images/articles/2718/tex____________tpic.jpg
ផ្សាយ : ១២ មេសា ឆ្នាំ២០២១ (អាន: ៥៧៣៣ ដង)
អានកមង្គលភេរីវត្ថុ
(ប្រវត្តិស្គរមង្គលឈ្មោះអានកៈ)
កិរ បានឮមក ស្រះក្ដាមធំ មានក្នុងព្រៃហិមពាន្ត ។ ក្នុងស្រះនោះ មានក្ដាមធំតែងស៊ីដំរីដែលចុះឆ្លងស្រះនោះ ។ លំដាប់នោះ ដំរីទាំងឡាយដែលត្រូវក្ដាមបៀតបៀនបានធ្វើនូវការយល់ឃើញរួមគ្នាថា សេចក្ដីសួស្ដីនឹងមានដល់យើងទាំងឡាយដោយអាស្រ័យនូវកូនរបស់មេដំរីនេះ ។ សូម្បីមេដំរីនោះ ក៏បានកើតហើយកូនដែលសក្តិធំ ។ ដំរីទាំងឡាយក៏នាំគ្នាធ្វើសក្ការៈសូម្បីដល់កូនដំរីនោះ ។កូនដំរីនោះបានចម្រើនវ័យធំហើយក៏សួរមេថា (ម៉ែ ម៉ែ) ហេតុអីបានជាដំរីទាំងនោះធ្វើសក្ការៈដល់ខ្ញុំ ?
មេដំរីនោះ ក៏ប្រាប់សេចក្ដីនោះដល់កូនដំរី ។
កូនដំរីពោលក្ដាមនោះនឹងជាអ្វីដល់យើង អ្នកទាំងឡាយចូរមក យើងនឹងទៅ ដូច្នេះហើយ ជាអ្នកមានដំរីជាបរិវារដ៏ធំបានទៅហើយកាន់ទីស្រះនោះ កូនដំរីក៏ចុះមុនគេទាំងអស់ ក្ដាមបានមកដោយ (ឮ) សំឡេងទឹកនោះឯង ហើយបានកៀបនូវកូនដំរីនោះ ។ ក្ដាមមានដង្កៀបដ៏ធំ កូនដំរីមិនអាននឹងញ៉ាំងក្ដាមឲ្យឃ្លាតទីខាងណេះខាងណោះឡើយ យកប្រម៉ោយដាក់ចូលក្នុងមាត់ហើយស្រែកឡើង ។ដំរីទាំងឡាយពោលថា កូនដំរីដែលពួកយើងសម្គាល់ថា សេចក្ដីសួស្ដីនឹងដល់យើងដោយអាស្រ័យកូនដំរីណា (ឥឡូវនេះ កូនដំរីនោះត្រូវក្ដាមកៀបហើយ) ទើបស្ទុះបោលរត់ចេញទៅ ។
លំដាប់នោះ មេរបស់ដំរីនោះ ដែលឋិតក្នុងទីមិនឆ្ងាយ បានពោលនឹកក្ដាមដោយពាក្យដែលគួរស្រឡាញ់ថា មយំ ថលនាគា, តុម្ហេ ឧទកនាគា នាម, នាគេហិ នាគោ ន វិហេឋេតព្ពោ ពួកខ្ញុំឈ្មោះថាជាអ្នកប្រសើរលើគោ (ចំណែក) ពួកលោកឈ្មោះថាជាអ្នកប្រសើរក្នុងទឹក (ដូច្នេះ) អ្នកប្រសើរមិនគួរបៀតបៀនអ្នកប្រសើរដូចគ្នាឡើយ ហើយពោលនូវគាថានេះថា
យេ កុឡីរា សមុទ្ទស្មិំ, គង្គាយ យមុនាយ ច;
តេសំ ត្វំ វារិជោ សេដ្ឋោ, មុញ្ច រោទន្តិយា បជំ។
ក្ដាមទាំងឡាយក្នុងសមុទ្រក្ដី ក្នុងទន្លេគង្គា និងយមុនាក្ដី លោកជាសត្វដ៏ប្រសើរបំផុត សូមលោកចូរព្រលែងនូវកូនរបស់ខ្ញុំដែលកំពុងស្រែកយំ ។ ធម្មតាសំឡេងមាតុគ្រាមរមែងធ្វើឲ្យបុរសទាំងឡាយរំជើលរំជួល ព្រោះហេតុនោះ ក្ដាមទើបបន្ធូរដង្កៀប ។ កូនដំរីក៏ប្រញាប់លើកជើងទាំងពីរជាន់ស្នូកក្ដាម ។ ពេលជាន់ ស្នូកក្ដាមក៏បែកដូចជាភាជន៍ដី ។ លំដាប់នោះ កូនដំរីយកភ្លុកទាំងពីរចាក់ក្ដាមលើកឡើងបោះទៅលើគោក ហើយស្រែកឡើងសម្ដែងសេចក្ដីត្រេកអរ ។ ពេលនោះ ដំរីទាំងឡាយមកអំពីទីផ្សេងៗជាន់ក្ដាមនោះ ។ ដង្កៀបក្ដាមមួយបាក់ធ្លាក់ចុះ សក្កទេវរាជទ្រង់បានកាន់យកនូវដង្កៀបក្ដាមនោះហើយទៅ ។
ចំណែកដង្កៀនមួយទៀត ត្រូវខ្យល់ និងកម្ដៅថ្ងៃដុតដរាមស្ងួត មានពណ៌ដូចទឹកល័ក្តដែលគេរម្ងាស់ហើយ ។ កាលភ្លៀងធ្លាក់ដង្កៀបក្ដាមនោះ ត្រូវក្រសែទឹកបន្សាត់អំណ្ដែតមកជាប់នឹងសំណាញ់របស់ស្ដេចដែលជាបងប្អូនទាំង ១០ អង្គ ដែលបានរាយសំណាញ់ក្នុងទឹក ហើយនាំគ្នាមកលេងទឹក្នុងទន្លេគង្គា ។ ស្ដេចទាំងឡាយនោះ ឃើញដង្កៀមនោះហើយត្រាស់ថា នុ៎ះជាអ្វី ? អ្នកបម្រើទូលថា ជាដង្កៀបក្ដាម ព្រះអង្គ ។
ព្រះរាជាទាំងឡាយនោះត្រាស់ថា ដង្កៀបក្ដាមនេះ មិនអានយកទៅធ្វើជាគ្រឿងប្រដាប់បាន ។ ពួកយើងនឹងឲ្យគេស្រោបដង្កៀបក្ដាមនេះធ្វើស្គរ បានឲ្យគេស្រោបហើយទ្រង់វាយ ។ សំឡេង (ស្គរ) ឮទូទាំងព្រះនគរដែលមានប្រមាណ ១២ យោជន៍ ។ តអំពីនោះមក ព្រះរាជាទាំងឡាយត្រាស់ថា មិនអាចប្រគំស្គរនេះជាប្រចាំថ្ងៃបានទេ ស្គរនេះចូរជា មង្គលភេរី (ស្គរមង្គល) ដើម្បីជាប្រយោជន៍ក្នុងថ្ងៃលេងមហោស្រពចុះ ដូច្នេះហើយក៏ធ្វើជាមង្គលភេរី ។ កាលប្រគំស្គរនោះ (ម្ដងៗ) ប្រជាជនដែលមិនទាន់ងូតទឹក មិនទាន់តាក់តែងខ្លួន (ក៏ដោយ) ក៏នាំគ្នាប្រញាប់ឡើងយានដំរីជាដើម ហើយមកប្រជុំគ្នា ។ ព្រោះហេតុនោះ ស្គរនោះក៏បានឈ្មោះថា អានកៈ ព្រោះដូចជាការហៅប្រជាជនឲ្យមក ។
(សារត្ថប្បកាសិនី អដ្ឋកថា សុត្តន្តបិដក សំយុត្តនិកាយ និទានវគ្គ ឱបម្មសំយុត្ត អាណិសូត្រ បិដកលេខ ៣២ ទំព័រ ២៦៣)
អាណិសូត្រ (ព្រះសូត្រមានអត្ថដ៏ជ្រាវជ្រៅដែលជាពុទ្ធភាសិតនឹងបាត់បង់ ព្រះសូត្រដែលអ្នកប្រាជ្ញជាកវីបានធ្វើជាពាក្យកាព្យឃ្លោងនឹងចម្រើនឡើង)
ព្រះមានព្រះភាគទ្រង់គង់នៅទៀបក្រុងសាវត្ថី… ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ពីព្រេងនាយមក មានសំភោរមួយ ឈ្មោះ អានកៈ (សំភោរមង្គលសម្រាប់វាយហៅមហាជនមកប្រជុំក្នុងថ្ងៃមានមហោស្រព [អដ្ឋកថា]) របស់ពួកក្សត្រនាម ទសារហៈ ។ កាលបើរាងសំភោរ ឈ្មោះ អានកៈ នោះប្រេះឆាហើយ ពួកក្សត្រទសារហៈ ក៏ពាសនូវរាងស្រោបដទៃភ្ជាប់អប់ទុក ។
ម្នាលភិក្ខុទាំងឡាយ មានសម័យដែលត្រូវតួរាងចាស់របស់សំភោរឈ្មោះអានកៈខូចបាត់ទៅ សល់នៅតែរាងស្រោប ។ ម្នាលភិក្ខុទំាំងឡាយ សេចក្តីនេះមានឧបមេយ្យ ដូចក្នុងកាលជាអនាគត ព្រះសូត្រទាំងឡាយណា ដែលតថាគតសម្តែងហើយ ជាព្រះសូត្រដ៏ជ្រៅ មានអត្ថដ៏ជ្រៅ ជាលោកុត្តរៈ ប្រកបដោយសភាពដ៏សូន្យ ព្រះសូត្រទាំងនោះ កាលបើបុគ្គលពោល ពួកមហាជននឹងមិន ស្តាប់ មិនដាក់ចុះនូវសោតៈ មិនយកចិត្តទុកដាក់មិនដើម្បីដឹង ទាំងមិនសម្គាល់ធម៌ទាំងនោះថា គួររៀន ឬ គួរទន្ទេញឡើយ ។ បើព្រះសូត្រទាំងឡាយណា ដែលអ្នកប្រាជ្ញជាកវីបានធ្វើជាពាក្យកាព្យឃ្លោង មានអក្សរដ៏វិចិត្ត មានព្យញ្ជនៈដ៏វិចិត្តជាខាងក្រៅ ជាសាវកភាសិត ព្រះសូត្រទាំងនោះ កាលបុគ្គលពោល ទើបមហាជននឹងស្តាប់ នឹងដាក់ចុះនូវសោតៈ នឹងយកចិត្តទុកដាក់ដើម្បីដឹង នឹងសំគាល់នូវធម៌ទាំងនោះថា គួររៀន គួរទន្ទេញ ។
ម្នាលភិក្ខុទាំងឡាយ ការវិនាសទៅនៃព្រះសូត្រដែលតថាគតសំដែងហើយទាំងនោះ ជាព្រះសូត្រដ៏ជ្រៅ មានអត្ថដ៏ជ្រៅ ជាលោកុត្តរៈ ប្រកបដោយសភាពដ៏សូន្យ យ៉ាងនេះឯង ។ ម្នាលភិក្ខុទាំងឡាយ ហេតុដូច្នោះ ក្នុងសាសនានេះ អ្នកទាំងឡាយ គប្បីសិក្សាយ៉ាងនេះថា ព្រះសូត្រទាំងឡាយណា ដែលព្រះតថាគតសម្តែងហើយ ជាព្រះសូត្រដ៏ជ្រៅ មានអត្ថដ៏ជ្រៅ ជាលោកុត្តរៈ ប្រកបដោយសភាពដ៏សូន្យ ព្រះសូត្រទំាងនេះ កាលបុគ្គលពោល យើងនឹងប្រុងស្តាប់ ដាក់ចុះនូវសោតៈ យកចិត្តទុកដាក់ដើម្បីដឹង នឹងសំគាល់នូវធម៍ទាំងនោះថា គួររៀន គួរទន្ទេញ ដូច្នេះ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយទាំងឡាយគប្បីសិក្សា យ៉ាងនេះចុះ ។
(សុត្តន្តបិដក សំយុត្តនិកាយ និទានវគ្គ ឱបម្មសំយុត្ត អាណិសូត្រ បិដកលេខ ៣២ ទំព័រ ២៦៣ )
ដោយ៥០០០ឆ្នាំ
images/articles/2719/_________pic.jpg
ផ្សាយ : ១២ មេសា ឆ្នាំ២០២១ (អាន: ៤៦៨២៦ ដង)
សទ្ធម្មប្បតិរូបកសូត្រ
(ធម៌ដែលស្រដៀងនឹងព្រះសទ្ធម្ម ឬ ធម៌ប្លម)
សម័យមួយ ព្រះមានព្រះភាគទ្រង់គង់នៅវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ជិតក្រុងសាវត្ថី ។ គ្រានោះឯង ព្រះមហាកស្សបមានអាយុ ចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ក៏ថ្វាយបង្គំព្រះមានព្រះភាគរួចអង្គុយក្នុងទីដីសមគួរ ។ លុះព្រះមហាកស្សបមានអាយុ អង្គុយក្នុងទីដ៏សមគួរហើយ ក៏ក្រាបទួលសួរព្រះមានព្រះភាគយ៉ាងនេះថា បពិត្រព្រះអង្គដ៏ចម្រើន ចុះហេតុដូចម្តេច បច្ច័យដូចម្តេច បានជាក្នុងកាលពីដើម មានសិក្ខាបទតិច តែមានភិក្ខុបានសម្រេចព្រះអរហត្តច្រើន បពិត្រព្រះអង្គដ៏ចម្រើន ហេតុដូចម្តេច បច្ច័យដូចម្តេច បានជាឥឡូវនេះ មានសិក្ខាបទច្រើន តែមានភិក្ខុបានសម្រេចព្រះអរហត្តតិច ។
ម្នាលកស្សប ហេតុនុ៎ះ តែងមានយ៉ាងនេះឯង កាលបើពួកសត្វសាបសូន្យទៅ ព្រះសទ្ធម្មក៏អន្តរធានទៅដែរ បានជាមានសិក្ខាបទច្រើន មានពួកភិក្ខុបានសម្រេចព្រះអរហត្តតិច ម្នាលកស្សប សទ្ធម្មប្បតិរូបក៍ គឺធម៌ដែលស្រដៀងគ្នានឹងព្រះសទ្ធម្ម មិនបានកើតឡើងក្នុងលោក ដរាបណា ការអន្តរធាននៃព្រះសទ្ធម្ម ក៏មិនមាន ដរាបនោះ ម្នាលកស្សប សទ្ធម្មប្បតិរូបក៍កើតឡើងក្នុងលោក កាលណាអន្តរធាននៃព្រះសទ្ធម្ម ក៏មានកាលនោះ ។ ម្នាលកស្សប ជាតរូប- ប្បតិរូបក៍ គឺរបស់ដែលស្រដៀងនឹងមាស មិនទាន់កើតឡើងក្នុងលោក ដរាបណា ការអន្តរធាននៃមាស ក៏មិនមានដរាបនោះ ម្នាលកស្សប ជាតរូបប្បតិរូបក៍ គឺរបស់ដែលស្រដៀងនឹងមាស កើតឡើងក្នុងលោក ដរាបណា ការអន្តរធាននៃមាស ក៏មានក្នុងកាលនេះ យ៉ាងណាមិញ ។ ម្នាលកស្សប សទ្ធម្មប្បតិរូបក៍មិនបានកើតឡើងក្នុងលោក ដរាបណា ការអន្តរធាននៃព្រះសទ្ធម្ម ក៏មិនមានដរាបនោះ ម្នាលកស្សប សទ្ធម្មប្បតិរូបក៍កើតឡើងក្នុងលោក កាលណា ការអន្តរធាននៃព្រះសទ្ធម្ម ក៏មានក្នុងកាលនោះ យ៉ាងនេះឯង។
ម្នាលកស្សប បឋវីធាតុ ធ្វើព្រះសទ្ធម្មឲ្យអន្តរធានទៅក៏ទេ អាបោធាតុ ធ្វើព្រះសទ្ធម្មឲ្យអន្តរធានទៅក៏ទេ តេជោធាតុ ធ្វើព្រះសទ្ធម្មឲ្យអន្តរធានទៅក៏ទេ វាយោធាតុធ្វើព្រះសទ្ធម្មឲ្យអន្តរធានទៅក៏ទេ មានតែពួកមោឃបុរស ដែលកើតឡើងក្នុងលោកនេះ ទើបធ្វើព្រះសទ្ធម្មនេះឲ្យអន្តរធានទៅបាន ម្នាលកស្សប ដូចទូកលិចចុះដោយការផ្ទុករបស់យ៉ាងណា ។ ម្នាលកស្សប ការអន្តរធាននៃព្រសទ្ធម្ម មិនមែនយ៉ាងនេះទេ ។
ម្នាលកស្សប ធម៌ ៥ ប្រការនេះ ថយចុះ តែងប្រព្រឹត្តទៅដើម្បីវិនាស ដើម្បីសាបសូន្យនៃព្រះសទ្ធម្ម ។ ធម៌ ៥ ប្រការ តើដូចម្តេចខ្លះ ។ ម្នាលកស្សប ពួកភិក្ខុ ភិក្ខុនី ឧបាសក ឧបាសិកា ក្នុងសាសនានេះ ជាអ្នកមិនគោរព មិនកោតក្រែងចំពោះព្រះសាស្តា ១ ជាអ្នកមិនគោរព មិនកោតក្រែងចំពោះព្រះធម៌ ១ ជាអ្នកមិនគោរព មិនកោតក្រែង ចំពោះព្រះសង្ឃ ១ ជាអ្នកមិនគោរព មិនកោតក្រែងចំពោះសិក្ខា ១ ជាអ្នកមិនគោរព មិនកោតក្រែង ចំពោះសមាធិ ១ ។ ម្នាលកស្សប ធម៌ទាំង ៥ ប្រការនេះឯង ថយចុះ តែងប្រព្រឹត្តទៅ ដើម្បីសាបសូន្យនៃព្រះសទ្ធម្ម ។
ម្នាលកស្សប ធម៌ ៥ ប្រការនេះ តែងប្រព្រឹត្តទៅដើម្បីតាំងនៅ ដើម្បីមិនវិនាស មិនសាបសូន្យនៃព្រះសទ្ធម្ម ។ ធម៌ទាំង ៥ ប្រការ តើដូចម្តេចខ្លះ ។ ម្នាលកស្សបពួកភិក្ខុ ភិក្ខុនី ឧបាសក ឧបាសិកា ក្នុងសាសនានេះ ជាអ្នកគោរព កោតក្រែង ចំពោះព្រះសាស្តា ១ ជាអ្នកគោរព កោតក្រែងចំពោះព្រះធម៌ ១ ជាអ្នក គោរព កោតក្រែងចំពោះព្រះសង្ឃ ១ ជាអ្នកគោរព កោតក្រែងចំពោះសិក្ខា ១ ជាអ្នកគោរព កោតក្រែងចំពោះសមាធិ ១ ។ ម្នាលកស្សប ធម៌ទាំង ៥ ប្រការនេះឯង តែងប្រព្រឹត្តទៅដើម្បីតាំងនៅ ដើម្បីមិនវិនាស មិនសាបសូន្យនៃព្រះសទ្ធម្ម ។
(សុត្តន្តបិដក សំយុត្តនិកាយ និទានវគ្គ កស្សបសំយុត្តទី ៤ សទ្ធម្មប្បតិរូបកសូត្រទី ១៣ បិដក ៣២ ទំព័រ ១៧៦)
សទ្ធម្មប្បតិរូបក៍ ២ យ៉ាងៈ
១. អធិគមសទ្ធម្មប្បតិរូបក៍ ធម៌ដែលស្រដៀងនឹងឈាន មគ្គ ផល និព្វាន
២. បរិយត្តិសទ្ធម្មប្បតិរូបក៍ ធម៌ដែលស្រដៀងនឹងព្រះបរិយត្តិ
អធិគមសទ្ធម្មប្បតិរូបក៍ បានដល់ វិបស្សនូបក្កិលេស ១០ យ៉ាង
១. ឱភាស
២. ញាណ
៣. បីតិ
៤. បស្សទ្ធិ
៥. សុខ
៦. អធិមោក្ខៈ
៧. បគ្គាហៈ
៨. ឧបដ្ឋានៈ
៩. ឧបេក្ខាវជ្ជនៈ
១០. ឧបេក្ខានិកន្តិ
បរិយត្តិសទ្ធម្មប្បតិរូបក៍
ធម៌ដែលមិនមែនជាពុទ្ធវចនៈ គឺ គុឡ្ហវិន័យ គុឡ្ហវេស្សន្តរ គុឡ្ហមហោសធ វណ្ណបិដក អង្គុលិមាលបិដក រដ្ឋបាលគជ្ជិតៈ អាឡវកគជ្ជិតៈ វេទល្លបិដក ដែលក្រៅពីកថាវត្ថុ ៥ យ៉ាងនេះគឺធាតុកថា អារម្មណកថា អសុភកថា ញាណវត្ថុកថា វិជ្ជាករណ្ឌកៈ ដែលមិនឡើងកាន់សង្គីតិទាំង ៣ ឈ្មោះថា បរិយត្តិសទ្ធម្មប្បតិរូបក៍ ។
(សារត្ថប្បកាសិនី អដ្ឋកថា សំយុត្តនិកាយ)
កំណត់ចំណាំ 902
ធម៌ណាដែលបុគ្គលតែងឡើងដោយប្រើពាក្យហាក់ដូចជាពុទ្ធដីការបស់ព្រះសម្មាសម្ពុទ្ធមានពាក្យថា ម្នាលភិក្ខុទាំងឡាយ......ជាដើម តែពាក្យនោះ គឺព្រះសម្មាសម្ពុទ្ធមិនបានត្រាស់ឡើយ ធម៌ដែលមានសភាពដូច្នេះ ក៏សង្គ្រោះចូលក្នុងសទ្ធម្មប្បដិរូបក៍ទាំងអស់ ។
ដោយ៥០០០ឆ្នាំ
images/articles/2729/rgvrcdgvfdxc.jpg
ផ្សាយ : ១២ មេសា ឆ្នាំ២០២១ (អាន: ៤៧៤៨៥ ដង)
សម័យមួយ ព្រះដ៏មានព្រះភាគ ទ្រង់គង់នៅក្នុងទេវទហនិគម នាដែនសក្កៈ ។ ព្រះអដ្ឋកថាប្រាប់ថា ព្រះអង្គគង់ប្រថាប់នៅព្រៃលុម្ពិនី ( ជាទីដែលទ្រង់ប្រសូត ) ។ ក្នុងទីនោះ ព្រះអង្គទ្រង់ត្រាស់ចំពោះភិក្ខុទាំងឡាយនូវ បុព្វេកតវាទ របស់ពួកនិគ្រន្ថ ។ បុព្វេកតវាទ គឺជាគំនិតយល់ខុសមួយបែប ដែលគេតែងពោលថា ការសោយអារម្មណ៍ឯណានីមួយ សុខក្ដី ទុក្ខក្ដី អទុក្ខមសុខក្ដី ការសោយអារម្មណ៍ទាំងអស់នោះ កើតឡើងព្រោះកម្មដែលខ្លួនបានធ្វើហើយក្នុងកាលមុនដូច្នេះឯង ។
ពួកនិគ្រន្ថបានយល់ឃើញដូច្នេះទៀតថា កម្មចាស់ទាំងនោះ អស់ទៅបានដោយការប្រព្រឹត្តតបៈ តាមដែលពួកគេបានប្រព្រឹត្តដោយវិធីផ្សេងៗ កាលដែលកម្មចាស់អស់ទៅ ទាំងមិនធ្វើនូវកម្មថ្មី ក៏មិនមានផលតទៅ នេះជាការអស់ទៅនៃវេទនា ហើយក៏ជាការសាបសូន្យទៅនៃទុក្ខទាំងពួងហ្នឹងឯង ។ តាមពិត វេទនាក្នុងជាតិនេះ មិនមែនសុទ្ធតែជាផលវិបាករបស់កម្មចាស់ទៅទាំងអស់នោះទេមានវេទនាជាផលវិបាកនៃកម្មក្នុងបច្ចុប្បន្នជាតិនេះក៏មាន វេទនាជាកុសលក៏មាន វេទនាជាអកុសលក៏មាន នៅវេទនាជាកិរិយាទៀត ដែលវេទនាទាំងអស់នេះ រួមមកគឺសុខវេទនា ទុក្ខវេទនា និងអទុក្ខមសុខវេទនា ។
អ្វីជាអស្សាទៈ តម្រេកត្រេកអរដែលនាំឱ្យសត្វលោកជាប់ជំពាក់ក្ដី អ្វីជាអាទីនវៈគឺទោសក្ដី និងអ្វីជាការរលាស់ចោលនូវវេទនានោះក្ដី ពួកនិគ្រន្ថមិនដឹងទេ ទាំងដែលវាទៈរបស់និគ្រន្ថនោះសោត ក៏គ្រាន់តែស្មានៗតែប៉ុណ្ណោះ ព្រោះមិនបានដឹងថា ខ្លួនធ្លាប់កើតយ៉ាងណា ធ្វើបាបកម្មអ្វីខ្លះ ទុក្ខប៉ុនណាអស់ទៅហើយ ទាំងមិនបានដឹងអំពីការលះបង់នូវអកុសលធម៌ និងការបំពេញនូវកុសលធម៌ក្នុងបច្ចុប្បន្ននេះផង ។
ការប្រឹងប្រែងព្យាយាមរបស់ពួកនិគ្រន្ថ មិនអាចឱ្យរួចចាកទុក្ខទេ ។ នៅក្នុងព្រះពុទ្ធសាសនា មានការលះបង់នូវទុក្ខទាំងពួងដោយបរិញ្ញា ចំពោះវេទនាគឺបដិបត្តិកំណត់ដឹងនូវការសោយអារម្មណ៍ ឯណានីមួយនោះ ត្រឹមតែជាវេទនាប៉ុណ្ណោះ ដែលមានបច្ច័យឱ្យកើតឡើងហើយ រលត់ទៅវិញ នេះគឺវេទនានុបស្សនាសតិប្បដ្ឋាន ទើបលះបង់បាននូវតណ្ហាដែលជាហេតុនៃទុក្ខ ។
ភិក្ខុក្នុងព្រះសាសនានេះ មិនបានប្រឹងប្រែងព្យាយាមយកទុក្ខមកគ្របសង្កត់ខ្លួន ដោយទុក្ករកិរិយាផ្សេងៗនោះឡើយ មានជីវិតរស់នៅជាសុខប្រកបដោយធម៌ បរិភោគប្រើប្រាស់នូវបច្ច័យ ៤ ដោយការពិចារណា មិនជ្រុលជ្រប់ក្នុងសេចក្ដីសុខដោយតណ្ហា មានតែការអស់ទៅនៃតណ្ហានោះឯង ដោយការប្រឹងប្រែងក្នុងសម្មប្បធាន ៤ ។ ជាគោលការណ៍សំខាន់នៅក្នុងព្រះពុទ្ធសាសនា គឺកុសលធម៌ចម្រើនឡើង អកុសលធម៌សាបសូន្យទៅ ត្រូវរៀបចំដំណើរជីវិតរស់នៅយ៉ាងនេះ ទើបបានរួចផុតចាកទុក្ខពិតប្រាកដមែន ។
ដកស្រង់ពីសៀវភៅ សិក្សាព្រះសូត្រ ភាគទី១៣
ដោយ៥០០០ឆ្នាំ
images/articles/2741/_________pic.jpg
ផ្សាយ : ១២ មេសា ឆ្នាំ២០២១ (អាន: ២៤៦២៨ ដង)
សម័យមួយ ព្រះដ៏មានព្រះភាគ ទ្រង់គង់នៅនាព្រះមហាវិហារជេតពន ព្រះអង្គទ្រង់ត្រាស់សម្តែងអំពីបំណងប្រាថ្នារបស់សត្វ ទាំងឡាយ ។ សត្វទាំងឡាយប្រាថ្នាឲ្យអារម្មណ៍មិនល្អ គឺអារម្មណ៍មិនជាទី ប្រាថ្នា មិនជាទីត្រេកអរ មិនជាទីគាប់ចិត្ត ឲ្យសាបសូន្យទៅ ចំណែក អារម្មណ៍ល្អៗ ដែលជាទីប្រាថ្នា ជាទីត្រេកអរ ជាទីគាប់ចិត្ត គប្បីចម្រើនឡើង ប៉ុន្តែទោះជាសត្វទាំងឡាយប្រាថ្នាដូច្នេះក៏ដោយ ក៏មិន បានសម្រេចដូចប្រាថ្នាគឺបានតែអារម្មណ៍មិនល្អ ចំណែកអារម្មណ៍ ល្អៗរមែងសាបសូន្យទៅ តើព្រោះហេតុអ្វី ។
យថាតំ អវិទ្ទសុនោ ព្រោះបុថុជ្ជនអន្ធពាលមិនដឹងតាម ពិត ក៏រមែងដូច្នោះឯង ។ បុថុជ្ជនល្ងង់ខ្លៅ មិនស្គាល់ធម៌ដែលគួរ សេពគប់ ក៏មិនស្គាល់ធម៌ដែលមិនគួរសេពគប់ដែរ ព្រោះហេតុតែមិនស្គាល់ធម៌ដូច្នេះ ក៏បានសេពគប់នូវធម៌ដែលមិនគួរសេពគប់ ហើយ បែរជាមិនសេពគប់នូវធម៌ដែលគួរសេពគប់ទៅវិញដូច្នេះទើបមិនបានសម្រេចតាមប្រាថ្នា បានតែអារម្មណ៍មិនល្អទៅវិញហ្នឹងឯង ។
យថាតំ វិទ្ទសុនោ ព្រះអរិយសាវ័កជាអ្នកចេះដឹងតាម ពិត មានសភាពផ្ទុយគ្នាអំពីបុថុជ្ជនអន្ធពាលដែលមិនដឹងតាមពិត ។
ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់សម្តែងនូវធម្មសមាទាន ៤ យ៉ាង ធម្មសមាទានក្នុងព្រះសូត្រនេះ គឺព្រះអង្គទ្រង់ត្រាស់យកអកុសលកម្មបថ ១០ និងកុសលកម្មបថ ១០ មកជាធម៌ដែលគេកាន់ យកជាការប្រព្រឹត្ត មានបាណាតិបាតជាដើម ។ ៤ យ៉ាងគឺ
១- ទុក្ខក្នុងបច្ចុប្បន្ន ទាំងមានទុក្ខជាវិបាកតទៅ
២- សុខក្នុងបច្ចុប្បន្ន តែមានទុក្ខជាវិបាកតទៅ
៣- ទុក្ខក្នុងបច្ចុប្បន្ន តែមានសុខជាវិបាកតទៅ
៤- សុខក្នុងបច្ចុប្បន្ន ទាំងមានសុខជាវិបាកតទៅ
អវិជ្ជាគតោ បុគ្គលដែលធ្លាក់នៅក្នុងអំណាចនៃអវិជ្ជា រមែងមិនដឹង មិនស្គាល់នូវធម្មសមាទានទាំង ៤ នេះតាមពិតឡើយ ម្ល៉ោះហើយ ក៏បានសេពគប់នូវធម្មដែលនាំឲ្យបាននូវអារម្មណ៍មិនល្អ មិនជាទីប្រាថ្នា មិនជាទីត្រេកអរ មិនជាទីគាប់ចិត្ត ចំណែកអារម្មណ៍ ល្អៗសាបសូន្យអស់ នេះជារឿងរបស់បុថុជ្ជនល្ងង់ខ្លៅ ( យថាតំ អវិទ្ទសុនោ ) ដែលមិនបានវៀរចាកនូវអកុសលកម្មបថ ១០ នោះ ដូចបាលីថា តំ អវិទ្ធា អវិជ្ជាគតោ យថាភូតំ នប្បជានន្តោ តំ សេវតិ តំ ន បរិវជ្ជេតិ ប្រែថា បុគ្គលមិនដឹងនូវ ធម្មសមាទាននោះ ជាអ្នកធ្លាក់ចូលក្នុងអំណាចនៃអវិជ្ជា រមែងមិនដឹងច្បាស់តាមសេចក្តីពិត ក៏បានសេពនូវធម្មសមាទាននោះ មិន វៀរចាកនូវធម្មសមាទាននោះឡើយ ។
វិជ្ជាគតោ ជាអ្នកដែលធ្លាក់ក្នុងអំណាចនៃវិជ្ជា រមែងមានការចេះដឹងនៅក្នុងធម្មសមាទាន ៤ យ៉ាងនេះ តាមសេចក្តីពិត ក៏មិនបានសេពគប់នូវធម្មសមាទានណា ដែលនាំឲ្យបាននូវអារម្មណ៍មិនល្អ គឺជាបុគ្គលវៀរចាកនូវធម្មសមាទាននោះ ដែលធ្វើឲ្យអារម្មណ៍ទាំងឡាយដែលជាទីប្រាថ្នា ជាទីត្រេកអរ ជាទីគាប់ចិត្ត រមែងចម្រើនឡើង នេះជារឿងរបស់ព្រះអរិយសាវ័កអ្នកចេះដឹង ( យថាតំ វិទ្ទសុនោ ) ដែលបានវៀរចាកនូវអកុសលកម្មបថ ១០ ដូចបាលី ព្រះពុទ្ធដីកាថា តំ វិទ្ធា វិជ្ជាគតោ យថាភូតំ បជានន្តោ តំ ន សេវតិ តំ បរិវជ្ជេតិ ប្រែថា បុគ្គលដែលបានដឹងនូវធម្មសមាទាននោះ ជាអ្នកធ្លាក់ចូលក្នុងអំណាចនៃវិជ្ជា មានការដឹងច្បាស់ តាមសេចក្តីពិត រមែងមិនសេពនូវធម្មសមាទាននោះឡើយ គឺវៀរចាកនូវធម្មសមាទាននោះឯង ។
អ្នកសិក្សាក្នុងព្រះសូត្រនេះ អាចសង្ស័យងេងងោងបាន បើមិនបានភ្ជាប់សេចក្តីអំពីខាងដើមនៃព្រះសូត្រទេនោះ ។ សេចក្តីខាងដើមគឺការដែលចេះតែបាននូវអារម្មណ៍មិនល្អ អារម្មណ៍ល្អសាបសូន្យ គឺព្រោះហេតុអកុសលកម្មបថ ១០ នោះឯង ជាបន្តគឺព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់អំពីអន្ធបុថុជ្ជន ( យថាតំ អវិទ្ទសុនោ ) ដែលមិនដឹងនូវធម្មសមាទានទាំង ៤ រមែងសេពនូវអកុសលកម្មបថ ១០ ( តំ សេវតិ ) មិនវៀរនូវអកុសលកម្មបថ ១០ នោះ ( តំ ន បរិវជ្ជេតិ ) មិនមែនសេពនូវធម្មសមាទានទាំង ៤ មិនវៀរនូវធម្មសមាទានទាំង ៤ នោះៗទេ ។ ចំណែកខាងព្រះអរិយសាវ័ក ( យថាតំវិទ្ទសុនោ ) ដែលបានចេះដឹងក្នុងធម្មសមាទានទាំង ៤ ហើយ រមែងមិនសេពនូវអកុសលកម្មបថ ( តំ ន សេវតិ ) វៀរចាកនូវអកុសលកម្មបថនោះ ( តំ បរិវជ្ជេតិ ) គឺមិនមែនបានសេចក្តីថា មិនសេពនូវធម្មសមាទានទាំង ៤ នោះ វៀរចាកនូវ ធម្មសមាទានទាំង ៤ នោះឡើយ ។
ធម្មសមាទានទី ១ គឺអកុសលកម្មបថ ១០ ដែលអ្នកប្រព្រឹត្ត ប្រកបដោយទុក្ខទោមនស្ស ទោះជាកាមេសុមិច្ឆា អភិជ្ឈា និងមិច្ឆាទិដ្ឋិ កើតនៅតែក្នុងលោភមូលចិត្ត ប៉ុន្តែកម្មបថបីនេះប្រកបដោយ ទុក្ខទោមនស្ស ក្នុងបុព្វចេតនា និងអបរចេតនា នៅក្នុងធម្មសមាទាន ទី ១ នេះ ។
ធម្មសមាទានទី ២ គឺអកុសលកម្មបថ ១០ ដែលអ្នកប្រព្រឹត្ត ប្រកបដោយសុខសោមនស្ស ទោះជា បាណាតិបាត ផរុសវាចា និងព្យាបាទ ដែលកើតនៅតែក្នុងទោសមូលចិត្តក៏ដោយ ប៉ុន្តែរមែង សុខសោមនស្សក្នុងបុព្វចេតនា និងអបរចេតនា ប្រព្រឹត្តទៅនៅក្នុងធម្មសមាទានទី ២ នេះ ។
ធម្មសមាទានទី ៣ គឺកុសលកម្មបថ ១០ ដែលជាទុក្ខ-ទោមនស្ស ដោយបុព្វចេតនា និងអបរចេតនា ។
ធម្មសមាទានទី ៤ គឺកុសលកម្មបថ ១០ ដែលប្រព្រឹត្តទៅជា សុខដោយចេតនាទាំងបីកាល ។
ធម្មសមាទានទី ១ ប្រៀបដូច ផ្លែននោងព្រៃ រសជាតិល្វីង ទាំងដែលគេយកមកលាយដោយថ្នាំពិសទៀត ធម្មសមាទានទី ២ ប្រៀបដូច ភាជន៍សំរឹទ្ធិពេញដោយទឹកផ្អែមឆ្ងាញ់ តែលាយដោយថ្នាំ ពិស ធម្មសមាទានទី ៣ ប្រៀបដូច ទឹកមូត្រស្អុយលាយដោយថ្នាំសម្រាប់ព្យាបាលរោគស្គមលឿង ធម្មសមាទានទី ៤ ប្រៀបដូច ទឹកដោះ ទឹកឃ្មុំ និងទឹកអំពៅលាយគ្នាធ្វើថ្នាំព្យាបាលរោគធ្លាក់ ឈាម ។ ធម្មសមាទានពីរខាងដើម ក្នុងសេចក្តីប្រៀបគឺធ្វើឲ្យអ្នកផឹកនោះឯងមិនឆ្ងាញ់ក៏ដោយ ឆ្ងាញ់ក៏ដោយ លទ្ធផលគឺស្លាប់ដោយ ជាតិពិសហ្នឹងឯង ចំណែកពីរខាងចុង ទាំងមិនឆ្ងាញ់ ទាំងឆ្ងាញ់ គឺ សុទ្ធតែបានជារោគនោះៗ ដោយអំណាចនៃភេសជ្ជៈព្យាបាលរោគ។
នៅខាងចុងនៃព្រះសូត្រ ព្រះបរមសាស្តាទ្រង់ត្រាស់សម្តែង ធម្មសមាទានទី ៤ ដែលមានសេចក្តីសុខក្នុងបច្ចុប្បន្នផង ទាំងមាន សេចក្តីសុខតទៅផង ប្រៀបដូចជាព្រះអាទិត្យរះក្នុងសរទសម័យមេឃស្រឡះក្នុងខែខាងចុងនៃវស្សានរដូវ មានរស្មីរុងរឿងត្រចះត្រចង់ ។ ធម្មសមាទានទី ៤ នេះ អាចគ្របសង្កត់នូវពាក្យផ្សេងៗ របស់ពួកសមណព្រាហ្មណ៍ដទៃក្រៅព្រះពុទ្ធសាសនាដ៏ច្រើន ដូចពាក្យថា សេចក្តីសុខគឺទាល់តែធ្វើខ្លួនឲ្យលំបាកទើបបាន ដូច្នេះ ជាដើម ។ ក្នុងព្រះអដ្ឋកថា ប្រាប់ថា ព្រះសូត្រនេះ ពួកទេវតាជ្រះថ្លា ពេញចិត្តដ៏ក្រៃលែង ទាំងបានលើករឿងទេវតាជាព្រះសោតាបន្នមួយ អង្គ ពោលពាក្យសាធុការ អនុមោទនាក្នុងការស្វាធ្យាយនូវព្រះសូត្រ នេះ នៃព្រះភិក្ខុមួយអង្គ ។
ដកស្រង់ចេញពីសៀវភៅ សិក្សាព្រះសូត្រ ភាគ៧
ដោយ៥០០០ឆ្នាំ
images/articles/2750/xgcrdxzfsfdv.jpg
ផ្សាយ : ១២ មេសា ឆ្នាំ២០២១ (អាន: ៤៨៩៦១ ដង)
ពាក្យថាអរិយសច្ច មានអត្ថ ៤ យ៉ាង
១- ព្រោះព្រះអរិយបុគ្គល មានព្រះសម្មាសម្ពុទ្ធជាដើម បានចាក់ធ្លុះនូវសច្ចៈទាំងនោះ ទើបហៅថា អរិយសច្ច ដូចជាព្រះពុទ្ធដីកាក្នុងបិដកលេខ ៣៩ ទំព័រ ២៦៦ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ព្រះអរហន្តសម្មាសម្ពុទ្ធទាំងឡាយគ្រប់អង្គក្នុងអតីតកាល បានត្រាស់ដឹងហើយ... ក្នុងអនាគតកាលនឹងបានត្រាស់ដឹង... ក្នុងបច្ចុប្បន្នកាល រមែងត្រាស់ដឹងតាមសេចក្ដីពិត ព្រះអរហន្តសម្មាសម្ពុទ្ធគ្រប់ព្រះអង្គនោះ រមែងត្រាស់ដឹងនូវអរិយសច្ច ៤ តាមសេចក្ដីពិត។
២- ព្រោះដោយអត្ថថា ជាសច្ចៈរបស់ព្រះអរិយៈ ដូចក្នុងបិដកលេខ ៣៩ ទំព័រ ២៦៩ ព្រះពុទ្ធអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគត ជាអរិយបុគ្គលក្នុងលោក ព្រមទាំងទេវលោក មារលោក ព្រហ្មលោក ក្នុងពពួកសត្វ ព្រមទាំងសមណព្រាហ្មណ៍ ទាំងមនុស្សជាសម្មតិទេព និងមនុស្សដ៏សេស ព្រោះហេតុនោះ (សច្ចៈ ៤ ដែលតថាគតសម្ដែងហើយ) ហៅថា អរិយសច្ច។ អដ្ឋកថា តថាគតោ អរិយោ តស្មា អរិយសច្ចានីតិ វុច្ចន្តិ ដោយសេចក្ដីថា អរិយសច្ចទាំងឡាយនោះ ឈ្មោះថា ជារបស់ព្រះអរិយៈ ព្រោះព្រះតថាគត ជាព្រះអរិយៈទ្រង់ត្រាស់ដឹង និងត្រាស់សម្ដែងហើយ ព្រោះហេតុណា ហេតុនោះ ទើបឈ្មោះថា អរិយសច្ច គឺជាសេចក្ដីពិតរបស់ព្រះអរិយៈ។
៣- ព្រោះសម្រេចជាព្រះអរិយបុគ្គល ដោយការបានត្រាស់ដឹងនូវសច្ចៈទាំង ៤ ដូចក្នុងព្រះពុទ្ធដីកា បិដកលេខ ៣៩ ទំព័រ ២៦៥ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគត ដែលមានឈ្មោះថា អរហន្តសម្មាសម្ពុទ្ធ ព្រោះតថាគត បានត្រាស់ដឹងនូវអរិយសច្ច ៤ នេះ តាមសេចក្ដីពិត។
៤- ឈ្មោះថា អរិយសច្ច ព្រោះដោយអត្ថថា ជាសច្ចៈដ៏ប្រសើរ ក្នុងបិដកលេខ ៣៩ ទំព័រ ២៦៩ ព្រះពុទ្ធអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ អរិយសច្ច ៤ នេះ ជារបស់ពិត មិនប្រែប្រួល មិនក្លាយទៅជារបស់ដទៃឡើយ ព្រោះហេតុនោះ បានជាតថាគត ហៅថាអរិយសច្ច ។ តថានិ ជារបស់ពិត អវិតថានិ មិនប្រែប្រួល អនញ្ញថានិ មិនក្លាយទៅជារបស់ដទៃ។
ដកស្រង់ពីសៀវភៅ សិក្សាព្រះសូត្រ ភាគទី១៣
ដោយ៥០០០ឆ្នាំ
images/articles/2751/dthvgcrdvxsfd.jpg
ផ្សាយ : ១២ មេសា ឆ្នាំ២០២១ (អាន: ៣១៩២៤ ដង)
១- អបិច វេរីវេរមូលវេរសមុគ្ឃាតវេរសមុគ្ឃាតុបាយេហិ ម្យ៉ាងទៀត គប្បីជ្រាបសច្ចៈទាំងនេះ ដោយឧបមា ប្រកបដោយបុគ្គលមានពៀរ មូលហេតុនៃពៀរ ការដកចេញនូវពៀរ (ស្ងប់វេរា) និងឧបាយនៃការដកចេញនូវពៀរ ។
២- វិសរុក្ខរុក្ខមូលមូលុបច្ឆេទតទុបច្ឆេទុបាយេហិ ដើមឈើមានពិស ឫសនៃដើមឈើពិស ការកាត់គាស់នូវឫសឈើពិស និងឧបាយនៃការកាត់គាស់ឫសគល់ឈើពិសនោះ ។
៣- ភយភយមូលនិព្ភយតទធិគមុបាយេហិ ការមានភ័យ មូលហេតុនៃភ័យ ការរួចផុតពីភ័យ និងឧបាយនៃការរួចផុតចាកភ័យនោះឯង ។
៤- ឱរិមតីរមហោឃបារិមតីរតំសម្បាបកវាយាមេហិ ត្រើយអាយ អន្លង់ទឹកធំ ត្រើយនាយ និងសេចក្ដីព្យាយាមឱ្យបានដល់ត្រើយនាយនោះ ។
ដកស្រង់ពីសៀវភៅ សិក្សាព្រះសូត្រ ភាគទី១៣
ដោយ៥០០០ឆ្នាំ
images/articles/2785/wetgrtdgfcvd.jpg
ផ្សាយ : ១២ មេសា ឆ្នាំ២០២១ (អាន: ៤០២៨៩ ដង)
អ្វីៗ ក៏មិនមែនជារបស់យើងដែរ ដូចជារូបកាយយើងនេះ ដែលយើងស្រឡាញ់ណាស់ ថែរក្សាណាស់ សឹងតែទៅឈ្លោះនឹងអ្នកដទៃ ព្រោះហេតុតែប្រកាន់នូវរូបកាយនេះទៀតផង ប៉ុន្តែជាទីបំផុត រូបកាយនេះជារបស់ភ្លើងឆាបឆេះក្នុងឈាបនដ្ឋាន សូម្បីកំពុងនៅរស់ ក៏ត្រូវដុតឆេះដោយភ្លើងជរា ភ្លើងព្យាធិ ភ្លើងមរណៈដែរ តើជារបស់យើងយ៉ាងដូចម្ដេចទៅ ព្រោះដែលសន្មតថាជាយើងនោះ គឺបញ្ចក្ខន្ធហ្នឹងហើយ ដែលប្រព្រឹត្តទៅតាមនិយាមធម៌ ប្រែប្រួលនោះឯង ។
ដកស្រង់ពីសៀវភៅ សិក្សាព្រះសូត្រ ភាគទី១៣
ដោយ៥០០០ឆ្នាំ
images/articles/2753/etbhfsd.jpg
ផ្សាយ : ១២ មេសា ឆ្នាំ២០២១ (អាន: ៤៩២៣០ ដង)
នៅក្នុងបិដកលេខ ២១ រថវិនីតសូត្រ ព្រះបុណ្ណមន្តាណីបុត្ត បានសម្ដែងថា អនុបាទាបរិនិព្វាន មិនមែនជាវិសុទ្ធិណាមួយ ក្នុងវិសុទ្ធិទាំង ៧ នោះឡើយ ហើយព្រះសារីបុត្តបានសួរថា ម្នាលអាវុសោ ចុះអនុបាទាបរិនិព្វាន ក្រៅអំពីធម៌ទាំងនេះឬ ? ព្រះបុណ្ណមន្តាណីបុត្តឆ្លើយថា អញ្ញត្រ ចេ អាវុសោ ឥមេហិ ធម្មេហិ អនុបាទាបរិនិព្វានំ អភវិស្ស បុថុជ្ជនោ បរិនិព្វាយេយ្យ បុថុជ្ជនោ ហិ អាវុសោ អញ្ញត្រ ឥមេហិ ធម្មេហិ។ ម្នាលអាវុសោ បើអនុបាទាបរិនិព្វាន ក្រៅអំពីធម៌ទាំងនេះហើយ បុថុជ្ជនក៏គង់បរិនិព្វានបាន ម្នាលអាវុសោ ព្រោះបុថុជ្ជន ក្រៅអំពីធម៌ទាំងនេះឯង ។
នៅខាងចុងនៃព្រះធម្មទេសនា ព្រះបុណ្ណមន្តាណីបុត្ត បានសម្ដែងថា ញាណទស្សនវិសុទ្ធិ យាវទេវ អនុបាទាបរិនិព្វានត្ថា ប្រែថា ញាណទស្សនវិសុទ្ធិ ( មគ្គញ្ញាណ ៤ ) មានប្រយោជន៍ត្រឹមតែអនុបាទាបរិនិព្វាន ( អសង្ខតធាតុ ) ។ អនុបាទាបរិនិព្វានត្ថំ ខោ អាវុសោ ភគវតិ ព្រហ្មចរិយំ វុស្សតីតិ ។ ម្នាលអាវុសោ ព្រហ្មចរិយធម៌ដែលខ្ញុំប្រព្រឹត្តក្នុងសម្នាក់ ព្រះដ៏មានព្រះភាគនេះ ដើម្បីអនុបាទាបរិនិព្វាន ។
ដកស្រង់ពីសៀវភៅ សិក្សាព្រះសូត្រ ភាគទី១៣
ដោយ៥០០០ឆ្នាំ
images/articles/2752/sgvdxsxsdcfvhg.jpg
ផ្សាយ : ១២ មេសា ឆ្នាំ២០២១ (អាន: ៤៩២៨២ ដង)
សម័យមួយ ព្រះដ៏មានព្រះភាគទ្រង់គង់ប្រថាប់នៅនាព្រះមហាវិហារជេតពន ជិតក្រុងសាវត្ថី ។ សម័យនោះ ព្រះអង្គទ្រង់ត្រាស់សម្ដែងអំពីទិដ្ឋិច្រើនប្រការ ឱ្យដល់ភិក្ខុទាំងឡាយបានស្ដាប់ក្នុងវត្តជេតពននោះឯង ។
ទិដ្ឋិដែលប្រារព្ធយកខន្ធជាអនាគត មកជាអារម្មណ៍ មាន ៥ ចំណែក គឺ
១- អត្តា កាលស្លាប់ទៅហើយកើតទៀត មានសញ្ញា ។
២- អត្តា កាលស្លាប់ទៅហើយកើតទៀត មិនមានសញ្ញា ។
៣- អត្តា កាលស្លាប់ទៅហើយកើតទៀត មានសញ្ញាក៏មិនមែន មិនមានសញ្ញាក៏មិនមែន ។
៤- សត្វស្លាប់ទៅសូន្យ មិនកើតទៀតឡើយ ។
៥- ទិដ្ឋធម្មនិព្វានវាទ យល់ឃើញថាកាមសុខនិងឈានសុខ ជាព្រះនិព្វានក្នុងបច្ចុប្បន្ន ។
ទិដ្ឋិទាំង ៥ ពួកនេះ រួមជា ៣ ពួកក៏បាន គឺ ៣ ពួកខាងដើម ជាសស្សតវាទ ពួក ១ បន្តមកគឺឧច្ឆេទវាទ ពួក ១ និងទិដ្ឋធម្មនិព្វានវាទ ពួក ១ ដោយប្រការដូច្នេះទើបព្រះសូត្រនេះ មានឈ្មោះថា បញ្ចត្តយសូត្រ គឺ ៥ មកជា ៣ ឬ ៣ ទៅជា ៥ ក៏បាន ។
ជាបន្តមកក្នុងព្រះសូត្រ ព្រះដ៏មានព្រះភាគទ្រង់ត្រាស់សម្ដែងចែកទិដ្ឋិ ៥ ពួកខាងដើមនោះ ទៅជាទិដ្ឋិ ៤៤ ដូចនៅក្នុងព្រហ្មជាលសូត្របិដកលេខ ១៤ ដែរ គឺ
-សស្សតទិដ្ឋិជាសញ្ញីវាទ មាន ១៦
-សស្សតទិដ្ឋិជាអសញ្ញីវាទ មាន ៨
-សស្សតទិដ្ឋិជានេវសញ្ញីនាសញ្ញីវាទ មាន ៨
-ឧច្ឆេទទិដ្ឋិ មាន ៧
-ទិដ្ឋធម្មនិព្វានវាទ មាន ៥ ។
ទិដ្ឋិទាំង ៤៤ គឺប្រារព្ធយកខន្ធជាអនាគត មកជាអារម្មណ៍ ហៅថា អបរន្តកប្បទិដ្ឋិ ។ បន្ទាប់មកព្រះអង្គទ្រង់សម្ដែងអំពីទិដ្ឋិ ៥ ពួកទៀត ដែលប្រារព្ធយកខន្ធអតីតមកជាអារម្មណ៍ ៥ ពួកនេះ ចែកបានជាទិដ្ឋិ ១៨ គឺ
១- សស្សតទិដ្ឋិ មាន ៤
២- ឯកច្ចសស្សតឯកច្ចអសស្សតទិដ្ឋិ មាន ៤
៣- អន្តានន្តទិដ្ឋិ មាន ៤
៤- អមរាវិក្ខេបទិដ្ឋិ មាន ៤
៥- អធិច្ចសមុប្បន្នទិដ្ឋិ មាន ២ ។
ទិដ្ឋិ ៥ ពួក ចែកបានជាទិដ្ឋិ ១៨ ដែលប្រារព្ធយកខន្ធខាងដើមគឺខន្ធអតីតមកជាអារម្មណ៍នោះ ហៅថា បុព្វន្តកប្បទិដ្ឋិ ។ បូកបញ្ចូលបុព្វន្តកប្បទិដ្ឋិ ១៨ និងអបរន្តកប្បទិដ្ឋិ ៤៤ ត្រូវជាទិដ្ឋិ ៦២ ។ ចំពោះទិដ្ឋិទាំង ៦២ នេះ គឺមានសក្កាយទិដ្ឋិ ដែលប្រកាន់ថាជាសត្វបុគ្គលតួខ្លួន ជាមេ ជាប្រធាន ទើបព្រះដ៏មានព្រះភាគ ទ្រង់ប្រកាសសម្ដែងនៅក្នុងព្រះសូត្រនេះជាបន្តថា ម្នាលភិក្ខុទាំងឡាយ សមណៈឬព្រាហ្មណ៍ពួកខ្លះ ក្នុងលោកនេះ ព្រោះលះបង់នូវបុព្វន្តានុទិដ្ឋិផង លះបង់នូវអបរន្តានុទិដ្ឋិផង ទាំងមិនអធិដ្ឋានទុកនូវកាមសញ្ញោជនៈ ដោយសព្វគ្រប់ កន្លងនូវបីតិដ៏ស្ងប់ស្ងាត់ កន្លងនូវនិរាមិសសុខ កន្លងនូវអទុក្ខមសុខវេទនា ក៏ពិចារណាឃើញថា អាត្មាអញជាអ្នកស្ងប់រម្ងាប់ អាត្មាអញជាអ្នករលត់ទុក្ខ អាត្មាអញជាអ្នកមិនមានសេចក្ដីប្រកាន់ ( ក្នុងបញ្ចក្ខន្ធ ) ។
ម្នាលភិក្ខុទាំងឡាយ ព្រះតថាគតដឹងច្បាស់នូវដំណើរនោះថា សមណៈឬព្រាហ្មណ៍ដ៏ចម្រើននេះ ព្រោះលះបង់នូវបុព្វន្តានុទិដ្ឋិផង លះបង់នូវអបរន្តានុទិដ្ឋិផង ទាំងមិនអធិដ្ឋានទុកនូវកាមសញ្ញោជនៈ ដោយសព្វគ្រប់ កន្លងនូវបីតិដ៏ស្ងប់ស្ងាត់ កន្លងនូវនិរាមិសសុខ កន្លងនូវអទុក្ខមសុខវេទនា ក៏ពិចារណាឃើញថា អាត្មាអញជាអ្នកស្ងប់រម្ងាប់ អាត្មាអញជាអ្នករលត់ទុក្ខ អាត្មាអញជាអ្នកមិនមានសេចក្ដីប្រកាន់។ សមណព្រាហ្មណ៍ដ៏មានអាយុនេះតែងពោលសរសើរ នូវបដិបទាជាទីសប្បាយនៃព្រះនិព្វាន ដោយពិត ប៉ុន្តែសមណៈឬព្រាហ្មណ៍ដ៏ចម្រើននេះឯង ប្រកាន់មាំនូវបុព្វន្តានុទិដ្ឋិផង ប្រកាន់មាំនូវអបរន្តានុទិដ្ឋិផង ប្រកាន់មាំនូវកាមសញ្ញោជនៈផង ប្រកាន់មាំនូវបីតិដ៏ស្ងប់ស្ងាត់ផង ប្រកាន់មាំនូវនិរាមិសសុខផង ប្រកាន់មាំនូវអទុក្ខមសុខវេទនាផង ។
សមណព្រាហ្មណ៍មានអាយុនេះ ពិចារណាឃើញថា អាត្មាអញជាអ្នកស្ងប់រម្ងាប់ អាត្មាអញជាអ្នករលត់ទុក្ខ អាត្មាអញជាអ្នកមិនមានសេចក្ដីប្រកាន់មាំ ដោយហេតុណា ហេតុនោះ ព្រះតថាគតពោលថាជាឧបាទាន ( សេចក្ដីប្រកាន់មាំ ) របស់សមណព្រាហ្មណ៍ដ៏ចម្រើននេះ ។ ឧបាទាននោះជាសង្ខតធម៌ ដ៏គ្រោតគ្រាតនៅឡើយ ចំណែកខាងការរលត់សង្ខារទាំងឡាយមានពិត ព្រះនិព្វានក៏មានពិត លុះព្រះតថាគតដឹងច្បាស់ដូច្នេះហើយ ជាអ្នកឃើញនូវការរលាស់ចេញនូវឧបាទាននោះ កន្លងនូវឧបាទាននោះ។
ម្នាលភិក្ខុទាំងឡាយ ការដឹងច្បាស់តាមពិត នូវកិរិយាកើតឡើងផង នូវកិរិយាវិនាសផង នូវអានិសង្សផង នូវទោសផង នូវកិរិយារលាស់ចេញផង នៃផស្សាយតនៈទាំង ៦ ហើយរួចចាកសេចក្ដីប្រកាន់មាំណា នេះឯង ឈ្មោះថាសន្តិវរបទ ដ៏ប្រសើរ ដែលព្រះតថាគតត្រាស់ដឹងហើយ ម្នាលភិក្ខុទាំងឡាយ ការដឹងច្បាស់តាមពិត នូវកិរិយាកើតឡើងផង នូវកិរិយាវិនាសផង នូវអានិសង្សផង នូវទោសផង នូវកិរិយារលាស់ចេញផង នៃផស្សាយតនៈទាំង ៦ ហើយ រួចចាកសេចក្ដីប្រកាន់មាំណា នោះឯង ឈ្មោះថាសន្តិវរបទដ៏ប្រសើរ ដែលព្រះតថាគតត្រាស់ដឹងហើយ ។ លុះព្រះមានបុណ្យបានសម្ដែងព្រះសូត្រនេះចប់ហើយ ភិក្ខុទាំងនោះ ក៏មានចិត្តត្រេកអរ រីករាយចំពោះភាសិត របស់ព្រះមានបុណ្យ។
ដកស្រង់ពីសៀវភៅ សិក្សាព្រះសូត្រ ភាគទី១៣
ដោយ៥០០០ឆ្នាំ
images/articles/2754/rtvgrcdgxvred.jpg
ផ្សាយ : ១២ មេសា ឆ្នាំ២០២១ (អាន: ៥២៨៦៧ ដង)
ចន្ទគតិ មានរនោច មានខ្នើតជាធម្មតា បើយើងមិនប្រាថ្នាឱ្យខុសពីធម្មតាទេ យើងក៏មិនកើតទុក្ខដែរ ។ ផែនដីវិលជុំវិញព្រះអាទិត្យ ចំណែកព្រះចន្ទវិលជុំវិញផែនដី យើងមិនដែលកើតទុក្ខព្រោះហេតុតែព្រះចន្ទមិនបានមកវិលជុំវិញខ្លួនយើងនោះឡើយ យ៉ាងណាមិញ អ្វីៗក្នុងលោករមែងប្រព្រឹត្តទៅតាមធម្មតារបស់លោក បើយើងមិនចង់រវល់ច្រើនទេ យើងត្រូវសិក្សាចូលឱ្យដល់ធម្មតាធម៌ អ្វីៗរៀបរយស្រេចបាច់តាមធម្មជាតិ មានបច្ច័យឱ្យកើតឡើង មានជរាជាធម្មតា មានព្យាធិជាធម្មតា មានមរណៈជាធម្មតា មានការព្រាត់ប្រាស ប្រែប្រួលជាធម្មតា ។ល។ យើងមិនមានអ្វីដែលត្រូវមកប្រាថ្នាដោយការហួងហែងចំពោះសង្ខារទាំងឡាយថា កុំឱ្យប្រព្រឹត្តទៅដូច្នោះៗឡើយ ព្រោះព្រះនិព្វានទេតើ ដែលមិនមានជរា ព្យាធិ មរណៈ មិន មានវដ្ដៈ ជាទីអស់ទៅនៃតណ្ហា និងជាទីអស់ទៅនៃទុក្ខទាំងពួង ។
ដកស្រង់ពីសៀវភៅ សិក្សាព្រះសូត្រ ភាគទី១៣
ដោយ៥០០០ឆ្នាំ
images/articles/2755/dghcdrfxvdvszd.jpg
ផ្សាយ : ១២ មេសា ឆ្នាំ២០២១ (អាន: ២៤១៧៣ ដង)
សម័យមួយ ព្រះដ៏មានព្រះភាគទ្រង់គង់ប្រថាប់នៅនាដងព្រៃ ជិតក្រុងកុសិនារា ។ ក្នុងទីនោះឯង ព្រះអង្គទ្រង់ត្រាស់សួរភិក្ខុទាំងឡាយថា ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ ធ្លាប់មានសេចក្ដីត្រិះរិះចំពោះតថាគតថា ព្រះសមណគោតមសម្ដែងធម៌ព្រោះហេតុចីវរខ្លះ... ព្រោះហេតុបិណ្ឌបាតខ្លះ... ព្រោះហេតុសេនាសនៈខ្លះ ព្រះសមណគោតមសម្ដែងធម៌ព្រោះហេតុភពតូចភពធំខ្លះ ដូច្នេះដែរឬ ? ( កិន្តិ = កឹ + ឥតិ ) ។
ភិក្ខុទាំងឡាយ ក្រាបទូលថា បពិត្រព្រះអង្គដ៏ចម្រើន ខ្ញុំព្រះអង្គទាំងឡាយ ពុំដែលមានសេចក្ដីត្រិះរិះចំពោះព្រះដ៏មានព្រះភាគថា ព្រះសមណគោតមសម្ដែងធម៌ព្រោះហេតុចីវរខ្លះ... ព្រោះហេតុបិណ្ឌបាតខ្លះ... ព្រោះហេតុសេនាសនៈខ្លះ ព្រះសមណគោតមសម្ដែងធម៌ព្រោះហេតុភពតូចភពធំខ្លះ ដូច្នេះឡើយ ។
កាលដែលព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់សាកសួរបញ្ជាក់អំពីសេចក្ដីត្រិះរិះរបស់ភិក្ខុទាំងឡាយ ចំពោះការត្រាស់សម្ដែងព្រះធម៌របស់ព្រះអង្គនោះ ថាដូចម្ដេច ទើបភិក្ខុទាំងឡាយក្រាបទូលថា បពិត្រព្រះអង្គដ៏ចម្រើន ខ្ញុំព្រះអង្គទាំងឡាយ មានសេចក្ដីត្រិះរិះចំពោះព្រះដ៏មានព្រះភាគយ៉ាងនេះថា ព្រះដ៏មានព្រះភាគ ជាអ្នកអនុគ្រោះ ស្វែងរកប្រយោជន៍ អាស្រ័យនូវសេចក្ដីអនុគ្រោះ ទើបសម្ដែងធម៌ ។
ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ បានឮថា អ្នកទាំងឡាយមានសេចក្ដីត្រិះរិះ ចំពោះតថាគតយ៉ាងនេះថា ព្រះដ៏មានព្រះភាគ ជាអ្នកអនុគ្រោះ ស្វែងរកប្រយោជន៍ អាស្រ័យនូវសេចក្ដីអនុគ្រោះ ទើបសម្ដែងធម៌ ម្នាលភិក្ខុទាំងឡាយ ព្រោះហេតុនោះ ធម៌ទាំងឡាយណា ដែលតថាគតត្រាស់ដឹងហើយ សម្ដែងហើយ ដូចជាសតិប្បដ្ឋាន ៤ សម្មប្បធាន ៤ ឥទ្ធិបាទ ៤ ឥន្ទ្រិយ ៥ ពលៈ ៥ ពោជ្ឈង្គ ៧ មគ្គដ៏ប្រសើរប្រកបដោយអង្គ ៨ អ្នកទាំងឡាយរាល់រូបគប្បីព្រមព្រៀងគ្នា គប្បីរីករាយរកគ្នា កុំវិវាទគ្នា គប្បីសិក្សាក្នុងធម៌ទាំងនោះចុះ ។
ជាបន្តក្នុងព្រះសូត្រ ព្រះដ៏មានព្រះភាគទ្រង់ត្រាស់សម្ដែងអំពីការសម្រុះសម្រួលគ្នា កុំឱ្យមានវិវាទនឹងគ្នាក្នុងអភិធម្ម ទាក់ទងដោយអត្ថនិងព្យញ្ជនៈ ។ សម្រុះសម្រួលក្នុងវិន័យ តាមដែលមានភិក្ខុត្រូវអាបត្តិ ជាការប្រព្រឹត្តល្មើស ឱ្យចេញចាកអកុសលធម៌ មកតាំងនៅក្នុងកុសលធម៌វិញ ។ សម្រុះសម្រួលក្នុងរឿងដែលនិយាយស្ដី មានវចីសង្ខារមិនល្អ វាយឫកដោយទិដ្ឋិ មានចិត្តអាឃាតព្យាបាទ មិនស្ដាប់គ្នា មិនត្រេកអររកគ្នា ។ ព្រះពុទ្ធអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុកាលនឹងពោលដោយប្រពៃ គប្បីពោលយ៉ាងនេះថា ម្នាលអាវុសោ ភិក្ខុបើមិនលះបង់នូវធម៌នោះទេ នឹងមិនធ្វើឱ្យ ជាក់ច្បាស់នូវព្រះនិព្វានបានឡើយ ។
នៅខាងចុងនៃព្រះសូត្រ ព្រះដ៏មានព្រះភាគទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ បើមានភិក្ខុពួកដទៃ សួរភិក្ខុនោះយ៉ាងនេះថា លោកដ៏មានអាយុ បានធ្វើឱ្យភិក្ខុទាំងនេះរបស់ពួកយើង ចេញចាកអំពីអកុសលធម៌ ហើយតាំងនៅក្នុងកុសលធម៌ដែរឬ ? ម្នាលភិក្ខុទាំងឡាយ ភិក្ខុកាលនឹងពោលដោយប្រពៃ គប្បីពោលយ៉ាងនេះថា ម្នាលអាវុសោ ក្នុងទីនេះ ខ្ញុំព្រះករុណាបានចូលទៅគាល់ព្រះដ៏មានព្រះភាគ ព្រះអង្គទ្រង់សម្ដែងព្រះធម៌ដល់ខ្ញុំព្រះករុណា ខ្ញុំព្រះករុណាបានស្ដាប់ព្រះធម៌ដែលព្រះអង្គទ្រង់ត្រាស់សម្ដែងហើយ បានសម្ដែងប្រាប់ដល់ភិក្ខុទាំងនោះ ភិក្ខុទាំងនោះ ក៏បានស្ដាប់ធម៌នោះ ហើយចេញចាកអកុសលធម៌ បានតាំងនៅក្នុងកុសលធម៌ ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុកាលពោលយ៉ាងនេះ មិនឈ្មោះថាលើកតម្កើងខ្លួន មិនឈ្មោះថាសង្កត់សង្កិនបុគ្គលដទៃទេ ឈ្មោះថាជាអ្នកពោលប្ដេជ្ញានូវធម៌តាមធម៌ ម្យ៉ាងទៀត វាទៈនិងអនុវាទៈដែលប្រកបដោយហេតុណាមួយ រមែងមិនមកកាន់ឋានៈដែលអ្នកប្រាជ្ញគប្បីតិះដៀលបានឡើយ ។ លុះព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់សម្ដែងនូវកិន្តិសូត្រនេះចប់ហើយ ភិក្ខុទាំងនោះ ក៏មានចិត្តត្រេកអរ រីករាយ ចំពោះភាសិតរបស់ព្រះដ៏មានព្រះភាគ ។
ដកស្រង់ពីសៀវភៅ សិក្សាព្រះសូត្រ ភាគទី១៣
ដោយ៥០០០ឆ្នាំ
images/articles/2756/rfrsxefcsd.jpg
ផ្សាយ : ១២ មេសា ឆ្នាំ២០២១ (អាន: ២៤៨៦២ ដង)
តាមខ្លឹមសារនៅក្នុងកេវដ្ដសូត្រ បិដកលេខ ១៥ គឺមហភូតរូប ៤ ដែលមិនជាប់ដោយឥន្ទ្រិយ មិនមែនជាទុក្ខសច្ច ដូចជាផែនដី ព្រៃភ្នំ ទន្លេសមុទ្រ ភ្នំមាសភ្នំប្រាក់ជាដើមនេះ មិនត្រូវលើកឡើងជាសំណួរថា រលត់អស់មិនមានសេសសល់ក្នុងទីណានោះទេ ពីព្រោះក្នុងធម្មជាតិទាំងអស់នេះ មិនមានវិសុទ្ធិ ៧ ។
អ្វីដែលត្រូវលើកយកមកសួរថា រលត់អស់មិនមានសេសសល់ក្នុងទីណា គឺនាមរូបក្នុងសត្វលោកដែលជាប់ដោយជីវិតិន្ទ្រិយ ជាទុក្ខសច្ចអាស្រ័យតណ្ហាជាសមុទយៈ ។ ឯចម្លើយត្រូវលើកយកព្រះនិព្វានជានិរោធសច្ចមកឆ្លើយថា នាមរូបដែលសន្មតថាសត្វលោកហ្នឹងឯង រលត់អស់មិនមានសេសសល់ក្នុងព្រះនិព្វានជានិរោធសច្ចនោះ ព្រោះការរលត់ទៅនៃអភិសង្ខារវិញ្ញាណ ។
អដ្ឋកថា កេវដ្ដសូត្រប្រាប់ថា អភិសង្ខារវិញ្ញាណស្សាបិ អនុប្បាទនិរោធេន អនុប្បាទវសេន ឧបរុជ្ឈតិ ព្រោះអនុប្បាទនិរោធនៃអភិសង្ខារវិញ្ញាណ ទើប ឧបរុជ្ឈតិ គឺនាមរូបរលត់ដោយអំណាចនៃការមិនកើតឡើង ។
អនុប្បាទនិរោធ គឺព្រះអដ្ឋកថាពន្យល់ក្នុងព្រះពុទ្ធដីកានៃកេវដ្ដសូត្រ ដែលព្រះអង្គទ្រង់ត្រាស់សម្ដែងថា
ឯត្ថ នាមញ្ច រូបញ្ច អសេសំ ឧបរុជ្ឈតិ
វិញ្ញាណស្ស និរោធេន ឯត្ថេតំ ឧបរុជ្ឈតីតិ ។
នាម និងរូប រមែងរលត់ឥតមានសេសសល់ក្នុងព្រះនិព្វាននោះ នាម និងរូបនេះ រមែងរលត់ក្នុងព្រះនិព្វាននោះ ព្រោះរលត់ទៅនៃវិញ្ញាណ ។
ពាក្យថា ឯត្ថ គឺចង្អុលប្រាប់ចំពោះព្រះនិព្វាននោះ ដែលព្រះអង្គទ្រង់ត្រាស់កន្លះព្រះគាថាខាងដើមថា វិញ្ញាណំ អនិទស្សនំ អនន្តំ សព្វតោ បភំ ។
ចំពោះ អនុប្បាទនិរោធ នេះ នៅក្នុងបិដកលេខ ៦៧ ( ចូឡនិទ្ទេស ) ទំព័រ ៣៣ សម្ដែងប្រាប់ថា រលត់ដោយមគ្គញ្ញាណ ៤ មានសោតាបត្តិមគ្គជាដើម ។
ដកស្រង់ពីសៀវភៅ សិក្សាព្រះសូត្រ ភាគទី១៣
ដោយ៥០០០ឆ្នាំ
images/articles/2757/sfdgcsddxdvgchfbcf.jpg
ផ្សាយ : ១២ មេសា ឆ្នាំ២០២១ (អាន: ៣៨៧០៦ ដង)
សម័យមួយ ព្រះដ៏មានព្រះភាគ ទ្រង់គង់ក្នុងសាមគ្រាម ក្នុងដែនសក្កៈ ។ សម័យនោះឯង និគណ្ឋនាដបុត្ត ទើបតែធ្វើមរណកាល ក្នុងដែនបាវា ។ ព្រោះកាលកិរិយានៃនិគណ្ឋនាដបុត្តនោះ ពួកនិគ្រន្ថជាកូនសិស្ស បានបាក់បែកឈ្លោះប្រកែកគ្នាជា ២ ពួក ប្រកួតប្រកាន់ចាក់ដោតគ្នាដោយលំពែងគឺមាត់ ។
អដ្ឋកថាប្រាប់ថា ការឈ្លោះទាស់ទែងគ្នានេះ ព្រោះមកអំពីនិគណ្ឋនាដបុត្ត គិតឃើញថាលទ្ធិរបស់ខ្លួននេះ មិនអាចដឹកនាំសត្វឱ្យរួចផុតចាកទុក្ខបានឡើយ ជាលទ្ធិប្រាសចាកសារៈ ។ ដើម្បីកុំឱ្យ អ្នកដែលជឿតាមធ្លាក់ចុះកាន់អបាយភូមិ និគណ្ឋនាដបុត្ត មុននឹងមរណភាពបានប្រាប់កូនសិស្សពួកខ្លះដោយឧច្ឆេទវាទ ប្រាប់កូនសិស្សពួកខ្លះទៀតដោយសស្សតវាទ ដោយគិតថា ឱ្យកូនសិស្សទាំងអស់នេះវិវាទគ្នា កាលដែលវិវាទគ្នាហើយនឹងបានចូលទៅរកព្រះពុទ្ធសាសនា យកព្រះពុទ្ធសាសនាជាធំ ។
ក្នុងកាលនោះ ព្រះចុន្ទៈ ជាប្អូនបង្កើតរបស់ព្រះធម្មសេនាបតី លោកនៅចាំវស្សាក្នុងដែនបាវា បានជ្រាបរឿងរ៉ាវពួកនិគ្រន្ថដូច្នេះហើយ ក៏បាននិមន្តមករកព្រះអានន្ទជាព្រះឧបជ្ឈាយ៍ នៅនាសាមគ្រាម ហើយពិតទូលអំពីរឿងនោះឯង ។ ព្រះអានន្ទដ៏មានអាយុ និងព្រះចុន្ទៈ បាននិមន្តចូលគាល់ព្រះដ៏មានព្រះភាគ ក្រាបទូលព្រះដ៏មានព្រះភាគសព្វគ្រប់ហើយ ទើបព្រះអានន្ទបន្តសេចក្ដីក្រាបទូលព្រះអង្គទៀតថា បពិត្រព្រះអង្គដ៏ចម្រើន ខ្ញុំព្រះអង្គមានសេចក្ដីត្រិះរិះ យ៉ាងនេះថា អំណើះអត់អំពីព្រះដ៏មានព្រះភាគទៅ សូមកុំឱ្យមានវិវាទកើតឡើងក្នុងសង្ឃឡើយ ព្រោះថាវិវាទនោះ នឹងប្រព្រឹត្តទៅដើម្បីមិនជាគុណដល់ជនច្រើន មិនជាសុខដល់ជនច្រើន មិនជាប្រយោជន៍ មិនជាសេចក្ដីចម្រើនដល់ជនច្រើន ជាទុក្ខដល់ទេវតា និងមនុស្សទាំងឡាយ ។
ព្រះអានន្ទលើកអំពីវិវាទក្នុងសង្ឃ ព្រោះអាជីវៈជាហេតុខ្លះ ព្រោះអធិប្បាតិមោក្ខជាហេតុខ្លះ ចំណែកព្រះដ៏មានព្រះភាគទ្រង់ត្រាស់ថា វិវាទព្រោះអាជីវៈ និងព្រោះអធិប្បាតិមោក្ខ ជាហេតុនេះ គ្រាន់តែជាការបន្តិចបន្តួចទេ ។ ព្រះពុទ្ធអង្គទ្រង់ត្រាស់អំពីវិវាទដែលកើតឡើងក្នុងសង្ឃ ព្រោះអាស្រ័យមគ្គ ឬព្រោះអាស្រ័យបដិបទា វិវាទនោះ នឹងប្រព្រឹត្តទៅដើម្បីមិនជាគុណ មិនជាសុខ មិនជាប្រយោជន៍ មិនជាសេចក្ដីចម្រើន ដល់ជនច្រើន រមែងជាទុក្ខដល់ទេវតានិងមនុស្សទាំងឡាយ ។
ព្រះអដ្ឋកថាប្រាប់ថា កាលណាចូលដល់លោកុត្តរមគ្គ វិវាទរមែងស្ងប់រំងាប់ទៅដោយប្រការទាំងពួង គឺថា វិវាទរមែងមិនមានដល់បុគ្គលដែលបានសម្រេចនូវមគ្គទាំងឡាយ ( មានសោតាបត្តិមគ្គ ជាដើម ) ឡើយ ។ វិវាទព្រោះអាស្រ័យមគ្គ ឬព្រោះអាស្រ័យបដិបទា សំដៅយកមគ្គឬបដិបទាជាបុព្វភាគ បានដល់មគ្គប្បដិបទាជាចំណែកខាងដើម គឺនៅជាលោកិយហ្នឹងឯង ។ ព្រះពុទ្ធអង្គទ្រង់ត្រាស់អំពីវិវាទមូល ៦ ប្រការ ៖
១-កោធនោ ហោតិ ឧបនាហី
២-មក្ខី ហោតិ បឡាសី
៣-ឥស្សុកី ហោតិ មច្ឆរី
៤-សថោ ហោតិ មាយាវី
៥-បាបិច្ឆោ ហោតិ មិច្ឆាទិដ្ឋី
៦-សន្ទិដ្ឋី បរាមាសី ហោតិ អាធានគ្គាហី ទុប្បដិនិស្សគ្គី ជាអ្នកស្ទាបអង្អែលនូវការយល់ខុសរបស់ខ្លួន និងជាអ្នកប្រកាន់មាំ លះបង់បានដោយកម្រ ។
ព្រះដ៏មានព្រះភាគទ្រង់ត្រាស់ថា ភិក្ខុដែលមាននូវវិវាទមូល ដោយនូវប្រការនីមួយៗ ឈ្មោះថា មិនគោរពកោតក្រែងព្រះសាស្ដា មិនគោរពកោតក្រែងព្រះធម៌ មិនគោរពកោតក្រែងព្រះសង្ឃ និងមិនធ្វើឱ្យពេញលេញក្នុងសិក្ខា ភិក្ខុនោះ ឈ្មោះថាបង្កើតវិវាទក្នុងសង្ឃ ។ ព្រះពុទ្ធអង្គទ្រង់ត្រាស់ប្រទានឱវាទឱ្យព្យាយាមលះបង់នូវវិវាទមូលដ៏លាមកនោះចេញ ។
ជាបន្តក្នុងព្រះសូត្រ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់សម្ដែងអំពី អធិករណ៍ ៤ យ៉ាង និង អធិករណសមថៈ ៧ យ៉ាង ។ ជាទីបញ្ចប់ ព្រះអង្គទ្រង់ត្រាស់សម្ដែងនូវ សារាណីយធម៌ ៦ ប្រការ ព្រមទាំងអានិសង្សផង ។
ដកស្រង់ពីសៀវភៅ សិក្សាព្រះសូត្រ ភាគទី១៣
ដោយ៥០០០ឆ្នាំ
images/articles/2770/sdfverscfrcdcgrse.jpg
ផ្សាយ : ១២ មេសា ឆ្នាំ២០២១ (អាន: ៣០៥៦៧ ដង)
សម័យមួយ ព្រះដ៏មានព្រះភាគ ទ្រង់គង់ប្រថាប់នៅនាមិគារមាតុប្រាសាទ ក្នុងបុព្វារាម ជិតក្រុងសាវត្ថី ។ ក្នុងអដ្ឋកថាឧដ្ឋានសូត្រ សុត្តនិបាត ប្រាប់ថា ព្រះពុទ្ធអង្គទ្រង់គង់ប្រថាប់នៅព្រះជេតពនមហាវិហារ ក្នុងវេលារាត្រី លុះដល់ពេលថ្ងៃព្រះអង្គទ្រង់គង់ប្រថាប់នៅវត្តបុព្វារាម ក្នុងប្រាសាទរបស់មិគារមាតា បើវេលាយប់ ស្ដេចគង់ប្រថាប់នៅបុព្វារាម ពេលថ្ងៃទ្រង់ស្ដេចយាងមកគង់ប្រថាប់នៅព្រះជេតពនមហាវិហារវិញ នេះគឺព្រះដ៏មានព្រះភាគទ្រង់បដិបត្តិមកជាប្រចាំ ព្រោះហេតុអ្វី?
ម្យ៉ាង ដើម្បីអនុគ្រោះដល់ត្រកូលទាំង ២ ម្យ៉ាងទៀត ដើម្បីជាប្រយោជន៍ដល់ការប្រកាសគុណនៃមហាបរិច្ចាគរបស់ត្រកូលទាំង ២ នោះឯង ។
នៅក្នុងមហាបុណ្ណមសូត្រនេះ ផ្ដើមដោយព្រះសង្ឃត្ថេរមួយព្រះអង្គជាមហាខីណាស្រព បាននាំភិក្ខុ ៦០ ព្រះអង្គចូលគាល់ព្រះដ៏មានព្រះភាគក្នុងពេលព្រលប់ នៅទីវាលស្រឡះ ចំថ្ងៃពេញបូណ៌មី ១៥ កើត ព្រះចន្ទចាប់ផ្ដើមរះនៅទិសបូព៌ ព្រះអាទិត្យក៏អស្ដង្គត ភិក្ខុបរិស័ទគង់ស្ថិតក្នុងឆព្វណ្ណរង្សីនៃព្រះបរមសាស្ដា នាវត្តបុព្វារាមនោះឯង ។
ភិក្ខុ ៦០ ព្រះអង្គ សុទ្ធតែបានកំណត់ដឹងនូវនាមរូប ប៉ុន្តែមិនទាន់សម្រេចមគ្គផល ទើបព្រះសង្ឃត្ថេរជាព្រះអាចារ្យ ជាមហាខីណាស្រព ក្រោកអំពីអាសនៈ ធ្វើចីវរឆៀងស្មាម្ខាង ប្រណម្យអញ្ជលី ឆ្ពោះទៅរកព្រះដ៏មានព្រះភាគហើយ ក៏ក្រាបបង្គំទូលសួរព្រះដ៏មានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចម្រើន បើព្រះដ៏មានព្រះភាគ ធ្វើឱកាសដើម្បីដោះស្រាយប្រស្នារបស់ខ្ញុំព្រះអង្គ ខ្ញុំព្រះអង្គនឹងសួរនូវហេតុបន្តិចបន្តួចចំពោះព្រះដ៏មានព្រះភាគ ។
ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ថា ម្នាលភិក្ខុ បើដូច្នោះ អ្នកចង់សួរប្រស្នាណា ចូរអង្គុយលើអាសនៈរបស់ខ្លួន សួរប្រស្នានោះចុះ ។
លំដាប់នោះ ព្រះសង្ឃត្ថេរ បានគង់អង្គុយលើអាសនៈរបស់លោកហើយ ក៏បានក្រាបបង្គំទូលសួរជាបឋមអំពីឧបាទានក្ខន្ធ ៥ ។ តាមពិត ព្រះសង្ឃត្ថេរ ជ្រាបហើយ ប៉ុន្តែការក្រាបបង្គំទូលសួរព្រះដ៏មានព្រះភាគនេះ ដើម្បីជាការអនុគ្រោះដល់សិស្សទាំង ៦០ ព្រះអង្គនោះឯង ។
-សួរអំពីមូលហេតុនៃឧបាទានក្ខន្ធ ៥ ។
-សួរអំពីឧបាទាន ។
-សួរអំពីឆន្ទរាគៈផ្សេងគ្នា ។
-សួរអំពីខន្ធ ១១ កង ។
-សួរអំពីហេតុ អំពីបច្ច័យនាំឱ្យបញ្ញត្តខន្ធ ៥ ។
-សួរអំពីសក្កាយទិដ្ឋិកើតមាន ។
-សួរអំពីសក្កាយទិដ្ឋិមិនកើតមាន ។
-សួរអំពីអស្សាទ អាទីនវៈ និងនិស្សរណៈក្នុងខន្ធ ៥ ។
-សួរអំពីកាលបុគ្គលដឹងដូចម្ដេច ឃើញដូចម្ដេច ទើបអហង្ការ មមង្ការ និងមានានុស័យ ក្នុងកាយដែលប្រកបដោយវិញ្ញាណនេះផង ក្នុងនិមិត្តទាំងពួងជាខាងក្រៅផង មិនមាន ។
ជាចុងក្រោយនៃព្រះធម្មទេសនា ព្រះភិក្ខុទាំង ៦០ ព្រះអង្គនោះឯង គង់នៅមួយកន្លែងនៅឡើយ បានរួចផុតចាកអាសវៈទាំងឡាយ ក្នុងគ្រានោះហោង ។
ដកស្រង់ពីសៀវភៅ សិក្សាព្រះសូត្រ ភាគទី១៣
ដោយ៥០០០ឆ្នាំ
images/articles/2771/ervgcrdfhvnfghvjbn.jpg
ផ្សាយ : ១២ មេសា ឆ្នាំ២០២១ (អាន: ៤០៤០៨ ដង)
សម័យមួយ ព្រះដ៏មានព្រះភាគ ទ្រង់គង់នៅនាមិគារមាតុប្រាសាទ ក្នុងបុព្វារាម ជិតក្រុងសាវត្ថី ។ សម័យនោះឯង ព្រះដ៏មានព្រះភាគ មានភិក្ខុសង្ឃចោមរោម ទ្រង់គង់ក្នុងទីវាលស្រឡះ នាវេលារាត្រីពេញបូណ៌មី ១៥ កើត ។
ព្រះដ៏មានព្រះភាគទ្រង់ត្រាស់សម្ដែងអំពី ៖
-អសប្បុរស មិនស្គាល់នូវអសប្បុរស ។
-អសប្បុរស មិនស្គាល់នូវសប្បុរស ។
-អសប្បុរស ជាអ្នកប្រកបដោយអសទ្ធម្ម មានការសេពគប់ជាអសប្បុរស មានគំនិតជាអសប្បុរស មានការប្រឹក្សាជាអសប្បុរស មានវាចាជាអសប្បុរស មានការងារជាអសប្បុរស មានទិដ្ឋិជាអសប្បុរស តែងឱ្យទានជាអសប្បុរស ។
-ម្នាលភិក្ខុទាំងឡាយ អសប្បុរសនោះឯង ( ប្រកបដោយធម៌អសប្បុរសទាំង ៨ ពួកយ៉ាងនេះហើយ ) លុះមានរាងកាយបែកធ្លាយទៅ ខាងមុខបន្ទាប់អំពីមរណៈ តែងទៅកើតក្នុងគតិរបស់ពួកអសប្បុរស ។ ម្នាលភិក្ខុទាំងឡាយ ឯគតិរបស់ពួកអសប្បុរសតើដូចម្ដេច គតិរបស់ពួកអសប្បុរសគឺនរក ឬកំណើតតិរច្ឆាន ។
-សប្បុរសស្គាល់នូវសប្បុរស ។
-សប្បុរសស្គាល់នូវអសប្បុរស ។
-សប្បុរស ប្រកបដោយព្រះសទ្ធម្ម ៧ គឺ សទ្ធា ហិរិ ឱត្តប្បៈ ពាហុសច្ចៈ អារទ្ធវីរិយៈ ឧបដ្ឋិតស្សតិ បញ្ញា ។
-សប្បុរស មានការសេពគប់នឹងអ្នកដែលមាននូវព្រះសទ្ធម្មទាំង ៧ នេះឯង ។
-សប្បុរស មានគំនិតជាសប្បុរស គឺមិនគិតដើម្បីបៀតបៀនខ្លួនឯង មិនគិតដើម្បីបៀតបៀនអ្នកដទៃ មិនគិតដើម្បីបៀតបៀនទាំងពីរខាង ។
-សប្បុរសមានការប្រឹក្សាជាសប្បុរស គឺសប្បុរសមិនប្រឹក្សាដើម្បីបៀតបៀនខ្លួនឯងជាដើមឡើយ ។
-សប្បុរសមានវាចាជាសប្បុរស គឺវៀរចាកវចីទុច្ចរិត ៤ យ៉ាង
-សប្បុរសមានការងារជាសប្បុរស គឺវៀរចាកកាយទុច្ចរិត ៣ យ៉ាង ។
-សប្បុរសមានទិដ្ឋិជាសប្បុរស គឺមានសម្មាទិដ្ឋិ ១០ ហ្នឹងឯង
-សប្បុរសតែងឱ្យទានជាសប្បុរស មានការឱ្យដោយគោរពកោតក្រែងជាដើម ។
-ម្នាលភិក្ខុទាំងឡាយ សប្បុរសនោះឯង ឯវំ សទ្ធម្មសមន្នាគតោ ឯវំ សប្បុរិសភត្តឹ វំ សប្បុរិសចិន្តី ឯវំ សប្បុរិសមន្តី ឯវំ សប្បុរិសវាចោ ឯវំ សប្បុរិសកម្មន្តោ ឯវំ សប្បុរិសទិដ្ឋី ឯវំ សប្បុរិសទានំ ទត្វា លុះមានរាងកាយបែកធ្លាយទៅ ខាងមុខបន្ទាប់អំពីមរណៈតែងទៅកើតក្នុងគតិរបស់សប្បុរស ម្នាលភិក្ខុទាំងឡាយ ចុះគតិរបស់សប្បុរសតើដូចម្ដេច គតិរបស់សប្បុរសនោះ គឺសភាពជាទេវតាដ៏ស្ដុកស្ដម្ភ ឬសភាពជាមនុស្សដ៏ស្ដុកស្ដម្ភ ។
លុះព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់សម្ដែងនូវព្រះសូត្រនេះចប់ហើយ ភិក្ខុទាំងនោះ ក៏មានសេចក្ដីត្រេកអររីករាយ ចំពោះភាសិតរបស់ព្រះដ៏មានព្រះភាគ ។
ដកស្រង់ពីសៀវភៅ សិក្សាព្រះសូត្រ ភាគទី១៣
ដោយ៥០០០ឆ្នាំ
images/articles/2786/dgvdgrcfxfvsczx.jpg
ផ្សាយ : ១២ មេសា ឆ្នាំ២០២១ (អាន: ៤២៤៧៩ ដង)
យើងប្រាថ្នាព្រះនិព្វាន តើយើងដឹងថាព្រះនិព្វាននោះយ៉ាងដូចម្ដេចទេ ? ថាព្រះនិព្វានជាបរមសុខ តើសុខដ៏ក្រៃលែងនោះដូចម្ដេច ? ថាព្រះនិព្វានរួចផុតចាកទុក្ខ តើអ្វីជាទុក្ខ ? ហើយអ្វីជាការរួចផុតចាកទុក្ខ ? ដូច្នេះអ្វីដែលអាចដឹងបានក្នុងពេលនេះ គឺរូបជាធាតុមិនដឹង ដោយឡែកអំពីរូបគឺនាមធម៌ដែលដឹងអារម្មណ៍ សតិរលឹកដឹងលក្ខណៈនៃរូបធម៌ និងនាមធម៌រឿយៗ រហូតដល់វិបស្សនាកើតឡើងស្គាល់ទុក្ខ ដឹងហេតុនៃសេចក្ដីទុក្ខក្នុងវដ្ដៈ ទើបមានញាណក្នុងសន្តិបទ ដឹងអំពីការអស់ទៅនៃបច្ច័យ ។
នៅក្នុងអដ្ឋកថាសច្ចវិភង្គ សម្ដែងអំពីអនុពោធិញ្ញាណគឺវិបស្សនាដឹងទុក្ខ រមែងហាមនូវសក្កាយទិដ្ឋិ ដឹងសមុទយៈរមែងហាមនូវឧច្ឆេទទិដ្ឋិ ដឹងនូវនិរោធរមែងហាមនូវសស្សតទិដ្ឋិ ដឹងមគ្គរមែងហាមនូវអកិរិយទិដ្ឋិ ។
ដកស្រង់ពីសៀវភៅ សិក្សាព្រះសូត្រ ភាគទី១៣
ដោយ៥០០០ឆ្នាំ
images/articles/2846/64rgk.jpg
ផ្សាយ : ១២ មេសា ឆ្នាំ២០២១ (អាន: ៦៤៥៦៩ ដង)
សម័យមួយ ព្រះដ៏មានព្រះភាគ ទ្រង់គង់នៅក្នុងដងព្រៃឈ្មោះឥច្ឆានង្គលៈ ជិតស្រុកឥច្ឆានង្គលៈនោះឯង ។ សម័យនោះ វាសេដ្ឋមាណព និងភារទ្វាជមាណពទាំង ២ នាក់ ទាំងគំនិតមិនត្រូវគ្នាក្នុងបញ្ហាដែលថា ឈ្មោះថាព្រាហ្មណ៍ តើដោយហេតុដូចម្ដេច ។ ភារទ្វាជមាណពថា ព្រោះមានជាតិល្អទាំង ២ ចំណែក ទាំងខាងមាតានិងខាងបិតា ចំណែកវាសេដ្ឋមាណពថា ព្រោះមានសីលផង បរិបូណ៌ដោយវត្តផង ។ ទាំង ២ នាក់នេះឯង បាននាំគ្នាចូលគាល់ព្រះដ៏មានព្រះភាគ ទូលសួរនៅក្នុងសេចក្ដីនេះ ដោយវាសេដ្ឋមាណពពោលនូវគាថា ដែលមានសេចក្ដីដូចតទៅ ៖
ខ្ញុំព្រះអង្គទាំង ២ នាក់ បានទទួលអនុញ្ញាត អំពីអាចារ្យដែលបានឲ្យរៀនសូត្រស្រេចហើយ ទាំងបានប្ដេជ្ញាខ្លួនឯងថា បានរៀនសូត្រចេះចាំនូវវេទទាំង ៣ ខ្ញុំព្រះអង្គជាសិស្សច្បងរបស់បោក្ខរសាតិព្រាហ្មណ៍ ឯមាណពនេះ ជាសិស្សច្បង របស់តារុក្ខព្រាហ្មណ៍ បទណាដែលពួកព្រាហ្មណ៍ចេះនូវវេទទាំង ៣ បានប្រាប់ ដោយអត្ថក្ដី ដោយព្យញ្ជនៈក្ដី ខ្ញុំព្រះអង្គទាំង ២ នាក់ ក៏បានចូលចិត្តក្នុងបទនោះទាំងអស់ ទាំងសេចក្ដីព្យាករណ៍នូវបទរបស់ខ្ញុំព្រះអង្គទាំង ២ នាក់ ក៏ប្រាកដស្មើនឹងអាចារ្យ ត្រង់កន្លែងជាទីពោលមន្ត បពិត្រព្រះគោតម ខ្ញុំព្រះអង្គទាំង ២ នាក់មានសេចក្ដីវិវាទ ក្នុងការពោលអំពីជាតិ ភារទ្វាជមណពពោលថា បុគ្គលដែលឈ្មោះថាព្រាហ្មណ៍ ព្រោះជាតិ ចំណែកខ្ញុំព្រះអង្គពោលថា ព្រោះកម្ម បពិត្រព្រះអង្គអ្នកមានចក្ខុ សូមព្រះអង្គទ្រង់ជ្រាបយ៉ាងនេះ ដោយហេតុនោះហើយ បានជាខ្ញុំព្រះអង្គទាំង ២ នាក់ មិនអាចញ៉ាំងគ្នានឹងគ្នាឲ្យដឹងបាន ទើបនាំគ្នាមកក្រាបទូលសួរព្រះមានព្រះភាគដែលប្រាកដថាជាព្រះសម្ពុទ្ធ ពួកជនតាំងអញ្ជលិកម្មថ្វាយបង្គំ ចំពោះទៅរកព្រះចន្ទពេញវង់ យ៉ាងណា គេក៏ថ្វាយបង្គំចំពោះព្រះគោតមក្នុងលោក យ៉ាងនោះដែរ ខ្ញុំព្រះអង្គទាំង ២ នាក់ សូមទូលសួរព្រះគោតម ដែលមានដួងចក្ខុកើតឡើងបរិសុទ្ធស្អាតក្នុងលោកថា បុគ្គលដែលជាព្រាហ្មណ៍នោះ តើព្រោះជាតិឬព្រោះកម្ម ដ្បិតខ្ញុំព្រះអង្គទាំង ២ នាក់មិនស្គាល់ សូមព្រះអង្គទ្រង់សម្ដែង ល្មមឲ្យខ្ញុំព្រះអង្គទាំង ២ នាក់ ស្គាល់ថាព្រាហ្មណ៍បានផង ។
ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ឆ្លើយតបច្រើនព្រះគាថា តាមដូចព្រះគាថាក្នុងព្រាហ្មណវគ្គនៃព្រះគាថាធម្មបទដែរ ។ នៅក្នុងព្រះពុទ្ធសាសនា យើងសិក្សាបានយល់ដឹងថា ការប្រព្រឹត្តលះបង់នូវបាប កម្ចាត់ហេតុនៃសេចក្ដីទុក្ខ នេះទើបជាគោលការណ៍សំខាន់នៃព្រះពុទ្ធសាសនា ចំណែកអ្វី ៗ គ្រាន់តែជាទីតាំងនៃការពេញចិត្ត ដូចជាជាតិត្រកូល វណ្ណៈទ្រព្យធន និងវត្ថុកាមគុណផ្សេងៗ ជាដើមនេះ ដែលបានមកហើយ មិនមែនសម្រាប់លះហេតុនៃទុក្ខក្នុងវដ្ដសង្សារ គឺមិនចាត់ថាជាខ្លឹមសារក្នុងព្រះពុទ្ធសាសនាឡើយ ។ យើងគប្បីនឹករលឹកដល់ឱវាទខ្លឹមសារនៃព្រះសម្មាសម្ពុទ្ធគ្រប់ៗ ព្រះអង្គគឺកិរិយាមិនធ្វើនូវបាបទាំងពួង ១ កិរិយាដល់ព្រមដោយការបំពេញនូវបុណ្យកុសល ១ និងកិរិយាសម្អាតចិត្តរបស់ខ្លួនឲ្យផូរផង់ ១ កិរិយាទាំង ៣ នេះ គឺមានប្រយោជន៍សំខាន់ក្នុងការកាត់ផ្ដាច់នូវវដ្ដៈ ធ្វើឲ្យ អស់ហេតុនៃសង្សារទុក្ខ ។
នៅក្នុងព្រះសូត្រនេះ មាណពទាំង ២ នាក់បានដល់ព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ ជាទីពឹងទីរលឹក លើកទី ១ ។ ក្រោយមកបានស្ដាប់ព្រះធម៌នៅក្នុងតេវិជ្ជសូត្រ គឺព្រះសូត្រចុងក្រោយនៃទីឃនិកាយ សីលក្ខន្ធវគ្គ បិដកលេខ ១៥ បានដល់ព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ ជាទីពឹងទីរលឹក ជាលើកទី ២ ហើយ ២, ៣ថ្ងៃក្រោយមក ក៏បានបួសជាសាមណេរ ។ បន្តមកទៀត បានស្ដាប់នូវអគ្គញ្ញសូត្រ គឺព្រះសូត្រទី ៤ នៃទីឃនិកាយ បាដិកវគ្គ បិដកលេខ ១៨ ក៏បានសម្រេចព្រះអរហត្តផល ។
ដកស្រង់ពីសៀវភៅ ជំនួយសតិភាគទី២២
ដោយ៥០០០ឆ្នាំ
images/articles/2878/______pic.jpg
ផ្សាយ : ១២ មេសា ឆ្នាំ២០២១ (អាន: ២៧៧៣ ដង)
ភិក្ខុនីពីររូប ជាកុលធីតាក្នុងសាក្យត្រកូល ជាអ្នកមានគុណសម្បត្តិ ក្នុងនគរកុសុមបាដលិបុត្ត ដែលជាមណ្ឌលនៃដែនដី ។ បណ្ដាភិក្ខុនីទាំងពីរូបនោះ ភិក្ខុនី ១ រូប ឈ្មោះឥសិទាសី ភិក្ខុនីទី ២ ឈ្មោះ ពោធិ ជាអ្នកបរិបូណ៌ដោយសីល ជាអ្នកត្រេកអរដោយការរំពឹងក្នុងឈាន ជាពហុស្សូត មានកិលេសកម្ចាត់បង់ហើយ ។ ភិក្ខុនីទាំងពីររូបនោះ ត្រាច់ទៅបិណ្ឌបាត ហើយធ្វើនូវភត្តកិច្ច លុះលាងបាត្រហើយ អង្គុយជាសុខក្នុងទីស្ងាត់ ទើបផ្ដើមនិយាយសម្ដីទាំងឡាយនេះថា ៖
ម្នាលនាងម្ចាស់ ឈ្មោះឥសិទាសី នាងជាស្រីគួរជ្រះថ្លា ទាំងវ័យរបស់នាងក៏មិនទាន់សាបសូន្យ អើចុះនាងឃើញទោសដូចម្ដេច ទើបមកប្រកបខ្លួនក្នុងបព្វជ្ជា ?ឥសិទាសីភិក្ខុនីនោះ ជាអ្នកឈ្លាសវៃក្នុងធម្មទេសនា កាលបើពោធិភិក្ខុនីសាកសួរ ក្នុងហេតុជាប្រយោជន៍យ៉ាងនេះហើយ ក៏បានពោលនូវពាក្យនេះថាម្នាលនាងពោធិ នាងចូរស្ដាប់តាមដំណើរ ដែលខ្ញុំបួសចុះ ។លំដាប់អំពីនេះទៅ គឺជាពាក្យវិសជ្ជនាសេដ្ឋីអ្នកសង្រួមក្នុងសីល ជាបិតារបស់ខ្ញុំ ក្នុងបុរីដ៏ប្រសើរឈ្មោះ ឧជ្ជេនី (ក្នុងដែនអវន្ដិ) ខ្ញុំជាធីតាម្នាក់ ជាទីស្រឡាញ់ពេញចិត្ត ជាអ្នកគួរទទួលសេចក្ដីអនុគ្រោះរបស់បិតានោះ ។
លុះចំណេរមកខាងក្រោយ សេដ្ឋីមានត្រកូលដ៏ឧត្តម មានទ្រព្យច្រើន មកអំពីនគរសាកេត ដណ្ដឹងខ្ញុំ បិតាក៏បានឲ្យខ្ញុំជាកូនប្រសារបស់សេដ្ឋីនោះ ។ ខ្ញុំចូលទៅក្រាបក្បាលថ្វាយបង្គំនូវជើងម្ដាយក្មេក និងឪពុកក្មេក រាល់ល្ងាចព្រឹក តាមដំណើរ ដែលមាតាបិតាប្រៀនប្រដៅ ។ ខ្ញុំឃើញនូវអ្នកដណ្ដឹងសូម្បីម្នាក់ ដែលជាបងប្អូនស្រី បងប្អូនប្រុស ឬជាបរិវាររបស់ស្វាមី ខ្ញុំក៏រលះរលាំង ក្រាលអាសនៈ ។ ខ្ញុំអង្គាសផ្គត់ផ្គង់ ឲ្យបាយ ទឹក និងបង្អែម ដែលមាននៅក្នុងលំនៅនោះ តាមសមគួរតាមវត្ថុដែលគេត្រូវការ ។ ខ្ញុំក្រោកឡើងតាមកាលគួរ ហើយចូលទៅកាន់ផ្ទះរបស់ប្ដី ជូតសម្អាតនូវធរណីទ្វារ (ជាដើម) នឹងដៃជើង ផ្គងអញ្ជលីចូលទៅរកប្ដី ។
ខ្ញុំយកស្និតសក់ ម្សៅសម្រាប់លាបមុខ ថ្នាំសម្រាប់បន្ដក់ភ្នែក និងកញ្ចក់ ស្អិតស្អាងឲ្យប្ដីដោយខ្លួនឯង ហាក់ដូចជា (វណ្ណទាសី) អ្នកធ្វើនូវការបម្រើ ។ ខ្ញុំដាំបាយខ្លួនឯង លាងភាជន៍ខ្លួនឯង បម្រើភស្ដា ដូចជាមាតាថ្នមកូនខ្ចី ។ តែភស្ដាតែងខឹងសម្បានឹងខ្ញុំ ដែលជាស្រី្តបម្រើបាយ គ្មានស្រ្តីណាលើស ជាស្រ្តីធ្វើការ (គ្រប់យ៉ាង) ជាស្រី្តមិនមានសេចក្ដីប្រកាន់ មានសេចក្ដីព្យាយាម មិនខ្ជិលច្រអូស មានមារយាទយ៉ាងនេះ ។ ស្វាមីនោះនិយាយនឹងមាតាបិតារបស់គេថា ខ្ញុំសូមលា (អ្នកម្ដាយលោកឪពុក) ទៅ (ក្នុងទីណាមួយ) (ព្រោះ) ខ្ញុំមិនអាចនៅរួមគ្នាក្នុងផ្ទះមួយ ជាមួយនឹងនាងឥសិទាសីឡើយ ។
(មាតាបិតាពោលថា) នែកូន កុំពោលយ៉ាងនេះឡើយ នាងឥសិទាសី ជាបណ្ឌិត ឈ្លាសវៃ ជាស្រ្តីមានសេចក្ដីព្យាយាម មិនខ្ជិលច្រអូសទេ ម្នាលកូន ហេតុអ្វីក៏កូនឯងមិនពេញចិត្ត ។(កូនពោលថា) នាងឥសិទាសី មិនបៀតបៀនអ្វី ៗ ដល់ខ្ញុំទេ ប៉ុន្តែខ្ញុំមិនអាចនៅជាមួយនឹងនាងឥសិទាសី ព្រោះថានាងឥសិទាសីជាស្រីសម្អប់របស់ខ្ញុំ ខ្ញុំមិនគួរនឹងនៅរួមទេ ខ្ញុំសូមលាទៅហើយ ។ម្ដាយក្មេក និងឪពុកក្មេក បានស្ដាប់ពាក្យកូននោះហើយ សួរខ្ញុំថា នាងធ្វើខុសអ្វីទេ នាងចូរប្រាប់កំហុសដែលនាងធ្វើហើយ នាងចូរដោះស្រាយ តាមសេចក្ដីពិតមកចុះ ។
(ខ្ញុំក៏ឆ្លើយថា) ខ្ញុំមិនបានប្រទូស្តអ្វី ៗ ទេ ខ្ញុំមិនបៀតបៀន មិនពោលពាក្យអាក្រក់ទេ (ដល់គាត់ទេ) ភស្ដាស្អប់ខ្ញុំ ឲ្យខ្ញុំអាចធ្វើអ្វីកើត ។ ម្ដាយក្មេកនិងឪពុកក្មេកទាំងឡាយនោះ ក៏អាក់អន់ចិត្ត ត្រូវសេចក្ដីព្រួយគ្របសង្កត់ ក៏នាំខ្ញុំត្រឡប់ទៅកាន់ផ្ទះបិតាវិញ រក្សានូវកូន (ដោយគិតថា) យើងនឹងរកឲ្យបាននូវស្រ្តីមានរូបឆោមដ៏មានសិរី ។ គ្រាក្រោយមក បិតាបានឲ្យខ្ញុំ ក្នុងផ្ទះនៃត្រកូលទី ២ ជាអ្នកស្ដុកស្ដម្ភ ដោយជំនូនពាក់កណ្ដាល អំពីជំនូនដែលសេដ្ឋីបានជូនមកខ្ញុំមុននោះ ។ ខ្ញុំបាននៅក្នុងផ្ទះនៃប្ដីទី ២ នោះ អស់ ១ ខែ គ្រានោះ គាត់ក៏បណ្ដេញខ្ញុំ ដែលជាស្រ្តីខ្នះខ្នែងបម្រើដូចជាទាសី ជាស្រីមិនប្រទូស្ត មានមារយាទល្អ ។ បិតារបស់ខ្ញុំ និយាយនឹងបុរសអ្នកទូន្មាន (ចិត្ត) អ្នកទូន្មាន (កាយនិងវាចា) ដែលកំពុងត្រាច់ទៅដើម្បីភិក្ខាថា អ្នកចូរជាកូនប្រសារបស់ខ្ញុំ អ្នកចូរបោះចោលនូវកំណាត់សំពត់ និងឆ្នាំង ។
ស្វាមីទី ៣ នោះ បាននៅ (ជាមួយនឹងខ្ញុំ) អស់បក្ខ ១ (កន្លះខែ) ក៏និយាយនឹងបិតាខ្ញុំថា អ្នកចូរឲ្យ កំណាត់សំពត់ ឆ្នាំង និងអំបែងមកខ្ញុំវិញ ខ្ញុំនឹងត្រាច់ទៅដើម្បីភិក្ខាទៀត ។ គ្រានោះ បិតាមាតា និងពពួកញាតិទាំងអស់របស់ខ្ញុំ និយាយនឹងបុរសនោះថា អ្នកណាមិនធ្វើតាមអ្នកក្នុងទីនេះឬ អ្នកចូរប្រាប់ហេតុដែលគេធ្វើដល់អ្នកឲ្យឆាប់ ។ បុរសនោះ កាលបើគេពោលយ៉ាងនេះហើយ ក៏ពោលតបថា បើខ្លួនរបស់ខ្ញុំអាចនៅបាន (ក៏នាងឥសិទាសី) មិនគួរដល់ខ្ញុំ (ព្រោះហេតុនោះ) ខ្ញុំមិននៅជាមួយនាងឥសិទាសី ក្នុងផ្ទះមួយជាមួយគ្នាទេ ។ បុរសនោះ កាលបើ (បិតារបស់ខ្ញុំ) លះបង់ហើយ ក៏ទៅបាត់ទៅ ចំណែកខាងខ្ញុំជាស្រ្តីនៅតែម្នាក់ឯង គិតថា អាត្មាអញនឹងលាមាតាបិតាទៅស្លាប់ ឬទៅបួស ។
គ្រានោះ នាងថេរីជាម្ចាស់ឈ្មោះជិនទត្តា ជាអ្នកទ្រទ្រង់នូវវិន័យ ជាពហុស្សូត បរិបូណ៌ដោយសីល កាលត្រាច់ទៅដើម្បីភិក្ខាហារ ក៏បាននិមន្ដមកកាន់ត្រកូលនៃបិតា (ខ្ញុំ) ។ ខ្ញុំឃើញនាងជិនទត្តាថេរីនោះ ក៏ក្រោកឡើង ក្រាលអាសនៈរបស់យើង ប្រគេននាងថេរីនោះ លុះព្រះនាងគង់ហើយ ខ្ញុំក៏ថ្វាយបង្គំនូវព្រះបាទា ហើយប្រគេនភោជន ។ ខ្ញុំញ៉ាំងជិនទត្តាថេរី ឲ្យឆ្អែតស្កប់ស្កល់ ដោយបាយ និងបង្អែម ដែលមានក្នុងលំនៅនោះ ហើយពោលថា បពិត្រព្រះនាងជាម្ចាស់ ខ្ញុំចង់បួស ។
គ្រានោះ បិតាពោលនឹងខ្ញុំថា ម្នាលកូនស្រីតូច នាងចូរប្រព្រឹត្តធម៌នោះក្នុងផ្ទះនេះទៅចុះ ចូរញ៉ាំងសមណៈទាំងឡាយផង ព្រាហ្មណ៍ទាំងឡាយផង ឲ្យឆ្អែតស្កប់ស្កល់ដោយបាយ និងទឹកចុះ ។ លំដាប់នោះ ខ្ញុំក៏ប្រណម្យអញ្ជលី យំពោលនឹងបិតាថា បពិត្របិតា សូមលោកអនុញ្ញាតខ្ញុំ ខ្ញុំនឹងញ៉ាំងបាបកម្មដែលខ្ញុំធ្វើហើយនោះឲ្យវិនាស ។ គ្រានោះ បិតាពោលនឹងខ្ញុំថា (ព្រះសម្មាសម្ពុទ្ធ) ព្រះអង្គប្រសើរជាសត្វជើងពីរ ទ្រង់ធ្វើឲ្យជាក់ច្បាស់នូវលោកុត្តរធម៌ណា នាងចូរបានលុះនូវពោធិញាណ និងអគ្គធម៌ និងព្រះនិព្វាននោះចុះ ។
ខ្ញុំថ្វាយបង្គំលាបិតាមាតា និងពពួកនៃញាតិទាំងអស់ ហើយបួសបាន ៧ ថ្ងៃ ក៏សម្រេចវិជ្ជាបី ។ ខ្ញុំដឹងជាតិរបស់ខ្លួន បាន ៧ ជាតិ ផលវិបាកនេះរបស់កម្មណា ខ្ញុំនឹងប្រាប់កម្មនោះដល់នាង នាងចូរមានចិត្តតែមួយ ចាំផ្ទៀងស្ដាប់នូវកម្មនោះ ដូចតទៅនេះ ៖ ខ្ញុំជាជាងមាសមានទ្រព្យច្រើន ក្នុងនគរឈ្មោះ ឯកកច្ឆៈ ខ្ញុំនោះជាមនុស្សស្រវឹង ព្រោះការស្រវឹងវ័យ បានប្រព្រឹត្តសេពសម្ភពនឹងប្រពន្ធបុគ្គលដទៃ ។ ខ្ញុំនោះលុះឃ្លាតចាកអត្តភាពនោះហើយ ក៏ឆេះរោលរាលក្នុងនរកអស់កាលយូរ លុះរួចចាកនរកនោះហើយ មកចាប់បដិសន្ធិក្នុងផ្ទៃនៃមេស្វា ។
ស្វាឈ្មោលធំជាម្ចាស់នៃហ្វូង ខាំផ្ដាច់នូវជាតកម្ម គឺអង្គជាត (របស់ខ្ញុំ) ដែលទើបនឹងកើតបាន ៧ ថ្ងៃ នុ៎ះជាផលនៃកម្មរបស់ខ្ញុំនុ៎ះ ដែលគប់រកនូវប្រពន្ធនៃបុគ្គលដទៃ ។ ខ្ញុំនោះធ្វើមរណកាល ច្យុតចាកកំណើតនៃស្វានោះហើយ ក៏ចាប់បដិសន្ធិក្នុងផ្ទៃនៃមេពពែខ្វាក់ផង ខ្ចកផង ក្នុងដែននៃស្ដេចសិន្ធវៈ ។ ខ្ញុំត្រូវគេព្រនាក់កូនក្មេងអស់ ១២ ឆ្នាំ ត្រូវគេគ្រៀវ ត្រូវដង្កូវបៀតបៀន ឈឺចាប់ ព្រោះតែអំពើដែលខ្ញុំសេពនូវប្រពន្ធរបស់បុគ្គលដទៃ ។
ខ្ញុំនោះច្យុតចាកកំណើតនៃពពែនោះហើយ ក៏កើតជាកូនគោ អំពីមេគោរបស់ឈ្មួញគោ បាន ១២ ខែ មានរោមក្រហមដូចជាជ្រលក់ល័ក្ត ហើយត្រូវគេគ្រៀវ ។ ខ្ញុំតែងទាញនូវនង្គ័ល និងរទេះ ខ្វាក់ ខ្ចក ឈឺ ព្រោះតែខ្ញុំសេពនូវប្រពន្ធរបស់បុគ្គលដទៃ ។ ខ្ញុំនោះជាសត្វច្យុតចាកកំណើត នៃគោនោះហើយ ក៏កើតក្នុងផ្ទៃនៃទាសីក្នុងផ្ទះក្បែរថ្នល់ មិនប្រាកដជាស្រី មិនប្រាកដជាប្រុស (ខ្ទើយ) ព្រោះតែសេពនូវប្រពន្ធនៃបុគ្គលដទៃ ។ ខ្ញុំស្លាប់ក្នុងអាយុ ៣០ ឆ្នាំ ហើយក៏កើតជាទារិកា ក្នុងត្រកូលនៃអ្នករទេះ ដែលជាត្រកូលកំព្រា គ្មានភោគសម្បត្តិ ត្រូវបុរសជាម្ចាស់ទ្រព្យរឹបជាន់ច្រើន ។
កាលការប្រាក់ចម្រើនច្រើនឡើងហើយ នាយឈ្មួញរទេះក៏អូសទាញខ្ញុំ អំពីផ្ទះនៃត្រកូល ដែលកំពុងយំខ្សឹកខ្សួល ។ គ្រានោះ បុត្ររបស់ឈ្មួញរទេះនោះ ឈ្មោះ គិរិទាសៈ បានឃើញខ្ញុំជាស្រ្តីនៅក្រមុំ មានវ័យចម្រើន ក្នុងឆ្នាំជាគម្រប់ ១៦ ក៏ហួងហែងទុក (ក្នុងផ្ទះរបស់ខ្លួន) ។ ប្រពន្ធដទៃរបស់គិរិទាសៈ ជាស្រ្ដីមានសីលផង មានគុណផង ជាស្រ្តីប្រព្រឹត្តតាមភស្ដា ខ្ញុំក៏បានធ្វើការស្អប់នូវប្រពន្ធរបស់គាត់ ។ ប្ដីទាំងឡាយ លះលែងខ្ញុំ ដែលជាអ្នកខ្នះខ្នែងបម្រើដូចជាទាសី ព្រោះផលនៃកម្មណា នុ៎ះជាផលកម្ម (របស់ខ្ញុំ) នោះ ទីបំផុតនៃបាបកម្មនោះឯង ខ្ញុំបានធ្វើហើយ ។
ឥសិទាសីថេរី ចប់ ៕
(សុត្តន្តបិដក ខុទ្ទកនិកាយ ថេរីគាថា ចត្តាឡីសនិបាត បិដកលេខ ៥៧ ទំព័រ ២១៨)
ដោយ៥០០០ឆ្នាំ
images/articles/2889/Phutthamonthon_Buddha.jpg
ផ្សាយ : ១២ មេសា ឆ្នាំ២០២១ (អាន: ១២៩៧៣ ដង)
បដិបទា [ប៉ៈដិប៉ៈទា ] ( បា., សំ. ) ការប្រព្រឹត្ត, កាន់, ធ្វើតាម; ច្រើននិយាយថា សេចក្ដីបដិបត្តិ, ការប្រតិបត្តិ ដូចគ្នានឹងបដិបត្តិ ឬ ប្រតិបត្តិ ដែរ ។
បដិបទា មាន ៤ យ៉ាង គឺ ៖
១. ទុក្ខា បដិបទា ទន្ធាភិញ្ញា បដិបទាជាទុក្ខតែត្រាស់ដឹងបានដោយយឺតយូរ
២. ទុក្ខា បដិបទា ខិប្បាភិញ្ញា បដិបទាជាទុក្ខតែត្រាស់ដឹងបានដោយឆាប់រហ័ស
៣. សុខា បដិបទា ទន្ធាភិញ្ញា បដិបទាជាសុខតែត្រាស់ដឹងបានដោយយឺតយូរ
៤. សុខា បដិបទា ខិប្បាភិញ្ញា បដិបទាជាសុខតែត្រាស់ដឹងបានដោយឆាប់រហ័ស
(សុត្តន្តបិដក ទីឃនិកាយ បាដិកវគ្គ សង្គីតិសូត្រ បិដកលេខ ១៩ ទំព័រ ១៦៣)
ម្នាលភិក្ខុទាំងឡាយ បដិបទា (ការប្រតិបត្តិ) នេះមាន ៤ ។ បដិបទា ៤ គឺ អ្វីខ្លះ ។ គឺប្រតិបត្តិលំបាក ទាំងត្រាស់ដឹងក៏យឺតយូរ ១ ប្រតិបត្តិលំបាក តែត្រាស់ដឹងឆាប់ ១ ប្រតិបត្តិស្រួល តែត្រាស់ដឹងយឺតយូរ ១ ប្រតិបត្តិស្រួល ទាំងត្រាស់ដឹងក៏ឆាប់ ១ ។ ម្នាលភិក្ខុទាំងឡាយ បដិបទាមាន ៤ យ៉ាងនេះឯង ។
(សុត្តន្តបិដក អង្គុត្តរនិកាយ ចតុក្កនិបាត ចតុត្ថបណ្ណាសក បដិបទាវគ្គ បិដកលេខ ៤៣ ទំព័រ ១៩)
បដិបទារបស់ព្រះសារីបុត្រ
១. បដិបទាឲ្យបានសម្រេចមគ្គ ៣ ខាងក្រោមរបស់ព្រះសារីបុត្រជា សុខា បដិបទា ទន្ធាភិញ្ញា (បដិបត្តិស្រួល តែត្រាស់ដឹងយឺតយូរ) ។ (មនោរថបូរណី អដ្ឋកថា អង្គុត្តរនិកាយ ចតុក្កនិបាត ចតុត្ថ
បណ្ណាសក បដិបទាវគ្គ សារិបុត្តសូត្រ)
២. បដិបទាឲ្យបានសម្រេចអរហត្តមគ្គរបស់ព្រះសារីបុត្រជា សុខា បដិបទា ខិប្បាភិញ្ញា (បដិបត្តិលំបាក តែត្រាស់ដឹងឆាប់រហ័ស) ដោយមានសូត្រជាសាធកៈថា ម្នាលអាវុសោ បណ្ដាបដិបទាទាំង ៤ នេះ ចិត្តខ្ញុំអាស្រ័យនូវបដិបទា ដែលជាប្រតិប័ទស្រួលទាំងត្រាស់ដឹងបានឆាប់នេះ ទើបរួចចាកអាសវៈទាំងឡាយ ព្រោះមិនប្រកាន់មាំ ។ (សុត្តន្តបិដក អង្គុត្តរនិកាយ
ចតុក្កនិបាត ចតុត្ថបណ្ណាសក បដិបទាវគ្គ សារិបុត្តសូត្រ បិដកលេខ ៤៣ ទំព័រ ៣៣)
បដិបទារបស់ព្រះមហាមោគ្គល្លាន
១. បដិបទាឲ្យបានសម្រេចមគ្គ ៣ ខាងក្រោមរបស់ព្រះមហាមោគ្គល្លានជា សុខា បដិបទា ទន្ធាភិញ្ញា (បដិបត្តិស្រួល តែត្រាស់ដឹងយឺតយូរ) ។ (មនោរថបូរណី អដ្ឋកថា អង្គុត្តរនិកាយ
ចតុក្កនិបាត ចតុត្ថបណ្ណាសក បដិបទាវគ្គ មហាមោគ្គល្លានសូត្រ)
២. បដិបទាឲ្យបានសម្រេចអរហត្តមគ្គរបស់ព្រះមហាមោគ្គល្លានជា ទុក្ខា បដិបទា ខិប្បាភិញ្ញា (បដិបត្តិលំបាក តែត្រាស់ដឹងឆាប់រហ័ស) ដោយមានសូត្រជាសាធកៈថា ម្នាលអាវុសោ បណ្ដាបដិបទាទាំង ៤ នេះ ចិត្តខ្ញុំអាស្រ័យនូវបដិបទាដែលជាប្រតិប័ទលំបាក តែត្រាស់ដឹងបានឆាប់នេះ ទើបរួចចាកអាសវៈព្រោះមិនប្រកាន់មាំ ។ (សុត្តន្តបិដក អង្គុត្តរនិកាយ ចតុក្កនិបាត ចតុត្ថ
បណ្ណាសក បដិបទាវគ្គ មហាមោគ្គល្លានសូត្រ បិដកលេខ ៤៣ ទំព័រ ៣២)
មហាមោគ្គល្លានសុត្តាទិវណ្ណនា
ក្នុងសូត្រទី ៧ និង ទី ៨ នេះ មានវិនិច្ឆ័យដូចតទៅ ៖
ភាវៈជាសុខបដិបទទន្ធាភិញ្ញានៃមគ្គទាំងឡាយ ៣ ខាងក្រោម និង ភាវៈជាទុក្ខបដិបទ-ខិប្បាភិញ្ញានៃអរហត្តមគ្គ របស់ព្រះមហាមោគ្គល្លានត្ថេរ គឺព្រះអដ្ឋកថាចារ្យ (មនោរថបូរណី អដ្ឋកថា អង្គុត្តរនិកាយ ចតុក្កនិបាត ចតុត្ថបណ្ណាសក បដិបទាវគ្គ មហាមោគ្គល្លានសូត្រ) ពោលហើយដោយបទជាដើមថា មហាមោគ្គល្លានស្ស, ភាវៈជាសុខបដិបទទន្ធាភិញ្ញានៃមគ្គទាំងឡាយ ៣ ខាងក្រោម និង ភាវៈជាសុខបដិបទខិប្បាភិញ្ញានៃអរហត្តមគ្គ របស់ព្រះសារិបុត្តត្ថេរ គឺព្រះអដ្ឋកថាចារ្យ (មនោរថបូរណី អដ្ឋកថា អង្គុត្តរនិកាយ ចតុក្កនិបាត ចតុត្ថបណ្ណាសក បដិបទាវគ្គ សារិបុត្តសូត្រ) បានសម្ដែងហើយ ។
ចំណែកឯក្នុង វិសុទ្ធិមគ្គប្បករណ៍ លោកពោលថា មគ្គទាំងឡាយ សូម្បី ៤ របស់ព្រះសម្មាសម្ពុទ្ធទាំងឡាយ រមែងជាសុខបដិបទខិប្បាភិញ្ញាតែម្យ៉ាងប៉ុណ្ណោះ, មគ្គទាំងឡាយ សូម្បី ៤ របស់ព្រះធម្មសេនាបតីសារីបុត្រ រមែងជាសុខបដិបទខិប្បាភិញ្ញាតែម្យ៉ាងដូចគ្នា ។ ចំណែក បឋមមគ្គ (សោតាបត្តិមគ្គ) របស់ព្រះមហាមោគ្គល្លានត្ថេរ រមែងជាសុខបដិបទខិប្បាភិញ្ញា, មគ្គទាំងឡាយ ៣ ខាងលើ (របស់ព្រះមហាមោគ្គល្លានត្ថេរនោះ) រមែងជា ទុក្ខបដិបទទន្ធាភិញ្ញា ។
ចំណែកក្នុងគម្ពីរ អដ្ឋសាលិនី អដ្ឋកថាធម្មសង្គណី ពោលថា ពិតមែនហើយ មគ្គទាំងឡាយ សូម្បី ៤ របស់ព្រះតថាគត និង ព្រះសារីបុត្រ រមែងជាសុខបដិបទខិប្បាភិញ្ញាតែម្យ៉ាងប៉ុណ្ណោះ ។
ចំណែកឯបឋមមគ្គរបស់ព្រះមហាមោគ្គល្លានត្ថេរ រមែងជាសុខបដិបទខិប្បាភិញ្ញា ហើយមគ្គទាំង ៣ ខាងលើ របស់លោក រមែងជា ទុក្ខបដិបទខិប្បាភិញ្ញា ។ មគ្គទាំងអស់នោះ រមែងមិនអនុលោមដល់គ្នានឹងគ្នា ។
ព្រះបាលី (ព្រះត្រៃបិដក) និង អដ្ឋកថាទាំងឡាយនេះ រមែងមិនស្មើគ្នា (មិនដូចគ្នា)សូមសិក្ខាកាមទាំងឡាយ (អ្នកប្រាថ្នាក្នុងការសិក្សា) គប្បីពិចារណាតាមសមគួរចុះ ។ ពាក្យទាំងអស់នោះ គឺខ្ញុំព្រះករុណាគប្បីកាន់យកថា ជាមតិរបស់ព្រះភាណកាចារ្យទាំងឡាយនោះៗ ដែលលោកពោលយ៉ាងនោះៗ ក្នុងទីនោះៗ ។ មហាមោគ្គល្លានសុត្តាទិវណ្ណនា ចប់ ។ (សារត្ថមញ្ជូសា នាម អង្គុត្តរនិកាយដីកា ) ប្រែ និង ប្រមូលរៀបរៀងដោយ ខេមរ អភិធម្មាវតារ
ដោយ៥០០០ឆ្នាំ
images/articles/2895/____________tpic.jpg
ផ្សាយ : ១២ មេសា ឆ្នាំ២០២១ (អាន: ១២១៧៣ ដង)
សូចិមុខីសូត្រ
(សមណសក្យបុត្រតែងឆាន់បិណ្ឌបាតប្រកបដោយធម៌)
សម័យមួយ ព្រះសារីបុត្តមានអាយុ គង់នៅក្នុងវត្តវេឡុវ័ន ជាកលន្ទកនិវាបស្ថាន ជិតក្រុងរាជគ្រឹះ ។ លំដាប់នោះ ព្រះសារីបុត្តមានអាយុ ស្លៀកស្បង់ ប្រដាប់បាត្រនិងចីវរ ក្នុងបុព្វណ្ហសម័យ ហើយចូលទៅចូលកាន់ក្រុងរាជគ្រឹះ ដើម្បីបិណ្ខបាត លុះចូលទៅបិណ្ខបាតតាមលំដាប់ច្រកក្នុងរាជគ្រឹះហើយ បានទៅគង់អាស្រ័យក្បែរជើងជញ្ចាំងមួយ ឆាន់ចង្ហាន់បិណ្ខបាតនោះ ។
គ្រានោះ បរិព្វាជិកាឈ្មោះសូចិមុខី បានចូលទៅរកព្រះសារីបុត្តមានអាយុ លុះចូលទៅដល់ហើយ បាននិយាយនឹងព្រះសារីបុត្តមានអាយុដូច្នេះថា បពិត្រសមណៈ លោកឱនមុខឆាន់ឬអ្វី ។ នែប្អូនស្រី អាត្មាមិនមែនឱនមុខ ឆាន់ទេ ។ បពិត្រសមណៈ បើដូច្នោះ លោកងើយមុខឆាន់ឬ ។ ម្នាលប្អូនស្រី អាត្មាមិនមែនងើយមុខឆាន់ទេ ។ បពិត្រសមណៈ បើដូច្នោះ លោកបែរមុខទៅកាន់ទិសធំ (ទាំងបួន) ឆាន់ឬអ្វី ។ ម្នាលប្អូនស្រី អាត្មាមិនមែនបែរមុខទៅកាន់ទិសធំឆាន់ទេ ។
បពិត្រសមណៈ បើដូច្នោះ លោកងាកមុខទៅកាន់ទិសតូច (ទាំងបួន) ឆាន់ឬអ្វី ។ ម្នាលប្អូនស្រី អាត្មាមិនមែនងាកមុខទៅកាន់ទិសតូចឆាន់ទេ ។ ចុះព្រោះហេតុដូចម្តេច កាលដែលខ្ញុំសួរលោកថា បពិត្រសមណៈ លោកឱនមុខឆាន់ឬអ្វី លោកឆ្លើយថា នែប្អូនស្រី អាត្មាមិនមែនឱនមុខ ឆាន់ទេ កាលដែលខ្ញុំសួរលោកថា បពិត្រសមណៈ បើដូច្នោះ លោកងើយមុខឆាន់ឬអ្វី លោកឆ្លើយថា នែប្អូនស្រី អាត្មាមិនមែនងើយមុខឆាន់ទេ កាលដែលខ្ញុំសួរលោកថា បពិត្រសមណៈ បើដូច្នោះ លោកបែរមុខទៅកាន់ទិសធំឆាន់ឬអ្វី លោកឆ្លើយថា នែប្អូនស្រី អាត្មាមិនមែនបែរមុខទៅកាន់ទិសធំឆាន់ទេ កាលដែលខ្ញុំសួរលោកថា បពិត្រសមណៈ បើដូច្នោះ លោកងាកមុខកាន់ទិសតូចឆាន់ឬអ្វី លោកឆ្លើយថា នែប្អូនស្រី អាត្មាមិនមែនងាកមុខទៅកាន់ទិសតូចឆាន់ទេ បពិត្រសមណៈ ចុះលោកឆាន់ដូម្តេចវិញ ។
នែប្អូនស្រី ពួកសមណព្រាហ្មណ៍ណានីមួយ ចិញ្ចឹមជីវិតដោយមិច្ឆាជីវៈ ព្រោះតិរច្ឆានវិជ្ជា គឺវិជ្ជាមើលទាយចម្ការទីដី ម្នាលប្អូនស្រី សមណព្រាហ្មណ៍ពួកនេះ ហៅថា អ្នកឱនមុខឆាន់ ។ ម្នាលប្អូនស្រី ពួកសមណព្រាហ្មណ៍ណានីមួយចិញ្ចឹមជីវិតដោយមិច្ឆាជីវៈ ព្រោះតិរច្ឆានវិជ្ជា គឺវិជ្ជាមើលខាងនក្ខត្តឫក្ស នែប្អូនស្រី សមណព្រាហ្មណ៍ពួកនេះ ហៅថា អ្នកងើយមុខឆាន់ ។
នែប្អូនស្រី ពួកសមណព្រាហ្មណ៍ណានីមួយ ចិញ្ចឹមជីវិតដោយមិច្ឆាជីវៈ ព្រោះការប្រកបរឿយ ៗ នូវទូតកម្ម និងការបញ្ជូនដំណឹង នែប្អូនស្រី សមណព្រាហ្មណ៍ពួកនេះ ហៅថា បែរមុខទៅកាន់ទិសធំឆាន់ ។ នែប្អូនស្រី ពួកសមណព្រាហ្មណ៍ណានីមួយ ចិញ្ចឹមជីវិតដោយមិច្ឆាជីវៈ ព្រោះតិរច្ឆានវិជ្ជា គឺវិជ្ជាមើលខាងអង្គសម្បត្តិ (ទាយលក្ខណៈ) នែប្អូនស្រី សមណព្រាហ្មណ៍ពួកនេះ ហៅថា បែរមុខទៅកាន់ទិសតូចឆាន់ ។
នែប្អូនស្រី អាត្មាមិនមែនចិញ្ចឹមជីវិតដោយ មិច្ឆាជីវៈ ព្រោះតិរច្ឆានវិជ្ជា គឺវិជ្ជាមើលទាយចម្ការទេ អាត្មាមិនមែនចិញ្ចឹមដោយមិច្ឆាជីវៈ ព្រោះតិរច្ឆានវិជ្ជា គឺវិជ្ជាមើលទាយនក្ខត្តឫក្ស អាត្មាមិនមែនចិញ្ចឹមដោយមិច្ឆាជីវៈ ព្រោះការប្រកបរឿយ ៗ នូវទូតកម្មនិងការបញ្ជូនដំណឹងទេ អាត្មាមិនមែនចិញ្ចឹមដោយមិច្ឆាជីវៈ ព្រោះតិរច្ឆានវិជ្ជា គឺវិជ្ជាទាយអង្គសម្បត្តិទេ អាត្មាតែងស្វែងរកភិក្ខាដោយធម៌ លុះស្វែងរកភិក្ខាបានដោយធម៌ហើយ ទើបឆាន់ ។
គ្រានោះ សូចិមុខីបរិព្វាជិកា ចេញអំពីច្រកចូលទៅកាន់ច្រកចេញពីផ្លូវត្រឡែងកែង ចូលទៅកាន់ផ្លូវត្រឡែងកែង ក្នុងក្រុងរាជគ្រឹះ បា្រប់គេយ៉ាងនេះថា សមណសក្យបុត្រទាំងឡាយ តែងឆាន់អាហារប្រកបដោយធម៌ សមណសក្យបុត្រ ទាំងឡាយ តែងឆាន់អាហារ ដែលមិនមានទោស អ្នកទាំងឡាយ ចូលប្រគេនដុំបាយដល់ពួក សមណសក្យបុត្រផងចុះ ។
ចប់ សូចិមុខីសូត្រ ៕
(សុត្តន្តបិដក សំយុត្តនិកាយ ខន្ធវគ្គ សារិបុត្តសំយុត្ត បិដកលេខ ៣៤ ទំព័រ ១៨៩)
ដោយ៥០០០ឆ្នាំ