សូមរង់ចាំ! ៥០០០ឆ្នាំកំពុងទាញទិន្នន័យ...
  • Articles: (1529)
    Public date : 18, Mar 2024 (55,029 Read)
    ឥទ្ធិពល​របស់​សន្មតិ​ក្នុង​លោក​នេះ​ខ្លាំង​ណាស់តែ​វាជា​សំបក​របស់​មនុស្ស​ទេមិនមែន​ជាខ្លឹម​របស់​មនុស្ស​ឡើយ។សេចក្ដី​សំខាន់​របស់​កាំបិត​នៅ​ត្រង់​មុតមិនមែន​នៅ​ត្រង់​ដង​ទេទោះ​បី​កាំ​បិត​នោះ​មាន​ដង​មាសតែ​បើ​មិន​មុត​ក៏​ប្រើ​ឲ្យ​បាន​ប្រយោជន៍​ជាកាំបិត​មិន​កើត​ដែរ។ មនុស្ស​ម្នាក់​​រវល់​តែ​ស្វែង​រក​មាសរក​ពេជ្រ​មក​ប្រដាប់​ដង​កាំ​បិតបណ្ដោយ​ឲ្យ​កាំ​បិត​ច្រែះ​ស្នឹម​ខូចមុខ​លែង​មុតតែ​ម្នាក់​ទៀត​ព្យាយាម​សំលៀង​មុខ​កាំបិត​ជានិច្ចឯ​ដង​កាំបិត​វិញគ្រាន់​តែ​ជា​ឈើ​សម្រាប់​ចាប់​ឲ្យ​ល្មម​ដៃ​ប៉ុណ្ណោះក្នុង​សេចក្ដី​នេះអ្នក​សំលៀងកាំបិត​ទើប​បាន​ដឹង​អំពី​សារៈ​សំខាន់​របស់​កាំបិត​ពិត​ប្រាកដ។ការ​ចេះ​ដឹងនិង​ការ​ប្រព្រឹត្តល្អព្រម​ទាំង​សេចក្ដី​ស្ងប់​គឺ​ជាសារៈ​ខ្លឹមសារ​នៃ​ជីវិតដូច្នេះ​ទើប​គួរ​ស្វែង​រក​ខ្លឹម​សារ​ទាំង​នេះ​មក​ប្រដាប់​ជីវិតទើប​ជីវិត​មាន​ខ្លឹមសារ​ពិត​ប្រាកដ។ ដកស្រង់ចេញពីសៀវភៅមេរៀនជីវិត រៀប​រៀង​ដោយលោកគ្រូអគ្គបណ្ឌិតប៊ុតសាវង្ស ដោយ​៥០០០​ឆ្នាំ
    Public date : 18, Mar 2024 (7,816 Read)
    មនុស្ស​យើង​ម្នាក់ៗត្រូវ​ការ​សភាព​ត្រជាក់​ចិត្ត​ចង់​បាន​នូវ​សេចក្ដី​ស្ងប់​ចិត្តហើយ​គិត​ធ្វើ​យ៉ាង​ណាឲ្យ​ខ្លួន​បាន​សប្បាយចិត្តជារៀងរាល់ថ្ងៃបុគ្គល​ខ្លះ​គិត​ដូច្នេះ​ហើយ​ក៏​ទៅ​ដើរ​លេង​តាម​ឆ្នេរ​សមុទ្រ​ខ្លះព្រៃភ្នំខ្លះទៅកាន់​ប្រាសាទ​បុរាណ​ខ្លះទៅកាន់ឧទ្យាន​ផ្កាតូចធំខ្លះទៅកាន់ស្រុក​ឆ្ងាយ​ជិត​ខ្លះទៅ​មើល​ល្បែង​របាំ​ច្រៀងរាំខ្លះស្ដាប់​តន្ត្រីខ្លះជិះយានជំនិះ​តាមដងវិថី​តូចធំ​ខ្លះ​ទៅកាន់​ទីផ្សារ​លក់​ទំនិញ​ខ្លះ​រហូត​ដល់ហ៊ាន​បរិភោគ​ទឹកស្រវឹងទៀត​​ផងគឺ​ដើម្បី​ឲ្យ​ខ្លួន​បាន​សប្បាយបានត្រជាក់ចិត្ត​រួច​ផុត​អំពី​គំនរ​ភ្លើង​គឺ​សេចក្ដី​ទុក្ខសោកប៉ុន្តែ​ការ​ដើរ​ទស្សនា​ទាំង​អស់​នេះ​មិន​អាច​បាន​ធូរ​ស្រាល​អំពី​សេចក្ដី​ទុក្ខ​សោក​បាន​ឡើយឬ​បើ​បានធូរ​ស្រាល​ខ្លះ​នោះ​ក៏​បាន​បន្តិចបន្តួច​ប៉ុណ្ណោះ​ប្រៀប​ដូច​ជា​ថ្នាំ​ស្ពឹក​ដែល​គេ​ចាក់​ដើម្បី​កុំ​ឲ្យ​ឈឺ​ក្នុងរយៈ​ពេល​ខ្លីគឺ​១ម៉ោង២ម៉ោង​ឬ១ថ្ងៃ​ប៉ុណ្ណោះដូច្នេះ​ការ​ដើរ​គ្រប់​ទីកន្លែង​មិនមែន​ជា​ដំណោះ​ស្រាយ​ធ្វើ​ឲ្យ​ធូរ​ស្រាល​បានត្រជាក់​ចិត្ត​ដូច​ជា​ការ​ធ្វើ​ទាន​រក្សា​សីល​ចំរើន​មេត្តា​ចិត្ត​ព្រោះ​ការ​រក្សា​សីល​ជាដើមទើប​អាច​រំលត់​នូវ​សភាព​ក្ដៅ​ក្រហាយ​ក្នុង​ចិត្ត​បានគប្បី​ជ្រាប​ថា​សេចក្ដី​សុខមិនមែន​នៅ​ឆ្ងាយ​អំពី​ក្នុង​ចិត្ត​របស់​ខ្លួន​ទេហើយ​សេចក្ដី​ទុក្ខក៏​នៅ​ក្នុង​ចិត្ត​ដែរដូច្នេះ​ការ​ត្រាច់​ទៅ​កាន់​ទីឆ្ងាយៗក៏​មាន​ចិត្ត​រួម​ដំណើរ​ទៅជាមួយ​ដែរដូច្នេះ​សេចក្ដី​ទុក្ខ​ក៏​វា​មាន​នៅ​ក្នុងទី​នោះ​បើ​មាន​បញ្ញា​នោះ​ឯង​ក៏​រំលត់​នូវ​សេចក្ដី​ទុក្ខ​នោះ​បាន។ -មនត្រជាក់ទេបើ​នៅ​តែ​ឱប​ភ្លើង -មិនត្រជាក់​ទេបើ​នៅ​តែ​ប្រកាន់ -មិនត្រជាក់​ទេបើនៅតែ​ជាប់ជំពាក់ ​-មិនត្រជាក់ទេបើ​នៅ​តែ​ខឹង​ក្រោធ​ច្រើន -មិនត្រជាក់ទេបើ​នៅ​តែ​មាន​គំនិត​ខូច -មិនត្រជាក់ទេបើ​នៅ​តែ​មាន​គំនិត​យល់​ខុស -មិនត្រជាក់ទេបើ​នៅ​តែ​ច្រណែន​អ្នក​ដទៃ -មិនត្រជាក់ទេបើ​នៅ​តែ​ទ្រុស្ដ​សីល -មិនត្រជាក់ទេបើ​មិន​មាន​បញ្ញា នត្ថិសន្ដិបរំសុខំ ពុំមានសេចក្ដី​សុខ​ដទៃក្រៅអំពី​សេចក្ដី​ស្ងប់​ឡើយ។ ដកស្រង់ចេញពីសៀវភៅមេត្តាចិត្ត រៀប​រៀង​ដោយកែវវិមុត្ត ដោយ​៥០០០​ឆ្នាំ
                          Page 8