Wednesday, 22 Sep B.E.2565  
Listen to Dhamma (Mp3)
Listening to Tripitaka (Mp3)
Teaching Dhamma (Mp3)
Audio Books (Mp3)
Block Thor Sot (Mp3)
កម្រងកំណាព្យនិងស្មូត្រ (Mp3)
កម្រងបទភ្លេងនិងចម្រៀង (Mp3)
Buddhism​ & Society (Mp3)
Read Dhamma (eBook)
Video Gallery
Recently Listen / Read
Live Radio
Metta Radio
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
Kalyanmet Radio
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
Buddha Speech Radio
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
Radio Koltoteng
ទីតាំងៈ វត្តគល់ទទឹង
ម៉ោងផ្សាយៈ ២៤ម៉ោង
Voice of Dhamma Radio
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
Radio RVD BTMC
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ០៤.០០​​​ - ២២.០០
Ponletrayroth Radio
ទីតាំងៈ ខេត្តតាកែវ
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
Notification
All Visitors
Today 13,039
Today
Yesterday 167,951
This Month 3,855,130
Total ២២៣,៤៤៦,៧០៥
free counters
កំពុងទស្សនា ចំនួន
ADVISE
images/articles/1858/Untitled-1-Recovered.jpg
ទោស​របស់​បព្វ​ជិត​ប្រព្រឹត្ត​មិន​ល្អ
ផ្សាយ : ១៩ កញ្ញា ឆ្នាំ២០២១
ទោស​របស់​បព្វ​ជិត​ប្រព្រឹត្ត​មិន​ល្អ បុគ្គល​ដែល​ស្លៀក​ពាក់​សំពត់​លឿង តែ​មិន​សង្រួម​តាម​ធម៌​របស់​សមណៈ ក៏​មិន​រួច​ពី​នរក​ឡើយ ; ដូច​មាន​ពុទ្ធភាសិត​ជា​គ្រឿង​ទូន្មាន​ចិត្ត​របស់​បព្វ​ជិត​ ម្យ៉ាង​ទៀត​ថា ៖ កាសាវកណ្ឋា ពហវោ បាបធម្មា អសញ្ញតា បាបា បាបេហិ កម្មេហិ និរយំ តេ ឧបបជ្ជរេ។ សេចក្ដីថា៖ មនុស្ស​ទាំង​ឡាយ​ជា​ច្រើន​នាក់ ដែល​មាន​សំពត់​កាសាវៈ​ជាប់​នឹង​ក គឺ​ស្លៀក​ដណ្ដប់សំពត់​លឿង
images/articles/1861/Untitled-1-Recovered.jpg
យោបល់នាំ​ឲ្យ​បព្វជិត​ប្រព្រឹត្ត​ល្អ
ផ្សាយ : ១៩ កញ្ញា ឆ្នាំ២០២១
យោបល់នាំ​ឲ្យ​បព្វជិត​ប្រព្រឹត្ត​ល្អ បព្វ​ជិត​ទាំង​ឡាយ​គួរ​ជ្រាប​ថា ការ​ដែល​កើត​មក​ជា​មនុស្ស​ក៏​ក្រ, កើត​មក​ជា​មនុស្ស​ហើយ​មិន​វិកលវិការ ជា​អ្នក​រួច​ចាក​បព្វជ្ជា​ទោស​ក៏​ក្រ, ការ​ដែល​រក្សា​ជីវិត​ឲ្យ​រស់​នៅ រហូត​ទល់​នឹង​បាន​បព្វជា​ឧបសម្បទា ក៏​ហៅ​សែន​ក្រ, បួស​ហើយ​នឹង​ចេះ​ដឹង​យល់​ធម៌វិន័យ​ថា នេះ​គួរ នេះ​មិន​គួរ ក៏​មិន​ងារ​ទេ; កាល​បើ​បាន​ផុត​ស្រឡះ​អំពី​សេចក្ដី​ក្រី​ក្រ ដូច​ពោល​មក​នេះ​ហើយ​គួរ​តែ​ពេញ​ចិត្ត​
images/articles/1866/Untitled-1-Recovered.jpg
ការ​សូមស្មាលា​ទោស​នឹង​ព្រះអរិយៈ
ផ្សាយ : ១៩ កញ្ញា ឆ្នាំ២០២១
ការ​សូមស្មាលា​ទោស​នឹង​ព្រះអរិយៈ បើ​មាន​ភិក្ខុ​ដទៃ​ណា​មួយ ពោល​តិះដៀល​ព្រះអរិយបុគ្គល, ភិក្ខុ​នោះ ត្រូវ​ទៅ​សូម​ស្មាលា​ទោស​នឹង​លោក, បើ​ខ្លួន​ចាស់​ជាង​កុំ​បាច់​សំពះ គ្រាន់តែ​និយាយ​សូម​ស្មាលា​ទោស​ដោយ​ពាក្យ​ថា " ខ្ញុំ​បាន​ពោលពាក្យ​ដដូច្នេះ​ខ្លះ ដូច្នេះខ្លះ ចំពោះ​លោក​ដ៏​មាន​អាយុ​ សូម​លោក​ម្ចាស់​អត់ទោស​ឲ្យ​ខ្ញុំ " ។ បើ​ខ្លួន​ខ្ចី​ជាង ត្រូវ​ក្រាប​បង្គំ​ហើយ​អង្គុយ​ច្រហោង​ប្រណម្យ​អញ្ជលី
images/articles/1867/Untitled-1-Recovered.jpg
ឧបឃាតកម្ម
ផ្សាយ : ១៩ កញ្ញា ឆ្នាំ២០២១
ឧបឃាតកម្ម ការ​ដែល​បុគ្គល​មាន​ចិត្ត​ក្រេវក្រោធ ហើយ​ប្រទូស្ដ​អ្នក​ដទៃ​ដោយ​កាយ​មាន​ទះតប់​វាយ​ដំច្រំធាក់​ជាដើម មាន​សម្លាប់​ជាទី​បំផុត ឬ​មាន​គំនិត​គិត​បំផ្លាញ​អ្នក​ដទៃ​ឲ្យ​វិនាស ហៅ​ថា ឧបឃាតកម្ម។​ កម្មនេះ ព្រះដ៏​មាន​ព្រះភាគ​ជាម្ចាស់​ត្រាស់​ហាម​ប្រាម​ពុទ្ធបរិស័ទ​មិន​ឲ្យ​ធ្វើ​ឡើយ ព្រោះ​ជា​កម្ម​មាន​ទោស​ដ៏​ធ្ងន់​អាច​ឃាត់​សួគ៌​ឃាត់​មគ្គផល ដូច​ព្រះបាទ​ អជាតសត្តុ ។
images/articles/1877/Untitled-1-Recovered.jpg
ការរលឹក​ដល់​សេច​ក្តី​ស្លាប់​
ផ្សាយ : ១៩ កញ្ញា ឆ្នាំ២០២១
មរណស្សតិ ឥឡូវ​នេះ ភាវនានិទ្ទេសនៃមរណស្សតិ បន្ទាប់​ពី​ទេវតានុស្សតិ ដល់​ហើយ​តាម​លំដាប់ ៖ ការ​ដាច់​នៃ​ជីវិតិន្ទ្រិយ ដែល​បន្ត​ទៅ​ក្នុង​ភព​មួយ ឈ្មោះ​ថា មរណ ក្នុង​ពាក្យ​ថា មរណស្សតិ នោះ​, ឯ សមុច្ឆេទមរណ ពោល គឺ ការ​ដាច់​ជា​សមុច្ឆេទនៃ​វដ្ដ​ទុក្ខ​ របស់​ព្រះអរហន្តទាំង​ឡាយ​ក្ដី, ខណិកមរណ បាន​ដល់ ការ​រលត់​ក្នុង​ខណៈ​ៗ​នៃ​សង្ខារ​ទាំង​ឡាយ​ក្ដី, សម្មតិមរណ ក្នុង​ពាក្យ​និយាយ​របស់​អ្នក​
images/articles/1876/Untitled-1-Recovered.jpg
និយមន័យ​ទូទៅ​នៃ​សុខភាព​ផ្លូវ​ចិត្ត
ផ្សាយ : ១៩ កញ្ញា ឆ្នាំ២០២១
និយមន័យ​ទូទៅ​នៃ​សុខភាព​ផ្លូវ​ចិត្ត ការ​រស់​នៅ​ប្រកប​ដោយ​សុខភាព​ល្អ គឺ ជា​បំណង​ប្រាថ្នា​ទូ​ទៅ​របស់​មនុស្ស​គ្រប់​រូប។ អង្គការ​សុខ​ភាព​ពិភពលោក (WHO) បាន​កំណត់​ថា សុខភាព​ចែកចេញ​ជា​បួន​ផ្នែក​គឺ សុខភាព​ផ្លូវ​ចិត្ត សុខភាព​ផ្លូវ​កាយ ជំនឿស្មារតី និង​សុខភាព​សង្គម។ សុខភាព​ផ្លូវ​ចិត្ត និង​សុខភាព​ផ្លូវ​កាយ មាន​ទំនាក់​ទំនង​គ្នា​យ៉ាង​ជិតស្និទ្ធ។ បុគ្គល​ដែល​មាន​សុខភាព​ផ្លូវ​ចិត្ត និង​សុខ​ភាព​ផ្លូវ​កាយ​មាំមួន
images/articles/1875/Untitled-1-Recovered.jpg
ដំណើរ​ជីវិត
ផ្សាយ : ១៩ កញ្ញា ឆ្នាំ២០២១
ផ្ទាំង​ជីវិត​គឺ​ជា​ជញ្ជាំង​ផ្ទះ​មួយ​ដែល​គ្មាន​ដំបូល ហើយ​គ្មាន​កំពស់​ពិត​ប្រាកដ​ផង។ មនុស្ស​ម្នាក់​ៗ​ប្រៀប​បាន​នឹង​ជាង​សង់​ផ្ទះ​ដែល​រៀប​ជញ្ជាំង​ក្នុង​មួយ​ថ្ងៃ​រៀប​ឥដ្ឋ​មួយ​ដុំ។ ជីវិត​ចេះ​តែ​ធ្វើ​ដំណើរ​ទៅ​មុខ រី​ឯ​ជញ្ជាំង​ផ្ទះ​ក៏​ចេះ​តែ​ខ្ពស់​ឡើង​ៗ​ទៅ​លើ​ដែរ។ នៅ​ពេល​ដែល​គេ​ឡើង​ទៅ​ដល់​ខ្ពស់ ទើប​មនសិកា​រ​ សីល​ធម៌ និង​ការ​ចេះ​ដឹង​របស់​គេ​បើក​ទស្សនវិស័យ​ទៅ​រក​ទុទិដ្ឋិនិយម ឬ​ សុទិដ្ឋិនិយម​តាម​ទស្សនៈ​រៀង​ៗ​ខ្លួន ។ កាល​បើ​គេ​ត្រេច​ចរ​ទៅ​តាម​ស្នាម​ដាន​ជីវិត​ដល់​កំផែង​ខ្ពស់​ហើយ​គេ​មិន​ត្រូវ​សំងំ​ក្រាប​ក្បាល​សុខសាន្ត​ម្នាក់​ឯង ធ្វើ​គ​ធ្វើ​ថ្លង់​បិទ​ប្រស្រី​ភ្នែក​មិន​សម្លឹង​ ​មក​មើល​អ្វីៗ​ខាង​ក្រោម​នោះ​ទេ។ ការ​ពិសោធន៍ដ៏​យូរ​អង្វែង​តាម​ស្នាម​ជឹប​ជល់​ ប៉ះ​ពាល់​ លើ​គន្លង​ផ្ទាំង​ជីវិត បាន​ធ្វើ​អោយ​មនុស្ស​មាន​ស្មារតី រឹង​ប៉ឹង​មោះ​មុត តស៊ូ និង​ក្លាហាន ។ ឡើង​ដល់​ទី​ខ្ពស់​នោះ គេ​នឹង​ងាក​មក​ក្រោម​ឃើញ​ឈូង​សមុទ្រ​កម្ម​ពៀរ​កោះ​សប្បាយ ភ្នំភ្លើង​នៃ​ការ​ជម្លោះ​​ចាក់​ដោត ទី​វាល​វិយោគ​សង្រេង កម្ពោត​​ព្រៃ​សុទ្ធសាធ​ ព្រៃ​ល្បាត​បន្លា​មួរ​ហ្មង ត្រពាំង​ទឹក​ភ្នែក ថ្លុក​ស្ដាយ​ក្រោយ ព្រែក​បុណ្យ ស្ទឹង​បាប ខ្ពង់រាប​រមណីយ៍ និង​ដែន​ដី​សណ្ដរ​នៃ​ទន្លេ​ស្នេហា។ កាល​បើ​ឡើង​អោយ​ខ្ពស់​ៗ​ទៅ​ទៀត​គេ​នឹង​ចោល​នេត្រា​បាន​ឆ្ងាយ​ជាង​នេះ ហើយ​គេ​នឹង​ឃើញ​ភ្នំ​ធំៗ​ឯ​នាយ​ឆ្ងាយ​សន្លឹម​មាន​ជួរ​វែង​ៗ​ជាប់​គ្នា ដែល​នៅ​ពី​ក្រោយ​ភ្នំ​នោះ​គេ​នឹង​ឃើញ​មាន​អាថ៌​កំបាំង​គួរ​អោយព្រឺក្បាល​មិន​ខាន។ តើ​យើង​ធ្វើ​ដូចម្ដេច​ទើប​មើល​ឃើញ​អាថ៌កំបាំង​នៅ​ខាង​ក្រោម​ភ្នំនោះ។ តើ​នរណា​អាច​ឆ្លើយ​ត្រូវ​ថា អាថ៌កំបាំង​នោះ​មាន​អ្វី​ខ្លះ? តើ​ជួរ​ភ្នំ​ព្រំ​ប្រទល់​ដែន​ភ្នំ​នោះ​មាន​ឈ្មោះ​ថា​អ្វី​ទៅ​វិញ? កាល​បើ​គ្មាន​នរណា​ដឹង​ ឬ​ការ​ដឹង​នោះ​មិន​សូវ​មាន​តម្លៃ​សម្រាប់​យើង នាទី​សុជីវធម៌​របស់​យើង​តម្រូវ​ឲ្យ​យើង​រង់​ចាំ ជញ្ជាំង​របស់​យើង​ផ្ទាល់​សង់​ដល់​កំពស់​ដែល​អាច​មើល​ឃើញ ហើយ​ថា​ត្រូវ​ពិត​ប្រាកដ​នោះ​ចុះ។ ត្រដោកកម្ម​ដែល​ព្យួរ​ជាប់​នៅ​នឹង​មនុស្ស​គ្រប់​រូប ជួន​ក៏​ជំរុញ​ឲ្យ​សង់ជញ្ជាំង​បាន​ខ្ពស់ ជួន​ក៏​សង់​បាន​ទាប ហើយ​ទី​បំផុត​ក្រាល​ផ្ទុក​ជីវិត ដែល​យើង​មិនដឹង​នៅទីណា បាន​ចុច​កណ្ដឹង​រោទិ៍​ហៅ​អោយ​ជីវិត​វិល​ទៅទីនោះ​វិញ ដោយ​ទុក​អោយ​រូប​កាយ​ទៅ​ជា​ចំណី​នៃ​អគ្គី ឬ​សត្វ​ធាតុ​នានា ។ អ្វីទៅជីវិត​នេះ?។ ដកស្រង់ចេញពីសៀវភៅ សុជីវធម៌ ដោយ​៥០០០​ឆ្នាំ
images/articles/1872/Untitled-1-Recovered.jpg
អានិសង្ស​សីល
ផ្សាយ : ១៩ កញ្ញា ឆ្នាំ២០២១
អានិសង្ស​សីល បុគ្គល​អ្នក​ប្រាថ្នា​សម្បត្តិ​សួគ៌​ឬ​ព្រះនិព្វាន ដែល​នឹង​បាន​សម្រេច​ដូច​បំណង ក៏​ព្រោះ​តែ​សេចក្ដី​ប្រតិបត្តិ​, មិន​សម្រេច​ព្រោះ​សេចក្ដី​ប្រាថ្នា ឬ​ការ​អង្វរ តែ​ម្យ៉ាង​ប៉ុណ្ណោះ​ឡើយ។ ឯ​សេចក្ដី​ប្រតិបត្តិ​នោះ​ដែល​ជា​ខាង​ដើម​បំផុត ក៏​គឺ​សីល, សីល​ទុក​ដូច​ជា​ភូមិ​ផែន​ដី, គុណ​ធម៌​ដទៃ​ទុក​ដូច​ជា​ពូជ, មាន​ផែន​ដី​គឺ​សីល​បរិបូណ៍​ហើយ ទើប​ពូជ​ធារ​គឺ​គុណធម៌​ដទៃ ៗ លូត​លាស់​ដុះ​ដាល​ចម្រើន​ឡើង​ជា​លំដាប់​ទៅ​បាន។
images/articles/3055/202t_monk_by_Dilip_Holmes.jpg
អ្នក​ប្រាថ្នា​សេចក្ដី​សុខ សេចក្ដី​ចម្រើន ត្រូវប្រកបសេចក្តីព្យាយាម
ផ្សាយ : ១៩ កញ្ញា ឆ្នាំ២០២១
អាចារ្យ សូរ ហាយ ក្រុម​ជំនុំ​ប្រែ​ព្រះ​ត្រៃបិដក រៀបរៀង វីរិយ​កថា (អាចារ្យ សូរ ហាយ វត្ត​ឧណ្ណាលោម ភ្នំពេញ ក្រុម​ជំនុំ​ប្រែ​ព្រះ​ត្រៃបិដក ក្នុង​ក្រសួង​ពុទ្ធ​សាសន​បណ្ឌិត្យ នៅ​ព្រះ​រាជ​បណ្ណាល័យ​កម្ពុជា បាន​ដក​ស្រង់​ពី​គម្ពីរ​ផ្សេងៗ មាន​គម្ពីរ​សំយុត្ត​និកាយ​ជា​ដើម​មក​អធិប្បាយ ។ ) នមត្ថុរតនត្តយស្ស វាយមេថេវ បុរិសោ យាវ អត្ថស្ស និប្បទា និប្ជន្នសោភណោ អត្ថោ ខន្ត្យា ភិយ្យោ ន វិជ្ជត ។ ឥឡូវ​នេះ​និង​សម្ដែង​ព្រះ​សទ្ធម្ម​ទេសនា ពណ៌នា​អំពី​សេចក្ដី​ព្យាយាម ដែល​ជា​សាសន​ធម៌​របស់​ព្រះ​បរម​លោក​នាថ​មុនី ដើម្បី​ជា​ប្រយោជន៍​ដល់​សាសនិក​ជន អ្នក​ប្រាថ្នា​សេចក្ដី​សុខ សេចក្ដី​ចម្រើន និង​កុសល​សម្មា​បដិបត្តិ​តាម​សម​គួរ ដូច​សេចក្ដី​ដែល​និង​អធិប្បាយ​ពន្យល់​ផ្លូវ​ឱ្យ​កើត​សតិ​បញ្ញា​ត​ទៅ​នេះ ។ ជន​ទាំងឡាយ​ដែល​កើត​មក​ក្នុង​លោក​នេះ មិន​រើស​ថា​ជន​ជាតិ​ណា​ឡើយ សុទ្ធ​តែ​មាន​ធុរៈ​មុខ​ការងារ​សម្រាប់​ខ្លួន​រាល់ៗរូប​ទាំងអស់ ជន​ជា​គ្រហស្ថ​ប្រុស​ស្រី​មាន​ធុរៈ​ធ្ងន់​ខាង​រក​ទទួល​ទាន​ចិញ្ចឹម​ជីវិត មាន​ស្រែ ចម្ការ លក់​ដូរ ឬ​ធ្វើ​រាជការ​ជា​ដើម ចំណែក​ខាង​អ្នក​បួស​ក៏​ត្រូវ​មាន​ធុរៈ​ផ្ទាល់​ខ្លួន ខាង​ផ្លូវ​សិក្សា​ប្រតិបត្តិ​ធម៌​វិន័យ​របស់​ព្រះ​សម្ពុទ្ធ​ជា​ម្ចាស់ ។ មនុស្ស​ទាំងអស់​ដែល​មាន​ប្រភេទ​ផ្សេង​គ្នា​ក្ដី ដូច​គ្នា​ក្ដី មាន​វ័យ​តិច​ច្រើន​ជាង​គ្នា​ក្ដី ជំនាន់​ដំណាល​គ្នា​ក្ដី សុទ្ធ​តែ​ជា​អ្នក​មាន​បែរ​ឈម​មុខ​ទៅ​រក​ប្រកប​ការងារ​ចិញ្ចឹម​ជីវិត ឬ​ផ្លូវ​សិក្សា​វិជ្ជា​សម្មាបដិបត្តិ​តែ​រាល់ៗខ្លួន ឥត​មាន​ទំនេរ​សោះ​ឡើយ ប៉ុន្តែ​ការងារ​ឬ​ផ្លូវ​សិក្សា​ទាំងនោះ​សោត ក្រ​ខ្លះ ងាយ​ខ្លះ ធ្ងន់​ខ្លះ ស្រាល​ខ្លះ សូម្បី​ធុរៈ​ដែល​ត្រូវ​ធ្វើ​នោះ​ប៉ុន​គ្នា ក៏​គង់​ផ្សេង​គ្នា​ដោយ​សេចក្ដី​ព្យាយាម​របស់​មនុស្ស​ដែល​ខ្លាំង​ខ្សោយ ឬ​មាន​ឧបាយ​អង់អាច​ជាង​គ្នា​មិន​ខាន ។ មនុស្ស​ដែល​ជា​អ្នក​តាំង​ចិត្ត​ព្យាយាម​មាំ​មួន មិន​បណ្ដែត​បណ្ដោយ​ការងារ​ដែល​ខ្លួន​ត្រូវ​ធ្វើ​ត្រូវ​ប្រកប​នោះ កម្រៃ​ផល​ដែល​កើត​អំពី​ការ​ព្យាយាម​នោះ​ក៏​ច្រើន ។ មនុស្ស​ដែល​មិន​បាន​តាំង​ចិត្ត​ព្យាយាម ឬ​ក៏​ព្យាយាម​ធ្វើ​ទៅ​ដោយ​ខ្ជីខ្ជា ខ្ជិល​ច្រអូស​មិន​សូវ​យក​ចិត្ត​ទុក​ដាក់ កម្រៃ​ផល​ដែល​កើត​អំពី​ការ​ព្យាយាម​របស់​គេ​នោះ​ក៏​ស្ដើង​ស្ដួច​តិច​ចុះ​តាម​ចំណែក ។ សេចក្ដី​ព្យាយាម ឈ្មោះ​ថា​ជា​គុណធម៌​នាំ​ឱ្យ​សម្រេច​ផល​ប្រយោជន៍ តាម​និស្ស័យ​វាសនា​របស់​ខ្លួន ដូច​យ៉ាង​ប្រយោជន៍​បច្ចុប្បន្ន គឺ លាភ យស សរសើរ សុខ ជា​អារម្មណ៍​ដែល​អ្នក​ផង​គួរ​ប្រាថ្នា ដែល​យើង​ទាំងឡាយ​បាន​ប្រទះ​ឃើញ​ហើយ​ក្នុង​កាល​សព្វ​ថ្ងៃ​នេះ​ក្ដី ក្នុង​កាល​អនាគត​ដែល​មិន​ទាន់​មក​ដល់ តែ​គង់​និង​បាន​ឃើញ​ក្នុង​កាល​ខាង​មុខៗក្ដី លាភ យស សរសើរ សុខ ទាំង​នេះ​ដែល​និង​កើត​ឡើង​បាន សុទ្ធ​តែ​កើត​មាន​ឡើង​មក​អំពី​អំណាច​កម្លាំង​សេចក្ដី​ព្យាយាម​ទាំងអស់ មិន​មែន លាភ យស សរសើរ សុខ កើត​មាន​ឡើង​មក​អំពី​អំណាច​សេចក្ដី​ខ្ជិល​ច្រអូស​ឡើយ​ពណ៌នា​មក​ប៉ុណ្ណេះ​ឃើញ​ថា សេចក្ដី​ព្យាយាម​ពិត​ជា​ធម៌​បញ្ជូន​ឱ្យ​កើត​ប្រយោជន៍​យ៉ាង​ច្រើន មិន​មែន​តិច​ទេ ។ សម​ដូច​ពុទ្ធ​ភាសិត​ដែល​បាន​លើក​ផ្ដើម​ទុក​មក​ខាង​ដើម​ថា “បុគ្គល​ជា​កូន​ប្រុស គួរ​ព្យាយាម​ឱ្យ​ណាស់ ទាល់​តែ​សម្រេច​ប្រយោជន៍ ឯ​ប្រយោជន៍​យ៉ាង​ថ្លៃ​ថ្លា​ដែល​សម្រេច​មក​ហើយ នោះ​មិន​មាន​ក្រៃលែង​ជាង​ខន្តី​ធម៌​ទេ” ។ ព្រះ​ពុទ្ធ​ឱវាទ​នេះ​ហាក់​ដូច​ព្រះ​សម្ពុទ្ធ​ជា​ម្ចាស់ ត្រាស់​ដាស់​តឿន​ឱ្យ​ព្យាយាម​ចំពោះ​តែ​បុរស មិន​ទួទៅ​ទៅ​ដល់​ស្ត្រី​ផង​ឡើយ ត្រង់​ណេះ​បើ​ប្រសិន​ណា​ជា​មាន​ពាក្យ​គេ​ឆ្លៀត​សួរ​មក​ថា ព្រោះ​ហេតុ​អ្វី​បាន​ជា​ពោល​ដាស់​តឿន​ចំពោះ​តែ​បុរស ? ឆ្លើយ​ថា មិន​មែន​ដូច្នោះ​ឡើយ ខាង​ស្ត្រី​ក៏​ព្រះ​អង្គ​ដាស់​តឿន​ឱ្យ​ព្យាយាម​ប្រកប​កិច្ច​ធុរៈ​ដែល​ល្មម​ធ្វើ​បាន​តាម​ចំណែក​ដូច​គ្នា ប៉ុន្តែ​បាន​ជា​ពោល​ប្រដៅ​យ៉ាង​នោះ ដោយ​ហេតុ​ថា​បុរស​នោះ​ពេញ​ទី​ជា​ភ្នាក់ងារ​នៃ​សេចក្ដី​ព្យាយាម​ជាង​ស្ត្រី ព្រោះ​ថា​ធម្មជាតិ​ជាតិ​ជា​បុរស​ជា​មនុស្ស​មាន​ទម្រង់​រាង​កាយ​ស្រលួត​ស្រឡះ​មាន​ឫកពា​ក្លៀវក្លា ទាំង​កម្លាំង​ក៏​រឹងប៉ឹង និង​ជា​អ្នក​ចេះ​អត់ ធន់​ទ្រាំ​ទ្រ​កិច្ចការ​ធ្ងន់ៗ គ្រាន់​បើ​ជាង​ស្ត្រី អាច​នឹង​ទទួល​ធុរៈ​ក្រ​លំបាក​ដែល​កើត​អំពី​ការ​ព្យាយាម​ប្រកប​កិច្ចការ​ទាំងពួង​ជាង​ស្ត្រី ម្យ៉ាង​ទៀត បុរស​ជា​មនុស្ស​មោះមុត​អង់​អាច​ជាង​ស្ត្រី ដូច​ការ​ស្វះ​ស្វែង​រក​ចំណេះ​វិជ្ជា​ឬ​ប្រយោជន៍​អ្វី​មួយ​ក្នុង​លោក​នេះ​ក្ដី លោក​ខាង​មុខ​ក្ដី ក៏​បុរស​នេះ​ឯង​ជា​អ្នក​មាន​ទំនង​គួរ​ធ្វើ​ប្រយោជន៍​បាន​ច្រើន​យ៉ាង​ជាង​ស្ត្រី រួម​សេចក្ដី​ថា​បុរស​ជា​ប្រធាន​ឬ​ជា​ទី​តាំង​នៃ​សេចក្ដី​ព្យាយាម ហេតុ​ដូច្នោះ​ទើប​លើក​ឡើង​ដាស់​តឿន​ឱ្យ​ព្យាយាម​ជា​មុន ។ ចំណែក​ស្ត្រី​ជា​មនុស្ស​មាន​រាង​កាយ​ទន់​ភ្លន់ កម្លាំង​ខ្សោយ​និង​សេចក្ដី​វាងវៃ​តិច មិន​សម​នឹង​ទទួល​កិច្ចការ​ក្រ​លំបាក​បាន​ងាយ​ដូច​បុរស ដូច​យ៉ាង​ពល​ទាហាន​ឬ​នាហ្មឺន​មុខ​មន្ត្រី​ធំៗ ក៏​សុទ្ធ​តែ​ប្រុស ព្រោះ​ឃើញ​ថា​ជា​អ្នក​ឈ្លាសវៃ​ជាង​ស្ត្រី បុរស​ឈ្មោះ​ថា​ជា​ភ្នាក់ងារ​ក្នុង​ការ​បង្ក្រាប​សត្រូវ ឈ្មោះ​ថា​ជា​អ្នក​មាន​តំណែង​ឥស្សរភាព​ច្រើន​ជាង​ស្ត្រី តែ​ស្ត្រី​ក៏​ត្រូវ​ព្យាយាម​ចាប់​ការងារ​តាម​ចំណែក​ដែល​ល្មម​ធ្វើ​បាន​ដូច​គ្នា ។ ព្រោះ​ហេតុ​នោះ ជន​ទាំងឡាយ​ដែល​កើត​មក​ជា​កូន​ប្រុស​ត្រូវ​ប្រឹង​ប្រែង​ប្រកប​ការងារ​ក្នុង​ផ្លូវ​លោក​នេះ ដូច​ខំ​សិក្សា​ស្វែង​រក​វិជ្ជា​ណា​មួយ មាន​វិជ្ជា​ខាង​រដ្ឋបាល​ ​តុលាការ ​ឬ​វិជ្ជា​ខាង​ហត្ថកម្ម ការ​ជាង មាន​ជាង​មាស​ប្រាក់​ជា​ដើម ដែល​ខ្លួន​ស្មគ្រ​ចិត្ត​ធ្វើ​នោះ គឺ​ធ្វើ​ឬ​ប្រកប​ការ​នោះៗ ឱ្យ​មាំ​មួន កុំ​បី​ធ្វេស​ប្រហែស​បណ្ដែត​បណ្ដោយ​ឡើយ ត្រូវ​តែ​ក្រវើន​ក្រតើន​ឡើង​ដើម្បី​នឹង​ធ្វើ​ដំណើរ​វិជ្ជា​សេចក្ដី​ឆ្លាស​របស់​ខ្លួន ឱ្យ​រូត​រះ​ឱ្យ​ទាន់​កាល​សម័យ​ព្រោះ​សម័យ ពោល​គឺ​របៀប​បែប​ផែន​ច្បាប់​ទម្លាប់​និង​ចំណេះ​វិជ្ជា​ជា​ដើម ក្នុង​កាល​ឥឡូវ​នេះ កាន់​តែ​ស្រូត​រូត​ជឿន​លឿន​ប្លែកៗ ទៅ​ជាង​ធម្មតា​ហើយ លុះ​តែ​ខំ​ព្យាយាម​ប្រឹង​កង្ខើញ​ឱ្យ​ណាស់ ទើប​នឹង​បាន​ស្រូប​ឡើង​ទាន់​កាល​សម័យ ក៏​បុគ្គល​ដែល​មាន​គំនិត​ភ្ញាក់​ឡើង​ទាន់​សម័យ​នេះ ចាត់​ថា​ជា​មនុស្ស​សប្បុរស​មួយ ហៅ​ថា កាលញ្ញុតា ប្រែ​ថា​អ្នក​ស្គាល់​កាល​សម័យ ។ បុគ្គល​ដែល​មាន​គំនិត​លន់​លក់​មិន​ងើប​ឡើង​ចាប់​ព្យាយាម​ឱ្យ​ទាន់​កាល​សម័យ និង​វ័យ​របស់​ខ្លួន​នៅ​កំពុង​ចម្រើន ចេះ​តែ​បង្អង់ៗ​ទៅ មិន​ដឹង​កាល​វិនាស​កាល​ចម្រើន ដែល​កម្ម​បណ្ដាល​ឱ្យ​កើត​ឡើង ហៅ​ថា អកាលញ្ញុតា ប្រែ​ថា​អ្នក​មិន​ស្គាល់​កាល​ចាត់​ជា​អសប្បុរស​ម្យ៉ាង ន័យ​នេះ​មាន​ព្រះ​ពុទ្ធ​ឱវាទ​ដែល​ព្រះ​អង្គ​ទ្រង់​ដាស់​តឿន​ក្រើន​រំឭក​ទុក​មក​ថា ឧដ្ឋានកាលម្ហិ អនុដ្ឋហានោ យុវា ពលី អាលសយំ ឧបេតោ សំសន្នសង្កប្បមនោ កិសីតោ បញ្ញាយ មគ្គំ អលសោ ន វិន្ទតិ ។សេចក្ដី​ថា បុគ្គល​មាន​វ័យ​គឺ​អាយុ​នៅ​ក្មេង កំពុង​មាន​កម្លាំង តែ​ផ្អែក​នឹង​ខ្ជិល​ច្រអូស​មិន​មាន​ព្យាយាម​រវៀស​​រវៃ​ក្នុង​កាល​ដែល​មាន​ទំនង​គួរ​រវៀស​រវៃ មាន​ចិត្ត​ត្រិះរិះ​ជាប់​ចំពាក់​មាំ​ក្នុង​កាម​គុណ មារយាទ​ព្រាំ​ព្រាល[១] ច្រអូស​កាយ​ច្រអូស​ចិត្ត​មិន​ដែល​បាន (ប្រទះ) នឹង​ផ្លូវ​បញ្ញា​ឡើយ ។ ឱវាទ​នេះ​បំភ្លឺ​ឱ្យ​ឃើញ​ថា មនុស្ស​ប្រុស​ស្រី​ក្នុង​លោក​ដែល​កើត​មក​ហើយ មាន​រាង​កាយ​ធំ​ធាត់ ឥត​មាន​ពិការ​ខូច​អវយវៈ​ណា​មួយ មាន​កំបុត​ដៃ​ជា​ដើម​ទេ ទាំង​វ័យ​ក៏​នៅ​ក្មេង ល្មម​និង​ចាប់​ផ្ដើម​ព្យាយាម​ប្រកប​កិច្ចការ​ផ្លូវ​លោក​ឬ​ផ្លូវ​ធម៌ ឱ្យ​ទាន់​សម័យ​ដែល​ខ្លួន​កំពុង​ពេញ​កម្លាំង​នៅ​ឡើយ គួរ​តែ​ប្រញាប់​ប្រឹង​ប្រែង​កុំ​ឱ្យ​ហួស​សម័យ​នោះ​ទាន់ មិន​គួរ​នឹង​បណ្ដែត​បណ្ដោយ​ឱ្យ​វ័យ​អស់​ទៅ​តាម​យប់​និង​ថ្ងៃ​កន្លង​បាត់​ទៅ​ទទេ​ៗ​សោះ គួរ​ស្ដាយ​វ័យ​របស់​ខ្លួន​ណាស់ មិន​គួរ​បើ​និង​ដំអក់​ឱ្យ​ធ្លោយ​សោះ​ឡើយ ព្រោះ​ជាន់​បឋម​វ័យ រវាង​ពី​អាយុ ៦ ឬ ៧ ឆ្នាំ​ឡើង​ទៅ​ទល់​នឹង ៣០ ឆ្នាំ​នេះ​ជា​ឱកាស​ដ៏​ធំ​ទូលាយ​ងាយ​និង​ងាក​រេ​រក​កិច្ច​ធុរៈ ដែល​ខ្លួន​ស្មគ្រ​ចិត្ត ចំណែក​ខាង​គ្រហស្ថ ទោះ​បី​រៀន​អក្សរ រៀន​ច្បាប់​ទម្លាប់​ឬ​រៀន​ខាង​ហត្ថ​កម្ម​គឺ​ធ្វើ​ការ​ជាង មាន​ជាង​មាស ឬ​ជាង​ធ្វើ​រថយន្ត​ជា​ដើម ខាង​បព្វជិត និង​ចាប់​រៀន​សូត្រ​ព្រះ​បរិយត្តិ​ក៏​បាន​ងាយ ព្រោះ​កម្លាំង​កាយ កម្លាំង​ស្មារតី​នៅ​កំពុង​បរិបូណ៌ ។ វ័យ​ជាន់​ដំបូង​នេះ ពេញ​ហៅ​មាន​ទំនង​នាំ​ឱ្យ​កើត​ប្រយោជន៍​ត​វែង​ទៅ​មុខ​មិន​តិច​ឡើយ ទោះ​ជា​យ៉ាង​ណា​ក៏​ងាយ​និង​ត្រិះរិះ​រក​ឧបាយ​ផ្សេង​ៗ​ទៀត តែ​បើ​បណ្ដោយ​ឱ្យ​សេចក្ដី​ខ្ជិល​ច្រអូស​ឬ​សេចក្ដី​ស្រវឹង​ជ្រុល​ជ្រប់​ក្នុង​កាម​គុណ​ចូល​គ្រប​សង្កត់​បានហើយ សូម្បី​ចំណេះ​វិជ្ជា​ឬ​ប្រយោជន៍​អ្វី​មួយ ដែល​មាន​ទំនង​គួរ​និង​ចេះ គួរ​និង​បាន​មាន​កើត​ឡើង​ក៏​គង់​តែ​ត្រឡប់​វិនាស​ទៅ​វិញ​ពុំ​ខាន ឯ​សេចក្ដី​ខ្ជិល​នេះ មាន​អាការៈ​ជា​ទោស​ធ្វើ​ឱ្យ​ខូច​ប្រយោជន៍​ច្រើន​យ៉ាង​ណាស់ ចំណែក​សេចក្ដី​ព្យាយាម​ជា​គុណ​ជួយ​ជ្រោមជ្រែង​ឱ្យ​បាន​សេចក្ដី​សុខ​ទាំង​លោក​នេះ​និង​ខាង​មុខ ។ សម​ដូច​បាលី​ដែល​សម្ដែង​អំពី​តំណ​នៃ​សេចក្ដី​ខ្ជិល​និង​សេចក្ដី​ព្យាយាម​ថា អតិសិតំ អតិឧណ្ហំ អតិសាយមិទំ អហុ ឥតិ វិស្សដ្ឋកម្មេន្ត អត្ថា អច្ចេន្តិ មាណវេ ប៉ុណ្ណេះ​ជា​ដើម សេចក្ដី​ថា ប្រយោជន៍​ទាំងឡាយ តែង​កន្លង​ហួស មាណព​គឺ​មនុស្ស​កំលោះ ដែល​លះ​បង់​ការងារ​ត្រូវ​ធ្វើ​នោះ​ចោល​ដោយ​ទម្រន់​អាង​ថា ពេល​នេះ​រងា​ណាស់ នៅ​ក្ដៅ​ណាស់ ល្ងាច​ជ្រុល​ណាស់ ។ តែ​បើ​ជន​ឯណា កាល​ដែល​កំពុង​ធ្វើ​ការ​ដែល​បុរស​ត្រូវ​ធ្វើ​នោះ មិន​សម្គាល់​ត្រង់​ត្រជាក់ ត្រង់​ក្ដៅ (មក​ជា​ប្រមាណ) ដោយ​ក្រៃលែង​ជាង​ស្មៅ គឺ​ថា​ដាក់​ខ្លួន​ទុក​ដូច​ជា​ស្មៅ ជន​នោះ​នឹង​មិន​សាប​សូន្យ​អំពី​សេចក្ដី​សុខ​ឡើយ ។ សេចក្ដី​នេះ​ពន្យល់​ឱ្យ​ឃើញ​ថា បុគ្គល​ដែល​ត្រូវ​ការ​ប្រារព្ធ​ព្យាយាម​យក​ចិត្ត​ទុក​ដាក់​ធ្វើ​កិច្ច​ការ​អ្វី​មួយ ត្រូវ​កុំ​ស្ដាយ​សាច់​ឈាម​ពណ៌​សម្បុរ កុំ​ទម្រន់ កុំ​ខ្លាច កុំ​រអា កុំ​រួញរា​នឹង​សេចក្ដី​ទុក្ខ​ព្រួយ​ហត់​នឿយ ដែល​កើត​អំពី​ការ​ព្យាយាម​នោះ​ឱ្យ​សោះ ព្រោះ​ថា​កិច្ចការ​ទាំងឡាយ​ក្នុង​លោក​នេះ ដែល​គេ​ត្រូវ​ព្យាយាម​គឺ​ថា​ត្រូវ​ចុះ​ដៃ​ធ្វើ ទោះ​បី​ធ្វើ​ដោយ​កម្លាំង​ឬ​ដោយ​កម្លាំង​តម្រិះ​គិត​គូរ តែង​តែ​និង​មាន​ឧបសគ្គ​គឺ​ឧបទ្រព​ទុក្ខ​ភ័យ​ចង្រៃ ចូល​មក​ច្រៀត​ជ្រែក​ប្រកួត​ប្រណាំង​គ្នា​នឹង​កិច្ច​ការ​នោះៗជា​ធម្មតា ការ​ចាប់​ផ្ដើម​ព្យាយាម​កិច្ច​ធុរៈ​នីមួយ​ៗ​នេះ​ដំបូង​ឡើយ តែង​ប្រទះ​ទុក្ខ​ព្រួយ​នឿយ​លំបាក​ខ្លះ​ជា​ទំនៀម សូម្បី​ព្យាយាម​ក្នុង​ផ្លូវ​កុសល​សុចរិត ក៏​គង់​បាន​ទុក្ខ​លំបាក​ដូច​គ្នា តែ​ទុក្ខ​លំបាក​នេះ​រមែង​ឱ្យ​ផល​មក​ជា​សុខ​ក្នុង​កាល​ខាង​ក្រោយ ហេតុ​ដូច្នោះ កាល​បើ​បុគ្គល​មាន​ព្យាយាម​ហើយ​ត្រូវ​ឱ្យ​មាន​ខន្តី សេចក្ដី​អត់​ធន់ មក​ជា​គូ​គ្នា​នឹង​វីរិយ ដើម្បី​ជា​ជំនួយ​វីរិយ ឱ្យ​តាំង​នៅ​មាំ​មួន ខន្តិ​ធម៌​នេះ​ជា​ធម៌​សម្រាប់​ជីក ឬ​ឆ្កឹះ​ចោល​នូវ​ទុក្ខ​ព្រួយ ឬ​ថា​ជា​ភាវៈ​ខាង​ជម្នះ​នូវ​ទុក្ខ ដែល​កើត​អំពី​សេចក្ដី​ព្យាយាម​នោះៗ ខន្តី​ធម៌​នេះ​រាប់​ថា​ជា​ជើង​សម្រាប់​ជួយ​ជ្រោមជ្រែង​ទប់​ទល់​វីរិយ​ទុក​កុំ​ឱ្យ​លើក​លះ​ចោល​កិច្ច​ធុរៈ ដែល​ត្រូវ​ធ្វើ​នោះ​ចេញ​បាន ឯ​វីរិយ​នេះ​កាល​បើ​មាន​ខន្តី​ជា​គូ​ហើយ​ទុក​ជា​ប្រទះ​អារម្មណ៍ ដែល​គួរ​ឱ្យ​កើត​ទុក្ខ​ភ័យ​ចូល​មក​រឹប​ជាន់​យ៉ាង​ណា​ក៏​ដោយ ក៏​មិន​រុះ​រើ​លះ​កិច្ច​ធុរៈ​នោះ​ចោល​បាន ព្រោះ​មាន​ខន្តី​ធម៌​នេះ​ជា​កម្លាំង​ជួយ​គាំពារ វីរិយ​និង​ខន្តី ទាំង​ពីរ​នេះ​ជា​ធម៌​ជាន់​ខ្ពស់ មាន​គុណានិសង្ស​ធំ​ទូលាយ​យ៉ាង​ក្រៃលែង សូម្បី​ព្រះ​សម្មាសម្ពុទ្ធ​ក៏​ព្រះ​អង្គ​ទ្រង់​បាន​បំពេញ​មក​ហើយ​ដែល​ហៅ​វីរិយ​បារមី ខន្តី​បារមី​នោះ​ឯង ។ មួយ​វិញ​ទៀត វីរិយនិង​ខន្តី​នេះ កាល​បើ​មាន​បុគ្គល​ណា​ហើយ តែង​នឹង​បបួល​ដឹក​អន្ទង​បុគ្គល​នោះ​ឱ្យ​ក្លាហាន ប្រកប​កិច្ច​ធុរៈ​គ្រប់​យ៉ាង ប្រមូល​សេចក្ដី​អធិប្បាយ​មក​ថា បុគ្គល​អ្នក​ប្រកប​ដោយ​វីរិយ​ផ្លូវ​កាយ​និង​ផ្លូវ​ចិត្ត​ហើយ​និង​ខន្តី​សេចក្ដី​អត់​ធន់ ដូច​ថ្លែង​មក​នេះ​អាច​និង​បដិសេធ​ទុក្ខ​ភ័យ​ទាំងពួង​បាន លែង​មាន​ញាប់​ញ័រ​តក់ស្លុត​នឹង​អារម្មណ៍​ដែល​ប៉ះ​ពាល់​មក​នោះ​ឡើយ លុះ​ខាង​ក្រោយ​មក ក៏​ឱ្យ​ផល​យ៉ាង​វិសេស ទៅ​ជា​មនុស្ស​ខ្ពង់​ខ្ពស់​មាន​ឈ្មោះ​ល្បី​ល្បាញ​ឡើង ដោយ​អំណាច​វិជ្ជា​ដែល​កើត​អំពី​ការ​ប្រឹង​ប្រែង​អត់​ធន់​នោះ​មក កាល​បើ​សម្បូណ៌​ដោយ​វិជ្ជា​ហើយ ទោះ​បី​ធ្លាប់​ជា​អ្នក​កំព្រា​គ្មាន​មិត្រ​សម្លាញ់ ឬ​ជា​អ្នក​ក្រ​ទ្រព្យ​សម្បត្តិ​មក​អំពី​ដើម ឬ​ជា​អ្នក​ថោក​ទាប​ដោយ​រូប​សម្បត្តិ​យ៉ាង​ណា ក៏​គង់​ត្រឡប់​ទៅ​ជា​មនុស្ស​ថ្កុំថ្កើង​រុង​រឿង​គ្រប់​យ៉ាង​ទាំងអស់​បាន ព្រោះ​ហេតុ​ដូច្នោះ​ជន​ទាំងឡាយ​គ្រប់​គ្នា ទោះ​អ្នក​មាន​សម្បត្តិ​ស្ដុកស្ដម្ភ​ក្ដី ខ្សត់​ក្ដី គួរ​តែ​ខំ​ព្យាយាម​ស្វះ​ស្វែង​រក​វិជ្ជា​ដែល​ជា​គុណ​សម្បត្តិ គឺ​ជា​លម្អ​យ៉ាង​ខ្ពស់​សម្រាប់​ខ្លួន ។ ឯ​បុគ្គល​មាន​ភោគ​សម្បត្តិនិង​រូប​សម្បត្តិ​ហើយ តែ​បើ​គ្មាន​វិជ្ជា​សម្បត្តិ​ទៀត ក៏​ទុក​ដូច​ជា​មនុស្ស​ក្រី​ក្រ​សម្បត្តិ ទុក​ដូច​ជា​មនុស្ស​ពិការ មិន​រុង​រឿង​ក្នុង​ត្រកូល​នោះ​ឡើយ សម​ដូច​សុភាសិត​ថា “រូបយោនព្វនសម្បន្នោ វិសាលកុសលសម្ភវោ វិជ្ជាហីនោ ន សោភេតិ និគន្ធា ឥវកឹសុកា” សេចក្ដី​ថា “បុគ្គល​បាន​កើត​ក្នុង​ត្រកូល​ខ្ពស់ បរិបូណ៌​ដោយ​រូប​និង​វ័យ​ហើយ (តែ​បើ) សាប​សូន្យ​ចាក​វិជ្ជា រមែង​មិន​ល្អ​ឡើយ ដូច​គ្នា​និង​ផ្កា​ជា (គ្រាន់​តែ​មាន​ពណ៌​ក្រហម​ច្រាល​មែន) តែ​រក​ក្លិន​ក្រអូប​គ្មាន ។ ពុទ្ធ​ភាសិត​នេះ​គប្បី​ឃើញ​ថា​វិជ្ជា​នេះ​ពិត​ជា​គុណ​ជាតិ​វិសេស​មែន ដែល​ជា​ផល​បណ្ដាល​ចេញ​មក​ថ្មីៗអំពី​វីរិយ​និង​ខន្តី ដូច​ពណ៌នា​មក ឯ​ពាក្យ​ថា វិជ្ជា សំដៅ​យក​វិជ្ជា​ទាំង​ផ្លូវ​លោក​ផ្លូវ​ធម៌ ដែល​ប្រព្រឹត្ត​ទៅ​ដោយ​ប្រពៃ​ប្រាស​ចាក​ទោស​ទុច្ចរិត​ទាំងអស់ ។ សេចក្ដី​ព្យាយាម​ខ្មីឃ្មាត​នេះ​ជា​ធម៌​ទាក់ទង​បែក​សាខា​ច្រើន​ស្ថាន​ណាស់ ដូច​ក្នុង​ប្រធាន​សូត្រ ព្រះ​លោក​នាថមុនី​ទ្រង់​សម្ដែង​ទុក​មក ដោយ​មហា​ករុណា ចង់​ឱ្យ​ពួក​ប្រជាជន​ក្នុង​លោក​បាន​សេចក្ដី​សុខ​សេចក្ដី​ចម្រើន ព្រះ​អង្គ​ទ្រង់​ដាស់​តឿន​ពន្យល់​ទុក​មក​បាលី​ថា “សំវរោ ច មហានព្ចា ភាវនា អនុរក្ខនា ឯតេ ចត្តារោ បធានា ទេសិតា ទិច្ចពន្ធុនា យេហិ ភិក្ខុ ឥធាតាបី ខយំ ទុក្ខស្ស បាបុណេ” អធិប្បាយ​ថា ” បធាន​គឺ​ធម៌​ជា​គ្រឿង​តាំង​ផ្ដួច​ផ្ដើម​ទាំងឡាយ ៤ យ៉ាង​នុ៎ះ​គឺ ” ១- សំវរោ ព្យាយាម​រារាំង​មិន​ឱ្យ​បាប​អកុសល​ដែល​នៅ​មិន​ទាន់​កើត កុំ​ឱ្យ​កើត​ឡើង​បាន គឺ​ប្រយត្ន​ឥន្ទ្រីយ៍​ទាំង ៦ គឺ ភ្នែក ត្រចៀក ច្រមុះ អណ្ដាត កាយ ចិត្ត កុំ​ឱ្យ​កើត​សោមនស្ស ឬ​ទោមនស្ស ក្នុង​វេលា​ដែល​ភ្នែក​ឃើញ​រូប ត្រចៀក​ឮ​សំឡេង ច្រមុះ​ធុំ​ក្លិន អណ្ដាត​លិទ្ធ​រស កាយ​ពាល់​ត្រូវ ចិត្ត​ស្រាវ​ជ្រាវ​រក​អារម្មណ៍​តាម​ផ្លូវ​មនោ​ទ្វារ គួរ​ប្រយត្ន​ឥន្រ្ទិយ ៦ យ៉ាង​នេះ​កុំ​ឱ្យ​លុះ​អំណាច​ឬ​ចាញ់​បញ្ឆោត​អារម្មណ៍​ទាំង​នេះ​បាន កាល​បើ​ទូន្មាន​តន្រ្ទិយ​បាន​ហើយ បាប​អកុសល​ដែល​បម្រុង​នឹង​កើត​ឡើង​ក៏​កើត​មិន​បាន ។ ២- បហានំ ព្យាយាម​លះ​បាប​ដែល​កើត​ហើយ គឺ​បាប​ដែល​កើត​ឡើង​ព្រោះ​ខ្លួន​ល្ងង់​ខ្លៅ ឬ​កើត​ឡើង​ដោយ​រឹង​រូស​ចចេស​ធ្វើ​ក្នុង​កាល​មុន​ៗ ព្រោះ​មិន​ធ្លាប់​បាន​ស្ដាប់ មិន​ធ្លាប់​បាន​សិក្សា​ធម៌​វិន័យ​របស់​ព្រះ​អរិយ​ជា​ម្ចាស់ លុះ​ខាង​ក្រោយ​មក​កាល​បើ​គិត​ឃើញ​ហើយ គួរ​តែ​លះ​បង់​ចោល​អំពី​បាប​ទាំងនោះ​ឱ្យ​ស្រឡះ​ចេញ ត្រូវ​តាំង​ចេញ​ថា​និង​លែង​ប្រព្រឹត្ត​ល្មើស​ធ្វើ​ដូច្នោះ​ទៀត ។ ៣- ភាវនា ព្យាយាម​ញាំង​កុសល​ឬ​បំពេញ​ឱ្យ​មាន​ឡើង​ក្នុង​សន្ដាន កុសល​ដែល​នៅ​មិន​ទាន់​កើត​គួរ​ព្យាយាម​ធ្វើ​ឱ្យ​កើត​ឡើង ព្រោះ​បាប​អកុសល​ដែល​ជា​ចំណែក​ទុច្ចរិត​លះ​ចេញ​ទៅ​ហើយ​នោះ ត្រូវ​បំពេញ​កុសល​ដែល​ជា​ចំណែក​សុចរិត​ឱ្យ​មាន​ឡើង​ជំនួស ដើម្បី​កុំ​ឱ្យ​មាន​ឱកាស​ឱ្យ​បាប​មាន​ចន្លោះ​កើត​ឡើង​បាន​ទៀត ។ ៤- អនុរក្ខនា ព្យាយាម​រក្សា​កុសល​សេចក្ដី​ល្អ​របស់​ខ្លួន​ទុក ដែល​ខ្លួន​បាន​ធ្វើ​មក​ហើយ​ក្នុង​កាល​មុន មិន​ឱ្យ​សាប​សូន្យ​ទៅ​ដោយ​អាការ​ធ្វេស​ប្រហែស ព្រោះ​ថា​របស់​ឯណា​ដែល​បាន​ធ្វើ​កើត​ឡើង​ហើយ​ក្នុង​កាល​មុន ៗ ខាង​ក្រោយ​មក​ត្រូវ​រក្សា​វាំង​រឿយ ៗ ទើប​របស់​នោះ​ចម្រើន​ឡើង​បាន ឧទាហរណ៍ ដូច​យ៉ាង​ធម៌​អាថ៌​ឬ​វិជ្ជា​ច្បាប់​ទំលាប់​អ្វី​ក៏​ដោយ ដែល​ទន្ទេញ​ចាំ​ហើយ​ត្រូវ​តែ​ឧស្សាហ៍​សូត្រ​រឿយ ៗ ទើប​និង​ចាំ​ជាប់​នៅ​យូរ​បាន ប្រធាន​ទាំង ៤ យ៉ាង​នេះ ព្រះ​សម្ពុទ្ធ​ជា​ម្ចាស់​ព្រះ​អង្គ​ជា​អទិច្ចវង្ស[២] ទ្រង់​សម្ដែង​ហើយ ភិក្ខុ​ក្នុង​សាសនា​នេះ​ជា​អ្នក​តែង​តែ​បាន​ព្យាយាម​ធ្វើ​កិលេស​ឱ្យ​រីង​ស្ងួត​ដោយ​បធាន​ធម៌​ដែល​ពោល​មក​នេះ ទើប​និង​បាន​ដល់​នូវ​កិរិយា​អស់​ទៅ​នៃ​ទុក្ខ​ទាំងពួង​បាន ។ សេចក្ដី​ព្យាយាម​នេះ កាល​បើ​បុរស​ស្ត្រី​ចេះ​ប្រកប​លៃលក​ត្រូវ​ផ្លូវ​ដែល​មាន​ទំនង​ត្រង់​ទៅ​រក​សេចក្ដី​ចម្រើន​ហើយ តែង​ញាំង​ប្រយោជន៍​ឱ្យ​សម្រេច​គ្រប់​យ៉ាង សម​តាម​សេចក្ដី​ប្រាថ្នា​របស់​ខ្លួន​ជា​ប្រាកដ ដូច​យ៉ាង​បុរស​អ្នក​បំរើ​របស់​ចុល្លកសេដ្ឋី កាល​ដើម​ដំបូង​រើស​បាន​កណ្ដុរ​ងាប់​មួយ យក​កណ្ដុរ​នោះ​ទៅ​លក់​ធ្វើ​ដើម​ទុន​ប្រកប​ការ​លក់​ដូរ សន្សំ​ឡើង​ម្ដង​បន្តិច ៗ មិន​យូរ​ប៉ុន្មាន​ក៏​បាន​ទ្រព្យ​សម្បត្តិ​កាន់​តែ​ច្រើន​ឡើង ទាល់​តែ​បាន​ជា​សេដ្ឋី​ធំ សម​ដូច​ពុទ្ធ​ភាសិត​គាថា ត្រាស់​សរសើរ​បុគ្គល​អ្នក​មាន​គំនិត​ល្អ​ថា អប្បកេនបិ មេធាវី បាភដេន វិចក្ខណោ សមុដ្ឋាបេតិ អត្តានំ អណុំ អគ្គឹវ សន្ថមំ សេចក្ដី​ថា បុរស​ស្ត្រី អ្នក​មាន​ប្រាជ្ញា ចេះ​កាញ់​គ្នេរ​ទ្រព្យ​សម្បត្តិ ប្រកប​កិច្ចការ​ចិញ្ចឹម​ជីវិត​សម​ហេតុ​ផល​ល្អ រមែង​តម្កល់​ខ្លួន​ឡើង​ទៅ​ជា​មនុស្ស​ខ្ពង់​ខ្ពស់​បាន ដោយ​សារ​ទ្រព្យ​ដើម​ទុន​តែ​បន្តិច​ប៉ុណ្ណោះ ដូច​ជា​មនុស្ស​អ្នក​បង្កាត់​ភ្លើង​រងើក​តូច​មួយ​គង់​បង្កាត់​ឱ្យ​ទៅ​ជា​ភ្លើង​ឆេះ​ធំ​ឡើង​បាន។ បុគ្គល​អ្នក​មាន​ព្យាយាម​ធ្វើ​ត​ៗ ទៅ​មិន​ដាច់​មិន​ស្រាក​ក្នុង​កិច្ចការ​របស់​ខ្លួន​តែង​បាន​សម្រេច​ប្រយោជន៍​ឃើញ​ទាន់​ហន់ ។ ព្រោះ​ហេតុ​ដូច្នោះ ជន​ទាំងឡាយ​រាល់​រូប កាល​បើ​នឹក​ឃើញ ថា​អាត្មា​អញ​ជា​អ្នក​ចៀស​វាង​ចេញ​ចាក​ការងារ​មិន​ផុត​ហើយ គួរ​តែ​ចុះ​ចាប់​ផ្ដើម​ព្យាយាម​ឱ្យ​មាំ​មួន កុំ​បី​ធ្វេស​ប្រហែស​ត្រូវ​តែ​តាំង​ចិត្ត​ឱ្យ​ក្លាហាន ក្នុង​ការ​ប្រឹង​ប្រែង​នេះ​កុំ​ទម្រន់​ឱ្យ​សោះ ត្រូវ​តែ​តាំង​ព្យាយាម​តម្កល់​ទុក​ចិត្ត​ឱ្យ​ជាប់​មាំ ប្រកប​ដោយ​អង្គ ៤ ដូច​បាលី​ថា កាមំ តចោ ន្ហារុ ប អដ្ឋិ ច អវស្សតុ អវស្សុស្សតុ មេ សរីរេ សព្វន្តំ មំសលោហតំ សេចក្ដី​ថា​សាច់​ឈាម​ទាំងអស់​ក្នុង​សរីរាង្គ​កាយ​របស់​អញ រីង​ស្ងួត​ស្វិត​ស្រពោន​ទៅ​ចុះ នេះ​ជា​អង្គ ១ សូម​នៅ​សល់​តែ​ស្បែក​ជា​អង្គ ១ សូម​ឱ្យ​នៅ​សល់​តែ​សរសៃ​ជា​អង្គ ១​ សូម​ឱ្យ​នៅ​សល់​តែ​ឆ្អឹង​ជា​អង្គ ១ កម្រៃ​ផល​ឯណា​ដែល​មិន​ទាន់​កើត​ឡើង​ដោយ​កម្លាំង​ប្រឹង​ប្រែង​ទេ អញ​នឹង​មិន​ត្រូវ​ឈប់​លែង​ចោល​ចាក​ព្យាយាម​ឡើយ ។ បុគ្គល​ជា​អ្នក​បួស​ឬ​គ្រហស្ថ​ប្រុស​ស្រី​ក្មេង​ចាស់​ណា​មួយ កាល​បើ​ប្រកប​ព្យាយាម​មាំ​មួន​ដូច​ន័យ​ពោល​មក​នេះ​ហើយ បុគ្គល​នោះ​ឯង​គង់​នឹង​បាន​សេចក្ដី​សុខ​សេចក្ដី​ចម្រើន​ក្នុង​លោក​នេះ​និង​លោក​ខាង​មុខ​ពុំ​ខាន ព្រោះ​សេចក្ដី​ព្យាយាម​នេះ​ជា​គន្លង​ហូរ​មក​នូវ​ផល​យ៉ាង​វិសេស​វិសាល ឃើញ​ជាក់​ច្បាស់ ។ ម្យ៉ាង​ទៀត​បុគ្គល​ដែល​ជា​អ្នក​មាន​ព្យាយាម ទោះ​បី​ទៅ​នៅ​ក្នុង​ប្រទេស​ណា សូម្បី​ប្រទេស​នោះ​ខ្សត់​ខ្សោយ​វិជ្ជា​សេចក្ដី​ចេះ​ដឹង​ពុំ​សូវ​មាន​មនុស្ស​រៀន​សូត្រ​ចេះ​ដឹង​ច្រើន ឬ​ក៏​ប្រទេស​នោះ​មាន​ព្រៃ​ឈើ​ញាតស្បាត ដី​ជង្ហុក​ថ្លុក​ក្រហេង​ក្រហូង មិន​ជា​ទី​សប្បាយ​យ៉ាង​ណា​ក៏​ដោយ ក៏​គង់​ត្រឡប់​ឡើង​ទៅ​មាន​មនុស្ស​ចេះ​ដឹង​ច្រើន ទៅ​ជា​ប្រទេស​ស្រឡះ​រាប​ស្មើ មាន​ទាំង​ផ្លូវ​ថ្នល់​ខ្វាត់​ខ្វែង ថ្កើង​រុង​រឿង​គួរ​ជា​ទី​រីករាយ​សប្បាយ​ទៅ​បាន (ដូច​យ៉ាង​ប្រទេស​ដី​ក្រុង​ភ្នំពេញ​ទាំង​មូល ឬ​សាលា​បាលី ព្រះ​រាជ​បណ្ណាល័យ​និង​ក្នុង​ទី​វត្ត​លង្កា ឧណ្ណាលោម​ជា​ដើម) ធៀប​មើល​ចុះ​ក្នុង​កាល​ពី​ដើមនិង​កាល​ឥឡូវ​នេះ​គង់​ឃើញ​បាន​ជា​សេចក្ដី​ចម្រើន​ដោយ​វិជ្ជា​ការ​ចេះ​ដឹង និង​ថ្កើង​រុង​រឿង​ក៏​កាន់​តែ​ស្ទុះ​ជឿន​លឿន​ឡើង​ប្លែក​ជាង​ពី​ដើម​ណាស់ ការ​ចេះ​ដឹង​ផ្សព្វ​ផ្សាយ​ចេញ​ទៅ​ខេត្ត ខណ្ឌ​នានា និង​ការ​រុង​រឿង​ដែល​កើត​ឡើង​ទាំងនេះ គឺ​កើត​មក​អំពី​កម្លាំង​ស្នាដៃ​របស់​លោក​អ្នក​មាន​ព្យាយាម​ម៉្យាង មិន​មែន​កើត​អំពី​មនុស្ស​ខ្ជិល​ច្រអូស​ឡើយ ។ សេចក្ដី​ព្យាយាម​នេះ​មាន​គុណានិសង្ស​ជា​អនេក អាច​នឹង​នាំ​បណ្ដាល​ឱ្យ​សេចក្ដី​ចម្រើន​កុះ​ករ​ដោយ​ដោយ​វិជ្ជា​សេចក្ដី​ឈ្លាស​គ្រប់​យ៉ាង​ផង សេចក្ដី​ព្យាយាម​ឈ្មោះ​ថា​ដូច​ជា​ចន្ទល់ ជួយ​ជ្រោមជ្រែង​ឱ្យ​បាន​សុខ​ក្សេមក្សាន្ត​ដល់​មនុស្ស​អ្នក​ប្រាថ្នា​ល្អ និង​បាន​កន្លង​បង់​នូវ​ទុក្ខ​គ្រប់​យ៉ាង​មាន​ទុក្ខ​និង​ក្រី​ក្រ​ទ្រព្យ​សម្បត្តិ​និង​ល្ងង់​ខ្លៅ​ជា​ដើម សេចក្ដី​ព្យាយាម​ឈ្មោះ​ថា​ជា​ទម្ពក់​ថ្ពក់​យក​នូវ​សេចក្ដី​សេចក្ដី​ចម្រើន ឱ្យ​ចូល​មក​ក្នុង​កណ្ដាប់​ដៃ​របស់​ខ្លួន​បាន សេចក្ដី​ព្យាយាម​នេះ​ព្រះ​សម្ពុទ្ធ​លោកុត្តមាចារ្យ ព្រះ​អង្គ​ទ្រង់​សម្ដែង​ទុក​មក​ឃើញ​ក្នុង​ធម៌​ច្រើន​ស្ថាន​ណាស់ ដូច​ក្នុង​ឥន្រ្តិយ ៥ ហៅ​ថា វីរិយិន្រ្ទិយំ ក្នុង​ពល ៥ ហៅ​ថា​វីរិយ​ ពលំ ក្នុង​ពោជ្ឈង្គ ៧ ហៅ​ថា វីរិយសម្ពោជ្ឈង្គោ ក្នុង​អង្គ​មគ្គ ៨ ហៅ​ថា សម្មាវាយាមា ក្នុង​វេសារជ្ជករណធម៌ ហៅ​ថា វិរិយំ សព្ទ​ទាំងអស់​នេះ រួម​មក​ហៅ​ថា ព្យាយាម​តែ​មួយ​ម៉ាត់​ប៉ុណ្ណេះ ក៏​ពាក្យ​ថា​ព្យាយាម គឺ​ជា​ពាក្យ​សំស្ក្រឹត​ក្លាយ​មក​ពី​ពាក្យ​ថា វ្យាយាម ប្រែ​ថា ឈាន​ទៅ​មិន​ឈប់ ក៏​ឯ​ពាក្យ​ថា​ព្យាយាម​នេះ មាន​សព្ទ​សម្គាល់​​ហៅ​ផ្លាស់​ប្ដូរ​តាម​លក្ខណៈ​ច្រើន​យ៉ាង​ទៅ​ទៀត ដូច​ពាក្យ​ថា វីរិយ ព្រោះ​ជា​ហេតុ​ក្លៀវ​ក្លា​មិន​រួញ​រា ឧដ្ឋាន ព្រោះ​ជា​ហេតុ​ខ្មីឃ្មាត​រលះ​រលាំង ធិតិ​ព្រោះ​ជា​ហេតុ​តាំង​នៅ​មាំ​មួន អដ្ឋិតិ ព្រោះ​ជា​ហេតុ​ខ្ជាប់​ខ្ជួន​មិន​បង្អង់ វាយាមៈ ព្រោះ​ជា​ហេតុ​ឈាន​ទៅ​មិន​ឈប់ បរក្កម ព្រោះ​ជា​ហេតុ​មិន​ត្រឡប់​ថយ​ក្រោយ បធានៈ ព្រោះ​ជា​ហេតុ​តាំង​ផ្ដួច​ផ្ដើម​មិន​ផ្អាក​ទុក​ទាំង​កណ្ដាល​ការ​ដែល​ត្រូវ​ធ្វើ បគ្គាហៈ ព្រោះ​ជា​ហេតុ​ផ្គូផ្គង​ជាប់​ត​ៗ​ទៅ សព្ទ​ទាំងនេះ​សុទ្ធ​តែ​ជា​លក្ខណៈ​​របស់​វីរិយ ជា​ពាក្យ​សម្រាប់​ប្រើ​ផ្លាស់​ប្ដូរ​កុំ​ឱ្យ​សាំ​ដដែលៗ តែ​ក៏​គង់​រួម​ខ្លី​មក​ហៅ​ថា ព្យាយាម ដូច​គ្នា​ក៏​បាន ។ ព្រោះ​ហេតុ​ដូច្នោះ ជន​ទាំងឡាយ​គ្រប់​ចំពួក​គួរ​តែ​ខំ​ប្រឹង​ប្រែង ស្វះ​ស្វែង​រក​វិជ្ជា​សម្រាប់​ដៃ​របស់​ខ្លួន ឬ​ស្វែង​រក​ធនធាន​ទ្រព្យ​សម្បត្តិ​ឱ្យ​ត្រូវ​តាម​សម្មា​អាជីវៈ​ក្នុង​ផ្លូវ​សុចរិត​ទាំងអស់ មួយ​វិញ​ទៀត អ្នក​ដែល​មាន​កូន​ចៅ​ត្រូវ​តែ​ដាស់​តឿន​និង​ជួយ​ទំនុក​បម្រុង​ផ្ចុងផ្ដើម​កូន​ចៅ​បង​ប្អូន​របស់​ខ្លួន ឱ្យ​ខំ​សិក្សា​រៀន​សូត្រ​ឱ្យ​មាំ​មួន​ទាន់​វា​មាន​វ័យ​នៅ​ក្មេង កុំ​បណ្ដែត​បណ្ដោយ​តាម​ទំនើង​អំពី​ចិត្ត​ក្មេង​នោះ​ឡើយ ។ សម្ដែង​រៀប​រាប់​ក្នុង​វីរិយ​កថា ក៏​សន្មត​ថា​ចប់​ដោយ​ប្រការ​ដូច្នេះ​ឯង ។ [១]គំនិត​ឡេះឡោះ ។ [២]ប្រែ​ជា​ពូជ​ពង្ស​នៃ​ព្រះ​អាទិត្យ ព្រោះ​សម័យ​ដើម​ពួក​ក្សត្រ​ប្រកាន់​ថា​គេ​ជា​វង្ស​ត្រកូល​នៃ​ព្រះ​អាទិត្យ ។ ប្រភព ៖ ទស្សនាវដ្ដីកម្ពុជសុរិយា ឆ្នាំ១៩៣៧ ខ្សែទី៩ ដោយ៥០០០ឆ្នាំ
images/articles/3054/_____________________.jpg
​តិរច្ឆានកថា និងថា​វត្ថុ១០យ៉ាង
ផ្សាយ : ១៩ កញ្ញា ឆ្នាំ២០២១
​តិរច្ឆានកថា ដែល​ជា​ពាក្យ​គឺ​អ្នក​ប្រាជ្ញ​ទាំងឡាយ​មាន​ព្រះ​ពុទ្ធ​ជា​ដើម តែង​តិះ​ដៀល​ថា ជា​ពាក្យ​មិន​ពីរោះ​មិន​ជា​ទី​នាំ​មក​នូវ​សម្បត្តិ​សួគ៌​និង​សម្បត្តិ​និព្វាន តាម​ន័យ​ដូច​មាន​ក្នុង​គម្ពីរ​ទសកង្គុត្តរ​ព្រម​ទាំង​អដ្ឋកថា និង​ពាក្យ​ដែល​មាន​ក្នុង​ទុព្ភាសិតវណ្ណនា​ប៉ែក​ខាង​វិន័យ និង​ពាក្យ​ដែល​មាន​ក្នុង​គម្ពីរ​ធម្មបទ​ដ្ឋកថា ដូច្នេះ​ជា​ដើម​ថា ៖ អ្នក​ជា​ចោរ អ្នក​ជា​ជន​ពាល អ្នក​ជា​មនុស្ស​វង្វេង អ្នក​ជា​ឱដ្ឋ អ្នក​ជា​គោ អ្នក​ជា​លា អ្នក​ជា​សត្វ​នរក អ្នក​ជា​សត្វ​តិរច្ឆាន អ្នក​មិន​មាន​សេចក្ដី​សុខ អ្នក​មាន​តែ​សេចក្ដី​ទុក្ខ បើ​ភិក្ខុ​ពោល​ឡក​ឡាយ ចំអក​ចំអន់​ជេរ​ប្រទេច​គេ​ដោយ​ពាក្យ​ទាំង១០ម៉ាត់​នេះ នឹង​ត្រូវ​អាបត្តិទុព្ភាសិត​រាល់ៗម៉ាត់ បើ​សាមណេរ​នឹង​ត្រូវ​ទណ្ឌកម្ម បើ​គ្រហស្ថ​នឹង​ត្រូវ​ទោស​ក្នុង​វចីកម្ម​មិន​លែង​ឡើយ ។ ប៉ុន្តែ​ក្នុង​ទី​នេះ មាន​បំណង​នឹង​អធិប្បាយ​នូវ​តិរច្ឆានកថា២៦ម៉ាត់​ដែល​មាន​ក្នុង​គម្ពីរ​ទេសកង្គុត្តរ ព្រម​ទាំង​អដ្ឋកថា ដូច​មាន​សេចក្ដី​ទៅ​នេះ ១- រាជកថំ និយាយ​អំពី​ស្ដេច​ថា មាន​អានុភាព​ធំ​យ៉ាង​នេះៗ ឬ​និយាយ​ថា ស្ដេច​ឯ​ណោះ​មាន​រូប​ល្អ​គួរ​ជា​ទី​ពិត​ពិល​រមិល​មើល ដូច្នេះ​ជា​ដើម (ដោយ​តម្រេក មិន​គួរ បើ​និយាយ​ថា ស្ដេច​ទាំង​នោះ​មាន​បុណ្យ​គួរ​ជា​ទី​អស្ចារ្យ ហើយ​មាន​សទ្ធា​ជ្រះ​ថ្លា ឬ​និយាយ​ថា សូម្បី​មាន​បុណ្យ​ដល់​ម្ល៉ោះ ​គង់​ធន់​ទ្រាំ​នឹង​មច្ចុរាជ​មិន​បាន ដូច្នេះ​ទើប​គួរ) ។ ២- ចោរ​កថំ និយាយ​អំពី​មូល​ទេវចោរ មេឃ​មាល​ចោរ​ថា មាន​អានុភាព​ធំ​យ៉ាង​នេះៗជា​ដើម ។ ៣- មហាមត្តកថំ និយាយ​អំពី​មហា​មាត្យ​ខ្លាំង​ពូកែ​ជា​ដើម ។ ៤- សេនាកថំ និយាយ​អំពី​ពល​សេនា ឬ​និយាយ​អំពី​កង​ទ័ព​ជើង​គោក​មាន​អង្គ៤ គឺ ដំរី សេះ រថ ពល​ថ្មើរ​ជើង​ជា​ដើម ។ ៥- ភយកថំ និយាយ​អំពី​ភ័យ (អារម្មណ៍គួរ​ខ្លាច) ជា​ដើម ។ ៦- យុទ្ធកថំ និយាយ​អំពី​ចម្បាំង​ភារតៈ ដោយ​ពាក្យ​ថា ជន​ឈ្មោះ​ឯ​ណោះ គឺ​ជន​ឯ​ណោះ​សម្លាប់​ហើយជា​ដើម ។ ៧- អន្នកថំ និយាយ​អំពី​បាយ ។ ៨- បានកថំ និយាយ​អំពី​ទឹក​ថា ខ្ញុំ​ស៊ី​បាយ​ផឹក​ទឹក​មាន​សម្បុរ​យ៉ាង​នេះ មាន​រស​យ៉ាង​នេះ ឬ​ថា ទឹក​ប្រៃ សាប​ជា​ដើម ។ ៩- វត្ថកថំ និយាយ​អំពី​សំពត់ ។ ១០- សយនកថំ និយាយ​អំពី​ទី​ដំណេក ។ ១១- មាលាកថំ និយាយ​អំពី​កម្រង​ផ្កា ។ ១២- គន្ធកថំ និយាយ​អំពី​គ្រឿង​ក្រអូប។ (បើ​និយាយ​ថា ខ្ញុំ​បាន​ថ្វាយបាយ ទឹក សំពត់ ដំណេក កម្រង​ផ្កា គ្រឿង​ក្រអូប ដល់​អ្នក​មាន​សីល ឬ​ដល់​ចេតិយ​ដូច្នេះ ទើប​គួរ ។ ១៣- ញាតិកថំ និយាយ​អំពី​ញាតិ​ថា ញាតិ​របស់​យើង​ក្លៀវ​ក្លា​ ឬ​ថាញាតិ​របស់​យើង​តែង​ត្រាច់​​ទៅ​ដោយ​យាន​ជំនិះ​ដ៏​វិចិត្រ​យ៉ាង​នេះៗ ដោយ​តម្រេក មិន​គួរបើ​និយាយ​ថា ញាតិ​របស់​យើង​តែង​ធ្វើ​កម្ម​ជា​ប្រយោជន៍ ឥឡូវ​លោក​ធ្វើ​កាល​កិរិយា​ស្លាប់​ទៅ​ហើយ ដូច្នេះ ទើប​គួរ ។ ១៤- យានកថំ និយាយ​អំពី​យាន​ជំនិះ​ថា ខ្ញុំ​តែង​ត្រាច់​ទៅ​ដោយ​យាន​ជំនិះ​យ៉ាង​នេះ ៗ ជា​ដើម បើ​និយាយ​ពាក្យ​ដូច្នេះ​ដោយ​តម្រេក មិន​គួរ​បើ​និយាយ​ថា ពី​មុន​ខ្ញុំ​បាន​ថ្វាយ​ស្បែក​ជើង​យ៉ាង​នេះ​ដល់​សង្ឃ​ដូច្នេះ​ជា​ដើម ទើប​គួរ ។ ១៥- តាមកថំ និយាយ​អំពី​អ្នក​ស្រុក ដូច​ពាក្យ​ថា អ្នក​ស្រុក​ឯ​ណោះ​ជា​អ្នក​ក្លៀវ​ក្លា​ដោយ​អំណាច​មាន​លំ​នៅ​ស្ដុក​ស្ដម្ភ មាន​បាយ​បរិភោគ​ងាយ អ្នក​ស្រុក​ឯ​ណោះ​មិន​ក្លៀវ​ក្លា ដោយ​អំណាច​មាន​លំដៅ​មិន​ស្ដុក​ស្ដម្ភ មាន​បាយ​ស៊ី​ក៏​ក្រ ពោល​ដូច្នេះ​ជា​ដើម​ដោយ​តម្រេក មិន​គួរ បើ​ពោល​ថា អ្នក​ស្រុក​ឯ​ណោះ​ធ្វើ​កម្ម​ជា​ប្រយោជន៍ មាន​សទ្ធា​ថា​ឥឡូវ​ធ្វើ​កាល​កិរិយា​ស្លាប់​ទៅ​ហើយ ដូច្នេះ​ទើប​គួរ ។ ១៦- និគមកថំ និយាយ​អំពី​អ្នក​និគមស្រុក​ដែល​មាន​ពួក​អ្នក​ជំនួញ​ជើង​គោក​ច្រើន ។ ១៧- នគរកថំ និយាយ​ពី​ក្រុង (ទី​ប្រជុំ​មនុស្ស​បរិបូណ៌) ។ ១៨- ជនបទកថំ និយាយ​អំពី​អ្នក​ជន​បទ ប្រទេស​ជាប់​ដោយ​មនុស្ស​ជាតិ​ដេរ​ដាស ឬ​ប្រទេស​ជា​ផ្លូវ​ដើរ​ចេញ​ចូល​របស់​ជន ពាក្យ​ទាំង៣ម៉ាត់ គឺ​និគមកថំ នគរកថំ នឹង​ជន​បទកថំ មាន​អធិប្បាយ​ដូច​តាមកថំ​ដែរ ។ ១៩- ឥត្ថីកថំ និយាយ​អំពី​ស្រី​ថា មាន​រូប​ល្អ ទ្រង់​ទ្រាយ​ល្អ​ជា​ដើម ដោយ​តម្រេក មិន​គួរ បើ​និយាយ​អំពី​ស្រី​ថា មាន​រូប​ល្អ ទ្រង់​ទ្រាយ​ល្អ​ជា​ដើម ដោយ​តម្រេក មិន​គួរ បើ​និយាយ​ថា ស្រី​មាន​សទ្ធា​ជ្រះ​ថ្លា ឥឡូវ​ធ្វើ​កាល​កិរិយា​ស្លាប់​ទៅ​ហើយ ដូច្នេះ ទើប​គួរ ។ ២០- សូរកថំ និយាយ​អំពី​យោធា​ឈ្មោះ​នន្ទមិគ​ដ៏​ក្លៀវ​ក្លា ដូច្នេះ​ជា​ដើម ដោយ​សេចក្ដី​តម្រេក មិន​គួរ បើ​និយាយ​ថា យោធា​នោះៗ មាន​សេចក្ដី​ជ្រះ​ថ្លា ឥឡូវ​ធ្វើ​កាល​កិរិយា​ស្លាប់​ទៅ​ហើយ ដូច្នេះ ទើប​គួរ​ឬ​និយាយ​អំពី​ទឹក​ស្រវឹង​ច្រើន​ប្រការ​ដោយ​តម្រេក មិន​គួរ បើ​និយាយ​ដោយ​អំណាច​ទោស​គួរ​ខ្លាច គួរ​រាង​ចាល ទើប​គួរ ។ ២១- វិសិខាកថំ និយាយ​អំពី​ច្រក​តូច​ច្រក​ធំ ដូច​ពាក្យ​ថា ច្រក​ឯ​ណោះ​មាន​មនុស្ស​ក្លៀវ​ក្លា ដោយ​អំណាច​មាន​ទី​លំ​នៅ​ស្ដុក​ស្ដម្ភ មនុស្ស​ក្នុង​ច្រក​ឯ​ណោះ មិន​ក្លៀវ​ក្លា ព្រោះ​មាន​ទី​លំ​នៅ​មិន​ស្ដុក​ស្ដម្ភ ពោល​ដូច្នេះ​ដោយ​តម្រេក មិន​គួរ បើ​ពោល​ថា មនុស្ស​ក្នុង​ច្រក​ឯ​ណោះៗ មាន​សទ្ធា​ជ្រះ​ថ្លា ឥឡូវ​ធ្វើ​កាល​កិរិយា​ស្លាប់​ទៅ​ហើយ ដូច្នេះ​ទើប​គួរ ។ ២២- កុម្ភទាសីកថំ និយាយ​អំពី​ខ្ញុំ​ស្រី​អ្នក​ដង​ទឹក ដោយ​ពាក្យ​ថា ស្រី​នេះ​ឈ្លាស​ក្នុង​ការ​រាំ​នឹង​ច្រៀង​គួរ​ជា​ទី​មើល​គួរ​ជា​ទី​មើល​គួរ​ជា​ទី​ស្ដាប់ ពោល​ដូច្នេះ​ជា​ដើម ដោយ​តម្រេក មិន​គួរ បើ​ពោល​ថា ទាសី​នោះ​មាន​សទ្ធា​ដូច្នេះ ទើប​គួរ ។ ២៣- បុព្វបេតកថំ និយាយ​អំពី​ញាតិ​ដែល​ធ្វើ​កាល​កិរិយា​ទៅ​កាន់​បរលោក​ហើយ សេចក្ដី​អធិប្បាយ​ដូច​ក្នុង​ញាតិ​ថា​ដែរ ។ ២៤- នានត្តកថំ និយាយ​ពាក្យ​ផ្សេងៗ ដែល​សេស​សល់​ចាកវិមុត្តិ គឺ​ពាក្យ​ផ្ដេស​ផ្ដាស​មិន​ជា​ប្រយោជន៍ ។ ២៥- លោកក្ខាយិថំ និយាយ​ពាក្យ​រៀប​រាប់​នូវ​អាយតនៈរបស់​លោក​និង​ចំពុះ​របស់​សត្វ ដូច​ពាក្យ​ថា អ្នក​ណា​និម្មិត​លោក អ្នក​ឯ​ណោះ​និម្មិត​លោក ក្អែក​ស​ព្រោះ​មាន​ឆ្អឹង​ស កុក​ក្រហម ព្រោះ​មាន​ឈាម​ក្រហម​ដូច្នេះ​ជា​ដើម ។ ២៦- សមុទ្ទក្ខាយិកំ និយាយ​អំពី​សមុទ្ទ ដូច​ពាក្យ​ថា សមុទ្ទ​ជ្រៅ​យ៉ាង​ណា ដូច្នេះ​ជា​ដើម ។ ពាក្យ​ទាំង ២៦ ម៉ាត់​នេះ​ជា​តិរច្ឆានកថា គ្រហស្ថ​និង​បព្វជិត​មិន​ត្រូវ​ពោល​ឡើយ ។ កាល​បើ​គ្រហស្ថ​និង​បព្វជិត​ទាំងឡាយ បាន​វៀរ​ចាក​តិរច្ឆានកថា​ទាំង​នេះ​រួច​ហើយ ត្រូវ​ខំ​ព្យាយាម​ពោល​នូវ​កថា​វត្ថុ១០យ៉ាង​ចុះ ព្រោះ​កថា​វត្ថុ​ទាំង ១០ យ៉ាង​នេះ ជា​ទី​សប្បាយ​របស់​ព្រហ្មចារី​បុគ្គល ហើយ​ជា​ពាក្យ​រាប់​ចូល​ក្នុង​សុភាសិត​សូត្រ​ផង ។ ឯ​កថា​វត្ថុ​ទាំង១០យ៉ាង​នោះ​គឺ អប្បិច្ឆកថា និយាយ​នូវ​ពាក្យ​ដែល​នាំ​មក​នូវ​គុណ​គឺ​សេចក្ដី​មិន​ប្រាថ្នា​ប្រការ ១ សន្ដុដ្ឋីកថា និយាយ​នូវ​ពាក្យ​នាំ​ឱ្យ​កើត​សេចក្ដី​សន្ដោស ប្រការ ១ បវិវេក កថា និយាយ​នូវ​ពាក្យ​ដែល​ដល់​នូវ​សេចក្ដី​វិវេក (ការ​ស្ងាត់) មាន​កាយ​វិវេក​ជា​ដើម ប្រការ ១ អសំសគ្គកថា និយាយ​សរសើរ​នូវ​សេចក្ដី​ប្រតិបត្តិ​ដែល​មិន​ច្រឡំ​ដោយ​ពួក​ដោយ​គណៈ ​ប្រការ ១ កិរិយា​រម្ភកថា និយាយ​នូវ​វិធី​ដែល​ប្រាថ្នា​នូវ​សេចក្ដី​ព្យាយាម​ប្រការ ១ សីលកថា និយាយ​អំពី​សីល​ប្រការ ១ សមាធិកថា និយាយ​អំពី​សមាធិ ​ប្រការ​១ បញ្ញាកថា និយាយ​អំពី​វិបស្សនា​បញ្ញា ​ប្រការ ១ វិមុត្តិកថា និយាយ​អំពី​អរហត្តផល​វិមុត្តិ​ ប្រការ ១ វិមុត្តិញ្ញាណទស្សនកថា និយាយ​អំពី​បច្ចវេក្ខណញ្ញាណ ​ប្រការ ១ ។ រួម​ជា​កថា​វត្ថុ១០ប្រការ កថា​វត្ថុ​ទាំង១០ប្រការ​នេះ​ឯង​ហើយ​ដែល​ហៅ​ថា សប្បាយ​កថា រាប់​ថា​ជា​សុភាសិត ។ សុភាសិត​ដែល​រៀប​រៀង​មក​ក្នុង​ទី​នេះ ​ដក​ស្រង់​មក​អំពី​គម្ពីរ​មង្គលត្ថទីបនី​អដ្ឋកថា​មង្គល​សូត្រ​និង​គម្ពីរ​អង្គុត្តរ​និកាយ​ទសកនិបាត​​ ព្រម​ទាំង​គម្ពីរ​ធម្មបទ​ដ្ឋកថា​ខុន្ទកនិកាយ ​និង​គម្ពីរ​ព្រះ​វិសុទ្ធិមគ្គ ជា​សេចក្ដី​សង្ខេប​គ្រប់​អន្លើ មិន​បាន​ជា​សេចក្ដី​ពិស្ដារ​ទេ ក៏​សន្មត​ថា​ចប់​សុភាសិតកថា​តែ​ប៉ុណ្ណេះ ។ កាល​បើ​ចប់​ហើយ សូម​ផ្សាយ​សេចក្ដី​សុខ​សេចក្ដី​ចម្រើន​គ្រប់​ប្រការ​ដល់​អស់​លោក​អ្នក​ដែល​បាន​មើល​បាន​ស្ដាប់​សព្វៗកាល​ទៅ​ហោង ៕ ដោយ៥០០០ឆ្នាំ
images/articles/3057/54w3erswe.jpg
កម្មដ្ឋាន៤០
ផ្សាយ : ១៩ កញ្ញា ឆ្នាំ២០២១
កម្មដ្ឋាន ៤០ គឺ កសិណ ១០ អសុភ ១០ អនុស្សតិ ១០ ព្រហ្មវិហារ ៤ អារុប្ប ៤ សញ្ញា ១ វវដ្ឋាន ១ រួមជា ៤០។ កសិណ ១០ ១. បឋវីកសិណ យកដីធ្វើជាវង់កសិណ។ ២.អាបោកសិណ យកទឹកធ្វើជាវង់កសិណ។ ៣. តេជោកសិណ យកភ្លើងធ្វើជាវង់កសិណ។ ៤. វាយោកសិណ យកខ្យល់ធ្វើជាកសិណ។ ៥. នីលកសិណ យកវត្ថុមានពណ៌ខៀវជាកសិណ។ ៦. បីតកសិណ យកវត្ថុមានពណ៌លឿងជាកសិណ។ ៧. លោហិតកសិណ យកវត្ថុមានពណ៌ក្រហមជាកសិណ។ ៨. ឱទាតកសិណ យកវត្ថុមានពណ៌សជាកសិណ។ ៩. អាកាសកសិណ យកអាកាសដែលកំណត់ទុកជាកសិណ។ ១០. អាលោកកសិណ យកពន្លឺជាកសិណ។ អសុភ ១០ ១. ឧទ្ធុមាតក អសុភហើមពោរពងឡើង។ ២. វិនីលក អសុភហើមមានពណ៌ខៀវដោយច្រើន។ ៣. វិបុព្វក អសុភហើមមានខ្ទុះហូរទៅក្នុងខាងលើ ខាងក្រោម។ ៤. វិច្ឆិទ្ទក អសុភដែលគេកាត់ដាច់ពាក់កណ្តាលខ្លួន។ ៥. វិក្ខាយិតក អសុភដែលសត្វខាំកកេរស៊ីមានសំណាមរលុះរលាយផ្សេងៗ។ ៦. វិក្ខិត្តក អសុភដែលគេកាត់ដាច់ចេញពីគ្នាជាកំណាត់ៗ រាត់រាយទៅផ្សេងៗ។ ៧. ហតវិក្ខិត្តក អសុភដែលគេកាប់សាប់មានស្នាមសាំរវាម។ ៨. លោហិតក អសុភត្រូវប្រហារមានឈាមហូរស្រោចស្រប។ ៩. បុឡូវក អសុភមានដង្កូវចុះហូរចេញតាមទ្វារទាំង ៩។ ១០. អដ្ឋិក អសុភមានតែរាងឆ្អឹងរាត់រាយខ្ចាត់ខ្ចាយទៅផ្សេងៗ។ អនុស្សតិ ១០ ១. ពុទ្ធានុស្សតិ សេចក្តីរលឹករឿយៗ មានពុទ្ធគុណជាអារម្មណ៍។ ២. ធម្មានុស្សតិ សេចក្តីរលឹករឿយៗ មានធម្មគុណជាអារម្មណ៍។ ៣. សង្ឃានុស្សតិ សេចក្តីរលឹករឿយៗ មានសង្ឃគុណជាអារម្មណ៍។ ៤. សីលានុស្សតិ សេចក្តីរលឹករឿយៗ មានសីលជាអារម្មណ៍។ ៥. ចាគានុស្សតិ សេចក្តីរលឹករឿយៗ មានចាគគុណជាអារម្មណ៍។ ៦. ទេវតានុស្សតិ សេចក្តីរលឹករឿយៗ មានសទ្ធាទិគុណរបស់ទេវតា និងសទ្ធាទិគុណ​របស់​ខ្លួន​ជា​អារម្មណ៍។ ៧. មរណានុស្សតិ សេចក្តីរលឹករឿយៗ មានសេចក្តីស្លាប់ជាអារម្មណ៍។ ៨. កាយគតាសតិ សេចក្តីរលឹកតាំងចុះក្នុងកាយ មានកោដ្ឋាសនិមិត្ត [និមិត្តរបស់​ចំណែក​នៃ​អាការៈ​ទាំង ៣២ មានសក់ជាដើម(នៃអាការៈ មានសក់ជាដើមជាអារម្មណ៍)។ ៩. អានាបានស្សតិ សេចក្តីរលឹក មានអស្សាសបស្សាសនិមិត្ត (និមិត្តរបស់ខ្យល់​ដង្ហើម​ចេញ​ចូល។)ជាអារម្មណ៍។ ១០. ឧបសមានុស្សតិ សេចក្តីរលឹករឿយៗ មានគុណរបស់ព្រះនិព្វានដែល​ជាទីរម្ងាប់​នូវទុក្ខ​ទាំង​ពួងជាអារម្មណ៍។ ព្រហ្មវិហារ ៤ ១. មេត្តា ផ្សាយមេត្តាដល់សព្វសត្វទាំងអស់។ ២. ករុណា ផ្សាយករុណាដល់សព្វសត្វទាំងអស់។ ៣. មុទិតា ផ្សាយមុទិតាដល់សព្វសត្វទាំងអស់។ ៤. ឧបេក្ខា ផ្សាយឧបេក្ខាដល់សព្វសត្វទាំងអស់។ អារុប្ប ៤ ១. អាកាសនញ្ចាយតនៈ យកអាកាសក្នុងបដិភាគនិមិត្ត ដែលកើតអំពីកសិណ ៩ លើកអាកាសកសិណ​ចេញ ដែលមិនមានទីបំផុតជាអារម្មណ៍។ ២. វិញ្ញាណញ្ចាយតនៈ ស្រាវយកអរូបវិញ្ញាណទី១ ដែលផ្សាយទៅមិនមាន​ទីបំផុត​មក​ជា​អារម្មណ៍។ ៣. អាកិញ្ចញ្ញាយតនៈ កំណត់យកអរូបវិញ្ញាណទី១ ដែលផ្សាយទៅមិនមាន​កង្វល់តិច​តួច​មក​ជាអារម្មណ៍។ ៤. នេវសញ្ញានាសញ្ញាយតនៈ កំណត់យកសេចក្តីល្អិតរបស់អរូបវិញ្ញាណទី២ ដែល​មាន​ស្ទើរ​តែនឹងមិនមានមកជាអារម្មណ៍។ សញ្ញា ១ សញ្ញានោះ សំដៅយក អាហារេបដិកូលសញ្ញា ដែលយោគាវចរពិចារណា​អាហារ​ដោយ​បដិកូល។ វវដ្ឋាន ១ វវដ្ឋាននោះ សំដៅយកចតុធាតុវវដ្ឋាន ដែលព្រះយោគាវចរពិចារណាកំណត់ធាតុទាំង ៤ ក្នុង​ករជកាយ។ រួមទាំងអស់ ត្រូវជាកម្មដ្ឋាន ៤០។ ដោយ៥០០០ឆ្នាំ (ប្រភព)
images/articles/3137/202____________ook.jpg
វីរិយាធិដ្ឋាន (ការតាំងចិត្តអធិដ្ឋាននូវសេចក្ដីព្យាយាម)
ផ្សាយ : ១៩ កញ្ញា ឆ្នាំ២០២១
ម្នាលភិក្ខុទាំងឡាយ តថាគតផ្គងទុកនូវសេចកី្តព្យាយាម មិនរួញរាថា ១,២,៣-‘កាមំ តចោ ច ន្ហារុ ច អដ្ឋិ ច អវសិស្សតុ, ស្បែក សរសៃ ឆ្អឹង សូមឲ្យសល់នៅចុះ ៤-សរីរេ ឧបសុស្សតុ មំសលោហិតំ, សាច់ និងឈាម ក្នុងសរីរៈ ចូរហួតហែងទៅចុះ -យំ តំ បុរិសថាមេន បុរិសវីរិយេន បុរិសបរក្កមេន បត្តព្ពំ ន តំ អបាបុណិត្វា វីរិយស្ស សណ្ឋានំ ភវិស្សតី’តិ គុណវិសេសណាដែលបុគ្គលគួរបានដល់ ដោយកម្លាំងរបស់បុរស, ដោយព្យាយាមរបស់បុរស, ដោយសេចកី្តប្រឹងប្រែង របស់បុរស, (បើ) មិនទាន់បានដល់ នូវគុណវិសេសនោះទេ នឹងមិនបញ្ឈប់នូវសេចកី្តព្យាយាមទៅវិញឡើយ។ តស្ស មយ្ហំ, ភិក្ខវេ, អប្បមាទាធិគតា សម្ពោធិ, អប្បមាទាធិគតោ អនុត្តរោ យោគក្ខេមោ ម្នាលភិក្ខុទាំងឡាយ ពោធិញ្ញាណនៃតថាគត បានសម្រេចហើយដោយសេចកី្តមិនប្រមាទ ធម៌ជាគ្រឿងក្សេមចាកយោគៈដ៏ប្រសើរ ក៏តថាគតបានសម្រេច ដោយសេចកី្តមិនប្រមាទដែរ ។ (សុត្តន្តបិដក » អង្គុត្តរនិកាយ » ទុកនិបាតបាឡិ » កម្មករណវគ្គ ឧបញ្ញាតសូត្រ) «ក្នុងពេលនេះ រាងកាយរបស់យើងមានសេចក្ដីឈឺចាប់ ព្រោះមានរបួសស្លាកស្នាម ក៏ពិតមែនហើយ តែយើងមិនបណ្ដែតបណ្ដោយឲ្យចិត្តកម្រើកញាប់ញ័រទេ ព្រោះយើងដឹងថា អ្នកដែលទន់ខ្សោយ គ្មានខន្តី មិនចេះអត់ធន់ មុខជានឹងធ្លាក់ទៅរងទុក្ខក្នុងនរកពុំខាន, តើអ្នកណានឹងចង់ធ្លាក់ចុះទៅរងទុក្ខវេទនាក្នុងនរកដែលឥតមានទីបំផុតនុ៎ះ? មួយវិញទៀត បើយើងបានបំពេញមេត្តាចិត្តចំពោះសត្វលោកបរិបូណ៌ហើយ, យើងត្រូវរួសរាន់ ឲ្យឆាប់បានដល់សម្មាសម្ពោធិញ្ញាណកុំបង្អង់, យើងនឹងបានស្រោចស្រង់ចម្លងសត្វ ដែលប្រកបដោយទុក្ខលំបាកយ៉ាងនេះ យកទៅដាក់ដល់ឋានបរមសុខគឺព្រះនិព្វានដូចបំណង» ។ «នែចិត្ត ! ហេតុអ្វីក៏ឯងញាប់ញ័ររន្ធត់ ? ចូរឯងមានខន្តីប្រឹងអត់សង្កត់ចំពោះការឈឺចាប់យ៉ាងតិចតួចស្ដួចស្ដើងនេះឲ្យបាន ! សត្វលោកទាំងអស់សុទ្ធសឹងតែជាអ្នកព្យាធិទុក្ខ មានចំនួនរាប់រយពាន់និន្ទាយាយីជានិច្ច, ចូរឯងសម្លឹងមើលចុះ ! សត្វទាំងនោះមិនមានទីពឹង ពំនាក់ពាក់អាស្រ័យទេ សុទ្ធសឹងតែរស់នៅក្នុងអំណាចនៃតណ្ហាទាំងអស់ ។ ឱអាត្មាអញអើយ ! មានតែឯងនេះហើយតើ ដែលត្រូវជួយស្រោចស្រង់ចម្លងសត្វទាំងអស់នោះ, បើឯងបណ្ដែតបណ្ដោយខ្លួនឲ្យលុះក្នុងអំណាចនៃការឈឺចាប់បន្តិចបន្តួចយ៉ាងនេះ, តើឯងមិនអៀនខ្មាសទេឬ?» (សិពិរាជវចន) « បណ្ដាពពួកត្រីតូច ៗ ច្រើនមីរដេដាស, ត្រីដែលអាចធាត់ធំឡើងបាននោះ, មានតិចពេកណាស់ យ៉ាងណាមិញ, មួយវិញទៀត, បណ្ដាផ្លែស្វាយទាំងឡាយ ផ្លែដែលជាប់នៅមិនជ្រុះ លុះដល់ពេញចំណាស់បាននោះ កម្រមានណាស់ យ៉ាងណាមិញ ចំណែកខាងការបានសម្រេចរបស់ព្រះពោធិសត្វទាំងឡាយក៏យ៉ាងនោះដែរ ។ អ្នកដែលតាំងផ្ដើមសេចក្ដីប្រាថ្នាជាពោធិសត្វនោះ មានចំនួនច្រើនពិតមែនហើយ ប៉ុន្តែកម្រមានអ្នកណាបានដល់ទីបំផុតណាស់, ត្រាតែអ្នកដែលមានព្យាយាមមិនដាក់ធុរៈចុះ ខំប្រឹងប្រព្រឹត្តទុក្ករចរិយាយ៉ាងម៉ឺងម៉ាត់ ឥតរួញរាថយក្រោយវិញនោះ ទើបសន្មតថាជាព្រះពោធិសត្វក្នុងអនាគតកាលបាន ។ ហេតុនោះ អ្នកដែលត្រូវការចង់ឲ្យបានដល់ភាពជាព្រះពោធិសត្វពិត ៗ ត្រូវបញ្ចេញទឹកចិត្តខ្ជាប់ខ្ជួនមាំមួនឥតរួញរារំភើបញាប់ញ័រឃ្លេងឃ្លោង បង្ហាញដល់អ្នកដទៃឲ្យឃើញផង » ។ (ឥន្ទ្រាវចន) ដោយសន្តិទេវ ដោយ​៥០០០​ឆ្នាំ​
images/articles/3139/2021tbook.jpg
ត្រូវថែរក្សាព្រះធម៌វិន័យ
ផ្សាយ : ១៩ កញ្ញា ឆ្នាំ២០២១
ព្រះដ៏មានព្រះភាគទ្រង់ត្រាស់ថា ល្អណាស់ហើយឧបសេន ភិក្ខុមិនត្រូវបញ្ញត្ដនូវសិក្ខាបទដែលតថាគត មិនទាន់បានបញ្ញត្ដហើយ ម្យ៉ាងទៀតមិនត្រូវដកនូវសិក្ខាបទដែលតថាគតបញ្ញត្ដហើយ ត្រូវប្រព្រឹត្ដកាន់យកតាមសិក្ខាបទដែលតថាគតបានបញ្ញត្ដទុកហើយ ឧបសេន តថាគតអនុញ្ញាតឲ្យភិក្ខុអ្នកប្រព្រឹត្ដនៅព្រៃ អ្នកប្រព្រឹត្ដបិណ្ឌបាត នឹងប្រព្រឹត្ដបង្សុកូលចូលទៅរកតថាគតតាមសប្បាយចុះ ។ (វិនយបិដក មហាវិភង្គ និស្សគ្គិយកណ្ឌ កោសិយវគ្គ និសីទនសន្ថតសិក្ខាបទ បិដកលេខ ៣ ទំព័រ ១០៨) ម្នាលភិក្ខុទាំងឡាយ បើពួកភិក្ខុនឹងមិនបញ្ញត្តសិក្ខាបទ ដែលតថាគតមិនបាន បញ្ញត្តហើយ មិនដកសិក្ខាបទ ដែលតថាគតបញ្ញត្តហើយ កាន់តាមប្រព្រឹត្ត តាមសិក្ខាបទ ដែលតថាគតបញ្ញត្តហើយយ៉ាងណា អស់កាលត្រឹមណា ម្នាលភិក្ខុទាំងឡាយ សេចក្តីចម្រើនតែងមានបា្រកដដល់ពួកភិក្ខុ សេចក្តី សាបសូន្យមិនមានឡើយ (អស់កាលត្រឹមណោះ) ។ (សុត្តន្តបិដក ទីឃនិកាយ មហាវគ្គ មហាបរិនិព្វានសូត្រ អបរិហានិយធម៌ បិដកលេខ ១៦ ទំព័រ ១៦៥) គា្រនោះឯង ព្រះមហាកស្សបមានអាយុ ក៏ប្រកាសសង្ឃថា ម្នាលអាវុសោ សង្ឃចូរស្តាប់ខ្ញុំ សិក្ខាបទទំាងឡាយ របស់ពួកយើងក៏មានតាំងនៅក្នុងពួកគ្រហស្ថ សូម្បីពួកគ្រហស្ថទំាងឡាយ ក៏តែងដឹងថា អំពើនេះគួរដល់លោកទាំងឡាយ ជាសមណសក្យបុត្តិយ៍ អំពើនេះមិនគួរដល់លោកទាំងឡាយទេ ។ បើយើងទាំងឡាយនឹងដកនូវសិក្ខាបទតូច ៗ ដោយលំដាប់ចេញហើយ មុខជាជនទាំងឡាយជាអ្នកពោលតិះដៀលនឹងពោលថា សិក្ខាបទដែលព្រះសមណគោតម បញ្ញត្តហើយដល់សាវ័កទាំងឡាយ បានតែត្រឹមធូមកាលិក គឺកាលនៃផ្សែងភ្លើងគឺបរិនិព្វានប៉ុណ្ណោះ ព្រះសាស្តារបស់សាវ័កទាំងឡាយនេះ ឋិតនៅត្រឹមណា សាវ័កទាំងនេះ នាំគ្នាសិក្សាក្នុងសិក្ខាបទត្រឹមនោះ កាលណាបើព្រះសាស្តារបស់សាវ័កទាំងនេះបរិនិព្វានហើយ ឥឡូវនេះ សាវ័កទាំងនេះ ក៏លែងសិក្សាក្នុងសិក្ខាបទទាំងឡាយដែរ ។ បើកម្មមានកាលគួរដល់សង្ឃហើយ សង្ឃគប្បីបញ្ញត្តថែមនូវសិក្ខាបទដែលព្រះជាគ្រូមិនបានបញ្ញត្តទេ កុំគប្បីដកចេញនូវសិក្ខាបទ ដែលព្រះជាគ្រូបញ្ញត្តមកហើយ ត្រូវសមាទានប្រព្រឹត្តតែក្នុងសិក្ខាបទទំាងឡាយ ដែលព្រះជាគ្រូទ្រង់បញ្ញត្តហើយ ។ នេះជាញត្តិ ។ ម្នាលអាវុសោ សង្ឃចូរស្តាប់ខ្ញុំ សិក្ខាបទទាំងឡាយរបស់ពួកយើងក៏មានតាំងនៅក្នុងពួកគ្រហស្ថ សូម្បីពួកក្រហស្ថទាំងឡាយតែងដឹងថា អំពើនេះគួរដល់លោកទាំងឡាយជាសមណសក្យបុត្តិយ៍ អំពើនេះមិនគួរដល់លោកទាំងឡាយទេ ។ បើយើងទាំងឡាយនឹងដកនូវសិក្ខាបទតូច ៗ ដោយលំដាប់ចេញហើយ មុខជាជនទាំងឡាយជាអ្នកពោលតិះដៀលនឹងពោលថា សិក្ខាបទដែលព្រះសមណគោតមបានបញ្ញត្តដល់ពួកសាវ័កបានត្រឹមតែធូមកាលិក គឺកាលនៃផ្សែងភ្លើងប៉ុណ្ណោះ ព្រះសាស្តារបស់សាវ័កទាំងនេះឋិតនៅត្រឹមណា សាវ័កទាំងនេះ ក៏នាំគ្នាសិក្សាក្នុងសិក្ខាបទត្រឹមនោះ កាលបើព្រះសាស្តារបស់សាវ័កទាំងនេះ បរិនិព្វានទៅហើយឥឡូវសាវ័កទាំងនេះ ក៏លែងសិក្សាក្នុងសិក្ខាបទទាំងឡាយដែរ ។ សង្ឃមិនបញ្ញត្តថែមនូវសិក្ខាបទដែលព្រះជាគ្រូមិនបានបញ្ញត្តទេ មិនដកចេញនូវសិក្ខាបទ ដែលព្រះជាគ្រូបានបញ្ញត្តហើយ សមាទានប្រព្រឹត្តតែក្នុងសិក្ខាបទទាំងឡាយដែលគួរដល់ពុទ្ធប្បញ្ញត្តិ ។ ការមិនបញ្ញត្តិថែមនូវសិក្ខាបទដែលព្រះអង្គមិនបានបញ្ញត្ត ការមិនដកចេញនូវសិក្ខាបទដែលព្រះអង្គទ្រង់បញ្ញត្ត ការសមាទានប្រព្រឹត្តតែក្នុងសិក្ខាបទទាំងឡាយ ដែលគួរដល់ពុទ្ធប្បញ្ញត្តិ គាប់ចិត្តដល់លោកមានអាយុអង្គណា លោកមានអាយុអង្គនោះ ត្រូវស្ងៀម មិនគាប់ចិត្តដល់លោកមានអាយុអង្គណា លោកមានអាយុអង្គនោះគប្បីពោលឡើង ។ សង្ឃមិនបានបញ្ញត្តថែមនូវសិក្ខាបទដែលព្រះអង្គមិនបានបញ្ញត្ត មិនដកចេញនូវសិក្ខាបទដែលព្រះអង្គទ្រង់បញ្ញត្ត សមាទានប្រព្រឹត្តតែក្នុងសិក្ខាបទទាំងឡាយ ដែលគួរដល់ពុទ្ធប្បញ្ញត្តិ ។ ការមិនបញ្ញត្តិនឹងការមិនដកនូវសិក្ខាបទនេះគាប់ចិត្តដល់សង្ឃព្រោះហេតុនោះបានជាសង្ឃស្ងៀម ខ្ញុំចាំទុកនូវសេចក្តីនេះ ដោយការ ស្ងៀមយ៉ាងនេះ ។ (វិនយបិដក ចូឡវគ្គ បញ្ចសតិកក្ខន្ធកៈ បិដកលេខ ១១ ទំព័រ ៣៦៧) ដោយស.ដ.វ.ថ. ដោយ​៥០០០​ឆ្នាំ​
images/articles/2340/xdtvgrdgvdgvd.jpg
ឥរិយាបថបព្វៈ
ផ្សាយ : ១៥ កញ្ញា ឆ្នាំ២០២១
ចែកចេញជា ៤ យ៉ាងគឺៈ ១-គច្ឆន្តោ ដើរ ២- ឋិតោ ឈរ 3-និសិន្នោ អង្គុយ ៤- សយនោ ដេក។ ដើម្បីពិចារណា​នូវបព្វៈ​នេះ ត្រូវតម្កល់​ស្មារតី​ចំពោះ​ឥរិយាបថ​ទាំង ៤ ឲ្យ​ខ្ជាប់ខ្ជួន ទោះដើរក្ដី ឈរក្ដី អង្គុយក្ដី ដេកក្ដី ត្រូវដឹង​ច្បាស់​ថា អញ​ដើរ អញឈរ អញអង្គុយ អញដេក។ មួយទៀត សូម្បី​កាយតម្កល់​នៅ​ក្នុងអាការៈ​យ៉ាង​ណាៗ ក៏ត្រូវដឹង​ច្បាស់​នៅ​ក្នុងអាការៈ​នោះៗ​។ ក្នុងឥរិយាបថ​ទាំង ៤ ចំពោះ គច្ឆន្តោ ប្រែ​ថា​ដើរ​ តើ​មាន​អ្នក​ណា​ជា​អ្នក​ដើរ បើ​មាន​អ្នក​ដើរ​មែន​ចុះ ឋិតោ នេះ អ្នក​ណា​អ្នក​ឈរ​នៅ និសិន្នោ អ្នក​ណា​អង្គុយ​ សយនោ អ្នក​ណា​អ្នក​ដេក។ សេចក្ដី​នេះ បើ​ពិចារណា​ទៅ​តាម​ឥរិយា​បថ​មួយៗ មិន​ឃើញ​មាន​ថា អ្នកណា​ជា​អ្នក​ដើរ​ឡើយ ការ​ដេក​ដើរ ឈរ​អង្គុយ​ទាំង​អស់​នេះ គឺកើត​មក​អំពី​ចិត្ត​ជ្ជវាយោធាតុ។ ការ​ដែល​ពិចារណា​នូវ​ឥរិយាបថ នេះ ត្រូវតាំង​ចិត្ត​ថា ឥរិយា​បថ​ទាំង ៤ គ្រាន់​តែ​ជាកាយ មិនមែន​ជាសត្វ មិនមែន​ជា​ខ្លួន​ប្រាណ មិន​មែន​ជាបុរស មិន​មែន​ជាស្ត្រី​ឡើយ។ កំណត់​គ្រាន់តែ​ចម្រើន​ប្រាជ្ញា​ស្មារតីតែ​ប៉ុណ្ណោះ ដើម្បី​បំបែរ​ចិត្ត​ឲ្យ​ឃ្លាន​ចាក​តណ្ហា និង​ទិដ្ឋិ​កុំ​ឲ្យ​ប្រកាន់​អ្វី​តិចតួច​ក្នុង​លោក។ លោក​ក្នុង ទីនេះ ក៏​មិន​ដទៃ​ពី​ខន្ធលោក អាយតនលោក​ធាតុលោក សច្ចលោកជីវិត ជីវិត​ដែលកំពុង​រស់​នៅ​ជាប្រក្រតី​រាល់​ថ្ងៃ គឺ​ជាលោក។ កាយានុបស្សនាសតិប្បដ្ឋាន​នេះ ព្រះដ៏មានព្រះភាគ ព្រះអង្គទ្រង់​សម្ដែង​ដើម្បី ជាឧបការៈឲ្យ​ពុទ្ធបរិស័ទ​អ្នក​ស្ដាប់​នោះ​ឯង មានស្មារតីសូម្បីឥរិយាបថ​ណាមួយ ដេក ដើរ ឈរ អង្គុយ ក៏​គប្បី​មានសតិ​សម្បជ្ជញ្ញៈ ប្រកប​ដោយសេចក្ដី ព្យាយាម​ដុត​កំដៅនូវកិលេសធម៌ គឺ​អភិជ្ឈានិងទោមនស្ស ដែល​ហៅ​ថា វិនេយ្យ លោកេ អភិជ្ឈា ទោមនស្សំ។ យើងគ្រប់​គ្នាមានកាយ គឺមហាភូតរូប ៤ អាស្រ័យ​មហាភូតរូប ៤ នេះ​ហើយ​ទើប​សម្រេច​បាន​ទៅ​ជា​ឥរិយាបថ​ណាមួយ ប៉ុន្តែ​ថា​ការ​បដិបត្តិ​ក្នុងសតិប្បដ្ឋាន គឺសតិរឮកត្រង់​លក្ខណៈ​នៃ​ធម៌ គឺ​ជាសភាវធម៌​នៅ​ក្នុងពួកកាយ ដូចជា​ក្នុងឥរិយាបថ គឺ​ជា​សភាវធម៌ ដែល​ប្រាកដ​ឡើងជាប្រក្រតី​គ្រប់ឥរិយាបថ​ទាំង ៤ ដែល​ជាធម៌​មានពិត ដែល​ជាបរមត្ថធម៌។ ឥរិយាបថ​បួននេះ គឺជាការហៅឈ្មោះ​ទៅ​តាម សណ្ឋាន​ទ្រង់ទ្រាយ​នៃ​រូប ដែល​ប្រជុំ​រួមគ្នា​ច្រើន​តែប៉ុណ្ណោះ។ បើ​មិន​មាន​ការអប់រំ​នូវសតិរឮក​ត្រង់លក្ខណៈនៃរូប តែមួយលក្ខណៈៗ ឬ មួយប្រភេទៗ ដោយ​ឡែក​អំពីគ្នា​ទេ នោះ​គង់នឹង​មានសេចក្ដីប្រកាន់​ថា រូប​ដើរមាន រូបឈរមាន រូបអង្គុយមាន រូបដេកមាន តែដោយ​បរមត្ថនៅក្នុងរូប​ ២៨ មិនមាន​រូបដើរ រូបដេក រូបឈរ រូបអង្គុយ​ទេ។ ដឹងធម៌​ឥរិយាបថបព្វ​នេះ គឺ​ដឹង​សភាវធម៌ ដូច​ជា​សភាវរូប រហូត​អាច​មាន​សណ្ឋាន​ទ្រង់ទ្រាយនេះ​ឯង ហើយ​យើងក៏ស្គាល់​បាន​ជារូបរាង។ កាល​ណា​យើង​ប្រកាន់​ថារូបរាងកាយ​នេះ ថាតួខ្លួន​ព្រោះ​យើង​សម្គាល់ថា រូបដើរ រូបដេក រូបអង្គុយ នេះ​ឈ្មោះ​ថា បញ្ញត្តិបិទបាំងបរមត្ថ។ បញ្ញត្តិបាំងបរមត្ថនេះ សូម្បី​ពុទ្ធបរិស័ទ​ទាំងឡាយ​គប្បីសិក្សា ឲ្យបាន​យល់ចូលចិត្ត ដើម្បី​ជាគ្រឿង​តឿន​ស្មារតី​ឲ្យ​មាន​ការ​រឮក​ ត្រង់​ទៅលើ​តែ​បរមត្ថ​ធម៌ ហើយ​បើកនូវ​បញ្ញត្តិ បើ​មិនមាន​យ៉ាង​នេះ​ទេ នឹងច្រឡំ​នូវបញ្ញត្តិ ថាជារបស់​មានពិត ដូច​នេះ​មិនអាចរួចផុត​ពីទិដ្ឋិ​ឡើយ។ ឧទាហរណ៍ ដូច​ជានៅក្នុងរូបារម្មណ៍ ដែលប្រាកដ​ឡើង​ឲ្យ​ឃើញ​តាមផ្លូវភ្នែក ឬ សទ្ទារម្មណ៍ដែលប្រាកដ​ឡើងឲ្យ​ឮ​តាមផ្លូវត្រចៀកតែមួយលក្ខណៈ រូបារម្មណ៍ក្ដី សទ្ទា​ក្ដី គឺ​រមែង​មានសន្ដតិនៃរូបនោះ ដោយអាស្រ័យ​ការឃើញ​នូវរូបនោះ​រលត់​ទៅ ឃើញ​តមក​ទៀតរូប​ដែលប្រាកដ​នោះ​គង់​ប្រាកដ​ឲ្យ​ឃើញ​ទៀត​តគ្នា យ៉ាងលឿន​រហ័ស​ដូច​ជា រូបារម្មណ៍​នោះ​ឯង សទ្ទារម្មណ៍​ក៏​ដូច​គ្នា ធ្វើ​ឲ្យ​ប្រាកដ​នូវ​ភាព​ដេក ដើរ​ ឈរ អង្គុយ មាន​មែន។ ដកស្រង់ចេញពីសៀវភៅ ជំនួយសុខភាពផ្លូលចិត្ត១ រៀប​រៀង​ដោយ សាមណេរ ចាន់ សុជន ដោយ​៥០០០​ឆ្នាំ
images/articles/2342/23rfsd.jpg
កូន​ចាប​ចៀប​កប្បាស​ដែល​មិន​ទាន់​ចេះ​ហើរ
ផ្សាយ : ១៥ កញ្ញា ឆ្នាំ២០២១
កាល​ពី​ព្រេង​នាយ មាន​ព្រះ​ពោ​ធិ​សត្វ​មួយ​អង្គ​ទ្រង់​បាន​យោន​យក​កំ​ណើត​ជា​កូន​ចាប​ចៀប​កប្បាស ។ កូន​ចាប​ចៀប​កប្បាស​នោះ​មាន​ជើង​ និង​ស្លាប​តូច​ ៗ នៅ​ឡយ, មិន​ទាន់​ចេះ​ដើរ​ឬ​ហោះ​ហើរបាន​នៅ​ឡើយ​ទេ ។ មេ​បា​វា​ទាំង​ពីរ​ខិត​ខំ​ប្រឹង​ប្រែង​ជា​ខ្លាំង​ដើម្បី​ស្វែង​រក​ចំ​ណី​យក​មក​សម្បុកដើម្បី​បញ្ចុក​ចំ​ណី​វា​តាម​ចំ​ពុះ ។ នៅ​តំ​បន់​ព្រៃ​ដែល​ចាប​ចៀប​កប្បាសបាន​យោ​ន​យក​កំ​ណើត​នោះ ជា​ភូមិ​មួយ​ក្នុង​លោក​យើង​នេះ​ដែល​តែង​តែ​មាន​ភ្លើង​ឆេះ​ព្រៃ​ជា​រៀង​រាល់​ឆ្នាំ ។ នា​កាល​វេ​លា​ឆ្នាំ​នោះ​ឯង ក៏​មាន​ភ្លើង​ចាប់​ឆាប​ឆេះ​ព្រៃ​ម្តង​ទៀត ។ បក្សា​បក្សី​ទាំង​អស់​ដែល​មាន​លិទ្ធ​ភាព ក៏​បាន​នាំ​គ្នា​ហើរ​ទៅ​ឆ្ងាយ​ចាប់​តៃង​តែ​មាន​ផ្សែង​ជា​ដម្បូង​ម​ក​ម្លេះ ។ ដោយ​ហេតុ​ថា ភ្លើង​កាន់​តែ​ឆាប​ឆេះ​មក​ជិត​សម្បុក​កូន​ចាប​ចៀប​កប្បាស​បន្តិច​ម្តង ៗ ហើយ​នោះ ។ មេ និង​បា​ទាំង​ពីរ​នាំ​គ្នា​បន្សល់​ខ្លួន​នៅ​ជា​មួយ​នឹង​កូន ។ នៅ​ទី​បំ​ផុត​ ភ្លើង​បាន​ឆាប​ឆេះ​មក​ជិត​មែន​ទែន ដែល​បាន​ធ្វើ​ឲ្យ​មេ​បា​ទាំង​ពីរ​បង្ខំ​ចិត្ត​ហើរ​ចាក​ចេញ​យក​រួច​តែ​ជីវិត​ខ្លួន ចោល​កូន​ចាប​សម្លាញ់​ទាំង​ចិត្ត​ក្តុក​ក្តួល​ជា​អនេក ។ ដើម​ឈើ​ទាំង​អស់ ទាំង​តូច​ទាំង​ធំ​ត្រូវ​បាន​ភ្លើង​ឆេះ​រលំ​ដួល ជា​មួយ​នឹង​សម្លេង​ផ្ទុះ​រប៉េះ​រប៉ោះ​ជា​ខ្លាំង ។ កូន​ចាប​ចៀប​កប្បាស​បាន​ឃើញ​អ្វី ៗ ត្រូវ​បាន​ភ្លើង​ឆេះ​បំ​ផ្លាញ​យ៉ាង​សា​ហាវ ដោយ​គ្មាន​អ្វី​អាច​គ្រប់​គ្រង​បាន​ឡើយ ។ វា​មិន​អាច​ធ្វើ​អ្វី ដើម្បី​ជួយ​ដល់​ជី​វិត​ខ្លួន​បាន​ឡើយ ។ នៅ​ក្នុង​ខណៈនេះ ចិត្ត​កូន​ចាប​ចៀប​កប្បាស​មាន​អារម្មណ៍​ពោរ​ពេញ​ទៅ​ដោយ​សេចក្តី​អស់​សង្ឃឹម​ជា​ខ្លាំង ។ ប៉ុន្តែ​​រំ​ពេច​នោះ កូន​ចាប​ចៀប​បាន​នឹង​ភ្នក​ក្នុង​ចិត្ត​ថា ៖ " មេ​និង​បា​ខ្ញុំ លោក​អាណិត​ស្រឡាញ់​ខ្ញុំ​ខ្លាំងណាស់ ។ ដោយ​មិន​ខ្លាច​នឿយ​ហត់​អ្វី​ទាំង​អស់ លោក​បាន​ធ្វើ​សម្បុក​មួយ​សម្រាប់​ខ្ញុំ និង​ចិញ្ចឹម​បំ​ប៉ន​រក្សា​ខ្ញុំ ដោយ​គ្មាន​ការ​លោភ​លន់​អ្វី​សោះ​ឡើយ ។ នៅ​ពេល​ភ្លើង​បាន​ឆាបឆេះ​ជិត​មក​ដល់ លោក​ទាំង​ពីរ​បាន​នាំ​គ្នា​បន្សល់​ខ្លួន​នៅ​ជាមួយ​ខ្ញុំ រហូត​ដល់​នាទី​ចុង​ក្រោយ​បំ​ផុត ។ បក្សា​បក្សី​ទាំង​អស់​ដែល​មាន​លទ្ធ​ភាព​អាច​ហោះ​ហើរ​បាន គេ​បាន​នាំគ្នា​ហើរ​ចេញ​ទៅ​ឆ្ងាយ តាំង​តែ​ពី​មុន​យូរ​ណាស់​មក​ហើយ ។ អញ្ជឹង​ហើយ មេត្តា​ធម៌​របស់​មេ និង​បា​ដែល​លោក​មាន​ចំ​ពោះ​ខ្ញុំ​ធំ​ធេង​ណាស់ ។ លោកបាន​បន្សល់​ខ្លួន​នៅ​ជា​មួយ​ខ្ញុំ​ដោយ​ផ្សង​ព្រេង​នឹង​គ្រោះ​ថ្នាក់​នៃ​ជី​វិត​របស់​លោក​ទាំង​ពីរ ។ តែ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ក៏​លោក​នៅ​តែ​គ្មាន​សង្ឃឹម​ថា​នឹង​អាច​ជួយ​យក​អា​សារ​ជី​វិត​ខ្ញុំ​បាន ។ ដូច្នេះ​ហើយ ដោយ​សារ​តែ​លោក​មិន​អាច​បី​ពរ​យក​ខ្ញុំ​ទៅ​ជា​មួយ​បាន ទើប​លោក​ដាច់​ចិត្ត​ហោះ​ហើរ​ចេញ​ទៅ​តែ​ខ្លួន ។ ខ្ញុំ​សូម​អរគុណ​ដល់​លោក​ទាំង​ពីរ ចំ​ពោះ​សេចក្តី​ស្រឡាញ់​របស់​លោក ដែល​មាន​ចំ​ពោះ​រូប​ខ្ញុំ ទោះ​ជា​លោក​ទាំង​ពីរ​ដល់​ទី​ណា​ក៏​ដោយ ។ ខ្ញុំ​សូម​ផ្សង​ដោយ​អស់​ពី​ចិត្ត សូម​ឲ្យ​លោក​ទាំង​ពីរ​បាន​រួច​ផុត​ពី​គ្រោះ​ថ្នាក់​ មាន​សុខ​​មាល​ភាព និង​សុភមង្គល ។ " " ឥឡូវ​នេះ ខ្ញុំ​នៅ​តែ​ម្នាក់​ឯងតែល​តោល ។ គ្មាន​អ្នក​ណា​មនាក់​ដែល​ខ្ញុំ​ទៅ​រក​ឲ្យ​ជួយ​បាន​ទេ ។ ខ្ញុំ​មាន​តែ​ស្លាប តែ​ខ្ញុំ​មិន​អាច​ហើរ​ឲ្យ​រួច​ខ្លួន​បាន ។ ខ្ញុំ​មាន​ជើង តែ​ខ្ញុំ​មិន​អាច​រត់​គេច​ចេញ​បាន ។ ប៉ុន្តែ​ ខ្ញុំ​នៅ​អាច​គិត​បាន ។ សល់​តែ​ចិត្ត​ប៉ុណ្ណោះ ដែល​ខ្ញុំ​នៅ​ប្រើ​បាន គឺ​ជា​ចិត្ត​ដែល​បរិសុទ្ធ ។ ក្នុង​ជិ​វិត​ដ៏​ខ្លី​របស់​ខ្ញុំ សត្វ​លោក​ដែល​ខ្ញុំ​ស្គាល់ មាន​តែ​មេ និង​បា​របស់​ខ្ញុំ​តែ​ប៉ុណ្ណោះ ។ ហើយ​ចិត្ត​របស់​ខ្ញុំ​សោត​ ក៏​ពោរ​ពេញ​ទៅ​ដោយ​ក្តី​មេ​ត្តា​ករុណា​ចំ​ពោះ​លោក​ទាំង​ពីរ ។ ខ្ញុំ​មិន​ដែល​បាន​ធ្វើ​អំ​ព៉ើ​អាក្រក់ ដល់​អ្នក​ណា​ម្នាក់​ឡើយ ។ ខ្ញុំ​មាន​តែ​សច្ច​ភាព​នៃ​ទារក​និរ​ទោសតែ​ប៉ុណ្ណោះ ។ រំ​ពេច​នោះ​ បា​ដិ​ហារ​ដ៏​មហ​ស្ចារ្យ​មួយបាន​កើត​ឡើង ។ សច្ច​ភាព​នៃ​ទិ​រ​ទោស​នេះ​បាន​រីក​ធំ​ឡើង ៗ រហូត​ដល់​បាន​ធំ​ជា​ង​ខ្លួន​កូន​ចាប​ចៀប​កប្បាស​ ។ ចំ​ណេះ​ដឹង​ចំ​ពោះ​សច្ច​ធម៌​នេះ មាន​កម្រិត​ខ្ពស់​ហួស​ឆ្ងាយ​ផុត​ពី​ជី​វិត​រស់​នៅ​របស់​បុគ្គល​ម្នាក់ ៗ ។ ចំ​ណេះ​ដឹង​នេះ​ព្រះ​ពោធិ​សត្វ លោក​មិន​ត្រឹម​តែ​យល់​ដឹង​តែ​នៅ​ក្នុង​ជាតិ​នេះ​ទេ គឺ​លោក​ក៏មាន​ចំ​ណេះ​ដឹង​នេះ​តាំង​តែពី​គ្រប់​ជា​តិ​មុន ៗ មក​ផង​ដែរ ចំ​ណេះ​ដឹង​នេះ​ ហៅ​​ថា បុព្វេ​ជាតិ​ស្សរ​ញ្ញាណ ប្រែ​ថា ( ប្រាជ្ញា​រលឹក​ជាតិ​កំ​ណើត ពី​ក្នុង​អតី​ត​កាល​បាន ) ។ នរ​ជន​ដែល​បាន​យោន​យក​កំ​ណើត​ពី​ជាតិ​មុន​យ៉ាង​នេះ​បាន​នាំ្យមនុស្ស​ជាតិ​ស្គាល់​ថា ជា​ព្រះ​ពុទ្ធ​មួយ​អង្គ ដែលលោក​​ជា​អ្នក​បាន​សម្រេច​សម្មា​សម្ពោ​ធិ​ញ្ញាណ ស្គាល់​សច្ច​ធម៌​ច្បាស់​លាស់ លោក​ជា​អ្នក​មាន​អនុភាព​ នៃ​សច្ច​ធម៌, ភាព​បរិសុទ្ធ​នៃ​កុសល​ធម៌ និង​គោល​បំ​ណង​នៃ​មេត្តា​ធម៌ ។ ដូច្នេះ​ហើយ ព្រះ​ពោធិ​សត្វ​ដែល​ជា​កូន​ចាប​ចៀប​កប្បាស​ លោក​បាន​អធិដ្ឋាន​តាំង​មាំ​ក្នុង​ចិត្ត​ថា ៖ " សូម​ឲ្យ​សច្ច​ភាព​នៃ​និ​រទោស​នេះ​បាន​ជួប​ជុំ​ជាមួយ​ភាព​បរិសុទ្ធ​នៃ​កុសល​ធម៌ និង​អា​នុ​ភាព​នៃ​សច្ច​ធម៌​ដ៏​បុ​រាណ​ផងចុះ ។ សូម​ឲ្យ​បក្សា​បក្សា​ និង​សត្ត​និ​ករ​ទាំង​អស់ ដែល​នៅ​ជាប់​អន្ទាក់​ភ្លើង​ឆេះ​ព្រៃ​នេះ បាន​រួច​ផុត​ពី​គ្រោះ​ភ័យ ។ និង​សូម​ឲ្យ​ទី​កន្លែង​ត្រង់​នេះ​បាន​ចៀស​រួច​ផុត​ពី​ភ្លើង​ព្រៃ​មួយ​លាន​ឆ្នាំ​ទៅ​ហោង ។ " ហើយ​អ្វី​ ៗ ក៏បាន​សម្រេច​ដូច​សេចក្តី​អធិ​ដ្ឋាន​តាំង​ចិត្ត​សច្ចា​ប្រាថ្នា​របស់​ព្រះ​ពោ​ធិ​សត្វ​មែន ។ ដំ​បូន្មានៈ សច្ច​ធម៌, កុសល​ធម៌ និង​ករុណា​ធម៌​អាច​សង្រ្គោះ​ពិ​ភព​លោកបាន ។ ដកស្រង់ចេញពីសៀវភៅៈ ព្រហ្ម​ចរិយេសនា វាយអត្ថបទដោយៈ ឧបាសក សូត្រ តុលា ដោយ៥០០០ឆ្នាំ
images/articles/2350/efw4recewfewrgw43t43634.jpg
សូមឲ្យមានធម៌​ទាំង ៤ យ៉ាងនេះគ្រប់ៗគ្នា
ផ្សាយ : ១៥ កញ្ញា ឆ្នាំ២០២១
ការរស់​នៅ ត្រូវតែ​ប្រកប​ដោយធម៌​ទាំង ៤ យ៉ាងនេះ កុំ​បីខាន​គឺ ទី ១ មេត្តា សេចក្ដី​ស្រឡាញ់​ប្រាថ្នា​ឲ្យ​គេ​បាន​សុខ ទី ២ ករុណា សេចក្ដី​អាណិត​គិត​ជួយ​ឲ្យ​គេរួច​ចាក​ទុក្ខ ទី ៣ មុទិតា សេចក្ដី​ត្រេកអរ​តាម​ក្នុង​ពេល​វេលា ដែល​គេ​បាន​ល្អ ទី ៤ ឧបេក្ខា សេចក្ដី​តាំង​ចិត្ត​ជាកណ្ដាល មិន​ឲ្យ​មាន​សោមនស្ស​និង​ទោមនស្ស​ក្នុងវេលា ដែល​គេ​មាន​សេចក្ដី​វិបត្តិ។ ១. មនុស្ស​យើង​កាល​ណា​បើ​មិន​បាន សិក្សា​រៀន​សូត្រ​នូវ​ព្រះធម៌​របស់​ព្រះសម្មាសម្ពុទ្ធ ដើម្បី​ធ្វើ​ការ​អប់រំចិត្ត​នោះ​ទេ គឺ​មាន​ការ​ច្រណែន​គ្នា​គ្រាន់​តែ​ឃើញ​គេ​ធ្វើ​ល្អ ក៏​មិន​ចេះ​ត្រេកអរ​ក្នុងសេចក្ដី​ល្អ​របស់​អ្នក​ដទៃ​ដែរដូច្នេះ មេត្តា​ធម៌​ឮ​ព្រះសម្មាសម្ពុទ្ធព្រះអង្គ​បាន​សម្ដែង​ឲ្យ​មនុស្ស​យើង​ចេះ​ត្រេកអរ​ក្នុង​អំពើ​ល្អ​របស់​អ្នក​ដទៃ។ ២. នៅ​ក្នុង​ធម៌​ករុណា​នេះ ព្រះដ៏មានព្រះភាគ​ព្រះអង្គ​ទ្រង់​ត្រាស់​សម្ដែង​ឲ្យ​មនុស្ស​យើង​ចេះ​អាណិត​ដល់​អ្នក​ដទៃ ហើយ​ចេះ​ត្រេកអរ​ក្នុង​សេចក្ដី​ល្អ​របស់​អ្នក​ដទៃ ហើយ​មាន​ការ​ប្រាថ្នា​ឲ្យ​គេ​បាន​នូវ​សេចក្ដី​សុខ បើ​គេ​មាន​ទុក្ខ ប្រាថ្នា​គេ​រួច​ផុត​អំពី​សេចក្ដី​ទុក្ខ​នោះ។ ៣. ពេល​ដែល​បាន​ធ្វើ​អ្វី​មួយ​ជាមួយ​អ្នក​ដទៃ ប្រកប​ដោយកុសល​ធម៌​ដូច​ជា​មាន​ការ​ចិញ្ចឹមបីបាច់ ថែរក្សា បង្ហាត់បង្រៀន​ប្រៀនប្រដៅ​ដូច​ជា​មាតាបិតា ដែល​បាន​បរិច្ចាគ​ទាន​ជាដើម មិន​ចង់​បាន​អ្វី​អំពី​កូន​ឡើយ មាន​តែ​ការ​សប្បាយរីករាយ និង​ការ​ត្រេកអរ​តាម​ជារៀងរហូត តែ​បើ​ផ្ទុយ មក​វិញ​មាន​ការ​ជួយ​អ្នក​ដទៃ​ហើយ តែ​ចង់​បាន​ការ​តបស្នង​សងគុណ មក​ លើ​ខ្លួន​វិញ​នោះ មិន​អាច​មាន​ឈ្មោះ​ថា​មុទិតា​ឡើយ។ ៤. ធម្មតា​មនុស្ស​យើង​បាន​សាង​នូវ​ផល​ប្រយោជន៍ សម្រាប់​ការពារ​ខ្លួន​របស់​យើង​នោះ រមែង​មាន​ការ​លំបាក​លំបិន​ខ្លាំង​ណាស់ បើ​សិន​ជា​យើង​បាន​ធ្វើ​ប្រយោជន៍​ជាផល​បុណ្យ តែ​មាន​ការ​មិន​បាន​សម្រេច​ដូច​ប្រាថ្នានោះ រមែង​ក្ដៅ​ក្រហាយ​ជាមិនខាន​ដូច​ជា​ឧបេក្ខា​ជាដើម ការ​តាំង​ចិត្ត​ជា កណ្ដាល​មិន​ងាយ​នឹង​ធ្វើ​បាន​ទេ ប្រសិន​បើ​យើង​មិន​បាន​ពិចារណា ទៅ​តាមព្រះធម៌​នោះ​ទេ ការ​ចង់​ជួយ​ឲ្យ​គេ​បាន​សេចក្ដី​សុខ ចង់​ឲ្យ​គេ​មាន ចង់​ឲ្យ​គេ​ដូច​យើង ទាំង​នេះ​ហើយ​បើ​គេ​មិន​ធ្វើ​ដូច​ជា អ្វី​ដែល​យើង​ប្រាថ្នា​ទេ​នោះ អ្នក​ខ្លះ​ខូច​ចិត្ត​ដោយសារ​តែ​រំពឹង​ចង់​ឲ្យ​គេ​តប​ស្នង ទាំង​នេះ​ហើយ​បាន ជា​ឧបេក្ខា​នេះ​មាន​ចិត្ត​ជាកណ្ដាលៗ ពេល​គេ​មិន​ដឹង​គុណ​ក៏​មិន​ក្រវល់ ក្រវាយចិត្ត គេ​មិន​ធ្វើ​តាម​យើង​មិន​បញ្ហា​ឡើយ។ នេះ​គឺ​មាន​ទាំង​អស់​នៅ ក្នុងព្រះធម៌​របស់​ព្រះសម្មាសម្ពុទ្ធ​ទាំងស្រុង តែសូមពិចារណា​ផង គឺ​មាន ចិត្ត​ជាកណ្ដាល​កន្លែង​នេះ​ត្រូវពិចារណា​ដោយ​បញ្ញា។ ដកស្រង់ចេញពីសៀវភៅ រស់ក្រោមម្លប់ព្រះធម៌ រៀប​រៀង​ដោយ ភិក្ខុ ចិន្តកវី ទូច ចន្ថា ដោយ​៥០០០​ឆ្នាំ
images/articles/2385/56g4ferht5gvyerscrtdhygefdrg.jpg
ឆាកល្ខោនជីវិត
ផ្សាយ : ១៥ កញ្ញា ឆ្នាំ២០២១
រឿង​ជីវិត​ដែល​យើង​បាន​ដឹង​ក្នុង​ការ​រស់​នៅ​បច្ចុប្បន្ននេះ វារមែង​កើត​ឡើង​ហើយ​មាន​ការ​សម្ដែង​នូវរឿងជីវិត ឆ្លុះ​បញ្ចាំង​ឲ្យ​យើង​ដឹង​រឿង​ពិត​ដែល​មាន​ការ​លំបាក​លំបិន ធ្វើ​ឲ្យ​មនុស្ស​យើង​មាន​សេចក្ដី​តស៊ូ ពុះពារ ធ្វើអ្វីៗ​គ្រប់បែប​យ៉ាង ដើម្បី​តម្រូវ​ការ​របស់​ខ្លួន​ឯង ទាំង​នេះ​ហើយ​បាន​ជា​លើក​យក​មក​ជា​ប្រធាន​បទ​ក្នុង​ការ​ពិចារណា។ ពេល​វេលា​ចេះ​តែ​កន្លង​ទៅ​មិន​ងាយ​នឹង​បុគ្គល​ណា អាច​ដឹង​អំពី​ជីវិត​ដែល​មាន​សព្វ​ថ្ងៃ​នេះ មិន​ងាយ​នរណា​ម្នាក់​អាច​ដឹង​បាន​ទេ​ពេល​ណា​ដែល​យើង​បាន​ពិចារណា​រឿង​រ៉ាវអំពីជីវិត ធ្វើឲ្យចិត្ត​បាន​សុខ​ស្ងប់។ ពេល​នោះ​ងាយ​ស្រួល សម្រាប់​ជីវិត​ដែល​ត្រូវ​ដើរ​តួសម្ដែង​ក្នុង​ឆាក​ជីវិត​នេះ។ ឆាកល្ខោនជីវិត រឿងភាគសម្ដែង​បង្ហាញ​ឈុតឆាក សប្បាយ​លំបាក​ជួប​ព្រាត់រីងរៃ ស្រេច​លើ​អ្នក​តែង​លៃ​លក​បំភ្លៃ រៀប​ចំអត្ថន័យ​ហាក់​ដូច​រឿង​ពិត។ រឿង​ខ្លះ​សម្ដែង​កម្សត់​អន់ក្រ រស់​ទាំងត្រដរ​ព្រាត់​ប្រាស​ស្នេហ៍ស្និទ្ធ ខ្លះ​ជា​សេដ្ឋី​ជាស្ដេច​យ៉ាង​ពិត ខ្លះ​ក៏​ជា​មិត្ត​បម្រើ​គេ។ ក្នុងរឿង​មួយៗ​តែង​មាន​វែង​ខ្លី មាន​ប្រុស​មាន​ស្រី​ច្រើន​កាំភ្លេ ខ្លះដើរតួរ​កាច​ត្រូវ​បាន​គេ​ជេរ តួស្លូត​ទំនេរ​តែង​គេ​អាណិត។ ឯអ្នក​ខ្លះ​ទៀត​ឆ្លៀត​ដើរ​តួក្បត់ ខ្លះធ្វើ​កម្សត់​ខំច្នៃប្រឌិត ធ្វើក្លែងក្លាយ​សោះ​ហាក់​ដូច​ជាពិត អ្នក​មើល​ខ្លោច​ចិត្ត​អ្នក​ខ្លះ​សោកា។ តួអ្នកសម្ដែង​គេ​ដឹង​ទាំង​អស់ មិនមានចន្លោះ​យល់​សព្វ​កិច្ចការ ព្រោះមាន​អ្នក​ប្រាប់​អ្នកតែង​ស្ដី​ថា សាក​សម​អស្ចារ្យ​ដូច​រឿង​ពិតៗ។ នេះ​គឺ​រឿង​ល្ខោន​ដែល​គេ​តាក់តែង ហើយ​រៀប​សម្ដែង​ប្រាប់​ពី​ជីវិត ត្រៀម​ហើយ​ដើរ​តួមើលទៅជិត​ស្និទ្ធ ខ្លះ​គេ​ឱបរឹត​យ៉ាង​សមសោភា។ យ៉ាង​ណា​ជីវិត​ទាំង​អស់​ប្រុសស្រី កើត​ក្នុង​លោកិយ​ក៏​មាន​ដូច​គ្នា មានជួប​មានព្រាត់​ខ្លះ​ក៏​កំព្រា លំបាក​វេទនា​គ្មាន​ដែល​លោះ​ថ្ងៃ។ រឿងរ៉ាវឧបសគ្គមាន​គ្រប់​កន្លែង វិលវល់ដូចផ្សែង​ទុក្ខ​សោក​ពេក​ក្រៃ ទឹកភ្នែកស្រក់ហូរ​គ្មាន​ដែល​សំចៃ ឧបទ្រព្យ​ចង្រៃ​គ្មានស្រាកម្ដងណា។ នេះ​គឺ​បញ្ចក្ខន្ធនៃ​យើង​គ្រប់​ប្រាណ មិនយូរប៉ុន្មាន​ត្រូវ​ចោល​ឥតការ រស់​នៅ​សុខៗ​ត្រូវ​ស្លាប់​មរណា ចោល​ស្រែចម្ការ​ផ្ទះប្រពន្ធប្ដី។ ជីវិត​ប្រៀបដូច​ជា​ការ​សម្ដែង រៀប​ចំចាត់ចែងនៅ​ក្នុងភពបី អ្នក​តែង​គឺ​កម្ម​គ្មាន​ត្រាប្រណី អ្នក​ក្រសេដ្ឋីចាត់​មិន​រើស​មុខ។ ពេល​ខ្លះ​ឲ្យ​ធំមាន​បុណ្យ​សក្ដិយស ឋានៈ​ខ្ពង់ខ្ពស់​ខ្លះ​ដូច​ជាប់​គុក ពេល​ខ្លះ​ឲ្យសុខ​ខ្លះ​ក៏​ឲ្យ​ទុក្ខ ខ្លះ​ជួប​ឪពុក​ព្រាត់ប្រាសពីម៉ែ។ ខ្លះ​ស្លាប់​ពី​ក្មេង​ខ្លះ​រស់​ដល់​ចាស់ ខ្លះ​មាន​ប្រាក់កាស​ចាយ​ជាហូរហែ ខ្លះ​នៅ​ទីក្រុង​អ្នក​ខ្លះ​នៅ​ស្រែ ខ្លះ​ទុក្ខ​ឥតល្ហែ​អ្នក​ខ្លះ​សុខសាន្ត។ តាមពិត​ជីវិត​បី​ដូច​ឆាកល្ខោន ប្រសើរ​អាប់ឱន​មានគ្រប់​សព្វ​ប្រាណ បើ​ខ្លួន​ខ្ពង់ខ្ពស់សាង​គុណ​កុំ​ខាន រឿង​ចប់​ថ្មើរ​ម៉ានបាន​បុណ្យ​ជាគ្នា។ បើ​ខ្លួន​នៅ​ក្រ​ឲ្យ​ក្រ​ទៅ​ចុះ ឲ្យ​តែ​ចិត្ត​ស្មោះ​ព្រម​ស្ដាប់​ធម្មា គង់​មាន​ថ្ងៃ​មួយ​អាច​រួច​ចាកពៀរ ឡើង​ជិះ​នាវា​ផុត​ទុក្ខ​វិបរិត។ អស់​លោក​សប្បុរស​ជាទីស្នេហា ស្ដាប់​គិត​ចុះ​ណា​ឆាក​ល្ខោន​ជីវិត កុំ​លង់​ចាញ់​បោក​កិលេស​នែបនិត្យ ចូរ​ស្ដាប់​ធម៌ពិត​នៃ​ព្រះជិនស្រី។ ដោយសាមណេរ សា ចាន់រ៉ាត់ ដកស្រង់ចេញពីសៀវភៅ រស់ក្រោមម្លប់ព្រះធម៌ រៀប​រៀង​ដោយ ភិក្ខុ ចិន្តកវី ទូច ចន្ថា ដោយ៥០០០ឆ្នាំ
images/articles/2388/45g4ft4e6th4wgtf4ef5ythegszsfrztf.jpg
តម្កល់​ជី​វិត​ឲ្យ​ស្ថិត​នៅ​ក្នុង​សីល ៥
ផ្សាយ : ១៥ កញ្ញា ឆ្នាំ២០២១
មនុស្ស​យើង​គ្រប់​គ្នា តែង​ចង់​ឲ្យ​ខ្លួន​ឯង​មាន​ជីវិត​រស់​នៅ​យូរ​អង្វែង ចង់​មាន​ទ្រព្យ​សម្បត្តិ​ស្តុក​ស្តម្ភ មិន​ចង់​ឲ្យ​មាន​រោគ​ផ្សេង ៗ ចង់​រស់​នៅ​ជួប​ជុំ​ភរិ​យា​ស្វា​មី កូន​ចៅ​ប្រុស​ស្រី ចង់​ឲ្យ​គេ​មាន​ភក្តី​ស្មោះ​ត្រង់​នឹង​ខ្លួន​ឯង មិន​ចង់​ឲ្យ​គេ​និយាយ​ភូត​ភរ​កុ​ហក​ បោក​ប្រាស់ ចង់​ឲ្យ​និយាយ​តែ​ពាក្យ​សច្ចៈ ពិត​ទៀង​ត្រង់ ចង់​​ឲ្យ​ខ្លួន​ឯង​បរិបូរ​ទៅ​ដោយ​បញ្ញា មិន​ចង់​ឲ្យ​ខ្លួន​ឯង​ក្លាយ​ខ្លួន​ទៅ​ជា​មនុស្ស​ឆ្គួត​ វិ​កល់​ចរិក​ មាន​សតិ​វិប្ប​លាស បាត់​បង់​បញ្ញា​ស្មា​រតី ចង់​ឲ្យ​ខ្លួន​ឯង​ពោរ​ពេញ​ទៅ​ដោយ​សេចក្តី​សុខ​គ្រប់​យ៉ាង . . . ។ បេ ។ យើង​ដែល​និយាយ​ថា​ចង់​បាន​ ៗ ៗ គ្រប់​គ្នា​នេះ ចុះ​ហេតុ​អ្វី​បាន​ជា​យើង​មិ​នព្រម​នាំ​គ្នា​ធ្វើ​នូវ​ប្រ​យោជន៍ ដែល​នាំ​ឲ្យ​បាន​នូវ​របស់​ទាំង​អស់​នោះ ចេះ​តែ​ស្រែង​ក្តែង ៗ ថា ចង់​បាន​នេះ ចង់​បាន​នោះ ចង់​ឲ្យ​ខ្លួន​ឯង​មាន​សេចក្តី​សុខ​ណាស់ តែ​មិន​ព្រម​នាំ​គ្នា​ធ្វើ​នូវ​ហេតុ​ដែល​នាំ​ឲ្យ​មាន​នូវ​សេចក្តី​សុខ តើ​នឹង​មាន​សេចក្តី​សុខ​ពី​ណា​មក ? ដោយ​ហេតុ​តែ​ចង់​ឲ្យ​ជី​វិត​របស់​ខ្លួន​រស់​នៅ​យើន​យូរ តែ​បែរ​ជា​ទៅ​បៀត​បៀន​ជី​វិត​អ្នក​ដទៃ តើ​នេះ​ឈ្មោះ​ថា យើង​កំពុង​តែ​សាង​នូវ​ភាព​ជា​អ្នក​មាន​អាយុ​វែង​ឬ ? ចង់​មាន​ទ្រព្យ​សម្បត្តិ​តែ​បែរ​ជា​ទៅ​លួច​ទ្រព្យ​អ្នក​ដទៃ ដើម្បី​ឲ្យ​ខ្លួន​ឯង​មាន ចង់​មាន​សេចក្តី​សុខ តែ​បែរ​ទៅ​ប្រព្រឹត្តិ​បំ​ពាន​លើ​សេចក្តី​សុខ​របស់​អ្នក​ដទៃ សួរ​ថា​តើ​អំពើ​ទាំង​អស់​នេះ​វា​សម​គួរ​ដែរ​ឬ ? ព្រះ​បរម​សា​ស្តា​ចារ្យ​ព្រះ​អង្គ​ទ្រង់​ត្រាស់​សម្តែង​ថា បើ​យើង​ចង់បាន​អាយុ​វែង ចង់​បាន​ទ្រព្យ​ស្តុក​ស្តម្ភ ចង់​ឲ្យ​ឯង​មាន​សេចក្តី​សុខ​នៅ​ក្នុង​ក្រុម​គ្រួសារ ចង់​ឲ្យ​គេ​មាន​ភាព​ស្មោះ​ត្រង់​នឹង​ខ្លួន​ឯង និង​ចង់​មាន​បញ្ញា គឺ​ត្រូវ​វៀក​ចាក​បញ្ច​វេ​រា​ទាំង ៥ គឺ​សីល​ ៥ នឹង​ឯង ពីព្រោះ​អ្នកមាន​សីល​ ៥ រមែង​បាន​ទទួល​នូវ​គុណ​ធម៌​ដូច្នេះ​គឺ -សីល​ទី ១ មិន​បៀត​បៀន​ជី​វិត​អ្នក​ដទៃ​គឺ​មិន​សម្លាប់​សត្វ​នាំ​ឲ្យ​មាន​ធម៌ មេត្តា ។ -សីល​ទី ២ មិន​លួច​ទ្រព្យ​គេ នាំ​ឲ្យ​មាន​ធម៌ សម្មា​អាជីវៈ ។ -សីល​ទី ៣ មិន​ប្រ​ព្រឹត្ត​ខុស​ក្នុង​កាម នាំ​ឲ្យ​យើង​មាន​នូវ​ធម៌ សទារន្តោសៈ ។ -សីល​ទី ៤ មិន​និយាយ​កុហក នាំ​ឲ្យ​មាន​ធម៌ សច្ចៈ ។ -សីល​ទី ៥ មិន​ផឹក​នូវ​ទឹក​ស្រ​វឹង នាំ​ឲ្យ​មាន​ធម៌ សតិ​សម្បជញ្ជៈ ។ សីល​ទាំង ៥ នេះ​ដែល​មនុស្ស​គួរ​តែ​ខំ​ប្រឹង​ប្រែង​រក្សា​ឲ្យ​ដូច​ជា​យើង​រក្សា​នូវ​ជី​វិត​របស់​​ដូច្នោះ​ដែរ ដើម្បី​បាន​ជា​មាគ៌ា​សម្រាប់​ជីវិត​របស់​យើង ដែល​ធ្វើ​ដំ​ណើរ​ទៅ​លោក​ខាង​មុខ​នឹង​បាន​ជា​គ្រឿង​ប្រដាប់​ សម្រាប់​តម្រែ​ តម្រង់ និង​កែ​តម្រូវ​ផ្លូវ​នៃ​ជី​វិត​របស់​ខ្លួន​ឲ្យ​ប្រ​កាន់​តែ​​ប្រ​សើរ​ ។ ដកស្រង់ចេញពីសៀវភៅៈ សមាធិ​សម្រាប់​កុមារា កុ​មារី យុវជន យុវតី រៀបរៀងដោយៈ ព្រះ​បាឡាក់ សម្បត្តិ​ចន្ទ​សុវណ្ណោ ( ម៉ៅ សុរិន ភិក្ខុ ) វាយអត្ថបទដោយៈ ឧបាសក សូត្រ តុលា ដោយ៥០០០ឆ្នាំ
images/articles/2391/w35fwqdrw345tgf4e5gf4se.jpg
លះ​សេចក្តី​ក្រោធ​បាន​ គឺ​ជា​ការ​ជោគ​ជ័យ​ដ៏​ក្រៃ​លែង​នៅ​ក្នុង​ជី​វិត
ផ្សាយ : ១៥ កញ្ញា ឆ្នាំ២០២១
ព្រះ​សម្មា​សម្ពុទ្ធ​ទ្រង់​សម្តែង​ថា " សម្លាប់​សេចក្តី​ក្រោធ​បាន​រមែង​ដេក​ជា​សុខ " នេះ​ជា​ការ​ពិត​ដែល​យើង​គ្រប់​គ្នា​ត្រូវ​ចាំ​កុំ​ភ្លេច​ ហើយ​ត្រូវ​បដិបត្តិ​កម្ចាត់​ការ​ខឹង​ក្រោធ​បន្តិច​ម្តង ៗ ដើម្បី​បាន​ទទួល​ជោគ​ជ័យ​យ៉ាង​សម្បើម​នៅ​ក្នុង​ជី​វិត យើង​ត្រូវ​តែ​យល់​ដឹង​ដូច​តទៅ​នេះគឺៈ - ខឹង​នឹង​គេ គឺ​ដុត​ចិត្ត​ខ្លួន​ឯង បើ​យើង​ដុត​ខ្លួន​ឯង យើង​ហ្នឹង​​ឯង​ល្ងង់ ហើយ​ឆ្គួត​ទៀត ។ - ខឹងនឹង​គេ គឺ​អន់​ជាង​គេ គឺ​អន់​ថយ​ជាង​អ្នក​ដែល​យើង​ខឹង​នោះ​ទៅ​ទៀត ដូច​ជា​លុត​ជង្គង់​អង្វរ​សូម​សេចក្តី​សុខ​ពី​គេ​ចឹង ។ - ខឹង​នឹង​គេ គឺ​ចាប់​ផ្តើម​ពី​ការ​ទាស់​ចិត្ត ការ​ទាស់​ចិត្ត​មក​ពី​គិត​ថា គេ​ហ្នឹង​ឯង​ជា​អ្នក​ធ្វើ​នូវ​ ៗ ឲ្យ​យើង​ទាស់​ចិត្ត តែ​ការ​ពិត​មក​ពី​យើង​មិន​យល់​អំពី​ធម្មជាតិ​ក្នុង​មនុស្ស ហើយ​យើង​ប្រ​កាន់​ទៅ​ក្នុង​ធម្មជាតិ​នោះ​ឯង ។ - យើង​ស្អប់​គេ គឺ​ស្អប់​ខ្លួន​ឯង ព្រោះ​សាង​ភាព​សៅ​ហ្មង​ឲ្យ​ប្រ​ឡាក់​ចិត្ត​ខ្លួន​ឯង​តែ​ប៉ុណ្ណោះ ដោយ​មិន​បាន​ឲ្យ​ភាព​សៅ​ហ្មង គឺ​ការ​ស្អប់​នោះ​ចូល​ទៅ​ក្នុង​ខ្លួន​អ្នក​ដទៃ​ឡើយ ។ ដូច្នេះ​ បើ​យើង​ពិត​ជា​ស្រឡាញ់​ខ្លួន​ឯង​មែន ត្រូវ​ព្យាយាម​រក្សា​ចិត្ត​របស់​ខ្លួន​កុំ​ឲ្យ​សៅ​ហ្មង​ឡើយ ។ - អ្នក​ដ​ទៃ​ធ្វើ​ល្អ​ឲ្យ​យើង​មិន​បាន ព្រោះ​មក​អំពី​មហា​កុ​សល​មិនបាន​កើត​ឡើង​ក្នង​​ចិត្ត​របស់​គេ មិនមែន​មក​ពី​គេ​មិន​ធ្វើ​ល្អ​ឲ្យ​យើង​ទេ ។ អ្វី ៗ មាន​ហេតុ​មាន​បច្ច័យ​ ទើប​កើត​ឡើង ។ ដូច្នេះ​យើង​ត្រូវ​យល់​ថា អ្នក​ដទៃ​ធ្វើ​ល្អ​ឲ្យ​ខ្លួន​គេ​មិន​បាន​ផង មាន​រភង​អ្វី​ដែល​គេ​មក​ធ្វើ​ល្អ​ឲ្យ​យើង​បាន ។ - អ្នក​ណា ៗ ដែល​ធ្វើ​អំ​ពើ​មិន​ល្អ និយាយ​អាក្រក់ គិត​អាក្រក់​ក្នុង​លោក​នេះ​នោះ តាម​ពិត​ ដោយ​ធម្ម​ជាតិ​មិនមែន​អ្នក​នោះ​ធ្វើទេ នេះ​ព្រោះ​អាស្រ័យ​ហេតុ​ ៣ ដែល​ស្ថិត​នៅ​ក្នុង​សន្តាន​តែ​ប៉ុណ្ណោះ ។ បើ​ហេតុ​ ៣ នេះ​ត្រូវ​បាន​លះ​អស់​ហើយ គឺ​មិនមាន​អ្នក​ណា​ធ្វើ​អា​ក្រក់​សោះ​ឡើយ ។ ហេតុ​ទាំង​ ៣ នេះ​ឯង ដូច​ជា​ខ្មោច​បិ​សាច ដែល​ស្ថិត​នៅ​ក្នុង​មនុស្ស​យើង​អី​ចឹង ។ ដូច្នេះ យើង​មិនត្រូវ​ក្រោធ​ខឹង​ជា​មួយ​មនុស្ស​ណា​ម្នាក់​ឡើយ ។ - បើ​យើង​មិន​ក្រោធ​ខឹង​ហើយ គឺ​យើង​ហ្នឹង​ឯ​មាន​នូវ​សេចក្តី​សុខ ។ ការ​ដែល​មាន​សេច​ក្តី​សុខ​ក្នុង​ការ​មិន​ក្រោធ​ខឹង​នេះ ព្រោះ​បាន​យល់​ដឹង​ពី​ធម្ម​ជាតិ មាន​អំណត់​អត់​ធន់ និង​ព្រោះ​មាន​មេត្តា​ជា​ដើម គឺ​ជា​បុណ្យ​បារមី​ដ៏​ប្រ​សើរ​ខ្ពស់​ខ្ពស់ ។ បើ​សម្លាប់​សេចក្តី​​ក្រោធ​បាន​ហើយ ក្នុង​លោក​នេះ​មិនមាន​អ្នក​សម្រាប់​ឲ្យ​យើង​សម្លាប់​ឬ​សូម្បី​គ្រាន់​តែ​ស្អប់​​នោះ​ឡើយ ។ អ្វី ៗ ជុំ​វិញ​ជី​វិត​រស់​នៅ​មាន​តែ​ភាព​មនោ​រម្យ ហាក់​ដូច​ជា​វិមាន​ក្នុង​ព្រហ្ម​លោក ។ ដកស្រង់ចេញពីសៀវភៅៈ តម្រង់​ជ្លូវ​ជី​វិត រៀបរៀងដោយៈ សាមណេ ឆិម ប៊ុន​ឆា វាយអត្ថបទដោយៈ ឧបាសក សូត្រ តុលា ដោយ៥០០០ឆ្នាំ
images/articles/2393/wrcwerw4r4wdraefrtgerfwdfe.jpg
បញ្ហា​ខក​ចិត្ត
ផ្សាយ : ១៥ កញ្ញា ឆ្នាំ២០២១
បញ្ហា​ខក​ចិត្ត​នេះ មាន​ទូ​ទៅ​ចំ​ពោះ​សត្វ​លោក​ដែល​ជា​អ្នក​មាន​សេច​ក្តី​សង្ឃឹម​ទៅ​លើ​អ្វី​មួយ ហើយ​មិន​បាន​សម្រេច ។ សេចក្តី​សង្ឃឹម​ក៏​ជា​ចំ​ណែក​មួយ​នាំ​ឲ្យ​មាន​កម្លាំង​ចិត្ត​ក្នុង​ការ​ងារ​​ដែរ ប៉ុន្តែ​ បើ​បុគ្គល​អ្នកមាន​នូវ​សេចក្តី​សង្ឃឹម​នោះ មិន​បាន​កំ​ណត់​ហេតុ​ផល​ឲ្យ​ជាក់​លាក់ ថែម​ទាំង​មិន​បាន​ធ្វើ​ទុក​ក្នុង​ចិត្ត​នូវ​សេចក្តី​ពិត​របស់​សង្ខារ​លោក​ទេ​នោះ រោគ​ខក​ចិត្ត​ដែល​ជា​បញ្ហា​ឈឺ​ចាប់​ និង​សោក​សៅ​ ត្រូវ​បាន​កើត​ឡើង​នៅ​ពេល​ដែល​មិន​បាន​សម្រេច​ដូច​ក្តី​សង្ឃឹម ។ សេចក្តី​សង្ឃឹម​ ​ដែល​មិន​បាន​កំណត់​ហេតុ​ផល​ឲ្យ​ជាក់​លាក់ មាន​ជា​ងាទិ៍​ដូច​ជាៈ - សង្ឃឹម​ថា មនុស្ស​គ្រប់​គ្នា​នឹង​មាន​នូវ​ឧត្តម​គតិ ឬ​មាន​នូវ​គតិ​ធម៌ ជា​មនុស្ស​ល្អ​ទាំង​អស់​គ្នា ។ - សង្ឃឹម​ថា មនុស្ស​ក្នុង​លោក​នឹង​ស្រ​ឡាញ់​ខ្លួន​ ទទួល​ស្គាល់​គ្រប់ ៗ គ្នា ។ - សសង្ឃឹម​ថា អ្នក​ដទៃ​មាន​សេកច្តី​ស្រ​ឡាញ់​ស្មោះ​ចំ​ពោះ​ខ្លួន​រហូត មិន​ប្រែ​ប្រួល ។ - សង្ឃឹម​ថា ខ្លួន​ឯង​នឹង​បាន​ទៅ​ជា​បុគ្គល​យ៉ាង​នេះ យ៉ាង​នោះ​តាម​ការ​តាំង​ចិត្ត ។ អ្វី​ ៗ ក្នុង​លោក​ សុទ្ធ​តែមាន​ហេតុ​ផល​និង​ការ​ពិត​ កាល​បើ​ចេះ​តែ​មាន​សេចក្តី​សង្ឃឹម ដោយ​មិន​បាន​កំ​ណត់​ហេតុ​ឲ្យ​បាន​ច្បាស់​លាស់ លុះ​ដល់​ហេតុ​អត់​បាន ឬ​ហេតុ​មិន​គ្រប់​គ្រាន់ ផល​ក៏​មិនបាន​សម្រេច​តាម​សេចក្តី​សង្ឃឹម​នោះ ៗ រូច​ហើយ​មិន​ចេះ​កំ​ណត់​ដឹង​ទៅ​លើ​ការ​ពិត​ទៀតថា អ្វី​ដែល​កើត​​ឡើង គឺ​ចា​ត្រូវ​តែ​កើត និង អ្វី​ណា​ដែល​មាន គឺ​វា​ត្រូវ​តែ​មាន ដូច្នេះ​ការ​ខក​ចិត្ត​ព្រម​ទាំង​សេចក្តី​សទុក្ខ​សោក រមែង​គ្រប​សង្កត់​ចិត្ត​ខ្លាំង ។ មនុស្ស​យើង​កាល​ណា​ជួប​ប្រ​ទះ​នូវ​ការ​ខក​ចិត្ត​ គួរ​គិត​ពិ​ចារណា​ដូច​ត​ទៅ​នេះ - នេះ​ជា​ការ​ពិត​នៃ​ជីវិត​ក្នុង​លោក ។ - លោក​នេះ មិន​ធ្លាប់​មាន​ការ​ប្រ​ព្រឹត្ត​ទៅ​តាម​សេចក្តី​ប្រាថ្នា​របស់​អ្នក​ណា​ឡើយ សូម្បី​តែ​ព្រះ​ជា​ម្ចាស់​ដែល​គេ​ប្រាប់​ថា​ជា​អ្នក​សាង​នូវ​លោក ក៏​នៅ​តែ​គ្រប់​គ្រង​លោក​នេះ និង​ គ្រប់​គ្រង​មនុស្ស​សត្វ​ទាំង​ឡាយ​មិន​បាន​ផង ។ - សង្ខារ​ធម៌ មិន​បាន​ឋិត​នៅ​ក្រោម​អំណាច​អ្នកណា​មួយ​ឡើយ សូម្បី​តែ​ព្រះ​ព្រហ្ម ដែល​គេ​ប្រាប់​ថា ជា​អ្នក​លិ​ខិត​គ្រប់​យ៉ាង​គឺ​ព្រហ្ម​លិខិត​នោះ​ឯង នៅ​តែ​ធ្វើ​ឲ្យ​មនុស្ស​ល្អ​​ដូច​ព្រហ្ម ឬ​ល្អ​តាម​ព្រះ​ព្រហ្ម​ប្រា​ថ្នា​នោះ ៗ មិន​បាន​ផង​ដែរ ។ - ទោះ​ជា​មនសុស្​ណា​ខ្លាំង​ពូ​កែ​ក្នុង​លោក​ប៉ុនណា កាច​សា​ហាវ​យ៉ាង​ណា ​ក៏​មនុស្ស​នោះ មិន​អាច​ចាត់​ការ​ចំ​ពោះ​សង្ខារ​លោក​បាន​ដែរ ។ អ្នក​ដែល​បាន​ប្រ​កាន់​ថា​អញ​និង​របស់​អញ​កន្លង​មក សុទ្ធ​តែ​ធ្លាប់​ឈឺ​ចាប់​ក្នុង​ដើម​ទ្រូង សោក​សៅ​ដម្បៅ​រួច​មក​ហើយ ទាំង​អ្នក​ដែល​បាន អះ​អាង​ថា​ខ្លួន​ពូកែ​ក្នុង​ការ​គ្រប់​គ្រង​ប្រ​ទេស​នគរ ឬ​ថា​ជា​អ្នក​ខ្លាំង​ពូ​កែ​​ផ្នែក​សេដ្ឋ​កិច្ច​ពិ​ភព​លោក​ជា​ដើម សុទ្ធ​តែ​ធ្លាប់​ខក​ចិត្ត​ឬ​កំ​ពុង​តែ​ខក​ចិត្ត​ហ្នឹង​ឯង ។ បុគ្គល​ណា​មិន​ព្រម​ទទួល​ការ​ពិត ត្រូវ​ទទួល​ការ​ឈឺ​ចាប់​ផ្លូវ​ចិត្ត​ជា​ពិត​ប្រាកដ ដូច្នេះ​កិច្ច​ការ​សំខាន់​បំ​ផុត​របស់​យើង​ដែល​បាន​កើត​មក​ក្នុង​លោក​​នេះ គឺ​ត្រូវ​រៀន​ឲ្យ​បាន​ចេះ​ដឹង​នូវ​ការ​ពិត​នៃ​ជី​វិត និង ការ​ពិត​ក្នុង​លោក​ ។ បុគ្គល​ណា ៗ ​ជំ​ទាស់​នឹង​ធម្ម​ជាតិ​ដែល​ប្រែ​ប្រួល​ ​បុគ្គល​នោះ ៗ ត្រូវ​ទទួល​ការ​ខក​ចិត្ត​និង​ឈឺ​ចាប់​ខ្លោច​ផ្សា​ជា​ពិត​ប្រា​កដ ។ ចំ​ណែក​បុគ្គល​ដែល​ដឹង​ទាន់​ការ​ពិត និង អប់​រំ​ចិត្ត​ឲ្យ​ព្រម​ទទួល​ការ​ពិត​នោះ​បាន ឈ្មោះ​ថា​រៀន​ចេះ​នូវ​អនត្ត​លក្ខណ​សូត្រ មិនមាន​ការ​ខក​ចិត្ត ទាំង​ដែល​ប្រាស​ចាក​នូវ​ការ​សង្ឃឹម​អ្វី ៗ ពី​លោក​នេះ ហើយ​បាន​ចូល​ដល់​សេចក្តី​សុខ​ស្ងប់ ទៀង​ទាត់​មិន​ប្រែ​ប្រួល​ ។ ដកស្រង់ចេញពីសៀវភៅៈ គតិ​ធម៌ រៀបរៀងដោយៈ លោក​គ្រូ អគ្គ​បណ្ឌិត ប៊ុត​ សា​វង្ស វាយអត្ថបទដោយៈ ឧបាសក សូត្រ តុលា ដោយ៥០០០ឆ្នាំ
« Back12345...7475Next »
© Founded in June B.E.2555 by 5000-years.org (Khmer Buddhist).