ថ្ងៃ ច័ន្ទ ទី ១១ ខែ ធ្នូ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១  
ស្តាប់ព្រះធម៌ (Mp3)
ស្តាប់ការអានព្រះត្រៃបិដក (Mp3)
ស្តាប់​ការបង្រៀនព្រះធម៌ (Mp3)
ស្តាប់​ការអាន​សៀវ​ភៅ​ធម៌​ (Mp3)
កម្រងធម៌​សូត្រ​ផ្សេង​ៗ (Mp3)
កំណាព្យ និង ស្មូត្រ (Mp3)
ព្រះពុទ្ធសាសនា និងសង្គម (Mp3)
បន្ទុកសៀវភៅ (eBook)
បន្ទុកវីដេអូ (Video)
ទើបស្តាប់/អានរួច
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ វត្តគល់ទទឹង
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុ The Buddhist
ទីតាំងៈ សហរដ្ឋអាមេរិក
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តម្រោម
ទីតាំងៈ ខេត្តកំពត
ម៉ោងផ្សាយៈ ០៤.០០​​​ - ២២.០០
វិទ្យុមង្គលបញ្ញា
ទីតាំងៈ ខេត្តកំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
តំណគួរកត់សម្គាល់
សមាជិកទើបចូល (អម្បាញ់មិញ)
ទិន្នន័យសរុបនៃការចុចចូល៥០០០ឆ្នាំ
ថ្ងៃនេះ ២៤,៦៤១
Today
ថ្ងៃម្សិលមិញ ៦១,០៥៩
ខែនេះ ៧១០,៧៤៣
សរុប ៥២,៥០៧,៣៥០
free counters
កំពុងទស្សនា ចំនួន
ប្រកាសថ្មីៗ សៀវភៅធម៌ សំឡេងធម៌ វីដេអូធម៌
images/articles/2759/dfcdfvdvx.jpg
ផ្សាយ : ០៩ ធ្នូ ឆ្នាំ២០១៧ (អាន: ៥១ ដង)
សម័យ​​មួយ ព្រះដ៏មាន​​ព្រះភាគ ទ្រង់​​គង់​​ប្រថាប់​​នៅ​​នា​បុព្វារាម ឰ​ដ៏​មិគារ​មាតុ​ប្រាសាទ ជិត​ក្រុង​សាវត្ថី ។ គ្រា​នោះ​ឯង គណកមោគ្គល្លានព្រាហ្មណ៍ បាន​ចូល​គាល់​ព្រះដ៏មាន​ព្រះភាគ ហើយ​ក្រាប​ទូល​សួរ​អំពី អនុបុព្វសិក្ខា ការ​សិក្សា​ជា​លំដាប់ អនុបុព្វកិរិយា ការ​ធ្វើ​ជា​លំដាប់ និង អនុបុព្វប្បដិបទា ការ​ដែល​មាន​បដិបទា​ជា​លំដាប់ ក្នុង​ធម្មវិន័យ​នេះ ។ ព្រះដ៏មាន​ព្រះភាគ ទ្រង់​ត្រាស់​សម្ដែង​ប្រៀប​ទៅ​នឹង​ការ​ចង្អុល​បង្ហាញ​ប្រាប់​ផ្លូវ ដែល​មាន​ខ្លឹម​សារ​នៅ​ក្នុង​ព្រះសូត្រ បាន​ធ្វើ​ឱ្យ​ព្រាហ្មណ៍​ស្ដាប់​យល់ ព្រម​ដោយ​សេចក្ដី​ជ្រះ​ថ្លា ហើយ​បាន​ពោល​ពាក្យ​ដ៏​ពីរោះ អនុមោទនា​ព្រះធម៌ទេសនា ដែល​មាន​ខ្លឹម​សារ​ទាំង​ស្រុង​ដូច​ត​ទៅ ៖ កាល​បើ​ព្រះដ៏មាន​ព្រះភាគ ទ្រង់​មាន​ព្រះពុទ្ធ​ដី​កា​យ៉ាង​នេះ​ហើយ គណកមោគ្គល្លានព្រាហ្មណ៍ ក៏​ក្រាប​បង្គំ​ទូល​ព្រះមានព្រះ​ភាគ​ដូច្នេះ​ថា បពិត្រ​ព្រះគោតម​ដ៏​ចម្រើន បុគ្គល​ទាំង​ឡាយ​ណា ជាអ្នក​មិន​មាន​សទ្ធា ត្រូវ​ការ​តែ​ចិញ្ចឹម​ជីវិត ចេញ​ចាក​ផ្ទះ​ទៅ​ចូល​កាន់​ផ្នួស ជា​អ្នក​លេង ជា​អ្នក​បិទ​បាំង​ទោស​ខ្លួន ជា​អ្នក​បញ្ឆោត ជា​អ្នក​មាន​ចិត្ត​រាយ​មាយ មាន​មានះ​ដុះ​ឡើង មាន​ចិត្ត​ឃ្លេង​ឃ្លោង មាន​មាត់​រឹង មាន​វា​ចា​រោយរាយ មិន​បាន​រក្សា​ទ្វារ ក្នុង​ឥន្ទ្រិយ​ទាំង​ឡាយ មិន​ដឹង​ប្រមាណ​ក្នុង​ភោជន មិន​ប្រកប​រឿយៗ នូវ​សេចក្ដី​ភ្ញាក់​រលឹក មិន​រមិល​មើល ក្នុង​សមណធម៌ ( ផ្នួស ) មិន​មាន​ការ​គោរព​ដ៏​ក្លៀវក្លា​ក្នុង​សិក្ខា ជា​អ្នក​ល្មោភ​ច្រើន ជា​អ្នក​ប្រព្រឹត្តធូរ ជា​ប្រធាន​ក្នុង​ការ​បន្ធូរ​បន្ថយ​ព្យាយាម ដាក់​ធុរៈ​ចោល​ក្នុង​ទី​ស្ងាត់ ជា​អ្នក​ខ្ជិល​ច្រអូស មាន​ព្យាយាម​ក្នុង​អំពើ​ថោក​ទាប ភ្លេច​ស្មារតី មិន​ដឹង​ខ្លួន មាន​ចិត្ត​មិន​បាន​តម្កល់​មាំ មាន​ចិត្ត​វិល​ខុស ឥតបញ្ញា ជា​អ្នក​ល្ងង់​ខ្លៅ ព្រះគោតម​ដ៏​ចម្រើន មិន​បាន​នៅ​រួម​ជា​មួយ​នឹង​បុគ្គល​ទាំង​នោះ​ទេ ។ ឯ​កុលបុត្រ​ទាំង​ឡាយ​ណា ដែល​ចេញ​ចាក​ផ្ទះ​ចូល​ទៅ​កាន់​ផ្នួស ដោយ​សទ្ធា មិន​ជា​អ្នក​លេង មិន​បាន​បិទបាំង​ទោស​ខ្លួន មិន​ជា​អ្នក​បញ្ឆោត មាន​ចិត្ត​មិន​បាន​រាយ​មាយ មិន​មាន​មានះ​ដុះ​ឡើង មិន​មាន​ចិត្ត​ឃ្លេង​ឃ្លោង មិន​មាន​មាត់​រឹង មិន​មាន​វាចា​រោយរាយ ជា​អ្នក​រក្សា​ទ្វារ​ក្នុង​ឥន្ទ្រិយ​ទាំង​ឡាយ ជា​អ្នក​ដឹង​ប្រមាណ​ក្នុង​ភោជន ប្រកប​រឿយៗ នូវ​សេចក្ដី​ភ្ញាក់​រលឹក ជា​អ្នក​រមិល​មើល​ក្នុង​សមណធម៌ មាន​សេចក្ដី​គោរព​ដ៏​ក្លៀវក្លា​ក្នុង​សិក្ខា មិន​ជា​អ្នក​ល្មោភ​ច្រើន មិន​បាន​ប្រព្រឹត្ត​ធូរ ដាក់​ធុរៈ​ក្នុង​ការ​បន្ធូរ​បន្ថយ​ព្យាយាម​ចោល ជា​ប្រធាន​ក្នុង​ទី​ស្ងាត់ មាន​ព្យាយាម​តឹង​តែង មាន​ចិត្ត​បញ្ជូន​ទៅ​កាន់​ព្រះនិព្វាន មាន​សតិ​តម្កល់​ខ្ជាប់ ដឹង​ខ្លួន មាន​ចិត្ត​តម្កល់​មាំ មាន​ចិត្ត​ប្រកប​ដោយ​អារម្មណ៍​តែ​មួយ មាន​បញ្ញា មិន​ល្ងង់​ខ្លៅ ព្រះគោតម​ដ៏​ចម្រើន រមែង​នៅ​រួម​ជា​មួយ​នឹង​កុលបុត្រ​ទាំង​នោះ ។ បពិត្រ​ព្រះគោតម​ដ៏​ចម្រើន ដូច​ជា​ក្លិន​នៃ​ឫស ឬ​មើម ណា​នី​មួយ ឫសស្គា ប្រាកដ​ជា​ប្រសើរ​ជាង​ក្លិន​នៃ​ឫសឬ​មើម ទាំង​អម្បាល​នោះ ក្លិន​នៃ​ខ្លឹម ណា​នី​មួយ ខ្លឹម​ចន្ទន៍​ក្រហម ប្រាកដ​ជា​ប្រសើរ​ជាង​ក្លិន​នៃ​ខ្លឹម ទាំង​អម្បាល​នោះ ក្លិន​ផ្កា​ណា​មួយ ផ្កា​ម្លិះ​លា ប្រាកដ​ជា​ប្រសើរ​ជាង​ក្លិន​នៃ​ផ្កា​ទាំង​អម្បាល​នោះ យ៉ាង​ណា​មិញ ឱវាទ​របស់​ព្រះគោតម​ដ៏​ចម្រើន ក្នុង​ធម៌​ជា​គ្រឿង​ដុស​ខាត់​ចិត្ត​នៃ​សត្វ​ដទៃ ( ឱ្យស្អាត ) ក៏​យ៉ាង​នោះ​ឯង បពិត្រ​ព្រះគោតម​ដ៏​ចម្រើន ភាសិត​របស់​ព្រះអង្គ​ច្បាស់​ពេក​ណាស់ បពិត្រ​ព្រះគោតម​ដ៏​ចម្រើន ដូច​បុគ្គល​ផ្ងារ​ឡើង​នូវ​វត្ថុ​ដែល​ផ្កាប់ ឬ​បើក​នូវ​វត្ថុ​ដែល​គេ​បិទ​បាំង ពុំ​នោះ ដូច​គេ​ប្រាប់​ផ្លូវ​ដល់​មនុស្ស​ដែល​វង្វេង​ផ្លូវ ពុំ​នោះ​សោត ដូច​គេ​ទ្រោល​ប្រទីប​ប្រេង បំភ្លឺ​ក្នុង​ទី​ងងឹត ដោយ​គិត​ថា បុរស​អ្នក​មាន​ភ្នែក​រមែង​មើល​ឃើញ​រូប​ទាំង​ឡាយ​បាន យ៉ាង​ណា​មិញ ធម៌​ដែល​ព្រះគោតម​ដ៏​ចម្រើន ទ្រង់​សម្ដែង​ហើយ ដោយ​អនេក​បរិយាយ ក៏​យ៉ាង​នោះ​ឯង ខ្ញុំ​ព្រះអង្គ​សូម​ដល់​នូវព្រះគោតម​ដ៏​ចម្រើន ទាំង​ព្រះធម៌ ទាំង​ព្រះភិក្ខុ​សង្ឃ ជាទី​ពឹង​ទី​រលឹក សូម​ព្រះគោតម​ដ៏​ចម្រើន ចាំ​ទុក​នូវ​ខ្ញុំ​ព្រះអង្គ ថា​ជា​ឧបាសក អ្នក​ដល់​នូវ​សរណៈ ស្មើ​ដោយ​ជីវិត ក្នុង​កាល​មាន​ថ្ងៃ​នេះ​ជា​ដើម​ទៅ ។ ដកស្រង់ពីសៀវភៅ សិក្សាព្រះសូត្រ ភាគទី១៣ ដោយ៥០០០ឆ្នាំ
images/articles/2758/dgvgcvsdzfcve.jpg
ផ្សាយ : ០៩ ធ្នូ ឆ្នាំ២០១៧ (អាន: ៥៩ ដង)
សម័យ​មួយ ព្រះដ៏មាន​ព្រះភាគ ស្ដេច​គង់​នៅ​ក្នុង​កូដាគារសាលា នាមហាវ័ន ជិត​ក្រុងវេសាលី ។ សម័យ​នោះ​ឯង មាន​ភិក្ខុ​ច្រើន​អង្គ ប្រកាស​អរហត្ត​ផល​ក្នុង​សម្នាក់​ព្រះដ៏មាន​ព្រះភាគ ហើយ​សុនក្ខត្តលិច្ឆវិបុត្ត បាន​ចូល​ទូល​សួរ​បញ្ហា​នឹង​ព្រះដ៏មាន​ព្រះភាគ​ថា បពិត្រ​ព្រះអង្គ​ដ៏​ចម្រើន ភិក្ខុ​ទាំង​នោះ បាន​ប្រកាស​ព្រះអរហត្តផល ដោយ​ប្រពៃ​មែន​ពិត ឬ​ថា មាន​ភិក្ខុ​ពួក​ខ្លះ​ក្នុង​ចំណោម​នេះ បាន​ប្រកាស​ព្រះអរហត្តផល​ដោយ​អធិមានះ គឺ​គ្រាន់​តែ​សម្គាល់​ថា​ខ្លួន​បាន​សម្រេច​ប៉ុណ្ណោះ​ទេ ។ អធិមានះ គឺ​បុថុជ្ជន​ដែល​ចម្រើន​សមថវិបស្សនា ហើយ​មាន​សេចក្ដី​សម្គាល់​ក្នុង​ធម៌​លោកុត្តរៈ ដែល​ខ្លួន​មិន​ទាន់​បាន​សម្រេច ថា​បាន​សម្រេច​ហើយ ។ ព្រះដ៏មាន​ព្រះភាគ ទ្រង់​ទទួល​ថា​មាន​ដូច្នោះ​មែន ក្នុង​រឿង​នេះ ព្រះអង្គ​ទ្រង់​មាន​សេចក្ដី​ត្រិះរិះ​យ៉ាង​នេះ​ថា តថាគត​នឹង​សម្ដែងធម៌​ដល់​ភិក្ខុ​នោះ ធ្វើ​ឱ្យ​បរិសុទ្ធ ឱ្យ​ពិត​ប្រាកដ ។ ជា​បន្ត ព្រះដ៏មាន​ព្រះភាគ ទ្រង់​ត្រាស់​អំពី​ពួក​ភិក្ខុ​ដទៃ​ផ្សេង​ទៀត ដែល​មាន​នូវ​ឥច្ឆាចារ គឺ​មាន​ការ​ប្រាថ្នា​អាក្រក់​លាមក ជា​មោឃបុរស តាក់​តែង​បញ្ហា​ចូល​មក​រកតថាគត​ហើយ មិន​បាន​ចេះ​ដឹង​ក្នុង​បញ្ហា​នោះ ក៏​ធ្វើ​ដូច​ជា​ចេះ​ដឹង មិន​បាន​សម្រេច​គុណ​វិសេស ធ្វើ​ដូច​ជា​បាន​សម្រេច ត្រាច់​ទៅ​តាម​ស្រុក​និគម ពោល​អួត​នូវ​គុណ​វិសេស​ដែល​មិន​មាន​ក្នុង​ខ្លួន ប្រព្រឹត្ត​ទៅ​ដើម្បី​មិន​ជា​ប្រយោជន៍ នឹង​ជា​ទុក្ខ​ដល់​មោឃបុរស​នោះ អស់​កាល​ជា​អង្វែង ។ ក្នុង​រឿង​នេះ ព្រះតថាគត​ទ្រង់​ព្រះ​តម្រិះ​ថា តថាគត​នឹង​សម្ដែង​ធម៌​ដល់​ពួក​ភិក្ខុ​អ្នក​បដិបត្តិ ប្រព្រឹត្ត​ទៅ​ដើម្បី​ជា​ប្រយោជន៍​ដល់​ភិក្ខុ​ទាំង​នោះ ដោយ​ប្រការ​ដទៃ​ផ្សេង​អំពី​ពួក​ភិក្ខុ​ដែល​មាន​នូវ​អធិមានះ​នោះ ។ ព្រះដ៏មាន​ព្រះភាគ ទ្រង់​ត្រាស់​សម្ដែង​អំពី​កាម​គុណ ៥ និង​ឋានៈ​ដែល​នាំ​ឱ្យ​បុគ្គល​ពួក​ខ្លះ​ក្នុង​លោក​នេះ មាន​អធ្យាស្រ័យ​ឱន​ទៅ​រក​លោកាមិសៈ​រមែង​មាន ។ ពាក្យ​សម្ដី​របស់​បុគ្គល​ដែល​មាន​អធ្យាស្រ័យ​ឱន​ទៅ​រក​លោកាមិសៈ តែ​ហា​មាត់​និយាយ​ឡើង រមែង​រអិល​ធ្លាក់​ចូល​ទៅ​រក​កាម​គុណ​ផង គេ​តែង​ត្រិះរិះ​រឿយ​ៗ ប្រព្រឹត្ត​ទៅ​ក្នុង​កាម​គុណ​នោះ​ផង តែង​គប់​រក​និង​យក​ចិត្ត​ទុក​ដាក់​ចំពោះ​អ្នក​ដែល​មាន​សភាព​បែប​នោះ​ផង ចំណែក​ខាង​ពាក្យ​សម្ដី​ដែល​គេ​និយាយ​ប្រកប​ដោយ​អានេញ្ជសមាបត្តិ ( សមាបត្តិ​ដែល​មិន​ញាប់ញ័រ​នឹង​កាម​គុណ មិន​ញាប់​ញ័រ​នឹង​រូប មិន​ញាប់​ញ័រ​ដោយ​កិលេស ) បុគ្គល​នោះ មិន​ចង់​ស្ដាប់ មិន​ផ្ចង់​ត្រចៀក មិន​តាំង​ចិត្ត​ដើម្បី​ដឹង មិន​សេព​គប់ មិន​យក​ចិត្តទុក​ដាក់​ដោយ​សេចក្ដី​គោរព​ឡើយ ។ ព្រះដ៏មាន​ព្រះភាគ ទ្រង់​ត្រាស់​សម្ដែង​អំពី​ឋានៈ​ដែល​បុគ្គល​ពួក​ខ្លះ​ក្នុង​លោក មាន​អធ្យាស្រ័យ​ឱន​ទៅ​រក​អានេញ្ជសមាបត្តិ ឱន​ទៅ​រក​អាកិញ្ចញ្ញាយតនសមាបត្តិ ឱន​ទៅ​រក​នេវសញ្ញានាសញ្ញាយតនសមាបត្តិ និង​បុគ្គល​ពួក​ខ្លះ​ក្នុង​លោក​នេះ មាន​អធ្យាស្រ័យ​ឱន​ទៅ​រក​ព្រះនិព្វាន​ដោយ​ប្រពៃ ។ ពិត​មែន​តែ​មាន​អធ្យាស្រ័យ​ឱន​ទៅ​រក​ព្រះនិព្វាន​ដោយ​ប្រពៃ ប៉ុន្តែ​បើ​មិន​បដិបត្តិ​សង្រួម​ឥន្ទ្រិយ​ទេ រាគៈ​ក៏​គ្រប​សង្កត់​ចិត្ត ព្រោះ​ហេតុ​តែ​នៅ​មាន​អនុស័យ គឺ​កិលេស​ដែល​នៅ​មិន​ទាន់​បាន​លះហ្នឹងឯង ។ ព្រះដ៏មាន​ព្រះភាគ​ទ្រង់​ត្រាស់​ថា ភិក្ខុ​នោះ លុះ​ត្រូវ​រាគៈ​គ្រប​សង្កត់​ចិត្ត​ហើយ ក៏​ដល់​នូវ​សេចក្ដី​ស្លាប់ ឬ​ដល់​នូវ​ទុក្ខវេទនា​ស្ទើរ​តែ​នឹង​ស្លាប់ ។ ព្រះពុទ្ធ​អង្គ​ទ្រង់​ប្រៀប​ទៅ​នឹង​បុរស​ដែល​ត្រូវ​សរត្រាំ​ដោយ​ថ្នាំ​ពិស កាល​ដែល​គ្រូពេទ្យ​ដក​សរពិស​នោះ​ចេញ​ហើយ ប្រាប់​ឱ្យ​បុរស​នោះ​ថែរក្សា​មុខ​របួស មាន​ការ​តម​ចំណី​ទាស់​ជា​ដើម កុំ​ឱ្យ​ដំបៅរីក ប៉ុន្តែ​ព្រោះ​តែ​បុរស​នោះ មិន​បាន​ធ្វើ​តាម​គ្រូពេទ្យ ក៏​ដល់​នូវ​សេចក្ដី​ស្លាប់ ឬ​ទុក្ខ​វេទនា​ស្ទើរ​តែ​នឹង​ស្លាប់ យ៉ាង​ណា​មិញ ការ​មិន​សង្រួម​ឥន្ទ្រិយ​ក្នុង​ទ្វារ​ទាំង ៦ ដូច​ជា​ការ​មិន​ថែរក្សា​មុខ​របួស យ៉ាង​នោះ​ឯង ។ ពាក្យ​ថា​ដល់​នូវ​សេចក្ដី​ស្លាប់​នេះ ក្នុង​អរិយវិន័យ សំដៅ​យក​ភិក្ខុ​ដែល​ពោល​លា​សិក្ខា ប្រព្រឹត្ត​ទៅ​នៅ​ក្នុង​ហីនភេទ​វិញ ឯ​ចំណែក​ទុក្ខវេទនា​ស្ទើរ​តែ​នឹង​ស្លាប់​នេះ សំដៅ​ដល់​ភិក្ខុ​ដែល​ត្រូវ​អាបត្តិ​ធ្ងន់​ណា​មួយ ដែល​នាំ​ឱ្យ​សៅ​ហ្មង​ព្រម ។ ចំណែ​កបុគ្គល​ដែល​មាន​អធ្យាស្រ័យ​ឱន​ទៅ​រក​ព្រះនិព្វាន​ដោយ​ប្រពៃ ហើយ​មាន​ការ​ប្រព្រឹត្ត​សង្រួម​ឥន្ទ្រិយ​ក្នុង​ទ្វារ​ទាំង ៦ ព្រះដ៏មាន​ព្រះភាគ​ទ្រង់​ត្រាស់​សម្ដែង​នៅ​ខាង​ចុង​ព្រះសូត្រ​នេះ ដែល​មាន​ខ្លឹម​សារ​ពី​រោះ​ដូច​ត​ទៅ ៖ ម្នាល​សុនក្ខត្ត សេចក្ដី​ឧបមា​នេះ តថាគត​បាន​ធ្វើ​ដើម្បី​នឹង​ញ៉ាំង​ជន​ឱ្យ​ដឹង​សេចក្ដី ។ ឯសេចក្ដី​ក្នុង​ឧបមានុ៎ះ​ដូច​ត​ទៅ​នេះ ។ ម្នាល​សុនក្ខត្ត ពាក្យ​ថា ដំបៅ នុ៎ះ ជា​ឈ្មោះ​នៃ​អាយតនៈ ដែល​ប្រព្រឹត្ត​ទៅ​ខាង​ក្នុង​ទាំង ៦ ។ ម្នាល​សុនក្ខត្ត ពាក្យ​ថា ពិស​ជា​ទោស នុ៎ះ ជា​ឈ្មោះ​នៃ​អវិជ្ជា ។ ម្នាល​សុនក្ខត្ត ពាក្យ​ថា សរ នុ៎ះ ជា​ឈ្មោះ​នៃ​តណ្ហា ។ ម្នាល​សុនក្ខត្ត ពាក្យ​ថា គ្រឿង​សម្រាប់​រាវ​រក នុ៎ះ ជាឈ្មោះ​នៃ​ស្មារតី ។ ម្នាល​សុនក្ខត្ត ពាក្យ​ថា សស្ត្រា នុ៎ះ ជា​ឈ្មោះ​នៃ​បញ្ញា​ដ៏​ប្រសើរ ។ ម្នាល​សុនក្ខត្ត ពាក្យថា ពេទ្យ​វះ​ដ៏​ជំនាញ នុ៎ះ ជា​ឈ្មោះ​នៃ​ព្រះតថាគត​អរហន្តសម្មាសម្ពុទ្ធ ។ ម្នាល​សុនក្ខត្ត ភិក្ខុ​នោះ​ឯង ជា​អ្នក​ធ្វើ​នូវ​ការ​សង្រួម​ក្នុង​ផស្សាយតនៈ​ទាំង ៦ ដឹង​ច្បាស់​ថា​កិលេស​ជា​ឫស​នៃ​សេចក្ដី​ទុក្ខ លុះ​ដឹង​ដូច្នេះ​ហើយ ក៏​ជា​អ្នក​មិន​មាន​កិលេស ជា​អ្នក​រួច​ស្រឡះ​ហើយ ព្រោះ​ការ​អស់​ទៅ​នៃ​កិលេស នឹង​បង្អោន​កាយ ឬ​នឹង​ផ្ដេក​ផ្ដួល​ចិត្ត​ទៅ​ក្នុង​កិលេស ពាក្យ​ដូច្នេះ​នេះ មិន​សម​ហេតុ​ឡើយ ។ ម្នាល​សុនក្ខត្ត ដូច​ផ្តិល​សំរឹទ្ធិ ដល់​ព្រម​ដោយ​ពណ៌ ដោយ​ក្លិន ដោយ​រស តែ​ថា​ផ្តិល​សំរឹទ្ធិ​នោះ​ប្រឡាក់​ដោយ​ថ្នាំពិស ។ កាល​បើ​មាន​បុរស​អ្នក​ចង់​រស់​មិន​ចង់​ស្លាប់ ចង់​សុខ ខ្ពើម​ទុក្ខ មក​ដល់ ។ ម្នាល​សុនក្ខត្ត អ្នក​សម្គាល់​សេចក្ដី​នោះ​ថា​ដូច​ម្ដេច តើ​បុរស​នោះ គួរ​ផឹក​ទឹក នឹង​ផ្តិល​សំរឹទ្ធិ​ឯណោះ ដែល​ខ្លួន​ដឹង​ថា អាត្មា​អញ​ផឹក​ទឹក​នេះ​ទៅ​ហើយ នឹង​ដល់​នូវ​មរណៈ ឬ​ដល់​នូវ​សេចក្ដី​ទុក្ខ​ស្ទើរ​តែ​មរណៈ​ដែរ​ឬ ។ បពិត្រ​ព្រះអង្គ​ដ៏​ចម្រើន មិន​ផឹក​ទឹក​នឹង​ផ្តិលសំរឹទ្ធិ​នុ៎ះ​ទេ ។ ម្នាល​សុនក្ខត្ត សេចក្ដី​នេះ​មាន​ឧបមេយ្យ​ដូច​ភិក្ខុ​នោះ​ឯង ជា​អ្នក​ធ្វើ​នូវ​ការ​សង្រួម​ក្នុង​ផស្សាយតនៈ ៦ ដឹង​ថា​កិលេស​ជា​ឫស​នៃ​សេចក្ដី​ទុក្ខ ។បេ។ ពាក្យ​ដូច្នេះ​នុ៎ះ មិន​សម​ហេតុ​ឡើយ ។ ម្នាលសុនក្ខត្ត ដូច​ជា​អាសិរពិស មាន​ពិស​ដ៏ពន្លឹក ។ កាល​បើ​បុរស​អ្នក​ចង់​រស់ មិន​ចង់​ស្លាប់ ចង់​សុខ ខ្ពើម​ទុក្ខ មក​ដល់ ។ ម្នាល​សុនក្ខត្ត អ្នក​សម្គាល់​សេចក្ដី​នោះ​ដូច​ម្ដេច តើ​បុរស​នោះ គួរ​ហុចដៃ​ទាំង​ឡាយ ឬ​ហុច​មេ​ដៃ​ឱ្យ​ដល់​អាសិរពិស​មាន​ពិស​ដ៏​ពន្លឹក​ឯ​ណោះ ដែល​ខ្លួន​ដឹង​ថា អាសិរពិស​នេះ​ចឹក​អាត្មាអញ​ហើយ នឹង​ដល់​នូវ​មរណៈ ឬ​ដល់​នូវ​សេចក្ដី​ទុក្ខ​ស្ទើរ​តែ​មរណៈ​ដែរ​ឬ ។ បពិត្រ​ព្រះអង្គ​ដ៏​ចម្រើន មិន​ហុច​ឱ្យ​អាសិរពិស​នោះ​ទេ ។ ម្នាល​សុនក្ខត្ត សេចក្ដី​នេះ​មាន​ឧបមេយ្យ​ដូច​ភិក្ខុ​នោះ​ឯង ជា​អ្នក​ធ្វើ​នូវ​ការ​សង្រួម​ក្នុង​ផស្សាយតនៈ៦ ដឹង​ច្បាស់​ថា កិលេស​ជា​ឫស​នៃ​សេចក្ដី​ទុក្ខ លុះ​ដឹង​ដូច្នេះ​ហើយ ក៏​ជា​អ្នក​មិន​មាន​កិលេស រួច​ស្រឡះ​ហើយ ព្រោះ​តែ​ការ​អស់​ទៅ​នៃ​កិលេស នឹង​បង្អោនកាយ ឬ​ផ្ដេកផ្ដួល​ចិត្ត​ទៅ​រក​កិលេស​ពាក្យ​ដូច្នេះ​នុ៎ះ មិន​សមហេតុ​ឡើយ​។លុះ​ព្រះមាន​ព្រះភាគ​សម្ដែង​ព្រះសូត្រ​នេះ​ចប់​ហើយ សុនក្ខត្តលិច្ឆវិបុត្ត មាន ចិត្ត​ត្រេកអរ រីករាយ​ហើយ ចំពោះ​ភាសិត របស់​ព្រះមានព្រះភាគ។ ដកស្រង់ពីសៀវភៅ សិក្សាព្រះសូត្រ ភាគទី១៣ ដោយ៥០០០ឆ្នាំ
images/articles/2757/sfdgcsddxdvgchfbcf.jpg
ផ្សាយ : ០៩ ធ្នូ ឆ្នាំ២០១៧ (អាន: ៤១ ដង)
សម័យ​មួយ ព្រះដ៏មាន​ព្រះភាគ ទ្រង់​គង់​ក្នុង​សាមគ្រាម ក្នុង​ដែន​សក្កៈ ។ សម័យ​នោះ​ឯង និគណ្ឋនាដបុត្ត ទើប​តែ​ធ្វើមរណ​កាល ក្នុង​ដែន​បាវា ។ ព្រោះ​កាល​កិរិយា​នៃ​និគណ្ឋនាដបុត្ត​នោះ ពួក​និគ្រន្ថ​ជា​កូន​សិស្ស បាន​បាក់​បែក​ឈ្លោះ​ប្រកែក​គ្នា​ជា ២ ពួក ប្រកួត​ប្រកាន់​ចាក់​ដោត​គ្នា​ដោយ​លំពែង​គឺ​មាត់ ។ អដ្ឋក​ថា​ប្រាប់​ថា ការ​ឈ្លោះ​ទាស់​ទែង​គ្នា​នេះ ព្រោះ​មក​អំពី​និគណ្ឋនាដបុត្ត គិត​ឃើញ​ថា​លទ្ធិ​របស់​ខ្លួន​នេះ មិន​អាច​ដឹក​នាំ​សត្វ​ឱ្យ​រួច​ផុត​ចាក​ទុក្ខ​បាន​ឡើយ ជា​លទ្ធិប្រាសចាក​សារៈ ។ ដើម្បី​កុំ​ឱ្យ អ្នក​ដែល​ជឿ​តាម​ធ្លាក់​ចុះ​កាន់​អបាយភូមិ និគណ្ឋនាដបុត្ត មុន​នឹង​មរណភាព​បាន​ប្រាប់​កូន​សិស្ស​ពួក​ខ្លះ​ដោយ​ឧច្ឆេទវាទ ប្រាប់​កូន​សិស្ស​ពួក​ខ្លះ​ទៀត​ដោយ​សស្សតវាទ ដោយ​គិត​ថា ឱ្យ​កូន​សិស្ស​ទាំង​អស់​នេះ​វិវាទ​គ្នា កាល​ដែល​វិវាទ​គ្នា​ហើយ​នឹង​បាន​ចូល​ទៅ​រក​ព្រះពុទ្ធសាសនា យក​ព្រះពុទ្ធ​សាសនា​ជា​ធំ ។ ក្នុង​កាល​នោះ ព្រះចុន្ទៈ ជា​ប្អូន​បង្កើត​របស់​ព្រះធម្មសេនាបតី លោក​នៅ​ចាំ​វស្សា​ក្នុង​ដែន​បាវា បាន​ជ្រាប​រឿង​រ៉ាវ​ពួក​និគ្រន្ថ​ដូច្នេះ​ហើយ ក៏​បាន​និមន្ត​មក​រក​ព្រះអានន្ទ​ជា​ព្រះឧបជ្ឈាយ៍ នៅ​នាសាមគ្រាម ហើយ​ពិត​ទូល​អំពីរឿង​នោះ​ឯង ។ ព្រះអានន្ទ​ដ៏​មាន​អាយុ និង​ព្រះចុន្ទៈ បាន​និមន្ត​ចូល​គាល់​ព្រះដ៏​មានព្រះភាគ ក្រាប​ទូល​ព្រះដ៏មាន​ព្រះភាគ​សព្វ​គ្រប់​ហើយ ទើប​ព្រះអានន្ទ​បន្ត​សេចក្ដី​ក្រាប​ទូល​ព្រះអង្គ​ទៀត​ថា បពិត្រ​ព្រះអង្គ​ដ៏​ចម្រើន ខ្ញុំ​ព្រះអង្គ​មាន​សេចក្ដី​ត្រិះ​រិះ យ៉ាង​នេះ​ថា អំណើះ​អត់​អំពី​ព្រះដ៏មាន​ព្រះភាគ​ទៅ សូម​កុំ​ឱ្យ​មាន​វិវាទកើត​ឡើង​ក្នុង​សង្ឃ​ឡើយ ព្រោះថា​វិវាទ​នោះ នឹង​​ប្រព្រឹត្ត​ទៅ​ដើម្បី​មិន​ជា​គុណ​ដល់​ជន​ច្រើន មិន​ជា​សុខ​ដល់​ជន​ច្រើន មិន​ជា​ប្រយោជន៍ មិន​ជា​សេចក្ដី​ចម្រើន​ដល់​ជន​ច្រើន ជា​ទុក្ខ​ដល់​ទេវតា និង​មនុស្ស​ទាំង​ឡាយ ។ ព្រះអានន្ទ​លើក​អំពី​វិវាទ​ក្នុង​សង្ឃ ព្រោះ​អាជីវៈ​ជា​ហេតុ​ខ្លះ ព្រោះ​អធិប្បាតិមោក្ខ​ជា​ហេតុ​ខ្លះ ចំណែក​ព្រះដ៏មាន​ព្រះភាគ​ទ្រង់​ត្រាស់​ថា វិវាទ​ព្រោះ​អាជីវៈ និង​ព្រោះ​អធិប្បាតិមោក្ខ ជា​ហេតុ​នេះ គ្រាន់​តែ​ជា​ការ​បន្តិច​បន្តួច​ទេ ។ ព្រះពុទ្ធអង្គ​ទ្រង់​ត្រាស់​អំពី​វិវាទ​ដែល​កើត​ឡើង​ក្នុង​សង្ឃ ព្រោះ​អាស្រ័យ​មគ្គ ឬ​ព្រោះ​អាស្រ័យ​បដិបទា វិវាទ​នោះ នឹង​ប្រព្រឹត្ត​ទៅ​ដើម្បី​មិន​ជា​គុណ មិន​ជា​សុខ មិន​ជា​ប្រយោជន៍ មិន​ជា​សេចក្ដី​ចម្រើន ដល់​ជន​ច្រើន រមែង​ជា​ទុក្ខ​ដល់​ទេវតា​និង​មនុស្ស​ទាំង​ឡាយ ។ ព្រះអដ្ឋកថា​ប្រាប់​ថា កាល​ណា​ចូល​ដល់​លោកុត្តរមគ្គ វិវាទ​រមែង​ស្ងប់​រំងាប់​ទៅ​ដោយ​ប្រការ​ទាំង​ពួង គឺ​ថា វិវាទ​រមែង​មិន​មាន​ដល់​បុគ្គល​ដែល​បាន​សម្រេច​នូវ​មគ្គ​ទាំង​ឡាយ ( មាន​សោតាបត្តិមគ្គ ជា​ដើម ) ឡើយ ។ វិវាទ​ព្រោះ​អាស្រ័យមគ្គ ឬ​ព្រោះ​អាស្រ័យ​បដិបទា សំដៅ​យក​មគ្គឬបដិបទាជាបុព្វភាគ បាន​ដល់​មគ្គប្បដិបទា​ជា​ចំណែក​ខាង​ដើម គឺ​នៅ​ជា​លោកិយ​ហ្នឹង​ឯង ។ ព្រះពុទ្ធ​អង្គទ្រង់ត្រាស់​អំពី​វិវាទ​មូល ៦ ប្រការ ៖ ១-កោធនោ ហោតិ ឧបនាហី ២-មក្ខី ហោតិ បឡាសី ៣-ឥស្សុកី ហោតិ មច្ឆរី ៤-សថោ ហោតិ មាយាវី ៥-បាបិច្ឆោ ហោតិ មិច្ឆាទិដ្ឋី ៦-សន្ទិដ្ឋី បរាមាសី ហោតិ អាធានគ្គាហី ទុប្បដិនិស្សគ្គី ជា​អ្នក​ស្ទាប​អង្អែល​នូវការ​យល់​ខុស​របស់​ខ្លួន និង​ជា​អ្នក​ប្រកាន់មាំ លះ​បង់​បាន​ដោយ​កម្រ ។ ព្រះដ៏មាន​ព្រះភាគ​ទ្រង់​ត្រាស់​ថា ភិក្ខុ​ដែល​មាន​នូវវិវាទមូល ដោយ​នូវ​ប្រការ​នីមួយ​ៗ ឈ្មោះ​ថា មិន​គោរព​កោត​ក្រែង​ព្រះសាស្ដា មិន​គោរព​កោត​ក្រែង​ព្រះធម៌ មិន​គោរព​កោត​ក្រែង​ព្រះសង្ឃ និង​មិន​ធ្វើ​ឱ្យ​ពេញលេញ​ក្នុង​សិក្ខា ភិក្ខុ​នោះ ឈ្មោះ​ថា​បង្កើត​វិវាទ​ក្នុង​សង្ឃ ។ ព្រះពុទ្ធ​អង្គទ្រង់ត្រាស់​ប្រទាន​ឱវាទ​ឱ្យ​ព្យាយាម​លះ​បង់​នូវវិវាទ​មូល​ដ៏​លាមក​នោះ​ចេញ ។ ជា​បន្ត​ក្នុង​ព្រះសូត្រ ព្រះដ៏មានព្រះភាគ ទ្រង់​ត្រាស់​សម្ដែង​អំពី អធិករណ៍ ៤ យ៉ាង និង អធិករណសមថៈ ៧ យ៉ាង ។ ជាទី​បញ្ចប់ ព្រះអង្គ​ទ្រង់ត្រាស់​សម្ដែង​នូវ សារាណីយធម៌ ៦ ប្រការ ព្រម​ទាំង​អានិសង្ស​ផង ។ ដកស្រង់ពីសៀវភៅ សិក្សាព្រះសូត្រ ភាគទី១៣ ដោយ៥០០០ឆ្នាំ
images/articles/2756/rfrsxefcsd.jpg
ផ្សាយ : ០៩ ធ្នូ ឆ្នាំ២០១៧ (អាន: ៣៨ ដង)
តាម​ខ្លឹម​សារនៅ​ក្នុង​កេវដ្ដសូត្រ បិដក​លេខ ១៥ គឺមហភូតរូប ៤ ដែល​មិន​ជាប់​ដោយ​ឥន្ទ្រិយ មិន​មែន​ជា​ទុក្ខសច្ច ដូច​ជា​ផែនដី ព្រៃ​ភ្នំ ទន្លេ​សមុទ្រ ភ្នំ​មាស​ភ្នំ​ប្រាក់​ជាដើម​នេះ មិន​ត្រូវ​លើក​ឡើង​ជា​សំណួរ​ថា រលត់​អស់​មិន​មាន​សេស​សល់​ក្នុង​ទី​ណា​នោះ​ទេ ពី​ព្រោះ​ក្នុង​ធម្មជាតិ​ទាំង​អស់​នេះ មិន​មាន​វិសុទ្ធិ ៧ ។ អ្វី​ដែល​ត្រូវ​លើក​យក​មក​សួរ​ថា រលត់​អស់​មិន​មាន​សេសសល់​ក្នុង​ទី​ណា គឺ​នាម​រូប​ក្នុង​សត្វ​លោក​ដែល​ជាប់​ដោយ​ជីវិតិន្ទ្រិយ ជា​ទុក្ខ​សច្ចអាស្រ័យ​តណ្ហា​ជា​សមុទយៈ ។ ឯ​ចម្លើយ​ត្រូវ​លើក​យក​ព្រះនិព្វាន​ជានិរោធសច្ច​មក​ឆ្លើយ​ថា នាម​រូប​ដែល​សន្មត​ថា​សត្វ​លោក​ហ្នឹង​ឯង រលត់​អស់​មិន​មាន​សេសសល់​ក្នុង​ព្រះនិព្វាន​ជា​និរោធសច្ច​នោះ ព្រោះ​ការ​រលត់​ទៅ​នៃ​អភិសង្ខារវិញ្ញាណ ។ អដ្ឋកថា កេវដ្ដ​សូត្រ​ប្រាប់​ថា អភិសង្ខារវិញ្ញាណស្សាបិ អនុប្បាទនិរោធេន អនុប្បាទវសេន ឧបរុជ្ឈតិ ព្រោះ​អនុប្បាទនិរោធ​នៃ​អភិសង្ខារវិញ្ញាណ ទើប ឧបរុជ្ឈតិ គឺ​នាម​រូប​រលត់​ដោយ​អំណាច​នៃ​ការ​មិន​កើត​ឡើង ។ អនុប្បាទនិរោធ គឺ​ព្រះអដ្ឋក​ថា​ពន្យល់​ក្នុង​ព្រះពុទ្ធដីកា​នៃ​កេវដ្ដសូត្រ ដែល​ព្រះអង្គទ្រង់​ត្រាស់​សម្ដែង​ថា ឯត្ថ នាមញ្ច រូបញ្ច អសេសំ ឧបរុជ្ឈតិ វិញ្ញាណស្ស និរោធេន ឯត្ថេតំ ឧបរុជ្ឈតីតិ ។ នាម និង​រូប រមែង​រលត់​ឥត​មាន​សេសសល់​ក្នុង​ព្រះនិព្វាន​នោះ នាម និង​រូប​នេះ រមែង​រលត់​ក្នុង​ព្រះនិព្វាននោះ ព្រោះ​រលត់​ទៅ​នៃ​វិញ្ញាណ ។ ពាក្យ​ថា ឯត្ថ គឺ​ចង្អុល​ប្រាប់​ចំពោះ​ព្រះនិព្វាន​នោះ ដែល​ព្រះអង្គ​ទ្រង់ត្រាស់​កន្លះ​ព្រះ​គាថា​ខាង​ដើម​ថា វិញ្ញាណំ អនិទស្សនំ អនន្តំ សព្វតោ បភំ ។ ចំពោះ អនុប្បាទនិរោធ នេះ នៅ​ក្នុង​បិដកលេខ ៦៧ ( ចូឡនិទ្ទេស ) ទំព័រ ៣៣ សម្ដែង​ប្រាប់​ថា រលត់​ដោយ​មគ្គញ្ញាណ ៤ មាន​សោតាបត្តិមគ្គ​ជា​ដើម ។ ដកស្រង់ពីសៀវភៅ សិក្សាព្រះសូត្រ ភាគទី១៣ ដោយ៥០០០ឆ្នាំ
images/articles/2832/ykiujtfgbxdc.jpg
ផ្សាយ : ០៤ ធ្នូ ឆ្នាំ២០១៧ (អាន: ១៥០ ដង)
ហួង​ហែង​ខ្លាំង​ពេក វា​នាំ​ឲ្យ​លំបាក​ទាំង​អស់​គ្នា គឺ​លំបាក​ទាំង​យើង​អ្នក​ហួង​ហែង​គេ ទាំង​គេ​ដែល​ត្រូវ​យើង​ហួង​ហែង​នោះ​ឯង ។ ការ​ហួង​ហែង​ដូច​ជា​ការ​ឱប​រឹត បើ​វា​តឹង​ពេក​ទៅ វា​ពិត​ជា​នាំ​ឲ្យ​លំបាក​ដក​ដង្ហើម​ណាស់ ម្ល៉ោះ​ហើយ​រឿង​រ៉ាវ​វា​រឹត​តែ​ធំ​ឡើង ដល់​ថ្នាក់​នៅ​ជា​មួយ​គ្នា​មិន​បាន សូម្បី​តែ​កូន ក៏​មិន​ចង់​នៅ​ជា​មួយ​នឹង​ម៉ែឪ​ដែល​ហួង​ហែង​ពេក​នោះ​ដែរ ។ ត្រូវ​ពិចារណា​ថា អ្នក​ណា​ៗ ក៏​គេច​មិន​ផុត​អំពី ចាស់ ឈឺ ស្លាប់ ព្រាត់​ប្រាស និង​ផល​កម្ម​ដែរ ខ្លួន​យើង​ក៏​គេច​មិន​ផុត ហើយ​ដល់​យើង​ស្លាប់​ទៅ យើង​នៅ​ហួង​ហែង​ស្អី​បាន​ទៀត ដូច្នេះ​ត្រូវ​ប្រញាប់​រៀប​ចំ​ឲ្យ​ហើយ​ស្រេច​គ្រប់​រឿង កុំ​ចាំ​បាច់​ហួង​ហែង​វែង​ឆ្ងាយ ត្រូវ​រស់​នៅ​ប្រកប​ដោយ​បញ្ញា ពោល​គឺ​ព្យាយាម​អប់រំ​បញ្ញា មាន​ចិត្ត​សុខ​ស្ងប់ សប្បាយ​ៗ​មុន​ពេល​ស្លាប់ ព្រោះ​មិន​មាន​អ្វី​សម្រាប់​ឲ្យ​ហួង​ហែង ដល់​ពេល​ស្លាប់​ទៅ​បិទ​ភ្នែក​ជិត ។ ដកស្រង់ពីសៀវភៅ ជំនួយសតិភាគទី២២ ដោយ៥០០០ឆ្នាំ
images/articles/2831/jhmhgngfbds.jpg
ផ្សាយ : ០៤ ធ្នូ ឆ្នាំ២០១៧ (អាន: ៨៦ ដង)
ចំណង់​លោភៈ បាន​នាំ​ជីវិត​ចូល​ទៅ​រក​បញ្ហា​រាប់​មិន​អស់ រវល់​តែ​ដោះ​ស្រាយ​បញ្ហា​ដែល​លោភៈ​ខ្លួន​ឯង​បាន​សាង​ឡើង មិន​ចេះ​ចប់ មិន​ចេះ​ហើយ ទាំង​លោភៈ​នេះ​ទៀត​សោត បាន​សាង​កម្ម ដែល​ជា​ពូជ​នៃ​ភព​ថ្មី កាល​ដែល​ភព​ថ្មី​កើត​ហើយ ត្រូវ​បាន​ជរា និង​មរណៈ កម្ចាត់​ចោល​អស់ ត្រូវ​សាង​ថ្មី​ទៀត នេះ​ជា​អំពើ​ខាត​ទុន ប្រកប​ដោយ​ភាព​ល្ងង់​ខ្លៅ របស់​យើង​ខ្លួន​ឯង ។ ដើម្បី​ការ​មិន​ចាប់​ប្រកាន់​អ្វី​ៗ​ទៅ​បាន ត្រូវ​ហ្វឹក​ហាត់​ដក​ចិត្ត​ចេញ​អំពី​របស់​ដែល​ប្រែ​ប្រួល ដូច​ជា​ការ​ដកចិត្ត​ចេញ​អំពី​មនុស្ស​ដែល​មិន​ស្មោះ​ត្រង់ ដូច្នោះ​ឯង ។ ព្រះពុទ្ធអង្គ​ទ្រង់​ត្រាស់​ថា របស់​ណា មិន​ទៀង របស់​នោះ ជា​ទុក្ខ របស់​ណា​ដែល​ជា​ទុក្ខ មាន​ការ​ប្រែ​ប្រួល​ជា​ធម្មតា ត្រូវ​ឃើញ​ថា នោះ​មិន​មែន​ជា​របស់​យើង​ឡើយ ។ កាល​ដែល​វិបស្សនា​ឃើញ​ថា របស់​ណា មិន​មែន​ជា​របស់​យើង ក៏​មិន​ចាប់​យក​នូវ​របស់​នោះ​ដោយ​សេចក្ដី​ប្រកាន់​មាំ​ឡើយ នេះ​ឯង បដិបទា​ជាទី​សប្បាយ ។ ដកស្រង់ពីសៀវភៅ ជំនួយសតិភាគទី២២ ដោយ៥០០០ឆ្នាំ
images/articles/2830/ukmynjtgrfds.jpg
ផ្សាយ : ០៤ ធ្នូ ឆ្នាំ២០១៧ (អាន: ៤១ ដង)
សម័យមួយ ព្រះដ៏មាន​ព្រះភាគ ទ្រង់​គង់​ប្រថាប់​នៅ​នា​ព្រះជេតពន​មហាវិហារ សម័យ​នោះ មាន​ពួក​ព្រាហ្មណ៍​មក​អំពី​ដែន​ផ្សេង​ៗ​រាប់​រយ​នាក់ អាស្រ័យ​នៅ​ក្រុង​សាវត្ថី ដោយ​កិច្ចការ​របស់​ពួក​គេ មាន​ការ​បូជាយញ្ញ​ជា​ដើម ។ ពួក​ព្រាហ្មណ៍​ទាំង​នោះ បាន​ចាត់​មាណព​ម្នាក់​ឈ្មោះ​អស្សលាយនៈ អាយុ​ទើប​តែ ១៦ ឆ្នាំ ប៉ុន្តែ​រៀន​ចេះ​ចប់​នូវ​គម្ពីរ​ត្រៃ​វេទ ព្រម​ទាំង​គម្ពីរ​ព្រាហ្មណ៍​ផ្សេង​ៗ​ទៀត​ជា​ច្រើន ឲ្យ​ចូល​ទៅ​ពិគ្រោះ​ពិភាក្សា​នឹង​ព្រះដ៏មាន​ព្រះភាគ អំពី​វណ្ណៈព្រាហ្មណ៍ ជា​វណ្ណៈប្រសើរ​ខ្ពង់ខ្ពស់​ជាង​គេ ។ អស្សលាយន​មាណព បាន​ក្រាប​បង្គំ​ទូល​ព្រះដ៏មាន​ព្រះភាគ​ដូច្នេះ​ថា បពិត្រ​ព្រះគោតម​ដ៏​ចម្រើន ពួក​ព្រាហ្មណ៍​តែង​និយាយ​យ៉ាង​នេះ​ថា មាន​តែ​ពួក​ព្រាហ្មណ៍​ទេ ទើប​ជា​វណ្ណៈ​ប្រសើរ វណ្ណៈ​ឯ​ទៀត​ជា​វណ្ណៈ​ថោក​ទាប ពួក​ព្រាហ្មណ៍​ទើប​ជាវណ្ណៈ​ស វណ្ណៈ​ឯ​ទៀត​ជា​វណ្ណៈ​ខ្មៅ ពួក​ព្រាហ្មណ៍​ទើប​បរិសុទ្ធ វណ្ណៈ​ឯ​ទៀត​ដែល​មិន​មែន​ពួក​ព្រាហ្មណ៍​គឺ​មិន​បរិសុទ្ធ​ឡើយ ពួក​ព្រាហ្មណ៍​ជាបុត្រ ជា​ឱរស​កើត​មក​អំពី​ព្រះឱស្ឋ​របស់​ព្រះព្រហ្ម មាន​ព្រះព្រហ្ម​ជា​អ្នក​បង្កើត មាន​ព្រះព្រហ្ម​ជា​អ្នកនិម្មិត ជា​ញាតិ​នឹង​ព្រះព្រហ្ម ត្រង់​នេះ តើ​ព្រះគោតម​ដ៏​ចម្រើន​សម្ដែង​ដូចម្ដេច ? ព្រះដ៏មាន​ព្រះភាគ​ទ្រង់​ត្រាស់​សម្ដែង​ថា ម្នាល​អស្សលាយនៈ នាង​ព្រាហ្មណី​ទាំង​ឡាយ​របស់​ពួក​ព្រាហ្មណ៍ ជា​ស្រី​មាន​រដូវ មាន​គភ៌ សម្រាល​កូន​និង​បំបៅ​ដោះ​កូន អ្នក​រាល់​គ្នា​ក៏​ឃើញដែរ... ។ ម្នាល​អស្សលាយនៈ កាល​ពីមុន អ្នក​អាង​ជាតិ​កំណើត លុះ​អាង​ជាតិ​កំណើត​ហើយ អ្នក​អាងមន្ត​ទាំង​ឡាយ លុះ​អាងមន្ត​ទាំង​ឡាយ​ហើយ ត្រឡប់​ជា​លើក​លែង​នូវ​មន្ត​នោះ ហើយ​មក​ប្រកាន់​យក​នូវ​សេចក្ដី​បរិសុទ្ធ​ក្នុង​វណ្ណៈ​ទាំង ៤ តាម​ដែល​តថាគតបញ្ញត្ត​វិញ ។ នៅ​ក្នុង​ព្រះពុទ្ធសាសនា ព្រះអង្គ​ទ្រង់​ត្រាស់​ថា បុគ្គល​ធ្វើ​បាប​ដោយ​ខ្លួន​ឯង រមែង​សៅ​ហ្មង​ដោយ​ខ្លួន​ឯង បុគ្គល​​មិន​ធ្វើ​បាប​ដោយ​ខ្លួន​ឯង រមែង​បរិសុទ្ធ​ដោយ​ខ្លួន​ឯង ដូច្នេះ​បុគ្គល​បរិសុទ្ធ ឬ​ថោក​ទាប​សៅ​ហ្មង មិន​មែន​នៅ​លើ​វណ្ណៈ​ជាតិ​កំណើត​ទេ គឺ​នៅ​លើ​ការ​ប្រព្រឹត្ត​ជាក់​ស្ដែង ។ នៅ​ខាង​ចុង​នៃ​ព្រះសូត្រ អស្សលាយនៈ បាន​ប្រកាស​ខ្លួន​ជា​ឧបាសក អ្នក​ដល់​សរណៈ​​ស្មើ​ដោយ​ជីវិត ។ ដកស្រង់ពីសៀវភៅ ជំនួយសតិភាគទី២២ ដោយ៥០០០ឆ្នាំ
images/articles/2829/esrfddfdgfbghj.jpg
ផ្សាយ : ០៤ ធ្នូ ឆ្នាំ២០១៧ (អាន: ៦៥ ដង)
កាល​បើ​នៅ​ត្រូវ​ការ​ច្រើន​ប៉ុន​ណា ក៏​ត្រូវ​តែ​រែក​ពុន​លី​សែង ឬ​ក៏​ត្រូវ​ទូល​ទៅ​នូវ​ភារៈ​ធ្ងន់​ប៉ុណ្ណឹ​ងដែរ ។ ការ​ស្វែង​រក​និង​ការ​បាន​មក មើល​ទៅ​ហាក់​ដូច​ជា​ហ៊ឹក​ហ៊ាក់​ហ៊ឺហាខ្លាំង​ក្លា​មាំ​មួន​ណាស់ ប៉ុន្តែ នេះ​បាន​ត្រឹម​តែ​ធ្វើ​ឲ្យ​ភាព​ងាយ​ស្រួល ក្លាយ​ទៅ​ជា​យ៉ាប់ ទៅ​ជា​រវល់​ច្រើន លំបាក​ច្រើន ដោយ​ទាំង​មិន​ចាំ​បាច់​អ្វីនោះ​​ផង​ឡើយ ។ វា​ជា​ការ​សាង​បញ្ហា សាង​រឿង​រវល់​ឥត​ប្រយោជន៍​ឲ្យ​ខ្លួន​ឯង​ទៅ​វិញ​ទេ នេះ​ឯង​កាម​គុណ វា​មាន​ទាំង​អស្សាទៈ គឺ​សុខ​សោមនស្ស វា​មាន​ទាំង​អាទីនវៈ​គឺ​ទោស ដែល​លំបាក​នឹង​យល់​ទៅ​បាន ។ ដំណោះ​ស្រាយ គឺ​ត្រូវ​ចេះ​ពិចារណា​នូវ​ប្រយោជន៍​ក្នុង​វត្ថុ​ប្រើ​ប្រាស់ និង​ត្រូវ​ដឹង​ថា អ្វី​ដែល​មិន​ចាំ​បាច់​សម្រាប់​ជីវិត​នេះ ព្រោះ​ជីវិត​នេះ ចាំ​បាច់​ត្រូវ​ការ​យ៉ាង​រួស​រាន់​នូវ​កុសលធម៌ ដើម្បី​កម្ចាត់​បង់​ហេតុ​នៃ​សេចក្ដី​ទុក្ខ ដូច​ជា​ភ្លើង​កំពុង​ឆេះ​ក្បាល ហើយ​ប្រញាប់​លត់​នូវ​ភ្លើង​នោះ ដូច្នោះ​ឯង ។ ត្រូវ​ចេះ​សន្ដោស​ក្នុង​បច្ច័យ ៤ ជ្រើស​រើស​យក​អ្វី​ៗ​ដោយ​ស្មារតី មិន​កាន់​យក​តាម​តែ​ចំណង់​នៃ​កិលេស​កាម​នោះ​ឡើយ ត្រូវ​ចាំ​ថា កាម​គុណ​រឹត​តែ​ស៊ី រឹត​តែ​ឃ្លាន , រឹត​តែ​បាន រឹត​តែ​មិន​គ្រប់ ទាំង​ដែល​មិន​ចាំ​បាច់​បាន​អ្វី​ៗ​នោះ​ដោយ​សព្វ​គ្រប់​ទៀត​ផង ។ ដកស្រង់ពីសៀវភៅ ជំនួយសតិភាគទី២២ ដោយ៥០០០ឆ្នាំ
images/articles/2828/stcgdfxxcsdfxgcv.jpg
ផ្សាយ : ០៤ ធ្នូ ឆ្នាំ២០១៧ (អាន: ២៩ ដង)
សម័យ​មួយ ព្រះដ៏មាន​ព្រះភាគ ទ្រង់​ស្តេច​យាង​ទៅ​កាន់​អង្គុត្តរាប​ជន​បទ ព្រម​ទាំង​ភិក្ខុ​សង្ឃ ១២៥០ អង្គ ដែល​ជា​ព្រះភិក្ខុ​សង្ឃ​ក្នុង​ចតុរង្គ​សន្និបាត​នោះ​ឯង ។ សម័យ​នោះ កេណិយជដិល បាន​ចូល​គាល់​ព្រះដ៏មាន​ព្រះភាគ ស្ដាប់​ព្រះធម្មទេសនា មាន​សេចក្តី​ជ្រះថ្លា អារាធនា​ព្រះដ៏មាន​ព្រះភាគ និង​ព្រះភិក្ខុ​សង្ឃ​ទាំង​អស់​អង្គ ទទួល​ភត្តាហារ​ក្នុង​ថ្ងៃ​ស្អែក ។ ក្នុង​សម័យ​នោះ​ដែរ សេលព្រាហ្មណ៍ អាស្រ័យ​នៅ​ក្នុង​អាបណនិគម ចេះ​ចប់​ក្នុង​គម្ពីរ​ត្រៃវេទ និង​គម្ពីរ​ផ្សេង​ៗ​ទៀត បង្រៀន​កូន​សិស្ស ៣០០ នាក់ ហើយ​សេល​ព្រាហ្មណ៍​នេះ​ឯង​ធ្លាប់​ជាទី​ជ្រះថ្លា​របស់​កេណិយជដិល​រហូត​មក ។ សេល​ព្រាហ្មណ៍ ព្រម​ទាំង​កូន​សិស្ស បាន​ចូល​ទៅ​កាន់​អាស្រម​របស់​កេណិយ​ជដិល ក៏​បាន​ឃើញ​មនុស្ស​ទាំង​ឡាយ កំពុង​តែ​ធ្វើ​កិច្ចការ​ផ្សេង​ៗ អ៊ូអរ​ក្នុង​ទី​នោះ លុះ​សាក​សួរ​ដឹង​រឿង​ថា មាន​ការ​រៀបចំ​ថ្វាយ​ទាន​ចំពោះ​ព្រះសម្មាសម្ពុទ្ធ និង​ភិក្ខុ​សង្ឃ​ សេល​ព្រាហ្មណ៍​មាន​សេចក្តី​ត្រេកអរ​ដ៏​ក្រៃលែង​ទាំង​សួរ​បញ្ជាក់​ពាក្យ​ថា​ព្រះពុទ្ធ​ជា​ច្រើន​ដង​ទៀត​ផង ហើយ​បាន​គិត​ថា ពាក្យ​ថា​ព្រះពុទ្ធ​នេះ រក​បាន​ដោយ​ក្រ​ក្នុង​លោក ។ សេល​ព្រាហ្មណ៍​បាន​ចូល​គាល់​ព្រះដ៏មាន​ព្រះភាគ បាន​ឃើញ​នូវ​មហា​បុរិស​លក្ខណៈ ៣២ ប្រការ​របស់​ព្រះដ៏មាន​ព្រះភាគ​សព្វ​គ្រប់​ហើយ ទើប​បាន​ពោល​សរសើរ ក្នុង​ទី​ចំពោះ​ព្រះភក្ត្រ​នៃ​ព្រះដ៏មាន​ព្រះភាគ ដូច្នេះ​ថា​បពិត្រ​ព្រះដ៏​មាន​បុណ្យ ព្រះអង្គ​មាន​ព្រះកាយ​ពេញ​លេញ មាន​ព្រះសរីរៈ​ល្អ មាន​កំពស់​និង​ទំហំ​សម​សួន អ្នក​ផង​មើល​មិន​ចេះ​ឆ្អែត​ឆ្អន់ មាន​សម្បុរ​ដូច​មាស មាន​ព្រះ​ទាឋាស​ស្អាត ទ្រង់​ប្រកប ដោយ​សេចក្ដី​ព្យាយាម មហាបុរិស​លក្ខណ​ទាំង​ឡាយ ដែល​មាន​ដល់​ជន​អ្នកមាន​កំណើត​ល្អ​យ៉ាង​ណា មហាបុរិស​លក្ខណៈ​ទាំង​អស់​នោះ ក៏​មាន​ក្នុង​ព្រះកាយ​របស់​ព្រះអង្គ​យ៉ាង​នោះ​ដែរ ព្រះអង្គ​មាន​ព្រះនេត្រ​ថ្លា មាន​ព្រះភក្ត្រ​ស្រស់​បស់ មាន​ព្រះអង្គាវយវៈ​ត្រង់​ដូច​ជា​អង្គព្រហ្ម មាន​ព្រះ​រស្មី មាន​ព្រះញាណ​ដ៏​ល្អ ទ្រង់​ខ្លាច​ភ័យ​ក្នុង​សង្សារ​វដ្ដ ទ្រង់​មាន​ព្រះតចៈ​ភ្លឺ​ដូច​មាស រុង​រឿង​កណ្ដាល​ពពួក​សមណៈ​ដូច​ជា​ព្រះអាទិត្យ ព្រះអង្គ​មាន​ពន្លឺ​ដ៏​ថ្លៃថ្លា​យ៉ាង​នេះ ត្រូវ​ការ​អ្វី​ដោយ​សមណភាព គួរ​ណាស់​តែ​សោយរាជ្យ​ជា​ស្ដេច​ចក្រពត្តិ ( ទូន្មាន​ប្រជាជន ឲ្យ​ត្រឹម​ត្រូវ​តាម​ធម៌ ) ដូច​ជា​សារថី​ដ៏​ឧត្ដម ទ្រង់​គ្រប់​គ្រង​ផែនដី​រហូត​ដល់​សមុទ្រ​ទាំង ៤ ជាទី​បំផុត ជា​ស្ដេច​ឈ្នះ​សង្គ្រាម ជា​ឥស្សរៈ​នៃ​ជម្ពូទ្វីប ពួក​ខត្តិយ​ជាតិ​ដែល​សោយ​រាជ្យ ដោយ​ភោគ​សម្បត្តិ ចូល​មក​ជាក្សត្រិយ៍​ចំណុះ​ព្រះអង្គ បពិត្រ​ព្រះគោតម សូម​ព្រះអង្គ​សោយ​រាជ​សម្បត្តិ ជា​ព្រះរាជាធិរាជ​ដ៏​ធំ​ជាង​មនុស្ស ព្រះមាន​ព្រះភាគ ត្រាស់​ថា ម្នាល​សេលព្រាហ្មណ៍ តថាគតជា​ស្ដេចព្រោះ​ធម៌ ប្រសើរ​ដោយ​គុណ​ឥត​បុគ្គល​ណា​ស្មើ ញ៉ាំង​ចក្រ​ជា​ចក្រ​ដែល​បុគ្គល​ដទៃ​ឲ្យ​ប្រព្រឹត្ត​ទៅ​មិន​កើត ឲ្យ​ប្រព្រឹត្ត​ទៅ​តាម​ធម៌​បាន​សេលព្រាហ្មណ៍ ក្រាប​បង្គំ​ទូល​ថាបើ​​ដូច្នោះ ព្រះអង្គ​ជា​ព្រះសម្ពុទ្ធ បាន​ត្រាស់​ដឹង​ហើយ​តើ​ព្រះអង្គត្រាស់​ថា តថាគត​ជា​ស្ដេច​ព្រោះ​ធម៌​ហើយ ប្រសើរ​ដោយ​គុណ ឥត​បុគ្គល​ណា​ស្មើ ញ៉ាំង​ចក្រ​ឲ្យ​ប្រព្រឹត្ត​ទៅ​តាម​ធម៌​បាន​សេលព្រាហ្មណ៍​ក្រាប​បង្គំ​ទូល​ថា បពិត្រ​ព្រះគោតម សូម​ព្រះអង្គ​ប្រាប់​ខ្ញុំ ចុះ​លោក​ណា​ជា​សេនាបតី ជា​សាវ័ក​របស់​ព្រះសាស្ដា ចុះ​លោក​ណា​ញ៉ាំង​ធម្មចក្រ​ដែល​ព្រះអង្គ​ឲ្យ​ប្រព្រឹត្ត​ទៅ​ហើយ​នេះ ឲ្យ​ប្រព្រឹត្ត​ទៅ​បាន​ព្រះមានព្រះភាគ​ទ្រង់​ត្រាស់​ថា ម្នាល​សេលព្រាហ្មណ៍ ធម្មចក្រ​ណា ដែល​តថាគត​ឲ្យ​ប្រព្រឹត្ត​ទៅ សារីបុត្ត​ជា​អនុជាត ក៏​ញ៉ាំង​ធម្មចក្រ​នោះ ឲ្យ​ប្រព្រឹត្ត​ទៅ ទុក្ខសច្ច និង​និរោធសច្ច ដែល​តថាគត​ត្រូវ​ដឹង​ច្បាស់ ក៏​តថាគត​បាន​ដឹង​ច្បាស់​ហើយ មគ្គសច្ច​ដែល​តថាគត​ត្រូវ​អប់រំ ក៏​តថាគត បាន​អប់រំ​ហើយ សមុទយសច្ច ដែល​តថាគត​ត្រូវ​លះ​បង់ ក៏​តថាគត បាន​លះបង់​ហើយ ម្នាល​ព្រាហ្មណ៍ ព្រោះ​ហេតុ​នោះ បាន​ជាតថាគត​ឈ្មោះ​ថា​ព្រះពុទ្ធ ម្នាល​ព្រាហ្មណ៍ អ្នក​ចូរ​នាំ​បង់ ជម្រះ​បង់ នូវ​សេចក្ដី​សង្ស័យ​ក្នុង​តថាគត​ចេញ ការ​ជួប​ប្រទះ​នឹង​ព្រះសម្ពុទ្ធ​ទាំង​ឡាយ​រឿយ​ៗ គេ​មិន​ងាយ​នឹង​បាន​ទេ ការ​កើត​ប្រាកដ​ឡើង​ក្នុង​លោក​រឿយៗ នៃ​ព្រះសម្ពុទ្ធ​ទាំង​ឡាយ ក៏​គេ​មិន​ងាយ​នឹង​បាន​ដែរ ម្នាលព្រាហ្មណ៍ តថាគត​ហ្នឹង​ឯង​ជា​ព្រះពុទ្ធ ជា​ពេទ្យ​វះ មិន​មាន​ពេទ្យ​ដទៃ​ប្រសើរ​ជាង​ឡើយ មាន​សភាព​ជា​អ្នក​ប្រសើរ កន្លង​បង់​នូវ​សេចក្ដី​ប្រៀប​ផ្ទឹម ជា​អ្នក​ញាំ​ញី​នូវ​មារ និង​សេនា​របស់​មារ ធ្វើ​ពួក​សត្រូវ​ទាំង​អស់ ឲ្យ​លុះ​ក្នុង​អំណាច​បាន ឥត​មាន​ភ័យ​អំពី​អ្វី រមែង​រីករាយ ទើប​សេលព្រាហ្មណ៍ និយាយ​នឹង​ពួក​មាណព​ទាំង​នោះ​ថា ម្នាល​អ្នក​ទាំង​ឡាយ​ដ៏​ចម្រើន ចូរ​អ្នក​ទាំង​ឡាយ​ស្ដាប់ នូវ​ព្រះពុទ្ធ​ដីកា​នេះ​ចុះ ព្រះមានចក្ខុ ជា​ពេទ្យ​វះ ( ដ៏ប្រសើរ ) មាន​ព្យាយាម​ធំ ទ្រង់​មានព្រះពុទ្ធដី​កាមក​ទាំង​ប៉ុន្មាន ដូច​ជា​សីហៈ​បន្លឺ​ក្នុង​ព្រៃ នរណា​បាន​ឃើញ​ព្រះសាស្ដា មាន​សភាព​ជា​បុគ្គល​ប្រសើរ កន្លង​បង់​នូវ​សេចក្ដី​ប្រៀប​ផ្ទឹម ជា​អ្នក​ញាំញី​នូវ​មារ​និង​សេនា​នៃ​មារ​ហើយ ( ដូច​ម្ដេច​ឡើយ ) នឹង​អត់​ទ្រាំ​មិន​ជ្រះ​ថ្លា​បាន សូម្បី​ជន​អ្នក​កើត​ក្នុង ត្រកូល​ដ៏​ថោក​ទាប ( ក៏​គង់​ជ្រះ​ថ្លា​នឹង​ព្រះអង្គ​ដែរ ) អ្នក​ណា​ចូល​ចិត្ត​តាម​ខ្ញុំ អ្នក​នោះ​ចូរ​មក អ្នក​ណា​មិន​ចូល​ចិត្ត​ទេ អ្នក​នោះ​ចូរ​ទៅ​ចុះ ខ្ញុំ​នឹង​បួស​ក្នុង​សម្នាក់​នៃ​ព្រះសម្ពុទ្ធ ព្រះអង្គ​មាន​ប្រាជ្ញា​ដ៏​ប្រសើរ ក្នុង​ទី​នេះ​ហើយ ពួក​មាណព​ទាំង​អស់ ក៏​និយាយ​នឹង​សេលព្រាហ្មណ៍​ថា បើ​លោក​ដ៏​ចម្រើន ពេញ​ចិត្ត​នឹង​សាសនា របស់​ព្រះសម្មាសម្ពុទ្ធ​យ៉ាង​នេះ យើង​ទាំង​ឡាយ​ក៏​នឹង​បួស​ក្នុង​សម្នាក់​ព្រះ​សម្ពុទ្ធ ទ្រង់​មាន​ប្រាជ្ញា​ដ៏​ប្រសើរ​ដែរ ( សេលព្រាហ្មណ៍​ក្រាប​បង្គំ​ទូល​ថា ) ព្រាហ្មណ៍​ទាំង ៣០០ នាក់​នេះ លើក​កម្បង់​អញ្ជលី​សូម​ផ្នួស បពិត្រព្រះ​មាន​បុណ្យ យើង​ទាំង​ឡាយ​នឹង​ប្រព្រឹត្ត​ព្រហ្មចរិយៈ ក្នុងសម្នាក់​ព្រះអង្គព្រះមាន​ព្រះភាគ​ត្រាស់ថា ម្នាល​សេលព្រាហ្មណ៍ ព្រហ្មចរិយៈ​ដែល​តថាគត​សម្ដែង ដោយ​ប្រពៃហើយ ជា​ព្រហ្មចរិយៈ​ដែល​បុគ្គល​ឃើញ​ច្បាស់ ដោយ​ខ្លួន​ឯង ឲ្យ​ផល​មិន​រង់ចាំ​កាល បព្វជ្ជា​របស់​បុគ្គល​អ្នក​មិន​ប្រហែសធ្វេស ជា​អ្នក​សិក្សា ជា​បព្វជ្ជា​មិន​សោះ​សូន្យ​ទេ ។ សេលព្រាហ្មណ៍ ព្រម​ទាំង​បរិស័ទ ក៏​បាន​បព្វជ្ជា​និង​ឧបសម្បទា ក្នុង​សម្នាក់​នៃ​ព្រះមានព្រះភាគ ។ ថ្ងៃ​ស្អែក​ឡើង ព្រះដ៏មាន​ព្រះភាគ មួយ​អន្លើ​ដោយ​ភិក្ខុ​សង្ឃ​ទាំង​អស់​អង្គ បាន​ទទួល​ចង្ហាន់​របស់​កេណិយ​ជដិល នៅ​ក្នុង​អាស្រមបទ​របស់​គាត់ រួច​ហើយ​ព្រះអង្គ​ទ្រង់​អនុមោទនា​គាថា ២ ព្រះគាថា ៖ អគ្គិហុត្តមុខា យញ្ញា សាវិត្តិ ឆន្ទសោ មុខំ រាជា មុខំ មនុស្សានំ នទីនំ សាគរោ មុខំ ។ យញ្ញ​ទាំង​ឡាយ មាន​ការ​បូជា​ភ្លើង​ជា​ប្រធាន គម្ពីរសាវិត្តិសាស្ត្រ ជា​ប្រធាន​នៃ​ឆន្ទសាស្ត្រ ព្រះរាជា​ជា​ប្រធាន​នៃ​ពួក​មនុស្ស សាគរ​ជា​ប្រធាន​នៃពួកនទី ។ នក្ខត្តានំ មុខំ ចន្ទោ អាទិច្ចោ តបតំ មុខំ បុញ្ញមាកង្ខមានានំ សង្ឃោ វេ យជតំ មុខន្តិ ។ ព្រះ​ចន្ទ​ជា​ប្រធាន​នៃ​ពួក​ផ្កាយ ព្រះអាទិត្យ​ជាប្រធាន​នៃ​ពួក​កម្ដៅ ព្រះសង្ឃ​ក៏​ជា​ប្រធាន​នៃ​មនុស្ស​ទាំង​ឡាយ​ដែល​ប្រាថ្នា​បុណ្យ​ហើយ​បូជា ។ សេលភិក្ខុ ព្រម​ដោយ​បរិស័ទ បាន​ព្យាយាម​បដិបត្តិ មិន​ជា​យូរ​ប៉ុន្មាន ក៏​បាន​អស់​នូវ​អាសវក្កិលេស នាំ​គ្នា​ចូល​គាល់​ព្រះដ៏មានព្រះភាគ ហើយ​បាន​ពោល​គាថា​ទាំង​ឡាយ​ថ្វាយ​ព្រះអង្គ ដែល​មាន​សេចក្តី​ថា​បពិត្រ​ព្រះអង្គ​ទ្រង់​មាន​បញ្ញាចក្ខុ យើង​ខ្ញុំ​ទាំង​ឡាយ បាន​ដល់​នូវ​ទី​ពឹង រាប់​មក​ដល់​ថ្ងៃ​នេះ គម្រប់​ជា ៨ ថ្ងៃ​ហើយ បពិត្រ​ព្រះមាន​បុណ្យ យើង​ខ្ញុំ​ទាំង​ឡាយ បាន​ទូន្មាន​ខ្លួន​តាម​ព្រះសាសនា​របស់​ព្រះអង្គ​អស់ ៧ រាត្រី​ហើយ ព្រះអង្គ​ជា​ព្រះពុទ្ធ ព្រះអង្គ​ជា​បរមសាស្ដា ព្រះអង្គ​ជាអ្នក​ប្រាជ្ញ​គ្រប​សង្កត់​នូវ​មារ ព្រះអង្គ​ជា​អ្នក​ឈ្លាសវៃ ក្នុង​អនុសយធម៌ ទ្រង់​ឆ្លង ( ចាក​សង្សារ​វដ្ដ ) បាន​ដោយ​ព្រះអង្គ​ឯង ហើយ​ទ្រង់​ចម្លង​ពពួក​សត្វ​នេះ​ឲ្យ​ឆ្លង​បាន​ផង ព្រះអង្គ​កន្លង​ផុត​ឧបធិ ព្រះអង្គ​ទម្លាយ នូវ​អាសវៈ​ទាំង​ឡាយ ព្រះអង្គ​មិន​មាន​ឧបាទាន ទ្រង់​លះ​បង់​នូវ​ភ័យ​ដែល​គួរ​ឲ្យ​ខ្លាច​ទាំង​អស់ ដូច​សីហៈ ភិក្ខុ​ទាំង ៣០០ រូបនេះ ឈរ​ប្រណម្យ​អញ្ជលី បពិត្រ​ព្រះអង្គ​អ្នក​មាន​ព្យាយាម សូម​ព្រះអង្គ​លា​ព្រះបាទ​ទាំង​គូ ពួក​នាគ​គឺ​ភិក្ខុ សូម​ក្រាប​ថ្វាយ​បង្គំ​ចំពោះ​ព្រះអង្គ​ជាបរមសាស្ដា ។ ដកស្រង់ពីសៀវភៅ ជំនួយសតិភាគទី២២ ដោយ៥០០០ឆ្នាំ
images/articles/2827/tybfhtvgfdxzcxd.jpg
ផ្សាយ : ០៤ ធ្នូ ឆ្នាំ២០១៧ (អាន: ៧៦ ដង)
អារម្មណ៍​របស់​ចិត្ត គឺ​ជា​លោក​នៃ​ការ​រស់​នៅ ឯ​ចំណែក​ចិត្ត​ដឹង​អារម្មណ៍ គឺ​ជា​ការ​រស់​នៅ​ក្នុង​លោក ។ បើ​ចិត្ត​មាន​សភាព​យ៉ាង​ណា ៗ លោក​នៃការ​រស់​នៅ គឺ​ទៅ​ជា​យ៉ាង​នោះ​ឯង គឺ​ថា បើ​ចិត្ត​ជា​លោភៈ លោក​នៃ​ការ​រស់​នៅ​រមែង​ខ្វះ​​ខាត រហេម​រហាម ដូច​ឋាន​ប្រេត បើ​ចិត្ត​ជា​ទោសៈ លោក​នៃ​ការ​រស់​នៅ មាន​ការ​ក្ដៅ​ក្រហាយ ដូច​ឋាននរក បើ​ចិត្ត​ជា​មោហៈ លោក​នៃ​ការ​រស់​នៅ មាន​សភាព​មមិង​មមាំង ដូច​ភូមិតិរច្ឆាន តែ​បើ​ចិត្ត​មាន​ទាន​សីល​វិញ លោក​នៃ​ការ​រស់​នៅ​ទៅ​ជា​មាន​សភាព​រីករាយ ស្រស់​ស្រាយ ដូច​ជា​ឋានសួគ៌ា ហើយ​បើ​ចិត្ត​មាន​ភាវនា លោក​នៃ​ការ​រស់​នៅ រមែង​ស្ងប់​ត្រជាក់ ដូច​រស់​នៅ​ក្នុង​ព្រហ្មលោក បើ​ចិត្ត​មាន​វិបស្សនា​ពិត​ប្រាកដ​នោះ លោក​នៃ​ការ​រស់​នៅ​មាន​សភាព​ជា​ឥស្សរៈ មិន​មាន​កង្វល់ មិន​មាន​ការ​ហួងហែង ជា​ការ​រស់​នៅ​ក្នុង​លោក​នៃ​ព្រះអរិយៈ រហូត​ដល់​មាន​ផល​សមាបត្តិ បាន​រស់​នៅ​ពិត​ៗ​ក្នុង​អារម្មណ៍​ដែល​ជា​ព្រះនិព្វាន ដូច្នេះ លោក​នៃ​ការ​រស់​នៅ គឺ​យើង​សាង​ដោយ​ខ្លួន​ឯង មិន​អាច​នាំ​អ្នក​ដទៃ ឲ្យ​មក​រស់​នៅ​ជា​មួយ​បាន​ឡើយ គឺ​ថា​បើ​យើង​ប្រាថ្នា​ចង់​រស់​នៅ​ក្នុង​លោក​ណា យើង​គប្បី​សាង​លោក​នោះ រស់​នៅ​ដោយ​ខ្លួន​ឯង​ក្នុង​បច្ចុប្បន្ន ដោយ​ប្រការ​ដូច្នេះ ។ ដកស្រង់ពីសៀវភៅ ជំនួយសតិភាគទី២២ ដោយ៥០០០ឆ្នាំ
វីដេអូធម៌តាមហ្វេសប៊ុក
ស្ថាបនាខែពិសាខ ព.ស.២៥៥៥ ដោយ៥០០០ឆ្នាំ ។ ជាធម្មទាន ៕
Top Best 10 pro