images/articles/3056/_________terest.jpg
ចំណេះវិជ្ជាខាងផ្លូវព្រះពុទ្ធសាសនា
ផ្សាយ : ២៩ មករា ឆ្នាំ២០២៣
ព្រះវិសុទ្ធវង្ស ហួតតាត អាចារ្យបង្រៀននៅសាលាបាលីជាន់ខ្ពស់ ក្រុងភ្នំពេញ បានអធិប្បាយហើយរៀបរៀងឡើង ព.ស. ២៤៧០ ។
ទេសនារម្ភោ សូមអស់លោកអ្នកទាំងឡាយប្រុងចាំស្ដាប់ ! អាត្មានឹងអធិប្បាយពីសេចក្ដីដែលមានប្រយោជន៍ដល់លោកអ្នកទាំងឡាយ តាមសមគួរដល់ភាសិតរបស់ព្រះសម្មាសម្ពុទ្ធជាបរមគ្រូនៃយើង និងតាមមតិរបស់អាត្មាដែលជាអ្នកអធិប្បាយនេះខ្លះ ដើម្បីនឹងឱ្យអស់លោកអ្នកទាំងឡាយស្ដាប់ងាយយល់ ងាយចូលចិត្ត ព្រោះការស្ដាប់នេះ កាលបើស្ដាប់ពុំបានមិនដឹងជាថាដូចម្ដេច នោះទោះបីស្ដាប់អស់ប៉ុន្មានឆ្នាំ ក៏ជាការឥតប្រយោជន៍ប្រហែលគ្នានឹងមិនស្ដាប់ កាលបើស្ដាប់បានយល់សេចក្ដី សូម្បីតែស្ដាប់តែមួយរំពេច ក៏ឈ្មោះថាបានស្ដាប់ដោយប្រពៃ ។
អស់អ្នកទាំងឡាយសុទ្ធតែជាខេមរជាតិ គេដឹងសព្វប្រទេសថាជាជាតិអ្នកកាន់ព្រះពុទ្ធសាសនា គួរតែឱ្យមានសេចក្ដីរីករាយក្នុងចិត្តថាមានភព្វមានសំណាង បានមកចួបប្រទះព្រះពុទ្ធដែលជាពាក្យប្រដៅដ៏ថ្លៃថ្លាវិសេស ព្រោះពុទ្ធសាសនាជាគុណជាតិដ៏ឧត្ដម អាចធ្វើអ្នកដែលប្រតិបត្តិតាមឱ្យបានចម្រើនដោយការចេះដឹងនិងសេចក្ដីថ្លៃថ្លា ។
តែអ្នកដែលមានឈ្មោះថាកាន់ព្រះពុទ្ធសាសនាចំពួកខ្លះ ដែលបានសិក្សាឱ្យស្គាល់ជាក់នូវរសជាតិព្រះពុទ្ធសាសនា នៅមានគំនិតង៉េងង៉ាងដោយសេចក្ដីងឿងឆ្ងល់ ដូចជាអ្នកខ្លះដែលបានឃើញអ្នកកាន់ព្រះពុទ្ធខ្លះដែលពុំសូវចេះដឹង ជាអ្នកទាបថោក ជាអ្នកក្រីក្រលំបាក ក៏ចូលចិត្តថាព្រះពុទ្ធសាសនាទាបថោកណាស់ ធ្វើអ្នកដែលប្រតិបត្តិតាមឱ្យល្ងង់ ឱ្យទាបទាបថោក ឱ្យក្រីក្រលំបាក ម្ល៉ោះហើយក៏មិនយកចិត្តទុកដាក់នឹងព្រះពុទ្ធសាសនា ឱ្យជាការមាំមួនឡើយ នេះមកពីអ្នកគិតនេះឯង មិនបានសិក្សា មិនបានពិនិត្យឱ្យឃើញតាមការណ៍ពិតមែន ។
សព្វថ្ងៃនេះមានអ្នកកាន់ព្រះពុទ្ធសាសនា ជាអ្នកចេះដឹង ជាអ្នកខ្ពង់ខ្ពស់ ជាអ្នកមានទ្រព្យសម្បត្តិ ក៏មានជាច្រើនរូបណាស់ដែរ តែមិនទាញយកមកជាគ្រឿងដឹកនាំគំនិត ។
ម្យ៉ាងទៀត មានអ្នកដែលមិនកាន់ព្រះពុទ្ធសាសនាជាអ្នកឥតមានចេះដឹងអ្វីសោះ ជាអ្នកទាបថោក ជាអ្នកក្រីក្រលំបាក ក៏សឹងមានជាច្រើនរាប់មិនអស់ អ្នកមានគំនិត ហេតុដូចម្ដេចក៏គិតឱ្យឃើញហេតុនេះ ផង ? ម្យ៉ាងទៀត មានមនុស្សចំពួកខ្លះបានចូលមកសិក្សាចំណេះវិជ្ជាខាងផ្លូវព្រះពុទ្ធសាសនាមានចំណេះអក្សរជាដើម នៅទីវត្តអារាមដែលជាទីបណ្ដុះនៃពូជចំណេះខាងព្រះពុទ្ធសាសនាតាំងពីក្មេងមក អ្នកខ្លះបានទាំងបួសថែមទៀត តែមិនខំប្រឹងរៀនសូត្រឱ្យចេះដឹងប្រាកដមែនទែន លុះដល់វេលាដែលចេញពីវត្តអារាមទៅ បានទៅសិក្សាចំណេះវិជ្ជាឯទៀតក្រៅពីលទ្ធិព្រះពុទ្ធសាសនា ក៏ត្រឡប់ឃើញថាព្រះពុទ្ធសាសនាមិនរៀបរយ មិនថ្លៃថ្លាប្រពៃដូចជាចំណេះវិជ្ជាឯទៀត ម្ល៉ោះហើយក៏នាំគ្នានិយាយបង្អាប់ចំណេះដែលចេះពីវត្តអារាមទៅ គឺថាបើឃើញចំណេះណាមួយមិនប្រាកដ ឬឃើញអក្សរដែលអ្នកណាមួយគេសរសេរមិនល្អ ក៏នាំគ្នានិយាយថាចំណេះវត្តអក្សរវត្តប្រើមិនកើត ដូចជាទីវត្តរមែងតែធ្វើមនុស្សអ្នករៀនមិនឱ្យចេះប្រាកដ ត្រង់ខ្លួនឯងដែលខ្ជិលរៀននោះមិនគិតឃើញដល់ នេះ មកពីគំនិតដែលគិតឃើញខុស ព្រោះលុះក្នុងអំណាចនៃសេចក្ដីភាន់ច្រឡំ ។
អស់លោកទាំងឡាយប្រយត្នកុំឱ្យភាន់ច្រឡំគំនិតដូចមនុស្សចំពួកខ្លះដែលគិតឃើញខុសដូចខាងលើនេះឡើយ ត្រូវចូលចិត្តឱ្យមាំថា ព្រះពុទ្ធសាសនានេះជាច្បាប់ប្រដៅមនុស្សដែលជឿប្រតិបត្តិតាម ឱ្យមានប្រាជ្ញា ឱ្យមានចំណេះវិជ្ជា ឱ្យបានថ្លៃថ្លា ឱ្យមានរបៀបរៀបរយល្អ ឱ្យបានសេចក្ដីសុខដូចសេចក្ដីអធិប្បាយតទៅនេះ កិរិយាកើតឡើងនៃព្រះពុទ្ធសាសនា ពាក្យថា “ពុទ្ធសាសនា” ដែលយើងកាន់សព្វថ្ងៃនេះ ចែកចេញជាពីរបទ គឺពុទ្ធ ជាបទ ១ សាសនា ជាបទ ១ ។
ពុទ្ធនេះជាឈ្មោះនៃមនុស្សអស្ចារ្យ ១ នាក់ ដែលកើតក្នុងសក្យត្រកូល ជាតិជាក្សត្រនៅក្នុងមជ្ឈិមប្រទេស គឺប្រទេសដែលគេហៅសព្វថ្ងៃនេះថាជាស្រុកឥណ្ឌាឬស្រុកអាំងប៉ែកខាងជើង បើគិតចំនួនឆ្នាំថយក្រោយពីឥឡូវនេះទៅទល់នឹងកាលសម័យដែលមនុស្សអស្ចារ្យនោះកើតឡើង នោះយូរចំនួនជាង ២.៥៥០ ឆ្នាំមកហើយ ។
មនុស្សអស្ចារ្យនោះមានឈ្មោះថា សិទ្ធត្ថ បានសោយរាជ្យតាំងពីព្រះជន្ម ១៦ ឆ្នាំ ដល់មកព្រះជន្ម ២៩ ឆ្នាំ បានពិចារណាឃើញច្បាស់នូវសេចក្ដីទុក្ខព្រួយដែលកើតឡើងអំពីជាតិគឺ ខន្ធ ៥ អំពីជរាគឺចាស់គ្រាំគ្រា អំពីព្យាធិ គឺសេចក្ដីឈឺចាប់ អំពីមរណៈ គឺសេចក្ដីស្លាប់ ដោយប្រាជ្ញាដ៏ក្លាហានហើយមិនអាចនឹងទ្រាំនៅក្នុងនិវេសនដ្ឋាន ដែលជាទីជោកជាំដោយកាមគុណទាំង ៥ បានឡើយ ក៏ចេញបួសខំប្រែងស្វែងរកធម៌ដើម្បីនឹងរម្លត់បង់នូវសេចក្ដីទុក្ខព្រួយទាំងនោះ ដរាបដល់បានសម្រេចនូវប្រាជ្ញាដ៏ថ្លៃថ្លាវិសេសឈ្មោះថា “សម្ពោធិញ្ញាណ” ដែលយើងធ្លាប់ហៅមក ធ្លាប់ឮមកថាព្រះអង្គបានត្រាស់ ។
មនុស្សអស្ចារ្យនេះហើយ ដែលមាននាមថា “ពុទ្ធ” ប្រែថាព្រះអង្គចេះគ្មានសល់ ឬថាព្រះអង្គជ្រាបច្បាស់នូវសេចក្ដីពិតមែន ឬថាព្រះអង្គភ្ញាក់ហើយអំពីដេកលក់គឺសេចក្ដីល្ងង់ ។ ព្រះពុទ្ធជាម្ចាស់នេះ កាលដែលព្រះអង្គបានត្រាស់ហើយ ទ្រង់បានពិចារណាឃើញសត្តនិករគឺពពួកមនុស្សនិងទេវតា ដែលកើតឡើងក្នុងលោកមានសន្ដានក្រាស់ដោយមោហៈគឺសេចក្ដីល្ងង់ មិនដឹងថាខ្លួនធ្លាក់លិចនៅក្នុងសមុទ្រដ៏ធំពោលគឺសង្សារវដ្ដ ដែលជាទីប្រកបដោយទុក្ខភ័យមិនដឹងថាខ្លួនច្រឡោតនៅលើគំនរភ្លើងទាំង ៥ ពោលគឺកាមគុណ ៥ ដែលជាគ្រឿងនាំបណ្ដាលឱ្យបានសេចក្ដីទុក្ខលំបាកសេចក្ដីរោលរាលជានិច្ច មានតែសេចក្ដីធ្វេសប្រហែស ឥតមានគំនិតគិតស្វែងរកឧបាយនឹងរលាស់ខ្លួនឱ្យរួចផុតពីក្នុងមហាសមុទ្រ ឬពីក្នុងគំនរភ្លើងនោះឡើយ ដោយសញ្ញាវិបល្លាស គឺសេចក្ដីសម្គាល់ខុសថាជាទីប្រកបដោយសេចក្ដីសុខស្រួលវិញ ។
ព្រះអង្គទ្រង់ឃើញថា សត្តនិករទាំងអស់ជាច្រើនមានគំនិតគិតធ្លោយយ៉ាងនេះ មកពីមោហធម៌ដែលស្រោបគំនិតសត្វបិទបាំងជិត ហើយដឹកនាំសត្វឱ្យធ្វើនូវអំពើខុសផ្សេងៗ មោហៈដែលបិទគំនិតមនុស្ស ហើយដឹកនាំមនុស្សសត្វទៅនោះ ឧបមាដូចជាសេចក្ដីល្ងង់របស់ពពួកសត្វមមាច សត្វកណ្ដូបជាដើម បិទបាំងមិនឱ្យស្គាល់ថាជាគ្រឿងក្ដៅឡើយ ហើយបណ្ដាលឱ្យអាចហានចូលទៅក្នុងភ្លើង ដរាបដល់សេចក្ដីវិនាស ។
ព្រះសម្មាសម្ពុទ្ធជាម្ចាស់ ទ្រង់ពិចារណាឃើញដូច្នោះហើយ ក៏កើតមានព្រះទ័យប្រកបដោយមហាករុណា គឺសេចក្ដីអាណិតធំដល់ពួកមនុស្សសត្វទាំងនោះ ប្រាថ្នានឹងជួយដោះឱ្យរួចចេញពីសេចក្ដីងងឹតល្ងង់ ដើម្បីនឹងឱ្យកើតមានប្រាជ្ញាភ្លឺស្វាងឡើង នឹងបានស្គាល់ទុក្ខ-សុខ អាក្រក់-ល្អ និងគុណ-ទោស ហើយនឹងស្វែងរកឧបាយដោះខ្លួនឱ្យរួចចេញចាកគ្រឿងទុក្ខ ។
ទើបព្រះអង្គទ្រង់សម្ដែងធម៌ទេសនាប្រដៅសត្តនិករ រាប់ចំនួនឆ្នាំតាំងពីព្រះអង្គបានត្រាស់ហើយ ដរាបដល់ថ្ងៃដែលព្រះអង្គចូលបរិនិព្វានបានចំនួន ៤៥ ឆ្នាំគត់ ។ ធម៌ទេសនាជាពាក្យប្រដៅទាំងអស់ របស់ព្រះសម្មាសម្ពុទ្ធនោះឈ្មោះថា “សាសនៈ” គឺដែលយើងធ្លាប់ហៅថា “សាសនា ឬសាស្នា” ប្រែថា “ពាក្យឬធម៌ជាច្បាប់សម្រាប់ប្រៀនប្រដៅ” បើរួមពាក្យថា “ពុទ្ធ” ភ្ជាប់មកនឹងពាក្យថា “សាសនា” ជាពាក្យ ១ ម៉ាត់ ហៅថា “ពុទ្ធសាសនា” ប្រែថា “ពាក្យប្រៀនប្រដៅរបស់ព្រះពុទ្ធ” គឺច្បាប់សម្រាប់ប្រដៅមនុស្សសត្វមិនឱ្យល្ងង់ ឱ្យកើតមានប្រាជ្ញាស្គាល់គ្រឿងពិតមែន ឬឱ្យកើតមានចំណេះវិជ្ជា ឬថាច្បាប់សម្រាប់ប្រដៅសត្វ ឱ្យចេះគិតស្វែងរកឧបាយនឹងដោះខ្លួនឱ្យរួចពីគ្រឿងទុក្ខ ឱ្យបានដល់នូវសេចក្ដីសុខ ។
តម្លៃនៃព្រះពុទ្ធសាសនា ព្រះពុទ្ធសាសនានេះ គួរអស់លោកអ្នកទាំងឡាយជ្រាបថា ជាពាក្យប្រដៅមានតម្លៃដោយក្រៃលែង ។ ពាក្យប្រដៅទាំងនោះមានពាក្យខ្លះ ត្រូវគ្នានឹងពាក្យសុភាសិតរបស់អ្នកប្រាជ្ញទាំងឡាយអំពីបុរាណ ដែលមនុស្សក្នុងលោកគេបានចេះរៀងៗមកតាំងអំពីមុនព្រះសម្មាសម្ពុទ្ធបានត្រាស់មកក៏មាន ពាក្យខ្លះជាពាក្យប្រដៅផុតវិស័យគំនិតមនុស្សនិងទេវតាទាំងអស់ ក្រៅតែអំពីព្រះសម្មាសម្ពុទ្ធ ឥតមានអ្នកណាមួយនឹងមានគំនិតគិតបង្កើតឡើងបានដូចនោះក៏មានជាច្រើនអន្លើ ដូចសេចក្ដីដែលសម្ដែងដោយសង្ខេបតទៅនេះ
១- ព្រះពុទ្ធសាសនាដែលមានឡើងដំបូង ក្នុងស្រុកមជ្ឈិមប្រទេស ៗ នោះ កាលមុនដែលមិនទាន់ព្រះពុទ្ធសាសនា មនុស្សក្នុងប្រទេសទាំងនោះនាំគ្នាប្រព្រឹត្តប្រតិបត្តិតាមលទ្ធិសាសនាព្រាហ្មណ៍ដោយច្រើន ជាផ្លូវប្រតិបត្តិតឹងពេកក៏មាន ធូរពេកក៏មាន ដូចយ៉ាងប្រតិបត្តិបង្អត់អាហារខ្លួនឱ្យលំបាករូបកាយ ដេកលើបន្លា និងអាំងភ្លើងក្នុងវេលាថ្ងៃក្នុងរដូវក្ដៅជាដើម ជាសេចក្ដីប្រតិបត្តិឥតប្រយោជន៍ទាំងអស់ ក៏ឥតមានមនុស្សណាមួយគិតឃើញថាឥតប្រយោជន៍ ហើយនឹងរើគំនិតរកផ្លូវប្រតិបត្តិថ្មីទៀតឡើយ ។
ដល់ព្រះសម្មាសម្ពុទ្ធជាម្ចាស់ទ្រង់បានត្រាស់ឡើង ទ្រង់បានសម្ដែងធម៌ទេសនាជាដំបូង កែប្រែសេចក្ដីប្រតិបត្តិទាំងនោះ គឺពន្យល់មិនឱ្យប្រតិបត្តិតាម ហើយឱ្យប្រតិបត្តិតាមបែបយ៉ាង ដែលព្រះអង្គទ្រង់ជ្រាបថាមានប្រយោជន៍ពិតវិញ ធម៌ទេសនាជាដំបូងនោះ ព្រះអង្គសម្ដែងថា “ទ្វេមេ ភិក្ខវេ បព្វជិតេន ន សេវិតព្វា” ម្នាលភិក្ខុទាំងឡាយ សេចក្ដីប្រតិបត្តិដ៏លាមកអាក្រក់ទាំងពីរយ៉ាងនេះ បព្វជិតមិនគួរសេព គឺថាមិនត្រូវប្រតិបត្តិឡើយ សេចក្ដីប្រតិបត្តិអាក្រក់ពីរយ៉ាងនោះ គឺកាមសុខល្លិកានុយោគ ការប្រកបខ្លួនឱ្យជាប់ចំពាក់ដោយសេចក្ដីសុខក្នុងកាមទាំងឡាយ ១ អត្តកិលមថានុយោគ ការប្រកបសេចក្ដីលំបាកដល់ខ្លួនឱ្យនឿយហត់ឥតប្រយោជន៍ ១ ។ សេចក្ដីប្រតិបត្តិទាំង ២ យ៉ាងនេះ ជាការនាំឱ្យសាបសូន្យ មិនជាសេចក្ដីចម្រើនទេ មិនតែប៉ុណ្ណោះឡើយថែមទាំងបណ្ដាលឱ្យបាននូវសេចក្ដីទុក្ខព្រួយទៀត ។
ឯតេ ខោ ភិក្ខវេ ឧភា អន្តេ អនុបគម្ម មជ្ឈិមា បដិបទា ម្នាលភិក្ខុទាំងឡាយ សេចក្ដីប្រតិបត្តិជាកណ្ដាលដែលមិនលាយច្រឡំនឹងសេចក្ដីប្រតិបត្តិទាំង ២ យ៉ាងនោះ តថាគតបានត្រាស់ដឹងហើយ ជាសេចក្ដីប្រតិបត្តិធ្វើឱ្យកើតប្រាជ្ញា ឱ្យកើតសេចក្ដីដឹងច្បាស់ប្រាកដ ប្រព្រឹត្តទៅដើម្បីសេចក្ដីស្ងប់រម្ងាប់ ដើម្បីសេចក្ដីដឹងក្រៃពេក ដើម្បីសេចក្ដីដឹងល្អ ដើម្បីព្រះនិព្វាន ។
ក៏សេចក្ដីប្រតិបត្តិជាកណ្ដាលនោះដូចម្ដេច ? សេចក្ដីប្រតិបត្តិជាកណ្ដាលនោះ គឺធម៌ដែលគួរស្វែងរកមានអង្គ ៨ ហៅថា “អដ្ឋង្គិកមគ្គ” ជាគ្រឿងចេញផុតចាកសត្រូវគឺកិលេស ។ អដ្ឋង្គិមគ្គទាំង ៨ នោះគឺ សម្មាទិដ្ឋិ ប្រាជ្ញាយល់ត្រូវ ១ សម្មាសង្កប្បោ សេចក្ដីត្រិះរិះត្រូវ ១ សម្មាវាចា សម្ដីនិយាយត្រូវ ១ សម្មាកម្មន្តោ ការងារត្រូវ ១ សម្មាអាជីវោ ចិញ្ចឹមជីវិតត្រូវ ១ សម្មាវាយាមោ ព្យាយាមត្រូវ ១ សម្មាសតិ សេចក្ដីរឭកត្រូវ ១ សម្មាសមាធិ កិរិយាតម្កល់ចិត្តត្រូវ ១ ។
២- មានធម៌ជាពុទ្ធសាសនាម្យ៉ាងទៀត ហៅថា “សច្ចធម៌” ជាធម៌ប្រកាសនូវសេចក្ដីពិតមែន ជាសេចក្ដីកំបាំងនឹងគំនិតប្រាជ្ញារបស់មនុស្សទេវតាទាំងអស់ កាលមុនដែលពុំទាន់មានព្រះពុទ្ធសាសនា នោះឥតមានអ្នកណាមួយចេះប្រដៅគ្នាឱ្យគិតឃើញត្រូវដូចសច្ចធម៌នេះឡើយ បើទុកជាមានអ្នកឃើញខ្លះ ក៏គ្រាន់តែឃើញព្រឹលៗ មិនច្បាស់លាស់ លុះដល់ព្រះអង្គបានត្រាស់ឡើង ទើបព្រះអង្គសម្ដែងអំពីធម៌ពិតមែននោះឱ្យអស់មនុស្សទេវតាទាំងឡាយបានស្គាល់ច្បាស់ច្រើនគ្នាឡើង ហៅថា “អរិយសច្ច” ៗ នេះមាន ៤ យ៉ាងគឺ
១- ទុក្ខ កិរិយាកើតនៃខន្ធ ៥ កិរិយាចាស់គ្រាំគ្រានៃខន្ធ ៥ កិរិយាឈឺចាប់នៃខន្ធ ៥ កិរិយាបែកធ្លាយនៃខន្ធ ៥ គឺសេចក្ដីស្លាប់ប៉ុណ្ណោះជាដើម ជាគ្រឿងទុក្ខ ។
២- ទុក្ខសមុទយោ តណ្ហាជាមេបណ្ដាលឱ្យកើតទុក្ខ ។
៣- ទុក្ខនិរោធោ ធម៌ជាគ្រឿងរលត់មិនសល់នៃគ្រឿងទុក្ខគឺព្រះនិព្វាន ។
៤- ទុក្ខនិរោធគាមិនីបដិទា សេចក្ដីប្រតិបត្តិធ្វើអ្នកដែលប្រតិបត្តិតាមឱ្យដល់នូវទុក្ខនិរោធ (សេចក្ដីប្រតិបត្តិត្រង់នេះបានដល់មជ្ឈិមបដិបទាទាំង ៨ ប្រការ មានសម្មាទិដ្ឋិជាដើម មានសម្មាសមាធិជាទីបំផុត ដូចសម្ដែងខាងដើមហើយ) ។
អរិយសច្ចធម៌ទាំង ៤ នេះ បណ្ដាលមនុស្សមានប្រាជ្ញាទាំងប៉ុន្មាន តែបានឮបានស្ដាប់ ហើយគិតតាមទំនងលំអានធម៌នេះទៅ ក៏នឹងជឿប្រាកដថាត្រូវពិតមែន ដូចក្នុងសម័យសព្វថ្ងៃនេះ បានដំណឹងថាពួកអ្នកប្រាជ្ញក្នុងប្រទេសធំៗ ដូចក្នុងប្រទេសអឺរ៉ុប គេបានពិនិត្យដល់ព្រះពុទ្ធសាសនាត្រង់នេះក៏មានសេចក្ដីស្ងើចអស្ចារ្យសរសើរថា ព្រះពុទ្ធចេះសម្ដែងធម៌ត្រូវពិតមែនណាស់ ។
៣- មានធម៌ជាពុទ្ធសាសនាម៉្យាងទៀតសម្រាប់ប្រដៅមនុស្ស ឱ្យចេះគិតពិចារណាដល់រូបកាយ ឱ្យឃើញថាមិនទៀង ថាជាទុក្ខ និងឱ្យឃើញថាមិនមែនជារបស់ខ្លួន ហៅថា “ព្រះត្រៃលក្ខណៈ” ជាប្រយោជន៍នឹងកុំឱ្យសត្វទាំងឡាយមានសេចក្ដីស្រវឹងទៅក្នុងរូបកាយ ។
ធម៌ជារបៀបនៃព្រះពុទ្ធសាសនា ដែលនាំយកមកពន្យល់ក្នុងទីនេះបន្តិចបន្តួចប៉ុណ្ណោះ ដើម្បីឱ្យឃើញជាតួយ៉ាងនៃព្រះពុទ្ធសាសនាដែលមានតម្លៃវិសេស ព្រោះជាពាក្យប្រដៅផុតវិស័យមនុស្សនិងទេវតាគិតប្រដៅឱ្យដូចពុំបានឡើយ ។
ដែលនៅមានតទៅទៀតនោះច្រើនណាស់ មិនមានពេលល្មមនឹងនាំយកមកអធិប្បាយឱ្យសព្វគ្រប់បាន ព្រោះព្រះសម្មាសម្ពុទ្ធទ្រង់ត្រាស់ឡើង បានសម្ដែងធម៌ជាពាក្យប្រដៅអស់ ៤៥ ឆ្នាំ ទើបព្រះអង្គបរិនិព្វានទៅ ព្រះសង្គីតិកាចារ្យគឺពួកសិស្សរបស់ព្រះអង្គតមក លោកបានសង្គាយនារួបរួមពាក្យប្រដៅរបស់ព្រះអង្គទុកជា ៣ ផ្នែក ហៅថា “ព្រះត្រៃលក្ខណបិដក” គឺវិន័យបិដក ១ សុត្តន្តបិដក ១ អភិធម្មបិដក ១ បិដកទាំង ៣ នេះដូចជាទូសម្រាប់ដាក់នូវរបស់មានតម្លៃ គឺព្រះពុទ្ធសាសនានេះឯង ។
ម៉្យាងទៀត ព្រះពុទ្ធសាសនាដែលជាពាក្យប្រដៅមនុស្សសត្វឱ្យមានប្រយោជន៍ឱ្យបានសេចក្ដីសុខនោះ មិនមែនប្រដៅឱ្យតែបានប្រយោជន៍នឹងសុខក្នុងបរលោកមុខ ដែលយើងមើលទៅមិនឃើញនោះទេ ជាពាក្យប្រដៅឱ្យបានទាំងប្រយោជន៍នឹងសេចក្ដីសុខក្នុងលោកនេះផង ដូចសេចក្ដីរៀបរាប់ដោយសង្ខេបតទៅនេះ
១ ព្រះអង្គប្រដៅមនុស្សមិនឱ្យប្រព្រឹត្តតាមអបាយមុខ ៦ យ៉ាង គឺមិនឱ្យមិនផឹកសុរា ១ មិនឱ្យដើរលេងតាមច្រកល្ហកក្នុងវេលាយប់ ១ មិនឱ្យដើរមើលល្បែងមហោស្រព ១ មិនឱ្យលេងល្បែងភ្នាល់ មានបៀប៉ោជាដើម ១ មិនឱ្យសមគំនិតនឹងមនុស្សខូចយកធ្វើជាមិត្តសម្លាញ់ ១ មិនឱ្យខ្ជិលធ្វើការងាររកស៊ី ១។
២ ព្រះអង្គប្រដៅមនុស្សឱ្យចេះសង្គ្រោះគ្នាទៅវិញទោមកតាមជាន់ គឺមាតាបិតានិងកូន គ្រូអាចារ្យនិងសិស្ស ភរិយានិងស្វាមី មិត្តសម្លាញ់និងសម្លាញ់ផងគ្នា ចៅហ្វាយនាយនិងទាសកម្មករគឺកូនឈ្នួលឬបាវព្រាវ សមណៈគឺអ្នកបួសនិងគ្រហស្ថ ។
ព្រះពុទ្ធសាសនាដែលនាំយកមកពន្យល់បន្តិចបន្តួចប៉ុណ្ណោះនេះ ឱ្យឃើញថាជាពាក្យប្រដៅមនុស្សសត្វឱ្យមានប្រយោជន៍ក្នុងបច្ចុប្បន្ននេះផង ។ សូមអស់លោកទាំងឡាយជ្រាបនេះ ព្រះពុទ្ធសាសនានេះបើអ្នកណាមួយបានកាន់ បានសិក្សា បានសង្កេតពិនិត្យមើលឱ្យសព្វគ្រប់ទៅគង់នឹងបានដឹងជាប្រាកដ ថាមានរសជាតិដ៏ថ្លៃថ្លា អាចឱ្យសម្រេចប្រយោជន៍ដល់ខ្លួនអ្នកប្រតិបត្តិក្នុងបច្ចុប្បន្ននេះផង ក្នុងបរលោកខាងមុខផង ។
ឯសាសនាឯទៀតដែលមានក្នុងស្រុកយើងក៏សុទ្ធតែមានពាក្យប្រដៅឱ្យមនុស្សប្រតិបត្តិល្អដោយឡែកដែរ យើងមិនបន្តុះបង្អាប់សាសនារបស់គេនោះទេ ព្រោះចូលចិត្តថា ធម្មតាពាក្យប្រដៅដែលហៅសាសនានីមួយៗ បើប្រសិនជាប្រដៅឱ្យមនុស្សប្រព្រឹត្តធ្វើនូវអំពើសុទ្ធតែអាក្រក់នោះ តើអ្នកណាគេនឹងខំប្រតិបត្តិតាម គឺមានពាក្យប្រដៅឱ្យធ្វើល្អដែរ បើមិនមានច្រើនក៏គង់មានខ្លះ ល្មមតែអ្នកដែលចូលចិត្តជឿយកមកប្រតិបត្តិតាមបាន តែទោះបីមានដូច្នោះក្ដីក៏គង់មិនមានលើសលុបជាងព្រះពុទ្ធសាសនាឡើយ ក្នុងសាសនាឯទៀតបើមានសេចក្ដីប្រតិបត្តិត្រូវល្អប៉ុន្មាន សេចក្ដីប្រតិបត្តិនោះក៏សឹងមានបរិបូណ៌គ្រប់គ្រាន់ខាងព្រះពុទ្ធសាសនាឯណេះឥតមានខ្វះ ព្រោះព្រះពុទ្ធសាសនានេះកើតមានឡើងមុនសាសនាឯទៀតៗជាច្រើន ។
ហេតុដូច្នោះ អស់លោកអ្នកទាំងឡាយដែលបានចូលមកកាន់ព្រះពុទ្ធសាសនាហើយ គួរតាំងចិត្តប្រតិបត្តិឱ្យស៊ប់សួន បើមានកិច្ចធុរៈរវល់ចំពោះខ្លួនច្រើន មិនអាចនឹងប្រតិបត្តិឱ្យពេញបន្ទុកបាន ក៏គប្បីប្រតិបត្តិយ៉ាងតិចល្មមសមគួរដល់កម្លាំងដែលអាចនឹងប្រតិបត្តិច្រើនយ៉ាង តាមជាន់នៃអ្នកប្រតិបត្តិ ដូចសេចក្ដីអធិប្បាយតទៅក្នុងខាងមុខ ។
ម្យ៉ាងទៀត ការប្រតិបត្តិតាមព្រះពុទ្ធសាសនានេះ ដូចក្នុងសម័យឥឡូវនេះជាការលំបាកនឹងចេះដឹងពេកទេ ពិតមែនជាព្រះពុទ្ធសាសនាប្រៀបដូចជារបស់មានតម្លៃតម្កល់នៅក្នុងទូដ៏មាំមួនពោលគឺព្រះត្រៃបិដក ហើយចាក់សោ គឺថាភាសាបាលី អ្នកដែលមិនចេះភាសាបាលីដូចគេឥតមានកូនសោនៅដៃ មិនអាចនឹងចាក់បើកទូយករបស់មានតម្លៃ គឺព្រះពុទ្ធសាសនាមកបាន ឯសព្វថ្ងៃនេះក្នុងស្រុកយើងកូនសោកាន់តែមានក្រែលដែរហើយ កូនសោនោះគឺគម្ពីរសាត្រា ឬសៀវភៅដែលគេប្រែពីភាសាបាលីមកជាភាសាយើងហើយបោះពុម្ពឡើង កាលបើបានសៀវភៅប្រែធម៌អាថ៌ទាំងនោះមកក៏ដូចគេមានកូនសោនៅដៃ អាចនឹងចាក់ទូគឺព្រះត្រៃបិដកបើកយករបស់មានតម្លៃគឺព្រះពុទ្ធសាសនា មកប្រដាប់តាក់តែងខ្លួនគឺប្រតិបត្តិតាមដូចប្រាថ្នាបាន ។
ពុទ្ធសាសនបដិបត្តិ សេចក្ដីប្រតិបត្តិក្នុងព្រះពុទ្ធសាសនា ដែលអ្នកកាន់សាសនាត្រូវប្រព្រឹត្តប្រតិបត្តិតាមនោះ បើចែកដោយសង្ខេបមាន ៣ ជាន់គឺ ៖
១- ជាន់ខាងក្រោមគឺលោកិយធម៌ សម្រាប់ពុទ្ធសាសនិកជនគឺជនអ្នកកាន់ព្រះពុទ្ធសាសនាជាន់ក្រោម គឺអ្នកដែលជាបុថុជ្ជន ប្រតិបត្តិធ្វើតាមដើម្បីនឹងឈានឡើងទៅកាន់ជាន់កណ្ដាល ។
២- ជាន់កណ្ដាលគឺលោកុត្តរធម៌ សម្រាប់ពុទ្ធសាសនិកជនជាន់កណ្ដាល គឺអ្នកដែលបានតម្កល់នៅក្នុងមគ្គផល តាំងពីទី១ គឺសោតាបត្តិមគ្គ ដល់ទី៧ គឺអរហត្តមគ្គ ប្រតិបត្តិធ្វើតាម ដើម្បីនឹងឈានឡើងទៅកាន់ជាន់ខ្ពស់បំផុត ។
៣- ជាន់ខ្ពស់បំផុតគឺលោកុត្តរធម៌ សម្រាប់ពុទ្ធសាសនិកជនជាន់ខ្ពស់បំផុត គឺអ្នកដែលបានតម្កល់នៅក្នុងអរហត្តផល ប្រព្រឹត្តប្រតិបត្តិតាម ។
ក្នុងឱកាសនេះ នឹងអធិប្បាយតែត្រង់សេចក្ដីប្រតិបត្តិក្នុងព្រះពុទ្ធសាសនាជាន់ខាងក្រោម សម្រាប់មនុស្សជាបុថុជ្ជន សេចក្ដីប្រតិបត្តិនោះមានបែបផ្សេងគ្នាជាពីរយ៉ាង គឺសេចក្ដីប្រតិបត្តិសម្រាប់អ្នកបួស ១ សម្រាប់គ្រហស្ថ ១ ។
នឹងសម្ដែងតែត្រង់សេចក្ដីប្រតិបត្តិសម្រាប់គ្រហស្ថ ដោយសង្ខេបដូចមានតទៅនេះ ផ្លូវប្រតិបត្តិក្នុងព្រះពុទ្ធសាសនា ដែលគ្រហស្ថត្រូវប្រតិបត្តិនោះមានច្រើនប្រការ មានតាំងពីកិច្ចដែលតម្កល់ខ្លួននៅក្នុងព្រះត្រៃសរណគមន៍ ដរាបដល់សេចក្ដីប្រតិបត្តិធ្វើខ្លួនឱ្យតម្កល់នៅក្នុងអរិយភូមិ មានសោតាបត្តិមគ្គជាដើម ។
អ្នកដែលប្រតិបត្តិក្នុងព្រះពុទ្ធសាសនា កាលជាន់ដើមពីក្នុងពុទ្ធសម័យ ឬក៏ក្នុងកាលខាងក្រោយតពីព្រះជាបរមគ្រូទ្រង់ចូលបរិនិព្វានរៀងមក ក៏រមែងប្រតិបត្តិទៅតាមសមគួរដល់សទ្ធាចិត្តរបស់ខ្លួនទីទៃៗ អ្នកខ្លះបានតម្កល់នៅក្នុងព្រះត្រៃសរណគមន៍ អ្នកខ្លះតម្កល់ខ្លួននៅក្នុងនិច្ចសីល និងឧបោសថសីល និងសុចរិតទាំង៣ប្រការ អ្នកខ្លះក៏បានប្រតិបត្តិតាមគន្លងនៃសមថភាវនានិងវិបស្សនាភាវនា ដរាបដល់ធ្វើខ្លួនឱ្យផុតជាតិជាបុថុជ្ជន ឱ្យតម្កល់នៅក្នុងទីអរិយភូមិបាន ។
អស់លោកអ្នកទាំងឡាយ ក៏សុទ្ធតែជាអ្នកប្រកបដោយកិច្ចកង្វល់ ក្នុងការងារដែលត្រូវ បើមិនអាចនឹងប្រតិបត្តិឱ្យសព្វគ្រប់បាន ក៏គប្បីប្រតិបត្តិឱ្យសមគួរដល់ស្ថានដែលត្រូវបានឈ្មោះថាជាអ្នកកាន់ព្រះពុទ្ធសាសនា ត្រឹមតែសេចក្ដីខាងក្រោយនេះគឺ
១- តម្កល់ខ្លួននៅក្នុងព្រះត្រៃសរណគមន៍ គឺតាំងចិត្តជឿជាក់ហើយចេញវាចាប្រកាសយក ព្រះពុទ្ធ ព្រះធម៌ និងព្រះសង្ឃថាជាទីពឹង ទីរឭក ព្រមទាំងសេចក្ដីដឹងក្នុងគុណនៃព្រះរតនត្រ័យនោះផង មានដឹងថា ព្រះពុទ្ធព្រះអង្គមាននាមថា “អរហំ” ព្រោះព្រះអង្គកម្ចាត់បង់ហើយនូវសត្រូវគឺធម៌ជាគ្រឿងសៅហ្មងដូច្នេះជាដើម ដឹងថា “ស្វាក្ខាតោ ភគវតា ធម្មោ” ព្រះបរិយត្តិធម៌និងនរលោកុត្តរធម៌ ដែលព្រះអរហំសម្មាសម្ពុទ្ធទ្រង់ត្រាស់សម្ដែងហើយល្អ ដូច្នេះជាដើម ដឹងថា “សុបដិបន្នោ ភគវតោ សាវកសង្ឃោ” ព្រះសង្ឃជាសាវករបស់ព្រះដ៏មានព្រះភាគ លោកប្រតិបត្តិហើយដោយល្អ ដូច្នេះជាដើម ។
២- សមាទានរក្សាសីល ៥ គឺវៀរមិនសម្លាប់បំបាត់ជីវិតសត្វតូចធំ ១ មិនលួចទ្រព្យរបស់អ្នកដទៃដែលមិនឱ្យ ១ មិនប្រព្រឹត្តខុសក្នុងផ្លូវកាម ១ មិននិយាយកុហក ១ មិនផឹកសុរា ១ ។ (សីល ៥ នេះត្រូវរក្សាឱ្យបានជាប់ជានិច្ច បើប្រសិនជាមានដាច់ត្រង់សីលណាមួយនៅពេលណាដោយសេចក្ដីភ្លាំងភ្លាត់នោះ ត្រូវសមាទានអំពីអ្នកដទៃ ឬគ្រាន់តែអធិដ្ឋានដោយខ្លួនឯង ឱ្យបានជាប់ឡើងវិញក៏បាន) ។
៣- រក្សានូវសុចរិត ៣ ប្រការគឺ កាយសុចរិត ១ វចីសុចរិត ១ មនោសុចរិត ១ ។ កាយសុចរិត ប្រព្រឹត្តល្អដោយកាយ មាន ៣ យ៉ាងគឺ វៀរមិនឱ្យសម្លាប់បំបាត់ជីវិតសត្វតូចធំ ១ វៀរមិនលួចយកទ្រព្យរបស់អ្នកដទៃ ១ វៀរមិនប្រព្រឹត្តខុសក្នុងផ្លូវកាមគឺការកន្លងប្រវេណី ១ ។ វចីសុចរិត ប្រព្រឹត្តល្អដោយវាចា មាន ៣យ៉ាងគឺ វៀរមិននិយាយកុហក ១ វៀរមិននិយាយពាក្យញុះញង់ ១ វៀរមិននិយាយអាក្រក់គឺពាក្យចាក់ដោតដោយការប្រទេចផ្ដាសា ១ វៀរមិននិយាយពាក្យឥតប្រយោជន៍ ១ ។ មនោសុចរិត ប្រព្រឹត្តល្អដោយចិត្ត មាន៣យ៉ាងគឺ មិនមានប្រាថ្នាលោភលន់ចង់បានទ្រព្យរបស់អ្នកដទៃ ១ មិនមានគំនិតគំនុំគុំធ្វើអ្នកដទៃឱ្យវិនាស ១ មានគំនិតគិតត្រូវតាមហេតុពិត ១ (តាំងពីត្រៃសរណគមន៍ដល់សុចរិត ៣ ប្រការ មានពិស្ដារក្នុងសៀវភៅគិហិបដិបត្តិ) ។
សេចក្ដីប្រតិបត្តិក្នុងព្រះពុទ្ធសាសនាដូចរៀបរាប់ខាងលើនេះ សូម្បីបន្តិចប៉ុណ្ណេះ ក៏គង់តែនឹងមានប្រយោជន៍ដល់អ្នកដែលប្រតិបត្តិតាមដូចសេចក្ដីខាងក្រោយនេះ ៖
១- នឹងបាននូវអំណរពេញចិត្តខ្លួនឯងថា “ខ្លួនអញបានតម្កល់ខ្លួនក្នុងទីដ៏ត្រូវហើយ អញបានត្រូវហើយ អញឥតមានខុសទេ ” ។
២- នឹងបានជាទីទុកចិត្ត ជាមនុស្សជំនឿពេញចិត្តនៃអ្នកឯទៀត គឺថាបើខ្លួននៅក្នុងបន្ទុកអ្នកឯទៀតដែលយសសក្ដិធំជាងខ្លួន គេនឹងទុកចិត្តជឿស្រឡាញ់រាប់អាន ដោយគេខឹងថាខ្លួនជាអ្នកសុចរិតល្អហើយ គេនឹងលើកសរសើរទំនុកបម្រុងឱ្យបាននូវសេចក្ដីថ្កុំថ្កើងនិងសេចក្ដីសុខស្រួល ព្រោះហេតុដែលខ្លួនកាន់សុចរិតគួរឱ្យគេទុកចិត្តបាន ។
៣- នឹងមានកិត្តិសព្ទកេរ្តិ៍ឈ្មោះថាជាអ្នកប្រព្រឹត្តសុចរិតត្រឹមត្រូវ ។
៤- វេលាដែលនឹងដល់នូវមរណកាល ក៏ឥតមានសេចក្ដីវង្វេងឡើយ ។
៥- លុះធ្វើមរណកាលទៅហើយ ក៏រមែងបានទៅកើតក្នុងសុគតិភព ។
ម្យ៉ាងទៀត សូមអស់លោកអ្នកទាំងឡាយជ្រាបថាផលប្រយោជន៍ដែលកើតឡើងអំពីសេចក្ដីប្រតិបត្តិក្នុងព្រះពុទ្ធសាសនា ដូចសេចក្ដីអធិប្បាយក្នុងខាងលើនេះ ។
ប្រភព ៖ ទស្សនាវដ្ដីកម្ពុជសុរិយា ឆ្នាំ១៩៣៧ ខ្សែទី១០-១១
ដោយ៥០០០ឆ្នាំ
images/articles/816/Untitled-1.jpg
ទោសនៃការស្រវឹងក្នុងរូបកាយ គិតតែតែងខ្លួនមិនធ្វើបុណ្យទាន
ផ្សាយ : ២៩ មករា ឆ្នាំ២០២៣
រឿងព្រះបាទអស្សកៈ
(ចាក អ. ទុ.)
(ទោសនៃការស្រវឹងក្នុងរូបកាយ គិតតែតែងខ្លួនមិនធ្វើបុណ្យទាន)
កាលព្រះសម្ពុទ្ធទ្រង់ប្រថាប់ក្នុងវត្តជេតពន មានបុរសម្នាក់លាប្រពន្ធទៅបួស លុះបួសហើយ ប្រពន្ធចេះតែទៅប្រលោមឲ្យសឹកវិញ។ ភិក្ខុនោះ ក៏មានសេចក្ដីអផ្សុកចង់សឹក។ ព្រះសាស្ដាបានហៅភិក្ខុនោះមកត្រាស់សួរថាៈ
images/articles/872/Untitled-1.jpg
ពិចារណាទានបារមី
ផ្សាយ : ២៩ មករា ឆ្នាំ២០២៣
ការពិចារណាឃើញទោសនិងអានិសង្ឃ តាមលំដាប់នៃការមិនបរិច្ចាគ និងការបរិច្ចាគជាដើម ជាបច្ច័យនៃបារមីទាំងឡាយ មានទានបារមីជាដើម ។ គប្បីជ្រាបវិធីពិចារណាដូចតទៅនេះ៖
ពិចារណាទានបារមី
ទ្រព្យនាំមកនូវការវិនាសច្រើនយ៉ាង ដូចនេះគឺៈ
- ភាពជាអ្នកប្រាថ្នាច្រើនដោយវត្ថុកាម មានដីធ្លីស្រែចំការ មាសប្រាក់ជាដើម នៃបុគ្គលទាំងឡាយដែលមានចិត្តហួងហែង ជាប់ជំពាក់នៅក្នុងវត្ថុកាមនោះៗ ។
- សាធារណភ័យ មានចោរភ័យ រាជភ័យ និង អគ្គិភ័យជាដើម ។
- ការតាំងចិត្តឈ្លោះប្រកែកគ្នា ជាសត្រូវនឹងគ្នាបៀតបៀនគ្នាជាដើម ។
- របស់ដែលមិនមានខ្លឹមសារ ។
- ប្រព្រឹត្តទុច្ចរិតក្នុងការស្វែងរកទ្រព្យ ។
- មានដំណើរទៅកាន់អបាយភូមិ នៃបុគ្គលដែលមានចិត្តសៅហ្មង ជាប់ជំពាក់ក្នុងទ្រព្យ ។
គួរធ្វើសេចក្តីល្អមិនប្រមាទក្នុងការបរិច្ចាគថា ការបរិច្ចាគវត្ថុទាំងនោះជាមង្គលដ៏ឧត្តម ។
ម៉្យាងទៀតគប្បីពិចារណាថាៈ
- ស្មូមជាបុគ្គលស្និទ្ធស្នាលរបស់យើង ព្រោះប្រាប់អាថ៌កំបាំងរបស់ខ្លួនគាត់ឲ្យយើងដឹង ។
- ស្មូមជាអ្នកណែនាំដល់យើងថា អ្នកចូរលះទ្រព្យដែលមិនមានខ្លឹមសារ ហើយកាន់យកនូវទ្រព្យដែលមានខ្លឹមសារ ជារបស់ខ្លួនពិតទៅកាន់បរលោក ។
- ស្មូមគឺជាសម្លាញ់ជួយរែកជញ្ជូនទ្រព្យរបស់យើងអំពីលោកនេះ នៅពេលដែលខន្ធលោកនេះត្រូវភ្លើង គឺមរណៈឆាបឆេះ ដូចជាផ្ទះដែលត្រូវភ្លើងឆេះដូច្នោះឯង ។
- ស្មូមជាកល្យាណមិត្តដ៏ក្រៃលែង ព្រោះជាសម្លាញ់ក្នុងការឲ្យទាន និងព្រោះជាអ្នកជ្រោមជ្រែងជួយឲ្យបានដល់ពុទ្ធភូមិ ដែលបានដោយលំបាកដ៏ក្រៃលែងជាងសម្បត្តិទាំងពួង ។
- ស្មូម ជាអ្នកលើកតម្កើងយើងក្នុងកម្មដ៏ក្រៃលែង ព្រោះដូច្នោះ គួរធ្វើនូវការលើកតម្កើងនោះ ឲ្យបានសម្រេចជាការពិត ។
- សូម្បីគេមិនសូម ក៏យើងឲ្យដែរ ព្រោះជីវិតរបស់គេប្រាកដច្បាស់ស្រេចហើយ មិនចាំបាច់និយាយដល់ការសូមនោះឡើយ ។
- ស្មូមមកហើយដោយខ្លួនឯង ត្រូវតាមអធ្យាស្រ័យក៏ក្រៃលែង មិនចាំបាច់ស្វែងរក គួរឲ្យដោយបុណ្យរបស់យើង ។
- ការអនុគ្រោះរបស់យើងនេះ ដោយសំដៅដល់ការឲ្យទានដល់ស្មូមយាចក យើងគួរអនុគ្រោះសត្វលោក ដូចអនុគ្រោះខ្លួនយើង ។
- កាលបើស្មូមយាចកមិនមានទេ ទានបារមីរបស់យើងនឹងគប្បីបំពេញបានយ៉ាងដូចម្តេច ។
- យើងគប្បីជាទីស្រឡាញ់ និងជាទីពេញចិត្តរបស់ស្មូមទាំងឡាយបានយ៉ាងណា ។
- ស្មូមយាចកទាំងនោះ គប្បីជាទីស្រឡាញ់ ជាទីពេញចិត្តរបស់យើងបានយ៉ាងដូចម្តេចដែរ ។
- នៅពេលឲ្យ យើងក៏ពេញចិត្ត លុះឲ្យរួចហើយក៏រីករាយ កើតបីតិសោមនស្សបាននោះ តើយ៉ាងណាទៅ ។
- កាលបើទ្រព្យមាន ស្មូមយាចកក៏មាន តែមិនបរិច្ចាគ គឺវាជាការបោកបញ្ជោតខ្លួនឯងដ៏ក្រៃលែង ។
ស្រង់ចាកពី សៀវភៅ " បារមី ភាគ១ "
រៀបរៀងដោយ លោកគ្រូ អគ្គបណ្ឌិតធម្មាចារ្យ ប៊ុត-សាវង្ស ។
ដោយ៥០០០ឆ្នាំ
images/articles/904/Untitled-1.jpg
ការដាំដើមឈើឈ្មោះថា ធ្វើសេនាសនៈទាន
ផ្សាយ : ២៩ មករា ឆ្នាំ២០២៣
រុក្ខជាតិទាំងឡាយដែលដុះហើយលើផែនដី ធំក្តី តូចក្តី ជារុក្ខជាតិដុះឯងឬមានមនុស្សដាំ គឺជាជម្រកយ៉ាងត្រជាក់សម្រាប់មនុស្ស និងសត្វ ដូចជាដាំដើមឈើដែលនៅតាមព្រៃភ្នំជាជម្រករបស់សត្វព្រៃទាំងឡាយដូចជា ដំរី រមាំង ប្រើស ក្តាន់ ជាដើម និងសត្វបក្សាបក្សី ជាច្រើនទៀត ដែលបានរស់នៅតាមព្រៃឈើទាំងឡាយនោះ ។
images/articles/906/Untitled-1.jpg
ការធ្វើផ្លូវថ្នល់ជាទាន
ផ្សាយ : ២៩ មករា ឆ្នាំ២០២៣
មនុស្សទាំងឡាយក្តី សត្វទាំងឡាយក្តី ដែលអាចធ្វើដំណើរទៅមកបានអាស្រ័យមានផ្លូវ បើមិនមានផ្លូវទេ មិនអាចធ្វើដំណើរដោយជើង ឬយានយន្តបានឡើយ ។ មធ្យោបាយរស់នៅរបស់មនុស្ស ចាំបាច់ត្រូវមានផ្លូវ ធ្វើដំណើរ ទៅមកទើបជាការងាយស្រួល ។
ផ្លូវទៅផ្សារងាយស្រួលសម្រាប់អ្នកធ្វើដំណើរទៅផ្សារ
images/articles/909/Untitled-1.jpg
ការជីកស្រះទឹក ឬអណ្តូងជាទាន
ផ្សាយ : ២៩ មករា ឆ្នាំ២០២៣
នៅក្នុងស្រុកមួយ ដែលមិនមានអណ្តូងទឹក ឬស្រះទឹកជាដើម មនុស្សសត្វទាំងឡាយមិនអាចរស់នៅក្នុងស្រុកនោះបានទេ ព្រោះការរស់នៅរបស់មនុស្សសត្វត្រូវអាស្រ័យទឹកយ៉ាងសំខាន់ ហើយអាចរស់នៅបាន ។
មនុស្សឬសត្វទាំងឡាយតែងចង់ទៅរស់នៅ ទីកន្លែងណាដែលមានទឹកដូចជាទៅរស់នៅ ក្បែរទន្លេ បឹងបួរ
images/articles/1772/textd-15585385.png
ការបរិយាយអំពីទាន
ផ្សាយ : ២៩ មករា ឆ្នាំ២០២៣
ព្រះសម្មាសម្ពុទ្ធនៃយើង ទ្រង់បានជ្រាបច្បាស់នូវអនុភាពនៃព្រហ្មវិហារធម៌ គឺមេត្តា ករុណា.. ដោយអំណាចនៃវិមោក្ខ មានសុភបរមវិមោក្ខជាដើម ជាគ្រឿងបំពេញនូវកល្យាណធម៌ទាំងពួងមានទានបារមីជាដើម ទ្រង់ខំបំពេញអស់កាល៤អសង្ខេយ្យ ១សែនកប្ប ចាប់ដើមតាំងពីព្រះអង្គ កាលដែលកើតជាព្រហ្មណ៍ម្នាក់ឈ្មោះ សុមេធព្រាហ្មណ៍ ជាអ្នកមានទ្រព្យសម្បត្តិច្រើន
images/articles/1959/Untitled-1-Recovered.jpg
សបរិវារច្ឆត្តទាយកត្ថេរាបទាន
ផ្សាយ : ២៩ មករា ឆ្នាំ២០២៣
សបរិវារច្ឆត្តទាយកត្ថេរាបទាន
ព្រះសម្ពុទ្ធព្រះនាមបទុមុត្តរៈ ទ្រង់ជ្រាបច្បាស់នូវត្រៃលោក ទ្រង់គួរទទួលនូវគ្រឿងបូជា ទ្រង់បង្អុរនូវភ្លៀងគឺព្រះធម៌ ដូចជាទឹកភ្លៀង បង្អុរចុះអំពីអាកាស ។
ខ្ញុំបានឃើញនូវព្រះសម្ពុទ្ធអង្គនោះ កំពុងសម្តែងអមតបទ ខ្ញុំញ៉ាំងចិត្តរបស់ខ្លួនឲ្យជ្រះថ្លា ហើយបានទៅកាន់ផ្ទះរបស់ខ្លួនវិញ ។ ខ្ញុំកាន់ឆត្រដែលស្អិតស្អាងហើយ ដើរចូលទៅរកព្រះសម្ពុទ្ធដ៏ប្រសើរជាងពួកនរៈ
images/articles/1964/Untitled-1-Recovered.jpg
បុដកបូជកត្ថេរាបទាន
ផ្សាយ : ២៩ មករា ឆ្នាំ២០២៣
បុដកបូជកត្ថេរាបទាន
ព្រះពុទ្ធព្រះនាមវិបស្សី ជានាយកនៃលោក ទ្រង់ស្តេចចេញពីបង្ហារសម្រាប់សម្រាក ក្នុងវេលាថ្ងៃ ទ្រង់ធ្វើព្រះដំណើរទៅដើម្បីភិក្ខា បានទ្រង់ចូលសំដៅទៅរកខ្ញុំ ។
លំដាប់នោះ ខ្ញុំមានបិតិសោមនស្ស ក៏បានប្រគេននូវកញ្ចប់អំបិល ដល់ព្រះពុទ្ធជាបុគ្គលប្រសើរ ប្រកបដោយតាទិគុណ ដោយសារកុសលនេះ ក៏បានរីករាយក្នុងឋានសួគ៌ អស់មួយកប្ប ។
images/articles/1974/Untitled-1-Recovered.jpg
ឧបដ្ឋាយិកត្ថេរាបទាន
ផ្សាយ : ២៩ មករា ឆ្នាំ២០២៣
ឧបដ្ឋាយិកត្ថេរាបទាន
ខ្ញុំបានឃើញព្រះមហានាគ ព្រះអង្គជាធំជាងសត្វជើងពីរ ជាច្បងក្នុងលោក ទ្រង់ជានរាសភៈ គួរទទួលនូវគ្រឿងបូជា ស្តេចទៅតាមច្រក ។ ខ្ញុំបានថ្វាយឧបដ្ឋាកម្នាក់ដល់ព្រះមហេសី ព្រះនាមសិទ្ធត្ថ ដែលខ្ញុំបានឲ្យគេនិមន្ត ព្រះអង្គស្វែងរកនូវប្រយោជន៍ ដល់សត្វលោកទាំងពួង ។ ព្រះសម្ពុទ្ធជាអ្នកប្រាជ្ញប្រសើរ ទ្រង់ទទួលហើយប្រគល់ឲ្យខ្ញុំវិញទ្រង់ក្រោកចាកអាសនៈនោះ
images/articles/1983/Untitled-1-Recovered.jpg
ការឲ្យទានដែលមានផលច្រើន
ផ្សាយ : ២៩ មករា ឆ្នាំ២០២៣
តតិយវគ្គ ទានសូត្រ
នៅក្នុងបិដកលេខ ៥៣ ទំព័រ ២៥ព្រះអង្គទ្រង់ត្រាស់អំពី (ការឲ្យទានដែលមានផលច្រើន) ដោយមានសេចក្តីថា ៖
ខ្ញុំបានស្តាប់មកថា ព្រះមានព្រះភាគទ្រង់ត្រាស់ហើយ ព្រះអរហន្តសម្តែងហើយ ។ ម្នាលភិក្ខុទាំងឡាយ បើពួកសត្វដឹងផលនៃការចែកទាន ដូចជាតថាគតដឹងដូច្នោះ បើមិនទាន់ឲ្យទានទេ ក៏មិនហ៊ានបរិភោគឡើង ម៉្យាងទៀត មន្ទិលគឺសេចក្តីកំណាញ់របស់សត្វទាំងនោះ
images/articles/1999/Untitled-1-Recovered.jpg
កិរិយាបរិច្ចាគទាន
ផ្សាយ : ២៩ មករា ឆ្នាំ២០២៣
កិរិយាបរិច្ចាគទាន
ការធ្វើប្រយោជន៍ដល់សង្គម ជាកាតព្វកិច្ចរបស់មនុស្សគ្រប់រូប ព្រះពុទ្ធប្រៀនប្រដៅយើងឲ្យចេះធ្វើប្រយោជន៍ក្នុងសង្គម ។ មនុស្សយើងតាំងពីតូចមកដល់ធំ រស់នៅបានដោយសារទាន បានដល់ការឲ្យចំណីចំណុក ចិញ្ចឹមបីបាច់ថែរក្សាពីឪពុកម្តាយ បើគាត់មិនឲ្យយើងទេ យើងនឹងស្លាប់ ។ យើងអាចចេះដឹង អានអក្សរកើត ដោយសារលោកគ្រូអ្នកគ្រូបានប្រគល់ឲ្យនូវចំណេះដឹងដល់យើង ។
images/articles/3175/______________________________.jpg
អ្នកសមាទានធុតង្គគង់វង្សត្រូវប្រកបដោយធម៌៣០ប្រការ
ផ្សាយ : ២៨ មករា ឆ្នាំ២០២៣
អ្នកសមាទានធុតង្គគង់វង្សត្រូវប្រកបដោយធម៌៣០ប្រការគឺ៖
១» សិនិទ្ទបទ្ទវមេត្តចិត្តោៈ មានមេត្តាចិត្តទន់ភ្លន់ស្និទ្ធនឹងសព្វសត្វទាំងពួង ។
២» ឃាដិតហតិវិគ្គតកិលេសោៈ មានកិលេសដែលត្រូវកម្ចាត់ឲ្យប្រាសចាកហើយ។
៣» និហតមានទដ្ឋោៈ ជាអ្នកកម្ចាត់ចេញនូវមានៈ និងទិដ្ឋិ ។
៤» អចលទឡ្ហវិនិដ្ឋនិព្វេមតិសទ្ធោៈ មានសទ្ធាដែលមិនញាប់ញ័រ ប្រាសចាកនូវសេចក្ដីសង្ស័យ ។
៥» បរិបុញ្ញវិនិតបហដ្ឋសុភវិនិយោៈ មានចិត្តស្អាតដែលបើកហើយក្នុងទីដែលហ្វឹកហាត់ឲ្យបរិបូណ៌ ។
៦» និយតសន្តិសុខសមាបត្តិយោៈ មានសន្ដិសុខសមាបត្តិកើតជានិច្ច ទៀងទាត់។
៧» អចលសីលសុចិគន្ធបរិភាវិតោៈ អប់រំទៅដោយសីលដែលមិនញាប់ញ័រ មានក្លិនក្រអូបផ្សាយទៅ ។
៨» ទេវមនុស្សានំ បរិយោៈ ជាទីស្រឡាញ់នៃទេវតា និងមនុស្ស ។
៩» ខីណាសវពលវន្តីៈ មានកម្លាំងក្នុងទីដែលនឹងអស់ទៅនៃអាសវៈ ។
១០» អរិយបុគ្គល ជិនសាសនបត្ថិតោៈ ជាទីប្រាថ្នានៃព្រះអរិយបុគ្គល អ្នកតាំងនៅក្នុងជិនសាសនា
១១» ភូវិ ច ទិវី ច ទេវមនុស្សានំៈ ជាទីសរសើរ និងជាទីរីករាយនៃពួកមនុស្ស និងទេវតាទាំងឡាយ ។
១២» អសុរតានំ វន្ទិតបសដ្ឋមនគ្ឃជនានំ ធុវថប្បិតតថិ មិតបសដ្ឋោៈ ជាទីគោរព សរសើរនៃពួកអសុរៈ និងជាទីរីករាយនៃមារទាំងពួង ។
១៣» លោកអនុបលិត្តោៈ មិនបានរសេមរសាមលាយឡំទៅដោយលោក ។
១៤» អប្បថោកំ អនុវជ្ជភយទស្សាវីៈ មានប្រក្រតីឃើញនូវទោស និងភ័យសូម្បីត្រឹមបន្តិចបន្តួច ។
១៥» មគ្គផលបរវត្ថសាធកោៈ ឲ្យសម្រេចប្រយោជន៍គឺមគ្គ និងផលដ៏ប្រសើរដល់ជនទាំងឡាយ អ្នកប្រាថ្នានឹងឲ្យរួចផុតទុក្ខ។
១៦» អាយាចិតឥបុលបណីបច្ចយភាគីៈ សមគួរដែលនឹងអារាធនាថ្វាយចតុប្បច្ច័យ ដ៏ប្រសើរ និងប្រណិត ។
១៧» អនិកេតសយនកាមីៈ ជាអ្នកប្រាថ្នាដេកក្នុងទីរកអាល័យមិនបាន ។
១៨» ឈានជ្ឈាយិកបរវិហាររីៈ មានប្រក្រតីសម្លឹងឈាន និងវិហារធម៌ដ៏ប្រសើរ ។
១៩» បជដិតជាលកិលេសវត្ថុវិធំសិតភគ្គោៈ ជាអ្នកកម្ចាត់ និងកាច់បំបាក់នូវវត្ថុនៃកិលេសដែលជាឫសគល់ចាក់ស្រេះឲ្យដាច់សូន្យ ។
២០» សំកុដិតសញ្ជាន្នគតិនិវារណាៈ នឹងឃាត់បង់នូវអគតិដែលមានសេចក្ដីវិលវល់ក្នុងវដ្ដសង្សារ។
២១» អកុប្បធម្មេ អភិនិវាសោៈ តាំងនៅក្នុងអកុប្បធម៌។
២២» អនវជ្ជិតភោគីៈ បរិភោគនូវវត្ថុដែលប្រាសចាកទោស ។
២៣» គតិវិមុត្តោៈ ផុតចាកគតិកំណើត
២៤» ឱតណ្ណសព្វវិចិកិច្ឆោៈ ឆ្លងចេញនូវសេចក្ដីសង្ស័យទាំងពួង ។
២៥» វិមុត្តឈាយយិតត្តោៈ មានចិត្តសម្លឹងនូវវិមុត្ត
២៦» ទិដ្ឋធម្មេ អចលទឡ្ហភិរុតមនុបគតោៈ មានចិត្តមាំទាំមិនបានឃ្លីងឃ្លោងដោយភ័យក្នុងទិដ្ឋធម៌ ។
២៧» អនុនយសមុច្ឆិន្នោៈ កាត់ចេញនូវសេចក្ដីត្រេកអរតាម ។
២៨» សព្វាសវក្ខយបត្តោៈ ដល់នូវការអស់ទៅនៃអាសវៈ ។
២៩» សន្ដសមាបត្តឹ បដិលភតិៈ បាននូវសន្តិសុខសមាបត្តិ ។
៣០» សមណគុណសមុបគោៈ ប្រកាបទៅដោយគុណនៃសមណៈ ៕ (ប្រជុំកងធម៌)
ដោយ៥០០០ឆ្នាំ
images/articles/2667/4333eehpic.jpg
លោកធាតុ ៣ យ៉ាង
ផ្សាយ : ២២ មករា ឆ្នាំ២០២៣
ចូឡនិកាសូត្រ
(សម្ដែងអំពីលោកធាតុ ៣ យ៉ាង)
គ្រានោះ ព្រះអានន្ទដ៏មានអាយុ ចូលទៅគាល់ព្រះមានព្រះភាគលុះចូលទៅដល់ហើយ ក៏ក្រាបថ្វាយបង្គំព្រះដ៏មានព្រះភាគ ហើយអង្គុយក្នុងទីសមគួរ ។
លុះព្រះអានន្ទដ៏មានអាយុ អង្គុយក្នុងទីសមគួរហើយ ក៏ក្រាបបង្គំទូលសួរដូច្នេះថា បពិត្រព្រះអង្គដ៏ចម្រើន ខ្ញុំព្រះអង្គបានស្ដាប់ចំពោះព្រះភក្រ្តនៃព្រះដ៏មានព្រះភាគ បានទទួលចំពោះព្រះភក្រ្តនៃព្រះដ៏មានព្រះភាគយ៉ាងនេះថា ម្នាលអានន្ទ ភិក្ខុឈ្មោះអភិភូ ជាសាវករបស់ព្រះពុទ្ធសិខី ស្ថិតនៅឯព្រហ្មលោក បានញុំាងលោកធាតុទាំង ១០០០ ឲ្យដឹងច្បាស់ដោយសំឡេងបាន ។
បពិត្រព្រះអង្គដ៏ចម្រើន ចុះព្រះដ៏មានព្រះភាគជាអរហន្តសម្មាសម្ពុទ្ធ អាចញុំាងលោកធាតុ មានប្រមាណត្រឹមណាឲ្យដឹងច្បាស់ដោយសំឡេងបាន ។ម្នាលអានន្ទ អភិភូនោះជាសាវក ឯព្រះតថាគតទាំងឡាយ មានអានុភាព ប្រមាណមិនបានទេ ។ព្រះអានន្ទដ៏មានអាយុ ក្រាបបង្គំទូលសួរព្រះដ៏មានព្រះភាគជាគម្រប់ ២ ដង ដូច្នេះថា បពិត្រព្រះអង្គដ៏ចម្រើន ខ្ញុំព្រះអង្គបានស្ដាប់ចំពោះព្រះភក្រ្តព្រះដ៏មានព្រះភាគយ៉ាងនេះថា ម្នាលអានន្ទ ភិក្ខុឈ្មោះអភិភូជាសាវករបស់ព្រះពុទ្ធសិខី ស្ថិតនៅឯព្រហ្មលោក ញុំាងលោកធាតុ ១០០០ ឲ្យដឹងច្បាស់ដោយសំឡេងបាន ។
បពិត្រព្រះអង្គដ៏ចម្រើន ចុះព្រះដ៏មានព្រះភាគជាអរហន្តសម្មាសម្ពុទ្ធ អាចញុំាងលោកធាតុមានប្រមាណត្រឹមណា ឲ្យដឹងច្បាស់ដោយសំឡេងបាន ។ម្នាលអានន្ទ អភិភូនោះជាសាវក ឯព្រះតថាគតទាំងឡាយ មានអានុភាពប្រមាណមិនបានទេ ។ព្រះអានន្ទដ៏មានអាយុ ក្រាបបង្គំទូលសួរ ព្រះដ៏មានព្រះភាគជាគម្រប់ ៣ ដងដូច្នេះថា បពិត្រព្រះអង្គដ៏ចម្រើនខ្ញុំព្រះអង្គបានស្ដាប់ចំពោះព្រះភក្រ្តព្រះមានព្រះភាគ បានទទួលចំពោះព្រះភក្រ្តព្រះមានព្រះភាគយ៉ាងនេះថា ម្នាលអានន្ទ ភិក្ខុឈ្មោះអភិភូ ជាសាវករបស់ព្រះពុទ្ធសិខី ស្ថិតនៅឯព្រហ្មលោកញុំាងលោកធាតុ ១០០០ ឲ្យដឹងច្បាស់ដោយសំឡេងបាន ។
បពិត្រព្រះអង្គដ៏ចម្រើនចុះព្រះដ៏មានព្រះភាគជាអរហន្តសម្មាសម្ពុទ្ធ អាចញុំាងលោកធាតុ មានប្រមាណត្រឹមណា ឲ្យដឹងច្បាស់ដោយសំឡេងបាន ។ព្រះមានព្រះភាគត្រាស់ថា សុតា តេ អានន្ទ សហស្សី ចូឡនិកា លោកធាតុ ម្នាលអានន្ទ លោកធាតុតូច ១០០០ អ្នកបានស្ដាប់ហើយ ។បពិត្រព្រះដ៏មានព្រះភាគ ជាកាលគួរនឹងសម្តែងរឿងនុ៎ះហើយ ។ បពិត្រព្រះសុគត ជាកាលគួរនឹងសម្តែងរឿងនុ៎ះហើយ ព្រោះថាព្រះដ៏មានព្រះភាគ សម្តែងធម៌ណា ភិក្ខុទាំងឡាយ បានស្ដាប់ព្រះដ៏មានព្រះភាគហើយ នឹងចាំទុកនូវធម៌នោះ ។ម្នាលអានន្ទ បើដូច្នោះ អ្នកចូរស្ដាប់ ចូរធ្វើទុកក្នុងចិត្តឲ្យប្រពៃចុះ តថាគតនឹងសម្តែងប្រាប់ ។
ព្រះអានន្ទដ៏មានអាយុ បានទទួលស្ដាប់ព្រះដ៏មានព្រះភាគថា ព្រះករុណាព្រះអង្គ ។
ព្រះដ៏មានព្រះភាគទ្រង់ត្រាស់ដូច្នេះថា ៖
១. យាវតា អានន្ទ ចន្ទិមសូរិយា បរិហរន្តិ ទិសា ភន្តិ វិរោចនា ម្នាលអានន្ទ ព្រះចន្រ្ទនិងព្រះអាទិត្យដ៏រុងរឿងគោចរទៅបំភ្លឺទិសទាំងឡាយ បានត្រឹមណា ត្រឹមណោះលោកកំណត់ហើយសម្ដែងហើយថាជាលោកធាតុមួយ គឺចក្កវាឡមួយ ។
២. តាវ សហស្សធា លោកោ ។ តស្មិំ សហស្សធា លោកេ ត្រូវកំណត់យកលោកនោះ ១០០០ ក្នុងលោកដែលកំណត់ ១០០០ ដងនោះ សហស្សំ ចន្ទានំ មានព្រះចន្រ្ទ ១០០០, សហស្សំ សូរិយានំ ព្រះអាទិត្យ ១០០០, សហស្សំ សិនេរុបព្វតរាជានំ សេ្ដចភ្នំសិនេរុ ១០០០, សហស្សំ ជម្ពុទីបានំ ជម្ពូទ្វីប ១០០០, សហស្សំ អបរគោយានានំ អបរគោយានទ្វីប ១០០០, សហស្សំ ឧត្តរកុរូនំ ឧត្ដរកុរុទ្វីប ១០០០, សហស្សំ បុព្វវិទេហានំ បុព្វវិទេហទ្វីប ១០០០, ចត្តារិ មហាសមុទ្ទសហស្សានិ មហាសមុទ្រ ៤០០០, ចត្តារិ មហារាជសហស្សានិ មហារាជ (លោកបាល) ៤០០០, សហស្សំ ចាតុមហារាជិកានំ ស្ថានចាតុម្មហារាជិកៈ ១០០០, សហស្សំ តាវតិំសានំ ស្ថានតាវត្តិង្ស ១០០០, សហស្សំ យាមានំ ស្ថានយាមៈ ១០០០, សហស្សំ តុសិតានំ ស្ថានតុសិត ១០០០, សហស្សំ និម្មានរតីនំ ស្ថាននិម្មានរតី ១០០០, សហស្សំ បរនិម្មិតវសវត្តីនំ ស្ថានបរនិម្មិតវសវត្តី ១០០០, សហស្សំ ព្រហ្មលោកានំ ព្រហ្មលោក ១០០០ ។ ម្នាលអានន្ទ នេះហៅថា សហស្សីចូឡនិកាលោកធាតុ (លោកធាតុតូច) ។ អយំ វុច្ចតានន្ទ ម្នាលអានន្ទ ការកំណត់យ៉ាងនេះ ហៅថា សហស្សីចូឡនិកាលោកធាតុ (លោកធាតុតូចដែលមានចក្កវាឡចំនួន ១០០០) ។
៣. ការកំណត់សហស្សីចូឡនិកាលោកធាតុនោះចំនួន ១០០០ ម្នាលអានន្ទ នេះហៅថា ទ្វិសហស្សីមជ្ឈិមកាលោកធាតុ (លោកធាតុកណ្ដាលដែលមានចក្កវាឡចំនួន ១០០០០០០ = យកសហស្សីចូឡនិកាសោកធាតុ គុណនឹង ១០០០) ។
៤. ការកំណត់ទ្វិសហស្សីមជ្ឈិមកាលោកធាតុនោះចំនួន ១០០០ ដង ម្នាលអានន្ទ នេះហៅថា តិសហស្សីមហាសហស្សីលោកធាតុ (លោកធាតុធំដែលមានចក្កវាឡចំនួន ១ សែនកោដិ ។
ម្នាលអានន្ទ កាលបើតថាគតប្រាថ្នាគប្បីញុំាងតិសហស្សីមហាសហស្សីលោកធាតុឲ្យដឹងច្បាស់ដោយសំឡេងបាន ឬថាគប្បីប្រាថ្នាដល់ត្រឹមណាក៏បាន ។
បពិត្រព្រះអង្គដ៏ចម្រើន ចុះព្រះដ៏មានព្រះភាគគប្បីញុំាងតិសហស្សីមហាសហស្សីលោកធាតុ ឲ្យដឹងច្បាស់ដោយសំឡេងបាន ឬថាគប្បីប្រាថ្នាដល់ត្រឹមណាក៏បាន តើដូចម្ដេច ។ម្នាលអានន្ទ ក្នុងលោកនេះ តថាគតផ្សាយរស្មីទៅកាន់តិសហស្សីមហាសហស្សីលោកធាតុ កាលណាពួកសត្វទាំងនោះស្គាល់ច្បាស់នូវពន្លឺនោះបាន ក្នុងកាលនោះ តថាគតគប្បីធ្វើនូវសំឡេងឲ្យគឹកកងញុំាងសំឡេងឲ្យលាន់ឮ ។ ម្នាលអានន្ទ តថាគត គប្បីញុំាងតិសហស្សីមហាសហស្សីលោកធាតុឲ្យដឹងច្បាស់ដោយសំឡេងបាន ឬថាគប្បីប្រាថ្នាដល់ណាដ៏បានយ៉ាងនេះឯង ។
កាលបើព្រះដ៏មានព្រះភាគទ្រង់ត្រាស់យ៉ាងនេះហើយ ព្រះអានន្ទដ៏មានអាយុ បានក្រាបទូលយ៉ាងនេះថាឱជាលាភរបស់ខ្ញុំព្រះអង្គហើ យខ្ញុំព្រះអង្គឈ្មោះថា បានល្អហើយ ព្រោះថាព្រះសាស្ដារបស់ខ្ញុំ ព្រះអង្គមានឫទ្ធិច្រើនយ៉ាងនេះ មានអានុភាពច្រើនយ៉ាងនេះ ។
កាលបើព្រះអានន្ទដ៏មានអាយុ និយាយយ៉ាងនេះហើយ ព្រះឧទាយិដ៏មានអាយុ ក៏និយាយតបនឹងព្រះអានន្ទដ៏មានអាយុដូច្នេះថាម្នាលអាវុសោអានន្ទ ប្រសិនបើព្រះសាស្ដារបស់អ្នក មានឫទ្ធិច្រើនយ៉ាងនេះ មានអានុភាពច្រើនយ៉ាងនេះ តើអ្នកនឹងបានអ្វីក្នុងដំណើរនុ៎ះ ។
កាលបើព្រះឧទាយិដ៏មានអាយុនិយាយយ៉ាងនេះហើយ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់នឹងព្រះឧទាយិដ៏មានអាយុដូច្នេះថាម្នាលឧទាយិ អ្នកកុំនិយាយយ៉ាងនេះឡើយ ម្នាលឧទាយិ បើអានន្ទ មិនទាន់ប្រាសចាករាគៈយ៉ាងនេះ ហើយគប្បីធ្វើមរណកាលដោយចិត្តជ្រះថ្លានោះ អានន្ទគប្បីសោយទេវរជ្ជសម្បត្តិ ក្នុងទេវលោក ៧ ដង សោយមហារជ្ជសម្បត្តិ ក្នុងជម្ពូទ្វីបនេះ ៧ ដង ម្នាលឧទាយិ តែថាអានន្ទនឹងបរិព្វាន ក្នុងអត្តភាពជាបច្ចុប្បនេះ ។ ចប់ ចូឡនិកាសូត្រ ។
(សុត្តន្តបិដក អង្គុត្តរនិកាយ តិកនិបាត ទុតិយបណ្ណាសក អានន្ទវគ្គ បិដកលេខ ៤១ ទំព័រ ៣១២ )
សេចក្ដីអធិប្បាយ
ពាក្យថា ចូឡនិកាលោកធាតុ គឺជាលោកធាតុតូចដែលមានចក្កវាឡចំនួន ១០០០ អយំ សាវកានំ វិសយោ សហស្សីចូឡនិកាលោកធាតុនេះជាវិស័យនៃសាវ័កទាំងឡាយ ។ ពាក្យថា ទ្វិសហស្សីមជ្ឈិមិកាលោកធាតុ បានដល់ លោកធាតុដែលមានឈ្មោះថា ទ្វិសហស្សីមជ្ឈិមិកា គឺមានប្រមាណនៃចក្កវាឡ ១ លាន ព្រោះត្រូវគុណហើយដោយចំណែកនៃពាន់ក្នុងចក្កវាឡមួយពាន់នេះ ។ ព្រោះថា ស្ថានទីមានប្រមាណប៉ុណ្ណេះ ព្រះតថាគតទាំងឡាយទ្រង់សម្ដែងគឺបញ្ចេញនូវព្រះរស្មីអំពីសរីរៈ កម្ចាត់សេចក្ដីងងឹតអន្ធការ និងអាចដើម្បីញ៉ាំងមនុស្សទេវតាទាំងឡាយឲ្យបានឮព្រះសូរសៀងបាន ។
ឯត្តកេន ពុទ្ធានំ ជាតិក្ខេត្តំ នាម ទស្សិតំ ឈ្មោះថា ជាតិក្ខេតរបស់ព្រះពុទ្ធទាំងឡាយ គឺលោកសម្ដែងហើយដោយពាក្យប្រមាណប៉ុណ្ណេះ ។ ពិតមែនហើយ ក្នុងភពចុងក្រោយនៃព្រះសព្វញ្ញុពោធិសត្វទាំងឡាយ ក្នុងថ្ងៃដែលព្រះពោធិសត្វចុះចាកទេវលោក កាន់យកបដិសន្ធិក្នុងភគ៌របស់ព្រះមាតា ១ ក្នុងថ្ងៃដែលព្រះពោធិសត្វចេញចាកភគ៌របស់ព្រះមាតា ១ ក្នុងថ្ងៃដែលព្រះពោធិសត្វយាងចេញសាថងមហាភិនេស្ក្រមណ៍ ១ ក្នុងថ្ងៃទាំងឡាយមានថ្ងៃដែលព្រះសម្ពុទ្ធទ្រង់ត្រាដ់ដឹង ១ ថ្ងៃដែលព្រះអង្គទ្រង់សម្ដែងធម្មចក្កប្បវត្តនសូត្រ ១ ថ្ងៃដែលទ្រង់ដាក់ព្រះជន្មាយុសង្ខារ ១ និង ថ្ងៃដែលព្រះអង្គរំលត់ខន្ធបរិនិព្វាន ១ ស្ថានទីដែលជាចក្កពវាលមានប្រមាណប៉ុណ្ណេះរមែងកម្រើកញាប់ញ័រ ។
ពាក្យថា តិសហស្សីមហាសហស្សីលោកធាតុ ជាលោកធាតុធំដែលមានចក្កវាឡចំនួនមួយសែនកោដិ តែមតិរបស់គណកបុត្តតិស្សត្ថេរពោលថា មានចក្កវាឡចំនួនដប់សែនកោដិ ។ តិសហស្សីមហាសហស្សីលោកធាតុនេះឯង ឈ្មោះថាជា អាណាខេត្តរបស់ព្រះពុទ្ធទាំងឡាយ ដូច្នេះហើយ ក្នុងវេលាដែលព្រះសម្មាសម្ពុទ្ធទ្រង់សម្ដែងព្រះបរិត្តទាំងឡាយគឺ អាដានាដិយបរិត្ត ឥសិគិលិបរិត្ត ធជគ្គបរិត្ត ពោជ្ឈង្គបរិត្ត ខន្ធបរិត្ត មោរបរិត្ត មេត្តបរិត្ត និង រតនបរិត្ត រមែងផ្សាយទៅដល់ចក្កវាឡមានប្រមាណប៉ុណ្ណេះ ។
តត្ថ ពុទ្ធានំ អវិសយោ នាម នត្ថិ ក្នុងបណ្ដាលោកធាតុទាំងនោះ ឈ្មោះថា មិនមែនជាវិស័យរបស់ព្រះពុទ្ធទាំងឡាយ រមែងមិនមាម ។
(មនោរថបូរណី អដ្ឋកថា អង្គុត្តរនិកាយ កនិបាត ទុតិយបណ្ណាសក អានន្ទវគ្គ ចូឡនិកាសូត្រ)
សេចក្ដីប្រៀបធៀបរវាងសាវកវិស័យនឹងពុទ្ធវិស័យ
ម្នាលអានន្ទ អ្នកនិយាយអ្វីយ៉ាងនេះ សាវកទាំងឡាយរមែងតាំងនៅញាណដោយចំពោះ តែតថាគតបំពេញបារមី ១០ ហើយបានសម្រេចសព្វញ្ញុតញ្ញាណ ដែលនរណាៗ នឹងប្រមាណមិនបាន អ្នកនិយាយយ៉ាងនេះ ៖
១. នខសិខាយ បំសុំ គហេត្វា មហាបថវិបំសុនា សទ្ធិំ ឧបមេន្តោ វិយ ហាក់ដីដូចជាយកចុងក្រចកចូកនូវធូលីដ៏តិចតួចមកប្រៀននឹងគំនរមហាប្រថពីដ៏ធំ ។
២. តាឡច្ឆិទ្ទំ គហេត្វា អនន្តាកាសេន ឧបមេន្តោ វិយ ហាក់ដីដូចជាយកប្រហោងដើមត្នោតដ៏តូចមកប្រៀននឹងអាកាសដែលមិនមានទីបំផុត ។
៣. ចាតកសកុណំ គហេត្វា ទិយឌ្ឍយោជនសតិកេន សុបណ្ណរាជេន ឧបមេន្តោ វិយ ហាក់ដីដូចជាយកសត្វចចាតដ៏តូចមកប្រៀននឹងស្ដេចគ្រុឌដែលហើរបាន ១៥០ យោជន៍ ។
៤. ហត្ថិសោណ្ឌាយ ឧទកំ គហេត្វា មហាគង្គាយ ឧបមេន្តោ វិយ ហាក់ដីដូចជាយកទឹកក្នុងប្រមោយដំរីមកប្រៀននឹងទឹកក្នុងទន្លេះគង្គាដ៏ធំ ។
៥. ចតុរតនិកេ អាវាដេ ឧទកំ គហេត្វា សត្តហិ សរេហិ ឧបមេន្តោ វិយ ហាក់ដីដូចជាយកទឹកក្នុងរណ្ដៅប្រវែង ៤ ហត្ថ មកប្រៀននឹងមហាជាតស្រះទាំង ៧ ។
៦. នាឡិកោទនមត្តលាភិំ មនុស្សំ គហេត្វា ចក្កវត្តិរញ្ញា ឧបមេន្តោ វិយ ហាក់ដីដូចជាយកមនុស្សដែលមានតម្លៃត្រឹមតែបាយមួយនាឡិមកប្រៀននឹងស្ដេចចក្កពត្តិ ។
៧. បំសុបិសាចកំ គហេត្វា សក្កេន ទេវរញ្ញា ឧបមេន្តោ វិយ ហាក់ដីដូចជាយកបំសុបិសាច (បិសាចធូលី) មកប្រៀននឹងស្ដេចសក្កទេវរាជ ។
៨. ខជ្ជោបនកប្បភំ គហេត្វា សូរិយប្បភាយ ឧបមេន្តោ វិយ ហាក់ដីដូចជាយកពន្លឺនៃអំពិលអំពែកដ៏តូចមកប្រៀននឹងពន្លឺនៃព្រះអាទិត្យ ។
ព្រោះវិស័យរបស់សាវកទាំងឡាយជាចំណែកមួយ ឯពុទ្ធវិស័យជាចំណែកមួយ, ធម៌ជាគោចរ របស់សាវកទាំងឡាយជាចំណែកមួយ ឯធម៌ជាគោចររបស់ព្រះពុទ្ធទាំងឡាយជាចំណែកមួយ, កម្លាំងរបស់សាវកទាំងឡាយជាចំណែកមួយ ឯកម្លាំងរបស់ព្រះពុទ្ធទាំងឡាយជាចំណែកមួយ ។
(មនោរថបូរណី អដ្ឋកថា សុត្តន្តបិដក អង្គុត្តរនិកាយ តិកនិបាត ទុតិយបណ្ណាសក អានន្ទវគ្គ ចូឡនិកាសូត្រ )
លោកធាតុ
ពាក្យថា លោកធាតុ មានន័យថា ទំហំនៃលោកដែលត្រូវកំណត់ដោយចំនួនចក្កវាឡមានប្រការផ្សេងៗ ។ ពាក្យថា ចក្កវាឡ មានន័យថា មានអាការៈមូលដូចកង់រថ លោកពោលសំដៅដល់ ស្ថានទីដ៏ធំមួយមានរាងមូលដែលមានភ្នំចក្កវាឡជាកំពែងឡោមព័ទ្ធជុំវិញ ។ លោកធាតុចែកចេញជា ៤ ប្រភទ ៖
១. លោកធាតុ បានដល់ លោកធាតុ គឺចក្កវាឡមួយ ។
២. សហស្សីចូឡនិកាលោកធាតុ បានដល់ លោកធាតុ គឺចក្កវាឡមួយពាន់ ។
៣. ទ្វិសហស្សីមជ្ឈិមកិកាលោកធាតុ បានដល់ លោកធាតុកណ្ដាល គឺចក្កវាឡមួយលាន ហើយក្នុងអដ្ឋកថាមនោរថបូរណីនៃចូឡនិកាសូត្រ និងសទ្ធម្មប្បជ្ជោតិកា មហានិទ្ទេសដ្ឋកថាយតុវដកសុត្តនិទ្ទេសវណ្ណនា សម្ដែងថា ទ្វិសហស្សីមជ្ឈិមិកាលោកធាតុនេះ ជា ជាតិក្ខេត្តរបស់ព្រះពុទ្ធទាំងឡាយ ដោយសេចក្ដីថា ក្នុងថ្ងៃដែលព្រះពោធិសត្វចុះចាកទេវលោក កាន់យកបដិសន្ធិក្នុងភគ៌របស់ព្រះមាតា ១ ក្នុងថ្ងៃដែលព្រះពោធិសត្វចេញចាកភគ៌របស់ព្រះមាតា ១ ក្នុងថ្ងៃដែលព្រះពោធិសត្វយាងចេញសាងមហាភិនេស្ក្រមណ៍ ១ ក្នុងថ្ងៃទាំងឡាយមានថ្ងៃដែលព្រះសម្ពុទ្ធទ្រង់ត្រាស់ដឹង ១ ថ្ងៃដែលព្រះអង្គទ្រង់សម្ដែងធម្មចក្កប្បវត្តនសូត្រ ១ ថ្ងៃដែលទ្រង់ដាក់ព្រះជន្មាយុសង្ខារ ១ និងថ្ងៃដែលព្រះអង្គរំលត់ខន្ធបរិនិព្វាន ១ ចក្កវាឡមានប្រមាណ ១ លាន នេះ មែងកម្រើកញាប់ញ័រ តែក្នុងអដ្ឋកថាទាំងឡាយជាច្រើនដូចអដ្ឋកថាទីឃនិកាយ អដ្ឋកថាមជ្ឈិមនិកាយ អដ្ឋកថាខុទ្ទកនិកាយ ហើយសូម្បីអដ្ឋកថាអង្គុត្តរនិកាយនៃសូត្រដទៃៗ បានសម្ដែងថា ជាតិក្ខេត្តរបស់ព្រះពុទ្ធគ្រប់ព្រះអង្គ មានត្រឹមតែចក្កវាឡ ១ ម៉ឺនប៉ុណ្ណោះ ។
៤. តិសហស្សីមហាសហស្សីលោកធាតុ បានដល់ ចក្កវាឡមួយសែនកោដិ ក្នុងអដ្ឋកថា មនោរថបូរណីនៃចូឡនិកាសូត្រ និងសទ្ធម្មប្បជ្ជោតិកា មហានិទ្ទេសដ្ឋកថា តុវដកសុត្តនិទ្ទេសវណ្ណនាបានសម្ដែងថា តិសហស្សីមហាសហស្សីលោកធាតុនេះ ជា អាណាក្ខេត្តរបស់ព្រះពុទ្ធគ្រប់ព្រះអង្គ ដោយសេចក្ដីថា ក្នុងវេលាដែលព្រះអង្គសម្ដែងអាដានាដិយបរិត្ត ឥសិគិលិបរិត្ត ធជគ្គបរិត្ត ពោជ្ឈង្គបរិត្ត ខន្ធបរិត្ត មោរបរិត្ត មេត្តបរិត្ត រតនបរិត្ត អាជ្ញានៃព្រះបរិត្តទាំងនេះ រមែងផ្សាយទៅក្នុងចក្កវាឡមានប្រមាណ ១ សែនកោដិ តែមតិរបស់គណកបុត្តតិស្សត្ថេរពោលថា តិសហស្សីមហាសហស្សីលោកធាតុនេះ មានចក្កវាឡ ចំនួន ១០ សែនកោដិ ។
ដោយ ខេមរ អភិធម្មាវតារ
ដោយ៥០០០ឆ្នាំ
images/articles/2666/_______________xtpic.jpg
សុញ្ញកប្ប និង អសុញ្ញកប្ប
ផ្សាយ : ២២ មករា ឆ្នាំ២០២៣
ផ្កាឈូកជាបុព្វនិមិត្តនៃសុញ្ញកប្ប និង អសុញ្ញកប្ប ។ ការកំណត់រយៈកាលនៃអាយុផែនដី ឈ្មោះថា កប្ប ក្នុងទីនេះ ។ កប្បមានពីរប្រភេទគឺ សុញ្ញកប្ប ១ អសុញ្ញកប្ប ១ ។
១. សុញ្ញកប្ប ។ សុញ្ញកប្បមាន ៤ យ៉ាងគឺ ៖
1. សុញ្ញមហាកប្ប បានដល់មហាកប្បដែលមិនមានព្រះពុទ្ធត្រាស់ដឹង
2. សុញ្ញអសង្ខេយ្យ បានដល់សំវដ្ដអសង្ខេយ្យកប្ប សំវដ្ដដ្ឋាយីអសង្ខេយ្យ វិវដ្ដអសង្ខេយ្យ
3. សុញ្ញអន្តរកប្ប បានដល់អន្តរកប្បដែលមិនមានព្រះពុទ្ធត្រាស់ដឹង
4. សុញ្ញអាយុកប្ប បានដល់ក្នុងរវាងមនុស្សមានអាយុវែងច្រើនជាងមួយសែនឆ្នាំឡើងទៅ និងតិចជាងមួយរយឆ្នាំចុះមក ។
តើសុញ្ញកប្បសំដៅដល់កប្បយ៉ាងណា ? ក្នុងអដ្ឋកថាបញ្ជាក់ច្បាស់ថា «ដែលឈ្មោះថា សុញ្ញកប្ប សំដៅដល់កប្បដែលមិនមានព្រះពុទ្ធ ព្រះបច្ចេកពុទ្ធ និងស្ដេចចក្រពត្តិ កើតក្នុងកប្បនោះ» ។
២. អសុញ្ញកប្ប ។ អសុញ្ញកប្ប មានន័យថា កប្បដែលមិនសូន្យចាកបុគ្គល សម្បូរដោយគុណធម៌ មានព្រះពុទ្ធ ព្រះបច្ចេកពុទ្ធ និងស្ដេចចក្រពត្តិ តែងកើតក្នុងកប្បនោះ ។ អសុញ្ញកប្បនេះមាន ៥ យ៉ាងគឺ ៖ សារកប្ប១ មណ្ឌកប្ប១ វរកប្ប១ សារមណ្ឌកប្ប១ និងភទ្ទកប្ប១ ។ សមដូចបរមត្ថទីបនីអដ្ឋកថាគម្ពីរអបទានបញ្ជាក់ថា ៖
• សារកប្ប មានព្រះពុទ្ធ ១ ព្រះអង្គត្រាស់ដឹងក្នុងកប្បនោះ
• មណ្ឌកប្ប មានព្រះពុទ្ធ ២ ព្រះអង្គត្រាស់ដឹងក្នុងកប្បនោះ
• វរកប្ប មានព្រះពុទ្ធ ៣ ព្រះអង្គត្រាស់ដឹងក្នុងកប្បនោះ
• សារមណ្ឌកប្ប មានព្រះពុទ្ធ ៤ ព្រះអង្គត្រាស់ដឹងក្នុងកប្បនោះ
• ភទ្ទកប្ប មានព្រះពុទ្ធ ៥ ព្រះអង្គត្រាស់ដឹងក្នុងកប្បនោះ ។
សមដូចបោរាណាចារ្យប្រព័ន្ធជាគាថាថា ៖ ព្រះពុទ្ធ ១ អង្គប៉ុណ្ណោះ កើតឡើងក្នុងសារកប្ប ។ ព្រះពុទ្ធត្រឹម ២ អង្គប៉ុណ្ណោះមានក្នុងមណ្ឌកប្ប ។ ព្រះពុទ្ធ ៣ អង្គកើតឡើងក្នុងវរកប្ប ។ ក្នុងសារមណ្ឌកប្ប មានព្រះពុទ្ធ ៤ ព្រះអង្គ ។ ចំណែកភទ្ទកប្ប ជាកប្បដ៏ចម្រើនមានព្រះពុទ្ធត្រាស់ដឹងរហូតដល់ទៅ ៥ ព្រះអង្គ ព្រះជិនស្រីទ្រង់មិនត្រាស់ដឹងក្នុងកប្បដទៃដែលជាសុញ្ញកប្បឡើយ ។
នៅក្នុងអដ្ឋកថាអនាគតវង្សថា «ក្នុងមហាកប្បនីមួយៗនឹងមានព្រះពុទ្ធត្រាស់ដឹងឡើង ៦ ឬ ៧ ព្រះអង្គនោះ មិនមានឡើយ» ។ (សេចក្ដីខាងលើនេះដកស្រង់ចាកមាគ៌ាជីវិតនៃព្រះពោធិសត្វ) ។
សេចក្ដីពន្យល់ក្នុងគម្ពីរអដ្ឋកថាសុមង្គលវិលាសិនី
បទថា ភទ្ទកប្បេ សេចក្តីថា ក្នុងសុន្ទរកប្ប គឺ ក្នុងសារកប្ប ព្រោះប្រដាប់ដោយការកើតឡើងនៃព្រះពុទ្ធទាំងឡាយ ៥ ព្រះអង្គ ព្រោះហេតុនោះ ព្រះមានព្រះភាគកាលទ្រង់ សរសើរកប្បនេះ ទើបត្រាស់ថា ភទ្ទកប្ប យ៉ាងនេះ ។
ដូចបានជ្រាបមកថា តាំងពីព្រះមានព្រះភាគរបស់យើងទាំងឡាយ ទ្រង់បំពេញអភិនិហារ រមែងមិនមានសូម្បីក្នុងកប្បមួយ ក្នុងចន្លោះនោះ ដែលព្រះពុទ្ធ ៥ ព្រះអង្គ ទ្រង់ឧប្បត្តិឡើង ។ ប៉ុន្តែមុនអភិនិហាររបស់ព្រះមានព្រះភាគរបស់យើងទាំងឡាយ ព្រះពុទ្ធ ៤ ព្រះអង្គ គឺ ព្រះតណ្ហង្ករ ព្រះមេធង្ករ ព្រះសរណង្ករ ព្រះទីបង្ករទ្រង់ឧប្បត្តិហើយ ក្នុងកប្ប តែមួយ ។ ក្នុងចំណែកដែលផុតអំពីព្រះពុទ្ធទាំង (បួននេះ) ហើយ បានសូន្យទទេចាកព្រះពុទ្ធ ដល់ទៅមួយអសង្ខេយ្យ ។ ក្នុងទីបំផុតនៃមួយអសង្ខេយ្យកប្ប ព្រះពុទ្ធព្រះនាមថា កោណ្ឌញ្ញៈ តែមួយព្រះអង្គប៉ុណ្ណោះ ទ្រង់ឧប្បត្តិឡើងក្នុងកប្បមួយ ។
តអំពីនោះ ក៏សូន្យចាកព្រះពុទ្ធអស់ មួយអសង្ខេយ្យកប្បទៀត ។ ក្នុងទីបំផុតនៃមួយអសង្ខេយ្យកប្ប មានព្រះពុទ្ធ ៤ ព្រះអង្គ គឺព្រះសុមង្គលៈ ព្រះសុមនៈ ព្រះរេវតៈ ព្រះសោភិតៈ ទ្រង់ឧប្បត្តិឡើងក្នុងកប្បមួយ ។ បន្ទាប់ ពីនោះ ក៏សូន្យចាកព្រះពុទ្ធអស់មួយអសង្ខេយ្យទៀត ។ ក្នុងទីបំផុតនៃមួយអសង្ខេយ្យកប្ប តអំពីនោះទៀត អសង្ខេយ្យក្រៃលែងដោយមួយសែនកប្ប មានព្រះពុទ្ធ ៣ ព្រះអង្គ គឺ ព្រះអនោមទស្សី ព្រះបទុមៈ ព្រះនារទៈ ទ្រង់ឧប្បត្តិឡើង ក្នុងកប្បមួយ ។ សូម្បីអំពីនោះ ក៏សូន្យចាកព្រះពុទ្ធអស់មួយអសង្ខេយ្យ ។
ក្នុងបំផុតអសង្ខេយ្យកប្ប និងថែមសែនកប្ប ព្រះដ៏មានព្រះភាគព្រះនាមថា ព្រះបទុមុត្តរៈ តែមួយព្រះអង្គប៉ុណ្ណោះ ទ្រង់ឧប្បត្តិឡើងក្នុង កប្បមួយ ។ តអំពីនេះទៀត បីម៉ឺនកប្ប មានព្រះពុទ្ធពីរព្រះអង្គ គឺ ព្រះសុមេធៈ ព្រះសុជាតៈ ទ្រង់ឧប្បត្តិឡើងក្នុងកប្បមួយ ។ ក្នុងចំណែកដ៏សេសអំពីនេះ តទៅទៀត ១៨០០០ កប្ប មានព្រះពុទ្ធ ៣ ព្រះអង្គ គឺព្រះបិយទស្សី ព្រះអត្ថទស្សី ព្រះធម្មទស្សី ទ្រង់ឧប្បត្តិឡើងក្នុងកប្ប មួយ ។ តពីនេះទៅ ៩៤ កប្ប ព្រះពុទ្ធព្រះនាមសិទ្ធត្ថៈ ព្រះផុស្សៈ ទ្រង់ឧប្បត្តិឡើងក្នុងកប្ប មួយ ។ តពីនេះទៅ ៩១ កប្ប មានព្រះមានព្រះភាគព្រះនាមថា វិបស្សី ទ្រង់ឧប្បត្តិឡើង ។ តអំពីនេះ ៣១ កប្ប មានព្រះពុទ្ធពីរព្រះអង្គ គឺ ព្រះសិខី ព្រះវេស្សភូ ទ្រង់ឧប្បត្តិឡើង ។
ក្នុងភទ្ទកប្បនេះ មានព្រះពុទ្ធ ៤ ព្រះអង្គ គឺ ព្រះកកុសន្ធៈ ព្រះកោណាគមនៈ ព្រះកស្សបៈ និងព្រះគោតមរបស់យើងទាំងឡាយ ទ្រង់ឧប្បត្តិឡើង ឯព្រះមេត្តេយ្យៈ ទ្រង់នឹងឧប្បត្តិ ឡើងជាខាងក្រោយ ។ កប្បនេះ ជាសុន្ទរកប្ប ជាសារកប្ប ព្រោះប្រដាប់ដោយការកើតឡើងណៃព្រះពុទ្ធទាំងឡាយ ៥ ព្រះអង្គ ដោយប្រការយ៉ាងនេះ ព្រោះហេតុនោះ ព្រះមានព្រះភាគជាម្ចាស់ កាលទ្រង់សរសើរកប្បនេះ ទើបត្រាស់យ៉ាងនេះ ។
សួរថា ហេតុការណ៍ដែលថា ព្រះពុទ្ធប្រមាណប៉ុណ្ណេះឧប្បត្តិឡើងហើយក្តី នឹងឧប្បត្តិ ឡើងក្តី ក្នុងកប្បនេះ រមែងប្រាកដដល់ព្រះពុទ្ធទាំងឡាយតែប៉ុណ្ណោះ ឬថា ប្រាកដសូម្បីដល់ អ្នកដទៃដែរ ?
ឆ្លើយថា រមែងប្រាកដសូម្បីដល់អ្នកដទៃផង ។
សួរថា ប្រាកដដល់នរណា ?
ឆ្លើយថា រមែងប្រាកដដល់ព្រហ្មជាន់សុទ្ធាវាស ។
ពិតមែន ក្នុងកាលជាទីសាងឡើងនៃកប្បនោះ កាលលោកសន្និវាសតាំងនៅអស់មួយ សំវដ្ដដ្ឋាយីអសង្ខេយ្យកប្ប ភ្លៀងក៏ចាប់ផ្តើមធ្លាក់ដើម្បីប្រយោជន៍ដល់ការសាងឡើងនៃលោក ។ មុនដំបូងគ្រាប់ភ្លៀងនោះប្រាកដូចទឹកសន្សើមដែលធ្លាក់ក្នុងទីបំផុតនៃដែន ។ តពីនោះ ក៏មានជាតំណក់ទឹក ប្រមាណប៉ុនគ្រាប់ល្ង ប៉ុនកន្ទក់ ប៉ុនគ្រាប់អង្ករ ប៉ុនគ្រាប់សណ្តែក បាយ ប៉ុនគ្រាប់សណ្តែករាជមាស ប៉ុនផ្លែពុទ្រា ប៉ុនផ្លែកន្ទួតព្រៃ ប៉ុនផ្លែល្ពៅ ប៉ុនផ្លែត្រឡាច ប៉ុនផ្លែឃ្លោក ជាខ្សែទឹកចម្រើនឡើងដោយលំដាប់ មានប្រមាណមួយឧសភៈ (មួយឧសភៈស្មើនឹង ២០ ម៉ែត្រ) ពីរឧសភៈ កន្លះគាវុត មួយគាវុត ពីរគាវុត កន្លះយោជន៍ មួយយោជន៍ ពីរយោជន៍ ។ល។ មួយរយយោជន៍ មួយពាន់យោជន៍ មួយសែនយោជន៍ តាំងនៅបរិបូណ៌ក្នុងចន្លោះមួយសែនកោដិចក្រវាឡដរាបដល់អវិនដ្ឋព្រហ្មលោក (គឺ អាភស្សរព្រហ្មលោក, សុភកិណ្ហព្រហ្មលោក, វេហប្ផលព្រហ្មលោក) ។ លំដាប់នោះ ទឹកនោះស្រកចុះតាមលំដាប់ កាលទឹកស្រកចុះ ទេវលោកទាំងឡាយរមែងតាំងនៅក្នុងទីរបស់ទេវលោកជាប្រក្រតី ។ វិធីសាងលោកទាំងនោះ លោកពោលទុកហើយ ក្នុងបុព្វេនិវាសកថា ក្នុងវិសុទ្ធិមគ្គ ។
ចំណែកឋានដែលត្រូវសាងជាតាំងនៃមនុស្សលោក រមែងតាំងនៅលើទឹកនោះ ដោយអំណាចខ្យល់ ហាក់បីដូចទឹកដែលចូលទៅក្នុងមាត់ធម្មក្រកដែលបិទជិត ។ ផែនដីរមែងតាំងនៅ ហាក់បីដូចស្លឹកឈូកនៅលើផ្ទៃទឹក ។ ស្ថានទីមហាពោធិបល្ល័ង្ក កាលលោកវិនាស ក៏វិនាសក្រោយ កាលលោកតាំងឡើង ក៏ប្រាកដឡើងមុន ។ ក្នុងស្ថានទីមហាពោធិបល្ល័ង្កនោះ មានឈូកមួយគុម្ព បានកើតឡើងជាបុព្វនិមិត្ត ប្រសិនបើក្នុងកប្បនោះ មានព្រះពុទ្ធនឹងឧប្បត្តិ ផ្កាឈូករមែងកើតឡើង (ជានិមិត្ត) បើព្រះពុទ្ធមិនឧប្បត្តិទេ ផ្កាឈូកនឹងមិនកើតដែរ ។ បើព្រះពុទ្ធនឹងឧប្បត្តិឡើង ១ អង្គ ផ្កាឈូកក៏កើតឡើង ១ ផ្កា ។
បើព្រះពុទ្ធ ២ អង្គ ៣ អង្គ ៤ អង្គ ៥ អង្គ ផ្កាឈូកក៏កើត (២, ៣, ៤) ៥ ផ្កា ។ មួយទៀត ផ្កាឈូកទាំងនោះ ជាផ្កាមានចង្កោមជាប់គ្នាក្នុងទងតែមួយប៉ុណ្ណោះ ។ សុទ្ធាវាព្រហ្មទាំងឡាយបបួលគ្នាថា ម្នាលអ្នកនិរទុក្ខទាំងឡាយ ពួកយើងចូរមក នឹងឃើញនូវបុព្វនិមិត្ត ហើយនាំគ្នាកាន់ស្ថានទីមហាពោធិបល្ល័ង្ក ។ បើក្នុងកប្បដែលព្រះពុទ្ធទាំងឡាយមិនឧប្បត្តិឡើង ផ្កាឈូកក៏មិនមានដែរ ។ ពួកព្រហ្មទាំងឡាយនោះឃើញគុម្ពឈូកមិនមានផ្កា ក៏មានសេចក្តីសង្វេគថា ម្នាលគ្នាយើង លោកនឹងងងឹតឈឹងហ្ម៎, សត្វទាំងឡាយត្រូវភាពងងឹតគ្របសង្កត់ហើយ នឹងពេញក្នុងអបាយ, ទេវលោក ៦ ព្រហ្មលោក ៩ នឹងទំនេរ ។
កាលបានឃើញផ្កាឈូកក្នុងវេលារីកឡើង នាំគ្នាសប្បាយចិត្តថា កាលព្រះសព្វញ្ញូពោធិសត្វទ្រង់ឈានចុះកាន់គភ៌ព្រះមាតា ទ្រង់ប្រសូត ទ្រង់ត្រាស់ដឹង ទ្រង់ញុំាងធម្មចក្រឲ្យប្រព្រឹត្តទៅ ទ្រង់ធ្វើយមកបាដិហារ្យ ទ្រង់យាងចុះចាកទេវលោក ទ្រង់ដាក់អាយុសង្ខារ ស្តេចរំលត់ខន្ធបរិនិព្វាន ពួកយើងនឹងឃើញបាដិហារ្យ ដែលធ្វើឲ្យម៉ឺនចក្រវាឡញាប់ញ័រ ហើយក៏មានចិត្តគិតថា អបាយទាំង ៤ នឹងវិនាសសាបសូន្យ, ទេវលោក ៦ ព្រហ្មលោក ៩ នឹងបរិបូណ៌ ដូច្នេះហើយក៏នាំគ្នាថ្លែងឧទានទៅកាន់ព្រហ្មលោករបស់ខ្លួនរៀងៗខ្លួន ។
ម្យ៉ាងទៀត ផ្កាឈូកទាំងឡាយ ៥ កើតឡើងហើយក្នុងភទ្ទកប្បនេះ ។ ព្រះពុទ្ធទាំងឡាយ ៤ អង្គបានកើតឡើងដោយអានុភាពនៃនិមិត្តទាំងឡាយនោះ ហើយអង្គទី ៥ នឹងកើតឡើង ។ សូម្បីសុទ្ធាវាសព្រហ្មទាំងឡាយបានឃើញផ្កាឈូកទាំងនោះ ទើបដឹងនូវសេចក្ដីនោះ ។ ព្រោះហេតុនោះ លោកទើបពោលថា សេចក្តីនោះជាការប្រាកដ សូម្បីដល់បុគ្គលដទៃដោយប្រការដូច្នេះ ។
(សុមង្គលវិលាសិនី អដ្ឋកថា ទីឃនិកាយ មហាវគ្គ មហាបទានសុត្តវណ្ណនា បុព្ពេនិវាសបដិសំយុត្តកថា)
ដោយ ខេមរ អភិធម្មាវតារ ។
ដោយ៥០០០ឆ្នាំ
images/articles/2651/tex______tpic.jpg
ចង់បានសុខដោយល្ងង់ នាំឲ្យលង់ក្នុងទុក្ខ
ផ្សាយ : ២២ មករា ឆ្នាំ២០២៣
ប្រៀបដូចរោគដែលបានជាសះស្បើយហើយ យើងក៏មិនប្រាថ្នាត្រឡប់ទៅរករោគនោះវិញ យ៉ាងណា រឿងឈឺចាប់ រឿងដែលទទួលមិនបាន រឿងឲ្យយើងខូចចិត្ត និងរឿងដែលឲ្យយើងដោះស្រាយមិនបានជាដើម រឿងទាំងអស់នេះ វាដូចជាដានជើង ដែលយើងដើរកន្លងមក បើយើងមិនគិតដើរត្រឡប់ទៅវិញ ពោលគឺមិនគិតចង់បានរឿងអ្វីៗដែលកន្លងទៅហើយនោះ ដូច្នេះក៏មិនមានរឿងអ្វីឲ្យយើងកើតទុក្ខទៀតដែរ ត្រូវចាំថា ទុក្ខកើតមកអំពីចំណង់ខុសរឿង ខុសពីការពិត បើយើងបានសិក្សាទទួលយកការពិតដោយបញ្ញា យើងនឹងបានស្ងប់ចិត្តពិតប្រាកដ ពុំខានឡើយ ។ នៅក្នុងសុខវគ្គ ( វគ្គទី ១៥ នៃព្រះគាថាធម្មបទ ) ព្រះពុទ្ធអង្គទ្រង់ត្រាស់ថា៖
ជិឃច្ឆា បរមា រោគា សង្ខារា បរមា ទុក្ខា
ឯតំ ញត្វា យថាភូតំ និព្វានំ បរមំ សុខំ ។
សេចក្តីស្រេកឃ្លាន ជារោគយ៉ាងក្រៃលែង សង្ខារទាំងឡាយ ជាទុក្ខយ៉ាងក្រៃលែង អ្នកប្រាជ្ញដឹងច្បាស់នូវសេចក្តីនោះតាមពិតហើយ (ក៏បានធ្វើឲ្យជាក់ច្បាស់នូវព្រះនិព្វាន) ព្រះនិព្វានជា បរមសុខ ។
ដកស្រង់ពី សៀវភៅសិក្សាព្រះសូត្រភាគទី១១
ដោយ៥០០០ឆ្នាំ
images/articles/2669/est443pic.jpg
រឿងកុមារដែលមានអាយុវែង
ផ្សាយ : ២២ មករា ឆ្នាំ២០២៣
អាយុវឌ្ឍនកុមារវត្ថុ
(រឿងកុមារដែលចម្រើនដោយអាយុឬកុមារដែលមានអាយុវែង)
សេចក្ដីផ្ដើម
ព្រះសាស្តាកាលទ្រង់គងនៅនាកុដិក្នុងព្រៃ ដែលអាស្រ័យនឹងទីឃលង្ឃិកនគរ ទ្រង់ ប្រារព្ធអាយុវឌ្ឍនកុមារ បានត្រាស់ព្រះធម្មទេសនានេះថា “អភិវាទនសីលិស្ស“ ដូច្នេះ (ជាដើម) ។ ព្រាហ្មណ៍ជាសម្លាញ់ពីរនាក់ចេញបួសបានឮថា ព្រាហ្មណ៍ពីរនាក់ ដែលមានប្រក្រតីនៅក្នុងទីឃលង្ឃិកនគរ បួសក្នុង លទ្ធិខាងក្រៅព្រះពុទ្ធសាសនា ហើយបានបំពេញតបៈអស់រយកាល ៤៨ ឆ្នាំ ។
បណ្តា ព្រាហ្មណ៍ទាំងពីរនាក់នោះ ព្រាហ្មណ៍ម្នាក់គិតថា (ប្រសិនបើយើងបួសដូច្នេះរហូត) ប្រពៃណីរបស់យើងនឹងសាបសូន្យ (ដើម្បីកុំឲ្យប្រពៃណីរបស់យើងសាបសូន្យ) យើងត្រូវតែ សឹក លុះគិតដូច្នេះហើយ ក៏លក់បរិក្ខារដែលសម្រាប់ធ្វើតបៈនោះឲ្យដល់បុគ្គលដទៃ (ហើយក៏សឹកទៅ មិនយូរប៉ុន្មាន) ព្រាហ្មណ៍នោះបានភរិយាព្រមទាំងគោ ១០០ ក្បាល និងទ្រព្យ ១០០ កហាបណៈ ហើយគាត់ក៏ញ៉ាំងទ្រព្យឲ្យតាំងនៅ (ដោយប្រការដូច្នេះ) ។ ក្នុងកាលជាខាងក្រោយមក ភរិយារបស់គាត់ប្រសូត្របានបុត្រមួយ ។
ចំណែកសម្លាញ់របស់គាត់ ទៅកាន់នគរផ្សេងហើយក៏ត្រឡប់មកកាន់នគរនោះវិញ ។ គាត់បានឮថា សម្លាញ់នោះមក ក៏នាំបុត្រនិងភរិយាទៅជួប, លុះទៅដល់ហើយក៏បានឲ្យបុត្រទៅភរិយា ហើយចូលទៅថ្វាយបង្គំមុន ។ ចំណែកស្រ្តីដែលជាភរិយាក៏ឲ្យបុត្រទៅស្វាមី ហើយក៏ចូលទៅថ្វាយបង្គំដែរ ។ សម្លាញ់នោះពោលថា ទីឃាយុកា ហោថ សូមអ្នកទាំងពីរចូរជាអ្នកមានអាយុ វែង ។
ប៉ុន្តែ កាលព្រាហ្មណ៍ជាស្វាមី និងភរិយា ឲ្យបុត្រថ្វាយបង្គំ សម្លាញ់នោះនៅស្ងៀម ។ ព្រាហ្មណ៍សួរហេតុដែលសម្លាញ់មិនឲ្យពរដល់បុត្រ គ្រានោះ ព្រាហ្មណ៍បានពោលនឹងសម្លាញ់នោះថា បពិត្រលោកម្ចាស់ដ៏ចម្រើន ព្រោះហេតុអ្វី កាលខ្ញុំថ្វាយបង្គំ លោកម្ចាស់ពោលថា សូមឲ្យអ្នកមានអាយុវែង លុះ ក្មេងនេះថ្វាយបង្គំ លោកម្ចាស់មិនបានពោលពាក្យអ្វីៗ សោះ ?
សម្លាញ់នោះពោលថា ម្នាលព្រាហ្មណ៍ អន្តរាយអ្វីមួយនឹងកើតឡើងដល់ក្មេងនេះ ។
ព្រាហ្មណ៍ពោលថា បពិត្រលោកម្ចាស់ដ៏ចម្រើន ក្មេងនេះនឹងរស់នៅបានកាលប៉ុន្មាន ថ្ងៃ ?
សម្លាញ់ពោលថា ម្នាលព្រាហ្មណ៍ ក្មេងនេះរស់នៅបាន ៧ ថ្ងៃ ។
ព្រាហ្មណ៍ពោលថា បពិត្រលោកម្ចាស់ ហេតុដែលជាគ្រឿងការពារមានដែរឬទេ ?
សម្លាញ់ពោលថា យើងមិនដឹងហេតុដែលជាគ្រឿងការពារទេ ។
ព្រាហ្មណ៍ពោលថា បពិត្រលោកម្ចាស់ បុគ្គលណាទើបដឹង ?
សម្លាញ់ពោលថា ម្នាលព្រាហ្មណ៍ មានតែព្រះសមណគោតមមួយព្រះអង្គប៉ុណ្ណោះ ដែលទ្រង់ជាអ្នកដឹង លោកចូរទៅកាន់សំណាក់របស់ព្រះសមណគោតមនោះ ហើយសួរចុះ ។
ព្រាហ្មណ៍ពោលថា ខ្ញុំទៅកាន់ទីនោះ ខ្លាចតែសាបសូន្យតបៈ ។
សម្លាញ់ពោលថា បើអ្នកស្រឡាញ់បុត្ររបស់អ្នក អ្នកកុំគិតដល់ការសាបសូន្យនៃតបៈ ឡើយ ចូរទៅកាន់សំណាក់របស់ព្រះសមណគោតមនោះ ហើយទូលសួរចុះ ។
ព្រាហ្មណ៍ជាបិតារបស់ក្មេងនោះទៅគាល់ព្រះសាស្តា ព្រាហ្មណ៍នោះ ទៅកាន់សំណាក់ព្រះសាស្តាហើយ ថ្វាយបង្គំខ្លួនឯងមុន ។ ព្រះសាស្តាត្រាស់ថា ទីឃាយុកោ ហោហិ “សូមអ្នកចូរជាអ្នកមានអាយុវែងចុះ“ សូម្បីក្នុងកាលដែលបជាបតិ (ប្រពន្ធ) របស់ព្រាហ្មណ៍ថ្វាយបង្គំ ក៏ត្រាស់ដូច្នោះដែរ ក្នុងពេល ដែលគាត់ឲ្យបុត្ររបស់គាត់ថ្វាយបង្គំ ព្រះសាស្តាទ្រង់គង់នៅស្ងៀម ។ គាត់ក៏ទូលសួរ ព្រះសាស្តា ដោយន័យដូចមុននោះឯង ។ សូម្បីព្រះសាស្តាក៏ទ្រង់ព្យាករដល់គាត់យ៉ាងនោះ ដូច្នោះដែរ ។
បានឮថា ព្រាហ្មណ៍នោះមិនត្រាស់ដឹងនូវសព្វញ្ញុតញ្ញាណ ទើបប្រៀបផ្ទឹមមន្តរបស់ ខ្លួននឹងសព្វញ្ញុតញ្ញាណរបស់ព្រះសម្មាសម្ពុទ្ធ ប៉ុន្តែគាត់មិនដឹងឧបាយ ដែលជាគ្រឿង ការពារនូវអន្តរាយនោះ ។ ព្រះសាស្តាត្រាស់ប្រាប់ឧបាយជាគ្រឿងការពារអន្តរាយ ព្រាហ្មណ៍ទូលសួរព្រះសាស្តាថា បពិត្រព្រះអង្គដ៏ចម្រើន ចុះឧបាយដែលជាគ្រឿង ការពារមានដែរឬទេ ព្រះអង្គ ?
ព្រះសាស្តាត្រាស់ថា ម្នាលព្រាហ្មណ៍ ឧបាយនោះ មាន ។
ព្រាហ្មណ៍ពោលថា បពិត្រព្រះអង្គដ៏ចម្រើន តើត្រូវធ្វើដូចម្តេច ?
ព្រះសាស្តាត្រាស់ថា បើអ្នកអាចធ្វើមណ្ឌប (បារាំ, រោងលាត ដែលសម្រាប់ប្រើការបណ្ដោះអាសន្នមួយដងមួយកាល) ជិតទ្វារផ្ទះរបស់អ្នក ហើយឲ្យគេធ្វើតាំង (តុតូចទាប សម្រាប់អង្គុយឬថ្កល់អ្វីៗ) តម្កល់ទុកត្រង់កណ្តាលមណ្ឌបនោះ រួចក្រាលអាសនៈ ៨ ឬ ១៦ កន្លែង ព័ទ្ធជុំវិញតាំងនោះ ហើយឲ្យសាវករបស់តថាគតអង្គុយលើអាសនៈទាំងនោះ សូធ្យ ព្រះបរិត្ត ៧ ថ្ងៃ កុំឲ្យមានចន្លោះ, អន្តរាយរបស់ក្មេងនោះ គប្បីវិនាសទៅដោយឧបាយ យ៉ាងនេះ ។
ព្រាហ្មណ៍ពោលថា បពិត្រព្រះគោតមដ៏ចម្រើន ខ្ញុំព្រះអង្គអាចធ្វើមណ្ឌបជាដើមបាន, ប៉ុន្តែ ខ្ញុំព្រះអង្គមិនដឹងធ្វើវិធីយ៉ាងណា ដើម្បីបានសាវករបស់ព្រះអង្គ ?
ព្រះសាស្តាត្រាស់ថា កាលបើអ្នកធ្វើកិច្ចទាំងនេះរួចស្រេចហើយ តថាគតនឹងបញ្ជូន សាវករបស់តថាគតទៅកាន់ទីនោះ ។
ព្រាហ្មណ៍យល់ព្រមថា ប្រពៃហើយ ព្រះគោតមដ៏ចម្រើន ហើយក៏ធ្វើកិច្ចទាំងអស់ នោះនៅជិតទ្វារផ្ទះរបស់ខ្លួនរួចហើយ បានទៅកាន់សម្នាក់ព្រះសាស្តា ។
ពួកភិក្ខុទៅសូធ្យព្រះបរិត្ត
ព្រះសាស្តា ទ្រង់បញ្ជូនភិក្ខុទាំងឡាយទៅកាន់ទីនោះ ។ ភិក្ខុទាំងនោះក៏គង់ក្នុង មណ្ឌបនោះ ។ ព្រាហ្មណ៍ទាំងពីរនាក់ គឺស្វាមី និងភរិយា ឲ្យក្មេងដេកលើតាំងនោះ ។ ភិក្ខុទាំងឡាយ សូធ្យព្រះបរិត្ត អស់ ៧ យប់ ៧ ថ្ងៃ មិនមានពេលចន្លោះ ។ ក្នុងថ្ងៃទី ៧ ព្រះសាស្តា ស្តេចយាងទៅកាន់ទីនោះដោយព្រះអង្គឯង ។ កាលព្រះសាស្តាស្តេច យាងទៅកាន់ទីនោះ ពួកទេវតាក្នុងចក្រវាឡទាំងអស់ ក៏បានមកប្រជុំគ្នាក្នុងទីនោះដែរ ។ យក្សមួយឈ្មោះអវរុទ្ធកយក្ស បម្រើព្រះបាទវេស្សវ័ណអស់ ១២ ឆ្នាំ កាលបានពរអំពី សម្នាក់ស្តេចវេស្សវ័ណនោះថា ក្នុងថ្ងៃទី ៧ អំពីថ្ងៃនេះ អ្នកគប្បីចាប់យកក្មេងនោះ, ព្រោះហេតុនោះ យក្សនោះ ទើបបានមកឈរនៅទីនោះ ។ កាលព្រះសាស្តាស្តេចយាង ទៅកាន់មណ្ឌបនោះ ពួកទេវតាអ្នកដែលមានសក្តិធំប្រជុំគ្នា ពួកទេវតាដែលមានសក្តិតូច ក៏ថយចេញទៅ មិនបានឱកាសនឹងនៅ ហើយចៀសចេញទៅរហូត ១២ យោជន៍ ។ សូម្បី អវរុទ្ធកយក្ស ក៏បានចៀសចេញទៅឈរនៅទីឆ្ងាយ ដូចគ្នា ។
ក្មេងផុតអន្តរាយត្រឡប់មានអាយុវែង
សូម្បីព្រះសាស្តា ក៏ទ្រង់ធ្វើព្រះបរិត្ត រហូតអស់មួយរាត្រី ។ ពេលវេលាបាន កន្លងទៅ ៧ ថ្ងៃ, អវរុទ្ធកយក្សមិនមានឱកាសចាប់ក្មេងនោះ ។ លុះអរុណថ្ងៃទី ៨ រះឡើងភ្លាម ពីរនាក់ស្វាមីភរិយា ក៏នាំក្មេងនោះមកថ្វាយបង្គំព្រះសាស្តា ។
ព្រះសាស្តាត្រាស់ថា ទីឃាយុកោ ហោហិ “សូមអ្នកចូរជាអ្នកមានអាយុវែងចុះ“ ។
ព្រាហ្មណ៍ពោលថា បពិត្រព្រះគោតមដ៏ចម្រើន តើក្មេងនេះនឹងរស់នៅបានយូរ ប៉ុន្មានឆ្នាំ ?
ព្រះសាស្តាត្រាស់ថា ម្នាលព្រាហ្មណ៍ ក្មេងនេះនឹងរស់នៅបាន ១២០ ឆ្នាំ ។
គ្រានោះ ពីរនាក់ស្វាមីភរិយា បានដាក់នាមក្មេងនោះថា អាយុវឌ្ឍនកុមារ ។ អាយុវឌ្ឍនកុមារនោះ ធំពេញវ័យហើយ មានឧបាសក ៥០០ នាក់ ជាបរិវារ ។
ការក្រាបថ្វាយបង្គំលោកអ្នកដែលមានគុណធ្វើឲ្យមានអាយុវែង
ថ្ងៃមួយ ភិក្ខុទាំងឡាយសន្ទនាគ្នា ក្នុងសាលធម្មសភាថា “ ម្នាលអាវុសោទាំងឡាយ លោកទាំងឡាយចូរមើលចុះ បានឮថា អាយុវឌ្ឍនកុមារត្រូវស្លាប់ក្នុងថ្ងៃទី ៧ ប៉ុន្តែ ឥឡូវនេះ អាយុវឌ្ឍនកុមារនោះនឹងរស់នៅបានរហូត ១២០ ឆ្នាំ ទាំងមានឧបាសក ៥០០ នាក់ជាបរិវារ ហេតុជាគ្រឿងចម្រើនអាយុរបស់សត្វទាំងនេះប្រហែលជាមានហើយមែនទេ ។
ព្រះសាស្តា ស្តេចយាងមកហើយ ត្រាស់សួរថា ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ អង្គុយប្រជុំគ្នាអំពីរឿងអ្វី ? កាលភិក្ខុទាំងនោះក្រាបទូលថា អំពីរឿងនេះ, ព្រះសាស្ដាទើប ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ មិនមែនអាយុតែម្យ៉ាងប៉ុណ្ណោះទេ ដែលត្រូវចម្រើនឡើងនោះ សត្វទាំងឡាយណាថ្វាយបង្គំលោកអ្នកមានគុណ រមែងចម្រើនដោយហេតុ ៤ ប្រការ និង រួចផុតចាកអន្តរាយ ហើយនឹងតាំងនៅរហូតអស់អាយុ ជាយ៉ាងពិតប្រាកដ លុះត្រាស់ ដូច្នេះហើយ កាលនឹងទ្រង់បន្តអនុសន្ធិ (ការតភ្ជាប់សេចក្ដី) ដើម្បីសម្តែងធម៌ ទើបត្រាស់ ព្រះគាថានេះថា ៖
អភិវាទនសីលិស្ស និច្ចំ វុឌ្ឍាបចាយិនោ
ចត្តារោ ធម្មា វឌ្ឍន្តិ អាយុ វណ្ណោ សុខំ ពលំ។
ធម៌ ៤ ប្រការ គឺ អាយុ ១ វណ្ណៈ ១ សុខៈ ១ ពលៈ ១ រមែងចម្រើនដល់អ្នក ដែលមាន សេចក្តីឱនកាយថ្វាយបង្គំជាប្រក្រតី មានសេចក្តីកោតក្រែងដល់បុគ្គលដែលចម្រើនជាងខ្លួន អស់កាលជានិច្ច ។
(ប្រែតាមបែបព្រះសង្ឃសូធ្យឲ្យពរ ដូច្នេះថា ធម៌ គឺពរទាំងឡាយ ៤ ប្រការ គឺអាយុ ១ ពណ៌សម្បុរកាយ ១ សេចក្តីសុខ ១ កម្លាំង ១ រមែងចម្រើនអស់កាលជានិច្ច ដល់អ្នកដែលមានសេចក្តីឱនកាយ ថ្វាយបង្គំដល់ព្រះរតនត្រ័យជាប្រក្រតី និងអ្នកដែលមានសេចក្តីគោរពកោតក្រែងដល់បុគ្គល ដែលជាអ្នកមានសេចក្តីចម្រើនដោយគុណ មានសីលគុណជាដើម ឬដែលចម្រើនដោយវ័យ គឺចាស់ព្រឹទ្ធាចារ្យ ។)
អធិប្បាយគាថា
បណ្តាបទទាំងនោះ បទថា អភិវាទនសីលិស្ស គឺអ្នកថ្វាយបង្គំជាប្រក្រតី បានដល់ អ្នកខ្វល់ខ្វាយក្នុងកិច្ចគឺការថ្វាយបង្គំជារឿយៗ ។
បទថា វុឌ្ឍាបចាយិនោ សេចក្តីថា ដល់គ្រហស្ថអ្នកឱនលំទោន ឬអ្នកបូជាជានិច្ច ដោយការថ្វាយបង្គំ សូម្បីដល់ភិក្ខុកំលោះ ឬសាមណេរដែលបួសក្នុងថ្ងៃនោះ ម្យ៉ាងទៀតដល់បព្វជិតអ្នកឱនលំទោន ឬអ្នកបូជាជានិច្ច ដោយការថ្វាយបង្គំចំពោះលោកអ្នកដែល ចាស់ជាងដោយបព្វជ្ជា ឬឧបសម្បទា (មានវស្សាច្រើនជាអ្នកបួសមុនខ្លួបន) ឬចំពោះលោក អ្នកដែលចម្រើនដោយគុណ ។
ពីរបទថា ចត្តារោ ធម្មា សេចក្តីថា កាលអាយុចម្រើន អាយុនោះរមែង ចម្រើន អស់កាលប៉ុណ្ណា, ធម៌ទាំងឡាយក្រៅនេះ ក៏ចម្រើនអស់កាលប៉ុណ្ណោះដែរ ព្រោះថា បុគ្គល ណាធ្វើបានបុណ្យដែលញុំាងអាយុ ៥០ ឆ្នាំឲ្យប្រព្រឹត្តទៅ អន្តរាយនៃជីវិតរបស់បុគ្គលនោះ អាចកើតឡើងក្នុងកាលដែលមានអាយុ ២៥ ឆ្នាំ អន្តរាយនោះរមែងស្ងប់ទៅបាន ដោយភាពជាអ្នកថ្វាយបង្គំជាប្រក្រតី ។ បុគ្គលនោះ រមែងរស់នៅបាន រហូតអស់អាយុ ។ សូម្បីវណ្ណៈជាដើមរបស់អ្នកនោះ រមែងចម្រើនព្រមជាមួយនឹងអាយុដែរ ។ ន័យដ៏ក្រៃលែងជាងនេះ ក៏យ៉ាងនេះឯង ។ ដែលឈ្មោះថា ការចម្រើននៃអាយុ ដែលប្រព្រឹត្តទៅដោយមិនមានអន្តរាយ រមែង មិនមានឡើយ ។
អានិសង្សនៃការស្ដាប់ធម៌
លុះវេលាចប់ទេសនា អាយុវឌ្ឍនកុមារតាំងនៅក្នុងសោតាបត្តិផល មួយអន្លើដោយ ឧបាសក ៥០០ រូប ។ សូម្បីជនដទៃជាច្រើនទៀត ក៏សម្រេចអរិយផលទាំងឡាយមាន សោតាបត្តិផលជាដើមដែរ ៕ ៚
អាយុវឌ្ឍនកុមារវត្ថុ ចប់
(ធម្មបទដ្ឋកថា អដ្ឋកថា ខុទ្ទកនិកាយ ធម្មបទ សហស្សវគ្គទី ៨ អាយុវឌ្ឍនកុមារវត្ថុទី ៨)
ដោយ៥០០០ឆ្នាំ
images/articles/2673/____________tpic.jpg
វិទ្យាសាស្ត្រធម្មជាតិ
ផ្សាយ : ២២ មករា ឆ្នាំ២០២៣
តើអ្នកបានដឹងអ្វីខ្លះពីគ្រួសារឃ្មុំទេ?
ឃ្មុំដែលជាកម្មក និង ជាឃ្មុំគ្មានភេទ គេរស់បានតែ៦ ទៅ ៧អាទិត្យ តែប៉ុណ្ណោះ ឯព្រះរាជនី (La rene or Princess) លោករស់បានដល់ទៅ៤ឆ្នាំ តើនេះមកពីហេតុអ្វី?
ការសិក្សារកឃើញថា មកពីលោក (ព្រះរាជនី) សោយលំអងផ្កាច្រើនប្រភេទ ឯឃ្មុំកម្មករ ទទួលទានបានតែមួយប្រភេទ ។ គេត្រឡប់មកសិក្សាលើមនុស្សវិញគេបានរកឃើញថា អ្នកដែលចូលចិត្តទទួល ទានអាហារដដែលៗមានអាយុខ្លីជាង អ្នកទទួលទានអាហារ តាមមានតាមបាន គឺហូបនេះហូបនោះមិនប្រកាន់ ។
ឃ្មុំមិនចេះធ្វើការស្មោកគ្រោក មិនចេះទំលើលាមក ទំលើគំរង់ដាច់ខាត យ៉ាងណាមិញ មនុស្សដែលមានចិត្តស្អាតពីកំណើត គឺមិនធ្វើការងារដែលថោកទាបដាច់ខាត គេធ្វើតែការងារដែលត្រឹមត្រូវតែប៉ុណ្ណោះ ។ ឃ្មុំយល់ពីច្បាប់ធម្មជាតិ គឺសាមគ្គីធម៌ទើបសាងសំបុកនឹងមានបង្គងរឹងមាំបាន មនុស្សមិនយល់ពីច្បាប់រួបរួមសាមគ្គីធម៌តែងគ្មានបង្គងគ្មានទីលំនៅ គ្មានមាតុភូមិជាធម្មតា វប្បធម៌ឃ្មុំជាវប្បធម៌រុងរឿងថ្លៃថ្លាដែលពេលខ្លះមនុស្សមិនអាចធ្វើតាមបានផង ។
នៅពេលរាជនីឃ្មុំ បានសោយទីវង្គតទៅ ព្រះសពទ្រង់ត្រូវបានភិលៀងដែលយល់ថា ខ្លួនមានកម្លាំងស្លាបខ្លាំងបំផុតប្រកួតគ្នា សែងព្រះសពហោះឡើងទៅលើយ៉ាងលឿន ហើយភាគីដែលចូលរួមប្រកួត ហោះដេញតាម អ្នកដែលអោបព្រះសព ពេលដឹងខ្លួនថា ខ្លួនអស់កម្លាំងស្លាបក៏ព្រលែងព្រះសពឲ្យទៅភាគីដែលនៅក្បែរ ហោះឡើងរហូតដល់លែងមានអ្នកដេញតាម ទើបក្លាយជាជ័យលាភីបុគ្គល បានតាំងព្រះនាមជាព្រះរាជនីថ្មី គេសិក្សាឃើញថា ចំងាយហោះឡើងរហូតដល់ម្ភៃសាមសិបគីឡូម៉ែតទៅលើឯណោះ ចង់ធ្វើស្តេចត្រូវតែមានកម្លាំងរឹងមាំនិងមានបញ្ញាឈ្លាសវៃហើយចូលរួមប្រកួតដោយយុត្តិធម៌ នេះជាប្រពៃណីដ៏ល្អឯងមួយទៀតរបស់គ្រួសារឃ្មុំ ។
ប្រភពហ្វេសប៊ុក Thong Nidamony
ដោយ៥០០០ឆ្នាំ