30
ថ្ងៃ ព្រហស្បតិ៍ ទី ២៥ ខែ មេសា ឆ្នាំថោះ បញ្ច​ស័ក, ព.ស.​២៥៦៧  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច






ការជូនដំណឹង
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុមង្គលបញ្ញា
ទីតាំងៈ កំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ទិន្នន័យសរុបការចុចលើ៥០០០ឆ្នាំ
ថ្ងៃនេះ ៩០,៤៩១
Today
ថ្ងៃម្សិលមិញ ២០៨,៧៩១
ខែនេះ ៤,៧៤៦,៣០៥
សរុប ៣៩០,៨២៨,៧៨៩
អានអត្ថបទ
ផ្សាយ : ១២ មីនា ឆ្នាំ២០២៤ (អាន: ៥,៤៨៩ ដង)

ទសរថជាតក



ស្តាប់សំឡេង

 

ព្រះសាស្ដាកាលគង់នៅក្នុងវត្តជេតវ័ន ទ្រង់ប្រារព្ធកុដុម្ពិកៈដែលមានបិតា ស្លាប់មួយរូប បានត្រាស់ធម្មទេសនានេះ មានពាក្យផ្ដើមថា ឯថ លក្ខណសីតា ច ដូចនេះ ។

សេចក្ដីពិស្ដារថា កុដុម្ពិកៈនោះ កាលបិតាធ្វើកាលកិរិយាហើយត្រូវសេចក្ដីសោក​គ្របសង្កត់ ទើបបោះ​បង់​កិច្ចទាំងពួង បណ្ដោយទៅតាមសេចក្ដី សោកសៅ ។ ព្រះសាស្ដាទ្រង់ប្រមើលមើលសត្វលោកក្នុងបច្ចូសសម័យ (ក្នុង វេលាជិតភ្លឺ) ទតឃើញឧបនិស្ស័យសោតាបត្តិផលរបស់កុដុម្ពិកៈនោះ ព្រឹកឡើងទើប​ស្ដេចត្រាច់ទៅដើម្បីបិណ្ឌបាត្រ ក្នុងក្រុងសាវត្ថី សោយក្រយាហារ ស្រេចហើយ ទ្រង់បញ្ជូនភិក្ខុទាំង​ឡាយឲ្យត្រឡប់ ទ្រង់កាន់យកសមណបច្ឆាមួយរូបទៅកាន់ផ្ទះរបស់កុដុម្ពិកៈនោះ កាលព្រះសា​ស្ដា​ត្រាស់ហៅកុដុម្ពិកៈដែលថ្វាយបង្គំហើយអង្គុយចុះ ដោយពាក្យដ៏ពីរោះទើបត្រាស់ថា កិំ សោចសិ ឧបាសក ម្នាលឧបាសក អ្នកសោយសោកព្រោះអ្វី ? កាលកុដុម្ពិកៈទូលថា អាម, ភន្តេ, បិតុសោកោ មំ ពាធតិ ករុណា ព្រះអង្គដ៏ចម្រើន ! សេចក្ដីសោកព្រោះបិតាកំពុងបៀតបៀនខ្ញុំព្រះករុណា ព្រះសាស្ដាត្រាស់ថា ម្នាល ឧបាសក បណ្ឌិតក្នុងកាលមុនបានដឹងលោកធម៌ ៨ ប្រការ តាមសេចក្ដីពិត កាលបិតាធ្វើកាលកិរិយាហើយ ក៏មិនបានប្រសព្វសេចក្ដីសោក សូម្បីបន្តិចបន្តួចឡើយ កុដុម្ពិកៈក៏ក្រាបទូលអារាធនា ទើបទ្រង់នាំអតីតនិទានមកត្រាស់ថា ៈ

អតីតេ ពារាណសិយំ ទសរថមហារាជា នាម ក្នុងអតីតកាល ព្រះរាជាព្រះនាម ទសរថមហារាជ ទ្រង់លះបង់នូវអគតិ សោយរាជ្យសម្បត្តិប្រកបដោយធម៌ ក្នុងក្រុងពារាណសី ។ ព្រះអគ្គហមេសីដែលជាធំជាងស្ត្រី ១៦,០០០ របស់ព្រះបាទទសរថមហារាជនោះ ប្រសូតព្រះឱរស ២ ព្រះអង្គ ព្រះធីតា ១ ព្រះ​អង្គ ​។ ព្រះឱរសច្បងព្រះនាមថា រាមបណ្ឌិត ព្រះឱរសទីពីរ ព្រះនាមថា លក្ខណកុមារ ព្រះធីតាព្រះនាម​ថា សីតាទេវី១ ។ ក្នុងកាលជាចំណែកខាងមុខ ព្រះអគ្គមហេសីទ្រង់សោយព្រះពិលាល័យ (ព្រះអគ្គ​មហេសីអស់ព្រះជន្ម) ។ ព្រះរាជាទ្រង់ដល់អំណាចនៃសេចក្ដីសោក អស់កាលដ៏យូរព្រោះការ​សោយ​​ព្រះ​ពិលាល័យនៃព្រះអគ្គមហេសីនោះ ពួកអាមាត្យបាន នាំគ្នាក្រាបទូលឲ្យទ្រង់ស្រាកស្រាន្ត ទ្រង់ធ្វើការបរិហារដែលគប្បីធ្វើដល់ព្រះនាងហើយ ទ្រង់តាំងស្ត្រីដទៃទុកក្នុងតំណែងជាអគ្គមហេសី ។

ព្រះអគ្គមហេសីថ្មីនោះជាស្រឡាញ់ ជាទីគាប់ព្រះហឫទ័យនៃព្រះរាជា ។ ក្នុងកាលជាខាងក្រោយមក សូម្បីព្រះអគ្គមហេសីនោះក៏ទ្រង់គភ៌ ទ្រង់បានទទួលព្រះរាជទានគ្រឿងរក្សាគភ៌ បានប្រសូតនូវព្រះឱ​រស​ ព្រះញាតិវង្សបានដាក់ព្រះនាមរបស់ព្រះឱរសនោះថា ភរតកុមារ ។ ព្រះរាជាត្រាស់ថា ម្នាលនាងដ៏ចម្រើន យើងសូមឲ្យពរដល់នាង នាងចូរទទួលពរចុះ ដោយទ្រង់ស្រឡាញ់ក្នុងព្រះឱរស ។ ព្រះនាងធ្វើការ​ទទួលហើយ ក្នុងពេលដែលព្រះកុមារមានព្រះជន្មាយុបាន ៧-៨ វស្សា ទើបចូលទៅគាល់ព្រះរាជាក្រាបទូលថា បពិត្រព្រះសម្មតិទេព ព្រះអង្គបានព្រះរាជទានពរដល់បុត្ររបស់ខ្ញុំម្ចាស់ ឥឡូវនេះ សូមទ្រង់ព្រះករុណា មេត្តាព្រះរាជទានពរនោះដល់បុត្ររបស់ខ្ញុំម្ចាស់នោះ ។

កាលព្រះរាជាត្រាស់ថា ម្នាលនាងដ៏ចម្រើន ចូរទទួលចុះ ព្រះនាងទើបក្រាបទូលថា បពិត្រព្រះសម្មតិ-ទេព សូមទ្រង់ព្រះរាជទានរាជសម្បត្តិដល់បុត្ររបស់ខ្ញុំម្ចាស់ ។ ព្រះរាជាទ្រង់ ទះព្រះហស្តត្រាស់គម្រាមថា នែស្រីថោកទាប នាងចូរវិនាសទៅ បុត្រទាំងឡាយ ២ របស់យើងរមែងរុងរឿងបីដូចជាគំនរភ្លើង នាងនឹងឲ្យយើងសម្លាប់បុត្រទាំង ២ ហើយ សូមរាជសម្បត្តិឲ្យបុត្ររបស់នាង ។ ព្រះអគ្គមហេសី នោះភិតភ័យហើយចូលកាន់ដំណាក់ដ៏មានសិរី សូម្បីក្នុងថ្ងៃដទៃៗ ក៏គង់ទូលសុំរាជសម្បត្តិប៉ុណ្ណោះនឹងព្រះរាជារឿយៗ ។

ព្រះរាជាគ្រាមិនប្រទានដល់ព្រះនាង ទើបទ្រង់ត្រិះរិះថា ឈ្មោះថា មាតុគ្រាម ជាមនុស្សអកតញ្ញូ ទ្រុស្តមិត្ត នាងនេះនឹងក្លែងសារ ឬ ជួលឲ្យគេសម្លាប់បុត្រទាំង ២ របស់យើង ។ ព្រះអង្គ ទើបត្រាស់ឲ្យហៅព្រះឱរសទាំង ២ ចូលគាល់ ទ្រង់ប្រាប់សេចក្ដីនោះ មានព្រះតម្រាស់ថា ម្នាលបុត្រ អន្តរាយគង់នឹងមានដល់អ្នកដែលនៅក្នុងទីនេះ អ្នក ចូរនាំគ្នាទៅកាន់ដែននៃសាមន្តរដ្ឋ ឬ កាន់ព្រៃ និងត្រឡប់មកវិញក្នុងពេលដែលបិតាចូលទិវង្គត គប្បីកាន់យករាជសម្បត្តិរបស់ត្រកូលចុះ ដូចនេះហើយ ត្រាស់បញ្ជាឲ្យពួកព្រាហ្មណ៍ចូលគាល់ម្ដងទៀត ត្រាស់សួរនូវការកំណត់ព្រះជន្មាយុរបស់ព្រះអង្គ ទ្រង់ស្ដាប់ថា នឹងប្រព្រឹត្តទៅដល់ ១២ ឆ្នាំខាងមុខ ទើបត្រាស់ថា ម្នាលបុត្រ ដោយកន្លងទៅ ១២ ឆ្នាំអំពីនេះទៅ ពួកអ្នកចូរនាំគ្នា មកឲ្យមហាជនលើកស្វេតច្ឆត្រថ្វាយ ។

ព្រះឱរសទាំងនោះក្រាបទូលថា ល្អ ហើយ នាំគ្នាថ្វាយបង្គំព្រះបិតា ទ្រង់ព្រះកន្សែង ហើយស្ដេចចេញចាកប្រាសាទ ព្រះនាងសីតាទេវីទ្រង់ព្រះតម្រិះថា សូម្បីយើងក៏នឹងទៅជាមួយព្រះម្ចាស់បង ថ្វាយបង្គំព្រះបិតាហើយទ្រង់ព្រះកន្សែងស្ដេចចេញទៅ ។ ក្សត្រទាំង ៣ ព្រះ អង្គនោះ ឡោមព័ទ្ធដោយមហាជនចេញចាកព្រះនគរ ទ្រង់ឲ្យមហាជននាំគ្នា ត្រឡប់ ស្ដេចចូលកាន់ហិមវន្តប្រទេសដោយលំដាប់ សាងអាស្រមក្នុងប្រទេស ដែលមានទឹកនិងមូលផលាផលសម្បូរណ៍ ទ្រង់ចិញ្ចឹមជីវិតដោយផលាផល បានអាស្រ័យនៅហើយក្នុងទីនោះ ។ ចំណែកព្រះលក្ខណបណ្ឌិត និងព្រះនាងសីតា បានទូលសុំព្រះរាម​បណ្ឌិត​ហើយទទួលប្ដេជ្ញាថា សូមព្រះអង្គតាំងនៅក្នុងឋានៈនៃព្រះបិតារបស់យើងខ្ញុំព្រះអង្គ ហេតុនោះ សូមទ្រង់ប្រថាប់នៅក្នុងអាស្រមប៉ុណ្ណោះ យើងខ្ញុំនឹងនាំផលាផលទំនុកបម្រុងព្រះអង្គ ។ ចាប់ផ្ដើមអំពីនោះមក ព្រះរាមបណ្ឌិតគង់នៅជាប្រចាំក្នុងអាស្រមប៉ុណ្ណោះ ។

ព្រះលក្ខណបណ្ឌិត និងព្រះសីតាទាំង ២ នាំគ្នាស្វែងរកផលាផលមកទំនុកបម្រុងព្រះរាមបណ្ឌិត ។ កាល​ក្សត្រទាំង ៣ ព្រះអង្គនោះ ទ្រង់ចិញ្ចឹមជីវិតដោយផលាផលយ៉ាងនេះ ព្រះបាទទសរថមហារាជ ស្ដេចបានសោយទិវង្គតក្នុងឆ្នាំទី ៩ ដោយសេចក្ដីសោកសៅព្រោះ (ព្រាត់ប្រាស) ព្រះឱរស ។ ព្រះទេវីក៏ធ្វើសរីរកិច្ច (ថ្វាយព្រះភ្លើង) នៃព្រះរាជានោះហើយ ទ្រង់ត្រាស់ថា សូមពួកលោកចូរថ្វាយស្វេត​ច្ឆត្រដល់​ភរតកុមារដែលជាបុត្រយើង ។ តែពួកអាមាត្យទូលថា ម្ចាស់របស់ស្វេតច្ឆត្រនេះនៅក្នុងព្រៃ ដូចនេះហើយទើបមិនព្រមថ្វាយ ។

ព្រះភរតកុមារត្រាស់ថា យើងនឹងនាំយកព្រះរាមបណ្ឌិត ដែលជាព្រះភាតារបស់យើងមកអំពីព្រៃ នឹងឲ្យទ្រង់លើកឡើងនូវស្វេតច្ឆត្រ ទ្រង់កាន់នូវបញ្ចរាជកកុធភណ្ឌ ៥ យ៉ាង១ ព្រមដោយសេនា ៤ ពួក ចូលដល់ទីប្រថាប់របស់ព្រះរាមបណ្ឌិតនោះ ឲ្យតាំងបន្ទាយក្នុងទីមិនឆ្ងាយ ស្ដេចចូលទៅអាស្រមជាមួយអាមាត្យ ២-៣ នាក់ ក្នុងវេលាដែលព្រះលក្ខណបណ្ឌិត និងព្រះនាងសីតាស្ដេច ទៅព្រៃ ចូលទៅគាល់ព្រះរាមបណ្ឌិត អ្នកប្រាសចាកសេចក្ដីសង្ស័យ ប្រថាប់គង់ជាសុខ ហាក់បី ដូចរូបមាសដែលតាំងទុកជិតទ្វារអាស្រម ថ្វាយបង្គំហើយ ឋិតនៅក្នុងទីសមគួរមួយ ក្រាបទូលនូវការប្រព្រឹត្តទៅរបស់ព្រះរាជា ហើយក៏ដួលចុះជិតព្រះបាទ (របស់ព្រះរាម) ទ្រង់ព្រះកន្សែងអន្លើដោយពួកអាមាត្យ ។

ព្រះរាមបណ្ឌិតទ្រង់មិនបានសោយសោក មិនបានព្រះកន្សែងឡើយ ។ សូម្បីអាការៈខុសប្រក្រតីនៃឥន្ទ្រិយ ក៏មិនបានមានដល់ព្រះអង្គឡើយ ។ ក្នុងវេលាដែលព្រះភរតៈប្រថាប់គង់ព្រះកន្សែងនោះ ជាវេលាសាយន្ហសម័យ ព្រះលក្ខណបណ្ឌិត និងព្រះនាងសីតាទាំង ២ ព្រះអង្គ ទ្រង់នាំគ្នាកាន់ផលាផលស្ដេច​មកដល់ ។ ព្រះរាមបណ្ឌិតទ្រង់ត្រិះរិះថា ប្អូនលក្ខណ៍ និងនាងសីតានៅ ក្មេងខ្ចី មិនមានប្រាជ្ញាកំណត់​ពិចារណាដូចយើង បានទទួលដំណឹងថា បិតារបស់របស់ខ្លួនសោយទិវង្គតដោយរហ័ស កាលមិនអាចនឹងទប់ទល់សេចក្ដីសោកបាន សូម្បីបេះដូងរបស់គេក៏អាចនឹងបែកទៅ យើងត្រូវធ្វើឧបាយឲ្យ ប្អូនលក្ខណ៍ និងនាងសីតាចូលទៅកាន់ត្រាំទឹកហើយ យើងនឹងប្រាប់ដំណឹងនោះ ។

លំដាប់នោះ ទ្រង់ចង្អុលបង្ហាញឧទកដ្ឋានមួយខាងមុខនៃក្សត្រទាំង ២ ទើបត្រាស់ថា អ្នកទាំង ២ ត្រឡប់​មកយូរណាស់ នេះជាទណ្ឌកម្មរបស់អ្នក អ្នកចូរចុះទៅត្រាំទឹក ហើយឋិតនៅ ដូចនេះហើយ ទើប​ត្រាស់កន្លះគាថាថា ៈ ម្នាលលក្ខណៈ និងនាងសីតា  អ្នកទាំងឡាយចូរមក អ្នកទាំង ២ នាក់ចូរចុះទឹក ។   ពាក្យដែលជាគាថានោះ មានអធិប្បាយថា មកនេះប្អូនលក្ខណ៍ និងនាង សីតា ចូរនាំគ្នាមក ចូរចុះ​កាន់ទឹកទាំង ២ នាក់ ។   ព្រះលក្ខណៈ និង ព្រះនាងសីតាទាំង ២ ព្រះអង្គនោះ ចូរនាំគ្នាទៅឈរ (ក្នុង​ទឹក) ដោយព្រះតម្រាស់មួយគ្រាប៉ុណ្ណោះ ។ លំដាប់នោះ ព្រះរាមបណ្ឌិត កាលនឹងប្រាប់ដំណឹងរបស់ព្រះបិតាដល់ក្សត្រទាំង ២ ព្រះអង្គនោះ ទើបត្រាស់កន្លះគាថាដ៏សេសថា ភរតកុមារ បាននិយាយយ៉ាងនេះថា ព្រះបាទទសរថទ្រង់ទិវង្គតហើយ ។

ព្រះលក្ខណ៍ និងព្រះនាងសីតាទាំង ២ ព្រះអង្គនោះ បានស្ដាប់ដំណឹងថា ព្រះរាជបិតាសោយទិវង្គតប៉ុណ្ណោះ ក៏ដល់វិសញ្ញិភាព (សន្លប់បាត់ទៅ) ។ (ពេលភ្ញាក់ដឹងខ្លួនឡើង) ព្រះរាមបណ្ឌិតត្រាស់ប្រាប់ម្ដងទៀត ព្រះលក្ខណ៍ និងព្រះនាងសីតានោះ ក៏សន្លប់ម្ដងទៀត ។ ពួកអាមាត្យជួយលើកក្សត្រទាំង ២ ដែលទ្រង់ដល់វិសញ្ញី ដរាបដល់គ្រាទី ៣ ដោយអាការៈនេះ ចេញចាកទឹកឲ្យឋិតនៅលើដី ។ កាលក្សត្រ​ទាំង ២ បានខ្យល់អស្សាសបស្សាសៈហើយ គ្រប់អង្គ នាំគ្នាអង្គុយព្រះកន្សែងសោយសោករឿយ​ៗ ​។ គ្រានោះ ព្រះភរតកុមារទ្រង់ត្រិះរិះថា ព្រះភាតារបស់យើង លក្ខណកុមារ និងព្រះភគិនីសីតាទេវីស្ដាប់ដំណឹងថា ព្រះបាទទសរថសោយទិវង្គតហើយ មិនអាចទប់ទល់សេចក្ដីសោកបាន តែព្រះរាម​បណ្ឌិត​ទ្រង់មិនបានសោយសោក មិនបានគ្រាំគ្រាឡើយ អ្វីហ្ន៎ ជាហេតុនៃសេចក្ដីមិនសោក របស់ព្រះ​អង្គ ​ត្រូវសួរព្រះអង្គមើល ។ កាលព្រះភរតៈនឹងត្រាស់សួរ ទើបពោលគាថាទី ២ ថាបពិត្រព្រះរាម ដោយ​អានុភាពអ្វី ទើបទ្រង់បានឮថា ព្រះបិតាទិវង្គតហើយ មិនសោកសា្តយរបស់ដែលគួរសោកស្តាយ សេចក្តីទុក្ខមិនគ្របសង្កត់ទ្រង់ ។

លំដាប់នោះ ព្រះរាមបណ្ឌិត កាលនឹងសម្ដែងហេតុដែលរារាំងមិនឲ្យព្រះអង្គសោយសោកដល់ព្រះកុមារភរតៈនោះ ទើបត្រាស់ថា ជីវិតណា (របស់ពួកសត្វ) បណ្តាពួកបុរសដែលរវើរវាយ បុរស (សូម្បីតែ
មា្នក់) ក៏មិនអាចដើម្បីរក្សាជីវិតច្រើននោះបានទេ វិញ្ញូជនជាមេធាវីនោះ ធ្វើខ្លួនឲ្យក្តៅក្រហាយ ដើម្បីអ្វី ។ សេចក្តីពិតថា ជនទាំងឡាយណា ទាំងក្មេង ទាំងចាស់ ទាំងល្ងង់ ទាំងប្រាជ្ញ ទាំងអ្នកមាន ទាំងអ្នកក្រ ជនទាំងអស់នោះ សុទ្ធតែមានសេចក្តីស្លាប់ នៅខាងមុខ ។ ផ្លែឈើទុំទាំងឡាយ មានសេចក្តីខ្លាច អំពីកិរិយាជ្រុះជានិច្ច យ៉ាងណាមិញ ពួកសត្វកើតហើយ ក៏មានសេចក្តីខ្លាច អំពីសេចក្តីស្លាប់ជានិច្ច យ៉ាងនោះដែរ ។

ជនទាំងឡាយច្រើនពួកខ្លះ គេឃើញក្នុងវេលាព្រឹក វេលាល្ងាចមិនឃើញ ជនទាំងឡាយច្រើនពួកខ្លះ គេឃើញក្នុងវេលាល្ងាច វេលាព្រឹកមិនឃើញ ។ បើបុគ្គលអ្នកវង្វេង កាលខ្សឹកខ្សួល បៀតបៀនខ្លួន ហើយគប្បីនាំមកនូវប្រយោជន៍បន្តិចបន្តួចបាន អ្នកប្រាជ្ញ ក៏គប្បីធ្វើសេចក្តីខ្សឹកខ្សួលនោះដែរ ។
(បុគ្គល​ខ្សឹកខ្សួល) បៀតបៀនខ្លួនរបស់ខ្លួន ជាអ្នកស្គម មិនមានពណ៌សម្បុរ ពួកសត្វដែលទៅកាន់បរ​លោក ​មិនមែនញុំាងអត្តភាពឲ្យប្រព្រឹត្តទៅ ដោយសេចក្តីខ្សឹកខ្សួលនោះឡើយ ព្រោះថាសេចក្តីខ្សឹក​ខ្សួល​ មិនមានប្រយោជន៍ទេ ។

(បណ្ឌិតបុរស) គប្បីញុំាងផ្ទះដែលភ្លើងឆេះឲ្យរលត់ ដោយទឹកបានយ៉ាងណាមិញ ធីរជន ជាមេធាវី​បណ្ឌិត​ បានស្តាប់ហើយ គប្បីញុំាងសេចក្តីសោក ដែលកើតហើយឲ្យរលត់ឆាប់ ដូចខ្យល់បក់ផាត់នូវប៉ុយ យ៉ាងនោះដែរ ។ សត្វរមែងទៅកាន់បរលោកតែម្នាក់ឯង កើតក្នុងត្រកូលក៏តែម្នាក់ឯង ការសមគប់នៃពួកសត្វទាំងអស់ គឺមានការជួបជុំ ជាការប្រសើរបំផុត ។ ព្រោះហេតុនោះ សេចក្តីសោកទាំងឡាយ សូម្បីធំ ក៏មិនដុតកម្ដៅនូវ ហទយវត្ថុ និងចិត្តរបស់អ្នកប្រាជ្ញ ជាពហុស្សូត ដែលឃើញច្បាស់នូវលោកនេះ និងលោកខាងមុខ ព្រោះដឹងច្បាស់នូវធម៌ ។

យើងនោះ នឹងរក្សានូវយសផង ភោគៈផង ភរិយាទាំងឡាយផង ញាតិទាំងឡាយផង និងជនដ៏វិសេស​ផង នេះជាកិច្ចរបស់អ្នកប្រាជ្ញ ។  ព្រះរាមបណ្ឌិតបានប្រកាស នូវអនិច្ចតាធម៌ ដោយគាថាទាំង​ឡាយ ១០ នេះ ។   ពួកជនស្ដាប់ធម្មទេសនា ដែលប្រកាសសេចក្ដីមិនទៀង របស់ព្រះរាមបណ្ឌិត​នេះហើយ នាំគ្នាស្រាកសោក ។ បន្ទាប់ពីនោះ ព្រះភរតកុមារថ្វាយបង្គំ ព្រះរាមបណ្ឌិតទូលថា សូមព្រះអង្គទ្រង់ទទួល​រាជសម្បត្តិ ក្នុងនគរពារាណសី ។ ម្នាលប្អូន អ្នកចូរនាំព្រះលក្ខណ៍ និងសីតាទេវីទៅគ្រងរាជសម្បត្តិ ចុះ ។

ព្រះភរតៈទូលថា ព្រះអង្គប៉ុណ្ណោះជាអ្នកគ្រងរាជសម្បត្តិ ។ ព្រះរាម ត្រាស់ថា ម្នាលប្អូន ព្រះបិតារបស់យើងបានត្រាស់ទុកនឹងបងថា តទៅដោយ កន្លង ១២ ឆ្នាំ អ្នកចូរមកគ្រងរាជសម្បត្តិ កាលបងនឹងទៅក្នុងកាលឥឡូវនេះ ក៏ឈ្មោះថា មិនធ្វើតាមព្រះតម្រាស់របស់ព្រះអង្គ តែក្នុងកាលផុតអំពី ៣ ឆ្នាំ ដទៃទៅ បង​នឹងទៅ ។ ព្រះភរតៈទូលសួរថា រហូតកាលត្រឹមប៉ុណ្ណេះ អ្នកណានឹងគ្រងរាជសម្បត្តិ ។ ព្រះរាមត្រាស់ថា ពួកអ្នកចូរគ្រងរាជសម្បត្តិចុះ ។ ព្រះភរតៈទូលថា ពួកខ្ញុំនឹងមិនគ្រងរាជសម្បត្តិទេ ។ ទើបព្រះរាម​ត្រាស់ថា បើយ៉ាងនោះ ទ្រនាប់ជើងទាំងនេះ នឹងគ្រងរាជសម្បត្តិរហូតដល់បងទៅ ហើយទ្រង់ដោះ​តិណបាទុកា (ទ្រនាប់ជើងដែលធ្វើដោយស្មៅ) របស់ព្រះអង្គប្រទានឲ្យ ។

ក្សត្រទាំង ៣ ព្រះអង្គទទួលទ្រនាប់ជើង ហើយថ្វាយបង្គំព្រះរាមបណ្ឌិត ឡោមព័ទ្ធដោយមហាជន ស្ដេច​​ទៅ​កាន់នគរពារាណសី ។ ទ្រនាប់ជើងគ្រងនូវរាជសម្បត្តិអស់ ៣ ឆ្នាំ ។ ពួកអាមាត្យនាំគ្នាតម្កល់​តិណ​​បាទុកា (ទ្រនាប់ជើងដែលធ្វើដោយស្មៅ) លើរាជបល្ល័ង្ក ហើយនាំគ្នាកាត់ក្ដី ។ បើកាត់ក្ដីមិនល្អ ទ្រនាប់​ជើង រមែងខ្ទាំងខ្ទប់នូវគ្នានឹងគ្នា ដោយសញ្ញានោះ ត្រូវនាំគ្នាកាត់ក្ដីជាថ្មី ។ ពេលដែលកាត់ក្ដីល្អប្រពៃហើយ ទ្រនាប់ជើងប្រាសចាកសំឡេង នឹងនៅស្ងៀម ។ ដោយកាលកន្លងទៅ ៣ ឆ្នាំ ព្រះរាម​បណ្ឌិត​ចេញចាកព្រៃ ហើយបានដល់នគរពារាណសី បានចូលទៅហើយកាន់ឧទ្យាន ។ ព្រះកុមារទាំងឡាយទ្រង់ជ្រាប សេចក្ដីដែលព្រះរាមស្ដេចមក មានពួកអាមាត្យឡោមព័ទ្ធទៅកាន់ព្រះឧទ្យាន ទ្រង់ធ្វើព្រះនាងសីតាឲ្យជាអគ្គមហេសី ហើយធ្វើនូវការអភិសេក សូម្បីដល់ក្សត្រទាំងពីរ ។

ព្រះមហា​សត្វទ្រង់ដល់ការអភិសេកយ៉ាងនេះហើយ ប្រថាប់ លើរាជរថដែលគេប្រដាប់តាក់តែងហើយ ស្ដេចចូលកាន់ព្រះនគរដោយបរិវារដ៏ច្រើន ទ្រង់ប្រទក្សិណនគរហើយស្ដេចឡើងកាន់ទីអាស្រ័យនៃចន្ទ​ក​ប្រាសាទ  តាំងតែពេលនោះ ទ្រង់គ្រងរាជសម្បត្តិដោយធម៌អស់ ១៦០០០ ឆ្នាំក្នុងវេលាអស់ព្រះជន្មា​យុ ទ្រង់ញ៉ាំងសគ្គបុរីឲ្យពេញ (ទ្រង់កើតក្នុងស្ថានសួគ៌) ។ 

អភិសម្ពុទ្ធគាថានេះសម្ដែងសេចក្ដីនោះថា ព្រះបាទរាមៈ មានព្រះសូរង្គ ដូចជារូបសំណាកមាស មានព្រះពាហុធំ បានសោយរាជ្យអស់ ១៦ ០០០ ឆ្នាំ ។ ព្រះសាស្ដាទ្រង់នាំព្រះធម្មទេសនានេះមកហើយ ទ្រង់ប្រកាសសច្ចៈ ក្នុង វេលាចប់សច្ចៈ កុដុម្ពិកៈតាំងនៅក្នុងសោតាបត្តិផល ។ ទ្រង់ប្រជុំជាតកថា ព្រះបាទទសរថមហារាជគ្រានោះ បានមកជាព្រះបាទសុទ្ធោទនមហារាជ, ព្រះមាតាបានមកជាព្រះនាងមហាមាយាទេវី, នាងសីតាបានមកជារាហុលមាតា,  ភតរៈបានមកជាអានន្ទ, លក្ខណកុមារបានមកជាសារីបុត្រ,បរិស័ទបានមកជា ពុទ្ធបរិស័ទ, រាមបណ្ឌិតបានមកជាតថាគតនេះឯង ។ ចប់ ទសរថជាតក ។

ដោយ៥០០០ឆ្នាំ

 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ២២ កុម្ភះ ឆ្នាំ២០២៤ (អាន: ៥,៧៩០ ដង)
គុណប្រយោជន៍​របស់​អ្នក​ស្ដាប់​សុភាសិត​ចំពោះ​ព្រះ​ភក្រ្តព្រះសម្មាសម្ពុទ្ធ
ផ្សាយ : ០៤ មិថុនា ឆ្នាំ២០២២ (អាន: ១៣,៧៨៩ ដង)
រឿង​ប្រេត​ញី​ស៊ី​កូន​ម្តង​៥
ផ្សាយ : ០៤ ឧសភា ឆ្នាំ២០២០ (អាន: ៤៨,២៩១ ដង)
អត្ថស្សទ្វារជាតក ( ទ្វារ​មុខ​នៃ​ប្រយោជន៍​ មាន​ ៦ )
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
CPU Usage: 3.39
បិទ
ទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ABA 000 185 807
   ✿ សម្រាប់ឆ្នាំ២០២៤ ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំជាប្រចាំឆ្នាំ ឬប្រចាំខែ  ដើម្បីគេហទំព័រ៥០០០ឆ្នាំយើងខ្ញុំមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយតទៅ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987  ✿✿✿