ថ្ងៃ អាទិត្យ ទី ០៨ ខែ ធ្នូ ឆ្នាំកុរ ឯក​ស័ក ព.ស. ២៥៦៣  
ស្តាប់ព្រះធម៌ (Mp3)
ស្តាប់ការអានព្រះត្រៃបិដក (Mp3)
ស្តាប់​ការបង្រៀនព្រះធម៌ (Mp3)
ស្តាប់​ការអាន​សៀវ​ភៅ​ធម៌​ (Mp3)
កម្រងធម៌​សូត្រ​ផ្សេង​ៗ (Mp3)
កម្រងកំណាព្យនិងស្មូត្រ (Mp3)
កម្រងបទភ្លេងនិងចម្រៀង (Mp3)
ព្រះពុទ្ធសាសនានិងសង្គម (Mp3)
បន្ទុកសៀវភៅ (eBook)
បន្ទុកវីដេអូ (Video)
ទើបស្តាប់/អានរួច
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុឯកភ្នំ
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុពណ្ណរាយណ៍
ទីតាំងៈ ខេត្តកណ្តាល
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុផ្កាយព្រឹក
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុគល់ទទឹង
ទីតាំងៈ វត្តគល់ទទឹង
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
មើលច្រើនទៀត​
ការជូនដំណឹង
ទិន្នន័យសរុបនៃការចុចចូល៥០០០ឆ្នាំ
ថ្ងៃនេះ ៤៥,៨១៩
Today
ថ្ងៃម្សិលមិញ ៧៥,០១១
ខែនេះ ៥២៥,៩៦៦
សរុប ១១៥,០៤១,០៥៥
free counters
កំពុងទស្សនា ចំនួន
ប្រកាសថ្មីៗ សៀវភៅធម៌ សំឡេងធម៌ វីដេអូធម៌
images/articles/2946/xdswwc.jpg
ផ្សាយ : ០៤ ធ្នូ ឆ្នាំ២០១៩ (អាន: ២៣៤៦១ ដង)
ព្រះសាស្ដា កាលស្ដេចគង់នៅវត្តវេឡុវ័ន ទ្រង់ប្រារព្ធការព្យាយាមសម្លាប់របស់ទេវទត្ត បានត្រាស់ព្រះធម្មទេសនានេះ មានពាក្យថា អហមេវ ទូសិយា ភូនហតា ដូច្នេះជាដើម ។ ក្នុងជាតកទាំងឡាយដទៃ ទេវទត្តមិនអាចនឹងធ្វើ សូម្បីតែសេចក្ដីតក់ស្លុត ដល់ព្រះពោធិសត្វឡើយ ចំណែកក្នុងចូឡធម្មបាលជាតកនេះ ទេវទត្តក្នុងកាលនោះបានបញ្ជាឲ្យ ជេជ្ឈឃាដកាត់ដៃ ជើង និងសីសៈរបស់ព្រះពោធិសត្វ និងឲ្យធ្វើអសិមាលកកម្ម (បោះសាកសពឡើងលើ ហើយយកដាវគ្រវីកាប់ចិញ្ច្រាំឲ្យសាកសព បំបែកជាបំណែកតូចៗ) ក្នុងកាលដែលទ្រង់មានព្រះជន្មត្រឹមតែ ៧ ខែ ។ ក្នុងទទ្ទរជាតក ទេវទត្តបានចាប់ច្របាច់កសម្លាប់ព្រះពោធិសត្វ ហើយអាំងសាច់លើជើងក្រាន រួចបរិភោគ ។ ក្នុងខន្តីវាទីជាតក ទេវទត្តបានឲ្យគេវាយប្រហារព្រះពោធិសត្វ ២ ពាន់រំពាត់ និងឲ្យគេកាត់ដៃ ជើង ត្រចៀក ច្រមុះ ហើយឲ្យគេចាប់ផ្នួងសក់អូសទាញ ឲ្យដេកផ្ញារ និងប្រហារទ្រូងដោយជើង រួចទើបចេញទៅ ។ ព្រះពោធិសត្វក៏អស់អាយុក្នុងថ្ងៃនោះឯង ។ សូម្បីក្នុងចូឡនន្ទិយជាតក និងមហាកបិជាតក ទេវទត្តក៏បានព្យាយាមសម្លាប់ព្រះពោធិសត្វ ។ ទេវទត្តនោះព្យាយាមសម្លាប់ព្រះពោធិសត្វអស់កាលយូរដោយប្រការយ៉ាងនេះ សូម្បីក្នុងសម័យពុទ្ធកាល ក៏ព្យាយាមដូចគ្នាដែរ ។ ថ្ងៃមួយ ភិក្ខុទាំងឡាយញ៉ាំងកថាឲ្យតាំងឡើងក្នុងធម្មសភាថា ម្នាលអាវុសោ ទេវទត្តធ្វើឧបាយដើម្បីធ្វើឃាតព្រះពុទ្ធ ទេវទត្តគិតថា យើងឲ្យគេសម្លាប់ព្រះសម្មាសម្ពុទ្ធ ដូច្នេះហើយ ប្រកបនាយខ្នាន់ធ្នូ ប្រមៀលថ្ម និងឲ្យគេលែងដំរីនាឡាគិរី ។ ព្រះសាស្ដាយាងមកហើយសួរថា ម្នាលភិក្ខុទាំងឡាយ អម្បាញ់មិញនេះ អ្នកទាំងឡាយអង្គុយប្រជុំគ្នាដោយរឿងអ្វី ? ភិក្ខុទាំងឡាយទូលថា ដោយរឿងឈ្មោះនេះ ដូច្នេះហើយ ព្រះអង្គត្រាស់ថា ម្នាលភិក្ខុទាំងឡាយ មិនមែនតែក្នុងកាលឥឡូវនេះទេ សូម្បីក្នុងកាលមុន ទេវទត្តក៏បានព្យាយាមដើម្បីនឹងសម្លាប់​តថាគតដែរ ប៉ុន្តែឥឡូវនេះ ទេវទត្តមិនអាចនឹងធ្វើសូម្បីតែសេចក្ដីតក់ស្លុត ក្នុងកាលមុន កាលតថាគតនៅជាចូឡធម្មបាលកុមារ ទេវទត្តបានញ៉ាំងតថាគត ដែលជាបុត្ររបស់ខ្លួនឲ្យអស់ជីវិត ហើយឲ្យគេធ្វើអសិមាលកកម្ម ដូច្នេះហើយ ទ្រង់ទើបនាំអតីតនិទានមកថា ក្នុងអតីតកាល ព្រះរាជាព្រះនាម មហាបតាបៈ សោយរាជសម្បត្តិក្នុងនគរពារាណសី ព្រះពោធិសត្វបានកើតក្នុងផ្ទៃ នៃព្រះនាងចន្ទាទេវី ដែលជាអគ្គមហេសីរបស់ព្រះរាជានោះ ព្រះញាតិទាំងឡាយថ្វាយព្រះនាមថា ធម្មបាល ។ ក្នុងវេលាដែលធម្មបាលកុមារមានអាយុបាន ៧ ខែ ព្រះមាតាងូតទឹកក្រអូបឲ្យព្រះពោធិសត្វ និងប្រដាប់តាក់តែងហើយ ទើបអង្គុយប្រលែងលេងនឹងព្រះរាជកុមារ ។ ព្រះរាជាបតាបៈស្ដេចយាងមកដំណាក់របស់ព្រះនាង ។ ព្រះនាងចន្ទាទេវីនោះ កាលនឹងឲ្យបុត្រលេង ព្រោះភាពជាអ្នកមានសេចក្ដីស្រឡាញ់បុត្រ ទោះឃើញព្រះរាជាយាងមកហើយ ក៏មិនបានក្រោកទទួល ។ ព្រះរាជាគិតថា ឥឡូវនេះ នាងចន្ទាទេវីនេះធ្វើនូវមានះដោយអាស្រ័យបុត្រ មិនសម្គាល់យើងថាជាអ្វីឡើយ ចុះទម្រាំតែបុត្រនោះធំ នឹងមិនសម្គាល់យើងសូម្បីតែជាមនុស្ស យើងនឹងសម្លាប់បុត្រនោះឥឡូវនេះឯង ។ ព្រះរាជាបតាបៈយាងត្រឡប់ទៅអង្គុយលើរាជាសនៈ ហើយត្រាស់ហៅអ្នកសម្លាប់ចោរមកថា ពេជ្ឈឃាដចូរមក ដោយការតាក់តែងរបស់ខ្លួន ។ ពេជ្ឈឃាដនោះស្លៀកដណ្ដប់សំពត់ជ្រលក់ដោយទឹកអម្ចត់ ទ្រទ្រង់កម្រងផ្កាក្រហម លីពូថៅលើស្មា កាន់យកឈើសម្រាប់តម្កល់ដៃនិងជើង ដែលមានពកជាគ្រឿងទទួល មកហើយថ្វាយបង្គំព្រះរាជាទូលថា បពិត្រព្រះសម្មតិទេព ព្រះអង្គឲ្យទូលព្រះបង្គំធ្វើអ្វី ? ព្រះរាជាត្រាស់ថា អ្នកចូរទៅកាន់បន្ទប់ដ៏មានសិរីរបស់ព្រះទេវី រួចនាំធម្មបាលកុមារមក ។ ចំណែកព្រះទេវីជ្រាបថា ព្រះរាជាក្រោធនិងយាងត្រឡប់ទៅវិញដូច្នេះ ក៏ឲ្យព្រះពោធិសត្វដេកនៅនឹងទ្រូង ហើយអង្គុយយំ ។ ពេជ្ឈឃាដទៅហើយ បានប្រហារនូវខ្នងព្រះទេវីដោយដៃ ចាប់ទាញព្រះកុមារឲ្យដាច់ចេញអំពីដៃ របស់ព្រះនាង ហើយមកកាន់សម្នាក់ព្រះរាជា ពោលថា បពិត្រព្រះសម្មតិទេព ទូលព្រះបង្គំនឹងធ្វើអ្វីទៀត ? ព្រះរាជាបញ្ជាឲ្យនាំផែនក្ដារមួយមក ឲ្យដាក់ចុះខាងមុខ រួចត្រាស់ថា អ្នកចូរឲ្យកុមារនេះដេកលើទីនេះ ។ ពេជ្ឈឃាដក៏បានធ្វើយ៉ាងនោះ ។ ព្រះនាងចន្ទាទេវីយំ យាងមកតាមខាងក្រោយបុត្រ ។ ពេជ្ឈឃាដពោលម្ដងទៀតថា បពិត្រព្រះសម្មតិទេព ទូលព្រះបង្គំនឹងធ្វើអ្វីទៀត ? ព្រះរាជាត្រាស់ថា អ្នកចូរកាត់ដៃធម្មបាល ព្រះនាងចន្ទាទេវីពោលថា បពិត្រមហារាជ បុត្ររបស់ខ្ញុំម្ចាស់នេះ មានអាយុត្រឹមតែ ៧ ខែ នៅក្មេងតូច មិនដឹងអ្វីឡើយ ទោសមិនមានដល់បុត្ររបស់ខ្ញុំម្ចាស់ទេ ទោសនោះគប្បីមានដល់ខ្ញុំម្ចាស់ប៉ុណ្ណោះ ព្រោះហេតុនោះ សូមទ្រង់ឲ្យពេជ្ឈឃាដកាត់ដៃរបស់ខ្ញុំម្ចាស់ចុះ ដូច្នេះហើយ កាលនឹងប្រកាសសេចក្ដីនោះ ព្រះនាងទើបពោលគាថាទី ១ ថា អហមេវ ទូសិយា ភូនហតា, រញ្ញោ មហាបតាបស្ស; ឯតំ មុញ្ចតុ ធម្មបាលំ, ហត្ថេ មេ ទេវ ឆេទេហិ។ ខ្ញុំម្ចាស់ជាស្រីប្រទូស្ត ជាអ្នកបំផ្លាញនូវសេចក្តីចម្រើន ដល់សេ្តចឈ្មោះមហាបតាបៈ បពិត្រព្រះសម្មតិទេព សូមលែងនូវធម្មបាល (ជាកូនខ្ញុំ) នេះចេញ សូមកាត់នូវដៃទាំងឡាយ របស់ខ្ញុំម្ចាស់វិញចុះ ។ បណ្ដាបទទាំងនោះ បទថា ទូសិយា សេចក្ដីថា អ្នកប្រទូស្ត អធិប្បាយថា ខ្ញុំម្ចាស់បានឃើញព្រះអង្គហើយ កាលមិនបានក្រោកទទួល គឺជាអ្នកបានធ្វើទោស ។ បាឋៈថា ទូសិកា យ៉ាងនេះ ក៏មាន ។ បទថា ភូនហតា សេចក្ដីថា អ្នកបំផ្លាញសេចក្ដីចម្រើន អធិប្បាយថា ជាអ្នកសម្លាប់ប្រយោជន៍ ។ បទថា រញ្ញោ នេះ គប្បីប្រកបដោយបទថា ទូសិយា ។ លោកអធិប្បាយថា ខ្ញុំម្ចាស់ជាស្ត្រីធ្វើនូវកំហុសដល់ព្រះរាជាមហាបតាបៈ កុមារនេះមិនបានធ្វើទេ ព្រោះហេតុនោះ ធម្មបាលដែលនៅតូច និងមិនមានកំហុសនេះ ចូររួចផុត បពិត្រព្រះសម្មតិទេព ប្រសិនបើព្រះអង្គប្រាថ្នានឹងឲ្យពេជ្ឈឃាដកាត់ដៃ ចូរឲ្យកាត់ដៃរបស់ខ្ញុំម្ចាស់ ដែលជាស្ត្រីធ្វើនូវទោសចុះ ។ ព្រះរាជាសម្លឹងមើលមុខពេជ្ឈឃាដ ។ ពេជ្ឈឃាដពោលថា បពិត្រព្រះសម្មតិទេព ទូលព្រះបង្គំនឹងធ្វើអ្វី ? ព្រះរាជាត្រាស់ថា កុំធ្វើយឺតយូរឡើយ អ្នកចូរកាត់ដៃ ។ ក្នុងខណៈនោះ ពេជ្ឈឃាដបានកាន់យកពូថៅដ៏មុតកាត់ដៃទាំងពីររបស់ព្រះរាជកុមារ ហាក់ដូចជាកាត់ឈើខ្ចី ។ ធម្មបាលកុមារនោះសូម្បីត្រូវកាត់ដៃទាំង ២ ហើយ ក៏មិនស្រែកយំឡើយ ទ្រង់ធ្វើខន្តី និងមេត្តាឲ្យជាបុរេចារិក (ឲ្យប្រព្រឹត្តទៅខាងមុខ) ហើយអត់សង្កត់ ។ ចំណែកព្រះនាងចន្ទាទេវីកាន់យកចុងដៃដែលដាច់ហើយនោះ សៀតទុកនឹងចង្កេះ មានព្រះកាយប្រឡាក់ដោយលោហិត យំខ្សឹកខ្សួល ។ ពេជ្ឈឃាដសួរព្រះរាជាម្ដងទៀតថា បពិត្រព្រះសម្មតិទេព ទូលព្រះបង្គំនឹងធ្វើអ្វី ? ព្រះរាជាត្រាស់ថា ចូរកាត់ជើងទាំងពីរ ។ ព្រះនាងចន្ទាទេវីស្ដាប់ពាក្យនោះហើយ ទើបពោលគាថាទី ២ ថា អហមេវ ទូសិយា ភូនហតា, រញ្ញោ មហាបតាបស្ស; ឯតំ មុញ្ចតុ ធម្មបាលំ, បាទេ មេ ទេវ ឆេទេហិ។ ខ្ញុំម្ចាស់ជាស្រីប្រទូស្ត ជាអ្នកបំផ្លាញនូវសេចក្តីចម្រើន ដល់សេ្តចឈ្មោះមហាបតាបៈ បពិត្រព្រះសម្មតិទេព សូមព្រះអង្គ លែងនូវធម្មបាលនេះចេញ សូមកាត់នូវជើងទាំងឡាយ របស់ខ្ញុំវិញចុះ ។ សេចក្ដីអធិប្បាយក្នុងគាថានេះ គប្បីជ្រាបតាមន័យដែលពោលហើយក្នុងគាថាទី ១ នោះចុះ ។ ចំណែកព្រះរាជាមហាបតាបៈ បញ្ជាពេជ្ឈឃាដម្ដងទៀត ។ ពេជ្ឈឃាដនោះក៏កាត់ជើងទាំងពីរ ។ ព្រះនាងចន្ទាទេវីកាន់យកនូវចុងជើងហើយសៀតទុកនឹងថ្នក់ចង្កេះ មានព្រះកាយប្រឡាក់ដោយលោហិត យំបរិទេវនាការ ពោលថា បពិត្រមហាបតាបៈជាម្ចាស់ ទារកឈ្មោះថា មានដៃជើងដាច់ហើយ គឺមាតាត្រូវចិញ្ចឹម ខ្ញុំម្ចាស់នឹងធ្វើការស៊ីឈ្នួល ហើយចិញ្ចឹមបុត្ររបស់ខ្ញុំម្ចាស់ សូមព្រះអង្គប្រទានបុត្រនោះដល់ខ្ញុំម្ចាស់ ។ ពេជ្ឈឃាដសួរព្រះរាជាបន្តទៀតថា បពិត្រព្រះសម្មតិទេព ទូលព្រះបង្គំធ្វើតាមព្រះរាជបញ្ជាហើយ កិច្ចរបស់ទូលព្រះបង្គំដល់ទីបំផុតហើយឬ ? ព្រះរាជាត្រាស់ថា នៅមិនទាន់សម្រេចទេ ។ ពេជ្ឈឃាដសួរថា បពិត្រព្រះសម្មតិទេព បើយ៉ាងនោះ ទូលព្រះបង្គំនឹងធ្វើអ្វីទៀត ? ព្រះរាជាត្រាស់ថា អ្នកចូរកាត់ក្បាលរបស់ធម្មបាលកុមារ ។ ព្រះនាងចន្ទាទេវីស្ដាប់ពាក្យនោះហើយ ទើបពោលគាថាទី ៣ ថា ហមេវ ទូសិយា ភូនហតា, រញ្ញោ មហាបតាបស្ស; ឯតំ មុញ្ចតុ ធម្មបាលំ, សីសំ មេ ទេវ ឆេទេហិ។ ខ្ញុំម្ចាស់ជាស្រីប្រទូស្ត ជាអ្នកបំផ្លាញនូវសេចក្តីចម្រើន ដល់សេ្តចឈ្មោះមហាបតាបៈ បពិត្រព្រះសម្មតិទេព សូមព្រះអង្គលែងនូវធម្មបាលនេះចេញ សូមកាត់នូវក្បាល របស់ខ្ញុំវិញចុះ ។ កាលព្រះនាងពោលយ៉ាងនេះហើយ ក៏បង្អោនក្បាលរបស់ខ្លួនចូលទៅ ។ ចំណែកពេជ្ឈឃាដសួរព្រះរាជាម្ដងទៀតថា បពិត្រព្រះសម្មតិទេព តើទូលព្រះបង្គំនឹងធ្វើដូចម្ដេច ? ព្រះរាជាត្រាស់ថា ចូរកាត់ក្បាលរបស់ធម្មបាល ។ ពេជ្ឈឃាដក៏កាត់ក្បាលរបស់ព្រះកុមារ រួចហើយទូលសួរព្រះរាជាថា បពិត្រព្រះសម្មតិទេព ទូលព្រះបង្គំបានធ្វើតាមព្រះរាជបញ្ជាហើយឬ ? ព្រះរាជាត្រាស់ថា នៅមិនទាន់សម្រេចទេ ។ ពេជ្ឈឃាដសួរថា បពិត្រព្រះសម្មតិទេព បើយ៉ាងនោះ ទូលព្រះបង្គំនឹងធ្វើដូចម្ដេចទៀត ? ព្រះរាជាត្រាស់ថា អ្នកចូរយកចុងដាវទទួលរាងកាយធម្មបាលនោះ ចូរធ្វើនូវអសិមាលកកម្ម ។ ពេជ្ឈឃាដនោះក៏បោះរាងកាយរបស់ធម្មបាលកុមារទៅលើអាកាស ហើយទទួលដោយចុងដាវ ធ្វើនូវកម្មឈ្មោះ អសិមាលកៈ ឲ្យរាងកាយធម្មបាលរោយរាយលើផ្ទៃបាតខាងក្រោម ។ ព្រះនាងចន្ទាទេវីប្រមូលសាច់ របស់ព្រះពោធិសត្វដាក់ទុកក្នុងថ្នក់ចង្កេះ កាលយំខ្សឹកខ្សួល បរិទេវនាការលើផ្ទៃបាតខាងក្រោម បានពោលគាថាទាំងនេះថា ន ហិ នូនិមស្ស រញ្ញោ, មិត្តាមច្ចា ច វិជ្ជរេ សុហទា; យេ ន វទន្តិ រាជានំ, មា ឃាតយិ ឱរសំ បុត្តំ។ ពួកមិត្តអាមាត្យ និងជនអ្នកមានហឫទ័យល្អ របស់សេ្តចនេះ មិនមានទេឬ បានជាមិននិយាយឃាត់សេ្តចថា សូមព្រះអង្គ កុំសម្លាប់បុត្តជាឱរស ។ ន ហិ នូនិមស្ស រញ្ញោ, ញាតី មិត្តា ច វិជ្ជរេ សុហទា; យេ ន វទន្តិ រាជានំ, មា ឃាតយិ អត្រជំ បុត្តំ។ ពួកមិត្ត ញាតិ និងជនអ្នកមានហឫទ័យល្អ របស់សេ្តចនេះ មិនមានទេឬ បានជាមិននិយាយឃាត់សេ្តចថា សូមព្រះអង្គកុំសម្លាប់បុត្ត ដែលកើតអំពីខ្លួន ។ បណ្ដាបទទាំងនោះ បទថា មិត្តាមច្ចា ច វិជ្ជរេ សុហទា សេចក្ដីថា ជនជាមិត្រជិតស្និទ្ធរបស់ស្ដេចនេះ ឬ អាមាត្យអ្នករួមក្នុងការងារទាំងពួង ឬអ្នកមានចិត្តល្អ ព្រោះមានចិត្តទន់ភ្លន់ នឹងមិនមាន ដោយពិត ។ បទថា យេ ន វទន្តិ សេចក្ដីថា ជនពួកណាមកក្នុងកាលឥឡូវនេះ (មកទាន់ពេល) តែមិនពោល គឺមិនហាមឃាត់ព្រះរាជានេះថា សូមព្រះអង្គកុំសម្លាប់បុត្រជាទីស្រឡាញ់របស់ខ្លួន ដូច្នេះ យើងយល់ថា ជនទាំងនោះ នឹងមិនមាន ដោយពិតប្រាកដ ។ បទថា ញាតី ក្នុងគាថាទី ២ នេះ បានដល់ ញាតិទាំងឡាយ ។ ចំណែកព្រះនាងចន្ទាទេវី កាលពោលគាថាទាំងពីរនេះហើយ យកដៃទ្រទ្រង់សាច់ទ្រូង (យកដៃរឺតទ្រូង) ពោលគាថាទី ៣ ថា ចន្ទនសារានុលិត្តា, ពាហា ឆិជ្ជន្តិ ធម្មបាលស្ស; ទាយាទស្ស បថព្យា, បាណា មេ ទេវ រុជ្ឈន្តិ។ ដើមដៃទាំងឡាយ ដែលលាបដោយខ្លឹមចន្ទន៍ របស់ធម្មបាល អ្នកជាទាយាទផែនដីដាច់ បពិត្រព្រះសម្មតិទេព ជីវិតរបស់ខ្ញុំម្ចាស់នឹងរលត់ ។ បណ្ដាបទទាំងនោះ បទថា ទាយាទស្ស បថព្យា សេចក្ដីថា ព្រះនាងចន្ទាទេវីពោលរៀបរាប់ ត្អូញត្អែរ ពិលាបមានពាក្យជាដើមយ៉ាងនេះថា ដៃទាំងឡាយរបស់កុមារជាទាយាទនៃផែនដីដែលមានមហាសមុទ្រទាំង ៤ ជាទីបំផុត ដែលជារបស់ព្រះបិតា ដាច់ហើយ ជើងទាំងឡាយដាច់ហើយ និងក្បាលរបស់កុមារនោះក៏ដាច់ដែរ រាងកាយរបស់កុមារនោះត្រូវធ្វើដោយអសិមាលកកម្ម ឥឡូវនេះ ព្រះអង្គកាត់ផ្ដាច់វង្សរបស់ខ្លួន សូមទ្រង់ទៅចុះ ។ បទថាបាណា មេ ទេវ រុជ្ឈន្តិ សេចក្ដីថា បពិត្រព្រះសម្មតិទេព កាលខ្ញុំម្ចាស់មិនអាចនឹងទ្រទ្រង់សេចក្ដីសោកនេះបាន ជីវិតរបស់ខ្ញុំម្ចាស់នឹងរលត់ ។ កាលព្រះនាងចន្ទាទេវីយំរៀបរាប់ បរិទេវនាការយ៉ាងនេះហើយ ព្រះហឫទ័យក៏បែកទៅ ដូចជាឫស្សីដែលត្រូវភ្លើងឆេះក្នុងព្រៃឫស្សីដូច្នោះ ព្រះនាងបានដល់នូវការអស់ព្រះជន្មក្នុងទីនោះឯង ។ ចំណែកព្រះរាជាមហាបតាបៈមិនអាចនឹងឋិតនៅលើបល្ល័ង្កឡើយ ទ្រង់ធ្លាក់ចុះមកលើផ្ទៃបាតខាងក្រោម ហើយផែនក្ដាររនាបក៏បែកជាពីរ ព្រះអង្គក៏ធ្លាក់ចុះមកលើផែនដី ។ លំដាប់នោះ ផែនប្រឹថពីសូម្បីមានកម្រាស់ ២ សែន ៤ ម៉ឺនយោជន៍ ក៏មិនអាចនឹងទ្រទ្រង់អគុណរបស់ព្រះរាជានោះបានឡើយ បែកជាពីរ ធ្វើឲ្យមានចន្លោះ សំណាញ់ភ្លើងអំពីអវីចិ-នរកបានតាំងឡើង ចាប់យកព្រះរាជានោះ បោះទៅក្នុងអវីចិនរក ដូចជារួបរឹតដោយសំពត់កម្ពលដែលត្រកូលប្រគល់ឲ្យ ដូច្នោះ ។ ពួកអាមាត្យទាំងឡាយធ្វើសរីរកិច្ចរបស់ព្រះនាងចន្ទាទេវី និងព្រះពោធិសត្វ ។ ព្រះសាស្ដាបាននាំធម្មទេសនានេះមកហើយ ទ្រង់ប្រជុំជាតកថា តទា រាជា ទេវទត្តោ អហោសិ ព្រះរាជាក្នុងកាលនោះ បានមកជាទេវទត្ត ។ ចន្ទាទេវី មហាបជាបតិគោតមី ព្រះនាងចន្ទាទេវីបានមកជាព្រះនាងមហាបជា-បតិគោតមី ។ ធម្មបាលកុមារោ បន អហមេវ អហោសិំ ចំណែកធម្មបាលកុមារ គឺតថាគតនេះឯង ។ ចប់ ចូឡធម្មបាលជាតក ៕ (ជាតកដ្ឋកថា សុត្តន្តបិដក ខុទ្ទកនិកាយ ជាតក បញ្ចកនិបាត មណិកុណ្ឌលវគ្គ បិដកលេខ ៥៩ ទំព័រ ១១) ដោយខេមរ អភិធម្មាវតារ ។ ព.ស. ២៥៦១ ។ ដោយ៥០០០ឆ្នាំ
images/articles/2976/2018-09-21_13_06_38-5000_Years_Dharma_____Content_Management_System.jpg
ផ្សាយ : ០៤ ធ្នូ ឆ្នាំ២០១៩ (អាន: ១៥៥៩ ដង)
ឯកសារព្រះត្រៃបិដកខ្មែរខាងក្រោមនេះ ត្រូវបានវាយឡើងវិញ ក្នុងឯកសារ file word យកតែខាងសម្រាយ (គ្មានបាលី) ។ អ្វីដែលខ្ញុំដាក់សម្រាប់ពុទ្ធបរិស័ទទាញយកនេះ គឺសម្រាប់ជាឯកសារស្រាវជ្រាវ ឬឯកសារជំនួយ ប៉ុណ្ណោះ ។ ដូចនេះសម្រាប់ពុទ្ធបរិស័ទ ត្រូវការឯកសារបែបនេះយកទៅប្រើការ អាចធ្វើការទាញយកបាន ប៉ុន្តែប្រសិនបើ ពុទ្ធបរិស័ទត្រូវការយកទៅអាន រៀនសូត្រ សូមធ្វើការទាញយកឯកសារព្រះត្រៃបិដក ដែលស្កានទុក ជាpdf វិញព្រោះឯកសារនោះ មានទាំងបាលី និងសម្រាយ ដែលមានភាពត្រឹមត្រូវជាង ។ ទាញយកឯកសារព្រះត្រៃបិដកជា file word ចុចទីនេះ ។ ទាញយកឯកសារព្រះត្រៃបិដកជា file PDF ចុចទីនេះ ។ ដោយ៥០០០ឆ្នាំ
images/articles/2991/S6pic.jpg
ផ្សាយ : ០៤ ធ្នូ ឆ្នាំ២០១៩ (អាន: ២២១៨ ដង)
សម្រាប់លោកអ្នកស្រឡាញ់ការអាន ស្តាប់ និងសិក្សាព្រះធម៌ ខ្ញុំមានធ្វើជូនដោយមិនគិតថ្លៃ ។ (បញ្ជាក់៖ ជាការបញ្ចូលសៀវភៅ ឬឯកសារក្នុងគ្រឿងទូរស័ព្ទ អាយផេតជាដើម មិនមានជាសៀវភៅប្រភេទក្រដាសពិតឡើយ) ខ្ញុំមានបញ្ចូលគម្ពីរធម៌ គឺព្រះត្រៃបិដក ព្រះអដ្ឋកថា សៀវភៅសតិប្បដ្ឋាន មហាបដ្ឋាន វិសុទ្ធិមគ្គ ព្រះអភិធម្ម សៀវភៅសមាធិវិបស្សនា សៀវភៅកំណាព្យ ស្មូត្រ សៀវភៅធម៌សូត្រនានា សៀវភៅធម្មនិទាន សៀវភៅបង្រៀនព្រះបាលី និងសៀវភៅអប់រំចិត្តនានាជាច្រើន រាប់ពាន់ក្បាល ។ រួមជាមួយសំឡេង mp3 ធម៌ ដូចជាសំឡេងអានព្រះត្រៃបិដក សំឡេងបង្រៀនព្រះបាលី សំឡេងបង្រៀនព្រះអភិធម្ម សំឡេងបង្រៀនសមាធិវិបស្សនា សំឡេងធម៌សូត្រនមស្ការ ព្រះបរិត្ត សំឡេងនិទានរឿងនានាក្នុងជាតក សំឡេងកំណាព្យនិងស្មូត្រ និងសំឡេងអានសៀវភៅអប់រំចិត្ត សំឡេងសម្តែងធម៌នានា រាប់ពាន់ៗៗ សម្រាប់ឲ្យលោកអ្នកជ្រើសរើសតាមត្រូវការ ។ សម្រាប់លោកអ្នកមាន គ្រឿងអេឡិចត្រូនិចប្រើប្រាស់ដូចជា ទូរស័ព្ទ អាយផាត មិម៉ូរ កុំព្យូទ័រ គ្រឿងអានសៀវភៅ Kindle fire, Kobo, Boox.. សុទ្ធតែអាចយកមកបញ្ចូលបានទាំងអស់ ។ ទាក់ទងខ្ញុំជាមុន តាមលេខ 081 81 5000 | 012 887 987 ទីតាំងនៅ ៥០០០ឆ្នាំ ផ្លូវ ៣៧១ សឡា អូរបែកក្អម ភ្នំពេញ ។ ផ្ទះលេខ ៧, ផ្លូវ ៣៧១ សឡា, សង្កាត់ទឹកថ្លា,​ខណ្ឌ សែនសុខ, រាជធានីភ្នំពេញ ទំនាក់ទំនងតាមទូរស័ព្ទ 012 887 987 | 081 815 000 (ឧបាសក ស្រុង ចាន់ណា) បញ្ចូលកម្មវិធី ៥០០០ឆ្នាំ លើទូរស័ព្ទដៃ Android iOS ចុចមើលកម្មវិធីផ្សេងៗ ដែល៥០០០ឆ្នាំ បានបង្កើតឡើង Google Play AppStore ដោយ៥០០០ឆ្នាំ
images/articles/2405/322w3.jpg
ផ្សាយ : ០៤ ធ្នូ ឆ្នាំ២០១៩ (អាន: ១៣៤៧៤ ដង)
វាស​នា​បា​រមី យើង​បាន​យល់​ដឹង​ជា​ទូ​ទៅ​ថា បើ​អ្នកមាន​ហើយ នឹង​ជា​មនុស្ស​សម្បូរ​ទៅ​ដោយ​សេចក្តី​សុខ លាភ​យស នឹងឋានៈ​មុខ​នា​ទី ។ មនុស្ស​ដេលមាន​វាសនា​បា​រមី​ល្អ រមែង​ជា​ទី​រាប់​អាន​ គោរព​ស្រ​ឡាញ់​របស់​មនុស្ស​គ្រប់​ជាន​ថ្នាក់ បើ​មាន​បុគ្គល​ណាប៉ង​ប្រទូស​ស្រ​រ៉ាយ ឬ​ច្រណែន​ឈ្នា​នីស​គិត​ផ្តួល​រលំ រមែង​ប្រព្រឹត្ត​ទៅ​មិន​បាន​ឡើយ ត្រឡប់​បែ​ជា​ទៅ​ចាញ់​ខ្លួន​ឯង​វិញ ។
images/articles/2408/32raf.jpg
ផ្សាយ : ០៤ ធ្នូ ឆ្នាំ២០១៩ (អាន: ៣៧៩៩ ដង)
ក្បាល​ពស់​កន្ទុយ​ពស់ មនុស្ស​យើង​គ្រប់​គ្នា​មិន​ត្រូវ​ការ​ទុក្ខ ត្រូវ​ការ​តែ​សុខ​ប៉ុណ្ណោះ ប៉ុន្តែ​ព្រោះ​សត្វ​លោក​ត្រូវ​ការ​សុខ ជាប់​ជំពាក់​នឹង​សុខ ទើប​មិន​រួច​ទុក្ខ ។ សុខ​និង​ទុក្ខ​ប្រៀប​ដូច​សត្វ​ពស់​មួយ ខាង​ក្បាល​វា​មាន​ពិស ចូលទៅ​ជិត វានឹង​ខាំ បើ​ចាប់​កន្ទុយ​វា​ពិត​ជា​ស្រួល​ដៃ​ណាស់
images/articles/2407/2qw2.jpg
ផ្សាយ : ០៤ ធ្នូ ឆ្នាំ២០១៩ (អាន: ៣៩១២ ដង)
ទា​និង​មាន់ មាន​មនុស្ស​ពីរ​នាក់​ឃើញ​ទា​ផង ឃើញ​មាន់​ផង ។ មនុស្ស​ម្នាក់គិត​ចង់​ឲ្យ​មាន់​ក្លាយ​ទៅ​ជា​ទា គិត​ចង់​ឲ្យ​ទា​ក្លាយ​ទៅ​ជា​មាន់ រឿង​នោះ​វា​មិនអាច​ប្រព្រឹត្ត​ទៅ​បាន​ឡើយ ក្នុង​មួយ​អត្ត​ភាព​នៃ​សត្វ​ទាំង​ពីរ​មុខ​នោះ ។ បើ​មនុស្ស​ម្នាក់​ទៀត​ឃើញ​ទា​ជា​ទា ឃើញ​មាន់​ជា​មាន់
images/articles/2426/111pic.jpg
ផ្សាយ : ០៤ ធ្នូ ឆ្នាំ២០១៩ (អាន: ៣៣២០ ដង)
ការ​លើក​ធម៌និង​វិន័យ​ជា​ការ​លើក​ព្រះ​ពុទ្ធ​សាសនា​ ការ​លើក​ធម៌និង​វិន័យ​ជា​ការ​លើក​ព្រះ​ពុទ្ធ​សាសនា​ ។ អ្នក​លើក​ព្រះ​ពុទ្ធ​សាសនា​គឺ​ការ​លើក​ធម៌​វិន័យ​ទាំ​ង​អស់​មាន​ ៥​ប្រ​ការ​៖ ១. ស្តាប់​ព្រះ​ធម៌​ដោយ​សេចក្តី​គោរ​ព​ ២. សិក្សា​ព្រះ​ធម៌​ដោយ​សេចក្តី​គោរ​ព ៣. ទ្រ​ទ្រង់​ព្រះ​ធម៌​ដោយ​សេចក្តី​គោរព​ ទ្រ​​ទ្រង់​គឺ​ការ​ចាំ​ទុក​ រក្សា​ទុក​ ដោយ​ល្អ​ ៤. មិន​ត្រូវ​ទុក​ឲ្យ​មាន​ចម្ងល់​ក្នុង​ចិត្ត ។ ត្រូវ​ចូល​ទៅ​រក​បណ្ឌិត​ ត្រូវ​រក​ពិ​ភាគ្សា​ សាក​សួរ​ពហុ​សូត្រ ។ កំហឹង​ជា​ចង្កួត​ដ៏​ឆាប់​រហ័ស​ ពេល​ស្លាប់ជា​ពេល​អស់​កម្ម​សិទ្ធ ពេល​នាំ​ជីវិត​ចាក​កាយា​ ក្តី​ស្លាប់​ឥត​មាន​អ្នក​ត្រូវ​ការ​ តែ​មច្ចុមា​មិន​យោគ​យល់ ។ ប.ស.វ ប្រភព ដោយ៥០០០ឆ្នាំ
images/articles/2427/11tpic.jpg
ផ្សាយ : ០៤ ធ្នូ ឆ្នាំ២០១៩ (អាន: ៨៩៩៤ ដង)
ហេតុ​ដែល​នាំ​ឲ្យ​សុបិន ពេល​ដែល​ដេក​លក់​​មិន​​ស៊ប់​យើង​ក៏​មាន​ការយល់សប្ដិ ជួន​កាល​ការយល់សប្ដិ​ហ្នឹង​​​ច្បាស់ ជួន​កាល​មិន​​ច្បាស់ ។ ការយល់សប្ដិ​ជា​ការឃើញ​តាម​មនោទ្វារ មិន​ឃើញ​តាម​បញ្ចទ្វារ​ណា​មួយ​ដូច​ជា​ភ្នែក​​ត្រចៀក​​​ទេ ហើយ​​​​​ក៏​មាន​ផល​ខ្លះ​ដែរ មិន​​​ឥត​ផល​ទាំងអស់​ទេ បើ​យល់សប្ដិ​ក្នុង​រឿង​បុណ្យ ក៏​បាន​បុណ្យ​ខ្លះ បើ​យល់​សប្ដិ​ក្នុង​រឿង​បាប ក៏​បាន​បាបខ្លះ​ដែរ គ្រាន់តែ​​មិន​ច្រើន ។ ​ ហេតុ​ដែល​នាំ​ឲ្យ​យល់សប្ដិ​នោះ​មាន​៤​យ៉ាង ១- ធាតុ​កម្រើក (គ្រុន​ក្ដៅ​ក៏​នាំ​ឲ្យ​យល់សប្ដិ, ហូប​អាហារ​ខុស ឈឺ​ពោះ​​​ក៏​យល់​សប្ដិ​ថា​ឈឺពោះ​ជា​ដើម) ២- អ្វី​ដែល​យើង​ធ្លាប់​ឃើញ ធ្លាប់​គិត ធ្លាប់​ឮ​គេ​ដំណាល (ធ្លាប់​នៅ​ស្រែ យល់សប្ដិ​ឃើញ​នៅ​ស្រែ​មែន​, ធ្លាប់​ឮ​គេ​ដំណាល​អំពី​រឿង​អ្វី​មួយ ក៏​យល់សប្ដិ​ឃើញ​​រឿង​នោះ​​ជា​ដើម) ៣- ទេវតា​បណ្ដាល​ប្រាប់ (ប្រាប់​ឲ្យ​ធ្វើ​យ៉ាង​នេះ​សុខ​សប្បាយ ធ្វើ​យ៉ាង​នោះ​មិន​សុខ​ជា​ដើម) ៤- កម្ម​មក​បណ្ដាល (​កម្ម​ដែល​ធ្លាប់​ធ្វើ ឬ​កម្ម​​ដែល​ធ្លាប់​សន្សំ​ពី​ជាតិ​កន្លង​មក​ហើយ បើ​ធ្វើ​រឿង​អាក្រក់​ច្រើន ក៏​យល់សប្ដិ​ឃើញ​រឿង​អាក្រក់) ហេតុ​ទី​មួយ​​ និង​ទី​ពីរ​មិន​សូវ​ជា​ពិត​ទេ ។ ហេតុ​ទី​៣ មាន​ពិត​ខ្លះ​មិន​ពិត​ខ្លះ​ទៅ​តាម​ទេវតា​ល្អ ទេវតា​អាក្រក់​ដែល​មក​ប្រាប់ ។ ហេតុ​ទី​៤​​ដែល​បណ្ដាល​មក​ពី​កម្ម​ទើប​ពិត ប៉ុន្តែ​ពិត​តែ​សាច់​រឿង​ទេ បើ​ឲ្យ​ឃើញ​ដូច​ក្នុង​យល់សប្ដិ​ហ្នឹង​មិន​ពិត​ទេ គ្រាន់តែ​ផល​ឆ្លុះ​បញ្ចាំង​ទៅ​ខាង​ហ្នឹង ។ ​អ្នក​ដែល​យល់សប្ដិ​មាន​បុថុជ្ជន (យល់សប្ដិ​ច្រើន) និង​បុគ្គល​ដែល​​​​ជា​អាណាគា​ចុះ​មក (យល់សប្ដិ​តិច) ចំពោះ​ព្រះ​អរហន្ត​​អត់​មាន​យល់សប្ដិ​ទេ ។ បុគ្គល​ដែល​ជា​បុថុជ្ជន​យល់សប្ដិ​ច្រើន​ព្រោះ​នៅ​មាន​កិលេស​ច្រើន គឺ​នៅ​មានសញ្ញាវិបល្លាស, ចិត្ត​វិបល្លាស, ទិដ្ឋវិបល្លាស ។ ការលើក​ឡើង​មក​នេះ គ្រាន់តែ​​ឲ្យ​ឃើញ​អំពី​ហេតុ​ដែល​នាំ​ឲ្យ​យល់សប្ដិ​ដែល​​វា​​​ពិត​ខ្លះ ​មិន​​ពិត​ខ្លះ មិន​មែន​ថា​ពិត​ទាំងអស់ ឬ​មិន​ពិត​ទាំង​អស់​ទេ ។ ប្រភព ដោយ៥០០០ឆ្នាំ
images/articles/2428/10pic.jpg
ផ្សាយ : ០៤ ធ្នូ ឆ្នាំ២០១៩ (អាន: ៨៤២៣ ដង)
របៀបធ្វើគម្ពីរស្លឹករឹត គម្ពីរនេះ កើតមាននៅប្រទេសកម្ពុជា អស់កាលយូរលង់ហើយ ។ តាំងពីមានព្រះពុទ្ធសាសនា ផ្សាយចូលមកដល់ប្រទេសកម្ពុជាកាលណា គេឃើញមានគម្ពីរស្លឹករឹត តាំងពីពេលនោះមក ។ ក្នុងសម័យដើម, ព្រះពុទ្ធវចនៈ ទាំងព្រះវិន័យ ព្រះអភិធម្ម ទាំងបាលី សម្រាយក្ដី ក្បួនហោរាស្ត្រ តម្រា សម្រាប់ទស្សន៍ទាយក្ដី ច្បាប់ផ្សេង ៗ សម្រាប់គ្រប់គ្រងប្រទេស មានច្បាប់ "ជ័យជេដ្ឋា" ជាដើមក្ដី នៅក្នុងប្រទេសកម្ពុជា សុទ្ធតែគេចារចុះលើស្លឹករឹត ឬ ក្រាំងទាំងអស់ ដោយគេនិយមថាជាថាវរវត្ថុជាប់រឹងមាំ តម្កល់ទុកបានយូរអង្វែង ។ឯរបៀបដែលធ្វើស្លឹករឹតអោយបានចារជាអក្សរ កើតមានដូចតទៅនេះ ៖ ក- មុនដំបូងស្វែងរកដើមស្លឹករឹត ស្លឹករឹត ជារុក្ខជាតិព្រៃ ដុះនៅលាយឡំជាមួយនឹងឫស្សី និងរុក្ខជាតិផ្សេង ៗ ជារុក្ខជាតិមានតែដើម ធាង ស្លឹក ដុះចេញមកជាកំពូលប៉ុណ្ណោះ គ្មានមែកទេ (សម្បូរជាងគេនៅខេត្តក្រចេះ) ។ កាលណាគេត្រូវការប្រើប្រាស់ គេកាប់យកតែកំពូលរបស់វា មកកាត់ជាបីកំណាត់ - កំណាត់ខាងគល់ គេយកទ្រនុងចេញ, ទ្រនុងយកទៅធ្វើជាខ្នួច ឬចំណងផ្សេង ៗ រីស្លឹក គេយកទ្រនុងរបស់វាមកដេរភ្ជាប់ធ្វើជារនាំង សម្រាប់បាំង ឬ ប្រក់ ។ - កំណាត់ខាងកណ្ដាល ធ្វើជាស្លឹករឹត សម្រាប់ចារ ឬសរសេរអក្សរជាគម្ពីរ ឬក្បួនច្បាប់ផ្សេង ៗ ពីព្រោះវាស្មើ មិនរៀវ មិនក្រាស់ - ស្ដើង ។ - កំណាត់ខាងចុង គេដេរភ្ជាប់ដោយទ្រនុងរបស់វាធ្វើជាភ្ជល់ ។ ចំពោះស្លឹករឹត ដែលគេយកមកចារជាអក្សរ ចារឹកជាគម្ពីរ ឬក្បួនច្បាប់ផ្សេង ៗ, មុនដំបូង គេត្រូវយកស្លឹករឹតទៅសក សកអោយអស់ទ្រនុង ចៀរអោយស្មើ យកទៅហាលថ្ងៃអោយស្ងួត រួចហើយយកទៅហាលសន្សើមពេលយប់ ដើម្បីអោយវាលាកត្រង់មកវិញ ។ រួចគេធ្វើប្រដាប់សម្រាប់ចោះប្រហោង ២ លែជា ៣ ភាគ ចម្ងាយពីគ្នា ២០ សង្ទីម៉ែត្រ ចោះប្រហោង ២ ចម្ងាយពីគ្នាដូចស្លឹករឹតដែរ យកឆ្អឹងឆត្រ ១ គូ សម្រួចអោយត្រង់ ដោតនៅប្រហោងក្របខាងក្រោម រួចយកស្លឹករឹតដែលចោះប្រហោង ២ ហើយ ទៅចុះស៊កចំដែកស្រួចទាំង ២ ។ លុះស៊កបាន ចំនួន ២០០ សន្លឹកហើយ ត្រូវយកក្របមួយទៀត ទៅដាក់ពីលើ ស៊កអោយចំប្រហោងទាំងពីរ រួចបញ្ចូលទៅក្នុងផ្នោះ - ឃ្នាប ។ ផ្នោះនោះ គេធ្វើដោយឈើមានខ្លឹម រឹង មានប្រហោងទាំងពីរខាង ទំហំល្មមដាក់ស្លឹករឹតចូល បណ្ដោយក៏ប្រវែងស្លឹករឹតដែរ ។ លុះបញ្ចូលទាំងស្លឹករឹត ទាំងក្របហើយ គេរឹតដោយដែកអង្គំ ឬ ស្នៀតអោយណែនរឹងដូចឈើ រួចហើយផ្ដេកផ្នោះច្រឹបស្លឹករឹតដែលលើសចោលទុកត្រឹមតែប្រវែង ៥៥ សង់ទីម៉ែត្រ រួចយកដែលឈូសដ៏មុត ឈូសអោយស្មើបណ្ដោះអាសន្នទើបដោះចេញពីផ្នោះ យកខ្សែទ្រនុងរឹតមកចងបណ្ដោះអាសន្នរួចយកទៅ ឆ្អើរភ្លើង ឆ្អើរល្មមហើយទើបបកពង្រាយយកទៅវាយបន្ទាត់ ជា ៥ ឬ តាមតែលៃលក ។ ខ- របៀបវាយបន្ទាត់ មុននឹងចារ គេត្រូវវាយបន្ទាត់លើស្លឹករឹតជាមុនសិន ទើបចារទៅវាត្រង់ ។ ឯរបៀបវាយបន្ទាត់ ដូចខាងក្រោមនេះ៖ គេយកឈើបន្ទះទំហំ ទោល ២ សង់ទីម៉ែត្រ បន្ទារ ៣ សង់ទីម៉ែត្រ ឈូសអោយស្អាត យកមកវាយជាផ្នោះរាងបួនជ្រុងទ្រវែង បណ្ដោយប្រវែង ៧០ សង់ទីម៉ែត្រ ទទឹងប្រវែង ២០ សង់ទីម៉ែត្រ អោយរឹងមាំ រួចអារ - ក្រិត ៦ គំនូសឃ្លាតពីគ្នា ១ សង់ទីម៉ែត្រ ។ នៅចុងសងខាងផ្នោះ ត្រូវចោះប្រហោងទាំង ២ ខាងអោយធំ ខាងដើមមាន ៦ ខាងចុងមានតែ ១ យកឫស្សីបិតអោយមូលស្អាត ធ្វើរបួតស៊កចូលក្នុងប្រហោងនៅចុងសងខាងផ្នោះនោះ រួចយកខ្សែអំបោះដែលគេវេញអោយរឹងមាំ អោយឆ្មារល្មមធ្វើ បន្ទាត់បាន ទៅចងរបួតម្ខាងដែលមានតែ ១ រួចយកចុងខ្សែម្ខាងទៀតទៅចងនឹង របួតទាំង ៦ ដែលនៅចុងផ្នោះម្ខាងទៀត ។ គេចងរបៀបនេះ ដើម្បីងាយរឹតខ្សែទាំង ៦ អោយតឹងស្មើគ្នា ។ បើខ្សែណាមួយធូរ គេរឹតតែរបួតដែលចងខ្សែនោះ ។ គេដាក់ខ្សែនីមួយ ៗ អោយចំកម្រិតដែលអារអង្កន់ជាស្នាម រួចយកធ្យូងយ៉ាងខ្មៅ មកបុកអោយម៉ដ្ឋលាយជាមួយទឹកអោយខាប់ យកស្រកីដូងដំអោយទក់ជ្រលក់ទៅនឹងទឹកធ្យូង រួចលាបខ្សែបន្ទាត់ទាំង ៦ កូតទៅកូតមក អោយសព្វ រួចយកស្លឹករឹត ទៅដាក់តម្រៀបលើក្ដារស្មើ រៀបអោយត្រឹមលើខ្សែបន្ទាត់ ទាំងផ្នោះដាក់ទទឹងស្លឹករឹតខាងដើមខាងចុង លៃទុក ៤ សង់ទីម៉ែត្រ វាយបន្ទាត់ ១ ទុកជាខ្នាតសិន រួចហើយទើបចាប់វាយបណ្ដោយស្លឹករឹត ៥ បន្ទាត់ ឬ ៦ បន្ទាត់ តាមតែពេញចិត្ត ។ គ- របៀបចារអក្សរ មុននឹងចារ ត្រូវមានឧបករណ៍ ៣ គឺៈ ១- ឈើទ្រនាប់ ឈើទ្រនាប់សំប៉ែតប្រវែង ៣០ សង់ទីម៉ែត្រ បន្ទារប៉ុនស្លឹករឹត ឈូសអោយស្អាត យកសាច់សំពត់ដេរស្រោបពីក្រៅ ដើម្បីចារទៅទន់ផង ទប់កុំអោយរអិលផង ។ ២- ស្នាប់ដៃ ស្នាប់ដៃធ្វើដោយស្លឹករឹត ១ សន្លឹក រង្វង់ប៉ុនឈើទ្រនាប់សម្រាប់ស្រោបពីលើឈើទ្រនាប់ រួចច្រកស្លឹករឹតចូលក្នុងស្នាប់ដៃ ដើម្បីចារទៅកុំអោយរអិល ។ ៣- ដែកចារ ដែលចារដងឈើមូល ស្រួចដើមស្រួចចុង គេបង្កប់ដែកទាំងពីរខាង សំលៀងនឹងថ្មអោយមូល - មុត ។ (គេច្រើនយកម្ជុលដេរយន្តខាងគល់ ពីព្រោះ វារឹងមុតស្អាតល្អ) ។ ចាប់ផ្ដើមចារ ត្រូវយកស្លឹករឹតមួយសន្លឹកម្ដង បញ្ចូលក្នុងស្នាប់ដៃដាក់ស្នាប់ដៃនៅខាងលើបង្គាបមេដៃខាងឆ្វេង យកដែកចារកាន់ដៃខាងស្ដាំ ដាក់សង្កត់លើ មៃដៃ ខាងឆ្វេងលៃអោយល្មមទើបចាប់ផ្ដើមចារតទៅ ចារម្ខាងអស់ហើយ ត្រឡប់ ចារម្ខាងទៀត ។ ចុះលេខរៀងនៅដើមសន្លឹកជួនកាលគេប្រើជាអក្សរ ។ ឃ- របៀបលុបអក្សរ កាលណាគេចារអក្សរឡើងស្លឹករឹតហើយ គេលែងហៅថា ស្លឹករឹតទៀតហើយ គឺហៅថា "សាស្ត្រា" វិញ ។ ចារហើយត្រូវលុបអក្សរទៀត ទើបមើលបាន ។ លុះអក្សរ គឺធ្វើអក្សរអោយមើលឃើញច្បាស់ ។ គេត្រូវរកធ្យូងម្រែងភ្លើងយ៉ាងខ្មៅ លាយជាមួយជ័រទឹកយ៉ាង ថ្លាកូរអោយចូលគ្នាសព្វ រួចយកសាច់ក្រណាត់មកចងជាកញ្ចប់ជ្រលក់ក្នុងទឹកខ្មៅ យកជូតអក្សរលើស្លឹករឹត ជូតអោយពេញទាំងអស់ ទោះជាស្លឹករឹតទទេក៏ដោយ ។ ជូតសព្វហើយ ត្រូវយកដីខ្សាច់ល្អិតម៉ត់ស្អាត ទៅបាចលើស្លឹករឹត រួចយកក្រណាត់ទៅជូត ដៃម្ខាងទ្រាប់ក្រណាត់ទាញស្លឹកសាស្ត្រា ដៃម្ខាងទៀតទ្រាប់ក្រណាត់ទប់ ។ ធ្វើដូច្នេះ ទាល់តែអស់ជ័រទឹកស្អាតរលីង រួចយកទៅហាលថ្ងៃអោយស្ងួតស្រួល ទើបប្រមូលយកមកតម្រៀបស្លឹកតាមលេខទំព័រ មួយកណ្ឌម្ដង ៗ ដរាបដល់ចប់ ១ គម្ពីរ រួចហើយ រៀបចំឈូសដុសខាត់ អោយស្អាត ដើម្បីទឹបមាស ។ ង- របៀបឈូសសម្អាត លុះដល់អក្សរមើលឃើញច្បាស់ហើយ គេត្រូវឈូស ដុសខាត់អោយស្អាតសម្រេច ដើម្បីទឹបមាស ។ មុនដំបូង គេត្រូវឈូសឈើធ្វើក្រប ២ ទៀត សម្រេចមានទំហំ ប្រវែង ៥៥ សង់ទីម៉ែត្រ បន្ទារ ៥,៥ សង់ទីម៉ែត្រ ទោល ២ សង់ទីម៉ែត្រ ២ បន្ទះ ចោះប្រហោង ២ ដូចមុន រួចយកទ្រនុងរឹតយ៉ាងរឹងមាំ ១ គូ បិតអោយមូលស្អាត សម្រួចចុងដោតក្នុងប្រហោងក្របខាងក្រោមបញ្ឈរឡើងរួចយកស្លឹកទទេពីរសន្លឹកសិន ទើបស៊កស្លឹកដែលមានអក្សរជាបន្តបន្ទាប់ដល់ចប់ លុះចប់ហើយ ត្រូវស៊កសន្លឹកទទេ ២ សន្លឹកទៀត រួចទើបបញ្ចូលទៅក្នុងផ្នោះ រឹតអោយណែនរឹងដូចឈើ សំលៀងដែកឈូសអោយមុតស្មើ ឈូសអោយស្មើនឹងក្របទាំងពីរខាង យកក្រដាសខាត់សាច់ល្អិត ខាត់អោយឡើងរលោង រួចហើយទើបយកទឹកម្រ័ក្សណ៍យ៉ាងថ្លា លាបពេញទាំងអស់ យកទៅហាលថ្ងៃមួយស្របក់ធំ រួចយកជាតិហិង្គុលពណ៌ក្រហម បុកអោយម៉ដ្ឋ លាយដោយម្រ័ក្សណ៍ លាបពីលើម្រ័ក្សណ៍ទៀត ទុកអោយស្ងួតល្អ ទើបចាប់ផ្ដើមទឹបមាស ។ ច- រៀបទឹបមាស មុនដំបូង គេវាស់ចែកសាស្ត្រាជាបីភាគស្មើគ្នា ភាគខាងដើម និងខាងចុងគេទឹបមាស ភាគកណ្ដាល គេទុកនៅជាជាតិហិង្គុលក្រហមដដែល ។ មុននឹងទឹប គេយកមើមខ្ទឹមស ទៅមុខអោយល្អិតម៉ដ្ឋខៃ យកស្បៃមុងទៅខ្ចប់ រួចជូតអោយសព្វ ទើបយកមាសសន្លឹកសុទ្ធ ទៅបិទពីលើអោយរាបស្មើល្អ មួយសន្លឹកម្ដង ៗ រួចហើយគ្របអោយជិតចំនួន ៧ ទៅ ១០ ថ្ងៃ ទើបបករំគាយសន្លឹកចេញ រៀបចំស៊កខ្សែមួយកណ្ឌម្ដង ៗ ។ ឆ- របៀបធ្វើខ្សែសាស្ត្រា ខ្សែសាស្ត្រា គេធញវើដោយអំបោះស្លាត់ ដែលមានជាតិរលោង - ទន់ គេយកទៅជ្រលក់អោយមានពណ៌ផ្សេង ៗ រួចក្រងចាក់ជាកន្ទុយកណ្ដុរ ៤ ឬ ៥ ធ្លុង រឹតអោយណែន ម្ខាងទៀតទុកអោយមានកន្ទុយរំភាយ ។ រួចហើយយកខ្សែទៅដោតនៅប្រហោងស្លឹកសាស្ត្រាខាងឆ្វេងតែមួយទេ ប្រហោងខាងស្ដាំទុកចោល ។ មុនដំបូង ត្រូវដោតស្លឹកចំណងជើង បន្ទាប់មក ស្លឹកទទេ ២ សន្លឹកទៀត ស្លឹកដែលមានអក្សរ ខាងចុងបំផុត ស្លឹកទទេ ២ សន្លឹកទៀត រួចបញ្ចូលកន្ទុយខ្សែក្នុងកន្លះ រឹតអោយស្មើគ្រប់កណ្ឌ ។ លុះចប់មួយគម្ពីរហើយ ត្រូវតម្រៀបពីកណ្ឌទី ១ ដល់ចប់ រួចយកក្របទាំងពីរ ដាក់គាបគ្នា យកខ្សែអំបោះវេញអោយតឹង ២ ខ្សែ ដែលម្ខាងមានកន្លុះស៊កកន្ទុយខ្សែក្នុងកន្លុះ ទាំងពីរឆ្វេងស្ដាំ ព័ទ្ធ ២ - ៣ ជុំ រឹតអោយណែនស្មើគ្នាចងអោយជាប់ រួចហើយយកសំបកគម្ពីរមករុំ ។ ជ- របៀបធ្វើសំបកគម្ពីរ សំបកគម្ពីរ ជាគ្រឿងប្រដាប់ខាងក្រៅ គេធ្វើសម្រាប់រុំការពារគម្ពីរខាងក្នុងអោយល្អស្អាត ស្ថិតស្ថេរបានយូរ ។ គ្រឿងប្រដាប់នេះ គេថ្វើដោយ - ដំបូង គេយកទ្រនុងរឹតរើសយកតែរឹង ៗ មកកាត់ប្រវែងគម្ពីរ បិតអោយស្មើស្អាត យកអំបោះមកវេញធ្វើខ្សែកម្រង ក្រងអោយញឹក អោយបានទំហំធំជាងគម្ពីរ ៣ ដង ។ - យកសាច់ក្រណាត់សស្ងាត ទៅដេរស្រោបកម្រងទ្រនុង រឹតទុកជាយទាំងពីរខាង ប្រវែងល្មមបត់មកទល់គ្នា ឬ លើសបន្តិចក៏បាន ។ - យកសាច់សំពត់ល្អមានពណ៌ផ្សេង ៗ ឬ ហូល ។ល។ ស្រេះអង្កាំខ្លះផងក៏មាន រុំពីខាងក្រៅទៀត ។ - មានខ្សែដែលដេរដោយសាច់សំពត់ល្អ - សំប៉ែតប្រហែលជា ១ សង់ទីម៉ែត្រ ប្រវែជាង ១ ម៉ែត្រ ដេរភ្ជាប់ទៅនឹងសាច់សំពត់ខាងក្រៅ សម្រាប់រុំ កុំអោយរាត់រាយ ។ រៀបរៀងដោយ សម្ដេចព្រះមង្គលទេពាចារ្យ អ៊ុម ស៊ុម អគ្គាធិការនៃពុទ្ធិកសិក្សា ចៅអធិការវត្តមហាមន្ត្រី រាជធានី ភ្នំពេញ ប្រភព ដោយ៥០០០ឆ្នាំ
images/articles/2430/12c.jpg
ផ្សាយ : ០៤ ធ្នូ ឆ្នាំ២០១៩ (អាន: ១៨៧១ ដង)
ការទទួលទាន​សុរា ហេតុ​អ្វី​ថា​មាន​បាប សុរា​នោះ​ទទួលទាន​ទៅ ជា​ថ្នាំ​កែ​រោគ​ក៏​មាន ជា​គុណ​ឲ្យ​ទទួល​ទាន​បាយ​បាន​ក៏​មាន ? ការផឹក​សុរា​ បាន​ជា​ថា​បាប, ព្រះ​បរមគ្រូ​ទ្រង់​ហាម​ពុំ​ឲ្យ​សេព​សុរា​នោះ ព្រោះ​ជា​របស់​នាំ​ឲ្យ​ស្រវឹង នាំ​ឲ្យ​ខូចចិត្ត ដ្បិត​មនុស្ស​យើង​សព្វថ្ងៃ​នេះ​មាន​ស្រវឹង​នៅ​ពេញ​ខ្លួន​ហើយ ។ សេចក្ដី​ស្រវឹង​នេះ លោភោ គឺ​សេចក្ដី​ជាប់​ជំពាក់ ឬ ចំណង់​ចង់​បាន នេះ​ជា​ស្រវឹង​ប្រការ ១ ទោសោ គឺ​សេចក្ដី​ក្រោធ​ខឹង នេះ​ស្រវឹង​ប្រការ ១ មោហោ គឺ​សេចក្ដី​ល្ងង់​វង្វេង​ពុំ​ស្គាល់​ខុសត្រូវ នេះ​ជា​ស្រវឹង​ប្រការ ១ ។ ស្រវឹង​ទាំងអស់​នេះ តែង​មាន​នៅ​សម្រាប់​រូប​មក​ហើយ ៗ មក​ថែម​ផឹក​ទឹក​ស្រវឹង​ចូល​ទៅ​ទៀត ស្រវឹង​ថ្មី​ក៏​នាំ​ស្រវឹង​ចាស់​ឲ្យ​មាន​កម្លាំង​ក្លាហាន​ឡើង គឺ​ខ្លួន​អ្នក​​លោភ ក៏​នាំ​ឲ្យ​លោភ​ខ្លាំង​ឡើង ខ្លួន​អ្នក​ទោសៈ ឬ មោហៈ​មានៈ​ទិដ្ឋិ ក៏​នាំ​ឲ្យ​ចម្រើន​ទោសៈ​មោហៈ​មានះ​ទិដ្ឋិ​ខ្លាំងក្លា​ឡើង​ ។ មួយ​ទៀត ពាក្យ​ជា​អាថ៌កំបាំង ឬ កេរ្តិ៍​ខ្មាស​ជា​របស់​មិន​គួរ​នាំ​ចេញ​សម្ដែង​ប្រាប់​គេ​នោះ ក៏​អាច​នាំ​ចេញ​បង្ហាញ​គេ​បាន​ទាំងអស់ ។ មួយ​ទៀត​នាំ​ឲ្យ​កើត​ជម្លោះ​ប្រកែក ជួន​ក៏​ត្រូវ​ព្រះ​រាជអាជ្ញា បង់​ទ្រព្យធន​ទៅ​ផ្សេងៗ ។ មួយ​ទៀត ទោស​សុរា​នេះ នាំ​ឲ្យ​កើត​រោគ​ឆាប់​ងងឹត​ភ្នែក ឆាប់​ជរា​គ្រាំគ្រា​ទ្រោម​ទ្រុឌ ទោស​យ៉ាង​នេះ​ឯង បាន​ថា​មាន​បាប​ក្នុង​លោក​នេះ​មួយ​ទៀត ។ ប្រាក់​ដែល​ទៅ​ទិញ​សុរា​នោះ​ក្នុង​មួយ​ឆ្នាំៗ បើ​ជា​ប្រមូល​ទុក គង់​បាន​នៅ​ច្រើន ទុក​ទិញ​បាយ​ត្រី​ចំណី​ឯទៀត​ចែក​កូន​ប្រពន្ធ​អាស្រ័យ​ជាជាង ។ (សៀវភៅ គតិលោក) ដោយ៥០០០ឆ្នាំ
វីដេអូធម៌តាមហ្វេសប៊ុក
៥០០០ឆ្នាំ ស្ថាបនាក្នុងខែវិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕