images/articles/2785/wetgrtdgfcvd.jpg
លោកនេះសូន្យសោះ
ផ្សាយ : ០៤ មេសា ឆ្នាំ២០២២
អ្វីៗ ក៏មិនមែនជារបស់យើងដែរ ដូចជារូបកាយយើងនេះ ដែលយើងស្រឡាញ់ណាស់ ថែរក្សាណាស់ សឹងតែទៅឈ្លោះនឹងអ្នកដទៃ ព្រោះហេតុតែប្រកាន់នូវរូបកាយនេះទៀតផង ប៉ុន្តែជាទីបំផុត រូបកាយនេះជារបស់ភ្លើងឆាបឆេះក្នុងឈាបនដ្ឋាន សូម្បីកំពុងនៅរស់ ក៏ត្រូវដុតឆេះដោយភ្លើងជរា ភ្លើងព្យាធិ ភ្លើងមរណៈដែរ តើជារបស់យើងយ៉ាងដូចម្ដេចទៅ ព្រោះដែលសន្មតថាជាយើងនោះ គឺបញ្ចក្ខន្ធហ្នឹងហើយ ដែលប្រព្រឹត្តទៅតាមនិយាមធម៌ ប្រែប្រួលនោះឯង ។
ដកស្រង់ពីសៀវភៅ សិក្សាព្រះសូត្រ ភាគទី១៣
ដោយ៥០០០ឆ្នាំ
images/articles/2771/ervgcrdfhvnfghvjbn.jpg
ចូឡបុណ្ណមសូត្រ
ផ្សាយ : ០៤ មេសា ឆ្នាំ២០២២
សម័យមួយ ព្រះដ៏មានព្រះភាគ ទ្រង់គង់នៅនាមិគារមាតុប្រាសាទ ក្នុងបុព្វារាម ជិតក្រុងសាវត្ថី ។ សម័យនោះឯង ព្រះដ៏មានព្រះភាគ មានភិក្ខុសង្ឃចោមរោម ទ្រង់គង់ក្នុងទីវាលស្រឡះ នាវេលារាត្រីពេញបូណ៌មី ១៥ កើត ។
ព្រះដ៏មានព្រះភាគទ្រង់ត្រាស់សម្ដែងអំពី ៖
-អសប្បុរស មិនស្គាល់នូវអសប្បុរស ។
-អសប្បុរស មិនស្គាល់នូវសប្បុរស ។
-អសប្បុរស ជាអ្នកប្រកបដោយអសទ្ធម្ម មានការសេពគប់ជាអសប្បុរស មានគំនិតជាអសប្បុរស មានការប្រឹក្សាជាអសប្បុរស មានវាចាជាអសប្បុរស មានការងារជាអសប្បុរស មានទិដ្ឋិជាអសប្បុរស តែងឱ្យទានជាអសប្បុរស ។
-ម្នាលភិក្ខុទាំងឡាយ អសប្បុរសនោះឯង ( ប្រកបដោយធម៌អសប្បុរសទាំង ៨ ពួកយ៉ាងនេះហើយ ) លុះមានរាងកាយបែកធ្លាយទៅ ខាងមុខបន្ទាប់អំពីមរណៈ តែងទៅកើតក្នុងគតិរបស់ពួកអសប្បុរស ។ ម្នាលភិក្ខុទាំងឡាយ ឯគតិរបស់ពួកអសប្បុរសតើដូចម្ដេច គតិរបស់ពួកអសប្បុរសគឺនរក ឬកំណើតតិរច្ឆាន ។
-សប្បុរសស្គាល់នូវសប្បុរស ។
-សប្បុរសស្គាល់នូវអសប្បុរស ។
-សប្បុរស ប្រកបដោយព្រះសទ្ធម្ម ៧ គឺ សទ្ធា ហិរិ ឱត្តប្បៈ ពាហុសច្ចៈ អារទ្ធវីរិយៈ ឧបដ្ឋិតស្សតិ បញ្ញា ។
-សប្បុរស មានការសេពគប់នឹងអ្នកដែលមាននូវព្រះសទ្ធម្មទាំង ៧ នេះឯង ។
-សប្បុរស មានគំនិតជាសប្បុរស គឺមិនគិតដើម្បីបៀតបៀនខ្លួនឯង មិនគិតដើម្បីបៀតបៀនអ្នកដទៃ មិនគិតដើម្បីបៀតបៀនទាំងពីរខាង ។
-សប្បុរសមានការប្រឹក្សាជាសប្បុរស គឺសប្បុរសមិនប្រឹក្សាដើម្បីបៀតបៀនខ្លួនឯងជាដើមឡើយ ។
-សប្បុរសមានវាចាជាសប្បុរស គឺវៀរចាកវចីទុច្ចរិត ៤ យ៉ាង
-សប្បុរសមានការងារជាសប្បុរស គឺវៀរចាកកាយទុច្ចរិត ៣ យ៉ាង ។
-សប្បុរសមានទិដ្ឋិជាសប្បុរស គឺមានសម្មាទិដ្ឋិ ១០ ហ្នឹងឯង
-សប្បុរសតែងឱ្យទានជាសប្បុរស មានការឱ្យដោយគោរពកោតក្រែងជាដើម ។
-ម្នាលភិក្ខុទាំងឡាយ សប្បុរសនោះឯង ឯវំ សទ្ធម្មសមន្នាគតោ ឯវំ សប្បុរិសភត្តឹ វំ សប្បុរិសចិន្តី ឯវំ សប្បុរិសមន្តី ឯវំ សប្បុរិសវាចោ ឯវំ សប្បុរិសកម្មន្តោ ឯវំ សប្បុរិសទិដ្ឋី ឯវំ សប្បុរិសទានំ ទត្វា លុះមានរាងកាយបែកធ្លាយទៅ ខាងមុខបន្ទាប់អំពីមរណៈតែងទៅកើតក្នុងគតិរបស់សប្បុរស ម្នាលភិក្ខុទាំងឡាយ ចុះគតិរបស់សប្បុរសតើដូចម្ដេច គតិរបស់សប្បុរសនោះ គឺសភាពជាទេវតាដ៏ស្ដុកស្ដម្ភ ឬសភាពជាមនុស្សដ៏ស្ដុកស្ដម្ភ ។
លុះព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់សម្ដែងនូវព្រះសូត្រនេះចប់ហើយ ភិក្ខុទាំងនោះ ក៏មានសេចក្ដីត្រេកអររីករាយ ចំពោះភាសិតរបស់ព្រះដ៏មានព្រះភាគ ។
ដកស្រង់ពីសៀវភៅ សិក្សាព្រះសូត្រ ភាគទី១៣
ដោយ៥០០០ឆ្នាំ
images/articles/2770/sdfverscfrcdcgrse.jpg
មហាបុណ្ណមសូត្រ
ផ្សាយ : ០៤ មេសា ឆ្នាំ២០២២
សម័យមួយ ព្រះដ៏មានព្រះភាគ ទ្រង់គង់ប្រថាប់នៅនាមិគារមាតុប្រាសាទ ក្នុងបុព្វារាម ជិតក្រុងសាវត្ថី ។ ក្នុងអដ្ឋកថាឧដ្ឋានសូត្រ សុត្តនិបាត ប្រាប់ថា ព្រះពុទ្ធអង្គទ្រង់គង់ប្រថាប់នៅព្រះជេតពនមហាវិហារ ក្នុងវេលារាត្រី លុះដល់ពេលថ្ងៃព្រះអង្គទ្រង់គង់ប្រថាប់នៅវត្តបុព្វារាម ក្នុងប្រាសាទរបស់មិគារមាតា បើវេលាយប់ ស្ដេចគង់ប្រថាប់នៅបុព្វារាម ពេលថ្ងៃទ្រង់ស្ដេចយាងមកគង់ប្រថាប់នៅព្រះជេតពនមហាវិហារវិញ នេះគឺព្រះដ៏មានព្រះភាគទ្រង់បដិបត្តិមកជាប្រចាំ ព្រោះហេតុអ្វី?
ម្យ៉ាង ដើម្បីអនុគ្រោះដល់ត្រកូលទាំង ២ ម្យ៉ាងទៀត ដើម្បីជាប្រយោជន៍ដល់ការប្រកាសគុណនៃមហាបរិច្ចាគរបស់ត្រកូលទាំង ២ នោះឯង ។
នៅក្នុងមហាបុណ្ណមសូត្រនេះ ផ្ដើមដោយព្រះសង្ឃត្ថេរមួយព្រះអង្គជាមហាខីណាស្រព បាននាំភិក្ខុ ៦០ ព្រះអង្គចូលគាល់ព្រះដ៏មានព្រះភាគក្នុងពេលព្រលប់ នៅទីវាលស្រឡះ ចំថ្ងៃពេញបូណ៌មី ១៥ កើត ព្រះចន្ទចាប់ផ្ដើមរះនៅទិសបូព៌ ព្រះអាទិត្យក៏អស្ដង្គត ភិក្ខុបរិស័ទគង់ស្ថិតក្នុងឆព្វណ្ណរង្សីនៃព្រះបរមសាស្ដា នាវត្តបុព្វារាមនោះឯង ។
ភិក្ខុ ៦០ ព្រះអង្គ សុទ្ធតែបានកំណត់ដឹងនូវនាមរូប ប៉ុន្តែមិនទាន់សម្រេចមគ្គផល ទើបព្រះសង្ឃត្ថេរជាព្រះអាចារ្យ ជាមហាខីណាស្រព ក្រោកអំពីអាសនៈ ធ្វើចីវរឆៀងស្មាម្ខាង ប្រណម្យអញ្ជលី ឆ្ពោះទៅរកព្រះដ៏មានព្រះភាគហើយ ក៏ក្រាបបង្គំទូលសួរព្រះដ៏មានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចម្រើន បើព្រះដ៏មានព្រះភាគ ធ្វើឱកាសដើម្បីដោះស្រាយប្រស្នារបស់ខ្ញុំព្រះអង្គ ខ្ញុំព្រះអង្គនឹងសួរនូវហេតុបន្តិចបន្តួចចំពោះព្រះដ៏មានព្រះភាគ ។
ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ថា ម្នាលភិក្ខុ បើដូច្នោះ អ្នកចង់សួរប្រស្នាណា ចូរអង្គុយលើអាសនៈរបស់ខ្លួន សួរប្រស្នានោះចុះ ។
លំដាប់នោះ ព្រះសង្ឃត្ថេរ បានគង់អង្គុយលើអាសនៈរបស់លោកហើយ ក៏បានក្រាបបង្គំទូលសួរជាបឋមអំពីឧបាទានក្ខន្ធ ៥ ។ តាមពិត ព្រះសង្ឃត្ថេរ ជ្រាបហើយ ប៉ុន្តែការក្រាបបង្គំទូលសួរព្រះដ៏មានព្រះភាគនេះ ដើម្បីជាការអនុគ្រោះដល់សិស្សទាំង ៦០ ព្រះអង្គនោះឯង ។
-សួរអំពីមូលហេតុនៃឧបាទានក្ខន្ធ ៥ ។
-សួរអំពីឧបាទាន ។
-សួរអំពីឆន្ទរាគៈផ្សេងគ្នា ។
-សួរអំពីខន្ធ ១១ កង ។
-សួរអំពីហេតុ អំពីបច្ច័យនាំឱ្យបញ្ញត្តខន្ធ ៥ ។
-សួរអំពីសក្កាយទិដ្ឋិកើតមាន ។
-សួរអំពីសក្កាយទិដ្ឋិមិនកើតមាន ។
-សួរអំពីអស្សាទ អាទីនវៈ និងនិស្សរណៈក្នុងខន្ធ ៥ ។
-សួរអំពីកាលបុគ្គលដឹងដូចម្ដេច ឃើញដូចម្ដេច ទើបអហង្ការ មមង្ការ និងមានានុស័យ ក្នុងកាយដែលប្រកបដោយវិញ្ញាណនេះផង ក្នុងនិមិត្តទាំងពួងជាខាងក្រៅផង មិនមាន ។
ជាចុងក្រោយនៃព្រះធម្មទេសនា ព្រះភិក្ខុទាំង ៦០ ព្រះអង្គនោះឯង គង់នៅមួយកន្លែងនៅឡើយ បានរួចផុតចាកអាសវៈទាំងឡាយ ក្នុងគ្រានោះហោង ។
ដកស្រង់ពីសៀវភៅ សិក្សាព្រះសូត្រ ភាគទី១៣
ដោយ៥០០០ឆ្នាំ
images/articles/2769/32wwtpic.jpg
កិន្នរាទេវិវត្ថុ
ផ្សាយ : ០៤ មេសា ឆ្នាំ២០២២
កាលពីព្រេងនាយ មានព្រះរាជាមួយព្រះអង្គព្រះនាម កណ្ឌរី១ សោយរាជសម្បត្តិក្នុងនគរពារាណសី ទ្រង់មានព្រះរូបឆោមលោមពណ៌ល្អឆើតឆាយ ។ ពួកអាមាត្យទាំងឡាយតែងនាំយកគ្រឿងក្រអូបមកថ្វាយដល់ព្រះរាជានោះរាល់ៗថ្ងៃ ។ កាលប្រោះព្រំគ្រឿងក្រអូបក្នុងព្រះរាជនិវេសន៍សព្វគ្រប់ហើយ ក៏ពុះឈើក្រអូប ចម្អិននូវព្រះក្រយាដើម្បី (ថ្វាយ) ព្រះរាជានោះ ។
សូម្បីព្រះអគ្គមហេសីរបស់ព្រះបាទកណ្ឌរីនោះ ក៏ជាអ្នកមានរូបល្អស្អាតក្រៃលែង ព្រះនាងមានព្រះនាម កិន្នរា២ ។ សូម្បីបុរោហិតរបស់ព្រះចៅកណ្ឌរីនោះ ក៏ជាអ្នកដល់ព្រមដោយបញ្ញាហើយមានវ័យស្មើនឹងព្រះរាជាដែរ លោកមានឈ្មោះថា បញ្ចាលចណ្ឌៈ ។
ខាងក្នុងស្ថានទី ដែលអាស្រ័យនឹងប្រាសាទរបស់ព្រះរាជានោះ មានដើមព្រីងមួយដើមដុះនៅខាងក្នុងកំពែងវាំង ហើយមានមែកសាខាឱនសំយុងចុះទៅលើកំពែងវាំងនោះ ។ មានបុរសខ្វិនមួយមានរូបរាងអាក្រក់គួរខ្ពើមអាស្រ័យនៅនឹងម្លប់ព្រីងនោះ ។
ក្នុងថ្ងៃមួយព្រះនាងកិន្នរាទេវី កាលព្រះនាងសម្លឹងមើលតាមវាតបាន (សីហបញ្ជរ) ឆៀងព្រះនេត្រទតឃើញបុរសនោះ ក៏ជាប់ព្រះទ័យប្រតិព័ទ្ធស្នេហាឥតរសាយ លុះវេលាដែលញ៉ាំងព្រះរាជាឲ្យទ្រង់ រីករាយឆ្អែតស្កប់ស្កល់ដោយកិលេស និងឲ្យទ្រង់ផ្ទំលក់ហើយ ព្រះនាងទើបក្រោកឡើង វេចខ្ចប់អាហារដែលប្រណីតៗមានរសឆ្ងាញ់ដាក់ក្នុងផ្តិលមាស ធ្វើឲ្យជាប់នឹងចង្កេះ ហើយឆ្លងតាមវាតបានដោយខ្សែធ្វើអំពីសំពត់ ឡើងទៅកាន់ដើមព្រីង ហើយចុះទៅតាមមែក ញ៉ាំងបុរសខ្វិននោះឲ្យបរិភោគរួចហើយ ទើបធ្វើនូវអំពើអាក្រក់(ប្រព្រឹត្តអំពើក្បត់) ជាមួយនឹងបុរសនោះ រួចរាល់ហើយ ទើបព្រះនាងឡើងមកប្រាសាទដោយផ្លូវដែលខ្លួនមកនោះឯង ជម្រះនូវសរីរកាយដោយគ្រឿងក្រអូបហើយ ទើបចូលទៅផ្ទំជាមួយនឹងព្រះរាជាវិញ ។
ព្រះនាងកិន្នរានោះតែងប្រព្រឹត្តអំពើបាបជាមួយនឹងបុរសខ្វិននោះជាប់ជានិច្ចដោយឧបាយនេះឯង ។ ចំណែកឯព្រះរាជាទ្រង់មិនបានដឹងឡើយ ។ ថ្ងៃមួយ ព្រះរាជាទ្រង់ប្រទក្សិណព្រះនគររួចហើយ កាលនឹងចូលកាន់ព្រះរាជនិវេសន៍ ទ្រង់ទតឃើញបុរសខ្វិន ដែលមានអាការៈគួរអាណិតក្រៃលែង ដែលនៅអាស្រ័យនឹងម្លប់ដើមព្រីងនោះ ទើបទ្រង់ត្រាស់សួរបុរោហិតថា ឃើញមនុស្សប្រេតនោះដែរឬទេ ?
បុរោហិតទូលថា ព្រះករុណាព្រះអង្គ ខ្ញុំឃើញ ។
ព្រះចៅកណ្ឌរីក៏សួរទៀតថា ម្នាលសម្លាញ់ ចុះបុរសដែលមានរូបរាងអាក្រក់គួរខ្ពើមយ៉ាងនេះ នឹងមានស្ត្រីណាមកស្រឡាញ់ដោយឆន្ទរាគៈដែរនោះ ? បុរសខ្វិនបានស្ដាប់ព្រះរាជតម្រាស់នោះហើយ ក៏កើតមានះហើយគិតថា ព្រះរាជានេះនិយាយស្អី មិនដឹងថាមហេសីរបស់ខ្លួនមកកាន់សម្នាក់យើង ហើយលើកដៃសំពះដើមព្រីងពោលវាចាថា ឱ ទេព្តាដែលនៅនឹងដើមព្រីងនេះអើយ វៀរលែងតែអ្នកចេញហើយ មនុស្សដទៃមិនដឹងនូវហេតុការណ៍នោះឡើយ ។
បុរោហិតឃើញកិរិយារបស់បុរសខ្វិននោះ ហើយគិតថា ព្រះអគ្គមហេសីរបស់ព្រះរាជាប្រាកដជាមកតាមដើមព្រីងនេះ ហើយធ្វើកម្មលាមកជាមួយនឹងបុរសនេះ ។ បុរោហិតទើបទូលសួរព្រះរាជាថា បពិត្រមហារាជ ក្នុងវេលារាត្រី សម្ផស្សសរីរៈនៃព្រះទេវីនោះ មានសភាពដូចម្ដេចដែរ ព្រះអង្គ ?ព្រះបាទកណ្ឌរីត្រាស់ថា ម្នាលសម្លាញ់ យើងមិនឃើញអ្វីដទៃឡើយ តែក្នុងមជ្ឈិមយាម សរីរៈព្រះទេវីមានសភាពត្រជាក់ប្លែក ។
បុរោហិតទើបទូលថា បពិត្រទេវៈ បើសិនយ៉ាងនោះ ស្ត្រីទាំងឡាយដទៃចូរលើកទុកសិនចុះ ព្រះនាងកិន្នរាទេវីអគ្គមហេសីរបស់ព្រះអង្គ បានធ្វើកម្មលាមកជាមួយនឹងបុរសខ្វិននេះហើយ ។ ព្រះរាជាត្រាស់ថា ម្នាលសម្លាញ់ អ្នកនិយាយអ្វី ព្រះនាងកិន្នរាទេវីដែលជាអ្នកដល់ព្រមដោយរូបឆោម លោមពណ៌ ស្រស់ឆើតឆាយយ៉ាងនេះ នឹងមកអភិរម្យជាមួយនឹងបុរសដែលមានរូបអាក្រក់គួរខ្ពើមយ៉ាងនេះដូចម្ដេចកើត ។ បុរោហិតត្រាស់ថា បពិត្រទេវៈ សូមទ្រង់ចាំចាប់ចុះ ។
ព្រះចៅកណ្ឌរីនោះទទួលថា ល្អហើយចឹង គ្រាសោយព្រះក្រយាហើយក៏ចូលផ្ទំជាមួយនឹងព្រះនាងកិន្នរាដោយតាំងព្រះទ័យថា យើងនឹងចាប់ព្រះនាង ។ វេលាដល់ពេលដែលទ្រង់ធ្លាប់ផ្ទំតាមប្រក្រតីក៏ទ្រង់ធ្វើជាផ្ទំលក់ធម្មតា ។ សូម្បីព្រះនាងកិន្នរានោះក៏បានក្រោកឡើងហើយធ្វើតាមដែលបានធ្វើហើយយ៉ាងនោះ ។ ព្រះរាជាទ្រង់ទៅតាមខាងក្រោយព្រះនាង ហើយបានឈរនៅក្រោមម្លប់ដើមព្រីង ។
ថ្ងៃនោះ បុរសខ្វិនខឹងព្រះទេវី បាននិយាយគំហកថា ថ្ងៃនេះហេតុអ្វីទើបនាងយូរមកម្លេះ ហើយលើកដៃទះនូវថ្ពាល់ព្រះនាងមួយដៃ ។ ព្រះនាងនិយាយថា បពិត្រអ្នកជាម្ចាស់ បងកុំខឹងអី អូននៅចាំមើលឲ្យព្រះរាជាផ្ទំលក់សិន ដូច្នេះហើយព្រះនាងក៏ប្រព្រឹត្តហាក់បីដូចជាភរិយាក្នុងផ្ទះរបស់បុរសនោះ ។ ព្រោះការទះនោះ សីហមុខកុណ្ឌល (ទុំហូមានមុខរាជសីហ៍) ក៏របូតចាកត្រចៀកខ្ទាតធ្លាក់ទៅក្បែរជើងរបស់ព្រះរាជា ។ ព្រះរាជាកាន់យកទុំហូនោះដោយគិតថា នឹងជាភ័ស្តុតាង ហើយទ្រង់ក៏ចេញទៅ ។
ចំណែកព្រះនាងកិន្នរាបានប្រព្រឹត្តអនាចារជាមួយនឹងបុរសខ្វិននោះហើយ ក៏ត្រឡប់ទៅដោយន័យមុននោះឯង ហើយក៏ប្រារព្ធនឹងផ្ទំជាមួយនឹងព្រះរាជា ។ ព្រះរាជាទ្រង់ហាមឃាត់ ។ ក្នុងថ្ងៃស្អែកឡើង ទ្រង់បញ្ជាឲ្យអ្នកបម្រើទៅប្រាប់ព្រះនាងថា ព្រះនាងកិន្នរាទេវីចូរតាក់តែងគ្រឿងអលង្ការទាំងពួងដែលយើងប្រទានឲ្យហើយមក ។ ព្រះនាងកិន្នរាប្រាប់ទៅវិញថា សីហមុខកុណ្ឌលនោះ យើងបានបញ្ជូនទៅឲ្យជាងមាសធ្វើហើយ ដូច្នេះហើយ យើងនឹងមិនបានទៅគាល់ព្រះអង្គទេ ព្រះរាជាត្រាស់បញ្ជាមកទៀត ព្រះនាងទើបប្រដាប់កុណ្ឌលម្ខាងចូលមកគាល់ ។ ព្រះចៅកណ្ឌរីត្រាស់សួរថា កុណ្ឌលរបស់នាងនៅឯណា ? ព្រះនាងទូលថា នៅក្នុងសម្នាក់ជាងមាស ។
ព្រះរាជាទើបបញ្ជាឲ្យហៅជាងមាសមក ហើយសួរថា ហេតុអ្វីបានជាអ្នកមិនឲ្យកុណ្ឌលដល់ព្រះនាង ? ជាងមាសទូលថា បពិត្រទេវៈ ខ្ញុំព្រះករុណាមិនបានទទួលទេ ព្រះអង្គ ។ ព្រះរាជាក្រោធនឹងព្រះនាងនោះ ហើយពោលថា នែស្រីចង្រៃ ការងារដូច្នេះនឹងគប្បីមានដោយជាងមាសនោះ ហើយក៏បោះនូវកុណ្ឌលនោះទៅខាងមុខព្រះនាង ហើយត្រាស់នឹងបុរោហិតថា ម្នាលសម្លាញ់ អ្នកនិយាយនោះពិតហើយ អ្នកចូរទៅកាត់ក្បាលរបស់នាងភ្លាម ។
បុរោហិតនោះ ឲ្យគេយកព្រះនាងទៅទុកក្នុងកន្លែងមួយខាងក្នុងព្រះរាជវាំង ហើយចូលទៅគាល់ព្រះរាជាទូលថា បពិត្រព្រះសម្មតិទេព សូមទ្រង់កុំខឹងនឹងព្រះនាងកិន្នរាទេវីឡើយ ស្ត្រីទាំងឡាយយ៉ាងនេះឯង ។ បើព្រះអង្គមិនជឿ ហើយមានសេចក្ដីប្រាថ្នាដើម្បីនឹងដឹងនូវភាពទ្រុស្តសីលរបស់ស្ត្រីទាំងឡាយ ខ្ញុំព្រះអង្គនឹងសម្ដែងប្រាប់ឲ្យទ្រង់ឃើញនូវសេចក្ដីអាក្រក់លាមក និងភាពមាយាលាក់ពុតរបស់ស្ត្រីទាំងឡាយនោះ សូមទ្រង់ចូរយាងមក ពួកយើងនឹងត្រាច់ទៅកាន់ជនបទ ដោយភេទនៃខ្លួនគឺបុគ្គលដទៃមិនស្គាល់ (ស្លៀកពាក់ស៊ីវិល)។ ព្រះរាជាទទួលថា ល្អហើយបុរោហិត ដូច្នេះហើយទ្រង់ប្រគល់រាជ្យឲ្យព្រះមាតាគ្រប់គ្រង ទ្រង់ក៏ចេញទៅកាន់ចារិកមួយអន្លើដោយបុរោហិតនោះ ។
កាលព្រះបាទកណ្ឌរីនិងបុរោហិតទៅបានប្រមាណមួយយោជន៍ ទ្រង់គង់សម្រាកនៅនឹងផ្លូវធំមួយ ។ (ក្នុងពេលនោះ) មានក្ដុម្ពីម្នាក់ធ្វើនូវមង្គលដើម្បីប្រយោជន៍ដល់កូនប្រុស បានឲ្យនាងកុមារីម្នាក់ អង្គុយលើយានដែលបិទបាំង ហើយធ្វើដំណើរទៅដោយបរិវារដ៏ច្រើន ។ បុរោហិតបានឃើញហើយទូលថា បពិត្រទេវៈ បើព្រះអង្គប្រាថ្នា ខ្ញុំអាចនឹងឲ្យនាងកុមារីនោះធ្វើអជ្ឈាចារជាមួយនឹងព្រះអង្គបាន ។ ព្រះបាទកណ្ឌរីត្រាស់ថា នែសម្លាញ់ អ្នកនិយាយអ្វី នាងមកជាមួយនឹងបរិវារដ៏ច្រើន មិនអាចនឹងធ្វើយ៉ាងនេះឡើយ ។
បុរោហិតទូលថា បើយ៉ាងនោះ សូមព្រះអង្គចូរចាំមើលចុះ ហើយប្រញាប់ត្រាច់ស្កាត់ទៅខាងមុខ បិទបាំងវាំងននក្នុងទីមិនឆ្ងាយអំពីផ្លូវ ធ្វើព្រះរាជាឲ្យនៅខាងក្នុងវាំងនននោះ ហើយខ្លួនឯងទៅអង្គុយយំនៅចំណែកមួយនៃផ្លូវ ។ លំដាប់នោះ ក្ដុម្ពីនោះបានឃើញបុរោហិតហើយសួរថា នែលោក ព្រោះហេតុអ្វី បានជាអ្នកអង្គុយយំ ។ បុរោហិតប្រាប់ថា ភរិយារបស់ខ្ញុំជាអ្នកមានភារៈធ្ងន់ (មានគភ៌ចាស់) ខ្ញុំនាំនាងទៅកាន់ត្រកូលរបស់នាង ពេលដល់ពាក់កណ្ដាលផ្លូវ នាងក៏ឈឺពោះរកកល់នឹងប្រសូតបុត្រ នាងកំពុងលំបាកនៅក្នុងវាំងនននោះឯង ឥឡូវនេះមិនមានស្ត្រីឯណានីមួយក្នុងសម្នាក់របស់នាងឡើយ សូម្បីខ្ញុំក៏មិនអាចដើម្បីនឹងទៅក្នុងទីនោះ ខ្ញុំមិនដឹងថា នាងនឹងទៅជាយ៉ាងណាឡើយ នាងគួរដើម្បីបានស្ត្រីម្នាក់ ។
ក្ដុម្ពីនោះទើបតបថា បើយ៉ាងនោះលោកកុំយំឡើយ ពួកស្ត្រីរបស់យើងមកជាមួយច្រើនដែរ ល្មមនឹងទៅជួយបានម្នាក់ ។ បុរោហិតពោលថា បើយ៉ាងនោះ សូមឲ្យនាងកុមារីនេះទៅចុះ នឹងបានជាសិរីសួស្ដីដល់នាងផង ។ ក្ដុម្ពីនោះគិតថា បុរសនេះនិយាយត្រូវ មង្គលនឹងកើតមានដល់កូនប្រសារបស់យើង និងដោយនិមិត្តនេះ នាងនឹងចម្រើនទៅដោយបុត្រធីតាទាំងឡាយ គិតដូច្នេះហើយទើបបញ្ជូននាងកុមារីនោះទៅ ។
នាងកុមារីនោះចូលទៅហើយ បានឃើញព្រះរាជា មានចិត្តប្រតិព័ទ្ធស្នេហាហើយក៏បានធ្វើអជ្ឈាការនោះទៅ ។ ចំណែកព្រះរាជា (ទ្រង់ដោះ) ព្រះទម្រង់ប្រទានដល់នាង ។ គ្រានោះ នាងកុមារីបានសម្រេចកិច្ចហើយ ក៏ចេញមកក្រៅ ជនទាំងឡាយសួរថា នាងនោះប្រសូតបានកូនប្រុស ឬស្រី ? នាងកុមារីឆ្លើយថា ជាកូនប្រុស ស្អាតដូចមាសចឹង ។ ក្ដុម្ពីក៏នាំកុមារីនោះទៅ ។ ចំណែកបុរោហិតត្រឡប់ចូលមកគាល់ព្រះរាជាហើយទូលថា បពិត្រទេវៈ ព្រះអង្គឃើញហើយមែនទេ សូម្បីនាងកុមារីនេះ គង់ប្រព្រឹត្តធ្វើអំពើយ៉ាងនេះ នឹងនិយាយអ្វីដល់ស្ត្រីដទៃនោះ ហើយព្រះអង្គបានប្រទានអ្វីដល់នាងអត់ ?
ព្រះចៅកណ្ឌរីត្រាស់ថា យើងឲ្យចិញ្ចៀនដែលជាប់នឹងដៃដល់នាង ។ បុរោហិតទូលថា ព្រះអង្គប្រទានចិញ្ចៀនឲ្យនាងធ្វើអ្វី ថាហើយក៏រត់យ៉ាងលឿនទៅបញ្ឈប់យាន មនុស្សទាំងឡាយសួរថា មានរឿងអ្វីលោក ? បុរោហិតពោលថា នាងកុមារីនេះកាន់យកចិញ្ចៀនដែលទុកនៅលើក្បាលនាងព្រាហ្មណីភរិយារបស់ខ្ញុំហើយមក នែនាង ចូរឲ្យចិញ្ចៀននោះមកវិញ ។ នាងកុមារីនោះ កាលឲ្យនូវចិញ្ចៀននោះ ក៏បានចាក់នូវដៃព្រាហ្មណ៍ដោយក្រចក ហើយឲ្យដោយកំហកថា អាចោរយកចុះ ។
ព្រាហ្មណ៍បុរោហិតបានសម្ដែងស្ត្រីទាំងឡាយជាច្រើន ដែលប្រព្រឹត្តក្រៅចិត្តដទៃ ដោយឧបាយវិធីផ្សេងៗ យ៉ាងនេះហើយ ទើបទូលព្រះរាជាថា បពិត្រព្រះសម្មតិទេព ប៉ុណ្ណេះក៏ល្មមហើយ សូមស្ដេចយាងទៅកាន់ទីដទៃចុះ ។ ព្រះបាទកណ្ឌរីត្រាស់ថា សូម្បីនឹងត្រាច់ទៅអស់ទូទាំងជម្ពូទ្វីប ស្ត្រីទាំងពួងនឹងជាយ៉ាងនេះដូចគ្នា ។ យើងនឹងត្រូវទៅធ្វើអ្វី ពួកយើងនឹងត្រឡប់ទៅវិញ ហើយស្ដេចក៏ត្រឡប់ចូលកាន់ក្រុងពារាណាសី ។
បុរោហិតទូលសូមប្រទានទោសដល់ព្រះនាងកិន្នរាថា បពិត្រមហារាជ ឈ្មោះថា ស្ត្រីទាំងឡាយជាអ្នកមានបាបធម៌យ៉ាងនេះ នោះជាប្រក្រតីរបស់ស្ត្រីទាំងនោះឯង សូមព្រះអង្គអត់ទោសឲ្យព្រះនាងកិន្នរាចុះ ព្រះរាជាទ្រង់ក៏លើកលែងទោសឲ្យព្រះនាង ហើយត្រាស់បញ្ជាឲ្យនិរទេសចេញចាកព្រះរាជនិវេសន៍ កាលទ្រង់ដកនូវព្រះនាងកិន្នរានោះចេញចាកតំណែង បានតែងតាំងស្ត្រីដទៃក្នុងតំណែងអគ្គមហេសី ។ ព្រះបាទកណ្ឌរីបញ្ជាឲ្យបណ្ដេញបុរសខ្វិននោះឲ្យចេញ ហើយឲ្យគេកាត់នូវមែកព្រីងនោះចេញ ។
តទា កុណាលោ បញ្ចាលចណ្ឌោ អហោសិ ក្នុងពេលនោះ ស្ដេចបក្សី កុណាល គឺជាបុរោហិតបញ្ចាលចណ្ឌៈ ។
(កុណាលោហំ តទា អាសិំ បក្សីកុណាលក្នុងកាលនោះមកជាតថាគត ) កាលនាំរឿងដែលខ្លួនបានឃើញហើយមកសម្ដែងទើបពោលគាថាថា យំ វេ ទិស្វា កណ្ឌរីកិន្នរានំ សព្វិត្ថិយោ ន រមន្តិ អគារេ
តំ តាទិសំ មច្ចំ ចជិត្វា ភរិយា អញ្ញំ ទិស្វា បុរិសំ បីឋសប្បិំ។បុគ្គលឃើញ (នូវហេតុនៃសេចក្តីនឿយណាយ) របស់ព្រះរាជាព្រះនាមកណ្ឌរី និងព្រះនាងកិន្នរា (គប្បីដឹងចុះ) ពួកស្រីទាំងអស់ រមែងមិនត្រេកអរក្នុងផ្ទះ (របស់ស្វាមីទេ) ដូចជាភរិយា (របស់ព្រះរាជាកណ្ឌរី) លះបង់នូវសត្វគឺ (ស្វាមី) បែបនោះ ព្រោះឃើញនូវបុរសផ្តេសផ្តាសដទៃជាបុរសខ្វិន ។
អធិប្បាយសេចក្ដីនៃគាថានោះថា បណ្ឌិតឃើញហេតុនៃសេចក្ដីនឿយណាយរបស់ព្រះបាទកណ្ឌរីនឹងព្រះនាងកិន្នរានេះ ។ ស្ត្រីទាំងពួងរមែងមិនត្រេកអរក្នុងផ្ទះនៃស្វាមីរបស់ខ្លួន ។ ពិតមែនហើយ ព្រះនាងកិន្នរាទេវីដែលជាអគ្គមហេសីរបស់ព្រះបាទកណ្ឌរីឃើញបុរសខ្វិនដទៃ សុខចិត្តលះបង់ព្រះរាជាអង្គនោះដែលបុរសឈ្លាសក្នុងការអភិរម្យយ៉ាងនេះ ហើយមកធ្វើកម្មលាមកនឹងមនុស្សប្រេតនោះ ។
(កិន្នរាទេវីវត្ថុ និដ្ឋិតា ) (រឿងព្រះនាងកិន្នរាទេវី ចប់ )
(ជាតកដ្ឋកថា សុត្តន្តបិដក ខុទ្ទកនិកាយ ជាតក អសីតិនិបាត កុណាលជាតក បិដកលេខ ៦១ ទំព័រ ១៧២) ដោយខេមរ អភិធម្មាវតារ
ដោយ៥០០០ឆ្នាំ
images/articles/2843/232wewe.jpg
អ្វី ៗ ជារបស់ក្នុងលោកនេះ
ផ្សាយ : ០៤ មេសា ឆ្នាំ២០២២
យើងកើតមក មិនបានយកអ្វី ៗ មកទេ ក្រៅពីការសន្សំសន្ដាន ដល់ពេលចាកលោកនេះទៅទៀត ក៏អត់យកអ្វី ៗ អំពីលោកនេះទៅដែរ ក្រៅអំពីការសន្សំកម្ម ប៉ុន្តែមនុស្សយើងហួងហែងអ្វី ៗ ក្នុងលោកនេះ ថាជារបស់ខ្លួនឯង ដែលនាំឲ្យមានសេចក្ដីទុកសោកកើតឡើង ទាំងដែលមិនបានដឹងថា អ្វី ៗ ទាំងអស់ ជារបស់ក្នុងលោកនេះ មិនមានអ្នកណាឲ្យយើងដោយបរមត្ថឡើយ ម្ល៉ោះហើយមនុស្សយើង ព្រោះហេតុតែការមិនដឹង ទើបបានជាវង្វេង ក្នុងរបស់ដែលឲ្យគ្នាដោយសន្មតិ ប្រាកដថា អញ និងថាជារបស់អញ ។ ចំណុចនេះហើយ ដែលធ្វើឲ្យមនុស្សយើង មានការខកចិត្ត និងទុក្ខសោកកន្ទក់កន្ទេញ ។
ដកស្រង់ពីសៀវភៅ ជំនួយសតិភាគទី២២
ដោយ៥០០០ឆ្នាំ
images/articles/2844/3dddd44.jpg
ធនញ្ជានិសូត្រ
ផ្សាយ : ០៤ មេសា ឆ្នាំ២០២២
សម័យមួយ ព្រះដ៏មានព្រះភាគ ទ្រង់គង់ប្រថាប់នៅនាព្រះមហាវិហារវេឡុវ័ន ជិតក្រុងរាជគ្រឹះ ។ សម័យនោះ ព្រះសារីបុត្ត មួយអន្លើដោយភិក្ខុសង្ឃច្រើនព្រះអង្គ បាននិមន្តមកដល់ទក្ខិណាគិរិជនបទ ។ ទក្ខិណាគិរិជនបទ ឋិតនៅខាងត្បូងក្រុងរាជគ្រឹះ ជាស្រុករបស់នន្ទមាតាវេឡុកណ្ដកី ជាឧបាសិកាគម្រូល្អ ដែលព្រះពុទ្ធអង្គទ្រង់ត្រាស់សរសើរ ជាគូជាមួយនឹងឧបាសិកាខុជ្ជុត្តរា ។
នៅក្នុងព្រះសូត្រនេះ ព្រះសារីបុត្តបានទូន្មាន ណែនាំអប់រំដល់ធនញ្ជានិព្រាហ្មណ៍ ដែលមិនទាន់មានសីល ប្រកបដោយសេចក្ដីប្រមាទ បោកប្រាស់អ្នកស្រុក កុហកព្រះរាជាក្នុងក្រុងរាជគ្រឹះ ឲ្យជាព្រាហ្មណ៍មានសីល មានសេចក្ដីមិនប្រមាទ ចម្រើនព្រហ្មវិហារធម៌ ចូលទៅកាន់ព្រហ្មលោកដោយបដិសន្ធិ ។
ធនញ្ជានិព្រាហ្មណ៍ គាត់អាស្រ័យនៅក្នុងក្រុងរាជគ្រឹះ ផ្នែកខាងតណ្ឌុលបាលទ្វារ ។ តណ្ឌុលបាលទ្វារនេះ គឺជាទ្វារតូចមួយក្នុងបណ្ដាទ្វារតូចចំនួន ៦៤ ទ្វារ ។ ក្នុងអដ្ឋកថាប្រាប់ថា ក្រុងរាជគ្រឹះមានទ្វារធំ ៣២ ទ្វារ និងទ្វារតូច ៗ ចំនួន ៦៤ ទ្វារទៀត ។
កាលដែលព្រះសារីបុត្ត គង់នៅទក្ខិណាគិរិជនបទ បានជ្រាបដំណឹងថា ធនញ្ជានិព្រាហ្មណ៍មានសេចក្ដីប្រមាទហើយ ក៏បាននិមន្តមកវត្តវេឡុវ័ន បិណ្ឌបាតក្នុងក្រុងរាជគ្រឹះ ឆាន់រួចហើយក៏បាននិមន្តចូលទៅរកធនញ្ជានិព្រាហ្មណ៍ ដើម្បីប្រទានឱវាទហ្នឹងឯង ។
ព្រះសារីបុត្តបានសួរព្រាហ្មណ៍ថា ម្នាលធនញ្ជានិ អ្នកជាបុគ្គលមិនប្រមាទទេឬ ? ព្រាហ្មណ៍បានឆ្លើយថា បពិត្រព្រះសារីបុត្តដ៏ចម្រើន សេចក្ដីមិនប្រមាទរបស់ខ្ញុំព្រះករុណា នឹងមានមកអំពីណា ព្រោះខ្ញុំព្រះករុណា ត្រូវចិញ្ចឹមមាតាបិតា ត្រូវចិញ្ចឹមកូនប្រពន្ធ ទាសកម្មករ ត្រូវធ្វើកិច្ចដល់មិត្តអាមាត្យ ញាតិសាលោហិត ពួកភ្ញៀវ បុព្វបេត ពួកទេវតា ទាំងដែលត្រូវធ្វើកិច្ចដល់ព្រះរាជា និងត្រូវចិញ្ចឹមរូបកាយនេះឲ្យធាត់ចម្រើនផងដែរ ។ ព្រះសារីបុត្ត បានដាស់តឿនព្រាហ្មណ៍ ឲ្យយល់អំពីការទ្រុស្តសីលរបស់ព្រាហ្មណ៍នោះ មានទោសនាំឲ្យធ្លាក់នរក ដោយមិនអាចអាងនៅលើការចិញ្ចឹមអ្នកដទៃជាដើម ឬថាអ្នកដទៃណានោះ អាចជួយការពារព្រាហ្មណ៍បានឡើយ ។
ការងារទាំងឡាយផ្សេងទៀត ត្រូវតាមធម៌ មិនទ្រុស្តសីល មិនបាច់ធ្វើនូវបាបកម្មផង អាចប្រតិបត្តិនូវបដិបទា ដែលជាហេតុឲ្យកើតបុណ្យបានផង មានដែរតើ ។ ធនញ្ជានិព្រាហ្មណ៍ បានត្រេកអរ អនុមោទនានូវភាសិតរបស់ព្រះសារីបុត្តដ៏មានអាយុ ។ ក្រោយមក ព្រាហ្មណ៍ក៏បានដល់រោគាពាធ មានជំងឺជាទម្ងន់ គាត់បានឲ្យបុរសម្នាក់ទៅនិមន្តព្រះសារីបុត្តមក ក្នុងបំណងដើម្បីបានស្ដាប់នូវឱវាទអំពីព្រះសារីបុត្តហ្នឹងឯង ។
ព្រះសារីបុត្តបានណែនាំឲ្យព្រាហ្មណ៍ដកចិត្តចេញអំពីកាមភព ដោយការសម្ដែងផ្លូវ ដើម្បីឲ្យព្រាហ្មណ៍បានកើតរួមនឹងព្រហ្មទាំងឡាយ ទើបបានប្រកាសនូវព្រហ្មវិហារធម៌ មេត្តា ករុណា មុទិតា ឧបេក្ខា ផ្សាយទៅកាន់លោកទាំងមូល ក្នុងទិសទាំងពួង មានចិត្តធំទូលាយ មិនមានពៀរ មិនមានព្យាបាទ ។ ធនញ្ជានិព្រាហ្មណ៍ បានពោលថា បពិត្រព្រះសារីបុត្តដ៏ចម្រើន បើដូច្នោះ សូមលោកម្ចាស់ក្រាបថ្វាយបង្គំព្រះបាទានៃព្រះដ៏មានបុណ្យដោយត្បូង តាមពាក្យរបស់ខ្ញុំព្រះករុណាថា បពិត្រព្រះអង្គដ៏ចម្រើន ធនញ្ជានិព្រាហ្មណ៍ មានអាពាធ ដល់នូវទុក្ខវេទនា មានជំងឺជាទម្ងន់ គាត់ក្រាបថ្វាយបង្គំព្រះបាទានៃព្រះដ៏មានព្រះភាគដោយត្បូង ។
គ្រានោះ ព្រះសារីបុត្តដ៏មានអាយុ កាលបើមានកិច្ច ដែលលោកត្រូវធ្វើតទៅទៀត ក៏ញ៉ាំងធនញ្ជានិព្រាហ្មណ៍ឲ្យតម្កល់នៅត្រឹមព្រហ្មលោកថោកទាប រួចក្រោកចាកអាសនៈហើយក៏ចេញទៅ ។ គ្រានោះឯង ធនញ្ជានិព្រាហ្មណ៍ កាលបើព្រះសារីបុត្តមានអាយុនិមន្តចេញទៅ មិនយូរប៉ុន្មាន ក៏ធ្វើមរណកាលហើយទៅកើត ឯព្រហ្មលោក ។ គ្រានោះ ព្រះមានបុណ្យ ទ្រង់ត្រាស់នឹងភិក្ខុទាំងឡាយថា ម្នាលភិក្ខុទាំងឡាយ សារីបុត្តនុ៎ះ កាលបើមានកិច្ចដែលខ្លួនត្រូវធ្វើតទៅទៀត ក៏ញ៉ាំងធនញ្ជានិព្រាហ្មណ៍ ឲ្យតម្កល់នៅត្រឹមព្រហ្មលោកថោកទាប រួចក្រោកចាកអាសនៈ ចេញមក ។
គ្រានោះ ព្រះសារីបុត្តមានអាយុ ចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ក៏ក្រាបថ្វាយបង្គំព្រះមានព្រះភាគ ហើយក៏អង្គុយ ក្នុងទីដ៏សមគួរ ។ លុះព្រះសារីបុត្តមានអាយុ អង្គុយក្នុងទីដ៏សមគួរហើយ ក៏ក្រាបទូលព្រះមានព្រះភាគយ៉ាងនេះថា បពិត្រព្រះអង្គដ៏ចម្រើន ធនញ្ជានិព្រាហ្មណ៍ មានអាពាធដល់នូវទុក្ខវេទនា មានជំងឺជាទម្ងន់ គាត់ក្រាបថ្វាយបង្គំព្រះបាទានៃព្រះមានព្រះភាគដោយត្បូង ។
ព្រះមានព្រះភាគត្រាស់សួរថា ហៃសារីបុត្ត កាលបើកិច្ចដែលអ្នកត្រូវធ្វើតទៅទៀតនៅមាន ហេតុម្ដេចក៏អ្នកញ៉ាំងធនញ្ជានិព្រាហ្មណ៍ ឲ្យតម្កល់នៅត្រឹមព្រហ្មលោកថោកទាបរួចក្រោកចាកអាសនៈចេញមក ។ បពិត្រព្រះអង្គដ៏ចម្រើន ខ្ញុំព្រះអង្គមានសេចក្ដីត្រិះរិះយ៉ាងនេះថា ពួកព្រាហ្មណ៍ទាំងនេះ មានចិត្តជឿស៊ប់នឹងព្រហ្មលោក បើដូច្នោះ គួរតែខ្ញុំព្រះអង្គសម្ដែងផ្លូវប្រព្រឹត្តទៅដើម្បីកើតរួមនឹងពួកព្រហ្ម ដល់ធនញ្ជានិព្រាហ្មណ៍ចុះ ។ ហៃសារីបុត្ត ធនញ្ជានិព្រាហ្មណ៍ស្លាប់ហើយ ទៅកើតឯព្រហ្មលោកហើយ ។
ព្រះអដ្ឋកថាសម្ដែងប្រាប់ថា ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ចំពោះព្រះសារីបុត្តថា ធនញ្ជានិព្រាហ្មណ៍ធ្វើកាលកិរិយាហើយ ទៅកើតឯព្រហ្មលោក ដូច្នេះដោយព្រះពុទ្ធបំណងឲ្យព្រះសារីបុត្តនិមន្តទៅកាន់ព្រហ្មលោក ហើយសម្ដែងធម៌ដល់ព្រាហ្មណ៍ដែលបានកើតជាព្រហ្មនោះឯង ។ ព្រះសារីបុត្តក៏បាននិមន្តទៅកាន់ព្រហ្មលោកក្នុងខណៈនោះភ្លាមដែរ ហើយបានសម្ដែងធម៌ដល់មហាព្រាហ្មណ៍ជាព្រះព្រហ្ម ។ ចាប់តាំងអំពីពេលនោះមក ព្រះសារីបុត្តសូម្បីសម្ដែងគាថា ៤ បាទ ក៏មិនសម្ដែងឲ្យផុតអំពីសច្ចៈ ៤ ឡើយ ។
ដកស្រង់ពីសៀវភៅ ជំនួយសតិភាគទី២២
ដោយ៥០០០ឆ្នាំ
images/articles/2842/232323rwer.jpg
ឯសុការីសូត្រ
ផ្សាយ : ០៤ មេសា ឆ្នាំ២០២២
សម័យមួយ ព្រះដ៏មានព្រះភាគ ទ្រង់គង់ប្រថាប់នៅនាព្រះជេតវនារាម របស់លោកអនាថបណ្ឌិកសេដ្ឋី ជិតក្រុងសាវត្ថី ។ សម័យនោះ ព្រាហ្មណ៍ឈ្មោះឯសុការី បានចូលគាល់ព្រះដ៏មានព្រះភាគ បានក្រាបទូលព្រះដ៏មានព្រះភាគនូវការបញ្ញត្តរបស់ពួកព្រាហ្មណ៍ ដែលព្រាហ្មណ៍បានបញ្ញត្តនូវការបម្រើ ៤ យ៉ាង ទៅតាមវណ្ណៈទាំង ៤ គឺវណ្ណៈព្រាហ្មណ៍ វណ្ណៈក្សត្រិយ៍ វណ្ណៈវេស្សៈ និងវណ្ណៈសុទ្ទៈ ។ ពួកព្រាហ្មណ៍បានបញ្ញត្តថាៈ
-ព្រាហ្មណ៍ត្រូវបម្រើព្រាហ្មណ៍ ក្សត្រិយ៍ក៏ត្រូវបម្រើព្រាហ្មណ៍ដែរ វេស្សៈ សុទ្ទៈ ត្រូវបម្រើព្រាហ្មណ៍ទាំងអស់ ។
-ក្សត្រិយ៍ ត្រូវបម្រើក្សត្រិយ៍ វេស្សៈ និងសុទ្ទៈ ត្រូវបម្រើក្សត្រិយ៍ ។
-វេស្សៈត្រូវបម្រើវេស្សៈ សុទ្ទៈត្រូវបម្រើវេស្សៈ ។
-សុទ្ទៈត្រូវបម្រើសុទ្ទៈ ។
ឯសុការីព្រាហ្មណ៍ បានក្រាបទូលសួរព្រះដ៏មានព្រះភាគថា បពិត្រព្រះគោតមដ៏ចម្រើន ទ្រង់ត្រាស់សម្ដែងនូវដំណើរនោះ ថាដូចម្ដេច ? ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់សួរថា ម្នាលព្រាហ្មណ៍ចុះលោកទាំងមូលយល់ព្រមដាច់ស្រេច នូវការបញ្ញត្ត របស់ពួកព្រាហ្មណ៍នុ៎ះថា ចូរពួកព្រាហ្មណ៍បញ្ញត្តនូវការបម្រើទាំង ៤ យ៉ាងនេះចុះ ដូច្នេះដែរឬ ។ បពិត្រព្រះគោតមដ៏ចម្រើន លោកទាំងមូលមិនយល់ព្រម នូវការបញ្ញត្តនេះទេ ។ ម្នាលព្រាហ្មណ៍ បុរសកំសត់ ឥតយស មិនស្ដុកស្ដម្ភ ពួកឈ្មួញរទេះ យកចំណែកសាច់ ( គោរបស់ខ្លួនដែលស្លាប់តាមផ្លូវ ) ផ្ដែកវេរឲ្យដល់បុរសកំសត់នោះ ដែលមិនចង់បានដោយបង្ខំថា នែវ៉ឺយបុរស ឯងត្រូវតែស៊ីសាច់នេះ ទាំងត្រូវសងថ្លៃផង សេចក្តីនេះមានឧបមាយ៉ាងណា ម្នាលព្រាហ្មណ៍ ដោយការដែលពួកសមណព្រាហ្មណ៍នោះ មិនបានយល់ព្រមសោះ ស្រាប់តែពួកព្រាហ្មណ៍ មកបញ្ញត្តការបម្រើទាំង ៤ យ៉ាងនេះ ក៏មាន ឧបមេយ្យយ៉ាងនោះដែរ ។
ម្នាលព្រាហ្មណ៍ តថាគតមិនពោលថាត្រូវតែបម្រើអ្នកទាំងអស់ ( នោះ ) ទេ ម្នាលព្រហ្មណ៍ តែតថាគតនឹងបានពោលថាមិនត្រូវបម្រើទាំងអស់ក៏ទេដែរ ។ ម្នាលព្រាហ្មណ៍ ព្រោះថាកាលបើគេបម្រើបុគ្គលណា ត្រឡប់ជាបានបាបក្រៃពេក មិនបានប្រយោជន៍ ព្រោះហេតុការបម្រើ តថាគតមិនពោលថាត្រូវបម្រើបុគ្គលនោះទេ ម្នាលព្រាហ្មណ៍ តែថាកាលគេបម្រើបុគ្គលណា បានប្រយោជន៍មិនបានបាប ព្រោះហេតុតែការបម្រើទេ តថាគតពោលថាត្រូវបម្រើបុគ្គលនោះចុះ ។ ម្នាលព្រាហ្មណ៍ ប្រសិនបើគេសួរ ក្សត្រិយ៍យ៉ាងនេះថា កាលបើព្រះអង្គបម្រើបុគ្គលណា ទ្រង់ក្លាយទៅជាមនុស្សលាមកក្រៃពេក មិនបានជាមនុស្សប្រសើរវិសេស ព្រោះហេតុតែការបម្រើ មួយទៀត កាលបើព្រះអង្គបម្រើបុគ្គលណា បានជាបុគ្គលគាប់ប្រសើរ មិនក្លាយជាបុគ្គលថោកថយ ព្រោះហេតុតែការបម្រើទេ បណ្ដាបុគ្គលទាំង ២ នុ៎ះ តើព្រះអង្គត្រូវបម្រើបុគ្គលណា ។
ម្នាលព្រាហ្មណ៍ កាលបើក្សត្រិយ៍ឆ្លើយតបដោយត្រឹមត្រូវ គួរឆ្លើយតបយ៉ាងនេះថា កាលខ្ញុំបម្រើបុគ្គលណា ក្លាយខ្លួនទៅជាមនុស្សលាមកក្រៃពេក មិនបានជាមនុស្សប្រសើរវិសេស ព្រោះហេតុតែការបម្រើទេ ខ្ញុំមិនត្រូវបម្រើបុគ្គលនោះឡើយ លុះតែខ្ញុំបម្រើបុគ្គលណា បានការគាប់ប្រសើរ មិនបានការអាក្រក់ ព្រោះហេតុតែការបម្រើ ទើបខ្ញុំត្រូវបម្រើបុគ្គលនោះ ។
ម្នាលព្រាហ្មណ៍ បើគេសួរព្រាហ្មណ៍... ម្នាលព្រាហ្មណ៍ បើគេសួរវេស្សៈ... ម្នាលព្រាហ្មណ៍ បើគេសួរសុទ្ទៈយ៉ាងនេះថា កាលបើអ្នកបម្រើបុគ្គលណា ត្រឡប់ជាបានបាប មិនបានការគាប់ប្រសើរ ព្រោះការបម្រើជាហេតុទេ មួយទៀត កាលបើអ្នក បម្រើបុគ្គលណា បានការគាប់ប្រសើរ មិនបានការអាក្រក់ ព្រោះការបម្រើជាហេតុទេ បណ្ដាបុគ្គលទាំង ២ នុ៎ះ តើអ្នកត្រូវបម្រើបុគ្គលណា ។
ម្នាលព្រាហ្មណ៍ កាលបើសុទ្ទៈឆ្លើយតបដោយត្រឹមត្រូវ គប្បីឆ្លើយតបយ៉ាងនេះថា កាលបើខ្ញុំបម្រើបុគ្គលណា បានការអាក្រក់ មិនបានការគាប់ប្រសើរ ព្រោះហេតុតែការបម្រើទេ ខ្ញុំមិនត្រូវបម្រើបុគ្គលនោះឡើយ កាលបើខ្ញុំបម្រើបុគ្គលណា បានការគាប់ប្រសើរ មិនមែនជាការអាក្រក់ ព្រោះហេតុតែការបម្រើទេ ទើបខ្ញុំត្រូវបម្រើបុគ្គលនោះ ។
ម្នាលព្រាហ្មណ៍ តថាគតមិនពោលថា បុគ្គលគាប់ប្រសើរ ព្រោះតែមានត្រកូលខ្ពស់ទេ ម្នាលព្រាហ្មណ៍ ទាំងតថាគតនឹងបានពោលថាបុគ្គលថោកថយ ព្រោះតែមានត្រកូលខ្ពស់ក៏ទេដែរ ។ ម្នាលព្រាហ្មណ៍ តថាគតមិនពោលថាបុគ្គលគាប់ប្រសើរ ព្រោះតែមានជាតិថ្លៃថ្លាទេ ម្នាលព្រាហ្មណ៍ ទាំងតថាគតនឹងបានពោលថាបុគ្គលថោកទាប ព្រោះតែមានជាតិថ្លៃថ្លាក៏ទេដែរ ។ ម្នាលព្រាហ្មណ៍ តថាគតមិនពោលថា បុគ្គលប្រសើរវិសេស ព្រោះតែមានភោគៈលើសលប់ទេ ម្នាលព្រាហ្មណ៍ ទាំងតថាគតនឹងបានពោលថាបុគ្គលថោកទាប ព្រោះតែមានភោគៈលើសលប់ក៏ទេដែរ ។
ម្នាលព្រាហ្មណ៍ ព្រោះថាបុគ្គលពួកខ្លះ ក្នុងលោកនេះ សូម្បីមានត្រកូលខ្ពង់ខ្ពស់ តែជាអ្នកសម្លាប់សត្វ លួចទ្រព្យគេ ប្រព្រឹត្តកាមេសុមិច្ឆា ប្រព្រឹត្តពោលពាក្យមុសា មានវាចាញុះញង់ មានវាចាទ្រគោះ និយាយតែពាក្យឥតប្រយោជន៍ ជាអ្នកមានអភិជ្ឈា មានចិត្តព្យាបាទ ជាមិច្ឆាទិដ្ឋិ ហេតុនោះបានជាតថាគតមិនពោលថា បុគ្គលប្រសើរវិសេស ព្រោះតែមានត្រកូលខ្ពង់ខ្ពស់ទេ ។ ម្នាលព្រាហ្មណ៍ ព្រោះថាបុគ្គលពួកខ្លះ ក្នុងលោកនេះ ជាអ្នកមានត្រកូលខ្ពង់ខ្ពស់ ហើយបានវៀរចាកបាណាតិបាត វៀរចាកអទិន្នាទាន វៀរចាកកាមេសុមិច្ឆាចារ វៀរចាកមុសាវាទ វៀរចាកបិសុណាវាចា វៀរចាកផរុសវាចា វៀរចាកសម្ផប្បលាបៈ មិនមានអភិជ្ឈា មិនមានចិត្តព្យាបាទ ជាសម្មាទិដ្ឋិ ក៏មាន ហេតុនោះ បានជាតថាគតមិនពោលថាបុគ្គលថោកទាប ព្រោះតែមានត្រកូលខ្ពង់ខ្ពស់ទេ ។
ម្នាលព្រាហ្មណ៍ មនុស្សពួកខ្លះក្នុងលោកនេះ ទុកជាមានជាតិថ្លៃថ្លាក៏ដោយ តែជាអ្នកសម្លាប់សត្វ លួចទ្រព្យគេ ប្រព្រឹត្តកាមេសុមិច្ឆា ពោលពាក្យមុសា មានវាចាញុះញង់ មានសម្ដីអាក្រក់ និយាយពាក្យឥតប្រយោជន៍ មានអភិជ្ឈា មានចិត្តព្យាបាទ ជាមិច្ឆាទិដ្ឋិ ហេតុនោះ បានជាតថាគតមិនពោលថា បុគ្គលវិសេសវិសាល ព្រោះតែមានជាតិថ្លៃថ្លាទេ ។
ម្នាលព្រាហ្មណ៍ បុគ្គលពួកខ្លះ ក្នុងលោកនេះ ជាអ្នកមានជាតិថ្លៃថ្លា ហើយបានវៀរចាកបាណាតិបាត វៀរចាកអទិន្នាទាន វៀរចាកកាមេសុមិច្ឆាចារ វៀរចាកមុសាវាទ វៀរចាកបិសុណាវាចា វៀរចាកផរុសវាចា វៀរចាកសម្ផប្បលាបៈ មិនមានអភិជ្ឈា មិនមានចិត្តព្យាបាទ ជាសម្មាទិដ្ឋិក៏មាន ហេតុនោះ បានជាតថាគតមិនពោលថា បុគ្គលថោកទាប ព្រោះតែមានជាតិថ្លៃថ្លាទេ ។
ម្នាលព្រាហ្មណ៍ បុគ្គលពួកខ្លះ ក្នុងលោកនេះ សូម្បីមានភោគៈលើសលុប តែជាអ្នកសម្លាប់សត្វ លួចទ្រព្យគេ ប្រព្រឹត្តកាមេសុមិច្ឆា និយាយពាក្យមុសា មានវាចាញុះញង់ មានពាក្យអាក្រក់ និយាយពាក្យឥតប្រយោជន៍ មានអភិជ្ឈា មានចិត្តព្យាបាទ ជាមនុស្សមិច្ឆាទិដ្ឋិ ហេតុនោះ បានជាតថាគតមិនពោលថា បុគ្គលវិសេសវិសាល ព្រោះមានភោគៈលើសលុបទេ ។
ម្នាលព្រាហ្មណ៍ បុគ្គលពួកខ្លះ ក្នុងលោកនេះ ជាអ្នកមានភោគៈដ៏លើសលុប ហើយបានវៀរចាកបាណាតិបាត វៀរចាកអទិន្នាទាន វៀរចាកកាមេសុមិច្ឆាចារ វៀរចាកមុសាវាទ វៀរចាកបិសុណាវាចា វៀរចាកផរុសវាចា វៀរចាកសម្ផប្បលាបៈ មិនមានអភិជ្ឈា មិនមានចិត្តព្យាបាទ ជាសម្មាទិដ្ឋិក៏មាន ហេតុនោះ បានជាតថាគតមិនពោលថា បុគ្គលថោកទាប ព្រោះតែមានភោគៈលើសលុបទេ ។ ម្នាលព្រាហ្មណ៍ តថាគតមិនពោលថា ត្រូវតែបម្រើអ្នកទាំងអស់ ( នោះ ) ទេ ម្នាលព្រាហ្មណ៍ ទាំងតថាគតនឹងបានពោលថា មិនត្រូវបម្រើអ្នកទាំងអស់ក៏ទេដែរ ។ ម្នាលព្រាហ្មណ៍ ព្រោះថាកាលបើគេបម្រើបុគ្គលណា សទ្ធាចម្រើន សីលចម្រើន សុតៈចម្រើន ចាគៈចម្រើន ប្រាជ្ញាក៏ចម្រើន ព្រោះការបម្រើ ( នោះ ) ជាហេតុ តថាគតទើបពោលថា ត្រូវបម្រើបុគ្គលនោះ ។
ឯសុការីព្រាហ្មណ៍ បានក្រាបទូលព្រះដ៏មានព្រះភាគមួយរឿងទៀត អំពីការបញ្ញត្តទ្រព្យរបស់ពួកព្រាហ្មណ៍ គឺការប្រព្រឹត្តសូមជាទ្រព្យរបស់ព្រាហ្មណ៍ ធ្នូនិងបំពង់ព្រួញជាទ្រព្យរបស់ក្សត្រិយ៍ ការភ្ជួររាស់និងការរក្សាគោជាទ្រព្យរបស់វេស្សៈ កណ្ដៀវនិងអម្រែកជាទ្រព្យរបស់សុទ្ទៈ ។ ក្នុងទ្រព្យទាំង ៤ ប្រការនេះ ប្រសិនបើវណ្ណៈណាមើលងាយនូវទ្រព្យរបស់ខ្លួន ឈ្មោះថា ជាអ្នកមិនធ្វើការងារដែលខ្លួនត្រូវធ្វើ ដូចអ្នករក្សាទ្រព្យ លួចយកទ្រព្យដែលគេមិនបានឲ្យ ។ ឯសុការីព្រាហ្មណ៍ បានក្រាបទូលសួរថា តើព្រះគោតមដ៏ចម្រើន សម្ដែងថាដូចម្ដេច ចំពោះរឿងនេះ ?
សេចក្ដីនៅក្នុងព្រះសូត្រ គឺព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់បញ្ញត្តលោកុត្តរធម៌ដ៏ប្រសើរ ថាជាទ្រព្យសម្រាប់ខ្លួនរបស់បុរសស្ត្រី។
វណ្ណៈទាំង ៤ ចូលកាន់ផ្នួស អាស្រ័យធម្មវិន័យ ដែលព្រះតថាគតសម្ដែងហើយ វៀរចាកបាណាតិបាត វៀរចាកអទិន្នាទាន ។ល។ មានសម្មាទិដ្ឋិ ជាបុគ្គលត្រេកអរនឹងកុសលធម៌ជាគ្រឿងនាំ ចេញចាកទុក្ខ ចម្រើនចិត្តមេត្តា មិនមានពៀរ មិនមានព្យាបាទ ប្រព្រឹត្តទៅបានគ្រប់វណ្ណៈទាំងអស់ មិនចំពោះតែវណ្ណៈព្រាហ្មណ៍ទេ ។
ព្រះដ៏មានព្រះភាគ ទ្រង់លើកអំពីការងូតទឹកជម្រះក្អែល អំពីការបង្កាត់ភ្លើង ដើម្បីឲ្យឯសុការីព្រាហ្មណ៍ បានយល់អំពីការប្រព្រឹត្តព្រហ្មចរិយធម៌ក្នុងព្រះពុទ្ធសាសនា ក្នុងការលះបង់នូវកិលេស ដោយមិនចំពោះវណ្ណៈណាមួយនោះឡើយ ។ ឯសុការីព្រាហ្មណ៍ បានជាឧបាសក អ្នកដល់នូវសរណគមន៍ ស្មើដោយជីវិត ។
ដកស្រង់ពីសៀវភៅ ជំនួយសតិភាគទី២២
ដោយ៥០០០ឆ្នាំ
images/articles/2840/poilumkjmgbfv.jpg
ចង្កីសូត្រ
ផ្សាយ : ០៤ មេសា ឆ្នាំ២០២២
សម័យមួយ ព្រះដ៏មានព្រះភាគ ទ្រង់ពុទ្ធដំណើរទៅកាន់ចារិកក្នុងដែនកោសល ព្រមដោយភិក្ខុសង្ឃជាច្រើនព្រះអង្គ ព្រះអង្គទ្រង់គង់ក្នុងសាលវ័ន ជិតឱបាសាទគ្រាម ។ សម័យនោះឯង មានព្រាហ្មណ៍ម្នាក់ ឈ្មោះចង្កី នៅអាស្រ័យនឹងឱបាសាទគ្រាម ដែលជាស្រុកកុះករដោយសត្វនិងមនុស្ស បរិបូណ៌ដោយស្មៅឧសនិងទឹក ទាំងធញ្ញាហារក៏សម្បូណ៌ដែរ ជាស្រុកព្រះរាជទ្រព្យ ដែលព្រះរាជាបសេនទិកោសល ទ្រង់ព្រះរាជទាន ជាព្រះរាជអំណោយដ៏ប្រសើរ គឺទ្រង់ប្រទានដោយដាច់ខាត ។
បន្ទាប់អំពីពួកព្រាហ្មណ៍ក្នុងស្រុក បានសន្ទនាគ្នាអំពីព្រះគុណនៃព្រះដ៏មានព្រះភាគរួចមក ចង្កីព្រាហ្មណ៍ ព្រមទាំងពួកព្រាហ្មណ៍ដ៏ច្រើន បានចូលគាល់ព្រះដ៏មានព្រះភាគ ។ ក្នុងកាលនោះ មានព្រាហ្មណ៍កំលោះម្នាក់ ឈ្មោះកាបទិកៈ អាយុទើបតែ ១៦ ឆ្នាំ បានចេះចាំគម្ពីរព្រាហ្មណ៍យ៉ាងច្រើន ហើយកាបទិកៈនេះឯង បានជាប្រមុខក្នុងការទូលសួរបញ្ហាចំពោះព្រះដ៏មានព្រះភាគ ។ បញ្ហាដែលកាបទិកៈទូលសួរព្រះដ៏មានព្រះភាគ គឺ
-ការរក្សាសច្ចៈតើត្រឹមប៉ុន្មាន ។
-ការត្រាស់ដឹងសច្ចៈតើត្រឹមប៉ុន្មាន ។
-ការកើតឡើងនៃសច្ចៈតើត្រឹមប៉ុន្មាន ។
-ធម៌មានឧបការច្រើនដល់ការកើតឡើងនៃសច្ចៈ ។
-ធម៌មានឧបការច្រើនដល់បធានគឺសេចក្ដីព្យាយាម ។
-ធម៌មានឧបការច្រើនដល់ការថ្លឹងថ្លែងពិចារណា ។
-ធម៌មានឧបការច្រើនដល់ឧស្សាហៈគឺការប្រឹងប្រែង ។
-ធម៌មានឧបការច្រើនដល់ឆន្ទៈគឺការពេញចិត្តនឹងធ្វើ ។
-ធម៌មានឧបការច្រើនដល់ការសម្លឹងមើលធម៌ ។
-ធម៌មានឧបការច្រើនដល់ការពិចារណាអត្ថ ។
-ធម៌មានឧបការច្រើនដល់ការចេះចាំធម៌ ។
-ធម៌មានឧបការច្រើនដល់ការស្ដាប់ធម៌ ។
-ធម៌មានឧបការច្រើនដល់ការផ្ចង់ត្រចៀក ។
-ធម៌មានឧបការច្រើនដល់ការចូលទៅអង្គុយជិត ។
-ធម៌មានឧបការច្រើនដល់ការចូលទៅរក ។
ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ថា សទ្ធាមានឧបការច្រើនដល់ការចូលទៅរក ការចូលទៅរកមានឧបការច្រើនដល់ការចូលទៅអង្គុយជិត ការចូលទៅអង្គុយជិតមានឧបការច្រើនដល់ការផ្ចង់ត្រចៀក ការផ្ចង់ត្រចៀកមានឧបការច្រើនដល់ការស្ដាប់ធម៌ ការស្ដាប់ធម៌មានឧបការច្រើនដល់ការចេះចាំនូវធម៌ ការចេះចាំនូវធម៌មានឧបការច្រើនដល់ការពិចារណានូវអត្ថ ការពិចារណានូវអត្ថមានឧបការច្រើនដល់ការសម្លឹងមើលធម៌ គឺសម្លឹងដឹងថា សីលព្រះអង្គទ្រង់ត្រាស់ទុកក្នុងទីនេះ សមាធិព្រះអង្គទ្រង់ត្រាស់ទុកក្នុងទីនេះ ជាដើម ការសម្លឹងមើលធម៌មានឧបការច្រើនដល់ឆន្ទៈ គឺការពេញចិត្តនឹងធ្វើ ឆន្ទៈមានឧបការដល់ឧស្សាហៈគឺការប្រឹងប្រែង ឧស្សាហៈមានឧបការដល់ការថ្លឹងថ្លែងពិចារណា ( តុលេតីតិ ) គឺថ្លឹងថ្លែងពិចារណាការមិនទៀងជាដើមក្នុងសង្ខារធម៌ ការថ្លឹងថ្លែងពិចារណាមានឧបការច្រើនបធានគឺតាំងសេចក្ដីព្យាយាមក្នុងមគ្គ បធាន បទហិត ការតាំងសេចក្ដីព្យាយាមក្នុងមគ្គមានឧបការច្រើនដល់ការកើតឡើងនៃសច្ចៈគឺសច្ចានុប្បត្តិយា បានដល់ការសម្រេចនូវផលដែលជាលោកុត្តរវិបាក ។
ព្រះពុទ្ធអង្គត្រាស់សម្ដែងធម៌ ១២ ប្រការ ចាប់ពីសទ្ធាមកដល់បធាន អនុលោមក្នុងការពោលដល់មគ្គគឺការត្រាស់ដឹងសច្ចៈ ( សច្ចានុពោធោតិ មគ្គានុពោធោ ) ។ នៅក្នុងវារៈនៃការត្រាស់ដឹងសច្ចៈ គឺការសម្រេចអរិយមគ្គ ព្រះពុទ្ធអង្គទ្រង់ត្រាស់ថា បហិតត្តោ សមានោ កាយេន ចេវ បរមត្ថសច្ចំ សច្ឆិករោតិ បញ្ញាយ ច តំ អតិវិជ្ឈ បស្សតិ ។ ឯត្តាវតា ខោ ភារទ្វាជ សច្ចានុពោធោ ហោតិ ។ ជាអ្នកមានចិត្តបញ្ជូនទៅកាន់ព្រះនិព្វាន ( បហិតត្តោ ) ទើបធ្វើឲ្យជាក់ច្បាស់នូវបរមត្ថសច្ច ដោយនាមកាយផង បានចាក់ធ្លុះឃើញច្បាស់នូវបរមត្ថសច្ចនោះ ដោយបញ្ញាផង ។ ម្នាលភារទ្វាជៈ ការត្រាស់ដឹងនូវសច្ចៈមានត្រឹមប៉ុណ្ណេះឯង ។
អដ្ឋកថា ប្រាប់ថា ធ្វើឲ្យជាក់ច្បាស់នូវបរមត្ថសច្ច ដោយកាយ ដោយសេចក្ដីថា ធ្វើឲ្យជាក់ច្បាស់នូវព្រះនិព្វាន ដោយនាមកាយ ដែលជាសហជាតិ ហើយបានចាក់ធ្លុះ ឃើញច្បាស់នូវព្រះនិព្វាននោះ ដោយបញ្ញាក្នុងការលះបង់នូវកិលេសហ្នឹងឯង ។ ត្រង់បទថា ការត្រាស់ដឹងនូវសច្ចៈ គឺការត្រាស់ដឹងនូវមគ្គ ( សច្ចានុពោធោតិ មគ្គានុពោធោ ) ។
ការរក្សាសច្ចៈ គឺបុគ្គលមានជំនឿក្ដី មានការគាប់ចិត្តក្ដី មានការស្ដាប់តាមគ្នាក្ដី មានការត្រិះរិះនូវអាការណាក្ដី មានការសម្លឹងពិនិត្យយល់ចូលចិត្តក្ដី កាលដែលនិយាយ ក៏និយាយទៅតាមដែលខ្លួនឯងមានជំនឿជាដើមនោះ ៗ ឈ្មោះថារក្សាសច្ចៈ តែមិនដល់ថ្នាក់ដាច់ខាតថា ពាក្យនេះពិត ពាក្យដទៃជាមោឃៈឡើយ ។
នៅក្នុងទំព័រ ១៣៤ ព្រះដ៏មានព្រះភា ទ្រង់ត្រាស់សម្ដែងថា ម្នាលភារទ្វាជៈ មានសេចក្ដីតំណាលថា ភិក្ខុក្នុងសាសនានេះ ចូលទៅអាស្រ័យនៅក្នុងស្រុក ឬក្នុងនិគមណាមួយ ។ អដ្ឋកថា ប្រាប់ថាព្រះពុទ្ធអង្គទ្រង់សំដៅដល់ព្រះអង្គឯង នូវពាក្យថា ឥធ កិរ ភារទ្វាជ ភិក្ខុ ...។ គហបតី ឬកូនគហបតី បានញ៉ាំងសទ្ធាឲ្យកើតឡើងក្នុងព្រះតថាគត ទើបចូលទៅរកហើយអង្គុយជិត ។ល។
នៅខាងចុងនៃព្រះសូត្រ កាបទិកមាណព បានក្រាបបង្គំទូលព្រះដ៏មានព្រះភាគថា យើងខ្ញុំបានសួរនូវការរក្សាសច្ចៈធម៌នឹងព្រះគោតមដ៏ចម្រើន ព្រះគោតមដ៏ចម្រើន ក៏បានព្យាករនូវការរក្សាសច្ចៈហើយ ក៏ការព្យាករនោះ គាប់ចិត្តផង គួរផង ដល់យើងខ្ញុំ ទាំងយើងខ្ញុំសោត ក៏មានចិត្តត្រេកអ ដោយការព្យាករនោះ យើងខ្ញុំបានសួរនូវការត្រាស់ដឹងនូវសច្ចៈ នឹងព្រះគោតមដ៏ចម្រើន ព្រះគោតមដ៏ចម្រើ ក៏បានព្យាករនូវការត្រាស់ដឹងសច្ចៈហើយ ការព្យាករនោះ គាប់ចិត្តផង គួរផង ដល់យើងខ្ញុំ ទាំងយើងខ្ញុំសោត ក៏មានចិត្តត្រេកអរ ដោយការព្យាករនោះ យើងខ្ញុំបានសួរនូវការកើតសច្ចៈ នឹងព្រះគោតមដ៏ចម្រើន ព្រះគោតមដ៏ចម្រើន ក៏បានព្យាករនូវការកើតសច្ចៈហើយ ក៏ការព្យាករនោះ គាប់ចិត្តផង គួរផង ដល់យើងខ្ញុំ ទាំងយើងខ្ញុំសោត ក៏មានចិត្តត្រេកអរ ដោយការព្យាករនោះ យើងខ្ញុំបានសួរនូវធម៌មានឧបការច្រើន ដល់ការកើតសច្ចៈ នឹងព្រះគោតមដ៏ចម្រើន ព្រះគោតមដ៏ចម្រើន ក៏បានព្យាករនូវធម៌មានឧបការច្រើន ដល់ការកើតសច្ចៈហើយ ក៏ការព្យាករនោះ គាប់ចិត្តផង គួរផង ដល់យើងខ្ញុំ ទាំងយើងខ្ញុំសោត ក៏មានចិត្តត្រេកអរ ដោយការព្យាករនោះ យើងខ្ញុំបានសួរ នូវប្រស្នាណា ៗ នឹងព្រះគោតមដ៏ចម្រើន ព្រះគោតមដ៏ចម្រើន ក៏បានព្យាករនូវប្រស្នានោះ ៗ ហើយ ក៏ការព្យាករនោះ គាប់ចិត្តផង គួរផង ដល់យើងខ្ញុំ ទាំងយើងខ្ញុំសោតក៏មានចិត្តត្រេកអរដោយការព្យាករនោះ បពិត្រព្រះគោតមដ៏ចម្រើន ព្រោះថាកាលពីដើមយើងខ្ញុំបានដឹងយ៉ាងនេះថា បុគ្គលពួកណា ជាសមណៈត្រងោល ជាគហបតិជាតិ មានសម្បុរខ្មៅ ជាកូនកើតមកអំពីព្រះបាទនៃមហាព្រហ្ម បុគ្គលពួកណា ជាអ្នកដឹងច្បាស់នូវ ធម៌ ឱហ្ន៎ ! ( ឥឡូវនេះ ) ព្រះគោតមដ៏ចម្រើន បាននាំខ្ញុំឲ្យមាន សេចក្ដីស្រឡាញ់ក្នុងពួកសមណៈ ឲ្យមានសេចក្ដីជ្រះថ្លាក្នុងពួកសមណៈ ឲ្យមានសេចក្ដីគោរព ក្នុងពួកសមណៈ បពិត្រព្រះគោតមដ៏ចម្រើន ភ្លឺច្បាស់ណាស់ ។ បេ ។ សូមព្រះគោតមដ៏ចម្រើនទ្រង់ជ្រាប នូវខ្ញុំព្រះអង្គថាជាឧបាសក អ្នកដល់នូវត្រៃសរណគមន៍ ស្មើដោយជីវិត តាំងពីថ្ងៃនេះជាដើមតទៅ ។
ដកស្រង់ពីសៀវភៅ ជំនួយសតិភាគទី២២
ដោយ៥០០០ឆ្នាំ
images/articles/2841/tyfhvgvd.jpg
មនុស្សគួរដល់ការហ្វឹកហាត់
ផ្សាយ : ០៤ មេសា ឆ្នាំ២០២២
ការលះបង់នូវសេចក្ដីទុក្ខទាំងពួងបាន គឺជាសុខ ។ ត្រូវប្រយ័ត្នការស្វែងរកសុខ ដែលជាការបង្កហេតុនៃសេចក្ដីទុក្ខទៅវិញ។ គួរហ្វឹកហាត់ ៧ យ៉ាង នឹងបានក្សេមក្សាន្តក្នុងចិត្ត គឺ
១-ហ្វឹកហាត់ មើលខ្លួនឯងឲ្យឃើញតូចទៅ ៗ ។ គប្បីជាមនុស្សខ្លួនតូចដោយសតិ កុំជាមនុស្សខ្លួនធំដោយកិលេស ចូរជាមនុស្សធម្មតា ៗ ។ កុំប្រកាន់ថា អញជាមនុស្សសំខាន់ គេត្រូវគោរពយើងយ៉ាងនេះ យ៉ាងនោះឲ្យសោះ គប្បីសំខាន់ណាស់ក្នុងការជួយខ្លួនឯងឲ្យរួចពីសេចក្តីសៅហ្មងទៅ បានហើយ ។ ត្រូវចាំថា ធម្មតាជីវិតគឺធម្មតាធម៌ ។
២-ហ្វឹកហាត់ ឲ្យខ្លួនឯងជាអ្នកមិនសន្សំ ។ ការសន្សំអ្វី ៗ គ្រប់យ៉ាង គឺជាភារៈ មិនមានអ្វីដែលយើងសន្សំហើយ មិនមែនជាភារៈនោះឡើយ វៀរលែងតែសេចក្ដីល្អក្នុងការលះបាបប៉ុណ្ណោះ ក្រៅពីហ្នឹងសុទ្ធតែជាភារៈទាំងអស់ បើមិនច្រើនក៏តិចដែរ ។
៣-ហ្វឹកហាត់ ឲ្យខ្លួនឯងជាមនុស្សសប្បាយ ៗ ។ មានបុគ្គលជាទីសប្បាយ មានធម៌ស្ដាប់ជាទីសប្បាយ និងមានបដិបទាជាទីសប្បាយជាដើម ។ កុំទៅវង្វេងជាមួយនឹងរបស់សម្បូណ៌បែប ព្រោះតាមពិត របស់សម្បូណ៌បែបនោះមិនមានទេ វាគ្រាន់តែជាអារម្មណ៍នៃឆន្ទរាគៈតែប៉ុណ្ណោះ មានតែបុគ្គលល្ងង់ខ្លៅទេដែលលិចចុះក្នុងរបស់សម្បូណ៌បែប ព្រោះយល់ច្រឡំថា មានពិតក្នុងមាយាធម៌នោះៗ ចំណែកអ្នកចេះដឹង មិនលិចចុះឡើយ ។
៤-ហ្វឹកហាត់ ឲ្យខ្លួនឯងដឹងធម្មជាតិថា អ្វី ៗ សុទ្ធតែមានការកន្លងទៅ ។ ពេលដែលសុខ ត្រូវដឹងថា បន្តិចវានឹងកន្លងទៅ ពេលដែលមានទុក្ខ ក៏ត្រូវដឹងថា វានឹងកន្លងទៅដូចគ្នាដែរ ។ នៅពេលដែលស្ថានការណ៍លំបាកយ៉ាកយ៉ាប់មកដល់ ត្រូវដឹងឲ្យទាន់ថា រឿងរ៉ាវទាំងនេះ វាមិនបាននៅជាមួយយើងរហូតទៅនោះឡើយ ហើយយើងត្រូវតែឈរនៅខាងសេចក្ដីល្អជានិច្ច ។
៥-ហ្វឹកហាត់ ឲ្យខ្លួនឯងចេះលះបង់ និងចេះព្រមចាញ់ប្រៀបអ្នកដទៃផង ។ ការដែលមនុស្សយើងព្រមចាញ់ប្រៀបអ្នកដទៃ ជាការចាំបាច់ ព្រោះបើយើងទាមទារតែពីត្រូវ អាងហេតុ អាងផល យ៉ាងនេះ យ៉ាងនោះ ដោយមិនព្រមចាញ់ប្រៀបគេ ចង់តែពីត្រូវគ្រប់យ៉ាង ចង់តែពីឈ្នះគេ ប៉ុន្តែបែរទៅជាមិនមានសេចក្ដីសុខក្នុងជីវិតទៅវិញ ព្រោះត្រូវតស៊ូជាមួយនឹងមនុស្សជុំវិញខ្លួន ដើម្បីទាមទាររកឲ្យខ្លួនឯងត្រូវ និងឈ្នះគេតែម្យ៉ាង ដូច្នេះមានតែការព្រមចាញ់ប្រៀបអ្នកដទៃហ្នឹងឯង ដើម្បីសេចក្ដីសុខក្នុងជីវិតផង និងដើម្បីបានឈ្នះនូវមានៈក្នុងខ្លួនឯងផង ។
៦-ហ្វឹកហាត់ ឲ្យខ្លួនឯងជាមនុស្សស្ងៀមស្ងាត់ មិននិយាយច្រើនអត់ប្រយោជន៍ ។ កាលបើត្រូវនិយាយ គប្បីនិយាយដោយសតិសម្បជញ្ញៈ មិនទម្លាយសេចក្ដីស្ងប់ក្នុងចិត្តរបស់ខ្លួន មិននិយាយបៀតបៀនអ្នកដទៃដោយពាក្យសម្តីរបស់ខ្លួនឡើយ ត្រូវដកចង្កូម គឺវចីទុច្ចរិតទាំង ៤ អំពីមាត់របស់ខ្លួនចេញ ត្រូវនឹករលឹកដល់ព្រះពុទ្ធដីកា ដែលព្រះអង្គទ្រង់ត្រាស់អំពីសម្ដីល្អ ៥ យ៉ាង គឺ ១-ពាក្យពិត ២-ពាក្យពីរោះ ៣-ពាក្យមានប្រយោជន៍ ៤-ពោលតាមកាលៈទេសៈត្រឹមត្រូវ ៥-ពោលដោយមេត្តាចិត្ត ។ ត្រូវប្រយ័ត្នសម្ដីមិនល្អ ៥ យ៉ាងផ្ទុយគ្នា ប្រយ័ត្នម្យ៉ាង គឺខ្លួនឯងកុំពោលឲ្យសោះ និងប្រយ័ត្នម្យ៉ាងទៀត ត្រូវតាំងមេត្តាចិត្តឲ្យបានល្អ នៅពេលបានស្ដាប់ឮពីអ្នកដទៃនូវសម្ដីមិនល្អ ៥ យ៉ាងនេះ ត្រូវចាំថា សម្ដីមិនល្អទាំងនេះ រមែងមានក្នុងលោក ដូច្នោះឯង ។
៧-ហ្វឹកហាត់ ឲ្យខ្លួនឯងរួចផុតអំពីភាពជាទាសៈនៃមាសប្រាក់ ។ ពាក្យថាទាសៈ គឺជាសកម្មភាពនៃសេចក្ដីញាប់ញ័រក្នុងចិត្ត ។ ដើម្បីភាពជាឥស្សរៈនេះ ត្រូវហ្វឹកហាត់ឲ្យចេះល្មមជាមួយនឹងរបស់បរិភោគប្រើប្រាស់ កាលបើចេះល្មម ចេះសន្តោសហើយ ទើបមានឱកាសមកទទួលយកព្រះធម៌ ដើម្បីសិក្សាបដិបត្តិ ដែលការសិក្សាបដិបត្តិតាមព្រះធម៌របស់ព្រះសម្មាសម្ពុទ្ធនេះ គឺជាការងារមានសារៈសំខាន់បំផុត ។
ដកស្រង់ពីសៀវភៅ ជំនួយសតិភាគទី២២
ដោយ៥០០០ឆ្នាំ
images/articles/3179/_________________________________.jpg
ឧបោសថសូត្រ ទី ១០
ផ្សាយ : ០៤ មេសា ឆ្នាំ២០២២
សម័យមួយ ព្រះដ៏មានព្រះភាគ ទ្រង់គង់នៅក្នុងមិគារមាតុប្រាសាទ ក្នុងបុព្វារាម ទៀបក្រុងសាវត្ថី។ សម័យនោះឯង ព្រះដ៏មានព្រះភាគ មានភិក្ខុសង្ឃចោមរោម ទ្រង់គង់ក្នុងឧបោសថថ្ងៃនោះ។ លុះវេលារាត្រីអស់ហើយ បឋមយាមកន្លងទៅហើយ ព្រះអានន្ទដ៏មានអាយុ ក៏ក្រោកចាកអាសនៈ ធ្វើឧត្តរាសង្គៈ ឆៀងស្មាម្ខាង លើកអញ្ជលីប្រណម្យ ចំពោះព្រះដ៏មានព្រះភាគ ក្រាបបង្គំទូលព្រះដ៏មានព្រះភាគថា បពិត្រព្រះអង្គដ៏ចំរើន វេលារាត្រីអស់ហើយ បឋមយាមកន្លងទៅហើយ ភិក្ខុសង្ឃអង្គុយចាំយូរហើយ បពិត្រព្រះអង្គដ៏ចំរើន សូមព្រះដ៏មានព្រះភាគ ទ្រង់សំដែងបាតិមោក្ខដល់ភិក្ខុទាំងឡាយ។
កាលដែលព្រះអានន្ទដ៏មានអាយុ ក្រាបបង្គំទូលយ៉ាងនេះហើយ ព្រះដ៏មានព្រះភាគ ក៏គង់ស្ងៀម។ កាលបើវេលារាត្រីអស់ហើយ មជ្ឈិមយាម កន្លងទៅហើយ ព្រះអានន្ទដ៏មានអាយុ ក៏ក្រោកចាកអាសនៈ ធ្វើឧត្តរាសង្គៈ ឆៀងស្មាម្ខាង លើកអញ្ជលីប្រណម្យ ចំពោះព្រះដ៏មានព្រះភាគ ក្រាបបង្គំទូលព្រះដ៏មានព្រះភាគ អស់វារៈជាគំរប់ពីរដងទៀតថា បពិត្រព្រះអង្គដ៏ចំរើន វេលារាត្រីអស់ហើយ មជ្ឈិមយាមកន្លងទៅហើយ ភិក្ខុសង្ឃអង្គុយចាំយូរហើយ បពិត្រព្រះអង្គដ៏ចំរើន សូមព្រះដ៏មានព្រះភាគ សំដែងបាតិមោក្ខដល់ភិក្ខុទាំងឡាយ។ ព្រះដ៏មានព្រះភាគ ទ្រង់គង់ស្ងៀម អស់វារៈជាគំរប់ពីរដង។
កាលបើវេលារាត្រីអស់ហើយ បច្ឆិមយាម កន្លងទៅហើយ រាត្រីប្រាកដដូចជាមានមុខស្រស់ (បំព្រង) ក្នុងពេលដែលអរុណរះឡើង ព្រះអានន្ទដ៏មានអាយុ ក៏ក្រោកចាកអាសនៈ ហើយធ្វើឧត្តរាសង្គៈ ឆៀងស្មាម្ខាង លើកអញ្ជលីប្រណម្យចំពោះព្រះដ៏មានព្រះភាគ ក្រាបបង្គំទូលព្រះដ៏មានព្រះភាគ អស់វារៈជាគំរប់ ៣ដងទៀតដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន ឥឡូវនេះ រាត្រីអស់ហើយ បច្ឆិមយាមកន្លងទៅហើយ អរុណក៏រះហើយ រាត្រីក៏ប្រាកដដូចជាមុខស្រស់ហើយ ភិក្ខុសង្ឃក៏អង្គុយចាំយូរហើយ បពិត្រព្រះអង្គដ៏ចំរើន សូមព្រះដ៏មានព្រះភាគ ទ្រង់សំដែងបាតិមោក្ខដល់ភិក្ខុទាំងឡាយ។
ព្រះអង្គទ្រង់ត្រាស់ថា ម្នាលអានន្ទ មានបរិសទ្យមិនបរិសុទ្ធទេ។
គ្រានោះ ព្រះមហាមោគ្គល្លានដ៏មានអាយុ មានសេចក្តីត្រិះរិះដូច្នេះថា ព្រះដ៏មានព្រះភាគ ទ្រង់ដៅយកបុគ្គលណាហ្ន៎ បានជាទ្រង់ត្រាស់ថា ម្នាលអានន្ទ បរិសទ្យ មិនបរិសុទ្ធទេ យ៉ាងនេះ។ លំដាប់នោះ ព្រះមហាមោគ្គល្លានដ៏មានអាយុ ស្ទង់មើលចិត្ត (របស់ភិក្ខុសង្ឃ) ដោយចិត្ត (របស់លោក) ហើយធ្វើទុកក្នុងចិត្តចំពោះភិក្ខុសង្ឃទាំងអស់នោះ។ ព្រះមហាមោគ្គល្លានដ៏មានអាយុ បានឃើញបុគ្គលនោះទ្រុស្តសីល មានធម៌លាមក មានមារយាទមិនស្អាត គួរឲ្យរង្កៀស មានអំពើអាក្រក់បិទបាំងទុក មិនមែនជាសមណៈ ប្តេជ្ញាខ្លួនថាជាសមណៈ ប្រព្រឹត្តធម៌មិនប្រសើរ ប្តេជ្ញាខ្លួនថាជាអ្នកប្រព្រឹត្តធម៌ដ៏ប្រសើរ ស្អុយក្នុង មានចិត្តជោកដោយរាគៈ ក្រខ្វក់ដូចសម្រាម អង្គុយនៅក្នុងកណ្តាលភិក្ខុសង្ឃ លុះឃើញហើយ ក៏ក្រោកចាកអាសនៈ ចូលទៅរកបុគ្គលនោះ លុះចូលទៅជិតហើយ ក៏ពោលចំពោះទៅបុគ្គលនោះ ដូច្នេះថា នែអាវុសោ អ្នកចូរក្រោកចេញ ដ្បិតព្រះដ៏មានព្រះភាគ ទ្រង់បានឃើញអ្នកច្បាស់ហើយ អ្នកលែងបាននៅរួមជាមួយនឹងភិក្ខុទាំងឡាយហើយ។
កាលដែលព្រះមហាមោគ្គល្លាន ពោលយ៉ាងនេះហើយ បុគ្គលនោះក៏នៅស្ងៀម។ ព្រះមហាមោគ្គល្លានដ៏មានអាយុ បាននិយាយនឹងបុគ្គលនោះ ជាគំរប់ពីរដងទៀត ដូច្នេះថា នែអាវុសោ អ្នកចូរក្រោកចេញ ដ្បិតព្រះដ៏មានព្រះភាគ ទ្រង់បានឃើញអ្នកច្បាស់ហើយ អ្នកលែងបាននៅរួមជាមួយនឹងភិក្ខុទាំងឡាយហើយ។ បុគ្គលនោះក៏នៅស្ងៀម អស់វារៈពីរដងទៀត។ ព្រះមហាមោគ្គល្លានដ៏មានអាយុ បាននិយាយនឹងបុគ្គលនោះ ជាគំរប់បីដងទៀតដូច្នេះថា នែអាវុសោ អ្នកចូរក្រោកចេញ ដ្បិតព្រះដ៏មានព្រះភាគ ទ្រង់បានឃើញអ្នកច្បាស់ហើយ អ្នកលែងបាននៅរួមជាមួយនឹងភិក្ខុទាំងឡាយទៀតហើយ។ បុគ្គលនោះក៏នៅស្ងៀម អស់វារៈជាគំរប់បីដងទៀត។ ទើបព្រះមហាមោគ្គលា្លនដ៏មានអាយុ ចាប់ដើមដៃបុគ្គលនោះ ទាញចេញទៅខាងក្រៅស៊ុំទ្វារ ហើយខ្ទាស់គន្លឹះ និងរនុកទ្វារ រួចចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ហើយ ក៏ក្រាបបង្គំទូលព្រះដ៏មានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន បុគ្គល (ទ្រុស្តសីល) នោះ ខ្ញុំព្រះអង្គបានបណ្តេញឲ្យដើរចេញហើយ ឥឡូវនេះ បរិសទ្យបរិសុទ្ធហើយ បពិត្រព្រះអង្គដ៏ចំរើន សូមព្រះអង្គទ្រង់សំដែងបាតិមោក្ខ ដល់ភិក្ខុទាំងឡាយ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលមោគ្គល្លាន ហេតុនេះ អស្ចារ្យណាស់ ម្នាលមោគ្គលា្លន ហេតុនេះចំឡែកណាស់ មោឃបុរសនោះ មិនសមបើនឹងបង្អង់ទាល់តែចាប់ទាញដៃចេញសោះ។ លំដាប់នោះ ព្រះមានព្រះភាគ ទ្រង់ត្រាស់ហៅភិក្ខុទាំងឡាយថា ម្នាលភិក្ខុទាំងឡាយ ឥឡូវនេះ អ្នកទាំងឡាយ គប្បីធ្វើឧបោសថ គប្បីសំដែងបាតិមោក្ខចុះ។
ម្នាលភិក្ខុទាំងឡាយ ឥឡូវនេះ តថាគត ឈប់សំដែងបាតិមោក្ខ ចាប់ដើមតាំងអំពីថ្ងៃនេះតទៅ។ ម្នាលភិក្ខុទាំងឡាយ ព្រះតថាគត គប្បីសំដែងនូវបាតិមោក្ខដល់បរិសទ្យ មិនបរិសុទ្ធ ដោយហេតុណា ហេតុនោះមិនមែនជាឋានៈ មិនមែនជាបច្ច័យឡើយ។ ម្នាលភិក្ខុទាំងឡាយ ក្នុងមហាសមុទ្រ មានហេតុជាអស្ចារ្យចំឡែក ៨ យ៉ាងនេះ ដែលពួកអសុរឃើញហើយ ៗ តែងរីករាយក្នុងមហាសមុទ្រ។ ហេតុជាអស្ចារ្យចំឡែក ៨ យ៉ាង តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ មហាសមុទ្រ មានទំនាបទៅដោយលំដាប់ មានទីជម្រាលទៅដោយលំដាប់ មានទីទេរទៅដោយលំដាប់ មិនមែនចោតជ្រៅតែម្តង ដូចជាអណ្តូងទេ។
ម្នាលភិក្ខុទាំងឡាយ មហាសមុទ្រ មានទំនាបទៅដោយលំដាប់ មានទីជម្រាលទៅដោយលំដាប់ មានទីទេរទៅដោយលំដាប់ មិនមែនចោតជ្រៅទៅតែម្តង ដូចជាអណ្តូង ដោយហេតុណា ម្នាលភិក្ខុទាំងឡាយ នេះជាហេតុអស្ចារ្យចំឡែក ទី១ ក្នុងមហាសមុទ្រ ដែលពួកអសុរឃើញហើយៗ តែងរីករាយក្នុងមហាសមុទ្រ។ សេចក្តីពិស្តារ ដូចពាក្យខាងដើមដែរ។បេ។ ម្នាលភិក្ខុទាំងឡាយ មួយទៀត មហាសមុទ្រ ជាទីនៅអាស្រ័យនៃពួកសត្វធំ ៗ ជាច្រើន ពួកសត្វធំៗ ទាំងនេះ ដែលនៅក្នុងមហាសមុទ្រនោះគឺ ត្រីឈ្មោះតិមិ ឈ្មោះតិមិង្គលៈ ឈ្មោះតិមិរមិង្គលៈ និងពួកអសុរ នាគ គន្ធព្វ ដែលមានអត្តភាព ១០០ យោជន៍ខ្លះ។បេ។ មានអត្តភាព ៥០០ យោជន៍ខ្លះ តែងនៅក្នុងមហាសមុទ្រ។ ម្នាលភិក្ខុទាំងឡាយ មហាសមុទ្រ ជាទីនៅអាស្រ័យ នៃពួកសត្វធំៗ ជាច្រើន ពួកសត្វធំៗទាំងនេះ ដែលនៅក្នុងមហាសមុទ្រនោះ គឺត្រីឈ្មោះតិមិ ឈ្មោះតិមិង្គលៈ ឈ្មោះតិមិរមិង្គលៈ និងពួកអសុរ នាគ គន្ធព្វ ដែលមានអត្តភាព ១០០ យោជន៍ខ្លះ។បេ។ មានអត្តភាព ៥០០ យោជន៍ខ្លះ តែងនៅក្នុងមហាសមុទ្រ ដោយហេតុណា ម្នាលភិក្ខុទាំងឡាយ នេះជាហេតុអស្ចារ្យចំឡែក ទី៨ ក្នុងមហាសមុទ្រ ដែលពួកអសុរឃើញហើយ ៗ តែងរីករាយក្នុងមហាសមុទ្រ។ ម្នាលភិក្ខុទាំងឡាយ ក្នុងមហាសមុទ្រ មានហេតុជាអស្ចារ្យចំឡែក ៨ យ៉ាងនេះឯង ដែលពួកអសុរឃើញហើយ ៗ តែងរីករាយក្នុងមហាសមុទ្រ។
ម្នាលភិក្ខុទាំងឡាយ ក្នុងធម្មវិន័យនេះ មានហេតុជាអស្ចារ្យចំឡែក ៨ យ៉ាងនេះ ដែលពួកភិក្ខុឃើញហើយ ៗ តែងរីករាយក្នុងធម្មវិន័យនេះ។ ហេតុជាអស្ចារ្យចំឡែក ៨ យ៉ាង តើដូចម្តេចខ្លះ។ ម្នាលភិក្ខុទាំងឡាយ មហាសមុទ្រ ដែលមានទំនាបទៅដោយលំដាប់ មានទីជម្រាលទៅដោយលំដាប់ មានទីទេរទៅដោយលំដាប់ មិនចោតជ្រៅទៅតែម្តង ដូចជាអណ្តូង យ៉ាងណាមិញ ម្នាលភិក្ខុទាំងឡាយ ក្នុងធម្មវិន័យនេះ មានការសិក្សាដោយលំដាប់ មានកិច្ចដែលត្រូវធ្វើ ដោយលំដាប់ មានសេចក្តីប្រតិបត្តិដោយលំដាប់ មិនមែនបានត្រាស់ដឹងនូវអរហត្តផលតែម្តងទេ ក៏យ៉ាងនោះដែរ។
ម្នាលភិក្ខុទាំងឡាយ ក្នុងធម្មវិន័យនេះ មានការសិក្សាដោយលំដាប់ មានកិច្ចដែលត្រូវធ្វើដោយលំដាប់ មានសេចក្តីប្រតិបត្តិដោយលំដាប់ មិនមែនបានត្រាស់ដឹងនូវអរហត្តផលតែម្តងទេ ដោយហេតុណា ម្នាលភិក្ខុទាំងឡាយ នេះជាហេតុអស្ចារ្យ ចំឡែក ទី១ ក្នុងធម្មវិន័យនេះ ដែលពួកភិក្ខុឃើញហើយ ៗ តែងរីករាយក្នុងធម្មវិន័យនេះ។បេ។ ម្នាលភិក្ខុទាំងឡាយ មហាសមុទ្រ ជាទីអាស្រ័យនៃពួកសត្វធំ ៗ ជាច្រើន ពួកសត្វធំ ៗ ទាំងនេះ ដែលនៅក្នុងមហាសមុទ្រនោះគឺ ត្រីឈ្មោះតិមិ ឈ្មោះតិមិង្គលៈ ឈ្មោះតិមិរមិង្គលៈ និងពួកអសុរ នាគ គន្ធព្វ ដែលមានអត្តភាព ១០០ យោជន៍ខ្លះ។បេ។ មានអត្តភាព ៥០០ យោជន៍ខ្លះ ដែលនៅក្នុងមហាសមុទ្រ យ៉ាងណាមិញ។បេ។ ម្នាលភិក្ខុទាំងឡាយ ធម្មវិន័យនេះ ជាទីនៅអាស្រ័យនៃពួកបុគ្គលធំ ៗ ជាច្រើនពួក បុគ្គលទាំងនេះ ក្នុងធម្មវិន័យនោះ គឺ សោតាបន្នបុគ្គល និងបុគ្គលដែលកំពុងប្រតិបត្តិ ដើម្បីធ្វើអោយជាក់ច្បាស់នូវសោតាបត្តិផល។បេ។ អរហន្ត និងបុគ្គលដែលកំពុងប្រតិបត្តិ ដើម្បីភាវៈនៃខ្លួនជាអរហន្ត ក៏យ៉ាងនោះដែរ។
ម្នាលភិក្ខុទាំងឡាយ ធម្មវិន័យនេះ ជាទីនៅអាស្រ័យនៃពួកបុគ្គលធំ ៗ ជាច្រើន បុគ្គលទាំងនេះ ក្នុងធម្មវិន័យនោះ គឺ សោតាបន្នបុគ្គល និងបុគ្គលដែលកំពុងប្រតិបត្តិ ដើម្បីធ្វើឲ្យជាក់ច្បាស់ នូវសោតាបត្តិផល។បេ។ អរហន្ត និងបុគ្គលដែលកំពុងប្រតិបត្តិ ដើម្បីភាវៈនៃខ្លួនជាអរហន្ត ដោយហេតុណា ម្នាលភិក្ខុទាំងឡាយ នេះជាហេតុអស្ចារ្យចំឡែក ទី៨ ក្នុងធម្មវិន័យនេះ ដែលពួកភិក្ខុឃើញហើយ ៗ តែងរីករាយ ក្នុងធម្មវិន័យនេះ។ ម្នាលភិក្ខុទាំងឡាយ ក្នុងធម្មវិន័យនេះ មានហេតុជាអស្ចារ្យចំឡែក ៨ យ៉ាងនេះឯង ដែលពួកភិក្ខុឃើញហើយ ៗ តែងរីករាយ ក្នុងធម្មវិន័យនេះ។
អង្គុត្តរនិកាយ អដ្ឋកនិបាត នវមភាគ
(ព្រះត្រៃបិដក ភាគ ៤៨)
ដោយ៥០០០ឆ្នាំ
images/articles/3184/_________________________________.jpg
ទេវតាត្រួតមេីលមនុស្សលេាក
ផ្សាយ : ០៤ មេសា ឆ្នាំ២០២២
នៅក្នុងគម្ពីរមនេារថបូរណី អដ្ឋកថា បឋមរាជសូត្រ លេាកបានសម្តែងអំពី ទេវតារាល់ថ្ងៃឧបេាសថ ចុះមកកត់ឈ្មេាះបុគ្គលដែលបានធ្វេីល្អ ចូលនៅក្នុងបព្ជាីក្រាំងមាស ហេីយយកទៅប្រកាសឲ្យទេវតាដឹង កាលបេីទេវតាដឹងហេីយ ទេវតាសប្បាយចិត្ត ព្រេាះគិតថា នៅឋានទេវលេាក និងបរិបូណ៌ទៅដេាយទេវតា តែបេីមនុស្សទាំងឡាយ ចូលចិត្តធ្វេីអាក្រក់ ទេវតាទាំងឡាយ មិនសប្បាយចិត្តឡេីយ ។
បទថា អមច្ចា បារិសជ្ជា បានដល់ បារិចារិកទេវតា (ទេវតាទទួលប្រេី) ។ បទថា ឥមំ លេាកំ អនុវិចរន្តិ សេចក្តីថា បានឮថាក្នុងថ្ងៃ ៨ សេ្តចសក្កទេវរាជ ទ្រង់បញ្ញាស្តេចមហារាជទាំង ៤ ថាលេាកទាំងឡាយ ថ្ងៃនេះ ជាថ្ងៃ ៨ លេាកទាំងឡាយចូរត្រាច់ទៅកាន់មនុស្សលេាក ហេីយកត់យកឈ្មេាះ និងគេាត្ររបស់មនុស្សដែលធ្វេីបុណ្យមក ។ ស្តេចមហារាជទាំង ៤ នេាះ ក៏ត្រឡប់ទៅបពា្ជាបរិវារបស់ខ្លួនថា ទៅចុះលេាកទាំងឡាយ លេាកចូរត្រាច់ទៅកាន់មនុស្សលេាក សរសេរឈ្មេាះ និងគេាត្រ និងរបស់មនុស្សដែលធ្វេីបុណ្យចុះក្នុងផែនមាសហេីយនាំមកចុះ ។ បរិវារទាំងនេាះធ្វេីតាមពាក្យបព្ជាានេាះ ដេាយហេតុនេាះ ទេីបព្រះមានព្រះភាគត្រាស់ថា ឥមំ លេាកំ អនុវិចរន្តិ ដូច្នេះ ។
បទថា កិច្ចិ ពហូ ជាដេីម ព្រះមានព្រះភាគត្រាស់ទុកដេីម្បីសម្តែងអាការត្រួតត្រាមេីលរបស់ទេវតាទាំងនេាះ ។ ពិតមែន ទេវតាទាំងឡាយត្រាច់ទៅត្រួតត្រាមេីល ដេាយអាការដូចពេាលមកនេះ ។
តេីអ្នកចង់ឲ្យទេវតាកត់ឈ្មេាះអ្នកចូលបព្ជាីក្រាំងមាស ឬចង់ឲ្យស្តេចយមរាជកត់ឈ្មេាះអ្នកចូលបព្ជាីខ្មៅ?
៚អត្ថបទស្រង់ចាកពីសៀវភៅ»សីលមយៈ
……………..ព្រះពុទ្ធដីកា
បក្សីត្រដេវវុិច ស៊ូប្រថុយលះបង់ជីវិតរក្សានូវពង យ៉ាងណា មេម្រឹកចាមរី ស៊ូប្រថុយលះបង់ជីវិត រក្សានូវរេាមកន្ទុយ យ៉ាងណា កុដុម្ពីក៏មានកូនសម្លាញ់តែមួយ រក្សានូវកូន យ៉ាងណា បុរសមានភ្នែកម្ខាង រក្សានូវភ្នែកមួយយ៉ាងណា, លេាកទាំងឡាយ ចូររក្សានូវសីល របស់ខ្លួនអេាយជាទីស្រលាញ់ពេញចិត្តអេាយណាស់ ចូរប្រកបដេាយសេចក្តីគេារព សព្វៗកាល (អេាយដូចជាបក្សី ត្រដេរវវុិច រក្សាពងជាដេីម) យ៉ាងដូច្នេាះចុះ ។
ដោយ៥០០០ឆ្នាំ
images/articles/3185/435efedfseee.jpg
ធម៌ ២ ប្រការនេះ ប្រព្រឹត្តទៅដើម្បីសេចក្តីភ្លាំងភ្លាត់នៃព្រះសទ្ធម្
ផ្សាយ : ០៤ មេសា ឆ្នាំ២០២២
[២៦៦] ម្នាលភិក្ខុទាំងឡាយ ធម៌ទាំងឡាយ ២ ប្រការនេះ តែងប្រព្រឹត្តទៅ ដើម្បីសេចក្តីភ្លាំងភ្លាត់ ដើម្បីសេចក្តីសាបសូន្យ នៃព្រះសទ្ធម្ម។ ធម៌ ២ ប្រការ តើដូចម្តេច។ គឺបទ និងព្យពា្ជនៈ ដែលអាចារ្យដំកល់ទុកខុសមួយ សេចក្តីដែលអាចារ្យនាំមកខុស ១។
ម្នាលភិក្ខុទាំងឡាយ បើបទ និងព្យពា្ជនៈ ដែលអាចារ្យដំកល់ទុកខុសហើយ រូបសេចកី្ត ដែលអាចារ្យនាំមក ក៏ខុសដែរ។ ម្នាលភិក្ខុទាំងឡាយ ធម៌ទាំង ២ ប្រការនេះ តែងប្រព្រឹត្តទៅ ដើម្បីសេចក្តីភ្លាំងភ្លាត់ ដើម្បីសេចក្តីសាបសូន្យ នៃព្រះសទ្ធម្ម។
ម្នាលភិក្ខុទាំងឡាយ ធម៌ទាំង ២ ប្រការនេះ តែងប្រព្រឹត្តទៅ ដើម្បីឋិតថេរ មិនភ្លាំងភ្លាត់ មិនសាបសូន្យ នៃព្រះសទ្ធម្ម។ ធម៌ ២ ប្រការ តើដូចម្តេច។ គឺបទ និងព្យពា្ជនៈ ដែលអាចារ្យដំកល់ទុកត្រូវ ១ សេចក្ដីដែលអាចារ្យនាំមកត្រូវ ១ ម្នាលភិក្ខុទាំងឡាយ បើបទ និងព្យពា្ជនៈ ដែលអាចារ្យដំកល់ទុកត្រូវហើយ សូម្បីរូបសេចកី្ត ដែលអាចារ្យនាំមក ក៏ត្រូវដែរ។
ម្នាលភិក្ខុទាំងឡាយ ធម៌ទាំង ២ ប្រការនេះ តែងប្រព្រឹត្តទៅ ដើម្បីឋិតថេរ មិនភ្លាំងភ្លាត់ មិនសាបសូន្យ នៃព្រះសទ្ធម្មឡើយ។ ចប់ អធិករណវគ្គ ទី២។
ធម៌ ២ ប្រការនេះ ប្រព្រឹត្តទៅដើម្បីសេចក្តីភ្លាំងភ្លាត់នៃព្រះសទ្ធម្ម - បិដកភាគ_ ៤០ ទំព័រ ១៣០ ឃ្នាប ២៦៦
ដោយ៥០០០ឆ្នាំ
images/articles/3186/rteyu7565weewww.jpg
ធម៌ដែលនាំឲ្យពួកអកុសលចម្រើនឡើង
ផ្សាយ : ០៤ មេសា ឆ្នាំ២០២២
ទុតិយវគ្គ
[១៨១] ម្នាលភិក្ខុទាំងឡាយ តថាគតរំពឹងមើលមិនឃើញធម៌ដទៃ សូម្បីតែធម៌មួយ ដែល ជាហេតុនាំឲ្យពួកអកុសលធម៌ ដែលមិនទាន់កើត ឲ្យកើតឡើង ឬពួកអកុសលធម៌ ដែលកើតឡើងហើយ ឲ្យប្រព្រឹត្តទៅ យ៉ាងធំទូលាយក្រៃលែង ដូចមិច្ឆាទិដ្ឋិនេះឡើយ ភិក្ខុទាំងឡាយ។ ម្នាលភិក្ខុទាំងឡាយ ពួកអកុសលធម៌ ដែលមិនទាន់កើតឡើង រមែងកើតឡើង ឬពួកអកុសលធម៌ ដែលកើតឡើងហើយ ក៏រមែងប្រព្រឹត្តទៅ យ៉ាងធំទូលាយក្រៃលែង ដល់បុគ្គលជាមិច្ឆាទិដ្ឋិ។
[១៨២] ម្នាលភិក្ខុទាំងឡាយ តថាគតរំពឹងមើលមិនឃើញធម៌ដទៃ សូម្បីតែធម៌មួយ ដែលជាហេតុនាំពួកកុសលធម៌ ដែលមិនទាន់កើត ឲ្យកើតឡើង ឬពួកកុសលធម៌ ដែល កើតឡើងហើយ ឲ្យប្រព្រឹត្តទៅ យ៉ាងធំទូលាយក្រៃលែង ដូចសម្មាទិដ្ឋិនេះឡើយ ភិក្ខុទាំង ឡាយ។ ម្នាលភិក្ខុទាំងឡាយ ពួកកុសលធម៌ ដែលមិនទាន់កើត រមែងកើតឡើង ពួកកុសលធម៌ ដែលកើតឡើងហើយ ក៏ប្រព្រឹត្តទៅ យ៉ាងធំទូលាយក្រៃលែង ដល់បុគ្គលជាសម្មាទិដ្ឋិ។
[១៨៣] ម្នាលភិក្ខុទាំងឡាយ តថាគតរំពឹងមើលមិនឃើញធម៌ដទៃ សូម្បីតែធម៌មួយ ដែលជាហេតុនាំពួកកុសលធម៌ ដែលមិនទាន់កើត មិនឲ្យកើតឡើង ឬពួកកុសលធម៌ ដែលកើតឡើងហើយ ឲ្យសាបសូន្យទៅវិញ ដូចមិច្ឆាទិដ្ឋិនេះឡើយ ភិក្ខុទាំងឡាយ។ ម្នាលភិក្ខុ ទាំងឡាយ ពួកកុសលធម៌ ដែលមិនទាន់កើតឡើង រមែងមិនកើតឡើង ពួកកុសលធម៌ ដែល កើតឡើងហើយ រមែងសាបសូន្យទៅវិញ ដល់បុគ្គលជាមិច្ឆាទិដ្ឋិ។
[១៨៤] ម្នាលភិក្ខុទាំងឡាយ តថាគតរំពឹងមើលមិនឃើញធម៌ដទៃ សូម្បីតែធម៌មួយ ដែលជាហេតុនាំឲ្យពួកអកុសលធម៌ ដែលមិនទាន់កើតឡើង មិនឲ្យកើតឡើង ឬពួកអកុសល ធម៌ ដែលកើតឡើងហើយ ឲ្យសាបសូន្យទៅ ដូចសម្មាទិដ្ឋិនេះឡើយ ភិក្ខុទាំងឡាយ។ ម្នាលភិក្ខុទាំងឡាយ ពួកអកុសលធម៌ ដែលមិនទាន់កើតឡើង រមែងមិនកើតឡើង ពួកអកុសលធម៌ ដែលកើតឡើងហើយ រមែងសាបសូន្យទៅ ដល់បុគ្គលជាសម្មាទិដ្ឋិ។
[១៨៥] ម្នាលភិក្ខុទាំងឡាយ តថាគតរំពឹងមើលមិនឃើញធម៌ដទៃ សូម្បីតែធម៌មួយ ដែលជាហេតុនាំឲ្យមិច្ឆាទិដ្ឋិ ដែលមិនទាន់កើត ឲ្យកើតឡើង ឬមិច្ឆាទិដ្ឋិ ដែលកើតឡើងហើយ ឲ្យរឹងរឹតតែចំរើនឡើង ដូចគំនិតដែលត្រិះរិះមិនត្រូវផ្លូវនេះឡើយ ភិក្ខុទាំងឡាយ។ ម្នាលភិក្ខុទាំងឡាយ មិច្ឆាទិដ្ឋិ ដែលមិនទាន់កើត ក៏កើតឡើង មិច្ឆាទិដ្ឋិ ដែលកើតឡើងហើយ ក៏រមែងរឹងរឹតតែចំរើនឡើង ដល់បុគ្គលមានគំនិតត្រិះរិះមិនត្រូវផ្លូវ។
[១៨៦] ម្នាលភិក្ខុទាំងឡាយ តថាគតរំពឹងមើលមិនឃើញធម៌ដទៃ សូម្បីតែធម៌មួយ ដែល ជាហេតុនាំសម្មាទិដ្ឋិ ដែលមិនទាន់កើត ឲ្យកើតឡើង ឬសម្មាទិដ្ឋិ ដែលកើតឡើងហើយ ឲ្យ រឹងរឹតតែចំរើនឡើង ដូចគំនិតដែលត្រិះរិះត្រូវផ្លូវនេះឡើយ ភិក្ខុទាំងឡាយ។ ម្នាលភិក្ខុទាំង ឡាយ សម្មាទិដ្ឋិ ដែលមិនទាន់កើត ក៏កើតឡើង សម្មាទិដ្ឋិ ដែលកើតឡើងហើយ ក៏រមែងរឹង រឹតតែចំរើនឡើង ដល់បុគ្គលមានគំនិតត្រិះរិះត្រូវផ្លូវ។
[១៨៧] ម្នាលភិក្ខុទាំងឡាយ តថាគតរំពឹងមើលមិនឃើញធម៌ដទៃ សូម្បីតែធម៌មួយ ដែលជាហេតុនាំពួកសត្វ ដែលបែកធ្លាយរាងកាយស្លាប់ទៅ ឲ្យទៅកើតជាតិរច្ឆាន ប្រេត វិស័យ អសុរកាយ នរក ដូចយ៉ាងមិច្ឆាទិដ្ឋិនេះឡើយ ភិក្ខុទាំងឡាយ។ ម្នាលភិក្ខុទាំងឡាយ ពួកសត្វ ដែលប្រកបដោយមិច្ឆាទិដ្ឋិ លុះបែកធ្លាយរាងកាយស្លាប់ទៅ រមែងទៅកើតជាតិរច្ឆាន ប្រេត វិស័យ អសុរកាយ នរក។
[១៨៨] ម្នាលភិក្ខុទាំងឡាយ តថាគតរំពឹងមើលមិនឃើញធម៌ដទៃ សូម្បីតែធម៌មួយ ដែល ជាហេតុនាំពួកសត្វ ដែលបែកធ្លាយរាងកាយស្លាប់ទៅ ឲ្យទៅកើតក្នុងសុគតិសួគ៌ ទេវលោក ដូចយ៉ាងសម្មាទិដ្ឋិនេះឡើយ ភិក្ខុទាំងឡាយ។ ម្នាលភិក្ខុទាំងឡាយ ពួកសត្វ ដែលប្រកបដោយសម្មាទិដ្ឋិ លុះបែកធ្លាយរាងកាយស្លាប់ទៅ រមែងកើតក្នុងសុគតិសួគ៌ ទេវលោក។
[១៨៩] ម្នាលភិក្ខុទាំងឡាយ កាយកម្មណាក្តី ដែលបុរសបុគ្គលជាមិច្ឆាទិដ្ឋិ បានបំពេញ បានសមាទាន កាន់តាមទិដ្ឋិហើយ វចីកម្មណាក្តី ដែលបុរសបុគ្គលជាមិច្ឆាទិដ្ឋិ បានបំពេញ បានសមាទាន កាន់តាមទិដ្ឋិហើយ មនោកម្មណាក្តី ដែលបុរសបុគ្គលជាមិច្ឆាទិដ្ឋិ បានបំពេញ បានសមាទាន កាន់តាមទិដ្ឋិហើយ ចេតនាណាក្តី សេចក្តីប្រាថ្នាណាក្តី សេចក្តីប្រណិធានណាក្តី សង្ខារទាំងឡាយណាក្តី ធម៌ទាំងអស់នោះ សុទ្ធតែប្រព្រឹត្តទៅ ដើម្បីមិនជាទីប្រាថ្នា មិនជាទីត្រេកអរ មិនជាទីគាប់ចិត្ត មិនជាប្រយោជន៍ ជាទុក្ខ។ ដំណើរនោះ ព្រោះហេតុអ្វី។ ម្នាលភិក្ខុទាំងឡាយ ព្រោះទិដ្ឋិជាធម្មជាតិដ៏លាមក។ ម្នាលភិក្ខុទាំងឡាយ ដូចជាពូជស្តៅក្តី ពូជននោងព្រៃក្តី ពូជត្រសក់ក្អែកក្តី ដែលបុគ្គលដាំក្នុងដីសើម តែងស្រូបយករសដីណាក្តី ស្រូបយករសទឹកណាក្តី រសជាតិទាំងអស់នោះ តែងប្រព្រឹត្តទៅ ដើម្បីល្វីង ហាងមិនឆ្ងាញ់។ ដំណើរនោះ ព្រោះហេតុអ្វី។ ម្នាលភិក្ខុទាំងឡាយ ព្រោះពូជជារបស់មិនល្អ យ៉ាងណាមិញ។ ម្នាលភិក្ខុទាំងឡាយ កាយកម្មណាក្តី ដែលបុរសបុគ្គលជាមិច្ឆាទិដ្ឋិ បានបំពេញ បានសមាទានកាន់តាមទិដ្ឋិហើយ វចីកម្មណាក្តី ដែលបុរសបុគ្គលជាមិច្ឆាទិដ្ឋិ បានបំពេញ បានសមាទាន កាន់តាមទិដ្ឋិហើយ មនោកម្មណាក្តី ដែលបុរសបុគ្គល ជាមិច្ឆាទិដ្ឋិ បានបំពេញ បានសមាទាន កាន់តាមទិដ្ឋិហើយ ចេតនាណាក្តី សេចក្តីប្រាថ្នាណាក្តី សេចក្តីប្រណិធានណាក្តី សង្ខារទាំងឡាយណាក្តី ធម៌ទាំងអស់នោះ តែងប្រព្រឹត្តទៅ ដើម្បីមិនជាទីប្រាថ្នា មិនជាទីត្រេកអរ មិនជាទី គាប់ចិត្ត មិនជាប្រយោជន៍។ ដំណើរនោះ ព្រោះហេតុអ្វី។ ម្នាលភិក្ខុទាំងឡាយ ព្រោះទិដ្ឋិ ជា ធម្មជាតិអាក្រក់ ក៏យ៉ាងនោះឯង។
[១៩០] ម្នាលភិក្ខុទាំងឡាយ កាយកម្មណាក្តី ដែលបុរសបុគ្គលជាសម្មាទិដ្ឋិ បានបំពេញ បានសមាទាន កាន់តាមទិដ្ឋិហើយ វចីកម្មណាក្តី ដែលបុគ្គល ជាសម្មាទិដ្ឋិ បានបំពេញ បានសមាទាន កាន់តាមទិដ្ឋិហើយ មនោកម្មណាក្តី ដែលបុរសបុគ្គល ជាសម្មាទិដ្ឋិ បានបំពេញ បានសមាទាន កាន់តាមទិដ្ឋិហើយ ចេតនាណាក្តី សេចក្តីប្រាថ្នាណាក្តី សេចក្តីប្រណិធាន ណាក្តី សង្ខារទាំងឡាយណាក្តី ធម៌ទាំងអស់នោះ តែងប្រព្រឹត្តទៅ ដើម្បីជាទីប្រាថ្នា ជាទី ត្រេកអរ ជាទីគាប់ចិត្ត ជាប្រយោជន៍ ជាសុខ។ ដំណើរនោះ ព្រោះហេតុអ្វី។ ម្នាលភិក្ខុទាំង ឡាយ ព្រោះទិដ្ឋិជាធម្មជាតិចំរើន។ ម្នាលភិក្ខុទាំងឡាយ ដូចពូជអំពៅក្ដី ពូជស្រូវសាលីក្តី ពូជចន្ទន៍ក្តី ដែលបុគ្គលដាំក្នុងដីសើម តែងស្រូបយករសដីណាក្តី ស្រូបយករសទឹកណាក្តី រសជាតិទាំងអស់នោះ តែងប្រព្រឹត្តទៅ ដើម្បីរសផ្អែម មិនច្រឡំដោយរសឯទៀត។ ដំណើរ នោះ ព្រោះហេតុអ្វី។ ម្នាលភិក្ខុទាំងឡាយ ព្រោះពូជជារបស់ចំរើន យ៉ាងណាមិញ។ ម្នាលភិក្ខុទាំងឡាយ កាយកម្មណាក្តី ដែលបុរសបុគ្គល ជាសម្មាទិដ្ឋិ បានបំពេញ បានសមាទាន កាន់តាមទិដ្ឋិហើយ វចីកម្មណាក្តី ដែលបុរសបុគ្គល ជាសម្មាទិដ្ឋិ បានបំពេញ បានសមាទាន កាន់តាមទិដ្ឋិហើយ មនោកម្មណាក្តី ដែលបុរសបុគ្គល ជាសម្មាទិដ្ឋិ បានបំពេញ បានសមាទាន កាន់តាមទិដ្ឋិហើយ ចេតនាណាក្តី សេចក្តីប្រាថ្នាណាក្តី សេចក្តីប្រណិធានណាក្តី សង្ខារទាំងឡាយណាក្តី ធម៌ទាំងអស់នោះ តែងប្រព្រឹត្តទៅ ដើម្បីជាទីប្រាថ្នា ជាទីត្រេកអរ ជាទីគាប់ចិត្ត ជាប្រយោជន៍ ជាសុខ។ ដំណើរនោះ ព្រោះហេតុអ្វី។ ម្នាលភិក្ខុទាំងឡាយ ព្រោះទិដ្ឋិ ជាធម្មជាតិចំរើន ក៏យ៉ាងនោះដែរ។
ចប់ វគ្គ ទី២។
ទុតិយវគ្គ ឬ ធម៌ដែលនាំឲ្យពួកអកុសលចម្រើនឡើង - បិដកភាគ ៤០ ទំព័រ ៦៩ ឃ្នាប ១៨១
ដោយ៥០០០ឆ្នាំ
images/articles/3188/rwe323344de.jpg
ទោសមិច្ឆាទិដ្និជាទោសធំក្រៃលែង
ផ្សាយ : ០៤ មេសា ឆ្នាំ២០២២
[១៩៣] ម្នាលភិក្ខុទាំងឡាយ តថាគតរំពឹងមើលមិនឃើញធម៌ដទៃ សូម្បីតែធម៌មួយ ដែលមានទោសធំយ៉ាងនេះ ដូចមិច្ឆាទិដ្ឋិនេះឡើយ ភិក្ខុទាំងឡាយ។ ម្នាលភិក្ខុទាំងឡាយ ទោសទាំងឡាយ មានតែមិច្ឆាទិដ្ឋិ ជាទោសក្រៃលែង។
[១៩៤] ម្នាលភិក្ខុទាំងឡាយ តថាគតរំពឹងមើលមិនឃើញបុគ្គលដទៃ សូម្បីតែបុគ្គលម្នាក់ ជាអ្នកប្រតិបត្តិ ដើម្បីមិនជាប្រយោជន៍ ដល់ជនច្រើន ដើម្បីមិនជាសេចក្តីសុខ ដល់ជនច្រើន ដើម្បីសេចក្តីវិនាស ដល់ជនច្រើន ដើម្បីមិនជាប្រយោជន៍ ដើម្បីសេចក្តីទុក្ខ ដល់ទេវតា និងមនុស្សទាំងឡាយ យ៉ាងនេះ ដូចមក្ខលិមោឃ [នេះជាឈ្មោះ មក្ខលិគោសាល។ អដ្ឋកថា។] បុរសនេះឡើយ ភិក្ខុទាំងឡាយ។ ម្នាលភិក្ខុទាំងឡាយ ដូចបុគ្គលដាក់លប នៅមាត់ស្ទឹង ដើម្បីមិនជាប្រយោជន៍ ដើម្បីសេចក្តីទុក្ខ ដើម្បីសេចក្តីមិនចំរើន ដើម្បីសេចក្តីវិនាស ដល់ពួកត្រីជាច្រើន យ៉ាងណាមិញ។ ម្នាលភិក្ខុទាំងឡាយ មក្ខលិមោឃបុរស កើតឡើងហើយក្នុងលោក ដើម្បីមិនជាប្រយោជន៍ ដើម្បីសេចក្តីទុក្ខ ដើម្បីសេចក្តីមិនចំរើន ដើម្បីសេចក្តីវិនាស ដល់ពួកសត្វជាច្រើន ប្រហែលគ្នានឹងលបដាក់មនុស្ស គឺឃាត់ដំណើរ របស់មហាជន មិនឲ្យទៅស្ថានសួគ៌និព្វានរួច ក៏យ៉ាងនោះឯង។
តតិយវគ្គ_ ឬ ទោសមិច្ឆាទិដ្និជាទោសធំក្រៃលែង - បិដកភាគ ៤០ ទំព័រ ៧៦__ ឃ្នាប ១៩៣
ដោយ៥០០០ឆ្នាំ
images/articles/3189/45wedffghjklyttt.jpg
កុលបុត្រមិនងាយនឹងធ្វើការតបគុណ ដល់បុគ្គលពីរពួកបានទេ
ផ្សាយ : ០៤ មេសា ឆ្នាំ២០២២
សមចិត្តវគ្គ ទី៤
[២៧៨] ម្នាលភិក្ខុទាំងឡាយ តថាគតពោលថា កុលបុត្តមិនងាយនឹងធ្វើការតបគុណ ដល់បុគ្គលពីរពួកបានទេ។ បុគ្គលពីរពួក តើនរណាខ្លះ។ គឺមាតា ១ បិតា ១។ ម្នាលភិក្ខុទាំងឡាយ កុលបុត្តមានអាយុ ១០០ ឆ្នាំ រស់នៅអស់រវាង ១០០ ឆ្នាំ គប្បីបញ្ជិះមាតា ដោយស្មាម្ខាង បញ្ជិះបិតា ដោយស្មាម្ខាង កុលបុត្តនោះ បម្រើមាតាបិតាទាំងពីរនោះ ដោយការដុសជម្រះបំបាត់ក្លិនអាក្រក់ រិតនួតដៃ ផ្ងូតទឹក គក់ច្របាច់ដៃជើង ឯមាតាបិតាទាំងពីរនោះ ក៏បន្ទោបង់មូត្រ ករីស លើស្មាកុលបុត្តនោះឯង ម្នាលភិក្ខុទាំងឡាយ (ហេតុមានប្រមាណប៉ុណ្ណេះ) គង់មិនទាន់ហៅថា ធ្វើ ឬ ថា ធ្វើតបដល់មាតា និងបិតាឡើយ។ ម្នាលភិក្ខុទាំងឡាយ កុលបុត្ត តម្កើងមាតា និងបិតា ឲ្យតាំងនៅក្នុងរាជសម្បត្តិ មានឥស្សរភាពជាអធិបតី លើផែនដីធំ ដែលមានកែវ ទាំង ៧ ប្រការ ច្រើននេះ ម្នាលភិក្ខុទាំងឡាយ (ហេតុមានប្រមាណប៉ុណ្ណេះ) គង់មិនទាន់ហៅថា ធ្វើ ឬថា ធ្វើតបដល់មាតា និងបិតាឡើយ។ ដំណើរនោះ ព្រោះហេតុអី្វ។ ម្នាលភិក្ខុទាំងឡាយ ព្រោះថា មាតា និងបិតា មានឧបការៈច្រើន ដល់បុត្រទាំងឡាយ ព្រោះជាអ្នកថែរក្សា ចិញ្ចឹម បង្ហាញនូវលោកនេះ។ ម្នាលភិក្ខុទាំងឡាយ (បើ) កុលបុត្តណាមួយ ដឹកនាំមាតា និងបិតា ដែលមិនមានសទ្ធា ឲ្យកាន់យក ឲ្យអាស្រ័យនៅ ឲ្យតាំងនៅក្នុងសទ្ធាសម្បទា បើទ្រុស្តសីល ឲ្យកាន់យក ឲ្យអាស្រ័យនៅ ឲ្យតាំងនៅក្នុងសីលសម្បទា បើកំណាញ់ ឲ្យកាន់យក ឲ្យអាស្រ័យនៅ ឲ្យតាំងនៅក្នុងចាគសម្បទា បើឥតបញ្ញា ឲ្យកាន់យក ឲ្យអាស្រ័យនៅ ឲ្យតាំងនៅក្នុងបញ្ញាសម្បទា ម្នាលភិក្ខុទាំងឡាយ ហេតុមានប្រមាណប៉ុណ្ណេះ ទើបហៅថា ធ្វើ ឬថា ធ្វើតបដល់មាតា និងបិតាមែន។
កុលបុត្រមិនងាយនឹងធ្វើការតបគុណ ដល់បុគ្គលពីរពួកបានទេ - បិដកភាគ ៤០ ទំព័រ ១៣៧ ឃ្នាប ២៧៨
ដោយ៥០០០ឆ្នាំ
images/articles/3190/rf434feee3333ee.jpg
ភរិយា ៧ ពួក
ផ្សាយ : ០៤ មេសា ឆ្នាំ២០២២
ភរិយាសូត្រ ទី១០
[៦០] គ្រានោះ ព្រះដ៏មានព្រះភាគ ទ្រង់ស្បង់ ប្រដាប់បាត្រ និងចីវរ ក្នុងបុព្វណ្ហសម័យ ហើយចូលទៅលំនៅរបស់អនាថបិណ្ឌិកគហបតី លុះចូលទៅដល់ហើយ ក៏គង់លើអាសនៈ ដែលគេក្រាលថ្វាយ។ សម័យនោះឯង មនុស្សទាំងឡាយ មានសម្លេងហ៊ោកញ្ជ្រៀវ ក្នុងលំនៅនៃអនាថបិណ្ឌិកគហបតី។ លំដាប់នោះ អនាថបិណ្ឌិកគហបតី ចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ហើយ ក៏ក្រាបថ្វាយបង្គំព្រះដ៏មានព្រះភាគ ហើយអង្គុយក្នុងទីសមគួរ។ លុះអនាថបិណ្ឌិកគហបតី អង្គុយក្នុងទីសមគួរហើយ ព្រះដ៏មានព្រះភាគ ក៏ទ្រង់ត្រាស់ដូច្នេះថា ម្នាលគហបតី មនុស្សទាំងឡាយ មានសំឡេងហ៊ោកញ្ជ្រៀវ ក្នុងលំនៅនៃអ្នក ទំនងដូចជាញ្រនសន្ទូចចាប់ត្រី ដូចម្តេចហ្ន៎។ បពិត្រព្រះអង្គដ៏ចំរើន នាងសុជាតានេះ ជាឃរសុណ្ហា (កូនប្រសាស្រ្តីក្នុងផ្ទះ) ខ្ញុំព្រះអង្គបាននាំមកអំពីត្រកូលស្តុកស្តម្ភ នាងសុជាតានោះ មិនអើពើនឹងឪពុកក្មេក មិនអើពើនឹងម្តាយក្មេក មិនអើពើនឹងស្វាមី ទាំងមិនបានធ្វើសក្ការ មិនបានគោរព មិនបានរាប់អាន មិនបានបូជាព្រះដ៏មានព្រះភាគ។ លំដាប់នោះ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ហៅនាងសុជាតា ជាឃរសុណ្ហាថា ម្នាលនាងសុជាតា ចូរនាងមកនេះ។ នាងសុជាតា ជាឃរសុណ្ហា បានទទួលព្រះពុទ្ធដីកាព្រះដ៏មានព្រះភាគថា ព្រះករុណា ព្រះអង្គ ហើយក៏ចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ហើយ ក៏ក្រាបថ្វាយបង្គំព្រះដ៏មានព្រះភាគ ហើយអង្គុយក្នុងទីសមគួរ។ លុះនាងសុជាតា ជាឃរសុណ្ហា អង្គុយក្នុងទីសមគួរហើយ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ដូច្នេះថា ម្នាលនាងសុជាតា ភរិយារបស់បុរសនេះ មាន ៧ ពួក។ ភរិយា ៧ ពួក តើដូចម្តេចខ្លះ។ គឺ វធសមាភរិយា (ភរិយាស្មើដោយអ្នកសម្លាប់) ១ ចោរសមាភរិយា (ភរិយាស្មើដោយចោរ) ១ អយ្យសមាភរិយា (ភរិយាស្មើដោយម្ចាស់) ១ មាតុសមាភរិយា (ភរិយាស្មើដោយមាតា) ១ ភគិនិសមាភរិយា (ភរិយាស្មើដោយប្អូនស្រី) ១ សខីសមាភរិយា (ភរិយាស្មើដោយសំឡាញ់) ១ ទាសីសមាភរិយា (ភរិយាស្មើដោយខ្ញុំស្រី) ១។ ម្នាលនាងសុជាតា នេះជាភរិយា ៧ ពួក របស់បុរស។ បណ្តាភរិយាទាំង ៧ ពួកនោះ នាងជាភរិយាដូចម្តេច។ បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គមិនបានដឹងនូវអត្ថនៃភាសិតនេះ ដែលព្រះដ៏មានព្រះភាគ ទ្រង់សំដែងដោយសេចក្តីសង្ខេប ឲ្យពិស្តារបានទេ។ បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គ គប្បីដឹងនូវអត្ថនៃភាសិតនេះ ដែលព្រះដ៏មានព្រះភាគ ទ្រង់សំដែងហើយ ដោយសេចក្តីសង្ខេប ឲ្យពិស្តារបាន យ៉ាងណា សូមព្រះដ៏មានព្រះភាគ សំដែងនូវធម៌ឲ្យប្រពៃ ដល់ខ្ញុំព្រះអង្គ យ៉ាងនោះ។ ម្នាលនាងសុជាតា បើដូច្នោះ ចូរនាងចាំស្តាប់ ចូរធ្វើទុកក្នុងចិត្ត ដោយប្រពៃ តថាគតនឹងសំដែង។ នាងសុជាតា ជាឃរសុណ្ហា បានទទួលព្រះពុទ្ធដីកា ព្រះដ៏មានព្រះភាគថា ព្រះករុណា ព្រះអង្គ។ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ដូច្នេះថា
ភរិយាដែលស្វាមីលោះមកដោយទ្រព្យ ស្រ្តីមានចិត្តប្រទូស្ត (នឹងស្វាមី) មានសេចក្តីមិនអនុគ្រោះនូវប្រយោជន៍ ជាអ្នកត្រេកត្រអាលក្នុងបុរសដទៃ មើលងាយប្តី ខ្វល់ខ្វាយដើម្បីសម្លាប់ (ប្តី) ស្រ្តីណាជាភរិយានៃបុរស មានសភាពដូច្នេះ ស្រ្តីនោះហៅថា វធកាភរិយា។ ស្វាមីនៃស្រ្តី បាននូវទ្រព្យណា ហើយដំកល់ទុក ដើម្បីធ្វើនូវសិល្បៈក្តី នូវជំនួញក្តី នូវកសិកម្មក្តី ស្ត្រីនោះ ប្រាថ្នាដើម្បីលួចកិបយកនូវទ្រព្យ សូម្បីបន្តិចបន្តួចអំពីទ្រព្យនោះ ស្ត្រីណា ជាភរិយានៃបុរស មានសភាពដូច្នេះ ស្រ្តីនោះ ហៅថា ចោរីភរិយា។ ស្ត្រីមិនមានសេចក្តីប្រាថ្នា នឹងធ្វើនូវការងារ ជាអ្នកខ្ជិលច្រអូស ស៊ីច្រើន រឹងរូស កាច ពោលនូវពាក្យអាក្រក់ ប្រព្រឹត្តគ្របសង្កត់នូវស្វាមី ដែលមានព្យាយាម ប្រឹងប្រែង ស្ត្រីណា ជាភរិយានៃបុរសមានសភាពដូច្នេះ ស្ត្រីនោះ ហៅថា អយ្យាភរិយា។ ស្ត្រីណា មានសេចក្តីអនុគ្រោះនូវប្រយោជន៍សព្វ ៗកាល ចេះរក្សាប្តី ដូចជាមាតារក្សាកូន ទាំងរក្សានូវទ្រព្យដែលស្វាមីនោះ បានមកអំពីទីនោះ ៗ ស្រ្តីណាជាភរិយានៃបុរស មានសភាពដូច្នេះ ស្រ្តីនោះ ហៅថា មាតាភរិយា។ ស្រ្តីមានសេចក្តីគោរព ក្នុងស្វាមីរបស់ខ្លួន ដូចប្អូនស្រីគោរពបងប្រុស មានសេចក្តីអៀនខ្មាស ប្រព្រឹត្តទៅតាមអំណាចនៃភស្តា ស្រ្តីណា ជាភរិយានៃបុរស មានសភាពដូច្នេះ ស្ត្រីនោះ ហៅថា ភគិនីភរិយា។ ស្ត្រីណា ក្នុងលោកនេះ បានឃើញនូវប្តីហើយ ក៏រីករាយ ដូចជាសំឡាញ់ បានឃើញសំឡាញ់ ដែលមកអស់កាលយូរ ស្រ្តីនោះ បរិបូណ៌ដោយត្រកូល មានសីលធម៌ ជាស្រ្តីមានវត្តប្រតិបត្តិក្នុងប្តី ស្រ្តីណា ជាភរិយានៃបុរស មានសភាពដូច្នេះ ស្រ្តីនោះ ហៅថា សខីភរិយា។ ស្រ្តីដែលស្វាមីជេរ វាយ គំរាមដោយដំបង មិនមានចិត្តប្រទូស្តវិញ ចេះអត់សង្កត់ដល់ប្តី មិនក្រោធ ប្រព្រឹត្តទៅតាមអំណាចនៃភស្តា ស្ត្រីណាជាភរិយានៃបុរស មានសភាពដូច្នេះ ស្ត្រីនោះ ហៅថា ទាសីភរិយា។ ភរិយាណា ក្នុងលោកនេះ ដែលហៅថា វធកាក្តី ហៅថា ចោរីក្តី ហៅថា អយ្យាក្តី ភរិយាទាំងនោះ មានសភាពជាស្ត្រីទ្រុស្តសីល រឹងរូស មិនមានសេចក្តីគោរព លុះបែកធ្លាយរាងកាយស្លាប់ទៅ រមែងទៅកាន់នរក។ ភរិយាណា ក្នុងលោកនេះ ដែលហៅថាមាតាក្តី ភគិនីក្តី សខីក្តី ទាសីក្តី ភរិយាទាំងនោះ ជាស្រ្តីសង្រួមអស់កាលជាយូរអង្វែង ព្រោះតាំងនៅក្នុងសីលធម៌ លុះបែកធ្លាយរាង កាយស្លាប់ទៅ រមែងទៅកាន់សុគតិ។
ម្នាលនាងសុជាតា នេះជាភរិយារបស់បុរស ៧ ពួក បណ្តាភរិយា ទាំង ៧ ពួកនោះ នាងតើជាភរិយាដូចម្តេច។ បពិត្រព្រះអង្គដ៏ចំរើន សូមព្រះដ៏មានព្រះភាគ សំគាល់ទុកនូវខ្ញុំព្រះអង្គ ថាជាភរិយាស្មើដោយទាសីរបស់ស្វាមី ចាប់ដើមអំពីថ្ងៃនេះតទៅ។
ភរិយា ៧ ពួក - បិដកភាគ ៤៧ ទំព័រ ១៦៧ ឃ្នាប ៦០
ដោយ៥០០០ឆ្នាំ
images/articles/3174/_________________________________.jpg
សិក្សាព្រះត្រៃបិដក
ផ្សាយ : ០៣ មេសា ឆ្នាំ២០២២
ការបដិបត្តិដើម្បីប្រយោជន៍សុខដល់ជនច្រើននៅពេលចេញព្រះវស្សាទី ១ របស់ព្រះដ៏មានព្រះភាគ ក្នុងកាលណោះ ព្រះអង្គទ្រង់ត្រាស់ទៅកាន់ព្រះអរហន្ត ៦០ អង្គ ដែលមានសេចក្តីទាំងស្រុង ក្នុងវិន័យបិដកលេខ ៦ ទំព័រ ៦៦ ដូចតទៅ៖
គ្រានោះ ព្រះដ៏មានព្រះភាគទ្រង់ហៅភិក្ខុទាំងឡាយមកហើយ ទើបត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតរួចហើយអំពីអន្ទាក់ទាំងអស់ ទោះបីជារបស់ទេវតាក្តី ទោះបីជារបស់មនុស្សក្តី ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ សោតក៏បានរួចហើយអំពីអន្ទាក់ទាំងអស់ដែរ ទោះបីរបស់ទេវតាក្តី ទោះបីរបស់មនុស្សក្តី ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយចូរត្រាច់ទៅកាន់ចារិក (គឺស្រុកនិងនិគម និងរាជធានី ហើយសំដែងធម៌) ដើម្បីជាប្រយោជន៍ និង សេចក្តីសុខដល់ជនច្រើន ដើម្បីអនុគ្រោះសត្វលោក ដើម្បីជាប្រយោជន៍ ដើម្បីជាគុណ ដើម្បីសេចក្តីសុខ ដល់ ទេវតានិងមនុស្សទាំងឡាយ អ្នកទាំងឡាយកុំទៅពីរនាក់តាមផ្លូវមួយជាមួយគ្នាឡើយ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយចូរសម្តែងធម៌ ឲ្យពីរោះបទដើមបទកណ្តាល និងបទចុង អ្នកទាំងឡាយចូរប្រកាសនូវព្រហ្មចរិយធម៌ដ៏បរិសុទ្ធប្រកបដោយអត្ថ និងព្យញ្ជនៈដ៏ពេញបរិបូណ៌ទាំងអស់ សត្វទាំងឡាយដែលមានធូលី គឺរាគាទិក្កិលេសតិច ក្នុងភ្នែកក៏មាន សត្វទាំងនោះនឹងសាបសូន្យ (ចាកមគ្គផល) ព្រោះមិនបានស្តាប់ធម៌ សត្វទាំងឡាយអ្នកបម្រុង ត្រាស់ដឹងធម៌ គង់នឹងមាន ម្នាលភិក្ខុទាំងឡាយ ចំណែកតថាគតក៏នឹងចូលទៅកាន់សេនានិគម ក្នុងឧរុវេលា-ប្រទេស ដើម្បីសម្តែងធម៌។
ក្នុងបិដកលេខ ២៩ ទំព័រ ២៨៧ ទុតិយបាសសូត្រ មានសេចក្តីផ្តើមថា៖
ខ្ញុំបានស្តាប់មកយ៉ាងនេះ ។ សម័យមួយ ព្រះមានព្រះភាគទ្រង់គង់នៅ ក្នុងព្រៃឥសិបតនមិគទាយវ័ន ទៀបក្រុង ពារាណសី ។ កាលព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងទីនោះ បានត្រាស់ហៅភិក្ខុទាំងឡាយថា ម្នាលភិក្ខុទាំងឡាយ។ ភិក្ខុទាំងឡាយទទួលព្រះពុទ្ធដីការបស់ព្រះមានព្រះភាគថា ព្រះករុណា ព្រះអង្គ ។ ទើបព្រះដ៏មានព្រះ ភាគទ្រង់ត្រាស់ដូចបានសរសេរហើយពីខាងដើម គឺទ្រង់ត្រាស់ឲ្យព្រះភិក្ខុនិមន្តទៅសម្តែងព្រះធម៌ តាមផ្លូវមួយតែ មួយអង្គ កុំទៅពីរអង្គតាមផ្លូវមួយជាមួយគ្នាឡើយ។
ក្នុងបិដកលេខ ៤៣ ទំព័រ ១៣ សុគតសូត្រ មានសេចក្តីទាំងស្រុងដូចតទៅ៖
ម្នាលភិក្ខុទាំងឡាយ កាលព្រះសុគតក្តី វិន័យព្រះសុគតក្តី ប្រតិស្ឋាននៅក្នុងលោក ការនោះប្រព្រឹត្តទៅ ដើម្បីប្រយោជន៍ដល់ជនច្រើន ដើម្បីសេចក្តីសុខដល់ជនច្រើន ដើម្បីអនុគ្រោះដល់សត្វលោក ដើម្បីសេចក្តីចម្រើន ដើម្បីជាប្រយោជន៍ ដើម្បីសេចក្តីសុខដល់ទេវតា និងមនុស្សទាំងឡាយ ។
ម្នាលភិក្ខុទាំងឡាយ ចុះព្រះសុគតដូចមេ្តច ។ ម្នាលភិក្ខុទាំងឡាយ ព្រះតថាគតកើតឡើងក្នុងលោកនេះ ជាអរហន្តសម្មាសម្ពុទ្ធ ព្រះអង្គបរិបូណ៌ដោយ វិជ្ជា និងចរណៈ ព្រះអង្គមានដំណើរល្អ ទ្រង់ជ្រាបច្បាស់នូវត្រៃលោក ព្រះអង្គប្រសើរដោយសីលាទិគុណរក បុគ្គលណាមួយស្មើគ្មាន ព្រះអង្គជាអ្នកទូន្មាននូវបុរសដែលគួរទូន្មានបាន ព្រះអង្គជាសាស្តានៃទេវតា និងមនុស្ស ទាំងឡាយ ព្រះអង្គទ្រង់ត្រាស់ដឹងនូវចតុរារិយសច្ច ព្រះអង្គលែងវិលមកកាន់ភពថ្មីទៀត ។
ម្នាលភិក្ខុទាំងឡាយ នេះជាព្រះសុគត ។ ម្នាលភិក្ខុទាំងឡាយ ចុះវិន័យព្រះសុគត ដូចម្តេច ។ ព្រះសុគតនោះ ទ្រង់សម្តែងធម៌ពីរោះ បទដើម ពីរោះបទកណ្តាល ពីរោះបទចុង ប្រកាសនូវព្រហ្មចរិយៈ ប្រកបដោយអត្ថ ប្រកបដោយព្យញ្ជនៈដ៏បរិបូណ៌ បរិសុទ្ធទាំងអស់ ។ ម្នាលភិក្ខុទាំងឡាយ នេះជាវិន័យព្រះសុគត ។ ម្នាលភិក្ខុទាំងឡាយ កាលព្រះសុគត ក្តី វិន័យព្រះសុគតក្តី ប្រតិស្ឋាននៅក្នុងលោកយ៉ាងនេះ ការនោះប្រព្រឹត្តទៅ ដើម្បីជាប្រយោជន៍ដល់ជនច្រើន ដើម្បីសេចក្តីសុខដល់ជនច្រើន ដើម្បីអនុគ្រោះដល់សត្វលោក ដើម្បីសេចក្តីចម្រើន ដើម្បីជាប្រយោជន៍ ដើម្បីសេចក្តីសុខដល់ទេវតា និងមនុស្សទាំងឡាយ។
ម្នាលភិក្ខុទាំងឡាយ ធម៌ ៤ ប្រការនេះ ប្រព្រឹត្តទៅដើម្បីសេចក្តី វិនាសសាបសូន្យនៃព្រះសទ្ធម្ម ។ ធម៌ ៤ ប្រការ គឺអ្វីខ្លះ។
»ម្នាលភិក្ខុទាំងឡាយ ភិក្ខុទាំងឡាយ ក្នុងសាសនានេះ រៀនព្រះសូត្រដែលខ្លួនរៀនខុស ដោយបទនិងព្យញ្ជនៈដែលរៀបរៀងខុសលំដាប់ ម្នាលភិក្ខុទាំងឡាយ បទនិង ព្យញ្ជនៈដែលរៀបរៀងខុសលំដាប់ រមែងយល់សេចក្តីបានដោយលំបាក ។ ម្នាលភិក្ខុទាំងឡាយ នេះជាធម៌ទី ១ ដែលប្រព្រឹត្តទៅដើម្បីសេចក្តីវិនាសសាបសូន្យនៃព្រះសទ្ធម្ម។
»ម្នាលភិក្ខុទាំងឡាយ មួយទៀត ភិក្ខុទាំងឡាយ ជា មនុស្សដែលគេប្រដៅបានដោយក្រ ប្រកបដោយធម៌ដែលឲ្យគេប្រដៅក្រ ជាអ្នកមិនចេះអត់ធន់ មិនទទួលពាក្យ ប្រៀនប្រដៅខាងស្តាំ ។ ម្នាលភិក្ខុទាំងឡាយ នេះជាធម៌ទី ២ ដែលប្រព្រឹត្តទៅ ដើម្បីសេចក្តីវិនាសសាបសូន្យនៃ ព្រះសទ្ធម្ម។
»ម្នាលភិក្ខុទាំងឡាយ មួយទៀតភិក្ខុទាំងឡាយណា ជាអ្នកមានសេចក្តីចេះដឹងច្រើន មានអាគមគឺ និកាយដ៏ស្ទាត់ ចងចាំនូវធម៌ ចងចាំនូវវិន័យ ចងចាំនូវមាតិកា ភិក្ខុទាំងនោះ មិនញ៉ាំងបុគ្គលដទៃឲ្យរៀនព្រះសូត្រ ដោយគោរព លុះអំណើះទៅមុខ ព្រះសូត្ររបស់ភិក្ខុទាំងនោះក៏ដាច់មូលលែងប្រតិស្ឋាននៅ ។ ម្នាលភិក្ខុទាំង ឡាយ នេះជាធម៌ទី ៣ ដែលប្រព្រឹត្តទៅដើម្បីសេចក្តីវិនាសសាបសូន្យនៃព្រះសទ្ធម្ម។
»ម្នាលភិក្ខុទាំងឡាយ មួយវិញទៀត ភិក្ខុទាំងឡាយជាថេរៈជាអ្នកប្រតិបត្តិដើម្បីឲ្យកើតបច្ច័យច្រើន ប្រតិបត្តិបន្ធូរបន្ថយ ជាប្រធានក្នុងការ ប្រតិបត្តិបន្ធូរបន្ថយ ជាអ្នកដាក់ធុរៈក្នុងវិវេក មិនប្រារព្ធព្យាយាមដើម្បីដល់នូវគុណវិសេស ដែលខ្លួនមិនទាន់ដល់ ដើម្បីសម្រេចគុណវិសេស ដែលខ្លួនមិនទាន់បានសម្រេច ដើម្បីធ្វើឲ្យជាក់ច្បាស់នូវគុណវិសេស ដែលខ្លួនមិន ទាន់ធ្វើឲ្យជាក់ច្បាស់ ប្រជុំនៃជនដែលកើតខាងក្រោយគឺ សទ្ធិវិហារិក និងអន្តេវាសិក ក៏យកតម្រាប់តាមភិក្ខុជា ថេរៈទាំងនោះ ប្រជុំនៃជនទាំងនោះឯង ជាអ្នកប្រតិបត្តិដើម្បីឲ្យកើតបច្ច័យច្រើន ប្រតិបត្តិបន្ធូរបន្ថយ ជាប្រធាន ក្នុងការប្រតិបត្តិបន្ធូរបន្ថយ ជាអ្នកដាក់ធុរៈក្នុងវិវេក មិនប្រារព្ធព្យាយាមដើម្បីដល់នូវគុណវិសេស ដែលខ្លួនមិន ទាន់ដល់ ដើម្បីសម្រេចគុណវិសេស ដែលខ្លួនមិនទាន់បានសម្រេច ដើម្បីធ្វើឲ្យជាក់ច្បាស់នូវគុណវិសេស ដែល ខ្លួនមិនទាន់ធ្វើឲ្យជាក់ច្បាស់។ ម្នាលភិក្ខុទាំងឡាយ នេះជាធម៌ទី ៤ ដែលប្រព្រឹត្តទៅដើម្បីសេចក្តីវិនាសសាប សូន្យនៃព្រះសទ្ធម្ម។
ម្នាលភិក្ខុទាំងឡាយ ធម៌ ៤ យ៉ាងនេះឯង ដែលប្រព្រឹត្តទៅដើម្បីសេចក្តីវិនាសសាបសូន្យ នៃព្រះសទ្ធម្ម។
៚ម្នាលភិក្ខុទាំងឡាយ ធម៌ ៤ នេះ ប្រព្រឹត្តទៅ ដើម្បីតាំងនៅនៃព្រះសទ្ធម្ម មិនឲ្យវិនាសសាបសូន្យទៅ។ ធម៌ ៤ គឺអ្វីខ្លះ។
»ម្នាលភិក្ខុទាំងឡាយ ភិក្ខុទាំងឡាយ ក្នុងសាសនានេះ រៀនព្រះសូត្រដែលខ្លួនរៀនត្រូវ ដោយបទនិងព្យញ្ជនៈដែលរៀបរៀងត្រូវ ម្នាលភិក្ខុទាំងឡាយ បទ និងព្យញ្ជនៈ ដែលរៀបរៀងត្រូវ រមែងយល់ សេចក្តីបានងាយ ។ ម្នាលភិក្ខុទាំងឡាយ នេះជាធម៌ទី ១ ដែលប្រព្រឹត្តទៅដើម្បីតាំងនៅនៃព្រះសទ្ធម្ម មិនឲ្យ វិនាសសាបសូន្យទៅ។
»ម្នាលភិក្ខុទាំងឡាយ មួយទៀត ភិក្ខុទាំងឡាយ ជាអ្នកប្រដៅងាយ ប្រកបដោយធម៌ ធ្វើឲ្យ ជាអ្នកប្រដៅងាយ ជាអ្នកចេះអត់ធន់ ទទួលនូវពាក្យរប្រៀនប្រដៅខាងស្តាំ ។ ម្នាលភិក្ខុទាំងឡាយ នេះជាធម៌ទី ២ ដែលប្រព្រឹត្តទៅដើម្បីតាំងនៅនៃព្រះសទ្ធម្ម មិនឲ្យវិនាសសាបសូន្យទៅ។
»ម្នាលភិក្ខុទាំងឡាយ មួយទៀត ភិក្ខុ ទាំងឡាយណា ជាអ្នកមានសេចក្តីចេះដឹងច្រើន មានអាគមគឺនិកាយដ៏ស្ទាត់ ចងចាំនូវធម៌ ចងចាំនូវវិន័យ ចងចាំ នូវមាតិកា ភិក្ខុទាំងនោះ ញ៉ាំងបុគ្គលដទៃឲ្យរៀនព្រះសូត្រដោយគោរព លុះអំណើះទៅមុខព្រះសូត្ររបស់ភិក្ខុ ទាំងនោះមិនបានដាច់ឫស តាំងនៅតៗ គ្នា ។ ម្នាលភិក្ខុទាំងឡាយ នេះជាធម៌ទី ៣ ដែលប្រព្រឹត្តទៅដើម្បីតាំងនៅ នៃព្រះសទ្ធម្ម មិនឲ្យវិនាសសាបសូន្យទៅ។
»ម្នាលភិក្ខុទាំងឡាយ មួយវិញទៀត ភិក្ខុទាំងឡាយជាថេរៈមិន ប្រតិបត្តិដើម្បីឲ្យកើតបច្ច័យច្រើន មិនប្រតិបត្តិបន្ធុរបន្ថយ ដាក់ធុរៈចុះក្នុងការប្រតិបត្តិបន្ធូរបន្ថយចេញ ជាប្រធាន ក្នុងវិវេក ប្រារព្ធព្យាយាមដើម្បីដល់នូវគុណវិសេស ដែលខ្លួនមិនទាន់ដល់ ដើម្បីសម្រេចគុណវិសេស ដែលខ្លួន មិនទាន់សម្រេច ដើម្បីធ្វើឲ្យជាក់ច្បាស់នូវគុណវិសេស ដែលខ្លួនមិនទាន់ធ្វើឲ្យជាក់ច្បាស់ ប្រជុំជនដែលកើត ខាងក្រោយ គឺ សទ្ធិវិហារិក និងអន្តេវាសិក ក៏យកតម្រាប់តាមភិក្ខុទាំងនោះ ប្រជុំជនទាំងនោះឯង ជាអ្នកមិន ប្រតិបត្តិឲ្យកើតបច្ច័យច្រើន មិនប្រតិបត្តិបន្ធូរបន្ថយ ជាអ្នកដាក់ធុរៈចុះក្នុងការប្រតិបត្តិបន្ធូរបន្ថយ ជាប្រធានក្នុង វិវេក ប្រារព្ធព្យាយាមដើម្បីដល់នូវគុណវិសេស ដែលខ្លួនមិនទាន់បានដល់ ដើម្បីសម្រេចគុណវិសេស ដែលខ្លួន មិនទាន់បានសម្រេច ដើម្បីធ្វើឲ្យជាក់ច្បាស់នូវគុណវិសេស ដែលខ្លួនមិនទាន់ធ្វើឲ្យជាក់ច្បាស់ ។ ម្នាលភិក្ខុទាំង ឡាយ នេះជាធម៌ទី ៤ ដែលប្រព្រឹត្តទៅដើម្បីតាំងនៅនៃព្រះសទ្ធម្ម មិនឲ្យវិនាសសាបសូន្យទៅ។
ម្នាលភិក្ខុទាំង ឡាយ ធម៌ ៤ យ៉ាងនេះឯង ដែលប្រព្រឹត្តទៅដើម្បីតាំងនៅនៃព្រះសទ្ធម្ម មិនឲ្យវិនាសសាបសូន្យទៅ។
ក្នុងបិដកលេខ ១៦ ទំព័រ ២៥៣ នៅក្នុង មហាបរិនិព្វានសូត្រ ព្រះអង្គទ្រង់ណែនាំឲ្យរៀនសូត្រ និងបដិបត្តិ ដើម្បីឲ្យសាសនព្រហ្មចរិយៈឋិតនៅអស់កាលយូរ ប្រព្រឹត្តទៅដើម្បីប្រយោជន៍ដល់ពពួកជនច្រើន ដើម្បីអនុគ្រោះ ដល់សត្វលោក មានសេចក្តីដូចតទៅ៖
គ្រានោះ ព្រះមានព្រះភាគទ្រង់ស្តេចចូលទៅកាន់ឧបដ្ឋានសាលា លុះចូលទៅដល់ហើយ ក៏ទ្រង់គង់លើអាសនៈ ដែលគេក្រាលថ្វាយ ។ លុះព្រះមានព្រះភាគ ទ្រង់គង់ស្រេចហើយ បានត្រាស់នឹងភិក្ខុទាំងឡាយថា ម្នាលភិក្ខុទាំងឡាយ សាសនព្រហ្មចរិយនេះ គប្បីតាំងនៅអស់កាលអង្វែង គប្បីតម្កល់នៅអស់កាលយូរ មួយទៀត សាសនព្រហ្មចរិយៈនេះ ប្រព្រឹត្តទៅដើម្បីប្រយោជន៍ដល់ជនច្រើន ដើម្បីសេចក្តីសុខដល់ជនច្រើន ដើម្បីអនុគ្រោះដល់ សត្វលោក ដើម្បីសេចក្តីចម្រើន ដើម្បីប្រយោជន៍ ដើម្បីសេចក្តីសុខដល់ទេវតា និងមនុស្សទាំងឡាយ ដោយ ប្រការណា ធម៌ទាំងឡាយណា ដែលតថាគតសម្តែងហើយដោយបញ្ញាដ៏ឧត្តម ធម៌ទាំងឡាយនោះ អ្នកទាំងឡាយ គប្បីបៀតបៀនដោយប្រពៃហើយសេព ចម្រើន ធ្វើរឿយៗ ដោយប្រការដូច្នេះ។
ម្នាលភិក្ខុទាំងឡាយ សាសនព្រហ្មចរិយៈនេះ គប្បីតាំងនៅអស់កាលអង្វែង គប្បីតម្កល់នៅអស់កាលដ៏យូរ មួយទៀត សាសនព្រហ្មចរិយៈនេះ ប្រព្រឹត្តទៅដើម្បីប្រយោជន៍ដល់ជនច្រើន ដើម្បីសេចក្តីសុខដល់ជនច្រើន ដើម្បីអនុគ្រោះដល់សត្វលោក ដើម្បីសេចក្តីចម្រើន ដើម្បីប្រយោជន៍ ដើម្បីសេចក្តីសុខដល់ទេវតា និងមនុស្សទាំងឡាយ ដោយប្រការណា ធម៌ទាំង ឡាយណាដែលតថាគតសម្តែងហើយដោយបញ្ញាដ៏ឧត្តម ធម៌ទាំងឡាយនោះ អ្នកទាំងឡាយ គប្បីរៀនដោយ ប្រពៃ ហើយសេព ចម្រើន ធ្វើរឿយៗ ដោយប្រការដូច្នោះ ធម៌ទាំងឡាយនោះ តើដូចម្តេច ។ អ្វីខ្លះ ។ គឺ សតិប្បដ្ឋាន ៤ សម្មប្បធាន ៤ ឥទ្ធិបាទ ៤ ឥន្ទ្រិយ ៥ ពលៈ ៥ ពោជ្ឈង្គ ៧ អរិយមគ្គ ប្រកបដោយអង្គ ៨។
ម្នាលភិក្ខុទាំងឡាយ សាសនព្រហ្មចរិយៈនេះ គប្បីតាំងនៅអស់កាលអង្វែង គប្បី តម្កល់នៅអស់កាលដ៏យូរ មួយទៀត សាសនព្រហ្មចរិយៈនេះ ប្រព្រឹត្តទៅដើម្បីប្រយោជន៍ដល់ជនច្រើន ដើម្បីសេចក្តីសុខដល់ជនច្រើន ដើម្បីអនុគ្រោះដល់សត្វលោក ដើម្បីសេចក្តីចម្រើន ដើម្បីប្រយោជន៍ ដើម្បីសេចក្តីសុខដល់ទេវតា និងមនុស្ស ទាំងឡាយ ដោយប្រការណា ធម៌ទាំងឡាយណាដែលតថាគតសម្តែងហើយ ដោយបញ្ញាដ៏ឧត្តម អ្នកទាំងឡាយ គប្បីរៀនដោយប្រពៃ ហើយសេព ចម្រើន ធ្វើរឿយៗ ។ ដោយប្រការដូច្នោះ ធម៌ទាំងឡាយនោះ យ៉ាងនេះឯង។
គ្រានោះ ព្រះមានព្រះភាគ ទ្រង់ត្រាស់នឹងភិក្ខុទាំងឡាយថា ម្នាលភិក្ខុទាំងឡាយ ឥឡូវនេះ តថាគតនឹងដាស់ តឿនអ្នកទាំងឡាយ សង្ខារទាំងឡាយមានសេចក្តីវិនាសទៅជាធម្មតា អ្នកទាំងឡាយចូរញ៉ាំងកិច្ចទាំងពួងឲ្យ សម្រេចដោយសេចក្តីមិនប្រមាទចុះ បរិនិព្វាននឹងមានដល់តថាគតមិនយូរឡើយ កន្លង ៣ ខែ អំពីថ្ងៃនេះទៅ តថាគតនឹងបរិនិព្វានហើយ ។ ព្រះមានព្រះភាគ ទ្រង់មានព្រះបន្ទូលដូច្នេះហើយ ព្រះសុគតជាសាស្តាលុះទ្រង់ មានព្រះបន្ទុលដូច្នេះហើយ ក៏ទ្រង់មានព្រះបន្ទូល ដូច្នេះតទៅទៀតថា៖
ពួកជនណាៗ ទោះបីក្មេងក្តី ចាស់ក្តី ពាលក្តី បណ្ឌិតក្តី អ្នកមានក្តី អ្នកក្រក្តី ជនទាំងអស់នោះ តែងមានសេចក្តី ស្លាប់នៅពិខាងមុខ ។ ភាជន៍ដី ដែលស្មូនឆ្នាំងធ្វើហើយ ទោះបីតូចក្តី ធំក្តី ឆ្អិនក្តី ឆៅក្តី ភាជន៍ទាំងអស់នោះមាន កិរិយាបែកធ្លាយជាទីបំផុត យ៉ាងណា ជីវិតរបស់សត្វទាំងឡាយ ក៏យ៉ាងនោះដែរ។
ព្រះសាស្តា ទ្រង់មានព្រះបន្ទូលដូច្នេះតទៅទៀតថា៖ វ័យរបស់តថាគត ចាស់ហើយ ជីវិតរបស់តថាគតមានប្រមាណតិច តថាគតនឹងលះបង់អ្នកទាំងឡាយហើយទៅ ឯទីពឹងចំពោះខ្លួន តថាគតបានធ្វើទុកហើយ។
អប្បមត្តា សតីមន្តោ សុសីលា ហោថ ភិក្ខវោ សុសមាហិតសង្កប្បា សចិត្តមនុរក្ខថ។
យោ ឥមស្មឹ ធម្មវិនយេ អប្បមត្តោ វិហរិស្សតិ
បហាយ ជាតិសំសារំ ទុក្ខស្សន្តំ ករិស្សតិ។
ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយកុំប្រមាទ ត្រូវមានស្មារតី មានសីលល្អ មានតម្រិះតម្កល់នឹងល្អ ចូររក្សាចិត្ត របស់ខ្លួន ឲ្យរឿយៗ ចុះ ។ ភិក្ខុណាមិនប្រមាទ ហើយនៅក្នុងធម្មវិន័យនេះ ភិក្ខុនោះ នឹងលះបង់នូវជាតិសំសារ ហើយធ្វើនូវព្រះនិព្វាន ជាទីបំផុតនៃកងទុក្ខបានមិនខានឡើយ។
ក្នុងបិដកលេខ ១៨ ទំព័រ ២៥៨ នៅក្នុង បាសាទិកសូត្រ ព្រះអង្គទ្រង់ត្រាស់សម្តែងអំពីពោធិបក្ខិយធម៌ទាំង ៣៧ ប្រការ ចែកជា ៧ ពួក មានពួកសតិប្បដ្ឋាន ៤ ជាដើម ថាគួររួបរួម ផ្ទៀងផ្ទាត់ នូវអត្ថ នូវព្យញ្ជនៈដោយ ព្យញ្ជនៈ ក្នុងធម៌នោះ ដែលជាហេតុឲ្យព្រហ្មចារ្យនេះ តាំងនៅមាំ ឋិតថេរអស់កាលយូរ ដើម្បីប្រយោជន៍ដល់ជន ច្រើន ដើម្បីសេចក្តីសុខដល់ជនច្រើន ដើម្បីអនុគ្រោះដល់សត្វលោក។
ក្នុងបិដកលេខ ៥៣ ទំព័រ ១៧ នៅក្នុង មោទសូត្រ ព្រះអង្គទ្រង់ត្រាស់សម្តែងអំពីសាមគ្គីរបស់សង្ឃ មានសេចក្តី ដូចតទៅ៖ សុខា សង្ឃស្ស សាមគ្គី សមគ្គានញ្ចនុគ្គហោ សមគ្គរតោ ធម្មដ្ឋោ យោគកេ្ខមា ន ធំសតិ សង្ឃំ សមគ្គំ កត្វាន កប្បំ សគ្គម្ហិ មោទតីតិ។
សេចក្តីព្រមព្រៀងនៃសង្ឃ ជាហេតុនៃសេចក្តីសុខមកឲ្យ ការអនុគ្រោះដល់បុគ្គលទាំងឡាយ ដែលមានសេចក្តី ព្រមព្រៀងគ្នា (ជាហេតុនាំមកនូវសេចក្តីសុខមកឲ្យ) បុគ្គលត្រេកអរ ក្នុងជនដែលព្រមព្រៀងគ្នា តាំងនៅក្នុងធម៌ រមែងមិនសាបសូន្យចាកធម៌ជាទីក្សេមចាកយោគៈ បុគ្គលធ្វើសង្ឃឲ្យព្រមព្រៀងគ្នា រមែងរីករាយក្នុងឋានសួគ៌ អស់ ១ កប្ប។
ក្នុងបិដកលេខ ២៦ ទំព័រ ៩៩ នៅក្នុង សាមគ្គាមសូត្រ ព្រះអង្គសម្តែងអំពីវិវាទមូល ៦ ប្រការ៖
១. ច្រើនដោយក្រោធ និងការចងគំនុំ
២. ការរមិលគុណ និងការលើកខ្លួនវាយឫក
៣. ច្រណែន និងកំណាញ់
៤. អំនួតអួតអាង និងមាយាលាក់ពុត
៥. ការប្រាថ្នាអាក្រក់ និងការយល់ខុស
៦. ការស្ទាបអង្អែលនូវសីលព្វ័ត ហើយមានការប្រកាន់តាមទិដ្ឋិរបស់ខ្លួន និងការប្រកាន់មាំ លះបង់បានដោយ កម្រ។
ព្រះអង្គទ្រង់ត្រាស់សម្តែងថា៖
ម្នាលអានន្ទ ភិក្ខុណា ជាអ្នកច្រើនដោយក្រោធ និងការចងគំនុំ ( ៥ ប្រការទៀតក៏ដូចគ្នា ) ភិក្ខុនោះ ឈ្មោះថា មិនគោរព មិនកោតក្រែងចំពោះព្រះសាស្តាផង មិនគោរព មិនកោតក្រែងចំពោះព្រះធម៌ផង មិនគោរព មិនកោតក្រែងចំពោះព្រះសង្ឃផង មិនធ្វើឲ្យពេញលេញក្នុងសិក្ខាផង ។ … ភិក្ខុនោះ ឈ្មោះថា បង្កើតវិវាទក្នុងសង្ឃ។ វិវាទតែងប្រព្រឹត្តទៅដើម្បីមិនជាគុណដល់ជនច្រើន មិនជាសុខដល់ជនច្រើន មិនជាប្រយោជន៍ មិនជាសេចក្តីចម្រើនដល់ជនច្រើន ជាទុក្ខដល់ទេវតា និងមនុស្សទាំងឡាយ។
ជាបន្តទៅព្រះអង្គទ្រង់ឲ្យលះបង់នូវវិវាទមូលទាំង ៦ ប្រការនោះ។
ក្នុងវិនយបិដក លេខ ១០ ទំព័រ ៦១ នៅក្នុង សមថក្ខន្ធកៈ អំពីមូលនៃវិវាទាធិករណ៍ ព្រះអង្គទ្រង់ត្រាស់សម្តែង មូលនៃវិវាទ ៦ ប្រការដូចគ្នាដែរ។
មូលនៃវិវាទ ៦ ប្រការ មានក្នុងបិដកលេខ ១៩ ទំព័រ ១៩៨ នៅក្នុងសង្គិតិសូត្រ ពួក ៦ និងនៅក្នុងបិដកលេខ ៤៦ ទំព័រ ១១១ វិវាទមូលសូត្រ។
ក្នុងវិនយបិដកលេខ ១៣ ទំព័រ ២០៤ មហាសង្គាម មានសម្តែងអំពីភិក្ខុជាវិន័យធរពួកខ្លះក្នុងសាសនានេះ លំអៀងដោយអគតិ ៤ យ៉ាង ហើយពោលក្នុងវត្ថុ ១៨ ប្រការ គឺសម្តែងសភាវៈមិនមែនធម៌ ថាជាធម៌ សម្តែងនូវ ធម៌ថាមិនមែនជាធម៌ សម្តែងនូវសភាវៈមិនមែនវិន័យ ថាជាវិន័យ សម្តែងនូវវិន័យថាមិនមែនជាវិន័យជាដើម។
ការសម្តែងវត្ថុ ១៨ ប្រការ ដោយអគតិ ឈ្មោះថា ប្រតិបត្តិដើម្បីមិនជាប្រយោជន៍ដល់ជនច្រើនគ្នា ដើម្បីមិនជា សុខដល់ជនច្រើនគ្នា ដើម្បីមិនមែនជាសេចក្តីចម្រើនដល់ជនច្រើនគ្នា ដើម្បីមិនជាប្រយោជន៍ ដើម្បីសេចក្តីទុក្ខ ដល់ទេវតា និងមនុស្សទាំងឡាយ។
ភិក្ខុជាវិន័យធរ កាលបើលុះក្នុងអគតិ មានឆន្ទាគតិជាដើម ដោយវត្ថុទាំង ១៨ ប្រការ ឈ្មោះថា រក្សាខ្លួន ដែលមានកុសលធម៌ជីកគាស់រំលើងចោលចេញផង ឈ្មោះថា ជាអ្នកប្រកបដោយទោសផង ប្រកបដោយសេចក្តីតិះដៀលរបស់អ្នកប្រាជ្ញទាំងឡាយផង ឈ្មោះថារងនូវអកុសលកម្មដ៏ច្រើនផង។
ក្នុងបិដកលេខ ៤៤ ទំព័រ ២៣៨ នៅក្នុង ថេរសូត្រ ព្រះអង្គទ្រង់ត្រាស់សម្តែងអំពីអ្នកដឹកនាំមានមិច្ឆាទិដ្ឋិ គឺយល់ ខុសអំពីសេចក្តីពិតជាដើមដូចតទៅ៖ ម្នាលភិក្ខុទាំងឡាយ ភិក្ខុជាថេរៈប្រកបដោយធម៌ ៥ យ៉ាង ឈ្មោះថាជាអ្នកប្រតិបត្តិ មិនបានជាគុណដល់ជនច្រើន មិនបានសុខដល់ជនច្រើន មិនបានជាប្រយោជន៍ដល់ជនច្រើន មិនជាគុណ ជាទុក្ខដល់ទេវតា និងមនុស្សទាំង ឡាយ ។ ធម៌ ៥ យ៉ាង តើអ្វីខ្លះ ។ គឺភិក្ខុជាថេរៈ ដឹងរាត្រី បួសយូរ ១ មានឈ្មោះល្បីល្បាញ មានយស មានបរិវារ ច្រើន ទាំងគ្រហស្ថ ទាំងបព្វជិត ១ សម្បូណ៌ដោយចីវរ បិណ្ឌបាត សេនាសនៈ និងគិលានប្បច្ចយភេសជ្ជបរិក្ខារ ១ ជាអ្នកដឹងឮច្រើន ចាំរបស់ដែលឮហើយ ចាំលែងភ្លេចនូវរបស់ដែលឮហើយ ។ល។ ចាក់ធ្លុះល្អដោយប្រាជ្ញា ១ តែ ជាមិច្ឆាទិដ្ឋិ មានសេចក្តីយល់ដ៏វិបរិត ១ ភិក្ខុនោះញ៉ាំងជនច្រើន ឲ្យឃ្លាតចាកព្រះសទ្ធម្ម ឲ្យតម្កល់នៅក្នុងអសទ្ធម្ម ភិក្ខុដទៃដល់នូវទិដ្ឋានុគតិរបស់ភិក្ខុនោះថា ភិក្ខុនោះជាថេរៈ ដឹងរាត្រី បួសយូរខ្លះ ដល់នូវទិដ្ឋានុគតិរបស់ភិក្ខុនោះ ថា ភិក្ខុនេះជាថេរៈ គេដឹងស្គាល់ច្រើន ជាអ្នកមានយស មានបរិវារច្រើន ទាំងគ្រហស្ថ ទាំងបព្វជិតខ្លះ ដល់នូវ ទិដ្ឋានុគតិរបស់ភិក្ខុនោះថា ភិក្ខុនេះជាថេរៈ សម្បូណ៌ដោយចីវរ បិណ្ឌបាត សេនាសនៈ និងគិលានប្បច្ចយ-ភេសជ្ជបរិក្ខារខ្លះ ដល់នូវទិដ្ឋានុគតិរបស់ភិក្ខុនោះថា ភិក្ខុនេះជាថេរៈ ជាអ្នកដឹងឮច្រើន ចាំរបស់ដែលឮហើយ ចាំ លែងភ្លេចនូវរបស់ដែលឮហើយខ្លះ ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុជាថេរៈ ប្រកបដោយធម៌ ៥ យ៉ាងនេះឯង ឈ្មោះ ថា ប្រតិបត្តិ ដើម្បីមិនបានជាគុណដល់ជនច្រើន មិនបានសុខដល់ជនច្រើន មិនជាប្រយោជន៍ដល់ជនច្រើន មិន ជាគុណទេ ជាទុក្ខដល់ទេវតានិងមនុស្សទាំងឡាយ។
ម្នាលភិក្ខុទាំងឡាយ ភិក្ខុជាថេរៈ ដែលប្រកបដោយធម៌ ៥ យ៉ាង ជាអ្នកប្រតិបត្តិដើម្បីជាគុណដល់ជនច្រើន ដើម្បីសេចក្តីសុខដល់ជនច្រើន ដើម្បីជាប្រយោជន៍ដល់ជន ច្រើន ដើម្បីគុណនិងសេចក្តីសុខដល់ទេវតា និងមនុស្សទាំងឡាយ ។ ធម៌ ៥ យ៉ាង តើអ្វីខ្លះ ។ គឺភិក្ខជាថេរៈដឹង រាត្រី បួសយូរ ១ មានឈ្មោះល្បីល្បាញ មានយស មានជនជាបរិវារច្រើន ទាំងគ្រហស្ថ ទាំងបព្វជិត ១ ជាអ្នក សម្បូណ៌ដោយចីវរ បិណ្ឌបាត សេនាសនៈ និងគិលានប្បច្ចយភេសជ្ជបរិក្ខារ ១ ជាអ្នកដឹងឮច្រើន ចាំរបស់ដែលឮ ហើយ ចាំលែងភ្លេចនូវរបស់ដែលឮហើយ ។បេ។ ចាក់ធ្លុះដោយប្រាជ្ញា ១ ជាសម្មាទិដ្ឋិ មានសេចក្តីយល់មិនវិបរិត ១ ភិក្ខុនោះញ៉ាំងជនច្រើន ឲ្យឃ្លាតចាកអសទ្ធម្ម ឲ្យតម្កល់នៅក្នុងព្រះសទ្ធម្ម ពួកភិក្ខុដទៃដល់នូវទិដ្ឋានុគតិ របស់ ភិក្ខុនោះថា ភិក្ខុនេះជាថេរៈ ដឹងរាត្រី បួសយូរខ្លះ ដល់នូវទិដ្ឋានុគតិរបស់ភិក្ខុនោះថា ភិក្ខុនេះជាថេរៈ គេដឹងស្គាល់ ច្រើន មានយស មានជនជាបរិវារច្រើន ទាំងគ្រហស្ថ ទាំងបព្វជិតខ្លះ ដល់នូវទិដ្ឋានុគតិរបស់ភិក្ខុនោះថា ភិក្ខុនេះ ជាថេរៈ សម្បូណ៌ដោយចីវរ បិណ្ឌបាត សេនាសនៈ និងគិលានប្បច្ចយភេសជ្ជបរិក្ខារខ្លះ ដល់នូវទិដ្ឋានុគតិរបស់ ភិក្ខុនោះថា ភិក្ខុនេះជាថេរៈ ជាអ្នកដឹងឮច្រើន ចាំរបស់ដែលឮហើយ ចាំលែងភ្លេចនូវរបស់ដែលឮហើយខ្លះ ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុជាថេរៈ ប្រកបដោយធម៌ ៥ យ់ាងនេះឯង ឈ្មោះថាប្រតិបត្តិ ដើម្បីជាគុណដល់ជនច្រើន ដើម្បីសេចក្តីសុខដល់ជនច្រើន ដើម្បីប្រយោជន៍ដល់ជនច្រើន ដើម្បីគុណ ដើម្បីសេចក្តីសុខដល់ទេវតា និង មនុស្សទាំងឡាយ។
(អត្ថបទ៖ សិក្សាព្រះធម៌)
…………………
ធម៌ ស្រដៀងនឹងព្រះសទ្ធម្ម គឺ សទ្ធម្មប្បដិរូប។ ព្រះបរិយត្តិសទ្ធម្ម បានដល់ បាលីនៃពុទ្ធវចនៈ និង អដ្ឋកថា ។ កាលស្តាប់ពាក្យខុសហើយ ផលក៏ខុសដែរ នឹងនាំអោយអន្តរាយដល់ការត្រាស់ដឹង។
ពុទ្ធបរិសទ្ធ គប្បីសំគាល់ នូវព្រះពុទ្ធវចនៈ ដែលព្រះអង្គសំដែងហើយ ដោយល្អថា គួររៀន គួរទន្ទេញ គួរចងចាំ ហើយបដិបត្តិតាម ព្រះធម៌យូរៗ ទើបមានម្តង។
…………………ព្រះពុទ្ធដីកា
ម្នាលភិក្ខុទាំងឡាយ ក្នុងសាសនានេះ អ្នកទាំងឡាយ គប្បីសិក្សាយ៉ាងនេះថា ព្រះសូត្រទាំងឡាយណា ដែលព្រះតថាគតសម្តែងហេីយ ជាព្រះសូត្រដ៏ជ្រៅ មានអត្ថដ៏ជ្រៅ ជាលេាកុត្តរៈ ប្រកបដេាយសភាពដ៏សូន្យ ព្រះសូត្រទាំងនេាះ កាលបុគ្គលពេាល យេីងនឹងប្រុងស្តាប់ ដាក់ចុះនូវសេាតៈ យកចិត្តទុកដាក់ដេីម្បីដឹង និងសម្គាល់នូវធម៌ទាំងនេាះថា គួររៀន គួរទន្ទេញ ដូច្នេះ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ គប្បីសិក្សាយ៉ាងនេះចុះ។
ដោយ៥០០០ឆ្នាំ
images/articles/3175/______________________________.jpg
អ្នកសមាទានធុតង្គគង់វង្សត្រូវប្រកបដោយធម៌៣០ប្រការ
ផ្សាយ : ០៣ មេសា ឆ្នាំ២០២២
អ្នកសមាទានធុតង្គគង់វង្សត្រូវប្រកបដោយធម៌៣០ប្រការគឺ៖
១» សិនិទ្ទបទ្ទវមេត្តចិត្តោៈ មានមេត្តាចិត្តទន់ភ្លន់ស្និទ្ធនឹងសព្វសត្វទាំងពួង ។
២» ឃាដិតហតិវិគ្គតកិលេសោៈ មានកិលេសដែលត្រូវកម្ចាត់ឲ្យប្រាសចាកហើយ។
៣» និហតមានទដ្ឋោៈ ជាអ្នកកម្ចាត់ចេញនូវមានៈ និងទិដ្ឋិ ។
៤» អចលទឡ្ហវិនិដ្ឋនិព្វេមតិសទ្ធោៈ មានសទ្ធាដែលមិនញាប់ញ័រ ប្រាសចាកនូវសេចក្ដីសង្ស័យ ។
៥» បរិបុញ្ញវិនិតបហដ្ឋសុភវិនិយោៈ មានចិត្តស្អាតដែលបើកហើយក្នុងទីដែលហ្វឹកហាត់ឲ្យបរិបូណ៌ ។
៦» និយតសន្តិសុខសមាបត្តិយោៈ មានសន្ដិសុខសមាបត្តិកើតជានិច្ច ទៀងទាត់។
៧» អចលសីលសុចិគន្ធបរិភាវិតោៈ អប់រំទៅដោយសីលដែលមិនញាប់ញ័រ មានក្លិនក្រអូបផ្សាយទៅ ។
៨» ទេវមនុស្សានំ បរិយោៈ ជាទីស្រឡាញ់នៃទេវតា និងមនុស្ស ។
៩» ខីណាសវពលវន្តីៈ មានកម្លាំងក្នុងទីដែលនឹងអស់ទៅនៃអាសវៈ ។
១០» អរិយបុគ្គល ជិនសាសនបត្ថិតោៈ ជាទីប្រាថ្នានៃព្រះអរិយបុគ្គល អ្នកតាំងនៅក្នុងជិនសាសនា
១១» ភូវិ ច ទិវី ច ទេវមនុស្សានំៈ ជាទីសរសើរ និងជាទីរីករាយនៃពួកមនុស្ស និងទេវតាទាំងឡាយ ។
១២» អសុរតានំ វន្ទិតបសដ្ឋមនគ្ឃជនានំ ធុវថប្បិតតថិ មិតបសដ្ឋោៈ ជាទីគោរព សរសើរនៃពួកអសុរៈ និងជាទីរីករាយនៃមារទាំងពួង ។
១៣» លោកអនុបលិត្តោៈ មិនបានរសេមរសាមលាយឡំទៅដោយលោក ។
១៤» អប្បថោកំ អនុវជ្ជភយទស្សាវីៈ មានប្រក្រតីឃើញនូវទោស និងភ័យសូម្បីត្រឹមបន្តិចបន្តួច ។
១៥» មគ្គផលបរវត្ថសាធកោៈ ឲ្យសម្រេចប្រយោជន៍គឺមគ្គ និងផលដ៏ប្រសើរដល់ជនទាំងឡាយ អ្នកប្រាថ្នានឹងឲ្យរួចផុតទុក្ខ។
១៦» អាយាចិតឥបុលបណីបច្ចយភាគីៈ សមគួរដែលនឹងអារាធនាថ្វាយចតុប្បច្ច័យ ដ៏ប្រសើរ និងប្រណិត ។
១៧» អនិកេតសយនកាមីៈ ជាអ្នកប្រាថ្នាដេកក្នុងទីរកអាល័យមិនបាន ។
១៨» ឈានជ្ឈាយិកបរវិហាររីៈ មានប្រក្រតីសម្លឹងឈាន និងវិហារធម៌ដ៏ប្រសើរ ។
១៩» បជដិតជាលកិលេសវត្ថុវិធំសិតភគ្គោៈ ជាអ្នកកម្ចាត់ និងកាច់បំបាក់នូវវត្ថុនៃកិលេសដែលជាឫសគល់ចាក់ស្រេះឲ្យដាច់សូន្យ ។
២០» សំកុដិតសញ្ជាន្នគតិនិវារណាៈ នឹងឃាត់បង់នូវអគតិដែលមានសេចក្ដីវិលវល់ក្នុងវដ្ដសង្សារ។
២១» អកុប្បធម្មេ អភិនិវាសោៈ តាំងនៅក្នុងអកុប្បធម៌។
២២» អនវជ្ជិតភោគីៈ បរិភោគនូវវត្ថុដែលប្រាសចាកទោស ។
២៣» គតិវិមុត្តោៈ ផុតចាកគតិកំណើត
២៤» ឱតណ្ណសព្វវិចិកិច្ឆោៈ ឆ្លងចេញនូវសេចក្ដីសង្ស័យទាំងពួង ។
២៥» វិមុត្តឈាយយិតត្តោៈ មានចិត្តសម្លឹងនូវវិមុត្ត
២៦» ទិដ្ឋធម្មេ អចលទឡ្ហភិរុតមនុបគតោៈ មានចិត្តមាំទាំមិនបានឃ្លីងឃ្លោងដោយភ័យក្នុងទិដ្ឋធម៌ ។
២៧» អនុនយសមុច្ឆិន្នោៈ កាត់ចេញនូវសេចក្ដីត្រេកអរតាម ។
២៨» សព្វាសវក្ខយបត្តោៈ ដល់នូវការអស់ទៅនៃអាសវៈ ។
២៩» សន្ដសមាបត្តឹ បដិលភតិៈ បាននូវសន្តិសុខសមាបត្តិ ។
៣០» សមណគុណសមុបគោៈ ប្រកាបទៅដោយគុណនៃសមណៈ ៕ (ប្រជុំកងធម៌)
ដោយ៥០០០ឆ្នាំ