images/articles/3223/56u7887777uu7.jpg
ផ្សាយ : ១៨ មីនា ឆ្នាំ២០២៤ (អាន: ៣,៧០៦ ដង)
អ្នកទាំងឡាយចូរស្តាប់ថេរាបទាន ដូចតទៅនេះ
មានភ្នំមួយ ឈ្មោះលម្ពកៈ នៅក្នុងទីមិនឆ្ងាយអំពីភ្នំហិមពាន្ត គេបានសង់អាស្រម សាងបណ្ណសាលាឲ្យខ្ញុំ ។ ស្ទឹងមានច្រាំងដ៏រាក់ មានកំពង់ល្អ ជាទីគាប់ចិត្ត ដ៏ដេរដាសដោយផ្នូកខ្សាច់ដ៏ស្អាត មានក្នុងទីមិនឆ្ងាយអំពីអាស្រមខ្ញុំ ។ ស្ទឹង (នោះ) មិនមានក្រួសរវាន មិនចោត មានទឹកដ៏ឆ្ងាញ់ មិនមាន ក្លិនអាក្រក់ តែងហូរទៅក្នុងទីនោះ ជាលម្អដល់អាស្រមខ្ញុំ ។
មានក្រពើ មករ ឆ្ងាម អណ្តើក លេងក្នុងស្ទឹងនុ៎ះ ហែបហែល ក្នុងស្ទឹងនោះ ជាលម្អដល់អាស្រមខ្ញុំ ។ មានទាំងត្រីស្លាត ត្រី សណ្តាយ ត្រីក្រាញ់ ត្រីក្រពុលបាយ ត្រីឆ្ពិន ត្រីខ្ជឹង តែងហែល ឆ្វៀលឆ្វាត់ ទៅមក ជាលម្អដល់អាស្រមខ្ញុំ ។ នៅត្រើយស្ទឹង ទាំងសងខាង មានដើមឈើដ៏សម្បូណ៌ ដោយផ្កានិងផ្លែសំយុង ចុះមក អំពីត្រើយស្ទឹងទាំងសងខាង ជាលម្អដល់អាស្រមខ្ញុំ ។
ស្វាយ សាលព្រឹក្ស ដង្កៀបក្តាម ច្រនៀង ឈើភ្លើង មានផ្ការីក ផ្សាយក្លិនដូចជាទិព្វ ក្នុងអាស្រមខ្ញុំ ។ ចម្បក់ស្រល់ ក្តុល ខ្ទឹង បុន្នាគ រំចេក មានផ្ការីក ផ្សាយក្លិនដូចជាទិព្វ ក្នុងអាស្រមខ្ញុំ ។ រំដួល អាសោក នួនស្រី មានផ្ការីក អង្កោល វល្លិបាស មានផ្ការីក ផ្សាយក្លិនទៅក្នុងអាស្រមខ្ញុំ ។ រំចេក ចេក ខ្មួញ មិ្លះរួត ផ្សាយក្លិន ដូចជាទិព្វ ក្នុងអាស្រមខ្ញុំ ។ ឈើជាច្រើន គឺកណិកា កណ្ណិការ ធ្នង់ អញ្ជន់ ផ្សាយក្លិនដូចជាទិព្វ ជាលម្អនៃអាស្រម ខ្ញុំ ។
មានក្រូចឆ្មារ ក្រូចក្លា រលួស មានផ្ការីក ផ្សាយក្លិនដូច ជាទិព្វ ជាលម្អនៃអាស្រមខ្ញុំ ។ ឈើជាច្រើនយ៉ាង គឺរាជព្រឹក្ស ក្លែងគង់ ក្ទម្ព ពកុល ផ្សាយក្លិនដូចជាទិព្វ ជាលម្អនៃអាស្រមខ្ញុំ ។ អាឡកព្រឹក្ស សណ្តែកក្រហម ចេក ក្រូចថ្លុង តែងលូត លាស់ ដោយទឹកដ៏មានក្លិន ឈើទាំងនោះទ្រទ្រង់ផ្លែ ( ជានិច្ច ) ។ ឈូកខ្លះកំពុងផ្កា ខ្លះកំពុងបញ្ចេញកេសរ ខ្លះជម្រុះផ្កា រីកស្គុះ ស្គាយក្នុងស្រះ ក្នុងកាលនោះ ។ ពួកឈូកកំពុងលេចពន្លក មានក្រអៅ កំពុងលូតលាស់ ដេរដាសដោយត្របកផ្កានិងស្លឹក ល្អក្នុងស្រះ ក្នុងកាលនោះ ។
គុម្ពផ្កានយិតាផង អម្ពគណ្ឌីផង ឧត្តរាហិផង ពន្ធុជីវកៈផង មានផ្ការីក ផ្សាយក្លិនដូចជាទិព្វ ទៀប ស្រះ ក្នុងកាលនោះ ។ ពួកត្រីស្លាត ត្រីសណ្តាយ ត្រីក្រាញ់ ត្រី ក្រពុលបាយ ត្រីឆ្ពិន ត្រីចង្វា ត្រីផ្ទោង នៅក្នុងស្រះ ក្នុងកាល នោះ ។ ក្រពើ ឆ្លាម តន្តិគ្គាហៈ អារក្សទឹក ឱគាហៈ ថ្លាន់នៅ ក្នុងស្រះ ក្នុងកាលនោះ ។ ញ្រប ព្រហ៊ីត ចាក្រពាក ក្អែកទឹក តាវ៉ៅ សេកនិងសារិកា តែងអាស្រ័យរស់នៅនឹងស្រះនោះ ។ មានបក្សីខ្វែក ក្តាមមាន់ព្រៃ ត្រដេវវិច សេក អាស្រ័យរស់នៅ នឹងស្រះនោះ ។ ពួកបក្សី គឺ ហង្ស ក្រៀល ក្ងោក តាវ៉ៅ មាន់ ទោ ចង្កៀលខ្យង ប៉ោលតោក តែងអាស្រ័យ រស់នៅនឹងស្រះ នោះ ។ ពួកបក្សីជាច្រើន គឺ មៀម ខ្លែងស្រាក លលក ខ្លែង អង្កត់ខ្មៅ តែងអាស្រ័យរស់នៅ នឹងស្រះនោះ ។
ពួកម្រឹគជា ច្រើនគឺ បសទម្រឹគ ជ្រូក ឆ្កែព្រៃ រមាំង ប្រើស រមាស តែង អាស្រ័យរស់នៅនឹងស្រះនោះ ។ សីហៈ ខ្លាធំ ខ្លាដំបង ខ្លាឃ្មុំ ឆ្កែព្រៃ ខ្លាត្រី ដំរីចុះប្រេង តែងអាស្រ័យ រស់នៅនឹងស្រះនោះ ។ ពួកកិន្នរ ពានរ ឬពួកមនុស្ស អ្នកធ្វើការក្នុងព្រៃ មនុស្សអ្នក បម្រើ ញ្រនព្រៃ តែងអាស្រ័យរស់នៅ នឹងស្រះនោះ ។ ដើម ទន្លាប់ ដើមទន្លា ដើមស្រគម ពង្រ ទ្រទ្រង់ផ្លែអស់កាលជានិច្ច ក្នុងទីមិនឆ្ងាយអំពីអាស្រមខ្ញុំ ។ ដើមស្រូល ដើមស្រល់ ដើមក្ទម្ព ប្រកបដោយខ្លឹមនិងផ្លែ តែងទ្រទ្រង់ផ្លែជានិច្ច ក្នុងទីមិន ឆ្ងាយអំពីអាស្រមខ្ញុំ ។ ដើមសម៉ កន្ទួតព្រៃ ស្វាយព្រីង សម៉ពិភេទន៍ ស្តៅ រាក់ខ្មៅ ព្នៅ តែងទ្រទ្រង់ផ្លែជានិច្ច ។ ដំឡូងស្រំ ដំឡូងដូង ដំឡូងដៃខ្លា និងដំឡូងឈាមមាន់ ទាំងឈើជាថ្នាំ ក៏ មានច្រើននៅជិតអាស្រមខ្ញុំ ។
ស្រះដែលធម្មតានិមិ្មតល្អ ហើយ ក៏មាននៅក្នុងទីមិនឆ្ងាយ អំពីអាស្រមខ្ញុំ មានទឹកថ្លា មានទឹកត្រជាក់ មានកំពង់រាបទាបល្អ គួរជាទីរីករាយចិត្ត ។ ស្រះនោះសឹងដ៏បរិបូណ៌ដោយ ឈូក និងឧប្បល ប្រកបដោយ ឈូកស ព្រោងញ្រតដោយស្គន់ មានក្លិនដូចជាទិព្វ រមែង ផ្សាយទៅ ។ ក្នុងកាលនោះ ខ្ញុំតែងនៅក្នុង អាស្រមជាទីត្រេក អរ ដែលធម្មតាធ្វើទុកល្អហើយ ក្នុងព្រៃ ដែលមានផ្កា មានផ្លែ បរិបូណ៌ដោយអង្គគ្រប់សព្វ យ៉ាងនេះ ។ ខ្ញុំជាតាបស ឈ្មោះ សុរុចិជាអ្នកមានសីល បរិបូណ៌ដោយវត្ត មានឈាន ត្រេកអរ ក្នុងឈាន ដល់នូវកម្លាំងនៃអភិញ្ញា ទាំង ៥ គ្រប់កាលទាំងពួង ។ ពួកញ្រហ្មណ៍ទាំងអស់នុ៎ះ ជាសិស្សរបស់ខ្ញុំ ចំនួន ២៤ ពាន់ នាក់ ជាអ្នកមានជាតិមានយស នៅចាំបម្រើខ្ញុំ ។
( ពួកញ្រហ្មណ៍ទាំងនោះ ) ជាអ្នកចេះបទ ចេះវេយ្យាករណ៍ ដល់នូវត្រើយ នៃវិជ្ជា ក្នុងសទ្ធម្ម គឺលក្ខណសាស្រ្ត ឥតិហាសសាស្រ្ត ព្រម ទាំងនិឃណ្ឌុសាស្រ្ត និងកេដុភសាស្រ្ត ។ ពួកសិស្សរបស់ខ្ញុំ ជាអ្នកឈ្លាសវៃក្នុងឧត្បាត ក្នុងនិម្មិតនិងលក្ខណៈទាំងឡាយ បានសិក្សាល្អក្នុងផែនដី ក្នុងទីក្នុងអាកាស ។ ពួកសិស្សទាំង នុ៎ះ ជាអ្នកប្រាថ្នាតិច មានប្រាជ្ញាខ្ជាប់ខ្ជួន មានអាហារតិច មិន ល្មោភ សន្តោសដោយលាភ និងឥតលាភ តែងចោមរោមខ្ញុំ សព្វកាល ។ ពួកសិស្សទាំងនុ៎ះ ជាអ្នកប្រាជ្ញ មានឈាន ត្រេក អរក្នុងឈាន មានចិត្តស្ងប់រម្ងាប់ មានសមាធិ ប្រាថ្នានូវការ មិនមានកង្វល់ តែងចោមរោមខ្ញុំ សព្វកាល ។ ពួកសិស្សទាំង នុ៎ះ ជាអ្នកប្រាជ្ញដល់នូវត្រើយនៃអភិញ្ញា ត្រេកអរក្នុងគោចរ ជា កេរ្ត៍នៃបិតា ត្រាច់ទៅក្នុងអាកាសបាន តែងចោមរោមខ្ញុំសព្វ កាល ។ ពួកសិស្សខ្ញុំនោះ ជាអ្នកប្រាជ្ញ សង្រួមក្នុងទ្វារ ៦ មិន មានតណ្ហាជាគ្រឿងញាប់ញ័រ មានឥន្រ្ទិយរក្សាហើយ មិនច្រឡូកច្រឡំ ( ដោយពួកគណៈ ) ដែលគេគ្របសង្កត់បានដោយ ក្រ ។
ពួកសិស្សរបស់ខ្ញុំទាំងនោះ ដែលគេគ្របសង្កត់បាន ដោយក្រ រមែងញុំាងរាត្រីឲ្យកន្លងទៅ ដោយការអង្គុយផ្គត់ ភ្នែន ការឈរនិងការចង្រ្កម ។ ពួកសិស្សរបស់ខ្ញុំ ដែលគេ គ្របសង្កត់បានដោយក្រ រមែងមិនត្រេកត្រអាលក្នុងអារម្មណ៍ ដែលគួរត្រេកអរ មិនខឹងក្នុងអារម្មណ៍ ដែលគួរខឹង មិនវង្វេង ក្នុងអារម្មណ៍ដែលគួរវង្វេង ។ ពួកសិស្សទាំងនោះ កាលល្បង ឫទ្ធិរមែងប្រព្រឹត្តអស់កាលជានិច្ច ពួកសិស្សទាំងនោះ តែង ញុំាងផែនដីឲ្យញាប់ញ័រ ជាបុគ្គលដែលគេ មិនងាយគ្របសង្កត់ បាន ដោយការប្រណាំងប្រជែង ។ ពួកសិស្សទាំងនោះ កាល បើលេង រមែងលេងតែឈាន តែងយកផ្លែព្រីង អំពីដើមព្រីង ពួកសិស្សរបស់ខ្ញុំ ជាបុគ្គលដែលគេគ្របសង្កត់បានដោយក្រ ។ ពួកខ្លះទៅគោយានទ្វីប ពួកខ្លះទៅបុព្វវិទេហទ្វីប ពួកខ្លះទៅ កាន់ឧត្តរកុរុទ្វីប ពួកសិស្សខ្ញុំ គេគ្របសង្កត់បានដោយក្រ ។ ពួកសិស្សទាំងនោះ រមែងបញ្ជូននូវ អម្រែកទៅមុន ពួកសិស្ស ទាំងនោះ រមែងទៅខាងក្រោយ ទាំងផ្ទៃអាកាសក៏សឹងតែបិទ បាំង ដោយពួកតាបស ២៤ ពាន់រូប ។
( ពួកសិស្សរបស់ខ្ញុំខ្លះ បរិភោគ ) ផ្លែឈើដែលចំអិនដោយភ្លើង ( ខ្លះបរិភោគ ) ផ្លែ ឈើមិនបាច់ចំអិនដោយភ្លើង ខ្លះទំពាដោយធ្មេញ ខ្លះបុកក្នុង ត្បាល ខ្លះដំដោយថ្ម ខ្លះបរិភោគផ្លែឈើជ្រុះឯង ។ ពួកខ្លះទៀត ចុះត្រាំទឹក ក្នុងវេលាល្ងាចព្រឹក ជាអ្នកត្រេកអរ ក្នុងអំពើដ៏ ស្អាត ប្រព្រឹត្តស្រោចស្រប់ដោយទឹក ពួកសិស្សរបស់ខ្ញុំ គេ គ្របសង្កត់បានដោយក្រ ។ ជាអ្នកមានរោមក្លៀកនិងក្រចក ដុះវែង មានធ្មេញ ប្រកបដោយមន្ទិល មានក្បាលប្រឡាក់ ដោយធូលី ក្រអូបដោយក្លិននៃសីល ពួកសិស្សរបស់ខ្ញុំ គេ គ្របសង្កត់បានដោយក្រ ។ ពួកជដិល ប្រជុំគ្នាក្នុង វេលាព្រឹក មានតបៈដ៏ខ្លាំង សម្តែងនូវលាភធំនិងលាភតូច ហើយទៅក្នុង អាកាស ក្នុងកាលនោះ ។
កាលពួកតាបសទាំងនុ៎ះ ចៀស ចេញទៅ សូរសព្ទខ្លាំង ក៏លាន់ឮឡើង ពួកទេវតាក៏រីករាយ ដោយសូរសព្ទស្បែកខ្លា ( របស់ពួកតាបសទាំងនោះ ) ។ ពួក ឥសីជាអ្នកត្រាច់ទៅ ក្នុងអាកាស តែងចេញទៅកាន់ទិសតូច ទិសធំ ឥសីទាំងនោះ ជាអ្នករឹងប៉ឹងដោយកម្លាំងរបស់ខ្លួន ទៅ កាន់ទីតាមប្រាថ្នា ។ ពួកឥសីទាំងអស់នុ៎ះឯង ជាអ្នកញុំាងផែនដីឲ្យកម្រើក ត្រាច់ទៅក្នុងអាកាស ជាអ្នកមានតេជះ ខ្លាំង គេគ្របសង្កត់បានដោយក្រ មិនញាប់ញ័រ ប្រៀបដូចសាគរ ។ ពួកខ្លះជាអ្នកកាន់វត្តឈរចង្រ្កម ពួកខ្លះទៀតកាន់វត្តអង្គុយ ពួកខ្លះបរិភោគផ្លែឈើដែលជ្រុះឯង ពួកសិស្សខ្ញុំ គេគ្រប សង្កត់បានដោយក្រ ។
ពួកឥសីទាំងនុ៎ះ ជាអ្នកនៅដោយមេត្តា ធម៌ ជាអ្នកស្វែងរកប្រយោជន៍ ដល់ពួកសត្វទាំងពួង ពួក ឥសីទាំងអស់នោះ ជាអ្នកមិនលើកខ្លួនឯង មិនបង្អាប់បុគ្គល ណាមួយ ។ ពួកឥសីទាំងនោះ ជាអ្នកមិនញាប់ញ័រ ដូចសេ្តច សីហៈ មានកម្លាំងដូចសេ្តចដំរី ឬដូចខ្លាធំ ដែលគេគ្របសង្កត់ បានដោយក្រ រមែងមកកាន់ទីជិតនៃខ្ញុំជានិច្ច ។ ពួកវិជ្ជាធរនិង ទេវតា នាគ គន្ធព្វ អារក្សទឹក កុម្ភណ្ឌ អសុរ គ្រុឌ ក៏មក អាស្រ័យរស់នៅនឹងស្រះនោះ ។ ពួកឥសីទាំងនោះ ជាអ្នកទ្រ ទ្រង់ផ្នួងសក់និងបរិក្ខារ ស្លៀកដណ្តប់នូវសំពត់ ដែលធ្វើដោយ ស្បែកខ្លា អាចត្រាច់ទៅក្នុងអាកាសបាន ក៏មកអាស្រ័យរស់ នៅនឹងស្រះនោះ ។ ពួកឥសីទាំងនុ៎ះ មានការប្រព្រឹត្តដ៏សមគួរ ប្រកបដោយសេចក្តីគោរពដល់គ្នានិងគ្នា ទាំងសំដីទ្រគោះរក គ្នារបស់ពួកឥសីទាំង ២៤ ពាន់រូប ក៏មិនមានក្នុងកាលនោះ ។ ពួកឥសីទាំងអស់នោះ កាលនឹងដាក់ជើងក្នុងពេលឈានជើង មានសំឡេងតិច ៗ សង្រួមដោយល្អ ចូលមកជិតថ្វាយបង្គំខ្ញុំ ដោយត្បូង ។
ខ្ញុំមានឈាន ត្រេកអរក្នុងឈាន ត្រូវពួកសិស្ស ទាំងនោះ ដែលជាអ្នកស្ងប់ មានតបៈចោមរោមហើយ នៅក្នុង អាស្រមនោះ ។ អាស្រមក្រអូបដោយក្លិនរបស់ពួកឥសី និងក្លិនទាំងពីរ គឺ ក្លិនផ្កានិងក្លិនផ្លែឈើ របស់ឈើ ដែលមានផ្លែ ។ ខ្ញុំមិនស្គាល់យប់ថ្ងៃ ខ្ញុំមិនមានសេចក្តីអផ្សុក ខ្ញុំកាលទូន្មាន ពួក សិស្សរបស់ខ្ញុំ តែងមាននូវសេចក្តីរីករាយយ៉ាងក្រៃលែង ។ ក្លិនទាំងឡាយ របស់ផ្កាឈើ ដែលកំពុងផ្កានិងផ្លែ ដែលកំពុងទុំ ក៏មានក្លិនដូចជាទិព្វ រមែងផ្សព្វផ្សាយទៅ ញុំាងអាស្រមរបស់ ខ្ញុំឲ្យរុងរឿង ។
ខ្ញុំជាអ្នកមានព្យាយាមដុតកិលេស មានបញ្ញា ខ្ជាប់ខ្ជួន ចេញអំពីសមាធិហើយ តែងកាន់យកនូវភារៈ គឺអម្រែក ដើរទៅក្នុងព្រៃ ។ ខ្ញុំជាអ្នកសិក្សាល្អហើយ ក្នុងឧត្បាត យល់សប្ននិងលក្ខណៈទាំងឡាយ ចេះចាំនូវបទមន្តដែលគេនិយម ក្នុងកាលនោះ ។ ព្រះសម្ពុទ្ធមានជោគ ព្រះនាមអនោម ទស្សី ជាចំបងក្នុងលោក ជានរាសភៈ ទ្រង់ប្រាថ្នាវិវេកធម៌ បានសេ្តចមកកាន់ហិមវន្តប្រទេស ។
លុះព្រះមុនីដ៏ខ្ពង់ខ្ពស់ ប្រកបដោយករុណាជាបុរសដ៏ឧត្តម សេ្តចចូលមកកាន់ហិមវន្ត ប្រទេសហើយ ទ្រង់គង់ផ្គត់ព្រះភ្នែន (ទៀបអាស្រមរបស់ខ្ញុំ) ។ ខ្ញុំបានឃើញព្រះសម្ពុទ្ធនោះប្រកបដោយពន្លឺ ជាទីត្រេកអរនៃ ចិត្ត រុងរឿងដូចផ្ការាជព្រឹក្ស ឬក៏ដូចគំនរភ្លើងឆេះ នូវគ្រឿង យ័ញ្ញដែលគេដុត ។ លុះខ្ញុំបានឃើញព្រះសម្ពុទ្ធ ជានាយកនៃ លោក ព្រះអង្គរុងរឿង ដូចដើមឈើប្រចាំទ្វីប ឬដូចផ្លេកបន្ទោរ ក្នុងអាកាស ឬក៏ដូចសាលរាជព្រឹក្សមានផ្ការីកដ៏ល្អ ។
ខ្ញុំរំពឹង ថាព្រះមុនីដ៏ប្រសើរនេះ ជាមហាវីរបុរស ទ្រង់ធ្វើនូវទីបំផុតទុក្ខ បុគ្គលអាស្រ័យការឃើញនេះ រមែងរួចចាកទុក្ខទាំងពួង ។ លុះ ខ្ញុំឃើញព្រះសម្ពុទ្ធ ជាទេវតារបស់ទេវតាហើយ ក៏ពិនិត្យមើល លក្ខណៈថា ព្រះពុទ្ធមែនឬហ្ន៎ ឬក៏មិនមែនជាព្រះពុទ្ធទេអេះ បើដូច្នោះ អាត្មាអញនឹងសង្កេតមើល នូវព្រះសម្ពុទ្ធព្រះអង្គមាន ចក្ខុ ។ ចក្រទាំងឡាយមានកាំមួយពាន់ ក៏ប្រាកដ ក្នុងផ្ទៃព្រះបាទាដ៏ប្រសើរ លុះខ្ញុំឃើញលក្ខណៈ របស់ព្រះសម្ពុទ្ធនោះហើយ ក៏ដល់នូវសេចក្តីចូលចិត្ត ចំពោះព្រះតថាគត ។ ក្នុងគ្រានោះ ខ្ញុំចាប់យកអំបោស មកបោសលំនៅ រួចហើយប្រមូលយកផ្កា ៨ ក្តាប់មកបូជា ចំពោះព្រះសម្ពុទ្ធដ៏ប្រសើរ ។
លុះខ្ញុំបូជាចំពោះ ព្រះពុទ្ធអង្គនោះ ជាបុគ្គលឆ្លងឱឃៈ មិនមានអាសវៈហើយ ទើបធ្វើនូវស្បែកខ្លាឆៀងស្មាម្ខាង រួចនមស្ការចំពោះព្រះសម្ពុទ្ធ ជានាយកនៃសត្វលោក ។ ព្រះសម្ពុទ្ធ ព្រះអង្គមិនមានអាសវៈ សម្រេចដោយញាណណា ខ្ញុំនឹងសម្តែងនូវញាណរបស់ព្រះ អង្គនោះ សូមអ្នកទាំងឡាយស្តាប់ខ្ញុំសម្តែងចុះ ។ បពិត្រព្រះ អង្គ ជាព្រះសយម្ភូមានករុណាមិនមានប្រមាណ សូមព្រះអង្គ ស្រង់សត្វលោកនេះឲ្យទាន ដ្បិតពួកសត្វ នឹងឆ្លងនូវខ្សែទឹក គឺ សេចក្តីសង្ស័យបាន ព្រោះអាស្រ័យនូវ ការជួបប្រទះនឹងព្រះអង្គ ។
ព្រះអង្គជាសាស្តាចារ្យផង ទុកដូចជាទង់ផង ដូចជា ទង់ជ័យផង ដូចជាប្រាសាទរបស់ពួកសត្វ ព្រះអង្គជាអ្នកដឹក នាំផង ជាទីពឹងផង ជាពុំនាក់ផង ជាបុគ្គលប្រសើរជាងសត្វ ជើងពីរផង ។ ទឹកក្នុងសមុទ្រគេអាចវាស់ដោយអាឡ្ហកៈបាន សព្វញ្ញុតញ្ញាណរបស់ព្រះអង្គ គេមិនអាចវាស់បានឡើយ ។ គេអាចដាក់ដីក្នុងមណ្ឌលនៃជញ្ជីង ហើយថ្លឹងបាន ឯសព្វញ្ញុតញ្ញាណរបស់ព្រះអង្គ គេមិនអាចនឹងថ្លឹងបានឡើយ ។ គេអាច វាស់អាកាសដោយខ្សែ ឬដោយម្រាមដៃបាន ឯសព្វញ្ញុតញ្ញាណ របស់ព្រះអង្គ គេមិនអាចនឹងវាស់បានឡើយ ។
បុគ្គល គប្បីធ្វើទឹកក្នុងមហាសមុទ្រ និងផែនដីឲ្យស្មើបាន តែមិនគប្បី យកពុទ្ធញ្ញាណ មកប្រកបដោយឧបមាបានឡើយ ។ ចិត្តរបស់សត្វទាំងឡាយណា ប្រព្រឹត្តទៅក្នុងលោក ព្រមទាំងទេវលោក បពិត្រព្រះអង្គមានចក្ខុ សត្វទាំងឡាយនុ៎ះ តាំងនៅខាងក្នុងនៃសំណាញ់ញាណ របស់ព្រះអង្គ ។ ព្រះអង្គបានដល់ នូវពោធិញ្ញាណដ៏ឧត្តម ដោយសព្វគ្រប់ ដោយញាណណា បពិត្រព្រះ សព្វញ្ញូព្រះអង្គរមែងញាំញីតិរិ្ថយដទៃ ដោយញាណនោះ ។ តាបសឈ្មោះសុរុចិនោះ សរសើរដោយគាថានេះហើយ ក៏ក្រាល នូវស្បែកខ្លា ទើបអង្គុយលើផែនដី ។
ភ្នំដែលលិចចុះទៅ ក្នុង មហាសមុទ្រ អស់ប្រមាណ ៨ ហ្មឺន ៤ ពាន់យោជន៍ ខ្ពស់ឡើង ក៏ប៉ុណ្ណោះដែរ គេហៅថាស្តេចភ្នំ ។ កំពស់ក្តី បណ្តោយក្តី ទទឹងក្តី នៃភ្នំសិនេរុនោះ មានប្រមាណមួយសេនកោដិយោជន៍ ដោយចំណែកនៃការរាប់ដ៏ល្អិត ។ ខ្នាច់ដែលគេតាំងទុក ខ្នាច់ នោះក៏ដល់នូវការអស់ទៅ ឯសព្វញ្ញុតញ្ញាណរបស់ព្រះអង្គ គេ មិនអាចរាប់បានឡើយ ។ បុគ្គលណាព័ទ្ធព័ន្ធទឹក ដោយសំណាញ់មានក្រឡាញឹក ពួកសត្វណាមួយក្នុងទឹក គប្បីតាំងនៅ ខាងក្នុងសំណាញ់ យ៉ាងណាមិញ ។ បពិត្រព្រះអង្គជាមហា វីរបុរស ពួកតិរ្ថិយជាច្រើនណាមួយ ស្ទុះទៅកាន់ទីសាំញុំាគឺ ទិដ្ឋិ ដែលវង្វេងហើយ ដោយការប្រកាន់មាំ ក៏យ៉ាងនោះដែរ ។
ពួកសត្វទាំងអស់នុ៎ះ តាំងនៅក្នុងខាងក្នុងសំណាញ់ញាណដ៏ បរិសុទ្ធរបស់ព្រះអង្គ ជាគ្រឿងឃើញ មិនមានអ្វីរារាំងបាន រមែងមិនកន្លងនូវញាណ របស់ព្រះអង្គបានឡើយ ។ គាប់ជួន សម័យនោះ ព្រះមានព្រះភាគជិនសិរី ព្រះនាមអនោមទស្សី ព្រះអង្គមានយសធំ ( ទ្រង់ឈ្នះមារ ) ចេញអំពីសមាធិ ហើយ ទ្រង់ប្រមើលមើលទិស ។ សាវ័កឈ្មោះនិសកៈ របស់ព្រះមុនី ព្រះនាមអនោមទស្សី មានពួកព្រះខីណាស្រពមួយសែនអង្គ ជាអ្នកមានចិត្តស្ងប់រម្ងាប់ មិនញាប់ញ័រដោយលោកធម៌ អ្នក បរិសុទ្ធ មានអភិញ្ញា ៦ មានចិត្តនឹងធឹងចោមរោមហើយ បាន ដឹងព្រះហឫទ័យ របស់ព្រះពុទ្ធ ក៏ចូលមកគាល់ព្រះសម្ពុទ្ធ ជា លោកនាយក ។
ពួកសាវ័កទាំងនោះ ឋិតនៅព្ធដ៏អាកាស ធ្វើ ប្រទក្សិណក្នុងទីនោះ ផ្គងអញ្ជលីនមស្ការ ចុះមកក្នុងសំណាក់ ព្រះពុទ្ធ ។ ព្រះមានព្រះភាគ ព្រះនាមអនោមទស្សី ជាចំបង ក្នុងលោកជានរាសកៈ ព្រះអង្គឈ្នះមារ ទ្រង់គង់ត្រង់កណ្តាល ពួកភិក្ខុ ហើយធ្វើនូវការញញឹមឲ្យប្រាកដ ។ ( លំដាប់នោះ ) ភិក្ខុអ្នកបម្រើ ឈ្មោះវរុណៈ របស់ព្រះសាស្តា ព្រះនាមអនោម ទស្សី ធ្វើនូវចីវរឆៀងស្មាខ្មាង ហើយទូលសួរព្រះសម្ពុទ្ធ ជា នាយកនៃលោកថា បពិត្រព្រះមានព្រះភាគ អ្វីជាហេតុនៃការ ញញឹម របស់ព្រះសាស្តា ព្រោះថា ព្រះពុទ្ធទាំងឡាយ មិនដែល ធ្វើនូវការញញឹមឲ្យប្រាកដ ដោយឥតហេតុទេ ។ ព្រះមានព្រះ ភាគ ព្រះនាមអនោមទស្សី ជាចំបងក្នុងលោក ជានរាសភៈ ទ្រង់គង់ក្នុងកណ្តាលពួកភិក្ខុ បានពោលគាថានេះថា តាបស ណា បូជាតថាគតដោយផ្កាផង សរសើរនូវញាណផង តថាគត នឹងសម្តែងចំពោះតាបសនោះ ហេតុនេះ អ្នកទាំងឡាយ ចូរ ស្តាប់តថាគតសម្តែងចុះ ។
ពួកទេវតាទាំងអស់នោះ ព្រមទាំង មនុស្ស ចង់ស្តាប់ព្រះសទ្ធម្ម ទើបនាំគ្នាចូលមកគាល់ព្រះ សម្ពុទ្ធ ព្រោះដឹងច្បាស់នូវព្រះវាចា របស់ព្រះពុទ្ធ ។ ពួកទេវតា មានឫទ្ធិច្រើន ក្នុងលោកធាតុទាំង ១០ ចង់ស្តាប់ព្រះសទ្ធម្ម ក៏ចូលមកគាល់ព្រះសម្ពុទ្ធ ។ សេនាមានអង្គ ៤ គឺសេនាដំរី ១ សេនាសេះ ១ សេនារថ ១ សេនាថ្មើរជើង ១ នឹងចោមរោម តាបសនេះ អស់កាលជានិច្ច នេះជាផលនៃពុទ្ធបូជា ។ ពួកដូរ្យ ដន្រ្តី ៦០ ពាន់ ស្គរទាំងឡាយដែលតាក់តែងល្អ នឹងបម្រើតាបសនេះ អស់កាលជានិច្ច នេះជាផល នៃពុទ្ធបូជា ។ ពួកស្រ្តី ១៦ ពាន់ ពួកនារីដែលតាក់តែងល្អ មានសំពត់និងគ្រឿងប្រដាប់ដ៏ វិចិត្រ ពាក់កុណ្ឌជាវិការៈនៃកែវមណី ពួកនារីទាំងនោះមាន មុខទូលាយ ស្រស់ស្រាយមានសញ្ញាដ៏ល្អ មានដងខ្លួនពាក់ កណ្តាលដ៏វៀរ នឹងចោមរោមតាបសនេះ អស់កាលជានិច្ច នេះជាផលនៃពុទ្ធបូជា ។
( សុរុចិតាបស ) នឹងរីករាយក្នុងទេវ លោក អស់មួយសែនកប្ប នឹងបានជាសេ្តចចក្រពត្រក្នុងដែនដី អស់មួយពាន់ដង ។ បានជាព្រះឥន្រ្ទសោយរាជ្យ ក្នុងឋានទេវតា អស់មួយពាន់ដង នឹងសោយរាជ្យ ក្នុងប្រទេសដ៏ទូលាយ មិនអាចរាប់បាន ។ តាបសនេះ នឹងទៅកាន់អត្តភាព ជាមនុស្ស ក្នុងកាលដែលដល់នូវបច្ឆិមភព នឹងទៅកើតក្នុងផ្ទៃ នៃនាងញ្រហ្មណីឈ្មោះសារី ។ តាបសនេះ នឹងបានជាអ្នកមានបញ្ញាមុត ថ្លា មាននាមថាសារីបុត្ត តាមនាមនិងគោត្រ របស់មាតា ។ តាបសនេះ ជាអ្នកមិនមានកង្វល់ នឹងលះបង់នូវទ្រព្យ ៨០ កោដិ ហើយចេញបួស ស្វែងរកនូវសន្តិបទ គឺព្រះនិញ្វន នឹងត្រាច់មក កាន់ផែនដីនេះ ។
ព្រះសាស្តា ព្រះនាមគោតម កើតក្នុងត្រកូល ក្សត្រិយ៍ឈ្មោះឱក្កាកៈ ក្នុងកប្បដែលប្រមាណ មិនបានអំពី កប្បនេះ នឹងកើតឡើងក្នុងលោក ។ តាបសនេះ នឹងបានជា ឱរស ជាអ្នកទទួលមត៌ក ក្នុងធម៌ទាំងឡាយ របស់ព្រះសាស្តា អង្គនោះ ជាធម្មនិម្មិត ជាអគ្គសាវ័ក មានឈ្មោះសារីបុត្ត ។ ស្ទឹងឈ្មោះភាគីរសីនេះ ដែលបែកចេញមក អំពីភ្នំហិមពាន្ត រមែងហូរចុះទៅកាន់ មហាសមុទ្រ ញុំាងមហា សមុទ្រឲ្យឆ្អែត យ៉ាងណាមិញ ។ ព្រះសារីបុត្តនេះ ជាបុគ្គលអង់អាចភ្លៀវក្លា ក្នុងការបែកធ្លាយ ៣ យ៉ាង ដល់នូវបញ្ញាបារមី នឹងញុំាងពួក សត្វឲ្យឆ្អែត ក៏យ៉ាងនោះដែរ ។ គំនរខ្សាច់ណាក្នុងចន្លោះនេះ រាប់យកទាំងភ្នំហិមពាន្ត និងមហាសមុទ្រសាគរ គំនរខ្សាច់ នោះ គេមិនគប្បីរាប់បានឡើយ ។
តែបើការរាប់នូវគ្រាប់ខ្សាច់ នោះ បុគ្គលអាចរាប់ដោយមិនសល់បាន យ៉ាងណា ទីបំផុត នៃប្រាជ្ញារបស់ព្រះសារីបុត្ត នឹងមិនមែន យ៉ាងនោះទេ ។ កាល បើគេដាក់ខ្នាច់ គ្រាប់ខ្សាច់ក្នុងស្ទឹងគង្គា គប្បីអស់ទៅឯទីបំផុតនៃប្រាជ្ញារបស់ព្រះសារីបុត្ត នឹងមិនអស់ ដូច្នោះទេ ។ រលក ក្នុងមហាសមុទ្រ ដែលគេមិនគប្បីរាប់បាន ដោយការរាប់ យ៉ាងណា ទីបំផុតនៃប្រាជ្ញារបស់ព្រះសារីបុត្ត ក៏គេនឹងមិនអាច រាប់បាន យ៉ាងនោះ ។ តាបសនេះ នឹងសម្រេច បញ្ញាបារមី បានជាអគ្គសាវ័ក ញុំាងព្រះសម្ពុទ្ធព្រះនាមគោតម ជាឆ្នើមក្នុង ពួកសត្វឲ្យត្រេកអរ នឹងបង្អុរនូវភ្លៀងគឺធម៌ដោយប្រពៃ ប្រព្រឹត្ត តាមធម្មចក្ក ដែលព្រះសម្ពុទ្ធជាសក្យបុត្តព្រះ អង្គជា បុគ្គលនឹងធឹង ឲ្យប្រព្រឹត្តទៅហើយ ។ ព្រះសម្ពុទ្ធព្រះនាមគោតម ជាឆ្នើមក្នុងពួកសក្យៈ ទ្រង់ជ្រាបច្បាស់នូវហេតុ ទាំងនុ៎ះ ទ្រង់គង់ក្នុងកណ្តាលនៃពួកភិក្ខុហើយនឹងតាំង ( ព្រះសារីបុត្ត ) ក្នុងទីជាអគ្គសាវ័ក ។
ឱហ្ន៎ ខ្ញុំបានធ្វើអធិការ ចំពោះព្រះសាស្តា ព្រះនាមអនោម ទស្សីអង្គណា ហើយបានសម្រេចបារមី ក្នុងទីទាំងពួងអំពើ ដែលខ្ញុំធ្វើចំពោះព្រះសាស្តាអង្គនោះ ចំជាត្រូវល្អ ។ កម្មដែល ខ្ញុំធ្វើហើយក្នុងកាលប្រមាណមិនបាន ឲ្យផលហើយក្នុងជាតិ នេះ ខ្ញុំរួចស្រឡះហើយ ដូចជាសន្ទុះនៃសរ ដុតបំផ្លាញហើយនូវ កិលេសទាំងឡាយ ។ ខ្ញុំនុ៎ះកាលស្វែងរកនូវអសង្ខតធម៌គឺព្រះ និញ្វន ជាផ្លូវមិនកម្រើក កាលពិនិត្យមើល នូវពួកតិរ្ថិយទាំង អស់ បានអន្ទោលទៅក្នុងភព ។ បុរសអ្នកមានព្យាធិ ស្វែងរក ឱសថ ជ្រើសរើសនូវទ្រព្យទាំងអស់ ដើម្បីសះស្បើយ ចាក ព្យាធិ យ៉ាងណាមិញ ។ បុគ្គលស្វែងរកផ្លូវ នៃអមតនិញ្វន ជា អសង្ខតធម៌ បួសជាឥសីមិនដែលដាច់ អស់ ៥០០ ជាតិ ក៏ យ៉ាងនោះដែរ ។
ខ្ញុំពេញហើយដោយភារៈគឺផ្នួងសក់ ស្លៀក ដណ្តប់នូវស្បែកខ្លាដ៏ប្រសើរ ដល់នូវអភិញ្ញាបារមី ហើយបាន ទៅកើតក្នុងព្រហ្មលោក ។ ការបរិសុទ្ធក្នុងសាសនាខាងក្រៅ វៀរលែង សាសនានៃព្រះជិនសិរី មិនមានទេ ពួកសត្វណា មួយ ជាអ្នកមានប្រាជ្ញា រមែងបរិសុទ្ធក្នុងសាសនា នៃព្រះជិន សិរី ។ ខ្ញុំមិនទាន់យល់ច្បាស់នៅឡើយថា ដំណើរនុ៎ះ ជាកិច្ច ប្រាថ្នានូវប្រយោជន៍របស់ខ្ញុំ ទើបខ្ញុំស្វែងរកអសង្ខតធម៌ អន្ទោលទៅកាន់លទ្ធិដ៏អាក្រក់ ។ បុរសអ្នកត្រូវការខ្លឹម កាត់ ពុះដើមចេក មិនគប្បីបានខ្លឹម ក្នុងដើមចេកនោះទេ ពិតណាស់ បុរសនោះជាអ្នកទទេចាកខ្លឹម យ៉ាងណាមិញ ។ ពួកជនជា ច្រើននាក់ ជាតិរិ្ថយ មានទិដ្ឋិផ្សេង ៗ គ្នា ក្នុងលោកជាអ្នកទទេ សោះ ចាកអសង្ខតធម៌ ក៏យ៉ាងនោះដែរ ដូចជាបុរសកាត់ដើម ចេក ទទេចាកខ្លឹម ។ ក្នុងកាលដែលដល់នូវភពទីបំផុត ខ្ញុំបាន កើតជាញ្រហ្មណ៍ លះបង់ភោគសម្ប័ទជាច្រើន ហើយចូលទៅ កាន់ផ្នួស ។
ចប់ ភាណវារៈ ទី ១ ។
អានបន្ត
images/articles/3216/_________________________________.jpg
ផ្សាយ : ១៨ មីនា ឆ្នាំ២០២៤ (អាន: ២,១៣៤ ដង)
បញ្ញាក្នុងការចេញ និងការវិលត្រឡប់ ចាកសភាវៈទាំង ២ ឈ្មោះថាមគ្គញាណ តើដូចម្តេច។ ក្នុងខណៈនៃសោតាបត្តិមគ្គ សម្មាទិដ្ឋិ ដោយអត្ថថាឃើញ រមែងចេញចាកមិច្ឆាទិដ្ឋិ រមែងចេញចាកកិលេសដែលប្រព្រឹត្តិតាមនូវមិច្ឆាទិដ្ឋិនោះផង ចាកខន្ធទាំងឡាយផង រមែងចេញចាកនិមិត្តទាំងពួងខាងក្រៅផង ហេតុនោះ លោកពោលថា បញ្ញាក្នុងការចេញ និងការវិលត្រឡប់ ចាកសភាវៈទាំង ២ ឈ្មោះថា មគ្គញាណ សម្មាសង្កប្បៈ ដោយអត្ថថាលើកចិត្តឡើង (កាន់អារម្មណ៍) រមែងចេញចាកមិច្ឆាសង្កប្បៈ ចេញចាកកិលេសដែលប្រព្រឹត្តិតាមនូវមិច្ឆាសង្កប្បៈនោះផង ចាកខន្ធទាំងឡាយផង ចេញចាកនិមិត្តទាំងពួងខាងក្រៅផង ហេតុនោះ លោកពោលថា បញ្ញាក្នុងការចេញ និងការវិលត្រឡប់ ចាកសភាវៈទាំង ២ ឈ្មោះថា មគ្គញាណ សម្មាវាចា ដោយអត្ថថារក្សាទុក រមែងចេញចាកមិច្ឆាវាចា ចេញចាកកិលេសដែលប្រព្រឹត្តិតាមនូវមិច្ឆាវាចានោះផង ចាកខន្ធទាំងឡាយផង រមែងចេញចាកនិមិត្តទាំងពួងខាងក្រៅផង ហេតុនោះ លោកពោលថា បញ្ញាក្នុងការចេញ និងការវិលត្រឡប់ ចាកសភាវៈទាំង ២ ឈ្មោះថាមគ្គញាណ សម្មាកម្មន្តៈ ដោយអត្ថថាតាំងឡើង រមែងចេញចាកមិច្ឆាកម្មន្តៈ ចេញចាកកិលេសដែលប្រព្រឹត្តិតាមនូវមិច្ឆាកម្មន្តៈនោះផង ចាកខន្ធទាំងឡាយផង រមែងចេញចាកនិមិត្តទាំងពួងខាងក្រៅផង ហេតុនោះ លោកពោលថា បញ្ញាក្នុងការចេញ និងការវិលត្រឡប់ ចាកសភាវៈទាំង ២ ឈ្មោះថាមគ្គញាណ សម្មាអាជីវៈ ដោយអត្ថថាផូរផង់ រមែងចេញចាកមិច្ឆាអាជីវៈ ចេញចាកកិលេសដែលប្រព្រឹត្តិតាមនូវមិច្ឆាអាជីវៈនោះផង ចាកខន្ធទាំងឡាយផង រមែងចេញចាកនិមិត្តទាំងពួងខាងក្រៅផង ហេតុនោះ លោកពោលថា បញ្ញាក្នុងការចេញ និងការវិលត្រឡប់ ចាកសភាវៈទាំង ២ ឈ្មោះថាមគ្គញាណ សម្មាវាយាមៈ ដោយអត្ថថាផ្គងឡើង រមែងចេញចាកមិច្ឆាវាយាមៈ ចេញចាកកិលេសដែលប្រព្រឹត្តិតាមនូវមិច្ឆាវាយាមៈនោះផង ចាកខន្ធទាំងឡាយផង រមែងចេញចាកនិមិត្តទាំងពួងខាងក្រៅផង ហេតុនោះ លោកពោលថា បញ្ញាក្នុងការចេញ និងការវិលត្រឡប់ ចាកសភាវៈទាំង ២ ឈ្មោះថាមគ្គញ្ញាណ សម្មាសតិ ដោយអត្ថថាប្រុងប្រយ័ត្ន រមែងចេញចាកមិច្ឆាសតិ ចេញចាកកិលេសដែលប្រព្រឹត្តិតាមនូវមិច្ឆាសតិនោះផង ចាកខន្ធទាំងឡាយផង រមែងចេញចាកនិមិត្តទាំងពួងខាងក្រៅផង ហេតុនោះ លោកពោលថា បញ្ញាក្នុងការចេញ និងការវិលត្រឡប់ ចាកសភាវៈទាំង ២ ឈ្មោះថាមគ្គញ្ញាណ សម្មាសមាធិ ដោយអត្ថថាមិនរាយមាយ រមែងចេញចាកមិច្ឆាសមាធិ ចេញចាកកិលេសដែលប្រព្រឹត្តិតាមនូវមិច្ឆាសមាធិនោះផង ចាកខន្ធទាំងឡាយផង រមែងចេញចាកនិមិត្តទាំងពួងខាងក្រៅផង ហេតុនោះ លោកពោលថា បញ្ញាក្នុងការចេញ និងការវិលត្រឡប់ចាកសភាវៈទាំង ២ ឈ្មោះថាមគ្គញ្ញាណ។
[១៤៤] ក្នុងខណៈនៃសកទាគាមិមគ្គ សម្មាទិដ្ឋិ ដោយអត្ថថាឃើញ។បេ។ សម្មាសមាធិ ដោយអត្ថថាមិនរាយមាយ រមែងចេញចាកកាមរាគសញ្ញោជនៈ និងបដិឃសញ្ញោជនៈដ៏គ្រោតគ្រាត ចាកកាមរាគានុស័យ និងបដិឃានុស័យដ៏គ្រោតគ្រាត ចេញចាកកិលេសដែលប្រព្រឹត្តិតាមសញ្ញោជនៈ និងអនុស័យនោះផង ចាកខន្ធទាំងឡាយផង ចេញចាកនិមិត្តទាំងពួងខាងក្រៅផង ហេតុនោះ លោកពោលថា បញ្ញាក្នុងការចេញ និងការវិលត្រឡប់ ចាកសភាវៈទាំង ២ ឈ្មោះថាមគ្គញាណ។
[១៤៥] ក្នុងខណៈនៃអនាគាមិមគ្គ សម្មាទិដ្ឋិ ដោយអត្ថថាឃើញ។បេ។ សម្មាសមាធិ ដោយអត្ថថាមិនរាយមាយ រមែងចេញចាកកាមរាគសញ្ញោជនៈ និងបដិឃសញ្ញោជនៈដ៏ល្អិត ចាកកាមរាគានុស័យ និងបដិឃានុស័យដ៏ល្អិត ចេញចាកកិលេសដែលប្រព្រឹត្តិតាមសញ្ញោជនៈ និងអនុស័យនោះផង ចាកខន្ធទាំងឡាយផង ចេញចាកនិមិត្តទាំងពួងខាងក្រៅផង ហេតុនោះ លោកពោលថា បញ្ញាក្នុងការចេញ និងការវិលត្រឡប់ ចាកសភាវៈទាំង ២ ឈ្មោះថាមគ្គញាណ។
[១៤៦] ក្នុងខណៈនៃអរហត្តមគ្គ សម្មាទិដ្ឋិ ដោយអត្ថថាឃើញ។បេ។ សម្មាសមាធិ ដោយអត្ថថាមិនរាយមាយ រមែងចេញចាករូបរាគៈ អរូបរាគៈ មានះ ឧទ្ធច្ចៈ អវិជ្ជា មានានុស័យ ភវរាគានុស័យ និងអវិជ្ជានុស័យ ចេញចាកកិលេសដែលប្រព្រឹត្តិតាមនូវអនុសយក្កិលេសនោះផង ចាកខន្ធទាំងឡាយផង ចេញចាកនិមិត្តទាំងពួងខាងក្រៅផង ហេតុនោះ លោកពោលថា បញ្ញាក្នុងការចេញ និងការវិលត្រឡប់ ចាកសភាវៈទាំង ២ ឈ្មោះថាមគ្គញាណ។
[១៤៧] យោគីរមែងដុតបំផ្លាញនូវកិលេសដែលមិនទាន់កើត ដោយអង្គឈានដែលកើតហើយ ហេតុនោះ លោកហៅថា ឈាន យោគីរមែងមិនញាប់ញ័រក្នុងទិដ្ឋិផ្សេងៗ ព្រោះភាពជាបុគ្គលឈ្លាសវៃក្នុងឈាន និងវិមោក្ខ។ បើយោគីតម្កល់ចិត្តហើយពិចារណា រមែងឃើញច្បាស់យ៉ាងណា គប្បីតម្កល់ចិត្តទុកយ៉ាងនោះ វិបស្សនា និងសមថៈជាធម៌មានចំណែកស្មើគ្នា ជាគូជាប់គ្នា រមែងប្រព្រឹត្តិទៅក្នុងកាលណោះ ការឃើញថា សង្ខារទាំងឡាយជាទុក្ខ និរោធជាសុខ បញ្ញាដែលចេញចាកសភាវៈទាំង ២ រមែងពាល់ត្រូវនូវព្រះនិព្វាន ឈ្មោះអមតៈ យោគីអ្នកឈ្លាសវៃក្នុងភាពនៃធម៌ផ្សេងគ្នា និងធម៌ដូចគ្នា រមែងដឹងនូវកិរិយាប្រព្រឹត្តិក្នុងវិមោក្ខ រមែងមិនញាប់ញ័រក្នុងទិដ្ឋិផ្សេងៗ ព្រោះភាពជាបុគ្គលឈ្លាសវៃក្នុងញាណទាំងពីរ។
ដែលឈ្មោះថាញាណ ដោយអត្ថថាដឹងនូវធម៌នោះ ឈ្មោះថាបញ្ញា ដោយអត្ថថាដឹងច្បាស់នូវធម៌នោះ ហេតុនោះ លោកពោលថា បញ្ញាក្នុងការចេញ និងការវិលត្រឡប់ ចាកសភាវៈទាំង ២ ឈ្មោះថាមគ្គញាណ។
ខុទ្ទកនិកាយ បដិសម្ភិទាមគ្គ
(ព្រះត្រៃបិដកលេខ ៦៩)
ដោយ៥០០០ឆ្នាំ
images/articles/3190/rf434feee3333ee.jpg
ផ្សាយ : ១៨ មីនា ឆ្នាំ២០២៤ (អាន: ៣,៧៦៤ ដង)
ភរិយាសូត្រ ទី១០
[៦០] គ្រានោះ ព្រះដ៏មានព្រះភាគ ទ្រង់ស្បង់ ប្រដាប់បាត្រ និងចីវរ ក្នុងបុព្វណ្ហសម័យ ហើយចូលទៅលំនៅរបស់អនាថបិណ្ឌិកគហបតី លុះចូលទៅដល់ហើយ ក៏គង់លើអាសនៈ ដែលគេក្រាលថ្វាយ។ សម័យនោះឯង មនុស្សទាំងឡាយ មានសម្លេងហ៊ោកញ្ជ្រៀវ ក្នុងលំនៅនៃអនាថបិណ្ឌិកគហបតី។ លំដាប់នោះ អនាថបិណ្ឌិកគហបតី ចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ហើយ ក៏ក្រាបថ្វាយបង្គំព្រះដ៏មានព្រះភាគ ហើយអង្គុយក្នុងទីសមគួរ។ លុះអនាថបិណ្ឌិកគហបតី អង្គុយក្នុងទីសមគួរហើយ ព្រះដ៏មានព្រះភាគ ក៏ទ្រង់ត្រាស់ដូច្នេះថា ម្នាលគហបតី មនុស្សទាំងឡាយ មានសំឡេងហ៊ោកញ្ជ្រៀវ ក្នុងលំនៅនៃអ្នក ទំនងដូចជាញ្រនសន្ទូចចាប់ត្រី ដូចម្តេចហ្ន៎។ បពិត្រព្រះអង្គដ៏ចំរើន នាងសុជាតានេះ ជាឃរសុណ្ហា (កូនប្រសាស្រ្តីក្នុងផ្ទះ) ខ្ញុំព្រះអង្គបាននាំមកអំពីត្រកូលស្តុកស្តម្ភ នាងសុជាតានោះ មិនអើពើនឹងឪពុកក្មេក មិនអើពើនឹងម្តាយក្មេក មិនអើពើនឹងស្វាមី ទាំងមិនបានធ្វើសក្ការ មិនបានគោរព មិនបានរាប់អាន មិនបានបូជាព្រះដ៏មានព្រះភាគ។ លំដាប់នោះ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ហៅនាងសុជាតា ជាឃរសុណ្ហាថា ម្នាលនាងសុជាតា ចូរនាងមកនេះ។ នាងសុជាតា ជាឃរសុណ្ហា បានទទួលព្រះពុទ្ធដីកាព្រះដ៏មានព្រះភាគថា ព្រះករុណា ព្រះអង្គ ហើយក៏ចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ហើយ ក៏ក្រាបថ្វាយបង្គំព្រះដ៏មានព្រះភាគ ហើយអង្គុយក្នុងទីសមគួរ។ លុះនាងសុជាតា ជាឃរសុណ្ហា អង្គុយក្នុងទីសមគួរហើយ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ដូច្នេះថា ម្នាលនាងសុជាតា ភរិយារបស់បុរសនេះ មាន ៧ ពួក។ ភរិយា ៧ ពួក តើដូចម្តេចខ្លះ។ គឺ វធសមាភរិយា (ភរិយាស្មើដោយអ្នកសម្លាប់) ១ ចោរសមាភរិយា (ភរិយាស្មើដោយចោរ) ១ អយ្យសមាភរិយា (ភរិយាស្មើដោយម្ចាស់) ១ មាតុសមាភរិយា (ភរិយាស្មើដោយមាតា) ១ ភគិនិសមាភរិយា (ភរិយាស្មើដោយប្អូនស្រី) ១ សខីសមាភរិយា (ភរិយាស្មើដោយសំឡាញ់) ១ ទាសីសមាភរិយា (ភរិយាស្មើដោយខ្ញុំស្រី) ១។ ម្នាលនាងសុជាតា នេះជាភរិយា ៧ ពួក របស់បុរស។ បណ្តាភរិយាទាំង ៧ ពួកនោះ នាងជាភរិយាដូចម្តេច។ បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គមិនបានដឹងនូវអត្ថនៃភាសិតនេះ ដែលព្រះដ៏មានព្រះភាគ ទ្រង់សំដែងដោយសេចក្តីសង្ខេប ឲ្យពិស្តារបានទេ។ បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គ គប្បីដឹងនូវអត្ថនៃភាសិតនេះ ដែលព្រះដ៏មានព្រះភាគ ទ្រង់សំដែងហើយ ដោយសេចក្តីសង្ខេប ឲ្យពិស្តារបាន យ៉ាងណា សូមព្រះដ៏មានព្រះភាគ សំដែងនូវធម៌ឲ្យប្រពៃ ដល់ខ្ញុំព្រះអង្គ យ៉ាងនោះ។ ម្នាលនាងសុជាតា បើដូច្នោះ ចូរនាងចាំស្តាប់ ចូរធ្វើទុកក្នុងចិត្ត ដោយប្រពៃ តថាគតនឹងសំដែង។ នាងសុជាតា ជាឃរសុណ្ហា បានទទួលព្រះពុទ្ធដីកា ព្រះដ៏មានព្រះភាគថា ព្រះករុណា ព្រះអង្គ។ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ដូច្នេះថា
ភរិយាដែលស្វាមីលោះមកដោយទ្រព្យ ស្រ្តីមានចិត្តប្រទូស្ត (នឹងស្វាមី) មានសេចក្តីមិនអនុគ្រោះនូវប្រយោជន៍ ជាអ្នកត្រេកត្រអាលក្នុងបុរសដទៃ មើលងាយប្តី ខ្វល់ខ្វាយដើម្បីសម្លាប់ (ប្តី) ស្រ្តីណាជាភរិយានៃបុរស មានសភាពដូច្នេះ ស្រ្តីនោះហៅថា វធកាភរិយា។ ស្វាមីនៃស្រ្តី បាននូវទ្រព្យណា ហើយដំកល់ទុក ដើម្បីធ្វើនូវសិល្បៈក្តី នូវជំនួញក្តី នូវកសិកម្មក្តី ស្ត្រីនោះ ប្រាថ្នាដើម្បីលួចកិបយកនូវទ្រព្យ សូម្បីបន្តិចបន្តួចអំពីទ្រព្យនោះ ស្ត្រីណា ជាភរិយានៃបុរស មានសភាពដូច្នេះ ស្រ្តីនោះ ហៅថា ចោរីភរិយា។ ស្ត្រីមិនមានសេចក្តីប្រាថ្នា នឹងធ្វើនូវការងារ ជាអ្នកខ្ជិលច្រអូស ស៊ីច្រើន រឹងរូស កាច ពោលនូវពាក្យអាក្រក់ ប្រព្រឹត្តគ្របសង្កត់នូវស្វាមី ដែលមានព្យាយាម ប្រឹងប្រែង ស្ត្រីណា ជាភរិយានៃបុរសមានសភាពដូច្នេះ ស្ត្រីនោះ ហៅថា អយ្យាភរិយា។ ស្ត្រីណា មានសេចក្តីអនុគ្រោះនូវប្រយោជន៍សព្វ ៗកាល ចេះរក្សាប្តី ដូចជាមាតារក្សាកូន ទាំងរក្សានូវទ្រព្យដែលស្វាមីនោះ បានមកអំពីទីនោះ ៗ ស្រ្តីណាជាភរិយានៃបុរស មានសភាពដូច្នេះ ស្រ្តីនោះ ហៅថា មាតាភរិយា។ ស្រ្តីមានសេចក្តីគោរព ក្នុងស្វាមីរបស់ខ្លួន ដូចប្អូនស្រីគោរពបងប្រុស មានសេចក្តីអៀនខ្មាស ប្រព្រឹត្តទៅតាមអំណាចនៃភស្តា ស្រ្តីណា ជាភរិយានៃបុរស មានសភាពដូច្នេះ ស្ត្រីនោះ ហៅថា ភគិនីភរិយា។ ស្ត្រីណា ក្នុងលោកនេះ បានឃើញនូវប្តីហើយ ក៏រីករាយ ដូចជាសំឡាញ់ បានឃើញសំឡាញ់ ដែលមកអស់កាលយូរ ស្រ្តីនោះ បរិបូណ៌ដោយត្រកូល មានសីលធម៌ ជាស្រ្តីមានវត្តប្រតិបត្តិក្នុងប្តី ស្រ្តីណា ជាភរិយានៃបុរស មានសភាពដូច្នេះ ស្រ្តីនោះ ហៅថា សខីភរិយា។ ស្រ្តីដែលស្វាមីជេរ វាយ គំរាមដោយដំបង មិនមានចិត្តប្រទូស្តវិញ ចេះអត់សង្កត់ដល់ប្តី មិនក្រោធ ប្រព្រឹត្តទៅតាមអំណាចនៃភស្តា ស្ត្រីណាជាភរិយានៃបុរស មានសភាពដូច្នេះ ស្ត្រីនោះ ហៅថា ទាសីភរិយា។ ភរិយាណា ក្នុងលោកនេះ ដែលហៅថា វធកាក្តី ហៅថា ចោរីក្តី ហៅថា អយ្យាក្តី ភរិយាទាំងនោះ មានសភាពជាស្ត្រីទ្រុស្តសីល រឹងរូស មិនមានសេចក្តីគោរព លុះបែកធ្លាយរាងកាយស្លាប់ទៅ រមែងទៅកាន់នរក។ ភរិយាណា ក្នុងលោកនេះ ដែលហៅថាមាតាក្តី ភគិនីក្តី សខីក្តី ទាសីក្តី ភរិយាទាំងនោះ ជាស្រ្តីសង្រួមអស់កាលជាយូរអង្វែង ព្រោះតាំងនៅក្នុងសីលធម៌ លុះបែកធ្លាយរាង កាយស្លាប់ទៅ រមែងទៅកាន់សុគតិ។
ម្នាលនាងសុជាតា នេះជាភរិយារបស់បុរស ៧ ពួក បណ្តាភរិយា ទាំង ៧ ពួកនោះ នាងតើជាភរិយាដូចម្តេច។ បពិត្រព្រះអង្គដ៏ចំរើន សូមព្រះដ៏មានព្រះភាគ សំគាល់ទុកនូវខ្ញុំព្រះអង្គ ថាជាភរិយាស្មើដោយទាសីរបស់ស្វាមី ចាប់ដើមអំពីថ្ងៃនេះតទៅ។
ភរិយា ៧ ពួក - បិដកភាគ ៤៧ ទំព័រ ១៦៧ ឃ្នាប ៦០
ដោយ៥០០០ឆ្នាំ
images/articles/3215/_________________________________.jpg
ផ្សាយ : ១៨ មីនា ឆ្នាំ២០២៤ (អាន: ៣,២៣១ ដង)
សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ជិតក្រុងសាវត្ថី។ ក្នុងទីនោះឯង។បេ។ព្រះមានព្រះភាគ ទ្រង់ត្រាស់យ៉ាងនេះថា ម្នាលភិក្ខុទាំងឡាយ រឿងធ្លាប់មានមកថា សង្គ្រាមទេវតា និងអសុរ បានប្រទល់គ្នាហើយ។
ម្នាលភិក្ខុទាំងឡាយ គ្រានោះឯង វេបចិត្តិអសុរិន្ទបាននិយាយនឹងសក្កទេវានមិន្ទយ៉ាងនេះថា នែទេវានមិន្ទ ជ័យជំនះចូរមានដោយសុភាសិតចុះ។ សក្កទេវរាជតបថា ម្នាលវេបចិត្តិ ជ័យជំនះ ចូរ មានដោយសុភាសិតចុះ។
ម្នាលភិក្ខុទាំងឡាយ លំដាប់នោះឯង ពួកទេវតា និងពួកអសុរ បានតាំងពួកបរិស័ទ (ជាសាក្សី) ថាពួកបរិស័ទទាំងនេះ នឹងដឹងច្បាស់ នូវសុភាសិត ឬទុព្ភាសិតរបស់យើង។ ម្នាលភិក្ខុទាំងឡាយ ក្នុងកាលនោះ វេបចិត្តិ អសុរិន្ទ បាននិយាយ នឹងសក្កទេវានមិន្ទ យ៉ាងនេះថា នែទេវានមិន្ទ ចូរអ្នកពោលគាថាចុះ។
ម្នាលភិក្ខុទាំងឡាយ កាលវេបចិត្តិអសុរិន្ទ និយាយយ៉ាងនេះហើយ សក្កទេវានមិន្ទ បាននិយាយ នឹងវេបចិត្តិអសុរិន្ទ យ៉ាងនេះថា នែវេបចិត្តិ ពួកអ្នកជាទេវតា កើតមុនក្នុងឋាននេះ នែវេបចិត្តិ ចូរអ្នកពោលគាថាមុនចុះ។
[៣៥៨] ម្នាលភិក្ខុទាំងឡាយ កាលបើសក្កទេវានមិន្ទ និយាយយ៉ាងនេះហើយ វេបចិត្តិអសុរិន្ទ បានពោលគាថានេះថា បើបុគ្គលមិនឃាត់ហាមជនពាលទេ ពួកជនពាល នឹងរឹងរឹតតែឈ្លានពាន ឡើង ហេតុនោះអ្នកប្រាជ្ញត្រូវឃាត់ហាមជនពាល ដោយអាជ្ញាដ៏ខ្លាំង។ ម្នាលភិក្ខុទាំងឡាយ ពួកអសុរ សប្បាយរីករាយនឹងគាថា ដែលវេបចិត្តិអសុរិន្ទ បាន ពោលហើយ តែពួក ទេវតានៅស្ងៀម។ ម្នាលភិក្ខុទាំងឡាយ លំដាប់នោះឯង វេបចិត្តិអសុរិន្ទ បានពោលនឹងសក្កទេវានមិន្ទ យ៉ាងនេះថា នែទេវានមិន្ទ អ្នកឯង ចូរ ពោលគាថាចុះ។
[៣៥៩] ម្នាលភិក្ខុទាំងឡាយ កាលបើវេបចិត្តិអសុរិន្ទ និយាយយ៉ាងនេះ ហើយ សក្កទេវានមិន្ទ បានពោលគាថានេះថា អ្នកណាមានស្មារតី ដឹងថា អ្នកដទៃក្រោធ ហើយទ្រាំអត់បាន ខ្ញុំសំគាល់ អ្នក នុ៎ះឯង ថាជាអ្នកឃាត់ហាមបុគ្គលពាល។
ម្នាលភិក្ខុទាំងឡាយ ពួកទេវតា សប្បាយរីករាយនឹងគាថា ដែលសក្កទេវានមិន្ទពោលហើយ តែពួកអសុរនៅស្ងៀម។ ម្នាលភិក្ខុទាំងឡាយ គ្រានោះឯង សក្កទេវានមិន្ទបានពោល នឹងវេបចិត្តិអសុរិន្ទ យ៉ាងនេះថា ម្នាលវេបចិត្តិ អ្នកចូរពោលគាថាចុះ។
[៣៦០] ម្នាលភិក្ខុទាំងឡាយ កាលបើសក្កទេវានមិន្ទ និយាយ យ៉ាងនេះហើយ វេបចិត្តិអសុរិន្ទ បានពោលគាថានេះថា នែវាសវៈ ខ្ញុំយល់ឃើញថា សេចក្តីអត់ធន់នុ៎ះឯង ជាទោសវិញទេ ដ្បិត បុគ្គលពាល តែងសំគាល់អ្នកអត់ធន់នោះថា អ្នកនេះអត់ធន់ ព្រោះតែខ្លាចអញ ហេតុនោះបានជាបុគ្គលឥតប្រាជ្ញា រឹងរឹតតែសង្កត់សង្កិនគេ ដូចជាគោព្រួតសង្កត់សង្កិនគោដែលចាញ់បោលទៅ។
ម្នាលភិក្ខុទាំងឡាយ ពួកអសុរសប្បាយរីករាយ នឹងគាថាដែលវេបចិត្តិអសុរិន្ទពោលហើយ តែពួកទេវតានៅស្ងៀម។ ម្នាលភិក្ខុទាំងឡាយ លំដាប់នោះឯង វេបចិត្តិអសុរិន្ទ បានពោលនឹង សក្កទេវានមិន្ទ យ៉ាងនេះថា នែទេវានមិន្ទ អ្នកចូរពោលគាថាចុះ។
[៣៦១] ម្នាលភិក្ខុទាំងឡាយ កាលបើវេបចិត្តិអសុរិន្ទ និយាយយ៉ាងនេះហើយ សក្កទេវានមិន្ទ បានពោលគាថាទាំងឡាយនេះថា បុគ្គលពាលចង់សំគាល់ក្តី មិនសំគាល់ក្តីថា អ្នកនេះអត់ធន់ព្រោះតែខ្លាចអញ ក៏តាមការណ៍ចុះ តែថាប្រយោជន៍ទាំងឡាយ មានប្រយោជន៍ខ្លួនជាសំខាន់ ប្រយោជន៍ អ្វីឲ្យក្រៃលែងជាងខន្តិ មិនមានទេ ជនណាមានកំឡាំង ជាអ្នកស្ងប់ ហើយអត់ឱន ចំពោះ បុគ្គលមានកំឡាំងខ្សោយ បណ្ឌិតទាំងឡាយ សរសើរជននោះ ថាជាអ្នកមានសេចក្តីអត់ទ្រាំដ៏ក្រៃលែង ព្រោះថាបុគ្គលមានកំឡាំងថយ តែងអត់សង្កត់ ជានិច្ច កំឡាំងរបស់ជនណា ជាកំឡាំងពាល បណ្ឌិតទាំងឡាយ ពោលសំដៅ កំឡាំងជននោះថា មិនមែនជាកំឡាំងទេ ជនអ្នកតិះដៀល ចំពោះបុគ្គល អ្នកមានកំឡាំងជាអ្នកមានធម៌គ្រប់គ្រង មិនមានទេ អ្នកណាខឹងតបនឹងបុគ្គល អ្នកខឹង សេចក្តីអាក្រក់ រមែង មានដល់អ្នកនោះឯង ព្រោះសេចក្តី ខឹងតបនោះ ឯបុគ្គល អ្នកមិនខឹងតបនឹងបុគ្គលអ្នកខឹង ឈ្មោះថា ឈ្នះសង្គ្រាម ដែលឈ្នះបានដោយកម្រ បុគ្គល ណាមានស្មារតី ដឹងថាបុគ្គលដទៃ ខឹងហើយទ្រាំអត់បាន (បុគ្គលនោះ) ឈ្មោះថាប្រព្រឹត្តនូវប្រយោជន៍ ដល់ជនទាំងពីរខាង គឺខ្លួនឯង១ អ្នកដទៃ១ កាលជនទាំងពីរខាង គឺខ្លួនឯង និងអ្នកដទៃ កំពុងសះជានឹងគ្នា ពួកជនណាសំគាល់ ថាគេល្ងង់ (ពួកជននោះ) ឈ្មោះថា មិនយល់ធម៌ច្បាស់ទេ។ ម្នាលភិក្ខុទាំងឡាយ កាលបើសក្កទេវានមិន្ទ ពោលគាថាទាំងឡាយហើយ ពួក ទេវតាក៏អនុមោទនា តែពួកអសុរនៅស្ងៀម។
[៣៦២] ម្នាលភិក្ខុទាំងឡាយ លំដាប់នោះឯង ពួកបរិស័ទរបស់ទេវតា និង អសុរ បាននិយាយគ្នា យ៉ាងនេះថា គាថាទាំងឡាយ ដែលវេបចិត្តិអសុរិន្ទ ពោលហើយ គាថាទាំងនោះ សុទ្ធតែប្រកបដោយការធ្លាក់ចុះក្នុងអាជ្ញា ប្រកបដោយ ការធ្លាក់ចុះក្នុងសស្ត្រា ឯសេចក្តី ប្រកួតប្រកាន់ ក៏ព្រោះហេតុនេះ សេចក្តីទាស់ទែង ក៏ព្រោះហេតុនេះ ការឈ្លោះ ក៏ព្រោះហេតុនេះ ចំណែក គាថាទាំងឡាយ ដែលសក្កទេវានមិន្ទ ពោល ហើយនោះឯង ជាគាថាមិនធ្លាក់ក្នុងអាជ្ញា មិនធ្លាក់ ចុះក្នុងសស្ត្រា ឯការមិនប្រកួតប្រកាន់ ក៏ព្រោះហេតុនេះ ការមិនទាស់ទែង ក៏ព្រោះហេតុ នេះ ការមិនឈ្លោះ ក៏ព្រោះហេតុនេះ សក្កទេវានមិន្ទ មានជ័យជំនះ ដោយសុភាសិត។ ម្នាលភិក្ខុទាំងឡាយ សក្កទេវានមិន្ទ មានជ័យជំនះ ដោយសារសុភាសិត ដូច្នេះឯង។
សំយុត្តនិកាយ សគាថវគ្គ ទុតិយភាគ
(ព្រះត្រៃបិដក លេខ ៣០)
ដោយ៥០០០ឆ្នាំ
images/articles/3185/435efedfseee.jpg
ផ្សាយ : ១៤ មីនា ឆ្នាំ២០២៤ (អាន: ២,៦៦៥ ដង)
[២៦៦] ម្នាលភិក្ខុទាំងឡាយ ធម៌ទាំងឡាយ ២ ប្រការនេះ តែងប្រព្រឹត្តទៅ ដើម្បីសេចក្តីភ្លាំងភ្លាត់ ដើម្បីសេចក្តីសាបសូន្យ នៃព្រះសទ្ធម្ម។ ធម៌ ២ ប្រការ តើដូចម្តេច។ គឺបទ និងព្យពា្ជនៈ ដែលអាចារ្យដំកល់ទុកខុសមួយ សេចក្តីដែលអាចារ្យនាំមកខុស ១។
ម្នាលភិក្ខុទាំងឡាយ បើបទ និងព្យពា្ជនៈ ដែលអាចារ្យដំកល់ទុកខុសហើយ រូបសេចកី្ត ដែលអាចារ្យនាំមក ក៏ខុសដែរ។ ម្នាលភិក្ខុទាំងឡាយ ធម៌ទាំង ២ ប្រការនេះ តែងប្រព្រឹត្តទៅ ដើម្បីសេចក្តីភ្លាំងភ្លាត់ ដើម្បីសេចក្តីសាបសូន្យ នៃព្រះសទ្ធម្ម។
ម្នាលភិក្ខុទាំងឡាយ ធម៌ទាំង ២ ប្រការនេះ តែងប្រព្រឹត្តទៅ ដើម្បីឋិតថេរ មិនភ្លាំងភ្លាត់ មិនសាបសូន្យ នៃព្រះសទ្ធម្ម។ ធម៌ ២ ប្រការ តើដូចម្តេច។ គឺបទ និងព្យពា្ជនៈ ដែលអាចារ្យដំកល់ទុកត្រូវ ១ សេចក្ដីដែលអាចារ្យនាំមកត្រូវ ១ ម្នាលភិក្ខុទាំងឡាយ បើបទ និងព្យពា្ជនៈ ដែលអាចារ្យដំកល់ទុកត្រូវហើយ សូម្បីរូបសេចកី្ត ដែលអាចារ្យនាំមក ក៏ត្រូវដែរ។
ម្នាលភិក្ខុទាំងឡាយ ធម៌ទាំង ២ ប្រការនេះ តែងប្រព្រឹត្តទៅ ដើម្បីឋិតថេរ មិនភ្លាំងភ្លាត់ មិនសាបសូន្យ នៃព្រះសទ្ធម្មឡើយ។ ចប់ អធិករណវគ្គ ទី២។
ធម៌ ២ ប្រការនេះ ប្រព្រឹត្តទៅដើម្បីសេចក្តីភ្លាំងភ្លាត់នៃព្រះសទ្ធម្ម - បិដកភាគ_ ៤០ ទំព័រ ១៣០ ឃ្នាប ២៦៦
ដោយ៥០០០ឆ្នាំ
images/articles/3186/rteyu7565weewww.jpg
ផ្សាយ : ១៤ មីនា ឆ្នាំ២០២៤ (អាន: ២,៨៨៨ ដង)
ទុតិយវគ្គ
[១៨១] ម្នាលភិក្ខុទាំងឡាយ តថាគតរំពឹងមើលមិនឃើញធម៌ដទៃ សូម្បីតែធម៌មួយ ដែល ជាហេតុនាំឲ្យពួកអកុសលធម៌ ដែលមិនទាន់កើត ឲ្យកើតឡើង ឬពួកអកុសលធម៌ ដែលកើតឡើងហើយ ឲ្យប្រព្រឹត្តទៅ យ៉ាងធំទូលាយក្រៃលែង ដូចមិច្ឆាទិដ្ឋិនេះឡើយ ភិក្ខុទាំងឡាយ។ ម្នាលភិក្ខុទាំងឡាយ ពួកអកុសលធម៌ ដែលមិនទាន់កើតឡើង រមែងកើតឡើង ឬពួកអកុសលធម៌ ដែលកើតឡើងហើយ ក៏រមែងប្រព្រឹត្តទៅ យ៉ាងធំទូលាយក្រៃលែង ដល់បុគ្គលជាមិច្ឆាទិដ្ឋិ។
[១៨២] ម្នាលភិក្ខុទាំងឡាយ តថាគតរំពឹងមើលមិនឃើញធម៌ដទៃ សូម្បីតែធម៌មួយ ដែលជាហេតុនាំពួកកុសលធម៌ ដែលមិនទាន់កើត ឲ្យកើតឡើង ឬពួកកុសលធម៌ ដែល កើតឡើងហើយ ឲ្យប្រព្រឹត្តទៅ យ៉ាងធំទូលាយក្រៃលែង ដូចសម្មាទិដ្ឋិនេះឡើយ ភិក្ខុទាំង ឡាយ។ ម្នាលភិក្ខុទាំងឡាយ ពួកកុសលធម៌ ដែលមិនទាន់កើត រមែងកើតឡើង ពួកកុសលធម៌ ដែលកើតឡើងហើយ ក៏ប្រព្រឹត្តទៅ យ៉ាងធំទូលាយក្រៃលែង ដល់បុគ្គលជាសម្មាទិដ្ឋិ។
[១៨៣] ម្នាលភិក្ខុទាំងឡាយ តថាគតរំពឹងមើលមិនឃើញធម៌ដទៃ សូម្បីតែធម៌មួយ ដែលជាហេតុនាំពួកកុសលធម៌ ដែលមិនទាន់កើត មិនឲ្យកើតឡើង ឬពួកកុសលធម៌ ដែលកើតឡើងហើយ ឲ្យសាបសូន្យទៅវិញ ដូចមិច្ឆាទិដ្ឋិនេះឡើយ ភិក្ខុទាំងឡាយ។ ម្នាលភិក្ខុ ទាំងឡាយ ពួកកុសលធម៌ ដែលមិនទាន់កើតឡើង រមែងមិនកើតឡើង ពួកកុសលធម៌ ដែល កើតឡើងហើយ រមែងសាបសូន្យទៅវិញ ដល់បុគ្គលជាមិច្ឆាទិដ្ឋិ។
[១៨៤] ម្នាលភិក្ខុទាំងឡាយ តថាគតរំពឹងមើលមិនឃើញធម៌ដទៃ សូម្បីតែធម៌មួយ ដែលជាហេតុនាំឲ្យពួកអកុសលធម៌ ដែលមិនទាន់កើតឡើង មិនឲ្យកើតឡើង ឬពួកអកុសល ធម៌ ដែលកើតឡើងហើយ ឲ្យសាបសូន្យទៅ ដូចសម្មាទិដ្ឋិនេះឡើយ ភិក្ខុទាំងឡាយ។ ម្នាលភិក្ខុទាំងឡាយ ពួកអកុសលធម៌ ដែលមិនទាន់កើតឡើង រមែងមិនកើតឡើង ពួកអកុសលធម៌ ដែលកើតឡើងហើយ រមែងសាបសូន្យទៅ ដល់បុគ្គលជាសម្មាទិដ្ឋិ។
[១៨៥] ម្នាលភិក្ខុទាំងឡាយ តថាគតរំពឹងមើលមិនឃើញធម៌ដទៃ សូម្បីតែធម៌មួយ ដែលជាហេតុនាំឲ្យមិច្ឆាទិដ្ឋិ ដែលមិនទាន់កើត ឲ្យកើតឡើង ឬមិច្ឆាទិដ្ឋិ ដែលកើតឡើងហើយ ឲ្យរឹងរឹតតែចំរើនឡើង ដូចគំនិតដែលត្រិះរិះមិនត្រូវផ្លូវនេះឡើយ ភិក្ខុទាំងឡាយ។ ម្នាលភិក្ខុទាំងឡាយ មិច្ឆាទិដ្ឋិ ដែលមិនទាន់កើត ក៏កើតឡើង មិច្ឆាទិដ្ឋិ ដែលកើតឡើងហើយ ក៏រមែងរឹងរឹតតែចំរើនឡើង ដល់បុគ្គលមានគំនិតត្រិះរិះមិនត្រូវផ្លូវ។
[១៨៦] ម្នាលភិក្ខុទាំងឡាយ តថាគតរំពឹងមើលមិនឃើញធម៌ដទៃ សូម្បីតែធម៌មួយ ដែល ជាហេតុនាំសម្មាទិដ្ឋិ ដែលមិនទាន់កើត ឲ្យកើតឡើង ឬសម្មាទិដ្ឋិ ដែលកើតឡើងហើយ ឲ្យ រឹងរឹតតែចំរើនឡើង ដូចគំនិតដែលត្រិះរិះត្រូវផ្លូវនេះឡើយ ភិក្ខុទាំងឡាយ។ ម្នាលភិក្ខុទាំង ឡាយ សម្មាទិដ្ឋិ ដែលមិនទាន់កើត ក៏កើតឡើង សម្មាទិដ្ឋិ ដែលកើតឡើងហើយ ក៏រមែងរឹង រឹតតែចំរើនឡើង ដល់បុគ្គលមានគំនិតត្រិះរិះត្រូវផ្លូវ។
[១៨៧] ម្នាលភិក្ខុទាំងឡាយ តថាគតរំពឹងមើលមិនឃើញធម៌ដទៃ សូម្បីតែធម៌មួយ ដែលជាហេតុនាំពួកសត្វ ដែលបែកធ្លាយរាងកាយស្លាប់ទៅ ឲ្យទៅកើតជាតិរច្ឆាន ប្រេត វិស័យ អសុរកាយ នរក ដូចយ៉ាងមិច្ឆាទិដ្ឋិនេះឡើយ ភិក្ខុទាំងឡាយ។ ម្នាលភិក្ខុទាំងឡាយ ពួកសត្វ ដែលប្រកបដោយមិច្ឆាទិដ្ឋិ លុះបែកធ្លាយរាងកាយស្លាប់ទៅ រមែងទៅកើតជាតិរច្ឆាន ប្រេត វិស័យ អសុរកាយ នរក។
[១៨៨] ម្នាលភិក្ខុទាំងឡាយ តថាគតរំពឹងមើលមិនឃើញធម៌ដទៃ សូម្បីតែធម៌មួយ ដែល ជាហេតុនាំពួកសត្វ ដែលបែកធ្លាយរាងកាយស្លាប់ទៅ ឲ្យទៅកើតក្នុងសុគតិសួគ៌ ទេវលោក ដូចយ៉ាងសម្មាទិដ្ឋិនេះឡើយ ភិក្ខុទាំងឡាយ។ ម្នាលភិក្ខុទាំងឡាយ ពួកសត្វ ដែលប្រកបដោយសម្មាទិដ្ឋិ លុះបែកធ្លាយរាងកាយស្លាប់ទៅ រមែងកើតក្នុងសុគតិសួគ៌ ទេវលោក។
[១៨៩] ម្នាលភិក្ខុទាំងឡាយ កាយកម្មណាក្តី ដែលបុរសបុគ្គលជាមិច្ឆាទិដ្ឋិ បានបំពេញ បានសមាទាន កាន់តាមទិដ្ឋិហើយ វចីកម្មណាក្តី ដែលបុរសបុគ្គលជាមិច្ឆាទិដ្ឋិ បានបំពេញ បានសមាទាន កាន់តាមទិដ្ឋិហើយ មនោកម្មណាក្តី ដែលបុរសបុគ្គលជាមិច្ឆាទិដ្ឋិ បានបំពេញ បានសមាទាន កាន់តាមទិដ្ឋិហើយ ចេតនាណាក្តី សេចក្តីប្រាថ្នាណាក្តី សេចក្តីប្រណិធានណាក្តី សង្ខារទាំងឡាយណាក្តី ធម៌ទាំងអស់នោះ សុទ្ធតែប្រព្រឹត្តទៅ ដើម្បីមិនជាទីប្រាថ្នា មិនជាទីត្រេកអរ មិនជាទីគាប់ចិត្ត មិនជាប្រយោជន៍ ជាទុក្ខ។ ដំណើរនោះ ព្រោះហេតុអ្វី។ ម្នាលភិក្ខុទាំងឡាយ ព្រោះទិដ្ឋិជាធម្មជាតិដ៏លាមក។ ម្នាលភិក្ខុទាំងឡាយ ដូចជាពូជស្តៅក្តី ពូជននោងព្រៃក្តី ពូជត្រសក់ក្អែកក្តី ដែលបុគ្គលដាំក្នុងដីសើម តែងស្រូបយករសដីណាក្តី ស្រូបយករសទឹកណាក្តី រសជាតិទាំងអស់នោះ តែងប្រព្រឹត្តទៅ ដើម្បីល្វីង ហាងមិនឆ្ងាញ់។ ដំណើរនោះ ព្រោះហេតុអ្វី។ ម្នាលភិក្ខុទាំងឡាយ ព្រោះពូជជារបស់មិនល្អ យ៉ាងណាមិញ។ ម្នាលភិក្ខុទាំងឡាយ កាយកម្មណាក្តី ដែលបុរសបុគ្គលជាមិច្ឆាទិដ្ឋិ បានបំពេញ បានសមាទានកាន់តាមទិដ្ឋិហើយ វចីកម្មណាក្តី ដែលបុរសបុគ្គលជាមិច្ឆាទិដ្ឋិ បានបំពេញ បានសមាទាន កាន់តាមទិដ្ឋិហើយ មនោកម្មណាក្តី ដែលបុរសបុគ្គល ជាមិច្ឆាទិដ្ឋិ បានបំពេញ បានសមាទាន កាន់តាមទិដ្ឋិហើយ ចេតនាណាក្តី សេចក្តីប្រាថ្នាណាក្តី សេចក្តីប្រណិធានណាក្តី សង្ខារទាំងឡាយណាក្តី ធម៌ទាំងអស់នោះ តែងប្រព្រឹត្តទៅ ដើម្បីមិនជាទីប្រាថ្នា មិនជាទីត្រេកអរ មិនជាទី គាប់ចិត្ត មិនជាប្រយោជន៍។ ដំណើរនោះ ព្រោះហេតុអ្វី។ ម្នាលភិក្ខុទាំងឡាយ ព្រោះទិដ្ឋិ ជា ធម្មជាតិអាក្រក់ ក៏យ៉ាងនោះឯង។
[១៩០] ម្នាលភិក្ខុទាំងឡាយ កាយកម្មណាក្តី ដែលបុរសបុគ្គលជាសម្មាទិដ្ឋិ បានបំពេញ បានសមាទាន កាន់តាមទិដ្ឋិហើយ វចីកម្មណាក្តី ដែលបុគ្គល ជាសម្មាទិដ្ឋិ បានបំពេញ បានសមាទាន កាន់តាមទិដ្ឋិហើយ មនោកម្មណាក្តី ដែលបុរសបុគ្គល ជាសម្មាទិដ្ឋិ បានបំពេញ បានសមាទាន កាន់តាមទិដ្ឋិហើយ ចេតនាណាក្តី សេចក្តីប្រាថ្នាណាក្តី សេចក្តីប្រណិធាន ណាក្តី សង្ខារទាំងឡាយណាក្តី ធម៌ទាំងអស់នោះ តែងប្រព្រឹត្តទៅ ដើម្បីជាទីប្រាថ្នា ជាទី ត្រេកអរ ជាទីគាប់ចិត្ត ជាប្រយោជន៍ ជាសុខ។ ដំណើរនោះ ព្រោះហេតុអ្វី។ ម្នាលភិក្ខុទាំង ឡាយ ព្រោះទិដ្ឋិជាធម្មជាតិចំរើន។ ម្នាលភិក្ខុទាំងឡាយ ដូចពូជអំពៅក្ដី ពូជស្រូវសាលីក្តី ពូជចន្ទន៍ក្តី ដែលបុគ្គលដាំក្នុងដីសើម តែងស្រូបយករសដីណាក្តី ស្រូបយករសទឹកណាក្តី រសជាតិទាំងអស់នោះ តែងប្រព្រឹត្តទៅ ដើម្បីរសផ្អែម មិនច្រឡំដោយរសឯទៀត។ ដំណើរ នោះ ព្រោះហេតុអ្វី។ ម្នាលភិក្ខុទាំងឡាយ ព្រោះពូជជារបស់ចំរើន យ៉ាងណាមិញ។ ម្នាលភិក្ខុទាំងឡាយ កាយកម្មណាក្តី ដែលបុរសបុគ្គល ជាសម្មាទិដ្ឋិ បានបំពេញ បានសមាទាន កាន់តាមទិដ្ឋិហើយ វចីកម្មណាក្តី ដែលបុរសបុគ្គល ជាសម្មាទិដ្ឋិ បានបំពេញ បានសមាទាន កាន់តាមទិដ្ឋិហើយ មនោកម្មណាក្តី ដែលបុរសបុគ្គល ជាសម្មាទិដ្ឋិ បានបំពេញ បានសមាទាន កាន់តាមទិដ្ឋិហើយ ចេតនាណាក្តី សេចក្តីប្រាថ្នាណាក្តី សេចក្តីប្រណិធានណាក្តី សង្ខារទាំងឡាយណាក្តី ធម៌ទាំងអស់នោះ តែងប្រព្រឹត្តទៅ ដើម្បីជាទីប្រាថ្នា ជាទីត្រេកអរ ជាទីគាប់ចិត្ត ជាប្រយោជន៍ ជាសុខ។ ដំណើរនោះ ព្រោះហេតុអ្វី។ ម្នាលភិក្ខុទាំងឡាយ ព្រោះទិដ្ឋិ ជាធម្មជាតិចំរើន ក៏យ៉ាងនោះដែរ។
ចប់ វគ្គ ទី២។
ទុតិយវគ្គ ឬ ធម៌ដែលនាំឲ្យពួកអកុសលចម្រើនឡើង - បិដកភាគ ៤០ ទំព័រ ៦៩ ឃ្នាប ១៨១
ដោយ៥០០០ឆ្នាំ
images/articles/3187/ewfew32we2___.jpg
ផ្សាយ : ១៤ មីនា ឆ្នាំ២០២៤ (អាន: ២,១២២ ដង)
[២៧៥] ម្នាលភិក្ខុទាំងឡាយ ធម៌ទាំងឡាយពីរប្រការនេះ ជាចំណែកនៃវិជ្ជា។ ធម៌ពីរ ប្រការ តើដូចម្តេច។ គឺ សមថៈ ១ វិបស្សនា ១។ ម្នាលភិក្ខុទាំងឡាយ សមថៈ ដែលបុគ្គលចំរើនហើយ នឹងសម្រេចប្រយោជន៍អ្វី។ នឹងញ៉ាំងចិត្តឲ្យចំរើន។ ចិត្តដែលចំរើនហើយ នឹងសម្រេចប្រយោជន៍អ្វី។ នឹងលះបង់ នូវរាគៈចេញបាន។ ម្នាលភិក្ខុទាំងឡាយ វិបស្សនា ដែលបុគ្គលចំរើនហើយ នឹងសម្រេចប្រយោជន៍អ្វី។ នឹងញុំាងបញ្ញាឲ្យចំរើន។ បញ្ញាដែល ចំរើនហើយ នឹងសម្រេចប្រយោជន៍អ្វី។ នឹងលះនូវអវិជ្ជាចេញបាន។
[២៧៦] ម្នាលភិក្ខុទាំងឡាយ ចិត្តដែលសៅហ្មងដោយរាគៈហើយ រមែងមិនរួចផុតស្រឡះ ឬបញ្ញាដែលសៅហ្មង ដោយអវិជ្ជាហើយ រមែងមិនចំរើនឡើយ។ ម្នាលភិក្ខុទាំងឡាយ ចេតោវិមុតិ្តកើត ព្រោះប្រាសចាករាគៈ បញ្ញាវិមុតិ្តកើត ព្រោះប្រាសចាកអវិជ្ជា ដោយប្រការ ដូច្នេះ។
ចប់ ពាលវគ្គ ទី៣។
ពាលវគ្គ ទី ៣ ឬ ធម៌ ២ ប្រការនេះ ជាចំណែកនៃវិជ្ជា - បិដកភាគ ៤០ ទំព័រ ១៣៥ ឃ្នាប ២៧៥
ដោយ៥០០០ឆ្នាំ
images/articles/3192/45wrrtuu755666.jpg
ផ្សាយ : ១៤ មីនា ឆ្នាំ២០២៤ (អាន: ៤,៥៣៥ ដង)
ចុន្ទីសូត្រ ទី២
[៣២] សម័យមួយ ព្រះដ៏មានព្រះភាគ គង់នៅវត្តវេឡុវន ជាកលន្ទកនិវាបដ្ឋាន ទៀបក្រុងរាជគ្រិះ។ គ្រានោះ នាងចុន្ទីរាជកុមារី មានរថ ៥០០ និងកុមារី ៥០០ ហែហម ចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ ថ្វាយបង្គំព្រះដ៏មានព្រះភាគ ហើយប្រថាប់ក្នុងទីសមគួរ។ លុះនាងចុន្ទីរាជកុមារី ប្រថាប់ក្នុងទីសមគួរហើយ បានក្រាបទូលព្រះដ៏មានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន រាជកុមារឈ្មោះចុន្ទៈ ជាបងខ្ញុំព្រះអង្គនោះ និយាយយ៉ាងនេះថា តាមតែបុគ្គលណាក៏ដោយ ទោះស្រ្តីក្តី បុរសក្តី ដល់នូវព្រះពុទ្ធជាទីពឹង ដល់នូវព្រះធម៌ជាទីពឹង ដល់នូវព្រះសង្ឃជាទីពឹងហើយ វៀរចាកបាណាតិបាត វៀរចាកអទិន្នាទាន វៀរចាកកាមេសុមិច្ឆាចារ វៀរចាកមុសាវាទ វៀរចាកសុរាមេរយ មជ្ជប្បមាទដ្ឋាន បុគ្គលនោះ លុះបែកធ្លាយរាងកាយស្លាប់ទៅ ទៅកើតក្នុងសុគតិ មិនទៅកើតក្នុងទុគ្គតិទេ។
បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គ សូមសួរព្រះដ៏មានព្រះភាគថា បុគ្គលជ្រះថ្លា ក្នុងព្រះសាស្តា មានសភាពដូចម្តេច លុះបែកធ្លាយរាងកាយស្លាប់ទៅ បានទៅកើតក្នុងសុគតិ មិនទៅកើតក្នុងទុគ្គតិ ជ្រះថ្លាក្នុងព្រះធម៌ មានសភាពដូចម្តេច លុះបែកធ្លាយរាងកាយស្លាប់ទៅ បានទៅកើតក្នុងសុគតិ មិនទៅកើតក្នុងទុគ្គតិ ជ្រះថ្លាក្នុងព្រះសង្ឃ មានសភាពដូចម្តេច លុះបែកធ្លាយរាងកាយស្លាប់ទៅ បានទៅកើតក្នុងសុគតិ មិនទៅកើតក្នុងទុគ្គតិ បំពេញក្នុងសីល មានសភាពដូចម្តេច លុះបែកធ្លាយរាងកាយស្លាប់ទៅ បានទៅកើតក្នុងសុគតិ មិនទៅកើតក្នុងទុគ្គតិទេ។
ម្នាលនាងចុន្ទី រាប់តាំងពីពួកសត្វឥតជើងក្តី មានជើង២ក្តី ជើង៤ក្តី ជើងច្រើនក្តី មានរូបក្តី ឥតរូបក្តី មានសញ្ញាក្តី ឥតសញ្ញាក្តី មិនមែនជាមិនមានសញ្ញាក្តី ព្រះតថាគត ជាអរហន្ត សម្មាសម្ពុទ្ធ ប្រាកដជាប្រសើរជាងពួកសត្វទាំងនោះ។ ម្នាលនាងចុន្ទី ពួកបុគ្គលណា ជ្រះថ្លាក្នុងព្រះពុទ្ធ ពួកបុគ្គលនោះ ឈ្មោះថា ជ្រះថ្លា ក្នុងបុគ្គលដ៏ប្រសើរ ផលដ៏ប្រសើរ រមែងមានដល់ពួកបុគ្គលអ្នកជ្រះថ្លា ក្នុងបុគ្គលដ៏ប្រសើរ។ ម្នាលនាងចុន្ទី ពួកសង្ខតធម៌ក្តី អសង្ខតធម៌ក្តី ទាំងប៉ុន្មាន វិរាគធម៌ គឺធម៌ញ៉ាំងសេចក្តីស្រវឹង ឲ្យទ្រុឌទ្រោម នាំបង់នូវសេចក្តីស្រេកឃ្លាន គាស់រំលើងនូវសេចក្តីអាល័យ ផ្តាច់បង់នូវវដ្ដៈ អស់តណ្ហា ប្រាសចាកតម្រេក រលត់ទុក្ខ មិនមានគ្រឿងចាក់ដោត ប្រាកដជាប្រសើរជាងពួកធម៌ទាំងនោះ។
ម្នាលនាងចុន្ទី ពួកបុគ្គលណាជ្រះថ្លា ក្នុងវិរាគធម៌ ពួកបុគ្គលនោះ ឈ្មោះថាជ្រះថ្លាក្នុងធម៌ដ៏ប្រសើរ ផលដ៏ប្រសើរ រមែងមានដល់ពួកបុគ្គលអ្នកជ្រះថ្លា ក្នុងធម៌ដ៏ប្រសើរ។ ម្នាលនាងចុន្ទី សង្ឃក្តី គណៈក្តី ទាំងប៉ុន្មាន សង្ឃសាវករបស់តថាគត បើរាប់ជាគូនៃបុរស មាន៤គូ បើរាប់រៀងជាបុរសបុគ្គល មាន៨ សង្ឃទាំងនុ៎ះ ជាសង្ឃសាវក នៃព្រះដ៏មានព្រះភាគ ជាអ្នកគួរទទួលចតុប្បច្ច័យ ដែលគួរឧទ្ទិសចំពោះ ហើយនាំមកបូជា គួរទទួលអាគន្តុកទាន គួរទទួលនូវទាន ដែលបុគ្គលជឿនូវកម្ម និងផលនៃកម្ម ហើយបូជា គួរដល់អញ្ជលិកម្ម ដែលសត្វលោកគប្បីធ្វើ ជាបុញ្ញក្ខេត្តដ៏ប្រសើរ របស់សត្វលោក ប្រាកដជាប្រសើរជាងសង្ឃ ឬគណៈទាំងនោះ ម្នាលនាងចុន្ទី ពួកបុគ្គលណាជ្រះថ្លា ក្នុងព្រះសង្ឃ ពួកបុគ្គលនោះ ឈ្មោះថាជ្រះថ្លា ក្នុងព្រះសង្ឃដ៏ប្រសើរ ផលដ៏ប្រសើរ រមែងមានដល់ពួកបុគ្គលអ្នកជ្រះថ្លា ក្នុងព្រះសង្ឃដ៏ប្រសើរ។
ម្នាលនាងចុន្ទី សីលដែលព្រះអរិយៈសរសើរ ទាំងអម្បាលម៉ាន ជាសីលមិនដាច់ មិនធ្លុះ មិនពពាល មិនពព្រុស ជាសីលអ្នកជា ដែលវិញ្ញូជនសរសើរហើយ មិនប៉ះពាល់ ដោយតណ្ហា និងទិដ្ឋិ ប្រព្រឹត្តទៅ ដើម្បីសមាធិ នេះប្រាកដជាប្រសើរជាងសីលទាំងនោះ។ ម្នាលនាងចុន្ទី ពួកបុគ្គលណា ជាអ្នកបំពេញក្នុងពួកសីល ដែលព្រះអរិយៈសរសើរហើយ ពួកបុគ្គលទាំងនោះ ឈ្មោះថា បានបំពេញ ក្នុងសីលដ៏ប្រសើរ ផលដ៏ប្រសើរ រមែងមានដល់ពួកបុគ្គលអ្នកបំពេញ ក្នុងសីលដ៏ប្រសើរ។
បុណ្យ គឺអាយុដ៏ប្រសើរផង យសស័ក្តិដ៏ប្រសើរផង កេរ្តិ៍ឈ្មោះដ៏ប្រសើរផង សុខដ៏ប្រសើរផង កម្លាំងដ៏ប្រសើរផង រមែងចំរើនដល់ពួកបុគ្គលអ្នកជ្រះថ្លានឹងវត្ថុដ៏ប្រសើរ ដឹងច្បាស់នូវធម៌ដ៏ប្រសើរ ជ្រះថ្លាក្នុងព្រះពុទ្ធដ៏ប្រសើរ ជាទក្ខិណេយ្យបុគ្គល រកបុគ្គលដទៃក្រៃលែងជាងគ្មាន ជ្រះថ្លា ក្នុងព្រះធម៌ដ៏ប្រសើរ ជាធម៌ប្រាសចាករាគៈ ជាធម៌ស្ងប់រម្ងាប់ នាំមកនូវសុខ ជ្រះថ្លា ក្នុងព្រះសង្ឃដ៏ប្រសើរ ជាបុញ្ញក្ខេត្ត រកខេត្តដទៃក្រៃលែងជាងគ្មាន ជាអ្នកឲ្យនូវទាន ចំពោះបុគ្គលដ៏ប្រសើរ បុគ្គលអ្នកមានប្រាជ្ញា មានចិត្តដំកល់ ក្នុងធម៌ដ៏ប្រសើរ ជាអ្នកឲ្យនូវទាន ចំពោះបុគ្គលដ៏ប្រសើរ តែងបានទៅកើតជាទេវតា ឬមនុស្ស ដល់នូវសេចក្តីប្រសើរ រមែងរីករាយ។
បុគ្គលជ្រះថ្លានូវព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃដូចម្ដេច ទើបមិនទៅកាន់ទុគ្គតិ - បិដកភាគ ៤៤ ទំព័រ ៦៧ ឃ្នាប ៣២
ដោយ៥០០០ឆ្នាំ
images/articles/3201/_______________________________________________________________.jpg
ផ្សាយ : ០៥ មីនា ឆ្នាំ២០២៤ (អាន: ២,៩៩៨ ដង)
សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងវត្តព្រះជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ជិតក្រុងសាវត្ថី។ គ្រានោះឯង ព្រះមានព្រះភាគ ទ្រង់ស្បង់ ប្រដាប់បាត្រ ចីវរក្នុងបុព្វណ្ហសម័យ ហើយទ្រង់ពុទ្ធដំណើរចូលទៅ កាន់ក្រុងសាវត្ថី ដើម្បីបិណ្ឌបាត។ ចំណែកខាងព្រះរាហុលមានអាយុ ក៏ស្លៀកស្បង់ ប្រដាប់បាត្រ ចីវរក្នុងបុព្វណ្ហសម័យ ហើយដើរតាមក្រោយៗព្រះមានព្រះភាគ។ ក្នុងសម័យនោះឯង ព្រះមានព្រះភាគ ទ្រង់ឆ្មៀងព្រះភក្ត្រ ត្រាស់ទៅនឹងព្រះរាហុលមានអាយុថា ម្នាលរាហុល រូបណាមួយ ជាខាងក្នុងក្តី ខាងក្រៅក្តី គ្រោតគ្រាតក្តី ល្អិតក្តី ថោកទាបក្តី ឧត្តមក្តី ឬរូបណាដែលមានក្នុងទីឆ្ងាយក្តី ក្នុងទីជិតក្តី ដែលជាអតីត អនាគត ជាបច្ចុប្បន្ន រូបទាំងអស់នោះ ក៏គ្រាន់តែជារូប (ប៉ុណ្ណោះឯង) អ្នកគួរយល់ឃើញនូវរូបនុ៎ះ ដោយប្រាជ្ញាដ៏ល្អតាមសេចក្តីពិតយ៉ាងនេះថា នុ៎ះមិនមែនរបស់អញ នុ៎ះមិនមែនជាអញ នុ៎ះមិនមែនជាខ្លួនរបស់អញឡើយ។ ព្រះរាហុលក្រាបបង្គំសួរថា បពិត្រព្រះមានព្រះភាគ (សេចក្តីនេះ) មានតែរូបម្យ៉ាងទេឬ បពិត្រព្រះសុគត (សេចក្តីនេះ) មានតែរូបម្យ៉ាងទេឬ។ ព្រះមានព្រះភាគ ទ្រង់ត្រាស់តបថា ម្នាលរាហុល រូបក៏មាន ម្នាលរាហុល វេទនាក៏មាន ម្នាលរាហុល សញ្ញាក៏មាន ម្នាលរាហុល សង្ខារទាំងឡាយក៏មាន ម្នាលរាហុល វិញ្ញាណក៏មាន។
[១៣៤] គ្រានោះឯង ព្រះរាហុលមានអាយុគិតថា បាននរណាហ្ន៎ (ជាវិញ្ញុបណ្ឌិត) ដែលព្រះមានព្រះភាគ ទូន្មានហើយដោយដម្បូន្មានផ្ទាល់ព្រះឱស្ឋ នឹងចូលមកកាន់ស្រុក ដើម្បីបិណ្ឌបាត ក្នុងថ្ងៃនេះទៅអេះ ដូច្នេះហើយ លោកក៏ត្រឡប់ថយចេញ អំពីសំណាក់ព្រះមានព្រះភាគនោះ ហើយទៅអង្គុយផ្គត់ភ្នែន តម្រង់កាយឲ្យត្រង់ តាំងស្មារតី ឲ្យមានមុខឆ្ពោះទៅរកព្រះកម្មដ្ឋាន ទៀបគល់ឈើ១ដើម។ គាប់ចួនជាព្រះសារីបុត្តមានអាយុ បានឃើញព្រះរាហុលមានអាយុ កំពុងអង្គុយផ្គត់ភ្នែន តម្រង់កាយឲ្យត្រង់ តាំងស្មារតីឲ្យមានមុខឆ្ពោះទៅរកព្រះកម្មដ្ឋាន ទៀបគល់ឈើ១ដើម លុះឃើញហើយ ក៏ប្រាប់ព្រះរាហុលមានអាយុថា ម្នាលរាហុល អ្នកចូរចំរើនអានាបានស្សតិភាវនាចុះ ម្នាលរាហុល (ដ្បិត) អានាបានស្សតិភាវនា ដែលគេបានអប់រំបន្ទុំ ធ្វើឲ្យរឿយៗហើយ ជាគុណជាតមានផលច្រើន មានអានិសង្សច្រើន។ លុះដល់ពេលថ្ងៃរសៀល ព្រះរាហុលមានអាយុ ក្រោកអំពីសំណិង ហើយចូលសំដៅទៅត្រង់ទី ដែលព្រះមានព្រះភាគគង់ លុះចូលទៅដល់ហើយ ក៏ថ្វាយបង្គំព្រះមានព្រះភាគ រួចហើយដាក់អង្គគង់ ក្នុងទីសមគួរ។ លុះព្រះរាហុលមានអាយុ គង់ក្នុងទីសមគួរហើយ ក៏បានទូលស្នើសេចក្តីនេះ នឹងព្រះមានព្រះភាគថា បពិត្រព្រះអង្គដ៏ចំរើន ចុះអានាបានស្សតិ ត្រូវចំរើនដោយប្រការដូចម្តេច ត្រូវបន្ទុំ ធ្វើឲ្យរឿយៗ ដោយប្រការដូចម្តេច ទើបជាគុណជាត មានផលច្រើន មានអានិសង្សច្រើនបាន។
[១៣៥] ព្រះមានព្រះភាគ ទ្រង់ត្រាស់តបថា ម្នាលរាហុល រូបណាមួយ ដែលជារូបខាងក្នុង អាស្រ័យនូវខ្លួន ជារូបគ្រោតគ្រាត ជារូបរឹង ជារូបដែលវិញ្ញាណកាន់កាប់ គឺសក់ រោម ក្រចក ធ្មេញ ស្បែក សាច់ សរសៃ ឆ្អឹង ខួរក្នុងឆ្អឹង តម្រងបស្សាវៈ បេះដូង ថ្លើម វាវ ក្រពះ សួត ពោះវៀនធំ ពោះវៀនតូច អាហារថ្មី អាហារចាស់ ពុំនោះសោត រូបណាមួយ ក្រៅអំពីនេះ ដែលជាខាងក្នុង អាស្រ័យនៅខ្លួន ជារូបគ្រោតគ្រាត ជារូបរឹង ជារូបដែលវិញ្ញាណកាន់កាប់ ម្នាលរាហុល នេះហៅថា បឋវីធាតុខាងក្នុង។ មួយទៀត បឋវីធាតុណា ខាងក្នុងក្តី បឋវីធាតុណាខាងក្រៅក្តី ធាតុទាំងនុ៎ះ ឈ្មោះថា បឋវីធាតុដូចគ្នា។ បុគ្គលគួរឃើញបឋវីធាតុនុ៎ះ ដោយប្រាជ្ញាល្អ តាមសេចក្តីពិតយ៉ាងនេះថា នុ៎ះមិនមែនរបស់អញ នុ៎ះមិនមែនជាអញ នុ៎ះមិនមែនជាខ្លួនរបស់អញឡើយ។ លុះបុគ្គលឃើញបឋវីធាតុនុ៎ះ ដោយប្រាជ្ញាល្អ តាមសេចក្តីពិត យ៉ាងនេះហើយ រមែងនឿយណាយ ចាកបឋវីធាតុ ធ្វើចិត្តឲ្យប្រាសចេញចាកបឋវីធាតុ។
[១៣៦] ម្នាលរាហុល ចុះអាបោធាតុ តើដូចម្តេចខ្លះ អាបោធាតុ (នោះ) ខាងក្នុងក៏មាន ខាងក្រៅក៏មាន។ ម្នាលរាហុល ចុះអាបោធាតុខាងក្នុង ដូចម្តេច រូបណា ដែលជាខាងក្នុង អាស្រ័យនូវខ្លួន មានសភាពជាទឹក ដល់នូវភាពជាទឹក ដែលវិញ្ញាណចូលទៅកាន់យក គឺប្រមាត់ ស្លេស្ម ខ្ទុះ ឈាម ញើស ខ្លាញ់ខាប់ ទឹកភ្នែក ខ្លាញ់រាវ ទឹកមាត់ ទឹកសម្បោរ ទឹករំអិល ទឹកមូត្រ ពុំនោះសោត រូបណាមួយក្រៅអំពីនេះ ដែលជាខាងក្នុង អាស្រ័យនូវខ្លួន មានសភាពជាទឹក ដល់នូវភាពជាទឹក ដែលវិញ្ញាណចូលទៅកាន់យក ម្នាលរាហុល នេះហៅថា អាបោធាតុខាងក្នុង។ មួយវិញទៀត អាបោធាតុណា ជាខាងក្នុងក្តី អាបោធាតុណា ជាខាងក្រៅក្តី ធាតុទាំងនុ៎ះ ហៅថា អាបោធាតុដូចគ្នា។ បុគ្គលគួរឃើញអាបោធាតុនុ៎ះ ដោយប្រាជ្ញាដ៏ល្អ តាមសេចក្តីពិតយ៉ាងនេះថា នុ៎ះមិនមែនរបស់អញ នុ៎ះមិនមែនជាអញ នុ៎ះមិនមែនជាខ្លួនរបស់អញឡើយ។ លុះបុគ្គលឃើញអាបោធាតុនុ៎ះ ដោយប្រាជ្ញាដ៏ល្អ តាមសេចក្តីពិត យ៉ាងនេះហើយ រមែងនឿយណាយ ចាកអាបោធាតុ ធ្វើចិត្តឲ្យប្រាសចេញចាកអាបោធាតុ។
[១៣៧] ម្នាលរាហុល ចុះតេជោធាតុ តើដូចម្តេចខ្លះ តេជោធាតុ (នោះ) ខាងក្នុងក៏មាន ខាងក្រៅក៏មាន។ ម្នាលរាហុល ចុះតេជោធាតុខាងក្នុង ដូចម្តេច រូបណា ដែលជាខាងក្នុង អាស្រ័យនូវខ្លួន ជារបស់ក្តៅ ដល់នូវភាពជារបស់ក្តៅ ដែលវិញ្ញាណចូលទៅកាន់យក គឺភ្លើងដែលធ្វើកាយឲ្យផ្សព្វផ្សាយ១ ភ្លើងដែលធ្វើកាយឲ្យទ្រុឌទ្រោម១ ភ្លើងដែលធ្វើកាយឲ្យក្តៅរោលរាល១ ភ្លើងធ្វើអាហារដែលស៊ី ផឹក ទំពា លិទ្ធភ្លក្ស ហើយឲ្យទ្រុឌទ្រោម រលួយទៅដោយស្រួល១ ពុំនោះសោត រូបណាមួយ ក្រៅអំពីនេះ ដែលជាខាងក្នុង អាស្រ័យនូវខ្លួន ជារបស់ក្តៅ ដល់នូវភាពជារបស់ក្តៅ ដែលវិញ្ញាណចូលទៅកាន់យក ម្នាលរាហុល នេះហៅថា តេជោធាតុខាងក្នុង។ មួយវិញទៀត តេជោធាតុណា ខាងក្នុងក្តី តេជោធាតុណា ខាងក្រៅក្តី ធាតុទាំងនុ៎ះ ហៅថា តេជោធាតុដូចគ្នា។ បុគ្គលគួរឃើញ នូវតេជោធាតុនុ៎ះ ដោយប្រាជ្ញាល្អ តាមសេចក្តីពិតយ៉ាងនេះថា នុ៎ះមិនមែនរបស់អញ នុ៎ះមិនមែនជាអញ នុ៎ះមិនមែនជាខ្លួនរបស់អញឡើយ។ លុះបុគ្គលឃើញតេជោធាតុនុ៎ះ ដោយប្រាជ្ញាល្អ តាមសេចក្តីពិត យ៉ាងនេះហើយ រមែងនឿយណាយ ចាកតេជោធាតុ ធ្វើចិត្តឲ្យប្រាសចេញចាកតេជោធាតុ។
[១៣៨] ម្នាលរាហុល ចុះវាយោធាតុ តើដូចម្តេចខ្លះ វាយោធាតុ (នោះ) ខាងក្នុងក៏មាន ខាងក្រៅក៏មាន។ ម្នាលរាហុល រូបណា ដែលជាខាងក្នុង អាស្រ័យនូវខ្លួន មានសភាពជាខ្យល់ ដល់នូវភាពជាខ្យល់ ដែលវិញ្ញាណចូលទៅកាន់យក គឺខ្យល់បក់ឡើងទៅខាងលើ១ ខ្យល់បក់ចុះមកខាងក្រោម១ ខ្យល់បក់ក្នុងពោះក្រៅពោះវៀន១ ខ្យល់បក់ក្នុងពោះវៀន១ ខ្យល់បក់សព្វអវយវៈតូចធំ១ ខ្យល់ដង្ហើមចេញចូល១ ពុំនោះសោត រូបណាមួយ ក្រៅអំពីនេះ ដែលជាខាងក្នុង អាស្រ័យនូវខ្លួន មានសភាពជាខ្យល់ ដល់នូវភាពជាខ្យល់ ដែលវិញ្ញាណចូលទៅកាន់យក ម្នាលរាហុល នេះហៅថា វាយោធាតុខាងក្នុង។ មួយទៀត វាយោធាតុណា ដែលជាខាងក្នុងក្តី វាយោធាតុណា ជាខាងក្រៅក្តី ធាតុទាំងនុ៎ះ ហៅថា វាយោធាតុដូចគ្នា។ បុគ្គលគួរឃើញវាយោធាតុនុ៎ះ ដោយប្រាជ្ញាល្អ តាមសេចក្តីពិតយ៉ាងនេះថា នុ៎ះមិនមែនរបស់អញ នុ៎ះមិនមែនជាអញ នុ៎ះមិនមែនជាខ្លួនរបស់អញឡើយ។ លុះបុគ្គលឃើញវាយោធាតុនុ៎ះ ដោយប្រាជ្ញាល្អ តាមសេចក្តីពិត យ៉ាងនេះហើយ រមែងនឿយណាយ ចាកវាយោធាតុ ធ្វើចិត្តឲ្យប្រាសចេញ ចាកវាយោធាតុ។
[១៣៩] ម្នាលរាហុល អាកាសធាតុ តើដូចម្តេចខ្លះ អាកាសធាតុ (នោះ) ខាងក្នុងក៏មាន ខាងក្រៅក៏មាន។ ម្នាលរាហុល អាកាសធាតុខាងក្នុង តើដូចម្តេច រូបណាជាខាងក្នុង អាស្រ័យនូវខ្លួន មានភាពជាទីវាល ដល់នូវភាពជាទីទំនេរ ដែលវិញ្ញាណចូលទៅកាន់យក គឺរន្ធត្រចៀក រន្ធច្រមុះ ទ្វារមាត់ដែលសម្រាប់លេបចូលនូវអាហារ ដែលស៊ី ផឹក ទំពា លិទ្ធភ្លក្សហើយ ដោយទ្វារណាក្តី ភោជនដែលស៊ី ផឹក ទំពា លិទ្ធភ្លក្សហើយ ឋិតនៅក្នុងទ្វារណាក្តី ភោជនដែលស៊ី ផឹក ទំពា លិទ្ធភ្លក្សហើយ តែងចេញមកតាមចំណែកខាងក្រោម ដោយទ្វារណាក្តី ពុំនោះសោត រូបណាមួយក្រៅអំពីនេះ ដែលជាខាងក្នុង អាស្រ័យនូវខ្លួន មានភាពជាទីវាល ដល់នូវភាពជាទីទំនេរ ជាទីទទេ ដល់នូវភាពទទេ ជាចន្លោះដល់នូវទីជាចន្លោះ ដែលសាច់និងឈាម មិនប៉ះពាល់គ្នា ដែលវិញ្ញាណចូលទៅកាន់យក ម្នាលរាហុល នេះហៅថា អាកាសធាតុខាងក្នុង។ មួយទៀត អាកាសធាតុណា ជាខាងក្នុងក្តី អាកាសធាតុណា ជាខាងក្រៅក្តី ធាតុទាំងនុ៎ះ ហៅថា អាកាសធាតុដូចគ្នា។ បុគ្គលគួរឃើញអាកាសធាតុនុ៎ះ ដោយប្រាជ្ញាល្អ តាមសេចក្តីពិតយ៉ាងនេះថា នុ៎ះមិនមែនរបស់អញ នុ៎ះមិនមែនជាអញ នុ៎ះមិនមែនជាខ្លួនរបស់អញឡើយ។ លុះបុគ្គលឃើញអាកាសធាតុនុ៎ះ ដោយប្រាជ្ញាល្អ តាមសេចក្តីពិត យ៉ាងនេះហើយ រមែងនឿយណាយ ចាកអាកាសធាតុ ធ្វើចិត្តឲ្យប្រាសចេញ ចាកអាកាសធាតុ។
[១៤០] ម្នាលរាហុល អ្នកចូរចំរើនភាវនាឲ្យដូចជាផែនដី ម្នាលរាហុល ព្រោះថា កាលបើអ្នកចំរើនភាវនា ឲ្យដូចជាផែនដីហើយ ផស្សៈជាទីគាប់ចិត្ត ឬមិនជាទីគាប់ចិត្ត ដែលកើតហើយ រមែងមិនគ្របសង្កត់នូវចិត្តអ្នក។ ម្នាលរាហុល ជនទាំងឡាយដាក់វត្ថុស្អាតក្តី ដាក់វត្ថុមិនស្អាតក្តី ដាក់ចុះនូវគូថក្តី ដាក់ចុះនូវទឹកមូត្រក្តី ដាក់ចុះនូវទឹកមាត់ក្តី ដាក់ចុះនូវខ្ទុះក្តី សម្រក់ឈាមដាក់ក្តី លើផែនដី ផែនដីក៏មិននឿយណាយ ឬធុញទ្រាន់ ឬខ្ពើមរអើម ដោយវត្ថុទាំងនោះឡើយ យ៉ាងណាមិញ ម្នាលរាហុល អ្នកចូរចំរើនភាវនា ឲ្យដូចជាផែនដី យ៉ាងនោះឯង ព្រោះថា កាលបើអ្នកចំរើនភាវនា ឲ្យដូចជាផែនដីហើយ ផស្សៈជាទីគាប់ចិត្ត ឬមិនជាទីគាប់ចិត្ត ដែលកើតហើយ រមែងមិនគ្របសង្កត់ចិត្តឡើយ។
[១៤១] ម្នាលរាហុល អ្នកចូរចំរើនភាវនាឲ្យដូចជាទឹក ម្នាលរាហុល ព្រោះថា កាលបើអ្នកចំរើនភាវនា ឲ្យដូចជាទឹកហើយ ផស្សៈជាទីគាប់ចិត្ត ឬមិនជាទីគាប់ចិត្ត ដែលកើតហើយ រមែងមិនគ្របសង្កត់ចិត្ត។ ម្នាលរាហុល ជនទាំងឡាយលាងវត្ថុស្អាតក្តី លាងវត្ថុមិនស្អាតក្តី លាងគូថក្តី លាងទឹកមូត្រក្តី លាងទឹកមាត់ក្តី លាងខ្ទុះក្តី លាងឈាមក្តី ក្នុងទឹក ទឹកក៏មិនបាននឿយណាយ ឬធុញទ្រាន់ ឬខ្ពើមរអើមដោយវត្ថុទាំងនោះឡើយ យ៉ាងណាមិញ ម្នាលរាហុល អ្នកចូរចំរើនភាវនា ឲ្យដូចជាទឹក យ៉ាងនោះឯង ព្រោះថា កាលបើអ្នកចំរើនភាវនា ឲ្យដូចជាទឹកហើយ ផស្សៈជាទីគាប់ចិត្ត ឬមិនជាទីគាប់ចិត្ត ដែលកើតហើយ រមែងមិនគ្របសង្កត់ចិត្តឡើយ។
[១៤២] ម្នាលរាហុល អ្នកចូរចំរើនភាវនាឲ្យដូចជាភ្លើង ម្នាលរាហុល ព្រោះថា កាលបើអ្នកចំរើនភាវនា ឲ្យដូចជាភ្លើងហើយ ផស្សៈជាទីគាប់ចិត្ត ឬមិនជាទីគាប់ចិត្ត ដែលកើតហើយ រមែងមិនគ្របសង្កត់ចិត្ត។ ម្នាលរាហុល ភ្លើងឆេះវត្ថុស្អាតក្តី ឆេះវត្ថុមិនស្អាតក្តី ឆេះគូថក្តី ឆេះទឹកមូត្រក្តី ឆេះទឹកមាត់ក្តី ឆេះខ្ទុះក្តី ឆេះឈាមក្តី ភ្លើងក៏មិននឿយណាយ ឬធុញទ្រាន់ ឬខ្ពើមរអើមដោយវត្ថុទាំងនោះឡើយ យ៉ាងណាមិញ ម្នាលរាហុល អ្នកចូរចំរើនភាវនា ឲ្យដូចជាភ្លើង យ៉ាងនោះឯង ម្នាលរាហុល ព្រោះថា កាលបើអ្នកចំរើនភាវនា ឲ្យដូចជាភ្លើងហើយ ផស្សៈជាទីគាប់ចិត្ត ឬមិនជាទីគាប់ចិត្ត ដែលកើតហើយ រមែងមិនគ្របសង្កត់ចិត្តឡើយ។
[១៤៣] ម្នាលរាហុល អ្នកចូរចំរើនភាវនាឲ្យដូចជាខ្យល់ ព្រោះថា កាលបើអ្នកចំរើនភាវនា ឲ្យដូចជាខ្យល់ហើយ ផស្សៈជាទីគាប់ចិត្ត ឬមិនជាទីគាប់ចិត្ត ដែលកើតហើយ រមែងមិនគ្របសង្កត់ចិត្ត។ ម្នាលរាហុល ខ្យល់បក់វត្ថុស្អាតក្តី បក់វត្ថុមិនស្អាតក្តី បក់គូថក្តី បក់ទឹកមូត្រក្តី បក់ទឹកមាត់ក្តី បក់ខ្ទុះក្តី បក់ឈាមក្តី ខ្យល់ក៏មិននឿយណាយ ឬធុញទ្រាន់ ឬខ្ពើមរអើម ដោយវត្ថុនោះឡើយ យ៉ាងណាមិញ ម្នាលរាហុល អ្នកចូរចំរើនភាវនា ឲ្យដូចជាខ្យល់ យ៉ាងនោះឯង ម្នាលរាហុល ព្រោះថា កាលបើអ្នកចំរើនភាវនា ឲ្យដូចជាខ្យល់ហើយ ផស្សៈជាទីគាប់ចិត្ត ឬមិនជាទីគាប់ចិត្ត ដែលកើតឡើងហើយ រមែងមិនគ្របសង្កត់ចិត្តឡើយ។
[១៤៤] ម្នាលរាហុល អ្នកចូរចំរើនភាវនាឲ្យដូចជាអាកាស ម្នាលរាហុល ព្រោះថា កាលបើអ្នកចំរើនភាវនា ឲ្យដូចជាអាកាសហើយ ផស្សៈជាទីគាប់ចិត្ត ឬមិនជាទីគាប់ចិត្ត ដែលកើតហើយ រមែងមិនគ្របសង្កត់ចិត្ត។ ម្នាលរាហុល អាកាសដែលមិនប្រតិស្ឋាននៅក្នុងទីណាមួយ យ៉ាងណាមិញ ម្នាលរាហុល អ្នកចូរចំរើនភាវនាឲ្យដូចជាអាកាស យ៉ាងនោះឯង ម្នាលរាហុល ព្រោះថា កាលបើអ្នកចំរើនភាវនា ឲ្យដូចជាអាកាសហើយ ផស្សៈជាទីគាប់ចិត្ត ឬមិនជាទីគាប់ចិត្ត ដែលកើតឡើងហើយ រមែងមិនគ្របសង្កត់ចិត្តឡើយ។
[១៤៥] ម្នាលរាហុល អ្នកចូរចំរើនមេត្តាភាវនា ម្នាលរាហុល ព្រោះថា កាលបើអ្នកចំរើនមេត្តាភាវនាហើយ ព្យាបាទនឹងវិនាសសាបសូន្យទៅ។ ម្នាលរាហុល អ្នកចូរចំរើនករុណាភាវនា ម្នាលរាហុល ព្រោះថា កាលបើអ្នកចំរើនករុណាភាវនាហើយ វិហេសា គឺសេចក្តីបៀតបៀន នឹងសាបសូន្យទៅ។ ម្នាលរាហុល អ្នកចូរចំរើនមុទិតាភាវនា ម្នាលរាហុល ព្រោះថា កាលបើអ្នកចំរើនមុទិតាភាវនាហើយ អរតិ គឺសេចក្តីមិនត្រេកអរ នឹងសាបសូន្យទៅ។ ម្នាលរាហុល អ្នកចូរចំរើនឧបេក្ខាភាវនា ម្នាលរាហុល ព្រោះថា កាលបើអ្នកចំរើនឧបេក្ខាភាវនាហើយ បដិឃៈ គឺសេចក្តីថ្នាំងថ្នាក់ចិត្ត នឹងសាបសូន្យទៅ។ ម្នាលរាហុល អ្នកចូរចំរើនអសុភភាវនា ម្នាលរាហុល ព្រោះថា កាលបើអ្នកចំរើនអសុភភាវនាហើយ រាគៈ គឺតម្រេកក្នុងកាមគុណ នឹងសាបសូន្យទៅ។ ម្នាលរាហុល អ្នកចូរចំរើនអនិច្ចសញ្ញាភាវនា ព្រោះថា កាលបើអ្នកចំរើនអនិច្ចសញ្ញាភាវនាហើយ អស្មិមានះ គឺសេចក្តីប្រកាន់ខ្លួន នឹងសាបសូន្យទៅ។
[១៤៦] ម្នាលរាហុល អ្នកចូរចំរើនអានាបានស្សតិភាវនា ម្នាលរាហុល អានាបានស្សតិភាវនា ដែលអ្នកបានចំរើនហើយ បានធ្វើឲ្យរឿយៗហើយ ជាគុណជាតមានផលច្រើន មានអានិសង្សច្រើន។ ម្នាលរាហុល ចុះអានាបានស្សតិភាវនា ដែលចំរើនហើយ តើដូចម្តេច ដែលធ្វើឲ្យរឿយៗហើយ តើដូចម្តេច ទើបជាគុណជាតមានផលច្រើន មានអានិសង្សច្រើន។ ម្នាលរាហុល ភិក្ខុក្នុងសាសនានេះ នៅក្នុងព្រៃក្តី នៅទៀបគល់ឈើក្តី នៅក្នុងផ្ទះស្ងាត់ក្តី អង្គុយផ្គត់ភ្នែន តាំងកាយឲ្យត្រង់ តំកល់ស្មារតីឲ្យមានមុខឆ្ពោះទៅរកកម្មដ្ឋាន ភិក្ខុនោះ មានស្មារតីចាំជាក់ ដកដង្ហើមចេញ មានស្មារតីចាំជាក់ ដកដង្ហើមចូល។ កាលដកដង្ហើមចេញវែង ក៏ដឹងច្បាស់ថា អាត្មាអញ ដកដង្ហើមចេញវែង ឬកាលដកដង្ហើមចូលវែង ក៏ដឹងច្បាស់ថា អាត្មាអញ ដកដង្ហើមចូលវែង។ កាលដកដង្ហើមចេញខ្លី ក៏ដឹងច្បាស់ថា អាត្មាអញ ដកដង្ហើមចេញខ្លី ឬកាលដកដង្ហើមចូលខ្លី ក៏ដឹងច្បាស់ថា អាត្មាអញ ដកដង្ហើមចូលខ្លី។ ភិក្ខុសិក្សាថា អាត្មាអញ ដឹងច្បាស់នូវកាយ គឺដកដង្ហើមទាំងពួង ហើយដកដង្ហើមចេញ សិក្សាថា អាត្មាអញ ដឹងច្បាស់នូវកាយ គឺដកដង្ហើមទាំងពួង ហើយដកដង្ហើមចូល សិក្សាថា អាត្មាអញ នឹងរម្ងាប់កាយសង្ខារ គឺដង្ហើមចេញ និងដង្ហើមចូល ហើយដកដង្ហើមចេញ សិក្សាថា អាត្មាអញ នឹងរម្ងាប់នូវកាយសង្ខារ ហើយដកដង្ហើមចូល។ សិក្សាថា អាត្មាអញ ដឹងច្បាស់នូវបីតិ ហើយដកដង្ហើមចេញ សិក្សាថា អាត្មាអញ ដឹងច្បាស់នូវបីតិ ហើយដកដង្ហើមចូល។ សិក្សាថា អាត្មាអញ ដឹងច្បាស់នូវសេចក្តីសុខ ហើយដកដង្ហើមចេញ សិក្សាថា អាត្មាអញ ដឹងច្បាស់នូវសេចក្តីសុខ ហើយដកដង្ហើមចូល។ សិក្សាថា អាត្មាអញ ដឹងច្បាស់នូវចិត្តសង្ខារ គឺវេទនាខន្ធ និងសញ្ញាខន្ធ ហើយដកដង្ហើមចេញ សិក្សាថា អាត្មាអញ ដឹងច្បាស់នូវចិត្តសង្ខារ ហើយដកដង្ហើមចូល។ សិក្សាថា អាត្មាអញ នឹងរម្ងាប់នូវចិត្តសង្ខារ ហើយដកដង្ហើមចេញ សិក្សាថា អាត្មាអញ នឹងរម្ងាប់នូវចិត្ត ហើយដកដង្ហើមចេញ សិក្សាថា អាត្មាអញ ដឹងច្បាស់នូវចិត្ត ហើយដកដង្ហើមចូល។ សិក្សាថា អាត្មាអញ នឹងធ្វើចិត្តឲ្យរីករាយ ហើយដកដង្ហើមចេញ សិក្សាថា អាត្មាអញ នឹងធ្វើចិត្តឲ្យរីករាយ ហើយដកដង្ហើមចូល។ សិក្សាថា អាត្មាអញ នឹងតំកល់ចិត្តឲ្យស្មើ ហើយដកដង្ហើមចេញ សិក្សាថា អាត្មាអញ នឹងតំកល់ចិត្តឲ្យស្មើ ហើយដកដង្ហើមចូល។ សិក្សាថា អាត្មាអញ នឹងដោះចិត្តឲ្យផុតស្រឡះ (ចាកនីវរណៈជាដើម) ហើយដកដង្ហើមចេញ សិក្សាថា អាត្មាអញ នឹងដោះចិត្តឲ្យផុតស្រឡះ (ចាកនីវរណធម៌ជាដើម) ហើយដកដង្ហើមចូល។ សិក្សាថា អាត្មាអញ នឹងពិចារណា (នូវបញ្ចក្ខន្ធថា) មិនទៀង ហើយដកដង្ហើមចេញ សិក្សាថា អាត្មាអញ នឹងពិចារណា (នូវបញ្ចក្ខន្ធថា) មិនទៀង ហើយដកដង្ហើមចូល។ សិក្សាថា អាត្មាអញ នឹងពិចារណាធម៌ ជាគ្រឿងធ្វើចិត្ត ឲ្យប្រាសចាកតម្រេក គឺវិបស្សនា និងមគ្គ ហើយដកដង្ហើមចេញ សិក្សាថា អាត្មាអញ នឹងពិចារណាធម៌ ជាគ្រឿងធ្វើចិត្ត ឲ្យប្រាសចាកតម្រេក ហើយដកដង្ហើមចូល។ សិក្សាថា អាត្មាអញ នឹងពិចារណា នូវសេចក្តីរលត់ (នៃកងទុក្ខ) ហើយដកដង្ហើមចេញ សិក្សាថា អាត្មាអញ នឹងពិចារណា នូវសេចក្តីរលត់ (នៃកងទុក្ខ) ហើយដកដង្ហើមចូល។ សិក្សាថា អាត្មាអញ នឹងពិចារណាធម៌ ជាគ្រឿងធ្វើចិត្ត ឲ្យលះចោល (នូវកិលេស ព្រមទាំងខន្ធ និងអភិសង្ខារ) ហើយដកដង្ហើមចេញ សិក្សាថា អាត្មាអញ នឹងពិចារណាធម៌ ជាគ្រឿងធ្វើចិត្ត ឲ្យលះចោល (នូវកិលេស ព្រមទាំងខន្ធ និងអភិសង្ខារ) ហើយដកដង្ហើមចូល។ ម្នាលរាហុល អានាបានស្សតិ ដែលបុគ្គលបានចំរើនហើយយ៉ាងនេះ ធ្វើឲ្យរឿយៗហើយយ៉ាងនេះឯង ទើបជាគុណជាត មានផលច្រើន មានអានិសង្សច្រើន ម្នាលរាហុល កាលបើអានាបានស្សតិ ដែលបុគ្គលចំរើនហើយយ៉ាងនេះ ធ្វើឲ្យរឿយៗហើយយ៉ាងនេះ ដង្ហើមចេញ និងដង្ហើមចូលទាំងឡាយណា ដែលមានក្នុងកាលជាខាងក្រោយ ដង្ហើមចេញ និងដង្ហើមចូលទាំងនោះ នឹងរលត់ទៅវិញ ជាប្រាកដ មិនមែនមិនរលត់ទៅវិញទេ។ លុះព្រះមានព្រះភាគ សំដែងព្រះសូត្រនេះចប់ហើយ ព្រះរាហុលមានអាយុ ក៏មានចិត្តរីករាយ ត្រេកអរ ចំពោះភាសិត នៃព្រះមានព្រះភាគ។
ចប់ មហារាហុលោវាទសូត្រ ទី២។
មជ្ឈិមនិកាយ មជ្ឈិមបណ្ណាសក
ចតុត្ថភាគ (ព្រះត្រៃបិដក ភាគទី២៣)
ដោយ៥០០០ឆ្នាំ
images/articles/3203/________________________.jpg
ផ្សាយ : ០៥ មីនា ឆ្នាំ២០២៤ (អាន: ៣,១១៥ ដង)
[២៦២] ចន្ទនទេវបុត្ត ឋិតនៅក្នុងទីសមគួរហើយក៏ក្រាបទូលសួរព្រះមានព្រះភាគ ដោយគាថា ថា បុគ្គលដូចម្តេចហ្ន៎ ដែលមិនខ្ជិលទាំងយប់ទាំងថ្ងៃតែងឆ្លងនូវអន្លង់បានបុគ្គលដូចម្តេច មិនលិចចុះក្នុងអន្លង់ជ្រៅដែលមិនមានទីឋិតនៅខាងក្រោមមិនមានទីតោងក្នុងខាងលើ។
[២៦៣] ព្រះអង្គត្រាស់ថាបុគ្គលបរិបូណ៌ ដោយសីល មានបញ្ញាមានចិត្តតាំងខ្ជាប់ មានព្យាយាមប្រារព្ធហើយមានចិត្តបញ្ជូនទៅកាន់ព្រះនិព្វានសព្វកាលរមែងឆ្លងនូវអន្លង់ដែលឆ្លងបានដោយកម្របុគ្គលណាប្រាសចាកកាមសញ្ញា កន្លងនូវរូបសញ្ញោជនៈមានភពជាទីត្រេកអរអស់ហើយ បុគ្គលនោះរមែងមិនលិចចុះក្នុងអន្លង់ជ្រៅឡើយ។
បិដក ភាគ២៩ ទំព័រ១៤០
ដោយ៥០០០ឆ្នាំ
images/articles/3204/etytuyiyujgy7778.jpg
ផ្សាយ : ០៥ មីនា ឆ្នាំ២០២៤ (អាន: ២,៥២៨ ដង)
ម្នាលភិក្ខុទាំងឡាយ កាលពីដើម មានគ្រូឈ្មោះអរកៈ ជាអ្នកធ្វើនូវកំពង់ ជាទីទៅកាន់សុគតិភព ជាអ្នកប្រាសចាកតម្រេកក្នុងកាមទាំងឡាយ ម្នាលភិក្ខុទាំងឡាយ ឯគ្រូឈ្មោះអរកៈ មានសាវកច្រើនរយ។ គ្រូឈ្មោះអរកៈ រមែងសំដែងធម៌ដល់សាវកទាំងឡាយ យ៉ាងនេះថា ម្នាលព្រាហ្មណ៍ ជីវិតពួកមនុស្ស ជារបស់តិច ខ្លី មានទុក្ខច្រើន មានសេចក្តីចង្អៀតចង្អល់ច្រើន។ អ្នកទាំងឡាយ ត្រូវដឹង ត្រូវធ្វើនូវកុសល ត្រូវប្រព្រឹត្ត នូវព្រហ្មចរិយធម៌ ដោយប្រាជ្ញា ព្រោះសត្វដែលកើតហើយ សុទ្ធតែស្លាប់។
ម្នាលព្រាហ្មណ៍ ប្រៀបដូចដំណក់ទឹកសន្សើម លើចុងស្មៅ ដល់ព្រះអាទិត្យរះឡើង ក៏ត្រឡប់បាត់វិញឆាប់រហ័ស ជារបស់មិនឋិតថេរនៅយូរយារបាន យ៉ាងណា ម្នាលព្រាហ្មណ៍ ជីវិតរបស់ពួកមនុស្ស ជារបស់តិច ខ្លី មានទុក្ខច្រើន មានសេចក្តីចង្អៀតចង្អល់ច្រើន ប្រៀបដូចដំណក់ទឹកសន្សើម យ៉ាងនោះដែរ។
អ្នកទាំងឡាយ ត្រូវដឹង ត្រូវធ្វើនូវកុសល ត្រូវប្រព្រឹត្តនូវព្រហ្មចរិយធម៌ ដោយប្រាជ្ញា សត្វដែលកើតហើយ សុទ្ធតែស្លាប់។ ម្នាលព្រាហ្មណ៍ ប្រៀបដូចភ្លៀង មានដំណក់ដ៏ថ្លោស ធ្លាក់ចុះមក ក្រពេញទឹក ក៏ត្រឡប់បាត់ទៅវិញឆាប់ មិនឋិតថេរយូរយារបាន យ៉ាងណាមិញម្នាលព្រាហ្មណ៍ ជីវិតរបស់ពួកមនុស្ស ជារបស់តិច ខ្លី មានសេចក្តីទុក្ខច្រើន មានសេចក្តីចង្អៀតចង្អល់ច្រើន ប្រៀនដូចជាក្រពេញទឹក យ៉ាងនោះដែរ។
អ្នកទាំងឡាយ ត្រូវដឹង ត្រូវធ្វើនូវកុសល ត្រូវប្រព្រឹត្តព្រហ្មចរិយធម៌ ដោយប្រាជ្ញា ព្រោះសត្វដែលកើតហើយ សុទ្ធតែស្លាប់។ ម្នាលព្រាហ្មណ៍ ប្រៀបដូចស្នាមគំនូសដម្បងលើទឹក តែងត្រឡប់បាត់ទៅវិញឆាប់ មិនឋិតថេរយូរយារបាន យ៉ាងណាមិញ ម្នាលព្រាហ្មណ៍ ជីវិតរបស់ពួកមនុស្ស ជារបស់តិច ខ្លី… ប្រៀបដូចជាស្នាមគំនូសដម្បងលើទឹក យ៉ាងនោះដែរ ព្រោះសត្វដែលកើតហើយ សុទ្ធតែស្លាប់ទៅវិញ។
ម្នាលព្រាហ្មណ៍ ប្រៀបដូចស្ទឹងហូរពីភ្នំ ហូរទៅកាន់ទីឆ្ងាយ មានខ្សែទឹករហ័ស អាចនាំ ទៅនូវរបស់ដែលគួរនាំទៅបាន គ្មានកំណត់កាល កំណត់វេលា កំណត់យាមឡើយ ព្រោះស្ទឹងនោះ ចេះតែទៅ ចេះតែប្រព្រឹត្តទៅ ចេះតែហូរទៅបាន យ៉ាងណាមិញ ម្នាលព្រាហ្មណ៍ ជីវិតរបស់ពួកមនុស្ស ជារបស់តិច ខ្លី ប្រៀបដូចជាស្ទឹងហូរពីភ្នំ… យ៉ាងនោះដែរ ព្រោះសត្វដែលកើតហើយ សុទ្ធតែស្លាប់ទៅវិញ។
ម្នាលព្រាហ្មណ៍ ប្រៀបដូចបុរសដែលមានកំឡាំង គ្រលៀវដុំទឹកមាត់ ដាក់លើចុងអណ្តាត ហើយស្តោះចោលទៅ ដោយងាយបាន យ៉ាងណាមិញ ម្នាលព្រាហ្មណ៍ ជីវិតរបស់ពួកមនុស្ស ជារបស់តិច ខ្លី ប្រៀបដូចដុំទឹកមាត់… យ៉ាងនោះដែរ ព្រោះសត្វដែលកើតហើយ សុទ្ធតែស្លាប់ទៅវិញ។ ម្នាលព្រាហ្មណ៍ ដូចជាដុំសាច់ដែលគេយកទៅដាក់ក្នុងខ្ទះដែកដ៏ក្តៅ អស់មួយថ្ងៃ រមែងខ្លោចចង្រុះឆាប់ មិនឋិតថេរយូរយារបាន យ៉ាងណាមិញ ម្នាលព្រាហ្មណ៍ ជីវិតរបស់ពួកមនុស្ស ជារបស់តិច ខ្លី ប្រៀបដូចដុំសាច់… យ៉ាងនោះដែរ ព្រោះសត្វដែលកើតហើយ សុទ្ធតែស្លាប់។ ម្នាលព្រាហ្មណ៍ ដូចមេគោដែលត្រូវសម្លាប់ ដែលគេនាំទៅកាន់កន្លែងសម្លាប់ ឈានជំហានណាទៅ ឈ្មោះថា ខិតទៅជិតកន្លែងសម្លាប់ ជិតសេចក្តីស្លាប់ យ៉ាងណាមិញ ម្នាលព្រាហ្មណ៍ ជីវិតរបស់ពួកមនុស្ស ជារបស់តិច ខ្លី មានទុក្ខច្រើន មានសេចក្តីចង្អៀតចង្អល់ច្រើន ប្រៀបដូចជាមេគោ ដែលត្រូវសម្លាប់ យ៉ាងនោះដែរ។
អ្នកទាំងឡាយ ត្រូវដឹង ត្រូវធ្វើនូវកុសល ត្រូវប្រព្រឹត្តព្រហ្មចរិយធម៌ ដោយប្រាជ្ញា ព្រោះសត្វដែលកើតហើយ សុទ្ធតែស្លាប់។ ម្នាលភិក្ខុទាំងឡាយ សម័យនោះឯង ពួកមនុស្ស មានអាយុប្រាំមួយហ្មឺនឆ្នាំ។ កុមារិកា មានអាយុត្រឹមប្រាំរយឆ្នាំ ទើបល្មមមានប្តី។ ម្នាលភិក្ខុទាំងឡាយ សម័យនោះឯង ពួកមនុស្ស មានតែអាពាធ ៦ យ៉ាងគឺ រងា ១ ស្អុះ ១ ឃ្លាន ១ ស្រេក ១ ឈឺឧច្ចារៈ ១ ឈឺបស្សាវៈ ១។ ម្នាលភិក្ខុទាំងឡាយ គ្រូឈ្មោះអរកៈនោះ អម្បាលពួកមនុស្សមានអាយុវែងយ៉ាងនេះ ឋិតថេរយូរយារយ៉ាងនេះ មានអាពាធតិច យ៉ាងនេះ ម្តេចគង់សំដែងធម៌ដល់ពួកសាវកយ៉ាងនេះថា ម្នាលព្រាហ្មណ៍ ជីវិតរបស់ពួកមនុស្ស ជារបស់តិច ខ្លី មានទុក្ខច្រើន មានសេចក្តីចង្អៀតចង្អល់ច្រើន។
អ្នកទាំងឡាយ ត្រូវដឹង ត្រូវធ្វើនូវកុសល ត្រូវប្រព្រឹត្តព្រហ្មចរិយធម៌ ដោយប្រាជ្ញា ព្រោះសត្វដែលកើតហើយ សុទ្ធតែស្លាប់។ ម្នាលភិក្ខុទាំងឡាយ ក្នុងកាលឥឡូវនេះ បើបុគ្គលនិយាយឲ្យត្រូវ ត្រូវនិយាយថា ជីវិតរបស់ពួកមនុស្ស ជារបស់តិច ខ្លី មានទុក្ខច្រើន មានសេចក្តីចង្អៀតចង្អល់ច្រើន។ បុគ្គលត្រូវដឹង ត្រូវធ្វើនូវកុសល ត្រូវប្រព្រឹត្តព្រហ្មចរិយធម៌ ដោយប្រាជ្ញា ព្រោះសត្វដែលកើតហើយ សុទ្ធតែស្លាប់។ ម្នាលភិក្ខុទាំងឡាយ ក្នុងកាលឥឡូវនេះ បុគ្គលរស់នៅយ៉ាងយូរត្រឹមមួយរយឆ្នាំ ឬតិចជាង ឬក៏លើសពីមួយរយឆ្នាំបន្តិចបន្តួច។ ម្នាលភិក្ខុទាំងឡាយ ក៏បុគ្គលដែលរស់នៅបានមួយរយឆ្នាំ ឈ្មោះថារស់នៅអស់បីរយរដូវ គឺ ហេមន្តរដូវ មួយរយ គិម្ហរដូវ មួយរយ វស្សានរដូវ មួយរយ។
ម្នាលភិក្ខុទាំងឡាយ ក៏បុគ្គលដែលរស់នៅអស់បីរយរដូវ ឈ្មោះថា រស់នៅមួយពាន់ពីររយខែ គឺ ហេមន្តរដូវ បួនរយខែ គិម្ហរដូវ បួនរយខែ វស្សានរដូវ បួនរយខែ។ ម្នាលភិក្ខុទាំងឡាយ កាលបើបុគ្គល រស់នៅអស់មួយពាន់ពីររយខែហើយ បើរាប់ជាកន្លះ ៗ ខែ ឈ្មោះថា រស់នៅអស់ពីរពាន់បួនរយកន្លះ ៗ ខែ គឺ ហេមន្តរដូវ ប្រាំបីរយកន្លះខែ គិម្ហរដូវ ប្រាំបីរយកន្លះខែ វស្សានរដូវ ប្រាំបីរយកន្លះខែ។
ម្នាលភិក្ខុទាំងឡាយ កាលបើបុគ្គលរស់នៅអស់ពីរពាន់បួនរយកន្លះ ៗ ខែហើយ ឈ្មោះថា រស់នៅអស់បីហ្មឺនប្រាំមួយពាន់រាត្រី គឺ ហេមន្តរដូវ មួយហ្មឺនពីរពាន់រាត្រី គិម្ហរដូវ មួយហ្មឺនពីរពាន់រាត្រី វស្សានរដូវ មួយហ្មឺនពីរពាន់រាត្រី។ ម្នាលភិក្ខុទាំងឡាយ កាលបើបុគ្គល រស់នៅអស់បីហ្មឺនប្រាំមួយពាន់រាត្រីហើយ រមែងបរិភោគបាយ ប្រាំពីរហ្មឺនពីរពាន់ដង គឺ ហេមន្តរដូវ ពីរហ្មឺនបួនពាន់ដង គិម្ហរដូវ ពីរហ្មឺនបួនពាន់ដង វស្សានរដូវ ពីរហ្មឺនបួនពាន់ដង រាប់ទាំងបៅទឹកដោះម្តាយ រាប់ទាំងខានបរិភោគបាយ។ ក្នុងហេតុទាំងនោះ ការអត់បាយនេះ គឺ បុគ្គលខឹង មិនបរិភោគបាយ បុគ្គលព្រួយ មិនបរិភោគបាយ បុគ្គលឈឺចាប់ មិនបរិភោគបាយ បុគ្គលរក្សាឧបោសថ មិនបរិភោគបាយ បុគ្គលមិនបរិភោគបាយ ព្រោះរកអ្វីមិនបាន។
ម្នាលភិក្ខុទាំងឡាយ អាយុរបស់មនុស្ស ដែលមានអាយុមួយរយឆ្នាំ តថាគតបានរាប់ហើយ ប្រមាណនៃអាយុ តថាគតបានរាប់ហើយ រដូវទាំងឡាយ តថាគតបានរាប់ហើយ ឆ្នាំទាំងឡាយ តថាគត បានរាប់ហើយ ខែទាំងឡាយ តថាគតបានរាប់ហើយ កន្លះខែទាំងឡាយ តថាគតបានរាប់ហើយ រាត្រីទាំងឡាយ តថាគតបានរាប់ហើយ ថ្ងៃទាំងឡាយ តថាគតបានរាប់ហើយ បាយទាំងឡាយ តថាគតបានរាប់ហើយ ការអត់បាយទាំងឡាយ តថាគតបានរាប់ហើយ ដូច្នេះឯង។
ម្នាលភិក្ខុទាំងឡាយ កិច្ចណា ដែលសាស្តា ជាអ្នកស្វែងរកប្រយោជន៍ ទំនុកបំរុង ជាអ្នកឈឺឆ្អាល អាស្រ័យនូវសេចក្តីឈឺឆ្អាល គួរធ្វើដល់ពួកសាវក កិច្ចនោះ តថាគតបានធ្វើហើយ ដល់អ្នកទាំងឡាយ។ ម្នាលភិក្ខុទាំងឡាយ នុ៎ះជាគល់ឈើទាំងឡាយ នុ៎ះជាផ្ទះស្ងាត់ទាំងឡាយ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ ចូរចំរើនឈាន កុំប្រមាទ កុំមានសេចក្តីក្តៅក្រហាយ ក្នុងកាលជាខាងក្រោយឡើយ។ នេះជាពាក្យប្រៀនប្រដៅរបស់តថាគត ចំពោះអ្នកទាំងឡាយ។ ចប់ មហាវគ្គ ទី២។
បិដក ភាគ ៤៧ - ទំព័រទី ២៤៨/២៥៣
ដោយ៥០០០ឆ្នាំ
images/articles/3205/________________________.jpg
ផ្សាយ : ០៥ មីនា ឆ្នាំ២០២៤ (អាន: ៣,១៦៤ ដង)
ព្រះសាស្តាកាលស្តេចគង់នៅវត្តជេតពន ទ្រង់ប្រារព្ធឧបេាសថកម្ម បានត្រាស់ព្រះធម្មទេសនានេះ មានពាក្យថា កឹឆន្ទេា កិមធិប្បាយេា ដូច្នេះជាដេីម ។ ថ្ងៃមួយ ព្រះសាស្តាត្រាស់សួរឧបាសក ឧបាសិកាទាំងឡាយជាច្រេីន ដែលជាអ្នករក្សាឧបេាសថ មកដេីម្បីស្តាប់ធម៌ អង្គុយក្នុងធម្មសភាថា ម្នាលឧបាសក ឧបាសិកាទាំងឡាយ អ្នកទាំងឡាយជាអ្នកប្រកបដេាយឧបេាសថឬ ? កាលឧបាសក ឧបាសិកាទាំងឡាយទូលថាពិតមែនហេីយ ព្រះអង្គ ។ ព្រះមានព្រះភាគត្រាស់ថា ឧបេាសថដែលអ្នកទាំងឡាយបានធ្វេីដេាយរក្សានេះ ល្អប្រពៃហេីយ សូម្បីបេារាណជនទាំងឡាយបានទទួលយសដ៏ធំ ក៏ដេាយផលនៃឧបេាសថកម្មកន្លះថ្ងៃដែរ ។
កាលឧបាសក ឧបាសិកាទាំងឡាយ ទូលសូមអារាធនាហេីយ ព្រះសាស្តានាំអតីតនិទានមកថា៖ ក្នុងអតីតកាល កាលព្រះបាទព្រហ្មទត្តសេាយរាជសម្បតិ្ត ដេាយធម៌ ក្នុងនគរពារាណសី ព្រះរាជានេាះមានសទ្ធា ជាអ្នកមិនប្រមាទក្នុងទាន សីល និងឧបេាសថកម្ម ។
ព្រះរាជា ញ៉ាំងជនដ៏សេសមានអាមាត្យទាំងឡាយជាដេីម ឲ្យសមាទាននូវកុសលមានទានជាដេីម ។ ចំណែកបុរេាហិតរបស់ព្រះអង្គ ជាអ្នកប្រព្រឹត្តសុីសាច់ខ្នងរបស់អ្នកដទៃ ជាអ្នកសុីសំណូក ជាអ្នកវិនិច្ឆ័យក្តីកេាង ។ ក្នុងថ្ងៃឧបេាសថមួយ ព្រះរាជាត្រាស់ឲ្យហៅអាមាត្យទាំងឡាយមក ហេីយទ្រង់ត្រាស់ថា អ្នកទាំងឡាយចូររក្សាឧបេាសថ ។ បុរេាហិតនេាះមិនបានសមាទានឧបេាសថឡេីយ ។ គ្រានេាះ កាលព្រះរាជាកំពុងសួរពួកអាមាត្យថា អ្នកទាំងឡាយរក្សាឧបេាសថហេីយឬ ? ទេីបត្រាស់សួរបុរេាហិតនេាះដែលទទួលសំណូក និងកាត់ក្តីកេាងក្នុងពេលថ្ងៃ ដែលមកកាន់ទីគាល់ថា លេាកអាចារ្យរក្សាឧបេាសថហេីយឬ ។
បុរេាហិតនេាះធ្វេីមុសាវាទថា ទូលព្រះបង្គំរក្សាហេីយ រួចទេីបចុះពីប្រាសាទ ។ លំដាប់នេាះ អាមាត្យម្នាក់ចេាទបុរេាហិតនេាះថា លេាកមិនបានរក្សាឧបេាសថមិនមែនឬ ។ បុរេាហិតនិយាយកែថា ខ្ញុំបរិភេាគអាហារតែក្នុងកាលប៉ុណ្ណេាះ ពេលទៅដល់ផ្ទះ ខ្ពុរមាត់ហេីយ អធិដ្ឋានឧបេាសថ ខ្ញុំនឹងមិនបរិភេាគអាហារក្នុងល្ងាចទេ នឹងរក្សាសីលអស់រាត្រី ដេាយអាការយ៉ាងនេះ ឧបេាសថកម្មកន្លះថ្ងៃនឹងមានដល់ខ្ញុំ ។ អាមាត្យម្នាក់នេាះពេាលថា ល្អគ្រាន់ លេាកអាចារ្យ ។ បុរេាហិតនេាះទៅដល់ផ្ទះហេីយ ក៏បានធ្វេីយ៉ាងនេាះ ។ ថ្ងៃមួយ កាលបុរេាហិតនេាះ អង្គុយវិនិច្ឆ័យក្តីក្នុងសាលាវិនិច្ឆ័យ មានស្ត្រីអ្នកមានសីលម្នាក់មកស្តាប់ការកាត់ក្តី នាងមិនបានឱកាសដេីម្បីនឹងទៅផ្ទះ ទេីបគិតថា យេីងនឹងមិនកន្លងនូវឧបេាសថកម្មឡេីយ ដូច្នេះហេីយ កាលដែលវេលាចូលទៅកាន់ទីជិតផុតហេីយ ក៏ប្រារព្ធដេីម្បីនឹងខ្ពុរមាត់ ។
ក្នុងខណៈនេាះ មានគេនាំចំណិតស្វាយទុំមកឲ្យព្រាហ្មណ៍បុរេាហិត ។ បុរេាហិតនេាះដឹងភាពជាអ្នករក្សាឧបេាសថរបស់ស្ត្រីនេាះ ក៏ឲ្យដល់នាង ដេាយពេាលថា នាងចូរបរិភេាគចំណិតស្វាយទុំនេះហេីយ ចូររក្សាឧបេាសថចុះ ។ ស្ត្រីនេាះក៏បានធ្វេីយ៉ាងនេាះ ។ កុសលកម្មរបស់ព្រាហ្មណ៍បុរេាហិតមានត្រឹមតែប៉ុណ្ណឹងឯង ។
ចំណេរកាលតមក បុរេាហិតនេាះធ្វេីកាលកិរិយា បានទៅកេីតលេីអលង្កតសិរិសយនៈក្នុងវិមានមាស លេីភូមិភាគដែលដល់ព្រមដេាយសេាភ័ណភាព ក្នុងព្រៃស្វាយដែលគួរ រីករាយ ដែលមានប្រមាណ ៣ យេាជន៍ នៅនឹងច្រាំងកេាសិកិគង្គានទី ក្នុងហិមវន្តប្រទេស ហាក់ដូចជា ទេីបភ្ញាក់ពីដេក មានរូបដ៏ស្រស់ស្អាត មានទេវកញ្ញា ១៦០០០ ប្រដាប់ដេាយគ្រឿងអលង្ការជាបរិវារ ។ ទេវបុត្រនេាះបានសេាយសិរីសម្បត្តិនេាះតែក្នុងពេលរាត្រីប៉ុណ្ណេាះ ។
ពិតមែនហេីយ ទេវបុត្រនេាះបានសេាយវិបាកដូចគ្នានឹងកម្ម ដែលខ្លួនបានធ្វេីដេាយភាពជាវេមានិកប្រេត ព្រេាះហេតុនេាះ កាលអរុណរះឡេីង ទេវបុត្រចូលទៅកាន់អម្ពវ័ន ក្នុងខណៈដែលចូលទៅនេាះឯង អត្តភាពជាទិព្វក៏អន្តរធានបាត់ទៅ អត្តភាពដែលមានប្រមាណប៉ុនដេីមត្នេាត កម្ពស់ ៨០ ហត្ថ កេីតឡេីង សរីរៈទាំងអស់ឆេះឡេីង ហាក់ដូចជាដេីមចារដែលមានផ្ការីកស្គុះស្គាយ ។ ក្នុងដៃទាំងពីរ ម្រាមដៃនីមួយៗ មានក្រចកធំប្រមាណប៉ុនចបកាប់អាធំ ។ ទេវបុត្រយកក្រចកនេាះខ្វារហែកសាច់ខ្នងខ្លួនឯង មកបរិភេាគ កាលដល់នូវទុក្ខវេទនា ទេីបស្រែកយំខ្លាំងៗ សេាយសេចក្តីទុក្ខយ៉ាងនេះ ។
កាលព្រះអាទិត្យអស្តង្គតទៅ សរីរៈនេាះក៏អន្តរធានទៅ សរីរៈជាទិព្វបានកេីតឡេីង មានស្ត្រីរបាំជាទិព្វដែលប្រដាប់ដេាយគ្រឿងអលង្ការ កាន់គ្រឿងតន្ត្រីផ្សេងៗ មកចេាមរេាម ។ ទេវបុត្រនេាះ កាលនឹងសេាយមហាសម្បត្តិ ក៏ឡេីងកាន់ប្រាសាទជាទិព្វ ក្នុងអម្ពវ័ន ដែលជាទីគួររីករាយ ។
វេមានិកប្រេតនេាះ បានអម្ពវ័នដែលមានទំហំ ៣ យេាជន៍នេះ ដេាយផលនៃការឲ្យផ្លែស្វាយដល់ស្ត្រីអ្នករក្សាឧបេាសថ, ចំណែកការខ្វះហែកសាច់ខ្នង មកបរិភេាគនេះ ដេាយផលកម្មនៃការទទួលសំណូក និងកាត់ក្តីកេាង, ការបានសេាយទិព្វសម្បត្តិក្នុងពេលរាត្រី និងមានស្ត្រីរបាំ ១៦០០០ ចេាមរេាមបម្រេីនេះ ដេាយផលនៃឧបេាសថកន្លះថ្ងៃ ។
ក្នុងកាលនេាះ ព្រះរាជាពារាណសីឃេីញទេាសក្នុងកាមទាំងឡាយ ហេីយបួសជាឥសី សាងបណ្ណសាលា លេីភូមិភាគជាទីរីករាយ នៅចំណែកខាងក្រេាមទន្លេគង្គា ញាុំងអត្តភាពឲ្យប្រព្រឹត្តទៅដេាយឧពា្ឆាចរិយា (ការត្រាច់បិណ្ឌបាតចិពាឹ្ចមជីវិត) ។ ថ្ងៃមួយ ផ្លែស្វាយទុំប៉ុនក្អមអាធំ ដែលនៅក្នុងព្រៃស្វាយនេាះ ធ្លាក់ចុះទន្លេគង្គា ហេីយហូរអណ្តែតតាមខ្សែទឹក មកដល់ទីខាងមុខកំពង់ជាទីបរិភេាគរបស់តាបសនេាះ ។ តាបសកាលជម្រះមុខ បានឃេីញស្វាយកំពុងអណ្តែតមកនៅកណ្តាលទន្លេហេីយ ចុះទៅក្នុងទឹក កាន់យកស្វាយនេាះ នាំមកអាស្រម រក្សាទុកក្នុងផ្ទះភ្លេីង យកកាំបិតមកពុះ ហេីយបរិភេាគមួយចម្អែត ចំណែកដែលនៅសល់ យកស្លឹកចេកមកគ្របទុក បន្តបន្ទាប់មក តាបសឆាន់ផ្លែស្វាយនេាះរាល់ៗ ថ្ងៃ រឿយៗរហូតទាល់តែអស់ ។
កាលស្វាយនេាះអស់ហេីយ តាបសមិនអាចនឹងបរិភេាគផលាផលដទៃ ព្រេាះជាប់ជំពាក់រសតណ្ណា ទេីបគិតថា យេីងនឹងបរិភេាគផ្លែស្វាយទុំនេាះ ដូច្នេះ ទេីបទៅកាន់ច្រាំងទន្លេ កាលសម្លឹងមេីលទន្លេ ធ្វេីសេចក្តីសន្និដ្ឋានថា បេីមិនបានផ្លែស្វាយ យេីងនឹងមិនក្រេាក យ៉ាងនេះហេីយអង្គុយនៅទីនេាះឯង ។ តាបសនេាះ ជាអ្នកមិនមានអាហារក្នុងទីនេាះ សូម្បីអស់ ១ថ្ងៃ ២ថ្ងៃ ៣ថ្ងៃ ៤ថ្ងៃ ៥ថ្ងៃ ៦ថ្ងៃ រហូតរាងកាយរីងស្ងួត ហួតហែង ក្រៀមក្រេាះ ដេាយខ្យល់ និងកម្តៅ អង្គុយសម្លឹងរកមេីលផ្លែស្វាយប៉ុណ្ណេាះ ។
លំដាប់នេាះ ក្នុងថ្ងៃទី ៧ នទីទេវតាកាលពិចារណាឭ បានដឹងហេតុនេាះ ហេីយគិតថា តាបសនេះ ជាអ្នកលុះក្នុងអំណាចតណ្ហា មិនបរិភេាគអាហារអស់ ៧ ថ្ងៃ មកអង្គុយសម្លឹងមេីលទន្លេគង្គា កាលដែលយេីងមិនឲ្យផ្លែស្វាយទុំដល់តាបសនេះ រមែងមិនគួរ កាលតាបសនេហមិនបានផ្លែស្វាយ គេនឹងស្លាប់ ចឹងយេីងនឹងឲ្យដល់គេ ដូច្នេះទេីបមក ហេីយឋិតនៅលេីអាកាសខាងលេីទន្លេគង្គា កាលចរចាមួយអន្លេីដេាយតាបសនេាះ ទេីបពេាលគាថាទី ១ ថា៖ បពិត្រព្រាហ្មណ៍ លេាកពេញចិត្តនឹងអ្វី ប៉ុនប៉ងអ្វី ប្រាថ្នាអ្វី ស្វែងរកអ្វី ទេីបអង្គុយម្នាក់ឯងក្នុងរដូវក្តៅ ដេាយប្រយេាជន៍អ្វី ។ នាងទេពធីតាហៅតាបសនេះថា ព្រាហ្មណ៍ ព្រេាះលេាកបួសហេីយ អធិប្បាយថា ម្នាលព្រាហ្មណ៍ លេាកប្រាថ្នាអ្វី គិតដល់អ្វី ចង់បានអ្វី ស្វែងរកអ្វី ត្រូវការអ្វី លេាកទេីបមកអង្គុយសម្លឹងមេីលទន្លេគង្គាត្រង់ច្រាំងទន្លេនេះ ។
តាបសស្តាប់ពាក្យនេាះហេីយ ក៏ពេាល ៩ គាថា ថា៖ ក្អមដាក់នូវទឹកដ៏ធំ មានទ្រង់ទ្រាយស្អាតបាត មានឧបមាយ៉ាងណា ផ្លែស្វាយទុំដ៏ឧត្តម ដេាយពណ៌ និងក្លិន និងរស ក៏មានឧបមេយ្យយ៉ាងនេាះ ។ ម្នាលនាងមានអវយៈត្រង់កណ្តាល (ចង្កេះ) មិនមានមន្ទិល អាត្មាបានឃេីញផ្លែស្វាយនេាះ អណ្តែតតាមខ្សែទឹក ក៏ចាប់ផ្លែស្វាយនេាះដេាយដៃទាំងពីរ ហេីយនាំយកទៅកាន់រេាងបូជាភ្លេីង ។ លំដាប់នេាះ អាត្មាបានដាក់ផ្លែស្វាយលេីស្លឹកចេកទាំងឡាយដេាយខ្លួនឯង ចិតនូវផ្លែស្វាយនេាះដេាយកាំបិតបហេីយ (ឆាន់) ផ្លែស្វាយនេាះ នាំចេញនូវសេចក្តីស្រេកឃ្លានរបស់អាត្មាបាន ។
អាត្មានេាះប្រាសចាកសេចក្តីក្រវល់ក្រវាយ លុះផ្លែស្វាយអស់ហេីយ ក៏អត់ទ្រាំបានដេាយលំបាក មិនបានសេចក្តីត្រេកអរ ក្នុងផ្លែឈេីទាំងឡាយឯទៀតណាមួយ ។ ផ្លែស្វាយនេាះ នឹងនាំមកនូវសេចក្តីស្លាប់ ដល់អាត្មាដេាយពិត ព្រេាះរីងស្គម ព្រេាះផ្លែស្វាយមានរសឆ្ងាញ់ មានរសផ្អែមលេីសលប់ ជាទីពេញចិត្ត ។ អាត្មាស្រង់ផ្លែស្វាយ ដែលកំពុងអណ្តែតក្នុងអន្លង់ដ៏ធំអំពីស្ទឹង អាត្មានៅ (ដេាយសេចក្តីស្រេកឃ្លាន) ព្រេាះហេតុណា ហេតុនេាះទាំងអស់ អាត្មាបានប្រាប់ដល់នាង ។ អាត្មាអង្គុយអាស្រ័យនូវស្ទឹងជាទីរីករាយ ស្ទឹងនេហ ធំទូលាយប្រកបដេាយត្រី នាងកុំអាលរត់ទៅ ចូរប្រាប់ខ្លួននេាះ ដល់អាត្មាសិន ។
ម្នាលនាងកល្យាណី នាងជាអ្វី ម្នាលនាងមានអវយវៈត្រង់កណ្តាល (ចង្កេះ) ដ៏ល្អ នាងមានរូបដូចកតម្បារមាសដ៏រលីង (មានដំណេីរ) ដូចជាកូនខ្លាដែលកេីតក្នុងញកភ្នំ (មកក្នុងទីនេះ) ដេីម្បីអ្វី ។ នាងនារីទាំងឡាយណា ជាអ្នកបម្រេីពួកទេវតា ក្នុងទេវតាទាំងឡាយផង ្រសីទាំងឡាយណាប្រកបដេាយរូប ក្នុងមនុស្សលេាកផង ស្រីទាំងឡាយនេាះ ប្រាកដស្មេីដេាយរូបនៃនាងមិនមាន ក្នុងទេវគន្ធព្វ និងមនុស្សលេាកឡេីយ ម្នាលនាងមានអវយវៈខាងដេីម (ភ្លៅ) ដ៏ល្អ អាត្មាសួរហេីយ ចូរប្រាប់នាម និងគេាត្រផង ផៅពង្សទាំងឡាយផង ។
លំដាប់នេាះ ទេវធីតា ក៏ពេាល ៨ គាថា ថា៖ បពិត្រព្រាហ្មណ៍ លេាកគង់នៅអា្រស័យស្ទឹងឈ្មេាះកេាសិកីជាទីរីករាយណា ខ្ញុំមានលំនៅត្រង់ខ្សែទឹកដ៏កាច មានអន្លង់ជាទីហូរនៅនៃទឹកដ៏ប្រសេីរ អាស្រ័យនៅហេីយ (ក្នុងស្ទឹងនេាះ) ។ ព្រេាះភ្នំដ៏ច្រេីន កុះករដេាយឈេីផ្សេងៗ រមែងមានក្នុងទីចំពេាះមុខខ្ញុំ រមែងហូរទៅ ក្នុងរដូវភ្លៀង ។ ម្យ៉ាងទៀត ស្ទឹងដ៏ច្រេីន មានទឹកហូរចេញអំពីព្រៃ ទ្រទ្រង់នូវគំនរទឹកដ៏ខៀវ ស្ទឹងដ៏ច្រេីនមានរូបភាពដូចជានាគ រមែងញុាំងខ្ញុំឲ្យពេញដេាយទឹក ។
ដេីមស្វាយ ដេីមព្រីង ដេីមខ្នុរសម្ល ដេីមក្ទុម្ព ដេីមត្នេាតនិងដេីមល្វា ផលជាតទាំងឡាយ ដ៏ច្រេីន រមែងចូលទៅកាន់ស្ទឹងទាំងនេាះរឿយៗ ។ ផ្លែឈេីណាមួយ នៅក្បែរមាត់ច្រាំងទាំងពីរ រមែងជ្រុះទៅក្នុងទឹក ផ្លែឈេីនេាះ រសាត់ទៅតាមអំណាចខ្សែទឹកដេាយឥតសង្ស័យ ។ បពិត្រលេាកជាអ្នកប្រាជ្ញ មានប្រាជ្ញាច្រេីន លេាកជ្រាបហេតុនុ៎ះហេីយ សូមស្តាប់ ពាក្យខ្ញុំចុះ បពិត្រព្រះជនាធិបតី សូមលេាកកុំពេញចិត្តឡេីយ ចូរបដិសេធ នូវការជាប់ជំពាក់ដេាយតណ្ហា ។
បពិត្រព្រះរាជិសី អ្នកញាុំងដែនឲ្យចម្រេីន លេាកកំពុងចម្រេីន (ដេាយសាច់និងឈាម) ប្រាថ្នាសេចក្តីស្លាប់ ដេាយហេតុណា ខ្ញុំពុំសំគាល់នូវលេាកថា ជាអ្នកចម្រេីនដេាយប្រាជ្ញាដេាយហេតុនេាះទេ ។ បិតាទាំងឡាយ (ព្រហ្ម) និងគន្ធព្វព្រមទាំងទេវតា រមែងដឹងនូវភាពនៃបុគ្គលនេាះថាជាអ្នកលុះក្នុងអំណាចនៃតណ្ហា ម្យា៉ងទៀត ឥសីទាំងឡាយណាក្នុងលេាក ជាអ្នកមានចិត្តសង្រួមហេីយ មានតបៈ ឥសីទាំងឡាយនេាះ រមែងដឹងឥតសង្ស័យ (សូម្បី) ពួកអ្នកមានយសជាអ្នកបម្រេី (ឥសីទាំងនេាះក៏ដឹងការនេាះតៗ គ្នាទៀត) ។
កាលនទីទេវធីតា នឹងឲ្យតាបសនេាះ កេីតសេចក្តីសង្វេគទេីបពេាលយ៉ាងនេះថា ព្រហ្មដែលដល់ការរាប់ថាជាបិតា គន្ធព្វព្រមទាំងកាមាវចរទេវតា មួយអន្លេីដេាយព្រហ្មនេាះ និងពួកឥសីដែលមានចក្ខុទិព្វ រមែងដឹងបុគ្គលដែលធ្លាក់ចុះក្នុងអំណាចនៃតណ្ហា ដេាយឥតសង្ស័យ ។ តែការដែលអ្នកមានប្ញទ្ធិទាំងនេាះដឹងថា តាបសឯណេាះជាបុគ្គលធ្លាក់ចុះ ក្នុងអំណាចនៃតណ្ណា មិនជាអស្ចារ្យទេ ។ ចំណែកអ្នកបម្រេី របស់ឥសីដែលតាំងសេចក្តីព្យាយាមជាអ្នកមានយស បានដឹងព្រេាះស្តាប់ពាក្យរបស់ជនទាំងនេាះនិយាយគ្នាម្តងទៀត ។ ឈ្មេាះថា អាថ៌កំបាំងរបស់អ្នកធ្វេីបាបកម្ម រមែងមិនមាន ។
បន្ទាប់ពីនេាះមក តាបសក៏ពេាល ៤ គាថា ថា៖ បេី (នរជនណា) មិនគិតសម្លាប់បុគ្គលនេាះទេ បាបក៏មិនចម្រេីនដល់នរជននេាះ ដែលដឹងច្បាស់នូវធម៌ទាំងពួង របស់អ្នកប្រាជ្ញ យ៉ាងនេះផង ដឹងនូវការបែកធ្លាយនិងច្យុតិនៃជីវិតផង ។ ម្នាលនាងជាធំ ដែលពួកឥសីដឹងច្បាស់ហេីយ ប្រយេាជន៍នៃសត្វលេាក នាងដឹងច្បាស់ហេីយយ៉ាងនេះ នាងឈ្មេាះថាស្វែងរកនូវបាបកម្ម (ចំពេាះខ្លួន) ព្រេាះប្រទេចពាក្យមិនប្រសេីរ ។ ម្នាលនាងទេវធីតាមានត្រគាកសាយល្អ បេីយេីងស្លាប់លេីត្រេីយរបស់នាង កាលបេីយេីងស្លាប់ហេីយ តំណិះដំណៀលនឹងបានមកនាងឯង ឥតសង្ស័យឡេីយ ។ ម្នាលនាងមានអវយវៈ ត្រង់កណ្តាលដ៏ល្អ ព្រេាះហេតុនេាះ នាងឯងចូររក្សានូវកម្មអាក្រក់ កាលបេីយេីងស្លាប់ហេីយ កុំឲ្យជនទាំងអស់ជេរប្រទេចនាង ក្នុងកាលជាខាងក្រេាយឡេីយ ។
ទេពធីតាស្តាប់ពាក្យនេាះហេីយ ទេីបពេាល ៥ គាថា ថា៖ ហេតុនេះ ខ្ញុំម្ចាស់ដឹងច្បាស់ហេីយ ធម្មតាសេ្តចនេះ មិនងាយអត់ទ្រាំបានទេ ណ្ហេីយចុះ ខ្ញុំម្ចាស់នឹងប្រគេននូវខ្លួនខ្ញុំម្ចាស់ផង ប្រគេននូវស្វាយនេាះផង ដល់លេាកម្ចាស់ ត្បិតលេាកម្ចាស់បានលះបង់នូវកាមគុណទាំងឡាយ ដែលគេលះបង់បានដេាយក្រ ហេីយបានអធិដ្ឋាននូវសីល ជាគ្រឿងស្ងប់រម្ងាប់ផង នូវសុចរិតធម៌ផង ។ បុគ្គលណា លះបង់នូវចំណង់ខាងដេីម ហេីយឋិតនៅក្នុងចំណងខាងចុងផង ប្រព្រឹត្តនូវធម៌ផង បាបតែងចម្រេីនឡេីងដល់បុគ្គលនេាះ ។
សូមលេាកម្ចាស់មកចុះ ខ្ញុំម្ចាស់នឹងនាំលេាកម្ចាស់ទៅឲ្យដល់ព្រៃស្វាយនេាះ សូមលេាកម្ចាស់មានសេចក្តីខ្វល់ខ្វាយតិចដេាយពិតចុះ ខ្ញុំម្ចាស់នឹងនាំទៅដាក់ក្នុងព្រៃស្វាយដ៏ត្រជាក់នេាះ សូមលេាកម្ចាស់គង់នៅកុំមានសេចក្តីខ្វល់ខ្វាយ ។ បពិត្រអរិន្ទមៈ ព្រៃស្វាយនេាះ ពួកសត្វបក្សីមានកក្ងក់ ស្រវឹងដេាយរសនៃផ្កាឈេី ស្រែកបន្លឺឡេីងហេីយ ពួកក្រៀល ពួកក្ងេាក ជាទិព្វ ពួកសត្វស្លាបឈ្មេាះកេាលដ្ឋិ និងឈ្មេាះមធុសាឡិកៈ យំជាមួយនឹងពួកហង្ស ពួកតាវៅ ដែលនៅក្នុងព្រៃស្វាយនេាះ ក៏ញាុំងពួកសត្វទាំងនេាះឲ្យភ្ងាក់ឡេីងហេីយ ។ ដេីមស្វាយទាំងឡាយក្នុងព្រៃេនាះ មានចុងមែកដាបចុះ (ព្រេាះទម្ងន់ផ្លែ) ប្រាកដស្មេីដេាយទីលានដែលពេញដេាយកណ្តាប់ស្រូវ ដេីមដកគាំ ស្រល់ និងកទម្ពទាំងឡាយ មានចង្កេាមផ្លែសំយុងចុះ ដូចធ្លាយផ្លែត្នេាតទុំ។
លេាកពេាលអធិប្បាយថា នែតាបសដ៏ចម្រេីន បុគ្គលណាលះបង់រាជសម្បត្តិដ៏ធំហេីយមកជាប់ជំពាក់នឹងរសតណ្ហា ត្រឹមតែផ្លែស្វាយទុំ មិននឹកនាដល់ខ្យល់និងកម្តៅ អង្គុយរីងរៃនៅនឹងច្រាំងទន្លេ បុគ្គលនេាះកាលឆ្លងមហាសមុទ្រ ប្រៀបដូចបុគ្គលដែលអង្គុយនៅទីបំផុតនៃច្រាំង ។ បុគ្គលណាជាអ្នកលុះក្នុងអំណាចនៃតណ្ហា ប្រព្រឹត្តអធម៌ កាលធ្វេីដេាយអំណាចនៃតណ្ហា បាបរមែងចម្រេីនដល់បុគ្គលនេាះ ។ ទេពធីតាកាលតិះដៀលតាបស ទេីបពេាលដូច្នេះ ។
កាលទេវធីតាពណ៌នាហេីយ នាងក៏នាំតាបសទៅដាក់ក្នុងព្រៃស្វាយនេាះ ហេីយពេាលថា លេាកកាលបរិភេាគផ្លែស្វាយក្នុងអម្ពវ័ននេះហេីយ ចូរញាុំតណ្ហារបស់ខ្លួនឲ្យពេញចុះ ថាដូច្នេះហេីយ ទេីបចៀសចេញទៅ ។ តាបសបរិភេាគផ្លែស្វាយ និងញាុំតណ្ហាឲ្យពេញហេីយ ក៏សម្រាក កាលប្រព្រឹត្តនៅក្នុងអម្ពវ័នក៏បានឃេីញវេមានិកប្រេតដែលកំពុងសេាយទុក្ខ តែលេាកមិនអាចនឹងពេាលយ៉ាងណាឡេីយ ។ ក្នុងកាលព្រះសូរិយាអស្តង្គតទៅតាបសឃេីញប្រេតសេាយទិព្វសម្បត្តិ ដែលមានស្ត្រីរបាំជាបរិវារ ហេីយទេីបពេាល ៣ គាថា ថា៖ អ្នកទ្រទ្រង់នូវផ្កាកម្រង ទ្រទ្រង់នូវឈ្នូត ប្រដាប់ដេាយគ្រឿងអាភរណៈ ពាក់នូវពាហុរត្ន (កងកន់) ប្រស់ព្រំដេាយខ្លឹមចន្ទន៍ ឲ្យគេបម្រេីក្នុងវេលាយប់ សេាយនូវទុក្ខវេទនាក្នុងវេលាថ្ងៃ ។ ស្ត្រីទាំងឡាយ ១៦០០០ នេះ ជាស្រីបម្រេីរបស់អ្នក អ្នកជាបុគ្គលមានអានុភាពច្រេីនយ៉ាងនេះ អស្ចារ្យគួរឲ្យព្រឺរេាម ។
ក្នុងកាលមុន អ្នកបានធ្វេីអំពេីបាប នាំមកនូវទុក្ខដល់ខ្លួនដូចម្តេច ដែលអ្នកធ្វេីក្នុងមនុស្សលេាក បានជាសុីនូវសាច់ខ្នង (របស់ខ្លួន) ។ ប្រេតចាំតាបសនេាះបាន ហេីយពេាលថា ព្រះអង្គមិនស្គាល់ខ្ញុំទេឬ ខ្ញុំជាបុរេាហិតរបស់ព្រះអង្គ ខ្ញុំបានសេាយសេចក្តីសុខក្នុងវេលាយប់ ព្រេាះផលនៃឧបេាសថកន្លះថ្ងៃ ដែលខ្ញុំបានធ្វេីដេាយអាស្រ័យព្រះអង្គ បានសេាយសេចក្តីទុក្ខក្នុងពេលយប់ ដេាយផលនៃបាបជាប្រក្រតីរបស់ខ្ញុំ ។
ខ្ញុំដែលព្រះអង្គតាំងទុកក្នុងតំណែងជាអ្នកវិនិច្ឆ័យ បានធ្វេីការកាត់ក្តីកេាងទទួលសំណូក ជាអ្នកសុីសាច់ខ្នងអ្នកដទៃ ព្រេាះផលនៃកម្មដែលបានធ្វេីទុកនេាះ ខ្ញុំទេីបសេាយសេចក្តីទុក្ខនេះក្នុងពេលថ្ងៃ ដូច្នេះហេីយ ទេីបពេាលគាថា ២ ថា៖ ខ្ញុំបានរៀននូវវេទទាំងឡាយ ហេីយជាប់ជំពាក់ក្នុងកាមទាំងឡាយ បានប្រព្រឹត្តមិនជាប្រយេាជន៍ដល់ជនដទៃ អស់កាលដ៏យូអង្វែង ។ បុគ្គលណា ជាអ្នកសុីនូវសាច់ខ្នង (ញុះញ៉ង់គេ) បុគ្គលនេាះ ក៏ខ្វារសុីនូវសាច់ខ្នងរបស់ខ្លួន ដូចខ្ញុំសុីក្នុងថ្ងៃនេះដែរ ។
វេមានិកប្រេតបានពេាលពាក្យនេះហេីយ ក៏សួរតាបសថា លេាកម្ចាស់មកទីនេះបាន ដេាយប្រការដូចម្តេច ។ តាបសពេាលរឿងរ៉ាវទាំងអស់ ដេាយពិស្តារ ។ ប្រេតសួរទៀតថា បពិត្រលេាកម្ចាស់ដ៏ចម្រេីន ឥឡូវនេះ លេាកនឹងនៅក្នុងទីនេះ ឬនឹងទៅវិញ ? តាបសពេាលថា យេីងមិននៅទេ យេីងនឹងទៅកាន់អាស្រមប៉ុណ្ណេាះ ។ ប្រេតពេាលថា បពិត្រលេាកម្ចាស់ប្រពៃណាស់ ខ្ញុំនឹងទំនុកបម្រុងលេាកម្ចាស់ដេាយផ្លែស្វាយទុំជាប្រចាំ ថាហេីយ ក៏នាំយកតាបសទៅដាក់ចុះក្នុងអាស្រម ដេាយអានុភាពរបស់ខ្លួន រួចឲ្យតាបសកាន់យកបដិញ្ញាថា សូមលេាកម្ចាស់កុំអផ្សុកអី ចូរនៅក្នុងទីនេះចុះ ដូច្នេះហេីយ ទេីបទៅ ។ ចាប់ពីពេលនេាះមកប្រេតនេាះក៏បានទំនុកបម្រុងតាបសដេាយផ្លែស្វាយទុំជាប់ជានិច្ច ។ តាបសកាលបានបរិភេាគផ្លែស្វាយនេាះ ហេីយធ្វេីកសិណបរិកម្ម ញាុំងឈាននិងអភិញ្ញាឲ្យកេីតឡេីង ជាអ្នកមានព្រហ្មលេាកជាទីទៅខាងមុខ ។
ព្រះសាស្តាបាននាំព្រះធម្មទេសនានេះ ដល់ឧបាសិកាទាំងឡាយហេីយ ទ្រង់ប្រកាសសច្ចធម៌ និងប្រជុំជាតក ក្នុងកាលជាទីបពា្ចប់នៃសច្ចធម៌ បុគ្គលខ្លះបានសម្រេចជាព្រះសេាតាបន្ន បុគ្គលខ្លះបានសម្រេចជាព្រះសកទាគាមី បុគ្គលខ្លះបានជាព្រះអនាគាមី ។ទេពធីតាក្នុងកាលនេាះ បានមកជាឧប្បលវណ្ណា ។ ចំណែក តាបស គឺ តថាគតនេះឯង ។
កឹឆន្ទជាតក (ពេាលអំពីផល ឧបេាសថកន្លះថ្ងៃ)
សុត្តន្តបិដក ខុទ្ទកនិកាយ ជាតក នវមភាគ
(ព្រះត្រៃបិដក លេខ ៦០)
ដោយ៥០០០ឆ្នាំ
images/articles/3206/____________________________________.jpg
ផ្សាយ : ០៥ មីនា ឆ្នាំ២០២៤ (អាន: ២,៥៦៦ ដង)
អ្នកចូរមើលនូវអត្តភាព ដែលធើ្វឲ្យវិចិត្រ ជាទីប្រជុំនៃដំបៅដែលតាំងឡើងព្រមហើយ (ដោយឆ្អឹង ៣០០ កំណាត់) ជាអត្តភាពក្ដៅក្រហាយ ដែលជនពាលត្រិះរិះដោយច្រើន ជាអត្តភាពមិនទៀងទាត់ឋិតថេរ។ អ្នកចូរមើលនូវរូប ដែលធើ្វឲ្យវិចិត្រដោយកែវមណី និងកណ្ឌល ដែលឆ្អឹង និងស្បែករួបរឹតហើយ (រូបនោះ) រមែងល្អដោយសារសំពត់ទាំងឡាយ។ ជើងទាំងឡាយ លាបដោយល័ខស្រស់ មុខលាបដោយគ្រឿងលំអិត អាចញ៉ាំងជនពាលឲ្យវង្វេង តែមិនអាចញ៉ាំងបុគ្គលអ្នកស្វែងរកនូវត្រើយ គឺព្រះនិព្វានឲ្យវង្វេងបានទេ។ សក់ទាំងឡាយ ដែលគេរចនាដូចជាក្រឡាចតុរង្គ ភ្នែកទាំងឡាយ លាបដោយថ្នាំសម្រាប់បន្តក់ភ្នែក អាចញ៉ាំងជនពាលឲ្យវង្វេង តែមិនអាចញ៉ាំងបុគ្គលអ្នកស្វែងរកនូវត្រើយ គឺព្រះនិព្វានឲ្យវង្វេងបានឡើយ។
កាយស្អុយដែលគេតាក់តែងហើយ ដូចជានាឡិសម្រាប់ដាក់ថ្នាំបន្តក់ ដែលគេវិចិត្រហើយថ្មី ៗ អាចញ៉ាំងជនពាលឲ្យវង្វេង តែមិនអាចញ៉ាំងបុគ្គលអ្នកស្វែងរកនូវត្រើយ គឺព្រះនិពា្វនឲ្យវង្វេងបានឡើយ។ ព្រានម្រឹគដាក់នូវអន្ទាក់ ម្រឹគក៏មិនបានប៉ះពាល់នូវអន្ទាក់ ហើយស៊ីនូវចំណី កាលដែលព្រានម្រឹគកំពុងកន្ទក់កន្ទេញ (ក៏បោលចេញទៅ យ៉ាងណាមិញ) ពួកយើងក៏ដើរចេញទៅ (យ៉ាងនោះដែរ)។
អន្ទាក់របស់ព្រានម្រឹគដាច់ហើយ ម្រឹគក៏មិនប៉ះពាល់នូវអន្ទាក់ ហើយស៊ីនូវចំណី កាលព្រានម្រឹគកំពុងសោកស្ដាយ (ក៏បោលចេញទៅ យ៉ាងណាមិញ) ពួកយើងក៏ដើរចេញទៅ (យ៉ាងនោះដែរ)។ អាត្មាបានឃើញនូវមនុស្សទាំងឡាយ បរិបូណ៌ដោយទ្រព្យសម្បត្តិក្នុងលោក (ពួកមនុស្សទាំងនោះ) លុះបានទ្រព្យគាប់ចិត្តហើយ មិនឲ្យ (ដល់បុគ្គលណាមួយឡើយ) ព្រោះតែសេចក្តីវង្វេង។ ពួកមនុស្សបានទ្រព្យហើយ ក៏ធើ្វនូវការសន្សំទុក ទាំងប្រាថ្នាក្នុងកាមដ៏លើសលុប។ ព្រះរាជាឈ្នះនូវផែនដី ដែលព្រះអង្គរឹបជាន់បានហើយ នៅគ្រប់គ្រងផែនដី មានសាគរជាទីបំផុត មានសភាពមិនឆ្អែតនឹងត្រើយសមុទ្រខាងអាយ ក៏ប្រាថ្នានូវត្រើយសមុទ្រខាងនាយ។ ព្រះរាជាក្តី ពួកមនុស្សដទៃច្រើននាក់ក្តី មិនទាន់ប្រាសចាកតណ្ហា រមែងដល់នូវសេចក្តីស្លាប់ គឺថាជាអ្នកមានសេចក្តីខ្វះខាត លះបង់រាងកាយ ព្រោះថាសេចក្តីឆ្អែតដោយកាមទាំងឡាយក្នុងលោកមិនមាន។
ពួកញាតិរំសាយសក់ កន្ទក់កន្ទេញ ចំពោះបុគ្គលដែលស្លាប់ហើយនោះ ទាំងបាននិយាយថា ធើ្វម្ដេចហ្ន៎ ញាតិរបស់យើងទាំងឡាយ កុំស្លាប់វិញ ក៏នាំខ្មោចនោះ ដែលរុំដោយសំពត់ ទៅកាន់ជើងថ្ករ ប្រជុំគ្នាដុតក្នុងទីនោះ។ បុគ្គលដែលស្លាប់នោះ ត្រូវពួកអ្នកដុតចាក់ដោយឈើសូល ដុតបុគ្គលនោះ លះបង់នូវភោគៈទាំងឡាយ មានតែសំពត់មួយស្លាប់ទៅ ញាតិទាំងឡាយក្តី មិត្រទាំងឡាយក្តី ឬសម្លាញ់ទាំងឡាយក្តី ជាទីពឹងមិនមានទេ។
ពួកទាយាទ (អ្នកត្រូវទទួលមត៌ក) រមែងនាំទៅនូវទ្រព្យរបស់សត្វដែលស្លាប់នោះ ចំណែកសត្វដែលស្លាប់នោះ ក៏ទៅតាមយថាកម្ម ទ្រព្យតិចតួច កូនប្រពន្ធ មាសប្រាក់ និងដែន ក៏មិនមែនជាប់តាមសត្វដែលស្លាប់នោះទេ។ បុគ្គលមិនមែនបាននូវអាយុវែង ដោយសារទ្រព្យទេ ទាំងមិនមែនកំចាត់បង់នូវជរា ដោយសារទ្រព្យបានទេ ព្រោះថា អ្នកប្រាជ្ញទាំងឡាយ បានពោលនូវជីវិតនោះថា តិច មិនទៀង មានការប្រែប្រួលទៅជាធម្មតា។
ជនទាំងឡាយ អ្នកស្ដុកស្ដម្ភ និងអ្នកទាល់ក្រ រមែងប៉ះពាល់នូវផស្សៈ (មិនជាទីប្រាថ្នា) បុគ្គលពាល និងអ្នកប្រាជ្ញ រមែងប៉ះពាល់ដូចគ្នា ប៉ុន្តែបុគ្គលពាល បើមានសេចក្តីទុក្ខបៀតបៀនហើយ រមែងដេក (សោកស្ដាយ) ព្រោះភាវៈនៃខ្លួនពាល ឯអ្នកប្រាជ្ញ បើទុកជាប៉ះពាល់នូវផស្សៈក៏មិនបានញាប់ញ័រ។ ព្រោះហេតុនោះ បុគ្គលបាននូវព្រះនិព្វាន ជាទីបំផុតនៃភព ក្នុងលោកនេះ ដោយបញ្ញាណា បញ្ញានោះ ជាធម្មជាតិប្រសើរជាទ្រព្យ ដ្បិតបុគ្គលទាំងឡាយ មិនទាន់បានសម្រេចប្រយោជន៍ រមែងធើ្វនូវបាបកម្មទាំងឡាយ ក្នុងភពតូច និងភពធំ ព្រោះតែមោហៈ។
បុគ្គលណា (បានធើ្វបាបកម្ម) ក៏ដល់នូវការអន្ទោលទៅមក រមែងចូលទៅកាន់គភ៌ និងបរលោក បុគ្គលអ្នកអប្បប្រាជ្ញា (ឯទៀត) កាលបើជឿបុគ្គលអ្នកធើ្វបាបកម្មនោះ ក៏ទៅកាន់គភ៌ និងបរលោក។ ចោរអ្នកមានធម៌ដ៏លាមក ដែលគេចាប់បានត្រង់មុខតំណ [គេចាប់បានត្រង់កន្លែងជញ្ជាំងដែលខ្លួនបោះ ឬកាត់នោះ។] (នៃផ្ទះ) រមែងក្តៅក្រហាយដោយកម្មរបស់ខ្លួន យ៉ាងណាមិញ សត្វអ្នកមានធម៌ដ៏លាមក លុះស្លាប់ទៅ រមែងក្តៅក្រហាយក្នុងលោកខាងមុខ ដោយកម្មរបស់ខ្លួន ក៏យ៉ាងនោះដែរ។
កាមទាំងឡាយដ៏វិចិត្រ មានរសឆ្ងាញ់ ជាទីរីករាយនៃចិត្ត តែងញាំញីចិត្តដោយសភាពផ្សេង ៗ បពិត្រមហារាជ ហេតុនោះ អាត្មាភាព ឃើញទោសក្នុងកាមគុណទាំងឡាយ ទើបចេញទៅបួស។ សត្វទាំងឡាយ ទោះក្មេងក្តី ចាស់ក្តី តែងបែកធ្លាយនូវសរីរៈ ដូចជាផ្លែឈើជ្រុះ (ចាកដើម) បពិត្រមហារាជ អាត្មាភាព បានឃើញនូវរបស់មិនទៀងនេះឯង បានជាចេញបួស ភាពជាសមណៈ មិនសូវខុសភ្លាត់ ជារបស់ប្រសើរលើសលុប។
អាត្មាភាពបួសដោយសទ្ធា បានប្រកបសេចក្តីប្រតិបត្តិ ក្នុងសាសនានៃព្រះជិនស្រី បព្វជ្ជារបស់អាត្មាភាព មិនមានទោស អាត្មាភាពបរិភោគភោជន មិនមានបំណុលទេ។ អាត្មាភាព ឃើញនូវកាមទាំងឡាយ ហាក់ដូចជាភ្លើងឆេះសព្វហើយ ឃើញនូវជាតរូប ហាក់ដូចជាគ្រឿងសស្រ្ដាវុធ ឃើញហេតុនាំមកនូវទុក្ខ តាំងតែអំពីការចុះចាប់បដិសន្ធិក្នុងគភ៌ ឃើញនូវភ័យធំក្នុងនរកទាំងឡាយ។
អាត្មាភាព ឃើញនូវទោសនេះឯង ក៏បាននូវសេចក្តីសំវេគ ក្នុងកាលនោះ អាត្មាភាពហ្នឹងឯង ជាអ្នកត្រូវសរមុតហើយ ក្នុងកាលនោះ (ឥឡូវនេះ) បានដល់ហើយនូវការអស់ទៅនៃអាសវៈ។ ព្រះសាស្តា អាត្មាភាព បានបម្រើហើយ ព្រះពុទ្ធសាសនា អាត្មាភាពក៏បានធើ្វហើយ ភារៈដ៏ធ្ងន់ អាត្មាភាពបានដាក់ចុះហើយ តណ្ហាជាគ្រឿងនាំសត្វទៅកាន់ភព អាត្មាភាពបានដកចោលហើយ។ កុលបុត្របានចេញចាកផ្ទះ ចូលមកកាន់ផ្នួស ដើម្បីប្រយោជន៍ណា ប្រយោជន៍នោះ គឺការអស់ទៅនៃសំយោជនៈទាំងពួង អាត្មាភាពបានដល់ហើយ។
(សុត្តន្តបិដក ខុទ្ទកនិកាយ ថេរីគាថា ចត្តាឡីសនិបាត បិដកលេខ ៥៧ ទំព័រ ២១៨)
ដោយ៥០០០ឆ្នាំ
images/articles/3208/___________________________.jpg
ផ្សាយ : ០៥ មីនា ឆ្នាំ២០២៤ (អាន: ១,៧៣៤ ដង)
ម្នាលភិក្ខុទាំងឡាយ រឿងធ្លាប់មានមកថា ពួក ឥសី ច្រើនរូប ជាអ្នកមានសីល មានគុណធម៌ល្អ នៅអាស្រ័យក្នុងកុដិ ដែលប្រក់ដោយ ស្លឹកឈើ ក្នុងដងព្រៃ។ ម្នាលភិក្ខុទាំងឡាយ គ្រានោះឯង សក្កទេវានមិន្ទ និង វេបចិត្តិ អសុរិន្ទ ចូលទៅរកពួកឥសីអ្នកមានសីល មានគុណធម៌ដ៏ល្អទាំងនោះ។
[៣៧៥] ម្នាលភិក្ខុទាំងឡាយ គ្រានោះឯង វេបចិត្តិ អសុរិន្ទ ពាក់ស្បែក ឃើង ដ៏ក្រាស់ [ស្បែកជើងដ៏ក្រាស់តាំងពី៤ជាន់ឡើងទៅ។] សៀតនូវព្រះខ័ន បាំងឆត្រដើរចូលទៅកាន់អាស្រមតាមទ្វារដ៏ប្រសើរ ដើរ ក្បែរពួកឥសីអ្នកមានសីល មានគុណធម៌ដ៏ល្អទាំងនោះ ចម្ងាយប្រមាណ មួយព្យាម។
ម្នាលភិក្ខុទាំងឡាយ ចំណែកខាងសក្កទេវានមិន្ទ ដោះស្បែកជើងដ៏ក្រាស់ ប្រទានព្រះខ័ន ដល់ពួកទេវតាឯទៀត តែមិនដំឡោះឆត្រ ស្តេចចូលទៅកាន់ អាស្រម តាមទ្វារខាង បានឈរធ្វើអញ្ជលិ នមស្ការពួកឥសី អ្នកមានសីល មានគុណធម៌ដ៏ ល្អ ទាំង នោះ ពីខាងក្រោមខ្យល់។
[៣៧៦] ម្នាលភិក្ខុទាំងឡាយ គ្រានោះឯង ពួកឥសីអ្នកមានសីល មានគុណធម៌ ដ៏ល្អទាំងនោះ បានពោលនឹង សក្កទេវានមិន្ទ ដោយគាថា ថា៖ ក្លិនរបស់ពួកឥសី អ្នកប្រព្រឹត្តនូវវត្តដ៏យូរ រមែងឃ្លាតចេញអំពីកាយ ផ្សាយ ទៅតាមខ្យល់ បពិត្រ សហស្សនេត្រ សូមព្រះអង្គ ចៀសចេញពីទីនេះទៅ បពិត្រ ទេវរាជ ព្រោះក្លិនរបស់ពួកឥសី មិនស្អាតទេ។
[៣៧៧] ក្លិនរបស់ពួកឥសី អ្នកប្រព្រឹត្តវត្ត អស់កាលដ៏យូរ រមែងធុំចេញអំពីកាយ ផ្សាយ ទៅតាមខ្យល់ (ក៏ពិតមែន) បពិត្រលោកដ៏ចំរើន តែថា យើងខ្ញុំប្រាថ្នាតែក្លិននុ៎ះ ដូចជាបុគ្គលត្រូវការកម្រងផ្កា ជាផ្កាដ៏វិចិត្រ ដាក់លើក្បាល ពួកទេវតា មិនសំគាល់ ក្នុងការខ្ពើម រអើម ក្នុងក្លិននេះទេ។
សំយុត្តនិកាយ សគាថវគ្គ ទុតិយភាគ
(ព្រះត្រៃបិដក លេខ ៣០)
ជីវិតមានសីល ខ្ពង់ខ្ពស់ឧត្តម !!
សីល គឺជាគ្រឿងប្រដាប់យ៉ាងវិសេសរបស់មនុស្សទាំងឡាយ ។ សីល មានក្លិនក្រអូបផ្សាយទៅគ្រប់ទិស និងសមគួរគ្រប់កាល។ សីល មានគុណអំណាចដ៏ខ្ពង់ខ្ពស់ ស្ថិតនៅក្នុងបុគ្គលណា បុគ្គលនោះ មនុស្ស និងទេវតាគួរគោរពបូជា ។ សីល ជាជណ្ដើរឡើងទៅកាន់ទេវលោក ។ សីល ជាឧបាយនាំឱ្យបានសម្រេចឈាននិងអភិញ្ញា ។ សីល ជាផ្លូវនាំឱ្យបានដល់មហានគរគឺព្រះនិព្វាន ។ សីល ជាភូមិប្រតិស្ឋាននូវសាវកពោធិ បច្ចេកពោធិ និងសម្មាសម្ពោធិញ្ញាណ។ សីល នាំឱ្យសម្រេចនូវរបស់ដែលប្រាថ្នា ប្រៀបដូចកប្បព្រឹក្ស ឬកែវទិព្វក្នុងទេវលោក ៕
ដោយ៥០០០ឆ្នាំ
images/articles/3214/_________________________________.jpg
ផ្សាយ : ០៥ មីនា ឆ្នាំ២០២៤ (អាន: ៥,២២៥ ដង)
វិត្ថតូបោសថសូត្រ ទី២
ម្នាលភិក្ខុទាំងឡាយ ឧបោសថប្រកបដោយអង្គ ៨ ប្រការ ដែលបុគ្គលចាំរក្សាហើយ រមែងមាន ផលច្រើន មានអានិសង្សច្រើន មានសេចក្តី រុងរឿងច្រើន មានសេចក្តី ផ្សាយទៅច្រើន។ ម្នាលភិក្ខុទាំងឡាយ ឧបោសថប្រកបដោយអង្គ ៨ ប្រការ ដែលបុគ្គលចាំរក្សាហើយ រមែងមាន ផលច្រើន មានអានិសង្សច្រើន មានសេចក្តី រុងរឿងច្រើន មានសេចក្តីផ្សាយទៅច្រើន តើដោយប្រការដូចម្តេច។
ម្នាលភិក្ខុទាំងឡាយ អរិយសាវក ក្នុងសាសនានេះ ពិចារណាថាព្រះអរហន្តទាំងឡាយ លះបង់ បាណាតិបាត មានអាជ្ញាដាក់ចុះហើយ មានគ្រឿងសស្រ្តា ដាក់ចុះហើយ មានសេចក្តី ខ្មាសបាប មានសេចក្តីអាណិត មានសេចក្តីអនុគ្រោះ ដោយប្រយោជន៍ ដល់សព្វសត្វ ដរាបអស់ជីវិត ក្នុងថ្ងៃនេះ ចំណែកខ្លួនអញ លះបង់បាណាតិបាត វៀរចាក បាណាតិបាត មានអាជ្ញា ដាក់ចុះហើយ មានគ្រឿងសស្រ្តា ដាក់ចុះហើយ មានសេចក្តី ខ្មាសបាប មាន សេចក្តីអាណិត មានសេចក្តី អនុគ្រោះ ដោយប្រយោជន៍ ដល់សព្វសត្វ អស់យប់នេះ និងថ្ងៃនេះ យកតម្រាប់ ព្រះអរហន្ត ទាំងឡាយផង ខ្លួនអញនឹងចាំរក្សា ឧបោសថផង ដោយអង្គនេះឯង។ ឧបោសថ ប្រកបដោយអង្គ ទី១ នេះឯង។ (សេចក្តីពិស្តារ ដូចអង្គ ទី១) ព្រះអរហន្ត ទាំងឡាយ លះបង់សេនាសនៈ ដ៏ខ្ពស់ហួសប្រមាណ និងសេនាសនៈ ដ៏ប្រសើរ វៀរចាក សេនាសនៈដ៏ខ្ពស់ ហួសប្រមាណ និង សេនាសនៈ ដ៏ប្រសើរ សម្រេចនូវទីដេក ដ៏ទាប លើគ្រែក្តី លើកម្រាល ដែលគេធ្វើដោយស្មៅក្តី ដរាប អស់ជីវិត ក្នុងថ្ងៃនេះ ចំណែកខ្លួនអញ លះបង់ សេនាសនៈ ដ៏ខ្ពស់ហួសប្រមាណ និងសេនាសនៈដ៏ប្រសើរ វៀរចាកសេនាសនៈដ៏ខ្ពស់ ហួសប្រមាណ និងសេនាសនៈ ដ៏ប្រសើរ សម្រេចនូវទីដេក ដ៏ទាប លើគ្រែក្តី លើកម្រាល ដែលធ្វើ ដោយស្មៅក្តី អស់យប់នេះ និងថ្ងៃនេះដែរ យកតម្រាប់ ព្រះអរហន្ត ទាំងឡាយផង អញនឹងចាំរក្សា ឧបោសថផង ដោយអង្គ នេះឯង។ ឧបោសថ ប្រកបដោយអង្គ ទី៨ នេះឯង។
ម្នាលភិក្ខុទាំងឡាយ ឧបោសថ ប្រកបដោយអង្គ ៨ ប្រការ ដែលបុគ្គលចាំរក្សា យ៉ាងនេះឯង រមែងមានផលច្រើន មានអានិសង្ស ច្រើន មានសេចក្តី រុងរឿងច្រើន មានសេចក្តី ផ្សាយទៅច្រើន។ ឧបោសថ មានផលច្រើនដូចម្តេច មានអានិសង្សច្រើន ដូចម្តេច មានសេចក្តី រុងរឿង ច្រើនដូចម្តេច មានសេចក្តី ផ្សាយទៅច្រើន ដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ប្រៀបដូចបុគ្គល សោយរាជ្យ ជាឥស្សរាធិបតី នៃមហាជនបទ ទាំង ១៦ នេះ ដែលជាជនបទ សម្បូរដោយកែវ ៧ ប្រការ គឺមហាជនបទ ឈ្មោះ អង្គៈ ១ មគធៈ ១ កាសី ១ កោសលៈ ១ វជ្ជី ១ មល្លៈ ១ ចេតី ១ វង្សៈ ១ កុរុ ១ បញ្ចាលៈ ១ មច្ឆៈ ១ សូរសេនៈ ១ អស្សកៈ ១ អវន្តី ១ គន្ធារៈ ១ កម្ពោជៈ ១ រាជសម្បត្តិនៃ មហាជនបទ ទាំងនុ៎ះ មិនដល់នូវចំណិត ១ ក្នុងចំណិត ទី១៦ៗ លើក នៃឧបោសថ ប្រកបដោយអង្គ ៨ ប្រការឡើយ។ ដំណើរនោះ ព្រោះហេតុអ្វី។
ម្នាលភិក្ខុទាំងឡាយ រាជសម្បត្តិ របស់មនុស្ស ជារបស់ ស្តួចស្តើង ហើយយក ទៅប្រៀបធៀបនឹង សេចក្តីសុខ ជារបស់ ទិព្យ។ ម្នាលភិក្ខុ ទាំងឡាយ ៥០ ឆ្នាំ របស់មនុស្ស ត្រូវ ជា ១យប់ ១ថ្ងៃ របស់ចាតុម្មហារាជិក ទេវតា រាប់រាត្រីនោះ បាន ៣០រាត្រី ត្រូវជា ១ខែ រាប់ខែនោះបាន ១២ខែ ត្រូវជា ១ឆ្នាំ រាប់ឆ្នាំនោះបាន ៥០០ឆ្នាំទិព្យ ត្រូវជា ប្រមាណ នៃអាយុ របស់ ចាតុម្មហារាជិកទេវតា។ ម្នាលភិក្ខុ ទាំងឡាយ ហេតុនេះ រមែងមាន ត្រង់ដែលស្រ្តី ឬ បុរស ពួកខ្លះ ក្នុងលោកនេះ ចាំរក្សានូវ ឧបោសថ ដែល ប្រកប ដោយអង្គ ៨ ប្រការ លុះបែកធ្លាយ រាងកាយស្លាប់ទៅ រមែងទៅកើត ជាមួយ នឹងពួក ចាតុម្មហារាជិកទេវតា។ ម្នាលភិក្ខុ ទាំងឡាយ រាជសម្បត្តិ របស់មនុស្សជារបស់ស្តួចស្តើង ហើយ យកទៅ ប្រៀបធៀប នឹង សេចក្តីសុខ ជារបស់ទិព្យ ដែលតថាគត សំដែងហើយ ព្រោះ អាស្រ័យ ហេតុនេះឯង។ ម្នាលភិក្ខុ ទាំងឡាយ ១០០ឆ្នាំ របស់មនុស្ស ត្រូវជា ១យប់ ១ថ្ងៃ របស់ តាវត្តិង្សទេវតា រាប់រាត្រីនោះ បាន ៣០ ត្រូវជា ១ខែ រាប់ខែនោះ បាន ១២ខែ ត្រូវជា ១ឆ្នាំ រាប់ឆ្នាំនោះបាន ១០០០ឆ្នាំទិព្យ ត្រូវជា ប្រមាណ នៃអាយុ របស់ តាវត្តិង្ស ទេវតា។ ម្នាលភិក្ខុ ទាំងឡាយ ហេតុនេះរមែងមាន ត្រង់ដែលស្រ្តី ឬបុរសពួកខ្លះ ក្នុងលោកនេះ ចាំរក្សា នូវឧបោសថ ប្រកបដោយអង្គ ៨ ប្រការ លុះបែកធ្លាយ រាងកាយស្លាប់ទៅ រមែងទៅកើត ជាមួយនឹងពួក តាវត្តិង្សទេវតា។
ម្នាលភិក្ខុ ទាំងឡាយ រាជសម្បត្តិ របស់មនុស្ស នេះឯងជារបស់ ស្តួចស្តើង ហើយយកទៅប្រៀបធៀប នឹងសេចក្តីសុខ ជារបស់ទិព្យ ដែលតថាគត សំដែងហើយ ព្រោះ អាស្រ័យហេតុនេះឯង។ ម្នាលភិក្ខុ ទាំងឡាយ ២០០ឆ្នាំ របស់មនុស្ស ត្រូវជា ១យប់ ១ថ្ងៃ របស់ពួក យាមទេវតា រាប់ រាត្រីនោះបាន ៣០រាត្រី ត្រូវជា ១ខែ រាប់ខែនោះបាន ១២ខែ ត្រូវជា ១ឆ្នាំ រាប់ឆ្នាំនោះ បាន ២០០០ ឆ្នាំទិព្យ ត្រូវជាប្រមាណ នៃអាយុ របស់យាមទេវតា។ ម្នាលភិក្ខុ ទាំងឡាយ ហេតុនេះ រមែងមានត្រង់ដែលស្រ្តី ឬបុរសពួកខ្លះ ក្នុងលោកនេះ ចាំរក្សានូវឧបោសថ ប្រកប ដោយអង្គ ៨ ប្រការ លុះបែកធ្លាយ រាងកាយ ស្លាប់ទៅ រមែងទៅកើតជាមួយ នឹងពួកយាម ទេវតា។
ម្នាលភិក្ខុទាំងឡាយ រាជសម្បត្តិ របស់មនុស្ស នេះឯងជារបស់ ស្តួចស្តើង ហើយយក ទៅប្រៀបធៀប នឹងសេចក្តីសុខ ជារបស់ទិព្យ ដែលតថាគត សំដែងហើយ ព្រោះអាស្រ័យ ហេតុនេះឯង។ ម្នាលភិក្ខុ ទាំងឡាយ ៤០០ ឆ្នាំ របស់មនុស្ស ត្រូវជា ១យប់ ១ថ្ងៃ របស់ពួក តុសិតទេវតា រាប់រាត្រីនោះបាន ៣០រាត្រី ត្រូវជា ១ខែ រាប់ខែ នោះបាន ១២ខែ ត្រូវជា ១ឆ្នាំ រាប់ឆ្នាំនោះ បាន ៤០០០ឆ្នាំទិព្យ ត្រូវជា ប្រមាណ នៃអាយុ របស់ពួក តុសិតទេវតា។ ម្នាលភិក្ខុទាំងឡាយ ហេតុនេះ រមែងមាន ត្រង់ដែល ស្រ្តី ឬបុរស ពួកខ្លះ ក្នុងលោកនេះ ចាំរក្សា ឧបោសថ ប្រកប ដោយអង្គ ៨ ប្រការ លុះបែក ធ្លាយ រាងកាយ ស្លាប់ទៅ រមែងទៅកើត ជាមួយនឹង ពួក តុសិតទេវតា។
ម្នាលភិក្ខុ ទាំងឡាយ រាជសម្បត្តិ របស់មនុស្សនេះឯង ជារបស់ ស្តួចស្តើង ហើយយកទៅ ប្រៀបធៀប នឹង សេចក្តី សុខ ជារបស់ទិព្យ ដែល តថាគត សំដែងហើយ ព្រោះអាស្រ័យ ហេតុនេះឯង។ ម្នាលភិក្ខុ ទាំងឡាយ ៨០០ឆ្នាំ របស់មនុស្ស ត្រូវជា ១យប់ ១ថ្ងៃ របស់ពួក និម្មានរតីទេវតា រាប់ រាត្រី នោះបាន ៣០រាត្រី ត្រូវជា ១ខែ រាប់ខែនោះបាន ១២ខែ ត្រូវជា ១ឆ្នាំ រាប់ឆ្នាំ នោះបាន ៨០០០ឆ្នាំទិព្យ ត្រូវជាប្រមាណ នៃអាយុរបស់ ពួក និម្មានរតី ទេវតា។ ម្នាលភិក្ខុ ទាំងឡាយ ហេតុនេះ រមែងមាន ត្រង់ដែលស្រ្តី ឬបុរសពួកខ្លះ ក្នុងលោកនេះ ចាំរក្សានូវ ឧបោសថ ប្រកប ដោយអង្គ ៨ ប្រការ លុះបែកធ្លាយ រាងកាយស្លាប់ទៅ រមែងទៅកើត ជាមួយ នឹង ពួក និម្មានរតី ទេវតា។ ម្នាលភិក្ខុទាំងឡាយ រាជសម្បត្តិ របស់មនុស្សនេះឯង ជារបស់ ស្តួចស្តើង ហើយយក ទៅ ប្រៀបធៀប នឹង សេចក្តីសុខ ជារបស់ទិព្យ ដែលតថាគត សំដែងហើយ ព្រោះអាស្រ័យ ហេតុ នេះឯង។
ម្នាលភិក្ខុ ទាំងឡាយ ១៦០០ឆ្នាំ របស់មនុស្ស ត្រូវជា ១យប់ ១ថ្ងៃ របស់ពួក បរនិម្មិតវសវត្តី ទេវតា រាប់រាត្រីនោះបាន ៣០ ត្រូវជា ១ខែ រាប់ខែ នោះបាន ១២ខែ ត្រូវជា ១ឆ្នាំ រាប់ឆ្នាំនោះបាន ១៦០០០ឆ្នាំទិព្យ ត្រូវជា ប្រមាណ នៃអាយុ របស់ ពួក បរនិម្មិតវសវត្តី ទេវតា។ ម្នាលភិក្ខុ ទាំងឡាយ ហេតុនេះ រមែងមាន ត្រង់ដែលស្រ្តី ឬ បុរសពួកខ្លះ ក្នុងលោកនេះ ចាំរក្សា នូវឧបោសថ ប្រកប ដោយអង្គ ៨ ប្រការ លុះបែកធ្លាយ រាងកាយ ស្លាប់ទៅ រមែងទៅកើត ជាមួយ នឹងពួក បរនិម្មិត វសវត្តីទេវតា។ ម្នាលភិក្ខុ ទាំងឡាយ រាជសម្បត្តិ របស់មនុស្ស នេះឯង ជារបស់ ស្តួចស្តើង ហើយយកទៅប្រៀបធៀប នឹងសេចក្តីសុខ ជារបស់ទិព្យ ដែលតថាគត សំដែងហើយ ព្រោះអាស្រ័យហេតុនេះឯង។
បុគ្គលមិនគប្បីសម្លាប់សត្វ ១ មិនគប្បីកាន់ យកវត្ថុ ដែលគេ មិនបានឲ្យ ១ មិនគប្បី ពោលពាក្យ កុហក ១ មិនគប្បី ផឹកទឹកស្រវឹង ១ គប្បីវៀរចាក ការប្រព្រឹត្តិ មិនប្រសើរ គឺមេថុន ១ មិនគប្បី បរិភោគ ភោជន ក្នុងវេលារាត្រី និងក្នុងវេលា វិកាល ១ មិនគប្បីទ្រទ្រង់ ផ្កាកម្រង មិនគប្បី ប្រស់ព្រំ ដោយគ្រឿងក្រអូប ១ គប្បី ដេក លើគ្រែ លើផែនដី ឬលើកម្រាល ១ ព្រះពុទ្ធ ព្រះអង្គ ដល់នូវទីបំផុត នៃទុក្ខ ទ្រង់ប្រកាសហើយ នូវឧបោសថ ដែលប្រកបដោយអង្គ ៨ ប្រការ នេះឯង សភាវៈ ទាំងឡាយ ពីរគឺព្រះចន្ទ ១ ព្រះអាទិត្យ ១ ជាសភាវៈ ល្អមើល កាលបំភ្លឺលោករមែងចរ ទៅអស់ទីត្រឹមណា ព្រះចន្ទ និង ព្រះអាទិត្យ ទាំងនោះដែលកំចាត់បង់នូវងងឹត ចរទៅ ក្នុង អាកាស ញុំាងទិសឲ្យរុងរឿង ភ្លឺច្បាស់ ក្នុងអាកាសអស់ទី ត្រឹមនោះ ទ្រព្យណា មានក្នុង ចន្លោះនេះ គឺកែវមុក្តាក្តី កែវមណីក្តី កែវពិទូរ្យ ដ៏ល្អក្តី មាសឈ្មោះ សិង្គីក្តី ឈ្មោះសុវណ្ណ ក្តី ឬ មាសឈ្មោះ កាញ្ចនៈក្តី ឈ្មោះជាតរូប ក្តី ឈ្មោះ ហដកៈក្តី ទ្រព្យទាំង អម្បាលនោះ មិនដល់នូវ ចំណិតមួយក្នុង ចំណែក១៦ៗ លើក នៃឧបោសថ ដែលប្រកបដោយ អង្គ៨ ប្រការឡើយ ដូចជាពួកផ្កាយ ទាំងអស់មិនដល់នូវពន្លឺ នៃព្រះចន្ទ ហេតុដូច្នោះ ស្រ្តីក្តី បុរសក្តី ជាអ្នកមានសីល គួរចាំរក្សា នូវឧបោសថ ប្រកបដោយអង្គ ៨ ប្រការ ពួកជនដែលមិនមានគេនិន្ទា បំពេញនូវបុណ្យទាំងឡាយ ដែលមានសេចក្តី សុខជាកម្រៃ រមែងចូលទៅកាន់ ឋានសួគ៌បាន។
អង្គុត្តរនិកាយ អដ្ឋកនិបាត នវមភាគ
(ព្រះត្រៃបិដក ភាគ ៤៨)
ព្រះពុទ្ធដីកាៈ
បក្សីត្រដេវវុិច ស៊ូប្រថុយលះបង់ជីវិតរក្សានូវពង យ៉ាងណា មេម្រឹកចាមរី ស៊ូប្រថុយលះបង់ជីវិត រក្សានូវរេាមកន្ទុយ យ៉ាងណា កុដុម្ពីក៏មានកូនសម្លាញ់តែមួយ រក្សានូវកូន យ៉ាងណា បុរសមានភ្នែកម្ខាង រក្សានូវភ្នែកមួយយ៉ាងណា, លេាកទាំងឡាយ ចូររក្សានូវសីល របស់ខ្លួនអេាយជាទីស្រលាញ់ពេញចិត្តអេាយណាស់ ចូរប្រកបដេាយសេចក្តីគេារព សព្វៗកាល (អេាយដូចជាបក្សី ត្រដេរវវុិច រក្សាពងជាដេីម) យ៉ាងដូច្នេាះចុះ។
ធម្មសុភាសិត
ខ្លឹមចន្ទន៍ក្រស្នា ស្វិតក្រៀមយ៉ាងណា គង់ក្លិនក្រអូប រីជនបណ្ឌិត តែងលះខឹងក្រេាធ ទេាះជួបទុក្ខសេាក ស៊ូឱបព្រះធម៌ថ្លៃ។
ដោយ៥០០០ឆ្នាំ
images/articles/3219/___________________________.jpg
ផ្សាយ : ០៥ មីនា ឆ្នាំ២០២៤ (អាន: ២,៤៧៧ ដង)
ភិក្ខុនីពីររូប ជាកុលធីតាក្នុងសាក្យត្រកូល ជាអ្នកមានគុណសម្បត្តិ ក្នុងនគរកុសុមបាដលិបុត្ត ដែលជាមណ្ឌលនៃដែនដី ។ បណ្ដាភិក្ខុនីទាំងពីរូបនោះ ភិក្ខុនី ១ រូប ឈ្មោះ ឥសិទាសី ភិក្ខុនីទី ២ ឈ្មោះ ពោធិ ជាអ្នកបរិបូណ៌ដោយសីល ជាអ្នកត្រេកអរដោយការរំពឹងក្នុងឈាន ជាពហុស្សូត មានកិលេសកម្ចាត់បង់ហើយ ។ ភិក្ខុនីទាំងពីររូបនោះ ត្រាច់ទៅបិណ្ឌបាត ហើយធ្វើនូវភត្តកិច្ច លុះលាងបាត្រហើយ អង្គុយជាសុខក្នុងទីស្ងាត់ ទើបផ្ដើមនិយាយសម្ដីទាំងឡាយនេះថា៖
ម្នាលនាងម្ចាស់ ឈ្មោះឥសិទាសី នាងជាស្រីគួរជ្រះថ្លា ទាំងវ័យរបស់នាងក៏មិនទាន់សាបសូន្យ អើចុះនាងឃើញទោសដូចម្ដេច ទើបមកប្រកបខ្លួនក្នុងបព្វជ្ជា? ឥសិទាសីភិក្ខុនីនោះ ជាអ្នកឈ្លាសវៃក្នុងធម្មទេសនា កាលបើពោធិភិក្ខុនីសាកសួរ ក្នុងហេតុជាប្រយោជន៍យ៉ាងនេះហើយ ក៏បានពោលនូវពាក្យនេះថា ម្នាលនាងពោធិ នាងចូរស្ដាប់តាមដំណើរ ដែលខ្ញុំបួសចុះ ។ លំដាប់អំពីនេះទៅ គឺជាពាក្យវិសជ្ជនា សេដ្ឋីអ្នកសង្រួមក្នុងសីល ជាបិតារបស់ខ្ញុំ ក្នុងបុរីដ៏ប្រសើរឈ្មោះ ឧជ្ជេនី (ក្នុងដែនអវន្ដិ) ខ្ញុំជាធីតាម្នាក់ ជាទីស្រឡាញ់ពេញចិត្ត ជាអ្នកគួរទទួលសេចក្ដីអនុគ្រោះរបស់បិតានោះ ។
លុះចំណេរមកខាងក្រោយ សេដ្ឋីមានត្រកូលដ៏ឧត្តម មានទ្រព្យច្រើន មកអំពីនគរសាកេត ដណ្ដឹងខ្ញុំ បិតាក៏បានឲ្យខ្ញុំជាកូនប្រសារបស់សេដ្ឋីនោះ ។ ខ្ញុំចូលទៅក្រាបក្បាលថ្វាយបង្គំនូវជើងម្ដាយក្មេក និងឪពុកក្មេក រាល់ល្ងាចព្រឹក តាមដំណើរ ដែលមាតាបិតាប្រៀនប្រដៅ ។ ខ្ញុំឃើញនូវអ្នកដណ្ដឹងសូម្បីម្នាក់ ដែលជាបងប្អូនស្រី បងប្អូនប្រុស ឬជាបរិវាររបស់ស្វាមី ខ្ញុំក៏រលះរលាំង ក្រាលអាសនៈ ។ ខ្ញុំអង្គាសផ្គត់ផ្គង់ ឲ្យបាយ ទឹក និងបង្អែម ដែលមាននៅក្នុងលំនៅនោះ តាមសមគួរតាមវត្ថុដែលគេត្រូវការ ។ ខ្ញុំក្រោកឡើងតាមកាលគួរ ហើយចូលទៅកាន់ផ្ទះរបស់ប្ដី ជូតសម្អាតនូវធរណីទ្វារ (ជាដើម) នឹងដៃជើង ផ្គងអញ្ជលីចូលទៅរកប្ដី ។
ខ្ញុំយកស្និតសក់ ម្សៅសម្រាប់លាបមុខ ថ្នាំសម្រាប់បន្ដក់ភ្នែក និងកញ្ចក់ ស្អិតស្អាងឲ្យប្ដីដោយខ្លួនឯងហាក់ដូចជា (វណ្ណទាសី) អ្នកធ្វើនូវការបម្រើ ។ ខ្ញុំដាំបាយខ្លួនឯង លាងភាជន៍ខ្លួនឯង បម្រើភស្ដា ដូចជាមាតាថ្នមកូនខ្ចី ។ តែភស្ដាតែងខឹងសម្បានឹងខ្ញុំ ដែលជាស្រី្តបម្រើបាយ គ្មានស្រ្តីណាលើស ជាស្រ្តីធ្វើការ (គ្រប់យ៉ាង) ជាស្រី្តមិនមានសេចក្ដីប្រកាន់ មានសេចក្ដីព្យាយាម មិនខ្ជិលច្រអូស មានមារយាទយ៉ាងនេះ ។ ស្វាមីនោះនិយាយនឹងមាតាបិតារបស់គេថា ខ្ញុំសូមលា (អ្នកម្ដាយលោកឪពុក) ទៅ (ក្នុងទីណាមួយ) (ព្រោះ) ខ្ញុំមិនអាចនៅរួមគ្នាក្នុងផ្ទះមួយ ជាមួយនឹងនាងឥសិទាសីឡើយ ។
(មាតាបិតាពោលថា) នែកូន កុំពោលយ៉ាងនេះឡើយ នាងឥសិទាសី ជាបណ្ឌិត ឈ្លាសវៃ ជាស្រ្តីមានសេចក្ដីព្យាយាម មិនខ្ជិលច្រអូសទេ ម្នាលកូន ហេតុអ្វីក៏កូនឯងមិនពេញចិត្ត ។ (កូនពោលថា) នាងឥសិទាសី មិនបៀតបៀនអ្វី ៗ ដល់ខ្ញុំទេ ប៉ុន្តែខ្ញុំមិនអាចនៅជាមួយនឹងនាងឥសិទាសី ព្រោះថានាងឥសិទាសីជាស្រីសម្អប់របស់ខ្ញុំ ខ្ញុំមិនគួរនឹងនៅរួមទេ ខ្ញុំសូមលាទៅហើយ ។ ម្ដាយក្មេក និងឪពុកក្មេក បានស្ដាប់ពាក្យកូននោះហើយ សួរខ្ញុំថា នាងធ្វើខុសអ្វីទេ នាងចូរប្រាប់កំហុសដែលនាងធ្វើហើយ នាងចូរដោះស្រាយ តាមសេចក្ដីពិតមកចុះ។
(ខ្ញុំក៏ឆ្លើយថា) ខ្ញុំមិនបានប្រទូស្តអ្វី ៗ ទេ ខ្ញុំមិនបៀតបៀន មិនពោលពាក្យអាក្រក់ទេ (ដល់គាត់ទេ) ភស្ដាស្អប់ខ្ញុំ ឲ្យខ្ញុំអាចធ្វើអ្វីកើត ។ ម្ដាយក្មេកនិងឪពុកក្មេកទាំងឡាយនោះ ក៏អាក់អន់ចិត្ត ត្រូវសេចក្ដីព្រួយគ្របសង្កត់ ក៏នាំខ្ញុំត្រឡប់ទៅកាន់ផ្ទះបិតាវិញ រក្សានូវកូន (ដោយគិតថា) យើងនឹងរកឲ្យបាននូវស្រ្តីមានរូបឆោមដ៏មានសិរី ។ គ្រាក្រោយមក បិតាបានឲ្យខ្ញុំ ក្នុងផ្ទះនៃត្រកូលទី ២ ជាអ្នកស្ដុកស្ដម្ភ ដោយជំនូនពាក់កណ្ដាល អំពីជំនូនដែលសេដ្ឋីបានជូនមកខ្ញុំមុននោះ ។ ខ្ញុំបាននៅក្នុងផ្ទះនៃប្ដីទី ២ នោះ អស់ ១ ខែ គ្រានោះ គាត់ក៏បណ្ដេញខ្ញុំ ដែលជាស្រ្តីខ្នះខ្នែងបម្រើដូចជាទាសី ជាស្រីមិនប្រទូស្ត មានមារយាទល្អ ។ បិតារបស់ខ្ញុំ និយាយនឹងបុរសអ្នកទូន្មាន (ចិត្ត) អ្នកទូន្មាន (កាយនិងវាចា) ដែលកំពុងត្រាច់ទៅដើម្បីភិក្ខាថា អ្នកចូរជាកូនប្រសារបស់ខ្ញុំ អ្នកចូរបោះចោលនូវកំណាត់សំពត់ និងឆ្នាំង។
ស្វាមីទី ៣ នោះ បាននៅ (ជាមួយនឹងខ្ញុំ) អស់បក្ខ ១ (កន្លះខែ) ក៏និយាយនឹងបិតាខ្ញុំថា អ្នកចូរឲ្យ កំណាត់សំពត់ ឆ្នាំង និងអំបែងមកខ្ញុំវិញ ខ្ញុំនឹងត្រាច់ទៅដើម្បីភិក្ខាទៀត ។ គ្រានោះ បិតាមាតា និងពពួកញាតិទាំងអស់របស់ខ្ញុំ និយាយនឹងបុរសនោះថា អ្នកណាមិនធ្វើតាមអ្នកក្នុងទីនេះឬ អ្នកចូរប្រាប់ហេតុដែលគេធ្វើដល់អ្នកឲ្យឆាប់ ។ បុរសនោះ កាលបើគេពោលយ៉ាងនេះហើយ ក៏ពោលតបថា បើខ្លួនរបស់ខ្ញុំអាចនៅបាន (ក៏នាងឥសិទាសី) មិនគួរដល់ខ្ញុំ (ព្រោះហេតុនោះ) ខ្ញុំមិននៅជាមួយនាងឥសិទាសី ក្នុងផ្ទះមួយជាមួយគ្នាទេ ។ បុរសនោះ កាលបើ (បិតារបស់ខ្ញុំ) លះបង់ហើយ ក៏ទៅបាត់ទៅ ចំណែកខាងខ្ញុំជាស្រ្តីនៅតែម្នាក់ឯង គិតថា អាត្មាអញនឹងលាមាតាបិតាទៅស្លាប់ ឬទៅបួស។
គ្រានោះ នាងថេរីជាម្ចាស់ឈ្មោះជិនទត្តា ជាអ្នកទ្រទ្រង់នូវវិន័យ ជាពហុស្សូត បរិបូណ៌ដោយសីល កាលត្រាច់ទៅដើម្បីភិក្ខាហារ ក៏បាននិមន្ដមកកាន់ត្រកូលនៃបិតា (ខ្ញុំ) ។ ខ្ញុំឃើញនាងជិនទត្តាថេរីនោះ ក៏ក្រោកឡើង ក្រាលអាសនៈរបស់យើង ប្រគេននាងថេរីនោះ លុះព្រះនាងគង់ហើយ ខ្ញុំក៏ថ្វាយបង្គំនូវព្រះបាទា ហើយប្រគេនភោជន ។ ខ្ញុំញ៉ាំងជិនទត្តាថេរី ឲ្យឆ្អែតស្កប់ស្កល់ ដោយបាយ និងបង្អែម ដែលមានក្នុងលំនៅនោះ ហើយពោលថា បពិត្រព្រះនាងជាម្ចាស់ ខ្ញុំចង់បួស។
គ្រានោះ បិតាពោលនឹងខ្ញុំថា ម្នាលកូនស្រីតូច នាងចូរប្រព្រឹត្តធម៌នោះក្នុងផ្ទះនេះទៅចុះ ចូរញ៉ាំងសមណៈទាំងឡាយផង ព្រាហ្មណ៍ទាំងឡាយផង ឲ្យឆ្អែតស្កប់ស្កល់ដោយបាយ និងទឹកចុះ ។ លំដាប់នោះ ខ្ញុំក៏ប្រណម្យអញ្ជលី យំពោលនឹងបិតាថា បពិត្របិតា សូមលោកអនុញ្ញាតខ្ញុំ ខ្ញុំនឹងញ៉ាំងបាបកម្មដែលខ្ញុំធ្វើហើយនោះឲ្យវិនាស ។ គ្រានោះ បិតាពោលនឹងខ្ញុំថា (ព្រះសម្មាសម្ពុទ្ធ) ព្រះអង្គប្រសើរជាសត្វជើងពីរ ទ្រង់ធ្វើឲ្យជាក់ច្បាស់នូវលោកុត្តរធម៌ណា នាងចូរបានលុះនូវពោធិញាណ និងអគ្គធម៌ និងព្រះនិព្វាននោះចុះ។
ខ្ញុំថ្វាយបង្គំលាបិតាមាតា និងពពួកនៃញាតិទាំងអស់ ហើយបួសបាន ៧ ថ្ងៃ ក៏សម្រេចវិជ្ជាបី ។ ខ្ញុំដឹងជាតិរបស់ខ្លួន បាន ៧ ជាតិ ផលវិបាកនេះរបស់កម្មណា ខ្ញុំនឹងប្រាប់កម្មនោះដល់នាង នាងចូរមានចិត្តតែមួយ ចាំផ្ទៀងស្ដាប់នូវកម្មនោះ ដូចតទៅនេះ ៖ ខ្ញុំជាជាងមាសមានទ្រព្យច្រើន ក្នុងនគរឈ្មោះ ឯកកច្ឆៈ ខ្ញុំនោះជាមនុស្សស្រវឹង ព្រោះការស្រវឹងវ័យ បានប្រព្រឹត្តសេពសម្ភពនឹងប្រពន្ធបុគ្គលដទៃ ។ ខ្ញុំនោះលុះឃ្លាតចាកអត្តភាពនោះហើយ ក៏ឆេះរោលរាលក្នុងនរកអស់កាលយូរ លុះរួចចាកនរកនោះហើយ មកចាប់បដិសន្ធិក្នុងផ្ទៃនៃមេស្វា។
ស្វាឈ្មោលធំជាម្ចាស់នៃហ្វូង ខាំផ្ដាច់នូវជាតកម្ម គឺអង្គជាត (របស់ខ្ញុំ) ដែលទើបនឹងកើតបាន ៧ ថ្ងៃ នុ៎ះជាផលនៃកម្មរបស់ខ្ញុំនុ៎ះ ដែលគប់រកនូវប្រពន្ធនៃបុគ្គលដទៃ ។ ខ្ញុំនោះធ្វើមរណកាល ច្យុតចាកកំណើតនៃស្វានោះហើយ ក៏ចាប់បដិសន្ធិក្នុងផ្ទៃនៃមេពពែខ្វាក់ផង ខ្ចកផង ក្នុងដែននៃស្ដេចសិន្ធវៈ ។ ខ្ញុំត្រូវគេព្រនាក់កូនក្មេងអស់ ១២ ឆ្នាំ ត្រូវគេគ្រៀវ ត្រូវដង្កូវបៀតបៀន ឈឺចាប់ ព្រោះតែអំពើដែលខ្ញុំសេពនូវប្រពន្ធរបស់បុគ្គលដទៃ។
ខ្ញុំនោះច្យុតចាកកំណើតនៃពពែនោះហើយ ក៏កើតជាកូនគោ អំពីមេគោរបស់ឈ្មួញគោ បាន ១២ ខែ មានរោមក្រហមដូចជាជ្រលក់ល័ក្ត ហើយត្រូវគេគ្រៀវ ។ ខ្ញុំតែងទាញនូវនង្គ័ល និងរទេះ ខ្វាក់ ខ្ចក ឈឺ ព្រោះតែខ្ញុំសេពនូវប្រពន្ធរបស់បុគ្គលដទៃ ។ ខ្ញុំនោះជាសត្វច្យុតចាកកំណើត នៃគោនោះហើយ ក៏កើតក្នុងផ្ទៃនៃទាសីក្នុងផ្ទះក្បែរថ្នល់ មិនប្រាកដជាស្រី មិនប្រាកដជាប្រុស (ខ្ទើយ) ព្រោះតែសេពនូវប្រពន្ធនៃបុគ្គលដទៃ ។ ខ្ញុំស្លាប់ក្នុងអាយុ ៣០ ឆ្នាំ ហើយក៏កើតជាទារិកា ក្នុងត្រកូលនៃអ្នករទេះ ដែលជាត្រកូលកំព្រា គ្មានភោគសម្បត្តិ ត្រូវបុរសជាម្ចាស់ទ្រព្យរឹបជាន់ច្រើន។
កាលការប្រាក់ចម្រើនច្រើនឡើងហើយ នាយឈ្មួញរទេះក៏អូសទាញខ្ញុំ អំពីផ្ទះនៃត្រកូល ដែលកំពុងយំខ្សឹកខ្សួល ។ គ្រានោះ បុត្ររបស់ឈ្មួញរទេះនោះ ឈ្មោះ គិរិទាសៈ បានឃើញខ្ញុំជាស្រ្តីនៅក្រមុំ មានវ័យចម្រើន ក្នុងឆ្នាំជាគម្រប់ ១៦ ក៏ហួងហែងទុក (ក្នុងផ្ទះរបស់ខ្លួន) ។ ប្រពន្ធដទៃរបស់គិរិទាសៈ ជាស្រ្ដីមានសីលផង មានគុណផង ជាស្រ្តីប្រព្រឹត្តតាមភស្ដា ខ្ញុំក៏បានធ្វើការស្អប់នូវប្រពន្ធរបស់គាត់ ។ ប្ដីទាំងឡាយ លះលែងខ្ញុំ ដែលជាអ្នកខ្នះខ្នែងបម្រើដូចជាទាសី ព្រោះផលនៃកម្មណា នុ៎ះជាផលកម្ម (របស់ខ្ញុំ) នោះ ទីបំផុតនៃបាបកម្មនោះឯង ខ្ញុំបានធ្វើហើយ។
ឥសិទាសីថេរី ចប់
(សុត្តន្តបិដក ខុទ្ទកនិកាយ ថេរីគាថា ចត្តាឡីសនិបាត បិដកលេខ ៥៧ ទំព័រ ២១៨)
ដោយ៥០០០ឆ្នាំ