30
ថ្ងៃ សុក្រ ទី ១៩ ខែ មេសា ឆ្នាំថោះ បញ្ច​ស័ក, ព.ស.​២៥៦៧  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច






ការជូនដំណឹង
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុមង្គលបញ្ញា
ទីតាំងៈ កំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ទិន្នន័យសរុបការចុចលើ៥០០០ឆ្នាំ
ថ្ងៃនេះ ៨៩,២២៧
Today
ថ្ងៃម្សិលមិញ ១៧៣,០៦៧
ខែនេះ ៣,៦៣៩,៨៤៥
សរុប ៣៨៩,៧២២,៣២៩
ប្រជុំអត្ថបទ
images/articles/427/Buddhism-suffering-garden.jpg
ផ្សាយ : ២២ កក្តដា ឆ្នាំ២០២០ (អាន: ៥៣,៥០៤ ដង)
អក្កោច្ឆិ មំ, អវធិ មំ, អជិនិ មំ, អហាសិ មេ, យេ ច តំ ឧបនយ្ហន្តិ, វេរំ តេសំ ន សម្មតិ ។ អក្កោច្ឆិ មំ, អវធិ មំ, អជិនិ មំ, អហាសិ មេ, យេ ច តំ នូមនយ្ហន្តិ, វេរំ តេសូបសម្មតិ ។ ជន​ទាំង​ឡាយ​ណា ចង់​សេចក្តី​ក្រោធ​ខឹង​នោះ​ទុក​យ៉ាង​នេះ​ថា អ្នក​នោះ​បាន​ជេរ​អញ អ្នក​នោះ​បាន​វាយអញ អ្នក​នោះ​បាន​ឈ្នះ​អញ អ្នក​នោះ​បាន​លួច​របស់​អញ ពៀរ​វេរា របស់​ជន​ទាំង​ឡាយ​នោះ នឹង​មិន​ស្ងប់​រម្ងាប់​ឡើយ ។ ឯ​ជន​ទាំង​ឡាយ​ណា មិន​ចូល ទៅ​ចង​សេចក្តី​ក្រោធ​ខឹង​នោះ​ទុក​យ៉ាង​នេះ​ថា​ អ្នក​នោះ​បាន​ជេរ​អញ អ្នក​នោះ​បាន វាយ​អញ អ្នក​នោះ​បាន​ឈ្នះ​អញ អ្នក​នោះ​បាន​លួច​របស់​អញ ពៀរ​វេរា​របស់​ជន​ទាំង​ឡាយ​នោះ​នឹង​ស្ងប់​រម្ងាប់​បាន​ ។ ~គម្ពីរធម្មបទ~ ដោយ៥០០០ឆ្នាំ
images/articles/423/Untitled-1.jpg
ផ្សាយ : ២២ កក្តដា ឆ្នាំ២០២០ (អាន: ៤៨,៣៤៨ ដង)
កណ្តកោ បន្លា មាន ១០ យ៉ាង គឺ ១. បវិវេការាមស្ស សង្គណិការាមតា កណ្តកោ សភាពជាអ្នក​ត្រេក​អរ​ក្នុង​ពួកគណៈ ជាបន្លា​របស់បុគ្គលដែលមាន​សេចក្តី​ស្ងប់​ស្ងាត់​ជា​ទីត្រេកអរ ២. អសុភនិមិត្តានុយោគំ អនុយុត្តស្ស សុភនិមិត្តានុយោគោ ​កណ្តកោ​ ការប្រកបរឿយៗ នូវ​សុភនិមិត្ត ជាបន្លារបស់​បុគ្គល​ដែល​ប្រកប​រឿយៗ​ នូវ​អសុភនិមិត្ត ៣. ឥន្ទ្រិយេសុ គុត្តទ្វារស្ស វិសូកទស្សនំ កណ្តកោ ការ​មើល​នូវ​សត្រូវ​ គឺ​ល្បែង​ផ្សេងៗ ជាបន្លា​របស់បុគ្គល មានទ្វារគ្រប់គ្រងហើយ ក្នុង​ឥន្ទ្រិយទាំងឡាយ ៤. ព្រហ្មចរិយស្ស មាតុគ្គាមុបចារោ កណ្តកោ ការត្រាច់ទៅជិត​មាតុគ្រាម ជា​បន្លារបស់ព្រហ្មចរិយៈ ៥. បឋមស្ស ឈានស្ស សទ្ទោ កណ្តកោ សំឡេង ជាបន្លារបស់​បឋមជ្ឈាន ៦. ទុតិយស្ស ឈានស្ស វិតក្កវិចារា កណ្តកា វិតក្ក និងវិចារ ជា​បន្លា​របស់​ទុតិយជ្ឈាន ៧. តតិយស្ស ឈានស្ស បីតិ កណ្តកោ បីតិ ជាបន្លារបស់​តតិយជ្ឈាន ៨. ចតុត្ថស្ស ឈានស្ស អស្សាសប្បស្សាសា កណ្តកា អស្សាសប្បស្សាសៈ​ ( ខ្យល់ដកដង្ហើម​ចេញ និងខ្យល់ដកដង្ហើមចូល ) ជាបន្លារបស់ចតុត្ថជ្ឈាន ៩. សញ្ញាវេទយិតនិរោធសមាបត្តិយា សញ្ញា ច វេទនា ច កណ្តកា​ សញ្ញា និងវេទនា ជាបន្លា​របស់សញ្ញាវេទយិតនិរោធសមាបត្តិ ១០. រាគោ កណ្តកោ ទោសោ កណ្តកោ មោហោ កណ្តកោ រាគៈ​ ជា​បន្លា ទោសៈ ជាបន្លា មោហៈ ជាបន្លា ( ស្រង់ចាកអង្គុត្តរនិកាយ ទសកនិបាត លេខ ៥០ ទំព័រ ២៩៤-២៩៥ ) ដោយ៥០០០ឆ្នាំ
images/articles/418/Untitled-1.jpg
ផ្សាយ : ២២ កក្តដា ឆ្នាំ២០២០ (អាន: ៥០,០០៥ ដង)
សុករានិ អសាធូនិ អត្តនោ អហិតានិ ច យំវេ ហិតញ្ច សាធុញ្ចា តំ វេ បរម​ទុក្ករំ។ អសាធុកម្ម គឺ​អំពើ​របស់​អសប្បុរស​ទាំង​ឡាយជា​អំពើ​ឥត​ផល​ប្រយោជន៍​ដល់​ខ្លួន គេ​ងាយ​ធ្វើ​ទេ, ឯ​អំពើ​ណា​ជា​សាធុកម្ម​របស់​សប្បុរស​ដែល​ជា​អំពើ​ផ្ដល់​ផល​ប្រយោជន៍ (ដល់​ខ្លួន) អំពើ​នោះ​ឯង​គេ​ពិបាក​ធ្វើ​ណាស់ គឺ​មិន​ងាយ​នឹង​ធ្វើ​កើត​ទេ។ ពាក្យ​កាព្យ​ងាយ​ចាំ (ពាក្យ​៩) កម្ម​អាក្រក់ តែង​ទាញ​ឆក់ ចិត្ត​ជន​ផង, ឲ្យ​កន្លង ផុត​ប្រយោជន៍ របស់​ខ្លួន, គេ​ពុំ​ខ្លាច គេ​អាច​ហ៊ាន ធ្វើ​ផ្ទួន​ៗ, ទោះ​បី​ខ្លួន បាន​វិនាស ក៏​ពុំ​រាង។ រី​កម្ម​ណា ជា​សាធុ ល្អ​ប្រពៃ, មាន​កម្រៃ អាច​នាំ​ខ្លួន ឲ្យ​ចៀសវាង, ផុត​ចាក​ទោស ឥត​រឱស ក៏​អ្នក​នាង, ខ្លះ​ច្រើន​ឃ្វាង កម្រ​បាន ធ្វើ​កម្ម​នោះ​៕៚ ព្រះ​បរម​ពុទ្ធោវាទ​មួយ​យ៉ាង​ថា សុករំ សាធុនា សាធុ សាធុ បាបេន ទុក្ករំ បាបំ បាបេន សុករំ បាប​មរិយេហិ ទុក្ករំ។ សាធុកម្ម គឺ​ជា​អំពើ​កុសល ជន​ជា​សប្បុរស​ងាយ​ធ្វើ​កើត​សាធុកម្ម ជន​ចិត្ត​បាប​ពិបាក​ធ្វើ​ណាស់ គឺ​មិន​ងាយ​នឹង​ធ្វើ​កើត​ទេ អំពើ​បាប ជន​ចិត្ត​បាប​ងាយ​ធ្វើ​កើត អំពើ​បាប អរិយជន គឺ​ជន​អ្នក​ប្រសើរ​ដោយ​សីលធម៌ ពិបាក​ធ្វើ​ណាស់ គឺ​មិន​ងាយ​នឹង​ហ៊ាន​ប្រថុយ​ធ្វើ​ឡើយ។ ពាក្យ​កាព្យ​ឲ្យ​ងាយ​ចាំ (ពាក្យ​៩) សាធុ​ជន ស្រឡាញ់​បុណ្យ ងាយ​ធ្វើ​បុណ្យ, ឯ​​ទុជ៌ន ចិត្ត​ទំរន់ ធ្វើ​ពុំ​កើត, បើ​បាប​វិញ គេ​ងាយ​ធ្វើ ពុំ​ញញើត, អ្នក​ប្រាជ្ញ​ឆើត ធ្វើ​ពុំ​កើត ព្រោះ​ខ្ពើម​បាប​៕៚ វត្ត​ឧណ្ណាលោម ក្រុង​ភ្នំពេញ, ថ្ងៃ​ពុធ ទី​២៤ កក្កដា ២៥១២ (១៩៦៨) សម្ដេច​ព្រះសង្ឃរាជ ជ.ណ. ជោតញ្ញាណោ ប.អ.ស. – អ.ម.រ. ស្រង់​ពី​​សៀវភៅ​ស្នា​ព្រះហស្ត​ក្រោយ​បង្អស់​នៃ​សម្ដេច ព្រះមហាសុមេធាធិបតី ជួន ណាត ដោយ៥០០០ឆ្នាំ
images/articles/412/2020-07-22_08_26_11-buddhist_couples_-_Google_Search.jpg
ផ្សាយ : ២២ កក្តដា ឆ្នាំ២០២០ (អាន: ៥៩,៩៧៥ ដង)
ជួយ​ខ្លួន​ឯង​ដោយ​ខ្លួន​ឯង ​នៅ​ក្នុង​ជីវិត​មនុស្ស​យើង​នេះ នរណា​ជា​សត្រូវ​ក៏​ដោយ ក៏​មិន​កាច​អាក្រក់​ឲ្យ​ដូច​ជា​ខ្លួន​ឯង​ធ្វើ​ជា សត្រូវ​នឹង​ខ្លួន​ឯង​ទេ។ អ្នក​ដទៃ​ជា​សត្រូវ​អាច​មាន​ផ្លូវ​នឹង​គេច​ចៀស​បាន ខ្លួន​ឯង​ត្រូវ​រត់​គេច​យ៉ាង ណា មាន​ញាតិ​មិត្ត​ជួយ​ការពារ​ផង ពឹង​ពាក់​អាជ្ញាធរ​ផង ក៏​ល្មម​ផុត​ភ័យ​ទៅ​បាន ទោះ​បី​ថា​សត្រូវ នោះ​មក​បៀត​បៀន​ប្រទូស​រ៉ាយ​បាន​យ៉ាង​ណា​អស់​ខ្លាំង​ត្រឹម​ស្លាប់​ប៉ុណ្ណោះ បើ​យើង​ជា​មនុស្ស ប្រព្រឹត្ត​ល្អ ស្លាប់​ហើយ​មិន​បាន​ទៅ​អបាយ​ភូមិ​ឡើយ។ ប៉ុន្តែ បើ​យើង​ជា​សត្រូវ​នឹង​ខ្លួន​ឯង ដោយ​ការ​ប្រព្រឹត្ត​លះ​បង់​អំពើ​ល្អ​ចោល​ដោយ​ខ្លួន​ឯង​ហើយ គឺ​មិន​មាន​នរណា​អាច​ជួយ​បាន​ឡើយ។ មាន​ទំនង​ដូចគ្នា​ដែរ​ក្នុង​ការ​ដែល​មាន​អ្នក​ដទៃ​ទំនុក​បម្រុង ជួយ​ធ្វើ​អ្វី​ៗ​ឲ្យ​យើង គឺ​មិន​ដូចជា​យើង ធ្វើ​ដោយ​ខ្លួន​ឯង​ទេ ។ ឪពុក​ម្តាយ ញាតិមិត្ត​បងប្អូន លោក​គ្រូអាចារ្យ​បាន​ត្រឹម​តែ​ទូន្មាន ប្រៀន ប្រដៅ​អប់រំ ណែ​នាំ​ប៉ុណ្ណោះ ចំណែក​ការ​ចុះ​ដៃ​ធ្វើ ជា​រឿង​របស់​យើង។ គុណធម៌ សេចក្តី​ល្អ​ក្នុង​ខ្លួន មនុស្ស​យើង​ត្រូវ​សាង​ដោយ​ខ្លួន​ឯង ក្នុង​លោក​នេះ មិន​មាន​ព្រះណា អាច​សាង​ឲ្យ​បាន​ឡើយ ។ អត់​ធន់​សិក្សា​នូវ​ការ​ពិត មនុស្ស​យើង​ដែល​រស់​នៅ​រួម​គ្នា​ក្នុង​សង្គម ត្រូវ​អប់​រំ​ចម្រើន​ខន្តី ព្រោះ​មនុស្ស​មាន​ចិត្ត​មិន​ស្មើ​គ្នា ឧបនិស្ស័យ​មិន​ដូច​គ្នា។ មនុស្ស​ពួក​ខ្លះ​ក្រាស់​ដោយ​កិលេស ពួក​ខ្លះ​កិលេស​ស្រាល​ស្តើង ពួក​ខ្លះ​សុភាព​រាបសា ឯ​ពួក​ខ្លះ​ទៀត​កោង​កាច​ខ្លាំងក្លា​ព្រហើន​ព្រៃផ្សៃ….។ សភាព​របស់​មនុស្ស​ក្នុង​សង្គម មាន​ការ​ពិត​ជាក់​ស្តែង​យ៉ាង​ណា​ៗ រមែង​ប្រាកដ​គួរ​ដល់​ការ សិក្សា ត្រូវ​ចាំ​ថា «យើង​កើត​មក​បាន​ជួប​នឹង​ព្រះពុទ្ធសាសនា មាន​ប្រយោជន៍​ក្នុង​ការ​សិក្សា នូវ​ការ​ពិត ដែល​ការ​ពិត​នោះ​មាន​ក្នុង​ជីវិត​ខ្លួន​ឯង ជីវិត​អ្នក​ដទៃ និង​ក្នុង​ធម្មជាតិទាំង​ពួង»។ ព្រះសម្មាសម្ពុទ្ធ​ទ្រង់​ត្រាស់​សំដែង​ថា «អំណត់​គឺ​សេចក្តី​អត់​ធន់ ជា​តបធម៌ (តបៈ = ដុតនូវ អកុសលធម៌) ដ៏ឧត្តម» ដូច្នេះ​ពុទ្ធបរិស័ទ​ត្រូវ​ចេះ​អត់​ធន់ ដើម្បី​សេចក្តី​សុខ​ត្រជាក់​ក្នុង​ចិត្ត របស់​ខ្លួន​ឯង​ផង ដើម្បី​មិន​ក្តៅ​ក្រហាយ​ដល់​អ្នក​ដទៃ​ផង ជា​ពិសេស​ដើម្បី​មិន​ឈ្លោះ​គ្នា។ សូម​អនុមោទនា! មនុស្ស​ប្រសើរ​ជាង​សត្វ​ព្រោះ​គុណ​ធម៌ គ្រប់​សត្វ​មាន​ជីវិត សុទ្ធ​តែ​មាន​ចិត្ត​ជា​ប្រធាន មាន​ចិត្ត​ជាធំ។ មនុស្សមាន​វិធី​អប់​រំ​ចិត្ត តែ​សត្វ តិរច្ឆាន​មិន​មាន​ឡើយ ដូច្នេះ​ជីវិត​មនុស្ស និង​ជីវិត​សត្វ​តិរច្ឆាន​ទើប​ផ្សេង​គ្នា ពោល​គឺ​មនុស្ស បាន​ប្រសើរ​ត្រង់​មាន​ការ​ចម្រើន​ផ្លូវ​ចិត្ត ចម្រើន​គុណធម៌ អប់រំ​រឿយ​ៗ ។ តម្លៃ​មនុស្ស សាច់​សត្វតិរច្ឆាន​មាន​តម្លៃ ប៉ុន្តែ​សាច់​មនុស្ស​គ្មាន​អ្នក​ណា​គេ​ទិញ​ទេ មនុស្ស​មាន​តម្លៃ​នៅ​ត្រង់ ការ​ប្រព្រឹត្ត​ល្អ​ទេតើ។ សទ្ធា​និង​បញ្ញា​ជា​គូ​គុណ​ធម៌ ជំនឿ​ជា​មួយ​នឹង​ការ​ឆ្លាត​វៃ គឺ​ត្រូវ​តែ​ស្មើ​គ្នា។ មនុស្ស​ដែល​មាន​ការ​ជឿ​ច្រើន តែ​បញ្ញា​តិច ទន់ ខ្សោយ​ក្នុង​ការ​សិក្សា រមែង​ចេះ​តែ​ជឿ សូម្បី​ក្នុង​រឿង​ដែល​មិន​គួរ​ជឿ ឬ​ចេះ​តែ​ជឿ​ដោយ​ប្រាស ចាក​ហេតុ​ផល ។ ចំណែក​មនុស្ស​ដែល​ឆ្លាត​ពេក​ទៅ ប៉ុន្តែ​ខ្សោយ​សទ្ធា រមែង​មិន​ជឿ​សូម្បី​តែ​ព្រះពុទ្ធសាសនា ជា​មនុស្ស​តម្កើង​ខ្លួន រួច​ហើយ​ក៏​ធ្លាក់​ចុះ​ក្នុង​ផ្លូវ​នៃ​ការ​យល់​ខុស។ ព្រោះ​ហេតុ​ដូច្នេះ អ្នក​ដែល​មាន​បញ្ញា​តិច ត្រូវ​ព្យាយាម​សិក្សា ពិចារណា​ការ​ពិត ស្រាវ​ជ្រាវ​រក ហេតុ​រក​ផល ឧស្សាហ៍​ស្តាប់​ធម៌ ឆ្ងល់​ហើយ​សាក​សួរ។ ឯ​អ្នក​ដែល​មាន​សទ្ធា​ទន់​ខ្សោយ ដឹង​ខ្លួន​ថា​មិន​ជឿ​ក្នុង​ព្រះពុទ្ធសាសនា ជឿ​តែ​វិទ្យាសាស្ត្រ​នោះ ត្រូវ​ពិចារណា​កិលេស​ក្នុង​ខ្លួន ដូច​ជា​លោភៈ ទោសៈ មោហៈ ទិដ្ឋិ មានះ កំណាញ់ និង​ច្រណែន ជា​ដើម។ គប្បី​ជ្រាប​ថា កិលេស​ទាំង​នេះ​នៅ​មាន​ព្រោះនៅ​ល្ងង់ គឺ​គប្បី​ពិចារណា​គុណ​ព្រះសម្មាសម្ពុទ្ធ​ឲ្យ​បាន​រឿយៗ៕ ដោយ៥០០០ឆ្នាំ
images/articles/395/dfbvgrdsfcvrdhxc.jpg
ផ្សាយ : ២១ កក្តដា ឆ្នាំ២០២០ (អាន: ៦០,៦៥៤ ដង)
រឿង​ប្តី​ប្រពន្ធ ជារឿងធម្មតារបស់អ្នកគ្រប់គ្រងផ្ទះ ។ ព្រះអរិយបុគ្គល ២ ពួក គឺ​ព្រះសោតាបន្ន និងព្រះ​សក​ទា​គាមីដែលមិនបានបួស ក៏នៅ​គ្រប់​គ្រង​ផ្ទះ​ដែរ ។ បើប្តីប្រពន្ធ​ជាទូទៅ មានកល្យាណសីល និង​កល្យាណ​ធម៌ហើយ គ្រួសារ​នោះ​ឯង ក៏រមែង​មាននូវ​សេចក្តីសុខតាម​លោកិយវិស័យ ។ ជាធម្មតារបស់បុថុជ្ជន តែងមានល្អផង មិនល្អផង ព្រោះហេតុដូច្នេះ ទើប​មាន​ការអាក់អន់ចិត្តនឹងគ្នា ឬប៉ះខ្ទប់គ្នា​ដូចអណ្តាតនិងធ្មេញ ។ ប្តី​ប្រពន្ធ​ដែលនៅជាមួយគ្នា មានសេចក្តីសុខ ឬមានទុក្ខនោះ វា​អាស្រ័យ​​ហេតុ គឺស្នេហ៍ និង ស្នៀត ។ -ស្នេហ៍ គឺជាជ័រស្អិតធ្វើឲ្យប្តីប្រពន្ធស្រឡាញ់ ដូចជាពាក្យពីរោះ ពាក្យពិត និយាយក្នុងរឿងដែលគួរនិយាយ ស្លៀកពាក់តែងខ្លួនស្អាតបាត រៀប​រយ​ជា​និច្ច ព្យាយាមក្នុងការងារដែលជាតួនាទីរបស់ខ្លួនជាដើម ។ ជាប្តីប្រពន្ធត្រូវធ្វើការដាំស្ល បោកគក់ខោអាវ បោសផ្ទះសម្បែង សម្អាតបន្ទប់ មិនហួង​ហែង​ហួសហេតុ មិនមាន​ចិត្តចង្អៀតពេក មិន​ទាស់​ទែង​ជា​មួយ​ញាតិ​មិត្ត​របស់ប្តី គោរពប្រណិប័តន៍ចំពោះឪពុកម្តាយក្មេក និងប្តីជានិច្ច ចេះ​ក្រែង​ចិត្ត​អ្នកដទៃ ស្មោះត្រង់ចំពោះប្តី ដាច់​ខាត​គឺ​កុំ​លេង​ល្បែង​ស៊ី​សង​ និង​ត្រូវ​ចេះ​ដឹង​ក្នុងការចាយវាយជាដើម ។ ជាប្តីវិញ ត្រូវព្យាយាមធ្វើការរកទ្រព្យសម្បត្តិ វៀរចាកគ្រឿងញៀន អបាយមុខ​សព្វគ្រប់ ធ្វើខ្លួនឲ្យជាប្តីល្អ និងជា​ឪពុកល្អ ស្មោះ​ត្រង់​ព្រម​ដោយ​ក្តី​អាណិត​ចំពោះភរិយាខ្លួនរហូត យ៉ាងនេះជាដើមដែរ ។ ប្តីប្រពន្ធ ត្រូវសិក្សាឲ្យយល់ដល់ចិត្តគ្នាទៅវិញទៅមក ហើយ​ព្យាយាម​ថ្នម​ចិត្ត​គ្នា ជាមនុស្សយល់ហេតុផង កុំចេះ​តែតាមចិត្តរបស់ខ្លួន ជា​ពិសេស​ត្រូវ​ចេះ​នឹករលឹកដល់គុណ គឺ សេចក្តីល្អរវាងគ្នានឹងគ្នា ។ -ស្នៀត គឺជាល្បិចកិច្ចកល មាយាលាក់ពុត នាំឲ្យមាននូវអពមង្គល រហូត​ដល់​ពេលជួបគ្នាមានតែជេរ ឬមុខ​ក្រញូវ រអ៊ូរទាំដាក់គ្នា គេច​មុខ​មិន​ចង់​ជួប​គ្នា មិនចង់ចូលផ្ទះ … ។ វិធីបដិបត្តិ ជាដំបូង ត្រូវសង្កេតពិនិត្យខ្លួនឯងជាមុនថា ហេតុដែលកើតឡើងនេះ កើត​មក​ពីអ្វី ? អ្នកណា​ជាអ្នក​បង្កឡើង ? បើឃើញថាមកពីយើង ក៏ត្រូវ​ព្រម​ទទួល​និងប្រញាប់​សម្រេច​ចិត្តកែ​ខៃឲ្យ​បានទាន់ពេល ។ បើបញ្ហានោះ ទាក់ទងនឹងម្ខាងទៀត ក៏សូមឲ្យប្រឹក្សារកការដោះស្រាយ ម្នាក់ៗ​ ជាមនុស្ស គឺត្រូវតែ​ជាអ្នក​យល់​ហេតុយល់ផល តែ​បើ​ដោះ​ស្រាយ​មិន​បាន គឺអាចប្រឹក្សាជាមួយអ្នកចេះដឹងតទៅទៀត ។ ឧបសគ្គសំខាន់ ដែលធ្វើឲ្យប្តីប្រពន្ធបែកបាក់គ្នា ឬនៅជាមួយគ្នាមិនបានសុខ ក៏គឺទិដ្ឋិមានះ រឹងរូស ឃើញតែពីខ្លួន​ឯងពេករហូតដល់ខ្វះមេត្តា ខ្វះ​ការ​ប្រាថ្នា​ល្អដល់គ្នា ។ ម្យ៉ាងទៀត គឺការមិនចេះទទួលកំហុស ចេះទទួលត្រូវតែម្យ៉ាង ហើយ​ច្រើន​តែ​បន្ទោសអ្នក​ដទៃដែល​ខុស​នោះមិន​ដា់ច់ពីមាត់ និយាយដដែលៗ បើ​ខ្លួន​ឯងធ្វើខុសវិញមិនព្រមទទួលឡើយ ហើយបិទ​បាំងទៀតផង ។ ចំពោះបុថុជ្ជន ថាឲ្យធ្វើអ្វីមិនចេះខុសនោះគ្មានឡើយ លើក​លែង​តែ​មិន​ធ្វើ​អ្វី​សោះ ឯការមិនធ្វើអ្វីសោះនោះ វាជា​កំហុសមួយដោយឡែកផ្សេងទៀត ។វិស័យមនុស្សល្អ កាលបើធ្វើខុសហើយ រមែងទទួលកំហុស និង​ព្រមកែប្រែ មិនឲ្យខុសដដែលៗ ឡើយ ។ មនុស្សដែលធ្វើខុសហើយ ​មិនព្រមទទួលកំហុស ជា​មនុស្ស​ខូច​សុខភាព​ផ្លូវ​ចិត្ត នៅទីណា ជាមួយអ្នកណា ក៏ក្តៅ​ក្រហាយទីនោះ ព្រោះ​បើ​មាន​កំហុស​អ្វី​មួយកើតឡើង ចេះតែបន្ទោសអ្នកដទៃប៉ុណ្ណោះ លុះដល់​មាន​ត្រូវ មានល្អ​វិញ ក៏ប្រញាប់ទទួលខ្លួនឯង មនុស្សប្រភេទនេះ មាននៅក្នុងគ្រួសារណា គ្រួសារ​នោះ​ រកសន្តិ​សុខ​បានដោយ​លំបាក ។ ព្រោះហេតុដូច្នោះ គូ​ប្តី​ប្រពន្ធ​ណា​ត្រូវ​ការ​សេចក្តី​សុខ​ក្នុង​ការ​គ្រប់​គ្រង​ផ្ទះ​រួម​គ្នា​ ត្រូវបណ្តុះ​គុណធម៌​ក្នុងការ​គ្រប់​គ្រងផ្ទះ ឲ្យមានទៅវិញទៅមក យ៉ាងនេះ ជីវិតគូស្នេហ៍រមែងដើរទៅតាមផ្លូវ ដែលរោយ​ទៅដោយ​ត្របក​ផ្កាកុលាប ពោល​គឺមង្គលជីវិតជាពិតប្រាកដហោង ។ គោលធម៌បដិបត្តិ ត្រូវបដិបត្តិគោលធម៌ ៣ គឺត្រូវមានសីល ៥ ព្រមដោយកល្យាណធម៌ ត្រូវ​វៀរចាកអបាយមុខ ៦ យ៉ាង និង​ត្រូវ​មាននូវឃរាវាសធម៌ ៤ យ៉ាង ។ ក្រុមទី ១ សីល ៥ ព្រមដោយកល្យាណធម៌ ក្រុមទី ១ ត្រូវហ្វឹកហាត់ឲ្យបាន ៖ ១. មិនសម្លាប់សត្វគ្រប់ជីវិតទាំងអស់ ហើយ​ចម្រើន​នូវ​មេត្តា​ករុណា​ឲ្យ​ដល់​ព្រម ។ ២. មិនធ្វើចោរកម្មគ្រប់យ៉ាង ហើយ​ដល់​ព្រម​ដោយ​ការ​ចិញ្ចឹម​ជីវិត​ដោយ​ប្រពៃ ។ ៣. មិនប្រព្រឹត្តខុសក្នុងកាម ដល់ព្រមដោយក្តីសន្តោស គឺ​ព្រម​ល្មម​ចិត្ត​តែ​ជា​មួយ​នឹងគូគ្រង​របស់ខ្លួន​ប៉ុណ្ណោះ មាននូវកាមសំវរ គឺការ​សង្រួម​ក្នុង​កាមគុណ​ទាំងឡាយ ។ ៤. មិននិយាយកុហក ព្រមទាំងមាននូវសច្ចៈ ។ ៥.​មិនបរិភោគទឹកស្រវឹងគ្រឿងញៀន អប់រំ​ស្មារតី​សេចក្តី​មិន​ប្រមាទ​ឲ្យ​ដល់​ព្រម ។ ក្រុមទី ២ អបាយមុខ ៦ យ៉ាង ក្រុមទី ២ នេះ ត្រូវវៀរឲ្យបានជាដាច់ខាត ៖ ១. សេពគ្រឿងញៀនស្រវឹងបំផ្លាញស្មារតី ។ ២. ការប្រព្រឹត្តអនាចារក្នុងរឿងមេថុនធម្ម ។ ៣. លេងល្បែងភ្នាល់ ។ ៤. ដើរលេងមិនស្គាល់ពេលវេលា ។ ៥. សេពគប់មនុស្សអាក្រក់ជាមិត្ត ។ ៦. ខ្ជិលច្រអូសក្នុងការងារ ។ ក្រុមទី ៣ ឃរាវាសធម៌ ៤ យ៉ាង ក្រុមទី ៣ នេះ គួរឲ្យមានជាប្រចាំចិត្ត ៖ ១. សច្ចៈ ស្មោះត្រង់ពិតប្រាកដដល់គ្នា ។ ២. ទមៈ ហ្នឹកហាត់ទូន្មានចិត្តរាល់ថ្ងៃ ។ ៣. ខន្តិ ចេះអត់ធន់ តស៊ូមិនខ្លាចលំបាក ។ ៤. ចាគៈ ចេះឲ្យទាន និងចេះលះបង់ ។ បើគ្រួសារណា ទាំងប្តី ទាំងប្រពន្ធបដិបត្តិបាននូវធម៌ ៣ ក្រុមនេះ គឺក្រុមទី ១ ហ្វឹកហាត់សម្រេចបាន ក្រុមទី ២ វៀរចាកបាន និងក្រុមទី ៣ កើត​មាន​ជា​ប្រចាំ​ចិត្ត ជីវិតពិតជាមាននូវសេចក្តីសុខ តាមវិស័យ​របស់​បុថុជ្ជន​ដែលជា​មនុស្សល្អ ។ សូមត្រួតត្រាពិនិត្យមើល តើអាត្មាអញបដិបត្តិមានការខ្វះខាតក្នុងធម៌៣ក្រុម​នេះដែរឬទេ ឬក៏សង្កេត​ឃើញ​មាន​បញ្ហាចេញពីប្រភពផ្សេងទៀតដូចជា ៖ -ការរអ៊ូរទាំ និយាយច្រើន ចំណុចនេះដោយច្រើនគឺមាននៅលើស្ត្រីជាភរិយា ឬជាមាតា ចំណែក​បុរស​ជា​ស្វាមី ឬជាបិតាក៏មានដែរ តែ​តិច​តួចទេ ។ ដើម​ហេតុព្រោះមនុស្សក្នុងផ្ទះមិនរួមដៃជួយ អ្វីៗ ត្រូវធ្លាក់មករកតែម្នាក់ ទាំង​ការ​ក្រៅ ការ​ក្នុង ដោះ​ស្រាយមិនចេញកើតរោគសរសៃប្រសាទ ។ ដំណោះស្រាយ ទាំងម៉ែទាំងឪទាំងកូន ត្រូវរួមដៃគ្នា អ្វីគួរជួយបានធ្វើបាន ក៏ជួយទៅធ្វើទៅ​ ។ មេផ្ទះដែលឆ្លាត មិនត្រូវ​ចង​ការ​ងារ​ក្នុងផ្ទះសម្រាប់តែខ្លួនឯង អ្នកណាៗ ធ្វើមិនត្រូវចិត្តនោះទេ គួរបង្រៀនកូនៗ ឲ្យចេះដឹង ហើយ​ឲ្យ​កូន​ធ្វើនូវកិច្ច​ការនោះជំនួសខ្លួន ។ គ្រប់គ្នាត្រូវយល់ដឹងថា ការងារអ្វីក៏ដោយ បើ​យើង​ធ្វើ​ទៅ​ហើយ​មាន​ផល​ឲ្យ​បាន​សុខទាំងអស់គ្នា ការងារនោះយើង​ត្រូវរីករាយនឹងធ្វើ ព្រោះ​ជា​បុណ្យ​ក្នុង​ជីវិតប្រចាំថ្ងៃ ។ -ការធ្វើអ្វីស្រេចតែចិត្តខ្លួនឯងចំណុចនេះ គឺចូលចិត្តធ្វើអ្វីផ្តាច់ការ មិនប្រឹក្សាគ្នាជាមុន ។ ប្តីប្រពន្ធ ទោះ​បី​ថា​មានរូបរាង​ផ្សេងគ្នា​តែគួរ​មាន​បេះ​ដូង​ជា​មួយ​គ្នា​ទើប​ក្នុង​ផ្ទះ​មាន​សន្តិសុខ​។ ប្តីប្រពន្ធត្រូវតែជាមនុស្សយកហេតុផលជាសំខាន់ កុំ​ធ្វើ​អ្វីៗ ស្រេចតែ​ចិត្ត​ចង់ កុំអាងខ្លួនឯងឲ្យជ្រុល ពិតមែនតែមិនបានធ្វើឲ្យគ្រួសារបែកបាក់គ្នា តែ​ត្រូវ​​ដេក​បែរខ្នងដាក់គ្នា ព្រោះ​ហេតុមិនសប្បាយចិត្ត ។ ដំណោះស្រាយ ត្រូវគ្រប់គ្រងចំណង់ មុនធ្វើឬនិយាយ ត្រូវ​មាន​សតិ​និង​បញ្ញា​គ្រប់​គ្រង​ជានិច្ច ត្រូវចេះក្រែងចិត្ត ក្រែងរឿង អ្វី​ដែលរង្កៀសហើយត្រូវកុំធ្វើកុំនិយាយ ត្រូវ​​លះ​ទិដ្ឋិមានះ និងឧបានទានចេញពីចិត្ត ដោយយកហេតុផល និង​ភាព​ត្រឹម​​ត្រូវ​ជា​គោលបដិបត្តិ ។ ( មេរៀន​ជីវិត ) ដោយ៥០០០ឆ្នាំ
images/articles/391/te543xtpic.jpg
ផ្សាយ : ២១ កក្តដា ឆ្នាំ២០២០ (អាន: ៣៤,៩៦៥ ដង)
ការ​មាន​ជីវិត​រស់​នៅ​រួម​គ្នា​ក្នុង​សង្គម​ តែង​មាន​បញ្ហា​កើត​ឡើង ជា​ពិសេស​ការ​ប៉ះ​ទង្កិច​គ្នា​ដោយ​វាចា គឺ​ការ​ប្រើ​ពាក្យ​សំដី ចិត្ត​​គំនិតគិត​ខុស​គ្នា និង​ការ​បៀត​បៀន​គ្នា។សង្គម​ដែល​មាន​ការ​បៀត​បៀន​គ្នា សង្គម​នោះ​តែង​រក​សេចក្តី​សុខ​បាន​ដោយ​លំបាក។ ការ​បដិបត្តិ​ខ្លួន​ដើម្បី​អោយ​ការ​រស់​នៅ​រួម​គ្នា​ក្នុង​សង្គម​ទទួល​បាន​មក​នូវ​សេចក្តី​សុខ​ ព្រះពុទ្ធ​សាសនា​មាន​គោល​ធម៌​ក្នុង​ការ​រស់​នៅ​រួម​គ្នា​ក្នុង​សង្គម​ដូច​ខាង​ក្រោម​នេះ​គឺ សង្គហ​វត្ថុ 4 (Means of assistance) គឺ​វត្ថុ​សំរាប់​ជួយ​សង្គ្រោះ​គ្នា​ទៅ​វិញ​ទៅ​មក តាម​សម​គួរ និង​លទ្ធភាព មិន​ថា​រស់​នៅ​ទី​ណា​នោះ​ទេ សង្គម​មនុស្ស មាន​នាទី​ក្នុង​ការ​បំពេញ​និង បដិបត្តិ​ដូច​ជា ១.ទាន (Material donation) គឺ​ការ​បែង​ចែក​ទ្រព្យ​សម្បត្តិ​ធនធាន និង​ចំណេះ​ដឹង​របស់​ខ្លួន​អោយ​ដល់​អ្នក​ដទៃ ដែល​កំពុង​ខ្វះខាត​ដូច​ជា នៅ​ពេល​មាន​អគ្គីភ័យ​បាតុភូត​ធម្មជាតិ​កើត​ឡើង គិត​មិន​ចេញ​ មិន​មាន​គំនិត​មិន​មាន​ចំណេះ​ដឹង​​ជា​ដើម។មនុស្ស​នៅ​ក្នុង​សង្គម​តែង​មាន​ការ​អោយ​មិន​អាច​អត់​បាន​ទេ ទោះ​បី​អ្នក​មាន​ឬ​អ្នក​ក្រក៏ដោយ​ចាំ​បាច់​ណាស់​ តែ​ការ​អោយ​ខុស​ៗ​ពី​គ្នា​បុណ្ណោះ ដូច​ជា​អ្នក​ខ្លះ​អោយ​តិច​អ្នក​ខ្លះ​អោយ​ច្រើន មិន​សំដៅ​ត្រឹម​តែ​នៅ​ពេល​មាន អគ្គីភ័យ បាតុភូត​ធម្មជាតិ​នោះ​ទេ សម្បី​ការ​រស់​នៅ​ជា​មួយ​គ្នា​ជា​ប្តី​ជា​ប្រពន្ធ​និង​បុត្ត​ធីតា​​ក៏​មាន​ការ​អោយ​ដែរ​រហូត​ដល់​សង្គម​ទាំង​មូល។ ២.បិយវជ្ជំ​ (Verbal advice or kindly speech) ការ​ពោល​វាចា ពិរោះ​ពិសារ ពាក្យ​សុភាព ផ្អែម​ល្ហែម​ទៅ​កាន់​បុគ្គល​ដទៃ ដែល​កំពុង​ជួប នូវ សេចក្តី​ទុក្ខ មាន​ការ បាត់​បង់​បុគ្គល​ជាទី​ស្រឡាញ់ ជាដើម។ បុគ្គល​គ្រប់​រូប នៅ​ពេល​មាន សេចក្តី​ទុក្ខ​ រមែង​បាត់​បង់​ស្មារតី​តែ​នៅ​ពេល​ទទួល​ពាក្យ​ពិរោះ​ពី​អ្នក​ដទៃ រមែង​រំសាយ សេចក្តី​ទុក្ខ​នោះ​បាន ។អស់​លោក​មិត្រ​អ្នក​អាន​ដឹង​ហើយ​ថា​ពាក្យ​ពី​រោះ​ពិសារ គ្រប់​សង្គម​មនុស្ស​តែង​តែ​ស្រឡាញ់​ចង់​បាន​និង​ត្រូវ​ការ​គ្រប់​ក្រុម​គ្រួសារ ព្រម​ទាំង​មនុស្ស​ក្នុង​ស្ថាប័ន​ជាតិ​និង​អន្តរជាតិ​ ជួយ​សង្គ្រោះ​គ្នា​ដោយ​ពាក្យ​សំដី។ ៣.អត្ថចរិយា (Giving a helping hand or​ benefaction) ការ​ប្រព្រឹត្ត​ជា​ប្រយោជន៍ ជួយ​កិច្ច​ការងារ​ គឺ​ការ​ធ្វើ​នូវ​អំពើ​មាន​ប្រយាជន៍​សំរាប់​ខ្លួន​ឯង​ផង​សំរាប់​អ្នក​ដទៃ​ផង ដូច​ជា​ការ​សិក្សា​រៀន​សូត្រ ផ្លូវ​លោក​ផ្លូវ​ធម៌ រមែង​ធ្វើ​ប្រយោជន៍​សំរាប់​គ្រួសារ សង្គម និង​ប្រទេស​ជាតិ​ទាំង​មូល។ ការ​ប្រព្រឹត្ត​ជា​ប្រយោជន៍​វា​បង្ហាញ​នូវ​តម្លៃ​របស់​មនុស្ស​និង​ជា​គំរូ​ដ៏​ល្អ​ដល់​អ្នក​ដទៃ។ ៤.សមានត្តតា​ (Equality) ភាព​ជា​បុគ្គល​មាន​ខ្លួន​ស្មោះ​ស្មើ​មិន​យក​ប្រៀប​លើ​គ្នា ជួយ​គ្នា​ដោះ​ស្រាយ​បញ្ហា​ដែល​កើត​ឡើង ថែម​​ទាំង​មិន​ប្រកាន់​ខ្លួន មិន​លើក​តំកើង​ខ្លួន​ឯង មិន​មាន​មានៈ និង​ទិដ្ឋិ មើល​ងាយ​អ្នក​ដទៃ​ថា​អ្នក​នេះ​មិន​បាន​ស្មើ​ខ្លួន​មិន​សម​ឱ្យ​ខ្លួន​ទៅ​សេព​គប់ ថា​អញ​ជា​អ្នក​មាន​យស​សក្តិ​ធំ មិនគួរ​ទៅ​និយាយ​រក​ចំពោះ​អ្នក​មាន​យសសក្តិ​តូច​ៗ ថា​អញ​ជា​អ្នក​ចេះ មិន​គួរ​ទៅ​និយាយ​ជា​មួយ​អ្នក​ល្ងង់​ជា​ដើម ។បើ​នៅ​ក្នុង​ប្រទេស​ទាំង​មូល ប្រជាពលរដ្ឋ​មាន​សង្គហ​វត្ថុ គ្រប់​ៗ​គ្នា​នោះ​ពិត​ជា​ធ្វើ​ឱ្យ​ប្រទេស​ទាំង​មូល​មាន​សុខ សន្តិភាព។ សង្គហវត្ថុ​នេះ កើត​ពី​សេចក្តី​មេត្តា​(​loving kindness) ករុណា (compassion) របស់​មនុស្ស​ទាំង​ឡាយ។ សារាណីយធម៌ 6 គុណ​ធម៌​សម្រាប់​ការ​រស់​នៅ​រួម​គ្នា គោល​សម្រប​សម្រួល (Conditions leading to mutual recollection)​ នឹក​រលឹក​រក​គ្នា​ហើយ​នឹង​គិត​ដល់​គ្នា​គឺ 1.មេត្តាកាយកម្ម (Friendly action)​អំពើ​ដែល​ធ្វើ​ដោយ​កាយ​ប្រកប​ដោយ​មេត្តាគឺ​ការសម្តែង​កិរិយា​សុភាព​រាបសា គោរព​រាប់​អាន​គ្នា ដូច​ជា​ សំពះ ចាប់​ដៃ​គ្នា ទឹក​មុខ​ញញឹម ជួយ​ហុច​នេះ​ហុច​នោះ រៀប​ចំ​ទុក​ដាក់​របស់​របរ​ជា​ដើម។ 2. មេត្តាវចីកម្ម​ (Friendly speech) ជួយ​ប្រាប់​អ្វី​ដែល​ជា​ប្រយោជន៍ ដាស់​តឿន​ក្រើន​រំលឹក​ដោយ​បំណង​ល្អ ពោល​វា​ចាសុភាព​រាបសា សម្តែង​សេចក្តី គោរព​រាប់​អាន​គ្នា​​ពាក្យ​សំដី​រីករាយ​រាក់​ទាក់ទន់ភ្លន់ មិន​ទន់​ជ្រាយ។ 3.មេត្តាមនោកម្ម (Friendly thoughts) ផ្គង​ចិត្ត​គិត​ល្អ គឺ គិត​អ្វី​ដែល​ជា​ប្រយោជន៍​ដល់​គ្នា​ទៅ​វិញ​ទៅ​មក នឹក​គិត​រក​គ្នា​ដោយ​សុទិដ្ឋិនិយម ​គិត​ក្នុង​គោល​បំណង​រក​វិធីសាស្ត្រ​ល្អ​ៗក្នុង​នាម​ជា​មនុស្ស​រស់​នៅ​ក្នុង​សង្គម​រួម​គ្នា។ 4. សាធារណភោគិតា ឬ អប្បដិវត្តភោគី (Sharing of gains) កាល​បើ​បាន​វត្ថុ​ណានី​មួយ​មក​ដោយ​សុចរិត​ ទោះ​តិច​តួច​ក្តី​ក៏​យក​មក​ចែក​រំលែក​គ្នា​បរិភោគ​តាម​លទ្ធភាព​​និង​​តាម​សម​គួរ​ដល់​កាល​និង​បុគ្គល មិន​ហួង​ហែង​ទុក​តែ​ម្នាក់​ឯង។ 5. សីលសាមញ្ញតា (Equality in moral conduct) មាន​កិរិយា​ប្រព្រឹត្ត​សុចរិត​ត្រឹម​ត្រូវ គោរព​ច្បាប់ គោរព​វិន័យ​ស្មើ​គ្នា​តាម​នាទី​ដែល​មាន​​គោរព​សិទ្ធិ​សេរី​ភាព​គ្នា​ទៅវិញ​ទៅ​មក​ដូច​គ្នា​ មាន​សីលធម៌​ប្រចាំ​ជីវិត​ដូចគ្នា។ 6. ទិដ្ឋិសាមញ្ញតា (Equality in view; unity in view) មាន​គំហើញ​ត្រូវ​ដូច​គ្នា​ដែល​ជា​គោល​ការណ៍​ដ៏​សំខាន់​មាន​ឆន្ទៈ​និង​ឧត្តម​គតិ​ឆ្ពោះ​ទៅ​រក​ការ​រំលត់​ទុក្ខ ឬ​ដោះ​ស្រាយ​បញ្ហា​ដោយ​ការ​យល់​ឃើញ​ដូច​គ្នា​និង​ស្រប​គ្នា​​ពិត​ជា​នាំ​មក​នូវ​សេចក្តីសុខ។ ដោយ ភិក្ខុ បាលីយុត្ត កល្យាណបាលិតោ ដោយ៥០០០ឆ្នាំ
images/articles/387/te3424xtpic.jpg
ផ្សាយ : ២១ កក្តដា ឆ្នាំ២០២០ (អាន: ៥៤,០៧៩ ដង)
ក្នុង​ខណៈ​ដែល​ព្រះសារីបុត្ត​បក់​ផ្លិត​ថ្វាយ​ព្រះដ៏មាន​ព្រះភាគ ដែល​ព្រះដ៏មាន​ព្រះភាគ​កំពុង​តែ​សម្តែង ព្រះធម៌​ដល់​ទីឃនខបរិព្វាជក នៅ​សុករខាតា នា​ភ្នំ​គិជ្ឈកូដ ព្រះថេរៈ​សម្រេច​ព្រះអរហត្ត​ក្នុងខណៈ​នោះ គឺ​កំពុង​បក់​ផ្លិត មិន​មាន​អាការ​ខុស​ប្រក្រតី​អ្វី​ទាំង​អស់ ។យើង​គ្រប់​គ្នា​ក៏​ធ្លាប់​បក់​ផ្លិត​នៅ​ពេល​នោះ គិត រឿង​អ្វី​ៗ បាន​ទាំង​អស់ គិត​ធ្វើ​បុណ្យ​យ៉ាង​នេះ យ៉ាង​នោះ ឬ​គិត​ដោយ​អកុសលវិតក្ក​ផ្សេង​ៗ ក៏​បាន តាម​តែ​បច្ច័យ​នៃ​ការ​គិត​នោះ​មាន ។ ជំនួស​ការ​គិត​ផ្សេង​ៗ សតិ​ថ្នាក់​សតិប្បដ្ឋាន​កើត​ឡើង​ក៏​បាន​ដែរ រលឹក​ដឹង​លក្ខណៈ នៃ​ធម៌​ពិត​កំពុង​កើត កំពុង​មាន ដោយ​អ្នក​ដទៃ​មិន​បាន​ដឹង​ឡើយ ព្រោះ​តាំង​នៅ ដោយ​អាកប្បកិរិយា​ជា​ប្រក្រតី រហូត​ដល់​សម្រេច​មគ្គផល ។ នៅ​ពេល​បរិភោគ​អាហារ សតិ​កើត​ក៏​ជា​ប្រក្រតី នៅ​ពេល​និយាយ ពេល​ស្តាប់ សតិ​កើត​ជា​ប្រក្រតី​បាន ទាំង​អស់ ។ នៅ​ក្នុង​សំយុត្តនិកាយ ខន្ធវារវគ្គ ខេមក​សូត្រ ព្រះ​ខេមកៈ​កំពុង​មាន​អាពាធ សម្តែង​ធម៌ ដល់ភិក្ខុ ៦០ អង្គ សម្រេច​ព្រះអរហត្ត​គ្រប់​អង្គ ។ ព្រះអដ្ឋកថា​បាន​បញ្ចាក់​ថា ព្រះថេរៈ ៦០ អង្គនោះ ចម្រើន​វិបស្សនា​ក្នុង​ទីនោះ ទាំង​ដែល​ព្រះថេរៈ កំពុង​សម្តែង​ធម៌ ពិចារណា​ខ្ពស់​ឡើងៗ ពេល​ចប់​ព្រះ ធម៌​ទេសនា ក៏​បាន​សម្រេច​ជា​ព្រះអរហន្ត ។ ចំណែក​ព្រះខេមកៈ មិន​មែន ពោល​ដោយ​ទំនង​ដទៃ តែ ពោល​ដោយ​ចិត្ត​ដែល​ប្រព្រឹត្ត​ទៅ​ដោយ​វិបស្សនា​នោះ​ឯង ព្រោះ​ហេតុ​ដូច្នោះ ទើប​លោក​បាន​សម្រេច ព្រះ​អរហត្ត​ក្នុង​ពេល​នោះ​ដែរ ។ ការ​ចម្រើន​សតិប្ប​ដ្ឋាន មិន​មែន​សាង​អារម្មណ៍​ឲ្យ​សតិ ឬ​សាង​បព្វៈ​នេះ បព្វៈ​នោះ​ក្នុង​សតិប្បដ្ឋាន​សូត្រ ដើម្បី​ចម្រើន​សតិប្បដ្ឋាន នោះ​ឡើយ ហើយ​ក៏​មិន​មែន​ជា​បែប​បង្គាប់​សតិ​ឲ្យ​ចម្រើន​ពេល​នេះ ពេល​នោះ ទីនេះ ទីនោះ ដូច្នោះ​ដែរ ព្រោះ​សតិ​ជាអនត្តា អ្នក​ឲ្យ​សតិ​កើត​មិន​មាន​ទេ គឺ​មាន​បច្ច័យ​គ្រប់​គ្រាន់ សតិ ទើប​កើត​ឡើង ។ ការ​ស្តាប់​យល់​អំពី​ធម៌​ពិត​ជា​ប្រក្រតី ទើប​ជា​បច្ច័យនៃ​សតិប្ប​ដ្ឋាន ឯ​ការ​បាន​ដឹង​លក្ខណៈ​របស់​សតិ ទើប​អាច​សតិ​ចម្រើន​ទៅ​បាន ។ ការ​ចម្រើន​សតិប្បដ្ឋាន មិន​​មែន​ធ្វើ​បែប​នេះ បែប​នោះ តាម​អ្នក​ណា​នោះ​ឡើយ ព្រោះ​អារម្មណ៍​របស់ សតិ ជា​បរមត្ថ​ធម៌​រៀង​ៗ ខ្លួន គ្រប់​ឥរិយាបថ ៤ ពេល​ណា​ក៏​មាន​ធម៌​ពិត​ដែរ ។ តួធម៌បដិបត្តិ មិន ប្រព្រឹត្ត​ទៅ​ដើម្បី​ឲ្យ​ខ្លួន​ឯង​បាន​អ្វី​នោះ​ទេ តួធម៌បដិបត្តិ គឺ​ដឹង​បរមត្ថធម៌​ជា​ធម៌​ពិត ដែល​ធម៌​ពិត​នោះ មិន​​មែន​ជា​សត្វ​បុគ្គល​តួ​ខ្លួន​ហើយ​ស្រេច ។ នៅ​ក្នុង​អដ្ឋកថា​ធម្មបទ ភិក្ខុ​វគ្គ សម្តែង​អំពី​ព្រះ​វក្កលិ​បាន​នូវ​បី​តិ​ដ៏​ខ្លាំង​ក្លា ហោះ​ទៅ​តាម​អាកាស ពិចារណា​ព្រះពុទ្ធ​គាថា ដែល​ព្រះពុទ្ធ​ទ្រង់​ត្រាស់​សម្តែង​ថា បាមោជ្ជពហលោ ភិក្ខុ បសន្នោ ពុទ្ធសាសនេ អធិគច្ឆេ បទំ សន្តំ សង្ខារូបសមំ សុខំ ។ ភិក្ខុ​ដែល​ច្រើន​ទៅ​ដោយ​សេចក្តី​រីករាយ​ជ្រះថ្លា ក្នុង​ព្រះពុទ្ធ​សាសនា គប្បី​បាន​សម្រេច​នូវ​សន្តិ​បទ គឺ​ព្រះនិព្វាន ដែល​ស្ងប់​នូវ​សង្ខារ​ទាំង ពួង ជាសុខ ។ ព្រះវក្កលិ សម្រេច​ព្រះអរហត្ត​នៅ​ក្នុង​អាកាស​នោះ​ឯង ហើយ​ហោះ​ចុះ​មក​ថ្វាយ​បង្គំ​ព្រះបរមសាស្តា នៅ​នា​ព្រះវេឡុវ័ន មហាវិហារ ។ តើ​យើង​បដិបត្តិ​ធម៌ ដោយ​ធ្វើ​តាម​ព្រះវក្កលិ ហោះ​ទៅ​តាម​អាកាស ដូច្នោះ​ឬ ? ព្រះសប្បទាសត្ថេរ លោក​មិន​ចង់​មាន​ជីវិត​នៅ​ក្នុង​ផ្នួស តែ​លោក​ក៏​មិន​ចង់​សឹក ម៉្លោះ​ហើយ លោក សម្រេច​ចិត្ត​ធ្វើ​អត្តឃាត ដោយ​យក​កាំបិត​កោរ​ទៅ​អារ​បំពង់ក ប៉ុន្តែ​សំណាង​ល្អ កាំបិត​បញ្ញា​លឿន​ជាង កាត់​អាសវក្កិលេស​ដាច់​អស់ មុន​នឹង​ដាច់​បំពង់ក សម្រេច​ព្រះអរហត្ត ក្នុង​ទី​នោះ​ឯង ។ មាន​ភិក្ខុ​អង្គ​ខ្លះ កាត់​ដាច់​បំពង់ក​ស្រេចហើយ ទើប​សម្រេច​ព្រះអរហត្តប​រិនិព្វាន​ក្នុង​ពេល​នោះ​ទៅ ។ ដើម្បី​សម្រេច​ព្រះអរហត្ត តើ​យើង​ត្រូវ​បដិបត្តិ​ដោយអារកាត់​ផ្តាច់​បំពង់ក​ខ្លួន​ឯង តាម​លោក​ដូច្នោះ​ឬ? ដោយ៥០០០ឆ្នាំ
images/articles/386/2020-07-21_16_00_06-buddha_and_monk_painting_-_Google_Search.jpg
ផ្សាយ : ២១ កក្តដា ឆ្នាំ២០២០ (អាន: ៥៣,៥៣០ ដង)
ពាក្យ​និយាយ​ដែល​គ្មាន​ប្រយោជន៍, ជំទាស់​នឹង​ផ្លូវ​សួគ៌និព្វាន លោក​ហៅ​ថា តិរច្ឆានកថា ដូចមាន​វចនត្ថ​សម្តែង​​ថា៖ សគ្គមោក្ខានំ តិរច្ឆានភូតា កថាតិ តិរច្ឆានកថា “ពាក្យ​និយាយ​ដែល​ជំទាស់​នឹង​សួគ៌មគ្គផល និង​និព្វាន ហៅ​ថា តិរច្ឆាន​កថា” តិរច្ឆានក​ថាទាំង​នោះ មាន​មក​ក្នុង​ព្រះ​បាលី(ព្រះត្រៃបិដក) ដូច​ត​ទៅ​នេះ ៖ រាជកថា ពាក្យ​និយាយ​ដែល​គ្មាន​ប្រយោជន៍​ទាក់​ទង​នឹង​ព្រះរាជា ចោរកថា ពាក្យ​និយាយ​ដែល​គ្មាន​ប្រយោជន៍​ទាក់ទង​នឹង​ចោរ មហាមត្តកថា ពាក្យ​និយាយ​ដែល​គ្មាន​ប្រយោជន៍​ទាក់ទង​នឹង​មហាមាត្យ សេនាកថា ពាក្យ​និយាយ​ដែល​គ្មាន​ប្រយោជន៍​ទាក់​ទង​នឹង​កង​ទ័ព ភយកថា ពាក្យ​និយាយ​ដែល​គ្មាន​ប្រយោជន៍​ទាក់​ទង​នឹង​ភយន្តរាយ យុទ្ធកថា ពាក្យ​និយាយ​ដែល​គ្មាន​ប្រយោជន៍​ទាក់ទង​នឹង​ចម្បាំង [ មាន​ចម្បាំង​របស់​មហាភារតៈ​ជា​ដើម ] អន្នកថា ពាក្យ​និយាយ​ដែល​គ្មាន​ប្រយោជន៍​ទាក់​ទង​នឹង​អាហារ បានកថា ពាក្យ​និយាយ​ដែល​គ្មាន​ប្រយោជន៍​ទាក់ទង​នឹង​ទឹក​បាន វត្ថកថា ពាក្យ​និយាយ​ដែល​គ្មាន​ប្រយោជន៍​ទាក់​ទង​នឹង​សំពត់ សយនកថា ពាក្យ​និយាយ​ដែល​គ្មានប្រយោជន៍​ទាក់ទង​នឹង​ទីដេក មាលាកថា ពាក្យនិយាយ​ដែល​គ្មាន​ប្រយោជន៍​ទាក់​ទង​នឹង​ផ្កា​កម្រង គន្ធកថា ពាក្យ​និយាយ​ដែល​គ្មាន​ប្រយោជន៍​ទាក់​ទង​នឹង​គ្រឿង​ក្រអូប ញាតិកថា ពាក្យ​និយាយ​ដែលគ្មាន​ប្រយោជន៍​ទាក់​ទង​នឹង​សាច់​ញាតិ​បង​ប្អូន យានកថា ពាក្យ​និយាយ​ដែល​គ្មាន​ប្រយោជន៍​ទាក់ទង​នឹង​យាន​ពាហនៈ គាមកថា ពាក្យ​និយាយ​ដែល​គ្មាន​ប្រយោជន៍​ទាក់​ទង​នឹង​ស្រុក និគមកថា ពាក្យ​និយាយ​ដែល​គ្មាន​ប្រយោជន៍​ទាក់​ទង​នឹង​និគម នគរកថា ពាក្យ​និយាយ​ដែល​គ្មាន​ប្រយោជន៍​ទាក់​ទង​នឹង​នគរ ជនបទកថា ពាក្យ​និយាយ​ដែល​គ្មាន​ប្រយោជន៍​ទាក់​ទង​នឹង​រដ្ឋ ឬប្រទេស ឥត្ថិកថា ពាក្យ​និយាយ​ដែល​គ្មាន​ប្រយោជន៍​ទាក់ទង​នឹង​ស្ត្រី ( បុរិសកថា ពាក្យ​និយាយ​ដែល​គ្មាន​ប្រយោជន៍​ទាក់​ទង​នឹង​បុរស ) សូរកថា ពាក្យ​និយាយ​ដែលគ្មាន​ប្រយោជន៍​ទាក់​ទងនឹង​វីរបុរស ( អ្នកក្លាហាន ) វិសិខាកថា ពាក្យ​និយាយ​ដែល​គ្មាន​ប្រយោជន៍​ទាក់ទង​នឹង​ថ្នល់, ច្រក, ផ្លូវបំបែក កុម្ភដ្ឋានកថា ពាក្យ​និយាយ​ដែល​គ្មាន​ប្រយោជន៍​ទាក់​ទង​នឹង​អណ្តូង​ទឹក កំពង់​ទឹក ឬ​នាងកុម្ភទាសី បុព្វបេតកថា ពាក្យ​និយាយ​ដែល​គ្មាន​ប្រយោជន៍​ទាក់​ទង​នឹង​ញាតិ​ដែល​បាត់​បង់​ជីវិត​ទៅ​ហើយ នានត្តកថា ពាក្យ​និយាយ​ដែល​គ្មាន​ប្រយោជន៍​មាន​ប្រការ​ផ្សេងៗ លោកក្ខាយិកំ ពាក្យ​និយាយ​ដែល​គ្មាន​ប្រយោជន៍​ទាក់​ទង​នឹង​លោក សមុទ្ទក្ខាយិកំ ពាក្យ​និយាយ​ដែល​គ្មាន​ប្រយោជន៍​ទាក់​ទង​នឹង​សមុទ្រ ឥតិភវាភវកថា ពាក្យ​និយាយ​ដែល​គ្មាន​ប្រយោជន៍​ទាក់ទង​នឹង​លោក​ចម្រើន ព្រោះ​ហេតុ​នេះ និង​លោក​​វិនាស​ព្រោះ​ហេតុ​នេះ ពន្យល់ រាជកថា ពាក្យ​និយាយ​គ្មាន​ប្រយោជន៍​ទាក់​ទង​នឹង​ព្រះរាជា ដូចជា​និយាយ​ថា “ព្រះ​រាជា​អង្គ​នោះ​ទ្រង់​មាន​រូប​​ស្អាត” បើ​ជា​​ការ​និយាយ​ដើម្បី​ឲ្យ​កើត​សេចក្តី​សង្វេគតក់ស្លុត ក៏​អាច​និយាយ​បាន ដូចជា​និយាយ​ថា “សូម្បី​ព្រះរាជា​អង្គ​នោះ ជា​អ្នក​មាន​អំណាច​លើ​ប្រឹថ​ពី តែ​ក្នុង​ទីបំផុត​ក៏មិន​អាច​គេច​ផុត​ពី​សេចក្តី​ស្លាប់” សូម្បី​ក្នុង​តិរច្ឆាន​កថា​ក្រៅ​ពីនេះ ក៏​មាន​ន័យ​ដូច​គ្នា ។ អន្នកថា… ចាប់ពី អន្នកថា ដល់ គន្ធកថា គប្បី​ជ្រាប​ថា បើ​ជា​ការ​និយាយ​ដល់​ការ​ធ្វើ​បុណ្យ​ទាន ដោយ​វត្ថុ​ទាំង​នោះ រមែង​សម​​គួរ ។ ញាតិកថា បើ​ជា​ការ​និយាយលើក​សរសើរ​សាច់​ញាតិ​បងប្អូន​របស់​ខ្លួន រមែង​មិន​សម​គួរ តែ​បើ​ជា​ការ​និយាយ​ដែល​នាំ​មក​នូវ​​សេចក្តី​សង្វេគតក់​ស្លុត រមែង​សមគួរ ។ គាមកថា បើ​ជាពាក្យ​និយាយ​លើក​សរសើរ ឬ​តិះដៀល​អ្នក​ស្រុក​ក្នុង​ស្រុក​ឯណោះ ឬ​អ្នក​ស្រុក​ឯណេះ រមែង​មិន​គួរ តែ​បើ​ជា​ការ​និយាយ​អំពី​គុណ​ធម៌ ដូច អ្នក​ស្រុក​ក្នុង​ស្រុក​​នេះ​មាន​សទ្ធា ជា​ដើម រមែង​គួរ ។ និគម សំដៅ​ដល់ ទី​ប្រជុំ​ជន​ដែល​មាន​ផ្សារ តែ​មិន​មាន​កំពែង នគរ សំដៅ​ដល់ ទី​ប្រជុំជន​ដែល​មាន​ផ្សារ មាន​កំពែង​ព័ទ្ធ​ជុំ​វិញ ។ ឥត្ថិកថា បើ​ជា​ការ​ពោលសរសើរ​គុណ​ធម៌ សេចក្តី​ល្អ ដូច ស្រី​ជា​អ្នក​មាន​សីល មាន​សទ្ធា ជា​ដើម រមែង​គួរ ។ បុរិសកថា បទថា បុរិសកថា គប្បី​ជ្រាប​ថា មិន​មាន​ក្នុង​ព្រះ​ត្រៃ​បិដក​ច្បាប់​ឆដ្ឋសង្គាយនា ព្រោះ​លោក​សង្គ្រោះ​ចូល​ក្នុង​បទ​​ថា សូរ​កថា ហើយ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ព្រោះ​ច្បាប់​ខ្លះ​មាន​បទ​នេះ ទើប​ដាក់​នៅ​ក្នុង​រង្វង់​ក្រចក​ទុក វិសិខាកថា វិសិខាកថា សំដៅ​រួម​ដល់ ការ​សរសើរ​មនុស្ស​ដែល​នៅ​តាម​ថ្នល់, ច្រក, ផ្លូវ ថា​ជា​មនុស្ស​ពូកែ មាន​សមត្ថភាព​ជា​​ដើម​ផង តិរច្ឆានកថា ៣២ ក្នុង​គម្ពីរអដ្ឋក​ថា ដូច អដ្ឋកថា​នៃ​មជ្ឈិមនិកាយ មជ្ឈិមបណ្ណាសក ប្រាប់ថា តិរច្ឆានកថា មាន ៣២ កថា ដោយ​​ចែក​ឥតិភវាភវកថា ចេញ​ជា ៦ កថា គឺ ១. ឥតិសស្សតភវកថា ពាក្យ​និយាយ​ដែល​គ្មាន​ប្រយោជន៍​ថា លោក​ទៀង ព្រោះ​ហេតុ​នេះ ២. ឥតិឧច្ឆេទអភវកថា ពាក្យ​និយាយ​ដែល​គ្មាន​ប្រយោជន៍​ថា លោក​ដាច់​សូន្យ ព្រោះ​ហេតុ​នេះ ៣. ឥតិវុឌ្ឍិកថា ពាក្យ​និយាយ​ដែល​គ្មាន​ប្រយោជន៍​ថា លោក​ចម្រើន ព្រោះ​ហេតុ​នេះ ៤. ឥតិហានិកថា ពាក្យ​និយាយ​ដែល​គ្មាន​ប្រយោជន៍​ថា លោក​វិនាស ព្រោះ​ហេតុ​នេះ ៥. ឥតិកាមសុខកថា ពាក្យ​និយាយ​ដែល​គ្មាន​ប្រយោជន៍​ថា លោក​ជា​សុខ ព្រោះ​ហេតុ​នេះ ៦. ឥតិអត្តកិលមថកថា ពាក្យ​និយាយ​ដែល​គ្មាន​ប្រយោជន៍​ថា លោក​ជា​ទុក្ខ ព្រោះ​ហេតុ​នេះ រួម​នឹង​តិរច្ឆាន​កថា​ដែល​មក​ក្នុង​ព្រះបាលី ២៦ កថា​ទៀត ជា ៣២ កថា ក្នុង​សីលក្ខន្ធវគ្គ អភិនវដីកា ចែក​តិរច្ឆានកថា ៣២ ទុកជា ២ ន័យ គឺ ន័យ​ដំបូង ត្រូវ​នឹង​មតិអដ្ឋកថា​ខាង​ដើម ចំណែក​ន័យ​ទី ២ ចែក​ទុក​ដោយ​ចែក​ឥតិភវាភវកថា​ ចេញ​ជា ២ កថា​ប៉ុណ្ណោះ គឺ ឥតិភវកថា និង​ឥតិអភវកថា ហើយ​បន្ថែម​កថា​ដែល​មិន​មាន​ក្នុង​ព្រះបាលី​ដោយ​ត្រង់ ៤ កថា​ទៀត គឺ ១. អរញ្ញកថា ពាក្យ​និយាយ​ដែល​គ្មាន​ប្រយោជន៍ ទាក់​ទង​នឹង​ព្រៃ ២. បព្វតកថា ពាក្យ​និយាយ​ដែល​គ្មាន​ប្រយោជន៍ ទាក់​ទង​នឹង​ភ្នំ ៣. នទីកថា ពាក្យ​និយាយ​ដែល​គ្មាន​ប្រយោជន៍ ទាក់​ទង​នឹង​ស្ទឹង ៤. ទីបកថា ពាក្យ​និយាយ​ដែល​គ្មាន​ប្រយោជន៍ ទាក់​ទង​នឹង​កោះ រួម​នឹង​តិរច្ឆាន​កថា​ដែល​មក​ក្នុង​ព្រះបាលី ២៦ កថាទៀត ជា ៣២ កថា ទាំង​គម្ពីរ​អដ្ឋកថា និង​ដីកា មិន​បាន​​សម្តែង​បុរិសកថា ទុក​ក្នុង​កថា​ទាំង ៣២ នេះ ៕ ដោយ៥០០០ឆ្នាំ
images/articles/383/te_________xtpic.jpg
ផ្សាយ : ២១ កក្តដា ឆ្នាំ២០២០ (អាន: ៥៤,៥២៥ ដង)
ក្នុងបឋមអាហុនេយ្យសូត្រ បិដកលេខ ៤៦ ទំព័រ​ ១-២​ ព្រះដ៏មានព្រះភាគ​ទ្រង់​ត្រាស់​ថា ៖ ម្នាលភិក្ខុទាំងឡាយ​ ភិក្ខុ​ប្រកប​ដោយ​ធម៌​ ៦​ យ៉ាង​ ជា​អ្នក​គួរ​ទទួល​នូវ​ចតុប្បច្ច័យ​ ដែល​គេ​នាំ​មក​បូជា គួរ​ទទួល​វត្ថុ​ដែល​គេ​រៀប​ចំ​ដើម្បី​ភ្ញៀវ​ គួរ​ទទួល​ទក្ខិណាទាន​ គួរដល់​អញ្ជលិកម្ម​ ជា​បុញ្ញក្ខេត្ត​ដ៏ប្រសើរ​ របស់​សត្វ​លោក​ ។ ឥធ​ ភិក្ខវេ​ ភិក្ខុ​ ចក្ខុនា​ រូបំ​ ទិស្វា​ នេវ​ សុមនោ​ ហោតិ​ ន​ ទុម្មនោ​ ឧបេក្ខកោ​ វិហរតិ​ សតោ​ សម្បជានោ​ ម្នាលភិក្ខុទាំងឡាយ​ ភិក្ខុ​ក្នុង​សាសនា​នេះ​ ឃើញ​រូប​ដោយ​ភ្នែក​ ជាអ្នក​មិន​ត្រេក​អរ​ មិន​អាក់អន់​ ជាអ្នក​ព្រងើយកន្តើយ​ ប្រកប​ដោយ​សតិសម្បជញ្ញៈ​ សោតេន​ សទ្ធំ​ សុត្វា​ … ឮសំឡេងដោយ​ត្រចៀក​ … ឃានេន​ គន្ធំ​ ឃាយិត្វា​ … ធុំក្លិនដោយច្រមុះ​ … ជិវ្ហាយ​ រសំ​ សាយិត្វា​ … ទទួលរសដោយអណ្តាត … កាយេន​ ផោដ្ឋព្វំ​ ផុសិត្វា​ … ពាល់ត្រូវ​ផោដ្ឋព្វៈដោយ​កាយ … មនសា​ ធម្មំ​ វិញ្ញាយ​ នេវ​ សុមនោ​ ហោតិ​ ន​ ទុម្មនោ​ ឧបេក្ខកោ​ វិហរតិ​ សតោ​ សម្បជានោ​ ដឹង​ច្បាស់​នូវ​ធម្មារម្មណ៍​ ដោយ​ចិត្ត​ ជាអ្នក​មិន​ត្រេក​អរ​ មិន​អាក់អន់​ ជាអ្នក​ព្រងើយកន្តើយ​ ប្រកប​ដោយ​សតិសម្បជញ្ញៈ អដ្ឋកថា បទថា​ នេវ​ សុមនោ​ ហោតិ​ ន​ ទុម្មនោ​ សេចក្តីថា រមែង​ជាអ្នក​មិន​ត្រេកអរ​ព្រោះ​ឥដ្ឋារម្មណ៍​ ដោយសោមនស្ស​ដែលសហគតៈ​ដោយ​រាគៈ ឬរមែង​ជាអ្នក​មិនអាក់អន់​ ព្រោះអនិដ្ឋារម្មណ៍​ ដោយ​ទោមនស្ស​ ដែល​សហគតៈ​ដោយ​ទោសៈ ។​ បទថា​ ឧបេក្ខកោ​ វិហរតិ​ សតោ​ សម្បជានោ​ សេចក្តីថា​ មិន​ដល់​នូវ​ភាព​ជាអ្នក​ព្រងើយកន្តើយ​ដោយ​ឧបេក្ខា​ដែល​មិន​ប្រកប​ដោយ​ញាណ​ ដោយ​មិន​ពិចារណា​ ក្នុង​មជ្ឈត្តារម្មណ៍​ ឈ្មោះ​ថា​ ជាអ្នក​មាន​សតិ​សម្បជញ្ញៈ​ មាន​ចិត្ត​ជាកណ្តាល​ក្នុង​អារម្មណ៍ ។ ក្នុង​ព្រះ​សូត្រ​នេះ​ ព្រះ​ដ៏មាន​ព្រះ​ភាគ​ត្រាស់​ធម៌​ជា​គ្រឿង​នៅ​ជា​ប្រចាំ​របស់ព្រះខីណាស្រព ។ ក្នុងទុតិយអាហុនេយ្យសូត្រ បិដក ៤៦/២-៦ ព្រះអង្គទ្រង់​ត្រាស់សម្តែងអំពីភិក្ខុដែលមានអភិញ្ញា​ ៦​ ជា​អ្នក​គួរ​ដល់ទក្ខិណាទាន​ ៖ ម្នាលភិក្ខុ​ទាំងឡាយ​ ភិក្ខុ​ប្រកប​ដោយ​ធម៌​ ៦​ យ៉ាង​ ជាអ្នក​គួរ​ទទួល​ចតុប្បច្ច័យ​ ដែលគេនាំមក​បូជា​ ។ល។ ជា​បុញ្ញក្ខេត្ត​ដ៏ប្រសើរ​របស់​សត្វលោក ។​ ធម៌​ ៦​ នោះគឺ៖ ១. អនេកវិហិតំ​ ឥទ្ធិវិធំ​ បច្ចនុភោតិ រមែងបាននូវការតាក់តែង​ ឬសម្តែង​ឫទ្ធិ​ច្រើន​ប្រការ​បាន ២. ទិព្វាយ សោតធាតុយា វិសុទ្ធាយ​ អតិក្កន្តមានុសិកាយ​ ឧភោ សទ្ទេ​ សុណាតិ​ ទិព្វេ​ ច​ មានុសេ​ ច​ យេ ទូរេ សន្តិកេ​ ច ភិក្ខុមានសោតធាតុ​ជា​ទិព្វ​ដ៏​បរិសុទ្ធ​ កន្លង​សោតធាតុ​របស់​មនុស្ស​ធម្មតា​ រមែង​ស្តាប់​សំឡេង​ពីរ​ប្រការ​ គឺសំឡេង​ទិព្វ​ និង​សំឡេង​មនុស្ស​ ក្នុង​ទី​ឆ្ងាយ​ក៏​បាន​ ជិត​ក៏​បាន ៣. បរសត្តានំ បរបុគ្គលានំ​ ចេតសា​ ចេតោ​ បរិច្ច​ បជានាតិ ភិក្ខុរមែងកំណត់ដឹង​ច្បាស់​នូវ​ចិត្ត​របស់សត្វ​ដទៃ​ បុគ្គល​ដទៃ​ដោយ​ចិត្ត​របស់​ខ្លួន ៤. អនេកវិហិតំ បុព្វេនិវាសំ អនុស្សរតិ ភិក្ខុ​រលឹកឃើញ​នូវ​ជាតិ​ដែល​ខ្លួន​ធ្លាប់​នៅ​អាស្រ័យ​ ក្នុង​កាល​មុន​ជា​ច្រើនជាតិ ៥. ទិព្វេន ចក្ខុនា វិសុទ្ធេន អតិក្កន្តមានុសកេន សត្តេ បស្សតិ ចវមានេ ឧបបជ្ជមានេ ភិក្ខុ​មាន​ចក្ខុ​ដូច​ជា​ទិព្វ​ដ៏​បរិសុទ្ធ​ កន្លង​បង់​នូវ​ចក្ខុ​របស់​មនុស្ស​ធម្មតា​ ឃើញ​នូវ​សត្វ​ទាំង​ឡាយ​ដែល​កំពុង​ច្យុត​និង​កំពុង​កើត ៦. អាសវានំ ខយា អនាសវំ ចេតោវិមុត្តឹ បញ្ញាវិមុត្តឹ ទិដ្ឋេវ ធម្មេ សយំ អភិញ្ញា សច្ឆិកត្វា​ ឧបសម្បជ្ជ​ វិហរតិ ភិក្ខុ​បាន​ធ្វើ​ឲ្យ​ជាក់​ច្បាស់​ សម្រេច​នូវ​ចេតោវិមុត្តិ​ និង​បញ្ញា​វិមុត្តិ​ ដែល​មិន​មាន​អាសវៈ ព្រោះ​អស់​អាសវៈ​ទាំង​ឡាយ​ ដោយ​ប្រាជ្ញា​ដ៏​ឧត្តម​ដោយ​ខ្លួន​ឯង​ ក្នុង​បច្ចុប្បន្ន អដ្ឋកថា បទថា​ អសវានំ​ ខយា​ អនាសវំ​ សេចក្តីថា​ ឈ្មោះ​ថា​ មិនមាន​អាសវៈ​ ព្រោះ​អាសវៈ​ទាំងឡាយ​អស់​ទៅ​ មិនមែន​ព្រោះ​មិន​មាន​​ ដូច​ការ​មិនមាន​នៃ​ចក្ខុវិញ្ញាណ​ជាដើម ។ ក្នុង​ព្រះ​សូត្រ​នេះ​ ព្រះមានព្រះភាគ​ត្រាស់​អភិញ្ញា​ទុក​សម្រាប់​ព្រះខីណាស្រព​ តាម​លំដាប់ ។ ក្នុងឥន្ទ្រិយសូត្រ បិដក ៤៦/៦ ព្រះមានព្រះភាគទ្រង់ត្រាស់ថា​ ៖ ម្នាលភិក្ខុ​ទាំងឡាយ​ ភិក្ខុ​ប្រកប​ដោយ​ធម៌​ ៦​ យ៉ាង​ ជាអ្នក​គួរ​ទទួល​ចតុប្បច្ច័យ​ ដែលគេនាំមក​បូជា​ ។ល។ ជា​បុញ្ញក្ខេត្ត​ដ៏ប្រសើរ​របស់​សត្វលោក ។​ ធម៌​ ៦ នោះ គឺ​ ៖ ១-៥. សទ្ធិន្ទ្រិយេន វីរិយិន្ទ្រិយេន សតិន្ទ្រិយេន សមាធិន្ទ្រិយេន បញ្ញិន្ទ្រិយេន ភិក្ខុ​ប្រកប​ដោយ​សទ្ធិន្ទ្រិយ​ វីរិយិន្ទ្រិយ សតិន្ទ្រិយ​ សមាធិន្ទ្រិយ​ បញ្ញិន្ទ្រិយ​ ៦. អាសវានំ ខយា អនាសវំ ចេតោវិមុត្តឹ បញ្ញាវិមុត្តឹ ទិដ្ឋេវ ធម្មេ សយំ អភិញ្ញា សច្ឆិកត្វា​ ឧបសម្បជ្ជ​ វិហរតិ ភិក្ខុ​បាន​ធ្វើ​ឲ្យ​ជាក់​ច្បាស់​ សម្រេច​នូវ​ចេតោវិមុត្តិ​ និង​បញ្ញា​វិមុត្តិ​ ដែល​មិន​មាន​អាសវៈ ព្រោះ​អស់​អាសវៈ​ទាំង​ឡាយ​ ដោយ​ប្រាជ្ញា​ដ៏​ឧត្តម​ដោយ​ខ្លួន​ឯង​ ក្នុង​បច្ចុប្បន្ន ក្នុងពលសូត្រ បិដក ៤៦/៧ ព្រះមានព្រះភាគទ្រង់ត្រាស់ថា​ ៖ ម្នាលភិក្ខុ​ទាំងឡាយ​ ភិក្ខុ​ប្រកប​ដោយ​ធម៌​ ៦​ យ៉ាង​ ជាអ្នក​គួរ​ទទួល​ចតុប្បច្ច័យ​ ដែលគេនាំមក​បូជា​ ។ល។ ជា​បុញ្ញក្ខេត្ត​ដ៏ប្រសើរ​របស់​សត្វលោក ។​ ធម៌​ ៦ នោះ គឺ​ ៖ ១-៥. សទ្ធាពលេន វីរិយពលេន សតិពលេន សមាធិពលេន បញ្ញាពលេន ភិក្ខុ​ប្រកប​ដោយ​សទ្ធាពលៈ វីរិយពលៈ សតិពលៈ សមាធិពលៈ បញ្ញាពលៈ ៦. អាសវានំ ខយា អនាសវំ ចេតោវិមុត្តឹ បញ្ញាវិមុត្តឹ ទិដ្ឋេវ ធម្មេ សយំ អភិញ្ញា សច្ឆិកត្វា​ ឧបសម្បជ្ជ​ វិហរតិ ភិក្ខុ​បាន​ធ្វើ​ឲ្យ​ជាក់​ច្បាស់​ សម្រេច​នូវ​ចេតោវិមុត្តិ​ និង​បញ្ញា​វិមុត្តិ​ ដែល​មិន​មាន​អាសវៈ ព្រោះ​អស់​អាសវៈ​ទាំង​ឡាយ​ ដោយ​ប្រាជ្ញា​ដ៏​ឧត្តម​ដោយ​ខ្លួន​ឯង​ ក្នុង​បច្ចុប្បន្ន អដ្ឋកថា ក្នុងឥន្ទ្រិយសូត្រ និង​ពលសូត្រ​ ព្រះមានព្រះភាគ​ទ្រង់​ត្រាស់​ព្រះខីណាស្រព​ទុក​តែម្យ៉ាង ។ ក្នុងបឋមអាជានិយសូត្រ​ ទុតិយអាជានិយសូត្រ​ និងតតិយអាជានិយសូត្រ​ បិដកលេខ ៤៦/៧-១០​ ព្រះអង្គ​ទ្រង់សម្តែងថា ៖ ម្នាលភិក្ខុ​ទាំងឡាយ​ ភិក្ខុ​ប្រកប​ដោយ​ធម៌​ ៦​ យ៉ាង​ ជាអ្នក​គួរ​ទទួល​ចតុប្បច្ច័យ​ ដែលគេនាំមក​បូជា​ ។ល។ ជា​បុញ្ញក្ខេត្ត​ដ៏ប្រសើរ​របស់​សត្វលោក ។​ ធម៌​ទាំង​ ៦​ នោះគឺ​ ៖ ១. ខមោ ហោតិ រូបានំ ជាអ្នកចេះអត់ធន់​នឹង​រូប [ រូបារម្មណ៍ ] ២. ខមោ សទ្ទានំ អត់ធន់នឹងសំឡេង [ សទ្ទារម្មណ៍ ] ៣. ខមោ គន្ធានំ អត់ធន់នឹងក្លិន [ គន្ធារម្មណ៍ ] ៤. ខមោ រសានំ អត់ធន់នឹងរស [ រសារម្មណ៍ ] ៥. ខមោ ផោដ្ឋព្វានំ អត់ធន់នឹងការពាល់ត្រូវ [ ផោដ្ឋព្វារម្មណ៍ ] ៦. ខមោ ធម្មានំ អត់ធន់នឹងធម្មារម្មណ៍ ដោយ ៥០០០ឆ្នាំ
images/articles/382/text_________pic.jpg
ផ្សាយ : ២១ កក្តដា ឆ្នាំ២០២០ (អាន: ៧០,៦០៧ ដង)
សុភាសិតា ច យា វាចា ការពោលវាចាជាសុភាសិត វាចា គឺសំឡេង ឬពាក្យនិយាយគ្រប់យ៉ាងដែលចេញមកអំពីមាត់ នឹងមានចេតនា ឬមិនមានក៏ដោយ អាចនឹងប៉ះ​ខ្ទប់ជាមួយនឹងត្រចៀករបស់ជនដទៃឲ្យដឹងសេចក្តីបាន ជាពាក្យដែលនិយាយហើយល្អ ប្រកបដោយអត្ថដោយ​ធម៌ សុភាសិតវាចា គឺពាក្យដែលវៀរចាកវចីទុច្ចរិត ៤ គឺ និយាយកុហក និយាយទ្រគោះ និយាយចាក់ដោត និង​និយាយរោយរាយ ឬពាក្យនិយាយដែលប្រកបដោយអង្គ ៥ ដែលវិញ្ញូជនទាំងឡាយមិនតិះដៀល ៖ ១. កាលេន ច ភាសិតា ហោតិ ពោលតាមកាល និយាយក្នុងវេលាដ៏សមគួរ ២. សច្ចា ច ភាសិតា ហោតិ ពោលតែពាក្យពិត ៣. សណ្ហា ច ភាសិតា ហោតិ ពោលតែពាក្យពីរោះ គួរជាទីស្រឡាញ់ ៤. អត្ថសញ្ហិតា ច ភាសិតា ហោតិ ពោលតែពាក្យដែលមានប្រយោជន៍ ប្រកបដោយខ្លឹមសារ ៥. មេត្តចិត្តេន ច ភាសិតា ហោតិ ពោលដោយមេត្តចិត្ត សុភាសិតវាចាក្នុងអង្គទាំង ៥ នេះ ជាមង្គលទៅបាន ត្រូវប្រកបគ្រប់ទាំង ៥ នេះ ខ្វះអង្គណានីមួយមិនបាន បុថុជ្ជនថ្នាក់ទាប ត្រូវបដិបត្តិឲ្យល្អក្រៅ​ពី​នេះ វាចាជាសុភាសិតនៅមានអង្គ ៤ ដទៃទៀត ដែល​កាន់​យក​ថា​ជា​មង្គលដូចគ្នា ដែលព្រះសម្មាសម្ពុទ្ធ​ត្រាស់ទុកក្នុងសុភាសិតសូត្រ តតិយវគ្គ សុត្តនិបាត សមគួរសម្រាប់អ្នក​មាន​គុណធម៌ជាន់ខ្ពស់ ជាព្រះអសេក្ខបុគ្គល វាចាជាសុភាសិត ៤ យ៉ាង ១. សុភាសិតំយេវ ភាសតិ នោ ទុព្ភាសិតំ ពោលតែពាក្យជាសុភាសិត មិនពោលពាក្យជាទុព្ភាសិត ២. ធម្មំយេវ ភាសតិ នោ អធម្មំ ពោលតែពាក្យដែលជាធម៌ មិនពោលពាក្យដែលមិនមែនជាធម៌ ៣. បិយំយេវ ភាសតិ នោ អប្បិយំ ពាក្យតែពាក្យដែលជាទីស្រឡាញ់ មិនពោលពាក្យដែលមិនជាទីស្រឡាញ់ ៤. សច្ចំយេវ ភាសតិ នោ អលិកំ ពោលតែពាក្យពិត មិនពោលពាក្យដែលមិនពិត សុភាសិតំ ឧត្តមមាហុ សន្តោ ធម្មំ ភណេ នាធម្មន្តិ ទុតិយំ បិយំ ភណេ នាប្បិយន្តិ តតិយំ សច្ចំ ភណេ នាលិកន្តំ ចតុត្ថំ ។ ពួកសប្បុរស ពោលសុភាសិត ជាពាក្យខ្ពង់ខ្ពស់ ( ទី ១ ) ពោលពាក្យជាធម៌ មិនពោលពាក្យមិនជាធម៌ នោះជាទី ២ ពោលពាក្យជាទីស្រឡាញ់ មិនពោលពាក្យមិនជាទីស្រឡាញ់ នោះជាទី ៣ ពោលពាក្យពិត មិនពោលពាក្យ​កុហក នោះជាទី ៤ ។ រឿងភិក្ខុ ៦០ រូប ភិក្ខុ ៦០ បានឮចម្រៀងរបស់ក្មេងស្រីម្នាក់ ដែល​មាន​អត្ថន័យ​ទាក់​ទង​នឹង​ជាតិ ជរា ព្យាធិ និងមរណៈ ធ្វើឲ្យភិក្ខុ​ទាំងឡាយកាលបានឮសំឡេងនោះ កើតបញ្ញា ពិចារណាភាពមិនទៀង មានការកើតឡើងហើយ និង​រលត់​ទៅ​វិញ ជាធម្មតា រហូតដល់សម្រេចព្រះអរហត្ត រឿងគោនន្ទិវិសាល កាលម្ចាស់របស់គោនិយាយពាក្យអាក្រក់គ្រោតគ្រាតប្រាប់ឲ្យគោនន្ទិវិសាល អូសរទេះ ១០០ គ្រឿង ដើម្បីឈ្នះ​ការភ្នាល់ គោកាល​ស្តាប់​ឮ​ពាក្យ​នោះ​ហើយ​ក៏មិនព្រមដើរ ធ្វើឲ្យម្ចាស់ចាញ់ការភ្នាល់ តមក កាលម្ចាស់លេងភ្នាល់​ម្តង​ទៀត ទើបនិយាយពាក្យពីរោះប្រាប់ឲ្យគោនន្ទិវិសាលអូសរទេះ គោ​ទើប​ព្រម​អូសរទេះ ធ្វើឲ្យឈ្នះការភ្នាល់ភាព​ជា​មង្គល​នៃវាចាជាសុភាសិត ព្រោះ​នាំ​មកនូវលោកិយសុខ និងលោកុត្តរសុខ ដូចធ្វើឲ្យបានលាភច្រើន ធ្វើឲ្យ​រួចផុតចាកភយន្តរាយផ្សេងៗ ជាហេតុបានសម្រេចមគ្គផល ជាដើម ទោសនៃការពោលវាចាជាទុព្ភាសិត ធ្វើឲ្យកាត់ប្រយោជន៍របស់ខ្លួន និងប្រយោជន៍អ្នកដទៃ ដូចជា ត្រូវគេតិះ​ដៀល បានទទួលភេទភ័យ មានអបាយភូមិជាទីប្រព្រឹត្តទៅខាងមុខ ជាដើម បើ​កើត​មក​ជា​មនុស្ស​ត្រូវ​ទទួល​ទុក្ខ ព្រោះ​​កម្ម​អាក្រក់​ដែលខ្លួនបានធ្វើទុកហើយ សូមមើលបន្ថែម ៖ ព្រះ​តថាគត​ទ្រង់​ត្រាស់​តែ​វាចា​ពិត​ និងប្រកប​ដោយ​ប្រយោជន៍ ប្រភព ដោយ៥០០០ឆ្នាំ
images/articles/381/text____________pic.jpg
ផ្សាយ : ២១ កក្តដា ឆ្នាំ២០២០ (អាន: ៥៤,៧២៧ ដង)
វាចា ៦ ប្រការ មានសម្តែងក្នុងអភយរាជកុមារសូត្រ បិដកលេខ ២៣ ទំព័រ ១៤៩ ដល់ ១៦០ ព្រះអង្គត្រាស់​ព្យាករបញ្ហារបស់ព្រះអភយរាជកុមារ តែក្នុងទីនេះ សូមលើកយកមកដោយសង្ខេប ៖ ១. អភូតំ អតច្ឆំ អនត្ថសញ្ហិតំ វាចាដែលមិនពិត មិនទៀងមិនប្រកបដោយប្រយោជន៍; ថែមទាំងមិនជាទី​ស្រឡាញ់ មិនជាទីគាប់ចិត្ត របស់ជនទាំងឡាយដទៃផង ព្រះតថាគតមិនត្រាស់វាចានោះទេ ២. ភូតំ តច្ឆំ អនត្ថសញ្ហិតំ វាចាពិត ទៀង តែមិនប្រកបដោយប្រយោជន៍; ថែមទាំងមិនជាទីស្រឡាញ់ មិនជាទី​គាប់ចិត្ត របស់ជនទាំងឡាយដទៃផង ព្រះតថាគតក៏មិនត្រាស់វាចានោះដែរ ៣. ភូតំ តច្ឆំ អត្ថសញ្ហិតំ វាចាដែលពិត ទៀង ប្រកបដោយប្រយោជន៍; តែថា វាចានោះមិនជាទីស្រឡាញ់ មិន​ជាទីគាប់ចិត្ត របស់ជនទាំងឡាយដទៃ ព្រះតថាគតស្គាល់កាលគួរ នឹងត្រាស់វាចានោះ ៤. អភូតំ អតច្ឆំ អនត្ថសញ្ហិតំ វាចាដែលពិត មិនទៀង មិនប្រកបដោយប្រយោជន៍; ទោះបីវាចានោះ ជាទី​ស្រឡាញ់ ជាទីគាប់ចិត្តរបស់ជនទាំងឡាយដទៃ ព្រះតថាគត ក៏មិនត្រាស់វាចានោះឡើយ ៥. ភូតំ តច្ឆំ អនត្ថសញ្ហិតំ វាចាពិត ទៀង តែមិនប្រកបដោយប្រយោជន៍; វាចានោះទោះបីជាស្រឡាញ់ ជាទី​គាប់ចិត្តរបស់ជនទាំងឡាយដទៃ ព្រះតថាគត ក៏មិនត្រាស់វាចានោះដែរ ៦. ភូតំ តច្ឆំ អត្ថសញ្ហិតំ វាចាដែលពិត ទៀង ហើយប្រកបដោយប្រយោជន៍; វាចានោះជាទីស្រឡាញ់ ជាទីគាប់​ចិត្តរបស់ជនទាំងឡាយដទៃផង ព្រះតថាគតស្គាល់កាលគួរ នឹងពោលនូវវាចានោះ អធិប្បាយ ពាក្យថា អនត្ថ ( វាចាដែលមិនប្រកបដោយប្រយោជន៍ ) បានដល់ បិសុណាវាចា និង សម្ផប្បលាបៈ ។ ក្នុងពាក្យ​នេះ លោក​សង្គ្រោះ​យក​វចីទុច្ចរិតទាំង ៤ នោះឯង ។ក្នុងវាចាទាំង ៦ យ៉ាងនេះ កាល​ពោល​ដល់​បុគ្គលអ្នកមានសីល ដោយពាក្យថា “អ្នក​ជា​មនុស្ស​ទ្រុស្តសីល, ជាចោរ” ឬ ពោល​នឹង​មនុស្ស​មិន​មែន​ជា​ចណ្ឌាល ដោយ​ពាក្យថា “អ្នកជាចណ្ឌាល” ជាដើម នេះជាវាចាទី ១ ( មិនពិត មិន​ទៀង មិនប្រកបដោយប្រយោជន៍ មិនជាទីស្រឡាញ់ ) ។ ពោលនឹងបុគ្គលទ្រុស្តសីល ដោយពាក្យថា “អ្នកជាមនុស្សទ្រុស្តសីល” ឬពោលនឹងមនុស្សជាចណ្ឌាល ដោយពាក្យ​ថា “អ្នកជាចណ្ឌាល” ជាដើម នេះជាវាចាទី ២ ( ពិត ទៀង មិនប្រកបដោយប្រយោជន៍ មិន​ជាទី​ស្រឡាញ់ ) ។ ពាក្យនិយាយដោយចំហរ ដល់នូវកំណើតជាសត្វនរក របស់សត្វនរក ដូចនិយាយពាក្យថា “ភិក្ខុទេវទត្ត​ កើត​ក្នុងអបាយភូមិ កើតជាសត្វនរក” នេះជាវាចាទី ៣ ( ពិត ទៀង ប្រកបដោយប្រយោជន៍ មិនជាទីពេញចិត្ត ) ។ ពាក្យពោលដោយឲ្យសត្វលោកវង្វេងការពិត យ៉ាងនេះថា “ការសម្លាប់សត្វ ដែលបុគ្គលធ្វើដោយយញ្ញវិធី រមែង​នាំមកនូវសុគតិ” នេះជាវាចាទី ៤ ( មិនពិត មិនទៀង មិនប្រកបដោយប្រយោជន៍ ជាទីពេញចិត្ត ) ។ ពាក្យពោលដែលបង្អោនទៅ ដើម្បីការបែកបាក់គ្នាជាដើម ដោយរឿងពិត នេះជាវាចាទី ៥ ( ពិត ទៀង មិន​ប្រកប​ដោយប្រយោជន៍ ជាទីស្រឡាញ់ ) ។ ពាក្យពោលដល់ទាន សីល ភាវនា ជាដើម ដែលធ្វើឲ្យប្រព្រឹត្តទៅក្នុងឋានៈ នៃជាវាចាដ៏សមគួរ នេះជាវាចាទី ៦ ( ពិត ទៀង ប្រកបដោយប្រយោជន៍ ជាទីពេញចិត្ត ) ។ ដោយ៥០០០ឆ្នាំ
images/articles/379/tex______tpic.jpg
ផ្សាយ : ២១ កក្តដា ឆ្នាំ២០២០ (អាន: ៥៣,០៤៥ ដង)
ភាព​ជា​អ្នក​ដែល​គេ​ប្រដៅ​ក្រ​ និង​មាន​មិត្ត​អាក្រក់ ទោវចស្សតា ភាវៈ​ជា​អ្នក​ដែល​គេ​ប្រដៅ​ក្រ បាបមិត្តតា ភាវៈ​ជា​អ្នក​មាន​មិត្ត​អាក្រក់ ( សង្គីតិសូត្រ ធម៌​ពួក​ ២ ) អធិប្បាយ ពាក្យថា ទោវចស្សតា​ នោះ មាន​បទ​វិគ្រោះ​ដូច្នេះ ៖ ការ​ពោល​ប្រដៅ​ក្នុង​បុគ្គល​នេះ​ ដែល​ច្រើន​តែ​កាន់​យក​ខាង​ខុស​​ ត្រេក​អរ​តែ​ក្នុង​ធម៌​ដែល​ជា​សឹក​សត្រូវ​ ការ​មិន​អើ​ពើ​ មិនគោរព​ មិន​ទទួល​ស្តាប់​បង្គាប់​ ហេតុ​នោះ​ បុគ្គលនេះ​ទើប​ឈ្មោះ​ថា​ ទុព្វចោ ( អ្នក​ប្រដៅ​ក្រ ) អំពើ​របស់​បុគ្គល​ដែល​ប្រដៅ​ក្រ​នោះ​ ឈ្មោះ​ថា​ ទោវចស្សំ,​ ភាវៈ​របស់​ទោវចស្សៈនោះ​ ឈ្មោះ​ថា​ ទោវចស្សតា ( ភាវៈ​នៃ​អំពើ​របស់​អ្នក​ប្រដៅ​ក្រ,​ ភាព​ជាអ្នក​ប្រដៅ​ក្រ ) ។ ភាព​ជាអ្នក​ដែល​គេ​ប្រដៅ​ក្រ​នេះ មាន​សម្តែង​ទុក​ក្នុង​ព្រះ​អភិធម្ម​ថា​ “តត្ថ កតមា ទោវចស្សតា? សហធម្មិកេ វុច្ចមានេ ទោវចស្សាយំ បណ្តា​ធម៌ទាំង​នោះ​ ទោវចស្សតា​ តើ​ដូច​ម្តេច?​ គឺ​ភាព​ជា​អ្នក​ដែល​គេ​ប្រដៅ​​បាន​ដោយ​កម្រ​ ក្នុង​កាល​សហធម្មិក​ស្តី​ប្រដៅ” ។​ ទោវចស្សតានោះ ដោយ​អង្គ​ធម៌​ បានដល់​ សង្ខារក្ខន្ធ​ តែ​អាចារ្យខ្លះ​ពោលថា​ ពាក្យ​នេះ​ជា​ឈ្មោះ​នៃ​ខន្ធ​ទាំង​ ៤​ ដែល​ប្រព្រឹត្ត​ទៅ​ដោយ​អាការ​ដូច្នេះ​ ។ ពាក្យ​ថា​ បាបមិត្តតា មាន​បទ​វិគ្រោះ​ដូច្នេះ ៖ មនុស្ស​អាក្រក់​ទាំង​ឡាយ​ មាន​មនុស្ស​មិន​មាន​សទ្ធា​​ជា​ដើម​ ជា​មិត្ត​របស់​បុគ្គល​នោះ​ ហេតុ​នោះ​ គេ​ទើប​ឈ្មោះ​ថា​ បាបមិត្តោ ( អ្នក​មាន​មិត្ត​អាក្រក់​ជា​មិត្ត ),​ ភាវៈ​នៃ​បាបមិត្ត​នោះ​ ឈ្មោះ​ថា បាបមិត្តតា​ ( ភាព​ជាអ្នក​មាន​មិត្ត​អាក្រក់ ) ។​ ភាព​ជា​អ្នក​មាន​មិត្ត​អាក្រក់​នេះ​ មាន​សម្តែង​ទុក​ក្នុង​ព្រះ​អភិធម្ម​យ៉ាង​នេះ​ថា​ “តត្ថ កតមា បាបមិត្តតា? យេ តេ បុគ្គលា អស្សទ្ធា ទុស្សីលា អប្បស្សុតា មច្ឆរិនោ ទុប្បញ្ញា។ យា តេសំ សេវនា និសេវនា សំសេវនា ភជនា សំភជនា ភត្តិ សំភត្តិ តំសម្បវង្កតា បណ្តា​ធម៌​ទាំង​នោះ​ បាបមិត្តតា​ តើ​ដូច​ម្តេច?​ គឺ ការ​សេព​ ការ​ជិត​ដិត​នឹង​គ្នា​ ការ​ត្រូវ​គំនិត​គ្នា​ ការ​គប់​រក​គ្នា​​ ការ​ស្រប​គំនិត​គ្នា​​សេចក្តី​ស្រឡាញ់​គ្នា​ ការ​ជិត​ស្និទ្ធ​នឹង​គ្នា​ ភាព​នៃ​បុគ្គល​មូល​មិត្រ​នឹង​គ្នា​ នឹងមនុស្ស​ដែលមិន​មាន​សទ្ធា​​ ទ្រុស្ត​សីល​ ចេះ​ដឹង​តិច​ ជា​មនុស្ស​កំណាញ់​ គ្មាន​ប្រាជ្ញា” ។ សូម្បីបាបមិត្តតា​នោះ​ ដោយ​អង្គ​ធម៌​ ក៏​គប្បី​ជ្រាប​ដូច​គ្នា​នឹង​ទោវចស្សតា ។ ***[ ពាក្យ​ថា​ មិន​មាន​សទ្ធា​ គឺ​ រមែង​មិន​ជឿ​ការ​ត្រាស់​ដឹង​របស់​ព្រះ​តថាគត​ជា​ដើម​ ] ភាវៈ​ជា​អ្នក​ដែល​​គេ​ប្រដៅ​ងាយ​ និង​មាន​មិត្ត​ល្អ សោវចស្សតា ភាវៈ​ជា​អ្នក​ដែល​គេ​ប្រដៅ​ងាយ កល្យាណមិត្តតា ភាវៈ​ជា​អ្នក​មាន​មិត្ត​ល្អ អធិប្បាយ ភាវៈ​ជា​អ្នក​ដែល​គេ​ប្រដៅ​ងាយ​ និង​ភាវៈ​ជា​អ្នក​មាន​មិត្ត​ល្អ​ គប្បី​ជ្រាប​ដោយ​ន័យ​ផ្ទុយ​គ្នា​នឹង​ពាក្យ​ដែល​ពោល​មក​ហើយ។ គុណធម៌​ទាំង​ ២​ ប្រការ​នេះ​ ក្នុង​ទី​នេះ​ លោក​ពោល​លាយ​គ្នា​ទាំង​លោកិយ​ ទាំង​លោកុត្តរ ៕ ដោយ៥០០០ឆ្នាំ
images/articles/378/tex32tpic.jpg
ផ្សាយ : ២១ កក្តដា ឆ្នាំ២០២០ (អាន: ៥២,៦៥៣ ដង)
ប្រារព្ធចំពោះព្រះសម្មជ្ជនត្ថេរ យោ ច បុព្វេ បមជ្ជិត្វា បច្ឆា សោ នប្បមជ្ជតិ សោមំ លោកំ បភាសេតិ អព្ភា មុត្តោវ ចន្ទិមា ។ បុគ្គលណាមួយ កាលពីមុនប្រមាទហើយ លុះកាលជាខាងក្រោយ គេមិនប្រមាទវិញ បុគ្គល​នោះ​ ​ឈ្មោះថា ញ៉ាំង​​ខន្ធាទិលោកនេះ​ ឲ្យភ្លឺច្បាស់​ ដូចព្រះចន្ទ្ររះផុតចាកពពក ។ អធិប្បាយ : បុគ្គល​ណា​ ប្រមាទ​ហើយ​ក្នុង​កាល​មុន​ ដោយ​ការ​ធ្វើ​វត្ត​ និង​តបវត្ត​ ឬ​ដោយ​ការ​ស្វាធ្យាយ​ជា​ដើម​ ខាង​ក្រោយ​នៅ​ដោយ​សុខ​ដែល​កើត​អំពី​មគ្គផល​ ឈ្មោះ​ថា​ រមែង​មិន​ប្រមាទ,​ បុគ្គល​នោះ​ រមែង​ញ៉ាំង​លោក​មាន​ខន្ធ​ជា​ដើម​នេះ​ឲ្យ​ភ្លឺ​ស្វាង​ គឺ​រមែង​ធ្វើ​ឲ្យ​ភ្លឺ​ស្វាង​ជា​មួយ​គ្នា​បាន​ ដោយ​មគ្គញ្ញាណ​ ដូច​ដួង​ចន្ទ​រះ​ផុត​អំពី​ពពក​ជា​ដើម​ ញ៉ាំង​នូវ​អាកាសលោក​ឲ្យ​ភ្លឺ​ស្វាង​ ដូច្នោះ ៕ ដោយ ៥០០០ឆ្នាំ
images/articles/377/te_______________xtpic.jpg
ផ្សាយ : ២១ កក្តដា ឆ្នាំ២០២០ (អាន: ៥១,៤១៣ ដង)
ឋានកុសលតា សេចក្តី​ឈ្លាស​ក្នុង​ហេតុ អដ្ឋានកុសលតា សេចក្តី​ឈ្លាស​ក្នុង​មិន​មែន​ហេតុ ។ អធិប្បាយ៖ ពាក្យ​ថា​ ឋានកុសលតាគឺ​ បញ្ញា​ដែល​អាច​ក្នុង​ការ​កំណត់​ឋានៈ​យ៉ាង​នេះ​ថា​ “ចក្ខុ​ រូប​ ជា​ឋានៈ​ និង​ជា​ហេតុ​នៃ​ចក្ខុវិញ្ញាណ​ ដែល​កើត​ឡើង​ដោយ​ធ្វើ​ចក្ខុឲ្យ​ជា​ទី​តាំង​ និង​ធ្វើ​រូប​ឲ្យ​ជា​អារម្មណ៍​ លោក​ពោល​ទុក​ក្នុង​ព្រះ​អភិធម្ម​យ៉ាង​នេះ​ថា​ “យេ យេ ធម្មា យេសំ យេសំ ធម្មានំ ហេតុបច្ចយា ឧប្បាទាយ តំ តំ ឋានន្តិ យា តត្ថ បញ្ញា បជាននា ការ​ដឹង​ ការ​យល់​ ក្នុង​ធម៌​ទាំង​ឡាយ​ ថា​ជា​ហេតុ​ ជា​បច្ច័យ​ អាស្រ័យ​ទាំង​ឡាយ​ណាៗ​ ធម៌​នោះៗ​ ចាត់​ថា​ជា​ឋានៈ” ។​ ពាក្យ​ថា​ អដ្ឋានកុសលតា​ គឺ​ បញ្ញា​ដែល​អាច​ក្នុង​ការ​កំណត់​អដ្ឋានៈ​ យ៉ាង​នេះ​ថា​ “សោតវិញ្ញាណ​ជា​ដើម​ រមែង​មិន​កើត​ឡើង​ដោយ​ធ្វើ​ចក្ខុ​ឲ្យ​ជា​ទី​តាំង​ និង​ធ្វើ​រូប​ឲ្យ​ជា​អារម្មណ៍,​ ព្រោះ​ហេតុ​នោះ​ ចក្ខុ​រូប​ទើប​មិន​ជា​ឋានៈ​​មិន​ជា​ហេតុ​នៃ​សោតវិញ្ញាណ​ជា​ដើម​ទាំង​នោះ​ លោក​ពោល​ទុក​ក្នុង​ព្រះ​អភិធម្ម​ថា​ “‘យេ យេ ធម្មា យេសំ យេសំ ធម្មានំ ន ហេតូ ន បច្ចយា ឧប្បាទាយ តំ តំ អដ្ឋានន្តិ យា តត្ថ បញ្ញា បជាននា ការ​ដឹង​ ការ​យល់​ក្នុង​ធម៌​ទាំង​ឡាយ​​ថា​ មិន​មែន​ជា​ហេតុ​ មិន​មែន​ជា​បច្ច័យ​ អាស្រ័យ​ធម៌​ទាំង​ឡាយ​ណាៗ​ ធម៌​នោះៗ​ ចាត់​ថា​ជាឋានៈ​” ។​ ន័យ​ម្យ៉ាង​ទៀត​ គប្បី​ជ្រាប​សេចក្តី​ក្នុង​ធម៌​ពួក​ ២​ នេះ​ ដោយ​សូត្រ​នេះ​ថា​ “កិត្តាវតា បន, ភន្តេ, ឋានាឋានកុសលោ ភិក្ខូតិ អលំ វចនាយាតិ ។ ឥធានន្ទ, ភិក្ខុ អដ្ឋានមេតំ អនវ-កាសោ,​ យំ ទិដ្ឋិសម្បន្នោ បុគ្គលោ កញ្ចិ សង្ខារំ និច្ចតោ ឧបគច្ឆេយ្យ, នេតំ ឋានំ វិជ្ជតីតិ បជានាតិ ។​ ឋានញ្ច ខោ ឯតំ វិជ្ជតិ, យំ បុថុជ្ជនោ កញ្ចិ សង្ខារំ និច្ចតោ ឧបគច្ឆេយ្យបពិត្រ​ព្រះ​អង្គ​ដ៏​ចម្រើន​ ដោយ​ហេតុ​ប៉ុន្មាន​ ទើប​គួរ​នឹង​ពោល​បាន​ថា​ ភិក្ខុ​ជា​អ្នក​ឈ្លាស​ក្នុង​ឋានៈ​ និង​អដ្ឋានៈ​?​​ ម្នាល​អានន្ទ​ ភិក្ខុ​ក្នុង​​ធម្មវិន័យ​នេះ​ រមែង​ដឹង​ច្បាស់​ថា​ ការ​ដែល​បុគ្គល​បរិបូណ៌​ដោយ​ទិដ្ឋិ​ គប្បី​ចាប់​ប្រកាន់​សង្ខារ​យ៉ាង​ណា​នី​មួយ​ ថា​ទៀង​ នុ៎ះ​មិន​មែន​ជា​ឋានៈ​ មិន​មែន​ជា​ឱកាស​ឡើយ,​ ចំណែក​ការ​ដែល​បុថុជ្ជន​នឹង​គប្បី​ចាប់​ប្រកាន់​សង្ខារ​ណា​នី​មួយ​ ថា​ទៀង​​ នុ៎ះ​ទើប​ជា​ឋានៈ” ។ ( សង្គីតិសុត្តវណ្ណនា ) ពាក្យ​ទាំង​ពីរ​នេះ​ ថា​ ហេតូ​ បច្ចយា​ ( ជា​ហេតុ​ ជា​បច្ច័យ )​ ជា​ពាក្យ​វេវចនៈ​នៃ​គ្នា​និង​គ្នា ។​ ពិត​មែន​ ចក្ខុបសាទ​ជា​ហេតុ​ និង​ជា​បច្ច័យ​ដល់​ចក្ខុវិញ្ញាណ​ ដែល​ធ្វើ​រូប​ឲ្យ​ជា​អារម្មណ៍​កើត​ឡើង ។​ មួយ​ទៀត​ សោតបសាទ​ជា​ដើម​ ក៏​ជា​ហេតុ​ និង​ជា​បច្ច័យ​ដល់​សោតវិញ្ញាណ​ជា​ដើម​ ពូជ​ទាំង​ឡាយ​មាន​ពូជ​ស្វាយ​ជា​ដើម​ ក៏​ជា​ហេតុ​ និង​ជា​បច្ច័យ​ដល់​ផ្លែ​ស្វាយ​ជា​ដើម ។ ក្នុង​ន័យ​ទី​ ២​ គប្បី​ជ្រាប​សេចក្តី​យ៉ាង​នេះ​ថា​ បទ​ថា​ យេ​ ធម្មា​ ( ពួក​ធម៌​ណា )​ ជា​ពាក្យ​សម្តែង​បច្ចយធម៌​ដែល​ជា​វិសភាគៈ​នឹង​គ្នា ។​ បទ​ថា​ យេសំ​ យេសំ​ ( នៃ​ពួក​ធម៌​ណាៗ ) ជា​ពាក្យ​សម្តែង​ដល់​បច្ចយសមុប្បន្នធម៌​ ដែល​ជា​វិសភាគៈ​នឹង​គ្នា ។​ បទ​ថា​ ន​ ហេតូ​ ន​ បច្ចយា​ ( មិន​មែន​ជា​ហេតុ​ មិន​មែន​ជា​បច្ច័យ )​ បាន​ដល់​ ចក្ខុបសាទ​ មិន​មែន​ជា​ហេតុ​ មិន​មែន​ជា​បច្ច័យ​ ដល់​សោតវិញ្ញាណ​ដែល​កើត​ឡើង​ ធ្វើ​សំឡេង​ឲ្យ​ជា​អារម្មណ៍ ។​ មួយ​ទៀត​ សោតបសាទ​ជា​ដើម​ មិន​មែន​ជា​ហេតុ​ មិន​មែន​ជា​បច្ច័យ​ដល់​វិញ្ញាណ​ដ៏​សេស​ក្រៅ​ពី​នេះ​ និង​ពូជ​ស្វាយ​ជា​ដើម​ ក៏​មិន​មែន​ជា​ហេតុ​ មិន​មែន​ជា​បច្ច័យ​ដល់​ការ​កើត​ឡើង​នៃ​ដើម​ត្នោត​ជា​ដើម​ ដូច្នោះ ។ ( អដ្ឋសាលិនី អដ្ឋកថា ) សេចក្តី​ឈ្លាស​ក្នុង​អាយតនៈ​ និង​បដិច្ចសមុប្បាទធម៌ ។ អាយតនកុសលតា សេចក្តី​ឈ្លាស​ក្នុង​អាយតនៈ បដិច្ចសមុប្បាទកុសលតា សេចក្តី​ឈ្លាស​ក្នុង​បដិច្ចសមុប្បាទធម៌ ។ អធិប្បាយ៖ ពាក្យ​ថា​ អាយតនកុសលតា​ គឺ​ បញ្ញា​ក្នុង​ការ​រៀន​យក ការធ្វើ​ទុក​ក្នុង​ចិត្ត​ ការ​យល់​ អាយតនៈ​ ១២​ ដែល​លោក​ពោល​ទុក​យ៉ាង​នេះ​ថា​ “ទ្វាទសាយតនានិ ចក្ខាយតនំ … ធម្មាយតនំ ។ យា តេសំ អាយតនានំ អាយតន-កុសលតា បញ្ញា បជាននា ភាព​ជា​អ្នក​ឈ្លាស​ក្នុង​អាយតនៈ​ គឺ​ ការ​ដឹង​ ការ​យល់​ក្នុង​អាយតនៈ​ ១២​ គឺ​ ចក្ខាយតនៈ​ ។ល។​ ធម្មាយតនៈ” ។​ ន័យ​ម្យ៉ាង​ទៀត​ ទាំង​ភាព​ជា​អ្នក​ឈ្លាស​ក្នុង​ធាតុ​ ឈ្លាស​ក្នុង​មនសិការ​ ទាំង​ភាព​ជា​អ្នក​ឈ្លាស​ក្នុង​អាយតនៈ​ រមែង​គួរ​ ក្នុង​ការ​រៀន​យក​ ការ​ធ្វើ​ទុក​ក្នុង​ចិត្ត​ ការ​ស្តាប់​ ការ​ពិចារណា​ ការ​ដឹង​ច្បាស់​ និង​ការ​សម្លឹង​ពិនិត្យ ។​ ចំណែក​សេចក្តី​ផ្សេង​គ្នា​ ក្នុង​ធម៌​ទាំង​នេះ​ មាន​ដូច្នេះ​ ការ​ស្តាប់​ ការ​រៀន​យក​ និង​ការ​សម្លឹង​ពិនិត្យ​ ជា​លោកិយ ។​ ការ​ដឹង​ច្បាស់​ ជា​លោកុត្តរ,​ ការ​ពិចារណា​ ការ​ធ្វើ​ទុក​ក្នុង​ចិត្ត​ ជា​លោកិយ​ និង​លោកុត្តរ​លាយ​គ្នា ។​ ពាក្យ​ថា​ បដិច្ចសមុប្បាទកុសលតា​ គឺ​ បញ្ញា​ដែល​ប្រព្រឹត្ត​ទៅ​ដោយ​អំណាច​ជា​ដើម​ថា​ ការ​រៀន​យក​បច្ចយាការ​ ១២​ ដែល​លោក​ពោល​ទុក​យ៉ាង​នេះ​ថា​ ការ​ដឹង​ ការ​យល់​ ក្នុង​បច្ចយាការ​ដែល​ថា​ ព្រោះ​អវិជ្ជា​ជា​បច្ច័យ​ ទើប​មាន​សង្ខារ​ ។ល។​ ការ​កើត​ឡើង​នៃ​កង​ទុក្ខ​ទាំង​ពួង​នេះ​ រមែង​មាន​ ដោយ​ប្រការ​ដូច្នេះ” ។ ( សង្គីតិសុត្តវណ្ណនា ) បញ្ញា​ដែល​ដឹង​ កំណត់​ការ​រៀន​យក​ ការ​ធ្វើ​ទុក​ក្នុង​ចិត្ត​ ការ​ស្តាប់​ ការ​ទ្រទ្រង់​ នូវ​អាយតនៈ​ ១២​ ឈ្មោះ​ថា​ អាយតនកុសលតា​ ( សេចក្តី​ឈ្លាស​ក្នុង​អាយតនៈ ) ។ ម្យ៉ាង​វិញ​ទៀត​ បណ្តា​កុសលតា​ទាំង​នេះ​ សូម្បី​ទាំង​ ៣​ ( ធាតុកុសលតា​ មនសិការកុសលតា​ អាយតនកុសលតា )​ ការ​ដឹង​ទាំង​ពួង​ គឺ​ ការ​រៀន​យក​ មនសិការ​ ការ​ស្តាប់​ ការ​យល់​ ការ​ចាក់​ធ្លុះ ការ​ពិចារណា​ឃើញ​ រមែង​សម​គួរ ។​ ក្នុង​បណ្តា​ការ​ដឹង​ទាំង​ ៦​ នោះ​​ ការ​ស្តាប់​ ការ​រៀន​យក​ ការ​ពិចារណា​ឃើញ​ ជា​លោកិយ​ ការ​ចាក់​ធ្លុះ​ជា​លោកុត្តរ​ ការ​យល់​ និង​មនសិការ​ជា​មិស្សកៈ​ គឺ​ជា​លោកិយ​ក៏​មាន​ ជា​លោកុត្តរ​ក៏​មាន ។ បញ្ញា​ដែល​ដឹង​ថា​ ធម៌​នេះ​ជា​បច្ច័យ​ដល់​ធម៌​នេះ​ ដូច្នេះ​ ឈ្មោះ​ថា​ បដិច្ចសមុប្បាទកុសលតា ( សេចក្តី​ឈ្លាស​ក្នុង​បដិច្ចសមុប្បាទ ) ។ [ បដិច្ចសមុប្បាទនេះ​ មាន​សម្តែង​ដោយ​ពិស្តារ​ក្នុង​បដិច្ចសមុប្បាទវិភង្គ ] ។ ( អដ្ឋសាលិនី អដ្ឋកថា ) សេចក្តី​ឈ្លាស​ក្នុង​ធាតុ​ និង​ការ​ធ្វើ​ទុក​ក្នុង​ចិត្ត។ ធាតុកុសលតា សេចក្តី​ឈ្លាស​ក្នុង​ធាតុ មនសិការកុសលតា សេចក្តី​ឈ្លាស​ក្នុង​ការ​ធ្វើ​ទុក​ក្នុង​ចិត្ត ។ ( សង្គីតិសូត្រ​ ធម៌​ពួក​ ២ ) អធិប្បាយ៖ ពាក្យ​ថា​ ធាតុកុសលតា​ គឺ​ បញ្ញា​ក្នុង​ការ​ស្តាប់​ ការ​ទ្រទ្រង់​ ការ​ពិចារណា​ និង​ការ​ដឹង​ច្បាស់​ ដែល​ជា​គ្រឿង​កំណត់​សភាវៈ​នៃ​ធាតុ​ ១៨​ ដែល​លោក​ពោល​ទុក​យ៉ាង​នេះ​ថា​ “អដ្ឋារស ធាតុយោ ចក្ខុធាតុ​ … មនោវិញ្ញាណធាតុ ។​ យា តាសំ ធាតូនំ កុសលតា បញ្ញា បជាននា ភាព​ជា​អ្នក​ឈ្លាស​ក្នុង​ធាតុ​ គឺ​ការ​ដឹង​ យល់​ ក្នុង​ធាតុ​ទាំង​ ១៨​ គឺ​ ចក្ខុធាតុ​ ។ល។​ មនោវិញ្ញាណធាតុ” ។ ពាក្យ​ថា​ មនសិការកុសលតា​ បាន​ដល់​ បញ្ញា​ក្នុង​ការ​ពិចារណា​ ដឹង​ច្បាស់​ ការ​សម្លឹង​ពិនិត្យ​ធាតុ​ទាំង​ឡាយ​នោះ​ ដែល​លោក​ពោល​ទុក​យ៉ាង​នេះ​ថា​ “យា តាសំ ធាតូនំ មនសិការកុសលតា បញ្ញា បជាននា ភាព​ជា​អ្នក​ឈ្លាស​ ដឹង​ យល់​ក្នុង​ធាតុ​ទាំង​ឡាយ​នោះ” ។( សង្គីតិសុត្តវណ្ណនា ) បញ្ញា​ដែល​ដឹង​ការ​កំណត់​ការ​រៀន​យក​​ ការ​ធ្វើ​ទុក​ក្នុង​ចិត្ត​ ការ​ស្តាប់​ ការ​ទ្រទ្រង់​ទុក​ នូវ​ធាតុ​ ១៨​ ឈ្មោះ​ថា​ ធាតុ-កុសលតា​ ( សេចក្តី​ឈ្លាស​ក្នុង​ធាតុ )​ បញ្ញា​ដែល​ដឹង​ការ​រៀន​យក​ ការ​មនសិការ​នូវ​ធាតុ​ទាំង​នោះ​ ឈ្មោះ​ថា​ មនសិការកុសលតា​ ( សេចក្តី​ឈ្លាស​ក្នុង​ការ​ធ្វើ​ទុក​ក្នុង​ចិត្ត ) ។ ( អដ្ឋសាលិនី អដ្ឋកថា ) សេចក្តី​ឈ្លាស​ក្នុង​សមាបត្តិ​ និង​ក្នុង​ការ​ចេញ​ចាក​សមាបត្តិ ។ សមាបត្តិកុសលតា សេចក្តី​ឈ្លាស​ក្នុង​សមាបត្តិ សមាបត្តិវុដ្ឋានកុសលតា សេចក្តី​ឈ្លាស​ក្នុង​ការ​ចេញ​ចាក​អាបត្តិ ។ ( សង្គីតិសូត្រ​ ធម៌​ពួក​ ២ ) អធិប្បាយ៖ ពាក្យ​ថា​ សមាបត្តិកុសលតា​ គឺ​ការ​ដឹង​ ការ​យល់​ក្នុង​រឿង​កំណត់​អប្បនា​ ព្រម​ទាំង​បរិកម្ម​ ដែល​លោក​ពោល​ទុក​យ៉ាង​នេះ​ថា​ “អត្ថិ សវិតក្កសវិចារា សមាបត្តិ, អត្ថិ អវិតក្កវិចារមត្តា សមាបត្តិ, អត្ថិ អវិតក្កអវិចារា សមាបត្តិ ។ យា តាសំ សមាបត្តីនំ កុសលតា បញ្ញា បជាននា ភាព​ជា​អ្នក​ឈ្លាស​ ដឹង​ យល់​ក្នុង​រឿង​សមាបត្តិ​ ទាំង​នោះ​ មាន​ ទាំង​សមាបត្តិ​ដែល​មាន​វិតក្ក​វិចារ,​ សមាបត្តិ​ដែល​មិន​មាន​វិតក្ក​ មាន​ត្រឹម​តែ​វិចារ,​ សមាបត្តិ​ដែល​មិន​មាន​ទាំង​វិតក្ក​ ទាំង​វិចារ” ។ ពាក្យ​ថា​ សមាបត្តិវុដ្ឋានកុសលតា​ គឺ​បញ្ញា​ជា​គ្រឿង​កំណត់​វេលា​ដែល​នឹង​ចេញ​ចាក​សមាបត្តិ​ថា​ “ពេល​វេលា​ថ្មើ​នេះ​ យើង​នឹង​ចេញ”​ ដែល​ជា​បញ្ញា​ដែល​អាច​ចេញ​ចាក​សមាបត្តិ​បាន​ត្រូវ​តាម​ពេល​វេលា​ដែល​កំណត់​ ដែល​លោក​ពោល​ទុក​យ៉ាង​នេះ​ថា​ “យា តាហិ សមាបត្តីហិ វុដ្ឋានកុសលតា បញ្ញា បជាននា ភាព​ជា​អ្នក​ឈ្លាស​ ដឹង​ យល់​ ក្នុង​រឿង​ចេញ​ចាក​សមាបត្តិ​ទាំង​នោះ” ។( សង្គីតិសុត្តវណ្ណនា ) ដែល​ឈ្មោះ​ថា​ សមាបត្តិ​ ព្រោះ​ព្រះ​យោគាវចរ​គប្បី​ចូល​ ចំណែក​បញ្ញា​ដែល​ដឹង​ការ​កំណត់​អប្បនា​ ព្រម​ទាំង​បរិកម្ម​ ឈ្មោះ​ថា​ សមាបត្តិកុសលតា​ ( សេចក្តី​ឈ្លាស​ក្នុង​សមាបត្តិ )​ ឈ្មោះ​ថា​ សមាបត្តិវុដ្ឋានកុសលតា​ ( សេចក្តី​ឈ្លាស​ក្នុង​ការ​ចេញ​ចាក​សមាបត្តិ )​ ព្រោះ​កាល​តាំង​ចិត្ត​ថា​ កាល​ព្រះ​ចន្ទ្រ​ ព្រះ​អាទិត្យ​ ផ្កាយ​នក្ខត្តឫក្ស​គោចរមក​កាន់​ទី​នេះ​ហើយ​ យើង​នឹង​ចេញ​ចាក​សមាបត្តិ​ ដូច្នេះ​ មាន​ដោយ​បញ្ញា​ជា​គ្រឿង​កំណត់​ការ​ចេញ​ ក្នុង​សម័យ​នោះ​ មិន​ខុស​ភ្លាំង​ភ្លាត់ ។( អដ្ឋសាលិនី អដ្ឋកថា ) សេចក្តី​ឈ្លាស​ក្នុង​អាបត្តិ​ និង​ឈ្លាស​ក្នុង​ការ​ចេញ​ចាក​អាបត្តិ ។ អាបត្តិកុសលតា សេចក្តី​ឈ្លាស​ក្នុង​អាបត្តិ អាបត្តិវុដ្ឋានកុសលតា សេចក្តី​ឈ្លាស​ក្នុង​ការ​ចេញ​ចាក​អាបត្តិ ។ (​ សង្គីតិសូត្រ ធម៌​ពួក​ ២ ) អធិប្បាយ៖ ពាក្យ​ថា​ អាបត្តិកុសលតា​ គឺ​ភាព​ជា​អ្នក​ឈ្លាស​ក្នុង​អាបត្តិ​ ដែល​លោក​ពោល​ទុក​យ៉ាង​នេះ​ថា​ “បញ្ចបិ អាបត្តិក្ខន្ធា អាបត្តិយោ, សត្តបិ អាបត្តិក្ខន្ធា អាបត្តិយោ ។ យា តាសំ អាបត្តីនំ អាបត្តិកុសលតា បញ្ញា បជាននា ភាព​ជា​អ្នក​ឈ្លាស​ក្នុង​អាបត្តិ​ គឺ​ការ​ដឹង​ ការ​យល់​ក្នុង​អាបត្តិ​ ៥​ កង​ អាបត្តិ​ ៧​ កង​នោះ” ។​ ពាក្យ​ថា​ អាបត្តិវុដ្ឋានកុសលតា​ គឺភាព​ជា​អ្នក​ឈ្លាស​ក្នុង​ការ​ចេញ​ចាក​អាបត្តិ​ ព្រម​ទាំង​កម្មវាចា​ ដែល​លោក​ពោល​ទុក​យ៉ាង​នេះ​ថា​ “យា តាហិ អាបត្តីហិ វុដ្ឋានកុសលតា បញ្ញា បជាននា ភាព​ជា​អ្នក​ឈ្លាស​ ជា​អ្នក​យល់​ក្នុង​វិធី​នៃ​ការ​ចេញ​ចាក​អាបត្តិ​ទាំង​នោះ” ។( សង្គីតិសុត្តវណ្ណនា ) បទ​ថា​ បញ្ចបិ​ អាបត្តិក្ខន្ធា​ ( ពួក​អាបត្តិ​មាន​កង​នៃ​អាបត្តិ​ ៥ )​ បាន​ដល់​ អាបត្តិ​ទាំង​ ៥​ ពួក​នេះ​ តាម​និទ្ទេស​នៃ​មាតិកា​ គឺ​ បារាជិក​ សង្ឃាទិសេស​ បាចិត្តិយៈ​ បាដិទេសនីយៈ​ ទុក្កដ ។​ បទ​ថា​ សត្តបិ​ អាបត្តិក្ខន្ធា​ ( ពួក​អាបត្តិ​មាន​កង​នៃ​អាបត្តិ​ ៧ )​ បាន​ដល់​ អាបត្តិ​ ៧​ ពួក​នេះ​ តាម​និទ្ទេស​នៃ​វិន័យ​ គឺ​ បារាជិក​ សង្ឃាទិសេស​ ថុល្លច្ច័យ​ បាចិត្តិយៈ​ បាដិទេសនីយៈ​ ទុក្កដ​ ទុព្ភាសិត ។ បណ្តា​ភាព​ជា​អ្នក​ឈ្លាស​ក្នុង​អាបត្តិ​ទាំង​នោះ​ បញ្ញា​ដែល​ដឹង​ការ​កំណត់​នូវ​អាបត្តិ​ទាំង​នោះ​ ព្រម​ទាំង​វត្ថុ​ ឈ្មោះ​ថា​ អាបត្តិកុសលតា​ ( ភាព​ជា​អ្នក​ឈ្លាស​ក្នុង​អាបត្តិ )​ ចំណែក​បញ្ញា​ដែល​ដឹង​ការ​កំណត់​ក្នុង​ការ​ចេញ​ចាក​អាបត្តិ​ព្រម​ទាំង​កម្មវាចា​ ឈ្មោះ​ថា​ អាបត្តិវុដ្ឋានកុសលតា​ ( សេចក្តី​ឈ្លាស​ក្នុង​ការ​ចេញ​ចាក​អាបត្តិ ) ។( អដ្ឋសាលិនី អដ្ឋកថា ) ដោយ៥០០០ឆ្នាំ
images/articles/376/te345tpic.jpg
ផ្សាយ : ២១ កក្តដា ឆ្នាំ២០២០ (អាន: ៤៩,៤៤០ ដង)
ប្រារព្ធចំពោះ​អភយរាជកុមារ ឯថ បស្សថិមំ លោកំ ចិត្តំ រាជរថូបមំ យត្ថ ពាលា វិសីទន្តិ នត្ថិ សង្គោ វិជានតំ ។ អ្នកទាំងឡាយ​ ចូរមកមើលលោកនេះ​ ដ៏ត្រកាលដូចរាជរថ​ ជនពាលទាំងឡាយ​ រមែងលិចលង់​ ក្នុងលោកណា​ សេចក្ដី​ជាប់ជំពាក់ក្នុងលោកនោះ រមែងមិនមាន​ ដល់ជនជាបណ្ឌិតទាំងឡាយ​ ដែលដឹងច្បាស់ទេ ។ អធិប្បាយ បណ្តា​បទ​ទាំង​នោះ​ បទ​ថា​ ឯថ​ បស្សថិ​ ព្រះ​សាស្តា​ត្រាស់​សំដៅ​យក​ព្រះ​រាជកុមារ​នុ៎ះ​ឯង​ ។​ បទ​ថា​ ឥមំ​ លោកំ​ បាន​ដល់​ អត្តភាព​ ពោល​គឺ​ខន្ធលោក​ជា​ដើម​នេះ ។​ បទ​ថា​ ចិត្តំ​ សេចក្តី​ថា​ ដ៏​វិចិត្រ​ដោយ​គ្រឿង​ប្រដាប់​ មាន​គ្រឿង​ប្រដាប់​ គឺ​សំពត់​ជា​ដើម​ ដូច​រាជរថ​ដ៏​វិចិត្រ​ដោយ​គ្រឿង​ប្រដាប់​មាន​កែវ​ ៧​ ប្រការ​ជា​ដើម ។​ ពីរ​បទ​ថា​ យត្ថ​ ពាលា​ សេចក្តី​ថា​ ពួក​អ្នក​ល្ងង់​ខ្លៅ​ប៉ុណ្ណោះ​រមែង​លិច​ចុះ​ក្នុង​អត្តភាព​ណា ។​ បទ​ថា​ វិជានតំ​ សេចក្តី​ថា​ តែ​សម្រាប់​ពួក​អ្នក​ដឹង​ គឺ​បណ្ឌិត​ទាំង​ឡាយ​ មិន​មាន​សេចក្តី​ជាប់​ជំពាក់​ ក្នុង​កិលេស​ជា​គ្រឿង​ជាប់​ជំពាក់​ គឺ​រាគៈ​ជា​ដើម​សូម្បី​យ៉ាង​ណា​មួយ​ ក្នុង​អត្តភាព​នោះ​ទេ ។ ដោយ៥០០០ឆ្នាំ
images/articles/375/text____________pic.jpg
ផ្សាយ : ២១ កក្តដា ឆ្នាំ២០២០ (អាន: ៦០,៦៤៣ ដង)
ខន្តិ​ និង​សោរច្ចៈ ខន្តិ សេចក្តី​អត់​ធ្មត់​ សោរច្ចំ ការ​ប្រព្រឹត្ត​ល្អ​ ឬ​ស្លូត​មិន​កោង​កាច​ អធិប្បាយ ពាក្យ​ថា​ ខន្តិ​ បាន​ដល់​ អធិវាសនខន្តិ​ ដែល​លោក​ពោល​ទុក​យ៉ាង​នេះ​ថា“តត្ថ កតមា ខន្តិ? យា ខន្តិ ខមនតា អធិវាសនតា អចណ្ឌិក្កំ អនស្សុរោបោ អត្តមនតា ចិត្តស្ស បណ្តា​ធម៌​ទាំង​នោះ​ ខន្តិ តើ​ដូច​ម្តេច​?​ គឺ​ ភាព​អត់​ធ្មត់​ ការ​អត់​សង្កត់​ ភាព​មិន​កាច​ មិន​ព្រហើន​ ភាព​នៃ​ចិត្ត​រីក​រាយ” ។ ពាក្យ​ថា​ សោរច្ចំ​ បាន​ដល់​ ភាព​ស្ងៀម​ស្ងាត់​ ដែល​លោក​ពោល​ទុក​យ៉ាង​នេះ​ថា​ “តត្ថ កតមំ សោរច្ចំ? យោ កាយិកោ អវីតិក្កមោ, វាចសិកោ អវីតិក្កមោ, កាយិកវាចសិកោ អវីតិក្កមោ ។ ឥទំ វុច្ចតិ សោរច្ចំ ។ សព្ពោបិ សីលសំវរោ សោរច្ចំ បណ្តា​ធម៌​ទាំង​នោះ​ សោរច្ចៈ​ តើ​ដូច​ម្តេច?​ គឺ​ ការ​មិ​ន​ប្រព្រឹត្ត​ល្មើស​តាម​ផ្លូវ​កាយ​ ការ​មិន​ប្រព្រឹត្ត​ល្មើស​តាម​ផ្លូវ​វាចា​ ការ​មិន​ប្រព្រឹត្ត​ល្មើស​តាម​ផ្លូវ​កាយ​និង​វាចា,​ នេះ​ហៅ​ថា​ សោរច្ចៈ,​ សូម្បី​ការ​សង្រួម​ក្នុង​សីល​ ( សីលសំវរៈ )​ ទាំង​អស់​ ក៏​ចាត់​ចូល​ក្នុង​សោរច្ចៈ” ។​ ( សង្គីតិសុត្តវណ្ណនា ) បទ​ថា​ កាយិកោ​ វីតិក្កមោ​ ( ការ​មិន​ប្រព្រឹត្ត​ល្មើស​ ដោយ​កាយ ) បាន​ដល់​ កាយសុចរិត ៣ ។ បទ​ថា​ វាចសិកោ​ អវីតិក្កមោ​ ( ការ​មិន​ប្រព្រឹត្ត​ល្មើស​ ដោយ​វាចា ) បាន​ដល់​ វចីសុចរិត ៤ ។​ បទ​ថា​ កាយិកវាចសិកោ​ ( ដោយ​កាយ​ និង​វាចា ) នេះ​ ទ្រង់​កំណត់​យក​អាជីវមដ្ឋកសីល ( សីល​មាន​អាជីវៈ​ជា​គម្រប់​ ៨ ) ដែល​តាំង​ឡើង​ដោយ​កាយ​ និង​វាចា ។​ បទថា​ សព្វោបិ​ សីលសំវរោ​ ( សូម្បីការ​សង្រួម​ក្នុង​សីល​ទាំង​អស់ )​ នេះ​ ព្រះ​មាន​ព្រះ​ភាគ​ត្រាស់​ទុក​ ដើម្បី​សម្តែង​ការ​កាន់​យក​នូវ​សីល​ ដោយ​ចិត្ត​ ព្រោះ​បុគ្គល​មិន​មែន​ប្រព្រឹត្ត​អនាចារ​ដោយ​កាយ​ និង​វាចា​ប៉ុណ្ណោះ​ សូម្បី​ដោយ​ចិត្ត​ ក៏​ត្រូវ​ប្រព្រឹត្ត​ដូច​គ្នា ៕ ( អដ្ឋសាលិនី អដ្ឋកថា ) អាជ្ជវៈ​ និង​មទ្ទវៈ អាជ្ជវំ សេចក្តី​ស្លូត​ត្រង់ មទ្ទវំ ( លជ្ជវំ ) ចិត្ត​ទន់ ( ភាព​ជា​អ្នក​មាន​សេចក្តី​អៀន​ខ្មាស ) អធិប្បាយ ពាក្យ​ថា​ អាជ្ជវំ​ បាន​ដល់​ ភាព​មិន​ស្លូត​ត្រង់​ ៣​ ប្រភេទ​ គឺ​ គោមុត្តវង្កតា​ ចន្ទវង្កតា​ និង​ នង្គលកោដិវង្កតា ។​ អធិប្បាយ​ថា​ ភិក្ខុ​រូប​ខ្លះ​ ក្នុង​បឋមវ័យ​ ប្រព្រឹត្ត​អនេសនៈ​ ២១​ និង​អគោចរ​ ៦​ តែ​ក្នុង​មជ្ឈិមវ័យ​ និង​បច្ឆិមវ័យ​ ជា​អ្នក​មាន​សេចក្តី​ខ្មាស​អៀន​ ប្រាថ្នា​ការ​សិក្សា,​ នេះ​ឈ្មោះ​ថា​ គោមុត្តវង្កតា​ ( វៀចវេរ​ដូច​ទឹក​នោម​គោ ) ។ ភិក្ខុ​រូប​ខ្លះ​ក្នុង​បឋមវ័យ​ និង​បច្ឆិមវ័យ​ បំពេញ​ចាតុប្បារិសុទ្ធិសីល​ មាន​សេចក្តី​អៀន​ខ្មាស​ រង្កៀស​ ប្រាថ្នា​ចំពោះ​ការ​សិក្សា​តែ​ក្នុង​មជ្ឈិមវ័យ​ ដូច​គ្នា​នឹង​ភិក្ខុ​ក្នុង​ឧទាហរណ៍​ទី​មួយ,​ នេះ​ឈ្មោះ​ថា​ ចន្ទវង្កតា​ ( វៀច​វេរ​ដូច​វង់​ព្រះ​ចន្ទ្រ ) ។ ភិក្ខុ​រូប​ខ្លះ​ ទាំង​ក្នុង​បឋមវ័យ​ និង​មជ្ឈិមវ័យ​ បំពេញ​ចាតុប្បារិសុទ្ធិសីល​ មាន​សេចក្តី​អៀន​ខ្មាស​ រង្កៀស​ ប្រាថ្នា​ចំពោះ​ការ​សិក្សា​ តែ​ក្នុង​បច្ឆិមវ័យ​ ដួច​គ្នា​នឹង​ភិក្ខុ​រូប​មុន,​ នេះ​ឈ្មោះ​ថា​ នង្គលកោដិវង្កតា​ ( វៀច​វេរ​ដូច​ចុង​នង្គ័ល )​ ។​ ភិក្ខុមួយរូប​ លះ​បង់​ភាព​មិន​ត្រង់​ទាំង​ ៣​ ប្រភេទ​នោះ​ចោលហើយ​ មាន​សីល​ មាន​សេចក្តី​អៀន​ខ្មាស​ រង្កៀស​ ប្រាថ្នា​ចំពោះ​ការ​សិក្សា​ ក្នុង​វ័យ​ទាំង​ ៣​ ភាព​ស្លូតត្រង់​របស់​ភិក្ខុ​រូប​នោះ​ នេះឯង​ ឈ្មោះ​ថា​ អាជ្ជវំ ។​ សូម្បី​ក្នុង​ព្រះ​អភិធម្មក៏​ពោល​ទុក​យ៉ាង​នេះ​ថា​ “តត្ថ កតមោ អជ្ជវោ។ យា អជ្ជវតា អជិម្ហតា អវង្កតា អកុដិលតា, អយំ វុច្ចតិ អជ្ជវោ បណ្តា​ធម៌​ទាំង​នោះ​ អជ្ជវៈ​ ( អាជ្ជវៈ )​ តើ​ដូច​ម្តេច​?​ អជ្ជវៈ​នោះ​គឺ​ សេចក្តី​ត្រង់​ មិន​វៀច​ មិន​វេរ​ មិន​កោង​ នេះ​លោក​ហៅ​ថា​ អជ្ជវៈ” ។ ពាក្យ​ថា​ លជ្ជវំ ( មទ្ទវំ ) បាន​ដល់​ ភាព​ជា​អ្នក​មាន​សេចក្តី​អៀន​ខ្មាស​ ដែល​លោក​ពោល​ទុក​យ៉ាង​នេះ​ថា​ “តត្ថ កតមោ លជ្ជវោ? យោ ហិរីយតិ ហិរីយិតព្វេន ហិរីយតិ បាបកានំ អកុសលានំ ធម្មានំ សមាបត្តិយា។ អយំ វុច្ចតិ លជ្ជវោ បណ្តា​ធម៌​ទាំង​នោះ​ លជ្ជវៈ​ តើដូច​ម្តេច​?​ គឺ​ អៀន​ខ្មាស​ចំពោះ​វត្ថុ​ដែល​គួរ​អៀន​ខ្មាស​ ខ្មាស​ចំពោះ​ការ​ប្រព្រឹត្តអកុសលធម៌​ ដ៏លាមក,​ នេះ​លោក​ហៅ​ថា​ លជ្ជវៈ” ៕ ប្រភព ដោយ៥០០០ឆ្នាំ
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
CPU Usage: 1.14
បិទ
ទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ABA 000 185 807
   ✿ សម្រាប់ឆ្នាំ២០២៤ ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំជាប្រចាំឆ្នាំ ឬប្រចាំខែ  ដើម្បីគេហទំព័រ៥០០០ឆ្នាំយើងខ្ញុំមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយតទៅ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987  ✿✿✿