ថ្ងៃ ពុធ ទី ២៥ ខែ ឧសភា ឆ្នាំខាល ចត្វា​ស័ក, ព.ស.​២៥៦៦  
ស្តាប់ព្រះធម៌ (Mp3)
ការអានព្រះត្រៃបិដក (Mp3)
​ការបង្រៀនព្រះធម៌ (Mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (Mp3)
កម្រងធម៌​សូធ្យនានា (Mp3)
កម្រងកំណាព្យនិងស្មូត្រ (Mp3)
កម្រងបទភ្លេងនិងចម្រៀង (Mp3)
ព្រះពុទ្ធសាសនានិងសង្គម (Mp3)
បន្ទុកសៀវភៅ (eBook)
បន្ទុកវីដេអូ (Video)
ទើបស្តាប់/អានរួច
វិទ្យុផ្សាយផ្ទាល់
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុឱវាទព្រះពុទ្ធ
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុពន្លឺត្រៃរតន៍ (តាកែវ)
ទីតាំងៈ ខេត្តតាកែវ
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ការជូនដំណឹង
ទិន្នន័យសរុបនៃការចុចចូល៥០០០ឆ្នាំ
ថ្ងៃនេះ ៧៨,៣៧៧
Today
ថ្ងៃម្សិលមិញ ១២២,២២៣
ខែនេះ ២,៧៦០,១៥២
សរុប ២៥៨,២៥៧,៩៦៧
free counters
កំពុងទស្សនា ចំនួន
រឿងនិទានអប់រំចិត្ត
images/articles/3288/_________________________________.jpg
ផ្សាយ : ១៥ ឧសភា ឆ្នាំ២០២២ (អាន: ៤៥៧ ដង)
ព្រះសាស្ដាកាលស្ដេចគង់នៅវត្តជេតពន ទ្រង់ប្រារព្ធកោធនភិក្ខុ (ភិក្ខុក្រោធ) មួយរូប បានត្រាស់ព្រះជាតកនេះ មានពាក្យថា យោ តេ ហត្ថេ ច បាទេ ច ជាដើម ។រឿងរ៉ាវបច្ចុប្បន្នបានពោលមកក្នុងជាតកខាងក្រោយ ។ ព្រះសាស្ដាត្រាស់នឹងភិក្ខុ ថា ម្នាលភិក្ខុ ព្រោះហេតុអ្វី អ្នកបួសក្នុងសាសនារបស់ព្រះពុទ្ធអ្នកមិនក្រោធ ហើយធ្វើនូវ សេចក្ដីក្រោធទៅវិញ បោរាណកបណ្ឌិតទាំងឡាយ សូម្បីមានខ្លួនត្រូវគេវាយ ១០០០ រំពាត់ និងមានដៃជើងត្រចៀកច្រមុះត្រូវគេកាត់ ក៏មិនធ្វើសេចក្ដីក្រោធ ចំពោះអ្នក ដទៃដែរ ហើយព្រះអង្គនាំអតីតនិទានមកថា ៖ ក្នុងអតីតកាល ព្រះរាជាព្រះនាមកលាពុ សោយរាជសម្បត្តិក្នុងនគរពារាណសី ។ គ្រានោះ ព្រះពោធិសត្វកើតក្នុងព្រាហ្មណត្រកូល ដែលមានទ្រព្យ ៨០ កោដិ លោកជា មាណពឈ្មោះថា កុណ្ឌលកុមារ កាលចម្រើនវ័យឡើង ក៏ទៅនគរតក្កសិលា រៀនសិល្បសាស្ត្រទាំងពួង ហើយទុកដាក់ទ្រព្យ អំណើះឥតពីមាតាបិតាទៅ លោកសម្លឹងមើលគំនរ ទ្រព្យ ហើយគិតថា ពពួកញាតិរបស់យើង ញ៉ាំងទ្រព្យនេះឲ្យកើតឡើងហើយ ស្លាប់ទៅ ឥតយកតាមសោះ ចំណែកអញវិញ គួរណាស់តែយកទ្រព្យនោះទៅតាមឲ្យខាងតែបាន លុះគិតដូច្នេះហើយ លោកចាត់ចែងទ្រព្យទាំងអស់ឲ្យជាទាន បុគ្គលណាយកវត្ថុណា លោកឲ្យវត្ថុនោះ ហើយលោកចូលទៅព្រៃហិមពាន្តសាងផ្នួស ញ៉ាំងជីវិតឲ្យប្រព្រឹត្តទៅ ដោយផលាផល នៅអស់កាលដ៏យូរ ទើបមកកាន់ផ្លូវមនុស្សដើម្បីសេពរសប្រៃនិងជូរ លោកទៅដល់នគរពារាណសីដោយលំដាប់ និងស្នាក់នៅក្នុងរាជឧទ្យាន ដល់ថ្ងៃស្អែក លោកត្រាច់បិណ្ឌបាតក្នុងទីក្រុង ក៏ទៅដល់ទ្វារនិវេសន៍របស់សេនាបតី ។ សេនាបតី ជ្រះថ្លានឹងឥរិយាបថរបស់ព្រះពោធិសត្វ ក៏និមន្តចូលក្នុងផ្ទះ ប្រគេនឲ្យឆាន់នូវភោជន ដែលគេបម្រុងដើម្បីខ្លួន ហើយឲ្យតាបសទទួលសេចក្ដីប្ដេជ្ញាហើយ និមន្តលោកឲ្យគង់ នៅក្នុងរាជឧទ្យាននោះឯង ។ តមកក្នុងថ្ងៃមួយ ស្ដេចកលាពុទ្រង់ស្រវឹងស្រា ហើយយាងទៅឧទ្យានដោយយស ដ៏ធំ ទាំងមានស្រ្ដីរបាំដែលឈ្លាសហែហមទៅផង ព្រះអង្គឲ្យគេក្រាលសយនាលើផ្ទាំង មង្គលសិលា ហើយទ្រង់ផ្ទំកើយភ្លៅស្រ្តីម្នាក់ ដែលជាទីស្រឡាញ់សព្វព្រះហឫទ័យ ។ ស្ត្រីរបាំទាំងឡាយដែលឈ្លាសក្នុងការច្រៀង ការប្រគំ និងការរាំជាដើម នាំគ្នាប្រគំ ចម្រៀងជាដើម មហាសម្បត្តិរបស់ស្ដេចកលាពុ ហាក់ដូចជាសក្កទេវរាជ (បានបន្តិច) ព្រះរាជាផ្ទំលក់ទៅ ។ លំដាប់នោះ ស្ត្រីរបាំទាំងឡាយគិតថា ពួកយើងប្រគំនិងចម្រៀងជាដើម ដើម្បី ព្រះរាជាណា ឥឡូវព្រះរាជានោះផ្ទំលក់ហើយ យើងនៅប្រគំចម្រៀងជាដើមធ្វើអ្វី គិតដូច្នេះហើយ ក៏ចោលគ្រឿងតន្ត្រីមានពិណជាដើមក្នុងទីនោះ ហើយនាំគ្នាដើរលេងក្នុងឧទ្យាន ពួកនាងត្រូវផ្កាឈើ ផ្លែឈើ និងត្រួយឈើជាដើមទាក់ទាញចិត្ត សប្បាយរីករាយក្នុងឧទ្យានយ៉ាងក្រៃលែង ។ គ្រានោះ ព្រះពោធិសត្វគង់នៅជាសុខក្នុងផ្នួស ទៀប គល់សាលព្រឹក្ស ដែលមានផ្ការីកស្គុះស្គាយក្នុងឧទ្យាន មើលទៅដូចជាដំរីមត្តវរៈ ។ ពេលនោះ ស្ត្រីរបាំដែលត្រាច់ក្នុងឧទ្យាន ឃើញតាបសពោធិសត្វ ហើយបបួលគ្នាថា នាងទាំងឡាយចូរមកណេះ នៅជិតគល់ឈើនោះ មានបព្វជិតមួយអង្គគង់នៅ ទាន់ពេល ព្រះរាជាមិនទាន់តើន ពួកយើងនឹងទៅអង្គុយស្ដាប់ធម្មកថាខ្លះ ក្នុងសម្នាក់បព្វជិតនោះ បបួលគ្នាដូច្នេះហើយ ក៏នាំគ្នាទៅថ្វាយបង្គំ អង្គុយចោមរោមតាបស រួចពោលថា សូម លោកម្ចាស់សម្ដែងអ្វីដែលគួរ ដល់ខ្ញុំម្ចាស់ទាំងឡាយ ។ ព្រះពោធិសត្វក៏សម្ដែងធម៌ដល់ពួកនាងទាំងនោះ ។ លំដាប់នោះ ស្ត្រីដែលព្រះរាជាផ្ទំកើយនោះ កម្រើកភ្លៅ បណ្ដាលឲ្យព្រះរាជាភ្ញាក់ ឡើង ។ បន្ទាប់ពីភ្ញាក់ហើយ ព្រះរាជាមិនឃើញស្ត្រីទាំងឡាយ ទ្រង់សួរថា តើពួកមេចង្រៃទៅណា អស់ហើយ ។ស្រ្តីនោះក្រាបទូលថា បពិត្រមហារាជ ស្ត្រីទាំងនោះទៅអង្គុយ ចោមរោមតាបស មួយអង្គ ។ព្រះរាជាក្រោធ ហើយចាប់ព្រះខាន់ យាងទៅយ៉ាងលឿន ដោយត្រាស់ថា អញ នឹងប្រដៅជដិលកោងនោះឲ្យដឹងដៃម្ដង ។ពេលនោះ ស្ត្រីទាំងឡាយឃើញព្រះរាជាយាងមកទាំងកំហឹង បណ្ដាស្រ្តីទាំងនោះ ស្ត្រីដែលស្និទ្ធស្នាលជាងគេ ទៅចាប់ដាវពីព្រះហស្តរបស់ព្រះរាជា លួងលោមព្រះរាជាឲ្យ ស្ងប់កំហឹង ។ព្រះរាជាយាងមកហើយ ឈរក្នុងសម្នាក់ព្រះពោធិសត្វ ត្រាស់សួរថា នែសមណៈ លោកជាវាទីអ្វី (មានវាទៈដូចម្ដេច) ? ព្រះពោធិសត្វទូលថា បពិត្រមហារាជ អាត្មាជាខន្តិវាទី (អ្នកពោលពីខន្តី) ។ព្រះរាជាសួរថា ឈ្មោះថា ខន្តីនោះ ជាអ្វី ?ព្រះមហាសត្វទូលថា សេចក្ដីមិនក្រោធ ក្នុងបុគ្គលដែលជេរ ក្នុងបុគ្គលផ្ដាសា និងក្នុងបុគ្គលដែលវាយប្រហារ (មកលើខ្លួន) ។ស្ដេចកលាពុត្រាស់ថា ឥឡូវនេះ យើងនឹងមើលនូវភាពនៃការមានខន្តីរបស់អ្នក ។ ព្រះរាជាត្រាស់ដូច្នេះហើយបង្គាប់ឲ្យគេហៅចោរឃាតក ។ ពេជ្ឈឃាដនោះ ដោយ ចារិត្តរបស់ខ្លួន គេកាន់ពូថៅ និងរំពាត់ខ្សែតីដែលមានបន្លា ស្លៀកសំពត់កាសាយៈ ទ្រទ្រង់ កម្រងផ្កាក្រហម មកថ្វាយបង្គំព្រះរាជា សួរថា បពិត្រព្រះសម្មតិទេព តើឲ្យទូលបង្គំធ្វើអ្វី? ព្រះរាជាត្រាស់ថា ឯងចូរចាប់តាបសចោរដ៏គម្រក់នេះ ទាញទៅផ្ដួលលើដី យក រំពាត់ខ្សែតី វាយ ២០០០ ខ្វាប់ ក្នុងចំណែកទាំង ៤ គឺពីខាងមុខ ពីក្រោយ និងសងខាង ។អ្នកសម្លាប់ចោរក៏ធ្វើយ៉ាងនោះ ។ ព្រះពោធិសត្វរលាត់ស្បែកសម្បុរថ្ងៃ និងស្បែក ដាច់សាច់ ហូរឈាម ។ព្រះរាជាត្រាស់សួរព្រះពោធិសត្វម្ដងទៀតថា នែភិក្ខុ លោកជាវាទីអ្វី ? ខន្តិវាទីតាបសទូលថា បពិត្រមហារាជ អាត្មាជាខន្តិវាទី ។ ព្រះមហាសត្វពោលទៀតថា ព្រះអង្គសម្គាល់ថា ខន្តីនៅក្នុងចន្លោះស្បែករបស់អាត្មាឬ ខន្តីមិនមានក្នុងចន្លោះ ស្បែករបស់អាត្មាទេ ព្រះអង្គមិនអាចទតឃើញឡើយ ខន្តីនោះឋិតនៅក្នុងចន្លោះបេះដូង អាត្មា ។ ពេជ្ឈឃាដទូលសួរព្រះរាជាទៀតថា តើទូលបង្គំធ្វើដូចម្ដេច ?ព្រះរាជាត្រាស់ថា ឯងចូរ​កាត់​ដៃទាំងពីររបស់ជដិលកោងនេះ ។ ចោរឃាតករនោះកាន់ពូថៅ ចាប់ដៃតាបសដាក់លើកំណាត់ឈើ ហើយកាត់ដៃព្រះពោធិសត្វ ។ បន្ទាប់មក ព្រះរាជាត្រាស់បង្គាប់ទៀតថា ចូរឲ្យកាត់ជើងទាំងពីរ, ចោរឃាតកក៏កាត់ជើង ។ ឈាមហូរចេញពីចុងដៃនិងចុងជើង បីដូចទឹកល័ក្ត (ពណ៌ក្រហម) ហូរ ចេញអំពីប្រហោងឆ្នាំង ។ ស្ដេចកលាពុត្រាស់សួរតាបសម្ដងទៀតថា តើអ្នកជាវាទីអ្វី ? ខន្តិវាទីតាបសពោធិសត្វទូលថា បពិត្រមហារាជ អាត្មាភាពជាខន្តិវាទី ព្រះអង្គ សម្គាល់ថា ខន្តីមាននៅនឹងចុងដៃនិងចុងជើងរបស់អាត្មាឬ ខន្តីមិនមាននៅទីនោះទេខន្តីរបស់អាត្មា ឋិតនៅក្នុងទីជ្រៅណាស់ ។ ព្រះរាជាត្រាស់បញ្ជាពេជ្ឈឃាដថា ឯងចូរកាត់ត្រចៀកនិងច្រមុះតាបសនេះ ។ ចោរឃាតកនោះបានកាត់ត្រចៀកនិងច្រមុះរបស់ព្រះតាបស ។ ខ្លួនប្រាណទាំងអស់ របស់ព្រះពោធិសត្វ ប្រឡាក់ទៅដោយឈាម ។ ព្រះរាជាត្រាស់សួរព្រះមហាសត្វម្ដងទៀតថា តើលោកជាវាទីអ្វី ?ព្រះមហាសត្វទូលថា បពិត្រមហារាជ អាត្មាភាពជាខន្តិវាទី ។ ព្រះអង្គកុំសម្គាល់ ថា ខន្តីនៅចុងត្រចៀកនិងច្រមុះឲ្យសោះ ខន្តីរបស់អាត្មាតាំងនៅក្នុងចន្លោះ បេះដូង ដ៏ជ្រោះ ។ ព្រះរាជាត្រាស់ថា នែជដិលកោង ចូរអង្គុយលើកខន្តីរបស់អ្នកចុះ ត្រាស់ហើយ ព្រះរាជាធាក់ដើមទ្រូងតាបសមួយជើង រួចទ្រង់យាងចេញទៅ ។ ពេលព្រះរាជាយាងទៅហើយ សេនាបតីបានទៅជូតឈាមពីសរីរៈ របស់ ព្រះពោធិសត្វ ដោះសំពត់មករុំរបួសចុងដៃ ចុងជើង ត្រចៀក និងច្រមុះ រួចលើក ព្រះពោធិសត្វឲ្យអង្គុយសន្សឹមៗ ថ្វាយបង្គំតាបសរួច អង្គុយទីដ៏សមគួរមួយ ហើយពោលថា បពិត្រលោកម្ចាស់ដ៏ចម្រើន បើលោកម្ចាស់ប្រាថ្នាក្រោធ សូមលោកម្ចាស់ក្រោធចំពោះតែព្រះរាជាមួយអង្គ ដែលទ្រង់បានធ្វើកំហុសចំពោះលោកម្ចាស់ លោកម្ចាស់កុំ ក្រោធអ្នកដទៃឡើយ ដូច្នេះហើយ កាលនឹងអង្វរតាបស ទើបពោលគាថាទី ១ ថា ៖ យោ តេ ហត្ថេ ច បាទេ ច, កណ្ណនាសញ្ច ឆេទយិ; តស្ស កុជ្ឈ មហាវីរ, មា រដ្ឋំ វិនសា ឥទំ។ បពិត្រលោកមានព្យាយាមធំ ព្រះរាជាណាកាត់ព្រះហស្តទាំងពីរក្ដី កាត់ព្រះបាទទាំងពីរក្ដី កាត់ត្រចៀកនិងច្រមុះក្ដី របស់លោក ខ្ញាល់ចំពោះបុគ្គលនោះចុះ សូមលោកកុំញ៉ាំងដែននេះឲ្យវិនាសឡើយ ។ បទថា មហាវីរ បានដល់ មហាវីរិយៈ ។ បទថា មា រដ្ឋំ វិនសា ឥទំ សេចក្ដីថា សូមលោកកុំញ៉ាំងកាសិរដ្ឋដែលមិនមានកំហុសនេះ ឲ្យវិនាសឡើយ ។ ព្រះពោធិសត្វស្ដាប់ពាក្យនោះហើយ ពោលគាថាទី ២ ថា យោ មេ ហត្ថេ ច បាទេ ច, កណ្ណនាសញ្ច ឆេទយិ; ចិរំ ជីវតុ សោ រាជា, ន ហិ កុជ្ឈន្តិ មាទិស។ ព្រះរាជាណា កាត់ដៃទំាងពីរក្ដី កាត់ជើងទាំងពីរក្ដី កាត់ត្រចៀកនិងច្រមុះក្ដី របស់អាត្មា សូមឲ្យព្រះរាជានោះ ទ្រង់មានព្រះជន្មយឺនយូរ ពួកអ្នកប្រាជ្ញដូចយ៉ាងអាត្មា មិនខឹងឡើយ ។ បទថា មាទិស (ដូចយ៉ាងអាត្មា) សេចក្ដីថា បណ្ឌិតដែលដល់ព្រមដោយខន្តិពលៈ ដូចយ៉ាងអាត្មា រមែងមិនក្រោធ (ដោយអាង) ថា អ្នកនេះបានជេរអញ ផ្ដាសាអញ វាយអញ កាប់អញ ទម្លាយអញ ដូច្នេះឡើយ ។ កាលព្រះរាជាយាងចេញពីឧទ្យាន គ្រាន់តែផុតពីក្រសែភ្នែក របស់ព្រះពោធិសត្វប៉ុណ្ណោះ មហាប្រឹថពីនេះដែលមានកម្រាស់ ២ សែន ៤ ម៉ឺន យោជន៍ បានបែករហែក បីដូចសំពត់ដែលគេដេរភ្លាត់, អណ្ដាតភ្លើងចេញពីអវិចីនរក ឆាបត្របាក់ចាប់យក ព្រះរាជា ហាក់ដូចត្រូវគេរុំដណ្ដប់ដោយសំពត់កម្ពលពណ៌ក្រហម ដែលជាអំណោយរបស់ ត្រកូល ។ ព្រះរាជានោះ ត្រូវផែនដីស្រូបនៅទៀបទ្វារឧទ្យាននោះឯង ហើយឋិតនៅក្នុង អវីចិមហានរក ។ សូម្បីព្រះពោធិសត្វក៏ធ្វើកាលកិរិយាក្នុងថ្ងៃនោះដែរ ។ រាជបរិស័ទ ទាំងឡាយ និងអ្នកនគរទាំងឡាយមានដៃកាន់គ្រឿងក្រអូប ផ្កាកម្រង និងធូប នាំគ្នាមក ហើយធ្វើសរីរកិច្ចរបស់ព្រះពោធិសត្វ ។ ចំណែកអាចារ្យពួកខ្លះពោលថា ព្រះពោធិសត្វ ទៅព្រៃហិមពាន្តវិញ ។ តែពាក្យនោះ មិនពិតទេ ។ ព្រះសាស្ដាត្រាស់អភិសម្ពុទ្ធគាថាពីរនេះថា អហូ អតីតមទ្ធានំ, សមណោ ខន្តិទីបនោ; តំ ខន្តិយាយេវ ឋិតំ, កាសិរាជា អឆេទយិ។ សមណៈ ជាអ្នកសំដែងនូវខន្តី មានហើយក្នុងអតីតកាល ព្រះបាទកាសី ទ្រង់ត្រាស់ឲ្យចោរឃាតកបុរសសម្លាប់សមណៈនោះ អ្នកតាំងនៅក្នុងខន្តី ។ តស្ស កម្មផរុសស្ស, វិបាកោ កដុកោ អហុ; យំ កាសិរាជា វេទេសិ, និរយម្ហិ សមប្បិតោ។ ព្រះបាទកាសី តាំងនៅក្នុងនរក សោយនូវផលនៃកម្មណា ផលនៃកម្មអាក្រក់នោះ ជាផលក្ដៅក្រហាយ ។ បទថា អតីតមទ្ធានំ សេចក្ដីថា ក្នុងអតីតកាលដ៏យូរលង់ណាស់ហើយ ។ បទថា ខន្តិទីបនោ សេចក្ដីថា អ្នកពណ៌នាអំពីអធិវាសនខន្តី (ការប៉ិនអត់ទ្រាំយ៉ាងក្រៃលែង, ខន្តីមានកម្លាំង, ខន្តីយ៉ាងឧក្រិដ្ឋ ) ។ បទថា អឆេទយិ សេចក្ដីថា ឲ្យចោរឃាតកសម្លាប់ ។ ចំណែកអាចារ្យពួកខ្លះពោលថា ដៃ ជើង ត្រចៀក និងច្រមុះរបស់ព្រះពោធិសត្វ ត្រូវបានតភ្ជាប់វិញ ។ សូម្បីពាក្យនោះក៏មិនពិតដែរ ។ បទថា សមប្បិតោ បានដល់ តាំងនៅ ។ ព្រះសាស្ដានាំធម្មទេសនានេះមកហើយ ទ្រង់ប្រកាសសច្ចធម៌ និងប្រជុំជាតក ទីបញ្ចប់នៃសច្ចធម៌ ភិក្ខុអ្នកក្រោធនោះ បានតាំងនៅក្នុងអនាគាមិផល ចំណែកជនដទៃ ច្រើនទៀតបានសម្រេចសោតាបត្តិផលជាដើម ។ តទា កលាពុរាជា ទេវទត្តោ អហោសិ ស្ដេចកលាពុក្នុងកាលនោះបានមក ជាទេវទត្ត សេនាបតិ សារិបុត្តោ សេនាបតីបានមកជាសារីបុត្រ ខន្តិវាទី តាបសោ បន អហមេវ អហោសិំ ចំណែកខន្តិវាទីតាបស គឺតថាគតនេះឯង ។ ខន្តិវាទីជាតក ៕ (ជាតកដ្ឋកថា សុត្តន្តបិដក ខុទ្ទកនិកាយ ជាតក ចតុក្កនិបាត បុចិមន្ទវគ្គ បិដកលេខ ៥៨ ទំព័រ ១៩៩) ថ្ងៃ ពុធ ១០ កើត ខែភទ្របទ ឆ្នាំច សំរិទ្ធិស័ក ច.ស. ១៣៨០ ម.ស. ១៩៤០ ថ្ងៃទី ១៩ ខែ កញ្ញា ព.ស. ២៥៦២ គ.ស.២០១៨ ដោយស.ដ.វ.ថ. ដោយ៥០០០ឆ្នាំ
images/articles/3281/_________________________________.jpg
ផ្សាយ : ១៥ ឧសភា ឆ្នាំ២០២២ (អាន: ២៧៨ ដង)
ព្រះសាស្ដាកាលស្ដេចគង់នៅវត្តជេតពន ទ្រង់ប្រារព្ធឧក្កណ្ឋិតភិក្ខុ (ភិក្ខុអផ្សុកចង់សឹក) បានត្រាស់ព្រះធម្មទេសនានេះ មានពាក្យថា សុចិត្តបត្តឆទន ដូច្នេះជាដើម ។ព្រះសាស្ដាត្រាស់សួរភិក្ខុនោះថា ព្រោះហេតុអ្វី បានជាអ្នកអផ្សុក ? កាលភិក្ខុនោះទូលថា បពិត្រព្រះអង្គ ព្រោះអំណាចកិលេស ដោយការបានឃើញស្ត្រីដែលប្រដាប់តាក់តែងមួយ ។ ព្រះអង្គត្រាស់ថា ម្នាលភិក្ខុ ធម្មតាស្ត្រីទាំងឡាយតែងបោកបញ្ឆោត លួងលោម និងធ្វើអ្នកដែលលុះក្នុងអំណាចរបស់ខ្លួនឲ្យវិនាស ប្រាកដដូចជាសំពោចល្មោភ ដូច្នេះហើយ ទ្រង់នាំយកអតីតនិទានមកថា៖ ក្នុងអតីតកាល កាលព្រះបាទព្រហ្មទត្តសោយរាជសម្បត្តិក្នុងនគរពារាណសី ព្រះពោធិសត្វកើតក្នុងកំណើតមាន់ មានមាន់ច្រើនរយជាបរិវារ រស់នៅក្នុងព្រៃ ។ ក្នុងទីមិនឆ្ងាយពីកន្លែងព្រះពោធិសត្វនោះ មានសំពោចញីមួយរស់នៅ ។ សំពោចញីនោះតែងបោកបញ្ឆោតមាន់ដ៏សេសលើកលែងតែព្រះពោធិសត្វចេញ យកមកស៊ី ។ ព្រះពោធិសត្វមិនទៅកាន់ព្រៃជាកន្លែងរបស់សំពោចញីនោះទេ ។ សំពោចញីគិតថា មាន់នេះពូកែខ្លាំងណាស់ មិនដឹងភាពជាអ្នកបោកប្រាស និងភាពជាអ្នកឈ្លាសក្នុងឧបាយកលរបស់យើង យើងនឹងលួងលោមមាន់នេះថា យើងនឹងជាភរិយារបស់លោក ដូច្នេះយើងនឹងបានស៊ីក្នុងកាលដែលមាន់នេះមក ពេលដែលវាលុះអំណាចរបស់យើង ។ សំពោចញីទៅកាន់គល់ដើមឈើដែលមាន់ពោធិសត្វទំ កាលនឹងសូមមាន់នោះ ដោយវាចាដែលជាការសរសើរខាងដើម ទើបពោលគាថាទី ១ ថា ៖ សុចិត្តបត្តឆទន, តម្ពចូឡ វិហង្គម; ឱរោហ ទុមសាខាយ, មុធា ភរិយា ភវាមិ តេ។ នែអ្នកមានខ្លួនបិទបាំង ដោយស្លាបដ៏វិចិត្រល្អ ជាសត្វមានសិរ្ស៍ក្រហម ទៅកាន់អាកាសបាន ចូរអ្នកចុះអំពីមែកឈើមក ខ្ញុំនឹងជាប្រពន្ធរបស់អ្នក ដោយទទេ ។ ព្រះពោធិសត្វស្ដាប់ពាក្យនោះហើយ គិតថា ញាតិទាំងអស់របស់យើង ត្រូវសំពោចញីនេះស៊ី ឥឡូវនេះ វាមកលួងលោម ដោយចង់ស៊ីយើងទៀត យើងនឹងបណ្ដេញសំពោចញីនេះ ដូច្នេះទើបពោលគាថាទី ២ ថា ចតុប្បទី ត្វំ កល្យាណិ, ទ្វិបទាហំ មនោរមេ; មិគី បក្ខី អសញ្ញុត្តា, អញ្ញំ បរិយេស សាមិកំ។ ម្នាលនាងដ៏ល្អ ជាទីត្រេកអរនៃចិត្ត នាងជាសត្វជើងបួន ខ្ញុំជាសត្វជើងពីរ ពួកម្រឹគ និងសត្វបក្សី មិនសមគ្នាទេ នាងចូរស្វែងរកសត្វឯទៀត ធ្វើជាស្វាមីចុះ ។ សំពោចញីបន្ទាប់ពីស្ដាប់ពាក្យនោះហើយ គិតថា មាន់នេះពូកែខ្លាំងណាស់ យើងនឹងបោកបញ្ឆោតដោយឧបាយយ៉ាងណាមួយ ហើយនឹងស៊ីមាន់នេះឲ្យបាន ដូច្នេះទើបពោលគាថាទី ៣ ថា កោមារិកា តេ ហេស្សាមិ, មញ្ជុកា បិយភាណិនី; វិន្ទ មំ អរិយេន វេទេន, សាវយ មំ យទិច្ឆសិ។ ខ្ញុំនៅជាកុមារី ជាស្រ្តីនិយាយពីរោះ ពោលពាក្យជាទីស្រឡាញ់ នឹងបានជា (ប្រពន្ធ) របស់អ្នក អ្នកចូរបាននូវខ្ញុំ ជាស្រ្តីល្អជាព្រហ្មចារិនី ដោយការបានដ៏ប្រសើរ ។ ពាក្យថា ដោយការបានដ៏ប្រសើរ សេចក្ដីថា សំពោចញីពោលថា ក្នុងកាលមុនអំពីពេលនេះ សូម្បីខ្ញុំក៏មិនស្គាល់សម្ផស្សបុរស ហើយអ្នកក៏មិនស្គាល់សម្ផស្សស្ត្រី ព្រោះហេតុដូច្នេះ លោកជាព្រហ្មចារីនឹងបានខ្ញុំដែលជាព្រហ្មចារី ដោយលាភដែលមិនមានទោសជាប្រក្រតី ។ បើលោកប្រាថ្នាខ្ញុំ តែមិនជឿពាក្យរបស់ខ្ញុំ លោកចូរឲ្យគេត្រាច់វាយស្គរក្នុងនគរពារាណសីដែលទំហំ ១២ យោជន៍ ប្រកាសថា សំពោចញីនេះជាទាសីរបស់ខ្ញុំ និងធ្វើខ្ញុំឲ្យទាសីរបស់ខ្លួន ហើយចូរកាន់យកចុះ ។ បន្ទាប់មក ព្រះពោធិសត្វគិតថា យើងនឹងគំរាមសំពោចញីនេះ ហើយឲ្យវារត់ទៅ ដូច្នេះទើបពោលគាថាទី ៤ ថា កុណបាទិនិ លោហិតបេ, ចោរិ កុក្កុដបោថិនិ; ន ត្វំ អរិយេន វេទេន, មមំ ភត្តារមិច្ឆសិ។ នែនាងជាសត្វស៊ីនូវសាកសព ផឹកនូវឈាម ជាចោរបៀតបៀននូវមាន់ នាងឯងមិនមែនចង់បាននូវអញធ្វើជាប្តី ដោយការបានប្រសើរទេ ។ ពាក្យថា នាងឯងមិនមែនចង់បាននូវអញធ្វើជាប្តី ដោយការបានប្រសើរទេ សេចក្ដីថា ព្រះពោធិសត្វពោលថា នាងមិនប្រាថ្នាយើងធ្វើជាប្ដី ដោយការបានដ៏ប្រសើរទេ នាងបោកបញ្ឆោត ហើយចង់ស៊ីយើង នាងចូរវិនាសទៅ ហើយក៏បានធ្វើសំពោចញីឲ្យរត់ទៅ ។ ចំណែកសំពោចញីក៏រត់បោលទៅ មិនហ៊ានសូម្បីតែក្រឡេកមើល ។ (អភិសម្ពុទ្ធគាថាសំដែងថា) ឯវម្បិ ចតុរា នារី, ទិស្វាន សធនំ នរំ; នេន្តិ សណ្ហាហិ វាចាហិ, ពិឡារី វិយ កុក្កុដំ។ នារីទាំងឡាយ ដែលមានការវាងវៃ ឃើញនូវបុរសដ៏ប្រសើរហើយ រមែងដឹកនំាដោយវាចាដ៏ពីរោះយ៉ាងនេះឯង ដូចជាសំពោចញី ប្រលោមនូវមាន់ឈ្មោល (មកធ្វើជាប្តីរបស់ខ្លួន) ។ យោ ច ឧប្បតិតំ អត្ថំ, ន ខិប្បមនុពុជ្ឈតិ; អមិត្តវសមន្វេតិ, បច្ឆា ច អនុតប្បតិ។ បុគ្គលណា មិនឆាប់យល់នូវប្រយោជន៍ ដែលកើតឡើង បុគ្គលនោះ រមែងលុះអំណាចនៃសត្រូវផង រមែងក្តៅក្រហាយ ក្នុងកាលជាខាងក្រោយផង ។ យោ ច ឧប្បតិតំ អត្ថំ, ខិប្បមេវ និពោធតិ; មុច្ចតេ សត្តុសម្ពាធា, កុក្កុដោវ ពិឡារិយា។ លុះតែបុគ្គលណា ឆាប់យល់ច្បាស់នូវប្រយោជន៍ ដែលកើតឡើង បុគ្គលនោះ រមែងរួចចាកការបៀតបៀន អំពីសត្រូវ ដូចមាន់ឈ្មោល រួចអំពីសំពោចញី ។ ព្រះសាស្ដានាំព្រះធម្មទេសនានេះមកហើយ ទ្រង់ប្រកាសសច្ចធម៌ និងប្រជុំជាតក ក្នុងកាលទីបំផុតនៃសច្ចធម៌ ឧក្កណ្ឋិតភិក្ខុបានតាំងនៅក្នុងសោតាបត្តិផល ។ តទា កុក្កុដរាជា អហមេវ អហោសិំ ស្ដេចមាន់ក្នុងកាលនោះ គឺ តថាគត នេះឯង ។ កុក្កុដជាតក ចប់ ៕ (ជាតកដ្ឋកថា សុត្តន្តបិដក ខុទ្ទកនិកាយ ជាតក ឆក្កនិបាត អាវារិយវគ្គ បិដកលេខ ៥៩ ទំព័រ ៤៨) ថ្ងៃ សុក្រ ១៤ រោច ខែទុតិយាសាឍ ឆ្នាំច សំរិទ្ធិស័ក ច.ស. ១៣៨០ ម.ស. ១៩៤០ ថ្ងៃទី ១០ ខែ សីហា ព.ស. ២៥៦២ គ.ស.២០១៨ ដោយស.ដ.វ.ថ ដោយ៥០០០ឆ្នាំ
images/articles/3282/54teydrfeertyur678678ytrtrew.jpg
ផ្សាយ : ១៥ ឧសភា ឆ្នាំ២០២២ (អាន: ២២០ ដង)
ក្នុងអតីតកាល ព្រះបាទព្រហ្មទត្តសោយរាជសម្បត្តិក្នុងនគរពារាណសី, ព្រះរាជាព្រះនាម កេសវៈ លះបង់រាជសម្បត្តិបួសជាឥសី ។ បុរស ៥០០ នាក់បួសតាមព្រះរាជានោះ។ ព្រះរាជានោះក៏មានព្រះនាមថា កេសវតាបស ។ ខ្មាន់ព្រះកេសដែលជាអ្នកប្រដាប់តាក់តែងព្រះអង្គ ក៏បួសតាម ហើយបានជាសិស្ស មានឈ្មោះថា កប្បកៈ ។ កេសវតាបសនិងបរិស័ទរស់នៅក្នុងព្រៃហិមពាន្តអស់ ៨ ខែ, ក្នុងវស្សានរដូវ (លោកនាំសិស្ស) ទៅកាន់នគរពារាណសី ដើម្បីសេពរសជាតិប្រៃនិងជូរ ទៅដល់ហើយក៏ចូលទៅបិណ្ឌបាតក្នុងព្រះនគរ ។ លំដាប់នោះ ព្រះរាជាទតឃើញពួកឥសី ទ្រង់ជ្រះថ្លា និមន្តកេសវតាបសឲ្យទទួលប្ដេជ្ញាដើម្បីនឹងនៅក្នុងសំណាក់ខ្លួនអស់ ៤ ខែ ហើយឲ្យពួកតាបសស្នាក់នៅក្នុងឧទ្យាន, ក្នុងពេលព្រឹកនិងល្ងាច ព្រះរាជាតែងយាងទៅបម្រើពួកតាបស ។ តាបសទាំងអស់រស់នៅបានពីរបីថ្ងៃ ត្រូវសំឡេងដំរីជាដើមបៀតបៀនហើយកើតសេចក្ដីអផ្សុក ទើបពោលនឹងអាចារ្យថា បពិត្រអាចារ្យ ពួកខ្ញុំអផ្សុកណាស់ (ប្រាថ្នានឹងចេញ) ទៅ ។ អាចារ្យពោលថា អ្នកទាំងឡាយនឹងទៅណា ? ពួកតាបសពោលថា បពិត្រអាចារ្យ ពួកខ្ញុំនឹងទៅព្រៃហិមពាន្តវិញ ។ អាចារ្យពោលថា ក្នុងថ្ងៃដែលពួកយើងមក ព្រះរាជាបានឲ្យទទួលប្ដេជ្ញាដើម្បីនឹងនៅក្នុងទីនេះអស់ ៤ ខែ, អ្នកទាំងឡាយនឹងទៅ ដូចម្ដេច ? ពួកតាបសពោលថា “លោកអាចារ្យមិនប្រាប់ពួកខ្ញុំទេ ក៏ទទួលប្ដេជ្ញា ពួកខ្ញុំមិនអាចនៅក្នុងទីនេះទេ ពួកខ្ញុំនឹងនៅក្នុងទីដែលអាចដឹងសុខទុក្ខរបស់លោកអាចារ្យ ដែលនៅមិនឆ្ងាយអំពីទីនេះ” ថារួចក៏នាំគ្នាថ្វាយបង្គំអាចារ្យហើយចៀសចេញទៅ ។ ចំណែកអាចារ្យក៏នៅជាមួយសិស្សឈ្មោះកប្បកៈ ។ ព្រះរាជាកាលយាងមកឧបដ្ឋាក សួរថា បពិត្រលោកម្ចាស់ ពួកតាបសទៅណា ? កេសវតាបសទូលថា បពិត្រមហារាជ ពួកតាបសទាំងអស់ប្រាប់អាត្មាថា “ពួកខ្ញុំអផ្សុក” ពួកតាបសទាំងនោះទៅព្រៃហិមពាន្តវិញហើយ ។ ក្រោយមកមិនយូរប៉ុន្មាន សូម្បីកប្បកតាបសក៏អផ្សុក ត្រូវអាចារ្យហាមហើយហាមទៀត ក៏នៅតែពោលថា ខ្ញុំមិនអាចនៅទីនេះទេ ដូច្នេះហើយ ក៏ចៀសចេញទៅ ។ តែកប្បកតាបសមិនទៅកាន់សំណាក់ពួកតាបសដទៃទេ លោក ស្នាក់ក្នុងទីដែលអាចឮដំណឹងរបស់អាចារ្យ ដែលនៅក្នុងទីមិនឆ្ងាយអំពីទីនោះ ។ ក្នុងកាលជាខាងក្រោយមក រោគក្នុងផ្ទៃកើតឡើងដល់អាចារ្យដែលចេះតែរលឹកដល់សិស្ស ។ ព្រះរាជាឲ្យពេទ្យទាំងឡាយថែរក្សាព្យាបាល, រោគនៅតែមិនស្ងប់ ។ តាបសទូលថា បពិត្រមហារាជ ព្រះអង្គប្រាថ្នាឲ្យអាត្មាស្ងប់ចាករោគដែរឬទេ ? ព្រះរាជាត្រាស់ថា បពិត្រលោកម្ចាស់ ប្រសិនបើអាច ខ្ញុំគប្បីធ្វើសេចក្ដីសុខដល់លោកម្ចាស់ ក្នុងកាលឥឡូវនេះឯង ។ កេសវតាបសពោលថា បពិត្រមហារាជ បើព្រះអង្គប្រាថ្នាសេចក្ដីសុខដល់អាត្មា សូមព្រះអង្គបញ្ជូនអាត្មាទៅកាន់សំណាក់អន្តេវាសិកចុះ ។ ព្រះរាជាត្រាស់ថា “ប្រពៃហើយ” រួចទ្រង់ឲ្យ គេដាក់កេសវតាបសដេកលើគ្រែ និងបញ្ជូនអាមាត្យ ៤ នាក់ ដែលមាននារទអាមាត្យជាប្រធានទថា អ្នកទាំងឡាយចូរដឹងការប្រព្រឹត្តទៅរបស់លោកម្ចាស់របស់យើង ហើយនាំដំណឹងមកប្រាប់យើង ។ កប្បកអន្តេវាសិកឮដំណើរមករបស់អាចារ្យ ធ្វើការទទួល កាល អាចារ្យសួរថា ពួកតាបសនៅឯណា ក៏ពោលថា បានឮថា ពួកតាបសនៅក្នុងទីឯណោះ ។ សូម្បីពួកតាបសកាលបានឮដំណើរមករបស់អាចារ្យ ក៏មកប្រជុំគ្នាត្រង់ទីនោះ ហើយប្រគេនទឹកក្ដៅ និងផលាផលដល់អាចារ្យ ។ រោគក៏រម្ងាប់ក្នុងខណៈនោះឯង ។ កេសវតាបសនោះមានសម្បុរដូចមាស ក្នុងកំឡុងពីរបីថ្ងៃប៉ុណ្ណោះ ។ ពេលនោះ នារទអាមាត្យសួរថា មនុស្សិន្ទំ ជហិត្វាន, សព្ពកាមសមិទ្ធិនំ; កថំ នុ ភគវា កេសី, កប្បស្ស រមតិ អស្សមេ។ កេសវតាបសមានព្រះភាគ (របស់យើងខ្ញុំ) នេះ លះបង់ព្រះបាទពារាណសី ជាធំជាងមនុស្ស អ្នកឲ្យសម្រេចសេចក្ដីប្រាថ្នាទាំងពួង ហើយត្រេកអរសប្បាយ ក្នុងអាស្រម របស់កូនសិស្សឈ្មោះកប្បៈ តើដោយឧបាយ ដូចម្ដេច ។ កេសវតាបសឆ្លើយថា សាទូនិ រមណីយានិ, សន្តិ វក្ខា មនោរមា; សុភាសិតានិ កប្បស្ស, នារទ រមយន្តិ មំ។ ម្នាលអាមាត្យ រសទាំងឡាយដ៏ឆ្ងាញ់ គួររីករាយក៏មាន ដើមឈើទាំងឡាយ ជាទីរីករាយចិត្តក៏មាន ពាក្យជាសុភាសិតទាំងឡាយរបស់កប្បៈ តែងធ្វើឲ្យអាត្មាត្រេកអរបាន ។ នារទអាមាត្យសួរទៀតថា សាលីនំ ឱទនំ ភុញ្ជេ, សុចិំ មំសូបសេចនំ; កថំ សាមាកនីវារំ, អលោណំ ឆាទយន្តិ តំ។ លោកម្ចាស់ឆាន់ចង្ហាន់ស្រូវសាលី ដែលលាយនឹងសាច់ដ៏ស្អាត ហេតុដូចម្ដេច បានជាស្រងែនិងស្មៅគៃលលកដែលមិនមានរសប្រៃសោះ ធ្វើឲ្យលោកម្ចាស់ត្រេកអរបាន ។ កេសវតាបសឆ្លើយថា សាទុំ វា យទិ វាសាទុំ, អប្បំ វា យទិ វា ពហុំ; វិស្សត្ថោ យត្ថ ភុញ្ជេយ្យ, វិស្សាសបរមា រសា។ បុគ្គលមានសេចក្ដីស្និទ្ធស្នាលបរិភោគភោជន ទោះបីឆ្ងាញ់ក្ដី មិនឆ្ងាញ់ក្ដី តិចក្ដី ច្រើនក្ដី ក្នុងកន្លែងណា ភោជន (ណាដែលបុគ្គលបរិភោគហើយក្នុងទីកន្លែងនោះ ជាភោជនប្រសើរ) ព្រោះរស មានសេចក្ដីស្និទ្ធស្នាលជាយ៉ាងក្រៃលែង ។ (សុត្តន្តបិដក ខុទ្ទកនិកាយ ជាតក ចតុក្កនិបាត ចូឡកុណាលវគ្គ កេសវជាតក បិដកលេខ ៥៨ ទំព័រ ២៣៥) ព្រះសាស្ដានាំព្រះធម្មទេសនានេះមកហើយ កាលទ្រង់ប្រជុំជាតក ទើបត្រាស់ថា តទា រាជា មោគ្គល្លានោ អហោសិ ព្រះរាជាក្នុងកាលនោះបានមកជាមោគ្គល្លាន នារទោ សារិបុត្តោ នារទៈបានមកជាសារិបុត្រ កប្បន្តេវាសិកោ អានន្ទោ អន្តេវាសិក ឈ្មោះកប្បកៈ បានមកជាអានន្ទ កេសវតាបសោ អហមេវ ចំណែកកេសវតាបសគឺតថាគតនេះឯង ។ (ធម្មបទដ្ឋកថា សុត្តន្តបិដក ខុទ្ទកនិកាយ ធម្មបទ បុប្ផវគ្គ វិដដូភវត្ថុ) ដោយសដវថ ដោយ៥០០០ឆ្នាំ
images/articles/1099/Untitled-1-Recovered.jpg
ផ្សាយ : ១៤ ឧសភា ឆ្នាំ២០២២ (អាន: ៣,៨៧៥ ដង)
រឿង​ព្រះ​វិសាខត្ថេរ បាន​ឮ​ថា​ព្រះ​វិសាត្ថេរ​នោះ (កាល​នៅ​ជា​គ្រហស្ថ) ជា​កុដុម្ពី​នៅ​ក្នុង​ក្រុង​បាដលិបុត្រ លោក​នៅ​ក្នុង​នោះឯង​ដឹង​ដំណឹង​ថា តម្ពបណ្ណិទ្វីប (គឺ​កោះ​លង្កា) ប្រដាប់​ពេញ​ទៅ​ដោយ​ជួរ​ព្រះ​ចេតិយ​រុង​រឿង​ដោយ​កាសាវភស្ត ក្នុង​ទ្វី​នោះ​អ្នក​ណា​ៗ​អាច​នឹង​អង្គុយ​ឬ ដេក​បាន​ក្នុង​ទី​គ្រប់​នៃ​ទី​ដែល​ខ្លួន​ប្រថ្នា​ សប្បាយ​ទាំង​ពួង​គឺ​ឧតុសប្បាយ សេនា​សប្បាយ​បុគ្គល​សប្បាយ​
images/articles/3278/_____________________________________________.jpg
ផ្សាយ : ១៤ ឧសភា ឆ្នាំ២០២២ (អាន: ២៣៨ ដង)
ព្រះសាស្ដា កាលស្ដេចគង់នៅវត្តជេតពន ទ្រង់ប្រារព្ធភិក្ខុអ្នកលះបង់សេចក្ដីព្យាយាមមួយរូប បានត្រាស់ព្រះធម្មទេសនានេះ មានពាក្យថា ទិស្វា ខុរប្បេ ដូច្នេះជាដើម ។ ព្រះបរមសាស្ដាត្រាស់សួរភិក្ខុនោះថា ម្នាលភិក្ខុ បានឮថា អ្នកលះបង់សេចក្ដីព្យាយាមមែនឬ ? កាលភិក្ខុនោះទូលថា ពិតមែនហើយ ព្រះអង្គ ទើបទ្រង់ត្រាស់ថា ម្នាលភិក្ខុ អ្នកបួសក្នុងសាសនាដែលជានិយ្យានិកយ៉ាងនេះហើយ ហេតុអ្វី បានជាអ្នកលះបង់សេចក្ដីព្យាយាមទៅវិញបោរាណកបណ្ឌិតទាំងឡាយ ធ្វើការព្យាយាមក្នុងឋានដែលមិនសមគួរ គេក៏នៅតែមិនលះបង់សេចក្ដីព្យាយាមចោលដែរ ដូច្នេះហើយ ព្រះអង្គនាំអតីតនិទានមកថា៖ ក្នុងអតីតកាល កាលព្រះបាទព្រហ្មទត្តសោយរាជសម្បត្តិ ក្នុងនគរពារាណសី ព្រះពោធិសត្វកើតក្នុងត្រកូលអ្នករក្សាព្រៃ លុះចម្រើនវ័យធំឡើងហើយ មានបុរស ៥០០ ជាបរិវារ ជាធំជាងអ្នករក្សាព្រៃទាំងឡាយ សម្រេចការនៅក្នុងស្រុកមួយក្បែរមាត់ព្រៃ ។ លោកទទួលប្រាក់ស៊ីឈ្នួល ជូនមនុស្សឆ្លងកាត់ព្រៃ ។ វេលាខាងក្រោយមក ក្នុងថ្ងៃមួយ សត្ថវាហបុត្រ ( កូនឈ្មួញរទេះ ) នៅនគរពារាណសីម្នាក់ ដឹកនាំរទេះ ៥០០ ទៅដល់ស្រុកនោះ ហើយហៅព្រះពោធិសត្វមកនិយាយថា ម្នាលសម្លាញ់ អ្នកចូរទទួលយកប្រាក់មួយពាន់ ហើយសូមចម្លងខ្ញុំឲ្យឆ្លងផុតអំពីដងព្រៃនេះ ។ ព្រះពោធិសត្វក៏ព្រមទទួលថា ល្អ ហើយកាន់យកប្រាក់មួយពាន់ពីដៃសត្ថវាហបុត្រ កាលដែលលោកទទួលថ្លៃឈ្នួលនោះហើយ (លោកក៏តាំងចិត្ត) លះបង់ជីវិតដល់កូនឈ្មួញរទេះនោះ រួចលោកនាំកូនឈ្មួញរទេះ ចូលទៅកាន់ព្រៃ ។ មានចោរ ៥០០ តាំងឡើងក្នុងកណ្ដាលដងព្រៃ បុរសដ៏សេសឃើញពួកចោរហើយ នាំគ្នាដេកក្រាបលើប្រឹថពីដោយទ្រូង នៅសល់តែប្រធានអ្នករក្សាម្នាក់ប៉ុណ្ណោះ លោកស្រែកសន្ធាប់បន្លឺសំឡេង វាយប្រហារ ធ្វើឲ្យពួកចោររត់បាត់អស់ ហើយជូនសត្ថវាហបុត្រឲ្យឆ្លងផុតពីផ្លូវកន្តារៈ ដោយសួស្ដី ។ សត្ថវាហបុត្រលុះបានរួចផុតពីចោរភ័យហើយ ក៏ដាក់រទេះឈប់នៅតំបន់មួយ អញ្ជើញព្រះពោធិសត្វបរិភោគភោជនាហារមានឱជារសឆ្ងាញ់ផ្សេង ៗ សូម្បីខ្លួនឯងបរិភោគអាហារព្រឹកហើយ អង្គុយជាសុខ ចរចាមួយអន្លើដោយព្រះពោធិសត្វថា ម្នាលសម្លាញ់ ក្នុងកាលដែលពួកចោរ សុទ្ធតែជាអ្នកកាចឃោឃៅ កាន់អាវុធ ស្ទុះចូលមកប្លន់រទេះនោះ ហេតុដូចម្ដេចបានជាអ្នកគ្មានសេចក្ដីភិតភ័យតក់ស្លុតសោះ ដូច្នេះហើយកាលនឹងសួរ ទើបពោលគាថាទី ១ ថា៖ ទិស្វា ខុរប្បេ ធនុវេគនុន្នេ, ខគ្គេ គហីតេ តិខិណេ តេលធោតេ; តស្មិំ ភយស្មិំ មរណេ វិយូឡ្ហេ, កស្មា នុ តេ នាហុ ឆម្ភិតត្តំ។ អ្នកឃើញនូវព្រួញដែលពួកចោរបាញ់ហើយដោយកម្លាំងនៃធ្នូផង នូវព្រះខាន់សំលៀងដោយប្រេងដ៏មុត ដែលពួកចោរកាន់ហើយផង កាលសេចក្ដីស្លាប់ដែលគួរខ្លាចនោះ ចូលមកតាំងនៅចំពោះមុខហើយ ហេតុអ្វី អ្នកមិនមានសេចក្ដីតក់ស្លុតសោះ ។ ប្រធានអ្នករក្សាស្ដាប់ពាក្យនោះហើយ ទើបពោល ២ គាថា ថា៖ ទិស្វា ខុរប្បេ ធនុវេគនុន្នេ, ខគ្គេ គហីតេ តិខិណេ តេលធោតេ; តស្មិំ ភយស្មិំ មរណេ វិយូឡ្ហេ, វេទំ អលត្ថំ វិបុលំ ឧឡារំ។ ខ្ញុំឃើញនូវព្រួញដែលបាញ់ហើយ ដោយកម្លាំងនៃធ្នូ នូវព្រះខាន់សំលៀងដោយប្រេងដ៏មុត ដែលពួកចោរកាន់ហើយ កាលសេចក្ដីស្លាប់ដែលគួរខ្លាចនោះ ចូលមកតាំងនូវចំពោះមុខ ខ្ញុំក៏ត្រឡប់បានសេចក្ដីត្រេកអរច្រើន ដ៏លើសលុប ។ សោ វេទជាតោ អជ្ឈភវិំ អមិត្តេ, បុព្ពេវ មេ ជីវិតមាសិ ចត្តំ; ន ហិ ជីវិតេ អាលយំ កុព្ពមានោ, សូរោ កយិរា សូរកិច្ចំ កទាចិ។ ខ្ញុំនោះមានសេចក្ដីត្រេកអរ បានគ្របសង្កត់នូវពួកសត្រូវ (ព្រោះថា) ខ្ញុំបានលះបង់ជីវិតមុនហើយ ព្រោះថា បុគ្គលអ្នកក្លៀវក្លា កាលធ្វើសេចក្ដីអាល័យក្នុងជីវិត គប្បីធ្វើនូវកិច្ចរបស់អ្នកក្លៀវក្លា ក្នុងកាលណា ៗ មិនបានទេ ។ ព្រះពោធិសត្វនោះសំដែងភាពដែលខ្លួន ជាអ្នកមានសេចក្ដីក្លាហាន មិនអាឡោះអាល័យជីវិត ប្រាប់សត្ថវាហបុត្រដូច្នោះហើយ ក៏បញ្ជូនសត្ថវាហបុត្រឲ្យទៅ ហើយលោកវិលមកកាន់ស្រុកខ្លួនវិញ បានធ្វើបុណ្យទាំងឡាយមានឲ្យទានជាដើម ហើយក៏ទៅតាមយថាកម្ម ។ ព្រះសាស្ដានាំព្រះធម្មទេសនាមកហើយ ទ្រង់ប្រកាសអរិយសច្ច និងប្រជុំជាតក លុះចប់អរិយសច្ច ភិក្ខុអ្នកលះបង់សេចក្ដីព្យាយាមនោះ ក៏បានតាំងនៅក្នុងព្រះអរហត្ត ។ តទា អារក្ខកជេដ្ឋកោ អហមេវ អហោសិំ អ្នករក្សាជាប្រធានក្នុងកាលនោះ គឺតថាគតនេះឯង ។ ខុរប្បជាតកជាតក ចប់ ៕ (ជាតកដ្ឋកថា សុត្តន្តបិដក ខុទ្ទកនិកាយ ជាតក តិកនិបាត បទុមវគ្គ បិដកលេខ ៥៨ ទំព័រ ១៥១) ថ្ងៃសុក្រ ១០ កើត ខែអស្សុជ ឆ្នាំច សំរិទ្ធិស័ក ច.ស. ១៣៨០ ម.ស. ១៩៤០ ថ្ងៃទី ១៩ ខែ តុលា ព.ស. ២៥៦២ គ.ស.២០១៨ ដោយស.ដ.វ.ថ. ដោយ៥០០០ឆ្នាំ
images/articles/3284/4564yrtgfdsertytuyiuoiuytre.jpg
ផ្សាយ : ១៤ ឧសភា ឆ្នាំ២០២២ (អាន: ៦៨ ដង)
ព្រះសាស្ដាកាលស្ដេចគង់នៅវត្តជេតពន ទ្រង់ប្រារព្ធលោលភិក្ខុមួយរូប បានត្រាស់ព្រះធម្មទេសនានេះ មានពាក្យថា យោ អត្ថកាមស្ស ដូច្នេះជាដើម ។ សេចក្ដីល្មោភរបស់ភិក្ខុនោះ នឹងមានជាក់ច្បាស់ក្នុងកាកជាតក (ចក្កវាកជាតក) ក្នុង នវកនិបាត ។ ក្នុងគ្រានោះ ភិក្ខុទាំងឡាយក្រាបទូលព្រះសាស្ដាថា បពិត្រព្រះអង្គដ៏ចម្រើន ភិក្ខុនេះជាមនុស្សល្មោភ ។ លំដាប់នោះ ព្រះសាស្ដាត្រាស់សួរភិក្ខុនោះថា ម្នាលភិក្ខុ បានឮថា អ្នកជាមនុស្សល្មោភឬ ។ ភិក្ខុនោះទូលថា ពិតមែនហើយ ព្រះអង្គ ។ ព្រះសាស្ដាត្រាស់ថា សូម្បីក្នុងកាលមុន អ្នកក៏ជាមនុស្សល្មោភ ព្រោះហេតុនៃសេចក្ដីល្មោភ អ្នកដល់ការអស់ជីវិត សូម្បីបណ្ឌិតទាំងឡាយដោយអាស្រ័យអ្នក ក៏វិនាសចាកទីនៅរបស់ខ្លួន ដូច្នេះហើយ ទើបទ្រង់នាំអតីតនិទានមកថា៖ ក្នុងអតីតកាល កាលព្រះបាទព្រហ្មទត្តសោយរាជសម្បត្តិក្នុងនគរពារាណសី ព្រះពោធិសត្វកើតក្នុងកំណើតសត្វព្រាប ។ ក្នុងគ្រានោះ សេដ្ឋីក្រុងពារាណសីឲ្យគេព្យួរកញ្រ្ចែងដើម្បីការនៅជាសុខរបស់បក្សី ក្នុងទីនោះៗ ព្រោះសេចក្ដីត្រូវការបុណ្យ ។ សូម្បីនាយគ្រួរបស់សេដ្ឋីក្រុងពារាណសី ក៏ព្យួរកញ្ច្រែងមួយ នៅនឹងផ្ទះបាយរបស់ខ្លួន ព្រះពោធិសត្វសម្រេចការនៅក្នុងទីនោះ ។ ព្រាបពោធិសត្វនោះ ចេញទៅអំពីព្រឹក ត្រាច់ស្វែងរកអាហារ ហើយ ត្រឡប់មកក្នុងពេលល្ងាច កាលនៅក្នុងទីនោះ ញ៉ាំងពេលវេលាឲ្យអស់ទៅយ៉ាងនេះ ។ ថ្ងៃមួយ មានក្អែកមួយ កាលមកដល់ដំបូលផ្ទះបាយ បានធុំក្លិនត្រីនិងសាច់ហើយកើតសេចក្ដីល្មោភ គិតថា យើងអាស្រ័យនឹងអ្នកណាហ្ន៎ ទើបបានត្រីនិងសាច់នេះ ដូច្នេះហើយ ក៏ទំលើទីមិនឆ្ងាយ កាលរកមើល ឃើញព្រះពោធិសត្វដែលត្រឡប់មកក្នុងពេលល្ងាចចូលទៅកាន់ផ្ទះបាយ ទើបគិតថា យើងអាស្រ័យព្រាបនេះ នឹងបានត្រីនិងសាច់ គិតយ៉ាងនេះហើយ ក្នុងថ្ងៃស្អែក ក្អែកនោះមកអំពីព្រឹក ក្នុងកាលព្រះពោធិសត្វចេញទៅដើម្បីរកអាហារ ក៏ហើរទៅតាមក្រោយ ។ ព្រះពោធិសត្វពោលនឹងក្អែកថា នែសម្លាញ់ ព្រោះហេតុអ្វី អ្នកហើរតាមខ្ញុំ ។ ក្អែកពោលថា បពិត្រលោកម្ចាស់ ខ្ញុំពេញចិត្តនឹងកិរិយារបស់លោក ចាប់ពីពេលនេះទៅ ខ្ញុំនឹងបម្រើលោក ។ ព្រាបពោលថា នែសម្លាញ់ លោកមានអាហារដទៃ យើងមានអាហារដទៃ លោកមកបម្រើខ្ញុំ នឹងលំបាក ។ ក្អែកពោលថា បពិត្រលោកម្ចាស់ កាលលោកស្វែងរកអាហារ សូម្បីខ្ញុំក៏ស្វែងរកអាហារ ខ្ញុំនឹងទៅជាមួយលោក ។ ព្រាបទទួលថា ល្អហើយចឹង លោកគប្បីមិនប្រមាទអស់កាលទាំងពួងចុះ ។ ព្រះពោធិសត្វឲ្យឱវាទក្អែកយ៉ាងនេះហើយ កាលត្រាច់ទៅកាន់ទីគោចរ បានបរិភោគគ្រាប់ស្មៅជាដើម ។ កាលព្រះពោធិសត្វកំពុងស្វែងរកអាហារ ក្អែកហើរទៅ កកាយដុំអាចម៍គោ ចឹកស៊ីសត្វល្អិត ឆ្អែតពេញផ្ទៃហើយ ទើបមកកាន់សម្នាក់ព្រះពោធិសត្វ រួចពោលថា បពិត្រលោកម្ចាស់ លោកត្រាច់ទៅហួសកាលហើយ មិនគួរជាអ្នកមានឈ្មោះថា ល្មោភក្នុងអាហារឡើយ ដូច្នេះ កាលព្រះពោធិសត្វស្វែងរកអាហារ ហើយមកក្នុងពេលល្ងាច ក្អែក (ក៏ហើរមកតាម) ហើយចូលក្នុងរោងបាយជាមួយនឹងព្រះពោធិសត្វ ។ នាយចុងភៅពោលថា ព្រាបរបស់យើងនាំសត្វដទៃមក ដូច្នេះទើបដាក់កំប្រោង ដើម្បីក្អែកនោះ ។ ចាប់ពីពេលនោះ មកសត្វទាំង ២ ក៏បាននៅក្នុងទីនោះ ។ ថ្ងៃមួយ មានមនុស្សនាំត្រីនិងសាច់ជាច្រើន មកជូនសេដ្ឋី ។ នាយចុងភៅកាន់យកត្រីនិងសាច់នោះ ទៅព្យួរទុកក្នុងផ្ទះបាយ ។ ក្អែកឃើញត្រីនិងសាច់នោះហើយ កើតសេចក្ដីល្មោភចង់ស៊ី ហើយគិតថា ស្អែកនេះ យើងនឹងមិនទៅកាន់ទីគោចរទេ យើងនឹងស៊ីត្រីនិងសាច់នេះ ដូច្នេះទើបដេកថ្ងូរអស់មួយរាត្រី ។ ស្អែកឡើង ព្រះពោធិសត្វកាលទៅស្វែងរកអាហារ បានពោលនឹងក្អែកថា នែក្អែកសម្លាញ់ អ្នកចូរមក ។ ក្អែកពោលថា បពិត្រលោកម្ចាស់ លោកចូរទៅចុះ ខ្ញុំមានរោគឈឺពោះ ។ ព្រាបពោលថា នែសម្លាញ់ ឈ្មោះថា រោគឈឺពោះ មិនធ្លាប់មានដល់ពួកក្អែកក្នុងកាលណាឡើយ បណ្ដាយាមទាំង ៣ នៃរាត្រី សេចក្ដីឃ្លានតែងកើតក្នុងយាមនីមួយៗ សូម្បីកាលលេបប្រឆេះប្រទីប ការឆ្អែតរបស់ក្អែកទាំងនោះ រមែងមានតែមួយភ្លេត អ្នកប្រហែលជាចង់ស៊ីត្រីនិងសាច់នេះទេដឹង អ្នកចូរមក ឈ្មោះថាគ្រឿងបរិភោគរបស់មនុស្ស ជារបស់ដែលអ្នកស៊ីបានដោយក្រ អ្នកកុំធ្វើយ៉ាងនេះឡើយ អ្នកចូរទៅរកចំណីជាមួយនឹងយើង ។ ក្អែកពោលថា បពិត្រលោកម្ចាស់ ខ្ញុំមិនអាចចឹងទេ ។ ព្រាបពោលថា បើយ៉ាងនោះ អ្នកនឹងប្រាកដដោយកម្មរបស់ខ្លួន អ្នកកុំលុះក្នុងអំណាចលោភៈ ចូរជាអ្នកមិនប្រមាទចុះ ព្រះពោធិសត្វឲ្យឱវាទក្អែកដូច្នេះហើយ ក៏ទៅស្វែងរកចំណី ។ នាយចុងភៅតាក់តែងចម្អិនត្រីនិងសាច់ដ៏ប្លែក ដែលមានប្រការផ្សេងៗហើយ បើកភាជនៈបន្តិច ដើម្បីឲ្យចំហាយក្ដៅចេញ និងដាក់វែកសម្លលើគម្របភាជនៈ ហើយគាត់ចេញខាងក្រៅ ឈរជូតញើស ។ ក្នុងខណៈនោះ ក្អែកអើតក្បាលចេញពីកំប្រោង សម្លឹងមើលផ្ទះបាយ ដឹងថា ចុងភៅនោះចេញទៅហើយ ទើបគិតថា ឥឡូវនេះ សេចក្ដីប្រាថ្នារបស់យើងនឹងបានសម្រេច នេះជាកាលដើម្បីនឹងស៊ីសាច់ យើងត្រូវស៊ីសាច់ធំ ឬស៊ីសាច់តូចហ្ន៎ ដូច្នេះហើយក៏គិតឃើញថា ធម្មតាសាច់តូច មិនអាចនឹងឲ្យផ្ទៃពេញដោយឆាប់ឡើយ យើងនាំយកដុំសាច់ធំ មកដាក់ក្នុងកំប្រោងហើយដេកស៊ី គិតយ៉ាងនេះហើយ ក៏ហើរចេញពីកំប្រោង ទៅពួនក្នុងរោងបាយ ។ ក្អែកនោះធ្វើសំឡេងឲ្យលាន់ឮ ក្រិក្រិ ។ នាយចុងភៅស្ដាប់សំឡេងនោះហើយ គិតថា នេះជាសំឡេងអ្វី ទើបចូលទៅ បានឃើញក្អែក ហើយគិតថា ក្អែកអាក្រក់នេះ ចង់ស៊ីសាច់ឆ្អិនរបស់មហាសេដ្ឋី យើងរស់នៅដោយអាស្រ័យនឹងលោកសេដ្ឋី មិនមែនក្អែកពាលនេះទេ ប្រយោជន៍អ្វីដោយក្អែកនេះ ដូច្នេះទើបបិទទ្វារ ចាប់ក្អែកបាន ដករោមទាំងអស់ យកខ្ញីស្រស់បុកជាមួយនឹងអំបិលជាដើម ប្រឡាក់ដោយអម្ពិលនិងទឹកដោះជូរ យកមកលាបសរីរៈទាំងអស់របស់ក្អែក រួចបោះក្អែកនោះទៅក្នុងកំប្រោង ។ ក្អែកនោះត្រូវទុក្ខវេទនាមានប្រមាណដ៏ក្រៃលែងគ្របសង្កត់ ដេកថ្ងួចថ្ងូរ ។ ព្រះពោធិសត្វមកក្នុងវេលាល្ងាច ឃើញក្អែកនោះដល់នូវសេចក្ដីវិនាស ហើយពោលថា នែក្អែកល្មោភ អ្នកមិនធ្វើតាមពាក្យរបស់យើង ព្រោះអាស្រ័យលោភៈរបស់អ្នក ទើបអ្នកដល់នូវសេចក្ដីទុក្ខដ៏ធំ ដូច្នេះហើយ ទើបពោលគាថានេះថា យោ អត្ថកាមស្ស ហិតានុកម្បិនោ, ឱវជ្ជមានោ ន ករោតិ សាសនំ; កបោតកស្ស វចនំ អកត្វា, អមិត្តហត្ថត្ថគតោវ សេតិ។ បុគ្គលណា កាលលោកអ្នកប្រាថ្នាសេចក្តីចម្រើន អនុគ្រោះដោយប្រយោជន៍ ទូន្មាន មិនធ្វើតាមពាក្យប្រៀនប្រដៅ បុគ្គលនោះរមែងដេកសោកសៅ ដូចក្អែកតាំងនៅក្នុងកណ្តាប់ដៃនៃបុគ្គលជាសត្រូវ ព្រោះមិនធ្វើតាមពាក្យនៃសត្វព្រាប ។ បណ្ដាពាក្យទាំងនោះ ពាក្យថា ព្រោះមិនធ្វើ តាមពាក្យនៃសត្វព្រាប សេចក្ដីថា មិនធ្វើតាមពាក្យប្រៀនប្រដៅ ដែលប្រកបដោយប្រយោជន៍របស់ព្រាប ។ ពាក្យថា រមែងដេកសោកសៅ ដូចក្អែកតាំងនៅក្នុងកណ្តាប់ដៃនៃបុគ្គលជាសត្រូវ សេចក្ដីថា បុគ្គលនោះរមែងដល់សេចក្ដីវិនាសធំ ដេកសោយសោក ដូចជាក្អែកនេះដែលតាំងនៅក្នុងដៃសត្រូវ ដែលជាអ្នកធ្វើមិនជាប្រយោជន៍ ជាអ្នកធ្វើសេចក្ដីទុក្ខឲ្យកើតឡើង ។ ព្រះពោធិសត្វពោលគាថានេះហើយ ក៏ពោលទៀតថា ឥឡូវនេះ យើងមិនអាចនឹងនៅក្នុងទីនេះបានទៀតទេ ដូច្នេះទើបហើរទៅកាន់ទីដទៃ ។ ចំណែកក្អែកក៏បានស្លាប់ក្នុងទីនោះឯង ។ លំដាប់នោះ នាយចុងភៅយកកំប្រោងជាមួយនឹងក្អែកនោះ ទៅបោះចោលលើគំនរសំរាម ។ ព្រះសាស្ដាត្រាស់ថា ម្នាលភិក្ខុ មិនមែនតែក្នុងកាលឥឡូវនេះទេ សូម្បីកាលមុន អ្នកក៏ជាមនុស្សល្មោភដែរ ហើយដោយអាស្រ័យសេចក្ដីល្មោភរបស់អ្នក បណ្ឌិតទាំងឡាយក៏បានសាបសូន្យចាកទីលំនៅដែរ ព្រះពុទ្ធអង្គបាននាំព្រះធម្មទេសនានេះមកហើយ ទ្រង់ប្រកាសអរិយសច្ច ក្នុងកាលជាទីបញ្ចប់នៃសច្ចៈ ភិក្ខុនោះបានសម្រេចអនាគាមិផល ។ ព្រះសាស្ដាបន្តអនុសន្ធិ និងប្រជុំជាតកថា តទា កាកោ លោលភិក្ខុ អហោសិ ក្អែកក្នុងកាលនោះ បានមកជាលោលភិក្ខុបារាវតោ បន អហមេវ អហោសិំ ចំណែកព្រាប គឺ តថាគតនេះឯង ។ ចប់ កបោតជាតក ៕ (ជាតកដ្ឋកថា សុត្តន្តបិដក ខុទ្ទកនិកាយ ជាតក ឯកកនិបាត អត្ថកាមវគ្គ បិដកលេខ ៥៨ ទំព័រ ១៩) ដោយស.ដ.វ.ថ. ដោយ៥០០០ឆ្នាំ
images/articles/3244/____________________________________.jpg
ផ្សាយ : ០៤ ឧសភា ឆ្នាំ២០២២ (អាន: ២២៤ ដង)
ព្រះសាស្ដា កាលស្ដេចគង់នៅវត្តជេតពន ទ្រង់ប្រារព្ធការចូលទៅកាន់ផែនដី របស់ទេវទត្ត បានត្រាស់ព្រះធម្មទេសនានេះ មានពាក្យថា ធម្មោ ហវេ ហតោ ហន្តិ ដូច្នេះជាដើម ។ រឿងរ៉ាវបច្ចុប្បន្នថា ក្នុងថ្ងៃមួយ ភិក្ខុទាំងឡាយញ៉ាំងកថាឲ្យតាំងឡើងក្នុងធម្មសភាថា ម្នាលអាវុសោ ទេវទត្តធ្វើមុសាវាទ ហើយចូលទៅកាន់ផែនដី កើតក្នុងអវីចិនរក។ ព្រះសាស្ដា យាងមកហើយត្រាស់សួរថា ម្នាលភិក្ខុទាំងឡាយ អម្បាញ់មិញនេះ អ្នកទាំងឡាយអង្គុយប្រជុំគ្នានិយាយរឿងអ្វី ? កាលភិក្ខុទាំងឡាយទូលថា ដោយរឿងឈ្មោះនេះ ទើបព្រះសាស្ដា ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ មិនមែនតែក្នុងកាលឥឡូវនេះប៉ុណ្ណោះទេ សូម្បីក្នុងកាលមុន ក៏ទេវទត្តបានចូលទៅកាន់ផែនដីដែរ ដូច្នេះហើយ ទ្រង់នាំយកអតីតនិទានមកសម្ដែងថា ៖ ក្នុងអតីតកាល គ្រាកាលបឋមកប្ប មានព្រះរាជាមួយព្រះអង្គព្រះនាមថា មហាសម្មតៈ ទ្រង់មានព្រះជន្មាយុ ១ អសង្ខេយ្យ ។ បុត្ររបស់ព្រះបាទមហាសម្មតរាជ មានព្រះនាមថា រោជៈ ។ បុត្ររបស់ព្រះបាទរោជៈ ព្រះនាមថា វររោជៈ ។ បុត្ររបស់ព្រះបាទវររោជៈ ព្រះនាមថា កល្យាណ ។ បុត្ររបស់ព្រះបាទកល្យាណ ព្រះនាមថា វរកល្យាណ ។ បុត្ររបស់ព្រះបាទវរកល្យាណ ព្រះនាមថា ឧបោសថ ។ បុត្ររបស់ព្រះបាទឧបោសថ ព្រះនាមថា វរឧបោសថ ។ បុត្ររបស់ព្រះបាទវរឧបោសថ ព្រះនាមថា មន្ធាតុ ។ បុត្ររបស់ព្រះបាទមន្ធាតុ ព្រះនាមថា វរមន្ធាតុ ។ បុត្ររបស់ព្រះបាទវរមន្ធាតុ ព្រះនាមថា វរៈ ។ បុត្ររបស់ព្រះបាទវរៈ ព្រះនាមថា ឧបវរៈ តែមនុស្សទាំងឡាយហៅព្រះអង្គថា ឧបរិវរៈ ។ ព្រះបាទឧបរិវរៈនោះសោយរាជសម្បត្តិនៅសោត្ថិយនគរ ក្នុងដែនចេតិយរដ្ឋ, ទ្រង់មានរាជឫទ្ធិ ៤ យ៉ាង គឺ ១. ឧបរិចរោ អាកាសគាមី ត្រាច់ទៅខាងលើ ដើរលើអាកាសបាន ។ ២. ចត្តារោ នំ ទេវបុត្តា ចតូសុ ទិសាសុ ខគ្គហត្ថា រក្ខន្តិ មានទេវបុត្រ ៤ អង្គកាន់ព្រះខ័ននៅចាំរក្សាក្នុងទិសទាំង ៤ ។ ៣. កាយតោ ចន្ទនគន្ធោ វាយតិ មានក្លិនខ្លឹមចន្ទន៍ផ្សាយចេញអំពីកាយ ។ ៤. មុខតោ ឧប្បលគន្ធោ មានក្លិនឧប្បលផ្សាយចេញអំពីមាត់ ។ ព្រះបាទឧបរិវរៈនោះមានព្រាហ្មណ៍បុរោហិតម្នាក់ ឈ្មោះថា កបិល ។ កបិល-ព្រាហ្មណ៍នោះមានប្អូនមួយឈ្មោះថា កោរកលម្ពៈ គេជាសម្លាញ់ដ៏ជិតស្និទ្ធរបស់ព្រះបាទឧបរិវរៈ បានសិក្សាសិល្បសាស្ត្រ ជាក្នុងត្រកូលអាចារ្យតែមួយជាមួយនឹងព្រះអង្គ ។ ព្រះបាទឧបរិវរៈកាលនៅជាកុមារបានប្ដេជ្ញានឹងកោរកលម្ពៈនោះថា “កាលយើងបានរាជសម្បត្តិ នឹងប្រទានតំណែងបុរោហិតដល់អ្នក” ។ ព្រះអង្គកាលបានសោយរាជ្យហើយ មិនអាចនឹងដកកបិលព្រាហ្មណ៍ ដែលជាបុរោហិតរបស់ព្រះបិតា ឲ្យចេញពីតំណែងបុរោហិតឡើយ ។ ព្រះរាជាតែងសម្ដែងការកោតក្រែង ដោយសេចក្ដីគោរព ក្នុងកាលដែលបុរោហិតចូលមកគាល់ព្រះអង្គ ។ ព្រាហ្មណ៍បុរោហិតសង្កេតឃើញអាការៈនោះ ហើយគិតថា “ធម្មតាការគ្រប់គ្រងរាជសម្បត្តិ គួរដល់អ្នកដែលវ័យប្រហាក់ប្រហែលគ្នា ទើបសមគួរ អញនឹង​ទូល​លាព្រះរាជាហើយនឹងបួស” គិតដូច្នេះរួច ទើបទូលព្រះរាជាថា “បពិត្រព្រះសម្មតិទេព ទូលព្រះបង្គំចាស់ហើយ កុមារក្នុងផ្ទះ (របស់ទូលព្រះបង្គំ) ក៏មាន សូមព្រះអង្គតែងតាំងកុមារនោះឲ្យជាបុរោហិតចុះ ទូលព្រះបង្គំនឹងបួស” យ៉ាងនេះហើយ ក៏បានសូមរាជានុញ្ញាតតែងតាំងបុត្រ (របស់ខ្លួន) ឲ្យជាបុរោហិត ហើយចូលទៅកាន់រាជឧទ្យាន បួសជាឥសី និងធ្វើឈានអភិញ្ញាឲ្យកើតឡើង ហើយសម្រេចការរស់នៅក្នុងឧទ្យាននោះ ដោយអាស្រ័យបុត្រ (ជាអ្នកទំនុកបម្រុង) ។ កោរកលម្ពៈចងអាឃាតនឹងបងប្រុសថា “កបិលព្រាហ្មណ៍នេះសូម្បីបួសហើយ មិនប្រគល់តំណែងបុរោហិតដល់យើង” ។ថ្ងៃមួយ កាលព្រះរាជាប្រថាប់ ហើយត្រាស់កថាជាសុខថា ម្នាលកោរកលម្ពៈ អ្នកមិនបានតំណែងបុរោហិតឬ ? កោរកលម្ពៈក៏ទូលថា បពិត្រព្រះសម្មតិទេព ទូលព្រះបង្គំបានទេ បងប្រុសរបស់ខ្ញុំ គាត់បាន ។ព្រះរាជសួរថា ចុះក្រែង បងប្រុសរបស់អ្នកបួសហើយតើ ? កោរកលម្ពៈទូលថា ពិតមែនហើយព្រះអង្គ គាត់បួសហើយ តែគាត់ប្រគល់តំណែងបុរោហិតដល់កូនរបស់គាត់ ។ ព្រះរាជាត្រាស់ថា បើយ៉ាងនោះ អ្នកចូរធ្វើជាបុរោហិតចុះ ។ កោរកលម្ពៈទូលថា បពិត្រព្រះអង្គ ខ្ញុំមិនអាចឲ្យបងប្រុសឃ្លាតចាកតំណែង តាមប្រពៃណីឡើយ ។ព្រះរាជាត្រាស់ថា បើយ៉ាងនោះមែន យើងនឹងធ្វើអ្នកឲ្យជាបង ហើយធ្វើបងរបស់អ្នកឲ្យជាប្អូន ។ កោរកលម្ពៈទូលសួរថា ព្រះអង្គនឹងធ្វើដូចម្ដេច ? ព្រះរាជាត្រាស់ថា យើងធ្វើមុសាវាទ ។ កោរកលម្ពៈទូលថា បពិត្រព្រះរាជា ព្រះអង្គមិនដឹងឬ បងប្រុសរបស់ខ្ញុំជាអ្នកមានធម៌ដ៏ចម្លែកច្រើន ជាអ្នកទ្រទ្រង់វិជ្ជា ក្នុងកាលណា បងប្រុសរបស់ខ្ញុំនឹងបោកបញ្ឆោតព្រះអង្គដោយធម៌ដ៏ចម្លែក គឺ នឹងធ្វើដូចជា ទេវបុត្រទាំង ៤ ឲ្យបាត់ទៅ, នឹងធ្វើដូចជា ឲ្យមានក្លិនល្អ ក្លិនអាក្រក់ផ្សាយចេញអំពីកាយ និងមាត់, នឹងធ្វើដូចជា ឲ្យព្រះអង្គធ្លាក់ចុះពីអាកាស មកលើផែនដី, នឹងធ្វើដូចជា ឲ្យព្រះអង្គត្រូវផែនដីស្រូប ក្នុងកាលនោះ ព្រះអង្គមិនអាចនឹងតាំងក្នុងពាក្យរបស់ខ្លួនឡើយ ។ ព្រះរាជាត្រាស់ថា អ្នកកុំសម្គាល់យ៉ាងនេះឡើយ យើងអាចធ្វើបាន ។កោរកលម្ពៈទូលសួរថា ព្រះអង្គនឹងធ្វើពេលណា ? ព្រះបាទឧបរិវរៈត្រាស់ថា រាប់អំពីថ្ងៃនោះទៅ ៧ ថ្ងៃទៀត ។ សេចក្ដីថ្លែងការនោះ បានឮទូទៅ ក្នុងនគរទាំងអស់ ។សេចក្ដីត្រិះរិះកើតឡើងដល់មហាជនយ៉ាងនេះថា “បានឮថា ព្រះរាជាធ្វើមុសាវាទ ធ្វើអ្នកធំឲ្យជាអ្នកតូច ធ្វើអ្នកតូចឲ្យជាអ្នកធំ ហើយប្រទានតំណែងដល់អ្នកតូច ឈ្មោះថា មុសាវាទនោះ ដូចជាអ្វី ជាពណ៌ខៀវ ឬជាពណ៌ដទៃមានពណ៌លឿងជាដើម” ។ បានឮមកថា ក្នុងកាលនោះ ជាកាលដែលសត្វលោកពោលនូវពាក្យសច្ចៈ មនុស្សទាំងឡាយមិនស្គាល់ថា ឈ្មោះថា មុសាវាទ មានសភាពសដូចម្ដេចឡើយ ។ ចំណែកបុត្ររបស់បុរោហិតស្ដាប់ពាក្យនោះហើយ ក៏ទៅកាន់សំណាក់បិតា ប្រាប់បិតាថា បពិត្រលោកឪពុក បានឮថា ព្រះរាជាធ្វើមុសាវាទ ធ្វើលោកឪពុកឲ្យជាអ្នកតូច ហើយនឹងប្រទានតំណែងដល់ពូរបស់ខ្ញុំវិញ ។ កបិលឥសីពោលថា នែកូន ព្រះរាជាសូម្បីធ្វើមុសាវាទ ក៏មិនអាចដកហូតតំណែងរបស់ឪពុកបានដែរ ។ រួចគាត់សួរថា ព្រះរាជានឹងមុសាវាទក្នុងថ្ងៃណា ? បុត្ររបស់គាត់ពោលថា បានឮថា រាប់អំពីថ្ងៃនេះទៅ ៧ ថ្ងៃទៀត ។ កបិលតាបសពោលថា បើយ៉ាងនោះ កាលនោះ អ្នកចូរប្រាប់យើង ។ក្នុងថ្ងៃទី ៧ មហាជនមកជួបជុំគ្នាត្រង់ព្រះលានហ្លួង ដោយគិតថា “យើងនឹងមើលនូវមុសាវាទ” ដូច្នេះទើបចងគ្រែលើគ្រែ ហើយឋិតនៅ ។ បុត្របុរោហិតក៏ទៅប្រាប់បិតា ។ ព្រះរាជាប្រដាប់តាក់តែងហើយ យាងចេញទៅ ឋិតនៅលើអាកាស ត្រង់ព្រះលានហ្លួង នៅកណ្ដាលមហាជន ។ ចំណែកកបិលតាបសហោះមកតាមអាកាស ក្រាលសំពត់និសីទនៈ អង្គុយពែនភ្នែន នៅខាងមុខព្រះរាជា ហើយពោលថា បពិត្រមហារាជ បានឮថា ព្រះអង្គធ្វើមុសាវាទ ធ្វើអ្នកតូចឲ្យជាអ្នកធំ ហើយប្រទានតំណែងដល់អ្នកនោះ តើពិតឬទេ ?ព្រះបាទឧបរិវរៈពោលថា ពិតមែនហើយ លោកអាចារ្យ យើងនឹងពោលយ៉ាងនោះ ។ គ្រានោះ តាបសឲ្យឱវាទព្រះរាជាថា បពិត្រមហារាជ ឈ្មោះថា មុសាវាទ ជាកម្មកម្ចាត់គុណដ៏ធ្ងន់ នឹងញ៉ាំងព្រះអង្គឲ្យកើតក្នុងអបាយភូមិ ៤, ធម្មតា ព្រះរាជា កាលធ្វើមុសាវាទ រមែងសម្លាប់នូវធម៌ ព្រះរាជានោះកាលសម្លាប់ធម៌ហើយ ក៏រមែងសម្លាប់ខ្លួនឯងដែរ ដូច្នេះហើយ លោកក៏ពោលគាថាទី ១ ថា ធម្មោ ហវេ ហតោ ហន្តិ, នាហតោ ហន្តិ កិញ្ចនំ; តស្មា ហិ ធម្មំ ន ហនេ, មា ត្វំ ធម្មោ ហតោ ហនិ។ ធម៌ដែលបុគ្គលសម្លាប់ហើយ រមែងសម្លាប់វិញដោយពិត ធម៌ដែលបុគ្គលមិនបានសម្លាប់ រមែងមិនសម្លាប់វិញ តិចតួចឡើយ ព្រោះហេតុនោះ ព្រះអង្គមិនត្រូវសម្លាប់ធម៌ ព្រះអង្គកុំឲ្យធម៌ដែលព្រះអង្គសម្លាប់ហើយ ត្រឡប់សម្លាប់ព្រះអង្គវិញបានឡើយ ។ បណ្ដាបទទាំងនោះ បទថា ធម្មោ (ធម៌) លោកអធិប្បាយថា បានដល់ ជេដ្ឋាបចាយ-នធម៌ (ធម៌គឺសេចក្ដីគោរពកោតក្រែងបុគ្គលរៀមច្បង) ។ លំដាប់នោះ កបិលតាបសកាលនឹងឲ្យឱវាទព្រះរាជាឲ្យក្រៃលែងឡើងថែមទៀត ទើបពោលថា បពិត្រមហារាជ ប្រសិនបើព្រះអង្គធ្វើមុសាវាទ ឫទ្ធិទាំង ៤ នឹងអន្តរធាន ដូច្នេះហើយ ក៏ពោលគាថាទី ២ ថា អលិកំ ភាសមានស្ស, អបក្កមន្តិ ទេវតា; បូតិកញ្ច មុខំ វាតិ, សកដ្ឋានា ច ធំសតិ; យោ ជានំ បុច្ឆិតោ បញ្ហំ, អញ្ញថា នំ វិយាករេ។ កាលបើសេ្តច ពោលពាក្យកុហក ពួកទេវតារមែងគេចចេញ (លែងរក្សា) សេ្តចណាជា្របកាលគេសួរប្រស្នា ហើយព្យាករប្រស្នានោះ ដោយប្រការដទៃវិញ ព្រះឱស្ឋសេ្តចនោះ រមែងមានក្លិនស្អុយ ផ្សាយចេញទៅ ទាំងសេ្តចនោះទៀត រមែងឃ្លាតចាកកនែ្លងរបស់ខ្លួន ។ ព្រះរាជាស្ដាប់ពាក្យនោះហើយ ភ័យខ្លាច រួចសម្លឹងមើលកោរកលម្ពៈ ។ ពេលនោះ កោរក​លម្ពៈពោលនឹងព្រះរាជាថា បពិត្រមហារាជ សូមព្រះអង្គកុំភ័យឡើយ ខ្ញុំព្រះអង្គបានពោលពាក្យនោះនឹងព្រះអង្គជាដំបូងហើយតើ ។ ព្រះរាជាសូម្បីបានស្ដាប់ពាក្យរបស់កបិល តាបសហើយ ក៏មិនអើពើ កាលនឹងធ្វើនូវពាក្យដែលខ្លួនពោលឲ្យនៅខាងមុខ ទើបត្រាស់ថា បពិត្រលោកម្ចាស់ លោកត្រូវជាប្អូន កោរកលម្ពៈត្រូវជាបង ។ គ្រានោះ ទេវបុត្រទាំង ៤ គិតថា “ពួកយើងនឹងមិនរក្សានូវស្ដេចដែលពោលមុសាវាទឡើយ” ដូច្នេះទើបបោះព្រះខ័នចោលនៅនឹងបាទមូល ហើយអន្តរធានបាត់ទៅ ព្រមនឹងពេលដែលព្រះរាជាពោលមុសានោះ​ឯង,មាត់ក៏មានក្លិនអាក្រក់ផ្សាយចេញទៅ ហាក់ដូចជាក្លិនពងមាន់ស្អុយបែក និងកាយក៏មានក្លិនអាក្រក់ផ្សាយចេញទៅ ហាក់ដូចជាក្លិនវច្ចកុដិដែលបើកចំហ, ព្រះអង្គក៏ធ្លាក់ចុះអំពីអាកាស មកឋិតនៅលើផែនដី, សូម្បីឫទ្ធីទាំង ៤ ក៏វិនាសទៅ ។ លំដាប់នោះ មហាបុរោហិតពោលនឹងព្រះរាជាថា បពិត្រមហារាជ សូមព្រះអង្គកុំភ័យឡើយ បើព្រះអង្គពោលពាក្យពិត ខ្ញុំព្រះអង្គនឹងធ្វើព្រះអង្គឲ្យតាំងនៅដូចដើមវិញទាំាំងអស់ ដូច្នេះទើបពោលគាថាទី ៣ ថា សចេ ហិ សច្ចំ ភណសិ, ហោហិ រាជ យថា បុរេ; មុសា ចេ ភាសសេ រាជ, ភូមិយំ តិដ្ឋ ចេតិយ។ បពិត្រព្រះរាជា បើប្រសិនជាព្រះអង្គទ្រង់ពោលពាក្យពិត សូមឲ្យព្រះអង្គឋិតនៅដូចដើម បពិត្រព្រះបាទចេតិយៈ បើព្រះអង្គទ្រង់ពោលពាក្យកុហក សូមឲ្យព្រះអង្គឋិតនៅលើផែនដី ។ ព្រះរាជានោះ សូម្បីកបិលតាបសពោលថា “បពិត្រមហារាជ សូមទ្រង់មើលចុះ កាលព្រះអង្គពោលមុសាវាទតែម្ដងប៉ុណ្ណោះ ឫទ្ធិទាំង ៤ របស់ព្រះអង្គក៏អន្តរធានទៅ សូមទ្រង់ពិចារណាចុះ សូម្បីឥឡូវនេះ ទូលព្រះបង្គំអាចធ្វើព្រះអង្គឲ្យជាប្រក្រតីដូចដើមវិញបាន” ដូច្នេះហើយទ្រង់ពោលថា “លោកពោលយ៉ាងនេះ ប្រាថ្នានឹងបោកញ្ឆោតយើង” រួចព្រះអង្គពោលមុសាវាទជាលើកទី ២ (ធ្វើឲ្យ) ព្រះអង្គចូលទៅកាន់ផែនដីត្រឹមកជើង ។ លំដាប់នោះ ព្រាហ្មណ៍តាបសពោលនឹងព្រះរាជាម្ដងទៀតថា បពិត្រមហារាជ សូមទ្រង់កំណត់មើលចុះ សូម្បីឥឡូវនេះ ទូលបង្គំអាចធ្វើឲ្យព្រះអង្គតាំងនៅដូចប្រក្រតីវិញបាន រួចហើយលោកក៏ពោលគាថាទី ៤ ថា អកាលេ វស្សតី តស្ស, កាលេ តស្ស ន វស្សតិ; យោ ជានំ បុច្ឆិតោ បញ្ហំ, អញ្ញថា នំ វិយាករេ។ សេ្តចណាជា្រប កាលគេសួរប្រស្នាហើយ ក៏ព្យាករប្រស្នានោះ ដោយប្រការដទៃវិញ ភ្លៀងរមែងធ្លាក់ចុះ ក្នុងកាលមិនគួរ (ក្នុងដែន) របស់សេ្តចនោះ ភ្លៀងរមែងមិនធ្លាក់ចុះ ក្នុងកាលគួរ (ក្នុងដែនរបស់សេ្តចនោះ) ។ លំដាប់នោះ សូម្បីកបិលតាបសពោលនឹងព្រះរាជា ដែលកំពុងចូលទៅកាន់ផែនដីដរាបដល់ត្រឹមស្មងជើង ដោយផលមុសាវាទ ថា បពិត្រមហារាជ សូមទ្រង់កំណត់មើលចុះ ដូច្នេះហើយ ក៏ពោលគាថាទី ៥ ថា សចេ ហិ សច្ចំ ភណសិ, ហោហិ រាជ យថា បុរេ; មុសា ចេ ភាសសេ រាជ, ភូមិំ បវិស ចេតិយ។ បពិត្រព្រះរាជា បើព្រះអង្គទ្រង់ពោលនូវពាក្យពិត សូមឲ្យព្រះអង្គទ្រង់ឋិតនៅដូចដើម បពិត្រព្រះបាទចេតិយៈ បើព្រះអង្គទ្រង់ពោលពាក្យកុហក សូមព្រះអង្គចូលទៅកាន់ផែនដី (ត្រឹមព្រះជាណុ) ។ ព្រះបាទឧបរិវរៈនៅតែពោលមុសាវាទជាលើកទី ៣ ថា បពិត្រលោកម្ចាស់ លោកជាប្អូន កោរកលម្ពៈជាបង ដូច្នេះហើយ ទ្រង់ចូលទៅកាន់ផែនដីដរាបដល់ត្រឹមព្រះជាណុ ។ ពេលនោះ កបិលតាបសពោលនឹងព្រះរាជាម្ដងទៀតថា បពិត្រមហារាជ សូមទ្រង់កំណត់មើលចុះ ដូច្នេះហើយ ក៏ពោល ២ គាថា ថា ជិវ្ហា តស្ស ទ្វិធា ហោតិ, ឧរគស្សេវ ទិសម្បតិ; យោ ជានំ បុច្ឆិតោ បញ្ហំ, អញ្ញថា នំ វិយាករេ។ បពិត្រព្រះអង្គជាធំក្នុងទិស សេ្តចណាជា្របកាលគេសួរប្រស្នាហើយ ក៏ព្យាករប្រស្នានោះ ដោយប្រការដទៃវិញ អណ្តាតរបស់សេ្តចនោះ រមែងបែកជាពីរដូចជាអណ្តាតនៃពស់ ។ សចេ ហិ សច្ចំ ភណសិ, ហោហិ រាជ យថា បុរេ; មុសា ចេ ភាសសេ រាជ, ភិយ្យោ បវិស ចេតិយ។ បពិត្រព្រះរាជា បើព្រះអង្គទ្រង់ពោលពាក្យពិត សូមឲ្យព្រះអង្គឋិតនៅដូចដើម បពិត្រព្រះបាទចេតិយៈ បើព្រះអង្គទ្រង់ពោលពាក្យកុហក សូមឲ្យព្រះអង្គចូលទៅកាន់ផែនដីក្រៃលែង (ជាងនេះគឺត្រឹមចង្កេះ) ។ គ្រាតាបសពោល ២ គាថានេះហើយ លោកពោលទៀតថា ឥឡូវនេះ ទូលបង្គំអាចធ្វើព្រះអង្គឲ្យជាប្រក្រតីបាន ។ ព្រះរាជាសូម្បីស្ដាប់ពាក្យរបស់តាបសហើយ ក៏ទ្រងមិនអើពើ ពោលមុសាវាទជាគម្រប់ ៤ ថា បពិត្រលោកម្ចាស់ លោកត្រូវជាប្អូន កោរកលម្ពៈត្រូវជាបង ដូច្នេះហើយ ទ្រង់ចូលទៅក្នុងផែនដីដរាបត្រឹមចង្កេះ ។ លំដាប់នោះ ព្រាហ្មណ៍ពោលនឹងព្រះរាជាថា បពិត្រមហារាជ សូមទ្រង់កំណត់មើលចុះ ដូច្នេះហើយ ក៏ពោល ២ គាថា ថា ជិវ្ហា តស្ស ន ភវតិ, មច្ឆស្សេវ ទិសម្បតិ; យោ ជានំ បុច្ឆិតោ បញ្ហំ, អញ្ញថា នំ វិយាករេ។ បពិត្រព្រះអង្គជាធំក្នុងទិស ស្តេចណាជ្រាប កាលគេសួរប្រស្នាហើយ ក៏ព្យាករប្រស្នានោះ ដោយប្រការដទៃវិញ ស្តេចនោះ មិនមានអណ្តាត ដូចត្រី ។ សចេ ហិ សច្ចំ ភណសិ, ហោហិ រាជ យថា បុរេ; មុសា ចេ ភាសសេ រាជ, ភិយ្យោ បវិស ចេតិយ។ បពិត្រព្រះរាជា បើព្រះអង្គទ្រង់ពោលពាក្យពិត សូមឲ្យព្រះអង្គទ្រង់ឋិតនៅដូចដើម បពិត្រព្រះបាទចេតិយៈ បើព្រះអង្គទ្រង់ពោលពាក្យកុហក សូមព្រះអង្គចូលទៅកាន់ផែនដីក្រៃលែង (ជាងនេះគឺត្រឹមផ្ចិត) ។ ព្រះរាជាធ្វើមុសាវាទជាគម្រប់ ៥ ថា បពិត្រលោកម្ចាស់ លោកត្រូវជាប្អូន កោរកលម្ពៈត្រូវជាបង ដូច្នេះហើយ ទ្រង់ចូលទៅក្នុងផែនដីដរាបត្រឹមព្រះនាភី (ផ្ចិត) ។ លំដាប់នោះ ព្រាហ្មណ៍ពោលនឹងព្រះរាជាថា បពិត្រមហារាជ សូមទ្រង់កំណត់មើលចុះ ដូច្នេះហើយ ក៏ពោល ២ គាថា ថា ថិយោវ តស្ស ជាយន្តិ, ន បុមា ជាយរេ កុលេ; យោ ជានំ បុច្ឆិតោ បញ្ហំ, អញ្ញថា នំ វិយាករេ។ សេ្តចណាជ្រាប កាលគេសួរប្រស្នាហើយ ក៏ព្យាករប្រស្នានោះ ដោយប្រការដទៃវិញ ក្នុងត្រកូលស្តេចនោះ កើតតែកូនស្រី កូនប្រុសមិនកើតទេ ។ សចេ ហិ សច្ចំ ភណសិ, ហោហិ រាជ យថា បុរេ; មុសា ចេ ភាសសេ រាជ, ភិយ្យោ បវិស ចេតិយ។ បពិត្រព្រះរាជា បើព្រះអង្គទ្រង់ពោលពាក្យពិត សូមឲ្យព្រះអង្គទ្រង់ឋិតនៅដូចដើម បពិត្រព្រះបាទចេតិយៈ បើព្រះអង្គទ្រង់ពោលពាក្យកុហក សូមឲ្យព្រះអង្គ ចូលទៅកាន់ផែនដីក្រៃលែង (ជាងនេះ គឺត្រឹមដោះ) ។ ព្រះរាជាមិនអើពើនឹងពាក្យរបស់តាបស ពោលមុសាវាទជាគម្រប់ ៦ ទ្រង់ក៏ចូលទៅក្នុងផែនដីដរាបដល់ត្រឹមដោះ ។ លំដាប់នោះ ព្រាហ្មណ៍ពោលនឹងព្រះរាជាថា បពិត្រមហារាជ សូមទ្រង់កំណត់មើលចុះ ដូច្នេះហើយ ក៏ពោល ២ គាថា ថា បុត្តា តស្ស ន ភវន្តិ, បក្កមន្តិ ទិសោទិសំ; យោ ជានំ បុច្ឆិតោ បញ្ហំ, អញ្ញថា នំ វិយាករេ។ សេ្តចណាជា្រប កាលគេសួរប្រស្នាហើយ ក៏ព្យាករប្រស្នានោះ ដោយប្រការដទៃវិញ កូនប្រុសរបស់សេ្តចនោះ រមែងមិនមានឡើយ បើជាមាន រមែងគេចចេញទៅកាន់ទិសតូចទិសធំបាត់អស់ ។ សចេ ហិ សច្ចំ ភណសិ, ហោហិ រាជ យថា បុរេ; មុសា ចេ ភាសសេ រាជ, ភិយ្យោ បវិស ចេតិយ។ បពិត្រព្រះរាជា បើព្រះអង្គទ្រង់ពោលពាក្យពិត សូមឲ្យព្រះអង្គទ្រង់ឋិតនៅដូចដើម បពិត្រព្រះបាទចេតិយៈ បើព្រះអង្គទ្រង់ពោលពាក្យកុហក សូមឲ្យព្រះអង្គចូលទៅកាន់ផែនដីក្រៃលែង (ជាងនេះទៅទៀត គឺលិចផុត) ។ ដោយទោសនៃការសេពគប់បាបមិត្រ ធ្វើឲ្យព្រះរាជាមិនអើពើនឹងពាក្យតាបស ហើយទ្រង់ពោលមុសាវាទជាគម្រប់ ៧ យ៉ាងនោះទៀត ។ គ្រានោះ ផែនដីក៏បើកចំហ សំណាញ់អណ្ដាតភ្លើងតាំងឡើងពីអវីចិនរក ចាប់យកព្រះរាជា ។ ស រាជា ឥសិនា សត្តោ, អន្តលិក្ខចរោ បុរេ; បាវេក្ខិ បថវិំ ចេច្ចោ, ហីនត្តោ បត្វ បរិយាយំ។ សេ្តចនោះ កាលពីដើមត្រាច់ទៅ ក្នុងអាកាសបាន (ដល់មកខាងក្រោយ) ត្រូវឥសីផ្តាសា ហើយ ក៏បែរជាមានសភាពសាបសូន្យ ដល់វេនរបស់ខ្លួន ចូលទៅកាន់ផែនដី ។ តស្មា ហិ ឆន្ទាគមនំ, នប្បសំសន្តិ បណ្ឌិតា; អទុដ្ឋចិត្តោ ភាសេយ្យ, គិរំ សច្ចូបសំហិតំ។ ព្រោះហេតុនោះ អ្នកប្រាជ្ញទាំងឡាយ ទើបមិនសរសើរ នូវការលុះក្នុងអំណាចនៃ សេចក្តីប្រាថ្នា បុគ្គលគួរជាអ្នកមានចិត្តមិនប្រទូស្ត ហើយពោលនូវវាចាដ៏ប្រកបដោយសច្ចៈ ។ ពីរគាថានេះ ជាអភិសម្ពុទ្ធគាថា ។ មហាជនដល់នូវសេចក្ដីភ័យខ្លាច ដោយឃើញថា ព្រះបាទចេតិយរាជជេរឥសី ធ្វើមុសាវាទ ហើយចូលទៅកាន់អវីចិនរក ។ចំណែកព្រះរាជបុត្រទាំង ៥ របស់ព្រះរាជា មកហើយ ក្រាបចុះទាបជើងរបស់ព្រាហ្មណ៍ពោលថា សូមលោកជាទីពឹងរបស់ពួកយើង ។ ព្រាហ្មណ៍ពោលថា ម្នាលរាជបុត្រ បិតារបស់អ្នកញ៉ាំងធម៌ឲ្យវិនាស ធ្វើមុសាវាទ ជេរឥសី ក៏ចូលដល់អវីចិនរក ធម្មតាធម៌រមែងសម្លាប់អ្នកសម្លាប់ធម៌ សូម្បីអ្នកទាំងឡាយក៏មិនអាចនឹងនៅក្នុងទីនេះឡើយ ។ បណ្ដារាជបុត្រទាំងនោះ ឥសីពោលនឹងរាជបុត្រដែលបងគេបង្អស់ថា អ្នកចូរមក ហើយចេញទៅតាមទ្វារទិសខាងកើត ទៅត្រង់រហូត អ្នកនឹងឃើញហត្ថិ-រតន៍ ដែលមានសម្បុរសសុទ្ធ ហើយឲ្យគេកសាងនគរ រស់នៅក្នុងទីនោះ ដោយសញ្ញានោះ នគរនោះ នឹងមានឈ្មោះថា ហត្ថិបុរៈ ។ ហៅរាជបុត្រទី ២ មកប្រាប់ថា អ្នកចូរចេញទៅតាមទ្វារទិសខាងត្បូង ទៅត្រង់រហូត អ្នកនឹងឃើញអស្សរតន៍ ដែលមានសម្បុរសសុទ្ធ ហើយឲ្យគេកសាងនគរ រស់នៅក្នុងទីនោះ ដោយសញ្ញានោះ នគរនោះ នឹងមានឈ្មោះថា អស្សបុរៈ ។ ហៅរាជបុត្រទី ៣ មកប្រាប់ថា អ្នកចូរចេញទៅតាមទ្វារទិសខាងលិច ទៅត្រង់រហូត អ្នកនឹងឃើញកេសរសីហៈ ហើយឲ្យគេកសាងនគរ រស់នៅក្នុងទីនោះ ដោយសញ្ញានោះ នគរនោះ នឹងមានឈ្មោះថា សីហបុរៈ ។ ហៅរាជបុត្រទី ៤ មកប្រាប់ថា អ្នកចូរចេញទៅតាមទ្វារទិសខាងជើង ទៅត្រង់រហូត អ្នកនឹងឃើញចក្កបញ្ជរ ដែលសម្រេចដោយរតនៈទាំងពួង ហើយឲ្យគេកសាងនគរ រស់នៅក្នុងទីនោះ ដោយសញ្ញានោះ នគរនោះ នឹងមានឈ្មោះថា ឧត្តរបញ្ចាល ។ ហៅរាជបុត្រទី ៥ មកប្រាប់ថា នែរាជបុត្រ អ្នកមិនអាចនៅក្នុងទីនេះទេ, ចូរធ្វើមហាស្តូបក្នុងនគរនេះ រួចចេញទៅតាមទ្វារទិសខាងលិចឆៀងខាងជើង ទៅត្រង់រហូត អ្នកនឹងឃើញភ្នំពីរទង្គិចគ្នា ឮសំឡេងទទ្ទរៈ ហើយឲ្យគេកសាងនគរ រស់នៅក្នុងទីនោះ ដោយសញ្ញានោះ នគរនោះ នឹងមានឈ្មោះថា ទទ្ទរបុរៈ ។ ជនទាំង ៥ នោះ ទៅតាមសញ្ញានោះៗ ហើយកសាងនគរ និងរស់នៅក្នុងទីនោះៗ ។ ព្រះសាស្ដានាំព្រះធម្មទេសនានេះមកហើយ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ មិនមែនតែក្នុងកាលឥឡូវនេះទេ សូម្បីកាលមុន ទេវទត្តក៏ធ្វើមុសាវាទ ហើយត្រូវផែនដីស្រូបដែរ ដូច្នេះហើយ ព្រះអង្គប្រជុំជាតកថា តទា ចេតិយរាជា ទេវទត្តោ អហោសិ ព្រះបាទចេតិយៈ ក្នុងកាលនោះ បានមកជាទេវទត្ត កបិលព្រាហ្មណោ បន អហមេវ អហោសិំ ចំណែកកបិលព្រាហ្មណ៍ គឺតថាគតនេះឯង ។ ចេតិយជាតក ៕ (ជាតកដ្ឋកថា ខុទ្ទកនិកាយ ជាតក អដ្ឋកនិបាត បិដកលេខ ៥៩ ទំព័រ ១២៣) ថ្ងៃ អង្គារ ៦ រោច ខែផល្គុន ឆ្នាំច សំរិទ្ធិស័ក ច.ស. ១៣៨០ ម.ស. ១៩៤០ ថ្ងៃទី ២៦ ខែ មីនា ព.ស. ២៥៦២ គ.ស.២០១៨ ដោយស.ដ.វ.ថ. ដោយ៥០០០ឆ្នាំ
images/articles/3241/wewe323rewreeww.jpg
ផ្សាយ : ០៤ ឧសភា ឆ្នាំ២០២២ (អាន: ៣៤៩ ដង)
ព្រះសាស្ដាកាលស្ដេចគង់នៅវត្តជេតពន ទ្រង់ប្រារព្ធលោលភិក្ខុ (ភិក្ខុល្មោភ) មួយរូប បានត្រាស់ព្រះធម្មទេសនានេះ មានពាក្យថា កាសាយវត្ថេ ដូច្នេះជាដើម ។ បានឮថា ភិក្ខុនោះជាមនុស្សល្មោភ ជាប់ជំពាក់ក្នុងបច្ច័យ លះបង់វត្តទាំងឡាយមានអាចរិយវត្ត និងឧបជ្ឈាយវត្តជាដើម ក្នុងពេលព្រឹក លោកចូលទៅកាន់ក្រុងសាវត្ថី ផឹកយាគូដែលមានខាទនីយៈជាច្រើនជាបរិវារ ក្នុងផ្ទះឧបាសិកាវិសាខា សូម្បីឆាន់បាយស្រូវសាលីដែលមានសាច់និងរសផ្សេងៗហើយ នៅតែមិនឆ្អែត បន្ទាប់មក ក៏សំដៅទៅនិវេសន៍របស់ជនទាំងឡាយ គឺ ចូឡអនាថបណ្ឌិកសេដ្ឋី មហាអនាថបិណ្ឌិកសេដ្ឋី និងព្រះបាទកោសល ទៀត ។ ថ្ងៃមួយ ភិក្ខុទាំងឡាយប្រារព្ធភាពល្មោភរបស់ភិក្ខុនោះ បានញ៉ាំងកថាឲ្យតាំងឡើង ក្នុងធម្មសភា ។ ព្រះសាស្ដាយាងមកហើយត្រាស់សួរថា ម្នាលភិក្ខុទាំងឡាយ អម្បាញ់មិញនេះ អ្នកទាំងឡាយអង្គុយប្រជុំសន្ទានគ្នាដោយរឿងអ្វី ? កាលពួកភិក្ខុទូលថា ដោយរឿងឈ្មោះនេះ ទើបទ្រង់ត្រាស់ឲ្យហៅភិក្ខុនោះមក ហើយសួរលោកថា ម្នាលភិក្ខុ បានឮថា អ្នកជាមនុស្សល្មោភឬ ? កាលភិក្ខុនោះទូលថា ពិតមែងហើយព្រះអង្គ ព្រះសាស្ដាត្រាស់ថា ម្នាលភិក្ខុ ព្រោះហេតុអ្វី អ្នកទើបជាមនុស្សល្មោភ សូម្បីកាលមុន ព្រោះភាពល្មោភ អ្នកបានត្រាច់បរិភោគសាកសពដំរី ក្នុងក្រុងពារាណសី ដោយការមិនឆ្អែតនឹងសាកសពដំរីនោះ អ្នកបានចេញអំពីទីនោះ ត្រាច់ដល់ច្រាំងទន្លេគង្គាហើយចូលកាន់ព្រៃហិមពាន្ត ដូច្នេះហើយ ទ្រង់នាំអតីតនិទានមកថា ៖ ក្នុងអតីតកាល កាលព្រះបាទព្រហ្មទត្តសោយរាជសម្បត្តិក្នុងនគរពារាណសី មានក្អែកល្មោភមួយត្រាច់ស៊ីសាកសពដំរីជាដើម ក្នុងក្រុងពារាណសី កាលមិនឆ្អែតដោយសាកសពដំរីនោះ ក៏គិតថា យើងនឹងស៊ីត្រីងាប់នៅនឹងច្រាំងទន្លេគង្គា ដូច្នេះទើបហើរទៅ កាលស៊ីត្រីងាប់ក្នុងទីនោះ បានស្នាក់នៅអស់ពីរបីថ្ងៃ ហើយចូលទៅកាន់ព្រៃហិមពាន្ត រួចស៊ីផលាផលផ្សេងៗ និងទៅដល់ស្រះបទុមដែលមានត្រីនិងអណ្ដើកច្រើន ក៏បានឃើញសត្វចាក្រ​ពាក ​(សត្វប្រវឹក, ព្រវែក) ២ ពណ៌ដូចមាស កំពុងតែស៊ីសារាយនៅក្នុងស្រះនោះ ហើយគិតថា សត្វទាំងនេះដល់ព្រមដោយពណ៌សម្បុរដ៏ស្អាតយ៉ាងក្រៃលែង ភោជនរបស់សត្វទាំងនេះ នឹងជាទីពេញចិត្ត យើងសួរពីភោជនរបស់សត្វទាំងនេះហើយ សូម្បីយើងបរិភោគភោជននោះហើយ នឹងមានពណ៌ដូចមាសដែរ គិតយ៉ាងនេះហើយ ក្អែកហើរទៅកាន់សម្នាក់សត្វចាក្រពាកទាំងនោះ ធ្វើបដិសណ្ឋារៈ រួចទំលើទីបំផុតមែកឈើមួយ កាលពោលពាក្យដែលប្រកបដោយការសរសើរសត្វចាក្រពាកទាំងនោះ ទើបពោលគាថាទី ១ ថា កាសាយវត្ថេ សកុណេ វទាមិ, ទុវេ ទុវេ នន្ទមនេ ចរន្តេ; កំ អណ្ឌជំ អណ្ឌជា មានុសេសុ, ជាតិំ បសំសន្តិ តទិង្ឃ ព្រូថ។ ខ្ញុំសូមសួរនូវពួកសត្វបក្សី មានសម្បុរដូចសំពត់ ដែលជ្រលក់ដោយទឹកអម្ចត់ ជាសត្វមានចិត្តរីករាយ ត្រាច់ទៅទាំងគូ ៗ ពួកកំណើតជាអណ្ឌជៈ (បក្សី) តែងសរសើរនូវកំណើតអណ្ឌជៈ​ណា ​ក្នុងបណ្ដាមនុស្សទាំងឡាយ អ្នកចូរពោលនូវហេតុនោះ មកមើល ។ ពាក្យថា មានសម្បុរដូចសំពត់ ដែលជ្រលក់ដោយទឹកអម្ចត់ សេចក្ដីថា មានពណ៌ដូចសំពត់កាសាយៈពណ៌មាស ។ ពាក្យថា ពួកកំណើតជាអណ្ឌជៈ (បក្សី) តែងសរសើរនូវកំណើតអណ្ឌជៈណា ក្នុងមនុស្សទាំងឡាយ សេចក្ដីថា នែអ្នកដ៏ចម្រើន ពួកអណ្ឌជៈទាំងឡាយកាលសរសើរពួកលោក ក្នុងមនុស្សទាំងឡាយ តែងពោលថា លោកជាអណ្ឌជៈអ្វី ឈ្មោះថា មានកំណើតអ្វី អធិប្បាយថា រមែងសរសើរពួកលោកក្នុងរវាងមនុស្សទាំងឡាយថា លោកជាបក្សីមានឈ្មោះអ្វី ។ បាលីថា កំ អណ្ឌជំ អណ្ឌជមានុសេសុ ដូច្នេះក៏មាន ។ ពាក្យនោះមានសេចក្ដីថា បក្សីទាំងឡាយរមែងពោលសរសើរថា ពួកលោកជាអណ្ឌជៈអ្វី ក្នុងបណ្ដាអណ្ឌជៈ និងមនុស្សទាំងឡាយ ។ សត្វចាក្រពាកស្ដាប់ពាក្យនោះហើយ ក៏ពោលគាថាទី ២ ថា អម្ហេ មនុស្សេសុ មនុស្សហិំស, អនុព្ពតេ ចក្កវាកេ វទន្តិ; កល្យាណភាវម្ហេ ទិជេសុ សម្មតា, អភិរូបា វិចរាម អណ្ណវេ។ ម្នាលក្អែក ជាសត្វបៀតបៀនមនុស្ស ពួកគេតែងពោលសរសើរយើងជាចាក្រពាកថា ជាសត្វប្រព្រឹត្តសមគួរ ក្នុងចំណោមនៃមនុស្សទាំងឡាយ ទាំងគេបានសន្មតយើងថា ជាសត្វមានភាពល្អ ក្នុងចំណោមនៃសត្វស្លាបទាំងឡាយ (ពួកយើងមានសភាពជាសត្វឥតភ័យ ត្រាច់ទៅផ្សេង ៗ ក្នុងស្រះឈូក) ពួកយើងមិនធ្វើបាប ព្រោះហេតុតែចំណីឡើយ ។ ក្អែកស្ដាប់ពាក្យនោះហើយ ពោលគាថាទី ៣ ថា កិំ អណ្ណវេ កានិ ផលានិ ភុញ្ជេ, មំសំ កុតោ ខាទថ ចក្កវាកា; កិំ ភោជនំ ភុញ្ជថ វោ អនោមា, ពលញ្ច វណ្ណោ ច អនប្បរូបា។ ម្នាលចាក្រពាកទាំងឡាយ ជាអ្នកមិនថោកទាប អ្នកទាំងឡាយបរិភោគផ្លែឈើអ្វី ទំពាស៊ីសាច់អ្វី បរិភោគភោជនអ្វីក្នុងស្រះ បានជាកម្លាំង និងសម្បុរ មានសភាពមិនតិច ។ លំដាប់នោះ ចាក្រពាកពោលគាថាទី ៤ ថា ន អណ្ណវេ សន្តិ ផលានិ ធង្ក, មំសំ កុតោ ខាទិតុំ ចក្កវាកេ; សេវាលភក្ខម្ហ អបាណភោជនា, ន ឃាសហេតូបិ ករោម បាបំ។ ម្នាលក្អែក ផ្លែឈើទាំងឡាយ មិនមានក្នុងស្រះទេ ពួកចាក្រពាកបានសាច់បរិភោគអំពីណា ពួកយើងជាអ្នកបរិភោគសារាយ បរិភោគតែទឹកមិនល្អក់ (ពួកយើងមិនធ្វើបាប ព្រោះហេតុតែចំណីឡើយ) ពួកយើងមានសភាពជាអ្នកឥតភ័យ ត្រាច់ទៅផ្សេង ៗ ក្នុងស្រះ ។ បន្ទាប់មក ក្អែកពោល ២ គាថា ថា ន មេ ឥទំ រុច្ចតិ ចក្កវាក, អស្មិំ ភវេ ភោជនសន្និកាសោ; អហោសិ បុព្ពេ តតោ មេ អញ្ញថា, ឥច្ចេវ មេ វិមតិ ឯត្ថ ជាតា។ ម្នាលចាក្រពាក ភោជននេះ មិនគាប់ចិត្តយើងទេ ខ្លួនអ្នកមានសភាពប្រហែលនឹងភោជនក្នុងលំនៅនេះ កាលដើមខ្ញុំមានសេចក្តីត្រិះរិះ (យ៉ាងនេះ) ខាងក្រោយមក ខ្ញុំមាន សេចក្តីត្រិះរិះផ្សេង សេចក្តីសង្ស័យរបស់ខ្ញុំ ក៏កើតមានក្នុងហេតុនុ៎ះ ដោយប្រការដូច្នេះឯង ។ អហម្បិ មំសានិ ផលានិ ភុញ្ជេ, អន្នានិ ច លោណិយតេលិយានិ; រសំ មនុស្សេសុ លភាមិ ភោត្តុំ, សូរោវ សង្គាមមុខំ វិជេត្វា; ន ច មេ តាទិសោ វណ្ណោ, ចក្កវាក យថា តវ។ ឯខ្លួនយើង តែងបានបរិភោគសាច់ និងផ្លែឈើទាំងឡាយផង នូវចំណីអាហារដែលលាយអំបិល និងប្រេងទាំងឡាយផង ខ្លួនយើងតែងបានបរិភោគនូវរស ក្នុងពួកមនុស្ស ដូចបុគ្គលក្លៀវក្លាបានឈ្នះនូវប្រធាននៃសង្គ្រាម ម្នាលចាក្រពាក ឯសម្បុររបស់ខ្ញុំ មិនដូចជាសម្បុររបស់អ្នកទេ ។ ពេលនោះ ចាក្រពាកកាលនឹងពោលហេតុនៃភាវៈមិនមានវណ្ណសម្បត្តិរបស់ក្អែកនោះ និងហេតុនៃភាវៈរបស់ខ្លួន ទើបពោលគាថាដ៏សេសថា អសុទ្ធភក្ខោសិ ខណានុបាតី, កិច្ឆេន តេ លព្ភតិ អន្នបានំ; ន តុស្សសី រុក្ខផលេហិ ធង្ក, មំសានិ វា យានិ សុសានមជ្ឈេ។ អ្នកជាសត្វមានអាហារមិនស្អាត តែងលបឆក់ក្នុងខណៈ (ដែលគេធ្វេសប្រហែល) អ្នកឯងតែងបាននូវចំណីអាហារ និងទឹកផឹកដោយលំបាក ម្នាលក្អែក អ្នកឯងមិនត្រេកអរដោយផ្លែឈើទាំងឡាយ មួយទៀត សាច់ទាំងឡាយណា ដែលមាននៅក្នុងកណ្តាលនៃព្រៃស្មសាន អ្នកមិនត្រេកអរនឹងសាច់នោះឡើយ ។ យោ សាហសេន អធិគម្ម ភោគេ, បរិភុញ្ជតិ ធង្ក ខណានុបាតី; តតោ ឧបក្កោសតិ នំ សភាវោ, ឧបក្កុដ្ឋោ វណ្ណពលំ ជហាតិ។ ម្នាលក្អែក បុគ្គលណាជាអ្នកលបឆក់ ក្នុងខណៈ (ដែលគេធ្វេសប្រហែស) បាននូវ ភោគៈទាំងឡាយ ដោយអំពើដ៏អាក្រក់ ហើយបរិភោគ ដល់មកខាងក្រោយ អ្នកផងនឹងតិះដៀលបុគ្គលនោះ បុគ្គលដែលត្រូវគេតិះដៀលនោះ រមែងសាបសូន្យចាកសម្បុរ និងកម្លាំង ។ អប្បម្បិ ចេ និព្ពុតិំ ភុញ្ជតី យទិ, អសាហសេន អបរូបឃាតី; ពលញ្ច វណ្ណោ ច តទស្ស ហោតិ, ន ហិ សព្ពោ អាហារមយេន វណ្ណោ។ បុគ្គលបើទុកជាបរិភោគរបស់ត្រជាក់ (ឥតទោស) សូម្បីតិចតួចតែជាអ្នកមិនបៀតបៀនជនដទៃ ដោយអំពើអាក្រក់ កម្លាំង និងសម្បុរ រមែងកើតមាន ដល់បុគ្គលនោះ ព្រោះថា សម្បុរទាំងអស់ មិនមែនសុទ្ធតែសម្រេចមក អំពីអាហារទេ ។ ពាក្យថា សម្បុរទាំងអស់ មិនមែនសុទ្ធតែសម្រេចមក អំពីអាហារទេ សេចក្ដីថា នែក្អែក ឈ្មោះថា សម្បុររមែងមានសមុដ្ឋាន ៤ សម្បុរនោះមិនមែនសម្រេចដោយអាហារតែម្យ៉ាងទេ គឺរមែងសម្រេចសូម្បីដោយ ឧតុ ចិត្ត និង កម្ម ដែរ ។ ចាក្រពាកបានតិះដៀលក្អែកដោយបរិយាយដ៏ច្រើនយ៉ាងនេះ ។ ក្អែកអៀនខ្មាសហើយគិតថា យើងមិនត្រូវការដោយសម្បុររបស់អ្នក ហើយស្រែកឡើងថា កា កា រួចហើរចេញទៅ ។ ព្រះសាស្ដានាំព្រះធម្មទេសនានេះមកហើយ ទ្រង់ប្រកាសសច្ចធម៌ និងប្រជុំជាតក ក្នុងកាលជាទីបញ្ចប់នៃសច្ចធម៌ លោលភិក្ខុបានតាំងនៅក្នុងអនាគាមិផល ។តទា កាកោ លោលភិក្ខុ អហោសិ ក្អែកក្នុងកាលនោះ បានមកជាលោលភិក្ខុ ចក្កវាកី រាហុលមាតា ចាក្រពាកញីបានមកជារាហុលមាតាចក្កវាកោ បន អហមេវ អហោសិំ ចំណែកចាក្រពាកឈ្មោល គឺ តថាគតនេះឯង ។ ចក្កវាកជាតក ចប់ ។ (ជាតកដ្ឋកថា សុត្តន្តបិដក ខុទ្ទកនិកាយ ជាតក នវកនិបាត បិដកលេខ ៥៩ ទំព័រ ១៥០) ថ្ងៃសុក្រ ៦ កើត ខែស្រាពណ៍ ឆ្នាំច សំរិទ្ធិស័ក ច.ស. ១៣៨០ ម.ស. ១៩៤០ ថ្ងៃទី ១៧ ខែ សីហា ព.ស. ២៥៦២ គ.ស.២០១៨ ដោយស.ដ.វ.ថ ដោយ៥០០០ឆ្នាំ
images/articles/3242/_______________________________________.jpg
ផ្សាយ : ០៤ ឧសភា ឆ្នាំ២០២២ (អាន: ២៩២ ដង)
ចតុប្បោសថជាតកនេះ មានពាក្យថា យោ កោបនេយ្យ ជាដើម នឹងមានជាក់ច្បាស់ ក្នុងបុណ្ណកជាតក (វិធុរជាតក បិដកលេខ ៦៣ ទំព័រ ៣៣) ។ ខាងក្រោមនេះជាសេចក្ដីដែលមានមកក្នុងព្រះបាលី ៖ (ព្រះបាទវរុណនាគរាជពោលថា) យោ កោបនេយ្យេ ន ករោតិ កោបំ, ន កុជ្ឈតិ សប្បុរិសោ កទាចិ; កុទ្ធោបិ សោ នាវិករោតិ កោបំ, តំ វេ នរំ សមណមាហុ លោកេ។ បុគ្គលណាជាសប្បុរស មិនធ្វើនូវសេចក្តីក្រោធ ក្នុងបុគ្គលគួរក្រោធ និងមិនក្រោធ ក្នុងកាលណាមួយ បុគ្គលជាសប្បុរសនោះ បើទុកជាក្រោធ ក៏មិនធ្វើសេចក្តីក្រោធឲ្យប្រាកដ បណ្ឌិតទាំងឡាយ ហៅជននោះឯងថាជាសមណៈ ក្នុងលោក ។ (សុបណ្ណរាជពោលថា) ឩនូទរោ យោ សហតេ ជិឃច្ឆំ, ទន្តោ តបស្សី មិតបានភោជនោ; អាហារហេតុ ន ករោតិ បាបំ, តំ វេ នរំ សមណមាហុ លោកេ។ ជនណា មានពោះធូរ អត់ទាំ្រនូវសេចក្តីស្រេកឃ្លានបាន ទូន្មាននូវឥន្ទ្រិយ ជាអ្នកមានតបធម៌ មានទឹក និងភោជនល្មមប្រមាណ មិនធ្វើនូវបាប ព្រោះហេតុនៃអាហារឡើយ បណ្ឌិតទាំងឡាយ ហៅជននោះថាជាសមណៈ ក្នុងលោក ។ (សក្កទេវរាជ ពោលថា) ខិឌ្ឌំ រតិំ វិប្បជហិត្វាន សព្ពំ, ន ចាលិកំ ភាសសិ កិញ្ចិ លោកេ; វិភូសដ្ឋានា វិរតោ មេថុនស្មា, តំ វេ នរំ សមណមាហុ លោកេ។ ជនណា លះបង់នូវល្បែង (ដោយកាយនិងវាចា) និងសេចក្តីត្រេកអរ (ក្នុងកាមគុណ) ទាំងពួង ទាំងមិនពោលនូវពាក្យឡេះឡោះ តិចតួចក្នុងលោក វៀរចាកហេតុជាទីតាំង នៃការស្អិតស្អាង និងមេថុនធម្ម បណ្ឌិតទាំងឡាយហៅជននោះឯង ថាជាសមណៈ ក្នុងលោក ។ (ព្រះបាទធនព្ជា័យ ពោលថា) បរិគ្គហំ លោភធម្មញ្ច សព្ពំ, យោ វេ បរិញ្ញាយ បរិច្ចជេតិ; ទន្តំ ឋិតត្តំ អមមំ និរាសំ, តំ វេ នរំ សមណមាហុ លោកេ។ ជនណា កំណត់ដឹង ហើយលះបង់នូវទ្រព្យសម្បត្តិផង លោភៈទាំងពួងផង បណ្ឌិតទាំងឡាយ ហៅជនដែលមានខ្លួនទូន្មាន មានសភាពខ្ជាប់ខ្ជួន មិនមានសេចក្តីប្រកាន់ថា អញមិនមានសេចក្តីប្រាថ្នានោះឯង ថាជាសមណៈ ក្នុងលោក ។ (ព្រះរាជាទាំង ៤ ព្រះអង្គនោះ ត្រាស់សួរថា) បុច្ឆាម កត្តារមនោមបញ្ញំ, កថាសុ នោ វិគ្គហោ អត្ថិ ជាតោ; ឆិន្ទជ្ជ កង្ខំ វិចិកិច្ឆិតានិ, តទជ្ជ កង្ខំ វិតរេមុ សព្ពេ។ ម្នាលអ្នកមានប្រាជ្ញាមិនថោកថយ យើងទាំងឡាយ សូមសួរចំពោះអ្នក ជាអ្នកធ្វើ (នូវហេតុដែលគួរធ្វើ) ការជជែកចំពោះពាក្យទាំងឡាយ កើតមានដល់យើង សូមអ្នកកាត់នូវ សេច​ក្តី​ងឿងឆ្ងល់ និងសេចក្តីសង្ស័យចេញ ក្នុងថ្ងៃនេះ យើងទាំងអស់គ្នា គប្បីឆ្លងនូវសេចក្តីសង្ស័យនោះ ក្នុងថ្ងៃនេះ ។ (វិធូរបណ្ឌិតពោធិសត្វ ពោលថា) យេ បណ្ឌិតា អត្ថទសា ភវន្តិ, ភាសន្តិ តេ យោនិសោ តត្ថ កាលេ; កថំ នុ កថានំ អភាសិតានំ, អត្ថំ នយេយ្យុំ កុសលា ជនិន្ទា។ បណ្ឌិតណា ជាអ្នកយល់សេចក្តី បណ្ឌិតនោះ រមែងពោលដោយឧបាយនៃប្រាជ្ញា ក្នុងកាលគួរ ក្នុងពាក្យជជែកនោះ បពិត្រព្រះអង្គជាធំជាងជនទាំងឡាយ ពួកជនអ្នកឈ្លាស គប្បីយល់នូវសេចក្តីនៃពាក្យពោលដែលគេមិនទាន់និយាយ ដោយប្រការដូចម្តេចបាន ។ កថំ ហវេ ភាសតិ នាគរាជា, គរុឡោ បន វេនតេយ្យោ កិមាហ; គន្ធព្ពរាជា បន កិំ វទេសិ, កថំ បន កុរូនំ រាជសេដ្ឋោ។ ស្តេចនាគ ពោលដូចម្តេច ស្តេចគ្រុឌវេនតេយ្យ ពោលដូចម្តេច ស្តេចគន្ធព្វ (ព្រះឥន្ទ) ពោលដូចម្តេច ស្តេចដ៏ប្រសើររបស់អ្នកដែនកុរុ ពោលដូចម្តេច ។ (ព្រះរាជាទាំងឡាយនោះ ឆ្លើយថា) ខន្តិំ ហវេ ភាសតិ នាគរាជា, អប្បាហារំ គរុឡោ វេនតេយ្យោ; គន្ធព្ពរាជា រតិវិប្បហានំ, អកិញ្ចនំ កុរូនំ រាជសេដ្ឋោ។ ស្តេចនាគ ពោលចំពោះខន្តិធម៌តែម្យ៉ាង សេ្តចគ្រុឌវេនតេយ្យ ពោលចំពោះអាហារតិច ស្តេចគន្ធព្វ ពោលចំពោះការលះបង់សេចក្តីត្រេកអរ ស្តេចដ៏ប្រសើររបស់អ្នកដែនកុរុ ពោលចំពោះការមិនមានកង្វល់ ។ (ព្រះវិធូរពោធិសត្វ ពោលថា) សព្ពានិ ឯតានិ សុភាសិតានិ, ន ហេត្ថ ទុព្ភាសិតមត្ថិ កិញ្ចិ; យស្មិញ្ច ឯតានិ បតិដ្ឋិតានិ, អរាវ នាភ្យា សុសមោហិតានិ; ចតុព្ភិ ធម្មេហិ សមង្គិភូតំ, តំ វេ នរំ សមណមាហុ លោកេ។ ពាក្យទាំងអស់នេះ ជាសុភាសិត ពាក្យជាទុពា្ភសិត សូម្បីបន្តិចបន្តួច ក៏មិនមាន ក្នុងប្រស្នានេះទេ ម្យ៉ាងទៀត ពាក្យទាំងនេះ តាំងនៅស៊ប់ ប្រជុំចុះដោយល្អ ក្នុងបុគ្គលណា ដូចជាកាំរទេះ ដែលគេបញ្ចុះស៊ប់ក្នុងដុំ បណ្ឌិតទាំងឡាយ ហៅបុគ្គលដែលព្រមព្រៀង ដោយធម៌ ៤ យ៉ាងនោះឯង ថាជាសមណៈ ក្នុងលោក ។ (ព្រះរាជាទាំង ៤ ព្រះអង្គពោលថា) តុវញ្ហិ សេដ្ឋោ ត្វមនុត្តរោសិ, ត្វំ ធម្មគូ ធម្មវិទូ សុមេធោ; បញ្ញាយ បញ្ហំ សមធិគ្គហេត្វា, អច្ឆេច្ឆិ ធីរោ វិចិកិច្ឆិតានិ; អច្ឆេច្ឆិ កង្ខំ វិចិកិច្ឆិតានិ, ចុន្ទោ យថា នាគទន្តំ ខរេន។ អ្នកជាបុគ្គលប្រសើរ អ្នកជាបុគ្គលមិនមានអ្នកណាវិសេសជាង អ្នកជាបុគ្គលដល់នូវត្រើយនៃធម៌ ចេះដឹងនូវធម៌ មានយោបល់ដ៏ល្អ កំណត់ដឹងនូវប្រស្នាដោយប្រាជ្ញា អ្នកជាអ្នកប្រាជ្ញ បានផ្តាច់សេចក្តីសង្ស័យចេញហើយ អ្នកបានកាត់នូវសេចក្តីសង្ស័យ និងសេចក្តីងឿងឆ្ងល់ ដូចជាគេកាត់នូវភ្លុកនៃដំរី ដោយរណារ ។ (សក្កទេវរាជ ពោលថា) នីលុប្បលាភំ វិមលំ អនគ្ឃំ, វត្ថំ ឥទំ ធូមសមានវណ្ណំ; បញ្ហស្ស វេយ្យាករណេន តុដ្ឋោ, ទទាមិ តេ ធម្មបូជាយ ធីរ។ បពិត្រអ្នកប្រាជ្ញ ខ្ញុំត្រេកអរនឹងការដោះនូវប្រស្នា ហើយជូនសំពត់នេះ មានពន្លឺដូចផ្កាឧប្បលខៀវ មិនមានមន្ទិល ជាសំពត់កាត់ថ្លៃមិនបាន មានពណ៌ស្មើដោយផ្សែង ដើម្បីបូជានូវធម៌របស់អ្នក ។ (សុបណ្ណរាជពោលថា) សុវណ្ណមាលំ សតបត្តផុល្លិតំ, សកេសរំ រត្នសហស្សមណ្ឌិតំ; បញ្ហស្ស វេយ្យាករណេន តុដ្ឋោ, ទទាមិ តេ ធម្មបូជាយ ធីរ។ បពិត្រអ្នកប្រាជ្ញ ខ្ញុំត្រេកអរនឹងការដោះនូវប្រស្នា ហើយជូននូវកម្រងផ្កាមាស ដែលរីកសំពោង ដោយត្របកច្រើនស្រទាប់ ប្រកបដោយលំអង ដ៏ប្រដាប់ដោយកែវដ៏ច្រើន ដើម្បីបូជានូវធម៌របស់អ្នក ។ (វរុណនាគរាជពោលថា) មណិំ អនគ្ឃំ រុចិរំ បភស្សរំ, កណ្ឋាវសត្តំ មណិភូសិតំ មេ; បញ្ហស្ស វេយ្យាករណេន តុដ្ឋោ, ទទាមិ តេ ធម្មបូជាយ ធីរ។ បពិត្រអ្នកប្រាជ្ញ ខ្ញុំត្រេកអរនឹងការដោះស្រាយនូវប្រស្នា ហើយជូននូវកែវមណី ដែលកាត់ថ្លៃមិនបាន ជាកែវដ៏រុងរឿង មានពន្លឺផ្លេក ៗ សម្រាប់ពាក់ព្ធដ៏ក ដែលស្អិតស្អាងដោយកែវមណី ដើម្បីបូជានូវធម៌របស់អ្នក ។ (ព្រះបាទធនញ្ជ័យពោលថា) គវំ សហស្សំ ឧសភញ្ច នាគំ, អាជញ្ញយុត្តេ ច រថេ ទស ឥមេ; បញ្ហស្ស វេយ្យាករណេន តុដ្ឋោ, ទទាមិ តេ គាមវរានិ សោឡស។ ខ្ញុំត្រេកអរនឹងការដោះស្រាយនូវប្រស្នា ហើយជូននូវគោមួយពាន់ ទាំងគោឧសភៈផង ដំរីផង រថ ១០ ដែលទឹមដោយសេះអាជានេយ្យនេះផង ស្រុកសួយ ១៦ ផង ដល់អ្នក ។ (អភិសម្ពុទ្ធគាថា) សារិបុត្តោ តទា នាគោ, សុបណ្ណោ បន កោលិតោ; គន្ធព្ពរាជា អនុរុទ្ធោ, រាជា អានន្ទ បណ្ឌិតោ; វិធុរោ ពោធិសត្តោ ច, ឯវំ ធារេថ ជាតកំ។ អ្នកទាំងឡាយ ចូរចាំទុកនូវជាតក យ៉ាងនេះថា សេ្តចនាគក្នុងកាលណោះ បានមកជាព្រះសារីបុត្ត សេ្តចគ្រុឌ បានមកជាកោលិតភិក្ខុ (មោគ្គល្លាន) សេ្តចគន្ធព្វ បានមកព្រះអនុរុទ្ធ ព្រះបាទធនញ្ជ័យបានមកជាអានន្ទបណ្ឌិត វិធុរបណ្ឌិត គឺតថាគត ។ ចប់ ចតុប្បោសថជាតក ៕ (ជាតកដ្ឋកថា សុត្តន្តបិដក ខុទ្ទកនិកាយ ជាតក ទសកនិបាត បិដកលេខ ៥៩ ទំព័រ ១៦៧) ដោយ ស.ដ.វ.ថ. ដោយ៥០០០ឆ្នាំ
images/articles/3243/____________________________________.jpg
ផ្សាយ : ០៤ ឧសភា ឆ្នាំ២០២២ (អាន: ៣៥៧ ដង)
ព្រះសាស្ដាកាលគង់នៅក្នុងវត្តជេតពនទ្រង់ប្រារព្ធឧក្កណ្ឋិតភិក្ខុមួយរូបប៉ុណ្ណោះ (ភិក្ខុដែលអផ្សុក) បានត្រាស់ធម្មទេសនានេះមានពាក្យផ្ដើមថា អភិជ្ជមានេ វារិស្មិំ ដូច្នេះ ។ បានឮថា ព្រះសាស្ដាត្រាស់សួរភិក្ខុនោះ ដែលត្រូវនាំមកកាន់រោងធម្មសភាថា ម្នាលភិក្ខុ បានឮថា អ្នកមានសេចក្ដីអផ្សុកចង់សឹកពិតមែនឬ ? កាលភិក្ខុនោះទូលទទួលជាការពិតហើយ ទើបទ្រង់ត្រាស់ថា ម្នាលភិក្ខុ ឈ្មោះថា ស្ត្រីទាំងឡាយនេះរមែងធ្វើបុគ្គលដែលបរិសុទ្ធឲ្យសៅហ្មង ក្នុងឥឡូវនេះតែប៉ុណ្ណោះក៏ទេ សូម្បី បុគ្គលដែលបរិសុទ្ធក្នុងកាលមុន ក៏ធ្វើឲ្យសៅហ្មងដូចគ្នា ។ ព្រះសាស្ដាដែលភិក្ខុទាំងនោះ ទូលអារាធនាហើយ ទើបទ្រង់នាំយកអតីតនិទានមកជាសាធកៈ (គ្រឿងអាង) ដូចតទៅនេះ ក្នុងអតីតកាល ព្រះបាទព្រហ្មត្តសោយរាជសម្បត្តិក្នុងនគរពារាណសី ជាអ្នកមិនមានឱរស ទើបទ្រង់ត្រាស់នឹងនាងស្នំរបស់ព្រះអង្គថា នាងទាំងឡាយចូរធ្វើសេចក្ដីដើម្បីឲ្យបានបុត្រ ។ នាងស្នំទាំងនោះទើបនាំគ្នាតាំងសេចក្ដីប្រាថ្នាបុត្រ ។ កាលកន្លងទៅដោយអាការនេះ ព្រះពោធិសត្វទើបចុតិចាកព្រហ្មលោក កើតហើយក្នុងផ្ទៃរបស់ព្រះអគ្គមហេសី ។ ព្រះពោធិសត្វនោះពេលប្រសូតហើយ ព្រះជនក ព្រះជននីបានឲ្យស្រង់ទឹកហើយប្រគល់ឲ្យម៉ែដោះដើម្បីប្រយោជន៍ដល់ការផឹកទឹកដោះ ។ ព្រះពោធិសត្វនោះ កាលម៉ែដោះទាំងឡាយឲ្យផឹក ទឹកដោះ ក៏ទ្រង់ស្រែកយំ ។ លំដាប់នោះ ទើបបានឲ្យព្រះពោធិសត្វនោះដល់ម៉ែដោះដទៃ ។ នៅក្នុងដៃរបស់មាតុគ្រាម ព្រះពោធិសត្វជាអ្នកមិននៅស្ងៀមឡើយ ។ លំដាប់នោះ ទើបបានប្រគល់ព្រះពោធិសត្វឲ្យដល់បុរសម្នាក់អ្នកជាបាទមូលិកៈ (ខ្ញុំព្រះបាទ) គ្រាន់តែបាទមូលិកៈនោះទទួលយកប៉ុណ្ណោះ ព្រះពោធិសត្វក៏នៅស្ងៀម ។ ក្នុងថ្ងៃបន្តបន្ទាប់មក បុរសទាំងឡាយប៉ុណ្ណោះ ដែលកាន់យកនូវព្រះពោធិសត្វនោះ ហើយត្រាច់ទៅ ។ កាលនឹងឲ្យបៅទឹកដោះ ទើបច្របាច់ (ដោះ) ហើយឲ្យផឹក ឬបំបៅដោះក្នុងព្រះឱស្ឋតាមចន្លោះវាំងនន ។ ដោយហេតុនោះ ទើបថ្វាយព្រះនាមថា អនិត្ថិគន្ធកុមារ ។ កាលព្រះកុមារយាងទៅមកៗ អ្នកណាៗមិនអាចសម្ដែងមាតុគ្រាមឲ្យឃើញឡើយ ។ ដោយហេតុនោះ ព្រះរាជាទើបឲ្យសាងស្ថានទីទាំងឡាយមានទីប្រថាប់គង់ជាដើម និងឈានាគារ ក្នុងទីដោយឡែកមួយ ។ ក្នុងវេលាព្រះកុមារមានព្រះជន្ម ១៦ វស្សា ព្រះរាជាទ្រង់ត្រិះរិះថា យើងមិនមានឱរសដទៃទៀត ចំណែកកុមារនេះមិនបរិភោគកាម សូម្បីរាជសម្បត្តិក៏មិនប្រាថ្នា យើងបានឱរស លំបាកពិតហ្ន៎ ! គ្រានោះ មានស្ត្រីរបាំក្រមុំមួយរូប ឆ្លាតក្នុងការច្រៀងរាំនិងប្រគំ អាច​ប្រលោម​លួង​លោមបុរសឲ្យធ្លាក់ក្នុងអំណាចរបស់ខ្លួនបាន ចូលទៅគាល់ (ព្រះរាជា) ហើយទូលថា បពិត្រ​ព្រះសម្មតិទេព ព្រះអង្គទ្រង់ព្រះតម្រិះរឿងអ្វី ? ព្រះរាជាក៏ត្រាស់ប្រាប់ហេតុនោះ ។ ស្ត្រីរបាំនោះទូលថា បពិត្រព្រះអង្គដ៏ចម្រើន រឿងនោះមេត្តាលើកទុកសិនចុះ ខ្ញុំម្ចាស់នឹងប្រលោម​លួងលោមព្រះរាជកុមារនោះឲ្យដឹងកាមរស (រសជាតិនៃកាមគុណ) ។ ព្រះរាជាត្រាស់​ថា បើនាងអាចប្រលោមព្រះអនិត្ថិគន្ធកុមារដែលជាឱរសរបស់យើងបានសោត ព្រះកុមារនោះនឹងជាព្រះរាជា ខ្លួននាងនឹងបានជាអគ្គមហេសី ។ ស្ត្រីរបាំនោះក្រាបទូលថា បពិត្រព្រះអង្គដ៏ចម្រើន ការប្រលោមជាភារៈរបស់ខ្ញុំម្ចាស់ ព្រះអង្គកុំទ្រង់បរិវិតក្កៈឡើយ ដូច្នេះហើយ ចូលទៅរកមនុស្សដែលធ្វើនាទីរក្សាព្រះឱរសហើយពោលថា ក្នុងវេលាព្រលឹមយើងនឹងមកឈរត្រង់ខាងក្រៅឈានាគារដែលជាទីផ្ទំរបស់ព្រះអយ្យបុត្រហើយយើងនឹងច្រៀង ។ បើព្រះអយ្យបុត្រ (ឮហើយ) ទ្រង់គ្រោធ ។ លោកចូរប្រាប់ដល់យើង យើងនឹងគេចចេញ ។ បើទ្រង់ស្ដាប់ហើយ ពោលសរសើរដល់យើង (លោកចូរប្រាប់ដល់យើងដូចគ្នា) ។ បុរសអ្នករក្សានោះ ទទួលព្រមហើយថា ល្អណាស់ (នាង) ។ ចំណែកស្ត្រីរបាំនោះ ក្នុងវេលាព្រលឹមស្រាងៗ បានទៅឈរក្នុងកន្លែងនោះ ហើយស្រែកច្រៀងជាមួយសំឡេងពិណ ដេញពិណជាមួយនឹងសំឡេងច្រៀង ដោយសំឡេងយ៉ាង ពីរោះ ។ ព្រះកុមារនាកាលស្ដាប់ប៉ុណ្ណោះរមែងផ្ទំលក់ ។ ក្នុងថ្ងៃស្អែក ទ្រង់បង្គាប់ឲ្យនាងឈរក្នុងទីជិតឈានាគារដើម្បីច្រៀង, ក្នុងថ្ងៃស្អែកទៀត បង្គាប់ឲ្យនាងឈរខាងក្នុងឈានាគារ ដើម្បីច្រៀង, ក្នុងថ្ងៃស្អែកទៀត បង្គាប់ឲ្យនាងឈរក្នុងទីជិតនៃខ្លួន ដោយវិធីយ៉ាងនេះ ព្រះអង្គទ្រង់ធ្វើតណ្ហាឲ្យកើតឡើងតាមលំដាប់ ៗ រហូតដល់សេពលោកធម៌ បានដឹងកាមរសហើយត្រាស់ថា មាតុគាមំ នាម អញ្ញេសំ ន ទស្សាមិ ដែលឈ្មោះថា មាតុគ្រាម យើងនឹងឲ្យដល់បុរសដទៃ បានកាន់យកនូវដាវ ឆ្លងកាត់ផ្លូវជាចន្លោះ ត្រាច់ដេញតាមបុរសទាំងឡាយ ។ លំដាប់នោះ ព្រះរាជាបញ្ជាឲ្យចាប់ព្រះកុមារនោះហើយឲ្យនាំចេញទៅចាកនគរ ជាមួយនឹងកុមារិកានោះ ។ សូម្បីព្រះកុមារ និងស្ត្រី ទាំងពីរស្ដេចចូលទៅកាន់ព្រៃ ហើយទៅកាន់ទន្លេគង្គាផ្នែកខាងក្រោម បានកសាងអាស្រមក្នុងចន្លោះរវាងទន្លេគង្គា និងសមុទ្រ ដោយមានទន្លេគង្គានៅក្នុងទីម្ខាង និងមានសមុទ្រក្នុងទីម្ខាង សម្រេចការនៅក្នុងទីនោះ ។ នាងកុមារិកាអង្គុយនៅក្នុងបណ្ណសាលាចម្អិននូវមើមឈើជាដើម ចំណែកព្រះពោធិសត្វទៅនាំយកផលាផលអំពីព្រៃ ។ ក្នុងថ្ងៃមួយ ពេលដែលព្រះពោធិសត្វទៅដើម្បីប្រយោជន៍ដល់ផលាផល មានតាមមួយរូបដែលអាស្រ័យនៅនឹងកោះក្នុងសមុទ្រ ត្រាច់ទៅតាមផ្លូវអាកាសដើម្បីប្រយោជន៍ដល់ ភិក្ខា​ចារ បានឃើញនូវផ្សែងបានចុះមកកាន់អាស្រម ។ លំដាប់នោះ កុមារិកានោះ បាននិមន្តតាបសឲ្យអង្គុយដោយពោលថា លោកម្ចាស់ចូរគង់សិន ដរាបដល់ខ្ញុំចម្អិនឆ្អិន ហើយ ប្រលោមលួងលោមដោយឥត្ថិកុត្តៈ ឲ្យឃ្លាតចាកឈាន ញ៉ាំងព្រហ្មចរិយស្សរបស់តាបសឲ្យ អន្តរធានទៅ ។ តាបសនោះហាក់បីជាក្អែកបាក់ស្លាប មិនអាចដើម្បីបោះបង់កុមារិកានោះ បាននៅក្នុងទីនោះឯងរហូតពេញមួយថ្ងៃ បានឃើញនូវព្រះពោធិសត្វមក ហើយក៏រត់ស្ទុះ ទៅដោយមានមុខទៅរកសមុទ្រ ។ លំដាប់នោះ ព្រះពោធិសត្វ កាន់យកនូវដាវដេញតាម តាបសនោះដោយសម្គាល់ថា តាបសនេះជាសត្រូវរបស់យើង ។ តាបសសម្ដែងអាការលោតឡើងទៅក្នុងអាកាស ទើបធ្លាក់ទៅក្នុងសមុទ្រ ។ ព្រះពោធិសត្វគិតថា តាបសនេះកាលមកតាមផ្លូវអាកាស ព្រោះភាពនៃឈានសាបសូន្យទើបធ្លាក់ចុះក្នុងសមុទ្រ ឥឡូវនេះ យើងគួរជាទីពឹងរបស់តាបសនេះ គិតដូច្នេះហើយ បានឈរត្រង់ជាយច្រាំងពោលគាថាទាំងនេះថា អភិជ្ជមានេ វារិស្មិំ, សយំ អាគម្ម ឥទ្ធិយា, មិស្សីភាវិត្ថិយា គន្ត្វា សំសីទសិ មហណ្ណវេ។ លោកមក (តាមអាកាស) ដោយខ្លួនឯង លើទឹកមិនបែករលក ដោយអំណាចនៃឬទ្ធិ លុះទៅច្រឡូកច្រឡំដោយស្រី ក៏លិចចុះក្នុងសមុទ្រធំ ។ អាវដ្ដនី មហាមាយា, ព្រហ្មចរិយវិកោបនា, សីទន្តិ នំ វិទិត្វាន, អារកា បរិវជ្ជយេ។ ធម្មតាស្រីទាំងឡាយ រមែងញ៉ាំងបុរសឲ្យវិលវល់ មានមាយាច្រើន ញ៉ាំងព្រហ្មចរិយ ធម៌ឲ្យកម្រើក រមែងលិចចុះ (ក្នុងអបាយ ៤) បណ្ឌិតបុរស ដឹងច្បាស់ហើយ គប្បីចៀសវាងអំពីចម្ងាយ ។ យំ ឯតា ឧបសេវន្តិ, ឆន្ទសា វា ធនេន វា, ជាតវេទោវ សំ ឋានំ, ខិប្បំ អនុទហន្តិ នំ។ ស្ដ្រីទាំងឡាយនុ៎ះ ចូលទៅគប់រកបុរសណា ដោយសេចក្ដីពេញចិត្តក្ដី ដោយទ្រព្យក្ដី តែងដុតបំផ្លាញបុរសនោះ (ឲ្យវិនាស) យ៉ាងឆាប់ ដូចភ្លើង (ដែលឆេះ) នូវលំនៅរបស់ខ្លួន ។ បណ្ដាបទទាំងនោះ បទថា អភិជ្ជមានេ វារិស្មិំ សេចក្ដីថា កាលទឹកនេះមិនហូរ គឺមិនរញ្ជួយ តាបសមិនប៉ះនូវទឹកមកដោយឫទ្ធិតាមផ្លូវអាកាសដោយខ្លួនឯង ។ បទថា មិស្សីភាវិត្ថិយា បានដល់ ភាវៈដែលលាយឡំមួយអន្លើដោយស្ត្រីដោយអំណាចការសេពនូវលោកធម៌ ។ បទថា អាវដ្ដនី មហាមាយា សេចក្ដីថា ធម្មតា ស្ត្រីទាំងឡាយ ឈ្មោះថាធ្វើបុរសឲ្យវិលមក ព្រោះឲ្យវិលមកដោយកាម, ឈ្មោះថា មានមាយាច្រើន ព្រោះប្រកបដោយមាយារបស់ស្ត្រីដែលរាប់មិនមានទីបំផុត ។ សមពិតដូចបោរាណាចារ្យពោលទុកថា មាយា ចេតា មរីចី ច, សោកោ រោគោ ចុបទ្ទវោ, ខរា ច ពន្ធនា ចេតា, មច្ចុបាសោ គុហាសយោ, តាសុ យោ វិស្សសេ បោសោ, សោ នរេសុ នរាធមោ។ ស្ត្រីទាំងនេះ មានមាយាដូចជាថ្ងៃបណ្តើរកូន ជាទីសោយសោក ជាទីកើតនៃរាគៈ ជាទីឧបទ្រព ស្រ្តីទាំងនេះមានអធ្យាស្រ័យដ៏រឹងរូស ជាចំណងសម្រាប់ចង ជាអន្ទាក់នៃសេចក្តីស្លាប់ ជាគុហាសម្រាប់នៅ (របស់មច្ចុរាជ) បុរសណា ទុកចិត្តក្នុងស្រ្តីទាំងនោះ បណ្តាបុរសទាំងឡាយ បុរសនោះឈ្មោះថា បុរសថោកទាប ។ (សុត្តន្តបិដក ខុទ្ទកនិកាយ ជាតក អសីតិនិបាត មហាហំសជាតក បិដកលេខ ៦១ ទំព័រ ១១៧) បទថា ព្រហ្មចរិយវិកោបនា សេចក្ដីថា ញ៉ាំងការប្រព្រឹត្តដ៏ប្រសើរ គឺមេថុនវិរតិព្រហ្មចរិយៈ ឲ្យកម្រើក ។ បទថា សីទន្តិ សេចក្ដីថា ធម្មតាស្ត្រីទាំងឡាយ ឈ្មោះថា រមែងលិចចុះក្នុងអបាយទាំងឡាយ ព្រោះញ៉ាំងព្រហ្មចរិយៈរបស់ឥសីឲ្យកម្រើក ។ ពាក្យដ៏សេស គប្បីប្រកបដោយន័យមុននោះឯង ។ ចំណែកតាបសកាលបានស្ដាប់ពាក្យរបស់ព្រះពោធិសត្វយ៉ាងនេះហើយ ឋិតនៅក្នុង កណ្ដាលសមុទ្រនោះឯង ធ្វើឈានដែលសាបសូន្យឲ្យត្រឡប់កើតឡើងវិញ ហើយទៅកាន់ទីនៅរបស់ខ្លួនតាមផ្លូវអាកាស ។ ព្រះពោធិសត្វគិថា តាបសជាអ្នកបានអប់រំមកហើយយ៉ាងនេះ ទៅតាមផ្លូវអាកាសហាក់ដូចសំឡីដើមរកា សូម្បីយើងក៏គួរធ្វើឈានឲ្យកើតឡើងហើយទៅតាមផ្លូវអាកាសដូចតាបសនេះដែរ ។ គ្រាគិតហើយក៏ទៅកាន់អាស្រម នាំស្ត្រីនោះទីកាន់ផ្លូវរបស់មនុស្ស ហើយបញ្ជូនទៅដោយពាក្យថា គច្ឆ ត្វំ នាងចូរទៅចុះ ស្រេចហើយក៏ចូលទៅកាន់ព្រៃ កសាងអាស្រមក្នុងភូមិភាគដែលជាទីគួររីករាយ ហើយបួសជាឥសី ធ្វើការបរិកម្មកសិណ ញ៉ាំងអភិញ្ញានិងសមាបត្តិឲ្យកើតឡើង បានជាអ្នកមានព្រហ្មលោកជាទីប្រព្រឹត្តទីខាងមុខ ។ ព្រះសាស្ដាបាននាំព្រះធម្មទេសនានេះមកហើយ ទ្រង់ប្រកាសសច្ចធម៌ និងប្រជុំជាតក ។ ក្នុងវេលាចប់អរិយសច្ច ឧក្កណ្ឋិតភិក្ខុ បានតាំងនៅក្នុងសោតាបត្តិផល ។ ទ្រង់ប្រជុំជាតកថា អនិត្ថិគន្ធកុមារ ក្នុងកាលនោះ ក៏គឺ តថាគតនេះឯង ។ ចប់ ចូឡបលោភនជាតក ។ (ជាតកដ្ឋកថា សុត្តន្តបិដក ខុទ្ទកនិកាយ ជាតក តិកនិបាត បទុមវគ្គ បិដកលេខ ៥៨ ទំព័រ ១៥០) ប្រែដោយ ខេមរ អភិធម្មាវតារ ដោយ៥០០០ឆ្នាំ
images/articles/3245/_________________________________.jpg
ផ្សាយ : ០៤ ឧសភា ឆ្នាំ២០២២ (អាន: ១៩៤ ដង)
[៤៤៦] ម្នាលភិក្ខុទាំងឡាយ ។ សម័យមួយ ព្រះដ៏មានព្រះភាគ គង់នៅក្នុងកូដាគារសាលា នាមហាវន ជិតក្រុងវេសាលី ។ គ្រានោះឯង ព្រះដ៏មានព្រះភាគ ទ្រង់ស្បង់ទ្រង់បាត្រនិងចីវរ ក្នុងបុព្វណ្ហសម័យ ស្តេចចូលទៅកាន់ក្រុងវេសាលី ដើម្បីបិណ្ឌបាត ហើយត្រឡប់ពីបិណ្ឌបាតក្នុងបច្ឆាភត្ត ត្រាស់ហៅព្រះអានន្ទដ៏មានអាយុថា ម្នាលអានន្ទ អ្នកចូរកាន់យកនូវសំពត់គឺសីទនៈ តថាគតនិងចូលទៅឯបាវាលចេតិយ ដើម្បីសម្រាកក្នុងវេលាថ្ងៃ ។ ព្រះអានន្ទដ៏មានអាយុ ទទួលព្រះពុទ្ធដីកាព្រះដ៏មានព្រះភាគថា ព្រះករុណា ព្រះអង្គ ហើយក៏កាន់នូវសំពត់សីទនៈដើរតាមក្រោយ ៗ ព្រះដ៏មានព្រះភាគទៅ ។ [៤៤៧] គ្រានោះឯង ព្រះដ៏មានព្រះភាគទ្រង់ចូលទៅបាវាលចេតិយ លុះចូលទៅដល់ហើយ ក៏គង់លើអាសនៈ ដែលបុគ្គលតាក់តែងថ្វាយ ។ ព្រះអានន្ទដ៏មានអាយុ ក៏ថ្វាយបង្គំព្រះដ៏មានព្រះភាគ ហើយអង្គុយក្នុងទីសមគួរ ។ លុះព្រះអានន្ទដ៏មានអាយុ អង្គុយក្នុងទីសមគួរហើយ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ដូច្នេះថា ម្នាលអានន្ទ ក្រុងវេសាលី គួរជាទីរីករាយ ឧទេនៈចេតិយ គួរជាទីរីករាយ គោតមកចេតិយ គួរជាទីរីករាយ សត្តម្ពចេតិយ គួរជាទីរីករាយ ពហុបុត្តកចេតិយ គួរជាទីរីករាយ សារន្ទទចេតិយ គួរជាទីរីករាយ បាវាលចេតិយ គួរជាទីរីករាយ ។ ម្នាលអានន្ទ បុគ្គលណាមួយបានចម្រើនឥទ្ធិបាទ ៤ បានធ្វើឲ្យរឿយ ៗ ធ្វើឲ្យដូចជាយាន ធ្វើឲ្យជាទីនៅ តាំងទុករឿយ ៗ សន្សំទុក ផ្តើមល្អហើយ កាលបើបុគ្គលនោះប្រាថ្នា អាចស្ថិតនៅអស់មួយអាយុកប្ប ឬជាងមួយអាយុកប្បក៏បាន ។ ម្នាលអានន្ទ ឥទ្ធិបាទ ៤ តថាគតបានចម្រើនហើយ ធ្វើឲ្យរឿយ ៗ ហើយ ធ្វើឲ្យដូចជាយាន ធ្វើឲ្យជាទីនៅ តាំងទុករឿយ ៗ សន្សំទុក ផ្តើមល្អហើយ ។ ម្នាលអានន្ទ បើតថាគតប្រាថ្នា អាចស្ថិតនៅអស់មួយអាយុកប្ប ឬជាងមួយអាយុកប្បក៏បាន ។ [៤៤៨] កាលបើព្រះដ៏មានព្រះភាគទ្រង់ធ្វើនិមិត្ត ជាឱឡារិក ទ្រង់ធ្វើឱកាសជាឱឡារិកយ៉ាងនេះក៏ដោយ ព្រះអានន្ទដ៏មានអាយុ នៅតែមិនអាចនិងយល់សេចក្តីច្បាស់លាស់បានឡើយ មិនបានអារាធនាព្រះដ៏មានព្រះភាគថា បពិត្រព្រះអង្គដ៏ចម្រើន សូមព្រះដ៏មានព្រះភាគទ្រង់គង់នៅអស់ ១ អាយុកប្ប សូមព្រះសុគតទ្រង់គង់នៅអស់ ១ អាយុកប្ប ដើម្បីប្រយោជន៍ ដល់ជនច្រើន ដើម្បីសេចក្តីសុខដល់ជនច្រើន ដើម្បីអនុគ្រោះដល់សត្វលោក ដើម្បីសេចក្តីចម្រើន ដើម្បីប្រយោជន៍ ដើម្បីសេចក្តីសុខដល់ទេវតានិងមនុស្សទាំងឡាយដូច្នេះឡើយ ព្រោះមារចូលមកជ្រែកចិត្ត ។ [៤៤៩] ព្រះដ៏មានព្រះភាគ ទ្រង់មានព្រះពុទ្ធដីកា (និងព្រះអានន្ទ) ជាគំរប់ពីរដង ។ ព្រះដ៏មានព្រះភាគទ្រង់ត្រាស់និងព្រះអានន្ទដ៏មានអាយុជាគំរប់ ៣ ដងថា ម្នាលអានន្ទ ក្រុងវេសាលី គួរជាទីរីករាយ ឧទេនចេតិយ គួរជាទីរីករាយ គោតមកចេតិយ គួរជាទីរីករាយ សត្តម្ពចេតិយ គួរជាទីរីករាយ ពហុមុត្តកចេតិយ គួរជាទីរីករាយ សារន្ទទចេតិយ គួរជាទីរីករាយ បាវាលចេតិយ គួរជាទីរីករាយ ។ ម្នាលអានន្ទ បុគ្គលណាមួយបានចម្រើន ឥទ្ធិបាទ ៤ ធ្វើឲ្យច្រើន ធ្វើឲ្យដូចជាយាន ធ្វើឲ្យជាទីតាំងនៅ តាំងទុករឿយ ៗ សន្សំទុក ផ្តើមទុកល្អហើយ បើបុគ្គលនោះប្រាថ្នា អាចនៅអស់ ១ អាយុកប្ប ឬជាងមួយអាយុកប្បក៏បាន ។ ម្នាលអានន្ទ តថាគតបានចម្រើនឥទ្ធិបាទ ៤ បានធ្វើឲ្យរឿយ ៗ បានធ្វើឲ្យដូចជាយាន បានធ្វើឲ្យជាទីតាំងនៅ បានតាំងទុករឿយ ៗ បានសន្សំទុក បានផ្តើមទុកល្អហើយ ។ ម្នាលអានន្ទ បើតថាគតប្រាថ្នា អាចនៅអស់មួយអាយុកប្ប ឬជាងមួយអាយុកប្បក៏បាន ។ [៤៥០] កាលព្រះដ៏មានព្រះភាគ ទ្រង់ធ្វើនិមិត្តជាឱឡារិក ទ្រង់ធ្វើឱកាលជាឱឡារិកយ៉ាងនេះក៏ដោយ ព្រះអានន្ទដ៏មានអាយុ នៅតែមិនយល់សេចក្តីច្បាស់លាស់ឡើយ មិនបានអាពាធ ព្រះដ៏មានព្រះភាគថា បពិត្រព្រះអង្គដ៏ចម្រើន សូមព្រះដ៏មានព្រះភាគទ្រង់គង់នៅអស់មួយអាយុកប្ប សូមព្រះសុគត ទ្រង់គង់នៅអស់មួយអាយុកប្ប ដើម្បីប្រយោជន៍ដល់ជនច្រើន ដើម្បីសេចក្តីសុខដល់ជនច្រើន ដើម្បីអនុគ្រោះដល់សត្វលោក ដើម្បីសេចក្តីចម្រើន ដើម្បីជាប្រយោជន៍ ដើម្បីសេចក្តីសុខដល់ទេវតា និងមនុស្សទាំងឡាយដូច្នេះឡើយ ព្រោះមារចូលមកជ្រែកចិត្ត ។ [៤៥១] លំដាប់នោះ ព្រះដ៏មានព្រះភាគទ្រង់ត្រាស់និងព្រះអានន្ទដ៏មានអាយុថា ម្នាលអានន្ទ អ្នកចូរទៅចុះ ចូរសំគាល់នូវកាលគួរក្នុងកាលឥឡូវនេះចុះ ។ ព្រះអានន្ទដ៏មានអាយុទទួលព្រះពុទ្ធដីកាព្រះដ៏មានព្រះភាគថា ករុណា ព្រះអង្គ រួចក៏ក្រោកចាកអាសនៈ ថ្វាយបង្គំព្រះដ៏មានព្រះភាគ ដើរប្រទក្សិណ ហើយអង្គុយជិតគល់ឈើមួយដើម ដ៏មិនឆ្ងាយប៉ុន្មាន ។ [៤៥២] (កាលដែលព្រះអានន្ទដ៏មានអាយុចេញទៅមិនយូរប៉ុន្មាន) មារមានចិត្តបាបចូលទៅរកព្រះដ៏មានព្រះភាគ លុះចូលទៅដល់ហើយ ក៏ឈរក្នុងទីសមគួរ ។ (លុះមារមានចិត្តបាបឈរក្នុងទីសមគួរហយ) ក៏ក្រាបទូលអារាធនាព្រះដ៏មានព្រះភាគយ៉ាងនេះថា បពិត្រព្រះអង្គដ៏ចម្រើន សូមព្រះដ៏មានព្រះភាគបរិនិព្វានក្នុងកាលឥឡូវនេះទៅ សូមព្រះសុគតនិព្វានទៅ បពិត្រព្រះអង្គដ៏ចម្រើន ឥឡូវនេះ ព្រះដ៏មានព្រះភាគល្មមបរិនិព្វានហើយ ។ បពិត្រព្រះអង្គដ៏ចម្រើន ព្រះដ៏មានព្រះភាគបានត្រាស់វាចានេះថា នែមារមានចិត្តបាប (បើ) ពួកភិក្ខុជាសាវករបស់តថាគតដែលឈ្លាស វាងវៃ ក្លៀវក្លា ជាពហុស្សូត ទ្រទ្រង់ធម៌ ប្របិបត្តិធម៌សមគួរដល់ធម៌ ប្រតិបត្តិដោយកោតក្រែង ប្រព្រឹត្តតាមធម៌នៅមិនទានមាន ទាំងមិនទាន់រៀនវាទៈនៃអាចារ្យរបស់ខ្លួន ហើយនិងប្រាប់ សម្តែង បញ្ញត្ត តាំងទុក បើក ចែក ធ្វើឲ្យងាយបាន ទាំងមិនទាន់បានសង្កត់សង្កិនបរប្បវាទដែលកើតឡើងហើយ ឲ្យជាកិច្ចដែលខ្លួនបានសង្កត់សង្កិនល្អ តាមពាក្យដែលសមហេតុ ហើយនិងសម្តែងធម៌ប្រកបដោយបាដិហារ្យដរាបណាទេ តថាគតនឹងមិនទាន់បរិនិព្វានដរាបនោះឡើយ ។ បពិត្រព្រះអង្គដ៏ចម្រើន ឥឡូវនេះ ពួកជាសាវករបស់ព្រះដ៏មានព្រះភាគ បានឈ្លាស វាងវៃ ក្លៀវក្លា ជាពហូស្សូត ទ្រទ្រង់ធម៌ ប្រតិបត្តិធម៌សមគួរដល់ធម៌ ប្រតិបត្តិដោយកោតក្រែង ប្រព្រឹត្តតាមធម៌ទាំងបានរៀននូវវាទៈនៃអាចារ្យរបស់ខ្លួន ហើយប្រាប់ សម្តែង បញ្ញត្ត តាំងទុក បើក ចែក ធ្វើឲ្យងាយបានហើយ ទាំងសង្កត់សង្កិនបរប្បវាទដែលកើតឡើងហើយ ឲ្យជាកិច្ចដែលបានសង្កត់សង្កិនដោយល្អ តាមពាក្យដែលសមហេតុ ហើយសម្តែងធម៌ប្រកបដោយបាដិហារ្យបានហើយ ។ បពិត្រព្រះអង្គដ៏ចម្រើន សូមព្រះដ៏មានព្រះភាគបរិនិព្វានក្នុងកាលឥឡូវនេះទៅ សូមព្រះសុគតបរិនិព្វានទៅ បពិត្រព្រះអង្គដ៏ចម្រើន ឥឡូវនេះ ជាកាលគួរព្រះដ៏មានព្រះភាគបរិនិព្វានហើយ ។ [៤៥៣] បពិត្រព្រះអង្គដ៏ចម្រើន ព្រោះព្រះដ៏មានព្រះភាគត្រាស់វាចារនេះថា ម្នាលមារមានចិត្តបាប តថាគតនឹងមិនទាន់បរិនិព្វានទេ ព្រោះពួកភិក្ខុនីជាសាវិការបស់តថាគត ឈ្លាស វាងវៃ ក្លៀវក្លា ជាពហុសូ្សត ទ្រទ្រង់ធម៌ ប្រតិបត្តិធម៌សមគួរដល់ធម៌ ប្រតិបត្តិដោយកោតក្រែង ប្រព្រឹត្តតាមធម៌ នៅមិនទាន់មាន ទាំងមិនទាន់រៀននូវវាទៈនៃអាចារ្យរបស់ខ្លួន ហើយនឹងប្រាប់ សម្តែង បញ្ញត្ត តាំងទុក បើក ចែក ធ្វើឲ្យងាយបាន ទាំងមិនទាន់សង្កត់សង្កិនបរប្បវាទដែលកើតឡើងហើយ ឲ្យជាកិច្ចដែលខ្លួនបានសង្កត់សង្កិនដោយល្អ តាមពាក្យដែលសមហេតុ ហើយនិងសម្តែងធម៌ប្រកបដោយបាដិហារ្យទេ ។ បពិត្រព្រះអង្គដ៏ចម្រើន ក៏ក្នុងកាលឥឡូវនេះ ពួកភិក្ខុនីជាសាវិការបស់ព្រះដ៏មានព្រះភាគ បានឈ្លាស វាងវៃ ក្លៀវក្លា ជាពហុស្សូត ទ្រទ្រង់ធម៌ ប្រតិបត្តិធម៌សមគួរដល់ធម៌ ប្រតិបត្តិដោយកោតក្រែង ប្រព្រឹត្តតាមធម៌ហើយ ទាំងបានរៀននូវវាទៈនៃអាចារ្យរបស់ខ្លួន ហើយប្រាប់ សម្តែង បញ្ញត្ត តាំងទុក បើក ចែក ធ្វើឲ្យងាយបានហើយ ទាំងសង្កត់សង្កិននូវបរប្បវាទដែលកើតឡើងហើយ ឲ្យជាកិច្ចដែលខ្លួនសង្កត់សង្កិនដោយល្អ តាមពាក្យដែលសមហេតុ ហើយសម្តែងធម៌ប្រកបដោយបាដិហារ្យបានហើយ ។ បពិត្រព្រះអង្គដ៏ចម្រើន ឥឡូវនេះ សូមព្រះដ៏មានព្រះភាគបរិនិព្វាន ទៅ សូមព្រះសុគតបរិនិព្វានទៅ បពិត្រព្រះអង្គដ៏ចម្រើន ព្រោះឥឡូវនេះ ជាកាលគួរល្មមព្រះដ៏មានព្រះភាគបរិនិព្វានហើយ ។ [៤៥៤] បពិត្រព្រះអង្គដ៏ចម្រើន មួយទៀត ព្រះដ៏មានព្រះភាគបានត្រាស់វាចារនេះថា ម្នាលមារមានចិត្តបាប តថាគតនិងមិនទាន់បរិនិព្វានទេ ព្រោះពួកឧបាសក (ជាសាវក) របស់តថាគត ។បេ។ ព្រោះពួកឧបាសិកាជាសាវិការបស់តថាគត ដែលឈ្លាស វាងវៃ ក្លៀវក្លា ជាពហុស្សូត ទ្រទ្រង់ធម៌ ប្រតិបត្តិធម៌សមគួរដល់ធម៌ ប្រតិបត្តិដោយកោតក្រែង ប្រព្រឹត្តតាមធម៌នៅមិនទាន់មាន ទាំងមិនទាន់រៀននូវវាទៈនៃអាចារ្យរបស់ខ្លួន ហើយនិងប្រាប់ សម្តែង បញ្ញត្ត តាំងទុក បើក ចែក ធ្វើឲ្យងាយបាន ទាំងមិនទាន់សង្កត់សង្កិន នូវបរប្បវាទ ដែលកើតឡើងហើយ ឲ្យជាកិច្ចដែលសង្កត់សង្កិនដោយល្អ តាមពាក្យដែលសមហេតុ ហើយនិងសម្តែងធម៌ប្រកបដោយបាដិហារ្យទេ ។ បពិត្រព្រះអង្គដ៏ចម្រើន ក៏ឥឡូវនេះ មានពួកឧបាសិកាជាសាវិការបស់ព្រះដ៏មានព្រះភាគ បានឈ្លាស វាងវៃ ក្លៀវក្លា ជាពហុស្សូត ទ្រទ្រង់ធម៌ ប្រតិបត្តិធម៌សមគួរដល់ធម៌ ប្រតិបត្តិដោយកោតក្រែង ប្រព្រឹត្តតាមធម៌ទាំងបានរៀននូវវាទៈនៃអាចារ្យរបស់ខ្លួន ហើយប្រាប់ សម្តែង បញ្ញត្ត តាំងទុក បើក ចែក ធ្វើឲ្យងាយបាន ទាំងសង្កត់សង្កិននូវបរប្បវាទដែលកើតឡើងហើយ ឲ្យជាកិច្ចដែលសង្កត់សង្កិនដោយល្អ តាមពាក្យដែលសមហេតុ ហើយសម្តែងធម៌ប្រកបដោយបាដិហារ្យបានហើយ ។ បពិត្រព្រះអង្គដ៏ចម្រើន ឥឡូវនេះ សូមព្រះដ៏មានព្រះភាគបរិនិព្វានទៅ សូមព្រះសុគតបរិនិព្វានទៅ បពិត្រព្រះអង្គដ៏ចម្រើន ព្រោះឥឡូវនេះ ជាកាលគួរល្មមព្រះដ៏មានព្រះភាគបរិនិព្វានហើយ ។ [៤៥៥] បពិត្រព្រះអង្គដ៏ចម្រើន មួយទៀត ព្រះដ៏មានព្រះភាគបានត្រាស់វាចារនេះថា ម្នាលមារមានចិត្តបាប តថាគតនឹងមិនទាន់បរិនិព្វានទេ ព្រោះព្រហ្មចារ្យរបស់តថាគតនេះ នៅមិនទាន់ខ្ជាប់ខ្ជួន មិនទាន់ចម្រើន មិនទាន់ផ្សាយទៅសព្វទិស គេមិនទាន់ដឹងច្រើនគ្នា មិនទាន់ពេញបរិបូណ៌ ពួកទេវតានិងមនុស្ស មិនទានចេះសម្តែងបានដោយប្រពៃទេ ។ បពិត្រព្រះអង្គដ៏ចម្រើន ព្រហ្មចារ្យរបស់ព្រះដ៏មានព្រះភាគនោះបានខ្ជាប់ខ្ជួនហើយ បានចម្រើនហើយ បានផ្សាយទៅសព្វទិសហើយ គេបានដឹងច្រើនគ្នាហើយ បានពេញបរិបូណ៌ហើយ ពួកទេវតានិងមនុស្សចេះសម្តែងបានដោយល្អហើយ ។ បពិត្រព្រះអង្គដ៏ចម្រើន ឥឡូវនេះ សូមព្រះដ៏មានព្រះភាគបរិនិព្វានទៅ សូមព្រះសុគតបរិនិព្វានទៅ បពិត្រព្រះអង្គដ៏ចម្រើន ព្រោះឥឡូវនេះជាកាលគួរល្មម ព្រះដ៏មានព្រះភាគបរិនិព្វានហើយ ។ [៤៥៦] កាលបើក្រុងមារក្រាបទូលបង្គំនេះហើយ ព្រះដ៏មានព្រះភាគ ចូរអ្នកមានសេចក្តីខ្វល់ខ្វាយតិចចុះ ការបរិនិព្វានរបស់តថាគតមិនយូរប៉ុន្មានទេ កន្លង ៣ ខែអំពីកាលនេះទៅ តថាគតនឹងបរិនិព្វាន ។ [៤៥៧] លំដាប់នោះឯង ព្រះដ៏មានព្រះភាគទ្រង់មានព្រះសតិសម្បជញ្ញៈ ទ្រង់ដាក់អាយុសង្ខារព្ធដ៏បាវាលចេតិយ ។ លុះព្រះដ៏មានព្រះភាគដាក់អាយុសង្ខារហើយ ក៏កើតកក្រើកផែនដីយ៉ាងធំ គួរឲ្យភ្លូកភ្លឹកព្រឺព្រួចរោម ទាំងផ្គរក៏លាន់ឮឡើង ។ [៤៥៨] គ្រានោះឯង ព្រះដ៏មានព្រះភាគទ្រង់ជ្រាបច្បាស់នូវដំណើរនោះហើយ ក៏បន្លឺនូវឧទាននេះក្នុងវេលានោះថា ៖ ព្រះពុទ្ធជាអ្នកប្រាជ្ញ ពិចារណាឃើញនូវព្រះនិព្វានដែលមានគុណថ្លឹងមិនបានផង នូវភពផង លះបង់នូវសង្ខារដែលនាំសត្វទៅកាន់ ភពហើយ ត្រេកអរចំពោះអារម្មណ៍ខាងក្នុង (ដោយអំណាច វិបស្សនា) មានចិត្តតាំងមាំ (ដោយអំណាចសមថៈ) បានទំលាយហើយនូវបណ្តាញ គឺកិលេសដែលកើតមាននៅក្នុងខ្លួនដូចជាក្រោម ។ ចប់ បាវាលវគ្គទី ១ ។ (បិដក៣៨ ទំព័រ២៧១) ដោយ៥០០០ឆ្នាំ
images/articles/3246/________________________________________________.jpg
ផ្សាយ : ០៤ ឧសភា ឆ្នាំ២០២២ (អាន: ២១៤ ដង)
ព្រះសាស្ដាកាលស្ដេចគង់នៅវត្តជេតពន ទ្រង់ប្រារព្ធភិក្ខុអផ្សុកមួយរូប បានត្រាស់ព្រះធម្មទេសនានេះ មានពាក្យថា អយមេវ សា អហមបិ សោ អនញ្ញោ ដូច្នេះជាដើម ។ រឿងរ៉ាវបច្ចុប្បន្ននឹងមានជាក់ច្បាស់ក្នុង ឧម្មាទន្តីជាតក (សុត្តន្តបិដក ខុទ្ទកនិកាយ ជាតក បញ្ញាសនិបាត បិដកលេខ ៦១ ទំព័រ ១៤) ។ភិក្ខុនោះត្រូវព្រះសាស្ដាសួរថា ម្នាលភិក្ខុ បានឮថា អ្នកអផ្សុកពិតមែនឬ ?លោកឆ្លើយថា បពិត្រព្រះមានព្រះភាគ ពិតមែនហើយ ។ ព្រះសាស្ដាសួរថា អ្នកណាធ្វើឲ្យអ្នកអផ្សុក ?លោកឆ្លើយថា បពិត្រព្រះអង្គដ៏ចម្រើន ខ្ញុំព្រះអង្គឃើញមាតុគ្រាមដែលប្រដាប់តាក់តែងដ៏ស្អាតមួយរូប ទើបជាអ្នកបណ្ដោយតាមកិលេស ទៅជាអផ្សុកបែបនេះ ។ គ្រានោះ ព្រះសាស្ដាត្រាស់ថា ម្នាលភិក្ខុ ឈ្មោះថា មាតុគ្រាម ជាមនុស្សអកតញ្ញូ ជាមនុស្សទ្រុស្តមិត្រ មានមាយាច្រើន, សូម្បីបោរាណកបណ្ឌិតសុខចិត្តលះបង់ជីវិត ឲ្យផឹកឈាមដែលហូរចេញពីជង្គង់ខាងស្ដាំរបស់ខ្លួនហើយក៏ដោយ ក៏បានមិនចិត្ត (ស្មោះ) របស់មាតុគ្រាមដែរ ដូច្នេះហើយ ទ្រង់នាំយកអតីតនិទានមកថា ៈ បពិត្រអើយ ក្នុងកាលដ៏ខណ្ឌខាំងកំបាំងស្ងាត់កន្លង រំលងយូរណាស់ទៅហើយ ឰដ៏កាលនោះ ព្រះចៅក្រុងពារាណសី មានព្រះរាជបុត្រ ៧ អង្គ ។ បណ្ដាព្រះរាជឱរសទាំង ៧ អង្គនោះ បទុមរាជកុមារពោធិសត្វជាបងច្បងលើរាជកុមារទាំងអស់ ។ កាលនោះព្រះចៅក្រុងពារាណសីជាព្រះវររាជបិតា ទ្រង់ព្រះចិន្ដាថាៈ ព្រះរាជកុមារទាំងនេះតទៅ មុខជានឹងនាំគ្នាសម្លាប់អញ ហើយដណ្ដើមយករាជសម្បត្តិតែសព្វ ៗ ខ្លួនពុំខានឡើយ, លុះទ្រង់ព្រះចិន្ដាឈ្វេងយល់ដូច្នេះហើយ ក៏កើតសេចក្ដីរង្កៀសសង្ស័យចំពោះព្រះរាជបុត្រាទាំងនោះ ទើបមានព្រះបន្ទូលថាៈ ហៃបុត្រស្ងួនសម្លាញ់មាសឪពុកទាំងឡាយអើយ ! បាកុំនៅក្នុងទីនេះឡើយ ចូរបានាំគ្នាចេញទៅនៅក្នុងទីដទៃសិនទៅ ទម្រាំតែដល់គ្រាដែលអំណើះឥតអំពីបិតាទៅ សឹមបានាំគ្នាទទួលយករាជសម្បត្តិជាខាងក្រោយចុះ ។ ឯព្រះរាជកុមារទាំងនោះ ព្រមទាំងភរិយារបស់ខ្លួន ក៏នាំគ្នាថ្វាយបង្គំលាព្រះវរមាតាបិតាហើយចេញទៅអំពីនគរ ។ លុះដើរ ៗ ទៅបានទៅដល់ផ្លូវដាច់ស្រយាល ក៏ដាច់បាយដាច់ទឹកនៅក្នុងកណ្ដាលអធ្វ័ន រកស្បៀងអាហារបរិភោគពុំបាន ក៏បបួលគ្នាកាប់សម្លាប់ភរិយានៃព្រះរាជកុមារពៅជាមុន ចែកសាច់ជា ១៣ ចំណែកហើយបរិភោគសាច់ ដែលជាចំណែករបស់ខ្លួនតែរៀង ៗ ខ្លួន ។ នឹងថ្លែងឯព្រះបរមពោធិសត្វអគ្គមហាបុរសរ័ត្ន ព្រះអង្គត្រូវបានពីរចំណែក គឺព្រះអង្គ ១ ចំណែក ភរិយារបស់ព្រះអង្គ ១ ចំណែក ។ បណ្ដាចំណែកពីរដែលខ្លួននិងប្រពន្ធបានមកនោះព្រះអង្គបានតម្កល់ទុក ១ ចំណែក ៗ រៀងរាល់ថ្ងៃមិនបរិភោគឡើយ បរិភោគតែ ១ ចំណែកជាមួយនឹងភរិយា ។ ឯកុមារទាំងនោះ ក៏សម្លាប់ស្រ្ដីទាំង ៦ នាក់ ក្នុង ១ ថ្ងៃមួយ ៗ យកសាច់មកចែកគ្នាបរិភោគតាមន័យនេះរៀងរាល់ថ្ងៃ រហូតមកដល់ថ្ងៃជាគម្រប់ ៦ ។ ចំណែកព្រះបរមពោធិសត្វអគ្គមហាបុរសរ័ត្នហេតុតែព្រះអង្គមានប្រាជ្ញាឈ្លាសវៃ បានរំលែកទុកចំណែកដែលត្រូវបានខ្លួនមួយចំណែក ៗ តែរាល់ ៗ ថ្ងៃ ទើបដល់មកថ្ងៃទី ៧ ដែលត្រូវវេនសម្លាប់ភរិយារបស់ខ្លួននោះ ព្រះអង្គនៅសល់ចំណែកទាំង ៦ ដែលបានរំលែកលាក់ទុកពីថ្ងៃមុន ៗ មក ។ ព្រះអង្គក៏បានចំណែកទាំង ៦ ដល់ព្រះរាជកុមារទាំងឡាយ ដែលមានប្រាថ្នាដើម្បីនឹងសម្លាប់ភរិយារបស់ព្រះអង្គ ហើយទ្រង់ពោលថាៈ ម្នាលអ្នកទាំងឡាយ ក្នុងថ្ងៃនេះ អ្នកទាំងឡាយចូរបរិភោគចំណែកទាំងនេះសិនចុះ ចាំដល់ថ្ងៃស្អែកសឹមយើងនឹងគិតលៃលកតទៅទៀត ។ លុះដល់វេលារាត្រី កាលព្រះរាជកុមារទាំងលក់កំពុងដេកលក់ស៊ប់ ព្រះអង្គក៏នាំភរិយារបស់ព្រះអង្គរត់គេចទៅអំពីទីនោះ ។ លុះដើរឆ្ងាយបន្តិចទៅភរិយាអស់កម្លាំងមិនអាចដើរទៅទៀតបាន ទើបព្រះអង្គក៏លើកភរិយាបញ្ជិះលើស្មាហើយខំប្រឹងដើរទៅ, កាលព្រះអាទិត្យរះឡើងពេញពន្លឺ ក៏បានឆ្លងផ្លូវឆ្ងាយដាច់ស្រយាលនោះផុត ។ ឯភរិយាបាននិយាយថាៈ បពិត្រអ្នកជាស្វាមី ខ្ញុំស្រេកទឹកខ្លាំងណាស់ ។ ព្រះបរមពោធិសត្វ កាលណាបើរកទឹកពុំបានឲ្យភរិយាផឹក ក៏ចោះជង្គង់ខ្លួនដោយព្រះខាន់ដ៏មុត យកឈាមឲ្យភរិយាផឹក ។ ជនទាំងពីរនាក់ ស្វាមីភរិយានោះ ដើរជាលំដាប់ទៅ បានដល់មហាគង្គា ១ ក៏ធ្វើបណ្ណសាលា ១ នៅក្បែរទន្លេគង្គានោះ ហើយក៏នាំគ្នានៅក្នុងទីនោះទៅ ។ កាលនោះមានពួកមនុស្សជាច្រើន ចាប់បានចោរម្នាក់ដែលមានទោសកំហុសចំពោះព្រះរាជាហើយនាំយកទៅកាត់ដៃ-ជើង-ត្រចៀក និងច្រមុះឲ្យកំបុតអស់ ហើយដាក់នៅក្នុងពោង​ពាយ​បណ្ដែតចោលទៅក្នុងទន្លេគង្គានោះទៅ ។ ឯបុរសកំបុតក៏ស្រែកថ្ងូរដោយសម្រែកដ៏ខ្លាំង ហើយអណ្ដែតទៅដល់ទីនោះ ។ ព្រះបរមពោធិសត្វបានឮសំឡេងនោះហើយក៏ទៅស្រង់លើកបុរសកំបុតនោះ ដោយសេចក្ដីករុណាអាណិតអាសូរ នាំយកទៅកាន់បណ្ណសាលា បានធ្វើ វណបដិកម្ម គឺករិយាបិទរុំដំបៅ ដោយកិច្ចទាំងឡាយមានលាងនិងលាបរុំ ដោយសំពត់ជាដើម ។ ឯភរិយាព្រះបរមពោធិសត្វមហាបុរសរ័ត្ន ខ្ពើមរអើមបុរសកំបុតនោះពន់ពេក ចេះតែខាកស្ដោះ ៗ រាល់ ៗថ្ងៃ ។ កាលនោះ ព្រះបរមពោធិសត្វតែងទុកបុរសកំបុតនោះ ឲ្យនៅក្នុងអាស្រមជាមួយនឹងភរិយា ហើយទ្រង់ចេញទៅស្វែងរកផលាផលដោយព្រះអង្គឯង នាំយកមកចិញ្ចឹមរក្សា ទ្រង់ថែរក្សាបុរសកំបុតរៀងរាល់ថ្ងៃ ទាល់តែបានសះជារបួសនោះដោយស្រួលបួល ។ ឯនាងជាស្រីអប្រិយមានចិត្តគំនិតអាក្រក់ ក្បត់ចិត្តស្វាមីកាលបានឱកាសស្ងាត់ហើយ ក៏លបលួចចងចិត្តប្រតិព័ទ្ធនឹងអាកំបុតឥតមានចិត្តកោតក្រែងដល់ស្វាមីបន្តិចបន្តួចឡើយ ហើយក៏បានប្រព្រឹត្ត កាមេមិច្ឆាចារជាមួយនឹងអាកំបុតនោះទៅ, មិនតែប៉ុណ្ណោះសោត គិតរកកលឧបាយនឹងសម្លាប់ព្រះពោធិសត្វជាស្វាមីរបស់ខ្លួនចោល ហើយក៏ធ្វើជាក្លែងនិយាយថាៈ បពិត្រអ្នកស្វាមី កាលដែលខ្ញុំជិះលើស្មាអ្នកចេញផុតអំពីផ្លូវឆ្ងាយដាច់ស្រយាលនោះមក បានឃើញភ្នំ ១ ធំ ហើយខ្ញុំក៏បានតាំងសច្ចាប្រណិធានបួងសួងបន់ស្រន់ថាៈ បពិត្រលោកទេវតារក្សាភ្នំជាម្ចាស់ខ្ញុំអើយ ! បើសិនណាជាខ្ញុំព្រមទាំងស្វាមីរបស់ខ្ញុំជាបុគ្គលឥតមានជំងឺតម្កាត់អ្វី ហើយបានរស់រួចជីវិតកាលណា ខ្ញុំនឹងត្រឡប់មកធ្វើពលិកម្មបូជាដល់លោកក្នុងកាលនោះពុំខាន, ឥឡូវនេះដល់ពេលដែលខ្ញុំនឹងត្រូវធ្វើពលិកម្មបូជាដល់ទេវតានោះ ។ នាងថាតែប៉ុណ្ណេះហើយ ក៏នាំព្រះពោធិសត្វទៅឯភ្នំនោះ លុះដល់ហើយទើបនិយាយនឹងព្រះពោធិសត្វជាស្វាមីថាៈ បពិត្រអ្នកជាស្វាមី, ខ្លួនអ្នកជាទេវតាដ៏ឧត្ដមបំផុត ខ្ញុំនឹងដើរប្រទក្សិណអ្នក ៣ ជុំ ហើយថ្វាយបង្គំអ្នកជាមុនសិន រួចហើយសឹមធ្វើពលិកម្មបូជាដល់ទេវតាក្នុងកាលជាខាងក្រោយ ។ ស្រីអប្រិយពោលពាក្យយ៉ាងនេះហើយ ក៏ឲ្យព្រះពោធិសត្វឈរបែរមុខឈមទៅរកជ្រោះភ្នំ ហើយធ្វើអាការហាក់ដូចជាស្រីមានប្រាថ្នា ដើម្បីថ្វាយបង្គំបូជាដោយផ្កាភ្ញីទាំងឡាយ ឈរនៅពីខាងក្រោយខ្នងហើយច្រានព្រះពោធិសត្វទម្លាក់ទៅក្នុងជ្រោះភ្នំនោះទៅ ។ រួចហើយក៏ម្នីម្នាត្រឡប់វិលទៅកាន់សំណាក់បុរសកំបុតនោះវិញដោយប្រញាប់ប្រញាល់ ។ ឯព្រះពោធិសត្វមហាបុរសរ័ត្ន កាលដែលធ្លាក់ចុះទៅក្នុងជ្រោះនោះ ហេតុតែបុណ្យសម្ភារព្រះបារមីដែលព្រះអង្គបានកសាងទុកមកពីបុព្វជាតិ ក៏ធ្លាក់ទៅទើរលើគុម្ពឈើស៊ុមទ្រុំ ១ លើចុងឧទុម្ពរ ( ដើមល្វា ) ១ ដើម ដែលជាឈើឥតបន្លាតែទ្រង់មិនអាចដើរចុះទៅក្នុងទីដទៃបានឡើយ ក៏បេះផ្លែឧទុម្ពរអង្គុយបរិភោក្ដានៅលើប្រគាបមែកឈើនោះឯង ។ ជួនជាពេលនោះ មានស្ដេចទន្សង ១ មានសរីរាវយវៈដ៏ធំ ជាសត្វធ្លាប់ឡើងអំពីជើងភ្នំទៅរកស៊ីផ្លែល្វានោះ ។ សត្វទន្សោងនោះ កាលឡើងមកស៊ីផ្លែឈើនោះស្រាប់តែក្រឡេកមើលទៅឃើញព្រះបរមពោធិសត្វ ក៏មានសេចក្ដីវិស្សាសៈស្និទ្ធស្នាលនឹងព្រះអង្គ ទើបសួររកហេតុដែលព្រះពោធិសត្វមកក្នុងទីនោះ, កាលបានស្ដាប់ដឹងនូវសេចក្ដីនោះសព្វគ្រប់ហើយ ក៏ឲ្យព្រះបរមពោធិសត្វអគ្គមហាបុរសរ័ត្នអង្គុយនៅលើខ្នងរបស់ខ្លួន ហើយវារឡើងអំពីជ្រោះភ្នំនាំចេញទៅដាក់នៅនាមហាមគ៌ា ហើយក៏ត្រឡប់វិលចូលទៅកាន់ព្រៃបាត់ទៅវិញ ។ ឯព្រះបរមពោធិសត្វទ្រង់ទៅកាន់បច្ចន្តគ្រាមហើយនៅក្នុងស្រុកនោះ, លុះអំណើះឥតអំពីព្រះវររាជបិតាទៅក៏បានទទួលសោយរាជ្យជាស្ដេចទ្រង់ព្រះនាមថា ព្រះបាទបទុមរាជ គ្រប់គ្រងរាជសម្បត្តិជាដំណតវង្សមក ព្រះអង្គបានសាងសាលាសម្រាប់ឲ្យទាន ៦ ខ្នង ហើយចំណាយទ្រព្យក្នុង ១ ថ្ងៃ ៦ សែនកហាបណៈឲ្យទានតែរាល់ ៗ ថ្ងៃឥតមានលោះថ្ងៃណាមួយឡើយ ។ កាលនោះ ស្រីបាបអប្រិយកាឡកណ្ណីជួជាតិឥតល័ក្ខណ៍នោះ បានបញ្ជិះអាកំបុតលើស្មាដើរចេញមកអំពីព្រៃ ត្រាច់ដើរទៅស្វែមរកសូមទានបាយចំណីគេសព្វច្រកល្ហកឥតមានសោះចន្លោះ ក្នុងផ្លូវជាលំនៅនៃមនុស្សម្នាមហាជនផង យកមកចិញ្ចឹមរក្សាបុរសពិការនោះជាធម្មតាកាលបើមានគេសួរថាៈ បុរសនេះត្រូវជាអ្វីនឹងនាង វាក៏តាំងពោលថ្លែងរៀបរាប់ប្រាប់ថា យើងទាំងពីរនាក់ជាបងប្អូនជីដូនមួយនឹងគ្នា គឺខ្លួនខ្ញុំជាធីតាខាងឪពុកខាងឪពុកធំខាងម្ដាយនៃបុរសនេះ, ឯបុរសនេះ ជាកូនរបស់ម្ដាយមីងខ្ញុំ ពួកចាស់ទុំបានផ្សុំផ្គុំខ្ញុំឲ្យជាភរិយានៃបុរសពិការនេះ ។ ខ្លួនខ្ញុំក៏ស៊ូតែខំប្រឹងថែរក្សាស្វាមីរបស់ខ្លួន សូម្បីមានទោសធ្ងន់ដល់ថ្នាក់ ដែលគេត្រូវសម្លាប់ចោលយ៉ាងនេះក៏ដោយ ចេះតែខំត្រេចស្វះស្វែងរកសូមទានបាយចំណីគេយកមកចិញ្ចឹមរក្សាគ្នាទៅ ។ ពួកមនុស្សបានឮសំដីសារស័ព្ទរៀបរាប់កុហកប្រាប់ដូច្នេះហើយក៏គិតថាៈ នាងនេះជាមានសេចក្ដីគោរពប្រតិបត្តិប្ដីណាស់តើ ក៏នាំគ្នាឲ្យបាយបបរជាច្រើន បានឲ្យទាំងកញ្រ្ចែងផ្ដៅ ១ យ៉ាងជាប់មាំ ហើយប្រាប់ថាៈ នាងឯងចូរដាក់ប្ដីរបស់នាងឲ្យអង្គុយនៅក្នុងកញ្រ្ចែងនេះ ហើយទូលដើរទៅចុះ ដើម្បីកុំឲ្យលំបាកនឹងបញ្ជិះលើស្មាពេក ។ នាងនោះក៏ធ្វើតាមបង្គាប់ដែលគេប្រាប់ ដូច្នោះហើយទូលដើររៀង ៗ ទៅដល់ក្រុងពារាណសី ក៏ដាក់អាកំបុតចុះអំពីក្បាលឈប់សម្រាកបរិភោគអាហារចំណី ក្នុងសាលាសម្រាប់ឲ្យទាននោះ រួចហើយនឹងត្រាច់រង្គាត់ទៅដើរទៅមុខទៀត ។ គាប់ជួនជាពេលនោះព្រះបរមពោធិសត្វ ព្រះអង្គចេញទៅក្នុងរោងទាន ដើម្បីព្រះរាជទានម្ហូបចំណីដល់ពួកមនុស្សម្នាមហាជនផងទាំងឡាយ ដោយផ្ទាល់ព្រះហស្ដព្រះអង្គឯង រួចហើយត្រឡប់ចូលទៅកាន់ព្រះរាជនិវេសន៍វិញ ។ ស្រាប់តែឃើញស្រ្ដីនោះត្រង់ផ្លូវ ដែលទ្រង់យាងចូលទៅ ហើយក៏ត្រាស់សួរអស់សួរអស់មនុស្សម្នាមហាជនទាំងឡាយថាៈ អ្វីនេះហ្នឹង ! អស់ពួកមនុស្សទាំងនោះក៏ក្រាបបង្គំទូលថាៈ បពិត្រព្រះសម្មតិទេព នាងនេះជាស្រ្ដីមានសេចក្ដីគោរពកោតក្រែងដល់ប្ដីរបស់ខ្លួន ។ ព្រះបរមពោធិសត្វ ព្រះអង្គក៏ទ្រង់ប្រើរាជបម្រើឲ្យទៅហៅនាងនោះមកហើយទ្រង់ជ្រាបច្បាស់ថាជាភរិយារបស់ព្រះអង្គពីដើម ទើបទ្រង់ឲ្យគេលើកបុរសពិកលពិការនោះចេញមកអំពីខាងក្នុងកញ្រ្ចែង ហើយត្រាស់សួរសព្វគ្រប់អន្លើ ។នាងនោះក៏បានថ្លែងសារស័ព្ទសេចក្ដី ក្រាបទូលសព្វគ្រប់សព្វគ្រប់តាមន័យ ដែលបានថ្លែងរួចមកហើយក្នុងខាងដើម ។ព្រះរាជទ្រង់ត្រាស់សួរបញ្ជាក់ថាៈ នាងឯងក្រែងជាភរិយារបស់បទុមកុមារជាធីតារបស់ស្ដេចឯណោះមែនឬ ? ហើយជាស្រីមានឈ្មោះយ៉ាងនេះបានផឹកឈាមក្នុងជង្គង់របស់អញ ហើយនាងឯងផិតក្បត់ចិត្តអញទៅលបលួចចងចិត្តប្រដិព័ទ្ធ ស្រឡាញ់អាកំបុតនេះ បានច្រានអញទម្លាក់ទៅក្នុងជ្រោះភ្នំមែនឬ ? ឥឡូវនេះ នាងឯងងងើលពកថ្ងាសមកក្នុងទីនេះដោយស្មានថាអញស្លាប់បាត់ក្នុងជ្រោះភ្នំនោះទៅហើយ ។ រួចទ្រង់ត្រាស់គាថាទាំងនេះថា អយមេវ សា អហមបិ សោ អនញ្ញោ, អយមេវ សោ ហត្ថច្ឆិន្នោ អនញ្ញោ; យមាហ ‘កោមារបតី មម’ន្តិ, វជ្ឈិត្ថិយោ នត្ថិ ឥត្ថីសុ សច្ចំ។ ស្រ្តីទ្រុស្តសីលនោះគឺមេនេះឯង បទុមកុមារនោះ មិនមែនអ្នកដទៃឡើយ គឺអញនេះឯង (ស្រ្តីនោះ) និយាយចំពោះបុរសណាថា ជាប្ដីអំពីក្មេងរបស់អញ បុរសនោះ មានដៃកំបុតមិនមែនអ្នកដទៃឡើយ គឺអាកំបុតនោះឯង ស្ត្រីទាំងឡាយត្រូវគេសម្លាប់ចោល ព្រោះស្រ្តីទាំងឡាយមិនមានពាក្យសច្ចៈ ។ ឥមញ្ច ជម្មំ មុសលេន ហន្ត្វា, លុទ្ទំ ឆវំ បរទារូបសេវិំ; ឥមិស្សា ច នំ បាបបតិព្ពតាយ, ជីវន្តិយា ឆិន្ទថ កណ្ណនាសំ។ អ្នកទាំងឡាយ ចូរសំពងបុរសលាមកអាក្រក់ ប្រាកដស្មើដោយសាកសព ដែលសេពនូវប្រពន្ធ នៃបុគ្គលដទៃនេះ ដោយអង្រែផង ហើយកាត់ត្រចៀកនិងច្រមុះ នៃស្រ្តីដែលរស់នៅគោរពប្ដីអាក្រក់នេះផង ។ ព្រះពោធិសត្វធ្វើអាការៈគំរាមកំហែងយ៉ាងនេះ ដើម្បីបង្អន់សេចក្ដីក្រោធប៉ុណ្ណោះទេ ប៉ុន្តែព្រះអង្គមិនបានឲ្យគេធ្វើដូច្នោះឡើយ ។ រួចហើយព្រះអង្គប្រើរាជអាមាត្យឲ្យចងកញ្រ្ចែងលើក្បាលនាងនោះ ដូចដើមវិញយ៉ាងណែន ធ្វើមិនឲ្យនាងស្រាយចេញពីក្បាលបាន ហើយឲ្យដាក់អាកំបុតទៅក្នុងកញ្រ្ចែងនោះ ឲ្យនាងទូលដរាបអស់ជីវិត ហើយទ្រង់ត្រាស់ឲ្យអាមាត្យនាំចេញយកទៅចោល ឲ្យផុតអំពីព្រំប្រទល់ដែនរបស់ព្រះអង្គ ។ ព្រះសាស្ដានាំព្រះធម្មទេសនានេះមកហើយ ទ្រង់ប្រកាសសច្ចធម៌ កាលចប់សច្ចធម៌ ភិក្ខុដែលអផ្សុកបានតាំងនៅក្នុងសោតាបត្តិផល រួចទ្រង់ប្រជុំជាតកថា តទា ឆ ភាតរោ អញ្ញតរា ថេរា អហេសុំ បងប្អូនទាំង ៦ ក្នុងកាលនោះបានមកជាព្រះថេរៈ ៦ អង្គភរិយា ចិញ្ចមាណវិកា ភរិយាបានមកជានាងចិញ្ចមាណវិកាកុណ្ឋោ ទេវទត្តោ បុរសកំបុតបានមកជាទេវទត្ត គោធរាជា អានន្ទោ ស្ដេចទន្សងបានមកជាអានន្ទ បទុមរាជា បន អហមេវ អហោសិំ ចំណែកព្រះបាទបទុមរាជ គឺតថាគតនេះឯង ។ ចូឡបទុមជាតក ចប់ ៕ (ជាតកដ្ឋកថា សុត្តន្តបិដក ខុទ្ទកនិកាយ ជាតក ទុកនិបាត រុហកវគ្គ ចូឡបទុមជាតក) ឃុនសោភ័ណភក្ដី អិម – ភន ប្រែនិងរៀបរៀង ប្រែបន្ថែម (សេចក្ដីផ្ដើម និងសេចក្ដីបញ្ចប់) និងពិនិត្យឡើងវិញ ដោយសដវថ ដោយ៥០០០ឆ្នាំ
images/articles/3249/____________________________________.jpg
ផ្សាយ : ០៤ ឧសភា ឆ្នាំ២០២២ (អាន: ៥៥៤ ដង)
ព្រះសាស្ដា កាលស្ដេចគង់នៅវត្តជេតពន ទ្រង់ប្រារព្ធការរម្ងាប់វិវាទ របស់មហាមាត្យ​​ទាំង ២ របស់ព្រះបាទកោសល បានត្រាស់ព្រះធម្មទេសនានេះ មានពាក្យថា កោ នុ ឧទ្ធិតភត្តោវ ដូច្នេះជាដើម ។រឿងរ៉ាវបច្ចុប្បន្នបានពោលរួចហើយក្នុង (ឧរគជាតក) ទុកនិបាត ។ ក្នុងអតីតកាល កាលព្រះបាទព្រហ្មទត្តសោយរាជសម្បត្តិក្នុងនគរពារាណសី ព្រះពោធិសត្វកើតក្នុងត្រកូលព្រាហ្មណ៍ ក្នុងដែនកាសី កាលចម្រើនវ័យធំហើយ បានសិក្សារៀនសូត្រសិល្បសាស្ត្រទាំងពួង ហើយលះបង់កាម បួសជាឥសី កសាងអាស្រមបទ ក្បែរច្រាំងទន្លេគង្គា ក្នុងហិមវន្តប្រទេស ញ៉ាំងអភិញ្ញា និងសមាបត្តិឲ្យកើតឡើង លេងឈានកីឡា សម្រេចការនៅក្នុងទីនោះ ។ បានឮមកថា ក្នុងជាតកនេះ ព្រះពោធិសត្វជាអ្នកមានចិត្តកណ្ដាលដ៏ក្រៃលែង បំពេញឧបេក្ខាបារមី ។ មានស្វាច្រឡើសបើសទ្រុស្តសីលមួយ មកធ្វើសលាកបវេសនកម្ម (ការសម្ដែងអាការៈធ្វើដូចជាសេពមេថុនធម្ម) ដោយអង្គជាត តាមប្រហោងត្រចៀក ដល់ព្រះពោធិសត្វ ដែលកំពុងអង្គុយទៀបទ្វារបណ្ណសាលា ។ ព្រះពោធិសត្វហាមឃាត់ហើយ លោកមានចិត្តជាកណ្ដាល អង្គុយនៅស្ងៀម ។ ថ្ងៃមួយ មានអណ្ដើកមួយងើបឡើងមកពីទឹក ដេកហាមាត់ កម្ដៅថ្ងៃនៅនឹងច្រាំងទន្លេគង្គា ។ ស្វាឡេះឡោះឃើញអណ្ដើក ក៏ធ្វើសលាកបវេសនកម្ម ដាក់មាត់អណ្ដើកនោះ ។ ពេលនោះ អណ្ដើកភ្ញាក់ឡើង ខាំអង្គជាតរបស់ស្វា ហាក់ដូចជាដាក់ចូលទៅក្នុងស្មុគ ធ្វើឲ្យស្វាមានទុក្ខវេទនាយ៉ាងខ្លាំង ។ ស្វាកំហូចកាលមិនអាចនឹងអត់ទ្រាំបាន ក៏គិតថា បុគ្គលណាគប្បីដោះយើងពីសេចក្ដីទុក្ខនេះ យើងនឹងទៅកាន់សម្នាក់បុគ្គលណា រួចគិតឃើញថា វៀរចាកព្រះតាបសចេញហើយ បុគ្គលដទៃដែលអាចដោះយើងចេញពីសេចក្ដីទុក្ខនេះ រមែងមិនមាន យើងគួរទៅកាន់សម្នាក់តាបស ដូច្នេះទើបយកដៃលើកអណ្ដើក ទៅកាន់សម្នាក់ព្រះពោធិសត្វ ។ ព្រះពោធិសត្វកាលលលេងនឹងស្វាទ្រុស្តសីលនោះ ទើបពោលគាថាទី ១ ថា កោ នុ ឧទ្ធិតភត្តោវ, បូរហត្ថោវ ព្រាហ្មណោ; កហំ នុ ភិក្ខំ អចរិ, កំ សទ្ធំ ឧបសង្កមិ។ បុគ្គលណាហ្ន៎ ដើរមក ហាក់ដូចជាបុគ្គលមានភត្តដួសស្រេចហើយ ឬដូចជាព្រាហ្មណ៍ មានលាភពេញដៃ អ្នកដើរទៅសូមក្នុងទីណា ឬអ្នកចូរទៅរកបុគ្គលណាដែលមានសទ្ធា ។ ស្វាទ្រុស្តសីលស្ដាប់ពាក្យនោះហើយ ពោលគាថាទី ២ ថា អហំ កបិស្មិ ទុម្មេធោ, អនាមាសានិ អាមសិំ; ត្វំ មំ មោចយ ភទ្ទំ តេ, មុត្តោ គច្ឆេយ្យ បព្ពតំ។ ខ្ញុំជាស្វាឥតប្រាជ្ញា បានប៉ះពាល់នូវវត្ថុទាំងឡាយ ដែលគេមិនគួរប៉ះពាល់ សូមលោកម្ចាស់ដោះខ្ញុំឲ្យរួច សូមសេចក្ដីចម្រើនចូរមានដល់លោក ខ្ញុំនោះបានរួចហើយ នឹងទៅកាន់ភ្នំវិញ ។ ដោយសេចក្ដីអាណិតស្វានោះ ព្រះពោធិសត្វកាលនឹងចរចាជាមួយអណ្ដើក ទើបពោលគាថាទី ៣ ថា កច្ឆបា កស្សបា ហោន្តិ, កោណ្ឌញ្ញា ហោន្តិ មក្កដា; មុញ្ច កស្សប កោណ្ឌញ្ញំ, កតំ មេថុនកំ តយា។ ពួកអណ្ដើកជាកស្សបគោត្ត ពួកស្វាជាកោណ្ឌញ្ញគោត្ត ម្នាលកស្សប អ្នកចូរលែង កោណ្ឌញ្ញ (ស្វាទ្រុស្តសីលនេះ) ដែលធ្វើមេថុនកម្មនឹងអ្នក ។ គាថានោះ មានសេចក្ដីថា ឈ្មោះថា អណ្ដើកទាំងឡាយ រមែងជាកស្សបគោត្រ ស្វាទាំងឡាយរមែងជាកោណ្ឌញ្ញគោត្រ ការចងអាវាហវិវាហៈនូវគ្នានឹងគ្នា របស់កស្សបគោត្រ និងកោណ្ឌញ្ញគោត្រ រមែងមាន ។ មេថុនពោលគឺកម្មទ្រុស្តសីល ដ៏សមគួរដល់មេថុនធម្ម ដែលស្វាឡេះឡោះទ្រុស្តសីលនោះធ្វើជាមួយអ្នក និងដែលអ្នកធ្វើជាមួយស្វានោះ រមែងមាន ព្រោះហេតុនោះ នែកស្សបៈ អ្នកចូរដោះលែងកោណ្ឌញ្ញៈ ។ អណ្ដើកស្ដាប់ពាក្យព្រះពោធិសត្វហើយ ជ្រះថ្លានឹងហេតុផល ក៏លែងអង្គជាតរបស់ស្វា ។ ស្វាគ្រាន់តែរួចភ្លាម ក៏ថ្វាយបង្គំព្រះពោធិសត្វ រួចរត់ចេញទៅ មិនក្រឡេកមើលទីនោះទៀតឡើយ ។ ចំណែកអណ្ដើកថ្វាយបង្គំព្រះពោធិសត្វហើយទៅកាន់លំនៅរបស់ខ្លួនវិញ ។ សូម្បីព្រះពោធិសត្វជាអ្នកមានឈានមិនសាបសូន្យ បានទៅកាន់ព្រហ្មលោក ។ ព្រះសាស្ដានាំព្រះធម្មទេសនានេះមកហើយ ទ្រង់ប្រកាសសច្ចធម៌ និងប្រជុំជាតកថាតទា កច្ឆបវានរា ទ្វេ មហាមត្តា អហេសុំ អណ្ដើកនិងស្វាក្នុងកាលនោះ បានមកជាមហាមាត្យទាំង ២ តាបសោ បន អហមេវ អហោសិំ ចំណែកតាបស គឺតថាគតនេះឯង ។ កច្ឆបជាតក ចប់ ៕ (ជាតកដ្ឋកថា សុត្តន្តបិដក ខុទ្ទកនិកាយ ជាតក តិកនិបាត ឧទបានវគ្គ បិដកលេខ ៥៨ ទំព័រ ១៥៨) ថ្ងៃច័ន្ទ ១៣ កើត ខែអស្សុជ ឆ្នាំច សំរិទ្ធិស័ក ច.ស. ១៣៨០ ម.ស. ១៩៤០ ថ្ងៃទី ២២ ខែ តុលា ព.ស. ២៥៦២ គ.ស.២០១៨ ដោយស.ដ.វ.ថ. ដោយ៥០០០ឆ្នាំ
images/articles/3251/________________________________________________.jpg
ផ្សាយ : ០៤ ឧសភា ឆ្នាំ២០២២ (អាន: ២៦៣ ដង)
ព្រះសាស្ដាកាលស្ដេចគង់នៅវត្តជេតពន ទ្រង់ប្រារព្ធការបូជាមហាពោធិព្រឹក្ស ដែលព្រះអានន្ទធ្វើហើយ បានត្រាស់ព្រះធម្មទេសនានេះ មានពាក្យថា រាជា កាលិង្គោ ចក្កវត្តិដូច្នេះជាដើម ។ រឿងរ៉ាវបច្ចុប្បន្នថា កាលព្រះតថាគតចៀសចេញទៅជនបទចារិក ដើម្បីសង្គ្រោះវេនេយ្យសត្វ, អ្នកក្រុងសាវត្ថីមានដៃកាន់គ្រឿងក្រអូបនិងកម្រងផ្កាជាដើម ទៅកាន់វត្តជេតពន, កាលមិនបានបូជនីយដ្ឋាន ក៏ដាក់គ្រឿងសក្ការៈទៀបទ្វារគន្ធកុដិហើយទៅ, មនុស្សទាំងនោះជាអ្នកបានបីតិបាមោជ្ជៈច្រើនឡើយ ។ អនាថបិណ្ឌិកសេដ្ឋីដឹងហេតុនោះ កាលព្រះតថាគត​យាង​មក​វត្តជេតពនវិញ លោកក៏ទៅកាន់សំណាក់ព្រះអានន្ទត្ថេរ ទូលថា បពិត្រលោកម្ចាស់ កាលព្រះតថាគតចៀសចេញទៅកាន់ចារិក, វិហារជេតពននេះក្លាយជាទីមិនមានទីពឹង មិនជាបូជនីយដ្ឋាន, បពិត្រលោម្ចាស់ សូមលោកម្ចាស់មេត្តាទូលរឿងនេះដល់ព្រះតថាគត, សូមលោកម្ចាស់ដឹងនូវស្ថានទីមួយឲ្យជាបូជនីយដ្ឋាន ។ ព្រះអានន្ទទទួលថា ល្អ ហើយទូលសួរព្រះតថាគតថា បពិត្រព្រះអង្គដ៏ចម្រើន តើចេតិយមានប៉ុន្មាន ? ព្រះពុទ្ធត្រាស់ថា ម្នាលអានន្ទ ចេតិយមាន ៣ ។ ព្រះអានន្ទសួរថា បពិត្រព្រះអង្គដ៏ចម្រើន ចេតិយមាន ៣ គឺអ្វីខ្លះ ? ព្រះពុទ្ធត្រាស់ថា គឺ សារីរិកចេតិយ ១ បារិភោគិកចេតិយ ១ ឧទ្ទិស្សកចេតិយ ១ ។ ព្រះអានន្ទសួរថា បពិត្រព្រះអង្គដ៏ចម្រើន កាលព្រះអង្គធរមាននៅ តើគួរធ្វើចេតិយដែរឬទេ ?ព្រះពុទ្ធត្រាស់ថា ម្នាលអានន្ទ ចំពោះសារីរិកចេតិយ មិនអាចធ្វើបានទេ សារីរិកចេតិយនេះ មានក្នុងកាលព្រះពុទ្ធទាំងឡាយបរិនិព្វានហើយប៉ុណ្ណោះ ។ ចំពោះឧទ្ទិស្សកចេតិយ មិនមានវត្ថុដែលប្រព្រឹត្តទៅដូចតថាគត ។ មហាពោធិព្រឹក្សដែលព្រះពុទ្ធទាំងឡាយបរិភោគប្រើប្រាស់ហើយនោះឯងជាចេតិយ ក្នុងកាលដែលព្រះពុទ្ធគង់ធរមាននៅ ។ ព្រះអានន្ទទូលថា បពិត្រព្រះអង្គដ៏ចម្រើន កាលព្រះអង្គចៀសចេញទៅ វិហារជេតពននេះមិនមានវត្ថុជាទីរលឹក, មហាជនមិនបានបូជនីយដ្ឋាន ខ្ញុំព្រះអង្គនឹងនាំពូជអំពីមហាពោធិព្រឹក្សមកដាំនៅជិតទ្វារវត្តជេតពន ។ ព្រះពុទ្ធត្រាស់ថា ម្នាលអានន្ទ ប្រពៃហើយ អ្នកចូរដាំចុះ កាលបើបានយ៉ាងនេះ តថាគតក៏ដូចជានៅក្នុងវត្តជេតពនជាប់ជានិច្ចដែរ ។ ព្រះថេរៈឲ្យគេប្រាប់ដំណឹងនោះដល់ព្រះបាទកោសលនរិន្ទ អនាថបិណ្ឌិកសេដ្ឋី និងឧបាសិកាវិសាខា ហើយឲ្យគេជីករណ្ដៅក្នុងទីសម្រាប់ដាំដើមពោធិ៍ត្រង់ទ្វារវត្តជេតពន រួចប្រាប់ព្រះមហាមោគ្គល្លានត្ថេរថា បពិត្រលោម្ចាស់ ខ្ញុំករុណានឹងដាំដើមពោធិ៍ត្រង់ទ្វារវត្តជេតពន សូមលោកម្ចាស់នាំយកផ្លែពោធិ៍ទុំអំពីមហាពោធិព្រឹក្សឲ្យដល់ខ្ញុំ ។ ព្រះមហាមោគ្គល្លានទទួលថា ប្រពៃហើយ ថារួចលោកហោះទៅកាន់ពោធិមណ្ឌលតាមផ្លូវអាកាស, លោកយកចីវរទទួលផ្លែពោធិ៍ទុំដែលជ្រុះចាកទង មិនឲ្យធ្លាក់ដល់ដី, កាន់យកហើយនាំមកឲ្យព្រះអានន្ទត្ថេរ ។ ព្រះអានន្ទត្ថេរឲ្យគេប្រាប់ដំណឹងនោះដល់ព្រះបាទកោសលជាដើមថា អាត្មាភាពនឹងដាំគ្រាប់ពោធិ៍ក្នុងថ្ងៃនេះ ។ ពេលរសៀល ព្រះរាជាឲ្យគេកាន់យកគ្រឿងឧបករណ៍ទាំងពួង ស្ដេចយាងទៅដោយបរិវារដ៏ធំ, អនាថបិណ្ឌិកសេដ្ឋី ឧបាសិកាវិសាខា និងជនអ្នកមានសទ្ធាដទៃក៏ទៅយ៉ាងនោះដែរ ។ ព្រះថេរៈតម្កល់ផើងមាសដ៏ធំក្នុងទីដាំមហាពោធិ៍ ឲ្យចោះប្រហោងខាងក្រោម ឲ្យដាក់ ពេញដោយភក់ក្រអូប ហើយថ្វាយដល់ព្រះរាជាថា បពិត្រមហារាជ សូមព្រះអង្គដាំផ្លែពោធិ៍ទុំនេះ ។ ព្រះបាទកោសលគិតថា ធម្មតារាជសម្បត្តិរមែងមិនឋិតនៅក្នុងដៃរបស់យើងគ្រប់កាលទេ យើងគួរឲ្យអនាថបិណ្ឌិកសេដ្ឋីដាំផ្លែពោធិ៍នេះវិញ ។ ព្រះរាជាក៏ប្រទានផែ្លពោធិ៍ទុំនោះដាក់ក្នុងដៃមហាសេដ្ឋី ។ អនាថបិណ្ឌិកសេដ្ឋីកកាយភក់ក្រអូប ហើយដាក់ចុះក្នុងភក់នោះ ។ គ្រាន់​តែ​ផ្លែពោធិ៍ផុតចាកដៃលោកសេដ្ឋីភ្លាម កាលដែលមនុស្សទាំងអស់កំពុងសម្លឹងមើលនោះឯង ដើមពោធិ៍ក៏ដុះធំឡើងមានប្រមាណប៉ុនក្បាលនង្គ័ល មានកម្ពស់ ១៥ ហត្ថ បែកចេញជាមែកសាខា ៥ មែក ប្រវែង ១៥ ហត្ថ គឺ ក្នុងទិសទាំង ៤ និងត្រង់ទៅលើ ។ ដើមពោធិ៍នោះក៏បានជាដើមឈើជាប្រធានក្នុងព្រៃក្នុងខណៈនោះឯង ដោយប្រការដូច្នេះ ។ ព្រះរាជាឲ្យគេយកឆ្នាំងមាសឆ្នាំងប្រាក់ចំនួន ១៨ ដាក់ពេញដោយទឹកក្រអូប ដែលប្រដាប់ដោយឧប្បលខៀវជាដើមដែលមានប្រវែង ១ ហត្ថ មកដាក់ជុំវិញមហាពោធិ៍ ទ្រង់តម្កល់ឆ្នាំងដែលមានទឹកពេញតាមលំដាប់, ឲ្យគេកសាងវេទិកាដែលសម្រេចដោយរតនៈ ៧ ប្រការ, ឲ្យរោយរាយខ្សាច់ដែលលាយដោយមាស, ឲ្យធ្វើកំពែងព័ទ្ធជុំវិញ, ឲ្យកសាងខ្លោងទ្វារ ដែលសម្រេចដោយរតនៈ ៧ ប្រការ, សក្ការៈដ៏ធំកើតឡើងហើយយ៉ាងនេះ ។ ព្រះថេរចូលទៅគាល់ព្រះតថាគត ទូលថា បពិត្រព្រះអង្គដ៏ចម្រើន សូមព្រះអង្គមេត្តានិមន្តគង់ត្រង់គល់ពោធិ៍ដែលខ្ញុំព្រះអង្គបានដាំ ហើយចូលសមាបត្តិដែលព្រះអង្គបានចូលត្រង់មហាពោធិ៍ ដើម្បីប្រយោជន៍ដល់មហាជន ។ ព្រះពុទ្ធត្រាស់ថា ម្នាលអានន្ទ អ្នកនិយាយអ្វី កាលតថាគតគង់ចូលសមាបត្តិដែលតថាគតបានចូលត្រង់គល់មហាពោធិ៍ ស្ថានទីដទៃមិនអាចនឹងទ្រទ្រង់បានទេ ។ ព្រះអានន្ទទូលថា បពិត្រព្រះអង្គដ៏ចម្រើន សូមព្រះអង្គប្រើប្រាស់គល់ពោធិ៍នេះ ដោយសេចក្ដីសុខកើតពីសមាបត្តិ តាមនិយាមជានិច្ចមនៃភូមិប្បទេសនេះ ដើម្បីជាប្រយោជន៍ដល់មហាជនចុះ ។ព្រះសាស្ដាប្រើប្រាស់ស្ថានទីនោះ ដោយសេចក្ដីសុខក្នុងសមាបត្តិ អស់មួយរាត្រី ។ ព្រះថេរៈក៏ប្រាប់ដល់ព្រះបាទកោសលជាដើម និងឲ្យធ្វើបុណ្យឆ្លងដើមពោធិ ។ ចំណែកដើមពោធិ៍ព្រឹក្ស ក៏ប្រាកដនាមថា អានន្ទពោធិ៍ ព្រោះភាវៈដែលព្រះអានន្ទត្ថេរបានដាំ ។ គ្រានោះ ភិក្ខុទាំងឡាយនិយាយប្រជុំគ្នាក្នុងសាលាធម្មសភាថា ម្នាលអាវុសោ ព្រះអានន្ទ កាលព្រះតថាគតគង់ធរមាននៅ លោកបានដាំដើមពោធិ៍ និងធ្វើការបូជាដ៏ធំ ឱហ្ន៎! ព្រះថេរៈមានគុណធំណាស់ ។ ព្រះសាស្ដាយាងមកហើយ ត្រាស់សួរថា ម្នាលភិក្ខុទាំងឡាយ អម្បាញ់មិញនេះ អ្នកទាំងឡាយអង្គុយប្រជុំគ្នានិយាយរឿងអ្វី ? កាលពួកភិក្ខុទូលថា រឿងនេះ ទើបព្រះសាស្ដាត្រាស់ថា ម្នាលភិក្ខុទាំងឡាយ មិនមែនតែកាលឥឡូវនេះទេ សូម្បីកាលមុន អានន្ទក៏បានឲ្យមនុស្សក្នុងមហាទ្វីបទាំង ៤និងទ្វីបតូចជាបរិវាររបស់ខ្លួន ឲ្យនាំគ្រឿងក្រអូប និងកម្រងផ្កាជាដើមដ៏ច្រើន មកធ្វើបុណ្យឆ្លងដើមពោធិ៍ ត្រង់មហាពោធិមណ្ឌលដែរ ដូច្នេះហើយ ទ្រង់នាំយកអតីតនិទានមកសម្ដែងថា៖ ក្នុងអតីតកាល ព្រះរាជាព្រះនាម កាលិង្គៈ សោយរាជសម្បត្តិក្នុងទន្តបុរនគរ ក្នុងដែនកលិង្គរដ្ឋ ។ ព្រះរាជានោះមានបុត្រ ២ ព្រះអង្គ គឺ មហាកាលិង្គៈ និង ចូឡកាលិង្គៈ ។ ពួកអ្នក​ទាយ​និម្មិតទាំងឡាយព្យាករថា ដោយកាលកន្លងទៅនៃបិតា បុត្រច្បងនឹងបានសោយរាជ្យ, ចំណែក​បុត្រប្អូននឹងបួសជាឥសី ត្រាច់បិណ្ឌបាត (ចិញ្ចឹមជីវិត) តែបុត្ររបស់ព្រះអង្គនឹងបានជាស្ដេចចក្រពត្តិ ។ ក្នុងសម័យខាងក្រោយមក កាលបិតាកន្លងផុតទៅ បុត្រច្បងបានជាព្រះរាជា ចំណែកបុត្រប្អូនបានជាឧបរាជ ។ ឧបរាជនោះមានមានះដោយអាស្រ័យបុត្រថា បានឮថា បុត្ររបស់យើងនឹងបានជាស្ដេចចក្រពត្តិ ។ ព្រះរាជាកាលមិនអាចនឹងអត់ទ្រាំបាន ទើបបញ្ជាអ្នកប្រព្រឹត្តនូវប្រយោជន៍ម្នាក់ថា អ្នកចូរចាប់ចូឡកាលិង្គៈ ។ អ្នកប្រព្រឹត្តប្រយោជន៍នោះទៅហើយពោលនឹងចូឡកាលិង្គៈថា បពិត្រព្រះរាជកុមារ ព្រះរាជាប្រាថ្នាឲ្យចាប់ព្រះអង្គ ចូរព្រះអង្គរក្សាជីវិតរបស់ខ្លួនចុះ ។ ចូឡកាលិង្គៈក៏សម្ដែងវត្ថុ ៣ គឺ ចិញ្ចៀនជាគ្រឿងសម្គាល់ ១ សំពត់កម្ពលដែលមានសាច់ល្អិត ១ និង ព្រះខ័ន ១ របស់ខ្លួនដល់អាមាត្យដែលជាអ្នកប្រព្រឹត្តប្រយោជន៍នោះ ហើយពោលថា ដោយវត្ថុជាគ្រឿងសម្គាល់ទាំងនេះ លោកចូរប្រគល់រាជ្យដល់បុត្ររបស់យើង ដូច្នេះហើយ ទ្រង់ចូលទៅកាន់ព្រៃ កសាងអាស្រមក្នុងទីដែលគួររីករាយមួយ បួសជាឥសី សម្រេចការនៅនឹងច្រាំងទន្លេមួយកន្លែង ។ ចំណែកក្នុងសាគលនគរ ដែនមទ្ទរដ្ឋ ព្រះអគ្គមហេសីរបស់ព្រះបាទមទ្ទៈ ប្រសូតបានព្រះរាជធីតាមួយព្រះអង្គ ។ អ្នកទាយនិម្មិតទាំងឡាយព្យាករថា ព្រះរាជធីតានេះនឹងត្រាច់បិណ្ឌបាតចិញ្ចឹមជីវិត តែបុត្ររបស់ព្រះនាងនឹងបានជាស្ដេចចក្រពត្តិ ។ ព្រះរាជាទាំងឡាយក្នុងសកលជម្ពូទ្វីបឮដំណឹងនោះយាងមកឡោមព័ទ្ធសាគលនគរ ដោយសេចក្ដីប្រាថ្នាតែមួយ ។ ព្រះបាទមទ្ទរាជគិតថា បើយើងប្រគល់ធីតាឲ្យដល់ព្រះរាជាមួយអង្គ ព្រះរាជាដ៏សេសនឹងក្រោធខឹង យើងនឹងរក្សាធីតារបស់យើងវិញ ដូច្នេះទើបទ្រង់នាំធីតា និងមហេសី រត់ទៅដោយភេទមិនមានគេស្គាល់ ចូលទៅក្នុងព្រៃ កសាងអាស្រមនៅផ្នែកខាងលើអាស្រមរបស់ចូឡកាលិង្គកុមារ ហើយទ្រង់បួស ចិញ្ចឹមជីវិតដោយការស្វែងរកមើមឈើផ្លៃឈើ និងរស់នៅក្នុងទីនោះ ។ មាតាបិតាគិតថា នឹងរក្សាធីតា ទើបឲ្យធីតានៅក្នុងអាស្រម ហើយខ្លួនឯងទៅស្វែងរកផលាផល ។ កាលមាតាបិតាទៅបាត់ហើយ នាងរាជធីតាកាន់យកផ្កាឈើ ផ្សេងៗ មកធ្វើជារង្វេលផ្កា (យ៉ាងច្រើន) ហាក់បីដូចជាជណ្តើរដែលគេតម្កល់ទុកនៅនឹងច្រាំងទន្លេគង្គា ។ នៅត្រង់នោះមានដើមស្វាយមួយដើមមានផ្កាល្អ ព្រះនាងក៏ឡើងលេងលើដើមស្វាយនោះ ហើយបោះរង្វេលផ្កាទៅក្នុងទឹក ។ ថ្ងៃមួយ រង្វេលផ្កានោះបានមកទើរជាប់នឹងក្បាលរបស់ចូឡកាលិង្គកុមារដែលកំពុងមុជទឹកទន្លេគង្គា ។ ចូឡកាលិង្គកុមារសម្លឹងមើលរង្វេលផ្កា រួចគិតថា រង្វេលផ្កានេះ គឺពិតជាស្ត្រីម្នាក់ជាអ្នកធ្វើ កម្មនេះគឺក្មេងស្រីធ្វើ មិនមែនស្ត្រីចាស់ទេ យើងនឹងស្វែងរកឲ្យឃើញ គិតហើយ ទ្រង់ក៏យាងតាមទន្លេគង្គាដែលនៅខាងលើ ដោយអំណាចកិលេស ហើយគង់ក្រោមដើមស្វាយ ទ្រង់ឮសំឡេងដែលនាងរាជធីតាច្រៀងដោយសំឡេងដ៏ពីរោះ ទ្រង់យាងទៅកាន់គល់ស្វាយ បានឃើញរាជធីតានោះ ហើយពោលថា នែនាង នាងឈ្មោះអ្វី ? រាជធីតាពោលថា បពិត្រលោកម្ចាស់ ខ្ញុំជាមនុស្សស្រី ។ ចូឡកាលិង្គកុមារពោលថា បើយ៉ាងនោះ នាងចូរចុះមក ។ រាជធីតាពោលថា នែលោក ខ្ញុំមិនអាចចុះទេ ខ្ញុំគឺជាក្សត្រ ។ ចូឡកាលិង្គកុមារពោលថា នែនាង សូម្បីយើងក៏ជាក្សត្រដែរ នាងចូរចុះមក ។ រាជធីតាពោលថា នែលោក ធម្មតាក្សត្រមិនមែនត្រឹមតែពាក្យនិយាយទេ ប្រសិនបើលោកជាក្សត្រ ចូរសម្ដែងខត្តិយ-មាយាមកមើល ។ គេទាំងពីរនោះ ក៏សម្ដែងខត្តិយមាយាដល់គ្នានឹងគ្នា ។ រួចទើបរាជធីតាព្រមចុះ ។ ចូឡកាលិង្គៈនិងរាជធីតាទាំងពីរនោះក៏បានប្រព្រឹត្តអជ្ឈាចារ ។ កាលមាតាបិតា ត្រឡប់មក​វិញ​ហើយ នាងរាជធីតាប្រាប់ភាពជារាជបុត្ររបស់ចូឡកាលិង្គៈ និងហេតុដែល ចូឡកាលិង្គៈ​ចូលក្នុងព្រៃ ដល់គាត់ទាំងពីរដោយពិស្ដារ ។ មាតាបិតាទទួលថា ល្អ ហើយក៏លើកធីតាឲ្យដល់ចូឡកាលិង្គៈនោះ ។ ដោយការនៅរួមរស់ដោយសេចក្ដីស្រឡាញ់របស់អ្នកទាំងពីរនោះ រាជធីតាក៏មានបុត្រ, កន្លងទៅ ១០ ខែ ព្រះនាងប្រសូតបានព្រះឱរសមួយ ដែលដល់ព្រមដោយបុញ្ញលក្ខណៈ, មាតាបិតាព្រះអយ្យកោអយ្យកាដាក់ព្រះនាមថា កាលិង្គៈ ។ កាលិង្គ​កុមារកាលចម្រើនវ័យធំហើយបានសិក្សាចេះសព្វមុខវិជ្ជា ក្នុងសំណាក់បិតា និង ព្រះអយ្យកោ ។ គ្រាមួយ បិតារបស់កាលិង្គកុមារដឹងភាពដែលបងប្រុសសោយទិវង្គត ដោយអំណាចការប្រកប​ផ្កាយនក្ខត្តឫក្ស ក៏ពោលថា “នែបុត្រ អ្នកកុំនៅក្នុងព្រៃឡើយ មហាកាលិង្គៈជា សម្ដេច​អ៊ំរបស់អ្នក សោយទិវង្គតហើយ អ្នកចូរទៅកាន់នគរទន្តបុរៈ ហើយទទួលរាជសម្បត្តិទាំងអស់ ដែលជារបស់ត្រកូលចុះ” ប្រាប់រួចក៏ឲ្យចិញ្ចៀន សំពត់កម្ពល និងព្រះខ័នដែលខ្លួននាំ​មក ហើយបញ្ជូនទៅដោយពោលថា នែបុត្រ នៅនគរទន្តបុរៈ មានអាមាត្យជាអ្នកប្រព្រឹត្តប្រយោជន៍ម្នាក់នៅផ្លូវឯណោះ អ្នកចូរចុះកណ្ដាលទីដេកក្នុងផ្ទះ រួចសម្ដែងរតនៈទាំង ៣ នេះ ប្រាប់ភាពជាបុត្ររបស់បិតាដល់អាមាត្យនោះចុះ អាមាត្យនោះនឹងញ៉ាំងអ្នកឲ្យតាំងនៅក្នុងរាជសម្បត្តិ ។ កាលិង្គកុមារថ្វាយបង្គំលាមាតាបិតា និងព្រះអយ្យកោអយ្យកា រួចទ្រង់យាងទៅតាមអាកាសដោយបុញ្ញឫទ្ធិ ទៅចុះលើខ្នងទីដេករបស់អាមាត្យ កាលអាមាត្តសួរថា “អ្នកជាអ្នកណា ?” កាលិង្គកុមារក៏ប្រាប់ថា “ខ្ញុំជាបុត្ររបស់ចូឡកាលិង្គៈ” ហើយសម្ដែងរតនៈទាំង ៣ ។ អាមាត្យនោះឲ្យគេប្រាប់ដល់រាជបរិស័ទ ។ ពួកអាមាត្យឲ្យគេតាក់តែងនគរ និងឲ្យលើកស្វេតច្ឆត្រថ្វាយដល់កាលិង្គកុមារ ។ គ្រានោះ បុរោហិតឈ្មោះ កាលិង្គភារទ្វាជៈ ប្រាប់ចក្កវត្តិវត្តទាំង ១០ (កុសលកម្មបថ ១០) ដល់ព្រះបាទកាលិង្គរាជ ។ ព្រះបាទកាលិង្គរាជធ្វើចក្កវត្តិវត្តនោះឲ្យពេញបរិបូណ៌ ។ ពេលនោះ ក្នុងថ្ងៃឧបោសថទី ១៥ ចក្ករតនៈមកអំពីស្រះចក្កៈ, ហត្ថិរតនៈមកអំពីត្រកូលដំរីឧបោសថ, អស្សរតនៈមកអំពីត្រកូលវលាហកៈ, មណិរតនៈមកអំពីភ្នំវេបុល្ល, និងឥត្ថិរតនៈ គហបតិរតនៈ បរិណាយករតនៈក៏កើតឡើងដល់ព្រះបាទកាលិង្គៈនោះ ។ ព្រះបាទកាលិង្គៈកាន់យករាជសម្បត្តិក្នុងផ្ទៃចក្កវាឡទាំងអស់ ។ ថ្ងៃមួយ ព្រះអង្គឡោមព័ទ្ធដោយបរិស័ទចំនួន ៣៦ យោជន៍ ស្ដេចឡើងកាន់យានដំរីដែលមានសម្បុរសសុទ្ធ ហាក់បីដូចជាកំពូលភ្នំកីលាស យាងទៅកាន់សំណាក់មាតាបិតា ដោយដំណើរដ៏មានសិរីយ៉ាងធំ ។ (ពេលធ្វើដំណើរទៅដល់) ស្ថានទីមហាពោធិមណ្ឌល ជាផ្ចិតផែនដី ដែលជាជយបល្ល័ង្ករបស់ព្រះពុទ្ធគ្រប់ព្រះអង្គ ដំរីមិនអាចនឹងហោះទៅខាងលើទីនោះបានឡើយ ។ ព្រះរាជាដេញដំរីរឿយៗ, ដំរីនោះក៏នៅតែមិនអាចទៅដដែល ។ ព្រះសាស្ដាកាលប្រកាសសេចក្ដីនោះ ទើបត្រាស់គាថាទី ១ ថា រាជា កាលិង្គោ ចក្កវត្តិ, ធម្មេន បថវិមនុសាសំ; អគមា ពោធិសមីបំ, នាគេន មហានុភាវេន។ ព្រះបាទកាលិង្គ ជាស្តេចចក្រពត្តិ គ្រប់គ្រងមនុស្សលើផែនដី ដោយធម៌ សេ្តចបានមកដល់ទីជិតពោធិព្រឹក្ស ដោយដំរី មានអានុភាពធំ ។ លំដាប់នោះ បុរោហិតដែលទៅជាមួយព្រះរាជា បានគិតថា ឈ្មោះថា គ្រឿងរារាំង ក្នុងអាកាស រមែងមិនមាន, ព្រោះហេតុអ្វី ព្រះរាជាមិនអាចបញ្ជាដំរីឲ្យទៅបាន, យើងនឹងពិនិត្យមើល គិតដូច្នេះហើយ ក៏ចុះចាកអាកាស ហើយបានឃើញភូមិភាគដែលជាផ្ចិតផែនដី ជាជយបល្ល័ង្ករបស់ព្រះពុទ្ធគ្រប់ព្រះអង្គ ។ បានឮមកថា ក្នុងពេលនោះ ឈ្មោះថា ស្មៅសូម្បីត្រឹមតែប៉ុន​សក់​និងពុកមាត់ រមែងមិនមាន ក្នុងស្ថានទីដែលមានទំហំប្រមាណ ៨ ករីសៈ មាន​តែ​វាល​ខ្សាច់រោយរាយបាច មានពណ៌ដូចផែនប្រាក់, ស្មៅ វល្លិ និងដើមឈើនៅជុំវិញទីនោះ ដុះជាទក្ខិណាវដ្ដវិលប្រទក្សិណពោធិមណ្ឌល និងតាំងនៅដោយមានមុខបែរទៅរកពោធិមណ្ឌល ។ ព្រាហ្មណ៍សម្លឹងមើលភូមិភាគនោះហើយគិតថា “ស្ថានទីនេះជាទីកម្ចាត់កិលេសទាំងពួងរបស់ព្រះពុទ្ធគ្រប់ព្រះអង្គ សូម្បីសក្កទេវរាជជាដើម ក៏មិនអាចនៅលើទីនេះបានដែរ” គិតរួចទើបទៅកាន់សំណាក់ព្រះបាទកាលិង្គៈ ហើយពោលសរសើរពោធិមណ្ឌល និងទូលព្រះរាជាថា សូមព្រះអង្គយាងចុះ ។ ព្រះសាស្ដាកាលប្រកាសសេចក្ដីនោះ ទើបត្រាស់គាថាទាំងនេះថា កាលិង្គោ ភារទ្វាជោ ច, រាជានំ កាលិង្គំ សមណកោលញ្ញំ; ចក្កំ វត្តយតោ បរិគ្គហេត្វា, បញ្ជលី ឥទមវោច។ ភារទ្វាជព្រាហ្មណ៍បុរោហិត នៅក្នុងដែនកាលិង្គ លើកកម្បង់អញ្ជលី ចំពោះព្រះរាជាចក្រពត្តិ ដែលទ្រង់ប្រសូតចាកត្រកូលសមណៈ ព្រះនាមចុល្លកាលិង្គ ក្រាបទូលពាក្យនេះថា បច្ចោរោហ មហារាជ, ភូមិភាគោ យថា សមណុគ្គតោ; ឥធ អនធិវរា ពុទ្ធា, អភិសម្ពុទ្ធា វិរោចន្តិ។ បពិត្រមហារាជ សូមព្រះអង្គសេ្តចចុះមក ចំណែកនៃផែនដីនេះ ជាប្រទេសដែល សមណៈសរសើរហើយ ព្រះពុទ្ធទាំងឡាយ មានគុណថ្លឹងមិនបាន តែងត្រាស់ដឹងហើយ រុងរឿងក្នុងទីនេះ ។ បទក្ខិណតោ អាវដ្ដា, តិណលតា អស្មិំ ភូមិភាគស្មិំ; បថវិយា នាភិយំ មណ្ឌោ, ឥតិ នោ សុតំ មន្តេ មហារាជ។ បពិត្រមហារាជ តាមដែលខ្ញុំព្រះអង្គឮមកថា ស្មៅ និងវល្លិទាំងឡាយ ក្នុងចំណែកនៃផែនដីនេះ វិលកួចទៅខាងស្តាំ នេះជាផ្ចិតនៃផែនដី ។ សាគរបរិយន្តាយ, មេទិនិយា សព្ពភូតធរណិយា; បថវិយា អយំ មណ្ឌោ, ឱរោហិត្វា នមោ ករោហិ។ ផ្ចិតនៃផែនដីនេះ ដែលមានសមុទ្រសាគរជាទីបំផុត ជាទីទ្រទ្រង់នូវសត្វទាំងពួង សូមព្រះអង្គសេ្តចចុះមក ធ្វើនមស្ការ ។ យេ តេ ភវន្តិ នាគា ច, អភិជាតា ច កុញ្ជរា; ឯត្តាវតា បទេសំ តេ, នាគា នេវ មុបយន្តិ។ ពួកដំរីណា ដែលកើតក្នុងឧបោសថត្រកូល ជាដំរីប្រសើរ ដំរីទាំងនោះ រមែងមិនហ៊ានចូលទៅកាន់ប្រទេស មានប្រមាណប៉ុណ្ណោះទេ ។ អភិជាតោ នាគោ កាមំ, បេសេហិ កុញ្ជរំ ទន្តិំ; ឯត្តាវតា បទេសោ, សក្កា នាគេន មុបគន្តុំ។ ដំរីកើតក្នុងឧបោសថត្រកូល ក៏ពិតហើយ តែថា ប្រទេសប៉ុណ្ណេះនេះ ដំរីនុ៎ះ មិនហ៊ានចូលទៅជិតទេ សូមព្រះអង្គយកកង្វេរពេជ្រ (កាប់) បញ្ជូនដំរីដ៏ប្រសើរ ដែលគេបានបង្វឹកហើយ (ឲ្យចូលទៅលមើល) ។ តំ សុត្វា រាជា កាលិង្គោ, វេយ្យញ្ជនិកវចោ និសាមេត្វា; សម្បេសេសិ នាគំ ញស្សាម, មយំ យថិមស្សិទំ វចនំ។ ព្រះបាទកាលិង្គ ទ្រង់ព្រះសណ្តាប់ពាក្យព្រាហ្មណ៍បុរោហិតនោះហើយ ទ្រង់ពិចារណាតាមពាក្យបុរោហិត ជាអ្នកមើលលក្ខណៈ ទើបបង្ខំដំរីប្រសើរ ដែលកើតក្នុងឧបោសថត្រកូល ដោយគិតថាយើងនឹងបរ (ដំរី) ចូលទៅ តាមពាក្យបុរោហិតនេះលមើល ។ សម្បេសិតោ ច រញ្ញា, នាគោ កោញ្ចោវ អភិនទិត្វាន; បដិសក្កិត្វា និសីទិ, គរុំវ ភារំ អសហមានោ។ ឯដំរីដែលស្តេចបរចូលទៅ ក៏មិនអាចទទួលភារៈដ៏ធ្ងន់បាន ហើយស្រែកដូចជាសត្វក្រៀល ថយក្រោយ អង្គុយ (លើអាកាស) ។ ដំរីដែលព្រះរាជាកាប់ដោយកង្វេរពេជ្ររឿយៗ កាលមិនអាចនឹងអត់ទ្រាំទុក្ខវេទនា ក៏បានធ្វើកាលកិរិយា ។ ចំណែកព្រះរាជាមិនដឹងថាដំរីស្លាប់ ទ្រង់នៅតែគង់លើខ្នងដំរី ។ កាលិង្គភារទ្វាជៈទូលថា បពិត្រមហារាជ ដំរីរបស់ព្រះអង្គរលត់ (ជីវិត) ហើយ សូមទ្រង់យាងកាន់ដំរីដទៃ ។ ព្រះសាស្ដាកាលប្រកាសសេចក្ដីនោះ ទើបត្រាស់គាថាទី ១០ ថា កាលិង្គភារទ្វាជោ, នាគំ ខីណាយុកំ វិទិត្វាន; រាជានំ កាលិង្គំ, តរមានោ អជ្ឈភាសិត្ថ; អញ្ញំ សង្កម នាគំ, នាគោ ខីណាយុកោ មហារាជ។ ភារទ្វាជព្រាហ្មណ៍ ក្នុងដែនកាលិង្គ ដឹងថា ដំរីនោះ អស់អាយុហើយ ក៏ប្រញាប់ក្រាបទូលព្រះបាទកាលិង្គថា បពិត្រមហារាជ សូមព្រះអង្គគង់ដំរីដទៃវិញ ព្រោះដំរីនេះ អស់អាយុហើយ ។ ដោយកម្លាំងបុញ្ញឫទ្ធិរបស់ព្រះរាជា ដំរីដ៏ប្រសើរអំពីត្រកូលឧបោសថក៏បានមក ។ ព្រះរាជាគង់លើខ្នងដំរីនោះ ។ ខណៈនោះ ដំរីដែលស្លាប់ក៏ធ្លាក់ចុះលើផែនដី ។ ព្រះសាស្ដាកាលប្រកាសសេចក្ដីនោះ ទើបត្រាស់គាថាមួយទៀតថា តំ សុត្វា កាលិង្គោ, តរមានោ សង្កមី នាគំ; សង្កន្តេវ រញ្ញេ នាគោ, តត្ថេវ បតិ ភុម្យា; វេយ្យញ្ជនិកវចោ, យថា តថា អហុ នាគោ។ ព្រះបាទកាលិង្គបានឮពាក្យនោះហើយ ក៏ទ្រង់ប្រញាប់ទៅកាន់ដំរី (ដទៃ) កាលបើសេ្តចទ្រង់ឈានផុតទៅហើយ ដំរីក៏ដួលធា្លក់មកលើផែនដី ក្នុងទីនោះឯង ពាក្យព្រាហ្មណ៍បុរោហិត អ្នកទាយលក្ខណៈយ៉ាងណា ដំរីក៏យ៉ាងនោះ ។ ព្រះរាជាយាងចុះពីអាកាស សម្លឹងមើលពោធិមណ្ឌល ឃើញបាដិហារ្យ កាលនឹងសរសើរភារទ្វាជព្រាហ្មណ៍ ទើបត្រាស់ថា កាលិង្គោ រាជា កាលិង្គំ, ព្រាហ្មណំ ឯតទវោច; ត្វមេវ អសិ សម្ពុទ្ធោ, សព្ពញ្ញូ សព្ពទស្សាវិ។ ព្រះបាទកាលិង្គ មានព្រះរាជឱង្ការនេះ នឹងកាលិង្គភារទ្វាជព្រាហ្មណ៍ថា អ្នកឯង ជាមនុស្សចេះដឹងដោយប្រពៃ ជាសព្វញ្ញូឃើញការសព្វគ្រប់ ។ ព្រាហ្មណ៍មិនទទួលពាក្យសរសើរនោះ តាំងខ្លួនក្នុងឋានៈទាប ពោលសរសើលើក តម្កើងតែព្រះពុទ្ធប៉ុណ្ណោះ ។ ព្រះសាស្ដាកាលប្រកាសសេចក្ដីនោះ ទើបត្រាស់គាថាទាំងនេះថា តំ អនធិវាសេន្តោ កាលិង្គ, ព្រាហ្មណោ ឥទមវោច; វេយ្យញ្ជនិកា ហិ មយំ, ពុទ្ធា សព្ពញ្ញុនោ មហារាជ។ កាលិង្គភារទ្វាជព្រាហ្មណ៍ មិនទទួលការសរសើរនោះ ក៏ក្រាបបង្គំទូលដូច្នេះថា បពិត្រមហារាជ ទូលព្រះបង្គំជាខ្ញុំ គ្រាន់តែជាអ្នកទាយលក្ខណៈ ព្រះពុទ្ធទាំងឡាយ ទើបព្រះអង្គជាសព្វញ្ញូ ។ សព្ពញ្ញូ សព្ពវិទូ ច, ពុទ្ធា ន លក្ខណេន ជានន្តិ; អាគមពលសា ហិ មយំ, ពុទ្ធា សព្ពំ បជានន្តិ។ ព្រះពុទ្ធទាំងឡាយ ព្រះអង្គដឹងសព្វ ជ្រាបសព្វ តែងដឹងដោយលក្ខណៈ ចំណែកយើងខ្ញុំ (ចេះដឹង) ដោយសាកម្លាំងសិល្បសាស្រ្ត ព្រះពុទ្ធទាំងឡាយ ទើបព្រះអង្គទ្រង់ជា្របសព្វ ។ ព្រះរាជាស្ដាប់ពុទ្ធគុណហើយ ទ្រង់មានព្រះទ័យរីករាយសោមនស្ស ឲ្យមនុស្សដែលនៅក្នុងចក្កវាឡទាំងអស់ នាំគ្រឿងក្រអូប និងកម្រងផ្កាយ៉ាងច្រើន ទ្រង់គង់នៅទីនោះ ធ្វើការបូជាមហាពោធិមណ្ឌល អស់ ៧ ថ្ងៃ ។ ព្រះសាស្ដាកាលប្រកាសសេចក្ដីនោះ ទើបត្រាស់គាថាទាំងនេះថា មហយិត្វា សម្ពោធិំ, នានាតុរិយេហិ វជ្ជមានេហិ; មាលាវិលេបនំ អភិហរិត្វា, អថ រាជា មនុបាយាសិ។ ព្រះបាទកាលិង្គ ជ្រះថា្លនឹងពោធិមណ្ឌល ហើយនាំយកផ្កាកម្រង និងគ្រឿងក្រអូប គ្រឿងលាប ព្រមទាំងតូរ្យតន្ត្រីទាំងឡាយផ្សេង ៗ ទ្រង់ឲ្យធ្វើកំពែងព័ទ្ធជុំវិញ ហើយទើបទ្រង់យាងចេញទៅ ។ សដ្ឋិ វាហសហស្សានិ, បុប្ផានំ សន្និបាតយិ; បូជេសិ រាជា កាលិង្គោ, ពោធិមណ្ឌមនុត្តរំ។ ព្រះបាទកាលិង្គ បានឲ្យរាជបុរស បេះផ្កាឈើទាំងឡាយ ចំនួនប្រាំមួយហ្មឺនរទេះ មកបូជាកន្លែងដាំពោធិព្រឹក្ស ដ៏ប្រសើរបំផុត (នោះ) ។ ព្រះបាទកាលិង្គឲ្យគេដាំសសរមាសដែលមានកម្ពស់ ១៨ ហត្ថ ក្នុងស្ថានទីមហាពោធិមណ្ឌល និងឲ្យកសាងវេទិកាដែលធ្វើដោយរតនៈ ៧ ប្រការ, ឲ្យរោយរាយខ្សាច់ដែលលាយដោយរតនៈ និងឲ្យកសាងកំពែងព័ទ្ធជុំវិញ, ឲ្យកសាងខ្លោងទ្វារ ដែលធ្វើដោយរតនៈ ៧ ប្រការ, ឲ្យរួបរួមផ្កាឈើ ៦ ម៉ឺនរទេះ រាល់ៗថ្ងៃ, ទ្រង់បូជាពោធិមណ្ឌលយ៉ាងនេះ ។ ចំណែកក្នុងព្រះបាលីមានមកត្រឹមតែ ឲ្យរាជបុរសបេះផ្កាឈើទាំងឡាយ ចំនួនប្រាំមួយហ្មឺនរទេះ ។ ព្រះបាទកាលិង្គចក្កពត្រាធិរាជទ្រង់ធ្វើការបូជាមហាពោធិមណ្ឌលយ៉ាងនេះហើយ ស្ដេចនាំព្រះមាតាបិតា ព្រះអយ្យកោអយ្យកា ទៅកាន់នគរទន្តបុរៈ ហើយទ្រង់ធ្វើបុណ្យមានឲ្យទានជាដើម រួចស្ដេចបានកើតក្នុងឋានតាវត្តិង្ស ។ ព្រះសាស្ដានាំព្រះធម្មទេសនានេះមកហើយ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ មិនមែនតែកាលឥឡូវនេះទេ សូម្បីកាលមុន អានន្ទក៏ធ្វើការបូជាពោធិមណ្ឌលដែរ រួចហើយទ្រង់ប្រជុំជាតកថា តទា មាណវកកាលិង្គោ អានន្ទោ អហោសិ ព្រះបាទកាលិង្គៈកំលោះក្នុងកាលនោះបានមកជាអានន្ទ កាលិង្គភារទ្វាជោ បន អហមេវ អហោសិំ ចំណែកកាលិង្គភារទ្វាជៈ គឺ តថាគតនេះឯង ។ កាលិង្គពោធិជាតក ចប់ ៕ (ជាតកដ្ឋកថា សុត្តន្តបិដក ខុទ្ទកនិកាយ ជាតក តេរសកនិបាត បិដកលេខ ៥៩ ទំព័រ ២៨១) ថ្ងៃពុធ ១២ កើត ខែពិសាខ ឆ្នាំកុរ ឯកស័ក ច.ស. ១៣៨១ ម.ស. ១៩៤១ ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី ១៥ ខែឧសភា គ.ស. ២០១៩ ដោយសដវថ ដោយ៥០០០ឆ្នាំ
images/articles/3252/_________________________________.jpg
ផ្សាយ : ០៤ ឧសភា ឆ្នាំ២០២២ (អាន: ១៦៥ ដង)
កិំឆន្ទជាតក (ពោលអំពីផលឧបោសថកន្លះថ្ងៃ) ព្រះសាស្ដាកាលស្ដេចគង់នៅវត្តជេតពន ទ្រង់ប្រារព្ធឧបោសថកម្ម បានត្រាស់ព្រះធម្មទេសនា​នេះ មានពាក្យថា កិំឆន្ទោ កិមធិប្បាយោ ដូច្នេះជាដើម ។ ថ្ងៃមួយ ព្រះសាស្ដាត្រាស់សួរឧបាសកឧបាសិកាទាំងឡាយជាច្រើន ដែលជាអ្នករក្សាឧបោសថ មកដើម្បីស្ដាប់ធម៌ អង្គុយក្នុងធម្មសភាថា ម្នាលឧបាសកឧបាសិកាទាំងឡាយ អ្នក​ទាំងឡាយជាអ្នកប្រកបដោយឧបោសថឬ ? កាលឧបាសកឧបាសិកាទាំងឡាយនោះ​ទូល​ថា ពិតមែនហើយ ព្រះអង្គ ។ ព្រះមានព្រះភាគត្រាស់ថា ឧបោសថដែលអ្នកទាំងឡាយបាន​ធ្វើដោយរក្សានេះ ល្អប្រពៃហើយ សូម្បីបោរាណជនទាំងឡាយបានទទួលយសដ៏ធំ ក៏​ដោយ​ផលនៃឧបោសថកម្មកន្លះថ្ងៃដែរ ។កាលឧបាសកឧបាសិកាទាំងឡាយ ទូលសូមអារាធនា​ហើយ ព្រះសាស្ដានាំអតីតនិទានមកថា៖ ក្នុងអតីតកាល កាលព្រះបាទព្រហ្មទត្តសោយរាជសម្បត្តិ ដោយធម៌ ក្នុងនគរពារាណសី ព្រះរាជានោះមានសទ្ធា ជាអ្នកមិនប្រមាទក្នុងទាន សីល និងឧបោសថកម្ម ។ ព្រះរាជា ញ៉ាំង​ជនដ៏សេសមានអាមាត្យទាំងឡាយជាដើម ឲ្យសមាទាននូវកុសលមានទានជាដើម ។ ចំណែក​បុរោហិតរបស់ព្រះអង្គ ជាអ្នកប្រព្រឹត្តស៊ីសាច់ខ្នងរបស់អ្នកដទៃ ជាអ្នកស៊ីសំណូក ជាអ្នកវិនិច្ឆ័យក្ដីកោង ។ ក្នុងថ្ងៃឧបោសថមួយ ព្រះរាជាត្រាស់ឲ្យហៅអាមាត្យទាំងឡាយមក ហើយទ្រង់ត្រាស់ថា អ្នកទាំងឡាយចូររក្សាឧបោសថ ។ បុរោហិតនោះមិនបានសមាទានឧបោសថឡើយ ។ គ្រានោះ កាលព្រះរាជាកំពុងសួរពួកអាមាត្យថា អ្នកទាំងឡាយរក្សាឧបោសថ​ហើយឬ ? ទើបត្រាស់សួរបុរោហិតនោះដែលទទួលសំណូក និងកាត់ក្ដីកោងក្នុងពេលថ្ងៃ ដែលមកកាន់ទីគាល់ថា លោកអាចារ្យរក្សាឧបោសថហើយឬ ។ បុរោហិតនោះធ្វើមុសាវាទថា ទូលព្រះបង្គំរក្សាហើយ រួចទើបចុះពីប្រាសាទ ។ លំដាប់នោះ អាមាត្យម្នាក់ចោទបុរោហិតនោះថា លោកមិនបានរក្សាឧបោសថមិនមែនឬ ។ បុរោហិតនិយាយកែថា ខ្ញុំបរិភោគអាហារតែក្នុងកាលប៉ុណ្ណោះ ពេលទៅដល់ផ្ទះ ខ្ពុរមាត់ហើយ អធិដ្ឋានឧបោសថ ខ្ញុំនឹងមិនបរិភោគអាហារក្នុងល្ងាចទេ នឹងរក្សាសីលអស់រាត្រី ដោយអាការយ៉ាងនេះ ឧបោសថកម្មកន្លះថ្ងៃនឹងមានដល់ខ្ញុំ ។ អាមាត្យម្នាក់នោះពោលថា ល្អគ្រាន់ លោកអាចារ្យ ។ បុរោហិតនោះទៅដល់ផ្ទះហើយ ក៏បានធ្វើយ៉ាងនោះ ។ ថ្ងៃមួយ កាលបុរោហិតនោះ អង្គុយវិនិច្ឆ័យក្ដីក្នុងសាលាវិនិច្ឆ័យ មានស្ត្រីអ្នកមានសីលម្នាក់មកស្ដាប់ការកាត់ក្ដី នាងមិនបានឱកាសដើម្បីនឹងទៅផ្ទះ ទើបគិតថា យើងនឹងមិនកន្លងនូវឧបោសថកម្មឡើយ ដូច្នេះហើយ កាលដែលវេលាចូលទៅកាន់ទីជិតផុតហើយ ក៏ប្រារព្ធដើម្បីនឹងខ្ពុរមាត់ ។ ក្នុងខណៈនោះ មានគេនាំចំណិតស្វាយទុំមកឲ្យព្រាហ្មណ៍បុរោហិត ។ បុរោហិតនោះដឹងភាពជាអ្នករក្សាឧបោសថរបស់ស្ត្រីនោះ ក៏ឲ្យដល់នាង ដោយពោលថា នាងចូរបរិភោគចំណិតស្វាយទុំនេះហើយ ចូររក្សាឧបោសថចុះ ។ ស្ត្រីនោះក៏បានធ្វើយ៉ាងនោះ ។ កុសលកម្មរបស់ព្រាហ្មណ៍បុរោហិតមានត្រឹមតែប៉ុណ្ណេះឯង ។ ចំណេរកាលតមក បុរោហិតនោះធ្វើកាលកិរិយា បានទៅកើតលើអលង្កតសិរិសយនៈ ក្នុងវិមានមាស លើភូមិភាគដែលដល់ព្រមដោយសោភ័ណភាព ក្នុងព្រៃស្វាយដែលគួររីករាយ ដែលមានប្រមាណ ៣ យោជន៍ នៅនឹងច្រាំងកោសិកិគង្គានទី ក្នុងហិមវន្តប្រទេស ហាក់ដូចជា ទើបភ្ញាក់ពីដេក មានរូបដ៏ស្រស់ស្អាត មានទេវកញ្ញា ១៦០០០ ប្រដាប់ដែលដោយគ្រឿងអលង្ការជាបរិវារ ។ ទេវបុត្រនោះបានសោយសិរីសម្បត្តិនោះតែក្នុងពេលរាត្រីប៉ុណ្ណោះ ។ ពិតមែនហើយ ទេវបុត្រនោះបានសោយវិបាកដូចគ្នានឹងកម្ម ដែលខ្លួនបានធ្វើ ដោយភាពជាវេមានិកប្រេត ព្រោះហេតុនោះ កាលអរុណរះឡើង ទេវបុត្រចូលទៅកាន់អម្ពវ័ន ក្នុងខណៈដែលចូលទៅនោះឯង អត្តភាពជាទិព្វក៏អន្តរធានបាត់ទៅ អត្តភាពដែលមានប្រមាណប៉ុនដើមត្នោត កម្ពស់ ៨០ ហត្ថ កើតឡើង សរីរៈទាំងអស់ឆេះឡើង ហាក់ដូចជាដើមចារដែលមានផ្ការីកស្គុះស្គាយ ។ ក្នុងដៃទាំងពីរ ម្រាមដៃនីមួយៗ មានក្រចកធំប្រមាណប៉ុនចបកាប់អាធំ ។ ទេវបុត្រយកក្រចកនោះខ្វារហែកសាច់ខ្នងខ្លួនឯង មកបរិភោគ កាលដល់នូវទុក្ខទេវនា ទើបស្រែកយំខ្លាំងៗ សោយសេចក្ដីទុក្ខយ៉ាងនេះ ។ កាលព្រះអាទិត្យអស្ដង្គតទៅ សរីរៈនោះក៏អន្តរធានទៅ សរីរៈជាទិព្វបានកើតឡើង មានស្ត្រីរបាំជាទិព្វដែលប្រដាប់ដោយគ្រឿងអលង្ការ កាន់គ្រឿងតន្ត្រីផ្សេងៗ មកចោមរោម ។ ទេវបុត្រនោះ កាលនឹងសោយមហាសម្បត្តិ ក៏ឡើងកាន់ប្រាសាទជាទិព្វ ក្នុងអម្ពវ័ន ដែលជាទីគួររីករាយ ។ វេមានិកប្រេតនោះ បានអម្ពវ័នដែលមានទំហំ ៣ យោជន៍នេះ ដោយផលនៃការឲ្យផ្លែស្វាយដល់ស្ត្រីអ្នករក្សាឧបោសថ, ចំណែកការខ្វេះហែកសាច់ខ្នង មកបរិភោគនេះ ដោយផលនៃការទទួលសំណូក និងកាត់ក្ដីកោង, ការបានសោយទិព្វសម្បត្តិក្នុងពេលរាត្រី និងមានស្ត្រីរបាំ ១៦០០០ ចោមរោមបម្រើនេះ ដោយផលនៃឧបោសថកន្លះថ្ងៃ ។ ក្នុងកាលនោះ ព្រះរាជាពារាណសីឃើញទោសក្នុងកាមទាំងឡាយ ហើយបួសជាឥសី សាងបណ្ណសាលា លើភូមិភាគជាទីរីករាយ នៅចំណែកខាងក្រោមទន្លេគង្គា ញ៉ាំងអត្តភាពឲ្យប្រព្រឹត្តទៅដោយឧញ្ឆាចរិយា (ការត្រាច់បិណ្ឌបាតចិញ្ចឹមជីវិត) ។ ថ្ងៃមួយ ផ្លែស្វាយទុំប៉ុនក្អមអាធំ ដែលនៅក្នុងព្រៃស្វាយនោះ ធ្លាក់ចុះទន្លេគង្គា ហើយហូរអណ្ដែតតាមខ្សែទឹក មកដល់ទីខាងមុខកំពង់ជាទីបរិភោគរបស់តាបសនោះ ។ តាបសកាលជម្រះមុខ បានឃើញស្វាយកំពុងអណ្ដែតមកនៅកណ្ដាលទន្លេហើយ ចុះទៅក្នុងទឹក កាន់យកស្វាយនោះ នាំមកអាស្រម រក្សាទុកក្នុងផ្ទះភ្លើង យកកាំបិតមកពុះ ហើយបរិភោគមួយចម្អែត ចំណែកដែលនៅសល់ យកស្លឹកចេកមកគ្របទុក បន្តបន្ទាប់មក តាបសឆាន់ផ្លែស្វាយនោះរាល់ៗ ថ្ងៃ រឿយៗ រហូតទាល់តែអស់ ។ កាលផ្លែស្វាយនោះអស់ហើយ តាបសមិនអាចនឹងបរិភោគផលាផលដទៃ ព្រោះជាប់ជំពាក់រសតណ្ហា ទើបគិតថា យើងនឹងបរិភោគផ្លៃស្វាយទុំនោះ ដូច្នេះ ទើបទៅកាន់ច្រាំងទន្លេ កាលសម្លឹងមើលទន្លេ ធ្វើសេចក្ដីសន្និដ្ឋានថា បើមិនបានផ្លែស្វាយ យើងនឹងមិនក្រោក យ៉ាងនេះហើយអង្គុយនៅទីនោះឯង ។ តាបសនោះ ជាអ្នកមិនមានអាហារក្នុងទីនោះ សូម្បីអស់ ១ ថ្ងៃ ២ ថ្ងៃ ៣ ថ្ងៃ ៤ ថ្ងៃ ៥ ថ្ងៃ ៦ ថ្ងៃ រហូតរាងកាយរីងស្ងួត ហួតហែង ក្រៀមក្រោះ ដោយខ្យល់និងកម្ដៅ អង្គុយសម្លឹងរកមើលផ្លែស្វាយប៉ុណ្ណោះ ។ លំដាប់នោះ ក្នុងថ្ងៃទី ៧ នទីទេវតាកាលពិចារណា បានដឹងហេតុនោះ ហើយគិតថា តាបសនេះ ជាអ្នកលុះក្នុងអំណាចតណ្ហា មិនបរិភោគអាហារអស់ ៧ ថ្ងៃ មកអង្គុយសម្លឹងមើលទន្លេគង្គា កាលដែលយើងមិនឲ្យផ្លែស្វាយទុំដល់តាបសនេះ រមែងមិនគួរ កាលតាបសនេះមិនបានផ្លែស្វាយ គេនឹងស្លាប់ ចឹងយើងនឹងឲ្យដល់គេ ដូច្នេះទើបមក ហើយឋិតនៅលើអាកាសខាងលើទន្លេគង្គា កាលចរចាមួយអន្លើដោយតាបសនោះ ទើបពោលគាថាទី ១ ថា កិំឆន្ទោ កិមធិប្បាយោ, ឯកោ សម្មសិ ឃម្មនិ; កិំបត្ថយានោ កិំ ឯសំ, កេន អត្ថេន ព្រាហ្មណ។ បពិត្រព្រាហ្មណ៍ លោកពេញចិត្តនឹងអ្វី ប៉ុនប៉ងអ្វី ប្រាថ្នាអ្វី ស្វែងរកអ្វី ទើបអង្គុយម្នាក់ឯងក្នុងរដូវក្តៅ ដោយប្រយោជន៍អ្វី ។ នាងទេពធីតាហៅតាបសនេះថា ព្រាហ្មណ៍ ព្រោះលោកបួសហើយ អធិប្បាយថា ម្នាលព្រាហ្មណ៍ លោកប្រាថ្នាអ្វី គិតដល់អ្វី ចង់បានអ្វី ស្វែងរកអ្វី ត្រូវការអ្វី លោកទើបមកអង្គុយសម្លឹងមើលទន្លេគង្គាត្រង់ច្រាំងទន្លេនេះ ។ តាបសស្ដាប់ពាក្យនោះហើយ ក៏ពោល ៩ គាថា ថា យថា មហា វារិធរោ, កុម្ភោ សុបរិណាហវា; តថូបមំ អម្ពបក្កំ, វណ្ណគន្ធរសុត្តមំ។ ក្អមដាក់នូវទឹកដ៏ធំ មានទ្រង់ទ្រាយស្អាតបាត មានឧបមាយ៉ាងណា ផ្លែស្វាយទុំដ៏ឧត្តមដោយពណ៌ និងក្លិន និងរស ក៏មានឧបមេយ្យយ៉ាងនោះ ។ តំ វុយ្ហមានំ សោតេន, ទិស្វានាមលមជ្ឈិមេ; បាណីភិ នំ គហេត្វាន, អគ្យាយតនមាហរិំ។ ម្នាលនាងមានអវយៈត្រង់កណ្តាល (ចង្កេះ) មិនមានមន្ទិល អាត្មាបានឃើញផ្លែស្វាយនោះ អណ្តែតតាមខ្សែទឹក ក៏ចាប់ផ្លែស្វាយនោះដោយដៃទាំងពីរ ហើយនាំយកទៅកាន់រោងបូជាភ្លើង ។ តតោ កទលិបត្តេសុ, និក្ខិបិត្វា សយំ អហំ; សត្ថេន នំ វិកប្បេត្វា, ខុប្បិបាសំ អហាសិ មេ។ លំដាប់នោះ អាត្មាបានដាក់ផ្លែស្វាយលើស្លឹកចេកទាំងឡាយដោយខ្លួនឯង ចិតនូវផ្លែស្វាយនោះដោយកាំបិតហើយ (ឆាន់) ផ្លែស្វាយនោះ នាំចេញនូវសេចក្តីស្រេកឃ្លានរបស់អាត្មាបាន ។ សោហំ អបេតទរថោ, ព្យន្តីភូតោ ទុខក្ខមោ; អស្សាទំ នាធិគច្ឆាមិ, ផលេស្វញ្ញេសុ កេសុចិ។ អាត្មានោះប្រាសចាកសេចក្តីក្រវល់ក្រវាយ លុះផ្លែស្វាយអស់ហើយ ក៏អត់ទ្រាំបានដោយលំបាក មិនបានសេចក្តីត្រេកអរ ក្នុងផ្លែឈើទាំងឡាយឯទៀតណាមួយ ។ សោសេត្វា នូន មរណំ, តំ មមំ អាវហិស្សតិ; អម្ពំ យស្ស ផលំ សាទុ, មធុរគ្គំ មនោរមំ; យមុទ្ធរិំ វុយ្ហមានំ, ឧទធិស្មា មហណ្ណវេ។ ផ្លែស្វាយនោះ នឹងនាំមកនូវសេចក្តីស្លាប់ ដល់អាត្មាដោយពិត ព្រោះរីងស្គម ព្រោះផ្លែស្វាយមានរសឆ្ងាញ់មានរសផ្អែមលើសលប់ ជាទីពេញចិត្ត ។ អក្ខាតំ តេ មយា សព្ពំ, យស្មា ឧបវសាមហំ; រម្មំ បតិ និសិន្នោស្មិ, បុថុលោមាយុតា បុថុ។ អាត្មាបានស្រង់ផ្លែស្វាយ ដែលកំពុងអណ្តែតក្នុងអន្លង់ដ៏ធំអំពីស្ទឹង អាត្មានៅ (ដោយសេចក្តីស្រេកឃ្លាន) ព្រោះហេតុណា ហេតុនោះទាំងអស់ អាត្មាបានប្រាប់ដល់នាង ។ ត្វញ្ច ខោ មេវ អក្ខាហិ, អត្តានមបលាយិនិ; កា វា ត្វមសិ កល្យាណិ, កិស្ស វា ត្វំ សុមជ្ឈិមេ។ អាត្មាអង្គុយអាស្រ័យនូវស្ទឹងជាទីរីករាយ ស្ទឹងនេះ ធំទូលាយប្រកបដោយត្រី នាងកុំអាលរត់ទៅ ចូរប្រាប់ខ្លួននោះ ដល់អាត្មាសិន ។ រុប្បបដ្ដបលិមដ្ឋីវ, ព្យគ្ឃីវ គិរិសានុជា; យា សន្តិ នារិយោ ទេវេសុ, ទេវានំ បរិចារិកា។ ម្នាលនាងកល្យាណី នាងជាអ្វី ម្នាលនាងមានអវយវៈត្រង់កណ្តាល (ចង្កេះ) ដ៏ល្អ នាងមានរូបដូចកតម្បារមាសដ៏រលីង (មានដំណើរ) ដូចជាកូនខ្លាដែលកើតក្នុងញកភ្នំ (មកក្នុងទីនេះ) ដើម្បីអ្វី ។ យា ច មនុស្សលោកស្មិំ, រូបេនាន្វាគតិត្ថិយោ; រូបេន តេ សទិសី នត្ថិ, ទេវេសុ គន្ធព្ពមនុស្សលោកេ; បុដ្ឋាសិ មេ ចារុបុព្ពង្គិ, ព្រូហិ នាមញ្ច ពន្ធវេ។ នាងនារីទាំងឡាយណា ជាអ្នកបម្រើពួកទេវតា ក្នុងទេវតាទាំងឡាយផង ស្រីទាំងឡាយណាប្រកបដោយរូប ក្នុងមនុស្សលោកផង ស្រីទាំងឡាយនោះ ប្រាកដស្មើដោយរូបនៃនាងមិនមាន ក្នុងទេវគន្ធព្វ និងមនុស្សលោកឡើយ ម្នាលនាងមានអវយវៈខាងដើម (ភ្លៅ) ដ៏ល្អ អាត្មាសួរហើយ ចូរប្រាប់នាម និងគោត្រផង ផៅពង្សទាំងឡាយផង ។ លំដាប់នោះ ទេវធីតា ក៏ពោល ៨ គាថាថា យំ ត្វំ បតិ និសិន្នោសិ, រម្មំ ព្រាហ្មណ កោសិកិំ; សាហំ ភុសាលយាវុត្ថា, វរវារិវហោឃសា។ បពិត្រព្រាហ្មណ៍ លោកគង់នៅអាស្រ័យស្ទឹងឈ្មោះកោសិកីជាទីរីករាយណា ខ្ញុំមានលំនៅត្រង់ខ្សែទឹកដ៏កាច មានអន្លង់ជាទីហូរនៅនៃទឹកដ៏ប្រសើរ អាស្រ័យនៅហើយ (ក្នុងស្ទឹងនោះ) ។ នានាទុមគណាកិណ្ណា, ពហុកា គិរិកន្ទរា; មមេវ បមុខា ហោន្តិ, អភិសន្ទន្តិ បាវុសេ។ ព្រោះភ្នំដ៏ច្រើន កុះករដោយឈើផ្សេងៗ រមែងមានក្នុងទីចំពោះមុខខ្ញុំ រមែងហូរទៅ ក្នុងរដូវភ្លៀង ។ អថោ ពហូ វនតោទា, នីលវារិវហិន្ធរា; ពហុកា នាគវិត្តោទា, អភិសន្ទន្តិ វារិនា។ ម្យ៉ាងទៀត ស្ទឹងដ៏ច្រើន មានទឹកហូរចេញអំពីព្រៃ ទ្រទ្រង់នូវគំនរទឹកដ៏ខៀវ ស្ទឹងដ៏ច្រើន មានរូបភាពដូចជានាគ រមែងញ៉ាំងខ្ញុំឲ្យពេញដោយទឹក ។ តា អម្ពជម្ពុលពុជា, នីបា តាលា ចុទុម្ពរា; ពហូនិ ផលជាតានិ, អាវហន្តិ អភិណ្ហសោ។ ដើមស្វាយ ដើមព្រីង ដើមខ្នុរសម្ល ដើមក្ទុម្ព ដើមត្នោតនិងដើមល្វា ផលជាតទាំងឡាយដ៏ច្រើន រមែងចូលទៅកាន់ស្ទឹងទាំងនោះរឿយៗ។ យំ កិញ្ចិ ឧភតោ តីរេ, ផលំ បតតិ អម្ពុនិ; អសំសយំ តំ សោតស្ស, ផលំ ហោតិ វសានុគំ។ ផ្លែឈើណាមួយ នៅក្បែរមាត់ច្រាំងទាំងពីរ រមែងជ្រុះទៅក្នុងទឹក ផ្លែឈើនោះ រសាត់ទៅតាមអំណាចខ្សែទឹកដោយឥតសង្ស័យ ។ ឯតទញ្ញាយ មេធាវិ, បុថុបញ្ញ សុណោហិ មេ; មា រោចយ មភិសង្គំ, បដិសេធ ជនាធិប។ បពិត្រលោកជាអ្នកប្រាជ្ញ មានប្រាជ្ញាច្រើន លោកជ្រាបហេតុនុ៎ះហើយ សូមស្តាប់ ពាក្យខ្ញុំចុះ បពិត្រព្រះជនាធិបតី សូមលោកកុំពេញចិត្តឡើយ ចូរបដិសេធ នូវការជាប់ជំពាក់ដោយតណ្ហា ។ ន វាហំ វឌ្ឍវំ មញ្ញេ, យំ ត្វំ រដ្ឋាភិវឌ្ឍន; អាចេយ្យមានោ រាជិសិ, មរណំ អភិកង្ខសិ។ បពិត្រព្រះរាជិសី អ្នកញ៉ាំងដែនឲ្យចម្រើន លោកកំពុងចម្រើន (ដោយសាច់និងឈាម) ប្រាថ្នាសេចក្តីស្លាប់ ដោយហេតុណា ខ្ញុំពុំសំគាល់នូវលោកថា ជាអ្នកចម្រើនដោយប្រាជ្ញា ដោយហេតុនោះទេ ។ តស្ស ជានន្តិ បិតរោ, គន្ធព្ពា ច សទេវកា; យេ ចាបិ ឥសយោ លោកេ, សញ្ញតត្តា តបស្សិនោ; អសំសយំ តេបិ ជានន្តិ, បដ្ឋភូតា យសស្សិនោ។ បិតាទាំងឡាយ (ព្រហ្ម) និងគន្ធព្វព្រមទាំងទេវតា រមែងដឹងនូវភាពនៃបុគ្គលនោះថា ជាអ្នកលុះក្នុងអំណាចនៃតណ្ហា ម្យ៉ាងទៀត ឥសីទាំងឡាយណាក្នុងលោក ជាអ្នកមានចិត្តសង្រួមហើយ មានតបៈ ឥសីទាំងឡាយនោះ រមែងដឹងឥតសង្ស័យ (សូម្បី) ពួកអ្នកមានយសជាអ្នកបម្រើ (ឥសីទាំងនោះក៏ដឹងការនោះតៗ គ្នាទៀត) ។ កាលនទីទេវធីតានឹងឲ្យតាបសនោះ កើតសេចក្ដីសង្វេគទើបពោលយ៉ាងនេះថា ព្រហ្ម ដែលដល់ការរាប់ថាជាបិតា គន្ធព្វព្រមទាំងកាមាវចរទេវតា មួយអន្លើដោយព្រហ្មនោះ និងពួកឥសីដែលមានចក្ខុទិព្វ រមែងដឹងបុគ្គលដែលធ្លាក់ចុះក្នុងអំណាចនៃតណ្ហា ដោយឥតសង្ស័យ ។ តែការដែលអ្នកមានឫទ្ធិទាំងនោះដឹងថា តាបសឯណោះជាបុគ្គលធ្លាក់ចុះ ក្នុងអំណាចនៃតណ្ហា មិនជាអស្ចារ្យទេ ។ ចំណែកអ្នកបម្រើ របស់ឥសីដែលតាំងសេចក្ដីព្យាយាម ជាអ្នកមានយស បានដឹងព្រោះស្ដាប់ពាក្យរបស់ជនទាំងនោះនិយាយគ្នាម្ដងទៀត ។ ឈ្មោះថា អាថ៌កំបាំងរបស់អ្នកធ្វើបាបកម្ម រមែងមិនមាន ។ បន្ទាប់ពីនោះមក តាបសក៏ពោល ៤ គាថាថា ឯវំ វិទិត្វា វិទូ សព្ពធម្មំ, វិទ្ធំសនំ ចវនំ ជីវិតស្ស; ន ចីយតី តស្ស នរស្ស បាបំ, សចេ ន ចេតេតិ វធាយ តស្ស។ បើ (នរជនណា) មិនគិតសម្លាប់បុគ្គលនោះទេ បាបក៏មិនចម្រើនដល់នរជននោះ ដែលដឹងច្បាស់នូវធម៌ទាំងពួង របស់អ្នកប្រាជ្ញ យ៉ាងនេះផង ដឹងនូវការបែកធ្លាយនិងច្យុតិនៃជីវិតផង ។ ឥសិបូគសមញ្ញាតេ, ឯវំ លោក្យា វិទិតា សតិ; អនរិយបរិសម្ភាសេ, បាបកម្មំ ជិគីសសិ។ ម្នាលនាងជាធំ ដែលពួកឥសីដឹងច្បាស់ហើយ ប្រយោជន៍នៃសត្វលោក នាងដឹងច្បាស់ហើយយ៉ាងនេះ នាងឈ្មោះថាស្វែងរកនូវបាបកម្ម (ចំពោះខ្លួន) ព្រោះប្រទេចពាក្យមិនប្រសើរ ។ សចេ អហំ មរិស្សាមិ, តីរេ តេ បុថុសុស្សោណិ; អសំសយំ តំ អសិលោកោ, មយិ បេតេ អាគមិស្សតិ។ ម្នាលនាងទេវធីតាមានត្រគាកសាយល្អ បើយើងស្លាប់លើត្រើយរបស់នាង កាលបើយើងស្លាប់ហើយ តំណិះដំណៀលនឹងបានមកនាងឯង ឥតសង្ស័យឡើយ ។ តស្មា ហិ បាបកំ កម្មំ, រក្ខស្សេវ សុមជ្ឈិមេ; មា តំ សព្ពោ ជនោ បច្ឆា, បកុដ្ឋាយិ មយិ មតេ។ ម្នាលនាងមានអវយវៈ ត្រង់កណ្តាលដ៏ល្អ ព្រោះហេតុនោះ នាងឯងចូររក្សានូវកម្មអាក្រក់ កាលបើយើងស្លាប់ហើយ កុំឲ្យជនទាំងអស់ជេរប្រទេចនាង ក្នុងកាលជាខាងក្រោយឡើយ ។ ទេពធីតាស្ដាប់ពាក្យនោះហើយ ទើបពោល ៥ គាថាថា អញ្ញាតមេតំ អវិសយ្ហសាហិ, អត្តានមម្ពញ្ច ទទាមិ តេ តំ; យោ ទុព្ពជេ កាមគុណេ បហាយ, សន្តិញ្ច ធម្មញ្ច អធិដ្ឋិតោសិ។ ហេតុនេះ ខ្ញុំម្ចាស់ដឹងច្បាស់ហើយ ធម្មតាស្តេចនេះ មិនងាយអត់ទ្រាំបានទេ ណ្ហើយចុះ ខ្ញុំម្ចាស់នឹងប្រគេននូវខ្លួនខ្ញុំម្ចាស់ផង ប្រគេននូវស្វាយនោះផង ដល់លោកម្ចាស់ ត្បិតលោកម្ចាស់បានលះបង់នូវកាមគុណទាំងឡាយ ដែលគេលះបង់បានដោយក្រ ហើយបានអធិដ្ឋាននូវសីល ជាគ្រឿងស្ងប់រម្ងាប់ផង នូវសុចរិតធម៌ផង ។ យោ ហិត្វា បុព្ពសញ្ញោគំ, បច្ឆាសំយោជនេ ឋិតោ; អធម្មញ្ចេវ ចរតិ, បាបញ្ចស្ស បវឌ្ឍតិ។ បុគ្គលណា លះបង់នូវចំណងខាងដើម ហើយឋិតនៅក្នុងចំណងខាងចុងផង ប្រព្រឹត្តនូវអធម៌ផង បាបតែងចម្រើនឡើងដល់បុគ្គលនោះ ។ ឯហិ តំ បាបយិស្សាមិ, កាមំ អប្បោស្សុកោ ភវ; ឧបនយាមិ សីតស្មិំ, វិហរាហិ អនុស្សុកោ។ សូមលោកម្ចាស់មកចុះ ខ្ញុំម្ចាស់នឹងនាំលោកម្ចាស់ទៅឲ្យដល់ព្រៃស្វាយនោះ សូម លោកម្ចាស់មានសេចក្តីខ្វល់ខ្វាយតិចដោយពិតចុះ ខ្ញុំម្ចាស់នឹងនាំទៅដាក់ក្នុងព្រៃស្វាយដ៏ត្រជាក់នោះ សូមលោកម្ចាស់គង់នៅកុំមានសេចក្តីខ្វល់ខ្វាយ ។ តំ បុប្ផរសមត្តេភិ, វក្កង្គេហិ អរិន្ទម; កោញ្ចា មយូរា ទិវិយា, កោលដ្ឋិមធុសាឡិកា; កូជិតា ហំសបូគេហិ, កោកិលេត្ថ បពោធរេ។ បពិត្រអរិន្ទមៈ ព្រៃស្វាយនោះ ពួកសត្វបក្សីមានកក្ងក់ ស្រវឹងដោយរសនៃផ្កាឈើ ស្រែកបន្លឺឡើងហើយ ពួកក្រៀល ពួកក្ងោក ជាទិព្វ ពួកសត្វស្លាបឈ្មោះកោលដ្ឋិ និងឈ្មោះមធុសាឡិកៈ យំជាមួយនឹងពួកហង្ស ពួកតាវៅ ដែលនៅក្នុងព្រៃស្វាយនោះ ក៏ញ៉ាំងពួកសត្វទាំងនោះឲ្យភ្ងាក់ឡើងហើយ ។ អម្ពេត្ថ វិប្បសាខគ្គា, បលាលខលសន្និភា; កោសម្ពសលឡា នីបា, បក្កតាលវិលម្ពិនោ។ ដើមស្វាយទាំងឡាយក្នុងព្រៃនោះ មានចុងមែកដាបចុះ (ព្រោះទម្ងន់ផ្លែ) ប្រាកដស្មើដោយទីលានដែលពេញដោយកណ្តាប់ស្រូវ ដើមដកគាំ ស្រល់ និងកទម្ពទាំងឡាយ មានចង្កោមផ្លែសំយុងចុះ ដូចធ្លាយផ្លែត្នោតទុំ ។ លោកពោលអធិប្បាយថា នែតាបសដ៏ចម្រើន បុគ្គលណាលះបង់រាជសម្បត្តិដ៏ធំ ហើយមកជាប់ជំពាក់នឹងរសតណ្ហា ត្រឹមតែផ្លែស្វាយទុំ មិននឹកនាដល់ខ្យល់និងកម្ដៅ អង្គុយរីងរៃនៅនឹងច្រាំងទន្លេ បុគ្គលនោះកាលឆ្លងមហាសមុទ្រ ប្រៀបដូចបុគ្គលដែលអង្គុយនៅទីបំផុតនៃច្រាំង ។ បុគ្គលណាជាអ្នកលុះក្នុងអំណាចនៃតណ្ហា ប្រព្រឹត្តអធម៌ កាលធ្វើដោយអំណាចនៃតណ្ហា បាបរមែងចម្រើនដល់បុគ្គលនោះ ។ ទេពធីតាកាលតិះដៀលតាបស ទើបពោលដូច្នេះ ។ កាលទេវធីតាពណ៌នាហើយ នាងក៏នាំតាបសទៅដាក់ក្នុងព្រៃស្វាយនោះ ហើយពោលថា លោកកាលបរិភោគផ្លែស្វាយក្នុងអម្ពវ័ននេះហើយ ចូរញ៉ាំងតណ្ហារបស់ខ្លួនឲ្យពេញចុះ ថាដូច្នេះហើយ ទើបចៀសចេញទៅ ។ តាបសបរិភោគផ្លែស្វាយ និងញ៉ាំងតណ្ហាឲ្យពេញហើយ ក៏សម្រាក កាលប្រព្រឹត្តនៅក្នុងអម្ពវ័នក៏បានឃើញវេមានិកប្រេតដែលកំពុងសោយទុក្ខ តែលោកមិនអាចនឹងពោលយ៉ាងណាឡើយ ។ ក្នុងកាលព្រះសូរិយាអស្ដង្គតទៅ តាបសឃើញប្រេតនោះសោយទិព្វសម្បត្តិ ដែលមានស្ត្រីរបាំជាបរិវារ ហើយទើបពោល ៣ គាថាថា មាលី កិរិដី កាយូរី, អង្គទី ចន្ទនុស្សទោ; រត្តិំ ត្វំ បរិចារេសិ, ទិវា វេទេសិ វេទនំ។ អ្នកទ្រទ្រង់នូវផ្កាកម្រង ទ្រទ្រង់នូវឈ្នួត ប្រដាប់ដោយគ្រឿងអាភរណៈ ពាក់នូវពាហុរត្ន (កងកន់) ប្រស់ព្រំដោយខ្លឹមចន្ទន៍ ឲ្យគេបម្រើក្នុងវេលាយប់ សោយនូវទុក្ខវេទនាក្នុងវេលាថ្ងែ ។ សោឡសិត្ថិសហស្សានិ, យា តេមា បរិចារិកា; ឯវំ មហានុភាវោសិ, អព្ភុតោ លោមហំសនោ។ ស្រីទាំងឡាយ ១៦០០០ នេះ ជាស្រីបម្រើរបស់អ្នក អ្នកជាបុគ្គលមានអានុភាពច្រើនយ៉ាងនេះ អស្ចារ្យ គួរឲ្យព្រឺរោម ។ កិំ កម្មមករី បុព្ពេ, បាបំ អត្តទុខាវហំ; យំ ករិត្វា មនុស្សេសុ, បិដ្ឋិមំសានិ ខាទសិ។ ក្នុងកាលមុន អ្នកបានធ្វើអំពើបាប នាំមកនូវទុក្ខដល់ខ្លួនដូចម្តេច ដែលអ្នកធ្វើក្នុងមនុស្សលោក បានជាស៊ីនូវសាច់ខ្នង (របស់ខ្លួន) ។ ប្រេតចាំតាបសនោះបាន ហើយពោលថា ព្រះអង្គមិនស្គាល់ខ្ញុំទេឬ ខ្ញុំជាបុរោហិតរបស់ព្រះអង្គ ខ្ញុំបានសោយសេចក្ដីសុខក្នុងវេលាយប់ ព្រោះផលនៃឧបោសថកន្លះថ្ងៃដែលខ្ញុំបានធ្វើដោយអាស្រ័យព្រះអង្គ បានសោយសេចក្ដីទុក្ខក្នុងពេលថ្ងៃ ដោយផលនៃបាបជាប្រក្រតីរបស់ខ្ញុំ ។ ខ្ញុំដែលព្រះអង្គតាំងទុកក្នុងតំណែងជាអ្នកវិនិច្ឆ័យ បានធ្វើការកាត់ក្ដីកោង ទទួលសំណូក ជាអ្នកស៊ីសាច់ខ្នងអ្នកដទៃ ព្រោះផលនៃកម្មដែលបានធ្វើទុកនោះ ខ្ញុំទើបសោយសេចក្ដីទុក្ខនេះក្នុងពេលថ្ងៃ ដូច្នេះហើយ ទើបពោលគាថា ២ ថា អជ្ឈេនានិ បដិគ្គយ្ហ, កាមេសុ គធិតោ អហំ; អចរិំ ទីឃមទ្ធានំ, បរេសំ អហិតាយហំ។ ខ្ញុំបានរៀននូវវេទទាំងឡាយ ហើយជាប់ជំពាក់ក្នុងកាមទាំងឡាយ បានប្រព្រឹត្តមិនជាប្រយោជន៍ដល់ជនដទៃ អស់កាលដ៏យូអង្វែង ។ យោ បិដ្ឋិមំសិកោ ហោតិ, ឯវំ ឧក្កច្ច ខាទតិ; យថាហំ អជ្ជ ខាទាមិ, បិដ្ឋិមំសានិ អត្តនោ។ បុគ្គលណា ជាអ្នកស៊ីនូវសាច់ខ្នង (ញុះញង់គេ) បុគ្គលនោះ ក៏ខ្វារស៊ីនូវសាច់ខ្នងរបស់ខ្លួន ដូចខ្ញុំស៊ីក្នុងថ្ងៃនេះដែរ ។ វេមានិកប្រេតបានពោលពាក្យនេះហើយ ក៏សួរតាបសថា លោកម្ចាស់មកទីនេះបាន ដោយប្រការដូចម្ដេច ។ តាបសពោលរឿងរ៉ាវទាំងអស់ ដោយពិស្ដារ ។ ប្រេតសួរទៀតថា បពិត្រលោកម្ចាស់ដ៏ចម្រើន ឥឡូវនេះ លោកនឹងនៅក្នុងទីនេះ ឬនឹងទៅវិញ ? តាបសពោលថា យើងមិននៅទេ យើងនឹងទៅកាន់អាស្រមប៉ុណ្ណោះ ។ ប្រេតពោលថា បពិត្រលោកម្ចាស់ ប្រពៃណាស់ ខ្ញុំនឹងទំនុកបម្រុងលោកម្ចាស់ដោយផ្លែស្វាយទុំជាប្រចាំ ថាហើយ ក៏នាំយកតាបសទៅដាក់ចុះក្នុងអាស្រម ដោយអានុភាពរបស់ខ្លួន រួចឲ្យតាបសកាន់យកបដិញ្ញាថា សូមលោកម្ចាស់កុំអផ្សុកអី ចូរនៅក្នុងទីនេះចុះ ដូច្នេះហើយ ទើបទៅ ។ ចាប់ពីពេលនោះមក ប្រេតនោះក៏បានទំនុកបម្រុងតាបសដោយផ្លែស្វាយទុំជាប់ជានិច្ច ។ តាបសកាលបានបរិភោគផ្លែស្វាយនោះ ហើយធ្វើកសិណបរិកម្ម ញ៉ាំងឈាននិងអភិញ្ញាឲ្យកើតឡើង ជាអ្នកមានព្រហ្មលោកជាទីទៅខាងមុខ ។ ព្រះសាស្ដាបាននាំព្រះធម្មទេសនានេះ ដល់ឧបាសកឧបាសិកាទាំងឡាយហើយ ទ្រង់ប្រកាសសច្ចធម៌ និងប្រជុំជាតក ក្នុងកាលជាទីបញ្ចប់នៃសច្ចធម៌ បុគ្គលខ្លះបានសម្រេចជាព្រះសោតាបន្ន បុគ្គលខ្លះបានជាព្រះសកទាគាមី បុគ្គលខ្លះបានជាព្រះអនាគាមី ។ តទា ទេវធីតា ឧប្បលវណ្ណា អហោសិ ទេពធីតាក្នុងកាលនោះ បានមកជាឧប្បលវណ្ណា តាបសោ បន អហមេវ អហោសិំ ចំណែកតាបស គឺ តថាគតនេះឯង ។កិំឆន្ទជាតក ចប់ ៕ (ជាតកដ្ឋកថា សុត្តន្តបិដក ខុទ្ទកនិកាយ ជាតក តិំសនិបាត បិដកលេខ ៦០ ទំព័រ ១៤៩) ថ្ងៃសៅរ៍ ១២ កើត ខែជេស្ឋ ឆ្នាំច សំរិទ្ធិស័ក ច.ស. ១៣៨០ ម.ស. ១៩៤០ ថ្ងៃទី ២៦ ខែ ឧសភា ព.ស. ២៥៦២ គ.ស.២០១៨ ដោយស.ដ.វ.ថ. ដោយ៥០០០ឆ្នាំ
images/articles/3253/________________________________________________.jpg
ផ្សាយ : ០៤ ឧសភា ឆ្នាំ២០២២ (អាន: ១៣៩ ដង)
ព្រះសាស្ដា កាលស្ដេចគង់នៅវត្តជេតពន ទ្រង់ប្រារព្ធភិក្ខុកំលោះមួយរូប ដែលដុត បណ្ណសាលា របស់ព្រះមហាកស្សបត្ថេរ បានត្រាស់ព្រះធម្មទេសនានេះ មានពាក្យថា មនុស្សស្សេវ តេ សីសំ ដូច្នេះជាដើម ។ រឿងរ៉ាវនេះ បានកើតឡើងក្នុងក្រុងរាជគ្រឹះ ។ បានឮមកថា គ្រានោះ ព្រះថេរៈ នៅក្នុងកុដិដែល​នៅក្នុងព្រៃ អាស្រ័យក្នុងនគររាជគ្រឹះ ។ មានភិក្ខុកំលោះពីររូប នៅធ្វើ កិច្ចការបម្រើព្រះថេរៈ ។ បណ្ដាភិក្ខុពីររូបនោះ មួយរូបជាអ្នកធ្វើឧបការៈដល់ព្រះថេរៈ, មួយរូបជាមនុស្សប្រដៅ​ក្រ តែងធ្វើអ្វីៗ ដែលភិក្ខុមួយរូបទៀតធ្វើហើយ ធ្វើដូចជា ខ្លួនឯងបានធ្វើ ។ កាលបើភិក្ខុ (ឧស្សាហ៍) តម្កល់ទឹកលុបមុខជាដើមរួចហើយ ភិក្ខុនោះទៅ កាន់សម្នាក់ព្រះថេរៈ ថ្វាយបង្គំ ហើយពោលថា បពិត្រលោកម្ចាស់ ទឹកតម្កល់រួចហើយ សូមលោកម្ចាស់លុបលាងព្រះភក្ត្រ ដូច្នេះជាដើម ។ កាលភិក្ខុ (ឧស្សាហ៍) ក្រោកតាមកាលបោសបរិវេណព្រះថេរៈរួចហើយ ក្នុងពេលព្រះថេរៈចេញមក, ទុព្វចភិក្ខុនោះគោះកន្លែង នោះ ធ្វើដូចជាខ្លួនឯងបាន​បោស​បរិវេណទាំងអស់ ។ ភិក្ខុអ្នកដល់ព្រមដោយវត្ត គិតថា ទុព្វចភិក្ខុនេះធ្វើការងារ ដែលយើងធ្វើ ដូចជាខ្លួនឯងធ្វើ យើងនឹងធ្វើអំនួត របស់ភិក្ខុនេះ ឲ្យប្រាកដ ។ កាលទុព្វចភិក្ខុឆាន់ខាងក្នុងស្រុក ហើយត្រឡប់មក ហើយសឹងលក់, ភិក្ខុអ្នកមានវត្តដាំទឹកសម្រាប់ស្រង់ យកទៅទុកនៅខាងក្រោយបន្ទប់ និងទុកទឹកដទៃត្រឹមតែកន្លះ នាឡិប៉ុណ្ណោះ ក្នុងភាជនៈដែលនៅលើជើងក្រាន ។ ទុព្វចភិក្ខុភ្ញាក់ឡើង ដើរទៅ ឃើញ ផ្សែងភ្លើងតាំងឡើង គិតថា ភិក្ខុអ្នកមានវត្តដាំទឹកហើយ នឹងតម្កល់ក្នុងបន្ទប់ ដូច្នេះទើបទៅកាន់សម្នាក់ព្រះថេរៈ រួចពោលថា បពិត្រលោកម្ចាស់ ទឹកតម្កល់ទុកក្នុងបន្ទប់ហើយ សូមលោកម្ចាស់ងូតទឹក ។ ព្រះថេរៈពោលថា ខ្ញុំនឹងងូត ដូច្នេះទើបមកជាមួយនឹងភិក្ខុនោះ (តែពេលមកដល់) មិនឃើញទឹក ក៏សួរថា ទឹកនៅឯណា ។ ទុព្វចភិក្ខុនោះ ទៅកាន់រោងភ្លើងដោយរហ័ស ដាក់បោយក្នុងភាជនៈទទេ បោយប៉ះផ្ទប់នឹងផ្ទៃភាជនៈទទេ ឮសូរថា តៈតៈ ។ ចាប់ពីពេលនោះមក កើតឈ្មោះដល់ទុព្វចភិក្ខុនោះថា ឧឡុង្កសទ្ទកៈ ។ ក្នុងខណៈនោះ ភិក្ខុម្នាក់ទៀតនាំទឹកអំពីខាងក្រោយបន្ទប់មក ពោលថា បពិត្រលោកម្ចាស់ សូមលោកងូតទឹក ។ ព្រះថេរៈងូតទឹកហើយ ពិចារណា បានដឹងភាពជាអ្នកប្រដៅក្ររបស់ឧឡុង្កសទ្ទកភិក្ខុ ពេលដែលភិក្ខុនោះមកកាន់ទីបម្រើប ព្រះថេរៈក៏ឲ្យឱវាទថាម្នាលអាវុសោ ឈ្មោះថា សមណៈ គួរពោលនូវកម្មដែលខ្លួនបានធ្វើថា កម្មនេះគឺខ្ញុំធ្វើ អ្នកពោលសម្បជានមុសាវាទដោយប្រការដទៃ ចាប់ពីពេលនេះទៅ អ្នកកុំធ្វើបែបនេះទៀត ។ ឧឡុង្កសទ្ទកភិក្ខុនោះក្រោធខឹងព្រះថេរៈ ។ ក្នុងថ្ងៃស្អែក លោកមិនចូលទៅកាន់ស្រុកដើម្បីបិណ្ឌបាតជាមួយនឹងព្រះថេរៈទេ ។ ព្រះថេរៈចូលទៅជាមួយភិក្ខុដទៃ ។ ចំណែក ឧឡុង្ក​សទ្ទកភិក្ខុទៅកាន់ត្រកូលឧបដ្ឋាករបស់ព្រះថេរៈ កាលគេពោលថា បពិត្រលោកម្ចាស់ ព្រះថេរៈនៅទីណា លោកប្រាប់គេថា ព្រះថេរៈអង្គុយមិនជាសុខក្នុងវិហារ ។ កាលគេពោលថា បពិត្រលោកម្ចាស់ ព្រះថេរៈគួរបានអ្វី ? លោកពោលថា អ្នកចូរប្រគេនរបស់នេះផង របស់នេះផង ដូច្នេះហើយ ក៏កាន់យករបស់ទាំងនោះទៅកាន់ទីដែលខ្លួនពេញចិត្ត ឆាន់រួច ទើបទៅកាន់អារាម ។ ក្នុងថ្ងៃស្អែក ព្រះថេរៈទៅកាន់ត្រកូលនោះ ហើយគង់ ។ កាលមនុស្សទាំងឡាយពោលថា បពិត្រលោកម្ចាស់ ការមិនជាសុខមានដល់លោកម្ចាស់ឬ បានឮមកថា ម្សិលមិញ លោកម្ចាស់អង្គុយក្នុងវិហារ ពួកខ្ញុំបញ្ជូនអាហារក្នុងដៃភិក្ខុកំលោះមួយរូប លោកម្ចាស់បានឆាន់ឬទេ ? ព្រះថេរៈនៅស្ងៀម ធ្វើភត្តកិច្ចហើយ ទៅកាន់វិហារ ។ ក្នុងវេលាល្ងាច ព្រះថេរៈក៏ហៅ​ឧឡុង្កសទ្ទក​ភិក្ខុ ដែលមកកាន់ទីឧបដ្ឋាកថា ម្នាលអាវុសោ ត្រកូលឯណោះក្នុងស្រុកមួយនោះពោលថា បានឮថា ព្រះថេរៈឲ្យសូមថា វត្ថុនេះផង វត្ថុនេះផង គួរបានដល់ព្រះថេរៈ រួចលោកក៏ឆាន់, ឈ្មោះថា វិញ្ញត្តិ (ការសូម) រមែងមិនគួរ, លោកកុំប្រព្រឹត្តអនាចារបែបនេះទៀត ។ ឧឡុង្កសទ្ទកភិក្ខុនោះចងអាឃាតនឹងព្រះថេរៈ ដោយពាក្យមានប្រមាណប៉ុណ្ណេះ រួចគិតថា សូម្បីម្សិលមិញ ព្រះថេរៈនេះ អាស្រ័យត្រឹមតែទឹក លោកធ្វើជម្លោះនឹងយើង ឥឡូវនេះ កាលមិនអាចអត់ធន់ថា យើងបានឆាន់ភត្តមួយក្ដាប់ក្នុងផ្ទះឧបដ្ឋាក របស់លោក ក៏ធ្វើជម្លោះម្ដងទៀត យើងនឹងដឹងអំពើដែលសមគួរធ្វើដល់ព្រះថេរៈ ដូច្នេះហើយ ក្នុងថ្ងៃស្អែក ពេលព្រះថេរៈចូលទៅបិណ្ឌបាត លោកកាន់យកអន្លូង វាយបំបែកភាជនៈសម្រាប់បរិភោគ ដុតបណ្ណសាលា រួចរត់ទៅបាត់ ។ លោករស់នៅដូចជាមនុស្សប្រេត ស្គមរីងរៃ ហើយធ្វើកាល​កិរិយា​ កើតក្នុងអវីចិមហានរក ។ អនាចារដែលភិក្ខុនោះធ្វើហើយ បានប្រាកដក្នុងកណ្ដាលមហាជន ។ លំដាប់នោះ ភិក្ខុទាំងឡាយចេញពីក្រុងរាជគ្រឹះទៅកាន់ក្រុងសាវត្ថី ទុកដាក់បាត្រនិងចីវរក្នុងទីសមគួរ រួចទៅកាន់សម្នាក់ព្រះសាស្ដា ថ្វាយបង្គំព្រះអង្គ ហើយអង្គុយ ។ ព្រះសាស្ដាធ្វើបដិសណ្ឋារៈភិក្ខុទាំងនោះ ហើយត្រាស់ថា អ្នកទាំងឡាយមកអំពីណា ? ពួកភិក្ខុទូលថា មកពីក្រុងរាជគ្រឹះ ព្រះអង្គ ។ ព្រះពុទ្ធត្រាស់សួថា ក្នុងទីនោះ អ្នកណាជាអាចារ្យអ្នកឲ្យឱវាទ ? ភិក្ខុទាំងឡាយទូលថា បពិត្រព្រះអង្គ គឺព្រះមហាកស្សបត្ថេរ ។ ព្រះសាស្ដាត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តើកស្សបៈសុខសប្បាយទេ ? ពួកភិក្ខុទូលថា បពិត្រព្រះអង្គ ព្រះថេរៈសុខសប្បាយ តែសទ្ធិវិហារិករបស់លោក ក្រោធខឹងពេលដែលលោកឲ្យឱវាទ ហើយដុតបណ្ណ​សាលា​របស់ព្រះថេរៈ រួចរត់ទៅ ។ ព្រះសាស្ដាស្ដាប់ពាក្យនោះហើយ ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ការប្រព្រឹត្តទៅតែឯង រមែងប្រសើរជាងការប្រព្រឹត្តជាមួយនឹងបុគ្គលពាល ដែលមានសភាពបែបនោះ របស់កស្សបៈ រួចហើយទ្រង់ត្រាស់គាថានេះក្នុងធម្មបទថា ៖ ចរញ្ចេ នាធិគច្ឆេយ្យ, សេយ្យំ សទិសមត្តនោ; ឯកចរិយំ ទឡ្ហំ កយិរា, នត្ថិ ពាលេ សហាយតា។ បុគ្គលកាលស្វះស្វែងរកកល្យាណមិត្ត បើមិនបានមិត្តដ៏ប្រសើរជាងខ្លួន ឬមិត្តដែលស្មើនឹងខ្លួនទេ គប្បីប្រព្រឹត្តនៅតែម្នាក់ឯង ឲ្យខ្ជាប់ខ្ជួនវិញ ព្រោះថាសហាយតាគុណ មិនមានក្នុងបុគ្គលពាលឡើយ ។ (សុត្តន្តបិដក ខុទ្ទកនិកាយ ធម្មបទ ពាលវគ្គ បិដកលេខ ៥២ ទំព័រ ៣៤) ព្រះមានព្រះភាគត្រាស់យ៉ាងនេះហើយ ទ្រង់ត្រាស់នឹងភិក្ខុទាំងនោះទៀត ថា ម្នាលភិក្ខុទាំងឡាយ មិនមែនតែក្នុងកាលឥឡូវនេះទេ ដែលឧឡុង្កសទ្ទកភិក្ខុនោះប្រទូស្តនឹងកុដិ សូម្បីក្នុងកាលមុន ភិក្ខុនោះក៏ប្រទូស្តនឹងកុដិដែរ, ហើយមិនមែនតែក្នុងកាលឥឡូវនេះទេ ដែលឧឡុង្កសទ្ទកភិក្ខុក្រោធនឹងអ្នកឲ្យឱវាទនោះ សូម្បីកាលមុន ក៏ក្រោធនឹងអ្នកឲ្យឱវាទដែរ ។ កាលភិក្ខុទាំងឡាយអារាធនាហើយ ព្រះអង្គនាំអតីតនិទានមកថា ៖ ក្នុងអតីតកាល កាលព្រះបាទព្រហ្មទត្តសោយរាជសម្បត្តិក្នុងនគរពារាណសី ព្រះពោធិសត្វកើតក្នុងកំណើតសត្វគ្រលេងគ្រលោង កាលចម្រើនវ័យធំហើយ ធ្វើសំបុកត្រង់កន្លែងដែលមិនមានភ្លៀងធ្លាក់ត្រូវ ជាទីពេញចិត្តខ្លួន រស់នៅក្នុងដែលដីព្រៃហិមពាន្ត ។ លំដាប់នោះ កាលភ្លៀងបង្អុរធ្លាក់ចុះមិនដាក់គ្រាប់ក្នុងរដូវភ្លៀង មានស្វាមួយត្រូវត្រជាក់បៀតបៀន មកអង្គុយខាំធ្មេញនៅជិតព្រះពោធិសត្វ ។ ព្រះពោធិសត្វឃើញស្វាដែលមានសេចក្ដីលំបាកយ៉ាងនោះ កាលចរចាជាមួយស្វានោះ ទើបពោលគាថាទី ១ ថា មនុស្សស្សេវ តេ សីសំ, ហត្ថបាទា ច វានរ; អថ កេន នុ វណ្ណេន, អគារំ តេ ន វិជ្ជតិ។ នែពានរ ក្បាល ដៃ និងជើង របស់អ្នក ដូចជាមនុស្សដែរ តែព្រោះហេតុអ្វី បានជាផ្ទះរបស់អ្នកគ្មាន ។ បណ្ដាបទទាំងនោះ បទថា វណ្ណេន បានដល់ ការណេន ប្រែថា ព្រោះហេតុ ។ បទថា អគារំ សេចក្ដីថា ព្រះពោធិសត្វសួរស្វាថា ផ្ទះជាទីនៅរបស់អ្នកមិនមាន ដោយហេតុអ្វី ។ ស្វាស្ដាប់ពាក្យនោះហើយ ពោលគាថាទី ២ ថា មនុស្សស្សេវ មេ សីសំ, ហត្ថបាទា ច សិង្គិល; យាហុ សេដ្ឋា មនុស្សេសុ, សា មេ បញ្ញា ន វិជ្ជតិ។ នែគ្រលេងគ្រលោង ក្បាល ដៃ និងជើងរបស់ខ្ញុំ ដូចមនុស្សមែនហើយ តែប្រាជ្ញាណាដែលបោរាណាចារ្យ ពោលថា ប្រសើរក្នុងពួកមនុស្ស ប្រាជ្ញានោះរបស់ខ្ញុំមិនមានទេ ។ បណ្ដាបទទាំងនោះ បទថា សិង្គិល សេចក្ដីថា ស្វាហៅបក្សីនោះដោយឈ្មោះ ។ បទថា យាហុ សេដ្ឋា មនុស្សេសុ សេចក្ដីថា វិចារណបញ្ញាណាដែលបោរាណាចារ្យ ទាំងឡាយពោលថា ប្រសើរក្នុងពួកមនុស្ស វិចារណបញ្ញានោះ មិនមានដល់យើង ។ ពិតមែនហើយ ក្បាល ដៃ ជើង និងកម្លាំងកាយ មិនជាប្រមាណក្នុងលោក វិចារណបញ្ញាប៉ុណ្ណោះទើបប្រសើរ វិចារណបញ្ញានោះមិនមានដល់យើង ព្រោះហេតុនោះ អគាររបស់យើង ទើបមិនមាន ។ ព្រះពោធិសត្វស្ដាប់ពាក្យនោះហើយ ពោល ២ គាថាដទៃទៀត ថា អនវដ្ឋិតចិត្តស្ស, លហុចិត្តស្ស ទុព្ភិនោ; និច្ចំ អទ្ធុវសីលស្ស, សុខភាវោ ន វិជ្ជតិ។ ធម្មតាអ្នកមានចិត្តមិននឹងនួន មានចិត្តរប៉ិលរប៉ូច ជាអ្នកប្រទូស្តចំពោះមិត្រ មានមារយាទមិនទៀងជានិច្ច តែងមិនមានសេចក្ដីសុខ ។ សោ ករស្សុ អានុភាវំ, វីតិវត្តស្សុ សីលិយំ; សីតវាតបរិត្តាណំ, ករស្សុ កុដវំ កបិ។ នែពានរ អ្នកនោះចូរធ្វើនូវអានុភាព (ឲ្យកើតបញ្ញា) ចូរផ្លាស់មារយាទចេញ ចូរធ្វើខ្ទមជាគ្រឿងការពារនូវត្រជាក់និងខ្យល់ ។ បណ្ដាបទទាំងនោះ បទថា អនវដ្ឋិតចិត្តស្ស សេចក្ដីថា អ្នកមានចិត្តមិនតាំងនៅ ។ បទថា ទុព្ភិនោ សេចក្ដីថា អ្នកទ្រុស្តមិត្រ ។ បទថា អទ្ធុវសីលស្ស សេចក្ដីថា មិនរក្សាសីលអស់កាលទាំងពួង ។ បទថា សោ ករស្សុ អានុភាវំ សេចក្ដីថា នែស្វាសម្លាញ់ អ្នកឯងចូរធ្វើឧបាយ ដែលជាកម្លាំងអានុភាព ដើម្បីឲ្យកើតបញ្ញាចុះ ។ បទថា វីតិវត្តស្សុ សីលិយំ សេចក្ដីថា ចូរកន្លងមារយាទ ពោលគឺភាពទ្រុស្តសីលរបស់ខ្លួន ហើយជាអ្នកមានសីល ។ បទថា កុដវំ កបិ សេចក្ដីថា ព្រះពោធិសត្វពោលថា អ្នកចូរធ្វើខ្ទម សម្បុក គឺអាគារ ជាទីនៅមួយរបស់ខ្លួន ដែលអាចការពារត្រជាក់និងខ្យល់បាន ។ ស្វាគិតថា ដំបូង គ្រលេងគ្រលោងនេះជេរប្រទេចផ្ដាសាយើង ដោយភាពដែលយើងអង្គុយក្នុងទីមិនមានភ្លៀងធ្លាក់របស់ខ្លួន យើងនឹងមិនឲ្យវាទំនៅក្នុងសំបុកនេះឡើយ។ លំដាប់នោះ ស្វាប្រាថ្នានឹងចាប់ព្រះពោធិសត្វ ទើបស្ទុះទៅ, ព្រះពោធិសត្វក៏ហើរឡើងទៅកាន់ទីដទៃ ។ ស្វាកម្ទេចសំបុកធ្វើឲ្យបែកខ្ទេចខ្ទីហើយ ក៏ចៀសចេញទៅ ។ ព្រះសាស្ដានាំព្រះធម្មទេសនានេះមកហើយ ទ្រង់ប្រជុំជាតកថា តទា មក្កដោ កុដិឈាបកោ អហោសិ ស្វាក្នុងកាលនោះ បានមកជាភិក្ខុដុតកុដិសិង្គិលសកុណោ បន អហមេវ អហោសិំ គ្រលេងគ្រលោង គឺ តថាគតនេះឯង ។ កុដិទូសកជាតក ចប់ ៕ (ជាតកដ្ឋកថា សុត្តន្តបិដក ខុទ្ទកនិកាយ ជាតក ចតុក្កនិបាត កុដិទូសកវគ្គ បិដកលេខ ៥៨ ទំព័រ ២០៨) ថ្ងៃអង្គារ ៦ រោច ខែអស្សុជ ឆ្នាំច សំរិទ្ធិស័ក ច.ស. ១៣៨០ ម.ស. ១៩៤០ ថ្ងៃទី ៣០ ខែ តុលា ព.ស. ២៥៦២ គ.ស.២០១៨ ដោយស.ដ.វ.ថ. ដោយ៥០០០ឆ្នាំ
images/articles/628/Untitled-1.jpg
ផ្សាយ : ០១ ឧសភា ឆ្នាំ២០២២ (អាន: ១៥,៧៧៩ ដង)
រឿងនាងសេសវតី ( ចាក វិ. ខុ. ) ( លទ្ធផលនៃការបូជាព្រះសារីរិកធាតុ ) ក្នុងសាសនា​ព្រះ​សម្ពុទ្ធ​កស្សបៈ ​ព្រះអង្គ​បរិនិព្វាន​ទៅហើយ​
images/articles/629/Untitled-1.jpg
ផ្សាយ : ០១ ឧសភា ឆ្នាំ២០២២ (អាន: ៣៣,៦៤២ ដង)
រឿងបល្លង្កអណ្តែត ( ចាក វិ. ខុ. ) ( សទ្ធាជាពូជ នៃសិរីក្នុងលោក ) ក្នុងពុទ្ធកាល​ ព្រះមហា​មោគ្គល្លានត្ថេរ​ បាននិមន្ត​ទៅស្ថាន​ត្រៃត្រឹង្ស​ទេវ​លោក
images/articles/635/Untitled-1.jpg
ផ្សាយ : ០១ ឧសភា ឆ្នាំ២០២២ (អាន: ៣៤,៧១៧ ដង)
រឿងពាណិជ្ជបុរស ( ចាក អ. វ. ) ( ទោសនៃការជាប់ជំពាក់ក្នុងកាមគុណ ) កាល​ពី​អតីត​ ក្នុង​តម្ត​បណ្ណិ​ទីប​ (ទី្វប​របស់​ជន​ អ្នក​មាន​បាតដៃ​​ក្រហម​​ នៅ​​អា​ស្រ័យ​) មាន​នគរ​យក្ខ​មួយ​ឈ្មោះ ​សិរីសវត្ថុ​។
images/articles/631/Untitled-1.jpg
ផ្សាយ : ០១ ឧសភា ឆ្នាំ២០២២ (អាន: ១៧,១៧១ ដង)
រឿងរុក្ខទេវតា ( ចាក ព្យ. តិ. ) ( អ្នកមានទ្រព្យ មានយសស័ក្តិ គួរក្សាអ្នកក្រឥតយសស័ក្តិ ) ក្នុងកាល​កន្លង​ទៅហើយ​ ព្រះបាទ​ព្រហ្មទត្ត​សោយរាជ​សម្បត្តិ​ក្នុង​ក្រុង
៥០០០ឆ្នាំ ស្ថាបនាក្នុងខែវិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕