30
ថ្ងៃ សៅរ៍ ទី ២០ ខែ មេសា ឆ្នាំថោះ បញ្ច​ស័ក, ព.ស.​២៥៦៧  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច






ការជូនដំណឹង
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុមង្គលបញ្ញា
ទីតាំងៈ កំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ទិន្នន័យសរុបការចុចលើ៥០០០ឆ្នាំ
ថ្ងៃនេះ ៧៤,៦១៥
Today
ថ្ងៃម្សិលមិញ ២០៦,៥៦៩
ខែនេះ ៣,៨៣១,៨០២
សរុប ៣៨៩,៩១៤,២៨៦
អានអត្ថបទ
ផ្សាយ : ០៩ មីនា ឆ្នាំ២០២៤ (អាន: ៧,២១២ ដង)

មាតុបោសកជាតក



 

ព្រះសាស្ដា កាលស្ដេចគង់នៅវត្តជេតពន ទ្រង់ប្រារព្ធភិក្ខុដែលចិញ្ចឹមមាតា បានត្រាស់ព្រះធម្មទេសនានេះ មានពាក្យថា តស្ស នាគស្ស វិប្បវាសេន ដូច្នេះជាដើម ។ 

បច្ចុប្បន្នវត្ថុ ប្រាកដដូចសាមជាតកវត្ថុនោះឯង ។ ចំណែកព្រះសាស្ដាត្រាស់ហៅឲ្យភិក្ខុទាំងឡាយមកហើយ ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយកុំលើកទោសភិក្ខុនេះឡើយ បោរាណបណ្ឌិតទាំងឡាយសូម្បីកើតក្នុងកំណើតសត្វតិរច្ឆាន កាលព្រាត់ប្រាស់ចាកមាតា ក៏ស្គាំងស្គម ព្រោះអត់អាហារអស់ ៧ ថ្ងៃ សូម្បីបានភោជនដែលសមគួរដល់ព្រះរាជា ហើយគិតថា យើងវៀរចាកមាតាហើយ នឹងមិនបរិភោគ ទាល់តែបានឃើញមាតា ទើបកាន់យកនូវអាហារ ដូច្នេះហើយ កាលដែលភិក្ខុទាំងឡាយទូលអង្វរអារាធនា ទើបទ្រង់នាំយកអតីតនិទានមកសម្ដែងថា 

ក្នុងអតីតកាល កាលព្រះបាទព្រហ្មទត្តសោយរាជសម្បត្តិក្នុងនគរពារាណសី គ្រានោះ ព្រះពោធិសត្វកើតក្នុងកំណើតដំរី ក្នុងហិមវន្តប្រទេស មានពណ៌សសុទ្ធ មានរូបស្អាត គួរពេចពិលរមិលមើល គួរជាទីជ្រះថ្លា ដល់ព្រមដោយលក្ខណៈ មានដំរី ៨០០០០ ជាបរិវារ ។ ព្រះពោធិសត្វនោះ ចិញ្ចឹមមាតាដែលចាស់ជរា មាតារបស់ព្រះពោធិសត្វជាដំរីខ្វាក់ភ្នែក ។ ព្រះពោធិសត្វបានឲ្យផលាផល ដែលមានរសផ្អែមទាំងឡាយដល់ដំរី ហើយបញ្ជូនទៅកាន់សម្នាក់មាតា ។ ដំរីទាំងឡាយមិនបានឲ្យដល់មេដំរីនោះឡើយ នាំគ្នាបរិភោគដោយខ្លួន ។ ព្រះពោធិសត្វកំណត់ដឹងរឿងនោះហើយ គិតថា យើងលះបង់នូវហ្វូងហើយនឹងទៅចិញ្ចឹមមាតា ពេលដល់ចំណែកនៃរាត្រីហើយ កាលដំរីទាំងឡាយដទៃមិនដឹង ទើបនាំមាតា ទៅកាន់ជើងភ្នំ ឈ្មោះ ចណ្ឌោរណៈ ទុកមាតាក្នុងគុហាភ្នំ ដែលឋិតនៅជាប់តំបន់មួយ ហើយក៏ចិញ្ចឹម ។

លំដាប់នោះ ព្រានព្រៃដែលរស់នៅនគរពារាណសីមួយរូប វង្វេងផ្លូវ មិនអាចនឹងកំណត់នូវទិស បានស្រែកយំដោយសំឡេងដ៏ខ្លាំង ។ ព្រះពោធិសត្វស្ដាប់នូវសំឡេងរបស់ព្រាននោះហើយ គិតថា បុរសនេះជាមនុស្សអនាថា បើគេវិនាសក្នុងទីដែលយើងឋិតនៅនោះ មិនសមគួរឡើយ ដូចនេះហើយ ទើបទៅរកគេ ឃើញគេកំពុងគេចទៅដោយសេចក្ដីភ័យខ្លាច ក៏សួរថា អម្ភោ នែបុរសដ៏ចម្រើន លោកកុំមានភ័យព្រោះអាស្រ័យយើងឡើយ លោកកុំគេចទៅអី ព្រោះហេតុអ្វី លោកទើបស្រែកយំត្រាច់ទៅដូច្នេះ កាលគេពោលថា បពិត្រលោកម្ចាស់ ខ្ញុំវង្វេងផ្លូវ ថ្ងៃនេះជាថ្ងៃទី ៧ ហើយសម្រាប់ខ្ញុំ ។ ព្រះមហាសត្វពោលថា នែបុរសដ៏ចម្រើន លោកកុំភ័យឡើយ យើងដាក់លោកទុកក្នុងផ្លូវមនុស្ស ដូចនេះហើយ ឲ្យគេឡើងជិះលើខ្នងរបស់ខ្លួន នាំចេញអំពីព្រៃហើយទើបត្រឡប់មកវិញ ។ ចំណែកព្រាននោះជាមនុស្សអាក្រក់ គិតថា យើងទៅកាន់នគរហើយនឹងទូលដល់ព្រះរាជា ដូច្នេះហើយ ទើបធ្វើដើមឈើជាគ្រឿងចំណាំ ធ្វើភ្នំជាគ្រឿងចំណាំ បានចេញទៅកាន់នគរពារាណសី ។

ក្នុងពេលនោះ ដំរីមង្គលរបស់ព្រះរាជាបានធ្វើកាលកិរិយា ។ ព្រះរាជាត្រាស់បញ្ជាឲ្យវាយស្គរប្រកាសថា បើអ្នកណា ឃើញដំរីដែលមានរូបដ៏សមគួរ ដើម្បីនឹងធ្វើជាព្រះទីនាំងក្នុងទីណា អ្នកចូរប្រាប់ ។ បុរសនោះចូលគាល់ព្រះរាជាទូលថា បពិត្រព្រះសម្មតិទេព ខ្ញុំព្រះអង្គបានឃើញស្ដេចដំរីដែលមានសីល ពណ៌សសុទ្ធ ជាដំរីប្រកបដោយរូប ដើម្បីនឹងជាព្រះ​ទីនាំងរបស់ព្រះអង្គបាន ខ្ញុំនឹងប្រាប់ផ្លូវ សូមទ្រង់បញ្ជូននាយហត្ថាចារ្យនឹងទូលព្រះបង្គំទៅចាប់ដំរីនោះចុះ ។ ព្រះរាជាទទួលពាក្យនោះ ហើយត្រាស់ថា ពួកលោកចូរធ្វើបុរសនេះឲ្យជាអ្នកនាំផ្លូវ ទៅកាន់ព្រៃ ហើយនាំនូវស្ដេចដំរីដូចដែលបុរសនេះពោល មក ដូច្នេះហើយ ទ្រង់ក៏បញ្ជូននាយហត្ថាចារ្យនឹងបុរសនោះ មួយអន្លើដោយបរិវារដ៏ច្រើន ។

នាយហត្ថាចារ្យទៅជាមួយបុរសនោះ បានឃើញព្រះពោធិសត្វ ដែលកំពុងចូលទៅកាន់ស្រះឈូក ស្វែងរកអាហារ ។ ចំណែកព្រះពោធិសត្វឃើញនាយហត្ថាចារ្យ ហើយអធិដ្ឋានថា ភ័យនេះមិនកើតឡើងអំពីអ្នកដទៃ នឹងកើតឡើងអំពីសម្នាក់បុរសនោះ យើងនេះជាអ្នកមានកម្លាំងខ្លាំង អាចដើម្បីនឹងកម្ចាត់នូវដំរីសូម្បីទាំងពាន់ បើយើងក្រោធហើយ អាចនឹងញ៉ាំងនូវពាហនៈរបស់សេនា ព្រមទាំងដែនឲ្យវិនាស ប្រសិនបើយើងនឹងក្រោធ សីលរបស់យើងនឹងបែកធ្លាយ ព្រោះហេតុនោះ ក្នុងថ្ងៃនេះ សូម្បីគេចាក់យើងដោយលំពែង យើងនឹងមិនក្រោធឡើយ ដូច្នេះហើយ បង្អោនក្បាលចុះ ឈរនៅមិនកម្រើក ។

នាយហត្ថាចារ្យចុះកាន់ស្រះបទុម មើលនូវលក្ខណសម្បត្តិរបស់ដំរីនោះហើយពោលថា ម្នាលបុត្រ ចូរមក ដូចនេះហើយ ចាប់កាន់ប្រម៉ោយដែលប្រាកដដូចខ្សែប្រាក់ (រួចធ្វើដំណើរទៅ) ក្នុងថ្ងៃទី ៧ ទើបដល់នគរពារាណសី ។  ចំណែកមាតាព្រះពោធិសត្វ កាលកូនមិនមក ក៏បរិទេវនាការថា កូនរបស់យើង នឹងត្រូវព្រះរាជា និងរាជមហាមាត្យនាំទៅ ឥឡូវនេះ ព្រៃនេះ នឹងចម្រើនដោយការព្រាត់ប្រាស់ចាកដំរីនោះ ដូច្នេះហើយ ទើបពោលគាថាទាំងឡាយ ២ ថា 

តស្ស នាគស្ស វិប្បវាសេន,         វិរូឡ្ហោ សល្លកី ច កុដជា ច;
កុរុវិន្ទករវីរា ភិសសាមា ច,        និវាតេ បុប្ផិតា ច កណិការា។

ដើមពោនស្វាផង ដើមខ្លែងគង់ផង ដើមទទឹម និងស្មៅធំ ឈ្មោះករវីរៈផង ក្រអៅឈូក និងស្រងែផង ដុះទ្រុបទ្រុលហើយ ទាំងដើមកណិការជិតជើងភ្នំ ក៏ចេញផ្កាដែរ ព្រោះតែដំរីនោះមិននៅ ។

កោចិទេវ សុវណ្ណកាយុរា,         នាគរាជំ ភរន្តិ បិណ្ឌេន;
យត្ថ រាជា រាជកុមារោ វា,        កវចមភិហេស្សតិ អឆម្ភិតោ។

ក្នុងស្រុក ឬក្នុងក្រុងណាមួយ ព្រះរាជា ឬព្រះរាជកុមារណាមួយ មានគ្រឿងអាភារណៈ ជាវិការនៃមាស រមែងចិញ្ចឹមសេ្តចដំរី ដោយដុំនៃភោជន ដ្បិតដំរីដែលព្រះរាជា ឬព្រះរាជកុមារ (គង់ហើយ) មិនតក់ស្លុត (ក្នុងសង្គ្រាម) អាចនឹងទម្លុះទម្លាយនូវក្រោះ (នៃពួកបច្ចាមិត្របាន) ។

ចំណែកនាយហត្ថាចារ្យ កាលធ្វើដំណើរទៅក្នុងរវាងផ្លូវ បានបញ្ជូនសារទៅដល់ព្រះរាជា ។ ព្រះរាជាបានបញ្ជាឲ្យគេតាក់តែងព្រះនគរ ។ នាយហត្ថាចារ្យនាំព្រះពោធិសត្វដែលប្រោះព្រំដោយរបស់ក្រអូប និងប្រដាប់តាក់តែង ចូលកាន់រោងដំរី ឲ្យគេឡោមព័ទ្ធដោយវាំងននដ៏វិចិត្រ និងឲ្យគេទៅទូលដល់ព្រះរាជា ។ ព្រះរាជាទ្រង់នាំនូវភោជនដែលរស់ដ៏លើសផ្សេងៗ យាងទៅ ញ៉ាំងឲ្យអ្នកបម្រើឲ្យដល់ព្រះពោធិសត្វ ។  ព្រះពោធិសត្វគិតថា យើងកាលវៀរចាកមាតាហើយ នឹងមិនទទួលយកនូវអាហារ ដូច្នេះហើយ ទើបមិនកាន់យកនូវដុំបាយ ។ លំដាប់នោះ ព្រះរាជាកាលនឹងអង្វរព្រះពោធិសត្វទើបត្រាស់ព្រះគថាទី ៣ ថា 

គណ្ហាហិ នាគ កពឡំ,         មា នាគ កិសកោ ភវ;
ពហូនិ រាជកិច្ចានិ,         តានិ នាគ ករិស្សសិ។

ម្នាលដំរី អ្នកចូរទទួលពំនូតភោជនចុះ ម្នាលដំរី អ្នកកុំស្គមឡើយ ម្នាលដំរី រាជកិច្ចទាំងឡាយ មានច្រើន អ្នកនឹងធ្វើនូវរាជកិច្ចទាំងនោះ ។

ព្រះពោធិសត្វស្ដាប់ពាក្យនោះហើយ ទើបពោលគាថាទី ៤ ថា

សា នូនសា កបណិកា,     អន្ធា អបរិណាយិកា;
ខាណុំ បាទេន ឃដ្ដេតិ,         គិរិំ ចណ្ឌោរណំ បតិ។

មេដំរីនោះ ជាសត្វកំព្រា ខ្វាក់ភ្នែក មិនមានគេដឹកនាំ ទង្គិចជើងនឹងដង្គត់ឈើ ហើយបែរមុខទៅរកភ្នំចណ្ឌោរណៈ ដួលនៅ ។

លំដាប់នោះ ព្រះរាជាកាលនឹងសួរ ទើបត្រាស់គាថាទី ៥ ថា 

កា នុ តេ សា មហានាគ,     អន្ធា អបរិណាយិកា;
ខាណុំ បាទេន ឃដ្ដេតិ,         គិរិំ ចណ្ឌោរណំ បតិ។

មា្នលដំរីប្រសើរ មេដំរីខ្វាក់ភ្នែក មិនមានគេដឹកនាំ ទង្គិចជើងនឹងដង្គត់ឈើ បែរមុខទៅរកភ្នំចណ្ឌោរណៈ ដួលនៅនោះ តើត្រូវជាអ្វីនឹងអ្នកឯង ។

ព្រះពោធិសត្វ ទើបពោលគាថាទី ៦ 

មាតា មេ សា មហារាជ,     អន្ធា អបរិណាយិកា;
ខាណុំ បាទេន ឃដ្ដេតិ,         គិរិំ ចណ្ឌោរណំ បតិ។

បពិត្រមហារាជ មេដំរីខ្វាក់ភ្នែក មិនមានគេដឹកនាំ ទង្គិចជើងនឹងជង្គត់ឈើ បែរមុខទៅរកភ្នំចណ្ឌោរណៈ ដួលនៅនោះ ត្រូវជាមាតារបស់ទូលព្រះបង្គំជាខ្ញុំ ។

ព្រះរាជាបានស្ដាប់នូវអត្ថនៃគាថាទី ៦ នោះហើយ កាលញ៉ាំងគេឲ្យដោះលែងព្រះពោធិសត្វ ទើបត្រាស់គាថាទី ៧ ថា 

មុញ្ចថេតំ មហានាគំ,         យោយំ ភរតិ មាតរំ;
សមេតុ មាតរា នាគោ,         សហ សព្ពេហិ ញាតិភិ។

អ្នកទាំងឡាយចូរលែង នូវដំរីប្រសើរនុ៎ះ ជាសត្វចិញ្ចឹមនូវមាតា ចូរឲ្យដំរីបានជួបជុំនឹងមាតា ព្រមទាំងញាតិទាំងពួងចុះ ។

អភិសម្ពុទ្ធគាថាទី ៨ និងទី ៩ ថា 

មុត្តោ ច ពន្ធនា នាគោ,         មុត្តមាទាយ កុញ្ជរោ;
មុហុត្តំ អស្សាសយិត្វា,         អគមា យេន បព្ពតោ។

ដំរីគ្រាន់តែរួចចាកចំណង ដែលព្រះរាជាកាសី បានបញ្ចូនទៅ សម្រាកខ្លួនតែមួយរំពេច ក៏ដើរសំដៅទៅរកភ្នំ ។

តោ សោ នឡិនិំ គន្ត្វា,         សីតំ កុញ្ជរសេវិតំ;
សោណ្ឌាយូទកមាហត្វា,     មាតរំ អភិសិញ្ចថ។

ដំរីនោះ ចេញទៅអំពីភ្នំនោះ ដើរទៅកាន់ព្រៃ ជាទីពួនសម្ងំដ៏ត្រជាក់ ដែលដំរីធ្លាប់សេព (នៅ) ហើយដងទឹក ដោយប្រមោយ យកមកស្រោចស្រពមាតា ។

បានឮថា ដំរីនោះបានរួចផុតចាកចំណងហើយ សម្រាកបន្តិច ក៏សម្ដែងធម៌ដោយ ទសរាជធម្មគាថា ដល់ព្រះរាជា និងឲ្យឱវាទថា បពិត្រមហារាជ សូមទ្រង់ចូរជាអ្នកកុំប្រមាទឡើយ ដូច្នេះហើយ កាលមហាជនបូជាដោយគ្រឿងក្រអូបនិងផ្កាកម្រងជាដើម ទើបចេញចាកព្រះនគរ ហើយទៅដល់ស្រះបទុមនោះ ។ ក្នុងខណៈនោះឯង ព្រះពោធិសត្វគិតថា យើងនឹងញ៉ាំងមាតារបស់យើង ឲ្យកាន់យកនូវអាហារហើយ ទើបនឹងកាន់យកដោយខ្លួន ដូច្នេះហើយ ទើបកាន់យកក្រអៅឈូកដ៏ច្រើន និងកាន់យកទឹកឲ្យពេញដោយប្រមោយ ហើយចេញចាកគុហាដែលជាទីពួន ទៅកាន់សម្នាក់មាតាដែលអង្គុយទៀបទ្វារគុហា ទើបស្រោចនូវទឹក ដើម្បីត្រឡប់បាននូវសម្ផស្ស លើសរីរៈរបស់មាតាដែលអត់អាហារអស់ ៧ ថ្ងៃ ។

ព្រះសាស្ដាកាលធ្វើឲ្យជាក់ច្បាស់នូវសេចក្ដីនោះ ទើបត្រាស់ព្រះគាថាទាំងឡាយ ២ នេះ ។ 
សូម្បីមាតារបស់ព្រះពោធិសត្វ កាលនឹងជេរនូវទឹកដែលធ្លាក់មកនោះ ដោយសម្គាល់ថា ភ្លៀវធ្លាក់ ដូច្នេះហើយ ទើបពោលគាថាទី ១០ ថា  
       
កោយំ អនរិយោ ទេវោ,         អកាលេនបិ វស្សតិ;
គតោ មេ អត្រជោ បុត្តោ,     យោ មយ្ហំ បរិចារកោ។

ភ្លៀងអ្វីហ្នឹងផ្តេសផ្តាស បង្អុរចុះ ពុំជួកាលសោះ កូនបង្កើតរបស់អញ ដែលជាអ្នកបម្រើអញ ទៅបាត់ហើយតើ ។

លំដាប់នោះ ព្រះពោធិសត្វកាលនឹងលួងលោមមាតា ទើបពោលគាថាទី ១១ ថា  

ឧដ្ឋេហិ អម្ម កិំ សេសិ,         អាគតោ ត្យាហមត្រជោ;
មុត្តោម្ហិ កាសិរាជេន,         វេទេហេន យសស្សិន។

បពិត្រអ្នកមេ សូមអ្នកក្រោកឡើង សម្រាន្តអ្វី ខ្ញុំជាកូនបង្កើតរបស់លោក ដែលព្រះរាជាកាសី ទ្រង់ប្រកបដោយប្រាជ្ញា មានយស បានលែងមកវិញហើយ ។

មាតាព្រះពោធិសត្វនោះ មានចិត្តត្រេកអរ កាលនឹងធ្វើនូវការអនុមោទនាដល់ព្រះរាជា ទើបពោលគាថាចុងក្រោយថា

ចិរំ ជីវតុ សោ រាជា,         កាសីនំ រដ្ឋវឌ្ឍនោ;
យោ មេ បុត្តំ បមោចេសិ,     សទា វុទ្ធាបចាយិកំ។

ព្រះរាជាណា បានលែងកូនរបស់ខ្ញុំ ជាអ្នកកោតក្រែង ចំពោះបុគ្គលចាស់សព្វ ៗ កាល សូមព្រះរាជានោះ ញ៉ាំងដែនរបស់ពួកអ្នកកាសីឲ្យចម្រើន គង់ព្រះជន្មនៅអស់កាលយូរអង្វែងចុះ ។

គ្រានោះ ព្រះរាជាកាលនឹងសរសើនូវគុណរបស់ព្រះពោធិសត្វ ទើបឲ្យគេកសាងនូវស្រុក ក្នុងទីមិនឆ្ងាយអំពីនឡិនិ (កន្លែងព្រះពោធិសត្វ) ហើយបានញ៉ាំងវត្តបដិបត្តិដែលជាប់ជានិច្ចឲ្យតម្កល់ ដល់ព្រះពោធិសត្វនិងមាតានោះ ។ ក្នុងកាលជាចំណែកខាងក្រោយ ព្រះពោធិសត្វកាលមាតាធ្វើកាលកិរិយាហើយ ទើបធ្វើនូវការរក្សាសរីរៈរបស់មាតានោះ ហើយបានទៅកាន់អាស្រមបទឈ្មោះ ការណ្ឌកៈ ។ ក្នុងទីនោះ ឥសីចំនួន ៥០០ ចុះចាកអំពីភ្នំហិមពាន្តមកនៅ ។ ព្រះពោធិសត្វបានថ្វាយវត្តបដិបត្តិនោះដល់ឥសីទាំងនោះ ។ ព្រះរាជា បានញ៉ាំងគេឲ្យកសាងនូវរូបបដិមាថ្ម ដែលដូចរូបរបស់ព្រះពោធិសត្វ និងបានញ៉ាំងនូវមហាសក្ការៈឲ្យប្រព្រឹត្តទៅ ។ អ្នករស់នៅក្នុងជម្ពូទ្វីបទាំងអស់ បានប្រជុំគ្នាជាប្រចាំឆ្នាំ ធ្វើនូវមហោស្រពឈ្មោះ ហត្ថិមហៈ (បុណ្យដំរី) ។   

ព្រះសាស្ដាបាននាំព្រះធម្មទេសនានេះមកហើយ ទ្រង់ប្រកាសសច្ចៈទាំងឡាយ និង ប្រជុំជាតក ក្នុងកាលជាទីបញ្ចប់នៃសច្ចៈ មាតុបោសកភិក្ខុ បានតាំងនៅក្នុងសោតាបត្តិផល ។ តទា រាជា អានន្ទោ អហោសិ ព្រះរាជាក្នុងកាលនោះបានមកជាអានន្ទ ។ បាបបុរិសោ ទេវទត្តោ បុរសបាប បានមកជាទេវទត្ត ។ ហត្ថាចរិយោ សារិបុត្តោ ហត្ថាចារ្យបានមកជាសារីបុត្រ ។ មាតា ហត្ថិនី មហាមាយា ដំរីជាមាតាបានមកជាព្រះនាងមហាមាយា ។  មាតុបោសកនាគោ បន អហមេវ អហោសិំ ចំណែកមាតុបោសកនាគ (ដំរីចិញ្ចឹមមាតា) គឺ តថាគត នេះឯង ។

ចប់ មាតុបោសកជាតក ៕
(ជាតកដ្ឋកថា សុត្តន្តបិដក ខុទ្ទកនិកាយ ជាតក ឯកទសកនិបាត បិដក ៥៩ ទំព័រ ២១០)
ដោយខេមរ អភិធម្មាវតារ

ដោយ៥០០០ឆ្នាំ

 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ០៣ កញ្ញា ឆ្នាំ២០២២ (អាន: ៥,៣៤៩ ដង)
ទោសការពោលនូវពាក្យញុះញង់ស៊កសៀត
ផ្សាយ : ២៧ ធ្នូ ឆ្នាំ២០២៣ (អាន: ២២,១៨០ ដង)
គុណ​នៃ​ការ​រក្សា​ឧបោសថសីល តាំង​ពី​ក្មេង​ដរាប​ដល់​ចាស់
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
CPU Usage: 2.31
បិទ
ទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ABA 000 185 807
   ✿ សម្រាប់ឆ្នាំ២០២៤ ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំជាប្រចាំឆ្នាំ ឬប្រចាំខែ  ដើម្បីគេហទំព័រ៥០០០ឆ្នាំយើងខ្ញុំមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយតទៅ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987  ✿✿✿