងគេ ទៅចាប់ដាវពីព្រះហស្តរបស់ព្រះរាជា លួងលោមព្រះរាជាឲ្យ ស្ងប់កំហឹង ។ព្រះរាជាយាងមកហើយ ឈរក្នុងសម្នាក់ព្រះពោធិសត្វ ត្រាស់សួរថា នែសមណៈ លោកជាវាទីអ្វី (មានវាទៈដូចម្ដេច) ?
ព្រះពោធិសត្វទូលថា បពិត្រមហារាជ អាត្មាជាខន្តិវាទី (អ្នកពោលពីខន្តី) ។ព្រះរាជាសួរថា ឈ្មោះថា ខន្តីនោះ ជាអ្វី ?ព្រះមហាសត្វទូលថា សេចក្ដីមិនក្រោធ ក្នុងបុគ្គលដែលជេរ ក្នុងបុគ្គលផ្ដាសា និងក្នុងបុគ្គលដែលវាយប្រហារ (មកលើខ្លួន) ។ស្ដេចកលាពុត្រាស់ថា ឥឡូវនេះ យើងនឹងមើលនូវភាពនៃការមានខន្តីរបស់អ្នក ។
ព្រះរាជាត្រាស់ដូច្នេះហើយបង្គាប់ឲ្យគេហៅចោរឃាតក ។ ពេជ្ឈឃាដនោះ ដោយ ចារិត្តរបស់ខ្លួន គេកាន់ពូថៅ និងរំពាត់ខ្សែតីដែលមានបន្លា ស្លៀកសំពត់កាសាយៈ ទ្រទ្រង់ កម្រងផ្កាក្រហម មកថ្វាយបង្គំព្រះរាជា សួរថា បពិត្រព្រះសម្មតិទេព តើឲ្យទូលបង្គំធ្វើអ្វី?
ព្រះរាជាត្រាស់ថា ឯងចូរចាប់តាបសចោរដ៏គម្រក់នេះ ទាញទៅផ្ដួលលើដី យក រំពាត់ខ្សែតី វាយ ២០០០ ខ្វាប់ ក្នុងចំណែកទាំង ៤ គឺពីខាងមុខ ពីក្រោយ និងសងខាង ។អ្នកសម្លាប់ចោរក៏ធ្វើយ៉ាងនោះ ។ ព្រះពោធិសត្វរលាត់ស្បែកសម្បុរថ្ងៃ និងស្បែក ដាច់សាច់ ហូរឈាម ។ព្រះរាជាត្រាស់សួរព្រះពោធិសត្វម្ដងទៀតថា នែភិក្ខុ លោកជាវាទីអ្វី ?
ខន្តិវាទីតាបសទូលថា បពិត្រមហារាជ អាត្មាជាខន្តិវាទី ។ ព្រះមហាសត្វពោលទៀតថា ព្រះអង្គសម្គាល់ថា ខន្តីនៅក្នុងចន្លោះស្បែករបស់អាត្មាឬ ខន្តីមិនមានក្នុងចន្លោះ ស្បែករបស់អាត្មាទេ ព្រះអង្គមិនអាចទតឃើញឡើយ ខន្តីនោះឋិតនៅក្នុងចន្លោះបេះដូង អាត្មា ។
ពេជ្ឈឃាដទូលសួរព្រះរាជាទៀតថា តើទូលបង្គំធ្វើដូចម្ដេច ?ព្រះរាជាត្រាស់ថា ឯងចូរកាត់ដៃទាំងពីររបស់ជដិលកោងនេះ ។ ចោរឃាតករនោះកាន់ពូថៅ ចាប់ដៃតាបសដាក់លើកំណាត់ឈើ ហើយកាត់ដៃព្រះពោធិសត្វ ។ បន្ទាប់មក ព្រះរាជាត្រាស់បង្គាប់ទៀតថា ចូរឲ្យកាត់ជើងទាំងពីរ, ចោរឃាតកក៏កាត់ជើង ។ ឈាមហូរចេញពីចុងដៃនិងចុងជើង បីដូចទឹកល័ក្ត (ពណ៌ក្រហម) ហូរ ចេញអំពីប្រហោងឆ្នាំង ។ ស្ដេចកលាពុត្រាស់សួរតាបសម្ដងទៀតថា តើអ្នកជាវាទីអ្វី ? ខន្តិវាទីតាបសពោធិសត្វទូលថា បពិត្រមហារាជ អាត្មាភាពជាខន្តិវាទី ព្រះអង្គ សម្គាល់ថា ខន្តីមាននៅនឹងចុងដៃនិងចុងជើងរបស់អាត្មាឬ ខន្តីមិនមាននៅទីនោះទេខន្តីរបស់អាត្មា ឋិតនៅក្នុងទីជ្រៅណាស់ ។ ព្រះរាជាត្រាស់បញ្ជាពេជ្ឈឃាដថា ឯងចូរកាត់ត្រចៀកនិងច្រមុះតាបសនេះ ។
ចោរឃាតកនោះបានកាត់ត្រចៀកនិងច្រមុះរបស់ព្រះតាបស ។ ខ្លួនប្រាណទាំងអស់ របស់ព្រះពោធិសត្វ ប្រឡាក់ទៅដោយឈាម ។ ព្រះរាជាត្រាស់សួរព្រះមហាសត្វម្ដងទៀតថា តើលោកជាវាទីអ្វី ?ព្រះមហាសត្វទូលថា បពិត្រមហារាជ អាត្មាភាពជាខន្តិវាទី ។ ព្រះអង្គកុំសម្គាល់ ថា ខន្តីនៅចុងត្រចៀកនិងច្រមុះឲ្យសោះ ខន្តីរបស់អាត្មាតាំងនៅក្នុងចន្លោះ បេះដូង ដ៏ជ្រោះ ។ ព្រះរាជាត្រាស់ថា នែជដិលកោង ចូរអង្គុយលើកខន្តីរបស់អ្នកចុះ ត្រាស់ហើយ ព្រះរាជាធាក់ដើមទ្រូងតាបសមួយជើង រួចទ្រង់យាងចេញទៅ ។ ពេលព្រះរាជាយាងទៅហើយ សេនាបតីបានទៅជូតឈាមពីសរីរៈ របស់ ព្រះពោធិសត្វ ដោះសំពត់មករុំរបួសចុងដៃ ចុងជើង ត្រចៀក និងច្រមុះ រួចលើក ព្រះពោធិសត្វឲ្យអង្គុយសន្សឹមៗ ថ្វាយបង្គំតាបសរួច អង្គុយទីដ៏សមគួរមួយ ហើយពោលថា បពិត្រលោកម្ចាស់ដ៏ចម្រើន បើលោកម្ចាស់ប្រាថ្នាក្រោធ សូមលោកម្ចាស់ក្រោធចំពោះតែព្រះរាជាមួយអង្គ ដែលទ្រង់បានធ្វើកំហុសចំពោះលោកម្ចាស់ លោកម្ចាស់កុំ ក្រោធអ្នកដទៃឡើយ ដូច្នេះហើយ កាលនឹងអង្វរតាបស ទើបពោលគាថាទី ១ ថា ៖
យោ តេ ហត្ថេ ច បាទេ ច, កណ្ណនាសញ្ច ឆេទយិ;
តស្ស កុជ្ឈ មហាវីរ, មា រដ្ឋំ វិនសា ឥទំ។
បពិត្រលោកមានព្យាយាមធំ ព្រះរាជាណាកាត់ព្រះហស្តទាំងពីរក្ដី កាត់ព្រះបាទទាំងពីរក្ដី កាត់ត្រចៀកនិងច្រមុះក្ដី របស់លោក ខ្ញាល់ចំពោះបុគ្គលនោះចុះ សូមលោកកុំញ៉ាំងដែននេះឲ្យវិនាសឡើយ ។
បទថា មហាវីរ បានដល់ មហាវីរិយៈ ។ បទថា មា រដ្ឋំ វិនសា ឥទំ សេចក្ដីថា សូមលោកកុំញ៉ាំងកាសិរដ្ឋដែលមិនមានកំហុសនេះ ឲ្យវិនាសឡើយ ។
ព្រះពោធិសត្វស្ដាប់ពាក្យនោះហើយ ពោលគាថាទី ២ ថា
យោ មេ ហត្ថេ ច បាទេ ច, កណ្ណនាសញ្ច ឆេទយិ;
ចិរំ ជីវតុ សោ រាជា, ន ហិ កុជ្ឈន្តិ មាទិស។
ព្រះរាជាណា កាត់ដៃទំាងពីរក្ដី កាត់ជើងទាំងពីរក្ដី កាត់ត្រចៀកនិងច្រមុះក្ដី របស់អាត្មា សូមឲ្យព្រះរាជានោះ ទ្រង់មានព្រះជន្មយឺនយូរ ពួកអ្នកប្រាជ្ញដូចយ៉ាងអាត្មា មិនខឹងឡើយ ។
បទថា មាទិស (ដូចយ៉ាងអាត្មា) សេចក្ដីថា បណ្ឌិតដែលដល់ព្រមដោយខន្តិពលៈ ដូចយ៉ាងអាត្មា រមែងមិនក្រោធ (ដោយអាង) ថា អ្នកនេះបានជេរអញ ផ្ដាសាអញ វាយអញ កាប់អញ ទម្លាយអញ ដូច្នេះឡើយ ។
កាលព្រះរាជាយាងចេញពីឧទ្យាន គ្រាន់តែផុតពីក្រសែភ្នែក របស់ព្រះពោធិសត្វប៉ុណ្ណោះ មហាប្រឹថពីនេះដែលមានកម្រាស់ ២ សែន ៤ ម៉ឺន យោជន៍ បានបែករហែក បីដូចសំពត់ដែលគេដេរភ្លាត់, អណ្ដាតភ្លើងចេញពីអវិចីនរក ឆាបត្របាក់ចាប់យក ព្រះរាជា ហាក់ដូចត្រូវគេរុំដណ្ដប់ដោយសំពត់កម្ពលពណ៌ក្រហម ដែលជាអំណោយរបស់ ត្រកូល ។ ព្រះរាជានោះ ត្រូវផែនដីស្រូបនៅទៀបទ្វារឧទ្យាននោះឯង ហើយឋិតនៅក្នុង អវីចិមហានរក ។ សូម្បីព្រះពោធិសត្វក៏ធ្វើកាលកិរិយាក្នុងថ្ងៃនោះដែរ ។ រាជបរិស័ទ ទាំងឡាយ និងអ្នកនគរទាំងឡាយមានដៃកាន់គ្រឿងក្រអូប ផ្កាកម្រង និងធូប នាំគ្នាមក ហើយធ្វើសរីរកិច្ចរបស់ព្រះពោធិសត្វ ។ ចំណែកអាចារ្យពួកខ្លះពោលថា ព្រះពោធិសត្វ ទៅព្រៃហិមពាន្តវិញ ។ តែពាក្យនោះ មិនពិតទេ ។
ព្រះសាស្ដាត្រាស់អភិសម្ពុទ្ធគាថាពីរនេះថា
អហូ អតីតមទ្ធានំ, សមណោ ខន្តិទីបនោ;
តំ ខន្តិយាយេវ ឋិតំ, កាសិរាជា អឆេទយិ។
សមណៈ ជាអ្នកសំដែងនូវខន្តី មានហើយក្នុងអតីតកាល ព្រះបាទកាសី ទ្រង់ត្រាស់ឲ្យចោរឃាតកបុរសសម្លាប់សមណៈនោះ អ្នកតាំងនៅក្នុងខន្តី ។
តស្ស កម្មផរុសស្ស, វិបាកោ កដុកោ អហុ;
យំ កាសិរាជា វេទេសិ, និរយម្ហិ សមប្បិតោ។
ព្រះបាទកាសី តាំងនៅក្នុងនរក សោយនូវផលនៃកម្មណា ផលនៃកម្មអាក្រក់នោះ ជាផលក្ដៅក្រហាយ ។
បទថា អតីតមទ្ធានំ សេចក្ដីថា ក្នុងអតីតកាលដ៏យូរលង់ណាស់ហើយ ។ បទថា ខន្តិទីបនោ សេចក្ដីថា អ្នកពណ៌នាអំពីអធិវាសនខន្តី (ការប៉ិនអត់ទ្រាំយ៉ាងក្រៃលែង, ខន្តីមានកម្លាំង, ខន្តីយ៉ាងឧក្រិដ្ឋ ) ។ បទថា អឆេទយិ សេចក្ដីថា ឲ្យចោរឃាតកសម្លាប់ ។ ចំណែកអាចារ្យពួកខ្លះពោលថា ដៃ ជើង ត្រចៀក និងច្រមុះរបស់ព្រះពោធិសត្វ ត្រូវបានតភ្ជាប់វិញ ។ សូម្បីពាក្យនោះក៏មិនពិតដែរ ។ បទថា សមប្បិតោ បានដល់ តាំងនៅ ។
ព្រះសាស្ដានាំធម្មទេសនានេះមកហើយ ទ្រង់ប្រកាសសច្ចធម៌ និងប្រជុំជាតក ទីបញ្ចប់នៃសច្ចធម៌ ភិក្ខុអ្នកក្រោធនោះ បានតាំងនៅក្នុងអនាគាមិផល ចំណែកជនដទៃ ច្រើនទៀតបានសម្រេចសោតាបត្តិផលជាដើម ។ តទា កលាពុរាជា ទេវទត្តោ អហោសិ ស្ដេចកលាពុក្នុងកាលនោះបានមក ជាទេវទត្ត សេនាបតិ សារិបុត្តោ សេនាបតីបានមកជាសារីបុត្រ
ខន្តិវាទី តាបសោ បន អហមេវ អហោសិំ ចំណែកខន្តិវាទីតាបស គឺតថាគតនេះឯង ។ ខន្តិវាទីជាតក ៕
(ជាតកដ្ឋកថា សុត្តន្តបិដក ខុទ្ទកនិកាយ ជាតក
ចតុក្កនិបាត បុចិមន្ទវគ្គ បិដកលេខ ៥៨ ទំព័រ ១៩៩)
ថ្ងៃ ពុធ ១០ កើត ខែភទ្របទ ឆ្នាំច សំរិទ្ធិស័ក ច.ស. ១៣៨០ ម.ស. ១៩៤០
ថ្ងៃទី ១៩ ខែ កញ្ញា ព.ស. ២៥៦២ គ.ស.២០១៨
ដោយស.ដ.វ.ថ.
ដោយ៥០០០ឆ្នាំ
images/articles/1536/___________________________________________________.jpg
ផ្សាយ : ១៥ ឧសភា ឆ្នាំ២០២២ (អាន: ៨,១២៣ ដង)
ការប្រកួតកីឡា គេបានឈ្នះហើយ គេសប្បាយ ឯការបោះឆ្នោត បើមានអ្នកគាំទ្រភាគច្រើន គឺត្រូវឈ្នះហើយបានធ្វើជាអ្នកធំ។នៅក្នុងគ្រួសារ ជារឿងមនោសញ្ចេតនានៃមាតាបិតា ភរិយាស្វាមី កូនប្រុសស្រី ។ល។ ដូច្នេះ មិនមែនជារឿងប្រកួតប្រជែង និងមិនមែនចេះតែប្រកាន់យកមតិភាគច្រើននោះទេ។ ម្នាក់ៗមានតួនាទីរៀងៗខ្លួន ត្រូវចេះគោរពតួនាទីរបស់ខ្លួន មានការអ្វីៗត្រូវពិគ្រោះពិភាក្សាមេគ្រួសារជាអ្នកសម្រេចក្នុងចិត្តការងារ ប៉ុន្តែការសំខាន់គឺម្នាក់ៗត្រូវមានធម៌ក្នុងខ្លួន។
មានធម៌ក្នុងខ្លួន ទើបអាចបណ្ដេញអធម៌ឲ្យចេញពីខ្លួនបាន នេះជាការយកឈ្នះខ្លួនឯង ហើយគ្រប់គ្រងខ្លួនដោយសតិសម្បជញ្ញៈ។មានធម៌ក្នុងខ្លួនឈ្មោះថា មានខ្លួនជាទីពឹង និងមានសុខក្នុងខ្លួនឯង ដោយមិនវង្វេងស្វែងរកសុខក្នុងវត្ថុដទៃ មនុស្សដទៃជាខាងក្រៅឡើយ។មានធម៌ក្នុងខ្លួន នាំឲ្យមិនកើតទុក្ខជាមួយនឹងរឿងគ្រប់យ៉ាង គឺទាន់ពេលភ្លាមៗ ដែលបានទទួលដឹងនូវរឿងនោះឯង។ ការមិនកើតទុក្ខ គឺជាសុខដ៏វិសេសស្រេចតែម្ដង ដោយការស្ងប់តណ្ហា។
មានធម៌ក្នុងខ្លួន ទើបដឹងថាបញ្ហាមិនមែនអ្នកដទៃធ្វើឲ្យខ្លួនឯងទេ គឺបញ្ហានៅក្នុងចិត្តរបស់ខ្លួន ព្រោះតែសេចក្ដីប្រកាន់។ ការមិនប្រកាន់ជាសុខដ៏ក្រៃលែង។មានធម៌ក្នុងខ្លួន នាំឲ្យមិនប្រកាន់ទៅក្នុងរឿងទាំងពួង ព្រោះបានដឹងអំពីធម្មជាតិតាមសេចក្ដីពិត។ ក្នុងជីវិតមនុស្ស សត្វទាំងអស់គឺជាធម្មជាតិ មានរូបធាតុ មាននាមធាតុ ប្រព្រឹត្តទៅតាមហេតុ។
មានធម៌ក្នុងខ្លួន នាំឲ្យយល់ដឹងអំពីធម្មជាតិគ្រប់យ៉ាងថា មិនគួរប្រកាន់មាំឡើយ។ ធម្មជាតិរមែងតែងតែកើតឡើងហើយវិនាសទៅវិញ គឺការវិនាសប្រែប្រួលជាម្ចាស់លើធម្មជាតិ។មានធម៌ក្នុងខ្លួន នាំឲ្យមានចិត្តទំនេរមិនមានកង្វល់ក្នុងការហួងហែងជីវិត ហួងហែងបញ្ចក្ខន្ធឡើយ។ ការមិនកង្វល់ និងការមិនប្រកាន់ទើបជាទីពឹងពិតក្នុងជីវិតនឹងក្នុងព្រះពុទ្ធសាសនា។មានធម៌ក្នុងខ្លួន ទើបដឹងថា សេចក្ដីសុខមិនមែននៅលើការយកឈ្នះអ្នកដទៃនោះទេ គឺសេចក្ដីសុខរមែងមានហេតុនៃសេចក្ដីសុខដោយឡែកផ្សេង មានដូចនេះជាដើមគឺ:
សុខព្រោះមិនបៀតបៀនអ្នកដទៃ
សុខព្រោះសន្សំសេចក្ដីល្អ
សុខព្រោះការព្រមព្រៀងគ្នា
សុខព្រោះមានបញ្ញាយល់ដឹងការពិត
សុខព្រោះការមិនក្រោធខឹង
សុខព្រោះការមិនប្រកាន់
សុខព្រោះការឲ្យអភ័យ
សុខព្រោះការមិនយកទុក្ខមកដាក់ខ្លួន
សុខព្រោះការបានឈ្នះខ្លួនឯង។
រឿងរ៉ាវនៅក្នុងក្រុមគ្រួសារ ពេលខ្លះគឺមិនអាចនាំយកហេតុផលមកជជែកគ្នាបានឡើយ ព្រោះរឿងរ៉ាវវានៅពីលើហេតុផលដែលយើងចង់និយាយទៅទៀត ដូច្នេះមានតែការសម្រួល មានតែសម្បទាន និងការយល់ដឹងអំពីសេចក្ដីពិតហើយព្រមទទួលប៉ុណ្ណោះ ទើបវាជាការល្អ។
មានការបែកបាក់គ្នាច្រើនណាស់ គឺមកអំពីការប្រកាន់ហេតុផលរៀងៗខ្លួន ចង់យកឈ្នះគ្នា ដោយអាងហេតុផលដែលខ្លួនមាន ដោយប្រកាន់ថាហេតុផលរបស់ខ្លួនត្រឹមត្រូវ ឯម្ខាងទៀតមិនមានហេតុផលអ្វីឲ្យត្រឹមត្រូវឡើយ ម្ល៉ោះហើយទីបំផុតចុងក្រោយក៏ត្រូវបែកគ្នា។ ហេតុផលគឺពិតជារបស់ល្អហើយ តែត្រូវប្រើឲ្យសមជាមួយគ្នានឹងករណីព្រមទាំងពេលវេលាផង។
សរុបសេចក្ដីមក បើមានការភ្លាងភ្លាត់អ្វី កុំចេះតែមកបន្ទោសគ្នា ប្រកែកគ្នា ត្រូវមានគុណធម៌ប្រចាំចិត្តសម្រាប់ដោះស្រាយនូវបញ្ហនោះៗ។
រឿងក្នុងគ្រួសាការសម្ដែង ដូចល្ខោនគេតែងលេងប្រឌិត
គួរកុំប្រកាន់ល្ខោនជីវិត សិក្សាការពិតបរមត្ថធម៌។
អ្វីៗបីដូចជាខ្ចីគេ ដូចឆ្អឹងទទេតែបិទជ័រ
កាមគុណបីដូចការតាំងគភ៌ ញាប់ញ័រប្រសូតសោយសោកា។
ទ្រទ្រង់គុណធម៌សាងក្ដីស្ងប់ បានអ្វីគ្រប់ចប់តណ្ហា
អស់ទុក្ខកង្វល់អស់ប្រាថ្នា លែងសោយសោកាសុខពិតហោង។
ដកស្រង់ចេញពីសៀវភៅ ពន្លឺធម៌ព្រះពុទ្ធ
ដោយ៥០០០ឆ្នាំ
images/articles/3294/_________________________________.jpg
ផ្សាយ : ១៥ ឧសភា ឆ្នាំ២០២២ (អាន: ១៤៩ ដង)
សម័យមួយ ព្រះដ៏មានព្រះភាគ កាលគង់នៅនាប្រាសាទមិគារមាតា ក្នុងបុព្វារាម ជិតក្រុងសាវត្ថី។ គ្រានោះ នាងវិសាខាជាមិគារមាតា ចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ ក្រាបថ្វាយបង្គំព្រះដ៏មានព្រះភាគ ហើយអង្គុយក្នុងទីសមគួរ។ លុះវិសាខា ជាមិគារមាតា អង្គុយក្នុងទីសមគួរហើយ ទើបព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ដូចនេះថា ម្នាលវិសាខា ឧបោសថ ប្រកបដោយអង្គ ៨ ប្រការ ដែលបុគ្គលចាំរក្សាហើយ រមែងមានផលច្រើន មានអានិសង្សច្រើន មានសេចក្តីរុងរឿងច្រើន មានសេចក្តីផ្សាយទៅច្រើន។
ម្នាលវិសាខា ចុះឧបោសថ ប្រកបដោយអង្គ ៨ ប្រការ ដែលបុគ្គលចាំរក្សាហើយ រមែងមានផលច្រើន មានអានិសង្សច្រើន មានសេចក្តីរុងរឿងច្រើន មានសេចក្តីផ្សាយទៅច្រើន តើដោយប្រការដូចម្តេច។ ម្នាលវិសាខា អរិយសាវក ក្នុងសាសនានេះ ពិចារណាថា ព្រះអរហន្តទាំងឡាយ លះបង់បាណាតិបាត វៀរចាកបាណាតិបាត មានអាជ្ញាដាក់ចុះហើយ មានគ្រឿងសស្រ្តាដាក់ចុះហើយ មានសេចក្តីខ្មាសបាប មានសេចក្តីអាណិត មានសេចក្តីអនុគ្រោះ ដោយប្រយោជន៍ ដល់សព្វសត្វ ដរាបអស់ជីវិត ក្នុងថ្ងៃនេះ ចំណែកខ្លួនអញ លះបង់បាណាតិបាត វៀរចាកបាណាតិបាត មានអាជ្ញាដាក់ចុះហើយ មានគ្រឿងសស្រ្តាដាក់ចុះហើយ មានសេចក្តីខ្មាសបាប មានសេចក្តីអាណិត មានសេចក្តីអនុគ្រោះដោយប្រយោជន៍ ដល់សព្វសត្វ អស់យប់នេះ និងថ្ងៃនេះដែរ យកតម្រាប់ព្រះអរហន្តទាំងឡាយផង ខ្លួនអញនឹងចាំរក្សាឧបោសថផង ដោយអង្គនេះឯង។
ឧបោសថ ប្រកបដោយអង្គ ទី១ នេះឯង។បេ។ ព្រះអរហន្តទាំងឡាយ លះបង់នូវសេនាសនៈដ៏ខ្ពស់ និងសេនាសនៈដ៏ប្រសើរ វៀរចាកសេនាសនៈដ៏ខ្ពស់ និងសេនាសនៈដ៏ប្រសើរ សម្រេចនូវទីដេកដ៏ទាប លើគ្រែក្តី លើកម្រាលដែលគេធ្វើដោយស្មៅក្តី ដរាបអស់ជីវិត ក្នុងថ្ងៃនេះ ចំណែកខ្លួនអញ លះបង់សេនាសនៈដ៏ខ្ពស់ និងសេនាសនៈដ៏ប្រសើរ វៀរចាកសេនាសនៈដ៏ខ្ពស់ និងសេនាសនៈដ៏ប្រសើរ សម្រេចនូវទីដេកដ៏ទាប លើគ្រែក្តី លើកម្រាល ដែលគេធ្វើដោយស្មៅក្តី អស់យប់នេះ និងថ្ងៃនេះដែរ យកតម្រាប់ព្រះអរហន្តទាំងឡាយផង ខ្លួនអញនឹងចាំរក្សាឧបោសថផង ដោយអង្គនេះឯង។
ឧបោសថ ប្រកបដោយអង្គ ទី៨ នេះឯង។ ម្នាលវិសាខា ឧបោសថ ប្រកបដោយអង្គ ៨ ប្រការ ដែលបុគ្គលចាំរក្សាយ៉ាងនេះហើយ រមែងមានផលច្រើន មានអានិសង្សច្រើន មានសេចក្តីរុងរឿងច្រើន មានសេចក្តីផ្សាយទៅច្រើន។ ឧបោសថ មានផលច្រើនដូចម្តេច មានអានិសង្សច្រើន ដូចម្តេច មានសេចក្តីរុងរឿងច្រើន ដូចម្តេច មានសេចក្តីផ្សាយទៅច្រើន ដូចម្តេច។ ម្នាលវិសាខា ប្រៀបដូចបុគ្គលសោយរាជ្យ ជាឥស្សរាធិបតីនៃមហាជនបទ ទាំង ១៦ នេះ ដែលជាជនបទសម្បូរដោយកែវ ៧ ប្រការ គឺមហាជនបទ ឈ្មោះអង្គៈ ១ មគធៈ ១ កាសី ១ កោសលៈ ១ វជ្ជី ១ មល្លៈ ១ ចេតី ១ វំសៈ ១ កុរុ ១ បញ្ចាលៈ ១ មច្ឆៈ ១ សូរសេនៈ ១ អស្សកៈ ១ អវន្តី ១ គន្ធារៈ ១ កម្ពោជៈ ១ រាជសម្បត្តិនៃមហាជនបទទាំងនុ៎ះ មិនដល់នូវចំណិត ១ ក្នុងចំណិត ទី១៦ ៗ លើកនៃឧបោសថ ដែលប្រកបដោយអង្គ ៨ ប្រការឡើយ។ ដំណើរនោះ ព្រោះហេតុអ្វី។
ម្នាលវិសាខា រាជសម្បត្តិរបស់មនុស្ស ជារបស់ស្តួចស្តើង ហើយយកទៅប្រៀបធៀបនឹងសេចក្តីសុខជារបស់ទិព្យ។ ម្នាលវិសាខា ៥០ឆ្នាំរបស់មនុស្ស ត្រូវជា ១យប់ ១ថ្ងៃ របស់ចាតុម្មហារាជិកទេវតា រាប់រាត្រីនោះបាន ៣០រាត្រី ត្រូវជា ១ខែ រាប់ខែនោះបាន ១២ខែ ត្រូវជា ១ឆ្នាំ រាប់ឆ្នាំនោះបាន ៥០០ឆ្នាំទិព្យ ត្រូវជាប្រមាណនៃអាយុរបស់ពួកចាតុម្មហារាជិកទេវតា។ ម្នាលវិសាខា ហេតុនេះ រមែងមាន ត្រង់ដែលស្រ្តី ឬបុរសពួកខ្លះ ក្នុងលោកនេះ ចាំរក្សានូវឧបោសថ ប្រកបដោយអង្គ ៨ ប្រការ លុះបែកធ្លាយរាងកាយស្លាប់ទៅ រមែងទៅកើតជាមួយនឹងពួកចាតុម្មហារាជិកទេវតា។
ម្នាលវិសាខា រាជសម្បត្តិរបស់មនុស្សនេះឯង ជារបស់ស្តួចស្តើង ហើយយកទៅប្រៀបធៀបនឹងសេចក្តីសុខជារបស់ទិព្យ ដែលតថាគតសំដែងហើយ ព្រោះអាស្រ័យហេតុនេះ។ ម្នាលវិសាខា ១០០ឆ្នាំ របស់មនុស្ស ត្រូវជា ១យប់ ១ថ្ងៃ របស់ពួកតាវត្តិង្សទេវតា រាប់រាត្រីនោះបាន ៣០រាត្រី ត្រូវជា ១ខែ រាប់ខែនោះបាន ១២ខែ ត្រូវជា ១ឆ្នាំ រាប់ឆ្នាំនោះបាន ១០០០ឆ្នាំទិព្យ ត្រូវជាប្រមាណនៃអាយុរបស់តាវត្តិង្សទេវតា។ ម្នាលវិសាខា ហេតុនេះ រមែងមាន ត្រង់ដែលស្រ្តី ឬបុរសពួកខ្លះ ក្នុងលោកនេះ ចាំរក្សាឧបោសថ ប្រកបដោយអង្គ ៨ ប្រការ លុះបែកធ្លាយរាងកាយស្លាប់ទៅ រមែងចូលទៅកើតជាមួយនឹងពួកតាវត្តិង្សទេវតា។
ម្នាលវិសាខា រាជសម្បត្តិរបស់មនុស្សនេះឯង ស្តួចស្តើង ហើយយកទៅប្រៀបធៀបនឹងសេចក្តីសុខ ជារបស់ទិព្យ ដែលតថាគតសំដែងហើយ ព្រោះអាស្រ័យហេតុនេះ។ ម្នាលវិសាខា ២០០ឆ្នាំរបស់មនុស្ស។បេ។ ៤០០ឆ្នាំ។បេ។ ៨០០ឆ្នាំ។បេ។ ១៦០០ ឆ្នាំ ត្រូវជា ១យប់ ១ថ្ងៃ របស់ពួកបរនិម្មិតវសវត្តីទេវតា រាប់រាត្រីនោះបាន ៣០រាត្រី ត្រូវជា ១ខែ រាប់ខែនោះបាន ១២ខែ ត្រូវជា ១ឆ្នាំ រាប់ឆ្នាំនោះបាន ១៦០០០ (មួយហ្មឺនប្រាំមួយពាន់) ឆ្នាំទិព្យ ត្រូវជាប្រមាណនៃអាយុ របស់ពួកបរនិម្មិតវសវត្តីទេវតា។ ម្នាលវិសាខា ហេតុនេះ រមែងមាន ត្រង់ដែលស្រ្តី ឬបុរសពួកខ្លះ ក្នុងលោកនេះ ចាំរក្សាឧបោសថ ប្រកបដោយអង្គ ៨ ប្រការ លុះបែកធ្លាយរាងកាយស្លាប់ទៅ រមែងទៅកើតជាមួយនឹងពួកបរនិម្មិតវសវត្តីទេវតា។ ម្នាលវិសាខា រាជសម្បត្តិរបស់មនុស្សនេះឯង ជារបស់ស្តួចស្តើង ហើយយកទៅប្រៀបធៀបនឹងសេចក្តីសុខ ជារបស់ទិព្យ ដែលតថាគតសំដែងហើយ ព្រោះអាស្រ័យហេតុនេះ។
បុគ្គលមិនគប្បីសម្លាប់សត្វ ១ មិនគប្បីកាន់យកវត្ថុដែលគេមិនបានឲ្យ ១ មិនគប្បីពោលពាក្យកុហក ១ មិនគប្បីផឹកទឹកស្រវឹង ១ គប្បីវៀរចាកការប្រព្រឹត្តិមិនប្រសើរ គឺមេថុន ១ មិនគប្បីបរិភោគភោជន ក្នុងវេលារាត្រី និងក្នុងវេលាវិកាល ១ មិនគប្បីទ្រទ្រង់នូវផ្កាកម្រង មិនគប្បីប្រស់ព្រំដោយគ្រឿងក្រអូប ១ គប្បីដេកលើគ្រែ លើផែនដី ឬលើកម្រាល ១ ព្រះពុទ្ធ ព្រះអង្គដល់នូវទីបំផុតនៃទុក្ខ ទ្រង់ប្រកាសហើយ នូវឧបោសថប្រកបដោយអង្គ ៨ ប្រការនេះឯង សភាវៈទាំងឡាយពីរ គឺព្រះចន្ទ ១ ព្រះអាទិត្យ ១ ជាសភាវៈល្អមើល កាលបំភ្លឺលោក រមែងចរទៅ អស់ទីត្រឹមណា ព្រះចន្ទ និងព្រះអាទិត្យទាំងនោះ ដែលកំចាត់បង់នូវងងឹត ចរទៅក្នុងអាកាស ញុំាងទិសឲ្យរុងរឿងភ្លឺច្បាស់ ក្នុងអាកាស អស់ទីត្រឹមនោះ ទ្រព្យណា មានក្នុងចន្លោះនេះ គឺកែវមុក្តាក្តី កែវមណីក្តី កែវពិទូរ្យដ៏ល្អក្តី មាសឈ្មោះសិង្គីក្តី ឈ្មោះសុវណ្ណក្តី ឬមាសឈ្មោះកាព្ចានៈក្តី ឈ្មោះជាតរូបក្តី ឈ្មោះហដកៈក្តី ទ្រព្យទាំងអម្បាលនោះ មិនដល់នូវចំណិត ១ ក្នុងចំណែក ១៦ ៗ លើក នៃឧបោសថ ដែលប្រកបដោយអង្គ ៨ ប្រការឡើយ ដូចជាពួកផ្កាយទាំងអស់ មិនដល់នូវពន្លឺ នៃព្រះចន្ទ ហេតុដូច្នោះ ស្រ្តីក្តី បុរសក្តី ជាអ្នកមានសីល គួរចាំរក្សានូវឧបោសថ ប្រកបដោយអង្គ ៨ ប្រការ ពួកជនដែលមិនមានគេនិន្ទា បំពេញនូវបុណ្យ ដែលមានសេចក្តីសុខជាកម្រៃ រមែងចូលទៅកាន់ឋានសួគ៌បាន។
អង្គុត្តរនិកាយ អដ្ឋកនិបាត នវមភាគ
(ព្រះត្រៃបិដក ភាគ ៤៨)
ដោយ៥០០០ឆ្នាំ
images/articles/3293/4654y6eddrtrrer444.jpg
ផ្សាយ : ១៥ ឧសភា ឆ្នាំ២០២២ (អាន: ១៣៤ ដង)
ការចម្រេីន អានាបាណស្សតិ » (វគ្គ២ បន្ត)
អាន វគ្គ១
គ្មានពេលវេលាណាដែលប្រសេីរីករាយវិសេសក្រៃលែងជាងមានឱកាសនៅទីកន្លែងព្រៃស្ងប់ស្ងាត់ ហេីយមានឆន្ទៈ សេចក្តីពេញចិត្តត្រេកអរអង្គុយចម្រេីនសមាធិទូន្មានរក្សាចិត្តឲ្យត្រជាក់ស្ងប់នៅក្នុងអារម្មណ៍តែមួយ ប្រកបដោយសតិ បញ្ញាដែលបង្អោនទៅរកសភាពស្ងប់កាយ ស្ងប់ចិត្ត សុខកាយសុខចិត្តនោះឡេីយ (នេះជាសេចក្តីសុខពិតមិនក្លែងក្លាយ) ។
ដេាយព្រះអង្គគ្រូ៖ ព្រះភិក្ខុ ធម្មត្ថេរោ
ដោយ៥០០០ឆ្នាំ
images/articles/3292/4565tyri877565634.jpg
ផ្សាយ : ១៥ ឧសភា ឆ្នាំ២០២២ (អាន: ១៨៤ ដង)
បុណ្យវិសាខបូជា ជាទិវាមួយពោរពេញដោយខ្លឹមសារអត្ថន័យដ៏មានតម្លៃដែលបានបង្ហាញដំណេីរធម្មជាតិនៃជីវិតពិតរបស់ព្រះពុទ្ធប្រាប់ដល់សាវករបស់ព្រះអង្គថា ដំណេីរជីវិតគ្រប់រូបគឺកេីតពីខាងដេីមត្រូវស្លាប់នៅខាងចុង កណ្តាលខ្វាយខ្វល់ជាទុក្ខដូច្នេះជីវិតបានកេីតមកហេីយនេះត្រូវសិក្សាប្រតិបត្តិឲ្យបានល្អក្នុងការបណ្តុះនូវបញ្ញាញាណទុកជាបទពិសោធសម្រាប់ដោះបញ្ហាជីវិតជាទុក្ខ ដែលកេីតពីអវិជ្ជា និងតណ្ហា បេីបញ្ញាញាណកេីតឡេីងហេីយ អវិជ្ជានិងតណ្ហាក៏ត្រូវរលត់ សង្ខារធម៌ជាដំណេីរជីវិតប្រព្រឹត្តជាទុក្ខក៏ត្រូវអស់ ហេតុនេះកិច្ចដែលព្រះពុទ្ធប្រាប់យេីងឲ្យខំប្រឹងសិក្សាប្រតិបត្តិនេះជាកិច្ចញ៊ាំងប្រយោជន៍ឲ្យសម្រេចដោយសេចក្តីមិនប្រមាទ ទាន់យេីងមានជីវិតរស់នៅ អាចដោះស្រាយបញ្ហាទុក្ខនេះបាន និងស្វែងរកទីពឹង គឺសេចក្តីសុខស្ងប់សម្រាប់ខ្លួនយេីងម្នាក់ៗដែលប្រាថ្នាចង់រួចចាកទុក្ខទាំងពួង។
សម្តែងដេាយ ព្រះអង្គគ្រូ៖
(មហាកម្មដ្ឋានាចរិយ ហ៊ឹម ប៊ុន ធឿន ធម្មត្ថេរោ)
ដោយ៥០០០ឆ្នាំ
images/articles/3291/4654y6rtrrer444.jpg
ផ្សាយ : ១៥ ឧសភា ឆ្នាំ២០២២ (អាន: ១០៣ ដង)
ការចម្រេីន អានាបាណស្សតិ » (វគ្គ១)
បុគ្គលបានចម្រេីនអានាបានស្សតិប្រកបដោយសតិផង ញ្ញាណផង គឺកំពុងព្យាយាម ព្យាបាលចិត្តឲ្យជាសះស្បេីយពីមេរោគ កាមវិតក្ក ព្យាបាទវិតក្ក និងវិហិង្សាវិតក្ក មេរោគនេះវាជាអកុសលលាមកដ៏មានកំលាំងធ្វេីឲ្យជីវិតមានជម្ងឺផ្លូវចិត្តប្រចាំនៅក្នុងវដ្ត ។ ពោរពេញដោយសេចក្តីទុក្ខ ឈឺចាប់ ខ្លោចផ្សា ភ័យខ្លាច សោកសៅបំផុត។
ដូច្នេះការចម្រេីនអានាបាត្រូវព្យាយាមប្រឹងប្រែងឲ្យមុតមាំដូចមុខកាំបិតត្រូវមានស្មារតីប្រុងប្រយ័ត្នរលឹកទាន់កំណត់ដឹងទាន់នូវអារម្មណ៍របស់ចិត្តឲ្យបានតម្កល់មាំប្រាកដពេលកំពុងចម្រេីនត្រូវរក្សាចិត្ត យ៉ាងនេះ៖
១.មិនឲ្យចិត្តស្ទុះទៅកាន់អារម្មណ៍ជាអតីត
២.មិនឲ្យចិត្តស្ទុះទៅកាន់អារម្មណ៍ជាអនាគត
៣.មិនឲ្យចិត្តរួញរា ធ្លាក់ក្នុងក្តីខ្ជិលច្រអូសកាយ ចិត្ត
៤.មិនឲ្យចិត្តរាយមាយ ផ្គងហួសពេក ប្រឹងហួសពេកនាំឲ្យច្រាលចិត្ត អស់សង្ឃឹម
៥.មិនឲ្យចិត្តជាប់ស្អិតត្រេកត្រអាលក្នុងអារម្មណ៍គាប់ចិត្តពេកនាំឲ្យកេីតរាគៈ
៦.មិនឲ្យចិត្តចង្អៀតចង្អល់ បដិឃៈ ថ្នាំងថ្នាក់ពេកនាំកេីតព្យាបាទ។
ត្រូវមានប្រាជ្ញាគ្រប់គ្រងរក្សាចិត្តឲ្យបានត្រឹមត្រូវតាមការណែនាំរបស់ព្រះពុទ្ធទេីបឈ្មោះថាយេីងបានបំពេញកិច្ចការដែលមានសារសំខាន់ក្នុងដំណេីរជីវិតមានទីពឹងដ៏ប្រសេីរឆ្ពោះទៅកាន់ភាពជោគជ័យនៃការអស្តង្គតនៃកិលេសទាំងស្រុងបានទៅដល់គោលដៅមួយដែលយេីងមិនធ្លាប់ទៅដល់ គឺព្រះនិព្វានជាបរមសុខដែលយេីងប្រាថ្នាចង់បាន។
ដេាយព្រះអង្គគ្រូ៖ ព្រះភិក្ខុ ធម្មត្ថេរោ
អាន វគ្គ២
ដោយ៥០០០ឆ្នាំ
images/articles/3290/______________________________.jpg
ផ្សាយ : ១៥ ឧសភា ឆ្នាំ២០២២ (អាន: ១,០៧០ ដង)
គ្រានោះ ព្រាហ្មណ៍ឈ្មោះជាណុស្សោណី ចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ហើយ ក៏ត្រេកអររីករាយនឹងព្រះដ៏មានព្រះភាគ លុះបញ្ចប់ពាក្យដែលគួររីករាយ និងពាក្យដែលគួររលឹកហើយ ក៏អង្គុយក្នុងទីសមគួរ។
លុះជាណុស្សោណិព្រាហ្មណ៍ អង្គុយក្នុងទីសមគួរហើយ បានក្រាបបង្គំទូលព្រះដ៏មានព្រះភាគ ដូច្នេះថា ព្រះគោតមដ៏ចំរើន ប្តេជ្ញាថាជាអ្នកប្រព្រឹត្តធម៌ដ៏ប្រសើរឬ។ ព្រះអង្គត្រាស់ថា ម្នាលព្រាហ្មណ៍ គេកាលបើពោលត្រឹមត្រូវ គប្បីពោលចំពោះបុគ្គលដែលប្រព្រឹត្តព្រហ្មចរិយធម៌ ឲ្យបរិបូណ៌ បរិសុទ្ធ មិនដាច់ មិនធ្លុះ មិនពពាល មិនពព្រុស។ ម្នាលព្រាហ្មណ៍ កាលគេពោលដោយត្រឹមត្រូវ គប្បីពោលចំពោះតថាគតនោះឯងថា ម្នាលព្រាហ្មណ៍ ព្រោះតថាគត ប្រព្រឹត្តព្រហ្មចរិយធម៌ ឲ្យបរិបូណ៌ បរិសុទ្ធ មិនដាច់ មិនធ្លុះ មិនពពាល មិនពព្រុស។
បពិត្រព្រះគោតមដ៏ចំរើន ចុះការដាច់ក្តី ធ្លុះក្តី ពពាលក្តី ពព្រុសក្តី នៃព្រហ្មចរិយធម៌ តើដូចម្តេច។ ម្នាលព្រាហ្មណ៍ បុគ្គលខ្លះ ក្នុងលោកនេះ ជាសមណៈ ឬព្រាហ្មណ៍ ប្តេជ្ញាថាជាអ្នកប្រព្រឹត្តធម៌ ដ៏ប្រសើរដោយប្រពៃ មិនបានប៉ះពាល់ នូវការប៉ះពាល់ដោយបុគ្គលពីរ ៗ មួយអន្លើដោយមាតុគ្រាម (សេពមេថុន) តែថា រមែងត្រេកអរនឹងការដុសខាត់ នួត ងូត ច្របាច់របស់មាតុគ្រាម។
បុគ្គលនោះ រមែងត្រេកអរនឹងការដុសខាត់នោះ រីករាយនឹងការដុសខាត់នោះ ដល់នូវសេចក្តីត្រេកអរ ដោយការដុសខាត់នោះ។ ម្នាលព្រាហ្មណ៍ នេះឯងហៅថា ដាច់ផង ធ្លុះផង ពពាលផង ពព្រុសផង នៃព្រហ្មចរិយធម៌ ម្នាលព្រាហ្មណ៍ នេះហៅថា បុគ្គលប្រព្រឹត្តព្រហ្មចរិយធម៌ មិនបរិសុទ្ធ ជាអ្នកប្រកបដោយមេថុនសំយោគ រមែងមិនផុតចាកជាតិ ជរា មរណៈ សោកៈ បរិទេវៈ ទុក្ខៈ ទោមនស្ស ឧបាយាសៈ តថាគតហៅថា រមែងមិនរួចចាកវដ្តទុក្ខឡើយ។
ម្នាលព្រាហ្មណ៍ មួយទៀត បុគ្គលខ្លះ ក្នុងលោកនេះ ជាសមណៈ ឬព្រាហ្មណ៍ ប្តេជ្ញាថា ជាអ្នកប្រព្រឹត្តធម៌ដ៏ប្រសើរ ដោយប្រពៃ រមែងមិនប៉ះពាល់ ចំពោះការប៉ះពាល់ ដោយបុគ្គលពីរ ៗ មួយអន្លើដោយមាតុគ្រាម ទាំងមិនត្រេកអរនឹងការដុសខាត់ នួត ងូត ច្របាច់ របស់មាតុគ្រាមទេ តែថា រមែងចំអកឡកឡឺយ សើចក្អាកក្អាយ ជាមួយនឹងមាតុគ្រាម។បេ។ បើមិនចំអកឡកឡឺយ សើច ក្អាកក្អាយ ជាមួយនឹងមាតុគ្រាមទេ រមែងនៅមៀងភ្នែកដោយភ្នែក ដៀងចំពោះមាតុគ្រាម បើមិនបានមៀងភ្នែកដោយភ្នែក ដៀងចំពោះមាតុគ្រាមទេ រមែងស្តាប់សំឡេងនៃមាតុគ្រាម កាលសើចក្តី កាលនិយាយក្តី ច្រៀងក្តី យំក្តី ខាងក្រៅជញ្ជាំង ឬខាងក្រៅកំពែង បើមិនស្តាប់សំឡេងនៃមាតុគ្រាម កាលសើចក្តី និយាយក្តី ច្រៀងក្តី យំក្តី ខាងក្រៅជញ្ជាំង ឬខាងក្រៅកំពែងទេ តែថា រលឹករឿយ ៗ នូវហេតុដែលធ្លាប់សើច ធ្លាប់និយាយ ធ្លាប់លេង ជាមួយនឹងមាតុគ្រាម ក្នុងកាលពីដើម បើមិនរលឹករឿយ ៗ នូវហេតុ ដែលធ្លាប់សើច ធ្លាប់និយាយ ធ្លាប់លេងជាមួយនឹងមាតុគ្រាម ក្នុងកាលពីដើមទេ តែថា រមែងឃើញនូវគហបតី ឬគហបតិបុត្រ ដែលស្កប់ស្កល់ មូលមិត្រ បម្រើដោយកាមគុណទាំង ៥ បើមិនបានឃើញនូវគហបតី ឬគហបតិបុត្រ ដែលស្កប់ស្កល់ មូលមិត្រ បម្រើដោយកាមគុណទាំង ៥ ទេ តែថាប្រព្រឹត្តព្រហ្មចរិយធម៌ ដើម្បីប្រាថ្នានូវទេពនិកាយណាមួយថា អញសុំឲ្យបានជាទេវតា ទោះជាទេវតាណាមួយ ដោយសីលនេះផង ដោយវត្តនេះផង ដោយតបធម៌នេះផង ដោយព្រហ្មចរិយធម៌ផង។ បុគ្គលនោះ រមែងត្រេកអរនឹងធម៌នោះ រីករាយនឹងធម៌នោះ ដល់នូវសេចក្តីត្រេកអរចំពោះធម៌នោះ។
ម្នាលព្រាហ្មណ៍ នេះឈ្មោះថា ដាច់ផង ធ្លុះផង ពពាលផង ពព្រុសផង នៃព្រហ្មចរិយធម៌ ម្នាលព្រាហ្មណ៍ បុគ្គលនេះហៅថា ប្រព្រឹត្តព្រហ្មចរិយធម៌មិនបរិសុទ្ធ ជាអ្នកប្រកបដោយមេថុនសំយោគ រមែងមិនរួចចាកជាតិ ជរា មរណៈ សោកៈ បរិទេវៈ ទុក្ខៈ ទោមនស្ស ឧបាយាសៈ តថាគតហៅថា មិនរួចចាកវដ្តទុក្ខឡើយ។
ម្នាលព្រាហ្មណ៍ បណ្តាមេថុនសំយោគទាំង ៧ យ៉ាងនេះ តថាគតឃើញច្បាស់ នូវមេថុនសំយោគណាមួយ ក្នុងខ្លួនដែលមិនទាន់លះបង់ដរាបណា ម្នាលព្រាហ្មណ៍ តថាគតមិនទាន់ប្តេជ្ញាថា ជាអ្នកត្រាស់ដឹង នូវសម្មាសម្ពោធិញ្ញាណដ៏ប្រសើរ ក្នុងលោក ព្រមទាំងទេវលោក មារលោក ព្រហ្មលោក ព្រមទាំងសមណព្រាហ្មណ៍ និងមនុស្សជាសម្មតិទេព និងមនុស្សដ៏សេស ដរាបនោះដែរ ម្នាលព្រាហ្មណ៍ បណ្តាមេថុនសំយោគទាំង ៧ យ៉ាងនេះ តថាគតមិនឃើញច្បាស់ នូវមេថុនសំយោគណាមួយក្នុងខ្លួន ដែលមិនលះបង់ក្នុងកាលណាទេ ម្នាលព្រាហ្មណ៍ តថាគតក៏ប្តេជ្ញាថា ជាអ្នកត្រាស់ដឹង នូវសម្មាសម្ពោធិញ្ញាណដ៏ប្រសើរ ក្នុងលោក ព្រមទាំងទេវលោក មារលោក ព្រហ្មលោក ក្នុងពពួកសត្វ ព្រមទាំងសមណព្រាហ្មណ៍ និងមនុស្សជាសម្មតិទេព និងមនុស្សដ៏សេស ក្នុងកាលនោះដែរ។
លុះតែបញ្ញាដែលដឹងច្បាស់ ឃើញច្បាស់ កើតឡើងហើយ ដល់តថាគតដូច្នេះថា ការរួចស្រឡះរបស់តថាគត មិនកម្រើក ជាតិនេះជាទីបំផុត ភពថ្មីទៀតមិនមានឡើយ។ កាលព្រះសម្ពុទ្ធ ទ្រង់តា្រស់យ៉ាងនេះហើយ ជាណុស្សោណិព្រាហ្មណ៍ បានក្រាបបង្គំទូលព្រះដ៏មានព្រះភាគ ដូច្នេះថា បពិត្រព្រះគោតមដ៏ចំរើន ភ្លឺច្បាស់ណាស់។បេ។ សូមព្រះគោតមដ៏ចំរើន ចាំនូវខ្ញុំព្រះអង្គថាជាឧបាសកអ្នកដល់នូវសរណគមន៍ ស្មើដោយជីវិត ចាប់ដើមអំពីថ្ងៃនេះតទៅ។
បិដកភាគ ៤៧ ទំព័រ ១០១ ឃ្នាប ៤៧
ដោយ៥០០០ឆ្នាំ
images/articles/3289/_________________________________.jpg
ផ្សាយ : ១៥ ឧសភា ឆ្នាំ២០២២ (អាន: ៨៦៥ ដង)
មិនមែនអានតែសៀវភៅទេ ត្រូវអានជីវិតខ្លួនឯងផងពោលគឺត្រូវសិក្សាអំពីជីវិត តើជីវិតគឺជាអ្វី? កើតបានយ៉ាងណា? ហើយប្រព្រឹត្តទៅយ៉ាងណា? ត្រូវសិក្សាឱ្យឃើញច្បាស់ដោយបញ្ញាចក្ខុ ។ មិនមែនមានតែអ្នកដទៃទេជាគ្រូនោះ ខ្លួនឯងហ្នឹងហើយដែលត្រូវបង្រៀនខ្លួនឯង អប់រំទូន្មានខ្លួន ។
ប្រារព្ធសុខសាមណេរ ព្រះសាស្រ្ដទ្រង់ត្រាស់ថា (ធម្មតាអ្នកស្រែតែងបាចទឹកបញ្ចូលទៅក្នុងស្រែ ជាងព្រួញតែងពត់ព្រួញ ជាងឈើតែងចាំឈើ ឯអ្នកមានវត្តបដិបត្តិល្អ តែងអប់រំទូន្មានខ្លួន) ។ ក្នុងបណ្ដាពួកមនុស្សទាំងឡាយ មនុស្សល្អគឺជាមនុស្សដែលចេះអប់រំទូន្មានខ្លួនឯង ។
សៀវភៅ មេរៀនជីវិត
ដោយ៥០០០ឆ្នាំ