ថ្ងៃ ពុធ ទី ១៦ ខែ តុលា ឆ្នាំកុរ ឯក​ស័ក ព.ស. ២៥៦៣  
ស្តាប់ព្រះធម៌ (Mp3)
ស្តាប់ការអានព្រះត្រៃបិដក (Mp3)
ស្តាប់​ការបង្រៀនព្រះធម៌ (Mp3)
ស្តាប់​ការអាន​សៀវ​ភៅ​ធម៌​ (Mp3)
កម្រងធម៌​សូត្រ​ផ្សេង​ៗ (Mp3)
កម្រងកំណាព្យនិងស្មូត្រ (Mp3)
កម្រងបទភ្លេងនិងចម្រៀង (Mp3)
ព្រះពុទ្ធសាសនានិងសង្គម (Mp3)
បន្ទុកសៀវភៅ (eBook)
បន្ទុកវីដេអូ (Video)
ទើបស្តាប់/អានរួច
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុឯកភ្នំ
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុផ្កាយព្រឹក
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុគល់ទទឹង
ទីតាំងៈ វត្តគល់ទទឹង
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុមង្គលបញ្ញា
ទីតាំងៈ ខេត្តកំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ការជូនដំណឹង
ទិន្នន័យសរុបនៃការចុចចូល៥០០០ឆ្នាំ
ថ្ងៃនេះ ២៩,៩០៥
Today
ថ្ងៃម្សិលមិញ ៧០,៩៣៩
ខែនេះ ៩៥៥,៣៥៨
សរុប ១១១,៦២០,៧០៦
free counters
កំពុងទស្សនា ចំនួន
អានអត្ថបទ
ផ្សាយ : ៣១ កក្តដា ឆ្នាំ២០១៩ (អាន: ៤៧៨៥ ដង)

បុគ្គល​ដែល​គួរសេពគប់​និង​មិន​គួរ​សេពគប់



 
បុគ្គល​ដែល​គួរសេពគប់​និង​មិន​គួរ​សេពគប់

បណ្ដា​ជន​ពាល​និង​បណ្ឌិត​ទាំង ២ ពួក​នេះ ពួក​បណ្ឌិត​ប៉ុណ្ណោះ គឺ​បុគ្គល​ត្រូវ​សេពគប់, ពួក​ជនពាល គឺ​បុគ្គល​មិន​ត្រូវ​សេពគប់​ឡើយ, ព្រោះ​ពួក​ជន​ពាល ប្រៀប​ដូច​ជា​ត្រីស្អុយ បុគ្គល​អ្នក​សេពគប់​ជាមួយ​ជនពាល​នោះ ប្រៀបដូច​ជា​ស្លឹកឈើ​ដែល​សម្រាប់​ខ្ចប់​នូវ​ត្រីស្អុយ ដែល​ដល់​ហើយ​នូវ​ភាព​ជា​អ្នក​ គឺ​ពួក​វិញ្ញូជន​គប្បី​បោះបង់​ចោល និង​ស្អប់ខ្ពើម។ (ចំណែក) បណ្ឌិត ប្រៀប​ដូច​ជា​គ្រឿង​ក្រអូប មាន​ក្រស្នា​និង​មាលា​ជាដើម, បុគ្គល​អ្នក​សេពគប់​ជាមួយ​នឹង​បណ្ឌិតនោះ ក៏​​ប្រៀប​ដូច​ជា​ស្លឹក​ឈើ​ដែល​សម្រាប់​ខ្ចប់​នូវ​គ្រឿង​ក្រអូន មានក្រស្នា និង​មាលា​ជាដើម ដែល​ដល់​ហើយ​នូវ​ភាព​ជា​អ្នក​គួរ​សរសើរ និង​គួរ​ជាទី​ពេញ​ចិត្ត​នៃ​ពួក​វិញ្ញជន។ ក៏​បុគ្គល​ណា សេពគប់នូវ​បុគ្គល​ណា, បុគ្គល​នោះ រមែង​មាន​បុគ្គល​នោះ​ជាគតិដោយ​ពិត។ ក៏​ដើម្បី​នឹង​សម្ដែង​នូវ​សេចក្ដី​នេះ គប្បី​ពណ៌នា​រឿង​កូនសេក​ជាដើម (ដូចតទៅនេះ)

រឿង​កូនសេក

បាន​ឮ​មក​ថា ក្នុង​អតីតកាល បាន​មាន​កូន​សត្វសេក ២ បងប្អូន​នឹង​គ្នា (នៅ) ក្នុង​ព្រៃរកា ក្បែរ​សានុបពត៌។ ក៏​ក្នុង​ទីខាង​លើ​ខ្យល់​នៃ​បព្វតា បានមានផ្ទះ​ជាទី​នៅអាស្រ័យ​របស់​ចោរ ៥០០ នាក់, ក្នុង​ទី​ខាង​ក្រោម​ខ្យល់ មានអាស្រម​ជាទី​នៅ​អាស្រ័យ​របស់​តាបស​ឥសី ៥០០ រូប។ ក្នុង​ពេល​ដែល​រោម​ស្លាប​របស់​កូន​សត្វ​សេក​ទាំង​ឡាយ មិន​ទាន់​ដុះ​នៅ​ឡើយ ក៏​មាន​ខ្យល់​ព្យុះ​កំបុតត្បូង​នោះ ផាត់​ទៅ​ធ្លាក់​ហើយ (​ក្នុង​ទី) ផ្សេងៗ ពីគ្នា។ បណ្ដា​កូនសេក​ទាំង ២ នោះ កូនសេក ១ បានធ្លាក់​ទៅ​ក្នុង​ចន្លោះ​នៃ​គ្រឿង​សស្ត្រាវុធ ក្នុង​ផ្ទះ​របស់​ចោរ ព្រោះធ្លាក់​ទៅ​ក្នុង​ទី​នោះ ទើប​ពួក​ចោរ​ដាក់​ឈ្មោះ​ថា "សត្តិគុម្ព" ធាត់ធំឡើង​ហើយ ក្នុង​ចន្លោះ​នៃ​ពួក​ចោរ​ទាំង​នោះ។

ពួក​សេក ១ បាន​ធ្លាក់​ទៅ​ក្នុង​ចន្លោះ​នៃ​ផ្កាឈើ លើ​ផ្ទៃ​នៃ​វាល​ដីខ្សាច់ ក្បែរ​អាស្រម ព្រោះហេតុ​ដែល​ធ្លាក់​ទៅ​ក្នុង​ទី​នោះ ទើប​បាន​ពួក​តាបសឥសី ដាក់​ឈ្មោះ​ថា "​បុប្ផកៈ" បានធំធាត់​ឡើង​ហើយ​ក្នុង​ចន្លោះ​នៃ​ពួក​តាបសឥសី​ទាំង​នោះ។


ក្នុង​គ្រានោះ ព្រះរាជា​ទ្រង់​ព្រះនាម​បញ្ចាលៈ ក្នុង​នគរ​ឈ្មោះ​ឧត្ដរបញ្ចាលៈ ទ្រង់​ប្រដាប់​គ្រឿង​អលង្ការ​សព្វ​គ្រប់​ហើយ ទ្រង់ស្ដេច​យាង​ឡើង​កាន់​ព្រះរាជរថ យាង​ទៅកាន់​ព្រៃ​ដើម្បី​ទ្រង់​បរបាញ់​សត្វ ហើយទ្រង់​មានព្រះរាជឱង្ការ​ថា "សត្វម្រឹគ​រត់​ចេញ​ទៅ​តាម​ប្រឡោះ​នៃ​បុគ្គល​ណា, បុគ្គល​នោះ​​ឯង​នឹង​មាន​ទោស (អាជ្ញា)" ដូច្នេះ ហើយ​ទ្រង់​ស្ដេច​យាង​ចុះ​អំពី​ព្រះរាជរថ ទ្រង់​បាន​កាន់​ធ្នូរ គង់​នៅ​ហើយ​ក្នុង​ទីកំបាំង។

ក្នុងខណៈ​នោះ ម្រឹគ​ទ្រាយ​១, កាល​បើ​ពួក​មនុស្ស​កំពុង​វាយ​គុម្ពោត​ព្រៃ ក៏​បាន​ក្រោក​ឡើង សំឡឹង​រក​មើល​ផ្លូវ​ដើម្បី​នឹង​ទៅ ក៏​ឃើញ​ថា ទីស្ថាន​ដែល​ព្រះរាជា​ទ្រង់​គង់​នៅ​ប៉ុណ្ណោះ​ជាទី​ដែល​ស្រឡះ (ទំនេរ) ទើប​បែរ​មុខ​ឆ្ពោះ​ទៅ​ទិស​ខាង​នោះ ហើយ​ស្ទុះ​បោល​គេច​ទៅ ពួក​មនុស្ស ក៏​បាន​ធ្វើ​ការ​ចំអក​ជា​មួយ​នឹង​ព្រះរាជា។ ព្រះអង្គ​ទ្រង់​តាំង​ព្រះទ័យ "អញ​នឹង​ចាប់​ម្រឹក​ទ្រាយ​នោះ​ឲ្យ​បាន ក្នុង​ពេល​ឥឡូវ​នេះ" ហើយ​ទើប​ស្ដេច​ទ្រង់​ឡើង​រាជរថ ហើយ​ទ្រង់​ដេញ​តាម​ម្រឹក​ទ្រាយ​ទៅ​យ៉ាងលឿន។ ពួក​បុរស មិនអាច​តាម​ជាប់​ព្រះអង្គ​បាន​ឡើយ។ ព្រះរាជា​ទ្រង់​មាន​នាយ​សារថី​ជាគម្រប់ ២ ទត​មិន​ឃើញ​ម្រឹគ​ទ្រាយ​ហើយ ទើប​ទ្រង់​ស្ដេច​យាង​ត្រឡប់​មក​វិញ ទ្រង់​ស្រង់​ទឹក និង​សោយ​ទឹក ក្នុង​ជ្រោះ​ភ្នំ​ដែល​ជាទីគួរ​មនោរម្យ​ហើយ ស្ដេច​ទ្រង់​បន្ទំ​ក្រោម​ម្លប់​ឈើ ក្បែរ​ផ្ទះនៃ​ចោរ។

គ្រានោះ ពួក​ចោរ ក៏​បាន​ចូល​ទៅ​កាន់​ព្រៃទាំង​អស់​គ្នា, ខាង​ក្នុង​ផ្ទះ នៅ​សល់​តែ​សេក​ឈ្មោះ​សត្តិគុម្ពៈ ជាមួយ​ព្រះរាជា​ទ្រង់​បន្ទំ​យ៉ាង​ដូច្នោះ​ហើយ ក៏ (ហើរ) ចូល​ផ្ទះ បាន​និយាយ​ភាសាមនុស្ស ជាមួយ​នឹង​អ្នក​ដាំស្ល​ថា "ពួក​យើង​នឹង​សម្លាប់​ព្រះរាជា​ចោល ប្រមូល​យកសំពត់​នឹង​គ្រឿង​អលង្ការ​របស់​ព្រះអង្គ ហើយ​ចាប់​ព្រះអង្គត្រង់​កព្រះបាទ ទាញអូស​មក​ហើយ យក​ស្លឹក​ឈើ​ទាំង​ឡាយ​មក​គ្រប​បិទបាំង ក្នុង​ទីកន្លែង​មួយ"។ ព្រះរាជា​ទ្រង់​តើន​ពី​ព្រះបន្ទំ​ហើយ ទ្រង់​ព្រះសណ្ដាប់​សំឡេង​នោះ ទ្រង់​ជ្រាប​ថា "​ទីកន្លែង​នេះ មាន​ភ័យ​ចំពោះ​មុខ" ហើយ​ទ្រង់​មាន​ព្រះទ័យ​ភ័យ​ខ្លាច ទើប​ទ្រង់​ស្ដេច​ឡើង​កាន់​រាជរថ ហើយ​ទ្រង់​ចៀស​ចេញ​ពី​ទីនោះ ស្ដេច​ក៏​បាន​យាង​ទៅ​ដល់​អាស្រម​របស់​តាបសឥសី។

ក្នុង​គ្រា​នោះ ពួក​តាបស​ឥសី​ទៅហើយ​ដើម្បី​ប្រយោជន៍​ដល់​ផលាផល, ក្នុង​អាស្រម នៅសល់​តែ​សត្វ​សេក​ឈ្មោះ កុប្ផកៈ​ប៉ុណ្ណោះ។ សត្វ​សេក​ឈ្មោះ​បុប្ផកៈ​នោះ ឃើញ​ព្រះរាជា​ហើយ ក៏​បាន​ធ្វើ​នូវ​បដិសណ្ឋារៈ ដោយ​ន័យ​មាន​ជាដើម​ថា៖

បពិត្រ​មហារាជ ព្រះអង្គ​ទ្រង់​ស្ដេច​យាង​មក​ប្រពៃ​ហើយ មួយ​ទៀត ព្រះរាជ​ដំណើរ​របស់​ព្រះអង្គ​មិនមែន​ទាស់​ទេ"។

ព្រះរាជា ទ្រង់​មានព្រះទ័យជ្រះថ្លា ក្នុងបដិសណ្ឋារៈ​របស់​សត្វ​សេក​ឈ្មោះ​បុប្ផកៈ​នោះ​ហើយ ទ្រង់​ត្រាស់​សរសើរ​នូវ​សេក​ឈ្មោះ​បុប្ផកៈ ទ្រង់​បាន​តិះដៀល​នូវ​សេក​ឈ្មោះ​សត្តិគុម្ពៈ​ក្រៅ​នេះ ដោយ​តម្រាស់​ថា
"សត្វ​បក្សី​ជាតិ ២ នេះ ជាសត្វ​ដ៏​ល្អ​ប្រកប​ដោយ​ធម៌ ដ៏​ក្រៃលែង​តើហ៎, ចំឡែក​តែបក្សី​សេក​ក្រៅ​ពី​នេះនិយាយ​តែ​ពាក្យ​អាក្រក់"។

សេក​ឈ្មោះ​បុប្ផកៈ ស្ដាប់​នូវ​ព្រះរាជឱង្ការ​នោះ​ហើយ ទើប​បាន​ក្រាប​ទូល​ថា "បពិត្រមហារាជ ទូល​ព្រះបង្គំ មានមាតា​ជាមួយ​គ្នា​នឹង​សត្វ​សេក​ឈ្មោះ​សត្តិគុម្ពនោះ, ប៉ុន្តែ​សេកសត្តិគុម្ពនោះ​ធាត់ធំ​ឡើង​ហើយ ក្នុង​សំណាក់​នៃ​ពួក​មនុស្ស​មិន​ល្អ ត្រូវ​ពួក​មនុស្សមិន​ល្អ​ទាំង​នោះ​ដឹក​នាំ​ហើយ ហើយ​ចោរ​ធម៌, (ចំណែក) ទូល​ព្រះបង្គំ ធាត់ធំ​ឡើង​ហើយ​ក្នុង​សំណាក់​មនុស្ស​ល្អ ត្រូវ​បាន​ពួក​មនុស្ស​ល្អ​ទាំង​នោះ ដឹក​នាំ​ហើយ​ដោយ​ឥសី​ធម៌, ហេតុ​នោះ កាល​សម្ដែង​ធម៌​ដល់​ព្រះរាជា ទើប​បានពោល​គាថា​ទាំង​នេះ​ថា
"​បពិត្រ​ព្រះរាជា ពិត​ណាស់ បុគ្គល​គប់​រក​នូវ​បុគ្គល​បែប​ណាៗ ទោះ​ជាសប្បុរស ឬ​អសប្បុរស មានសីល ឬ ឥតសីល រមែង​លុះ​ក្នុង​អំណាច​បុគ្គលនោះ​ឯង។ បុគ្គល​ធ្វើ​បុគ្គល​បែប​ណា​ឲ្យ​ជាមិត្ត និង​ចូល​ទៅ​គប់​រក​នូវ​បុគ្គល​បែប​ណា, បុគ្គល​នោះ ក៏​មាន​អាការៈ​បែប​នោះ​ដែរ, ព្រោះ​កិរិយា​នៅ​រួម ក៏រមែង​ប្រាកដ​ដូច្នោះ។ អាចារ្យ​ត្រូវ​កូន​សិស្ស​គប់រក រមែង​ប្រឡាក់នូវ​កូន​សិស្ស​អ្នក​គប់​រក, ត្រូវ​កូន​សិស្ស​ប៉ះពាល់​ហើយ រមែង​ប្រឡាក់​នូវ​កូន​សិស្ស​ដែល​មិន​បាន​ប្រឡាក់​ហើយ ប្រៀប​ឧបមាដូច​ជា​កូន​សរដែល​ជ្រលក់​ដោយ​ថ្នាំពិស តែង​ប្រឡាក់​បំពង់សរ​ដូច្នោះ​ឯង, ព្រោះ​ភ័យ​ខ្លាច​អំពី​ការ​ប្រឡាក់ អ្នក​ប្រាជ្ញ ទើប​មិន​យកបុគ្គល​លាមក​ជាសម្លាញ់​សោះ​ឡើយ។

ជន​ណា​ខ្ចប់​នូវ​ត្រីស្អុយ​ដោយចុង​ស្បូវភ្លាំង, ដើម្បី​ស្បូវភ្លាំង ក៏​មានក្លិន​ស្អុយ​ផ្សាយ​ចេញ​ទៅ​ដែរ យ៉ាង​ណាមិញ, ការ​ចូល​ទៅសេពគប់នូវ​បុគ្គល​ពាល (របស់​ជន​នោះ) ក៏​យ៉ាង​ដូច្នោះ​ដែរ។ ជន​ណា ខ្ចប់ខ្លឹម​ក្រស្នា​ដោយ​ស្លឹក​ឈើ, សូម្បីស្លឹក​ឈើ​ក៏​មាន​ក្លិន​ក្រអូប​ផ្សាយ​ចេញ​ទៅ​ដែរ យ៉ាង​ណាមិញ, ការ​ចូល​ទៅសេពគប់​នូវ​អ្នកប្រាជ្ញ (របស់​ជននោះ) ក៏​យ៉ាង​នោះ​ដូច្នោះ​ដែរ។ ព្រោះហេតុ​នោះ បុគ្គល​ជា​បណ្ឌិត ដឹងច្បាស់​នូវ​បញ្ញា​ចាស់​ទុំ​របស់​ខ្លួន ដូច​ជា​កញ្ចប់​ស្លឹក​ឈើ​ហើយ មិន​គួរ​សេពគប់​នូវ​ពួក​អសប្បុរស គួរ​សេពគប់​តែ​ពួក​សប្បុរស (ត្បិត) ពួក​អសប្បុរស តែង​នាំ​ទៅ​កាន់​នរក, ពួក​សប្បុរស តែង​ផ្ដល់​នូវ​សុគតិ"។


បណ្ដាបទ​ទាំង​នោះ បទ​ថា សន្ដំ បាន​ដល់ សប្បុរស។ បទ​ថា អសំ បាន​ដល់ អសប្បុរស។ បទ​ថា សេវមានោ បាន​ដល់ អាចារ្យ។ បទ​ថា សេវមានំ បានដល់ អន្តេវាសិក។ បទ​ថា សម្ជុដ្ឋោ បានដល់ អាចារ្យដែល​អន្តេវាសិក ពាល់​ត្រូវ​ហើយ។ ពីរ​បទ​ថា សម្ជុសំ បរំ បាន​ដល់ បុគ្គល​ដទៃ គឺអន្តេវាសិកដែល​ប៉ះពាល់​នូវ​អាចារ្យ។ បទ​ថា អលិត្តំ មាន​សេចក្ដី​ថា អាចារ្យនោះ រមែង​ប្រឡាក់​នូវ​អន្តេវាសិក​នោះ, ជាអ្នក​ដែលបាប​ធម៌​មិនបាន​ប្រឡាក់​ហើយ ប្រៀប​ដូច​ជា​កូនសរ​ដែល​កំណាច គឺ​ដែល​ជ្រលក់ហើយ​ដោយ​ថ្នាំពិស ប្រឡាក់​នូវ​បំពង់​សរដែល​មិន​បាន​ប្រឡាក់​យ៉ាង​ដូច្នោះ​ឯង។ មែន​ពិត​បុគ្គល​អ្នក​សេពគប់​នូវ​បុគ្គល​ពាល សូម្បី​មិន​បាន​ធ្វើនូវ​អំពើ​អាក្រក់ ក៏រមែង​បាន​ទទួល​នូវ​ការ​ពោល​តិះដៀល និង​ការ​និន្ទា​ថា "ជាអ្នក​សេពគប់​ជាមួយ​នឹងបុគ្គល​ពាល" ដូច្នេះ​ដែរ, ហេតុ​នោះទើប​សេកបុប្ផកៈ​ពោល​ថា " ឯវំ ពាលូបសេវនា " ។ (ចំណែក) បុគ្គល​អ្នក​សេពគប់​ជាមួយ​នឹង​អ្នក​ប្រាជ្ញ សូម្បី​មិន​អាច​ដើម្បី​នឹង​កើត​ជាអ្នក​ប្រាជ្ញ​បាន ក៏​រមែង​បាន​ទទួល​នូវ​ឈ្មោះ​សំឡេង​ដ៏​ល្អ​ថា "​ជាអ្នក​សេពគប់​ជាមួយ​នឹង​កល្យាណ​មិត្ត" ដូច្នេះ​ដែរ។ ហេតុ​នោះ ទើប​សេក​បុប្ផកៈ ពោល​ថា " ឯវំធីររូបសេវនា"។

បទ​ថា បត្តបុដស្សេវ គឺ​ដូច​ជាស្លឹក​ឈើ​ដែល​សម្រាប់​ខ្ចប់​នូវ​គន្ធជាតិ មានក្រស្នា​ជាដើម​នុ៎ះ​ឯង។

បទ​ថា សម្បាកំ គឺ ដឹង​ថា​ខ្លួន​អប់រំ​ហើយ ដោយ​អំណាច​នៃ​ការ​ជាប់ជំពាក់​ជាមួយ​នឹងកល្យាណ​មិត្ត។

បទ​ថា សន្ដោ មានសេចក្ដី​ថា ពួក​ជន​ជាសម្មាទិដ្ឋិ​រមែង​ញ៉ាំង​ពួក​សត្វ​ដែល​អាស្រ័យ​នឹង​ខ្លួន ឲ្យ​ដល់​ឋានសួគ៌​តែម្យ៉ាង។

ព្រះរាជា​ទ្រង់​ជ្រះថ្លា​ហើយ ក្នុង​ធម្មកថា​របស់​សត្វ​សេក ឈ្មោះ​បុប្ផកៈ​នោះ​ហើយ ទ្រង់​ថ្វាយ​បង្គំ​នូវ​ពួក​តាបសឥសី​ដែល​ត្រឡប់​មក​វិញ ហើយ​ទ្រង់​មាន​ព្រះរាជឱង្ការ​ថា "បពិត្រ ព្រះគុណម្ចាស់​ដ៏ចម្រើន​ទាំង​ឡាយ បើ​ព្រះគុណ​ម្ចាស់​ទាំង​ឡាយ អនុគ្រោះ​យើង​ខ្ញុំ ក៏​សូម​គង់​នៅក្នុង​នគរ​របស់​យើង​ខ្ញុំ" ដូច្នេះ​ហើយ ក៏​ស្ដេច​យាង​ទៅកាន់​ព្រះនគរ ទ្រង់ព្រះរាជទាន​អភ័យ​ដល់សត្វ​ទាំង​ឡាយ​ហើយ ទ្រង់​ត្រាស់​ឲ្យ​គណៈ​តាបសឥសី ដែល​មក​ហើយ ក្នុង​ព្រះនគរ​នោះ​នៅ​ក្នុង​ព្រះរាជឧទ្យាន ទ្រង់​បានទំនុកបម្រុង​រហូត​ដល់​អស់​ព្រះជន្មាយុ​ហើយ ទ្រង់បំពេញ​ផ្លូវ​ទៅកាន់​ឋានសួគ៌។ ចំណែកសត្វសេក​បុប្ផកៈ​អាស្រ័យ​នៅ​ក្នុង​ព្រៃ ទៅហើយ​តាម​យថាកម្ម។

ដកស្រង់ចេញពីសៀវភៅ មិត្តល្អ
រៀប​រៀង​ដោយ សុវណ្ណជោតោ ភួង សុវណ្ណ

ដោយ​៥០០០​ឆ្នាំ
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទលោកអ្នកអាចនឹងចូលចិត្តអាន
ផ្សាយ : ២៨ កក្តដា ឆ្នាំ២០១៩ (អាន: ៣០២៤៤ ដង)
ការ​អប់​រំ​មនុស្ស​ដោយ​ព្រះ​ធម៌​
ផ្សាយ : ៣១ កក្តដា ឆ្នាំ២០១៩ (អាន: ២២០៥ ដង)
ហេតុ​សំខាន់ៗ​ក្នុង​ព្រះពុទ្ធសាសនា
ផ្សាយ : ៣១ កក្តដា ឆ្នាំ២០១៩ (អាន: ៥៤៣៦៦ ដង)
ទុក្ខកើតមកអំពីការប្រឆាំងនឹងសេចក្ដីពិត
៥០០០ឆ្នាំ ស្ថាបនាក្នុងខែវិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕