30
ថ្ងៃ អង្គារ ទី ១៩ ខែ មីនា ឆ្នាំថោះ បញ្ច​ស័ក, ព.ស.​២៥៦៧  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច






ការជូនដំណឹង
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (កំពង់ឆ្នាំង)
ទីតាំងៈ ខេត្តកំពង់ឆ្នាំង
ម៉ោងផ្សាយៈ ២៤ម៉ោង
មើលច្រើនទៀត​
ទិន្នន័យសរុបការចុចលើ៥០០០ឆ្នាំ
ថ្ងៃនេះ ១៦១,៣៥៧
Today
ថ្ងៃម្សិលមិញ ១៩៥,៩៥៥
ខែនេះ ៤,៥១១,០៧៧
សរុប ៣៨៣,៧៩៧,៧៧០
អានអត្ថបទ
ផ្សាយ : ០៥ កញ្ញា ឆ្នាំ២០១៩ (អាន: ៣២,២៣១ ដង)

ខ្លឹម​សារ​នៃ​សេចក្តី​សុខ



ស្តាប់សំឡេង
 
ខ្លឹម​សារ​នៃ​សេចក្តី​សុខ

មនុស្ស​ចំនួន​ច្រើន​ណាស់ ដែល​មិន​បាន​សម្លឹង​មើល​ដល់​ជីវិត​របស់​ខ្លួន​ឯង មិន​បាន​ពិចារណា​ដល់​ខន្ធ​លោក​នេះ​ដែល​ជា​សង្ខារ បាន​សម្លឹង​ត្រឹម​ថា​យើង​នឹង​យក​ការ​ចេះ​ដឹង​ក្នុង​ច្បាប់​ធម្មជាតិ​ ដែល​មាន​នៅ​ជុំ​វិញ​ពិភព​លោក​មក​ប្រើ ក្នុង​បំណង​បំពេញ​តាម​សេចក្តី​ត្រូវ​ការ​របស់​ខ្លួណ​តែ​ប៉ុណ្ណោះ ហើយ​ក៏​ស្ទុះ​ទៅ​ក្នុង​លោក​តាម​ការ​ចេះ​ដឹង​នោះ​រហូត​ដល់​មាន​សេចក្តី​ដឹង​ខ្លួន​ថា យើង​នេះ​ជា​មនុស្ស​ពូកែ​មា​ន​សមត្ថភាពអស្ចារ្យ អាច​យក​ឈ្នះ​ធម្មជាតិ​បាន ។

មនុស្ស​លោក​យើង ដែល​ស្ថិត​នៅ​ក្នុង​សភាព​ដូច​ពោល​មក​នេះ​ឯង បាន​ធ្លាក់​ខ្លួន​ក្លាយ​ទៅ​ជាទាសៈ​នៃវត្ថុ​ខាង​ក្រៅ​នោះ​ៗ ជា​គ្រឿង​កំណត់​ទៅ​វិញ ខ្លួន​ឯង​មិន​ជា​ឥស្សរៈ​ឡើយ ។ ដោយ​រវល់​តែ​ស្ទុះ​ទៅ​ក្នុង​លោក ក៏​មិន​មាន​ឳកាស​បាន​ដឹង​ថា ជីវិត​ខ្លួន​ឯង​គឺ​ជា​អ្វី មិន​ធ្លាប់​គិត​មិន​ធ្លាប់​ពិចារណា នេះ​បាន​សេចក្តី​ថា នៅ​មិន​ទាន់​បាន​យល់​ដឹង​ដល់​ច្បាស់​ធម្មជាតិ​តាម​ពិត គឺ​ធម្មជាតិ​នៃ​ជីវិត​របស់​ខ្លួណ​ឯង នៅ​មិន​ទាន់​ស្គាល់​ឡើយ ។

ព្រះ​ពុទ្ធ​សាសនា​បាន​ទូន្មាន​ឲ្យ​មាន​សតិ ទល់​គ្នា​នឹង​សេចក្តី​ពិត​នៃ​សភាវ​ធម៌​ក្នុង​ជីវិត​ប្រចាំ​ថ្ងៃ ឲ្យ​មាន​បញ្ញា​ព្រម​ទទួល​យក​សេចក្តី​ពិត ក្រេប​យក​រស​ជាតិ​នៃ​សេចក្តី​ពិត​គ្រប់​យ៉ាង​ ។ បើ​យើង​បាន​អប់រំ​ចិត្ត​របស់​យើង ឲ្យ​ស្ថិត​នៅ​ជា​មួលយ​នឹង​សេចក្តី​ពិត​គ្រប់​គ្រា​វេលា​ហើយ សេចក្តី​ពិត​ដែល​កើត​ឡើង​នោះ វា​មិន​បាន​វាយ​ប្រហារ​មក​លើ​ចិត្ត​របស់​យើង​ឡើយ តែ​បើ​យើង​មិន​បាន​អប់រំ​ចិត្ត​មិន​មាន​បញ្ញា​ទទួល​យក​ការ​ពិត នៅ​ពេល​មាន​រឿង​អ្វី​មួយ​មក​ដល់​ជីវិត សតិ​មិនបាន​កើត​ឡើង​ទេ​នោះ ចិត្ត​រមែង​ញាប់​ញ័រ​តក់​ស្លុត ហើយ​សេចក្តី​ទុក្ខ​ក៏​កើត​ឡើង​មក បៀត​បៀន​ដល់​ចិត្ត​សន្តាន ។

ដោយ​អាស្រ័យ​ហេតុ​ដូច្នេះ ទើប​ព្រះ​ពុទ្ធ​សាសនា​បាន​ណែ​នាំ​ឲ្យ​យើង​មាន​ការ​អប់រំ​ចិត្ត ដោយ​ការ​ចម្រើន​សតិប្បដ្ឋាន​រលឹក​ដឹង​នូវ​ការ​ពិត ។ កាល​បើ​បាន​ដឹង​បាន​យល់​ចូរ​ចិត្ត​នូវ​ការ​ពិត​ហើយ ជា​ទី​បំផុត ការ​ដឹង​ការ​យល់​ចូល​ចិត្ត​នូវ​ការពិត​នោះ​ឯង រមែង​ធ្វើ​ឲ្យ​យើង​មាន​ចិត្ត​សប្បាយ សុខ​ស្ងប់​ស្អាត​ផូរ​ផង់​ក្នុង​ជីវិត​ប្រចាំ​ថ្ងៃ ។

អ្វីៗ ដែល​ជា​សេចក្តី​ពិត​គឺ​ជា​សច្ចៈ ព្រះ​សម្មាសម្ពុទ្ធ​ទ្រង់​ត្រាស់​សម្តែង​ចំពោះ អាឡវកយក្ខថា( សច្ចំ ហវេ សាធុតរំ រសានំ) សច្ចៈ​ហ្នឹង​ឯង មាន​រស​ឆ្ងាញ់​ជាង​អស់​រស​ទាំង​ពួង ។

មនុស្ស​ចំនួន​ច្រើន​រមែង​មាន​នូវ​បញ្ហា ទោះ​បី​ថា​មាន​នូវ​ការ​ចេះ​ដឹង​ អំពី​ច្បាប់​ធម្មជាតិ​ក្រៅ​ខ្លួន​យ៉ាង​ណា​ក៏​ដោយ ការ​ចេះ​ដឹង​នោះ វា​មាន​ប្រយោជន៍​ត្រឹម​តែ​ជួយ​ឲ្យ​គេ​ធ្វើ ឬ​ផលិត​អ្វី​បាន​ច្រើន​ៗ​ប៉ុណ្ណោះ​ ប៉ុន្តែ​ការ​ធ្វើ​ឬ ផលិត​អ្វីៗ បាន​ច្រើន​ៗ នោះ យើង​អាច​សង្កេត​ឃើញ​មាន​ចំណុច​មិន​ល្អ​ផង​ដែរ ។ ចំនុច​មិន​ល្អ​ម្យ៉ាង​ គឺ​ការ​បំពេញ​តាម​អំណាច​នៃកិលេស សេចក្តី​ប្រាថ្នា ការ​ចង់​បាន​កាល​ណា​បើ​ចេះ​តែ​បំពេញ​ទៅ​តាម​អំណាច​នៃ​កិលេស​សេចក្តី​ប្រាថ្នា​ការ​ចង់​បាន កាល​ណា​បើ​ចេះ​តែ​បំពេញ​ទៅ​តាម​អំណាច​នៃ​កិលេស​យ៉ាង​នេះ​កិលេស​រមែង​ធំ​ទៅ​ៗ ម្ល៉ោះ​ហើយ សេចក្តី​ត្រូវការ​ក៏​កាន់​តែ​ច្រើន​ឡើង​ៗ ធ្វើ​ឲ្យ​សត្វ​លោក​ខ្វះ​កន្លះ​ជា​និច្ច ។ ចំណុច​មិន​ល្អ​ម្យ៉ាង​ទៀត គឺ​ការ​ដែល​ចេះ​តែ​ធ្វើ​ឲ្យ​មនុស្ស​លោល​ស្រួល​ឡើង​ៗ តាម​រយះ​នៃ​សំម្ភារះ​ទំនើប​ៗ​សេចក្តី​រីករាយ​ភ្លើត​ភ្លើន​ក៏​ចេះ​តែ​ចម្រើន ព្រោះ​តែ​ប្រាជ្ញា​យល់​ដឹង​ព្រម​ដោយ​ស្មារតី​របស់​មនុស្ស​មាន​ការ​លូត​លាស់​មិនទាន់​ឧបករណ៍​ប្រើ​ប្រាស់​ក្នុង​លោក ម្ល៉ោះ​ហើយ វា​ធ្វើ​ឲ្យ​មនុស្ស​លោក​ស្រវឹង​នឹង​សម្ភារះ ក្លាយ​ទៅ​ជា​ទាសៈ​នៃ​វត្ថុ​ទាំង​ពួង ជ្រៅ​ទៅ​ៗ នឹង​ធ្វើ​ឲ្យ​មាន​ការ​បៀត​បៀន​គ្នា​ក៏​គ្នា​ក៏​ច្រើន​ឡើងៗ ដែរ ។

តាម​ពិត​សេចក្តី​ត្រេកត្រអាល​របស់​សត្វ​លោក​ដែល​ប្រព្រឹត្ត​ទៅ​ក្នុង​វត្ថុ​បំណង​ផ្សេងៗ​នោះ គឺ​វា​អាស្រ័យ​តណ្ហា​ក្នុង​ចិត្ត​ហ្នឹង​ឯង បើ​យើង​មិន​យល់​ដល់​ការ​ពិត​នេះ​ទេ​យើង​ចេះ​តែ​ចង់​បាន​មិន​មាន​ទី​បំផុត​ឡើយ ។ សត្វ​លោក​រមែង​មើល​ឃើញ​ថា អ្វី​ៗ​ជា​ខាង​ក្រៅ​នោះ វា​ល្អ វាសមស្អាត​ងាយ​ស្រួល ។ ល ។ បាន​ជា​ភ្លេច​គិត​ថា បើ​លោភៈ​តណ្ហា​មិន​មាន​ក្នុង​ចិត្ត​ទេ អ្វីៗ ទាំង​អស់​ក្នុង​លោក​មិន​ជា​ទី​ត្រេក​ត្រអាល​ឡើយ ហើយ​បាន​ជា​ភ្លេច​គិត​ម្យ៉ាង​ទៀត​ថា​ការ​បំពេញ​តាម​បំណង​ប្រាថ្នា ធ្វើ​ឲ្យ​តណ្ហា​រឹត​តែ​ធម ដូច្នេះ​តើ​ពេល​ណា​ទើប​ខ្លួន​ឯង​លែង​ត្រូវ​ការ​ចង់​បាន បើ​បាន​ដូច​ជា​មិន​បាន​យ៉ាង​នេះ ។

បើ​មនុស្ស​យើង បាន​រលឹក​ដឹង​ទាន់​ចំពោះ​ការ​ពិត​ទោះ​ជា​ការ​ពិត​នោះ វា​ជា​អនិដ្ឋារម្មណ៍ គឺ​មិន​គួរ​ជាទី​ប្រាថ្នា​យ៉ាង​ណា​ក៏​ដោយ ឬ ថា ជីវិត​របស់​ខ្លួន​ឯង​មិន​សម្បូ​ទៅ​ដោយ​សម្ភារៈ​ផ្សេងៗ ដែល​វា​ជា​ការ​ពិត​ម្យ៉ាង​នៃ​ជីវិត នោះ​ជីវិត​រមែង​សុខ​ស្ងប់ ហៅ​ថា ជីវិត​មាន​សេចក្តី​សុខ​ដែល​ជាឥស្សរៈ​លើ​ខ្លួន​ឯង នេះ​ព្រោះ​ហេតុ​តែ​បាន​យល់​ដឹងដល់​ការ​ពិត​នៃ​ជីវិត ដែល​ជា​សង្ខារ​លោក​ហ្នឹង​ឯង ។

ចំពោះ​មនុស្ស​ដែល​រស់​នៅ​ដោយ​បញ្ញា គេ​អាច​ចាប់​យក​ចំណុច​ខ្លឹម​សារ​នៃ​ជីវិត នឹង​ចំណុច​ខ្លឹម​សារ​នៃ​សេចក្តី​សុខ​បាន ពោល​គឺ គេ​មាន​នូវ​គុណ​ធម៌​ដែល​ជា​ខ្លឹម​សារ​នៃ​ជីវិត និង​គេ​មាន​នូវ​សេចក្តី​សុខ​ប្រចាំ​ចិត្ត​សន្តាន​ដែល​សម្រេច​បាន​មក​ពី​ការ​យល់​ដឹង​នូវ​រឿង​ពិត​របស់​ជីវិត​គេ​មិន​មែន​មាន​សុខ​ទុក្ខ​ទៅតាម​តែ​ការ​កំណត់​ចាត់​ចែង​អំពី​របស់​ខាង​ក្រៅ​នោះ​ទេ ។

ចំពោះ​មនុស្ស​ដែល​រស់​នៅ​ដោយ​មិន​មាន​បញ្ញា​មិន​សិក្សា​ឲ្យ​យល់​ការ​ពិត​របស់​ជីវិត គេ​មិន​អាច​ចាប់​យក​ខ្លឹម​សារ​នៃ​សេចក្តី​សុខ​បាន​ឡើយ ថែម​ទាំង​មិន​យល់​ថា​ខ្លឹម​សារ​នៃ​សេចក្តី​សុខ​នោះ ដូចម្តេច​ផង ទេ​ម្ល៉ោះ​ហើយ​គេ​ក៏​មិន​អាច​រស់​នៅ​ជា​សុខ​ដោយ​បញ្ញា​ខ្លួន​ឯង​បាន​ដែរ​គឺ​គេ​ត្រូវ​ផ្ងើ​សេចក្តី​សុខ​របស់​ខ្លួន​ជា​មួយ​នឹង​របស់​ខាង​ក្រៅ ។ មុន​ដំបូង​គឺ​អាស្រ័យ​នូវ​បច្ច័យ​៤ តាម​សេចក្តី​ត្រូវ​ការ​របស់​ធម្មជាតិ លុះ​គេ​បាន​នូវ​សេចក្តី​សុខ​តាម​រយះ​នៃ​បច្ច័យ​៤ ហើយ គេ​ក៏​ក្លាយ​ទៅ​ជាទាសៈនៃ​វត្ថុ​ខាង​ក្រៅ​នោះ​ឯង ។ ដែល​ថា​ជា​ទាៈ ព្រោះ​សភាព​របស់​ចិត្ត​មាន​ការ​ក្រវល់​ក្រវាយ​ក្តៅ​ក្រហាយ​អន្ទះ​សា ប្រព្រឹត្ត​ទៅ​រក​វត្ថុ​សម្ភារៈ​ផ្សេងៗ គឺ​មិន​ជា​ឥស្សរៈ​លើ​របស់​ទាំង​អស់​នោះ​ឡើយ ។

មនុស្ស​ដែល​មិន​មាន​បញ្ញា​ក្នុង​ការ​រស់​នៅ​ រមែង​ខ្វះ​ខាត​នូវ​សេចក្តី​សុខ​ដែល​ជា​ខ្លឹម​ខាង​ក្នុង ការ​បាន​នូវ​វត្ថុ​សម្ភារៈ​មាន​នូវ​អំណោយ​សុខ ច្រើន​ឡើងៗ គឺ​ជា​ការ​ពង្រីក​នូវ​ភាព​នៃ​ខ្លួន​ឯង​ដែល​ជា​ទាសៈ ដូច្នេះ​វត្ថុ​សម្ភារៈ​ដែល​បាន​បន្ថែម​មក​កាន់​តែ​ច្រើន​ឡើងៗ​នោះ ទើប​វា​មិន​មែន​ឲ្យ​តែ​សេចក្តី​សុខ​ប៉ុណ្ណឹង​ទេ គឺ​បន្ថែម​នូវ​កិលេស​ផង បន្ថែម​នូវ​ទុក្ខ​ក្នុង​ភាព​ជា​ទាសៈ​ផង ។

សរុប​មក សេចក្តី​សុខ​មាន​២ យ៉ាង

សេចក្តី​សុខ​ប្រភេទ​ទី១ គឺ​ជា​សេចក្តី​សុខ​ជាប់​ដោយ​វត្ថុ​បម្រុង​បម្រើ​ខាង​ក្រៅ អាស្រ័យ​វត្ថុ​នោះ​ៗ មក​ជួយ ។
វត្ថុ​ខាង​ក្រៅ​នោះ​មាន​ច្រើន លោក​ហៅ​ថា (អាមិស) រហូត​ដល់​ដែល​នៅ​ជុំ​វិញ​ទាំង​អស់ ។ បើ​មិន​មាន​នូវ​របស់​ទាំង​អស់​នេះទេ ក៏​មាន​សេចក្តី​ដឹង​ខ្លួណ​ថា​ខ្វះ​ខាត​ហើយ​ក៏​កើត​ទុក្ខ ។ សុខ​ទុក្ខ​របស់​មនុស្ស​យើង​បែប​នេះ​ផ្ងើ​ទុក​នឹង​របស់​ខាង​ក្រៅ គឺ​យើង​មិន​អាច​រស់​នៅ​សុខ​ទៅ​បាន បើ​មិន​មាន​នូវ​របស់​ទាំង​អស់​នេះ​ទេ ។ សេចក្តី​សុខ​នេះ​មិន​បាន​មាំ​ទាំង​យឺន​យូរ​ឡើយ ព្រោះ​ដោយ​សារវា​ជាប់​ជាមួយ​នឹង​របស់​ខាង​ក្រៅ​ហ្នឹង​ឯង ។ គួរ​សង្កេត​ឲ្យ​ឃើញ​ថា នៅ​ពេល​ខឹង​ក្តី ភ័យ​តក់​ស្លុត​ក្តី ទោមនស្ស​អាក់​អន់​ចិត្ត​ក្តី​ក្តៅ​ក្រហាយ​ស្តាយ​ក្រោយ​ក្តី និង​អ្វី​ផ្សេងៗ​ទៀត​ដែល​មាន​លក្ខណៈ​មិន​សប្បាយ​ចិត្ត នៅ​ពេល​ឃើញ​ពេល​ឮ​ជា​ដើម នេះ​គឺ​ជា​ការ​បញ្ជាក់​ដល់សភាព​ដែល​មិន​មាន​នូវ​ខ្លឹម​សារ​នៃ​សេចក្តី​សុខ ដូច្នេះ​ទើប​ពុទ្ធ​បរិស័ទ​ត្រូវ​ព្យាយាម​កំណត់​ដឹង​នូវ​សេចក្តី​ពិត​ក្នុង​ពេល​នោះៗ ត្រូវ​ឲ្យ​កើត​មាននូវ​សេចក្តី​សុខ​ប្រភេទទី​២ ។

សេចក្តី​សុខ​ប្រភេទ​ទី​២ គឺ​សេចក្តី​សុខ​ដែល​កើត​ក្នុង​ចិត្ត​របស់​ខ្លួនឯង នៅ​ដក់​ក្នុង​ចិត្ត​ជា​ប្រចាំ ដោយ​មិន​បាន​អាស្រ័យ​របស់​ខាង​ក្រៅ ដូច​ជា​លាភ​សក្ការៈ កិត្តិយស​កេរ្តិ៍​ឈ្មោះ ការ​គោរព​រាប់​អាន និង​ពាក្យ​សរសើរ​ជា​ដើម​ឡើយ ។ សេចក្តី​សុខ​ប្រភេទ​បែប​នេះ ជា​សេចក្តី​សុខ​មាន​ភាព​ស្រស់​ថ្លា​ដែល​អាច​គ្រប់​គ្រង​ដោយ​ខ្លួន​ឯង​បាន​តាម​អំណាច​នៃ​បញ្ញា ដ៏​ភ្លឺ​ស្វាង ។ ព្រោះ​អាស្រ័យ​សេចក្តី​សុខ​ប្រភេទ​ទី​២ នេះ​ទើប​ព្រះ​សម្មា​សម្ពុទ្ធ​ទ្រង់​ត្រាស់​សម្តែង​ថា​ (សច្ចៈ​ហ្នឹងឯង មាន​រស​ឆ្ងាញ់​ជាង​អស់​រស​ទាំង​ពួង) ។
សេចក្តី​សុខ​ប្រភេទ ក្រេប​យក​នូវ​រស​ជាតិ​ពី​ការ​ពិត​បែប​នេះ​មនុស្ស​ភាគ​ច្រើន​ពុំ​មាន​ឡើយ ។

មនុស្ស​យើង​នេះ ច្រើន​តែ​សង្ឃឹម​ចំពោះ​សេចក្តី​សុខ​ចាក​វត្ថុ​ខាងក្រៅ ដោយ​មិន​សូវ​ជា​បាន​គិត​ថា អាត្មា​អញ​នឹង​ត្រូវ​មាន​ពេល​វេលា​រស់​នៅ​តែ​ឯង ដោយ​វត្ថុ​ទាំង​ឡាយ​នោះ មិន​អាច​នឹង​នៅ​ស្ថិត​ស្ថេរ​ជា​មួយ​អាត្មា​អញ​ជា​រៀង​រហូត​ទៅ​បាន​ឡើយ ។ បើ​ថា​បាន​នៅ​ជា​មួយ​ក៏​វា​មិន​អាច​ប្រព្រឹត្ត​ទៅ​តាម​ប្រាថ្នា​របស់​យើង​ដែរ ព្រោះ​របស់​ទាំង​អស់​វា​ស្ថិត​នៅ​ក្រោម​ច្បាប់​ធម្មជាតិ វា​ប្រព្រឹត្ត​ទៅតាម​ហេតុ​បច្ច័យ​របស់​វា ។

នៅ​ក្នុង​កង​ទុក្ខ ១២​កង​មាន​ទុក្ខ​ម្យ៉ាង​កើត​ឡើង​ក្នុង​ចិត្ត​គឺ​ប្រាថ្នា​របស់​ណា​ហើយ​មិន​បាន​នូវ​របស់​នោះ វា​រមែង​ជាទុក្ខ​តាម​កម្លាំង​នៃ​សេចក្តី​ប្រាថ្នា​ហ្នឹង​ឯង ។ ច្បាប់​ធម្មជាតិ​គឺ​ការ​ប្រព្រឹត្ត​ទៅ​តាម​ហេតុ​បច្ច័យ ព្រះ​សម្មា​សម្ពុទ្ធ​ទ្រង់​ដាស់​តឿន​អំពី​ការ​ពិត​នៃ​ធម្មជាតិ​នេះ​ជារឿយ​ៗ​ព្រះ​អង្គ​បន្ថែម​ផ្ទួន​ហើយ​ផ្ទួន​ទៀត ដើម្បី​ឲ្យ​ពុទ្ធ​បរិស័ទ​បាន​យល់​បាន​ដឹង​នូវ​សេចក្តី​ពិតនៃ​ធម្មជាតិ​ដែល​ជា​របស់​ធម្មតា​ហើយ​ម្យ៉ាង​ទៀត ព្រះ​អង្គ​ទ្រង់​ទូន្មាន​ឲ្យ​ពុទ្ធ​បរិស័ទ សមាទាន​កាន់​យក​នូវ​សម្មា​ទិដ្ឋិ ការ​យល់​ត្រូវ​ដឹង​ទាន់​នូវ​ហេតុ​បច្ច័យ​ឲ្យ​ជាទី​តាំង​នៃ​ដំណើរ​ផ្លូវ មិន​គប្បី​កាន់​យកនូវ​សេចក្តី​ប្រាថ្នា ការ​ចង់​បាន​ដោយ​តណ្ហា ឲ្យ​ជាទីតាំង​នៃ​ដំណើរ​ផ្លូវ​ឡើយ ។

ការ​បាន​យល់​ដឹង​នៅ​ក្នុង​ហេតុ បច្ច័យ គឺ​បាន​ដឹង​ថា​អ្វីៗ​វា​មិន​ប្រព្រឹត្ត​ទៅ​តាម​ការ​ចង់​បាន​របស់​យើង​ទេ ប៉ុន្តែបើ​យើងត្រូវការ​ឲ្យ​វា​ប្រព្រឹត្ត​ទៅ​យ៉ាង​ណា​ យើង​ត្រូវ​ដឹង​ហេតុ​បច្ច័ ហើយ​ប្រព្រឹត្ត​នូវ​ហេតុ​បច្ច័យ​នោះ​ៗដើម្បី​ឲ្យ​សម្រេច​ផល​យ៉ាង​នោះ​តាម​ដែល​យើង​ត្រូវ​ការ​ កុំ​រវល់​តែ​ប្រាថ្នា​ ឲ្យ​អ្វីៗ​ប្រព្រឹត្ត​ទៅ​តាម​ចិត្ត​ចង់​បាន គឺ​វា​ប្រព្រឹត្ត​ទៅ​មិន​បាន​ឡើយ ។
បុគ្គល​ដែល​សម្លឹង​មើល​អ្វីៗ ទៅ​តាម​ហេតុ បច្ច័យ​រមែង​មាន​សេចក្តី​ស្ងប់​ចិត្ត​ផង និង​បាន​ជាឥស្សរៈ​លើ​ខ្លួន​ឯង​ច្រើន​ឡើង​ផង បណ្តេញ​នូវ​តណ្ហា​មិន​ឲ្យ​ចេះ​តែ​ជា​ឥស្សរៈ​លើ​ជីវិត​របស់​ខ្លួន​ឡើយ ។

ជា​ទី​បំផុត​នៃ​ជីវិត​នេះ ទ្រព្យ​សម្បត្តិ​និង​ញាតិ​មិត្ត​បង​ប្អូន​ជួយ​អ្វី​ក៏​មិន​បាន​ដែរ ដូច​ជា​កំពុង​ឈឺ ធ្ងន់​នៅ​លើ​គ្រែ​សម្រាប់​ស្លាប់ រហូត​ដល់​ដៃ​ជើង​កម្រើក​មិន​បាន មាត់និយាយ​មិន​រួច​ធ្វើ​អ្វី​ក៏​មិន​បាន អ្នក​ណា​ជួយ​ក៏​មិន​បាន​ដាក់​អាហារ​ក៏​មិន​ចូល​បាន​ត្រឹម​តែ​បន្តក់​ទឹក​តែ​ប៉ុណ្ណោះ​ប៉ុន្តែ​អ្វី​ដែល​នៅ​មាន​ហើយ​អាចធ្វើ​ការបាន គឺ​ចិត្ត​ហ្នឹង​ឯង ពេល​នោះ បើ​យើង​ធ្លាប់​តែមាន​នូវ​សេចក្តី​សុខ ដែល​អាស្រ័យ​នឹង​អាមិស គឺ​អ្វីៗ នៅ​ខាងក្រៅ​ចិត្ត​របស់​ខ្លួន​ប៉ុណ្ណោះ យើង​រមែង​មាន​នូវ​សេចក្តី​ទុក្ខ សេចក្តី​ក្តៅ​ក្រហាយ​តែ​ម្យ៉ាង​ ។ 

ផ្ទុយ​មក​វិញ បុគ្គល​ដែល​បាន​ហ្វឹក​ហាត់​ចិត្ត​របស់​ខ្លួន​ដោយ​បញ្ញា ដឹង​ទាន់​នូវ​សភាវៈ​ពិត តាម​ដូច​ដែល​បាន​ពោល​មក​ហើយ​នោះ គេ​អាច​ធ្វើ​ចិត្ត​ឲ្យ​មាន​នូវ​សេចក្តី​ស្ងប់​គឺ បស្សទ្ឋិដែល​ជា​ហេតុ​ជិត​របស់​សុខៈ និង​សមាធិ កាល​គេ​ហាត់​ចិត្ត​ទុក​បាន​ដោយ​ល្អ​យ៉ាង​នេះ​ហើយ ទោះ​បី​គេ​ដេក​ឈឺ​ម្នាក់​ឯង​នៅ​លើ​គ្រែ​សម្រាប់​ស្លាប់ ដែល​អ្វី​ៗ ឬ អ្នក​ណាៗ ក៏​ជួយ​មិន​បាន​ដែរ​នោះ គេ​ក៏​នៅ​តែ​មាន​សេចក្តី​សុខ​ស្ងប់​ក្នុង​ចិត្ត​ដដែល ។

នេះ​ជា​សេចក្តី​សុខ​ដែល​ជា​ឥស្សរៈ មាន​ខ្លួន​ឯង​ជា​ទី​ពឹង​ចំពោះ​ខ្លួន​ពិត​ប្រាកដ ដូច្នេះ​សូម​ពុទ្ធ​សាសនិក​ជន​សិក្សា​ឲ្យ​បាន​ជ្រាប​ច្បាស់​ថា ខ្លឹម​សារ​ពិត​ប្រាកដ​របស់​ជីវិត​ដែល​យើង​ត្រូវ​ការ​នោះ គឺ​ជាអី្វ ។ យើង​ខំ​សន្សំ​នូវ​ទ្រព្យ​សម្បត្តិ​ផ្សេងៗ​មក ដើម្បី​សេចក្តី​សុខ ប៉ុន្តែ​សេចក្តី​សុខ​ក្នុង​ពេល​ជាទីបំផុត​នោះ​គឺ​នៅ​ត្រង់​ចិត្ត​របស់​យើង ដែល​យើង​បាន​ហ្វឹក​ហាត់​អប់​រំ​ជា​រឿយ​ៗ​រាល់​ថ្ងៃ​មក ។ យើង​ត្រូវ​អប់​រំ​សន្សំ​នូវ​បស្សទ្ធិ គឺ​សេចក្តី​ស្ងប់ ឲ្យ​ជា​ប្រក្រតី​ធម្មតា​ក្នុង​ជីវិត​ប្រចាំ​ថ្ងៃ មាន​ជីវិត​រស់​នៅ​ជា​មួយ​នឹង​បញ្ញា ដឹង​ទាន់​សភាវៈ​ពិត​បាន​យ៉ាង​សម្បូរ មាន​សតិ​សព្វ​កាល ពិចារណា​ឃើញ​ខន្ធ​លោក ដោយ​នូវ​សភាព​សូន្យ​ទទេ​ចាក​ខ្លឹម​ទៀង​ខ្លឹម​សុខ និង​ខ្លឹម​ខ្លួន សម្រេច​បាន​នូវ បស្សទ្ធិ សុខៈ និង​សមាធិ ជា​គោល​ធម៌​ប្រចាំជីវិត និង​ជា​សម្បត្តិ​ដ៏​មាន​តម្លៃ​របស់​យើង ហើយ​យើង​មិន​ព្រម​ឲ្យ​អ្នក​ណា​មក​ទម្លាយ ធ្វើ​ឲ្យ​វិនាស​បាន​ឡើយ នេះ​ឯង​គឺ​ជា​ខ្លឹម​សារ​ដ៏​ពិត​ប្រាកដ​របស់​ជីវិត​ដែល​យើង​ត្រូវ​ការ​នោះ ។

ពេល​ដែល​យើង​បាន​ជួប​ជា​មួយ​នឹង​អ្នក​ណា យើង​ក៏​បាន​ទទួល​នូវ​អារម្មណ៍ ខាង​ក្រៅ​ចូល​មក ពេល​ខ្លះ​យើង​ត្រូវ​អារម្មណ៍​ដែល​ចូល​មក​នោះ បោក​ខ្ជប់​ចិត្ត​របស់​យើង​ដូច​ជា​បាន​ឮ​ពាក្យ​របស់​អ្នក​ដទៃ​និយាយ​ស្តី​បន្ទោស​មក​ដល់​យើង​ជា​ដើម​ដោយ​យើង​ខ្វះ​នូវ​ស្មារតី និង​ខ្វះ​ការតាំង​ចិត្ត​រក្សានូវ​សម្បត្តិ​ដ៏​មាន​តម្លៃ ធ្វើ​ឲ្យ​ពាក្យ​សម្តី​របស់​អ្នក​ដទៃវាយ​ទម្លាយ​នូវ​ទ្រព្យ​សម្បត្តិ​ដ៏​មាន​តម្លៃ​របស់​យើង​នោះ ឲ្យ​វិនាស​បាត់​បង់ សេចក្តី​រីក​រាយ​ក្នុង​កុសល​ក្តី សេចក្តី​សុខ​ស្ងប់​ក្តី ចិត្ត​នឹង​ធឹង​ក្តី ក៏​បាន​សាប​សូន្យ​អស់​អំពី​ក្នុង​ចិត្ត​រលីង​ពុំ​មាន​សល់​ឡើយ ។

អនិដ្ឋារម្មណ៍ គឺ​អារម្មណ៍​មិន​ជា​ទី​ប្រាថ្នា នៅ​ក្នុង​ជីវិត​របស់​យើង​ម្នាក់​ៗ មាន​ច្រើន​ណាស់ បើ​យើង​មិន​មាន​ប្រក្រតី​ចម្រើន​សតិ​ទេ យើង​មិន​អាច​នឹង​សន្សំ​នូវ​សេចក្តី​សុខ​ស្ងប់​កប់​ទុក​ក្នុង​សន្តាន​ចិត្ត​បាន​ឡើយ ព្រោះ​ហេតុ​ដូច្នេះ​ទើប​ព្រះ​សម្មា​សម្ពុទ្ធ​ទ្រង់​ត្រាស់​សម្តែង ឲ្យ​សន្សំ​នូវ​សេចក្តី​សុខ តាម​រយះ​នៃ​ការ​ទូន្មាន​ចិត្ត ជា​ទី​បំផុត​ទ្រង់​ត្រាស់​ថា ការ​រស់​នៅ​នៃ​តណ្ហា​ឈ្នះ​អស់​ទុក្ខ​ទាំង​ពួង ។

អត្តបទ​នេះ​ស្រង់ចេញ​ពី​សៀវភៅៈ ខ្លឹម​សារ​គួរ​យល់​ដឹង
រៀបរៀង​ដោយៈ អគ្គបណ្ឌិត ធម្មចារ្យ ប៊ុត សាវង្ស
វាយ​អត្តបទ​ដោយៈ កញ្ញា ជា ម៉ានិត
ដោយ​៥០០០​ឆ្នាំ
 
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ២៩ កក្តដា ឆ្នាំ២០១៩ (អាន: ១០,២៧៧ ដង)
ស្ត្រី​ចូល​ទៅ​កាន់​ត្រកូល​ស្វាមី​មាន​ ៥ យ៉ាង
ផ្សាយ : ២២ កក្តដា ឆ្នាំ២០២០ (អាន: ៥៩,៣១១ ដង)
ពុទ្ធឱវាទនៃព្រះដ៏មានព្រះភាគ ចំពោះកុមារីចៅរបស់មេណ្ឌកសេដី្ឋ
ផ្សាយ : ២០ តុលា ឆ្នាំ២០២១ (អាន: ២៣,១៦២ ដង)
ពិចារណា​ញាតិ​ក្នុង​សង្សារ​វដ្ដ
ផ្សាយ : ២៧ ធ្នូ ឆ្នាំ២០២៣ (អាន: ៨,៨៣៨ ដង)
អារម្មណ​ប្បច្ច័យ​គឺជា​ជីវិត​ប្រចាំថ្ងៃ
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
CPU Usage: 2.62
បិទ
ទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ABA 000 185 807
   ✿ សម្រាប់ឆ្នាំ២០២៤ ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំជាប្រចាំឆ្នាំ ឬប្រចាំខែ  ដើម្បីគេហទំព័រ៥០០០ឆ្នាំយើងខ្ញុំមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយតទៅ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987  ✿✿✿