images/articles/1410/Untitled-1-Recovered.jpg
ផ្សាយ : ២៨ កក្តដា ឆ្នាំ២០១៩ (អាន: ១៣,៣៥៥ ដង)
មនុស្សខ្លះប្រៀបដីដូចជាស្លឹកឈើជ្រុះ ស្រេចតែខ្យល់បក់ទៅខាងណា ក៏ទៅខាងនោះ មិនមានទិសដៅនៃជីវិតពិតប្រាកដឡើយ មនុស្សដែលមានសភាពបែបនេះ គឺមានច្រើននៅក្នុងលោក។
មនុស្សខ្លះ ប្រៀបបីដូចជាផ្កាយ ដែលដើរទៅតាមផ្លូវរបស់ខ្លួន មានឧត្ដមគតិនិងដំណើរជីវិតពិតប្រាកដមនុស្សដូចនេះមានតិចនៅក្នុងលោកប៉ុន្តែច្រើនតែបានជួបប្រសព្វនូវសេចក្ដីសម្រេចដ៏ធំធេង និងជាទីគោរពរាប់អាចលើកតម្កើងនៃពពួកជនក្នុងលោក។
បើយើងមិនអាចកំណត់ដំណើរនៃជីវិតរបស់យើងបានទេ សង្គមហ្នឹងឯងរមែងកំណត់ឲ្យយើងដើរតាម មានជីវិតបណ្ដោយទៅតាមខ្យល់ គឺលោកធម៌ ដែលប្រាសចាកទិសដៅ ព្រោះថាសង្គមមានការច្របូកច្របល់លាយឡំគ្រប់បែបយ៉ាង ច្រើនទៅដោយការប្រជែង ល្មោភលោភលន់ និងព្យាបាទបៀតបៀន។
មនុស្សដែលអាចបង្គាប់ខ្លួនឯង ឲ្យឋិននៅក្នុងផ្លូវដែលឆ្ពោះទៅរកទិសដៅនៃសេចក្ដីសម្រេចបាន គឺមនុស្សដែលចេះគិត មានសតិបញ្ញា មានការព្យាយាម អត់អន់ប្រព្រឹត្តទៅតាមគន្លងផ្លូវនៃសប្បុរសទាំងឡាយ។
មនុស្សផ្កាយ គឺជាមនុស្សដែលធ្វើឲ្យខ្លួនឯង និងសង្គមមានសេចក្ដីសុខស្ងប់ មានលក្ខណៈផ្ទុយទាំងស្រុងពីមនុស្សស្លឹកឈើជ្រុះ។
ឥឡូវនេះ អ្នកជាមនុស្សបែបណាដែរ?
ធ្វើអ្វីទៅតាមតែតណ្ហា នឹងជួបសោកាមហាខ្វាយខ្វល់
ធ្វើអ្វីទៅតាមបញ្ញាយល់ នឹងបានអស់ខ្វល់សល់តែសុខ។
ដកស្រង់ចេញពីសៀវភៅ ៤៨ធម្មទស្សន៍
ដោយ៥០០០ឆ្នាំ
images/articles/1409/Untitled-1-Recovered.jpg
ផ្សាយ : ២៨ កក្តដា ឆ្នាំ២០១៩ (អាន: ១១,៩៥២ ដង)
ដំណើរជីវិតរបស់មនុស្សយើង ដូចគ្នាដឹងការដើរព្រៃ ដើម្បីឲ្យបានដល់គោលដៅ យើងត្រូវតែយល់ដឹងនិងឆ្លាតផង ។ការដើរក្នុងព្រៃ កន្លែងខ្លះត្រូវជួបនឹងបន្លា កន្លែងខ្លះមានរណ្ដៅ ឬត្រូវជួបនឹងព្រៃស្ដុក ព្រមទាំងអាចមានឧបសគ្គពីសត្វសាហាវផ្សេងៗ ។ បើយើងរវល់តែកាប់បន្លា ឆ្ការព្រៃ លុបរណ្ដៅឲ្យស្មើ និងសម្លាប់សត្វសាហាវឲ្យអស់នោះ យើងប្រាកដជាទៅមិនដល់ទិសដៅឡើយ ។
តាមការពិត ក្នុងសង្គមមនុស្សយើងនេះ មានរណ្ដៅចម្រូង និងបន្លាជាដើមសន្ធឹកសន្ធាប់ ដែលរារាំងដំណើរផ្លូវជីវិតរបស់យើង ជារឿងរំខានចិត្តឲ្យគិតកង្វល់គ្រប់ពេលវេលា។ បើយើងបានយល់ដឹងដោយប្រពៃ ពិចារណាតាមហេតុផលនៃសភាពការណ៍ យើងនឹងកំណត់ដឹងនូវឧបសគ្គទាំងនោះ ពេលខ្លះយើងអាចលុបបាន ក៏គួរលុបទៅ បើសសៀរបាន គឺត្រូវតែសសៀរទៅឲ្យផុត...។
ដកស្រង់ចេញពីសៀវភៅ ៤៨ធម្មទស្សន៍
ដោយ៥០០០ឆ្នាំ
images/articles/1406/Untitled-1-Recovered.jpg
ផ្សាយ : ២៨ កក្តដា ឆ្នាំ២០១៩ (អាន: ១១,៧៤៩ ដង)
សេចក្ដីល្អមានអំណាចសំខាន់ដ៏ក្រៃលែងក្នុងខ្លួនមនុស្ស ធ្វើឲ្យជាទីគោរពលើកតម្កើងរបស់មនុស្សទាំងឡាយ។ រឹតតែមានច្រើន ឬរឹតតែប្រើច្រើន គឺ រឹតតែល្អ និងជាពិសេស គឺមិនមានអ្នកណាមកទម្លាយបាន។ ឯចំណែកខ្លួនឯងវិញក៏រមែងសប្បាយចិត្ត មានសេចក្ដីសុខក្នុងជីវិត ដែលជាផលត្រូវឃើញច្បាស់ក្នុងបច្ចុប្បន្នទាន់ភ្នែក។ រីឯអ្នកដទៃដែលមានទំនាក់ទំនងសេពគប់ក៏បានសុខត្រជាក់ស្រួលក្រោមម្លប់នៃគុណធម៌ផងដែរ។
សូម្បីមិនមានការអួតអាង និងមិនចាំបាច់មានការនិយាយឃោសនា បបួលឲ្យអ្នកណាៗមករាប់អាន ក៏សេចក្ដីពិតនៃគុណធម៌នោះៗ មានប្រាកដនៃខ្លួនឯងដែរ។ គុណធម៌ជាអំណាចដ៏រឹងមាំ និងឋិតថេរយូរអង្វែង មិនចាំបាច់ប្រជែងដណ្ដើមពីអ្នកដទៃ មិនមានការចុះទុនដោយការប្រព្រឹត្តអាក្រក់បៀតបៀនគ្នា និងមិនមានភ័យពីអ្នកដទៃដណ្ដើមយកឡើយ។
អំណាចនៃគុណធម៌ រមែងធ្វើឲ្យថ្ងៃ ខែ ឆ្នាំ ទាំងអស់ក្នុងជីវិត ទៅជា ថ្ងៃ ខែ ឆ្នាំ ល្អទាំងអស់សម្រាប់អ្នកដែលមាននូវគុណធម៌នោះ។
ជាពិសេសបំផុត គឺអំណាចនៃគុណធម៌អាចកម្ចាត់បង់សត្រូវក្នុងខ្លួនគឺកិលេសដែលជាមេនៃសេចក្ដីទុក្ខបាន។
ដកស្រង់ចេញពីសៀវភៅ ៤៨ធម្មទស្សន៍
ដោយ៥០០០ឆ្នាំ
images/articles/1402/Untitled-1-Recovered.jpg
ផ្សាយ : ២៨ កក្តដា ឆ្នាំ២០១៩ (អាន: ២៩,០០៨ ដង)
ដើមឈើពឹងខ្លួនឯងជាមុន ប្រឹងប្រែងតាំងតែអំពីគ្រាប់ពូជតូចមួយរហូតដល់ធំ រួចហើយទើបបានជាទីពឹងឲ្យដល់អ្នកដទៃ។ ធម្មជាតិមនុស្សយើងក៏ដូចគ្នា គឺអាចប្រឹងប្រែងជួយខ្លួនឯង ហ្វឹកហាត់អប់រំទូន្មានខ្លួនរហូតទាល់តែបានដល់នូវសេចក្ដីសម្រេច ធ្វើជាទីពឹងនៃខ្លួនឯងបាន រួចហើយក៏បានធ្វើជាទីពឹងឲ្យដល់អ្នកដទៃដូច្នោះដែរ។
មនុស្ស និង សត្វទាំងឡាយ សុទ្ធតែបានទទួលនូវប្រយោជន៍សន្ធឹកសន្ធាប់អំពីដើមឈើ រាប់តាំងពីគ្រឿងស្លៀកដណ្ដប់ ទីជ្រកនៅអាស្រ័យ ថ្នាំកែរោគ អាហារ បរិភោគ រហូតដល់គ្រឿងប្រើប្រាស់ផ្សេងៗរាប់មុខមិនអស់។
មនុស្សយើង កើតមកដើម្បីសាងខ្លួនឯងឲ្យជាប្រយោជន៍ដល់មនុស្សផងគ្នា និងសត្វលោកទាំងឡាយ។ មនុស្សត្រូវចេះទូន្មានខ្លួន ប្រឹងប្រែងសិក្សាស្រាវជ្រាវ ឲ្យដូចជាឫសឈើចាក់ចុះទៅក្នុងផែនដី ញ៉ាំងដើមឲ្យធំ នឹងមាំមួនរឹងប៉ឹងល្អ ទ្រាំទ្រចំពោះខ្យល់ ចំពោះកម្ដៅថ្ងៃបាន។
មនុស្សយើងបើមិនរឹងប៉ឹងទេ លុះដល់ធំឡើង ក៏ជាមនុស្សទន់ខ្សោយនឹងដួលរលំបានដោយងាយ នៅពេលដែលបានជួបជាមួយនឹងឧបសគ្គផ្សេងៗ គឺជាអ្នកបរាជ័យចាញ់ជីវិតខ្លួនឯង។
ស្លឹកឈើ នៅពេលដែលធំពេញទី ក៏រមែងផ្លាស់ប្ដូរពីពណ៍ខៀវបៃតងមកជាពណ៍លឿង ហើយក៏ជ្រុះចុះមកលើផែនដី ត្រឡប់ក្លាយទៅជាជី។ មនុសុសយើងក៏នឹងដល់ភាពមិនទៀតនៃជីវិត កើត ចាស់ ឈឺ ហើយក៏ស្លាប់ព្រាត់ប្រាសគ្នាទៅ។ ស្លឹកឈើទុំជ្រុះ ដើម្បីឲ្យស្លឹកថ្មីដុះបន្តយ៉ាងណា មនុស្សយើងកាលដល់ពេលហើយ ក៏ត្រូវចាកលោកទៅ ដើម្បីអោយមនុស្សកើតមកក្រោយៗបំពេញកិច្ចការជាបន្តក៏យ៉ាងនោះដែរ។ គ្រប់យ៉ាងមានការប្រែប្រួលជាចិត្ត ឲ្យតែជាសង្ខារធម៌។
ដើមឈើទ្រាំនៅហាលថ្ងៃ ហាលខ្យល់ ហាលភ្លៀង ដើម្បីជាម្លប់ដល់ពួកមនុស្សសត្វទាំងឡាយ។ មនុស្សយើងពេលខ្លះក៏ត្រូវព្រមលំបាកដែរ ដើម្បីធ្វើជាជម្រកឲ្យដល់អ្នកដទៃ។
ដើមឈើជាធម្មជាតិមាននៅឲ្យមនុស្សយើងសិក្សា រៀបចំដំណើរជីវិតឲ្យមានប្រយោជន៍ពិតៗ។
គួរមើលដើមឈើជាតួយ៉ាង
បានភ័ស្ដុតាងដាស់តឿនចិត្ត
ដើមឈើទ្រាំក្ដៅទ្រាំខ្យល់ពិត
ទុកដូចជាមិត្តឲ្យទីជ្រក។
ដកស្រង់ចេញពីសៀវភៅ ៤៨ធម្មទស្សន៍
ដោយ៥០០០ឆ្នាំ
images/articles/1403/Untitled-1-Recovered.jpg
ផ្សាយ : ២៨ កក្តដា ឆ្នាំ២០១៩ (អាន: ៩,៨១៤ ដង)
ការសិក្សាដែលល្អពិត គឺការប្រព្រឹត្តល្អតាមដែលបានសិក្សាចេះដឹងមកនោះឯង ព្រមទាំងការនាំយកនូវចំណេះដឹងនោះ មកប្រើឲ្យកើតជាប្រយោជន៍ដល់សង្គម ។ម្យ៉ាងទៀត បុគ្គលដែលមានការសិក្សាដោយល្អនោះ គឺត្រូវសម្បូណ៌ទៅដោយគុណសម្បត្តិទាំងផ្លូវលោកទាំងផ្លូវធម៌ ពោលគឺមានចំណេះដឹងក្នុងការងារអាជីពដើម្បីរស់នៅឲ្យបានល្អក្នុងលោកនិងជាអ្នកមានសីលធម៌ដើម្បីរស់នៅជាសុខដោយការមិនក្ដៅក្រហាយចិត្ត ព្រមទាំងជាគំរូដ៏ល្អនៃបរិវារជន និងអនុជនទៀតផង។
ការងារសុចរិតជាការងារមានកិត្តិយស ប្រាសចាកភ័យនិងពៀរវេរា។
ដកស្រង់ចេញពីសៀវភៅ ៤៨ធម្មទស្សន៍
ដោយ៥០០០ឆ្នាំ
images/articles/1399/Untitled-1-Recovered.jpg
ផ្សាយ : ២៨ កក្តដា ឆ្នាំ២០១៩ (អាន: ៣៨,៩៨៨ ដង)
យើងតែងតែកើតទុក្ខមិនសុខចិត្តក្នុងរឿងផ្សេងៗនេះមកពីយើងទម្លាប់ស្វែងរកសេចក្ដីសុខពីររបស់ខាងក្រៅ ចំពោះរបស់ដែលយើងពេញចិត្ត ព្រោះហេតុដូច្នេះ ទើបយើងគេមិនរួចពីការទាស់ចិត្ត ជាទុក្ខទោមនស្សហ្នឹងឯង ។តាមពិត បើយើងរៀនអប់រំមិនឲ្យចិត្តកើតទុក្ខហើយ គឺជាសេចក្ដីសុខស្រេចទៅហើយ ដែលជាសេចក្ដីសុខដោយមិនចាំបាច់ស្វែងរកពីរបស់ដែលពេញចិត្តជាខាងក្រៅបាននោះឡើយ។
ការមិនកើតទុក្ខ ជាសុខក្រៃលែង
ដកស្រង់ចេញពីសៀវភៅ ៤៨ធម្មទស្សន៍
ដោយ៥០០០ឆ្នាំ
images/articles/1397/Untitled-1-Recovered.jpg
ផ្សាយ : ២៨ កក្តដា ឆ្នាំ២០១៩ (អាន: ៣៩,៩៨១ ដង)
ការស្វែងរកសេចក្ដីសុខ ដែលគួរតិះដៀលក៏មាន ដែលគួរសសើរក៏មាន ។ការស្វែងរកសេចក្ដីសុខដើម្បីខ្លួនឯង ដោយការបង្កទុក្ខភ័យឲ្យដល់អ្នកដទៃ ជាការដែលគួរឲ្យតិះដៀល ។ ការស្វែងរកសេចក្ដីសុខដើម្បីខ្លួនឯង ដោយមិនបង្កទុក្ខភ័យឲ្យអ្នកដទៃ ជាកិច្ចដែលគួរឲ្យសរសើរ ។ ចំណែកការស្វែងរកសេចក្ដីសុខដើម្បីខ្លួនឯងដោយការឲ្យសុខដល់អ្នកដទៃ គឺគួរឲ្យសរសើរផងត្រេកអរផង និងគួរឲ្យគោរពផង ។
ដកស្រង់ចេញពីសៀវភៅ ៤៨ធម្មទស្សន៍
ដោយ៥០០០ឆ្នាំ
images/articles/1398/Untitled-1-Recovered.jpg
ផ្សាយ : ២៨ កក្តដា ឆ្នាំ២០១៩ (អាន: ៣៩,៧៧៩ ដង)
ការឲ្យអភ័យ ជាសេចក្ដីល្អមួយដ៏ចាំបាច់ណាស់ ក្នុងការសមាគមជាមួយនឹងមនុស្ស ព្រោះមនុស្សចំនួនច្រើនដែលតែងតែមានការខ្វះខាតនូវចំណុចនេះ ចំណុចនោះ ពោលគឺនៅមានកំហុស ដោយចំពោះមនុស្សដែលរស់នៅក្នុងកាមតណ្ហា គឺពិតជាមិនខ្វះនូវឱកាសនៃការភ្លាំងភ្លាត់ឡើយ។
បើយើងតាំងចិត្តសេពគប់សមាគមជាមួយនឹងអ្នកណាៗហើយនោះ យើងត្រូវត្រៀមខ្លួនជានិច្ចដើម្បីនឹងឲ្យអភ័យ បើមិនដូច្នោះទេ យើងមិនអាចសេពគប់ជាមួយអ្នកណាបានឡើយ។ មនុស្សខ្លះមានកំហុសត្រឹមតែបន្តិចបន្តួចប៉ុណ្ណោះ បើយើងកាន់យកជារឿងធំ យើងនឹងបែកមិត្ត សឹងជាមិត្តល្អទៀតផង។
ដកស្រង់ចេញពីសៀវភៅ ៤៨ធម្មទស្សន៍
ដោយ៥០០០ឆ្នាំ
images/articles/1396/Untitled-1-Recovered.jpg
ផ្សាយ : ២៨ កក្តដា ឆ្នាំ២០១៩ (អាន: ៤២,៣៣២ ដង)
បុគ្គលដែលជាមិត្ត និយាយចាក់បណ្ដោយឲ្យតែគាប់ចិត្ត មានលក្ខណៈ៤យ៉ាងដូចនោះគឺៈ
១- បាបកម្មំបិស្ស អនុជានាតិ យល់ព្រមឲ្យមិត្តធ្វើបាបមនុស្សណាដែលអនុញ្ញាតឲ្យយើងធ្វើនូវបាប មានការសម្លាប់សត្វជាដើម ដើម្បីផ្គាប់ចិត្តយើង ក៏ដូចជាអនុញ្ញាតឲ្យយើងទៅកើតក្នុងឋានរក ប្រេតអ៊ីចឹងដែរ។ពាក្យសរសើរនៅក្នុងលោកមានច្រើនណាស់ ហើយវាជាគ្រឿងនាំឲ្យស្រវឹង នាំឲ្យវង្វេងដ៏ក្រៃលែងទៀតផង មានមនុស្សច្រើនណាស់ដែលស៊ីជោរ ទីបំផុតត្រូវបរាជ័យក្នុងការងាររបស់ខ្លួនព្រោះខ្លួនឯងមានចំណុចខ្សោយ។
តាមពិតមនុស្សយើងមិនមែនល្អបរិសុទ្ធដោយសារពាក្យសរសើរ ឬពាក្យបញ្ជោរទេ ពិតមែនតែមានពេលខ្លះ បានធ្វើឲ្យយើងមានកម្លាំងចិត្តខ្លាំងក្លាក្នុងការងារដោយសារពាក្យសរសើរក៏ដោយ ប៉ុន្តែដែលយើងជាមនុស្សល្អបរិសុទ្ធពិតនោះ គឺព្រោះយើងមានការងារប្រាសចាកទោសឯណេះទេតើ មិនមែនដោយសារគេថាយើងល្អ យើងក៏ល្អតាមគេថានោះទេ បើមនុស្សអាក្រក់ឬល្អតាមតែពាក្យរបស់អ្នកដទៃ សូម្បីព្រះសម្មាសម្ពុទ្ធក៏មិនផុតពីការសៅហ្មងដែរ តែនេះពុំមែនដូច្នោះឡើយ មានតែការងារប៉ុណ្ណោះដែលរៀបចំមនុស្សឲ្យជាបុគ្គលសៅហ្មង ឬបុគ្គុលបរិសុទ្ធ។
២- កល្យាណកម្មំបិស្ស អនុជានាតិ យល់ព្រមឲ្យមិត្តធ្វើនូវអំពើល្អ ការយល់ព្រមនេះមិនមែនជាចិត្តសប្បុរស ក្នុងនាមជាមិត្តចិត្តល្អនោះទេ បើជាមិត្តពិតជាអនុគ្រោះយើងមែនមិនមែនពេលខ្លះព្រមឲ្យយើងធ្វើបាប ដោយមិនបានហាមឃាតនោះឡើយ។
យើងត្រូវតែប្រយ័ត្នឲ្យណាស់ ចំពោះមនុស្សដែលនិយាយចាក់បណ្ដោយ គេមិនមានគំនិតឲ្យយើងចំរើននោះទេ គេមានតែត្រេកអរនៅពេលណាដែលយើងធ្លាក់ដុនដាប ចំពោះមិត្តប្លមគេមានចិត្តគិតប្រឡងប្រណាំងជាមួយយើងជានិច្ច នៅពេលដែលយើងមានលំនឹង ឬកំពុងរីកចម្រើនគេមិនចោលយើងទេ គេពឹងយើងលិទ្ធដៃលិទ្ធជើង នៅពេលណាដែលយើងចុះខ្សោយឬមានសេចក្ដីប្រមាទភ្លាំងភ្លាត់បន្តិចបន្តួចនៅក្នុងការងារ គេជួយច្រានយើងដោយពាក្យសរសើរ ក្នុងគោលបំណងកុំឲ្យយើងមើលឃើញនូវការប្រហែសធ្វេសរបស់យើង លុះដល់កំហុសយើងកាន់តែច្រើន ដើម្បីជ័យជំនះរបស់គេមកលើយើង គឺគេដើរខ្សឹបប្រាប់អ្នកដទៃ នូវអ្វីៗដែលជាសេចក្ដីប្រមាទធ្វេសប្រហែសរបស់យើងថែមទៀតប្រឌិតរឿងអាស្រូវមិនពិតផ្សំបញ្ចូលទៀតផង គឺដល់ពេលដែលគេធាក់យើងឲ្យខ្ទាត ដើម្បីគេបានកន្លែងនោះ ព្រោះគេឃ្លានយូហើយ។
មានបុគ្គុលខ្លះមិនហ៊ានហាមឃាត់យើងដែលធ្វើនូវអំពើឆ្គាំឆ្គង ប៉ុន្តែមិនប្រាកដជាយល់ព្រមឲ្យយើងប្រព្រឹត្តនោះឡើយ មកអំពីគេខ្លាចយើងខឹង ខ្លាចយើងស្អប់ បានជាគេមិនហ៊ានឃាត់ គេអាចធ្វើជាមិត្តល្អបាន បើគេព្យាយាមដឹកនាំឲ្យយើងស្ដាប់ធម៌រៀនធម៌ គេសរសើរយើងក្នុងផ្លូវល្អ ក្នុងគោលបំណងឲ្យយើងមាននូវស្មារតីវៀរចាកអំពើសៅហ្មងដោយខ្លួនឯង។
មនុស្សមានច្រើនប្រភេទណាស់ ប៉ុន្តែការជ្រើសរើសមិត្តមិនមែនជាការផ្សងព្រេងដូចចាក់ឆ្នោតទេ គឺត្រូវតែសិក្សាអំពីលក្ខណៈមនុស្សឲ្យបានច្បាស់ តាមដែលព្រះសម្មាសម្ពុទ្ធទ្រង់ត្រាស់សម្ដែង តាមពិតព្រះសម្មាសម្ពុទ្ធជាកល្យាណមិត្តមួយព្រះអង្គដ៏កំពូលក្រៃលែង ជាមួយនឹងពុទ្ធបរិស័ទយើង ការប្រព្រឹត្តព្រហ្មចរិយធម៌បានសម្រេចទាំងមូល ដោយអាស្រ័យព្រះអង្គជាកល្យាណមិត្ត ប៉ុន្តែសេចក្ដីនេះ ព្រះសម្មាសម្ពុទ្ធ ទ្រង់ត្រាស់សម្ដែងឲ្យយើងមាននូវកល្យាណមិត្ត តាមដានពិនិត្យការប្រព្រឹត្តរបស់យើងរាល់ថ្ងៃ ខុសឬត្រូវយ៉ាងណាៗឲ្យហ៊ានជួយប្រាប់ ព្រមទាំងនៅរួមសុខទុក្ខទៀតផង។
មនុស្សល្អកម្ររកបានណាស់ មនុស្សល្អធ្វើអាក្រក់បានដោយលំបាកក៏ពិតមែន ប៉ុន្តែមនុស្សអាក្រក់ធ្វើអាក្រក់បានដោយងាយ ថែមទាំងមិនចេះឆ្អែតក្នុងការធ្វើនូវអំពើអាក្រក់នោះទៀតផង ដូចជាមិត្តប្លមផ្នែកខាងនិយាយចាក់បណ្ដោយក្នុងលក្ខណៈប្រការទី៣ បានដល់ៈ
៣- សម្មុខស្ស វណ្ណំ ភាសតិ និយាយសរសើរមិត្តតែក្នុងទីចំពោះមុខ មនុស្សយើងបានដឹងអំពីចំណុចទន់ខ្សោយរបស់មនុស្សផងគ្នា ទើបនិយមយកពាក្យសរសើរមកធ្វើជាឧបករណ៍ប្រើប្រាស់ សម្រាប់ទាក់យកផលកម្រៃ ឬសម្រាប់ផ្ដួលរំលំគ្នាទៀតផង ដូចជាពាក្យសរសើរនៃមនុស្សដែលជាមិត្តប្លម ពាក្យសរសើរនោះវាជាគ្រឿងស្រវឹង ឬវាជាគ្រឿងបំពុលរបស់គេ មនុស្សយើងដែលមិនបានយកចិត្តទុកដាក់ពិចារណាឲ្យបានដិតដល់ ក៏រមែងបរិភោគនូវគ្រឿងស្រវឹង ឬគ្រឿងបំពុលនោះ ដោយពុំដឹងខ្លួន ពោលគឺវង្វេងភ្លេចសតិ។
មនុស្សយើងខំប្រឹងធ្វើល្អ ដោយការចំណាយធនធានឲ្យទៅជាទាន ឬក៏ការខ្នះខ្នែងផ្សេងៗជាដើម លុះដល់មានអ្នកដទៃរំលឹកឈ្មោះសរសើរ ក៏ភ្លេចនឹកជ្រះថ្លាចំពោះបុណ្យកុសលធម៌ ដែលជាកល្យាណមិត្រ ជាគុណដ៏ប្រសើរពិតៗ ដោយមកអំពីរវល់តែត្រេកអរពេញចិត្តនឹងខ្លួនឯងដែលគេសរសើរ ចំពោះមុខមហាជន មានពេលខ្លះទៀត គេសរសើរប៉ុណ្ណឹងមិនគ្រប់ល្មមទេ ចង់ឲ្យគេនឹកសរសើរបន្ថែមទៀត ក៏បានពោលថា <<កុំចាំបាច់សរសើរខ្ញុំអី>> គឺចង់ឲ្យគេស្ងើចថា ខ្លួនឯងមិនចេះស៊ីជោរឡើយ។
ការលិចលង់ផុងខ្លួនក្នុងពាក្យសរសើរ ត្រូវបានបាត់បង់នូវគំនរបុណ្យកុសលអស់ច្រើនណាស់ គឺកុសលគ្រប់កាលទៀតបី (មុនធ្វើ កំពុងធ្វើ ធ្វើរួចហើយ) ទាំងការតាំងចិត្តក៏មិនបានស្លុះចុះស៊ប់ឲ្យណែននៅក្នុងបុណ្យកុសលពិតប្រាកដទៀតផង វាមិនត្រឹមតែជាមេរោគបំផ្លាញសុខភាពផ្លូវចិត្ត បញ្ចុះកម្លាំងរបស់បុណ្យកុសលប៉ុណ្ណឹងទេ ការវង្វេងនឹងពាក្យសរសើរ នាំឲ្យមនុស្សលោកជួយខ្លួនឯងមិនរួចអំពីរណ្ដៅលាមកគឺអំពើទុច្ចរិតទៀតផង។
ភិក្ខុត្រូវទោសបារាជិកហើយ នៅហ៊ានបន្លំខ្លួនជាសង្ឃ ព្រោះខ្លាចបាត់បង់នូវពាក្យសរសើរនិងកិត្តិយសជាដើម មិត្តក្បត់មិត្ត សិស្សក្បត់គ្រូ ប្តីប្រពន្ធក្បត់គ្នា ។ល។ ព្រមដោយបាបកម្មផ្សេងៗទៀតមានបាណាតិបាត (សម្លាប់សត្វមានជីវិត) ជាដើម គឺមួយចំណែកធំព្រោះចង់បានមុខមាត់ មានកិត្តិយស កេរ្តិ៍ឈ្មោះ និងពាក្យសរសើរ មានខ្លះរហូតដល់ទៅបោកប្រាស់គេ ដើម្បីយកមកកសាងវត្តនៅស្រុករបស់ខ្លួនឯងក៏មានដែរ។
ពាក្យសរសើរគឺជាមាត់ជ្រោះក៏រអិលមួយកន្លែង វាងាយនឹងឲ្យធ្លាក់បាក់កស្លាប់ណាស់ ចំពោះបុគ្គលដែលគ្រាន់តែប្រយ័ត្នចំពោះមនុស្សដែលជាមិត្តប្លម គេសរសើរយើងរឿយៗនៅចំពោះមុខតែប៉ុណ្ណោះ។
៤- បរម្មុខស្ស អវណ្ណំ ភាសតិ ពោលទោសមិត្តក្នុងទីកំបាំងមុខ គេមិនមានចិត្តអាណិតមេត្តាយើងឡើយ គេបានផ្សែផ្សំរឿងនេះបន្តិចរឿងនោះបន្តិច ស្មានខ្លះប្រហែលខ្លះ ពិតខ្លះ មិនពិតខ្លះ ក្នុងការនិយាយអំពីយើងជាមួយនឹងអ្នកដទៃ។
គួរនឹករលឹកដល់ទឹកចិត្តឪពុកម្ដាយ គាត់ពោលស្ដីថាឲ្យកូនចៅ ទូន្មានប្រៀនប្រដៅរឿយៗជានិច្ច ប៉ុន្តែទោះគាត់ដឹងនូវកំហុសខុសឆ្គាំឆ្គងរបស់យើងជាកូនយ៉ាងណាៗ ការនេះគាត់មិនដើរនិយាយប្រាប់គេប្រាប់ឯង អំពីអ្វីដែលជារឿងមិនល្អរបស់កូនគាត់ទេ គាត់ពិតជាបិទបាំងណាស់ បើសិនជារឿងហ្នឹងវាធ្ងន់ធ្ងរពេកអ្នកដទៃក៏បានដឹងខ្លះដែរនោះ គាត់ក៏និយាយដែរ ប៉ុន្តែបន្តិចបន្តួចប៉ណ្ណោះ នៅពេលដែលមានគេសាកសួរបញ្ជាក់រឿងនោះៗថែមទាំងសម្ដែងទឹកចិត្តកង្វល់ ភ័យព្រួយចំពោះកូនរបស់គាត់ទៀតផង មិនមែននិយាយដោយសប្បាយរីករាយនូវទោសកំហុសរបស់យើងដែលជាងកូនរបៀបដូចមិត្តប្លមនោះទេ ដូច្នេះមាតាបិតាគែជាមិត្តជិតដិត ស្និតស្នាល ប្រកបដោយការតស៊ូនិងការលះបង់ដ៏ធំធេង ចំពោះបុត្តធីតា។
ការនិយាយអំពីទោសកំហុសរបស់អ្នកដទៃ មិនមែនសុទ្ធតែមិនល្អទាំងអស់នោះទេ បើយើងនិយាយដោយស្មារតី មិនបៀតបៀនអ្នកដទៃ មិនដើម្បីលើកដម្កើងខ្លួនឯង គឺនិយាយដោយកុសលចិត្តពិតៗ ក្នុងន័យដើម្បីឲ្យអ្នកស្ដាប់កុំធ្វើតម្រាប់តាម ការនិយាយដោយចិត្តគំនិតបែបនេះជាការប្រពៃ សេចក្ដីនេះ សូម្បីយើងនិយាយអំពីគុណអ្នកដទៃពិតៗក៏មិនប្រាកដសុទ្ធតែល្អនោះទេ ព្រោះវាអាចជាពិសពុល ដោយអំណាចចិត្តអកុសលនាំឲ្យនិយាយ ដូច្នេះរឿងនេះយើងគ្រាន់តែចាំទុកថា << បុគ្គលពាលមានការសំឡឹងទោសអ្នកដទៃជាកម្លាំង បណ្ឌិតមានការមិនសំឡឹងទោសអ្នកដទៃជាកម្លាំង អ្នករៀនច្រើនមានការពិចារណាជាកម្លាំង អ្នកស្ងប់រម្ងាប់មានសេចក្ដីអត់ធន់ជាកម្លាំង >>។
ដកស្រង់ចេញពីសៀវភៅ មនុស្សនិងការងារ
ដោយ៥០០០ឆ្នាំ
images/articles/1393/Untitled-1-Recovered.jpg
ផ្សាយ : ២៨ កក្តដា ឆ្នាំ២០១៩ (អាន: ៤២,៩៣៨ ដង)
មនុស្សយើងដោយប្រក្រតី គឺមិនចូលចិត្តឲ្យអ្នកណាប្រដៅឡើយ រឹតតែមិនចូលចិត្តឲ្យអ្នកណាមកប្រាប់ថាខ្លួនធ្វើអ្វីខុសនោះទៅទៀត។ ព្រោះហេតុដូច្នោះ វិធីដែលល្អក្នុងការប្រដៅមនុស្ស គឺការប្រដៅដោយមិនឲ្យគេដឹងខ្លួនថាយើងទូន្មានប្រៀនប្រដៅគេ ម្យ៉ាងទៀតវិធីអប់រំទូន្មានដែលល្អជាទីបំផុត គឺការធ្វើខ្លួនជាគំរូល្អឲ្យគេមើល។
បណ្ឌិតគួរតម្កល់ខ្លួនឯងឲ្យតាំងនៅក្នុងគុណដ៏សមគួរជាមុនសិនចាំប្រដៅអ្នកដទៃជាខាងក្រោយ ទើបមិនលំបាក។
ដកស្រង់ចេញពីសៀវភៅ ៤៨ធម្មទស្សន៍
ដោយ៥០០០ឆ្នាំ
images/articles/1391/Untitled-1-Recovered.jpg
ផ្សាយ : ២៨ កក្តដា ឆ្នាំ២០១៩ (អាន: ៥៣,៨៧៩ ដង)
មេត្តាជាគុណធម៌ក្នុងដួងចិត្តដែលល្អិតល្អន់ និងស្រស់ស្អាត ប្រាសចាកសេចក្ដីក្ដៅក្រហាយ ប៉ុន្តែចំពោះសេចក្ដីស្រលាញ់វិញ មិនថាត្រជាក់ល្អូកទៅប៉ុនណានោះឡើយ វារមែងបង្កប់នូវសេចក្ដីក្ដៅក្រហាយ ញាប់ញ័រ និង ការភ័យខ្លាចដោយប្រការផ្សេងៗ។មនុស្សដែលយើងស្រលាញ់ យើងរមែងជួយគេទាំងក្នុងពេលដែលគេបានសុខ និងទាំងក្នុងពេលដែលគេបានទុក្ខតែចំពោះមនុស្សដែលយើងមានមេត្តាទៅរកវិញយើងនិងជួយគេក្នុងករណីដែលគេមានទុក្ខតែប៉ុណ្ណោះ។
យើងមិនអាចនឹងដាច់ចិត្តឧបេក្ខាបានឡើយ នៅពេលដែលមនុស្សជាទីស្រលាញ់របស់យើង មានទុក្ខភ័យវិបត្តិអ្វីមួយនោះ តែយើងអាចដាក់ចិត្តឧបេក្ខាបានក្នុងរឿងហួសវិស័យ ទៅជាមួយនឹងមនុស្សដែលយើងមានត្រឹមតែមេត្តា មិនច្រឡូកច្រឡំដោយរាគៈនោះ។
សេចក្ដីស្រលាញ់ មានសភាពរីករាយភ្លើតភ្លើននៅពេលដែលសមតាមបំណង សម្រេចបានតាមរាគៈ រួចហើយរមែងទុក្ខសោកបោកខ្លួនបោកប្រាណ នៅពេលខកចិត្ត ឬព្រាត់ប្រាស តែមេត្តាគឺជាសភាពស្រស់ស្រាយទន់ភ្លន់នៃដួងចិត្ត ដែលពេញទៅដោយការប្រាថ្នាល្អចំពោះអ្នកដទៃ និងជាចុងក្រោយក្នុងរឿងហួសវិស័យ មេត្តាក៏ជាបច្ច័យនៃឧបេក្ខា ព្រោះថាសត្វលោករមែងប្រព្រឹត្តទៅតាមកម្មរបស់ខ្លួនឯង។
ដកស្រង់ចេញពីសៀវភៅ ៤៨ធម្មទស្សន៍
ដោយ៥០០០ឆ្នាំ
images/articles/1379/Untitled-1-Recovered.jpg
ផ្សាយ : ២៨ កក្តដា ឆ្នាំ២០១៩ (អាន: ១៣,១៧៦ ដង)
ព្យាបាទ គឺ ជំនិតគិតប៉ងឲ្យគេវិនាសនូវប្រយោជន៍ និងសេចក្ដីសុខ វាធ្វើឲ្យចិត្តក្ដៅងំ ដូចយកភ្លើងមកបង្កាត់ត្រង់ដើមទ្រូងរបស់ខ្លួនឯង ទម្លាយសុខភាពផ្លូវចិត្ត ធ្វើឲ្យចិត្តខ្ទេចខ្ទាំគ្រាំគ្រា។ ពេលខ្លះអ្នកដែលយើងគិតដោយគំនិតព្យាបាទនោះ គេមិនទាំងបានដឹងរឿងអ្វីផង គឺយើងក្ដៅក្រហាយដោយគំនុំ ឬដោយការច្រណែនទៅតែម្នាក់ឯង។
បើយើងចាប់ភ្លើងគប់ក្រវែងទៅរកអ្នកដទៃ ភ្លើងរមែងឆេះដៃយើងមុន ហើយបើក្រវែងទៅគេមិនត្រូវទេភ្លើងនោះឯង និងបានឆេះចំពោះយើងតែម្ខាងប៉ុណ្ណោះ។ព្រះធម៌ បានទូន្មានយើងឲ្យលះព្យាបាទដោយមេត្តាពោលគឺឲ្យមានបំណងល្អ ប្រាថ្នាល្អចំពោះអ្នកដទៃ និងឲ្យមានខ្លួនឯងជាឧបមា។ សូម្បីយើងមិនឲ្យទុក្ខដល់គេទេតែគ្រប់គ្នា ក៏មានទុក្ខស្រេចតាមសភាពរបស់ខ្លួនម្នាក់ៗជាធម្មតាទៅហើយ ដូចជាខ្លួនយើងអ៊ីងចឹងដែរ ដែលចេះតែមានទុក្ខ រឿងនេះ រឿងនោះ ទាំងដែលមិនដែលមិនមានអ្នកណាមកធ្វើទុក្ខនោះៗឲ្យយើងផង។
ដកស្រង់ចេញពីសៀវភៅ ៤៨ធម្មទស្សន៍
ដោយ៥០០០ឆ្នាំ
images/articles/1377/Untitled-1-Recovered.jpg
ផ្សាយ : ២៨ កក្តដា ឆ្នាំ២០១៩ (អាន: ១៤,៣៩៦ ដង)
ភ្លើងកំហឹង
ការខឹងក្រោធធ្វើឲ្យចិត្តសៅហ្មង កករល្អក់ ក្ដៅក្រហាយក្រវល់ក្រវាយ នឹងដេកក៏មិនសុខ នឹងកើតក៏មិនសុខ នោះគឺជាភ្លើងខាងក្នុង ដែលកើតឡើងដុតបុគ្គលនោះឯង។ បើមិនចេះពន្លត់វាទេ វានឹងដុតឲ្យក្ដៅរោលរាលជារឿយៗតទៅ តែបើពន្លត់បានក៏ត្រជាក់សុខសប្បាយដោយខ្លួនឯង។
អ្នកណាគេស្អប់យើងហើយក៏ដោយចុះ តាមពិត ការស្អប់បានទម្លាយនូវសុខភាពផ្លូវកាយ
images/articles/1378/wefwewewewe3.jpg
ផ្សាយ : ២៨ កក្តដា ឆ្នាំ២០១៩ (អាន: ១៥,៨៤០ ដង)
បុគ្គលដែលជាមិត្តល្អតែសំដី មានលក្ខណៈ ៤ យ៉ាងដែរគឺ៖
១- អតីតេន បដិសន្ថរតិ មិត្តទទួលរាក់ទាក់ដោយរបស់អស់ទៅហើយ មនុស្សប្រភេទល្អតែមាត់ តែចិត្តមិនប្រាកដឃ្លាងឃ្លោតពុតត្បុត និយាយបោកប្រាស់បញ្ឆោត មនុស្សពួកនេះចេះសង្គ្រោះយើងចំពោះតែរបស់ដែលយើងអស់ទៅហើយតែប៉ណ្ណោះយ៉ាងនេះថា << ទាល់តែថ្ងៃហ្នឹងបានសម្លាញ់ឯងមក ម្សិលម្ង៉ៃម៉េចក៏មិនមក ខ្ញុំខំតែរៀបចំទុកដាក់ស្រូវអង្ករ ផ្លែដូងផ្លែខ្នុរ រើសសុទ្ធតែសម្រាំងៗល្អៗ ទុកឲ្យសម្លាញ់ឯងហ្នឹងណា៎ ហើយម៉េចក៏មិនឆាប់មក ចំជាស៊យមែនសម្លាញ់ឯងនេះ ព្រោះចៃដន្យអី ទើបតែម្សិលមិញហ្នឹង គេចេះតែមកអង្វរសួររកទិញពេក គ្នាក៏លក់អស់ទៅ >>។
២- អនាគតេន បដិសន្ថរតិ មិត្តទទួលរាក់ទាក់ដោយរបស់ដែលមិនទាន់មានមក មនុស្សរបៀបនេះ តែងតែសន្យាថានឹងឲ្យ ប៉ុន្តែគេចេះមានល្បិចលេបពាក្យលេបសម្ដី គេមិនបានឲ្យតម្លៃជីវិតរបស់គេនៅលើការងាររក្សាពាក្យសម្ដីឡើយ មិនមែនបានសេចក្ដីថា គេមិនស្រលាញ់ខ្លួនរបស់គេនោះទេ ប៉ុន្តែនេះគឺមកពីអំពើខ្វះការចេះដឹងរបស់គេហ្នឹងឯង មនុស្សនេះយកជាការពុំបានឡើយ ខ្មោចកណ្ដុលប្រសើរជាងមនុស្សនិយាយកុហកបោកប្រាស់ បើយើងយកវាទៅកប់ក្នុងដីចំការ។
៣- និរត្ថតេន សង្គណ្ហាតិ សង្គ្រោះដោយអំពើមិនជាប្រយោជន៍ មនុស្សល្អតែសម្ដី និយាយអ្វីៗយកគាប់យកគួរ ប៉ុន្តែខ្លឹមសារចាញ់ក្អាត់យំតាមវាលស្រែសន្ទូង ស្រូវបែកគុម្ព វាឭរងំពីរោះជាង ព្រោះថាមនុស្សរបៀបនេះ បើគេនៅលើផ្ទះ រួចហើយយើងក៏ទៅដល់ គេហៅយើងពាក្យរាក់ទាក់ដូច្នេះថា << យីអើ! សម្លាញ់ទេតើ ចូរឡើងមកសម្លាញ់ ចូរអង្គុយទីនេះចុះម៉េចទៅសម្លាញ់ភ្ជួរបានប៉ុន្មានស្រែហើយ? គ្នាឥឡូវធូរកម្លាំងច្រើនណាស់ ដោយសារបានអាត្រាក់ទ័រមួយហ្នឹងមក សម្លាញ់អើយ សម្លាញ់ឯងហ្នឹង បើបានតែមួយគ្រឿងសម្រាប់ភ្ជួរចំណាប់តែម្ដង នែសម្លាញ់! បើគ្នាមានពីរគ្រឿង គ្នាឲ្យទៅសម្លាញ់ឯងមួយគ្រឿង មែនណា៎ ឲ្យវាណាណីម្ដង >> ទីបំផុតយើងអស់ដដែលយើងកាន់តែដឹងថា អ្នកដែលអាចជួយយើងបានពិតប្រាកដ គឺខ្លួនយើងហ្នឹងឯង ដូច្នេះមានតែយើងកុំខ្ជិល ប្រឹងប្រែងធ្វើការងារគាំទ្រនូវការងាររបស់ខ្លួន មានតែការងាររបស់ខ្លួនយើងទេដែលសង្គ្រោះយើងបានពិតប្រាកដ ត្រូវចេះមានអំណត់កុំមើលងាយការងាររបស់ខ្លួនឯងថាអន់ ហើយទៅសសើរតែការងាររបស់អ្នកដទៃនោះ តាមពិតជីវិតយើងរស់សព្វថ្ងៃ ដោយសារតែការងាររបស់យើងប៉ុណ្ណោះ សេចក្ដីមិនខុសអំពីម៉ែយើងចិញ្ចឹមយើង ចំណែកម៉ែអ្នកដទៃចិញ្ចឹមអ្នកដទៃ ទោះជាម៉ែអ្នកដទៃនោះមានទ្រព្យសម្បត្តិទ្រព្យច្រើនរាប់កោដិយ៉ាងណាក៏ដោយ តែយើងមិនត្រូវតិះដៀល ម៉ែយើងដែលក្រីក្រនោះទេ ព្រោះថាយើងបានរស់ដោយសារម៉ែកំសត់របស់យើងជាអ្នកចិញ្ចឹម។
៤- បច្ចុប្បន្នេសុ កិច្ចេសុ ព្យសនំ ទស្សេតិ កាលកិច្ចទាំងឡាយកើងឡើងភ្លាមៗ ក៏សម្ដែងអាងរបស់ខូចខាត។មនុស្សនេះយើងពឹងពាក់អ្វីយកជាការពុំបានឡើយ ប៉ុន្តែគេបានសម្ដីណាស់ ដោយសារយើងធ្លាប់ជួយគេច្រើន គេនិយាយសូមទោសយើង គេថា << សូមទោសចុះសម្លាញ់អើយ រទេះគ្នានោះវាបរលែងកើតទៅហើយ ស្ដាយមែនទែន បើនៅប្រើកើតនោះ គ្នាមានទៅកំណាញ់អី គ្នាគិតថាធ្វើវាដែរណា៎ ប៉ុន្តែមួយថ្ងៃជាមួយថ្ងៃវាចេះតែរវល់ >> នោះបើយើងមានការប្រញ៉ាប់ចង់ខ្ចីរទេះរបស់មិត្តប្លមនោះ។
អំពីមិត្តល្អតែសំដីនេះ វាមានលក្ខណៈយ៉ាងណាមួយក្នុងលក្ខណៈ ៤ យ៉ាង ដូចបានរៀបរាប់ហើយ ពោលគឺចិត្តមិនស្មោះមិនត្រង់តាមពាក្យសម្ដី តាមពិតមានមនុស្សច្រើនណាស់ ដែលមានចិត្តស្រកេកស្រកាយទៅដោយល្បិច មានបំណងបំភ្លេចគុណគឺសេចក្ដីល្អរបស់អ្នកដទៃ ប៉ុន្តែគេមានពាក្យសម្ដីជារនាំងបិទបាំងខ្លួនរបស់គេ ដោយគេចូលចិត្តនិយាយលើកជើងលើកដៃ សសើរបញ្ជោរចំពោះមិត្តភក្តិ យើងត្រូវតែប្រយ័ត្នឲ្យណាស់ចំពោះមនុស្សដែលមិនមានចិត្តស្មោះត្រង់ចំពោះយើង គេអាចបោកយើងប្រើឲ្យធ្វើការងារប្រកបដោយទោសបាន បើយើងមិនបានពិនិត្យឲ្យដិតដល់ យើងអាចរងគ្រោះបានគ្រប់ពេលវេលា បើយើងមិនបានប្រយ័ត្ន ជួនកាលពាក្យសម្ដីដែលយើងបាននិយាយ វាអាចជាចំណុចខ្សោយរបស់យើង ត្រូវប្រយ័ត្នកុំអាងទុកចិត្តអ្នកនេះអ្នកនោះ ហើយចេះតែពីនិយាយមិនគិត ម្យ៉ាងទៀតបើគេបបួលយើងឲ្យធ្វើការងារអ្វីៗ បើមានមន្ទិលសង្ស័យក្នុងការងារនោះត្រូវរកអ្នកដទៃទៀតដែលយើងទុកចិត្តជាងគេ ពិគ្រោះពិភាក្សាឲ្យបានច្រើនអ្នក ជាពិសេសគឺមាតាបិតាយើង កុំធ្វើអ្វីស្រេចតែនិងចិត្តឲ្យសោះ ព្រោះមនុស្សចាស់ៗគាត់មានការពិសោធន៍ច្រើនជាងយើងដែលនៅវ័យក្មេង យើងត្រូវបន្ទាបខ្លួនទទួលយកពាក្យប្រៀនប្រដៅអំពីមនុស្សចាស់ កុំអាងខ្លួនឯងបានរៀនសាលាច្រើនជាងគាត់ ហើយមើលងាយចំណេះដឹងរបស់គាត់ តាមពិតកូនប្រុសស្រីត្រូវសូមពាក្យទូន្មានប្រៀនប្រដៅ អំពីមាតាបិតាជីដូនជីតាឲ្យបានច្រើនបំផុត នៅពេលដែលលយើងចូលទៅបំរើគាត់ មានពេលច្របាច់ដៃច្របាច់ជើងជូនគាត់ជាដើមនោះ ព្រោះគាត់ស្រលាញ់យើងដោយស្មោះ ហ៊ានប្ដូរជីវិតចំពោះយើងទៀតផង។
ដកស្រង់ចេញពីសៀវភៅ មនុស្សនិងការងារ
ដោយ៥០០០ឆ្នាំ
images/articles/1376/53432rtgttt.jpg
ផ្សាយ : ២៨ កក្តដា ឆ្នាំ២០១៩ (អាន: ១៤,៩៣២ ដង)
រូបកាយរឹតតែស្អាតល្អ ស្រស់សង្ហាទៅប៉ុនណា គឺរឹតតែជាទីត្រិះរិះរំពឹងនៃមហាជនច្រើនទៅប៉ុណ្ណោះដែរ វាបង្កឲ្យកើតកិលេសគឺកាមរាគៈដល់អ្នកដែលបានមើល បានឃើញ ជ្រួលច្របល់គគ្រឹកគ្រេង វង្វេងបាត់បង់សតិ។រូប សំឡេង ក្លិន រស ផោដ្ឋព្វៈ គឺជាអន្ទាក់ចាប់សត្វលោកទុកក្នុងសេចក្ដីទុក្ខសោក ការភ័យខ្លាច ជម្លោះនិងការហត់នឿយលំបាកលំបិន។
មនុស្សដែលកើតមកមានរូបរាងស្អាតលើសគេនឹងថាបានល្អ នាំមកនូវភ័ព្វសំណាងយ៉ាងនេះមួយ យ៉ាងនោះមួយក៏បាន ប៉ុន្តែវាអាចនាំមកនូវគ្រោះកាច គួរឲ្យខ្លាចផងដែរ។ មនុស្សដែលកើតមកសប្បាយ មានសេចក្ដីសុខក្នុងជីវិត គឺមនុស្សដែលមិនស្អាតពេក មិនអាក្រក់មើលពេក ហើយបានបន្ថែមនូវភាពដែលគួរឲ្យស្រលាញ់គឺសំខាន់ត្រង់សេចក្ដីល្អដោយគុណធម៌ និង ជាអ្នកមានបុណ្យបានធ្វើទុកហើយ។
ដកស្រង់ចេញពីសៀវភៅ ៤៨ធម្មទស្សន៍
ដោយ៥០០០ឆ្នាំ
images/articles/1375/Untitled-1-Recovered.jpg
ផ្សាយ : ២៨ កក្តដា ឆ្នាំ២០១៩ (អាន: ១៤,៤៦០ ដង)
បញ្ញាបានចូលទៅដឹងការពិតនៃជីវិត ការពិតនៃធម្មជាតិ មិននាំឲ្យជីវិតជួបប្រទះក្នុងរឿងកើតទុក មិនសុខចិត្ត ដូចជាតណ្ហាឡើយ។ ធម្មជាតិប្រព្រឹត្តទៅយ៉ាងណា បញ្ញាដឹងទាន់យ៉ាងនោះ ដែលជាហេតុនាំឲ្យស្ងប់ចិត្ត។ បញ្ញាដឹងហេតុនៃសេចក្ដីវិនាស ដឹងហេតុនៃសេចក្ដីចម្រើន ហើយបានតម្កល់ជីវិតឲ្យឋិតនៅក្នុងហេតុនៃសេចក្ដីសុខចម្រើនហើយបានតម្កល់ជីវិតឲ្យឋិននៅក្នុងហេតុនៃសេចក្ដីចម្រើនគ្រប់យ៉ាង។
ការឈ្នះចិត្តអាក្រក់របស់ខ្លួនឯងបាន ឈ្មះអំណាចនៃធម៌ថោកទាប ឈ្នះកិលេស ហាមចិត្តមិនឲ្យសេពគប់នឹងបាបធម៌ អប់រំចិត្តឲ្យមានសីល មានកល្យាណធម៌ មានសតិ មានបញ្ញា មានភាពភ្លឺស្វាង នោះឯងគឺជាជ័យជម្នះដ៏ប្រសើរ គឺប្រសើរជាងឈ្មះមនុស្សរាប់លាននាក់ក្នុងសមរភូមិ។
ដកស្រង់ចេញពីសៀវភៅ ៤៨ធម្មទស្សន៍
ដោយ៥០០០ឆ្នាំ