images/articles/2496/IMG_30201792709.jpg
ផ្សាយ : ២១ កុម្ភះ ឆ្នាំ២០២១ (អាន: ៩៣៩៨១ ដង)
សម័យមួយ ព្រះដ៏មានព្រះភាគ ទ្រង់គង់នៅក្នុងវត្តជេតពន របស់អនាថបិណ្ឌិតសេដ្ឋី ជិតក្រុងសាវត្ថី។ សម័យនោះ ព្រះមាលុង្ក្យបុត្តដ៏មានអាយុ បានចូលគាល់ព្រះដ៏មានព្រះភាគ ក្រាបទូលសូមឲ្យព្រះអង្គទ្រង់ប្រកាសសម្ដែងនូវមិច្ឆាទិដ្ឋិ គំនិត យល់ឃើញខុសផ្សេងៗ ១០ យ៉ាង ដែលពួកមនុស្សក្រៅព្រះពុទ្ធ សាសនាកាន់យកទីបំផុតរៀងៗខ្លួន ឈ្លោះប្រកែកគ្នាថាខ្លួនឯង យល់ត្រូវ អ្នកដទៃយល់ខុស ដូច្នេះតើព្រះដ៏មានព្រះភាគទ្រង់ ជ្រាបទិដ្ឋិមួយណាក្នុងទិដ្ឋិទាំង ១០ នោះ សូមព្រះអង្គទ្រង់ត្រាស់ សម្ដែងឲ្យទាន។
មិច្ឆាទិដ្ឋិ ១០ យ៉ាង
១ លោកទៀង (សស្សតោ លោកោ)
២ លោកមិនទៀង (អស្សស្សតោ លោកោ)
៣ លោកមានទីបំផុត (អន្តវា លោកោ)
៤ លោកមិនមានទីបំផុត (អនន្តវា លោកោ)
៥ ជីវៈនោះគឺសរីរៈនោះ (តំ ជីវំ សរីរំ)
៦ ជីវៈដទៃ សរីរៈដទៃ (អញ្ញំ ជីវំ អញ្ញំ សរីរំ)
៧ សត្វស្លាប់ហើយកើតទៀត
៨ សត្វស្លាប់ហើយមិនកើតទៀត
៩ សត្វស្លាប់ហើយកើតទៀតក៏មាន មិនកើតទៀតក៏មាន
១០ សត្វស្លាប់ហើយកើតទៀតក៏មិនមែន មិនកើតទៀតក៏ មិនមែន។
ព្រះដ៏មានព្រះភាគ ទ្រង់មិនត្រាស់ព្យាករនូវចំណុចមួយក្នុង មិច្ឆាទិដ្ឋិទាំង ១០ នេះឡើយ ព្រះអង្គទ្រង់ត្រាស់ថា កាលបើ មានការយល់ឃើញទៅតាមមិច្ឆាទិដ្ឋិទាំង ១០ នេះ ណាមួយ ការអប់រំព្រហ្មចរិយធម៌មិនមានឡើយ ប៉ុន្តែគឺជាការប្រព្រឹត្តទៅ នាំឲ្យមានជាតិ ជរា មរណៈ សោកខ្សឹកខ្សួល លំបាកកាយ លំបាកចិត្ត និងសេចក្ដីចង្អៀតចង្អល់ចិត្តដោយពិត ព្រះតថាគត ទ្រង់បញ្ញត្តការកម្ចាត់បង់នូវកងទុក្ខទាំងអស់នេះ ដែលត្រូវបាន ឃើញច្បាស់ក្នុងបច្ចុប្បន្ន គឺថាព្រះអរិយសាវ័កទាំងឡាយ នឿយ ណាយក្នុងជរានិងមរណៈ ជាដើមហើយ ទើបសម្រេចនូវ ព្រះនិព្វានក្នុងព្រះសាសនានេះឯង។
ព្រោះហេតុទិដ្ឋិទាំង ១០ យ៉ាងនេះ មិនប្រកបដោយប្រយោជន៍ មិនមែនជាខាងដើមនៃព្រហ្មចរិយធម៌ មិនប្រព្រឹត្តទៅដើម្បីរួច ផុតចាកទុក្ខ ទើបព្រះអង្គទ្រង់មិនព្យាករ ប៉ុន្តែអ្វីដែលព្រះអង្គ ទ្រង់ត្រាស់ព្យាករសម្ដែងគឺអរិយសច្ចធម៌ ព្រោះការព្យាករសម្ដែង នូវអរិយសច្ចធម៌ ប្រព្រឹត្តទៅដើម្បីប្រយោជន៍ ជាខាងដើមនៃ ព្រហ្មចរិយធម៌ ប្រព្រឹត្តទៅដើម្បីជាក់ច្បាស់នូវព្រះនិព្វានជា អសង្ខតធាតុ។
ស្រង់ពីសៀវភៅ ជំនួយសតិភាគ ២១
ដោយ៥០០០ឆ្នាំ
images/articles/2497/IMG_30201791541.jpg
ផ្សាយ : ២១ កុម្ភះ ឆ្នាំ២០២១ (អាន: ៨៨២២១ ដង)
អនវជ្ជសុខ ចេះសប្បាយជាមួយនឹងនឹងការងារដែលប្រាសចាកទោស គឺជា សេចក្ដីសុខ។ត្រូវធ្វើការងារឲ្យសមនឹងសមត្ថភាព សមនឹងឋានៈ របស់ខ្លួន ធ្វើដោយពេញចិត្ត អត់ធន់ព្យាយាម...។ កុំមានការ លោភលន់ចង់ឲ្យដូចអ្នកដទៃដែលមានអ្វីច្រើនៗនោះឡើយ កុំ ឲ្យដូចក្អែកគោកធ្វើត្រាប់តាមក្អែកទឹក ឃើញក្អែកទឹករកចំណី បានស្រួលងាយ ខ្លួនឯងគ្មានជំនាញត្រូវទាក់កនឹងសារាយក្នុងទឹក ស្លាប់បាត់បង់ជីវិតទៅ។ កន្លែងសុខនៅនឹងចិត្តរបស់យើង មិនចាំបាច់ឈរកន្លែងល្អដូចអ្នកដទៃនោះទេ ត្រឹមតែមានសេចក្ដី សុខនៅត្រង់កន្លែងដែលយើងឈរហ្នឹងទៅបានហើយ។
ស្រង់ពីសៀវភៅ ជំនួយសតិ ភាគ២១
ដោយ៥០០០ឆ្នាំ
images/articles/2498/Unti____________tled-1.jpg
ផ្សាយ : ២១ កុម្ភះ ឆ្នាំ២០២១ (អាន: ៩០០២៨ ដង)
សម័យមួយ ព្រះដ៏មានព្រះភាគ ទ្រង់គង់ប្រថាប់នៅនា ព្រះមហាវិហារវេឡុវ័ន ជិតក្រុងរាជគ្រឹះ ក្នុងវេលាសាយណ្ហ សម័យព្រះអង្គទ្រង់ចេញពីផលសមាបត្តិ ស្ដេចយាងចូលទៅ កាន់អម្ពលដ្ឋិកាវ័ន នៅពីខាងក្រោយវត្តវេឡុវ័ននោះឯង ដើម្បីប្រោសព្រះរាហុល។ បន្លារមែងស្រួចតាំងពីកើត យ៉ាង ណា ព្រះរាហុលក៏យ៉ាងនោះ គង់ចម្រើនទៅដោយវិវេកគឺ សេចក្ដីស្ងប់ស្ងាត់ក្នុងទីនោះតាំងពីព្រះជន្ម ៧ វស្សា។
អាយស្មន្តំ អាហុលំ អាមន្តេសិ ព្រះដ៏មានព្រះភាគទ្រង់ ត្រាស់ហៅព្រះរាហុល គឺត្រាស់ហៅដើម្បីប្រទានឱវាទ។ ពិតណាស់ ព្រះដ៏មានព្រះភាគ ទ្រង់សម្ដែងព្រះធម៌ទេសនា យ៉ាងច្រើនដល់ព្រះរាហុល ព្រះអង្គទ្រង់ត្រាស់សាមណេរប្បញ្ហា រាហុលសំយុត្តមហារាហុលោវាទសូត្រ ចូឡរាហុលោវាទ សូត្រ រួមទាំងអម្ពលដ្ឋិករាហុលោវាទសូត្រនេះផង (ដោយ ចូឡរាហុលោវាទសូត្រមានពីរសូត្រ មួយនៅក្នុងបិដកលេខ២៨ ដែលព្រះរាហុលស្ដាប់ហើយសម្រេចព្រះអរហត្ត ដូច្នេះទើប ព្រះសូត្រនេះ ព្រះអដ្ឋកថាហៅថា អម្ពលដ្ឋិករាហុលោវាទសូត្រ)។
ព្រះរាហុលមានព្រះជន្ម ៧ វាស្សា ព្រះដ៏មានព្រះភាគទ្រង់ ប្រគល់ឲ្យព្រះសារីបុត្តបំបួសជាសាមណេរ ក្នុងវស្សានោះឯង ដែលព្រះពុទ្ធអង្គទ្រង់ត្រាស់សម្ដែងនូវព្រះសូត្រនេះ ដោយ ព្រះដ៏មានព្រះភាគទ្រង់ព្រះតម្រិះថា ព្រះរាហុលនៅកុមារ ជាធម្មតាក្មេងតូចរមែងនិយាយនូវពាក្យដែលគួរនិងមិនគួរ ដូច្នេះយើងនឹងឲ្យឱវាទដល់រាហុល។
ព្រះដ៏មានព្រះភាគ ទ្រង់សម្ដែងឧបមាដោយផ្ដិលទឹក ៤ លើកឧបមាដោយដំរី ២ លើក និងឧបមាដោយកញ្ចក់ ឆ្លុះមុខ ១លើក។ សេចក្ដីនៅក្នុងព្រះសូត្រនេះ គឺមាន ប្រយោជន៍ដើម្បីកុំឲ្យព្រះរាហុលពោលនូវសម្បជានមុសាវាទ (ពោលកុហកទាំងដឹងខ្លួនច្បាស់)។
ឧបមាដោយផ្ដិលទឹក ៤ លើក
១- ព្រះអង្គទ្រង់ទុកទឹកឲ្យសល់បន្តិចក្នុងផ្តិល ហើយត្រាស់សួរ...។
២- ព្រះអង្គទ្រង់ចាក់ទឹកដែលសល់បន្តិចនោះចោល ហើយត្រាស់ សួរ...។
៣- ព្រះអង្គទ្រង់ផ្កាប់ផ្តិលទឹកនោះ ហើយត្រាស់សួរ...។
៤- ព្រះអង្គទ្រង់ត្រាស់សួរព្រះរាហុលបញ្ជាក់អំពីផ្តិលទឹកនោះៗ ដោយការប្រៀបធៀបហើយ ទើបព្រះអង្គត្រាស់ថា ម្នាលរាហុល សមណធម៌របស់ពួកភិក្ខុ ដែលមិនមានសេចក្ដីអៀនខ្មាសក្នុង សម្បជានមុសាវាទ ដូចជាទឹកដែលមានប្រមាណតិច ដូចជាទឹក ដែលតថាគតចាក់ចោល ដូចជាផ្តិលទឹកដែលតថាគតផ្កាប់ និង ដូចជាផ្តិលទឹកដែលទទេរលីងធេង ដូច្នេះឯង។
ឧបមាដោយដំរី ២ លើក
១- ដំរីកាលបើចូលកាន់សង្រ្គាម រមែងប្រើអវយវៈទាំងពួងធ្វើការ សព្វគ្រប់ រក្សាទុកតែប្រមោយប៉ុណ្ណោះ ឈ្មោះថា មិនទាន់ហ៊ាន លះបង់ជីវិតនៅឡើយ។
២- ដំរីកាលបើចូលកាន់សង្រ្គាម រមែងប្រើអវយវៈទាំងអស់ធ្វើ ការសព្វគ្រប់ មិនរក្សាទុកសូម្បីតែប្រមោយ ឈ្មោះថា ជាដំរី ហ៊ានលះបង់ជីវិត។ ម្នាលរាហុល មានឧបមេយ្យដូចភិក្ខុណាមួយ ដែលមិនមាន សេចក្ដីអៀនខ្មាសក្នុងសម្បជានមុសាវាទ តថាគត មិនពោលថា ភិក្ខុនោះមិនធ្វើបាបកម្មតិចតួចដូច្នេះទេ។
ម្នាលរាហុល ព្រោះ ហេតុដូច្នោះ ក្នុងសាសនានេះ អ្នកគួរសិក្សាថា អាត្មាអញនឹង មិនពោលពាក្យកុហក សូម្បីគ្រាន់តែដើម្បីសើចលេងនោះ ឡើយ ម្នាលរាហុលអ្នកត្រូវសិក្សា យ៉ាងនេះចុះ។ បទថា នាហំ តស្ស កិញ្ចិ បាបំ គឺបុគ្គលណា ដែលមិនមាន សេចក្ដីអៀនខ្មាស ក្នុងការពោលកុហកទាំងដែលដឹងខ្លួន ច្បាស់ ថាបុគ្គលនោះឯង មិនធ្វើនូវបាបកម្មអ្វីតិចតួចនោះ មិនមានឡើយ (បានសេចក្ដីថា មិនមាននូវសម្បជាន មុសាវាទណា ដែលមិនមែនជាបាបសូម្បីត្រឹមតែបន្តិចបន្តួច នោះទេ គឺថា បើមិនបានធំក៏បាបតូចដែរ ដូចជាដំរីក្នុង ចំណុចទីពីរ ដែលថាមិនធ្វើកម្មដោយអវយវៈណាមួយនោះ មិនមានហ្នឹងឯង)។
ឧបមាអំពីកញ្ចក់ កញ្ចក់មានប្រយោជន៍ដូចម្ដេច? កញ្ចក់មានប្រយោជន៍ក្នុង ការឆ្លុះមើលមុខ។ ម្នាលរាហុល យ៉ាងនោះមែនហើយ អ្នកគប្បីពិចារណាត្រិះរិះ មើលរួចហើយ សឹមធ្វើកម្មដោយកាយ ពិចារណាត្រិះរិះមើល រួចហើយ សឹមធ្វើកម្មដោយវាចា ពិចារណាត្រិះរិះមើលរួចហើយ សឹមធ្វើកម្មដោយចិត្ត។ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់សម្ដែងអំពីការពិចារណានូវ កម្មទាំងបី ទាំងដែលនឹងធ្វើ កំពុងធ្វើ ទាំងដែលធ្វើរួចហើយ ដោយពិស្ដារ ដែលព្រះធម៌ទេសនានេះប្រព្រឹត្តទៅសមគួរ ដល់វេនេយ្យសត្វគឺបុគ្គលដែលគួរដល់ការណែនាំ។
ស្រង់ពីសៀវភៅ ជំនួយសតិ ភាគ២១
ដោយ៥០០០ឆ្នាំ
images/articles/2507/image.jpeg
ផ្សាយ : ២១ កុម្ភះ ឆ្នាំ២០២១ (អាន: ២៥០៨៣ ដង)
អ្វីដែលគួរព្យាយាម... គឺការសិក្សា
អ្វីដែលគួរប្រាថ្នា... គឺព្រះនិព្វាន
អ្វីដែលគួរមាន... គឺសតិបញ្ញា
អ្វីដែលគួរត្រូវការ... គឺកល្យាណមិត្ត
អ្វីដែលគួរប្រព្រឹត្ត... គឺការរក្សាចិត្ត
អ្វីដែលគួរបិទ... គឺអកុសលមូល
អ្វីដែលគួរលើកទូល... គឺវិជ្ជា
អ្វីដែលគួរយកជាគ្នា... គឺបុណ្យ
អ្វីដែលគួរអត់ធន់... គឺការមើលងាយ
អ្វីដែលគួរនិយាយ... គឺពាក្យខ្លឹមសារ
អ្វីដែលគួរមេត្តា... គឺសត្វលោក
អ្វីដែលគួរបរិភោគ... គឺបីតិក្នុងធម៌
អ្វីដែលគួរដឹងដោយល្អ...គឺគុណម៉ែឳ
អ្វីដែលគួរឲ្យត្រូវ... គឺសម្មាបដិបត្តិ
អ្វីដែលគួរកម្ចាត់... គឺអវិជ្ជា
អ្វីដែលគួរវន្ទា... គឺគុណព្រះពុទ្ធ
អ្វីដែលគួរលំអុត... គឺគុណព្រះធម៌
អ្វីដែលគួរសាទរ... គឺគុណព្រះសង្ឃ
អ្វីដែលគួរតម្រង់... គឺចិត្តរបស់ខ្លួន
អ្វីដែលគួរគេចពួន...គឺកាមគុណ
អ្វីដែលគួរជាដើមទុន... គឺសទ្ធា
អ្វីដែលគួរគាំពារ... គឺសីល
អ្វីដែលគួរកុំខ្ជិល... គឺសុត:
អ្វីដែលគួរជាឥស្សរ: គឺចាគៈ
អ្វីដែលគួរដល់អរិយមគ្គ... គឺបញ្ញា
អ្វីដែលគួរសិក្សា... គឺសតិប្បដ្ឋាន
អ្វីដែលគួរបាន... គឺវិមុត្តិ
អ្វីដែលគួររួចផុត... គឺសេចក្ដីទុក្ខ
អ្វីដែលគួរទៅមុខ... គឺព្យាយាមក្នុងកុសល
អ្វីដែលគួរដល់... គឺព្រះនិព្វាន ៕៚
ប.ស.វ.
ដោយ៥០០០ឆ្នាំ
images/articles/2508/image.jpeg
ផ្សាយ : ២១ កុម្ភះ ឆ្នាំ២០២១ (អាន: ២៤១៥៤ ដង)
កុំគ្រាន់តែ...
កុំគ្រាន់តែស្ដាប់ គិតផង
កុំគ្រាន់តែយល់ ធ្វើផង
កុំចេះតែជឿ ពិចារណាផង
កុំគ្រាន់តែដឹងគុណ តបគុណផង
កុំសាងតែវត្ត សាងព្រះសង្ឃផង
កុំគ្រាន់តែបួស រៀនធម៌ផង
កុំគ្រាន់តែកាន់សាសនា ប្រតិបត្តផង
កុំធ្វើបុណ្យនៅតែវត្ត ធ្វើនៅក្រៅផង
កុំធ្វើតែទាន រក្សាសីលផង
កុំសុំសីលតែមុខលោក រក្សាឱ្យបានល្អផង
កុំគ្រាន់តែនិយាយ គិតពីអាម្មណ៍អ្នកដទៃផង
កុំគ្រាន់តែចង់មានតែឯង គិតពីសុខទុក្ខគេផង
កុំគ្រាន់តែរស់សម្រាប់ស្លាប់ រៀនធម៌ផង។
ភិក្ខុ គូ សុភាព
ដោយ៥០០០ឆ្នាំ
images/articles/2827/tybfhtvgfdxzcxd.jpg
ផ្សាយ : ១៣ កុម្ភះ ឆ្នាំ២០២១ (អាន: ៤៨១០៤ ដង)
អារម្មណ៍របស់ចិត្ត គឺជាលោកនៃការរស់នៅ ឯចំណែកចិត្តដឹងអារម្មណ៍ គឺជាការរស់នៅក្នុងលោក ។ បើចិត្តមានសភាពយ៉ាងណា ៗ លោកនៃការរស់នៅ គឺទៅជាយ៉ាងនោះឯង គឺថា បើចិត្តជាលោភៈ លោកនៃការរស់នៅរមែងខ្វះខាត រហេមរហាម ដូចឋានប្រេត បើចិត្តជាទោសៈ លោកនៃការរស់នៅ មានការក្ដៅក្រហាយ ដូចឋាននរក បើចិត្តជាមោហៈ លោកនៃការរស់នៅ មានសភាពមមិងមមាំង ដូចភូមិតិរច្ឆាន តែបើចិត្តមានទានសីលវិញ លោកនៃការរស់នៅទៅជាមានសភាពរីករាយ ស្រស់ស្រាយ ដូចជាឋានសួគ៌ា ហើយបើចិត្តមានភាវនា លោកនៃការរស់នៅ រមែងស្ងប់ត្រជាក់ ដូចរស់នៅក្នុងព្រហ្មលោក បើចិត្តមានវិបស្សនាពិតប្រាកដនោះ លោកនៃការរស់នៅមានសភាពជាឥស្សរៈ មិនមានកង្វល់ មិនមានការហួងហែង ជាការរស់នៅក្នុងលោកនៃព្រះអរិយៈ រហូតដល់មានផលសមាបត្តិ បានរស់នៅពិតៗក្នុងអារម្មណ៍ដែលជាព្រះនិព្វាន ដូច្នេះ លោកនៃការរស់នៅ គឺយើងសាងដោយខ្លួនឯង មិនអាចនាំអ្នកដទៃ ឲ្យមករស់នៅជាមួយបានឡើយ គឺថាបើយើងប្រាថ្នាចង់រស់នៅក្នុងលោកណា យើងគប្បីសាងលោកនោះ រស់នៅដោយខ្លួនឯងក្នុងបច្ចុប្បន្ន ដោយប្រការដូច្នេះ ។
ដកស្រង់ពីសៀវភៅ ជំនួយសតិភាគទី២២
ដោយ៥០០០ឆ្នាំ
images/articles/2828/stcgdfxxcsdfxgcv.jpg
ផ្សាយ : ១៣ កុម្ភះ ឆ្នាំ២០២១ (អាន: ២៧៥៤២ ដង)
សម័យមួយ ព្រះដ៏មានព្រះភាគ ទ្រង់ស្តេចយាងទៅកាន់អង្គុត្តរាបជនបទ ព្រមទាំងភិក្ខុសង្ឃ ១២៥០ អង្គ ដែលជាព្រះភិក្ខុសង្ឃក្នុងចតុរង្គសន្និបាតនោះឯង ។ សម័យនោះ កេណិយជដិល បានចូលគាល់ព្រះដ៏មានព្រះភាគ ស្ដាប់ព្រះធម្មទេសនា មានសេចក្តីជ្រះថ្លា អារាធនាព្រះដ៏មានព្រះភាគ និងព្រះភិក្ខុសង្ឃទាំងអស់អង្គ ទទួលភត្តាហារក្នុងថ្ងៃស្អែក ។
ក្នុងសម័យនោះដែរ សេលព្រាហ្មណ៍ អាស្រ័យនៅក្នុងអាបណនិគម ចេះចប់ក្នុងគម្ពីរត្រៃវេទ និងគម្ពីរផ្សេងៗទៀត បង្រៀនកូនសិស្ស ៣០០ នាក់ ហើយសេលព្រាហ្មណ៍នេះឯងធ្លាប់ជាទីជ្រះថ្លារបស់កេណិយជដិលរហូតមក ។ សេលព្រាហ្មណ៍ ព្រមទាំងកូនសិស្ស បានចូលទៅកាន់អាស្រមរបស់កេណិយជដិល ក៏បានឃើញមនុស្សទាំងឡាយ កំពុងតែធ្វើកិច្ចការផ្សេងៗ អ៊ូអរក្នុងទីនោះ លុះសាកសួរដឹងរឿងថា មានការរៀបចំថ្វាយទានចំពោះព្រះសម្មាសម្ពុទ្ធ និងភិក្ខុសង្ឃ សេលព្រាហ្មណ៍មានសេចក្តីត្រេកអរដ៏ក្រៃលែងទាំងសួរបញ្ជាក់ពាក្យថាព្រះពុទ្ធជាច្រើនដងទៀតផង ហើយបានគិតថា ពាក្យថាព្រះពុទ្ធនេះ រកបានដោយក្រក្នុងលោក ។
សេលព្រាហ្មណ៍បានចូលគាល់ព្រះដ៏មានព្រះភាគ បានឃើញនូវមហាបុរិសលក្ខណៈ ៣២ ប្រការរបស់ព្រះដ៏មានព្រះភាគសព្វគ្រប់ហើយ ទើបបានពោលសរសើរ ក្នុងទីចំពោះព្រះភក្ត្រនៃព្រះដ៏មានព្រះភាគ ដូច្នេះថាបពិត្រព្រះដ៏មានបុណ្យ ព្រះអង្គមានព្រះកាយពេញលេញ មានព្រះសរីរៈល្អ មានកំពស់និងទំហំសមសួន អ្នកផងមើលមិនចេះឆ្អែតឆ្អន់ មានសម្បុរដូចមាស មានព្រះទាឋាសស្អាត ទ្រង់ប្រកប ដោយសេចក្ដីព្យាយាម មហាបុរិសលក្ខណទាំងឡាយ ដែលមានដល់ជនអ្នកមានកំណើតល្អយ៉ាងណា មហាបុរិសលក្ខណៈទាំងអស់នោះ ក៏មានក្នុងព្រះកាយរបស់ព្រះអង្គយ៉ាងនោះដែរ ព្រះអង្គមានព្រះនេត្រថ្លា មានព្រះភក្ត្រស្រស់បស់ មានព្រះអង្គាវយវៈត្រង់ដូចជាអង្គព្រហ្ម មានព្រះរស្មី មានព្រះញាណដ៏ល្អ ទ្រង់ខ្លាចភ័យក្នុងសង្សារវដ្ដ ទ្រង់មានព្រះតចៈភ្លឺដូចមាស រុងរឿងកណ្ដាលពពួកសមណៈដូចជាព្រះអាទិត្យ ព្រះអង្គមានពន្លឺដ៏ថ្លៃថ្លាយ៉ាងនេះ ត្រូវការអ្វីដោយសមណភាព គួរណាស់តែសោយរាជ្យជាស្ដេចចក្រពត្តិ
( ទូន្មានប្រជាជន ឲ្យត្រឹមត្រូវតាមធម៌ ) ដូចជាសារថីដ៏ឧត្ដម ទ្រង់គ្រប់គ្រងផែនដីរហូតដល់សមុទ្រទាំង ៤ ជាទីបំផុត ជាស្ដេចឈ្នះសង្គ្រាម ជាឥស្សរៈនៃជម្ពូទ្វីប ពួកខត្តិយជាតិដែលសោយរាជ្យ ដោយភោគសម្បត្តិ ចូលមកជាក្សត្រិយ៍ចំណុះព្រះអង្គ បពិត្រព្រះគោតម សូមព្រះអង្គសោយរាជសម្បត្តិ ជាព្រះរាជាធិរាជដ៏ធំជាងមនុស្ស ព្រះមានព្រះភាគ ត្រាស់ថា ម្នាលសេលព្រាហ្មណ៍ តថាគតជាស្ដេចព្រោះធម៌ ប្រសើរដោយគុណឥតបុគ្គលណាស្មើ ញ៉ាំងចក្រជាចក្រដែលបុគ្គលដទៃឲ្យប្រព្រឹត្តទៅមិនកើត ឲ្យប្រព្រឹត្តទៅតាមធម៌បានសេលព្រាហ្មណ៍ ក្រាបបង្គំទូលថាបើដូច្នោះ ព្រះអង្គជាព្រះសម្ពុទ្ធ បានត្រាស់ដឹងហើយតើព្រះអង្គត្រាស់ថា តថាគតជាស្ដេចព្រោះធម៌ហើយ ប្រសើរដោយគុណ ឥតបុគ្គលណាស្មើ ញ៉ាំងចក្រឲ្យប្រព្រឹត្តទៅតាមធម៌បានសេលព្រាហ្មណ៍ក្រាបបង្គំទូលថា បពិត្រព្រះគោតម សូមព្រះអង្គប្រាប់ខ្ញុំ ចុះលោកណាជាសេនាបតី ជាសាវ័ករបស់ព្រះសាស្ដា ចុះលោកណាញ៉ាំងធម្មចក្រដែលព្រះអង្គឲ្យប្រព្រឹត្តទៅហើយនេះ ឲ្យប្រព្រឹត្តទៅបានព្រះមានព្រះភាគទ្រង់ត្រាស់ថា
ម្នាលសេលព្រាហ្មណ៍ ធម្មចក្រណា ដែលតថាគតឲ្យប្រព្រឹត្តទៅ សារីបុត្តជាអនុជាត ក៏ញ៉ាំងធម្មចក្រនោះ ឲ្យប្រព្រឹត្តទៅ ទុក្ខសច្ច និងនិរោធសច្ច ដែលតថាគតត្រូវដឹងច្បាស់ ក៏តថាគតបានដឹងច្បាស់ហើយ មគ្គសច្ចដែលតថាគតត្រូវអប់រំ ក៏តថាគត បានអប់រំហើយ សមុទយសច្ច ដែលតថាគតត្រូវលះបង់ ក៏តថាគត បានលះបង់ហើយ ម្នាលព្រាហ្មណ៍ ព្រោះហេតុនោះ បានជាតថាគតឈ្មោះថាព្រះពុទ្ធ ម្នាលព្រាហ្មណ៍ អ្នកចូរនាំបង់ ជម្រះបង់ នូវសេចក្ដីសង្ស័យក្នុងតថាគតចេញ ការជួបប្រទះនឹងព្រះសម្ពុទ្ធទាំងឡាយរឿយៗ គេមិនងាយនឹងបានទេ ការកើតប្រាកដឡើងក្នុងលោករឿយៗ នៃព្រះសម្ពុទ្ធទាំងឡាយ ក៏គេមិនងាយនឹងបានដែរ ម្នាលព្រាហ្មណ៍ តថាគតហ្នឹងឯងជាព្រះពុទ្ធ ជាពេទ្យវះ មិនមានពេទ្យដទៃប្រសើរជាងឡើយ មានសភាពជាអ្នកប្រសើរ កន្លងបង់នូវសេចក្ដីប្រៀបផ្ទឹម ជាអ្នកញាំញីនូវមារ និងសេនារបស់មារ ធ្វើពួកសត្រូវទាំងអស់ ឲ្យលុះក្នុងអំណាចបាន ឥតមានភ័យអំពីអ្វី រមែងរីករាយ ទើបសេលព្រាហ្មណ៍ និយាយនឹងពួកមាណពទាំងនោះថា
ម្នាលអ្នកទាំងឡាយដ៏ចម្រើន ចូរអ្នកទាំងឡាយស្ដាប់ នូវព្រះពុទ្ធដីកានេះចុះ ព្រះមានចក្ខុ ជាពេទ្យវះ ( ដ៏ប្រសើរ ) មានព្យាយាមធំ ទ្រង់មានព្រះពុទ្ធដីកាមកទាំងប៉ុន្មាន ដូចជាសីហៈបន្លឺក្នុងព្រៃ នរណាបានឃើញព្រះសាស្ដា មានសភាពជាបុគ្គលប្រសើរ កន្លងបង់នូវសេចក្ដីប្រៀបផ្ទឹម ជាអ្នកញាំញីនូវមារនិងសេនានៃមារហើយ ( ដូចម្ដេចឡើយ ) នឹងអត់ទ្រាំមិនជ្រះថ្លាបាន សូម្បីជនអ្នកកើតក្នុង ត្រកូលដ៏ថោកទាប ( ក៏គង់ជ្រះថ្លានឹងព្រះអង្គដែរ ) អ្នកណាចូលចិត្តតាមខ្ញុំ អ្នកនោះចូរមក អ្នកណាមិនចូលចិត្តទេ អ្នកនោះចូរទៅចុះ ខ្ញុំនឹងបួសក្នុងសម្នាក់នៃព្រះសម្ពុទ្ធ ព្រះអង្គមានប្រាជ្ញាដ៏ប្រសើរ ក្នុងទីនេះហើយ ពួកមាណពទាំងអស់ ក៏និយាយនឹងសេលព្រាហ្មណ៍ថា បើលោកដ៏ចម្រើន ពេញចិត្តនឹងសាសនា របស់ព្រះសម្មាសម្ពុទ្ធយ៉ាងនេះ យើងទាំងឡាយក៏នឹងបួសក្នុងសម្នាក់ព្រះសម្ពុទ្ធ ទ្រង់មានប្រាជ្ញាដ៏ប្រសើរដែរ ( សេលព្រាហ្មណ៍ក្រាបបង្គំទូលថា ) ព្រាហ្មណ៍ទាំង ៣០០ នាក់នេះ លើកកម្បង់អញ្ជលីសូមផ្នួស បពិត្រព្រះមានបុណ្យ យើងទាំងឡាយនឹងប្រព្រឹត្តព្រហ្មចរិយៈ ក្នុងសម្នាក់ព្រះអង្គព្រះមានព្រះភាគត្រាស់ថា ម្នាលសេលព្រាហ្មណ៍ ព្រហ្មចរិយៈដែលតថាគតសម្ដែង ដោយប្រពៃហើយ ជាព្រហ្មចរិយៈដែលបុគ្គលឃើញច្បាស់ ដោយខ្លួនឯង ឲ្យផលមិនរង់ចាំកាល បព្វជ្ជារបស់បុគ្គលអ្នកមិនប្រហែសធ្វេស ជាអ្នកសិក្សា ជាបព្វជ្ជាមិនសោះសូន្យទេ ។
សេលព្រាហ្មណ៍ ព្រមទាំងបរិស័ទ ក៏បានបព្វជ្ជានិងឧបសម្បទា ក្នុងសម្នាក់នៃព្រះមានព្រះភាគ ។
ថ្ងៃស្អែកឡើង ព្រះដ៏មានព្រះភាគ មួយអន្លើដោយភិក្ខុសង្ឃទាំងអស់អង្គ បានទទួលចង្ហាន់របស់កេណិយជដិល នៅក្នុងអាស្រមបទរបស់គាត់ រួចហើយព្រះអង្គទ្រង់អនុមោទនាគាថា ២ ព្រះគាថា ៖
អគ្គិហុត្តមុខា យញ្ញា សាវិត្តិ ឆន្ទសោ មុខំ
រាជា មុខំ មនុស្សានំ នទីនំ សាគរោ មុខំ ។
យញ្ញទាំងឡាយ មានការបូជាភ្លើងជាប្រធាន គម្ពីរសាវិត្តិសាស្ត្រ ជាប្រធាននៃឆន្ទសាស្ត្រ ព្រះរាជាជាប្រធាននៃពួកមនុស្ស សាគរជាប្រធាននៃពួកនទី ។
នក្ខត្តានំ មុខំ ចន្ទោ អាទិច្ចោ តបតំ មុខំ
បុញ្ញមាកង្ខមានានំ សង្ឃោ វេ យជតំ មុខន្តិ ។
ព្រះចន្ទជាប្រធាននៃពួកផ្កាយ ព្រះអាទិត្យជាប្រធាននៃពួកកម្ដៅ ព្រះសង្ឃក៏ជាប្រធាននៃមនុស្សទាំងឡាយដែលប្រាថ្នាបុណ្យហើយបូជា ។
សេលភិក្ខុ ព្រមដោយបរិស័ទ បានព្យាយាមបដិបត្តិ មិនជាយូរប៉ុន្មាន ក៏បានអស់នូវអាសវក្កិលេស នាំគ្នាចូលគាល់ព្រះដ៏មានព្រះភាគ ហើយបានពោលគាថាទាំងឡាយថ្វាយព្រះអង្គ ដែលមានសេចក្តីថាបពិត្រព្រះអង្គទ្រង់មានបញ្ញាចក្ខុ យើងខ្ញុំទាំងឡាយ បានដល់នូវទីពឹង រាប់មកដល់ថ្ងៃនេះ គម្រប់ជា ៨ ថ្ងៃហើយ បពិត្រព្រះមានបុណ្យ យើងខ្ញុំទាំងឡាយ បានទូន្មានខ្លួនតាមព្រះសាសនារបស់ព្រះអង្គអស់ ៧ រាត្រីហើយ ព្រះអង្គជាព្រះពុទ្ធ ព្រះអង្គជាបរមសាស្ដា ព្រះអង្គជាអ្នកប្រាជ្ញគ្របសង្កត់នូវមារ ព្រះអង្គជាអ្នកឈ្លាសវៃ ក្នុងអនុសយធម៌ ទ្រង់ឆ្លង ( ចាកសង្សារវដ្ដ ) បានដោយព្រះអង្គឯង ហើយទ្រង់ចម្លងពពួកសត្វនេះឲ្យឆ្លងបានផង ព្រះអង្គកន្លងផុតឧបធិ ព្រះអង្គទម្លាយ នូវអាសវៈទាំងឡាយ ព្រះអង្គមិនមានឧបាទាន ទ្រង់លះបង់នូវភ័យដែលគួរឲ្យខ្លាចទាំងអស់ ដូចសីហៈ ភិក្ខុទាំង ៣០០ រូបនេះ ឈរប្រណម្យអញ្ជលី បពិត្រព្រះអង្គអ្នកមានព្យាយាម សូមព្រះអង្គលាព្រះបាទទាំងគូ ពួកនាគគឺភិក្ខុ សូមក្រាបថ្វាយបង្គំចំពោះព្រះអង្គជាបរមសាស្ដា ។
ដកស្រង់ពីសៀវភៅ ជំនួយសតិភាគទី២២
ដោយ៥០០០ឆ្នាំ
images/articles/2829/esrfddfdgfbghj.jpg
ផ្សាយ : ១៣ កុម្ភះ ឆ្នាំ២០២១ (អាន: ១៨៦១៨ ដង)
កាលបើនៅត្រូវការច្រើនប៉ុនណា ក៏ត្រូវតែរែកពុនលីសែង ឬក៏ត្រូវទូលទៅនូវភារៈធ្ងន់ប៉ុណ្ណឹងដែរ ។ ការស្វែងរកនិងការបានមក មើលទៅហាក់ដូចជាហ៊ឹកហ៊ាក់ហ៊ឺហាខ្លាំងក្លាមាំមួនណាស់ ប៉ុន្តែ នេះបានត្រឹមតែធ្វើឲ្យភាពងាយស្រួល ក្លាយទៅជាយ៉ាប់ ទៅជារវល់ច្រើន លំបាកច្រើន ដោយទាំងមិនចាំបាច់អ្វីនោះផងឡើយ ។ វាជាការសាងបញ្ហា សាងរឿងរវល់ឥតប្រយោជន៍ឲ្យខ្លួនឯងទៅវិញទេ នេះឯងកាមគុណ វាមានទាំងអស្សាទៈ គឺសុខសោមនស្ស វាមានទាំងអាទីនវៈគឺទោស ដែលលំបាកនឹងយល់ទៅបាន ។
ដំណោះស្រាយ គឺត្រូវចេះពិចារណានូវប្រយោជន៍ក្នុងវត្ថុប្រើប្រាស់ និងត្រូវដឹងថា អ្វីដែលមិនចាំបាច់សម្រាប់ជីវិតនេះ ព្រោះជីវិតនេះ ចាំបាច់ត្រូវការយ៉ាងរួសរាន់នូវកុសលធម៌ ដើម្បីកម្ចាត់បង់ហេតុនៃសេចក្ដីទុក្ខ ដូចជាភ្លើងកំពុងឆេះក្បាល ហើយប្រញាប់លត់នូវភ្លើងនោះ ដូច្នោះឯង ។ ត្រូវចេះសន្ដោសក្នុងបច្ច័យ ៤ ជ្រើសរើសយកអ្វីៗដោយស្មារតី មិនកាន់យកតាមតែចំណង់នៃកិលេសកាមនោះឡើយ ត្រូវចាំថា កាមគុណរឹតតែស៊ី រឹតតែឃ្លាន , រឹតតែបាន រឹតតែមិនគ្រប់ ទាំងដែលមិនចាំបាច់បានអ្វីៗនោះដោយសព្វគ្រប់ទៀតផង ។
ដកស្រង់ពីសៀវភៅ ជំនួយសតិភាគទី២២
ដោយ៥០០០ឆ្នាំ
images/articles/2830/ukmynjtgrfds.jpg
ផ្សាយ : ១៣ កុម្ភះ ឆ្នាំ២០២១ (អាន: ៥៥៣២៨ ដង)
សម័យមួយ ព្រះដ៏មានព្រះភាគ ទ្រង់គង់ប្រថាប់នៅនាព្រះជេតពនមហាវិហារ សម័យនោះ មានពួកព្រាហ្មណ៍មកអំពីដែនផ្សេងៗរាប់រយនាក់ អាស្រ័យនៅក្រុងសាវត្ថី ដោយកិច្ចការរបស់ពួកគេ មានការបូជាយញ្ញជាដើម ។ ពួកព្រាហ្មណ៍ទាំងនោះ បានចាត់មាណពម្នាក់ឈ្មោះអស្សលាយនៈ អាយុទើបតែ ១៦ ឆ្នាំ ប៉ុន្តែរៀនចេះចប់នូវគម្ពីរត្រៃវេទ ព្រមទាំងគម្ពីរព្រាហ្មណ៍ផ្សេងៗទៀតជាច្រើន ឲ្យចូលទៅពិគ្រោះពិភាក្សានឹងព្រះដ៏មានព្រះភាគ អំពីវណ្ណៈព្រាហ្មណ៍ ជាវណ្ណៈប្រសើរខ្ពង់ខ្ពស់ជាងគេ ។
អស្សលាយនមាណព បានក្រាបបង្គំទូលព្រះដ៏មានព្រះភាគដូច្នេះថា បពិត្រព្រះគោតមដ៏ចម្រើន ពួកព្រាហ្មណ៍តែងនិយាយយ៉ាងនេះថា មានតែពួកព្រាហ្មណ៍ទេ ទើបជាវណ្ណៈប្រសើរ វណ្ណៈឯទៀតជាវណ្ណៈថោកទាប ពួកព្រាហ្មណ៍ទើបជាវណ្ណៈស វណ្ណៈឯទៀតជាវណ្ណៈខ្មៅ ពួកព្រាហ្មណ៍ទើបបរិសុទ្ធ វណ្ណៈឯទៀតដែលមិនមែនពួកព្រាហ្មណ៍គឺមិនបរិសុទ្ធឡើយ ពួកព្រាហ្មណ៍ជាបុត្រ ជាឱរសកើតមកអំពីព្រះឱស្ឋរបស់ព្រះព្រហ្ម មានព្រះព្រហ្មជាអ្នកបង្កើត មានព្រះព្រហ្មជាអ្នកនិម្មិត ជាញាតិនឹងព្រះព្រហ្ម ត្រង់នេះ តើព្រះគោតមដ៏ចម្រើនសម្ដែងដូចម្ដេច ? ព្រះដ៏មានព្រះភាគទ្រង់ត្រាស់សម្ដែងថា
ម្នាលអស្សលាយនៈ នាងព្រាហ្មណីទាំងឡាយរបស់ពួកព្រាហ្មណ៍ ជាស្រីមានរដូវ មានគភ៌ សម្រាលកូននិងបំបៅដោះកូន អ្នករាល់គ្នាក៏ឃើញដែរ... ។
ម្នាលអស្សលាយនៈ កាលពីមុន អ្នកអាងជាតិកំណើត លុះអាងជាតិកំណើតហើយ អ្នកអាងមន្តទាំងឡាយ លុះអាងមន្តទាំងឡាយហើយ ត្រឡប់ជាលើកលែងនូវមន្តនោះ ហើយមកប្រកាន់យកនូវសេចក្ដីបរិសុទ្ធក្នុងវណ្ណៈទាំង ៤ តាមដែលតថាគតបញ្ញត្តវិញ ។
នៅក្នុងព្រះពុទ្ធសាសនា ព្រះអង្គទ្រង់ត្រាស់ថា បុគ្គលធ្វើបាបដោយខ្លួនឯង រមែងសៅហ្មងដោយខ្លួនឯង បុគ្គលមិនធ្វើបាបដោយខ្លួនឯង រមែងបរិសុទ្ធដោយខ្លួនឯង ដូច្នេះបុគ្គលបរិសុទ្ធ ឬថោកទាបសៅហ្មង មិនមែននៅលើវណ្ណៈជាតិកំណើតទេ គឺនៅលើការប្រព្រឹត្តជាក់ស្ដែង ។
នៅខាងចុងនៃព្រះសូត្រ អស្សលាយនៈ បានប្រកាសខ្លួនជាឧបាសក អ្នកដល់សរណៈស្មើដោយជីវិត ។
ដកស្រង់ពីសៀវភៅ ជំនួយសតិភាគទី២២
ដោយ៥០០០ឆ្នាំ
images/articles/2835/7766tpic.jpg
ផ្សាយ : ១៣ កុម្ភះ ឆ្នាំ២០២១ (អាន: ៣៦៧២ ដង)
ភូមិ ៣១ ចែកជា ៣ ពួក ។
ពួកទី ១ ពោលដោយលំដាប់ឋាន មាន ៣ គឺ ៖
១. កាមភូមិ ១១ មាន អបាយភូមិ ៤ (គឺ នរក ប្រេត តិរច្ឆាន អសុរកាយ) និង កាមសុគតិភូមិ ៧ គឺ មនស្ស ចាតុមហារាជិកា តាវត្តិង្ស យាមាតុសិត និម្មានរតី បរនិម្មិតវសវត្តី ។
២. រូបភូមិ ១៦ មាន បឋមជ្ឈានភូមិ ៣ (គឺព្រហ្មបារិសជ្ជាព្រហ្មបុរោហិតា មហាព្រហ្មា) ទុតិយជ្ឈានភូមិ ៣ (គឺបរិត្តាភាអប្បមាណាភា អាភស្សរា) តតិយជ្ឈានភូមិ ៣ (គឺ បរិត្តសុភាអប្បមាណសុភា សុភកិណ្ហា) និង ចតុត្ថជ្ឈានភូមិ ៧ (វេហប្ផលាអសញ្ញីសត្តា និង សុទ្ធាវាសភូមិ ៦ គឺ អវិហា អតប្បា សុទស្សាសុទស្សី អកនិដ្ឋា) ។
៣. អរូបភូមិ ៤ មាន អាកាសានញ្ចាយតភូមិ វិញ្ញាណញ្ចាយតនភូមិអាកិញ្ចញ្ញាយតនភូមិ នេវសញ្ញានាសញ្ញាយតនភូមិ ។
ពួកទី ២ ពោលដោយខន្ធ មាន ៣ គឺ ៖
១. បញ្ចវោការភូមិ ភូមិជាទីនៅនៃសត្វដែលមានខន្ធ ៥ មាន ២៦ គឺ កាមភូមិ ១១ រូបភូមិ ១៥ (វៀរអសញ្ញីសត្តា) ។
២. ចតុវោការភូមិ ភូមិជាទីនៅនៃសត្វដែលមានខន្ធ ៤ មាន ៤ គឺ អរូបភូមិ ។
៣. ឯកាវោការភូមិ ភូមិជាទីនៅនៃសត្វដែលមានខន្ធ ១ មាន ១ គឺ អសញ្ញីសត្តា ។
ពួកទី ៣ ពោលដោយសញ្ញា មាន៣ គឺ ៖
១. សញ្ញីភូមិ ភូមិជាទីនៅនៃសត្វដែលមានសញ្ញា មាន ២៩ គឺ កាមភូមិ ១១ រូបភូមិ ១៥ (វៀរអសញ្ញីសត្តា) និង អរូបភូមិ ៣ (វៀរនេវសញ្ញានាសញ្ញាយតនភូមិ)។
២. អសញ្ញីភូមិ ភូមិជាទីនៅនៃសត្វដែលមិនមានសញ្ញា មាន ១ គឺអសញ្ញីសត្តាភូមិ ។
៣. នេវសញ្ញីនាសញ្ញីភូមិ ភូមិជាទីនៅនៃសត្វដែលមានសញ្ញាក៏មិនមែន មិនមានសញ្ញាក៏មិនមែន មាន១គឺនេវសញ្ញានាសញ្ញាយតនភូមិ ។
ដោយខេមរ អភិធម្មាវតារ
ដោយ៥០០០ឆ្នាំ
images/articles/2834/44rrxtpic.jpg
ផ្សាយ : ១៣ កុម្ភះ ឆ្នាំ២០២១ (អាន: ២៨៥៦ ដង)
ភូមិ ៣
១. កាមភូមិ ១១ បានដល់ អបាយភូមិ ៤ មនុស្សភូមិ ១ ទេវភូមិ ៦
២. រូបភូមិ ១៦ បានដល់ រូបព្រហ្ម ១៦
៣. អរូបភូមិ ៤ បានដល់ អរូបព្រហ្ម ៤ ។
កំណើត ៤
១. អណ្ឌជយោនិ កំណើតក្នុងពង
២. ជលាពុជយោនិ កំណើតក្នុងគភ៌
៣. សំសេទជយោនិ កំណើតក្នុងញើសក្អែល
៤. ឱបបាតិកយោនិ កំណើតកើតឯង ។
គតិ ៥
១. និរយោ នរក
២. តិរច្ឆានយោនិ កំណើតតិរច្ឆាន
៣. បេត្តិវិសយោ ប្រេតវិស័យ
៤. មនុស្សា ពួកមនុស្ស
៥. ទេវា ពួកទេវតា ។
វិញ្ញាណដ្ឋិតិ ៧
១. សត្តា នានត្តកាយា នានត្តសញ្ញិនោ ពួកសត្វមានកាយផ្សេងគ្នា មានសញ្ញាផ្សេងគ្នា (ដូចពួកមនុស្ស ទេវតាពួកខ្លះ និងវិនិបាតិកៈពួកខ្លះ នេះជាវិញ្ញាណដិ្ឋតិទី ១) ។
២. សត្តា នានត្តកាយា ឯកត្តសញ្ញិនោ ពួកសត្វមានកាយផ្សេងគ្នា មានសញ្ញាដូចគ្នា (ដូចទេវតាក្នុងពួកព្រហ្មដែលកើតក្នុងជាន់បឋមជ្ឈានភូមិ នេះជា វិញ្ញាណដ្ឋិតិ ទី ២) ។
៣. សត្តា ឯកត្តកាយា នានត្តសញ្ញិនោ ពួកសត្វមានកាយដូចគ្នា មានសញ្ញាផ្សេងគ្នា (ដូចពួកទេវតាក្នុងជាន់អាភស្សរៈ នេះជាវិញ្ញាណដ្ឋិតិ ទី ៣) ។
៤. សត្តា ឯកត្តកាយា ឯកត្តសញ្ញិនោ ពួកសត្វមានកាយដូចគ្នា មានសញ្ញាដូចគ្នា (ដូចពួកទេវតាក្នុងជាន់សុភកិណ្ហៈ នេះជា វិញ្ញាណដ្ឋិតិ ទី ៤) ។
៥. សត្តា សព្វសោ រូបសញ្ញានំ សមតិក្កមា បដិឃសញ្ញានំ អត្ថង្គមា នានត្តសញ្ញានំ អមនសិការា អនន្តោ អាកាសោតិ អាកាសានញ្ចាយតនូបគា ពួកសត្វចូលកាន់អាកាសានញ្ចាយតនជ្ឈាន ដោយគិតថា អាកាសមិនមានទីបំផុត ព្រោះកន្លងបង់នូវពួករូបសញ្ញា ព្រោះវិនាសទៅនៃពួកបដិឃសញ្ញា ព្រោះមិនធ្វើទុកក្នុងចិត្តនូវពួកនានត្តសញ្ញា ដោយប្រការទាំងពួង(នេះជា វិញ្ញាណដ្ឋិតិ ទី ៥) ។
៦. សត្តា សព្វសោ អាកាសានញ្ចាយតនំ សមតិក្កម្ម អនន្តំ វិញ្ញាណន្តិ វិញ្ញាណញ្ចាយតនូបគា ពួកសត្វកន្លងបង់នូវអាកាសានញ្ចាយតនជ្ឈាន ដោយប្រការទាំងពួង ហើយចូលកាន់វិញ្ញាណញ្ចាយតនជ្ឈាន ដោយគិតថា វិញ្ញាណមិនមានទីបំផុត (នេះជាវិញ្ញាណដ្ឋិតិ ទី ៦) ។
៧. សត្តា សព្វសោ វិញ្ញាណញ្ចាយតនំ សមតិក្កម្ម នត្ថិ កិញ្ចីតិ អាកិញ្ចញ្ញាយតនូបគា ពួកសត្វកន្លងបង់នូវវិញ្ញាណញ្ចាយតនជ្ឈាន ដោយប្រការទាំងពួង ហើយចូលកាន់អាកិញ្ចញ្ញាយតនជ្ឈាន ដោយគិតថាវត្ថុតិចតួចមិនមាន (នេះជាវិញ្ញាណដ្ឋិតិ ទី៧) ។
សត្តាវាស ៩
១. សត្តា នានត្តកាយា នានត្តសញ្ញិនោ ពួកសត្វមានកាយផ្សេងគ្នា មានសញ្ញាផ្សេងគ្នា ដូចពួកមនុស្ស ទេវតាពួកខ្លះ និងវិនិបាតិកៈពួកខ្លះ (នេះជា
សត្តាវាស ទី ១) ។
២. សត្តា នានត្តកាយា ឯកត្តសញ្ញិនោ ពួកសត្វមានកាយផ្សេងគ្នា មានសញ្ញាដូចគ្នា ដូចពួកទេវតាក្នុងជាន់ព្រហ្មលោក ដែលកើតក្នុងជាន់បឋមជ្ឈានភូមិ (នេះជាសត្តាវាសទី ២) ។
៣. សត្តា ឯកត្តកាយា នានត្តសញ្ញិនោ ពួកសត្វមានកាយដូចគ្នា មានសញ្ញាផ្សេងគ្នា ដូចពួកទេវតាក្នុងជាន់អាភស្សរៈ (នេះជាសត្តាវាសទី ៣) ។
៤. សត្តា ឯកត្តកាយា ឯកត្តសញ្ញិនោ ពួកសត្វមានកាយដូចគ្នា មានសញ្ញាដូចគ្នា ដូចពួកទេវតាក្នុងជាន់សុភកិណ្ហៈ (នេះជាសត្តាវាស ទី ៤) ។
៥. សត្តា អសញ្ញិនោ អប្បដិសំវេទិនោ ពួកសត្វឥតសញ្ញា មិនដឹងច្បាស់ (នូវអារម្មណ៍) (ដូចពួកទេវតាជា អសញ្ញិសត្វ នេះជា សត្តាវាស ទី ៥) ។
៦. សត្តា សព្វសោ រូបសញ្ញានំ សមតិក្កមា បដិឃសញ្ញានំ អត្ថង្គមា នានត្តសញ្ញានំ អមនសិការា អនន្តោ អាកាសោតិ អាកាសាន-ញ្ចាយតនូបគា ពួកសត្វចូលកាន់អាកាសានញ្ចាយតនជ្ឈាន ដោយបរិកម្មថា អាកាសមិនមានទីបំផុតដូច្នេះ ព្រោះកន្លងបង់នូវពួករូបសញ្ញា ព្រោះវិនាសទៅនៃពួកបដិឃសញ្ញា ព្រោះមិនធ្វើទុកក្នុងចិត្តនូវពួកនានត្តសញ្ញាដោយប្រការទាំងពួង (នេះជាសត្តាវាស ទី ៦) ។
៧. សត្តា សព្វសោ អាកាសានញ្ចាយតនំ សមតិក្កម្ម អនន្តំ វិញ្ញាណន្តិ វិញ្ញាណញ្ចាយតនូបគា ពួកសត្វកន្លងបង់នូវអាកាសានញ្ចាយតនជ្ឈាន ដោយប្រការទាំងពួង ហើយចូលកាន់វិញ្ញាណញ្ចាយតនជ្ឈាន ដោយបរិកម្មថា វិញ្ញាណមិនមានទីបំផុតដូច្នេះ (នេះជា សត្តាវាស ទី ៧) ។
៨. សត្តា សព្វសោ វិញ្ញាណញ្ចាយតនំ សមតិក្កម្ម នត្ថិ កិញ្ចីតិអាកិញ្ចាញ្ញាយតនូបគា ពួកសត្វកន្លងបង់នូវវិញ្ញាណញ្ចាយតនជ្ឈាន ដោយប្រការទាំងពួង ហើយចូលទៅកាន់អាកិញ្ចញ្ញាយតនជ្ឈាន ដោយបរិកម្មថា វត្ថុបន្តិចបន្តួចមិនមានដូច្នេះ (នេះជា សត្តាវាស ទី ៨) ។
៩. សត្តា សព្វសោ អាកិញ្ចញ្ញាយតនំ សមតិក្កម្ម វសញ្ញានាសញ្ញាយតនូបគា ពួកសត្វកន្លងបង់នូវអាកិញ្ចញ្ញាយតនជ្ឈាន ដោយប្រការទាំងពួង ហើយចូលកាន់នេវសញ្ញានាសញ្ញាយតនជ្ឈាន ដោយបរិកម្មថា វត្ថុនេះស្ងប់រម្ងាប់ វត្ថុនេះប្រសើរ ដូច្នេះ (នេះជា សត្តាវាស ទី ៩) ។
(សុត្តន្តបិដក ទីឃនិកាយ បាដិកវគ្គ សង្គីតិសូត្រ)
ដោយខេមរ អភិធម្មាវតារ
ដោយ៥០០០ឆ្នាំ
images/articles/2833/mjnhbgfs.jpg
ផ្សាយ : ១៣ កុម្ភះ ឆ្នាំ២០២១ (អាន: ៣៥៣៤៤ ដង)
សម័យមួយ ព្រះឧទេនភិក្ខុ និមន្តគង់នៅក្នុងព្រៃស្វាយឈ្មោះខេមិយៈ ជិតក្រុងពារាណសី ។ សម័យកាលនោះ ព្រះដ៏មានព្រះភាគ ទ្រង់បរិនិព្វានទៅហើយ ដូច្នេះហើយ ទើបឃោដមុខព្រាហ្មណ៍មិនបានចូលគាល់ព្រះដ៏មានព្រះភាគឡើយ ប៉ុន្តែបានមកជួបនឹងព្រះឧទេនភិក្ខុហើយពោលថា បពិត្រសមណៈដ៏ចម្រើន ផ្នួសប្រកបដោយធម៌មិនមានទេ ការយល់ឃើញរបស់ខ្ញុំក្នុងផ្នួសនេះយ៉ាងនេះឯង បានជាខ្ញុំយល់ឃើញដូច្នោះ ព្រោះមិនឃើញជនទាំងឡាយ មានសភាពដូចលោកដ៏ចម្រើនផង ព្រោះមិនឃើញធម៌ក្នុងផ្នួសនេះផង ។
ដើម្បីឲ្យព្រាហ្មណ៍គាត់បានយល់ដឹងថាអ្នកបួសប្រកបដោយធម៌ មិនមែនមិនមានទេ គឺពិតជាមានមែន ព្រះឧទេនភិក្ខុ បានលើកយកបុគ្គល ៤ ពួក ដែលព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់សម្ដែងហើយ មកសម្ដែងឲ្យឃោដមុខព្រាហ្មណ៍បានស្ដាប់ទាំងសង្ខេប ទាំងពិស្ដារ ។ បុគ្គល ៤ ពួក គឺ
១-បុគ្គលដុតកម្ដៅខ្លួនឯង
២-បុគ្គលដុតកម្ដៅអ្នកដទៃ
៣- បុគ្គលដុតកម្ដៅខ្លួនឯង ទាំងដុតកម្ដៅអ្នកដទៃ
៤- បុគ្គលមិនដុតកម្ដៅខ្លួនឯង ទាំងមិនដុតកម្ដៅអ្នកដទៃ មិនមានសេចក្ដីស្រេកឃ្លានក្នុងការប្រាថ្នាបាប មានតែរំលត់ទុក្ខ ត្រជាក់ត្រជំទទួលសេចក្ដីសុខ និងមានអត្តភាពដ៏ប្រសើរ ក្នុងបច្ចុប្បន្ននេះ ។
កាលដែលព្រះឧទេនភិក្ខុសាកសួរព្រាហ្មណ៍ បានធ្វើឲ្យឃោដមុខព្រាហ្មណ៍ពេញចិត្តនឹងកាន់យកបុគ្គលពួកទី ៤ ហើយ ទើបបានព្រះឧទេនភិក្ខុ សម្ដែងបុគ្គល ២ ពួកទៀត គឺគ្រហស្ថនិងបព្វជិត ដែលធ្វើឲ្យព្រាហ្មណ៍ប្រកាសក្នុងពេលនោះថា ផ្នួសប្រកបដោយធម៌ប្រាកដជាមានមែន មិនមែនដូចគំនិតរបស់គាត់ពីមុននោះទេ ។ នៅពេលដែលព្រះឧទេនភិក្ខុសម្ដែងអំពីបុគ្គល ៤ ពួកដោយពិស្ដារចប់ហើយ ឃោដមុខព្រាហ្មណ៍បានប្រកាសសរសើរព្រះធម៌ និងសូមដល់ព្រះឧទេនដ៏ចម្រើនផង ព្រះធម៌ផង និងព្រះភិក្ខុសង្ឃផង ជាទីពឹងទីរលឹក ព្រមទាំងប្រកាសខ្លួនជាឧបាសក ។
ព្រះឧទេនភិក្ខុ បានប្រាប់ទៅឃោដមុខព្រាហ្មណ៍ថា ម្នាលព្រាហ្មណ៍ អ្នកកុំយកអាត្មាជាទីពឹងឡើយ អាត្មាយកព្រះមានព្រះភាគអង្គណាជាទីពឹង អ្នកចូរយកព្រះមានព្រះភាគអង្គនោះជាទីពឹងចុះ ។ ឃោដមុខព្រាហ្មណ៍សួរថា បពិត្រព្រះឧទេនដ៏ចម្រើន ចុះឥឡូវនេះ ព្រះគោតមដ៏ចម្រើន ជាអរហន្តសម្មាសម្ពុទ្ធអង្គនោះគង់នៅក្នុងទីណា ។ ឧទេនភិក្ខុតបថា ម្នាលព្រាហ្មណ៍ ឥឡូវនេះព្រះភគវន្តអរហន្តសម្មាសម្ពុទ្ធ ព្រះអង្គបរិនិព្វានទៅហើយ ។
ឃោដមុខព្រាហ្មណ៍តបថា បពិត្រព្រះឧទេនដ៏ចម្រើន ប្រសិនបើយើងខ្ញុំ ឮដំណឹងថា ព្រះគោតមដ៏ចម្រើនអង្គនោះ គង់ក្នុងទីចំនួន ១០ យោជន៍យើងខ្ញុំគួរទៅកាន់ទីចំនួន ១០ យោជន៍ ដើម្បីជួបនឹងព្រះគោតមដ៏ចម្រើនជាអរហន្តសម្មាសម្ពុទ្ធអង្គនោះដែរ បពិត្រព្រះឧទេនដ៏ចម្រើន ប្រសិនបើយើងខ្ញុំ ឮដំណឹងថា ព្រះគោតមដ៏ចម្រើនអង្គនោះ គង់ក្នុងទីចំនួន ២០ យោជន៍.... ក្នុងទីចំនួន ៣០ យោជន៍.... ក្នុងទីចំនួន ៤០ យោជន៍.... ក្នុងទីចំនួន ៥០ យោជន៍.... យើងខ្ញុំ ក៏គួរទៅកាន់ទីចំនួន ៥០ យោជន៍ ដើម្បីជួបនឹងព្រះគោតមដ៏ចម្រើន ជាអរហន្តសម្មាសម្ពុទ្ធអង្គនោះដែរ បពិត្រព្រះឧទេនដ៏ចម្រើន ប្រសិន បើយើងខ្ញុំ ឮដំណឹងថា ព្រះគោតមដ៏ចម្រើនអង្គនោះ គង់ក្នុងទីចំនួន ១០០ យោជន៍ យើងខ្ញុំ ក៏គួរតែទៅ កាន់ទីចំនួន ១០០ យោជន៍ ដើម្បីជួបនឹងព្រះគោតមដ៏ចម្រើន ជាអរហន្តសម្មាសម្ពុទ្ធអង្គនោះដែរ បពិត្រព្រះឧទេនដ៏ចម្រើន កាលបើព្រះគោតមដ៏ចម្រើន ព្រះអង្គបរិនិព្វានទៅហើយ ក៏យើងខ្ញុំសូមដល់នូវព្រះគោតមដ៏ចម្រើនអង្គនោះ ដែលព្រះអង្គបរិនិព្វានទៅហើយផង ព្រះធម៌ផង ព្រះភិក្ខុសង្ឃផង ជាទីពឹងទីរលឹក សូមព្រះឧទេនដ៏ចម្រើន ជ្រាបនូវខ្ញុំព្រះករុណា ថាជាឧបាសក ដល់នូវសរណៈស្មើដោយជីវិត តាំងពីថ្ងៃនេះជាដើមតទៅ បពិត្រព្រះឧទេនដ៏ចម្រើនព្រះរាជាក្នុងដែនអង្គៈ ទ្រង់ប្រទាននិច្ចភិក្ខា ដល់ខ្ញុំព្រះករុណា តែសព្វ ៗ ថ្ងៃ ខ្ញុំព្រះករុណាសូមប្រគេននិច្ចភិក្ខាមួយចំណែក អំពីនិច្ចភិក្ខានោះ ដល់ព្រះឧទេនដ៏ចម្រើន ។
ឧទេនភិក្ខុសួរថា ម្នាលព្រាហ្មណ៍ ចុះព្រះបាទអង្គៈទ្រង់ប្រទាននិច្ចភិក្ខាប៉ុន្មាន ដល់អ្នក សព្វ ៗ ថ្ងៃ ។ ឃោដមុខព្រាហ្មណ៍តបថា បពិត្រព្រះឧទេនដ៏ចម្រើន ព្រះបាទអង្គៈ ទ្រង់ប្រទាន ៥០០ កហាបណៈ ។ ឧទេនភិក្ខុតបថា ម្នាលព្រាហ្មណ៍ យើងមិនគួរទទួលមាសនិងប្រាក់ទេ ។ ឃោដមុខព្រាហ្មណ៍ឆ្លើយថា បពិត្រព្រះឧទេនដ៏ចម្រើន បើមាសប្រាក់នោះមិនគួរ ខ្ញុំព្រះករុណានឹងឲ្យជាងធ្វើវិហារប្រគេនលោកម្ចាស់ឧទេនដ៏ចម្រើន ។ ឧទេនភិក្ខុតបថា ម្នាលព្រាហ្មណ៍ បើអ្នកចង់ឲ្យជាងធ្វើវិហារឲ្យអាត្មា ចូរឲ្យជាងសង់ឧបដ្ឋានសាលាប្រគេនសង្ឃ នៅក្នុងក្រុងបាដលិបុត្តវិញចុះ ។
ឃោដមុខព្រាហ្មណ៍ពោលថា លោកម្ចាស់ឧទេនដ៏ចម្រើន បបួលខ្ញុំព្រះករុណាឲ្យធ្វើទានចំពោះសង្ឃ ដោយហេតុណា ខ្ញុំព្រះករុណាមានចិត្តត្រេកអររីករាយពន់ប្រមាណ ចំពោះលោកម្ចាស់ឧទេនដ៏ចម្រើន ដោយហេតុនេះ បពិត្រលោកម្ចាស់ឧទេនដ៏ចម្រើន ខ្ញុំព្រះករុណានេះ នឹងឲ្យជាងធ្វើឧបដ្ឋានសាលាប្រគេនសង្ឃក្នុងក្រុងបាដលិបុត្ត ដោយនិច្ចភិក្ខានេះផង ដោយនិច្ចភិក្ខាដទៃផង ។ លំដាប់នោះ ឃោដមុខព្រាហ្មណ៍ ក៏ឲ្យជាងធ្វើឧបដ្ឋានសាលាប្រគេនសង្ឃក្នុងក្រុងបាដលិបុត្ត ដោយនិច្ចភិក្ខានុះផង ដោយនិច្ចភិក្ខាដទៃផង ។ ឥឡូវនេះ សាលានោះ គេហៅថា ឃោដមុខី ។
នៅក្នុងអដ្ឋកថា បានសម្ដែងប្រាប់ថា ឃោដមុខព្រាហ្មណ៍ បានបំពេញបុណ្យហើយ អស់ជីវិតទៅបដិសន្ធិក្នុងទេវលោក ។ កាលដែលសង្ឃប្រជុំគ្នាដើម្បីចាត់ចែងជួសជុលនូវឧបដ្ឋានសាលា ឃោដមុខទេវបុត្របានចុះពីទេវលោក មកណែនាំឲ្យប្អូនស្រីទៅយកកំណប់ទ្រព្យមកចាត់ចែងជួសជុលនិងសាងនូវសាលាឆាន់ និងទុកទ្រព្យចិញ្ចឹមកូនចៅទៅទៀតផង រួចហើយថ្វាយបង្គំព្រះភិក្ខុសង្ឃ អណ្ដែតទៅព្ធដ៏អាកាសវេហា ត្រឡប់កាន់ទេវលោកវិញ ។
ដកស្រង់ពីសៀវភៅ ជំនួយសតិភាគទី២២
ដោយ៥០០០ឆ្នាំ
images/articles/2670/tecvvfpic.jpg
ផ្សាយ : ១២ កុម្ភះ ឆ្នាំ២០២១ (អាន: ៤៩០៤៥ ដង)
គួរឲ្យសង្វេគណាស់ ! អត់អំពីព្រះពុទ្ធទៅ ភាពចំរូងចំរាស់បានកើតឡើងក្នុងសាសនាជាប់មិនដាច់ ដោយហោចទៅសូម្បីតែគ្រូនិងសិស្សក៏មានបញ្ហានិងគ្នាដែរ ។ លោកគ្រូជាសុតពុទ្ធជាអ្នកទ្រទ្រង់ព្រះត្រៃបិដក វេលាលោកកំពុងទេស លោកបានពោលថា សតិប្បដ្ឋាន៤គឺជាលោកុត្តរមគ្គតែម៉្យាង សិស្សដែលគង់នៅក្បែរគ្រែទេសបានលបខ្សឹបលោកគ្រូថាមិនមែនទេលោកម្ចាស់គឺជាបុព្វភាគនៃមគ្គទេ គឺចាប់ពីលោកិយមគ្គទៅលោកុត្តរមគ្គ ធ្វើសភាពព្រងើយ លោកគ្រូនៅតែមិនស្តាប់ ។
វេលាស្រង់ទឹកទើបលោកសូត្រស្វាធ្យាយពីដើមដល់ចប់ លោកយល់ត្រង់ពាក្យថា សតិប្បដ្ឋាន៤ បើបដិបត្តិដល់៧ឆ្នាំ ៧ខែ ដោយហោចទៅត្រឹម៧ថ្ងៃគង់បានសម្រេចមគ្គផល ពីមុនលោកយល់ថាអរិយមគ្គតែកើតឡើងហើយមិនដែលរង់ចាំដល់៧ឆ្នាំ ទើបលោកយល់ស្របនឹងសិស្សថាគឺជាបុព្វភាគនៃអរិយមគ្គ ។
សេចក្តីនេះចង់បញ្ជាក់ថា អំណឹះបើអស់លោកសុទ្ធតែជាអ្នកទ្រទ្រង់បិដកផងនៅភ្លាំងភ្លាត់បាន ទំរាំបញ្ញារបស់មនុស្សសព្វថ្ងៃ គឺជៀសមិនផុតពីការខ្វែងគំនិតគ្នា ហើយប្រឹងអូសទាញគ្នាតាមការយល់ឃើញរបស់ខ្លួនជាមិនខាន ហេតុនេះវិវាទគង់មានជាធម្មតា យើងមិនបាច់ហួងហែងទើសទាស់គ្នាខ្លាំងពេកទេ ត្រង់ណាកាន់យកបានក៏កាន់យកទៅ រួបរួមគ្នាស្វែងរកវិធីលះការប្រកាន់ទៅ។ធម៌ព្រះគឺបានអីលះនឹងទេ ! មានឧបាទាន នាំឲ្យមានភព មានភពនាំឲ្យមានជាតិកំណើត នាំឲ្យមានទុក្ខដោយជរាព្យាធិមរណៈ ហេតុនេះដកតែឧបាទាន(ការប្រកាន់)ចេញទៅ ជាតិរលត់ ទុក្ខរលត់ នេះហើយជានិព្វាននោះ មិនមាននិព្វានអីនៅក្រៅធម៌នេះទេ ។ ឧបាយដើម្បីលះឧបាទាន មិនមានអ្វីក្រៅពីសីល សមាធិ វិបស្សនានេះឡើយ ! ។
មនុស្សកាលបើខ្សោយការមានៈប្រកាន់ហើយ រមែងជាមនុស្សហ៊ានទទួលយកកំហុសហើយកែប្រែ ហ៊ានទទួលយកហេតុផលដែលត្រឹមត្រូវ យកមកប្រើដោយឥតលាក់លៀម មិនខ្លាចខ្លួនថោកឬខ្លាចគេថាខ្លួនអន់ មិនចេះលាក់បាំងទោសកំហុស ដោយចង់បានតែពីខាងត្រូវសម្រាប់ខ្លួនឯងឡើយ។តើធ្វើដូចម្តេចដើម្បីអាចទំលាក់ការមានៈប្រកាន់បាន?
ចូរអង្គុយពែនភ្នែន បិទភ្នែកហើយពិចារណាអំពីសេចក្តីស្លាប់ៈ
១- សត្វលោកសុទ្ធតែមានសេចក្តីស្លាប់ជាមរតក អាត្មាអញគឺជាអ្នកស្លាប់ទេ(សំឡុតកិលេស)
២- យាយតាម៉ែឪសុទ្ធតែជាអ្នកស្លាប់ អញកើតពីគាត់ដែលជាអ្នកស្លាប់តើជៀសពីស្លាប់ម្តេចនឹងបាន?(ប្រាប់ហេតុផលដល់ចិត្ត)
៣- សូម្បីតែព្រះពុទ្ធលោកមានឬទ្ធិដល់ម៉្លោះគង់កន្លងសេចក្តីវិនាសនេះមិនបាន ចុះអាត្មាអញជាជនថយថោកយ៉ាងនេះ តើនឹងកន្លងសេចក្តីវិនាសនេះបានដូចម្តេចទៅ?(លួងលោមចិត្តឲ្យព្រម ព្រោះមិនមែនស្លាប់តែឯងនោះទេ)។ រួចហើយភាវនាមរណំៗ អាចារ្យខ្លះលោកឲ្យពិចារណាហើយទើបពិនិត្យខ្យល់ដង្ហើមតាមក្រោយក៏បាន ! ធ្វើរាល់ថ្ងៃក្នុងរយះមួយខែយ៉ាងតិច រួចចាំពិនិត្យសភាពចិត្តតាមក្រោយ តើមានការកែប្រែស្បើយការមានះប្រកាន់ខ្លះទេ? ។
ប្រភពហ្វេសប៊ុក Thong Nidamony
ដោយ៥០០០ឆ្នាំ
images/articles/2675/____________pic.jpg
ផ្សាយ : ១២ កុម្ភះ ឆ្នាំ២០២១ (អាន: ៥៤៦៩៧ ដង)
មហាយាន ម្នាក់ៗខំកសាងខ្លួនដោយការជួយមនុស្សនិងសត្វ ដើម្បីបានក្លាយជាព្រះពោធិសត្វ នឹងបានទៅរស់នៅក្នុងព្រះនិព្វានដែលជាឋានបរមសុខ(និព្វានបញ្ញត្តិជានិព្វានមានឋានមានទីតាំង) ។ សមាធិប្រឆាំងនឹងគំនិតបំពុលបីយ៉ាង ភាពល្ងង់ខ្លៅ(អវិជ្ជា) សេចក្តីត្រូវការមិនចេះចប់ ឬ គ្មានព្រំដែន (តណ្ហា) ការមានះប្រកាន់រឹងត្អឹង(ឧបាទាន) ដោយតស៌ូផ្តាច់ចំណងតណ្ហានិងការប្រកាន់មាំត្រូវពង្រឹងចិត្តមេត្តាជាគោលគ្រឹះ «សូមឲ្យទុក្ខលំបាក ការឈឺចាប់សព្វបែបយ៉ាងដែលមនុស្សសត្វមានសូមធ្លាក់មកលើខ្លួនអាត្មាអញទាំងអស់មកចុះ ! សូមឲ្យក្តីរីករាយរបស់អាត្មាអញផ្សាយទៅកាន់ពួកគេ ! សូមឲ្យទុក្ខសោករោគភ័យទាំងអស់ ក្តីស្រេកឃ្លានទាំងអស់ កំហឹងនិងអំពើមិនបរិសុទ្ធិទាំងអស់ឃ្លាតឆ្ងាយពីពួកគេនិងញាតិរបស់គេ ! ដោយអំណាចធម្មរតនៈជាទីពឹង អំណាចមេត្តាចិត្តជាទីពឹង សូមបានផ្តាច់បង់នូវហេតុរបស់ទុក្ខទាំងពួងឲ្យអស់ទៅ សូមរក្សាខ្លួនជាសុខគ្រប់ៗគ្នា សូមបានដល់នូវប្រយោជន៍និព្វានជាទីពឹងគ្រប់ៗគ្នាកុំបីខាន ! (នេះជាការអធិដ្ឋានចិត្តរបស់សង្ឃឡាម៉ាទីបេ) ។
ម្នាក់ៗតស៊ូឲ្យក្លាយជាព្រះពោធិសត្វសិន ទើបចំរើនអនត្តាឬសុញ្ញតសមាធិដែលជាកម្មដ្ឋាននាំឲ្យក្លាយជាព្រះពុទ្ធ ។ដើម្បីចំរើនសុញ្ញតសមាធិត្រូវមានពីរតំណាក់កាល ១ យល់ទ្រឹស្តីពីភាពទទេរ (ទទេយកអីទៅមិនបាន ,ជីវិតដូចការយល់សប្តិ , ធម្មជាតិកើតរលត់ហាមឃាត់មិនបាន,កាយគតាសតិក៏ជាអនត្តាធម៌ ឯណាទៅអញ? នេះជាដៃ ជាជើង ជាភ្នែក ជាត្រចៀក ដែលបំពេញមុខងារខុសៗគ្នាមិនអាចជំនួសគ្នាបាន , អ្វីៗបានត្រឹមតែការដឹងអារម្មណ៍....។
តំណាក់កាលទីពីរ គឺអនុវត្តសមាធិដើម្បីរកឲ្យឃើញភាពទទេរក្នុងច្បាប់ធម្មជាតិ។តាមពិតមហាយាននិកាយមួយនេះនិងថេរវាទ មានវិន័យខុសគ្នាទាំងស្រុង តែធម៌កំពូលគឺមានអនត្តាធម៌ដូចគ្នា ! គួរឲ្យរីករាយជ្រះថ្លាជាមួយដែរ ។ គោលបដិបត្តិរបស់យើងគឺ សីល សមាធិ បញ្ញា ឯខាងគេគឺ មេត្តា សមាធិ និង អនត្តាធម៌យ៉ាងនេះជាដើម ។ បើគេជឿព្រះពុទ្ធ គេគ្មាននិកាយណាមួយកើតឡើងទេ បើគេជឿព្រះពុទ្ធ គេគ្មានធម្មយុត្ត ឬមហានិកាយដែរ ! តែបើគេមានទិដ្ឋិមានះហើយ សូម្បីតែព្រះពុទ្ធក៏គេគិតថានៅមានកំហុសដែរ ! ។
ប្រភពហ្វេសប៊ុក Thong Nidamony
ដោយ៥០០០ឆ្នាំ
images/articles/2674/teww6pic.jpg
ផ្សាយ : ១២ កុម្ភះ ឆ្នាំ២០២១ (អាន: ៦២៩២៩ ដង)
លោកតា! តើម៉ែធម៌ឬម៉ែចិញ្ចឹម និង ម៉ែបង្កើតមួយណាមានគុណជាង ?
កើតបានជាផ្លែឈូកគឺអាស្រ័យទឹក អាស្រ័យភក់ អាស្រ័យពួជឈូក ឯម្ចាស់បឹងឈូកជាអ្នកថែរក្សានិងទទួលផល សេចក្តីនេះយ៉ាងណា គឺដូចជាជីវិតមនុស្សម្នាក់ ដែលកើតឡើងបានព្រោះអាស្រ័យពួជបុណ្យរបស់ខ្លួន(ពួជឈូក) អាស្រ័យបុណ្យមេបា(ទឹកនិងភក់) អ្នកថែឈូកដូចជាម្តាយចិញ្ចឹមឬម៉ែធម៌ ។
បើគិតពីគុណវិញ បើគ្មានឪម៉ែបង្កើតមកទេក៏គ្មានកូនកើតមកដែរ ព្រោះហេតុនេះម៉ែឪបង្កើតបើកូនសម្លាប់នឹងត្រូវធ្លាក់ក្នុងអនន្តរិយកម្មជានិច្ច បើទោះជាម៉ែឪនោះអាក្រក់យ៉ាងណាក៏ដោយ(បោះបង់កូនចោលក៏ដោយ)ព្រះពុទ្ធលោកសម្តែងដូច្នេះ។
ឯឪម៉ែចិញ្ចឹម បើកូនសម្លាប់មានទោសត្រឹមបាណាតិបាត មិនមានទោសដល់អនន្តរិយកម្មទេ ! ។គុណបង្កើត គុណចិញ្ចឹម គុណផ្តល់ចំណេះវិជ្ជា គឺគុណបង្កើតធំជាងគេ ដូច្នេះម៉ែឪបង្កើតនៅតែមានគុណធំជាងម៉ែឪចិញ្ចឹមដដែល តែណ្ហើយចុះ ! រឿងគុណធម៌កុំចេះតែថ្លឹងលេងៗអី យកល្អភារៈជាកូន គឺទោះម៉ែឪអាក្រក់យ៉ាងក៏នៅតែគោរព ឯភារៈជាម៉ែឪ បើទោះជាកូនអាក្រក់យ៉ាងណាក៏នៅតែអាណិតស្រឡាញ់ នេះបានសមជាមនុស្ស ធ្វើខុសពីនេះគឺជាសត្វទេ ! ។
កុំភ័យខ្លាចចំពោះអ្វីដែលមិនទាន់បានដឹង និង កុំបារម្ភចំពោះអ្វីដែលមិនទាន់បានកើតឡើង ចូររស់នៅជាមួយខ្លួនឯងឲ្យបានល្អ មួយជំហានម្តងអ្នកនឹងចេះរស់នៅជាមួយបញ្ហាយ៉ាងរីករាយជាមិនខាន ។ ភ័យខ្លាចយ៉ាងណាក៏ជីវិតគង់មានសេចក្តីស្លាប់តាមជាប់ជាមួយមនុស្សដែលបានរៀបចំសេចក្តីស្លាប់ជាប់តាមខ្លួនហើយ នឹងគ្មានការភ័យខ្លាចអ្វីទាំងអស់ ! ។
សេចក្តីសុខវាឋិតនៅលើខ្លួនយើងជាអ្នកគិត ឯជីវិតវាឋិតនៅលើខ្លួនយើងជាអ្នកសាង អ្វីគ្រប់យ៉ាងវាកើតមកតែពីខ្លួនយើងទាំងអស់ « លោកនេះកើតពីកម្ម លោកនេះវិចិត្រឡើងដោយកម្ម កើតដោយកម្ម បញ្ចប់ដោយកម្ម » អ្វីៗត្រូវប្រគល់ឲ្យកម្មចាត់ចែងចុះ យើងក៏នឹងអស់កង្វល់ ! ព្រោះកម្លាំងអ្វីស្មើដោយកម្លាំងកម្មមិនមានឡើយ ! កុំប្រជែងនឹងវាសនា កុំតវ៉ានឹងព្រហ្មលិខិត បើគិតយកឈ្នះវាមិនបានទេ មានតែត្រូវហ្វឹកហាត់ចិត្តឲ្យព្រម ព្រោះក្រោយពីចិត្តចេះព្រមហើយ យើងក៏បានសម្រាក គឺការសម្រាកនោះហើយជាសន្តិភាពចិត្ត សម្រាកលែងប្រដេញតាមភាពមិនពិតដែលមាននៅក្នុងលោក ! ។
ប្រភពហ្វេសប៊ុក Thong Nidamony
ដោយ៥០០០ឆ្នាំ
images/articles/2678/7tgttpic.jpg
ផ្សាយ : ១២ កុម្ភះ ឆ្នាំ២០២១ (អាន: ៥៣៨៥១ ដង)
ចិត្តមានមុខងារគិត អារម្មណ៍មានមុខងារឲ្យចិត្តតោងដើម្បីគិត ឯចេតសិកមានមុខងារអូសទាញចិត្តឲ្យធ្វើការ ទាំងអស់គ្នា សីុសោយអារម្មណ៍ជាមួយគ្នា កើតរលត់ព្រមគ្នា ព្រោះហេតុនេះម្នាក់ៗ កើតពីបច្ច័យរៀងៗខ្លួន « សព្វេ ធម្មា អនត្តា » ធម៌ទាំងឡាយទាំងពួងអត់មានខ្លួនឯងទេ គឺកើតពីបច្ច័យទាំងអស់ ។
ចុះភវង្គចិត្តនៅឯណា ? ហើយសញ្ញាការចងចាំ ហេតុអីក៏វាចងចាំមិនភ្លេច បើវាគ្មានខ្លួនឯងផងនោះ ? សញ្ញាការចងចាំក៏កើតពីបច្ច័យដែរ ព្រោះពេលដួលបោកក្បាលរញ្ជួយខ្លាំងដល់កន្លែងវា វាក៏រលត់លែងចាំអ្វីបានដែរ ។
ចុះភវង្គដែលដើរតួជា មេម័រីឬជាបណ្ណាល័យផ្ទុកឯកសារអារម្មណ៍នោះវានៅទីណា ? ភវង្គ - ចុតិ - បដិសន្ធិ ក្នុងអភិធម្មមានពន្យល់ថា មនោទ្វារ (តាំងនៅក្លែបខាងមុខនៃខួរក្បាល) ជាការិយាល័យរបស់ចិត្តធ្វើការ តែទីស្នាក់ការឬលំនៅរបស់ចិត្ត មានបញ្ជាក់ថានៅហទយវត្ថុឬបេះដូង ការនេះស្របនឹងវិទ្យាសាស្ត្រដែលបានបង្ហាញពីការវិវត្តរបស់ទារកក្នុងផ្ទៃ គឺបេះដូងកើតមុនខួរក្បាល វាបញ្ជូនឈាមទៅចិញ្ចឹមគ្រប់ផ្នែកនៃរាងកាយដើម្បីវិវត្តពេញលក្ខណះពេញរូបពេញរាង ហើយតាមទ្រឹស្តីកង់តូមបង្ហាញថា ពេលស្លាប់មានរលកពត៌មានបញ្ចេញពីកូនបំពង់ក្នុងសីុតូប្លាសនៃកោសិកាប្រសាទ (Release information from Microtubles intra neuronal) ការស្លាប់ គឺជាការផ្សាយចេញនៃរលកសញ្ញាពីមីក្រូទីបុលនៃកោសិការប្រសាទ ។ វិទ្យាសាស្ត្របង្ហាញទៀតថា ការចងចាំរយះពេលយូរ គឺស្តុកនៅ Hypocampus គល់ខួរក្បាល អ្នកចូលរួមច្រោះអារម្មណ៍មាន Ganglion de la base or Amygdala , Zone limbic and Cortex ។
បើថាចិត្តជាផលិតផលនៃខួរក្បាល ចុះកុមារចាំជាតិនោះដូចម្តេចវិញ ? ដូច្នេះចិត្តគឺជាអង្គភាពមួយដាច់ដោយឡែកពីខួរក្បាល ដែលកើតឡើងតាមហេតុបច្ច័យ(ហេតុនិងគ្រឿងទ្រទ្រង់ឲ្យកើត) (Cause - Result ,Action - Reaction ) ការកើតឬបដិសន្ធិមានបច្ច័យចូលរួមគឺ ចិត្ត កម្ម អាហារ ឧតុ ដែលខ្វះមួយណាមិនបាន។ អានិសង្ឃនៃការរៀនបរិយត្តិនាំឲ្យបានសម្រេចជាព្រះអរហន្តបែកធ្លាយបដិសម្ភិទា៤ បើតស៌ូមិនបាន ក៏ខំសន្សំនិស្ស័យ តែគួរចងចាំថា មិនមែនទាល់តែទ្រទ្រងបិដកបានទើបរួចចាកទុក្ខនោះទេ អនុវត្តបានត្រឹមតែមួយគាថាក៏រួចចាកទុក្ខបានដែរ ! ទិសដៅសំខាន់បំផុតគឺ លះឧបាទានខន្ធ៥ ដែលជាមេទុក្ខទើបជារឿងសំខាន់ ! លះការមានះប្រកាន់តែប៉ុណ្ណោះ ទើបអស់ជាតិ ជរា ព្យាធិ មរណៈ ! ។
ប្រភពហ្វេសប៊ុក Thong Nidamony
ដោយ៥០០០ឆ្នាំ
images/articles/2679/erere455pic.jpg
ផ្សាយ : ១២ កុម្ភះ ឆ្នាំ២០២១ (អាន: ៥៨៧០៤ ដង)
ជីវិតគឺលំបាកខ្លាំងណាស់ទៅហើយ ហេតុនេះមិនត្រូវធ្វើចិត្តឲ្យតានតឹងថែមទៀតទេ ការធ្វើចិត្តឲ្យធូរស្រាល ( កុំគិតច្រើន ) ជីវិតក៏បានធូរស្បើយមួយកំរិតដែរ ។ នឿយជាមួយការងារត្រូវទ្រាំ នឿយជាមួយមនុស្សត្រូវរឹងមាំ មិនអាចបង្ហាញភាពទន់ជ្រាយឲ្យគេបានឃើញជាដាច់ខាត ! ។ ត្រូវដាស់តឿនខ្លួនឯងជាប់ជានិច្ចថា « បើព្រមដួល មានតែគេជាន់ថែមតែប៉ុណ្ណោះ » ។ ពេលខ្លះជីវិតគឺពិតជាមានការហត់នឿយណាស់ សឹងតែលែងចង់បោះជំហានទៅមុខ តែបើយើងធ្វើបែបនេះគឺមិនបានទេ ព្រោះជីវិតនេះមិនមែនជារបស់យើងតែម្នាក់ឯណា ហេតុនេះត្រូវតែសម្រេចចិត្តដើរទៅមុខទៀត ! អញដួលមិនបានទេ ! គ្មានអ្នកណារឹងមាំជាងខ្លួនឯងទេ គ្មានជាដាច់ខាត កុំរវល់តែមើលឆ្វេងស្តាំភ្លេចគិតពីខ្លួនឯង ! ។ រំឡឹករឿងចាស់ ពេលប៉ះរឿងថ្មី តែអ្វីៗមិនប្រែប្រួលទេ !
វិធាន៨យ៉ាងគួរយល់ដឹង ៖
១_ភាពរីករាយមិនមែនមានអារម្មណ៍តែមួយទេ តែវាចាំបាច់ណាស់សម្រាប់ជីវិត
២_ជោគជ័យមិនមែនមានន័យថារីករាយទេ
៣_គំនិតមើលមិនឃើញ តែវាសំខាន់ជាងអ្វីៗទាំងអស់
៤_ត្រូវអន្តរាគមជាមុនកុំចាំដោះស្រាយបញ្ហាតាមក្រោយ
៥_ដួលគឺត្រូវក្រោកឡើងដោយខ្លួនឯង បើមិនក្រោកគេនឹងជាន់ថែម
៦_ត្រូវចេះសុំជំនួយពីមនុស្សនិងចក្រវាឡនៅពេលជួបបញ្ហាដែលដោះស្រាយមិនចេញ
៧_ជីវិតគឺទទួលបានពីការស្លាប់ទេ !
៨_សេចក្តីស្រឡាញ់នៅក្នុងលោកមានច្រើនប្រភេទ តែវត្ថុុមួយគេមិនដែលស្រឡាញ់បានពីរដងឡើយ ចាំណា ! បើគេស្អប់ហើយ ចង់មានក្តីស្រឡាញ់ជាថ្មីគឺវាមិនដូចមុនឡើយ។ចានដីបែក បើចង់ប៉ះភ្ជិតទៅវិញ ការយកដីមកប៉ះវាមិនអាចទៅរួចឡើយ ទាល់តែយកមាសពេជ្រមកប៉ះទើបទៅរួច ! យ៉ាងណាមិញ សេចក្តីស្រឡាញ់សាជាថ្មីបើនៅតែប្រើស្ទីលចាស់វាមិនអាចទៅរួចទេ ទាល់តែដូរស្តាយថ្មី ! ! ! ។
ការចាកចេញពីផែនដីគួរមានកេរ្តិ៍ដំណែលដ៏ពិតប្រាកដ នោះគឺអំពើល្អដែលអាចគង់វង់នៅយូរអង្វែងបាន សេចក្តីស្លាប់គឺជាចំនួនថេរនៅលើអ័ក្សសនិទាន ដែលមានពិសោធលើរាងកាយនៅចុងបញ្ចប់នៃជីវិត ប៉ុន្តែនិរន្តរភាពគឺកេរ្តិ៍ឈ្មោះល្អ កុំភ្លេចណា ! ជីវិតគឺជាអ្វីដែលកំពុងរស់នៅឥឡូវនេះ ! ។
ប្រភពហ្វេសប៊ុក Thong Nidamony
ដោយ៥០០០ឆ្នាំ
images/articles/2840/poilumkjmgbfv.jpg
ផ្សាយ : ១០ កុម្ភះ ឆ្នាំ២០២១ (អាន: ៣៨១៨៣ ដង)
សម័យមួយ ព្រះដ៏មានព្រះភាគ ទ្រង់ពុទ្ធដំណើរទៅកាន់ចារិកក្នុងដែនកោសល ព្រមដោយភិក្ខុសង្ឃជាច្រើនព្រះអង្គ ព្រះអង្គទ្រង់គង់ក្នុងសាលវ័ន ជិតឱបាសាទគ្រាម ។ សម័យនោះឯង មានព្រាហ្មណ៍ម្នាក់ ឈ្មោះចង្កី នៅអាស្រ័យនឹងឱបាសាទគ្រាម ដែលជាស្រុកកុះករដោយសត្វនិងមនុស្ស បរិបូណ៌ដោយស្មៅឧសនិងទឹក ទាំងធញ្ញាហារក៏សម្បូណ៌ដែរ ជាស្រុកព្រះរាជទ្រព្យ ដែលព្រះរាជាបសេនទិកោសល ទ្រង់ព្រះរាជទាន ជាព្រះរាជអំណោយដ៏ប្រសើរ គឺទ្រង់ប្រទានដោយដាច់ខាត ។
បន្ទាប់អំពីពួកព្រាហ្មណ៍ក្នុងស្រុក បានសន្ទនាគ្នាអំពីព្រះគុណនៃព្រះដ៏មានព្រះភាគរួចមក ចង្កីព្រាហ្មណ៍ ព្រមទាំងពួកព្រាហ្មណ៍ដ៏ច្រើន បានចូលគាល់ព្រះដ៏មានព្រះភាគ ។ ក្នុងកាលនោះ មានព្រាហ្មណ៍កំលោះម្នាក់ ឈ្មោះកាបទិកៈ អាយុទើបតែ ១៦ ឆ្នាំ បានចេះចាំគម្ពីរព្រាហ្មណ៍យ៉ាងច្រើន ហើយកាបទិកៈនេះឯង បានជាប្រមុខក្នុងការទូលសួរបញ្ហាចំពោះព្រះដ៏មានព្រះភាគ ។ បញ្ហាដែលកាបទិកៈទូលសួរព្រះដ៏មានព្រះភាគ គឺ
-ការរក្សាសច្ចៈតើត្រឹមប៉ុន្មាន ។
-ការត្រាស់ដឹងសច្ចៈតើត្រឹមប៉ុន្មាន ។
-ការកើតឡើងនៃសច្ចៈតើត្រឹមប៉ុន្មាន ។
-ធម៌មានឧបការច្រើនដល់ការកើតឡើងនៃសច្ចៈ ។
-ធម៌មានឧបការច្រើនដល់បធានគឺសេចក្ដីព្យាយាម ។
-ធម៌មានឧបការច្រើនដល់ការថ្លឹងថ្លែងពិចារណា ។
-ធម៌មានឧបការច្រើនដល់ឧស្សាហៈគឺការប្រឹងប្រែង ។
-ធម៌មានឧបការច្រើនដល់ឆន្ទៈគឺការពេញចិត្តនឹងធ្វើ ។
-ធម៌មានឧបការច្រើនដល់ការសម្លឹងមើលធម៌ ។
-ធម៌មានឧបការច្រើនដល់ការពិចារណាអត្ថ ។
-ធម៌មានឧបការច្រើនដល់ការចេះចាំធម៌ ។
-ធម៌មានឧបការច្រើនដល់ការស្ដាប់ធម៌ ។
-ធម៌មានឧបការច្រើនដល់ការផ្ចង់ត្រចៀក ។
-ធម៌មានឧបការច្រើនដល់ការចូលទៅអង្គុយជិត ។
-ធម៌មានឧបការច្រើនដល់ការចូលទៅរក ។
ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ថា សទ្ធាមានឧបការច្រើនដល់ការចូលទៅរក ការចូលទៅរកមានឧបការច្រើនដល់ការចូលទៅអង្គុយជិត ការចូលទៅអង្គុយជិតមានឧបការច្រើនដល់ការផ្ចង់ត្រចៀក ការផ្ចង់ត្រចៀកមានឧបការច្រើនដល់ការស្ដាប់ធម៌ ការស្ដាប់ធម៌មានឧបការច្រើនដល់ការចេះចាំនូវធម៌ ការចេះចាំនូវធម៌មានឧបការច្រើនដល់ការពិចារណានូវអត្ថ ការពិចារណានូវអត្ថមានឧបការច្រើនដល់ការសម្លឹងមើលធម៌ គឺសម្លឹងដឹងថា សីលព្រះអង្គទ្រង់ត្រាស់ទុកក្នុងទីនេះ សមាធិព្រះអង្គទ្រង់ត្រាស់ទុកក្នុងទីនេះ ជាដើម ការសម្លឹងមើលធម៌មានឧបការច្រើនដល់ឆន្ទៈ គឺការពេញចិត្តនឹងធ្វើ ឆន្ទៈមានឧបការដល់ឧស្សាហៈគឺការប្រឹងប្រែង ឧស្សាហៈមានឧបការដល់ការថ្លឹងថ្លែងពិចារណា ( តុលេតីតិ ) គឺថ្លឹងថ្លែងពិចារណាការមិនទៀងជាដើមក្នុងសង្ខារធម៌ ការថ្លឹងថ្លែងពិចារណាមានឧបការច្រើនបធានគឺតាំងសេចក្ដីព្យាយាមក្នុងមគ្គ បធាន បទហិត ការតាំងសេចក្ដីព្យាយាមក្នុងមគ្គមានឧបការច្រើនដល់ការកើតឡើងនៃសច្ចៈគឺសច្ចានុប្បត្តិយា បានដល់ការសម្រេចនូវផលដែលជាលោកុត្តរវិបាក ។
ព្រះពុទ្ធអង្គត្រាស់សម្ដែងធម៌ ១២ ប្រការ ចាប់ពីសទ្ធាមកដល់បធាន អនុលោមក្នុងការពោលដល់មគ្គគឺការត្រាស់ដឹងសច្ចៈ ( សច្ចានុពោធោតិ មគ្គានុពោធោ ) ។ នៅក្នុងវារៈនៃការត្រាស់ដឹងសច្ចៈ គឺការសម្រេចអរិយមគ្គ ព្រះពុទ្ធអង្គទ្រង់ត្រាស់ថា បហិតត្តោ សមានោ កាយេន ចេវ បរមត្ថសច្ចំ សច្ឆិករោតិ បញ្ញាយ ច តំ អតិវិជ្ឈ បស្សតិ ។ ឯត្តាវតា ខោ ភារទ្វាជ សច្ចានុពោធោ ហោតិ ។ ជាអ្នកមានចិត្តបញ្ជូនទៅកាន់ព្រះនិព្វាន ( បហិតត្តោ ) ទើបធ្វើឲ្យជាក់ច្បាស់នូវបរមត្ថសច្ច ដោយនាមកាយផង បានចាក់ធ្លុះឃើញច្បាស់នូវបរមត្ថសច្ចនោះ ដោយបញ្ញាផង ។ ម្នាលភារទ្វាជៈ ការត្រាស់ដឹងនូវសច្ចៈមានត្រឹមប៉ុណ្ណេះឯង ។
អដ្ឋកថា ប្រាប់ថា ធ្វើឲ្យជាក់ច្បាស់នូវបរមត្ថសច្ច ដោយកាយ ដោយសេចក្ដីថា ធ្វើឲ្យជាក់ច្បាស់នូវព្រះនិព្វាន ដោយនាមកាយ ដែលជាសហជាតិ ហើយបានចាក់ធ្លុះ ឃើញច្បាស់នូវព្រះនិព្វាននោះ ដោយបញ្ញាក្នុងការលះបង់នូវកិលេសហ្នឹងឯង ។ ត្រង់បទថា ការត្រាស់ដឹងនូវសច្ចៈ គឺការត្រាស់ដឹងនូវមគ្គ ( សច្ចានុពោធោតិ មគ្គានុពោធោ ) ។
ការរក្សាសច្ចៈ គឺបុគ្គលមានជំនឿក្ដី មានការគាប់ចិត្តក្ដី មានការស្ដាប់តាមគ្នាក្ដី មានការត្រិះរិះនូវអាការណាក្ដី មានការសម្លឹងពិនិត្យយល់ចូលចិត្តក្ដី កាលដែលនិយាយ ក៏និយាយទៅតាមដែលខ្លួនឯងមានជំនឿជាដើមនោះ ៗ ឈ្មោះថារក្សាសច្ចៈ តែមិនដល់ថ្នាក់ដាច់ខាតថា ពាក្យនេះពិត ពាក្យដទៃជាមោឃៈឡើយ ។
នៅក្នុងទំព័រ ១៣៤ ព្រះដ៏មានព្រះភា ទ្រង់ត្រាស់សម្ដែងថា ម្នាលភារទ្វាជៈ មានសេចក្ដីតំណាលថា ភិក្ខុក្នុងសាសនានេះ ចូលទៅអាស្រ័យនៅក្នុងស្រុក ឬក្នុងនិគមណាមួយ ។ អដ្ឋកថា ប្រាប់ថាព្រះពុទ្ធអង្គទ្រង់សំដៅដល់ព្រះអង្គឯង នូវពាក្យថា ឥធ កិរ ភារទ្វាជ ភិក្ខុ ...។ គហបតី ឬកូនគហបតី បានញ៉ាំងសទ្ធាឲ្យកើតឡើងក្នុងព្រះតថាគត ទើបចូលទៅរកហើយអង្គុយជិត ។ល។
នៅខាងចុងនៃព្រះសូត្រ កាបទិកមាណព បានក្រាបបង្គំទូលព្រះដ៏មានព្រះភាគថា យើងខ្ញុំបានសួរនូវការរក្សាសច្ចៈធម៌នឹងព្រះគោតមដ៏ចម្រើន ព្រះគោតមដ៏ចម្រើន ក៏បានព្យាករនូវការរក្សាសច្ចៈហើយ ក៏ការព្យាករនោះ គាប់ចិត្តផង គួរផង ដល់យើងខ្ញុំ ទាំងយើងខ្ញុំសោត ក៏មានចិត្តត្រេកអ ដោយការព្យាករនោះ យើងខ្ញុំបានសួរនូវការត្រាស់ដឹងនូវសច្ចៈ នឹងព្រះគោតមដ៏ចម្រើន ព្រះគោតមដ៏ចម្រើ ក៏បានព្យាករនូវការត្រាស់ដឹងសច្ចៈហើយ ការព្យាករនោះ គាប់ចិត្តផង គួរផង ដល់យើងខ្ញុំ ទាំងយើងខ្ញុំសោត ក៏មានចិត្តត្រេកអរ ដោយការព្យាករនោះ យើងខ្ញុំបានសួរនូវការកើតសច្ចៈ នឹងព្រះគោតមដ៏ចម្រើន ព្រះគោតមដ៏ចម្រើន ក៏បានព្យាករនូវការកើតសច្ចៈហើយ ក៏ការព្យាករនោះ គាប់ចិត្តផង គួរផង ដល់យើងខ្ញុំ ទាំងយើងខ្ញុំសោត ក៏មានចិត្តត្រេកអរ ដោយការព្យាករនោះ យើងខ្ញុំបានសួរនូវធម៌មានឧបការច្រើន ដល់ការកើតសច្ចៈ នឹងព្រះគោតមដ៏ចម្រើន ព្រះគោតមដ៏ចម្រើន ក៏បានព្យាករនូវធម៌មានឧបការច្រើន ដល់ការកើតសច្ចៈហើយ ក៏ការព្យាករនោះ គាប់ចិត្តផង គួរផង ដល់យើងខ្ញុំ ទាំងយើងខ្ញុំសោត ក៏មានចិត្តត្រេកអរ ដោយការព្យាករនោះ យើងខ្ញុំបានសួរ នូវប្រស្នាណា ៗ នឹងព្រះគោតមដ៏ចម្រើន ព្រះគោតមដ៏ចម្រើន ក៏បានព្យាករនូវប្រស្នានោះ ៗ ហើយ ក៏ការព្យាករនោះ គាប់ចិត្តផង គួរផង ដល់យើងខ្ញុំ ទាំងយើងខ្ញុំសោតក៏មានចិត្តត្រេកអរដោយការព្យាករនោះ បពិត្រព្រះគោតមដ៏ចម្រើន ព្រោះថាកាលពីដើមយើងខ្ញុំបានដឹងយ៉ាងនេះថា បុគ្គលពួកណា ជាសមណៈត្រងោល ជាគហបតិជាតិ មានសម្បុរខ្មៅ ជាកូនកើតមកអំពីព្រះបាទនៃមហាព្រហ្ម បុគ្គលពួកណា ជាអ្នកដឹងច្បាស់នូវ ធម៌ ឱហ្ន៎ ! ( ឥឡូវនេះ ) ព្រះគោតមដ៏ចម្រើន បាននាំខ្ញុំឲ្យមាន សេចក្ដីស្រឡាញ់ក្នុងពួកសមណៈ ឲ្យមានសេចក្ដីជ្រះថ្លាក្នុងពួកសមណៈ ឲ្យមានសេចក្ដីគោរព ក្នុងពួកសមណៈ បពិត្រព្រះគោតមដ៏ចម្រើន ភ្លឺច្បាស់ណាស់ ។ បេ ។ សូមព្រះគោតមដ៏ចម្រើនទ្រង់ជ្រាប នូវខ្ញុំព្រះអង្គថាជាឧបាសក អ្នកដល់នូវត្រៃសរណគមន៍ ស្មើដោយជីវិត តាំងពីថ្ងៃនេះជាដើមតទៅ ។
ដកស្រង់ពីសៀវភៅ ជំនួយសតិភាគទី២២
ដោយ៥០០០ឆ្នាំ
images/articles/2841/tyfhvgvd.jpg
ផ្សាយ : ១០ កុម្ភះ ឆ្នាំ២០២១ (អាន: ៤៩១១១ ដង)
ការលះបង់នូវសេចក្ដីទុក្ខទាំងពួងបាន គឺជាសុខ ។ ត្រូវប្រយ័ត្នការស្វែងរកសុខ ដែលជាការបង្កហេតុនៃសេចក្ដីទុក្ខទៅវិញ។ គួរហ្វឹកហាត់ ៧ យ៉ាង នឹងបានក្សេមក្សាន្តក្នុងចិត្ត គឺ
១-ហ្វឹកហាត់ មើលខ្លួនឯងឲ្យឃើញតូចទៅ ៗ ។ គប្បីជាមនុស្សខ្លួនតូចដោយសតិ កុំជាមនុស្សខ្លួនធំដោយកិលេស ចូរជាមនុស្សធម្មតា ៗ ។ កុំប្រកាន់ថា អញជាមនុស្សសំខាន់ គេត្រូវគោរពយើងយ៉ាងនេះ យ៉ាងនោះឲ្យសោះ គប្បីសំខាន់ណាស់ក្នុងការជួយខ្លួនឯងឲ្យរួចពីសេចក្តីសៅហ្មងទៅ បានហើយ ។ ត្រូវចាំថា ធម្មតាជីវិតគឺធម្មតាធម៌ ។
២-ហ្វឹកហាត់ ឲ្យខ្លួនឯងជាអ្នកមិនសន្សំ ។ ការសន្សំអ្វី ៗ គ្រប់យ៉ាង គឺជាភារៈ មិនមានអ្វីដែលយើងសន្សំហើយ មិនមែនជាភារៈនោះឡើយ វៀរលែងតែសេចក្ដីល្អក្នុងការលះបាបប៉ុណ្ណោះ ក្រៅពីហ្នឹងសុទ្ធតែជាភារៈទាំងអស់ បើមិនច្រើនក៏តិចដែរ ។
៣-ហ្វឹកហាត់ ឲ្យខ្លួនឯងជាមនុស្សសប្បាយ ៗ ។ មានបុគ្គលជាទីសប្បាយ មានធម៌ស្ដាប់ជាទីសប្បាយ និងមានបដិបទាជាទីសប្បាយជាដើម ។ កុំទៅវង្វេងជាមួយនឹងរបស់សម្បូណ៌បែប ព្រោះតាមពិត របស់សម្បូណ៌បែបនោះមិនមានទេ វាគ្រាន់តែជាអារម្មណ៍នៃឆន្ទរាគៈតែប៉ុណ្ណោះ មានតែបុគ្គលល្ងង់ខ្លៅទេដែលលិចចុះក្នុងរបស់សម្បូណ៌បែប ព្រោះយល់ច្រឡំថា មានពិតក្នុងមាយាធម៌នោះៗ ចំណែកអ្នកចេះដឹង មិនលិចចុះឡើយ ។
៤-ហ្វឹកហាត់ ឲ្យខ្លួនឯងដឹងធម្មជាតិថា អ្វី ៗ សុទ្ធតែមានការកន្លងទៅ ។ ពេលដែលសុខ ត្រូវដឹងថា បន្តិចវានឹងកន្លងទៅ ពេលដែលមានទុក្ខ ក៏ត្រូវដឹងថា វានឹងកន្លងទៅដូចគ្នាដែរ ។ នៅពេលដែលស្ថានការណ៍លំបាកយ៉ាកយ៉ាប់មកដល់ ត្រូវដឹងឲ្យទាន់ថា រឿងរ៉ាវទាំងនេះ វាមិនបាននៅជាមួយយើងរហូតទៅនោះឡើយ ហើយយើងត្រូវតែឈរនៅខាងសេចក្ដីល្អជានិច្ច ។
៥-ហ្វឹកហាត់ ឲ្យខ្លួនឯងចេះលះបង់ និងចេះព្រមចាញ់ប្រៀបអ្នកដទៃផង ។ ការដែលមនុស្សយើងព្រមចាញ់ប្រៀបអ្នកដទៃ ជាការចាំបាច់ ព្រោះបើយើងទាមទារតែពីត្រូវ អាងហេតុ អាងផល យ៉ាងនេះ យ៉ាងនោះ ដោយមិនព្រមចាញ់ប្រៀបគេ ចង់តែពីត្រូវគ្រប់យ៉ាង ចង់តែពីឈ្នះគេ ប៉ុន្តែបែរទៅជាមិនមានសេចក្ដីសុខក្នុងជីវិតទៅវិញ ព្រោះត្រូវតស៊ូជាមួយនឹងមនុស្សជុំវិញខ្លួន ដើម្បីទាមទាររកឲ្យខ្លួនឯងត្រូវ និងឈ្នះគេតែម្យ៉ាង ដូច្នេះមានតែការព្រមចាញ់ប្រៀបអ្នកដទៃហ្នឹងឯង ដើម្បីសេចក្ដីសុខក្នុងជីវិតផង និងដើម្បីបានឈ្នះនូវមានៈក្នុងខ្លួនឯងផង ។
៦-ហ្វឹកហាត់ ឲ្យខ្លួនឯងជាមនុស្សស្ងៀមស្ងាត់ មិននិយាយច្រើនអត់ប្រយោជន៍ ។ កាលបើត្រូវនិយាយ គប្បីនិយាយដោយសតិសម្បជញ្ញៈ មិនទម្លាយសេចក្ដីស្ងប់ក្នុងចិត្តរបស់ខ្លួន មិននិយាយបៀតបៀនអ្នកដទៃដោយពាក្យសម្តីរបស់ខ្លួនឡើយ ត្រូវដកចង្កូម គឺវចីទុច្ចរិតទាំង ៤ អំពីមាត់របស់ខ្លួនចេញ ត្រូវនឹករលឹកដល់ព្រះពុទ្ធដីកា ដែលព្រះអង្គទ្រង់ត្រាស់អំពីសម្ដីល្អ ៥ យ៉ាង គឺ ១-ពាក្យពិត ២-ពាក្យពីរោះ ៣-ពាក្យមានប្រយោជន៍ ៤-ពោលតាមកាលៈទេសៈត្រឹមត្រូវ ៥-ពោលដោយមេត្តាចិត្ត ។ ត្រូវប្រយ័ត្នសម្ដីមិនល្អ ៥ យ៉ាងផ្ទុយគ្នា ប្រយ័ត្នម្យ៉ាង គឺខ្លួនឯងកុំពោលឲ្យសោះ និងប្រយ័ត្នម្យ៉ាងទៀត ត្រូវតាំងមេត្តាចិត្តឲ្យបានល្អ នៅពេលបានស្ដាប់ឮពីអ្នកដទៃនូវសម្ដីមិនល្អ ៥ យ៉ាងនេះ ត្រូវចាំថា សម្ដីមិនល្អទាំងនេះ រមែងមានក្នុងលោក ដូច្នោះឯង ។
៧-ហ្វឹកហាត់ ឲ្យខ្លួនឯងរួចផុតអំពីភាពជាទាសៈនៃមាសប្រាក់ ។ ពាក្យថាទាសៈ គឺជាសកម្មភាពនៃសេចក្ដីញាប់ញ័រក្នុងចិត្ត ។ ដើម្បីភាពជាឥស្សរៈនេះ ត្រូវហ្វឹកហាត់ឲ្យចេះល្មមជាមួយនឹងរបស់បរិភោគប្រើប្រាស់ កាលបើចេះល្មម ចេះសន្តោសហើយ ទើបមានឱកាសមកទទួលយកព្រះធម៌ ដើម្បីសិក្សាបដិបត្តិ ដែលការសិក្សាបដិបត្តិតាមព្រះធម៌របស់ព្រះសម្មាសម្ពុទ្ធនេះ គឺជាការងារមានសារៈសំខាន់បំផុត ។
ដកស្រង់ពីសៀវភៅ ជំនួយសតិភាគទី២២
ដោយ៥០០០ឆ្នាំ
images/articles/2842/232323rwer.jpg
ផ្សាយ : ១០ កុម្ភះ ឆ្នាំ២០២១ (អាន: ៤៨៥៤៤ ដង)
សម័យមួយ ព្រះដ៏មានព្រះភាគ ទ្រង់គង់ប្រថាប់នៅនាព្រះជេតវនារាម របស់លោកអនាថបណ្ឌិកសេដ្ឋី ជិតក្រុងសាវត្ថី ។ សម័យនោះ ព្រាហ្មណ៍ឈ្មោះឯសុការី បានចូលគាល់ព្រះដ៏មានព្រះភាគ បានក្រាបទូលព្រះដ៏មានព្រះភាគនូវការបញ្ញត្តរបស់ពួកព្រាហ្មណ៍ ដែលព្រាហ្មណ៍បានបញ្ញត្តនូវការបម្រើ ៤ យ៉ាង ទៅតាមវណ្ណៈទាំង ៤ គឺវណ្ណៈព្រាហ្មណ៍ វណ្ណៈក្សត្រិយ៍ វណ្ណៈវេស្សៈ និងវណ្ណៈសុទ្ទៈ ។ ពួកព្រាហ្មណ៍បានបញ្ញត្តថាៈ
-ព្រាហ្មណ៍ត្រូវបម្រើព្រាហ្មណ៍ ក្សត្រិយ៍ក៏ត្រូវបម្រើព្រាហ្មណ៍ដែរ វេស្សៈ សុទ្ទៈ ត្រូវបម្រើព្រាហ្មណ៍ទាំងអស់ ។
-ក្សត្រិយ៍ ត្រូវបម្រើក្សត្រិយ៍ វេស្សៈ និងសុទ្ទៈ ត្រូវបម្រើក្សត្រិយ៍ ។
-វេស្សៈត្រូវបម្រើវេស្សៈ សុទ្ទៈត្រូវបម្រើវេស្សៈ ។
-សុទ្ទៈត្រូវបម្រើសុទ្ទៈ ។
ឯសុការីព្រាហ្មណ៍ បានក្រាបទូលសួរព្រះដ៏មានព្រះភាគថា បពិត្រព្រះគោតមដ៏ចម្រើន ទ្រង់ត្រាស់សម្ដែងនូវដំណើរនោះ ថាដូចម្ដេច ? ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់សួរថា ម្នាលព្រាហ្មណ៍ចុះលោកទាំងមូលយល់ព្រមដាច់ស្រេច នូវការបញ្ញត្ត របស់ពួកព្រាហ្មណ៍នុ៎ះថា ចូរពួកព្រាហ្មណ៍បញ្ញត្តនូវការបម្រើទាំង ៤ យ៉ាងនេះចុះ ដូច្នេះដែរឬ ។ បពិត្រព្រះគោតមដ៏ចម្រើន លោកទាំងមូលមិនយល់ព្រម នូវការបញ្ញត្តនេះទេ ។ ម្នាលព្រាហ្មណ៍ បុរសកំសត់ ឥតយស មិនស្ដុកស្ដម្ភ ពួកឈ្មួញរទេះ យកចំណែកសាច់ ( គោរបស់ខ្លួនដែលស្លាប់តាមផ្លូវ ) ផ្ដែកវេរឲ្យដល់បុរសកំសត់នោះ ដែលមិនចង់បានដោយបង្ខំថា នែវ៉ឺយបុរស ឯងត្រូវតែស៊ីសាច់នេះ ទាំងត្រូវសងថ្លៃផង សេចក្តីនេះមានឧបមាយ៉ាងណា ម្នាលព្រាហ្មណ៍ ដោយការដែលពួកសមណព្រាហ្មណ៍នោះ មិនបានយល់ព្រមសោះ ស្រាប់តែពួកព្រាហ្មណ៍ មកបញ្ញត្តការបម្រើទាំង ៤ យ៉ាងនេះ ក៏មាន ឧបមេយ្យយ៉ាងនោះដែរ ។
ម្នាលព្រាហ្មណ៍ តថាគតមិនពោលថាត្រូវតែបម្រើអ្នកទាំងអស់ ( នោះ ) ទេ ម្នាលព្រហ្មណ៍ តែតថាគតនឹងបានពោលថាមិនត្រូវបម្រើទាំងអស់ក៏ទេដែរ ។ ម្នាលព្រាហ្មណ៍ ព្រោះថាកាលបើគេបម្រើបុគ្គលណា ត្រឡប់ជាបានបាបក្រៃពេក មិនបានប្រយោជន៍ ព្រោះហេតុការបម្រើ តថាគតមិនពោលថាត្រូវបម្រើបុគ្គលនោះទេ ម្នាលព្រាហ្មណ៍ តែថាកាលគេបម្រើបុគ្គលណា បានប្រយោជន៍មិនបានបាប ព្រោះហេតុតែការបម្រើទេ តថាគតពោលថាត្រូវបម្រើបុគ្គលនោះចុះ ។ ម្នាលព្រាហ្មណ៍ ប្រសិនបើគេសួរ ក្សត្រិយ៍យ៉ាងនេះថា កាលបើព្រះអង្គបម្រើបុគ្គលណា ទ្រង់ក្លាយទៅជាមនុស្សលាមកក្រៃពេក មិនបានជាមនុស្សប្រសើរវិសេស ព្រោះហេតុតែការបម្រើ មួយទៀត កាលបើព្រះអង្គបម្រើបុគ្គលណា បានជាបុគ្គលគាប់ប្រសើរ មិនក្លាយជាបុគ្គលថោកថយ ព្រោះហេតុតែការបម្រើទេ បណ្ដាបុគ្គលទាំង ២ នុ៎ះ តើព្រះអង្គត្រូវបម្រើបុគ្គលណា ។
ម្នាលព្រាហ្មណ៍ កាលបើក្សត្រិយ៍ឆ្លើយតបដោយត្រឹមត្រូវ គួរឆ្លើយតបយ៉ាងនេះថា កាលខ្ញុំបម្រើបុគ្គលណា ក្លាយខ្លួនទៅជាមនុស្សលាមកក្រៃពេក មិនបានជាមនុស្សប្រសើរវិសេស ព្រោះហេតុតែការបម្រើទេ ខ្ញុំមិនត្រូវបម្រើបុគ្គលនោះឡើយ លុះតែខ្ញុំបម្រើបុគ្គលណា បានការគាប់ប្រសើរ មិនបានការអាក្រក់ ព្រោះហេតុតែការបម្រើ ទើបខ្ញុំត្រូវបម្រើបុគ្គលនោះ ។
ម្នាលព្រាហ្មណ៍ បើគេសួរព្រាហ្មណ៍... ម្នាលព្រាហ្មណ៍ បើគេសួរវេស្សៈ... ម្នាលព្រាហ្មណ៍ បើគេសួរសុទ្ទៈយ៉ាងនេះថា កាលបើអ្នកបម្រើបុគ្គលណា ត្រឡប់ជាបានបាប មិនបានការគាប់ប្រសើរ ព្រោះការបម្រើជាហេតុទេ មួយទៀត កាលបើអ្នក បម្រើបុគ្គលណា បានការគាប់ប្រសើរ មិនបានការអាក្រក់ ព្រោះការបម្រើជាហេតុទេ បណ្ដាបុគ្គលទាំង ២ នុ៎ះ តើអ្នកត្រូវបម្រើបុគ្គលណា ។
ម្នាលព្រាហ្មណ៍ កាលបើសុទ្ទៈឆ្លើយតបដោយត្រឹមត្រូវ គប្បីឆ្លើយតបយ៉ាងនេះថា កាលបើខ្ញុំបម្រើបុគ្គលណា បានការអាក្រក់ មិនបានការគាប់ប្រសើរ ព្រោះហេតុតែការបម្រើទេ ខ្ញុំមិនត្រូវបម្រើបុគ្គលនោះឡើយ កាលបើខ្ញុំបម្រើបុគ្គលណា បានការគាប់ប្រសើរ មិនមែនជាការអាក្រក់ ព្រោះហេតុតែការបម្រើទេ ទើបខ្ញុំត្រូវបម្រើបុគ្គលនោះ ។
ម្នាលព្រាហ្មណ៍ តថាគតមិនពោលថា បុគ្គលគាប់ប្រសើរ ព្រោះតែមានត្រកូលខ្ពស់ទេ ម្នាលព្រាហ្មណ៍ ទាំងតថាគតនឹងបានពោលថាបុគ្គលថោកថយ ព្រោះតែមានត្រកូលខ្ពស់ក៏ទេដែរ ។ ម្នាលព្រាហ្មណ៍ តថាគតមិនពោលថាបុគ្គលគាប់ប្រសើរ ព្រោះតែមានជាតិថ្លៃថ្លាទេ ម្នាលព្រាហ្មណ៍ ទាំងតថាគតនឹងបានពោលថាបុគ្គលថោកទាប ព្រោះតែមានជាតិថ្លៃថ្លាក៏ទេដែរ ។ ម្នាលព្រាហ្មណ៍ តថាគតមិនពោលថា បុគ្គលប្រសើរវិសេស ព្រោះតែមានភោគៈលើសលប់ទេ ម្នាលព្រាហ្មណ៍ ទាំងតថាគតនឹងបានពោលថាបុគ្គលថោកទាប ព្រោះតែមានភោគៈលើសលប់ក៏ទេដែរ ។
ម្នាលព្រាហ្មណ៍ ព្រោះថាបុគ្គលពួកខ្លះ ក្នុងលោកនេះ សូម្បីមានត្រកូលខ្ពង់ខ្ពស់ តែជាអ្នកសម្លាប់សត្វ លួចទ្រព្យគេ ប្រព្រឹត្តកាមេសុមិច្ឆា ប្រព្រឹត្តពោលពាក្យមុសា មានវាចាញុះញង់ មានវាចាទ្រគោះ និយាយតែពាក្យឥតប្រយោជន៍ ជាអ្នកមានអភិជ្ឈា មានចិត្តព្យាបាទ ជាមិច្ឆាទិដ្ឋិ ហេតុនោះបានជាតថាគតមិនពោលថា បុគ្គលប្រសើរវិសេស ព្រោះតែមានត្រកូលខ្ពង់ខ្ពស់ទេ ។ ម្នាលព្រាហ្មណ៍ ព្រោះថាបុគ្គលពួកខ្លះ ក្នុងលោកនេះ ជាអ្នកមានត្រកូលខ្ពង់ខ្ពស់ ហើយបានវៀរចាកបាណាតិបាត វៀរចាកអទិន្នាទាន វៀរចាកកាមេសុមិច្ឆាចារ វៀរចាកមុសាវាទ វៀរចាកបិសុណាវាចា វៀរចាកផរុសវាចា វៀរចាកសម្ផប្បលាបៈ មិនមានអភិជ្ឈា មិនមានចិត្តព្យាបាទ ជាសម្មាទិដ្ឋិ ក៏មាន ហេតុនោះ បានជាតថាគតមិនពោលថាបុគ្គលថោកទាប ព្រោះតែមានត្រកូលខ្ពង់ខ្ពស់ទេ ។
ម្នាលព្រាហ្មណ៍ មនុស្សពួកខ្លះក្នុងលោកនេះ ទុកជាមានជាតិថ្លៃថ្លាក៏ដោយ តែជាអ្នកសម្លាប់សត្វ លួចទ្រព្យគេ ប្រព្រឹត្តកាមេសុមិច្ឆា ពោលពាក្យមុសា មានវាចាញុះញង់ មានសម្ដីអាក្រក់ និយាយពាក្យឥតប្រយោជន៍ មានអភិជ្ឈា មានចិត្តព្យាបាទ ជាមិច្ឆាទិដ្ឋិ ហេតុនោះ បានជាតថាគតមិនពោលថា បុគ្គលវិសេសវិសាល ព្រោះតែមានជាតិថ្លៃថ្លាទេ ។
ម្នាលព្រាហ្មណ៍ បុគ្គលពួកខ្លះ ក្នុងលោកនេះ ជាអ្នកមានជាតិថ្លៃថ្លា ហើយបានវៀរចាកបាណាតិបាត វៀរចាកអទិន្នាទាន វៀរចាកកាមេសុមិច្ឆាចារ វៀរចាកមុសាវាទ វៀរចាកបិសុណាវាចា វៀរចាកផរុសវាចា វៀរចាកសម្ផប្បលាបៈ មិនមានអភិជ្ឈា មិនមានចិត្តព្យាបាទ ជាសម្មាទិដ្ឋិក៏មាន ហេតុនោះ បានជាតថាគតមិនពោលថា បុគ្គលថោកទាប ព្រោះតែមានជាតិថ្លៃថ្លាទេ ។
ម្នាលព្រាហ្មណ៍ បុគ្គលពួកខ្លះ ក្នុងលោកនេះ សូម្បីមានភោគៈលើសលុប តែជាអ្នកសម្លាប់សត្វ លួចទ្រព្យគេ ប្រព្រឹត្តកាមេសុមិច្ឆា និយាយពាក្យមុសា មានវាចាញុះញង់ មានពាក្យអាក្រក់ និយាយពាក្យឥតប្រយោជន៍ មានអភិជ្ឈា មានចិត្តព្យាបាទ ជាមនុស្សមិច្ឆាទិដ្ឋិ ហេតុនោះ បានជាតថាគតមិនពោលថា បុគ្គលវិសេសវិសាល ព្រោះមានភោគៈលើសលុបទេ ។
ម្នាលព្រាហ្មណ៍ បុគ្គលពួកខ្លះ ក្នុងលោកនេះ ជាអ្នកមានភោគៈដ៏លើសលុប ហើយបានវៀរចាកបាណាតិបាត វៀរចាកអទិន្នាទាន វៀរចាកកាមេសុមិច្ឆាចារ វៀរចាកមុសាវាទ វៀរចាកបិសុណាវាចា វៀរចាកផរុសវាចា វៀរចាកសម្ផប្បលាបៈ មិនមានអភិជ្ឈា មិនមានចិត្តព្យាបាទ ជាសម្មាទិដ្ឋិក៏មាន ហេតុនោះ បានជាតថាគតមិនពោលថា បុគ្គលថោកទាប ព្រោះតែមានភោគៈលើសលុបទេ ។ ម្នាលព្រាហ្មណ៍ តថាគតមិនពោលថា ត្រូវតែបម្រើអ្នកទាំងអស់ ( នោះ ) ទេ ម្នាលព្រាហ្មណ៍ ទាំងតថាគតនឹងបានពោលថា មិនត្រូវបម្រើអ្នកទាំងអស់ក៏ទេដែរ ។ ម្នាលព្រាហ្មណ៍ ព្រោះថាកាលបើគេបម្រើបុគ្គលណា សទ្ធាចម្រើន សីលចម្រើន សុតៈចម្រើន ចាគៈចម្រើន ប្រាជ្ញាក៏ចម្រើន ព្រោះការបម្រើ ( នោះ ) ជាហេតុ តថាគតទើបពោលថា ត្រូវបម្រើបុគ្គលនោះ ។
ឯសុការីព្រាហ្មណ៍ បានក្រាបទូលព្រះដ៏មានព្រះភាគមួយរឿងទៀត អំពីការបញ្ញត្តទ្រព្យរបស់ពួកព្រាហ្មណ៍ គឺការប្រព្រឹត្តសូមជាទ្រព្យរបស់ព្រាហ្មណ៍ ធ្នូនិងបំពង់ព្រួញជាទ្រព្យរបស់ក្សត្រិយ៍ ការភ្ជួររាស់និងការរក្សាគោជាទ្រព្យរបស់វេស្សៈ កណ្ដៀវនិងអម្រែកជាទ្រព្យរបស់សុទ្ទៈ ។ ក្នុងទ្រព្យទាំង ៤ ប្រការនេះ ប្រសិនបើវណ្ណៈណាមើលងាយនូវទ្រព្យរបស់ខ្លួន ឈ្មោះថា ជាអ្នកមិនធ្វើការងារដែលខ្លួនត្រូវធ្វើ ដូចអ្នករក្សាទ្រព្យ លួចយកទ្រព្យដែលគេមិនបានឲ្យ ។ ឯសុការីព្រាហ្មណ៍ បានក្រាបទូលសួរថា តើព្រះគោតមដ៏ចម្រើន សម្ដែងថាដូចម្ដេច ចំពោះរឿងនេះ ?
សេចក្ដីនៅក្នុងព្រះសូត្រ គឺព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់បញ្ញត្តលោកុត្តរធម៌ដ៏ប្រសើរ ថាជាទ្រព្យសម្រាប់ខ្លួនរបស់បុរសស្ត្រី។
វណ្ណៈទាំង ៤ ចូលកាន់ផ្នួស អាស្រ័យធម្មវិន័យ ដែលព្រះតថាគតសម្ដែងហើយ វៀរចាកបាណាតិបាត វៀរចាកអទិន្នាទាន ។ល។ មានសម្មាទិដ្ឋិ ជាបុគ្គលត្រេកអរនឹងកុសលធម៌ជាគ្រឿងនាំ ចេញចាកទុក្ខ ចម្រើនចិត្តមេត្តា មិនមានពៀរ មិនមានព្យាបាទ ប្រព្រឹត្តទៅបានគ្រប់វណ្ណៈទាំងអស់ មិនចំពោះតែវណ្ណៈព្រាហ្មណ៍ទេ ។
ព្រះដ៏មានព្រះភាគ ទ្រង់លើកអំពីការងូតទឹកជម្រះក្អែល អំពីការបង្កាត់ភ្លើង ដើម្បីឲ្យឯសុការីព្រាហ្មណ៍ បានយល់អំពីការប្រព្រឹត្តព្រហ្មចរិយធម៌ក្នុងព្រះពុទ្ធសាសនា ក្នុងការលះបង់នូវកិលេស ដោយមិនចំពោះវណ្ណៈណាមួយនោះឡើយ ។ ឯសុការីព្រាហ្មណ៍ បានជាឧបាសក អ្នកដល់នូវសរណគមន៍ ស្មើដោយជីវិត ។
ដកស្រង់ពីសៀវភៅ ជំនួយសតិភាគទី២២
ដោយ៥០០០ឆ្នាំ