15
ថ្ងៃ អាទិត្យ ទី ០២ ខែ តុលា ឆ្នាំខាល ចត្វា​ស័ក, ព.ស.​២៥៦៦  
ស្តាប់ព្រះធម៌ (Mp3)
ការអានព្រះត្រៃបិដក (Mp3)
​ការបង្រៀនព្រះធម៌ (Mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (Mp3)
កម្រងធម៌​សូធ្យនានា (Mp3)
កម្រងកំណាព្យនិងស្មូត្រ (Mp3)
កម្រងបទភ្លេងនិងចម្រៀង (Mp3)
ព្រះពុទ្ធសាសនានិងសង្គម (Mp3)
បណ្តុំសៀវភៅ (eBook)
បណ្តុំវីដេអូ (Video)
ទើបស្តាប់/អានរួច
វិទ្យុផ្សាយផ្ទាល់
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុមង្គលបញ្ញា
ទីតាំងៈ កំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុវត្តម្រោម
ទីតាំងៈ ខេត្តកំពត
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ការជូនដំណឹង
ទិន្នន័យសរុបនៃការចុចចូល៥០០០ឆ្នាំ
ថ្ងៃនេះ ២៩,៤៣១
Today
ថ្ងៃម្សិលមិញ ៨៣,៧២៣
ខែនេះ ១១៣,១៥៤
សរុប ២៧៥,១៩៦,៣៧៧
free counters
កំពុងទស្សនា ចំនួន
ប្រកាសថ្មីៗ សៀវភៅធម៌ សំឡេងធម៌ វីដេអូធម៌
images/articles/3313/4565yuuiyo9886654444444444.jpg
ផ្សាយ : ២២ កញ្ញា ឆ្នាំ២០២២ (អាន: ៣៤១ ដង)
កុសីតវត្ថុ (ហេតុនៃបុគ្គលខ្ជិល) ៨ ១. ភិក្ខុ​មានសេចក្ដីត្រិះរិះយ៉ាងនេះថា ការងារដែលអញត្រូវធ្វើ មុខជានឹងមាន តែ​កាលបើ​អញធ្វើការងារ (នោះ) កាយនឹងលំបាក បើដូច្នោះ មានតែអញដេកសិន ភិក្ខុនោះ ក៏ដេក មិនប្រារព្ធព្យាយាម ដើម្បីដល់នូវធម៌ដែលខ្លួនមិនទាន់ដល់ ដើម្បី​ត្រាស់ដឹង នូវធម៌ដែលខ្លួនមិនទាន់ត្រាស់ដឹង ដើម្បីធ្វើឲ្យជាក់ច្បាស់ នូវធម៌ដែល​ខ្លួនមិន​ទាន់​ធ្វើ​ឲ្យជាក់ច្បាស់ នេះ កុសីតវត្ថុទី ១។ ២. ភិក្ខុមានសេចក្ដីត្រិះរិះយ៉ាងនេះថា អញបានធ្វើការងាររួចហើយ តែ​កាលដែល​អញ​កំពុង​ធ្វើការងារ កាយលំបាកទៅហើយ បើដូច្នោះ មានតែអញ​ដេកសិន ភិក្ខុនោះ ក៏ដេក មិនប្រារព្ធព្យាយាម ដើម្បីដល់ នូវធម៌ដែលខ្លួនមិនទាន់​ដល់ ដើម្បីត្រាស់ដឹង នូវធម៌ដែលខ្លួនមិនទាន់ត្រាស់ដឹង ដើម្បីធ្វើឲ្យជាក់ច្បាស់នូវ ធម៌ដែលខ្លួនមិនទាន់​ធ្វើ​ឲ្យ​ជាក់ច្បាស់ នេះ កុសីតវត្ថុទី ២។ ៣. ភិក្ខុនោះមានសេចក្ដីត្រិះរិះយ៉ាងនេះថា អាត្មាអញនឹងត្រូវដើរផ្លូវ តើបើ​អាត្មាអញ​ដើរផ្លូវ កាយនឹងលំបាក បើដូច្នោះ មានតែអញដេកសិន ភិក្ខុនោះ ក៏ ដេក មិនប្រារព្ធ​ព្យាយាម ដើម្បីដល់ នូវធម៌ដែលខ្លួនមិនទាន់ដល់ ដើម្បីត្រាស់ដឹង នូវធម៌ដែល​ខ្លួន​មិន​ទាន់ត្រាស់ដឹង ដើម្បីធ្វើឲ្យជាក់ច្បាស់ នូវធម៌ដែលខ្លួនមិនទាន់​ធ្វើឲ្យជាក់ច្បាស់ នេះ កុសីតវត្ថុទី ៣។ ៤. ភិក្ខុមានសេចក្ដីត្រិះរិះយ៉ាងនេះថា អាត្មាអញបានដើរផ្លូវរួចហើយ តែកាលដែល​អាត្មាអញដើរផ្លូវ កាយលំបាកទៅហើយ បើដូច្នោះ មានតែអាត្មាអញដេកសិន ភិក្ខុនោះ ក៏ដេក មិនប្រារព្ធព្យាយាម ដើម្បីដល់នូវធម៌ដែលខ្លួនមិនទាន់ដល់ ដើម្បី​ត្រាស់ដឹង នូវធម៌ដែលខ្លួនមិនទាន់ត្រាស់ដឹង ដើម្បីធ្វើឲ្យជាក់ច្បាស់ នូវធម៌ដែល​ខ្លួនមិនទាន់ធ្វើឲ្យជាក់ច្បាស់ នេះ កុសីតវត្ថុទី ៤។ ៥. ភិក្ខុត្រាច់ទៅកាន់​ស្រុកក្តី និគមក្ដី ដើម្បីបិណ្ឌបាត តែមិនបានភោជនដ៏សៅហ្មង ឬថ្លៃថ្លា ឲ្យបរិបូណ៌ ដរាបដល់ឆ្អែតទេ ភិក្ខុនោះ មានសេចក្ដីត្រិះរិះយ៉ាងនេះថា អាត្មាអញ កាលដែល ដើរទៅកាន់ស្រុក ឬនិគមក្ដី ដើម្បីបិណ្ឌបាត មិនបានភោជន ដ៏សៅ​ហ្មង ឬថ្លៃថ្លា ឲ្យបរិបូណ៌ ដរាបដល់ឆ្អែតសោះ កាយរបស់អាត្មាអញនោះ លំបាកទៅហើយ ធ្វើការងារមិនកើតទេ បើដូច្នោះ មានតែអាត្មាអញដេកសិន ភិក្ខុនោះ ក៏ដេក មិនប្រារព្ធព្យាយាម ដើម្បីដល់នូវធម៌ដែលខ្លួនមិនទាន់ដល់ ដើម្បី​ត្រាស់ដឹងនូវធម៌ ដែលខ្លួនមិនទាន់ត្រាស់ដឹង ដើម្បីធ្វើឲ្យជាក់ច្បាស់ នូវធម៌ដែល​ខ្លួនមិនទាន់ធ្វើ ឲ្យជាក់ច្បាស់ នេះ កុសីតវត្ថុទី ៥។ ៦. ភិក្ខុដើរទៅកាន់​ស្រុក ឬនិគម ដើម្បីបិណ្ឌបាត បានភោជនដ៏សៅហ្មង ឬថ្លៃថ្លា បរិបូណ៌ដរាប​ដល់ឆ្អែត ភិក្ខុនោះ មានសេចក្ដីត្រិះរិះយ៉ាងនេះថា អាត្មាអញ កាល​ដែល​ដើរទៅ​កាន់ស្រុក ឬនិគម ដើម្បីបិណ្ឌបាត បានភោជនដ៏សៅហ្មង ឬថ្លៃថ្លា បរិបូណ៌ ដរាបដល់ឆ្អែតដែរហើយ តែកាយរបស់អាត្មាអញនោះធ្ងន់ ធ្វើការងារ​មិនកើត ទំនងដូចជាសណ្តែកដែល ត្រូវទឹក បើដូច្នោះ មានតែអាត្មាអញដេកសិន ភិក្ខុនោះ ក៏ដេក មិនប្រារព្ធព្យាយាម ដើម្បីដល់ នូវធម៌ដែលខ្លួនមិនទាន់ដល់ ដើម្បីត្រាស់ដឹង​ នូវធម៌ដែលខ្លួនមិនទាន់ បានត្រាស់ដឹង ដើម្បីធ្វើឲ្យជាក់ច្បាស់ នូវធម៌ដែលខ្លួនមិន​ទាន់បានធ្វើឲ្យជាក់ ច្បាស់ នេះ កុសីតវត្ថុទី ៦។ ៧. ភិក្ខុកើតអាពាធបន្តិច​បន្តួច ភិក្ខុនោះ មាន សេចក្ដីត្រិះរិះយ៉ាងនេះថា អាត្មាអញ​កើត​អាពាធបន្តិចបន្តួច​នេះហើយ អាត្មាអញ គួរតែដេក បើដូច្នោះ អាត្មាអញដេកសិន ភិក្ខុនោះ ក៏ដេក មិនប្រារព្ធព្យាយាម ដើម្បីដល់នូវធម៌ដែលខ្លួនមិនទាន់ដល់ ដើម្បី​ត្រាស់ដឹង នូវធម៌​ដែលខ្លួនមិនទាន់ បានត្រាស់ដឹង ដើម្បីធ្វើឲ្យជាក់ច្បាស់ នូវធម៌​ដែលខ្លួនមិនទាន់​បានធ្វើឲ្យជាក់ ច្បាស់ នេះ កុសីតវត្ថុទី ៧។ ៨. ភិក្ខុជាសះស្បើយអំពីជម្ងឺ​ហើយ តែទើប នឹងសះស្បើយមិនយូរប៉ុន្មាន ភិក្ខុនោះមាន​សេចក្ដីត្រិះរិះយ៉ាងនេះ​ថា អាត្មាអញសះ ស្បើយអំពីជម្ងឺហើយ តែសះស្បើយមិន​ទាន់យូរ​ប៉ុន្មាន កាយ​របស់អាត្មាអញ នោះនៅមិនទាន់មានកម្លាំង ធ្វើការងារមិន​ទាន់កើត បើដូច្នោះ អាត្មាអញដេកសិន ភិក្ខុនោះ ក៏ដេក មិនប្រារព្ធព្យាយាម ដើម្បីដល់ នូវធម៌ដែល​ខ្លួនមិនទាន់ដល់ ដើម្បី ត្រាស់ដឹងនូវធម៌ដែល​ខ្លួនមិនទាន់​បាន​ត្រាស់ដឹង ដើម្បីធ្វើឲ្យ​ជាក់ច្បាស់ នូវធម៌ ដែលខ្លួនមិនទាន់បានធ្វើឲ្យជាក់ច្បាស់ នេះ កុសីតវត្ថុទី ៨។ (បិ.៨២, ឃ.២៤៧) ដោយ៥០០០ឆ្នាំ
images/articles/3110/756y45gdf.jpg
ផ្សាយ : ២០ កញ្ញា ឆ្នាំ២០២២ (អាន: ១,៦៣៩ ដង)
ព្រះសាស្ដាប្រារព្ធបុត្រឧទ្យានបាលមួយរូប ដែលនៅក្នុងទក្ខិណាគិរិជនបទ បានត្រាស់ព្រះធម្មទេសនានេះ មានពាក្យថា យោ វេ សព្ពសមេតានំ ដូច្នេះជាដើម ។ បានឮមកថា ព្រះសាស្ដាកាលចេញព្រះវស្សាហើយ យាងចេញពីវត្តជេតពន ទ្រង់ត្រាច់ចារិកទៅកាន់ទក្ខិណាគិរិជនបទ ។ មានឧបាសកមួយរូបនិមន្តភិក្ខុសង្ឃមានព្រះពុទ្ធជាប្រធាន ឲ្យគង់ក្នុងឧទ្យាន ហើយរៀបចំចាត់ចែងយាគូនិងបង្អែមថ្វាយ រួចពោលថា បពិត្រលោកម្ចាស់ បើលោកម្ចាស់ប្រាថ្នានិមន្តមើលឧទ្យាន ចូរនិមន្តទៅជាមួយឧទ្យានបាលនេះចុះ រួចហើយគាត់បង្គាប់ឧទ្យានបាលថា អ្នកចូរថ្វាយផលាផលដល់លោកម្ចាស់ ។ ភិក្ខុទាំងឡាយត្រាច់ចារិកទៅ បានឃើញដើមឈើដែលត្រូវគេដកមួយកន្លែង ហើយសួរថា ដើមឈើកន្លែងនេះ ម្ដេចក៏ត្រូវគេដក មិនមានដើមឈើ តើព្រោះហេតុអ្វី ? នាយឧទ្យានបាលប្រាប់ពួកភិក្ខុថា បុត្ររបស់ឧទ្យានបាលមួយរូបកាលស្រោចទឹកដើមឈើ បានដកឡើងដោយគិតថា យើងស្រោចតាមប្រវែងឫស ដូច្នេះទើបស្រោចទឹកតាមប្រមាណឫសឈើ ព្រោះហេតុនោះ កន្លែងនេះ ទើបត្រូវដកដើមឈើ ។ ភិក្ខុទាំងឡាយទៅកាន់សំណាក់ព្រះសាស្ដា ហើយក្រាបទូលរឿងនោះដល់ព្រះអង្គ ។ ព្រះសាស្ដាត្រាស់ថា ម្នាលភិក្ខុទាំងឡាយ មិនមែនតែកាលឥឡូវនេះទេ សូម្បីកាលមុន កុមារនេះក៏ប្រទូសឧទ្យានដែរ រួចហើយទ្រង់នាំយកអតីតនិទានមកសម្ដែងថា ក្នុងអតីតកាល កាលព្រះបាទវិស្សសេនសោយរាជសម្បត្តិក្នុងនគរពារាណសី ។ កាលគេប្រកាសការលេងមហោស្រព អ្នករស់នៅក្នុងឧទ្យានគិតថា យើងនឹងលេងមហោស្រព ទើបពោលនឹងពួកស្វាថា ឧទ្យាននេះមានឧបការៈច្រើនដល់ពួកអ្នក, យើងនឹងលេងមហោស្រព ៧ ថ្ងៃ, ពួកអ្នកចូរស្រោចដើមឈើក្នុងកាល ៧ ថ្ងៃនេះផង ។ ពួកស្វាទទួលថា ល្អ ។ ឧទ្យានបាលក៏ឲ្យឆ្នាំងស្បែកដល់ពួកស្វា ហើយចេញទៅ ។ ពួកស្វាកាលស្រោចទឹក បានស្រោចដើមឈើដែលនៅខ្ចីៗ (ស្មើគ្នា) ។ ពេលនោះ មេហ្វូងស្វាពោលថា នែអ្នកទាំងឡាយ ចូរបង្អង់សិន ធម្មតាទឹកជារបស់រកបានដោយក្រក្នុងកាលទាំងពួង អ្នកទាំងឡាយគប្បីរក្សាទឹក អ្នកទាំងឡាយចូរដកដើមឈើខ្ចីៗ ឲ្យដឹងប្រវែងឫសសិន ហើយស្រោយចទឹកឲ្យច្រើនលើដើមឈើដែលមានឫសវែង និងស្រោចទឹកតិចដល់ដើមឈើដែលមានឫសខ្លី ។ ពួកស្វាពោលថា ល្អ ហើយពួកខ្លះដកដើមឈើមើលឫស ពួកខ្លះស្រោចទឹក ។ ពេលនោះ ព្រះពោធិសត្វជាបុត្ររបស់ត្រកូលមួយក្នុងក្រុងពារាណសី លោកទៅកាន់ឧទ្យានដោយករណីកិច្ចឯណានីមួយ បានឃើញពួកស្វាកំពុងធ្វើយ៉ាងនោះ ទើបសួរថា នែពួកស្វា ហេតុអ្វី បានជាពួកអ្នកធ្វើយ៉ាងនេះ ? កាលពួកស្វាពោលថា មេហ្វូង (ឲ្យធ្វើ) លោកក៏ពោលថា បញ្ញារបស់មេហ្វូងរបស់ពួកលោកគង់ជាយ៉ាងនេះទៅហើយ ចុះបញ្ញារបស់ពួកលោកគង់ជាយ៉ាងណាដែរ ដូច្នេះកាលនឹងប្រកាសសេចក្ដីនោះ ទើបពោលគាថាទី ១ ថា យោ វេ សព្ពសមេតានំ, អហុវា សេដ្ឋសម្មតោ; តស្សាយំ ឯទិសី បញ្ញា, កិមេវ ឥតរា បជា។ ស្វាណា ដែលគេសន្មតថាជាសត្វប្រសើរបំផុតជាងពួកស្វា ដែលមានជាតិស្មើរគ្នានេះ ប្រាជ្ញារបស់ស្វានោះ មានតែត្រឹមប៉ុណ្ណេះ ពួកសត្វ (ស្វា) ក្រៅនេះ នឹងមានប្រាជ្ញា ដូចម្ដេចទៅ ។ ពួកស្វាស្ដាប់របស់ព្រះពោធិសត្វហើយ ពោលគាថាទី ២ ថា ឯវមេវ តុវំ ព្រហ្មេ, អនញ្ញាយ វិនិន្ទសិ; កថំ មូលំ អទិស្វាន, រុក្ខំ ជញ្ញា បតិដ្ឋិតំ។ បពិត្រអ្នកដ៏ប្រសើរ ការតិះដៀលយ៉ាងនេះ ព្រោះតែមិនដឹង បុគ្គលមិនឃើញនូវឫស ហើយគប្បីដឹងនូវដើមឈើដែលតាំងនៅស៊ប់ ដូចម្ដេចកើត ។ ព្រះពោធិសត្វស្ដាប់ពាក្យនោះហើយ ពោលគាថាទី ៣ ថា នាហំ តុម្ហេ វិនិន្ទាមិ, យេ ចញ្ញេ វានរា វនេ; វិស្សសេនោវ គារយ្ហោ, យស្សត្ថា រុក្ខរោបកា។ យើងមិនតិះដៀលពួកអ្នក ដែលជាពានរ អាស្រ័យនៅក្នុងព្រៃនេះទេ តែថាពួកជនអ្នកដាំដើមឈើ ដើម្បីប្រយោជន៍ ដល់ស្ដេចវិស្សសេនណា ស្ដេចវិស្សសេននោះ គួរគេដៀលបាន ។ ព្រះសាស្ដានាំព្រះធម្មទេសនានេះមកហើយ ទ្រង់ប្រជុំជាតកថាតទា វានរជេដ្ឋកោ អារាមទូសកកុមារោ អហោសិ មេហ្វូងស្វាក្នុងកាលនោះ បានមកជាកុមារប្រទូសឧទ្យានបណ្ឌិតបុរិសោ បន អហមេវ អហោសិំ ចំណែកបុរសជាបណ្ឌិត គឺតថាគតនេះឯង ។ អារាមទូសកជាតក ចប់ ៕ (ជាតកដ្ឋកថា សុត្តន្តបិដក ខុទ្ទកនិកាយ ជាតក តិកនិបាត បទុមវគ្គ បិដកលេខ ៥៨ ទំព័រ ១៥៤) ដោយ​៥០០០​ឆ្នាំ​
images/articles/3092/__________________.jpg
ផ្សាយ : ២០ កញ្ញា ឆ្នាំ២០២២ (អាន: ១,៩៤៩ ដង)
រស្មីពណ៌ក្រហមៈ ជាតំណាងកាលដែលព្រះអង្គសោយព្រះជាតិជាមហាបទុម មាណព ។ គ្រានោះ មានពស់មួយ ប្រកបដោយអសិរពឹសដ៏ពន្លឹកចឹកមាតាព្រះអង្គ ព្រះអង្គ ក៏ទ្រង់យកកាំបិតមកពុះទ្រូង លូកយកបេះដូងមកផ្សំធ្វើថ្នាំ ព្យាបាលមាតាព្រះអង្គឲ្យមាន ជីវិតឡើងវិញ ។ សេចក្តីលំអិតមានដូចតទៅនេះ៖ មានរឿងតំណាលថា ក្នុងអតីតកាល មានព្រះមហាក្សត្រមួយអង្គព្រះនាម សេនរាជ គ្រងរាជសម្បត្តិក្នុង នគរអង្គវតី មានមហេសីព្រះនាម សុមេខលារាជទេវី ជានារីទ្រង់មានរូប ឆោមក្រៃលែង ។ គ្រានោះ ព្រះពោធិសត្វច្យុតចាកឋានតុសិតមកចាប់បដិសន្ធិក្នុងព្រះឧទរ នៃព្រះរាជទេវី ។ កាលណោះ មានព្រះមហាក្សត្រមួយអង្គព្រះនាម កូជរាជ ទ្រង់បានពត៌មានពីមនុស្សទាំងឡាយថា ព្រះនាង សុមេខលារាជទេវី ទ្រង់មានព្រះរូបឆោមក្រៃលែងលើផែនដី ក៏មានព្រះទ័យស្នេហាប្រតិព័ទ្ធយ៉ាងខ្លាំងទើបទ្រង់កេណ្ឌទ័ពលើកចេញទៅព័ទ្ធ នគរអង្គវតី ហើយទ្រង់បញ្ជូនរាជទូតឲ្យទៅថ្លែងរាជសារដល់ព្រះបាទសេនរាជៗមានតម្រិះថា “ឱ! អស់រាស្ត្រប្រជាទាំងឡាយ នឹងដល់នូវសេចក្តីវិនាសអន្តរាយទាំងអាយុជីវិត ទាំងទ្រព្យសម្បត្តិក្នុង គ្រានេះជាមិនខាន” ។ ឯពួកអ្នកនគរ បានប្រមូលផ្តុំគ្នាជាពួក ជាក្រុម ចូលក្រាប បង្គំទូលសុំទទួលអាសាការពាររាជបល័្លង្ក ។ តែព្រះអង្គពុំយល់ព្រមដោយទ្រង់ខ្លាចក្រែង អន្តរាយអាយុរបស់ប្រជាជន ។ ឯពួកសេនាយោធា ក៏លើកទ័ពចេញទៅច្បាំងតាមទំនើងខ្លួន ដោយគ្មានអគ្គបញ្ជាការ ទេ ដោយក្តីស្ម័គ្រចិត្តរៀងៗខ្លួន ម្លោះហើយ ការប្រយុទ្ធឥតមានយុទ្ធសាស្ត្រ និងរបៀបរៀប រយត្រឹមត្រូវ ក៏បណ្តាលឲ្យទទួលការបរាជ័យ ។ ចំណែកឯព្រះបាទសេនរាជ បានទ្រង់ជ្រាប ព៌តមានហើយ ព្រះអង្គក៏ម្នីម្នាដោះព្រះកាយចេញពីនគរ ដោយមានព្រះអគ្គមហេសីស្វាមី ភក្តីស្ម័គ្រចិត្តទៅតាមហែព្រះអង្គផង ។ ក្សត្រាក្សត្រីទាំងពីរព្រះអង្គ ទ្រង់ឈមព្រះភ័ក្រ្តសំដៅ ទៅព្រៃហេមពាន្ត ទ្រង់ចូលព្រៃ ចេញពីព្រៃឆ្លងកាត់វាលអស់ផ្លូវសែនឆ្ងាយដរាបឆ្នេរទន្លេ គង្គាដ៏ធំមួយ ទើបទ្រង់កាប់ឈើធ្វើជាក្បូន រួចស្រេចហើយក៏ឲ្យព្រះរាជអគ្គមហេសីគង់លើ ក្បូនឈើនោះឆ្លងទៅត្រើយនាយ ។ ពេលដែលក្បូនដល់ពាក់កណ្តាលទន្លេ ស្រាប់តែមាន ខ្យល់ព្យុះអាកាសវាទមួយបក់បោកយ៉ាងខ្លាំងបណ្តាលឲ្យក្បូននោះដាច់ចំណង ក្សត្រទាំងពីរអង្គក៏ព្រាត់ទៅទីទៃពីគ្នានាគ្រានោះឯង ។ ព្រះរាជទេវីត្រូវខ្យល់រលកបក់បោកទៅដល់ត្រើយមុន ក្រឡេកមើលព្រះស្វាមីពុំឃើញ ទ្រង់ព្រះកន្សែងសោកាជាពន្លឹក ហើយត្រាច់រកតាមឆ្នេរគង្គា ជូនជាក្រឡេកមើលទៅ កណ្តាលទន្លេ ក៏បានឃើញព្រះស្វាមី លិចអណ្តែតៗ ទ្រង់ភិតភ័យតក្កមាក្រែងព្រះស្វាមីក្ស័យព្រះជន្មា ទើបព្រះនាងតាំងសច្ចកិរិយាធិដ្ឋានសុំឲ្យផ្ទៃគង្គា មានសណ្ឋានរឹងដូចប្រថពី ។ គ្រានោះគួរឲ្យអស្ចារ្យណាស់ ផ្ទៃទឹកគង្គាក៏រឹងគួរឲ្យចម្លែក ទើបព្រះនាងយាត្រាលើខ្នងទឹក ទៅរកស្វាមីនាកណ្តាលទន្លេគង្គា ស្រង់ព្រះស្វាមីពីទឹកហើយឲ្យយាត្រាតាមព្រះនាងដរាប ដល់ត្រើយ ។ ព្រះរាជាទ្រង់ស្ងើចសរសើរបុណ្យបារមីព្រះនាងដោយប្រការផ្សេងៗ ហើយ ក្សត្រាក្សត្រីយាត្រាសំដៅទៅព្រៃព្រះហេមពាន្តដើម្បីទ្រង់ផ្នួសជាតាបសឥសី ។ កាលណោះ ក្រឡាអាសនៈ នៃព្រះអមរិន្ទ សម្តែងឧណ្ហាការជាចម្លែកទើបទ្រង់បើក ទិព្វចក្ខុទតមកមើលមនុស្សលោក ក៏ទ្រង់បានជ្រាបព្រឹត្តិការហេតុសព្វគ្រប់ ទើបទ្រង់មាន ទេវបញ្ជាឲ្យវិស្សកម្មទេវបុត្រ ចុះមកនិម្មិតជាបណ្ណសាលាពីរខ្នងសម្រាប់ក្សត្រាក្សត្រីទាំងពីរៗ ក៏ទ្រង់ជ្រាបថា បណ្ណសាលានេះកើតឡើងដោយទេវានុភាព អនុគ្រោះចំពោះព្រះអង្គ ទើបស្តេចចូលទៅក្នុងបណ្ណសាលា ហើយទ្រង់ព្រះផ្នួសជាឥសីតាមប្រពៃណី ។ ព្រះមហាក្សត្រគង់នៅក្នុងបណ្ណសាលានាព្រៃហេមពាន្ត ដោយក្តីសុខជាមួយនឹងព្រះ មហេសី ដែលតែងតែយាងទៅស្វែងរកមើមឈើព្រៃសម្រាប់ធ្វើអាហារឥតមានកង្វះខាត ឡើយ ។ ព្រះរាជាតែងទ្រង់បន្លឺនូវព្រះឧទានថា សុខស្រួលណាស់នៅទីនេះ ។ ប៉ុន្តែ ក្តីសុខ ក្សេមក្សាន្តនេះ មិនបានឋិតថេរទេ មិនយូរប៉ុន្មាន ទ្រង់ក៏ប្រឈួនជាទម្ងន់ ហើយទ្រង់សោយ ទិវង្គត់ទៅ ។ ឯព្រះរាជទេវី ទ្រង់ព្រះកន្សែងសោយសោកលើសលន់ពន់ប្រមាណស្ទើរក្ស័យ ព្រះជន្មទៅជាមួយនឹងព្រះស្វាមី ។ លុះបន្ទោបង់នូវសេចក្តីសោកបានខ្លះហើយទើបព្រះនាង ថ្វាយបង្គំព្រះសព សុំខមាទោសតាមប្រពៃណីរួចហើយ ទើបព្រះនាងរៀបពិធីបូជាព្រះសព ព្រះស្វាមី ។ រាល់ទិវារាត្រី ព្រះនាងតែងតែនឹកឃើញព្រះស្វាមី ធើ្វឲ្យព្រះនាងអាឡោះ អាល័យស្ទើរតែទៅជាវិកលចរិត ។ ឯព្រះគ៌ភព្រះនាងកាន់តែចាស់ខែហើយ នៅទីបំផុត ព្រះនាងក៏ប្រសូត្រព្រះរាជបុត្រ ។ ដោយបុណ្យបារមីរបស់ព្រះរាជបុត្រ ពេលនោះក៏មានហេតុអស្ចារ្យកើតប្រាកដឡើង គឺមានផ្កាឈូកមាសយ៉ាងធំផុសឡើងទ្រព្រះរាជកុមារ ។ ព្រះនាងទតឃើញដូច្នោះ ក៏មានព្រះ ទ័យត្រេកអរយ៉ាងខ្លាំង ក៏ទ្រង់ជ្រាបថា ព្រះរាជកុមារនេះ មានបុណ្យបារមី ទើបទ្រង់តាំង នាមថា មហាបទុមកុមារ ។ លុះព្រះកុមារមានវ័យចម្រើនឡើង បានទូលសួររកព្រះបិតា ព្រះនាងក៏រៀបរាប់ប្រាប់ ព្រះរាជកុមារតាមដំណើររឿងចប់សព្វគ្រប់ ។ រៀងរាល់ថ្ងៃព្រះរាជកុមារតែងតែសុំព្រះមាតា ទៅព្រៃដើម្បីរកផលាផល និងមើមឈើជំនួសមាតា តែមាតាមិនយល់ព្រម ដោយទ្រង់យល់ ថា ព្រះរាជបុត្រនៅក្មេងពេក ។ ព្រះរាជកុមារជាមនុស្សមានប្រាជ្ញា និងប្រកបដោយកតញ្ញូតាមធម៌ ចង់តបគុណព្រះ មាតា និងខ្លាចព្រះមាតាជួបប្រទះនូវហេតុភេទណាមួយ ពេលដែលព្រះមាតាចេញទៅរក ផលាផល ព្រះរាជកុមារតែងតែលបទៅតាមពីក្រោយមិនឲ្យព្រះមាតាដឹងឡើយ រហូតកំណត់ទិសតំបន់បានគ្រប់ទីកន្លែងទើបត្រឡប់មកអាស្រមវិញ ។ នៅរសៀលថ្ងៃមួយ ព្រះ នាងកំពុងតែយាងត្រឡប់មកអាស្រមវិញ ស្រាប់តែមានភ្លៀងធ្លាក់យ៉ាងខ្លាំង ទើបព្រះនាង គេចចូលជ្រកក្រោមម្លប់ឈើធំមួយ នៅដើមឈើនោះ មានអាសិរពិសមួយលូនចេញពីរន្ធឈើនោះ ក៏ចឹកចំព្រះបាទារបស់ព្រះនាងៗស្រែក ដង្ហោយហៅព្រះរាជបុត្រ ទ្រង់ព្រះកន្សែង សោយសោកអាណិតដល់ព្រះរាជបុត្រ មិនយូរប៉ុន្មាន ព្រះនាងក៏ក្ស័យព្រះជន្មដោយពិស ពស់ដ៏សាហាវនោះទៅ ។ ឯព្រះបទុមកុមារ ពេលមិនឃើញមាតាត្រឡប់មកអាស្រមតាមប្រក្រតីវិញ ក៏សង្ស័យ ថា ប្រហែលជាព្រះមាតាមានឧបសគ្គអ្វី ទើបយាត្រារត់រកព្រះមាតា ត្រាតែបានជួបប្រទះ ហើយក៏ទ្រង់ព្រះកន្សែងសោយសោកមហិមារហូតដល់បាត់ស្មារតី ។ ពេលដឹងខ្លួនឡើង ក៏ តាំងចិត្តអធិដ្ឋានបួងសួងដល់ទេវតាទាំងឡាយថា “ខ្ញុំសុខចិត្ត លះបង់ជីវិតរបស់ខ្ញុំ សូមឲ្យ តែព្រះមាតារបស់ខ្ញុំរស់រានមានជីវិតឡើងវិញចុះ ។ គ្រានោះបណ្តាលឲ្យក្តៅដល់ព្រះឥន្ទ្រាធិរាជៗក៏និម្មិតខ្លួនជាព្រាហ្មណ៍ចាស់ ចូលទៅ រកព្រះកុមារៗ ក៏សួររកថ្នាំ ។ ព្រាហ្មណ៍ចាស់ប្រាប់ថា ចូរអ្នករកសាច់បេះដូងមនុស្សរស់យក មកផ្សំ រួចបញ្ច្រកចូលទៅក្នុងមាត់មាតារបស់អ្នកមាតារបស់អ្នកនឹងរស់ឡើងវិញ ។ ពេលនោះព្រះបទុមកុមារ ក៏ងើបទៅលើអាកាស ហើយបួងសួងសុំឲ្យទេវតាទម្លាក់អាវុធចុះមក ។ អាវុធក៏ធ្លាក់ចុះមកមែនទើបព្រះកុមារ ចាប់យកកាំបិតវះកាត់យកសាច់បេះដូងចេញមកជូន ទៅតាព្រាហ្មណ៍ៗ ក៏ចាប់ដាក់ទៅក្នុងមាត់ព្រះនាង រួចសេកមន្តផ្សំផងស្រាប់តែព្រះមាតា របស់ព្រះកុមាររស់ឡើងវិញភ្លាម ហាក់ដូចជាទើបតែក្រោកពីនិន្ទ្រា ។ ចំណែកឯព្រះកុមារ វិញ ដេកដូលក្ស័យព្រះជន្មក្នុងខណៈនោះដែរ ។ ដោយអំណាចរបស់ព្រះឥន្ទ្រាធិរាជ និងកម្លាំងកត្តញ្ញូតាធម៌ ព្រះឥន្ទ្រាធិរាជក៏បានជួយស្រោចស្រង់ ព្រះរាជកុមារឲ្យមានព្រះជន្មឡើងវិញ ដូចធម្មតា ។ ព្រះវរមាតា និងព្រះ រាជបុត្រ ក៏មានព្រះទ័យសោមនស្សរីករាយក្រៃលែង ហើយនាំគ្នាត្រឡប់ទៅកាន់អាស្រម គង់នៅជាសុខក្សេមក្សាន្តដរាបដល់អស់ព្រះជន្មាយុ ។ ដោយ​៥០០០​ឆ្នាំ​
images/articles/3052/644yetherte3.jpg
ផ្សាយ : ២០ កញ្ញា ឆ្នាំ២០២២ (អាន: ២,៨០៧ ដង)
សេចក្ដី​ថា ពុទ្ធ​ភាសិត​ដែល​ព្រះ​ពុទ្ធ​ទ្រង់​សម្ដែង​ទាំង​ប៉ុន្មាន អ្នក​ប្រាជ្ញ​តែង​រាប់​ថា​ជា​សុភា​សិតា​វាចា​ទាំង​អស់ ព្រោះ​ថា ព្រះ​អង្គ​ពោល​សំដៅ​សេចក្ដី​ក្សេម​ក្សាន្ត​គឺ​ព្រះ​និព្វាន សំដៅ​សេចក្ដី​ផុត​ចាក​វដ្ដ​ទុក្ខ គឺ​ព្រះ​និព្វាន សំដៅ​សេចក្ដី​មិន​កើត​មិន​ចាស់ មិន​ឈឺ​មិន​ស្លាប់ គឺ​ព្រះ​និព្វាន ។ បាន​ជា​ព្រះ​វង្គី​សត្ថេរ​លោក​ដឹង​សេចក្ដី​នេះ​ពិត​ហើយ ទើប​លោក​សម្ដែង​ជា​បទ​គាថា​ដូច្នេះ​ថា យំ ពុទ្ធោ ភាសតី វាចំ ខេបំ និព្វានបត្តិយា ទុក្ខស្សន្តកិរិយាយ សា វេវាចានមុត្តមា ប្រែ​ថា ព្រះ​ពុទ្ធ​ជា​ម្ចាស់​ទ្រង់​សម្ដែង​នូវ​វាចា​ណា​ជា​ក្សេម​ក្សាន្ត វាចា​នោះ​ហើយ​ខ្ពស់​វិសេស​ផុត​ជាង​វាចា​ទាំងឡាយ​នានា ព្រោះ​សំដៅ​សេចក្ដី​ដែល​ដល់​នូវ​ព្រះ​និព្វាន ជា​ដែន​ធ្វើ​ឱ្យ​អស់​ទុក្ខ​ទៅ​បាន ។ ឯ​អ្នក​ស្ដាប់​សុភាសិត​ចំពោះ​ព្រះ​ភក្រ្ត​ហើយ បាន​លុះ​មគ្គផល​ដូច​មាន​សេចក្ដី​ទៅ​នេះ កាល​ទ្រង់​សម្ដែង​ព្រះ​ធម្ម​ចក្កប្បវត្តន​សូត្រ ព្រះ​អញ្ញាកោណ្ឌញ្ញត្ថេរ​និង​ព្រហ្ម១៨កោដិ បាន​ក្រេប​ផឹក​អម្រឹត​រស គឺ​រស​ក្នុង​ព្រះ​និព្វាន ។ កាល​ទ្រង់​សម្ដែង​អនត្ត​លក្ខណ​សូត្រ បញ្ចវគ្គិយ​ភិក្ខុ​ទាំង៥រូប​ បាន​តម្កល់​នៅ​ក្នុង​ទី​ជា​ព្រះ​អរហន្ត ។ ថ្ងៃ​ជា​ខាង​ក្រោយ​ទៀត បុរស៥៥នាក់ មាន​យស​កុល​បុត្រ​ជា​ដើម បាន​លុះ​ព្រះ​អរហត្ត​ផល ក៏​ព្រោះ​បាន​ស្ដាប់​ទេសនា​នេះ ។ កាល​ទ្រង់​សម្ដែង​អាទិត្ត​បរិយាយ​សូត្រ ក្នុង​គយាសីស​ប្រទេស ជដិល​មួយ​ពាន់​នាក់ បាន​លុះ​ព្រះ​អរហត្ត​ផល ។ កាល​ទ្រង់​សម្ដែង​តិរោកុឌ្ឌ​សូត្រ ពួក​ជន៨ម៉ឺន៤ពាន់​នាក់​ បាន​ក្រេប​ផឹក​អម្រឹត​រស គឺ​រស​ក្នុង​ព្រះ​និព្វាន ។ កាល​ទ្រង់​សម្ដែង​ខទិរង្គារ​ជាតក សត្វ៨ម៉ឺន៤ពាន់ បាន​ក្រេប​ផឹក​អម្រឹត​រស គឺ​រស​ក្នុង​ព្រះ​និព្វាន ។ កាល​ទ្រង់​សម្ដែង​បារាយន​សូត្រ សត្វ១៤កោដិ បាន​ក្រេប​ផឹក​អម្រឹត​រស គឺ​រស​ក្នុង​ព្រះ​និព្វាន ។ កាល​ទ្រង់​សម្ដែង​ព្រះ​អភិធម្ម សត្វ៨០កោដិ បាន​ក្រេប​ផឹក​អម្រឹត​រស គឺ​រស​ក្នុង​ព្រះ​និព្វាន ។ កាល​ទ្រង់​សម្ដែង​សក្កបញ្ហាសូត្រ ទេវតា៨ម៉ឺន បាន​ក្រេប​ផឹក​អម្រឹត​រស គឺ​រស​ក្នុង​ព្រះ​និព្វាន ។ នៅ​មាន​ច្រើន​ជាង​នេះ ដោយ​សែន​កោដិ លើស​កម្លាំង​បញ្ញា​នឹង​រាប់​សត្វ​ទាំង​នោះ​បាន ។ គុណ​អ្នក​ស្ដាប់​សុភាសិត​ចំពោះ​ព្រះ​ភក្ត្រ​ចប់ ។ ដោយ៥០០០ឆ្នាំ
images/articles/3051/674534ttwrww.jpg
ផ្សាយ : ២០ កញ្ញា ឆ្នាំ២០២២ (អាន: ១,៧០៤ ដង)
សេចក្ដី​ថា កាល​ក្នុង​អតីត​កាល​កន្លង​ទៅ​យូរ​ហើយ ក្នុង​ក្រុង​ពារាណសី មាន​សេដ្ឋី​បុត្រ៤នាក់​នាំ​គ្នា​ចេញ​ទៅ​ពី​ផ្ទះ​អង្គុយ​ជុំ​គ្នា​ក្រោម​ដើម​ឈើ​មួយ​ដើម ក្រឡេក​ឃើញ​ព្រាន​ម្រឹគ​ម្នាក់​ផ្ទុក​សាច់​ក្នុង​រទេះ​ដឹក​ទៅ​លក់ ក៏​នាំ​គ្នា​សូម​សាច់​អំពី​ព្រាន​នោះ សេដ្ឋី​បុត្រ​ជា​បឋម​ពោល​សូម​ថា​នែ​ចៅ​ព្រាន​ចង្រៃ អ្នក​ឯង​ដឹក​សាច់​ទៅ​លក់​ឯ​ណា ឱ្យ​មក​អញ​មួយ​ដុំ ​ព្រាន​ម្រឹក​គិត​ថា អ្នក​នេះ​សូម​អញ គួរ​តែ​ពោល​ពាក្យ​ល្អ គិត​ហើយ​ទើប​តប​ថា អើ​សម្ដី​អ្នក​នេះ​ជា​ផរុស​វាចា មិន​ឆ្ងាញ់​ពិសា​ប្រហែល​ដូច​សាច់​វាវ បើ​ដូច្នោះ ខ្ញុំ​នឹង​ឱ្យ​សាច់​វាវ​ដល់​អ្នក ថា​ហើយ​ក៏​ឱ្យ​សាច់​វាវ​មួយ​ដុំ​ទៅ ។ សេដ្ឋី​បុត្រ​ជា​គម្រប់​ពីរ ពោល​សូម​ថា អើ​អ្នក​បង អ្នក​ដឹក​សាច់​ទៅ​លក់​ឯ​ណា ចូរ​ឱ្យ​ខ្ញុំ​សូម​មួយ​ដុំ ព្រាន​ម្រឹគ​គិត​ថា អើ​សម្ដី​អ្នក​នេះ​គួរ​សម​ហ៊ាន​ហៅ​អាត្មា​អញ​ថា​បង ហាក់​ដូច​ជា​បង​ប្អូន​របស់​ខ្លួន សម្ដី​នេះ​ពីរោះ​ប្រហែល​ដូច​សាច់​ចំឡក​ដ៏​ឆ្ងាញ់ គិត​ហើយ​ទើប​តប​ថា អើ​សម្ដី​របស់​អ្នក​គួរ​ហើយ ប្រហែល​ដូច​សាច់​ចំឡក បើ​ដូច្នោះ ខ្ញុំ​នឹង​ឱ្យ​សាច់​ចំឡក​ដល់​អ្នក ថា​ហើយ​ក៏​ឱ្យ​សាច់​ចំឡក​មួយ​ដុំ​ទៅ ។ សេចដ្ឋី​បុត្រ​ជា​គម្រប់​បី​ពោល​សូម​ថា បពិត្រ​បិតា​អ្នក​ដឹក​សាច់​ទៅ​លក់​ឯ​ណា ចូរ​អ្នក​ឱ្យ​សាច់​ខ្ញុំ​មួយ​ដុំ​ផង ព្រា​ន​ម្រឹគ​គិត​ថា សម្ដី​ដែល​ហៅ​ថា​បពិត្រ​បិតា​ដូច្នេះ មាន​តែ​កូន​ហៅ​ឪពុក ញ៉ាំង​បេះ​ដូង​នៃ​​ឪពុក​ឱ្យ​ញាប់​ញ័រ គិត​ហើយ​ទើប​តប​ថា ​អើ​សម្ដី​របស់​អ្នក​ពីរោះ​ហើយ ប្រហែល​ដូច​សាច់​បេះ​ដូង បើ​ដូច្នោះ ខ្ញុំ​នឹង​ឱ្យ​សាច់​បេះ​ដូង​ដល់​អ្នក ថា​ហើយ​ក៏​ឱ្យ​សាច់​បេះ​ដូង​មួយ​ដុំ​ទៅ​ព្រម​ទាំង​សាច់​ឆ្ងាញ់​ឯ​ទៀត​ខ្លះ​ផង ។ សេចដ្ឋី​បុត្រ​ជា​គម្រប់៤ ពោល​សូម​ថា នែ​សម្លាញ់ អ្នក​ដឹក​សាច់​ទៅ​លក់​ឯ​ណា ចូរ​សម្លាញ់​ឯង​ចែក​ឱ្យ​យើង​ខ្លះ​ផង ព្រាន​ម្រឹគ​គិត​ថា​មនុស្ស​ប្រុស បើ​គ្មាន​មិត្រ​សម្លាញ់​ក្នុង​ស្រុក​នឹង​គេ​ហើយ ក៏​ដូច​ជា​គ្មាន​ស្រុក​នៅ ឧបមា​ដូច​ព្រៃ​មិន​មាន​មនុស្ស​ជ្រក​ពួន​នៅ​ដូច្នោះ​ដែរ ឥឡូវ​អ្នក​នេះ គាត់​នៅ​អាត្មា​អញ​ថា សម្លាញ់ ៗ ហាក់​ដូច​ជា​ស្និទ្ធ​ស្នាល​នឹង​គ្នា​មក​យូរ​ហើយ គិត​ហើយ​ទើប​តប​ថា អើ​សម្ដី​របស់​អ្នក​ដែល​ពោល​មក​នេះ ប្រហែល​ដោយ​សម្បត្តិ​របស់​ខ្លួន​ទាំង​អស់​នេះ បើ​ដូច្នោះ ខ្ញុំ​នឹង​ឱ្យ​សាច់​ព្រម​ទាំង​រទេះ​របស់​ខ្ញុំ​នេះ​ទាំង​អស់​ដល់​អ្នក​ជា​សម្លាញ់ ថា​ហើយ​ក៏​បរ​រទេះ​ដឹក​សាច់​ទៅ​ឱ្យ​សេដ្ឋី​បុត្រ​ជា​គម្រប់៤នោះ​ទៅ ។ សេដ្ឋី​បុត្រ​នោះ​ក៏​រាប់​អាន​ស្មោះ​ស្មើ ប្រាប់​ប្រពន្ធ​កូន​ឱ្យ​រាប់​អាន​ស្មើ​ទៅ ហើយ​ហាម​លែង​ឱ្យ​ធ្វើ​អំពើ​បាណាតិបាត​ត​ទៅ​ទៀត ឱ្យ​នៅ​ដោយ​សម្បត្តិ​របស់​ខ្លួន​ដរាប​ដល់​អស់​ជីវិត សេដ្ឋី​បុត្រ​មាន​លាភ​បាន​សាច់​ច្រើន​ជាង​សេដ្ឋីបុត្រ​ឯ​ទៀតៗ ក៏​ព្រោះ​គុណ​គឺ​ពោល​បិយវាចារ​នោះ​ឯង ។ ព្រះ​វង្គី​សត្ថេរ​លោក​ដឹង​សេចក្ដី​នេះ​ពិត​ហើយ ទើប​លោក​សម្ដែង​ជា​បទ​គាថា​ថា បិយវាចមេវ ភាសេយ្យ យា វាចា បដិនន្ទិតា យំ អនាទាយ បាបានិ បរេសំ ភាសតេ បិយំ ប្រែ​ថា សម្ដី​ឯ​ណា​ដែល​គេ​ត្រេក​អរ​រីក​រាយ​ហើយ បុគ្គល​គប្បី​ពោល​សម្ដី​ជា​បិយវាចា​នោះ​កុំ​ខាន ។ មួយ​វិញ​ទៀត បុគ្គល​បើ​ពោល​ពាក្យ​ឯ​ណា​ក្ដី កុំ​កាន់​ពាក្យ​ដ៏​លាមក​ដែល​ជា​ផរុស​វាចា​មិន​ជា​ទី​ស្រឡាញ់​នោះ​ឡើយ ត្រូវ​ពោល​តែ​ពាក្យ​ជា​បិយវាចា​ដែល​ជា​ទី​ស្រឡាញ់​នៃ​អ្នក​ទាំង​ឡាយ ។ ចប់​រឿង​សេដ្ឋី​បុត្រ៤នាក់ ។ ដោយ៥០០០ឆ្នាំ
images/articles/3312/454yyut655u00099999888.jpg
ផ្សាយ : ២០ កញ្ញា ឆ្នាំ២០២២ (អាន: ៤២៩ ដង)
វចនានុក្រមខ្មែរ គឺជាឈ្មោះសៀវភៅគោលអក្សរសាស្ត្រខ្មែរដ៏ធំមួយ ដែលកើតមុនគេបង្អស់ ក្នុងប្រទេសកម្ពុជា។ សៀវភៅនេះ មាន១៨៨៨ទំព័រ ដែលប្រជុំដោយមេពាក្យ វេយ្យាករណ៍ និងគោលក្បួនខ្នាតទាំងឡាយ សម្រាប់ពង្រីកភាសា និងអក្សរសាស្ត្រខ្មែរ។ មេពាក្យទាំងនោះ សរសេរតាមលំដាប់ព្យញ្ជនៈ ស្រៈ និងមានការពន្យល់ន័យសេចក្ដីផង។ មេពាក្យខ្លះ ប្រាប់ពីប្រភព សូរ និងរបៀបប្រើប្រាស់ពាក្យថែមទៀត។ សង្ខេប​អំពី​​ការ​រៀបចំ​វចនានុក្រមខ្មែរ វចនានុក្រមនេះ បានរៀបចំជាបណ្ដើរៗ តាំងពីឆ្នាំ១៩១៥ ក្នុងរជ្ជកាលព្រះបាទស៊ីសុវត្ថិ ដោយអ្នកប្រាជ្ញអក្សរសាស្ត្រខ្មែរជំនាន់នោះ មាន សម្ដេចជួន ណាត លោកឧកញ៉ាសុត្តន្តប្រីជាឥន្ត ព្រះតេជគុណ សួស នៅ វត្តប្រយូវង្ស ជាដើម។ ក្រៅពីនេះ ក៏មានការយកចិត្តទុកដាក់ពីព្រះករុណាព្រះបាទស៊ីសុវត្ថិ និងជនជាតិបារាំងម្នាក់ឈ្មោះ លោកស្សកសឺដេស។ ក្នុងចំណោមបុព្វការីជន ដែលបានបង្កើតស្នាដៃ ជាកេរមត៌កដ៏ធំឥតមានពីរនេះ មានតែ សម្ដេចព្រះសង្ឃរាជ ជួន ណាតមួយអង្គឯងគត់ ដែលបានស្រាវជ្រាវនិពន្ធ និងធ្វើការងារនេះជាប់លាប់ ហូរហែតាំងពីដើមដំបូង រហូតបានសម្រេចបោះពុម្ពជាចុងក្រោយ នៅឆ្នាំ១៩៦៧ - ១៩៦៨ មុនពេលព្រះអង្គចូលទិវង្គតមួយឆ្នាំ។ ដោយហេតុតែសម្ដេចជួន ណាត ខំតស៊ូអស់រយៈពេលយ៉ាងវែង(៥៣ឆ្នាំ) ដើម្បីបង្កើតវចនានុក្រមខ្មែរ បានចង់សព្វគ្រប់នេះហើយ ទើបប្រជាពលរដ្ឋខ្មែរទូទៅ នាំគ្នាហៅវចនានុក្រមនេះថា វចនានុក្រមសម្ដេច ជួន ណាត។ វចនានុក្រមសម្ដេច ជួន ណាត ជាគន្លឹះសំខាន់ សម្រាប់កូនខ្មែរជំនាន់ក្រោយ ធ្វើការសិក្សាស្រាវជ្រាវ និងពង្រីកពាក្យខ្មែរឲ្យសម្បូរបែប។ ប្រវត្តិនៃការរៀបចំចងក្រងវចនានុក្រមខ្មែរ សព្វថ្ងៃនេះ ភាសាខ្មែរនៅតែជាប្រធានបទមួយដ៏ក្ដៅគគុកសម្រាប់ការពិភាក្សានៅស្ថាប័នមួយចំនួន ក៏ដូចជានៅលើទំព័រកាសែត។ មានមតិច្រើនត្រូវបានលើកឡើង ប៉ុន្តែ ផ្លូវ ដែលត្រូវដើររួមគ្នាមួយនោះ មិនទាន់ត្រូវបានគេរកឃើញជាក់ច្បាស់នៅឡើយ។ ដោយផ្អែកតាមស្ថានភាពបច្ចុប្បន្ន ដែលផ្ដល់នូវភាពមិនច្បាស់លាស់សម្រាប់អ្នកប្រើប្រាស់ភាសាខ្មែរ គណៈកម្មាធិការជាតិភាសាខ្មែរ សម្រេចឲ្យប្រើប្រាស់អក្ខរាវិរុទ្ធតាមវចនានុក្រមខ្មែរ (សម្ដេចព្រះសង្ឃរាជ ជួន ណាត) ។ ម៉្យាងដោយមើលឃើញពីការរីកចម្រើនឥតឈប់ឈររបស់សម្ភារៈបច្ចេកវិទ្យា និងដើម្បីចូលរួមចំណែកដោះស្រាយបញ្ហាតាមធនធានដ៏ស្ដួចស្ដើងដែលខ្លួនមានផងនោះ បានធ្វើឲ្យវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យមានលោក ងួន វ៉ាន់ចន្ធី ជានាយក បានរៀបចំក្រុមការងារមួយ នៅថ្ងៃទី ០៩ ខែតុលា ឆ្នាំ ២០០៥ ក្នុងគោលបំណង ៖ ១. អនុវត្តតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ដែលមានសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា លើវិស័យ អក្សរសាស្ត្រ និង ស្មារតី នៃការណែនាំរបស់ ឯ.ឧ. សុខ អាន ប្រធាន គណៈកម្មាធិការជាតិភាសាខ្មែរ ដែលមានគោលដៅធ្វើឲ្យមានស្ថិរភាព និង អភិវឌ្ឍន៍លើវិស័យអក្សរសាស្ត្រ រួមចំណែកជាមួយគោលនយោបាយចតុកោណជំហានទី ២ របស់រាជរដ្ឋាភិបាលសំដៅអភិវឌ្ឍប្រទេសលើគ្រប់វិស័យ ។ ២. ថែរក្សា និង លើកកម្ពស់ស្នាដៃរបស់សម្ដេចសង្ឃរាជ ជួន ណាត និង បន្តនិរន្តរភាព របស់វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ លើវិស័យអក្សរសាស្ត្រ ដោយធ្វើឲ្យកាន់តែប្រសើរឡើងថែមទៀតនូវវចនានុក្រមនេះ តាមជំហានដូចខាងក្រោម៖ ក. រៀបចំការកែសម្រួលកំហុសអក្ខរាវិរុទ្ធ ដែលបណ្ដាលមកពីការបោះពុម្ពលើកទី ៥ ខ. រៀបចំបញ្ជីពាក្យ (ក្នុងវចនានុក្រមពាក្យមួយអាចសរសេរបានពីរ ឬបី បែប ដើម្បី ដាក់ស្នើទៅគណៈកម្មាធិការជាតិភាសាខ្មែរអនុម័ត និងសម្រេចក្នុងការសរសេរ ឲ្យបាន ឯកភាពគ្នា) គ. ជ្រើសយកពាក្យពីនិយមន័យក្នុងវចនានុក្រមខ្មែរដែលបានបោះពុម្ពលើកទី ៥ ឲ្យក្លាយជាមេពាក្យឡើង ឃ. រៀបចំបង្កើតវចនានុក្រមខ្មែរអេឡិចត្រូនិក និងកែលំអរាល់ឆ្នាំ ង. ក្រោយពីបានបន្ថែមមេពាក្យថ្មី រួមទាំងនិយមន័យមក វិទ្យាស្ថានមានគ្រោងបោះពុម្ព វចនានុក្រមខ្មែរលើកទី ៦ បន្តទៀត ៣. សហការជាមួយដៃគូសហប្រតិបត្តិការមួយចំនួន ដែលមានទស្សនវិស័យដូចគ្នា ដូចជា វិទ្យាស្ថានបើកទូលាយ (Open Institute), SEALang និង បុគ្គលស្រាវជ្រាវឯករាជ ជាដើម ដើម្បីឲ្យសម្រេចគោលដៅ ដែលបានពោលខាងលើ ។ ៤. បន្តការធ្វើវចនានុក្រមខ្មែរទូទៅជាអេឡិចត្រូនិក ក្រោយពីបានដកពិសោធន៍ពី វចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត រួចមក (ករណីមានលទ្ធភាពគ្រប់ គ្រាន់) ។ ខាងក្រោមនេះជាសេចក្ដីដកស្រង់ចេញពីនិទានកថាដែលបានព្រះលិខិតចុះថ្ងៃទី ១០ ខែ ធ្នូ ឆ្នាំ ១៩៦៧ (ព.ស. ២៥១១) ដោយអតីតសម្ដេចព្រះសង្ឃរាជគណៈមហានិកាយ ជួន ណាត ជោតញ្ញាណោ ក្នុងគ្រាដែលពុទ្ធសាសនបណ្ឌិត្យបានបោះពុម្ពវចនានុក្រមខ្មែរលើកទី ៥ ។ "ខ្ញុំថ្លែងសេចក្ដីអំពីប្រវត្តិនៃវចនានុក្រមនេះជាសង្ខេប មិនសព្វគ្រប់តាមដំណើរការណ៍ដែលកន្លងទៅហើយនោះទេ, ខ្ញុំថ្លែងដោយអន្លើៗខ្លះគ្រាន់តែឲ្យអស់លោកបានជ្រាប សោះតែខានប៉ុណ្ណោះហើយអស់លោកនឹងបានជួយឧបត្ថម្ភវចនានុក្រមនេះឲ្យមានការលូតលាស់ចម្រើនតទៅតាមសម័យនិយម នាអនាគតកាល ។ វចនានុក្រមខ្មែរទាំង ២ ភាគនេះជាសម្បត្តិរបស់ពុទ្ធសាសនបណ្ឌិត្យក្រុងភ្នំពេញ គឺជារបស់រាជរដ្ឋាភិបាលតាំងពីចាប់ផ្ដើមបោះពុម្ពគ្រាទី ១ មក ពុំមែនជាសម្បត្តិរបស់ឯកជនទេ ។ ព្រះរាជប្រកាសលេខ ៦៧ ចុះថ្ងៃទី ៤ ធ្នូ ១៩១៥ ឲ្យឈ្មោះថា វចនានុក្រមខ្មែររបស់រាជការ ប៉ុន្តែកាលដែលបោះពុម្ពគ្រាទី ១ ជាដំបូងបង្អស់នោះ អស់លោកកុង្សីយ៍សេនាបតីក្នុងសម័យនោះ សុំថាឲ្យដាក់ឈ្មោះត្រឹមតែថា វចនានុក្រមខ្មែរភាគទី ១ ភាគទី ២ (DICTIONNAIRE CAMBODGIEN Tome I Tome II ) កុំដាក់ពាក្យថា របស់រាជការ ព្រោះបើដាក់ឈ្មោះថា របស់រាជការ ក៏ទៅជាបង្ខំឲ្យគេប្រើតាមទាំងអស់គ្នាដោយដាច់ខាត, ដោយហេតុនេះ ត្រូវទុកឱកាសឲ្យគេទៅសិនចុះ បើអ្នកណាគេមិនត្រូវការប្រើតាមក៏ឥតបើមានកំហុសអ្វីឡើយ, យូរៗទៅគង់តែនឹងប្រើតាមទាំងអស់គ្នាឯងៗទៅទេ ។ ដល់មកកាលជាខាងចុង គ. ស. ១៩៦៧ លោកនាយកនៃពុទ្ធសាសនបណ្ឌិត្យក្រុងភ្នំពេញ បានចាត់ការបោះពុម្ពវចនានុក្រមខ្មែរនេះជាគ្រាទី ៥ ថែមឡើងទៀត ក៏បានតាំងគណៈកម្មការ ៤ រូបគឺ ៖ ១- ព្រះសាសនមុនី កិម តូរ ចន្ទមង្គលោ ២- ព្រះបិដកធម្ម អ៊ុម ស៊ុម សង្ឃត្ថេរោ ទាំង ២ រូបនេះជាសមាជិកនៃគណៈកម្មការប្រែព្រះត្រៃបិដកក្នុងពុទ្ធសាសនបណ្ឌិត្យ ក្រុងភ្នំពេញ ៣-លោក ញូង សឿង នាយលេខាធិការដ្ឋាននៃសមាគមអ្នកនិពន្ធខ្មែរក្រុងភ្នំពេញ (អតីតអគ្គលេខាធិការរងនៃពុទ្ធសាសនបណ្ឌិត្យ) ៤- លោក ថោង សំអ៊ី អ្នកនិពន្ធតែងសេចក្ដីនៅពុទ្ធសាសនបណ្ឌិត្យ គណៈកម្មការទាំង ៤ រូបនេះជាអ្នកស្ទាត់ជំនាញខាងអក្សរសាស្ត្រខ្មែរ, ឲ្យជាអ្នកពិនិត្យផ្ទៀងផ្ទាត់វចនានុក្រមខ្មែរដែលបានបោះពុម្ពគ្រាទី ៤ នោះជាថ្មីម្ដងទៀត ឲ្យបានហ្មត់ចត់គ្រាន់បើបន្តិចឡើងជាងមុន ដ្បិតវចនានុក្រមក្នុងពុទ្ធសាសនបណ្ឌិត្យអស់ទៅហើយ ឥតមានសល់សម្រាប់អស់លោកអ្នកត្រូវការទេ, សុំឲ្យគណៈកម្មការទាំង ៤ រូបនេះឆ្លៀតពេលធ្វើការឲ្យបានសម្រេចឆាប់បន្តិច ឲ្យបានទាន់ពេលនៃអស់លោកអ្នកត្រូវការ ។ លោក លាង ហ័បអាន ជានាយកនៃពុទ្ធសាសនបណ្ឌិត្យ បានមកសូមឲ្យខ្ញុំជួយឧបត្ថម្ភក្នុងការបោះពុម្ពគ្រាទី ៥ នេះបានតម្រូវតាមការងាយស្រួល ឲ្យគណៈកម្មការទាំង ៤ រូបរៀបចំការិយាល័យមួយក្នុងវត្តឧណ្ណាលោម ដើម្បីឲ្យបាននៅជិតខ្ញុំជាអ្នកជួយឧបត្ថម្ភ ។ ខ្ញុំក៏បានទទួលភារៈជួយ ដោយតាំងចិត្តថា ស៊ូទ្រាំនឿយចំពោះវចនានុក្រមនេះជាថ្មីម្ដងទៀតចុះ ទោះបីខ្ញុំមានវ័យចាស់ចូលក្នុងជន្មាយុគម្រប់ ៨៤ ឆ្នាំហើយ ព្រមទាំងមានកិច្ចការផ្ទាល់ខ្លួនច្រើនស្អេកស្កះស្ទើរតែរើខ្លួនពុំរួចផងក៏ដោយ, ព្រោះវចនានុក្រមខ្មែរនេះជាការស្នាដៃថ្វីគំនិតចាស់របស់ខ្ញុំ ខ្ញុំមិនសូវភ្លេចយូរៗប៉ុន្មានចំពោះវចនានុក្រមនេះទេ កាលបើសរសេរការអ្វីៗ ខ្ញុំតែងតែនឹកដល់វចនានុក្រមខ្មែរទាំង២ ភាគនេះជាដរាប, ដោយហេតុនេះឯង បានជាខ្ញុំមិនប្រកែក ។ ក្នុងគ្រានេះ ខ្ញុំលៃពេលម៉ោងឆ្លៀតជួយពិនិត្យផ្ទៀងផ្ទាត់កែសម្រួលឲ្យបានគ្រាន់បើជាងពីមុនខ្លះដោយអន្លើៗ ខ្ញុំខំប្រឹងឆ្លៀតជ្រើសរើសយកមេពាក្យដែលខ្វះ ព្រមទាំងអត្ថន័យផង សរសេរខ្លួនឯងចុះបន្ថែមឲ្យមានមេពាក្យក្រែលជាងពីមុខ បានដកស្រង់យកកាព្យជាព្រះរាជនិពន្ធនៃព្រះករុណា ព្រះបាទសម្ដេចព្រះហរិរក្សរាមា ឥស្សរាធិបតី (ព្រះបរមកោដ្ឋ)ខ្លះ កាព្យសាស្ត្រាច្បាប់រាជនេតិជាព្រះនិពន្ធនៃ ព្រះរាជសម្ភារខ្លះ ល្បិចចៅក្រម ដែលកើតមានក្នុងរជ្ជកាលនៃ ព្រះបាទសម្ដេចព្រះជ័យចេស្ដាខ្លះ ចំពោះត្រង់អត្ថន័យនៃពាក្យ មន្ទលេន សេនបទ មណ្ឌុកដ សីហលោ, សុភាសិត និង ភាសិតបុរាណខ្លះ, និងកាព្យរបស់ខ្ញុំខ្លះ តម្រូវឲ្យសមតាមអត្ថន័យរបស់មេពាក្យនោះៗដោយអន្លើៗ, ក៏ឃើញថា វចនានុក្រមខ្មែរទាំង ២ ភាគដែលបោះពុម្ពគ្រាទី ៥ នេះទូលំទូលាយគ្រាន់បើបន្តិចជាងមុខ, ប៉ុន្តែបើធៀបប្រៀបទៅនឹងផ្លូវ ក៏មានឋានៈត្រឹមតែប្រហែលនឹងថ្នល់លំដែលបានចាក់រាយក្រួសបាយក្រៀមស្ដើងៗប៉ុណ្ណោះ ពុំទាន់មានឋានៈស្មើនឹងថ្នល់ដែលចាក់ជ័រយ៉ាងក្រាស់រលើបរលង់នៅឡើយទេ; ក្នុងអនាគតកាលមិនយូរឆ្នាំប៉ុន្មាន ទើបអាចនឹងឡើងឋានៈស្មើនឹងថ្នល់ចាក់ជ័ររលង់រលើបពុំខានឡើយ, គួរឲ្យខ្ញុំនឹកស្ដាយណាស់ ដោយមិនបានឃើញឋានៈខ្ពង់ខ្ពស់របស់វចនានុក្រមខ្មែរនេះ! ការពិនិត្យក្រោយនេះ, ខ្ញុំបានថ្លែងការណ៍យ៉ាងពិស្ដារ ឲ្យគណៈកម្មការទាំង ៤ រូបបានដឹងអំពីយោបល់នៃគណៈកម្មការមុនដំបូងដែលខ្ញុំបានពោលហើយខាងលើ, គណៈកម្មការទាំង ៤ រូបក៏មានយោបល់ព្រមគ្នាជាឯកច្ឆន្ទថា ត្រូវយើងយកយោបល់របស់គណៈកម្មការដំបូងនោះមកអនុវត្ត កុំទុកវចនានុក្រមនេះឲ្យនៅរសេមរសាមច្រើនពេក នាំឲ្យពិបាកប្រើ ពិបាកដោះស្រាយណាស់ ប៉ុន្តែត្រង់សញ្ញាដែលហៅថា អឌ្ឍចន្ទ នោះត្រូវលើកទុកទៅចុះ ព្រោះវិនាសបាត់រូបបាត់ឈ្មោះទៅហើយ បើទុកជាយើងបង្កើតក្នុងសម័យនេះឲ្យមានរូបសណ្ឋានផ្សេងជាជំនួស សម្រាប់ប្រើដាក់លើពាក្យកំញ្រ ទាំងប៉ុន្មាននោះក៏ពុំកើតដែរ ។ ឯយោបល់ក្រៅពីនោះ យើងត្រូវអនុវត្តតាមខ្លះ ដើម្បីបើកផ្លូវឲ្យមានឱកាសច្រហទូលំទូលាយ ឲ្យអស់លោកអ្នកអក្សរសាស្ត្រខ្មែរនាអនាគតងាយដើរ ដ្បិតក្នុងសម័យសង្គមរាស្ត្រនិយម ដែលមាន សម្តេចព្រះនរោត្តម សីហនុ ឧបយុវរាជ ព្រះប្រមុខរដ្ឋ ជាព្រះបិតាអក្សរសាស្ត្រជាតិ ព្រះអង្គសព្វព្រះរាជហ្ឫទ័យឲ្យអក្សរសាស្ត្រខ្មែរយើងលូតលាស់ចម្រើននេះ ផ្ទុយគ្នាស្រឡះពីសម័យមុន ឆ្ងាយពីគ្នាដាច់ស្រយាលទៅហើយ, យើងគួរសម្រេចតាមយោបល់របស់គណៈកម្មការដំបូងបង្អស់នោះបានខ្លះហើយ ព្រោះមិនដូចសម័យ គ. ស. ១៩១៥ នោះទេ ។ ខ្ញុំនិងគណៈកម្មការទាំង ៤ រូបក៏បានព្រមព្រៀងគ្នាជាឯកច្ឆន្ទ តាមយោបល់របស់គណៈកម្មការដំបូងបង្អស់នោះ, មិនទាំងអស់ទេ គ្រាន់តែអនុវត្តតាមខ្លះទុកឲ្យគង់តាមទម្លាប់ខ្លះដើម្បីគោរពអធ្យាស្រ័យនៃអស់លោកអ្នកធ្លាប់សរសេររត់គំនិតរត់ដៃទៅហើយ" ។ ប្រភព Wikipedia ដោយ៥០០០ឆ្នាំ
images/articles/3241/wewe323rewreeww.jpg
ផ្សាយ : ១៧ កញ្ញា ឆ្នាំ២០២២ (អាន: ១,៤៦២ ដង)
ព្រះសាស្ដាកាលស្ដេចគង់នៅវត្តជេតពន ទ្រង់ប្រារព្ធលោលភិក្ខុ (ភិក្ខុល្មោភ) មួយរូប បានត្រាស់ព្រះធម្មទេសនានេះ មានពាក្យថា កាសាយវត្ថេ ដូច្នេះជាដើម ។ បានឮថា ភិក្ខុនោះជាមនុស្សល្មោភ ជាប់ជំពាក់ក្នុងបច្ច័យ លះបង់វត្តទាំងឡាយមានអាចរិយវត្ត និងឧបជ្ឈាយវត្តជាដើម ក្នុងពេលព្រឹក លោកចូលទៅកាន់ក្រុងសាវត្ថី ផឹកយាគូដែលមានខាទនីយៈជាច្រើនជាបរិវារ ក្នុងផ្ទះឧបាសិកាវិសាខា សូម្បីឆាន់បាយស្រូវសាលីដែលមានសាច់និងរសផ្សេងៗហើយ នៅតែមិនឆ្អែត បន្ទាប់មក ក៏សំដៅទៅនិវេសន៍របស់ជនទាំងឡាយ គឺ ចូឡអនាថបណ្ឌិកសេដ្ឋី មហាអនាថបិណ្ឌិកសេដ្ឋី និងព្រះបាទកោសល ទៀត ។ ថ្ងៃមួយ ភិក្ខុទាំងឡាយប្រារព្ធភាពល្មោភរបស់ភិក្ខុនោះ បានញ៉ាំងកថាឲ្យតាំងឡើង ក្នុងធម្មសភា ។ ព្រះសាស្ដាយាងមកហើយត្រាស់សួរថា ម្នាលភិក្ខុទាំងឡាយ អម្បាញ់មិញនេះ អ្នកទាំងឡាយអង្គុយប្រជុំសន្ទានគ្នាដោយរឿងអ្វី ? កាលពួកភិក្ខុទូលថា ដោយរឿងឈ្មោះនេះ ទើបទ្រង់ត្រាស់ឲ្យហៅភិក្ខុនោះមក ហើយសួរលោកថា ម្នាលភិក្ខុ បានឮថា អ្នកជាមនុស្សល្មោភឬ ? កាលភិក្ខុនោះទូលថា ពិតមែងហើយព្រះអង្គ ព្រះសាស្ដាត្រាស់ថា ម្នាលភិក្ខុ ព្រោះហេតុអ្វី អ្នកទើបជាមនុស្សល្មោភ សូម្បីកាលមុន ព្រោះភាពល្មោភ អ្នកបានត្រាច់បរិភោគសាកសពដំរី ក្នុងក្រុងពារាណសី ដោយការមិនឆ្អែតនឹងសាកសពដំរីនោះ អ្នកបានចេញអំពីទីនោះ ត្រាច់ដល់ច្រាំងទន្លេគង្គាហើយចូលកាន់ព្រៃហិមពាន្ត ដូច្នេះហើយ ទ្រង់នាំអតីតនិទានមកថា ៖ ក្នុងអតីតកាល កាលព្រះបាទព្រហ្មទត្តសោយរាជសម្បត្តិក្នុងនគរពារាណសី មានក្អែកល្មោភមួយត្រាច់ស៊ីសាកសពដំរីជាដើម ក្នុងក្រុងពារាណសី កាលមិនឆ្អែតដោយសាកសពដំរីនោះ ក៏គិតថា យើងនឹងស៊ីត្រីងាប់នៅនឹងច្រាំងទន្លេគង្គា ដូច្នេះទើបហើរទៅ កាលស៊ីត្រីងាប់ក្នុងទីនោះ បានស្នាក់នៅអស់ពីរបីថ្ងៃ ហើយចូលទៅកាន់ព្រៃហិមពាន្ត រួចស៊ីផលាផលផ្សេងៗ និងទៅដល់ស្រះបទុមដែលមានត្រីនិងអណ្ដើកច្រើន ក៏បានឃើញសត្វចាក្រ​ពាក ​(សត្វប្រវឹក, ព្រវែក) ២ ពណ៌ដូចមាស កំពុងតែស៊ីសារាយនៅក្នុងស្រះនោះ ហើយគិតថា សត្វទាំងនេះដល់ព្រមដោយពណ៌សម្បុរដ៏ស្អាតយ៉ាងក្រៃលែង ភោជនរបស់សត្វទាំងនេះ នឹងជាទីពេញចិត្ត យើងសួរពីភោជនរបស់សត្វទាំងនេះហើយ សូម្បីយើងបរិភោគភោជននោះហើយ នឹងមានពណ៌ដូចមាសដែរ គិតយ៉ាងនេះហើយ ក្អែកហើរទៅកាន់សម្នាក់សត្វចាក្រពាកទាំងនោះ ធ្វើបដិសណ្ឋារៈ រួចទំលើទីបំផុតមែកឈើមួយ កាលពោលពាក្យដែលប្រកបដោយការសរសើរសត្វចាក្រពាកទាំងនោះ ទើបពោលគាថាទី ១ ថា កាសាយវត្ថេ សកុណេ វទាមិ, ទុវេ ទុវេ នន្ទមនេ ចរន្តេ; កំ អណ្ឌជំ អណ្ឌជា មានុសេសុ, ជាតិំ បសំសន្តិ តទិង្ឃ ព្រូថ។ ខ្ញុំសូមសួរនូវពួកសត្វបក្សី មានសម្បុរដូចសំពត់ ដែលជ្រលក់ដោយទឹកអម្ចត់ ជាសត្វមានចិត្តរីករាយ ត្រាច់ទៅទាំងគូ ៗ ពួកកំណើតជាអណ្ឌជៈ (បក្សី) តែងសរសើរនូវកំណើតអណ្ឌជៈ​ណា ​ក្នុងបណ្ដាមនុស្សទាំងឡាយ អ្នកចូរពោលនូវហេតុនោះ មកមើល ។ ពាក្យថា មានសម្បុរដូចសំពត់ ដែលជ្រលក់ដោយទឹកអម្ចត់ សេចក្ដីថា មានពណ៌ដូចសំពត់កាសាយៈពណ៌មាស ។ ពាក្យថា ពួកកំណើតជាអណ្ឌជៈ (បក្សី) តែងសរសើរនូវកំណើតអណ្ឌជៈណា ក្នុងមនុស្សទាំងឡាយ សេចក្ដីថា នែអ្នកដ៏ចម្រើន ពួកអណ្ឌជៈទាំងឡាយកាលសរសើរពួកលោក ក្នុងមនុស្សទាំងឡាយ តែងពោលថា លោកជាអណ្ឌជៈអ្វី ឈ្មោះថា មានកំណើតអ្វី អធិប្បាយថា រមែងសរសើរពួកលោកក្នុងរវាងមនុស្សទាំងឡាយថា លោកជាបក្សីមានឈ្មោះអ្វី ។ បាលីថា កំ អណ្ឌជំ អណ្ឌជមានុសេសុ ដូច្នេះក៏មាន ។ ពាក្យនោះមានសេចក្ដីថា បក្សីទាំងឡាយរមែងពោលសរសើរថា ពួកលោកជាអណ្ឌជៈអ្វី ក្នុងបណ្ដាអណ្ឌជៈ និងមនុស្សទាំងឡាយ ។ សត្វចាក្រពាកស្ដាប់ពាក្យនោះហើយ ក៏ពោលគាថាទី ២ ថា អម្ហេ មនុស្សេសុ មនុស្សហិំស, អនុព្ពតេ ចក្កវាកេ វទន្តិ; កល្យាណភាវម្ហេ ទិជេសុ សម្មតា, អភិរូបា វិចរាម អណ្ណវេ។ ម្នាលក្អែក ជាសត្វបៀតបៀនមនុស្ស ពួកគេតែងពោលសរសើរយើងជាចាក្រពាកថា ជាសត្វប្រព្រឹត្តសមគួរ ក្នុងចំណោមនៃមនុស្សទាំងឡាយ ទាំងគេបានសន្មតយើងថា ជាសត្វមានភាពល្អ ក្នុងចំណោមនៃសត្វស្លាបទាំងឡាយ (ពួកយើងមានសភាពជាសត្វឥតភ័យ ត្រាច់ទៅផ្សេង ៗ ក្នុងស្រះឈូក) ពួកយើងមិនធ្វើបាប ព្រោះហេតុតែចំណីឡើយ ។ ក្អែកស្ដាប់ពាក្យនោះហើយ ពោលគាថាទី ៣ ថា កិំ អណ្ណវេ កានិ ផលានិ ភុញ្ជេ, មំសំ កុតោ ខាទថ ចក្កវាកា; កិំ ភោជនំ ភុញ្ជថ វោ អនោមា, ពលញ្ច វណ្ណោ ច អនប្បរូបា។ ម្នាលចាក្រពាកទាំងឡាយ ជាអ្នកមិនថោកទាប អ្នកទាំងឡាយបរិភោគផ្លែឈើអ្វី ទំពាស៊ីសាច់អ្វី បរិភោគភោជនអ្វីក្នុងស្រះ បានជាកម្លាំង និងសម្បុរ មានសភាពមិនតិច ។ លំដាប់នោះ ចាក្រពាកពោលគាថាទី ៤ ថា ន អណ្ណវេ សន្តិ ផលានិ ធង្ក, មំសំ កុតោ ខាទិតុំ ចក្កវាកេ; សេវាលភក្ខម្ហ អបាណភោជនា, ន ឃាសហេតូបិ ករោម បាបំ។ ម្នាលក្អែក ផ្លែឈើទាំងឡាយ មិនមានក្នុងស្រះទេ ពួកចាក្រពាកបានសាច់បរិភោគអំពីណា ពួកយើងជាអ្នកបរិភោគសារាយ បរិភោគតែទឹកមិនល្អក់ (ពួកយើងមិនធ្វើបាប ព្រោះហេតុតែចំណីឡើយ) ពួកយើងមានសភាពជាអ្នកឥតភ័យ ត្រាច់ទៅផ្សេង ៗ ក្នុងស្រះ ។ បន្ទាប់មក ក្អែកពោល ២ គាថា ថា ន មេ ឥទំ រុច្ចតិ ចក្កវាក, អស្មិំ ភវេ ភោជនសន្និកាសោ; អហោសិ បុព្ពេ តតោ មេ អញ្ញថា, ឥច្ចេវ មេ វិមតិ ឯត្ថ ជាតា។ ម្នាលចាក្រពាក ភោជននេះ មិនគាប់ចិត្តយើងទេ ខ្លួនអ្នកមានសភាពប្រហែលនឹងភោជនក្នុងលំនៅនេះ កាលដើមខ្ញុំមានសេចក្តីត្រិះរិះ (យ៉ាងនេះ) ខាងក្រោយមក ខ្ញុំមាន សេចក្តីត្រិះរិះផ្សេង សេចក្តីសង្ស័យរបស់ខ្ញុំ ក៏កើតមានក្នុងហេតុនុ៎ះ ដោយប្រការដូច្នេះឯង ។ អហម្បិ មំសានិ ផលានិ ភុញ្ជេ, អន្នានិ ច លោណិយតេលិយានិ; រសំ មនុស្សេសុ លភាមិ ភោត្តុំ, សូរោវ សង្គាមមុខំ វិជេត្វា; ន ច មេ តាទិសោ វណ្ណោ, ចក្កវាក យថា តវ។ ឯខ្លួនយើង តែងបានបរិភោគសាច់ និងផ្លែឈើទាំងឡាយផង នូវចំណីអាហារដែលលាយអំបិល និងប្រេងទាំងឡាយផង ខ្លួនយើងតែងបានបរិភោគនូវរស ក្នុងពួកមនុស្ស ដូចបុគ្គលក្លៀវក្លាបានឈ្នះនូវប្រធាននៃសង្គ្រាម ម្នាលចាក្រពាក ឯសម្បុររបស់ខ្ញុំ មិនដូចជាសម្បុររបស់អ្នកទេ ។ ពេលនោះ ចាក្រពាកកាលនឹងពោលហេតុនៃភាវៈមិនមានវណ្ណសម្បត្តិរបស់ក្អែកនោះ និងហេតុនៃភាវៈរបស់ខ្លួន ទើបពោលគាថាដ៏សេសថា អសុទ្ធភក្ខោសិ ខណានុបាតី, កិច្ឆេន តេ លព្ភតិ អន្នបានំ; ន តុស្សសី រុក្ខផលេហិ ធង្ក, មំសានិ វា យានិ សុសានមជ្ឈេ។ អ្នកជាសត្វមានអាហារមិនស្អាត តែងលបឆក់ក្នុងខណៈ (ដែលគេធ្វេសប្រហែល) អ្នកឯងតែងបាននូវចំណីអាហារ និងទឹកផឹកដោយលំបាក ម្នាលក្អែក អ្នកឯងមិនត្រេកអរដោយផ្លែឈើទាំងឡាយ មួយទៀត សាច់ទាំងឡាយណា ដែលមាននៅក្នុងកណ្តាលនៃព្រៃស្មសាន អ្នកមិនត្រេកអរនឹងសាច់នោះឡើយ ។ យោ សាហសេន អធិគម្ម ភោគេ, បរិភុញ្ជតិ ធង្ក ខណានុបាតី; តតោ ឧបក្កោសតិ នំ សភាវោ, ឧបក្កុដ្ឋោ វណ្ណពលំ ជហាតិ។ ម្នាលក្អែក បុគ្គលណាជាអ្នកលបឆក់ ក្នុងខណៈ (ដែលគេធ្វេសប្រហែស) បាននូវ ភោគៈទាំងឡាយ ដោយអំពើដ៏អាក្រក់ ហើយបរិភោគ ដល់មកខាងក្រោយ អ្នកផងនឹងតិះដៀលបុគ្គលនោះ បុគ្គលដែលត្រូវគេតិះដៀលនោះ រមែងសាបសូន្យចាកសម្បុរ និងកម្លាំង ។ អប្បម្បិ ចេ និព្ពុតិំ ភុញ្ជតី យទិ, អសាហសេន អបរូបឃាតី; ពលញ្ច វណ្ណោ ច តទស្ស ហោតិ, ន ហិ សព្ពោ អាហារមយេន វណ្ណោ។ បុគ្គលបើទុកជាបរិភោគរបស់ត្រជាក់ (ឥតទោស) សូម្បីតិចតួចតែជាអ្នកមិនបៀតបៀនជនដទៃ ដោយអំពើអាក្រក់ កម្លាំង និងសម្បុរ រមែងកើតមាន ដល់បុគ្គលនោះ ព្រោះថា សម្បុរទាំងអស់ មិនមែនសុទ្ធតែសម្រេចមក អំពីអាហារទេ ។ ពាក្យថា សម្បុរទាំងអស់ មិនមែនសុទ្ធតែសម្រេចមក អំពីអាហារទេ សេចក្ដីថា នែក្អែក ឈ្មោះថា សម្បុររមែងមានសមុដ្ឋាន ៤ សម្បុរនោះមិនមែនសម្រេចដោយអាហារតែម្យ៉ាងទេ គឺរមែងសម្រេចសូម្បីដោយ ឧតុ ចិត្ត និង កម្ម ដែរ ។ ចាក្រពាកបានតិះដៀលក្អែកដោយបរិយាយដ៏ច្រើនយ៉ាងនេះ ។ ក្អែកអៀនខ្មាសហើយគិតថា យើងមិនត្រូវការដោយសម្បុររបស់អ្នក ហើយស្រែកឡើងថា កា កា រួចហើរចេញទៅ ។ ព្រះសាស្ដានាំព្រះធម្មទេសនានេះមកហើយ ទ្រង់ប្រកាសសច្ចធម៌ និងប្រជុំជាតក ក្នុងកាលជាទីបញ្ចប់នៃសច្ចធម៌ លោលភិក្ខុបានតាំងនៅក្នុងអនាគាមិផល ។តទា កាកោ លោលភិក្ខុ អហោសិ ក្អែកក្នុងកាលនោះ បានមកជាលោលភិក្ខុ ចក្កវាកី រាហុលមាតា ចាក្រពាកញីបានមកជារាហុលមាតាចក្កវាកោ បន អហមេវ អហោសិំ ចំណែកចាក្រពាកឈ្មោល គឺ តថាគតនេះឯង ។ ចក្កវាកជាតក ចប់ ។ (ជាតកដ្ឋកថា សុត្តន្តបិដក ខុទ្ទកនិកាយ ជាតក នវកនិបាត បិដកលេខ ៥៩ ទំព័រ ១៥០) ថ្ងៃសុក្រ ៦ កើត ខែស្រាពណ៍ ឆ្នាំច សំរិទ្ធិស័ក ច.ស. ១៣៨០ ម.ស. ១៩៤០ ថ្ងៃទី ១៧ ខែ សីហា ព.ស. ២៥៦២ គ.ស.២០១៨ ដោយស.ដ.វ.ថ ដោយ៥០០០ឆ្នាំ
images/articles/3249/____________________________________.jpg
ផ្សាយ : ១៧ កញ្ញា ឆ្នាំ២០២២ (អាន: ១,៣៣៣ ដង)
ព្រះសាស្ដា កាលស្ដេចគង់នៅវត្តជេតពន ទ្រង់ប្រារព្ធការរម្ងាប់វិវាទ របស់មហាមាត្យ​​ទាំង ២ របស់ព្រះបាទកោសល បានត្រាស់ព្រះធម្មទេសនានេះ មានពាក្យថា កោ នុ ឧទ្ធិតភត្តោវ ដូច្នេះជាដើម ។រឿងរ៉ាវបច្ចុប្បន្នបានពោលរួចហើយក្នុង (ឧរគជាតក) ទុកនិបាត ។ ក្នុងអតីតកាល កាលព្រះបាទព្រហ្មទត្តសោយរាជសម្បត្តិក្នុងនគរពារាណសី ព្រះពោធិសត្វកើតក្នុងត្រកូលព្រាហ្មណ៍ ក្នុងដែនកាសី កាលចម្រើនវ័យធំហើយ បានសិក្សារៀនសូត្រសិល្បសាស្ត្រទាំងពួង ហើយលះបង់កាម បួសជាឥសី កសាងអាស្រមបទ ក្បែរច្រាំងទន្លេគង្គា ក្នុងហិមវន្តប្រទេស ញ៉ាំងអភិញ្ញា និងសមាបត្តិឲ្យកើតឡើង លេងឈានកីឡា សម្រេចការនៅក្នុងទីនោះ ។ បានឮមកថា ក្នុងជាតកនេះ ព្រះពោធិសត្វជាអ្នកមានចិត្តកណ្ដាលដ៏ក្រៃលែង បំពេញឧបេក្ខាបារមី ។ មានស្វាច្រឡើសបើសទ្រុស្តសីលមួយ មកធ្វើសលាកបវេសនកម្ម (ការសម្ដែងអាការៈធ្វើដូចជាសេពមេថុនធម្ម) ដោយអង្គជាត តាមប្រហោងត្រចៀក ដល់ព្រះពោធិសត្វ ដែលកំពុងអង្គុយទៀបទ្វារបណ្ណសាលា ។ ព្រះពោធិសត្វហាមឃាត់ហើយ លោកមានចិត្តជាកណ្ដាល អង្គុយនៅស្ងៀម ។ ថ្ងៃមួយ មានអណ្ដើកមួយងើបឡើងមកពីទឹក ដេកហាមាត់ កម្ដៅថ្ងៃនៅនឹងច្រាំងទន្លេគង្គា ។ ស្វាឡេះឡោះឃើញអណ្ដើក ក៏ធ្វើសលាកបវេសនកម្ម ដាក់មាត់អណ្ដើកនោះ ។ ពេលនោះ អណ្ដើកភ្ញាក់ឡើង ខាំអង្គជាតរបស់ស្វា ហាក់ដូចជាដាក់ចូលទៅក្នុងស្មុគ ធ្វើឲ្យស្វាមានទុក្ខវេទនាយ៉ាងខ្លាំង ។ ស្វាកំហូចកាលមិនអាចនឹងអត់ទ្រាំបាន ក៏គិតថា បុគ្គលណាគប្បីដោះយើងពីសេចក្ដីទុក្ខនេះ យើងនឹងទៅកាន់សម្នាក់បុគ្គលណា រួចគិតឃើញថា វៀរចាកព្រះតាបសចេញហើយ បុគ្គលដទៃដែលអាចដោះយើងចេញពីសេចក្ដីទុក្ខនេះ រមែងមិនមាន យើងគួរទៅកាន់សម្នាក់តាបស ដូច្នេះទើបយកដៃលើកអណ្ដើក ទៅកាន់សម្នាក់ព្រះពោធិសត្វ ។ ព្រះពោធិសត្វកាលលលេងនឹងស្វាទ្រុស្តសីលនោះ ទើបពោលគាថាទី ១ ថា កោ នុ ឧទ្ធិតភត្តោវ, បូរហត្ថោវ ព្រាហ្មណោ; កហំ នុ ភិក្ខំ អចរិ, កំ សទ្ធំ ឧបសង្កមិ។ បុគ្គលណាហ្ន៎ ដើរមក ហាក់ដូចជាបុគ្គលមានភត្តដួសស្រេចហើយ ឬដូចជាព្រាហ្មណ៍ មានលាភពេញដៃ អ្នកដើរទៅសូមក្នុងទីណា ឬអ្នកចូរទៅរកបុគ្គលណាដែលមានសទ្ធា ។ ស្វាទ្រុស្តសីលស្ដាប់ពាក្យនោះហើយ ពោលគាថាទី ២ ថា អហំ កបិស្មិ ទុម្មេធោ, អនាមាសានិ អាមសិំ; ត្វំ មំ មោចយ ភទ្ទំ តេ, មុត្តោ គច្ឆេយ្យ បព្ពតំ។ ខ្ញុំជាស្វាឥតប្រាជ្ញា បានប៉ះពាល់នូវវត្ថុទាំងឡាយ ដែលគេមិនគួរប៉ះពាល់ សូមលោកម្ចាស់ដោះខ្ញុំឲ្យរួច សូមសេចក្ដីចម្រើនចូរមានដល់លោក ខ្ញុំនោះបានរួចហើយ នឹងទៅកាន់ភ្នំវិញ ។ ដោយសេចក្ដីអាណិតស្វានោះ ព្រះពោធិសត្វកាលនឹងចរចាជាមួយអណ្ដើក ទើបពោលគាថាទី ៣ ថា កច្ឆបា កស្សបា ហោន្តិ, កោណ្ឌញ្ញា ហោន្តិ មក្កដា; មុញ្ច កស្សប កោណ្ឌញ្ញំ, កតំ មេថុនកំ តយា។ ពួកអណ្ដើកជាកស្សបគោត្ត ពួកស្វាជាកោណ្ឌញ្ញគោត្ត ម្នាលកស្សប អ្នកចូរលែង កោណ្ឌញ្ញ (ស្វាទ្រុស្តសីលនេះ) ដែលធ្វើមេថុនកម្មនឹងអ្នក ។ គាថានោះ មានសេចក្ដីថា ឈ្មោះថា អណ្ដើកទាំងឡាយ រមែងជាកស្សបគោត្រ ស្វាទាំងឡាយរមែងជាកោណ្ឌញ្ញគោត្រ ការចងអាវាហវិវាហៈនូវគ្នានឹងគ្នា របស់កស្សបគោត្រ និងកោណ្ឌញ្ញគោត្រ រមែងមាន ។ មេថុនពោលគឺកម្មទ្រុស្តសីល ដ៏សមគួរដល់មេថុនធម្ម ដែលស្វាឡេះឡោះទ្រុស្តសីលនោះធ្វើជាមួយអ្នក និងដែលអ្នកធ្វើជាមួយស្វានោះ រមែងមាន ព្រោះហេតុនោះ នែកស្សបៈ អ្នកចូរដោះលែងកោណ្ឌញ្ញៈ ។ អណ្ដើកស្ដាប់ពាក្យព្រះពោធិសត្វហើយ ជ្រះថ្លានឹងហេតុផល ក៏លែងអង្គជាតរបស់ស្វា ។ ស្វាគ្រាន់តែរួចភ្លាម ក៏ថ្វាយបង្គំព្រះពោធិសត្វ រួចរត់ចេញទៅ មិនក្រឡេកមើលទីនោះទៀតឡើយ ។ ចំណែកអណ្ដើកថ្វាយបង្គំព្រះពោធិសត្វហើយទៅកាន់លំនៅរបស់ខ្លួនវិញ ។ សូម្បីព្រះពោធិសត្វជាអ្នកមានឈានមិនសាបសូន្យ បានទៅកាន់ព្រហ្មលោក ។ ព្រះសាស្ដានាំព្រះធម្មទេសនានេះមកហើយ ទ្រង់ប្រកាសសច្ចធម៌ និងប្រជុំជាតកថាតទា កច្ឆបវានរា ទ្វេ មហាមត្តា អហេសុំ អណ្ដើកនិងស្វាក្នុងកាលនោះ បានមកជាមហាមាត្យទាំង ២ តាបសោ បន អហមេវ អហោសិំ ចំណែកតាបស គឺតថាគតនេះឯង ។ កច្ឆបជាតក ចប់ ៕ (ជាតកដ្ឋកថា សុត្តន្តបិដក ខុទ្ទកនិកាយ ជាតក តិកនិបាត ឧទបានវគ្គ បិដកលេខ ៥៨ ទំព័រ ១៥៨) ថ្ងៃច័ន្ទ ១៣ កើត ខែអស្សុជ ឆ្នាំច សំរិទ្ធិស័ក ច.ស. ១៣៨០ ម.ស. ១៩៤០ ថ្ងៃទី ២២ ខែ តុលា ព.ស. ២៥៦២ គ.ស.២០១៨ ដោយស.ដ.វ.ថ. ដោយ៥០០០ឆ្នាំ
images/articles/3282/54teydrfeertyur678678ytrtrew.jpg
ផ្សាយ : ១៧ កញ្ញា ឆ្នាំ២០២២ (អាន: ១,០៥៤ ដង)
ក្នុងអតីតកាល ព្រះបាទព្រហ្មទត្តសោយរាជសម្បត្តិក្នុងនគរពារាណសី, ព្រះរាជាព្រះនាម កេសវៈ លះបង់រាជសម្បត្តិបួសជាឥសី ។ បុរស ៥០០ នាក់បួសតាមព្រះរាជានោះ។ ព្រះរាជានោះក៏មានព្រះនាមថា កេសវតាបស ។ ខ្មាន់ព្រះកេសដែលជាអ្នកប្រដាប់តាក់តែងព្រះអង្គ ក៏បួសតាម ហើយបានជាសិស្ស មានឈ្មោះថា កប្បកៈ ។ កេសវតាបសនិងបរិស័ទរស់នៅក្នុងព្រៃហិមពាន្តអស់ ៨ ខែ, ក្នុងវស្សានរដូវ (លោកនាំសិស្ស) ទៅកាន់នគរពារាណសី ដើម្បីសេពរសជាតិប្រៃនិងជូរ ទៅដល់ហើយក៏ចូលទៅបិណ្ឌបាតក្នុងព្រះនគរ ។ លំដាប់នោះ ព្រះរាជាទតឃើញពួកឥសី ទ្រង់ជ្រះថ្លា និមន្តកេសវតាបសឲ្យទទួលប្ដេជ្ញាដើម្បីនឹងនៅក្នុងសំណាក់ខ្លួនអស់ ៤ ខែ ហើយឲ្យពួកតាបសស្នាក់នៅក្នុងឧទ្យាន, ក្នុងពេលព្រឹកនិងល្ងាច ព្រះរាជាតែងយាងទៅបម្រើពួកតាបស ។ តាបសទាំងអស់រស់នៅបានពីរបីថ្ងៃ ត្រូវសំឡេងដំរីជាដើមបៀតបៀនហើយកើតសេចក្ដីអផ្សុក ទើបពោលនឹងអាចារ្យថា បពិត្រអាចារ្យ ពួកខ្ញុំអផ្សុកណាស់ (ប្រាថ្នានឹងចេញ) ទៅ ។ អាចារ្យពោលថា អ្នកទាំងឡាយនឹងទៅណា ? ពួកតាបសពោលថា បពិត្រអាចារ្យ ពួកខ្ញុំនឹងទៅព្រៃហិមពាន្តវិញ ។ អាចារ្យពោលថា ក្នុងថ្ងៃដែលពួកយើងមក ព្រះរាជាបានឲ្យទទួលប្ដេជ្ញាដើម្បីនឹងនៅក្នុងទីនេះអស់ ៤ ខែ, អ្នកទាំងឡាយនឹងទៅ ដូចម្ដេច ? ពួកតាបសពោលថា “លោកអាចារ្យមិនប្រាប់ពួកខ្ញុំទេ ក៏ទទួលប្ដេជ្ញា ពួកខ្ញុំមិនអាចនៅក្នុងទីនេះទេ ពួកខ្ញុំនឹងនៅក្នុងទីដែលអាចដឹងសុខទុក្ខរបស់លោកអាចារ្យ ដែលនៅមិនឆ្ងាយអំពីទីនេះ” ថារួចក៏នាំគ្នាថ្វាយបង្គំអាចារ្យហើយចៀសចេញទៅ ។ ចំណែកអាចារ្យក៏នៅជាមួយសិស្សឈ្មោះកប្បកៈ ។ ព្រះរាជាកាលយាងមកឧបដ្ឋាក សួរថា បពិត្រលោកម្ចាស់ ពួកតាបសទៅណា ? កេសវតាបសទូលថា បពិត្រមហារាជ ពួកតាបសទាំងអស់ប្រាប់អាត្មាថា “ពួកខ្ញុំអផ្សុក” ពួកតាបសទាំងនោះទៅព្រៃហិមពាន្តវិញហើយ ។ ក្រោយមកមិនយូរប៉ុន្មាន សូម្បីកប្បកតាបសក៏អផ្សុក ត្រូវអាចារ្យហាមហើយហាមទៀត ក៏នៅតែពោលថា ខ្ញុំមិនអាចនៅទីនេះទេ ដូច្នេះហើយ ក៏ចៀសចេញទៅ ។ តែកប្បកតាបសមិនទៅកាន់សំណាក់ពួកតាបសដទៃទេ លោក ស្នាក់ក្នុងទីដែលអាចឮដំណឹងរបស់អាចារ្យ ដែលនៅក្នុងទីមិនឆ្ងាយអំពីទីនោះ ។ ក្នុងកាលជាខាងក្រោយមក រោគក្នុងផ្ទៃកើតឡើងដល់អាចារ្យដែលចេះតែរលឹកដល់សិស្ស ។ ព្រះរាជាឲ្យពេទ្យទាំងឡាយថែរក្សាព្យាបាល, រោគនៅតែមិនស្ងប់ ។ តាបសទូលថា បពិត្រមហារាជ ព្រះអង្គប្រាថ្នាឲ្យអាត្មាស្ងប់ចាករោគដែរឬទេ ? ព្រះរាជាត្រាស់ថា បពិត្រលោកម្ចាស់ ប្រសិនបើអាច ខ្ញុំគប្បីធ្វើសេចក្ដីសុខដល់លោកម្ចាស់ ក្នុងកាលឥឡូវនេះឯង ។ កេសវតាបសពោលថា បពិត្រមហារាជ បើព្រះអង្គប្រាថ្នាសេចក្ដីសុខដល់អាត្មា សូមព្រះអង្គបញ្ជូនអាត្មាទៅកាន់សំណាក់អន្តេវាសិកចុះ ។ ព្រះរាជាត្រាស់ថា “ប្រពៃហើយ” រួចទ្រង់ឲ្យ គេដាក់កេសវតាបសដេកលើគ្រែ និងបញ្ជូនអាមាត្យ ៤ នាក់ ដែលមាននារទអាមាត្យជាប្រធានទថា អ្នកទាំងឡាយចូរដឹងការប្រព្រឹត្តទៅរបស់លោកម្ចាស់របស់យើង ហើយនាំដំណឹងមកប្រាប់យើង ។ កប្បកអន្តេវាសិកឮដំណើរមករបស់អាចារ្យ ធ្វើការទទួល កាល អាចារ្យសួរថា ពួកតាបសនៅឯណា ក៏ពោលថា បានឮថា ពួកតាបសនៅក្នុងទីឯណោះ ។ សូម្បីពួកតាបសកាលបានឮដំណើរមករបស់អាចារ្យ ក៏មកប្រជុំគ្នាត្រង់ទីនោះ ហើយប្រគេនទឹកក្ដៅ និងផលាផលដល់អាចារ្យ ។ រោគក៏រម្ងាប់ក្នុងខណៈនោះឯង ។ កេសវតាបសនោះមានសម្បុរដូចមាស ក្នុងកំឡុងពីរបីថ្ងៃប៉ុណ្ណោះ ។ ពេលនោះ នារទអាមាត្យសួរថា មនុស្សិន្ទំ ជហិត្វាន, សព្ពកាមសមិទ្ធិនំ; កថំ នុ ភគវា កេសី, កប្បស្ស រមតិ អស្សមេ។ កេសវតាបសមានព្រះភាគ (របស់យើងខ្ញុំ) នេះ លះបង់ព្រះបាទពារាណសី ជាធំជាងមនុស្ស អ្នកឲ្យសម្រេចសេចក្ដីប្រាថ្នាទាំងពួង ហើយត្រេកអរសប្បាយ ក្នុងអាស្រម របស់កូនសិស្សឈ្មោះកប្បៈ តើដោយឧបាយ ដូចម្ដេច ។ កេសវតាបសឆ្លើយថា សាទូនិ រមណីយានិ, សន្តិ វក្ខា មនោរមា; សុភាសិតានិ កប្បស្ស, នារទ រមយន្តិ មំ។ ម្នាលអាមាត្យ រសទាំងឡាយដ៏ឆ្ងាញ់ គួររីករាយក៏មាន ដើមឈើទាំងឡាយ ជាទីរីករាយចិត្តក៏មាន ពាក្យជាសុភាសិតទាំងឡាយរបស់កប្បៈ តែងធ្វើឲ្យអាត្មាត្រេកអរបាន ។ នារទអាមាត្យសួរទៀតថា សាលីនំ ឱទនំ ភុញ្ជេ, សុចិំ មំសូបសេចនំ; កថំ សាមាកនីវារំ, អលោណំ ឆាទយន្តិ តំ។ លោកម្ចាស់ឆាន់ចង្ហាន់ស្រូវសាលី ដែលលាយនឹងសាច់ដ៏ស្អាត ហេតុដូចម្ដេច បានជាស្រងែនិងស្មៅគៃលលកដែលមិនមានរសប្រៃសោះ ធ្វើឲ្យលោកម្ចាស់ត្រេកអរបាន ។ កេសវតាបសឆ្លើយថា សាទុំ វា យទិ វាសាទុំ, អប្បំ វា យទិ វា ពហុំ; វិស្សត្ថោ យត្ថ ភុញ្ជេយ្យ, វិស្សាសបរមា រសា។ បុគ្គលមានសេចក្ដីស្និទ្ធស្នាលបរិភោគភោជន ទោះបីឆ្ងាញ់ក្ដី មិនឆ្ងាញ់ក្ដី តិចក្ដី ច្រើនក្ដី ក្នុងកន្លែងណា ភោជន (ណាដែលបុគ្គលបរិភោគហើយក្នុងទីកន្លែងនោះ ជាភោជនប្រសើរ) ព្រោះរស មានសេចក្ដីស្និទ្ធស្នាលជាយ៉ាងក្រៃលែង ។ (សុត្តន្តបិដក ខុទ្ទកនិកាយ ជាតក ចតុក្កនិបាត ចូឡកុណាលវគ្គ កេសវជាតក បិដកលេខ ៥៨ ទំព័រ ២៣៥) ព្រះសាស្ដានាំព្រះធម្មទេសនានេះមកហើយ កាលទ្រង់ប្រជុំជាតក ទើបត្រាស់ថា តទា រាជា មោគ្គល្លានោ អហោសិ ព្រះរាជាក្នុងកាលនោះបានមកជាមោគ្គល្លាន នារទោ សារិបុត្តោ នារទៈបានមកជាសារិបុត្រ កប្បន្តេវាសិកោ អានន្ទោ អន្តេវាសិក ឈ្មោះកប្បកៈ បានមកជាអានន្ទ កេសវតាបសោ អហមេវ ចំណែកកេសវតាបសគឺតថាគតនេះឯង ។ (ធម្មបទដ្ឋកថា សុត្តន្តបិដក ខុទ្ទកនិកាយ ធម្មបទ បុប្ផវគ្គ វិដដូភវត្ថុ) ដោយសដវថ ដោយ៥០០០ឆ្នាំ
images/articles/3288/_________________________________.jpg
ផ្សាយ : ១៧ កញ្ញា ឆ្នាំ២០២២ (អាន: ២,១៣៧ ដង)
ព្រះសាស្ដាកាលស្ដេចគង់នៅវត្តជេតពន ទ្រង់ប្រារព្ធកោធនភិក្ខុ (ភិក្ខុក្រោធ) មួយរូប បានត្រាស់ព្រះជាតកនេះ មានពាក្យថា យោ តេ ហត្ថេ ច បាទេ ច ជាដើម ។រឿងរ៉ាវបច្ចុប្បន្នបានពោលមកក្នុងជាតកខាងក្រោយ ។ ព្រះសាស្ដាត្រាស់នឹងភិក្ខុ ថា ម្នាលភិក្ខុ ព្រោះហេតុអ្វី អ្នកបួសក្នុងសាសនារបស់ព្រះពុទ្ធអ្នកមិនក្រោធ ហើយធ្វើនូវ សេចក្ដីក្រោធទៅវិញ បោរាណកបណ្ឌិតទាំងឡាយ សូម្បីមានខ្លួនត្រូវគេវាយ ១០០០ រំពាត់ និងមានដៃជើងត្រចៀកច្រមុះត្រូវគេកាត់ ក៏មិនធ្វើសេចក្ដីក្រោធ ចំពោះអ្នក ដទៃដែរ ហើយព្រះអង្គនាំអតីតនិទានមកថា ៖ ក្នុងអតីតកាល ព្រះរាជាព្រះនាមកលាពុ សោយរាជសម្បត្តិក្នុងនគរពារាណសី ។ គ្រានោះ ព្រះពោធិសត្វកើតក្នុងព្រាហ្មណត្រកូល ដែលមានទ្រព្យ ៨០ កោដិ លោកជា មាណពឈ្មោះថា កុណ្ឌលកុមារ កាលចម្រើនវ័យឡើង ក៏ទៅនគរតក្កសិលា រៀនសិល្បសាស្ត្រទាំងពួង ហើយទុកដាក់ទ្រព្យ អំណើះឥតពីមាតាបិតាទៅ លោកសម្លឹងមើលគំនរ ទ្រព្យ ហើយគិតថា ពពួកញាតិរបស់យើង ញ៉ាំងទ្រព្យនេះឲ្យកើតឡើងហើយ ស្លាប់ទៅ ឥតយកតាមសោះ ចំណែកអញវិញ គួរណាស់តែយកទ្រព្យនោះទៅតាមឲ្យខាងតែបាន លុះគិតដូច្នេះហើយ លោកចាត់ចែងទ្រព្យទាំងអស់ឲ្យជាទាន បុគ្គលណាយកវត្ថុណា លោកឲ្យវត្ថុនោះ ហើយលោកចូលទៅព្រៃហិមពាន្តសាងផ្នួស ញ៉ាំងជីវិតឲ្យប្រព្រឹត្តទៅ ដោយផលាផល នៅអស់កាលដ៏យូរ ទើបមកកាន់ផ្លូវមនុស្សដើម្បីសេពរសប្រៃនិងជូរ លោកទៅដល់នគរពារាណសីដោយលំដាប់ និងស្នាក់នៅក្នុងរាជឧទ្យាន ដល់ថ្ងៃស្អែក លោកត្រាច់បិណ្ឌបាតក្នុងទីក្រុង ក៏ទៅដល់ទ្វារនិវេសន៍របស់សេនាបតី ។ សេនាបតី ជ្រះថ្លានឹងឥរិយាបថរបស់ព្រះពោធិសត្វ ក៏និមន្តចូលក្នុងផ្ទះ ប្រគេនឲ្យឆាន់នូវភោជន ដែលគេបម្រុងដើម្បីខ្លួន ហើយឲ្យតាបសទទួលសេចក្ដីប្ដេជ្ញាហើយ និមន្តលោកឲ្យគង់ នៅក្នុងរាជឧទ្យាននោះឯង ។ តមកក្នុងថ្ងៃមួយ ស្ដេចកលាពុទ្រង់ស្រវឹងស្រា ហើយយាងទៅឧទ្យានដោយយស ដ៏ធំ ទាំងមានស្រ្ដីរបាំដែលឈ្លាសហែហមទៅផង ព្រះអង្គឲ្យគេក្រាលសយនាលើផ្ទាំង មង្គលសិលា ហើយទ្រង់ផ្ទំកើយភ្លៅស្រ្តីម្នាក់ ដែលជាទីស្រឡាញ់សព្វព្រះហឫទ័យ ។ ស្ត្រីរបាំទាំងឡាយដែលឈ្លាសក្នុងការច្រៀង ការប្រគំ និងការរាំជាដើម នាំគ្នាប្រគំ ចម្រៀងជាដើម មហាសម្បត្តិរបស់ស្ដេចកលាពុ ហាក់ដូចជាសក្កទេវរាជ (បានបន្តិច) ព្រះរាជាផ្ទំលក់ទៅ ។ លំដាប់នោះ ស្ត្រីរបាំទាំងឡាយគិតថា ពួកយើងប្រគំនិងចម្រៀងជាដើម ដើម្បី ព្រះរាជាណា ឥឡូវព្រះរាជានោះផ្ទំលក់ហើយ យើងនៅប្រគំចម្រៀងជាដើមធ្វើអ្វី គិតដូច្នេះហើយ ក៏ចោលគ្រឿងតន្ត្រីមានពិណជាដើមក្នុងទីនោះ ហើយនាំគ្នាដើរលេងក្នុងឧទ្យាន ពួកនាងត្រូវផ្កាឈើ ផ្លែឈើ និងត្រួយឈើជាដើមទាក់ទាញចិត្ត សប្បាយរីករាយក្នុងឧទ្យានយ៉ាងក្រៃលែង ។ គ្រានោះ ព្រះពោធិសត្វគង់នៅជាសុខក្នុងផ្នួស ទៀប គល់សាលព្រឹក្ស ដែលមានផ្ការីកស្គុះស្គាយក្នុងឧទ្យាន មើលទៅដូចជាដំរីមត្តវរៈ ។ ពេលនោះ ស្ត្រីរបាំដែលត្រាច់ក្នុងឧទ្យាន ឃើញតាបសពោធិសត្វ ហើយបបួលគ្នាថា នាងទាំងឡាយចូរមកណេះ នៅជិតគល់ឈើនោះ មានបព្វជិតមួយអង្គគង់នៅ ទាន់ពេល ព្រះរាជាមិនទាន់តើន ពួកយើងនឹងទៅអង្គុយស្ដាប់ធម្មកថាខ្លះ ក្នុងសម្នាក់បព្វជិតនោះ បបួលគ្នាដូច្នេះហើយ ក៏នាំគ្នាទៅថ្វាយបង្គំ អង្គុយចោមរោមតាបស រួចពោលថា សូម លោកម្ចាស់សម្ដែងអ្វីដែលគួរ ដល់ខ្ញុំម្ចាស់ទាំងឡាយ ។ ព្រះពោធិសត្វក៏សម្ដែងធម៌ដល់ពួកនាងទាំងនោះ ។ លំដាប់នោះ ស្ត្រីដែលព្រះរាជាផ្ទំកើយនោះ កម្រើកភ្លៅ បណ្ដាលឲ្យព្រះរាជាភ្ញាក់ ឡើង ។ បន្ទាប់ពីភ្ញាក់ហើយ ព្រះរាជាមិនឃើញស្ត្រីទាំងឡាយ ទ្រង់សួរថា តើពួកមេចង្រៃទៅណា អស់ហើយ ។ស្រ្តីនោះក្រាបទូលថា បពិត្រមហារាជ ស្ត្រីទាំងនោះទៅអង្គុយ ចោមរោមតាបស មួយអង្គ ។ព្រះរាជាក្រោធ ហើយចាប់ព្រះខាន់ យាងទៅយ៉ាងលឿន ដោយត្រាស់ថា អញ នឹងប្រដៅជដិលកោងនោះឲ្យដឹងដៃម្ដង ។ពេលនោះ ស្ត្រីទាំងឡាយឃើញព្រះរាជាយាងមកទាំងកំហឹង បណ្ដាស្រ្តីទាំងនោះ ស្ត្រីដែលស្និទ្ធស្នាលជាងគេ ទៅចាប់ដាវពីព្រះហស្តរបស់ព្រះរាជា លួងលោមព្រះរាជាឲ្យ ស្ងប់កំហឹង ។ព្រះរាជាយាងមកហើយ ឈរក្នុងសម្នាក់ព្រះពោធិសត្វ ត្រាស់សួរថា នែសមណៈ លោកជាវាទីអ្វី (មានវាទៈដូចម្ដេច) ? ព្រះពោធិសត្វទូលថា បពិត្រមហារាជ អាត្មាជាខន្តិវាទី (អ្នកពោលពីខន្តី) ។ព្រះរាជាសួរថា ឈ្មោះថា ខន្តីនោះ ជាអ្វី ?ព្រះមហាសត្វទូលថា សេចក្ដីមិនក្រោធ ក្នុងបុគ្គលដែលជេរ ក្នុងបុគ្គលផ្ដាសា និងក្នុងបុគ្គលដែលវាយប្រហារ (មកលើខ្លួន) ។ស្ដេចកលាពុត្រាស់ថា ឥឡូវនេះ យើងនឹងមើលនូវភាពនៃការមានខន្តីរបស់អ្នក ។ ព្រះរាជាត្រាស់ដូច្នេះហើយបង្គាប់ឲ្យគេហៅចោរឃាតក ។ ពេជ្ឈឃាដនោះ ដោយ ចារិត្តរបស់ខ្លួន គេកាន់ពូថៅ និងរំពាត់ខ្សែតីដែលមានបន្លា ស្លៀកសំពត់កាសាយៈ ទ្រទ្រង់ កម្រងផ្កាក្រហម មកថ្វាយបង្គំព្រះរាជា សួរថា បពិត្រព្រះសម្មតិទេព តើឲ្យទូលបង្គំធ្វើអ្វី? ព្រះរាជាត្រាស់ថា ឯងចូរចាប់តាបសចោរដ៏គម្រក់នេះ ទាញទៅផ្ដួលលើដី យក រំពាត់ខ្សែតី វាយ ២០០០ ខ្វាប់ ក្នុងចំណែកទាំង ៤ គឺពីខាងមុខ ពីក្រោយ និងសងខាង ។អ្នកសម្លាប់ចោរក៏ធ្វើយ៉ាងនោះ ។ ព្រះពោធិសត្វរលាត់ស្បែកសម្បុរថ្ងៃ និងស្បែក ដាច់សាច់ ហូរឈាម ។ព្រះរាជាត្រាស់សួរព្រះពោធិសត្វម្ដងទៀតថា នែភិក្ខុ លោកជាវាទីអ្វី ? ខន្តិវាទីតាបសទូលថា បពិត្រមហារាជ អាត្មាជាខន្តិវាទី ។ ព្រះមហាសត្វពោលទៀតថា ព្រះអង្គសម្គាល់ថា ខន្តីនៅក្នុងចន្លោះស្បែករបស់អាត្មាឬ ខន្តីមិនមានក្នុងចន្លោះ ស្បែករបស់អាត្មាទេ ព្រះអង្គមិនអាចទតឃើញឡើយ ខន្តីនោះឋិតនៅក្នុងចន្លោះបេះដូង អាត្មា ។ ពេជ្ឈឃាដទូលសួរព្រះរាជាទៀតថា តើទូលបង្គំធ្វើដូចម្ដេច ?ព្រះរាជាត្រាស់ថា ឯងចូរ​កាត់​ដៃទាំងពីររបស់ជដិលកោងនេះ ។ ចោរឃាតករនោះកាន់ពូថៅ ចាប់ដៃតាបសដាក់លើកំណាត់ឈើ ហើយកាត់ដៃព្រះពោធិសត្វ ។ បន្ទាប់មក ព្រះរាជាត្រាស់បង្គាប់ទៀតថា ចូរឲ្យកាត់ជើងទាំងពីរ, ចោរឃាតកក៏កាត់ជើង ។ ឈាមហូរចេញពីចុងដៃនិងចុងជើង បីដូចទឹកល័ក្ត (ពណ៌ក្រហម) ហូរ ចេញអំពីប្រហោងឆ្នាំង ។ ស្ដេចកលាពុត្រាស់សួរតាបសម្ដងទៀតថា តើអ្នកជាវាទីអ្វី ? ខន្តិវាទីតាបសពោធិសត្វទូលថា បពិត្រមហារាជ អាត្មាភាពជាខន្តិវាទី ព្រះអង្គ សម្គាល់ថា ខន្តីមាននៅនឹងចុងដៃនិងចុងជើងរបស់អាត្មាឬ ខន្តីមិនមាននៅទីនោះទេខន្តីរបស់អាត្មា ឋិតនៅក្នុងទីជ្រៅណាស់ ។ ព្រះរាជាត្រាស់បញ្ជាពេជ្ឈឃាដថា ឯងចូរកាត់ត្រចៀកនិងច្រមុះតាបសនេះ ។ ចោរឃាតកនោះបានកាត់ត្រចៀកនិងច្រមុះរបស់ព្រះតាបស ។ ខ្លួនប្រាណទាំងអស់ របស់ព្រះពោធិសត្វ ប្រឡាក់ទៅដោយឈាម ។ ព្រះរាជាត្រាស់សួរព្រះមហាសត្វម្ដងទៀតថា តើលោកជាវាទីអ្វី ?ព្រះមហាសត្វទូលថា បពិត្រមហារាជ អាត្មាភាពជាខន្តិវាទី ។ ព្រះអង្គកុំសម្គាល់ ថា ខន្តីនៅចុងត្រចៀកនិងច្រមុះឲ្យសោះ ខន្តីរបស់អាត្មាតាំងនៅក្នុងចន្លោះ បេះដូង ដ៏ជ្រោះ ។ ព្រះរាជាត្រាស់ថា នែជដិលកោង ចូរអង្គុយលើកខន្តីរបស់អ្នកចុះ ត្រាស់ហើយ ព្រះរាជាធាក់ដើមទ្រូងតាបសមួយជើង រួចទ្រង់យាងចេញទៅ ។ ពេលព្រះរាជាយាងទៅហើយ សេនាបតីបានទៅជូតឈាមពីសរីរៈ របស់ ព្រះពោធិសត្វ ដោះសំពត់មករុំរបួសចុងដៃ ចុងជើង ត្រចៀក និងច្រមុះ រួចលើក ព្រះពោធិសត្វឲ្យអង្គុយសន្សឹមៗ ថ្វាយបង្គំតាបសរួច អង្គុយទីដ៏សមគួរមួយ ហើយពោលថា បពិត្រលោកម្ចាស់ដ៏ចម្រើន បើលោកម្ចាស់ប្រាថ្នាក្រោធ សូមលោកម្ចាស់ក្រោធចំពោះតែព្រះរាជាមួយអង្គ ដែលទ្រង់បានធ្វើកំហុសចំពោះលោកម្ចាស់ លោកម្ចាស់កុំ ក្រោធអ្នកដទៃឡើយ ដូច្នេះហើយ កាលនឹងអង្វរតាបស ទើបពោលគាថាទី ១ ថា ៖ យោ តេ ហត្ថេ ច បាទេ ច, កណ្ណនាសញ្ច ឆេទយិ; តស្ស កុជ្ឈ មហាវីរ, មា រដ្ឋំ វិនសា ឥទំ។ បពិត្រលោកមានព្យាយាមធំ ព្រះរាជាណាកាត់ព្រះហស្តទាំងពីរក្ដី កាត់ព្រះបាទទាំងពីរក្ដី កាត់ត្រចៀកនិងច្រមុះក្ដី របស់លោក ខ្ញាល់ចំពោះបុគ្គលនោះចុះ សូមលោកកុំញ៉ាំងដែននេះឲ្យវិនាសឡើយ ។ បទថា មហាវីរ បានដល់ មហាវីរិយៈ ។ បទថា មា រដ្ឋំ វិនសា ឥទំ សេចក្ដីថា សូមលោកកុំញ៉ាំងកាសិរដ្ឋដែលមិនមានកំហុសនេះ ឲ្យវិនាសឡើយ ។ ព្រះពោធិសត្វស្ដាប់ពាក្យនោះហើយ ពោលគាថាទី ២ ថា យោ មេ ហត្ថេ ច បាទេ ច, កណ្ណនាសញ្ច ឆេទយិ; ចិរំ ជីវតុ សោ រាជា, ន ហិ កុជ្ឈន្តិ មាទិស។ ព្រះរាជាណា កាត់ដៃទំាងពីរក្ដី កាត់ជើងទាំងពីរក្ដី កាត់ត្រចៀកនិងច្រមុះក្ដី របស់អាត្មា សូមឲ្យព្រះរាជានោះ ទ្រង់មានព្រះជន្មយឺនយូរ ពួកអ្នកប្រាជ្ញដូចយ៉ាងអាត្មា មិនខឹងឡើយ ។ បទថា មាទិស (ដូចយ៉ាងអាត្មា) សេចក្ដីថា បណ្ឌិតដែលដល់ព្រមដោយខន្តិពលៈ ដូចយ៉ាងអាត្មា រមែងមិនក្រោធ (ដោយអាង) ថា អ្នកនេះបានជេរអញ ផ្ដាសាអញ វាយអញ កាប់អញ ទម្លាយអញ ដូច្នេះឡើយ ។ កាលព្រះរាជាយាងចេញពីឧទ្យាន គ្រាន់តែផុតពីក្រសែភ្នែក របស់ព្រះពោធិសត្វប៉ុណ្ណោះ មហាប្រឹថពីនេះដែលមានកម្រាស់ ២ សែន ៤ ម៉ឺន យោជន៍ បានបែករហែក បីដូចសំពត់ដែលគេដេរភ្លាត់, អណ្ដាតភ្លើងចេញពីអវិចីនរក ឆាបត្របាក់ចាប់យក ព្រះរាជា ហាក់ដូចត្រូវគេរុំដណ្ដប់ដោយសំពត់កម្ពលពណ៌ក្រហម ដែលជាអំណោយរបស់ ត្រកូល ។ ព្រះរាជានោះ ត្រូវផែនដីស្រូបនៅទៀបទ្វារឧទ្យាននោះឯង ហើយឋិតនៅក្នុង អវីចិមហានរក ។ សូម្បីព្រះពោធិសត្វក៏ធ្វើកាលកិរិយាក្នុងថ្ងៃនោះដែរ ។ រាជបរិស័ទ ទាំងឡាយ និងអ្នកនគរទាំងឡាយមានដៃកាន់គ្រឿងក្រអូប ផ្កាកម្រង និងធូប នាំគ្នាមក ហើយធ្វើសរីរកិច្ចរបស់ព្រះពោធិសត្វ ។ ចំណែកអាចារ្យពួកខ្លះពោលថា ព្រះពោធិសត្វ ទៅព្រៃហិមពាន្តវិញ ។ តែពាក្យនោះ មិនពិតទេ ។ ព្រះសាស្ដាត្រាស់អភិសម្ពុទ្ធគាថាពីរនេះថា អហូ អតីតមទ្ធានំ, សមណោ ខន្តិទីបនោ; តំ ខន្តិយាយេវ ឋិតំ, កាសិរាជា អឆេទយិ។ សមណៈ ជាអ្នកសំដែងនូវខន្តី មានហើយក្នុងអតីតកាល ព្រះបាទកាសី ទ្រង់ត្រាស់ឲ្យចោរឃាតកបុរសសម្លាប់សមណៈនោះ អ្នកតាំងនៅក្នុងខន្តី ។ តស្ស កម្មផរុសស្ស, វិបាកោ កដុកោ អហុ; យំ កាសិរាជា វេទេសិ, និរយម្ហិ សមប្បិតោ។ ព្រះបាទកាសី តាំងនៅក្នុងនរក សោយនូវផលនៃកម្មណា ផលនៃកម្មអាក្រក់នោះ ជាផលក្ដៅក្រហាយ ។ បទថា អតីតមទ្ធានំ សេចក្ដីថា ក្នុងអតីតកាលដ៏យូរលង់ណាស់ហើយ ។ បទថា ខន្តិទីបនោ សេចក្ដីថា អ្នកពណ៌នាអំពីអធិវាសនខន្តី (ការប៉ិនអត់ទ្រាំយ៉ាងក្រៃលែង, ខន្តីមានកម្លាំង, ខន្តីយ៉ាងឧក្រិដ្ឋ ) ។ បទថា អឆេទយិ សេចក្ដីថា ឲ្យចោរឃាតកសម្លាប់ ។ ចំណែកអាចារ្យពួកខ្លះពោលថា ដៃ ជើង ត្រចៀក និងច្រមុះរបស់ព្រះពោធិសត្វ ត្រូវបានតភ្ជាប់វិញ ។ សូម្បីពាក្យនោះក៏មិនពិតដែរ ។ បទថា សមប្បិតោ បានដល់ តាំងនៅ ។ ព្រះសាស្ដានាំធម្មទេសនានេះមកហើយ ទ្រង់ប្រកាសសច្ចធម៌ និងប្រជុំជាតក ទីបញ្ចប់នៃសច្ចធម៌ ភិក្ខុអ្នកក្រោធនោះ បានតាំងនៅក្នុងអនាគាមិផល ចំណែកជនដទៃ ច្រើនទៀតបានសម្រេចសោតាបត្តិផលជាដើម ។ តទា កលាពុរាជា ទេវទត្តោ អហោសិ ស្ដេចកលាពុក្នុងកាលនោះបានមក ជាទេវទត្ត សេនាបតិ សារិបុត្តោ សេនាបតីបានមកជាសារីបុត្រ ខន្តិវាទី តាបសោ បន អហមេវ អហោសិំ ចំណែកខន្តិវាទីតាបស គឺតថាគតនេះឯង ។ ខន្តិវាទីជាតក ៕ (ជាតកដ្ឋកថា សុត្តន្តបិដក ខុទ្ទកនិកាយ ជាតក ចតុក្កនិបាត បុចិមន្ទវគ្គ បិដកលេខ ៥៨ ទំព័រ ១៩៩) ថ្ងៃ ពុធ ១០ កើត ខែភទ្របទ ឆ្នាំច សំរិទ្ធិស័ក ច.ស. ១៣៨០ ម.ស. ១៩៤០ ថ្ងៃទី ១៩ ខែ កញ្ញា ព.ស. ២៥៦២ គ.ស.២០១៨ ដោយស.ដ.វ.ថ. ដោយ៥០០០ឆ្នាំ
វីដេអូធម៌តាមហ្វេសប៊ុក
៥០០០ឆ្នាំ ស្ថាបនាក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
បិទ
ទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ABA 000 185 807
   ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំ  ដើម្បីយើងមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987   ✿ ✿ ✿ ខាងក្រោមនេះជា នាមអ្នកមានឧបការៈចំពោះការផ្សាយ៥០០០ឆ្នាំ ជាប្រចាំ ៖  ✿  ឧបាសិកា កាំង ហ្គិចណៃ 2022 ✿  ឧបាសក ធី សុរ៉ិល ឧបាសិកា គង់ ជីវី ព្រមទាំងបុត្រាទាំងពីរ ✿  ឧបាសិកា អ៊ា-ហុី ឆេងអាយ (ស្វីស) 2022✿  ឧបាសិកា គង់-អ៊ា គីមហេង(ជាកូនស្រី, រស់នៅប្រទេសស្វីស) 2022✿  លោកទំទាវ ឧបាសិកា សុង ធីតា ជួយជាប្រចាំខែ 2022✿  ឧបាសិកា សុង ចន្ថា និង លោក អ៉ីវ វិសាល ព្រមទាំងក្រុមគ្រួសារទាំងមូលមានដូចជាៈ 2022 ✿  ( ឧបាសក ទា សុង និងឧបាសិកា ង៉ោ ចាន់ខេង ✿  លោក សុង ណារិទ្ធ ✿  លោកស្រី ស៊ូ លីណៃ និង លោកស្រី រិទ្ធ សុវណ្ណាវី  ✿  លោក វិទ្ធ គឹមហុង ✿  លោក សាល វិសិដ្ឋ អ្នកស្រី តៃ ជឹហៀង ✿  លោក សាល វិស្សុត និង លោក​ស្រី ថាង ជឹង​ជិន ✿  លោក លឹម សេង ឧបាសិកា ឡេង ចាន់​ហួរ​ ✿  កញ្ញា លឹម​ រីណេត និង លោក លឹម គឹម​អាន ✿  លោក សុង សេង ​និង លោកស្រី សុក ផាន់ណា​ ✿  លោកស្រី សុង ដា​លីន និង លោកស្រី សុង​ ដា​ណេ​  ✿  លោក​ ទា​ គីម​ហរ​ អ្នក​ស្រី ង៉ោ ពៅ ✿  កញ្ញា ទា​ គុយ​ហួរ​ កញ្ញា ទា លីហួរ ✿  កញ្ញា ទា ភិច​ហួរ ) ✿  ឧបាសិកា ណៃ ឡាង និងក្រុមគ្រួសារកូនចៅ មានដូចជាៈ (ឧបាសិកា ណៃ ឡាយ និង ជឹង ចាយហេង  ✿  ជឹង ហ្គេចរ៉ុង និង ស្វាមីព្រមទាំងបុត្រ  ✿ ជឹង ហ្គេចគាង និង ស្វាមីព្រមទាំងបុត្រ ✿   ជឹង ងួនឃាង និងកូន  ✿  ជឹង ងួនសេង និងភរិយាបុត្រ ✿  ជឹង ងួនហ៊ាង និងភរិយាបុត្រ)  2022 ✿  ឧបាសិកា ទេព សុគីម 2022 ✿  ឧបាសក ឌុក សារូ 2022 ✿  ឧបាសិកា សួស សំអូន និងកូនស្រី ឧបាសិកា ឡុងសុវណ្ណារី 2022 ✿  លោកជំទាវ ចាន់ លាង និង ឧកញ៉ា សុខ សុខា 2022 ✿  ឧបាសិកា ទីម សុគន្ធ 2022 ✿   ឧបាសក ពេជ្រ សារ៉ាន់ និង ឧបាសិកា ស៊ុយ យូអាន 2022 ✿  ឧបាសក សារុន វ៉ុន & ឧបាសិកា ទូច នីតា ព្រមទាំងអ្នកម្តាយ កូនចៅ កោះហាវ៉ៃ (អាមេរិក) 2022 ✿  ឧបាសិកា ចាំង ដាលី (ម្ចាស់រោងពុម្ពគីមឡុង)​ 2022 ✿  លោកវេជ្ជបណ្ឌិត ម៉ៅ សុខ 2022 ✿  ឧបាសក ង៉ាន់ សិរីវុធ និងភរិយា 2022 ✿  ឧបាសិកា គង់ សារឿង និង ឧបាសក រស់ សារ៉េន  ព្រមទាំងកូនចៅ 2022 ✿  ឧបាសិកា ហុក ណារី និងស្វាមី 2022 ✿  ឧបាសិកា ហុង គីមស៊ែ 2022 ✿  ឧបាសិកា រស់ ជិន 2022 ✿  Mr. Maden Yim and Mrs Saran Seng  ✿  ភិក្ខុ សេង រិទ្ធី 2022 ✿  ឧបាសិកា រស់ វី 2022 ✿  ឧបាសិកា ប៉ុម សារុន 2022 ✿  ឧបាសិកា សន ម៉ិច 2022 ✿  ឃុន លី នៅបារាំង 2022 ✿  ឧបាសិកា នា អ៊ន់ (កូនលោកយាយ ផេង មួយ) ព្រមទាំងកូនចៅ 2022 ✿  ឧបាសិកា លាង វួច  2022 ✿  ឧបាសិកា ពេជ្រ ប៊ិនបុប្ផា ហៅឧបាសិកា មុទិតា និងស្វាមី ព្រមទាំងបុត្រ  2022 ✿  ឧបាសិកា សុជាតា ធូ  2022 ✿  ឧបាសិកា ស្រី បូរ៉ាន់ 2022 ✿  ឧបាសិកា ស៊ីម ឃី 2022 ✿  ឧបាសិកា ចាប ស៊ីនហេង 2022 ✿  ឧបាសិកា ងួន សាន 2022 ✿  ឧបាសក ដាក ឃុន  ឧបាសិកា អ៊ុង ផល ព្រមទាំងកូនចៅ 2022 ✿  ឧបាសិកា ឈង ម៉ាក់នី ឧបាសក រស់ សំណាង និងកូនចៅ  2022 ✿  ឧបាសក ឈង សុីវណ្ណថា ឧបាសិកា តឺក សុខឆេង និងកូន 2022 ✿  ឧបាសិកា អុឹង រិទ្ធារី និង ឧបាសក ប៊ូ ហោនាង ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសិកា ទីន ឈីវ (Tiv Chhin)  2022 ✿  ឧបាសិកា បាក់​ ថេងគាង ​2022 ✿  ឧបាសិកា ទូច ផានី និង ស្វាមី Leslie ព្រមទាំងបុត្រ  2022 ✿  ឧបាសិកា ពេជ្រ យ៉ែម ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសក តែ ប៊ុនគង់ និង ឧបាសិកា ថោង បូនី ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសិកា តាន់ ភីជូ ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសក យេម សំណាង និង ឧបាសិកា យេម ឡរ៉ា ព្រមទាំងបុត្រ  2022 ✿  ឧបាសក លី ឃី នឹង ឧបាសិកា  នីតា ស្រឿង ឃី  ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសិកា យ៉ក់ សុីម៉ូរ៉ា ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសិកា មុី ចាន់រ៉ាវី ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសិកា សេក ឆ វី ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសិកា តូវ នារីផល ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសក ឌៀប ថៃវ៉ាន់ 2022 ✿  ឧបាសក ទី ផេង និងភរិយា 2022 ✿  ឧបាសិកា ឆែ គាង 2022 ✿  ឧបាសិកា ទេព ច័ន្ទវណ្ណដា និង ឧបាសិកា ទេព ច័ន្ទសោភា  2022 ✿  ឧបាសក សោម រតនៈ និងភរិយា ព្រមទាំងបុត្រ  2022 ✿  ឧបាសិកា ច័ន្ទ បុប្ផាណា និងក្រុមគ្រួសារ 2022 ✿  ឧបាសិកា សំ សុកុណាលី និងស្វាមី ព្រមទាំងបុត្រ  2022 ✿  លោកម្ចាស់ ឆាយ សុវណ្ណ នៅអាមេរិក 2022 ✿  ឧបាសិកា យ៉ុង វុត្ថារី 2022 ✿  លោក ចាប គឹមឆេង និងភរិយា សុខ ផានី ព្រមទាំងក្រុមគ្រួសារ 2022 ✿  ឧបាសក ហ៊ីង-ចម្រើន និង​ឧបាសិកា សោម-គន្ធា 2022 ✿  ឩបាសក មុយ គៀង និង ឩបាសិកា ឡោ សុខឃៀន ព្រមទាំងកូនចៅ  2022 ✿  ឧបាសិកា ម៉ម ផល្លី និង ស្វាមី ព្រមទាំងបុត្រី ឆេង សុជាតា 2022 ✿  លោក អ៊ឹង ឆៃស្រ៊ុន និងភរិយា ឡុង សុភាព ព្រមទាំង​បុត្រ 2022 ✿  ឧបាសិកា លី យក់ខេន និងកូនចៅ 2022 ✿   ឧបាសិកា អូយ មិនា និង ឧបាសិកា គាត ដន 2022 ✿  ឧបាសិកា ខេង ច័ន្ទលីណា 2022 ✿  ឧបាសិកា ជូ ឆេងហោ 2022 ✿  ឧបាសក ប៉ក់ សូត្រ ឧបាសិកា លឹម ណៃហៀង ឧបាសិកា ប៉ក់ សុភាព ព្រមទាំង​កូនចៅ  2022 ✿  ឧបាសិកា ពាញ ម៉ាល័យ និង ឧបាសិកា អែប ផាន់ស៊ី  ✿  ឧបាសិកា ស្រី ខ្មែរ  ✿  ឧបាសក ស្តើង ជា និងឧបាសិកា គ្រួច រាសី  ✿  ឧបាសក ឧបាសក ឡាំ លីម៉េង ✿  ឧបាសក ឆុំ សាវឿន  ✿  ឧបាសិកា ហេ ហ៊ន ព្រមទាំងកូនចៅ ចៅទួត និងមិត្តព្រះធម៌ និងឧបាសក កែវ រស្មី និងឧបាសិកា នាង សុខា ព្រមទាំងកូនចៅ ✿  ឧបាសក ទិត្យ ជ្រៀ នឹង ឧបាសិកា គុយ ស្រេង ព្រមទាំងកូនចៅ ✿  ឧបាសិកា សំ ចន្ថា និងក្រុមគ្រួសារ ✿  ឧបាសក ធៀម ទូច និង ឧបាសិកា ហែម ផល្លី 2022 ✿  ឧបាសក មុយ គៀង និងឧបាសិកា ឡោ សុខឃៀន ព្រមទាំងកូនចៅ ✿  អ្នកស្រី វ៉ាន់ សុភា ✿  ឧបាសិកា ឃី សុគន្ធី ✿  ឧបាសក ហេង ឡុង  ✿  ឧបាសិកា កែវ សារិទ្ធ 2022 ✿  ឧបាសិកា រាជ ការ៉ានីនាថ 2022 ✿  ឧបាសិកា សេង ដារ៉ារ៉ូហ្សា ✿  ឧបាសិកា ម៉ារី កែវមុនី ✿  ឧបាសក ហេង សុភា  ✿  ឧបាសក ផត សុខម នៅអាមេរិក  ✿  ឧបាសិកា ភូ នាវ ព្រមទាំងកូនចៅ ✿  ក្រុម ឧបាសិកា ស្រ៊ុន កែវ  និង ឧបាសិកា សុខ សាឡី ព្រមទាំងកូនចៅ និង ឧបាសិកា អាត់ សុវណ្ណ និង  ឧបាសក សុខ ហេងមាន 2022 ✿  លោកតា ផុន យ៉ុង និង លោកយាយ ប៊ូ ប៉ិច ✿  ឧបាសិកា មុត មាណវី ✿  ឧបាសក ទិត្យ ជ្រៀ ឧបាសិកា គុយ ស្រេង ព្រមទាំងកូនចៅ ✿  តាន់ កុសល  ជឹង ហ្គិចគាង ✿  ចាយ ហេង & ណៃ ឡាង ✿  សុខ សុភ័ក្រ ជឹង ហ្គិចរ៉ុង ✿  ឧបាសក កាន់ គង់ ឧបាសិកា ជីវ យួម ព្រមទាំងបុត្រនិង ចៅ ។  សូមអរព្រះគុណ និង សូមអរគុណ ។...       ✿  ✿  ✿