ថ្ងៃ ពុធ ទី ២៩ ខែ មិថុនា ឆ្នាំខាល ចត្វា​ស័ក, ព.ស.​២៥៦៦  
ស្តាប់ព្រះធម៌ (Mp3)
ការអានព្រះត្រៃបិដក (Mp3)
​ការបង្រៀនព្រះធម៌ (Mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (Mp3)
កម្រងធម៌​សូធ្យនានា (Mp3)
កម្រងកំណាព្យនិងស្មូត្រ (Mp3)
កម្រងបទភ្លេងនិងចម្រៀង (Mp3)
ព្រះពុទ្ធសាសនានិងសង្គម (Mp3)
បន្ទុកសៀវភៅ (eBook)
បន្ទុកវីដេអូ (Video)
ទើបស្តាប់/អានរួច
វិទ្យុផ្សាយផ្ទាល់
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុឱវាទព្រះពុទ្ធ
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុពន្លឺត្រៃរតន៍ (តាកែវ)
ទីតាំងៈ ខេត្តតាកែវ
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ការជូនដំណឹង
ទិន្នន័យសរុបនៃការចុចចូល៥០០០ឆ្នាំ
ថ្ងៃនេះ ៩៣,៤៦៥
Today
ថ្ងៃម្សិលមិញ ១០៥,១៨៣
ខែនេះ ៣,៨៩២,៨២៧
សរុប ២៦២,៧៩៦,១៨២
free counters
កំពុងទស្សនា ចំនួន
រឿងនិទានអប់រំចិត្ត
images/articles/374/2020-07-21_15_51_17-__________________________________-_Google_Search.jpg
ផ្សាយ : ២១ កក្តដា ឆ្នាំ២០២០ (អាន: ៣០,៣១៩ ដង)
ព្រះបរមសាស្តា ទ្រង់បានប្រារឰនូវមដ្ឋកុណ្ឌលី ដែលជាកូនរបស់ព្រាហ្មណ៍កំណាញ់ម្នាក់ នៅក្នុងក្រុងសាវត្ថី ។ ព្រោះព្រាហ្មណ៍ជាបិតាជាមនុស្សកំណាញ់ស្វិត ទើបគាត់ធ្វើទំហ៊ូដោយខ្លួនឯង ឲ្យកូនពាក់ ។ នៅពេលដែលមដ្ឋកុណ្ឌលីឈឺធ្ងន់, ព្រាហ្មណ៍ ជាបិតា មិនបានទៅរកគ្រូពេទ្យ មកព្យាបាលជម្ងឺឲ្យកូនគាត់ទេ ព្រោះគាត់ខ្លាចឣស់ព្រទ្យសម្បត្តិរបស់ខ្លួន ។ នៅថ្ងៃដែលមដ្ឋកុណ្ឌលីជិតនឹងមរណានោះ ព្រាហ្មណ៍ជាបិតា បានលើកកូនមកឲ្យដេក ឣស់សេចក្តីសង្ឃឹមតែម្នាក់ឯង នៅរបៀងផ្ទះខាងក្រៅ ។ សម័យនោះ ព្រះសាស្តា ទ្រង់បានបញ្ចេញព្រះរស្មីទៅ ដើម្បីឲ្យមដ្ឋកុណ្ឌលីបានឃើញ ។ មដ្ឋកុណ្ឌលី ឃើញព្រះរស្មីនៃព្រះឣង្គ ហើយ ក៏កើតសេចក្តីជ្រះថ្លា យ៉ាងខ្លាំង ក្នុងមួយរំពេចនោះ ស្រេចហើយ ក៏បានធ្វើមរណកាល នៅពេលនោះឯង ហើយបានទៅកើត នៅក្នុងឋានតាវតិ្តង្សទេវលោក ក្រឡេកមើលមកឃើញឪពុក របស់ខ្លួន ដែលកំពុងតែសៅសោក យំស្រែកបោកខ្លួន យ៉ាងខ្លាំង ទើបបានចុះពីទេវលោកមក ដើម្បីជួយសង្គ្រោះ ដល់ឪពុករបស់ខ្លួន ឲ្យបាន រួចផុតឣំពីសេចក្តីទុក្ខសោកសៅនោះ ហើយបានធ្វើឲ្យគាត់លះបង់ សេចក្តីកំណាញ់ចេញផុតពីខន្ធសន្តាន ឲ្យកើតមានចិត្តជ្រះថ្លា ក្នុងព្រះពុទ្ធសាសនា ហើយក៏ត្រឡប់ទៅកាន់ឋានទេវលោកវិញ ។ លុះព្រឹកឡើង ព្រាហ្មណ៍ជាឪពុក បានទៅឣារាធនានិមន្តព្រះសង្ឃ មានព្រះពុទ្ធជាប្រធាន ឲ្យទទួលនូវភត្តាហារ ក្នុងផ្ទះរបស់ខ្លួន ហើយ បានក្រាបទូលសួរឣំពីការដែលកូនរបស់ខ្លួន គឺ មដ្ឋកុណ្ឌលី គ្រាន់តែធ្វើចិត្ត ឲ្យជ្រះថ្លា ចំពោះព្រះពុទ្ធជាម្ចាស់ តែម៉្យាងប៉ុណ្ណោះ មិនបានធ្វើកុសលអ្វីដទៃ ក្រៅឣំពីនេះទេ ក៏ស្រាប់តែបានទៅកើត នៅឯឋានទេវលោក ។ ព្រះបរមសាស្តា ទ្រង់បានឣធិដ្ឋានឲ្យមដ្ឋកុណ្ឌលីទេវបុត្រ ចុះមកសម្តែងរឿងពិត ដល់ព្រាហ្មណ៍ជាឪពុក និង ពួកមហាជន បានឃើញជាក់ស្តែង ហើយព្រះឣង្គត្រាស់ព្រះគាថានេះ ថា ៖ មនោបុព្វង្គមា ធម្មា មនោសេដ្ឋា មនោមយា មនសា ចេ បសន្នេន ភាសតិ វា ករោតិ វា តតោ នំ សុខមន្វេតិ ឆាយាវ ឣនុបាយិនី ។ ធម៌ទាំងឡាយ មានចិត្តជាប្រធាន មានចិត្តប្រសើរបំផុត សម្រេចមកឣំពីចិត្ត, បើបុគ្គលមានចិត្តជ្រះថ្លាហើយ ទោះបីនិយាយក្តី ធ្វើក្តី‘ ក៏ល្អទាំងឣស់’ ព្រោះសេចក្តីល្អនោះឯង សេចក្តីសុខ រមែងតាមជាប់បុគ្គលនោះ ដូចជាស្រមោលដែលឣន្ទោលទៅតាមប្រាណ យ៉ាងនោះឯង ។ ដកស្រង់ពីវិគីផីឌា ដោយ៥០០០ឆ្នាំ
images/articles/371/2020-07-21_15_39_13-buddha_and_monk_painting_-_Google_Search.jpg
ផ្សាយ : ២១ កក្តដា ឆ្នាំ២០២០ (អាន: ១៨,៨៧២ ដង)
ព្រះបរមសាស្តា ទ្រង់ប្រារឰ នូវព្រះចូឡបន្ថកត្ថេរ ។ ក្នុងសាសនាព្រះពុទ្ធទ្រង់ព្រះនាមកស្សបៈ ព្រះថេរៈអង្គនេះ ជាឣ្នកមានប្រាជ្ញាច្រើន ពេលថ្ងៃមួយ លោកបានឃើញ នូវភិក្ខុមួយរូបដែលមានប្រាជ្ញាតិច ហើយក៏បានសើចចំឣកឲ្យ រហូតដល់ភិក្ខុរូបនោះ មាន សេចក្តីឣៀនខ្មាស ឈប់រវល់នឹងការរៀនធម៌ បន្តទៅទៀត... ព្រោះទោសនៃការសើចចំឣកនេះឯង ទើបមកដល់ជាតិនេះ បានមកកើតជាព្រះចូឡបន្ថកៈ ទន្ទេញធម៌មិនចេះចាំ ទាល់តែសោះ សូម្បីតែព្រះគាថាមួយបទ ដែលព្រះមហាបន្ថកៈជាបងប្រុសដាក់ឲ្យទន្ទេញ ឣស់រយៈពេល ៤ ខែ ក៏ទន្ទេញមិនចាំដែរ ។ ព្រះមហាបន្ថកត្ថេរ ជាបង បានជេរស្តីបន្ទោស នូវព្រះចូឡបន្ថកត្ថេរ ដោយប្រការផ្សេងៗ ធ្វើឲ្យព្រះចូឡបន្ថកត្ថេរ មានសេចក្តីឣាក់ឣន់ស្រពន់ចិត្ត យ៉ាងខ្លាំង ចំពោះវាសនារបស់ខ្លួនឯង ហើយគិតនឹងលាចាកសិក្ខាបទ ។ ព្រះសាស្តា ទ្រង់ជ្រាបហើយ ទ្រង់ប្រទានព្រះកម្មដ្ឋាន និង ប្រទានឱវាទដល់លោក រហូតដល់បានសម្រេចព្រះឣរហត្តផល ។ សម័យថ្ងៃមួយ ពួកភិក្ខុទាំងឡាយ បានប្រជុំព្រមគ្នា សន្ទនាពោលសរសើឣំពីសេចក្តីព្យាយាម របស់ព្រះចូឡបន្ថកត្ថេរ ។ ព្រះសាស្តា ទ្រង់ជ្រាបហើយ ទ្រង់ត្រាស់ព្រះគាថានេះ ថា ៖ ឧដ្ឋានេនប្បមាទេន សញ្ញោមន ទមេន ច ទីបំ កយិរាថ មេធាវី យំ ឱឃោ នាភិកីរតិ ។ ទឹកជំនន់គឺកិលេស ជន់ពន្លិចកោះ គឺឣរហត្តផល ណាពុំបាន, ឣ្នកប្រាជ្ញ គប្បីសាងកោះ គឺឣរហត្តផលនោះ ដោយសេចក្តីប្រឹងប្រែងផង ដោយសេចក្តីមិនប្រមាទផង ដោយការសង្រួមក្នុងចតុប្បារិសុទ្ធិសីលផង ដោយការទូន្មានឥន្ទ្រីយ៍ផង ។ ដកស្រង់ពីវិគិផីឌា ដោយ ៥០០០ឆ្នាំ
images/articles/370/2020-07-21_15_23_33-Buddha-for-and-Sujata_jpg_-_Picasa_Photo_Viewer.jpg
ផ្សាយ : ២១ កក្តដា ឆ្នាំ២០២០ (អាន: ១៦,៥៥៧ ដង)
ព្រះបរមសាស្តា ទ្រង់ប្រារឰនូវនាងសុមនាទេវី ជាធីតារបស់សេដ្ឋីឈ្មោះឣនាថបិណ្ឌិក ។ នាងសុមនាទេវី បានសម្រេចសកទាគាមិផល តាំងតែអំពីនាងនៅជាកុមារីមកម៉្លេះ, នាង មានជម្ងឺជាទម្ងន់ហើយបានហៅឣនាថបិណ្ឌិកសេដ្ឋី ថា ប្អូនប្រុស ។ ឣនាថបិណ្ឌិកសេដ្ឋី គិតថា “នាងសុមនាទេវីកូនស្រីពៅ ភ្លេចភ្លាំងសតិស្មារតី” ។ កាលបើនាងសុមនាទេវី បានធ្វើមរណកាលទៅហើយនោះ, លោកសេដ្ឋី មានទុក្ខទោមនស្ស សោកស្តាយ ឣាឡោះឣាល័យកូនស្រីពៅខ្លាំងណាស់ ហើយបានចូលទៅ ក្រាបទូលរឿងនេះ ថ្វាយព្រះសាស្តា ទ្រង់ជ្រាប តាំងតែឣំពីដើម រហូតដល់ចប់ ។ ព្រះសាស្តា ទ្រង់ត្រាស់រឿងពិត ថា “នែសេដ្ឋី នាងសុមនាទេវី មិនបានភ្លេចភ្លាំងសតិស្មារតីអ្វីទេ គឺ នាងហៅទៅ តាមមគ្គផលទេតើ ព្រោះនាងជាសកទាគាមី, ឯលោកសេដ្ឋី ជាសោតាបន្ន” ។ ឣនាថបិណ្ឌិកសេដ្ឋីបានក្រាបទូលសួរព្រះសាស្តាថា “បពិត្រ ព្រះឣង្គដ៏ចម្រើន តើនាងសុមនាទេវី កូនស្រីពៅ របស់ទូលព្រះបង្គំ បានទៅកើត នៅក្នុងទីណាដែរ?” ។ ព្រះសាស្តា ទ្រង់ត្រាស់ថា “នាងសុមនាទេវី បានទៅកើតនៅឋានតុសិតទេវលោកឯណោះហើយ” ស្រេចហើយ ទ្រង់ត្រាស់នូវព្រះគាថានេះថា ៖ ឥធ នន្ទតិ បេច្ច នន្ទតិ កតបុញ្ញោ ឧភយត្ថ នន្ទតិ បុញ្ញំ មេ កតន្តិ នន្ទតិ ភិយ្យោ នន្ទតិ សុគតឹ គតោ ។ បុគ្គលឣ្នកបានធ្វើបុណ្យទុកហើយ រមែងត្រេកឣរ ក្នុងលោកទាំងពីរ គឺត្រេកឣរក្នុងលោកនេះផង ត្រេកឣរក្នុងលោកខាងមុខផង, បុគ្គលនោះ រមែងត្រេកឣរ ដោយគិតឃើញថា បុណ្យឣាត្មាឣញបានធ្វើហើយ លុះធ្វើមរណកាលទៅកាន់សុគតិ ក៏រឹងរឹតតែត្រេកឣរយ៉ាងក្រៃលែង ។ ដោយ ៥០០០ឆ្នាំ
images/articles/2705/te765pic.jpg
ផ្សាយ : ២២ ឧសភា ឆ្នាំ២០២០ (អាន: ៣,៩០៧ ដង)
ព្រះសាស្ដា កាលស្ដេចគង់នៅក្នុងវត្តជេតពន ទ្រង់ប្រារព្ធព្រះធម្មទេសនាទឡ្ហធម្មធនុគ្គហសូត្រ បានត្រាស់ព្រះធម្មទេសនានេះ មានពាក្យថា ឥធេវ ហំស និបត ដូច្នេះ ( ជាដើម ) ។( សេចក្ដីក្នុងសំយុត្តនិកាយ និទានវគ្គ ធនុគ្គហសូត្រនោះថា ) ម្នាលភិក្ខុទាំងឡាយ ដូចជាខ្មាន់ធ្នូ ៤ នាក់ មានកម្លាំងមាំមួន បានសិក្សាដោយប្រពៃ មានសិល្បៈស្ទាត់ក្នុងដៃ បានសម្តែងសិល្បៈរួចហើយ ឈរនៅក្នុងទិសទាំង ៤ ។ គ្រានោះ មានបុរសម្នាក់ ដើរដល់គិតថា កាលបើខ្មាន់ធ្នូទាំង ៤ នាក់នេះ ដែលមានកម្លាំងមាំមួន បានសិក្សាដោយប្រពៃ មានសិល្បៈស្ទាត់ក្នុងដៃ បានសម្តែងសិល្បៈរួចហើយ បានបាញ់សរទៅក្នុងទិសទាំង ៤ មិនទាន់ធ្លាក់ដល់ផែនដីនៅឡើយ អាត្មាអញនឹងចាប់នាំយកសរទាំងនោះមកឲ្យបាន ។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយសំគាល់ហេតុទាំងនោះ ដូចម្តេច បុរសដែលមានសំទុះ (នោះ) គេគួរនឹងនិយាយថា ជាអ្នកប្រកបដោយសំទុះ លឿនក្រៃលែលបានឬទេ ។ ភិក្ខុទាំងឡាយទូលថា យ៉ាងហ្នឹងហើយព្រះអង្គ ។ ព្រះមានព្រះភាគទើបត្រាស់ថា ម្នាលភិក្ខុទាំងឡាយ សំទុះនៃបុរសនោះយ៉ាងណាក្ដី សំទុះនៃព្រះចន្ទ្រនិងព្រះអាទិត្យដែលលឿនជាងសំទុះបុរសនោះយ៉ាងណាក្តី ម្នាលភិក្ខុទាំងឡាយ សំទុះនៃបុរសនោះយ៉ាងណាក្តី សំទុះនៃព្រះចន្ទ្រនិងព្រះអាទិត្យយ៉ាងណាក្តី សំទុះនៃទេវតាទាំងឡាយ ដែលស្ទុះទៅពីមុខព្រះចន្ទ្រ និងព្រះអាទិត្យនោះ លឿនជាងសំទុះនៃព្រះចន្ទ្រនិងព្រះអាទិត្យនោះទៅទៀតយ៉ាងណាក្តី ។ ម្នាលភិក្ខុទាំងឡាយ សំទុះនៃបុរសនោះយ៉ាងណាក្តី សំទុះនៃព្រះចន្ទ្រនិងព្រះអាទិត្យទាំងឡាយយ៉ាងណាក្តី សំទុះនៃទេវតាទាំងឡាយ ដែលស្ទុះទៅអំពីខាងមុខព្រះចន្ទ្រនិងព្រះអាទិត្យយ៉ាងណាក្តី អាយុសង្ខារទាំងឡាយ រមែងអស់ទៅឆាប់រហ័សជាងសំទុះទាំងនោះទៅទៀត ។ ម្នាលភិក្ខុទំាឡាយ ហេតុដូច្នេះ ក្នុងសាសនានេះ អ្នកទាំងឡាយគប្បីសិក្សាយ៉ាងនេះថា យើងទាំងឡាយជា អ្នកមិនប្រមាទ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយគប្បីសិក្សាយ៉ាងនេះចុះ ។ ក្នុងថ្ងៃទីពីរបន្ទាប់អំពីថ្ងៃ ដែលព្រះមានព្រះភាគសម្ដែងនូវព្រះសូត្រនេះ ភិក្ខុទាំងឡាយសន្ទនាគ្នាក្នុងសាលាធម្មសភាថា ម្នាលអ្នកមានអាយុទាំងឡាយ ព្រះសាស្ដាទ្រង់តាំងនៅក្នុងពុទ្ធវិស័យរបស់ព្រះអង្គ កាលពន្យល់ណែនាំ ទ្រង់បានសម្ដែងដល់អាយុសង្ខាររបស់សត្វទាំងឡាយនេះ ជារបស់លឿនរហ័ស ជារបស់ទុព្វល ធ្វើឲ្យភិក្ខុជាបុថុជ្ជនទាំងឡាយស្ញប់ស្ញែង ចិត្តយ៉ាងខ្លាំងថា អហោ ពុទ្ធពលំ នាម ឱហ៎្ន ! កម្លាំងរបស់ព្រះពុទ្ធ (អស្ចារ្យពេកណាស់) ។ ព្រះសាស្ដាស្ដេចយាងមកហើយត្រាស់សួរថា ម្នាលភិក្ខុទាំងឡាយ អម្បាញ់មិញ អ្នកទាំងឡាយសន្ទានគ្នាអំពីរឿងអ្វី ? ភិក្ខុទាំងឡាយក្រាបទូលថា (យើងខ្ញុំព្រះអង្គសន្ទនាគ្នា) អំពីរឿងនេះ ព្រះអង្គ ដូច្នេះហើយ ព្រះមានព្រះភាគត្រាស់ថា ម្នាលភិក្ខុទាំងឡាយ មិនជាអស្ចារ្យឡើយ ដែលឥឡូវនេះ តថាគតបានដល់នូវសព្វញ្ញុតញ្ញាណ ហើយសម្ដែងដល់អាយុសង្ខារ របស់សត្វទាំងឡាយជារបស់លឿនរហ័ស នឹងសម្ដែងធម៌ឲ្យភិក្ខុទាំងឡាយសង្វេគនោះ ពីព្រោះក្នុងកាលមុន តថាគតបានយោនយកកំណើតជាសត្វហង្ស ដែលអហេតុសត្វ (សត្វដែលបដិសន្ធិមិនប្រកបដោយហេតុទាំងបី គឺ អលោភៈ អទោសៈ អមោហៈ) ក៏ធ្លាប់សម្ដែងអំពីសង្ខារទាំងឡាយជាសភាវៈលឿនរហ័ស ហើយបានសម្ដែងធម៌ឲ្យបរិស័ទទាំងអស់ រួមទាំងព្រះរាជាដែនពារាណសីជាដើមស្លុតសង្វេគចិត្តដែរ ទ្រង់ក៏នាំអតីតនិទាននោះមកសម្ដែងដូចតទៅថា៖ ក្នុងអតីតកាល ព្រះបាទព្រហ្មត្តធ្វើរាជសម្បត្តិក្នុងនគរពារាណសី កាលនោះ ព្រះពោធិសត្វបានកើតហើយក្នុងកំណើតជវនហង្ស មានងហង្ស ៩ ម៉ឺនជាបរិវារ អាស្រ័យនោះនឹងកំពូលភ្នំចិត្រកូដ (ក្នុងព្រៃហិមពាន្ត) ។ ថ្ងៃមួយព្រះពោធិសត្វនោះ ព្រមទាំងបរិវារទំពាស៊ីស្រូវសាលី ដែលដុះឯងក្នុងស្រះមួយ ក្នុងផ្ទៃដីរបស់ជម្ពូទ្វីប ហើយហើរទៅកាន់កំពូលភ្នំចិត្រកូដ ដោយដំណើរវិលាសៈយ៉ាងទន់ភ្លន់ កាត់តាមផ្លូវជាចំណែកខាងលើនៃនគរពារាណសី មួយអន្លើដោយបរិវារដេ៏ច្រើន ហាក់ដូចជាកម្រាលមាសដែលគេក្រាលលើអាកាស ។ គ្រានោះ ព្រះចៅក្រុងពារាណសីទ្រង់ឃើញព្រះពោធិសត្វនោះ ហើយបានត្រាស់នឹងពួកអាមាត្យងថា ហង្សសូម្បីនេះ គប្បីជាព្រះរាជា ប្រាកដូចយើង ដូច្នេះហើយ ទ្រង់កើតសេចក្ដីស្រឡាញ់ក្នុងព្រះពោធិសត្វនោះ ទ្រង់បានកាន់យកកម្រងផ្កាឈើ របស់ក្រអូប និងគ្រឿងលាប ហើយសម្លឹងមើលព្រះពោធិសត្វនោះ និងបានញ៉ាំងឲ្យគេផ្គងឡើងនូវគ្រឿងតន្ត្រីទាំងពួង ។ ព្រះមហាសត្វបានឃើញនូវការធ្វើសក្ការ របស់ព្រះរាជាដល់ខ្លួន ទើបបានសួរនូវពួកហង្សថា ព្រះរាជាទ្រង់បានធ្វើសក្ការៈមានសភាពបែបនេះដល់យើង ទ្រង់ប្រាថ្នាអ្វីហ៎្ន ?ពួកហង្សនាំគ្នាឆ្លើយថា បពិត្រព្រះសម្មតិទេព ព្រះរាជានោះប្រាថ្នាការរាប់អានជាមួយនឹងព្រះអង្គ ។ ព្រះពោធិសត្វពោលថា ប្រសិនបើយ៉ាងនោះ មិត្តភាពរបស់ពួកយើងចូរមានដល់ព្រះរាជាចុះ ដូច្នេះហើយព្រះពោធិសត្វក៏បានធ្វើមិត្តភាពជាមួយនឹងព្រះរាជា ហើយទើបចៀសចេញទៅ ។ថ្ងៃមួយ ក្នុងវេលាដែលព្រះរាជាយាងទៅកាន់ព្រះរាជឧទ្យាន ក្នុងកាលនោះ ព្រះពោធិសត្វបានហើរទៅកាន់ស្រះអនោតត្តៈ ហើយនាំយកទឹកដោយស្លាបម្ខាង និងកាន់យកនូវលម្អិតខ្លឹមចន្ទន៍ដោយស្លាបម្ខាងទៀត មកឲ្យព្រះរាជាស្រង់ដោយទឹកនោះ និងឲ្យរោយរាយដោយលម្អិតចន្ទន៍នោះផង កាលមហាជនកំពុងមើលនោះឯង ព្រះពោធិសត្វនិង បរិវារ បានចេញទៅកាន់ភ្នំចិត្រកូដនោះវិញ ។ ចាប់តាំងអំពីពេលនោះមក ព្រះរាជាបានជាអ្នកប្រាថ្នានឹងជួបព្រះមហាសត្វ ហើយបានប្រថាប់ឈរសម្លឹងមើលផ្លូវដែលព្រះពោធិសត្វមក ដោយទ្រង់ធ្វើអាភោគថា ក្នុងថ្ងៃនេះ សម្លាញ់របស់យើងនឹកមក ! ក្នុងថ្ងៃនេះ សម្លាញ់របស់យើងនឹកមក ។ គ្រានោះ កូនហង្ស ២ ជាប្អូនរបស់ព្រះមហាសត្វ បាននិយាយគ្នាថា យើងនឹងហើរប្រណាំងនឹងព្រះអាទិត្យ ដូច្នេះហើយ បានប្រាប់ដល់ព្រះមហាសត្វថា ពួកយើងនឹងហើរប្រណាំងនឹងព្រះអាទិត្យ ។ ព្រះពោធិសត្វពោលថា ម្នាលប្អូន ឈ្មោះថាល្បឿនរបស់ព្រះអាទិត្យលឿនខ្លាំងណាស់ អ្នកទាំងឡាយចូរកុំសាកល្បងដើម្បីនឹងប្រណាំងនឹងព្រះអាទិត្យឡើយ កុំនាំគ្នាទៅអី ។ ហង្សទាំងនោះ បានសូមអង្វរព្រះពោធិសត្វ ជាគម្រប់ពីរដងផង ជាគម្រប់បីដងផង ព្រះពោធិសត្វក៏បានហាមឃាត់ដរាបដល់លើកទីបី ។ ហង្សទាំងពីរនោះ កាលមិនដឹងនូវកម្លាំង របស់ខ្លួនដោយអំណាចនៃមានះរឹងត្អឹង ហើយមិនបានប្រាប់ព្រះមហាសត្វ គិតថា យើងនឹងហើរប្រណាំងនឹងព្រះអាទិត្យ ដូច្នេះហើយ បានហើរទៅ អង្គុយលើកំពូលភ្នំយុគន្ធរ ក្នុងវេលាដែលព្រះអាទិត្យនៅមិនទាន់រះ ។ ព្រះមហាសត្វមិនឃើញនូវហង្សទាំងពីរនោះ ទើបសួរ (បរិវារ) ថា ហង្សទាំងនោះទៅណា ? ពេលបានស្ដាប់ដំណឹងនោះហើយ ទ្រង់គិតថា ហង្សទាំងពីរនោះ មិនអាចនឹងប្រណាំងនឹងព្រះអាទិត្យឡើយ នឹងវិនាសក្នុងរវាងផ្លូវ យើងនឹងឲ្យជីវិតដល់ហង្សទាំងពីរនោះ ។ សូម្បីព្រះពោធិសត្វ ក៏បានទៅ ហើយអង្គុយលើកំពូលភ្នំយុគន្ធរនោះដែរ ។ លំដាប់នោះ កាលដួងព្រះអាទិត្យរះឡើង កូនហង្សទាំងពីរហោះឡើងហើយហើរទៅជាមួយនឹងព្រះអាទិត្យ សូម្បីព្រះមហាសត្វក៏បានហើរទៅមួយអន្លើដោយពួកគេ ។ បងប្អូនហង្សទាំងពីរហើរបានត្រឹមបុព្វណ្ហសម័យ ក៏ចុករោយ ហាក់ជាត្រូវភ្លើងឆេះឡើងក្នុងថ្នាំងនៃស្លាបទាំងពីរ ។ ហង្សប្អូនពៅនោះបានឲ្យសញ្ញាដល់ព្រះពោធិសត្វឲ្យជ្រាបថា បពិត្របង ខ្ញុំមិនអាចហើរបានទេ ។ លំដាប់នោះ ព្រះមហាសត្វលួងលោមគេថា កុំខ្លាយឡើយ យើងនឹងឲ្យជីវិតដល់អ្នក ដូច្នេះហើយ ក៏ព័ន្ធព័ទ្ធគេដោយស្លាប ញ៉ាំគេឲ្យធូរចិត្តហើយ បាននាំគេទៅកាន់កំពូលភ្នំ ចិត្រកូដ ទៅតម្កល់ទុកក្នុងកណ្ដាលហង្សទាំងឡាយ ហើយក៏ហើរទាន់ព្រះអាទិត្យម្ដងទៀត ។ សូម្បីប្អូនកណ្ដាល ហើរប្រណាំងជាមួយនឹងព្រះអាទិត្យ ហើយចុករោយ ហាក់ដូចជាត្រូវភ្លើងឆេះត្រង់ថ្នាំងនៃស្លាបទាំងពីរ ។ គ្រានោះ ហង្សនោះបានឲ្យសញ្ញាដល់ព្រះពោធិសត្វថា បពិត្របង ខ្ញុំមិនអាចហើយទៀតបានទេ ។ ព្រះមហាសត្វបានញ៉ាំងគេឲ្យធូរចិត្តហើយកាន់យកគេដោយស្លាប ហើយមកកាន់កំពូលភ្នំចិត្រកូដ ។ ក្នុងខណៈនោះ ព្រះសូរិយា ក៏បានមកដល់កណ្ដាលអាកាស ។ លំដាប់នោះ ព្រះមហាសត្វគិតថា ថ្ងៃនេះ យើងនឹងសម្ដែងនូវកម្លាំងនៃសរីរៈរបស់យើង ដូច្នេះហើយ ព្រះអង្គក៏ហើរទៅដោយល្បឿនយ៉ាងលឿន ទៅអង្គុយលើកំពូលភ្នំយុគន្ធរ ហើយបានហោះឡើងអំពីទីនោះ ទៅទាន់ព្រះអាទិត្យដោយកម្លាំងស្ទុះទៅយ៉ាងលឿន ពេលខ្លះក៏ហើរទៅអំពីខាងមុខ ពេលខ្លះក៏ហើរទៅអំពីខាងក្រោយ ទ្រង់បានគិតថា ការហើរប្រណាំងជាមួយនឹងព្រះអាទិត្យ របស់យើងនឹងមានប្រយោជន៍អ្វី ជាការកើតអយោនិសោមនសិការ យើងត្រូវការអ្វី យើងនឹងទៅកាន់នគរពារាណសី ហើយពោលនូវកថាដែលប្រកបដោយធម៌ ប្រកបដោយប្រយោជន៍ដល់ព្រះរាជាដែលជាសម្លាញ់របស់យើងវិញ ។ ព្រះពោធិសត្វបនោះបានត្រឡប់វិញ ក្នុងកាលព្រះអាទិត្យមិនទាន់កន្លងកណ្ដាលអាកាស ទ្រង់បានហើរសរសៀរតាមកណ្ដាប់ចក្រវាឡទាំងអស់ ដោយចំណែកទីបំផុត ដល់ទីបំផុត ហើរសៀសៀរតាមជម្ពូទ្វីបទាំងអស់ ដោយទីបំផុតខ ដល់ទីបំផុត ហើយក៏បានដល់នគរពារាណសី ។ ព្រះនគរទាំងអស់មកានបវេណ ១២ យោជន៍ ហាក់បីដូចត្រូវបាំងដោយសត្វហង្ស ឈ្មោះថា រយៈផ្លូវរមែងមិនប្រាកដ កាលល្បឿនត្រូវអស់ទៅដោយលំដាប់ រយៈចន្លោះទើបប្រាកដក្នុងអាកាស ។ ព្រះមហាសត្វញ៉ាំងល្បឿនឲ្យសាបសូន្យហើយ ក៏ចុះអំពីអាកាស ហើយឋិតនៅក្នុងទីខាងមុខនៃសីហបញ្ជរ ។ ព្រះរាជាដល់នូវសេចក្ដីសោមនស្សដោយគិតថា សម្លញ់របស់យើងមកហើយ ដូច្នេះហើយ ក៏ឲ្យគេតម្កល់នូវតាំងមាស ដើម្បីប្រយោជន៍ដល់ការអង្គុយរបស់ព្រះពោធិសត្វ ហើយទ្រង់ត្រាស់ថា ម្នាលសម្លាញ់ ចូរមក នេះទីអង្គុយ ហើយត្រាស់នូវគាថាដំបូងថានែហង្ស ឯងចូរទំលើតាំងមាសនេះចុះ ការឃើញឯង ជាទីពេញចិត្តរបស់អញ ឯងសមគួរជាធំហើយ របស់ណាមានក្នុងទីនេះ ឯងចូរប្រាប់មកចុះ ។ បណ្ដាបទទាំងនោះ បទថា ឥធ ប្រែថា ក្នុងទីនេះ ព្រះរាជាត្រាស់សំដៅដល់តាំងមាស។បទថា និបត ប្រែថា សូមអង្គុយ ។ ដោយបទថា ឥស្សរោសិ នេះ ព្រះរាជាត្រាស់ថា អ្នកជាឥស្សរ ជាម្ចាស់របស់ទីនេះមកហើយ ។ បទថា យំ ឥធត្ថិ សេចក្ដីថា វត្ថុណាដែលមានក្នុងនិវេសន៍នេះ លោកមិនត្រូវក្រែងចិត្ត ចូរប្រាប់ខ្ញុំនូវវត្ថុនោះ ។ ព្រះមហាសត្វទំលើតាំងមាស ។ ព្រះរាជាបញ្ជាលាបនូវស្លាបទាំងឡាយរបស់ព្រះមហាសត្វនោះដោយប្រេងដែលមានតម្លៃច្រើនរយច្រើនពាន់ និងឲ្យគេចានមានដាក់ទឹកឃ្មុំ និង ស្ករក្រួស ធ្វើសក្ការៈដល់ព្រះពោធិសត្វ ហើយសួរថា ម្នាលសម្លាញ់ អ្នកមកតែម្នាក់ឯងទេ និង អ្នកមកអំពីទីណា ? ព្រះពោធិសត្វបានប្រាប់នូវដំណើររឿងនោះដោយពិស្ដារ ។ លំដាប់នោះ ព្រះរាជាត្រាស់នឹងព្រះពោធិសត្វថា ម្នាលសម្លាញ់ សូមលោកសម្ដែងនូវសន្ទុះដ៏លឿនរហ័សដែលជាការប្រណាំងជាមួយនឹងព្រះអាទិត្យឲ្យខ្ញុំមើលផង ។ ព្រះមហាសត្វទើបទូលថា បពិត្រមហារាជ ខ្ញុំមិនអាចនឹងសម្ដែងនូវភាពលឿនរហ័សនោះបានទេ ។ ព្រះរាជាត្រាស់ថា បើយ៉ាងនោះ សូមលោកសម្ដែងត្រឹមតែសេចក្ដីប្រហាក់ប្រហែលគ្នាដល់ខ្ញុំចុះ ។ ព្រះមហាសត្វទូលថា ល្អណាស់ មហារាជ ខ្ញុំនឹងសម្ដែងសេចក្ដីប្រហាក់ប្រហែលគ្នាបាន ព្រះអង្គចូរឲ្យនាយខ្នាន់ធ្នូដែលពូកែបាញ់ប្រជុំគ្នាចុះ ។ ព្រះរាជាក៏បានឲ្យនាយខ្នាន់ធ្នូប្រជុំគ្នា ។ ព្រះមហាសត្វជ្រើសរើសនាយខ្នាន់ធ្នូ ៤ នាក់ អំពីរាជនិវេសន៍ ហើយឲ្យគេជីកដាំសសរក្នុងប្រលាន​ហ្វួង ឲ្យនាយខ្នាន់ស្ពាយសសរកូនសរនៅនឹងករបស់ខ្លួន ហើយព្រះពោធិសត្វទៅអង្គុយលើ​កំពូល​សសរ ហើយឲ្យនាយខា្នន់ធ្នូទាំង ៤ នោះ បែរមុខទៅទិសទាំង ៤ យឹតកូនសរ ដូច្នេះហើយ ទើបទូលព្រះរាជាថា បពិត្រមហារាជ នាយខ្នាន់ធ្នូចូរយឹតកូនសរទាំង ៤ តម្រង់ទៅទិសទាំង ៤ ហើយបាញ់ឲ្យព្រមគ្នាចុះ ខ្ញុំនឹងចាប់នូវកូនសរទាំងនោះ ដោយមិនឲ្យធ្លាក់ដល់ដីឡើយ ហើយនឹងឲ្យកូនសរធ្លាក់ចុះត្រង់ជើងរបស់នាយខ្នាន់ធ្នូទាំងនោះវិញ ។ ព្រះអង្គនឹងដឹងការដែលខ្ញុំទៅចាប់កូនសរដោយសញ្ញានៃសំឡេងកូនសរ តែព្រះអង្គនឹងមិនឃើញនូវខ្ញុំឡើយ ហើយខ្ញុំនឹងនាំយកនូវកូនសរដែលនាយខ្នាន់ធ្នូបាញ់ព្រមគ្នាមកតម្កល់ទុកទៀបជើងរបស់ពួកគេ ហើយទើបសម្លែងខ្លួនដេកលើកំពូលសសរនោះ ពោលថា បពិត្រមហារាជ ព្រះអង្គឃើញហើយ នេះជាសន្ទុះដ៏លឿនរបស់ខ្ញុំ ហើយព្រះពោធិសត្វពោលទៀតថា បពិត្រមហារាជ នេះមិនមែនសន្ទុះដ៏ប្រសើររបស់ខ្ញុំ មិនមែនជាសន្ទុះយ៉ាងកណ្ដាល បពិត្រមហារាជ នេះគឺជាសន្ទុះលឿនយ៉ាងថោកថយរបស់ខ្ញុំប៉ុណ្ណោះ ។ លំដាប់នោះ ព្រះរាជាសួរថា ម្នាលសម្លាញ់ ភាពលឿនរហ័សដ៏ក្រៃលែងយ៉ាងដទៃជាងល្បឿនរបស់លោកមានទៀតឬ ? ព្រះពោធិសត្វពោលថា បពិត្រមហារាជ ត្រូវហើយ មានទៀត អាយុសង្ខាររបស់សត្វទាំងឡាយ រមែងអស់ទៅ រមែងបែកធ្លាយទៅ ដល់នូវការអស់ទៅ រមែងលឿនជាងល្បឿនដ៏ឧត្តមរបស់ខ្ញុំដោយរយនៃគុណ ដោយពាន់នៃគុណ ដោយសែននៃគុណ ។ ព្រះមហាសត្វសម្ដែងការរលត់ទៅនៃរូបធម៌ និងនាមធម៌ ដោយអំណាចនៃការរលត់ជាខណៈ ។ ព្រះរាជាស្ដាប់កថារបស់ព្រះមហាសត្វ ទ្រង់ស្លុតព្រះទ័យ មិនអាចតម្កល់នូវសតិចំពោះមរណភ័យ ក៏ដួលចុះលើផែនដី មហាជននាំគ្នាដល់នូវសេចក្ដីរន្ធត់ ។ ពួកបានយកមកស្រពព្រះភក្ត្ររបស់ព្រះរាជា ញ៉ាំងព្រះរាជាបាននូវសតិវិញ ។ លំដាប់នោះ ព្រះមហាសត្វឲ្យឱវាទព្រះរាជាថា បពិត្រមហារាជ សូមទ្រង់កុំភ័យឡើយ ព្រះអង្គចូរចម្រើននូវមរណានស្សតិ ចូរប្រព្រឹត្តធម៌ និងធ្វើនូវបុណ្យទាំងឡាយមានឲ្យទានជាដើម ហើយសូមទ្រង់ចូរជាអ្នកមិនប្រមាទចុះ ។ លំដាប់នោះ ព្រះរាជាកាលទ្រង់សូមអង្វរព្រះពោធសិត្វទើបត្រាស់ថា បពិត្រអ្នកជាម្ចាស់ ខ្ញុំមិនអាចដើម្បីនឹងនៅបែកផ្សេងអំពីអាចារ្យ ដែលដល់ព្រមដោយកម្លាំងនៃបញ្ញា ដែលមានសភាពដូចជាលោក សូមលោកមិនទៅកាន់ភ្នំចិត្រកូដ នៅសម្ដែងធម៌ដល់យើង ជាអាចារ្យអ្នកឲ្យឱវាទ ចូរស្នាក់នៅក្នុងទីនេះចុះ ដូច្នេះហើយទើបត្រាស់នូវគាថាទាំង ២ ថា បុគ្គលខ្លះ គ្រាន់តែឮហើយស្រឡាញ់ក៏មាន ខ្លះគ្រាន់តែឃើញគ្នាហើយអស់សេចក្តីស្រឡាញ់ក៏មាន ខ្លះឃើញផងឮផង ទើបស្រឡាញ់ក៏មាន ចុះព្រះអង្គគ្រាន់តែឃើញ តើស្រឡាញ់ខ្ញុំដែរឬទេ ។ អញគ្រាន់តែបានឮ ស្រឡាញ់ឯងទៅហើយ លុះបានឃើញ អញរឹតតែស្រឡាញ់ឡើង នែហង្ស ឯង​អញឃើញហើយស្រឡាញ់យ៉ាងនេះ ឯងចូរនៅក្នុងសម្នាក់អញចុះ ។ គាថានោះ មានអត្ថា​ធិប្បាយថា ម្នាល​ស្ដេចហង្សសម្លាញ់ បុគ្គលខ្លះរមែងស្រឡាញ់ដោយការស្ដាប់ គឺជាអ្នកមានចិត្តស្រឡាញ់ដោយការ​បានស្ដាប់ ព្រោះបានឮថា មានគុណយ៉ាងនេះ តែពេលបានឃើញប៉ុណ្ណោះ ក៏អស់សេចក្ដីស្រឡាញ់ សេចក្ដីពេញចិត្តក៏ប្រាសទៅ ហាក់ដូចជាយក្សដែលមកដើម្បីស៊ី ។ បុគ្គលខ្លះជាអ្នកស្រឡាញ់ដោយចំណែកទាំងពីរ គឺ បានឃើញផង បានឮផង ហេតុនោះ ខ្ញុំសូមសួរលោក ព្រោះឃើញខ្ញុំ លោកទើបស្រឡាញ់ឬ ជាអ្នកស្រឡាញ់ដោយាការបានស្ដាប់ ? តែសម្រាប់ខ្ញុំ ជាអ្នកស្រឡាស់ព្រោះបានឃើញ សូមលោកកុំទៅកាន់ភ្នំចិត្រកូដ ចូរនៅក្នុងសំណាក់របស់ខ្ញុំចុះ ។ ព្រះពោធិសត្វក្រាបទូលថា ខ្ញុំនៅក្នុងដំណាក់របស់ព្រះអង្គ ព្រះអង្គធ្វើសក្ការបូជា អស់កាលជានិច្ចហើយ តែក្រែងពេលណាមួយ ព្រះអង្គស្រវឹងដោយទឹកស្រវឹងហើយ ទ្រង់ត្រាស់បង្គាប់ថា នាយពិសេស ចូរ ចម្អិនសាច់សេ្តចហង្ស យកមកឲ្យយើង ។ បណ្ដាបទទាំងនោះ បទថា មត្តោ ច ឯកទា សេចក្ដីថា បពិត្រមហារាជ យើងខ្ញុំបានទទួលការបូជាជានិច្ច នៅក្នុងព្រះរាជវាំងរបស់ព្រះអង្គ ក្រែងមានថ្ងៃមួយព្រះអង្គសោយសុរាហើយ គប្បីត្រាស់ថា ចូរចម្អិនស្ដេចហង្សឲ្យយើងដូច្នេះ ដើម្បីនឹងបានសោយសាច់ នៅពេលដែលពួកខ្ញុំមកចូលគាល់ព្រះអង្គ ទ្រង់នឹងឲ្យសម្លាប់នូវខ្ញុំ ហើយឲ្យគេចម្អិន ពេលនោះខ្ញុំនឹងធ្វើយ៉ាងណា ? លំដាប់នោះ ព្រះរាជាដើម្បីប្រទានបដិញ្ញាដល់ព្រះពោធិសត្វនោះថា បើយ៉ាងនោះ ខ្ញុំនឹងមិនផឹកសុរាជាដាច់ខាត ទើបត្រាស់ព្រះគាថានេះថា ថ្វឺយ ! ខ្ពើមការផឹកទឹកស្រវឹង ដែលជាទីស្រឡាញ់របស់អញជាងឯង បើឯងនៅក្នុងដំណាក់អញដរាបណា អញនឹងមិនផឹកទឹកស្រវឹងដរាបនោះ ។ តអំពីនេះទៅ ព្រះពោធិសត្វពោលគាថា ៦ ថា សំដីរបស់ពួកចចក និងពួកបក្សី យល់បានងាយ បពិត្រមហារាជ សំដីរបស់ពួកមនុស្ស កម្រដឹងបាន ជាងសំដីសត្វនោះទៅទៀត ។ មួយទៀត បើបុរសណា កាលពីដើម មានចិត្តល្អ គេសម្គាល់ថា ជាញាតិ ជាមិត្រ ឬជាសម្លាញ់ តែលុះដល់ពេលខាងក្រោយមក បុរសនោះ ត្រឡប់ជាសត្រូវនឹងគ្នាទៅវិញ ក៏មាន ។ បុគ្គលណាមានចិត្តស្មោះស្មើ ដោយសារសេចក្តីស្រឡាញ់ បុគ្គលនោះ ឈ្មោះថា នៅជិតជាមួយគ្នា បុគ្គលណា មានចិត្តមិនស្មោះស្មើ បុគ្គលនោះ ទោះនៅក្នុងទីជិត ក៏ហាក់ដូចជានៅក្នុងទីឆ្ងាយ ។ សម្លាញ់ណា ជាអ្នកមានចិត្តជ្រះថា្លរកគ្នា បើទុកជានៅឯត្រើយសមុទ្ទខាងនាយ សម្លាញ់ដែលមានចិត្តជ្រះថា្លរកគ្នានោះ ក៏ឈ្មោះថានៅក្នុងសមុទ្ទជាមួយគ្នា សម្លាញ់ណាមានចិត្តប្រទូស្តរកគ្នា បើទុកជានៅក្នុងសមុទ្ទជាមួយគ្នា សម្លាញ់ដែលមានចិត្តប្រទូស្តគ្នានោះ ក៏ឈ្មោះថា នៅត្រើយសមុទ្ទខាងនាយវិញ ។ បពិត្រព្រះអង្គជាបុគ្គលប្រសើរលើរថ បុគ្គលទាំងឡាយណាជាសត្រូវនឹងគ្នា បើទុកជានៅជាមួយគ្នា បុគ្គលទាំងនោះ ក៏ឈ្មោះថា នៅផ្សេងគ្នា បពិត្រព្រះអង្គ ជាបុគ្គលចម្រើនក្នុងដែន ពួកសប្បុរសទោះបីនៅក្នុងទីឆ្ងាយ ក៏ឈ្មោះថា នៅក្នុងទីជាមួយ ដោយចិត្ត ។ បុគ្គលជាទីស្រឡាញ់ រមែងមិនស្រឡាញ់វិញ ព្រោះតែនៅជាមួយគ្នាយូរពេក ខ្ញុំសូមថា្វយបង្គំលាព្រះអង្គទៅវិញ មុនពេលដែលខ្ញុំមិនជាទីស្រឡាញ់របស់ព្រះអង្គ ។ បណ្ដាបទទាំងនោះ បទថា វស្សិតំ សេចក្ដីថា បពិត្រមហារាជ សេចក្ដីពិត ពួកសត្វតិរច្ឆានមានត្រង់ ព្រោះហេតុនោះ សម្ដីរបស់របស់ពួកសត្វតិរច្ឆាននោះ ទើបយល់បានងាយ តែពួកមនុស្សអាក្រក់ ហេតុនោះ សម្ដីរបស់មនុស្សនោះ ទើបយល់បានលំបាកជាង ។ បទថា យោ បុព្វេ សេចក្ដីថា បុគ្គលណា មានចិត្តល្អដំបូង ក៏ល្មមនឹងរាប់អានគ្នាយ៉ាងនេះថា លោកជាញាតិរបស់ខ្ញុំ ជាមិត្ររបស់ខ្ញុំ ជាសម្លាញ់ស្មើដោយជីវិតរបស់ខ្ញុំ ខាងក្រោយមក មនុស្សនោះឯងក្លាយជាសត្រូវ ជាមនុស្សអ្នកចង់ពៀរនឹងគ្នា ក៏បាន ចិត្តរបស់មនុស្សពិបាកយល់ណាស់ ដូចនេះ ។ បទថា និវិសតិ សេចក្ដីថា បពិត្រមហារាជ ចិត្តរមែងតាំងមាំដោយសេចក្ដីស្រឡាញ់ក្នុងបុគ្គលណា គេនោះ សូម្បីនៅឆ្ងាយគ្នាយ៉ាងក្ដី ក៏ឈ្មោះថា នៅក្នុងទីជិតគ្នាដែរ ។ តែចិត្តដែលមិនតាំងមាំ ដោយអំណាចនៃសេចក្ដីស្រឡាញ់ ក្នុងបុគ្គលណាហើយ គេនោះ សូម្បីនៅក្នុងទីជិត ក៏ដូចជានៅឆ្ងាយពីគ្នាអ៊ីចឹងដែរ ។ បទថា អន្តោបិ សោ ហោតិ សេចក្ដីថា បពិត្រមហារាជ សម្លាញ់ណា មានចិត្តជ្រះថ្លា សម្លាញ់នោះ សូម្បីនៅត្រើយខាងនាយនៃ សមុទ្រ ក៏ឈ្មោះថានៅខាងក្នុងសមុទ្រនោះឯង ព្រោះជាអ្នកមានចិត្តស្អិតជាប់គ្នា ។ បុគ្គលណា ជាអ្នកមានចិត្តប្រទូស្ត បុគ្គលនោះសូម្បីនៅខាងក្នុងសមុទ្រ ក៏ឈ្មោះថា នៅត្រើយនាយនៃសមុទ្រនោះឯង ព្រោះជាអ្នកមានចិត្តមិនស្អិតជាប់គ្នា ។ បទថា យេ ទិសា តេ សេចក្ដីថា មនុស្សពួកណាជាអ្នកមានពៀរ ជាសត្រូវ មនុស្សពួកនោះ សូម្បីនៅជាមួយគ្នា ក៏ឈ្មោះថា នៅក្នុងទីឆ្ងាយពីគ្នា ។ បណ្ឌិតទាំងឡាយអ្នកស្ងប់រម្ងាប់ សូម្បីឋិតនៅក្នុងទីឆ្ងាយ ក៏ឈ្មោះថា នៅក្នុងទីជិត ព្រោះចិត្តតែងរ៉ាវរកគ្នាដោយការចម្រើននូវមេត្តា ។ បទថា បុរា តេ ហោម សេចក្ដីថា ខ្ញុំនៅមិនទាន់ជាជនដែលព្រះអង្គមិនស្រឡាញ់ដរាបណា ខ្ញុំសូមថ្វាយបង្គំលាដរាបនោះ ។ សំដាប់នោះ ព្រះរាជាត្រាស់នឹងព្រះពោធិសត្វនោះថាកាលបើយើងអង្វរយ៉ាងនេះ អ្នកមិនទទួលដឹងនូវអញ្ជលី មិនធ្វើតាមពាក្យយើង ជាអ្នកបម្រើទេ យើងសូមអង្វរអ្នកយ៉ាងនេះថា អ្នកគប្បីធ្វើនូវការត្រឡប់មកទៀត ។ បណ្ដាបទទាំងនោះ បទថា ឯវំ ចេ សេចក្ដីថា ម្នាលស្ដេចហង្ស បើលោកនឹងមិនព្រមតាមពាក្យអង្វររបស់ខ្ញុំ ដែលធ្វើអញ្ជលីសូមដូចនេះ មានបានធ្វើតាមពាក្យរបស់ខ្ញុំ ជាអ្នកប្រតិបត្តិលោក កាលដូចនោះ ពួកយើងទើបសូមលោកយ៉ាងនេះ ។ បទថា បុន កយិរាសិ បរិយាយំ សេចក្ដី​ថា លោកគប្បីកំណត់វារៈនៃការមកក្នុងទីនេះ តាមកាលសមគួរផង ។ លំដាប់នោះ ព្រះពោធិសត្វទឹបទូលថាបពិត្រមហារាជ ជាអ្នកមានសេចក្តីចម្រើនក្នុងដែន កាលបើយើងនៅយ៉ាងនេះសេចក្តីអន្តរាយនឹងមិនមានដល់ព្រះអង្គ ទាំងដល់នូវទូលព្រះបង្គំជាខ្ញុំ សូមឲ្យយើង បានជួបគ្នាក្នុងកាលកន្លងទៅនៃថ្ងៃនិងយប់ ។ បណ្ដាបទទាំងនោះ បទថា ឯវំ ចេ នោ សេចក្ដីថា បពិត្រមហារាជ សូមទ្រង់កុំគិតឡើយ ប្រសិនបើ អន្តរាយនៃជីវិតនឹងមិនមានដល់ខ្ញុំដែលនៅសូម្បីយ៉ាងនេះ ពួក​យើងទាំងពីរនឹងជួបគ្នាតែបន្តិចបន្តួចចុះ ព្រះអង្គចូរតាំងនៅក្នុងឱវាទ ដែលខ្ញុំបានថ្វាយនោះទុកក្នុង ឋានៈ​របស់ខ្ញុំ ទ្រង់ចូរជាអ្នកមិនប្រមាទ ក្នុងលោកសន្និវាស ដែលជាជីវិតថោកទាបយ៉ាងនេះ សូមទ្រង់​ចូរ​ធ្វើបុណ្យទាំងឡាយមានឲ្យទានជាដើម មិនធ្វើនូវទសរាជធម៌ឲ្យកម្រើក ចូរគ្រងរាជប្រកបដោយធម៌ចុះ កាលព្រះអង្គធ្វើតាមឱវាទរបស់ខ្ញុំយ៉ាងនេះ ទ្រង់រមែងនឹងឃើញនូវខ្ញុំ ។ ព្រះមហាសត្វឲ្យឱវាទដល់ព្រះរាជាយ៉ាងនេះហើយ ទើបទៅកាន់ភ្នំចិត្រកូដវិញហោង។ ព្រះសាស្ដាបាននាំព្រះធម្មទេសនានេះមកហើយ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ សូម្បីក្នុងកាលមុន តថាគតបានយោនយកកំណើតជាសត្វតិរច្ឆាន ក៏ធ្លាប់សម្ដែងនូវភាពទុព្វលរបស់អាយុសង្ខារ ហើយសម្ដែងធម៌ដែរ ដូច្នេះហើយ ទ្រង់ក៏ប្រជុំជាតកថា តទា រាជា អានន្ទោ អហោសិ ព្រះរាជាក្នុងកាលនោះ បានមកជាអានន្ទ កនិដ្ឋោ មោគ្គល្លានោ ហង្សប្អូនពៅ បានមកជាមោគ្គល្លាន មជ្ឈិមោ សារិបុត្តោ ហង្សកណ្ដាលបានមកជាសារីបុត្រ សេសហំសគណា ពុទ្ធបរិសា ពួកហង្សដ៏សេស បនជាមកពុទ្ធបរិស័ទជវនហំ​សោ បន អហមេវ អហោសិ ចំណែកជវនហង្ស បានជាមកជាតថាគត។ ចប់ ជវនហំសជាតក ។ សូមថ្លែងអំណរគុណយ៉ាងខ្លាំងដល់វិចិត្តការិនីដែលបានគូរគំនូរដាក់ក្នុងអត្ថបទនេះ ។ ថ្ងៃសុក្រ ១១ កើត ខែភទ្របទ ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ម.ស. ១៩៣៩ ច.ស. ១៣៧៨ ត្រូវនឹងថ្ងៃទី ០១ ខែកញ្ញា គ.ស. ២០១៧ ។ ដោយ ខេមរ អភិធម្មាវតារ ។ ដោយ៥០០០ឆ្នាំ
images/articles/356/te325rxtpic.jpg
ផ្សាយ : ០៤ ឧសភា ឆ្នាំ២០២០ (អាន: ៥២,២៣១ ដង)
ទីឃីតិកោសលជាតក ( ពៀរ រម្ងាប់​ដោយ​ការ​មិន​ចង​ពៀរ ) ព្រះបរមសាស្តា កាល​ដែល​ព្រះអង្គ​ទ្រង់​គង់​ប្រថាប់​នៅ​នាង​មហា​វិហារ​ព្រះជេតពន ទ្រង់​ប្រារព្ធ​ពួក​ភិក្ខុ​ក្រុង
images/articles/384/tex______tpic.jpg
ផ្សាយ : ០៤ ឧសភា ឆ្នាំ២០២០ (អាន: ៥១,៤៤២ ដង)
គប្បីហាម​ឃាត់​អំពើ​អាក្រក់ តាំង​ពី​នៅ​តិច​តួច ព្រះបរមសាស្តា កាល​ដែល​ព្រះ​អង្គ​ទ្រង់​គង់​ប្រថាប់​នៅ​នាមហា​វិហារ​ព្រះជេតពន ទ្រង់​ប្រារព្ធ​ភិក្ខុ​មួយ អង្គ​ដែល ច្រើន​ទៅ​ដោយ​សេច​ក្តី​ក្រោធ ទើប​ត្រាស់​រឿង​នេះ
images/articles/385/te32wxtpic.jpg
ផ្សាយ : ០៤ ឧសភា ឆ្នាំ២០២០ (អាន: ៥៧,៤៨៦ ដង)
គ្រា​នោះ ព្រាហ្មណ​មហាសាល​ម្នាក់ មាន​ខ្លួន​សៅហ្មង មាន​សំពត់​ដណ្តប់​ក៏​សៅ​ហ្មង បាន​ចូល​ទៅ​រក ព្រះដ៏មាន​ព្រះភាគ លុះ​ចូល​ទៅ​ដល់​ហើយ ក៏​ធ្វើ​សេចក្តី​រីករាយ ជា​មួយ​នឹង​ព្រះដ៏មាន​ព្រះភាគ លុះ បញ្ចប់​ពាក្យ​ដែល​គួរ​រីករាយ និង​ពាក្យ​ដែល​គួរ​រលឹក​ហើយ ក៏​អង្គុយ​ក្នុង​ទី​សមគួរ ។ ព្រោះ​ហេតុ​អ្វី ព្រាហ្មណ៍​ទើប​ចូល​ទៅ​រក​ព្រះដ៏មាន​ព្រះភាគ ? ព្រោះ​មាន​រឿង​បាន​ពោល​មក​ថា ក្នុងផ្ទះ របស់​ព្រាហ្មណ៍​នោះ មាន​ប្រាក់​ដល់​ទៅ ៨ សែន ។ ព្រាហ្មណ៍​នោះ​បាន​ធ្វើ​អាវាហ​មង្គល​ដល់​បុត្រ ៤ នាក់ ចាយ​ប្រាក់​អស់​ដល់​ទៅ ៤ សែន ។ លំដាប់​នោះ កាល​ដែល​នាង​ព្រាហ្មណី​ជា​ភរិយា​របស់​ព្រាហ្មណ៍ បាន​ធ្វើ​កាល​កិរិយា​ហើយ បុត្រ​ទាំង​ឡាយ បាន​ប្រឹក្សា​គ្នា​ថា បើ​បិតា​នឹង​នាំ​យក​នាង​ព្រាហ្មណី​ដទៃ​មក ត្រកូល​យើង​នឹង​បែក​ដោយ​អំណាច​បុត្រ​ដែល​កើត​ក្នុង​ផ្ទៃ​របស់​នាង ទៅ​យើង យើង​នឹង​សង្គ្រោះ​បិតា របស់​យើង ។បុត្រ​ទាំង ៤ នាក់​នោះ ទំនុក​បម្រុង​ដោយ​អាហារ​បរិភោគ និង គ្រឿង​ស្លៀក​ដណ្តប់​ជា​ដើម សុទ្ធ​តែ​ប្រណីត​ៗ ព្រម​ទាំង​ធ្វើការ​គក់​ច្របាច់​ដៃ​ជើង​ទៀត​ផង ។ ថ្ងៃ​មួយ កាល​ដែល​ព្រាហ្មណ៍​នោះ​ឯង សម្រាក​ថ្ងៃ​ហើយ​ក្រោក​ឡើង ទើប​នាំ​គ្នា​គក់ច្របាច់​ឲ្យ​គាត់ ហើយ​ពោល​ទោស ក្នុង​ការ​នៅ​គ្រប់​គ្រង​ផ្ទះ ម្នាក់​ពោល​យ៉ាង​នេះ ម្នាក់​ពោល​យ៉ាង​នោះ ទើប​អង្វរ​បិតា​ថា ពួក​កូន​នឹង​ទំនុក បម្រុង​បិតា​របៀប​នេះ រហូត​អស់​ជីវិត សូម​បិតា​កុំ​ព្រួយ ឲ្យ​តែ​ប្រាក់​ដែល​នៅ​សល់​ទាំង​ប៉ុន្មាន ដល់​ពួក​កូន​មក ។ ព្រាហ្មណ៍​បាន ឲ្យ​ប្រាក់​ដល់​បុត្រ​ម្នាក់​ៗ មួយ​សែន ហើយ​បែង​ចែក​គ្រឿង​ឧបភោគ​បរិភោគ​ទាំង​អស់ ជា​បួន​ចំណែក​ឲ្យ ដល់​កូន ទុក​តែ​សំពត់​ស្លៀក​ដណ្តប់​របស់​ខ្លួន​តែ​ប៉ុណ្ណោះ ។ បន្ទាប់​ពី​ចែក​ទ្រព្យ​សម្បត្តិ​ហើយ បុត្រ​ច្បង​បាន​​ទំនុក​បម្រុង​ព្រាហ្មណ៍​ជា​បិតា​បាន ២-៣ ថ្ងៃ ពេល​ដែល ព្រាហ្មណ៍​ងូត​ទឹក​ហើយ​ដើរ​ចូល​ផ្ទះ កូន​ប្រសា​ស្រី​ឈរ​នៅ​នឹង​ស៊ុម​ទ្វារ ក៏​បាន​និយាយ​ជា​មួយ​ព្រាហ្មណ៍ យ៉ាង​នេះ​ថា ម៉េច​បាន​ជា​ឪ​ឯង​ឲ្យ​ប្រាក់​កូនច្បង​តែ​ប៉ុណ្ណឹង បើ​ចែក​ឲ្យ​ដូច​តែ​គ្នា​អ៊‍ីចឹង ម៉េច​បាន​នៅ​តែ ជា​មួយ​នឹង​កូន​ច្បង ឬ​មកអំពី​អត់​ស្គាល់​ផ្លូវ​ទៅ​ផ្ទះ​កូន​ផ្សេង​ទៀត ? ព្រាហ្មណ៍​ក្រោធ​ខឹង ពោល​ថា យើ ! ស្រី​ថោក ចង្រៃយក៍ ហើយ​ក៏​បាន​ទៅ​ផ្ទះ​កូន​ដទៃ ។ ទៅ​បាន​ត្រឹម​តែ ២-៣ ថ្ងៃ ក៏​រត់​ទៅ​ផ្ទះ​កូន​ដទៃ​ទៀត ដោយ​ទំនង​ដូច​ៗ គ្នា ។ កាល​ដែល​មិន​អាច​ចូល​ទៅ​ផ្ទះ​កូន​ណា​មួយ​បាន ក៏​បួស​ជា​អ្នក​ស្លៀក​ដណ្តប់ សំពត់​ពណ៌​ស ត្រាច់​ភិក្ខាចារ ។ ដោយ​កាល​កន្លង​ទៅ ក៏​ចាស់​ជរា មាន​រាង​កាយ​ទ្រុឌ​ទ្រោម​ស្លេក​ស្លាំង ព្រោះ​ការ​បរិភោគ​មិន​ល្អ ខ្វះខាត ទាំង​ដំណេក​ក៏​លំបាក ។ ពេល​មួយ ត្រឡប់​មក​ពី​ភិក្ខាចារ ដេក​កន្លែង មួយ​លក់​ទៅ ភ្ញាក់​ឡើង​ក្រោក​អង្គុយ ពិចារណា​ខ្លួន​ឯង ឃើញ​ថា​មិន​បាន​ទី​ពឹង​ក្នុង​បុត្រ ទើប​គិត​ថា យើង​បាន​ស្តាប់​មក​ថា ព្រះ​សមណគោតម មាន​ព្រះភក្ត្រ​មិន​ចង​ចិញ្ចើម មាន​តែព្រះភក្ត្រ​ស្រស់ ចរចា​គួរ ឲ្យ​សប្បាយ​ចិត្ត ឆ្លាត​ក្នុង​បដិសណ្ឋារៈ ដូច្នេះ យើង​អាច​ចូល​ទៅ​គាល់​ព្រះសមណ​គោតម​បាន ។ ព្រោះហេតុ​នោះ ទើប​ព្រាហ្មណ៍​រៀប​រយ​សំពត់​ស្លៀក​ដណ្តប់ កាន់​ភិក្ខាភាជនៈ​ចូល​ទៅ​គាល់​ព្រះដ៏មាន​ព្រះភាគ ដល់​ទី​ប្រថាប់ ។ លុះ​ព្រាហ្មណ​មហាសាល​នោះ អង្គុយ​ក្នុង​ទី​ដ៏​សម​គួរ​ហើយ ទើប​ព្រះដ៏មាន​ព្រះភាគ ត្រាស់​យ៉ាង​នេះ​ថា ម្នាល​ព្រាហ្មណ៍ អ្នក​មាន​ខ្លួន​សៅ​ហ្មង មាន​សំពត់​ដណ្តប់​ក៏​សៅ​ហ្មង តើ​ព្រោះ​ហេតុ​អ្វី ? ព្រាហ្មណ៍​ក្រាប បង្គំ​ទូល​ថា បពិត្រ​ព្រះគោតម​ដ៏​ចម្រើន ខ្ញុំ​ព្រះអង្គ​មាន​កូន ៤ នាក់ ក្នុង​ក្រុង​នេះ​ឯង កូន​ទាំង​នោះ កាន់ យក​ទ្រព្យ​ដែល​ជា​របស់​ខ្ញុំ​ព្រះអង្គ​ទាំង​អស់ រួច​ហើយ ដឹង​ថា ខ្ញុំ​ព្រះអង្គ​អស់​ទ្រព្យសម្បត្តិ​ហើយ ទើប ប្រឹក្សា​សម​គំនិត​គ្នា​ជា​មួយ​នឹង​ភរិយា​របស់​គេ​រៀង​ៗ ខ្លួន បណ្តេញ​ខ្ញុំ​ព្រះអង្គ​ចេញ​អំពី​ផ្ទះ សូម​ព្រះអង្គ ទ្រង់​ជ្រាប ។ ព្រះដ៏មាន​ព្រះភាគ​ត្រាស់​ថា ម្នាល​ព្រាហ្មណ៍ បើ​ដូច្នោះ អ្នក​ចូរ​រៀន​នូវ​គាថា​ទាំងឡាយ​នេះ ហើយ​សូត្រ ក្នុង​រោង​ជាទី​ប្រជុំ នៅ​ពេល​ដែល​ពួក​មហាជន​កំពុង​ប្រជុំ​គ្នា ទាំង​ដែល​កូន​ទាំង​ឡាយ​របស់​អ្នក អង្គុយ ប្រជុំ​ក្នុង​ទីនោះ​ផង​ដែរ​ថា ៖ យេហិ ជាតេហិ នន្ទិស្សំ យេសញ្ច ភវមិច្ឆិសំតេ មំ ទារេហិ សំបុច្ឆ សាវ វាទេន្តិ សូករំ ។ ខ្ញុំ​ត្រេក​អរ ដោយ​កូន​ទាំង​ឡាយ​ណា ដែល​កើត​ហើយ​ផង ប្រាថ្នា​នូវ​សេចក្តី​ចម្រើន ដល់​កូន​ទាំង​ឡាយ ណា​ផង កូន​ទាំង​នោះ ក៏​សម​គំនិត​គ្នា​ជា​មួយ​នឹង​ប្រពន្ធ​ទាំង​ឡាយ ហើយ​បណ្តេញ​ខ្ញុំ ដូច​ជា​ឆ្កែ​បណ្តេញ ជ្រូក ។ អសន្តា កិរ មំ ជម្មា តាត តាតាតិ ភាសរេ រក្ខសា បុត្តរូបេន តេ ជហន្តិ វយោគតំ ។ កូន​ទាំង​ឡាយ ជា​អសប្បុរស លាមក គ្រាន់​តែ​ហៅ​ខ្ញុំ​ថា បិតា បិតា​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​កូន​ទាំង​នោះ ដូច អារក្ស​ទឹក​ដែល​មក​ដោយ​រូប​ជា​កូន លះ​បង់​នូវ​ខ្ញុំ​ដែល​មាន​អាយុ ចូល​ដល់​បច្ឆិម​វ័យ​ហើយ ។ អស្សោវ ជិណ្ណោ និព្ភោគោ ខាទនា អបនីយតិ ពាលកានំ បិតា ថេរោ បរាគារេសុ ភិក្ខតិ ។ បិតា​ចាស់​របស់​បុគ្គល​ទាំង​ឡាយ មិន​មាន​អ្វី​បរិភោគ តែង​សូម​ទាន​ប្រប​ផ្ទះ​នៃ​ជន​ដទៃ ដូច​ជា​សេះ​ចាស់ ប្រើ​ប្រាស់​មិន​បាន គេ​នាំ​ចេញ​ចាក​ចំណី ។ ទណ្ឌោវ កិរ មេ សេយ្យោ យញ្ចេ បុត្តា អនស្សវា ចណ្ឌម្បិ គោណំ វារេតិ អថោ ចណ្ឌម្បិ កុក្កុរំអន្ធការេ បុរេ ហោតិ គម្ភីរេ គាធមេធតិ ទណ្ឌស្ស អានុភាវេន ខលិត្វា បដិតិដ្ឋតីតិ ។ ឈើ​ច្រត់​របស់​ខ្ញុំ​ប្រសើរ កូន​​ទាំង​ឡាយ​ដែល​មិន​ស្តាប់​បង្គាប់ មិន​ប្រសើរ​ដូច​ជា​ឈើ​ច្រត់​ឡើយ ព្រោះ ឈើច្រត់ រមែង​ការពារ​គោ​កាច​ក៏​បាន ការពារ​ឆ្កែ​កាច​ក៏​បាន ច្រត់​ទៅ​មុខ​ក្នុង​ទី​ងងឹត​ក៏​បាន ស្ទង់​ក្នុង​ទឹក ជ្រៅ​ក៏​បាន បុគ្គល​ភ្លាត់​រអិល​គង់​ទប់​ទៅ​វិញ​បាន ដោយ​អានុភាព​នៃ​ឈើ​ច្រត់ ។ លំដាប់​នោះ​ឯង ព្រាហ្មណ​មហាសាល​នោះ បាន​រៀន​នូវ​ព្រះ​គាថា​ទាំង​ឡាយ​នេះ ក្នុង​សម្នាក់​ព្រះដ៏មាន ព្រះភាគ គឺ​រៀន​សូត្រ​ទាល់​តែ​រត់​មាត់ ។ ក្នុង​ថ្ងៃ​ដែល​ពួក​ព្រាហ្មណ៍​ប្រជុំ​គ្នា ទាំង​ដែល​ពួក​បុត្រ​ប្រដាប់ ដោយ​គ្រឿង​អលង្ការ​ទាំង​ពួង ចូល​កាន់​ទី​ប្រជុំ​នោះ​ហើយ​អង្គុយ​លើ​អាសនៈ​យ៉ាង​ធំ កណ្តាល​ពួក ព្រាហ្មណ៍ ។ ព្រាហ្មណ៍​ចាស់​ជា​បិតា​គិត​ថា នេះ​ជា​ពេល​របស់​យើង​ហើយ ទើប​ចូល​ទៅ​កណ្តាល​ទី​ប្រជុំ លើក​ដៃ​ឡើង​ពោល​ថា អស់​លោក​ដ៏​ចម្រើន​ទាំង​ឡាយ ខ្ញុំ​មាន​បំណង​នឹង​ពោល​គាថា​ដល់​លោក​ទាំង ឡាយ កាល​ដែល​ខ្ញុំ​ពោល​ដល់​លោក​ទាំង​ឡាយ តើ​លោក​ទាំងឡាយ​ស្តាប់​ខ្ញុំ​ទេ ? កាល​ដែល​ពួក ព្រាហ្មណ៍​ពោល​ថា ពោល​ចុះ ព្រាហ្មណ៍ ពួក​យើង​នឹង​ស្តាប់ ដូច្នេះ ទើប​បាន​ឈរ​ពោល​ពេល​នោះតែ​ម្តង នូវព្រះគាថា ដែល​មាន​សេចក្តី​ថា ៖ ខ្ញុំ​ត្រេក​អរ ដោយ​កូន​ទាំង​ឡាយ​ណា ដែល​កើត​ហើយ​ផង ប្រាថ្នា​នូវ​សេចក្តី​ចម្រើន ដល់​កូន​ទាំង​ឡាយ ណា​ផង កូន​ទាំង​នោះ ក៏​សម​គំនិត​គ្នា​ជា​មួយ​នឹង​ប្រពន្ធ​ទាំង​ឡាយ ហើយ​បណ្តេញ​ខ្ញុំ ដូចជា​ឆ្កែ​បណ្តេញ ជ្រូក ។ កូន​ទាំង​ឡាយ ជា​អសប្បុរស លាមក គ្រាន់​តែ​ហៅ​ខ្ញុំ​ថា បិតា បិតា​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​កូន​ទាំង​នោះ ដូច អារក្សទឹក​ដែល​មក​ដោយ​រូប​ជា​កូន លះបង់​នូវ​ខ្ញុំ​ដែល​មាន​អាយុ ចូល​ដល់​បច្ឆិមវ័យ​ហើយ ។ បិតា​ចាស់​របស់​បុគ្គល​ទាំង​ឡាយ មិន​មាន​អ្វី​បរិភោគ តែង​សូម​ទាន​ប្រប​ផ្ទះ​នៃ​ជន​ដទៃ ដូច​ជា​សេះ​ចាស់ ប្រើ​ប្រាស់​មិន​បាន គេ​នាំ​ចេញ​ចាក​ចំណី ។ ឈើ​ច្រត់​របស់​ខ្ញុំ​ប្រសើរ កូន​ទាំង​ឡាយ​ដែល​មិន​ស្តាប់​បង្គាប់ មិន​ប្រសើរ​ដូចជា​ឈើ​ច្រត់​ឡើយ ព្រោះ ឈើ​ច្រត់ រមែង​ការពារ​គោ​កាច​ក៏​បាន ការពារ​ឆ្កែ​កាច​ក៏​បាន ច្រត់​ទៅ​មុខ​ក្នុង​ទី​ងងឹត​ក៏​បាន ស្ទង់​ក្នុង​ទឹក ជ្រៅ​ក៏​បាន បុគ្គល​ភ្លាត់​រអិល​គង់​ទប់​ទៅ​វិញ​បាន ដោយ​អានុភាព​នៃ​ឈើ​ច្រត់ ។ ដោយ​សម័យ​នោះ​ឯង ពួក​មនុស្ស​មាន​ប្រពៃណី​ដូច្នេះ​ថា បុគ្គលណា បរិភោគ​សម្បត្តិ​នៃ​មាតាបិតា ហើយ មិន​ចិញ្ចឹម​មាតាបិតា បុគ្គល​នោះ ត្រូវ​សម្លាប់​ចោល ព្រោះ​ហេតុ​ដូច្នោះ​ហើយ បុត្រ​ទាំង​អស់​របស់ ព្រាហ្មណ៍ ទើប​ក្រាប​ចុះ​ក្បែរ​ជើង​ទាំង​ពីរ​របស់​បិតា ហើយ​អង្វរ​ថា លោក​ឪពុក​អើយ សូម​លោក​ឪពុ​កឲ្យ ជីវិត​ដល់​ពួក​កូន​ផង ព្រោះ​ទឹក​ចិត្ត​របស់​បិតា​ទន់​ភ្លន់​ដល់​កូន​ៗ ព្រាហ្មណ៍​ជា​បិតា​ទើប​ពោល​ថា បពិត្រ លោក​ដ៏​ចម្រើន​ទាំង​ឡាយ សូម​លោក​ទាំង​ឡាយ កុំ​ឲ្យ​កូន​ៗ ដ៏​ល្ងង់​ខ្លៅ​របស់​ខ្ញុំ​នេះ​វិនាស​ឡើយ ពួក​គេ នឹង​ចិញ្ចឹម​មើល​ថែ​ដល់​ខ្ញុំ​ត​ទៅ ។ លំដាប់​នោះ មនុស្ស​ទាំង​ឡាយ​បាន​ពោល​ទៅ​រក​កូន​ៗ ទាំង​នោះ​ដូច្នេះ​ថា នែ ! ពួក​អ្នក​ឯង​ចូរ​ប្រុង​ចាំ ស្តាប់​ណ៎ា ចាប់​តាំង​ពី​ថ្ងៃនេះ​នៅ បើ​ពួក​អ្នក​មិន​ប្រណិប័តន៍​បិតា​របស់​អ្នក​ឯង​ឲ្យ​ល្អ​ទេ ពួក​យើង​នឹង សម្លាប់​ពួក​អ្នក​ឯង​ចោល ជា​មិន​ខាន ។ កូន​ៗ ទាំង​នោះ​មាន​ការ​ភ័យ​ខ្លាច ទើប​នាំ​បិតា​ទៅ​កាន់​ផ្ទះ​ដើម្បី ប្រណិប័តន៍ ។ ឲ្យ​បិតា​អង្គុយ​លើ​តាំង ហើយ​លើក​ឡើង​នាំ​ទៅ​ដោយ​ខ្លួន​ឯង ។ យក​ប្រេង​លាប​ខ្លួន ហើយគក់​ច្របាច់ ដល់​ពេល​ងូត​ទឹក ឲ្យ​ងូត​ទឹក​ដែល​អប់​ដោយ​គ្រឿង​ក្រអូប និង ជូន​គ្រឿង​ស្លៀក ដណ្តប់ ដោយ​គូ​សំពត់​មួយ​គូ​ម្នាក់​ៗ ។ កូន​ទាំង​អស់​បាន​ហៅ​ប្រពន្ធ​របស់​ខ្លួន​មក​ប្រាប់​ថា ចាប់​តាំង​ពី ថ្ងៃ​នេះ​ទៅ ពួក​នាង​ចូរ​ប្រណិប័តន៍​បិតា​របស់​យើង​ឲ្យ​ល្អ បើ​ពួក​នាង​ប្រមាទ ពួក​យើង​នឹង​បណ្តេញ​ពួក នាង​ឲ្យ​ចេញ​ពី​ផ្ទះ រួច​ហើយ កូន​ៗ បាន​ជូន​អាហារ​ភោជន​យ៉ាង​ប្រណីត អញ្ជើញ​បិតា​បរិភោគ ។ ព្រាហ្មណ៍​បាន​អាហារ​ល្អ មាន​ដំណេក​យ៉ាង​សប្បាយ ត្រឹម​តែ ២-៣ ថ្ងៃ​ប៉ុណ្ណោះ ក៏​មាន​កម្លាំង មាន​រាង កាយ​ស្រស់​បស់ ។ ព្រាហ្មណ៍​សម្លឹង​មើល​អត្តភាព ហើយ​គិត​ថា យើង​បាន​សម្បត្តិ​នេះ​ព្រោះ​អាស្រ័យព្រះសមណគោតម ទើប​កាន់​គ្រឿង​បណ្ណាការ​ធ្វើ​ដំណើរ​ទៅ​គាល់​ព្រះដ៏មាន​ព្រះភាគ លុះ​ចូល​ទៅ​ដល់ ហើយ ក៏​ធ្វើ​សេចក្តីរីករាយ ជា​មួយ​នឹង​ព្រះដ៏មាន​ព្រះភាគ ហើយ​ក៏​អង្គុយ​ក្នុង​ទី​សមគួរ ។ ព្រាហ្មណ៍ បាន​ដាក់​ថ្វាយ​សំពត់​មួយ​គូ ទៀប​បាទ​មូល​នៃ​ព្រះដ៏មាន​ព្រះភាគ ព្រះអង្គ​ទ្រង់​ទទួល​ដោយ​សេចក្តី អនុគ្រោះ រួច​ហើយ​ព្រាហ្មណ៍​បាន​ពោល​ពាក្យ​នេះ គឺ​ក្រាប​ទូល​ព្រះដ៏មាន​ព្រះភាគ ក្នុង​ពេល​ទទួល សរណគមន៍​រួច​ហើយ​នោះ​ឯង យ៉ាង​នេះ​ថា បពិត្រ​ព្រះគោតម​ដ៏​ចម្រើន ពួក​កូន​ៗ បាន​ឲ្យ​ភត្តាហារ ប្រចាំ​ដល់​ខ្ញុំ​ព្រះអង្គ ៤ ចំណែក ខ្ញុំ​ព្រះអង្គ​សូម​ថ្វាយ​ដល់​ព្រះអង្គ ២ ចំណែក​ក្នុង ៤ ចំណែក​នោះ ឯ​ខ្ញុំ ព្រះអង្គ​នឹង​បរិភោគ​ខ្លួន​ឯង ២ ចំណែក ។ ព្រះដ៏មាន​ព្រះភាគ​ទ្រង់ត្រាស់​ថា ម្នាល​ព្រាហ្មណ៍ អ្នក​កុំ​បូជា ដល់​តថាគត ចំពោះ​ចំណែក​ដែល​ល្អ​ឡើយ តថាគត​នឹង​ទៅ​ដល់​កន្លែង តាម​ដែល​តថាគត​ត្រូវ​ទៅ ។ ព្រាហ្មណ៍​ក្រាប​ទូល​ថា បពិត្រ​ព្រះអង្គ​ដ៏​ចម្រើន យ៉ាង​ដូច្នោះ​ឯង ហើយ​បាន​ថ្វាយ​បង្គំ​ព្រះដ៏មាន​ព្រះភាគ​ត្រឡប់​ទៅ​ផ្ទះ ។ ទៅ​ដល់​ផ្ទះ​ហើយ បាន​ហៅ​ពួក​កូន​មក​ប្រាប់​ថា កូនៗ ទាំង​ឡាយ ព្រះ​សមណ គោតម​ជា​សម្លាញ់​របស់​ឪ នៅ​ពេល​ព្រះអង្គ​យាង​មក​ដល់ ចូរ​កូន​ៗ កុំ​ភ្លេច​ថ្វាយ​ភត្តាហារ​ជា​ប្រចាំ​របស់​ឪ នៅ​ពេល​ព្រះអង្គ​យាង​មក​ដល់​ ចូរ​កូនៗ កុំ​ភ្លេច​ថ្វាយ​ភត្តាហារ​ជា​ប្រចាំ​របស់​ឪ ២ ចំណែក ដល់​ព្រះអង្គ ណ៎ា ។ ពួក​កូន​នាំ​គ្នា​ទទួល​ថា ល្អ​ហើយ​ឪ ។ ព្រឹក​ស្អែក​ឡើង ព្រះ​ដ៏មាន​ព្រះភាគ​ទ្រង់​ប្រដាប់​ដោយ​បាត្រ​និង​ចីវរ ទ្រង់​យាង​ទៅ​កាន់​គេហដ្ឋាន​របស់ កូន​ប្រុស​ច្បង ។ កូន​ប្រុសច្បង​បាន​ទទួល​បាត្រ​ចាក​ព្រះហស្ត រួច​យាង​ព្រះអង្គ​ចូល​ទៅ​កាន់​គេហដ្ឋាន ថ្វាយ​ទី​គង់ប្រថាប់​ដ៏​ប្រណីត​ហើយ ទើប​បាន​ថ្វាយ​នូវ​ភោជនដ៏​ប្រណីត​ឧត្តម ថ្ងៃ​បន្ទាប់​មក​ទៀត ព្រះ បរមសាស្តា​ស្តេច​យាង​ទៅ​កាន់​គេហដ្ឋាន​នៃ​កូន​ម្នាក់​ទៀត ជា​បន្ត​បន្ទាប់ ព្រះ​អង្គស្តេច​យាង​ទៅ​កាន់ គេហដ្ឋាន​នៃ​បុត្រ​របស់​ព្រាហ្មណ៍ គ្រប់​គ្នា​តាម​លំដាប់ ដោយ​ប្រការ​ដូច្នេះ​ឯង ។ ពួក​កូន​ៗ ទាំង​នោះ គ្រប់​គ្នា​បាន​ធ្វើ​សក្ការៈ​ដូច​ៗ គ្នា ។ ក្រោយមក ថ្ងៃ​មួយ នៅ​ឯគេហដ្ឋាន​របស់​កូន​ប្រុស​ច្បង​មាន​ពិធី​មង្គល ។ កូន​បាន​និយាយ​នឹង​បិតា​​ថា បពិត្រ​បិតា ពួក​យើង​នឹង​ថ្វាយ​មង្គល​ដល់​អ្នក​ណា ? ព្រាហ្មណ៍​ជា​បិតា​ពោល​ថា ពួក​យើង​អត់​ស្គាល់​អ្នក ដទៃ​ណា​ឡើយ ព្រះសមណគោតម​ជា​សម្លាញ់​របស់​ឪ​មិន​មែន​ទេ​ឬ ។ កូន​ច្បង​បាន​ពោល​ថា បើ​ដូច្នោះ បិតា​ចូរ​យាង​ព្រះសមណគោតម​មក​ដើម្បី​សោយ​ភត្តា​ហារ​ក្នុង​ថ្ងៃ​ស្អែក​ព្រម​ដោយ​ភិក្ខុសង្ឃ ៥០០ អង្គ។ ព្រាហ្មណ៍៍​ក៏​បានធ្វើ​ដូច្នោះ តាម​ពាក្យ​របស់​កូន ។ ព្រះដ៏មាន​ព្រះភាគ ទ្រង់​ទទួល​នូវ​ការ​អារាធនា​ហើយ ហែហម​ទៅ​ដោយ​ព្រះភិក្ខុសង្ឃ ស្តេច​យាង​ទៅ តាម​កាល​កំណត់ ចូល​កាន់​គ្រឹះស្ថាន​របស់​បុត្រច្បង​ដែល​ប្រដាប់​តាក់​តែង​ដោយ​គ្រឿង​ប្រដាប់​ផ្សេង​ៗ។ បុត្រ​ច្បង​បាន​និមន្ត​ព្រះសង្ឃ​ដែល​មាន​ព្រះពុទ្ធអង្គ​ជា​ប្រមុខ គង់​លើ​អាសនៈដែល​បាន​ក្រាល​ទុក​ហើយ បាន​ថ្វាយ​នូវ​បាយាស ដែល​មាន​ទឹក​តិច ព្រម​ទាំង​ខាទនីយាហារ​ផ្សេង​ៗ ទៀត ។​ កូន​ទាំង​អស់​បាន​មក ជួប​ជុំ​គ្នា សម​គួរ​តាម​វេលា បាន​ក្រាប​ទូល​ព្រះដ៏មាន​ព្រះភាគថា បពិត្រ​ព្រះគោតម​ដ៏​ចម្រើន ពួក​ខ្ញុំព្រះ អង្គ​បាន​ប្រណិប័តន៍​បិតា​របស់​ពួក​ខ្ញុំ​ព្រះអង្គ ដោយ​មិន​បាន​ប្រមាទ​ឡើយ សូម​ព្រះអង្គ​ទ្រង់​ទត​មើល​នូវ អត្តភាព ។ ព្រះបរមសាស្តា​ទ្រង់ត្រាស់​ថា ការ​ចិញ្ចឹម​បី​បាច់​ថែរក្សា​មាតាបិតា ដែល​ពួក​អ្នក​បាន​ធ្វើ​ហើយ គឺ​ជា​ការ​ល្អ ពួក​បុរាណ​បណ្ឌិត​បាន​ធ្លាប់​ប្រព្រឹត្ត​មក​ហើយ​យ៉ាង​ស្មោះ​ស្មើ ។ ព្រះដ៏មាន​ព្រះភាគ​ទ្រង់ ត្រាស់​នូវ​នាគ​រាជជាតក ប្រកាស​អរិយសច្ច ៤ ក្នុង​ពេល​ចប់​ព្រះធម៌​ទេសនា ព្រាហ្មណ៍​ព្រម​ទាំង​កូន ៤ នាក់ ទាំង​កូន​ប្រសា​ស្រី ៤ នាក់​ទៀត​នោះ បាន​បញ្ជូន​ញាណ​ទៅ​តាម​ក្រសែ​ព្រះធម៌ តាំង​នៅ​ក្នុង សោតា​បត្តិផល ។ ចាប់​តាំង​ពី​ពេល​នោះ​មក ព្រះបរមសាស្តា ស្តេច​ពុំ​បាន​យាង​ទៅ​កាន់​ផ្ទះ​នៃ​ជន​ទាំងនោះ​ទៀត​ឡើយ ក្នុង​កាល​ទាំង​ពួង ។ ដោយ៥០០០ឆ្នាំ
images/articles/388/tex32w43tpic.jpg
ផ្សាយ : ០៤ ឧសភា ឆ្នាំ២០២០ (អាន: ៤៤,៣៦៤ ដង)
ព្រះ​បរមសាស្តា​ កាល​ដែល​ទ្រង់​គង់​ប្រថាប់​នៅ​ព្រះ​វេឡុវ័ន​មហាវិហារ​ ទ្រង់​ប្រារព្ធ​ការ​ដែល​ភិក្ខុ​ទេវទត្ត​ ខិត​ខំ​ប្រឹង​ប្រែង​ធ្វើ​ឃាត​ព្រះ​អង្គ​នោះ​ឯង​ ទ្រង់​ត្រាស់​ព្រះ​ធម៌​ទេសនា​នេះ​ មាន​ពាក្យ​ជា​អាទិ៍​ថា​ យស្សេតេ​ ច​ តយោ​ ធម្មា ។
images/articles/394/textp344ric.jpg
ផ្សាយ : ០៤ ឧសភា ឆ្នាំ២០២០ (អាន: ៤៥,២២០ ដង)
អត្ថស្សទ្វារជាតក ( ទ្វារ​មុខ​នៃ​ប្រយោជន៍​ មាន​ ៦ ) ព្រះ​បរមសាស្តា​ កាល​ដែល​ទ្រង់​គង់​ប្រថាប់​នៅ​ព្រះ​ជេតពនមហាវិហារ​ ទ្រង់​ប្រារព្ធ​កុលបុត្រ​ម្នាក់​ដែល​ជា​អ្នក​ឆ្លាត​ក្នុង​ប្រយោជន៍
images/articles/410/Untitled-1.jpg
ផ្សាយ : ០៤ ឧសភា ឆ្នាំ២០២០ (អាន: ៤៥,៦០០ ដង)
វានរិន្ទជាតក ( បុគ្គល​ដែល​ប្រកប​ដោយ​ធម៌​ ៤​ រមែង​កន្លង​បង់​នូវ​សត្រូវ ) ព្រះ​បរមសាស្តា​ កាល​ដែល​ព្រះ​អង្គ​ទ្រង់​គង់​ប្រថាប់​នៅ​ព្រះ​ជេតពន​មហាវិហារ​
images/articles/429/Untitled-1.jpg
ផ្សាយ : ០៤ ឧសភា ឆ្នាំ២០២០ (អាន: ៤៥,៩៦២ ដង)
តំណាល​មក​ថា អ្នក​របាំ​ម្នាក់​ដើរ​ចាប់​កូន​សេក​មក​ហ្វឹក​ហាត់។ នាង​នៅ​អាស្រ័យ​ភិក្ខុនី វេលា​ទៅ​ក៍​ទៅ (តែខ្លួន) ភ្លេច​កូន​សេក ពួក​សាមណេរី ក៍​ចាប់​វា​មក​ចិញ្ចឹម​ទុក ។ ដាក់​ឈ្មោះ​ឲ្យ​ថា ពុទ្ធរក្ខិត (រក្សាពុទ្ធ)។ វា​ឆ្លើយ​ថា អ្វីចា ម៉ែ​ម្ចាស់
images/articles/445/Untitle53463456d-1.gif
ផ្សាយ : ០៤ ឧសភា ឆ្នាំ២០២០ (អាន: ២២,៤៦០ ដង)
…ព្រះនន្ទ​នេះ​ត្រូវ​បាន​ព្រះសម្មាសម្ពុទ្ធ​នាំ​យក​ទៅ​បួស​ ហើយ​ព្រះនន្ទ​ក៏​បាន​បួស​តាម​​ព្រះម្ចាស់​បង​ មិន​ហ៊ាន​ប្រកែក​ដោយ​​ការ​គោរព​​ដល់​​ព្រះសម្មាសម្ពុទ្ធ
images/articles/2702/32s55stpic.jpg
ផ្សាយ : ២៤ មេសា ឆ្នាំ២០២០ (អាន: ៥,២១៩ ដង)
នាងពិម្ពាយសោធរារាហុលមាតា ជាកន្សៃសារពេជ្ញ នៃព្រះសិទ្ធត្ថជាសព្វញ្ញុបរមពោធិសត្វ កន្សៃ​សារ​ពេជ្ញ (ន.) ស្រីជាអគ្គមហេសីរបស់ព្រះបរមពោធិសត្វជាបច្ឆិមជាតិ ក្នុងកាលដែលនៅជាគ្រហស្ថ ឬដែលបានត្រាស់ហើយ ក៏គង់នៅហៅស្រីនោះថា កន្សៃសារពេជ្ញ : កាលនោះ ព្រះអង្គជាព្រាហ្មណ៍ ឈ្មោះសុមេធៈ តាក់តែង ផ្លូវសម្រាប់ថ្វាយព្រះពុទ្ធទីបង្ករ ទ្រង់ឃើញ ធម៌ទាំងពួង កាលស្ដេចមកដល់ ខ្ញុំជាកញ្ញា កើតក្នុងត្រកូល ព្រាហ្មណ៍ ឈ្មោះនាងសុមិត្តា បានចូលទៅកាន់ទីប្រជុំ ។ ខ្ញុំយកផ្កាឧប្បល ៨ ក្ដាប់ ដើម្បីបូជាព្រះសាស្ដា បានឃើញឥសីដ៏ឧត្ដម ក្នុងកណ្ដាលនៃជន ។ កាលនោះ ខ្ញុំបានឃើញព្រះសម្ពុទ្ធ ទ្រង់ខានយាងមកអស់កាលយូរ ទ្រង់មានព្រះទ័យ ប្រកបដោយ ករុណា ក៏បណ្ដាលឲ្យចិត្តត្រេកអរក្រៃលែង ហើយសំគាល់ថា ជីវិតរបស់អាត្មាអញប្រកបដោយផល ។កាលនោះ ខ្ញុំបានឃើញសេចក្ដីព្យាយាមប្រកបដោយផល របស់ឥសី នោះ ទាំងចិត្តរបស់ខ្ញុំ ក៏ជ្រះថ្លាក្នុងព្រះពុទ្ធ ដោយកុសលកម្ម មានក្នុងកាលមុន ។ ខ្ញុំញ៉ាំងចិត្តឲ្យជ្រះថ្លាក្រៃ លែង ក្នុងឥសីមានចិត្តខ្ពង់ខ្ពស់ ហើយទូលថា បពិត្រឥសី ខ្ញុំ មិនឃើញវត្ថុដទៃ ដែលគួរថ្វាយទេ ខ្ញុំសូមថ្វាយផ្កាទាំងឡាយ ដល់លោក ។បពិត្រឥសី ផ្កា ៥ ក្ដាប់ ចូរមានដល់លោក ផ្កា ៣ ក្ដាប់ ចូរមានដល់ខ្ញុំ បពិត្រឥសី ផ្កាទាំងឡាយ ចូរជារបស់ស្មើ គ្នា មួយអន្លើដោយឥសីនោះ ដើម្បីប្រយោជន៍ដល់ ពោធិញ្ញាណរបស់ព្រះអង្គ ។ (វចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត , សុត្តន្តបិដក ខុទ្ទកនិកាយ អបទាប ថេរិយាបទាន កុណ្ឌលកេសវគ្គ យសោធរាថេរិយាបទាន បិដកលេខ ៧៦ ទំព័រ ១៨០) ដោយខេមរ អភិធម្មាវតារ ដោយ៥០០០ឆ្នាំ
images/articles/2706/7555tpic.jpg
ផ្សាយ : ២៤ មេសា ឆ្នាំ២០២០ (អាន: ៣,៤៨៩ ដង)
នាមសិទ្ធិជាតក (ប្រយោជន៍ និងសេចក្ដីប្រាថ្នា ឬ សេចក្ដីល្អ និងសេចក្ដីអាក្រក់មិនមែនសម្រេចមកដោយឈ្មោះ) ព្រះសាស្ដាកាលស្ដេចគង់នៅក្នុងវត្តជេតពន ទ្រង់ប្រារព្ធនាមសិទ្ធិកភិក្ខុ (ភិក្ខុដែល មានការប្រកាន់ថា សេចក្ដីសម្រេចបានមកដោយឈ្មោះ) មួយរូប បានត្រាស់ ព្រះធម្មទេសនានេះថា ជីវកញ្ច មតំ ទិស្វា ដូច្នេះ (ជាដើម)។ បានឮថា កុលបុត្រមួយរូប ដោយនាមបញ្ញិ មានឈ្មោះថា បាបកៈ (មនុស្សគម្រក់) ។ កុលបុត្រនោះ បានបួស ថ្វាយជីវិតក្នុងព្រះសាសនា កាលភិក្ខុទាំងឡាយហៅដោយពាក្យថាឯហាវុសោ, បាបក ម្នាលអាវុសោបាបកៈ អ្នកចូរមក, តិដ្ឋាវុសោ, បាបក ម្នាលអាវុសោបាបកៈ អ្នកចូរឋិតនៅហើយ ។ ភិក្ខុឈ្មោះបាបកៈនោះគិតថា ក្នុងលោកនេះ អ្នកមានឈ្មោះថាបាបកៈ ត្រូវគេចាត់ទុកថា ជា លាមក ជាកាឡកណ្ណី យើងនឹងឲ្យឧបជ្ឈាយ៍ និងអាចារ្យដាក់ឈ្មោះដទៃដែលប្រកបដោយមង្គល ។ ភិក្ខុនោះក៏ចូលទៅរកឧបជ្ឈាយ៍និងអាចារ្យហើយពោលថា បពិត្រលោកម្ចាស់ដ៏ចម្រើនអើយ ឈ្មោះរបស់ខ្ញុំនេះជាអពមង្គល សូមលោកម្ចាស់មេត្តាដាក់ឈ្មោះដទៃដល់ខ្ញុំផង ។ លំដាប់នោះ ឧបជ្ឈាយ៍និងអាចារ្យទាំងឡាយបានពោលយ៉ាងនេះថា ម្នាលអាវុសោ ឈ្មោះនេះគ្រាន់តែជាបញ្ញត្តិប៉ុណ្ណោះ សេចក្ដីសម្រចជាប្រយោជន៍យ៉ាងណាមួយ នឹងបានមកដោយ ឈ្មោះនេះ មិនមានឡើយ អ្នកចូរជាអ្នកត្រេកអរមានសន្ដោសនឹងឈ្មោះរបស់ខ្លួនចុះ ។ ភិក្ខុឈ្មោះបាបកៈនោះក៏ចេះតែសូម (ឲ្យឧបជ្ឈាយ៍និងអាចារ្យដាក់ឈ្មោះថ្មី) ជារឿយៗ ។ភាពជាអ្នកមានការប្រកាន់ថា សេចក្ដីសម្រេចរមែងបានមកដោយឈ្មោះនេះ របស់ភិក្ខុនោះ ក៍កើតប្រាកដដល់ភិក្ខុសង្ឃទាំងឡាយ ។ ក្នុងថ្ងៃមួយ ភិក្ខុទាំងឡាយអង្គុយ (ប្រជុំគ្នា) ក្នុងធម្មសភា បានញ៉ាំងកថា (ដែលទាក់ទិននឹង រឿងនោះ) ឲ្យតាំងឡើងថា ម្នាលអាវុសោទាំងឡាយ បានឮថា ភិក្ខុឯណោះជាអ្នកមានសេចក្ដី សម្រេចដោយឈ្មោះ បានញ៉ាំងឧបជ្ឈាយ៍និងអាចារ្យដាក់ឈ្មោះដែលជាមង្គលឲ្យ ។ លំដាប់នោះ ព្រះបរមសាស្ដាចារ្យស្ដេចយាងមកកាន់ធម្មសភា បានត្រាស់សួរថា ម្នាកភិក្ខុទាំងឡាយ ប្រជុំនិយាយគ្នាដោយរឿងអ្វី ? ភិក្ខុទាំងឡាយទូលថា ដោយរឿងយ៉ាងនេះ ព្រះអង្គ ។ ព្រះមានព្រះភាគត្រាស់ថា ម្នាកភិក្ខុទាំងឡាយ មិនមែនតែក្នុងកាលឥឡូវនេះទេ សូម្បីក្នុង កាលមុន ភិក្ខុនោះក៏ជាអ្នកមានការយល់ថា សេចក្ដីសម្រចតែងបានមកដោយឈ្មោះដែរ ហើយទ្រង់ បាននាំអតីតនិទានមកសម្ដែង (ប្រាប់ភិក្ខុទាំងឡាយថា) ៖ ក្នុងអតីតកាលដ៏យូរលង់ណាស់មកហើយ ព្រះបរមពោធិសត្វជាអាចារ្យទិសាបាមោក្ខ (អាចារ្យជាប្រធានក្នុងទិស ឬអាចារ្យជាប្រធាននៃសិស្សគ្រប់ទិស គឺអាចារ្យធំដែលចេះវិជ្ជាច្រើនប្រភេទ សម្រាប់ប្រើតាមជាន់ តាមសម័យ, ជាអ្នកអាចបង្ហាត់បង្រៀនពួកសិស្សដែលកាត់មកពីគ្រប់ទិស គ្រប់ប្រទេស) បង្ហាត់បង្រៀននូវមន្តវិជ្ជាទាំងឡាយដល់ មាណពចំនួន ៥០០ នាក់ ក្នុងក្រុងតក្កសិលា ។ បណ្ដាមាណពជាសិស្សទាំងនោះមានមាណពម្នាក់ឈ្មោះ បាបកៈ ។ មាណពឈ្មោះបាបកៈនោះ កាលមាណពទាំងឡាយហៅថា នែបាបកៈ ចូរមក នែបាបកៈ ចូរទៅ ដូច្នេះក៏គិតថា ឈ្មោះរបស់យើងជាអពមង្គល យើងនឹងឲ្យអាចារ្យដាក់ឈ្មោះដទៃ ។ មាណពឈ្មោះបាបកៈនោះបានចូលទៅរកអាចារ្យហើយពោលថា បពិត្រលោក អាចារ្យ ឈ្មោះរបស់ខ្ញុំជាអពមង្គល សូមលោកមេត្តាដាក់ឈ្មោះដទៃដល់ខ្ញុំផង ។ លំដាប់នោះ លោកអាចារ្យបានពោលថា នែអ្នក អ្នកចូរត្រាច់ចារិកទីកាន់ជនបទ ហើយកាន់យកឈ្មោះដែលជាមង្គលនិងដែលជាទីពេញចិត្តរបស់ខ្លួនមួយមក ហើយអ្នកចូរ មកចុះ យើងនឹងបានប្ដូរឈ្មោះដល់អ្នកដែលមកហើយនឹងដាក់ឈ្មោះដទៃ ។ មាណពឈ្មោះបាបកៈនោះទទួលថា សាធុ ដូច្នេះហើយ បានកាន់យកវត្ថុដែលជា ប្រយោជន៍ កាលធ្វើដំណើរចេញទៅ បានត្រាច់ទៅកាន់ស្រុកដោយលំដាប់ហើយក៏បានដល់ នគរមួយ ។ក្នុងពេលនោះ មានបុរសម្នាក់ឈ្មោះជីវិកៈ (ប្រែអ្នកមានជីវិត ឬលោករស់) បានធ្វើ កាលកិរិយា ។ មាណពបាបកៈនោះ ឃើញជនជាញាតិកំពុងនាំសាកសពនោះទៅកាន់ទី ប៉ាឆា ក៏បានសួរគេថា កិំ នាមកោ ឯស បុរិសោ បុរសនោះឈ្មោះអ្វី ? ជនជាញាតិបានប្រាប់ថា ជីវកោ នាមេសោ បុរសនោះឈ្មោះជីវិកៈ ។ សូម្បីឈ្មោះជីវិកៈក៏ត្រូវស្លាប់ សូម្បីឈ្មោះអជីវិកៈក៏ត្រូវស្លាប់ ឈ្មោះគ្រាន់តែជាបញ្ញត្តិ ប៉ុណ្ណោះ អ្នកឯងនេះ ល្ងង់មែន ។ មាណពបាបកៈស្ដាប់ពាក្យនោះហើយ បានជាអ្នកមានចិត្តកណ្ដាលក្នុងឈ្មោះ ហើយបានចូលទៅកាន់ខាងក្នុងនគរ ។ លំដាប់នោះ ពួកនាយទុនកំពុងចាប់នាងទាសីម្នាក់ដែលមិនធ្វើនូវការងារឲ្យអង្គុយ ត្រង់ទ្វារហើយវាយដោយខ្សែ នាងទាសីនោះមានឈ្មោះថា ធនបាលី (ស្ត្រីរក្សានូវទ្រព្យ) ។ មាណពបាបកៈកាលទៅកាន់ចន្លោះនៃផ្លូវបានឃើញនាយទុនកំពុងវាយនូវនាងទាសីនោះ ហើយសួរគេថា នែអ្នក អ្នកវាយស្ត្រីនេះព្រោះហេតុអ្វី ? ពួកនាយទុនប្រាប់ថា ស្ត្រីនេះមិនធ្វើនូវការងារ ។ មាណពបាបកៈសួរទៀតថា ហើយស្ត្រីហ្នឹងមានឈ្មោះអ្វី ? នាយទុនប្រាប់ថា ស្ត្រីនេះឈ្មោះធនបាលី ។ សូម្បីមានឈ្មោះធនបាលីក្ដី អធនបាលីក្ដី ឲ្យតែមិនអាចនឹងធ្វើនូវការងារ រមែងជាអ្នកមានសេចក្ដីលំបាក ដូចជា នាងធនបាលីនេះចឹង ឈ្មោះគ្រាន់តែជាបញ្ញត្តិប៉ុណ្ណោះ អ្នកឯងនេះពិតជាល្ងង់មែន ។ មាណពបាបកៈ (ស្ដាប់ដូច្នេះហើយ) បានជាអ្នកមានចិត្តកណ្ដាលយ៉ាងខ្លាំង ហើយក៏ចេញចាកនគរ ដើរទៅកាន់ផ្លូវ បានជួបបុរសដែលវង្វេងផ្លូវ ក្នុងផ្លូវជាចន្លោះ ហើយក៏សួរគេថា នែអ្នកដ៏ចម្រើន អ្នកកាលធ្វើអ្វី ទើបបានត្រាច់ទៅ ? បុរសនោះប្រាប់ថា បពិត្រអ្នកអើយ ខ្ញុំវង្វេងផ្លូវហើយ ។ បាបកៈមាណពសួរទៀតថា ហើចុះអ្នកមានឈ្មោះអ្វីដែរ ? បុរសនោះប្រាប់ថា ខ្ញុំឈ្មោះបន្ថកៈ (អ្នកដើរផ្លូវ) ។ សូម្បីឈ្មោះបន្ថកៈក្ដី ក៏ជាអ្នកវង្វេងផ្លូវ សូម្បីឈ្មោះអបន្ថកៈក្ដីក៏ជាអ្នកវង្វេង ឈ្មោះគ្រាន់តែជាបញ្ញត្តិប៉ុណ្ណោះ អ្នកឯងនេះពិតជាល្ងង់មែន ។ មាណពបាបកៈនោះ បានជាអ្នកមានចិត្តកណ្ដាលយ៉ាងក្រៃលែងហើយក៏ទៅកាន់ សំណាក់អាចារ្យ ។ លោកអាចារ្យសួរថា ម្នាលសិស្ស អ្នកបានឈ្មោះដែលជាទីពេញចិត្ត ហើយឬ ទើបត្រឡប់មក ? បាបកៈមណពពោលថា បពិត្រលោកអាចារ្យ សូម្បីជនទាំងឡាយឈ្មោះជីវិកៈក្ដី អជីវិកៈក្ដី ក៏នៅតែស្លាប់, សូម្បីស្ត្រីទាំងឡាយឈ្មោះធនបាលីក្ដី អធនបាលីក្ដី ក៏នៅតែជា មានសេចក្ដីលំបាក, សូម្បីបុរសទាំងឡាយឈ្មោះបន្ថកៈក្ដី អបន្ថកៈក្ដី ក៏នៅតែវង្វេងផ្លូវ, ឈ្មោះគ្រាន់តែជាបញ្ញត្តិប៉ុណ្ណោះ សេចក្ដីសម្រេចនឹងបានដោយឈ្មោះ រមែងមិនមាន សេចក្ដីសម្រេចរមែងបានមកដោយកម្មប៉ុណ្ណោះ ។ ណ្ហើយចុះលោកអាចារ្យ លោកមិនបាច់ ដាក់ឈ្មោះដទៃឲ្យខ្ញុំឡើយ ខ្ញុំយកឈ្មោះរបស់ខ្ញុំដូចដើមនោះឯងចុះ ។ ព្រះពោធិសត្វប្រៀបធៀបនូវរឿងដែលគេបានឃើញ និងកម្មដែលគេបានធ្វើ ហើយក៏ពោលនួវគាថានេះថា ជីវកញ្ច មតំ ទិស្វា ធនបាលិញ្ច ទុគ្គតំ បន្ថកញ្ច វនេ មូឡ្ហំ បាបកោ បុនរាគតោ ។ មាណពឈ្មោះបាបកៈបានឃើញបុរសរស់ហើយស្លាប់ផង ឃើញទាសីឈ្មោះនាង រក្សាទ្រព្យហើយខ្សត់ទ្រព្យផង ឃើញបុរសអ្នកដើរផ្លូវ ហើយវង្វេងក្នុងព្រៃផង មកវិញ ហើយ ។ បណ្ដាបទទាំងនោះ បទថា បុនរាគតោ សេចក្ដីថា មាណពបាបកៈបានឃើញនូវ ហេតុទាំង ៣ នេះហើយ ក៏ត្រឡប់មកវិញ រអក្សរ លោកពោលដោយអំណាចសន្ធិ ។ ព្រះសាស្ដាបាននាំព្រះធម្មទេសនានេះមកហើយ ទ្រង់ត្រាស់ថា ន, ភិក្ខវេ, ឥទានេវ, បុព្ពេបេស នាមសិទ្ធិកោយេវ ម្នាលភិក្ខុទាំងឡាយ មិនមែនតែក្នុងកាល ឥឡូវនេះទេ សូម្បីក្នុងកាលមុន ភិក្ខុនេះក៏ជាអ្នកមានការប្រកាន់ថា សេចក្ដីសម្រេចតែង បានមកដោយឈ្មោះដែរ ក្នុងកាលទីបញ្ចប់នៃជាតក ទ្រង់ប្រជុំជាតកថា តទា នាមសិទ្ធិកោ ឥទានិបិ នាមសិទ្ធិកោយេវ មាណពបាបកៈ ដែលជា អ្នកប្រាថ្នាសេចក្ដីសម្រេចដោយឈ្មោះក្នុងកាលនោះ បានមកជាភិក្ខុអ្នកប្រាថ្នាសេចក្ដី សម្រេចដោយឈ្មោះក្នុងកាលនេះ ។ អាចរិយបរិសា ពុទ្ធបរិសា បរិស័ទអាចារ្យក្នុងកាលនោះ បានមកជាពុទ្ធបរិស័ទ ក្នុងពេលនេះ ។ អាចរិយោ បន អហមេវ អហោសិ ចំណែក អាចារ្យក្នុងកាលនោះ បានមកជា តថាតតនេះឯង ។ (អដ្ឋកថា ខុទ្ទកនិកាយ ជាតក ឯកកនិបាត លិត្តវគ្គទី ១០ នាមសិទ្ធិជាតកទី ៧ បិដកលេខ ៥៨ ទំព័រ ៤៣) បទពិចារណា នាមំ នាម វោហារមត្តំ ឈ្មោះត្រឹមតែជាវោហារសម្រាប់ហៅប៉ុណ្ណោះ ។ ន តំ បណ្ឌិតា បមាណំ ករោន្តិ បណ្ឌិតទាំងឡាយមិនធ្វើនូវឈ្មោះនោះឲ្យជា ប្រមាណ ។ សុតមង្គលិកេន នាម ភវិតុំ ន វដ្ដតិ មិនគួរជាមនុស្សដែលជឿថា ការស្ដាប់ពាក្យល្អជា មង្គល ។ ដោយខេមរ អភិធម្មាវតារ ដោយ ៥០០០ឆ្នាំ
images/articles/2850/_________xtpic.jpg
ផ្សាយ : ០២ កុម្ភះ ឆ្នាំ២០២០ (អាន: ៣,១៤៨ ដង)
តិលមុដ្ឋិជាតក (គប្បីហាមឃាត់អំពើអាក្រក់តាំងពីនៅតិចតួច) ព្រះបរមសាស្តា កាលដែលព្រះអង្គទ្រង់គង់ប្រថាប់នៅនាមហាវិហារព្រះជេតពន ទ្រង់ប្រារព្ធភិក្ខុមួយ អង្គ​ដែលច្រើនទៅដោយសេចក្តីក្រោធ ទើបត្រាស់រឿងនេះ មានព្រះបាលីថា អជ្ជាបិ មេ តំ មនសិ ដូច្នេះជា​ដើម ។ បានស្តាប់មកថា មានព្រះភិក្ខុ ១ អង្គ លោកច្រើនទៅដោយសេចក្តីក្រោធ និងសេចក្តីចង្អៀតចង្អល់​ចិត្ត គ្រាន់តែអ្នកដទៃថាអ្វីឲ្យបន្តិចបន្តួច ក៏ខឹងក្រោធភ្លាម ធ្វើការប្រទូសរ៉ាយ និងការអន់ចិត្តឲ្យប្រាកដ ។ ក្រោយមកថ្ងៃមួយ ភិក្ខុទាំងឡាយគង់អង្គុយសន្ទនាគ្នាក្នុងសាលាធម្មសភាថា លោកដ៏មានអាយុទាំង​ឡាយ ភិក្ខុអង្គនោះ ជាបុគ្គលច្រើនដោយសេចក្តីក្រោធ និងសេចក្តីចង្អៀតចង្អល់ចិត្ត ពេលក្រោធម្តងៗ មានសភាពដូចអំបិលដែលគេបាចក្នុងភ្លើងចង្ក្រាន ដូច្នោះឯង ។ លោកបួសក្នុងព្រះសាសនា ដែលប្រដៅ​​មិនឲ្យក្រោធ ជាសាសនានាំសត្វឲ្យរួចផុតចាកពីសេចក្តីសៅហ្មងគ្រប់យ៉ាង ប៉ុន្តែសូម្បីគ្រាន់​តែ​សេច​​ក្តីក្រោធ​ប៉ុណ្ណោះ ក៏មិនអាចគ្របសង្កត់បាន។ ព្រះបរមសាស្តាស្តេចយាងមកកាន់សាលាធម្ម​សភា​ ​ទ្រង់ជ្រាបអំពីការសន្ទនារបស់ភិក្ខុទាំងឡាយ ព្រះអង្គត្រាស់ឲ្យភិក្ខុ ១ អង្គទៅនិមន្តភិក្ខុដែលច្រើន​ទៅ ដោយសេចក្តីក្រោធនោះមក កាលដែលលោកនិមន្ត​មកដល់ហើយ ទ្រង់ត្រាស់សួរថា ម្នាលភិក្ខុ មានដំណឹងថា លោកជាបុគ្គលក្រោធងាយ ពិតមែនឬ ? កាលដែលភិក្ខុអង្គនោះ ក្រាបទូលការពិតហើយ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ មិន​មែន​តែ​ក្នុងកាលឥឡូវនេះទេ សូម្បីក្នុងកាលមុន ភិក្ខុនេះក៏បានជាអ្នកច្រើនទៅដោយសេចក្តីក្រោធដូចគ្នាដែរ​។ កាលដែលភិក្ខុទាំងឡាយទូលអារាធនា ទើបព្រះភគវា នាំយករឿងក្នុងអតីតកាលមកសម្តែងតទៅ ៖ ក្នុងអតីតកាល គ្រាដែលព្រះបាទព្រហ្មទត្តគ្រងរាជសម្បត្តិក្នុងក្រុងពារាណសី ឱរសរបស់ព្រះបាទព្រហ្ម​ទត្ត​នោះ មាននាមថា ព្រហ្មទត្តកុមារ។ ក្នុងការអប់រំនិងបណ្តុះបណ្តាលបុត្រ ព្រះរាជាក្នុងគ្រាមុនៗ សូម្បី​​មានអាចារ្យទិសាបាមោក្ខក្នុងនគររបស់ខ្លួនក៏ដោយ ក៏នៅតែបញ្ជូនបុត្ររបស់ព្រះអង្គឲ្យទៅរៀនសិល្ប៍សាស្រ្តនៅទីឆ្ងាយ ក្រៅពីនគររបស់ខ្លួនដែរ ។ ដែលធ្វើយ៉ាងនេះ មកអំពីព្រះរាជាមានសេចក្តីសង្ឃឹមថា ព្រះរាជបុត្រទាំងនោះ នឹងកម្ចាត់នូវភាពក្រអឺតក្រអោងដោយមានះផង និងជាអ្នកចេះមាន​សេច​​ក្តី​អត់ធន់ចំពោះក្តៅរងាផង ព្រមទាំងនឹងបានដឹងនូវប្រពៃណី ទំនៀមទម្លាប់របស់មនុស្ស ក្នុងលោក​ផង​ដែរ ។ ព្រោះហេតុដូច្នោះ ទើបព្រះបាទព្រហ្មទត្ត ត្រាស់ហៅព្រហ្មទត្តកុមារជាព្រះរាជបុត្រ ដែលមានព្រះជន្ម​វ​ស្សា ១៦ ឆ្នាំ ឲ្យចូលមកគាល់ ហើយព្រះរាជទាននូវស្បែកព្រះបាទមួយគូ ឆត្រស្លឹកឈើមួយ និងទ្រព្យ ១ ពាន់កហាបណៈ ព្រមទាំងត្រាស់ប្រាប់ថា បុត្រចូរទៅកាន់នគរតក្កសិលា ប្រឹងប្រែងសិក្សាយកនូវសិល្ប៍​សាស្ត្រមក ។ ព្រហ្មទត្តកុមារទទួលព្រះរាជឱង្ការហើយថ្វាយបង្គំព្រះរាជមាតាបិតាលាចេញទៅ ។ ព្រហ្មទត្តកុមារ ក៏បានសួររកផ្ទះលោកអាចារ្យឃើញហើយ ក៏ដោះស្បែកព្រះបាទ និងដោះឆត្រ ចូលទៅសំពះលោកអាចារ្យ រួចឈរក្នុងទីដ៏សមគួរ ។ កាលដែលលោកអាចារ្យធ្វើបដិសណ្ឋារៈ និងសាកសួរដឹងហេតុការណ៍សព្វគ្រប់ហើយ ក៏ទទួលបង្ហាត់បង្រៀននូវសិល្ប៍៍សាស្ត្រដល់ព្រហ្មទត្តកុមារដោយពិស្តារ ចំណែកព្រះរាជកុមារ ក៏រៀនយកនូវសិល្ប៍​សាស្ត្រ​ដោយការតាំងចិត្ត ។ ថ្ងៃមួយ ព្រហ្មទត្តកុមារ និងសិស្សទាំងឡាយ ទៅងូតទឹកព្រមជាមួយនឹងលោកអាចារ្យ គ្រានោះមានស្ត្រីចាស់ជរាម្នាក់បកសំបកគ្រាប់ល្ងហើយយកមកហាល ទាំងដែលនៅអង្គុយ​ចាំមើលទៀតផង ព្រហ្មទត្តកុមារ ឃើញគ្រាប់ល្ងដែលយាយហាល ក៏នឹកចង់បរិភោគ ទើបចាប់​យក​មួយក្តាប់ដៃមកទំពាបរិភោគ ស្ត្រីចាស់ជរាគិតថា មាណពនេះចង់បរិភោគ ទើបអង្គុយស្ងៀមមិនបានពោលអ្វីឡើយ ។ ថ្ងៃបន្ទាប់មកទៀត ព្រះរាជកុមារនោះ ក៏បានធ្វើយ៉ាងនោះទៀត សូម្បីស្ត្រីចាស់​ជរា​ក៏មិនបានពោលថាអ្វីដែរ នៅស្ងៀមជាលើកទី ២ ។ លុះដល់ថ្ងៃទី ៣ ព្រះរាជកុមារក៏នៅតែចាប់យកល្ងរបស់ស្ត្រីចាស់ជរានោះដដែលទៀត លើកនេះ ស្ត្រីចាស់ជរាមិនអាចទ្រាំបាន គាត់ស្រែកយំហើយពោលរៀបរាប់ថា អាចារ្យទិសាបាមោក្ខ ប្រើឲ្យសិស្សរបស់​ខ្លួនប្លន់យើង ។ អាចារ្យត្រឡប់មកសួរថា តើមានរឿងអ្វីលោកយាយ ។ ស្ត្រីចាស់ជរាពោលថា លោក​អាចារ្យ សិស្សរបស់លោកបរិភោគគ្រាប់ល្ងខ្ញុំថ្ងៃនេះមួយក្តាប់ ម្សិលមិញ មួយក្តាប់ ម្សិលម្ង៉ៃមួយក្តាប់ បើសិស្សលោកអាចារ្យ ស៊ីល្ងរបស់ខ្ញុំយ៉ាងនេះ ទោះជាគ្រាប់ល្ងរបស់ខ្ញុំមាន ប៉ុន្មានក៏មិនសល់ដែរ ។ អាចារ្យទិសាបាមោក្ខពោលថា សូមលោកយាយ ឈប់យំទៅណ៎ា! ចាំខ្ញុំសងតម្លៃល្ងដល់លោក​យាយ ​។ ស្ត្រីចាស់ជរាពោលថា ខ្ញុំមិនត្រូវការតម្លៃអ្វីទេ ខ្ញុំត្រូវការឲ្យលោកប្រដៅសិស្សរបស់លោក កុំឲ្យថ្ងៃក្រោយ​ធ្វើអ៊‍ីចឹងទៀត ។ អាចារ្យពោលថា មិនអីទេលោកយាយ សូមលោក យាយកុំព្រួយ លោកយាយចាំមើលណ៎ា! ភ្លាមនោះ លោកអាចារ្យបានឲ្យមាណពពីរនាក់ ចាប់ដៃព្រះរាជកុមារម្ខាងម្នាក់ ហើយទើបយករំពាត់ឫស្សីមកវាយកណ្តាលខ្នងព្រះរាជកុមារ ៣ រំពាត់ ព្រមទាំង ពោលប្រដៅថា អ្នកកុំធ្វើយ៉ាងនេះតទៅទៀត ។ ព្រះរាជកុមារក្រោធចំពោះលោកអាចារ្យ មានភ្នែកក្រហមសម្លឹងមើលលោកអាចារ្យតាំងពីខ្នងជើងរហូតដល់ចុងសក់ ។ ព្រះរាជកុមារ ប្រឹងប្រែងរៀនសិល្ប៍សាស្ត្ររហូតដល់ចប់ ទាំងមានគំនុំទុកក្នុងហឫទ័យ ដោយចងអាឃាតថា យើងនឹងសម្លាប់អាចារ្យនេះ នៅពេលដែលយើងបានសោយរាជ្យ ។ ដល់ពេលដែលត្រូវចាក​ចេញទៅកាន់ព្រះនគរវិញ ព្រះរាជកុមារបានក្រាបសំពះលោកអាចារ្យ ធ្វើដូចជាមានសេចក្តីស្រឡាញ់ និងដឹងគុណគ្រូអាចារ្យណាស់ បានពោលផ្តាំថា បពិត្រលោកអាចារ្យ កាលណាដែលខ្ញុំបាននូវ​រាជ​សម្បត្តិក្នុងព្រះនគរពារាណសី ខ្ញុំនឹងបញ្ជូនដំណឹងមក កាលនោះសូមលោកអាចារ្យអញ្ជើញទៅ កុំខានឲ្យសោះ ពោលផ្តាំរួចហើយក៏ចាកចេញទៅ ។ ព្រហ្មទត្តកុមារ ធ្វើដំណើរដល់ក្រុងពារាណសី បានចូលទៅថ្វាយបង្គំព្រះជនកព្រះជននី ហើយសម្តែងសិល្ប៍សាស្ត្រឲ្យទ្រង់ទាំងពីរបានទតព្រះនេត្រ ។ ព្រះរាជាត្រាស់ថា យើងមានជីវិតនៅទាន់បុត្ររបស់យើងហ្ន៎ ! ដែលបុត្ររបស់យើងរុងរឿងក្នុងរាជសម្បត្តិ ទើបទ្រង់ស្ថាបនាព្រះរាជបុត្រ ឲ្យជាព្រះរាជាគ្រប់គ្រងព្រះនគរតទៅ ។ កាលបានគ្រងសិរីរាជសម្បត្តិហើយ ក៏រលឹកដល់រឿងដែលលោកអាចារ្យបានធ្វើ​មក​លើព្រះអង្គ កាលដែលទ្រង់នៅជាសិស្សក្នុងនគរតក្កសិលា ស្តេចទ្រង់វិរោធឆួលឆេះក្នុងព្រះឱរា ទើប​ចាត់ការបញ្ជួនទូតទៅ ដោយតាំងព្រះហឫទ័យថា យើងនឹងសម្លាប់អាចារ្យនោះ ។ លោកគ្រូអាចារ្យ បានទទួលការអញ្ជើញពីព្រះរាជាក្រុងពារាណសីហើយ ក៏គិតថា ក្នុងពេលដែលព្រះ​រាជា​នៅក្មេង ដូច្នេះ យើងមិនអាចឲ្យទ្រង់យល់បានឡើយ គិតហើយ គាត់ក៏មិនបានទៅក្នុងពេលនោះដែរ ។ លុះដល់វេលាដែលព្រះរាជានោះ ចូលដល់មជ្ឈិមវ័យហើយ ទើបលោកគ្រូអាចារ្យគិតថា ឥឡូវនេះ យើង​អាចធ្វើឲ្យព្រះរាជាក្រុងពារាណសីយល់បាន ទើបធ្វើដំណើររហូតចូលដល់ក្រុងពារាណសី ហើយឈរនៅនាខ្លោងទ្វារព្រះរាជវាំង ឲ្យគេក្រាបទូលថា អាចារ្យពីនគរតក្កសិលាមកហើយ ។ ព្រះរាជាទ្រង់​សោមនស្សត្រេកអរ បង្គាប់ឲ្យនាំលោកគ្រូអាចារ្យចូលមក គ្រាន់តែទ្រង់ទតព្រះនេត្រឃើញ​លោកគ្រូអាចារ្យដែលចូលមកគាល់ភ្លាម ទ្រង់ពិរោធរហូតដល់ព្រះនេត្រទាំងពីរឡើងក្រហម ហើយ​ត្រាស់ហៅអាមាត្យទាំងឡាយមកថា នែអាមាត្យទាំងឡាយ ! អាចារ្យនេះហើយវាយយើងឲ្យបែក​ខ្នង នៅស្នាមរហូតដល់សព្វថ្ងៃ ឥឡូវគេមករកសេចក្តីស្លាប់ដោយមិនដឹងខ្លួនថា អាត្មាអញ នឹងស្លាប់ក្នុងថ្ងៃនេះ ។ រួចហើយព្រះរាជាបានត្រាស់ទៅរកលោកគ្រូអាចារ្យ ដោយគាថា ដែលមានសេច​ក្តី​ថា អ្នកឲ្យគេចាប់យើងត្រង់ដើមដៃ ហើយអ្នកវាយយើងដោយរំពាត់ ព្រោះហេតុតែល្ងមួយក្តាប់ ការវាយយើងដោយរំពាត់ ព្រោះហេតុតែល្ងមួយក្តាប់ ការវាយនោះ ប្រាកដក្នុងចិត្តរបស់យើងដរាបដល់ថ្ងៃនេះ។ ម្នាលព្រាហ្មណ៍ អ្នកមិនត្រេកអរក្នុងជីវិតរបស់អ្នកហើយឬ ទើបបានជាមករកយើងដល់ទីនេះ អំពើដែលអ្នកឲ្យគេចាប់​ដៃ​យើង​ម្ខាងម្នាក់ ហើយអ្នកបានវាយយើងដល់ទៅ ៣ រំពាត់នោះ នឹងតបស្នងដល់អ្នកវិញក្នុងថ្ងៃនេះ​ឯង​ ។ លោកគ្រូអាចារ្យបានស្តាប់ហើយ ទើបពោលគាថា ដូច្នេះថា ៖ អរិយោ អនរិយំ កុព្ពន្តំ យោ ទណ្ឌេន និសេធតិ សាសនំ តំ ន តំ វេរំ ឥតិ នំ បណ្ឌិតា វិទូ។ អរិយជនណា ហាមឃាត់នូវបុគ្គលមិនប្រសើរ មានការដាក់ទោសដល់អ្នកដែលប្រព្រឹត្តអាក្រក់ អំពើរបស់​អរិយជននោះ រាប់ថាជាការប្រៀនប្រដៅ គឺមិនមែនជាពៀរឡើយ បណ្ឌិតទាំងឡាយ រមែងដឹងច្បាស់​នូវហេតុនោះ ដូច្នេះឯង ។ បពិត្រមហារាជ ព្រោះហេតុនោះ សូម្បីព្រះអង្គក៏សូមទ្រង់ជ្រាបយ៉ាងនេះចុះ ព្រះអង្គមិនគួរសាងកម្ម​ពៀរ​ក្នុងសភាពបែបនេះឡើយ ។ ប្រសិនបើក្នុងកាលនោះ ទូលព្រះបង្គំ មិនបានទូន្មានប្រៀនប្រដៅព្រះ​អង្គ​ទេ បន្តមកទៀត ទ្រង់នឹងលួចនំ លួចស្ករក្រួសនិងផ្លែឈើជាដើម ម៉្លោះហើយទ្រង់នឹងធ្លាក់ក្នុងចោរ​កម្ម​ផ្សេងៗ រហូតដល់លួចប្លន់សម្លាប់មនុស្សតាមផ្លូវ សម្លាប់អ្នកស្រុកទីបំផុត ត្រូវគេចាប់បានព្រមទាំងព័ស្តុតាងទូលដល់ព្រះរាជា ទ្រង់នឹងទទួលនូវភ័យគឺអាជ្ញា ដោយព្រះតម្រាស់ថា ពួកអ្នកចូរដាក់អាជ្ញា ឲ្យសមគួរដល់ទោសរបស់ចោរនេះ ដូច្នោះ តើសម្បត្តិមានសភាពបែបនេះ នឹងសម្រេចដល់ព្រះអង្គបានដូចម្តេចទៅ តាមពិត ទ្រង់បានដល់នូវសភាពជាធំយ៉ាងរៀបរយដូច្នេះ ក៏ព្រោះអាស្រ័យទូល​ព្រះបង្គំ​ជា​ខ្ញុំហ្នឹងឯង មិនមែនទេឬ ? លោកគ្រូអាចារ្យបានធ្វើឲ្យព្រះរាជាទទួលព្រមដោយប្រការដូចពោលមកនេះឯង ។ ក្នុងពេលនោះ អាមាត្យទាំងឡាយ ដែលឈរនៅជុំវិញ បានស្តាប់ពាក្យលោកគ្រូអាចារ្យហើយ ទើបក្រាប​ទូលថា ព្រះករុណាថ្ងៃវិសេស ពាក្យដែលលោកអាចារ្យពោលនេះជាការពិតណាស់ ភាពជាធំនេះ គឺជា​របស់លោកអាចារ្យរបស់ព្រះអង្គដោយពិត ។ ខណៈនោះ ព្រះរាជាទ្រង់កំណត់បាន ទ្រង់ដឹងគុណលោក​គ្រូអាចារ្យទើបត្រាស់ថា បពិត្រលោកអាចារ្យ ខ្ញុំសូមជូននូវភាពជាធំនេះដល់លោក សូមលោកទទួលនូវរាជសម្បត្តិនេះចុះ ។ លោកគ្រូអាចារ្យបដិសេធថា ទូលព្រះបង្គំជាខ្ញុំមិនត្រូវការនូវរាជសម្បត្តិឡើយ ។ ព្រះរាជាទ្រង់បានបញ្ជូនដំណឹងទៅកាន់នគរតក្កសិលា ឲ្យនាំបុត្រនិងភរិយារបស់លោកគ្រូអាចារ្យមក ហើយ​ទ្រង់ប្រទានឥស្សរិយយសដ៏ធំ ដោយទ្រង់តែងតាំងលោកគ្រូអាចារ្យនោះឯង ក្នុងតំណែងជាបុរោ​ហិត និងតាំងទុកក្នុងឋានៈជាបិតា ។ ព្រះរាជាតាំងនៅក្នុងឱវាទរបស់បុរោហិត បំពេញបុណ្យទាំង​ឡាយ​មានទានជាដើម និងមានសុគតិភពប្រព្រឹត្តទៅខាងមុខ ។ ព្រះបរមសាស្តា កាលដែលព្រះអង្គទ្រង់នាំយកនូវព្រះធម៌ទេសនានេះ មកសម្តែងរួចហើយ ព្រះអង្គទ្រង់​ប្រកាសចតុរារិយសច្ច និងប្រជុំជាតក ។ ក្នុងវេលាចប់សច្ចកថា ភិក្ខុដែលច្រើនទៅដោយសេចក្តីក្រោធ បានតាំងនៅក្នុងអនាគាមិផល បរិស័ទដទៃៗ បានជាព្រះសោតាបន្ន និងព្រះសកទាគាមី ។ព្រះ​រាជាក្នុងគ្រានោះ បានមកជាភិក្ខុដែលច្រើនទៅដោយសេចក្តីក្រោធនេះឯង ចំណែក​លោកគ្រូអាចារ្យ គឺបានមកជា តថាគត ៕ (អដ្ឋកថា សុត្តន្តបិដក ខុទ្ទកនិកាយ ជាតក តិកនិបាត សង្កប្បវគ្គ បិដកលេខ ៥៨ ទំព័រ ១៣៩) ដោយ៥០០០ឆ្នាំ
images/articles/914/Untitled-1.jpg
ផ្សាយ : ១៩ មករា ឆ្នាំ២០២០ (អាន: ៧០,៤៩៩ ដង)
រឿង​ព្រះបាទ​បទុម​រាជ ( ចាក ចូ. ធា. ) ( ស្ត្រី​ក្បត់​បើ​ទុក​ជា​ស្វាមី​បង្ហូរ​ឈាម​ខ្លួន​ ឲ្យ​ផឹក​ក៏​នៅ​តែ​ក្បត់ ) កាល​កន្លង​ទៅ​ហើយ​ ព្រះរាជ​ក្រុង​ពារាណសី មាន​រាជ​បុត្រា ៧ ព្រះ​អង្គ ។ ព្រះ​ពោធិសត្វ​ទ្រង់​សោយ​ព្រះ​ជាតិ​ជា​រាជបុត្រ​ច្បង​ព្រះ​នាម​បទុម​រាជ​កុមារ ។ ព្រះ​ចៅ​ក្រុង​ពារាណសី​ជា​ព្រះរាជ​បិតា ទ្រង់​ព្រះ​ចិន្ដា​ថា​ ព្រះ​រាជ​កុមារ​ទាំង​នោះ​មុខ​ជា​នាំ​គ្នា​សម្លាប់​អញ ដណ្ដើម​យក​រាជ​សម្បត្តិ​តែ​សព្វ​ខ្លួន​ពុំ​ខាន​
images/articles/911/Untitled-1.jpg
ផ្សាយ : ១៩ មករា ឆ្នាំ២០២០ (អាន: ៦៤,៦៧៦ ដង)
រឿង​ស្វា​ពោធិសត្វ ( ចាក​ វា. ឯ. ) ( អ្នក​មាន​សតិ​ស្មារតី​វាង​វៃ​ តែង​ឈ្នះ​សត្រូវ​ទាំង​ពួង​ )​ ក្នុង​កាល​កន្លង​ទៅ​ហើយ​ ព្រះ​បាទ​ព្រហ្ម​ទត្ត​សោយ​រាជ្យសម្បត្តិ​ ក្នុង​នគរ​ពារាណសី​ ។ កាល​នោះ​ព្រះ​ពោធិសត្វ​ទ្រង់​សោយ​ព្រះ​ជាតិ​ ជា​ស្វា​មាន​រូប​ធំ​ស្រមូវ​មាន​កំលាង​ខ្លាំង​ដូចដំរី​ស្ករ​ បាន​ដើរ​ទៅ​មាត់​ស្ទឹង​ឃើញ​កោះ​មួយ​ ដែល​បរិបូណ៍​ដោយ​រុក្ខ​ជាតិ​មាន​ផ្លែ​ ក៏​
images/articles/1020/Untitled-1.jpg
ផ្សាយ : ១៩ មករា ឆ្នាំ២០២០ (អាន: ១៥,២៤៤ ដង)
រឿង​សេនក​បណ្ឌិត ( ចាក ម. អ. ) ( បុរស​ចាស់​មាន​ប្រពន្ធ​ក្រមុំ ដូច​បាន​ដុំ​ភ្លើង ) កាល​កន្លង​ទៅ​ហើយ មាន​ព្រះ​រាជា​មួយ​ព្រះអង្គ​ព្រះ​នាម​ជនកះ សោយរាជ្យ​ក្នុង​ក្រុង​ពារណសី ។ ព្រះពោធិសត្វ​របស់​យើង​សោយ​ព្រះ​ជាតិ​ជា​ព្រាហ្មណ៏ ទ្រង់​ព្រះនាម​សេនកះ នៅ​ក្នុង​ក្រុង​ពារាណសី​នោះ​ដែរ. បាន​ទៅ​សិក្សា​សិល្ប​សាស្រ្ត​នានា​ក្នុង​នគរ​តក្កសិលា ។
images/articles/1094/Untitled-1-Recovered.jpg
ផ្សាយ : ១៩ មករា ឆ្នាំ២០២០ (អាន: ១១,៤៧៤ ដង)
រឿង​ឧបនន្ទសក្យបុត្តត្ថេរ (ធ. ខុ.) (មុន​នឹង​ប្រដៅ​គេ ត្រូវ​ប្រដៅ​ខ្លួន​ឯង​ជា​មុន​សិន) សេចក្តី​ដំណាល​ថា ព្រះ​ឧបនន្ត​ជា​អ្នក​ជំនាញ​ខាង​ការ​សម្តែង​ធម្មទេសនា ។ ពួក​ភិក្ខុ​ជា​ច្រើន​អង្គ បាន​ស្តាប់​ធម្មទេសនា ដែល​សម្តែង​ពី​អប្បិច្ឆិតា​គុណ (សេចក្តី​ប្រាថ្នា​តិច) របស់​ព្រះ​ថេរះ​អង្គ​នោះ ក៏​បាន​បូជា​ត្រៃ​ចីវរ និង​សមាទាន​ធុគង្គ​ក្នុង​សំណាក់​លោក ក្នុង​សម័យ​មួយ ជា​សម័យ​ជិត​ចូឡ​ព្រះ​វស្សា ព្រះ​ឧបនន្ត
images/articles/1095/Untitled-1-Recovered.jpg
ផ្សាយ : ១៩ មករា ឆ្នាំ២០២០ (អាន: ៣៣,២៥២ ដង)
រឿង​ស្រ្តី​ពីរ​នាក់​ចង​ពៀរ​នឹង​គ្នា (ចាក ធ. ខុ.) (អ្នក​ធ្វើ​បាប​គេ ត្រូវ​គេ​ធ្វើ​បាប​ខ្លួន​វិញ) មាន​ស្រ្តី​ម្នាក់​ជា​ស្រី​អាឥត​កូន ខ្លាច​ក្រែង​ប្តី​យក​ប្រពន្ធ​មួយ​ទៀត នឹង​ត្រួត​ត្រា​លើ​ខ្លួន ក៏​ទៅ​ដណ្តឹង​ស្រ្តី​ម្នាក់​មក​ឲ្យ​ជា​ប្រពន្ធ​របស់​ប្តី​ដោយ​ខ្លួន​ឯង​ដើម្បី​ឲ្យ​ប្រពន្ធ​ក្រោយ​នៅ​ក្រោម​អំណាច​ខ្លួន ។ លុះ​គេ​មាន​គ៌ភ​ក៏​ផ្សំ​ថ្នាំ​ឲ្យ​គេ​ស៊ី​រលូត​គ៌ភ​ដល់​ពីរ​ដង ម្តង​ក្រោយ​ទៀត​ជា​គំរប់​បី​ប្រពន្ធ​ចុង
៥០០០ឆ្នាំ ស្ថាបនាក្នុងខែវិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕