images/articles/2339/3rcwrewrcecewatfcae.jpg
ផ្សាយ : ១៨ មីនា ឆ្នាំ២០២៤ (អាន: ១០,៥១១ ដង)
ឧទ្ធុមាតកអសុភ
កាលបើព្រះយោគាវចរ មានប្រាថ្នាដើម្បីនឹងចម្រើនយកនិមិត្តក្នុងឧទ្ធុមាតកអសុភ គប្បីចូលទៅកាន់សំណាក់កល្យាណមិត្ត ដូចន័យដែលពោលមកក្នុងខាងដើម រៀនយកនូវវិធីដើរទៅកាន់អសុភនិមិត្ត វិធីកំណត់នូវនិមិត្តជិតខាង វិធីកាន់យកនូវនិមិត្ត វិធីពិចារណាតាមផ្លូវដែលដើរទៅដើរមក រហូតដល់អប្បនាវិធីជាទីបំផុត ចេញទៅនៅក្នុងទីសេនាសនៈដ៏
images/articles/2349/4wtg4etf44t45.jpg
ផ្សាយ : ១៨ មីនា ឆ្នាំ២០២៤ (អាន: ៥៣,១០៤ ដង)
សង្គហធម៌របស់ភរិយា
ភរិយាគប្បីសង្គ្រោះស្វាមី ដោយសង្គហធម៌ ៥ យ៉ាងគឺ
១- សុសំវិហិតកម្មន្តា ភរិយាគប្បីចាត់ចែងការងារមានម្ហូបចំណីអាហារជាដើម ដោយផ្ចឹតផ្ចង់សម្រាប់ស្វាមី ឲ្យត្រឹមត្រូវតាមពេលវេលា។
២- សុសង្គហិតបរិជនា ភរិយា គប្បីសង្គ្រោះញាតិខាងស្វាមី និង ខាងខ្លួនដោយប្រពៃ។
៣- អនតិចារិនី ភរិយា មិនគប្បីប្រព្រឹត្តកន្លងចិត្តប្ដី គឺមិនត្រូវយកបេះដូង
images/articles/2490/image.jpeg
ផ្សាយ : ១៨ មីនា ឆ្នាំ២០២៤ (អាន: ៥១,៧៤៤ ដង)
៙. មេត្តាប្រែថាការរាប់អាន
សូមសត្វគ្រប់ប្រាណបានសុខា
គ្រប់គ្នាយកខ្លួនជាឧបមា
សត្វក្នុងលោកកាប្រាថ្នាសុខ ។
យើងស្រឡាញ់ខ្លួនមាំមួនពិត
ដូច្នេះត្រូវគិតកុុំសាងទុក្ខ
កុំយកខឹងស្អប់ជាប់ជាមុខ
ត្រូវចេះឲ្យសុខសព្វសត្តា ។
អធ្យាស្រ័យសត្វចាត់ផ្សេងគ្នា
បែងចែកការងារជាធម្មតា
ប៉ុន្តែបំណងប៉ងប្រាថ្នា
គ្រប់គ្នាត្រូវការប្រាថ្នាត្រើយ ។
ព្រោះសត្វលោកលង់ក្នុងសង្សារ
ស្រវេស្រវាលិចខ្លះហើយ
សត្វខ្លះខ្សោយខ្សោះឆ្ងាយកោះត្រើយ
សត្វខ្លះបានស្បើយពីទុក្ខា ។
ព្រះធម៌ទីពឹងពំនឹងសត្វ
ដឹកនាំឆ្លងកាត់វដ្ដសង្សារ
យើងត្រូវនាំគ្នាស្ដាប់ទេស្នា
ចម្រើនមេត្តារក្សាគ្នា ។
មានសីលមានទានទក្ខិណា
មេត្តាប្រៀបដូចច្រូចគង្គា
អ្នកស្លាប់អ្នករស់រួចវេរា
អហោសិគ្នាជាសុខហោង៕៚
ប.ស.វ.
ដោយ៥០០០ឆ្នាំ
images/articles/2684/______xtpic.jpg
ផ្សាយ : ១៨ មីនា ឆ្នាំ២០២៤ (អាន: ៨,៦១៩ ដង)
មុនពេលព្រះជិនស្រីយាងចូលបរមនិព្វានព្រះអង្គបានត្រាស់សង្ខេបនូវធម្មទេសនាទាំងបីពោធិកាលមានអត្ថន័យសំខាន់ពីរយ៉ាងគឺៈ
១- កុំប្រើជីវិតក្នុងក្តីប្រមាទៈ សង្ខារធម៌ទាំងឡាយមិនទៀង អ្នកទាំងឡាយ ចូរកុំមានក្តីប្រមាទឡើយ ចូរប្រើជីវិតប្រកបដោយប្រយោជន៍!
២- សេចក្តីសន្ទិះសង្ស័យៈ ម្នាលភិក្ខុទាំងឡាយ ! តើនៅមានសេចក្តីសង្ស័យចំពោះកិច្ចបដិបត្តិព្រះធម៌ឬទេ ចូរកុំធ្វើអ្វីទាំងនៅមានក្តីសង្ស័យមិនដាច់ស្រេច ចូរសួរមកចុះ ។ បើភិក្ខុណាមិនហ៌ានចូលមក ចូរចាត់គ្នាមក ការធ្វើអ្វីដោយក្តីសង្ស័យ មិនត្រឹមតែមិនបានប្រយោជន៍ប៉ុណ្ណោះទេ នៅមានគ្រោះថ្នាក់ដល់អ្នកដទៃទៀតផង ! ។
សរុបមកធម្មទេសនា៤៥ឆ្នាំ គឺមានខ្លឹមសារពីរយ៉ាងដូច្នេះឯង គឺការរស់នៅត្រូវប្រកបដោយសតិប្រុងស្មារតីកុំឲ្យមានការប្រព្រឹត្តិខុស និងការធ្វើអ្វីៗត្រូវចេះឲ្យប្រាកដ ពុំនោះទេ អាចមានគ្រោះថ្នាក់ដល់ខ្លួនឯងនិងដល់អ្នកដទៃ ! នេះជាបណ្តាំរបស់បុគ្គលត្រាស់ដឹង និងជាអគ្គបុគ្គលក្នុងលោកមុនពេលយាងចូលបរមនិព្វាន ! ។
ចូរកុំប្រើជីវិតក្នុងក្តីប្រមាទ គឺព្រះមានព្រះភាគ ទ្រង់ត្រាស់បង្គាប់ ឲ្យរក្សាសីល ដែលសីលនោះជាបទដ្ឋាននៃសមាធិ ហើយអប់រំចិត្តដោយសមាធិជាបទដ្ឋាននៃវិបស្សនា ។បើពោលឲ្យខ្លីគឺអប់រំចំរើនក្នុងសតិប្បដ្ឋាន៤ ណាមួយទៅតាមចរិតអាធ្យាស្រ័យរៀងៗខ្លួន ។ យើងជាពុទ្ធបុត្រ មាតាបិតារបស់យើងលោកបរិនិព្វានអស់ទៅហើយ ! ព្រះរាហុលជាម្ចាស់បងរបស់យើងក៏លោកបរិនិព្វានទៅហើយដែរ យើងមិនគួរមានការធ្វេសប្រហែសមិនមានការគ្រប់គ្រងសតិស្មារតីឲ្យបានល្អនោះទេ ជាការមិនគួរសោះឡើយ ព្រោះមិនសក្តិសមនឹងធម្មទាយាទ ! សូមតាំងស្មារតីប្រុងប្រយ័ត្ន កំចាត់អកុសលគ្រប់វិនាទីពីក្នុងចិត្ត ។
មាគា៌រំលត់ទុក្ខ គឺនិព្វាននាំឲ្យរលត់ធម៌ បីយ៉ាងៈ
១- រលត់អវិជ្ជាៈ គឺរលត់ដោយបញ្ញាដែលជាញាណដឹងដ៏ក្រៃលែង
២- រលត់កិលេសៈ ដោយកម្លាំង សីល សមាធិ វិបស្សនា នៅក្នុងអរិយមគ្គ
៣- រលត់ទុក្ខៈ គឺជាដំណោះស្រាយដល់ឬសគល់នៃបញ្ហា បានដល់ការលែងកើតទៀត នេះគឺជាគោលដៅខ្ពស់បំផុតក្នុងពុទ្ធសាសនា ។
ប្រភពហ្វេសប៊ុកThong Nidamony
ដោយ៥០០០ឆ្នាំ
images/articles/2680/tex778tpic.jpg
ផ្សាយ : ១៨ មីនា ឆ្នាំ២០២៤ (អាន: ៣៤,៨៧៧ ដង)
ពុទ្ធា ច បច្ចេកពុទ្ធា ច អនុពុទ្ធា ចាតិ ឥមេ តយោ ពុទ្ធា ព្រះពុទ្ធទាំងឡាយ ៣ គឺ ព្រះពុទ្ធ ១ ព្រះបច្ចេកពុទ្ធ ១ ព្រះអនុពុទ្ធ ១ ។
(ធម្មបទដ្ឋកថា ពុទ្ធវគ្គ អានន្ទត្ថេរបញ្ហវត្ថុ)
ចត្តារោ ហិ ពុទ្ធា សុតពុទ្ធោ, ចតុសច្ចពុទ្ធោ, បច្ចេកពុទ្ធោ, សព្ពញ្ញុពុទ្ធោតិ ព្រះពុទ្ធទាំងឡាយ ៤ គឺ សុតពុទ្ធ ១ ចតុសច្ចពុទ្ធ ១ បច្ចេកពុទ្ធ ១ សព្វញ្ញុពុទ្ធ ១ ។
តត្ថ ពហុស្សុតោ ភិក្ខុ សុតពុទ្ធោ នាម ក្នុងបណ្ដាព្រះពុទ្ធទាំងឡាយនោះ ភិក្ខុជាពហុស្សូត ឈ្មោះថា សុតពុទ្ធ ។
ខីណាសវោ ចតុសច្ចពុទ្ធោ នាម ព្រះខីណាស្រពឈ្មោះថា ចតុសច្ចពុទ្ធ ។
កប្បសតសហស្សាធិកានិ ទ្វេ អសង្ខ្យេយ្យានិ បារមិយោ បូរេត្វា សាមំ បដិវិទ្ធបច្ចេកពោធិញាណោ បច្ចេកពុទ្ធោ នាម ។បុគ្គលដែលបំពេញនូវបារមីទាំងឡាយអស់ ២ អសង្ខ្យេយ្យ ក្រៃលែងដោយ សែនកប្ប ចាក់ធ្លុះនូវបច្ចេកពោធិញាណ ឈ្មោះថា បច្ចេកពុទ្ធ ។
កប្បសតសហស្សាធិកានិ ចត្តារិ វា អដ្ឋ វា សោឡស វា អសង្ខ្យេយ្យានិ បារមិយោ បូរេត្វា តិណ្ណំ មារានំ មត្ថកំ មទ្ទិត្វា បដិវិទ្ធសព្ពញ្ញុតញ្ញាណោ សព្ពញ្ញុពុទ្ធោ នាម។
បុគ្គលដែលបំពេញនូវបារមីទាំងឡាយអស់ ៤ អសង្ខ្យេយ្យ ក្រៃលែងដោយ សែនកប្បក្ដី ៨ អសង្ខ្យេយ្យ ក្រៃលែងដោយសែនកប្បក្ដី ១៦ អសង្ខ្យេយ្យ ក្រៃលែងដោយសែនកប្បក្ដី ញាំញីនូវក្បាលនៃមារទាំង ៣ ចាក់ធ្លុះនូវសព្វញ្ញុតញ្ញាណ ឈ្មោះថា សព្វញ្ញុពុទ្ធ ។
(មនោរថបូរណី អដ្ឋកថាអង្គុត្តរនិកាយ ឯកកនិបាត ឯកបុគ្គលវគ្គវណ្ណនា)
ដោយ៥០០០ឆ្នាំ
images/articles/2676/76fftpic.jpg
ផ្សាយ : ១៨ មីនា ឆ្នាំ២០២៤ (អាន: ៥៨,២២៤ ដង)
៨០%នៃស្ត្រី ជ្រើសរើសយកភាពស្ងប់ស្ងាត់ ដើម្បីបំភ្លេចការឈឺចាប់ ជាជាងជ្រើសរើសយកការត្អូញត្អែរ ប៉ុន្តែអ្នកដឹងទេថា ការឈឺចាប់របស់នាងខ្លាំងបំផុតគឺនៅពេលមនុស្សដែលនាងស្រឡាញ់បានបោះបង់នាងចោល ហើយទៅអោបស្រីថ្មី តើគំនិតនេះពិតឬទេ ? វាផ្ទុយពីបុរស ដែលត្រូវស្រីបោះបង់ចោល គេមានការឈឺចាប់រយះពេលខ្លី ហើយមានដៃគូជាថ្មីភ្លាមមួយរំពេច ព្រោះការផ្លាស់ប្តូរគឺជានិស្ស័យរបស់គេស្រាប់ ។
តាមច្បាប់ធម្មជាតិឬច្បាប់កម្ម ជីវិតរបស់អ្នកវាជាការជ្រើសរើសរបស់អ្នក គូស្រករក៏ជាការជ្រើសរើសរបស់អ្នក បើអ្នកបែរជាមិនពេញចិត្តនឹងជីវភាពរបស់អ្នក អ្នកត្រូវបង្កើតជំរើសថ្មីទៀតទៅ ហេតុអីចាំបាច់បំផ្លាញវាចោលធ្វើអី ? ទុក្ខសោកមិនមែនត្រូវបានបញ្ចប់តាមតែការគិតរបស់អ្នកឯណា ! ព្រោះអ្វីៗនៅក្នុងលោកនេះវាគ្មានទីបញ្ចប់នោះទេ ។
ស្នេហាធំជាងមហាសមុទ្ទ ស្នេហាភ្លឺថ្លាជាងពេជ្រ ស្នេហាមានអំណាចជាងស្តេចចក្រពត្រ ស្នេហាស្រេកឃ្លានជាងជនអានាថា ស្នេហាមានជំរៅជ្រៅលើសមហាសាគរ ស្នេហាមានកំដៅក្តៅជាងពន្លឺព្រះអាទិត្យ ស្នេហាមានកម្លាំងខ្លាំងជាងអាប៉ូឡូ ស្នេហាខ្លាំងជាងជំងឺចុះក្អួត ស្នេហាកំណាញ់ជាងជនកំណាញ់នៅក្នុងលោក.....(ជួយរៀបរាប់ថែមទៀតផង) ។
ស្នេហាគឺជារឿងល្អ ព្រោះនាំមនុស្សឲ្យចេះគិត ឲ្យចេះអត់ធន់ ឲ្យចេះមានគំនិតក្នុងការបង្កើត មានគំនិតឆ្នៃប្រឌិត នាំមកនូវសុខភាពកាយចិត្ត នាំឲ្យមានសុភមង្គលក្នុងជីវិត នាំឲ្យមានភាពល្បីរន្ទឺ នាំឲ្យមានការត្រាស់ដឹងពីជីវិត ។ល។ ប៉ុន្តែបើគេប្រើវាខុស ឬ ដៃគូមិនទាន់បានយល់ពីរឿងនេះទេ វាបង្កើតឲ្យមានបញ្ហាច្រើនយ៉ាងណាស់ ! ពេលខ្លះវានាំឲ្យក្លាយជាពិរុទ្ធជនបានទៀតផង ! « ធ្លាក់នរកទាំងរស់ » ឬ រហេមរហាមដូចអណ្តើកចូលភ្លើងជាមិនខាន « ជីវិតអត់ធម៌មិនបានឡើយ »ព្រោះ ចិញ្ចឹមជីវិតគេត្រូវការចំណេះ តែចិញ្ចឹមគ្រួសារគេត្រូវការគុណធម៌ ! ។
អ្នកមានស្នេហា បើប្រាថ្នាជាអរិយបុគ្គលក្នុងពុទ្ធសាសនា បានដល់អានាគាមីបុគ្គលឯណោះ ហើយបានទ្រទ្រង់ពុទ្ធសាសនាបានយ៉ាងល្អទៀតផង ។ បើគ្មានអ្នកនៅដាំបាយទេ តើអ្នកបួសបានអីឆាន់ ?
ប្រភពហ្វេសប៊ុក Thong Nidamony
ដោយ៥០០០ឆ្នាំ
images/articles/2689/876pic.jpg
ផ្សាយ : ១៨ មីនា ឆ្នាំ២០២៤ (អាន: ៧៤,៥០៧ ដង)
សួរថា ព្រះពោធិសត្វបានទៅកាន់ទេវលោកអស់វារៈប៉ុន្មានដង ដោយអត្តភាពជាមនុស្ស ?
ឆ្លើយថា ព្រះពោធិសត្វទៅកាន់ទេវលោកអស់វារៈ ៤ ដង ដោយអត្តភាពជាមនុស្ស គឺ ក្នុងកាលទ្រង់នៅជាព្រះបាទមន្ធាតុចក្រពត្រាធិរាជ ១ ក្នុងកាលនៅជាព្រះបាទសាធិនរាជ ១ ក្នុងកាលនៅជាគុត្តិលវីណាវាទកព្រាហ្មណ៍ ១ ក្នុងកាលនៅជាព្រះបាទនិមិរាជ ១ ។
ព្រះពោធិសត្វនោះកាលនៅជាព្រះបាទមន្ធាតុ ទ្រង់អាស្រ័យនៅក្នុងទេវលោកអស់កាលរាប់ចំនួនឆ្នាំមិនបាន ក្នុងពេលដែលព្រះអង្គនៅក្នុងទេវលោកនោះ សក្កទេវរាជចុតិអស់ ៣៦ អង្គ ។ កាលព្រះពោធិសត្វនៅជាព្រះបាទសាធិនរាជ ទ្រង់នៅអស់ ៧ ថ្ងៃ ត្រូវជា ៧០០ ឆ្នាំ ដោយការរាប់ឆ្នាំរបស់មនុស្ស ។ កាលព្រះពោធិសត្វនៅជាគុត្តិលវីណាវាទកព្រាហ្មណ៍ និង ព្រះបាទនិមិរាជ ទ្រង់នៅអស់ប្រមាណមួយរំពេច ត្រូវជា ៧ ថ្ងៃ ដោយការរាប់ថ្ងៃរបស់មនុស្សលោក ។
(បបញ្ចសូទនី អដ្ឋកថា មជ្ឈិមនិកាយ មជ្ឈិមបណ្ណាសក រាជវគ្គ មឃទេវសូត្រ)
ដោយខេមរ អភិធម្មាវតារ
ដោយ៥០០០ឆ្នាំ
images/articles/2697/_________xtpic.jpg
ផ្សាយ : ១៨ មីនា ឆ្នាំ២០២៤ (អាន: ២០,៦៤៥ ដង)
កំចាត់ចោលភាពអាត្មានិយមកាន់តែច្រើន អំណាចអ្នកនឹងកាន់តែខ្លាំង ! ស្វែងរកការចាប់ផ្តើមវាគ្មានទីបញ្ចប់ទេ កុំអនុញ្ញាត្តិឲ្យការភ័យខ្លាចមករំខានការងារត្រឹមត្រូវរបស់អ្នកឲ្យសោះ ។ របស់សព្វយ៉ាងដែលយើងកំពុងតែពេញចិត្ត និងមិនពេញចិត្ត វាគ្រាន់តែជាគ្រឿងផ្សំមកពីដី ទឹក ភ្លើង ខ្យល់ តែប៉ុណ្ណោះ បើអ្នកមិនបានពិចារណាឲ្យរឿយៗទេ អ្នកនឹងជាប់ជំពាក់ កាលបើជាប់ជំពាក់អ្នកមិនអាចចាកចេញពីលោកនេះបានឡើយ ។
អំពើអាក្រក់នៅក្នុងលោក បើទោះជាមនុស្សអាក្រក់ឲ្យតំលៃ ក៏វានៅតែជាអំពើអាក្រក់ ដែលសូម្បីតែមនុស្សអាក្រក់ដូចគ្នាក៏ស្អប់ខ្ពើម ព្រោះវាជាអំពើថោកទាប អំពើល្អទោះជាអ្នកណាមិនឲ្យតំលៃក៏នៅតែអាចកំចាត់សភាវៈអាក្រក់បានដែរ ។ និរន្តរភាពក្នុងលោកគឺជាអន្តរកម្មរវាង អំពើល្អនិងអំពើអាក្រក់ដែលប្រយុទ្ធដើម្បីសាងអត្ថិភាពនៃលោករៀងៗខ្លួន បើនិយាយឲ្យដល់ទីជំរៅ ជីវិតគឺជាសមរភូមិនៃអាតូមនេះឯង ! ។ កុំ ដប់យ៉ាងនាំចិត្តឲ្យរីករាយ !
១- កុំប្រៀបធៀបៈ បើចង់ប្រៀបធៀបត្រូវគិតឲ្យឃើញថាខ្លួនខ្លាំង កុំប្រៀបធៀបឲ្យឃើញថាខ្លួនអន់ថោកទាបទន់ខ្សោយជាងគេ ។
២- កុំប្រកួតប្រជែងៈ លទ្ធផលរបស់វានាំមកតែភាពក្តៅក្រហាយតែប៉ុណ្ណោះ ។
៣- កុំរិះគន់ៈ វាជាអំពើរបស់មនុស្សទន់ខ្សោយទេ ជីវិតគ្មានអ្វីទៀងទាត់ឡើយ កង់ត្រាចកង់ធ្នង់ ម្តងគេម្តងយើងទេ ។
៤- កុំខឹងច្រើនៈ វាបានត្រឹមតែបំផ្លាញខ្លួនឯង វាគ្មានបានជួយអ្វីដល់យើងឡើយ មិនចាំបាច់ខឹងក៏គេដោះស្រាយបញ្ហាបានដែរ ។
៥- កុំសោកស្តាយៈ រឿងកន្លងហួសគឺវាហួសអស់ទៅហើយ យើងអាចកែប្រែបានគឺនៅថ្ងៃខាងមុខដើម្បីកុំឲ្យមានកំហុសតទៅទៀត ។
៦- កុំបារម្ភច្រើនៈ ក្តីបារម្ភមិនបានជួយឲ្យបញ្ហានៅថ្ងៃស្អែកធូរស្រាលនោះទេ វាបានត្រឹមតែលួចយកភាពរីករាយនៅថ្ងៃនេះទៅតែប៉ុណ្ណោះ បើដេកឲ្យលក់ភ្ញាក់ឡើងមានកម្លាំងទុកដោះស្រាយបញ្ហានៅថ្ងៃស្អែកវិញល្អជាង ។
៧- កុំស្តីបន្ទោសៈ ឲ្យតែជាមនុស្សគឺនៅតែមានកំហុសជាធម្មតា គេខុសហើយគេក៏ចេះឈឺចាប់នឹងកំហុសនេះដែរ យើងមិនចាំបាច់ស្តីបន្ទោសបន្ថែមទៀតនោះទេ ជួយគ្នាស្វែងរកដំណោះស្រាយកែប្រែកំហុសវិញល្អជាង ។
៨- កុំតូចចិត្ត កុំបន្ទោសខ្លួនឯងៈ វាជារោគសញ្ញាធ្លាក់ទឹកចិត្តដែលនាំឲ្យខូចសុខភាពផ្លូវចិត្តខ្លួនឯងទេ ក្រោកឈរឡើង ហើយបន្តដំណើរទៅមុខទៀត លោកនេះមិនមែនត្រូវបញ្ចប់តែត្រឹមនេះទេ ។
៩- កុំភ័យខ្លាចៈ វាមិនបានជួយឲ្យបញ្ហាបានធូរស្រាលនោះទេ វាកាន់តែធ្វើឲ្យបញ្ហាធំឡើងតែប៉ុណ្ណោះ ដោយសារការភ័យខ្លាច វានាំយើងឲ្យធ្វើខុសក៏មាន ឲ្យគ្រោះថ្នាក់ក៏មាន ។
១០- ធ្វើចិត្តឲ្យរីករាយ សើចដោយការពេញចិត្តយ៉ាងតិចបានម្តងក្នុងមួយថ្ងៃ ពិសេសនៅពេលអ្នកមិនអាចព្រលែងចោលរឿងខាងលើណាមួយបាន ! ។
ប្រភព ហ្វេសប៊ុក Thong Nidamony
ដោយ៥០០០ឆ្នាំ
images/articles/2709/swewwpic.jpg
ផ្សាយ : ១៨ មីនា ឆ្នាំ២០២៤ (អាន: ៥,១៨៩ ដង)
ភិក្ខុបានឈ្មោះថា ធម្មកថិក ត្រូវប្រកបដោយអង្គ ១២ យ៉ាង
១. បើភិក្ខុសំដែងធម៌ ដើម្បីការនឿយណាយ ដើម្បីការវិនាស ដើម្បីការរលត់ នៃជរាមរណៈ ទើបគួរហៅថា ភិក្ខុជាធម្មកថិកបាន ។
២. បើភិក្ខុសំដែងធម៌ ដើម្បីការនឿយណាយ ដើម្បីការវិនាស ដើម្បីការរលត់នៃជាតិ ទើបគួរហៅថា ភិក្ខុជាធម្មកថិកបាន ។
៣. បើភិក្ខុសំដែងធម៌ ដើម្បីការនឿយណាយ ដើម្បីការវិនាស ដើម្បីការរលត់នៃភព ទើបគួរហៅថា ភិក្ខុជាធម្មកថិកបាន ។
៤. បើភិក្ខុសំដែងធម៌ ដើម្បីការនឿយណាយ ដើម្បីការវិនាស ដើម្បីការរលត់នៃឧបាទាន ទើបគួរហៅថា ភិក្ខុជាធម្មកថិកបាន ។
៥. បើភិក្ខុសំដែងធម៌ ដើម្បីការនឿយណាយ ដើម្បីការវិនាស ដើម្បីការរលត់នៃតណ្ហា ទើបគួរហៅថា ភិក្ខុជាធម្មកថិកបាន ។
៦. បើភិក្ខុសំដែងធម៌ ដើម្បីការនឿយណាយ ដើម្បីការវិនាស ដើម្បីការរលត់នៃវេទនា ទើបគួរហៅថា ភិក្ខុជាធម្មកថិកបាន ។
៧. បើភិក្ខុសំដែងធម៌ ដើម្បីការនឿយណាយ ដើម្បីការវិនាស ដើម្បីការរលត់នៃផស្សៈ ទើបគួរហៅថា ភិក្ខុជាធម្មកថិកបាន ។
៨. បើភិក្ខុសំដែងធម៌ ដើម្បីការនឿយណាយ ដើម្បីការវិនាស ដើម្បីការរលត់នៃ សឡាយតនៈ ទើបគួរហៅថា ភិក្ខុជាធម្មកថិកបាន ។
៩. បើភិក្ខុសំដែងធម៌ ដើម្បីការនឿយណាយ ដើម្បីការវិនាស ដើម្បីការរលត់នៃនាមរូប ទើបគួរហៅថា ភិក្ខុជាធម្មកថិកបាន ។
១០. បើភិក្ខុសំដែងធម៌ ដើម្បីការនឿយណាយ ដើម្បីការវិនាស ដើម្បីការរលត់នៃវិញ្ញាណ ទើបគួរហៅថា ភិក្ខុជាធម្មកថិកបាន ។
១១. បើភិក្ខុសំដែងធម៌ ដើម្បីការនឿយណាយ ដើម្បីការវិនាស ដើម្បីការរលត់នៃសង្ខារ ទើបគួរហៅថា ភិក្ខុជាធម្មកថិកបាន ។
១២. បើភិក្ខុសំដែងធម៌ ដើម្បីការនឿយណាយ ដើម្បីការវិនាស ដើម្បីការរលត់នៃអវិជ្ជា ទើបគួរហៅថា ភិក្ខុធម្មកថិក ។
(សុត្តន្តបិដក សំយុត្តនិកាយ និទានវគ្គ និទានសំយុត្ត អាហារវគ្គ ធម្មកថិកសូត្រ បិដកលេខ ៣១ ទំព័រ ៣៧)
ដោយ៥០០០ឆ្នាំ
images/articles/2710/8655pic.jpg
ផ្សាយ : ១៨ មីនា ឆ្នាំ២០២៤ (អាន: ៥,៦១៧ ដង)
ភិក្ខុបានឈ្មោះថា ធម្មកថិក ត្រូវប្រកបដោយអង្គ ៦ យ៉ាង
១. បើភិក្ខុសម្តែងធម៌ ដើម្បីនឿយណាយ ដើម្បីវិនាស ដើម្បីរំលត់ នូវចក្ខុ ទើបគួរ ហៅថាភិក្ខុជាធម្មកថិក ។
២. បើភិក្ខុសម្តែងធម៌ ដើម្បីនឿយណាយ ដើម្បីវិនាស ដើម្បីរំលត់ នូវសោតៈ ទើបគួរ ហៅថាភិក្ខុជាធម្មកថិក ។
៣. បើភិក្ខុសម្តែងធម៌ ដើម្បីនឿយណាយ ដើម្បីវិនាស ដើម្បីរំលត់ នូវឃានៈ ទើបគួរ ហៅថាភិក្ខុជាធម្មកថិក ។
៤. បើភិក្ខុសម្តែងធម៌ ដើម្បីនឿយណាយ ដើម្បីវិនាស ដើម្បីរំលត់ នូវជិវ្ហា ទើបគួរ ហៅថាភិក្ខុជាធម្មកថិក ។
៥. បើភិក្ខុសម្តែងធម៌ ដើម្បីនឿយណាយ ដើម្បីវិនាស ដើម្បីរំលត់ នូវកាយ ទើបគួរ ហៅថាភិក្ខុជាធម្មកថិក ។
៥. បើភិក្ខុសម្តែងធម៌ ដើម្បីនឿយណាយ ដើម្បីវិនាស ដើម្បីរំលត់ នូវចិត្ត ទើបគួរ ហៅថាភិក្ខុជាធម្មកថិក ។
(សុត្តន្តបិដក សំយុត្តនិកាយ សឡាយតនវគ្គ តតិយបណ្ណាសកៈ នវបុរាណវគ្គ ធម្មកថិកបុច្ឆសូត្រ បិដកលេខ ៣៥ ទំព័រ ៣២៤)
ដោយ៥០០០ឆ្នាំ
images/articles/3175/______________________________.jpg
ផ្សាយ : ១៤ មីនា ឆ្នាំ២០២៤ (អាន: ៣,០០៨ ដង)
អ្នកសមាទានធុតង្គគង់វង្សត្រូវប្រកបដោយធម៌៣០ប្រការគឺ៖
១» សិនិទ្ទបទ្ទវមេត្តចិត្តោៈ មានមេត្តាចិត្តទន់ភ្លន់ស្និទ្ធនឹងសព្វសត្វទាំងពួង ។
២» ឃាដិតហតិវិគ្គតកិលេសោៈ មានកិលេសដែលត្រូវកម្ចាត់ឲ្យប្រាសចាកហើយ។
៣» និហតមានទដ្ឋោៈ ជាអ្នកកម្ចាត់ចេញនូវមានៈ និងទិដ្ឋិ ។
៤» អចលទឡ្ហវិនិដ្ឋនិព្វេមតិសទ្ធោៈ មានសទ្ធាដែលមិនញាប់ញ័រ ប្រាសចាកនូវសេចក្ដីសង្ស័យ ។
៥» បរិបុញ្ញវិនិតបហដ្ឋសុភវិនិយោៈ មានចិត្តស្អាតដែលបើកហើយក្នុងទីដែលហ្វឹកហាត់ឲ្យបរិបូណ៌ ។
៦» និយតសន្តិសុខសមាបត្តិយោៈ មានសន្ដិសុខសមាបត្តិកើតជានិច្ច ទៀងទាត់។
៧» អចលសីលសុចិគន្ធបរិភាវិតោៈ អប់រំទៅដោយសីលដែលមិនញាប់ញ័រ មានក្លិនក្រអូបផ្សាយទៅ ។
៨» ទេវមនុស្សានំ បរិយោៈ ជាទីស្រឡាញ់នៃទេវតា និងមនុស្ស ។
៩» ខីណាសវពលវន្តីៈ មានកម្លាំងក្នុងទីដែលនឹងអស់ទៅនៃអាសវៈ ។
១០» អរិយបុគ្គល ជិនសាសនបត្ថិតោៈ ជាទីប្រាថ្នានៃព្រះអរិយបុគ្គល អ្នកតាំងនៅក្នុងជិនសាសនា
១១» ភូវិ ច ទិវី ច ទេវមនុស្សានំៈ ជាទីសរសើរ និងជាទីរីករាយនៃពួកមនុស្ស និងទេវតាទាំងឡាយ ។
១២» អសុរតានំ វន្ទិតបសដ្ឋមនគ្ឃជនានំ ធុវថប្បិតតថិ មិតបសដ្ឋោៈ ជាទីគោរព សរសើរនៃពួកអសុរៈ និងជាទីរីករាយនៃមារទាំងពួង ។
១៣» លោកអនុបលិត្តោៈ មិនបានរសេមរសាមលាយឡំទៅដោយលោក ។
១៤» អប្បថោកំ អនុវជ្ជភយទស្សាវីៈ មានប្រក្រតីឃើញនូវទោស និងភ័យសូម្បីត្រឹមបន្តិចបន្តួច ។
១៥» មគ្គផលបរវត្ថសាធកោៈ ឲ្យសម្រេចប្រយោជន៍គឺមគ្គ និងផលដ៏ប្រសើរដល់ជនទាំងឡាយ អ្នកប្រាថ្នានឹងឲ្យរួចផុតទុក្ខ។
១៦» អាយាចិតឥបុលបណីបច្ចយភាគីៈ សមគួរដែលនឹងអារាធនាថ្វាយចតុប្បច្ច័យ ដ៏ប្រសើរ និងប្រណិត ។
១៧» អនិកេតសយនកាមីៈ ជាអ្នកប្រាថ្នាដេកក្នុងទីរកអាល័យមិនបាន ។
១៨» ឈានជ្ឈាយិកបរវិហាររីៈ មានប្រក្រតីសម្លឹងឈាន និងវិហារធម៌ដ៏ប្រសើរ ។
១៩» បជដិតជាលកិលេសវត្ថុវិធំសិតភគ្គោៈ ជាអ្នកកម្ចាត់ និងកាច់បំបាក់នូវវត្ថុនៃកិលេសដែលជាឫសគល់ចាក់ស្រេះឲ្យដាច់សូន្យ ។
២០» សំកុដិតសញ្ជាន្នគតិនិវារណាៈ នឹងឃាត់បង់នូវអគតិដែលមានសេចក្ដីវិលវល់ក្នុងវដ្ដសង្សារ។
២១» អកុប្បធម្មេ អភិនិវាសោៈ តាំងនៅក្នុងអកុប្បធម៌។
២២» អនវជ្ជិតភោគីៈ បរិភោគនូវវត្ថុដែលប្រាសចាកទោស ។
២៣» គតិវិមុត្តោៈ ផុតចាកគតិកំណើត
២៤» ឱតណ្ណសព្វវិចិកិច្ឆោៈ ឆ្លងចេញនូវសេចក្ដីសង្ស័យទាំងពួង ។
២៥» វិមុត្តឈាយយិតត្តោៈ មានចិត្តសម្លឹងនូវវិមុត្ត
២៦» ទិដ្ឋធម្មេ អចលទឡ្ហភិរុតមនុបគតោៈ មានចិត្តមាំទាំមិនបានឃ្លីងឃ្លោងដោយភ័យក្នុងទិដ្ឋធម៌ ។
២៧» អនុនយសមុច្ឆិន្នោៈ កាត់ចេញនូវសេចក្ដីត្រេកអរតាម ។
២៨» សព្វាសវក្ខយបត្តោៈ ដល់នូវការអស់ទៅនៃអាសវៈ ។
២៩» សន្ដសមាបត្តឹ បដិលភតិៈ បាននូវសន្តិសុខសមាបត្តិ ។
៣០» សមណគុណសមុបគោៈ ប្រកាបទៅដោយគុណនៃសមណៈ ៕ (ប្រជុំកងធម៌)
ដោយ៥០០០ឆ្នាំ
images/articles/3218/_________________________________.jpg
ផ្សាយ : ១៤ មីនា ឆ្នាំ២០២៤ (អាន: ៦,៤១៧ ដង)
ទេាសៈនេះខ្លាំងកម្លាំងក្រៃលែង តែឲ្យដុះវែងគ្មានអ្វីខ្លាំងដូច ត្រូវកាត់ពីតិចត្រូវក្តិចពីតូច ត្រូវរត់ឲ្យរួចពីទេាសដែលខឹង ។ អ្នកប្រាជ្ញបុរាណតែងឲ្យដំណឹង ថាបេីមិនខឹងទេីបហៅខន្តី ឲ្យគេឈ្នះចុះយេីងកុំខ្មាសអ្វី មិនខឹងមិនស្តីខន្តីបានយេីង ។ ខន្តីជាទ្រព្យគួរគាប់ថ្កុំថ្កេីន លេីសទ្រព្យកេីតឡេីងក្នុងលេាកទាំងមូល ខន្តីជាប្ញសដុះជាបណ្តូល ខន្តីជាមូលមេធម៌ទាំងអស់ ។
អ្នកមានខន្តីជាអ្នកមានមេត្តា ជាអ្នកមានលាភ ជាអ្នកមានយស ជាអ្នកមានសេចក្តីសុខជាប្រក្រតី អ្នកមានខន្តី រមែងជាទីស្រឡាញ់ ជាទីគាប់ចិត្តនៃទេវតា និងមនុស្សទាំងឡាយ។ ខន្តី ជាេហតុជាទីតាំងនៃគុណ គឺសីលនិងសមាធិទាំងឡាយ ធម៌ទាំងឡាយជាកុសលទាំងអស់នេាះ តែងចម្រេីនដេាយសេចក្តីអត់ធន់មែនពិត។
ខន្តី តែងកាត់បង់បាននៅប្ញសនៃបាបទាំងឡាយទាំងអស់ បុគ្គលអ្នកអត់ធន់ឈ្មេាះថាជីករំលេីងនូវប្ញសនៃទេាសទាំងឡាយ មានពាក្យតិះដៀលនិងការឈ្លេាះប្រកែកជាដេីម។ ខន្តី ជាគ្រឿងអលង្ការបស់អ្នកប្រាជ្ញ ខន្តី ជាគ្រឿងដុតនូវបាបរបស់អ្នកប្រព្រឹត្តធម៌ ខន្តី ជាគុណជាតិនាំមកនូវប្រយេាជន៍ និងសេចក្តីសុខ ។
អ្នកមានខន្តី ជាអ្នកនាំមកនូវប្រយេាជន៍ដល់ខ្លួនផង ដល់ជនទាំងឡាយឯទៀតផង អ្នកមានខន្តីជាអ្នកបានឡេីង កាន់ផ្លូវជាទីស្ថានសួគ៌និងព្រះនិព្វាន ។ អ្នកមានខន្តី ឈ្មេាះថាធ្វេីតាមនូវព្រះពុទ្ធដីកាឱវាទរបស់ព្រះសាស្តាមែន អ្នកមានខន្តី ឈ្មេាះថាបានបូជានូវព្រះជិនស្រីដេាយការបូជាដ៏ឧត្តម។
ខន្តីជាធម៌ដ៏ឧត្តមក្នុងលេាក ខន្តីធម៌ ជាប្រធានក្នុងលេាក ក៏បុណ្យទាំងអស់រមែងមានក្នុងខន្តី។ បេីប្រាសចាកខន្តីហេីយរមែងជួបប្រទះតែនឹងសេចក្តីទុក្ខ លំបាកក្រីក្រ ថេាកទាបជានិច្ច ។ ព្រេាះហេតុនេាះ លេាកអ្នកសប្បុរសទាំងឡាយគួរខំចម្រេីនខន្តីធម៌ឲ្យមានឡេីងគ្រប់ៗគ្នា។
ដោយ៥០០០ឆ្នាំ
images/articles/3313/4565yuuiyo9886654444444444.jpg
ផ្សាយ : ១៣ មីនា ឆ្នាំ២០២៤ (អាន: ៣,៤៣២ ដង)
កុសីតវត្ថុ (ហេតុនៃបុគ្គលខ្ជិល) ៨
១. ភិក្ខុមានសេចក្ដីត្រិះរិះយ៉ាងនេះថា ការងារដែលអញត្រូវធ្វើ មុខជានឹងមាន តែកាលបើអញធ្វើការងារ (នោះ) កាយនឹងលំបាក បើដូច្នោះ មានតែអញដេកសិន ភិក្ខុនោះ ក៏ដេក មិនប្រារព្ធព្យាយាម ដើម្បីដល់នូវធម៌ដែលខ្លួនមិនទាន់ដល់ ដើម្បីត្រាស់ដឹង នូវធម៌ដែលខ្លួនមិនទាន់ត្រាស់ដឹង ដើម្បីធ្វើឲ្យជាក់ច្បាស់ នូវធម៌ដែលខ្លួនមិនទាន់ធ្វើឲ្យជាក់ច្បាស់ នេះ កុសីតវត្ថុទី ១។
២. ភិក្ខុមានសេចក្ដីត្រិះរិះយ៉ាងនេះថា អញបានធ្វើការងាររួចហើយ តែកាលដែលអញកំពុងធ្វើការងារ កាយលំបាកទៅហើយ បើដូច្នោះ មានតែអញដេកសិន ភិក្ខុនោះ ក៏ដេក មិនប្រារព្ធព្យាយាម ដើម្បីដល់ នូវធម៌ដែលខ្លួនមិនទាន់ដល់ ដើម្បីត្រាស់ដឹង នូវធម៌ដែលខ្លួនមិនទាន់ត្រាស់ដឹង ដើម្បីធ្វើឲ្យជាក់ច្បាស់នូវ ធម៌ដែលខ្លួនមិនទាន់ធ្វើឲ្យជាក់ច្បាស់ នេះ កុសីតវត្ថុទី ២។
៣. ភិក្ខុនោះមានសេចក្ដីត្រិះរិះយ៉ាងនេះថា អាត្មាអញនឹងត្រូវដើរផ្លូវ តើបើអាត្មាអញដើរផ្លូវ កាយនឹងលំបាក បើដូច្នោះ មានតែអញដេកសិន ភិក្ខុនោះ ក៏ ដេក មិនប្រារព្ធព្យាយាម ដើម្បីដល់ នូវធម៌ដែលខ្លួនមិនទាន់ដល់ ដើម្បីត្រាស់ដឹង នូវធម៌ដែលខ្លួនមិនទាន់ត្រាស់ដឹង ដើម្បីធ្វើឲ្យជាក់ច្បាស់ នូវធម៌ដែលខ្លួនមិនទាន់ធ្វើឲ្យជាក់ច្បាស់ នេះ កុសីតវត្ថុទី ៣។
៤. ភិក្ខុមានសេចក្ដីត្រិះរិះយ៉ាងនេះថា អាត្មាអញបានដើរផ្លូវរួចហើយ តែកាលដែលអាត្មាអញដើរផ្លូវ កាយលំបាកទៅហើយ បើដូច្នោះ មានតែអាត្មាអញដេកសិន ភិក្ខុនោះ ក៏ដេក មិនប្រារព្ធព្យាយាម ដើម្បីដល់នូវធម៌ដែលខ្លួនមិនទាន់ដល់ ដើម្បីត្រាស់ដឹង នូវធម៌ដែលខ្លួនមិនទាន់ត្រាស់ដឹង ដើម្បីធ្វើឲ្យជាក់ច្បាស់ នូវធម៌ដែលខ្លួនមិនទាន់ធ្វើឲ្យជាក់ច្បាស់ នេះ កុសីតវត្ថុទី ៤។
៥. ភិក្ខុត្រាច់ទៅកាន់ស្រុកក្តី និគមក្ដី ដើម្បីបិណ្ឌបាត តែមិនបានភោជនដ៏សៅហ្មង ឬថ្លៃថ្លា ឲ្យបរិបូណ៌ ដរាបដល់ឆ្អែតទេ ភិក្ខុនោះ មានសេចក្ដីត្រិះរិះយ៉ាងនេះថា អាត្មាអញ កាលដែល ដើរទៅកាន់ស្រុក ឬនិគមក្ដី ដើម្បីបិណ្ឌបាត មិនបានភោជន ដ៏សៅហ្មង ឬថ្លៃថ្លា ឲ្យបរិបូណ៌ ដរាបដល់ឆ្អែតសោះ កាយរបស់អាត្មាអញនោះ លំបាកទៅហើយ ធ្វើការងារមិនកើតទេ បើដូច្នោះ មានតែអាត្មាអញដេកសិន ភិក្ខុនោះ ក៏ដេក មិនប្រារព្ធព្យាយាម ដើម្បីដល់នូវធម៌ដែលខ្លួនមិនទាន់ដល់ ដើម្បីត្រាស់ដឹងនូវធម៌ ដែលខ្លួនមិនទាន់ត្រាស់ដឹង ដើម្បីធ្វើឲ្យជាក់ច្បាស់ នូវធម៌ដែលខ្លួនមិនទាន់ធ្វើ ឲ្យជាក់ច្បាស់ នេះ កុសីតវត្ថុទី ៥។
៦. ភិក្ខុដើរទៅកាន់ស្រុក ឬនិគម ដើម្បីបិណ្ឌបាត បានភោជនដ៏សៅហ្មង ឬថ្លៃថ្លា បរិបូណ៌ដរាបដល់ឆ្អែត ភិក្ខុនោះ មានសេចក្ដីត្រិះរិះយ៉ាងនេះថា អាត្មាអញ កាលដែលដើរទៅកាន់ស្រុក ឬនិគម ដើម្បីបិណ្ឌបាត បានភោជនដ៏សៅហ្មង ឬថ្លៃថ្លា បរិបូណ៌ ដរាបដល់ឆ្អែតដែរហើយ តែកាយរបស់អាត្មាអញនោះធ្ងន់ ធ្វើការងារមិនកើត ទំនងដូចជាសណ្តែកដែល ត្រូវទឹក បើដូច្នោះ មានតែអាត្មាអញដេកសិន ភិក្ខុនោះ ក៏ដេក មិនប្រារព្ធព្យាយាម ដើម្បីដល់ នូវធម៌ដែលខ្លួនមិនទាន់ដល់ ដើម្បីត្រាស់ដឹង នូវធម៌ដែលខ្លួនមិនទាន់ បានត្រាស់ដឹង ដើម្បីធ្វើឲ្យជាក់ច្បាស់ នូវធម៌ដែលខ្លួនមិនទាន់បានធ្វើឲ្យជាក់ ច្បាស់ នេះ កុសីតវត្ថុទី ៦។
៧. ភិក្ខុកើតអាពាធបន្តិចបន្តួច ភិក្ខុនោះ មាន សេចក្ដីត្រិះរិះយ៉ាងនេះថា អាត្មាអញកើតអាពាធបន្តិចបន្តួចនេះហើយ អាត្មាអញ គួរតែដេក បើដូច្នោះ អាត្មាអញដេកសិន ភិក្ខុនោះ ក៏ដេក មិនប្រារព្ធព្យាយាម ដើម្បីដល់នូវធម៌ដែលខ្លួនមិនទាន់ដល់ ដើម្បីត្រាស់ដឹង នូវធម៌ដែលខ្លួនមិនទាន់ បានត្រាស់ដឹង ដើម្បីធ្វើឲ្យជាក់ច្បាស់ នូវធម៌ដែលខ្លួនមិនទាន់បានធ្វើឲ្យជាក់ ច្បាស់ នេះ កុសីតវត្ថុទី ៧។
៨. ភិក្ខុជាសះស្បើយអំពីជម្ងឺហើយ តែទើប នឹងសះស្បើយមិនយូរប៉ុន្មាន ភិក្ខុនោះមានសេចក្ដីត្រិះរិះយ៉ាងនេះថា អាត្មាអញសះ ស្បើយអំពីជម្ងឺហើយ តែសះស្បើយមិនទាន់យូរប៉ុន្មាន កាយរបស់អាត្មាអញ នោះនៅមិនទាន់មានកម្លាំង ធ្វើការងារមិនទាន់កើត បើដូច្នោះ អាត្មាអញដេកសិន ភិក្ខុនោះ ក៏ដេក មិនប្រារព្ធព្យាយាម ដើម្បីដល់ នូវធម៌ដែលខ្លួនមិនទាន់ដល់ ដើម្បី ត្រាស់ដឹងនូវធម៌ដែលខ្លួនមិនទាន់បានត្រាស់ដឹង ដើម្បីធ្វើឲ្យជាក់ច្បាស់ នូវធម៌ ដែលខ្លួនមិនទាន់បានធ្វើឲ្យជាក់ច្បាស់ នេះ កុសីតវត្ថុទី ៨។
(បិ.៨២, ឃ.២៤៧)
ដោយ៥០០០ឆ្នាំ
images/articles/2846/64rgk.jpg
ផ្សាយ : ១០ មីនា ឆ្នាំ២០២៤ (អាន: ៧៦,៨៤៩ ដង)
សម័យមួយ ព្រះដ៏មានព្រះភាគ ទ្រង់គង់នៅក្នុងដងព្រៃឈ្មោះឥច្ឆានង្គលៈ ជិតស្រុកឥច្ឆានង្គលៈនោះឯង ។ សម័យនោះ វាសេដ្ឋមាណព និងភារទ្វាជមាណពទាំង ២ នាក់ ទាំងគំនិតមិនត្រូវគ្នាក្នុងបញ្ហាដែលថា ឈ្មោះថាព្រាហ្មណ៍ តើដោយហេតុដូចម្ដេច ។ ភារទ្វាជមាណពថា ព្រោះមានជាតិល្អទាំង ២ ចំណែក ទាំងខាងមាតានិងខាងបិតា ចំណែកវាសេដ្ឋមាណពថា ព្រោះមានសីលផង បរិបូណ៌ដោយវត្តផង ។ ទាំង ២ នាក់នេះឯង បាននាំគ្នាចូលគាល់ព្រះដ៏មានព្រះភាគ ទូលសួរនៅក្នុងសេចក្ដីនេះ ដោយវាសេដ្ឋមាណពពោលនូវគាថា ដែលមានសេចក្ដីដូចតទៅ ៖
ខ្ញុំព្រះអង្គទាំង ២ នាក់ បានទទួលអនុញ្ញាត អំពីអាចារ្យដែលបានឲ្យរៀនសូត្រស្រេចហើយ ទាំងបានប្ដេជ្ញាខ្លួនឯងថា បានរៀនសូត្រចេះចាំនូវវេទទាំង ៣ ខ្ញុំព្រះអង្គជាសិស្សច្បងរបស់បោក្ខរសាតិព្រាហ្មណ៍ ឯមាណពនេះ ជាសិស្សច្បង របស់តារុក្ខព្រាហ្មណ៍ បទណាដែលពួកព្រាហ្មណ៍ចេះនូវវេទទាំង ៣ បានប្រាប់ ដោយអត្ថក្ដី ដោយព្យញ្ជនៈក្ដី ខ្ញុំព្រះអង្គទាំង ២ នាក់ ក៏បានចូលចិត្តក្នុងបទនោះទាំងអស់ ទាំងសេចក្ដីព្យាករណ៍នូវបទរបស់ខ្ញុំព្រះអង្គទាំង ២ នាក់ ក៏ប្រាកដស្មើនឹងអាចារ្យ ត្រង់កន្លែងជាទីពោលមន្ត បពិត្រព្រះគោតម ខ្ញុំព្រះអង្គទាំង ២ នាក់មានសេចក្ដីវិវាទ ក្នុងការពោលអំពីជាតិ ភារទ្វាជមណពពោលថា បុគ្គលដែលឈ្មោះថាព្រាហ្មណ៍ ព្រោះជាតិ ចំណែកខ្ញុំព្រះអង្គពោលថា ព្រោះកម្ម បពិត្រព្រះអង្គអ្នកមានចក្ខុ សូមព្រះអង្គទ្រង់ជ្រាបយ៉ាងនេះ ដោយហេតុនោះហើយ បានជាខ្ញុំព្រះអង្គទាំង ២ នាក់ មិនអាចញ៉ាំងគ្នានឹងគ្នាឲ្យដឹងបាន ទើបនាំគ្នាមកក្រាបទូលសួរព្រះមានព្រះភាគដែលប្រាកដថាជាព្រះសម្ពុទ្ធ ពួកជនតាំងអញ្ជលិកម្មថ្វាយបង្គំ ចំពោះទៅរកព្រះចន្ទពេញវង់ យ៉ាងណា គេក៏ថ្វាយបង្គំចំពោះព្រះគោតមក្នុងលោក យ៉ាងនោះដែរ ខ្ញុំព្រះអង្គទាំង ២ នាក់ សូមទូលសួរព្រះគោតម ដែលមានដួងចក្ខុកើតឡើងបរិសុទ្ធស្អាតក្នុងលោកថា បុគ្គលដែលជាព្រាហ្មណ៍នោះ តើព្រោះជាតិឬព្រោះកម្ម ដ្បិតខ្ញុំព្រះអង្គទាំង ២ នាក់មិនស្គាល់ សូមព្រះអង្គទ្រង់សម្ដែង ល្មមឲ្យខ្ញុំព្រះអង្គទាំង ២ នាក់ ស្គាល់ថាព្រាហ្មណ៍បានផង ។
ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ឆ្លើយតបច្រើនព្រះគាថា តាមដូចព្រះគាថាក្នុងព្រាហ្មណវគ្គនៃព្រះគាថាធម្មបទដែរ ។ នៅក្នុងព្រះពុទ្ធសាសនា យើងសិក្សាបានយល់ដឹងថា ការប្រព្រឹត្តលះបង់នូវបាប កម្ចាត់ហេតុនៃសេចក្ដីទុក្ខ នេះទើបជាគោលការណ៍សំខាន់នៃព្រះពុទ្ធសាសនា ចំណែកអ្វី ៗ គ្រាន់តែជាទីតាំងនៃការពេញចិត្ត ដូចជាជាតិត្រកូល វណ្ណៈទ្រព្យធន និងវត្ថុកាមគុណផ្សេងៗ ជាដើមនេះ ដែលបានមកហើយ មិនមែនសម្រាប់លះហេតុនៃទុក្ខក្នុងវដ្ដសង្សារ គឺមិនចាត់ថាជាខ្លឹមសារក្នុងព្រះពុទ្ធសាសនាឡើយ ។ យើងគប្បីនឹករលឹកដល់ឱវាទខ្លឹមសារនៃព្រះសម្មាសម្ពុទ្ធគ្រប់ៗ ព្រះអង្គគឺកិរិយាមិនធ្វើនូវបាបទាំងពួង ១ កិរិយាដល់ព្រមដោយការបំពេញនូវបុណ្យកុសល ១ និងកិរិយាសម្អាតចិត្តរបស់ខ្លួនឲ្យផូរផង់ ១ កិរិយាទាំង ៣ នេះ គឺមានប្រយោជន៍សំខាន់ក្នុងការកាត់ផ្ដាច់នូវវដ្ដៈ ធ្វើឲ្យ អស់ហេតុនៃសង្សារទុក្ខ ។
នៅក្នុងព្រះសូត្រនេះ មាណពទាំង ២ នាក់បានដល់ព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ ជាទីពឹងទីរលឹក លើកទី ១ ។ ក្រោយមកបានស្ដាប់ព្រះធម៌នៅក្នុងតេវិជ្ជសូត្រ គឺព្រះសូត្រចុងក្រោយនៃទីឃនិកាយ សីលក្ខន្ធវគ្គ បិដកលេខ ១៥ បានដល់ព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ ជាទីពឹងទីរលឹក ជាលើកទី ២ ហើយ ២, ៣ថ្ងៃក្រោយមក ក៏បានបួសជាសាមណេរ ។ បន្តមកទៀត បានស្ដាប់នូវអគ្គញ្ញសូត្រ គឺព្រះសូត្រទី ៤ នៃទីឃនិកាយ បាដិកវគ្គ បិដកលេខ ១៨ ក៏បានសម្រេចព្រះអរហត្តផល ។
ដកស្រង់ពីសៀវភៅ ជំនួយសតិភាគទី២២
ដោយ៥០០០ឆ្នាំ
images/articles/2878/______pic.jpg
ផ្សាយ : ១០ មីនា ឆ្នាំ២០២៤ (អាន: ៧,៨០៥ ដង)
ភិក្ខុនីពីររូប ជាកុលធីតាក្នុងសាក្យត្រកូល ជាអ្នកមានគុណសម្បត្តិ ក្នុងនគរកុសុមបាដលិបុត្ត ដែលជាមណ្ឌលនៃដែនដី ។ បណ្ដាភិក្ខុនីទាំងពីរូបនោះ ភិក្ខុនី ១ រូប ឈ្មោះឥសិទាសី ភិក្ខុនីទី ២ ឈ្មោះ ពោធិ ជាអ្នកបរិបូណ៌ដោយសីល ជាអ្នកត្រេកអរដោយការរំពឹងក្នុងឈាន ជាពហុស្សូត មានកិលេសកម្ចាត់បង់ហើយ ។ ភិក្ខុនីទាំងពីររូបនោះ ត្រាច់ទៅបិណ្ឌបាត ហើយធ្វើនូវភត្តកិច្ច លុះលាងបាត្រហើយ អង្គុយជាសុខក្នុងទីស្ងាត់ ទើបផ្ដើមនិយាយសម្ដីទាំងឡាយនេះថា ៖
ម្នាលនាងម្ចាស់ ឈ្មោះឥសិទាសី នាងជាស្រីគួរជ្រះថ្លា ទាំងវ័យរបស់នាងក៏មិនទាន់សាបសូន្យ អើចុះនាងឃើញទោសដូចម្ដេច ទើបមកប្រកបខ្លួនក្នុងបព្វជ្ជា ?ឥសិទាសីភិក្ខុនីនោះ ជាអ្នកឈ្លាសវៃក្នុងធម្មទេសនា កាលបើពោធិភិក្ខុនីសាកសួរ ក្នុងហេតុជាប្រយោជន៍យ៉ាងនេះហើយ ក៏បានពោលនូវពាក្យនេះថាម្នាលនាងពោធិ នាងចូរស្ដាប់តាមដំណើរ ដែលខ្ញុំបួសចុះ ។លំដាប់អំពីនេះទៅ គឺជាពាក្យវិសជ្ជនាសេដ្ឋីអ្នកសង្រួមក្នុងសីល ជាបិតារបស់ខ្ញុំ ក្នុងបុរីដ៏ប្រសើរឈ្មោះ ឧជ្ជេនី (ក្នុងដែនអវន្ដិ) ខ្ញុំជាធីតាម្នាក់ ជាទីស្រឡាញ់ពេញចិត្ត ជាអ្នកគួរទទួលសេចក្ដីអនុគ្រោះរបស់បិតានោះ ។
លុះចំណេរមកខាងក្រោយ សេដ្ឋីមានត្រកូលដ៏ឧត្តម មានទ្រព្យច្រើន មកអំពីនគរសាកេត ដណ្ដឹងខ្ញុំ បិតាក៏បានឲ្យខ្ញុំជាកូនប្រសារបស់សេដ្ឋីនោះ ។ ខ្ញុំចូលទៅក្រាបក្បាលថ្វាយបង្គំនូវជើងម្ដាយក្មេក និងឪពុកក្មេក រាល់ល្ងាចព្រឹក តាមដំណើរ ដែលមាតាបិតាប្រៀនប្រដៅ ។ ខ្ញុំឃើញនូវអ្នកដណ្ដឹងសូម្បីម្នាក់ ដែលជាបងប្អូនស្រី បងប្អូនប្រុស ឬជាបរិវាររបស់ស្វាមី ខ្ញុំក៏រលះរលាំង ក្រាលអាសនៈ ។ ខ្ញុំអង្គាសផ្គត់ផ្គង់ ឲ្យបាយ ទឹក និងបង្អែម ដែលមាននៅក្នុងលំនៅនោះ តាមសមគួរតាមវត្ថុដែលគេត្រូវការ ។ ខ្ញុំក្រោកឡើងតាមកាលគួរ ហើយចូលទៅកាន់ផ្ទះរបស់ប្ដី ជូតសម្អាតនូវធរណីទ្វារ (ជាដើម) នឹងដៃជើង ផ្គងអញ្ជលីចូលទៅរកប្ដី ។
ខ្ញុំយកស្និតសក់ ម្សៅសម្រាប់លាបមុខ ថ្នាំសម្រាប់បន្ដក់ភ្នែក និងកញ្ចក់ ស្អិតស្អាងឲ្យប្ដីដោយខ្លួនឯង ហាក់ដូចជា (វណ្ណទាសី) អ្នកធ្វើនូវការបម្រើ ។ ខ្ញុំដាំបាយខ្លួនឯង លាងភាជន៍ខ្លួនឯង បម្រើភស្ដា ដូចជាមាតាថ្នមកូនខ្ចី ។ តែភស្ដាតែងខឹងសម្បានឹងខ្ញុំ ដែលជាស្រី្តបម្រើបាយ គ្មានស្រ្តីណាលើស ជាស្រ្តីធ្វើការ (គ្រប់យ៉ាង) ជាស្រី្តមិនមានសេចក្ដីប្រកាន់ មានសេចក្ដីព្យាយាម មិនខ្ជិលច្រអូស មានមារយាទយ៉ាងនេះ ។ ស្វាមីនោះនិយាយនឹងមាតាបិតារបស់គេថា ខ្ញុំសូមលា (អ្នកម្ដាយលោកឪពុក) ទៅ (ក្នុងទីណាមួយ) (ព្រោះ) ខ្ញុំមិនអាចនៅរួមគ្នាក្នុងផ្ទះមួយ ជាមួយនឹងនាងឥសិទាសីឡើយ ។
(មាតាបិតាពោលថា) នែកូន កុំពោលយ៉ាងនេះឡើយ នាងឥសិទាសី ជាបណ្ឌិត ឈ្លាសវៃ ជាស្រ្តីមានសេចក្ដីព្យាយាម មិនខ្ជិលច្រអូសទេ ម្នាលកូន ហេតុអ្វីក៏កូនឯងមិនពេញចិត្ត ។(កូនពោលថា) នាងឥសិទាសី មិនបៀតបៀនអ្វី ៗ ដល់ខ្ញុំទេ ប៉ុន្តែខ្ញុំមិនអាចនៅជាមួយនឹងនាងឥសិទាសី ព្រោះថានាងឥសិទាសីជាស្រីសម្អប់របស់ខ្ញុំ ខ្ញុំមិនគួរនឹងនៅរួមទេ ខ្ញុំសូមលាទៅហើយ ។ម្ដាយក្មេក និងឪពុកក្មេក បានស្ដាប់ពាក្យកូននោះហើយ សួរខ្ញុំថា នាងធ្វើខុសអ្វីទេ នាងចូរប្រាប់កំហុសដែលនាងធ្វើហើយ នាងចូរដោះស្រាយ តាមសេចក្ដីពិតមកចុះ ។
(ខ្ញុំក៏ឆ្លើយថា) ខ្ញុំមិនបានប្រទូស្តអ្វី ៗ ទេ ខ្ញុំមិនបៀតបៀន មិនពោលពាក្យអាក្រក់ទេ (ដល់គាត់ទេ) ភស្ដាស្អប់ខ្ញុំ ឲ្យខ្ញុំអាចធ្វើអ្វីកើត ។ ម្ដាយក្មេកនិងឪពុកក្មេកទាំងឡាយនោះ ក៏អាក់អន់ចិត្ត ត្រូវសេចក្ដីព្រួយគ្របសង្កត់ ក៏នាំខ្ញុំត្រឡប់ទៅកាន់ផ្ទះបិតាវិញ រក្សានូវកូន (ដោយគិតថា) យើងនឹងរកឲ្យបាននូវស្រ្តីមានរូបឆោមដ៏មានសិរី ។ គ្រាក្រោយមក បិតាបានឲ្យខ្ញុំ ក្នុងផ្ទះនៃត្រកូលទី ២ ជាអ្នកស្ដុកស្ដម្ភ ដោយជំនូនពាក់កណ្ដាល អំពីជំនូនដែលសេដ្ឋីបានជូនមកខ្ញុំមុននោះ ។ ខ្ញុំបាននៅក្នុងផ្ទះនៃប្ដីទី ២ នោះ អស់ ១ ខែ គ្រានោះ គាត់ក៏បណ្ដេញខ្ញុំ ដែលជាស្រ្តីខ្នះខ្នែងបម្រើដូចជាទាសី ជាស្រីមិនប្រទូស្ត មានមារយាទល្អ ។ បិតារបស់ខ្ញុំ និយាយនឹងបុរសអ្នកទូន្មាន (ចិត្ត) អ្នកទូន្មាន (កាយនិងវាចា) ដែលកំពុងត្រាច់ទៅដើម្បីភិក្ខាថា អ្នកចូរជាកូនប្រសារបស់ខ្ញុំ អ្នកចូរបោះចោលនូវកំណាត់សំពត់ និងឆ្នាំង ។
ស្វាមីទី ៣ នោះ បាននៅ (ជាមួយនឹងខ្ញុំ) អស់បក្ខ ១ (កន្លះខែ) ក៏និយាយនឹងបិតាខ្ញុំថា អ្នកចូរឲ្យ កំណាត់សំពត់ ឆ្នាំង និងអំបែងមកខ្ញុំវិញ ខ្ញុំនឹងត្រាច់ទៅដើម្បីភិក្ខាទៀត ។ គ្រានោះ បិតាមាតា និងពពួកញាតិទាំងអស់របស់ខ្ញុំ និយាយនឹងបុរសនោះថា អ្នកណាមិនធ្វើតាមអ្នកក្នុងទីនេះឬ អ្នកចូរប្រាប់ហេតុដែលគេធ្វើដល់អ្នកឲ្យឆាប់ ។ បុរសនោះ កាលបើគេពោលយ៉ាងនេះហើយ ក៏ពោលតបថា បើខ្លួនរបស់ខ្ញុំអាចនៅបាន (ក៏នាងឥសិទាសី) មិនគួរដល់ខ្ញុំ (ព្រោះហេតុនោះ) ខ្ញុំមិននៅជាមួយនាងឥសិទាសី ក្នុងផ្ទះមួយជាមួយគ្នាទេ ។ បុរសនោះ កាលបើ (បិតារបស់ខ្ញុំ) លះបង់ហើយ ក៏ទៅបាត់ទៅ ចំណែកខាងខ្ញុំជាស្រ្តីនៅតែម្នាក់ឯង គិតថា អាត្មាអញនឹងលាមាតាបិតាទៅស្លាប់ ឬទៅបួស ។
គ្រានោះ នាងថេរីជាម្ចាស់ឈ្មោះជិនទត្តា ជាអ្នកទ្រទ្រង់នូវវិន័យ ជាពហុស្សូត បរិបូណ៌ដោយសីល កាលត្រាច់ទៅដើម្បីភិក្ខាហារ ក៏បាននិមន្ដមកកាន់ត្រកូលនៃបិតា (ខ្ញុំ) ។ ខ្ញុំឃើញនាងជិនទត្តាថេរីនោះ ក៏ក្រោកឡើង ក្រាលអាសនៈរបស់យើង ប្រគេននាងថេរីនោះ លុះព្រះនាងគង់ហើយ ខ្ញុំក៏ថ្វាយបង្គំនូវព្រះបាទា ហើយប្រគេនភោជន ។ ខ្ញុំញ៉ាំងជិនទត្តាថេរី ឲ្យឆ្អែតស្កប់ស្កល់ ដោយបាយ និងបង្អែម ដែលមានក្នុងលំនៅនោះ ហើយពោលថា បពិត្រព្រះនាងជាម្ចាស់ ខ្ញុំចង់បួស ។
គ្រានោះ បិតាពោលនឹងខ្ញុំថា ម្នាលកូនស្រីតូច នាងចូរប្រព្រឹត្តធម៌នោះក្នុងផ្ទះនេះទៅចុះ ចូរញ៉ាំងសមណៈទាំងឡាយផង ព្រាហ្មណ៍ទាំងឡាយផង ឲ្យឆ្អែតស្កប់ស្កល់ដោយបាយ និងទឹកចុះ ។ លំដាប់នោះ ខ្ញុំក៏ប្រណម្យអញ្ជលី យំពោលនឹងបិតាថា បពិត្របិតា សូមលោកអនុញ្ញាតខ្ញុំ ខ្ញុំនឹងញ៉ាំងបាបកម្មដែលខ្ញុំធ្វើហើយនោះឲ្យវិនាស ។ គ្រានោះ បិតាពោលនឹងខ្ញុំថា (ព្រះសម្មាសម្ពុទ្ធ) ព្រះអង្គប្រសើរជាសត្វជើងពីរ ទ្រង់ធ្វើឲ្យជាក់ច្បាស់នូវលោកុត្តរធម៌ណា នាងចូរបានលុះនូវពោធិញាណ និងអគ្គធម៌ និងព្រះនិព្វាននោះចុះ ។
ខ្ញុំថ្វាយបង្គំលាបិតាមាតា និងពពួកនៃញាតិទាំងអស់ ហើយបួសបាន ៧ ថ្ងៃ ក៏សម្រេចវិជ្ជាបី ។ ខ្ញុំដឹងជាតិរបស់ខ្លួន បាន ៧ ជាតិ ផលវិបាកនេះរបស់កម្មណា ខ្ញុំនឹងប្រាប់កម្មនោះដល់នាង នាងចូរមានចិត្តតែមួយ ចាំផ្ទៀងស្ដាប់នូវកម្មនោះ ដូចតទៅនេះ ៖ ខ្ញុំជាជាងមាសមានទ្រព្យច្រើន ក្នុងនគរឈ្មោះ ឯកកច្ឆៈ ខ្ញុំនោះជាមនុស្សស្រវឹង ព្រោះការស្រវឹងវ័យ បានប្រព្រឹត្តសេពសម្ភពនឹងប្រពន្ធបុគ្គលដទៃ ។ ខ្ញុំនោះលុះឃ្លាតចាកអត្តភាពនោះហើយ ក៏ឆេះរោលរាលក្នុងនរកអស់កាលយូរ លុះរួចចាកនរកនោះហើយ មកចាប់បដិសន្ធិក្នុងផ្ទៃនៃមេស្វា ។
ស្វាឈ្មោលធំជាម្ចាស់នៃហ្វូង ខាំផ្ដាច់នូវជាតកម្ម គឺអង្គជាត (របស់ខ្ញុំ) ដែលទើបនឹងកើតបាន ៧ ថ្ងៃ នុ៎ះជាផលនៃកម្មរបស់ខ្ញុំនុ៎ះ ដែលគប់រកនូវប្រពន្ធនៃបុគ្គលដទៃ ។ ខ្ញុំនោះធ្វើមរណកាល ច្យុតចាកកំណើតនៃស្វានោះហើយ ក៏ចាប់បដិសន្ធិក្នុងផ្ទៃនៃមេពពែខ្វាក់ផង ខ្ចកផង ក្នុងដែននៃស្ដេចសិន្ធវៈ ។ ខ្ញុំត្រូវគេព្រនាក់កូនក្មេងអស់ ១២ ឆ្នាំ ត្រូវគេគ្រៀវ ត្រូវដង្កូវបៀតបៀន ឈឺចាប់ ព្រោះតែអំពើដែលខ្ញុំសេពនូវប្រពន្ធរបស់បុគ្គលដទៃ ។
ខ្ញុំនោះច្យុតចាកកំណើតនៃពពែនោះហើយ ក៏កើតជាកូនគោ អំពីមេគោរបស់ឈ្មួញគោ បាន ១២ ខែ មានរោមក្រហមដូចជាជ្រលក់ល័ក្ត ហើយត្រូវគេគ្រៀវ ។ ខ្ញុំតែងទាញនូវនង្គ័ល និងរទេះ ខ្វាក់ ខ្ចក ឈឺ ព្រោះតែខ្ញុំសេពនូវប្រពន្ធរបស់បុគ្គលដទៃ ។ ខ្ញុំនោះជាសត្វច្យុតចាកកំណើត នៃគោនោះហើយ ក៏កើតក្នុងផ្ទៃនៃទាសីក្នុងផ្ទះក្បែរថ្នល់ មិនប្រាកដជាស្រី មិនប្រាកដជាប្រុស (ខ្ទើយ) ព្រោះតែសេពនូវប្រពន្ធនៃបុគ្គលដទៃ ។ ខ្ញុំស្លាប់ក្នុងអាយុ ៣០ ឆ្នាំ ហើយក៏កើតជាទារិកា ក្នុងត្រកូលនៃអ្នករទេះ ដែលជាត្រកូលកំព្រា គ្មានភោគសម្បត្តិ ត្រូវបុរសជាម្ចាស់ទ្រព្យរឹបជាន់ច្រើន ។
កាលការប្រាក់ចម្រើនច្រើនឡើងហើយ នាយឈ្មួញរទេះក៏អូសទាញខ្ញុំ អំពីផ្ទះនៃត្រកូល ដែលកំពុងយំខ្សឹកខ្សួល ។ គ្រានោះ បុត្ររបស់ឈ្មួញរទេះនោះ ឈ្មោះ គិរិទាសៈ បានឃើញខ្ញុំជាស្រ្តីនៅក្រមុំ មានវ័យចម្រើន ក្នុងឆ្នាំជាគម្រប់ ១៦ ក៏ហួងហែងទុក (ក្នុងផ្ទះរបស់ខ្លួន) ។ ប្រពន្ធដទៃរបស់គិរិទាសៈ ជាស្រ្ដីមានសីលផង មានគុណផង ជាស្រ្តីប្រព្រឹត្តតាមភស្ដា ខ្ញុំក៏បានធ្វើការស្អប់នូវប្រពន្ធរបស់គាត់ ។ ប្ដីទាំងឡាយ លះលែងខ្ញុំ ដែលជាអ្នកខ្នះខ្នែងបម្រើដូចជាទាសី ព្រោះផលនៃកម្មណា នុ៎ះជាផលកម្ម (របស់ខ្ញុំ) នោះ ទីបំផុតនៃបាបកម្មនោះឯង ខ្ញុំបានធ្វើហើយ ។
ឥសិទាសីថេរី ចប់ ៕
(សុត្តន្តបិដក ខុទ្ទកនិកាយ ថេរីគាថា ចត្តាឡីសនិបាត បិដកលេខ ៥៧ ទំព័រ ២១៨)
ដោយ៥០០០ឆ្នាំ
images/articles/2880/32Wic.jpg
ផ្សាយ : ១០ មីនា ឆ្នាំ២០២៤ (អាន: ១៣,៨០៣ ដង)
ចតុរង្គសន្និបាត ការប្រជុំ ឬ ការជួបជុំប្រកបដោយអង្គ ៤ របស់ព្រះសម្មាសម្ពុទ្ធគ្រប់ព្រះអង្គ ដើម្បីទ្រង់សំដែងនូវឱវាទប្បាតិមោក្ខ ។
i. ចតុរង្គសន្និបាតរបស់ព្រះសម្មាសម្ពុទ្ធសមណគោតម
១- មាឃនក្ខត្តេន យុត្តោ បុណ្ណមឧបោសថទិវសោ ថ្ងៃឧបោសថព្រះចន្ទពេញវង់ប្រកបដោយផ្កាយប្រចាំខែមាឃៈ គឺថ្ងៃ ១៥ កើតមាឃៈ ។
២- កេនចិ អនាមន្តិតានិ ហុត្វា អត្តនោយេវ ធម្មតាយ សន្និបតិតានិ អឌ្ឍតេលសានិ ភិក្ខុសតានិ ភិក្ខុ ១២៥០ រូប ឥតមាននរណានិមន្តឡើយ ស្រាប់តែមកប្រជុំគ្នាតាមធម្មតារបស់ខ្លួន ។
៣- តេសុ ឯកោបិ បុថុជ្ជនោ វា សោតាបន្នសកទាគាមិអនាគាមិសុក្ខ-វិបស្សកអរហន្តេសុ វា អញ្ញតរោ នត្ថិ សព្វេ ឆឡភិញ្ញាវ ភិក្ខុអម្បាលនោះជាបុថុជ្ជន ឬសោតាបន្ន សកទាគាមី អនាគាមី ឬព្រះអរហន្តសុក្ខវិបស្សកៈ សូម្បីតែ ១ រូបក៏មិនមាន សុទ្ធតែជាព្រះអរហន្តបានអភិញ្ញាណ ៦ គ្រប់រូប ។
៤- ឯកោបិ ចេត្ថ សត្ថកេន កេសេ ឆិន្ទិត្វា បព្វជិតោ នាម នត្ថិ, សព្វេ ឯហិភិក្ខុនោយេវ សូម្បីតែ ១ រូបដែលកោរសក់ដោយកាំបិតហើយបួសក៏មិនមាន សុទ្ធតែជាឯហិភិក្ខុទាំងអស់ ។ (បបញ្ចសូទនី អដ្ឋកថា មជ្ឈិមនិកាយ ទីឃនខសុត្តវណ្ណនា)
ii. ចតុរង្គសន្និបាតរបស់ព្រះសម្មាសម្ពុទ្ធពីបុរាណ
១- សព្វេ ឯហិភិក្ខូ ភិក្ខុទាំងអស់សុទ្ធតែជាឯហិភិក្ខុ
២- សព្វេ ឥទ្ធិយា និព្វត្តបត្តចីវរា ភិក្ខុទាំងអស់សុទ្ធតែមានបាត្រនិងចីវរកើតឡើងដោយឫទ្ធិ
៣- សព្វេ អនាមន្តិតាវ អាគតា ភិក្ខុទាំងអស់សុទ្ធតែមកឥតនរណានិមន្ត
៤- ឥតិ តេ ច ខោ បន្នរសេ ឧបោសថទិវសេ មកក្នុងថ្ងៃឧបោសថ ១៥ កើត ។
(សុមង្គលវិលាសិនី អដ្ឋកថា ទីឃនិកាយ មហាវគ្គ មហាបទានសុត្ត សាវកសន្និបាតបរិច្ឆេទវណ្ណនា) ដោយខេមរ អភិធម្មាវតារ
ដោយ៥០០០ឆ្នាំ