30
ថ្ងៃ សៅរ៍ ទី ២០ ខែ មេសា ឆ្នាំថោះ បញ្ច​ស័ក, ព.ស.​២៥៦៧  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច






ការជូនដំណឹង
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុមង្គលបញ្ញា
ទីតាំងៈ កំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ទិន្នន័យសរុបការចុចលើ៥០០០ឆ្នាំ
ថ្ងៃនេះ ៧០,៧៩៩
Today
ថ្ងៃម្សិលមិញ ២០៦,៥៦៩
ខែនេះ ៣,៨២៧,៩៨៦
សរុប ៣៨៩,៩១០,៤៧០
ប្រជុំអត្ថបទ
images/articles/333/text765pic.jpg
ផ្សាយ : ២០ កក្តដា ឆ្នាំ២០២០ (អាន: ៥៩,៥១៩ ដង)
មង្គលសូត្រ​ ឬ​ មង្គល​ ៣៨ ប្រការនេះ ឃើញ​មាន​ផ្សព្វ​ផ្សាយ​លើ​បណ្តាញ​អ៊ិន​ធើ​ណិត​ជា​ច្រើន​កន្លែង​ហើយ​ ប៉ុន្តែ​សូម​យក​មក​ដាក់​ផ្សាយ​ក្នុង​ទីនេះ​ម្តង​ទៀត​ ដើម្បី​ជា​ប្រយោជន៍​ដល់​ការ​សិក្សា​ស្រាវ​ជ្រាវ និង​ការ​ប្រតិបត្តិ​ដល់​អ្នក​ដែល​មិន​ទាន់​បាន​ជួប​បាន​ឃើញឬ​ អ្នក​ដែល​ធ្លាប់​បាន​ប្រទះ​បាន​អា​ន​ហើយ​នឹង​ធ្វើ​ឲ្យ​រឹង​រឹត​តែ​បាន​ភ្លឺ​ស្រឡះ​ច្បាស់​ឡើង​ថែ​មទៀត។ អ្នក​ដែល​ចង់​បាន​មង្គល​ជីវិត​ ចង់​បាន​សេចក្តី​សុខ​សួស្តី គប្បី​បដិបត្តិ​តាម​គោល​នៃ​មង្គល​នេះ​ នឹង​បាន​សម្រេច​តាម​សេចក្តី​ប្រាថ្នា​ ព្រោះ​ថា​មង្គល​ទាំង​ឡាយ​មិន​អាច​កើត​ឡើង​ពី​ការ​បួង​សួង​បន់​ស្រន់​ឡើយ គឺ​កើត​ចេញ​ពី​សេចក្តី​ល្អ​ដែល​យើង​បាន​ធ្វើ​ បដិបត្តិ​ត្រឹម​ត្រូវ​តាម​ផ្លូវ​សម្មា​ទិដ្ឋិ​ មង្គលសូត្រ​នោះ ​មាន​ដូច​​តទៅ​នេះ​៖ ឯវមេ សុត្តំ ​(សូត្រ​នេះ​ឈ្មោះ​មង្គល​សូត្រ) គឺ​ខ្ញុំ (ឈ្មោះ​អា​នន្ទ បាន​ស្តាប់​មក​ហើយ​យ៉ាង​នេះ​ថា​)​ឯកំ សមយំ ភគវា សាវត្ថិយំ វិហរតិ ជេតវនេ អនាថបិណ្ឌិកស្ស អារាមេ​ សម័យ​មួយ ព្រះ​ដ៏​មាន​ព្រះ​ភាគ​ទ្រង់​គង់​នៅ ក្នុង​វត្ត​ជេត​ពន ជា​អារាម​របស់​អានាថ​បណ្ឌិក​សេដ្ឋី ទៀ​ប​ក្រុង​សាវត្ថី​ ។​ អថខោ អញ្ញតរា ទេវតា អភិក្កន្តាយ រត្តិយា អភិក្កន្តវណ្ណា កេវលកប្បំ ជេតវនំ ឧភាសេត្វា យេន ភគវា តេនុបសង្កមិ ឧបសង្កមិត្វា ភគវន្តំ អភិវាទេត្វា ឯកមន្តំ អដ្ឋាសិ លំដាប់​នោះ​ឯង ទេវតា​អង្គ១ កាល​ដែល​វេលា​រាត្រី​បឋម​យាម កន្លង​ទៅ​ហើយ មាន​រស្មី​ដ៏​ល្មម​ញ៉ាំង​វត្ត​ជេត​ពន ជុំវិញទាំង​អស់​ឲ្យ​ភ្លឺ​ស្វាង ហើយ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ទ្រង់​គង់​ក្នុង​ទី​ណា ក៏​ចូល​ទៅ​ក្នុង​ទី​នោះ លុះ​ចូល​ទៅ​ដល់​ហើយ ​ទើប​ថ្វាយ​បង្គំ​ចំពោះ​ព្រះ​អង្គ​ដ៏​មាន​ព្រះ​ភាគ ហើយ​ឈរ​នៅ​ក្នុង​ទី​ដ៏​សម​គួរ ឯកមន្តំ ឋិតា ខោសា ទេវតា ភគវន្តំ គាថាយ អជ្ឈភាសិ កាល​ទេវតា​នោះ​ឈរ​ក្នុង​ទី​ដ៏​សម​គួរ​ហើយ ទើប​ក្រាប​ទូល​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ដោយ​ពាក្យ​ជា​គា​ថា (យ៉ាង​នេះ) ថា ពហូ ទេវា មនុស្សា ច មង្គលានិ អចិន្តយុំ អាកង្ខមានា សោត្ថានំព្រូហិ មង្គលមុត្តមំ ទេវតា​​និង​មនុស្ស​ទាំង​ឡាយ​ជា​ច្រើន ប្រាថ្នា​នូវ​សេចក្តី​សួស្តី បាន​គិត​រក​នូវ​មង្គល​ទាំង​ឡាយ សូម​ព្រះ​អង្គ​ទ្រង់​ព្រះ​មេត្តា សំដែង​ប្រាប់​នូវ​មង្គល​ដ៏​ឧត្តម (ព្រះដ៏មាន​ព្រះ​ភាគ​ទ្រង់​ត្រាស់​សំ​ដែងតប​ពាក្យ​ទេវតា​នោះ​ដោយ​ពុទ្ធភា​សិត​ជា​គា​ថា​យ៉ាង​នេះ​ថា) អសេវនា ច ពាលានំ បណ្ឌិតានញ្ខ សេវនា បូជា ច បូជនិយានំ ឯតម្មង្គលមុត្តមំ កិរិយា​មិន​សេព​គប់ នូវ​បុគ្គល​ពាល​ទាំង​ឡាយ​១ កិរិយា​សេព​គប់​នូវ​បុគ្គល​ជា​បណ្ឌិត​ទាំង​ឡាយ​១ កិរិយា​បូជា​ដល់​បុគ្គល ដែល​គួរ​បូជា​ទាំង​ឡាយ​១ ទាំង​៣​នេះ ជា​មង្គល​ដ៏​ឧត្តម​ ។ បដិរូបទេសវាសោ ច បុព្វេ ច កតបុញ្ញតា អគ្គសម្មាបណីធិ ច ឯតម្មង្គលមុត្តមំ កិរិយា​នៅ​ក្នុង​ប្រទេស​ដ៏​សម​គួរ​១ ភាវៈ​នៃ​បុគ្គល​បាន​ធ្វើ​បុណ្យ ទុក​ហើយ​ក្នុង​កាល​មុន​១ កិរិយា​ដំកល់​ខ្លួ​ន​ដោយ​ប្រពៃ១​ ទាំង​៣​នេះ ជា​មង្គល​ដ៏​ឧត្តម ។ ពាហុសច្ចញ្ច សិប្បញ្ច វិនយោ ច សុសិក្ខិត្តោ សុភាសិតា ច យា វាចា ឯតម្មង្គលមុត្តំ ភាវៈ​នៃ​បុគ្គល​បាន​ស្តាប់ បាន​រៀន​ហើយ​ដោយ​ច្រើន​១ សិល្ប៍​សាស្ត្រ​គឺ​សេចក្តី​ឆ្លៀវ​ឆ្លាស់​ក្នុង​ហត្ថកម្ម​ របស់​អ្នក​បួស​និង​គ្រហស្ថ១​ វិន័យ​ដែល​បុគ្គល​សិក្សា​ដោយ​ប្រពៃ​១​វាចា​ដែល​បុគ្គល​ពោល​ត្រឹម​ត្រូវ​១ ទាំង​៤នេះ​ ជា​មង្គល​ដ៏​ឧត្តម ។ មាតាបិតុឧបដ្ឋានំ បុត្តទារស្ស សង្គហោ អនាកុលា ច កម្មន្តា ឯតម្មង្គលមុត្តមំ កិរិយា​បំរើ​នូវ​មាតា​១ កិរិយា​បំរើនូវ​បិតា​១ សេចក្តី​សង្រ្គោះ​ដល់​បុត្រ​និង​ភរិយា​១ ការងារ​ទាំង​ឡាយ​ដែល​មិន​ច្របូក​ច្របល់​១ ទាំង​៤​នេះ ជា​មង្គល​ដ៏​ឧត្តម​ ។ ទានញ្ច ធម្មចរិយា ច ញាតិកានញ្ច សង្គហោ អនវជ្ជានិ កម្មានិ ឯតម្មង្គលមុត្តមំ កិរិយា​បរិច្ចាគទាន​១ កិរិយា​ប្រព្រឹត្ត​នូវ​ធម៌១ សេចក្តី​សង្រ្គោះ ដល់​ញាតិ​ទាំង​ឡាយ១​ ការងារ​ទាំង​ឡាយ​ដែល​មិន​មាន​ទោស​១ ទាំង​៤នេះ ជា​មង្គល​ដ៏​ឧត្តម ។ អារតី វិរតី បាបា មជ្ជបានា ច សញ្ញមោ អប្បមាទោ ច ធម្មេសុ ឯតម្មង្គលមុត្តមំ កិរិយា​មិន​ត្រេក​អ​​រក្នុង​បាប និង​កិរិយា​វៀរ​ចាក​បាប​១ សេចក្តី​សង្រួម​ចាក​កិរិយា​ផឹក​នូវ​ទឹក​ស្រវឹង​១ សេចក្តី​មិន​ប្រមាទ​ក្នុង​ធម៌​ទាំង​ឡាយ​១ ទាំង​៣​នេះ ជា​មង្គល​ដ៏​ឧត្តម ​។ គារវោ ច និវាតោ ច សន្តុដ្ឋី ច កតញ្ញតា កាលេន ធម្មស្សវនំ ឯតម្មង្គលមុត្តមំ សេចក្តី​គោរព​ចំពោះ​បុគ្គល ដែល​គួរគោរព​១ កិរិយា​ប្រព្រឹត្ត​បន្ទាប​នូវ​ខ្លួន​១ សេចក្តី​ត្រេក​អរ​ចំពោះ​របស់​ដែល​មាន​១ ភាវៈ​នៃ​បុគ្គល​អ្នក​ដឹង​នូវ​ឧបការៈ ដែល​អ្នក​ដទៃ​ធ្វើ​ហើយ​ដល់​ខ្លួន១ កិរិយា​ស្តាប់​នូវ​ធម៌​តាម​កាល​១ ទាំង​៥​នេះ ជា​មង្គល​ដ៏​ឧត្តម ។ ខន្តី ច សោវចស្សតា សមណានញ្ច ទស្សនំ កាលេន ធម្មសាកច្ឆា ឯតម្មង្គលមុត្តមំ សេចក្តី​អត់​ធន់​១ ភាវៈ​នៃ​បុគ្គល​ដែល គេ​ប្រដៅ​បាន​ដោយ​ងាយ​១ កិរិយា​បាន​ឃើញ​បាន​ជួប​នូវ​សមណៈ​ទាំង​ឡាយ​១ ធម្មសាកច្ឆា​គឺ​កិរិយា សន្ទនា​ទៅ​វិញ​ទៅ​មក នូវធម៌​តាម​កាល​១ ទាំង​៤​នេះ ជា​មង្គ​ល​ដ៏​ឧត្តម ។ តបោ ច ព្រហ្មចរិយញ្ច អរិយសច្ចាន ទស្សនំ និព្វានសច្ឆិកិរិយា ច ឯតម្មង្គលមុត្តមំ សេចក្តី​ព្យា​យាម​ដុត​នូវ​បាប​ធម៌​១ កិរិយា​ប្រព្រឹត្ត​នូវ​ធម៌​ដ៏​ប្រសើរ​១ កិរិយា​ឃើញ​នូវ​អរិយសច្ចៈ​ទាំង​ឡាយ១​ កិរិយា​ធ្វើ​ឲ្យ​ជាក់​ច្បាស់​នូវ​ព្រះ​និព្វាន​១ ទាំង​៤​នេះ ជា​មង្គល​ដ៏​ឧត្តម​ ។ ផុដ្ឋស្ស លោកធម្មេហិ ចិត្តំ យស្ស ន កម្បតិ អសោកំ វិរជំ ខេមំ ឯតម្មង្គលមុត្តមំ ចិត្ត​នៃ​បុគ្គល​ឯ​ណា ដែល​លោក​ធម៌​ទាំង​ឡាយ​ពាល់​ត្រូវ​ហើយ មិ​ន​រំភើប​ញាប់​ញ័រ​១ មិន​មាន​សេចក្តី​សោក​១ មាន​ធុលី​គឺ​រាគៈ​ទៅ​ប្រោស​ហើយ​១ ជា​ចិត្ត​ក្សេម​ក្សាន្ត​១ ទាំង​៤​នេះ ជា​មង្គល​ដ៏​ឧត្តម​ ។ ឯតាទិសានិ កត្វាន សព្វត្ថមបរាជិតា សព្វត្ថ សោត្ថឹ គច្ឆន្តិ តន្តេសំ មង្គលមុត្តមន្តិ ទេវតា​និង​មនុស្ស​ទាំង​ឡាយ ធ្វើ​នូវ​មង្គល​ទាំង​ឡាយ ប្រាកដ​ដូច្នេះ​ហើយ ជា​អ្នក​មិន​ចាល​ចាញ់​ក្នុង​ទី​ទាំង​ពួង តែង​ដល់​នូវ​សេរី​សួស្តី​ក្នុង​ទី​ទាំង​ពួង (ម្នាល​ទេវ​តា ចូរ​អ្នក​ប្រ​កាន់​ជឿ​ថា) មង្គល​ទាំង​៣៨​ប្រការ មាន​កិរិយា​មិន​សេព​គប់ នូវ​បុគ្គល​ពាល​ជា​ដើម​នោះ របស់​ទេវតា​និង​មនុស្ស ទាំង​អម្បាល​ណោះ​ ជា​មង្គល​ដ៏​ឧត្តម​ ។ (ចប់) សេចក្តី​ដក​ស្រង់​ជា​សម្រាយ​សុទ្ធ​ងាយ​ចង​ចាំ «មង្គល​៣៨​ប្រការ​» ១. កិរិយា​មិន​សេព​គប់​នូវ​បុគ្គល​ពាល​ទាំង​ឡាយ (អសេវនា ចពាលានំ ) ២. កិរិយា​សេព​គប់​នូវ​បុគ្គល​ជា​បណ្ឌិត​ទាំង​ឡាយ (បណ្ឌិតានញ្ច សេវនា ) ៣. កិរិយា​បូជា​ដល់​បុគ្គ​ល​ដែល​គួរ​បូជា (បូជា ចបូជនីយានំ ) ៤. កិរិយា​រស់​នៅ​ក្នុង​ប្រទេស​ដ៏​សម​គួរ (បដិរូប​ទេស​វា​សោ ច ) ៥. ភាវៈ​នៃ​អ្នក​បាន​ធ្វើ​បុណ្យ​ទុក​ហើយ​ក្នុង​កាល​មុន ( បុព្វេ​ កតបុញ្ញតា ) ៦. កិរិយា​តម្កល់​ខ្លួន​ទុក​ដោយ​ប្រពៃ (អត្ត​សម្មា​បណី​ធិ ច ) ៧. ភាវៈ​ជា​បុគ្គល​បាន​ស្តាប់​បាន​រៀន​សូត្រ​ចេះ​ដឹង​ច្រើន (ពា​ហុ​សច្ច ) ៨. សេចក្តី​ឆ្លៀវ​ឆ្លាត​ប៉ិន​ប្រសប់​ក្នុង​សិល្បៈ​ទាំង​ពួង ( សិប្បៈ ) ៩. វិន័យ​ដែល​បុគ្គល​បាន​សិក្សា​ហើយ​ដោយ​ប្រពៃ ( វិនយោ ច សុសិក្ខិតោ ) ១០. វាចា​ដែល​បុគ្គល​ពោល​ដោយ​ប្រពៃ ( សុភា​សិតា ច យា វាចា ) ១១-១២. កិរិយា​បម្រើ ឬ ទំនុក​បម្រុង​មាតា​និង​បិតា (មាតាបិតុ ឧបដ្ឋានំ ) ១៣. កិរិយា​សង្គ្រោះ​បុត្រ និង​ភរិយា (បុត្តទារ​ស្ស​សង្គហោ ) ១៤. ការ​ងារ​ទាំង​ឡាយ​ដែល​មិន​ច្របូក​ច្របល់ ( អនាកុលា ចកម្មន្តា ) ១៥. កិរិយា​បរិច្ចាគ​ទាន​ (ទានំ ) ១៦. កិរិយា​ប្រព្រឹត្ត​ធម៌​ដ៏​ប្រសើរ (ធម្មចរិយា ) ១៧. កិរិ​យា​សង្គ្រោះ​ញាតិ​ទាំង​ឡាយ ( ញាតកានញ្ច សង្គហោ ) ១៨. កិរិយា​ប្រ​កប​ការ​ងារ​ទាំង​ឡាយ​ដែល​មិន​មាន​ទោស (អនវជ្ជានិ កម្មានិ) ១៩. កិរិយា​មិន​ត្រេក​អរ​ក្នុង​បាប​និង​កិរិយា​វៀរ​ចាក​បាប ( អារតី វិរតីបាបា ) ២០. សេចក្តី​សង្រួម​ចាក​កិរិយា​ផឹក​នូវ​ទឹក​ស្រវឹង ( មជ្ជបានា ច សញ្ញាមោ ) ២១. ការ​មិន​ប្រមាថ​ក្នុង​ធម៌​ទាំង​ឡាយ ( អប្បមាទោ ចធម្មេសុ ) ២២. កិរិយា​គោរព​ចំពោះ​បុគ្គល​ដែល​គួរ​គោរព ( គាររោ ច ) ២៣. កិរិយា​ប្រព្រឹត្ត​បន្ទាប​ខ្លួន​( និវាតោ ច ) ២៤. សេចក្តី​សណ្តោស​ត្រេក​អរ​ចំពោះ​របស់​ដែល​មាន (សន្តុ​ដ្ឋី ច ) ២៥. ភាព​ជា​អ្នក​ដឹង​ឧបការ​គុណ​ដែល​អ្នក​ដទៃ​ធ្វើ​ហើយ​ដល់​ខ្លួន (កត​ញ្ញូ​តា) ២៦. កិរិយា​ស្តាប់​នូវ​ធម៌​តាម​កាល ( កា​លេន ធម្ម​ស្សវនំ ) ២៧. សេចក្តី​អត់​ធ្មត់ (ខន្តិ ច ) ២៨. ភាវៈ​នៃ​បុគ្គល​ដែល​ទូន្មាន​ប្រៀន​ប្រដៅ​បាន​ដោយ​ងាយ (សោវ​ចស្សតា ) ២៩. កិរិយា​បាន​ឃើញ បាន​ជួប​នូវ​ស​មណៈ​ទាំង​ឡាយ​ដែល​មាន​ឥន្ទ្រីយ៍​ស្ងប់​រំងាប់​ហើយ​(សមណា​នញ្ច ទស្សនំ ) ៣០. កិរិយា​សន្ទនា​សាក​សួរ​នូវ​ធម៌​តាម​កាល (កាលេន​ធម្មសា​កច្ឆា) ៣១. សេចក្តី​ព្យា​យាម​ដុត​នូវ​បាប​ធម៌ ( តបោ ច ) ៣២. កិរិយា​ប្រព្រឹត្ត​នូវ​ធម៌​ដ៏​ប្រសើរ (ព្រហ្ម​ចរិ​យញ្ច ) ៣៣. កិរិយា​ឃើញ​នូវ​អរិយ​សច្ចធម៌​ទាំង​ឡាយ​(បរិយ​សច្ចាន ទស្សនំ ) ៣៤. កិរិយា​ធ្វើ​ឲ្យ​ជាក់​ច្បាស់​នូវ​ព្រះ​និព្វាន​ដោយ​បញ្ញា​ដ៏​ខ្ពង់​ខ្ពស់ ( និព្វាន​សច្ឆិរិយា ​ច ​) ៣៥. ចិត្ត​នៃ​បុគ្គល​ដែល​មិន​ញាប់​ញ័រ​ដោយ​លោក​ធម៌ ( ផុជ្ឋស្ស លោក​ធម្មេហិ​ចិត្តំ​យស្ស ន កម្បតិ ) ៣៦. ចិត្ត​នៃ​បុគ្គល​មិន​សោយ​សោក​ចំពោះ​អារម្មណ៍ (អ​សោកំ ) ៣៧. ចិត្ត​ដ៏​បរិសុទ្ធ ស្អាត​ចាក​កិលេស ( វីរជំ ) ៣៨. ចិត្ត​ក្សេម​ក្សាន្ត​ (ខេមំ) ដោយ៥០០០ឆ្នាំ
images/articles/332/text65pic.jpg
ផ្សាយ : ២០ កក្តដា ឆ្នាំ២០២០ (អាន: ៥៨,៨២៥ ដង)
អ្វី​ដែល​ហៅ​ថា កម្ម ? ព្រះ​ពុទ្ធ​មាន​ព្រះ​បន្ទូល​ពន្យល់​ថា “ ម្នាល​ភិក្ខុ​ទាំង​ឡាយ​! គឺ​ចេតនា ដែល​តថាគត​ហៅ​ថា កម្ម” ។ ន័យ​របស់​កម្ម​ក្នុង​ពាក្យ​សាមញ្ញ​ធម្មតា​គឺ អំពើ ឬ​ការ​ធ្វើ​អ្វី​មួយ ។ ក្នុង​ន័យ​ជា​បច្ចេកទេស​កម្ម​មាន​ន័យ​ថា ចេតនា ។ ចេតនា គឺ​ធម្មជាតិ​អ្នក​គិត អ្នក​ចាត់​ចែង អ្នក​សន្សំ ធម្មជាតិ​ដែល​ញ៉ាំង​សម្ប​យុត្ត​ធម៌ គឺ​ចិត្ត​ឲ្យ​ប្រព្រឹត្ត​អំពើ​ជា​កុសល​ឬ​ជា​អកុសល ។ កាល​ណា​អ្នក​ធ្វើ​អំពើ​អ្វី​មួយ​តែង​តែ​មាន​ចេតនា​នៅ​ពី​ក្រោយ​អំពើ​នោះ ហើយ​ចេតនា​នោះ សេចក្តី​ប្រឹង​ប្រែង​តាម​ផ្លូវ​ចិត្ត​ហៅ​ថា កម្ម ។ ព្រះ​ពុទ្ធ​ទ្រង់​ត្រាស់​ពន្យល់​ថា កាល​ណា​បុគ្គល​ណា​មួយ មាន​ចេតនា បុគ្គល​នោះ​រមែង​ធ្វើ​សកម្មភាព​តាម​កាយ វាចា ចិត្ត ។ អ្វី​មួយ​ដែល​អ្នក​ធ្វើ មាន​កម្ម​នៅ​ជាប់​ជា​មួយ​នោះ ។ ចេតនា​ជា​ចេតសិក​មួយ ក្នុង​ចំណោម​ចេតសិក​៥២​ ដែល​កើត​ឡើង​និង​រលត់​ទៅ​ជា​មួយ​នឹង​ចិត្ត​ ។ បើ​អ្នក​ពុំ​សូវ​ដឹង​អំពី​ពាក្យ​ថា​កម្ម សេចក្តី​អធិប្បាយ​អំ​ពី “ ច្បាប់នៃកម្ម “ នេះ ជា​ជំនួយ​សំខាន់​មួយ​សំ​រាប់​អ្នក​អាន ។ ជន​ទាំង​ឡាយ​មួយ​ចំនួន​ដែល​មិន​មែន​ជា អ្នក​កាន់​ព្រះ​ពុទ្ធសាសនា បាន​ត្រូវ​ទាក់​ទាញ​ដោយ​សារ​តែ​ទ្រឹស្តី​នៃ​កម្ម ឲ្យ​ចូល​មក​ក្នុង​ព្រះ​ពុទ្ធសាសនា ព្រោះ​ថា​សេចក្តី​ពន្យល់​អំពី​ច្បាប់​នៃ​កម្ម ណែ​នាំ​ឲ្យ​ដឹង​អំពី​ហេតុ ដែល​ឲ្យ​បុគ្គល​ម្នាក់​ៗ​មាន​សភាព​ខុស​ៗ​គ្នា និង​ហេតុ​ដែល​បណ្តាល​ឲ្យ​បុគ្គល​ម្នាក់​ៗ​មាន​ទុក្ខ​ផ្សេង​ៗ​គ្នា​ក្នុង​ជីវិត​បច្ចុប្បន្ន​នេះ ។ ជន​ជាតិ​អ៊ីតាលី​ម្នាក់ បាន​ពិចារណា​យ៉ាង​ច្រើន​រក​ហេតុ​ផល នៃ​ភាព​មិន​ស្មើគ្នា​នៃ​មនុស្ស​ម្នាក់​ៗ អ្នក​ខ្លះ​មាន​ជម្ងឺ​ច្រើន អ្នក​ខ្លះ​មាន​សុខ​ភាព​ល្អ អ្នក​ខ្លះ​មាន​ទ្រព្យ​សម្បត្តិ​ច្រើន អ្នក​ខ្លះ​ក្រី​ក្រ​តោក​យ៉ាក អ្នក​ខ្លះ​រូប​ល្អ អ្នក​ខ្លះ​រូប​អា​ក្រក់ អ្នក​ខ្លះ​ឆ្លាត អ្នក​ខ្លះ​ល្ងង់ ។ល។ តើ​ហេតុ​អ្វី​ហ្ន៎ បាន​ជា​មនុស្ស​មាន​វាសនា​ខុស​គ្នា​យ៉ាង​នេះ? គាត់​បាន​សាក​សួរ​រក​ចម្លើយ​នេះ ពី​មនុស្ស​ជា​ច្រើន ប៉ុន្តែ​គាត់​ពុំ​បាន​ទទួល​ចម្លើយ​ណា​មួយ​ឲ្យ​ពេញ​ចិត្ត​គាត់​ឡើយ ។ ថ្ងៃ​មួយ គាត់​បាន​អាន​សៀវ​ភៅ​អំពី​សាសនា​ព្រះ​ពុទ្ធ ត្រង់​កន្លែង​ដែល​ពន្យល់​អំពី “ ច្បាប់នៃកម្ម “ គាត់​មាន​ការ​ពេញ​ចិត្ត​ជឿ​តាម​ទ្រឹស្តី​ព្រះពុទ្ធ​យ៉ាង​ខ្លាំង ក៏​សម្រេច​ចិត្ត​រៀន​ព្រះ​ធម៌ បាន​ចេះ​ដឹង​ច្រើន​ហើយ​ក៏​បួស​ជា​ភិក្ខុ​រហូត​ដល់​អស់​អាយុ​សង្ខារ​ទៅ ​។ ភិក្ខុ​អង្គ​នេះ​បាន​ត្រូវ​ទ្រឹស្តី “ ច្បាប់​នៃ​កម្ម “ទាក់​ទាញ​ឲ្យ​ចូល​សាង​ផ្នួស​ ក្នុ​ង​សំណាក់​សាសនា​ព្រះ​ពុទ្ធ​ហើយ​ប្រព្រឹត្ត​នូវ​ព្រហ្មច​រិយ​ធម៌ ជា​ការ​ប្រពៃ​ណាស់​ចំពោះ​ព្រះ​អង្គ ​។ កម្ម​មិន​មែន​ជា​ច្បាប់​តុលាការ​ទេ បើ​ជន​ណា​ម្នាក់ យក​កម្ម​ជា​ច្បាប់​សម្រាប់​វិនិច្ឆ័យ​ទោស នោះ​ត្រូវ​តែ​មាន​អាទិ​ទេព​ណា​មួយ​អង្គុយ​ពី​លើ ចាំ​កាត់​ទោស​សត្វ​លោក ។ គ្មាន​ច្បាប់​តុលាកា​រ​ទេ ក៏​គ្មាន​អ្នក​កាត់​ក្តី​ចំពោះ​ក​ម្ម​ដែល​មនុស្ស​ធ្វើ​ដែរ ។ កម្ម​គ្រាន់​តែ​ជា​ហេតុ អ្នក​បង្កើត​នូវ​​ហេតុ នឹង​ត្រូវ​ទទួល​ផល​តាម​ហេតុ​នោះ​ៗ ។ មិន​មាន​អ្នក​ដាក់​ទោស​ពិន័យ ក៏​មិន​មាន​អ្នក​ឲ្យ​រង្វាន់​​ដែរ ។ សត្វ​លោក​ដែល​ទទួល​ផល​ល្អ​ឬ​អាក្រក់​ក្នុង​ជីវិត​នោះ ក៏​ព្រោះ​តែ​មាន​កម្ម​ជា​ហេតុ​ប៉ុណ្ណោះ គ្មាន​ទាក់​ទង​នឹង​អ្វី​ផ្សេង​ទៀត​ទេ ។ គឺ​ជា​ច្បាប់​ធម្មជាតិ! ។ អ្នក​ធ្វើ​អំពើ​ដោយ​ចេតនា​អាក្រក់ នឹងទទួល​ផល​អាក្រក់ អ្នក​ធ្វើ​អំពើ​ដោយ​ចេតនា​ល្អ នឹង​ទទួល​ផល​ល្អ ។ មនុស្ស​ម្នាក់​ៗ​តែង​ធ្វើ​នូវ​កម្ម​ដែល​ជា​កុសល​ផង ជា​អកុសល​ផង បើ​ដូច្នេះ​តើ​ពេល​ណា ជាតិ​ណា ផល​នៃ​កម្ម​ណា គេ​នឹង​ត្រូវ​ទទួល​? បើ​គ្មាន​អ្នក​កាត់ក្តី​ឲ្យ​ទោស​ឬ​រង្វាន់​ទេ​នោះ តើ​អ្វី​ជា​អ្នក​ចាត់​ចែង​ឲ្យ​សត្វ​លោក​ទទួល​ផល​នៃ​កម្ម​របស់​ខ្លួន​? ភាព​មិន​ស្មើ​គ្នា​រវាង​បុគ្គល​ម្នាក់​ៗ កើត​ឡើង​ដោយ​សារ​មាន កម្ម​អ្នក​ចាត់​ចែង ឯ​ពាក្យ​ថា​កម្ម​នោះ​គឺ មិន​មាន​រូប​រាង តួ​អង្គ​ជា​អ្វី​មួយ​ទេ ប៉ុន្តែ​មាន​កម្លាំង​ឫទ្ធី​អា​នុភាព​បណ្តាល​ឲ្យ​សត្វ​លោក​កើត ស្លាប់ បាន​សុខ ទុក្ខ ល្អ អាក្រក់ ។ បុគ្គល​ម្នាក់​ៗ​ធ្វើ​នូវ​កម្ម​ជា​និច្ច​រាល់​ថ្ងៃ ហើយ​ជា​ម្ចាស់​នៃ​កម្ម​ទាំង​នោះ តែង​ទទួល​ផល​នៃ​កម្ម​របស់​ខ្លួន​ក្នុង​ជាតិ​នេះ និង​ជាតិ​ជា​បន្ត​បន្ទាប់​តទៅ មិន​អាច​ចែក​រំលែក​កម្ម​របស់​ខ្លួន​ទៅ​ឲ្យ​អ្នក​ដទៃ ហើយ​ក៏​មិន​អាច​ទទួលផល​នៃ​កម្ម​ដែល​អ្នក​ផ្សេង​បាន​ធ្វើ​ដែរ ។ ដោយ​សង្ខេប​ឲ្យ​ខ្លី នរណា​ធ្វើ​កម្ម​ដោយ​ចេតនា អ្នក​នោះ​ជា​អ្នក​ទទួល​ខុស​ត្រូវ និង​ជា​អ្នក​ទទួល​ផល ។ នៅ​ពេល​ដែល​ព្រះ​ពុទ្ធ​ទ្រង់​គង់​ព្រះជន្ម​នៅ​ឡើយ មាន​ព្រាហ្មណ៍​ម្នាក់​ឈ្មោះ តោ​ទេយ្យៈ​គាត់​ជា​មនុស្ស​រិះ​កំណាញ់​យ៉ាង​ខ្លាំង មិន​ដែល​ធ្វើ​ទាន​ឲ្យ​វត្ថុ​អ្វី​ទៅ​អ្នក​ណា​ម្នាក់​សោះ​ឡើយ គាត់​សន្សំ​ទ្រព្យ​សម្បត្តិ​បាន​យ៉ាង​ច្រើន ហើយ​ក្លាយ​ជា​សេដ្នី​ដ៏​ស្តុក​ស្តម្ភ​ម្នាក់ ។ ដោយ​ហេតុ​គាត់​ជាប់​ជំ​ពាក់​នឹង​ទ្រព្យ​សម្បត្តិ​របស់​គាត់​យ៉ាង​ខ្លាំង ពេល​គាត់​ស្លាប់​ទៅ ក៏​កើត​ជា​សត្វ​ឆ្កែ​នៅ​ក្នុង​ផ្ទះ​របស់​គាត់ ។ កូន​ប្រុស​របស់​គាត់​ឈ្មោះ​សុភៈ​ដែល​ទទួល​មត៌ក​អំពី​គាត់ ស្រឡាញ់​ពេញ​ចិត្ត​នឹង​សត្វ​ឆ្កែ​​នេះ​ណាស់ តែ​មិន​ដឹង​ថា​ជា​ឳពុក​របស់​ខ្លួន​ឡើយ ។ ថ្ងៃ​មួយ ព្រះ​ពុទ្ធ​យាង​ទៅ​កាន់​ផ្ទះ​សេដ្នី​សុភៈ ពេល​នោះ​ឆ្កែ​តោទេយ្យៈ​ក៏​ព្រុស​ព្រះ​អង្គ ។ ព្រះ​ពុទ្ធ​ទ្រង់​មាន​ព្រះ​បន្ទូល​ទៅ​កាន់​សត្វ​ឆ្កែ​ថា​“ ម្នាល​តោ​ទេយ្យៈ! ពេល​ដែល​អ្នក​រស់​នៅ​ជា​មនុស្ស អ្នក​តែង​តែ​មិន​គោរព​គេ ឥឡូវ​នេះ​អ្នក​គ្មាន​ការ​គួរ​សម​ទៀត​ហើយ​ដោយ​អ្នក​ព្រុស​តថាគត ។ អ្នក​នឹង​ទៅ​កើត​ក្នុង​ស្ថាន​នរក​មិន​ខាន​ឡើយ “។ ឆ្កែ​បាន​ឮ​ដូច្នោះ ក៏​គិត​ថា “ អូ! ព្រះ​សមណគោត​ម​នេះ​ស្គាល់​អញ​ផង​តើ “ ។ ឆ្កែ​តោទេយ្យៈ​នឹក​អន់​ចិត្ត​យ៉ាង​ខ្លាំង ក៏​ដើរ​ទៅ​ដេក​ននៀល​ក្នុង​ភ្នក់​ផេះ ។ សេដ្នី​សុភៈ​ស្រឡាញ់​ឆ្កែ​ណាស់ មាន​កន្លែង​ដ៏​ស្អាត​ល្អ​ប្រណិត​សម្រាប់​ឆ្កែ​ដេក កាល​បើ​ឃើញ​ឆ្កែ​ទៅ​ដេក​ក្នុង​ភ្នក់​ផេះ ក៏​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង​ ។ អ្នក​បំរើ​ប្រាប់​សុភៈ​ថា ព្រះ​ពុទ្ធ​មាន​ព្រះ​បន្ទូល​អ្វី​មួយ​ទៅ​កាន់​ឆ្កែ ធ្វើ​ឲ្យ​ឆ្កែ​ខឹង​ហើយ​ក៏​ទៅ​ដេក​ក្នុង​ផេះ​ទៅ ។ សុភៈ​ក៏​ចូល​ទៅ​ទូល​សួរ​ព្រះ​ពុទ្ធ ព្រះពុទ្ធ​ក៏​ប្រាប់​តាម​ដំណើរ​រឿង ។ សុភៈ​គិត​ក្នុង​ចិត្ត​ថា បើ​តាម​គម្ពីរ​ព្រាហ្មណ៍ ឳពុក​របស់​អញ​គួរ​តែ​ទៅ​កើត​ឯ​ស្ថាន​សួគ៌ ប៉ុន្តែ​ព្រះ​គោតម​បែរ​ជា​ប្រាប់​អញ​ថា​គាត់​បាន​កើត​ជា​សត្វ​ឆ្កែ​ទៅ​វិញ ព្រះ​គោតម​នេះ​ពិត​ជា​មាន​បន្ទូល​មិន​ប្រុង​ប្រយ័ត្ន ។ ដោយ​ទ្រង់​ជ្រាប​ថា សុភៈ​មិន​យល់​ស្រប​តាម​បន្ទូល​ព្រះ​អង្គ ព្រះពុទ្ធ​ក៏​សួរ​សុភៈ ថា “ បពិត្រ​លោក​សេដ្នី ក្រោយ​ពេល​ឳពុក​លោក​ស្លាប់​ទៅ តើ​មាន​បាត់​មាស​ប្រាក់ ​ទ្រព្យ​សម្បត្តិ​ដែរ​ឬ​ទេ “? សេដ្នី​សុភៈ​ឆ្លើយ​ថា “ មាន​បាត់​មាស​ប្រាក់​ជា​ច្រើន មិន​ដឹង​បាត់​ទៅ​ឯ​ណា “ ។ ព្រះ​ពុទ្ធ​ទ្រង់​ត្រាស់​ថា “ សូម​លោក​សេដ្នី ​ចាំ​ដល់​យប់​ជ្រៅ​សិន​ទើប​ដាក់​អាហារ​ឲ្យ​ឆ្កែ លុះ​ឆ្កែ​ស៊ី​រួច​ហើយ សូម​សួរ​ឆ្កែ​អំពី​មាស​ប្រាក់​ដែល​បាត់​នោះ “ ។ សេដ្នីសុភៈ​ដោយ​ចង់​រក​មាស​ប្រាក់​ដែល​បាត់​នោះ​ក៏​សុខ​ចិត្ត​ធ្វើ​តាម​បន្ទូល​របស់​ព្រះ​ពុទ្ធ ។ ឆ្កែ​ក៏​នាំ​សុភៈ​ទៅ​បង្ហាញ​កន្លែង​ដែល​គាត់​(តោទេយ្យៈ) បាន​លាក់​ទុក​មាស​ប្រាក់ កាល​ពី​មុន​ពេល​គាត់​ស្លាប់ ។សេដ្នីសុ​ភៈ​ក៏​បាន​រក​ឃើញ​មាស​ប្រាក់​ទាំង​នោះ​វិញ រួច​ក៏​ចូល​ទៅ​ក្រាប​ទូល​សួរ​ព្រះ​ពុទ្ធ អំពី​ហេតុ​ដែល​បណ្តាល​ឲ្យ​មនុស្ស​ខុស​ៗ​គ្នា ខ្លះ​មាន​ ខ្លះ​ក្រ ខ្លះ​ឆ្លាត ខ្លះ​ល្ងង់ ខ្លះ​រូប​ល្អ ខ្លះ​រូប​អាក្រក់ ខ្លះ​ពិកា ខ្លះ​កើត​ក្នុង​ត្រកូល​ខ្ពង់​ខ្ពស់ ខ្លះ​កើត​ក្នុង​ត្រកូល​អ្នក​ស្រែ​ចំការ​ក្រី​ក្រ ។ ព្រះ​ពុទ្ធ​ទ្រង់​ត្រាស់​ថា “ ម្នាល​លោក​សេដ្នី​! បុគ្គល​ម្នាក់​ៗ​ជា​ម្ចាស់​របស់​កម្ម ជា​អ្នក​ទទួល​មត៌ក​នៃ​កម្ម មាន​កម្ម​ជា​ឳពុក​ម្តាយ មាន​កម្ម​ជា​ញាតិ មាន​កម្មជា​ទី​ជំ​រក គឺ​កម្ម​នេះ​ហើយ​ដែល​ចែក​សត្វ​លោក​ឲ្យ​ខុស​ៗ​គ្នា “។ ដោយ​សុភៈ​មិន​យល់​អំពី​ព្រះ​បន្ទូល ព្រះ​ពុទ្ធ​ក៏​ទ្រង់​សំដែង​អំពី​ច្បាប់​នៃ​កម្ម ឲ្យ​សុភៈ​បាន​យល់​ច្បាស់ មាន​សេច​ក្តី​បរិយាយ​ដូច​ត​ទៅ​នេះ៖ កម្ម​បាន​ត្រូវ​ចាត់​តាម​លំដាប់​នៃ​មុខងារ ទម្ងន់​របស់​វា កន្លែង​ដែល​វា​ត្រូវ​កើត ​។ ក) មុខ​ងារ​នៃ​កម្ម – មុខ​ងារ​របស់កម្ម មាន​៤​យ៉ាង​គឺៈ ១- ជនកកម្ម កម្ម​ដែល​ឲ្យ​ផល ឲ្យ​សត្វ​បដិសន្ធិ ២- ឧបត្ថម្ភក​កម្ម កម្ម​ដែល​ជា​ជំនួយ ដែល​គាំ​ទ្រ ៣- ឧបបីឡកម្ម កម្ម​ដែល​រា​រាំង បៀត​បៀន​ដល់​កម្ម​ដទៃ ៤- ឧបឃាដកកម្ម កម្ម​ដែល​កំចាត់​បង់​កម្ម​ដទៃ ហើយ​ឲ្យ​ផល​ខ្លួន​ឯង​ ជន​កកម្ម ​នោះ​​គឺ កម្ម​ដែល​បណ្តាល​ឲ្យ​ម្ចាស់​នៃ​កម្ម​នោះ ទទួល​សោយ​ផល ទោះ​ល្អ​ក្តី អា​ក្រក់​ក្តី មិន​អាច​ជៀស​ផុត​ពី​ផល​របស់​វា​បាន​ឡើយ ។ ឧបត្ថម្ភកកម្ម គឺ​កម្ម​ដែល​ជួយ​ទ្រទ្រង់​ដល់​កម្ម​ដទៃ​ទៀត ឲ្យ​ម្ចាស់​កម្ម​សោយ​ផល​នៃ​កម្ម​ដទៃ​នោះ មិន​ឲ្យ​ផល​ដោយ​ខ្លួន​វា​ទេ ។ ឧបបីឡកម្ម គឺ​កម្ម​ដែល​ទប់​មិន​ឲ្យ​កម្ម​ដទៃ​ទៀត ផ្តល់​ផល​ឲ្យ​ទៅ​ម្ចាស់​កម្ម ជា​បណ្តោះ​អាសន្ន កម្ម​ដទៃ​នោះ​មិន​សាប​សូន្យ​ទៅ​ណា​ទេ អាច​ឲ្យ​ផល​ទៅ​ថ្ងៃ​ក្រោយ​បាន កាល​ណា​កម្ម​ដែល​រា​រាំង​នោះ​រលត់​ទៅ ។ ឧបឃាដកកម្ម គឺ​កម្ម​ដែល​បំផ្លាញ​កម្ម​ដទៃ​ឲ្យ​វិនាស កុំ​ឲ្យ​មាន​ត​ទៅ​ទៀត ហើយ​ឲ្យ​ផល​ដោយ​ខ្លួន​ឯង ។ ខ) ទម្ងន់​របស់​កម្ម – ការ​ចាត់​កម្ម​ទៅ​តាម​ទម្ងន់​របស់​វា មាន​៤បែប​គឺៈ ១- អនន្តរិយកម្ម កម្ម​ធ្ងន់​ផ្នែក​អកុសល ឬ​គរុ​កម្ម កម្ម​ខ្លាំង​ក្លា​ផ្នែក​កុសល ២- អាសន្នកម្ម កម្ម​ទាន់​ហន់ ក្នុង​ពេល​រៀប​ស្លាប់ ៣- អាចិណ្ណកម្ម កម្ម​ទម្លាប់ កម្ម​ស្រាល ៤- កតត្តាវាបនកម្ម កម្ម​ដែល​ឲ្យ​ផល​ចុង​ក្រោយ អនន្តរិយកម្ម គឺ​កម្ម​ដែល​មាន​ទម្ងន់​ធ្ងន់​មិន​អាច​មាន​កម្ម​ដទៃ​ណា​មក​រា​រាំង ឬ​កំចាត់​បាន សោះ​ឡើយ ម្ចាស់​កម្ម​នេះ​ត្រូវ​តែ​ទទួល​ផល​ក្នុង​ជា​ដាច់​ខាត ។ កម្ម​ធ្ងន់​នេះ​មាន​ការ​សម្លាប់​ឳពុក​ម្តាយ ការ​ធ្វើ​ឲ្យ​ឈាម​ព្រះពុទ្ធ​ហូរ​ចេញ ការ​សម្លាប់​ព្រះ​អរហន្ត ការ​រំលោភ​លើ​ភិក្ខុនី ការ​បំ​បែក​សង្ឃ ខាង​ផ្នែក​អកុសល ។ គរុកម្ម​ខាង​ផ្នែក​កុសល​វិញ មាន​ការ​បូជា ធ្វើ​កុសលកម្ម​ផ្ទាល់ នឹង​ព្រះ​ពុទ្ធ​អង្គ ការ​សម្រេច​ឈាន​សមាបត្តិ ។ អាសន្នកម្ម គឺ​កម្ម​ដែល​ធ្វើ នៅ​ក្នុង​ដំណាក់​កាល​ចុង​ក្រោយ​បង្អស់​នៃ​ជីវិត ពេល​រៀប​ស្លាប់ គឺ​អារម្មណ៍​នៃ​កម្ម​ដែល​ខ្លួន​បាន​ធ្វើ​មក​ហើយ ហើយ​កម្ម​នោះ​ក៏​មក​ប្រា​កដ​ក្នុង​ជវន​ចិត្ត មុន​ពេល​ចុតិ ។ អាចិណ្ណកម្ម គឺ​កម្ម​ដែល​ខ្លួន​ធ្លាប់​តែ​ធ្វើ​រឿយ​ៗ មាន​ការ​រក្សា​សីល ការ​ចំរើន​ភាវនាសំអាត​កាយ​វាចា​ចិត្ត ជា​ដើម​ខាង​ផ្នែក​កុសល ឬ​ការ​ប្រព្រឹត្ត​ខុស​នឹង​សីល មាន​ការ​សម្លាប់​សត្វ លួច​ទ្រព្យ​គេ ផឹក​ទឹក​ស្រវឹង ជា​ដើម​ខាង​ផ្នែក​អកុសល ។ កតត្តាវាបនកម្ម ឬ​កម្ម​ក្រោយ​គេ គឺ​កម្ម​ដែល​រង់​ចាំ​ឲ្យ​កម្ម​ដទៃ​ទៀត ឲ្យ​ផល​អស់​ជា​មុន​សិន ទើប​កម្ម​នេះឲ្យ​ផល​ជា​ចុង​ក្រោយ​បង្អស់ ។ គឺ​កម្ម​ដែល​ព្រះ​អរហន្ត​ទទួល​ផល​មុន​និព្វាន ។ កាល​ណា​មាន​កម្ម​ធ្ងន់​ជា​មួយ​នឹង​កម្ម​ទាន់​ហន់ កម្ម​ធ្ងន់​នឹង​ឲ្យ​ផល​ភ្លាម​ក្រោយ​ពេល​ស្លាប់ ។ បើ​កម្ម​ទាន់ហន់​និង​កម្ម​ទម្លាប់​មាន​ជា​មួយ​គ្នា កម្ម​ទាន់ហន់​នឹង​ឲ្យ​ផល ។ បើ​កម្ម​ទម្លាប់ និង​កម្ម​ចុង​ក្រោយ​មាន​ជា​មួយ​គ្នា កម្ម​ទម្លាប់​នឹង​ឲ្យ​ផល ។ កម្ម​ទាន់​ហន់​សំខាន់​ខ្លាំង​ណាស់ ព្រោះ​វា​ជា​កម្ម​នៅ​ពេល​រៀប​នឹង​ស្លាប់ ដែល​ឲ្យ​ផល​ ភ្លាម ឲ្យ​សត្វ​កើត​ជា​អ្វី នៅ​ភព​ណា បន្ទាប់​ពី​អស់​អាយុ​សង្ខារ​ទៅ ឯ​កម្ម​ដទៃទៀត​ដែល​បុគ្គល​ដែល​ស្លាប់​នោះ​បាន​ធ្វើ​ពី​មុន នៅ​មិន​ទាន់​ឲ្យ​ផល​នៅ​ឡើយ ។ ទោះ​បី​គេ​ធ្វើ​កុសលកម្ម​ច្រើន​មក​ពី​មុន​ក៏​ដោយ បើ​ពេល​រៀប​ស្លាប់ គេ​កំពុង​ធ្វើ​អកុសលកម្ម អកុសលកម្ម​នោះ​នឹង​ឲ្យ​ផល​អាក្រក់​ឲ្យ​បុគ្គល​នោះ​ទៅ​កើត​ក្នុង​ភព​ដ៏​ថោក​ទាប មាន​នរក​ប្រេត​អសុរ​កាយ​តិរច្ឆាន​ជា​ដើម ។ ឬ​បើ​នៅ​ពេល​រៀប​ស្លាប់ គេ​កំពុង​តែ​ធ្វើ​កុសលកម្ម មាន​ការ​ចំរើន​សមាធិ​ជា​ដើម កុសលកម្ម​នោះ​នឹង​ឲ្យ​ផល​ទៅ​កើត​ក្នុង​សុគតិ​ភព គឺ​ភព​ដែល​គេ​គួរ​នឹង​កើត ជា​មនុស្ស ទេវតា​ឬ​ព្រហ្ម ។ គ) ពេលវេលានិងទីកន្លែង – កម្មអាចឲ្យផលទៅតាមពេលនិងកន្លែង៣គឺៈ ១- ទិដ្ឋ​ធម្មវេទនិយ​កម្ម បច្ចុប្បន្ន​ជាតិ ក្នុង​កន្លែង​ដែល​កំពុង​រស់​នៅ ២- ឧប​បជ្ជវេទនិយ​កម្ម ជាតិ​បន្ទាប់ នៅ​កន្លែង​ដែល​កើត​ជា​ថ្មី ៣- អបរាបរិយ​វេទ​និយ​កម្ម ជាតិ​ក្រោយ​ៗ​បន្ត​អំពី​ជាតិ​បន្ទាប់ នៅ​កន្លែង ដែល​មាន កំណើត​ថ្មី ៤- អ​ហោសិ​កម្ម កម្ម​ដែល​មិន​មាន​ឱកាស​ឲ្យ​ផល ។ ពាក្យ​ថា កម្ម​ដែល​បុគ្គល​បាន​ធ្វើ​ពី​មុន ឲ្យ​ផល​ល្អ​ឬ​អាក្រក់ គ្រាន់​តែ​ជា​ការ​ពោល​ដោយ​ខ្លី ជា​សេចក្តី​សង្ខេប ។ ពាក្យ​ពោល​យ៉ាង​នេះ​អាច​ឲ្យ​មាន​ការ​យល់​ច្រឡំ​ថា កម្ម​ទាំង​នោះ​តាម​ម្ចាស់​របស់​វា​រហូត​ពី​ជាតិ​មួយ ទៅ​ជាតិ​មួយ​ដើម្បី​ឲ្យ​ផល ។ មិន​មែន​ដូច្នោះ​ទេ ។ ធម៌​ទាំង​អស់​ជា​ធម្មជាតិ​មិន​ទៀង គឺ​កើត​ហើយ​រលត់​សូន្យ​ទៅ​វិញ ឯ​កម្ម​ក៏​ជា​ធម៌ កើត​ហើយ​រលត់​ដូច​គ្នា ។​ ប៉ុន្តែ​កម្ម​បាន​បង្កើត​នូវ​ឥទ្ធិពល​មួយ ឲ្យ​ម្ចាស់​របស់​វា ។ ឥទ្ធិពល​នេះ​គ្មាន​រូប​រាង​ខ្លួន​ប្រាណ​ទេ វា​តាម​ម្ចាស់​របស់​វា​រហូត​ក្នុង​ត្រៃ​ភព លើក​លែង​តែ​ព្រះ​និព្វាន ។ ឥទ្ធិពល​នៃ​កម្ម​នេះ មាន​ឫទ្ធិ​ឲ្យ​ផល​ល្អ​ឬ​អា​ក្រក់​កើត​ឡើង​បាន ដល់​ម្ចាស់​របស់​វា កាល​ណា​មាន​បច្ច័យ​គ្រប់​គ្រាន់ ដែល​ជា គ្រឿង​ទ្រ​ទ្រង់​ជួយ​ឧបត្ថម្ភ ។ ដើម្បី​ជា​ការ​ពន្យល់ មាន​សេចក្តី​ឧបមា​មួយ​ក្នុង​តម្រា​ជំនាន់​ចាស់​ថា វត្ថុ៣​យ៉ាង​គឺ​ស្មៅ​ក្រៀម​១ កែវ​ពង្រីក​១ និង​ពន្លឺ​ព្រះ​អាទិត្យ​១ ។ នៅ​ពេល​ដែល​ពន្លឺ​ព្រះ​អា​ទិត្យ​ចាំង​ទម្លុះ​កែវ​ទៅ​ចំ​ស្មៅ​ក្រៀម ក៏​បង្កើត​ឲ្យ​មាន​ភ្លើង​ឆេះ​ស្មៅ​នោះ​ទៅ ។ ភ្លើង​គ្មាន​នៅ​ក្នុង ស្មៅ​ក្រៀម គ្មាន​នៅ​ក្នុង​កែវ គ្មាន​នៅ​ក្នុង​ពន្លឺ​ព្រះ​អាទិត្យ​ទេ ។ កែវ​ពង្រីក ពន្លឺ​ព្រះ​អាទិត្យ និង ស្មៅ​ក្រៀម កាល​បើ​ជួប​គ្នា អាច​ឲ្យ​ភ្លើង​កើត​ឡើង​បាន ។ ផល​នៃ​កម្ម​ក៏​ដូច្នោះ​ដែរ កាល​ណា មាន​ហេតុ​បច្ច័យ​គ្រប់​គ្រាន់ ផល​នៃ​កម្ម​ក៏​កើត​ឡើង ។ បើ​គ្មាន​ហេតុ​បច្ច័យ​គ្រប់​គ្រាន់​ទេ ផល​នៃ​កម្ម​ក៏​មិន​កើត​ឡើង​ដែរ ពិត​មែន​តែ​មាន​ឥទ្ធិ​ពល​នៃ​កម្ម​ក៏​ដោយ ។ ឧបមា​ម៉្យាង​ទៀត​ដូច​ជា​គ្រាប់​ស្វាយ កាល​ណា​មាន​ដី មាន​ទឹក មាន​ពន្លឺ​ថ្ងៃ គ្រាប់​ស្វាយ​នោះ​នឹង​ដុះ​ឡើង ។ គ្រាប់​ស្វាយ​ទុក​ដូច​ជា​ឥទ្ធិ​ពល​នៃ​កម្ម វា​រង់​ចាំ​តែ​ឱកាស​នឹង​ដុះ​ឡើង​កាល​ណា​មាន​ដី​ទឹក​និង​ពន្លឺ​ថ្ងៃ ។ សេចក្តី​ពន្យល់​នេះ​ត្រឹម​ត្រូវ​ចំពោះ​តែ កម្ម​ដែល​ឲ្យ​ផល (មុខ​ងារ​នៃ​កម្ម​ខាង​លើ) ប៉ុណ្ណោះ ។ ប៉ុន្តែ​ចំពោះ​កម្ម​ធ្ងន់ និង​កម្ម​ទាន់​ហន់ ផល​របស់​វា​មាន​កម្លាំង​គ្រប់​គ្រាន់ កើត​ឡើង​ឥត​រង់ ចាំ​អ្វី​ជួយ​ឧបត្ថម្ភ​ទេ គឺ​វា​កើត​ឡើង​ដោយ​ខ្លួន​ឯង មិន​ពន្យា​ពេល​វេលា​ឲ្យ​យឺត​យូរ​ឡើយ ។ អហោសិកម្ម គឺ​កម្ម​ដែល​ឥទ្ធិ​ពល​របស់​វា សាប​សូន្យ​ទៅ ដោយ​ម្ចាស់​របស់​បាន​សម្រេច​មគ្គ​ផល ក្នុង​លោកុត្តរ​សមាធិ ដូច​ព្រះ​អង្គុលី​មាល​ត្ថេរ កម្ម​ដែល​ព្រះ​អង្គ​សម្លាប់​មនុស្ស​ពី​ពេល​មុន មិន​ឲ្យ​ផល​ដល់​ព្រះ​អង្គ​ទេ ជា​អហោសិកម្ម ព្រោះ​ព្រះ​អង្គ​បាន សម្រេច​អរហត្ត​ផល មុន​ពេល​ឬ​រំលាយ​ខន្ធ ។ ក្រៅ​ពី​អហោសិកម្ម ឥទ្ធិពល​នៃ​កម្ម​ដទៃ​ទៀត នៅ​តែ​អាច​ឲ្យ​ផល ក្នុ​ង​ជាតិ​ណា​មួយ ដរាប​ណា​នៅ​មាន​ការ​កើត​និង​ស្លាប់ ត​ទៅ​ទៀត ។ ព្រោះ​ហេតុ​ដូច្នេះ​ហើយ បាន​ជា​សត្វ​តិរច្ឆាន​អាច​ទទួល​ផល​ឲ្យ​កើត​ជា​មនុស្ស​បាន កាល​ណា​វា​ធ្លាប់​បាន ធ្វើ​កុសល​កម្ម​ពី​ជាតិ​មុន​ៗ មុន​ពេល ដែល​វា​កើត​ជា សត្វតិរច្ឆាន​នោះ ​។ ទីកន្លែងដែលសត្វលោកទៅកើត ក៏ទៅតាមឥទ្ធិពលនៃកម្មដែរ ។ ឥទ្ធិពលរបស់កម្មជា​អកុសល​តាម​ធ្ងន់​ឬ​ស្រាល ឲ្យ​សត្វ​ទៅ​កើត​ក្នុង​អបាយ​ភូមិ មាន​នរក​ ប្រេត អសុរកាយ តិរច្ឆាន​បើ​បាន​កើត​ជា​មនុស្ស ក៏​មនុស្ស​នោះ​រង​ទុក្ខ​ទោស វេទនា​យ៉ាង​ខ្លាំង ។ ឥទ្ធិ​ពល​នៃ​កម្មជា​កុសល​​វិញ​អាច​ឲ្យ​សត្វ​ទៅ​កើត​ ក្នុង​សុគតិ​សួគ៌ ឬ​ព្រហ្ម​លោក តាម​កម្លាំង​នៃ​កុសលកម្ម​នោះ ។ បើបាន​​កើត​ជា​មនុស្ស​វិញ ក៏​មនុស្ស​នោះ​មាន​ភព្វ​វាសនា​ល្អ ទ្រព្យ​សម្បត្តិ​ច្រើន ។ ព្រះ​និព្វាន មិន​មាន កម្មជា​បច្ច័យ​ទេ ព្រោះ​កម្មជា​ធម៌​របស់ ត្រៃ​លោក​តែ​ប៉ុណ្ណោះ ។ រូប​កាយ​របស់​បុគ្គល​ម្នាក់​ៗ ដែល​ជា​ផល​នៃ​កម្ម ចែក​ចេញ​ជា​នាម (ចិត្ត​និង​ចេតសិក) និង​រូប កើត​ឡើយ​ដោយ​ធម៌៥​យ៉ាង​គឺ អវិជ្ជា​១ តណ្ហា១​ ឧបាទាន១ កម្ម១ អាហារ១ ។ ហេតុ​ដើម​គឺ​អវិជ្ជា សេចក្តី​មិន​ដឹង​មិន​យល់ ដែល​ជា​បច្ច័យ​ឲ្យ​សង្ខារ​កើត​ឡើង ។ សង្ខារ​នេះ​គឺកម្ម​សង្ខារ ដែល​ជា​បច្ច័យ​ឲ្យ​វិញ្ញាណ (បដិសន្ធិចិត្ត)កើត​ឡើង ។ កាល​បើ​មាន​វិញ្ញាណ​ហើយ សត្វ​ក៏​កើត​ឡើង​មាន​នាម​និង​រូប ហើយ​សោយ​ផល​នៃ​កម្ម ជា​បន្ត​ទៅ​ទៀត ។ យើង​ម្នាក់​ៗ​បាន​ឆ្លង​កាត់ ការ​កើត​ស្លាប់​ៗ ក្នុង​ត្រៃ​ភព រាប់​កប្ប រាប់​អសង្ខ័យ្យ ជា​ច្រើន​រាប់​​មិន​អស់ យើង​តែង​ធ្វើ​នូវ​កម្មជា​និច្ច គ្រប់​ពេល​វេ​លាដែល​រស់​នៅ ហើយ​ក៏​បាន​សោយ​ផល​នៃ​កម្ម​បន្ត​បន្ទាប់​គ្នា​ជាប់​ជា​និច្ច​ដែរ ។ ផល​នៃ​កម្ម​មួយ​រលត់​ទៅ ផល​នៃ​កម្ម​មួយ​ទៀត​មក​បន្ត​ពេល​សោយ​ផល​នៃ​កម្ម​និមួយ​ៗ យើង​តែង​ប្រតិកម្ម​ចំពោះ ការ​សោយ​ផល​នោះ បើ​វា​ជា​ទី​ពេញ​ចិត្ត យើង​ប្រតិកម្ម​ដោយ​លោភៈ​និង​មោហៈ បើ​វា​ជា​ទី​ស្អប់​ខ្ពើម យើង​ប្រតិកម្ម​ដោយ​ទោសៈ​និង ​មោហៈ ។ យើង​ក៏​បង្កើត​នូវ​កម្ម​ថ្មី​ៗ ដែល​នឹង​ឲ្យ​ផល ក្នុង​ពេល​អនាគត​ត​ទៅ​ទៀត ម្ល៉ោះ​ហើយ​កំណើត​របស់​យើង​តែង​តែ​អន្ទោល ក្នុង​ភព​ទាំង​៣ ជួន​កាល​កើត​ក្នុង​អបាយ​ភូមិ ជួន​កាល​កើត​ជា​មនុស្ស ជួន​កាល​កើត​ជា​ទេវតា ជួន​កាល​កើត​ជា​ព្រហ្ម ក៏​ព្រោះ​តែ​មាន​កម្ម​ជា​ហេតុ ។ យើង​ពុំ​ដឹង​ថា កម្ម​អាក្រក់​ណា​ខ្លះ ដែល​យើង​បាន​ធ្វើ​ពី​ពេល​មុន ហើយ​កំពុង​រង់​ចាំ​ឲ្យ​ផល ជា​ការ​ភ័យ​ខ្លាច​របស់​យើង​គ្រប់​គ្នា អ្នក​ខ្លះ​ស្វែង​រក​ការ​ពារ កុំ​ឲ្យ​ឧប្ប​ទ្រព​ចង្រៃ កើត​មាន​ដល់​ខ្លួន​គេ ដោយ​ជំនឿ​សាសនា ឬ​ការ​បន់​ស្រន់​អាទិទេព ។ ប៉ុន្តែ​បើ​យើង​យល់​ច្បាប់​នៃ​កម្ម យើង​នឹង​ដឹង​ថា​នរ​ណា​ជា​ម្ចាស់​នៃ​កម្ម អ្នក​នោះ​ជា​អ្នក​ទទួល​ផល​ កាល​ណា​ឱកាស តម្រូវ​កម្ម​នោះ​ឲ្យ​ផល គ្មាន​អំណាច​ណា​ផ្សេង​ក្រៅ​អំ​ពី​ម្ចាស់​កម្ម អាច​បញ្ជៀសព​ង្វាង​កម្ម កុំ​ឲ្យ​វា​ឲ្យ​ផល​បាន​ឡើយ ។ ចុះ​ម្ចាស់​កម្ម​ធ្វើ​យ៉ាង​ណា ទើប​អាច​បញ្ជៀស​ផល​កម្ម​បាន? នោះ​អាស្រ័យ​លើ​ទម្ងន់​នៃ​កម្ម​ជា​មុន​សិន បើ​ជា​កម្ម​ធ្ងន់ មាន​ការ​សម្លាប់​ឳពុក​ម្តាយ​របស់​ខ្លួន ការ​ធ្វើ​ឲ្យ​ឈាម​ព្រះ​ពុទ្ធ​ស្រក់​ចុះ ការ​សម្លាប់​ព្រះ​អរហន្ត ការ​រំលោភ​លើ​ភិក្ខុនី ការ​បំបែក​សង្ឃ ជា​ដើម ម្ចាស់​នៃ​កម្ម​នឹង​ទទួល​ផល បន្ទាប់​ពី​ស្លាប់​ពី​ជាតិ​នេះ​ទៅ ជា​ដាច់​ខាត គ្មាន​រួច​ខ្លួន​ឡើយ ។ បើ​ជា​កម្ម​ទាន់​ហន់​វិញ គឺអា​ស្រ័យ​លើ មរណា​សន្ន​ជវ័ន គឺ​ជវ័ន​ចិត្ត​ទី​១និង​ទី​៧​នៅ​ពេល​ចុង​ក្រោយ​បង្អស់​នៃ​ជីវិត ។ បើជវ័ន​ចិត្ត​ទី​១​ល្អៀង​ទោរ​ទន់​ទៅ​ខាង​បា​បកម្ម ជវ័ន​ទី២ដល់​ទី៦​នឹង​ចាត់​តាំង​ភព​នៃ​បដិសន្ធិ ហើយ​ជវ័ន​ទី៧កើត​ឡើង ស្រ​វា​តោង​យក​នូវ​ភព​ថ្មី ចុតិ​ចិត្ត (ចិត្ត​ចាក​ចេញ​ចោល​រូប គឺ​ស្លាប់​) ក៏​កើត​ឡើង ។ បុគ្គល​នោះក៏​ទៅ​កើត​ក្នុ​ង​ភព​ដ៏​ថោក​ទាប មាន​នរក ប្រេត តិរច្ឆាន​ជា​ដើម ។ បើ​ជវ័ន​ចិត្ត ទី១​ល្អៀង​ទៅ​ខាង​កម្ម​ជា​បុណ្យ​វិញ ក៏​មាន​សភាព​ស្រប​គ្នា​ដែរ​គឺ​បុគ្គល​នោះ​នឹង​ទៅ​កើត​ក្នុង​ភព​ដ៏​ខ្ពង់​ខ្ពស់​មាន​ស្ថាន​សួគ៌ ឬ​ព្រហ្ម​លោក​ជា​ដើម ។ ដូ​ច្នេះ ជា​ការ​សំខាន់​ណាស់ ដែល​បុគ្គល​រៀប​ស្លាប់​ត្រូវ​តែ​ផ្ចង់​ស្មារតី កុំ​ឲ្យវ​ង្វេង​គិត​ទៅ​រក​បាប​កម្ម ដែល​ខ្លួន​បាន​ធ្វើ ដូច​ជា​សម្លាប់​សត្វ​ជា​ដើម​ទោះ​បី​ខ្លួន​បាន​ធ្វើ​បុណ្យ​យ៉ាង​ច្រើន​មក​ក៏​ដោយ ។ បើ​ជា​កម្ម​ទម្លាប់ គេ​អាច​ពន្យា​ពេល ឬ​បញ្ជៀស​កុំ​ឲ្យ​កម្ម​អាក្រក់​តាម​មក​ទាន់ ដោយ​ការ​ធ្វើ​នូវ​កុសលកម្ម ថ្មី​ៗទៀត​ជា​រឿយៗ ឲ្យ​បាន​ច្រើន​ឡើង​ៗ ដោយ​ការ​បញ្ឈប់​ការ​ធ្វើ​អកុសលកម្ម​ថ្មី​ៗ ព្រោះ​កុសល​កម្ម​ថ្មី​ៗ ដែល​មាន​ចំនួន​ច្រើន អាច​គ្រប​សង្កត់​កម្ម​ចាស់ មិន​ឲ្យ​មាន​ឱកាស​ឡើង​មក​ខាង​លើ​បាន យ៉ាង​ណា​មិញ ដូច​ជា​អ្នក​ចាក់​អំបិល​មួយ​ស្លាប​ព្រា ទៅ​ក្នុង​ទឹក​មួយ​កែវ ទឹក​ក្នុង​កែវ​នោះនឹង​មាន​រស​ជាតិ​ប្រៃ តែ​បើ​អ្នក​ចាក់​អំបិល​មួយ​ស្លាប​ព្រា ទៅ​ក្នុង​ទន្លេ ទឹក​ទន្លេ​នោះ​មិន​មាន​រស​ជាតិ​ប្រៃ​ឡើយ ។ ការ​បន់​ស្រន់​មិន​មាន​ប្រសិទ្ធិភាព ដូច​ការ​ធ្វើ​សីល សមាធិ បញ្ញាទេ ។ ការ​រក្សា​សីល មាន​សីល​៥​ជា​ដើម ជា​និច្ច​មិន​ឲ្យ​ដាច់ ការ​ចំរើន​សមាធិ​កម្មដ្នាន មាន​អនា​បាន​ស្សតិ​ជា​ដើម ជា​រឿយ​ៗ​រាល់​ថ្ងៃ ការ​ចំ​រើនវិបស្សនា​បញ្ញា ជា​រឿយ​ៗ​ឥត​ធ្វេស​ប្រហែស ការ​គោរព​បូជា​ព្រះ​រតន​ត្រៃ ការ​ឲ្យ​ទាន​ដោយ​មិន​គិត​ប្រយោជន៍ ការ​បណ្តុះ​ចិត្ត​ឲ្យ​មាន មេត្តា​អាណិត​អា​សូរ​ដល់​សព្វ​សត្វ​ទាំង​ពួង ដែល​ម្ចាស់​កម្ម​ធ្វើ​ដោយ​ខ្លួន​ឯង នឹង​អាច​ឲ្យ​គេ​រំលត់​នូវ​ទុក្ខ ដែល​កើត​ឡើង​ដោយ​សា​រ​ផល​នៃ​កម្ម​ចាស់​បាន​បើ​មិន​ទាន់​សម្រេច​បរិបូណ៌​ក្នុង​ជាតិ​នេះ ក៏​ជាតិ​ខាង​មុខ នឹង​បាន​ផល​ប្រយោជន៍ល្អ ជា​មិន​ខាន​។ ពាក្យ​ថា “ បាប “ ឬ “ បុណ្យ “ គឺ​ឥទ្ធិ​ពល​អាក្រក់ ឬ​ឥទ្ធិ​ពល​ល្អ​នៃ​កម្ម​នេះ​ឯង ។ ចំពោះ​ភាព​មិន​ស្មើគ្នា របស់​បុគ្គល​ម្នាក់​ៗ ខ្លះ​មាន ខ្លះ​ក្រ ខ្លះ​ល្អ ខ្លះ​អាក្រក់ ខ្លះ​ឆ្លាត ខ្លះ​ល្ងង់ ខ្លះ​អាយុ​វែង ខ្លះ​អាយុខ្លី ខ្លះ​កើត​ក្នុង​ត្រកូល​ខ្ពង់​ខ្ពស់ ខ្លះ​កើត​ក្នុង​ត្រកូល​ថោក​ទាប ។ល។ ព្រះពុទ្ធ​ទ្រង់​ត្រាស់​ពន្យល់​ថា៖ បុគ្គល​ខ្លះចូល​ចិត្ត​ការ​សម្លាប់​សត្វ​ឯ​ទៀត គេ​មាន​ទម្លាប់​ក្នុង​ការ​សម្លាប់​នេះ លុះ​អស់​អាយុ​សង្ខារ​ពី​ជាតិ​នេះ​ទៅ បុគ្គល​នោះនឹង​ទៅ​កើត​ក្នុង​អបាយ​ភូមិ មាន​នរក​អសុរ​កាយ តិរច្ឆាន​ជា​ដើម បើ​បាន​កើត​ជា​មនុស្ស​វិញ មនុស្ស​នោះ​អាយុ​ខ្លី ។ បុគ្គល​ដែល​មិន​សម្លាប់​សត្វ មិន​មាន​ទម្លាប់​ក្នុង​ការ​សម្លាប់ គេ​មាន​មេត្តា​ករុណា ដល់​សត្វ​ទាំង​ពួង លុះ​បុគ្គល នោះ​ស្លាប់​ទៅ គេ​នឹង​ទៅ​កើត​ក្នុង​សុគ​តិភព បើ​សិន​ជា​កើត​ជា​មនុស្ស​វិញ មនុស្ស​នោះ​នឹង​មាន​អាយុវែង ។ បុគ្គល​ខ្លះ​ចូល​ចិត្ត បៀត​បៀន​សត្វ​ឯ​ទៀត ឲ្យ​ឈឺ​ចាប់ រង​ទុក្ខ​វេទនា លុះ​ស្លាប់​អំពី​លោក​នេះ​ទៅ មនុស្ស​នោះ​នឹង​ទៅ​កើត ក្នុង​អបាយ​ភូមិ បើ​សិន​បាន​កើត​ជា​មនុស្ស​វិញ ក៏​មនុស្ស​នោះ​មាន​ជម្ងឺ ឈឺ​ចុក​ចាប់​ជា​ច្រើន ។ បុគ្គល​ដែល​មិន​បៀត​បៀន សត្វ​ឲ្យ​ឈឺ​ចាប់ ចូល​ចិត្ត​ជួយ​សត្វ​ដទៃ​ឲ្យ​បាន​សុខ មនុស្ស​នោះ ក្រោយ​ពី​ស្លាប់​ទៅ នឹង​ទៅ​កើត​ក្នុង​សុគតិភព បើ​សិន​ជា​កើត​ជា​មនុស្ស​វិញ ក៏​មនុស្ស​នោះ មាន​សុខ​ភាព​ល្អ ជា​អ្នក​មាន​ជម្ងឺ​តិច ។ បុគ្គល​ខ្លះ​កាច ជា​អ្ន​ក​មាន​កំហឹង​ច្រើន មិន​សន្តោស​ប្រណី លុះ​អស់​អាយុ​សង្ខារ ពី​លោក​នេះ​ទៅ នឹង​ទៅ​កើត​ក្នុង​អបាយ​ភូមិ បើ​សិន​ជាបាន​កើត ជា​មនុស្ស​វិញ ក៏​មនុស្ស​នោះ​មាន​រូប​អាក្រក់ ។ បុគ្គល​ដែល​មាន​ចិត្ត​ស្លូត មាន​ការ​សន្តោស​ប្រណី លុះ​ស្លាប់​ពី​លោក​នេះ​ទៅ នឹង​ទៅ​កើត​ក្នុង​សុគតិភព បើ​សិន​ជា​បាន​កើត​ជា​មនុស្ស​វិញ មនុស្ស​នោះ​មាន​រូប​កាយ​ល្អ ។ បុគ្គល​ខ្លះ​កំណាញ់​ស្វិត មិន​ធ្វើ​ទាន គិត​តែ​ពី​ប្រមូល​យក​ទ្រព្យ​ មក​ធ្វើ​ជា​របស់​ខ្លួន លុះ​ស្លាប់​ពី​ជាតិ​នេះ​ទៅ នឹង​ទៅ​កើត​ក្នុង​អ​បាយ​ភូមិ បើ​បាន​កើត​ជា​មនុស្ស​វិញ ក៏​មនុស្ស​នោះ​ក្រី​ក្រ​តោក​យ៉ាក ។ បុគ្គល​ខ្លះ​មាន​ចិត្ត​សប្បុ​រស ចូល​ចិត្ត​ធ្វើ​ទាន លុះ​ស្លាប់​ពី​លោក​នេះ​ទៅ នឹង​ទៅ​កើត​ក្នុង​សុគ​តិ​ភព​បើ​សិន​ជា​បា​ន​កើត​ជា​មនុស្ស​វិញ មនុស្ស​នោះ​មាន​ទ្រព្យ​សម្បត្តិ​ច្រើន ។ បុគ្គល​ខ្លះ​លើក​តំកើង​ខ្លួន មិន​គោរព​ចាស់​ព្រឹទ្ធា​ចារ្យ មើល​ងាយ​ដល់​ជន​ដទៃ លុះ​ស្លាប់​ពី​លោក​នេះ​ទៅ នឹង​ទៅ​កើត​ក្នុង​អបាយ​ភូមិ​បើ​សិន​ជា​បាន​កើត​ជា​មនុស្ស​វិញ មនុស្ស​នោះកើត​ក្នុង​ស្ថាន​ភាព​អាក្រក់ ដូច​ជា​ពេល​ស្រុក​មាន​សង្គ្រាម អត់​អាហារ​ជាដើម ។ បុគ្គល​ដែល​ដាក់​ខ្លួន ចេះ​គោរពដ​ល់​ជន​ដទៃ លុះ​ស្លាប់​ពី​លោក​នេះ​ទៅ នឹង​ទៅ​កើត​ក្នុង​សុគតិភព បើ​សិន​ជា​បាន​កើត​ជា​មនុស្ស​វិញ មនុស្ស​នោះកើត​ក្នុង​ស្ថាន​ភាព​ល្អ ដូច​ជា​ក្នុង​ប្រទេស ដែល​សម្បូរ​សប្បាយ សុខ​សន្តិភាព ។ បុគ្គល​ខ្លះមិ​ន​ព្យាយាម​រៀនឲ្យ​មាន​ចំណេះ​ចេះ​ដឹង​ច្រើន​ទេ ហើយ​ដោយ​សេចក្តី​ល្ងង់​ខ្លៅ ក៏​ធ្វើ​ខុស​ជា​ច្រើន លុះ​ស្លាប់​ពី​ជាតិ​នេះ​​ទៅ នឹង​ទៅ​កើត​ក្នុង​អបាយ​ភូមិ បើ​សិន​ជា​បាន​កើត ជា​មនុស្ស​វិញ មនុស្ស​នោះ​ល្ងង់​ឥត​ប្រា​ជ្ញា ។ បុគ្គល​ខ្លះ​ជា​អ្នក​ចូល​ចិត្ត​ការ​រៀន​សូត្រ ឲ្យ​បាន​ចេះ​ដឹង​ច្រើន ហើយ​ដោយ​សារ​ការ​ចេះ​ដឹង​ច្រើន គេ​មិន​ប្រព្រឹត្ត​ខុស លុះ​ស្លាប់​ពី​លោក​នេះ​ទៅ នឹង​ទៅ​កើត​ក្នុង​សុគ​តិភព បើ​សិន​ជា​បាន​កើត​ជា​មនុស្ស​វិញ មនុស្ស​នោះឆ្លាត មាន​ប្រាជ្ញា​ច្រើន ។ ច្បាប់​នៃ​កម្ម​ដែល​ព្រះ​ពុទ្ធ​បរមគ្រូ បាន​សំដែង​ពន្យល់​ដល់​សេដ្នី​សុភៈ​នេះ បាន​បញ្ជាក់​យ៉ាង​ច្បាស់​ថា យើង​ជា​អ្នក​ទទួល​ខុស​ត្រូវ និង​ជា​អ្នក​សោយ​ផល នៃ​អំពើ​ដែល​យើង​ម្នាក់​ៗ​បាន​ធ្វើ​ដោយ​កាយ​វាចា​ចិត្ត ។ ដើម្បី​សេចក្តី​សុខ​ផ្ទាល់​ខ្លួន យើង​ត្រូវ​លះបង់ អំពើ​ទាំង​ឡាយ​ណា​ដែល​ជា​អកុសល​កម្ម ហើយ​ធ្វើ​តែ​អំពើ ទាំង​ឡាយ​ណា​ដែល ជា​កុសលកម្ម ។ បើ​ដូច្នេះ យើង​ត្រូវ​ធ្វើ​កិច្ច​ការ​៣យ៉ាង​គឺ ការរៀន​ព្រះធម៌​១ ការប្រតិបត្តិ​នូវ​ព្រះ​ធម៌​១ ការ​ធ្វើ​ឲ្យ​សម្រេច​១ ។ ព្រះ​ធម៌​ដែល​ត្រូវ​រៀន​គឹ ធម៌​សម្រាប់​ប្រតិបត្តិ​ដែល​សំខាន់​ មិន​គ្រាន់​តែ​សម្រាប់​សូត្រ​ថ្វាយ​បង្គំ ព្រះ​រតន​ត្រៃ​ប៉ុណ្ណោះ​ទេ ។ ការ​រៀន​សូត្រ​មាន​ន័យ​ថា ការ​ចាំ​ហើយ​យល់​ច្បាស់ ។ ការ​ប្រតិបត្តិ​នូវ ព្រះ​ធម៌ គឺ​យក​ព្រះធម៌​មក​អនុវត្ត​ធ្វើ ដូច​ជា​ការ​រក្សាសីល​មិន​ឲ្យ​ដាច់ ធ្វើ​សតិ​ឲ្យ​ស្ថិត​នៅ​ក្នុង​ធម៌ ជា​រឿយ​ៗ ប្រតិបត្តិ​តាម​អរិយមគ្គ ប្រកប​ដោយ​អង្គ​៨​ប្រការ មាន​ការ​ចំរើន​សមាធិ​ជាដើម ។ ការ​ធ្វើ​ឲ្យ​សម្រេច​គឺ ធ្វើ​សីល​មិន​ឲ្យ​ដាច់ ធ្វើ​សមាធិ​ឲ្យ​ស្ងប់​កិលេស ធ្វើ​វិបស្សនា​ឲ្យ​សម្រេច​មគ្គ និង​ផល ។ ឥទ្ធិពល​នៃ​អកុសល​កម្ម នៅ​តែ​អាច​ឲ្យ​ផល​អាក្រក់​បាន លុះ​ត្រា​តែ ម្ចាស់​កម្ម បាន​សំរេច​យ៉ាង​ហោច​ណាស់ ត្រឹម​សោតាបត្តិផល​ដែរ ទើប​អាច​រួច​អំពី​កម្ម​នោះ (លើក​លែង​កម្ម​ធ្ងន់ ដែល​ជៀសពុំ​រួច) ​។ រួម​សេចក្តី​ឲ្យ​ខ្លី​មក ផ្លូវ​ចាក​ចេញ​អំពី​ទុក្ខ​ ព្រះ​ពុទ្ធ​បាន​បង្ហាញ​ហើយ កាល​បើ​អ្នក​ឃើញ​នូវ​សេចក្តីទុក្ខ​ហើយ សម្រេច​ដើរ​ចេញ អំពីទុក្ខ​ទាំង​នោះ អ្នក​នឹង​បាន​រួច​ខ្លួន​ដោយ​ខ្លួន​ឯង ​។ ———————————— ប្រភព៖ វីគីភីឌាភាសាខ្មែរ វិសុទ្ធិ៧ ដោយ៥០០០ឆ្នាំ
images/articles/319/tex433tpic.jpg
ផ្សាយ : ២០ កក្តដា ឆ្នាំ២០២០ (អាន: ៥៤,៦៦៩ ដង)
ថ្ងៃមួយ ពេល​ដែល​ព្រះដ៏មានព្រះភាគ ទ្រង់​គង់​នៅ​ឯ​ឧទ្យាន​កេសាកាឡា នា​ភ្នំ​សំសមារាគីរី ព្រះអង្គ​ទ្រង់​ត្រាស់​ទៅ​កាន់ ភិក្ខុ​ទាំង​ឡាយ​ថា ម្នាល​ភិក្ខុ​ទាំងឡាយ តថាគត​ចង់ ប្រាប់​អ្នក​រាល់​គ្នា អំពី​ការ​យល់​ដឹង បញ្ញា​៨​យ៉ាង របស់​ព្រះពោធិសត្វ ។ ព្រះអនុរុទ្ធ ធ្លាប់​មាន​ព្រះថេរដិការ នូវ​ការ​យល់​ដឹងទាំង​៨​យ៉ាង​នេះ ពី​មុន​រួច​មក​ហើយ ការ​យល់​ដឹង​នេះ ត្រូវ​បាន​ទូន្មាន ដោយ​ព្រះពោធិសត្វ ដើម្បី​ជួយ​អ្នក​ដទៃ ឲ្យ​មាន​ជ័យ​ជំនះ​លើ​ការ​ភ្លេច​ភ្លាំង និង​ទទួល​ពន្លឺ នៃ​ការ​ត្រាស់​ដឹង ។ ការ​យល់​ដឹង ទាំង​៨​យ៉ាង​នោះ​គឺ​៖ ទី១ គឹ​ការ​ដឹង​ថា ធម៌​ទាំង​អស់ មាន​សភាព​មិន​ទៀង​ទាត់ មិន​តាំង​នៅ​យូរ អនិច្ចំ និង​មាន​សេចក្តី​វិនាស ទៅ​ជា​ធម្មតា អនត្តា ។ ដោយ​សារ​ការ​ចំរើន ភាវនា​លើ​ធម្មជាតិ អនិច្ចំ​និង​​អនត្តា នៃ​ធម៌​ទាំង​អស់ អ្នក​នឹង អាច​គេច​ចេញ​ផុត អំពី​សេចក្តី​ទុក្ខ និង​បាន​ទទួល នូវ​ពន្លឺ​ត្រាស់​ដឹង សេចក្តី​ស្ងប់​កាយ ស្ងប់​ចិត្ត និង​សេចក្តី​រីករាយ ។ ទី២ គឺ​ការ​ដឹង​ថា មាន​តណ្ហា​ច្រើន នាំ​មក​នូវ​ទុក្ខ​ក៏​ច្រើន ។ ការ​លំបាក​វេទនា​ទាំង​អស់ ពិត​ជា​កើត​ឡើង ពី​តណ្ហា​និង​លោភៈ ។ ទី៣ គឺ​ការ​ដឹង​ថា ការ​រស់​នៅ​ធម្មតា និង​ការ​មាន​ប្រាថ្នា​តិច​តួច នាំ​ឲ្យ​មាន​សេចក្តី​ស្ងប់ សេចក្តី​រីករាយ និង​សុភមង្គល ។ ការ​រស់​នៅ​ធម្មតា អាច​មាន​ពេល​វេលា និង​ការ​សញ្ជឹង​គិត​បាន​ច្រើន ដើម្បី​នឹង​ហាត់​រៀន ព្រះធម៌វិន័យ និង​ជួយ​ដល់​អ្នក​ដទៃ ។ ទី៤ គឺ​ការ​ដឹង​ថា មាន​តែ​ការ​ខំ​ប្រឹង​ប្រែង ដោយ​វិរិយភាព ប៉ុណ្ណោះ​ទេ ដែល​អាច​នាំឲ្យ​ទៅ​ដល់​ពន្លឺ​ត្រាស់​ដឹង ។ ការ​ខ្ជិល​ច្រអូស និង​ការ​ឈ្លក់​វង្វេង ក្នុង​តម្រេក​តណ្ហា ជា​ឧបស័គ្គ​ធំ​បំផុត ចំពោះ​ការ​សិក្សា ។ ទី៥ គឺ​ការ​ដឹង​ថា អវិជ្ជា​ជា​ប្រភព នៃ​ការ​វិល​កើត​វិល​ស្លាប់ មិន​ចេះ​ចប់​មិន​ចេះ​ហើយ អ្នក​ត្រូវ​តែ​ចង​ចាំ​ជានិច្ច ចំពោះ​ការ​ស្តាប់ និង​ការ​សិក្សា ដើម្បី​ពង្រឹង​ការ​យល់​ដឹង និង​សំនួន​វោហារ របស់​អ្នក ។ ទី៦ គឺ​ការ​ដឹង​ថា ភាព​ក្រីក្រ​ពិត​ជា បង្កើត​ឲ្យ​មាន សេចក្តី​ស្អប់​និង​កំហឹង ។ បុគ្គល​ដើរ​តាម​មាគ៌ាធម៌ ពេល​សិក្សា អាច​ពិចារណា​ឃើញ​ថា មនុស្ស​គ្រប់​ៗ​រូប ទោះ​បី​ជា​មិត្តភ័ក្ត​ក្តី ទោះ​បី​ជា​សត្រូវ​ក្តី សុទ្ធ​តែ​មាន​សភាព ដូច​ៗ​គ្នា និង​មាន​សិទ្ធិ​ស្មើ​ៗ​គ្នា បុគ្គល​នោះ​នឹង មិន​ទាំង​ផ្តន្ទាទោស ដល់​ជន​ដែល​ប្រព្រឹត្តខុស ពី​ពេល​មុន និង​មិន​ទាំង​ស្អប់ ដល់​ជន​ដែល ធ្វើ​ឲ្យ​អន្តរាយ នា​ពេល​បច្ចុប្បន្ន ។ ទី៧ គឺ​ការ​ដឹង​ថា យើង​រស់​នៅ​ក្នុង​លោក​នេះ​ ដើម្បី​ជួយ​ទូន្មាន និង​សង្រ្គោះ​ដល់​អ្នក​ដទៃ ដូច្នេះ​យើង​មិន​ត្រូវ ជាប់​ជំពាក់ ជា​មួយ​នឹង​វត្ថុ​លោកិយ​ទេ បុគ្គល​ដែល​ចាក ចោល​ផ្ទះ​ហើយ​ទៅ​បួស មាន​សិទ្ធិ​ទទួល​កម្មសិទ្ធ តែ​ស្បង់ចីវរ ៣​សំរាប់ និងបាត្រ១ ប៉ុណ្ណោះ ។ បុព្វជិត​អង្គនោះ រស់​នៅ​តាម​សភាព​ធម្មតា និង​មើល​ទៅ​កាន់ សព្វ​សត្វ លោក​ទាំង​អស់ ដោយ​ចក្ខុ​នៃ​មេត្តា​ជានិច្ច ។ ទី៨ គឺ​ការ​ដឹង​ថា យើង​មិន​ត្រូវ​សិក្សា សម្រាប់​ការ​ត្រាស់​ដឹង តែ​ខ្លួន​ឯង​ប៉ុណ្ណោះ ទេ ប៉ុន្តែ​ត្រូវ​បូជា​កាយ និង​ចិត្ត​ទាំងស្រុង ដើម្បី​ជួយ​ដឹកនាំ អ្នក​ដទៃ​ទៀត ឲ្យ​បាន​ដល់​ទ្វារ នៃ​ការ​ត្រាស់​ដឹង​ផង​ដែរ ។ ម្នាលភិក្ខុ​ទាំង​ឡាយ ទាំង​អស់​នេះ​ហើយ ជា​ការ​យល់​ដឹង ជា​បញ្ញា​របស់​ព្រះពោធិសត្វ ។ ព្រះពោធិសត្វ​គ្រប់​ព្រះអង្គ តែង​តែ​ពិចារណា ដល់​សេចក្តី​យល់​ដឹង ទាំង​៨​ប្រការ​នេះ ទើប​ព្រះអង្គ​បាន​ទទួល នូវ​ពន្លឺ​ត្រាស់​ដឹង ។ ទោះ​ទី​កន្លែង​ណា​ក៏​ដោយ ឲ្យ​តែ​ព្រះពោធិសត្វ យាង​ទៅ​ដល់ ព្រះអង្គ​តែងតែ ប្រើ​សេចក្តី​យល់​ដឹង ទាំង​៨​ប្រការ​នេះ ដើម្បី​បើក​ចិត្ត​គំនិត បើក​ភ្នែក និង​អប់រំ​អ្នកដទៃ ដើម្បី​ឲ្យ​រក​ឃើញ​ផ្លូវ នៃ​ពន្លឺ​ត្រាស់ដឹង គឺ​វិមុត្តិសុខ ។ ដោយ៥០០០ឆ្នាំ
images/articles/317/2020-07-20_15_14_42-Brain-Universe-Cosmic-Mind-1500-Buddha-Weekly_jpg_-_Picasa_Photo_Viewer.jpg
ផ្សាយ : ២០ កក្តដា ឆ្នាំ២០២០ (អាន: ៦៤,៣៣០ ដង)
ចិត្ត៨៩ ឬ ចិត្ត១២១ កាមាវចរចិត្ត៥៤ + រូបាវចរចិត្ត១៥ + អរូបាវចរចិត្ត១២ + លោកុត្តរចិត្ត៨ = ៨៩ កាមាវចរចិត្ត កាមាវចរចិត្ត៥៤ = អកុសលចិត្ត១២ + អហេតុកចិត្ត១៨ + សោភណៈចិត្ត២៤
images/articles/307/study-buddhism-10-buddhist-beliefs.jpg
ផ្សាយ : ២០ កក្តដា ឆ្នាំ២០២០ (អាន: ៥២,៤១០ ដង)
​​​​ព្រះ​ពុទ្ធសាសនា កាល​នឹង​សាប​សូន្យ នឹង​សាបសូន្យ​ព្រោះ​អន្តរធាន​ ៥ យ៉ាង គឺ៖ ក)- បរិយត្តិ​អន្តរធាន សាប​សូន្យ​ព្រះ​បរិយត្តិ, ខ)- បដិបត្តិ​អន្តរ​ធាន សាប​សូន្យ​បដិបត្តិ,
images/articles/145/3rwfsfsdfserw.jpg
ផ្សាយ : ១៨ កក្តដា ឆ្នាំ២០២០ (អាន: ៦២,៧៣៧ ដង)
ព្រហ្មញ្ញសាសនា មាន​ន័យ​ថា (អង់គ្លេស ៖ Brahmanismថៃ ៖ ศาสนาพราหมณ์; ភាសាសំស្ក្រឹត ៖ वैदिकधर्म) ឬបច្ចុប្បន្ន គឺ ហិណ្ឌូសាសនា សាសនា​របស់​ព្រះព្រហ្ម ឬ សាសនា​តមក​អំពី​ព្រះព្រហ្ម​។ ពួក​ព្រាហ្មណ៍​ដែល​ប្រកាន់​ខ្លួន​ថា​ជា​បុត្រ​ព្រះព្រហ្ម កាន់កាប់​ប្រតិបត្តិ​សាសនា​នេះ ទើប​គេ​ហៅ​ថា សាសនាព្រាហ្មណ៍​។ គម្ពីរ​គោល​នៃ​សាសនា​នេះ​គឺ​គម្ពីរត្រៃវេទ​។ ព្រហ្មញ្ញសាសនា ជា​សាសនា​ដែល​បន្ត​វេន​ពី​លទ្ធិ​វេទនិយម ជា​សាសនា​កេរ្តិ៍​កាល​បរម​បុរាណ​យូរអង្វែង​លើស​សាសនា​ទាំងអស់​ក្នុង​លោក ចាប់​កំណើត​កើត​ឡើង​ក្នុង​ប្រទេស​ឥណ្ឌា​។ ពួក​អ្នក​កាន់​សាសនាព្រាហ្មណ៍ តែងតែ​គោរព​រាប់អាន​បូជា​ពួក​ទេវតា​ដែល​មាន​បណ្ដា​ស័ក្ដិ៍​ច្រើន​អង្គ​គឺ​៖ ព្រះព្រហ្ម ព្រះវិស្ណុ ព្រះសិវៈ ព្រះឥន្ទ ព្រះអាទិត្យ ព្រះចន្ទ ព្រះអគ្នី (ព្រះអគ្គី) ព្រះវរុណ ព្រះវាយុ ព្រះកុវេរៈ ព្រះយម ព្រះស្កន្ទ ព្រះកាម ព្រះគណេស និង​ទេវៈ​ជាច្រើន​ទៀត​។ ក្នុង​ចំណោម​ទេវៈ​ទាំងអស់នោះ មាន​តែ​បី​អង្គ​ប៉ុណ្ណោះ​ដែល​ធំ​ជាងគេ​គឺ​៖ ព្រះព្រហ្ម ព្រះ​វិស្ណុ និង ព្រះសិវៈ​។ ព្រះព្រហ្ម ជា​អាទិទេព​ធំ​មួយ​ក្នុង​ចំណោម​អាទិទេព​ធំៗ​ទាំង​បី​ក្នុង​ព្រហ្មញ្ញសាសនា​។ ព្រះព្រហ្ម មាន​មហេសី​ឈ្មោះ ព្រះនាងសរស្វតី និង ព្រះនាងហ្គ៉ាយ៉ាទ្រី មាន​បុត្រ​បី​អង្គ​គឺ​៖ ព្រះទក្ស ព្រះភឫគុ និង​ព្រះនាង​សុន្ធយា​។ លក្ខណៈ​របស់​ព្រះព្រហ្ម​មាន​៖ ព្រះកាយ​សម្បុរ​ក្រហម ទ្រង់​ព្រះពស្ត្រ​ស មាន​ព្រះភក្ត្រ ៤ ព្រះហស្ត ៤ ព្រះហស្ត​កាន់​ផ្កាឈូក គង់​លើ​ហង្ស​ជា​ពាហនៈ ទ្រង់​មាន​ញាណ​ពិសេស អាច​ជ្រាប​ហេតុ​ក្នុង​កាល​ទាំង​បី មាន​អានុភាព​សក្ដិសិទ្ធិ អាច​បំពេញចិត្ត​នៃ​អ្នក​ប្រព្រឹត្ត​តាម​ឱ្យ​សម្រេច​ប្រយោជន៍​តាម​តម្រូវការ​។ ព្រះព្រហ្ម ជា​បិតា​របស់​លោក ព្រោះ​គម្ពីរ​ព្រាហ្មណ៍​បុរាណ​សម្ដែង​ថា​៖ «មុន​ដែល​នឹង​កើត​លោក ព្រះព្រហ្ម​ជប់​ឱ្យ​កើត​ពង​មួយ​សិន ហៅថា​ពងព្រហ្ម រួចហើយ​ទ្រង់​បែង​ភាគ​ឱ្យ​កើត​ជា​មនុស្ស​២​នាក់​គឺ ប្រុស​១ ស្រី​១ ដែល​ប្រុស​ហៅថា​បុមៈ ស្រី​ហៅថា​វិរជ្ជា គូ​ស្វាមី​ភរិយា​ទាំង​នេះ​បាន​រួម​រស​ប្រវេណី​ជាមួយគ្នា កើត​ជា​ពូជធារ​ពាសពេញ​សកលលោក»​។ ហេតុនោះ​បាន​ជា​ពួក​ព្រាហ្មណ៍​ប្រកាន់​ពួក​ខ្លួន​ថា​ជា​វង្ស​ខ្ពស់​បំផុត ព្រោះ​ជា​វង្ស​របស់​ព្រះព្រហ្ម​។ គម្ពីរត្រៃវេទ ពាក្យ​ថា វេទៈ (Vedas) ឬ​សំស្ក្រឹត​សរសេរ​ថា वेद​(អានថា វេដៈ) ប្រែថា ចំណេះ (knowledge) គឺ​ជា​កម្រង​អត្ថបទ​ដ៏​ច្រើន​សន្ធឹក​ដែល​ជនជាតិ​ឥណ្ឌា​បុរាណ​​បាន​ចងក្រង​ទុក ។ ដំបូង​ឡើយ ចំណេះ​ដឹង​ទាំងឡាយ​ត្រូវ​បាន​ចងក្រង​​ជា​កំណាព្យ​សម្រាប់​ងាយ​ទន្ទេញ តែ​ក្រោយ​មក​ជនជាតិ​ឥណ្ឌា​បាន​សរសេរ​គម្ពីរ​ ឬ​សៀវភៅ​ទាំង​នោះ​​ដោយ​ប្រើ​ភាសា​សំស្ក្រឹត​បែបបុរាណ ហើយ​ត្រូវ​បាន​ពួក​ព្រាហ្មណ៍​យក​ទៅ​ធ្វើ​ជា​គម្រូ សម្រាប់​បង្កើត​ជា​សាសនា​ហ៊ិណ្ឌូ​រហូត​ដល់​សព្វថ្ងៃ ។ ជនជាតិ​ឥណ្ឌា​បុរាណ​អះអាង​ថា​ គម្ពីរ​វេទ​​មិន​មែន​ជា​ការ​បង្កើត​ដោយ​មនុស្ស​ទេ ប៉ុន្តែ​ព្រះ​អាទិទេព​បាន​បើកបង្ហាញ​ដល់​ពួកព្រាហ្មណ៍ ហេតុនោះ​ហើយ​ទើប​ពួក​គេ​ហៅ​គម្ពីរ​វេទ​ថា ស្រុតិ (អ្វីៗ​ដែល​ពួក​គេ​បាន​ឮ) ។ ការ​អះអាង​នេះ​មាន​លំនាំ​ស្រដៀង​គ្នា​នឹង​ការ​អះអាង​របស់​ជនជាតិ​ជ្វីវ (Jews) ដែល​កាន់​ជំនឿ​សាសនា​យូដា (Judaism) ឬ​ពួក​គ្រិស្តបរិស័ទ (Christians) ដែល​កាន់​សាសនា​គ្រិស្ត (Christianity) ឬ​ពួក​ឥស្លាមបរិស័ទ (Muslims) ដែល​កាន់​សាសនា​ឥស្លាម (Islam) ដែល​អួតអាង​ថា​ គម្ពីរ​របស់​ពួក​គេ​គឺ​ជា​ពាក្យ​របស់​ព្រះ​អាទិទេព​ (God) ឬ​ព្រះ​ម្ចាស់​លោក ឬ​ព្រះ​ជា​ម្ចាស់ ។ ពាក្យ​ថា​ ស្រុតិ (sruti) ខុស​ពី​ពាក្យ​ថា សម្រឹតិ ឬ សម្មតិ (smrti) ដែល​ប្រែថា​ អ្វីៗ​ដែល​ត្រូវ​ចងចាំ ។ តាម​ជំនឿ​របស់​ព្រាហ្មណ៍បរិស័ទ គម្ពីរ​វេទ​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​ព្រះព្រហ្ម (Brahma) ។ គម្ពីរត្រៃវេទ ឬ ត្រ័យវេទ ជា​គម្ពីរ​សម្រាប់​ប្រតិបត្តិ​ក្នុងព្រហ្មញ្ញសាសនា​។ ក្នុង​សម័យ​ដើម គម្ពីរវេទ​មាន​តែ​បី​ទេ​គឺ​៖ គម្ពីរឫគ្វេទ (Rigveda) ឬ ឥរុវេទ មាន​ដំណើរ​សេចក្ដី​ជា​ពាក្យ​ឆន្ទ​សម្រាប់​សូត្រ​សរសើរ​ពួក​ទេវតា​។ សម្ដែង​អំពី​ពិធី​តុស្ដី សូម​ឱ្យ​ព្រះ​វិស្វកម្ម ព្រះមារុត ព្រះព្រហ្ម​ប្រទាន​ពរ​ឱ្យ​សម្រេច​កិច្ចការ​ខាង​ការ​ហត្ថកម្ម ពាណិជ្ជកម្ម និង​លាភសក្ការៈ​ផ្សេងៗ តាម​តម្រូវ​ការ​។ យជុវ៌េទ (Yajurveda) ឬ យជ្ជុវេទ មាន​ដំណើរ​សេចក្ដី​ជា​ពាក្យ​រាយ​រណ្ដំ សម្រាប់​សូត្រ​បូជា​ឬ​បួងសួង​។ សម្ដែង​អំពី​ពិធី​យុទ្ធ​ពលិកម្ម​ដល់​ឥសូរ ព្រះនារាយណ៍ ព្រះអាទិត្យ ព្រះអគ្នី សូម​ឱ្យ​មាន​ឫទ្ធតេជះ​ជោគជ័យ​។ គម្ពីរសាមវេទ (Samaveda) មាន​ដំណើរ​សេចក្ដី​ជា​ពាក្យ​ឆន្ទ​សម្រាប់​សូត្រ​ក្នុង​ពិធី​ថ្វាយ​ទឹក​សោម... ។ សម្ដែង​អំពី​ពិធី​អារក្ខ​ពលិកម្ម បួងសួង​សូម​ឱ្យ​ព្រះឥន្ទ និង​ព្រះពិរុណ​ជួយ​អភិបាល​មនុស្សលោក ឱ្យ​មាន​ភ្លៀង​តាម​រដូវកាល​។ លុះ​ចំណេរ​ត​មក កើត​មាន អថវ៌​វេទ ឬ អថព្វវេទ (Atharvaveda) “វេទ​សម្រាប់​សូត្រ​ហៅ​ឬ​បណ្ដេញ​ខ្មោច​បិសាច...” មួយ​ថែម​ទៀត​រួម​ជា​វេទ​មាន ៤ យ៉ាង​។ ប៉ុន្តែ​​មនុស្ស​បន្ត​​​ហៅថា​​គម្ពីរ​ទាំង​នោះ​ថា​ត្រៃវេទ​ដដែល​ ។ ព្រហ្មញ្ញ​សាសនា ​បានចូលមកក្នុង​ប្រទេសខ្មែរ តាំងតែពី​សតវត្សទី១​នៃគ្រិស្តសករាជ​មកម៉្លេះ​ តាមរយៈ​ជនជាតិឥណ្ឌា ដែល​មានទំនាក់ទំនង​ជាមួយជនជាតិខ្មែរយើង​មុនគេ​។ តាមប្រវត្តិសាស្ត្រ ជនជាតិឥណ្ឌា​បានចូលមកធ្វើ​ឥណ្ឌាកម្ម​មុនដំបូងគេ នៅ​កោះជ្វា ហើយក្រោយមក​ទៀត​ក៏ឈានចូលមកដល់​ប្រទេសខ្មែរ ដែលកាលនោះ​មានឈ្មោះថា "គោកធ្លក"​​ ដឹកនាំដោយ​ក្សត្រី "លីវយី"។ ការចូលមក​នៃជនជាតិឥណ្ឌាទាំងនោះ ដឹកនាំដោយ "ហ៊ុនទៀន" បានធ្វើចំបាំងឈ្នះ​ម្ចាស់ស្រុក ហើយបានតាំងខ្លួន​ជាស្តេចព្រមលើក​ក្សត្រី "លីវយី" ជា​អគ្គមហេសី​។ ព្រះបាទ "ហ៊ុនទៀន" បានចាប់ផ្តើមរៀបចំ​សង្គម​ខ្មែរ តាម​បែបឥណ្ឌា ហើយ​សាសនាព្រាហ្មណ៍ក៏បាន​ចូលមកក្នុង សង្គមខ្មែរតាំងពីពេលនោះមក​ ។ សូម​កត់​ចំណាំ​ថា ពាក្យ​ថា លីវ​យី ក្តី ពាក្យ​ថា ហ៊ុន​ទៀន​ក្តី មិន​មែន​ជា​ពាក្យ​ខ្មែរ​​ទេ ។​ ពាក្យ​ទាំង​នេះ​អាច​មាន​ប្រភព​មក​ពី​ភាសា​ចិន ថៃ ឬ​ លាវ ។ គ្មាន​ឯកសារ​ច្បាស់លាស់​ណា​មួយ​អះអាង​ថា​មេដឹកនាំ​ខ្មែរ​ដើម​នោះ​ឈ្មោះ​អ្វី​ពិត​ប្រាកដ​ទេ ។ ឈ្មោះ​ទាំង​នោះ​មាន​តែ​នៅ​ក្នុង​រឿង​ព្រេង​ដំណាល​តៗ​គ្នា​ប៉ុណ្ណោះ ។ ដោយ៥០០០ឆ្នាំ
images/articles/1931/Untitled-1-Recovered.jpg
ផ្សាយ : ២៣ មិថុនា ឆ្នាំ២០២០ (អាន: ៦៨,០៣៥ ដង)
សរសើរព្រះធម៌ទេសនា ឧបមា ៤ យ៉ាង ក្នុងព្រះ​ត្រៃបិដក យើងបាន​អានជួប​ត្រង់​កន្លែងអ្នក​ស្តាប់ ព្រះធម៌​យល់​ហើយ​​ បាន​ពោល​សរ​សើរ​ព្រះ​ធម៌​ដូច្នេះ​ថាៈបពិត្រ​​ព្រះ​អង្គ​ដ៏ចម្រើន ច្បាស់​ពេក​ណាស់ បពិត្រ​ព្រះ​អង្គ ដ៏​ចម្រើន ច្បាស់​ពេក​ណាស់ បពិត្រ​ព្រះ​អង្គ​ដ៏​ចម្រើន ដូច​បុគ្គល ផ្ងារ​នូវរបស់ដែល​ផ្កាប់ ឬបើកនូវ​របស់​ដែល​កំបាំង ពុំ​នោះ​សោត​ ដូច​បុគ្គល​ប្រាប់​ផ្លូវដល់​មនុស្ស​អ្នក​វង្វេង​ទិស
images/articles/1527/Untitled-1-Recovered.jpg
ផ្សាយ : ១៦ មិថុនា ឆ្នាំ២០២០ (អាន: ២០,៩៨៤ ដង)
ត្រួត​ត្រា​មើល​ខ្លួន​ឯង ប្រក្រតី​មនុស្ស​យើង ច្រើន​តែ​សម្លឹង​មើល​អ្នក​ដទៃ​ពិចារណា​វែកញែក​គ្នា​ពី​អ្នក​ដទៃ និង​ច្រើន​តែ​មើល​ឃើញ​កំហុស​របស់​គេ​ប៉ុណ្ណោះ។ សភាព​បែប​នេះ ព្រោះ​មក​អំពី​គុណ​ភាព​របស់​ចិត្ត​ក្នុង​ពេល​សម្លឹង​មើល។ បើ​អ្នក​សម្លឹង​មាន​ចិត្ត​លំអៀង ទៅ​ក្នុង​ផ្លូវ​ដែល​មិន​ល្អ​ស្រេច​ជា​មុន​ហើយ​ការ​សម្លឹង ក៏​រមែង​ឆៀង​ទៅ​រក​តែ​ចំណុច​ខ្វះ​ខាត​របស់​គេ​ប៉ុណ្ណោះ
images/articles/3013/text___pic.jpg
ផ្សាយ : ១២ មិថុនា ឆ្នាំ២០២០ (អាន: ៣,៦៥៦ ដង)
ថ្ងៃ​នេះ​ គេ​ហទំព័រ​៥០០០​ឆ្នាំ​ មាន​អា​យុ​គម្រប់​ ៩ឆ្នាំ​ គេហទំព័រ​៥០០០​ឆ្នាំ​ត្រូវបាន​បង្កើត​ឡើង​នៅ ខែពិសាខ ឆ្នាំថោះ ត្រីស័ក, ព.ស. ២៥៥៥ (ខែ​មិថុនា​ឆ្នាំ​២០១១ ) ក្នុង​​គោល​​បំណង ផ្សព្វ​​ផ្សាយ​​ព្រះធម៌​នៃ​​ព្រះ​សម្មា​សម្ពុទ្ធ ​តាម​ប្រព័ន្ធ​​​អ៊ីនធឺ​ណែត ដើម្បី​បញ្ជៀប​នូវ​សីលធម៌ ចរិយា​ធម៌ និងសេច​ក្តីថ្លៃថ្នូរ ទៅ​ដល់​ស្រទាប់​យុវវ័យនិង​ពុទ្ធ​បរិស័ទ​ទូទៅ​ទាំងក្នុង​ស្រុកនិង​ក្រៅ​ស្រុក។
images/articles/2977/887pic.jpg
ផ្សាយ : ០៩ ឧសភា ឆ្នាំ២០២០ (អាន: ១២,៣៧៨ ដង)
គេហទំព័រ ៥០០០ឆ្នាំ ត្រូវបានបង្កើតឡើងដោយ ឧបាសក ស្រុង ចាន់ណា មកទល់ពេលនេះបានដំណើរការងារផ្សាយព្រះធម៌តាមប្រព័ន្ធអ៊ីនធឺណែត ជាង៧ឆ្នាំ មកហើយ ។ បណ្ណាល័យ ៥០០០ឆ្នាំ បានប្រមូលចងក្រងឯកសារព្រះធម៌ ព្រះពុទ្ធសាសនាជាច្រើន មានជាសំឡេង mp3 របស់ធម្មថិកជាច្រើនរូប និងជាវីដេអូ រួមទាំងសៀវភៅធម៌រាប់ពាន់ក្បាល ជា pdf ។ មិនតែប៉ុណ្ណោះ កម្មវិធី៥០០០ឆ្នាំ មានជាកម្មវិធីសម្រាប់ទូរស័ព្ទ Android & iOS សុទ្ធសឹងតែជាកម្មវិធីសម្រាប់ស្តាប់ និងរៀនព្រះធម៌ ដែលមកទល់ពេលនេះ យើងធ្វើបានសម្រេច ជាង ១០០កម្មវិធី ។ បញ្ចូលកម្មវិធី ៥០០០ឆ្នាំ លើទូរស័ព្ទដៃ Android iOS ចុចមើលកម្មវិធីផ្សេងៗ ដែល៥០០០ឆ្នាំ បានបង្កើតឡើង Google Play AppStore ជាប្រចាំ ៥០០០ឆ្នាំ ក៏បើកការទទួលចម្លងព្រះធម៌ សៀវភៅធម៌ ចូលក្នុងទូរស័ព្ទដៃ iPad, iPhone, មិមូរី និង ហាតឌីស ចែកចាយដោយមិនគិតថ្លៃ សម្រាប់ពុទ្ធបរិស័ទចង់​បាន និងត្រូវការយកទៅរៀនសូត្រ ឬចែកបន្តជាធម្មទាន ។ អាស្រ័យហេតុដូចបានជម្រាបជូនខាងលើ ពុទ្ធបរិស័ទត្រូវការមកចម្លង ឬបញ្ចូលធម៌ ដោយផ្ទាល់នៅ ៥០០០ឆ្នាំ អាចអញ្ជើញមក តាមអសយដ្ឋានដូចខាងក្រោមនេះ ផ្ទះលេខ ៧, ផ្លូវ ៣៧១ សឡា, សង្កាត់ទឹកថ្លា,​ខណ្ឌ សែនសុខ, រាជធានីភ្នំពេញ ទំនាក់ទំនងតាមទូរស័ព្ទ 012 887 987 | 081 815 000 (ឧបាសក ស្រុង ចាន់ណា) ដោយ៥០០០ឆ្នាំ
images/articles/356/te325rxtpic.jpg
ផ្សាយ : ០៤ ឧសភា ឆ្នាំ២០២០ (អាន: ៥៤,៦៦៥ ដង)
ទីឃីតិកោសលជាតក ( ពៀរ រម្ងាប់​ដោយ​ការ​មិន​ចង​ពៀរ ) ព្រះបរមសាស្តា កាល​ដែល​ព្រះអង្គ​ទ្រង់​គង់​ប្រថាប់​នៅ​នាង​មហា​វិហារ​ព្រះជេតពន ទ្រង់​ប្រារព្ធ​ពួក​ភិក្ខុ​ក្រុង
images/articles/384/tex______tpic.jpg
ផ្សាយ : ០៤ ឧសភា ឆ្នាំ២០២០ (អាន: ៥៣,០២៩ ដង)
គប្បីហាម​ឃាត់​អំពើ​អាក្រក់ តាំង​ពី​នៅ​តិច​តួច ព្រះបរមសាស្តា កាល​ដែល​ព្រះ​អង្គ​ទ្រង់​គង់​ប្រថាប់​នៅ​នាមហា​វិហារ​ព្រះជេតពន ទ្រង់​ប្រារព្ធ​ភិក្ខុ​មួយ អង្គ​ដែល ច្រើន​ទៅ​ដោយ​សេច​ក្តី​ក្រោធ ទើប​ត្រាស់​រឿង​នេះ
images/articles/385/te32wxtpic.jpg
ផ្សាយ : ០៤ ឧសភា ឆ្នាំ២០២០ (អាន: ៥៩,៨២៨ ដង)
គ្រា​នោះ ព្រាហ្មណ​មហាសាល​ម្នាក់ មាន​ខ្លួន​សៅហ្មង មាន​សំពត់​ដណ្តប់​ក៏​សៅ​ហ្មង បាន​ចូល​ទៅ​រក ព្រះដ៏មាន​ព្រះភាគ លុះ​ចូល​ទៅ​ដល់​ហើយ ក៏​ធ្វើ​សេចក្តី​រីករាយ ជា​មួយ​នឹង​ព្រះដ៏មាន​ព្រះភាគ លុះ បញ្ចប់​ពាក្យ​ដែល​គួរ​រីករាយ និង​ពាក្យ​ដែល​គួរ​រលឹក​ហើយ ក៏​អង្គុយ​ក្នុង​ទី​សមគួរ ។ ព្រោះ​ហេតុ​អ្វី ព្រាហ្មណ៍​ទើប​ចូល​ទៅ​រក​ព្រះដ៏មាន​ព្រះភាគ ? ព្រោះ​មាន​រឿង​បាន​ពោល​មក​ថា ក្នុងផ្ទះ របស់​ព្រាហ្មណ៍​នោះ មាន​ប្រាក់​ដល់​ទៅ ៨ សែន ។ ព្រាហ្មណ៍​នោះ​បាន​ធ្វើ​អាវាហ​មង្គល​ដល់​បុត្រ ៤ នាក់ ចាយ​ប្រាក់​អស់​ដល់​ទៅ ៤ សែន ។ លំដាប់​នោះ កាល​ដែល​នាង​ព្រាហ្មណី​ជា​ភរិយា​របស់​ព្រាហ្មណ៍ បាន​ធ្វើ​កាល​កិរិយា​ហើយ បុត្រ​ទាំង​ឡាយ បាន​ប្រឹក្សា​គ្នា​ថា បើ​បិតា​នឹង​នាំ​យក​នាង​ព្រាហ្មណី​ដទៃ​មក ត្រកូល​យើង​នឹង​បែក​ដោយ​អំណាច​បុត្រ​ដែល​កើត​ក្នុង​ផ្ទៃ​របស់​នាង ទៅ​យើង យើង​នឹង​សង្គ្រោះ​បិតា របស់​យើង ។បុត្រ​ទាំង ៤ នាក់​នោះ ទំនុក​បម្រុង​ដោយ​អាហារ​បរិភោគ និង គ្រឿង​ស្លៀក​ដណ្តប់​ជា​ដើម សុទ្ធ​តែ​ប្រណីត​ៗ ព្រម​ទាំង​ធ្វើការ​គក់​ច្របាច់​ដៃ​ជើង​ទៀត​ផង ។ ថ្ងៃ​មួយ កាល​ដែល​ព្រាហ្មណ៍​នោះ​ឯង សម្រាក​ថ្ងៃ​ហើយ​ក្រោក​ឡើង ទើប​នាំ​គ្នា​គក់ច្របាច់​ឲ្យ​គាត់ ហើយ​ពោល​ទោស ក្នុង​ការ​នៅ​គ្រប់​គ្រង​ផ្ទះ ម្នាក់​ពោល​យ៉ាង​នេះ ម្នាក់​ពោល​យ៉ាង​នោះ ទើប​អង្វរ​បិតា​ថា ពួក​កូន​នឹង​ទំនុក បម្រុង​បិតា​របៀប​នេះ រហូត​អស់​ជីវិត សូម​បិតា​កុំ​ព្រួយ ឲ្យ​តែ​ប្រាក់​ដែល​នៅ​សល់​ទាំង​ប៉ុន្មាន ដល់​ពួក​កូន​មក ។ ព្រាហ្មណ៍​បាន ឲ្យ​ប្រាក់​ដល់​បុត្រ​ម្នាក់​ៗ មួយ​សែន ហើយ​បែង​ចែក​គ្រឿង​ឧបភោគ​បរិភោគ​ទាំង​អស់ ជា​បួន​ចំណែក​ឲ្យ ដល់​កូន ទុក​តែ​សំពត់​ស្លៀក​ដណ្តប់​របស់​ខ្លួន​តែ​ប៉ុណ្ណោះ ។ បន្ទាប់​ពី​ចែក​ទ្រព្យ​សម្បត្តិ​ហើយ បុត្រ​ច្បង​បាន​​ទំនុក​បម្រុង​ព្រាហ្មណ៍​ជា​បិតា​បាន ២-៣ ថ្ងៃ ពេល​ដែល ព្រាហ្មណ៍​ងូត​ទឹក​ហើយ​ដើរ​ចូល​ផ្ទះ កូន​ប្រសា​ស្រី​ឈរ​នៅ​នឹង​ស៊ុម​ទ្វារ ក៏​បាន​និយាយ​ជា​មួយ​ព្រាហ្មណ៍ យ៉ាង​នេះ​ថា ម៉េច​បាន​ជា​ឪ​ឯង​ឲ្យ​ប្រាក់​កូនច្បង​តែ​ប៉ុណ្ណឹង បើ​ចែក​ឲ្យ​ដូច​តែ​គ្នា​អ៊‍ីចឹង ម៉េច​បាន​នៅ​តែ ជា​មួយ​នឹង​កូន​ច្បង ឬ​មកអំពី​អត់​ស្គាល់​ផ្លូវ​ទៅ​ផ្ទះ​កូន​ផ្សេង​ទៀត ? ព្រាហ្មណ៍​ក្រោធ​ខឹង ពោល​ថា យើ ! ស្រី​ថោក ចង្រៃយក៍ ហើយ​ក៏​បាន​ទៅ​ផ្ទះ​កូន​ដទៃ ។ ទៅ​បាន​ត្រឹម​តែ ២-៣ ថ្ងៃ ក៏​រត់​ទៅ​ផ្ទះ​កូន​ដទៃ​ទៀត ដោយ​ទំនង​ដូច​ៗ គ្នា ។ កាល​ដែល​មិន​អាច​ចូល​ទៅ​ផ្ទះ​កូន​ណា​មួយ​បាន ក៏​បួស​ជា​អ្នក​ស្លៀក​ដណ្តប់ សំពត់​ពណ៌​ស ត្រាច់​ភិក្ខាចារ ។ ដោយ​កាល​កន្លង​ទៅ ក៏​ចាស់​ជរា មាន​រាង​កាយ​ទ្រុឌ​ទ្រោម​ស្លេក​ស្លាំង ព្រោះ​ការ​បរិភោគ​មិន​ល្អ ខ្វះខាត ទាំង​ដំណេក​ក៏​លំបាក ។ ពេល​មួយ ត្រឡប់​មក​ពី​ភិក្ខាចារ ដេក​កន្លែង មួយ​លក់​ទៅ ភ្ញាក់​ឡើង​ក្រោក​អង្គុយ ពិចារណា​ខ្លួន​ឯង ឃើញ​ថា​មិន​បាន​ទី​ពឹង​ក្នុង​បុត្រ ទើប​គិត​ថា យើង​បាន​ស្តាប់​មក​ថា ព្រះ​សមណគោតម មាន​ព្រះភក្ត្រ​មិន​ចង​ចិញ្ចើម មាន​តែព្រះភក្ត្រ​ស្រស់ ចរចា​គួរ ឲ្យ​សប្បាយ​ចិត្ត ឆ្លាត​ក្នុង​បដិសណ្ឋារៈ ដូច្នេះ យើង​អាច​ចូល​ទៅ​គាល់​ព្រះសមណ​គោតម​បាន ។ ព្រោះហេតុ​នោះ ទើប​ព្រាហ្មណ៍​រៀប​រយ​សំពត់​ស្លៀក​ដណ្តប់ កាន់​ភិក្ខាភាជនៈ​ចូល​ទៅ​គាល់​ព្រះដ៏មាន​ព្រះភាគ ដល់​ទី​ប្រថាប់ ។ លុះ​ព្រាហ្មណ​មហាសាល​នោះ អង្គុយ​ក្នុង​ទី​ដ៏​សម​គួរ​ហើយ ទើប​ព្រះដ៏មាន​ព្រះភាគ ត្រាស់​យ៉ាង​នេះ​ថា ម្នាល​ព្រាហ្មណ៍ អ្នក​មាន​ខ្លួន​សៅ​ហ្មង មាន​សំពត់​ដណ្តប់​ក៏​សៅ​ហ្មង តើ​ព្រោះ​ហេតុ​អ្វី ? ព្រាហ្មណ៍​ក្រាប បង្គំ​ទូល​ថា បពិត្រ​ព្រះគោតម​ដ៏​ចម្រើន ខ្ញុំ​ព្រះអង្គ​មាន​កូន ៤ នាក់ ក្នុង​ក្រុង​នេះ​ឯង កូន​ទាំង​នោះ កាន់ យក​ទ្រព្យ​ដែល​ជា​របស់​ខ្ញុំ​ព្រះអង្គ​ទាំង​អស់ រួច​ហើយ ដឹង​ថា ខ្ញុំ​ព្រះអង្គ​អស់​ទ្រព្យសម្បត្តិ​ហើយ ទើប ប្រឹក្សា​សម​គំនិត​គ្នា​ជា​មួយ​នឹង​ភរិយា​របស់​គេ​រៀង​ៗ ខ្លួន បណ្តេញ​ខ្ញុំ​ព្រះអង្គ​ចេញ​អំពី​ផ្ទះ សូម​ព្រះអង្គ ទ្រង់​ជ្រាប ។ ព្រះដ៏មាន​ព្រះភាគ​ត្រាស់​ថា ម្នាល​ព្រាហ្មណ៍ បើ​ដូច្នោះ អ្នក​ចូរ​រៀន​នូវ​គាថា​ទាំងឡាយ​នេះ ហើយ​សូត្រ ក្នុង​រោង​ជាទី​ប្រជុំ នៅ​ពេល​ដែល​ពួក​មហាជន​កំពុង​ប្រជុំ​គ្នា ទាំង​ដែល​កូន​ទាំង​ឡាយ​របស់​អ្នក អង្គុយ ប្រជុំ​ក្នុង​ទីនោះ​ផង​ដែរ​ថា ៖ យេហិ ជាតេហិ នន្ទិស្សំ យេសញ្ច ភវមិច្ឆិសំតេ មំ ទារេហិ សំបុច្ឆ សាវ វាទេន្តិ សូករំ ។ ខ្ញុំ​ត្រេក​អរ ដោយ​កូន​ទាំង​ឡាយ​ណា ដែល​កើត​ហើយ​ផង ប្រាថ្នា​នូវ​សេចក្តី​ចម្រើន ដល់​កូន​ទាំង​ឡាយ ណា​ផង កូន​ទាំង​នោះ ក៏​សម​គំនិត​គ្នា​ជា​មួយ​នឹង​ប្រពន្ធ​ទាំង​ឡាយ ហើយ​បណ្តេញ​ខ្ញុំ ដូច​ជា​ឆ្កែ​បណ្តេញ ជ្រូក ។ អសន្តា កិរ មំ ជម្មា តាត តាតាតិ ភាសរេ រក្ខសា បុត្តរូបេន តេ ជហន្តិ វយោគតំ ។ កូន​ទាំង​ឡាយ ជា​អសប្បុរស លាមក គ្រាន់​តែ​ហៅ​ខ្ញុំ​ថា បិតា បិតា​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​កូន​ទាំង​នោះ ដូច អារក្ស​ទឹក​ដែល​មក​ដោយ​រូប​ជា​កូន លះ​បង់​នូវ​ខ្ញុំ​ដែល​មាន​អាយុ ចូល​ដល់​បច្ឆិម​វ័យ​ហើយ ។ អស្សោវ ជិណ្ណោ និព្ភោគោ ខាទនា អបនីយតិ ពាលកានំ បិតា ថេរោ បរាគារេសុ ភិក្ខតិ ។ បិតា​ចាស់​របស់​បុគ្គល​ទាំង​ឡាយ មិន​មាន​អ្វី​បរិភោគ តែង​សូម​ទាន​ប្រប​ផ្ទះ​នៃ​ជន​ដទៃ ដូច​ជា​សេះ​ចាស់ ប្រើ​ប្រាស់​មិន​បាន គេ​នាំ​ចេញ​ចាក​ចំណី ។ ទណ្ឌោវ កិរ មេ សេយ្យោ យញ្ចេ បុត្តា អនស្សវា ចណ្ឌម្បិ គោណំ វារេតិ អថោ ចណ្ឌម្បិ កុក្កុរំអន្ធការេ បុរេ ហោតិ គម្ភីរេ គាធមេធតិ ទណ្ឌស្ស អានុភាវេន ខលិត្វា បដិតិដ្ឋតីតិ ។ ឈើ​ច្រត់​របស់​ខ្ញុំ​ប្រសើរ កូន​​ទាំង​ឡាយ​ដែល​មិន​ស្តាប់​បង្គាប់ មិន​ប្រសើរ​ដូច​ជា​ឈើ​ច្រត់​ឡើយ ព្រោះ ឈើច្រត់ រមែង​ការពារ​គោ​កាច​ក៏​បាន ការពារ​ឆ្កែ​កាច​ក៏​បាន ច្រត់​ទៅ​មុខ​ក្នុង​ទី​ងងឹត​ក៏​បាន ស្ទង់​ក្នុង​ទឹក ជ្រៅ​ក៏​បាន បុគ្គល​ភ្លាត់​រអិល​គង់​ទប់​ទៅ​វិញ​បាន ដោយ​អានុភាព​នៃ​ឈើ​ច្រត់ ។ លំដាប់​នោះ​ឯង ព្រាហ្មណ​មហាសាល​នោះ បាន​រៀន​នូវ​ព្រះ​គាថា​ទាំង​ឡាយ​នេះ ក្នុង​សម្នាក់​ព្រះដ៏មាន ព្រះភាគ គឺ​រៀន​សូត្រ​ទាល់​តែ​រត់​មាត់ ។ ក្នុង​ថ្ងៃ​ដែល​ពួក​ព្រាហ្មណ៍​ប្រជុំ​គ្នា ទាំង​ដែល​ពួក​បុត្រ​ប្រដាប់ ដោយ​គ្រឿង​អលង្ការ​ទាំង​ពួង ចូល​កាន់​ទី​ប្រជុំ​នោះ​ហើយ​អង្គុយ​លើ​អាសនៈ​យ៉ាង​ធំ កណ្តាល​ពួក ព្រាហ្មណ៍ ។ ព្រាហ្មណ៍​ចាស់​ជា​បិតា​គិត​ថា នេះ​ជា​ពេល​របស់​យើង​ហើយ ទើប​ចូល​ទៅ​កណ្តាល​ទី​ប្រជុំ លើក​ដៃ​ឡើង​ពោល​ថា អស់​លោក​ដ៏​ចម្រើន​ទាំង​ឡាយ ខ្ញុំ​មាន​បំណង​នឹង​ពោល​គាថា​ដល់​លោក​ទាំង ឡាយ កាល​ដែល​ខ្ញុំ​ពោល​ដល់​លោក​ទាំង​ឡាយ តើ​លោក​ទាំងឡាយ​ស្តាប់​ខ្ញុំ​ទេ ? កាល​ដែល​ពួក ព្រាហ្មណ៍​ពោល​ថា ពោល​ចុះ ព្រាហ្មណ៍ ពួក​យើង​នឹង​ស្តាប់ ដូច្នេះ ទើប​បាន​ឈរ​ពោល​ពេល​នោះតែ​ម្តង នូវព្រះគាថា ដែល​មាន​សេចក្តី​ថា ៖ ខ្ញុំ​ត្រេក​អរ ដោយ​កូន​ទាំង​ឡាយ​ណា ដែល​កើត​ហើយ​ផង ប្រាថ្នា​នូវ​សេចក្តី​ចម្រើន ដល់​កូន​ទាំង​ឡាយ ណា​ផង កូន​ទាំង​នោះ ក៏​សម​គំនិត​គ្នា​ជា​មួយ​នឹង​ប្រពន្ធ​ទាំង​ឡាយ ហើយ​បណ្តេញ​ខ្ញុំ ដូចជា​ឆ្កែ​បណ្តេញ ជ្រូក ។ កូន​ទាំង​ឡាយ ជា​អសប្បុរស លាមក គ្រាន់​តែ​ហៅ​ខ្ញុំ​ថា បិតា បិតា​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​កូន​ទាំង​នោះ ដូច អារក្សទឹក​ដែល​មក​ដោយ​រូប​ជា​កូន លះបង់​នូវ​ខ្ញុំ​ដែល​មាន​អាយុ ចូល​ដល់​បច្ឆិមវ័យ​ហើយ ។ បិតា​ចាស់​របស់​បុគ្គល​ទាំង​ឡាយ មិន​មាន​អ្វី​បរិភោគ តែង​សូម​ទាន​ប្រប​ផ្ទះ​នៃ​ជន​ដទៃ ដូច​ជា​សេះ​ចាស់ ប្រើ​ប្រាស់​មិន​បាន គេ​នាំ​ចេញ​ចាក​ចំណី ។ ឈើ​ច្រត់​របស់​ខ្ញុំ​ប្រសើរ កូន​ទាំង​ឡាយ​ដែល​មិន​ស្តាប់​បង្គាប់ មិន​ប្រសើរ​ដូចជា​ឈើ​ច្រត់​ឡើយ ព្រោះ ឈើ​ច្រត់ រមែង​ការពារ​គោ​កាច​ក៏​បាន ការពារ​ឆ្កែ​កាច​ក៏​បាន ច្រត់​ទៅ​មុខ​ក្នុង​ទី​ងងឹត​ក៏​បាន ស្ទង់​ក្នុង​ទឹក ជ្រៅ​ក៏​បាន បុគ្គល​ភ្លាត់​រអិល​គង់​ទប់​ទៅ​វិញ​បាន ដោយ​អានុភាព​នៃ​ឈើ​ច្រត់ ។ ដោយ​សម័យ​នោះ​ឯង ពួក​មនុស្ស​មាន​ប្រពៃណី​ដូច្នេះ​ថា បុគ្គលណា បរិភោគ​សម្បត្តិ​នៃ​មាតាបិតា ហើយ មិន​ចិញ្ចឹម​មាតាបិតា បុគ្គល​នោះ ត្រូវ​សម្លាប់​ចោល ព្រោះ​ហេតុ​ដូច្នោះ​ហើយ បុត្រ​ទាំង​អស់​របស់ ព្រាហ្មណ៍ ទើប​ក្រាប​ចុះ​ក្បែរ​ជើង​ទាំង​ពីរ​របស់​បិតា ហើយ​អង្វរ​ថា លោក​ឪពុក​អើយ សូម​លោក​ឪពុ​កឲ្យ ជីវិត​ដល់​ពួក​កូន​ផង ព្រោះ​ទឹក​ចិត្ត​របស់​បិតា​ទន់​ភ្លន់​ដល់​កូន​ៗ ព្រាហ្មណ៍​ជា​បិតា​ទើប​ពោល​ថា បពិត្រ លោក​ដ៏​ចម្រើន​ទាំង​ឡាយ សូម​លោក​ទាំង​ឡាយ កុំ​ឲ្យ​កូន​ៗ ដ៏​ល្ងង់​ខ្លៅ​របស់​ខ្ញុំ​នេះ​វិនាស​ឡើយ ពួក​គេ នឹង​ចិញ្ចឹម​មើល​ថែ​ដល់​ខ្ញុំ​ត​ទៅ ។ លំដាប់​នោះ មនុស្ស​ទាំង​ឡាយ​បាន​ពោល​ទៅ​រក​កូន​ៗ ទាំង​នោះ​ដូច្នេះ​ថា នែ ! ពួក​អ្នក​ឯង​ចូរ​ប្រុង​ចាំ ស្តាប់​ណ៎ា ចាប់​តាំង​ពី​ថ្ងៃនេះ​នៅ បើ​ពួក​អ្នក​មិន​ប្រណិប័តន៍​បិតា​របស់​អ្នក​ឯង​ឲ្យ​ល្អ​ទេ ពួក​យើង​នឹង សម្លាប់​ពួក​អ្នក​ឯង​ចោល ជា​មិន​ខាន ។ កូន​ៗ ទាំង​នោះ​មាន​ការ​ភ័យ​ខ្លាច ទើប​នាំ​បិតា​ទៅ​កាន់​ផ្ទះ​ដើម្បី ប្រណិប័តន៍ ។ ឲ្យ​បិតា​អង្គុយ​លើ​តាំង ហើយ​លើក​ឡើង​នាំ​ទៅ​ដោយ​ខ្លួន​ឯង ។ យក​ប្រេង​លាប​ខ្លួន ហើយគក់​ច្របាច់ ដល់​ពេល​ងូត​ទឹក ឲ្យ​ងូត​ទឹក​ដែល​អប់​ដោយ​គ្រឿង​ក្រអូប និង ជូន​គ្រឿង​ស្លៀក ដណ្តប់ ដោយ​គូ​សំពត់​មួយ​គូ​ម្នាក់​ៗ ។ កូន​ទាំង​អស់​បាន​ហៅ​ប្រពន្ធ​របស់​ខ្លួន​មក​ប្រាប់​ថា ចាប់​តាំង​ពី ថ្ងៃ​នេះ​ទៅ ពួក​នាង​ចូរ​ប្រណិប័តន៍​បិតា​របស់​យើង​ឲ្យ​ល្អ បើ​ពួក​នាង​ប្រមាទ ពួក​យើង​នឹង​បណ្តេញ​ពួក នាង​ឲ្យ​ចេញ​ពី​ផ្ទះ រួច​ហើយ កូន​ៗ បាន​ជូន​អាហារ​ភោជន​យ៉ាង​ប្រណីត អញ្ជើញ​បិតា​បរិភោគ ។ ព្រាហ្មណ៍​បាន​អាហារ​ល្អ មាន​ដំណេក​យ៉ាង​សប្បាយ ត្រឹម​តែ ២-៣ ថ្ងៃ​ប៉ុណ្ណោះ ក៏​មាន​កម្លាំង មាន​រាង កាយ​ស្រស់​បស់ ។ ព្រាហ្មណ៍​សម្លឹង​មើល​អត្តភាព ហើយ​គិត​ថា យើង​បាន​សម្បត្តិ​នេះ​ព្រោះ​អាស្រ័យព្រះសមណគោតម ទើប​កាន់​គ្រឿង​បណ្ណាការ​ធ្វើ​ដំណើរ​ទៅ​គាល់​ព្រះដ៏មាន​ព្រះភាគ លុះ​ចូល​ទៅ​ដល់ ហើយ ក៏​ធ្វើ​សេចក្តីរីករាយ ជា​មួយ​នឹង​ព្រះដ៏មាន​ព្រះភាគ ហើយ​ក៏​អង្គុយ​ក្នុង​ទី​សមគួរ ។ ព្រាហ្មណ៍ បាន​ដាក់​ថ្វាយ​សំពត់​មួយ​គូ ទៀប​បាទ​មូល​នៃ​ព្រះដ៏មាន​ព្រះភាគ ព្រះអង្គ​ទ្រង់​ទទួល​ដោយ​សេចក្តី អនុគ្រោះ រួច​ហើយ​ព្រាហ្មណ៍​បាន​ពោល​ពាក្យ​នេះ គឺ​ក្រាប​ទូល​ព្រះដ៏មាន​ព្រះភាគ ក្នុង​ពេល​ទទួល សរណគមន៍​រួច​ហើយ​នោះ​ឯង យ៉ាង​នេះ​ថា បពិត្រ​ព្រះគោតម​ដ៏​ចម្រើន ពួក​កូន​ៗ បាន​ឲ្យ​ភត្តាហារ ប្រចាំ​ដល់​ខ្ញុំ​ព្រះអង្គ ៤ ចំណែក ខ្ញុំ​ព្រះអង្គ​សូម​ថ្វាយ​ដល់​ព្រះអង្គ ២ ចំណែក​ក្នុង ៤ ចំណែក​នោះ ឯ​ខ្ញុំ ព្រះអង្គ​នឹង​បរិភោគ​ខ្លួន​ឯង ២ ចំណែក ។ ព្រះដ៏មាន​ព្រះភាគ​ទ្រង់ត្រាស់​ថា ម្នាល​ព្រាហ្មណ៍ អ្នក​កុំ​បូជា ដល់​តថាគត ចំពោះ​ចំណែក​ដែល​ល្អ​ឡើយ តថាគត​នឹង​ទៅ​ដល់​កន្លែង តាម​ដែល​តថាគត​ត្រូវ​ទៅ ។ ព្រាហ្មណ៍​ក្រាប​ទូល​ថា បពិត្រ​ព្រះអង្គ​ដ៏​ចម្រើន យ៉ាង​ដូច្នោះ​ឯង ហើយ​បាន​ថ្វាយ​បង្គំ​ព្រះដ៏មាន​ព្រះភាគ​ត្រឡប់​ទៅ​ផ្ទះ ។ ទៅ​ដល់​ផ្ទះ​ហើយ បាន​ហៅ​ពួក​កូន​មក​ប្រាប់​ថា កូនៗ ទាំង​ឡាយ ព្រះ​សមណ គោតម​ជា​សម្លាញ់​របស់​ឪ នៅ​ពេល​ព្រះអង្គ​យាង​មក​ដល់ ចូរ​កូន​ៗ កុំ​ភ្លេច​ថ្វាយ​ភត្តាហារ​ជា​ប្រចាំ​របស់​ឪ នៅ​ពេល​ព្រះអង្គ​យាង​មក​ដល់​ ចូរ​កូនៗ កុំ​ភ្លេច​ថ្វាយ​ភត្តាហារ​ជា​ប្រចាំ​របស់​ឪ ២ ចំណែក ដល់​ព្រះអង្គ ណ៎ា ។ ពួក​កូន​នាំ​គ្នា​ទទួល​ថា ល្អ​ហើយ​ឪ ។ ព្រឹក​ស្អែក​ឡើង ព្រះ​ដ៏មាន​ព្រះភាគ​ទ្រង់​ប្រដាប់​ដោយ​បាត្រ​និង​ចីវរ ទ្រង់​យាង​ទៅ​កាន់​គេហដ្ឋាន​របស់ កូន​ប្រុស​ច្បង ។ កូន​ប្រុសច្បង​បាន​ទទួល​បាត្រ​ចាក​ព្រះហស្ត រួច​យាង​ព្រះអង្គ​ចូល​ទៅ​កាន់​គេហដ្ឋាន ថ្វាយ​ទី​គង់ប្រថាប់​ដ៏​ប្រណីត​ហើយ ទើប​បាន​ថ្វាយ​នូវ​ភោជនដ៏​ប្រណីត​ឧត្តម ថ្ងៃ​បន្ទាប់​មក​ទៀត ព្រះ បរមសាស្តា​ស្តេច​យាង​ទៅ​កាន់​គេហដ្ឋាន​នៃ​កូន​ម្នាក់​ទៀត ជា​បន្ត​បន្ទាប់ ព្រះ​អង្គស្តេច​យាង​ទៅ​កាន់ គេហដ្ឋាន​នៃ​បុត្រ​របស់​ព្រាហ្មណ៍ គ្រប់​គ្នា​តាម​លំដាប់ ដោយ​ប្រការ​ដូច្នេះ​ឯង ។ ពួក​កូន​ៗ ទាំង​នោះ គ្រប់​គ្នា​បាន​ធ្វើ​សក្ការៈ​ដូច​ៗ គ្នា ។ ក្រោយមក ថ្ងៃ​មួយ នៅ​ឯគេហដ្ឋាន​របស់​កូន​ប្រុស​ច្បង​មាន​ពិធី​មង្គល ។ កូន​បាន​និយាយ​នឹង​បិតា​​ថា បពិត្រ​បិតា ពួក​យើង​នឹង​ថ្វាយ​មង្គល​ដល់​អ្នក​ណា ? ព្រាហ្មណ៍​ជា​បិតា​ពោល​ថា ពួក​យើង​អត់​ស្គាល់​អ្នក ដទៃ​ណា​ឡើយ ព្រះសមណគោតម​ជា​សម្លាញ់​របស់​ឪ​មិន​មែន​ទេ​ឬ ។ កូន​ច្បង​បាន​ពោល​ថា បើ​ដូច្នោះ បិតា​ចូរ​យាង​ព្រះសមណគោតម​មក​ដើម្បី​សោយ​ភត្តា​ហារ​ក្នុង​ថ្ងៃ​ស្អែក​ព្រម​ដោយ​ភិក្ខុសង្ឃ ៥០០ អង្គ។ ព្រាហ្មណ៍៍​ក៏​បានធ្វើ​ដូច្នោះ តាម​ពាក្យ​របស់​កូន ។ ព្រះដ៏មាន​ព្រះភាគ ទ្រង់​ទទួល​នូវ​ការ​អារាធនា​ហើយ ហែហម​ទៅ​ដោយ​ព្រះភិក្ខុសង្ឃ ស្តេច​យាង​ទៅ តាម​កាល​កំណត់ ចូល​កាន់​គ្រឹះស្ថាន​របស់​បុត្រច្បង​ដែល​ប្រដាប់​តាក់​តែង​ដោយ​គ្រឿង​ប្រដាប់​ផ្សេង​ៗ។ បុត្រ​ច្បង​បាន​និមន្ត​ព្រះសង្ឃ​ដែល​មាន​ព្រះពុទ្ធអង្គ​ជា​ប្រមុខ គង់​លើ​អាសនៈដែល​បាន​ក្រាល​ទុក​ហើយ បាន​ថ្វាយ​នូវ​បាយាស ដែល​មាន​ទឹក​តិច ព្រម​ទាំង​ខាទនីយាហារ​ផ្សេង​ៗ ទៀត ។​ កូន​ទាំង​អស់​បាន​មក ជួប​ជុំ​គ្នា សម​គួរ​តាម​វេលា បាន​ក្រាប​ទូល​ព្រះដ៏មាន​ព្រះភាគថា បពិត្រ​ព្រះគោតម​ដ៏​ចម្រើន ពួក​ខ្ញុំព្រះ អង្គ​បាន​ប្រណិប័តន៍​បិតា​របស់​ពួក​ខ្ញុំ​ព្រះអង្គ ដោយ​មិន​បាន​ប្រមាទ​ឡើយ សូម​ព្រះអង្គ​ទ្រង់​ទត​មើល​នូវ អត្តភាព ។ ព្រះបរមសាស្តា​ទ្រង់ត្រាស់​ថា ការ​ចិញ្ចឹម​បី​បាច់​ថែរក្សា​មាតាបិតា ដែល​ពួក​អ្នក​បាន​ធ្វើ​ហើយ គឺ​ជា​ការ​ល្អ ពួក​បុរាណ​បណ្ឌិត​បាន​ធ្លាប់​ប្រព្រឹត្ត​មក​ហើយ​យ៉ាង​ស្មោះ​ស្មើ ។ ព្រះដ៏មាន​ព្រះភាគ​ទ្រង់ ត្រាស់​នូវ​នាគ​រាជជាតក ប្រកាស​អរិយសច្ច ៤ ក្នុង​ពេល​ចប់​ព្រះធម៌​ទេសនា ព្រាហ្មណ៍​ព្រម​ទាំង​កូន ៤ នាក់ ទាំង​កូន​ប្រសា​ស្រី ៤ នាក់​ទៀត​នោះ បាន​បញ្ជូន​ញាណ​ទៅ​តាម​ក្រសែ​ព្រះធម៌ តាំង​នៅ​ក្នុង សោតា​បត្តិផល ។ ចាប់​តាំង​ពី​ពេល​នោះ​មក ព្រះបរមសាស្តា ស្តេច​ពុំ​បាន​យាង​ទៅ​កាន់​ផ្ទះ​នៃ​ជន​ទាំងនោះ​ទៀត​ឡើយ ក្នុង​កាល​ទាំង​ពួង ។ ដោយ៥០០០ឆ្នាំ
images/articles/388/tex32w43tpic.jpg
ផ្សាយ : ០៤ ឧសភា ឆ្នាំ២០២០ (អាន: ៤៦,៤០៣ ដង)
ព្រះ​បរមសាស្តា​ កាល​ដែល​ទ្រង់​គង់​ប្រថាប់​នៅ​ព្រះ​វេឡុវ័ន​មហាវិហារ​ ទ្រង់​ប្រារព្ធ​ការ​ដែល​ភិក្ខុ​ទេវទត្ត​ ខិត​ខំ​ប្រឹង​ប្រែង​ធ្វើ​ឃាត​ព្រះ​អង្គ​នោះ​ឯង​ ទ្រង់​ត្រាស់​ព្រះ​ធម៌​ទេសនា​នេះ​ មាន​ពាក្យ​ជា​អាទិ៍​ថា​ យស្សេតេ​ ច​ តយោ​ ធម្មា ។
images/articles/394/textp344ric.jpg
ផ្សាយ : ០៤ ឧសភា ឆ្នាំ២០២០ (អាន: ៤៨,២៦៧ ដង)
អត្ថស្សទ្វារជាតក ( ទ្វារ​មុខ​នៃ​ប្រយោជន៍​ មាន​ ៦ ) ព្រះ​បរមសាស្តា​ កាល​ដែល​ទ្រង់​គង់​ប្រថាប់​នៅ​ព្រះ​ជេតពនមហាវិហារ​ ទ្រង់​ប្រារព្ធ​កុលបុត្រ​ម្នាក់​ដែល​ជា​អ្នក​ឆ្លាត​ក្នុង​ប្រយោជន៍
images/articles/410/Untitled-1.jpg
ផ្សាយ : ០៤ ឧសភា ឆ្នាំ២០២០ (អាន: ៤៨,៣២៥ ដង)
វានរិន្ទជាតក ( បុគ្គល​ដែល​ប្រកប​ដោយ​ធម៌​ ៤​ រមែង​កន្លង​បង់​នូវ​សត្រូវ ) ព្រះ​បរមសាស្តា​ កាល​ដែល​ព្រះ​អង្គ​ទ្រង់​គង់​ប្រថាប់​នៅ​ព្រះ​ជេតពន​មហាវិហារ​
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
CPU Usage: 1.86
បិទ
ទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ABA 000 185 807
   ✿ សម្រាប់ឆ្នាំ២០២៤ ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំជាប្រចាំឆ្នាំ ឬប្រចាំខែ  ដើម្បីគេហទំព័រ៥០០០ឆ្នាំយើងខ្ញុំមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយតទៅ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987  ✿✿✿