images/articles/3209/______________________________.jpg
អ្វីទៅជាព្រហ្មចរិយធម៌ ?
ផ្សាយ : ២៤ មីនា ឆ្នាំ២០២២
ជរាសូត្រ ទី១
ទេវតាទូលថា អ្វីហ្ន៎ ជាគុណជាតញុំាងប្រយោជន៍ឲ្យសម្រេច ដរាបដល់ជរា អ្វីហ្ន៎ ដែលបុគ្គលតម្កល់ទុកហើយ ញុំាងប្រយោជន៍ឲ្យសម្រេចបាន អ្វីហ្ន៎ ជាកែវរបស់ជនទាំងឡាយ អ្វីហ្ន៎ ដែលពួកចោរនាំទៅមិនបាន ។ ព្រះមានព្រះភាគត្រាស់ថា សីល ជាគុណជាត ញុំាងប្រយោជន៍ឲ្យសម្រេច ដរាបដល់ជរា សទ្ធា ដែលបុគ្គលតម្កល់ទុកហើយ ញុំាងប្រយោជន៍ឲ្យសម្រេចបាន បញ្ញា ជាកែវរបស់ជនទាំងឡាយ បុណ្យ ពួកចោរនាំទៅមិនបាន។
សីលជាយាន ទានជាស្បៀងគួរខំរកទុកបង្ការ
ឥទ្ធិពលសីលមានអានុភាពច្រើនណាស់មិនអាចគណនាបានទេ ហើយកម្លាំងសីលនេះអាចរុញច្រានកំណើតមនុស្សឱ្យទៅជាកំណើតទេវតា ព្រះឥន្ទ្រ ព្រះព្រហ្មបានតាមការប្រាថ្នាឱ្យតែបុគ្គលនោះប្រព្រឹត្តរក្សាបានល្អ កុំធ្វើឱ្យសីលរបស់ខ្លួនពព្រុះពពាលសៅហ្មង ។ កាលដែលបុគ្គលប្រតិបត្តិសីលបានល្អគ្រប់សិក្ខាបទហើយ លោកឱ្យឈ្មោះថា មានព្រហ្មចរិយធម៌រមែងរស់នៅជាសុខក្នុងលោកនេះផង និងលោកខាងមុខផង ។
អ្វីទៅជាព្រហ្មចរិយធម៌ ?
ពាក្យថាព្រហ្មចរិយៈឬព្រហ្មចរិយធម៌ប្រែថាបែបបទ ឬសណ្តាប់ធ្នាប់របស់ព្រហ្មចារី ឬព្រហ្មចារិនី អ្នកប្រព្រឹត្តធម៌ដ៏ប្រសើរ។ តាមន័យខាងព្រះពុទ្ធសាសនា ការឱ្យទានការខ្វល់ខ្វាយ ឬខ្នះខ្នែងចំពោះអំពើជាកុសល, ការរក្សាសីល៥, សីល៨, ការចម្រើនព្រហ្មវិហារធម៌៤, ការសម្តែងធម៌ ឬណែនាំពន្យល់ឱ្យអ្នកដទៃកាន់អំពើសុចរិត, កុំរុកកួនគ្នា, កុំបៀតបៀនគ្នា,កុំពោលពាក្យចាកដោតគ្នា, កុំញុះញង់គ្នា, ការវៀរចាកមេថុនធម្ម, សេចក្តីសន្តោសចំពោះភរិយារបស់ខ្លួន, សេចក្តីព្យាយាមដ៏ខ្ជាប់ខ្ជួនក្នុងកងការកុសល, ការរក្សាឧបោសថសីលតាមការកំណត់ជាដើម លោកឱ្យឈ្មោះថា ព្រហ្មចរិយៈ ឬហៅថាព្រហ្មចរិយធម៌ ។
ដោយសារតែសេចក្តីស្លាប់នៃរូបកាយយើងនៅប្រចាំការគ្រប់ដង្ហើមចេញចូលរាល់ថ្ងៃរាល់យប់គ្រប់វេលា គួរសប្បុរសគ្រប់រូបទោះជាអ្នកធ្វើស្រែចម្ការក្តី អ្នកធ្វើជំនួញក្តី អ្នកធ្វើការឈ្នួលក្តី អ្នកបម្រើរាជការក្តី បុគ្គលិកស្ថាប័នឯកជននានាក្តី គប្បីលៃលករកឱកាសប្រព្រឹត្តព្រហ្មចរិយធម៌ពោលគឺប្រឹងប្រែងធ្វើកងការកុសលឱ្យបានច្រើនទៅតាមលទ្ធភាពរៀងៗខ្លួន ព្រោះសីលជាយាន ទានជាស្បៀងទុកបង្ការផ្លូវទៅមុខឱ្យហើយទោះបីតិច ឬច្រើនកុំឱ្យខកខានខូចវេលា។ ធ្វើទានសីលភាវនាដើម្បីនឹងបានជាឧបនិស្ស័យទៅកាន់បរមលោកក្សេមផុតចាកទុក្ខទាំងពួង៕
ដោយ៥០០០ឆ្នាំ
images/articles/3213/____________________________________.jpg
កាមគុណ ៥ប្រការ តើដូចម្តេច?
ផ្សាយ : ១៦ មីនា ឆ្នាំ២០២២
កាមគុណ ៥ប្រការ
១. រូបា រូប ទាំងឡាយ ជាទីពេញចិត្តតាមផ្លូវ ភ្នែក។
២. សទ្ទា សំឡេង ទាំងឡាយ ជាទីពេញចិត្តតាមផ្លូវ ត្រចៀក។
៣. គន្ធា ក្លិន ទាំងឡាយ ជាទីពេញចិត្តតាមផ្លូវ ច្រមុះ។
៤. រសា រស ទាំងឡាយ ជាទីពេញចិត្តតាមផ្លូវ អណ្តាត។
៥. ផេាដ្ឋព្វា ផ្សព្វ ទាំងឡាយ ជាទីពេញចិត្តតាមផ្លូវ កាយ។
ក្នុងកាមគុណទាំង៥នេះ តែងជាទីជាប់ជំពាក់នៃមនុស្សសត្វគ្រប់រូប ដែលនៅមានកិលេស, ចំណែកវត្ថុកាមដែលនាំអេាយបុរសទាំងឡាយជាប់ជំពាក់ជាងគេ ព្រះអង្គទ្រង់សម្តែងថា “ តថាគតរកមិនឃេីញនូវ រូប សម្លេង ក្លិន រស សម្ជស្ស សូម្បី តែមួយដែលគ្របសង្កត់ចិត្តបុរសហេីយស្ថិតនៅអេាយដូចរូបសម្លេងក្លិនរស សម្ជស្ស របស់ស្រ្តីនេះសេាះឡេីយ”។
ម្នាលភិក្ខុទាំងឡាយនេះឯង កាមគុណមាន ៥ យ៉ាង ។ ម្នាលភិក្ខុទាំងឡាយ សមណៈ ឬ ព្រាហ្មណ៍ ណាមួយ ជាអ្នកមានចិត្តងោកជ្រប់ លង់ស៊ប់ ជាអ្នកមិនឃើញ ទោសមិនមានប្រាជ្ញាជាគ្រឿងរលាស់ខ្លួនចេញ << បច្ចវេក្ខណញ្ញាណ >> តែងបរិភោគកាមគុណទាំង ៥ នេះ សមណៈ ឬ ព្រាហ្មណ៍ទាំងនោះ បណ្ឌិតគប្បីជ្រាបយ៉ាងនេះថា ជាអ្នកដល់នូវសេចក្តីមិនចម្រើន ដល់នូវសេចក្តីវិនាស ជាអ្នកត្រូវ មារមានចិត្តបាប នឹងធ្វើតាមសេចក្តីប្រាថ្នាបាន។
(មជ្ឈិមនិកាយ បិដកលេខ ២១ ទំព័រ ១៦៣)
ធម្មសុភាសិត
ខ្លឹមចន្ទន៍ក្រស្នា ស្វិតក្រៀមយ៉ាងណា គង់ក្លិនក្រអូប រីជនបណ្ឌិត តែងលះខឹងក្រេាធ ទេាះជួបទុក្ខសេាក ស៊ូឱបព្រះធម៌ថ្លៃ។
សួនមច្ចុរាជ!
កាមគុណជាផ្ការីកបង្អួតខ្លួន ដុះនៅក្នុងសួនមច្ចុរាជរក្សា ជានុយ ជាធ្នាក់អន្ទាក់តណ្ហា ឥតមានខ្លឹមសារទាក់ដេាយសម្រស់។ កាមគុណជាគ្រឿងបេាកបពេា្ឆាតសត្វ បិទបាំងវិបត្តិបង្អួតលាភយស សត្វលេាកលិចលង់ព្រេាះជាប់នឹងរស ស្វែងរកលាភយសព្រេាះតែកាមគុណ។
មិនគោរពច្បាប់ចរាចរ នាំឱ្យមានគ្រោះថ្នាក់ យ៉ាងណាមិញជីវិតយើង បើមិនគោរពក្នុងសីលទេ ក៏នាំឱ្យមានគ្រោះថ្នាក់ យ៉ាងនោះដែរ។ សីលរមែងរក្សាអ្នកមានសីល សីល ជាគុណភាពនៃជីវិត ជាកុសលសម្បត្តិ ដ៏ខ្ពង់ខ្ពស់ ព្រោះសូម្បីកើតក្នុងត្រកូលទាប ក៏ជាទីគោរពនៃមនុស្ស និងទេវតា សីល ជាជណ្ដើរឡើងទៅកាន់ ទេវលោក សីល ជាឧបាយឱ្យ សម្រេចសមាធិ សីល ជាផ្លូវទៅដល់អមតមហានគរ។ សីល ជាភូមិ ប្រតិស្ឋាននូវសាវកពោធិញ្ញាណ បច្ចេកពោធិញ្ញាណ និងសម្មាសម្ពោធិញ្ញាណ…៕
ដោយ៥០០០ឆ្នាំ
images/articles/3212/_________________________________.jpg
លោកិយបដិច្ចសមុប្បាទ១២
ផ្សាយ : ១៥ មីនា ឆ្នាំ២០២២
តេីព្រះពុទ្ធសាសនាស្ថិតនៅត្រង់ណា? ព្រះពុទ្ធសាសនា គឺស្ថិតនៅត្រង់ ព្រះឱវាទរបស់ព្រះសម្មាសម្ពុទ្ធ ។
ពុទ្ធបរិស័ទទាំងឡាយ! ការយល់ច្បាស់នូវ ការប្រៀនប្រដៅរបស់ព្រះពុទ្ធ បរមគ្រូនៃយើង គឺការយល់ដឹងអំពី ចតុរារិយសច្ច ។ ការយល់ដឹងអំពី អារិយសច្ចៈ គឺការ យល់ដឹងអំពីបដិច្ចសមុប្បាទធម៌ ។ ធម៌ទាំងនេះជាធម៌ ដែលមាន គម្ភីរ ភាពជ្រាលជ្រៅណាស់ គេត្រូវតែ ធ្វើវិរិយភាពតឹងរឹង ទើបអាច បាននូវពន្លឺ នៃការត្រាស់ដឹង នឹងអាចធ្វើទីបំផុតនៃទុក្ខបាន។
សេចក្តីទុក្ខ ជាបញ្ហារបស់ មនុស្ស ជាទូទៅ បដិច្ចសមុប្បាទ១២ បង្ហាញអំពី អានុភាព នៃហេតុ និងផល ដែលបច្ច័យ ឲ្យកើតឡើង ។ អតីតអវិជ្ជា ជាហេតុ បច្ចុប្បន្ននាមរូប ជាផល បច្ចុប្បន្នតណ្ហា ជាហេតុ អនាគត ជាតិ ជរា មរណៈ ជាផល ។ កុំឲ្យមានផល ត្រូវឈប់ធ្វើហេតុ ឈប់ធ្វើហេតុ ត្រូវធ្វើ សីល សមាធិ បញ្ញា ធ្វើសីល សមាធិ បញ្ញា ត្រូវមានសទ្ធា មានសទ្ធា ត្រូវយល់ ដឹង ឃើញ នូវសេចក្តីទុក្ខ របស់បញ្ចខន្ធ ។
ព្រះត្រៃសរណគមន៍ ព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ ដែលសម្រេចមានក្នុងសន្តានចិត្ត នៃ ពុទ្ធបរិស័ទ ទៅបានលុះត្រាតែ ពុទ្ធបរិស័ទ មានចិត្តឈាន ចុះស៊ប់ក្នុង សទ្ធា ៤យ៉ាងគឺ ១- កម្មសទ្ធា ការជឿកម្ម, ២- វិបាកសទ្ធា ការជឿផលនៃកម្ម, ៣- កម្មស្សកតាសទ្ធា ការជឿថា សត្វមានកម្ម ជារបស់ខ្លួន, ៤- តថាគតពោធិសទ្ធា ការជឿសេចក្តីត្រាស់ដឹង របស់ព្រះតថាគត ។
លោកិយបដិច្ចសមុប្បាទ១២
អត្ថន័យទូទៅ
ពាក្យក្នុងភាសាបាលីថា បដិច្ចសមុប្បាទឬ នៅក្នុងភាសាសំស្ក្រឹតថា ប្រដីដ្យសមុដ្បាទ មានអត្ថន័យថា ដើមកំណើតនៃអ្វីមួយពឹងផ្អែកលើអ្វីមួយទៀត ឬ ការកើតឡើងនៃអ្វីមួយត្រូវពឹងលើការកើតឡើងនៃអ្វីមួយទៀតជាមុន ។ ន័យម្យ៉ាងទៀត បដិច្ចសមុប្បាទ សង្កត់ធ្ងន់ទៅលើទស្សនៈថា គ្មានវត្ថុអ្វីមួយ (ទោះជាមានរូបក្តី ឥតរូបក្តី មានជីវិតក្តី ឥតជីវិតក្តី) មានវត្តមានដោយឯកឯង ឬ ស្ថិតស្ថេរជានិច្ចនិរន្តរ៍ បានទេ ពោលគឺ វត្ថុនោះត្រូវពឹងផ្អែកលើវត្ថុកើតមុនវាដើម្បីឲ្យវាអាចកើតឡើងបាន ។ ចំណែកវត្ថុដែលកើតមុននោះ ក៏ត្រូវពឹងលើវត្ថុដែលកើតមុនវាមួយទៀតដើម្បីឲ្យវត្ថុនោះកើតឡើងបាន ។ យោងតាមទ្រឹស្តីពុទ្ធសាសនា បដិច្ចសមុប្បាទ មានអត្ថន័យពីរយ៉ាង៖
ក្នុងន័យទូទៅ បដិច្ចសមុប្បាទ សំដៅទៅដល់សញ្ញាណដែលជាខ្លឹមសំខាន់នៅក្នុងប្រពៃណីពុទ្ធសាសនា ពោលគឺ វត្ថុគ្រប់យ៉ាងកើតឡើងដោយពឹងទៅលើមូលហេតុ និង លក្ខខណ្ឌ ដ៏ច្រើនសន្ធឹក។
ក្នុងន័យជាក់លាក់ បដិច្ចសមុប្បាទ សំដៅទៅដល់ការអនុវត្តន៍ជាក់ស្តែងនៃគោលការណ៍ទូទៅខាងលើនេះ ពោលគឺ ភាពជាប់ទាក់ទងគ្នា (សម្ព័ន្ធ) ចំនួន ១២ តំណ នៃដើមកំណើតនៃអ្វីមួយពឹងផ្អែកលើអ្វីមួយទៀត ។
សញ្ញាណនៃបដិច្ចសមុប្បាទ (ទាំងន័យទូទៅ និង ន័យជាក់លាក) គឺជាមូលដ្ឋានសម្រាប់យល់សញ្ញាណគន្លឹះដទៃទៀតនៅក្នុងពុទ្ធសាសនា ឧទាហរណ៍ ទ្រឹស្តីអំពីកម្ម និង ការបដិសន្ធិជាថ្មី ការកើតឡើងនៃទុក្ខ និង លទ្ធភាពនៃការរំដោះខ្លួនតាមរយៈការយល់ដឹងថាគ្មានខ្លួន ឬ អនត្តា ។ គោលគំនិតទូទៅនៃបដិច្ចសមុប្បាទ (អ្វីៗគ្រប់យ៉ាងសុទ្ធតែពឹងផ្អែកលើអ្វីៗដទៃទៀត) គឺជាផ្នែកមួយសម្រាប់បំពេញឲ្យសញ្ញាណ (គំនិត) នៃទ្រឹស្តី សុញ្ញតា (ភាពទទេ ឬ សូន្យ)។
ធម៌សូត្រ
អវិជ្ជា បច្ចយា សង្ខារា, សង្ខារា បច្ចយា វិញ្ញា សម្ភវន្តិ ។ សេចក្តីប្រែ៖ អវិជ្ជាជាបច្ច័យ ឲ្យកើតសង្ខារ, សង្ខារជាបច្ច័យ ឲ្យកើតវិញ្ញាណ, វិញ្ញាណជាបច្ច័យ ឲ្យកើតនាមរូប, នាមរូបជាបច្ច័យ ឲ្យកើតអាយតនៈ, អាយតនៈជាបច្ច័យឲ្យកើតផស្សៈ, ផស្សៈជាបច្ច័យ ឲ្យកើតវេទនា, វេទនាជាបច្ច័យ ឲ្យកើតតណ្ហា, តណ្ហាជាបច្ច័យ ឲ្យកើតឧបាទាន, ឧបាទានជាបច្ច័យ ឲ្យកើតភព, ភពជាបច្ច័យ ឲ្យកើតជាតិ, ជាតិជាបច្ច័យ ឲ្យកើតជរា មរណៈ សោក ទុក្ខ ទោមនស្ស សេចក្តីចង្អៀតចង្អល់ចិត្ត ជាច្រើនអនេក ។ ការជាប់ប្រទាក់គ្នា ១២ កងនេះ ឈ្មោះថា បដិច្ចសមុប្បាទ ។
ចតុរារិយសច្ច ឬ សេចក្តីពិត ៤ យ៉ាង
ព្រះពុទ្ធទ្រង់បានត្រាស់សម្តែងទុកថា៖ “ ម្នាលភិក្ខុទាំងឡាយ, ក្នុងកាលកន្លង មកហើយក្តី ក្នុងកាលជា អនាគតក្តី ឬក្នុងពេល បច្ចុប្បន្ននេះក្តី តថាគត បង្រៀនអ្នកតែអំពី សេចក្តីទុក្ខ, អំពីហេតុនៃសេចក្តីទុក្ខ, អំពីការរំលត់ទុក្ខ និង ផ្លូវទៅកាន់ការរំលត់ទុក្ខ ។ ធម៌ដែលតថាគត ត្រាស់ដឹង មានច្រើនជាអនេក ប៉ុន្តែតថាគត មិនបង្រៀនអ្នក នូវធម៌ដ៏ច្រើន ទាំងនោះទេ ព្រោះមិននាំមក នូវប្រយោជន៍ មិននាំមក នូវសេចក្តីស្ងប់ មិននាំមកនូវ ការត្រាស់ដឹង មិននាំមក នូវព្រះនិព្វាន “។
ព្រះពុទ្ធបានបង្រៀន អំពីសេចក្តីពិត ៤ យ៉ាងនេះ គឺធម្មជាតិនៃសេចក្តីទុក្ខ ជាសេចក្តីពិតទី ១ ហៅថា ទុក្ខអរិយសច្ចៈ ។ ហេតុនៃសេចក្តីទុក្ខ ជាសេចក្តីពិតទី ២ ហៅថា ទុក្ខសមុទយ អរិយសច្ចៈ ។ ការរលត់ទៅនៃទុក្ខ ហៅថា ទុក្ខនិរោធ អរិយសច្ចៈ ជាសេចក្តី ពិតទី៣ ។ ផ្លូវប្រតិបត្តិ ដែលនាំឲ្យបានដល់ ការរំលត់ទុក្ខ ហៅថា ទុក្ខនិរោធគាមិនីបដិបទា អរិយសច្ចៈ ជាសេចក្តីពិតទី ៤ ដែលមាននាមថា អរិយអដ្ឋង្គិកមគ្គ ប្រកបដោយអង្គ ៨ ប្រការ ។ អរិយសច្ចៈ ៤ នេះ ជាខ្លឹមសារ នៃការប្រៀនប្រដៅរបស់ព្រះពុទ្ធ ។ អ្នកកាន់ ព្រះពុទ្ធសាសនា ត្រូវតែសិក្សា ហើយយល់ច្បាស់ នូវអរិយសច្ចៈ ដើម្បីប្រតិបត្តិធម៌ រំដោះខ្លួន ឲ្យរួចចាកផុត អំពីទុក្ខ ក្នុងសង្សារវដ្តនេះ។
ដើម្បីពន្យល់ អំពីសេចក្តីទុក្ខ និងហេតុនៃសេចក្តីទុក្ខ ព្រះពុទ្ធទ្រង់លើកយក បដិច្ចសមុប្បាទ ១២ មកពន្យល់ប្រាប់ ដូចតទៅនេះ៖ ជាតិ គឺការកើតឡើងនៃ នាម និង រូប គឺ បញ្ចក្ខន្ធ (រូប, វេទនា, សញ្ញា, សង្ខារ, វិញ្ញាណ) ។ បើនៅមានជាតិ (កំណើត) នោះបញ្ចក្ខន្ធ (ឬខន្ធ ៥) ក៏កើតឡើង។ បើមាន បញ្ចក្ខន្ធ នោះទុក្ខ ១២ កងក៏កើតឡើង (ទុក្ខព្រោះរូប ៤ និងទុក្ខព្រោះនាម ៨)។ទុក្ខ ទាំង ១២ កងនេះ មានជាតិជា បច្ច័យ ទើបកើតឡើង ។ ជាតិមានភព ជាបច្ច័យ ឲ្យកើតឡើង។
ភព គឺ បដិសន្ធិចិត្ត ដែលកម្មសង្ខារ តាក់តែងឲ្យ ទៅកើតជា នរក ប្រេត អសុរកាយ តិរច្ឆាន មនុស្ស ទេវតា ឬព្រហ្ម តាមផលកម្មរបស់ខ្លួន ។ ភពមានឧបាទាន ការជាប់ជំពាក់ដោយកម្មជា កុសលនិងអកុសល ជាបច្ច័យឲ្យកើតឡើង។
ឧបាទាន ការជាប់ជំពាក់ ដោយការធ្វើ កម្ម មានតណ្ហាជាបច្ច័យ ឲ្យកើតឡើង។
តណ្ហា គឺសេចក្តី ប្រាថ្នា៣យ៉ាង ចង់ឲ្យបាន នូវអារម្មណ៍តាមទ្វារ ៦ ដែលជាទីត្រេកអរ គឺកាមតណ្ហា ចង់ឲ្យអ្វីៗ ដែលជាទីត្រេកអរ នៅ ស្ថិតស្ថេរជានិច្ច មិនបាត់បង់ គឺភវតណ្ហា ចង់ឲ្យអ្វីៗ ដែលរលត់ទៅ មិនកើតទៀត គឺ វិភវតណ្ហា តណ្ហានេះមានផស្សៈ ការដែលអារម្មណ៍ តាមទ្វារ ៦ មកពាល់ត្រូវ ជាបច្ច័យឲ្យកើតឡើង។
ផស្សៈ មានអាយតនៈ គឺ វិញ្ញាណ ៦ និង អារម្មណ៍ ៦ ជាបច្ច័យ ឲ្យកើតឡើង។
អាយតនៈ មាននាមរូប ជាបច្ច័យឲ្យកើតឡើង ។ នាមរូបមានវិញ្ញាណ គឺបដិសន្ធិចិត្តជាបច្ច័យឲ្យកើតឡើង ។ វិញ្ញាណមានសង្ខារ គឺការប្រជុំ តាក់តែងនៃកម្ម ជាបច្ច័យ ឲ្យកើតឡើង ។ សង្ខារមានអវិជ្ជា សេចក្តីមិនដឹងមិនយល់ ជាបច្ច័យ ឲ្យកើតឡើង ។ សេចក្តីពន្យល់ខាងលើនេះ ឃើញថាអវិជ្ជាជាដើមហេតុ មានសេចក្តីទុក្ខ មួយគំនរធំ នៅខាងចុង ដូចជាខ្សែច្រវាក់មួយ ដែលមានកង ១២ ប្រទាក់ជាប់គ្នា។
ទុក្ខទាំង ១២ កង គឺទុក្ខរបស់រូប ៤ និងទុក្ខរបស់នាម ៨ កើតឡើងក៏ព្រោះ តែមានរូបនិងនាម ។ បើគ្មានរូប និងនាម ទុក្ខក៏គ្មានដែរ ។ ឧបមាដូចជា ជនដែលឈរ នៅក្បែរភ្លើង ទទួលទុក្ខព្រោះក្តៅ ហើយចង់ពន្លត់ ភ្លើងដើម្បីឲ្យបាត់ក្តៅ ដរាបណាគេ នៅតែបន្ថែមប្រេង ទៅឲ្យភ្លើងទៀត នោះភ្លើងនៅតែឆេះ គេនៅតែក្តៅដដែល ឥតស្រាកស្រាន្តឡើយ ។ យ៉ាងណាម៉ិញ គេ ចង់កំចាត់បង់ទុក្ខ ហើយបើគេ នៅតែបង្កើតអវិជ្ជា នោះគេនៅតែ មានទុក្ខដដែល ឥត ឈប់ឈរឡើយ ។ ការបំបាត់អវិជ្ជា ខាងដើម ជាកិច្ចឲ្យទុក្ខទាំងឡាយខាងចុង រលត់ទៅអស់ព្រោះមិនមាន រូបនិងនាម តទៅទៀត ។ ដូច្នេះកិច្ចដែលត្រូវធ្វើ គឺកំចាត់បង់ នូវអវិជ្ជា ជាការស្រេច ។ ប៉ុន្តែគេត្រូវសិក្សា ឲ្យយល់ច្បាស់ នូវបដិច្ចសមុប្បាទនេះ ជាមុនសិន ។
បដិច្ចសមុប្បាទនេះ ដែលមានអវិជ្ជាខាងដើម និងសេចក្តីទុក្ខខាងចុង ជារបស់ ត្រៃភព ព្រោះវាចងសត្វលោក ឲ្យជាប់ក្នុងភពទាំង៣ មានឈ្មោះថា លោកិយបដិច្ចសមុប្បាទ ។ រីឯលោកុត្តរបដិច្ចសមុប្បាទ ដែលមានសទ្ធាខាងដើម និងអាសវក្ខេយេញាណ ជាខាងចុង ជារបស់ព្រះនិព្វាន ព្រោះជាផ្លូវកំចាត់បង់ នូវអវិជ្ជា។
សត្វលោកកើតស្លាប់ ៗ ក្នុងត្រៃភព ព្រោះនៅមានអវិជ្ជា ហើយបច្ច័យក៏កើតតៗគ្នា តាមខ្សែរង្វង់ អវិជ្ជា សង្ខារ វិញ្ញាណ នាមរូប សឡាយតនៈ ផស្សៈ វេទនា តណ្ហា ឧបាទាន ភព ជាតិ (ទុក្ខរបស់រូប ៤ និង ទុក្ខរបស់នាម ៨) រួចត្រឡប់ទៅកាន់ អវិជ្ជាវិញ ហើយរត់តាម ខ្សែរង្វង់ដដែលនេះ ឥតឈប់ឈរ លុះត្រាតែអវិជ្ជារលត់ ។ ខ្សែរង្វង់ បដិច្ចសមុប្បាទនេះ ជារបស់កាលទាំង៣ គឺរបស់អតីតកាល២ (អវិជ្ជា និងសង្ខារ) របស់បច្ចុប្បន្នកាល៨ (វិញ្ញាណ នាមរូប អាយតន១២ ផស្សៈ វេទនា តណ្ហាឧបាទាន និងភព) របស់អនាគត២ (ជាតិ និងជរាមរណៈ)។
បច្ចុប្បន្នកាល ៨ - ដោយមានអវិជ្ជា-សង្ខារ អំពីអតីតកាល ជាបច្ច័យដល់វិញ្ញាណ គឺបដិ សន្ធិចិត្ត ឲ្យសត្វកើតជាថ្មីទៀត ក្នុងបច្ចុប្បន្នកាលនេះ ។ នាមរូបក៏កើតឡើង អាស្រ័យ ដោយវិញ្ញាណជាបច្ច័យ ។ អាយតនៈ ១២ ក៏កើតឡើង អាស្រ័យដោយនាមរូប ជាបច្ច័យ ។ ផស្សៈក៏កើតឡើង អាស្រ័យដោយ អាយតនៈ១២ ជាបច្ច័យ។ វេទនាក៏កើតឡើង អាស្រ័យដោយផស្សៈ ជាបច្ច័យ ។ តណ្ហាក៏កើតឡើង អាស្រ័យដោយ វេទនាជាបច្ច័យ ។
ឧបាទានក៏ កើតឡើង អាស្រ័យដោយ តណ្ហាជាបច្ច័យ។ ភពក៏កើតឡើង អាស្រ័យ ដោយឧបាទាន ជាបច្ច័យ ។ វិញ្ញាណ នាមរូប អាយតនៈ ១២ ផស្សៈ វេទនា តណ្ហា ឧបាទាន ភព បដិច្ចសមុប្បាទ៨នេះ ជារបស់បច្ចុប្បន្នគឺបញ្ចក្ខន្ធជាផលដែល យើងបានមក ព្រោះ អវិជ្ជាពីអតីតកាល ។ ព្រោះមានបញ្ចក្ខន្ធ ទុក្ខទាំង១២កង គឺរូបទុក្ខ៤ មានជាតិទុក្ខ ជរាទុក្ខ ព្យាធិទុក្ខ និងមរណៈទុក្ខ ហើយនិងនាមទុក្ខ៨ គឺសោកទុក្ខ បរិទេវៈទុក្ខ ទុក្ខទុក្ខ (ទុក្ខព្រោះទុក្ខផ្ទួនគ្នា) ទោមនស្សទុក្ខ ឧបាយាសៈទុក្ខ បិយេហិវិប្បយោគទុក្ខ អប្បិយេហិសម្បយោគទុក្ខ យម្បិច្ឆំនលភតិតម្បិទុក្ខ ក៏កើតឡើង ឲ្យយើងរង សេចក្តីឈឺចាប់ឥតស្រាកស្រាន្ត ។ បើមិនមានអវិជ្ជា ជាដើមហេតុទេនោះ យើងក៏គ្មានទុក្ខ ១២កងនេះ ដែរ ។
វេទនាគឺការសោយអារម្មណ៍ គឺការដឹង៥យ៉ាង គឺដឹងសេចក្តីឈឺចាប់ ដឹងសេចក្តី សុខស្រួល ដឹងសេចក្តីទោមនស្ស ដឹងសេចក្តីសោមនស្ស ឬដឹងថាឥតសុខឥតទុក្ខ ។ បើគេដឹងសេចក្តីឈឺចាប់ ឬទោមនស្សតាមផ្លូវចិត្ត គេមិនចង់បាន អារម្មណ៍ទាំងនេះទេ ។ តណ្ហាគឺសេចក្តីប្រាថ្នា កុំឲ្យបានអារម្មណ៍ យ៉ាងនេះទៀត ក៏កើតឡើង ។ បើគេដឹងសេចក្តីសុខស្រួល ឬសោមនស្សតាមផ្លូវចិត្ត គេចង់បានអារម្មណ៍ ទាំងនេះទៀត ហើយតណ្ហាគឺសេចក្តីប្រាថ្នា ឲ្យបានអារម្មណ៍ យ៉ាងនេះទៀត ក៏កើតឡើង ។ តណ្ហាដែលកើតឡើងក៏បានជាបច្ច័យ ដល់ឧបាទាន គឺការជាប់ជំពាក់ ក្នុងតណ្ហានោះៗ ហើយធ្វើប្រតិកម្ម ដោយអំពើតាម កាយវាចាចិត្ត ។
សេចក្តីស្រឡាញ់និងស្អប់ ក៏ចេះតែកើតឡើងបន្តបន្ទាប់គ្នា។ គេក៏ប្រតិកម្មដោយ លោភៈនិងទោសៈ គឺធ្វើអំពើជាកុសល និងអកុសល ដែលជាហេតុឲ្យ កម្មសង្ខារកើតឡើង ហើយតាក់តែងនូវភព សម្រាប់ អនាគតជាតិ ។ បើកម្មជាកុសល គេនឹងបានសុគតិភព មានទេវលោក និងព្រហ្មលោកបើកម្មជាអកុសលវិញ គេនឹងបានអបាយភូមិ មាននរកប្រេត តិរច្ឆានជាដើម ។ ដរាបណាគេនៅតែមានតណ្ហានិងឧបាទាន គេនឹងបាននូវភព ដែលជាបច្ច័យ ឲ្យមានជាតិនិងសេចក្តីទុក្ខយ៉ាងច្រើន ក្នុងអនាគតកាល។
កាលវេលាចេះតែរត់ ទៅមុខជានិច្ច ។ អនាគតកាល ក្លាយជាបច្ចុប្បន្ន ។ បច្ចុប្បន្នក្លាយជាអតីត ។ ជាតិជរាមរណៈ នៃអនាគត គឺជានាមរូបនិងទុក្ខ ១២ កងនៃបច្ចុប្បន្ន ។ បច្ច័យរបស់ជាតិ គឺតណ្ហាឧបាទានភព ដែលកើតក្នុងបច្ចុប្បន្ន ។ បច្ច័យរបស់ នាមរូបបច្ចុប្បន្ន គឺអវិជ្ជាសង្ខារវិញ្ញាណ ដែលកើតក្នុងអតីត ។ ជាតិមានន័យថា បញ្ចខន្ធ ជាពាក្យហៅសម្រាប់ អនាគតកាល ឯនាមរូប(គឺបញ្ចខន្ធដូចគ្នា) ជាពាក្យហៅ សម្រាប់បច្ចុប្បន្នកាល ។ កាលណាកាលវេលា រត់ពីបច្ចុប្បន្ន ទៅអតីត តណ្ហាឧបាទានភព ក៏ទៅជា អវិជ្ជាសង្ខារវិញ្ញាណ ដែលឲ្យ បញ្ចខន្ធ កើតឡើង ។ ដូច្នេះអវិជ្ជា គឺតណ្ហានេះឯង ។ ដើម្បីរំលត់នូវ បញ្ចខន្ធ ត្រូវកំចាត់បង់តណ្ហា ក្នុងបច្ចុប្បន្នជាតិនេះ កុំឲ្យមានអវិជ្ជា តទៅទៀត ។ ព្រោះតែមានតណ្ហា ទើបមានការធ្វើនូវកម្ម (ឧបាទាន) ហើយសត្វក៏ជាប់ក្នុង សង្សារវដ្ត គឺការវិលកើតវិលស្លាប់ ក្នុងភព ៣ អស់កាលរាប់កប្ប អសង្ខេយ្យមិនអស់ ។ លោកិយបដិច្ចសមុប្បាទ១២ ឃុំសត្វទុកក្នុងវដ្តសង្សារ យ៉ាងនេះឯង!។
ធម៌ ១១ យ៉ាងទៀត ដែលកើតឡើង ហើយបច្ច័យតៗគ្នា ដូចលោកិយបដិច្ចសមុប្បាទដែរ មានឈ្មោះថា លោកុត្តរបដិច្ចសមុប្បាទ១១។ លោកុត្តរបដិច្ចសមុប្បាទនេះ ជាច្រកចេញ អំពីរង្វង់សង្សារវដ្ត គឺការកើតស្លាប់ៗ ទៅកាន់ទីរំលត់ទុក្ខ គឺ និព្វាន ។
(វិគីភីឌា)
ដោយ៥០០០ឆ្នាំ
images/articles/3211/____________________________________.jpg
លោកុត្តរ បដិច្ចសមុប្បាទ ១១
ផ្សាយ : ១៥ មីនា ឆ្នាំ២០២២
សេចក្តីទុក្ខជាបញ្ហា ធំបំផុតរបស់មនុស្សជាតិ ទូទៅក្នុងលោកទាំងមូល ។ ព្រះពុទ្ធបរមគ្រូ បានត្រាស់សំដែង ធម៌ទេសនា អស់រយៈ៤៥ព្រះវស្សា ប្រៀនប្រដៅ ពុទ្ធបរិស័ទ អំពីអរិយសច្ចៈ៤ ដែលព្រះអង្គត្រាស់ដឹង ជាអនុត្តរសម្មាសម្ពោធិញាណ ព្រោះព្រះអង្គមាន ព្រះបំណងបង្ហាញផ្លូវ ដល់ជនទាំងឡាយ គ្រប់វណ្ណៈ ឲ្យបានដល់ ការរំដោះខ្លួន រួចផុតអំពីសេចក្តីទុក្ខ ។ បដិច្ចសមុប្បាទ (លោកិយបដិច្ចសមុប្បាទ១២ បានអធិប្បាយរួច មកហើយ) ក្នុងអរិយសច្ច៤ ជាកញ្ចក់បញ្ចាំងឲ្យឃើញ ថាអវិជ្ជាជា ដើមហេតុ ឲ្យសេចក្តីទុក្ខ មួយគំនរធំ កើតឡើងនៅខាងចុង ។ អវិជ្ជាចេះតែកើតឡើង ជាថ្មីទៀត សេចក្តីទុក្ខ ក៏តាមមកជាមួយ ការកើតស្លាប់ៗក៏ចេះតែបន្តទៅទៀត គ្មាន ទីបញ្ចប់ឡើយ ។ ព្រះពុទ្ធមានព្រះបន្ទូលថាៈ “អ្នកឃើញនូវបដិច្ចសមុប្បាទ គឺជាអ្នកឃើញនូវព្រះធម៌, អ្នកឃើញនូវព្រះធម៌ គឺជាអ្នកឃើញ នូវបដិច្ចសមុប្បាទ”។
សេចក្តីបរិយាយក្នុងឧបនិសសូត្រ ក្នុងគម្ពីរសម្យុត្តនិកាយ អំពីបដិច្ចសមុប្បាទ ឲ្យឃើញថាមាន សារសំខាន់បំផុត ក្នុងទ្រឹស្តីព្រះពុទ្ធ ។ បដិច្ចសមុប្បាទនេះ មាន២ផ្នែក ផ្នែកទី១ គឺលោកិយបដិច្ចសមុប្បាទ ជាទ្រឹស្តីអំពីការទាក់ទង តៗគ្នានៃបច្ច័យ ដែលមាន១២កង គឺអវិជ្ជានៅខាងដើមទី១ ទុក្ខទាំងឡាយនៅ ខាងចុងទី១២ ហើយអវិជ្ជាក៏ ចាប់ផ្តើមសារជាថ្មីទៀត ម៉្លោះហើយការវិលកើត វិលស្លាប់ ក្នុងត្រៃភព ក៏នៅតែបន្តទៅទៀត រហូតដល់អស់អវិជ្ជា ។ ផ្នែកទី២ គឺលោកុត្តរបដិច្ចសមុប្បាទ ជាទ្រឹស្តីនាំទៅកាន់ ការរំដោះខ្លួន ចេញអំពីត្រៃភព ចេញអំពីទុក្ខ គឺព្រះនិព្វាន។
លោកុត្តរបដិច្ចសមុប្បាទ មាន១១កង ។ ការជាប់ទាក់ទងគ្នា ដោយបច្ច័យ មានដូចតទៅនេះ៖
សទ្ធា (១) ជាបច្ច័យដល់ បមោជ្ជៈ (២)
បមោជ្ជៈ ជាបច្ច័យដល់ បីតិ (៣)
បីតី ជាបច្ច័យដល់ បស្សទ្ធិ (៤)
បស្សទ្ធិ ជាបច្ច័យដល់ សុខៈ (៥)
សុខៈ ជាបច្ច័យដល់ សមាធិ (៦)
សមាធិ ជាបច្ច័យដល់ ញាណទស្សនៈ (៧)
ញាណទស្សនៈ ជាបច្ច័យដល់ និព្វិទា (៨)
និព្វិទា ជាបច្ច័យដល់ វិរាគៈ (៩)
វិរាគៈ ជាបច្ច័យដល់ វិមុត្តិ (១០)
វិមុត្តិ ជាបច្ច័យដល់ អាសវក្ខយ្យេញាណ (១១)។
លោកុត្តរបដិច្ចសមុប្បាទនេះ មានសទ្ធាជាខាងដើម និងអាសវក្ខយ្យេញាណ (ឬខយញាណ) នៅខាងចុង ។ ព្រះពុទ្ធទ្រង់ត្រាស់ពន្យល់ តាមរបៀបជាអនុលោមថា “ម្នាលភិក្ខុទាំងឡាយ អាសវក្ខយ្យេញាណ ជារបស់បុគ្គលមួយ ដែលដឹងហើយឃើញ តថាគតពោលថា មិនជារបស់បុគ្គលមួយ ដែលមិនដឹង ហើយមិនឃើញ ឡើយ ។ តើដឹងអ្វី ឃើញអ្វី ទើបបានការកំចាត់បង់នូវអាសវៈ ? អ្វីនោះគឺរូប អ្វីនោះគឺ ការកើតឡើង នៃរូប អ្វីនោះគឺ ការរលត់ទៅនៃរូប ។
អ្វីនោះគឺ ការកើតឡើង នៃវេទនា អ្វីនោះគឺ ការរលត់ទៅនៃវេទនា នៃសញ្ញា នៃសង្ខារ នៃវិញ្ញាណ ។ ចំពោះអ្នកដែលដឹង ហើយឃើញដូច្នេះ ការកំចាត់បង់នូវអាសវៈ ក៏កើតឡើង។
អាសវក្ខយ្យេញាណ សេចក្តីដឹង នូវការកំចាត់បង់ អាសវៈ មានបច្ច័យរបស់វា តថាគតពោលថា វាមិនមែនឥតបច្ច័យទេ ។ បច្ច័យនោះគឺ វិមុត្តិ ការរួចរំដោះ ។
វិមុត្តិ ការរួចរំដោះ មានបច្ច័យរបស់វា តថាគតពោលថា វាមិនមែនឥតបច្ច័យទេ ។ បច្ច័យនោះគឺ វិរាគៈ ការអស់ទៅនៃរាគៈ ។
វិរាគៈ ការអស់ទៅ នៃរាគៈ មានបច្ច័យរបស់វា តថាគតពោលថា វាមិនមែនឥត បច្ច័យទេ ។ បច្ច័យនោះគឺ និព្វិទា សេចក្តីនឿយណាយ ។
និព្វិទា សេចក្តីនឿយណាយ មានបច្ច័យរបស់វា តថាគតពោលថា វាមិនមែនឥត បច្ច័យទេ ។ បច្ច័យនោះគឺ ញាណទស្សនៈ ការដឹងច្បាស់ ឃើញច្បាស់។
ញាណទស្សនៈ ការដឹងច្បាស់ ឃើញច្បាស់ មានបច្ច័យរបស់វា តថាគតពោល ថា វាមិនមែនឥតបច្ច័យទេ ។ បច្ច័យនោះគឺ សមាធិ ការតម្កល់ចិត្ត។
សមាធិ ការតម្កល់ចិត្ត មានបច្ច័យរបស់វា តថាគតពោលថា វាមិនមែនឥត បច្ច័យទេ។ បច្ច័យនោះគឺ សុខៈ សេចក្តីសុខស្រួល។
សុខៈ សេចក្តីសុខស្រួល មានបច្ច័យរបស់វា តថាគតពោលថា វាមិនមែនឥត បច្ច័យទេ ។ បច្ច័យនោះគឺ បស្សទ្ធិ សេចក្តីស្ងប់។
បស្សទ្ធិ សេចក្តីស្ងប់ មានបច្ច័យរបស់វា តថាគតពោលថា វាមិនមែនឥត បច្ច័យទេ ។ បច្ច័យនោះគឺ បីតិ ការឆ្អែតអារម្មណ៍។
បីតិ ការឆ្អែតអារម្មណ៍ មានបច្ច័យ របស់វា តថាគតពោលថា វាមិនមែនឥតបច្ច័យទេ ។ បច្ច័យនោះគឺ បមោជ្ជៈ សេចក្តីរីករាយ។
បមោជ្ជៈ សេចក្តីរីករាយ មានបច្ច័យរបស់វា តថាគតពោលថា វាមិនមែនឥតបច្ច័យទេ ។ បច្ច័យនោះគឺ សទ្ធា ជំនឿ។
១- សទ្ធា ជាហេតុដើម បង្កើតឲ្យមាន អាសវក្ខយ្យេញាណ ជាផលខាងចុង ។ ការដឹងនូវកិច្ចប្រតិបត្តិ ដើម្បីកំចាត់បង់ នូវអាសវៈកិលេស គឺអាសវក្ខយ្យេ ញាណនេះ អាស្រ័យដោយ សទ្ធាជាបច្ច័យ ។ តើសទ្ធាមានអ្វី ជាបច្ច័យឲ្យកើតឡើង?ក្នុងលោកិយបដិច្ចសមុប្បាទ១២ ជាតិជាបច្ច័យដល់ សេចក្តីទុក្ខ ។ គឺសេចក្តីទុក្ខ នេះហើយ ជាបច្ច័យដល់សទ្ធា ក្នុងលោកុត្តរបដិច្ចសមុប្បាទ ។ មិនមែនឲ្យតែមានទុក្ខ សទ្ធានឹងកើតឡើង នោះឡើយ ព្រោះសត្វលោក រមែងវិលត្រឡប់ ទៅកាន់អវិជ្ជា ទៀត ពុំចេញពីរង្វង់ នៃសង្សារចក្រ ។ សទ្ធានឹងកើតឡើងបាន កាលណាបុគ្គល យល់នូវ ធម្មជាតិពិត នៃសេចក្តីទុក្ខ ឃើញនូវគំនរ ដ៏ធំធេងនៃសេចក្តីទុក្ខ ស្គាល់សេចក្តីទុក្ខ ថាជាទុក្ខពិតប្រាកដ ។ គេឃើញថា ធម៌ទាំងអស់ មានសភាពមិនទៀង កើតឡើង ហើយតែងវិនាសទៅវិញ ជាធម្មតា ។ កាលបើធម៌កើតឡើង ជាទីពេញចិត្ត ការវិនាសសាបសូន្យ ទៅនៃធម៌នោះ គឺជាទុក្ខ ។ កាលបើធម៌កើតឡើង ជាទីមិនពេញចិត្ត គឺជា ទុក្ខ ទោះបីវាវិនាស សាបសូន្យទៅវិញក៏ដោយ វាជាទុក្ខស្រេចទៅហើយ ។ ព្រោះគេឃើញនូវសេចក្តីទុក្ខ គេរិះរកផ្លូវ ដើម្បីចេញអំពីទុក្ខ ហើយការជួបប្រទះ នឹងទ្រឹស្តីសាសនា ដែលបង្ហាញពីការ ចេញចាកទុក្ខ សេចក្តីជឿទុក្ខចិត្ត គឺសទ្ធាក៏កើត ឡើង ដោយមានសេចក្តីទុក្ខ ជាបច្ច័យ ។ កាលបើគេសិក្សា ទ្រឹស្តីព្រះពុទ្ធសាសនា គេនឹងមានសទ្ធា៤យ៉ាងគឺ:
- កម្មសទ្ធា ជឿថាកម្មតាក់តែងជីវិតសត្វ
- វិបាកសទ្ធា ជឿផលនៃកម្ម
- កម្មស្សកតាសទ្ធា ជឿថាសត្វមានកម្មជារបស់ខ្លួន
- តថាគតពោធិសទ្ធា ជឿការត្រាស់ដឹងរបស់ព្រះពុទ្ធ
ដើម្បីចេញពីរង្វង់សង្សារវដ្ត (លោកិយបដិច្ចសមុប្បាទ) ដែលហូរចុះឥតឈប់ឈរ សទ្ធាត្រូវតែមានកម្លាំង ឈ្នះកម្លាំងទឹកហូរបាន បើមិនដូច្នោះទេ គេនឹង ហូរធ្លាក់ចុះទៅក្នុងអន្លង់ អវិជ្ជាទៀតដដែល ។ បើសទ្ធារឹងមាំហើយ គេនឹងអាចទៅដល់ អាសវក្ខយ្យេញាណ ការកំចាត់បង់នូវ អាសវកិលេស ធ្វើនូវទីបំផុត នៃការកើត ស្លាប់បាន គឺថា អវិជ្ជាសវៈ (តម្រាំអវិជ្ជា) នឹងត្រូវបំផ្លាញចោល ។ បើអវិជ្ជារលត់ហើយ សង្ខារ វិញ្ញាណ នាមរូប អាយតនៈ ផស្សៈ វេទនា តណ្ហា ឧបាទាន ភព ជាតិ ជរា មរណៈ និងទុក្ខទាំងអស់ ក៏រលត់ទៅដែរ ។ ដោយសេចក្តីទុកចិត្ត យ៉ាងមាំទៅលើ ការត្រាស់ដឹង របស់ព្រះតថាគត ថាគេនឹងបានរួចខ្លួន អំពីសេចក្តីទុក្ខ គេក៏កើតសេចក្តីរីករាយ គឺ បមោជ្ជៈ ។ សទ្ធានេះទុកដូច ជាគ្រាប់ពូជ ដែលជាហេតុដើមឲ្យ ខ្សែលោកុត្តរ បដិច្ចសមុប្បាទ ដុះពន្លកឡើង ។
២- បមោជ្ជៈ សេចក្តីត្រេកអរ ដែលកើតឡើងហើយ វាចេះតែចំរើនឡើង ព្រោះ គេដឹងថា សេចក្តីទុក្ខរបស់គេ មិនមែនជាការទាល់ច្រក ដូចពេល មុនទៀតទេ ។ កាលបើចិត្តរបស់គេរីករាយ គេដកចិត្តចេញ ពីអារម្មណ៍ព្រួយកង្វល់បាន សេចក្តីទោមនស្ស មិនញាំញីគេទេ ភាពងងឹតប្រែជា មានពន្លឺ ព្រោះគេឃើញផ្លូវ ទៅកាន់ការរំលត់ទុក្ខ គឺ ការប្រតិបត្តិធម៌តាមមាគ៌ា របស់ព្រះពុទ្ធ ។ គេចូលទៅកាន់សមាធិ ដែលជាមាគ៌ា របស់ ព្រះពុទ្ធ ហើយធ្វើចិត្តឲ្យចុះស្ងប់ មូលលើអារម្មណ៍តែមួយ ជាហេតុឲ្យបីតិកើតឡើង ។
៣- បីតិ សេចក្តីរំភើបកាយនិងចិត្ត។ បីតិមាន៥យ៉ាងគឺៈ
- ខុទ្ទកាបីតិ សេចក្តីរំភើបកាយនិងចិត្ត តិចៗ
- ខណិកាបីតិ សេចក្តីរំភើបកាយនិងចិត្ត មួយខណៈ
- ឱកន្តិកាបីតិ សេចក្តីរំភើបកាយនិងចិត្ត មួយស្របក់
- ឧបេង្គាបីតិ សេចក្តីរំភើបកាយនិងចិត្ត ហាក់ដូចជាអណ្តែតខ្លួន
- ផរណាបីតិ សេចក្តីរំភើបកាយនិងចិត្ត ច្រើនធំទូលាយ។
បីតិកាលដែលកើតឡើងហើយ ចិត្តក៏ឆ្អែតនូវអារម្មណ៍ បីតិក៏រលត់ទៅវិញ ជាធម្មតា ។ ការកើតឡើងនៃបីតិជារឿយៗ ជាបច្ច័យឲ្យកាយ និងចិត្តធ្លាក់ចុះទៅកាន់សេចក្តីស្ងប់ គឺបស្សទ្ធិ។
៤- បស្សទ្ធិ សេចក្តីស្ងប់អារម្មណ៍ តាមផ្លូវកាយនិងចិត្ត បស្សទ្ធិមាន២យ៉ាងគឺៈ
- កាយបស្សទ្ធិ សេចក្តីស្ងប់កាយ ស្រួលកាយមិនលំបាក
- ចិត្តបស្សទ្ធិ សេចក្តីស្ងប់ចិត្ត មិនរវើរវាយ។
បស្សទ្ធិទាំង២យ៉ាងនេះ ជាបច្ច័យ ឲ្យសុខៈ គឺសេចក្តីសុខ កើតឡើងបាន។
៥- សុខៈ សេចក្តីស្រណុកអារម្មណ៍ គ្មានការលំបាកឈឺចាប់ សុខៈមាន២យ៉ាង គឺៈ
- កាយិកសុខៈ សេចក្តីសុខ ដែលប្រព្រឹត្តិទៅក្នុងកាយ
- ចេតសិកសុខៈ សេចក្តីសុខ ដែលប្រព្រឹត្តិទៅក្នុងចិត្ត។
ការប្រព្រឹត្តិយូរទៅ នៃសុខៈ សេចក្តីសុខតាមកាយនិងចិត្ត ដែលកើតឡើងតាមរយៈ កម្មដ្ឋាន មានអានាបនស្សតិជាដើម ជាបច្ច័យឲ្យសមាធិ កើតឡើង។
៦-សមាធិ កិរិយាតម្កល់ចិត្តនឹង លើអារម្មណ៍តែមួយ ចិត្តមិនរត់លោត រវើរវាយ ទៅកាន់ធម្មារម្មណ៍ផ្សេងៗ ។ អារម្មណ៍ដែលតម្កល់នឹង ហើយប្រព្រឹត្តិទៅ ជាកិច្ចមួយ ដែលធ្វើឲ្យនីវរណធម៌ និងកិលេសផ្សេងៗ ទ្រោមចុះជាលំដាប់ ។ នីវរណធម៌ជាគ្រឿងរារាំង ដល់ការចំរើន វិបស្សនាបញ្ញា ។ នីវរណធម៌នោះមាន៥គឺៈ
- កាមច្ឆន្ទៈ សេចក្តីផ្គងចិត្តចុះ ក្នុងកិលេសកាម និងវត្ថុកាម
- ព្យាបាទៈ គំគួនអាឃាត ចំពោះអារម្មណ៍ដែលខ្លួនស្អប់
- ថីនមិទ្ធៈ សេចក្តីធុញទ្រាន់ ច្រអូសកាយ ច្រអូសចិត្ត
- ឧទ្ធច្ចកុក្កច្ចៈ សេចក្តីអន្ទះអន្ទែងចិត្ត អណ្តែតអណ្តូងចិត្ត រំខានចិត្ត
- វិចិកិច្ឆា សេចក្តីសង្ស័យមិនអស់មិនហើយ ងងឹតងងល់ មិនទុកចិត្ត
សមាធិជាគ្រឿងធ្វើចិត្ត ឲ្យបរិសុទ្ធ (ចិត្តវិសុទ្ធិ) ជាគ្រឿងឧបត្ថម្ភ ដល់សីលបរិសុទ្ធ (សីលវិសុទ្ធិ)។ សីលវិសុទ្ធិនិងចិត្តវិសុទ្ធិ ជាបាតទ្រ ជាគ្រឹះ ជាឫសគល់ដល់វិបស្សនា ដែលជាហេតុឲ្យបញ្ញា កើតឡើង ។ សមាធិជាបច្ច័យ ឲ្យញាណទស្សនៈកើតឡើង។
៧- ញាណទស្សនៈ បញ្ញាដឹងច្បាស់ ឃើញច្បាស់ នូវធម៌ទាំងឡាយ ទៅតាមសភាវៈពិត (យថាភូត ញាណទស្សន) គឺថាធម្មជាតិណាដែល មិនទៀងក៏ ដឹងច្បាស់ ឃើញច្បាស់ថា មិនទៀង ។ ធម្មជាតិណាមិនទៀង ធម្មជាតិនោះជាទុក្ខ ក៏ដឹងច្បាស់ ឃើញច្បាស់ ថាជាទុក្ខពិត ។ ធម្មជាតិណាជាទុក្ខ ធម្មជាតិនោះជាអនត្តា ក៏ដឹងច្បាស់ ឃើញច្បាស់ ថាជាអនត្តាពិត។ ញាណទស្សនៈ គឺការចំរើនបញ្ញា គឺវិបស្សនាបញ្ញា ។ សមាធិតែម៉្យាង គ្រាន់តែទប់សង្កត់ កិលេសទាំងឡាយ ឲ្យលិចចុះពី ផ្ទៃខាងលើនៃចិត្ត ប៉ុន្តែវានៅសម្ងំ ចាំឱកាសងើប ឡើងមកវិញទៀត ។ គេត្រូវការបញ្ញា គឺការដឹងច្បាស់ ឃើញច្បាស់ នូវអ្វីៗទៅតាម សភាវៈពិតរបស់វា ដើម្បីគាស់រំលើង ផ្តាច់ឫសរបស់វា ឲ្យវិនាសសាបសូន្យ ។ ញាណទស្សនៈ មាន៣ប្រការគឺៈ
- មគ្គាមគ្គញាណទស្សនវិសុទ្ធិ សេចក្តីបរិសុទ្ធ នៃការដឹងពិតឃើញពិតថា នេះជាផ្លូវ នេះមិនមែនជាផ្លូវ ដែលនាំទៅកាន់ ភាពបរិសុទ្ធ។
- បដិបទាញាណទស្សនវិសុទ្ធិ សេចក្តីដឹងច្បាស់ឃើញច្បាស់ នូវផ្លូវប្រតិបត្តិ ដែលជាហេតុឲ្យ អរិយមគ្គ (លោកុត្តរមគ្គ) កើតឡើង។
- ញាណទស្សនវិសុទ្ធិ សេចក្តីបរិសុទ្ធ នៃការដឹង ការឃើញ នូវករណីយកិច្ចដែលជាចំណែក នៃលោកុត្តរ គឺឃើញក្នុងមគ្គ៤ ដោយជាក់ច្បាស់ ជាបរមត្ថសច្ចៈ មិនវង្វេងទៅតាមលោកវោហារ ថាបញ្ចខន្ធជារបស់ខ្លួន ថាសុខ ថាទៀង ដោយអំណាច តណ្ហានិងទិដ្ឋិ (ទិដ្ឋិវិសុទ្ធិ) មិនមាន សេចក្តីសង្ស័យ ក្នុងកាលទាំង៣ (កង្ខាវិតរណវិសុទ្ធិ) ។ ការដឹងពិត ឃើញពិត ថាធម៌ទាំងអស់ មានសភាពមិនទៀង ជាទុក្ខ មិនមែនជារបស់ ខ្លួន ថាអរិយមគ្គ៤ ជាមាគ៌ាឆ្ពោះ ទៅកាន់ការរំដោះខ្លួន ជាហេតុឲ្យមាន សេចក្តីនឿយណាយ ក្នុងវដ្តសង្សារ ។ ញាណទស្សនៈ ជាបច្ច័យឲ្យកើតនិព្វិទា។
៨- និព្វិទា សេចក្តីនឿយណាយ ចំពោះបញ្ចខន្ធ ដែលជាប្រភពនៃទុក្ខ ។ ការមិនដឹង មិនឃើញ អ្វីៗទៅតាម សភាពពិតរបស់វា គឺថាគ្មានញាណទស្សនៈ គេតែងយល់ខុសថា រូប វទនា សញ្ញា សង្ខារ វិញ្ញាណ ជារបស់ខ្លួន ហើយខំបំប៉នខន្ធ៥នេះ ដោយតណ្ហានិងឧបាទាន ម្ល៉ោះហើយគេក៏ស្ថិតនៅ ក្នុងគំនរទុក្ខ ឥតស្រាក ស្រាន្ត ។ កាលណាមានញាណទស្សនៈ គេដឹងហើយឃើញ នូវការពិត អំពីទោសនៃខន្ធ៥ ហើយក៏ នឿយណាយ ប្រកបដោយការភ័យខ្លាច ដូចព្រះពុទ្ធឃោស្សាចារ្យ បានប្រៀបប្រដូច ទៅនឹងបុរសម្នាក់ ដែលចាប់កាន់ពស់ យកចេញពីក្នុងទឹក ដោយនឹកគឹតថាជាត្រី លុះ បានឃើញច្បាស់ថា ជាពស់អាសិរពិស ក៏ភ័យរន្ធត់ ហើយបោះ គ្រវែងសត្វពស់នោះ ចោលភ្លាម យ៉ាងណាម៉ិញ និព្វិទា គឺការរលាស់ចោល ព្រោះឃើញគ្រោះថ្នាក់ នៃបញ្ចខន្ធ ។ និព្វិទាជាបច្ច័យ ឲ្យវិរាគៈកើតឡើង។
៩- វិរាគៈ សេចក្តីប្រាសចាកតម្រេកក្នុងសង្ខារ ។ ការកើតឡើងនៃនិព្វិទា ធ្វើឲ្យគេមានចេតនាចេញចាក ការកើតស្លាប់ក្នុងភព ។ ពេលបញ្ញា មិនទាន់រីកចំរើន គេតែងត្រេកត្រអាល ក្នុងតណ្ហានិងឧបាទាន ដោយអវិជ្ជាគ្របសង្កត់ ។ ការកើតឡើងនៃនិព្វិទា ធ្វើឲ្យបញ្ញារបស់គេ រីកចំរើនយ៉ាងរហ័ស ហើយដោយសារ ការចំរើន ឡើងនៃបញ្ញា សេចក្តីត្រេកត្រអាល ក្នុងសង្ខារ ក៏ត្រូវសាបសូន្យ គេលែងចង់បាន ភពទៀតហើយ ។ វិរាគៈ ជាបច្ច័យ ឲ្យវិមុត្តិកើតឡើង។
១០- វិមុត្តិ ការរួចរំដោះ អំពីភព គឺអំពីការកើតស្លាប់ៗ ដែលហៅថាព្រះនិព្វាន ។ វិមុត្តិបានដល់លោកុត្តរមគ្គ ដែលកំចាត់ នូវកិលេសទាំងពួង ឲ្យវិនាស សាបសូន្យ និងលោកុត្តរផល ដែលកើតឡើង ដោយលោកុត្តរមគ្គ ។ កិលេសដែល ត្រូវកំចាត់នោះ ហៅថាសំយោជនកិលេស មាន១០គឺៈ
- សក្កាយទិដ្ឋិ ឃើញថាកាយជារបស់ខ្លួន
- វិចិកិច្ឆា សេចក្តីសង្ស័យ
- សីលព្វតបរាមាសៈ ការស្ទាបអង្អែលនូវសីលវ័ត(ធ្វើពិធីបួងសួងអាទិទេព)
- កាមរាគៈ តម្រេកក្នុងកាមទាំងឡាយ
- បដិឃៈ សេចក្តីថ្នាំងថ្នាក់ចិត្ត
- រូបរាគៈ តម្រេកក្នុងរូប
- អរូបរាគៈ តម្រេកក្នុងអរូប
- មានៈ សេចក្តីប្រកាន់
- ឧទ្ធច្ចៈ ចិត្តិសាប់រសល់
- អវិជ្ជា សេចក្តីមិនដឹងមិនយល់
សំយោជន៣គឺ សក្កាយទិដ្ឋិ១ វិចិកិច្ឆា១ សីលព្វតបរាមាសៈ១ លះបង់បានដោយ សោតាបដិមគ្គ ។ សំយោជន២ទៀតគឺ កាមរាគៈ១ បដិឃៈ១ បានធ្វើឲ្យ ស្រាលស្តើង ដោយសកទាគាមិមគ្គ នៅមិនទាន់កំចាត់ ឲ្យអស់នៅឡើយ ។ សំយោជនទាំង២នេះ ត្រូវលះបង់បានអស់រលីង គ្មានសេសសល់ ដោយអនាគាមិមគ្គ ។ សំយោជន៥ទៀតគឺ រូបរាគៈ១ អរូបរាគៈ១ មានៈ១ ឧទ្ធច្ចៈ១ អវិជ្ជា១ លះបង់បានដាច់ស្រឡះ ដោយអរហត្តមគ្គ ។ លោកុត្តរផល ក៏កើតឡើង ជាលំដាប់លំដោយ នៃ លោកុត្តរមគ្គ ។ ព្រះអរហន្ត បានរួចរំដោះអំពីទុក្ខហើយ តែកិច្ចដែលត្រូវធ្វើ នៅមិនទាន់ចប់ ។ វិមុត្តិជាបច្ច័យ ឲ្យអាសវក្ខយ្យេញាណ កើតឡើង។
១១- អាសវក្ខយ្យេញាណ ឬខយញាណ បញ្ញាយល់ច្បាស់ អំពីការដុតបំផ្លាញ នូវកិលេស (មិនឲ្យសេសសល់) ។ ដោយអំណាចនៃវិមុត្តិ គឺលោកុត្តរមគ្គ ទាំង៤ ខយញាណគឺបញ្ញា ដែលពិនិត្យសារឡើងវិញ នូវការកំចាត់កិលេស (បច្ចវេក្ខណញាណ) ដើម្បីផ្តាច់ឫសវា កុំឲ្យមានសេសសល់ ។ អាសវកិលេស គឺកិលេស ដែលដេកសម្ងំ ត្រៀមចាំឱកាស នឹងដុះដាលសារជាថ្មី ព្រោះឫសគល់របស់វា នៅមាននៅឡើង ។ មានតែខយញាណប៉ុណ្ណោះ ទើបអាចផ្តាច់ឫស អាសវកិលេសបាន ។ អាសវកិលេសនោះមាន៤គឺៈ
១- កាមាសវៈ អាសវៈជាប់ជំពាក់ក្នុងកាម (កាមតាមទ្វារ៦)
២- ភវាសវៈ អាសវៈជាប់ជំពាក់ក្នុងភព (កាមភព រូបភព អរូបភព)
៣- ទិដ្ឋាសវៈ អាសវៈជាប់ជំពាក់ក្នុងទិដ្ឋិ (សេចក្តីយល់ខុស)
៤- អវិជ្ជាសវៈ អាសវៈគឺអវិជ្ជា (មិនដឹងអរិយសច្ចៈ បដិច្ចសមុប្បាទ)។
ព្រះអរហន្ត មិនមែនសុទ្ធតែ ប្រើខយញាណ ដោយស្វ័យប្រវត្តិទេ ប៉ុន្តែជាបញ្ញា ដែល មានប្រចាំការស្រាប់ នៅពេលដែល អរហត្តផលកើតឡើង ។ ព្រះអរហន្តទាំងឡាយ តែងទៅកើតក្នុង សទ្ធាវាសព្រហ្ម ហើយកំចាត់អាសវកិលេស ដែលសេសសល់ ឲ្យវិនាសសូន្យ ហើយក៏និព្វានទៅ លែងកើតទៀតហើយ។
សេចក្តីពន្យល់ អំពីលោកុត្តរ បដិច្ចសមុប្បាទ១១នេះ គ្រាន់តែជាសេចក្តីពន្យល់ ធម៌ មិនមែនជាវិធីប្រតិបត្តិទេ ។ វិបស្សនា ជាវិធីប្រតិបត្តិ ដែលមានអា រម្មណ៍៧៣ គឺ ខន្ធ៥ អាយតនៈ១២ ធាតុ១៨ ឥន្ទ្រីយ២២ សច្ចៈ៤ បដិច្ចសមុប្បាទ១២ មាន សីលវិសុទ្ធិ និង ចិត្តវិសុទ្ធិ ជាឫសគល់ ដែលជាហេតុ ឲ្យវិបស្សនា កើតឡើង ហើយតាំងនៅ មានទិដ្ឋិវិសុទ្ធិ កង្ខារវិតរណវិសុទ្ធិ មគ្គាមគ្គញាណទស្សនវិសុទ្ធិ បដិបទាញាណទស្សនវិសុទ្ធិ និងញាណទស្សនវិសុទ្ធិ ជាតួនៃវិបស្សនា ។ ចំរើនវិសុទ្ធិ៧នេះ តាមវិធីវិបស្សនា នឹងឲ្យព្រះយោគាវចរ ដល់នូវវិមុត្តិ ជាទីបំផុត នៃសេចក្តីទុក្ខហើយ។
(វិគីភីឌា)
ដោយ៥០០០ឆ្នាំ
images/articles/3210/__________________________________________.jpg
ការមានមិត្តល្អ
ផ្សាយ : ១៥ មីនា ឆ្នាំ២០២២
ម្នាលអានន្ទ អ្នកគប្បីដឹងសេចក្តីនោះ ដោយបរិយាយនេះចុះថា នេះជាព្រហ្មចរិយធម៌ទាំងមូល គឺការមានមិត្តល្អ ការមានសំឡាញ់ល្អ និងការមានក្លើល្អ។ ម្នាលអានន្ទ ព្រោះអាស្រ័យតថាគត ដែលជាមិត្តល្អ បានជាពួកសត្វ ដែលមានជាតិជាធម្មតា រួចស្រឡះ ចាកជាតិទៅបាន ពួកសត្វ ដែលមានជរា ជាធម្មតា រួចស្រឡះ ចាកជរាទៅបាន ពួកសត្វ ដែលមានមរណៈ ជាធម្មតា រួចស្រឡះ ចាកមរណៈទៅបាន ពួកសត្វ ដែលមានសោក ខ្សឹកខ្សួល លំបាកកាយ លំបាកចិត្ត និងសេចក្តីចង្អៀតចង្អល់ចិត្ត ជាធម្មតា រួចស្រឡះ ចាកសោក ខ្សឹកខ្សួល លំបាកកាយ លំបាកចិត្ត និងសេចក្តីចង្អៀតចង្អល់ចិត្តទៅបាន។
ម្នាលអានន្ទ អ្នកគប្បីដឹងសេចក្តីនុ៎ះដោយបរិយាយនេះចុះថា នេះជាព្រហ្មចរិយធម៌ទាំងមូល គឺការមានមិត្តល្អ ការមានសំឡាញ់ល្អ និងការមានក្លើល្អ ។
ព្រះត្រៃបិដកលេខ ៣៧
ទិសដៅនៅក្នុងព្រះពុទ្ធសាសនាដែលត្រូវបង្ហាញប្រាប់ដល់សត្វលេាក មានពីរចំណុច គឺ៖
ទី ១. ផ្លូវទៅកាន់ ជាតិ ជរា មរណៈ ។
ទី ២. ផ្លូវទៅកាន់ ព្រះនិព្វាន ។
រថដែលប្រកបដេាយអង្គ ៨ ប្រកា គឺជារថមិនឮ
ផ្លូវដែលប្រកបដេាយអង្គ ៨ ប្រកា គឺជាផ្លូវត្រង់ ។
(ទិសដែលអត់មានភ័យ គឺព្រះនិព្វាន)
ដោយ៥០០០ឆ្នាំ
images/articles/3202/__________________________________________.jpg
ដូចម្តេចហៅថា ព្រាហ្មណ៍?
ផ្សាយ : ១១ មីនា ឆ្នាំ២០២២
ពិចារណា៖ ដូចម្តេច ហៅថា ព្រាហ្មណ៍?
បុគ្គលមិនមានកង្វល់ មិនមានសេចក្តីប្រកាន់មាំ ទើបតថាគតពោលថា ជាព្រាហ្មណ៍។ បុគ្គលណា កាត់បង់នូវសំយោជនៈទាំងអស់ ហើយមិនបានតក់ស្លុត ដោយតណ្ហា តថាគត ពោលនូវបុគ្គលនោះ ដែលជាអ្នកកន្លងបង់ នូវសេចក្តីចំពាក់ ជាអ្នកប្រាសចាកកិលេស ថាជាព្រាហ្មណ៍។
បុគ្គលណា កាត់បង់នូវខ្សែរឹត គឺការចងគំនុំ និងព្រ័ត្រ គឺតណ្ហា និងទី-ត គឺកិលេស គ្រឿងស្ទាក់ គឺទិដ្ឋិ ព្រមទាំងទិដ្ឋានុស័យចេញបាន តថាគត ពោលនូវបុគ្គលនោះ ដែលមានបង្គោល គឺអវិជ្ជាដកចេញហើយ អ្នកត្រាស់ដឹង នូវចតុរារិយសច្ច ថាជាព្រាហ្មណ៍។
បុគ្គលណា មិនបានប្រទូស្ត អត់សង្កត់ នូវពាក្យជេរ និងការវាយដំ និងចំណងបាន តថាគត ពោលនូវបុគ្គលនោះ ដែលមានអធិវាសនក្ខន្តីជាកំឡាំង មានពួកពល គឺខន្តី ថាជាព្រាហ្មណ៍។
បុគ្គលណា មិនមានសេចក្តីក្រោធ មានធុតង្គវត្ត មានសីលគុណ មិនប៉ោងដោយរាគាទិក្កិលេស មិនមានពុតត្បុត មានសរីរៈតាំងនៅក្នុងទីបំផុត តថាគត ពោលនូវបុគ្គលនោះ ថាជាព្រាហ្មណ៍។
បុគ្គលណា មិនជាប់ ក្នុងកាមទាំងឡាយ ដូចទឹកមិនជាប់លើស្លឹកឈូក ឬដូចគ្រាប់ស្ពៃ មិនជាប់លើចុងនៃដែកស្រួច តថាគត ពោលនូវបុគ្គលនោះ ថាជាព្រាហ្មណ៍។
បុគ្គលណា ក្នុងលោកនេះ ដឹងច្បាស់នូវការអស់ទៅ នៃទុក្ខរបស់ខ្លួន តថាគត ពោលនូវបុគ្គលនោះ ដែលមានភារៈដាក់ចុះហើយ ប្រាសចាកកិលេសហើយ ថាជាព្រាហ្មណ៍។
បុគ្គលណា ជាអ្នកប្រាជ្ញ មានប្រាជ្ញាជ្រាលជ្រៅ ឈ្លាសវៃ ក្នុងមគ្គ និងមិនមែនមគ្គ មានប្រយោជន៍ដ៏ខ្ពស់សម្រេចហើយ តថាគត ពោលនូវបុគ្គលនោះ ថាជាព្រាហ្មណ៍។
បុគ្គលណា មិនច្រឡំដោយបុគ្គលទាំងពីរពួក គឺគ្រហស្ថ និងបព្វជិត មិនបានជាប់នៅក្នុងអាល័យ គឺកាមគុណ ទាំងមិនមានសេចក្តីប្រាថ្នា តថាគត ពោលនូវបុគ្គលនោះ ថាជាព្រាហ្មណ៍។
បុគ្គលណា ដាក់ចុះនូវអាជ្ញា ក្នុងពួកសត្វ អ្នកដែលនៅមានសេចក្តីតក់ស្លុត គឺតណ្ហា មានសេចក្តីខ្ជាប់ខ្ជួន គឺមិនមានតណ្ហា មិនសំឡាប់ដោយខ្លួនឯង មិនប្រើអ្នកដទៃឲ្យសំឡាប់ តថាគត ពោលនូវបុគ្គលនោះ ថាជាព្រាហ្មណ៍។
បុគ្គលណា មិនខឹង ក្នុងពួកសត្វដែលខឹង មានសេចក្តីត្រជាក់ ទៅលើពួកសត្វ ដែលមានអាជ្ញាក្នុងខ្លួន ជាអ្នកមិនមានសេចក្តីប្រកាន់ក្នុងពួកបុគ្គល ដែលមានសេចក្តីប្រកាន់ តថាគត ពោលនូវបុគ្គលនោះ ថាជាព្រាហ្មណ៍។
រាគៈ ទោសៈ មានះ និងសេចក្តីលុបគុណ របស់បុគ្គលណា ជ្រុះចេញហើយ បីដូចជាគ្រាប់ស្ពៃ ធ្លាក់អំពីចុង នៃដែកស្រួច តថាគត ពោលនូវបុគ្គលនោះ ថាជាព្រាហ្មណ៍។
បុគ្គលណា ពោលវាចាឥតទោស ជាវាចាញុំាងបុគ្គលឲ្យស្គាល់ប្រយោជន៍ ជាវាចាពិត ទាំងមិនបានធ្វើបុគ្គលណាមួយ ឲ្យចំពាក់ដោយវាចាណាឡើយ តថាគត ពោលនូវបុគ្គលនោះ ថាជាព្រាហ្មណ៍។
បុគ្គលណា មិនបានបង្អោនរបស់វែង ឬខ្លី តូចឬធំ ល្អឬអាក្រក់ ដែលគេមិនបានឲ្យ ក្នុងលោកនេះ តថាគត ពោលនូវបុគ្គលនោះ ថាជាព្រាហ្មណ៍។
បុគ្គលណា មិនមានសេចក្តីប្រាថ្នា ក្នុងលោកនេះ និងលោកខាងមុខ តថាគត ពោលនូវបុគ្គល ដែលមិនមានសេចក្តីប្រាថ្នា ជាអ្នកប្រាសចាកកិលេសនោះ ថាជាព្រាហ្មណ៍។
បុគ្គលណា មិនមានសេចក្តីអាល័យ ជាអ្នកដឹងច្បាស់ មិនមានសេចក្តីសង្ស័យ តថាគត ពោលនូវបុគ្គល ដែលបានសម្រេច នូវល្វែងនៃព្រះនិព្វាននោះ ថាជាព្រាហ្មណ៍។
បុគ្គលណា ក្នុងលោកនេះ កន្លងបង់ នូវសេចក្តីចំពាក់ទាំងពីរ គឺបុណ្យ និងបាបចេញបានហើយ តថាគត ពោលនូវបុគ្គល ដែលមិនមានសោក ប្រាសចាកធូលី គឺកិលេស ជាអ្នកបរិសុទ្ធស្អាតនោះ ថាជាព្រាហ្មណ៍។
បុគ្គលណា ឥតមានមន្ទិលសៅហ្មង ជាបុគ្គលស្អាតផូរផង់ មិនល្អក់ដោយកិលេស មានតម្រេកក្នុងភពអស់ហើយ ដូចព្រះចន្ទប្រាសចាកមន្ទិល តថាគត ពោលនូវបុគ្គលនោះ ថាជាព្រាហ្មណ៍។
បុគ្គលណា ឆ្លងផុតនូវផ្លូវវៀច ផ្លូវផុង ដែលនាំសត្វ ឲ្យអន្ទោលទៅ នាំសត្វឲ្យវង្វេងនេះ បានដល់ត្រើយ គឺព្រះនិព្វាន ជាអ្នកដុតបង់នូវកិលេស ឥតមានតណ្ហា ឥតមានសេចក្តីសង្ស័យ ឥតមានប្រកាន់អ្វីបន្តិចបន្តួច ហើយបរិនិព្វាន តថាគត ពោលនូវបុគ្គលនោះ ថាជាព្រាហ្មណ៍។
បុគ្គលណា ក្នុងលោកនេះ លះបង់នូវកាមទាំងឡាយចេញបាន ហើយបួសជាបុគ្គលមិនមានផ្ទះ តថាគត ពោលនូវបុគ្គល ដែលមានកាម និងភពអស់ហើយនោះ ថាជាព្រាហ្មណ៍។
បុគ្គលណា ក្នុងលោកនេះ លះបង់នូវតណ្ហាចេញបាន ហើយបួស ជាបុគ្គលមិនមានផ្ទះ តថាគត ពោលនូវបុគ្គល ដែលមានកាម [បើជាតណ្ហា ទើបគួរ។] និងភពអស់ហើយនោះ ថាជាព្រាហ្មណ៍។
បុគ្គលណា លះបង់នូវធម៌ ជាគ្រឿងប្រកប គឺកាមគុណ៥ ជារបស់មនុស្ស និងធម៌ ជាគ្រឿងប្រកប គឺកាមគុណ ៥ ជារបស់ទិព្វ តថាគត ពោលនូវបុគ្គល ដែលប្រាសចាកធម៌ ជាគ្រឿងប្រកបទាំងអស់នោះ ថាជាព្រាហ្មណ៍។
បុគ្គលណា លះបង់នូវតម្រេក (ក្នុងកាមគុណ ៥ផង) នូវសេចក្តីអផ្សុកផង ជាអ្នកត្រជាក់ត្រជំ មិនមានកិលេស គ្របសង្កត់នូវខន្ធលោកទាំងអស់បាន ជាអ្នកមានព្យាយាម តថាគត ពោលនូវបុគ្គលនោះ ថាជាព្រាហ្មណ៍។
បុគ្គលណា ដឹងនូវចុតិ និងបដិសន្ធិ របស់សត្វទាំងឡាយ ដោយប្រការទាំងពួង តថាគត ពោលនូវបុគ្គល ដែលមិនចំពាក់ (ក្នុងអារម្មណ៍) មានដំណើរល្អ អ្នកត្រាស់ដឹង នូវចតុរារិយសច្ចនោះ ថាជាព្រាហ្មណ៍។
ទេវតា គន្ធព និងមនុស្សទាំងឡាយ មិនដឹងនូវគតិរបស់បុគ្គលណា តថាគត ពោលនូវបុគ្គលនោះ ដែលជាអ្នកមានអាសវៈអស់ហើយ ជាអរហន្ត ថាជាព្រាហ្មណ៍។
បុគ្គលណា មិនមានកង្វល់ គឺកិលេស ក្នុងអតីត អនាគត និងបច្ចុប្បន្នទេ តថាគត ពោលនូវបុគ្គល ដែលមិនមានកង្វល់ មិនមានសេចក្តីប្រកាន់នោះ ថាជាព្រាហ្មណ៍។
បុគ្គលណា ជាឧសភៈ (អស់អាច) ជាអ្នកប្រសើរ អ្នកមានសេចក្តីព្យាយាម អ្នកស្វែងរកគុណដ៏ធំ អ្នកមានជ័យជំនះ អ្នកមិនមានសេចក្តីញាប់ញ័រ (ដោយតណ្ហា) អ្នកលាងបង់នូវកិលេស អ្នកត្រាស់ដឹង នូវចតុរារិយសច្ច តថាគត ពោលនូវបុគ្គលនោះ ថាជាព្រាហ្មណ៍។
បុគ្គលណា ដឹងនូវខន្ធ ដែលខ្លួនអាស្រ័យនៅ ក្នុងភពមុនផង ឃើញសួគ៌ និងអបាយផង ដល់នូវការអស់ទៅ នៃជាតិផង តថាគត ពោលនូវបុគ្គលនោះ ថាជាព្រាហ្មណ៍។
(សុតន្តបិដក មជ្ឈិមនិកាយ ភាគទី២៥)
ដោយ៥០០០ឆ្នាំ
images/articles/3176/retg54terwe43w333.jpg
ធុតង្គ គឺអង្គរបស់បុគ្គលអ្នកកំចាត់កិលេស
ផ្សាយ : ០២ មីនា ឆ្នាំ២០២២
ធុតង្គ ១៣
ធុតង្គ គឺអង្គរបស់បុគ្គលអ្នកកំចាត់កិលេស ឬថា ធម្មជាតិ មានញាណ សម្រាប់កំចាត់បង់នូវកិលេស។ ន័យមួយទៀតថា អង្គនៃសេចក្តីប្រតិបត្តិ សម្រាប់កំចាត់បង់នូវធម៌ជាសត្រូវ ។
បុគ្គលអ្នកមានសទ្ធា ប្រព្រឹត្តធុតង្គ ហើយចំរើនកម្មដ្ឋានផងក៏បាន ឬមានសទ្ធាត្រឹមតែរក្សាសីល ចំរើនកម្មដ្ឋានក៏បាន តែបើមានសេចក្តីនឿយណាយក្នុងខន្ធ ៥ ដែលប្រកបដោយមហាទុក្ខគ្រប់យ៉ាង ក៏គួរប្រព្រឹត្តធុតង្គផង ចំរើនកម្មដ្ឋានផង ព្រោះជាកិច្ចប្រតិបត្តិមួយនាំមកនូវសេចក្តីចំរើននៃសីលដ៏បរិសុទ្ធផង ជាកិច្ចប្រតិបត្តិយ៉ាងហ្មត់ហ្មង ក្នុងការលះកិលេសយ៉ាងឧក្រិដ្ឋផង ជាកិច្ចប្រតិបត្តិក្នុងការត្រាស់ដឹងនូវលោកុត្តរធម៌យ៉ាងឆាប់រហ័សផង ហើយជាកិច្ចមួយដើម្បីរក្សាទុកនូវវត្តដ៏ប្រសើររបស់ព្រះអរិយបុគ្គលទាំងឡាយ មានព្រះពុទ្ធជាដើមផង។
» ធុតង្គ មាន១៣យ៉ាងគឺ៖
១.បង្សុកូលិកង្គ អង្គរបស់ភិក្ខុអ្នកមានកិរិយាទ្រទ្រង់នូវចីវរដែលដល់នូវភាពគួរខ្ពើមដូចអាចម៍ដី ជាប្រក្រតី។
២.តេចីវរិកង្គ អង្គរបស់ភិក្ខុអ្នកមានចីវរ ៣ គឺ សង្ឃាដិ ចីវរ និងស្បង់ ជាប្រក្រតី។
៣.បិណ្ឌបាតិកង្គ អង្គរបស់ភិក្ខុអ្នកមានកិរិយាត្រាច់ទៅដើម្បីបិណ្ឌបាតជាវត្ត។
៤.សបទានចារិកង្គ អង្គរបស់ភិក្ខុអ្នកមានកិរិយាត្រាច់ទៅដើម្បីបិណ្ឌបាតរៀងតាមលំដាប់នៃផ្ទះ ជាប្រក្រតី គឺមិនរំលងទៅផ្ទះដទៃ។
៥.ឯកាសនិកង្គ អង្គរបស់ភិក្ខុអ្នកមានកិរិយាបរិភោគនូវភោជនតែក្នុងអាសនៈ ១ ជាប្រក្រតី គឺឆាន់ក្នុងកន្លែងតែមួយរហូតដល់ឆាន់រួចរាល់។
៦.បត្តបិណ្ឌបាតិកង្គ អង្គរបស់ភិក្ខុអ្នកមានកិរិយាបរិភោគនូវភោជនតែក្នុងបាត្រ ១។
៧.ខលុបច្ឆាភត្តិកង្គ អង្គរបស់ភិក្ខុអ្នកមានកិរិយាមិនបរិភោគនូវភត្ត ដែលខ្លួនហាមនូវភោជនរួចហើយ ទើបបានមកខាងក្រោយ ជាប្រក្រតី គឺថាបើចាប់ផ្តើមឆាន់ហើយ គឺមិនទទួលចង្ហាន់ដែលនាំមកតាមក្រោយឡើយ។
៨.អារញ្ញិកង្គ អង្គរបស់ភិក្ខុអ្នកមានកិរិយានៅអាស្រ័យព្រៃជាប្រក្រតី។
៩.រុក្ខមូលិកង្គ អង្គរបស់ភិក្ខុអ្នកមានកិរិយានៅអាស្រ័យទៀបគល់ឈើជាប្រក្រតី។
១០.អព្ភោកាសិកង្គ អង្គរបស់ភិក្ខុអ្នកមានកិរិយានៅអាស្រ័យក្នុងទីវាលស្រឡះ ជាប្រក្រតី។
១១.សោសានិកង្គ អង្គរបស់ភិក្ខុអ្នកមានកិរិយានៅអាស្រ័យក្នុងព្រៃស្មសាន។
១២.យថាសន្ថតិកង្គ អង្គរបស់ភិក្ខុអ្នកមានកិរិយានៅតែក្នុងទីសេនាសនដែលភិក្ខុសំដែងឲ្យជាដំបូងដដែល មិនរើរុះ ជាប្រក្រតី។
១៣.នេសជ្ជិកង្គ អង្គរបស់ភិក្ខុអ្នកមានកិរិយាឃាត់នូវឥរិយាបថដេក ហើយនៅដោយឥរិយាបថអង្គុយ ជាប្រក្រតី។
» ធុតង្គលក្ខណាទិ
១.ធុតង្គ ១៣នេះ មានចេតនាសម្រាប់សមាទាន ជាលក្ខណៈ។
២.មានកិរិយាកំចាត់បង់នូវភាពដែលល្មោភលើសលន់ជាកិច្ច។
៣.អាចនឹងបង្ហាញផលឲ្យឃើញប្រាកដឡើងជាភាពដែលមិនល្មោភ មានអប្បិច្ឆតាធម៌ និងអរិយធម៌ មានសីលដែលបរិសុទ្ធជាដើម ជាហេតុជួយបណ្តុះបណ្តាលឲ្យកើតឡើង។
» វិធីសមាទានធុតង្គ
ព្រះយោគាវចរកុលបុត្រអង្គណា ដែលត្រូវការនឹងសមាទានធុតង្គទាំង ១៣ ណាមួយ កាលបើព្រះមានព្រះភាគគង់នៅឡើយ ត្រូវសមាទានក្នុងសំណាក់ព្រះអង្គ។ អំណឹះអំពីព្រះអង្គទៅ ត្រូវសមាទានក្នុងសំណាក់មហាសាវក អំណឹះអំពីមហាសាវកទៅ ព្រះខីណាស្រពដ៏សេស ព្រះអនាគាមិ ព្រះសកគាមិ ព្រះសោតាបន្ន លោកអ្នកទ្រទ្រង់នូវបិដកទាំង ៣ ទ្រទ្រង់នូវបិដក ២ នូវបិដក ១ លោកអ្នកទ្រទ្រង់នូវសង្គីតិ ព្រះអដ្ឋកថាចារ្យរៀងចុះមកជាលំដាប់ អំណឹះអំពីលោកទាំងនោះទៅទៀត ត្រូវសមាទានក្នុងសំណាក់លោកអ្នកទ្រទ្រង់នូវធុតង្គមុនៗមក បើមិនមានលោកអ្នកទ្រទ្រង់នូវធុតង្គមុនៗមកទេ ត្រូវបោសសំអាតនូវលានព្រះចេតិយឲ្យស្អាត ហើយក្រាបថ្វាយបង្គំដោយគោរព ឲ្យដូចជាកាលដែលព្រះសម្ពុទ្ធទ្រង់គង់នៅ រួចហើយអង្គុយច្រហោង ប្រណម្យអញ្ជលីឡើង តាំងសមាទានក្នុងទីនោះចុះ ពុំនោះនឹងសមាទានដោយខ្លួនឯងក៏បាន។
(ប្រភពព្រះពុទ្ធសាសនាឈូកក្រហម)
…………………………………….….
រឿងភិក្ខុធុតង្គ ៧ អង្គ (ចាក ទា. ខុ.)
(អ្នកបួសក្នុងពុទ្ធសាសនា ត្រូវបានអរហត្តផលជាដាច់ខាតក្នុងជាតិណាមួយ) ក្នុងសាសនាព្រះពុទ្ធកស្សបៈ កំពុងរៀវរោយ មានភិក្ខុ ៧ អង្គ បានឃើញអាការៈប្លែកសាមណេរដទៃក៏មានចិត្តសង្វេគ គិតគ្នាថា " បើពុទ្ធសាសនា មិនទាន់អន្តរាយទៅទេ យើងទាំងឡាយនឹងធ្វើនូវទីពឹងដល់ខ្លួនឲ្យបាន " គិតគ្នាយ៉ាងនេះហើយ នាំគ្នាថ្វាយបង្គំ សុវណ្ណចេតិយដែលបញ្ចុះព្រះសីរិកធាតុ ចូលទៅធុតង្គក្នុងព្រៃ បានឃើញភ្នំមួយ ក៏និយាយគ្នាថា " លោកអង្គណានៅស្ដាយជីវិតគួរ ត្រលប់ទៅវិញចុះ បើអង្គណាមិនស្ដាយជីវិតទេ ចូរឡើងទៅលើភ្នំនេះជាមួយគ្នា" ។ ពេលនោះគ្មានលោកអង្គណាមួយប្រកែក ក៏នាំគ្នាចងបង្អោងឡើងទៅលើកំពូលភ្នំដ៏ខ្ពស់នោះ លុះឡើងដល់ហើយក៏ច្រានបង្អោងចេញ នាំគ្នាធ្វើសមណធម៌ក្នុងទីនោះ ទាំងអស់គ្នា។ បណ្ដេាភិក្ខុទាំង ៧ អង្គនោះ មានភិក្ខុមួយអង្គជាសង្ឃត្ថេរ បានសម្រេចព្រះអរហត្ត ។
ក្នុងយប់ទី ១ នោះលោកហោះទៅ លុបលាងព្រះភក្ត្រក្នុងស្រះអនោគត្ត ហើយទៅបិណ្ឌបាតក្នុងឧត្តរកុរុទ្វីប យកមកប្រាប់ភិក្ខុទាំង ៦ អង្គថា អាវុសោទាំងឡាយ លោកនាំគ្នាឆាន់ចង្ហាន់នេះចុះ។ ភិក្ខុទាំងឡាយទូលថា បពិត្រលោកម្ចាស់ដ៏ចម្រើន យើងទាំងឡាយ បានប្ដេជ្ញាថា បើបានសម្រេច គុណវិសេស ដូចលោកម្ចាស់ ទើបទៅរកចង្ហាន់ឆាន់ដោយខ្លួនឯង យើងទាំងឡាយមិនឆាន់ចង្ហាន់ ដោយសារអ្នកដទៃឡើយ សូមលោកម្ចាស់ឆាន់តាមសប្បាយចុះ។
ក្នុងថ្ងៃទី ២ ព្រះថេរៈបន្ទាប់បានសម្រេចអនាគាមិផល លោកទៅបិណ្ឌបាត្រ យកមកឲ្យភិក្ខុទាំងឡាយឆាន់ទៀត។ ភិក្ខុទាំងនោះ ប្រកែកដូចមុន សុខចិត្តស្លាប់ បើមិនបានសម្រេចគុណវិសេសណាមួយ។
ថ្ងៃបន្ទាប់មក ភិក្ខុដែលបានសម្រេចព្រះអរហត្តបរិនិព្វានទៅ។ ឯភិក្ខុដែលបានសម្រេចអនាគាមិផលលោកធ្វើមរណកាល ទៅកើតក្នុងព្រហ្មលោក។ នៅសល់ភិក្ខុ ៥ អង្គមិនបានសម្រេចគុណវិសេសអ្វីឡើយ ដល់ថ្ងៃទី ៧ មានកាយស្គាំងស្គមស្លេកស្លាំង ព្រោះអត់អាហារ ក៏ធ្វើមរណកាលទៅកើតក្នុងទេវលោកទាំង ៥ អង្គទៅ។
លុះដល់មកពុទ្ធកាលនេះ ទើបច្យុតចាកទេវលោកមកកើតក្នុងត្រកូលផ្សេង ៗ គ្នា គឺ ទេវបុត្រ ១ អង្គបានមកកើតជាព្រះរាជា ព្រះនាមកក្កុសាតិ ១ អង្គទៀតមកកើតជាកុមារកស្សបៈ ១ អង្គទៀតមកកើតជាទារុចីរិយៈ ១ អង្គទៀតមកកើតជាទព្វមល្លបុត្រ ១ អង្គទៀតមកកើតជាសកិយបរិព្វាជក សុទ្ធតែបានសម្រេចព្រះអរហត្តគ្រប់ទាំង ៥ អង្គ៕
ដោយ៥០០០ឆ្នាំ
images/articles/2102/Untitled-1-Recovered.jpg
អំពីឧបោសថសីល
ផ្សាយ : ២៣ កុម្ភះ ឆ្នាំ២០២២
ខ្ញុំបានស្តាប់មកយ៉ាងនេះ ។ សម័យមួយ ព្រះមានព្រះភាគទ្រង់គង់នៅក្នុងវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុងសាវតី ។ ក្នុងទីនោះឯង ព្រះមានភាគ ទ្រង់ត្រាស់ហៅពួកភិក្ខុថា ម្នាលភិក្ខុទាំងឡាយ ។ ភិក្ខុទាំងនោះ ទទួលស្គាល់ព្រះពុទ្ធដីកា ព្រះមានព្រះភាគថា ព្រះករុណាព្រះអង្គ ។
ព្រះមានព្រះភាគ ទ្រង់ត្រាស់ដូច្នេះថា ម្នាលភិក្ខុទាំងឡាយ ឧបោសថ ប្រកបដោយអង្គ ៨
images/articles/2103/Untitled-1-Recovered.jpg
ពេលកូនចម្រើនធំលូតលាស់
ផ្សាយ : ២៣ កុម្ភះ ឆ្នាំ២០២២
មានភាសិតនៅក្នុងហិតោបទេស បាននិយាយថា « បណ្ដាកូនទាំង ៣ ពួក គឺកូនដែលមិនទាន់កើតមួយ, កូនដែលកើតហើយស្លាប់មួយ, និងកូនដែលកើតហើយល្ងង់មួយ, កូនពីរខាងកើតធ្វើទុក្ខតែម្ដងទេ តែកូនទី៣ ធ្វើទុកឪពុកម្ដាយអស់មួយជីវិត »។
សុភាសិតនេះ ពញ្ញាក់យើងឲ្យឃើញថា « ការចិញ្ចឹមកូន ជារឿងពិបាកបំផុត » ។ នៅក្នុងពាក្យប្រៀនប្រដៅរបស់ព្រះសម្មាសម្ពុទ្ធ
images/articles/2104/Untitl76543ed-1.jpg
អានិសង្សនៃការសមាទានឧបោសថសីល
ផ្សាយ : ២៣ កុម្ភះ ឆ្នាំ២០២២
ម្នាលភិក្ខុទាំងឡាយ ឧបោសថប្រកបដោយអង្គ ៨ ប្រការ ដែលបុគ្គលចាំរក្សាហើយ រមែងមានផលច្រើន មានអានិសង្សច្រើន មានសេចក្តីរុងរឿងច្រើន មានសេចក្តីផ្សាយទៅច្រើន ។ ម្នាលភិក្ខុទាំងឡាយ ឧបោសថប្រកបដោយអង្គ ៨ប្រការ ដែលបុគ្គលចាំរក្សាហើយ រមែងមានផលច្រើន មានអនិសង្សច្រើន មានសេចក្តីរុងរឿងច្រើន មានសេចក្តីផ្សាយទៅច្រើន តើដោយប្រការដូចម្តេច ។
ម្នាលភិក្ខុទាំងឡាយ អរិយសាវក ក្នុងសាសនានេះ ពិចារណាថា ព្រះអរហន្តទាំងឡាយ លះបង់បាណាតិបាត មានអាជ្ញាដាក់ចុះហើយ មានគ្រឿងសស្រា្ត ដាក់ចុះហើយ មានសេចក្តីខ្មាសបាប មានសេចក្តីអាណិត មានសេចក្តីអនុគ្រោះ ដោយប្រយោជន៍ដល់សព្វសត្វ ដរាបអស់ជីវិត ក្នុងថ្ងៃនេះ ចំណែកខ្លួនអញលះបង់ បាណាតិបាត វៀរចាកបាណាតិបាត មានអាជ្ញាដាក់ចុះហើយ មាន គ្រឿងសស្រ្តាដាក់ចុះហើយ មានសេចក្តីខ្មាសបាប មានសេចក្តីអាណិត មានសេចក្តីអនុគ្រោះ ដោយប្រយោជន៍ដល់សព្វសត្វ អស់យប់នេះ និងថ្ងៃនេះយកតម្រាប់ព្រះអរហន្ត ទាំងឡាយផង ខ្លួនអញនឹងចាំរក្សាឧបោសថផង ដោយអង្គនេះ ឯង ។ ឧបោសថប្រកបដោយអង្គទី ១ នេះឯង ។
(សេចក្តីពិស្តារដូចអង្គទី ១) ព្រះអរហន្តទាំងឡាយលះបង់សេនាសនៈដ៏ខ្ពស់ហួសប្រមាណ និងសេនាសនៈដ៏ប្រសើរ សម្រេចនូវទីដេកដ៏ទាប លើគ្រែក្តី លើកម្រាល ដែលគេធ្វើដោយស្មៅ ក្តី ក្នុងថ្ងៃនេះ ចំណែកខ្លួនអញ លះបង់សេនាសនៈ ដ៏ខ្ពស់ហួសប្រមាណ និងសេនាសនៈដ៏ប្រសើរ វៀរចាកសេនាសនៈ ដ៏ខ្ពស់ហួសប្រមាណ នឹងសេនាសនៈដ៏ប្រសើរ សម្រេចនូវទីដេកដ៏ទាប លើគ្រែក្តី លើកម្រាល ដែលធ្វើដោយស្មៅក្តី អស់យប់នេះនឹងថ្ងៃនេះដែរ យកតម្រាប់ព្រះអរហន្តទាំងឡាយផង អញនឹងចាំរក្សាឧបោសថផង ដោយអង្គនេះឯង ។ ឧបោសថប្រកបដោយអង្គទី ៨នេះឯង ។
ម្នាលភិក្ខុទាំងឡាយ ឧបោសថប្រកបដោយអង្គ ៨ ប្រការដែលបុគ្គលចាំរក្សាយ៉ាងនេះឯង រមែងមានផលច្រើន មានអានិសង្សច្រើន មានសេចក្តីរុងរឿងច្រើន មានសេចក្តីផ្សាយទៅច្រើន ។ ឧបោសថ មានផលច្រើនដូចម្តេច មានអានិសង្សច្រើន ដូចម្តេច មានសេចក្តីរុងរឿងច្រើន ដូចម្តេច មានសេចក្តីផ្សាយទៅច្រើនដូចម្តេច ។ ម្នាលភិក្ខុទាំងឡាយ ប្រៀបដូចបុគ្គលសោយរាជ្យ ជាឥស្សរាធិបតីនៃមហាជនបទទាំង ១៦ នេះ ដែលជាជនបទ សម្បូរដោយកែវ ៧ប្រការ គឺមហាជន ឈ្មោះ អង្គៈ ១ មគធៈ ១ កាសី ១ កោសលៈ ១ វជ្ជី ១ មល្លៈ ១ ចេតី ១ វង្សៈ ១ កុរុ ១ បញ្ចាលៈ ១ មច្ឆៈ ១ សូរសេនៈ ១ អស្សកៈ ១ អវន្តី ១ គន្ធារៈ ១ កម្ពោជៈ ១ រាជសម្បត្តិនៃមហាជនបទទាំងនុ៎ះ មិនដល់នូវចំណិត ១ ក្នុងចំណិតទី ១៦ ៗ លើកនៃឧបោសថប្រកបដោយអង្គ ៨ ប្រការឡើយ ។ ដំណើរនោះ ព្រោះហេតុអ្វី ។
ម្នាលភិក្ខុទាំងឡាយ រាជសម្បត្តិរបស់មនុស្ស ជារបស់ស្តួចស្តើង ហើយយកទៅប្រៀបធៀបនឹងសេចក្តីសុខជារបស់ទិព្យ ។ ម្នាលភិក្ខុទាំងឡាយ ៥០ឆ្នាំ របស់មនុស្សត្រូវជា ១ យប់ ១ ថ្ងៃ របស់ចាតុម្មហារាជិកាទេវតា របស់រាត្រីនោះបាន ៣០ រាត្រី ត្រូវជា ១ខែ រាប់ខែនោះ បាន ១២ខែ ត្រូវជា ១ឆ្នាំ រាប់ឆ្នាំនោះបាន ៥០០ឆ្នាំទិព្យ ត្រូវជាប្រមាណនៃអាយុរបស់ចាតុម្មហារាជិកទេវតា ។
ម្នាលភិក្ខុទាំងឡាយ ហេតុនេះ រមែងមាន ត្រង់ដែលស្រ្តីឬបុរសពួកខ្លះ ក្នុងលោកនេះចាំរក្សានូវឧបោសថដែលប្រកបដោយអង្គ ៨ ប្រការ លុះបែកធ្លាយរាងកាយស្លាប់ទៅ រមែងទៅកើតជាមួយនឹងពួកចាតុម្មហារាជិកទេវតា ។ ម្នាលភិក្ខុទាំងឡាយ រាជសម្បត្តិរបស់មនុស្ស ជារបស់ស្តួចស្តើង ហើយយកទៅប្រៀបធៀបនឹងសេចក្តីសុខ ជារបស់ទិព្យ ដែលតថគតសម្តែងហើយ ព្រោះអាស្រ័យហេតុនេះឯង ។
ម្នាលភិក្ខុទាំងឡាយ ១០០ឆ្នាំ របស់មនុស្សត្រូវជា ១យប់ ១ថ្ងៃ របស់តាវត្តឹង្សទេវតា រាប់រាត្រីនោះបាន ៣០ ត្រូវជា ១ ខែ រាប់ខែនោះ បាន ១២ ខែត្រូវជា ១ឆ្នាំ រាប់ឆ្នាំនោះបាន ១០០០ឆ្នាំទិព្យ ត្រូវជាប្រមាណ នៃអាយុរបស់តាវត្តឹង្សទេវតា ។ ម្នាលភិក្ខុទាំងឡាយ ហេតុនេះ រមែងមាន ត្រង់ដែលស្ត្រីឬបុរសពួកខ្លះ ក្នុងលោកនេះ ចាំរក្សានូវឧបោសថ ប្រកបដោយអង្គ ៨ ប្រការ លុះបែកធ្លាយរាងកាយស្លាប់ទៅ រមែងទៅកើតជាមួយនឹងពួកតាវត្តឹង្សទេវតា ។ ម្នាលភិក្ខុទាំងឡាយ រាជសម្បត្តិរបស់មនុស្សនេះឯង ជារបស់ស្តួចស្តើង ហើយយកទៅប្រៀបធៀបនឹងសេចក្តីសុខ ជារបស់ទិព្យ ដែលតថាគតសម្តែងហើយ ព្រោះអាស្រ័យហេតុនេះឯង ។
ម្នាលភិក្ខុទាំងឡាយ ២០០ឆ្នាំរបស់មនុស្សត្រូវជា ១យប់ ១ ថ្ងៃ របស់ពួកយាមទេវតា រាប់រាត្រីនោះ បាន ៣០ រាត្រីត្រូវជា ១ ខែ រាប់ខែនោះបាន ១២ ខែត្រូវជា ១ ឆ្នាំ រាប់ឆ្នាំនោះបាន ២០០០ឆ្នាំទិព្យ ត្រូវជាប្រមាណនៃអាយុរបស់យាមទេវតា ។ ម្នាលភិក្ខុទាំងឡាយ ហេតុនេះ រមែងមាន ត្រង់ស្ត្រីឬបុរសពួកខ្លះ ក្នុងលោកនេះ ចាំរក្សានូវឧបោសថប្រកបដោយអង្គ ៨ ប្រការ លុះបែកធ្លាយរាងកាយស្លាប់ទៅ រមែងទៅកើតជាមួយនឹងពួកយាមទេវតា ។ ម្នាលភិក្ខុទាំងឡាយ រាជសម្បត្តិរបស់មនុស្សនេះឯង ជារបស់ស្តួចស្តើង ហើយយកទៅប្រៀបធៀបនឹងសេចក្តីសុខ ជារបស់ទិព្យ ដែលតថាគត សម្តែងហើយ ព្រោះអាស្រ័យហេតុនេះឯង ។
ម្នាលភិក្ខុទាំងឡាយ ៤០០ឆ្នាំមនុស្ស ត្រូវជា ១យប់ ១ ថ្ងៃ របស់ពួកតុសិតទេវតា រាប់រាត្រីនេះ បាន ៣០ រាត្រីត្រូវជា ១ ខែ រាប់ខែនោះបាន ១២ ខែ ត្រូវជា ១ឆ្នាំ រាប់ឆ្នាំ នោះបាន ៤០០០ឆ្នាំទិព្យ ត្រូវជាប្រមាណនៃអាយុរបស់ពួកតុសិតទេវតា ។ ម្នាលភិក្ខុទាំងឡាយ ហេតុនេះរមែងមានត្រង់ដែលស្រ្តី ឬបុរស ពួកខ្លះក្នុងលោកនេះ ចាំរក្សាឧបោសថ ប្រកបដោយអង្គ ៨ ប្រការ លុះបែកធ្លាយរាងកាយស្លាប់ទៅ រមែងទៅកើតជាមួយនឹងពួកតុសិតទេវតា ។ ម្នាលភិក្ខុទាំងឡាយ រាជសម្បត្តិរបស់មនុស្សនេះឯង ជារបស់ស្តួចស្តើង ហើយយកទៅប្រៀបធៀបនឹងសេចក្តីសុខ ជារបស់ទិព្យ ដែលតថាគតសម្តែងហើយ ព្រោះអាស្រ័យហេតុនេះឯង ។
ម្នាលភិក្ខុទាំងឡាយ ៨០០ឆ្នាំ របស់មនុស្ស ត្រូវជា ១ យប់ ១ ថ្ងៃ របស់ពួកនិម្មានរតីទេវតា រាប់រាត្រីនោះបាន ៣០ ត្រូវជា១ខែ រាប់ខែនោះ បាន ១២ខែ ត្រូវជា ១ឆ្នាំ រាប់ឆ្នាំនោះ បាន ៨០០០ឆ្នាំទិព្យ ត្រូវជាប្រមាណនៃអាយុរបស់ពួកនិម្មានរតីទេវតា ។ ម្នាលភិក្ខុទាំងឡាយ ហេតុនេះរមែងមានត្រង់របស់ស្រ្តី ឬបុរសពួកខ្លះ ក្នុងលោកនេះ ចាំរក្សា នូវឧបោសថប្រកបដោយអង្គ ៨ ប្រការ លុះបែកធ្លាយរាងកាយស្លាប់ទៅ រមែងទៅកើតជាមួយនឹងពួកនិម្មានរតីទេវតា ។ ម្នាលភិក្ខុទាំងឡាយ រាជសម្បត្តិរបស់មនុស្សនេះឯង ជារបស់ស្តួចស្តើង ហើយយកទៅប្រៀបធៀបនឹងសេចក្តីសុខ ជារបស់ទិព្យ ដែលតថាគតសម្តែងហើយ ព្រោះអាស្រ័យហេតុនេះឯង ។
ម្នាលភិក្ខុទាំងឡាយ ១៦០០ឆ្នាំ របស់មនុស្ស ត្រូវជា ១ យប់ ១ ថ្ងៃ របស់ពួកបរនិមិ្មតវសវត្តីទេវតា រាប់រាត្រីនោះ បាន ៣០ ត្រូវជា ១ខែ រាប់ខែនោះបាន ១២ ខែ ត្រូវជា ១ឆ្នាំ រាប់ឆ្នាំនោះបាន ១៦០០០ឆ្នាំទិព្វ ត្រូវជាប្រមាណនៃអាយុរបស់ពួកបរនិម្មិតវសវត្តីទេវតា ។ ម្នាលភិក្ខុទាំងឡាយ ហេតុនេះ រមែងមានត្រង់ដែលស្ត្រី ឬបុរសពួកខ្លះ ក្នុងលោកនេះ ចាំរក្សានូវឧបោសថប្រកបដោយអង្គ ៨ ប្រការ លុះបែកធ្លាយរាងកាយស្លាប់ទៅ រមែងទៅកើតជាមួយនឹងពួកបរនិម្មិតវសវត្តីទេវតា ។ ម្នាលភិក្ខុទាំងឡាយ រាជសម្បត្តិរបស់មនុស្សនេះឯង ជារបស់ស្តួចស្តើង ហើយយកទៅប្រៀបធៀបនឹងសេចក្តីសុខ ជារបស់ទិព្វ ដែលតថាគតសម្តែងហើយ ព្រោះអាស្រ័យហេតុនេះឯង ។
បុគ្គលមិនគប្បីសម្លាប់សត្វ ១ មិនគប្បីកាន់យកវត្ថុដែលគេមិនបានឲ្យ ១ មិនគប្បីពោលពាក្យកុហក ១ មិនគប្បីផឹកទឹកស្រវឹង ១ គប្បីវៀរចាកការប្រព្រឹត្តមិនប្រសើរ គឺមេថុន ១ មិនគប្បីបរិភោគភោជន ក្នុងវេលារាត្រី និងក្នុងវេលាវិកាល ១ មិនគប្បីទ្រទ្រង់ផ្កាកម្រង មិនគប្បីប្រស់ព្រំដោយគ្រឿងក្រអូប ១ គប្បីដេកលើគ្រែ លើផែនដី ឬលើកម្រាល ១ ព្រះពុទ្ធព្រះអង្គ ដល់នូវទីបំផុតនៃទុក្ខ ទ្រង់ប្រកាសហើយ នូវឧបោសថដែលប្រកបដោយអង្គ ៨ ប្រការនេះឯង សភាវៈទាំងឡាយ ពីរគឺ ព្រះចន្ទ ១ ព្រះអាទិត្យ ១ ជាសភាវៈល្អមើល កាលបំភ្លឺលោក រមែងចរទៅអស់ទីត្រឹមណា ព្រះចន្ទនិងព្រះអាទិត្យ ទាំងនោះ ដែលកម្ចាត់បង់នូវងងឹត ចរក្នុងអាកាស ញ៉ាំងទិសឲ្យរុងរឿងភ្លឺច្បាស់ ក្នុងអាកាសអស់ទីត្រឹមនោះ ទ្រព្យណា មានក្នុងចន្លោះនេះ គឺកែវមុក្តាក្តី កែវមណីក្តី កែវពិទូរ្យដ៏ល្អក្តី មាសឈ្មោះសិង្គីក្តី ឈ្មោះសុវណ្ណក្តី ឬមាសឈ្មោះកាញ្ចនៈក្តី ឈ្មោះជាតរូបក្តី ឈ្មោះហដកៈក្តី ទ្រព្យទាំងអម្បាលនោះ មិនដល់នូវចំណិត១ ក្នុងចំណែក ១៦ ៗ លើកនេះឧបោសថដែលប្រកបដោយអង្គ៨ ប្រការឡើយ ដូចជាពួកផ្កាយទាំងអស់មិនដល់នូវពន្លឺនៃព្រះចន្ទ ហេតុដូច្នោះ ស្រ្តីក្តី បុរសក្តី ជាអ្នកមានសីល គួរចាំរក្សានូវឧបោសថប្រកបដោយ អង្គ៨ ប្រការពួកជន ដែលមិនមានគេនិន្ទា បំពេញនូវបុណ្យទាំងឡាយ ដែលមានសេចក្តីសុខជាកម្រៃ រមែងចូលទៅកាន់ឋានសួគ៌បាន ។
ដកស្រង់ពី ព្រះត្រៃបិដក ភាគ៤៨ ទំព័រ ១៨៨-១៩៥
ដោយ៥០០០ឆ្នាំ
images/articles/2105/Unti6543tled-1.jpg
អម្ពដ្ឋសូត្រ
ផ្សាយ : ២៣ កុម្ភះ ឆ្នាំ២០២២
អម្ពដ្ឋសូត្រ
ព្រះដ៏មានព្រះភាគ ទ្រង់ពុទ្ធដំណើរព្រមដោយភិក្ខុសង្ឃ ៥០០ អង្គ ទៅដល់ស្រុកព្រាហ្មណ៍ឈ្មោះឥច្ឆានង្គលៈនៃដែនកោសល ព្រះអង្គនិងភិក្ខុសង្ឃបានគង់នៅក្នុងទីនោះ។
បោក្ខរសាតិព្រាហ្មណ៍ បានចូលក្នុងសំណាញ់ញាណនៃព្រះអង្គរួចស្រេចហើយ គឺនៅពេលដែលព្រះដ៏មានព្រះភាគទ្រង់ផ្សាយព្រះញាណទៅក្នុងម៉ឺនលោកធាតុ តាមពុទ្ធកិច្ចក្នុងបច្ឆិមយាមនៃរាត្រី។
images/articles/2106/U54ntitled-1.jpg
ជីវិតនិងឧបសគ្គ
ផ្សាយ : ២៣ កុម្ភះ ឆ្នាំ២០២២
ជីវិតនិងឧបសគ្គ
តើយើងត្រូវឆ្លងកាត់ នូវឧបសគ្គក្នុងជីវិតបានដោយវិធីណា?
មនុស្សយើង សុទ្ធតែមានការពិសោធន៍ផ្សេងៗអំពីគ្នា តែដោយច្រើន អ្នកដែលអាចឆ្លងកាត់នូវព្យុះជីវិតបានដោយជោគជ័យ គឺអ្នកដែលមានការយល់ដឹងច្រើន រួមផ្សំជាមួយនឹងសេចក្ដីអត់ធន់ព្យាយាមផង។
ព្រះសម្មាសម្ពុទ្ធជាម្ចាស់ ទ្រង់សម្ដែងនូវឥទ្ធិបាទធម៌គឺធម៌ដែលជាហេតុញ៉ាំងប្រយោជន៍ឲ្យសម្រេចមាន ៤ យ៉ាងគឺ
images/articles/2108/Un32titled-1.jpg
សីលសម្បទា
ផ្សាយ : ២៣ កុម្ភះ ឆ្នាំ២០២២
សីលសម្បទា
ដល់ព្រមដោយការរក្សាសីល។
ពាក្យថា " សីល " បានដល់វិធីសម្រាប់សិក្សាហាត់ទូន្មាននូវកាយនិងវាចា ឲ្យមានរបៀបរៀបរយល្អ ឬថា ជាធម៌ប្រតិបត្តិដើម្បីការពារនូវទោសមិនឲ្យកើតឡើងតាមផ្លូវកាយ និងផ្លូវវាចា។
សីល ដែលចាត់ចូលក្នុងសីលសម្បទា នេះសំដៅយកនិច្ចសីលដែលមានសិក្ខាបទ ៥ គឺ
ក- មិនសម្លាប់សត្វ ការមិនសម្លាប់សត្វគឺ
images/articles/2109/Untit54eled-1.jpg
សម្លឹងផ្នែកក្នុងនៃជីវិត ទើបគិតរកធម៌
ផ្សាយ : ២៣ កុម្ភះ ឆ្នាំ២០២២
សម្លឹងផ្នែកក្នុងនៃជីវិត ទើបគិតរកធម៌
ត្រូវសម្លឹងផ្នែកក្នុងនៃជីវិត ទើបនឹងមានឱកាស បានជួបនូវសេចក្ដីសុខស្ងប់ដោយពិតប្រាកដទៅបាន។ ទោះបីផ្នែកខាងក្រៅនៃជីវិត សម្បូណ៍ទៅដោយសេចក្ដីសុខយ៉ាងណាក៏ដោយ ថាបើផ្នែកខាងក្នុងមានសេចក្ដីក្ដៅក្រហាយហើយ មិនអាចមានឈ្មោះថាមានជីវិតជាសុខបានឡើយ។
ជីវិតខាងក្រៅអាស្រ័យបច្ច័យ ៤ តែជីវិតខាងក្នុងអាស្រ័យធម្មាហារ
images/articles/2110/Un7643titled-1.jpg
ជីវិតអ្នកបម្រើសម័យ
ផ្សាយ : ២២ កុម្ភះ ឆ្នាំ២០២២
មនុស្សទាន់សម័យ ភាគច្រើនត្រូវបានគេនិយាយសំដៅទៅលើមនុស្ស ដែលប្រើប្រាស់នូវរបស់ទំនើបៗ និងមនុស្សដែលចូលចិត្តដើរលេងកម្សាន្ត ច្រៀងរាំជាដើមហើយឲ្យតម្លៃទៅលើ អ្នកដែលប្រើប្រាស់របស់របរអន់ឬថោក និងមិនចូលចិត្តរាំច្រៀងជាដើម ថាជាមនុស្សមិនទាន់សម័យទៅវិញ ។
ការប្រើប្រាស់នូវរបស់ដែលទំនើប និងដែលមានតម្លៃច្រើនបើអ្នកប្រើមានចំណេះដឹងខ្ពង់ខ្ពស់ និងមានសតិស្មារតីក្នុងការប្រើប្រាស់ឲ្យបានជាប្រយោជន៍ សមទៅនឹងរបស់នោះនេះចាត់ថា ជាការប្រើប្រាស់នូវរបស់សមតាមឋានៈ មិនមែនជាការខ្ជះខ្ជាយឡើយ តែបើប្រើប្រាស់ដោយសេចក្ដីវង្វេងព្រោះគ្រាន់តែដើម្បីភាពហ៊ឺហា និងការបង្អួតដល់ភ្នែកអ្នកដទៃ ការប្រើប្រាស់របៀបនេះ ឈ្មោះថាជាការដុតបំផ្លាញខ្លួនឯងដោយពិតប្រាកដ។
មនុស្សដោយច្រើនគិតថា គេខំស្វែងរកនូវសម្ភារៈទំនើបផ្សេងៗ គឺដើម្បីយកមកបម្រើនូវសេចក្ដីសប្បាយរបស់ខ្លួនឯង តែគេមិនបានដឹងទាល់តែសោះថា ខ្លួនគេកំពុងតែក្លាយជាអ្នកបម្រើនៃសម្ភារៈទាំងអស់នោះ ក្នុងក្របខ័ណ្ឌនៃការបម្រើតណ្ហារបស់ខ្លួនឯងទៅវិញ ។
គេសង្កេតឃើញថា ស្ទើរតែគ្រប់ពិធីបុណ្យ តែងមានការច្រៀងរាំយ៉ាងអស់ដៃ ជួនកាលអាចហ៊ានសេពសុរាក្នុងកម្មវិធីបុណ្យនោះក៏សឹងមាន ដោយគិតថា ទង្វើបែបនេះនឹងធ្វើឲ្យខ្លួនគេទៅជាមនុស្សទាន់សម័យ។ តែបើពិចារណាឲ្យដិតដល់ទៅ ទង្វើបែបនេះ មិនមែនជាការងារនៃអ្នកទាន់សម័យទេ ព្រោះគេគ្មានបានទទួលផលប្រយោជន៍អ្វី សូម្បីតិចតួចឡើយ បានតែការងងុយដេក ខាតការងារ បង់ទាំងទ្រព្យសម្បត្តិទៀតផង ឯអ្នកចំណេញ គឺម្ចាស់តន្ត្រី និងអ្នកលក់ដូរឯណោះទេ ដូច្នេះការសប្បាយរបស់គេ ឈ្មោះថាជាការបម្រើសម័យដោយពិត ។
ឯអ្នកវិទ្យាសាស្ត្រ ដែលជាអ្នកបង្កើតនូវឧបករណ៍តន្ត្រី ឬគ្រឿងស្រវឹងផ្សេងៗនោះ ខ្លួនគេផ្ទាល់មិនបានវង្វេងដោយឧបករណ៍ទាំងនេះឡើយ គេខិតខំធ្វើយ៉ាងណាដើម្បីបង្កើតសម្ភារៈថ្មីៗទៀត ដើម្បីយកលុយ ពីមនុស្សបម្រើសម័យឲ្យបានច្រើន។
ដកស្រង់ចេញពីសៀវភៅ ដំណើរជីវិត
រៀបរៀងដោយ ភិក្ខុវជិរប្បញ្ញោ សាន សុជា
ដោយ៥០០០ឆ្នាំ
images/articles/2111/Un65443titled-1.jpg
ការបរិច្ចាគទាន
ផ្សាយ : ២២ កុម្ភះ ឆ្នាំ២០២២
ចាគសម្បទា
ដល់ព្រមដោយការបរិច្ចាគទាន
ព្រះមានព្រះភាគទ្រង់ត្រាស់ នឹងទីឃជាណុថា "ម្នាលព្យគ្ឃបជ្ជៈ កុលបុត្រក្នុងលោកនេះ មានចិត្តប្រាសចាកមន្ទិលគឺសេចក្ដីកំណាញ់ នៅគ្រប់គគ្រងផ្ទះមានទានបរិច្ចាគរួចស្រឡះហើយ មានដៃលាងហើយត្រេកអរក្នុងការលះបង់ គួរដល់ស្មូម ត្រេកអរក្នុងការចែករំលែកនូវទាន ម្នាលព្យគ្ឃបជ្ជៈ នេះហៅថា ចាគសម្បទា " ។
images/articles/2112/Un65eetitled-1.jpg
ហ្វឹកហាត់កាយវាចា រក្សាចិត្ត ជីវិតឧត្ដម
ផ្សាយ : ២២ កុម្ភះ ឆ្នាំ២០២២
កាយវាចានៃបុគ្គលណា ដែលហ្វឹកហាត់បានល្អហើយ គឺជាគ្រឿងប្រដាប់ សម្រាប់លើកស្ទួយនូវបុគ្គលិកលក្ខណៈនៃបុគ្គលនោះ ឲ្យប្រសើរខ្ពង់ខ្ពស់ គួរគោរពរាប់អាន គួរក្រាបសំពះ... ។
មនុស្សយើងមិនអាចល្អបានដោយឯងៗទេ គឺត្រូវតែហ្វឹកហាត់អប់រំ កាយបានបែបបទល្អហើយ រមែងមានផលក្នុងជីវិតបច្ចុប្បន្ន និងជាប់ជាឧបនិស្ស័យល្អតទៅជាតិមុខទៀតផង ។
សូមកុំភ្លេចថា អ្នកដទៃគ្រាន់តែជាអ្នកជួយប៉ុណ្ណោះ មនុស្សដ៏សំខាន់ក្នុងការហ្វឹកហាត់នេះ គឺជាខ្លួនយើង បើយើងប្រមាទហើយ សូម្បីអ្នកបង្វឹកនោះថ្នាក់បរមគ្រូ ក៏មិនអាចបង្វឹកយើងបានដែរ ។កាលដែលហ្វឹកហាត់ខ្លួនឯងបានហើយ នាទីដ៏សំខាន់ម្យ៉ាងរបស់យើងនោះគឺ ជួយបង្វឹកជួយទូន្មានអ្នកដទៃផង។
ដកស្រង់ចេញពីសៀវភៅ មេរៀនជីវិត
រៀបរៀងដោយ លោកគ្រូអគ្គបណ្ឌិត ប៊ុត សាវង្ស
ដោយ៥០០០ឆ្នាំ
images/articles/2114/U654entitled-1.jpg
ជីវិតមាន់ជល់
ផ្សាយ : ២២ កុម្ភះ ឆ្នាំ២០២២
ជីវិតមាន់ជល់
គេសង្កេតឃើញថា ពេលមាន់ជល់គ្នា តែងមានចាញ់នឹងឈ្នះ បើជល់តិចរបួសក៏តិច បើជល់ខ្លាំងរបួសក៏ខ្លាំង ហើយសម្រាប់អ្នកចាញ់ អាចអស់ជីវិតក៏សឹងមាន ឯអ្នកឈ្នះឯណោះវិញ ក៏មិនខានពីការត្រូវរបួសឡើយ ទាំងសងខាងគ្មានបានទទួលអ្វី ក្រៅពីការឈឺចាប់នោះឡើយ ឯផលប្រយោជន៍ត្រូវធ្លាក់ទៅលើម្ចាស់ទាំងអស់។
យ៉ាងណាមិញ សត្វលោកទាំងអស់ មិនចំពោះតែមាន់ទេ
images/articles/2115/U654sentitled-1.jpg
កុំចង់បានរបស់ដែលអត់
ផ្សាយ : ២២ កុម្ភះ ឆ្នាំ២០២២
អ្វីៗមានហេតុទើបកើតឡើង។ មិនមែនអ្នកដទៃគេមិនឲ្យយើងទេ នូវសេចក្ដីល្អផ្សេងៗ តាមដែលយើងត្រូវការរាល់ថ្ងៃនោះ តែព្រោះសេចក្ដីល្អនោះមិនមានហេតុនោះឲ្យកើតឡើង ទើបសេចក្ដីល្អហ្នឹងឯងមិនមានក្នុងអ្នកដទៃនោះ។
ជាប្រក្រតី យើងតែងទាស់ចិត្តខឹងក្រោធនឹងអ្នកដទៃព្រោះយើងគិងថាអ្នកដទៃមិនឲ្យយើងនូវអ្វីដែលយើងចង់បានប៉ុន្តែ បើយើងបានដឹងថា
images/articles/2116/Untitled-1-Recovered.jpg
ជីវិតគោចាស់
ផ្សាយ : ២២ កុម្ភះ ឆ្នាំ២០២២
ជីវិតគោចាស់
គ្រប់មនុស្សដែលកើតមកក្នុងលោកនេះ មានទ្រង់ទ្រាយសណ្ឋានយ៉ាងណាក៏ដោយ សុទ្ធតែស្រឡាញ់ការរស់នៅ ទើបបានជាខិតខំបំពេញកិច្ចការងារផ្សេងៗ ទាំងតាមផ្លូវសុចរិតក៏មាន និងតាមផ្លូវទុច្ចរិតក៏មាន ដោយវត្ថុបំណងចង់ឲ្យខ្លួនឯងបានសុខ និងមានសេចក្ដីថ្លៃថ្នូរ មានអ្នកផងរាប់អាន និងទទួលស្គាល់ថាជាមនុស្សគ្រាន់បើ។
ប៉ុន្តែសេចក្ដីសម្រេច ភាពប្រសើរ មិនមែនបានមក