15
ថ្ងៃ ពុធ ទី ១៨ ខែ ឧសភា ឆ្នាំខាល ចត្វា​ស័ក, ព.ស.​២៥៦៦  
ស្តាប់ព្រះធម៌ (Mp3)
ការអានព្រះត្រៃបិដក (Mp3)
​ការបង្រៀនព្រះធម៌ (Mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (Mp3)
កម្រងធម៌​សូធ្យនានា (Mp3)
កម្រងកំណាព្យនិងស្មូត្រ (Mp3)
កម្រងបទភ្លេងនិងចម្រៀង (Mp3)
ព្រះពុទ្ធសាសនានិងសង្គម (Mp3)
បន្ទុកសៀវភៅ (eBook)
បន្ទុកវីដេអូ (Video)
ទើបស្តាប់/អានរួច
វិទ្យុផ្សាយផ្ទាល់
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុឱវាទព្រះពុទ្ធ
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុពន្លឺត្រៃរតន៍ (តាកែវ)
ទីតាំងៈ ខេត្តតាកែវ
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ការជូនដំណឹង
ទិន្នន័យសរុបនៃការចុចចូល៥០០០ឆ្នាំ
ថ្ងៃនេះ ៥២,៥២១
Today
ថ្ងៃម្សិលមិញ ៩៦,៩៥៩
ខែនេះ ១,៩១៧,៧៣៣
សរុប ២៥៧,៤១៥,៥៤៨
free counters
កំពុងទស្សនា ចំនួន
ធម៌ជំនួយស្មារតី
images/articles/3225/etwefsdfwere43434.jpg
ផ្សាយ : ១៧ មេសា ឆ្នាំ២០២២ (អាន: ៤២៦ ដង)
អដ្ឋង្គិកមគ្គជាមគ្គនាំទៅកាន់ទីរំលត់ទុក្ខ ព្រះនិព្វាន ព្រះ​សទ្ធម្ម​ចែក​ជា ៣ ប្រភេទ​គឺ៖ ១- បរិយត្តិធម៌ ពុទ្ធវចនៈ ព្រះ​ត្រៃ​បិដក​សំដែង​អំពី​គោល​ធម៌ របៀប​បែប​ផែន ដំបូន្មាន ច្បាប់​សម្រាប់​ប្រតិបត្តិ​ដែល​ពុទ្ធ​បរិស័ទ​ត្រូវ​រៀន​ស្វាធ្យាយ ទ្រទ្រង់ បង្ហាត់​បង្រៀន សំដែង​ប្រាប់​ដល់​អ្នក​ដទៃ, ២- បដិបត្តិធម៌ ធម៌​សម្រាប់​ប្រតិបត្តិ​ប្រព្រឹត្ត​តាម​ បាន​ដល់​សីល សមាធិ បញ្ញា ឬ​សេចក្ដី​ប្រតិបត្តិ​តាម​ធ្វើ​តាមកា​ន់តាម នូវ​ធម៌​ដ៏​សម​គួរ​ដល់​ធម៌​ដែល​ខ្លួន​បាន​រៀន បាន​ស្ដាប់ បាន​ចេះ​ដឹង ដើម្បី​ឲ្យ​ដល់​នូវ​ធម៌​ដែល​ខ្លួន​មិន​ទាន់​ដល់ ឲ្យ​សំរេច​នូវ​ធម៌​ដែល​ខ្លួន​មិន​ទាន់​សំរេច ដើម្បី​ឲ្យ​ជាក់​ច្បាស់។ ៣- បដិវេធ​ធម៌ ការ​ត្រាស់​ដឹង បាន​ដល់​កិរិយា​បាន​សំរេច បាន​ជាក់​ច្បាស់​ចាក់​ធ្លុះ​នូវ​បរមត្ថៈ ​គឺ​មគ្គ ផល និព្វាន ដែល​ជា​ផល​សំរេច​អំពី​ការ​រៀន​ស្ដាប់​ចេះ​ដឹង នឹង​ប្រតិបត្តិ​នោះ។ វេនេយ្យ​សត្វ​ដូច​អ្នក​ដំណើរ, ព្រះ​សម្មាសម្ពុទ្ធ​ដូច​អ្នក​ស្គាល់​ផ្លូវ បង្ហាញ​ផ្លូវ​ត្រង់, បរិយត្តិធម៌​ដូច​ជា​ផ្លូវ​ត្រង់, បដិបត្តិធម៌​ដូច​ជា​ដំណើរ​ទៅ​តាម​ផ្លូវ​ត្រង់​នៃ​អ្នក​ដំណើរ, បដិវេធ​ធម៌​ដូច​ជា​ដំណើរ​ទៅ​ដល់​កន្លែង​ដែល​ត្រូវ​ទៅ​ឲ្យ​ដល់​នៃ​អ្នក​ដំណើរ ។ ព្រះ​សទ្ធម្ម​ទាំង​ ៣ ប្រភេទ​នេះ បណ្ឌិត​គប្បី​លើក​យក​អរិយមគ្គ​មាន​អង្គ ៨ មក​ពិនិត្យ​ឲ្យ​យល់​ច្បាស់​ថាៈ ការ​​រៀន​​ចេះ​ចាំ​បង្រៀន​សំដែង​នូវ​មគ្គ នោះ​ជា​បរិយត្តិ,​ ការ​​ប្រឹង​ប្រែង​ប្រតិបត្តិ​ប្រព្រឹត្ត​តាម​អង្គ​មគ្គ នោះ​​ជា​បដិបត្តិ, ការ​បាន​សំរេច​នូវ​អង្គ​មគ្គ នោះ​ជា​បដិវេធៈ​។ អរិយមគ្គមានអង្គ ៨ ១- សម្មាទិដ្ឋិ ប្រាជ្ញាយល់ឃើញត្រូវ, ២- សម្មាសង្កប្បៈ សេចក្ដីត្រិះរិះត្រូវ, ៣- សម្មាវាចា សំដីត្រូវ, ៤- សម្មាកម្មន្តៈ ការងារត្រូវ, ៥- សម្មាអាជីវៈ ការចិញ្ចឹមជីវិតត្រូវ, ៦- សម្មាវាយាមៈ ព្យាយាមត្រូវ, ៧- សម្មាសតិ ការរលឹកត្រូវ, ៨- សម្មាសមាធិ ការដំកល់ចិត្តឲ្យនឹងត្រូវ។ សម្មាទិដ្ឋិៈ ប្រាជ្ញាយល់ឃើញត្រូវ បានដល់ប្រាជ្ញាដឹងក្នុង អរិយសច្ចៈ ៤ ១- ទុក្ខៈ ធម្មជាត​ដែល​នាំ​ឲ្យ​លំបាក​ព្រួយ​មាន​ជាតិ​ ជរា​ មរណៈ​ជាដើម, ២- ទុក្ខសមុទយៈ ហេតុ​បណ្ដាល​ឲ្យ​កើត​ទុក្ខ​បាន​ដល់​តណ្ហា, ៣- ទុក្ខនិរោធៈ ព្រះ​និព្វាន​រំលត់​តណ្ហា​បណ្ដាល​ទុក្ខ, ៤- ទុក្ខនិ​រោធគាមិ​នី​បដិបទា មធ្យម​មាគ៌ា​នាំ​ឲ្យ​ទៅ​កាន់​ទី​រំលត់​ទុក្ខ​។ សម្មាសំង្កប្បៈ សេចក្ដីត្រិះរិះត្រូវ បានដល់សេចក្ដីត្រិះរិះត្រូវ ៣ យ៉ាងគឺ ១- នេក្ខម្មសង្កប្បៈ សេចក្ដី​ត្រិះ​រិះ​ក្នុង​ការ​ចេញ​ចាក​កាម, ២- អព្យាទ​សង្កប្បៈ សេចក្ដី​ត្រិះ​រិះ​ក្នុង​ការ​មិន​ព្យាបាទ, ៣- អវិហឹសាសង្កប្បៈ សេចក្ដី​ត្រិះរិះ​ក្នុង​ការ​មិន​បៀត​បៀន​។ សម្មាវាចាៈ សំដីត្រូវ បានដល់ការវៀរចាក វចីទុច្ចរិត ៤ យ៉ាង គឺ ១- មុសាវាទា វេរមណី ការ​វៀរចាក​កិរិយា​ពោល​កុហក, ២- បិសុណាយ វាចាយ វេរមណី ការ​វៀរ​ចាក​សំដី​ញុះ​ញង់, ៣- ផរុសាយ វាចាយ វេរមណី ការ​​វៀរ​​ចាក​​សំដី​​ទ្រ​គោះ ៤- សម្ផប្បលាបា វេរមណី ការ​​វៀរ​​ចាក​​កិរិយា​​ពោល​​រឿង​​ឥត​​ប្រយោជន៍ ។ សម្មាកម្មន្តៈ ការ​ងារ​​ត្រូវ​​បាន​​ដល់​​ការ​​វៀរ​ចាក​ កាយ​ទុច្ចរិត ៣ យ៉ាង​គឺ ១- បាណាតិបាតា វេរមណី ការ​​វៀរ​​ចាក​​កិរិយា​​បំបាត់​​ប្រាណ​​សត្វ, ២- អទិន្នាទានា វេរមណី ការ​​វៀរ​​ចាក​​ការ​​កាន់​​យក​​វត្ថុ​​ដែល​​គេ​​មិន​​ឲ្យ, ៣- កាមេសុមិច្ឆា​ចារា វេរមណី ការ​​វៀរ​​ចាក​​ការ​​ប្រព្រឹត្ត​​ខុស​​ក្នុង​​កាម​​ទាំងឡាយ ​។ សម្មាអាជីវៈ ការ​​ចិញ្ចឹម​​ជីវិត​​ត្រូវ, សម្រាប់​​គ្រហស្ថ បាន​​ដល់​​ការ​​វៀរ​​ចាក​​ជំនួញ​​ខុស កិរិយា​លះ​បង់​​ការ​​បំបាត់​​ដោយ​​ជញ្ជីង​​ជា​ដើម ការ​​ធ្វើ​​ជា​​សាក្សី​​កោង, ការ​​ល្មោភ​​សំណូក ហើយ​​ប្រកប​​អាជីវកម្ម ដោយ​​វណិជ្ជកម្ម​​ដែល​​នាំ​​ឲ្យ​​សេដ្ឋកិច្ច​​ជាតិ​​ចំរើន, ដោយ​​វិជ្ជា​​ជីវៈ ដ៏​​យុត្តិធម៌, ដោយ​​កសិកម្ម ជា​ឧត្តម​កម្ម នឹង​​គោរក្ខ​កម្ម, សម្រាប់​​បព្វជិត បាន​​ដល់​​ការ​​លះបង់​​មិច្ឆា​អាជីវៈ​​ដោយ​​អនេ​សនៈ​បាប​ធម៌ មាន​ទូត​កម្ម វេជ្ជកម្ម​​ជា​ដើម ការ​​ត្រាច់​​ទៅ​​កាន់​​អគោចរដ្ឋាន ហើយ​​ចិញ្ចឹម​​ជីវិត​​ដោយ​​ភិក្ខា​​ចរិយ​ធម៌​​ដ៏​​ស្មើ ឬ​​បច្ច័យ​​ដែល​​កើត​​ឡើង​​តាម​​ធម៌ ។ សម្មាវាយាមៈ ព្យា​យាម​​ត្រូវ បាន​​ដល់​​សម្មប្ប​ធាន គឺ​​ការ​​បង្កើត​​ឆន្ទៈ ព្យា​យាម​​ប្រារព្ធ វីរិយៈ តាំង​បធាន ផ្គង​​ចិត្តៈ -ដើម្បី​​មិន​​ឲ្យ​អកុសល​ធម៌​​លា​មក មិន​​ទាន់​​កើត​​ឡើង កើត​​ឡើង​​បាន, -ដើម្បី​​លះ​បង់​​នូវ​​អកុសល​​ធម៌​​លាមក​​កើត​​ឡើង​​ហើយ, -ដើម្បី​​ឲ្យ​​កុសល​ធម៌​​មិន​​ទាន់​​កើត​​ឡើង កើត​​ឡើង, -ដើម្បី​​ឲ្យ​​កុសលធម៌​​កើត​​ឡើង​ហើយ ឋិត​​នៅ មិន​​សាប​​សូន្យ ឲ្យ​​ចំរើន​​ច្រើន​​ឡើង ឲ្យ​​ចំរើន​​ទូលំ​ទូលាយ ឲ្យ​​បរិបូណ៌ ។ សម្មាសតិៈ ការ​រលឹក​ត្រូវ បាន​ដល់​ សតិប្បដ្ឋាន ៤ គឺ ១- កាយានុបស្សនា​​សតិប្បដ្ឋាន កិរិយា​​ដំកល់​​សតិ​​ខ្ជាប់ខ្ជួន​​ពិចារណា​​រឿយ​ៗ ក្នុង​​កាយ, ២- វេទនានុបស្សនា​​សតិប្បដ្ឋាន កិរិយា​​ដំកល់​​សតិ ខ្ជាប់​​ខ្ជួន ពិចារណា​​រឿយៗ ក្នុង​​វេទនា. ៣- ចិត្តានុបស្សនា​​សតិប្បដ្ឋាន កិរិយា​​ដំកល់​​សតិ ខ្ជាប់​​ខ្ជួន ពិចារណា​​រឿយ​ៗ ក្នុង​​ចិត្ត, ៤- ធម្មានុបស្សនា​​សតិប្បដ្ឋាន កិរិយា​​ដំកល់​​សតិ ខ្ជាប់​​ខ្ជួន ពិចារណា​​រឿយ​ៗ ក្នុង​​ធម៌ ។ សម្មាសមាធិៈ សមាធិ​​ត្រូវ បាន​​ដល់​​ឈាន ៤ ដែល​​ភិក្ខុ​​ស្ងប់ស្ងាត់​​ចាក​​កាម​​ទាំង​ឡាយ ចាក​អកុសលធម៌​​ទាំង​ឡាយ ហើយ​​បាន​​សម្រេច គឺ ១- មឋមជ្ឈាន ប្រកប​ដោយ ​វិតក្កៈ វិចារៈ មាន​បីតិ សុខៈ កើត​អំពី​វិវេគ, ២- ទុតិយជ្ឈាន រម្ងាប់​វិតក្កៈ វិចារៈ ថ្លា​ល្អ​​ខាង​​ក្នុង មាន​​ឯ​កោ​ទិភាព​​ចិត្ត មាន​បីតិ​សុខ​​កើត​​អំពី​​វិវេគ, ៣- តតិយជ្ឈាន ប្រាស​​ចាក​​បីតិ មាន​​សុខៈ នឹង​​ឧបេក្ខា, ៤- ចតុត្ថជ្ឈាន លះ​បង់​​សុខ​​នឹង​​ទុក្ខ មិន​​មាន​​សោមនស្ស​​ទោមនស្ស ជា​​អទុក្ខម​សុខៈ មាន​​សតិ​​ប្រកប​ដោយ​​ឧបេក្ខា​​ដ៏​​បរិសុទ្ធ ។ បណ្ដា​​មគ្គ​​ទាំង ៨ -សម្មាទិដ្ឋិ ញ៉ាំង​​លោក​​ឲ្យ​​ដឹង​​ច្បាស់​​នូវ អនិច្ចតា ទុក្ខតា អនត្តតា, នូវ​​សមុទ័យ​​នៃ​​លោក​ប្បញ្ហា គឺ​តណ្ហា, នូវ​​ឧបាយ​​ដោះ​​នឹង​​កិរិយា​​ដោះ, -សម្មាសង្កប្បៈ ឲ្យ​​ស្គាល់​​សមុដ្ឋាន​​អសន្តិភាព គឺ​​កាមៈ ព្យាបាទៈ វិហឹសា ហើយ​​ឲ្យ​​សាង​​សន្តិភាព​ដោយ​​កាម​​វិរតិ ព្រហ្មវិហារ​ធម៌ ៤ ជា​​ធម៌​​ស្ងួន​​លោក, -សម្មាវាចា ឲ្យ​​មាន​​សច្ចៈ មាន​​សន្តិភាព​​សាមគ្គី​​អរិយ​ធម៌​​ដោយ​​វាចា​​នឹង​​វាចា​​ប្រកប​​ដោយ​ប្រយោជន៍, -សម្មាកម្មន្តៈ ឲ្យ​​គោរព​​សិទ្ធិ សេរីភាព អធិប​តេយ្យ​​ដែល​​មាន​​សំរាប់​​កាយិក​​ចេតសិក​​សុខ​​ជីវិត សវិញ្ញាណ​​កាវិញ្ញាណ​ក​ទ្រព្យ គ្រាម​ធម៌, -សម្មាអាជីវៈ ឲ្យ​ប្រកប​អាជីវកម្ម​ដោយ​ធម៌, -សម្មាវាយាមៈ ឲ្យ​​លះបង់​​អាលស្យ​ភាព (កំជិល) ដែល​​ជា​​ប្រធាន​​អកុសល​ធម៌, -សម្មាសតិ ឲ្យ​​មាន​​សតិ​សម្បជញ្ញៈ​ជា​និច្ច​​ថា “ លោក​​មាន​​សមភាព​​ទៅ​​វិញ​​ទៅ​​មក​” ព្រោះ​​លោក​​ជា​ទឹក ដី ភ្លើង ខ្យល់ ឋិត​​នៅ​​ក្នុង​​អាណា អនិច្ចតា ទុក្ខតា អនត្តតា ដូច​គ្នា ជាប់​​ចោទ​​លោក​ប្បញ្ញា​​ដូច​គ្នា, -សម្មាសមាធិ ឲ្យ​​មាន​​ចិត្ត​​ស្អាត​​ផូរ​ផង់ តាំង​​នៅ​​មាំ​មួន​​ចំពោះ​​សត្វ​​នឹង​​សង្ខារ​ ។ មគ្គ​ទាំង ៨ នេះ​​ចាត់​​ចូល​​ក្នុង​​សិក្ខា​​ទាំង ៣ គឺ សម្មាទិដ្ឋិ សម្មា​សង្កប្បៈ ចូល​​ក្នុង ​​អធិប្ប​ញ្ញា សិក្ខា, សម្មាវាចា សម្មាកម្មន្តៈ សម្មាអាជីវៈ ចូល​​ក្នុង​​ អធិសីល សិក្ខា, សម្មាវិ​យាមៈ សម្មា​សតិ សម្មាសមាធិ​ ចូល​​ក្នុង អធិ​​ចិត្ត សិក្ខា ​។ ព្រះ​​ពុទ្ធសាសនា មាន​​គោល​ធម៌​​ប៉ុណ្ណេះ​​ជា​ដើម ដែល​​ជា​​ពន្លឺ​​បំភ្លឺ​​លោក ឲ្យ​​ភ្លឺ​​ស្វាង​​ចាក​​មហន្ធការ​​គឺ​អវិជ្ជា ហើយ​​ឲ្យ​​ស្គាល់​​មធ្យោបាយ​​សាង​​សន្តិភាព​​សម្រាប់​​សាកល​លោក នឹង​​ឯកន្ត​​សន្តិភាព គឺ​សន្តិភាព​​សម្រាប់​​ខ្លួន​​នា​​បច្ចុប្បន្ន អនាគត នឹង​​សន្តិភាព រួច​​ចាក​​អណា​​លោក​រាជ​​នឹង​​លោក​ប្បញ្ញា​នា​អវសាន​​ជាតិ ។ រវាង​​សតវត្ស​​ទី ២៥ នៃ​​ពុទ្ធសករាជ, ពិ​ភពលោក​​ក្នុង​​កំឡុង​​កាំ​រស្មី​​អាទិត្យ ត្រូវ​​លោក​​សង្គ្រាម​​គំរាម​យ៉ាង​​ខ្លាំង ព្រោះ​​លោក​​ខ្វះ​​មនុស្ស​​ធម៌ ដល់​​គំរប់ ២៥០០ វស្សា​​នៃ​​ពុទ្ធសករាជ ក៏​​មាន​​ចិត្ត​​ស្នេហា​សន្តិភាព​​បាន​​នាំ​​គ្នា​​ធ្វើ​​បុណ្យ​​រំលឹក​​រយៈ​​កាល ២៥០០ វស្សា ដើម្បី​​សន្តិភាព ប៉ុន្តែ​​សន្តិភា​ព​​មិន​មែន​មាន​​ត្រង់​​អំនួត​​ថា “ ខ្ញុំ​​ធ្វើ​​ពិធី​​នេះ​​ដែរ” ទេ ព្រោះ​​ដំណើរ​​នោះ​​ជា​​អាកប្បកិរិយា​​ក្លែង​​បន្លំ​​ក៏​​សឹង​​មាន សន្តិភាព​​ឥត​​អាមិស​ ​មាន​​នៅ​​ត្រង់​​ការ​​ប្រតិបត្តិ​តាម​​គោល​​នៃ​​ព្រះ​​សទ្ធម្ម ៨ ដែល​​ពោល​​មក​​ហើយ​នោះ​​ពិត​ ៗ ។ បើ​​លោក​​ត្រូវ​​ការ​​សន្តិភាព ស្រឡាញ់​​សន្តិភាព សូម​​អញ្ជើញ​​ធ្វើ​​តាម​​គោល​​ព្រះ​​សទ្ធម្ម ៨ នោះ​​ចុះ។ (ដក​ស្រង់​ចេញ​ពី ធម្មប្បជោត រៀប​រៀង​ដោយ​ព្រះ​មហា អ៊ុក អ៊ឺន ក្នុង​ទស្សនា​វដ្តី​កម្ពុជ​សុរិយា ឆ្នាំ​១៩៥៨ ចុះ​ផ្សាយ​ដោយ​វិទ្យា​ស្ថាន​ពុទ្ធសាសន​បណ្ឌិត្យ​) ដោយ៥០០០ឆ្នាំ
images/articles/2787/rtdyvhgcvx.jpg
ផ្សាយ : ០៤ មេសា ឆ្នាំ២០២២ (អាន: ៣៥,៥១០ ដង)
យើង​កើត​ទុក្ខ មិន​ស្ងប់​ចិត្ត ទាំងដែល​កំពុង​គិត​ថា យើង​ធ្វើ​បុណ្យ​មក​ច្រើន​ហើយ ប៉ុន្តែ​មិន​បាន​ផល​ល្អ​សោះ បុណ្យ​មិន​ជួយ​ខ្ញុំ​សោះ ធ្វើ​ល្អ​មិន​បាន​ផល​ល្អ​សោះ.... តាម​ពិត​ក្នុង​ពេល​ដែល​កំពុង​កើត​ទុក្ខ​នោះ គឺ​មិនមែន​ចិត្ត​ជា​បុណ្យ​ឡើយ ពេល​នោះ អាច​ជា​ចិត្ត​ដែល​កំពុង​តែ​គិត​ខុស​ក្នុង​រឿង​អ្វី​មួយ ឬ​កំពុង​តែ​ប្រៀប​ធៀប​ខ្លួន​ឯង នឹង​អ្នក​ដទៃ ដូច្នេះ សូម​ពុទ្ធបរិស័ទ ប្រយ័ត្ន​ចិត្ត​ខ្លួន​ឯង ដែល​ចេះ​តែ​គិត​ប្រៀប​ធៀប​ឱ្យ​កើត​ទុក្ខ​ឯង​ៗ ហើយ​បន្ទោស​បុណ្យ បន្ទោស​មេឃ បន្ទោស​ដី បន្ទោស​អ្នកដទៃ... ជា​ធម្មតា​នៃ​ចិត្ត​ជា​បុណ្យ​រមែង​ជា​សុខ​ទាន់​ពេល​នោះ​ឯង ហើយ​រមែង​មាន​វិបាក​ជា​សុខ ទៅ​តាម​គ្រា​ដែល​បុណ្យ​នោះ​ឱ្យ​ផល ដូច​ជា​ការ​ដាំ​ពូជ​ដូច្នោះ​ដែរ ។ ដកស្រង់ពីសៀវភៅ សិក្សាព្រះសូត្រ ភាគទី១៣ ដោយ៥០០០ឆ្នាំ
images/articles/2786/dgvdgrcfxfvsczx.jpg
ផ្សាយ : ០៤ មេសា ឆ្នាំ២០២២ (អាន: ៥៦,០៥០ ដង)
យើង​ប្រាថ្នា​ព្រះនិព្វាន តើ​យើង​ដឹង​ថា​ព្រះនិព្វាន​នោះ​យ៉ាង​ដូច​ម្ដេច​ទេ ? ថា​ព្រះនិព្វាន​ជា​បរមសុខ តើ​សុខ​ដ៏​ក្រៃលែង​នោះ​ដូចម្ដេច ? ថា​ព្រះនិព្វាន​រួច​ផុត​ចាក​ទុក្ខ តើ​អ្វី​ជា​ទុក្ខ ? ហើយ​អ្វី​ជា​ការ​រួច​ផុត​ចាក​ទុក្ខ ? ដូច្នេះអ្វី​ដែល​អាច​ដឹង​បាន​ក្នុង​ពេល​នេះ គឺ​រូប​ជា​ធាតុ​មិន​ដឹង ដោយ​ឡែក​អំពី​រូប​គឺ​នាមធម៌​ដែល​ដឹង​អារម្មណ៍ សតិ​រលឹក​ដឹង​លក្ខណៈ​នៃ​រូប​ធម៌ និង​នាម​ធម៌​រឿយៗ រហូត​ដល់​វិបស្សនា​កើត​ឡើង​ស្គាល់​ទុក្ខ ដឹង​ហេតុ​នៃ​សេចក្ដី​ទុក្ខ​ក្នុង​វដ្ដៈ ទើប​មាន​ញាណ​ក្នុង​សន្តិបទ ដឹង​អំពី​ការ​អស់​ទៅ​នៃ​បច្ច័យ ។ នៅ​ក្នុង​អដ្ឋកថា​សច្ចវិភង្គ សម្ដែង​អំពី​អនុពោធិញ្ញាណ​គឺ​វិបស្សនា​ដឹង​ទុក្ខ រមែង​ហាមនូវ​សក្កាយទិដ្ឋិ ដឹង​សមុទយៈ​រមែង​ហាម​នូវ​ឧច្ឆេទទិដ្ឋិ ដឹង​នូវ​និរោធ​រមែង​ហាម​នូវ​សស្សតទិដ្ឋិ ដឹង​មគ្គ​រមែង​ហាម​នូវ​អកិរិយទិដ្ឋិ ។ ដកស្រង់ពីសៀវភៅ សិក្សាព្រះសូត្រ ភាគទី១៣ ដោយ៥០០០ឆ្នាំ
images/articles/2785/wetgrtdgfcvd.jpg
ផ្សាយ : ០៤ មេសា ឆ្នាំ២០២២ (អាន: ៦៩,០៧៨ ដង)
អ្វីៗ ក៏មិន​មែន​ជា​របស់​យើង​ដែរ ដូច​ជា​រូបកាយ​យើង​នេះ ដែល​យើង​ស្រឡាញ់​ណាស់ ថែរក្សា​ណាស់ សឹង​តែ​ទៅ​ឈ្លោះ​នឹង​អ្នក​ដទៃ ព្រោះ​ហេតុ​តែ​ប្រកាន់​នូវ​រូប​កាយ​នេះ​ទៀត​ផង ប៉ុន្តែ​ជាទី​បំផុត រូប​កាយ​នេះ​ជា​របស់​ភ្លើង​ឆាប​ឆេះ​ក្នុង​ឈាបនដ្ឋាន សូម្បី​កំពុង​នៅ​រស់ ក៏​ត្រូវ​ដុត​ឆេះ​ដោយ​ភ្លើង​ជរា ភ្លើង​ព្យាធិ ភ្លើង​មរណៈ​ដែរ តើ​ជា​របស់​យើង​យ៉ាង​ដូច​ម្ដេច​ទៅ ព្រោះ​ដែល​សន្មត​ថា​ជា​យើង​នោះ គឺ​បញ្ចក្ខន្ធ​ហ្នឹង​ហើយ ដែល​ប្រព្រឹត្ត​ទៅ​តាម​និយាមធម៌ ប្រែប្រួល​នោះ​ឯង ។ ដកស្រង់ពីសៀវភៅ សិក្សាព្រះសូត្រ ភាគទី១៣ ដោយ៥០០០ឆ្នាំ
images/articles/2771/ervgcrdfhvnfghvjbn.jpg
ផ្សាយ : ០៤ មេសា ឆ្នាំ២០២២ (អាន: ៥៥,០៤៥ ដង)
សម័យ​មួយ ព្រះដ៏មាន​ព្រះភាគ ទ្រង់​គង់​នៅ​នាមិគារមាតុ​ប្រាសាទ ក្នុង​បុព្វារាម ជិត​ក្រុងសាវត្ថី ។ សម័យ​នោះ​ឯង ព្រះដ៏មាន​ព្រះភាគ មាន​ភិក្ខុសង្ឃ​ចោម​រោម ទ្រង់​គង់​ក្នុង​ទី​វាល​ស្រឡះ នា​វេលា​រាត្រី​ពេញបូណ៌មី ១៥ កើត ។ ព្រះដ៏មាន​ព្រះភាគ​ទ្រង់​ត្រាស់​សម្ដែង​អំពី ៖ -អសប្បុរស មិន​ស្គាល់​នូវ​អសប្បុរស ។ -អសប្បុរស មិន​ស្គាល់​នូវ​សប្បុរស ។ -អសប្បុរស ជា​អ្នក​ប្រកប​ដោយ​អសទ្ធម្ម មាន​ការ​សេព​គប់​ជា​អសប្បុរស មាន​គំនិត​ជា​អសប្បុរស មាន​ការ​ប្រឹក្សា​ជា​អសប្បុរស មាន​វាចា​ជា​អសប្បុរស មាន​ការងារ​ជា​អសប្បុរស មាន​ទិដ្ឋិ​ជា​អសប្បុរស តែង​ឱ្យ​ទាន​ជា​អសប្បុរស ។ -ម្នាល​ភិក្ខុ​ទាំង​ឡាយ អសប្បុរស​នោះ​ឯង ( ប្រកប​ដោយ​ធម៌​អសប្បុរស​ទាំង ៨ ពួក​យ៉ាង​នេះ​ហើយ ) លុះ​មាន​រាង​កាយ​បែក​ធ្លាយ​ទៅ ខាង​មុខ​បន្ទាប់​អំពី​មរណៈ តែង​ទៅ​កើត​ក្នុង​គតិ​របស់​ពួកអសប្បុរស ។ ម្នាល​ភិក្ខុ​ទាំង​ឡាយ ឯ​គតិ​របស់​ពួក​អសប្បុរស​តើដូចម្ដេច គតិ​របស់​ពួកអសប្បុរស​គឺ​នរក ឬ​កំណើតតិរច្ឆាន ។ -សប្បុរស​ស្គាល់​នូវ​សប្បុរស ។ -សប្បុរស​ស្គាល់​នូវ​អសប្បុរស ។ -សប្បុរស ប្រកប​ដោយ​ព្រះសទ្ធម្ម ៧ គឺ សទ្ធា ហិរិ ឱត្តប្បៈ ពាហុសច្ចៈ អារទ្ធវីរិយៈ ឧបដ្ឋិតស្សតិ បញ្ញា ។ -សប្បុរស មាន​ការ​សេព​គប់​នឹង​អ្នក​ដែល​មាន​នូវ​ព្រះសទ្ធម្ម​ទាំង ៧ នេះឯង ។ -សប្បុរស មាន​គំនិត​ជា​សប្បុរស គឺ​មិន​គិត​ដើម្បី​បៀតបៀន​ខ្លួន​ឯង មិន​គិត​ដើម្បី​បៀតបៀន​អ្នក​ដទៃ មិន​គិត​ដើម្បី​បៀតបៀន​ទាំង​ពីរ​ខាង ។ -សប្បុរស​មាន​ការ​ប្រឹក្សា​ជា​សប្បុរស គឺ​សប្បុរស​មិន​ប្រឹក្សា​ដើម្បី​បៀត​បៀន​ខ្លួន​ឯង​ជាដើម​ឡើយ ។ -សប្បុរស​មាន​វាចា​ជា​សប្បុរស គឺ​វៀរចាក​វចីទុច្ចរិត ៤ យ៉ាង -សប្បុរស​មាន​ការងារ​ជា​សប្បុរស គឺ​វៀរចាក​កាយទុច្ចរិត ៣ យ៉ាង ។ -សប្បុរស​មាន​ទិដ្ឋិ​ជា​សប្បុរស គឺ​មាន​សម្មាទិដ្ឋិ ១០ ហ្នឹងឯង -សប្បុរស​តែង​ឱ្យ​ទាន​ជា​សប្បុរស មាន​ការ​ឱ្យ​ដោយ​គោរព​កោត​ក្រែង​ជាដើម ។ -ម្នាលភិក្ខុ​ទាំង​ឡាយ សប្បុរស​នោះ​ឯង ឯវំ សទ្ធម្មសមន្នាគតោ ឯវំ សប្បុរិសភត្តឹ វំ សប្បុរិសចិន្តី ឯវំ សប្បុរិសមន្តី ឯវំ សប្បុរិសវាចោ ឯវំ សប្បុរិសកម្មន្តោ ឯវំ សប្បុរិសទិដ្ឋី ឯវំ សប្បុរិសទានំ ទត្វា លុះ​មាន​រាងកាយបែក​ធ្លាយ​ទៅ ខាង​មុខ​បន្ទាប់​អំពី​មរណៈ​តែង​ទៅ​កើត​ក្នុង​គតិ​របស់​សប្បុរស ម្នាល​ភិក្ខុ​ទាំង​ឡាយ ចុះ​គតិ​របស់​សប្បុរស​តើ​ដូច​ម្ដេច គតិ​របស់​សប្បុរស​នោះ គឺ​សភាព​ជា​ទេវតា​ដ៏ស្ដុកស្ដម្ភ ឬ​សភាព​ជា​មនុស្ស​ដ៏​ស្ដុកស្ដម្ភ ។ លុះ​ព្រះដ៏មាន​ព្រះភាគ ទ្រង់​ត្រាស់​សម្ដែង​នូវ​ព្រះសូត្រ​នេះ​ចប់​ហើយ ភិក្ខុ​ទាំង​នោះ ក៏​មាន​សេចក្ដីត្រេកអរ​រីករាយ ចំពោះ​ភាសិត​របស់​ព្រះដ៏មាន​ព្រះភាគ ។ ដកស្រង់ពីសៀវភៅ សិក្សាព្រះសូត្រ ភាគទី១៣ ដោយ៥០០០ឆ្នាំ
images/articles/2770/sdfverscfrcdcgrse.jpg
ផ្សាយ : ០៤ មេសា ឆ្នាំ២០២២ (អាន: ៣៨,១១៥ ដង)
សម័យ​មួយ ព្រះដ៏មាន​ព្រះភាគ ទ្រង់​គង់​ប្រថាប់​នៅ​នាមិគារ​មាតុ​ប្រាសាទ ក្នុង​បុព្វារាម ជិត​ក្រុងសាវត្ថី ។ ក្នុង​អដ្ឋកថា​ឧដ្ឋានសូត្រ សុត្តនិបាត ប្រាប់​ថា ព្រះពុទ្ធអង្គ​ទ្រង់​គង់​ប្រថាប់​នៅ​ព្រះជេតពន​មហាវិហារ ក្នុង​វេលា​រាត្រី លុះ​ដល់​ពេល​ថ្ងៃ​ព្រះអង្គ​ទ្រង់​គង់​ប្រថាប់​នៅ​វត្តបុព្វារាម ក្នុង​ប្រាសាទ​របស់​មិគារ​មាតា បើ​វេលា​យប់ ស្ដេច​គង់​ប្រថាប់​នៅ​បុព្វារាម ពេល​ថ្ងៃ​ទ្រង់​ស្ដេច​យាង​មក​គង់​ប្រថាប់​នៅ​ព្រះជេតពន​មហាវិហារ​វិញ នេះ​គឺ​ព្រះដ៏មាន​ព្រះភាគ​ទ្រង់​បដិបត្តិ​មក​ជា​ប្រចាំ ព្រោះ​ហេតុអ្វី? ម្យ៉ាង ដើម្បី​អនុគ្រោះ​ដល់​ត្រកូល​ទាំង ២ ម្យ៉ាង​ទៀត ដើម្បី​ជា​ប្រយោជន៍​ដល់​ការ​ប្រកាស​គុណ​នៃ​មហាបរិច្ចាគ​របស់​ត្រកូល​ទាំង ២ នោះ​ឯង ។ នៅ​ក្នុង​មហាបុណ្ណម​សូត្រ​នេះ ផ្ដើម​ដោយ​ព្រះសង្ឃ​ត្ថេរ​មួយ​ព្រះអង្គ​ជា​មហាខីណាស្រព បាន​នាំ​ភិក្ខុ ៦០ ព្រះអង្គ​ចូល​គាល់​ព្រះដ៏មាន​ព្រះភាគ​ក្នុង​ពេល​ព្រលប់ នៅ​ទី​វាលស្រឡះ ចំ​ថ្ងៃ​ពេញ​បូណ៌មី ១៥ កើត ព្រះ​ចន្ទ​ចាប់​ផ្ដើម​រះ​នៅ​ទិស​បូព៌ ព្រះអាទិត្យ​ក៏​អស្ដង្គត ភិក្ខុ​បរិស័ទ​គង់​ស្ថិត​ក្នុង​ឆព្វណ្ណរង្សីនៃ​ព្រះបរមសាស្ដា នា​វត្ត​បុព្វារាម​នោះ​ឯង ។ ភិក្ខុ ៦០ ព្រះអង្គ សុទ្ធ​តែ​បាន​កំណត់​ដឹង​នូវ​នាម​រូប ប៉ុន្តែ​មិន​ទាន់​សម្រេចមគ្គផល ទើប​ព្រះសង្ឃ​ត្ថេរ​ជា​ព្រះអាចារ្យ ជាមហាខីណា​ស្រព ក្រោក​អំពី​អាសនៈ ធ្វើ​ចីវ​រឆៀង​ស្មា​ម្ខាង ប្រណម្យ​អញ្ជលី ឆ្ពោះ​ទៅ​រក​ព្រះដ៏មាន​ព្រះភាគ​ហើយ ក៏​ក្រាប​បង្គំ​ទូល​សួរព្រះដ៏មាន​ព្រះភាគ ដូច្នេះ​ថា បពិត្រ​ព្រះអង្គ​ដ៏​ចម្រើន បើ​ព្រះដ៏មាន​ព្រះភាគ ធ្វើ​ឱកាស​ដើម្បី​ដោះ​ស្រាយ​ប្រស្នា​របស់​ខ្ញុំ​ព្រះអង្គ ខ្ញុំ​ព្រះអង្គ​នឹង​សួរ​នូវ​ហេតុ​បន្តិច​បន្តួច​ចំពោះ​ព្រះដ៏មាន​ព្រះភាគ ។ ព្រះដ៏មាន​ព្រះភាគ ទ្រង់​ត្រាស់​ថា ម្នាល​ភិក្ខុ បើ​ដូច្នោះ អ្នក​ចង់​សួរ​ប្រស្នា​ណា ចូរ​អង្គុយ​លើ​អាសនៈ​របស់​ខ្លួន សួរ​ប្រស្នា​នោះ​ចុះ ។ លំដាប់​នោះ ព្រះសង្ឃត្ថេរ បាន​គង់អង្គុយ​លើ​អាសនៈ​របស់​លោក​ហើយ ក៏​បាន​ក្រាប​បង្គំ​ទូល​សួរ​ជា​បឋម​អំពី​ឧបាទានក្ខន្ធ ៥ ។ តាម​ពិត ព្រះសង្ឃត្ថេរ ជ្រាប​ហើយ ប៉ុន្តែ​ការ​ក្រាប​បង្គំ​ទូល​សួរ​ព្រះដ៏មាន​ព្រះភាគ​នេះ ដើម្បី​ជា​ការ​អនុគ្រោះ​ដល់​សិស្ស​ទាំង ៦០ ព្រះអង្គ​នោះ​ឯង ។ -សួរអំពី​មូល​ហេតុ​នៃ​ឧបាទានក្ខន្ធ ៥ ។ -សួរ​អំពី​ឧបាទាន ។ -សួរ​អំពី​ឆន្ទរាគៈ​ផ្សេង​គ្នា ។ -សួរ​អំពី​ខន្ធ ១១ កង ។ -សួរ​អំពី​ហេតុ អំពី​បច្ច័យ​នាំ​ឱ្យ​បញ្ញត្តខន្ធ ៥ ។ -សួរ​អំពី​សក្កាយទិដ្ឋិ​កើត​មាន ។ -សួរ​អំពី​សក្កាយទិដ្ឋិ​មិន​កើត​មាន ។ -សួរ​អំពី​អស្សាទ អាទីនវៈ និង​និស្សរណៈ​ក្នុង​ខន្ធ ៥ ។ -សួរ​អំពីកាល​បុគ្គល​ដឹង​ដូចម្ដេច ឃើញ​ដូច​ម្ដេច ទើប​អហង្ការ មមង្ការ និង​មានានុស័យ ក្នុង​កាយ​ដែល​ប្រកប​ដោយ​វិញ្ញាណ​នេះ​ផង ក្នុង​និមិត្ត​ទាំង​ពួង​ជា​ខាង​ក្រៅ​ផង មិន​មាន ។ ជា​ចុង​ក្រោយ​នៃ​ព្រះធម្មទេសនា ព្រះភិក្ខុ​ទាំង ៦០ ព្រះអង្គ​នោះ​ឯង គង់​នៅមួយ​កន្លែង​នៅ​ឡើយ បាន​រួច​ផុត​ចាក​អាសវៈ​ទាំង​ឡាយ ក្នុង​គ្រា​នោះ​ហោង ។ ដកស្រង់ពីសៀវភៅ សិក្សាព្រះសូត្រ ភាគទី១៣ ដោយ៥០០០ឆ្នាំ
images/articles/2843/232wewe.jpg
ផ្សាយ : ០៤ មេសា ឆ្នាំ២០២២ (អាន: ៦៥,៦២៣ ដង)
យើង​កើត​មក មិន​បាន​យក​អ្វី ៗ មក​ទេ ក្រៅ​ពី​ការ​សន្សំ​សន្ដាន ដល់​ពេល​ចាក​លោក​នេះ​ទៅ​ទៀត ក៏​អត់​យក​អ្វី ៗ អំពី​លោក​នេះ​ទៅ​ដែរ ក្រៅ​អំពី​ការ​សន្សំ​កម្ម ប៉ុន្តែ​មនុស្ស​យើង​ហួង​ហែង​អ្វី ៗ ក្នុង​លោក​នេះ ថា​ជា​របស់​ខ្លួន​ឯង ដែល​នាំ​ឲ្យ​មាន​សេចក្ដី​ទុក​សោក​កើត​ឡើង ទាំង​ដែល​មិន​បាន​ដឹង​ថា អ្វី ៗ ទាំង​អស់ ជា​របស់​ក្នុង​លោក​នេះ មិន​មាន​អ្នក​ណាឲ្យ​យើង​ដោយ​បរមត្ថ​ឡើយ ម្ល៉ោះ​ហើយ​មនុស្ស​យើង ព្រោះ​ហេតុ​តែ​ការ​មិន​ដឹង ទើប​បាន​ជា​វង្វេង ក្នុង​របស់​ដែល​ឲ្យ​គ្នា​ដោយ​សន្មតិ ប្រាកដថា អញ និង​ថា​ជា​របស់​អញ ។ ចំណុច​នេះ​ហើយ ដែល​ធ្វើ​ឲ្យ​មនុស្ស​យើង មាន​ការ​ខក​ចិត្ត និង​ទុក្ខ​សោក​កន្ទក់​កន្ទេញ ។ ដកស្រង់ពីសៀវភៅ ជំនួយសតិភាគទី២២ ដោយ៥០០០ឆ្នាំ
images/articles/2844/3dddd44.jpg
ផ្សាយ : ០៤ មេសា ឆ្នាំ២០២២ (អាន: ៥១,៨៥២ ដង)
សម័យ​មួយ ព្រះដ៏មាន​ព្រះភាគ ទ្រង់​គង់​ប្រថាប់​នៅ​នា​ព្រះមហាវិហារ​វេឡុវ័ន ជិត​ក្រុងរាជគ្រឹះ ។ សម័យ​នោះ ព្រះសារីបុត្ត មួយ​អន្លើ​ដោយ​ភិក្ខុ​សង្ឃ​ច្រើន​ព្រះអង្គ បាន​និមន្ត​មក​ដល់​ទក្ខិណាគិរិជនបទ ។ ទក្ខិ​ណា​គិរិ​ជនបទ ឋិត​នៅ​ខាង​ត្បូង​ក្រុងរាជ​គ្រឹះ ជា​ស្រុក​របស់​នន្ទមាតា​វេឡុកណ្ដកី ជា​ឧបាសិកាគម្រូ​ល្អ ដែល​ព្រះពុទ្ធ​អង្គ​ទ្រង់ត្រាស់​សរសើរ ជា​គូ​ជា​មួយ​នឹង​ឧបាសិកាខុជ្ជុត្តរា ។ នៅ​ក្នុង​ព្រះសូត្រ​នេះ ព្រះសារីបុត្ត​បាន​ទូន្មាន ណែ​នាំ​អប់រំ​ដល់​ធនញ្ជានិព្រាហ្មណ៍ ដែល​មិន​ទាន់​មាន​សីល ប្រកប​ដោយ​សេចក្ដី​ប្រមាទ បោក​ប្រាស់​អ្នក​ស្រុក កុហក​ព្រះរាជា​ក្នុង​ក្រុង​រាជគ្រឹះ ឲ្យ​ជា​ព្រាហ្មណ៍​មាន​សីល មាន​សេចក្ដី​មិន​ប្រមាទ ចម្រើន​ព្រហ្មវិហារ​ធម៌ ចូល​ទៅ​កាន់​ព្រហ្ម​លោក​ដោយ​បដិសន្ធិ ។ ធនញ្ជានិព្រាហ្មណ៍ គាត់​អាស្រ័យ​នៅ​ក្នុង​ក្រុង​រាជគ្រឹះ ផ្នែក​ខាង​តណ្ឌុលបាលទ្វារ ។ តណ្ឌុលបាលទ្វារ​នេះ គឺ​ជា​ទ្វារ​តូច​មួយ​ក្នុង​បណ្ដា​ទ្វារ​តូច​ចំនួន ៦៤ ទ្វារ ។ ក្នុង​អដ្ឋកថា​ប្រាប់​ថា ក្រុង​រាជ​គ្រឹះ​មាន​ទ្វារ​ធំ ៣២ ទ្វារ និង​ទ្វារ​តូច ៗ ចំនួន ៦៤ ទ្វារទៀត ។ កាល​ដែល​ព្រះសារីបុត្ត គង់​នៅ​ទក្ខិណាគិរិជនបទ បាន​ជ្រាប​ដំណឹង​ថា ធនញ្ជានិព្រាហ្មណ៍​មាន​សេចក្ដី​ប្រមាទ​ហើយ ក៏​បាន​និមន្ត​មក​វត្តវេឡុវ័ន បិណ្ឌ​បាត​ក្នុង​ក្រុង​រាជគ្រឹះ ឆាន់​រួច​ហើយ​ក៏​បាន​និមន្ត​ចូល​ទៅ​រក​ធនញ្ជានិព្រាហ្មណ៍ ដើម្បី​ប្រទាន​ឱវាទ​ហ្នឹង​ឯង ។ ព្រះសារីបុត្ត​បាន​សួរ​ព្រាហ្មណ៍​ថា ម្នាល​ធនញ្ជានិ អ្នក​ជា​បុគ្គល​មិន​ប្រមាទ​ទេ​ឬ ? ព្រាហ្មណ៍​បាន​ឆ្លើយ​ថា បពិត្រ​ព្រះសារីបុត្ត​ដ៏​ចម្រើន សេចក្ដី​មិន​ប្រមាទ​របស់​ខ្ញុំ​ព្រះ​ករុណា នឹង​មាន​មក​អំពី​ណា ព្រោះ​ខ្ញុំ​ព្រះករុណា ត្រូវ​ចិញ្ចឹម​មាតា​បិតា ត្រូវ​ចិញ្ចឹម​កូន​ប្រពន្ធ ទាសកម្មករ ត្រូវ​ធ្វើ​កិច្ច​ដល់​មិត្ត​អាមាត្យ ញាតិ​សាលោ​ហិត​ ពួកភ្ញៀវ បុព្វបេត ពួក​ទេវតា ទាំង​ដែល​ត្រូវ​ធ្វើ​កិច្ច​ដល់​ព្រះរាជា និង​ត្រូវ​ចិញ្ចឹម​រូប​កាយ​នេះ​ឲ្យ​ធាត់​ចម្រើន​​ផង​ដែរ ។ ព្រះសារីបុត្ត បាន​ដាស់​តឿន​ព្រាហ្មណ៍ ឲ្យ​យល់​អំពី​ការ​ទ្រុស្ត​សីល​របស់​ព្រាហ្មណ៍​នោះ មាន​ទោស​នាំ​ឲ្យ​ធ្លាក់​នរក ដោយ​មិន​អាច​អាង​នៅ​លើ​ការ​ចិញ្ចឹម​អ្នក​ដទៃ​ជា​ដើម ឬ​ថា​អ្នក​ដទៃ​ណា​នោះ អាច​ជួយ​ការពារ​ព្រាហ្មណ៍​បាន​ឡើយ ។ ការ​ងារ​ទាំង​ឡាយ​ផ្សេង​ទៀត ត្រូវ​តាម​ធម៌ មិន​ទ្រុស្តសីល មិន​បាច់​ធ្វើ​នូវ​បាបកម្ម​ផង អាច​ប្រតិបត្តិ​នូវ​បដិបទា ដែល​ជា​ហេតុ​ឲ្យ​កើត​បុណ្យ​បាន​ផង មាន​ដែរ​តើ ។ ធនញ្ជា​និព្រាហ្មណ៍ បាន​ត្រេកអរ អនុមោទនា​នូវ​ភាសិត​របស់​ព្រះសារីបុត្ត​ដ៏​មាន​អាយុ ។ ក្រោយ​មក ព្រាហ្មណ៍​ក៏​បាន​ដល់​រោគា​ពាធ មាន​ជំងឺ​ជា​ទម្ងន់ គាត់​បាន​ឲ្យ​បុរស​ម្នាក់​ទៅ​និមន្ត​ព្រះសារីបុត្ត​មក ក្នុង​បំណង​ដើម្បី​បាន​ស្ដាប់​នូវ​ឱវាទ​អំពី​ព្រះសារីបុត្ត​ហ្នឹង​ឯង ។ ព្រះសារីបុត្ត​បាន​ណែនាំ​ឲ្យ​ព្រាហ្មណ៍​ដក​ចិត្ត​ចេញ​អំពី​កាមភព ដោយ​ការ​សម្ដែង​ផ្លូវ ដើម្បី​ឲ្យ​ព្រាហ្មណ៍​បាន​កើត​រួម​នឹង​ព្រហ្មទាំង​ឡាយ ទើប​បាន​ប្រកាស​នូវ​ព្រហ្មវិហារធម៌ មេត្តា ករុណា មុទិតា ឧបេក្ខា ផ្សាយ​ទៅ​កាន់​លោក​ទាំង​មូល ក្នុង​ទិស​ទាំង​ពួង មាន​ចិត្ត​ធំ​ទូលាយ មិន​មាន​ពៀរ មិន​មាន​ព្យាបាទ ។ ធន​ញ្ជានិព្រាហ្មណ៍ បាន​ពោល​ថា បពិត្រ​ព្រះសារីបុត្ត​ដ៏​ចម្រើន បើ​ដូច្នោះ សូម​លោក​ម្ចាស់​ក្រាប​ថ្វាយ​បង្គំ​ព្រះបាទា​នៃ​ព្រះដ៏មាន​បុណ្យ​ដោយ​ត្បូង តាម​ពាក្យ​របស់​ខ្ញុំ​ព្រះករុណា​ថា បពិត្រ​ព្រះអង្គ​ដ៏​ចម្រើន ធនញ្ជានិ​ព្រាហ្មណ៍ មាន​អាពាធ ដល់​នូវ​ទុក្ខ​វេទនា មាន​ជំងឺ​ជា​ទម្ងន់ គាត់​ក្រាប​ថ្វាយ​បង្គំ​ព្រះបាទា​នៃ​ព្រះដ៏មាន​ព្រះភាគ​ដោយ​ត្បូង ។ គ្រា​នោះ ព្រះសារីបុត្ត​ដ៏​មាន​អាយុ កាល​បើ​មាន​កិច្ច ដែល​លោក​ត្រូវ​ធ្វើ​ត​ទៅ​ទៀត ក៏​ញ៉ាំង​ធនញ្ជា​និ​ព្រាហ្មណ៍​​ឲ្យ​តម្កល់​នៅ​ត្រឹមព្រហ្មលោក​ថោក​ទាប រួច​ក្រោក​ចាកអាសនៈ​ហើយ​ក៏​ចេញ​ទៅ ។ គ្រា​នោះ​ឯង ធនញ្ជានិព្រាហ្មណ៍ កាល​បើ​ព្រះសារីបុត្ត​មាន​អាយុ​និមន្ត​ចេញ​ទៅ មិន​យូរ​ប៉ុន្មាន ក៏​ធ្វើ​មរណកាល​ហើយ​ទៅ​កើត ឯ​ព្រហ្មលោក ។ គ្រា​នោះ ព្រះមាន​បុណ្យ ទ្រង់​ត្រាស់​នឹង​ភិក្ខុទាំងឡាយ​ថា ម្នាល​ភិក្ខុ​ទាំង​ឡាយ សារីបុត្ត​នុ៎ះ កាល​បើ​មាន​កិច្ច​ដែល​ខ្លួន​ត្រូវ​ធ្វើ​ត​ទៅ​ទៀត ក៏​ញ៉ាំង​ធនញ្ជានិព្រាហ្មណ៍ ឲ្យ​តម្កល់​នៅ​ត្រឹម​ព្រហ្មលោក​ថោក​ទាប រួច​ក្រោក​ចាកអាសនៈ ចេញ​មក ។ គ្រា​នោះ ព្រះសារីបុត្ត​មាន​អាយុ ចូល​ទៅ​គាល់​ព្រះមាន​ព្រះភាគ លុះ​ចូល​ទៅ​ដល់​ហើយ ក៏​ក្រាប​ថ្វាយ​បង្គំ​ព្រះមាន​ព្រះភាគ ហើយ​ក៏​អង្គុយ ក្នុង​ទី​ដ៏​សម​គួរ ។ លុះ​ព្រះសារីបុត្ត​មាន​អាយុ អង្គុយ​ក្នុង​ទី​ដ៏​សមគួរ​ហើយ ក៏​ក្រាប​ទូល​ព្រះមាន​ព្រះភាគ​យ៉ាង​នេះ​ថា បពិត្រ​ព្រះអង្គ​ដ៏​ចម្រើន ធនញ្ជានិព្រាហ្មណ៍ មាន​អាពាធ​​​ដល់​នូវ​ទុក្ខ​វេទនា មាន​ជំងឺ​ជា​ទម្ងន់ គាត់​ក្រាប​ថ្វាយ​បង្គំ​ព្រះបាទា​នៃ​ព្រះមាន​ព្រះភាគ​ដោយ​ត្បូង ។ ព្រះមាន​ព្រះភាគ​ត្រាស់​សួរ​ថា ហៃ​សារីបុត្ត កាល​បើ​កិច្ច​ដែល​អ្នក​ត្រូវ​ធ្វើ​ត​ទៅ​ទៀត​នៅ​មាន ហេតុ​ម្ដេច​ក៏​អ្នក​ញ៉ាំង​ធនញ្ជានិព្រាហ្មណ៍ ឲ្យ​តម្កល់​នៅ​ត្រឹម​ព្រហ្មលោក​ថោក​ទាប​រួច​ក្រោក​ចាក​អាសនៈ​ចេញ​មក ។ បពិត្រ​ព្រះអង្គ​ដ៏​ចម្រើន ខ្ញុំ​ព្រះអង្គ​មាន​សេចក្ដី​ត្រិះ​រិះ​យ៉ាង​នេះ​ថា ពួក​ព្រាហ្មណ៍​ទាំង​នេះ មាន​ចិត្ត​ជឿ​ស៊ប់​នឹង​ព្រហ្មលោក បើ​ដូច្នោះ គួរ​តែ​ខ្ញុំ​ព្រះអង្គ​សម្ដែង​ផ្លូវ​ប្រព្រឹត្ត​ទៅ​ដើម្បី​កើត​រួម​នឹង​ពួក​ព្រហ្ម ដល់​ធន​ញ្ជានិ​ព្រាហ្មណ៍​​ចុះ ។ ហៃ​សារីបុត្ត ធនញ្ជានិ​ព្រាហ្មណ៍​ស្លាប់​ហើយ ទៅ​កើត​ឯព្រហ្ម​លោក​ហើយ ។ ព្រះអដ្ឋកថា​សម្ដែង​ប្រាប់​ថា ព្រះដ៏មាន​ព្រះភាគ ទ្រង់​ត្រាស់​ចំពោះ​ព្រះ​សារីបុត្ត​ថា ធនញ្ជានិ​ព្រាហ្មណ៍​ធ្វើ​កាល​កិរិយា​ហើយ ទៅ​កើត​ឯព្រហ្ម​លោក ដូច្នេះ​ដោយ​ព្រះពុទ្ធ​បំណង​ឲ្យ​ព្រះសារីបុត្តនិមន្ត​ទៅ​កាន់​ព្រហ្ម​លោក ហើយ​សម្ដែង​ធម៌​ដល់​ព្រាហ្មណ៍​ដែល​បាន​កើត​ជា​ព្រហ្ម​នោះ​ឯង ។ ព្រះសារីបុត្ត​ក៏​បាន​និមន្ត​ទៅ​កាន់​ព្រហ្មលោក​ក្នុង​ខណៈ​នោះ​ភ្លាម​ដែរ ហើយ​បាន​សម្ដែង​ធម៌​ដល់​មហាព្រាហ្មណ៍​ជា​ព្រះព្រហ្ម ។ ចាប់​តាំង​អំពី​ពេល​នោះ​មក ព្រះសារីបុត្ត​សូម្បី​សម្ដែង​គាថា ៤ បាទ ក៏​មិន​សម្ដែង​ឲ្យ​ផុត​អំពី​សច្ចៈ ៤ ឡើយ ។ ដកស្រង់ពីសៀវភៅ ជំនួយសតិភាគទី២២ ដោយ៥០០០ឆ្នាំ
images/articles/2842/232323rwer.jpg
ផ្សាយ : ០៤ មេសា ឆ្នាំ២០២២ (អាន: ៥៥,១៨៨ ដង)
សម័យ​មួយ ព្រះដ៏មាន​ព្រះភាគ ទ្រង់​គង់​ប្រថាប់​នៅ​នា​ព្រះជេតវនារាម របស់​លោក​អនាថ​បណ្ឌិក​សេដ្ឋី ជិត​ក្រុង​សាវត្ថី ។ សម័យ​នោះ ព្រាហ្មណ៍ឈ្មោះ​ឯសុការី បាន​ចូល​គាល់​ព្រះដ៏មាន​ព្រះភាគ បាន​ក្រាប​ទូល​ព្រះដ៏មាន​ព្រះភាគ​នូវ​ការ​បញ្ញត្ត​របស់​ពួក​ព្រាហ្មណ៍ ដែល​ព្រាហ្មណ៍​បាន​បញ្ញត្ត​នូវ​ការ​បម្រើ ៤ យ៉ាង ទៅ​តាម​វណ្ណៈ​ទាំង ៤ គឺវណ្ណៈព្រាហ្មណ៍ វណ្ណៈក្សត្រិយ៍ វណ្ណៈវេស្សៈ និងវណ្ណៈសុទ្ទៈ ។ ពួក​ព្រាហ្មណ៍​បាន​បញ្ញត្ត​ថាៈ -ព្រាហ្មណ៍​ត្រូវ​បម្រើ​ព្រាហ្មណ៍ ក្សត្រិយ៍​ក៏​ត្រូវ​បម្រើ​ព្រាហ្មណ៍​ដែរ វេស្សៈ សុទ្ទៈ ត្រូវ​បម្រើ​ព្រាហ្មណ៍​ទាំង​អស់ ។ -ក្សត្រិយ៍ ត្រូវ​បម្រើ​ក្សត្រិយ៍ វេស្សៈ និង​សុទ្ទៈ ត្រូវ​បម្រើ​ក្សត្រិយ៍ ។ -វេស្សៈ​ត្រូវ​បម្រើ​វេស្សៈ សុទ្ទៈ​ត្រូវ​បម្រើ​វេស្សៈ ។ -សុទ្ទៈ​ត្រូវ​បម្រើ​សុទ្ទៈ ។ ឯ​សុការី​ព្រាហ្មណ៍ បាន​ក្រាប​ទូល​សួរ​ព្រះដ៏មាន​ព្រះភាគថា បពិត្រ​ព្រះគោតម​ដ៏​ចម្រើន ទ្រង់​ត្រាស់​សម្ដែង​នូវ​ដំណើ​រនោះ ថា​ដូចម្ដេច ? ព្រះដ៏មាន​ព្រះភាគ ទ្រង់​ត្រាស់​សួរ​ថា ម្នាល​ព្រាហ្មណ៍​ចុះ​លោក​ទាំង​មូល​យល់​ព្រម​ដាច់​ស្រេច នូវ​ការ​បញ្ញត្ត របស់​ពួក​ព្រាហ្មណ៍​នុ៎ះ​ថា ចូរ​ពួក​ព្រាហ្មណ៍​បញ្ញត្ត​នូវ​ការ​បម្រើ​ទាំង ៤ យ៉ាង​នេះ​ចុះ ដូច្នេះ​ដែរ​ឬ ។ បពិត្រ​ព្រះគោតម​ដ៏​ចម្រើន លោក​ទាំង​មូល​មិន​យល់​ព្រម នូវ​ការ​បញ្ញត្ត​នេះ​ទេ ។ ម្នាល​ព្រាហ្មណ៍ បុរស​កំសត់ ឥត​យស មិន​ស្ដុកស្ដម្ភ ពួក​ឈ្មួញ​រទេះ យក​ចំណែក​សាច់ ( គោ​របស់​ខ្លួនដែល​ស្លាប់​តាម​ផ្លូវ ) ផ្ដែក​វេរ​ឲ្យ​ដល់​បុរស​កំសត់​នោះ ដែល​មិន​ចង់​បាន​ដោយ​បង្ខំ​ថា នែ​វ៉ឺយ​បុរស ឯង​ត្រូវ​តែ​ស៊ី​សាច់​នេះ ទាំង​ត្រូវ​សង​ថ្លៃ​ផង សេចក្តី​នេះ​មាន​ឧបមា​យ៉ាង​ណា ម្នាល​ព្រាហ្មណ៍ ដោយ​ការ​ដែល​ពួក​សមណព្រាហ្មណ៍​នោះ មិន​បាន​យល់​ព្រម​សោះ ស្រាប់​តែ​ពួក​ព្រាហ្មណ៍ មក​បញ្ញត្ត​ការ​បម្រើ​ទាំង ៤ យ៉ាង​នេះ ក៏​មាន ឧបមេយ្យ​យ៉ាង​នោះ​ដែរ ។ ម្នាល​ព្រាហ្មណ៍ តថាគត​មិន​ពោល​ថា​ត្រូវ​តែ​បម្រើ​អ្នក​ទាំង​អស់ ( នោះ ) ទេ ម្នាល​ព្រហ្មណ៍ តែ​តថាគត​នឹង​បាន​ពោល​ថា​មិន​ត្រូវ​បម្រើ​ទាំង​អស់​ក៏​ទេ​ដែរ ។ ម្នាល​ព្រាហ្មណ៍ ព្រោះ​ថា​កាល​បើ​គេ​បម្រើ​បុគ្គល​ណា ត្រឡប់​ជា​បាន​បាប​ក្រៃ​ពេក មិន​បាន​ប្រយោជន៍ ព្រោះ​ហេតុ​ការ​បម្រើ តថាគត​មិន​ពោល​ថា​ត្រូវ​បម្រើ​បុគ្គល​នោះ​ទេ ម្នាល​ព្រាហ្មណ៍ តែ​ថា​កាល​គេ​បម្រើ​បុគ្គល​ណា បាន​ប្រយោជន៍​មិន​បាន​បាប ព្រោះ​ហេតុ​តែ​ការ​បម្រើ​ទេ តថាគត​ពោល​ថា​ត្រូវ​បម្រើ​បុគ្គល​នោះចុះ ។ ម្នាល​ព្រាហ្មណ៍ ប្រសិន​បើ​គេ​សួរ ក្សត្រិយ៍​យ៉ាង​នេះ​ថា កាល​បើ​ព្រះអង្គ​បម្រើ​បុគ្គល​ណា ទ្រង់​ក្លាយ​ទៅ​ជា​មនុស្ស​លាមក​ក្រៃ​ពេក មិន​បាន​ជា​មនុស្ស​ប្រសើរ​វិសេស ព្រោះ​ហេតុ​តែ​កា​របម្រើ មួយ​ទៀត កាល​បើ​ព្រះអង្គ​បម្រើ​បុគ្គល​ណា បាន​ជា​បុគ្គល​គាប់​ប្រសើរ មិន​ក្លាយ​ជា​បុគ្គល​ថោក​ថយ ព្រោះ​ហេតុ​តែ​ការ​បម្រើ​ទេ បណ្ដា​បុគ្គល​ទាំង ២ នុ៎ះ តើ​ព្រះអង្គ​ត្រូវ​បម្រើ​បុគ្គល​ណា ។ ម្នាល​ព្រាហ្មណ៍ កាល​បើ​ក្សត្រិយ៍​ឆ្លើយ​តប​ដោយ​ត្រឹម​ត្រូវ គួរ​ឆ្លើយ​តប​យ៉ាង​នេះ​ថា កាល​ខ្ញុំ​បម្រើ​បុគ្គល​ណា ក្លាយ​ខ្លួន​ទៅ​ជា​មនុស្ស​លាមក​ក្រៃ​ពេក មិន​បាន​ជា​មនុស្ស​ប្រសើរ​វិសេស ព្រោះ​ហេតុ​តែ​ការ​បម្រើ​ទេ ខ្ញុំ​មិន​ត្រូវ​បម្រើ​បុគ្គល​នោះ​ឡើយ លុះ​តែ​ខ្ញុំ​បម្រើ​បុគ្គល​ណា បាន​ការ​គាប់​ប្រសើរ មិន​បាន​ការ​អាក្រក់ ព្រោះ​ហេតុ​តែ​ការ​បម្រើ ទើប​ខ្ញុំ​ត្រូវ​បម្រើ​បុគ្គល​នោះ ។ ម្នាល​ព្រាហ្មណ៍ បើ​គេ​សួរ​ព្រាហ្មណ៍... ម្នាល​ព្រាហ្មណ៍ បើ​គេ​សួរ​វេស្សៈ... ម្នាល​ព្រាហ្មណ៍ បើ​គេ​សួរ​សុទ្ទៈ​យ៉ាង​នេះ​ថា កាល​បើ​អ្នក​បម្រើ​បុគ្គល​ណា ត្រឡប់​ជា​បាន​បាប មិន​បាន​ការ​គាប់​ប្រសើរ ព្រោះ​ការ​បម្រើ​ជា​ហេតុ​ទេ មួយ​ទៀត កាល​បើ​អ្នក បម្រើ​បុគ្គល​ណា បាន​ការ​គាប់​ប្រសើរ មិន​បានការ​អាក្រក់ ព្រោះ​ការ​បម្រើ​ជា​ហេតុ​ទេ បណ្ដា​បុគ្គល​ទាំង ២ នុ៎ះ តើ​អ្នក​ត្រូវ​បម្រើ​បុគ្គល​ណា ។ ម្នាល​ព្រាហ្មណ៍ កាល​បើ​សុទ្ទៈ​ឆ្លើយ​តប​ដោយ​ត្រឹម​ត្រូវ គប្បី​ឆ្លើយ​តប​យ៉ាង​នេះ​ថា កាល​បើ​ខ្ញុំ​បម្រើ​បុគ្គល​ណា បាន​ការ​អាក្រក់ មិន​បាន​ការ​គាប់​ប្រសើរ ព្រោះ​ហេតុ​តែ​ការ​បម្រើ​ទេ ខ្ញុំ​មិន​ត្រូវ​បម្រើ​បុគ្គល​នោះ​ឡើយ កាល​បើ​ខ្ញុំ​បម្រើ​បុគ្គល​ណា បាន​ការ​គាប់​ប្រសើរ មិន​មែន​ជា​ការ​អាក្រក់ ព្រោះ​ហេតុ​តែ​ការ​បម្រើ​ទេ ទើប​ខ្ញុំ​ត្រូវ​បម្រើ​បុគ្គល​នោះ ។ ម្នាល​ព្រាហ្មណ៍ តថាគត​មិន​ពោល​ថា បុគ្គល​គាប់​ប្រសើរ ព្រោះ​តែ​មាន​ត្រកូល​ខ្ពស់​ទេ ម្នាល​ព្រាហ្មណ៍ ទាំង​តថាគត​នឹង​បាន​ពោល​ថា​បុគ្គល​ថោក​ថយ ព្រោះ​តែ​មាន​ត្រកូល​ខ្ពស់​ក៏​ទេ​ដែរ ។ ម្នាល​ព្រាហ្មណ៍ តថាគត​មិន​ពោល​ថា​បុគ្គល​គាប់​ប្រសើរ ព្រោះ​តែ​មាន​ជាតិ​ថ្លៃថ្លា​ទេ ម្នាល​ព្រាហ្មណ៍ ទាំង​តថាគត​នឹង​បាន​ពោល​ថា​បុគ្គល​ថោក​ទាប ព្រោះ​តែ​មាន​ជាតិ​ថ្លៃថ្លា​ក៏​ទេ​ដែរ ។ ម្នាល​ព្រាហ្មណ៍ តថាគត​មិន​ពោល​ថា បុគ្គល​ប្រសើរ​វិសេស ព្រោះ​តែ​មាន​ភោគៈ​លើស​លប់​ទេ ម្នាល​ព្រាហ្មណ៍ ទាំង​តថាគត​នឹង​បាន​ពោល​ថា​បុគ្គល​ថោក​ទាប ព្រោះ​តែ​មាន​ភោគៈ​លើស​លប់​ក៏​ទេ​ដែរ ។ ម្នាល​ព្រាហ្មណ៍ ព្រោះ​ថា​បុគ្គល​ពួក​ខ្លះ ក្នុង​លោក​នេះ សូម្បី​មាន​ត្រកូល​ខ្ពង់​ខ្ពស់ តែ​ជា​អ្នក​សម្លាប់​សត្វ លួច​ទ្រព្យ​គេ ប្រព្រឹត្ត​កាមេសុមិច្ឆា ប្រព្រឹត្ត​ពោល​ពាក្យ​មុសា មាន​វា​ចាញុះ​ញង់ មាន​វា​ចា​ទ្រគោះ និយាយ​តែ​ពាក្យ​ឥត​ប្រយោជន៍ ជា​អ្នក​មាន​អភិជ្ឈា មាន​ចិត្ត​ព្យាបាទ ជា​មិច្ឆាទិដ្ឋិ ហេតុ​នោះ​បាន​ជា​តថាគត​មិន​ពោល​ថា បុគ្គល​ប្រសើរ​វិសេស ព្រោះ​តែ​មាន​ត្រកូល​ខ្ពង់​ខ្ពស់​ទេ ។ ម្នាល​ព្រាហ្មណ៍ ព្រោះ​ថា​បុគ្គល​ពួក​ខ្លះ ក្នុង​លោក​នេះ ជា​អ្នក​មាន​ត្រកូល​ខ្ពង់​ខ្ពស់ ហើយ​បាន​វៀរចាក​បាណាតិបាត វៀរចាកអទិន្នាទាន វៀរ​ចាក​កាមេសុមិច្ឆាចារ វៀរចាក​មុសាវាទ វៀរចាក​បិសុណាវាចា វៀរចាក​ផរុសវាចា វៀរចាក​សម្ផប្បលាបៈ មិន​មាន​អភិជ្ឈា មិន​មាន​ចិត្ត​ព្យាបាទ ជា​សម្មាទិដ្ឋិ ក៏​មាន ហេតុ​នោះ បាន​ជា​តថាគត​មិន​ពោល​ថា​បុគ្គល​ថោក​ទាប ព្រោះ​តែ​មាន​ត្រកូល​ខ្ពង់​ខ្ពស់​ទេ ។ ម្នាល​ព្រាហ្មណ៍ មនុស្ស​ពួក​ខ្លះ​ក្នុង​លោក​នេះ ទុក​ជា​មាន​ជាតិ​ថ្លៃថ្លា​ក៏​ដោយ តែ​ជា​អ្នក​សម្លាប់​សត្វ លួច​ទ្រព្យ​គេ ប្រព្រឹត្ត​កាមេសុមិច្ឆា ពោល​ពាក្យ​មុសា មាន​វា​ចាញុះ​ញង់ មាន​សម្ដី​អាក្រក់ និយាយ​ពាក្យ​ឥតប្រយោជន៍ មាន​អភិជ្ឈា មាន​ចិត្ត​ព្យាបាទ ជាមិច្ឆាទិដ្ឋិ ហេតុ​នោះ បាន​ជា​តថាគត​មិន​ពោល​ថា បុគ្គល​វិសេស​វិសាល ព្រោះ​តែ​មាន​ជាតិ​ថ្លៃថ្លា​ទេ ។ ម្នាល​ព្រាហ្មណ៍ បុគ្គល​ពួក​ខ្លះ ក្នុង​លោក​នេះ ជា​អ្នក​មាន​ជាតិ​ថ្លៃថ្លា ហើយ​បាន​វៀរចាក​បាណាតិបាត វៀរចាក​អទិន្នាទាន វៀរចាក​កាមេសុមិច្ឆាចារ វៀរចាក​មុសាវាទ វៀរចាក​បិសុណាវាចា វៀរចាក​ផរុសវាចា វៀរចាក​សម្ផប្បលាបៈ មិន​មាន​អភិជ្ឈា មិន​មាន​ចិត្ត​ព្យាបាទ ជា​សម្មាទិដ្ឋិ​ក៏​មាន ហេតុ​នោះ បាន​ជា​តថាគត​មិន​ពោល​ថា បុគ្គល​ថោក​ទាប ព្រោះ​តែ​មាន​ជាតិ​ថ្លៃថ្លា​ទេ ។ ម្នាល​ព្រាហ្មណ៍ បុគ្គល​ពួក​ខ្លះ ក្នុង​លោក​នេះ សូម្បី​មាន​ភោគៈ​លើស​លុប តែ​ជា​អ្នក​សម្លាប់​សត្វ លួច​ទ្រព្យ​គេ ប្រព្រឹត្ត​កាមេសុមិច្ឆា និយាយ​ពាក្យ​មុសា មាន​វា​ចាញុះញង់ មាន​ពាក្យ​អាក្រក់ និយាយ​ពាក្យ​ឥតប្រយោជន៍ មាន​អភិជ្ឈា មាន​ចិត្ត​ព្យាបាទ ជា​មនុស្ស​មិច្ឆាទិដ្ឋិ ហេតុ​នោះ បាន​ជា​តថាគត​មិន​ពោល​ថា បុគ្គល​វិសេស​វិសាល ព្រោះ​មាន​ភោគៈ​លើស​លុប​ទេ ។ ម្នាល​ព្រាហ្មណ៍ បុគ្គល​ពួក​ខ្លះ ក្នុង​លោក​នេះ ជា​អ្នក​មាន​ភោគៈ​ដ៏​លើស​លុប ហើយ​បាន​វៀរចាក​បាណាតិបាត វៀរចាកអទិន្នាទាន វៀរចាក​កាមេសុមិច្ឆាចារ វៀរចាក​មុសាវាទ វៀរចាក​បិសុណាវាចា វៀរចាក​ផរុសវាចា វៀរចាក​សម្ផប្បលាបៈ មិន​មាន​អភិជ្ឈា មិន​មាន​ចិត្ត​ព្យាបាទ ជា​សម្មាទិដ្ឋិ​ក៏​មាន ហេតុ​នោះ បាន​ជា​តថាគត​មិន​ពោល​ថា បុគ្គល​ថោក​ទាប ព្រោះ​តែ​មាន​ភោគៈលើស​លុបទេ ។ ម្នាល​ព្រាហ្មណ៍ តថាគត​មិន​ពោល​ថា ត្រូវ​តែ​បម្រើ​អ្នក​ទាំង​អស់ ( នោះ ) ទេ ម្នាល​ព្រាហ្មណ៍ ទាំង​តថាគត​នឹង​បាន​ពោល​ថា មិន​ត្រូវ​បម្រើ​អ្នក​ទាំង​អស់​ក៏​ទេ​ដែរ ។ ម្នាល​ព្រាហ្មណ៍ ព្រោះ​ថា​កាល​បើគេ​បម្រើ​បុគ្គល​ណា សទ្ធា​ចម្រើន សីល​ចម្រើន សុតៈ​ចម្រើន ចាគៈ​ចម្រើន ប្រាជ្ញា​ក៏​ចម្រើន ព្រោះ​ការ​បម្រើ ( នោះ ) ជា​ហេតុ តថាគត​ទើប​ពោលថា​ ត្រូវ​បម្រើ​បុគ្គល​នោះ ។ ឯ​សុការី​ព្រាហ្មណ៍ បាន​ក្រាប​ទូល​ព្រះដ៏មាន​ព្រះភាគ​មួយ​រឿង​ទៀត អំពី​ការ​បញ្ញត្ត​ទ្រព្យ​របស់​ពួក​ព្រាហ្មណ៍ គឺ​ការ​ប្រព្រឹត្ត​សូម​ជា​ទ្រព្យ​របស់​ព្រាហ្មណ៍ ធ្នូ​និង​បំពង់​ព្រួញ​ជា​ទ្រព្យ​របស់​ក្សត្រិយ៍ ការ​ភ្ជួរ​រាស់​និង​ការ​រក្សា​គោ​ជា​ទ្រព្យ​របស់​វេស្សៈ កណ្ដៀវ​និង​អម្រែក​ជា​ទ្រព្យ​របស់​សុទ្ទៈ ។ ក្នុង​ទ្រព្យ​ទាំង ៤ ប្រការ​នេះ ប្រសិន​បើ​វណ្ណៈ​ណា​មើល​ងាយ​នូវ​ទ្រព្យ​របស់​ខ្លួន ឈ្មោះ​ថា ជា​អ្នក​មិន​ធ្វើ​ការងារ​ដែល​ខ្លួន​ត្រូវ​ធ្វើ ដូច​អ្នក​រក្សា​ទ្រព្យ លួច​យក​ទ្រព្យ​ដែល​គេ​មិន​បាន​ឲ្យ ។ ឯ​សុការី​ព្រាហ្មណ៍ បាន​ក្រាប​ទូល​សួរ​ថា តើ​ព្រះគោតម​ដ៏​ចម្រើន សម្ដែង​ថា​ដូច​ម្ដេច ចំពោះ​រឿង​នេះ ? សេចក្ដី​នៅ​ក្នុង​ព្រះ​សូត្រ គឺ​ព្រះដ៏មាន​ព្រះភាគ ទ្រង់​ត្រាស់​បញ្ញត្តលោកុត្តរធម៌​ដ៏​ប្រសើរ ថា​ជា​ទ្រព្យ​សម្រាប់​ខ្លួន​របស់​បុរស​ស្ត្រី។ វណ្ណៈ​ទាំង ៤ ចូល​កាន់​ផ្នួស អាស្រ័យ​ធម្មវិន័យ ដែល​ព្រះតថាគត​សម្ដែង​ហើយ វៀរចាក​បាណាតិបាត វៀរចាក​អទិន្នាទាន ។ល។ មាន​សម្មាទិដ្ឋិ ជា​បុគ្គល​ត្រេកអរ​នឹង​កុសលធម៌​ជា​គ្រឿង​នាំ ចេញ​ចាក​ទុក្ខ ចម្រើន​ចិត្ត​មេត្តា មិន​មាន​ពៀរ មិន​មាន​ព្យាបាទ ប្រព្រឹត្ត​ទៅ​បាន​គ្រប់​វណ្ណៈ​ទាំង​អស់ មិន​ចំពោះ​តែ​វណ្ណៈព្រាហ្មណ៍​ទេ ។ ព្រះដ៏មាន​ព្រះភាគ ទ្រង់​លើក​អំពី​ការ​ងូត​ទឹក​ជម្រះ​ក្អែល អំពី​ការ​បង្កាត់​ភ្លើង ដើម្បី​ឲ្យ​ឯសុការី​ព្រាហ្មណ៍ បាន​យល់​អំពី​ការ​ប្រព្រឹត្ត​ព្រហ្មចរិយ​ធម៌​ក្នុង​ព្រះពុទ្ធសាសនា ក្នុង​ការ​លះបង់​នូវ​កិលេស ដោយ​មិន​ចំពោះ​វណ្ណៈ​ណា​មួយ​នោះ​ឡើយ ។ ឯសុការី​ព្រាហ្មណ៍ បាន​ជា​ឧបាសក អ្នក​ដល់​នូវសរណគមន៍ ស្មើ​ដោយ​ជីវិត ។ ដកស្រង់ពីសៀវភៅ ជំនួយសតិភាគទី២២ ដោយ៥០០០ឆ្នាំ
images/articles/2840/poilumkjmgbfv.jpg
ផ្សាយ : ០៤ មេសា ឆ្នាំ២០២២ (អាន: ៣៩,៥៥០ ដង)
សម័យ​មួយ ព្រះដ៏មាន​ព្រះភាគ ទ្រង់​ពុទ្ធ​ដំណើរ​ទៅ​កាន់​ចារិក​ក្នុង​ដែន​កោសល ព្រម​ដោយ​ភិក្ខុ​សង្ឃ​ជា​ច្រើន​ព្រះអង្គ ព្រះអង្គ​ទ្រង់​គង់​ក្នុង​សាលវ័ន ជិត​ឱបាសាទគ្រាម ។ សម័យ​នោះ​ឯង មាន​ព្រាហ្មណ៍​ម្នាក់ ឈ្មោះ​ចង្កី នៅ​អាស្រ័យ​នឹង​ឱបាសាទ​គ្រាម ដែល​ជា​ស្រុក​កុះករ​ដោយ​សត្វ​និង​មនុស្ស បរិបូណ៌​ដោយ​ស្មៅ​ឧស​និង​ទឹក ទាំង​ធញ្ញាហារ​ក៏​សម្បូណ៌​ដែរ ជា​ស្រុក​ព្រះរាជ​ទ្រព្យ ដែល​ព្រះរាជា​បសេនទិកោសល ទ្រង់​ព្រះរាជទាន ជា​ព្រះរាជ​អំណោយ​ដ៏​ប្រសើរ គឺ​ទ្រង់​ប្រទាន​ដោយ​ដាច់​ខាត ។ បន្ទាប់​អំពី​ពួក​ព្រាហ្មណ៍​ក្នុង​ស្រុក បាន​សន្ទនា​គ្នា​អំពី​ព្រះគុណ​នៃ​ព្រះដ៏មាន​ព្រះភាគ​រួច​មក ចង្កី​ព្រាហ្មណ៍ ព្រម​ទាំង​ពួក​ព្រាហ្មណ៍​ដ៏​ច្រើន បាន​ចូល​គាល់​ព្រះដ៏មាន​ព្រះភាគ ។ ក្នុង​កាល​នោះ មាន​ព្រាហ្មណ៍​កំលោះ​​ម្នាក់ ឈ្មោះ​កាបទិកៈ អាយុ​ទើប​តែ ១៦ ឆ្នាំ បាន​ចេះ​ចាំ​គម្ពីរ​ព្រាហ្មណ៍​យ៉ាង​ច្រើន ហើយ​កាប​ទិកៈ​​នេះ​ឯង បាន​ជាប្រមុខ​ក្នុង​ការ​ទូល​សួរ​បញ្ហា​ចំពោះ​ព្រះដ៏មាន​ព្រះភាគ ។ បញ្ហា​​ដែលកាបទិកៈ​ទូលសួរ​​ព្រះ​ដ៏មាន​ព្រះភាគ គឺ -ការរក្សា​សច្ចៈ​តើ​ត្រឹម​ប៉ុន្មាន ។ -ការ​ត្រាស់​ដឹង​សច្ចៈ​តើ​ត្រឹម​ប៉ុន្មាន ។ -ការ​កើត​ឡើង​នៃ​សច្ចៈ​តើ​ត្រឹម​ប៉ុន្មាន ។ -ធម៌​មាន​ឧបការ​ច្រើន​ដល់​ការ​កើត​ឡើង​នៃ​សច្ចៈ ។ -ធម៌​មាន​ឧបការ​ច្រើន​ដល់​បធាន​គឺ​សេចក្ដី​ព្យាយាម ។ -ធម៌​មាន​ឧបការ​ច្រើនដ​ល់​ការ​ថ្លឹងថ្លែង​ពិចារណា ។ -ធម៌​មាន​ឧបការ​ច្រើន​ដល់​ឧស្សាហៈ​គឺកា​រ​ប្រឹង​ប្រែង ។ -ធម៌​មាន​ឧបការ​ច្រើន​ដល់​ឆន្ទៈ​គឺ​ការ​ពេញ​ចិត្ត​នឹង​ធ្វើ ។ -ធម៌​មាន​ឧបការ​ច្រើន​ដល់​ការ​សម្លឹង​មើល​ធម៌ ។ -ធម៌​មាន​ឧបការ​ច្រើន​ដល់​ការ​ពិចារណា​អត្ថ ។ -ធម៌​មាន​ឧបការ​ច្រើន​ដល់​ការ​ចេះ​ចាំ​ធម៌ ។ -ធម៌​​មាន​ឧបការ​ច្រើន​ដល់​ការ​ស្ដាប់​ធម៌ ។ -ធម៌​មាន​ឧបការ​ច្រើន​ដល់​ការ​ផ្ចង់​ត្រចៀក ។ -ធម៌​​មាន​ឧបការ​ច្រើន​ដល់​ការ​ចូល​ទៅ​អង្គុ​យ​​ជិត ។ -ធម៌​មាន​ឧបការ​ច្រើន​ដល់​ការ​ចូល​ទៅ​រក ។ ព្រះដ៏មាន​ព្រះភាគ ទ្រង់​ត្រាស់​ថា សទ្ធា​​មាន​ឧបការ​ច្រើន​ដល់​ការ​ចូល​ទៅ​រក ការ​ចូល​ទៅ​រក​មាន​​ឧបការ​ច្រើន​ដល់​ការ​ចូល​ទៅ​អង្គុយ​ជិត ការ​ចូល​ទៅ​អង្គុយ​​ជិត​មាន​ឧបការ​ច្រើន​ដល់​ការ​ផ្ចង់​ត្រចៀក ការ​ផ្ចង់​ត្រចៀក​​មាន​ឧបការ​ច្រើន​ដល់​ការ​ស្ដាប់​ធម៌ ការ​ស្ដាប់​ធម៌​មាន​ឧបការ​ច្រើន​​ដល់​ការ​ចេះ​ចាំ​នូវ​ធម៌ ការ​ចេះ​ចាំ​នូវ​ធម៌​​មាន​ឧបការ​ច្រើន​ដល់​ការ​ពិចារណា​​នូវ​អត្ថ ការ​ពិចារណា​នូវ​អត្ថមា​ន​ឧបការ​ច្រើន​ដល់​ការ​សម្លឹង​មើល​ធម៌ គឺ​សម្លឹង​ដឹង​ថា សីល​ព្រះអង្គ​ទ្រង់​ត្រាស់​ទុក​ក្នុង​ទី​នេះ សមាធិ​ព្រះអង្គ​ទ្រង់​ត្រាស់​ទុក​ក្នុង​ទី​នេះ ជា​ដើម ការ​សម្លឹង​មើល​ធម៌​មាន​ឧបការ​ច្រើន​ដល់​ឆន្ទៈ គឺ​ការ​ពេញ​ចិត្ត​នឹង​ធ្វើ ឆន្ទៈ​មាន​ឧបការ​ដល់​ឧស្សាហៈ​​គឺ​ការ​ប្រឹង​ប្រែង ឧស្សាហៈ​មានឧបការ​ដល់​ការ​ថ្លឹង​ថ្លែង​ពិចារណា ( តុលេតីតិ ) គឺ​ថ្លឹង​ថ្លែង​ពិចារណា​​ការ​មិន​ទៀង​ជា​ដើម​ក្នុង​សង្ខារ​ធម៌ ការ​ថ្លឹង​ថ្លែង​ពិចារណា​មាន​ឧបការ​ច្រើន​បធាន​គឺ​តាំង​សេចក្ដី​ព្យាយាម​ក្នុង​មគ្គ បធាន បទហិត ការ​តាំង​សេចក្ដី​ព្យាយាម​ក្នុង​មគ្គមាន​ឧបការ​ច្រើន​ដល់​ការ​កើត​ឡើង​នៃ​សច្ចៈ​គឺ​សច្ចានុប្បត្តិយា បាន​ដល់ការ​សម្រេច​នូវ​ផលដែល​ជា​លោកុត្តរវិបាក ។ ព្រះពុទ្ធអង្គ​ត្រាស់​សម្ដែង​ធម៌ ១២ ប្រការ ចាប់​ពី​សទ្ធា​មក​ដល់​បធាន អនុលោម​ក្នុង​ការពោល​ដល់​មគ្គ​គឺ​ការ​ត្រាស់​ដឹង​សច្ចៈ ( សច្ចានុពោធោតិ មគ្គានុពោធោ ) ។ នៅ​ក្នុង​វារៈ​នៃ​ការ​ត្រាស់​ដឹ​ង​សច្ចៈ គឺ​​ការ​សម្រេច​អរិយមគ្គ ព្រះពុទ្ធ​អង្គ​ទ្រង់​ត្រាស់​ថា បហិតត្តោ សមានោ កាយេន ចេវ បរមត្ថសច្ចំ សច្ឆិករោតិ បញ្ញាយ ច តំ អតិវិជ្ឈ បស្សតិ ។ ឯត្តាវតា ខោ ភារទ្វាជ សច្ចានុពោធោ ហោតិ ។ ជា​អ្នក​មាន​ចិត្ត​បញ្ជូន​ទៅ​កាន់​ព្រះនិព្វាន ( បហិតត្តោ ) ទើប​ធ្វើ​ឲ្យ​ជាក់​ច្បាស់​នូវ​បរមត្ថសច្ច ដោយ​នាម​កាយ​ផង បាន​ចាក់​ធ្លុះ​ឃើញ​ច្បាស់​នូវ​បរមត្ថ​សច្ច​នោះ ដោយ​បញ្ញា​ផង ។ ម្នាល​ភារទ្វាជៈ ការ​ត្រាស់​ដឹង​នូវ​សច្ចៈ​មាន​ត្រឹម​ប៉ុណ្ណេះ​ឯង ។ អដ្ឋកថា ប្រាប់​ថា ធ្វើ​ឲ្យ​ជាក់​ច្បាស់​នូវ​បរមត្ថសច្ច ដោយ​កាយ ដោយ​សេចក្ដី​ថា ធ្វើ​ឲ្យ​ជាក់​ច្បា​ស់​នូវ​ព្រះនិព្វាន ដោយ​នាម​កាយ ដែល​ជា​សហជាតិ ហើយ​បាន​ចាក់​ធ្លុះ ឃើញ​ច្បាស់​​នូវ​ព្រះនិព្វាន​នោះ ដោយ​បញ្ញា​ក្នុង​ការ​លះបង់​នូវ​កិលេស​ហ្នឹង​ឯង ។ ត្រង់​បទ​ថា ការ​ត្រាស់​ដឹង​នូវ​សច្ចៈ គឺ​ការ​ត្រាស់​ដឹង​នូវ​មគ្គ ( សច្ចានុពោធោតិ មគ្គានុពោធោ ) ។ ការ​រក្សា​សច្ចៈ គឺ​បុគ្គល​មាន​ជំនឿ​ក្ដី មាន​ការ​គាប់​ចិត្ត​ក្ដី មាន​ការ​ស្ដាប់​តាម​គ្នា​ក្ដី មាន​ការ​ត្រិះរិះ​នូវ​អាការ​ណា​ក្ដី មាន​ការ​សម្លឹង​ពិនិត្យ​យល់​ចូល​ចិត្ត​ក្ដី កាល​ដែល​និយាយ ក៏​និយាយ​ទៅ​តាម​​ដែល​ខ្លួន​ឯង​មាន​ជំនឿ​ជា​ដើម​នោះ ៗ ឈ្មោះ​ថា​រក្សា​សច្ចៈ តែ​មិន​ដល់​ថ្នាក់​ដាច់​ខាត​ថា ពាក្យ​នេះ​ពិត ពាក្យ​ដទៃ​ជា​មោឃៈ​ឡើយ ។ នៅ​ក្នុង​ទំព័រ ១៣៤ ព្រះដ៏មាន​ព្រះភា ទ្រង់​ត្រាស់​សម្ដែង​ថា ម្នាល​ភារទ្វាជៈ មាន​សេចក្ដី​តំណាល​ថា ភិក្ខុ​ក្នុង​សាសនា​នេះ ចូល​ទៅ​អាស្រ័យ​នៅ​ក្នុង​ស្រុក ឬ​ក្នុង​និគម​ណា​មួយ ។ អដ្ឋកថា ប្រាប់​ថា​ព្រះពុទ្ធអង្គ​ទ្រង់​សំដៅ​ដល់​ព្រះអង្គ​ឯង នូវ​ពាក្យ​ថា ឥធ កិរ ភារទ្វាជ ភិក្ខុ ...។ គហបតី ឬកូ​​នគហបតី បាន​ញ៉ាំង​សទ្ធា​ឲ្យ​កើត​ឡើង​ក្នុង​ព្រះ​តថាគត ទើប​ចូល​ទៅ​រក​ហើយ​អង្គុយ​ជិត ។ល។ នៅ​​ខាង​ចុង​នៃ​ព្រះសូត្រ កាបទិកមាណព បាន​ក្រាប​បង្គំ​ទូល​ព្រះដ៏មាន​ព្រះភាគថា យើង​ខ្ញុំ​បាន​សួរ​នូវ​ការ​រក្សា​សច្ចៈធម៌​នឹង​ព្រះគោតម​ដ៏​ចម្រើន ព្រះគោតម​ដ៏​ចម្រើន ក៏​បាន​ព្យាករ​នូវ​ការ​រក្សា​សច្ចៈ​ហើយ ក៏​ការ​ព្យាករ​នោះ គាប់​ចិត្ត​ផង គួរ​ផង ដល់​យើង​ខ្ញុំ ទាំង​យើង​ខ្ញុំ​សោត ក៏​មាន​ចិត្ត​ត្រេកអ ដោយ​ការ​ព្យាករ​នោះ យើង​ខ្ញុំ​បាន​សួរ​នូវ​ការ​​ត្រាស់​ដឹង​នូវ​សច្ចៈ នឹង​ព្រះគោតម​ដ៏​ចម្រើន ព្រះគោតម​​ដ៏​ចម្រើ ក៏​បាន​ព្យាករ​នូវ​​ការ​​ត្រាស់​ដឹង​​សច្ចៈ​ហើ​យ ការ​ព្យាករ​នោះ គាប់​ចិត្ត​ផង គួរ​​ផង ដល់​យើង​ខ្ញុំ ទាំង​យើង​ខ្ញុំ​សោត ក៏មាន​ចិត្ត​ត្រេកអរ ដោយ​ការ​ព្យាករ​នោះ យើង​ខ្ញុំ​បាន​សួរ​នូវ​ការ​កើត​សច្ចៈ នឹង​ព្រះគោតម​ដ៏​ចម្រើន ព្រះគោតម​ដ៏​ចម្រើន ក៏​បាន​ព្យាករ​នូវ​ការកើត​សច្ចៈ​ហើយ ក៏​ការ​ព្យាករ​នោះ គាប់​ចិត្តផង គួរ​ផង ដល់​យើងខ្ញុំ ទាំង​យើង​ខ្ញុំ​សោត ក៏​មាន​ចិត្ត​ត្រេកអរ ដោយ​ការ​ព្យាករ​នោះ យើង​ខ្ញុំ​បាន​សួរ​នូវ​ធម៌​មាន​ឧបការ​ច្រើន ដល់​ការ​កើត​សច្ចៈ នឹង​ព្រះគោតម​ដ៏​ចម្រើន ព្រះគោតម​ដ៏​ចម្រើន ក៏​បាន​ព្យាករ​នូវ​ធម៌​មាន​ឧបការ​ច្រើន ដល់​ការ​កើត​សច្ចៈ​ហើយ ក៏​ការ​ព្យាករ​នោះ គាប់​ចិត្ត​ផង គួរ​ផង ដល់​យើង​ខ្ញុំ ទាំង​យើង​ខ្ញុំ​សោត ក៏​មាន​ចិត្តត្រេក​អរ ដោយ​ការ​ព្យាករ​នោះ យើង​ខ្ញុំ​បាន​សួរ នូវ​ប្រស្នា​ណា ៗ នឹង​ព្រះគោតម​ដ៏​ចម្រើន ព្រះគោតម​ដ៏​ចម្រើន ក៏​បាន​ព្យាករ​នូវ​ប្រស្នា​នោះ ៗ ហើយ ក៏​ការ​ព្យាករ​នោះ គាប់​ចិត្ត​ផង គួរ​ផង ដល់​យើង​ខ្ញុំ ទាំង​យើង​ខ្ញុំ​សោត​ក៏​មាន​ចិត្ត​ត្រេកអរ​ដោយ​ការ​ព្យាករ​នោះ បពិត្រ​ព្រះគោតម​ដ៏​ចម្រើន ព្រោះ​ថា​កាល​ពី​ដើម​យើង​ខ្ញុំ​បាន​ដឹង​យ៉ាង​នេះថា បុគ្គល​ពួក​ណា ជា​សមណៈ​ត្រងោល ជា​គហបតិជាតិ មាន​សម្បុរ​ខ្មៅ ជា​កូន​កើត​មក​អំពី​ព្រះបាទ​នៃ​មហាព្រហ្ម បុគ្គល​ពួក​ណា ជា​អ្នក​ដឹង​ច្បាស់​នូវ ធម៌ ឱហ្ន៎ ! ( ឥឡូវនេះ ) ព្រះគោតម​ដ៏​ចម្រើន បាន​នាំខ្ញុំឲ្យមាន សេចក្ដី​ស្រឡាញ់​ក្នុង​ពួក​សមណៈ ឲ្យ​មាន​សេចក្ដី​ជ្រះថ្លា​ក្នុង​ពួក​សមណៈ ឲ្យ​មាន​សេចក្ដី​គោរព ក្នុង​ពួក​សមណៈ បពិត្រ​ព្រះគោតម​ដ៏​ចម្រើន ភ្លឺ​ច្បាស់​ណាស់ ។ បេ ។ សូម​ព្រះគោតម​ដ៏​ចម្រើន​ទ្រង់​ជ្រាប នូវ​ខ្ញុំ​ព្រះអង្គ​ថា​ជា​ឧបាសក អ្នក​ដល់​នូវ​ត្រៃ​សរណគមន៍ ស្មើ​ដោយ​ជីវិត តាំង​ពី​​ថ្ងៃ​នេះ​ជា​ដើម​ត​ទៅ ។ ដកស្រង់ពីសៀវភៅ ជំនួយសតិភាគទី២២ ដោយ៥០០០ឆ្នាំ
images/articles/2841/tyfhvgvd.jpg
ផ្សាយ : ០៤ មេសា ឆ្នាំ២០២២ (អាន: ៥៥,២១៤ ដង)
ការ​លះ​បង់​នូវ​សេចក្ដី​ទុក្ខ​ទាំង​ពួង​បាន គឺ​ជា​សុខ ។ ត្រូវ​ប្រយ័ត្ន​ការ​ស្វែង​រក​សុខ ដែល​ជា​ការ​បង្ក​ហេតុ​នៃ​សេចក្ដី​ទុក្ខ​ទៅ​វិញ។ គួរ​ហ្វឹក​ហាត់ ៧ យ៉ាង នឹង​បាន​ក្សេមក្សាន្ត​ក្នុង​ចិត្ត គឺ ១-ហ្វឹក​ហាត់ មើល​ខ្លួន​ឯង​ឲ្យ​ឃើញ​តូច​ទៅ ៗ ។ គប្បី​ជា​មនុស្ស​ខ្លួន​តូច​ដោយ​សតិ កុំ​ជា​មនុស្ស​ខ្លួន​ធំ​ដោយ​កិលេស ចូរ​ជា​មនុស្ស​ធម្មតា ៗ ។ កុំ​ប្រកាន់​ថា អញ​ជា​មនុស្ស​សំខាន់ គេ​ត្រូវ​គោរព​យើង​យ៉ាង​នេះ យ៉ាង​នោះ​ឲ្យ​សោះ គប្បី​សំខាន់​ណាស់​ក្នុង​ការ​ជួយ​ខ្លួន​ឯង​ឲ្យ​រួច​ពី​សេចក្តី​សៅហ្មង​ទៅ បាន​ហើយ ។ ត្រូវ​ចាំ​ថា ធម្មតា​ជីវិត​គឺ​ធម្មតា​ធម៌ ។ ២-ហ្វឹកហាត់ ឲ្យ​ខ្លួន​ឯង​ជា​អ្នក​មិន​សន្សំ ។ ការ​សន្សំ​អ្វី ៗ គ្រប់​យ៉ាង គឺ​ជា​ភារៈ មិន​មាន​អ្វី​ដែល​យើង​សន្សំ​ហើយ មិន​មែន​ជា​ភារៈ​នោះ​ឡើយ វៀរ​លែង​តែ​សេចក្ដី​ល្អ​ក្នុង​ការ​លះ​បាប​ប៉ុណ្ណោះ ក្រៅ​ពី​ហ្នឹង​សុទ្ធ​តែ​ជា​ភារៈ​ទាំង​អស់ បើ​មិន​ច្រើន​ក៏​តិច​ដែរ ។ ៣-ហ្វឹក​ហាត់ ឲ្យ​ខ្លួន​ឯង​ជា​មនុស្ស​សប្បាយ ៗ ។ មាន​បុគ្គល​ជាទី​សប្បាយ មាន​ធម៌​ស្ដាប់​ជា​ទី​សប្បាយ និង​មាន​បដិបទា​ជា​ទី​សប្បាយ​ជា​ដើម ។ កុំ​ទៅ​វង្វេង​ជា​មួយ​នឹង​របស់​សម្បូណ៌​បែប ព្រោះ​តាម​ពិត របស់​សម្បូណ៌​បែប​នោះ​មិន​មាន​ទេ វា​គ្រាន់​តែ​ជា​អារម្មណ៍​នៃ​ឆន្ទរាគៈ​តែ​ប៉ុណ្ណោះ មាន​តែ​បុគ្គល​ល្ងង់​ខ្លៅ​ទេ​ដែល​លិច​ចុះ​ក្នុង​របស់​សម្បូណ៌​បែប ព្រោះ​យល់​ច្រឡំ​ថា មាន​ពិត​ក្នុង​មាយា​ធម៌​នោះៗ ចំណែក​អ្នក​ចេះ​ដឹង មិន​លិច​ចុះ​ឡើយ ។ ៤-ហ្វឹកហាត់ ឲ្យ​ខ្លួន​ឯង​ដឹង​ធម្មជាតិ​ថា អ្វី ៗ សុទ្ធ​តែ​មាន​ការ​កន្លង​ទៅ ។ ពេល​ដែល​សុខ ត្រូវ​ដឹង​ថា បន្តិច​វា​នឹង​កន្លង​ទៅ ពេល​ដែល​មាន​ទុក្ខ ក៏​ត្រូវ​ដឹង​ថា វា​នឹង​កន្លង​ទៅ​ដូច​គ្នាដែរ ។ នៅ​ពេល​ដែល​ស្ថាន​ការណ៍​លំបាក​យ៉ាក​យ៉ាប់​មក​ដល់ ត្រូវ​ដឹង​ឲ្យ​ទាន់​ថា រឿង​រ៉ាវ​ទាំង​នេះ វា​មិន​បាន​នៅជា​មួយ​យើង​រហូត​ទៅ​នោះ​ឡើយ ហើយ​យើង​ត្រូវ​តែ​ឈរ​នៅ​ខាង​សេចក្ដី​ល្អ​ជានិច្ច ។ ៥-ហ្វឹកហាត់ ឲ្យ​ខ្លួន​ឯង​ចេះ​លះ​បង់ និង​ចេះ​ព្រម​ចាញ់​ប្រៀប​អ្នក​ដទៃ​ផង ។ ការ​ដែល​មនុស្ស​យើង​ព្រម​ចាញ់​ប្រៀប​អ្នក​ដទៃ ជា​ការ​ចាំ​បាច់ ព្រោះ​បើ​យើង​ទាមទារ​តែ​ពី​ត្រូវ អាង​ហេតុ អាង​ផល យ៉ាង​នេះ យ៉ាង​នោះ ដោយ​មិន​ព្រម​ចាញ់​ប្រៀប​គេ ចង់​តែ​ពី​ត្រូវ​គ្រប់​យ៉ាង ចង់​តែ​ពី​ឈ្នះ​គេ ប៉ុន្តែ​បែរ​ទៅ​ជា​មិន​មាន​សេចក្ដី​សុខ​ក្នុង​ជីវិត​ទៅ​វិញ ព្រោះ​ត្រូវ​តស៊ូ​ជា​មួយ​នឹង​មនុស្ស​ជុំ​វិញ​ខ្លួន ដើម្បី​ទាម​ទារ​រក​ឲ្យ​ខ្លួន​ឯង​ត្រូវ និង​ឈ្នះ​គេ​តែ​ម្យ៉ាង ដូច្នេះ​មាន​តែ​ការ​ព្រម​ចាញ់​ប្រៀប​អ្នក​ដទៃ​ហ្នឹង​ឯង ដើម្បី​សេចក្ដី​សុខ​ក្នុង​ជីវិត​ផង និង​ដើម្បី​បាន​ឈ្នះ​នូវ​មានៈ​ក្នុង​ខ្លួន​ឯង​ផង ។ ៦-ហ្វឹកហាត់ ឲ្យ​ខ្លួន​ឯង​ជា​មនុស្ស​ស្ងៀមស្ងាត់ មិន​និយាយ​ច្រើន​អត់​ប្រយោជន៍ ។ កាល​បើ​ត្រូវ​និយាយ គប្បី​និយាយ​ដោយ​សតិ​សម្បជញ្ញៈ មិន​ទម្លាយ​សេចក្ដី​ស្ងប់​ក្នុង​ចិត្ត​របស់​ខ្លួន មិន​និយាយ​បៀត​បៀន​អ្នក​ដទៃ​ដោយ​ពាក្យ​សម្តី​របស់​ខ្លួន​ឡើយ ត្រូវ​ដក​ចង្កូម គឺ​វចីទុច្ចរិត​ទាំង ៤ អំពី​មាត់​របស់​ខ្លួន​ចេញ ត្រូវ​នឹក​រលឹក​ដល់​ព្រះពុទ្ធ​ដីកា ដែល​ព្រះអង្គ​ទ្រង់​ត្រាស់​អំពី​សម្ដី​ល្អ ៥ យ៉ាង គឺ ១-ពាក្យពិត ២-ពាក្យពីរោះ ៣-ពាក្យ​មាន​ប្រយោជន៍ ៤-ពោល​តាម​កាលៈទេសៈត្រឹម​ត្រូវ ៥-​ពោល​ដោយ​មេត្តា​ចិត្ត ។ ត្រូវ​ប្រយ័ត្ន​សម្ដី​មិន​ល្អ ៥ យ៉ាង​ផ្ទុយ​គ្នា ប្រយ័ត្ន​ម្យ៉ាង គឺ​ខ្លួន​ឯង​កុំ​ពោល​ឲ្យ​សោះ និង​ប្រយ័ត្ន​ម្យ៉ាង​ទៀត ត្រូវ​តាំង​មេត្តា​ចិត្ត​ឲ្យ​បាន​ល្អ នៅ​ពេល​បាន​ស្ដាប់​ឮពី​អ្នក​ដទៃ​នូវ​សម្ដី​មិន​ល្អ ៥ យ៉ាង​នេះ ត្រូវ​ចាំ​ថា សម្ដី​មិន​ល្អ​ទាំង​នេះ រមែង​មាន​ក្នុង​លោក ដូច្នោះឯង ។ ៧-ហ្វឹក​ហាត់ ឲ្យ​ខ្លួន​ឯង​រួច​ផុត​អំពី​ភាព​ជា​ទាសៈ​នៃ​មាស​ប្រាក់ ។ ពាក្យ​ថា​ទាសៈ គឺ​ជា​សកម្មភាព​នៃ​សេចក្ដី​ញាប់​ញ័រ​ក្នុង​ចិត្ត ។ ដើម្បី​ភាព​ជា​ឥស្សរៈ​នេះ ត្រូវ​ហ្វឹក​ហាត់​ឲ្យ​ចេះ​ល្មម​ជា​មួយ​នឹង​របស់​បរិភោគ​ប្រើ​ប្រាស់ កាល​បើ​ចេះ​ល្មម ចេះ​សន្តោស​ហើយ ទើប​មាន​ឱកាស​មក​ទទួល​យក​ព្រះធម៌ ដើម្បី​សិក្សា​បដិបត្តិ ដែល​ការ​សិក្សា​បដិបត្តិ​តាម​ព្រះធម៌​របស់​ព្រះសម្មាសម្ពុទ្ធ​នេះ គឺ​ជា​ការងារ​មាន​សារៈ​សំខាន់​បំផុត ។ ដកស្រង់ពីសៀវភៅ ជំនួយសតិភាគទី២២ ដោយ៥០០០ឆ្នាំ
images/articles/3184/_________________________________.jpg
ផ្សាយ : ០៤ មេសា ឆ្នាំ២០២២ (អាន: ៣៧៨ ដង)
នៅក្នុងគម្ពីរមនេារថបូរណី អដ្ឋកថា បឋមរាជសូត្រ លេាកបានសម្តែងអំពី ទេវតារាល់ថ្ងៃឧបេាសថ ចុះមកកត់ឈ្មេាះបុគ្គលដែលបានធ្វេីល្អ ចូលនៅក្នុងបព្ជាីក្រាំងមាស ហេីយយកទៅប្រកាសឲ្យទេវតាដឹង កាលបេីទេវតាដឹងហេីយ ទេវតាសប្បាយចិត្ត ព្រេាះគិតថា នៅឋានទេវលេាក និងបរិបូណ៌ទៅដេាយទេវតា តែបេីមនុស្សទាំងឡាយ ចូលចិត្តធ្វេីអាក្រក់ ទេវតាទាំងឡាយ មិនសប្បាយចិត្តឡេីយ ។ បទថា អមច្ចា បារិសជ្ជា បានដល់ បារិចារិកទេវតា (ទេវតាទទួលប្រេី) ។ បទថា ឥមំ លេាកំ អនុវិចរន្តិ សេចក្តីថា បានឮថាក្នុងថ្ងៃ ៨ សេ្តចសក្កទេវរាជ ទ្រង់បញ្ញាស្តេចមហារាជទាំង ៤ ថាលេាកទាំងឡាយ ថ្ងៃនេះ ជាថ្ងៃ ៨ លេាកទាំងឡាយចូរត្រាច់ទៅកាន់មនុស្សលេាក ហេីយកត់យកឈ្មេាះ និងគេាត្ររបស់មនុស្សដែលធ្វេីបុណ្យមក ។ ស្តេចមហារាជទាំង ៤ នេាះ ក៏ត្រឡប់ទៅបពា្ជាបរិវារបស់ខ្លួនថា ទៅចុះលេាកទាំងឡាយ លេាកចូរត្រាច់ទៅកាន់មនុស្សលេាក សរសេរឈ្មេាះ និងគេាត្រ និងរបស់មនុស្សដែលធ្វេីបុណ្យចុះក្នុងផែនមាសហេីយនាំមកចុះ ។ បរិវារទាំងនេាះធ្វេីតាមពាក្យបព្ជាានេាះ ដេាយហេតុនេាះ ទេីបព្រះមានព្រះភាគត្រាស់ថា ឥមំ លេាកំ អនុវិចរន្តិ ដូច្នេះ ។ បទថា កិច្ចិ ពហូ ជាដេីម ព្រះមានព្រះភាគត្រាស់ទុកដេីម្បីសម្តែងអាការត្រួតត្រាមេីលរបស់ទេវតាទាំងនេាះ ។ ពិតមែន ទេវតាទាំងឡាយត្រាច់ទៅត្រួតត្រាមេីល ដេាយអាការដូចពេាលមកនេះ ។ តេីអ្នកចង់ឲ្យទេវតាកត់ឈ្មេាះអ្នកចូលបព្ជាីក្រាំងមាស ឬចង់ឲ្យស្តេចយមរាជកត់ឈ្មេាះអ្នកចូលបព្ជាីខ្មៅ? ៚អត្ថបទស្រង់ចាកពីសៀវភៅ»សីលមយៈ ……………..ព្រះពុទ្ធដីកា បក្សីត្រដេវវុិច ស៊ូប្រថុយលះបង់ជីវិតរក្សានូវពង យ៉ាងណា មេម្រឹកចាមរី ស៊ូប្រថុយលះបង់ជីវិត រក្សានូវរេាមកន្ទុយ យ៉ាងណា កុដុម្ពីក៏មានកូនសម្លាញ់តែមួយ រក្សានូវកូន យ៉ាងណា បុរសមានភ្នែកម្ខាង រក្សានូវភ្នែកមួយយ៉ាងណា, លេាកទាំងឡាយ ចូររក្សានូវសីល របស់ខ្លួនអេាយជាទីស្រលាញ់ពេញចិត្តអេាយណាស់ ចូរប្រកបដេាយសេចក្តីគេារព សព្វៗកាល (អេាយដូចជាបក្សី ត្រដេរវវុិច រក្សាពងជាដេីម) យ៉ាងដូច្នេាះចុះ ។ ដោយ៥០០០ឆ្នាំ
images/articles/3174/_________________________________.jpg
ផ្សាយ : ០៣ មេសា ឆ្នាំ២០២២ (អាន: ២៩០ ដង)
ការបដិបត្តិដើម្បីប្រយោជន៍សុខដល់ជនច្រើននៅពេលចេញព្រះវស្សាទី ១ របស់ព្រះដ៏មានព្រះភាគ ក្នុងកាលណោះ ព្រះអង្គទ្រង់ត្រាស់ទៅកាន់ព្រះអរហន្ត ៦០ អង្គ ដែលមានសេចក្តីទាំងស្រុង ក្នុងវិន័យបិដកលេខ ៦ ទំព័រ ៦៦ ដូចតទៅ៖ គ្រានោះ ព្រះដ៏មានព្រះភាគទ្រង់ហៅភិក្ខុទាំងឡាយមកហើយ ទើបត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតរួចហើយអំពីអន្ទាក់ទាំងអស់ ទោះបីជារបស់ទេវតាក្តី ទោះបីជារបស់មនុស្សក្តី ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ សោតក៏បានរួចហើយអំពីអន្ទាក់ទាំងអស់ដែរ ទោះបីរបស់ទេវតាក្តី ទោះបីរបស់មនុស្សក្តី ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយចូរត្រាច់ទៅកាន់ចារិក (គឺស្រុកនិងនិគម និងរាជធានី ហើយសំដែងធម៌) ដើម្បីជាប្រយោជន៍ និង សេចក្តីសុខដល់ជនច្រើន ដើម្បីអនុគ្រោះសត្វលោក ដើម្បីជាប្រយោជន៍ ដើម្បីជាគុណ ដើម្បីសេចក្តីសុខ ដល់ ទេវតានិងមនុស្សទាំងឡាយ អ្នកទាំងឡាយកុំទៅពីរនាក់តាមផ្លូវមួយជាមួយគ្នាឡើយ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយចូរសម្តែងធម៌ ឲ្យពីរោះបទដើមបទកណ្តាល និងបទចុង អ្នកទាំងឡាយចូរប្រកាសនូវព្រហ្មចរិយធម៌ដ៏បរិសុទ្ធប្រកបដោយអត្ថ និងព្យញ្ជនៈដ៏ពេញបរិបូណ៌ទាំងអស់ សត្វទាំងឡាយដែលមានធូលី គឺរាគាទិក្កិលេសតិច ក្នុងភ្នែកក៏មាន សត្វទាំងនោះនឹងសាបសូន្យ (ចាកមគ្គផល) ព្រោះមិនបានស្តាប់ធម៌ សត្វទាំងឡាយអ្នកបម្រុង ត្រាស់ដឹងធម៌ គង់នឹងមាន ម្នាលភិក្ខុទាំងឡាយ ចំណែកតថាគតក៏នឹងចូលទៅកាន់សេនានិគម ក្នុងឧរុវេលា-ប្រទេស ដើម្បីសម្តែងធម៌។ ក្នុងបិដកលេខ ២៩ ទំព័រ ២៨៧ ទុតិយបាសសូត្រ មានសេចក្តីផ្តើមថា៖ ខ្ញុំបានស្តាប់មកយ៉ាងនេះ ។ សម័យមួយ ព្រះមានព្រះភាគទ្រង់គង់នៅ ក្នុងព្រៃឥសិបតនមិគទាយវ័ន ទៀបក្រុង ពារាណសី ។ កាលព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងទីនោះ បានត្រាស់ហៅភិក្ខុទាំងឡាយថា ម្នាលភិក្ខុទាំងឡាយ។ ភិក្ខុទាំងឡាយទទួលព្រះពុទ្ធដីការបស់ព្រះមានព្រះភាគថា ព្រះករុណា ព្រះអង្គ ។ ទើបព្រះដ៏មានព្រះ ភាគទ្រង់ត្រាស់ដូចបានសរសេរហើយពីខាងដើម គឺទ្រង់ត្រាស់ឲ្យព្រះភិក្ខុនិមន្តទៅសម្តែងព្រះធម៌ តាមផ្លូវមួយតែ មួយអង្គ កុំទៅពីរអង្គតាមផ្លូវមួយជាមួយគ្នាឡើយ។ ក្នុងបិដកលេខ ៤៣ ទំព័រ ១៣ សុគតសូត្រ មានសេចក្តីទាំងស្រុងដូចតទៅ៖ ម្នាលភិក្ខុទាំងឡាយ កាលព្រះសុគតក្តី វិន័យព្រះសុគតក្តី ប្រតិស្ឋាននៅក្នុងលោក ការនោះប្រព្រឹត្តទៅ ដើម្បីប្រយោជន៍ដល់ជនច្រើន ដើម្បីសេចក្តីសុខដល់ជនច្រើន ដើម្បីអនុគ្រោះដល់សត្វលោក ដើម្បីសេចក្តីចម្រើន ដើម្បីជាប្រយោជន៍ ដើម្បីសេចក្តីសុខដល់ទេវតា និងមនុស្សទាំងឡាយ ។ ម្នាលភិក្ខុទាំងឡាយ ចុះព្រះសុគតដូចមេ្តច ។ ម្នាលភិក្ខុទាំងឡាយ ព្រះតថាគតកើតឡើងក្នុងលោកនេះ ជាអរហន្តសម្មាសម្ពុទ្ធ ព្រះអង្គបរិបូណ៌ដោយ វិជ្ជា និងចរណៈ ព្រះអង្គមានដំណើរល្អ ទ្រង់ជ្រាបច្បាស់នូវត្រៃលោក ព្រះអង្គប្រសើរដោយសីលាទិគុណរក បុគ្គលណាមួយស្មើគ្មាន ព្រះអង្គជាអ្នកទូន្មាននូវបុរសដែលគួរទូន្មានបាន ព្រះអង្គជាសាស្តានៃទេវតា និងមនុស្ស ទាំងឡាយ ព្រះអង្គទ្រង់ត្រាស់ដឹងនូវចតុរារិយសច្ច ព្រះអង្គលែងវិលមកកាន់ភពថ្មីទៀត ។ ម្នាលភិក្ខុទាំងឡាយ នេះជាព្រះសុគត ។ ម្នាលភិក្ខុទាំងឡាយ ចុះវិន័យព្រះសុគត ដូចម្តេច ។ ព្រះសុគតនោះ ទ្រង់សម្តែងធម៌ពីរោះ បទដើម ពីរោះបទកណ្តាល ពីរោះបទចុង ប្រកាសនូវព្រហ្មចរិយៈ ប្រកបដោយអត្ថ ប្រកបដោយព្យញ្ជនៈដ៏បរិបូណ៌ បរិសុទ្ធទាំងអស់ ។ ម្នាលភិក្ខុទាំងឡាយ នេះជាវិន័យព្រះសុគត ។ ម្នាលភិក្ខុទាំងឡាយ កាលព្រះសុគត ក្តី វិន័យព្រះសុគតក្តី ប្រតិស្ឋាននៅក្នុងលោកយ៉ាងនេះ ការនោះប្រព្រឹត្តទៅ ដើម្បីជាប្រយោជន៍ដល់ជនច្រើន ដើម្បីសេចក្តីសុខដល់ជនច្រើន ដើម្បីអនុគ្រោះដល់សត្វលោក ដើម្បីសេចក្តីចម្រើន ដើម្បីជាប្រយោជន៍ ដើម្បីសេចក្តីសុខដល់ទេវតា និងមនុស្សទាំងឡាយ។ ម្នាលភិក្ខុទាំងឡាយ ធម៌ ៤ ប្រការនេះ ប្រព្រឹត្តទៅដើម្បីសេចក្តី វិនាសសាបសូន្យនៃព្រះសទ្ធម្ម ។ ធម៌ ៤ ប្រការ គឺអ្វីខ្លះ។ »ម្នាលភិក្ខុទាំងឡាយ ភិក្ខុទាំងឡាយ ក្នុងសាសនានេះ រៀនព្រះសូត្រដែលខ្លួនរៀនខុស ដោយបទនិងព្យញ្ជនៈដែលរៀបរៀងខុសលំដាប់ ម្នាលភិក្ខុទាំងឡាយ បទនិង ព្យញ្ជនៈដែលរៀបរៀងខុសលំដាប់ រមែងយល់សេចក្តីបានដោយលំបាក ។ ម្នាលភិក្ខុទាំងឡាយ នេះជាធម៌ទី ១ ដែលប្រព្រឹត្តទៅដើម្បីសេចក្តីវិនាសសាបសូន្យនៃព្រះសទ្ធម្ម។ »ម្នាលភិក្ខុទាំងឡាយ មួយទៀត ភិក្ខុទាំងឡាយ ជា មនុស្សដែលគេប្រដៅបានដោយក្រ ប្រកបដោយធម៌ដែលឲ្យគេប្រដៅក្រ ជាអ្នកមិនចេះអត់ធន់ មិនទទួលពាក្យ ប្រៀនប្រដៅខាងស្តាំ ។ ម្នាលភិក្ខុទាំងឡាយ នេះជាធម៌ទី ២ ដែលប្រព្រឹត្តទៅ ដើម្បីសេចក្តីវិនាសសាបសូន្យនៃ ព្រះសទ្ធម្ម។ »ម្នាលភិក្ខុទាំងឡាយ មួយទៀតភិក្ខុទាំងឡាយណា ជាអ្នកមានសេចក្តីចេះដឹងច្រើន មានអាគមគឺ និកាយដ៏ស្ទាត់ ចងចាំនូវធម៌ ចងចាំនូវវិន័យ ចងចាំនូវមាតិកា ភិក្ខុទាំងនោះ មិនញ៉ាំងបុគ្គលដទៃឲ្យរៀនព្រះសូត្រ ដោយគោរព លុះអំណើះទៅមុខ ព្រះសូត្ររបស់ភិក្ខុទាំងនោះក៏ដាច់មូលលែងប្រតិស្ឋាននៅ ។ ម្នាលភិក្ខុទាំង ឡាយ នេះជាធម៌ទី ៣ ដែលប្រព្រឹត្តទៅដើម្បីសេចក្តីវិនាសសាបសូន្យនៃព្រះសទ្ធម្ម។ »ម្នាលភិក្ខុទាំងឡាយ មួយវិញទៀត ភិក្ខុទាំងឡាយជាថេរៈជាអ្នកប្រតិបត្តិដើម្បីឲ្យកើតបច្ច័យច្រើន ប្រតិបត្តិបន្ធូរបន្ថយ ជាប្រធានក្នុងការ ប្រតិបត្តិបន្ធូរបន្ថយ ជាអ្នកដាក់ធុរៈក្នុងវិវេក មិនប្រារព្ធព្យាយាមដើម្បីដល់នូវគុណវិសេស ដែលខ្លួនមិនទាន់ដល់ ដើម្បីសម្រេចគុណវិសេស ដែលខ្លួនមិនទាន់បានសម្រេច ដើម្បីធ្វើឲ្យជាក់ច្បាស់នូវគុណវិសេស ដែលខ្លួនមិន ទាន់ធ្វើឲ្យជាក់ច្បាស់ ប្រជុំនៃជនដែលកើតខាងក្រោយគឺ សទ្ធិវិហារិក និងអន្តេវាសិក ក៏យកតម្រាប់តាមភិក្ខុជា ថេរៈទាំងនោះ ប្រជុំនៃជនទាំងនោះឯង ជាអ្នកប្រតិបត្តិដើម្បីឲ្យកើតបច្ច័យច្រើន ប្រតិបត្តិបន្ធូរបន្ថយ ជាប្រធាន ក្នុងការប្រតិបត្តិបន្ធូរបន្ថយ ជាអ្នកដាក់ធុរៈក្នុងវិវេក មិនប្រារព្ធព្យាយាមដើម្បីដល់នូវគុណវិសេស ដែលខ្លួនមិន ទាន់ដល់ ដើម្បីសម្រេចគុណវិសេស ដែលខ្លួនមិនទាន់បានសម្រេច ដើម្បីធ្វើឲ្យជាក់ច្បាស់នូវគុណវិសេស ដែល ខ្លួនមិនទាន់ធ្វើឲ្យជាក់ច្បាស់។ ម្នាលភិក្ខុទាំងឡាយ នេះជាធម៌ទី ៤ ដែលប្រព្រឹត្តទៅដើម្បីសេចក្តីវិនាសសាប សូន្យនៃព្រះសទ្ធម្ម។ ម្នាលភិក្ខុទាំងឡាយ ធម៌ ៤ យ៉ាងនេះឯង ដែលប្រព្រឹត្តទៅដើម្បីសេចក្តីវិនាសសាបសូន្យ នៃព្រះសទ្ធម្ម។ ៚ម្នាលភិក្ខុទាំងឡាយ ធម៌ ៤ នេះ ប្រព្រឹត្តទៅ ដើម្បីតាំងនៅនៃព្រះសទ្ធម្ម មិនឲ្យវិនាសសាបសូន្យទៅ។ ធម៌ ៤ គឺអ្វីខ្លះ។ »ម្នាលភិក្ខុទាំងឡាយ ភិក្ខុទាំងឡាយ ក្នុងសាសនានេះ រៀនព្រះសូត្រដែលខ្លួនរៀនត្រូវ ដោយបទនិងព្យញ្ជនៈដែលរៀបរៀងត្រូវ ម្នាលភិក្ខុទាំងឡាយ បទ និងព្យញ្ជនៈ ដែលរៀបរៀងត្រូវ រមែងយល់ សេចក្តីបានងាយ ។ ម្នាលភិក្ខុទាំងឡាយ នេះជាធម៌ទី ១ ដែលប្រព្រឹត្តទៅដើម្បីតាំងនៅនៃព្រះសទ្ធម្ម មិនឲ្យ វិនាសសាបសូន្យទៅ។ »ម្នាលភិក្ខុទាំងឡាយ មួយទៀត ភិក្ខុទាំងឡាយ ជាអ្នកប្រដៅងាយ ប្រកបដោយធម៌ ធ្វើឲ្យ ជាអ្នកប្រដៅងាយ ជាអ្នកចេះអត់ធន់ ទទួលនូវពាក្យរប្រៀនប្រដៅខាងស្តាំ ។ ម្នាលភិក្ខុទាំងឡាយ នេះជាធម៌ទី ២ ដែលប្រព្រឹត្តទៅដើម្បីតាំងនៅនៃព្រះសទ្ធម្ម មិនឲ្យវិនាសសាបសូន្យទៅ។ »ម្នាលភិក្ខុទាំងឡាយ មួយទៀត ភិក្ខុ ទាំងឡាយណា ជាអ្នកមានសេចក្តីចេះដឹងច្រើន មានអាគមគឺនិកាយដ៏ស្ទាត់ ចងចាំនូវធម៌ ចងចាំនូវវិន័យ ចងចាំ នូវមាតិកា ភិក្ខុទាំងនោះ ញ៉ាំងបុគ្គលដទៃឲ្យរៀនព្រះសូត្រដោយគោរព លុះអំណើះទៅមុខព្រះសូត្ររបស់ភិក្ខុ ទាំងនោះមិនបានដាច់ឫស តាំងនៅតៗ គ្នា ។ ម្នាលភិក្ខុទាំងឡាយ នេះជាធម៌ទី ៣ ដែលប្រព្រឹត្តទៅដើម្បីតាំងនៅ នៃព្រះសទ្ធម្ម មិនឲ្យវិនាសសាបសូន្យទៅ។ »ម្នាលភិក្ខុទាំងឡាយ មួយវិញទៀត ភិក្ខុទាំងឡាយជាថេរៈមិន ប្រតិបត្តិដើម្បីឲ្យកើតបច្ច័យច្រើន មិនប្រតិបត្តិបន្ធុរបន្ថយ ដាក់ធុរៈចុះក្នុងការប្រតិបត្តិបន្ធូរបន្ថយចេញ ជាប្រធាន ក្នុងវិវេក ប្រារព្ធព្យាយាមដើម្បីដល់នូវគុណវិសេស ដែលខ្លួនមិនទាន់ដល់ ដើម្បីសម្រេចគុណវិសេស ដែលខ្លួន មិនទាន់សម្រេច ដើម្បីធ្វើឲ្យជាក់ច្បាស់នូវគុណវិសេស ដែលខ្លួនមិនទាន់ធ្វើឲ្យជាក់ច្បាស់ ប្រជុំជនដែលកើត ខាងក្រោយ គឺ សទ្ធិវិហារិក និងអន្តេវាសិក ក៏យកតម្រាប់តាមភិក្ខុទាំងនោះ ប្រជុំជនទាំងនោះឯង ជាអ្នកមិន ប្រតិបត្តិឲ្យកើតបច្ច័យច្រើន មិនប្រតិបត្តិបន្ធូរបន្ថយ ជាអ្នកដាក់ធុរៈចុះក្នុងការប្រតិបត្តិបន្ធូរបន្ថយ ជាប្រធានក្នុង វិវេក ប្រារព្ធព្យាយាមដើម្បីដល់នូវគុណវិសេស ដែលខ្លួនមិនទាន់បានដល់ ដើម្បីសម្រេចគុណវិសេស ដែលខ្លួន មិនទាន់បានសម្រេច ដើម្បីធ្វើឲ្យជាក់ច្បាស់នូវគុណវិសេស ដែលខ្លួនមិនទាន់ធ្វើឲ្យជាក់ច្បាស់ ។ ម្នាលភិក្ខុទាំង ឡាយ នេះជាធម៌ទី ៤ ដែលប្រព្រឹត្តទៅដើម្បីតាំងនៅនៃព្រះសទ្ធម្ម មិនឲ្យវិនាសសាបសូន្យទៅ។ ម្នាលភិក្ខុទាំង ឡាយ ធម៌ ៤ យ៉ាងនេះឯង ដែលប្រព្រឹត្តទៅដើម្បីតាំងនៅនៃព្រះសទ្ធម្ម មិនឲ្យវិនាសសាបសូន្យទៅ។ ក្នុងបិដកលេខ ១៦ ទំព័រ ២៥៣ នៅក្នុង មហាបរិនិព្វានសូត្រ ព្រះអង្គទ្រង់ណែនាំឲ្យរៀនសូត្រ និងបដិបត្តិ ដើម្បីឲ្យសាសនព្រហ្មចរិយៈឋិតនៅអស់កាលយូរ ប្រព្រឹត្តទៅដើម្បីប្រយោជន៍ដល់ពពួកជនច្រើន ដើម្បីអនុគ្រោះ ដល់សត្វលោក មានសេចក្តីដូចតទៅ៖ គ្រានោះ ព្រះមានព្រះភាគទ្រង់ស្តេចចូលទៅកាន់ឧបដ្ឋានសាលា លុះចូលទៅដល់ហើយ ក៏ទ្រង់គង់លើអាសនៈ ដែលគេក្រាលថ្វាយ ។ លុះព្រះមានព្រះភាគ ទ្រង់គង់ស្រេចហើយ បានត្រាស់នឹងភិក្ខុទាំងឡាយថា ម្នាលភិក្ខុទាំងឡាយ សាសនព្រហ្មចរិយនេះ គប្បីតាំងនៅអស់កាលអង្វែង គប្បីតម្កល់នៅអស់កាលយូរ មួយទៀត សាសនព្រហ្មចរិយៈនេះ ប្រព្រឹត្តទៅដើម្បីប្រយោជន៍ដល់ជនច្រើន ដើម្បីសេចក្តីសុខដល់ជនច្រើន ដើម្បីអនុគ្រោះដល់ សត្វលោក ដើម្បីសេចក្តីចម្រើន ដើម្បីប្រយោជន៍ ដើម្បីសេចក្តីសុខដល់ទេវតា និងមនុស្សទាំងឡាយ ដោយ ប្រការណា ធម៌ទាំងឡាយណា ដែលតថាគតសម្តែងហើយដោយបញ្ញាដ៏ឧត្តម ធម៌ទាំងឡាយនោះ អ្នកទាំងឡាយ គប្បីបៀតបៀនដោយប្រពៃហើយសេព ចម្រើន ធ្វើរឿយៗ ដោយប្រការដូច្នេះ។ ម្នាលភិក្ខុទាំងឡាយ សាសនព្រហ្មចរិយៈនេះ គប្បីតាំងនៅអស់កាលអង្វែង គប្បីតម្កល់នៅអស់កាលដ៏យូរ មួយទៀត សាសនព្រហ្មចរិយៈនេះ ប្រព្រឹត្តទៅដើម្បីប្រយោជន៍ដល់ជនច្រើន ដើម្បីសេចក្តីសុខដល់ជនច្រើន ដើម្បីអនុគ្រោះដល់សត្វលោក ដើម្បីសេចក្តីចម្រើន ដើម្បីប្រយោជន៍ ដើម្បីសេចក្តីសុខដល់ទេវតា និងមនុស្សទាំងឡាយ ដោយប្រការណា ធម៌ទាំង ឡាយណាដែលតថាគតសម្តែងហើយដោយបញ្ញាដ៏ឧត្តម ធម៌ទាំងឡាយនោះ អ្នកទាំងឡាយ គប្បីរៀនដោយ ប្រពៃ ហើយសេព ចម្រើន ធ្វើរឿយៗ ដោយប្រការដូច្នោះ ធម៌ទាំងឡាយនោះ តើដូច​​ម្តេច ។ អ្វីខ្លះ ។ គឺ សតិប្បដ្ឋាន ៤ សម្មប្បធាន ៤ ឥទ្ធិបាទ ៤ ឥន្ទ្រិយ ៥ ពលៈ ៥ ពោជ្ឈង្គ ៧ អរិយមគ្គ ប្រកបដោយអង្គ ៨។ ម្នាលភិក្ខុទាំងឡាយ សាសនព្រហ្មចរិយៈនេះ គប្បីតាំងនៅអស់កាលអង្វែង គប្បី តម្កល់នៅអស់កាលដ៏យូរ មួយទៀត សាសនព្រហ្មចរិយៈនេះ ប្រព្រឹត្តទៅដើម្បីប្រយោជន៍ដល់ជនច្រើន ដើម្បីសេចក្តីសុខដល់ជនច្រើន ដើម្បីអនុគ្រោះដល់សត្វលោក ដើម្បីសេចក្តីចម្រើន ដើម្បីប្រយោជន៍ ដើម្បីសេចក្តីសុខដល់ទេវតា និងមនុស្ស ទាំងឡាយ ដោយប្រការណា ធម៌ទាំងឡាយណាដែលតថាគតសម្តែងហើយ ដោយបញ្ញាដ៏ឧត្តម អ្នកទាំងឡាយ គប្បីរៀនដោយប្រពៃ ហើយសេព ចម្រើន ធ្វើរឿយៗ ។ ដោយប្រការដូច្នោះ ធម៌ទាំងឡាយនោះ យ៉ាងនេះឯង។ គ្រានោះ ព្រះមានព្រះភាគ ទ្រង់ត្រាស់នឹងភិក្ខុទាំងឡាយថា ម្នាលភិក្ខុទាំងឡាយ ឥឡូវនេះ តថាគតនឹងដាស់ តឿនអ្នកទាំងឡាយ សង្ខារទាំងឡាយមានសេចក្តីវិនាសទៅជាធម្មតា អ្នកទាំងឡាយចូរញ៉ាំងកិច្ចទាំងពួងឲ្យ សម្រេចដោយសេចក្តីមិនប្រមាទចុះ បរិនិព្វាននឹងមានដល់តថាគតមិនយូរឡើយ កន្លង ៣ ខែ អំពីថ្ងៃនេះទៅ តថាគតនឹងបរិនិព្វានហើយ ។ ព្រះមានព្រះភាគ ទ្រង់មានព្រះបន្ទូលដូច្នេះហើយ ព្រះសុគតជាសាស្តាលុះទ្រង់ មានព្រះបន្ទុលដូច្នេះហើយ ក៏ទ្រង់មានព្រះបន្ទូល ដូច្នេះតទៅទៀតថា៖ ពួកជនណាៗ ទោះបីក្មេងក្តី ចាស់ក្តី ពាលក្តី បណ្ឌិតក្តី អ្នកមានក្តី អ្នកក្រក្តី ជនទាំងអស់នោះ តែងមានសេចក្តី ស្លាប់នៅពិខាងមុខ ។ ភាជន៍ដី ដែលស្មូនឆ្នាំងធ្វើហើយ ទោះបីតូចក្តី ធំក្តី ឆ្អិនក្តី ឆៅក្តី ភាជន៍ទាំងអស់នោះមាន កិរិយាបែកធ្លាយជាទីបំផុត យ៉ាងណា ជីវិតរបស់សត្វទាំងឡាយ ក៏យ៉ាងនោះដែរ។ ព្រះសាស្តា ទ្រង់មានព្រះបន្ទូលដូច្នេះតទៅទៀតថា៖ វ័យរបស់តថាគត ចាស់ហើយ ជីវិតរបស់តថាគតមានប្រមាណតិច តថាគតនឹងលះបង់អ្នកទាំងឡាយហើយទៅ ឯទីពឹងចំពោះខ្លួន តថាគតបានធ្វើទុកហើយ។ អប្បមត្តា សតីមន្តោ សុសីលា ហោថ ភិក្ខវោ សុសមាហិតសង្កប្បា សចិត្តមនុរក្ខថ។ យោ ឥមស្មឹ ធម្មវិនយេ អប្បមត្តោ វិហរិស្សតិ បហាយ ជាតិសំសារំ ទុក្ខស្សន្តំ ករិស្សតិ។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយកុំប្រមាទ ត្រូវមានស្មារតី មានសីលល្អ មានតម្រិះតម្កល់នឹងល្អ ចូររក្សាចិត្ត របស់ខ្លួន ឲ្យរឿយៗ ចុះ ។ ភិក្ខុណាមិនប្រមាទ ហើយនៅក្នុងធម្មវិន័យនេះ ភិក្ខុនោះ នឹងលះបង់នូវជាតិសំសារ ហើយធ្វើនូវព្រះនិព្វាន ជាទីបំផុតនៃកងទុក្ខបានមិនខានឡើយ។ ក្នុងបិដកលេខ ១៨ ទំព័រ ២៥៨ នៅក្នុង បាសាទិកសូត្រ ព្រះអង្គទ្រង់ត្រាស់សម្តែងអំពីពោធិបក្ខិយធម៌ទាំង ៣៧ ប្រការ ចែកជា ៧ ពួក មានពួកសតិប្បដ្ឋាន ៤ ជាដើម ថាគួររួបរួម ផ្ទៀងផ្ទាត់ នូវអត្ថ នូវព្យញ្ជនៈដោយ ព្យញ្ជនៈ ក្នុងធម៌នោះ ដែលជាហេតុឲ្យព្រហ្មចារ្យនេះ តាំងនៅមាំ ឋិតថេរអស់កាលយូរ ដើម្បីប្រយោជន៍ដល់ជន ច្រើន ដើម្បីសេចក្តីសុខដល់ជនច្រើន ដើម្បីអនុគ្រោះដល់សត្វលោក។ ក្នុងបិដកលេខ ៥៣ ទំព័រ ១៧ នៅក្នុង មោទសូត្រ ព្រះអង្គទ្រង់ត្រាស់សម្តែងអំពីសាមគ្គីរបស់សង្ឃ មានសេចក្តី ដូចតទៅ៖ សុខា សង្ឃស្ស សាមគ្គី សមគ្គានញ្ចនុគ្គហោ សមគ្គរតោ ធម្មដ្ឋោ យោគកេ្ខមា ន ធំសតិ សង្ឃំ សមគ្គំ កត្វាន កប្បំ សគ្គម្ហិ មោទតីតិ។ សេចក្តីព្រមព្រៀងនៃសង្ឃ ជាហេតុនៃសេចក្តីសុខមកឲ្យ ការអនុគ្រោះដល់បុគ្គលទាំងឡាយ ដែលមានសេចក្តី ព្រមព្រៀងគ្នា (ជាហេតុនាំមកនូវសេចក្តីសុខមកឲ្យ) បុគ្គលត្រេកអរ ក្នុងជនដែលព្រមព្រៀងគ្នា តាំងនៅក្នុងធម៌ រមែងមិនសាបសូន្យចាកធម៌ជាទីក្សេមចាកយោគៈ បុគ្គលធ្វើសង្ឃឲ្យព្រមព្រៀងគ្នា រមែងរីករាយក្នុងឋានសួគ៌ អស់ ១ កប្ប។ ក្នុងបិដកលេខ ២៦ ទំព័រ ៩៩ នៅក្នុង សាមគ្គាមសូត្រ ព្រះអង្គសម្តែងអំពីវិវាទមូល ៦ ប្រការ៖ ១. ច្រើនដោយក្រោធ និងការចងគំនុំ ២. ការរមិលគុណ និងការលើកខ្លួនវាយឫក ៣. ច្រណែន និងកំណាញ់ ៤. អំនួតអួតអាង និងមាយាលាក់ពុត ៥. ការប្រាថ្នាអាក្រក់ និងការយល់ខុស ៦. ការស្ទាបអង្អែលនូវសីលព្វ័ត ហើយមានការប្រកាន់តាមទិដ្ឋិរបស់ខ្លួន និងការប្រកាន់មាំ លះបង់បានដោយ កម្រ។ ព្រះអង្គទ្រង់ត្រាស់សម្តែងថា៖ ម្នាលអានន្ទ ភិក្ខុណា ជាអ្នកច្រើនដោយក្រោធ និងការចងគំនុំ ( ៥ ប្រការទៀតក៏ដូចគ្នា ) ភិក្ខុនោះ ឈ្មោះថា មិនគោរព មិនកោតក្រែងចំពោះព្រះសាស្តាផង មិនគោរព មិនកោតក្រែងចំពោះព្រះធម៌ផង មិនគោរព មិនកោតក្រែងចំពោះព្រះសង្ឃផង មិនធ្វើឲ្យពេញលេញក្នុងសិក្ខាផង ។ … ភិក្ខុនោះ ឈ្មោះថា បង្កើតវិវាទក្នុងសង្ឃ។ វិវាទតែងប្រព្រឹត្តទៅដើម្បីមិនជាគុណដល់ជនច្រើន មិនជាសុខដល់ជនច្រើន មិនជាប្រយោជន៍ មិនជាសេចក្តីចម្រើនដល់ជនច្រើន ជាទុក្ខដល់ទេវតា និងមនុស្សទាំងឡាយ។ ជាបន្តទៅព្រះអង្គទ្រង់ឲ្យលះបង់នូវវិវាទមូលទាំង ៦ ប្រការនោះ។ ក្នុងវិនយបិដក លេខ ១០ ទំព័រ ៦១ នៅក្នុង សមថក្ខន្ធកៈ អំពីមូលនៃវិវាទាធិករណ៍ ព្រះអង្គទ្រង់ត្រាស់សម្តែង មូលនៃវិវាទ ៦ ប្រការដូចគ្នាដែរ។ មូលនៃវិវាទ ៦ ប្រការ មានក្នុងបិដកលេខ ១៩ ទំព័រ ១៩៨ នៅក្នុងសង្គិតិសូត្រ ពួក ៦ និងនៅក្នុងបិដកលេខ ៤៦ ទំព័រ ១១១ វិវាទមូលសូត្រ។ ក្នុងវិនយបិដក​លេខ ១៣ ទំព័រ ២០៤ មហាសង្គាម មានសម្តែងអំពីភិក្ខុជាវិន័យធរពួកខ្លះក្នុងសាសនានេះ លំអៀងដោយអគតិ ៤ យ៉ាង ហើយពោលក្នុងវត្ថុ ១៨ ប្រការ គឺសម្តែងសភាវៈមិនមែនធម៌ ថាជាធម៌ សម្តែងនូវ ធម៌ថាមិនមែនជាធម៌ សម្តែងនូវសភាវៈមិនមែនវិន័យ ថាជាវិន័យ សម្តែងនូវវិន័យថាមិនមែនជាវិន័យជាដើម។ ការសម្តែងវត្ថុ ១៨ ប្រការ ដោយអគតិ ឈ្មោះថា ប្រតិបត្តិដើម្បីមិនជាប្រយោជន៍ដល់ជនច្រើនគ្នា ដើម្បីមិនជា សុខដល់ជនច្រើនគ្នា ដើម្បីមិនមែនជាសេចក្តីចម្រើនដល់ជនច្រើនគ្នា ដើម្បីមិនជាប្រយោជន៍ ដើម្បីសេចក្តីទុក្ខ ដល់ទេវតា និងមនុស្សទាំងឡាយ។ ភិក្ខុជាវិន័យធរ កាលបើលុះក្នុងអគតិ មានឆន្ទាគតិជាដើម ដោយវត្ថុទាំង ១៨ ប្រការ ឈ្មោះថា រក្សាខ្លួន ដែលមានកុសលធម៌ជីកគាស់រំលើងចោលចេញផង ឈ្មោះថា ជាអ្នកប្រកបដោយទោសផង ប្រកបដោយសេចក្តីតិះដៀលរបស់អ្នកប្រាជ្ញទាំងឡាយផង ឈ្មោះថារងនូវអកុសលកម្មដ៏ច្រើនផង។ ក្នុងបិដកលេខ ៤៤ ទំព័រ ២៣៨ នៅក្នុង ថេរសូត្រ ព្រះអង្គទ្រង់ត្រាស់សម្តែងអំពីអ្នកដឹកនាំមានមិច្ឆាទិដ្ឋិ គឺយល់ ខុសអំពីសេចក្តីពិតជាដើមដូចតទៅ៖ ម្នាលភិក្ខុទាំងឡាយ ភិក្ខុជាថេរៈប្រកបដោយធម៌ ៥ យ៉ាង ឈ្មោះថាជាអ្នកប្រតិបត្តិ មិនបានជាគុណដល់ជនច្រើន មិនបានសុខដល់ជនច្រើន មិនបានជាប្រយោជន៍ដល់ជនច្រើន មិនជាគុណ ជាទុក្ខដល់ទេវតា និងមនុស្សទាំង ឡាយ ។ ធម៌ ៥ យ៉ាង តើអ្វីខ្លះ ។ គឺភិក្ខុជាថេរៈ ដឹងរាត្រី បួសយូរ ១ មានឈ្មោះល្បីល្បាញ មានយស មានបរិវារ ច្រើន ទាំងគ្រហស្ថ ទាំងបព្វជិត ១ សម្បូណ៌ដោយចីវរ បិណ្ឌបាត សេនាសនៈ និងគិលានប្បច្ចយភេសជ្ជបរិក្ខារ ១ ជាអ្នកដឹងឮច្រើន ចាំរបស់ដែលឮហើយ ចាំលែងភ្លេចនូវរបស់ដែលឮហើយ ។ល។ ចាក់ធ្លុះល្អដោយប្រាជ្ញា ១ តែ ជាមិច្ឆាទិដ្ឋិ មានសេចក្តីយល់ដ៏វិបរិត ១ ភិក្ខុនោះញ៉ាំងជនច្រើន ឲ្យឃ្លាតចាកព្រះសទ្ធម្ម ឲ្យតម្កល់នៅក្នុងអសទ្ធម្ម ភិក្ខុដទៃដល់នូវទិដ្ឋានុគតិរបស់ភិក្ខុនោះថា ភិក្ខុនោះជាថេរៈ ដឹងរាត្រី បួសយូរខ្លះ ដល់នូវទិដ្ឋានុគតិរបស់ភិក្ខុនោះ ថា ភិក្ខុនេះជាថេរៈ គេដឹងស្គាល់ច្រើន ជាអ្នកមានយស មានបរិវារច្រើន ទាំងគ្រហស្ថ ទាំងបព្វជិតខ្លះ ដល់នូវ ទិដ្ឋានុគតិរបស់ភិក្ខុនោះថា ភិក្ខុនេះជាថេរៈ សម្បូណ៌ដោយចីវរ បិណ្ឌបាត សេនាសនៈ និងគិលានប្បច្ចយ-ភេសជ្ជបរិក្ខារខ្លះ ដល់នូវទិដ្ឋានុគតិរបស់ភិក្ខុនោះថា ភិក្ខុនេះជាថេរៈ ជាអ្នកដឹងឮច្រើន ចាំរបស់ដែលឮហើយ ចាំ លែងភ្លេចនូវរបស់ដែលឮហើយខ្លះ ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុជាថេរៈ ប្រកបដោយធម៌ ៥ យ៉ាងនេះឯង ឈ្មោះ ថា ប្រតិបត្តិ ដើម្បីមិនបានជាគុណដល់ជនច្រើន មិនបានសុខដល់ជនច្រើន មិនជាប្រយោជន៍ដល់ជនច្រើន មិន ជាគុណទេ ជាទុក្ខដល់ទេវតានិងមនុស្សទាំងឡាយ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុជាថេរៈ ដែលប្រកបដោយធម៌ ៥ យ៉ាង ជាអ្នកប្រតិបត្តិដើម្បីជាគុណដល់ជនច្រើន ដើម្បីសេចក្តីសុខដល់ជនច្រើន ដើម្បីជាប្រយោជន៍ដល់ជន ច្រើន ដើម្បីគុណនិងសេចក្តីសុខដល់ទេវតា និងមនុស្សទាំងឡាយ ។ ធម៌ ៥ យ៉ាង តើអ្វីខ្លះ ។ គឺភិក្ខជាថេរៈដឹង រាត្រី បួសយូរ ១ មានឈ្មោះល្បីល្បាញ មានយស មានជនជាបរិវារច្រើន ទាំងគ្រហស្ថ ទាំងបព្វជិត ១ ជាអ្នក សម្បូណ៌ដោយចីវរ បិណ្ឌបាត សេនាសនៈ និងគិលានប្បច្ចយភេសជ្ជបរិក្ខារ ១ ជាអ្នកដឹងឮច្រើន ចាំរបស់ដែលឮ ហើយ ចាំលែងភ្លេចនូវរបស់ដែលឮហើយ ។បេ។ ចាក់ធ្លុះដោយប្រាជ្ញា ១ ជាសម្មាទិដ្ឋិ មានសេចក្តីយល់មិនវិបរិត ១ ភិក្ខុនោះញ៉ាំងជនច្រើន ឲ្យឃ្លាតចាកអសទ្ធម្ម ឲ្យតម្កល់នៅក្នុងព្រះសទ្ធម្ម ពួកភិក្ខុដទៃដល់នូវទិដ្ឋានុគតិ របស់ ភិក្ខុនោះថា ភិក្ខុនេះជាថេរៈ ដឹងរាត្រី បួសយូរខ្លះ ដល់នូវទិដ្ឋានុគតិរបស់ភិក្ខុនោះថា ភិក្ខុនេះជាថេរៈ គេដឹងស្គាល់ ច្រើន មានយស មានជនជាបរិវារច្រើន ទាំងគ្រហស្ថ ទាំងបព្វជិតខ្លះ ដល់នូវទិដ្ឋានុគតិរបស់ភិក្ខុនោះថា ភិក្ខុនេះ ជាថេរៈ សម្បូណ៌ដោយចីវរ បិណ្ឌបាត សេនាសនៈ និងគិលានប្បច្ចយភេសជ្ជបរិក្ខារខ្លះ ដល់នូវទិដ្ឋានុគតិរបស់ ភិក្ខុនោះថា ភិក្ខុនេះជាថេរៈ ជាអ្នកដឹងឮច្រើន ចាំរបស់ដែលឮហើយ ចាំលែងភ្លេចនូវរបស់ដែលឮហើយខ្លះ ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុជាថេរៈ ប្រកបដោយធម៌ ៥ យ់ាងនេះឯង ឈ្មោះថាប្រតិបត្តិ ដើម្បីជាគុណដល់ជនច្រើន ដើម្បីសេចក្តីសុខដល់ជនច្រើន ដើម្បីប្រយោជន៍ដល់ជនច្រើន ដើម្បីគុណ ដើម្បីសេចក្តីសុខដល់ទេវតា និង មនុស្សទាំងឡាយ។ (អត្ថបទ៖ សិក្សាព្រះធម៌) ………………… ធម៌ ស្រដៀងនឹងព្រះសទ្ធម្ម គឺ សទ្ធម្មប្បដិរូប។ ព្រះបរិយត្តិសទ្ធម្ម បានដល់ បាលីនៃពុទ្ធវចនៈ និង អដ្ឋកថា ។ កាលស្តាប់ពាក្យខុសហើយ ផលក៏ខុសដែរ នឹងនាំអោយអន្តរាយដល់ការត្រាស់ដឹង។ ពុទ្ធបរិសទ្ធ គប្បីសំគាល់ នូវព្រះពុទ្ធវចនៈ ដែលព្រះអង្គសំដែងហើយ ដោយល្អថា គួររៀន គួរទន្ទេញ គួរចងចាំ ហើយបដិបត្តិតាម ព្រះធម៌យូរៗ ទើបមានម្តង។ …………………ព្រះពុទ្ធដីកា ម្នាលភិក្ខុទាំងឡាយ ក្នុងសាសនានេះ អ្នកទាំងឡាយ គប្បីសិក្សាយ៉ាងនេះថា ព្រះសូត្រទាំងឡាយណា ដែលព្រះតថាគតសម្តែងហេីយ ជាព្រះសូត្រដ៏ជ្រៅ មានអត្ថដ៏ជ្រៅ ជាលេាកុត្តរៈ ប្រកបដេាយសភាពដ៏សូន្យ ព្រះសូត្រទាំងនេាះ កាលបុគ្គលពេាល យេីងនឹងប្រុងស្តាប់ ដាក់ចុះនូវសេាតៈ យកចិត្តទុកដាក់ដេីម្បីដឹង និងសម្គាល់នូវធម៌ទាំងនេាះថា គួររៀន គួរទន្ទេញ ដូច្នេះ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ គប្បីសិក្សាយ៉ាងនេះចុះ។ ដោយ៥០០០ឆ្នាំ
images/articles/3175/______________________________.jpg
ផ្សាយ : ០៣ មេសា ឆ្នាំ២០២២ (អាន: ១៨៣ ដង)
អ្នកសមាទានធុតង្គគង់វង្សត្រូវប្រកបដោយធម៌៣០ប្រការគឺ៖ ១» សិនិទ្ទបទ្ទវមេត្តចិត្តោៈ មានមេត្តាចិត្តទន់ភ្លន់ស្និទ្ធនឹងសព្វសត្វទាំងពួង ។ ២» ឃាដិតហតិវិគ្គតកិលេសោៈ មានកិលេសដែលត្រូវកម្ចាត់ឲ្យប្រាសចាកហើយ។ ៣» និហតមានទដ្ឋោៈ ជាអ្នកកម្ចាត់ចេញនូវមានៈ និងទិដ្ឋិ ។ ៤» អចលទឡ្ហវិនិដ្ឋនិព្វេមតិសទ្ធោៈ មានសទ្ធាដែលមិនញាប់ញ័រ ប្រាសចាកនូវសេចក្ដីសង្ស័យ ។ ៥» បរិបុញ្ញវិនិតបហដ្ឋសុភវិនិយោៈ មានចិត្តស្អាតដែលបើកហើយក្នុងទីដែលហ្វឹកហាត់ឲ្យបរិបូណ៌ ។ ៦» និយតសន្តិសុខសមាបត្តិយោៈ មានសន្ដិសុខសមាបត្តិកើតជានិច្ច ទៀងទាត់។ ៧» អចលសីលសុចិគន្ធបរិភាវិតោៈ អប់រំទៅដោយសីលដែលមិនញាប់ញ័រ មានក្លិនក្រអូបផ្សាយទៅ ។ ៨» ទេវមនុស្សានំ បរិយោៈ ជាទីស្រឡាញ់នៃទេវតា និងមនុស្ស ។ ៩» ខីណាសវពលវន្តីៈ មានកម្លាំងក្នុងទីដែលនឹងអស់ទៅនៃអាសវៈ ។ ១០» អរិយបុគ្គល ជិនសាសនបត្ថិតោៈ ជាទីប្រាថ្នានៃព្រះអរិយបុគ្គល អ្នកតាំងនៅក្នុងជិនសាសនា ១១» ភូវិ ច ទិវី ច ទេវមនុស្សានំៈ ជាទីសរសើរ និងជាទីរីករាយនៃពួកមនុស្ស និងទេវតាទាំងឡាយ ។ ១២» អសុរតានំ វន្ទិតបសដ្ឋមនគ្ឃជនានំ ធុវថប្បិតតថិ មិតបសដ្ឋោៈ ជាទីគោរព សរសើរនៃពួកអសុរៈ និងជាទីរីករាយនៃមារទាំងពួង ។ ១៣» លោកអនុបលិត្តោៈ មិនបានរសេមរសាមលាយឡំទៅដោយលោក ។ ១៤» អប្បថោកំ អនុវជ្ជភយទស្សាវីៈ មានប្រក្រតីឃើញនូវទោស និងភ័យសូម្បីត្រឹមបន្តិចបន្តួច ។ ១៥» មគ្គផលបរវត្ថសាធកោៈ ឲ្យសម្រេចប្រយោជន៍គឺមគ្គ និងផលដ៏ប្រសើរដល់ជនទាំងឡាយ អ្នកប្រាថ្នានឹងឲ្យរួចផុតទុក្ខ។ ១៦» អាយាចិតឥបុលបណីបច្ចយភាគីៈ សមគួរដែលនឹងអារាធនាថ្វាយចតុប្បច្ច័យ ដ៏ប្រសើរ និងប្រណិត ។ ១៧» អនិកេតសយនកាមីៈ ជាអ្នកប្រាថ្នាដេកក្នុងទីរកអាល័យមិនបាន ។ ១៨» ឈានជ្ឈាយិកបរវិហាររីៈ មានប្រក្រតីសម្លឹងឈាន និងវិហារធម៌ដ៏ប្រសើរ ។ ១៩» បជដិតជាលកិលេសវត្ថុវិធំសិតភគ្គោៈ ជាអ្នកកម្ចាត់ និងកាច់បំបាក់នូវវត្ថុនៃកិលេសដែលជាឫសគល់ចាក់ស្រេះឲ្យដាច់សូន្យ ។ ២០» សំកុដិតសញ្ជាន្នគតិនិវារណាៈ នឹងឃាត់បង់នូវអគតិដែលមានសេចក្ដីវិលវល់ក្នុងវដ្ដសង្សារ។ ២១» អកុប្បធម្មេ អភិនិវាសោៈ តាំងនៅក្នុងអកុប្បធម៌។ ២២» អនវជ្ជិតភោគីៈ បរិភោគនូវវត្ថុដែលប្រាសចាកទោស ។ ២៣» គតិវិមុត្តោៈ ផុតចាកគតិកំណើត ២៤» ឱតណ្ណសព្វវិចិកិច្ឆោៈ ឆ្លងចេញនូវសេចក្ដីសង្ស័យទាំងពួង ។ ២៥» វិមុត្តឈាយយិតត្តោៈ មានចិត្តសម្លឹងនូវវិមុត្ត ២៦» ទិដ្ឋធម្មេ អចលទឡ្ហភិរុតមនុបគតោៈ មានចិត្តមាំទាំមិនបានឃ្លីងឃ្លោងដោយភ័យក្នុងទិដ្ឋធម៌ ។ ២៧» អនុនយសមុច្ឆិន្នោៈ កាត់ចេញនូវសេចក្ដីត្រេកអរតាម ។ ២៨» សព្វាសវក្ខយបត្តោៈ ដល់នូវការអស់ទៅនៃអាសវៈ ។ ២៩» សន្ដសមាបត្តឹ បដិលភតិៈ បាននូវសន្តិសុខសមាបត្តិ ។ ៣០» សមណគុណសមុបគោៈ ប្រកាបទៅដោយគុណនៃសមណៈ ៕ (ប្រជុំកងធម៌) ដោយ៥០០០ឆ្នាំ
images/articles/1137/634ert8987uyttre.jpg
ផ្សាយ : ០១ មេសា ឆ្នាំ២០២២ (អាន: ៨,៥៩៨ ដង)
(ចោរ​ពោល​ថា) ក្នុង​កាល​មុន យើង​ខ្ញុំ​ទាំង​ឡាយ សម្លាប់​ពួក​សត្វ​ណា ដើម្បី​យញ្ញ ឬ ដើម្បី​ទ្រព្យ ភ័យ​ក៏​កើត​មាន (ដល់​សត្វ​ពួក​នោះ) ឥត​មាន​សេស​សល់ សត្វ​ទាំង​នោះ រមែង​ញាប់​ញ័រ​ផង សោក​សៅ​ផង ។ សេចក្តី​ភិត​ភ័យ​នៃ​លោក​មិន​មាន ទាំង​សម្បុរ​(មុខ​លោក) ក៏​ស្រស់​បស់​ក្រៃ​ពេក​ ហេតុ​អ្វី​ក៏​លោក​មិន​ខ្សឹក​ខ្សួល​ព្រោះ​ភ័យ​ធំ មាន​សភាព​យ៉ាង​នេះ ។ ព្រះ​អធិមុត្ត​ត្ថេរ​ពោល​តប​ថាៈ នត្ថិ ចេតសិកំ ទុក្ខំ អនបេក្ខស្ស គាមណិ អតិក្កន្តា ភយា សព្វេ ខីណ​សំយោជនស្ស វេ ។ ម្នាល​ចោរ​ជា​ធំ សេចក្តី​ទុក្ខ ប្រព្រឹត្ត​ទៅ​ក្នុង​ចិត្ត​នៃ​បុគ្គល​អ្នក​មិន​មាន​សេចក្តី​អាឡោះ​អាល័យ មិន​មាន​ទេ បុគ្គល​អ្នក​មាន​សំយោជនៈ​អស់​ហើយ បាន​កន្លង​ផុង​នូវ​ភ័យ​ទាំង​ពួង ។ ខីណាយ ភវនេ​ត្តិយា ទិដ្ឋេ ធម្មេ យថាតថា ន ភយម មរណេ ហោតិ ភាវនិក្ខបេនេ យថា​។ កាល​បើ​តណ្ហា ជា​គ្រឿង​នាំ​សត្វ​ទៅ​កាន់​ភព​ក្នុង​បច្ចប្បន្ន អស់​ហើយ (ព្រោះ​ឃើញ​ធម៌​តាម​ពិត) ភ័យ​ចំពោះ​សេចក្តី​ស្លាប់​ក៏​មិន​មាន​ដោយ​ហេតុ​ណា​មួយ​ឡើយ ដូច​ការ​មិន​មាន​ភ័យ​ក្នុង​កិរិយា​ដាក់​ចុះ​នូវ​ភារះ​ចេញ​(អំពី​ក្បាល) ។ សុចិណ្ណំ ព្រហ្មចរិយំ មេ មគ្គោ ចាបិ សុភាវិតោ មរណេ មេ ភយម នត្ថិ រោគនមិវ សង្ខយេ ។ ព្រហ្មចរិយ​ធម៌ អាត្មា​បាន​សន្សំ​ល្អ​ហើយ ទាំង​មគ្គ អាត្មា​ក៏​បាន​ចម្រើន​ល្អ​ហើយ ភ័យ​ចំពោះ​សេចក្តី​ស្លាប់​នៃ​អាត្មា មិន​មាន​ទេ​ដូច​ការ​មិន​មាន​ភ័យ ក្នុង​កិរិយា​អស់​ទៅ​នៃ​រោគ​ទាំង​ឡាយ ។ សុចិណ្ណម ព្រហ្មចរិយំ មេ មគ្គោ ចាបិ សុភាវិតោ និរស្សាទា ភវា ទិដ្ឋា វិសំ ចិត្វាវ ឆឌ្ឌិតំ ។ ព្រហ្មចរិយ​ធម៌ អាត្មា​បាន​សន្សំ​ល្អ​ហើយ ទាំង​មគ្គ អាត្មា​ក៏​បាន​ចម្រើន​ល្អ​ហើយ ភព​ទាំង​ឡាយ​ដែល​មិន​មាន​សេចក្តី​ត្រេក​អរ​អាត្មា​ក៏​បាន​ឃើញ​ហើយ ដូច​បុគ្គល​ផឹក​នូវ​ថ្នាំ​ពិស ហើយ​ខ្ជាក់​ចោល​វិញ ។ បារគូ អនុបាទានោ កតកិច្ចោ អនាសវោ តុដ្ឋោ អាយុក្ខយា ហោតិ មុត្តោ អាឃាតនា យថា ។ បុគ្គល​អ្នក​ដល់​នូវ​ត្រើយ គឺ​ព្រះ​និព្វាន មិន​មាន​សេចក្តី​ប្រកាន់​ មាន​សោឡសកិច្ច​ធ្វើ​ហើយ មិន​មាន​អាសវៈ រមែង​ជា​អ្នក​ត្រេក​អរ ក្នុង​កិរិយា​អស់​ទៅ​នៃ​អាយុ ដូច​បុគ្គល​រួច​ហើយ ចាក​ការ​សម្លាប់ ។ ឧត្តមំ ធម្មតំ បត្តោ សព្វ​លោកេ អនត្ថិកោ អាទិត្តាវ ឃរា មុត្តោ មរណស្មី ន សោចតិ ។ បុគ្គល​បាន​ដល់​នូវ​ធម៌​ដ៏​ឧត្តម ជា​អ្នក​មិន​ត្រូវ​ការ​អ្វី​ក្នុង​លោក​ទាំង​អស់​ រមែង​មិន​សោក​សៅ ព្រោះ​សេចក្តី​ស្លាប់ ដូច​បុគ្គល​ស្ទុះ​ផុត​ចាក​ផ្ទះ​ដែល​ភ្លើង​ឆេះ ។ យទត្ថិ​ សង្គតំ កិញ្ចិ ភវោ ច យត្ថ លព្ភតិ សព្វំ អនិស្សរំ ឯតំ ឥទំ វុត្តំ មហេសិនា ។ ការ​ជួប​ជុំ​ដោយ​សត្វ​និង​សង្ខារ​ឯណា​នីមួយ​ក្តី ការ​កើត​មាន​ក្នុង​ពួក​សត្វ​ឯ​ណា​ក្តី​ទាំង​អស់​នោះ​មិន​មែន​ជា​ធំ (ក្នុង​ខ្លួន​ឯង) ឡើយ​ពាក្យ​នេះ​ព្រះ​សម្មាសម្ពុទ្ធ​អ្នក​ស្វែង​រក​នូវ​គុណ​ធំ​បាន​សម្តែង​ហើយ ។ យោ តំ តថា បជានាតិ យថា ពុទ្ធេន ទេសិតំ ន គណ្ឌតិ ភវំ កិញ្ចិ សុតត្តំ វ អយោគុឡំ ។ បុគ្គល​ណា បាន​ដឹង​ច្បាស់​នូវ​ព្រះ​ពុទ្ធ​ដី​កា​តាម​ដែល​ព្រះ​ពុទ្ធ​ទ្រង់​សម្តែង​ហើយនោះ បុគ្គល​នោះ រមែង​មិន​ប្រកាន់​នូវ​ភព​ណា​នី​មួយ​ឡើយ ដូច​បុរស​មិន​កាន់​ដុំ​ដែក​ដែល​ក្តៅ​សព្វ ។ ន មេ ហោតិ អហោសិន្តិ ភវិស្សន្តិ ន ហោតិ មេ សង្ខារា វិភវិស្សន្តិ តត្ថ កា បរិទេវនា ។ អាត្មា​មិន​មាន​សេចក្តី​ត្រិះរិះ​ថា ខ្លួន​អញ​បាន​មាន​ហើយ​ទេ​អាត្មា​មិន​មាន​គិត​ថា ខ្លួន​អញ​នឹង​មាន​ត​ទៅ​ទេ (ព្រោះ​ថា) សង្ខារ​ទាំង​ឡាយ ទៀង​តែ​វិនាស​ទៅ​វិញ ហេតុ​នោះ​សេចក្តី​ខ្សឹក​ខ្សួល​ក្នុង​សង្ខារ​ទាំង​នោះ​ដូច​ម្តេច​កើត ។ សុទ្ធំ ធម្មសមុប្បាទំ សុទ្ធំ សង្ខាសន្តតិ បស្សន្តស្ស យថា​ភតំ ន ភយំ ហោតិ គាមណិ ។ ម្នាល​ចោរ​ជា​ធម បុគ្គល​ដែល​ឃើញ​ច្បាស់​តាម​សេចក្តី​ពិត​នូវ​ការ​ប្រជុំ​កើត​នៃ​ធម៌​ដ៏​បរិសុទ្ធ និង​តំណ​នៃ​សង្ខារ​ដ៏​បរិសុទ្ធ ភ័យ​រមែង​មិន​មាន​ឡើយ ។ តិណកដ្ឋសមំ លោកំ យទា បញ្ញាយ បស្សតិ មមត្ថំ សោ អសំវិន្ទំ នត្ថិ មេតិ ន សោចតិ ។ បុគ្គល​ដែល​ឃើញ​ច្បាស់ ដោយ​បញ្ញា​នូវ​លោក ប្រាកដ​ស្មើ​ដោយ​ស្មៅ និង​កំណាត់​ឈើ​ ក្នុង​កាល​ណា ក្នុង​កាល​នោះ បុគ្គល​នោះ ក៏​មិន​បាន​នូវ​សេចក្តី​ប្រកាន់ ថា​ជា​របស់​អញ រមែង​មិន​សោក​សៅ​ថា របស់​នោះ​មិន​មាន​ដល់​អាត្មា​អញ​ឡើយ ។ ឧក្កណ្ឋាមិ សរីរេន ភវេនម្ភិ អនត្ថិកោ សោយំ ភិជ្ជិស្សតិ កាយោ អញ្ញោ ច ន ភវិស្សតិ ។ អាត្មា​ធុញ​ទ្រាន់​នឹង​សរី​រៈ ជា​អ្នក​មិន​ត្រូវ​ការ​ដោយ​ភព​ព្រោះ​ថា​កាយ​នេះ​នឹង​បែក​ធ្លាយ​ទៅ ទាំង​កាយ​ដទៃ​ទៀត ក៏​នឹង​មិន​មាន​ដែរ ។ យំ វោ កិច្ចំ សរីរេន តំ ករោថ យទិច្ឆថ ន មេ តប្បច្ចយា តត្ថ ទោសោ បេមំ ច ហេហីតិ ។ កិច្ច​ណា​ដោយ​សរីរៈ​មាន​ដល់​អ្នក ពួក​អ្នក​ប្រាថ្នា​នូវ​កិច្ច​ណា ចូរ​ធ្វើ​នូវ​កិច្ច​នោះ​ចុះ សេចក្តី​ទោមនស្ស​ក្តី សេចក្តី​ស្រឡាញ់​ក្តី​នៃ​អាត្មា​នឹង​មិន​មាន​ក្នុង​អំពើ​ទាំង​នោះ ព្រោះ​បច្ច័យ​នៃ​កិច្ច​នោះ ។ ពួក​ចោរ បាន​ស្តាប់​ពាក្យ​នៃ​ព្រះ​អធិមុត្ត​ត្ថេរ​នោះ ជា​ពាក្យ​ចម្លែក​អស្ចារ្យ គួរ​ឲ្យ​ព្រី​រោម ហើយ​ក៏​ទម្លាក់​ចោល​នូវ​គ្រឿង​សស្ត្រា​ទាំង​ឡាយ បាន​ពោល​ពាក្យ​នេះ​ថា បពិត្រ​លោក​ដ៏​ចម្រើន​លោក​បាន​ធ្វើ​ត​បោកម្ម​ដូចម្តេច ឬ​អ្នក​ណា​ជា​អាចារ្យ​របស់​លោក​សេចក្តី​មិន​សោក​សៅ លោក​បាន​ព្រោះ​អាស្រ័យ​ពាក្យ​ប្រដៅ​របស់​អ្នក​ណា ។ សព្វញ្ញូ សព្វទស្សាវី ជិនោ អាចរិយោ មម មហាការុណិកោ សត្ថា សព្វលោកតិកិច្ឆកោ ។ ព្រះ​ថេរៈ​ឆ្លើយ​ថា ព្រះ​ជិន​ស្រី​ព្រះ​អង្គ​ជា​សព្វ​ញ្ញូ ទ្រង់​ឃើញ​នូវ​ធម៌​ទាំង​ពួង ជា​សាស្តា​ប្រកប​ដោយ​ករុណ​ដ៏​ធំ ទ្រង់​រក្សា​នូវ​សត្វ​លោក​ទាំង​អស់ ជា​អាចារ្យ​របស់​អាត្មា ។ តេនាយំ ទេសិតោ ធម្មោ ខយគាមី អនុត្តរោ តស្ស សាសនមាគម្ម លភ្ភតេ តំ អសោកតា ។ ព្រះ​ធម៌​នេះ ជា​ធម៌​ដល់​នូវ​កិរិយា​អស់​ទៅ​នៃ​កិលេស ជា​សោក​សៅ ដែល​អាត្មា​បាន ព្រោះ​អាស្រ័យ​នូវ​ធម៌​ជា​ពាក្យ​ប្រៀន​ប្រដៅ​របស់​ព្រះ​ជិន​ស្រី​នោះ ។ ព្រះ​ធម្មសង្កាហកា​ចារ្យ បាន​សម្តែង​គាថាចុង​ក្រោយ​ដូច្នេះ​ថាៈ សុត្វាន ចោរា ឥសិនោ សុភាសិតំ និក្ខិប្ប សត្ថានិ ច អាវុធានិ ច តម្លា ច កម្មា វិរមីសុ ឯកេ ឯកេ ច កម្មា វិរមីសុ ឯកេ ឯកេ ច បព្វជ្ជមរោចយីសុ ។ តេ បព្វជិត្វា សុគតស្ស សាសនេ ភាវេត្វា ពោជ្ឍង្គពលានិ បណ្ឌិតា ឧទគ្គចិត្តា សុមនា កតិន្ទ្រិយា ផុសីសុ និព្វានបទំ អសង្ខតន្តិ ។ ចោរ​ទាំង​ឡាយ​បាន​ស្តាប់​នូវ​សុភាសិត​នៃ​ឥសី (អធិមុត្តត្ថេរ) ក៏​ទម្លាក់​ចោល​នូវ​គ្រឿង​សស្ត្រា​ទាំង​ឡាយ​ផង នូវ​អាវុធ​ទាំង​ឡាយ​ផង ពួក​ខ្លះ​ក៏​វៀរ​ចាក​ចោរ​កម្ម​នោះ ពួក​ខ្លះ​ក៏​ពេញ​ចិត្ត​នឹង​បព្វជ្ជា ។ ចោរ​ទាំង​នោះ​ក៏​ចូល​ទៅ​បួស​ក្នុង​សាសនា​នៃ​ព្រះ​សុគត ចម្រើន​នូវ​ពោជ្ឍង្ក និង ពលៈ​ទាំង​ឡាយ ជា​បណ្ឌិត​មាន​ចិត្ត​ខ្ពស់​ឡើង មាន​ចិត្ត​ល្អ មាន​ឥន្ទ្រិយ​ចម្រើន​ហើយ ក៏​បាន​ពាល់​ត្រូវ​នូវ​និព្វាន​បទ ជា​អសង្ខត​ធម៌ ។ បិដក​លេខ ៥៧ ទំព័រ ៤៥ អត្ថបទទ​នេះ​ដក​ស្រង់​ចេញ​ពី​សៀវភៅៈ ជំនួយសតិ រៀប​រៀង​ដោយៈ អគ្គបណ្ឌិត ធម្មាចារ្យ ប៊ុត សាវង្ស វាយ​អត្ថបទ​ដោយៈ កញ្ញា ជា​ ម៉ានិត ដោយ​៥០០០​ឆ្នាំ​
images/articles/3183/_____________________________________________.jpg
ផ្សាយ : ២៤ មីនា ឆ្នាំ២០២២ (អាន: ៣១៨ ដង)
អភិធម្មត្ថសង្គហៈ សេចក្តីនៃពាក្យថា អភិធម្មត្ថសង្គហ ចែកចេញជា ៥ ស័ព្ទ គឺ អភិ + ធម្ម + អត្ថ + សំ + គហ រួមជាអិធម្មត្ថសង្គហ ។ - អភិ ប្រែថា ដ៏ប្រសេីរ ។ - ធម្ម ប្រែថា សភាវៈដែលទ្រទ្រង់។ - អត្ថ ប្រែថា អត្ថ ឬសេចក្តី ។ - សំ ប្រែថា ដេាយសង្ខេប ។ - គហ ប្រែថា ការរួបរួមទុក ។ ដូច្នេះ ពាក្យថា អភិធម្មត្ថសង្គហ នេះ ប្រែថា ការរួបរួមសេចក្តីនៃព្រះអភិធម្ម (៧ គម្ពីរ) ទុកដេាយសង្ខេប ។ ព្រះអភិធម្ម ៧គម្ពីរ ព្រះអភិធម្មមាន ៧គម្ពី គឺ៖ ១. ធម្មសង្គណីបករណៈ អដ្ឋកថា គឺ អដ្ឋសាលិនី ។ ២. វិភង្គបករណៈ អដ្ឋកថា គឺសម្មេាហវិនេាទនី ។ ៣. ធាតុកថាបករណៈ ៤. បុគ្គលប្បញ្ញាត្តិបករណៈ ៥. កថាវត្ថុបករណៈ ៦. យមកបករណៈ ៧. បដ្ឋានបករណៈ អដ្ឋកថា គឺបរមត្ថទីបនីបពា្ចករណដ្ឋកថា ។ អដ្ឋកថាព្រះត្រៃបិដកនេាះ ចំណែកធំ ព្រះពុទ្ធឃេាសាចារ្យ លេាកប្រែនិងរៀបរៀងពីអដ្ឋកថាដេីម ក្នុងភាសាសីហឡៈ គឺមហាអដ្ឋកថា មហាបច្ចរី និងកុរុនទី ដែលបន្តគ្នាមកតាំងតែអំពីសម័យព្រះមហិន្ទត្ថេរ ព្រះឱរសរបស់ព្រះចៅអសេាកមហារាជ បានទៅផ្សព្វផ្សាយព្រះពុទ្ធសាសនា នៅក្នុងប្រទេសសេរីលង្កានេាះម្លេ៉ះ ។ តត្ថ វុត្តាភិធម្មត្ថា ចតុធា បរមត្ថតេា ចិត្តំ ចេតសិកំ រូបំ និពា្វនមីតិ សព្វទា ។ អត្ថនៃព្រះអភិធម្មទាំង ៧ គម្ពីរ ដែលព្រះដ៏មានព្រះភាគទ្រង់ត្រាស់ទុកដេាយសេចក្តីសុខុមក្រៃពេកនេាះ ដេាយបរមត្ថ មាន ៤ ប្រការ គឺ ចិត្ត ចេតសិក រូប និពា្វន ។ សភាវៈទាំង ៤ នេះ ជាបរមត្ថ ដែលហៅថា ព្រះបរមត្ថបិដក ហេីយព្រះបរមត្ថបិដកទាំង ៧ គម្ពីរនេះ ព្រះ​អនុរុទ្ធា​ចារ្យ​បាន រួបរួមសេចក្តីទុកដេាយសង្ខេប ហៅថា ព្រះអភិធម្មត្ថសង្គហៈ ចាត់ជាបរិច្ឆេទ មាន ៩ បរិច្ឆេទ។ ព្រះបរមត្ថធម៌ទាំង ៤ ប្រការនេះ តាមន័យ ព្រះអភិធម្មត្ថសង្គហៈ លេាកពេាលពីរឿង ចិត្ត ជាបរិច្ឆេទទី ១ ។ ពាក្យថា បរមត្ថ ចែកជា ២ បទ គឺ បរម + អត្ថ ប្រែថា អត្ថសេចក្តីដ៏ប្រសេីរខ្ពង់ខ្ពស់មិនវិបរិត។ បរមត្ថធម៌ មាន ២ គឺ៖ ១.សង្ខតធម៌ ធម៌ដែលមានបច្ច័យតាក់តែង គឺ ចិត្ត ចេតសិក រូប។ ២.អសង្ខតធម៌ ធម៌ដែលមិនមានបច្ច័យតាក់តែង គឺព្រះនិពា្វន។ សច្ចៈ សេចក្តីពិត ។ ព្រះដ៏មានព្រះភាគជាម្ចាស់ ជាអ្នកឆ្លាតឈ្លាសក្នុងការទេសនា បានត្រាស់នូវសច្ចៈ ២ គឺ បរមត្ថសច្ចៈ ពិតដេាយបរមត្ថ ១ និងសម្មតិសច្ចៈ ពិតដេាយសម្មតិ ១ តែប៉ុណ្ណេាះ មិនមានសច្ចៈទី៣ ឡេីយ។ ហេតុដែលព្រះអង្គទ្រង់ត្រាស់នូវសម្មតិសច្ចៈដេាយហេតុ ៨ ប្រការ គឺ៖ ១.ដេីម្បីទ្រង់សម្តែង ហិរិ និងឱត្តប្បៈ ។ ២.ដេីម្បីទ្រង់សំដែង កម្មស្សកតា ។ ៣.ដេីម្បីទ្រង់សំដែង ដល់អ្នកប្រព្រឹត្តចំពេាះខ្លួន។ ៤.ដេីម្បីទ្រង់សំដែង ដល់អនន្តរិយកម្ម ។ ៥.ដេីម្បីទ្រង់សំដែង ដល់ព្រហ្មវិហារធម៌ ។ ៦.ដេីម្បីទ្រង់សំដែង បុព្វេនិវាសញ្ញាណ ។ ៧.ដេីម្បីទ្រង់សំដែង ដល់ទក្ខិណាវិសុទ្ធិ ។ ៨.ដេីម្បីទ្រង់មិនលះ បញ្ញាត្តិនៃលេាក ។ ធម៌ទាំងពួង បានដល់ បរមត្ថធម៌ទាំង ៤ គឺចិត្ត ចេតសិក រូប និព្វាន ជាអនត្តា គឺ មិនមែនតួខ្លួន មិននៅក្នងអំណាចបង្គាប់បពា្ជារបស់បុគ្គលណាឡេីយ ។ ក្នុងធម៌ទាំង ៤ នេះ ៖ ១.ចិត្តបរមត្ថ បានដល់ ចិត្ត ៨៩ ឬ ១២១ ដួង ។ ២. រូបបរមត្ថ បានដល់ រូប ២៨ ។ ៣. ចេតសិកបរមត្ថ បានដល់ ចេតសិក ៥២ ដួង ជាលេាកិយ ដល់នូវការបែកធ្លាយ និងរលត់ទៅវិញ ជាសង្ខារធម៌ គឺកេីតឡេីងមានបច្ច័យតាក់តែង ជាសង្ខតធម៌ គឺ ជាធម៌ដែលកេីតរលត់ ។ ៤. និព្វានបរមត្ថ បានដល់ ព្រះនិព្វាន ជាលេាកុត្តរ គឺ ការឆ្លងផុតពីលេាក ជាវិសង្ខារធម៌ គឺមិនមានបច្ច័យតាក់តែង ជាអសង្ខតធម៌ គឺ មិនកេីតរលត់ ។ - ចិត្តបរមត្ថ ចេតសិកបរមត្ថ និព្វានបរមត្ថ ទាំង ៣ នេះជានាមធម៌ ប៉ុន្តែ ចិត្ត និង ចេតសិក ជានាមធម៌ ដឹងនូវអារម្មណ៍ ចំណែកឯ និពា្វន ជានាមធម៌ មិនដឹងអារម្មណ៍ ។ - ចិត្ត ៨៩ ឬ ១២១ និងចេតសិក ៥២ ជានាមធម៌ ជាសង្ខារធម៌ ជាសង្ខតធម៌ ។ - រូប ២៨ ជារូបធម៌ ជាសង្ខារធម៌ ជាសង្ខតធម៌ ។ - និពា្វន ជានាមធម៌ ជាវិសង្ខារធម៌ និងជាអសង្ខតធម៌។ ខន្ធ ៥ ខន្ធ ៥ គឺ រូបក្ខន្ធ ១, វេទនាខន្ធ ១, សញ្ញាខន្ធ ១, សង្ខារក្ខន្ធ ១, វិញ្ញាណក្ខន្ធ ១ ។ ពាក្យថា ខន្ធ សំដៅដល់សភាវធម៌ដែលចំណែកជា អតីត អនាគត បច្ចុប្បន្ន ខាងក្នុង ខាងក្រៅ គ្រេាតគ្រាត ល្អិត ថេាកទាប ប្រណីត ឆ្ងាយ ជិត ។ ខន្ធ ជារូបធម៌នាមធម៌ ជាសង្ខារធម៌ ជាសង្ខតធម៌ គឺជាធម៌ដែលបច្ច័យតាក់តែង និងកេីតរលត់ ។ ពាក្យថា ឧបាទានក្ខន្ធ សំដៅយកខន្ធណាដែលប្រព្រឹត្តប្រកបនឹងអាសវៈ ជាបច្ច័យដល់ឧបាទាន នេះហៅថា ឧបាទានក្ខន្ធ ។ លេាកុត្តរចិត្ត និងចេតសិកប្រកប មិនមែនជាឧបាទានក្ខន្ធទេ ។ អត្ថក្នុងព្រះអភិធម្មទាំងឡាយ ដែលព្រះសម្មាសម្ពុទ្ធ ជាម្ចាស់ទ្រង់ត្រាស់ទុកនេាះគឺ ដេាយអំណាចនៃធម៌ មានខន្ធដេាយបរមត្ថវៀរនូវសម្មតិចេញ គឺមាន ៤ ប្រការ ៖ ១.រូប ២៨ ជារូបក្ខន្ធ ។ ២.ចេតសិក ៥២ គឺ វេទនាចេតសិក ១ ជាវេទនាខន្ធ សញ្ញាេចតសិក ១ ជាសញ្ញាខន្ធ នៅសល់ចេតសិក ៥០ ទៀតជាសង្ខារក្ខន្ធ រួមជាខន្ធ ៣ ។ ៣.ចិត្ត ៨៩ ជាវិញ្ញាក្ខន្ធ ។ ៤.និពា្វន ជាខន្ធវិមុត្តិ ផុតចាកខន្ធទាំង ៥ ។ ដូច្នេះ បរមត្ថធម៌ ៣ ជាខន្ធ ៥, ខន្ធ ៥ ជាបរមត្ថធម៌ ៣។ - រូបក្ខន្ធ បានដល់ រូបបរមត្ថ ២៨ ។ - វេទនាខន្ធ បានដល់ វេទនាចេតសិក ១ ។ - សញ្ញាខន្ធ បានដល់ សញ្ញាចេតសិក ១ ។ - សង្ខារក្ខន្ធ បានដល់ សង្ខារចេតសិក ៥០ ។ - វិញ្ញាណក្ខន្ធ បានដល់ ចិត្តបរមត្ថ ៨៩ ឬ ១២១ ។ …………………..សំណួរ ១. បរមត្ថធម៌អ្វីខ្លះ ជាសង្ខារធម៌? ២. សង្ខារធម៌ ជាសង្ខារក្ខន្ធ ឬទេ? ៣. វិសង្ខារធម៌ ជាសង្ខតធម៌ ឬទេ? ៤. អសង្ខតធម៌ ជាខន្ធអ្វី? ៥. អសង្ខតធម៌ ជាលេាកិយ ឬជាលេាកុត្តរ? ៦. ចិត្ត ជាសង្ខារក្ខន្ធ ឬទេ? ៧. ចេតសិក ជាសង្ខារក្ខន្ធ ឬទេ? ៨. វេទនាខន្ធ ជាបរមត្ថធម៌អ្វី? ៩. ខន្ធអ្វី មិនមែនជាបរមត្ថធម៌? ១០. បរមត្ថធម៌អ្វី មិនមែនជាខន្ធ? អត្ថបទ ដកស្រង់ពីសៀវភៅ៖ អភិធម្មសង្កហ បរិច្ឆេទទី១ (ចិត្តសង្គហវិភាគ) ដោយ៥០០០ឆ្នាំ
images/articles/3198/____________________________________.jpg
ផ្សាយ : ២៤ មីនា ឆ្នាំ២០២២ (អាន: ៣២៤ ដង)
ប្រយេាជន៍អ្វី ដេាយភពដែលអ្នកផងត្រេកត្រអាល ប្រយេាជន៍អ្វីដេាយកាយជាទេាស ឥតខ្លឹមសារ (សរីរៈនេះ) ដូចជាដង្កូវ ជាកាយស្អុយ មិនស្អាត មានក្លិនផ្សាយទៅ គួរឲ្យខ្លាច ដូចជាការុងជាវិការៈនៃស្បែក ពេញដេាយសាកសព ពេញដេាយរបស់មិនស្អាត ដែលហូរចេញក្នុងកាលម្តងៗ។ ដែលបូកលាប ដេាយសាច់និងឈាម ជារបស់គួរខ្ពេីមក្រៃពេក ជាលំនៅនៃហ្វូវដង្កូវ ជាចំណីនៃសត្វស្លាប ជាសាកសព (គេ) នឹងឲ្យដល់អ្នកណាម្តេចបាន។ កាយដែលមានវិញាណប្រាសចេញហេីយ មិនយូរប៉ុន្មាន គេតែងដុតក្នុងព្រៃស្មសាន ពួកញាតិដែលខ្ពេីមរអេីម ក៏បេាះបង់ចេាល ដូចជាអង្កត់អុស។ មាតាបិតារបស់ខ្លួន ចេាលសាកសពនេាះ ឲ្យជាចំណីសត្វដទៃក្នុងព្រៃស្មសាន ខ្ពេីមរអេីម ងូតលាង (ខ្លួនដេីរចេញទៅ) ចំណង់បេីសាធារណៈជន (នឹងមិនខ្ពេីម) ដូចមេ្តចកេីត។ សត្វទាំងឡាយតែងជ្រុលជ្រប់ក្នុងគ្រេាងកាយ ជាសាកសពឥតខ្លឹមសារ ដែលសង្ខារផ្សំផ្គុំដេាយឆ្អឹងសរសៃ ជាកាយស្អុយ ពេញដេាយទឹកមាត់ ទឹកភ្នែក ទឹកសំបេារ និង ទឹករងៃ។ បេីបុគ្គលពន្លាត់រាងកាយនេាះ ធ្វេីអាការខាងក្នុងនៃវាឲ្យត្រឡប់មកខាងក្រៅវិញ សូម្បីមាតារបស់ខ្លួនក៏ខ្ពេីមរអេីមទ្រាំនឹងក្លិនពុំបាន។ នូវខន្ធ ធាតុ អាយតនៈ ដែលសង្ខារតាក់តែង ថាមានជាតិជាប្ញសគល់ នាំមកនូវ ទុក្ខ មិនជាទីពេញចិត្ត និឹងប្រាថ្នា។ លំពែង ៣០០ ដែលសំលៀងថ្មីៗ គប្បីធ្លាក់ចុះលេីកាយរាល់ៗថ្ងៃ ប្រសិនបេី ការអស់ទៅនៃទុក្ខ សូម្បីមានការលំបាក (យ៉ាងនេះ) អស់រយនៃឆ្នាំ ជាការប្រសេីរ។ បុគ្គលណា ដឹងព្រះពុទ្ធដីការបស់ព្រះសាស្តាយ៉ាងនេះ ហេីយបានទទួលនូវសេចក្តីលំបាក (ការអស់ទៅនៃទុក្ខតែងមានដល់បុគ្គលនេាះ) សង្សារ (ការអន្ទេាលទៅ) របស់បុគ្គលពាលទាំងឡាយ ដែលលំបាករឿយៗ ជាសង្សារវែងឆ្ងាយ។ ការលំបាកតានតឹងមិនមានប្រមាណ រមែងប្រាកដក្នុងពួកទេវតា ពួកមនុស្ស ក្នុងកំណេីតតិរច្ឆាន ក្នុងពួកអសុរកាយ ក្នុងពួកប្រេតនិងក្នុងពួកនរក។ ក្នុងនរក មានសេចក្តីលំបាកច្រេីន សត្វដែលកេីតក្នុងវិនិបាត ក៏លំបាក សូម្បីក្នុងពួកទេវតា ក៏មិនមានទីពឹង សេចក្តីសុខដទៃក្រៃលែងជាងសេចក្តីសុខក្នុងព្រះនិព្វាន មិនមានទេ។ បុគ្គលពួកណា ខំប្រឹងប្រែងក្នុងសាសនា របស់ព្រះទសពល ជាអ្នកមានសេចក្តីខ្វល់ខ្វាយតិច ខំព្យាយាមលះបង់ជាតិនិងមរណៈ បុគ្គលពួកនេាះ ឈ្មេាះថាបានព្រះនិព្វាន។ ប្រយេាជន៍អ្វីដេាយភេាគៈទាំងឡាយ ដែលឥតខ្លឹមសារ កាមទាំងឡាយទុកស្មេីវត្ថុដែលគេខ្ជាក់ចេាល ខ្ញុំម្ចាស់នឿយណាយហេីយ ធ្វេីឲ្យដូចដេីមត្នេាតមិនមានទីកេីត (ដែលបុគ្គលដកចេាលហេីយ)។ (សុមេធាថេរី ) ដោយ៥០០០ឆ្នាំ
images/articles/3199/______________________________.jpg
ផ្សាយ : ២៤ មីនា ឆ្នាំ២០២២ (អាន: ២២៩ ដង)
(បុទុមបុប្ផសូត្រទី ១៤) សម័យមួយ ភិក្ខុមួយរូប នៅក្នុងដង​ព្រៃមួយ ក្នុងដែនកោសល។ ក៏សម័យនោះឯង ភិក្ខុ​នោះ​ត្រឡប់មកពី បិណ្ឌបាត ធ្វើភត្តកិច្ចស្រេចហើយ ក្នុងវេលាក្រោយភត្ត ក៏ចុះកាន់​ស្រះ​បោក្ខរ​ណី​ រួចហិត​ផ្កាឈូក។ គ្រានោះឯង ទេវតាដែល​នៅអាស្រ័យ ក្នុងដងព្រៃ​នោះ ជាអ្នក​អនុគ្រោះ ប្រាថ្នានូវ​ប្រយោជន៍​ដល់​ភិក្ខុនោះ ចង់ធ្វើភិក្ខុ នោះឱ្យសង្វេគ ទើបចូលទៅរកភិក្ខុនោះ លុះចូលទៅដល់ហើយ ក៏​ពោល​គាថា​នឹងភិក្ខុនោះថា៖ លោកហិតផ្កា ដែលកើតក្នុងទឹកនុ៎ះ ដែលគេមិនបាន ឱ្យបពិត្រ​លោក​អ្នកនិរទុក្ខ ការហិតនុ៎ះ ជាអង្គមួយនៃការលួច លោកឈ្មោះថា ជាអ្នកលួចក្លិន។ ភិក្ខុនោះ​តបថា អាត្មាមិនបាននាំទៅ មិនបាន​កាច់ទេ គ្រាន់តែហិតផ្កា​ដែលកើតក្នុងទឹក អំពី​ចម្ងាយ​ទេតើ ចុះហេតុ ដូចម្តេចបានជាអ្នកនិយាយថា អាត្មាលួចក្លិន ។ (ក្នុងកាលនោះ មាន​តាបស​ម្នាក់ចុះជីកគាស់ ក្រអៅឈូក កាច់ផ្កាឈូក ភិក្ខុពោលតទៅទៀត ថា ) ចុះបុរស​ដែល​មាន​អំពើផ្តេសផ្តាស ជីកគាស់ក្រអៅឈូក កាច់ផ្កាឈូកយ៉ាងនេះ ហេតុអ្វី​ក៏អ្នក​មិនថា​ឱ្យ​បុរស​នុះ​ផ៎ង ។ ទេវតា​តបថា បុរសដែល​ល្មោភ​ផ្តេសផ្តាស ជាអ្នក​ប្រឡាក់ដោយ​កិលេស​ហួសកំណត់ ពាក្យ​របស់​ខ្ញុំ​មិនមានក្នុង បុរសនោះទេ ខ្ញុំគួរនិយាយតែនឹងលោកម្នាក់ ព្រោះបុគ្គល ដែលឥត​មាន​ទីទួល ពោលគឺកិលេស ជាអ្នកស្វែងរកសេចក្តី ស្អាត អស់កាលជានិច្ច សូម្បីមាន​បាប​ប៉ុន​ចុង​សក់ ក៏ប្រាកដ​ដូច​ជាប៉ុនមេឃ ។ ភិក្ខុនោះតប​ថា ម្នាលទេវតា អ្នកស្គាល់អាត្មា​មែន អ្នកអនុគ្រោះ​អាត្មាមែន ម្នាលទេវតា កាលណា​បើអ្នកឃើញ​អាត្មាធ្វើដូច្នេះ អ្នកគប្បី​និយាយឱ្យអាត្មាទៀតចុះ ។ ទេវតាតបថា ខ្ញុំមិនបាន​ចិញ្ចឹមលោកទេ មិនមែនគ្រាន់ បើជាងលោកទេ លោកគប្បី​ទៅកាន់​សុគតិ​ដោយ​កម្មណា បពិត្រភិក្ខុ លោកត្រូវដឹង​កម្មនោះដោយខ្លួន​លោកចុះ ។​ គ្រានោះឯង ភិក្ខុនោះ លុះទេវតានោះ ធ្វើឱ្យសង្វេគ ហើយ ក៏ដល់នូវសេចក្តីសង្វេគ ។ ចប់បទុមបុប្ផសូត្រ ……………………………….. បុគ្គលត្រូវតែ​មានស្មារតី ដឹងនូវទោសកំហុសរបស់ ខ្លួនឯង ទោះបីធំ ឬតូច ហើយប្រញាប់​លះបង់​ចោល ឬ ខំព្យាយាមកែលម្អ ព្រោះថា អ្នកដទៃមិនងាយបានដឹងរឿង រ៉ាវសព្វ​គ្រប់​របស់​យើងទេ ជួនកាលបានដឹងដែរ ប៉ុន្តែមិន ហ៊ានប្រាប់ ជួនកាលទៀតនោះ ថែមទាំង​ពោល​សរសើរ​នូវ ទោសកំហុសរបស់យើងទៀតផង ។ ការមាននូវលោភៈ ជាប់ជំពាក់ក្នុងរូប សំលេង ក្លិន រស ផោដ្ឋព្វ បុគ្គលក្នុងលោក​កម្របាន​ឃើញ​តាមពិត ថា ជាទោស ថាជាបាបអកុសលដែលគួរខ្លាច ព្រោះមិនមានការ អប់រំនូវសតិ ឬដោយ​ការវង្វេងភ្លេចសតិ តាមពិតលោភៈនេះ វានាំមកនូវបញ្ហាកង្វល់ក្នុងបច្ចុប្បន្នផង វាជា​អរិយ​សច្ចៈទី២ គឺហេតុដែលនាំឱ្យ​កើតទុក្ខក្នុងវដ្តៈផង ។ សព្វបើគ្រាន់តែហិតក្លិនផ្កា ក៏គង់ទេវតាពោលទោស ហើយប្រាប់ថា បុគ្គលអ្នក​ស្វែងរក​សេចក្តី​ស្អាត​អស់កាលជានិច្ច សូម្បីមានបាបប៉ុនចុងសក់ ក៏ប្រាកដដូចជាប៉ុនមេឃ ចុះបើខ្ញុំ ឯណេះ​វិញ មានបាបប៉ុនមេឃ ឃើញប៉ុនចុងសក់ ជួនកាល ស្រវាំងភ្នែក ខ្ញុំរកមើលមិនឃើញផង តើវា​យ៉ាងម៉េចេទៅខ្ញុំ ហ្នឹង បើបាបច្រើនម្លឹងៗ សណ្តោងយកទៅស្ថានសួគ៌រួចដែរ ឬអត់ ឬក៏ត្រូវ​ទប់ខ្លួនមិនជាប់ ដោយសារបាបធ្ងន់ពេកវាទាញ ទៅក្រោមទេដឹង (ខ្ញុំ=ខ្ញុំតណ្ហា) ។ ការមើលឃើញបាបល្អិតៗតូចៗដោយសារកម្លាំង របស់សតិប្បដ្ឋាន ការដឹងទោស​ថាជា​ទោស​​ពិត សូម្បីតូច ល្អិត ដោយសេចក្តីមិន​ប្រមាទ ប្រៀបបីដូចរាជ​បុរសចាប់ចោរបាន ។សតិប្បដ្ឋាន​ជាផ្លូវតែមួយគត់ នាំទៅរកការត្រាស់ ដឹង និង ការរួចផុតចាកទុក្ខទាំងពួង។ យើងតែង​ឃាត់អ្នកដទៃ មិនឱ្យថើបផ្កា ព្រោះថា សំរាប់ថ្វាយព្រះ ឬផ្កានៅនឹងដើម ដោយ​អាង​ថា សំរាប់ថ្វាយ ទេវតា ប៉ុន្តែទេវតាចង្អុលបង្ហាញទោសនៃការហិតក្លិនផ្កាឈូក ដល់ភិក្ខុ ព្រោះ​ឃើញ​ដល់លោភៈ ជាទុក្ខសមុទយៈ គឺហេតុនាំឱ្យ កើតទុក្ខ ជាការរំលឹកដាស់​តឿនឱ្យមាន​សតិថ្នាក់​សតិប្បដ្ឋាន។ ក្នុងលោកនេះបើមិនមានបុគ្គលអ្នក​ត្រាស់ដឹងសច្ចធម៌ទេនោះ តើអ្នកណា​​អាច​​សំដែង​ប្រាប់​បាន​ថា លោភៈ ជា ហេតុនាំឱ្យកើតទុក្ខ មានជាតិទុក្ខជាដើម ។ មិន​ចំពោះ​តែការ​ហិត​ក្លិន​ផ្កា​ឈូក​ប៉ុណ្ណោះទេ ឱ្យតែ តណ្ហាកើតឡើង ឈ្មោះថាជាចោរ​ដោយបរមត្ថ ព្រោះអ្វីៗ ក្នុងលោក សុទ្ធតែមិនទៀង ជាទុក្ខ ជាផលរបស់ហេតុមិន មែនរបស់ខ្លួន ប៉ុន្តែតណ្ហា​តែងតែ​ប្រកាន់ថា នុះជា៎របស់យើង នេះឯងឈ្មោះ​ថាចោរដោយ​បរមត្ថ ត្រូវទទួល​ទារុណកម្ម ដោយកងទុក្ខ ១២ កង ជាប់ក្នុង​ទ្រុងមច្ចុរាជ ។ ស្រង់​ចាកពី​សៀវភៅ​ ជំនួយ​សតិ​ភាគ​៣ ​រៀប​រៀង​ដោយ អគ្គ​បណ្ឌិត​ ធម្មាចារ្យ ប៊ុត-​សាវង្ស​។ ដោយ៥០០០ឆ្នាំ
images/articles/3200/______________________________.jpg
ផ្សាយ : ២៤ មីនា ឆ្នាំ២០២២ (អាន: ២៩០ ដង)
នៅក្នុងបឋមសក្កនមស្សនសូត្រ ព្រះត្រៃបិដកលេខ ៣០ ទំព័រ ២៨៧ ព្រះមានព្រះភាគជាម្ចាស់ទ្រង់ត្រាស់អំពីសក្កទេវរាជ ដែលជាស្តេចនៃទេវតាជាន់តាវតឹង្ស ចេញមកអំពីជយន្តប្រាសាទថ្វាយបង្គំទិសទាំងបួន ដែលមានសេចក្តីថា៖ សាវត្ថីនិទាន ។ ម្នាលភិក្ខុទាំងឡាយ កាលពីព្រេងនាយសក្កទេវានមិន្ទ បានហៅមាតលីសង្គាហកៈមកប្រាប់ថា ម្នាលមាតលីសំឡាញ់ អ្នកចូរទឹមរថអាជានេយ្យដែលទឹមសេះមួយពាន់ យេីងនឹងទៅកាន់ឧយ្យានភូមិ ដេីម្បីេមីលនូវភូមិដ៏សប្បាយ ។ ម្នាលភិក្ខុទាំងឡាយ មាតលីសង្គាហកទេវបុត្រទទួលស្តាប់ពាក្យសក្កទេវានមិន្ទថា សូមទ្រង់ព្រះមេត្តាប្រេាស ហេីយទឹមរថអាជានេយ្យដែលទឹមសេះមួយពាន់ ក្រាបទូលដល់សក្កទេវានមិន្ទថា បពិត្រព្រះអង្គអ្នកនិរទុក្ខ រថអាជានេយ្យដែលទឹមសេះមួយពាន់ ខ្ញុំព្រះអង្គបានទឹមបម្រុងព្រះអង្គហេីយ សូមទ្រង់សំគាល់នូវកាលគួរនឹងសេ្តចទៅក្នុងកាលឥឡូវនេះចុះ ។ ម្នាលភិក្ខុទាំងឡាយ លំដាប់នេាះឯង សក្កទេវានមិន្ទស្តេចចុះចាកវេជយន្តប្រាសាទធ្វេីអពា្ជលីនមស្ការគ្រប់ទិស ។ ម្នាលភិក្ខុទាំងឡាយ គ្រានេាះឯងមាតលីសង្គាហកទេវបុត្រ បានក្រាបទូលសួរសក្កទេវានមិន្ទដេាយគាថាថា៖ តំ នមស្សន្តិ តេវិជ្ជា សព្វេ ភុម្មា ច ខត្តិយា ចត្តារេា ច មហារាជា តិនសា ច យសស្សិនេា អថ កេា នាម សេា តក្ខេា យំ ត្វំ សក្ក នមស្សសីតិ ។ ពួកអ្នកមានវិជ្ជាបីផង ពួកក្សត្រិយ៍ទាំងអស់ដែលគង់នៅលេីផែនដីផង ពួកមហារាជទាំងបួនផង ពួកទេវតាមានយសក្នុងឋានតាវត្តិង្សផង តែងថ្វាយបង្គំព្រះអង្គ បពិត្រសក្កទេវរាជ កាលបេីយ៉ាងនេះ ព្រះអង្គនឹងថ្វាយបង្គំអ្នកណា អ្នកនេាះជាបុគ្គលគួរគេបូជា តេីជាអ្នកណា? សក្កទេវរាជត្រាស់ថា៖ តំ នមស្សន្តិ តេវិជ្ជា សព្វេ ភុម្មា ច ខត្តិយា ចត្តារេា ច មហារាជា តិនសា ច យសស្សិនេា អហព្ចា សីលសម្បន្នេ ចិររត្តសមាហិតេ សម្មា បព្វជិតេ វន្ទេ ព្រហ្មចរិយបរាយនេ យេ គហដ្ឋា បុញ្ញាករា សីលវនេា ឧបាសកា ធម្មេន ទារំ បេាសេន្តិ តេ នមស្សមិ មាតលីតិ ។ ពួកអ្នកមានវិជ្ជាបីផង ពួកក្សត្រយ៍ទាំងអស់ដែលគង់នៅលេីផែនដីផង ពួកមហារាជទាំងបួនផង ពួកទេវតាមានយសក្នុងឋានតាវត្តឹង្សផង តែងថ្វាយបង្គំខ្ញុំ ពិតមែន ឯខ្ញុំថ្វាយបង្គំដេាយប្រពៃចំពេាះពួកបព្វជិតដែលបរិបូណ៌ដេាយសីល មានចិត្តតំកល់មាំអស់រាត្រីដ៏យូរអង្វែង មានព្រហ្មចារ្យជាទីប្រព្រឹត្តទៅក្នុងខាងមុខ ពួកគ្រហស្ថណាជាអ្នកធ្វេីបុណ្យ ជាឧបាសកមានសីល ចិព្ចាឹមកូនប្រពន្ធដេាយធម៌ ម្នាលមាតលី ខ្ញុំក៏ថ្វាយបង្គំចំពេាះពួកគ្រហស្ថនេាះដែរ ។ មាតលីទូលថា៖ សេដ្ឋា ហិ កិរ លេាកស្មឹ យេត្វំ សក្ក នមស្សសិ អហម្បី តេ នមស្សាមិ យេ នមស្សសិ វាសវាតិ ។ បពិត្រសក្កទេវរាជ ព្រះអង្គថ្វាយបង្គំពួកបុគ្គលណា ពួកបុគ្គលនេាះប្រសេីរបំផុតក្នុងលេាកដេាយពិត បពិត្រវាសវៈ ព្រះអង្គថ្វាយបង្គំពួកបុគ្គលណា ខ្ញុំព្រះអង្គក៏ថ្វាយបង្គំពួកបុគ្គលនេាះដែរ ។ លុះមឃទេវរាជ ព្រះនាមសុជម្បតិជាប្រធានរបស់ទេវតា បានពេាលពាក្យនេះហេីយ ក៏ថ្វាយបង្គំគ្រប់ទិសរួចឡេីងគង់លេីរថទៅ ។ ៚ អដ្ឋកថា៖ បទថា បុថុទ្ទិសា បានដល់ ទិសធំ ៤ និងទិសតូច ៤ ។ បទថា ភុម្មា បានដល់ អ្នកនៅលេីផែនដី ។ បទថា ចិររត្តសមាហិតេ បានដល់ អ្នកមានចិត្តតាំងមាំ ហេីយដេាយឧបចារៈ និងអប្បនាអស់រាត្រីយូរ ។ បទថា វន្ទេ បានដល់ ខ្ញុំសូមសំពះ ។ បទថា ព្រហ្មចរិយបរាយនេ អធិប្បាយថា៖ នៅប្រព្រឹត្តព្រហ្មចរិយដែលជាការប្រព្រឹត្តប្រសេីរបំផុតជាដេីមថា ដេកមួយពេលឆាន់មួយ ពេលក្នុងទីបំផុតជីវិតរហូតអស់ ១០ ឆ្នាំខ្លះ ២០ ឆ្នាំខ្លះ ។ល។ ៦០ ឆ្នាំខ្លះ ។ បទថា បុញ្ញករា បានដល់ អ្នកធ្វេីបុណ្យមានជាដេីមយ៉ាងនេះថាថ្វាយបច្ច័យ៤ បូជាដេាយផ្កាម្លិះក្រពុំអុជប្រទីបមួយពាន់។ បទថា សីលវន្តេា សេចក្តីថា តាំងនៅក្នុងភាពជា ឧបាសកប្រកបដេាយសីល ៥ ខ្លះ សីល ១០ ខ្លះ ។បទថា ធម្មេន ទារំ បេាសេន្តិ បានដល់ មិនធ្វេីចេារកម្ម មានការទម្លាយឧម្មង្គជាដេីម ហេីយចិពា្ចឹមរក្សាបុត្រភរិយាដេាយកសិកម្ម គេារក្ខកម្ម និងពាណិជ្ជកម្មជាដេីម ។ បទថា បមុខេា រថមារុហិ បានដល់ ជាប្រមុខ គឺជាអ្នកប្រសេីររបស់ទេវតាទាំងឡាយ ស្តេចឡេីងរថ ។ សីលប្រសើរជាងសម្បត្តិទ្រព្យ !!! សីលប្រសើរជាងរូបសម្បត្តិ ព្រោះនាំមកនូវសេចក្ដីជ្រះថ្លាដល់ជនទាំងពួង និងព្រោះជរា ព្យាធិជាដើមគ្របសង្កត់មិនបាន ។ សីលប្រសើរជាងវិមានប្រាសាទ ព្រោះនាំមកនូវការត្រជាក់ចិត្តពោលគឺសីលជាវិមានប្រាសាទរបស់ចិត្ត ។ សីលប្រសើរជាងក្រុមញាតិ ព្រោះឱ្យសម្រេចនូវសម្បត្តិខ្ពស់ៗដែលពពួកញាតិមិនអាចឱ្យសម្រេចទៅបាន ។ សីលប្រសើរជាងកងទ័ព មន្តអាគម និងថ្នាំវិសេសណាៗទាំងអស់ ក្នុងការរក្សាខ្លួនឱ្យឋិតនៅក្នុងភាពជាមនុស្សពិតៗ មិនឱ្យភាពជាមនុស្សក្នុងចិត្តវិនាសឡើយ ។ សីលធើ្វឱ្យអ្នកមានសីលបានជាទីពឹងនៃខ្លួនឯង។ សីលរមែងរក្សាអ្នកមានសីល ក្រៃលែងជាងមាតារក្សាបុត្រនិងក្រៃលែងជាងទេវតារក្សាមនុស្សលោក ។ ដោយ៥០០០ឆ្នាំ
images/articles/3207/______________________________.jpg
ផ្សាយ : ២៤ មីនា ឆ្នាំ២០២២ (អាន: ២៣៧ ដង)
គោចរ ៣ យ៉ាងគឺ កន្លែងជាទីត្រេចទៅ របស់ឥន្ទ្រិយទាំង ៦ មានចក្ខុន្ទ្រិយ ជាដើម ហៅថា គោចរ ។ ក្នុង​ន័យនេះ លោកសំដៅយកតែអារម្មណ៍ដែលជាហេតុនាំឲ្យកើតគុណ មានសីលគុណ​ជាដើម ។ គោចរ មាន ៣គឺ៖ ១.ឧបនិស្សយគោចរ អារម្មណ៍ជាឧបនិស្ស័យនៃសីលគុណជាដើម បានដល់​កល្យាណមិត្ត។ ២.អារក្ខគោចរ អារម្មណ៍ជាគ្រឿងរក្សាទុកនូវចក្ខុទ្វារជាដើម បានដល់ សតិ។ ៣.ឧបនិពន្ធគោចរ អារម្មណ៍ជាគ្រឿងចងទុកនូវចិត្ត បានដល់ សតិប្បដ្ឋាន។ អធិប្បាយ៖ ១. ឧបនិស្សយគោចរ កល្យាណមិត្ត បរិបូណ៌ដោយគុណ មានកថាវត្ថុ ១០ បរិបូណ៌ដោយ​សីល សុតៈ ចាគៈ បញ្ញា តែងណែនាំ​អ្នកដែលចូលទៅអាស្រ័យនឹងលោក ឲ្យឆ្លងផុត​ចាក​សេចក្តីសង្ស័យក្នុងធម៌ យល់ត្រង់ ជ្រះថ្លា បរិបូណ៌ដោយគុណទាំងនោះ​តាម​កល្យាណមិត្ត​ទាំងនោះ។ ២. អារក្ខគោចរ ព្រះសម្មាសម្ពុទ្ធត្រាស់ថា ភិក្ខុក្នុងសាសនានេះ វេលាចូលទៅកាន់​ស្រុកក្តី ដើរទៅតាមផ្លូវក្តី តែងមានចក្ខុសំឡឹងចុះក្រោម ក្រឡេកមើលចម្ងាយមួយជួរនឹម មិនអើត ឈ្ងោក មិនក្រឡេកមើលទិសផ្សេងៗ។ ៣. ឧបនិពន្ធ សំដៅយកសតិប្បដ្ឋាន ៤ ដែលជាអារម្មណ៍ចងទុកនូវចិត្តក្នុងកម្មដ្ឋាន។ ព្រះពុទ្ធដីកា ម្នាលភិក្ខុទាំងឡាយ កាលបេីអ្នកទាំងឡាយប្រព្រឹត្តក្នុងគេាចរ ជាវិស័យដែលមានមកអំពីបិតារបស់ខ្លួន មារក៏មិនបាននូវឱកាស មិនបាននូវអារម្មណ៍ឡេីយ ។ អដ្ឋកថា៖ គេាចរ ជាវិស័យនៃ បិតារបស់ខ្លួន គឺ សតិប្បដ្ឋាន ៤ ។ ដោយ៥០០០ឆ្នាំ
៥០០០ឆ្នាំ ស្ថាបនាក្នុងខែវិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
បិទ
ករុណាជួយទ្រទ្រង់៥០០០ឆ្នាំ ABA 000 185 807
   នាមអ្នកមានឧបការៈចំពោះការផ្សាយ៥០០០ឆ្នាំ ៖  ✿  ឧបាសិកា កាំង ហ្គិចណៃ 2022✿  ឧបាសក ធី សុរិុល ឧបាសិកា គង់ ជីវី ព្រមទាំងបុត្រាទាំងពីរ ✿  ឧបាសិកា អ៊ា-ហុី ឆេងអាយ រស់នៅប្រទេសស្វីស 2022✿  ឧបាសិកា គង់-អ៊ា គីមហេង រស់នៅប្រទេសស្វីស  2022✿  ឧបាសិកា សុង ចន្ថា និង លោក អ៉ីវ វិសាល ព្រមទាំងក្រុមគ្រួសារទាំងមូលមានដូចជាៈ 2022 (  ឧបាសក ទា សុង និងឧបាសិកា ង៉ោ ចាន់ខេង ✿  លោក សុង ណារិទ្ធ ✿  លោកស្រី ស៊ូ លីណៃ និង លោកស្រី រិទ្ធ សុវណ្ណាវី  ✿  លោក វិទ្ធ គឹមហុង ✿  លោក សាល វិសិដ្ឋ អ្នកស្រី តៃ ជឹហៀង ✿  លោក សាល វិស្សុត និង លោក​ស្រី ថាង ជឹង​ជិន ✿  លោក លឹម សេង ឧបាសិកា ឡេង ចាន់​ហួរ​ ✿  កញ្ញា លឹម​ រីណេត និង លោក លឹម គឹម​អាន ✿  លោក សុង សេង ​និង លោកស្រី សុក ផាន់ណា​ ✿  លោកស្រី សុង ដា​លីន និង លោកស្រី សុង​ ដា​ណេ​  ✿  លោក​ ទា​ គីម​ហរ​ អ្នក​ស្រី ង៉ោ ពៅ ✿  កញ្ញា ទា​ គុយ​ហួរ​ កញ្ញា ទា លីហួរ ✿  កញ្ញា ទា ភិច​ហួរ ) ✿  ឧបាសិកា ណៃ ឡាង និងក្រុមគ្រួសារកូនចៅ មានដូចជាៈ (ឧបាសិកា ណៃ ឡាយ និង ជឹង ចាយហេង  ✿  ជឹង ហ្គេចរ៉ុង និង ស្វាមីព្រមទាំងបុត្រ  ✿ ជឹង ហ្គេចគាង និង ស្វាមីព្រមទាំងបុត្រ ✿   ជឹង ងួនឃាង និងកូន  ✿  ជឹង ងួនសេង និងភរិយាបុត្រ ✿  ជឹង ងួនហ៊ាង និងភរិយាបុត្រ)  2022✿  ឧបាសិកា ទេព សុគីម 2022✿  ឧបាសក ឌុក សារូ 2022✿  ឧបាសិកា សួស សំអូន និងកូនស្រី ឧបាសិកា ឡុងសុវណ្ណារី 2022✿  លោកជំទាវ ចាន់ លាង និង ឧកញ៉ា សុខ សុខា 2022✿  ឧបាសិកា ទីម សុគន្ធ 2022✿   ឧបាសក ពេជ្រ សារ៉ាន់ និង ឧបាសិកា ស៊ុយ យូអាន 2022✿  ឧបាសក សារុន វ៉ុន & ឧបាសិកា ទូច នីតា ព្រមទាំងអ្នកម្តាយ កូនចៅ កោះហាវ៉ៃ (អាមេរិក) 2022✿  ឧបាសិកា ចាំង ដាលី (ម្ចាស់រោងពុម្ពគីមឡុង)​ 2022✿  លោកវេជ្ជបណ្ឌិត ម៉ៅ សុខ 2022✿  ឧបាសក ង៉ាន់ សិរីវុធ និងភរិយា 2022✿  ឧបាសិកា គង់ សារឿង និង ឧបាសក រស់ សារ៉េន  ព្រមទាំងកូនចៅ 2022 ✿  ឧបាសិកា ហុង គីមស៊ែ 2022✿  ឧបាសិកា រស់ ជិន 2022 ✿  Mr. Maden Yim and Mrs Saran Seng  ✿  ឧបាសិកា លាង វួច  2022✿  ឧបាសិកា ពេជ្រ ប៊ិនបុប្ផា ហៅឧបាសិកា មុទិតា និងស្វាមី ព្រមទាំងបុត្រ  2022✿  ឧបាសិកា សុជាតា ធូ  2022✿  ឧបាសិកា ស្រី បូរ៉ាន់ 2022✿  ឧបាសិកា ស៊ីម ឃី 2022✿  ឧបាសិកា ចាប ស៊ីនហេង 2022✿  ឧបាសិកា ងួន សាន 2022✿  ឧបាសក ដាក ឃុន  ឧបាសិកា អ៊ុង ផល ព្រមទាំងកូនចៅ 2022✿  ឧបាសិកា ឈង ម៉ាក់នី ឧបាសក រស់ សំណាង និងកូនចៅ  2022✿  ឧបាសក ឈង សុីវណ្ណថា ឧបាសិកា តឺក សុខឆេង និងកូន 2022✿  ឧបាសិកា អុឹង រិទ្ធារី និង ឧបាសក ប៊ូ ហោនាង ព្រមទាំងបុត្រធីតា  2022✿  ឧបាសិកា ទីន ឈីវ (Tiv Chhin)  2022✿  ឧបាសិកា ទូច ផានី និង ស្វាមី Leslie ព្រមទាំងបុត្រ  2022✿  ឧបាសិកា ពេជ្រ យ៉ែម ព្រមទាំងបុត្រធីតា  2022✿  ឧបាសក តែ ប៊ុនគង់ និង ឧបាសិកា ថោង បូនី ព្រមទាំងបុត្រធីតា  2022✿  ឧបាសិកា តាន់ ភីជូ ព្រមទាំងបុត្រធីតា  2022✿  ឧបាសក យេម សំណាង និង ឧបាសិកា យេម ឡរ៉ា ព្រមទាំងបុត្រ  2022✿  ឧបាសក លី ឃី នឹង ឧបាសិកា  នីតា ស្រឿង ឃី  ព្រមទាំងបុត្រធីតា  2022✿  ឧបាសិកា យ៉ក់ សុីម៉ូរ៉ា ព្រមទាំងបុត្រធីតា  2022✿  ឧបាសិកា មុី ចាន់រ៉ាវី ព្រមទាំងបុត្រធីតា  2022✿  ឧបាសិកា សេក ឆ វី ព្រមទាំងបុត្រធីតា  2022✿  ឧបាសិកា តូវ នារីផល ព្រមទាំងបុត្រធីតា  2022✿  ឧបាសក ឌៀប ថៃវ៉ាន់ 2022✿  ឧបាសក ទី ផេង និងភរិយា 2022✿  ឧបាសិកា ឆែ គាង 2022✿  ឧបាសិកា ទេព ច័ន្ទវណ្ណដា និង ឧបាសិកា ទេព ច័ន្ទសោភា  2022✿  ឧបាសក សោម រតនៈ និងភរិយា ព្រមទាំងបុត្រ  2022✿  ឧបាសិកា ច័ន្ទ បុប្ផាណា និងក្រុមគ្រួសារ 2022✿  ឧបាសិកា សំ សុកុណាលី និងស្វាមី ព្រមទាំងបុត្រ  2022✿  លោកម្ចាស់ ឆាយ សុវណ្ណ នៅអាមេរិក 2022✿  ឧបាសក ពុំ ភួង ក្រុមពុទ្ធបរិស័ទ ធម្មសង្គហៈ 2021✿  ឧបាសិកា យ៉ុង វុត្ថារី 2022✿  ឧបាសក ជឿន ហ៊ុយ 2021✿  លោក ចាប គឹមឆេង និងភរិយា សុខ ផានី ព្រមទាំងក្រុមគ្រួសារ 2022✿  ឧបាសក ហ៊ីង-ចម្រើន និង​ឧបាសិកា សោម-គន្ធា 2022✿  ឩបាសក មុយ គៀង និង ឩបាសិកា ឡោ សុខឃៀន ព្រមទាំងកូនចៅ  2022✿  ឧបាសិកា ម៉ម ផល្លី និង ស្វាមី ព្រមទាំងបុត្រី ឆេង សុជាតា 2022✿  លោក អ៊ឹង ឆៃស្រ៊ុន និងភរិយា ឡុង សុភាព ព្រមទាំង​បុត្រ 2022✿  ឧបាសិកា លី យក់ខេន និងកូនចៅ 2022✿   ឧបាសិកា អូយ មិនា និង ឧបាសិកា គាត ដន 2022✿  ឧបាសិកា ខេង ច័ន្ទលីណា 2022✿  ឧបាសិកា ជូ ឆេងហោ 2022✿  ឧបាសក ប៉ក់ សូត្រ ឧបាសិកា លឹម ណៃហៀង ឧបាសិកា ប៉ក់ សុភាព ព្រមទាំង​កូនចៅ  2022✿  ឧបាសិកា ពាញ ម៉ាល័យ និង ឧបាសិកា អែប ផាន់ស៊ី  ✿  ឧបាសិកា ស្រី ខ្មែរ  ✿  ឧបាសក ស្តើង ជា និងឧបាសិកា គ្រួច រាសី  ✿  ឧបាសក ឧបាសក ឡាំ លីម៉េង ✿  ឧបាសក ឆុំ សាវឿន  ✿  ឧបាសិកា ហេ ហ៊ន ព្រមទាំងកូនចៅ ចៅទួត និងមិត្តព្រះធម៌ និងឧបាសក កែវ រស្មី និងឧបាសិកា នាង សុខា ព្រមទាំងកូនចៅ ✿  ឧបាសក ទិត្យ ជ្រៀ នឹង ឧបាសិកា គុយ ស្រេង ព្រមទាំងកូនចៅ ✿  ឧបាសិកា សំ ចន្ថា និងក្រុមគ្រួសារ ✿  ឧបាសក ធៀម ទូច និង ឧបាសិកា ហែម ផល្លី 2022✿  ឧបាសក មុយ គៀង និងឧបាសិកា ឡោ សុខឃៀន ព្រមទាំងកូនចៅ ✿  អ្នកស្រី វ៉ាន់ សុភា ✿  ឧបាសិកា ឃី សុគន្ធី ✿  ឧបាសក ហេង ឡុង  ✿  ឧបាសិកា កែវ សារិទ្ធ 2022✿  ឧបាសិកា រាជ ការ៉ានីនាថ 2022✿  ឧបាសិកា សេង ដារ៉ារ៉ូហ្សា ✿  ឧបាសិកា ម៉ារី កែវមុនី ✿  ឧបាសក ហេង សុភា  ✿  ឧបាសក ផត សុខម នៅអាមេរិក  ✿  ឧបាសិកា ភូ នាវ ព្រមទាំងកូនចៅ ✿  ក្រុម ឧបាសិកា ស្រ៊ុន កែវ  និង ឧបាសិកា សុខ សាឡី ព្រមទាំងកូនចៅ និង ឧបាសិកា អាត់ សុវណ្ណ និង  ឧបាសក សុខ ហេងមាន 2022✿  លោកតា ផុន យ៉ុង និង លោកយាយ ប៊ូ ប៉ិច ✿  ឧបាសិកា មុត មាណវី ✿  ឧបាសក ទិត្យ ជ្រៀ ឧបាសិកា គុយ ស្រេង ព្រមទាំងកូនចៅ ✿  តាន់ កុសល  ជឹង ហ្គិចគាង ✿  ចាយ ហេង & ណៃ ឡាង ✿  សុខ សុភ័ក្រ ជឹង ហ្គិចរ៉ុង ✿  ឧបាសក កាន់ គង់ ឧបាសិកា ជីវ យួម ព្រមទាំងបុត្រនិង ចៅ ។   ✿ ✿ ✿  លោកអ្នកអាចជួយទ្រទ្រង់ដំណើរការផ្សាយ ៥០០០ឆ្នាំ សម្រាប់ឆ្នាំ២០២២  ដើម្បីគេហទំព័រ៥០០០ឆ្នាំ មានលទ្ធភាពពង្រីកនិងបន្តការផ្សាយ ។  សូមបរិច្ចាគទាន មក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987   ✿ ✿ ✿     សូមអរព្រះគុណ និង សូមអរគុណ ។...       ✿  ✿  ✿