30
ថ្ងៃ ព្រហស្បតិ៍ ទី ២៥ ខែ មេសា ឆ្នាំថោះ បញ្ច​ស័ក, ព.ស.​២៥៦៧  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច






ការជូនដំណឹង
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុមង្គលបញ្ញា
ទីតាំងៈ កំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ទិន្នន័យសរុបការចុចលើ៥០០០ឆ្នាំ
ថ្ងៃនេះ ១៥៣,២៧៧
Today
ថ្ងៃម្សិលមិញ ២០៨,៧៩១
ខែនេះ ៤,៨០៩,០៩១
សរុប ៣៩០,៨៩១,៥៧៥
អានអត្ថបទ
ផ្សាយ : ២៤ កក្តដា ឆ្នាំ២០១៩ (អាន: ៣៤,២៥៦ ដង)

ខ្លឹម​សារ​នៃ​ការ​បួស



 
ខ្លឹម​សារ​នៃ​ការ​បួស

ការ​ចេញ​ចាក​ផ្ទះ​ចូល​កាន់ផ្នួស​បួស​ជា​បព្វ​ជិត នៅ​ក្នុង​ព្រះ​ពុទ្ធ​សាសនា គឺ​ដោយ​អាស្រ័យ​សទ្ធា​និង​ឆន្ទៈ​ក្នុងកា​រ​ប្រព្រឹត្ត​បដិបត្តិ តាម​ពា្យ​ប្រៀន​ប្រដៅ​របស់​ព្រះ​ពុទ្ធ​ជាអង្គ​ម្ចាស់ មាន​បំណង​សិក្សា​អប់​រំ​នៅ​ក្នុង​ព្រះ​ធម៌​វិន័យ​នេះ​ជា​ឧបសនិស្ស័យ ដ៏​ប្រពៃ​ខ្ពង់​ខ្ពស់ ឈាន​ចូល​ទៅ​រក​ខ្លឹម​សារ​នៃ​ការ​បួស ។

ដើម្បី​ឲ្យការ​បួស​បាន​សម្រេច​នូវ​ប្រយោជន៍ យ៉ាង​ពិត​ប្រាកដ​នោះ ត្រូវ​តែ​យល់​ឲ្យ​ច្បាស់ អំពី​ខ្លឹម​សារ​នៃ​ការ​បួស សូម្បី​តែ​ពាក្យ​ថា (ការ​បួស) ឬ​ពាក្យ​ថា (បព្វជា្ជ) ក៏​ត្រូវ​តែ​យល់​ដឹង ។

បព្វជ្ជា ឬ​ការ​បួស​នេះ​តាម​ការ​សំគាល់​ជា​ទូ​ទៅ គឺ​មាន​មក​ជា​យូរ​យារ​ហើយ តាំង​តែ​មុន​ព្រះ​ពុទ្ធ​សាសនា​កើត​ឡើង​ម្ល៉េះ ។ នៅ​ក្នុង​ពពួក​មនុស្ស​ទាំង​ឡាយ មាន​មនុស្ស​ខ្លះ​ចេះ​គិត​ពិចារណា សម្លឹង​ឃើញ​ជីវិត​របស់​មនុស្ស​ទាំង​ឡាយ​នៅ​ក្នុង​សង្គម មាន​ការ​ប្រព្រឹត្ត​ទាំង​ល្អ ទាំង​អាក្រក់ ពេល​ខ្លះ​សង្គម​ក៏​មាន​សេចក្តី​ចម្រើន ពេល​ខ្លះ​ក៏​មាន​ការ​សាប​សូន្យ និង​ផ្លាស់​ប្តូរ​ប្រែ​ប្រួល​ទៅ​ជា​ប្រការ​ផ្សេងៗ មិន​មាន​ការ​ទៀង​ទាត់​ពិត​ប្រកដ រក​សារៈ​និង​សេចក្តី​សុខ​ឲ្យ​ឋិត​ថេរ​ពុំ​បាន​ឡើយ ។

ការ​មាន​ជីវិត​រស់​នៅ​កណ្តាល​នៃ​សង្គម​ក្រៅអំពី​សេចក្តី​ក្រវល់​ក្រវាយ​និង​ក្រៅ​អំពី​រក​សេចក្តី​សុខ​ចាក​ការ​ស្ងប់​បាន​ដោយ​លំបាក​ហើយ​នោះ វា​នៅ​មាន​សភាព​មិន​ប្រសើរ​ម្យ៉ាង​ទៀត​គឺ ការ​មិន​ងាយ​មាន​ឱកាស​ក្នុង​ការ​ស្វែង​រក​សេចក្តី​ពិត​នៃ​ជីវិត មិនងាយ​នឹង​ដុស​ខាត់​សម្អាត​ចិត្ត​ឲ្យ​ផុត​ចាក​ពី​ការ​សៅ​ហ្មង ព្រោះ​ហេតុ​ដូច្នេះ ទើប​មាន​មនុស្ស​ខ្លះ​ចេញ​ចាក​អំពី​សង្គម​មនុស្ស ហើយ​ទៅ​នៅ​ក្នុង​ទី​ឆ្ងាយ ដើម្បី​ឲ្យ​មាន​សេចក្តី​សុខ​ស្ងប់ និង​មាន​ពេល​គិត​ពិចារណា​ស្រាវជ្រាវ​រាវ​រក​សេចក្តី​ពិត ដោយ​មិន​មាន​ការ​រំខាន​អំពី​រឿង​កង្វល់​ផ្សេងៗ ដែល​ទាក់​ទង​ជា​មួយ​មនុស្ស​ដទៃ​ទៀត ។

ដោយ​ការ​ដក​ខ្លួន​ចេញ​អំពី​សង្គម​មនុស្ស​ហ្នឹង​ឯង​ទើប​មាន​ការ​កើត​ឡើង​នូវ​បព្វជ្ជា​គឺ​ការ​បួស មាន​ការ​មិន​គ្រប់​គ្រង​ផ្ទះ រស់​នៅ​ក្នុង​ព្រៃ​ធំ និង​ទី​ស្ងាត់​ផ្សេង​ៗ​ទៀត​មាន​គុហា​ភ្នំ​ជា​ដើម រហូត​ដល់​រក​ឃើញ​ផ្លូវ​នៃ​សេចក្តី​សុខ​ស្ងប់ ចូល​កាន់​ឈាន​សមា​បត្តិ ស្ងប់​ចាក​កាម​រាគៈ​មិន​ក្រវល់​ក្រវាយ​នៅ​ក្នុង​រឿង​របស់​មនុស្ស​លោក​ឡើយ ។

ការ​ស្វែង​រក​ទី​ពឹង និង​ខ្លឹម​សារ​របស់​ជីវិត ព្រម​ដោយ​សេចក្តី​សុខ​ស្ងប់​ក្នុង​ចិត្ត​យ៉ាង​នេះ បាន​មាន​មក​ជា​លំដាប់ និង​មាន​ជា​សក្ខី​ភាព​បញ្ជាក់​អំពី​ភាព​ជា​ឥស្សរៈ​លើ​កាម​តណ្ហា និង​បញ្ជាក់​ប្រាប់​អំពី​មាគ៌ា​ដែល​ត្រូវ​ចាញ​ចាក​អំពី​ជរា ព្យាធិ និង​មរណៈ រហូត​ដល​សម័យ​ព្រះ​សិទ្ធត្ថ​បរម​ពោធិសត្វ ព្រះ​អង្គ​ប្រសូត​នៅ​ព្រៃ​លុម្តិនី ។

មុន​ដំបូង ព្រះ​សិទ្ធ​ត្ថ​ក៏​ស្ថិត​នៅ​នា​កណ្តាល​ហ្វូង​នៃ​ពពួក​ជន កណ្តាល​កាម​ក្នុង​ព្រះ​បរម​រាជ​វាំង​ដែរ និង​មាន​ការ​ខ្វល់​ខ្វាយ ជា​មួយ​នឹង​រឿង​ស្វែង​រក​សេចក្តី​សុខ អំពី​វត្ថុ​ទាំង​ឡាយ​ដែល​ហៅ​ថា​កាម​សុខ​ហ្នឹង​ឯង​ក្នុង​នោះ​ព្រះ​បាទ​សិរី​សុទ្ធោទនៈ ជា​ព្រះ​បិតា បាន​ចាត់​ចែង​នូវ​វត្ថុ​កាម​គុណ​ដ៏​ប្រណិត​សម្រាប់​ទាក់​ចិត្ត​ព្រះ​អង្គ​ផង​ដែរ ។

ក្រោយ​ក ព្រះ​សិទ្ធ​ត្ថ​ទ្រង់​បាន​ឃើញ​ថា ការ​ដែល​នឹង​នៅ​តាម​ៗ គ្នា កើត​មក​ហើយ​ក៏ចាស់ ហើយ​ក៏​ឈឺ​ស្លាប់​ទៅ​តាម​គ្នា​វិល​វល់​ចុះ​ឡើង​ដូច​នេះ​ វា​ជា​ការ​ដែល​គួរ​ឲ្យ​រង្កៀស​ណាស់ រក​ខ្លឹម​សារ​អ្វី​មិន​មាន​ឡើយ ។ ក្នុង​ទី​បំផុត​ព្រះ​សិទ្ធត្ថ​បរម​ពោធិសត្វ ទ្រង់​បាន​ពិចារណា​រក​ផ្លូវ​ថា​ធ្វើ​យ៉ាង​ណា​ទើប​អាច​រក​ឃើញ​សេចក្តី​ពិត​នៃ​ជីវិត នឹង​បាន​រួច​ផុត​ចាក​ចាស់​ឈឺ​ស្លាប់ ។

ការ​មាន​ជីវិត​រស់​នៅ​កណ្តាល​សេចក្តី​ខ្វាយ​ខ្វល់ ក្នុង​សង្គម​នោះ មិន​មាន​អំណោយ​ឳកាស​ឡើយ ព្រោះ​ជីវិត​គ្រប់​គ្រង​ផ្ទះ មាន​ការ​ហួង​ហែង​កង្វល់​ស្មុគ​ស្មាញ មាន​រឿង​រ៉ាវ​រួប​រឹត​ជុំ​ជិត​ខ្លួន (​សម្ពាធោ ឃរាវាសោ ជីវិត​គ្រប់​គ្រង់​ផ្ទះ​មាន​សភាព ចង្អៀត ) ។
ទ្រង់​បាន​ឃើញ​ថា​ការ​ចេញ​ទៅ​បួស ដូច​យ៉ាង​អ្នក​បួស​ដែល​មាន​ក្នុង​សម័យ​នោះ​ឯង​គឺ ជាអ្នក​បួស​បន្ត​គ្នា​តាំង​តែ​អំពី​សម័យ​បុរាណ​កាល​ដ៏​យូរ​លង់​មក ជា​ផ្លួវ​ចេញ​ដ៏​ល្អ (អព្កោកាសោ បព្វជ្ជា ការ​បួស​គឺ​ការ​ចេញ​ទៅ​កាន់​ទី​វាល​ស្រឡះ​ដ៏​ក្រៃ​លែង មាន​សេរីភាព ទៅ​កាន់​ទី​ណា​ក៏​បាន ) ទើប​ទ្រង់​សម្រេច​ព្រះ​ទ័យ លះបង់​សភាព​នៃ​ជីវិត​ក្នុង​ព្រះ​បរម​រាជ​វាំង ហើយ​ស្តេច​ចេញ​បួស​បំពេញ​នូវ​នេក្ខម្ម​បារមី​ជា​ចុង​ក្រោយ ។ ព្រះ​អង្គ​ទ្រង់​ស្វែង​រក​ការ​ចេះ​ដឹង អំពី​សំណាក់​អ្នក​បួស​ផ្សេងៗ និង​ទ្រង់​ប្រព្រឹត្ត​បដិបត្តិ​តាម​ផ្លូវរបស់​អ្នក​បួស​ទាំង​នោះ គ្រប់​បែប​យ៉ាង ។

ព្រះ​អង្គ​ទ្រង់​យាង​ទៅ​សាក​ល្បង តាម​ផ្លូវ​បដិ​បត្តិ​របស់​អ្នក​បួស​ក្នុង​សម័យ​នោះ ជាទី​បំផុត​ទ្រង់​បាន​ជ្រាប​ថា​លទ្ធិ​របស់​អ្នក​បួស​ទាំង​អស់​នោះ ព្រម​ទាំង​ឬសី តាបស​ផ្សេងៗ​ មិន​មែន​ជា​ផ្លូវ​ដែល​នឹង​នាំ​ឲ្យ​បាន​សម្រេច​នូវ​ការ​ចេះ​ដឹង​ដ៏​ខ្ពង់​ខ្ពស់ ដើម្បី​ផុត​ចាក​អំពី​ជរាមរណៈ​ឡើយ ទើប​ព្រះ​អង្គ​ស្វែងរក​ផ្លូវ​ដោយ​ព្រះ​អង្គ​ឯង​ផ្ទាល់ ហើយ​ព្រះ​អង្គ​ក៏​បាន​ត្រាស់​ដឹង​នៅ​ថ្ងៃ​១៥កើត​ពេញ​បូណ៌​មី​ខែ​ពិសាខ​មុន​ព្រះ​អង្គ​បរិនិព្វាន​៤៥​ឆ្នាំ ក្នុង​ព្រះ​ជន្មព្រះ​អង្គ​៣៥​ព្រះ​វស្សា ។

កាល​ដែល​ព្រះ​អង្គ​បាន​ត្រាស់​ដឹង​ហើយ ទ្រង់​ក៏​បាន​នាំ​យក​នូវ​ព្រះ​ធម៌​មក​ផ្សព្វ​ផ្សាយ ទូន្មាន​ប្រៀន​ប្រដៅ​ដល់​សត្វ​លោក ។ អ្នក​ដែល​មាន​សទ្ធា​ព្រម​ដោយ​ឧប​និស្ស័យ​ជា​មួយ​នឹង​ព្រះ​អង្គ បាន​យល់​អំពី​ជីវិត​ពិត ហើយ​បាន​យល់​ចូល​ចិត្ត​អំពី​គោល​នៃ​សេចក្តី​ល្អ​ផ្សេងៗ ដែល​សម្រាប់​ញ៉ាំង​ជីវិត​ឲ្យ​បាន​ដល់​នូវ​សេចក្តី សុខ សេចក្តី​ចម្រើន ក៏​បាន​មក​សូម​ប្រព្រឹត្ត​បដិ​បត្តិ​ជា​មួយ​ព្រះ​អង្គ ដោយ​ការ​លះ​បង់​នូវ​ផ្ទះ​សម្បែង ឈប់​នៅ​គ្រប់​គ្រង​ផ្ទះ ដែល​ហៅ​ថា​ចេញ​បួស​ហ្នឹង​ឯង ។

ការ​បួស​គឺ​បព្វជ្ជា នេះ​ប្រែ​យក​សេចក្តី​ងាយ​ៗ ថា​ការ​វៀរ​ចាក​នូវ​បាប​អកុសល​ផ្សេងៗ ដោយ​ទូ​ទៅ ។ គឺ​ជារបស់​ដែល​ងាយ​ក្នុងការ​លះបង់​នោះ​ទេ ពេល​ខ្លះ​លះ​បាន​តែ​ខាង​ក្រៅ ប៉ុន្តែ​នៅ​ខ្វល់​ខាង​ក្នុង លះ​បាន​ផ្លូវ​កាយ​ផ្លូវ​វាចា​ហើយ តែ​កិលេស​នៅ​ប្រជុំ​គ្នា​ក្នុង​ចិត្ត របៀប​ដូច​សត្រូវ​ប្រមូល​កម្លាំង​ទ័ព ដូច្នេះ​ក្នុង​ការ​ធ្វើ​សង្គ្រាម​ជា​មួយសត្រូវ​គឺ​កិលេស ត្រូវ​មាន​ការ​ហ្វឹក​ហាត់​អប់​រំទូន្មាន​ខ្លួន​ដ៏​យ៉ាង​ហ្មត់​ចត់​ក្រៃ​លែង ។ ការ​បួស​នេះ​ទើប​ជា​ការ​ហឹ្វក​ហាត់​អប់​រំ​ខ្លួន​ឲ្យ​បាន​ហ្មត់​ចត់ បរិសុទ្ធ​ស្អាត ជាការ​សិក្សា​ព្យាយាម ដុស​ខាត់​កម្ចាត់​កិលេស​គ្រឿង​សៅ​ហ្មង​ចិត្ត និង​សេចក្តី​អាក្រក់​ផ្សេងៗ​ឲ្យ​ខ្ចាត់​បាត់​អស់​ទៅ ។

កិលេស​តួ​សំខាន់​ដេល​ប្រាកដ​ច្បាស់ គឺ​ការ​ឃើញ​តែ​ពី​ខ្លួន​ឯង ដែល​ធ្វើ​ឲ្យ​មនុស្ស​ស្វែង​រក​តែ​គ្រឿង​សេព​សោយ​ដើម្បី​យក​មក​ផ្គាប់​ផ្គុន​ខ្មោច​កិលេស​ក្នុង​ខ្លួន​ហ្នឹង​ឯង​ ។ សត្វ​លោក​រីក​រាយ​វង្វេង​វង្វាន់​នៅ​ក្នុង​កាម​គុណ នាំ​គ្នា​ពោល​សរសើរ​កាម​និង​អាមិស​ផ្សេងៗ ហើយ​សម្លុត​គំរាម​កំហែង​អ្នក​ដទៃ ប្រព្រឹត្ត​អំពើ​បៀត​បៀន​អ្នក​ដទៃ ដោយ​អាង​គ្នី​គ្នា អាង​ខ្នង​ អាង​អញ ដែល​សុទ្ធ​តែ​ជា​ការអាង​ខុស​ទាំង​អស់​ព្រោះ​ថា កំហុស​ដែល​ខ្លួន​បាន​ប្រព្រឹត្ត​ទាំង​ប៉ុន្មាន នោះ វា​ធ្វើ​ឲ្យ​យើង​កា្លយ​ជា​មនុស្ស​អាក្រក់​ស្រេច​ទៅ​ហើយ ។

បព្វជ្ជា​គឺ​ការបួស មាន​ន័យ​សេចក្តី​ថា​ការ​បញ្ចៀស ខ្លួន​ឲ្យ​បាន​រួច​ផុត​ អំពី​ការ​បៀត​បៀន​អ្នក​ដទៃ​ពោល​គឺ​ការ​គេច​ចេញ​អំពី​អំពើ​អាក្រក់​របស់​ខ្លួន​ឯង និង​ការ​ដក​ខ្លួន​ចេញ​ឲ្យ​ផុត​អំពី​កាម បាន​ដល់​កិលេស​ក្នុង​កាម​ចិត្ត​ផង វត្ថុ​កាម​សម្បូរ​បែប​ផ្សេងៗ​ផង ។

បព្វជ្ជា គឺ​ការ​លះ​បង់​នូវ​គ្រឿង​ហួង​ហែង គ្រឿង​កង្វល់​ជា​ខាង​ក្រៅ មាន​ទ្រព្យ​សម្បត្តិ មាស​ប្រាក់ ព្រម​ទាំង​អ្វីៗ​ទាំង​អស់​ផ្សេង​ទៀ ដែល​ជា​គ្រឿង​នាំ​ឲ្យ​ជាប់​ជំពាក់​ទៅ​ណា​មិន​រួច ។
ជីវិត​របស់​អ្នក​បួស ព្រះ​សម្មាសម្ពុទ្ធ​ទ្រង់​ប្រៀប​ទៅ​នឹង​បក្សី ដែល​មាន​តែ​ស្លាប​មួយ​គូ នឹង​ទៅ​ណា ពេល​ណា​ក៏​រមែង​ទៅ​បាន​ពេល​នោះ ប៉ុន្តែ បើ​អ្នក​បួស​មាន​ភាៈ​អ្វី​ផ្សេងៗ មាន​កិច្ចការ​របស់​សង្ឃឹម​ជា​ដើម ដូច​យ៉ាង​សម័យ​បច្ចុប្បន្ននេះ មាន​ការ​គ្រប់​គ្រង​ក្រុម ពួក​គណៈ គ្រប់​គ្រង​អាវាស និង​មាន​ការ​គ្រប់​គ្រង​ធំដុំ​លើស​នេះ​ទៅ​ទៀត​នោះក៏​ឃើញ​ថា មិន​ងាយ​ទៅ​ណា​មក​ណា​ចោល​ការ​គ្រប់​គ្រង​បាន​ឡើយ ដូច្នេះ​ទើប​ត្រូវ​មាន​សតិ​ដាស់​តឿន​ខ្លួន​ជារឿយៗ​រាល់​ថ្ងៃ​ថា (ឧត្តម​គតិ​នៃ​ជីវិត​របស់​អ្នក​បួស​នោះ​គឺ​សំដៅ​ទៅ​រក​ភាព​ជា​ឥស្សរៈ ភាព​វាល​ស្រឡះ មិន​ជំពាក់​ទាក់​ទិន​ក្នុង​របស់​ផ្សេងៗ ដើម្បី​មាន​ឳកាស​បំពេញ​កិច្ច​ការ​របស់​សមណៈ​បាន​យ៉ាង​បរិបូណ៌ ) ។

បាន​បួស​ហើយ មិន​មែន​ចប់​ស្រេច​ត្រឹម​តែ​បួស​ប៉ុណ្ណោះ រួច​ហើយ​នៅ​ស្ងៀមៗ ហាក់​ដូច​ជា​គ្មាន​ការ​អ្វី​ធ្វើ​នោះ​ឡើយ ពិត​មែន​តែ​បួស​ហើយ​ឈប់​រវល់​នឹង​ការងារ​របស់​អ្នក​គ្រប់​គ្រង​ផ្ទះ​ប៉ុន្តែ​ការ​ដក​ខ្លួន​ចេញ​ពី​ការងារ​គ្រប់​គ្រង​ផ្ទះ​នោះ គឺ​ដើម្បី​បាន​ឱកាស​បំពេញ​ការងារ​របស់​អ្នក​បួស ដែល​ជា​ការងារ​ដ៏​ក្តៅ​គគុក​ក្នុង​សរមភូមិ បាន​ដល់​ការធ្វើ​សង្គ្រាម​ច្បាំង​ជា​មួយ​នឹង​ខ្លួន​ឯង (មិន​មាន​ការ​តស៊ូ​ណា ឲ្យ​ខ្លាំង​ក្លា​ជាង​ការ​តស៊ូ​ដើម្បី​ឈ្នះ​ចិត្ត​របស់​ខ្លួន​ឯង​ឡើយ) ។ ការ​បួស​គ្រាន់​តែ​ជា​ចាប់​ផ្តើម​ប៉ុណ្ណោះ​នឹង​ត្រូវ​ព្យាយាម​បដិ​បត្តិ​ជា​បន្ត ដើម្បី​ឈ្នះ​ចិត្ត​របស់​ខ្លួន​ឯង​ឡើយ ) ។ ការ​បួស​គ្រាន់​តែ​ជា​ការចាប់​ផ្តើម​ប៉ុណ្ណោះ​នឹង​ត្រូវ​ព្យាយាម​បដិបត្តិ​ជា​បន្ត ដើម្បី​បាន​សម្រច​ផល​ដែល​ជា​ទិស​ដៅ​នៃ​ការ​បួស​នោះ​ឯង ។ ការ​ដែល​នឹង​បាន​សម្រច​ផល​ពីបព្វ​ជ្ជា ត្រូវ​តែ​មាន​ការ (រៀន​) គឺ​សិក្សា​ហ្វឹក​ហាត់ ញ៉ាំង​ជីវិត​របស់​ខ្លួន​ឲ្យ​ចម្រើន​ទៅ​ដោយ​គុណ​ធម៌​អប់រំ​កាយ​វាចា ចិត្ត ឲ្យ​បាន​ល្អ ឲ្យ​បាន​ប្រណីត​ឲ្យ​បាន​ចម្រើន​រុង​រឿង​ជា​ភយ្យោភាព រហូត​ដល់​លះ​បង់​នូវ​បាប​អកុសល​បាន​អស់ ជា​ការ​រួច​ផុត​អំពី​កិលេស និង​ជា​ការ​បាន​ឈ្នះ​នូវ​កង​ទុក្ខ​ទាំង​ពួង ។​មាន​ពាក្យ​ថា (បួស​រៀន) បាន​សេចក្តី​ថា បួស​ដើម្បីរៀន ឬ​ថា ការ​បួស​ក៏​គឺ​ជីវិត​នៃ​ការ​រៀន​ដឹង សិក្សា​ហ្វឹក​ហាត់​ឲ្យ​ជីវិត​ចម្រើន​ទៅ​ដោយ​ប្រាជ្ញា​ស្មារតី ដូច្នេះ​ពាក្យ​ថា (រៀន​) ត្រូវ​គ្នា​នឹង​ពាក្យ​បាលី​ថា (​សិក្ខា) ។

សារៈ​សំខាន់​នៃ​ការ​បួស​ទាំង​អស់ គឺ​ស្ថិត​នៅ​ត្រង់​ការ​សិក្សា​អប់​រំ ដែល​ភាសា​ក្នុង​ព្រះ​ពុទ្ធ​សាសនា​ហៅ​ថា​សិក្ខា​ហ្នឹង​ឯង ។

ប្រទេស​ខ្មែរ​យើង ជា​ប្រទេស​កាន់​ព្រះ​ពុទ្ធ​សាសនា​ដូច្នេះ តាំងពី​ដើម​មក​ខ្មែរ យើង​បាន​ឃើញ​ប្រយោជន័​នៃ​ការ​បួស​ទើប​បាន​គិត​ថា បើ​មិន​អាច​បួស​បាន​រហូត​ទេ​ក៏​ដោយ​ចុះ គឺ​គ្រាន់​តែ​បួស​២​-៣ វស្សា​ក៏​ជា​ប្រយោជន៍ដែរ​ដើម្បី​បាន​ឱកាស​ដុឋ​ខាត់​ចិត្ត ធ្វើ​ឲ្យ​ជីវិត​ចម្រើន​ទៅ​ដោយ​ការ​ចេះ​ដឹង​រួច​ហើយ​ទើប​លា​សិក្ខា​មក​ទទួល​ខុស​ត្រូវ​ក្នុង​សង្គម​គ្រួសារ និង​សង្គម​ជាតិ​វិញ ។

ទិស​ដៅ​នៃ​ការ​បួស គឺ​ការ​រួច​ផុត​ចាក​ទុក្ខ ដូច​បាន​រៀប​រាប់​ពី​ខាង​ដើម​ច្រើន​ហើយ ប៉ុន្តែ​ដូច​នៅ​ប្រទេស​ខ្មែរ​យើង​បាន​មាន​ប្រពៃ​ណី​មួយ​របស់​ប្រជាជន​ខ្មែរ​គឺ​ថា​បើ​កុលបុត្រ​មាន​ឳកាស​ត្រូវ​ឲ្យ​បាន​បួស​ក្នុង​មួយ​រយៈ​វេលា​យូរ​ឬ​ឆាប់​តាម​សម​គួរ​ដល់​អធ្យាស្រ័យ ដើម្បី​នឹង​បាន​សិក្សា​អប់រំ តាម​គោល​ព្រះ​ពុទ្ធ​សាសនា​ផង ដើម្បី​បាន​ជា​ឧបនិស្ស័យ​​សម្បត្តិ​ដ៏​ប្រសើរ​ឧត្តម​ផង ។

សម័យ​បច្ចុប្បន្ន​នេះ ការ​បួស​ក្នុង​ប្រទេស​ខ្មែរ យើង​មាន​ទិស​ដៅ​ច្រើន​ប្រការ​ផ្សេងៗ​ទៀត អាច​សរុប​បាន​ជា​៣​ទិស​ដៅ ចំពោះ​ទិស​ដៅ​ដែល​ល្អ​ប្រពៃ ក្រៅអំពី​បួស​ដើម្បី​រួច​ផុត​ចាក​ទុក្ខ​នោះ​គឺៈ

- ទិស​ដោ​ប្រការ​ទី​១ ជា​ការ​បំពេញ​តួនាទី​របស់​ពុទ្ធ​សាសនិជន ដោយ​សេចក្តី​ថា​ពុទ្ធ​សាសនិក​ជន​មាន​បំណង​ចង់​ជួយ​ព្រះ​ពុទ្ធ​សាសនា ដោយ​ការ​រក្សា​ព្រះ​ធម៌​វិន័យ​ឲ្យ​បាន​មាំ​ទាំ​ព្រោះ​ថា បើ​ព្រះ​ពុទ្ធ​សាសនា​គឺ​ពាក្យ​ប្រៀន​ប្រដៅ​របស់​ព្រះ​សម្មា​សម្ពុទ្ធ​ តាំង​នៅ​ពុំ​ទាន់​សាប​សូន្យ​ទេ ក៏​នឹង​បាន​ជា​ប្រយោជន៍​ដល់​មនុស្ស​ទាំង​ឡាយ ជួយ​ឲ្យ​មនុស្ស​ទាំង​ឡាយ​មាន​ជីវិត​ល្អ​ប្រពៃ​និង​ជួយ​ឲ្យ​សង្គម​ជាតិ​មាន​នូវ​ម្លប់​ត្រជាក់ ពោល​គឺ​ម្លប់​សាសនា​ហ្នឹង​ឯង ។

វិធី​ដែល​ល្អ ជាទី​បំផុត​ ក្នុងការ​រក្សា​ព្រះ​ពុទ្ធ​សាសនា​បាន​ដល់​ការ​ចូល​ទៅ​បួស​រៀន​ព្រះ​ធម៌​វិន័យ និង​រក្សា​ទុក​នូវ​ពាក្យ​ទូន្មាន ប្រៀន​ប្រដៅ​របស់​ព្រះ​អង្គ ដែល​បាន​រន​ចេះ​ចាំ​មក​ដោយ​ការ​ប្រព្រឹត្ត​បដិបត្តិ​ខ្លួន​ឯង​ផង ដឹង​នាំ​ឲ្យ​អ្នក​ដទៃ​បដិ​បត្តិ​ផង របៀប​នេះ​ហៅ​ថា (បន្ត​អាយុ​ព្រះ​ពុទ្ធ​សាសនា) ។

ក្រៃ​លែង​ជាង​នេះ​ទៅ​ទៀត​កាល​បើ​រៀន​ដឹង​ហើយ​ប្រព្រឹត្ត​បដិបត្តិ​តាម​មាន​ដំណើរ​ជីវិត​ទៅ​តាម​ធម៌​ក៏​ស្មើ​នឹង​យក​ព្រះ​ពុទ្ធ​សាសនា មក​ទុក​ក្នុង​ជីវិត​របស់​យើង​ដែរ​ឬ​ថា យក​ខ្លួន​យើង​ជា​ទី​រក្សា​ព្រះ​ពុទ្ធ​សាសនា បើ​ធ្វើ​បាន​យ៉ាង​នេះ ជីវិត​អ្នក​ទ្រទ្រង់​វិន័យ​គឺជា​អាយុ​ជីវិត​របស់​ព្រះ​វិន័យ​ជីវិត​អ្នក​ទ្រទ្រង់​ធម៌​គឺ​ជា​អាយុ​ជីវិត​របស់​ព្រះ​ធម៌​ដរាប​ណា ដែល​នៅ​មាន​ជីវិត​នៃ​ពុទ្ធ​បរស័ទ ដរាប​នោះ​ព្រះ​ពុទ្ធ​សាសនារមែង​គង់​វង្ស យ៉ាង​នេះ ឯង​ដែល​ហៅ​ថា​ការ​បួស​ជា​ការ​បំពេញ​តួនាទី​របស់​ពុទ្ធ​សាសនិក​ជន ។

- ទិស​ដៅ​ប្រការ​ទី​២ ជា​ការ​បំពេញ​តួនាទី​របស់​ខ្លួន​ជា​ជន​ជាតិ​ខ្មែរ ហើយ​ក៏​បាន​ទៅជា​មរតក​របស់​ជន​ជាតិ​ខ្មែរ ។ ជន​ជាតិ​ខ្មែរ​យើង​បាន​ឃើញ​ថា ព្រះ​ពុទ្ធ​សាសនា ជាទ្រព្យ​សម្បត្តិ​ដែល​មាន​តម្លៃ​ដ៏​ខ្ពង់​ខ្ពស់​បំផុត​នៃ​ប្រទេស​ជាតិ និង​សង្គម​របស់​យើង ព្រោះ​ថា កាល​ដែល​ព្រះ​ពុទ្ធ​សាសនា​ចូល​មក​ហើយ ក៏​មាន​គោល​នៃ​ការ​អប់​រំ​ធ្វើ​ឲ្យ​មនុស្ស​ប្រព្រឹត្ត​ល្អ បើ​មាន​មនុស្ស​ល្អ ច្រើន​ឡើង​ៗ​ការ​បៀត​បៀន​គ្នា​ក្នុង​សង្គម​ក៏​ត្រូវ​បាន​ថយ​ចុះ​ជា​លំដាប់ ។
ព្រះ​ពុទ្ធ​សាសនា បាន​ជួប​ឲ្យ​មនុស្ស​សន្ធឹក​សន្ធាប់​ក្លាយ​ជា​មនុស្ស​ល្អ​រស់​នៅក្នុង​សង្គម ។ ក្រៅ​អំពី​ជួយក្នុង​ផ្នែក​គុណ​ធម៌​អប់​រំ​ឲ្យ​មនុស្ស​ល្អ គឺ​ល្អ​ទាំង​​ការប្រព្រឹត្ត ល្អ​ទាំង​ផ្លូវ​ចិត្ត​ហើយ ក៏​នៅ​មាន​ប្រយោជន៍ ដែល​ជា​ឬស​គល់​នៃ​វឌ្ឃនធម៌​របស់​ជាតិ​យើង​ទៀតផង​ សូម្បី​តែ​ភាសា​របស់​យើង​ក៏​បាន​មក​អំពី​ភាសា​បាលី រហូត​ដល់​ភាសា​សំស្ក្រឹត​សន្ធឹក​សន្ធាប់ សិល្ប៍​សាស្ត្រ​ផ្សេងៗ ក៏​បាន​មក​អំពី​វត្ថ​អារាម​និង​អ្វី​ផ្សេងៗ​ទៀត ដែល​មាន​ការ​រីក​ចម្រើន​​នៅ​ក្នុង​សង្គម​ជាតិ​យើង​នេះ គឺ​បាន​មកអំពី​ព្រះ​ពុទ្ធ​សាសនា​ជាឬស​គល់​ច្រើន​ជា​ទី​បំផុត ។
ដោយ​អាស្រ័យ​ហេតុ​ផល​ដូចបាន​ពោល​មក​នេះ​យើង​បាន​ឃើញ​ថា ព្រះ​ពុទ្ធ​សាសនា​ជា​សម្បត្តិ​ប្រចាំ​ជាតិ​របស់​យើង​ គួរ​ខ្មែរ​យើង​ជួយ​គ្នា​ដើម្បី​រក្សា​ឲ្យ​មាន​ជាបន្ត​ទៅ ។ ការ​បួស​នេះ​ឯង​ជា​ការ​ជួយ​រក្សា​ព្រះ​ពុទ្ធ​សាសនា​ដែល​ជា​ទ្រព្យ​សម្បត្តិ​របស់​ជាតិ ដូច្នេះ​យើង​ក៏​បាន​យល់​ព្រម​ឲ្យ​ខ្មែរ​មាន​ឱកាស​បាន​មក​បួស នឹង​បាន​ជួយ​គ្នា​រក្សា​ទ្រព្យ​សម្បត្តិ​របស់​ជាតិ​ខ្មែរ ឲ្យ​បាន​ឋិត​ថេរ​យឺន​យូរ​ត​ទៅ​នេះ​ឯង​ជា​ទិស​ដៅ​ប្រកា​ទី​២​នៃ​ការបួស គឺ​ការ​បំពេញ​តួនាទី​របស់​ខ្លួន​ជា​ជន​ជាតិ​ខ្មែរ ។

- ទិស​ដៅ​ប្រការ​ទី​៣ ជា​ការ​តប​ស្នង​ដល់​ព្រះ​គុណ​របស់​មាតា​បិតា ដូច​ដែល​យើង​បាន​កាន់​យក​ជា​ប្រពៃ​ណី​មក​ថា បើ​អ្នក​ណា​បាន​បំបួស​កូន​ហើយ ក៏​បាន​បុណ្យ​បាន​កុសល​ច្រើន​ណាស់ កូន​បាន​មក​បួស​ហើយ ជា​ការ​ជួយ​ឲ្យឪពុក​ម្តាយ​បាន​តោង​ជាយ​សំពត់​កាសាវៈ ទៅ​កាន់​ស្ថាន​សួគ៌ រហូត​ដល់​បាន​ជា​ញាតិ​ព្រះ​សម្មាសម្ពុទ្ធ​ទៀត​ផង ដូច្នេះ​ការ​បួស​នេះ​ក៏​បាន​មក​ជាទិស​ដៅ​មួយ​គឺ​ដើម្បី​តប​ស្នង​សង​គុណ​ដល់​មាតា​បិតា ។

ការ​បួស​តប​ស្នង​គុណ​មាតាបិតា​នេះ បើ​សម្លឹង​មើល​ឲ្យ​ជ្រៅ​ទៅ ក៏​ជា​រឿង​ពិត​របស់​ចិត្ត ព្រោះ​ថា តាម​ធម្មតា​របស់​មាតា​បិតា​រមែង​ស្រឡាញ់​កូន​ ហើយ​ជា​ទី​បំផុត​នៃ​សេចក្តី​ស្រឡាញ់​របស់​មាតាបិតា គឺ​ស្រឡាញ់​កូន​ហ្នឹង​ឯង កាល​បើ​ស្រឡាញ់​កូន​យ៉ាង​នេះ ក៏​រមែង​ចង់​ឲ្យ​កូន​បាន​ល្អ ចង់​ឲ្យ​កូន​បាន​សេចក្តី​សុខ បើ​កូន​បាន​ល្អ​ប្រកប​ព្រម​ដោយ​សេចក្តី​សុខហើយ​មាតា​បិតា​ក៏​បាន​សេចក្តី​សុខ​ដែរ ។

ដូច្នេះ​ទើប​មាន​ពាក្យ​ពោល​ថា (កតញ្ញុតា​ធម៌​របស់​បុត្រធីតា ជា​សេចក្តី​សុខ​របស់​មាតាបិតា) ផ្ទុយ​មក​វិញ បើ​កូន​មិន​ល្អ មិន​មាន​នូវ​សេចក្តី​សុខ​ទេ ឪពុក​ម្តាយ​ក៏​មាន​នូវ​សេចក្តី​ទុក្ខ ហើយ​ទុក្ខ​របស់​ឪពុក​ម្តាយ​ព្រោះ​កូន​នេះ ក៏​ជា​ទុក្ខ​ខ្លាំង​ក្លា ជាទុក្ខ​ដ៏​ធំធេង ។
មាតា​បិតា​ប្រាថ្នា​ល្អ​ចំពោះ​កូន ទើប​គិត​ថា ធ្វើ​យ៉ាង​ណា​ដើម្បី​ឲ្យ​កូន​បាន​ល្អ​ហើយ​មាន​នូវ​សេចក្តី​សុខ ។

ការ​ដែល​កូន​បាន​ល្អ​មាន​នូវ​សេចក្តី​សុខ​ទៅ​បាន គឺ​កូន​ត្រូវ​មាន​ការ​សិក្សា​មានការ​ហ្វឹក​ហាត់​អប់​រំ​យ៉ាង​ល្អ ។

មិន​ចំពោះ​តែ​ក្នុង​បច្ចុប្បន្ន​ប៉ុណ្ណោះ​ទេ មាតា​បិតា​នៅ​នឹក​គិត​ប្រាថ្នា​ចង់​ឲ្យ​កូន​បានល្អ​មាន​នូវ​សេចក្តី​សុខ ក្នុង​អនាគត​របស់​កូន​ទៀត​ផង ព្រោះ​ថា ត​ទៅ​កាល​ខាង​មុខ​ឪពុក​ម្តាយ​នឹង​មិន​បាន​នៅ​ជា​មួយ​កូន​រហូត​ត​ទៅ​ឡើយ ហើយ​កូន​នឹង​ទៅ​ជា​យ៉ាង​ណា​ៗ​នោះ ឪពុក​ម្តាយ​ក៏​គិតក​ង្វល់ក្នុង​រឿង​អនាគត​របស់​កូន​ថា តើ​បន្ត​ទៅ​ខាង​មុខ កូន​នឹង​ជា​មនុស្ស​ល្អ​មាន​សេចក្តី​សុខ មាន​សេចក្តី​សម្រេច មាន​ជីវិត​រស់​នៅ​ក្នុង​សង្គម​លោក​បាន​ល្អ​ឬ​ទេ នឹង​រក្សា​វង្ស​ត្រកូល​បាន​ឬ​ទេ ជា​ការ​គិត​សព្វ​សារពើ នេះ​ឯង​ជា​កង្វល់​របស់​មាតា​បិតា​ទាំង​ឡាយ រួម​សេចក្តី​មក​ថា សេចក្តី​ប្រាថ្នា​ចង់​ឲ្យ​កូន​បាន​ជាមនុស្ស​ល្អ​មាន​នូវ​សេចក្តី​សុខ​នេះ ស្ថិត​ក្នុង​ចិត្ត​របស់​មាតាបិតា​គ្រប់​គ្រា​គ្រប់​វេលា ។

ព្រះ​ពុទ្ធ​សាសនា​បាន​ជួយ​ឲ្យ​មាន​ការសិក្សា​អប់​រំ​ជា​ពិសេស​គឺ​យុវវ័យ​ព្រោះ​ថា​ជា​ធម្មតា​របស់​យុវវ័យ​រមែង​ចូល​ចិត្ត​ដើរ​កំសាន្ត​ទៅ​នេះ​ទៅ​នោះ​និង មាន​ការ​សេព​គប់​នូវ​មិត្ត​សម្លាញ់​ផ្សេងៗ​ដ៏​ច្រើន ។ ជា​រៀង​រាល់​ថ្ងៃ​ឪពុក​ម្តាយ​រមែង​មាន​ការ​ហួង​ហែង​កូន​ដោយ​ចំពោះ​គឺ​កូន​ប្រុស​ដែល​តែង​តែ​ខិល​ខូច មិន​ស្តាប់​បង្គាប់​តាម​ពាក្យ​ទូន្មាន ។

កាល​ដែល​កូន​ទៅ​ណា​មក​ណា ឪពុក​ម្តាយ​មាន​ចិត្ត​ព្រួយ​ខ្វល់​ខ្វាយ​ដោយ​គិត​ថា ក្រែង​កូន​នឹង​ទៅ​មាន​រឿង​ជា​មួយ​អ្នក​ណា តើ​កូន​បាន​ធ្វើ​ត្រឹម​ត្រូវ​ដែល​ឬ​ទេ ជា​ការ​គិត​កង្វល់​ចុះ​ឡើង រហូត​ទាល់​តែ​កូន​ត្រឡប់​មក​ដល់​ផ្ទះ​វិញ ហើយ​ដឹង​ថា​គ្មាន​រឿង​អ្វី​ទេ ទើប​បាន​ធូរ​ចិត្ត​ខ្លះ​។

មាតា​បិតា​តែង​នឹក​គិត​ថា តើ​ត្រូវ​ធ្វើ​យ៉ាង​ណា​ទើប​អាច​ធានា​បាន​ថា កូន​នឹងជាមនុស្ស​ល្អ អាច​ទទួល​ខុស​ត្រូវ​ក្នុង​ជីវិត​ខ្លួន​ឯង​បាន​ អាច​ទទួល​ខុស​ត្រូវ​លើ​ក្រុម​គ្រួសារ​បាន និង​ អាច​ទទួល​ខុស​ត្រូវ​ក្នុង​សង្គម​ជាតិ​បាន ។

កាល​កូន​បាន​បួស​ជា​ព្រះសង្ឃ​នៅ​ក្នុង​វត្ត គ្រង​សំពត់​ពណ៌​លឿង​ហើយ មាន​វិន័យ មាន​សីល​ល្អ​បរិសុទ្ធ​ត្រឹម​ត្រូវ​(ដោយ​គ្រាន់​តែ​បាន​បួស​ប៉ុណ្ណឹង​) មាតាបិតា​ក៏​សប្បាយ​ចិត្ត​ព្រោះ​មិន​បាន​កង្វល់​ហួង​ហែង ។ សប្បាយ​ចិត្ត​ព្រោះ​បាន​កូន​ចូល​ទៅ​ក្នុង​ឧត្តម​ភេទ ចិត្ត​មាតា​បិតា​ស្ងប់​មិន​ក្រវល់​ក្រវាយ នឹក​សប្បាយ​ត្រង់​ដែល​កូន​បាន​បួស បាន​រៀន​សូត្រ​ចេះ​ដឹង​ក្នុង​ព្រះ​ធម៌ ព្រះ​វិន័យ ។

មិន​មែន​ត្រឹម​តែ​ប៉ុណ្ណោះ​ទេ មាតាបិតា​នៅ​មាន​សេចក្តី​រីក​រាយ​សប្បាយ​ចិត្ត​ក្នុង​រឿង​ផ្សេង​ទៀត ដោយ​សង្ឃឹម​ថា កាល​បើ​កូន​បាន​បួស បាន​សិក្សា​អប់រំ​តាម​ព្រះ​ធម៌​វិន័យ​ដូច្នេះ​ហើយ ត​ទៅ​មុខ​កូន​នឹង​បាន​ជា​បព្វ​ជិត​ល្អ​ឬ​មនុស្ស​ល្អ ម្យ៉ាង​ទៀត ជា​ប្រក្រតី​របស់​មាតា​បិតា គឺ​តែង​តែ​រវល់​ជា​មួយ​កិច្ច​ការងារ​ចិញ្ចឹម​ជីវិត ពេល​ខ្លះ​ក៏​មិន​មាន​ឳកាស​បាន​ចូល​វត្ត​ផង​ដែរ មិន​មាន​ពេល​សូម្បី​តែ​នឹក​តាម​ផ្លូវ​ចិត្ត ព្រោះ​ថា​រវល់​ចិត្ត​នឹក​គិត​ដល់​រឿង​ផ្សេងៗ​ទៀត ប៉ុន្តែ​ដល់​ទៅ​កូន​បាន​បួស​ហើយ នឹក​ដល់​កូន​ពេល​ណា ក៏​នឹក​ដល់​ព្រះ​សង្ឃ​ពេល​នោះ​ដែរ​កាល​នឹក​ដល់​ព្រះ​សង្ឃ ក៏នឹក​ដល់​វត្ត នឹក​ដល់​ព្រោះ​សាសនា សេចក្តី​នេះ​បាន​ន័យ​ថា​កូន​បាន​ជួយ​នាំ​ចិត្ត​បង្អោន​ចិត្ត​របស់​មាតា​បិតា​ឲ្យ​ចូល​មក​កាន់​ព្រះ​សាសនា ឲ្យ​ចូល​មក​បួស​ជា​បព្វ​ជិត​ល្អ​ត្រឹម​ត្រូវ​ក៏​ជា​ការ​ជួយ​មាតាបិតា​ អញ្ជើញ​មក​កាន់​ព្រះ​សាសនា​ផង​ដែរ ចាប់​ផ្តើម​តាំង​អំពី​ធ្វើ​ឲ្យ​ចិត្ត​មាតា​បិតា​ទន​ទោរ​មក​រក​វត្ត រហូត​ដល់​មាន​ឳកាស​បាន​អញ្ជើញ​មក​វត្ត​ច្រើន​ឡើង​ៗ ។ ពេល​នឹក​លោក​កូន ត្រូវ​មក​វត្ត ដល់​ក្នុង​វត្ត​ជួប​ព្រះ​សង្ឃ ធ្វើ​ចង្ហាន់ ប្រគេន លោក​កូន ត្រូវ​ប្រគេន​ព្រះ​សង្ឃ​ក្នុង​វត្ត​ច្រើន​អង្គ​ទៀត​ផង ។ អញ្ជើញ​មក​វត្ត​ញឹក​ញាប់​បាន​ស្តាប់​ព្រះ​ធម៌​ក៏​ច្រើន បាន​រៀន​ព្រះ​ធម៌ផង បំរើ​ព្រះ​សង្ឃ​ផង នេះ​ឯង​ទើបជា​ផ្លូវ​ដែល​ជួយ​ឲ្យ​មាតាបិតា បាន​ចូល​ជិត​ព្រះ​ពុទ្ធ​សាសនា ហៅ​ថា ជា​ញាតិ​របស់​ព្រះ​សម្មា​សម្ពុទ្ធ​យ៉ាង​ពិត​ប្រាកដ ។

​កូន​ដែល​មាន​ការ​យល់​ដឹង​បាន​ល្អ ពេល​មក​បួស​ហើយ ខ្លួន​ឯង​បាន​ឃើញ​គុណ​តម្លៃ​របស់​ព្រះ​ពុទ្ធ​សាសនា​បាន​ឃើញ​គុណ​តម្លៃ​នៃ​ព្រះ​ធម៌ កាល​បាន​ឃើញ​គុណ​តម្លៃ​នៃ​ព្រះ​ធម៌​ហើយ​ក៏​នាំ​យក​ព្រះ​ធម៌​មក​ផ្សព្វ​ផ្សាយ​ ដល់​មាតាបិតា​ញាតិ​មិត្ត​បង​ប្អូន​របស់​ខ្លួណ ធ្វើ​ឲ្យ​សេចក្តី​ល្អ​រីក​ខ្ចរ​ខ្ចាយ​ចេញ​ទៅ​ជួយ​ឲ្យ​មាតាបិតា​ជា​ដើម​មាន​ចិត្ត​ត្រជាក់​មាន​ជីវិត​ស្រស់​ថ្លា​រុង​រឿង ។ បើ​ខ្លួន​ឯង​អាច​នាំ​យក​ព្រះ​ធម៌​ដេល​បាន​សិក្សា​ហើយ មក​ដិបត្តិ​ឲ្យ​ខ្លួនឯង​ជា​បព្វ​ជិត​ល្អ​ផង ជួយ​ណែ​នាំ​មនុស្សក្នុង​សង្គម​ឲ្យ​យល់​ដឹង​បាន​ល្អ​បាន​សុខ​ផង នេះ​គឺ ជា​ការ​ជួយ​ឲ្យ​មាតាបិតា​រឹង​រឹត​តែ​មាន​សេចក្តី​សុខ សេចក្តី​ចម្រើនជា​ភិយ្យោភាព ។ ការ​តប​ស្នង​គុណ​មាតាបិតា ខាង​ដើម​ជា​ទី​បំផុត នៅ​ត្រង់​ទំនុក​បម្រុង​រាង​កាយ​ដោយ​បច្ច័យ​៤ ព្រម​ទាំង​បម្រើ​ការងារ​សព្វ​សារពើ​ដែល​អាច​ធ្វើ​ទៅ​បាន ប៉ុន្តែ​ដែល​ជា​សារៈ​សំខាន់​នោះ គឺធ្វើ​យ៉ាង​ណា​ឲ្យ​គាត់​មាន​នូវ​សេចក្តី​សុខ ដោយ​ចំពោះ​ធ្វើ​ឲ្យ​គាត់​មាន​នូវ​សេចក្តី​សុខ​ផ្លូវ​ចិត្ត ។ កាល​ដែល​ធ្វើ​ឲ្យ​មាតាបិតា​បាន​នូវ​សេចក្តី​សុខ​តាម​ផ្លូវ​ចិត្ត​ហើយ ក៏​ជា​ការ​តប​ស្នង​សង​គុណ​ដល់​មាតា​បិតា​បាន​យ៉ាង​ល្អ​ជា​ទី​បំផុត ព្រោះ​ថា បើ​កូន​ធ្វើ​ឲ្យ​មាតា​បិតា​ក្តៅ​ក្រហាយ​ចិត្ត មាន​សេចក្តី​ទុក្ខ​កង្វល់ ដោយ​សារ​ការ​ប្រព្រឹត្ត​មិន​ល្អ​របស់​ខ្លួន​ឯង​ជា​កូន​នោះ ឈ្មោះ​ថា​យើង​ជា​កុណ​បាន​បៀត​បៀន ទើ​លើ​លោក​អ្នក​មាន​គុណ​ដោយ​ពិត​តែ​បើ​យើង​បាន​ធ្វើ​ឲ្យ​អ្នក​មាន​គុណ​មាន​សេចក្តីសុខ មាន​នូវ​បីតិ​ប្រកប​ដោយ​ចិត្ត​ជ្រះ​ថ្លា​ក្នុង​ព្រះ​សាសនា​ដូច​បាន​ពោល​រួច​ខ្លះ​ហើយ គឺ​ការ​សង​គុណ​ដ៏​យ៉ាង​ប្រណីត ។


ការ​តប​ស្នង​ដោយ​វត្ថុ​មាន​អាហារ​បាយ​ទឹក និង​សំពត់​ខោ​អាវ​ជា​ដើម គឺ​ជា​របស់​ខាង​ក្រៅ មិន​មែន​ជា​របស់​ដែល​មាន​ខ្លឹម​សារ​ពិត​ប្រាកដ​ឡើយ របស់​ដែល​មាន​ខ្លឹម​សារ​ពិត​ប្រាកដ គឺ​ការ​នាំ​មាតា​បិតា​ចូល​មក​រក​ព្រះ​ធម៌​ឲ្យ​មាតា​បិតា​មាន​សទ្ធា​ពិត​ប្រាកដ ឲ្យ​មាន​សីល សុតៈ​ចាគៈ និង ឲ្យ​កមាតា​បិតា​ជា​ពុទ្ធ​បរិស័ទ​មាន​បញ្ញា ។ សទ្ធា​សីល សុតៈ ចាគៈ និង​ បញ្ញា ធម៌​៥​ប្រការ​នេះ​ជា​របស់​មាន​តម្លៃ ជា​ខ្លឹម​សារ​នៃ​ជីវិត​គួរ​កូន​ប្រុស​ស្រី​ខិត​ខំ​ប្រឹង​ប្រែង​ជួយ​ជ្រោម​ជ្រែង​ឲ្យ​មាតា​បិតា បាន​ប្រកប​ទៅ​ដោយ​ធម៌​៥​ប្រការ​នោះ​កុំ​បី​ខាន ទោះ​បី​ខ្លួន​ឯង​ជា​កូន​បាន​បួស ឬ​មិន​បាន​បួស​ក៏​ដោយ​ចុះ ។

កូន​ដែល​បាន​មក​បួស​ហើយ ត្រូវ​តាំង​ចិត្ត​ប្រព្រឹត្ត​ឲ្យ​បាន​ល្អ​ជាទី​បំផុត ជា​ប្រយោជន៍​ដល់​ខ្លួនឯង​ជា អ្នក​បួស​ផង​ជា​ប្រយោជន៍​ដល់​អ្នក​ដទៃ​មាន​មាតា​បិតា​ជា​ដើម​ផង ។
មាតាបិតា​នឹក​រលឹក​ដល់​លោក​កូន​ហើយ​ក៏​កើត​បីតិ​មាន​សេចក្តី​សុខ ពេល​នឹក​ដល់​លោក​កូន​បួស​ជា​ព្រះ​សង្ឃ​នៅ​វត្ត​ក៏​នឹក​ដល់​ទៅ​ថា លោក​កូន​តាំង​ចិត្ត​សិក្សា​ព្រះ​ធម៌​ព្រះ​វិន័យ​មាន​ជីវិត​រស់​នៅ​ក្នុង​សីល និង​កល្យាណ​ធម៌ ។ ពេល​នឹក​រលឹក​ដល់​លោក​កូន​ហើយ ក៏​​នឹក​រលឹក​ដល់​ព្រះ​ពុទ្ធ​សាសនា​ នឹក​ឃើញ​វត្ត នឹក​ឃើញ​ព្រះ​សង្ឃ​ច្រើន​អង្គ​ នឹក​ឃើញ​ព្រះ​ចេតិយ នឹក​ឃើញ​ព្រះ​ពោធិ​ព្រឹក្ស​នឹក​ឃើញ​សូត្រ​ធម៌​នឹក​ឃើញ​ស្តាប់​ធម៌ ។ ល ។ អនុស្សតិក៏​រមែង​ចម្រើន​ដល់​មាតា​បិតា ។ ពេល​ឃើញ​កូន​ស្លៀក​ដណ្តប់​សំពត់​លឿង​ សង្រួម​ត្រឹម​ត្រូវ​ និមន្ត​មក​បិណ្ឌ​បាត ហឬទ័យ​របស់​មាតា​បិតា​ពោរ​ពេញ​ទៅ​ដោយ​បីតិ​ប្រកប​ព្រម​ទៅ​ដោយ​សេចក្តី​តាំង​ចិត្ត ដើម្បី​តម្កល់​ខ្លួន​ឲ្យ​ជា​ញោម​ប្រុស​ស្រី​ដ៏​ល្អ ។ ឃើញ​កូនពេល​​ណានឹក​រលឹក​ដល់​កូន​ពេល​ណា ក៏​មាន​សេចក្តី​សុខ និង​ជ្រះ​ថ្លា​ពេល​នោះ ។
នេះ​ឯង​ជាទិស​ដៅ​ប្រការ​ទី​៣ នៃ​ការបួស គឺ​ការ​តប​ស្នង​ដល់​ព្រះ​គុណរបស់​របស់​មាតា​បិតា ។

បើ​បព្វ​ជិត​ទាំង​ឡាយ ប្រព្រឹត្ត​បដិបត្តិ​ល្អ តាំង​ចិត្ត​រៀន ហ្វឹក​ហាត់​អប់រំ​ក្នុង​ព្រះ​ធម៌​វិន័យ​ ចម្រើន​ក្នុង​សីល​សមាធិ បញ្ញា ក៏​សម្រេច​បាន​នូវ​ខ្លឹម​សារ​នៃ​ការ​បួស​គឺ​ដើម្បីរួច​ផុត​ចាក​ទុក្ខ ហើយ​ក៏​បាន​សម្រេច​នៅ​ក្នុង​ទិស​ដៅ​៣​ប្រការ​ទៀត ដែល​មាន​ផល​ដល់​ព្រះ​ពុទ្ធ​សាសនា​ផង​មាន​ផង​ដល់​សង្គម​ជាតិ​ផង មាន​ផល​ដល់​មាតា​បិតា​ផង​ដូច្នេះ សូម​កុល​បុត្រ​ទាំង​ឡាយ ពិចារណា​តាម​ការ​គួរ ។

អត្តបទ​នេះ​ដក​ស្រង់​ចេញ​ពីសៀវភៅៈ ខ្លឹម​សារ​គួរ​យល់​ដឹង​
រៀបរៀង​ដោយៈ កញ្ញា ជា ម៉ានិត
វាយ​អត្តបទ​ដោយៈ កញ្ញា ជា ម៉ានិត

ដោយ​៥០០០​ឆ្នាំ
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ២៧ ធ្នូ ឆ្នាំ២០២៣ (អាន: ៦៧,៧៤១ ដង)
សម្រេច​មគ្គផល​ពេល​ជិតមរណៈ
ផ្សាយ : ២២ កញ្ញា ឆ្នាំ២០២៣ (អាន: ៣៦,៣៥១ ដង)
ធម៌ ៤០ យ៉ាងនាំសត្វទៅកាន់ស្ថានសួគ៌
ផ្សាយ : ០៣ មីនា ឆ្នាំ២០២៤ (អាន: ១៨,៥៨១ ដង)
ប្រព្រឹត្តិយ៉ាងណាឈ្មោះថាបានល្អ?
ផ្សាយ : ១៦ មិថុនា ឆ្នាំ២០២៣ (អាន: ៤៨,៩១៧ ដង)
គុណសម្បត្តិ ​និង​វិបត្តិ​នៃ​ឧបាសក​
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
CPU Usage: 1.27
បិទ
ទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ABA 000 185 807
   ✿ សម្រាប់ឆ្នាំ២០២៤ ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំជាប្រចាំឆ្នាំ ឬប្រចាំខែ  ដើម្បីគេហទំព័រ៥០០០ឆ្នាំយើងខ្ញុំមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយតទៅ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987  ✿✿✿