30
ថ្ងៃ សុក្រ ទី ២៩ ខែ មីនា ឆ្នាំថោះ បញ្ច​ស័ក, ព.ស.​២៥៦៧  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច






ការជូនដំណឹង
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុមង្គលបញ្ញា
ទីតាំងៈ កំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ទិន្នន័យសរុបការចុចលើ៥០០០ឆ្នាំ
ថ្ងៃនេះ ៦០,៤៨៧
Today
ថ្ងៃម្សិលមិញ ១៨០,១៣៣
ខែនេះ ៦,២៣៨,៤២១
សរុប ៣៨៥,៥២៥,១១៤
អានអត្ថបទ
ផ្សាយ : ០៦ កញ្ញា ឆ្នាំ២០២១ (អាន: ២៩,៤៤៨ ដង)

សម្ដេច​ព្រះ​មហា​សុមេធាធិបតី ជួន ណាត



ស្តាប់សំឡេង
 

សម្ដេច​ព្រះ​មហា​សុមេធាធិបតី ជួន ណាត (ជោតញ្ញាណោ) សម្ដេច​ព្រះ​សង្ឃ​រាជ​ថ្នាក់​ទី​១ នៃ​គណៈ​មហា​និកាយ (ប្រសូត ១១ មីនា ព.ស.​២៤២៧/គ.ស.​១៨៨៣ សុគត ២៥ កញ្ញា ព.ស.​២៥១៣/គ.ស.​១៩៦៩) ជា​សម្ដេច​ព្រះ​សង្ឃ​រាជ​អង្គ​ទី​៤ នៃ​គណៈ​មហានិកាយ នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា។ ទ្រង់​កាន់​តំណែង​ពី​ព.ស.​២៤៩២ ដល់ ព.ស.​២៥១៣ ក្នុង​រជ្ជ​សម័យ​ព្រះ​បាទ​សម្ដេច​ព្រះនរោត្ដម សីហនុ។

ជាតិ​បរិច្ឆេទ (កំណត់​អំពី​ជាតិ)
សម្ដេច​ព្រះសង្ឃរាជ ទ្រង់​ប្រសូត​នៅ​ថ្ងៃ​អង្គារ ១១​រោច ខែ​ផល្គុន ឆ្នាំ​វក ឆ​ស័ក ព.ស.​២៤២៧ គឺ​ថ្ងៃ​ទី​១១ ខែ មីនា គ.ស.​១៨៨៣ នៅ​ភូមិ​កំរៀង សង្កាត់​រកា​កោះ ស្រុក​គង​ពិសី ខេត្ត​កំពង់​ស្ពឺ។ សម្ដេច​មាន​ព្រះជាតិ​ក្នុង​ត្រកូល​កសិករ ព្រះ​មាតា​នៃ​សម្ដេច​នាម យក់ ព្រះ​បិតា​នាម ព្រហ្ម ជួន។ គ្រួសារ​នេះ​មាន​បុត្រ​តែ​ពីរ​នាក់​គឺ អង្គ​សម្ដេច​ព្រះសង្ឃរាជ និង​លោក​ឧកញ៉ា​សោភណ្ឌ​មន្ត្រី ជួន នុត ជា​ព្រះ​អនុជ​នៃ សម្ដេច​ព្រះសង្ឃ​រាជ។

កុមារ​បរិច្ឆេទ (កំណត់​អំពី​ភាព​នៃ​កុមារ)
សម្ដេច​កាល​ឋិត​នៅ​ក្នុង​កុមារ​ភាព មាន​ព្រះជន្មាយុ​រវាង​១២​ឆ្នាំ ព្រះ​មាតា​បិតា​បាន​នាំ​យក​ទៅ​ផ្ទុកផ្ដាក់​ឲ្យ​រៀន​សូត្រ​អក្សរ​សាស្ត្រ​របស់​ជាតិ​ក្នុង​សំណាក់​លោក​គ្រូ​សូត្រ​ស្ដាំ​នាម កែ​វ ម៉ន វត្ត​ពោធិ​ព្រឹក្ស ហៅ​វត្ត​ពោល្យំ សង្កាត់​រលាំងកែន ស្រុក​កណ្ដាល​ស្ទឹង ខេត្ត​កណ្ដាល។

បព្វជ្ជា​បរិច្ឆេទ (កំណត់​អំពី​បព្វជ្ជា)
លុះ​សម្ដេច​មាន​ព្រះជន្មាយុ​១៤​ឆ្នាំ បាន​បួស​ជា​សាមណេរ ក្នុង​ថ្ងៃ​១៥​កើត ខែ​ពិសាខ ឆ្នាំ​ច សំរឹទ្ធិ​ស័ក ព.ស.​២៤៤១ គ.ស.​១៨៩៧ នៅ​បំពេញ​កិច្ច​សិក្សា​នា​វត្ត​ពោធិ​ព្រឹក្ស អស់​រយៈ​កាល​ពីរ​ឆ្នាំ ទើប​ចេញ​អំពី​វត្ត​ពោធិ​ព្រឹក្ស​ទៅ​រៀន​សូត្រ​ព្រះ​បរិយត្តិ​ធម៌ ឯ​វត្ត​ឧណ្ណាលោម ក្រុង​ភ្នំពេញ ក្នុង​សំណាក់​ព្រះ​ពុទ្ធ​គ្រូ ទេព សោ នា​កុដិ​ថែវ​ប្រប​កំពែង​ខាង​ជើង​ក្នុង​កាល​ព.ស.​២៤៤៣ គ.ស.​១៨៩៩។

ឧប្បសម្បទា​បរិច្ឆេទ (កំណត់​អំពី​ឧបសម្បទា)
សម្ដេច លុះ​បាន​ព្រះជន្មាយុ​គម្រប់​២១​ព្រះវ​ស្សា​បាន​ទ្រង់​និមន្ត​ត្រឡប់​ទៅ​សូម​ឧបសម្បទា​ជា​ភិក្ខុ ក្នុង​វត្ត​ពោធិ​ព្រឹក្ស​ដែល​ជា​វត្ត​ដើម​វិញ ដោយ​មាន​ព្រះ​តេជ​ព្រះ​គុណ ព្រះ​ពុទ្ធ​ឃោសាចារ្យ ម៉ា កេត សុវណ្ណប្បញ្ញោ​ជា​ព្រះ​ឧបជ្ឈាយ៍ កាល​លោក​នៅ​ជា​​ចៅ​អធិការ​វត្ត​ពោធិ​ព្រឹក្ស​មាន​ព្រះតេជ​ព្រះគុណ កែ ម៉ន មិស្សនាគោ ជា​គ្រូ​សូត្រ​ស្ដាំ និង​ព្រះតេជ​ព្រះគុណ អ៊ឹម ខឹម តិក្ខប្បញ្ញោ ជា​គ្រូ​សូត្រ​ឆ្វេង សូត្រ​បំពេញ​កិច្ច​ឧបសម្បទា​នៅ​ថ្ងៃ​១៤​កើត ខែ​ជេស្ឋ ឆ្នាំ​រោង ឆស័ក ព.ស.​២៤៤៨ គ.ស.​១៩០៤។ សម្ដេច​​ទ្រង់​ទទួល​ព្រះនាម​ប្បញ្ញត្តិ​ថា ជោតញ្ញាណោ លុះ​ទ្រង់​បំពេញ​ឧបសម្បទា​ជា​ភិក្ខុភាព​រួច​ហើយ ទ្រង់​ក៏​និមន្ត​ត្រឡប់​មក​គង់​នៅ​វត្ត​ឧណ្ណាលោម ទទួល​ការ​សិក្សា​គន្ថធុរៈ​វិញ​ទៀត។ អត្ថបទជាអក្សរដិត

បរិយត្តិ​បរិច្ឆេទ (កំណត់​អំពី​ការ​សិក្សា)
សម្ដេច​ព្រះសង្ឃ​រាជ មាន​សេចក្ដី​ព្យាយាម​ប្រកប​ដោយ​ថាមពល​ដ៏​ក្លៀវក្លា​ក្នុង​ការ​សិក្សា ទាំង​ផ្នែក​ភាសាបាលី ទាំង​ផ្នែក​ភាសា​ឯ​ទៀត​ៗ មាន​ភាសាបារាំង​ជាដើម។ ការ​សិក្សា​របស់​សម្ដេច​ព្រះសង្ឃរាជ មាន​ជោគ​ជ័យ​ប្រសើរ​ណាស់ ឃើញ​មាន​តែ​សម្ដេច​សង្ឃរាជ​ដែល​រៀន​ចម្រើន​លូតលាស់ មាន​ល្បឿន​ឈ្នះ​លោក​ឯ​ទៀត​ៗ។ សម្ដេច​ចាប់​រៀន​ដំបូង​មេសូត្រ ប្រែ​មូលកច្ចាយនៈ និង​គម្ពីរ​ធម្មបទ​អំពី​ព្រះពុទ្ធ​ឃោសាចារ្យ​ព្រះនាម ម៉ា កេត ដែល​ជា​ព្រះ​ឧបជ្ឈាយ៍ នៃ​សម្ដេច​ព្រះសង្ឃរាជ។

សម្ដេច​ព្រះសង្ឃរាជ ដែល​ទ្រង់​ចាប់​រៀន​វិជ្ជា​ណា​មួយ មាន​វិជ្ជា​បាលី​ជា​ដើម គឺ​រៀន​ដោយ​យក​ព្រះទ័យ​ទុក​ដាក់ ខិតខំ​ប្រឹង​ប្រែង ឥត​មាន​បន្ធូរ​បន្ថយ​ក្នុង​ការ​សិក្សា​នោះ​ឡើយ។

សម្ដេច​ទ្រង់​ទទួល​ការ​សិក្សា​នោះ​គឺ សិក្សា​ដោយ​ឆន្ទៈ​ដ៏​មាន​កម្លាំង​មែន​ទែន ពុំ​មែន​សិក្សា​វិជ្ជា​ណា​មួយ​ដោយ​លេង​ៗ ទេ។ វិជ្ជា​ខាង​ភាសាបាលី ភាសាសំស្ក្រឹត និង​ភាសាបារាំង សុទ្ធ​តែ​វិជ្ជា​ដែល​ប្រដាប់​ដោយ​វេយ្យាករណ៍​ហ្មត់ចត់ ជ្រាលជ្រៅ​លំបាក​រៀន លំបាក​យល់​ជាទី​បំផុត ប៉ុន្តែ​សម្ដេច​អាច​រៀន អាច​យល់​ច្បាស់លាស់ ដោយ​ឆាប់​រហ័ស​គួរ​ឲ្យ​កោត​សរសើរ​ពន់​ពេក​ណាស់។

សម្ដេច​ទ្រង់​ចេះ​ដឹង​យល់​ធ្លុះធ្លាយ​ចំពោះ​វេយ្យាករណ៍​គ្រប់​ភាសា ដែល​សម្ដេច​បាន​រៀន មាន​វេយ្យាករណ៍​បាលីសំស្ក្រឹត​ជាដើម ទាំង​អក្សរសាស្ត្រ​របស់​ជាតិ និង​ពាក្យ​ពេចន៍​ក្នុង​ផ្នែក​វប្បធម៌​បុរាណ​ក៏​សម្ដេច​ចេះ​ចាំ​យល់​ហេតុ​ផល​ជា​ច្រើន​ណាស់។ ភាសាសៀម ភាសាលាវ និង​ភាសាបារាំង ដែល​សម្ដេច​បាន​រៀន អាច​និយាយ​ប្រាស្រ័យ​ទាក់ទង​នឹង​ជនជាតិ​សៀម ជាតិ​លាវ និង​ជាតិ​បារាំង​បាន។ សម្ដេច​ឈ្លាសវៃ​ប្រសព្វ​យក​តម្រាប់​តាម​សំឡេង​ភាសា​ជាតិ​ដទៃ​ៗ​ឲ្យ​ស្រដៀង ឬ​ដូច​ភាសា​ជាតិ​ដទៃ​បាន។ ភាសាអង់គ្លេស និង​ភាសា​វៀតណាម ក៏​សម្ដេច​បាន​រៀន អាច​មើល សរសេរ​និយាយ ប្រាស្រ័យ​បាន​ច្រើន​ដែរ។

ក្នុង​សម័យ​ដែល​សម្ដេច​កំពុង​សិក្សា​វិជ្ជា​ខាង​បាលី​ក្នុង​រវាង​គ.ស.​១៩១០ ឃើញ​ថា​សម្ដេច​មាន​ព្រះ​កិត្តិស័ព្ទ​ល្បី​ថា​ ជា​ព្រះថេរៈ ស្ទាត់​ជំនាញ​ពូកែ​ខាង​ភាសាបាលី អាច​និយាយ​ភាសាបាលី​បាន​ជាង​ភិក្ខុ សាមណេរ​ឯ​ទៀត ដែល​រៀន​ជាមួយ​គ្នា​ក្នុង​សម័យ​នោះ។

នៅ​ព.ស.​២៤៥៧ គ.ស.​១៩១៣ សម្ដេច​ទ្រង់​បាន​ចូល​ប្រឡង​ដេញ​ប្រយោគ​ក្នុង​ព្រះ​ឧបោសថ​រតនារាម វិហារ​ព្រះ​កែវ​មរកត ចំពោះ​ព្រះភ័ក្ត្រ​ព្រះ​ករុណា​ព្រះបាទ​សម្ដេច​ព្រះ​ស៊ីសុវត្ថិ​បាន​៤​ប្រយោគ ដែល​ជា​ប្រយោគ​ជាន់​ខ្ពស់​បំផុត​ក្នុង​សម័យ​នោះ។

ព.ស.​២៤៥៩ គ.ស.​១៩១៥ សម្ដេច​ទ្រង់​បាន​ប្រឡង​ជាប់​លេខ​២ បាន​ទទួល​ការ​តែង​តាំង​ជា​សាស្ត្រាចារ្យ​នៅ​សាលាបាលីជាន់ខ្ពស់ ដែល​សព្វ​ថ្ងៃ​មាន​ឈ្មោះ​ជា​ពុទ្ធិកវិទ្យាល័យសុរាម្រឹត។

ក្រៅ​ពី​ភាសាខ្មែរ ដែល​សម្ដេច​ទ្រង់​បាន​ស្រាវជ្រាវ​យល់​ឫស​គល់​ពិត​ប្រាកដ សម្ដេច​បាន​សិក្សា​ភាសាបាលី អាច​អាន ឬ​សន្ទនា​តាម​សំនៀង​ជាតិ​បរទេស​បាន​ទាំង​អស់ គឺ​សំនៀងលង្កា ភូមា មន សៀម និង​លាវ ឥត​មាន​ទើស​ទាក់់​ភ្លាំង​ភ្លាត់​ឡើយ។

ព.ស.​២៤៦៦ និង​២៤៦៧ គ.ស.​១៩២២ និង​១៩២៣ សម្ដេច​កាល​នៅ​ជា​ព្រះ​គ្រូ​សង្ឃសត្ថា (ជាមួយ​នឹង​សម្ដេច​ព្រះពោធិវ័ង្ស ហួត តាត វជិរប្បញ្ញោ កាល​នៅ​ជា​ព្រះ​គ្រូ​សង្ឃ​វិជ្ជា) បាន​ធ្វើ​ជា​សមណៈ​សិស្ស និមន្ត​ទៅ​បំពេញ​វិជ្ជា​ខាង​ភាសាសំស្ក្រឹត និង​អក្សរ​សិលា​ចារឹក​ជាដើម នៅ​សាលាបារាំងសែសចុងបូព៌ាប្រទេស នា​ក្រុង​ហាណូយ (វៀតណាម​ខាង​ជើង) ក្នុង​សំណាក់​លោក ល្វី ហ្វឺណូត៍ (L. Finot) ជាតិ​បារាំង​សេស ជា​ចាងហ្វាង​សាលា​នេះ។

បេសកកម្ម​បរិច្ឆេទ (កំណត់​អំពី​ការ​ទទួល​បម្រើ​កិច្ចការ)
ព.ស.​២៤៦៣ គ.ស.​១៩១៩ សម្ដេច​ទ្រង់​បាន​ធ្វើ​ជា​សមាជិក​នៃ​ក្រុម​ជំនុំ​តែង​វចនានុក្រម​ខ្មែរ ដែល​ទ្រង់​ជា​លេខាធិការ កាន់​កិច្ចការ​ផ្ទាល់ លុះ​ត្រា​បាន​ចប់​ចុង​ចប់​ដើម។

ព.ស.​២៤៦៩ គ.ស.​១៩២៥ សម្ដេច​បាន​ធ្វើ​ជា​សមាជិក នៃ​ក្រុម​ជំនុំ​ពិនិត្យ​អក្ខរាវិរុទ្ធ​នៃ​សៀវភៅ​នានា ដែល​សាលា​បាលី​ជាន់​ខ្ពស់ បោះពុម្ព​ផ្សាយ។

ព.ស.​២៤៧០ គ.ស.​១៩២៦ ត​មក​ជា​ច្រើន​ឆ្នាំ សម្ដេច​បាន​ទទួល​ការ​តែងតាំង​ជា​មេ​ប្រយោគ ក្នុង​ការ​ប្រឡង​យក​វិញ្ញាបនប័ត្រ​បឋម​សិក្សា​ខ្មែរ និង​ការ​ប្រឡង​យក​សញ្ញាប័ត្រ​បឋម​សិក្សា​ជាន់​ខ្ពស់ បារាំង-ខ្មែរ​ នៅ​ក្រុង​ភ្នំពេញ។

ព.ស.​២៤៧១ គ.ស.​១៩២៧ សម្ដេច​ទ្រង់​បាន​ទទួល​ការ​តែង​តាំង​ជា​សមាជិក នៃ​ក្រុម​ជំនុំ​ផ្ទៀង​សម្រេច​ខាង​វចនានុក្រម​ខ្មែរ ហើយ​សម្ដេច​ទ្រង់​បាន​ទទួល​ភារៈ​ធ្វើ​វចនានុក្រម តែ​មួយ​ព្រះអង្គ​ឯង ដរាប​ដល់​បាន​ចប់​សព្វ​គ្រប់ បាន​បោះពុម្ព​ផ្សាយ​ទាំង​ភាគ១​ភាគ​២ បាន​៥​គ្រា​ហើយ។

ក្នុង​ឆ្នាំ​ដដែល​នេះ សម្ដេច​ទ្រង់​បាន​ទទួល​ការ​តែងតាំង​ជា សមាជិក​នៃ​ក្រុម​អភិបាល​ជំនុំ​ផ្ដាច់​ឆ្នាំ សម្រាប់​បណ្ណាល័យ​កម្ពុជា ដែល​សព្វ​ថ្ងៃ​ហៅ​ថា វិទ្យាស្ថាន​ពុទ្ធ​សាសន​បណ្ឌិត្យ។

ព.ស.​២៤៧៤ គ.ស.​១៩៣០ សម្ដេច​ទ្រង់​បាន​ទទួល​ការ​តែងតាំង​ ក្នុង​មុខងារ​ជា​ចាងហ្វាង​រង នៃ​សាលា​បាលី​ជាន់​ខ្ពស់​ក្រុង​ភ្នំពេញ។

ក្នុង​ឆ្នាំ​ដដែល​នោះ សម្ដេច​ទ្រង់​បាន​ទទួល​ការ​តែងតាំង​ជា សមាជិក​ជំនួយ​នៃ ក្រុម​ជំនុំ​ព្រះ​ត្រៃ​បិដក នៅ​ពុទ្ធ​សាសន​បណ្ឌិត្យ ក្រុង​ភ្នំពេញ។

ព.ស.​២៤៧៦ គ.ស.​១៩៣២ សម្ដេច​ទ្រង់​បាន​ទទួល​ការ​តែងតាំង​ជា​សមាជិក​នៃ​ក្រុម​ជំនុំ​ខាង​ការ​ស្រាវជ្រាវ​ជ្រើសរើស​រក​ពាក្យ​ពេចន៍​ក្នុង​ផ្ទៃ នៃ​កវី​និពន្ធ​ខ្មែរ​បុរាណ ដើម្បី​ប្រមូល​បញ្ចូល​ពាក្យ​ទាំង​នេះ ទៅ​ក្នុង​វចនានុក្រម​ខ្មែរ។

ព.ស.​២៤៧៧ គ.ស.​១៩៣៣ សម្ដេច​ទ្រង់​បាន​ទទួល ការ​តែងតាំង​ជា​សមាជិក នៃ​ក្រុម​ជំនុំ​ពិនិត្យ​សៀវភៅ​ដែល​ក្រសួង​សិក្សា​ធិការ​ជាតិ​បោះពុម្ព​ផ្សាយ។

ព.ស.​២៤៧៨ គ.ស.​១៩៣៤ សម្ដេច​ទ្រង់​បាន​ទទួល​ការ​តែងតាំង​ជា​សមាជិក​នៃ​ក្រុម​ជំនុំ​ជ្រើសរើស​ពាក្យ​ខ្មែរ​ប្រៀបធៀប​នឹង​ពាក្យ​បារាំង​សម្រាប់​ប្រើ​ក្នុង​កិច្ចការ​រាជការ។

ព.ស.​២៤៧៩ គ.ស.​១៩៣៥ សម្ដេច​ទ្រង់​បាន​ទទួល​ការ​តែងតាំង​ជា​សាស្ត្រាចារ្យ​បង្រៀន​ភាសា​បាលី សំស្ក្រឹត ខ្មែរ និង​លាវ ប្រចាំ​ថ្នាក់​ទី​បំផុត​នៃ​មធ្យម​សិក្សា​ នៅ​វិទ្យាល័យ​ព្រះស៊ីសុវត្ថិ ក្រុង​ភ្នំពេញ។

ឋានន្តរ​បរិច្ឆេទ (កំណត់​អំពី​ឋានន្តរ)
ព.ស.​២៤៨៦ គ.ស.​១៩៤២ សម្ដេច​ទ្រង់​បាន​ទទួល​ឋានន្តរ ជា​ចាងហ្វាង​នៃ សាលា​បាលី​ជាន់​ខ្ពស់​ ក្រុង​ភ្នំពេញ ដែល​សព្វ​ថ្ងៃ​កែ​ប្រែ​ឈ្មោះ​ជា​ពុទ្ធិក​វិទ្យាល័យ​ព្រះ​សុរាម្រឹត។
ព.ស.​២៤៨៨ គ.ស.​១៩៤៤ សម្ដេច​ទ្រង់​បាន​ទទួល​តំណែង​ជា​ចៅ​អធិការ​វត្ត​ឧណ្ណាលោម។
ព.ស.​២៤៨៩ គ.ស.​១៩៤៥ សម្ដេច​ទ្រង់​បាន​ទទួល​នាទី​ជា​អធិបតី​នៃ​ថេរសភា គឺ​ក្រុម​ជំនុំ​ជាន់ខ្ពស់​របស់​សង្ឃ។
ព.ស.​២៤៩១ គ.ស.​១៩៤៧ សម្ដេច​ទ្រង់​បាន​ទទួល​នាទី​ជា​អនុ​ប្រធាន​គណៈកម្មការ​វប្បធម៌​ផ្នែក​អក្សរ ក នៃ គណៈកម្មការ​ជាតិ​ខាង​ការ​សិក្សា។
ព.ស.​២៤៩២ គ.ស.​១៩៤៨ សម្ដេច​ទ្រង់​បាន​ទទួល​នាទី​ជា​ប្រធាន​គណៈកម្មការ​ធម្មវិន័យ​ពិនិត្យ​ការ​ផ្សាយ​សៀវភៅ​សម្រាប់​សាលា​ធម្មវិន័យ​ក្នុង​ព្រះរាជាណាចក្រ។
គ.ស.​១៩៦១ រហូត​មក សម្ដេច​ទ្រង់​ប្រោស​មេត្តា​ទទួល​និមន្ត​របស់​សមាគម​អ្នក​និពន្ធ​ខ្មែរ​ធ្វើ​ជា​ព្រះប្រធាន​នៃ ការសម្ភាស​អក្សរសាស្ត្រ ផ្សាយ​តាម​វិទ្យុ​ជាតិ​រៀងរាល់​ថ្ងៃ​សុក្រ។
គ.ស.​១៩៦៨ ទ្រង់​ទទួល​ឋានៈ​ជា​ប្រធាន​គណៈកម្មការ​ពិនិត្យ​អត្ថបទ​ផ្សាយ​ជា​រឿង​ខាង​ប្រវត្តិសាស្ត្រ​ខ្មែរ។
គ.ស.​១៩៦៩ ព្រះអង្គ​ទ្រង់​ទទួល​ការ​តែងតាំង​ជា​ប្រធាន​គណៈកម្មការ​ពិនិត្យ និង​កំណត់​អំពី​ន័យ​របស់​ទង់​ជាតិ​ខ្មែរ។
ព្រះ​កិច្ចការ​ដែល​​សម្ដេច​ទ្រង់​បាន​បំពេញ​ក្នុង​ព្រះពុទ្ធ​សាសនា​នៅ​បរទេស
នៅ​ព.ស.​២៤៧៥ គ.ស.​១៩៣១ សម្ដេច​ទ្រង់​បាន​ដឹកនាំ​គណៈ​ប្រតិភូនៃ​មន្ត្រី​សង្ឃ ទៅ​កាន់​ក្រុង​វៀងច័ន្ទន៍ និង​ក្រុង​ហ្លួង​ព្រះបាង ប្រទេស​លាវ ដើម្បី​រួបរួម​ក្នុង​ពិធី​សម្ពោធ​ពុទ្ធ​សាសន​បណ្ឌិត្យ​ ប្រទេស​លាវ ​ផង ដើម្បី​ជំនុំ​ពិភាក្សា​អំពី​ការ​សិក្សា​សម្រាប់​សាលា​បាលី​រង​នៅ​ប្រទេស​លាវ​ផង។
ព.ស.​២៤៧៧ គ.ស.​១៩៣៣ សម្ដេច​ទ្រង់​បាន​ដឹកនាំ​ គណៈ​ប្រតិភូ​ព្រះសង្ឃ​ខ្មែរ​ទៅ​ធ្វើ​ទស្សនាចរណ៍​ចំពោះ​វត្ត​ខ្មែរ​ទាំងឡាយ​ក្នុង​ដែន​កូសាំងស៊ីន កម្ពុជាក្រោម។
នៅ​ព.ស.​២៤៨៣ គ.ស.​១៩៣៩ សម្ដេច​ទ្រង់​បាន​ដឹកនាំ​គណៈ​ប្រតិភូ​មួយ​ទៅ​កាន់​ប្រទេស​លាវ​ម្ដង​ទៀត ដើម្បី​ប្រជុំ​ប្រឹក្សា​កិច្ចការ នៃ​ពុទ្ធ​សាសន​បណ្ឌិត្យ​ប្រទេស​លាវ និង​ការ​សិក្សា​សម្រាប់​សាលា​បាលី​នៅប្រទេស​លាវ​ផង ដើម្បី​ជួយ​រំលឹក​ដាស់​តឿន​ប្រជាជាតិ​លាវ​ឲ្យ​មាន​ការ​សិក្សា​ព្រះ​បរិយត្តធម៌ និង​ការ​ប្រតិបត្តិ​ព្រះ​ពុទ្ធ​សាសនា ឲ្យ​ស្រប​គ្នា​តាម​របៀប​ការ​សិក្សា និង​ការ​ប្រតិបត្តិ​ព្រះ​ពុទ្ធ​សាសនា​នៃ​ប្រទេស​កម្ពុជា ទាំង​ប្រជាជាតិ​នៅ​ក្នុង​ទី​ប្រជុំជន និង​ក្នុង​ខេត្ត​នានា នៃ​ព្រះរាជាណាចក្រ​លាវ ខំ​ប្រឹង​យក​ចិត្ត​ទុក​ដាក់​ក្នុង​ការ​សិក្សា និង​ការ​ប្រតិបត្តិ​ឲ្យ​បាន​ត្រឹម​ត្រង់​គន្លង​ព្រះ​ពុទ្ធ​សាសនា​ផង។
ព.ស.​២៤៨៧ គ.ស.​១៩៤៣ សម្ដេច​ទ្រង់​បាន​ទទួល​នាទី​ជា​សមាជិក​ឆ្លើយឆ្លង​នៃ​សាលា​បារាំង​សែស​នៅ​ចុង​បូព៌ា​ប្រទេស ហើយ​នៅ​ព.ស.​២៤៩២ គ.ស.​១៩៤៨ សម្ដេច​បាន​ទ្រង់​ទទួល​នាទី​ជា​សមាជិក​កិត្តិយស​នៃ​សាលា​នេះ​ដរាប​មក។
ព.ស.​២៤៩៤ គ.ស.​១៩៥០ សម្ដេច​បាន​ទ្រង់​ដឹកនាំ​គណៈ​ប្រតិភូ​ខ្មែរ​នៅ​ប្រជុំ​សន្និសីទ​ដើម្បី​បង្កើត​ពុទ្ធិក​សមាគម​ពិភព​លោក​នៅ​ក្រុង​កោលម្បូ ប្រទេស​ស្រី​លង្កា​ទ្វីប។
នៅ​ព.ស.​២៤៩៧ គ.ស.​១៩៥៣ សម្ដេច​បាន​ទ្រង់​ដឹកនាំ​គណៈ​ប្រតិភូ​ខ្មែរ​ទៅ​បំពេញ​បេសកកម្ម​សុឆន្ទៈ​ប្រឹក្សា​សម្រេច​រឿង​ឆដ្ឋសង្គាយនា នៅ​ក្រុង​រង្គូន សហភាព​ភូមា។
ក្នុង​ឆ្នាំ​ជា​បន្ទាប់​នៅ​ព.ស.​២៤៩៨ គ.ស.​១៩៥៤ សម្ដេច​បាន​ទ្រង់​ដឹកនាំ​គណៈ​ប្រតិភូ​ខ្មែរ​និមន្ត​នៅ​កាន់​​ក្រុង​រង្គូន ប្រទេស​ភូមា​ម្ដង​ទៀត ដើម្បី​រួបរួម​ក្នុង​ការ​ប្រជុំ​ធ្វើ​ឆដ្ឋសង្គាយនា​សម័យ​ប្រជុំ​ដំបូង។
កន្លង​មួយ​ឆ្នាំ​ក្រោយ​មក ព.ស.​២៤៩៩ គ.ស.​១៩៥៥ សម្ដេច​ទ្រង់​បាន​ដឹកនាំ​គណៈ​ប្រតិភូ​ខ្មែរ​ទៅ​កាន់​ទី​ឆដ្ឋសង្គាយ នៅ​ក្រុង​រង្គូន ប្រទេស​ភូមា ជា​លើក​ទី​បី​ដើម្បី​ប្រជុំ ហើយ​បិទ​សម័យ​ប្រជុំ​ប្រចាំ​ឆ្នាំ។
នៅ​ព.ស.​២៥០៣ គ.ស.​១៩៥៩ សម្ដេច​ទ្រង់​បាន​ដឹកនាំ​គណៈ​ប្រតិភូ​ខ្មែរ​ទៅ​កាន់​ក្រុង​ជកត៌ា និង​ក្រុង​សឹម៉ារ៉ាំង កោះ​ជ្វា ប្រទេស​ឥណ្ឌូណេស៊ី ដើម្បី​ចូលរួម​ក្នុង​ពិធី​បុណ្យ​វិសាខ​បូជា។
ព.ស.​២៥០៣ ចូលរួម​ពិធី​បញ្ចុះ​ខណ្ឌ​សីមា និង​ពិធី​សន្មត​រោង​ឧបោសថ ព្រម​ទាំង​ជា​ព្រះ​ឧបជ្ឈាយ៍​បំបួស​កុល​បុត្រ អ្នក​ប្រទេស​នោះ​ចំនួន​បី​រូប​ផង។
សមណសក្ដិ​បរិច្ឆេទ (កំណត់​អំពី​សមណស័ក្តិ)
ដោយ​ព្រះមហា​វិរិយភាព​របស់​សម្ដេច ដែល​ទ្រង់​បាន​បំពេញ​ទាំង​ផ្លូវ​ព្រះ​ពុទ្ធ​សាសនា ទាំង​ផ្លូវ​លោក​ដែល​យើង​បាន​ឃើញ​ជា​ភស្តុតាង សម្ដេច​ក៏​បាន​ឡើង​សមណស័ក្តិ​ជា​លំដាប់លំដោយ ដូច​តទៅ​នេះ​គឺ៖

ព.ស.​២៤៥៤ គ.ស.​១៩១០ សម្ដេច​បាន​ទទួល​ការ​តែងតាំង​ក្នុង​សមណស័ក្តិ ជា​ព្រះ​បាឡាត់​សាក្យបុត្តិយ៍ (បាឡាត់​របស់​ព្រះ​សក្យវង្ស នុត វត្ត​ឧណ្ណាលោម)។
ព.ស.​២៤៥៦ គ.ស.​១៩១២ សម្ដេច​បាន​ទទួល​សមណស័ក្តិ​ជា​ព្រះ​គ្រូ​សង្ឃ​សត្ថា (ទី​ឋានានុក្រម សម្រាប់​ថ្នាក់​ឯក​របស់​សម្ដេច​ព្រះសង្ឃ​រាជ​ព្រះនាម​ ទៀង)។
ព.ស.​២៤៧៥ គ.ស.​១៩៣១ សម្ដេច​បាន​ឡើង​សមណស័ក្តិ​ជា​ព្រះ​សាសនសោភ័ណ (រាជាគណៈ​កិត្តិយស)។
ព.ស.​២៤៨៤ គ.ស.​១៩៤០ សម្ដេច​បាន​ឡើង​សមណស័ក្តិ​ជា​ព្រះពុទ្ធ​ឃោសាចារ្យ (រាជាគណៈ​ថ្នាក់​ទី​២)។
ព.ស.​២៤៨៨ គ.ស.​១៩៤៤ សម្ដេច​បាន​ឡើង​ជា​សមណស័ក្តិ​ជា​ព្រះពោធិវ័ង្ស (រាជា​គណៈ​ថ្នាក់​ទី​១)។
ព.ស.​២៤៩២ គ.ស.​១៩៤៨ សម្ដេច​បាន​ឡើង​សមណស័ក្តិ​ខ្ពស់​បំផុត​ជា​ព្រះមហាសុមេធាធិបតី សង្ឃនាយក គណៈមហានិកាយ។
ព.ស.​២៤៩៤ គ.ស.​១៩៥០ ព្រះករុណា​ជា​អម្ចាស់​ជីវិត​ទ្រង់​បាន​ប្រោស​ប្រទាន​ប្រគេន​ព្រះ​ឋានៈ​ជា​សម្ដេច​ព្រះ​មហាសុមេធាធិបតី សង្ឃនាយក​គណៈ​មហានិកាយ។
លុះ​ដល់​មក​ព.ស.​២៤៩៨ គ.ស.​១៩៥៤ រដ្ឋាភិបាល​សហភាព​ភូមា​បាន​ប្រគេន​ព្រះ​ឋានៈ​សម្ដេច​ជា ព្រះ​អគ្គ​មហា​បណ្ឌិត​សហភាព​ភូមា។
ស្រាប់​តែ​ដល់​មក​ព.ស.​២៥០១ គ.ស.​១៩៥៧ រដ្ឋាភិបាល​សហភាព​ភូមា បាន​សូម​តម្លើង​ព្រះ​ឋានៈ​សម្ដេច​ជា ព្រះ​អភិធជៈ​មហារដ្ឋ​គរុ នៃ​សហភាព​ភូមា​ទៀត ដែល​ជា​សមណស័ក្តិ​ដ៏​ខ្ពស់​បំផុត​មាន​តែ​មួយ​អង្គ​ក្នុង​សហភាព​ភូមា។
ខែ​កុម្ភៈ គ.ស.​១៩៦៤ អ្នក​និពន្ធ​ខ្មែរ​ទាំង​អស់​បាន​ថ្វាយ​ព្រះឋានៈ​ព្រះអង្គ​ជា ព្រះអគ្គ​និពន្ធ​អក្សរសាស្ត្រ​ខ្មែរ និង​ជា​សមាជិក​កិត្តិយស​នៃ​សមាគម​អ្នក​និពន្ធ​ខ្មែរ​ផង។
ព.ស.​២៥០៧ គ.ស.​១៩៦៣ សម្ដេច​ព្រះ នរោត្ដម សីហនុ ព្រះ​ប្រមុខ​រដ្ឋ​នៃ​ប្រទេស​កម្ពុជា ទ្រង់​បាន​ប្រោស​ប្រទាន​ព្រះ​ឋានៈ​សម្ដេច​ជា សម្ដេច​ព្រះសង្ឃរាជ​ថ្នាក់​ទី​១។
ថ្ងៃ​ទី​២៨ ឧសភា ១៩៦៧ ទ្រង់​បាន​ទទួល​សញ្ញាប័ត្រ​បណ្ឌិត​អក្សរសាស្ត្រ ពេញ​លក្ខណៈ​អំពី​សម្ដេច​ព្រះ​ប្រមុខ​រដ្ឋ​ក្នុង​នាម​មហាវិទ្យាល័យ​អក្សរសាស្ត្រ និង​មនុស្សសាស្ត្រ នៃ​ភូមិន្ទ​សកល​វិទ្យាល័យ។
ឥស្សរិយ​បរិច្ឆេទ (កំណត់​អំពី​ឥស្សរិយយស)
គ្រឿង​ឥស្សរិយយស​ដែល​សម្ដេច​បាន​ទទួល​មាន​ដូច​តទៅ​នេះ គឺ៖

មេដាយ​អស្សឫទ្ធិ​មុនីសារភរណ៍ នៅ​ព.ស.​២៤៦១ គ.ស.​១៩១៧។
មេដាយ​អស្សឫទ្ធិ​ព្រះរាជាណាចក្រ​កម្ពុជា នៅ​ព.ស.​២៤៦៧ គ.ស.​១៩៣២។
មេដាយ​អស្សឫទ្ធិ​ដំរី​មួយ​លាន និង​ស្វេតច្ឆត្រ ប្រទេស​លាវ នៅ​ព.ស.​២៤៧៦ គ.ស.​១៩៣២។
មេដាយ​សេនា​នៃ​បណ្ឌិត​សភា សាធារណរដ្ឋ​បារាំង នៅ​ព.ស.​២៤៨១ គ.ស.​១៩៣៧។
មេដាយ​អស្សឫទ្ធិ​ដឹឡាឡេស្យុង​ដូណ្ណើរ នៃ​សាធារណរដ្ឋ​បារាំង នៅ​ព.ស.​២៤៨៦ គ.ស.​១៩៤២។
មេដាយ​សេនា នៃ​ព្រះរាជាណាចក្រ​កម្ពុជា នៅ​ព.ស.​២៤៨៨ គ.ស.​១៩៤៤។
មេដាយ​សេនាដឹឡាឡេស្យុង​ដូណ្ណើរ នៃ​សាធារណរដ្ឋ​បារាំង នៅ​ព.ស.​២៤៩២ គ.ស.​១៩៤៨។
មេដាយ​មហា​សិរីវឌ្ឍន៍ ព្រះរាជាណាចក្រ​កម្ពុជា នៅ​ព.ស.​២៥០៥ គ.ស.​១៩៦២។
មេដាយ​មហា​សិរីវឌ្ឍ​សុវត្ថារា នៅ​ព.ស.​២៥០៦ គ.ស.​១៩៦៣។
មេដាយ​ជាតូបការ ដែល​ជា​គ្រឿង​ឥស្សរិយយស​ធំ​បំផុត ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា នៅ​ព.ស.​២៥១៣ គ.ស.​១៩៦៩។
ពុទ្ធវុឌ្ឍិ​បរិច្ឆេទ (កំណត់​អំពី​ការ​ធ្វើ​សេចក្ដី​ចម្រើន​ក្នុង​ផ្លូវ​លោក និង​ផ្លូវ​ព្រះ​ពុទ្ធ​សាសនា)
កិច្ចការ​ឯ​ទៀត​របស់​សម្ដេច ក្រៅ​ពី​មុខ​ការ​ខាង​សិក្សា​ដែល​សុទ្ធ​តែ​ជា​ការ​មាន​ប្រយោជន៍​ជា​សាធារណៈ​ក្នុង​ព្រះ​ពុទ្ធ​សាសនា និង​ប្រទេស​ជាតិ​នោះ នៅ​មាន​ច្រើន​ទៅ​ទៀត និយាយ​ដោយ​សង្ខេប​គឺ​ចាប់​តាំង​ពី​ឆ្នាំ​ឆ្លូវ​សប្ត​ស័ក ព.ស.​២៤៧០ គ.ស.​១៩២៤ រៀង​មក សម្ដេច​បាន​ធ្វើ​ការ​ឧបត្ថម្ភ​​វត្ត​ពោធិ​ព្រឹក្ស (ហៅ​វត្ត​ពោល្យំ) ក្នុង​សង្កាត់​រលាំង​កែន ស្រុក​កណ្ដាល​ស្ទឹង ខេត្ត​កណ្ដាល ដែល​មាន​ព្រំ​ប្រទល់​ជាប់​គ្នា​នឹង​សង្កាត់​រកា​កោះ ស្រុក​គងពិសី ខេត្ត​កំពង់ស្ពឺ ជា​ទី​ជាតិ​ភូមិ​របស់​សម្ដេច ដូច​មាន​សេនាសនភ័ណ្ឌ​តទៅ​នេះ៖

សម្ដេច​បាន​ជាវ​ដី​ជុំ​វិញ​វត្ត​ចំនួន​ជាង​៣​ហិកតា ពង្រីក​ទី​វត្ត​ឲ្យ​ធំ​ទូលាយ​ច្រើន​ជាង​ពី​ដើម។
បាន​ជួយ​ឧបត្ថម្ភ​លើក​ថ្នល់ ភ្ជាប់​ពី​ថ្នល់​ជាតិ​ចូល​មក​វត្ត​សុរភី និង​ពោធិ​ព្រឹក្ស រួម​ចម្ងាយ​៣​គឺឡូម៉ែត្រ។
បាន​ស្ថាបនា​វិហារ​បេតុង​អារម៉េ សាលា​បាលី​រង (ពុទ្ធិក​បឋម​សិក្សា) រៀប​ចំ​ទី​វត្ត​ពោធិ​ព្រឹក្ស​ទាំង​មូល ឲ្យ​មាន​ទេសភាព​សមរម្យ​តាម​សម័យ​និយម។
បាន​ស្ថាបនា​ស្ពាន​ធំ​មួយ និង​ស្ពាន​តូច​មួយ​សុទ្ធ​តែ​បេតុង​អារម៉េ ឆ្លង​ស្ទឹង​តូច​រាំង​ព្រំ​ប្រទល់ សង្កាត់​រលាំងកែន និង​សង្កាត់​រកាកោះ។
បាន​ឧបត្ថម្ភ​ក្នុង​ការ​ស្ថាបនា​សាលា​បឋម​សិក្សា​បំពេញ​វិជ្ជា សុរភី​ពោធិព្រឹក្ស​៣​ខ្នង តាំង​ពី​គ.ស.​១៩៤៨ រៀង​រហូត​ដល់​សាលា​នេះ​ឡើង​ដល់​ថ្នាក់​ឧត្ដមដ្ឋាន សម្រាប់​កូន​ចៅ​អ្នក​ស្រុក​ជើង​វត្ត​សុរភី និង​វត្ត​ពោធិព្រឹក្ស។
បាន​ឧបត្ថម្ភ​ឲ្យ​គេ​ធ្វើ​ថ្នល់​លំ​មួយ ចាក់​ក្រួស​បាយ​ក្រៀម ប្រើ​ការ​បាន​ដោយ​ស្រួល។
បាន​ជាវ​ទី​ដី​៣​ហិកតា​កន្លះ​ទុក​ដាក់​ជា​សាសន​សម្បត្តិ​រៀង​ទៅ។
បាន​ស្ថាបនា​ខ្លោង​ទ្វារ​របង​អារម៉េ​មួយ។
បាន​ស្ថាបនា អាវសថសាលា (សាលា​សំណាក់) ១​ខ្នង។
បាន​ចាត់​ការ​ឲ្យ​ជីក​ស្រះ​មួយ​ទំហំ​១០០​ម៉ែត្រ​បួន​ជ្រុង នៅ​ត្រង់​ទី​ថ្នល់​បែក​ចេញ​ពី​ថ្នល់​ជាតិ​ក្នុង​សង្កាត់​រកាកោះ។
បាន​ជួយ​ឧបត្ដម្ភ​ជីក​អណ្ដូង​បុក​ប្រើ​ស្នប់​៣​កន្លែង។
បាន​ស្ថាបនា​គិលានដ្ឋាន​មួយ​ខ្នង​ ប្រសូតិ​គ្រឹះ (មន្ទីរ​សម្ភព) មួយ​ខ្នង​ ដោយ​បេតុង​អារម៉េ។
បាន​ធ្វើ​កំពែង​បេតុង​អារម៉េ បណ្ដោយ​១០០​ម៉ែត្រ ទទឹង​៥២​ម៉ែត្រ ព័ទ្ធ​ជុំវិញ​មន្ទីរ​ពេទ្យ​ទាំង​ពីរ​ខ្នង​នេះ។
បាន​ស្ថាបនា​អគារ​គព្ភិនី​សំណាក់​ក្នុង​កំពែង​នោះ​ដែរ។
បាន​ស្ថាបនា​អគារ​បេតុង​អារម៉េ​២​ខ្នង ក្រៅ​កំពែង​នោះ​សម្រាប់​គិលានសមណៈ។
បាន​ចាត់​ការ​ឲ្យ​លើក​ទំនប់​ទឹក​១​កន្លែង​បណ្ដោយ​៩០០​ម៉ែត្រ ទទឹង​៨០០​ម៉ែត្រ (ដោយ​សម្ដេច​ព្រះ​នរោត្ដម សីហនុ ឧបយុវរាជ​ព្រះ​ប្រមុខ​រដ្ឋ ទ្រង់​សព្វ​ព្រះទ័យ​បាន​ប្រោស​ប្រទាន​ព្រះរាជានុញ្ញាត​ឲ្យ​លើក​ទំនប់​ទឹក​នោះ)។
បាន​ឧបត្ថម្ភ​ឲ្យ​វេយ្យាវច្ចករ​ដាំ​ដំណាំ​លើ​ទី​ដី​ខាង​លើ​នេះ ជា​ប្រយោជន៍​ដល់​គិលានដ្ឋាន និង​ប្រសូតិគ្រឹះ​របស់​សម្ដេច​ទៅ​ក្នុង​អនាគត​កាល (ស្ថាបនកម្ម​ទាំង​នេះ​នៅ​ក្នុង​ភូមិ​ស្រែ​បន្ទាយ សង្កាត់​រកាកោះ)។
បាន​លះបង់​ទី​ដី​មួយ​កន្លែង ដែល​សម្ដេច​បាន​ជាវ​ហើយ​នោះ​ជូន​ព្រះ​រាជរដ្ឋាភិបាល​ឲ្យ​ស្ថាបនា​អគារ​មណ្ឌល​នីតិកម្ម (ប៉ុស្តិ​ប៉ូលីស) និង​មន្ទីរ​រាជ​សហករណ៍​។ល។
បាន​ផ្ដើម​គំនិត​ធ្វើ​សមាគម​កសាង​មន្ទីរ​ពេទ្យ​ព្រះសង្ឃ ក្រុង​ភ្នំពេញ។
បាន​កសាង​វិហារ​វត្ត​ឧណ្ណាលោម ដែល​ជា​វិហារ​ធំ​បំផុត​ជាង​វិហារ​ទាំង​អស់​ក្នុង​ប្រទេស​កម្ពុជា ហើយ​មាន​បី​ជាន់ ក្នុង​ព.ស.​២៤៩៩ គ.ស.​១៩៥៦។
បាន​ផ្ដើម​កសាង​ព្រះ​សក្យមុនី​ចេតិយ​នៅ​ខាង​កើត​ស្ថានីយ៍​រាជាយស្ម័យយាន។
បាន​ទំនុកបម្រុង​ ព្រម​ទាំង​ចាត់​ចែង​សមណ​និស្សិត​បញ្ជូន​ឲ្យ​ទៅ​រៀន​ឯ​បរទេស មាន​ប្រទេស​ឥណ្ឌា ភូមា​ជាដើម។
បាន​បង្កើត​ការ​សិក្សា​ធម្មវិន័យ ដើម្បី​សិក្ខាកាម​កុល​បុត្រ​ទូទៅ​ពេញ​ប្រទេស​កម្ពុជា។
បាន​បង្កើត​ការ​អប់រំ​យុវជន​ដោយ​សីលធម៌​ដែល​នៅ​ក្នុង​វត្ត​ឧណ្ណាលោម ឬ​វត្ត​ឯ​ទៀត​ៗ ដែល​មាន​យុវជន​នៅ​វត្ត​ជា​ច្រើន​នាក់។
បាន​ផ្ដើម​កសាង​ឈាបនដ្ឋាន (ទី​បូជា​សព) ក្នុង​វត្ត​ឧណ្ណាលោម ដែល​មាន​លោក​អ្នក​ឧកញ៉ា​តេជះ តាន់ ម៉ៅ ជា​អ្នក​ចេញ​ប្រាក់​កសាង​ឲ្យ​កើត​មាន​ក្នុង​ប្រទេស​កម្ពុជា​មុន​ដំបូង​បង្អស់ គ.ស.​១៩៥៣។
បាន​ផ្ដើម​សង់​ឧបដ្ឋាន​សាលា​សម្រាប់​មន្ត្រី​សង្ឃ ដែល​និមន្ត​មក​ក្នុង​ឱកាស​អនុសំវច្ឆរ​មហា​សន្និបាត ដើម្បី​ប្រជុំ​ទទួល​ភត្តាហារ និង​សម្រាប់​ភ្ជុំបិណ្ឌ​ដែល​គហបតី លី ស៊ុនងន, ឧបាសិកា តាន់ ស៊ីប៊ី ចេញ​ប្រាក់​កសាង។
បាន​បង្កើត​ឲ្យ​មាន​ការ​ហាត់​រៀន​ប្រឡង​សូត្រ​បាតិមោក្ខ​បាលី។
បាន​រៀបចំ​តាំង​គណៈកម្មការ​សង្ឃ និង​គណៈ​កម្មការ​គ្រហស្ថ​តាម​ផ្លូវ​ការ​គ្រប់​វត្ត​ទាំង​អស់ ដើម្បី​រៀបចំ​ទី​វត្ត​ឲ្យ​ស្អាត ទាំង​មាន​របៀប​រៀបរយ តាំង​ពី​ឆ្នាំ​១៩៥៥​ដរាប​មក។
ស្នា​ព្រះហស្ត​ខាង​អក្សរសាស្ត្រ​នៃ​សម្ដេចព្រះ​សង្ឃ​រាជ
ព្រះសង្ឃរាជ ​បាន​កសាង​គម្ពីរ​ដីកា​ជា​ច្រើន​ណាស់ ទាំង​គម្ពីរ​ស្លឹករឹត ទាំង​សៀវភៅ​ ជា​ពិសេស គឺ​សៀវភៅ​ដែល​សម្ដេច​ប្រមូល​រៀបរៀង និង​សៀវភៅ​ដែល​ទ្រង់​ប្រែ​ពី​បាលី​មក​ជា​ភាសា​ខ្មែរ សម្រាប់​ពុទ្ធ​បរិស័ទ​រៀន​សូត្រ។ សៀវភៅ​ខ្លះ​ជា​សៀវភៅ​ដែល​កម្រ​នឹង​ធ្វើ​កើត ទាំង​មាន​ប្រយោជន៍​ជា​ច្រើន​ណាស់​គឺ៖

១. វចនានុក្រម​ខ្មែរ មាន​២​ភាគ ក្នុង​ព.ស.​២៤៦១ គ.ស.​១៩១៧ សៀវភៅ​នេះ​បាន​បោះពុម្ព​ច្រើន​គ្រា​មក​ហើយ។
២. កច្ចាយនូបត្ថម្ភកៈ (វេយ្យាករណ៍​បាលី) មាន​២​ភាគ តាំង​ពី​ព.ស.​២៤៦២ គ.ស.​១៩១៨ បាន​បោះពុម្ព​ច្រើន​គ្រា​ហើយ។
៣. គហិបដិបត្តិ ក្នុង​ព.ស.​២៤៦៨ គ.ស.​១៩២៦ ជាមួយ​នឹង​ព្រះ​ឧត្ដម​មុនី អ៊ុម ស៊ូ និង​ព្រះ​ពោធិវ័ង្ស ហួត​ តាត តាម​បញ្ជា​នៃ​ព្រះ​តេជ​ព្រះគុណ​ព្រះមហា​វិមលធម្ម ថោង (ពុទ្ធសាសន​បណ្ឌិត្យ)។
៤. សាមណេរ​វិន័យ ក្នុង​ព.ស.​២៤៦០ គ.ស.​១៩១៧ ជាមួយ​នឹង​ព្រះថេរៈ​ទាំង​ពីរ​ព្រះអង្គ​ខាង​លើ​នេះ​ដែរ។
៥. បាតិមោក្ខ​សំវរ​សង្ខេប (សម្រាយ) ព.ស.​២៤៧០ គ.ស.​១៩២៨ បាន​បោះពុម្ព​ច្រើន​គ្រា​ហើយ។ មាន​សៀវភៅ​ឯ​ទៀត​ៗ​ជា​ច្រើន​ដែល​ជា​បន្ទាប់​បន្សំ។
៦. កាព្យ​លោក​ធម៌ បោះពុម្ព​ដំបូង​ក្នុង​ព.ស.​២៥០០ គ.ស.​១៩៥៧។ កាព្យ​នេះ​ទ្រង់​តែង​កាល​នៅ​ជា​ព្រះ​គ្រូសង្ឃសត្ថា។
៧. នាគោបមាទិកថា ព.ស.​២៤៧៥ គ.ស.​១៩៣៣។
៨. ព.ស.​២៤៨៤ គ.ស.​១៩៤១ សម្ដេច​បាន​តែង​សុភមង្គល​គាថា​បាលី​បឋ្យាវត្ត​៧​គាថា ព្រម​ទាំង​ប្រែ​ជា​សម្រាយ​ផង សម្រាប់​សូត្រ​ថ្វាយ​សុភមង្គល​សួស្ដី​ចំពោះ​ព្រះ​ករុណា​ជា​អម្ចាស់​ជីវិត ព្រះបាទ​សម្ដេច​ព្រះ នរោត្ដម សីហនុ​វរ្ម័ន។
៩. បព្វជ្ជាខន្ធកៈ​ពិស្ដារ។
១០. ចីវរក្ខន្ធៈ​ពិស្ដារ។
១១. អត្ថបទ ​ផ្សេង​ៗ​ជា​ច្រើន​ក្នុង​ទស្សនាវដ្ដី​កម្ពុជ​សុរិយា​របស់​ពុទ្ធសាសន​ បណ្ឌិត្យ តាំង​ពី​ឆ្នាំ​១៩២៦ និង​ឆ្នាំ​ត​ៗ​មក ដែល​ពុំ​អាច​ស្រាវជ្រាវ​មក​ដាក់​ក្នុង​ទីនេះ​បាន​ដោយ​ពេល​មមា​ញឹក​ ព្រម​ទាំង​អត្ថបទ​ធម៌​ឯ​ទៀត​ៗ​ជា​ច្រើន ដែល​បោះពុម្ព​ចុះ​ក្នុង​ទស្សនាវដ្ដី​ពន្លឺ​ពុទ្ធ​ចក្រ។
១២. បាន ​ពិនិត្យ​កែ​សម្រួល​ពាក្យ​ពេចន៍​របស់​គណៈកម្មការ​ខេមរយានកម្ម ដោយ​ព្រះ​មេត្តា​ជួយ​ឲ្យ​គណៈកម្មការ​នេះ​ជា​របស់​ក្រសួង​អប់រំ​ជាតិ បាន​រួបរួម​បោះពុម្ព​ជា​សៀវភៅ​ទស្សនាវដ្ដី​សម្រាប់​បង្រៀន​សិស្ស​ផ្នែក​ មធ្យម​សិក្សា​ចេញ​រៀងរាល់​ខែ។ ព្រះ​កេរ្តិ៍​មួយ​សំខាន់​ណាស់​ដែល​រលឹក​ឃើញ​បាន​រាល់​ថ្ងៃ គឺ​ព្រះរាជ​និពន្ធ​ទំនុក​ច្រៀង បទនគររាជ សម្រាប់​ភ្លេង​ជាតិ​ខ្មែរ ទ្រង់​បាន​និពន្ធ​ពី​ថ្ងៃ​ទី​២០ ខែ​កក្កដា ឆ្នាំ​១៩៤១ និង​ទំនុក​ ព្រម​ទាំង​បទ សរភញ្ញ ដែល​ទ្រង់​បាន​និពន្ធ​កាល​ពី​ឱកាស​បុណ្យ​ពុទ្ធសករាជ​២៥០០។
ព្រះគុណ​សម្បត្តិ​នៃ​សម្ដេច​ព្រះសង្ឃរាជ
ព្រះគុណ​សម្បត្តិ​នៃ​សម្ដេច​ជា​អម្ចាស់​មាន​ច្រើន​យ៉ាង​ណាស់ ប៉ុន្តែ​យើង​ខ្ញុំ​បាន​ពិចារណា​ដោយ​ហ្មត់ចត់ ហើយ​សរសេរ​រួបរួម​ប្រមូល​យក​ចំពោះ​តែ​គោល​ធំ​ៗ ដោយ​សង្ខេប​មាន​ប្រាំ​យ៉ាង ដូច​សេចក្ដី​រៀបរៀង​វែកញែក​តទៅ​នេះ៖

១. វីរិយភាព “ការព្យាយាមក្នុង​ការ​សិក្សា”​
២. បដិភាណប្បញ្ញា “ប្រាជ្ញា​វាងវៃ”
៣. វេសារជ្ជប្បញ្ញា “បញ្ញា​ក្លៀវក្លា​អង់អាច”
៤. ធម្មទេសនា​កោសល្យ “ភាព​ឈ្លាសវៃ​ក្នុង​ធម្មទេសនា”
៥. បណីត​សកម្មភាព​ “សកម្មភាព​ដ៏​ប្រសើរ”
អធិប្បាយ​ពង្រីក​សេចក្ដី​ចំពោះ​គុណ​សម្បត្តិ​នីមួយ​ៗ

១. វីរិយភាព នៃ​សម្ដេច​ជា​អម្ចាស់ ដែល​មនុស្ស​ចាស់​ទុំ​ធ្លាប់​បាន​សង្កេត​តាំង​ពី​សម្ដេច​មាន​ព្រះជន្ម​នៅ​ ក្មេង គឺ​តាំង​ពី​នៅ​ជា​សាមណេរ​ដរាប​មក​រហូត​ដល់​សម្ដេច​មាន​ព្រះជន្ម​ជ្រុល​ចូល​ មក​បច្ឆិមវ័យ​ហើយ ក៏​នៅ​តែ​ព្យាយាម​ឥត​មាន​បន្ធូរបន្ថយ​បញ្ឈប់​សេចក្ដី​ព្យាយាម​នោះ​ឡើយ សូម្បី​ព្រះអង្គ​មាន​សមណៈ​ស័ក្តិ​ដ៏​ខ្ពស់​បំផុត​ទី​ជា​សម្ដេច​ព្រះសង្ឃរាជ​ ហើយ​ក៏​ដោយ។ វីរិយភាព នេះ​ប្រែ​ថា សេចក្ដី​ព្យាយាម​ ឬ​ថា​ប្រឹង​ប្រែង រាប់​ថា​ជា​បារមី​មួយ​របស់​ព្រះពោធិសត្វ​ដែល​យើង​ធ្លាប់​ចេះ​ដឹង​មក​ហើយ ហៅ​ថា វីរយៈ​បារមី។

បណ្ដា​កិច្ចការ​គ្រប់​យ៉ាង រមែង​ប្រកប​ដោយ​ឧបសគ្គ គឺ​ធម៌​ជា​គរឿង​រារាំង​បើមិន​ច្រើន​ក៏​តិច​ តែ​ថា​បើ​សេចក្ដី​ព្យាយាម មាន​កម្លាំង​ក្លៀវក្លា ក៏​អាច​ពុះពារ​ចំពោះ​ឧបសគ្គ​នោះ​បាន​ដោយ​ពិត​សម្ដេច​ព្រះសង្ឃរាជ​ទ្រង់​មាន​ វីរយៈធម៌​ដ៏​រឹង​ប៉ឹង​ជា​ទី​បំផុត បាន​ជា​ព្រះអង្គ​ចេះ​តែ​មាន​ជ័យ​ជម្នះ​សង្កត់​ទៅ​លើ​ឧបសគ្គ​គ្រប់​យ៉ាង​បាន​ ជា​ដរាប ទោះ​បី​ព្រះ​អង្គ​ហត់​នឿយ​ណាស់ ប៉ុន្តែ​ព្រះអង្គ​មិន​សូវ​ចេះ​ត្អូញត្អែរ​ឡើយ។ ករណីកិច្ច​ណា​មួយដែល​គេ​ត្រូវ​ធ្វើ​ដោយ​កាយ​ក្ដី ដោយ​វាចា​ក្ដី ដោយ​ចិត្ត​ក្ដី អាច​សម្រេច​ទៅ​បាន​ដោយ​កម្លាំង នៃ​សេចក្ដី​ព្យាយាម​ទាំង​អស់។ ឥរិយាបទ​ទាំង​៤ គឺ​ការ​ដើរ ឈរ អង្គុយ ដេក ដែល​នាំ​ឲ្យ​សម្រេច​ប្រយោជន៍​ទៅ​បាន ដ៏​ដោយ​គុណានុភាព​នៃ​សេចក្ដី​ព្យាយាម​ដែរ។

សម្ដេច​ព្រះសង្ឃរាជ ព្រះអង្គ​មាន​វីរិយបារមី​ដ៏​បរិបូណ៌​ណាស់ សូម្បី​សម្ដេច​ដែល​មាន​ព្រះ​ជន្ម​៨៦​ឆ្នាំ​ហើយ ក៏​នៅ​បំពេញ​កិច្ចការ​របស់​ព្រះអង្គ​ឥត​មាន​បន្ធូរបន្ថយ​ព្រះកាយពល​ឡើយ។ ដូច​យ៉ាង​ព្រះអង្គ​ចាប់​ធ្វើ​វចនានុក្រម​ខ្មែរ ទ្រង់​ឥត​មាន​សំចៃ​កម្លាំង និង​ពេល​វេលា​ទេ។ សម្ដេច​យក​ពេល​យប់​ធ្វើ​ជា​ថ្ងៃ យក​ពេល​ថ្ងៃ​ធ្វើ​ជា​យប់ ខំ​ប្រឹង​សរសេរ​រៀបរៀង តាំង​ពី​ព្រលប់​រហូត​ដល់​ភ្លឺ​ក៏​មាន លុះ​ទ្រង់​សោយ​យាគូ​រួច ចាប់​សរសេរ​ត​ទៅ​ទៀត ទាល់​តែ​ដល់​ពេល​ម៉ោង​១១​ក៏​មាន។ ក្នុង​រយៈ​វេលា​យប់​មួយ សម្ដេច​ទ្រង់​បាន​ផ្ទុំ​ក្នុង​រវាង​៤ ឬ​៥​ម៉ោង​ប៉ុណ្ណោះ។ ការ​ប្រព្រឹត្ត​ដោយ​សេចក្ដី​ព្យាយាម នៃ​សម្ដេច​ព្រះសង្ឃរាជ​នេះ​ជា​ការ​កម្រ​មនុស្ស​ធ្វើ​បាន​ណាស់។

អានបន្តទៅប្រភពដើម
ដោយ៥០០០ឆ្នាំ

Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ១៩ មិថុនា ឆ្នាំ២០២១ (អាន: ២៦,៦៣១ ដង)
ប្រភព​ផ្សាយ​ពុទ្ធសាសនា​ចូល​មក​ប្រទេស​ខ្មែរ
ផ្សាយ : ១៩ មិថុនា ឆ្នាំ២០២១ (អាន: ៥,៩៩៨ ដង)
សម្ដេច​ព្រះមង្គល​ទេពាចារ្យ គណៈធម្មយុត្តិកនិកាយ បញ្ញាទីបោ ស៊ុក
ផ្សាយ : ២៥ កក្តដា ឆ្នាំ២០២៣ (អាន: ២៩,៥១៤ ដង)
អ្វីជាបុណ្យអាសាឍបូជា ឬអាសាឡ្ហបូជា?
ផ្សាយ : ០១ មករា ឆ្នាំ២០១៨ (អាន: ១១,០០០ ដង)
ទស្សនៈ សម្ដេច​ព្រះ​សង្ឃរាជ ជួន-ណាត
ផ្សាយ : ១៦ មិថុនា ឆ្នាំ២០២៣ (អាន: ៦,១៩៧ ដង)
ជីវប្រវត្តិ ព្រះឧត្តមមុនី អ៊ុម ស៊ូ
ផ្សាយ : ០១ មេសា ឆ្នាំ២០២២ (អាន: ៣៦,៤០៥ ដង)
កំណើត​នៃ​ការ​ធ្វើ​កឋិនទាន
ផ្សាយ : ០៦ កញ្ញា ឆ្នាំ២០២១ (អាន: ២៩,៤៤៨ ដង)
សម្ដេច​ព្រះ​មហា​សុមេធាធិបតី ជួន ណាត
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
CPU Usage: 1.78
បិទ
ទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ABA 000 185 807
   ✿ សម្រាប់ឆ្នាំ២០២៤ ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំជាប្រចាំឆ្នាំ ឬប្រចាំខែ  ដើម្បីគេហទំព័រ៥០០០ឆ្នាំយើងខ្ញុំមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយតទៅ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987  ✿✿✿