30
ថ្ងៃ អង្គារ ទី ១៩ ខែ មីនា ឆ្នាំថោះ បញ្ច​ស័ក, ព.ស.​២៥៦៧  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច






ការជូនដំណឹង
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (កំពង់ឆ្នាំង)
ទីតាំងៈ ខេត្តកំពង់ឆ្នាំង
ម៉ោងផ្សាយៈ ២៤ម៉ោង
មើលច្រើនទៀត​
ទិន្នន័យសរុបការចុចលើ៥០០០ឆ្នាំ
ថ្ងៃនេះ ៦៦,២៨១
Today
ថ្ងៃម្សិលមិញ ១៩៥,៩៥៥
ខែនេះ ៤,៤១៦,០០១
សរុប ៣៨៣,៧០២,៦៩៤
អានអត្ថបទ
ផ្សាយ : ០៥ មីនា ឆ្នាំ២០២៤ (អាន: ៤,៧៧៦ ដង)

ចក្កវាកជាតក



 

ព្រះសាស្ដាកាលស្ដេចគង់នៅវត្តជេតពន ទ្រង់ប្រារព្ធលោលភិក្ខុ (ភិក្ខុល្មោភ) មួយរូប បានត្រាស់ព្រះធម្មទេសនានេះ មានពាក្យថា កាសាយវត្ថេ ដូច្នេះជាដើម ។ បានឮថា ភិក្ខុនោះជាមនុស្សល្មោភ ជាប់ជំពាក់ក្នុងបច្ច័យ លះបង់វត្តទាំងឡាយមានអាចរិយវត្ត និងឧបជ្ឈាយវត្តជាដើម ក្នុងពេលព្រឹក លោកចូលទៅកាន់ក្រុងសាវត្ថី ផឹកយាគូដែលមានខាទនីយៈជាច្រើនជាបរិវារ ក្នុងផ្ទះឧបាសិកាវិសាខា សូម្បីឆាន់បាយស្រូវសាលីដែលមានសាច់និងរសផ្សេងៗហើយ នៅតែមិនឆ្អែត បន្ទាប់មក ក៏សំដៅទៅនិវេសន៍របស់ជនទាំងឡាយ គឺ ចូឡអនាថបណ្ឌិកសេដ្ឋី មហាអនាថបិណ្ឌិកសេដ្ឋី និងព្រះបាទកោសល ទៀត ។  

ថ្ងៃមួយ ភិក្ខុទាំងឡាយប្រារព្ធភាពល្មោភរបស់ភិក្ខុនោះ បានញ៉ាំងកថាឲ្យតាំងឡើង ក្នុងធម្មសភា ។ ព្រះសាស្ដាយាងមកហើយត្រាស់សួរថា ម្នាលភិក្ខុទាំងឡាយ អម្បាញ់មិញនេះ អ្នកទាំងឡាយអង្គុយប្រជុំសន្ទានគ្នាដោយរឿងអ្វី ? កាលពួកភិក្ខុទូលថា ដោយរឿងឈ្មោះនេះ ទើបទ្រង់ត្រាស់ឲ្យហៅភិក្ខុនោះមក ហើយសួរលោកថា ម្នាលភិក្ខុ បានឮថា អ្នកជាមនុស្សល្មោភឬ ? កាលភិក្ខុនោះទូលថា ពិតមែងហើយព្រះអង្គ ព្រះសាស្ដាត្រាស់ថា ម្នាលភិក្ខុ ព្រោះហេតុអ្វី អ្នកទើបជាមនុស្សល្មោភ  សូម្បីកាលមុន ព្រោះភាពល្មោភ អ្នកបានត្រាច់បរិភោគសាកសពដំរី ក្នុងក្រុងពារាណសី ដោយការមិនឆ្អែតនឹងសាកសពដំរីនោះ អ្នកបានចេញអំពីទីនោះ ត្រាច់ដល់ច្រាំងទន្លេគង្គាហើយចូលកាន់ព្រៃហិមពាន្ត ដូច្នេះហើយ ទ្រង់នាំអតីតនិទានមកថា ៖

ក្នុងអតីតកាល កាលព្រះបាទព្រហ្មទត្តសោយរាជសម្បត្តិក្នុងនគរពារាណសី មានក្អែកល្មោភមួយត្រាច់ស៊ីសាកសពដំរីជាដើម ក្នុងក្រុងពារាណសី កាលមិនឆ្អែតដោយសាកសពដំរីនោះ ក៏គិតថា យើងនឹងស៊ីត្រីងាប់នៅនឹងច្រាំងទន្លេគង្គា ដូច្នេះទើបហើរទៅ កាលស៊ីត្រីងាប់ក្នុងទីនោះ បានស្នាក់នៅអស់ពីរបីថ្ងៃ ហើយចូលទៅកាន់ព្រៃហិមពាន្ត រួចស៊ីផលាផលផ្សេងៗ និងទៅដល់ស្រះបទុមដែលមានត្រីនិងអណ្ដើកច្រើន ក៏បានឃើញសត្វ ចាក្រ​ពាក ​(សត្វប្រវឹក, ព្រវែក) ២ ពណ៌ដូចមាស កំពុងតែស៊ីសារាយនៅក្នុងស្រះនោះ ហើយគិតថា សត្វទាំងនេះដល់ព្រមដោយពណ៌សម្បុរដ៏ស្អាតយ៉ាងក្រៃលែង  ភោជនរបស់សត្វទាំងនេះ នឹងជាទីពេញចិត្ត យើងសួរពីភោជនរបស់សត្វទាំងនេះហើយ សូម្បីយើងបរិភោគភោជននោះហើយ នឹងមានពណ៌ដូចមាសដែរ គិតយ៉ាងនេះហើយ ក្អែកហើរទៅកាន់សម្នាក់សត្វចាក្រពាកទាំងនោះ ធ្វើបដិសណ្ឋារៈ រួចទំលើទីបំផុតមែកឈើមួយ កាលពោលពាក្យដែលប្រកបដោយការសរសើរសត្វចាក្រពាកទាំងនោះ ទើបពោលគាថាទី ១ ថា    
                    
កាសាយវត្ថេ សកុណេ វទាមិ, ទុវេ ទុវេ នន្ទមនេ ចរន្តេ;
កំ អណ្ឌជំ អណ្ឌជា មានុសេសុ, ជាតិំ បសំសន្តិ តទិង្ឃ ព្រូថ។

ខ្ញុំសូមសួរនូវពួកសត្វបក្សី មានសម្បុរដូចសំពត់ ដែលជ្រលក់ដោយទឹកអម្ចត់ ជាសត្វមានចិត្តរីករាយ ត្រាច់ទៅទាំងគូ ៗ ពួកកំណើតជាអណ្ឌជៈ (បក្សី) តែងសរសើរនូវកំណើតអណ្ឌជៈ​ណា ​ក្នុងបណ្ដាមនុស្សទាំងឡាយ អ្នកចូរពោលនូវហេតុនោះ មកមើល ។
    
ពាក្យថា មានសម្បុរដូចសំពត់ ដែលជ្រលក់ដោយទឹកអម្ចត់ សេចក្ដីថា មានពណ៌ដូចសំពត់កាសាយៈពណ៌មាស ។ ពាក្យថា ពួកកំណើតជាអណ្ឌជៈ (បក្សី) តែងសរសើរនូវកំណើតអណ្ឌជៈណា ក្នុងមនុស្សទាំងឡាយ សេចក្ដីថា នែអ្នកដ៏ចម្រើន ពួកអណ្ឌជៈទាំងឡាយកាលសរសើរពួកលោក ក្នុងមនុស្សទាំងឡាយ តែងពោលថា លោកជាអណ្ឌជៈអ្វី ឈ្មោះថា មានកំណើតអ្វី អធិប្បាយថា រមែងសរសើរពួកលោកក្នុងរវាងមនុស្សទាំងឡាយថា លោកជាបក្សីមានឈ្មោះអ្វី ។ បាលីថា កំ អណ្ឌជំ អណ្ឌជមានុសេសុ ដូច្នេះក៏មាន ។ ពាក្យនោះមានសេចក្ដីថា បក្សីទាំងឡាយរមែងពោលសរសើរថា ពួកលោកជាអណ្ឌជៈអ្វី ក្នុងបណ្ដាអណ្ឌជៈ និងមនុស្សទាំងឡាយ ។
    
សត្វចាក្រពាកស្ដាប់ពាក្យនោះហើយ ក៏ពោលគាថាទី ២ ថា       
អម្ហេ មនុស្សេសុ មនុស្សហិំស, អនុព្ពតេ ចក្កវាកេ វទន្តិ;
កល្យាណភាវម្ហេ ទិជេសុ សម្មតា, អភិរូបា វិចរាម អណ្ណវេ។

ម្នាលក្អែក ជាសត្វបៀតបៀនមនុស្ស ពួកគេតែងពោលសរសើរយើងជាចាក្រពាកថា ជាសត្វប្រព្រឹត្តសមគួរ ក្នុងចំណោមនៃមនុស្សទាំងឡាយ ទាំងគេបានសន្មតយើងថា ជាសត្វមានភាពល្អ ក្នុងចំណោមនៃសត្វស្លាបទាំងឡាយ (ពួកយើងមានសភាពជាសត្វឥតភ័យ ត្រាច់ទៅផ្សេង ៗ ក្នុងស្រះឈូក) ពួកយើងមិនធ្វើបាប ព្រោះហេតុតែចំណីឡើយ ។

ក្អែកស្ដាប់ពាក្យនោះហើយ ពោលគាថាទី ៣ ថា
កិំ អណ្ណវេ កានិ ផលានិ ភុញ្ជេ, មំសំ កុតោ ខាទថ ចក្កវាកា;
កិំ ភោជនំ ភុញ្ជថ វោ អនោមា, ពលញ្ច វណ្ណោ ច អនប្បរូបា។

ម្នាលចាក្រពាកទាំងឡាយ ជាអ្នកមិនថោកទាប អ្នកទាំងឡាយបរិភោគផ្លែឈើអ្វី ទំពាស៊ីសាច់អ្វី បរិភោគភោជនអ្វីក្នុងស្រះ បានជាកម្លាំង និងសម្បុរ មានសភាពមិនតិច ។

លំដាប់នោះ ចាក្រពាកពោលគាថាទី ៤ ថា
ន អណ្ណវេ សន្តិ ផលានិ ធង្ក, មំសំ កុតោ ខាទិតុំ ចក្កវាកេ;
សេវាលភក្ខម្ហ អបាណភោជនា, ន ឃាសហេតូបិ ករោម បាបំ។

ម្នាលក្អែក ផ្លែឈើទាំងឡាយ មិនមានក្នុងស្រះទេ ពួកចាក្រពាកបានសាច់បរិភោគអំពីណា ពួកយើងជាអ្នកបរិភោគសារាយ បរិភោគតែទឹកមិនល្អក់ (ពួកយើងមិនធ្វើបាប ព្រោះហេតុតែចំណីឡើយ) ពួកយើងមានសភាពជាអ្នកឥតភ័យ ត្រាច់ទៅផ្សេង ៗ ក្នុងស្រះ ។

បន្ទាប់មក ក្អែកពោល ២ គាថា ថា
ន មេ ឥទំ រុច្ចតិ ចក្កវាក, អស្មិំ ភវេ ភោជនសន្និកាសោ;
អហោសិ បុព្ពេ តតោ មេ អញ្ញថា, ឥច្ចេវ មេ វិមតិ ឯត្ថ ជាតា។

ម្នាលចាក្រពាក ភោជននេះ មិនគាប់ចិត្តយើងទេ ខ្លួនអ្នកមានសភាពប្រហែលនឹងភោជនក្នុងលំនៅនេះ កាលដើមខ្ញុំមានសេចក្តីត្រិះរិះ (យ៉ាងនេះ) ខាងក្រោយមក ខ្ញុំមាន   សេចក្តីត្រិះរិះផ្សេង សេចក្តីសង្ស័យរបស់ខ្ញុំ ក៏កើតមានក្នុងហេតុនុ៎ះ ដោយប្រការដូច្នេះឯង ។

អហម្បិ មំសានិ ផលានិ ភុញ្ជេ, អន្នានិ ច លោណិយតេលិយានិ;
រសំ មនុស្សេសុ លភាមិ ភោត្តុំ, សូរោវ សង្គាមមុខំ វិជេត្វា;
ន ច មេ តាទិសោ វណ្ណោ, ចក្កវាក យថា តវ។

ឯខ្លួនយើង តែងបានបរិភោគសាច់ និងផ្លែឈើទាំងឡាយផង នូវចំណីអាហារដែលលាយអំបិល និងប្រេងទាំងឡាយផង ខ្លួនយើងតែងបានបរិភោគនូវរស ក្នុងពួកមនុស្ស ដូចបុគ្គលក្លៀវក្លាបានឈ្នះនូវប្រធាននៃសង្គ្រាម ម្នាលចាក្រពាក ឯសម្បុររបស់ខ្ញុំ មិនដូចជាសម្បុររបស់អ្នកទេ ។

ពេលនោះ ចាក្រពាកកាលនឹងពោលហេតុនៃភាវៈមិនមានវណ្ណសម្បត្តិរបស់ក្អែកនោះ និងហេតុនៃភាវៈរបស់ខ្លួន ទើបពោលគាថាដ៏សេសថា 
អសុទ្ធភក្ខោសិ ខណានុបាតី, កិច្ឆេន តេ លព្ភតិ អន្នបានំ;
ន តុស្សសី រុក្ខផលេហិ ធង្ក, មំសានិ វា យានិ សុសានមជ្ឈេ។

អ្នកជាសត្វមានអាហារមិនស្អាត តែងលបឆក់ក្នុងខណៈ (ដែលគេធ្វេសប្រហែល) អ្នកឯងតែងបាននូវចំណីអាហារ និងទឹកផឹកដោយលំបាក ម្នាលក្អែក អ្នកឯងមិនត្រេកអរដោយផ្លែឈើទាំងឡាយ មួយទៀត សាច់ទាំងឡាយណា ដែលមាននៅក្នុងកណ្តាលនៃព្រៃស្មសាន អ្នកមិនត្រេកអរនឹងសាច់នោះឡើយ ។

យោ សាហសេន អធិគម្ម ភោគេ, បរិភុញ្ជតិ ធង្ក ខណានុបាតី;
តតោ ឧបក្កោសតិ នំ សភាវោ, ឧបក្កុដ្ឋោ វណ្ណពលំ ជហាតិ។

ម្នាលក្អែក បុគ្គលណាជាអ្នកលបឆក់ ក្នុងខណៈ (ដែលគេធ្វេសប្រហែស) បាននូវ   ភោគៈទាំងឡាយ ដោយអំពើដ៏អាក្រក់ ហើយបរិភោគ ដល់មកខាងក្រោយ អ្នកផងនឹងតិះដៀលបុគ្គលនោះ បុគ្គលដែលត្រូវគេតិះដៀលនោះ រមែងសាបសូន្យចាកសម្បុរ និងកម្លាំង ។

អប្បម្បិ ចេ និព្ពុតិំ ភុញ្ជតី យទិ, អសាហសេន អបរូបឃាតី;
ពលញ្ច វណ្ណោ ច តទស្ស ហោតិ, ន ហិ សព្ពោ អាហារមយេន វណ្ណោ។

បុគ្គលបើទុកជាបរិភោគរបស់ត្រជាក់ (ឥតទោស) សូម្បីតិចតួចតែជាអ្នកមិនបៀតបៀនជនដទៃ ដោយអំពើអាក្រក់ កម្លាំង និងសម្បុរ រមែងកើតមាន ដល់បុគ្គលនោះ ព្រោះថា សម្បុរទាំងអស់ មិនមែនសុទ្ធតែសម្រេចមក អំពីអាហារទេ ។

ពាក្យថា សម្បុរទាំងអស់ មិនមែនសុទ្ធតែសម្រេចមក អំពីអាហារទេ សេចក្ដីថា នែក្អែក ឈ្មោះថា សម្បុររមែងមានសមុដ្ឋាន ៤ សម្បុរនោះមិនមែនសម្រេចដោយអាហារតែម្យ៉ាងទេ គឺរមែងសម្រេចសូម្បីដោយ ឧតុ ចិត្ត និង កម្ម ដែរ ។

ចាក្រពាកបានតិះដៀលក្អែកដោយបរិយាយដ៏ច្រើនយ៉ាងនេះ ។ ក្អែកអៀនខ្មាសហើយគិតថា យើងមិនត្រូវការដោយសម្បុររបស់អ្នក ហើយស្រែកឡើងថា កា កា រួចហើរចេញទៅ ។

ព្រះសាស្ដានាំព្រះធម្មទេសនានេះមកហើយ ទ្រង់ប្រកាសសច្ចធម៌ និងប្រជុំជាតក ក្នុងកាលជាទីបញ្ចប់នៃសច្ចធម៌ លោលភិក្ខុបានតាំងនៅក្នុងអនាគាមិផល ។ តទា កាកោ លោលភិក្ខុ អហោសិ ក្អែកក្នុងកាលនោះ បានមកជាលោលភិក្ខុ ចក្កវាកី រាហុលមាតា ចាក្រពាកញីបានមកជារាហុលមាតា ចក្កវាកោ បន អហមេវ អហោសិំ ចំណែកចាក្រពាកឈ្មោល គឺ តថាគតនេះឯង ។    ចក្កវាកជាតក ចប់ ។


(ជាតកដ្ឋកថា សុត្តន្តបិដក ខុទ្ទកនិកាយ ជាតក នវកនិបាត បិដកលេខ ៥៩ ទំព័រ ១៥០)
ថ្ងៃសុក្រ ៦ កើត ខែស្រាពណ៍ ឆ្នាំច សំរិទ្ធិស័ក ច.ស. ១៣៨០ ម.ស. ១៩៤០
ថ្ងៃទី ១៧ ខែ សីហា ព.ស. ២៥៦២ គ.ស.២០១៨
ដោយស.ដ.វ.ថ

 

ដោយ៥០០០ឆ្នាំ
 
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ០៥ កញ្ញា ឆ្នាំ២០១៩ (អាន: ៥៦,២០២ ដង)
និយាយ​ពាក្យ​ពិត គង់​បាន​ទៅ​កើត​ក្នុង​ស្ថាន​ទេវលោក
ផ្សាយ : ០៤ ឧសភា ឆ្នាំ២០២០ (អាន: ២៤,៥០៨ ដង)
ប្រវត្តិព្រះនន្ទឯតទគ្គភិក្ខុផ្នែកខាងការសង្រួមឥន្ទ្រីយ៍
ផ្សាយ : ០៤ ឧសភា ឆ្នាំ២០២០ (អាន: ៥១,៦២៥ ដង)
សត្វសេកចម្រើនសតិប្បដ្ឋាន
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
CPU Usage: 1.35
បិទ
ទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ABA 000 185 807
   ✿ សម្រាប់ឆ្នាំ២០២៤ ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំជាប្រចាំឆ្នាំ ឬប្រចាំខែ  ដើម្បីគេហទំព័រ៥០០០ឆ្នាំយើងខ្ញុំមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយតទៅ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987  ✿✿✿