ថ្ងៃ អាទិត្យ ទី ១១ ខែ មេសា ឆ្នាំជូត ទោ​ស័ក ព.ស.​ ២៥៦៤  
ស្តាប់ព្រះធម៌ (Mp3)
ស្តាប់ការអានព្រះត្រៃបិដក (Mp3)
ស្តាប់​ការបង្រៀនព្រះធម៌ (Mp3)
ស្តាប់​ការអាន​សៀវ​ភៅ​ធម៌​ (Mp3)
កម្រងធម៌​សូត្រ​ផ្សេង​ៗ (Mp3)
កម្រងកំណាព្យនិងស្មូត្រ (Mp3)
កម្រងបទភ្លេងនិងចម្រៀង (Mp3)
ព្រះពុទ្ធសាសនានិងសង្គម (Mp3)
បន្ទុកសៀវភៅ (eBook)
បន្ទុកវីដេអូ (Video)
ទើបស្តាប់/អានរួច
វិទ្យុផ្សាយផ្ទាល់
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុឱវាទព្រះពុទ្ធ
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុសំឡេងព្រះធម៌
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ វត្តគល់ទទឹង
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ០៤.០០​​​ - ២២.០០
វិទ្យុពន្លឺត្រៃរតន៍
ទីតាំងៈ ខេត្តតាកែវ
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ការជូនដំណឹង
ទិន្នន័យសរុបនៃការចុចចូល៥០០០ឆ្នាំ
ថ្ងៃនេះ ១៣៧,៨៣៣
Today
ថ្ងៃម្សិលមិញ ១៧៦,៨៨៧
ខែនេះ ៣,១៥១,៣២១
សរុប ១៨៦,៩៨៧,៥៣៦
free counters
កំពុងទស្សនា ចំនួន
រឿងនិទានអប់រំចិត្ត
images/articles/384/tex______tpic.jpg
ផ្សាយ : ០៤ ឧសភា ឆ្នាំ២០២០ (អាន: ៥០១៣២ ដង)
គប្បីហាម​ឃាត់​អំពើ​អាក្រក់ តាំង​ពី​នៅ​តិច​តួច ព្រះបរមសាស្តា កាល​ដែល​ព្រះ​អង្គ​ទ្រង់​គង់​ប្រថាប់​នៅ​នាមហា​វិហារ​ព្រះជេតពន ទ្រង់​ប្រារព្ធ​ភិក្ខុ​មួយ អង្គ​ដែល ច្រើន​ទៅ​ដោយ​សេច​ក្តី​ក្រោធ ទើប​ត្រាស់​រឿង​នេះ
images/articles/385/te32wxtpic.jpg
ផ្សាយ : ០៤ ឧសភា ឆ្នាំ២០២០ (អាន: ៥៦១៩០ ដង)
គ្រា​នោះ ព្រាហ្មណ​មហាសាល​ម្នាក់ មាន​ខ្លួន​សៅហ្មង មាន​សំពត់​ដណ្តប់​ក៏​សៅ​ហ្មង បាន​ចូល​ទៅ​រក ព្រះដ៏មាន​ព្រះភាគ លុះ​ចូល​ទៅ​ដល់​ហើយ ក៏​ធ្វើ​សេចក្តី​រីករាយ ជា​មួយ​នឹង​ព្រះដ៏មាន​ព្រះភាគ លុះ បញ្ចប់​ពាក្យ​ដែល​គួរ​រីករាយ និង​ពាក្យ​ដែល​គួរ​រលឹក​ហើយ ក៏​អង្គុយ​ក្នុង​ទី​សមគួរ ។ ព្រោះ​ហេតុ​អ្វី ព្រាហ្មណ៍​ទើប​ចូល​ទៅ​រក​ព្រះដ៏មាន​ព្រះភាគ ? ព្រោះ​មាន​រឿង​បាន​ពោល​មក​ថា ក្នុងផ្ទះ របស់​ព្រាហ្មណ៍​នោះ មាន​ប្រាក់​ដល់​ទៅ ៨ សែន ។ ព្រាហ្មណ៍​នោះ​បាន​ធ្វើ​អាវាហ​មង្គល​ដល់​បុត្រ ៤ នាក់ ចាយ​ប្រាក់​អស់​ដល់​ទៅ ៤ សែន ។ លំដាប់​នោះ កាល​ដែល​នាង​ព្រាហ្មណី​ជា​ភរិយា​របស់​ព្រាហ្មណ៍ បាន​ធ្វើ​កាល​កិរិយា​ហើយ បុត្រ​ទាំង​ឡាយ បាន​ប្រឹក្សា​គ្នា​ថា បើ​បិតា​នឹង​នាំ​យក​នាង​ព្រាហ្មណី​ដទៃ​មក ត្រកូល​យើង​នឹង​បែក​ដោយ​អំណាច​បុត្រ​ដែល​កើត​ក្នុង​ផ្ទៃ​របស់​នាង ទៅ​យើង យើង​នឹង​សង្គ្រោះ​បិតា របស់​យើង ។បុត្រ​ទាំង ៤ នាក់​នោះ ទំនុក​បម្រុង​ដោយ​អាហារ​បរិភោគ និង គ្រឿង​ស្លៀក​ដណ្តប់​ជា​ដើម សុទ្ធ​តែ​ប្រណីត​ៗ ព្រម​ទាំង​ធ្វើការ​គក់​ច្របាច់​ដៃ​ជើង​ទៀត​ផង ។ ថ្ងៃ​មួយ កាល​ដែល​ព្រាហ្មណ៍​នោះ​ឯង សម្រាក​ថ្ងៃ​ហើយ​ក្រោក​ឡើង ទើប​នាំ​គ្នា​គក់ច្របាច់​ឲ្យ​គាត់ ហើយ​ពោល​ទោស ក្នុង​ការ​នៅ​គ្រប់​គ្រង​ផ្ទះ ម្នាក់​ពោល​យ៉ាង​នេះ ម្នាក់​ពោល​យ៉ាង​នោះ ទើប​អង្វរ​បិតា​ថា ពួក​កូន​នឹង​ទំនុក បម្រុង​បិតា​របៀប​នេះ រហូត​អស់​ជីវិត សូម​បិតា​កុំ​ព្រួយ ឲ្យ​តែ​ប្រាក់​ដែល​នៅ​សល់​ទាំង​ប៉ុន្មាន ដល់​ពួក​កូន​មក ។ ព្រាហ្មណ៍​បាន ឲ្យ​ប្រាក់​ដល់​បុត្រ​ម្នាក់​ៗ មួយ​សែន ហើយ​បែង​ចែក​គ្រឿង​ឧបភោគ​បរិភោគ​ទាំង​អស់ ជា​បួន​ចំណែក​ឲ្យ ដល់​កូន ទុក​តែ​សំពត់​ស្លៀក​ដណ្តប់​របស់​ខ្លួន​តែ​ប៉ុណ្ណោះ ។ បន្ទាប់​ពី​ចែក​ទ្រព្យ​សម្បត្តិ​ហើយ បុត្រ​ច្បង​បាន​​ទំនុក​បម្រុង​ព្រាហ្មណ៍​ជា​បិតា​បាន ២-៣ ថ្ងៃ ពេល​ដែល ព្រាហ្មណ៍​ងូត​ទឹក​ហើយ​ដើរ​ចូល​ផ្ទះ កូន​ប្រសា​ស្រី​ឈរ​នៅ​នឹង​ស៊ុម​ទ្វារ ក៏​បាន​និយាយ​ជា​មួយ​ព្រាហ្មណ៍ យ៉ាង​នេះ​ថា ម៉េច​បាន​ជា​ឪ​ឯង​ឲ្យ​ប្រាក់​កូនច្បង​តែ​ប៉ុណ្ណឹង បើ​ចែក​ឲ្យ​ដូច​តែ​គ្នា​អ៊‍ីចឹង ម៉េច​បាន​នៅ​តែ ជា​មួយ​នឹង​កូន​ច្បង ឬ​មកអំពី​អត់​ស្គាល់​ផ្លូវ​ទៅ​ផ្ទះ​កូន​ផ្សេង​ទៀត ? ព្រាហ្មណ៍​ក្រោធ​ខឹង ពោល​ថា យើ ! ស្រី​ថោក ចង្រៃយក៍ ហើយ​ក៏​បាន​ទៅ​ផ្ទះ​កូន​ដទៃ ។ ទៅ​បាន​ត្រឹម​តែ ២-៣ ថ្ងៃ ក៏​រត់​ទៅ​ផ្ទះ​កូន​ដទៃ​ទៀត ដោយ​ទំនង​ដូច​ៗ គ្នា ។ កាល​ដែល​មិន​អាច​ចូល​ទៅ​ផ្ទះ​កូន​ណា​មួយ​បាន ក៏​បួស​ជា​អ្នក​ស្លៀក​ដណ្តប់ សំពត់​ពណ៌​ស ត្រាច់​ភិក្ខាចារ ។ ដោយ​កាល​កន្លង​ទៅ ក៏​ចាស់​ជរា មាន​រាង​កាយ​ទ្រុឌ​ទ្រោម​ស្លេក​ស្លាំង ព្រោះ​ការ​បរិភោគ​មិន​ល្អ ខ្វះខាត ទាំង​ដំណេក​ក៏​លំបាក ។ ពេល​មួយ ត្រឡប់​មក​ពី​ភិក្ខាចារ ដេក​កន្លែង មួយ​លក់​ទៅ ភ្ញាក់​ឡើង​ក្រោក​អង្គុយ ពិចារណា​ខ្លួន​ឯង ឃើញ​ថា​មិន​បាន​ទី​ពឹង​ក្នុង​បុត្រ ទើប​គិត​ថា យើង​បាន​ស្តាប់​មក​ថា ព្រះ​សមណគោតម មាន​ព្រះភក្ត្រ​មិន​ចង​ចិញ្ចើម មាន​តែព្រះភក្ត្រ​ស្រស់ ចរចា​គួរ ឲ្យ​សប្បាយ​ចិត្ត ឆ្លាត​ក្នុង​បដិសណ្ឋារៈ ដូច្នេះ យើង​អាច​ចូល​ទៅ​គាល់​ព្រះសមណ​គោតម​បាន ។ ព្រោះហេតុ​នោះ ទើប​ព្រាហ្មណ៍​រៀប​រយ​សំពត់​ស្លៀក​ដណ្តប់ កាន់​ភិក្ខាភាជនៈ​ចូល​ទៅ​គាល់​ព្រះដ៏មាន​ព្រះភាគ ដល់​ទី​ប្រថាប់ ។ លុះ​ព្រាហ្មណ​មហាសាល​នោះ អង្គុយ​ក្នុង​ទី​ដ៏​សម​គួរ​ហើយ ទើប​ព្រះដ៏មាន​ព្រះភាគ ត្រាស់​យ៉ាង​នេះ​ថា ម្នាល​ព្រាហ្មណ៍ អ្នក​មាន​ខ្លួន​សៅ​ហ្មង មាន​សំពត់​ដណ្តប់​ក៏​សៅ​ហ្មង តើ​ព្រោះ​ហេតុ​អ្វី ? ព្រាហ្មណ៍​ក្រាប បង្គំ​ទូល​ថា បពិត្រ​ព្រះគោតម​ដ៏​ចម្រើន ខ្ញុំ​ព្រះអង្គ​មាន​កូន ៤ នាក់ ក្នុង​ក្រុង​នេះ​ឯង កូន​ទាំង​នោះ កាន់ យក​ទ្រព្យ​ដែល​ជា​របស់​ខ្ញុំ​ព្រះអង្គ​ទាំង​អស់ រួច​ហើយ ដឹង​ថា ខ្ញុំ​ព្រះអង្គ​អស់​ទ្រព្យសម្បត្តិ​ហើយ ទើប ប្រឹក្សា​សម​គំនិត​គ្នា​ជា​មួយ​នឹង​ភរិយា​របស់​គេ​រៀង​ៗ ខ្លួន បណ្តេញ​ខ្ញុំ​ព្រះអង្គ​ចេញ​អំពី​ផ្ទះ សូម​ព្រះអង្គ ទ្រង់​ជ្រាប ។ ព្រះដ៏មាន​ព្រះភាគ​ត្រាស់​ថា ម្នាល​ព្រាហ្មណ៍ បើ​ដូច្នោះ អ្នក​ចូរ​រៀន​នូវ​គាថា​ទាំងឡាយ​នេះ ហើយ​សូត្រ ក្នុង​រោង​ជាទី​ប្រជុំ នៅ​ពេល​ដែល​ពួក​មហាជន​កំពុង​ប្រជុំ​គ្នា ទាំង​ដែល​កូន​ទាំង​ឡាយ​របស់​អ្នក អង្គុយ ប្រជុំ​ក្នុង​ទីនោះ​ផង​ដែរ​ថា ៖ យេហិ ជាតេហិ នន្ទិស្សំ យេសញ្ច ភវមិច្ឆិសំតេ មំ ទារេហិ សំបុច្ឆ សាវ វាទេន្តិ សូករំ ។ ខ្ញុំ​ត្រេក​អរ ដោយ​កូន​ទាំង​ឡាយ​ណា ដែល​កើត​ហើយ​ផង ប្រាថ្នា​នូវ​សេចក្តី​ចម្រើន ដល់​កូន​ទាំង​ឡាយ ណា​ផង កូន​ទាំង​នោះ ក៏​សម​គំនិត​គ្នា​ជា​មួយ​នឹង​ប្រពន្ធ​ទាំង​ឡាយ ហើយ​បណ្តេញ​ខ្ញុំ ដូច​ជា​ឆ្កែ​បណ្តេញ ជ្រូក ។ អសន្តា កិរ មំ ជម្មា តាត តាតាតិ ភាសរេ រក្ខសា បុត្តរូបេន តេ ជហន្តិ វយោគតំ ។ កូន​ទាំង​ឡាយ ជា​អសប្បុរស លាមក គ្រាន់​តែ​ហៅ​ខ្ញុំ​ថា បិតា បិតា​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​កូន​ទាំង​នោះ ដូច អារក្ស​ទឹក​ដែល​មក​ដោយ​រូប​ជា​កូន លះ​បង់​នូវ​ខ្ញុំ​ដែល​មាន​អាយុ ចូល​ដល់​បច្ឆិម​វ័យ​ហើយ ។ អស្សោវ ជិណ្ណោ និព្ភោគោ ខាទនា អបនីយតិ ពាលកានំ បិតា ថេរោ បរាគារេសុ ភិក្ខតិ ។ បិតា​ចាស់​របស់​បុគ្គល​ទាំង​ឡាយ មិន​មាន​អ្វី​បរិភោគ តែង​សូម​ទាន​ប្រប​ផ្ទះ​នៃ​ជន​ដទៃ ដូច​ជា​សេះ​ចាស់ ប្រើ​ប្រាស់​មិន​បាន គេ​នាំ​ចេញ​ចាក​ចំណី ។ ទណ្ឌោវ កិរ មេ សេយ្យោ យញ្ចេ បុត្តា អនស្សវា ចណ្ឌម្បិ គោណំ វារេតិ អថោ ចណ្ឌម្បិ កុក្កុរំអន្ធការេ បុរេ ហោតិ គម្ភីរេ គាធមេធតិ ទណ្ឌស្ស អានុភាវេន ខលិត្វា បដិតិដ្ឋតីតិ ។ ឈើ​ច្រត់​របស់​ខ្ញុំ​ប្រសើរ កូន​​ទាំង​ឡាយ​ដែល​មិន​ស្តាប់​បង្គាប់ មិន​ប្រសើរ​ដូច​ជា​ឈើ​ច្រត់​ឡើយ ព្រោះ ឈើច្រត់ រមែង​ការពារ​គោ​កាច​ក៏​បាន ការពារ​ឆ្កែ​កាច​ក៏​បាន ច្រត់​ទៅ​មុខ​ក្នុង​ទី​ងងឹត​ក៏​បាន ស្ទង់​ក្នុង​ទឹក ជ្រៅ​ក៏​បាន បុគ្គល​ភ្លាត់​រអិល​គង់​ទប់​ទៅ​វិញ​បាន ដោយ​អានុភាព​នៃ​ឈើ​ច្រត់ ។ លំដាប់​នោះ​ឯង ព្រាហ្មណ​មហាសាល​នោះ បាន​រៀន​នូវ​ព្រះ​គាថា​ទាំង​ឡាយ​នេះ ក្នុង​សម្នាក់​ព្រះដ៏មាន ព្រះភាគ គឺ​រៀន​សូត្រ​ទាល់​តែ​រត់​មាត់ ។ ក្នុង​ថ្ងៃ​ដែល​ពួក​ព្រាហ្មណ៍​ប្រជុំ​គ្នា ទាំង​ដែល​ពួក​បុត្រ​ប្រដាប់ ដោយ​គ្រឿង​អលង្ការ​ទាំង​ពួង ចូល​កាន់​ទី​ប្រជុំ​នោះ​ហើយ​អង្គុយ​លើ​អាសនៈ​យ៉ាង​ធំ កណ្តាល​ពួក ព្រាហ្មណ៍ ។ ព្រាហ្មណ៍​ចាស់​ជា​បិតា​គិត​ថា នេះ​ជា​ពេល​របស់​យើង​ហើយ ទើប​ចូល​ទៅ​កណ្តាល​ទី​ប្រជុំ លើក​ដៃ​ឡើង​ពោល​ថា អស់​លោក​ដ៏​ចម្រើន​ទាំង​ឡាយ ខ្ញុំ​មាន​បំណង​នឹង​ពោល​គាថា​ដល់​លោក​ទាំង ឡាយ កាល​ដែល​ខ្ញុំ​ពោល​ដល់​លោក​ទាំង​ឡាយ តើ​លោក​ទាំងឡាយ​ស្តាប់​ខ្ញុំ​ទេ ? កាល​ដែល​ពួក ព្រាហ្មណ៍​ពោល​ថា ពោល​ចុះ ព្រាហ្មណ៍ ពួក​យើង​នឹង​ស្តាប់ ដូច្នេះ ទើប​បាន​ឈរ​ពោល​ពេល​នោះតែ​ម្តង នូវព្រះគាថា ដែល​មាន​សេចក្តី​ថា ៖ ខ្ញុំ​ត្រេក​អរ ដោយ​កូន​ទាំង​ឡាយ​ណា ដែល​កើត​ហើយ​ផង ប្រាថ្នា​នូវ​សេចក្តី​ចម្រើន ដល់​កូន​ទាំង​ឡាយ ណា​ផង កូន​ទាំង​នោះ ក៏​សម​គំនិត​គ្នា​ជា​មួយ​នឹង​ប្រពន្ធ​ទាំង​ឡាយ ហើយ​បណ្តេញ​ខ្ញុំ ដូចជា​ឆ្កែ​បណ្តេញ ជ្រូក ។ កូន​ទាំង​ឡាយ ជា​អសប្បុរស លាមក គ្រាន់​តែ​ហៅ​ខ្ញុំ​ថា បិតា បិតា​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​កូន​ទាំង​នោះ ដូច អារក្សទឹក​ដែល​មក​ដោយ​រូប​ជា​កូន លះបង់​នូវ​ខ្ញុំ​ដែល​មាន​អាយុ ចូល​ដល់​បច្ឆិមវ័យ​ហើយ ។ បិតា​ចាស់​របស់​បុគ្គល​ទាំង​ឡាយ មិន​មាន​អ្វី​បរិភោគ តែង​សូម​ទាន​ប្រប​ផ្ទះ​នៃ​ជន​ដទៃ ដូច​ជា​សេះ​ចាស់ ប្រើ​ប្រាស់​មិន​បាន គេ​នាំ​ចេញ​ចាក​ចំណី ។ ឈើ​ច្រត់​របស់​ខ្ញុំ​ប្រសើរ កូន​ទាំង​ឡាយ​ដែល​មិន​ស្តាប់​បង្គាប់ មិន​ប្រសើរ​ដូចជា​ឈើ​ច្រត់​ឡើយ ព្រោះ ឈើ​ច្រត់ រមែង​ការពារ​គោ​កាច​ក៏​បាន ការពារ​ឆ្កែ​កាច​ក៏​បាន ច្រត់​ទៅ​មុខ​ក្នុង​ទី​ងងឹត​ក៏​បាន ស្ទង់​ក្នុង​ទឹក ជ្រៅ​ក៏​បាន បុគ្គល​ភ្លាត់​រអិល​គង់​ទប់​ទៅ​វិញ​បាន ដោយ​អានុភាព​នៃ​ឈើ​ច្រត់ ។ ដោយ​សម័យ​នោះ​ឯង ពួក​មនុស្ស​មាន​ប្រពៃណី​ដូច្នេះ​ថា បុគ្គលណា បរិភោគ​សម្បត្តិ​នៃ​មាតាបិតា ហើយ មិន​ចិញ្ចឹម​មាតាបិតា បុគ្គល​នោះ ត្រូវ​សម្លាប់​ចោល ព្រោះ​ហេតុ​ដូច្នោះ​ហើយ បុត្រ​ទាំង​អស់​របស់ ព្រាហ្មណ៍ ទើប​ក្រាប​ចុះ​ក្បែរ​ជើង​ទាំង​ពីរ​របស់​បិតា ហើយ​អង្វរ​ថា លោក​ឪពុក​អើយ សូម​លោក​ឪពុ​កឲ្យ ជីវិត​ដល់​ពួក​កូន​ផង ព្រោះ​ទឹក​ចិត្ត​របស់​បិតា​ទន់​ភ្លន់​ដល់​កូន​ៗ ព្រាហ្មណ៍​ជា​បិតា​ទើប​ពោល​ថា បពិត្រ លោក​ដ៏​ចម្រើន​ទាំង​ឡាយ សូម​លោក​ទាំង​ឡាយ កុំ​ឲ្យ​កូន​ៗ ដ៏​ល្ងង់​ខ្លៅ​របស់​ខ្ញុំ​នេះ​វិនាស​ឡើយ ពួក​គេ នឹង​ចិញ្ចឹម​មើល​ថែ​ដល់​ខ្ញុំ​ត​ទៅ ។ លំដាប់​នោះ មនុស្ស​ទាំង​ឡាយ​បាន​ពោល​ទៅ​រក​កូន​ៗ ទាំង​នោះ​ដូច្នេះ​ថា នែ ! ពួក​អ្នក​ឯង​ចូរ​ប្រុង​ចាំ ស្តាប់​ណ៎ា ចាប់​តាំង​ពី​ថ្ងៃនេះ​នៅ បើ​ពួក​អ្នក​មិន​ប្រណិប័តន៍​បិតា​របស់​អ្នក​ឯង​ឲ្យ​ល្អ​ទេ ពួក​យើង​នឹង សម្លាប់​ពួក​អ្នក​ឯង​ចោល ជា​មិន​ខាន ។ កូន​ៗ ទាំង​នោះ​មាន​ការ​ភ័យ​ខ្លាច ទើប​នាំ​បិតា​ទៅ​កាន់​ផ្ទះ​ដើម្បី ប្រណិប័តន៍ ។ ឲ្យ​បិតា​អង្គុយ​លើ​តាំង ហើយ​លើក​ឡើង​នាំ​ទៅ​ដោយ​ខ្លួន​ឯង ។ យក​ប្រេង​លាប​ខ្លួន ហើយគក់​ច្របាច់ ដល់​ពេល​ងូត​ទឹក ឲ្យ​ងូត​ទឹក​ដែល​អប់​ដោយ​គ្រឿង​ក្រអូប និង ជូន​គ្រឿង​ស្លៀក ដណ្តប់ ដោយ​គូ​សំពត់​មួយ​គូ​ម្នាក់​ៗ ។ កូន​ទាំង​អស់​បាន​ហៅ​ប្រពន្ធ​របស់​ខ្លួន​មក​ប្រាប់​ថា ចាប់​តាំង​ពី ថ្ងៃ​នេះ​ទៅ ពួក​នាង​ចូរ​ប្រណិប័តន៍​បិតា​របស់​យើង​ឲ្យ​ល្អ បើ​ពួក​នាង​ប្រមាទ ពួក​យើង​នឹង​បណ្តេញ​ពួក នាង​ឲ្យ​ចេញ​ពី​ផ្ទះ រួច​ហើយ កូន​ៗ បាន​ជូន​អាហារ​ភោជន​យ៉ាង​ប្រណីត អញ្ជើញ​បិតា​បរិភោគ ។ ព្រាហ្មណ៍​បាន​អាហារ​ល្អ មាន​ដំណេក​យ៉ាង​សប្បាយ ត្រឹម​តែ ២-៣ ថ្ងៃ​ប៉ុណ្ណោះ ក៏​មាន​កម្លាំង មាន​រាង កាយ​ស្រស់​បស់ ។ ព្រាហ្មណ៍​សម្លឹង​មើល​អត្តភាព ហើយ​គិត​ថា យើង​បាន​សម្បត្តិ​នេះ​ព្រោះ​អាស្រ័យព្រះសមណគោតម ទើប​កាន់​គ្រឿង​បណ្ណាការ​ធ្វើ​ដំណើរ​ទៅ​គាល់​ព្រះដ៏មាន​ព្រះភាគ លុះ​ចូល​ទៅ​ដល់ ហើយ ក៏​ធ្វើ​សេចក្តីរីករាយ ជា​មួយ​នឹង​ព្រះដ៏មាន​ព្រះភាគ ហើយ​ក៏​អង្គុយ​ក្នុង​ទី​សមគួរ ។ ព្រាហ្មណ៍ បាន​ដាក់​ថ្វាយ​សំពត់​មួយ​គូ ទៀប​បាទ​មូល​នៃ​ព្រះដ៏មាន​ព្រះភាគ ព្រះអង្គ​ទ្រង់​ទទួល​ដោយ​សេចក្តី អនុគ្រោះ រួច​ហើយ​ព្រាហ្មណ៍​បាន​ពោល​ពាក្យ​នេះ គឺ​ក្រាប​ទូល​ព្រះដ៏មាន​ព្រះភាគ ក្នុង​ពេល​ទទួល សរណគមន៍​រួច​ហើយ​នោះ​ឯង យ៉ាង​នេះ​ថា បពិត្រ​ព្រះគោតម​ដ៏​ចម្រើន ពួក​កូន​ៗ បាន​ឲ្យ​ភត្តាហារ ប្រចាំ​ដល់​ខ្ញុំ​ព្រះអង្គ ៤ ចំណែក ខ្ញុំ​ព្រះអង្គ​សូម​ថ្វាយ​ដល់​ព្រះអង្គ ២ ចំណែក​ក្នុង ៤ ចំណែក​នោះ ឯ​ខ្ញុំ ព្រះអង្គ​នឹង​បរិភោគ​ខ្លួន​ឯង ២ ចំណែក ។ ព្រះដ៏មាន​ព្រះភាគ​ទ្រង់ត្រាស់​ថា ម្នាល​ព្រាហ្មណ៍ អ្នក​កុំ​បូជា ដល់​តថាគត ចំពោះ​ចំណែក​ដែល​ល្អ​ឡើយ តថាគត​នឹង​ទៅ​ដល់​កន្លែង តាម​ដែល​តថាគត​ត្រូវ​ទៅ ។ ព្រាហ្មណ៍​ក្រាប​ទូល​ថា បពិត្រ​ព្រះអង្គ​ដ៏​ចម្រើន យ៉ាង​ដូច្នោះ​ឯង ហើយ​បាន​ថ្វាយ​បង្គំ​ព្រះដ៏មាន​ព្រះភាគ​ត្រឡប់​ទៅ​ផ្ទះ ។ ទៅ​ដល់​ផ្ទះ​ហើយ បាន​ហៅ​ពួក​កូន​មក​ប្រាប់​ថា កូនៗ ទាំង​ឡាយ ព្រះ​សមណ គោតម​ជា​សម្លាញ់​របស់​ឪ នៅ​ពេល​ព្រះអង្គ​យាង​មក​ដល់ ចូរ​កូន​ៗ កុំ​ភ្លេច​ថ្វាយ​ភត្តាហារ​ជា​ប្រចាំ​របស់​ឪ នៅ​ពេល​ព្រះអង្គ​យាង​មក​ដល់​ ចូរ​កូនៗ កុំ​ភ្លេច​ថ្វាយ​ភត្តាហារ​ជា​ប្រចាំ​របស់​ឪ ២ ចំណែក ដល់​ព្រះអង្គ ណ៎ា ។ ពួក​កូន​នាំ​គ្នា​ទទួល​ថា ល្អ​ហើយ​ឪ ។ ព្រឹក​ស្អែក​ឡើង ព្រះ​ដ៏មាន​ព្រះភាគ​ទ្រង់​ប្រដាប់​ដោយ​បាត្រ​និង​ចីវរ ទ្រង់​យាង​ទៅ​កាន់​គេហដ្ឋាន​របស់ កូន​ប្រុស​ច្បង ។ កូន​ប្រុសច្បង​បាន​ទទួល​បាត្រ​ចាក​ព្រះហស្ត រួច​យាង​ព្រះអង្គ​ចូល​ទៅ​កាន់​គេហដ្ឋាន ថ្វាយ​ទី​គង់ប្រថាប់​ដ៏​ប្រណីត​ហើយ ទើប​បាន​ថ្វាយ​នូវ​ភោជនដ៏​ប្រណីត​ឧត្តម ថ្ងៃ​បន្ទាប់​មក​ទៀត ព្រះ បរមសាស្តា​ស្តេច​យាង​ទៅ​កាន់​គេហដ្ឋាន​នៃ​កូន​ម្នាក់​ទៀត ជា​បន្ត​បន្ទាប់ ព្រះ​អង្គស្តេច​យាង​ទៅ​កាន់ គេហដ្ឋាន​នៃ​បុត្រ​របស់​ព្រាហ្មណ៍ គ្រប់​គ្នា​តាម​លំដាប់ ដោយ​ប្រការ​ដូច្នេះ​ឯង ។ ពួក​កូន​ៗ ទាំង​នោះ គ្រប់​គ្នា​បាន​ធ្វើ​សក្ការៈ​ដូច​ៗ គ្នា ។ ក្រោយមក ថ្ងៃ​មួយ នៅ​ឯគេហដ្ឋាន​របស់​កូន​ប្រុស​ច្បង​មាន​ពិធី​មង្គល ។ កូន​បាន​និយាយ​នឹង​បិតា​​ថា បពិត្រ​បិតា ពួក​យើង​នឹង​ថ្វាយ​មង្គល​ដល់​អ្នក​ណា ? ព្រាហ្មណ៍​ជា​បិតា​ពោល​ថា ពួក​យើង​អត់​ស្គាល់​អ្នក ដទៃ​ណា​ឡើយ ព្រះសមណគោតម​ជា​សម្លាញ់​របស់​ឪ​មិន​មែន​ទេ​ឬ ។ កូន​ច្បង​បាន​ពោល​ថា បើ​ដូច្នោះ បិតា​ចូរ​យាង​ព្រះសមណគោតម​មក​ដើម្បី​សោយ​ភត្តា​ហារ​ក្នុង​ថ្ងៃ​ស្អែក​ព្រម​ដោយ​ភិក្ខុសង្ឃ ៥០០ អង្គ។ ព្រាហ្មណ៍៍​ក៏​បានធ្វើ​ដូច្នោះ តាម​ពាក្យ​របស់​កូន ។ ព្រះដ៏មាន​ព្រះភាគ ទ្រង់​ទទួល​នូវ​ការ​អារាធនា​ហើយ ហែហម​ទៅ​ដោយ​ព្រះភិក្ខុសង្ឃ ស្តេច​យាង​ទៅ តាម​កាល​កំណត់ ចូល​កាន់​គ្រឹះស្ថាន​របស់​បុត្រច្បង​ដែល​ប្រដាប់​តាក់​តែង​ដោយ​គ្រឿង​ប្រដាប់​ផ្សេង​ៗ។ បុត្រ​ច្បង​បាន​និមន្ត​ព្រះសង្ឃ​ដែល​មាន​ព្រះពុទ្ធអង្គ​ជា​ប្រមុខ គង់​លើ​អាសនៈដែល​បាន​ក្រាល​ទុក​ហើយ បាន​ថ្វាយ​នូវ​បាយាស ដែល​មាន​ទឹក​តិច ព្រម​ទាំង​ខាទនីយាហារ​ផ្សេង​ៗ ទៀត ។​ កូន​ទាំង​អស់​បាន​មក ជួប​ជុំ​គ្នា សម​គួរ​តាម​វេលា បាន​ក្រាប​ទូល​ព្រះដ៏មាន​ព្រះភាគថា បពិត្រ​ព្រះគោតម​ដ៏​ចម្រើន ពួក​ខ្ញុំព្រះ អង្គ​បាន​ប្រណិប័តន៍​បិតា​របស់​ពួក​ខ្ញុំ​ព្រះអង្គ ដោយ​មិន​បាន​ប្រមាទ​ឡើយ សូម​ព្រះអង្គ​ទ្រង់​ទត​មើល​នូវ អត្តភាព ។ ព្រះបរមសាស្តា​ទ្រង់ត្រាស់​ថា ការ​ចិញ្ចឹម​បី​បាច់​ថែរក្សា​មាតាបិតា ដែល​ពួក​អ្នក​បាន​ធ្វើ​ហើយ គឺ​ជា​ការ​ល្អ ពួក​បុរាណ​បណ្ឌិត​បាន​ធ្លាប់​ប្រព្រឹត្ត​មក​ហើយ​យ៉ាង​ស្មោះ​ស្មើ ។ ព្រះដ៏មាន​ព្រះភាគ​ទ្រង់ ត្រាស់​នូវ​នាគ​រាជជាតក ប្រកាស​អរិយសច្ច ៤ ក្នុង​ពេល​ចប់​ព្រះធម៌​ទេសនា ព្រាហ្មណ៍​ព្រម​ទាំង​កូន ៤ នាក់ ទាំង​កូន​ប្រសា​ស្រី ៤ នាក់​ទៀត​នោះ បាន​បញ្ជូន​ញាណ​ទៅ​តាម​ក្រសែ​ព្រះធម៌ តាំង​នៅ​ក្នុង សោតា​បត្តិផល ។ ចាប់​តាំង​ពី​ពេល​នោះ​មក ព្រះបរមសាស្តា ស្តេច​ពុំ​បាន​យាង​ទៅ​កាន់​ផ្ទះ​នៃ​ជន​ទាំងនោះ​ទៀត​ឡើយ ក្នុង​កាល​ទាំង​ពួង ។ ដោយ៥០០០ឆ្នាំ
images/articles/388/tex32w43tpic.jpg
ផ្សាយ : ០៤ ឧសភា ឆ្នាំ២០២០ (អាន: ៤៣១២២ ដង)
ព្រះ​បរមសាស្តា​ កាល​ដែល​ទ្រង់​គង់​ប្រថាប់​នៅ​ព្រះ​វេឡុវ័ន​មហាវិហារ​ ទ្រង់​ប្រារព្ធ​ការ​ដែល​ភិក្ខុ​ទេវទត្ត​ ខិត​ខំ​ប្រឹង​ប្រែង​ធ្វើ​ឃាត​ព្រះ​អង្គ​នោះ​ឯង​ ទ្រង់​ត្រាស់​ព្រះ​ធម៌​ទេសនា​នេះ​ មាន​ពាក្យ​ជា​អាទិ៍​ថា​ យស្សេតេ​ ច​ តយោ​ ធម្មា ។
images/articles/394/textp344ric.jpg
ផ្សាយ : ០៤ ឧសភា ឆ្នាំ២០២០ (អាន: ៤៣៧២៤ ដង)
អត្ថស្សទ្វារជាតក ( ទ្វារ​មុខ​នៃ​ប្រយោជន៍​ មាន​ ៦ ) ព្រះ​បរមសាស្តា​ កាល​ដែល​ទ្រង់​គង់​ប្រថាប់​នៅ​ព្រះ​ជេតពនមហាវិហារ​ ទ្រង់​ប្រារព្ធ​កុលបុត្រ​ម្នាក់​ដែល​ជា​អ្នក​ឆ្លាត​ក្នុង​ប្រយោជន៍
images/articles/410/Untitled-1.jpg
ផ្សាយ : ០៤ ឧសភា ឆ្នាំ២០២០ (អាន: ៤៤៣៥៣ ដង)
វានរិន្ទជាតក ( បុគ្គល​ដែល​ប្រកប​ដោយ​ធម៌​ ៤​ រមែង​កន្លង​បង់​នូវ​សត្រូវ ) ព្រះ​បរមសាស្តា​ កាល​ដែល​ព្រះ​អង្គ​ទ្រង់​គង់​ប្រថាប់​នៅ​ព្រះ​ជេតពន​មហាវិហារ​
images/articles/429/Untitled-1.jpg
ផ្សាយ : ០៤ ឧសភា ឆ្នាំ២០២០ (អាន: ៤៤០៥៩ ដង)
តំណាល​មក​ថា អ្នក​របាំ​ម្នាក់​ដើរ​ចាប់​កូន​សេក​មក​ហ្វឹក​ហាត់។ នាង​នៅ​អាស្រ័យ​ភិក្ខុនី វេលា​ទៅ​ក៍​ទៅ (តែខ្លួន) ភ្លេច​កូន​សេក ពួក​សាមណេរី ក៍​ចាប់​វា​មក​ចិញ្ចឹម​ទុក ។ ដាក់​ឈ្មោះ​ឲ្យ​ថា ពុទ្ធរក្ខិត (រក្សាពុទ្ធ)។ វា​ឆ្លើយ​ថា អ្វីចា ម៉ែ​ម្ចាស់
images/articles/445/Untitle53463456d-1.gif
ផ្សាយ : ០៤ ឧសភា ឆ្នាំ២០២០ (អាន: ២១៤៧៥ ដង)
…ព្រះនន្ទ​នេះ​ត្រូវ​បាន​ព្រះសម្មាសម្ពុទ្ធ​នាំ​យក​ទៅ​បួស​ ហើយ​ព្រះនន្ទ​ក៏​បាន​បួស​តាម​​ព្រះម្ចាស់​បង​ មិន​ហ៊ាន​ប្រកែក​ដោយ​​ការ​គោរព​​ដល់​​ព្រះសម្មាសម្ពុទ្ធ
images/articles/509/image.jpeg
ផ្សាយ : ០៤ ឧសភា ឆ្នាំ២០២០ (អាន: ២០៣០៣ ដង)
អំពីមលធម៌៨យ៉ាង ដែលមានពុទ្ធភាសិតក្នុងគម្ពីរធម្មបទ ខុទ្ទកនិកាយ ត្រង់មលវគ្គ ដូច​មាន​មាតិការៀបរៀងក្នុងទីនេះគឺ៖ ១. អសជ្ឈាយមលា មន្តា មន្តទាំងឡាយ មានការមិនស្វាធ្យាយជាមិន្ទិល។
images/articles/516/image.jpeg
ផ្សាយ : ០៤ ឧសភា ឆ្នាំ២០២០ (អាន: ២៣៨៨៣ ដង)
​សភាវៈ​ទាំង​ឡាយ​ក្នុង​លោក​នេះ ដែល​សង្ខារ​តាក់​តែង​ហើយ​ រមែង​កើត​ឡើង តាំង​នៅ​ ហើយ​ក៏​រលត់​ទៅ​វិញ​ជា​ធម្មតា មិន​បាន​ស្ថិត​ស្ថេរ​ទៀង​ទាត់​ឡើយ យ៉ាង​ណា​មិញ មនុស្ស​គ្រប់​រូប​ដែល​កើត​មក​ហើយ
images/articles/518/image.jpeg
ផ្សាយ : ០៤ ឧសភា ឆ្នាំ២០២០ (អាន: ១៩០៨១ ដង)
បុគ្គល​ដែល​ប្រកប​ដោយ​ហិរិ​ និង​ឱត្តប្បៈ​ ឈ្មោះ​ថា​ ជា​អ្នក​មាន​ទេវធម៌​ក្នុង​លោក ។ ព្រះបរមសាស្តា​ កាល​ប្រថាប់​នៅ​ក្នុង​វត្ត​ជេតពន​ ទ្រង់​ប្រារព្ធ​ភិក្ខុ​អ្នក​មាន​ភណ្ឌៈ​ច្រើន​ ទើប​ត្រាស់​ព្រះធម៌ទេសនា​នេះ​ មាន​ពាក្យ​ផ្តើម​ថា​ ហិរិឱត្តប្ប​សម្បន្នា​ ដូច្នេះ ។
images/articles/2702/32s55stpic.jpg
ផ្សាយ : ២៤ មេសា ឆ្នាំ២០២០ (អាន: ៣១១០ ដង)
នាងពិម្ពាយសោធរារាហុលមាតា ជាកន្សៃសារពេជ្ញ នៃព្រះសិទ្ធត្ថជាសព្វញ្ញុបរមពោធិសត្វ កន្សៃ​សារ​ពេជ្ញ (ន.) ស្រីជាអគ្គមហេសីរបស់ព្រះបរមពោធិសត្វជាបច្ឆិមជាតិ ក្នុងកាលដែលនៅជាគ្រហស្ថ ឬដែលបានត្រាស់ហើយ ក៏គង់នៅហៅស្រីនោះថា កន្សៃសារពេជ្ញ : កាលនោះ ព្រះអង្គជាព្រាហ្មណ៍ ឈ្មោះសុមេធៈ តាក់តែង ផ្លូវសម្រាប់ថ្វាយព្រះពុទ្ធទីបង្ករ ទ្រង់ឃើញ ធម៌ទាំងពួង កាលស្ដេចមកដល់ ខ្ញុំជាកញ្ញា កើតក្នុងត្រកូល ព្រាហ្មណ៍ ឈ្មោះនាងសុមិត្តា បានចូលទៅកាន់ទីប្រជុំ ។ ខ្ញុំយកផ្កាឧប្បល ៨ ក្ដាប់ ដើម្បីបូជាព្រះសាស្ដា បានឃើញឥសីដ៏ឧត្ដម ក្នុងកណ្ដាលនៃជន ។ កាលនោះ ខ្ញុំបានឃើញព្រះសម្ពុទ្ធ ទ្រង់ខានយាងមកអស់កាលយូរ ទ្រង់មានព្រះទ័យ ប្រកបដោយ ករុណា ក៏បណ្ដាលឲ្យចិត្តត្រេកអរក្រៃលែង ហើយសំគាល់ថា ជីវិតរបស់អាត្មាអញប្រកបដោយផល ។កាលនោះ ខ្ញុំបានឃើញសេចក្ដីព្យាយាមប្រកបដោយផល របស់ឥសី នោះ ទាំងចិត្តរបស់ខ្ញុំ ក៏ជ្រះថ្លាក្នុងព្រះពុទ្ធ ដោយកុសលកម្ម មានក្នុងកាលមុន ។ ខ្ញុំញ៉ាំងចិត្តឲ្យជ្រះថ្លាក្រៃ លែង ក្នុងឥសីមានចិត្តខ្ពង់ខ្ពស់ ហើយទូលថា បពិត្រឥសី ខ្ញុំ មិនឃើញវត្ថុដទៃ ដែលគួរថ្វាយទេ ខ្ញុំសូមថ្វាយផ្កាទាំងឡាយ ដល់លោក ។បពិត្រឥសី ផ្កា ៥ ក្ដាប់ ចូរមានដល់លោក ផ្កា ៣ ក្ដាប់ ចូរមានដល់ខ្ញុំ បពិត្រឥសី ផ្កាទាំងឡាយ ចូរជារបស់ស្មើ គ្នា មួយអន្លើដោយឥសីនោះ ដើម្បីប្រយោជន៍ដល់ ពោធិញ្ញាណរបស់ព្រះអង្គ ។ (វចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត , សុត្តន្តបិដក ខុទ្ទកនិកាយ អបទាប ថេរិយាបទាន កុណ្ឌលកេសវគ្គ យសោធរាថេរិយាបទាន បិដកលេខ ៧៦ ទំព័រ ១៨០) ដោយខេមរ អភិធម្មាវតារ ដោយ៥០០០ឆ្នាំ
images/articles/2706/7555tpic.jpg
ផ្សាយ : ២៤ មេសា ឆ្នាំ២០២០ (អាន: ២១២០ ដង)
នាមសិទ្ធិជាតក (ប្រយោជន៍ និងសេចក្ដីប្រាថ្នា ឬ សេចក្ដីល្អ និងសេចក្ដីអាក្រក់មិនមែនសម្រេចមកដោយឈ្មោះ) ព្រះសាស្ដាកាលស្ដេចគង់នៅក្នុងវត្តជេតពន ទ្រង់ប្រារព្ធនាមសិទ្ធិកភិក្ខុ (ភិក្ខុដែល មានការប្រកាន់ថា សេចក្ដីសម្រេចបានមកដោយឈ្មោះ) មួយរូប បានត្រាស់ ព្រះធម្មទេសនានេះថា ជីវកញ្ច មតំ ទិស្វា ដូច្នេះ (ជាដើម)។ បានឮថា កុលបុត្រមួយរូប ដោយនាមបញ្ញិ មានឈ្មោះថា បាបកៈ (មនុស្សគម្រក់) ។ កុលបុត្រនោះ បានបួស ថ្វាយជីវិតក្នុងព្រះសាសនា កាលភិក្ខុទាំងឡាយហៅដោយពាក្យថាឯហាវុសោ, បាបក ម្នាលអាវុសោបាបកៈ អ្នកចូរមក, តិដ្ឋាវុសោ, បាបក ម្នាលអាវុសោបាបកៈ អ្នកចូរឋិតនៅហើយ ។ ភិក្ខុឈ្មោះបាបកៈនោះគិតថា ក្នុងលោកនេះ អ្នកមានឈ្មោះថាបាបកៈ ត្រូវគេចាត់ទុកថា ជា លាមក ជាកាឡកណ្ណី យើងនឹងឲ្យឧបជ្ឈាយ៍ និងអាចារ្យដាក់ឈ្មោះដទៃដែលប្រកបដោយមង្គល ។ ភិក្ខុនោះក៏ចូលទៅរកឧបជ្ឈាយ៍និងអាចារ្យហើយពោលថា បពិត្រលោកម្ចាស់ដ៏ចម្រើនអើយ ឈ្មោះរបស់ខ្ញុំនេះជាអពមង្គល សូមលោកម្ចាស់មេត្តាដាក់ឈ្មោះដទៃដល់ខ្ញុំផង ។ លំដាប់នោះ ឧបជ្ឈាយ៍និងអាចារ្យទាំងឡាយបានពោលយ៉ាងនេះថា ម្នាលអាវុសោ ឈ្មោះនេះគ្រាន់តែជាបញ្ញត្តិប៉ុណ្ណោះ សេចក្ដីសម្រចជាប្រយោជន៍យ៉ាងណាមួយ នឹងបានមកដោយ ឈ្មោះនេះ មិនមានឡើយ អ្នកចូរជាអ្នកត្រេកអរមានសន្ដោសនឹងឈ្មោះរបស់ខ្លួនចុះ ។ ភិក្ខុឈ្មោះបាបកៈនោះក៏ចេះតែសូម (ឲ្យឧបជ្ឈាយ៍និងអាចារ្យដាក់ឈ្មោះថ្មី) ជារឿយៗ ។ភាពជាអ្នកមានការប្រកាន់ថា សេចក្ដីសម្រេចរមែងបានមកដោយឈ្មោះនេះ របស់ភិក្ខុនោះ ក៍កើតប្រាកដដល់ភិក្ខុសង្ឃទាំងឡាយ ។ ក្នុងថ្ងៃមួយ ភិក្ខុទាំងឡាយអង្គុយ (ប្រជុំគ្នា) ក្នុងធម្មសភា បានញ៉ាំងកថា (ដែលទាក់ទិននឹង រឿងនោះ) ឲ្យតាំងឡើងថា ម្នាលអាវុសោទាំងឡាយ បានឮថា ភិក្ខុឯណោះជាអ្នកមានសេចក្ដី សម្រេចដោយឈ្មោះ បានញ៉ាំងឧបជ្ឈាយ៍និងអាចារ្យដាក់ឈ្មោះដែលជាមង្គលឲ្យ ។ លំដាប់នោះ ព្រះបរមសាស្ដាចារ្យស្ដេចយាងមកកាន់ធម្មសភា បានត្រាស់សួរថា ម្នាកភិក្ខុទាំងឡាយ ប្រជុំនិយាយគ្នាដោយរឿងអ្វី ? ភិក្ខុទាំងឡាយទូលថា ដោយរឿងយ៉ាងនេះ ព្រះអង្គ ។ ព្រះមានព្រះភាគត្រាស់ថា ម្នាកភិក្ខុទាំងឡាយ មិនមែនតែក្នុងកាលឥឡូវនេះទេ សូម្បីក្នុង កាលមុន ភិក្ខុនោះក៏ជាអ្នកមានការយល់ថា សេចក្ដីសម្រចតែងបានមកដោយឈ្មោះដែរ ហើយទ្រង់ បាននាំអតីតនិទានមកសម្ដែង (ប្រាប់ភិក្ខុទាំងឡាយថា) ៖ ក្នុងអតីតកាលដ៏យូរលង់ណាស់មកហើយ ព្រះបរមពោធិសត្វជាអាចារ្យទិសាបាមោក្ខ (អាចារ្យជាប្រធានក្នុងទិស ឬអាចារ្យជាប្រធាននៃសិស្សគ្រប់ទិស គឺអាចារ្យធំដែលចេះវិជ្ជាច្រើនប្រភេទ សម្រាប់ប្រើតាមជាន់ តាមសម័យ, ជាអ្នកអាចបង្ហាត់បង្រៀនពួកសិស្សដែលកាត់មកពីគ្រប់ទិស គ្រប់ប្រទេស) បង្ហាត់បង្រៀននូវមន្តវិជ្ជាទាំងឡាយដល់ មាណពចំនួន ៥០០ នាក់ ក្នុងក្រុងតក្កសិលា ។ បណ្ដាមាណពជាសិស្សទាំងនោះមានមាណពម្នាក់ឈ្មោះ បាបកៈ ។ មាណពឈ្មោះបាបកៈនោះ កាលមាណពទាំងឡាយហៅថា នែបាបកៈ ចូរមក នែបាបកៈ ចូរទៅ ដូច្នេះក៏គិតថា ឈ្មោះរបស់យើងជាអពមង្គល យើងនឹងឲ្យអាចារ្យដាក់ឈ្មោះដទៃ ។ មាណពឈ្មោះបាបកៈនោះបានចូលទៅរកអាចារ្យហើយពោលថា បពិត្រលោក អាចារ្យ ឈ្មោះរបស់ខ្ញុំជាអពមង្គល សូមលោកមេត្តាដាក់ឈ្មោះដទៃដល់ខ្ញុំផង ។ លំដាប់នោះ លោកអាចារ្យបានពោលថា នែអ្នក អ្នកចូរត្រាច់ចារិកទីកាន់ជនបទ ហើយកាន់យកឈ្មោះដែលជាមង្គលនិងដែលជាទីពេញចិត្តរបស់ខ្លួនមួយមក ហើយអ្នកចូរ មកចុះ យើងនឹងបានប្ដូរឈ្មោះដល់អ្នកដែលមកហើយនឹងដាក់ឈ្មោះដទៃ ។ មាណពឈ្មោះបាបកៈនោះទទួលថា សាធុ ដូច្នេះហើយ បានកាន់យកវត្ថុដែលជា ប្រយោជន៍ កាលធ្វើដំណើរចេញទៅ បានត្រាច់ទៅកាន់ស្រុកដោយលំដាប់ហើយក៏បានដល់ នគរមួយ ។ក្នុងពេលនោះ មានបុរសម្នាក់ឈ្មោះជីវិកៈ (ប្រែអ្នកមានជីវិត ឬលោករស់) បានធ្វើ កាលកិរិយា ។ មាណពបាបកៈនោះ ឃើញជនជាញាតិកំពុងនាំសាកសពនោះទៅកាន់ទី ប៉ាឆា ក៏បានសួរគេថា កិំ នាមកោ ឯស បុរិសោ បុរសនោះឈ្មោះអ្វី ? ជនជាញាតិបានប្រាប់ថា ជីវកោ នាមេសោ បុរសនោះឈ្មោះជីវិកៈ ។ សូម្បីឈ្មោះជីវិកៈក៏ត្រូវស្លាប់ សូម្បីឈ្មោះអជីវិកៈក៏ត្រូវស្លាប់ ឈ្មោះគ្រាន់តែជាបញ្ញត្តិ ប៉ុណ្ណោះ អ្នកឯងនេះ ល្ងង់មែន ។ មាណពបាបកៈស្ដាប់ពាក្យនោះហើយ បានជាអ្នកមានចិត្តកណ្ដាលក្នុងឈ្មោះ ហើយបានចូលទៅកាន់ខាងក្នុងនគរ ។ លំដាប់នោះ ពួកនាយទុនកំពុងចាប់នាងទាសីម្នាក់ដែលមិនធ្វើនូវការងារឲ្យអង្គុយ ត្រង់ទ្វារហើយវាយដោយខ្សែ នាងទាសីនោះមានឈ្មោះថា ធនបាលី (ស្ត្រីរក្សានូវទ្រព្យ) ។ មាណពបាបកៈកាលទៅកាន់ចន្លោះនៃផ្លូវបានឃើញនាយទុនកំពុងវាយនូវនាងទាសីនោះ ហើយសួរគេថា នែអ្នក អ្នកវាយស្ត្រីនេះព្រោះហេតុអ្វី ? ពួកនាយទុនប្រាប់ថា ស្ត្រីនេះមិនធ្វើនូវការងារ ។ មាណពបាបកៈសួរទៀតថា ហើយស្ត្រីហ្នឹងមានឈ្មោះអ្វី ? នាយទុនប្រាប់ថា ស្ត្រីនេះឈ្មោះធនបាលី ។ សូម្បីមានឈ្មោះធនបាលីក្ដី អធនបាលីក្ដី ឲ្យតែមិនអាចនឹងធ្វើនូវការងារ រមែងជាអ្នកមានសេចក្ដីលំបាក ដូចជា នាងធនបាលីនេះចឹង ឈ្មោះគ្រាន់តែជាបញ្ញត្តិប៉ុណ្ណោះ អ្នកឯងនេះពិតជាល្ងង់មែន ។ មាណពបាបកៈ (ស្ដាប់ដូច្នេះហើយ) បានជាអ្នកមានចិត្តកណ្ដាលយ៉ាងខ្លាំង ហើយក៏ចេញចាកនគរ ដើរទៅកាន់ផ្លូវ បានជួបបុរសដែលវង្វេងផ្លូវ ក្នុងផ្លូវជាចន្លោះ ហើយក៏សួរគេថា នែអ្នកដ៏ចម្រើន អ្នកកាលធ្វើអ្វី ទើបបានត្រាច់ទៅ ? បុរសនោះប្រាប់ថា បពិត្រអ្នកអើយ ខ្ញុំវង្វេងផ្លូវហើយ ។ បាបកៈមាណពសួរទៀតថា ហើចុះអ្នកមានឈ្មោះអ្វីដែរ ? បុរសនោះប្រាប់ថា ខ្ញុំឈ្មោះបន្ថកៈ (អ្នកដើរផ្លូវ) ។ សូម្បីឈ្មោះបន្ថកៈក្ដី ក៏ជាអ្នកវង្វេងផ្លូវ សូម្បីឈ្មោះអបន្ថកៈក្ដីក៏ជាអ្នកវង្វេង ឈ្មោះគ្រាន់តែជាបញ្ញត្តិប៉ុណ្ណោះ អ្នកឯងនេះពិតជាល្ងង់មែន ។ មាណពបាបកៈនោះ បានជាអ្នកមានចិត្តកណ្ដាលយ៉ាងក្រៃលែងហើយក៏ទៅកាន់ សំណាក់អាចារ្យ ។ លោកអាចារ្យសួរថា ម្នាលសិស្ស អ្នកបានឈ្មោះដែលជាទីពេញចិត្ត ហើយឬ ទើបត្រឡប់មក ? បាបកៈមណពពោលថា បពិត្រលោកអាចារ្យ សូម្បីជនទាំងឡាយឈ្មោះជីវិកៈក្ដី អជីវិកៈក្ដី ក៏នៅតែស្លាប់, សូម្បីស្ត្រីទាំងឡាយឈ្មោះធនបាលីក្ដី អធនបាលីក្ដី ក៏នៅតែជា មានសេចក្ដីលំបាក, សូម្បីបុរសទាំងឡាយឈ្មោះបន្ថកៈក្ដី អបន្ថកៈក្ដី ក៏នៅតែវង្វេងផ្លូវ, ឈ្មោះគ្រាន់តែជាបញ្ញត្តិប៉ុណ្ណោះ សេចក្ដីសម្រេចនឹងបានដោយឈ្មោះ រមែងមិនមាន សេចក្ដីសម្រេចរមែងបានមកដោយកម្មប៉ុណ្ណោះ ។ ណ្ហើយចុះលោកអាចារ្យ លោកមិនបាច់ ដាក់ឈ្មោះដទៃឲ្យខ្ញុំឡើយ ខ្ញុំយកឈ្មោះរបស់ខ្ញុំដូចដើមនោះឯងចុះ ។ ព្រះពោធិសត្វប្រៀបធៀបនូវរឿងដែលគេបានឃើញ និងកម្មដែលគេបានធ្វើ ហើយក៏ពោលនួវគាថានេះថា ជីវកញ្ច មតំ ទិស្វា ធនបាលិញ្ច ទុគ្គតំ បន្ថកញ្ច វនេ មូឡ្ហំ បាបកោ បុនរាគតោ ។ មាណពឈ្មោះបាបកៈបានឃើញបុរសរស់ហើយស្លាប់ផង ឃើញទាសីឈ្មោះនាង រក្សាទ្រព្យហើយខ្សត់ទ្រព្យផង ឃើញបុរសអ្នកដើរផ្លូវ ហើយវង្វេងក្នុងព្រៃផង មកវិញ ហើយ ។ បណ្ដាបទទាំងនោះ បទថា បុនរាគតោ សេចក្ដីថា មាណពបាបកៈបានឃើញនូវ ហេតុទាំង ៣ នេះហើយ ក៏ត្រឡប់មកវិញ រអក្សរ លោកពោលដោយអំណាចសន្ធិ ។ ព្រះសាស្ដាបាននាំព្រះធម្មទេសនានេះមកហើយ ទ្រង់ត្រាស់ថា ន, ភិក្ខវេ, ឥទានេវ, បុព្ពេបេស នាមសិទ្ធិកោយេវ ម្នាលភិក្ខុទាំងឡាយ មិនមែនតែក្នុងកាល ឥឡូវនេះទេ សូម្បីក្នុងកាលមុន ភិក្ខុនេះក៏ជាអ្នកមានការប្រកាន់ថា សេចក្ដីសម្រេចតែង បានមកដោយឈ្មោះដែរ ក្នុងកាលទីបញ្ចប់នៃជាតក ទ្រង់ប្រជុំជាតកថា តទា នាមសិទ្ធិកោ ឥទានិបិ នាមសិទ្ធិកោយេវ មាណពបាបកៈ ដែលជា អ្នកប្រាថ្នាសេចក្ដីសម្រេចដោយឈ្មោះក្នុងកាលនោះ បានមកជាភិក្ខុអ្នកប្រាថ្នាសេចក្ដី សម្រេចដោយឈ្មោះក្នុងកាលនេះ ។ អាចរិយបរិសា ពុទ្ធបរិសា បរិស័ទអាចារ្យក្នុងកាលនោះ បានមកជាពុទ្ធបរិស័ទ ក្នុងពេលនេះ ។ អាចរិយោ បន អហមេវ អហោសិ ចំណែក អាចារ្យក្នុងកាលនោះ បានមកជា តថាតតនេះឯង ។ (អដ្ឋកថា ខុទ្ទកនិកាយ ជាតក ឯកកនិបាត លិត្តវគ្គទី ១០ នាមសិទ្ធិជាតកទី ៧ បិដកលេខ ៥៨ ទំព័រ ៤៣) បទពិចារណា នាមំ នាម វោហារមត្តំ ឈ្មោះត្រឹមតែជាវោហារសម្រាប់ហៅប៉ុណ្ណោះ ។ ន តំ បណ្ឌិតា បមាណំ ករោន្តិ បណ្ឌិតទាំងឡាយមិនធ្វើនូវឈ្មោះនោះឲ្យជា ប្រមាណ ។ សុតមង្គលិកេន នាម ភវិតុំ ន វដ្ដតិ មិនគួរជាមនុស្សដែលជឿថា ការស្ដាប់ពាក្យល្អជា មង្គល ។ ដោយខេមរ អភិធម្មាវតារ ដោយ ៥០០០ឆ្នាំ
images/articles/2871/____________pic.jpg
ផ្សាយ : ២៤ មេសា ឆ្នាំ២០២០ (អាន: ១៩៨២ ដង)
រឿងស្ដេចត្រីពោធិសត្វប្រកាសសច្ចវាចាហៅភ្លៀងឲ្យធ្លាក់ចុះ ព្រះបរមសាស្តា កាលស្ដេចគង់នៅក្នុងវត្តជេតពន ទ្រង់ប្រារព្ធភ្លៀងដែលទ្រង់ បណ្តាលឲ្យធ្លាក់​មក បានត្រាស់ព្រះធម្មទេសនានេះ មានពាក្យផ្តើមថា អភិត្ថនយ បជ្ជុន្ន ដូច្នេះជាដើម ។ ​បានឮថា សម័យមួយ ក្នុងដែនកោសលមិនមានភ្លៀងសោះ សន្ទូងទាំងឡាយ ហួត​ហែង ​អណ្តូងទឹក ស្រះបោក្ខរណី និងស្រះក្នុងទីនោះៗ ក៏រីងស្ងួត សូម្បីស្រះ បោក្ខរណីជេតពនដែលនៅជិតខ្លោងទ្វារវត្តជេតពនក៏ដាច់ទឹកដែរ ។ ហ្វូងក្អែកនិងហ្វូង បក្សីជាដើម នាំគ្នាចោមរោមយកចំពុះចឹកត្រីនិងអណ្តើកដែលកប់ចូលទៅក្នុងភក់ ចេញ មកស៊ីទាំងដែលកំពុងរើបម្រះ ។ ព្រះបរមសាស្តា ទ្រង់ទតឃើញសេចក្តីវិនាសរបស់ត្រី និងអណ្តើក ត្រូវព្រះមហាករុណាដាស់​តឿន​ព្រះទ័យឲ្យទ្រង់មានឧស្សាហៈទើបទ្រង់ព្រះ តម្រិះថា ថ្ងៃនេះតថាគតគួរបណ្តាល​​ភ្លៀងឲ្យធ្លាក់ចុះមក ។ លុះរាត្រីកន្លងទៅ (ភ្លឺ) ទ្រង់បដិបត្តិសរីរៈស្រេចហើយ ទ្រង់​កំណត់​វេលាភិក្ខាចារ មានភិក្ខុសង្ឃមួយពួកធំ ហែហម ស្តេចចូលទៅបិណ្ឌបាតក្នុងនគរសាវត្ថីដោយព្រះពុទ្ធលីលា ក្រោយភត្តទ្រង់ ត្រឡប់មកអំពីបិណ្ឌបាតហើយ កាលទ្រង់​ត្រឡប់មកអំពី​នគរសាវត្ថី​ចូលកាន់ព្រះវិហារ ទ្រង់ប្រថាប់ឈរក្បែរជណ្តើរស្រះបោក្ខរណី​ជេតពន ត្រាស់ហៅព្រះអានន្ទថា ម្នាល អានន្ទ អ្នកចូរយកសំពត់ងូតទឹកមក តថាគតនឹងស្រង់ទឹកក្នុងស្រះបោក្ខរណីជេតពន ។ ព្រះអានន្ទកា្របទូលថា បពិត្រព្រះអង្គដ៏ចម្រើន ទឹកក្នុងស្រះបោក្ខរណីជេតពន រីងស្ងួតអស់​ហើយ នៅសល់ត្រឹមតែសើមដីប៉ុណ្ណោះមិនមែនឬ ព្រះអង្គ ?ព្រះសាស្តាត្រាស់ថា ម្នាល​អានន្ទ ធម្មតាកម្លាំងរបស់ព្រះពុទ្ធខ្លាំង អ្នកចូរទៅយក សំពត់ងូតទឹកមកចុះ ។ ព្រះអានន្ទក៏ទៅយកមកថ្វាយ ព្រះបរមសាស្តាទ្រង់ស្លៀកសំពត់ ឧទកសាដកដោយជាងម្ខាង ជាយម្ខាងទៀតទ្រង់ដណ្តប់ព្រះសរីរៈ ទ្រង់ប្រថាប់ឈរនៅ ក្បែរជណ្តើរ ទ្រង់តាំងព្រះ​ទ័យ​ថា តថាគតនឹងស្រង់ទឹកក្នុងស្រះបោក្ខរណីជេតពន ។ ភ្លាមនោះឯង បណ្ឌុកម្ពលសិលាសនៈរបស់សក្កទេវរាជ ក៏សម្តែងអាការៈក្តៅ សក្ក ទេវរាជទ្រង់ពិចារណាថា តើមានហេតុអ្វីហ្ន៎ ? ទ្រង់ជ្រាបហេតុនោះ ទើបមានទេវបញ្ជា ហៅវលា​ហក​ទេវរាជ ម្ចាស់ភ្លៀងមកគាល់ហើយត្រាស់ថា នែទេវបុត្រ ព្រះបរមសាស្តា ទ្រង់តាំងព្រះ​ទ័យថា តថាគតនឹងស្រង់ទឹកក្នុងស្រះបោក្ខរណីជេតពន ទ្រង់ប្រថាប់ឈរ នៅក្បែរ​ជណ្តើរ​​ស្រះ អ្នកចូរធ្វើដែនកោសលទាំងមូលឲ្យមានភ្លៀងធ្លាក់ជោកជាំ បណ្តាល ឲ្យភ្លៀងធ្លាក់​​ចុះ​មកឆាប់ៗចុះ ។ វលាហកទេវរាជទទួលទេវបញ្ជាហើយ ស្លៀកដុំពពក មួយដុំ ដណ្តប់​មួយដុំ ច្រៀងបទ​ចម្រៀង​ដែលមានឈ្មោះថា មេឃសង្គីត បែរមុខទៅរក លោកធាតុខាងកើត ហោះទៅកាន់ទិសខាងកើត ក៏ប្រាកដដុំពពកមួយដុំប៉ុនលានបញ្ជាន់ ស្រូវ ត្រួតលើគ្នាជាជាន់ៗទាំង​រយ​ជាន់ ពាន់ជាន់ ផ្គរលាន់ទ្រហឹងអឺងកង ផ្លេកបន្ទោរដាល ច្រវាត់ ភ្លៀងក៏ធ្លាក់ចុះមកដូចគេ​ផ្កាប់​ឆ្នាំង ដែនកោសលទាំងមូលជន់លិចដូចជំនន់ ទឹកហូរមក ភ្លៀងបង្អុរចុះមកមិនដាច់​ខ្សែ មួយភ្លែតប៉ុណ្ណោះ ក៏ពេញស្រះបោក្ខរណី ជេតពន ទឹកលិចរហូតដល់មាត់ជណ្តើរ ។ ព្រះបរមសាស្តា ទ្រង់ស្រង់ទឹកក្នុងស្រះបោក្ខរណីជេតពនហើយ ទ្រង់គ្រងសំពត់ ពីរជាន់​ពណ៌​ក្រហម ក្រវាត់វត្ថពន្ធចង្កេះ ទ្រង់គ្រងព្រះសុគតចីវរឆៀងស្មាម្ខាង ហែហម ដោយភិក្ខុសង្ឃ​ ស្តេច​យាងទៅ ទ្រង់គង់លើបវរពុទ្ធាសនៈ ដែលក្រាលទុកហើយក្នុង បរិវេណព្រះគន្ធកុដិ ​កាល​ភិក្ខុសង្ឃសម្តែងវត្តបដិបត្តិហើយ ស្តេចឧដ្ឋាការទ្រង់ប្រថាប់ ឈរលើផ្ទៃជណ្តើរ​កែវ​មណី ប្រទានឱវាទដល់ភិក្ខុសង្ឃ ហើយទ្រង់បញ្ជូនភិក្ខុសង្ឃឲ្យ ត្រឡប់ទៅវិញ ស្តេចយាងចូលកាន់ព្រះគន្ធកុដិដែលមានក្លិនជាប់ចិត្ត ទ្រង់ផ្ទំ​សីហ​សេយ្យាដោយបែរទៅខាងស្តាំ ។ លុះដល់ពេលរសៀល ពួកភិក្ខុអង្គុយប្រជុំគ្នាក្នុងធម្មសភាលើករឿងឡើងសន្ទនាគ្នាថា អ្នកមាន​អាយុ​ទាំងឡាយ អ្នកទាំងឡាយចូរមើល ព្រះគុណសម្បត្តិ គឺ ខន្តី មេត្តា និងព្រះករុណា​របស់ព្រះទសពល កាលសន្ទូងទាំងឡាយ កំពុងតែស្វិតស្រពោន ជលាល័យគ្រប់កន្លែង​ក៏រីងស្ងួត ហ្វូងត្រីនិងអណ្តើកជួបប្រសព្វ ទុក្ខធំ ទ្រង់អាស្រ័យព្រះករុណា ទ្រង់ស្លៀកសំពត់ឧទកសាដក ដោយព្រះពុទ្ធបំណង នឹងឲ្យមហាជនផុតចាកទុក្ខ ទ្រង់ប្រថាប់ឈរនៅក្បែរជណ្តើរនៃស្រះបោក្ខរណីជេតវន ទ្រង់បណ្តាលឲ្យភ្លៀងបង្អុរចុះមក ដូចជំនន់ទឹកធំហូរមក ជន់លិចកោសលរដ្ឋគ្រប់កន្លែង ដោយវេលាត្រឹមតែមួយភ្លែត ទ្រង់ដោះមហាជនឲ្យរួចផុតអំពីទុក្ខតាមផ្លូវកាយ ទុក្ខតាម ផ្លូវចិត្តហើយ ស្ដេចយាងចូលកាន់វិហារ ។ ព្រះបរមសាស្ដា ស្ដេចយាងចេញអំពីព្រះគន្ធ កុដិមកកាន់ធម្មសភាទ្រង់ត្រាស់សួរថា ម្នាល​ភិក្ខុទាំងឡាយ អម្បាញ់មិញនេះ អ្នក ទាំងឡាយអង្គុយប្រជុំសនន្ទនាគ្នាដោយរឿងអ្វី ? កាលភិក្ខុទាំងឡាយក្រាបទូលឲ្យទ្រង់ ជ្រាបហើយ ទើបទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំង​ឡាយ មិនមែនតែក្នុងកាលឥឡូវនេះ ប៉ុណ្ណោះទេ ដែលតថាគតធ្វើឲ្យភ្លៀងបង្អុរចុះមក ក្នុង​កាលមហាជនកំពុងតែជួបការ លំបាកដោយទឹកភ្លៀងនោះ សូម្បីក្នុងកាលមុន គឺ តថា​គត​កើតក្នុងកំណើតសត្វតិរច្ឆាន ក្នុងកាលជាស្ដេចនៃហ្វូងត្រី ក៏បានធ្វើភ្លៀងឲ្យបង្អុរចុះមកដែរ ​ហើយទ្រង់នាំយករឿងក្នុង អតីតមកសម្ដែងដូចតទៅនេះថាក្នុងអតីតកាល មានត្រពាំង​មួយព័ទ្ធជុំវិញដោយព្រៃកា្រស់នៃវល្លិត្រង់ស្រះ បោក្ខរណីជេតពន នាក្រុងសាវត្ថី​ដែន​​កោសលនេះឯង ។ គ្រានោះ ព្រះបរមពោធិសត្វ បដិសន្ធិក្នុងកំណើតត្រី មានហ្វូងត្រីជា​បរិវារនៅក្នុងត្រពាំងនោះ​ សូម្បីក្នុងកាលនោះ ដែននោះក៏គ្មានភ្លៀងធ្លាក់ចុះមកដូចពេលនេះដែរ សន្ទូងរបស់ពួក​អ្នកស្រុកក្រៀមស្វិត ខូចខាតអស់ ក្នុងបឹងជាដើមគ្មានទឹក ហ្វូងត្រីនិងអណ្តើកនាំគ្នាត្បុរ​ចូលភក់ ។ សូម្បីអូរ នោះ ហ្វូងត្រីក៏នាំគ្នាត្បុរចូលភក់ជ្រកក្នុងទីនោះៗ ហ្វូងក្អែកជា​ដើម​​ក៏​នាំគ្នាចឹកចេញមកស៊ី ដោយចំពុះ ។ ព្រះពោធិសត្វឃើញការវិនាសនៃពួកញាតិក៏ត្រិះ​រិះ​ថា អ្នកដទៃវៀរអាត្មា អញចេញហើយ មិនមានអ្នកណាអាចជួយដោះទុក្ខពួកត្រីទាំង​នេះ​បានឡើយ អញនឹង ធ្វើសច្ចកិរិយាឲ្យភ្លៀងបង្អុរចុះមក ដោះពួកញាតិអំពីទុក្ខគឺ​សេច​ក្តីស្លាប់ឲ្យទាល់តែបាន ហើយញែកភក់ពណ៌ខ្មៅចេញមក ស្តេចត្រីធំមានពណ៌ដូចត្របកផ្កាអញ្ជ័ន បើកភ្នែក ទាំងគូដែលប្រៀបបាននឹងកែវមណី មានពណ៌ក្រហមសម្លឹងមើលអាកាស បន្លឺសំឡេង ពោលទៅកាន់ទេវរាជឈ្មោះបជ្ជុន្នថា បពិត្រព្រះបជ្ជុន្នដ៏ចម្រើន ខ្ញុំអាស្រ័យពួកញាតិ បានក្តៅក្រហាយហើយ កាលខ្ញុំជាអ្នកទ្រទ្រង់សីល ដល់នូវសេចក្តីលំបាកយ៉ាងនេះ ហេតុដូចម្តេចលោកមិនជួយឲ្យភ្លៀងធ្លាក់ចុះមក ខ្ញុំកើតក្នុងឋានៈដែលអាចខាំសត្វដទៃស៊ី ប៉ុន្តែខ្ញុំមិនធ្លាប់មានឈ្មោះថាស៊ីមច្ឆជាតិ តាំងពីត្រីតូចប៉ុនគ្រាប់អង្ករ សូម្បីសត្វដទៃៗ ខ្ញុំក៏ មិនធ្លាប់ផ្តាច់ជីវិតដែរ ដោយសច្ចវាចានេះ សូមលោកញ៉ាំងភ្លៀងឲ្យធ្លាក់ចុះមកដោះពួក ញាតិរបស់ខ្ញុំឲ្យរួចផុតចាកទុក្ខចុះ កាលនឹងហៅទេវរាជឈ្មោះបជ្ជុន្ន ដូចប្រើបម្រើ ក៏ពោលគាថានេះថា អភិត្ថនយ បជ្ជុន្ន និធឹ កាកស្ស នាសយ កាកំ សោកាយ រន្ធេហិ មញ្ច សោកា បមោចយ ។ បពិត្រមេឃ សូមអ្នកញ៉ាំងផ្គរឲ្យលាន់ឡើង សូមបំផ្លាញកំណប់របស់ក្អែកឲ្យ វិនាស សូមធ្វើទុក្ខក្អែកឲ្យសោកសៅ សូមញ៉ាំងខ្ញុំ ( និងពួកញាតិខ្ញុំ ) ឲ្យរួចចាកសេចក្តី សោក ។ បណ្តាបទទាំងនោះ បទថា អភិត្ថនយ បជ្ជុន្ន សេចក្តីថា មេឃ ហៅថា ស្តេច បជ្ជុន្ន ក៏ស្តេចត្រីនេះហៅវលាហកទេវរាជថាជាម្ចាស់ភ្លៀង អ្នកមានឈ្មោះដោយ អំណាចនៃមេឃ ។​ បាន​ឮថា ស្តេចត្រីនោះមានបំណងដូច្នេះថា ធម្មតាភ្លៀងមិនគ្រហឹម មិនឲ្យមានផ្លេក​បន្ទោរ​ សូម្បីបង្អុរចុះមកក៏មិនល្អ ព្រោះដូច្នោះ អ្នកចូរគ្រហឹម ចូរឲ្យមាន ផ្លេកបន្ទោរ ហើយញ៉ាំង​ភ្លៀងឲ្យបង្អុរមកចុះ ។ បទថា និធឹ កាកស្ស នាសយ សេចក្តីថា ហ្វូងក្អែកនាំគ្នាចឹកហ្វូងត្រីដែលត្បុរ ចូលភក់ដើម្បីជ្រក ចេញមកដោយចំពុះស៊ីជាអាហារ ព្រោះហេតុនោះ ទើបហ្វូងត្រីដែល ត្បុរចូលភក់នោះ​ ហៅថាកំណប់ទ្រព្យរបស់ក្អែកជាដើមនោះ កាលលោកបណ្តាលឲ្យ ភ្លៀងបង្អុរចុះមកជាប្រក្រតីហើយ ក៏ជាការទម្លាយកំណប់ទ្រព្យរបស់ហ្វូងក្អែកនោះ ។ បទថា កាកំ សោកាយ រន្ធេហិ សេចក្តីថា ហ្វូងក្អែក កាលត្រពាំងមានទឹក ពេញហើយ មិនបានហ្វូងត្រីជាអាហារក៏ត្រូវសោកសៅ កាលអ្នកធ្វើឲ្យត្រពាំងនេះពេញ ប្រៀបដោយទឹក ក៏ជាការទម្លាយហ្វូងក្អែកនោះ ដោយសេចក្តីសោក អ្នកចូរញ៉ាំងភ្លៀងឲ្យ បង្អុរចុះមក ដើម្បីរម្ងាប់សេចក្តីសោក គឺដើម្បីការស្រឡះចិត្តរបស់ត្រីទាំងឡាយ ។ អធិប្បាយថា ហ្វូងក្អែកនឹងដល់នូវសេចក្តីសោកសៅ ដែលមានលក្ខណៈខ្លោចផ្សាខាង ក្នុងបានដោយវិធីណា អ្នកចូរធ្វើវិធីនោះចុះ ។ ច អក្សរក្នុងបទគាថា មញ្ច សោកោ បមោចយ នេះ មានការប្រមូលមកជា អត្ថ មាន​ន័យ​ថា ​អ្នកមេត្តាឲ្យខ្ញុំនិងពួកញាតិទាំងអស់រួចផុតអំពីសោក ដែលកើតអំពី សេចក្តីស្លាប់នេះចុះ ។ព្រះ​ពោធិសត្វហៅស្តេចបជ្ជុន្នដូចប្រើបម្រើយ៉ាងនេះ ឲ្យបណ្តាលភ្លៀងមួយមេធំ ធ្លាក់​ចុះមក ទូទៅពេញដែនកោសល ធ្វើឲ្យមហាជនរួចផុតអំពីមរណទុក្ខ ក្នុងបរិយោ​សាន​នៃ​ជីវិតក៏បានទៅតាមយថាកម្ម ។ ព្រះបរមសាស្តាទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ កាលដែលតថាគតបណ្តាល ឲ្យភ្លៀងបង្អុរចុះមកនោះ មិនមែនមានតែក្នុងកាលឥឡូវនេះប៉ុណ្ណោះទេ សូម្បីក្នុងកាល មុន កាល​ដែល​តថាគតកើតក្នុងកំណើតត្រីក៏បណ្តាលភ្លៀងបង្អុរចុះមកដែរ ។ លុះទ្រង់នាំព្រះធម្មទេសនានេះមកហើយ ទ្រង់ប្រជុំជាតកថាតទា មច្ឆគណា ពុទ្ធបរិសា អហេសុំ ហ្វូងត្រីក្នុងកាលនោះ បានមកជា ពុទ្ធបរិស័ទក្នុងកាលឥឡូវនេះ បជ្ជុន្នទេវរាជា អានន្ទោ បជ្ជុន្នទេវរាជបានមកជាអានន្ទ មច្ឆរាជា បន អហមេវ អហោសិំ ចំណែកស្តេចត្រី គឺ តថាគត នេះឯង ៕ ចប់ មច្ឆជាតក ។ (ជាតកដ្ឋកថា សុត្តន្តបិដក ខុទ្ទកនិកាយ ជាតក ឯកកនិបាត វរុណវគ្គ បិដកលេខ ៥៨ ទំព័រ ៣២) ដោយ៥០០០ឆ្នាំ
images/articles/2042/Untitled-1-Recovered.jpg
ផ្សាយ : ០២ កុម្ភះ ឆ្នាំ២០២០ (អាន: ៨៦៤៤៤ ដង)
រឿង​សូ​ក​រប្រេត​ (​ព្រះ​នារទ​ត្ថេរ​សួរ​ថា​) កាយ​​ទាំង​មូល​របស់​អ្នក​ មាន​សម្បុរ​ដូច​មាស​ មាន​រស្មី​ភឺ្ល​ស្វាង​ សព្វ​ទិស​ តែ​មាត់​របស់​អ្នក​ដូច​មាត់​ជ្រូក តើ​អំពី​ភព​មុន​ អ្នក​បាន​ធ្វើ​អំពើ​ ដូច​ម្តេច ។ (​ប្រេត​តប​ថា​) បព្រិត​ព្រះ​នារ​ទៈ ខ្ញុំ​ជា​បុគ្គល​បាន​សង្រួម​កាយ​ តែ​មិន​សង្រួម​វា​ចា​ ព្រោះ​ហេតុ​នោះ​ បាន​ជា​ខ្ញុំ​មា​សម្បុរ​បែ​ប​នោះ ដូច​លោក​ម្ចាស់​បាន​ឃើញ​ស្រាប់​ហើយ បពិត្រ​ព្រះ​នារ​ទៈ ខ្ញុំ​សូម​ទូល​រឿង​នោះ
images/articles/2401/5eeby55evrthb5gyhge45ryb65vrtdftgn5brtdfy.jpg
ផ្សាយ : ០២ កុម្ភះ ឆ្នាំ២០២០ (អាន: ២៣៥៩១ ដង)
រឿងប្រេតអ្នកពោលតិះដៀលការបូជាព្រះសារីរិកធាតុ (បិដកលេខ៥៦ ទំព័រ៨៨ និងអដ្ឋកថា) កាលព្រះមានព្រះភាគ ស្ដេច​ទ្រង់​បរិនិព្វាន ទៅ​ចន្លោះ​ដើម​សាលព្រឹក្ស​ទាំង​គូ​ក្នុង​សាលវ័ន នៃ​ពួក​មល្លក្សត្រ ដែល​ជា​ទីឆៀង​ចូល​ទៅ​ក្នុង​ក្រុង​កុសិនារា (​ក្រោយ​មក ទោណព្រាហ្មណ៍) និង​ធ្វើ​ការ​ចែក​ព្រះធាតុ។ ព្រះបាន​អជាតសត្តុ បាន​ទទួល​ចំណែក​នៃ​ព្រះធាតុ​ចំនួន​២​នាឡិ បាន​កសាង​ព្រះស្ដូប បញ្ចុះ​ព្រះបរមសារីរិកធាតុ​របស់​ព្រះសម្មាសម្ពុទ្ធ នៅ​នា​ក្រុង​រាជគ្រិះ។ សួរ​ថា តើ​ធ្វើ​យ៉ាង​ណា? ឆ្លើយថា គឺ​ព្រះរាជា បាន​ដង្ហែ​តាំង​តែអំពី​ក្រុង​កុសិនារា​រហូត​ដល់​ក្រុង​រាជគ្រិះ ក្នុងចម្ងាយ​ផ្លូវ​២៥​យោជន៍។ ក្នុង​ចន្លោះផ្លូវ​នោះ ទ្រង់​បានឲ្យ​ឈប់​រវាង​ផ្លូវ​៨ឧសភៈ(ម្ដងៗ) ដើម្បី​ឲ្យ​មហាជន​បាន​បូជា គ្រប់​កន្លែង​ដែល​បាន​ឈប់​នោះ។ ដោយ​ការ​នឹក​រលឹក​ដល់​ព្រះពុទ្ធគុណ ទើប​ធ្វើ​ការ​បូជា យ៉ាង​ឱឡារិក​គគ្រឹកគគ្រេង​ឲ្យ​ប្រព្រឹត្ត​ទៅ រហូត​៧ឆ្នាំ ៧ខែ ៧ថ្ងៃ។ ពួក​មនុស្ស​ក្នុងទីនោះ រាប់​ប្រមាណ​មិនបាន នាំគ្នា​ធ្វើ​ចិត្ត​ឲ្យ​ជ្រះថ្លា​ក្នុងព្រះបរមសារីរិកធាតុ ក្រោយ​ពីស្លាប់ បាន​ចូល​ទៅ​កើត​ក្នុង​ឋានសួគ៌ ដោយ​អំណាច​នៃ​ការ​បូជា​ចំពោះ​ព្រះសារីរិកធាតុ។ ចំណែក​ពួកជន​ដែល​ជា​មិច្ឆាទិដ្ឋិ មានចិត្ត​វិបល្លាស ព្រោះ​ជា​បុគ្គល​មិន​មាន​សទ្ធា ដោយ​ការ​យល់​ខុស​របស់ខ្លួន បាន​នាំគ្នាតិះដៀល​ថា តាំង​តែ​អំពី​ព្រះសមណគោតម​បរិនិព្វាន​ទៅ ពួក​យើង​រវល់​តែលេង​នូវ​គ្រឿង​ប្រគំ ការងារ​របស់​ពួក​យើង​វិនាស​អស់​ហើយ ក៏​មាន​ចិត្ត​ប្រទូស​រ៉ាយ​កើត​ឡើង សូម្បី​ក្នុង​វត្ត​ដែល​គួរ​ឲ្យ​កើត​សេចក្ដី​ជ្រះថ្លា បែរ​ជា​តិះដៀល ពួក​ជន​មាន​ប្រមាណ​៨៦០០០នាក់ ក្នុងទី​នោះ បាន​ទៅ​កើត​ក្នុង​អបាយភូមិ (ដោយ​ការ​តិះដៀល​ព្រះបរមធាតុ)។ (ក្នុង​កាល​នោះ មាន) ភរិយា កូនស្រី និង​កូនប្រសារស្រី​របស់​កុដុម្ពិកៈម្នាក់ ដែល​បរិបូរណ៌ដោយ​ទ្រព្យសម្បត្តិ​ក្នុង​ក្រុង​រាជគ្រឹះ​នោះ​ឯង មាន​ចិត្ត​ជ្រះថ្លា នាំ​គ្នា​គិត​ថា ពួក​យើង​នឹង​ធ្វើ​ការបូជា​ព្រះធាតុ ទើប​កាន់​យក​នូវ​សក្ការៈ​ទាំងឡាយ មាន​ផ្កាកម្រង និងគ្រឿងក្រអូប​ជាដើម ប្រុង​ដើម្បី​នឹង​ទៅ​កាន់​ទីតម្កល់​ព្រះធាតុ។ កុដុម្ពិៈនោះ​គិត​ថា កឹ អដ្ឋិកានំ បូជនេន ប្រយោជន៍​អ្វី​ដោយ​ការ​បូជា​ឆ្អឹង​ទាំង​ឡាយ (នោះ) ទើប​ជេរ​ពួក​ស្ត្រី​ទាំង​នោះ ដោយ​ពោល​តិះដៀល​ចំពោះ​ការ​បូជា​ព្រះសារីរិកធាតុ។ តែស្ត្រី​ទាំង​នោះ មិន​បាន​អើពើ​នឹង​ពាក្យ​របស់​គាត់​ទេ ក៏​នាំ​គ្នា​ទៅ​ក្នុងទីនោះ ធ្វើការ​បូជា​ព្រះសារីរិកធាតុ​ហើយ ទើប​ត្រឡប់​មក​ផ្ទះ មិនយូរ​ប៉ុន្មាន ក៏​ធ្វើ​មរណកាល ហើយ​ទៅកើត​ក្នុងទេវលោក។ ចំណែក​កុដុម្ពិកៈនោះ​ត្រូវ​សេចក្ដីក្រោធ​គ្របសង្កត់ មិនយូរ​ប៉ុន្មាន ស្លាប់​ហើយ ទៅកើត​ក្នុងពួក​ប្រេត ព្រោះ​បាបកម្មនោះ។ ក្រោយ​មក ថ្ងៃ​មួយ ព្រះមហាកស្សបៈ​មាន​អាយុ បាន​សម្ដែង​នូវ​ឥទ្ធាភិសង្ខារ(គឺសម្ដែងឫទ្ធិ) ដោយ​ប្រការ​ដែល​ពួក​មនុស្ស​អាច​ឃើញ​ប្រេត​ទាំង​នោះ និង​ទេវតា​ទាំង​នោះ​បាន លុះ​ធ្វើ​យ៉ាង​នេះ​ហើយ ក៏​ឈរ​ត្រង់​ទីលាន​ព្រះចេតិយ សួរ​ប្រេត​អ្នក​ដែល​ពោល​តិះដៀល​ព្រះសារីរិកធាតុ​នោះ ​ទាំង​នេះ​ថា អ្នក​ឋិត​នៅ​ព្ធដ៏អាកាស មានក្លិន​អាក្រក់​ស្អុយ​ផ្សាយ​ចេញ​ឯពួកដង្កូវ​ក៏​នាំ​គ្នា​រុក​ស៊ី​មាត់របស់​អ្នក​ដែល​មាន​ក្លិន​ស្អុយ តើ​អ្នក​បាន​ធ្វើ​អំពើ​អ្វី​ក្នុង​កាល​មុន? ព្រោះកាល​ផ្សាយ​ទៅ​នៃ​ក្លិន​ស្អុយ និង​មាត់​ដែល​មាន​កដង្កូវ​រុក​ស៊ី​នោះ (បាន​ជា​ពួក​សត្វ ដែល​ប្រព្រឹត្ត​ទៅ​តាម​កម្ម) កាន់​យកគ្រឿង​សស្ត្រា មក​វះ (មាត់​ដំបៅ) រឿយៗ ហើយស្រោច​ដោយទឹកខារ (ទឹកក្រុត) ថែមទៀត។ អំពើ​អាក្រក់​អ្វី ដែល​អ្នក​បាន​ធ្វើ​ដោយ​កាយ វាចា ចិត្ត? ព្រោះ​វិបាក​នៃ​កម្ម​អ្វី អ្នក​ទើប​បាន​ទទួល​សេចក្ដី​ទុក្ខ​យ៉ាង​នេះ? ប្រេត​នោះ ក៏​បាន​ទូល​ប្រាប់​ដល់​លោក​ថា បពិត្រ​លោក​អ្នក​និរទុក្ខ (កាល​មុខ) ខ្ញុំ​ជា​ឥស្សរៈ លើ​ទ្រព្យ និង​ស្រូវអង្ករ​ច្រើន​ណាស់ នៅ​ក្នុង​ក្រុង​រាជគ្រឹះ ដែល​គួរ​រីករាយ មាន​ភ្នំឡោមព័ទ្ធជុំវិញ។ (កាល​ពីជាតិ​មុន) ស្រី​នេះ​ជាភរិយា​របស់ខ្ញុំ ស្រីនេះ​ជាកូន​ស្រីរបស់​ខ្ញុំ ស្រី​នេះ​ជាកូនប្រសារ​របស់​ខ្ញុំ ខ្ញុំ​បាន​ហាម​ឃាត់​ពួក​គេ ដែល​នាំ​គ្នាកាន់​យក​កម្រង​ផ្កា ផ្កាឧប្បល និង​គ្រឿង​លាបស្រលាប​ដែល​មាន​តម្លៃ ទៅ​កាន់​ព្រះស្ដូប (ដើម្បី​បូជា​ព្រះធាតុ) បាបកម្ម​នោះ គឺ​ខ្ញុំ​បាន​ធ្វើ​ទុក្ខ​ហើយ។ ពួក​ខ្ញុំ​មាន​ចំនួន ៨៦០០០នាក់ បាន​ទទួល​ទុក្ខវេទនា​ចំពោះ​ខ្លួន ដែល​បាន​តិះដៀល​នូវ​ការបូជា​ព្រះស្ដូប​ហើយ ទើប​ឆេះ​នៅ​ក្នុង​ប្រេត​វិស័យ ដែល​ដូច​ជានរក ព្រោះមានការ​លំបាក​យ៉ាង​ខ្លាំង។ នាកាល​បុណ្យ​ដង្ហែ ដែល​គេបូជា​ឧទ្ទិស្ដូប​នៃ​ព្រះអរហន្តសម្មាសម្ពុទ្ធ កំពុង​តែ​ប្រព្រឹត្ត​ទៅ ពួក​ជន​ណា​ប្រកាស​ទោស​ក្នុងការ​បូជាព្រះស្ដូប​(ដូចជាខ្ញុំ) ពួក​ជន​នោះ តែង​ងាក​ចេញចាក​បុណ្យ (តែម្យ៉ាង)។ លោកម្ចាស់ សូមទតមើល នូវ​ពួកទេពអប្សរ​ទាំង​នេះ​ដែល​ទ្រទ្រង់​ផ្កា​កម្រង តាក់តែង​កាយ កំពុង​តែ​ហោះ​មក (តាម​អាកាស) ទេពអក្សរ​ទាំង​នោះ ដែល​បាន​សម្រេច (​ដោយ​សម្បត្តិ​ទិព្វ) មាន​យសបរិវារ កំពុង​តែ​សោយ​នូវ​ផល​នៃ​ការបូជា​ (ព្រះសារីរិកធាតុ) ដោយ​កម្រងផ្កា។ (បពិត្រ​លោកម្ចាស់កស្សបៈ) ពួក​នាង ជាអ្នក​មាន​បញ្ញា​បាន​ឃើញ​ផល​ដ៏អស្ចារ្យ ដ៏ចម្លែក ដែលគួរព្រឺរោម (នៃបុណ្យ​ដ៏តិចតួច​នោះ) តែង​ធ្វើ​ការ​នមស្ការ ពោល​ថា (នមោ នមោ) ចំពោះ​ព្រះមហាមុនីអង្គ​នោះ។ (លំដាប់​នោះ) ប្រេត​នោះ​មាន​ចិត្តតក់ស្លុត កាល​សម្ដែង​កម្មដែល​ខ្លួន​គប្បី​ធ្វើ​តទៅ ទើប​ពោល​ថា ខ្ញុំ​ទៅ​អំពី​បេតលោក (នេះ) ហើយ (បើ)បានកំណើត​ជាមនុស្ស ខ្ញុំ​នឹង​ជាអ្នក​មិនប្រមាទ ហើយនឹង​ធ្វើការបូជា​ព្រះស្ដូប​(ដែលតម្កល់​នូវ​ព្រះសារីរិកធាតុ) រឿយៗ​ដោយពិត។ ព្រះមហាកស្សបៈ ដែល​ប្រេត​ពោល​ប្រាប់​យ៉ាង​នេះ​ហើយ ទើប​ធ្វើ​រឿង​នោះ​ឥ្យ​ជា​អត្ថុប្បត្តិ​ហេតុ សម្ដែងធម៌ដល់​បរិស័ទដែល​មក​ប្រជុំ​គ្នា​ព្រម​ហើយ។ ដកស្រង់ចេញពីសៀវភៅ សារីរិកធាតុបូជានិសំសោ រៀប​រៀង​ដោយ លោក ង៉ែត សុផាន ដោយ៥០០០ឆ្នាំ
images/articles/2850/_________xtpic.jpg
ផ្សាយ : ០២ កុម្ភះ ឆ្នាំ២០២០ (អាន: ១៥៨៥ ដង)
តិលមុដ្ឋិជាតក (គប្បីហាមឃាត់អំពើអាក្រក់តាំងពីនៅតិចតួច) ព្រះបរមសាស្តា កាលដែលព្រះអង្គទ្រង់គង់ប្រថាប់នៅនាមហាវិហារព្រះជេតពន ទ្រង់ប្រារព្ធភិក្ខុមួយ អង្គ​ដែលច្រើនទៅដោយសេចក្តីក្រោធ ទើបត្រាស់រឿងនេះ មានព្រះបាលីថា អជ្ជាបិ មេ តំ មនសិ ដូច្នេះជា​ដើម ។ បានស្តាប់មកថា មានព្រះភិក្ខុ ១ អង្គ លោកច្រើនទៅដោយសេចក្តីក្រោធ និងសេចក្តីចង្អៀតចង្អល់​ចិត្ត គ្រាន់តែអ្នកដទៃថាអ្វីឲ្យបន្តិចបន្តួច ក៏ខឹងក្រោធភ្លាម ធ្វើការប្រទូសរ៉ាយ និងការអន់ចិត្តឲ្យប្រាកដ ។ ក្រោយមកថ្ងៃមួយ ភិក្ខុទាំងឡាយគង់អង្គុយសន្ទនាគ្នាក្នុងសាលាធម្មសភាថា លោកដ៏មានអាយុទាំង​ឡាយ ភិក្ខុអង្គនោះ ជាបុគ្គលច្រើនដោយសេចក្តីក្រោធ និងសេចក្តីចង្អៀតចង្អល់ចិត្ត ពេលក្រោធម្តងៗ មានសភាពដូចអំបិលដែលគេបាចក្នុងភ្លើងចង្ក្រាន ដូច្នោះឯង ។ លោកបួសក្នុងព្រះសាសនា ដែលប្រដៅ​​មិនឲ្យក្រោធ ជាសាសនានាំសត្វឲ្យរួចផុតចាកពីសេចក្តីសៅហ្មងគ្រប់យ៉ាង ប៉ុន្តែសូម្បីគ្រាន់​តែ​សេច​​ក្តីក្រោធ​ប៉ុណ្ណោះ ក៏មិនអាចគ្របសង្កត់បាន។ ព្រះបរមសាស្តាស្តេចយាងមកកាន់សាលាធម្ម​សភា​ ​ទ្រង់ជ្រាបអំពីការសន្ទនារបស់ភិក្ខុទាំងឡាយ ព្រះអង្គត្រាស់ឲ្យភិក្ខុ ១ អង្គទៅនិមន្តភិក្ខុដែលច្រើន​ទៅ ដោយសេចក្តីក្រោធនោះមក កាលដែលលោកនិមន្ត​មកដល់ហើយ ទ្រង់ត្រាស់សួរថា ម្នាលភិក្ខុ មានដំណឹងថា លោកជាបុគ្គលក្រោធងាយ ពិតមែនឬ ? កាលដែលភិក្ខុអង្គនោះ ក្រាបទូលការពិតហើយ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ មិន​មែន​តែ​ក្នុងកាលឥឡូវនេះទេ សូម្បីក្នុងកាលមុន ភិក្ខុនេះក៏បានជាអ្នកច្រើនទៅដោយសេចក្តីក្រោធដូចគ្នាដែរ​។ កាលដែលភិក្ខុទាំងឡាយទូលអារាធនា ទើបព្រះភគវា នាំយករឿងក្នុងអតីតកាលមកសម្តែងតទៅ ៖ ក្នុងអតីតកាល គ្រាដែលព្រះបាទព្រហ្មទត្តគ្រងរាជសម្បត្តិក្នុងក្រុងពារាណសី ឱរសរបស់ព្រះបាទព្រហ្ម​ទត្ត​នោះ មាននាមថា ព្រហ្មទត្តកុមារ។ ក្នុងការអប់រំនិងបណ្តុះបណ្តាលបុត្រ ព្រះរាជាក្នុងគ្រាមុនៗ សូម្បី​​មានអាចារ្យទិសាបាមោក្ខក្នុងនគររបស់ខ្លួនក៏ដោយ ក៏នៅតែបញ្ជូនបុត្ររបស់ព្រះអង្គឲ្យទៅរៀនសិល្ប៍សាស្រ្តនៅទីឆ្ងាយ ក្រៅពីនគររបស់ខ្លួនដែរ ។ ដែលធ្វើយ៉ាងនេះ មកអំពីព្រះរាជាមានសេចក្តីសង្ឃឹមថា ព្រះរាជបុត្រទាំងនោះ នឹងកម្ចាត់នូវភាពក្រអឺតក្រអោងដោយមានះផង និងជាអ្នកចេះមាន​សេច​​ក្តី​អត់ធន់ចំពោះក្តៅរងាផង ព្រមទាំងនឹងបានដឹងនូវប្រពៃណី ទំនៀមទម្លាប់របស់មនុស្ស ក្នុងលោក​ផង​ដែរ ។ ព្រោះហេតុដូច្នោះ ទើបព្រះបាទព្រហ្មទត្ត ត្រាស់ហៅព្រហ្មទត្តកុមារជាព្រះរាជបុត្រ ដែលមានព្រះជន្ម​វ​ស្សា ១៦ ឆ្នាំ ឲ្យចូលមកគាល់ ហើយព្រះរាជទាននូវស្បែកព្រះបាទមួយគូ ឆត្រស្លឹកឈើមួយ និងទ្រព្យ ១ ពាន់កហាបណៈ ព្រមទាំងត្រាស់ប្រាប់ថា បុត្រចូរទៅកាន់នគរតក្កសិលា ប្រឹងប្រែងសិក្សាយកនូវសិល្ប៍​សាស្ត្រមក ។ ព្រហ្មទត្តកុមារទទួលព្រះរាជឱង្ការហើយថ្វាយបង្គំព្រះរាជមាតាបិតាលាចេញទៅ ។ ព្រហ្មទត្តកុមារ ក៏បានសួររកផ្ទះលោកអាចារ្យឃើញហើយ ក៏ដោះស្បែកព្រះបាទ និងដោះឆត្រ ចូលទៅសំពះលោកអាចារ្យ រួចឈរក្នុងទីដ៏សមគួរ ។ កាលដែលលោកអាចារ្យធ្វើបដិសណ្ឋារៈ និងសាកសួរដឹងហេតុការណ៍សព្វគ្រប់ហើយ ក៏ទទួលបង្ហាត់បង្រៀននូវសិល្ប៍៍សាស្ត្រដល់ព្រហ្មទត្តកុមារដោយពិស្តារ ចំណែកព្រះរាជកុមារ ក៏រៀនយកនូវសិល្ប៍​សាស្ត្រ​ដោយការតាំងចិត្ត ។ ថ្ងៃមួយ ព្រហ្មទត្តកុមារ និងសិស្សទាំងឡាយ ទៅងូតទឹកព្រមជាមួយនឹងលោកអាចារ្យ គ្រានោះមានស្ត្រីចាស់ជរាម្នាក់បកសំបកគ្រាប់ល្ងហើយយកមកហាល ទាំងដែលនៅអង្គុយ​ចាំមើលទៀតផង ព្រហ្មទត្តកុមារ ឃើញគ្រាប់ល្ងដែលយាយហាល ក៏នឹកចង់បរិភោគ ទើបចាប់​យក​មួយក្តាប់ដៃមកទំពាបរិភោគ ស្ត្រីចាស់ជរាគិតថា មាណពនេះចង់បរិភោគ ទើបអង្គុយស្ងៀមមិនបានពោលអ្វីឡើយ ។ ថ្ងៃបន្ទាប់មកទៀត ព្រះរាជកុមារនោះ ក៏បានធ្វើយ៉ាងនោះទៀត សូម្បីស្ត្រីចាស់​ជរា​ក៏មិនបានពោលថាអ្វីដែរ នៅស្ងៀមជាលើកទី ២ ។ លុះដល់ថ្ងៃទី ៣ ព្រះរាជកុមារក៏នៅតែចាប់យកល្ងរបស់ស្ត្រីចាស់ជរានោះដដែលទៀត លើកនេះ ស្ត្រីចាស់ជរាមិនអាចទ្រាំបាន គាត់ស្រែកយំហើយពោលរៀបរាប់ថា អាចារ្យទិសាបាមោក្ខ ប្រើឲ្យសិស្សរបស់​ខ្លួនប្លន់យើង ។ អាចារ្យត្រឡប់មកសួរថា តើមានរឿងអ្វីលោកយាយ ។ ស្ត្រីចាស់ជរាពោលថា លោក​អាចារ្យ សិស្សរបស់លោកបរិភោគគ្រាប់ល្ងខ្ញុំថ្ងៃនេះមួយក្តាប់ ម្សិលមិញ មួយក្តាប់ ម្សិលម្ង៉ៃមួយក្តាប់ បើសិស្សលោកអាចារ្យ ស៊ីល្ងរបស់ខ្ញុំយ៉ាងនេះ ទោះជាគ្រាប់ល្ងរបស់ខ្ញុំមាន ប៉ុន្មានក៏មិនសល់ដែរ ។ អាចារ្យទិសាបាមោក្ខពោលថា សូមលោកយាយ ឈប់យំទៅណ៎ា! ចាំខ្ញុំសងតម្លៃល្ងដល់លោក​យាយ ​។ ស្ត្រីចាស់ជរាពោលថា ខ្ញុំមិនត្រូវការតម្លៃអ្វីទេ ខ្ញុំត្រូវការឲ្យលោកប្រដៅសិស្សរបស់លោក កុំឲ្យថ្ងៃក្រោយ​ធ្វើអ៊‍ីចឹងទៀត ។ អាចារ្យពោលថា មិនអីទេលោកយាយ សូមលោក យាយកុំព្រួយ លោកយាយចាំមើលណ៎ា! ភ្លាមនោះ លោកអាចារ្យបានឲ្យមាណពពីរនាក់ ចាប់ដៃព្រះរាជកុមារម្ខាងម្នាក់ ហើយទើបយករំពាត់ឫស្សីមកវាយកណ្តាលខ្នងព្រះរាជកុមារ ៣ រំពាត់ ព្រមទាំង ពោលប្រដៅថា អ្នកកុំធ្វើយ៉ាងនេះតទៅទៀត ។ ព្រះរាជកុមារក្រោធចំពោះលោកអាចារ្យ មានភ្នែកក្រហមសម្លឹងមើលលោកអាចារ្យតាំងពីខ្នងជើងរហូតដល់ចុងសក់ ។ ព្រះរាជកុមារ ប្រឹងប្រែងរៀនសិល្ប៍សាស្ត្ររហូតដល់ចប់ ទាំងមានគំនុំទុកក្នុងហឫទ័យ ដោយចងអាឃាតថា យើងនឹងសម្លាប់អាចារ្យនេះ នៅពេលដែលយើងបានសោយរាជ្យ ។ ដល់ពេលដែលត្រូវចាក​ចេញទៅកាន់ព្រះនគរវិញ ព្រះរាជកុមារបានក្រាបសំពះលោកអាចារ្យ ធ្វើដូចជាមានសេចក្តីស្រឡាញ់ និងដឹងគុណគ្រូអាចារ្យណាស់ បានពោលផ្តាំថា បពិត្រលោកអាចារ្យ កាលណាដែលខ្ញុំបាននូវ​រាជ​សម្បត្តិក្នុងព្រះនគរពារាណសី ខ្ញុំនឹងបញ្ជូនដំណឹងមក កាលនោះសូមលោកអាចារ្យអញ្ជើញទៅ កុំខានឲ្យសោះ ពោលផ្តាំរួចហើយក៏ចាកចេញទៅ ។ ព្រហ្មទត្តកុមារ ធ្វើដំណើរដល់ក្រុងពារាណសី បានចូលទៅថ្វាយបង្គំព្រះជនកព្រះជននី ហើយសម្តែងសិល្ប៍សាស្ត្រឲ្យទ្រង់ទាំងពីរបានទតព្រះនេត្រ ។ ព្រះរាជាត្រាស់ថា យើងមានជីវិតនៅទាន់បុត្ររបស់យើងហ្ន៎ ! ដែលបុត្ររបស់យើងរុងរឿងក្នុងរាជសម្បត្តិ ទើបទ្រង់ស្ថាបនាព្រះរាជបុត្រ ឲ្យជាព្រះរាជាគ្រប់គ្រងព្រះនគរតទៅ ។ កាលបានគ្រងសិរីរាជសម្បត្តិហើយ ក៏រលឹកដល់រឿងដែលលោកអាចារ្យបានធ្វើ​មក​លើព្រះអង្គ កាលដែលទ្រង់នៅជាសិស្សក្នុងនគរតក្កសិលា ស្តេចទ្រង់វិរោធឆួលឆេះក្នុងព្រះឱរា ទើប​ចាត់ការបញ្ជួនទូតទៅ ដោយតាំងព្រះហឫទ័យថា យើងនឹងសម្លាប់អាចារ្យនោះ ។ លោកគ្រូអាចារ្យ បានទទួលការអញ្ជើញពីព្រះរាជាក្រុងពារាណសីហើយ ក៏គិតថា ក្នុងពេលដែលព្រះ​រាជា​នៅក្មេង ដូច្នេះ យើងមិនអាចឲ្យទ្រង់យល់បានឡើយ គិតហើយ គាត់ក៏មិនបានទៅក្នុងពេលនោះដែរ ។ លុះដល់វេលាដែលព្រះរាជានោះ ចូលដល់មជ្ឈិមវ័យហើយ ទើបលោកគ្រូអាចារ្យគិតថា ឥឡូវនេះ យើង​អាចធ្វើឲ្យព្រះរាជាក្រុងពារាណសីយល់បាន ទើបធ្វើដំណើររហូតចូលដល់ក្រុងពារាណសី ហើយឈរនៅនាខ្លោងទ្វារព្រះរាជវាំង ឲ្យគេក្រាបទូលថា អាចារ្យពីនគរតក្កសិលាមកហើយ ។ ព្រះរាជាទ្រង់​សោមនស្សត្រេកអរ បង្គាប់ឲ្យនាំលោកគ្រូអាចារ្យចូលមក គ្រាន់តែទ្រង់ទតព្រះនេត្រឃើញ​លោកគ្រូអាចារ្យដែលចូលមកគាល់ភ្លាម ទ្រង់ពិរោធរហូតដល់ព្រះនេត្រទាំងពីរឡើងក្រហម ហើយ​ត្រាស់ហៅអាមាត្យទាំងឡាយមកថា នែអាមាត្យទាំងឡាយ ! អាចារ្យនេះហើយវាយយើងឲ្យបែក​ខ្នង នៅស្នាមរហូតដល់សព្វថ្ងៃ ឥឡូវគេមករកសេចក្តីស្លាប់ដោយមិនដឹងខ្លួនថា អាត្មាអញ នឹងស្លាប់ក្នុងថ្ងៃនេះ ។ រួចហើយព្រះរាជាបានត្រាស់ទៅរកលោកគ្រូអាចារ្យ ដោយគាថា ដែលមានសេច​ក្តី​ថា អ្នកឲ្យគេចាប់យើងត្រង់ដើមដៃ ហើយអ្នកវាយយើងដោយរំពាត់ ព្រោះហេតុតែល្ងមួយក្តាប់ ការវាយយើងដោយរំពាត់ ព្រោះហេតុតែល្ងមួយក្តាប់ ការវាយនោះ ប្រាកដក្នុងចិត្តរបស់យើងដរាបដល់ថ្ងៃនេះ។ ម្នាលព្រាហ្មណ៍ អ្នកមិនត្រេកអរក្នុងជីវិតរបស់អ្នកហើយឬ ទើបបានជាមករកយើងដល់ទីនេះ អំពើដែលអ្នកឲ្យគេចាប់​ដៃ​យើង​ម្ខាងម្នាក់ ហើយអ្នកបានវាយយើងដល់ទៅ ៣ រំពាត់នោះ នឹងតបស្នងដល់អ្នកវិញក្នុងថ្ងៃនេះ​ឯង​ ។ លោកគ្រូអាចារ្យបានស្តាប់ហើយ ទើបពោលគាថា ដូច្នេះថា ៖ អរិយោ អនរិយំ កុព្ពន្តំ យោ ទណ្ឌេន និសេធតិ សាសនំ តំ ន តំ វេរំ ឥតិ នំ បណ្ឌិតា វិទូ។ អរិយជនណា ហាមឃាត់នូវបុគ្គលមិនប្រសើរ មានការដាក់ទោសដល់អ្នកដែលប្រព្រឹត្តអាក្រក់ អំពើរបស់​អរិយជននោះ រាប់ថាជាការប្រៀនប្រដៅ គឺមិនមែនជាពៀរឡើយ បណ្ឌិតទាំងឡាយ រមែងដឹងច្បាស់​នូវហេតុនោះ ដូច្នេះឯង ។ បពិត្រមហារាជ ព្រោះហេតុនោះ សូម្បីព្រះអង្គក៏សូមទ្រង់ជ្រាបយ៉ាងនេះចុះ ព្រះអង្គមិនគួរសាងកម្ម​ពៀរ​ក្នុងសភាពបែបនេះឡើយ ។ ប្រសិនបើក្នុងកាលនោះ ទូលព្រះបង្គំ មិនបានទូន្មានប្រៀនប្រដៅព្រះ​អង្គ​ទេ បន្តមកទៀត ទ្រង់នឹងលួចនំ លួចស្ករក្រួសនិងផ្លែឈើជាដើម ម៉្លោះហើយទ្រង់នឹងធ្លាក់ក្នុងចោរ​កម្ម​ផ្សេងៗ រហូតដល់លួចប្លន់សម្លាប់មនុស្សតាមផ្លូវ សម្លាប់អ្នកស្រុកទីបំផុត ត្រូវគេចាប់បានព្រមទាំងព័ស្តុតាងទូលដល់ព្រះរាជា ទ្រង់នឹងទទួលនូវភ័យគឺអាជ្ញា ដោយព្រះតម្រាស់ថា ពួកអ្នកចូរដាក់អាជ្ញា ឲ្យសមគួរដល់ទោសរបស់ចោរនេះ ដូច្នោះ តើសម្បត្តិមានសភាពបែបនេះ នឹងសម្រេចដល់ព្រះអង្គបានដូចម្តេចទៅ តាមពិត ទ្រង់បានដល់នូវសភាពជាធំយ៉ាងរៀបរយដូច្នេះ ក៏ព្រោះអាស្រ័យទូល​ព្រះបង្គំ​ជា​ខ្ញុំហ្នឹងឯង មិនមែនទេឬ ? លោកគ្រូអាចារ្យបានធ្វើឲ្យព្រះរាជាទទួលព្រមដោយប្រការដូចពោលមកនេះឯង ។ ក្នុងពេលនោះ អាមាត្យទាំងឡាយ ដែលឈរនៅជុំវិញ បានស្តាប់ពាក្យលោកគ្រូអាចារ្យហើយ ទើបក្រាប​ទូលថា ព្រះករុណាថ្ងៃវិសេស ពាក្យដែលលោកអាចារ្យពោលនេះជាការពិតណាស់ ភាពជាធំនេះ គឺជា​របស់លោកអាចារ្យរបស់ព្រះអង្គដោយពិត ។ ខណៈនោះ ព្រះរាជាទ្រង់កំណត់បាន ទ្រង់ដឹងគុណលោក​គ្រូអាចារ្យទើបត្រាស់ថា បពិត្រលោកអាចារ្យ ខ្ញុំសូមជូននូវភាពជាធំនេះដល់លោក សូមលោកទទួលនូវរាជសម្បត្តិនេះចុះ ។ លោកគ្រូអាចារ្យបដិសេធថា ទូលព្រះបង្គំជាខ្ញុំមិនត្រូវការនូវរាជសម្បត្តិឡើយ ។ ព្រះរាជាទ្រង់បានបញ្ជូនដំណឹងទៅកាន់នគរតក្កសិលា ឲ្យនាំបុត្រនិងភរិយារបស់លោកគ្រូអាចារ្យមក ហើយ​ទ្រង់ប្រទានឥស្សរិយយសដ៏ធំ ដោយទ្រង់តែងតាំងលោកគ្រូអាចារ្យនោះឯង ក្នុងតំណែងជាបុរោ​ហិត និងតាំងទុកក្នុងឋានៈជាបិតា ។ ព្រះរាជាតាំងនៅក្នុងឱវាទរបស់បុរោហិត បំពេញបុណ្យទាំង​ឡាយ​មានទានជាដើម និងមានសុគតិភពប្រព្រឹត្តទៅខាងមុខ ។ ព្រះបរមសាស្តា កាលដែលព្រះអង្គទ្រង់នាំយកនូវព្រះធម៌ទេសនានេះ មកសម្តែងរួចហើយ ព្រះអង្គទ្រង់​ប្រកាសចតុរារិយសច្ច និងប្រជុំជាតក ។ ក្នុងវេលាចប់សច្ចកថា ភិក្ខុដែលច្រើនទៅដោយសេចក្តីក្រោធ បានតាំងនៅក្នុងអនាគាមិផល បរិស័ទដទៃៗ បានជាព្រះសោតាបន្ន និងព្រះសកទាគាមី ។ព្រះ​រាជាក្នុងគ្រានោះ បានមកជាភិក្ខុដែលច្រើនទៅដោយសេចក្តីក្រោធនេះឯង ចំណែក​លោកគ្រូអាចារ្យ គឺបានមកជា តថាគត ៕ (អដ្ឋកថា សុត្តន្តបិដក ខុទ្ទកនិកាយ ជាតក តិកនិបាត សង្កប្បវគ្គ បិដកលេខ ៥៨ ទំព័រ ១៣៩) ដោយ៥០០០ឆ្នាំ
images/articles/2881/____________xtpic.jpg
ផ្សាយ : ០២ កុម្ភះ ឆ្នាំ២០២០ (អាន: ១៦៧៦ ដង)
ព្រះបរមសាស្តា កាលស្ដេចគង់នៅក្នុងវត្តជេតពន ទ្រង់ប្រារព្ធឧបាសកអ្នកមានសទ្ធាម្នាក់ ទើបត្រាស់ព្រះធម្មទេសនានេះ មានពាក្យផ្តើមថា បស្ស សទ្ធាយ សីលស្ស ដូច្នេះជាដើម ។ បានឮថា ឧបាសកនោះ ជាអរិយសាវក ជាអ្នកមានសទ្ធាជ្រះថ្លាក្នុងព្រះពុទ្ធសាសនា ថ្ងៃមួយ គាត់ដើរទៅកាន់វត្តជេតពន ដល់ឆ្នេរស្ទឹងអចិរវតី ក្នុងពេលរសៀល កាលមិនឃើញទូកត្រង់ច្រាំងស្ទឹង ព្រោះម្ចាស់ទូកទៅស្តាប់ធម៌ ទើបចម្រើនបីតិដែលមាន ព្រះពុទ្ធជាអារម្មណ៍ឲ្យមាំ ហើយចុះកាន់ស្ទឹង ជើងរបស់គាត់មិនលិចទឹកទេ ដូចដើរលើ ផែនដី ពេលដើរទៅដល់កណ្តាលស្ទឹងគាត់ឃើញរលក បីតិដែលមានព្រះពុទ្ធជា អារម្មណ៍របស់គាត់ក៏ខ្សោយទៅ ជើងរបស់គាត់ផ្តើមលិចចុះ គាត់ក៏ផ្គងបីតិដែលមានព្រះពុទ្ធជាអារម្មណ៍ឲ្យមាំ ដើរលើខ្នងទឹកទៅដល់វត្តជេតពន ថ្វាយបង្គំព្រះមានព្រះភាគ ហើយអង្គុយក្នុងទីដ៏សមគួរមួយ ។ ព្រះបរមសាស្តា ទ្រង់ធ្វើបដិសណ្ឋារៈហើយត្រាស់សួរថា ម្នាលឧបាសក អ្នកធ្វើ ដំណើរតាមផ្លូវមកដល់ទីនេះ ប្រហែលជាហត់នឿយបន្តិចហើយមើលទៅ ។ឧបាសកនោះក្រាបទូលថា បពិត្រព្រះអង្គដ៏ចម្រើន ខ្ញុំព្រះអង្គកាន់យកបីតិមានព្រះពុទ្ធជាអារម្មណ៍ ទើបបានទីពឹងលើខ្នងទឹក ដូចជាន់ផែនដីដើរមក ។ ព្រះមានព្រះភាគទ្រង់ត្រាស់ថា ម្នាលឧបាសក មិនមែនតែអ្នកប៉ុណ្ណោះទេ ដែល រឭកដល់ពុទ្ធគុណហើយបាននូវទីពឹងនោះ សូម្បីក្នុងកាលមុន ឧបាសកទាំងឡាយក៏មានរឭកដល់ពុទ្ធគុណហើយបាននូវទីពឹងក្នុងពេលដែលទូកលិចកណ្តាលសមុទ្ទដែរ ។ កាល ឧបាសកនោះក្រាបបង្គំអារាធនា ទើបទ្រង់នាំយកអតីតនិទានមកសម្តែងដូចតទៅថា ៖ ក្នុងអតីតកាល ក្នុងសាសនាព្រះសម្មាសម្ពុទ្ធកស្សប ព្រះអរិយសាវកថ្នាក់សោតា បន្នមួយរូប ឡើងជិះទូកទៅជាមួយកុដុម្ពិកៈដែលជាជាងកោរកាត់ម្នាក់ ។ ភរិយារបស់ ជាងកោរកាត់នោះ ប្រគល់ជាងកោរកាត់ដល់ឧបាសកនោះថា បពិត្រអ្នកអើយ សុខទុក្ខ ស្វាមីរបស់ខ្ញុំ សូមប្រគល់ឲ្យជាភារៈរបស់អ្នកហើយ ។ លុះដល់ថ្ងៃទី ៧ ទូករបស់ជាងកោរកាត់នោះបានលិចកណ្តាលសមុទ្ទ ។ ជនទាំង ពីរនាក់នោះ បានតោងបន្ទះក្តារមួយផ្ទាំងអណ្តែតមកដល់កោះមួយ ។ ជាងកោរកាត់ នោះ បានសម្លាប់បក្សីអាំងស៊ី ហើយឲ្យឧបាសកនោះ ។ ឧបាសកមិនព្រមបរិភោគដោយ ពោលថា កុំបន្សល់ទុកសម្រាប់ខ្ញុំឡើយ ។ ឧបាសកនោះគិតថា ក្រៅពីព្រះរតនត្រៃហើយ មិនមានទីអ្វីដទៃសម្រាប់អញទេ ទើបគាត់រឭកគុណព្រះរតនត្រៃ ។ គ្រានោះ កាលគាត់ កំពុងរឭកគុណព្រះរតនត្រៃ ស្តេចនាគដែលកើតក្នុងកោះនោះ ក៏និម្មិតរាងកាយរបស់ ខ្លួនជាទូកធំ មានទេវតាប្រចាំសមុទ្ទជាមាណពនៅក្បាលទូក ។ ទូកនោះពេញទៅដោយ រតនៈ ៧ ប្រការ សសរក្តោងទាំង ៣ សម្រេចអំពីកែវមណីពណ៌ឥន្ទនិល ទូកសម្រេច អំពីមាស ខ្សែសម្រេចអំពីប្រាក់ ច្រវាសម្រេចអំពីមាស ។ ទេវតារក្សាសមុទ្ទឈរនៅលើទូកស្រែកប្រកាសថា អត្ថិ ជម្ពុទីបំ គមិកា មានអ្នកចង់ទៅជម្ពូទ្វីបទេ ? ឧបាសកឆ្លើយថា មយំ គមិស្សាម ពួកយើងចង់ទៅ ។ ទេវតាពោលថា បើដូច្នោះ ចូរឡើងទូកមក ។ឧបាសកឡើងទូក ហើយហៅជាងកោរកាត់ឲ្យឡើងទូកដែរ ។ ទេវតាប្រចាំសមុទ្ទពោលថា បានតែអ្នកម្នាក់ប៉ុណ្ណោះ អ្នកនោះមិនបានទេ ។ ឧបាសកសួរថា ព្រោះហេតុអ្វី ? ទេវតាប្រចាំសមុទ្ទឆ្លើយថា ព្រោះបុរសនោះមិនមានគុណ គឺសីលនិងអាចារៈ ព្រោះហេតុនោះ ទើបខ្ញុំនាំទូកមកដើម្បីអ្នក មិនមែនដើម្បីបុរសម្នាក់នោះទេ ។ (កាល ទេវតាពោលដូច្នេះហើយ ឧបាសកក៏ពោលថា) ណ្ហើយចុះ ខ្ញុំនឹងឲ្យចំណែកបុណ្យដល់ បុរសនេះ ដោយទានដែលខ្ញុំបានឲ្យហើយ ដោយសីលដែលខ្ញុំបានរក្សាហើយ ដោយ ភាវនាដែលខ្ញុំបានអប់រំហើយ ។ ជាងកោរកាត់ឆ្លើយថា អនុមោទាមិ សាមិ បពិត្រលោកម្ចាស់ ខ្ញុំសូម អនុមោទនា ។ ទេវតារក្សាសមុទ្ទពោលថា ខ្ញុំនឹងនាំទៅឥឡូវនេះ ហើយបីឧបាសកនិងជាងកោរកាត់ទាំងពីរនាក់ទៅ (ដាក់ក្នុងទូក) ចេញអំពីសមុទ្ទទៅដល់នគរពារណសីតាមស្ទឹង ហើយញ៉ាំងទ្រព្យឲ្យតាំងនៅក្នុងផ្ទះ របស់អ្នកទាំងពីរ ដោយអានុភាពរបស់ខ្លួន ។ (សមុទ្ទទេវតានោះ) បានពោលអំពីគុណនៃការសេពគប់បណ្ឌិតថា ឈ្មោះ​ថា​សេចក្តី ស្និទ្ធស្នាលនឹងបណ្ឌិតទាំងឡាយ គឺគេគួរធ្វើមែនពិត ប្រសិនបើជាងកោរកាត់នេះ មិនបាន​សេព​គប់នឹងឧបាសកនេះទេ ត្រូវវិនាសកណ្តាលសមុទ្ទនេះឯង ទើបពោល គាថាទាំងនោះថា បស្ស សទ្ធាយ សីលស្ស, ចាគស្ស ច អយំ ផលំ; នាគោ នាវាយ វណ្ណេន, សទ្ធំ វហតុបាសកំ។ អ្នកចូរឃើញផលនៃសទ្ធា សីល ចាគៈ នាគនេះ មានភេទដូចជាសំពៅ នាំ ឧបាសកមានសទ្ធា ។ សព្ភិរេវ សមាសេថ, សព្ភិ កុព្ពេថ សន្ថវំ; សតញ្ហិ សន្និវាសេន, សោត្ថិំ គច្ឆតិ ន្ហាបិតោ។ បុគ្គលគប្បីសេពគប់ជាមួយនឹងពួកសប្បុរស គប្បីធ្វើនូវសេចក្តីសិទ្ធជាមួយនឹងពួក សប្បុរស ដូចជាងផ្ងូតទឹកដល់នូវសួស្តី ព្រោះនៅរួមជាមួយនឹងពួកសប្បុរស ។ បណ្តាបទទាំងនោះ បទថា បស្ស បានដល់ (ទេវតា) ហៅថាចូរមើលចុះ មិនកំណត់បុគ្គលណាមួយ ។ បទថា សទ្ធាយ គឺដោយលោកិយសទ្ធា និងលោកុត្តរសទ្ធា ។សូម្បីសីលក៏មានន័យដូច្នេះដែរ ។ បទថា ចាគស្ស បានដល់ ទេយ្យធម្មបរិចា្ចគ និង កិលេសបរិច្ចាគ ។ បទថា អយំ ផលំ បានដល់ នេះជាផល គឺជាគុណ ជាអានិសង្ស ។ ម្យ៉ាងទៀត គប្បីឃើញសេចក្តីអធិប្បាយក្នុងបទនេះយ៉ាងនេះថា ចូរមើលផលនៃការបរិច្ចាគចុះ ស្តេចនាគនេះក្លែងភេទជាទូក ។ បទថា នាវាយ វណ្ណេន គឺដោយសណ្ឋានជាទូក ។ បទាថា សទ្ធំ គឺសទ្ធាដែលតាំងនៅក្នុងព្រះរតនត្រៃ ។ បទថា សព្ភិរេវ គឺពួកបណ្ឌិតនោះឯង ។ បទថា សមាសេថ បានដល់ ចូរមកនៅ គឺមកនៅជាមួយគ្នា រស់នៅជាមួយគ្នា ។ បទថា កុព្វេថ បានដល់ គប្បីធ្វើ ។ បទថា សន្ថវំ បានដល់ សិទ្ធស្នាលក្នុងឋានៈជាមិត្ត ប៉ុន្តែមិនគួរធ្វើសេចក្តីស្និទ្ធស្នាលដោយតណ្ហានឹងបុគ្គលណាឡើយ ។ បទថា ន្ហាបិតោ បានដល់ ក្ដុម្ពីជាជាងកោរកាត់ ។ បាលីខ្លះថា នហាបិតោ ក៏មាន ។ ទេវតាប្រចាំសមុទ្ទឈរនៅលើអាកាសសម្តែងធម៌ទូន្មានយ៉ាងនេះហើយ ទើបនាំ ស្តេចនាគត្រឡប់ទៅកាន់វិមានរបស់ខ្លួនវិញ ។ ព្រះបរមសាស្តា លុះទ្រង់នាំយកព្រះធម្មទេសនានេះមកសម្តែងហើយ ទើបទ្រង់ ប្រកាសសច្ចធម៌ កាលចប់សច្ចធម៌ ឧបាសកនោះបានសម្រេចសកទាគាមិផល ហើយទ្រង់ប្រជុំជាតកថា ឧបាសកជាសោតាបន្នបុគ្គលក្នុងកាលនោះ (លុះចម្រើនមគ្គខ្ពស់ៗ ឡើងទៅ) ក៏បានបរិនិព្វានហើយ សេ្តចនាគបានមកជាព្រះសារីបុត្រ ចំណែកទេវតា ប្រចាំសមុទ្ទ គឺ តថាគត នេះឯង ៕ ចប់ សីលានិសំសជាតក ។ (ជាតកដ្ឋកថា សុត្តន្តបិដក ខុទ្ទកនិកាយ ជាតក ទុកនិបាត អសទិសវគ្គ បិដកលេខ ៥៨ ទំព័រ ៩៣) ដោយ៥០០០ឆ្នាំ
images/articles/914/Untitled-1.jpg
ផ្សាយ : ១៩ មករា ឆ្នាំ២០២០ (អាន: ៦៨៧៣៥ ដង)
រឿង​ព្រះបាទ​បទុម​រាជ ( ចាក ចូ. ធា. ) ( ស្ត្រី​ក្បត់​បើ​ទុក​ជា​ស្វាមី​បង្ហូរ​ឈាម​ខ្លួន​ ឲ្យ​ផឹក​ក៏​នៅ​តែ​ក្បត់ ) កាល​កន្លង​ទៅ​ហើយ​ ព្រះរាជ​ក្រុង​ពារាណសី មាន​រាជ​បុត្រា ៧ ព្រះ​អង្គ ។ ព្រះ​ពោធិសត្វ​ទ្រង់​សោយ​ព្រះ​ជាតិ​ជា​រាជបុត្រ​ច្បង​ព្រះ​នាម​បទុម​រាជ​កុមារ ។ ព្រះ​ចៅ​ក្រុង​ពារាណសី​ជា​ព្រះរាជ​បិតា ទ្រង់​ព្រះ​ចិន្ដា​ថា​ ព្រះ​រាជ​កុមារ​ទាំង​នោះ​មុខ​ជា​នាំ​គ្នា​សម្លាប់​អញ ដណ្ដើម​យក​រាជ​សម្បត្តិ​តែ​សព្វ​ខ្លួន​ពុំ​ខាន​
images/articles/911/Untitled-1.jpg
ផ្សាយ : ១៩ មករា ឆ្នាំ២០២០ (អាន: ៦២៩២៤ ដង)
រឿង​ស្វា​ពោធិសត្វ ( ចាក​ វា. ឯ. ) ( អ្នក​មាន​សតិ​ស្មារតី​វាង​វៃ​ តែង​ឈ្នះ​សត្រូវ​ទាំង​ពួង​ )​ ក្នុង​កាល​កន្លង​ទៅ​ហើយ​ ព្រះ​បាទ​ព្រហ្ម​ទត្ត​សោយ​រាជ្យសម្បត្តិ​ ក្នុង​នគរ​ពារាណសី​ ។ កាល​នោះ​ព្រះ​ពោធិសត្វ​ទ្រង់​សោយ​ព្រះ​ជាតិ​ ជា​ស្វា​មាន​រូប​ធំ​ស្រមូវ​មាន​កំលាង​ខ្លាំង​ដូចដំរី​ស្ករ​ បាន​ដើរ​ទៅ​មាត់​ស្ទឹង​ឃើញ​កោះ​មួយ​ ដែល​បរិបូណ៍​ដោយ​រុក្ខ​ជាតិ​មាន​ផ្លែ​ ក៏​
images/articles/1019/Untitled-1.jpg
ផ្សាយ : ១៩ មករា ឆ្នាំ២០២០ (អាន: ២៥០២៩ ដង)
រឿង​សរណ​មាតា ( ចាក ម. វា. ) ( ជាតិ​បុរស​ថោកទាប​ច្រើន​លុះ​ទៅ​ក្នុង​អំណាច​ស្រ្តី ) ក្នុង​ក្រុង​សាវត្ថី មាន​គហបតី​ម្នាក់​ឈ្មោះ​សុមនៈ ភរិយា​ឈ្មោះ​នាង​សុជម្ឈកា មាន​កូន​ពីរ​នាក់ ប្រុស​១ ស្រី១ ។ កាល​កូន​ប្រុស​មាន​អាយុ ១៦ ឆ្នាំ មាតា​បិតា​មាន​រោគាពាធ​ជា​ទម្ងន់ បាន​ហៅ​កូន​ទាំង​ពីរ​មក​ប្រគល់​ទ្រព្យសម្បត្តិ​ឲ្យ​ហើយ​ប្រគល់​នាង​ជា​ប្អូន​ឲ្យ​រៀបចំ​ឲ្យ​មាន​ស្វាមី​ផង
៥០០០ឆ្នាំ ស្ថាបនាក្នុងខែវិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕