30
ថ្ងៃ សុក្រ ទី ១៩ ខែ មេសា ឆ្នាំថោះ បញ្ច​ស័ក, ព.ស.​២៥៦៧  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច






ការជូនដំណឹង
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុមង្គលបញ្ញា
ទីតាំងៈ កំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ទិន្នន័យសរុបការចុចលើ៥០០០ឆ្នាំ
ថ្ងៃនេះ ៨៧,៥៥៣
Today
ថ្ងៃម្សិលមិញ ១៧៣,០៦៧
ខែនេះ ៣,៦៣៨,១៧១
សរុប ៣៨៩,៧២០,៦៥៥
អានអត្ថបទ
ផ្សាយ : ០៤ មីនា ឆ្នាំ២០២៤ (អាន: ៦,៨៤១ ដង)

​​​​​​​ជវនហំសជាតក



ស្តាប់សំឡេង

 

ព្រះសាស្ដា កាលស្ដេចគង់នៅក្នុងវត្តជេតពន ទ្រង់ប្រារព្ធព្រះធម្មទេសនាទឡ្ហធម្មធនុគ្គហសូត្រ បានត្រាស់ព្រះធម្មទេសនានេះ មានពាក្យថា ឥធេវ ហំស និបត ដូច្នេះ  ( ជាដើម ) ។ ( សេចក្ដីក្នុងសំយុត្តនិកាយ និទានវគ្គ ធនុគ្គហសូត្រនោះថា ) 
 
ម្នាលភិក្ខុទាំងឡាយ ដូចជាខ្មាន់ធ្នូ ៤ នាក់ មានកម្លាំងមាំមួន បានសិក្សាដោយប្រពៃ មានសិល្បៈស្ទាត់ក្នុងដៃ បានសម្តែងសិល្បៈរួចហើយ  ឈរនៅក្នុងទិសទាំង ៤ ។ គ្រានោះ មានបុរសម្នាក់ ដើរដល់គិតថា កាលបើខ្មាន់ធ្នូទាំង ៤ នាក់នេះ ដែលមានកម្លាំងមាំមួន បានសិក្សាដោយប្រពៃ មានសិល្បៈស្ទាត់ក្នុងដៃ បានសម្តែងសិល្បៈរួចហើយ បានបាញ់សរទៅក្នុងទិសទាំង ៤ មិនទាន់ធ្លាក់ដល់ផែនដីនៅឡើយ អាត្មាអញនឹងចាប់នាំយកសរទាំងនោះមកឲ្យបាន ។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយសំគាល់ហេតុទាំងនោះ ដូចម្តេច បុរសដែលមានសំទុះ (នោះ) គេគួរនឹងនិយាយថា ជាអ្នកប្រកបដោយសំទុះ លឿនក្រៃលែលបានឬទេ ។ 
 
 
ភិក្ខុទាំងឡាយទូលថា យ៉ាងហ្នឹងហើយព្រះអង្គ ។ ព្រះមានព្រះភាគទើបត្រាស់ថា ម្នាលភិក្ខុទាំងឡាយ សំទុះនៃបុរសនោះយ៉ាងណាក្ដី សំទុះនៃព្រះចន្ទ្រនិងព្រះអាទិត្យដែលលឿនជាងសំទុះបុរសនោះយ៉ាងណាក្តី ម្នាលភិក្ខុទាំងឡាយ សំទុះនៃបុរសនោះយ៉ាងណាក្តី សំទុះនៃព្រះចន្ទ្រនិងព្រះអាទិត្យយ៉ាងណាក្តី សំទុះនៃទេវតាទាំងឡាយ ដែលស្ទុះទៅពីមុខព្រះចន្ទ្រ និងព្រះអាទិត្យនោះ លឿនជាងសំទុះនៃព្រះចន្ទ្រនិងព្រះអាទិត្យនោះទៅទៀតយ៉ាងណាក្តី ។ ម្នាលភិក្ខុទាំងឡាយ សំទុះនៃបុរសនោះយ៉ាងណាក្តី សំទុះនៃព្រះចន្ទ្រនិងព្រះអាទិត្យទាំងឡាយយ៉ាងណាក្តី សំទុះនៃទេវតាទាំងឡាយ ដែលស្ទុះទៅអំពីខាងមុខព្រះចន្ទ្រនិងព្រះអាទិត្យយ៉ាងណាក្តី អាយុសង្ខារទាំងឡាយ រមែងអស់ទៅឆាប់រហ័សជាងសំទុះទាំងនោះទៅទៀត ។ ម្នាលភិក្ខុទំាឡាយ ហេតុដូច្នេះ ក្នុងសាសនានេះ អ្នកទាំងឡាយគប្បីសិក្សាយ៉ាងនេះថា យើងទាំងឡាយជា អ្នកមិនប្រមាទ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយគប្បីសិក្សាយ៉ាងនេះចុះ ។
 
ក្នុងថ្ងៃទីពីរបន្ទាប់អំពីថ្ងៃ ដែលព្រះមានព្រះភាគសម្ដែងនូវព្រះសូត្រនេះ ភិក្ខុទាំងឡាយសន្ទនាគ្នាក្នុងសាលាធម្មសភាថា ម្នាលអ្នកមានអាយុទាំងឡាយ ព្រះសាស្ដាទ្រង់តាំងនៅក្នុងពុទ្ធវិស័យរបស់ព្រះអង្គ កាលពន្យល់ណែនាំ ទ្រង់បានសម្ដែងដល់អាយុសង្ខាររបស់សត្វទាំងឡាយនេះ ជារបស់លឿនរហ័ស ជារបស់ទុព្វល  ធ្វើឲ្យភិក្ខុជាបុថុជ្ជនទាំងឡាយស្ញប់ស្ញែង ចិត្តយ៉ាងខ្លាំងថា អហោ ពុទ្ធពលំ នាម  ឱហ៎្ន ! កម្លាំងរបស់ព្រះពុទ្ធ (អស្ចារ្យពេកណាស់) ។ ព្រះសាស្ដាស្ដេចយាងមកហើយត្រាស់សួរថា ម្នាលភិក្ខុទាំងឡាយ អម្បាញ់មិញ អ្នកទាំងឡាយសន្ទានគ្នាអំពីរឿងអ្វី ? ភិក្ខុទាំងឡាយក្រាបទូលថា (យើងខ្ញុំព្រះអង្គសន្ទនាគ្នា) អំពីរឿងនេះ ព្រះអង្គ ដូច្នេះហើយ ព្រះមានព្រះភាគត្រាស់ថា ម្នាលភិក្ខុទាំងឡាយ មិនជាអស្ចារ្យឡើយ ដែលឥឡូវនេះ តថាគតបានដល់នូវសព្វញ្ញុតញ្ញាណ ហើយសម្ដែងដល់អាយុសង្ខារ របស់សត្វទាំងឡាយជារបស់លឿនរហ័ស នឹងសម្ដែងធម៌ឲ្យភិក្ខុទាំងឡាយសង្វេគនោះ ពីព្រោះក្នុងកាលមុន តថាគតបានយោនយកកំណើតជាសត្វហង្ស ដែលអហេតុសត្វ (សត្វដែលបដិសន្ធិមិនប្រកបដោយហេតុទាំងបី គឺ អលោភៈ អទោសៈ  អមោហៈ) ក៏ធ្លាប់សម្ដែងអំពីសង្ខារទាំងឡាយជាសភាវៈលឿនរហ័ស ហើយបានសម្ដែងធម៌ឲ្យបរិស័ទទាំងអស់ រួមទាំងព្រះរាជាដែនពារាណសីជាដើមស្លុតសង្វេគចិត្តដែរ ទ្រង់ក៏នាំអតីតនិទាននោះមកសម្ដែងដូចតទៅថា៖
 
ក្នុងអតីតកាល ព្រះបាទព្រហ្មត្តធ្វើរាជសម្បត្តិក្នុងនគរពារាណសី កាលនោះ ព្រះពោធិសត្វបានកើតហើយក្នុងកំណើតជវនហង្ស មានងហង្ស ៩ ម៉ឺនជាបរិវារ អាស្រ័យនោះនឹងកំពូលភ្នំចិត្រកូដ (ក្នុងព្រៃហិមពាន្ត) ។ ថ្ងៃមួយព្រះពោធិសត្វនោះ ព្រមទាំងបរិវារទំពាស៊ីស្រូវសាលី ដែលដុះឯងក្នុងស្រះមួយ ក្នុងផ្ទៃដីរបស់ជម្ពូទ្វីប ហើយហើរទៅកាន់កំពូលភ្នំចិត្រកូដ ដោយដំណើរវិលាសៈយ៉ាងទន់ភ្លន់ កាត់តាមផ្លូវជាចំណែកខាងលើនៃនគរពារាណសី មួយអន្លើដោយបរិវារដេ៏ច្រើន ហាក់ដូចជាកម្រាលមាសដែលគេក្រាលលើអាកាស ។
 
គ្រានោះ ព្រះចៅក្រុងពារាណសីទ្រង់ឃើញព្រះពោធិសត្វនោះ ហើយបានត្រាស់នឹងពួកអាមាត្យងថា ហង្សសូម្បីនេះ គប្បីជាព្រះរាជា ប្រាកដូចយើង ដូច្នេះហើយ ទ្រង់កើតសេចក្ដីស្រឡាញ់ក្នុងព្រះពោធិសត្វនោះ ទ្រង់បានកាន់យកកម្រងផ្កាឈើ របស់ក្រអូប និងគ្រឿងលាប ហើយសម្លឹងមើលព្រះពោធិសត្វនោះ និងបានញ៉ាំងឲ្យគេផ្គងឡើងនូវគ្រឿងតន្ត្រីទាំងពួង ។ ព្រះមហាសត្វបានឃើញនូវការធ្វើសក្ការ របស់ព្រះរាជាដល់ខ្លួន ទើបបានសួរនូវពួកហង្សថា ព្រះរាជាទ្រង់បានធ្វើសក្ការៈមានសភាពបែបនេះដល់យើង ទ្រង់ប្រាថ្នាអ្វីហ៎្ន ? ពួកហង្សនាំគ្នាឆ្លើយថា បពិត្រព្រះសម្មតិទេព ព្រះរាជានោះប្រាថ្នាការរាប់អានជាមួយនឹងព្រះអង្គ ។
 
ព្រះពោធិសត្វពោលថា ប្រសិនបើយ៉ាងនោះ មិត្តភាពរបស់ពួកយើងចូរមានដល់ព្រះរាជាចុះ ដូច្នេះហើយព្រះពោធិសត្វក៏បានធ្វើមិត្តភាពជាមួយនឹងព្រះរាជា ហើយទើបចៀសចេញទៅ ។ ថ្ងៃមួយ ក្នុងវេលាដែលព្រះរាជាយាងទៅកាន់ព្រះរាជឧទ្យាន ក្នុងកាលនោះ ព្រះពោធិសត្វបានហើរទៅកាន់ស្រះអនោតត្តៈ ហើយនាំយកទឹកដោយស្លាបម្ខាង និងកាន់យកនូវលម្អិតខ្លឹមចន្ទន៍ដោយស្លាបម្ខាងទៀត មកឲ្យព្រះរាជាស្រង់ដោយទឹកនោះ និងឲ្យរោយរាយដោយលម្អិតចន្ទន៍នោះផង កាលមហាជនកំពុងមើលនោះឯង ព្រះពោធិសត្វនិង បរិវារ បានចេញទៅកាន់ភ្នំចិត្រកូដនោះវិញ ។
 
ចាប់តាំងអំពីពេលនោះមក ព្រះរាជាបានជាអ្នកប្រាថ្នានឹងជួបព្រះមហាសត្វ ហើយបានប្រថាប់ឈរសម្លឹងមើលផ្លូវដែលព្រះពោធិសត្វមក ដោយទ្រង់ធ្វើអាភោគថា ក្នុងថ្ងៃនេះ សម្លាញ់របស់យើងនឹកមក ! ក្នុងថ្ងៃនេះ សម្លាញ់របស់យើងនឹកមក ។ គ្រានោះ កូនហង្ស ២ ជាប្អូនរបស់ព្រះមហាសត្វ បាននិយាយគ្នាថា យើងនឹងហើរប្រណាំងនឹងព្រះអាទិត្យ ដូច្នេះហើយ បានប្រាប់ដល់ព្រះមហាសត្វថា ពួកយើងនឹងហើរប្រណាំងនឹងព្រះអាទិត្យ ។  ព្រះពោធិសត្វពោលថា ម្នាលប្អូន ឈ្មោះថាល្បឿនរបស់ព្រះអាទិត្យលឿនខ្លាំងណាស់ អ្នកទាំងឡាយចូរកុំសាកល្បងដើម្បីនឹងប្រណាំងនឹងព្រះអាទិត្យឡើយ កុំនាំគ្នាទៅអី ។ ហង្សទាំងនោះ បានសូមអង្វរព្រះពោធិសត្វ ជាគម្រប់ពីរដងផង ជាគម្រប់បីដងផង ព្រះពោធិសត្វក៏បានហាមឃាត់ដរាបដល់លើកទីបី ។
 
ហង្សទាំងពីរនោះ កាលមិនដឹងនូវកម្លាំង របស់ខ្លួនដោយអំណាចនៃមានះរឹងត្អឹង ហើយមិនបានប្រាប់ព្រះមហាសត្វ គិតថា យើងនឹងហើរប្រណាំងនឹងព្រះអាទិត្យ ដូច្នេះហើយ បានហើរទៅ អង្គុយលើកំពូលភ្នំយុគន្ធរ ក្នុងវេលាដែលព្រះអាទិត្យនៅមិនទាន់រះ ។
    
ព្រះមហាសត្វមិនឃើញនូវហង្សទាំងពីរនោះ ទើបសួរ (បរិវារ) ថា ហង្សទាំងនោះទៅណា ? ពេលបានស្ដាប់ដំណឹងនោះហើយ ទ្រង់គិតថា ហង្សទាំងពីរនោះ មិនអាចនឹងប្រណាំងនឹងព្រះអាទិត្យឡើយ នឹងវិនាសក្នុងរវាងផ្លូវ យើងនឹងឲ្យជីវិតដល់ហង្សទាំងពីរនោះ ។ សូម្បីព្រះពោធិសត្វ ក៏បានទៅ ហើយអង្គុយលើកំពូលភ្នំយុគន្ធរនោះដែរ ។
    
លំដាប់នោះ កាលដួងព្រះអាទិត្យរះឡើង កូនហង្សទាំងពីរហោះឡើងហើយហើរទៅជាមួយនឹងព្រះអាទិត្យ សូម្បីព្រះមហាសត្វក៏បានហើរទៅមួយអន្លើដោយពួកគេ ។ បងប្អូនហង្សទាំងពីរហើរបានត្រឹមបុព្វណ្ហសម័យ ក៏ចុករោយ ហាក់ជាត្រូវភ្លើងឆេះឡើងក្នុងថ្នាំងនៃស្លាបទាំងពីរ ។ ហង្សប្អូនពៅនោះបានឲ្យសញ្ញាដល់ព្រះពោធិសត្វឲ្យជ្រាបថា បពិត្របង ខ្ញុំមិនអាចហើរបានទេ ។ 
    
លំដាប់នោះ ព្រះមហាសត្វលួងលោមគេថា កុំខ្លាយឡើយ យើងនឹងឲ្យជីវិតដល់អ្នក ដូច្នេះហើយ ក៏ព័ន្ធព័ទ្ធគេដោយស្លាប ញ៉ាំគេឲ្យធូរចិត្តហើយ បាននាំគេទៅកាន់កំពូលភ្នំ   ចិត្រកូដ ទៅតម្កល់ទុកក្នុងកណ្ដាលហង្សទាំងឡាយ ហើយក៏ហើរទាន់ព្រះអាទិត្យម្ដងទៀត ។ សូម្បីប្អូនកណ្ដាល ហើរប្រណាំងជាមួយនឹងព្រះអាទិត្យ ហើយចុករោយ ហាក់ដូចជាត្រូវភ្លើងឆេះត្រង់ថ្នាំងនៃស្លាបទាំងពីរ ។ គ្រានោះ ហង្សនោះបានឲ្យសញ្ញាដល់ព្រះពោធិសត្វថា បពិត្របង ខ្ញុំមិនអាចហើយទៀតបានទេ ។ ព្រះមហាសត្វបានញ៉ាំងគេឲ្យធូរចិត្តហើយកាន់យកគេដោយស្លាប ហើយមកកាន់កំពូលភ្នំចិត្រកូដ ។ ក្នុងខណៈនោះ ព្រះសូរិយា ក៏បានមកដល់កណ្ដាលអាកាស ។
    
លំដាប់នោះ ព្រះមហាសត្វគិតថា ថ្ងៃនេះ យើងនឹងសម្ដែងនូវកម្លាំងនៃសរីរៈរបស់យើង ដូច្នេះហើយ ព្រះអង្គក៏ហើរទៅដោយល្បឿនយ៉ាងលឿន ទៅអង្គុយលើកំពូលភ្នំយុគន្ធរ ហើយបានហោះឡើងអំពីទីនោះ ទៅទាន់ព្រះអាទិត្យដោយកម្លាំងស្ទុះទៅយ៉ាងលឿន ពេលខ្លះក៏ហើរទៅអំពីខាងមុខ ពេលខ្លះក៏ហើរទៅអំពីខាងក្រោយ ទ្រង់បានគិតថា ការហើរប្រណាំងជាមួយនឹងព្រះអាទិត្យ របស់យើងនឹងមានប្រយោជន៍អ្វី ជាការកើតអយោនិសោមនសិការ យើងត្រូវការអ្វី យើងនឹងទៅកាន់នគរពារាណសី ហើយពោលនូវកថាដែលប្រកបដោយធម៌ ប្រកបដោយប្រយោជន៍ដល់ព្រះរាជាដែលជាសម្លាញ់របស់យើងវិញ ។
 
ព្រះពោធិសត្វបនោះបានត្រឡប់វិញ ក្នុងកាលព្រះអាទិត្យមិនទាន់កន្លងកណ្ដាលអាកាស ទ្រង់បានហើរសរសៀរតាមកណ្ដាប់ចក្រវាឡទាំងអស់ ដោយចំណែកទីបំផុត ដល់ទីបំផុត ហើរសៀសៀរតាមជម្ពូទ្វីបទាំងអស់ ដោយទីបំផុតខ ដល់ទីបំផុត ហើយក៏បានដល់នគរពារាណសី ។ ព្រះនគរទាំងអស់មកានបវេណ ១២ យោជន៍ ហាក់បីដូចត្រូវបាំងដោយសត្វហង្ស ឈ្មោះថា រយៈផ្លូវរមែងមិនប្រាកដ កាលល្បឿនត្រូវអស់ទៅដោយលំដាប់ រយៈចន្លោះទើបប្រាកដក្នុងអាកាស ។ ព្រះមហាសត្វញ៉ាំងល្បឿនឲ្យសាបសូន្យហើយ ក៏ចុះអំពីអាកាស ហើយឋិតនៅក្នុងទីខាងមុខនៃសីហបញ្ជរ ។ ព្រះរាជាដល់នូវសេចក្ដីសោមនស្សដោយគិតថា សម្លញ់របស់យើងមកហើយ ដូច្នេះហើយ ក៏ឲ្យគេតម្កល់នូវតាំងមាស ដើម្បីប្រយោជន៍ដល់ការអង្គុយរបស់ព្រះពោធិសត្វ ហើយទ្រង់ត្រាស់ថា ម្នាលសម្លាញ់ ចូរមក នេះទីអង្គុយ ហើយត្រាស់នូវគាថាដំបូងថា នែហង្ស ឯងចូរទំលើតាំងមាសនេះចុះ ការឃើញឯង ជាទីពេញចិត្តរបស់អញ ឯងសមគួរជាធំហើយ របស់ណាមានក្នុងទីនេះ ឯងចូរប្រាប់មកចុះ ។
 
បណ្ដាបទទាំងនោះ បទថា ឥធ ប្រែថា ក្នុងទីនេះ ព្រះរាជាត្រាស់សំដៅដល់តាំងមាស។បទថា  និបត ប្រែថា សូមអង្គុយ ។ ដោយបទថា ឥស្សរោសិ នេះ ព្រះរាជាត្រាស់ថា អ្នកជាឥស្សរ ជាម្ចាស់របស់ទីនេះមកហើយ ។ បទថា យំ ឥធត្ថិ សេចក្ដីថា វត្ថុណាដែលមានក្នុងនិវេសន៍នេះ លោកមិនត្រូវក្រែងចិត្ត ចូរប្រាប់ខ្ញុំនូវវត្ថុនោះ ។  
 
ព្រះមហាសត្វទំលើតាំងមាស ។ ព្រះរាជាបញ្ជាលាបនូវស្លាបទាំងឡាយរបស់ព្រះមហាសត្វនោះដោយប្រេងដែលមានតម្លៃច្រើនរយច្រើនពាន់ និងឲ្យគេចានមានដាក់ទឹកឃ្មុំ និង ស្ករក្រួស ធ្វើសក្ការៈដល់ព្រះពោធិសត្វ ហើយសួរថា ម្នាលសម្លាញ់ អ្នកមកតែម្នាក់ឯងទេ និង អ្នកមកអំពីទីណា ? ព្រះពោធិសត្វបានប្រាប់នូវដំណើររឿងនោះដោយពិស្ដារ ។ 
    
លំដាប់នោះ ព្រះរាជាត្រាស់នឹងព្រះពោធិសត្វថា ម្នាលសម្លាញ់ សូមលោកសម្ដែងនូវសន្ទុះដ៏លឿនរហ័សដែលជាការប្រណាំងជាមួយនឹងព្រះអាទិត្យឲ្យខ្ញុំមើលផង ។ ព្រះមហាសត្វទើបទូលថា បពិត្រមហារាជ ខ្ញុំមិនអាចនឹងសម្ដែងនូវភាពលឿនរហ័សនោះបានទេ ។ ព្រះរាជាត្រាស់ថា បើយ៉ាងនោះ សូមលោកសម្ដែងត្រឹមតែសេចក្ដីប្រហាក់ប្រហែលគ្នាដល់ខ្ញុំចុះ ។ ព្រះមហាសត្វទូលថា ល្អណាស់ មហារាជ ខ្ញុំនឹងសម្ដែងសេចក្ដីប្រហាក់ប្រហែលគ្នាបាន ព្រះអង្គចូរឲ្យនាយខ្នាន់ធ្នូដែលពូកែបាញ់ប្រជុំគ្នាចុះ ។ ព្រះរាជាក៏បានឲ្យនាយខ្នាន់ធ្នូប្រជុំគ្នា ។
 
ព្រះមហាសត្វជ្រើសរើសនាយខ្នាន់ធ្នូ ៤ នាក់ អំពីរាជនិវេសន៍ ហើយឲ្យគេជីកដាំសសរក្នុងប្រលាន​ហ្វួង ឲ្យនាយខ្នាន់ស្ពាយសសរកូនសរនៅនឹងករបស់ខ្លួន ហើយព្រះពោធិសត្វទៅអង្គុយលើ​កំពូល​សសរ ហើយឲ្យនាយខា្នន់ធ្នូទាំង ៤ នោះ បែរមុខទៅទិសទាំង ៤ យឹតកូនសរ ដូច្នេះហើយ ទើបទូលព្រះរាជាថា បពិត្រមហារាជ នាយខ្នាន់ធ្នូចូរយឹតកូនសរទាំង ៤ តម្រង់ទៅទិសទាំង ៤ ហើយបាញ់ឲ្យព្រមគ្នាចុះ ខ្ញុំនឹងចាប់នូវកូនសរទាំងនោះ ដោយមិនឲ្យធ្លាក់ដល់ដីឡើយ ហើយនឹងឲ្យកូនសរធ្លាក់ចុះត្រង់ជើងរបស់នាយខ្នាន់ធ្នូទាំងនោះវិញ ។
 
ព្រះអង្គនឹងដឹងការដែលខ្ញុំទៅចាប់កូនសរដោយសញ្ញានៃសំឡេងកូនសរ តែព្រះអង្គនឹងមិនឃើញនូវខ្ញុំឡើយ ហើយខ្ញុំនឹងនាំយកនូវកូនសរដែលនាយខ្នាន់ធ្នូបាញ់ព្រមគ្នាមកតម្កល់ទុកទៀបជើងរបស់ពួកគេ ហើយទើបសម្លែងខ្លួនដេកលើកំពូលសសរនោះ ពោលថា បពិត្រមហារាជ ព្រះអង្គឃើញហើយ នេះជាសន្ទុះដ៏លឿនរបស់ខ្ញុំ ហើយព្រះពោធិសត្វពោលទៀតថា បពិត្រមហារាជ នេះមិនមែនសន្ទុះដ៏ប្រសើររបស់ខ្ញុំ មិនមែនជាសន្ទុះយ៉ាងកណ្ដាល បពិត្រមហារាជ នេះគឺជាសន្ទុះលឿនយ៉ាងថោកថយរបស់ខ្ញុំប៉ុណ្ណោះ ។
 
លំដាប់នោះ ព្រះរាជាសួរថា ម្នាលសម្លាញ់ ភាពលឿនរហ័សដ៏ក្រៃលែងយ៉ាងដទៃជាងល្បឿនរបស់លោកមានទៀតឬ ? ព្រះពោធិសត្វពោលថា បពិត្រមហារាជ ត្រូវហើយ មានទៀត អាយុសង្ខាររបស់សត្វទាំងឡាយ រមែងអស់ទៅ រមែងបែកធ្លាយទៅ ដល់នូវការអស់ទៅ រមែងលឿនជាងល្បឿនដ៏ឧត្តមរបស់ខ្ញុំដោយរយនៃគុណ ដោយពាន់នៃគុណ ដោយសែននៃគុណ ។ ព្រះមហាសត្វសម្ដែងការរលត់ទៅនៃរូបធម៌ និងនាមធម៌ ដោយអំណាចនៃការរលត់ជាខណៈ ។ 
 
ព្រះរាជាស្ដាប់កថារបស់ព្រះមហាសត្វ ទ្រង់ស្លុតព្រះទ័យ មិនអាចតម្កល់នូវសតិចំពោះមរណភ័យ ក៏ដួលចុះលើផែនដី មហាជននាំគ្នាដល់នូវសេចក្ដីរន្ធត់ ។ ពួកបានយកមកស្រពព្រះភក្ត្ររបស់ព្រះរាជា ញ៉ាំងព្រះរាជាបាននូវសតិវិញ ។ លំដាប់នោះ ព្រះមហាសត្វឲ្យឱវាទព្រះរាជាថា បពិត្រមហារាជ សូមទ្រង់កុំភ័យឡើយ ព្រះអង្គចូរចម្រើននូវមរណានស្សតិ ចូរប្រព្រឹត្តធម៌ និងធ្វើនូវបុណ្យទាំងឡាយមានឲ្យទានជាដើម ហើយសូមទ្រង់ចូរជាអ្នកមិនប្រមាទចុះ ។  
 
លំដាប់នោះ ព្រះរាជាកាលទ្រង់សូមអង្វរព្រះពោធសិត្វទើបត្រាស់ថា បពិត្រអ្នកជាម្ចាស់ ខ្ញុំមិនអាចដើម្បីនឹងនៅបែកផ្សេងអំពីអាចារ្យ ដែលដល់ព្រមដោយកម្លាំងនៃបញ្ញា ដែលមានសភាពដូចជាលោក សូមលោកមិនទៅកាន់ភ្នំចិត្រកូដ នៅសម្ដែងធម៌ដល់យើង ជាអាចារ្យអ្នកឲ្យឱវាទ ចូរស្នាក់នៅក្នុងទីនេះចុះ ដូច្នេះហើយទើបត្រាស់នូវគាថាទាំង ២ ថា បុគ្គលខ្លះ គ្រាន់តែឮហើយស្រឡាញ់ក៏មាន ខ្លះគ្រាន់តែឃើញគ្នាហើយអស់សេចក្តីស្រឡាញ់ក៏មាន ខ្លះឃើញផងឮផង ទើបស្រឡាញ់ក៏មាន ចុះព្រះអង្គគ្រាន់តែឃើញ តើស្រឡាញ់ខ្ញុំដែរឬទេ ។
 
អញគ្រាន់តែបានឮ ស្រឡាញ់ឯងទៅហើយ លុះបានឃើញ អញរឹតតែស្រឡាញ់ឡើង នែហង្ស ឯង​អញឃើញហើយស្រឡាញ់យ៉ាងនេះ ឯងចូរនៅក្នុងសម្នាក់អញចុះ ។ គាថានោះ មានអត្ថា​ធិប្បាយថា ម្នាល​ស្ដេចហង្សសម្លាញ់ បុគ្គលខ្លះរមែងស្រឡាញ់ដោយការស្ដាប់ គឺជាអ្នកមានចិត្តស្រឡាញ់ដោយការ​បានស្ដាប់ ព្រោះបានឮថា មានគុណយ៉ាងនេះ តែពេលបានឃើញប៉ុណ្ណោះ ក៏អស់សេចក្ដីស្រឡាញ់ សេចក្ដីពេញចិត្តក៏ប្រាសទៅ ហាក់ដូចជាយក្សដែលមកដើម្បីស៊ី ។ បុគ្គលខ្លះជាអ្នកស្រឡាញ់ដោយចំណែកទាំងពីរ គឺ បានឃើញផង បានឮផង ហេតុនោះ ខ្ញុំសូមសួរលោក ព្រោះឃើញខ្ញុំ លោកទើបស្រឡាញ់ឬ  ជាអ្នកស្រឡាញ់ដោយាការបានស្ដាប់ ? តែសម្រាប់ខ្ញុំ ជាអ្នកស្រឡាស់ព្រោះបានឃើញ សូមលោកកុំទៅកាន់ភ្នំចិត្រកូដ ចូរនៅក្នុងសំណាក់របស់ខ្ញុំចុះ ។
 
ព្រះពោធិសត្វក្រាបទូលថា  ខ្ញុំនៅក្នុងដំណាក់របស់ព្រះអង្គ ព្រះអង្គធ្វើសក្ការបូជា អស់កាលជានិច្ចហើយ តែក្រែងពេលណាមួយ ព្រះអង្គស្រវឹងដោយទឹកស្រវឹងហើយ ទ្រង់ត្រាស់បង្គាប់ថា នាយពិសេស ចូរ ចម្អិនសាច់សេ្តចហង្ស យកមកឲ្យយើង ។ បណ្ដាបទទាំងនោះ បទថា មត្តោ ច ឯកទា សេចក្ដីថា បពិត្រមហារាជ យើងខ្ញុំបានទទួលការបូជាជានិច្ច នៅក្នុងព្រះរាជវាំងរបស់ព្រះអង្គ ក្រែងមានថ្ងៃមួយព្រះអង្គសោយសុរាហើយ គប្បីត្រាស់ថា ចូរចម្អិនស្ដេចហង្សឲ្យយើងដូច្នេះ ដើម្បីនឹងបានសោយសាច់ នៅពេលដែលពួកខ្ញុំមកចូលគាល់ព្រះអង្គ ទ្រង់នឹងឲ្យសម្លាប់នូវខ្ញុំ ហើយឲ្យគេចម្អិន ពេលនោះខ្ញុំនឹងធ្វើយ៉ាងណា ?
 
លំដាប់នោះ ព្រះរាជាដើម្បីប្រទានបដិញ្ញាដល់ព្រះពោធិសត្វនោះថា បើយ៉ាងនោះ ខ្ញុំនឹងមិនផឹកសុរាជាដាច់ខាត ទើបត្រាស់ព្រះគាថានេះថា  ថ្វឺយ ! ខ្ពើមការផឹកទឹកស្រវឹង ដែលជាទីស្រឡាញ់របស់អញជាងឯង បើឯងនៅក្នុងដំណាក់អញដរាបណា អញនឹងមិនផឹកទឹកស្រវឹងដរាបនោះ ។ តអំពីនេះទៅ ព្រះពោធិសត្វពោលគាថា ៦ ថា សំដីរបស់ពួកចចក និងពួកបក្សី យល់បានងាយ បពិត្រមហារាជ សំដីរបស់ពួកមនុស្ស កម្រដឹងបាន ជាងសំដីសត្វនោះទៅទៀត ។ មួយទៀត បើបុរសណា កាលពីដើម មានចិត្តល្អ គេសម្គាល់ថា ជាញាតិ ជាមិត្រ ឬជាសម្លាញ់ តែលុះដល់ពេលខាងក្រោយមក បុរសនោះ ត្រឡប់ជាសត្រូវនឹងគ្នាទៅវិញ ក៏មាន ។
 
បុគ្គលណាមានចិត្តស្មោះស្មើ ដោយសារសេចក្តីស្រឡាញ់ បុគ្គលនោះ ឈ្មោះថា នៅជិតជាមួយគ្នា បុគ្គលណា មានចិត្តមិនស្មោះស្មើ បុគ្គលនោះ ទោះនៅក្នុងទីជិត ក៏ហាក់ដូចជានៅក្នុងទីឆ្ងាយ ។ សម្លាញ់ណា ជាអ្នកមានចិត្តជ្រះថា្លរកគ្នា បើទុកជានៅឯត្រើយសមុទ្ទខាងនាយ សម្លាញ់ដែលមានចិត្តជ្រះថា្លរកគ្នានោះ ក៏ឈ្មោះថានៅក្នុងសមុទ្ទជាមួយគ្នា សម្លាញ់ណាមានចិត្តប្រទូស្តរកគ្នា បើទុកជានៅក្នុងសមុទ្ទជាមួយគ្នា សម្លាញ់ដែលមានចិត្តប្រទូស្តគ្នានោះ ក៏ឈ្មោះថា នៅត្រើយសមុទ្ទខាងនាយវិញ ។
 
បពិត្រព្រះអង្គជាបុគ្គលប្រសើរលើរថ បុគ្គលទាំងឡាយណាជាសត្រូវនឹងគ្នា បើទុកជានៅជាមួយគ្នា បុគ្គលទាំងនោះ ក៏ឈ្មោះថា នៅផ្សេងគ្នា បពិត្រព្រះអង្គ ជាបុគ្គលចម្រើនក្នុងដែន ពួកសប្បុរសទោះបីនៅក្នុងទីឆ្ងាយ ក៏ឈ្មោះថា នៅក្នុងទីជាមួយ ដោយចិត្ត ។ បុគ្គលជាទីស្រឡាញ់ រមែងមិនស្រឡាញ់វិញ ព្រោះតែនៅជាមួយគ្នាយូរពេក ខ្ញុំសូមថា្វយបង្គំលាព្រះអង្គទៅវិញ មុនពេលដែលខ្ញុំមិនជាទីស្រឡាញ់របស់ព្រះអង្គ ។
    
បណ្ដាបទទាំងនោះ បទថា វស្សិតំ សេចក្ដីថា បពិត្រមហារាជ សេចក្ដីពិត ពួកសត្វតិរច្ឆានមានត្រង់ ព្រោះហេតុនោះ សម្ដីរបស់របស់ពួកសត្វតិរច្ឆាននោះ ទើបយល់បានងាយ តែពួកមនុស្សអាក្រក់ ហេតុនោះ សម្ដីរបស់មនុស្សនោះ ទើបយល់បានលំបាកជាង ។
 
បទថា យោ បុព្វេ សេចក្ដីថា បុគ្គលណា មានចិត្តល្អដំបូង ក៏ល្មមនឹងរាប់អានគ្នាយ៉ាងនេះថា លោកជាញាតិរបស់ខ្ញុំ ជាមិត្ររបស់ខ្ញុំ ជាសម្លាញ់ស្មើដោយជីវិតរបស់ខ្ញុំ ខាងក្រោយមក មនុស្សនោះឯងក្លាយជាសត្រូវ ជាមនុស្សអ្នកចង់ពៀរនឹងគ្នា ក៏បាន ចិត្តរបស់មនុស្សពិបាកយល់ណាស់ ដូចនេះ ។ បទថា និវិសតិ សេចក្ដីថា បពិត្រមហារាជ ចិត្តរមែងតាំងមាំដោយសេចក្ដីស្រឡាញ់ក្នុងបុគ្គលណា គេនោះ សូម្បីនៅឆ្ងាយគ្នាយ៉ាងក្ដី ក៏ឈ្មោះថា នៅក្នុងទីជិតគ្នាដែរ ។ តែចិត្តដែលមិនតាំងមាំ ដោយអំណាចនៃសេចក្ដីស្រឡាញ់ ក្នុងបុគ្គលណាហើយ គេនោះ  សូម្បីនៅក្នុងទីជិត ក៏ដូចជានៅឆ្ងាយពីគ្នាអ៊ីចឹងដែរ ។ បទថា អន្តោបិ សោ ហោតិ សេចក្ដីថា បពិត្រមហារាជ សម្លាញ់ណា មានចិត្តជ្រះថ្លា សម្លាញ់នោះ សូម្បីនៅត្រើយខាងនាយនៃ សមុទ្រ ក៏ឈ្មោះថានៅខាងក្នុងសមុទ្រនោះឯង ព្រោះជាអ្នកមានចិត្តស្អិតជាប់គ្នា ។
 
បុគ្គលណា ជាអ្នកមានចិត្តប្រទូស្ត បុគ្គលនោះសូម្បីនៅខាងក្នុងសមុទ្រ ក៏ឈ្មោះថា នៅត្រើយនាយនៃសមុទ្រនោះឯង ព្រោះជាអ្នកមានចិត្តមិនស្អិតជាប់គ្នា ។ បទថា យេ ទិសា តេ សេចក្ដីថា មនុស្សពួកណាជាអ្នកមានពៀរ ជាសត្រូវ មនុស្សពួកនោះ សូម្បីនៅជាមួយគ្នា ក៏ឈ្មោះថា នៅក្នុងទីឆ្ងាយពីគ្នា ។ បណ្ឌិតទាំងឡាយអ្នកស្ងប់រម្ងាប់ សូម្បីឋិតនៅក្នុងទីឆ្ងាយ ក៏ឈ្មោះថា នៅក្នុងទីជិត ព្រោះចិត្តតែងរ៉ាវរកគ្នាដោយការចម្រើននូវមេត្តា ។ បទថា បុរា តេ ហោម សេចក្ដីថា ខ្ញុំនៅមិនទាន់ជាជនដែលព្រះអង្គមិនស្រឡាញ់ដរាបណា ខ្ញុំសូមថ្វាយបង្គំលាដរាបនោះ ។
    
សំដាប់នោះ ព្រះរាជាត្រាស់នឹងព្រះពោធិសត្វនោះថា កាលបើយើងអង្វរយ៉ាងនេះ អ្នកមិនទទួលដឹងនូវអញ្ជលី មិនធ្វើតាមពាក្យយើង ជាអ្នកបម្រើទេ យើងសូមអង្វរអ្នកយ៉ាងនេះថា អ្នកគប្បីធ្វើនូវការត្រឡប់មកទៀត ។ បណ្ដាបទទាំងនោះ បទថា ឯវំ ចេ សេចក្ដីថា ម្នាលស្ដេចហង្ស បើលោកនឹងមិនព្រមតាមពាក្យអង្វររបស់ខ្ញុំ ដែលធ្វើអញ្ជលីសូមដូចនេះ មានបានធ្វើតាមពាក្យរបស់ខ្ញុំ ជាអ្នកប្រតិបត្តិលោក កាលដូចនោះ ពួកយើងទើបសូមលោកយ៉ាងនេះ ។ បទថា បុន កយិរាសិ  បរិយាយំ សេចក្ដី​ថា លោកគប្បីកំណត់វារៈនៃការមកក្នុងទីនេះ តាមកាលសមគួរផង ។
 
លំដាប់នោះ ព្រះពោធិសត្វទឹបទូលថា បពិត្រមហារាជ ជាអ្នកមានសេចក្តីចម្រើនក្នុងដែន កាលបើយើងនៅយ៉ាងនេះ សេចក្តីអន្តរាយនឹងមិនមានដល់ព្រះអង្គ ទាំងដល់នូវទូលព្រះបង្គំជាខ្ញុំ សូមឲ្យយើង បានជួបគ្នាក្នុងកាលកន្លងទៅនៃថ្ងៃនិងយប់ ។ បណ្ដាបទទាំងនោះ បទថា ឯវំ ចេ នោ សេចក្ដីថា បពិត្រមហារាជ សូមទ្រង់កុំគិតឡើយ ប្រសិនបើ អន្តរាយនៃជីវិតនឹងមិនមានដល់ខ្ញុំដែលនៅសូម្បីយ៉ាងនេះ ពួក​យើងទាំងពីរនឹងជួបគ្នាតែបន្តិចបន្តួចចុះ ព្រះអង្គចូរតាំងនៅក្នុងឱវាទ ដែលខ្ញុំបានថ្វាយនោះទុកក្នុង  ឋានៈ​របស់ខ្ញុំ ទ្រង់ចូរជាអ្នកមិនប្រមាទ ក្នុងលោកសន្និវាស ដែលជាជីវិតថោកទាបយ៉ាងនេះ សូមទ្រង់​ចូរ​ធ្វើបុណ្យទាំងឡាយមានឲ្យទានជាដើម មិនធ្វើនូវទសរាជធម៌ឲ្យកម្រើក ចូរគ្រងរាជប្រកបដោយធម៌ចុះ កាលព្រះអង្គធ្វើតាមឱវាទរបស់ខ្ញុំយ៉ាងនេះ ទ្រង់រមែងនឹងឃើញនូវខ្ញុំ ។
 
ព្រះមហាសត្វឲ្យឱវាទដល់ព្រះរាជាយ៉ាងនេះហើយ ទើបទៅកាន់ភ្នំចិត្រកូដវិញហោង។ ព្រះសាស្ដាបាននាំព្រះធម្មទេសនានេះមកហើយ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ សូម្បីក្នុងកាលមុន តថាគតបានយោនយកកំណើតជាសត្វតិរច្ឆាន ក៏ធ្លាប់សម្ដែងនូវភាពទុព្វលរបស់អាយុសង្ខារ ហើយសម្ដែងធម៌ដែរ ដូច្នេះហើយ ទ្រង់ក៏ប្រជុំជាតកថា  តទា រាជា អានន្ទោ អហោសិ ព្រះរាជាក្នុងកាលនោះ បានមកជាអានន្ទ  កនិដ្ឋោ មោគ្គល្លានោ ហង្សប្អូនពៅ បានមកជាមោគ្គល្លាន  មជ្ឈិមោ សារិបុត្តោ ហង្សកណ្ដាលបានមកជាសារីបុត្រ  សេសហំសគណា ពុទ្ធបរិសា ពួកហង្សដ៏សេស បនជាមកពុទ្ធបរិស័ទ ជវនហំ​សោ បន អហមេវ អហោសិ ចំណែកជវនហង្ស បានជាមកជាតថាគត។ ចប់ ជវនហំសជាតក ។

សូមថ្លែងអំណរគុណយ៉ាងខ្លាំងដល់វិចិត្តការិនីដែលបានគូរគំនូរដាក់ក្នុងអត្ថបទនេះ ។ ថ្ងៃសុក្រ ១១ កើត ខែភទ្របទ ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ម.ស. ១៩៣៩ ច.ស. ១៣៧៨ ត្រូវនឹងថ្ងៃទី ០១ ខែកញ្ញា គ.ស. ២០១៧ ។ ដោយ ខេមរ អភិធម្មាវតារ ។
ដោយ៥០០០ឆ្នាំ
 
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ០៤ ឧសភា ឆ្នាំ២០២០ (អាន: ៥១,៨៨៧ ដង)
សត្វសេកចម្រើនសតិប្បដ្ឋាន
ផ្សាយ : ០៤ មិថុនា ឆ្នាំ២០២២ (អាន: ១៣,៧៦៩ ដង)
រឿង​ប្រេត​ញី​ស៊ី​កូន​ម្តង​៥
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
CPU Usage: 1.21
បិទ
ទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ABA 000 185 807
   ✿ សម្រាប់ឆ្នាំ២០២៤ ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំជាប្រចាំឆ្នាំ ឬប្រចាំខែ  ដើម្បីគេហទំព័រ៥០០០ឆ្នាំយើងខ្ញុំមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយតទៅ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987  ✿✿✿