30
ថ្ងៃ សុក្រ ទី ២៩ ខែ មីនា ឆ្នាំថោះ បញ្ច​ស័ក, ព.ស.​២៥៦៧  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច






ការជូនដំណឹង
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុមង្គលបញ្ញា
ទីតាំងៈ កំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ទិន្នន័យសរុបការចុចលើ៥០០០ឆ្នាំ
ថ្ងៃនេះ ១៦០,០៤១
Today
ថ្ងៃម្សិលមិញ ១៨០,១៣៣
ខែនេះ ៦,៣៣៧,៩៧៥
សរុប ៣៨៥,៦២៤,៦៦៨
អានអត្ថបទ
ផ្សាយ : ២៤ កក្តដា ឆ្នាំ២០១៩ (អាន: ១១,៦៥៦ ដង)

បញ្ហា​ផ្សេងៗ



 
បញ្ហា​ផ្សេងៗ

១. ហេតុ​ដូចម្តេច​បាន​ជា​ក្នុង​ព្រះ​វិន័យ មាន​គរុធម៌​ឲ្យ​ភិក្ខុ​នី​ថ្វាយ​បង្គំ​ភិក្ខុ ?

- ព្រះ​សម្មា​សម្ពុទ្ធ ទ្រង់​អនុញ្ញាត​ឲ្យ​ស្ត្រី​មក​បួស​ក្នុង​ព្រះ​ពុទ្ធ​សាសនា គឺ​ជា​ប្រវត្តិ​សាស្ត្រ​ដ៏​សំខាន់​របស់​ស្រី្ត​ក្នុង​សម័យ​នោះ ។ ព្រះ​អង្គ​ជា​មហាវីរ​បុរស​ទី​១ ដែល​ជួយ​ស្ត្រី​ក្នុង​លោក​ អាច​និយាយ​បាន​ថា​ព្រះ​អង្គ​ស៊ូ​ដើម្បី​សិទ្ធ​ស្ត្រី​ក៏​បាន ។ យើង​បាន​ជ្រាប​តាម​ប្រវត្ត​សាស្ត្រ ហើយ​មនុស្ស​ក្នុង​សម័យ​មុន​នោះ គេ​ចាត់​ទុក​ស្ត្រី​ភេទ​ថា​មិន​បាន​ការ​យ៉ាង​ណា​ខ្លះ ។តាម​កុល​សម្ព័ន្ធ​ដែល​ប្រមូល​កម្លាំង​គ្នា គេ​និយម​កម្លាំង​បាយ​ជា​សំខាន់ ហើយ​គេ​ចាត់​ទុក​ស្ត្រី​ជាអ្នក​បម្រើ​ក្បែរ​ជើង​របស់​គេ​ដែល​ជា​បុរស ដូច្នេះ​ទើប​មាន​ពាក្យ​ថា​(បាទ​បរិចាវិកា) ។ បាទ​បរិចារិកា គឺ​ភរិយា​ហ្នឹង​ឯង​ហើយ​បុរស​អាចមាន​បាទ​បរិចារិកា​ដល់​រាប់​សិប​នាក់ ដល់​រាប់​រយ រាប់​ពាន់​នាក់​ទៀត​ផង ។ ទៅតាម​លទ្ធិសាសនា​ដទៃ​ៗ​ក៏​គេ​មិន​លើក​តម្កើងស្រ្តី​ឡើយ គេ​ចាត់​ទុក​ស្រ្តី​ថា​ជា​ភេទ​មិន​បរិសុទ្ធ ។

- តាម​ព្រះ​វិន័យ​ព្រះ​ពុទ្ធ​សាសនា​តម្រូវ​ឲ្យ​ភិក្ខុ​នី​ថ្វាយ​បង្គំភិក្ខុ មិន​មែន​ជា​រឿង​មើល​ងាយ​ចំពោះ​ភេទ​ស្ត្រី​ឡើយ ។ តាម​ពិត​ព្រះពុទ្ធទ្រង់​រៀប​ចំចាត់​ចែង​ឲ្យ​ភិក្ខុ​មើល​ថែ​ភិក្ខុ​នី​ណា​ស់​ដូច​បង​ប្រុស​មើល​ថែ​ប្អូន​ស្រី​អី​ចឹង​ឯង ។

ច្បាប់​ភិក្ខុ​នី មិន​ត្រូវ​នៅ​ចាំ​វស្សា​ក្នុង​អាវាស​ដែល​មិន​មាន​ភិក្ខុ​ឡើយ ។ ម្យ៉ាង​ទៀត ភិក្ខុ​ត្រូវ​ទទួល​យក​ឱវាទ​អំពី​ភិក្ខុ​រាល់​កន្លះ​ខែ រីឯ​ភិក្ខុ​ជាអ្នក​ប្រទាន​ឳវាទ​អំពី​ភិក្ខុ​រាល់​កន្លះ​ខែ រីឯ​ភិក្ខុ​ជា​អ្នក​ប្រទាន​ឳវាទ​ត្រូវ​ប្រកប​ដោយ​អង្គ​៨ គឺ ១ ភិក្ខុ ជាអ្នក​មាន​សីល សង្រួម​តាម​បាតិ​មោក្ខ​សំវរៈ បរិបូណ៌​ដោយ​អាចារ (មារយាទ) និង​ទី​គោចរ ជា​អ្នក​ឃើញ​ភ័យ​ក្នុង​ទោស​ទាំង​ឡាយ (សូម្បី​ទោស​នោះ​) មាន​ប្រមាណ​តិច​តួច សមាទាន​សិក្សា​ក្នុង​សិក្ខាបទ​ទាំង​ឡាយ​
២. ភិក្ខុ​ជា​ពហុស្សូត​ទ្រទ្រង់​ពុទ្ធ​វចនៈ សន្សំ​នូវ​ពុទ្ធ​វ​ចនធម៌ ទាំង​ឡាយ​ណា ពីរោះ​ខាង​ដើម ពីរោះកណ្តាល ពីរោះ​ខាង​ចុង តែង​ប្រកាស​នូវ​ព្រហ្មចរិយ​ធម៌ ព្រម​ទាំង​អត្ថបទាំង​ព្យញ្ជនៈ ភិក្ខុ​នោះ​ចាំ​ច្រើន​ហើយ ទ្រទ្រង់​ហើយ​សន្សំ​ហើយ ដោយ​វាចា​ដ៏​ស្ងាត់​រត់​មាត់ ចូល​ចិត្ត​ច្បាស់​លាស់​យល់​ត្រូវ​ល្អ​ដោយ​ទិដ្ឋិ​(គឺ​បញ្ញា) ៣. ចំណែក​ព្រះ​បាតិមោក្ខ​ទាំង​ពីរ ភិក្ខុ​នោះ​ក៏​ចេះ​ចាំ​ដោយ​ពិស្តារ​ចែក​ចេញ​ដោយ​ប្រពៃ​ចាំ​ស្ទាត់​រត់​មាត់ កាត់​សេចក្តី​បាន​ដោយ​ល្អ​ដោយ​សុត្ត​(គឺខន្ធកៈ​និង​បរិវារៈ) ដោយ​អនុព្យញ្ជនៈ ៤. ភិក្ខុ​នោះ មាន​វាចា​ពោល​ត្រឹម​ត្រូវ​ដោយ​សិថិល​ធនិត​ជា​ដើម​មាន​សំឡេង​ពីរោះ ៥. ភិក្ខុ​នោះ​ជា​អ្នក​អាច​ដើម្បី​នឹង​ឲ្យ​ឳវាទ​ដល់​ភិក្ខុ​នី​បាន ៧. ភិក្ខុ​នោះ​មិន​ធ្លាប់​ប្រព្រឹត្ត​កន្លង​នូវ​គរុធម៌ ជា​មួយ​នឹង​ភិក្ខុនី ដែល​ស្លៀក​ដណ្តប់​សំពត់​ជ្រលក់​ដោយ​ទឹក​ចត់ បួស​ចំពោះ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​នេះ​៨. ភិក្ខុ​នោះ​មាន​វស្សា​ម្ភៃ​ឬ​មាន​វស្សា​ជាង​ម្ភៃ ។ ម្នាល​ភិក្ខុ​ទាំង​ឡាយ ត​ថាគត​អនុញ្ញាត​ឲ្យ​សង្ឃ​សន្មត​នូវ​ភិក្ខុ​ដែល​ប្រកប​ដោយ​អង្គ​ទាំង​ឡាយ​៨ នេះ ឲ្យ​ជា​អ្នក​ផ្តល់​ឳវាទ​ចំពោះ​ភិក្ខុ​នី ។

តាម​ការ​ពិនិត្យ​ដោយ​ល្អិត​ល្អន់ យើង​ឃើញ​ថា​ភិក្ខុ​មាន​កិច្ច​ត្រូវ​ភិក្ខុ​នី​ក្នុង​នាម​ជា​បង​ប្រុស​និង​ក្នុង​នាម​ជា​គ្រូ​អាចារ្យ ។

- ការ​គោរព​សំពះ​ថ្វាយ​បង្គំ​គឺ​ជា​គុណ​ធម៌​ដ៏​សំខាន់​មិន​មែន​បាន​សេចក្តី​ថា​អន់​នោះ​ឡើយ ជា​កិច្ច​បដិបត្តិ​រក្សា​ព្រះ​ធម៌​ព្រះ​វិន័យ​ដ៏​សម​គួរ តាម​ដែល​ព្រះ​ពុទ្ធ​អង្គ​ទ្រង់​សម្តែង​និង​បញ្ញត្ត​ហើយ ។

គោបិកាសក្យធីតា ជា​ឧបាសិកា​ទំនុក​បម្រុង​ភិក្ខុ​សង្ឃ​បូជា​ថ្វាយ​បង្គំ​ព្រម​ទាំង​ទទួល​យក​ឱវាទ​អំពី​ភិក្ខុ​នោះ​ៗ​លុះ​ដល់​អស់​ជីវិត​គោបិកាឧបាសិកា បាន​ជា​ទេវបុត្រ​នៅ​ឋាន​តា​វត្តិង្ស​ឈ្មោះ​គោបកៈ ជា​បុត្រ​នៃ​សក្កទេវរាជ ។ ឯ​ចំណែក​ភិក្ខុ​បើ​អង្គ​ជាអ្នក​ផ្តល់​ឳវាទ​លុះ​អស់​ជីវិត​បាន​កើត​ក្នុង​កំណើត​គន្ធ​ព្វ​គឺ​ទេវតា​របាំ (ទេវតា​ថ្នាក់​ចាតុកម្មហារាជិកា​ទិស​ខាង​កើត) ។ លុះ​ដល់​ទេវតា​គន្ធព្វ​បម្រើ​ព្រះ​ឥន្ធទើប​គោ​បក​ទេវបុត្រ​រំលឹក​ដាស់​តឿន​ដោយ​ពា្យ​ថា (អ្នក​ទាំង​ឡាយ​យក​មុខ​ទៅ​ទុក​ក្នុង​ទី​ណា ...) ។

-ការ​រៀប​ចំ​ស្ថាប័ន​សាសនា ព្រះ​សម្មាសម្ពុទ្ធ​ទ្រង់​រៀប​ចំ​ដោយ​សព្វ​ញ្ញត​ញ្ញាណ ដើម្បី​ឲ្យ​សាសនា​តាំង​នៅ​បាន​យូរ ។យើង​ក៏​គួរ​ជ្រាប​ហើយ​ថា ការ​ដែល​ឲ្យ​ស្រី​មក​នៅ​ជា​មួយ​ប្រុស វា​មាន​បញ្ហា​យ៉ាង​ណា ។ ដូច្នេះ​ភិក្ខុនី​ដែល​ប្រព្រឹត្ត​រក្សា​នូវ​គរុធម៌​ទាំង​៨ ប្រការ ឈ្មោះ​ថា​បាន​រក្សា​នូវ​ព្រះ​ពុទ្ធ​សាសនា ឲ្យ​ឋិត​នៅ​បាន​យូរ ។ សូម​ជ្រាប​ថា​នេះ​ជាព្រះ​វិន័យ​តែ​បើ​តាម​ផ្លូវ​ធម៌​វិញ ត្រូវ​គោរព​កោត​ក្រែង​គ្នា​ទៅ​វិញ​ទៅ​មក ទើប​ព្រះ​សទ្ធម្ម​ឋិត​នៅ​បាន​យូរ​អង្វែង ។

- ប្រយោជន៍​សំខាន់​បំផុត​នៅ​ក្នុង​ធម្មវិន័យ​នេះ​គឺ​មិន​មែន​នៅ​លើ​លាភ​យស ឋានៈ​ឬការ​គោរព​លើក​តម្កើង​នោះ​ទេ តាម​ពិត​ទាំង​ភក្ខុ​ទាំង​ភិក្ខុ​នី ប្រព្រឹត្ត​ព្រហ្ម​ចរិយ​ធម៌​ក្នុង​ធម្ម​វិន័យ​នេះ​ដើម្បី​ការ​រួច​ផុត​ចាក​ទុក្ខ ព្រោះ​កម្ចាត់​បង់​នូវ​តណ្ហា​បាន​សម្រេច ។ បុគ្គល​ដែល​អស់​តណ្ហា បាន​ដល់​ត្រើយ​នៃ​ភព​បី លែង​ទាមទារ​អ្វី​ទៀត​ទាំង​អស់​នេះ​ទើប​ជា​ការ​សម្រេច​សិទ្ធិ​អំណាច​របស់​ខ្លួន​ដល់​ទី​បំផុត មាន​ឥស្សរៈ​មាន​សេរីភាព​គ្រប់​យ៉ាង​ ឈប់​ជា​ទាសៈ​នៃតណ្ហា ក្នុង​វដ្ត​សង្សារ​តទៅ​ទៀត ។

២- ហេតុ​ដូចម្តេច​បាន​ជា​ស្ត្រី​មិន​អាច​ត្រាស់​ដឹង​ជា​ព្រះ​សម្មាសម្ពុទ្ធ?

- ទាក់​ទង​ទៅ​នឹង​ពុទ្ធ​ការ​រក​ធម៌ និង​មហា​បរិច្ចាគ​ដែល​ព្រះ​បរម​ពោធិសត្វ​ត្រូវ​បំពេញ អស់​កាល​ដ៏​យូរ​អង្វែង​នោះ បើ​តាំង​នៅ​ក្នុង​ភេទ​ជា​ស្រី​គឺ​មិន​អាច​នឹង​បំពេញ​ឲ្យ​ដល់​កម្រិត​បាន​ឡើយ ដូច្នេះ​និយ​តបរមពោធិសត្វ ត្រូវ​ឋិត​នៅ​ក្នុង​ភេទ​ជា​បុរស ។ មុន​នឹង​ចូល​មក​ជា​និយតបរមពោធិ​សត្វ ព្រះ​អង្គ​ក៏​ធ្លាប់​ជា​ស្ត្រី​ភេទ​ដែរ ។ រឿង​ស្រី​រឿង​ប្រុស​មនុស្ស​យើង​ម្នាក់ៗ សុទ្ធ​តែ​ធ្លាប់​ចាប់​កំណើត​ដូច​គ្នា ស្ត្រី​ក៏​ប្រាថ្នា​ជា​ព្រះ​សម្មាសម្ពុទ្ធ​បាន​ដែរ ។
- ព្រះ​សម្មាសម្ពុទ្ធ​ចាំ​បាច់​ត្រូវ​តែ​ឋិត​នៅ​ក្នុង​ភេទ​ជា​បុរស ព្រោះ​មនុស្ស​ក្នុង​សម័យ​ព្រះ​ពុទ្ធ​ត្រាស់​ដឹង​នោះៗ គេ​ប្រកាន់​រឿងប្រុស​នេះ​ណាស់ ដូច្នេះ​បើ​ព្រះ​ពុទ្ធ​ជា​ស្រី​មនុស្ស​ភាគ​ច្រើន​នោះ​គេ​មិន​គោរព​ព្រះ​ពុទ្ធ​ឡើយ ហើយ​ក៏​មិន​បាន​ស្តាប់​ធម៌ ។ តាម​ពិត​ព្រះ​សម្មាសម្ពុទ្ធ​ផ្ទាល់​ព្រះ​អង្គ​ទ្រង់​ពុំ​បាន​ប្រកាន់​ខ្លួន​ព្រះ​អង្គ​ដោយ​មានះ​ណា​មួយ​ឡើយ​តែ ព្រះ​ពុទ្ធ​ត្រូវ​តែ​បដិសន្ធិនៅ​ក្នុង​ត្រកូល​ខ្ពង់ខ្ពស់ ជាចំា​បាច់​ទោះ​ក្សត្រ​ឬ​ព្រាហ្មណ៍ មូល​ហេតុ ដើម្បី​ឲ្យ​មនុស្ស​ប្រកាន់​ត្រកូល​ប្រកាន់​វណ្ណៈ​នោះៗ គេ​ព្រម​គោរព​ព្រះ​អង្គ​ហើយ​ស្តាប់​ព្រះ​ធម៌ លុះ​ដល់​គេ​បាន​ស្តាប់​ហើយ​ឃើញ​សច្ចធម៌ ទើបគេ​ដឹង​ច្បាស់​ដោយ​ខ្លួន​ឯង​ថា (ខ្លឹម​សារ​នៃ​ជីវិត​មិន​មែន​នៅ​លើ​វណ្ណៈឬ​ភេទ​ជា​ដើម​ឡើយ) ។

-យើង​អាច​គិត​ថា អតីត​ជាតិ​របស់​ព្រះ​អង្គ​ក៏​ជា​ស្រី​គ្រាន់​តែ​ដូរ​ភេទ​មក​ជា​ប្រុស​ហើយ​ត្រាស់​ដឹង​ជា​ព្រះ​សម្មា​សម្ពុទ្ធ​ដើម្បី​ជួយ​សត្វ​លោក​តែ​ប៉ុណ្ណោះ ។ តាម​ពិត (ពុទ្ធ​) ដោយ​សភាវ​ធម៌​គឺ​មិន​មែន​ស្រី​មិន​មែន​ប្រុស​ឡើយ គឺ​ជា​បញ្ញា​ចាក់​ធ្លុះ​នូវ​អរិយ​សច្ចៈ​ទាំង​៤ ។ ព្រះ​អង្គ​ចម្លង​នូវ​(ពុទ្ធ) មក​ឲ្យ​សត្វ​លោក​តាម​រយៈ​នៃ​ការ​សម្តែង​ធម៌​របស់​ព្រះ​អង្គ ។ (ពុទ្ធ) ជា​ទី​ប្រជុំ​នៃ​ពោធិបក្ខិយ​ធម៌​៣៧​ប្រការ​អាច​មក​ឋិត​នៅ​ក្នុង​បរុសក៏​បាន​ ស្រ្តី​ក៏​បាន​ ។ 

សព្វ​ថ្ងៃ​ពុទ្ធ​បរិស័ទ​មិន​បាន​ឃើញ​ព្រះ​រូប​កាយ​នៃ​ព្រះ​​អង្គ​តែ​អាច​ឃើញ​ (ពុទ្ធ) ដោយ​សភាវៈ បាន​តាម​រយៈ​នៃ​បញ្ញា​ចាក់​ធ្លុះ​នូវ​សច្ចៈ​ធម៌ ។ ក្រៅ​អំពី​សម្មា​សម្ពុទ្ធ មិន​មាន​នរណា​ក្នុង​លោក​នេះ និង​ក្នុង​លោក​ដទៃ អាច​ដឹង​បញ្ញា​របស់​ព្រះ​សម្មាសម្ពុទ្ធ​ដោយ​សព្វ​គ្រប់​ឡើយ ប៉ុន្តែ ការ​ឃើញ​នូវ​សច្ចធម៌​នៃ​បុគ្គល​ណា ដែល​ជា​សាវ័ក​នៃ​ព្រះ​ពុទ្ធ​នោះ បុគ្គល​នោះ​ឯង​ ល្មម​នឹង​ដឹង​បាន​ថា ព្រះ​ពុទ្ធ​ពិត​ព្រះ​ធម៌​ពិត ព្រះ​សង្ឃ​ពិត ។

- មារាធិរាជ​ក៏​មិន​មាន​ភេទ​ស្ត្រី​ដែរ គឺ​ជា​ទេវបុត្តមារ ។ ចំណុច​នេះ​តើ​យើង​គិត​យ៉ាង​ណាដែរ? តាម​ពិត​អ្វី​ដែល​សំខាន់​បំផុត​ក្នុង​ជីវិត​មនុស្ស​យើង ក៏​ដូច​ជា​ជីវិត​សត្វ​លោក​ដទៃ គឺ​បញ្ញា ។ បញ្ញា ទើប​អាច​ច្បាំ​ង​ឈ្នះ​កិលេសក្នុង​ខ្លួន​បាន ហើយ​ផុត​ទុក្ខ​ផុត​ភ័យ ។ សូម​ឲ្យ​ប្រាកដ​ច្បាស់​គ្រប់​គ្នា​ថា ( បញ្ញា​មិន​មែន​ប្រុស​ មិន​មែន​ស្រី​ឡើយ ) ។

៣. ហេតុ​ដូចម្តេច​បានជា​ក្នុង​គម្ពីរ​ព្រះ​ពុទ្ធ​សាសនា​មាន​កន្លែង​ខ្លះ​តិះ​ដៀល​ស្ត្រី ដូច​ពាក្យ​ថា (ស្ត្រី​ជា​មន្ទិល​ដល់​ព្រហ្មចរិយធម៌ ) និង​ឃើញ​មាន​នៅ​ក្នុង​ព្រះ​ជាតក​ផ្សេងៗ​ដូច​ក្នុង​កុណាល​ជា​តក​ជា​ដើម ?

- តាម​ពិត​មិន​មែន​តែ​ស្ត្រី​ទេ ដែល​ជា​មន្ទិល​ដល់​ព្រហ្មចរិយ​ធម៌ រូប​សំឡេង ក្លិន រស និង​ផោដ្ឋព្វៈ របស់​បុរស​ក៏​គ្រប​សង្កត់​ចិត្ត​របស់​ស្ត្រី ហើយ​ឋិត​នៅ​បាន​ដូច​គ្នា ដែរ ។

- ការ​សម្តែង​ព្រះ​ធម៌​របស់​ព្រះ​ពុទ្ធ​អង្គ ដល់​បុគ្គល​ដែល​នឹក​អាល័យ​ទៅ​រក​ភេទ​ដែល​ផ្ទុយ​គ្នា ព្រះ​អង្គ​ត្រូវ​រំលឹក​ឲ្យ​មាន​ស្មារតី​ក្នុង​រក្សា​ព្រហ្ម​ចរិយ​ធម៌ ទៅ​តាម​ឧបនិស្ស័យ​នៃ​បុគ្គល​ម្នាក់ ។

- អ្វី​ដែល​ជា​មន្ទិល​សៅ​ហ្មង តាម​ពិត​គឺ​ជា​កិលេស ក្នុងចិត្ត​នៃ​បុគ្គល​ម្នាក់​ៗ រៀង​ៗ​ខ្លួន គ្រាន់​តែ​មាន​រូប​សំឡេង ក្លិន រស និង​ ផោដ្ឋព្វៈ ក្នុង​បុគ្គល​ដែល​មាន​ភេទ​ផ្ទុយ​គ្នា​ជា​អារម្មណ៍​ប៉ុណ្ណោះ ។

- បើ​មិន​ទាក់​ទិន​ក្នុង​រឿង​អ្នក​បួស​ទេ ព្រះ​ពុទ្ធ​ទ្រង់​ត្រាស់​ថា (ភរិយា បរមា សខា ភរិយា​ជា​មិត្ត​សម្លាញ់​ដ៏​ក្រៃ​លែង ) ។ ម្យ៉ាង​ទៀត ក្នុង​អបរិហានិយធម៌ ៧ យ៉ាង​ជា​ធម៌​បដិបត្តិ​នាំ​ឲ្យ​មាន​សេចក្តី​ច្រើន មិន​មាន​សេចក្តី​សាបសូន្យ​ឡើយ ។ ក្នុង​ចំណុច​ទី​៥ គឺ​ការ​ថែរក្សា​ស្ត្រី​ក្នុង​ត្រកូល (ទាំង​ម្តាយ​ទាំង​កូន​ស្រី) ឲ្យ​រស់​នៅ​ដោយ​ល្អ​មិន​គំរាម​កំហែង​ មិនចាប់​បង្ខំ ឲ្យ​នៅរួម​ (ក្នុង​អំពើ​អនចារ) សេចក្តី​ច្រើន​តែង​មាន​ប្រាកដ​ក្នុង​ដែន​សេចក្តី​សាប​សូន្យ​មិន​មាន​ឡើយ ។

- ព្រះ​នាង​មទ្រី​បាន​ពោល​ទៅ​រក​ព្រះ​បាទ​សញ្ជយ​មហារាជ ជា​ព្រះ​បិតា​ក្មេក​ដូច្នេះ​ថាៈ 

យា ទលិទ្ទី ទលិទ្ទស្ស អឌ្ឍា អឌ្ឍស្ស កិត្តិមា
តំ វេ ទេវា បសំសន្តិ ទុក្ករំ ហិ ករោតិ សា ។

ស្ត្រី​ណា​ដែល​មាន​កិត្តិយស កេរ្តិ៍​ឈ្មោះ កាល​ស្វាមី ទ័ល​ក្រ ក៏​ជាស្ត្រី​ទ័ល​ក្រ​ជា​មួយ​ដែរ កាល​ស្វាមី​ស្តុក​ស្តម្ភ​ក៏​ជា​ស្រ្តី​រួម​ស្តម្ភ​ជាមួយ​ស្វាមី​ផង​ដែរ ពួក​ទេវតា​រមែង​សរសើរ​ស្ត្រី​នោះឯង ព្រោះ​ថា ស្ត្រី​នោះ​ធ្វើ​អំពើ​ដែល​គេ​ធ្វើ​បាន​ដោយ​ក្រ ។

- ក្នុង​ព្រះ​សាសនា​នេះ ស្រ្តី​ដែល​ជា​បណ្ឌិត ជា​សប្បុរស​និង​ជា​ព្រះ​អិយ​បុគ្គល​មាន​ច្រើន​ណាស់ ។ ដូច្នេះ​ការ​សិក្សា​ព្រះ​ធម៌​ត្រូវ​សិក្សា​ទិស​ដៅ​នៃ​ព្រះ​ធម៌ បំណង​នៃ​ឳវាទ បុគ្គល​អ្នក​ស្តាប់ អធ្យាស្រ័យ​អ្នក​សម្តែង ។ ល ។ ដើម្បី​កុំ​ឲ្យ​ច្រឡំ​ក្នុង​ការ​បដិ​បត្តិ ។

៤. កន្លែង​ខ្លះ​គេ​ថា ភេទ​ស្រី​ជា​ភេទ​មិន​បរិសុទ្ធ​គេ​មិន​ឲ្យ​ចូល​ទៅ​កៀក​ជិត​គល់​ព្រះ​ពោធិព្រឹក្ស ឬ​ឡើង​ទៅ​ថ្នាក​លើ​ដើម្បី​ថ្វាយ​បង្គំ​ព្រះ​ពុទ្ធ​ប្បដិមា​ឡើយ តើ​រឿង​នេះ​យ៉ាង​ដូចម្តេច​ដែរ ?

- ព្រះ​សម្មាសម្ពុទ្ធ ពុំ​បាន​សម្តែង​ថា បុរស​ទើប​បរិសុទ្ធ ឯ​ស្ត្រី​មិន​បរិសុទ្ធ​ឡើយ​នោះ​ទេ ប៉ុន្តែ​ព្រះ​អង្គ​ទ្រង់​ត្រាស់​សម្តែង​ថាៈ

(បុគ្គល​ធ្វើ​បាប​ដោយ​ខ្លួន​ឯង រមែង​សៅ​ហ្មង​ដោយ​ខ្លួន​ឯង មិន​ធ្វើ​បាប​ដោយ​ខ្លួន​ឯង​ទេ រមែង​បរិសុទ្ធ​ដោយ​ខ្លួន​ឯង​បរិសុទ្ធ​ឬ​មិន​បរិសុទ្ធ​ជា​របស់​ចំពោះ​ខ្លួន​អ្នក​ដទៃ​មិន​អាច​ញ៉ាំង​អ្នក​ដទៃ​ឲ្យ​បរិសុទ្ធ​បាន​ឡើយ ) ។

- ចំពោះ​ភេទ​ស្រី​ដែល​ជា​ហីន​ភេទ មិន​ត្រូវ​ប្រែ​ថា​ភេទ​ទន់​ខ្សោយ ឯ​ការ​ទន់​ខ្សោយ​នេះ​ចំពោះ​តែ​រូប​កាយ​ប៉ុណ្ណោះ​ទៅ​តាម​ច្បាប់​ធម្មជាតិ ។ ម្យ៉ាង​ទៀត​គួរ​ឃើញ​ដល់​ទុក្ខ​របស់​ស្ត្រី​៥ យ៉ាង ដែល​មិន​មាន​ចំពោះ​បុរស​។

៥ យ៉ាង​គឺ 

(១) ប្រាស​ចាក​អំពី​ញាតិ ទៅ​កាន់​ត្រកូល​ខាង​ប្តី​ទាំង​នៅ​ក្មេង (ស្វាមី​គួរ​ផ្តល់​នូវ​ភាព​កក់​ក្តៅ​ឲ្យ​ដល់​ភរិយា​របស់​ខ្លួន) ។

(២) មាន​រដូវ (ពេល​ខ្លះ​បង្ក​បញ្ហា​ឲ្យកើត​មាន​ការ​ប្រែ​ប្រួល​ផ្លូវ​ចិត្ត បុរស​គួរ​យល់) ។

(៣) មាន​គភ៌ (នាង​ប្រាថ្នា​ការ​យក​ចិត្ត​ទុក​ដាក់​អំពី​ស្វាមី​ពិសេស​ជាង​ធម្មតា ។ ស្វាមី​ត្រូវ​ទាំង​ទំនុក​បម្រុង​កាយ​ចិត្ត​នាង​ដោយ​គុណ​ធម៌ ឲ្យ​នាង​បាន​ជា​មាតា​ល្អ​របស់​កូន) ។

(៤) សម្រាលកូន (ជា​ពេល​ដែល​នាង​ឈឺ​លំបាក​ខ្លាំង​ផ្លូវ​កាយ ទាក់​ទង​ដល់​អាយុ​ជីវិត​ទៀត​ផង ។ ស្វាមី​ត្រូវ​យក​ចិត្ត​ទុក​ដាក់​ហាក់​ដូច​ជា​ទុក្ខ​លំបាក​ផ្ទាល់​ខ្លួន ) ។

(៥) បម្រើ​ស្វាមី (ស្វាមី​មិន​ត្រូវ​គិត​តែ​ខ្លួន​ឯង​នោះ​ឡើយ ត្រូវមាន​មេត្តា​ករុណា មានការ​អើ​ពើ​ដោយ​ទឹក​ចិត្ត​តប​ស្នង​វិញ ) ។

ពិត​មែន​តែ​ស្ត្រី​មាន​កម្លាំង​កាយ​ទន់​ខ្សោយ​ ប៉ុន្តែ​កម្លាំង​ចិត្ត​មិន​ខ្សោយ​ឡើយ ព្រោះ​ទៅតាម​សេចក្តី​ពិត​ហើយ​នោះ ស្ត្រី​មាន​សេចក្តី​អត់​ធន់​ មាន​ការ​លះ​បង់​ដ៏​យ៉ាង​ខ្ពង់​ខ្ពស់ ក្នុង​ការចិញ្ចឹម​បី​បាច់​ថែរក្សា​កូន និង​ស្មោះ​ស្ម័គ្រ​ចំពោះ​ស្វាមី ។ នោះ​ពោល​ចំពោះ​ស្ត្រី​ក្នុង​ព្រះ​ពុទ្ធ​សាសនា ដែល​បាន​អប់​រំ​បន្ទុំ​ឧបនិស្ស័យ​ក្នុង​គុណ​ធម៌​ទាំង​ឡាយ ។

- ហីនា ធម្មា ពួក​ធម៌​ថោក​ទាប បាន​ដល់​អកុសល​ចិត្តុប្បាទ ១២ ដួង ឯ​ពួក​ធម៌​សៅ​ហ្មង បាន​ដល់​កិលេស​ទាំង​ឡាយ ។ សូម​កុំ​ច្រឡំ​អកុសល​ធម៌​ទាំង​អស់​នេះ​ថា​ជា​ស្រី្ត​ភេទ​ឲ្យ​សោះ ។

៥.​ក្នុង​បាលី​តែង​តែ​យក​ភេទ​ប្រុស​មក​សម្តែង​ប៉ុន្តែ​ខ្លឹម​សារ​រួម​ទាំង​ស្រី​ផង​ដែរ ដូច​ជា​បុរិសទម្មសារថិ ឬ​សទ្ធីធ​វិត្តំ បុរិសស្ស សេដ្ឋំ ជា​ដើម តើ​គួរ​យល់​ដឹង​យ៉ាង​ណា ?

- ភេទ​ប្រុស​ឋិតក្នុង​ឋានៈ​ជា​បង​ប្រុស​របស់​ភេទ​ស្រី​នេះ​ពោល​ចំពោះ​ភាវរូប តាម​ច្បាប់​ធម្មជាតិ ដែល​ព្រះ​សម្មា​សម្ពុទ្ធ​ទ្រង់​ជ្រាប ។

- មិន​មែន​មាន​ន័យ​ថា បុរស​ខ្ពង់​ខ្ពស់​ជាង​ស្ត្រី​ក្នុង​បុគ្គល​ប្បញ្ញត្តិ​ជាទូ​ទៅ​នោះ​ទេ ព្រោះ​ថា ក្នុង​លោក​នេះ​ស្ត្រី​ខ្លះ​មាន​ការ​ចេះ​ដឹង​ជាង​បុរស​ខ្លះ​ក៏​មាន​ទាំង​ដែល​មាន​នូវ​គុណ​ធម៌​ជាង​បុរស​ខ្លះ​ក៏​មាន​ដែរ ទាំង​ដែល​ជា​មាតា​ជាដើម ។ ដូច្នេះ​ត្រូវ​យល់​ដឹង​អំពី​ភាវរូប​ទាំង​ពីរ​គឺ​បុរិសភាវរូប និង ឥត្ថីភាវរូប ជា​បរម​ត្ថសុទ្ធ​អាស្រ័យ​កម្លាំង​កម្ម​ជា​បច្ច័យ​ដោយ​ឡែក ។

- មិន​មែន​ស្ត្រី​ត្រូវ​គោរព​បុរស ព្រោះ​តែ​រឿង​ភេទ​នោះ​ទេ តែ​ត្រូវ​គោរព​ដល់​គុណ​ធម៌​ ។ ព្រះ​ពុទ្ធ​ទ្រង់​ត្រាស់​ថា (ត្រូវ​គោរព​ដល់​បុគ្គល​ដែល​គួរ​គោរព ត្រូវ​បូជា​ដល់​បុគ្គល​ដែល​គួរ​បូជា ) កូន​ប្រុស​ស្រី​ត្រូវ​គោរព​មាតា​បិតា​សិស្ស ត្រូវ​គោរព​គ្រូ ដោយមិន​ប្រកាន់​ក្នុងរឿង​ស្រី​ប្រុស​ឡើយ ។

អត្តបទនេះ​ដក​ស្រង់​ចេញពី​សៀវភៅៈ ស្ត្រី​ក្នុង​ពុទ្ធ​សាសនា
រៀបរៀង​ដោយៈ អគ្គបណ្ឌិត ធម្មចារ្យ ប៊ុត សាវង្ស
វាយ​អត្តបទ​ដោយៈ កញ្ញា ជា ម៉ានិត

ដោយ​៥០០០​ឆ្នាំ
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ២៩ កក្តដា ឆ្នាំ២០១៩ (អាន: ៩,៧៨៦ ដង)
យើង​ក្រោធ​គឺ​សាង​ទុក្ខ​ឲ្យ​ខ្លួន​ឯង
ផ្សាយ : ០៣ មិថុនា ឆ្នាំ២០២២ (អាន: ១៣,២៧០ ដង)
គួរ​ត្រេក​អរ​ចំ​ពោះ​ទណ្ឌ​កម្ម​ ដែល​អ្នក​មាន​គុណ​ដាក់​ឲ្យ
ផ្សាយ : ១៥ មករា ឆ្នាំ២០២៤ (អាន: ៩,៩៥២ ដង)
ភូមិ ៣ កំណើត ៤ គតិ ៥ វិញ្ញាណដ្ឋិតិ ៧ សត្តាវាស ៩
ផ្សាយ : ០១ មេសា ឆ្នាំ២០២១ (អាន: ៤១,៦៧១ ដង)
បុណ្យគឺជាធម្មជាតិលាងជំរះចិត្តឲ្យស្អាត
ផ្សាយ : ២១ កក្តដា ឆ្នាំ២០២០ (អាន: ៥២,៥៧៧ ដង)
បុគ្គល​អ្នក​មិន​ប្រមាទ​ ដូច​ព្រះ​ចន្ទ​រះ​ផុត​ចាក​ពពក
ផ្សាយ : ១៨ មីនា ឆ្នាំ២០២៤ (អាន: ៥,៧៧៨ ដង)
ក្នុងខ្លួនគ្មានមេត្តា ដូចស្រុកគ្មានភ្លៀង
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
CPU Usage: 2.1
បិទ
ទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ABA 000 185 807
   ✿ សម្រាប់ឆ្នាំ២០២៤ ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំជាប្រចាំឆ្នាំ ឬប្រចាំខែ  ដើម្បីគេហទំព័រ៥០០០ឆ្នាំយើងខ្ញុំមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយតទៅ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987  ✿✿✿