Wednesday, 16 Jun B.E.2565  
Listen to Dhamma (Mp3)
Listening to Tripitaka (Mp3)
Teaching Dhamma (Mp3)
Audio Books (Mp3)
Block Thor Sot (Mp3)
កម្រងកំណាព្យនិងស្មូត្រ (Mp3)
កម្រងបទភ្លេងនិងចម្រៀង (Mp3)
Buddhism​ & Society (Mp3)
Read Dhamma (eBook)
Video Gallery
Recently Listen / Read
Live Radio
Metta Radio
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
Kalyanmet Radio
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
Buddha Speech Radio
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
Voice of Dhamma Radio
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
Radio Koltoteng
ទីតាំងៈ វត្តគល់ទទឹង
ម៉ោងផ្សាយៈ ២៤ម៉ោង
Radio RVD BTMC
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ០៤.០០​​​ - ២២.០០
Ponletrayroth Radio
ទីតាំងៈ ខេត្តតាកែវ
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
Notification
All Visitors
Today 233,209
Today
Yesterday 212,315
This Month 5,527,125
Total ២០១,៧១៧,៣៤១
free counters
កំពុងទស្សនា ចំនួន
STORY
images/articles/2902/4tpssic.jpg
Public date : 19, Mar 2021 (2988 Read)
កណវេរជាតក (រឿងស្រណោះស្នេហ៍ក្បែរគុម្ពផ្កាច្បារ) ព្រះសាស្ដា កាលស្ដេចគង់នៅវត្តជេតពន ទ្រង់ប្រារព្ធនូវការប្រលោមលួងលោមរបស់បុរាណទុតិយិកា (ស្រ្តីដែលមានបុរសជាពីរនាក់ក្នុងកាលពីមុន គឺប្រពន្ធពីដើម ឬប្រពន្ធពីមុន) បានត្រាស់ព្រះធម្មទេសនានេះ មានពាក្យថា យំ តំ វសន្តសមយេ ដូច្នេះជាដើម ។ រឿងរ៉ាវនៃជាតកនេះ នឹងប្រាកដជាក់ច្បាស់ ក្នុងឥន្ទ្រិយជាតក (សុត្តន្តបិដក ខុទ្ទកនិកាយ ជាតក អដ្ឋកនិបាត បិដកលេខ ៥៩ ទំព័រ ១២៦) ឯណោះ ។ ព្រះសាស្ដាត្រាស់នឹងភិក្ខុនោះថា ម្នាលភិក្ខុ ក្នុងកាលមុន អ្នកអាស្រ័យនូវស្ត្រីនោះហើយ ត្រូវទទួលការកាត់ក្បាលដោយដាវ ដូច្នេះហើយ ដែលភិក្ខុនោះទូលអង្វរអារាធនា ទើបទ្រង់នាំអតីតនិទានមកថា ក្នុងអតីតកាល កាលព្រះបាទព្រហ្មទត្តសោយរាជសម្បត្តិក្នុងនគរពារាណសី ព្រះពោធិសត្វកើត (ក្នុងពេលដែលប្រកប) ដោយផ្កាយចោរក្នុងផ្ទះរបស់គហបតីមួយ ក្នុង កាសិគ្រាម កាលចម្រើនវ័យធំហើយ ធ្វើចោរកម្ម ចិញ្ចឹមជីវិត បានប្រាកដក្នុងលោក ជាអ្នកក្លាហាន មានកម្លាំងដូចដំរី គ្មាអ្នកណាអាចនឹងចាប់ព្រះពោធសិត្វបានឡើយ ។ ក្នុងថ្ងៃមួយ ចោរនោះកាត់នូវគ្រឿងចំណងក្នុងផ្ទះរបស់សេដ្ឋីមួយ ហើយលួចទ្រព្យដ៏ច្រើន ។ អ្នកនគរទាំងឡាយ ចូលគាល់ព្រះរាជា ទូលថា បពិត្រព្រះសម្មតិទេព មានមហាចោរមួយ តែងប្លន់នគរ សូមទ្រង់ញ៉ាំងគេឲ្យចាប់នូវមហាចោរនោះ ។ ព្រះរាជាបានបញ្ជាឲ្យអ្នករក្សានគរចាប់នូវចោរនោះ ។ ក្នុងចំណែកនៃរាត្រី អ្នករក្សានគរចាត់ចែងដាក់មនុស្សទាំងឡាយ ដោយចំណងជាពួក ក្នុងទីនោះៗ ឲ្យចាប់មហាចោរព្រមទាំងរបស់ ហើយទូលដល់ព្រះរាជា ។ ព្រះរាជាបញ្ជាឲ្យអ្នករក្សានគរនោះឯងថា អ្នកចូរកាត់ក្បាលរបស់វាចុះ ។ អ្នករក្សានគរឲ្យគេចងមហាចោរនោះ ដោយក្រពាត់ដៃមកក្រោយ (ចងស្លាបសេក) ដោយចំណងដ៏មាំ ហើយពាក់កម្រងផ្កាច្បារពណ៌ក្រហមត្រង់ករបស់មហាចោរនោះ រោយលម្អិតឥដ្ឋកៈលើក្បាល វាយដោយខ្សែតី ៤ ដង ទើបនាំទៅកាន់កន្លែងសម្លាប់ដោយសំឡេងស្គរដ៏ខ្លាំង ។ នគរទាំងមូលកម្រើករំពើកហើយដោយសំឡេងថា បានឮថា ចោរដែលឆក់ប្លន់ក្នុងនគរនេះ ត្រូវគេចាប់បានហើយ ។ គ្រានោះ ក្នុងនគរពារាណសី មានស្រីគណិកា (ស្រីផ្កាមាស) ឈ្មោះ សាមា ដែលមានតម្លៃខ្លួនមួយពាន់ ជាអ្នកប្រោសប្រទានរបស់ព្រះរាជា មាននាងវណ្ណទាសី ៥០០ ជាបរិវារ ។ នាងសាមានោះ បើក វាតបាន (បង្អួច) ក្នុងប្រាសាទ ឈរមើល បានឃើញមហាចោរ ដែលគេកំពុងនាំទៅនោះ ។ មហាចោរនោះជាមនុស្សមានរូបស្អាត គួរជាទីស្នេហា ដល់ភាពជាអ្នកមានសេចក្ដីស្អាតដ៏លើស មានសម្បុរដូចជាទេវតា ប្រាកដច្បាស់ដោយក្បាលនៃក្បាលមនុស្សទាំងឡាយ ។ នាងសាមាបានឃើញមហាចោរហើយមានចិត្តប្រតិព័ទ្ធគិតថា យើងគប្បីធ្វើបុរសនេះឲ្យជាស្វាមីរបស់ខ្លួន ដោយឧបាយដូចម្ដេចហ៎្ន ? គិតឃើញថា មានឧបាយមួយ ទើបប្រគល់ទ្រព្យមួយពាន់ក្នុងដៃស្រីបម្រើរបស់ខ្លួន ឲ្យយកទៅជូនអ្នករក្សានគរ ហើយប្រាប់ថា ចោរនេះជាបងប្រុសរបស់នាងសាមា វៀរនាងសាមាហើយ អ្នកដទៃនឹងជាទីអាស្រ័យរបស់ចោរនេះមិនមានឡើយ បានឮមកថា លោកកាន់យកទ្រព្យមួយពាន់នេះ ហើយ ចូរដោះលែងចោរនេះ ។ ស្រីបម្រើនោះទៅហើយនិងបានធ្វើយ៉ាងនោះ ។ អ្នករក្សានគរពោលថា ចោរនេះប្រាកដ (ដូចដងទង់) មិនអាចនឹងដោះលែងបានទេ បើបានមនុស្សដទៃ (មកជំនួស) យើងនឹងឲ្យចោរនេះទៅអង្គុយលើយានដែលបិទបាំង អាចនឹងបញ្ជូនចេញបាន ។ ស្រីបម្រើនោះមកហើយប្រាប់ដល់នាងសាមា ។ គ្រានោះ មានសេដ្ឋីបុត្រម្នាក់ ដែលមានចិត្តប្រតិព័ទ្ធនឹងនាងសាមា តែងឲ្យទ្រព្យមួយពាន់រាល់ៗថ្ងៃ ។ សូម្បីថ្ងៃនោះ សេដ្ឋីបុត្រនោះ ក៏កាន់យកទ្រព្យមួយពាន់ បានមកកាន់ផ្ទះនោះ ក្នុងវេលាដែលព្រះអាទិត្យអស្ដង្គត ។ សូម្បីនាងសាមាកាន់យកភណ្ឌៈដែលមានតម្លៃមួយពាន់ហើយ មកដាក់លើភ្លៅ ហើយអង្គុយយំ ។ សេដ្ឋីបុត្រពោលថា អូនមានរឿងអ្វី ? នាងសាមាពោលថា បពិត្របងជាម្ចាស់ ចោរនេះជាបងប្រុសរបស់អូន គាត់មិនមកសម្នាក់អូនដោយគិតថា យើងធ្វើកម្មអាក្រក់ កាលអូនបញ្ជូនដំណឹងទៅឲ្យអ្នករក្សានគរ អ្នករក្សានគរនោះបញ្ជូនដំណឹងមកវិញថា កាលយើងបានទ្រព្យមួយពាន់ យើងនឹងដោះលែងចោរនេះ ឥឡូវនេះ អូនបានទ្រព្យមួយពាន់ហើយ តែមិនបានទៅកាន់សម្នាក់របស់អ្នករក្សានគរ ។ ព្រោះភាពជាអ្នកមានចិត្តប្រតិព័ទ្ធ (ខ្លាំង) នឹងនាងសាមា សេដ្ឋីបុត្រនោះពោលថា ចាំបងនឹងទៅ ។ នាងសាមាពោលថា បើយ៉ាងនោះ បងចូរកាន់យកទ្រព្យដែលបងនាំមកនោះទៅចុះ ។ សេដ្ឋីបុត្រកាន់យកទ្រព្យនោះ ហើយទៅកាន់ផ្ទះរបស់អ្នករក្សានគរ ។ អ្នករក្សានគរបានឲ្យគេចាប់សេដ្ឋីបុត្រដាក់ក្នុងកន្លែងដែលបិទបាំង ហើយឲ្យចោរអង្គុយលើយាន ដែលបិទបាំង បញ្ជូនទៅឲ្យនាងសាមា ហើយធ្វើការអះអាងថា ចោរនេះប្រាកដក្នុងដែន ត្រូវចាំដល់ពេលងងឹតសិន យើងនឹងឲ្យគេសម្លាប់ក្នុងវេលាដែលមនុស្សទាំងឡាយចេញចាកហើយ ។ កន្លងទៅបានមួយភ្លេត កាលមនុស្សទាំងឡាយចេញទៅហើយ ទើបនាំសេដ្ឋីបុត្រទៅកាន់កន្លែងពិឃាត ដោយការរក្សាដ៏ធំ ហើយកាត់ក្បាល់ដោយដាវ យកលំពែងចាក់សរីរៈលើកឡើង រួចទើបចូលកាន់នគរ ។ ចាប់តាំងអំពីពេលនោះមក នាងសាមាមិនទទួលទ្រព្យយ៉ាងណាមួយ អំពីដៃរបស់បុរសដទៃ ប្រព្រឹត្តត្រេកអរតែជាមួយនឹងមហាចោរនោះឯង ។ មហាចោរនោះគិតថា ប្រសិនបើ ស្រីនេះមានចិត្តប្រតិព័ទ្ធក្នុងបុរសដទៃ នាងនឹងឲ្យគេសម្លាប់សូម្បីយើង ហើយនឹងអភិរម្យជាបុរសនោះ ស្រីនេះជាមនុស្សទ្រុស្តមិត្រក្រៃពេក យើងមិនគួរនៅក្នុងទីនេះ គួរប្រញាប់រត់គេច តែយើងមិនគួរទៅដោយដៃទទេ ត្រូវកាន់យកអាភរណភណ្ឌរបស់នាង ហើយចាំយើងទៅ ដូច្នេះហើយ ក្នុងថ្ងៃមួយ ក៏ពោលនឹងនាងសាមាថា ហៃអូនដ៏ចម្រើនអើយយើងនៅតែក្នុងផ្ទះអស់កាលជានិច្ចដូច្នេះ ហាក់បីដូចជាមាន់ដែលគេដាក់ក្នុងទ្រុង យើងនឹងធ្វើនូវការលេងក្នុងឧទ្យានមួយថ្ងៃ ។ នាងសាមានោះ ទទួលថា ល្អ ហើយចាត់ចែងខាទនីយភីោជនីយៈជាដើមទាំងពួង ប្រដាប់តាក់តែងដោយគ្រឿងអាភរណៈទាំងពួង អង្គុយលើយានដែលបិទបាំងជាមួយនឹងមហាចោរ ទៅកាន់ឧទ្យាន ។ មហាចោរកាលលេងជាមួយនាង សាមាក្នុងឧទ្យាននោះ ទើបគិតថា ឥឡូវនេះ យើងគួរគេចទៅ ដូច្នេះហើយ ក៏ធ្វើហាក់ដូចជា ប្រាថ្នានឹងអភិរម្យដោយសេចក្ដីត្រេកអរនៃកិលេសនឹងនាងសាមា ទើបនាំចូលទៅចន្លោះគុម្ពផ្កាច្បារមួយ ធ្វើដូចជាឱបនាង ហើយធ្វើឲ្យនាងសន្លប់ ផ្ដួលចុះ រួចដោះគ្រឿងអាភរណៈទាំងពួង យកសំពត់ដណ្ដប់របស់នាងចង ដាក់បង្វេចភណ្ឌៈនឹងក លោតផ្លោះរបងឧទ្យានចេញទៅ ។ ចំណែកនាងសាមា កាលភ្ញាក់ខ្លួនហើយ ក្រោកឡើង ទៅកាន់សម្នាក់ស្រីបម្រើហើយសួរថា អយ្យបុត្រ នៅឯណា ? ស្រីបម្រើពោលថា បពិត្រអ្នកនាង ពួកខ្ញុំមិនដឹងទេ ។ នាងសាមាគិតថា ស្វាមីសម្គាល់ថា យើងស្លាប់ហើយ ទើបគេចទៅ ។ នាងសាមាលំបាកចិត្ត ទើបចេញពីឧទ្យាន ទៅកាន់ផ្ទះ ហើយនាងគិតទៀតថា ចាប់តាំងតែវេលាដែលយើងនៅមិនបានជួបស្វាមីជាទីស្រឡាញ់របស់យើង យើងនឹងមិនដេកលើទីដេកដែលប្រដាប់តាក់តែង ដូច្នេះហើយ ទើបដេកលើផែនដី ។ តាំងពីពេលនោះមក នាងសាមាមិនស្លៀកនូវសំពត់ដែលជាទីស្រឡាញ់ទៀតឡើយ មិនបរិភោគភត្ត ២ មិនសេពនូវរបស់ក្រអូប និងកម្រងផ្កាជាដើម គិតថា យើងនឹងស្វែករកអយ្យបុត្រដោយឧបាយយ៉ាងណាមួយ ហើយហៅឲ្យមកវិញ ទើបហៅអ្នករបាំឲ្យមក រួចឲ្យប្រាក់មួយពាន់ ។ កាលអ្នករបាំពោលថា អ្នកនាងឲ្យពួកខ្ញុំធ្វើអ្វី ? នាងប្រាប់ថា ឈ្មោះថា ស្ថានទីដែលពួកលោកមិនបានទៅ រមែងមិនមាន ពួកលោកកាលទៅកាន់ស្រុក និគម រាជធានីទាំងឡាយ ហើយធ្វើមហោស្រព គប្បីច្រៀងចម្រៀងនេះជាដំបូង ក្នុងមណ្ឌលមហោស្រព ដូច្នេះហើយ កាលឲ្យអ្នករបាំសិក្សាទើបពោលគាថាទីមួយ ហើយបញ្ជូនទៅថា កាលពួកលោកច្រៀងនូវចម្រៀងនេះ បើអយ្យបុត្រនៅក្នុងចន្លោះបរិស័ទនោះ គាត់នឹងពោលជាមួយនឹងពួកលោក លំដាប់នោះ ពួកលោកចូរពោលនូវការមិនមានរោគរបស់យើងដល់គាត់ ហើយចាប់គាត់ រួចត្រឡប់មក បើគាត់មិនមក ពួកលោកចូរបញ្ជូនដំណឹងមកចុះ ដូច្នេះហើយ ក៏បានឲ្យស្បៀង ហើយបញ្ជូនអ្នករបាំទៅ ។ ពួកអ្នករបាំនោះ បានចេញចាកក្រុងពារាណសី កាលធ្វើនូវមហោស្រពក្នុងទីនោះៗ ហើយទៅកាន់បច្ចន្តគ្រាមមួយ ។ ចំណែកមហាចោរនោះ រត់ទៅហើយ បាននៅក្នុងបច្ចន្តគ្រាមនោះ ។ អ្នករបាំកាលធ្វើមហោស្រព ទើបបានច្រៀងចម្រៀងជាគាថាទី ១ ថា យំ តំ វសន្តសមយេ, កណវេរេសុ ភាណុសុ; សាមំ ពាហាយ បីឡេសិ, សា តំ អារោគ្យមព្រវិ។ អ្នកឱបរឹតនាងសាមាណា ដោយដើមដៃក្បែរគុម្ពច្បារទាំងឡាយ មានផ្កាក្រហម ដូចពន្លឺព្រះអាទិត្យក្នុងវសន្តសម័យ (ហើយរត់ទៅ ឥឡូវនេះ) នាងសាមានោះប្រាប់មកអ្នក (ថានាង) មិនមានរោគទេ ។ បណ្ដាបទទាំងនោះ បទថា កណវេរេសុ បានដល់ ករវីរេសុ គឺក្បែរគុម្ពផ្កាច្បារ ។ បទថា ភាណុសុ សេចក្ដីថា ដល់ព្រមដោយពណ៌ក្រហមនៃផ្កាពណ៌ក្រហម ។ បទថា សាមំ សេចក្ដីថា អ្នកមានឈ្មោះយ៉ាងនោះ ។ បទថា បីឡេសិ សេចក្ដីថា អ្នកណាឱបរឹត ដូចប្រាថ្នានឹងអភិរម្យដោយសេចក្ដីត្រេកអរនៃកិលេស ។ បទថា សា តំ សេចក្ដីថា នាងសាមានោះ មិនមានរោគ តែលោកសម្គាល់ថា នាងស្លាប់ហើយ ទើបរត់ទៅ នាងនោះបានប្រាប់ គឺពោលដល់ការមិនមានរោគរបស់ខ្លួន ។ ចោរស្ដាប់ពាក្យនោះហើយ ចូលទៅរកអ្នករបាំ ពោលថា អ្នកនិយាយថា នាងសាមា នៅមានជីវិត ចំណែកខ្ញុំមិនជឿទេ កាលនឹងចរចាជាមួយអ្នករបាំនោះ ទើបពោលគាថាទី ២ ថា អម្ភោ ន កិរ សទ្ធេយ្យំ, យំ វាតោ បព្ពតំ វហេ; បព្ពតញ្ចេ វហេ វាតោ, សព្ពម្បិ បថវិំ វហេ; យត្ថ សាមា កាលកតា, សា មំ អារោគ្យមព្រវិ។ នែអ្នកដ៏ចម្រើន បានឮថា ខ្យល់បក់ផាត់ភ្នំ ដោយហេតុណា ខ្ញុំមិនគប្បីជឿនូវហេតុនោះទេ បើខ្យល់បក់ផាត់ភ្នំបាន បក់ផាត់ផែនដីទាំងមូល ក៏បានដែរ នាងសាមាណាស្លាប់បាត់ទៅហើយ អ្នកពោលថា នាងសាមានោះ មិនមានរោគ (ខ្ញុំមិនគប្បីជឿទេ) ។ គាថានោះមានសេចក្ដីថា អម្ភោ នដ នៃអ្នករបាំដ៏ចម្រើន បានឮថា ខ្យល់បក់ផាត់ភ្នំ មិនគប្បីជឿឡើយ ។ ខ្យល់ណាបក់ផាត់ភ្នំដូចជាស្មៅ និងស្លឹកឈើ ប្រសិនបើខ្យល់នោះបក់ភ្នំ នឹងគប្បីបក់សូម្បីទាំងផែនដី ពាក្យនេះ មិនគួរជឿយ៉ាងណា ពាក្យរបស់អ្នកក៏មិនគួរជឿយ៉ាងនោះ ។ បទថា យត្ថ សាមា កាលកតា សេចក្ដីថា នាងសាមានោះធ្វើកាលកិរិយាហើយ នឹងសួរការមិនមានរោគដល់យើងបានខ្លួនឯង ។ សួរថាព្រោះហេតុអ្វី ទើបមិនជឿ ឆ្លើយថា ព្រោះធម្មតាមនុស្សស្លាប់ហើយ នឹងបញ្ជូនដំណឹងដល់អ្នកណាៗ មិនបាន ។ អ្នករបាំស្ដាប់ពាក្យរបស់ចោរនោះហើយ ទើបពោលគាថាទី ៣ ថា ន ចេវ សា កាលកតា, ន ច សា អញ្ញមិច្ឆតិ; ឯកភត្តិកិនី សាមា, តមេវ អភិកង្ខតិ។ នាងសាមានោះ មិនស្លាប់ផង នាងមិនចង់បានបុរសដទៃផង បានឮថា នាងសាមា មានប្ដីតែមួយ នាងចង់បានតែប្ដីនោះឯង ។ បណ្ដាបទទាំងនោះ បទថា តមេវ អភិកង្ខតិ សេចក្ដីថា នាងមិនប្រាថ្នាបុរសដទៃ នៅតែប្រាថ្នា គឺត្រូវការ ចង់បានចំពោះតែអ្នកប៉ុណ្ណោះ ។ចោរស្ដាប់ពាក្យនោះហើយ ទើបពោលថា នាងមានជីវិត ឬមិនមានក៏ដោយ យើងមិនត្រូវការនាង ហើយពោលគាថាទី ៤ ថា អសន្ថុតំ មំ ចិរសន្ថុតេន, និមីនិ សាមា អធុវំ ធុវេន; មយាបិ សាមា និមិនេយ្យ អញ្ញំ, ឥតោ អហំ ទូរតរំ គមិស្សំ។ នាងសាមា ប្ដូរយកខ្ញុំដែលមិនធ្លាប់ស្និទ្ធស្នាល ដោយប្ដីដែលស្និតស្នាល អស់កាលយូរ, ប្ដូរយកខ្ញុំ ជាប្ដីមិនពិតប្រាកដ ដោយប្ដីពិតប្រាកដ, នាងសាមា មុខតែប្ដូរយកបុរសដទៃ ដោយខ្ញុំ, ខ្ញុំនឹងទៅកាន់ទីឆ្ងាយ លើសពីនេះ ទៅទៀត ។ បណ្ដាបទទាំងនោះ បទថា អសន្ថុតំ សេចក្ដីថា អ្នកមិនបានធ្វើការស្និទ្ធស្នាល ។ បទថា ចិរសន្ថុតេន សេចក្ដីថា អ្នកធ្វើការស្និទ្ធស្នាលអស់កាលយូរ ។ បទថា និមីនិ សេចក្ដីថា ប្ដូរ ។ បទថា អធុវំ ធុវេន សេចក្ដីថា នាងសាមាបានឲ្យទ្រព្យមួយពាន់ដល់អ្នករក្សានគរ ដើម្បីប្ដូរយកយើងដែលមិនមែនជាស្វាមីពិតប្រាកដ ដោយស្វាមីពិតប្រាកដនោះ ។ បទថាមយាបិ សាមា និមិនេយ្យ អញ្ញំ សេចក្ដីថា នាងសាមានឹងប្ដូរហើយកាន់យកស្វាមីដទៃ សូម្បីដោយយើង ។ បទថា ឥតោ អហំ ទូរតរំ គមិស្សំ សេចក្ដីថា ចោរពោលថា យើងនឹងទៅកាន់ទីឆ្ងាយសែនឆ្ងាយ គឺទីដែលយើងមិនអាចនឹងឮដំណឹង ឬរឿងរបស់នាង ព្រោះហេតុនោះ អ្នកទាំងឡាយចូរប្រាប់សេចក្ដីដែលយើងចេញអំពីទីនេះ ទៅកាន់ទីដទៃដល់នាង ចោរពោលដូច្នេះហើយ កាលអ្នករបាំទាំងនោះកំពុងមើលនោះឯង បានស្លៀកសំពត់ឲ្យមាំក្រៃលែង ហើយរត់ទៅយ៉ាងរហ័ស ។ អ្នករបាំទាំងឡាយទៅហើយ បានប្រាប់អាការៈ ដែលចោរនោះបានធ្វើហើយ ដល់នាងសាមានោះ ។ នាងសាមា មានវិប្បដិសារី លំបាកចិត្ត ញ៉ាំងកាលឲ្យប្រព្រឹត្តទៅដោយភាពប្រក្រតីរបស់ខ្លួននោះឯង ។ ព្រះសាស្ដាបាននាំព្រះធម្មទេសនានេះមកហើយ ទ្រង់ប្រកាសសច្ចៈទាំងឡាយ រួចប្រជុំជាតក ក្នុងកាលជាទីបញ្ចប់នៃសច្ចៈ ឧក្កណ្ឋិតភិក្ខុ (ភិក្ខុអផ្សុក) បានតាំងនៅក្នុងសោតាបត្តិផល ។ តទា សេដ្ឋិបុត្តោ អយំ ភិក្ខុ អហោសិ សេដ្ឋីបុត្រក្នុងកាលនោះបានមកជាភិក្ខុនេះ ។ សាមា បុរាណទុតិយិកា នាងសាមា បានមកជា បុរាណទុតិយិកា ។ ចោរោ បន អហមេវ អហោសិំ ចំណែកចោរ គឺតថាគតនេះឯង ។ ចប់ កណវេរជាតក ៕ (ជាតកដ្ឋកថា សុត្តន្តបិដក ខុទ្ទកនិកាយ ជាកត ចតុក្កនិបាត បុចិមន្ទវគ្គ បិដកលេខ ៥៩ ទំព័រ ២០៤) ដោយខេមរ អភិធម្មាវតារ ដោយ៥០០០ឆ្នាំ
images/articles/2905/t_________pic.jpg
Public date : 19, Mar 2021 (1731 Read)
ព្រះសាស្ដា កាលស្ដេចគង់នៅវត្តជេតពន ទ្រង់ប្រារព្ធទេវទត្ត បានត្រាស់ព្រះធម្ម-ទេសនានេះ មានពាក្យថា អហាសិ មេ អម្ពផលានិ បុព្ពេ ដូច្នេះជាដើម ។ ពិតមែនហើយ ទេវទត្តលះបង់អាចារ្យថា យើងនឹងជាព្រះពុទ្ធ ព្រះសមណគោតមមិនមែនជាអាចារ្យ មិនមែនជាឧបជ្ឈាយ៍របស់យើងទេ ដូច្នេះហើយ ជាអ្នកសាបសូន្យចាកឈាន ទម្លាយនូវសង្ឃ កាលមកកាន់ក្រុងសាវត្ថីដោយលំដាប់ ពេលនៅក្រៅវត្តជេតពន ត្រូវផែនដីឲ្យចន្លោះ (ផែនដីស្រូប) បានចូលទៅកាន់អវីចិមហានរក ។ គ្រានោះ ភិក្ខុទាំងឡាយញ៉ាំងកថាឲ្យតាំងឡើងក្នុងធម្មសភាថា ម្នាលអាវុសោ ទេវទត្តលះបង់អាចារ្យ ហើយដល់នូវសេចក្ដីវិនាសធំ និងបានកើតក្នុងអវីចិមហានរក ។ ព្រះសាស្ដាស្ដេចយាងមកហើយត្រាស់សួរ ម្នាលភិក្ខុទាំងឡាយ អម្បាញ់មិញនេះ អ្នកទាំងឡាយអង្គុយប្រជុំគ្នាដោយកថាអ្វី ? កាលភិក្ខុទាំងឡាយទូលថា ដោយកថាឈ្មោះនេះ ដូច្នេះហើយ ទើបទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ មិនមែនតែក្នុងកាលឥឡូវនេះទេ សូម្បីក្នុងកាលមុន ទេវទត្តក៏លះបង់អាចារ្យហើយដល់នូវសេចក្ដីវិនាសធំដែរ ហើយព្រះអង្គនាំយកអតីតនិទានមកថា ក្នុងអតីតកាល កាលព្រះបាទព្រហ្មទត្តសោយរាជសម្បត្តិក្នុងនគរពារាណសី ។ (ក្នុងកាលនោះ) ត្រកូលបុរោហិតរបស់ព្រះបាទព្រហ្មទត្តនោះវិនាសដោយអហិវាតរោគ (រោគកើតអំពីខ្យល់មានពិសដូចជាពិសនៃពស់) ។ បុត្រប្រុសមួយប៉ុណ្ណោះ បានទម្លាយជញ្ជាំងហើយរត់ទៅ ។ បុត្រនោះបានទៅនគរតក្កសិលា ហើយរៀននូវត្រៃវេទ និង សិល្បសាស្ត្រដ៏សេស ក្នុងសម្នាក់អាចារ្យទិសាបាមោក្ខ (អាចារ្យជាប្រធានក្នុងទិស ឬអាចារ្យជាប្រធាននៃសិស្សគ្រប់ទិស គឺអាចារ្យធំដែលចេះវិជ្ជាច្រើនប្រភេទ សម្រាប់ប្រើតាមជាន់ តាមសម័យ, ជាអ្នកអាចបង្ហាត់បង្រៀនពួកសិស្សដែលកាត់មកពីគ្រប់ទិស គ្រប់ប្រទេស បានមិនទើសទាក់) (កាលរៀនចប់ហើយ) ក៏ថ្វាយបង្គំអាចារ្យ កាលចេញទៅ បានគិតថា យើងនឹងដឹងនូវទំនៀមទម្លាប់របស់ប្រទេស (ផ្សេងៗ) ដូច្នេះហើយ ទើបត្រាច់ទៅ ហើយដល់បច្ចន្តនគរមួយ ។ មានមហាចណ្ឌាលគ្រាម (ស្រុករបស់មនុស្សវណ្ណៈចណ្ឌាលដ៏ធំ) មួយអាស្រ័យនឹងនគរនោះ ។ ក្នុងកាលនោះ ព្រះពោធិសត្វអាស្រ័យនៅក្នុងស្រុកនោះ លោកជាបណ្ឌិត ឈ្លាសវៃ ចេះនូវផលគណ្ហាបនមន្ត (មន្តដែលធ្វើឲ្យស្វាយចេញផ្លែក្នុងកាលមិនមែនរដូវ) ។ ព្រះពោធិសត្វក្រោកឡើងអំពីព្រលឹម កាន់យកអម្រែក ចេញអំពីស្រុកនោះ ចូលទៅកាន់ដើមស្វាយមួយក្នុងព្រៃ ឈរឋិតនៅក្នុងទីបំផុតប្រមាណ ៧ ជំហាន ហើយរាយមន្តនោះ ប្រោសដោយទឹកមួយទូកដៃដាក់ដើមស្វាយ ។ ក្នុងខណៈនោះឯង ស្លឹកចាស់ទាំងឡាយធ្លាក់ចុះអំពីដើម ស្លឹកថ្មីទាំងឡាយក៏តាំងឡើង ផ្កាទាំងឡាយចេញហើយជ្រុះចុះ ផ្លែស្វាយទាំងឡាយបានតាំងឡើង ហើយទុំដោយពេលមួយរំពេច (ផ្លែស្វាយនោះ) មានឱជារសផ្អែមដូចឱជារសជាទិព្វ ហើយជ្រុះអំពីដើម ។ ព្រះមហាសត្វរើសផ្លែស្វាយទាំងនោះ មកបរិភោគដរាបដល់សេចក្ដីត្រូវការ រួចដាក់ឲ្យពេញអម្រែក ទៅកាន់ផ្ទះ លក់ផ្លែស្វាយទាំងនោះ ចិញ្ចឹមកូនប្រពន្ធ ។ ព្រាហ្មណកុមារនោះ បានឃើញព្រះមហាសត្វដែលនាំផ្លែស្វាយទុំមិនមែនរដូវកាលមកលក់យ៉ាងនេះ គិតថា ផ្លែស្វាយទាំងនោះ ពិតជាកើតឡើងដោយកម្លាំងនៃមន្ត ដោយឥតសង្ស័យ យើងអាស្រ័យបុរសនេះ នឹងបានមន្តដែលមានតម្លៃកាត់ថ្លៃពុំបាន គិតដូច្នេះហើយ បានកំណត់ផ្លូវដែលព្រះមហាសត្វនាំផ្លែស្វាយមក បានដឹងច្បាស់ហើយក៏ទៅកាន់ផ្ទះរបស់ព្រះមហាសត្វ ក្នុងពេលដែលព្រះមហាសត្វមិនទាន់មកអំពីព្រៃ គេធ្វើដូចជាមិនដឹង សួរភរិយារបស់ព្រះពោធិសត្វថា លោកអាចារ្យទៅណា ? កាលភរិយារបស់ព្រះពោធិសត្វប្រាប់ថា ទៅព្រៃ ទើបឈរចាំ កាលឃើញព្រះពោធិសត្វកំពុងដើរមក ក៏ទៅទទួលអម្រែកអំពីដៃ នាំទៅដាក់ក្នុងផ្ទះ ។ ព្រះមហាសត្វសម្លឹងមើលព្រាហ្មណកុមារនោះ ហើយពោលនឹងភរិយាថា ហៃអូនដ៏ចម្រើន មាណពនេះមកដើម្បីប្រយោជន៍ដល់មន្ត តែមន្តនេះនឹងវិនាសក្នុងដៃរបស់មាណពនោះ ព្រោះគេជាអសប្បុរស ។ ចំណែកមាណពគិតថា យើងធ្វើជាអ្នកមានឧបការៈដល់ អាចារ្យហើយនឹងបាននូវមន្តនេះ គិតដូច្នេះហើយ ចាប់តាំងអំពីពេលនោះមក បានធ្វើកិច្ចគ្រប់ទាំងពួងក្នុងផ្ទះរបស់អាចារ្យនោះ ។ គេបាននាំមកនូវឧស បុកស្រូវ ចម្អិនភត្ត ឲ្យឈើស្ទន់និងទឹកលុបមុខជាដើម ហើយនិងជ្រះជើង ។ ថ្ងៃមួយ ព្រះមហាសត្វពោលនឹងគេថា នែមាណព អ្នកចូរឲ្យគ្រឿងទ្រជើងគ្រែដល់យើង ។ មាណពនោះកាលមិនឃើញវត្ថុដទៃ ទើបយកភ្លៅកល់ ហើយអង្គុយរហូតភ្លឺ ។ ក្នុងកាលខាងក្រោយមកទៀត ភរិយារបស់ព្រះមហាសត្វប្រសូតបុត្រ ។ ព្រាហ្មណ៍នោះបានធ្វើការបរិកម្មទាំងពួងក្នុងវេលាប្រសូតបុត្ររបស់នាង ។ ថ្ងៃមួយ ភរិយាពោលនឹងព្រះមហាសត្វថា បពិត្រស្វាមី មាណពនេះ ជាអ្នកដល់ព្រមដោយជាតិ គេធ្វើការបម្រើដល់ពួកយើង ដើម្បីប្រយោជន៍ដល់មន្ត មន្តនឹងតាំងនៅក្នុងដៃរបស់គេ ឬមិនតាំងនៅក៏ដោយចុះ សូមបងឲ្យមន្តដល់គេផង ។ ព្រះពោធិសត្វទទួលថា ល្អ ដូច្នេះហើយ ក៏បានឲ្យមន្តដល់ព្រាហ្មណ៍នោះ រួចពោលយ៉ាងនេះថា នែអ្នក មន្តនេះមានតម្លៃកាត់ថ្លៃពុំបាន មហាលាភសក្ការៈនឹងកើតមានដល់អ្នក ព្រោះអាស្រ័យមន្តនេះ, តែក្នុងវេលាដែលត្រូវព្រះរាជា ឬ រាជមហាមាត្យសួរថា អ្នកណាជាអាចារ្យរបស់អ្នក ? អ្នកចូរកុំបិទបាំងយើង បើអ្នក (ខ្លាច) ខ្មាស់ដោយគិតថា មន្តនេះយើងរៀនអំពីសម្នាក់មនុស្សចណ្ឌាល ដូច្នេះហើយពោលថា ព្រាហ្មណមហាសាលជាអាចារ្យរបស់ខ្ញុំ ដូច្នេះ ផលរបស់មន្តនេះនឹងមិនមានឡើយ ។ ព្រាហ្មណ៍នោះពោលថា ព្រោះហេតុអ្វី ខ្ញុំត្រូវបិទបាំងលោក បើមានគេសួរ ខ្ញុំនឹងប្រាប់ថា លោកប៉ុណ្ណោះ (ជាអាចារ្យ) លុះពោលយ៉ាងនេះហើយ ក៏ថ្វាយបង្គំព្រះពោធិសត្វ ហើយចេញចាកចណ្ឌាលគ្រាមនោះ ពិចារណាមន្ត បានទៅដល់នគរពារាណសីដោយលំដាប់ ហើយលក់ផ្លែស្វាយ បានទ្រព្យយ៉ាងច្រើន ។ ថ្ងៃមួយ នាយឧទ្យានបាល បានទិញផ្លែស្វាយអំពីដៃរបស់ព្រាហ្មណ៍នោះ យកទៅថ្វាយព្រះរាជា ។ ព្រះរាជាសោយផ្លែស្វាយនោះហើយសួរថា ម្នាលសម្លាញ់ អ្នកមានផ្លែស្វាយដែលមានសភាពបែបនេះអំពីណា ? នាយឧទ្យានទូលថា បពិត្រទេវៈ មានមាណពម្នាក់នាំផ្លែស្វាយដែលមិនមែនរដូវកាល មកលក់ ផ្លែស្វាយនោះ ទូលព្រះបង្គំកាន់យកអំពីគេនោះ ។ ព្រះរាជាត្រាស់នឹងនាយឧទ្យានបាលឲ្យទៅប្រាប់គេថា ចាប់តាំងពីពេលនេះទៅ អ្នកចូរនាំផ្លែស្វាយមកទីនេះ ។ នាយឧទ្យានបាលបានធ្វើយ៉ាងនោះ ។ ចាប់តាំងពីពេលនោះមក មាណពក៏បាននាំផ្លែស្វាយមកកាន់រាជត្រកូល ។ លំដាប់នោះ កាលព្រះរាជាត្រាស់ថា អ្នកចូរទំនុកបម្រុងយើង ដូច្នេះហើយ កាលបានទំនុកបម្រុងព្រះរាជា មាណពក៏បានទ្រព្យដ៏ច្រើន ហើយក្លាយជាអ្នកស្និទ្ធស្នាល (នឹងព្រះរាជា) ដោយលំដាប់ ។ លំដាប់នោះ ក្នុងថ្ងៃមួយ ព្រះរាជាសួរថា នែមាណព អ្នកបានផ្លែស្វាយដែលបរិបូណ៌ដោយពណ៌ ក្លិន និងរសយ៉ាងនេះ ក្នុងកាលមិនមែនរដូវ មកពីណា នាគ គ្រុឌ ទេវតា ឬ អ្នកណាមួយឲ្យដល់អ្នក ឬក៏ទាំងនេះជាកម្លាំងនៃមន្ត ? មាណពទូលថា បពិត្រមហារាជ គ្មានអ្នកណាឲ្យដល់ខ្ញុំទេ តែមន្តដែលមានតម្លៃកាត់ថ្លៃពុំបាន មានដល់ខ្ញុំ ទាំងនេះជាកម្លាំងនៃមន្តនោះ ។ ព្រះរាជាត្រាស់ថា បើយ៉ាងនោះ សូម្បីយើងក៏ប្រាថ្នាមើលនូវកម្លាំងនៃមន្តរបស់អ្នក មួយថ្ងៃ ។ មាណពនោះទូលថា ប្រពៃណាស់ ព្រះអង្គ ទូលព្រះបង្គំនឹងសម្ដែង (ថ្វាយ) ។ក្នុងថ្ងៃស្អែក ព្រះរាជាស្ដេចយាងទៅកាន់ឧទ្យានមួយអន្លើដោយមាណពនោះ ហើយត្រាស់ថា អ្នកចូរសម្ដែងចុះ ។ មាណពទូលថា ល្អ ហើយចូលទៅកាន់ដើមស្វាយ ឈរឋិតនៅក្នុងទីបំផុតប្រមាណ ៧ ជំហាន រាយមន្ត ហើយប្រោសដោយទឹក ។ ក្នុងខណៈនោះ ដើមស្វាយចេញផ្លែ ដូចដែលពោលហើយខាងដើមនោះឯង ភ្លៀងគឺផ្លែស្វាយបានបង្អុរដូចមហាមេឃញ៉ាំងភ្លៀងធ្លាក់ចុះ ។ មហាជនឲ្យសាធុការ ការក្រាលសំពត់បានប្រព្រឹត្តទៅ ។ ព្រះរាជាសោយផ្លែស្វាយហើយ ប្រទានទ្រព្យជាច្រើនដល់មាណពនោះ រួចសួរថា នែមាណព អច្ឆរិយមន្តដែលមានសភាពបែបនេះ អ្នកកាន់យកក្នុងសម្នាក់អ្នកណា ? មាណពគិតថា បើយើងទូលថា ក្នុងសម្នាក់មនុស្សចណ្ឌាល នឹងត្រូវអៀនខ្មាស ហើយមនុស្សទាំងឡាយនឹងតិះដៀលយើង ចំណែកមន្តនេះ ស្ទាត់ជំនាញដល់យើងហើយ ឥឡូវនេះ មន្តនឹងមិនវិនាស យើងនឹងអាងនូវអាចារ្យទិសាបាមោក្ខ លុះគិតដូច្នេះហើយ ទើបធ្វើនូវមុសាវាទ ដោយពោលថា មន្តនេះខ្ញុំព្រះអង្គកាន់យក ក្នុងសម្នាក់អាចារ្យទិសាបាមោក្ខ ក្នុងនគរតក្កសិលា ហើយធ្វើនូវការលះបង់អាចារ្យ (របស់ខ្លួន) ។ មន្តក៏អន្តរធានទៅក្នុងខណៈនោះឯង ។ ព្រះរាជាមានសេចក្ដីសោមនស្ស នាំមាណពចូលកាន់នគរ ។ ថ្ងៃស្អែកឡើង ទ្រង់គិតថា យើងសោយផ្លែស្វាយ ដូច្នេះហើយបានទៅកាន់ឧទ្យាន គង់លើខ្នងមង្គលសិលា ត្រាស់ថា នែមាណព ចូរនាំផ្លែស្វាយមក ។ មាណពទទួលថា ល្អ ដូច្នេះហើយ ក៏ចូលទៅកាន់ដើមឈើ ឈរឋិតនៅក្នុងទីបំផុតប្រមាណ ៧ ជំហាន រួចគិតថា យើងនឹងរាយមន្ត ។ តែមន្តមិនបានប្រាកដសោះ ក៏ដឹងនូវភាពដែលខ្លួនសាបសូន្យចាកមន្តនោះហើយ ទើបឈរនៅ ដោយសេចក្ដីអៀនខ្មាស់ ។ ព្រះរាជាត្រិះរិះថា ថ្ងៃមុន មាណពនេះនាំផ្លែស្វាយមកឲ្យយើងក្នុងកណ្ដាលបរិស័ទនេះឯង បានញ៉ាំងភ្លៀងគឺផ្លែស្វាយឲ្យធ្លាក់ចុះ ដូចជាភ្លៀងព្រិល ឥឡូវនេះ ឈរនៅ ដូចជាដុំថ្ម ហេតុអ្វីហ៎្ន ដូច្នេះហើយ កាលនឹងសួរ ទើបត្រាស់ព្រះគាថាទី ១ ថា អហាសិ មេ អម្ពផលានិ បុព្ពេ, អណូនិ ថូលានិ ច ព្រហ្មចារិ; តេហេវ មន្តេហិ ន ទានិ តុយ្ហំ, ទុមប្ផលា បាតុភវន្តិ ព្រហ្មេ។ នែអ្នកប្រព្រឹត្តធម៌ដ៏ប្រសើរ កាលពីដើម អ្នកបានយកផ្លែស្វាយទាំងឡាយ តូចក៏មាន ធំក៏មាន មកឲ្យយើង នែព្រាហ្មណ៍ ឥឡូវនេះ ផ្លែឈើទាំងឡាយ មិនកើតប្រាកដ ដោយមន្តទាំងឡាយរបស់អ្នកនោះ ។ បណ្ដាបទទាំងនោះ បទថា អហាសិ ប្រែថា នាំមកហើយ ។ បទថា ទុមប្ផលា ប្រែថា ផ្លែឈើទាំងឡាយ ។ មាណពស្ដាប់ពាក្យនោះហើយ គិតថា បើយើងនឹងទូលថា ថ្ងៃនេះ ខ្ញុំនឹងកាន់យកផ្លែស្វាយ ថ្វាយមិនបាន ដូច្នេះ ព្រះរាជាពិតជាក្រោធនឹងយើង យើងនឹងបោកបញ្ឆោតព្រះអង្គដោយមុសាវាទ គិតដូច្នេះហើយ ទើបពោលគាថាទី ២ ថា នក្ខត្តយោគំ បដិមានយាមិ, ខណំ មុហុត្តញ្ច មន្តេ ន បស្សំ; នក្ខត្តយោគញ្ច ខណញ្ច លទ្ធា, អទ្ធា ហរិស្សម្ពផលំ បហូតំ។ ខ្ញុំព្រះអង្គរាប់អាននូវការប្រកបដោយនក្ខត្តឫក្ស ខ្ញុំព្រះអង្គមើលឃើញដោយមន្ត តែមួយពេល មួយស្របក់ ខ្ញុំព្រះអង្គបាននូវការប្រកបដោយនក្ខត្តឫក្ស និងពេលហើយ សឹមខ្ញុំព្រះអង្គ នាំយកផ្លែស្វាយឲ្យបានច្រើន មកថា្វយព្រះអង្គ ពុំខានឡើយ ។ បណ្ដាបទទាំងនោះ បទថា អទ្ធា ហរិស្សម្ពផលំ ប្រែថា ខ្ញុំព្រះអង្គនឹងនាំផ្លែស្វាយមកយ៉ាងពិតប្រាកដ ។ ព្ររាជាគិតថា មាណពនេះ ក្នុងកាលដទៃមុន មិនពោលនូវការប្រកបដោយនក្ខត្តឫក្ស ចុះកាលនេះជាអ្វី ដូច្នេះហើយ កាលនឹងសួរ ទើបត្រាស់ព្រះគាថាទាំងឡាយ ២ ថា នក្ខត្តយោគំ ន បុរេ អភាណិ, ខណំ មុហុត្តំ ន បុរេ អសំសិ; សយំ ហរី អម្ពផលំ បហូតំ, វណ្ណេន គន្ធេន រសេនុបេតំ។ កាលពីដើម អ្នកមិនបាននិយាយអាងនូវការប្រកបដោយនក្ខត្តឫក្ស ពីដើមមិនឃើញរកពេល រកស្របក់ តែអ្នកបានយកផ្លែស្វាយដ៏ច្រើន ដែលបរិបូណ៌ ដោយពណ៌ ដោយក្លិន ដោយរស (មកឲ្យយើង) ។ មន្តាភិជប្បេន បុរេ ហិ តុយ្ហំ, ទុមប្ផលា បាតុភវន្តិ ព្រហ្មេ; ស្វាជ្ជ ន បារេសិ ជប្បម្បិ មន្តំ, អយំ សោ កោ នាម តវជ្ជ ធម្មោ។ នែព្រាហ្មណ៍ កាលពីដើម ផ្លែឈើទាំងឡាយ រមែងកើតប្រាកដ ដោយការសូធ្យសែកមន្តរបស់អ្នក ថ្ងែនេះ អ្នកមិនសូធ្យសែកមន្ត តើធម្មតា របស់អ្នក ក្នុងថ្ងែនេះ ដូចម្តេច ។ បណ្ដាបទទាំងនោះ បទថា ន បារេសិ ប្រែថា រមែងមិនអាច ។ បទថា ជប្បម្បិ សេចក្ដីថា សូម្បីកាលពោល សូម្បីរាយមន្ត ។ បទថា អយំ សោ សេចក្ដីថា សភាពរបស់អ្នកជាយ៉ាងណាក្នុងថ្ងៃនេះ ។ មាណពស្ដាប់ពាក្យនោះហើយ គិតថា យើងមិនអាចនឹងបោកបញ្ឆោតព្រះរាជាដោយមុសាវាទ បើយើងពោលសភាពរបស់យើង ព្រះរាជាគប្បីធ្វើអាជ្ញា សូមទ្រង់ធ្វើចុះ យើងពោលសភាពរបស់យើង គិតយ៉ាងនេះហើយ ទើបពោលគាថាទាំងឡាយ ២ ថា ចណ្ឌាលបុត្តោ មម សម្បទាសិ, ធម្មេន មន្តេ បកតិញ្ច សំសិ; មា ចស្សុ មេ បុច្ឆិតោ នាមគោត្តំ, គុយ្ហិត្ថោ អត្ថំ វិជហេយ្យ មន្តោ។ កូនចណ្ឌាលបានឲ្យមន្តទាំងឡាយ ដល់ខ្ញុំព្រះអង្គ ដោយធម៌ ទាំងបាននិយាយប្រាប់ នូវប្រក្រតី គឺសេចក្តីវិនាសនៃមន្តទាំងឡាយថា បើមានគេសួរ អ្នកកុំលាក់នាម និងគោត្ររបស់ខ្ញុំ កុំឲ្យមន្តលះបង់អ្នកបាន ។ សោហំ ជនិន្ទេន ជនម្ហិ បុដ្ឋោ, មក្ខាភិភូតោ អលិកំ អភាណិំ; ‘មន្តា ឥមេ ព្រាហ្មណស្សា’តិ មិច្ឆា, បហីនមន្តោ កបណោ រុទាមិ។ ខ្ញុំព្រះអង្គដែលព្រះជនិន្ទ្រាធិរាជសួរក្នុងប្រជុំជននោះ មានសេចក្តីលុបគុណគេគ្របសង្កត់ បានក្រាបទូលពាក្យកុហក ជាពាក្យខុសថា មន្តទាំងឡាយនេះ ជារបស់ព្រាហ្មណ៍ ខ្ញុំព្រះអង្គមានមន្តសាបសូន្យ ជាបុគ្គលកំព្រាយំទួញ ។ បណ្ដាបទទាំងនោះ បទថា ធម្មេន ប្រែថា ឲ្យដោយស្មើ ដោយហេតុ គឺមិនបិទបាំងឡើយ ។ បទថា បកតិញ្ច សំសិ សេចក្ដីថា បុត្ររបស់មនុស្សចណ្ឌាលបានបញ្ជាក់ដល់សេចក្ដីវិនាស និងភាពជាប្រក្រតីរបស់មន្តនោះ ដល់ខ្ញុំព្រះអង្គថា បើមានអ្នកណាសួរ ចូរកុំបិទបាំងនូវនាមនិងគោត្ររបស់យើងឡើយ បើអ្នកបិទបាំង អ្នកនឹងវិនាសចាកមន្ត ។ បទថា ព្រាហ្មណស្សាតិ មិច្ឆា សេចក្ដីថា ខ្ញុំព្រះអង្គបានបិទបាំងដោយពោលខុសថា មន្តទាំងឡាយនេះ គឺខ្ញុំកាន់យកក្នុងសម្នាក់នៃព្រាហ្មណ៍ ព្រោះហេតុនោះ មន្តទាំងឡាយរបស់ខ្ញុំទើបសាបសូន្យ ខ្ញុំកាលមន្តវិនាសហើយ ឥឡូវទើបទួញយំដូចមនុស្សកំព្រា ។ ព្រះរាជាស្ដាប់ពាក្យនោះហើយ ទ្រង់ក្រោធថា អ្នកឯងនេះមានបាបធម៌ មិនឃើញរតនៈដែលមានសភាពបែបនេះ អ្នកកាលបានមន្តដែលជារតនៈមានសភាពបែបនេះហើយ អារឿងជាតិវានឹងធ្វើអ្វីបាន ដូច្នេះហើយ កាលនឹងតិះដៀលដល់មាណពនោះ ទើបត្រាស់ព្រះគាថាទាំងនេះថា ឯរណ្ឌា បុចិមន្ទា វា, អថ វា បាលិភទ្ទកា; មធុំ មធុត្ថិកោ វិន្ទេ, សោ ហិ តស្ស ទុមុត្តមោ។ បុរសអ្នកត្រូវការដោយទឹកឃ្មុំ ទោះបានទឹកឃ្មុំអំពីដើមល្ហុងខ្ញែរក្តី អំពីដើមស្តៅក្តី ឬក៏អំពីដើមរលួសបាយក្តី ឯដើមឈើនោះ ឈ្មោះថា ជាឈើដ៏ប្រសើរ របស់បុរសនោះ ។ ខត្តិយា ព្រាហ្មណា វេស្សា, សុទ្ទា ចណ្ឌាលបុក្កុសា; យម្ហា ធម្មំ វិជានេយ្យ, សោ ហិ តស្ស នរុត្តមោ។ បុគ្គលចេះដឹងធម៌ អំពីជនណា ទោះក្សត្រិយ៍ក្តី ព្រាហ្មណ៍ក្តី អ្នកជំនួញក្តី អ្នកគ្រួក្តី ចណ្ឌាលក្តី អ្នកចោលសំរាមក្តី ជននោះ ឈ្មោះថា ជាជនដ៏ប្រសើរ របស់បុគ្គលនោះ ។ ឥមស្ស ទណ្ឌញ្ច វធញ្ច ទត្វា, គលេ គហេត្វា ខលយាថ ជម្មំ; យោ ឧត្តមត្ថំ កសិរេន លទ្ធំ, មានាតិមានេន វិនាសយិត្ថា’’តិ។ បុរសណា ញ៉ាំងប្រយោជន៍ដ៏ឧត្តម ដែលខ្លួនបានមកហើយ ដោយលំបាក ឲ្យវិនាសទៅ ដោយមានះ និងអតិមានះ អ្នកទាំងឡាយចូរឲ្យនូវអាជ្ញាផង នូវការសម្លាប់ផង ដល់ជនអាក្រក់នេះ ហើយចាប់បុរសដ៏លាមកនេះ ត្រង់ក ហើយញាំញី ។ បណ្ដាបទទាំងនោះ បទថា មធុត្ថិកោ ប្រែថា បុរសដែលត្រូវការដោយទឹកឃ្មុំ កាលសម្លឹងរកមើលទឹកឃ្មុំក្នុងព្រៃ រមែងបានទឹកឃ្មុំ អំពីដើមឈើទាំងនោះពួកណា ដើមឈើនោះឯង ឈ្មោះថាជាដើមឈើដ៏ប្រសើររបស់បុរសនោះ ។ បទថា ឥមស្ស ទណ្ឌញ្ច សេចក្ដីថា អ្នកទាំងឡាយចូរដកស្បែកខ្នង របស់មាណពដែលមានបាបធម៌នេះ ដោយបន្ទះឫស្សីទាំងឡាយជាដើមផង និងធ្វើនូវទណ្ឌកម្មគ្រប់យ៉ាង ហើយឲ្យការបៀតបៀន ចាប់បុរសអាក្រក់នេះត្រង់ក អូសទៅ ដាក់ទោសតាមការភ្លាំងភ្លាត់ខុស កម្ចាត់វា ហើយបណ្ដេញចេញទៅ ប្រយោជន៍អ្វីដោយបុរសនេះ ដែលនឹងឲ្យនៅក្នុងទីនេះ ។ រាជបុរសទាំងឡាយ បានធ្វើយ៉ាងនោះ ហើយពោលថា អ្នកឯងចូរទៅចុះ ចូរទៅកាន់សម្នាក់អាចារ្យរបស់អ្នក ចូរធ្វើអាចារ្យរបស់អ្នកឲ្យត្រេកអរ ហើយបើបានមន្តម្ដងទៀត ទើបអ្នកអាចមកទីនេះ បើមិនបានទេ ចូរកុំសម្លឹងទិសនេះឡើយ ដូច្នេះហើយ បានធ្វើបុរសនោះឲ្យអស់អំណាច ។ បុរសនោះ ជាមនុស្សអនាថា គិតថា វៀរអាចារ្យចេញហើយ ទីពឹងដទៃរមែងមិនមានដល់យើង យើងត្រូវទៅកាន់សម្នាក់របស់អាចារ្យនោះ ធ្វើឲ្យគាត់ត្រេកអរហើយ នឹងសូមមន្តម្ដងទៀត ដូច្នេះហើយ ក៏ដើរយំទៅកាន់ស្រុកនោះ ។ លំដាប់នោះ ព្រះមហាសត្វបានឃើញបុរសនោះកំពុងដើរមក ក៏ហៅភរិយាមក ពោលថា ហៃអូនសម្លាញ់ដ៏ចម្រើន អូនចូរមើលចុះ បុរសអាក្រក់ដែលមានមន្តសាបសូន្យកំពុងដើរមក ។ បុរសនោះចូលទៅរកព្រះមហាសត្វ ហើយថ្វាយបង្គំ រួចអង្គុយក្នុងទីមួយ កាលព្រះពោធិសត្វសួរថា ហេតុអ្វីទើបមក បុរសនោះពោលថា បពិត្រលោកអាចារ្យ ខ្ញុំធ្វើមុសាវាទ បិទបាំងអាចារ្យ ហើយដល់សេចក្ដីវិនាសយ៉ាងធំ ដូច្នេះហើយ គេក៏សម្ដែងទោសដែលកន្លងល្មើស កាលនឹងសូមមន្តម្ដងទៀត ទើបពោលគាថាថា យថា សមំ មញ្ញមានោ បតេយ្យ, សោព្ភំ គុហំ នរកំ បូតិបាទំ; រជ្ជូតិ វា អក្កមេ កណ្ហសប្បំ, អន្ធោ យថា ជោតិមធិដ្ឋហេយ្យ; ឯវម្បិ មំ តំ ខលិតំ សបញ្ញ, បហីនមន្តស្ស បុនប្បទាហិ។ បុរសស្មានថា (ទីនេះ) រាបស្មើ ក៏លោតទៅកាន់ត្រពាំង គុហា ជ្រោះ និងឈើមានឫសស្អុយក្តី ដើរជាន់លើពស់វែក ដោយស្មានថា ខ្សែក្តី បុគ្គលខ្វាក់ដើរជាន់ភ្លើងក្តី យ៉ាងណា ៗ បពិត្រលោក ប្រកបដោយប្រាជ្ញា សូមលោក (អត់ទោស) ចំពោះខ្ញុំ ដែលជាអ្នកភ្លាំងភ្លាត់ យ៉ាងនោះ ៗ ដែរ ហើយចែកមន្តឲ្យខ្ញុំ ដែលជាអ្នកមានមន្តសាបរលាបអស់ហើយ ម្តងទៀត ។ បណ្ដាបទទាំងនោះ បទថា យថា សមំ សេចក្ដីថា បុរសសម្គាល់ថា ទីនេះជាទីរាបស្មើ គប្បីលោតចុះ រន្ធក្ដី គុហាក្ដី ជ្រោះក្ដី ឫសឈើស្អុយក្ដី ពោលគឺកន្លែងបង្កើតដី ។ បទថាបូតិបាទោ សេចក្ដីថា ដើមឈើធំក្នុងហិមវន្តប្រទេសក្រៀមស្ងួតហើយស្លាប់ រណ្ដៅធំបានកើតក្នុងទីនោះ ព្រោះការស្អុយរលួយរបស់ឫសឈើនោះ ស្ថានទីនេះ ជាឈ្មោះរបស់ បូតិបាទោនោះឯង ។ បទថា ជោតិមធិដ្ឋហេយ្យ សេចក្ដីថា គប្បីដើរជាន់ភ្លើង ។ បទថាឯវម្បិ សេចក្ដីថា សូម្បីខ្ញុំក៏យ៉ាងនោះ ជាមនុស្សខ្វាក់ ព្រោះមិនមានបញ្ញាចក្ខុ មិនដឹងគុណវិសេសរបស់លោក បានភ្លាំងភ្លាត់ហើយលើលោក លោកបានដឹងនូវខ្ញុំថាជាអ្នកភ្លាំងភ្លាត់ហើយ បពិត្រលោកអ្នកមានបញ្ញា ដល់ព្រមដោយញាណ ចូរឲ្យមន្តដល់ខ្ញុំដែលជាអ្នកសាបសូន្យចាកមន្តនោះ ម្ដងទៀត ។ លំដាប់នោះ អាចារ្យពោលនឹងគេថា នែអ្នក អ្នកនិយាយអ្វី ធម្មតាមនុស្សខ្វាក់ កាលមានអ្នកឲ្យសញ្ញាហើយ រមែងទៅកាន់រណ្ដៅជាដើម យើងប្រាប់អ្នកតាំងតែពីដំបូងម្លេះ ឥឡូវនេះ អ្នកនឹងមកកាន់សម្នាក់យើងដើម្បីប្រយោជន៍អ្វី ដូច្នេះហើយ ទើបពោលគាថាទាំងឡាយថា ធម្មេន មន្តំ តវ សម្បទាសិំ, តុវម្បិ ធម្មេន បដិគ្គហេសិ; បកតិម្បិ តេ អត្តមនោ អសំសិំ, ធម្មេ ឋិតំ តំ ន ជហេយ្យ មន្តោ។ យើងបានឲ្យមន្តទាំងឡាយ ដល់អ្នកដោយធម៌ហើយ គឺមិនយករង្វាន់អ្វីឡើយ ទាំងអ្នកក៏បានទទួលរៀនយកមន្ត ដោយធម៌ហើយដែរ យើងមានចិត្តត្រេកអរ បានទាំងប្រាប់នូវប្រក្រតី (នៃមន្ត) ដល់អ្នកហើយ បើអ្នកតាំងនៅក្នុងធម៌ មន្តមិនលះបង់អ្នកបានទេ ។ យោ ពាល មន្តំ កសិរេន លទ្ធំ, យំ ទុល្លភំ អជ្ជ មនុស្សលោកេ; កិញ្ចាបិ លទ្ធា ជីវិតុំ អប្បបញ្ញោ, វិនាសយី អលិកំ ភាសមានោ។ នែបុគ្គលពាល អ្នកណាធ្វើមន្តដែលខ្លួនបានហើយ ដោយលំបាក បានមកដោយកម្រ ក្នុងមនុស្សលោក ឲ្យវិនាសទៅ ក្នុងថ្ងែនេះ អ្នកនោះ ជាអ្នកឥតប្រាជ្ញា ពោលពាក្យកុហក ឈ្មោះថា ញ៉ាំងជីវិត ដែលខ្លួនបានដោយកម្រ ឲ្យវិនាស ។ ពាលស្ស មូឡ្ហស្ស អកតញ្ញុនោ ច, មុសា ភណន្តស្ស អសញ្ញតស្ស; មន្តេ មយំ តាទិសកេ ន ទេម, កុតោ មន្តា គច្ឆ ន មយ្ហំ រុច្ចសិ។ យើងមិនឲ្យមន្តទាំងឡាយបែបនោះ ដល់មនុស្សល្ងង់ខ្លៅវងេ្វង ជាអកតញ្ញូ ពោលពាក្យកុហក មិនសង្រួម ឯមន្តទាំងឡាយ មានមកពីណាទៀត អ្នកឯងចូរចេញទៅ អ្នកឯងមិនគាប់ចិត្តយើងទេ ។ បណ្ដាបទទាំងនោះ បទថា ធម្មេន សេចក្ដីថា សូម្បីយើងមិនបានទទួលប្រាក់ ឬមាសដែលជាចំណែកនៃអាចារ្យ ញ៉ាំងមន្តដោយធម៌ប៉ុណ្ណោះឲ្យដល់ព្រម សូម្បីអ្នកក៏មិនបានឲ្យរបស់អ្វីមួយ រមែងទទួលដោយធម៌ ដូចគ្នា ។ បទថា ធម្មេ ឋិតំ បានដល់ តាំងនៅក្នុងធម៌របស់បុគ្គលដែលបូជាអាចារ្យ ។ បទថា តាទិសកេ សេចក្ដីថា យើងនឹងមិនឲ្យមន្តដែលអាចឲ្យផ្លែឈើកើតឡើងក្នុងរដូវដែលមិនមែនកាល ដែលមានសភាពបែបនោះទេ អ្នកចូរទៅចុះ គឺយើងមិនពេញឡើយ ។ មាណពនោះ ត្រូវអាចារ្យបញ្ជូនទៅហើយយ៉ាងនេះ គិតថា ជីវិតយើងនឹងរស់យ៉ាងណា ដូច្នេះហើយ ក៏ចូលទៅកាន់ព្រៃ ហើយស្លាប់យ៉ាងអនាថា ។ ព្រះសាស្ដា បាននាំព្រះធម្មទេសនានេះមកហើយ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ មិនមែនតែក្នុងកាលឥឡូវនេះទេ សូម្បីក្នុងកាលមុន ទេវទត្តក៏បានលះបង់អាចារ្យហើយដល់នូវសេចក្ដីវិនាសធំ ដូច្នេះហើយ ទ្រង់ប្រជុំជាតកថា តទា អកតញ្ញូ មាណវោ ទេវទត្តោ អហោសិ មាណពអកតញ្ញូក្នុងកាលនោះ បានមកជា ទេវទត្ត ។ រាជា អានន្ទោ ព្រះរាជាបានមកជាអានន្ទ ។ ចណ្ឌាលបុត្តោ បន អហមេវ អហោសិំ ចំណែកបុត្ររបស់មនុស្សចណ្ឌាល គឺ តថាគត នេះឯង ។ ចប់ អម្ពជាតក ៕ (ជាតកដ្ឋកថា សុត្តន្តបិដក ខុទ្ទកនិកាយ ជាតក តេរសកនិបាត បិដកលេខ ៥៩ ទំព័រ ២៦៧) ដោយខេមរ អភិធម្មាវតារ ព.ស. ២៥៦១ ដោយ៥០០០ឆ្នាំ
images/articles/2906/eepic.jpg
Public date : 19, Mar 2021 (2700 Read)
ព្រះសាស្ដា កាលស្ដេចគង់នៅវត្តជេតពន ទ្រង់ប្រារព្ធព្រះឧបនន្ទត្ថេរ បានត្រាស់ព្រះ ធម្មទេសនានេះ មានពាក្យថា កោ នាយំ ដូច្នេះជាដើម ។ ពិតមែនហើយ ព្រះឧបនន្ទត្ថេរនោះជាអ្នកប្រាថ្នាច្រើន ជាអ្នកល្មោភច្រើន មិនអាចនឹងគ្រប់គ្រាន់ សូម្បីដោយបច្ច័យទាំងឡាយដែលពេញរទេះ ។ ក្នុងវេលាដែលជិតចូលព្រះវស្សា បានចូលវស្សា ក្នុងវត្តទាំងឡាយពីរបី ដោយដាក់ស្បែកជើងក្នុងវត្តមួយ, ដាក់ឈើច្រត់ ក្នុងវត្តមួយ, ដាក់កំសៀវទឹកក្នុងវត្តមួយ ។ ចំណែកលោកនៅដោយខ្លួនឯងក្នុងវត្តមួយ និងបានទៅកាន់វត្តក្នុងជនបទ ឃើញភិក្ខុទាំងឡាយទាំង​ឡាយដែលមានបរិក្ខារប្រណីត ទើបសម្ដែងអរិយវំសកថា ឲ្យភិក្ខុទាំងឡាយនោះកាន់យកសំពស់បង្សុ​កូលទាំងឡាយ ហើយ លោកទទួលចីវររបស់ភិក្ខុទាំងនោះ, ឲ្យភិក្ខុទាំងឡាយកាន់យកបាត្រដី លោកខ្លួន​ឯងកាន់ យកបាត្រដែលជាទីពេញចិត្តៗ និងភាជនៈដែលថ្លាស្អាត ហើយញ៉ាំងយានឲ្យពេញដោយ គ្រឿង​បរិក្ខារទាំងនោះ ដំណើរទៅកាន់វត្តជេតពន ។ លំដាប់នោះ ថ្ងៃមួយ ភិក្ខុទាំងឡាយ ញ៉ាំងកថាឲ្យតាំងឡើងក្នុងធម្មសភាថា ម្នាលអាវុសោ ព្រះឧបនន្ទសក្យបុត្ត ជាអ្នកប្រាថ្នា ច្រើន សម្ដែងនូវការបដិបត្តិដល់ភិក្ខុដទៃ ហើយញ៉ាំងយានឲ្យពេញដោយ​សមណ​​បរិក្ខារ រួចដើរមក ។ ព្រះសាស្ដាយាងមកហើយត្រាស់សួរថា ម្នាលភិក្ខុទាំងឡាយ អម្បាញ់មិញនេះ អ្នកទាំងឡាយអង្គុយប្រជុំគ្នាដោយកថាអ្វី ? កាលភិក្ខុទាំងឡាយទូលថា ដោយកថាឈ្មោះ នេះ ទ្រង់ទើបត្រាស់ថា ម្នាលភិក្ខុទាំងឡាយ អំពើដែលឧបនន្ទធ្វើនេះ មិនសមគួរឡើយ អរិយវំសកថា ដែលឧបនន្ទសម្ដែងដល់ភិក្ខុទាំងឡាយដទៃ យ៉ាងនេះ ឧបនន្ទគួរតែជាអ្នក ប្រាថ្នាតិចដោយខ្លួនឯងជាដំបូងសិន ហើយទើបនឹងសម្ដែងអរិយវង្ស ដល់ភិក្ខុដទៃ ដូច្នេះហើយ ទ្រង់ក៏សម្ដែងធម្មបទគាថានេះថា អត្តានមេវ បឋមំ, បតិរូបេ និវេសយេ; អថញ្ញមនុសាសេយ្យ, ន កិលិស្សេយ្យ បណ្ឌិតោ។ បណ្ឌិតគួរតម្កល់ខ្លួនទុក ក្នុងគុណដ៏សមគួរជាមុនសិន ហើយសឹមប្រៀនប្រដៅអ្នកដទៃជាខាងក្រោយ (ធ្វើយ៉ាងនេះ) នឹងមិនលំបាកឡើយ ។ (សុត្តន្តបិដក ខុទ្ទកនិកាយ ធម្មបទ អត្តវគ្គ បិដកលេខ ៥២ ទំព័រ ៥៥) ដូច្នេះហើយ កាលទ្រង់តិះដៀលព្រះឧបនន្ទរួចហើយ ព្រះអង្គត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ឧបនន្ទជាអ្នកប្រាថ្នាច្រើន មិនមែនតែក្នុងកាលឥឡូវនេះទេ ក្នុងកាលមុន ឧបនន្ទបានសម្គាល់នូវភាពជាអ្នករក្សាទឹក សូម្បីក្នុងមហាសមុទ្រ ដូចនេះហើយ ទ្រង់នាំអតីតនិទានមកថា ក្នុងអតីតកាល កាលព្រះបាទព្រហ្មទត្តសោយរាជសម្បត្តិក្នុងនគរពារាណសី គ្រានោះ ព្រះពោធិសត្វកើតជាសមុទ្ទទេវតា ។ លំដាប់នោះ មានក្អែកមួយ បានត្រាច់ទៅខាងលើសមុទ្រ កាលហាមពួកត្រី និង ពួកបក្សីទាំងឡាយថា អ្នកទាំងឡាយកុំផឹកទឹកក្នុងសមុទ្រឲ្យលើសប្រមាណឡើយ កាលត្រាច់ទៅ ចូរផឹកតិចៗ ដូច្នេះហើយ ទើបត្រាច់ទៅ ។សមុទ្រទេវតាឃើញក្អែកនោះហើយ ក៏ពោលគាថាទី ១ ថា កោ នាយំ លោណតោយស្មិំ, សមន្តា បរិធាវតិ; មច្ឆេ មករេ ច វារេតិ, ឩមីសុ ច វិហញ្ញតិ។ អ្នកណានេះហ្ន៎ ស្ទុះទៅមក ដោយជុំវិញ ក្នុងសមុទ្រមានទឹកប្រៃ ហាមឃាត់នូវពួកត្រី នឹងពួកមករ លំបាកក្នុងរលកទឹក ។ បណ្ដាបទទាំងនោះ បទថា កោ នាយំ សេចក្ដីថា អ្នកនេះជានរណាហ្ន៎ ។ ក្អែកបានស្ដាប់ពាក្យនោះហើយ ទើបពោលគាថាទី ២ ថា អនន្តបាយី សកុណោ, អតិត្តោតិ ទិសាសុតោ; សមុទ្ទំ បាតុមិច្ឆាមិ, សាគរំ សរិតំបតិំ។ ខ្ញុំជាសត្វស្លាប ជាសត្វផឹកទឹកមិនមានទីបំផុត ល្បីល្បាញទៅគ្រប់ទិស ថាជាសត្វមិនចេះឆ្អែត ប្រាថ្នាដើម្បីផឹកនូវទឹកសមុទ្រ គឺសាគរ ដែលជាម្ចាស់នៃទន្លេ ។ គាថានោះមានសេចក្ដីថា យើងប្រាថ្នានឹងផឹកទឹកសមុទ្រដែលមិនមានទីបំផុត ព្រោះហេតុនោះ យើងទើបជាបក្សីដែលមានឈ្មោះថា អនន្តបាយី ព្រោះភាពជាអ្នកដល់ព្រមដោយតណ្ហាដែលមិនអាចឲ្យពេញ សូម្បីដោយវត្ថុដ៏ធំ ។ សូម្បីបទថា អតិត្តោតិ សេចក្ដីថា ខ្ញុំប្រាកដ គឺល្បីល្បាញក្នុងទិសទាំងឡាយ ។ យើងប្រាថ្នាផឹកទឹកសមុទ្រនេះទាំងអស់ ដែលឈ្មោះថា សាគរ ព្រោះជាអណ្ដូងនៃរតនៈដ៏ល្អ និងព្រោះភាពដែលត្រូវជីកហើយ ។ ឈ្មោះថា ជាម្ចាស់នៃទន្លែ ព្រោះជាធំលើទន្លេទាំងឡាយ ។ សមុទ្រទេវតាស្ដាប់ពាក្យនោះហើយ ទើបពោលគាថាទី ៣ ថា សោ អយំ ហាយតិ ចេវ, បូរតេ ច មហោទធិ; នាស្ស នាយតិ បីតន្តោ, អបេយ្យោ កិរ សាគរោ។ សមុទ្រធំនោះ ជួនកាលក៏នាចទៅ ជួនកាលក៏ជោរឡើង ទីបំផុតនៃទឹកសមុទ្រនោះដែលសកលលោកផឹកហើយ មិនប្រាកដទេ ឮថាសាគរ អ្នកណាមួយក៏មិនអាចផឹកទឹក ឲ្យអស់បានឡើយ ។ បណ្ដាបទទាំងនោះ បទថា សោ អយំ ហាយតិ ចេវ សេចក្ដីថា សមុទ្ររមែងនាចក្នុងវេលាថយមក, រមែងពេញក្នុងវេលាចេញទៅ ។ បទថា នាស្ស នាយតិ សេចក្ដីថា បើសត្វក្នុងសកលលោកគប្បីផឹកទឹកមហាសមុទ្រនោះ រមែងមិនមានការកំណត់ថា ទឹកដែលសត្វទាំងនោះផឹកហើយមានប្រមាណប៉ុណ្ណេះអំពីមហាសមុទ្រនោះ ។ បទថា អបេយ្យោ កិរ សេចក្ដីថា បានឮមកថា សាគរនោះ គឺអ្នកណាមួយ មិនអាចផឹកទឹកឲ្យអស់ទៅ ។ សមុទ្រទេវតាពោលយ៉ាងនេះហើយ បានសម្ដែងរូបារម្មណ៍ដែលគួរខ្លាច ញ៉ាំងក្អែកសមុទ្រឲ្យរត់ទៅ ។ ព្រះសាស្ដាបាននាំព្រះធម្មទេសនានេះមកហើយ ទ្រង់ប្រជុំជាតកថា តទា សមុទ្ទកាកោ ឧបនន្ទោ អហោសិ ក្អែកសមុទ្រក្នុងកាលនោះ បានមកជា ឧបនន្ទ ។ ទេវតា បន អហមេវ អហោសិំ ចំណែកទេវតា គឺ តថាគត នេះឯង។ ចប់ សមុទ្ទជាតក ។ (ជាតកដ្ឋកថា សុត្តន្តបិដក ខុទ្ទកនិកាយ ជាតក តិកនិបាត កុម្ភវគ្គ បិដកលេខ ៥៨ ទំព័រ ១៧៦) ដោយខេមរ អភិធម្មាវតារ ដោយ៥០០០ឆ្នាំ
images/articles/2907/______pic.jpg
Public date : 19, Mar 2021 (57808 Read)
ទសជាតក គឺ​ជា​ និទាន​សំខាន់​ៗ ក្នុង​ពុទ្ធសាសនា​និកាយ​ថេរវាទ ស្តី​អំពី​អតីតជាតិ​ ១០ ជាតិ​ចុង​ក្រោយ ​ដែល​ព្រះ​ពោធិសត្វ​​​ទាំង​ឡាយ​ខាង​និកាយ​ថេរវាទ​ បាន​សាង​សន្សំ​បារមី​ទាំង ១០ មុន​នឹង​បាន​ត្រាស់​ជា​ព្រះ​ពុទ្ធ​ គោតម ។ ទសជាតក និង​ ជាតក ដទៃ​ទៀត​ដែរ គឺ​ជា​បណ្តុំ​រឿង​និទាន ​​​ដែល​អ្នក​ចេះ​ដឹង​សម័យ​បុរាណ​ បាន​តាក់តែង​ឡើង ​ក្នុង​គោលបំណង​បង្រៀន​មនុស្ស​ជំនាន់​ក្រោយ ​ឲ្យ​ចេះ​រស់​នៅ​ចុះ​សម្រុង​ជា​មួយ​នឹង​សង្គម​មនុស្ស​ តាម​រយៈ​ការ​អនុវត្តន៍​តាម​ក្រម​សីលធម៌​ល្អ​ទាំង​ឡាយ​ ដែល​បង្កប់​នៅ​ក្នុង​រឿង​និទាន​ទាំង​នោះ ។ អ្នក​អាន ឬ អ្នក​សិក្សា​គួរ​អាន​រឿង​ទាំង​នោះ​ដោយការ​​វិភាគ​ពិចារណា ​ដើម្បី​ស្រង់​យក​ន័យ​សំខាន់​ៗ​ ដែល​លាក់​បង្កប់​ក្នុង​​សាច់​រឿង​ទាំង​នោះ ពោល​គឺ​មិន​មែន​​ចេះ​តែ​ជឿ​តាម​ទាំង​ស្រុង​ថា សត្វ​នេះ​ចេះ​និយាយ, សត្វ​នេះ​បូជា​ជីវិត​ដើម្បី​សត្វ​នោះ, ឬ ព្រះ​ពោធិសត្វ​នេះ​ហោះ​ចុះ​ហោះ​ឡើង​ នោះ​ទេ ។​ ការ​អាន​ ជាតក​ ទាំង​អស់ ​ក្នុង​ព្រះ​ត្រៃ​បិដក ឬ រឿង​និទាន​ទាំង​ឡាយ​របស់​សាសនា​​ទាំង​អស់​ ដូច​ជា​​​គម្ពីរ​លទ្ធិព្រាហ្មណ៍ ឬ​ គម្ពីរ​​គ្រិស្តសាសនា​ អ្នក​អាន​មិន​គួរ​ជឿ​តាម​ទាំង​ស្រុង ​ដោយ​ខ្វះ​ការ​ពិចារណា​ឡើយ ។ ​រឿង​និទាន​គ្រាន់​តែ​​ជា​យាន​សម្រាប់​នាំ​សារ ​ដែល​បង្កប់​អត្ថន័យ​សម្រាប់​បង្រៀន​ក្រមសីលធម៌​ប្រភេទ​ណា​មួយ​ប៉ុណ្ណោះ ។ ហើយ​ការ​បង្រៀន​ទាំង​អស់​មិន​មែន​សុទ្ធ​តែ​ល្អ ឬ​ មាន​ប្រយោជន៍​សម្រាប់​មនុស្ស​សម័យ​ទំនើប​ទាំង​ស្រុង​នោះ​ទេ ។ មាន​ក្រម​សីលធម៌​ខ្លះ ឬ​ ទ្រឹស្តី​មួយ​ចំនួន ​ដែល​មនុស្ស​សម័យ​ដើម​យល់​ថា​ល្អ​នោះ ​មនុស្ស​សម័យ​ទំនើប​គិត​ថា​គ្មាន​ប្រយោជន៍ ឬ លែង​ត្រឹមត្រូវ​ហើយ ។ ឧទាហរណ៍ ការ​បូជាយញ្ញ​ក្នុង​លទ្ធិព្រហ្មណ៍, ការ​បូជា​សត្វ​នៅ​ក្នុង​គម្ពីរ​សញ្ញាចាស់​នៃ​គ្រិស្តសាសនា, ព្រះ​យេស៊ូ​ដើរ​លើ​ទឹក កើត​ពី​ម្តាយ​នៅ​ក្រមុំ​ព្រហ្មចារី ឬ​​ក្រោក​ពី​ស្លាប់, ទ្រឹស្តី​​សំសារៈ, ទ្រឹស្តី​​វិល​កើត​វិល​ស្លាប់, ទ្រឹស្តី​ស្ថាន​នរក ប្រេត ទេវតា ព្រហ្ម សួគ៌ ។ល។​ លែង​មាន​ការ​ពេញ​និយម ឬ គ្មាន​ការ​​ពិត​ ឬ​ លែង​ផ្តល់​ប្រយោជន៍​អ្វី​ សម្រាប់​​អូស​ទាញ​មនុស្ស​សម័យ​ទំនើប​ឲ្យ​ដើរ​តាម​​ហើយ ។ ព្រោះ​​មនុស្ស​សម័យ​វិទ្យាសាស្ត្រ​​ទំនើប​លែង​ត្រូវ​ការ​ សេចក្តី​​​​អធិប្បាយ​​រាល់​​បាតុភូត​ធម្មជាតិ​​ដោយ​សំអាង​លើ​​អាទិទេព ឬ ទ្រឹស្តី​សាសនា​​ទាំង​ឡាយ ។ បើ​គេ​ចង់​ដឹង​ចម្លើយ​ចំពោះ​បាតុភូត​ធម្មជាតិ​ណា​មួយ​ គេ​​​ពិគ្រោះ​ឯកសារ​វិទ្យាសាស្ត្រ គេ​មិន​​ពិគ្រោះ​ឯកសារ​ខាង​សាសនា​ទេ ។ រីឯ​ ឯកសារ​សាសនា​​​​បាន​​ពន្យល់​មនុស្ស​ឲ្យ​រស់​នៅ​ស្រប​តាម​ក្រម​សីលធម៌​នៃ​ក្រុម​មនុស្ស​មួយ​ក្រុម ​ដែល​កាន់​តាម​សាសនា​នោះ​ប៉ុណ្ណោះ វា​មិន​ត្រឹម​ត្រូវ​សម្រាប់​ក្រុម​មនុស្ស​នៃ​សាសនា​ដទៃ​ទៀត​សោះ ។ មក​ដល់​ដំណាក់​កាល​នេះ យើង​ត្រូវ​ការ​ក្រម​សីលធម៌​សកល​មួយ ​ដែល​មិន​ប្រកាន់​តាម​ស្តង់ដារ​របស់​ព្រះ​នេះ ឬ របស់​ព្រះ​នោះ​​ ពោល​គឺ​ជា​ក្រម​សីលធម៌​ដែល​ឲ្យ​តម្លៃ​លើ​​មនុស្សធម៌​បែប​សកល និង ​ឯករាជ​ពី​​ឥទ្ធិពល​សាសនាទាំង​ឡាយ ។​ ដោយ៥០០០ឆ្នាំ
images/articles/2908/te_________pic.jpg
Public date : 19, Mar 2021 (4341 Read)
ព្រះសាស្ដា កាលស្ដេចគង់នៅវត្តជេតពន ទ្រង់ប្រារព្ធនូវពរដែលព្រះអានន្ទត្ថេរបានទទួល ទើបត្រាស់ព្រះធម្មទេសនានេះ មានពាក្យថា សុណោហិ មយ្ហំ វចនំ ជនិន្ទ ដូច្នេះជាដើម ។ ពិតមែនហើយ ក្នុងបឋមពោធិកាល ព្រះមានព្រះភាគមិនមានអ្នកឧបដ្ឋាកឲ្យជាប់ជានិច្ច អស់កាល ២០ ​វស្សា ។ ជួនកាល ព្រះថេរនាគសមាលៈ, ជួនកាល ព្រះនាគិតៈ, ជួនកាល ព្រះឧបវាណៈ, ជួន​កាល​ ព្រះសុនក្ខត្តៈ, ជួនកាល ព្រះចន្ទៈ, ជួនកាល ព្រះនន្ទៈ, ជួនកាល ព្រះសាគតៈ, ជួនកាល ព្រះមេឃិយៈ ជាអ្នកឧបដ្ឋាកព្រះមានព្រះភាគ ។ ក្នុងថ្ងៃមួយ ព្រះមានព្រះភាគត្រាស់ហៅភិក្ខុទាំង​ឡាយ​មក​ថា ម្នាលភិក្ខុទាំងឡាយ ឥឡូវនេះ តថាគតចាស់ហើយ ភិក្ខុទាំងឡាយខ្លះ កាលតថាគតពោលថា យើងនឹងទៅដោយផ្លូវនេះ ក៏នាំគ្នាទៅដោយផ្លូវដទៃ ភិក្ខុពួកខ្លះដាក់ចុះនូវបាត្រនិងចីវររបស់តថា​គត​លើផែនដី អ្នកទាំងឡាយចូរដឹងនូវភិក្ខុមួយរូបឲ្យជាអ្នកឧបដ្ឋាករបស់តថាគតជាប់ជានិច្ច ។ ព្រះមានព្រះភាគ ទ្រង់ហាមព្រះថេរៈទាំងឡាយមានព្រះសារីបុត្រជាដើម ដែលក្រោកឡើង ផ្គងអញ្ជលី ដោយសិរសា ទូលថា បពិត្រព្រះអង្គដ៏ចម្រើន ខ្ញុំព្រះអង្គនឹងឧបដ្ឋាក ខ្ញុំព្រះអង្គនឹងឧបដ្ឋាក ដោយព្រះតម្រាស់ថា កុំឡើយអ្នកទាំងឡាយ សេចក្ដីប្រាថ្នារបស់អ្នកទាំងឡាយដល់បំផុតហើយ ។ លំដាប់នោះ ភិក្ខុទាំងឡាយពោលនឹងព្រះអានន្ទត្ថេរថា ម្នាលអាវុសោ អ្នកចូរសូមតំណែងជាអ្នកឧបដ្ឋាក ។ ព្រះអានន្ទត្ថេរសូមពរទាំងឡាយ ៨ នេះគឺ ការបដិសេធ ៤ ការសូមអង្វរ ៤ គឺថា ១. សចេ មេ ភន្តេ ភគវា អត្តនា លទ្ធចីវរំ ន ទស្សតិ បពិត្រព្រះអង្គដ៏ចម្រើន សូមព្រះមានព្រះភាគកុំប្រទានចីវរ ដែលព្រះអង្គបានមក ដល់ខ្ញុំព្រះអង្គ ។ ២. បិណ្ឌបាតំ ន ទស្សតិ សូមព្រះមានព្រះភាគកុំប្រទានបិណ្ឌបាតដល់ខ្ញុំព្រះអង្គ ។ ៣. ឯកគន្ធកុដិយំ វសិតុំ ន ទស្សតិ សូមព្រះមានព្រះភាគកុំប្រទានការនៅក្នុងព្រះគន្ធកុដិតែមួយជាមួយនឹងខ្ញុំព្រះអង្គ ។ ៤. មំ គហេត្វា និមន្តនំ ន គមិស្សតិ សូមព្រះមានព្រះភាគកុំកាន់យកខ្ញុំព្រះអង្គ ទៅកាន់ទីនិមន្ត ។ ៥. សចេ បន ភគវា មយា គហិតំ និមន្តនំ គមិស្សតិ សូមព្រះមានព្រះភាគយាងទៅកាន់ទីនិមន្តដែលព្រះខ្ញុំអង្គបានទទួល ។ ៦. សចេ អហំ តិរោរដ្ឋា តិរោជនបទា ភគវន្តំ ទដ្ឋុំ អាគតំ បរិសំ អាគតក្ខណេយេវ ទស្សេតុំ លភិស្សាមិ ប្រសិនបើខ្ញុំព្រះអង្គនាំបរិស័ទដែលមកគាល់ព្រះមានព្រះភាគ ដែលមកអំពីខាងកៅដែន អំពីខាងក្រៅជនបទ ខ្ញុំព្រះអង្គនឹងបានដើម្បីនឹងសម្ដែងនូវបរិស័ទនោះ ក្នុងខណៈដែលនាំមកនោះឯង ។ ៧. យទា មេ កង្ខា ឧប្បជ្ជតិ, តស្មិំ ខណេយេវ ភគវន្តំ ឧបសង្កមិតុំ លភិស្សាមិ សេចក្ដីសង្ស័យនឹងកើតឡើងដល់ខ្ញុំព្រះអង្គក្នុងកាលណា ខ្ញុំព្រះអង្គនឹងបានដើម្បីចូលគាល់ព្រះមានព្រះភាគ ក្នុងខណៈនោះឯង ។ ៨. សចេ យំ ភគវា មម បរម្មុខា ធម្មំ កថេតិ, តំ អាគន្ត្វា មយ្ហំ កថេស្សតិ បើព្រះមានព្រះភាគសម្ដែងធម៌ណាក្នុងទីកំបាំងរបស់ខ្ញុំព្រះអង្គ ហើយយាងមក សូមទ្រង់សម្ដែងធម៌នោះដល់ខ្ញុំព្រះអង្គ ។ ខ្ញុំព្រះអង្គនឹងឧបដ្ឋាកព្រះមានព្រះភាគ ដោយអាការៈយ៉ាងនេះ ចំណែកព្រះមានព្រះភាគក៏បានប្រទានហើយដល់ព្រះអានន្ទ ។ ចាប់តាំងអំពីពេលនោះមក ព្រះអានន្ទនោះក៏បានជាអ្នកឧបដ្ឋាកជាប់ជានិច្ច អស់កាល ២៥ វស្សា ។ ព្រះអានន្ទដល់នូវការតាំងទុកក្នុង ឋានៈជាឯតទគ្គៈ ៥ និងប្រកបដោយសម្បទា ៧ នេះ គឺ អាគមសម្បទា (ដល់ព្រមដោយបរិយត្តិ) ១ អធិគមសម្បទា (ដល់ព្រមដោយការចាក់ធ្លុះ) ១ បុព្ពហេតុសម្បទា (ដល់ព្រមដោយហេតុជាខាងដើម) ១ អត្តត្ថបរិបុច្ឆាសម្បទា (ដល់ព្រមដោយការសួរដើម្បីប្រយោជ៍ដល់ខ្លួន) ១ តិត្ថវាសសម្បទា (ដល់ព្រមដោយការនៅដោយឧបាយ) ១យោនិសោមនសិការសម្បទា (ដល់ព្រមដោយការធ្វើទុកក្នុងដោយឧបាយនៃប្រាជ្ញា) ១ ពុទ្ធូបនិស្សយសម្បទា (ដល់ព្រមដោយឧបនិស្ស័យនៃការត្រាស់ដឹង) ១ ហើយបានទទួលមត៌កគឺពរ ៨ ប្រការក្នុងសម្នាក់នៃព្រះពុទ្ធ លោកប្រាកដ (ល្បីល្បាញ) ក្នុងព្រះពុទ្ធសាសនា ប្រាកដដូចជាព្រះចន្ទ្រក្នុងកណ្ដាលអាកាស ។ ថ្ងៃមួយ ភិក្ខុទាំងឡាយញ៉ាំងកថាឲ្យតាំងឡើងក្នុងធម្មសភាថា ម្នាលអាវុសោ ព្រះតថាគតបានឲ្យព្រះអានន្ទត្ថេរត្រេកអរដោយការប្រទានពរ ។ ព្រះសាស្ដាស្ដេចយាងហើយ ត្រាស់សួរថា ម្នាលភិក្ខុទាំងឡាយ អម្បាញ់មិញនេះ អ្នកទាំងឡាយអង្គុយប្រជុំគ្នាដោយកថាអ្វី កាលភិក្ខុទាំងឡាយទូលថា ដោយកថាឈ្មោះនេះ ទើបទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ មិនមែនតែក្នុងកាលឥឡូវនេះទេ សូម្បីក្នុងកាលមុន តថាគតក៏បានឲ្យអានន្ទត្រេកអរដោយពរដែរ សូម្បីពរណាៗដែលអានន្ទសូមហើយ តថាគតក៏បានឲ្យពរនោះៗ ដូច្នេះហើយ ទើបព្រះអង្គនាំអតីតនិទានមកថា ក្នុងអតីតកាល កាលព្រះបាទព្រហ្មទត្តសោយរាជសម្បត្តិក្នុងនគរពារាណសី គ្រានោះ ព្រះពោធិសត្វបានជាបុត្ររបស់ព្រះរាជានោះ ទ្រង់មានព្រះនាមថា ជុណ្ហកុមារ ស្ដេចបានសិក្សាសិល្បសាស្ត្រក្នុងនគរតក្កសិលា ព្រះអង្គឲ្យការប្រកបរឿយៗដល់អាចារ្យ ក្នុងវេលាងងឹតដែលជាចំណែកនៃរាត្រី ទើបចេញអំពីផ្ទះរបស់អាចារ្យ ទៅកាន់លំនៅរបស់ខ្លួនដោយរហ័ស ។ កាលមិនឃើញព្រាហ្មណ៍ណាមួយ ដែលត្រាច់បិណ្ឌបាត មកកាន់លំនៅរបស់ខ្លួន បានប្រហារ (ពេលរត់ទៅបានកៀរ) ភាជនៈភត្តរបស់ព្រាហ្មណ៍នោះដោយដើមដៃឲ្យបែក ព្រាហ្មណ៍ដួលចុះហើយស្រែក​យំ ។ ព្រះកុមារបានត្រឡប់មកវិញដោយសេចក្ដីករុណា កាន់ដៃព្រាហ្មណ៍នោះឲ្យងើបឡើង ។ ព្រាហ្មណ៍ពោលថា នែអ្នក អ្នកធ្វើភាជនៈភិក្ខារបស់យើងឲ្យបែកហើយ អ្នកចូរឲ្យតម្លៃនៃភត្តដល់យើង ។ ព្រះកុមារពោលថា បពិត្រព្រាហ្មណ៍ ឥឡូវនេះ ខ្ញុំមិនអាចឲ្យតម្លៃនៃភត្តដល់លោកបានទេ ខ្ញុំជាបុត្ររបស់ព្រះរាជាដែនកាសី ឈ្មោះ ជុណ្ហកុមារ ចាំខ្ញុំបានតាំងនៅក្នុងរាជសម្បត្តិសិន សូមលោកមកសូមទ្រព្យនឹងខ្ញុំចុះ ដូច្នេះហើយ កាលសិក្សាសិប្បៈចប់ហើយ ព្រះកុមារថ្វាយបង្គំលាអាចារ្យ ទៅកាន់នគរពារាណសី ហើយសម្ដែងសិប្បៈដល់ព្រះរាជបិតា ។ ព្រះរាជបិតាគិតថា យើងកាលមានជីវិតនឹងឃើញបុត្រ យើងនឹងឃើញនូវបុត្រនោះបានជាស្ដេច គិតដូច្នេះហើយ ទើបអភិសេកបុត្រក្នុង រាជសម្បត្តិ ។ ព្រះរាជបុត្រនោះបានជាព្រះរាជា មានព្រះនាមថា ជុណ្ហរាជ ហើយធ្វើរាជប្រកបដោយធម៌ ។ ព្រាហ្មណ៍បានស្ដាប់រឿងនោះហើយ គិតថា ឥឡូវនេះ យើងនឹងទៅនាំយកតម្លៃភត្តរបស់យើង ដច្នេះហើយ ទើបទៅកាន់នគរពារាណសី គាត់បានឃើញព្រះរាជា កំពុងប្រទក្សិណនគរដែលប្រដាប់តាក់តែងហើយ ក៏ឈរនៅលើទីខ្ពស់មួយ លាតដៃ ញ៉ាំងនូវសម្រែក​ជ័យ ​។ លំដាប់នោះ ព្រះរាជាស្ដេចមិនបានក្រឡេកមើលព្រាហ្មណ៍នោះឡើយ ហើយកន្លងទៅ ។ ព្រាហ្មណ៍ដឹងថា ព្រះរាជាមិនបានឃើញ កាលញ៉ាំងកថាឲ្យតាំងឡើង ទើបពោលគាថាទី ១ ថា សុណោហិ មយ្ហំ វចនំ ជនិន្ទ, អត្ថេន ជុណ្ហម្ហិ ឥធានុបត្តោ; ន ព្រាហ្មណេ អទ្ធិកេ តិដ្ឋមានេ, គន្តព្ពមាហុ ទ្វិបទិន្ទ សេដ្ឋា។ បពិត្រព្រះអង្គធំជាងជន សូមព្រះអង្គស្តាប់ពាក្យរបស់ខ្ញុំព្រះអង្គ ខ្ញុំព្រះអង្គមកក្នុងទីនេះ ដោយសេចក្តីត្រូវការចំពោះព្រះអង្គ ទ្រង់ព្រះនាមជុណ្ហៈ បពិត្រព្រះអង្គប្រសើរបំផុត ជាងពួកសត្វជើងពីរ បណ្ឌិតទាំងឡាយពោលថា កាលព្រាហ្មណ៍ជាអ្នកដំណើរ កំពុងឈរ (សូម) បុគ្គលមិនត្រូវដើរ (ហួស) ទេ ។ ព្រះរាជាស្ដាប់ពាក្យរបស់ព្រាហ្មណ៍នោះហើយ ទើបបញ្ឈប់ដំរីដោយកង្វេរពេជ្រ រួចពោលគាថាទី ២ ថា សុណោមិ តិដ្ឋាមិ វទេហិ ព្រហ្មេ, យេនាសិ អត្ថេន ឥធានុបត្តោ; កំ វា ត្វមត្ថំ មយិ បត្ថយានោ, ឥធាគមោ ព្រហ្មេ តទិង្ឃ ព្រូហិ។ ម្នាលព្រាហ្មណ៍ យើងឮ យើងឈប់នៅ អ្នកចូរនិយាយចុះ អ្នកមកក្នុងទីនេះ ដោយប្រយោជន៍ណា ឬប្រាថ្នានូវប្រយោជន៍អ្វី ចំពោះយើង ទើបមកក្នុងទីនេះ ម្នាលព្រាហ្មណ៍ អ្នកចូរប្រាប់នូវប្រយោជន៍នោះចុះ ។ បន្ទាប់ពីនេះទៅ ទើបពោលគាថាដ៏សេស ដោយអំណាចនៃពាក្យសួរ និងពាក្យឆ្លើយ របស់ព្រះរាជា និងព្រាហ្មណ៍នោះ ។ (ព្រាហ្មណ៍ពោលថា) ទទាហិ មេ គាមវរានិ បញ្ច, ទាសីសតំ សត្ត គវំសតានិ; បរោសហស្សញ្ច សុវណ្ណនិក្ខេ, ភរិយា ច មេ សាទិសី ទ្វេ ទទាហិ។ សូមព្រះអង្គប្រទានស្រុកសួយ ៥ ទាសី ១០០ គោ ៧០០ និងមាសឆ្តោរ ជាង ១០០០ ដល់ទូលព្រះបង្គំ សូមប្រទានភរិយា ២ នាក់ មានរូបសណ្ឋានដូចគ្នា ដល់ទូលព្រះបង្គំផង ។ (ព្រះរាជាត្រាស់ថា) តបោ នុ តេ ព្រាហ្មណ ភិំសរូបោ, មន្តា នុ តេ ព្រាហ្មណ ចិត្តរូបា; យក្ខា នុ តេ អស្សវា សន្តិ កេចិ, អត្ថំ វា មេ អភិជានាសិ កត្តំ។ ម្នាលព្រាហ្មណ៍ ក្រែងអ្នកមានតបៈដ៏ខ្លាំងដែរឬ ម្នាលព្រាហ្មេណ៍ ក្រែងអ្នកមានមន្តទាំងឡាយ មានសភាពដ៏វិចិត្រដែរឬ ក្រែងអ្នកមានពួកយក្សខ្លះ ជាអ្នកស្តាប់ដែរឬ ម្យ៉ាងទៀត អ្នកដឹងច្បាស់នូវប្រយោជន៍ ដែលអ្នកធ្វើហើយ ចំពោះយើងឬ ។ (ព្រាហ្មណ៍ពោលថា) ន មេ តបោ អត្ថិ ន ចាបិ មន្តា, យក្ខាបិ មេ អស្សវា នត្ថិ កេចិ; អត្ថម្បិ តេ នាភិជានាមិ កត្តំ, បុព្ពេ ច ខោ សង្គតិមត្តមាសិ។ ទូលព្រះបង្គំជាខ្ញុំមិនមានតបៈ មិនមានមន្តទេ ទូលព្រះបង្គំជាខ្ញុំមិនមានពួកយក្សខ្លះ ជាអ្នកស្តាប់ទេ ទូលព្រះបង្គំជាខ្ញុំ មិនដឹងច្បាស់នូវប្រយោជន៍ ដែលទូលព្រះបង្គំជាខ្ញុំធ្វើហើយ ចំពោះព្រះអង្គទេ ក្នុងកាលមុន (ទូលព្រះបង្គំជាខ្ញុំ នឹងព្រះអង្គ) គ្រាន់តែបានជួបគ្នាប៉ុណ្ណោះ ។ (ព្រះរាជាត្រាស់ថា) បឋមំ ឥទំ ទស្សនំ ជានតោ មេ, ន តាភិជានាមិ ឥតោ បុរត្ថា; អក្ខាហិ មេ បុច្ឆិតោ ឯតមត្ថំ, កទា កុហិំ វា អហុ សង្គមោ នោ។ តាមខ្ញុំដឹង នេះជាការឃើញដំបូង យើងមិនស្គាល់អ្នកមុន អំពីកាលនេះទេ យើងសួរហើយ អ្នកចូរប្រាប់សេចក្តីនុ៎ះ យើងបានជួបគ្នា ក្នុងកាលណា ឬក្នុងទីណា ។ (ព្រាហ្មណ៍ពោល ២ គាថា ថា) គន្ធាររាជស្ស បុរម្ហិ រម្មេ, អវសិម្ហសេ តក្កសីលាយំ ទេវ; តត្ថន្ធការម្ហិ តិមីសិកាយំ, អំសេន អំសំ សមឃដ្ដយិម្ហ។ បពិត្រព្រះសម្មតិទេព ពួកយើងនៅក្នុងក្រុងតក្កសិលា ជាបុរីគួរឲ្យត្រេកអរ របស់សេ្តចគន្ធារៈ ក្នុងទីនោះ ពួកយើងខ្ញុំ បានទង្គិចស្មានឹងស្មា ក្នុងទីងងឹត ក្នុងរាត្រីមានអ័ព្ទដ៏ក្រាស់ ។ តេ តត្ថ ឋត្វាន ឧភោ ជនិន្ទ, សារាណិយំ វីតិសារយិម្ហ តត្ថ; សាយេវ នោ សង្គតិមត្តមាសិ, តតោ ន បច្ឆា ន បុរេ អហោសិ។ បពិត្រព្រះអង្គជាធំជាងជន យើងខ្ញុំទាំងពីរនាក់នោះ ឈរក្នុងទីនោះ បានបព្ចាប់ពាក្យគួរឲ្យរឭកក្នុងទីនោះ នោះឯងឈ្មោះថា ការជួបគ្នានៃយើងខ្ញុំ (ឯការជួបគ្នា) ខាងក្រោយ និងខាងមុខ អំពីកាលនោះ មិនមានឡើយ ។ (ព្រះរាជាត្រាស់ ៤ ព្រះគាថា ថា) យទា កទាចិ មនុជេសុ ព្រហ្មេ, សមាគមោ សប្បុរិសេន ហោតិ; ន បណ្ឌិតា សង្គតិសន្ថវានិ, បុព្ពេ កតំ វាបិ វិនាសយន្តិ។ មា្នលព្រាហ្មណ៍ ការជួបនឹងសប្បុរស ក្នុងពួកមនុស្ស ក្នុងកាលណា ពួកបណ្ឌិតមិនដែលបំបាត់ការជួប និងសេចក្តីស្និទ្ធស្នាល ឬគុណដែលគេធ្វើហើយ ក្នុងកាលមុនទេ ។ ពាលាវ ខោ សង្គតិសន្ថវានិ, បុព្ពេ កតំ វាបិ វិនាសយន្តិ; ពហុម្បិ ពាលេសុ កតំ វិនស្សតិ, តថា ហិ ពាលា អកតញ្ញុរូបា។ ចំណែកខាងពួកពាល តែងបំបាត់ការជួប និងសេចក្តីស្និទ្ធស្នាល ឬគុណដែលគេធ្វើ ហើយក្នុងកាលមុន គុណសូម្បីច្រើន ដែលគេធ្វើហើយ ចំពោះពួកពាល រមែងបាត់ទៅ ពិតដូច្នោះមែន ពួកពាលមានសភាព ជាមនុស្សអកតញ្ញូ ។ ធីរា ច ខោ សង្គតិសន្ថវានិ, បុព្ពេ កតំ វាបិ ន នាសយន្តិ; អប្បម្បិ ធីរេសុ កតំ ន នស្សតិ, តថា ហិ ធីរា សុកតញ្ញុរូបា។ ចំណែកខាងពួកបណ្ឌិត មិនបំបាត់ការជួប និងសេចក្តីស្នទិ្ធស្នាល ឬគុណដែលគេធ្វើហើយ ក្នុងកាលមុនទេ គុណសូម្បីតិច ដែលគេធ្វើហើយ ចំពោះពួកបណ្ឌិត រមែងមិនបាត់ ពិតដូច្នោះមែន ពួកបណ្ឌិតមានសភាព ជាមនុស្សកតញ្ញូល្អ ។ ទទាមិ តេ គាមវរានិ បញ្ច, ទាសីសតំ សត្ត គវំសតានិ; បរោសហស្សញ្ច សុវណ្ណនិក្ខេ, ភរិយា ច តេ សាទិសី ទ្វេ ទទាមិ។ យើងនឹងឲ្យស្រុកសួយ ៥ ទាសី ១០០ នាក់ គោ ៧០០ មាសឆ្តោរជាង ១០០០ ដល់អ្នក ម្យ៉ាងទៀត យើងនឹងឲ្យភរិយាពីរ ដែលមានរូបសណ្ឋានដូចគ្នា ដល់អ្នក ។ (ព្រាហ្មណ៍ពោលគាថាចុងក្រោយថា) ឯវំ សតំ ហោតិ សមេច្ច រាជ, នក្ខត្តរាជារិវ តារកានំ; អាបូរតី កាសិបតី តថាហំ, តយាបិ មេ សង្គមោ អជ្ជ លទ្ធោ។ បពិត្រព្រះរាជា ការជួបជុំសប្បុរស តែងមានយ៉ាងនេះ បពិត្រព្រះអង្គជាម្ចាស់នៃដែនកាសី ដូចយ៉ាង (ព្រះចន្ទឋិតនៅក្នុងកណ្តាល) នៃពួកផ្កាយ រមែងពេញឡើង យ៉ាងណាមិញ ទូលព្រះបង្គំជាខ្ញុំ (ពេញប្រៀបបដោយស្រុកជាដើម ដែលព្រះអង្គប្រទានក្នុងថ្ងៃនេះ ក៏យ៉ាងនោះដែរ) ព្រោះការជួបនឹងព្រះអង្គ ខ្ញុំបានហើយ ក្នុងថ្ងៃនេះ ។ ព្រះសាស្ដាបាននាំព្រះធម្មទេសនានេះមកហើយ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ មិនមែនតែក្នុងកាលឥឡូវនេះទេ សូម្បីកាលមុន តថាគតក៏បានឲ្យអានន្ទត្រេកអរដោយពរដែរ ដូច្នេះហើយ ព្រះអង្គប្រជុំជាតកថា តទា ព្រាហ្មណោ អានន្ទោ អហោសិ ព្រាហ្មណ៍ក្នុងកាលនោះ បានមកជា អានន្ទ ។ រាជា បន អហមេវ អហោសិំ ចំណែកព្រះរាជា គឺ តថាគត នេះឯង ។ ចប់ ជុណ្ហជាតក ៕ (ជាតកដ្ឋកថា សុត្តន្តបិដក ជាតក ឯកាទសកនិបាត បិដកលេខ ៥៩ ទំព័រ ២១២) ដោយខេមរ អភិធម្មាវតារ ព.ស. ២៥៦១ ដោយ៥០០០ឆ្នាំ
images/articles/2909/6rpic.jpg
Public date : 19, Mar 2021 (3516 Read)
ព្រះបរមសាស្តាទ្រង់ទេសនាប្រារឰព្រះថេរៈ ឈ្មោះចក្ខុបាល ។ កាលពីព្រះថេរៈឣង្គនេះ លោកនៅជាគ្រហស្ថ មិនទាន់បានសាងផ្នួសនោះ លោកបានទៅស្តាប់នូវព្រះធម៌ទេសនា របស់ព្រះពុទ្ធជាម្ចាស់ហើយ កើតសេចក្តីជ្រះថ្លា ក្នុងព្រះធម៌ទេសនានោះ យ៉ាងក្រៃលែង មានចិត្តប្រាថ្នាចង់បួសជាភិក្ខុ ក្នុងព្រះពុទ្ធសាសនា លុះត្រឡប់មកផ្ទះវិញ ក៏បានប្រគល់ទ្រព្យសម្បត្តិទាំងឣស់ ឲ្យដល់ប្អូនប្រុស របស់ខ្លួនស្រេចហើយ ទើបសុំលាប្អូនទៅបួស ក្នុងសំណាក់ព្រះបរមសាស្តា លុះបួសបាន ៥ ព្រះវស្សាហើយ លោកក៏បានចូលទៅ ក្រាបថ្វាយ បង្គំសុំរៀនព្រះកម្មដ្ឋាន ជាមួយនឹងព្រះសម្មាសម្ពុទ្ធ បន្ទាប់មក ក៏បានក្រាបថ្វាយបង្គំលាព្រះឣង្គទៅ បំពេញសមណធម៌ នៅក្នុងទីកន្លែងមួយដ៏ស្ងាត់ ព្រមជាមួយនឹងភិក្ខុសង្ឃ ៦០ រូប ជាបរិវារ ។ ព្រះថេរៈ លោកមានសេចក្តីព្យាយាម យ៉ាងខ្លាំងក្លាបំផុត ក្នុងការប្រតិបត្តិធម៌ លោកបានតាំងចិត្ត សច្ចាធិដ្ឋានថា “ឣាត្មាឣញ នឹងមិនសិង រហូត ៣ ខែ នៅក្នុងរដូវភ្លៀងនេះ” ។ ក្នុងវស្សានោះ រោគក្នុងភ្នែក ក៏បានកើតឡើង ដល់ព្រះថេរៈ ។ គ្រូពេទ្យ បានមកជួយព្យាបាលរោគប្រគេនព្រះថេរៈ ហើយឲ្យព្រះ ថេរៈសិងបន្តក់ថ្នាំតាមភ្នែក ។ តែព្រះថេរៈ មិនព្រមសិងបន្តក់ថ្នាំ តាមលោកគ្រូពេទ្យប្រាប់សោះ ព្រោះលោកបានតាំងចិត្តស្រេចហើយ ថា នឹងមិនសិង រហូត ៣ ខែ ។ ព្រោះហេតុនោះ រោគក្នុងភ្នែក ក៏រឹងរឹតតែរកាំធ្ងន់ខ្លាំងឡើងៗ ជារៀងរាល់ថ្ងៃ ។ មិនយូរប៉ុន្មាន ភ្នែក ទាំងទ្វេ របស់ព្រះថេរៈ ក៏បានបែកធ្លាយ ខ្វាក់ងងឹតឈឹង មើលអ្វីលែងឃើញទាំងឣស់ហើយ ព្រមគ្នាជាមួយនឹងការបានសម្រេចជាព្រះឣរហន្ត- សុក្ខវិបស្សកៈ ។ លុះដល់ថ្ងៃបវារណា ចេញវស្សាហើយ ព្រះចក្ខុបាលត្ថេរ បាន ចម្រើនពរ លាពួកញាតិញោម ឧបាសក ឧបាសិកា ដើម្បីនឹងទៅគាល់ព្រះបរមសាស្តា ដែលព្រះឣង្គប្រថាប់គង់នៅ ក្នុងវត្តជេតពនមហាវិហារ ទៀបក្រុងសាវត្ថី ។ នៅក្នុងរាត្រី នៃបច្ឆិមយាម ក្រោយពេលដែលភ្លៀងរាំងហើយ, ព្រះថេរៈ បានដើរចង្ក្រមទៅមកៗ ជាន់សត្វមេភ្លៀងស្លាប់ឣស់ ជាច្រើន ព្រោះលោកមើលមិនឃើញ ហើយក៏មិនមានចេតនាគិតនឹងធ្វើឲ្យសត្វមេភ្លៀងទាំងនោះស្លាប់ផងដែរ ។ ស្អែកឡើង ពេលព្រឹកព្រលឹម ក៏ស្រាប់តែមានឣាគន្តុកភិក្ខុ ជាច្រើនរូប បានចូលទៅមើលកន្លែងព្រះចក្ខុបាលត្ថេរ ហើយបានឃើញសត្វមេភ្លៀង ជាច្រើនស្លាប់ ពាសពេញទីចង្ក្រមន៍ របស់ព្រះថេរៈ ក៏បានត្មះតិះដៀលលោក ដោយប្រការផ្សេងៗ ស្រេចហើយ ក៏នាំយករឿងនេះ ទៅក្រាបទូលថ្វាយ ដល់ព្រះបរមសាស្តាទ្រង់ជ្រាប ។ ព្រះបរមសាស្តាទ្រង់ត្រាស់ពន្យល់ដល់ភិក្ខុទាំងនោះថា “ម្នាល ភិក្ខុទាំងឡាយ មរណចេតនា គឺ ចេតនាគិតនឹងសម្លាប់ មិនមានសោះឡើយ ដល់ព្រះថេរៈ ដែលជាព្រះឣរហន្តខីណាស្រព” ។ ឣាគន្តុកភិក្ខុទាំងនោះ ងឿងឆ្ងល់ បានក្រាបទូលសួរព្រះពុទ្ធជាម្ចាស់ថា “បពិត្រព្រះឣង្គដ៏ចម្រើន ព្រះចក្ខុបាលត្ថេរ ជាព្រះឣរហន្តខីណាស្រព ចុះហេតុអ្វី បានជាខ្វាក់ភ្នែក?” ។ ព្រះសាស្តា ទ្រង់ត្រាស់សម្តែងឣតីតនិទាន ថា “កាលពីឣតីតកាល ព្រះចក្ខុបាលត្ថេរ ធ្លាប់បានធ្វើជាគ្រូពេទ្យ ព្យាបាលជម្ងឺភ្នែក ។ សម័យថ្ងៃមួយ លោកគ្រូពេទ្យនោះ បានទៅព្យាបាលភ្នែក ដល់ស្រ្តីម្នាក់នៅជនបទ ។ ស្ត្រីនោះ បានសន្យាជាមួយគ្រូពេទ្យថា “បើលោកគ្រូពេទ្យឣាចព្យាបាលជម្ងឺភ្នែកនាងខ្ញុំ ឲ្យបានជាស្បើយ ដូចដើមវិញនោះ, នាងខ្ញុំ ព្រមទាំងបុត្រ នឹងធ្វើជាទាសីឣ្នកបម្រើរបស់លោកគ្រូ” ។ គ្រូពេទ្យនោះ បានព្យាបាលភ្នែកនាង ឲ្យជាដូចដើមវិញហើយ, ព្រោះតែនាងមិនចង់ទៅ នៅបម្រើគ្រូពេទ្យនោះឯង ទើបនាងបែរជានិយាយកុហកគ្រូពេទ្យនោះថា “លោកគ្រូ ឥឡូវនេះ ភ្នែករបស់នាងខ្ញុំ វាមិនបានជាទេ វា រឹតតែឈឺលើសដើមទៅទៀត” ។ ចំណែកគ្រូពេទ្យ បានដឹងថា នាងពិតជានិយាយកុហក ដូច្នេះហើយ ក៏មានចិត្តក្រោធខឹងយ៉ាងខ្លាំង ហើយមានចេតនា ចង់ធ្វើឲ្យនាងវិនាស ទើបផ្សំថ្នាំពិសឲ្យនាងលាប ធ្វើឲ្យភ្នែករបស់នាង ខ្វាក់ទាំងគូ មើលអ្វីលែងឃើញទាំងឣស់ ។ ព្រោះបាបកម្មដែលព្រះចក្ខុបាលត្ថេរ បានធ្វើឲ្យស្ត្រីនោះខ្វាក់ភ្នែកទាំងទ្វេ ដោយចេតនានោះឯង បានជាព្រះថេរៈ ត្រូវតែទទួលនូវបាបកម្មនោះវិញ គឺ ត្រូវតែខ្វាក់ភ្នែក នៅក្នុងជាតិនេះ” ដូច្នេះហើយ ទើបទ្រង់ត្រាស់នូវព្រះគាថានេះថា ៖ មនោបុព្វង្គមា ធម្មា មនោសេដ្ឋា មនោមយា មនសា ចេ បទុដ្ឋេន ភាសតិ វា ករោតិ វា តតោ នំ ទុក្ខមន្វេតិ ចក្កំវ វហតោ បទំ ។ ធម៌ទាំងឡាយ មានចិត្តជាប្រធាន មានចិត្តប្រសើរបំផុត សម្រេចមកឣំពីចិត្ត, បើបុគ្គលមានចិត្ត ត្រូវទោសៈប្រទូសរ៉ាយហើយ ទោះបីនិយាយក្តី ធ្វើក្តី ក៏ឣាក្រក់ដែរ, ព្រោះឣំពើឣាក្រក់នោះឯង សេចក្តីទុក្ខ រមែងដេញជាប់ តាមក្រោយបុគ្គលនោះ ដូចជាកង់រទេះ វិលតាមដានជើងគោដែលឣូសនឹមរទេះ យ៉ាងដូច្នោះឯង ។ ប្រភពដកស្រង់ ដោយ៥០០០ឆ្នាំ
images/articles/2910/wwwtpic.jpg
Public date : 19, Mar 2021 (3477 Read)
ព្រះបរមសាស្តា ទ្រង់បានប្រារឰនូវមដ្ឋកុណ្ឌលី ដែលជាកូនរបស់ព្រាហ្មណ៍កំណាញ់ម្នាក់ នៅក្នុងក្រុងសាវត្ថី ។ ព្រោះព្រាហ្មណ៍ជាបិតាជាមនុស្សកំណាញ់ស្វិត ទើបគាត់ធ្វើទំហ៊ូដោយខ្លួនឯង ឲ្យកូនពាក់ ។ នៅពេលដែលមដ្ឋកុណ្ឌលីឈឺធ្ងន់, ព្រាហ្មណ៍ ជាបិតា មិនបានទៅរកគ្រូពេទ្យ មកព្យាបាលជម្ងឺឲ្យកូនគាត់ទេ ព្រោះគាត់ខ្លាចឣស់ព្រទ្យសម្បត្តិរបស់ខ្លួន ។ នៅថ្ងៃដែលមដ្ឋកុណ្ឌលីជិតនឹងមរណានោះ ព្រាហ្មណ៍ជាបិតា បានលើកកូនមកឲ្យដេក ឣស់សេចក្តីសង្ឃឹមតែម្នាក់ឯង នៅរបៀងផ្ទះខាងក្រៅ ។ សម័យនោះ ព្រះសាស្តា ទ្រង់បានបញ្ចេញព្រះរស្មីទៅ ដើម្បីឲ្យមដ្ឋកុណ្ឌលីបានឃើញ ។ មដ្ឋកុណ្ឌលី ឃើញព្រះរស្មីនៃព្រះឣង្គ ហើយ ក៏កើតសេចក្តីជ្រះថ្លា យ៉ាងខ្លាំង ក្នុងមួយរំពេចនោះ ស្រេចហើយ ក៏បានធ្វើមរណកាល នៅពេលនោះឯង ហើយបានទៅកើត នៅក្នុងឋានតាវតិ្តង្សទេវលោក ក្រឡេកមើលមកឃើញឪពុក របស់ខ្លួន ដែលកំពុងតែសៅសោក យំស្រែកបោកខ្លួន យ៉ាងខ្លាំង ទើបបានចុះពីទេវលោកមក ដើម្បីជួយសង្គ្រោះ ដល់ឪពុករបស់ខ្លួន ឲ្យបាន រួចផុតឣំពីសេចក្តីទុក្ខសោកសៅនោះ ហើយបានធ្វើឲ្យគាត់លះបង់ សេចក្តីកំណាញ់ចេញផុតពីខន្ធសន្តាន ឲ្យកើតមានចិត្តជ្រះថ្លា ក្នុងព្រះពុទ្ធសាសនា ហើយក៏ត្រឡប់ទៅកាន់ឋានទេវលោកវិញ ។ លុះព្រឹកឡើង ព្រាហ្មណ៍ជាឪពុក បានទៅឣារាធនានិមន្តព្រះសង្ឃ មានព្រះពុទ្ធជាប្រធាន ឲ្យទទួលនូវភត្តាហារ ក្នុងផ្ទះរបស់ខ្លួន ហើយ បានក្រាបទូលសួរឣំពីការដែលកូនរបស់ខ្លួន គឺ មដ្ឋកុណ្ឌលី គ្រាន់តែធ្វើចិត្ត ឲ្យជ្រះថ្លា ចំពោះព្រះពុទ្ធជាម្ចាស់ តែម៉្យាងប៉ុណ្ណោះ មិនបានធ្វើកុសលអ្វីដទៃ ក្រៅឣំពីនេះទេ ក៏ស្រាប់តែបានទៅកើត នៅឯឋានទេវលោក ។ ព្រះបរមសាស្តា ទ្រង់បានឣធិដ្ឋានឲ្យមដ្ឋកុណ្ឌលីទេវបុត្រ ចុះមកសម្តែងរឿងពិត ដល់ព្រាហ្មណ៍ជាឪពុក និង ពួកមហាជន បានឃើញជាក់ស្តែង ហើយព្រះឣង្គត្រាស់ព្រះគាថានេះ ថា ៖ មនោបុព្វង្គមា ធម្មា មនោសេដ្ឋា មនោមយា មនសា ចេ បសន្នេន ភាសតិ វា ករោតិ វា តតោ នំ សុខមន្វេតិ ឆាយាវ ឣនុបាយិនី ។ ធម៌ទាំងឡាយ មានចិត្តជាប្រធាន មានចិត្តប្រសើរបំផុត សម្រេចមកឣំពីចិត្ត, បើបុគ្គលមានចិត្តជ្រះថ្លាហើយ ទោះបីនិយាយក្តី ធ្វើក្តី‘ ក៏ល្អទាំងឣស់’ ព្រោះសេចក្តីល្អនោះឯង សេចក្តីសុខ រមែងតាមជាប់បុគ្គលនោះ ដូចជាស្រមោលដែលឣន្ទោលទៅតាមប្រាណ យ៉ាងនោះឯង ។ ប្រភពដកស្រង់ ដោយ៥០០០ឆ្នាំ
images/articles/2911/5wwpic.jpg
Public date : 19, Mar 2021 (3467 Read)
ព្រះសម្មាសម្ពុទ្ធ ទ្រង់ប្រារឰព្រះតិស្សត្ថេរ ។ ព្រះថេរៈជាព្រះរាជឱរសរបស់ព្រះបិតុច្ឆា របស់ព្រះឣង្គ ។ លោកបានមកបួសជាភិក្ខុ ក្នុងព្រះពុទ្ធសាសនា នៅពេលដែលមានវ័យចាស់ជរាហើយ លោកមិនដែលធ្វើវត្តប្រតិបត្តិ គោរពចំពោះភិក្ខុឣាគន្តុកៈ ដែលមានវស្សាចាស់ជាងខ្លួន តាមព្រះធម៌វិន័យឡើយ ។ ព្រះសាស្តា ទ្រង់ត្រាស់បង្គាប់ ឲ្យព្រះតិស្សៈ សុំខមាទោសចំពោះភិក្ខុឣាគន្តុកៈទាំងនោះ, តែព្រះតិស្សៈ ចចេស មិនព្រមធ្វើតាមព្រះពុទ្ធដីកា របស់ព្រះឣង្គឡើយ ។ គ្រានោះ ព្រះបរមសាស្តា ទ្រង់ត្រាស់សម្តែង នូវឣតីតនិទាន របស់ព្រះតិស្សៈ ដូចមានតទៅនេះ ៖ នៅក្នុងជាតិដែលព្រះតិស្សៈនេះ បានកើតជាតាបស ឈ្មោះ ទេវិល, តថាគត បានកើតជាតាបស ឈ្មោះ នារទៈ ។ តាបសទាំងពីររូបនោះ បានឈ្លោះទាស់ទែងគ្នា យ៉ាងខ្លាំង រហូតឮដល់ព្រះរាជាក្រុងពារាណសី ស្តេច​យាង​ទៅ ជួយរម្ងាប់ការវិវាទទាស់ទែងគ្នានោះ ហើយទ្រង់បានឲ្យទេវិលតាបស សុំខមាទោសនារទតាបស ព្រោះជាឣ្នកខុស ។ ទោះជាព្រះរាជបញ្ជា ឲ្យធ្វើយ៉ាងនេះ ក៏ទេវិលតាបស នៅតែមិនព្រមសុំខមាទោស ចំពោះនារទតាបស ទៀត នៅតែចចេស មិនព្រមស្តាប់ មិនព្រមធ្វើតាម តាំងតែពីជាតិនោះមក រហូតមកដល់ជាតិនេះ ដូច្នេះហើយ ទើបព្រះឣង្គត្រាស់នូវព្រះគាថានេះ ថា ៖ ឣក្កោច្ឆិ មំ ឣវធិ មំ ឣជិនិ មំ ឣហាសិ មេ យេ ច តំ ឧបនយ្ហន្តិ វេរំ តេសំ ន សម្មតិ ។ ឣក្កោច្ឆិ មំ ឣវធិ មំ ឣជិនិ មំ ឣហាសិ មេ យេ ច តំ នូបនយ្ហន្តិ វេរំ តេសូបសម្មតិ ។ បើជនទាំងឡាយណា ចងសេចក្តីក្រោធនោះទុក យ៉ាងនេះថាៈ ជនឯណោះ បានជេរឣញ ជនឯណោះ បានវាយឣញ ជនឯណោះ បានឈ្នះឣញ ជនឯណោះ បានលួចយកទ្រព្យរបស់ឣញទៅហើយ (ដូច្នេះ) ពៀរវេរា របស់ជនទាំងឡាយនោះ មិនស្ងប់រម្ងាប់បានឡើយ។ បើជនទាំងឡាយណា មិនចងសេចក្តីក្រោធនោះទុក យ៉ាងនាងកាលីយក្ខិនីនេះថាៈ ជនឯណោះ បានជេរឣញ ជនឯណោះ បានវាយឣញ ជន ឯណោះ បានឈ្នះឣញ ជនឯណោះ បានលួចយកទ្រព្យរបស់ឣញទៅហើយ (ដូច្នេះ) ពៀរវេរា របស់ជនទាំងឡាយនោះ តែងស្ងប់រម្ងាប់ទៅបាន ។ ប្រភពដកស្រង់ ដោយ៥០០០ឆ្នាំ
images/articles/2934/xxpic.jpg
Public date : 19, Mar 2021 (3842 Read)
ព្រះសាស្ដាកាលស្ដេចគង់នៅវត្តឃោសិតារាម ដែលអាស្រ័យនឹងក្រុងកោសម្ពី ទ្រង់ប្រារព្ធភិក្ខុទាំងឡាយ ដែលបង្កជម្លោះគ្នាក្នុងក្រុងកោសម្ពី បានត្រាស់ព្រះធម្មទេសនានេះ មានពាក្យថា បុថុសទ្ទោ ដូច្នេះជាដើម ។ រឿងរ៉ាវរបស់ភិក្ខុទាំងនោះ មានមកក្នុងកោសម្ពកក្ខន្ធកៈ (វិនយបិដក មហាវគ្គ បិដកលេខ ៨ ទំព័រ ៣០៤​) នោះឯង ។ ចំណែកសេចក្ដី (ខាងក្រោម) នេះជារឿងរ៉ាវសង្ខេប ក្នុងជាតកនេះ ។ បានឮមកថា ក្នុងពេលនោះ ភិក្ខុ ២ រូប គឺព្រះវិនយធរ (អ្នកទ្រទ្រង់វិន័យ) មួយរូប ព្រះសុត្តន្តិកៈ (អ្នកទ្រទ្រង់ព្រះសូត្រ) មួយរូប នៅក្នុងអាវាសមួយជាមួយគ្នា ។ ក្នុងបណ្ដាភិក្ខុ ២ រូបនោះ ថ្ងៃមួយ ព្រះសុត្តន្តិកៈបន្ទោបង់ឧច្ចារៈ ដាក់ភាជនៈដែលបន្សល់ទឹកសម្រាប់ជម្រះក្នុងផើងទឹក ហើយចេញទៅ ។ ព្រះវិនយធរចូលទៅក្នុងទីនោះតាមក្រោយ ឃើញទឹកនោះ រួចចេញមកសួរថា អាវុសោ លោកបន្សល់ទឹកឬ ? ព្រះសុត្តន្តិកៈពោលថា ពិតមែនហើយ អាវុសោ ។ ព្រះវិនយធរពោលថា លោកមិនដឹងភាពជាអាបត្តិក្នុងចំណុចនេះឬ? ព្រះសុត្តន្តិកៈ ពោលថា ពិតមែនហើយ អាវុសោ ខ្ញុំមិនដឹងទេ ។ ព្រះវិនយធរពោលថា អាវុសោ ការដែលលោកបន្សល់ទឹកទុកក្នុងភាជនៈជាអាបត្តិ ។ ព្រះសុត្តន្តិកៈពោលថា បើយ៉ាងនោះ ខុំនឹងសម្ដែងអាបត្តិនោះ ។ ព្រះវិនយធរពោលថា អាវុសោ បើលោកមិនក្លែង ទៅដោការមិនមានសតិ រមែងមិនមានអាបត្តិ ។ ព្រះសុត្តន្តិកៈនោះក៏យល់ថា មិនជាអាបត្តិ ក្នុងអាបត្តិនោះ ។ ចំណែកព្រះវិនយធរប្រាប់កូនសិស្សរបស់ខ្លួនថា ព្រះសុត្តន្តិកៈនេះ សូម្បីត្រូវអាបត្តិហើយ ក៏មិនដឹង ។ សិស្សទាំងនោះឃើញសិស្សរបស់ព្រះសុត្តន្តិកៈនោះហើយពោលថា ឧបជ្ឈាយ៍របស់លោក សូម្បីត្រូវអាបត្តិហើយ ក៏មិនដឹងភាពជាអាបត្តិ ។ សិស្សទាំងនោះ ទៅប្រាប់ឧបជ្ឈាយ៍របស់ខ្លួន ។ ព្រះសុត្តន្តិកៈនោះពោលយ៉ាងនេះថា ព្រះវិនយធរនេះ ក្នុងកាលមុនពោលថា មិនជាអាបត្តិ តែឥឡូវមកពោលថា ជាអាបត្តិ លោកនោះជាអ្នកនិយាយកុហក ។ សិស្សរបស់ព្រះសុត្តន្តិកៈនាំគ្នាទៅ ពោលថា ឧបជ្ឈាយ៍របស់លោក ជាមនុស្សនិយាយកុហក ដូច្នេះហើយ សិស្សរបស់ព្រះវិនយធរនិងរបស់ព្រះសុត្តន្តិកៈ ក៏បង្កជម្លោះដល់គ្នានឹងគ្នា យ៉ាងនេះឯង ។ លំដាប់នោះ ព្រះវិនយធរបានឱកាស ធ្វើឧក្ខេបនីកម្ម (ការលើកវត្ត) ដោយការមិនឃើញអាបត្តិដល់ព្រះសុត្តន្តិកៈនោះ ។ ចាប់ពីពេលនោះមក សូម្បីឧបាសកឧបាសិកាទាំងឡាយដែលជាអ្នកថ្វាយបច្ច័យដល់ភិក្ខុទាំងនោះ ក៏បែកគ្នាជាពីរចំណែក ។ សូម្បីភិក្ខុនីទាំងឡាយដែលជាអ្នកទទួលឱវាទ ក៏បែកគ្នាជាពីរចំណែក សូម្បីពួកអារក្ខទេវតា ក៏បែកគ្នាជាពីរចំណែក ។ សូម្បីអាកាសដ្ឋទេវតាដែលជាមិត្រធ្លាប់ឃើញគ្នារបស់អារក្ខទេវតា និង ទេវតាជាបុថុជ្ជនទាំងឡាយ ដរាបដល់ព្រហ្មលោក ក៏បែកជាពីរចំណែក ។ កោលាហលនេះបានប្រព្រឹត្តដរាបដល់ឋានអកនិដ្ឋភព ។ លំដាប់នោះ ភិក្ខុមួយរូបចូលគាល់ព្រះតថាគត ក្រាបទូលលទ្ធិរបស់ភិក្ខុអ្នកលើកទោសថា ព្រះសុត្តន្តិកៈនេះត្រូវយើងលើកទោសដោយកម្មដែលជាធម៌ និងលទ្ធិរបស់អ្នកប្រព្រឹត្តតាមភិក្ខុដែលគេលើកវត្តថា ឧបជ្ឈាយ៍របស់យើងត្រូវគេលើកទោសដោយកម្មមិនជាធម៌ និងភាពដែលភិក្ខុទាំងនោះសូម្បីភិក្ខុអ្នកលើកទោសទាំងឡាយហាម ក៏នៅត្រាច់តាម ឡោមព័ទ្ធព្រះសុត្តន្តិកៈនោះ ឲ្យព្រះសាស្ដាជ្រាប ។ ព្រះភគវាទ្រង់បញ្ជូនព្រះតម្រាស់ទៅអស់វារៈ ២ ដងថា អ្នកទាំងឡាយចូរសាមគ្គីគ្នា ។ ព្រះអង្គបានស្ដាប់ថា ភិក្ខុមិនប្រាថ្នានឹងសាមគ្គីគ្នា។ ក្នុងវារៈទី ៣ ទ្រង់បានឮថា ភិក្ខុសង្ឃបែកគ្នាហើយ ទើបស្ដេចយាងទៅកាន់សម្នាក់ភិក្ខុទាំងនោះ ហើយសម្ដែងទោសក្នុងការលើកទោសរបស់ភិក្ខុអ្នកលើកទោស និងសម្ដែងទោសក្នុងការមិនឃើញអាបត្តិរបស់ភិក្ខុដទៃដែលក្លែង ហើយព្រះអង្គក៏យាងចេញទៅ ។ ព្រះមានព្រះភាគទ្រង់បញ្ញត្តភត្តគ្គវត្ត (វត្តក្នុងរោងភត្ត) ថា ភិក្ខុគប្បីអង្គុយក្នុងរវាងអាសនៈ ដូច្នេះ ដល់ភិក្ខុទាំងនោះ ដែលធ្វើឧបោសថជាដើម ក្នុងសីមាជាមួយគ្នា ក្នុងវត្ត ឃោសិតារាមនោះ រួចហើយទ្រង់បានស្ដាប់ថា សូម្បីឥឡូវនេះ ភិក្ខុទាំងឡាយនៅតែឈ្លោះគ្នាទៀត ទើបព្រះអង្គយាងទៅក្នុងទីនោះរួចត្រាស់ថា ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយកុំឈ្លោះគ្នា ដូច្នេះហើយ កាលភិក្ខុជាធម្មវាទីមួយរូប ដែលមិនប្រាថ្នាឲ្យព្រះមានព្រះភាគលំបាក ក្រាបទូលថា បពិត្រព្រះអង្គដ៏ចម្រើន សូមព្រះដ៏មានព្រះ​ភាគ​ជាធម្មាសាមី ទ្រង់នៅស្ងៀមចុះ បពិត្រព្រះអង្គដ៏ចម្រើន សូមព្រះអង្គចូរមានសេចក្ដីខ្វល់ខ្វាយតិចចុះ ព្រះមានព្រះភាគចូរប្រកបដោយការនៅជាសុខក្នុងបច្ចុប្បន្ន ហើយប្រព្រឹត្តទៅចុះ ពួកយើងខ្ញុំព្រះ​អង្គ​នឹងបង្កហេតុ បង្កជម្លោះ បង្កសេចក្ដីប្រកួតប្រកាន់ បង្កវិវាទ ទើបព្រះសាស្ដាត្រាស់ថាម្នាល​​ភិក្ខុទាំងឡាយ រឿងធ្លាប់មានមកហើយយ៉ាងនេះថា មានព្រះរាជាព្រះនាម ព្រហ្មទត្ត ជាស្ដេចសោយរាជ្យក្នុងនគរពារាណសី ដូច្នេះហើយ ទ្រង់ត្រាស់រឿងដែលព្រះបាទព្រហ្មទត្តដណ្ដើមរាជ្យរបស់ព្រះបាទ​ទីឃីតិកោសល ហើយសម្លាប់ព្រះបាទទីឃីតិកោសល ដែលទ្រង់ក្លែងខ្លួនមិនឲ្យអ្នកណាស្គាល់ និងរឿងដែលទីឃាវុកុមារឲ្យជីវិត ដល់ព្រះបាទ ព្រហ្មទត្តនោះ ហើយស្ដេចទាំង ២ ក៏ផ្ដើមសាមគ្គីគ្នាចាប់ពីពេលនោះមក ព្រះមានព្រះភាគឲ្យឱវាទថា ម្នាលភិក្ខុទាំងឡាយ សូម្បីព្រះរាជាអ្នកមានអាជ្ញា ក៏គង់នៅមានខន្តិ និងសោរច្ចៈ (សេចក្តីស្ងប់ស្ងៀម) ម្នាលភិក្ខុទាំងឡាយ ចុះអ្នកទាំងឡាយបួសក្នុងធម្មវិន័យ ដែលតថាគតសម្ដែងល្អហើយនេះ ក៏គួរមានខន្តី និងសោរច្ចៈ ដូច្នេះហើយ ទ្រង់ហាមជាគម្រប់ពីរ ជាគម្រប់បីដងថា ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយកុំបង្កជម្លោះឈ្លោះទាស់ទែងគ្នា ដូច្នេះហើយ ទ្រង់ឃើញការមិនធូរថយ ទ្រង់ត្រិះរិះថា មោឃបុរសទាំងនេះត្រូវកិលេសគ្របសង្កត់ មិនអាចនឹងឲ្យដឹងបានឡើយ ដូច្នេះហើយ ទើបទ្រង់ចៀសចេញទៅ ។ ក្នុងថ្ងៃស្អែក កាលព្រះសាស្ដាយាងត្រឡប់ពីបិណ្ឌបាត ទ្រង់សម្រាកបន្តិច ទ្រង់រៀបចំសេនាសនៈ ហើយកាន់យកបាត្រនិងចីវរ ទ្រង់ឋិតនៅលើអាកាស កណ្ដាលសង្ឃ ត្រាស់ព្រះគាថាទាំងឡាយនេះថា បុថុសទ្ទោ សមជនោ, ន ពាលោ កោចិ មញ្ញថ; សង្ឃស្មិំ ភិជ្ជមានស្មិំ, នាញ្ញំ ភិយ្យោ អមញ្ញរុំ។ ជនសុទ្ធតែមានសំឡេងខ្លាំងស្មើគ្នា មិនមានជនណាមួយដឹងថា អាត្មាអញជាបុគ្គលពាលឡើយ កាលបើសង្ឃកំពុងបែកគ្នា ក៏មិនមានជនណាមួយ ដឹងនូវហេតុដទៃ ឲ្យក្រៃលែងជាងនេះទៅទៀត ។ បរិមុដ្ឋា បណ្ឌិតាភាសា, វាចាគោចរភាណិនោ; យាវិច្ឆន្តិ មុខាយាមំ, យេន នីតា ន តំ វិទូ។ ពួកជនអ្នកភ្លេចស្មារតី មានអាការស្រដៀងនឹងបណ្ឌិត មានវាចាជាអារម្មណ៍ ចេះតែល្មោភនិយាយ តាមដែលខ្លួនចង់និយាយឲ្យតែរួចពីមាត់ មានគេដឹកនាំ ដោយជម្លោះណា ក៏នៅតែមិនស្គាល់នូវជម្លោះនោះឡើយ ។ អក្កោច្ឆិ មំ អវធិ មំ, អជិនិ មំ អហាសិ មេ; យេ ច តំ ឧបនយ្ហន្តិ, វេរំ តេសំ ន សម្មតិ។ ពួកជនណា ចងសេចក្តីក្រោធនោះទុក ដោយគិតថា ជនឯណោះ បានជេរអញ បានវាយអញ បានផ្ចាញ់អញ បានលួចយក (ទ្រព្យ) អញ ដូច្នេះ ពៀររបស់ជនទាំងនោះ រមែងមិនស្ងប់រម្ងាប់បានឡើយ ។ អក្កោច្ឆិ មំ អវធិ មំ, អជិនិ មំ អហាសិ មេ; យេ ច តំ នុបនយ្ហន្តិ, វេរំ តេសូបសម្មតិ។ លុះតែពួកជនណា មិនចងសេចក្តីក្រោធនោះទុក ដោយគិតថា ជនឯណោះ បានជេរអញ បានវាយអញ បានផ្ចាញ់អញ បានលួចយក (ទ្រព្យ) អញ ដូច្នេះ ទើបពៀររបស់ជននោះ ស្ងប់រម្ងាប់បាន ។ ន ហិ វេរេន វេរានិ, សម្មន្តីធ កុទាចនំ; អវេរេន ច សម្មន្តិ, ឯស ធម្មោ សនន្តនោ។ ពៀរទាំងឡាយក្នុងលោកនេះ មិនស្ងប់រម្ងាប់ដោយពៀរក្នុងកាលណាម្តងឡើយ មានតែស្ងប់រម្ងាប់ ដោយមិនមានពៀរ នេះជាធម៌មានមកតាំងអំពីដើម ។ បរេ ច ន វិជានន្តិ, មយមេត្ថ យមាមសេ; យេ ច តត្ថ វិជានន្តិ, តតោ សម្មន្តិ មេធគា។ ពួកជនក្រៅពីបណ្ឌិត មិនដឹងច្បាស់ថា ពួកយើងនឹងដល់នូវសេចក្តីវិនាសក្នុងកណ្តាល សង្ឃនេះទេ បណ្តាជនទាំងនោះ លុះតែពួកជនណាដឹងច្បាស់ (យ៉ាងនេះថា ពួកយើងនឹងដល់នូវសេចក្តីវិនាស) ទើបកលហធម៌ គឺការឈ្លោះប្រកែកទាំងឡាយ ស្ងប់រម្ងាប់អំពីសម្នាក់ពួកជននោះទៅបាន ។ អដ្ឋិច្ឆិន្នា បាណហរា, គវាស្សធនហារិនោ; រដ្ឋំ វិលុម្បមានានំ, តេសម្បិ ហោតិ សង្គតិ; កស្មា តុម្ហាក នោ សិយា។ អម្បាលពួកជនដែលបានកាត់ឆ្អឹងគ្នា បានសម្លាប់គ្នា បានលួចយកគោ សេះ និងទ្រព្យ ប្លន់យកទាំងដែន គេគង់រួមគ្នាបាន ហេតុអ្វីក៏ពួកអ្នករួមគ្នាមិនបាន ។ សចេ លភេថ និបកំ សហាយំ, សទ្ធិំចរំ សាធុវិហារិធីរំ; អភិភុយ្យ សព្ពានិ បរិស្សយានិ, ចរេយ្យ តេនត្តមនោ សតីមា។ បើបុគ្គលបានសម្លាញ់ ដែលមានប្រាជ្ញា ជាគ្រឿងរក្សាខ្លួន ជាអ្នកប្រាជ្ញត្រាច់ទៅជាមួយ មានវិហារធម៌ដ៏ប្រពៃ គប្បីគ្របសង្កត់ នូវសេចក្តីអន្តរាយទាំងឡាយទាំងពួង ហើយមានចិត្តត្រេកអរ មានស្មារតី ត្រាច់ទៅជាមួយនឹងសម្លាញ់នោះចុះ ។ នោ ចេ លភេថ និបកំ សហាយំ, សទ្ធិំចរំ សាធុវិហារិធីរំ; រាជាវ រដ្ឋំ វិជិតំ បហាយ, ឯកោ ចរេ មាតង្គរញ្ញេវ នាគោ។ បើបុគ្គលមិនបានសម្លាញ់ ដែលមានប្រាជ្ញា ជាគ្រឿងរក្សាខ្លួន ជាអ្នកប្រាជ្ញត្រាច់ទៅជាមួយគ្នា មានវិហារធម៌ដ៏ល្អទេ គប្បីត្រាច់ទៅតែម្នាក់ឯង ដូចជាព្រះរាជាលះបង់ដែនដែលឈ្នះហើយ (ពុំនោះសោត) ដូចដំរីដ៏ប្រសើរ ដែលត្រាច់ទៅតែម្នាក់ឯងក្នុងព្រៃ ។ ឯកស្ស ចរិតំ សេយ្យោ, នត្ថិ ពាលេ សហាយតា; ឯកោ ចរេ ន បាបានិ កយិរា, អប្បោស្សុក្កោ មាតង្គរញ្ញេវ នាគោ។ ការត្រាច់ទៅម្នាក់ឯង ប្រសើរជាង (ព្រោះ) សហាយតាគុណមិនមានក្នុងបុគ្គលពាលទេ បុគ្គលគួរត្រាច់ទៅតែម្នាក់ឯង តែថាត្រូវជាអ្នកខ្វល់ខ្វាយតិច កុំធ្វើបាបទាំងឡាយឡើយ ដូចជាដំរីដ៏ប្រសើរ ដែលត្រាច់ទៅក្នុងព្រៃ ។ បទថា អដ្ឋិច្ឆិន្នា សេចក្ដីថា គាថានេះ ព្រះមានព្រះភាគត្រាស់សំដៅដល់ព្រះបាទព្រហ្មទត្ត និងទីឃាវុកុមារ ។ សូម្បីព្រះរាជាទាំងនោះក៏ត្រឡប់មកសាមគ្គីគ្នាបាន ។ ព្រោះហេតុអ្វី ពួកអ្នកដែលមិនបានកាត់ឆ្អឹងមាតាបិតារបស់គ្នា មិនបានសម្លាប់គ្នា មិនបានលួចទ្រព្យគ្នា មិនអាចនឹងសាមគ្គីគ្នាចឹង ។ ព្រះទសពលទ្រង់អធិប្បាយថា ម្នាលភិក្ខុទាំងឡាយ ព្រះរាជាអ្នកមានអាជ្ញាក៏នៅសាមគ្គីគ្នា ធ្វើនូវអាវាហវិវាហៈឲ្យជាសម្ព័ន្ធភាព ផឹកទឹក និងសោយភោជនជាមួយគ្នា ចំណែកពួកអ្នកបានបួស ក្នុងសាសនាដែលមានសភាពបែបនេះ ម្ដេចក៏មិនអាចនឹងលះបង់សូម្បីតែពៀរវេរារបស់ខ្លួន ភាវៈជាភិក្ខុរបស់ពួកអ្នក តើដូចម្ដេច ។ បទថា រាជាវ រដ្ឋំ វិជិតំ បហាយ សេចក្ដីថា គប្បីត្រាច់ទៅតែឯង ដូចព្រះបាទ មហាជនក និងព្រះបាទអរិន្ទមៈ ដែលលះបង់ដែនរបស់ខ្លួនហើយត្រាច់ទៅដូច្នោះ ។ បទថា មាតង្គរញ្ញេវ នាគោ សេចក្ដីថា ដំរីមាតង្គក្នុងព្រៃ ។ បទថា មាតង្គោ សេចក្ដីថា ជាឈ្មោះនៃដំរី ។ បទថា នាគោ សេចក្ដីថា ជាឈ្មោះនៃដីរីធំ ។ លោកអធិប្បាយថា ដំរីមាតង្គៈជាអ្នកចិញ្ចឹមមាតាត្រាច់ទៅតែឯងក្នុងព្រៃ យ៉ាងណា ដំរីសីលវហត្ថីមិនធ្វើបាបទាំងឡាយ យ៉ាងណា ដំរីបាលិលេយ្យកៈមិនធ្វើបាបទាំងឡាយត្រាច់ទៅតែឯង យ៉ាងណា អ្នកគប្បីមិនធ្វើបាប ហើយត្រាច់ទៅតែឯង ក៏យ៉ាងនោះដែរ ។ ព្រះសាស្ដា សូម្បីត្រាស់យ៉ាងនេះហើយ កាលមិនអាចនឹងឲ្យភិក្ខុទាំងឡាយនោះសាមគ្គីគ្នាបាន ទើបយាងទៅកាន់ស្រុកពាលកលោណកៈ ហើយសម្ដែងអានិសង្សនៃភាពជាអ្នកត្រាច់ទៅតែឯង ដល់ព្រះភគុត្ថេរ បន្ទាប់មកព្រះអង្គក៏យាងទៅកាន់លំនៅរបស់កុលបុត្រទាំង ៣ សម្ដែងអានិសង្សនៃការនៅដោយសាមគ្គីដល់កុលបុត្រទាំងនោះ បន្ទាប់ពីនោះ យាងទៅព្រៃបាលិលេយ្យក៍ ហើយគង់នៅទីនោះអស់ ៣ ខែ ទ្រង់មិនមកនគរកោសម្ពីម្ដងទៀតឡើយ ស្ដេចយាងទៅកាន់ក្រុងសាវត្ថី ។ ចំណែកឧបាសកឧបាសិកាទាំងឡាយ អ្នករស់នៅនគរកោសម្ពីប្រឹក្សាគ្នាថា ភិក្ខុទាំងឡាយដែលនៅក្រុងកោសម្ពីនេះ ធ្វើមិនជាប្រយោជន៍ដល់ពួកយើងច្រើន ព្រះមានព្រះភាគត្រូវភិក្ខុទាំងឡាយនេះបៀតបៀនហើយទ្រង់យាងចេញទៅ ពួកយើងនឹងមិនធ្វើការអភិវាទជាដើម ដល់ភិក្ខុទាំងនេះ នឹងមិនឲ្យបិណ្ឌបាតដល់ភិក្ខុ ដែលចូលទៅបិណ្ឌបាត កាលធ្វើយ៉ាងនេះ ភិក្ខុទាំងនេះនឹងគេចទៅខ្លះ នឹងរម្ងាប់ពៀរខ្លះ នឹងឲ្យព្រះភគវន្តជ្រះថ្លាខ្លះ ប្រឹក្សាគ្នាដូច្នេះហើយ ក៏បាននាំគ្នាធ្វើយ៉ាងនោះ ។ ភិក្ខុទាំងនោះត្រូវឧបាសកឧបាសិកាទាំងឡាយបៀតបៀន ដោយទណ្ឌកម្មនោះហើយ បាននាំគ្នាទៅក្រុងសាវត្ថី ឲ្យព្រះមានព្រះភាគអត់ទោសឲ្យ ។ ព្រះសាស្ដានាំព្រះធម្មទេសនានេះមកហើយ ទ្រង់ប្រជុំជាតថាបិតា សុទ្ធោទនមហារាជា អហោសិ បិតាបានមកជាព្រះសុទ្ធោទនមហារាជមាតា មហាមាយា មាតាបានមកជាព្រះនាងមហាមាយា ទីឃាវុកុមារោ បន អហមេវ អហោសិំ ចំណែកទីឃាវុកុមារ គឺ តថាគត នេះឯង ។ ចប់ កោសម្ពិយជាតក ៕ (ជាតកដ្ឋកថា សុត្តន្តបិដក ខុទ្ទកនិកាយ ជាតក នវកនិបាត បិដកលេខ ៥៩ ទំព័រ ១៣៧) ថ្ងៃច័ន្ទ ៩ កើត ខែវិសាខ ឆ្នាំច សំរិទ្ធិស័ក ច.ល. ១៣៨០ ថ្ងៃទី ២៣ ខែមេសា ព.ស. ២៥៦១ គ.ស.២០១៨ ដោយ ស.ដ.វ.ថ. ដោយ៥០០០ឆ្នាំ
images/articles/2937/cvfic.jpg
Public date : 19, Mar 2021 (4123 Read)
ចូឡសុវជាតក (បិដកខ្មែ៛ថា ចុល្លសុវករាជជាតក) ព្រះសាស្ដា កាលស្ដេចគង់នៅវត្តជេតពន ក្នុងក្រុងសាវត្ថី ទ្រង់ប្រារព្ធវេរញ្ជកណ្ឌ (វិនយបិដកលេខ ១ ទំព័រ ១) បានត្រាស់ព្រះធម្មទេសនានេះ មានពាក្យថា សន្តិ រុក្ខា ដូច្នេះជាដើម ។ កាលព្រះសាស្ដាគង់នៅចាំវស្សាក្នុងស្រុកវេរញ្ជា ហើយយាងតាមលំដាប់មកដល់ក្រុងសាវត្ថី ភិក្ខុទាំងឡាយញ៉ាំងកថាឲ្យតាំងឡើងក្នុងធម្មសភាថា ម្នាលអាវុសោ ព្រះតថាគតជា ខត្តិយសុខុមាលជាតិ ជាពុទ្ធសុខុមាលជាតិ ទ្រង់ប្រកបដោយឥទ្ធានុភាពច្រើន កាលនៅចាំវស្សាអស់ ៣ ខែដោយការនិមន្តរបស់វេរញ្ជព្រាហ្មណ៍ ទ្រង់មិនបានភិក្ខាសូម្បីតែមួយថ្ងៃអំពីសម្នាក់ព្រាហ្មណ៍នោះ ដោយអំណាចនៃមារបង្វិលចិត្ត ទ្រង់លះសេចក្ដីល្មោភក្នុងអាហារ ទ្រង់ញ៉ាំងព្រះជន្មឲ្យប្រព្រឹត្តទៅដោយអាហារសម្រាប់សេះមួយនាឡិអស់ ៣ ខែ ស្ដេចមិនយាងទៅក្នុងទីដទៃ សេចក្ដីប្រាថ្នាតិច និងសេចក្ដីសន្តោសរបស់ព្រះតថាគត អស្ចារ្យណាស់ ។ ព្រះសាស្ដាយាងមកហើយសួរថា ម្នាលភិក្ខុទាំងឡាយ អម្បាញ់មិញនេះ អ្នកទាំងឡាយអង្គុយប្រជុំគ្នាដោយរឿងអ្វី ។ កាលភិក្ខុទាំងឡាយទូលថា ដោយរឿងឈ្មោះនេះ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ការលះសេចក្ដីល្មោភក្នុងអាហារ ក្នុងកាលឥឡូវនេះ របស់តថាគត មិនជាអស្ចារ្យទេ សូម្បីក្នុងកាលមុន កាលតថាគតកើតក្នុងកំណើតសត្វតិរច្ឆាន ក៏លះសេចក្ដីល្មោភក្នុងអាហារដែរ ដូច្នេះហើយ ព្រះអង្គទើបនាំអតីតនិទានមក ។ រឿងរ៉ាវសូម្បីទាំងអស់ អ្នកសិក្សាគប្បីឲ្យពិស្ដារដោយន័យដំបូងនោះឯង ។ (សេ្តចហង្សនិយាយនឹងសេ្តចសេកថា) សន្តិ រុក្ខា ហរិបត្តា, ទុមា នេកផលា ពហូ; កស្មា នុ សុក្ខេ កោឡាបេ, សុវស្ស និរតោ មនោ។ ដើមឈើទាំងឡាយច្រើនណាស់ ដែលមានស្លឹកខៀវ មានផ្លែជាអនេក ព្រោះហេតុអ្វីហ្ន៎ បានជាសេកនេះ មានចិត្តរីករាយជានិច្ច តែនឹងដង្គត់ឈើពុកស្ងួត ។ (សេ្តចសេកនិយាយតបវិញថា) ផលស្ស ឧបភុញ្ជិម្ហា, នេកវស្សគណេ ពហូ; អផលម្បិ វិទិត្វាន, សាវ មេត្តិ យថា បុរេ។ យើងបានចូលទៅបរិភោគផ្លែឈើនោះ រាប់ដោយឆ្នាំច្រើនជាអនេក ទោះបីយើងដឹងថា ឈើនោះ មិនមានផ្លែហើយ ការមេត្រីនោះ ក៏នៅដូចដើម ។ (ស្តេចហង្សនិយាយថា) សុក្ខញ្ច រុក្ខំ កោឡាបំ, ឱបត្តមផលំ ទុមំ; ឱហាយ សកុណា យន្តិ, កិំ ទោសំ បស្សសេ ទិជ។ សត្វស្លាបទាំងឡាយ តែងលះបង់នូវដើមឈើដែលពុកស្ងួត ជ្រុះស្លឹកអស់ មិនមានផ្លែ ហើយហើរទៅ ម្នាលអ្នកជាទ្វិជាតិ អ្នកសម្គាល់ឃើញទោស (ក្នុងការលះចោលនោះ) ដូចម្តេច ។ (សេ្តចសេកនិយាយថា) យេ ផលត្ថា សម្ភជន្តិ, អផលោតិ ជហន្តិ នំ; អត្តត្ថបញ្ញា ទុម្មេធា, តេ ហោន្តិ បក្ខបាតិនោ។ ពួកសត្វណា មានសេចក្តីត្រូវការដោយផ្លែ ហើយគប់រកនូវដើមឈើ លុះដឹងថា មិនមានផ្លែ ក៏លះចោលនូវដើមឈើនោះ ពួកសត្វស្លាបនោះ ឈ្មោះថាមានប្រាជ្ញាគិតតែប្រយោជន៍ផ្ទាល់ខ្លួន មានប្រាជ្ញាមិនល្អ រមែងញ៉ាំងចំណែកនៃសេចក្តីរាប់អានឲ្យវិនាស ។ (ស្តេចហង្សនិយាយថា) សាធុ សក្ខិ កតំ ហោតិ, មេត្តិ សំសតិ សន្ថវោ; សចេតំ ធម្មំ រោចេសិ, បាសំសោសិ វិជានតំ។ ម្នាលបក្សី សេចក្តីមេត្រី សេចក្តីជួបជុំ និងសេចក្តីស្និទ្ធស្នាល ដែលអ្នកបានធ្វើហើយ ជាការប្រពៃណាស់ បើអ្នកពេញចិត្តធម៌នេះ អ្នកនឹងបានជាទីសរសើរនៃពួកវិញ្ញូជន ។ សោ តេ សុវ វរំ ទម្មិ, បត្តយាន វិហង្គម; វរំ វរស្សុ វក្កង្គ, យំ កិញ្ចិ មនសិច្ឆសិ។ មា្នលសេក អ្នកមានស្លាបជាយាន ហើរទៅតាមអាកាស យើងឲ្យពរដល់អ្នក ម្នាលបក្សី បើអ្នកមានចិត្តប្រាថ្នានូវពរណានីមួយ ចូរទទួលយកពរនោះចុះ ។ (សេ្តចសេកនិយាយថា) អបិ នាម នំ បស្សេយ្យំ, សបត្តំ សផលំ ទុមំ; ទលិទ្ទោវ និធិំ លទ្ធា, នន្ទេយ្យាហំ បុនប្បុនំ។ ខ្ញុំសូមឲ្យបានឃើញនូវដើមឈើនោះ មានស្លឹក និងផ្លែឡើងវិញដូចដើម ខ្ញុំគប្បីរីករាយរឿយ ៗ ដូចមនុស្សកម្សត់ បានកំណប់ទ្រព្យ ។ (អភិសម្ពុទ្ធគាថា) តតោ អមតមាទាយ, អភិសិញ្ចិ មហីរុហំ; តស្ស សាខា វិរូហិំសុ, សីតច្ឆាយា មនោរមា។ លំដាប់នោះ ព្រះឥន្ទបានយកទឹកអម្រឹត មកស្រោច នូវឈើដុះលើផែនដី ដើមឈើនោះ មានមែកលូតលាស់ត្រសាយត្រសុំ មានម្លប់ដ៏ត្រជាក់ ជាទីរីករាយនៃចិត្ត ។ (ស្តេចសេកនិយាយថា) ឯវំ សក្ក សុខី ហោហិ, សហ សព្ពេហិ ញាតិភិ; យថាហមជ្ជ សុខិតោ, ទិស្វាន សផលំ ទុមំ។ បពិត្រសក្កៈ កាលបើយ៉ាងនេះ សូមឲ្យព្រះអង្គបានសេចក្តីសុខ ព្រមទាំងពួកញាតិទាំងអស់ ឲ្យដូចជាខ្ញុំដែលបានសេចក្តីសុខ ព្រោះឃើញនូវដើមឈើដ៏ប្រកបដោយផ្លែ ក្នុងថ្ងៃនេះ ។ (អភិសម្ពុទ្ធគាថា) សុវស្ស ច វរំ ទត្វា, កត្វាន សផលំ ទុមំ; បក្កាមិ សហ ភរិយាយ, ទេវានំ នន្ទនំ វនំ។ ព្រះឥន្ទបានឮពាក្យសេកហើយ ក៏ធ្វើនូវឈើនោះ ឲ្យមានផ្លែ រួចក៏ចៀសចេញទៅកាន់នន្ទនវនឧទ្យាន នៃទេវតាទាំងឡាយ ជាមួយនឹងភរិយា ។ សូម្បីបញ្ហានិងពាក្យតបបញ្ហា សូម្បីអត្ថសេចក្ដី អ្នកសិក្សាគប្បីជ្រាបតាមន័យដំបូងនោះឯង ចំណែកក្នុងជាតកនេះ ខ្ញុំនឹងពណ៌នាបទដែលលំបាកប៉ុណ្ណោះ ។ បទថា ហរិបត្តា សេចក្ដីថា ដេរដាសដោយស្លឹកពណ៌ខៀវ ។ បទថា កោឡាបេ សេចក្ដីថា ដែលមិនមានខ្លឹម កាលខ្យល់បក់ មានសំឡេងដូចគេសំពង ។ បទថា សុវស្ស សេចក្ដីថា ព្រោះហេតុអ្វី ស្ដេចសេកសុវរាជដ៏មានអាយុមានចិត្តត្រេកអរស៊ប់នឹងដើមឈើ ដែលមានសភាពបែបនោះ ។ បទថា ផលស្ស សេចក្ដីថា ផ្លែដើមឈើនោះ។ បទថា នេកវស្សគណេ សេចក្ដីថា ជាច្រើនឆ្នាំ ។ បទថា ពហូ សេចក្ដីថា សូម្បីអស់កាលច្រើនរយឆ្នាំ មិនមែន ២ ឆ្នាំ មិនមែន ៣ ឆ្នាំ គឺច្រើន ។ បទថា វិទិត្វាន សេចក្ដីថា សេកសុវរាជកាលប្រកាសសេចក្ដីនោះទើបពោលថា បពិត្រស្ដេចហង្ស ឥឡូវនេះ សូម្បីខ្ញុំដឹងថា ដើមឈើនេះមិនមានផ្លែ មេត្រីភាពជាមួយនឹងដើមឈើនោះក្នុងកាលមុនយ៉ាងណា មេត្រីភាពនោះ ពួកខ្ញុំនឹងមិនទម្លាយមេត្រីភាពនោះ ព្រោះថាអ្នកដែលទម្លាយមេត្រីភាព ឈ្មោះថា ជាមនុស្សមិនល្អ ជាអសប្បុរស ។ បទថា អបិ នាម នំ សេចក្ដីថា បពិត្រស្ដេចហង្ស បើសេចក្ដីប្រាថ្នារបស់ខ្ញុំគប្បីបាន ពរដែលលោកឲ្យ គប្បីសម្រេច ខ្ញុំចង់ឃើញដើមឈើនេះមានស្លឹក មានផ្លែម្ដងទៀត បន្ទាប់មក ខ្ញុំដែលជាសត្វកម្សត់បានកំណប់នេះ នឹងគប្បីត្រេកអរនឹងដើមឈើនោះរឿយៗ កាលបានឃើញដើមឈើនោះ ខ្ញុំនឹងមានចិត្តរីករាយ ។ បទថា អមតមាទាយ សេចក្ដីថា ឋិតនៅដោយអានុភាពរបស់ខ្លួន កាន់យកទឹកទន្លេគង្គា មកស្រោច ។ ក្នុងជាតកនេះ មានអភិសម្ពុទ្ធគាថា ២ មួយអន្លើដោយគាថាទាំងឡាយនេះ ។ ព្រះសាស្ដាបាននាំព្រះធម្មទេសនានេះមកហើយ ទ្រង់ប្រជុំជាតកថា តទា សក្កោ អនុរុទ្ធោ អហោសិ ស្ដេចសក្កៈក្នុងកាលនោះ បានមកជា អនុរុទ្ធ សុវរាជា បន អហមេវ អហោសិំ ស្ដេចសេកសុវរាជ គឺ តថាគត នេះឯង ។ ចប់ ចូឡសុវជាតក ៕ (ជាតកដ្ឋកថា សុត្តន្តបិដក ខុទ្ទកនិកាយ ជាតក នវកនិបាត បិដកលេខ ៥៩ ទំព័រ ១៤២) ថ្ងៃច័ន្ទ ៩ កើត ខែវិសាខ ឆ្នាំច សំរិទ្ធិស័ក ច.ល. ១៣៨០ ថ្ងៃទី ២៣ ខែមេសា ព.ស. ២៥៦១ គ.ស.២០១៨ ដោយ ស.ដ.វ.ថ. ដោយ៥០០០ឆ្នាំ
images/articles/2938/zaxtpic.jpg
Public date : 19, Mar 2021 (4708 Read)
ព្រះសាស្ដាកាលសេ្ដចគង់នៅជេតពន ទ្រង់ប្រារព្ធលោលភិក្ខុ (ភិក្ខុល្មោភ) មួយរូប បានត្រាស់ព្រះធម្មទេសនានេះ មានពាក្យថា ឥទានិ ខោម្ហិ ដូច្នេះជាដើម ។ រឿងនៃសេចក្ដីល្មោភរបស់ភិក្ខុនោះមានពិស្ដារជាច្រើនហើយ ។ ចំណែកព្រះសាស្ដាត្រាស់សួរភិក្ខុនោះថា ម្នាលភិក្ខុ បានឮថា អ្នកជាមនុស្សល្មោភឬ ? លោលភិក្ខុទូលថា បពិត្រព្រះអង្គដ៏ចម្រើន ពិតមែន ។ ព្រះមានព្រះភាគត្រាស់ថា ម្នាលភិក្ខុ មិនមែនតែក្នុងកាលឥឡូវនេះទេ សូម្បីក្នុងកាលមុន អ្នកក៏ជាមនុស្សល្មោភដែរ ហើយបានដល់នូវការអស់ជីវិត ព្រោះភាពជាមនុស្សល្មោភ ដូច្នេះហើយ ព្រះអង្គនាំអតីតនិទានមកថា ក្នុងអតីតកាល កាលព្រះបាទព្រហ្មទត្តសោយរាជសម្បត្តិក្នុងនគរពារាណសី ព្រះពោធិសត្វកើតក្នុងកំណើតសត្វព្រាប អាស្រ័យនៅនឹងកំប្រោងក្នុងរោងបាយ របស់សេដ្ឋីក្រុងពារាណសី ។ លំដាប់នោះ មានក្អែកមួយ ជាសត្វលោភនឹងត្រីនិងសាច់ បានធ្វើមេត្រីភាពជាមួយនឹងព្រាបពោធិសត្វនោះ ហើយនៅក្នុងទីនោះដែរ ។ ថ្ងៃមួយ ក្អែកនោះឃើញត្រីនិងសាច់ជាច្រើន គិតថា យើងបរិភោគត្រីនិងសាច់នេះ ដូច្នេះហើយ ទើបដេកដកដង្ហើមធំក្នុងកំប្រោងនោះឯង ។ កាលដល់វេលាស្វែងរកចំណី ព្រាបពោលនឹងក្អែកនោះថា នែសម្លាញ់ ចូរមក យើងនឹងទៅរកចំណី ។ ក្អែកពោលថា ខ្ញុំឈឺពោះ សូមដេកហើយ អ្នកចូរទៅចុះ ។ កាលព្រាបពោធិសត្វទៅហើយ ក្អែកគិតថា បច្ចាមិត្តជាសត្រូវរបស់យើងទៅហើយ ឥឡូវនេះ យើងនឹងបរិភោគត្រីនិងសាច់តាមសេចក្ដីប្រាថ្នា ដូច្នេះហើយ ទើបពោលគាថាទី ១ ថា ឥទានិ ខោម្ហិ សុខិតោ អរោគោ, និក្កណ្ដកោ និប្បតិតោ កបោតោ; កាហាមិ ទានី ហទយស្ស តុដ្ឋិំ, តថា ហិ មំ មំសសាកំ ពលេតិ។ ឥឡូវនេះ អញបានសុខ មិនមានរោគ មិនមានសត្រូវដូចបន្លា (ព្រោះ) ព្រាបហើរចេញទៅហើយ ឥឡូវនេះ អញនឹងធ្វើនូវសេចក្តីត្រេកអរនៃចិត្ត ព្រោះថាសាច់ និងអន្លក់ រមែងញ៉ាំងអញ ឲ្យមានកម្លាំង ។ បណ្ដាបទទាំងនោះ បទថា និប្បតិតោ សេចក្ដីថា ចេញទៅហើយ ។ បទថាកបោតោ បានដល់ បារាវតៈ សត្វព្រាប ។ បទថា កាហាមិ ទានី សេចក្ដីថា ឥឡូវនេះ យើងនឹងធ្វើ ។ បទថា តថា ហិ មំ មំសសាកំ ពលេតិ សេចក្ដីថា ពិតមែន សាច់ និងអន្លក់ដ៏សេសរមែងធ្វើកម្លាំងដល់យើង ដោយពិត អធិប្បាយថា សាច់និងអន្លក់រមែងធ្វើឧស្សាហៈដល់យើង ហាក់ដូចជានិយាយថា ចូរក្រោកឡើងបរិភោគចុះ ។ ក្នុងកាលដែលចុងភៅចម្អិនត្រីនិងសាច់ហើយ ចេញពីរោងបាយ ដើម្បីឲ្យញើសហូរចេញពីសរីរៈ ក្អែកនោះ ក៏ពួនសម្ងំនៅនឹងភាជនៈអាហារ ធ្វើសំឡេងឲ្យលាន់ឮថា កិរិ កិរិ ។ នាយចុងភៅមកដោយរហ័ស ចាប់ក្អែកដកស្លាបទាំងអស់ ហើយកុកខ្ញីនិងម្ទេសស្រស់ជាមួយនឹងគ្រាប់ស្ពៃ ច្របល់ដោយទឹកដោះជូរនិងខ្ទឹម រួចលាបសរីរៈទាំងអស់ ត្រដុសចាក់នឹងដុំក្រួស ចងកក្អែកនោះដោយអំបោះ ហើយបោះទៅក្នុងកំប្រោង រួចក៏ចេញទៅ ។ ព្រាបមកហើយ ឃើញក្អែកនោះ កាលសើចចំអក ទើបពោលថា កុកនោះដូចម្ដេច មកដេកក្នុងកំប្រោងរបស់សម្លាញ់នៃយើង សម្លាញ់របស់យើងនោះកាចណាស់ គេមកហើយនឹងគប្បីសម្លាប់អ្នក ដូច្នេះហើយ ក៏ពោលគាថាទី ២ ថា កាយំ ពលាកា សិខិនី, ចោរី លង្ឃិបិតាមហា; ឱរំ ពលាកេ អាគច្ឆ, ចណ្ឌោ មេ វាយសោ សខា។ នេះជាកុកអ្វី ជាសត្វមានកំប៉ោយ ជាចោរ មានមេឃជាបិតា នែនាងកុក នាងចូរមកខាងអាយ ក្អែកជាសម្លាញ់របស់ខ្ញុំកាច ។ គាថានោះ មានសេចក្ដីដូចដែលពោលហើយក្នុងខាងក្រោយនោះឯង ។ ក្អែកស្ដាប់ពាក្យនោះហើយ ពោលគាថាទី ៣ ថា អលញ្ហិ តេ ជគ្ឃិតាយេ, មមំ ទិស្វាន ឯទិសំ; វិលូនំ សូទបុត្តេន, បិដ្ឋមណ្ឌេន មក្ខិតំ។ អ្នកមិនគួរសើចនឹងខ្ញុំ ព្រោះឃើញខ្ញុំ (ដល់នូវសេចក្តីទុក្ខ) យ៉ាងនេះ ដែលត្រូវកូនអ្នកគ្រួ ដកស្លាបប្រឡាក់ដោយម្សៅម៉ត់ ។ បណ្ដាបទទាំងនោះ បទថា អលំ នេះ ជានិបាតចុះក្នុងអត្ថបដិសេធ ។ បទថាជគ្ឃិតាយេ សេចក្ដីថា សើច ។ ក្អែកពោលថា ឥឡូវនេះ លោកឃើញខ្ញុំដែលដល់សេចក្ដីទុក្ខបែបនេះហើយ កុំសើចអី សូមលោកកុំធ្វើការសើចចំអកក្នុងកាលនេះឡើយ ។ ព្រាបនោះកាលនឹងសើចចំអក ទើបពោលគាថាទី ៤ ទៀតថា សុន្ហាតោ សុវិលិត្តោសិ, អន្នបានេន តប្បិតោ; កណ្ឋេ ច តេ វេឡុរិយោ, អគមា នុ កជង្គលំ។ អ្នកមានខ្លួនងូតស្អាត ស្រលាបដោយល្អ ឆ្អែតស្កប់ស្កល់ ដោយបាយ និងទឹក អ្នកមានកែវពៃទូរ្យព្ធដ៏ក នឹងទៅកាន់នគរកជង្គលៈឬ ។ បណ្ដាបទទាំងនោះ បទថា កណ្ឋេ ច តេ វេឡុរិយោ នេះ ព្រាបសំដៅយកអំបែងនោះ ពោលថា សូម្បីកែវពៃទូរ្យនិងកែវមណីដែលលោកប្រដាប់ត្រង់ក លោកមិនបានសម្ដែងដល់យើងអស់កាលប្រមាណប៉ុណ្ណេះ ។ បទថា កជង្គលំ សេចក្ដីថា ក្រុងពារាណសីនោះឯង ព្រាបពោលថា កជង្គលៈ ក្នុងទីនេះ ។ ព្រាបសួរថា លោកចេញអំពីទីនេះ នឹងទៅខាងក្នុងនគរឬ ។ លំដាប់នោះ ក្អែកក៏ពោលគាថាទី ៥ ថា មា តេ មិត្តោ អមិត្តោ វា, អគមាសិ កជង្គលំ; បិញ្ឆានិ តត្ថ លាយិត្វា, កណ្ឋេ ពន្ធន្តិ វដ្ដនំ។ សត្វជាមិត្ត ឬជាសត្រូវរបស់អ្នក កុំទៅកាន់នគរកជង្គលៈឡើយ ពួកជនក្នុងនគរនោះ បានបោចរោមហើយចងប្រឡៅត្រង់ក ។ បណ្ដាបទទាំងនោះ បទថា បិញ្ឆានិ បានដល់ ស្លាប ។ បទថា តត្ថ លាយិត្វា សេចក្ដីថា មនុស្សក្នុងនគរពារាណីនោះ ដកហើយ ។ បទថា វដ្ដនំ បានដល់ ក្បឿង ។ ព្រាបស្ដាប់ពាក្យនោះហើយ ពោលគាថាចុងក្រោយថា បុនបាបជ្ជសី សម្ម, សីលញ្ហិ តវ តាទិសំ; ន ហិ មានុសកា ភោគា, សុភុញ្ជា ហោន្តិ បក្ខិនា។ ម្នាលសម្លាញ់ អ្នកនឹងដល់នូវអំពើយ៉ាងនេះទៀត ព្រោះមារយាទរបស់អ្នកតែយ៉ាងហ្នឹង ភោគៈទាំងឡាយរបស់មនុស្ស មិនមែងសត្វស្លាប បរិភោគបានទេ ។ បណ្ដាបទទាំងនោះ បទថា បុនបាបជ្ជសី សេចក្ដីថា អ្នកនឹងដល់សេចក្ដីទុក្ខបែបនេះទៀត ។ បើសីលមារយាទរបស់អ្នកនៅតែបែបនេះ ។ ព្រាបពោធិសត្វឲ្យឱវាទ ដល់ក្អែកយ៉ាងនេះហើយ មិនអាចនឹងនៅក្នុងទីនោះទៀត ទើបទទះស្លាប ហើរទៅកាន់ទីដទៃ ។ ចំណែកក្អែកក៏ដល់នូវការអស់ជីវិតក្នុងទីនោះឯង ។ ព្រះសាស្ដាបាននាំព្រះធម្មទេសនានេះមកហើយ ទ្រង់ប្រកាសសច្ចៈទាំងឡាយ និងប្រជុំជាតក ក្នុងកាលទីបញ្ចប់នៃសច្ចៈ លោលភិក្ខុបានតាំងនៅក្នុងអនាគាមិផល ។ តទា លោលកាកោ លោលភិក្ខុ អហោសិ ក្អែកលោ្មភក្នុងកាលនោះ បានមកជាលោលភិក្ខុ កបោតោ បន អហមេវ អហោសិំ ចំណែកព្រាប គឺ តថាគត នេះឯង ។ ចប់ កបោតកជាតក ៕ (ជាតកដ្ឋកថា សុត្តន្តបិដក ខុទ្ទកនិកាយ ជាតក បញ្ចកនិបាត អឌ្ឍវគ្គ បិដកលេខ ៥៩ ទំព័រ ៣២) ដោយខេមរ អភិធម្មាវតារ ដោយ៥០០០ឆ្នាំ
images/articles/2836/7ttxtpic.jpg
Public date : 13, Feb 2021 (2489 Read)
ព្រះសាស្ដាកាលគង់នៅក្នុងវត្តជេតវ័ន ទ្រង់ប្រារព្ធកុដុម្ពិកៈដែលមានបិតា ស្លាប់មួយរូប បានត្រាស់ធម្មទេសនានេះ មានពាក្យផ្ដើមថា ឯថ លក្ខណសីតា ច ដូចនេះ ។ សេចក្ដីពិស្ដារថា កុដុម្ពិកៈនោះ កាលបិតាធ្វើកាលកិរិយាហើយត្រូវសេចក្ដីសោក​គ្របសង្កត់ ទើបបោះ​បង់​កិច្ចទាំងពួង បណ្ដោយទៅតាមសេចក្ដី សោកសៅ ។ ព្រះសាស្ដាទ្រង់ប្រមើលមើលសត្វលោកក្នុងបច្ចូសសម័យ (ក្នុង វេលាជិតភ្លឺ) ទតឃើញឧបនិស្ស័យសោតាបត្តិផលរបស់កុដុម្ពិកៈនោះ ព្រឹកឡើងទើប​ស្ដេចត្រាច់ទៅដើម្បីបិណ្ឌបាត្រ ក្នុងក្រុងសាវត្ថី សោយក្រយាហារ ស្រេចហើយ ទ្រង់បញ្ជូនភិក្ខុទាំង​ឡាយឲ្យត្រឡប់ ទ្រង់កាន់យកសមណបច្ឆាមួយរូបទៅកាន់ផ្ទះរបស់កុដុម្ពិកៈនោះ កាលព្រះសា​ស្ដា​ត្រាស់ហៅកុដុម្ពិកៈដែលថ្វាយបង្គំហើយអង្គុយចុះ ដោយពាក្យដ៏ពីរោះទើបត្រាស់ថា កិំ សោចសិ ឧបាសក ម្នាលឧបាសក អ្នកសោយសោកព្រោះអ្វី ? កាលកុដុម្ពិកៈទូលថា អាម, ភន្តេ, បិតុសោកោ មំ ពាធតិ ករុណា ព្រះអង្គដ៏ចម្រើន ! សេចក្ដីសោកព្រោះបិតាកំពុងបៀតបៀនខ្ញុំព្រះករុណា ព្រះសាស្ដាត្រាស់ថា ម្នាល ឧបាសក បណ្ឌិតក្នុងកាលមុនបានដឹងលោកធម៌ ៨ ប្រការ តាមសេចក្ដីពិត កាលបិតាធ្វើកាលកិរិយាហើយ ក៏មិនបានប្រសព្វសេចក្ដីសោក សូម្បីបន្តិចបន្តួចឡើយ កុដុម្ពិកៈក៏ក្រាបទូលអារាធនា ទើបទ្រង់នាំអតីតនិទានមកត្រាស់ថាៈ អតីតេ ពារាណសិយំ ទសរថមហារាជា នាម ក្នុងអតីតកាល ព្រះរាជាព្រះនាម ទសរថមហារាជ ទ្រង់លះបង់នូវអគតិ សោយរាជ្យសម្បត្តិប្រកបដោយធម៌ ក្នុងក្រុងពារាណសី ។ ព្រះអគ្គហមេសីដែលជាធំជាងស្ត្រី ១៦,០០០ របស់ព្រះបាទទសរថមហារាជនោះ ប្រសូតព្រះឱរស ២ ព្រះអង្គ ព្រះធីតា ១ ព្រះ​អង្គ ​។ ព្រះឱរសច្បងព្រះនាមថា រាមបណ្ឌិត ព្រះឱរសទីពីរ ព្រះនាមថា លក្ខណកុមារ ព្រះធីតាព្រះនាម​ថា សីតាទេវី១ ។ ក្នុងកាលជាចំណែកខាងមុខ ព្រះអគ្គមហេសីទ្រង់សោយព្រះពិលាល័យ (ព្រះអគ្គ​មហេសីអស់ព្រះជន្ម) ។ ព្រះរាជាទ្រង់ដល់អំណាចនៃសេចក្ដីសោក អស់កាលដ៏យូរព្រោះការ​សោយ​​ព្រះ​ពិលាល័យនៃព្រះអគ្គមហេសីនោះ ពួកអាមាត្យបាន នាំគ្នាក្រាបទូលឲ្យទ្រង់ស្រាកស្រាន្ត ទ្រង់ធ្វើការបរិហារដែលគប្បីធ្វើដល់ព្រះនាងហើយ ទ្រង់តាំងស្ត្រីដទៃទុកក្នុងតំណែងជាអគ្គមហេសី ។ ព្រះអគ្គមហេសីថ្មីនោះជាស្រឡាញ់ ជាទីគាប់ព្រះហឫទ័យនៃព្រះរាជា ។ ក្នុងកាលជាខាងក្រោយមក សូម្បីព្រះអគ្គមហេសីនោះក៏ទ្រង់គភ៌ ទ្រង់បានទទួលព្រះរាជទានគ្រឿងរក្សាគភ៌ បានប្រសូតនូវព្រះឱ​រស​ ព្រះញាតិវង្សបានដាក់ព្រះនាមរបស់ព្រះឱរសនោះថា ភរតកុមារ ។ ព្រះរាជាត្រាស់ថា ម្នាលនាងដ៏ចម្រើន យើងសូមឲ្យពរដល់នាង នាងចូរទទួលពរចុះ ដោយទ្រង់ស្រឡាញ់ក្នុងព្រះឱរស ។ ព្រះនាងធ្វើការ​ទទួលហើយ ក្នុងពេលដែលព្រះកុមារមានព្រះជន្មាយុបាន ៧-៨ វស្សា ទើបចូលទៅគាល់ព្រះរាជាក្រាបទូលថា បពិត្រព្រះសម្មតិទេព ព្រះអង្គបានព្រះរាជទានពរដល់បុត្ររបស់ខ្ញុំម្ចាស់ ឥឡូវនេះ សូមទ្រង់ព្រះករុណា មេត្តាព្រះរាជទានពរនោះដល់បុត្ររបស់ខ្ញុំម្ចាស់នោះ ។ កាលព្រះរាជាត្រាស់ថា ម្នាលនាងដ៏ចម្រើន ចូរទទួលចុះ ព្រះនាងទើបក្រាបទូលថា បពិត្រព្រះសម្មតិ-ទេព សូមទ្រង់ព្រះរាជទានរាជសម្បត្តិដល់បុត្ររបស់ខ្ញុំម្ចាស់ ។ ព្រះរាជាទ្រង់ ទះព្រះហស្តត្រាស់គម្រាមថា នែស្រីថោកទាប នាងចូរវិនាសទៅ បុត្រទាំងឡាយ ២ របស់យើងរមែងរុងរឿងបីដូចជាគំនរភ្លើង នាងនឹងឲ្យយើងសម្លាប់បុត្រទាំង ២ ហើយ សូមរាជសម្បត្តិឲ្យបុត្ររបស់នាង ។ ព្រះអគ្គមហេសី នោះភិតភ័យហើយចូលកាន់ដំណាក់ដ៏មានសិរី សូម្បីក្នុងថ្ងៃដទៃៗ ក៏គង់ទូលសុំរាជសម្បត្តិប៉ុណ្ណោះនឹងព្រះរាជារឿយៗ ។ ព្រះរាជាគ្រាមិនប្រទានដល់ព្រះនាង ទើបទ្រង់ត្រិះរិះថា ឈ្មោះថា មាតុគ្រាម ជាមនុស្សអកតញ្ញូ ទ្រុស្តមិត្ត នាងនេះនឹងក្លែងសារ ឬ ជួលឲ្យគេសម្លាប់បុត្រទាំង ២ របស់យើង ។ ព្រះអង្គ ទើបត្រាស់ឲ្យហៅព្រះឱរសទាំង ២ ចូលគាល់ ទ្រង់ប្រាប់សេចក្ដីនោះ មានព្រះតម្រាស់ថា ម្នាលបុត្រ អន្តរាយគង់នឹងមានដល់អ្នកដែលនៅក្នុងទីនេះ អ្នក ចូរនាំគ្នាទៅកាន់ដែននៃសាមន្តរដ្ឋ ឬ កាន់ព្រៃ និងត្រឡប់មកវិញក្នុងពេលដែលបិតាចូលទិវង្គត គប្បីកាន់យករាជសម្បត្តិរបស់ត្រកូលចុះ ដូចនេះហើយ ត្រាស់បញ្ជាឲ្យពួកព្រាហ្មណ៍ចូលគាល់ម្ដងទៀត ត្រាស់សួរនូវការកំណត់ព្រះជន្មាយុរបស់ព្រះអង្គ ទ្រង់ស្ដាប់ថា នឹងប្រព្រឹត្តទៅដល់ ១២ ឆ្នាំខាងមុខ ទើបត្រាស់ថា ម្នាលបុត្រ ដោយកន្លងទៅ ១២ ឆ្នាំអំពីនេះទៅ ពួកអ្នកចូរនាំគ្នា មកឲ្យមហាជនលើកស្វេតច្ឆត្រថ្វាយ ។ ព្រះឱរសទាំងនោះក្រាបទូលថា ល្អ ហើយ នាំគ្នាថ្វាយបង្គំព្រះបិតា ទ្រង់ព្រះកន្សែង ហើយស្ដេចចេញចាកប្រាសាទ ព្រះនាងសីតាទេវីទ្រង់ព្រះតម្រិះថា សូម្បីយើងក៏នឹងទៅជាមួយព្រះម្ចាស់បង ថ្វាយបង្គំព្រះបិតាហើយទ្រង់ព្រះកន្សែងស្ដេចចេញទៅ ។ ក្សត្រទាំង ៣ ព្រះ អង្គនោះ ឡោមព័ទ្ធដោយមហាជនចេញចាកព្រះនគរ ទ្រង់ឲ្យមហាជននាំគ្នា ត្រឡប់ ស្ដេចចូលកាន់ហិមវន្តប្រទេសដោយលំដាប់ សាងអាស្រមក្នុងប្រទេស ដែលមានទឹកនិងមូលផលាផលសម្បូរណ៍ ទ្រង់ចិញ្ចឹមជីវិតដោយផលាផល បានអាស្រ័យនៅហើយក្នុងទីនោះ ។ ចំណែកព្រះលក្ខណបណ្ឌិត និងព្រះនាងសីតា បានទូលសុំព្រះរាម​បណ្ឌិត​ហើយទទួលប្ដេជ្ញាថា សូមព្រះអង្គតាំងនៅក្នុងឋានៈនៃព្រះបិតារបស់យើងខ្ញុំព្រះអង្គ ហេតុនោះ សូមទ្រង់ប្រថាប់នៅក្នុងអាស្រមប៉ុណ្ណោះ យើងខ្ញុំនឹងនាំផលាផលទំនុកបម្រុងព្រះអង្គ ។ ចាប់ផ្ដើមអំពីនោះមក ព្រះរាមបណ្ឌិតគង់នៅជាប្រចាំក្នុងអាស្រមប៉ុណ្ណោះ ។ ព្រះលក្ខណបណ្ឌិត និងព្រះសីតាទាំង ២ នាំគ្នាស្វែងរកផលាផលមកទំនុកបម្រុងព្រះរាមបណ្ឌិត ។ កាល​ក្សត្រទាំង ៣ ព្រះអង្គនោះ ទ្រង់ចិញ្ចឹមជីវិតដោយផលាផលយ៉ាងនេះ ព្រះបាទទសរថមហារាជ ស្ដេចបានសោយទិវង្គតក្នុងឆ្នាំទី ៩ ដោយសេចក្ដីសោកសៅព្រោះ (ព្រាត់ប្រាស) ព្រះឱរស ។ ព្រះទេវីក៏ធ្វើសរីរកិច្ច (ថ្វាយព្រះភ្លើង) នៃព្រះរាជានោះហើយ ទ្រង់ត្រាស់ថា សូមពួកលោកចូរថ្វាយស្វេត​ច្ឆត្រដល់​ភរតកុមារដែលជាបុត្រយើង ។ តែពួកអាមាត្យទូលថា ម្ចាស់របស់ស្វេតច្ឆត្រនេះនៅក្នុងព្រៃ ដូចនេះហើយទើបមិនព្រមថ្វាយ ។ ព្រះភរតកុមារត្រាស់ថា យើងនឹងនាំយកព្រះរាមបណ្ឌិត ដែលជាព្រះភាតារបស់យើងមកអំពីព្រៃ នឹងឲ្យទ្រង់លើកឡើងនូវស្វេតច្ឆត្រ ទ្រង់កាន់នូវបញ្ចរាជកកុធភណ្ឌ ៥ យ៉ាង១ ព្រមដោយសេនា ៤ ពួក ចូលដល់ទីប្រថាប់របស់ព្រះរាមបណ្ឌិតនោះ ឲ្យតាំងបន្ទាយក្នុងទីមិនឆ្ងាយ ស្ដេចចូលទៅអាស្រមជាមួយអាមាត្យ ២-៣ នាក់ ក្នុងវេលាដែលព្រះលក្ខណបណ្ឌិត និងព្រះនាងសីតាស្ដេច ទៅព្រៃ ចូលទៅគាល់ព្រះរាមបណ្ឌិត អ្នកប្រាសចាកសេចក្ដីសង្ស័យ ប្រថាប់គង់ជាសុខ ហាក់បី ដូចរូបមាសដែលតាំងទុកជិតទ្វារអាស្រម ថ្វាយបង្គំហើយ ឋិតនៅក្នុងទីសមគួរមួយ ក្រាបទូលនូវការប្រព្រឹត្តទៅរបស់ព្រះរាជា ហើយក៏ដួលចុះជិតព្រះបាទ (របស់ព្រះរាម) ទ្រង់ព្រះកន្សែងអន្លើដោយពួកអាមាត្យ ។ ព្រះរាមបណ្ឌិតទ្រង់មិនបានសោយសោក មិនបានព្រះកន្សែងឡើយ ។ សូម្បីអាការៈខុសប្រក្រតីនៃឥន្ទ្រិយ ក៏មិនបានមានដល់ព្រះអង្គឡើយ ។ ក្នុងវេលាដែលព្រះភរតៈប្រថាប់គង់ព្រះកន្សែងនោះ ជាវេលាសាយន្ហសម័យ ព្រះលក្ខណបណ្ឌិត និងព្រះនាងសីតាទាំង ២ ព្រះអង្គ ទ្រង់នាំគ្នាកាន់ផលាផលស្ដេច​មកដល់ ។ ព្រះរាមបណ្ឌិតទ្រង់ត្រិះរិះថា ប្អូនលក្ខណ៍ និងនាងសីតានៅ ក្មេងខ្ចី មិនមានប្រាជ្ញាកំណត់​ពិចារណាដូចយើង បានទទួលដំណឹងថា បិតារបស់របស់ខ្លួនសោយទិវង្គតដោយរហ័ស កាលមិនអាចនឹងទប់ទល់សេចក្ដីសោកបាន សូម្បីបេះដូងរបស់គេក៏អាចនឹងបែកទៅ យើងត្រូវធ្វើឧបាយឲ្យ ប្អូនលក្ខណ៍ និងនាងសីតាចូលទៅកាន់ត្រាំទឹកហើយ យើងនឹងប្រាប់ដំណឹងនោះ ។ លំដាប់នោះ ទ្រង់ចង្អុលបង្ហាញឧទកដ្ឋានមួយខាងមុខនៃក្សត្រទាំង ២ ទើបត្រាស់ថា អ្នកទាំង ២ ត្រឡប់​មកយូរណាស់ នេះជាទណ្ឌកម្មរបស់អ្នក អ្នកចូរចុះទៅត្រាំទឹក ហើយឋិតនៅ ដូចនេះហើយ ទើប​ត្រាស់កន្លះគាថាថាៈម្នាលលក្ខណៈ និងនាងសីតា អ្នកទាំងឡាយចូរមក អ្នកទាំង ២ នាក់ចូរចុះទឹក ។ ពាក្យដែលជាគាថានោះ មានអធិប្បាយថា មកនេះប្អូនលក្ខណ៍ និងនាង សីតា ចូរនាំគ្នាមក ចូរចុះ​កាន់ទឹកទាំង ២ នាក់ ។ ព្រះលក្ខណៈ និង ព្រះនាងសីតាទាំង ២ ព្រះអង្គនោះ ចូរនាំគ្នាទៅឈរ (ក្នុង​ទឹក) ដោយព្រះតម្រាស់មួយគ្រាប៉ុណ្ណោះ ។ លំដាប់នោះ ព្រះរាមបណ្ឌិត កាលនឹងប្រាប់ដំណឹងរបស់ព្រះបិតាដល់ក្សត្រទាំង ២ ព្រះអង្គនោះ ទើបត្រាស់កន្លះគាថាដ៏សេសថាភរតកុមារ បាននិយាយយ៉ាងនេះថា ព្រះបាទទសរថទ្រង់ទិវង្គតហើយ ។ ព្រះលក្ខណ៍ និងព្រះនាងសីតាទាំង ២ ព្រះអង្គនោះ បានស្ដាប់ដំណឹងថា ព្រះរាជបិតាសោយទិវង្គតប៉ុណ្ណោះ ក៏ដល់វិសញ្ញិភាព (សន្លប់បាត់ទៅ) ។ (ពេលភ្ញាក់ដឹងខ្លួនឡើង) ព្រះរាមបណ្ឌិតត្រាស់ប្រាប់ម្ដងទៀត ព្រះលក្ខណ៍ និងព្រះនាងសីតានោះ ក៏សន្លប់ម្ដងទៀត ។ ពួកអាមាត្យជួយលើកក្សត្រទាំង ២ ដែលទ្រង់ដល់វិសញ្ញី ដរាបដល់គ្រាទី ៣ ដោយអាការៈនេះ ចេញចាកទឹកឲ្យឋិតនៅលើដី ។ កាលក្សត្រ​ទាំង ២ បានខ្យល់អស្សាសបស្សាសៈហើយ គ្រប់អង្គ នាំគ្នាអង្គុយព្រះកន្សែងសោយសោករឿយ​ៗ ​។ គ្រានោះ ព្រះភរតកុមារទ្រង់ត្រិះរិះថា ព្រះភាតារបស់យើង លក្ខណកុមារ និងព្រះភគិនីសីតាទេវីស្ដាប់ដំណឹងថា ព្រះបាទទសរថសោយទិវង្គតហើយ មិនអាចទប់ទល់សេចក្ដីសោកបាន តែព្រះរាម​បណ្ឌិត​ទ្រង់មិនបានសោយសោក មិនបានគ្រាំគ្រាឡើយ អ្វីហ្ន៎ ជាហេតុនៃសេចក្ដីមិនសោក របស់ព្រះ​អង្គ ​ត្រូវសួរព្រះអង្គមើល ។ កាលព្រះភរតៈនឹងត្រាស់សួរ ទើបពោលគាថាទី ២ ថាបពិត្រព្រះរាម ដោយ​អានុភាពអ្វី ទើបទ្រង់បានឮថា ព្រះបិតាទិវង្គតហើយ មិនសោកសា្តយរបស់ដែលគួរសោកស្តាយ សេចក្តីទុក្ខមិនគ្របសង្កត់ទ្រង់ ។ លំដាប់នោះ ព្រះរាមបណ្ឌិត កាលនឹងសម្ដែងហេតុដែលរារាំងមិនឲ្យព្រះអង្គសោយសោកដល់ព្រះកុមារភរតៈនោះ ទើបត្រាស់ថាជីវិតណា (របស់ពួកសត្វ) បណ្តាពួកបុរសដែលរវើរវាយ បុរស (សូម្បីតែ មា្នក់) ក៏មិនអាចដើម្បីរក្សាជីវិតច្រើននោះបានទេ វិញ្ញូជនជាមេធាវីនោះ ធ្វើខ្លួនឲ្យក្តៅក្រហាយ ដើម្បីអ្វី ។ សេចក្តីពិតថា ជនទាំងឡាយណា ទាំងក្មេង ទាំងចាស់ ទាំងល្ងង់ ទាំងប្រាជ្ញ ទាំងអ្នកមាន ទាំងអ្នកក្រ ជនទាំងអស់នោះ សុទ្ធតែមានសេចក្តីស្លាប់ នៅខាងមុខ ។ ផ្លែឈើទុំទាំងឡាយ មានសេចក្តីខ្លាច អំពីកិរិយាជ្រុះជានិច្ច យ៉ាងណាមិញ ពួកសត្វកើតហើយ ក៏មានសេចក្តីខ្លាច អំពីសេចក្តីស្លាប់ជានិច្ច យ៉ាងនោះដែរ ។ ជនទាំងឡាយច្រើនពួកខ្លះ គេឃើញក្នុងវេលាព្រឹក វេលាល្ងាចមិនឃើញ ជនទាំងឡាយច្រើនពួកខ្លះ គេឃើញក្នុងវេលាល្ងាច វេលាព្រឹកមិនឃើញ ។ បើបុគ្គលអ្នកវង្វេង កាលខ្សឹកខ្សួល បៀតបៀនខ្លួន ហើយគប្បីនាំមកនូវប្រយោជន៍បន្តិចបន្តួចបាន អ្នកប្រាជ្ញ ក៏គប្បីធ្វើសេចក្តីខ្សឹកខ្សួលនោះដែរ ។ (បុគ្គល​ខ្សឹកខ្សួល) បៀតបៀនខ្លួនរបស់ខ្លួន ជាអ្នកស្គម មិនមានពណ៌សម្បុរ ពួកសត្វដែលទៅកាន់បរ​លោក ​មិនមែនញុំាងអត្តភាពឲ្យប្រព្រឹត្តទៅ ដោយសេចក្តីខ្សឹកខ្សួលនោះឡើយ ព្រោះថាសេចក្តីខ្សឹក​ខ្សួល​ មិនមានប្រយោជន៍ទេ ។ (បណ្ឌិតបុរស) គប្បីញុំាងផ្ទះដែលភ្លើងឆេះឲ្យរលត់ ដោយទឹកបានយ៉ាងណាមិញ ធីរជន ជាមេធាវី​បណ្ឌិត​ បានស្តាប់ហើយ គប្បីញុំាងសេចក្តីសោក ដែលកើតហើយឲ្យរលត់ឆាប់ ដូចខ្យល់បក់ផាត់នូវប៉ុយ យ៉ាងនោះដែរ ។ សត្វរមែងទៅកាន់បរលោកតែម្នាក់ឯង កើតក្នុងត្រកូលក៏តែម្នាក់ឯង ការសមគប់នៃពួកសត្វទាំងអស់ គឺមានការជួបជុំ ជាការប្រសើរបំផុត ។ ព្រោះហេតុនោះ សេចក្តីសោកទាំងឡាយ សូម្បីធំ ក៏មិនដុតកម្ដៅនូវ ហទយវត្ថុ និងចិត្តរបស់អ្នកប្រាជ្ញ ជាពហុស្សូត ដែលឃើញច្បាស់នូវលោកនេះ និងលោកខាងមុខ ព្រោះដឹងច្បាស់នូវធម៌ ។ យើងនោះ នឹងរក្សានូវយសផង ភោគៈផង ភរិយាទាំងឡាយផង ញាតិទាំងឡាយផង និងជនដ៏វិសេស​ផង នេះជាកិច្ចរបស់អ្នកប្រាជ្ញ ។ ព្រះរាមបណ្ឌិតបានប្រកាស នូវអនិច្ចតាធម៌ ដោយគាថាទាំង​ឡាយ ១០ នេះ ។ ពួកជនស្ដាប់ធម្មទេសនា ដែលប្រកាសសេចក្ដីមិនទៀង របស់ព្រះរាមបណ្ឌិត​នេះហើយ នាំគ្នាស្រាកសោក ។ បន្ទាប់ពីនោះ ព្រះភរតកុមារថ្វាយបង្គំ ព្រះរាមបណ្ឌិតទូលថា សូមព្រះអង្គទ្រង់ទទួល​រាជសម្បត្តិ ក្នុងនគរពារាណសី ។ ម្នាលប្អូន អ្នកចូរនាំព្រះលក្ខណ៍ និងសីតាទេវីទៅគ្រងរាជសម្បត្តិ ចុះ ។ ព្រះភរតៈទូលថា ព្រះអង្គប៉ុណ្ណោះជាអ្នកគ្រងរាជសម្បត្តិ ។ ព្រះរាម ត្រាស់ថា ម្នាលប្អូន ព្រះបិតារបស់យើងបានត្រាស់ទុកនឹងបងថា តទៅដោយ កន្លង ១២ ឆ្នាំ អ្នកចូរមកគ្រងរាជសម្បត្តិ កាលបងនឹងទៅក្នុងកាលឥឡូវនេះ ក៏ឈ្មោះថា មិនធ្វើតាមព្រះតម្រាស់របស់ព្រះអង្គ តែក្នុងកាលផុតអំពី ៣ ឆ្នាំ ដទៃទៅ បង​នឹងទៅ ។ ព្រះភរតៈទូលសួរថា រហូតកាលត្រឹមប៉ុណ្ណេះ អ្នកណានឹងគ្រងរាជសម្បត្តិ ។ ព្រះរាមត្រាស់ថា ពួកអ្នកចូរគ្រងរាជសម្បត្តិចុះ ។ ព្រះភរតៈទូលថា ពួកខ្ញុំនឹងមិនគ្រងរាជសម្បត្តិទេ ។ ទើបព្រះរាម​ត្រាស់ថា បើយ៉ាងនោះ ទ្រនាប់ជើងទាំងនេះ នឹងគ្រងរាជសម្បត្តិរហូតដល់បងទៅ ហើយទ្រង់ដោះ​តិណបាទុកា (ទ្រនាប់ជើងដែលធ្វើដោយស្មៅ) របស់ព្រះអង្គប្រទានឲ្យ ។ ក្សត្រទាំង ៣ ព្រះអង្គទទួលទ្រនាប់ជើង ហើយថ្វាយបង្គំព្រះរាមបណ្ឌិត ឡោមព័ទ្ធដោយមហាជន ស្ដេច​​ទៅ​កាន់នគរពារាណសី ។ ទ្រនាប់ជើងគ្រងនូវរាជសម្បត្តិអស់ ៣ ឆ្នាំ ។ ពួកអាមាត្យនាំគ្នាតម្កល់​តិណ​​បាទុកា (ទ្រនាប់ជើងដែលធ្វើដោយស្មៅ) លើរាជបល្ល័ង្ក ហើយនាំគ្នាកាត់ក្ដី ។ បើកាត់ក្ដីមិនល្អ ទ្រនាប់​ជើង រមែងខ្ទាំងខ្ទប់នូវគ្នានឹងគ្នា ដោយសញ្ញានោះ ត្រូវនាំគ្នាកាត់ក្ដីជាថ្មី ។ ពេលដែលកាត់ក្ដីល្អប្រពៃហើយ ទ្រនាប់ជើងប្រាសចាកសំឡេង នឹងនៅស្ងៀម ។ ដោយកាលកន្លងទៅ ៣ ឆ្នាំ ព្រះរាម​បណ្ឌិត​ចេញចាកព្រៃ ហើយបានដល់នគរពារាណសី បានចូលទៅហើយកាន់ឧទ្យាន ។ ព្រះកុមារទាំងឡាយទ្រង់ជ្រាប សេចក្ដីដែលព្រះរាមស្ដេចមក មានពួកអាមាត្យឡោមព័ទ្ធទៅកាន់ព្រះឧទ្យាន ទ្រង់ធ្វើព្រះនាងសីតាឲ្យជាអគ្គមហេសី ហើយធ្វើនូវការអភិសេក សូម្បីដល់ក្សត្រទាំងពីរ ។ ព្រះមហា​សត្វទ្រង់ដល់ការអភិសេកយ៉ាងនេះហើយ ប្រថាប់ លើរាជរថដែលគេប្រដាប់តាក់តែងហើយ ស្ដេចចូលកាន់ព្រះនគរដោយបរិវារដ៏ច្រើន ទ្រង់ប្រទក្សិណនគរហើយស្ដេចឡើងកាន់ទីអាស្រ័យនៃចន្ទ​ក​ប្រាសាទ តាំងតែពេលនោះ ទ្រង់គ្រងរាជសម្បត្តិដោយធម៌អស់ ១៦០០០ ឆ្នាំក្នុងវេលាអស់ព្រះជន្មា​យុ ទ្រង់ញ៉ាំងសគ្គបុរីឲ្យពេញ (ទ្រង់កើតក្នុងស្ថានសួគ៌) ។ អភិសម្ពុទ្ធគាថានេះសម្ដែងសេចក្ដីនោះថាព្រះបាទរាមៈ មានព្រះសូរង្គ ដូចជារូបសំណាកមាស មានព្រះពាហុធំ បានសោយរាជ្យអស់ ១៦ ០០០ ឆ្នាំ ។ ព្រះសាស្ដាទ្រង់នាំព្រះធម្មទេសនានេះមកហើយ ទ្រង់ប្រកាសសច្ចៈ ក្នុង វេលាចប់សច្ចៈ កុដុម្ពិកៈតាំងនៅក្នុងសោតាបត្តិផល ។ ទ្រង់ប្រជុំជាតកថា ព្រះបាទទសរថមហារាជគ្រានោះ បានមកជាព្រះបាទសុទ្ធោទនមហារាជ, ព្រះមាតាបានមកជាព្រះនាងមហាមាយាទេវី, នាងសីតាបានមកជារាហុលមាតា,ភតរៈបានមកជាអានន្ទ, លក្ខណកុមារបានមកជាសារីបុត្រ,បរិស័ទបានមកជា ពុទ្ធបរិស័ទ, រាមបណ្ឌិតបានមកជាតថាគតនេះឯង ។ ចប់ ទសរថជាតក ។ ដោយ៥០០០ឆ្នាំ
images/articles/2862/ythvrdfcrgd.jpg
Public date : 10, Feb 2021 (3233 Read)
ព្រះបរមសាស្តា កាលទ្រង់គង់នៅវត្តជេតពន ទ្រង់ប្រារព្ធព្រះលោឡុទាយិត្ថេរ ត្រាស់ព្រះធម្មទេសនានេះ មាន​ពាក្យផ្តើមថា អសព្វត្ថគាមិំ វាចំ ដូច្នេះជាដើម ។បានឮថា ព្រះថេរៈនោះ កាលពោលធម៌ មិនដឹងធម៌ដែល​គួរនិងមិនគួរថា ក្នុងទីនេះ គួរពោលធម៌នេះ ក្នុងទីនេះមិនគួរពោលធម៌នេះ ក្នុងមង្គលការក៏ពោល​អវ​មង្គល ធ្វើការអនុមោទនាអវមង្គលថា តិរោកុដ្ដេសុ តិដ្ឋន្តិ, សន្ធិសិង្ឃាដកេសុ ច ពួកប្រេតទាំងឡាយនាំគ្នាមកឈរនៅខាងក្រៅជញ្ជាំង ជិតទា្វរក្រុង និងទ្វារផ្ទះជាដើម ។ លុះដល់ អវមង្គល ក៏ធ្វើការអនុមោទ​នា​ថា ពហូ ទេវា មនុស្សា ច, មង្គលានិ អចិន្តយុំ ទេវតានិងមនុស្សទាំងឡាយជាច្រើន បានគិតរកនូវមង្គលទាំងឡាយជាដើម ហើយពោលដដែល ៗ ថា សូមឲ្យអ្នកទាំងឡាយអាចធ្វើមង្គលបែបនោះ​ឲ្យបាន ១ រយដង ១ ពាន់ដងចុះ ។ ថ្ងៃមួយ ភិក្ខុទាំងឡាយ លើករឿងនេះឡើងសន្ទនាគ្នាក្នុងធម្មសភាថា ម្នាលអ្នកមានអាយុទាំងឡាយ ព្រះលោឡុទាយិត្ថេរ មិនដឹងធម៌ដែលគួរនិងមិនគួរ ពោលវាចាដែលមិនគួរពោលទូទៅគ្រប់ទីកន្លែង ។ ព្រះបរមសាសា្ត ស្តេចយាងមកទ្រង់ត្រាស់សួរថា ម្នាលភិក្ខុទាំងឡាយ អម្បាញ់មិញនេះ អ្នកទាំងឡាយអង្គុយប្រជុំសន្ទនាគ្នាអំពីរឿងអ្វី ? កាលភិក្ខុទាំងឡាយ​ក្រាប​ទូល​ឲ្យទ្រង់ជ្រាបហើយ ទើបទ្រង់ត្រាស់ថា ម្នាល​ភិក្ខុ​ទាំងឡាយ មិនមែនតែពេលនេះទេ ដែលលោឡុទាយីនេះមិនឈ្លាសវៃ កាលពោលធម៌ ក៏មិនដឹងធម៌ដែលគួរនិងមិនគួរនោះ សូម្បី​ក្នុង​កាលមុនក៏ជាអ្នកនិយាយផ្តេសផ្តាសដូច្នោះដែរ ហើយទ្រង់នាំយករឿងក្នុងអតីត​មកសម្តែងដូចតទៅថាៈ អតីតេ ក្នុងអតីតកាល កាលព្រះបាទព្រហ្មទត្តសោយរាជសម្បត្តិនៅក្នុងនគរពារាណសី ព្រះបរមពោធិ​សត្វ​បដិសន្ធិក្នុងត្រកូលព្រាហ្មណ៍មហាសាល ចម្រើនវ័យ ហើយ រៀនសព្វសិល្បវិទ្យា ក្នុងនគរតក្កសិលា បាន​ជាអាចារ្យទិសាបាមោក្ខក្នុងនគរពារាណសី បង្រៀនសិល្បវិទ្យាដល់មាណព ៥០០ រូប ។ គ្រានោះ បណ្តា​មាណពទាំងនោះ មានមាណពម្នាក់មិនឈ្លាសវៃ (បញ្ញាទន់ខ្សោយ) និយាយផ្តេសផ្តាស ជាធម្មន្តេ​វា​សិក (សិស្សដែលរៀនធម៌ឬសិល្បសាស្ត្រក្នុងសម្នាក់អាចារ្យ) ប៉ុន្តែមិនអាចរៀនបាន (រៀនមិនចេះ) ព្រោះជាអ្នកអាប់ឥតប្រាជ្ញា ប៉ុន្តែជាអ្នកមានឧបការៈចំពោះព្រះបរមពោធិសត្វ ធ្វើកិច្ចគ្រប់យ៉ាងដូចជាទាសៈ ។ ​ថ្ងៃមួយ ព្រះពោធិសត្វ បរិភោគអាហារល្ងាចហើយសម្រាន្តនៅលើគ្រែ ពោលនឹងមាណពដែលមកច្របាច់ដៃ ជើង និងខ្នងថា នែអ្នកដ៏ចម្រើន អ្នកជួយកល់ជើងគ្រែឲ្យបន្តិចសិន សឹមទៅ ។ មាណព​កល់ជើងគ្រែ ម្ខាងហើយ មិនមានអ្វីកល់ជើងគ្រែម្ខាងទៀត ក៏លើកដាក់លើភ្លៅរបស់ខ្លួនរហូតមួយ​យប់ ។ ព្រះបរមពោធិសត្វក្រោកឡើងពេលព្រឹក ឃើញមាណពនោះក៏សួរថា នែអ្នកដ៏ចម្រើន អ្នកអង្គុយ​ ធ្វើអ្វី ? មាណពឆ្លើយថា បពិត្រលោកអាចារ្យ ខ្ញុំរកអ្វីកល់ជើងគ្រែមិនមាន ទើបខ្ញុំលើកដាក់លើភ្លៅរបស់ខ្ញុំ​ហើយអង្គុយ ។ ព្រះបរមពោធិសត្វសង្វេគ គិតថា មាណពនេះមានឧបការៈគុណ ចំពោះអញក្រែ​លែ​ង​ណាស់ ក្នុងក្រុមមាណពមានប្រមាណប៉ុណ្ណេះ មាណពនេះល្ងង់ជាងគេ រៀនសិល្បៈមិនចេះ ធ្វើដូចម្តេចហ្ន៎ ទើបធ្វើឲ្យមាណពនេះឈ្លាសវែបាន លុះគិតដូច្នោះហើយ ក៏មានគំនិតថា មានឧបាយមួយ អញចាំ​សួរមាណពនេះ ពេលដែលមាណពនេះទៅរកឧសរកបន្លែមកថា ថ្ងៃនេះអ្នកឃើញអ្វី ? អ្នកធ្វើអី្វ ? កាលបើដូច្នោះ មាណពនេះនឹងប្រាប់អញថា ថ្ងៃនេះខ្ញុំឃើញវត្ថុឈ្មោះនេះ ធ្វើកិច្ចនេះ ពេលនោះអញនឹងសួរថា កន្លែងដែលអ្នកឃើញ កន្លែងដែលអ្នកធ្វើនោះ ដូចអ្វី ? មាណពនេះនឹងប្រាប់អញដោយឧបមានិង​ដោ​យ​​ហេតុថា យ៉ាងនេះ ដោយវិធីនេះអញឲ្យមាណពពោលឧបមានិងដោយហេតុហើយ នឹងធ្វើឲ្យ​មាណ​ព​​នោះឈ្លាសវៃ បានដោយឧបាយនេះ (គិតដូច្នេះហើយ) ទើបហៅមាណពនោះមកប្រាប់ថា នែមាណព ចាប់ពី ពេលនេះទៅ ក្នុងទីកន្លែងដែលអ្នកទៅរកឧសនិងរកបន្លែនោះ អ្នកបានឃើញ បានបរិ​ភោគ​ បានផឹក ឬ បានទំពាវត្ថុណាក្នុងទីនោះ ពេលមកដល់កន្លែងត្រូវប្រាប់វត្ថុនោះដល់យើង ។ មាណពនោះយល់ព្រមថា ប្រពៃហើយលោកអាចារ្យ ។ ថ្ងៃមួយ មាណពទៅព្រៃដើម្បីរកឧសជាមួយនឹងមាណព​ទាំងឡាយ ឃើញពស់ក្នុងព្រៃ ពេលត្រឡប់មកវិញប្រាប់អាចារ្យថា បពិត្រលោកអាចារ្យ ខ្ញុំឃើញ​ពស់ ។អាចារ្យ​សួរថា នែមាណព ដែលឈ្មោះថាពស់ ដូចអ្វី ?មាណពឆ្លើយថា ដូចដងនង្គ័ល ។អាចារ្យ​ត្រេកអរថា ល្អហើយ ល្អហើយ មាណព ឧបមាដែលអ្នកនាំមកថា ពស់ដូច ដងនង្គ័ល ជាទីពេញចិត្ត​យើង​​ហើយ ។គ្រានោះ ព្រះបរមពោធិសត្វត្រិះរិះថា ឧបមាគួរពេញចិត្ត មាណពនាំមកបាន អញអាចនឹង​ធ្វើ​​ឲ្យមាណពនេះឆ្លាតបាន ។ ថ្ងៃមួយ មាណពនោះបានឃើញដំរីក្នុងព្រៃ ក៏មកប្រាប់ថា បពិត្រលោកអាចារ្យ​ ខ្ញុំឃើញដំរី ។អាចារ្យសួរថា ដំរីដូចអ្វី ?មាណពឆ្លើយថា ក៏ដូចដងនង្គ័លដែរ ។ ព្រះបរមពោធិសត្វគិតថា ប្រមោយដំរីក៏ង ដូចដងនង្គ័ល អវយវៈដទៃៗ ដូចជាភ្លុកជាដើម អាចមានរូប​រាង​ដូច្នេះបាន ប៉ុន្តែមាណពនេះ មិនអាចចែកហើយពោលព្រោះខ្លួនល្ងង់ ប្រហែលនិយាយសំដៅយកប្រមោយ​ដំរី ហើយក៏នៅស្ងៀម ។ ថ្ងៃមួយ មាណពនោះបានបរិភោគអំពៅក្នុងទីដែលគេអញ្ជើញទៅ ក៏​មក​​ប្រាប់ថា បពិត្រលោកអាចារ្យ ថ្ងៃនេះខ្ញុំបានបរិភោគអំពៅ ។ កាលអាចារ្យសួរថា អំពៅដូចអ្វី ? ក៏ពោល​ថា ដូចដងនង្គ័ល ។ ព្រះបរមពោធិសត្វគិតថា មាណពនេះពោលហេតុផលសមគួរបន្តិច ហើយក៏នៅ​​ស្ងៀម ។ ថ្ងៃមួយទៀត ក្នុងទីដែលបានទទួលអញ្ជើញ មាណពពួកខ្លះបានបរិភោគស្ករអំពៅ និងទឹក​ដោះ​ជូរ ពួកខ្លះបរិភោគស្ករអំពៅ និងទឹកដោះស្រស់ ។ មាណព​នោះមកដល់កន្លែងវិញ ប្រាប់អាចារ្យថា បពិត្រលោកអាចារ្យ ថ្ងៃនេះ ខ្ញុំបរិភោគទឹកដោះជូរផង ទឹក​ដោះស្រស់ផង កាលត្រូវអាចារ្យសួរថា នែមាណព ទឹកដោះជូរនិងទឹកដោះស្រស់ដូចអ្វី ? ក៏ឆ្លើយថា ដូច​ដងនង្គ័ល ។ ព្រះបរមពោធិសត្វពោលថា មាណពនេះ កាលពោលថា ពស់ដូចដងនង្គ័ល ពោលបានត្រឹម​ត្រូវ សូម្បីពោលថា ដំរីដូចដងនង្គ័ល ក៏អាចពោលបាន ដោយសំដៅយកប្រមោយ សូម្បីដែលពោល​ថា​ អំពៅដូចដងនង្គ័លក៏នៅសមគួរ ប៉ុន្តែទឹកដោះជូរ ទឹកដោះស្រស់ ពណ៌សជានិច្ច ទ្រទ្រង់ខ្លួនដោយភាជនៈ​ មិនគួរនឹងពោលឧបមាក្នុងរឿងនេះបាន ដោយប្រការទាំងពួង អញមិនអាចឲ្យមនុស្សល្ងង់ម្នាក់នេះ ​សិក្សាបាន ទើបពោលគាថានេះថា អសព្ពត្ថគាមិំ វាចំ, ពាលោ សព្ពត្ថ ភាសតិ; នាយំ ទធិំ វេទិ ន នង្គលីសំ, ទធិប្បយំ មញ្ញតិ នង្គលីសំ។ បុគ្គលពាលរមែងពោលនូវវាចា ដែលមិនគួរពោលគ្រប់យ៉ាងបាន ក្នុងទីទាំងពួង មាណពនេះមិនស្គាល់ទឹកដោះជូរ មិនស្គាល់ដងនង្គ័លឡើយ ទើបសម្គាល់នូវទឹកដោះជូរ និងទឹកដោះស្រស់ថា ដូចដងនៃនង្គ័លទៅវិញ ។ ក្នុងគាថានោះ មានសេចក្តីសង្ខេបដូច្នេះថា វាចាណាដែលមិនសមគួរក្នុងទីទាំងពួងដោយអំណាចនៃឧបមា​ វាចាដែលមិនសមគួរក្នុងទីទាំងពួងនោះ បុគ្គលពាលតែងពោលបានក្នុងទីគ្រប់អន្លើ ដូចត្រូវសួរថា ទឹកដោះជូរដូចអ្វី ? ក៏ឆ្លើយភ្លាមថា ដូចដងនង្គ័ល កាលពោលយ៉ាងនេះ ព្រោះមិនស្គាល់ទឹកដោះជូរនិងទឹកដោះស្រស់ ។សួរថា ព្រោះហេតុអ្វី ?ឆ្លើយថា ព្រោះថា សូម្បីតែទឺកដោះជូរក៏គេសម្គាល់ថាជា ដង​នង្គ័ល​បាន ។ ន័យម៉្យាងទៀត ព្រោះគេសម្គាល់ទឺកដោះជូរនិងទឹកដោះស្រស់ថា ដូចដងនង្គ័ល មាណពនេះ​ល្ងង់ដល់កម្រិតនេះ ព្រះបរមពោធិសត្វគិតថា ប្រយោជន៍អ្វីដោយមាណពនេះ ទើបប្រាប់អន្តេវាសិកទាំង​ឡាយឲ្យស្បៀងហើយបញ្ជូនមាណពនេះ ឲ្យត្រឡប់ទៅផ្ទះវិញ ។ ព្រះបរមសាស្តា ទ្រង់នាំយកព្រះធម្មទេសនានេះមកហើយ ទ្រង់ប្រជុំជាតកថាតទា លាឡកមាណវោ លាឡុទាយី អហោសិ មាណព ល្ងង់ក្នុងកាលនោះ បានមកជាលោឡុទាយី ។ទិសាបាមោក្ខោ អាចរិយោ បន អហមេវ អហោសិំ ចំណែកអាចារ្យ ទិសាបាមោក្ខ គឺ តថាគត នេះឯង ៕ ចប់ នង្គលីសជាតក ។ (ជាតកដ្ឋកថា សុត្តន្តបិដក ខុទ្ទកនិកាយ ជាតក ឯកកនិបាត កុសនាឡិវគ្គ បិដកលេខ ៥៨ ទំព័រ ៥៥) ដោយ៥០០០ឆ្នាំ
images/articles/2863/jhgfd.jpg
Public date : 10, Feb 2021 (2653 Read)
(សេចក្ដីលោភតែងញ៉ាំងបុគ្គលឲ្យវិនាស) ព្រះបរមសាស្តា កាលស្ដេចគង់នៅក្នុងវត្តជេតពន ទ្រង់ប្រារព្ធភិក្ខុនីឈ្មោះថុល្លនន្ទា បានត្រាស់ព្រះធម្មទេសនានេះ មានពាក្យផ្តើមថា យំ លទ្ធំ តេន តុដ្ឋព្វំ ដូច្នេះ ជាដើម ។ សេចក្តីពិស្តារថា ឧបាសកម្នាក់នៅក្នុងនគរសាវត្ថី បវារណាខ្ទឹមចំពោះភិក្ខុនីសង្ឃ ហើយ ផ្តាំអ្នកចម្ការថា ប្រសិនបើអ្នកព្រះនាងម្ចាស់ទាំងឡាយមកយកខ្ទឹម ចូរប្រគេនមួយ អង្គ ពីរ-បីកញ្ចប់ចុះ ។ ចាប់ពីពេលនោះមក ភិក្ខុនីទាំងឡាយត្រូវការខ្ទឹម ក៏នាំគ្នាទៅកាន់ ផ្ទះឧបាសកនោះខ្លះ ទៅកាន់ចម្ការខ្លះ លុះដល់ថ្ងៃមហោស្រពមួយ ខ្ទឹមក្នុងផ្ទះរបស់ឧបាសកនោះអស់ទៅ ។ ភិក្ខុនីឈ្មោះ ថុល្លនន្ទា មួយអន្លើដោយបរិវារទៅកាន់ផ្ទះ ឧបាសកនោះ ហើយពោលថា នែអ្នកមានអាយុ អាត្មាត្រូវការខ្ទឹម ។ អ្នកបម្រើពោលថា បពិត្រអ្នកនាងម្ចាស់ ខ្ទឹមនៅផ្ទះមិនមានទេ អស់ហើយ និមន្តទៅចម្ការចុះ ទើបនាំគ្នាទៅ ចម្ការជញ្ជូនខ្ទឹមទៅដោយមិនស្គាល់ប្រមាណ ។អ្នកចាំចម្ការពោលទោសថា ព្រោះហេតុ អ្វី ទើបភិក្ខុនីទាំងឡាយ នាំគ្នាជញ្ជូនខ្ទឹមយកទៅដោយមិនស្គាល់ប្រមាណយ៉ាងនេះ ពួក ភិក្ខុនីដែលមានសេចក្តីប្រាថ្នាតិច បានស្តាប់ពាក្យរបស់អ្នកចាំចម្ការហើយ ពោលទោស ភិក្ខុនីទាំងនោះ ។ ពួកភិក្ខុលុះបានឮអំពីភិក្ខុនីទាំងនោះ ក៏នាំគ្នាពោលទោស ហើយ ក៏ក្រាបទូលរឿងនោះចំពោះព្រះដ៏មានព្រះភាគ ។ ព្រះមានព្រះភាគទ្រង់តិះដៀលភិក្ខុនី ឈ្មោះថុល្លនន្ទាហើយ ទ្រង់សម្តែងធម៌ដ៏សមគួរដល់រឿងនោះ ដល់ភិក្ខុនីទាំងឡាយ ដោយន័យមានជាអាទិ៍ថា ម្នាលភិក្ខុទាំងឡាយ ធម្មតាបុគ្គលអ្នកមានសេចក្តីប្រាថ្នាច្រើន មិនជាទីស្រឡាញ់ មិនជាទីត្រេកអរ មិនជាទីចម្រើនចិត្ត សូម្បីដល់មាតាបិតាបង្កើត មិនអាចនឹងញ៉ាំងអ្នកដែលមិនទាន់ជ្រះថ្លា ឲ្យជ្រះថ្លាបាន មិនអាចញ៉ាំងអ្នកដែលជ្រះថ្លា ហើយឲ្យរឹងរឹតតែជ្រះថ្លាបានឡើងទេ មិនអាចញ៉ាំងលាភដែលមិនទាន់កើតឲ្យកើត ឬ លាភដែលកើតហើយ ក៏មិនអាចធ្វើឲ្យឋិតថេរគង់វង្សបាន ចំណែកអ្នកដែលប្រាថ្នាតិច រមែងញ៉ាំងលាភដែលមិនទាន់កើតឲ្យកើត លាភដែលកើតហើយក៏ធ្វើឲ្យឋិតថេរគង់វង្ស បាន ហើយទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ មិនមែនតែពេលនេះប៉ុណ្ណោះ​ទេ ដែល ភិក្ខុនីឈ្មោះថុល្លនន្ទាមានសេចក្តីប្រាថ្នាច្រើននោះ សូម្បីក្នុងកាលមុនក៏ធ្លាប់មានសេចក្តីច្រើនដែរ ហើយទ្រង់នាំយករឿងក្នុងអតីត មកសម្តែងដូចតទៅថា ក្នុងអតីតកាល កាលព្រះបាទព្រហ្មទត្តសោយរាជសម្បត្តិនៅក្នុងនគរពារាណសី ព្រះបរមពោធិសត្វបដិ​សន្ធិក្នុងត្រកូលព្រាហ្មណ៍ កាលចម្រើនវ័យហើយ មាតាបិតារៀប ចំឲ្យមានភរិយាដែលមានជាតិត្រកូលស្មើគ្នា មានធីតាបីនាក់ ឈ្មោះ នន្ទា នន្ទវតី សុន្ទរីនន្ទា កាលធីតាទាំងនោះមានស្វាមីគ្រប់គ្នាហើយ ព្រះពោធិ​សត្វក៏ធ្វើកាលកិរិយាទៅ កើតជាសត្វហង្សមាស ហើយមានញាណរលឹកជាតិបានទៀត​ផង ហង្សមាសនោះធំ ឡើងហើយ ឃើញអត្តភាពដែលពេញបរិបូណ៌ដោយរោមដែលជាមាស ក៏គិតថា អញ ចុតិ​មក​អំពីទីណាហ្ន៎ ទើបមកកើតក្នុងទីនេះ ក៏ដឹងថា មកអំពីមនុស្សលោក ពិចារណា តទៅទៀតថា ព្រាហ្ម​ណី​និងពួកធីតារបស់អញ នៅមានជីវិតឬហ្ន៎ ? ក៏បានដឹងថា ទីទ័លក្រ ត្រូវស៊ីឈ្នួលគេចិញ្ចឹមជីវិតយ៉ាងលំបាក ទើបគិតថា រោមទាំងឡាយក្នុងសរីរៈ របស់អញជាមាសទាំងអស់ អញនឹងឲ្យ​រោម​អំពីសរីរៈនេះដល់នាងទាំងនោះ ម្តងមួយៗ ដោយហេតុនោះ ភរិយានិងធីតាទាំងបី របស់អញនឹងរស់នៅដោយមិនលំបាក គឺរស់នៅ ដោយសុខសប្បាយ ។ សុវណ្ណហង្សក៏ហើរទៅកាន់ទីនោះ ទំលើ​ត្បាល់​ជាន់ ។ ព្រាហ្ម​ណី និងធីតាឃើញព្រះមហាសត្វហើយក៏សួរថា បពិត្រអ្នកដ៏ចម្រើន តើអ្នកមកអំពីទីណា ? ហង្សមាសពោធិសត្វឆ្លើយថា យើងជាបិតារបស់អ្នកទាំងឡាយ ស្លាប់ទៅកើតជា ហង្សមាសមកដើម្បី​ជួប​អ្នកទាំងឡាយ តាំងពីពេលនេះទៅអ្នកទាំងឡាយមិនបាច់ទៅស៊ី ឈ្នួលអ្នកដទៃ ដើម្បីចិញ្ចឹមជីវិតដោយ​លំបាកទៀតទេ យើងនឹងឲ្យរោមដល់អ្នកទាំង ឡាយម្តងមួយៗ ចូរយកទៅលក់ចិញ្ចឹមជីវិតតាមសប្បាយចុះ ជម្រុះរោមទុកឲ្យមួយ ហើយទើបហើរទៅ ។ ហង្សមាសនោះមកជាចន្លោះៗ រលាស់ជម្រុះ​រោម​ឲ្យម្តងមួយដោយ ទំនងនេះ ព្រាហ្មណីនិងកូនៗ បានធូរធារឡើងៗ ចិញ្ចឹមជីវិតដោយសុខស្រួល មាន​ សេចក្តីសុខសប្បាយគ្រប់គ្នា ។ ថ្ងៃមួយព្រាហ្មណីប្រឹក្សាជាមួយកូនៗថា នែនាងទាំង ឡាយ ធម្មតាសត្វតិរច្ឆានស្គាល់ចិត្តបានដោយលំបាក ពេលខ្លះ បិតារបស់កូនមិនមកទី នេះ ពួកយើងនឹងធ្វើដូចម្តេច ឥឡូវនេះ ពេលដែលបិតារបស់កូនឯងមក ពួកយើងនាំគ្នា ចាប់ដករោមឲ្យអស់ចុះ ។ ពួកកូនស្រីនាំគ្នានិយាយថា ធ្វើយ៉ាងនោះ បិតារបស់ពួកខ្ញុំនឹង លំបាក ម្នាក់ៗក៏មិនយល់ព្រម ប៉ុន្តែនាងព្រាហ្មណីព្រោះតែមានសេចក្តីប្រាថ្នាធំ ថ្ងៃមួយ ពេលដែលស្តេចហង្សមាសមកក៏និយាយថា បពិត្រអ្នកជាម្ចាស់ មកនេះសិន លុះស្តេច ហង្សមាសចូលទៅជិតក៏ចាប់ដោយដៃទាំងពីរ ដករោមអស់ ប៉ុន្តែព្រោះចាប់ដកយក ដោយកម្លាំងល្មោភ ព្រះពោធិសត្វមិនបានឲ្យដោយសុទ្ធចិត្ត រោមទាំងនោះទើបដូចជា រោមកុកទាំងអស់ ។ ព្រះមហាសត្វមិនអាចនឹងត្រដាងស្លាបហើរទៅបាន ព្រាហ្មណីក៏ ចាប់ហង្សមាស​យក​ទៅដាក់ក្នុងពាងធំដើម្បីចិញ្ចឹមថែទាំ រោមដែលដុះឡើងថ្មីរបស់ហង្ស មាសនោះ ក្លាយជាពណ៌សទាំង​អស់ ។ ហង្សនោះលុះរោមដុះឡើងគ្រប់គ្រាន់ ហើយ ក៏លោតឡើងហើរទៅលំនៅរបស់ខ្លួនភ្លាម ហើយក៏មិនបានមកទៀតឡើយ ។ ព្រះបរមសាស្តា ទ្រង់នាំយករឿងក្នុងអតីតនេះមកសម្តែងហើយ ទើបទ្រង់ត្រាស់ ថា ម្នាលភិក្ខុទាំងឡាយ មិនមែនតែពេលនេះប៉ុណ្ណោះទេ ដែលថុល្លនន្ទាមានសេចក្តី ប្រាថ្នាច្រើន សូម្បីក្នុងកាលមុនក៏មានសេចក្តីប្រាថ្នាច្រើនដែរ ហើយព្រោះតែមានសេចក្តី ប្រាថ្នាច្រើន ទើបត្រូវវិនាសចាកមាស ពេលនេះព្រោះហេតុតែខ្លួនមានសេចក្តីប្រាថ្នា ច្រើននោះឯង នឹងត្រូវសាបសូន្យសូម្បីតែខ្ទឹម ព្រោះហេតុនោះ តាំងពីពេលនេះទៅ​នឹង​ មិនបានសូម្បីតែឆាន់ខ្ទឹម សូម្បីភិក្ខុនីដ៏សេសទាំងឡាយ ព្រោះអាស្រ័យថុល្លនន្ទានោះ ក៏នឹងមិនបានឆាន់​ខ្ទឹមដូចថុល្លនន្ទាដែរ (ទ្រង់បញ្ញត្តសិក្ខាបទថា ភិក្ខុនីណាមួយទំពាស៊ីខ្ទឹម ត្រូវអាបត្តិបាចិត្តិយ) ហេតុនោះ សូម្បីនឹងបានច្រើនក៏ត្រូវស្គាល់ ប្រមាណ ប៉ុន្តែបើបានតិច ក៏គប្បីត្រេកអរពេញចិត្តតាមដែលបានប៉ុណ្ណោះ មិនគួរប្រាថ្នា ឲ្យក្រៃលែងឡើងឡើយ ហើយទ្រង់ត្រាស់ព្រះគាថានេះថា យំ លទ្ធំ តេន តុដ្ឋព្ពំ, អតិលោភោ ហិ បាបកោ; ហំសរាជំ គហេត្វាន, សុវណ្ណា បរិហាយថា។ ទ្រព្យណា ដែលបុគ្គលបានមកហើយ បុគ្គលគប្បីត្រេកអរដោយទ្រព្យនោះ ព្រោះ ថាសេចក្តីល្មោភហួសជារបស់លាមក (ដូចនាងព្រាហ្មណី) ក៏សាបសូន្យ ចាកមាស ព្រោះចាប់ស្តេចហង្ស ។ បណ្តាបទទាំងនោះ បទថា តុដ្ឋព្វំ ប្រែថា គប្បីត្រេកអរ ។ ព្រះបរមសាស្តា លុះទ្រង់ត្រាស់ព្រះធម្មទេសនានេះហើយ ទ្រង់តិះដៀលដោយ អនេកបរិយាយ ហើយទ្រង់បញ្ញត្តសិក្ខាបទថា យា បន ភិក្ខុនី លសុណំ ខាទេយ្យ, បាចិត្តិយំ ភិក្ខុនីណា ឆាន់ខ្ទឹមត្រូវអាបត្តិបាចិត្តិយៈ (បិដកលេខ ៥ ទំព័រ ១៥៦) ដូច្នេះហើយ ទ្រង់​ប្រជុំជាតកថាតទា ព្រាហ្មណី អយំ ថុល្លនន្ទា អហោសិ ព្រាហ្មណីក្នុងកាលនោះ បានមកជា​ថុល្លន​ន្ទាភិក្ខុនី ។តិស្សោ ធីតរោ ឥទានិ តិស្សោយេវ ភគិនិយោ ធីតាទាំងបីបានមកជា បងប្អូនស្រីក្នុងកាលឥឡូវនេះ ។សុវណ្ណហំសរាជា បន អហមេវ អហោសិំ ចំណែកសុវណ្ណហង្សគឺ តថាគតនេះឯង ។ ចប់ សុវណ្ណហំសជាតក ។ (ជាតកដ្ឋកថា សុត្តន្តបិដក ខុទ្ទកនិកាយ ជាតក ឯកកនិបាត អសម្បទានវគ្គ បិដកលេខ ៥៨ ទំព័រ ៦០) ដោយ៥០០០ឆ្នាំ
images/articles/2864/gfdsetry.jpg
Public date : 10, Feb 2021 (3463 Read)
ព្រះបរមសាស្តា កាលទ្រង់គង់នៅក្នុងវត្តជេតពន ទ្រង់ប្រារព្ធភិក្ខុអ្នកច្រើនទៅ ដោយការអួតមួយរូប បានត្រាស់ព្រះធម្មទេសនានេះ មានពាក្យផ្តើមថា ពហុម្បិ សោ វិកត្ថេយ្យ ដូច្នេះជាដើម ។ រឿងរបស់ភិក្ខុនោះ ដូចរឿងដែលបានពោលហើយក្នុងកាលមុននោះឯង ។ ក្នុងអតីតកាល កាលព្រះបាទព្រហ្មទត្តសោយរាជសម្បត្តិនៅក្នុងនគរពារាណសី ព្រះបរមពោធិសត្វ​សោយ​ព្រះជាតិជាសេដ្ឋីអ្នកមានទ្រព្យសម្បត្តិស្តុកស្តម្ភ ។ ភរិយារបស់ សេដ្ឋីប្រសូតបុត្ត ចំណែកទាសីរបស់​សេដ្ឋីក៏ប្រសូតបុត្តក្នុងថ្ងៃនោះដែរ ។ ក្មេងទាំងពីរ នោះ ធំឡើងជាមួយគ្នា កាលបុត្តសេដ្ឋីទៅរៀនអក្សរ​ កូនទាសីក៏កាន់ក្តារឈ្នួនទៅតាម រៀនអក្សរជាមួយបុត្តសេដ្ឋីនោះដែរ បានសរសេរ បានអានពីរ-បី​ដង​ កូនទាសីនោះ ក៏ចាំ ពាក្យនោះ ឈ្លាសវៃក្នុងវោហារដោយលំដាប់ ។ លុះធំពេញវ័យ កំលោះនោះ មាន​រូបរាង សង្ហាមានឈ្មោះថា កដាហកៈ ។ កូនទាសីនោះមាននាទីជាអ្នករក្សាឃ្លាំងក្នុងផ្ទះរបស់ សេដ្ឋី គេគិតថា មនុស្សទាំងនេះគង់នឹងមិនប្រើអញឲ្យធ្វើជាអ្នករក្សាឃ្លាំងរហូតទៅទេ ពេលឃើញទោសអ្វីបន្តិចបន្ទួច គង់នឹងវាយចាប់ចងបោះត្រា ដើម្បីជាគ្រឿង​សម្គាល់ ហើយប្រើប្រាស់ដូចជាទាសៈតទៅ នៅឯជាយដែនមានសេដ្ឋីម្នាក់ដែលជា សម្លាញ់នឹង សេដ្ឋី​នេះ បើដូច្នោះ អញកាន់សំបុត្រដែលជាពាក្យរបស់សេដ្ឋីទៅកាន់ទៅទីនោះ ប្រាប់ ថា អញជាកូនសេដ្ឋី ​កុហកសេដ្ឋី​នោះហើយ សូមធីតារបស់សេដ្ឋីនោះធ្វើជាគូគ្រង គប្បី នៅយ៉ាងសុខ ។ កូនទាសីនោះ សរសេរសំបុត្រដោយខ្លួនឯងថា ខ្ញុំបញ្ជូនកូនប្រុសខ្ញុំ ឈ្មោះនេះទៅកាន់សម្នាក់របស់លោក​ ធម្មតាសម្ព័ន្ធគ្នារវាងលោកជាមួយខ្ញុំ ខ្ញុំជា​មួយ លោកជាការសមគួរណាស់ ព្រោះហេតុនោះ សូមលោក​លើកធីតារបស់លោកឲ្យកុមារ នេះ ហើយឲ្យគេនៅទីនោះចុះ ចាំមានឱកាសខ្ញុំនឹងទៅលេងលោក ដូច្នេះ​ហើយ យកត្រា របស់សេដ្ឋី​មក​បោះ​លើសំបុត្រនោះ កាន់យកស្បៀងនិងគ្រឿងឧបភោគ និងសំពត់ជាដើម ទៅតាមការពេញចិត្ត ។ លុះទៅដល់បច្ចន្តជនបទជួបសេដ្ឋី ថ្វាយបង្គំហើយឈរក្នុង ទីដ៏សមគួរមួយ ។ ពេលនោះសេដ្ឋីសួរថា នែមាណព អ្នកមកអំពីណា? កដាហកៈឆ្លើយថា បពិត្រលោកសេដ្ឋី ខ្ញុំមកពីនគរពារាណសី ។ សេដ្ឋីសួរថា មាណពឯងជាកូនរបស់អ្នកណា ? កដាហកៈឆ្លើយថា ខ្ញុំជាបុត្តសេដ្ឋីនគរពារាណសី ។ សេដ្ឋីសួរថា មកទីនេះមានការអ្វី ? ពេលនោះកដាហកៈក៏ឲ្យសំបុត្រព្រមនឹង ពោលថា បពិត្រសេដ្ឋី លោក​​​មើល​សំបុត្រនេះហើយនឹងជ្រាប ។ សេដ្ឋីអានសំបុត្រហើយ សប្បាយចិត្តថា ពេលនេះអញនឹងរស់​នៅ​​យ៉ាងសុខសប្បាយ ចាត់ចែងលើកធីតាឲ្យ ។ សេដ្ឋីនោះមានបរិវារច្រើន កាលមានអ្នកនាំយាគូនឹង​​​រ​បស់​​បរិភោគជាដើមទៅឲ្យ ឬនាំ សំពត់ដែលអប់ដោយគ្រឿងក្រអូបចូលទៅឲ្យ កដាហកៈក៏តិះ​ដៀល​​​យា​គូ​ជា​ដើមថា ឱ អ្នកស្រុកក្រៅដាំយាគូស្អីបែបនេះ ធ្វើរបស់គួរបរិភោគស្អីបែបនេះ ដាំបាយស្អីបែប​នេះ តិះ​ដៀល​សំពត់និងកម្មករជាដើមថា ព្រោះជាមនុស្សស្រុកស្រែ ទើបមិនចេះប្រើប្រាស់ សំពត់ថ្មី ៗ មិនចេះប្រើ​ប្រាស់​គ្រឿង​ក្រអូប ​មិនចេះទ្រទ្រង់ផ្កាកម្រង ។ ព្រះបរមពោធិសត្វកាលមិនឃើញទាសៈក៏សួរថា យើងមិនបានឃើញកដាហកៈ វាទៅណា ? នាំគ្នាតាម​រកវាមើល៍ ដូច្នេះហើយប្រើឲ្យមនុស្សដើររកដោយជុំវិញ ។ បណ្តា មនុស្សទាំងនោះ បុរសម្នាក់ទៅកាន់ទី​នោះ បានឃើញកូនទាសីនោះហើយចាំបាន ។ កូន ទាសីនោះមិនបានដឹងថា មានគេឃើញខ្លួន ។ បុរសដែល​ឃើញកូនទាសីនោះ ទៅប្រាប់ សេដ្ឋីពោធិសត្វ ។ សេដ្ឋីពោធិសត្វស្តាប់រឿងនោះហើយគិតថា កដា​ហកៈ​នោះធ្វើយ៉ាង នោះមិនសមគួរឡើយ ត្រូវទៅចាប់វាមកក្រាបទូលព្រះរាជា ។ សេដ្ឋីពោធិសត្វចេញអំពី ផ្ទះទៅជាមួយបរិវារជាច្រើន ដំណឹងបានផ្សាយទូទៅថា បានឮថា លោកសេដ្ឋីទៅកាន់ បច្ចន្ត​ជន​បទ ។ កដាហកៈស្តាប់ឮថាសេដ្ឋីមក គិតថា សេដ្ឋីមកដោយរឿងដទៃក៏ទេ គឺមក ដោយរឿងអញនោះឯង ប្រសិន​​​​បើ​អញ​គេ​ច​ចេញទៅ មិនអាចត្រឡប់មកបានទៀតទេ ឧបាយនោះនៅមាន អញត្រូវទៅជួបសេដ្ឋីដែល​​​ជា​ចៅ​​ហ្វាយ​នាយ ហើយធ្វើកិច្ចរបស់ ទាសៈ ធ្វើឲ្យសេដ្ឋីអត់ទោសឲ្យទាល់តែបាន ។ ចាប់ពីពេលនោះមក កូនទាសីនោះពោល យ៉ាងនេះកណ្តាលបរិស័ទថា ពួកបុគ្គលពាលដទៃ ៗ មិនដឹងគុណមាតាបិតាព្រោះខ្លួនជា បុគ្គលពាល ពេលដែលមាតាបិតាបរិភោគ មិនមានការគោរព បរិភោគរួមជា​មួយ មាតាបិតាជានិច្ច ចំណែកយើងពេលមាតាបិតាបរិភោគតែងតែរង់ចាំលើកវត្ថុចូលទៅ លើកកន្ថោរចូល​ទៅ ពេលខ្លះក៏បក់ផ្លិតជូន ចូលទៅឈរជិតៗ លុះពោលដូច្នេះហើយ ប្រកាសកិច្ចដែលពួកទាសៈត្រូវ​ធ្វើចំពោះចៅហ្វាយនាយគ្រប់យ៉ាង រហូតដល់ការកាន់ ផ្តិលទឹកទៅកាន់ទីកំបាំងក្នុងពេលដែលចៅ​ហ្វាយនាយបន្ទោបង់ឧច្ចារៈបស្សាវៈជាដើម ។ លុះធ្វើឲ្យបរិស័ទដឹងយ៉ាងនេះហើយ ពេលដែលព្រះបរមពោធិ​សត្វមកជិតដល់បច្ចន្ត ជនបទក៏ប្រាប់សេដ្ឋីដែលជាឪពុកក្មេកថា បពិត្របិតា បានឮថា បិតារបស់ខ្ញុំមក​ដើម្បីជួប បិតា សូមបិតាបញ្ជាឲ្យគេត្រៀមខាទនីយភោជនីយាហារចុះ ខ្ញុំនឹងកាន់យកគ្រឿង បណ្ណា​ការ​ (ចេញទៅទទួលបិតារបស់ខ្ញុំ ) សេដ្ឋីពោលថា ប្រពៃហើយកូន ។ កដាហកៈកាន់បណ្ណាការធ្វើដំណើរទៅជាមួយបរិវារជាច្រើន ថ្វាយបង្គំសេដ្ឋី ពោធិសត្វហើយជូនបណ្ណា​ការ ។ ចំណែកសេដ្ឋីពោធិសត្វទទួលបណ្ណាការហើយធ្វើ បដិសណ្ឋារៈនឹងកូនទាសីនោះ ដល់វេលាបរិភោគ​អាហារពេលព្រឹកក៏ឲ្យបោះជំរំសម្រាក ហើយ ចូលទៅកាន់ទីកំបាំងដើម្បីបន្ទោបង់ឧច្ចារៈបស្សាវៈ កដាហកៈ​ឲ្យបរិវាររបស់ខ្លូន ត្រឡប់ហើយ កាន់ផ្តិលទឹកទៅកាន់សម្នាក់ព្រះបរមពោធិសត្វ ។ កាលសម្រេច​ឧទកកិច្ច ហើយ ក៏ក្រាបទៀបជើងទាំងពីរពោលថា បពិត្រលោកម្ចាស់ ខ្ញុំនឹងជូនទ្រព្យដល់លោក តាមដែលលោកត្រូវការ សូមមេត្តាកុំធ្វើយសរបស់ខ្ញុំឲ្យវិនាសឡើយ ។ ព្រះពោធិសត្វ ជ្រះថ្លាក្នុងការបរិបូណ៌ដោយវត្តរបស់កូនទាសីនោះ ក៏លួងលោមថា នែអ្នកដ៏ចម្រើន អ្នកកុំខ្លាចឡើយ អន្តរាយអំពីសម្នាក់របស់យើងមិនមានដល់អ្នកទេ ហើយចូលទៅកាន់ បច្ចន្តនគរ សក្ការៈយ៉ាងច្រើនមានដល់ព្រះមហាសត្វ ។ ចំណែកកដាហកៈ ក៏ធ្វើកិច្ចដែល ទាសៈត្រូវធ្វើដល់សេដ្ឋីពោធិសត្វរហូតគ្រប់វេលា ។ គ្រានោះ បច្ចន្តសេដ្ឋីពោលជាមួយនឹងព្រះពោធិសត្វដែលអង្គុយយ៉ាងសប្បាយក្នុងពេលមួយថា បពិត្រសេដ្ឋី ខ្ញុំឃើញ សំបុត្ររបស់លោកភ្លាម ក៏លើកកូនស្រីឲ្យកូនរបស់លោកភ្លាមដែរ ។ ព្រះមហាសត្វក៏ធ្វើ កដាហកៈឲ្យជាកូនដែរ ពោលពាក្យជាទីស្រឡាញ់ ពេញចិត្តឲ្យសេដ្ឋីត្រេកអរ តាំងពី ពេលនោះមកក៏គ្មានអ្នកណាហ៊ានសម្លឹងមើលមុខកដាហកៈឡើយ ។ ថ្ងៃមួយ ព្រះបរម ពោធិសត្វហៅធីតារបស់សេដ្ឋីមកពោលថា នែកូនស្រី មកនេះ ជួយរកចៃលើក្បាលឲ្យ ពុកបន្តិចដូច្នេះហើយ ពោលពាក្យជាទីស្រឡាញ់ដល់កូនប្រសាដែលឈររកចៃឲ្យ រួចសួរ ថា នែកូនស្រី កូនរបស់ឪពុកមិនប្រមាទក្នុងសុខទុក្ខរបស់កូនទេឬ ? អ្នកទាំងពីរនៅ ស្រឡាញ់គ្នាទេឬ ? នាងឆ្លើយថា បពិត្រលោកឪពុក បុត្ររបស់លោកឪពុកមិនមានចំណុចដទៃដែល គួរឲ្យតិះដៀលទេ គ្រាន់​តែ​រអ៊ូរទាំរឿងអាហារប៉ុណ្ណោះ ។សេដ្ឋីពោលថា នែកូនស្រី កូនពុកម្នាក់នេះ មានប្រក្រតីស៊ីរើសបន្តិច ណ្ហើយ​ចុះ ពុកនឹងឲ្យមន្តសម្រាប់​ចងមាត់វាដល់កូន កូនចូររៀនមន្តនោះឲ្យល្អ កាលកូនរបស់ពុក រអ៊ូរទាំក្នុងពេលបរិភោគ កូនចូរឈរអំពីមុខហើយ ពោលតាមដែលបានរៀនមក ហើយឲ្យធីតារបស់សេដ្ឋីរៀនគាថា​ សម្រាកនៅពីរ-បីថ្ងៃក៏ត្រឡប់ទៅនគរពារាណសីវិញ ។ ចំណែកកដាហកៈ ក៏យកខាទនីយភោជ​នីយា​ហារច្រើនសន្ធឹកសន្ធាប់ តាមព្រះបរម ពោធិសត្វទៅ ជូនទ្រព្យជាច្រើនដល់ព្រះបរមពោធិសត្វ ហើយលាត្រឡប់មកវិញ ។ ចាប់ពី ពេលដែលព្រះបរមពោធិសត្វត្រឡប់ទៅវិញហើយនោះ កដាហកៈក្អេងក្អាង យ៉ាងក្រៃលែង ។ ថ្ងៃមួយ កាលសេដ្ឋីធីតានាំភោជនមានរសប្រណីតៗចូលទៅឲ្យ កាន់ វែករង់ចាំបម្រើ កដាហកៈ​ក៏តិះដៀលអាហារ ។ សេដ្ឋីធីតាក៏សូត្រគាថានោះ តាមទំនង ដែលបានរៀន ហើយក្នុងសម្នាក់ព្រះបរមពោធិសត្វថា ពហុម្បិ សោ វិកត្ថេយ្យ, អញ្ញំ ជនបទំ គតោ; អន្វាគន្ត្វាន ទូសេយ្យ, ភុញ្ជ ភោគេ កដាហកា។ ទាសៈឈ្មោះកដាហកៈនោះ ទៅកាន់ជនបទដទៃ ពោលអួតនូវពាក្យច្រើន សេដ្ឋី ជាម្ចាស់មកតាម ( ម្តងទៀត ) គប្បីប្រទូស្តមិនខាន ម្នាលកដាហកៈ អ្នកចូរបរិភោគនូវ ភោគៈទាំងឡាយទៅ ។ បណ្ណាបទទាំងនោះ បទថា ពហុម្បិ សោ វិកត្ថេយ្យ អញ្ញំ ជនបទំ គតោ សេចក្តីថា អ្នកណាទៅកាន់ជនបទដទៃអំពីជាតិភូមិរបស់ខ្លួន ក្នុងទីដែលមិនមានអ្នកដឹង កំណើតរបស់ខ្លួន អ្នកនោះគប្បីរអ៊ូរទាំ គឺ ពោលអួតនូវពាក្យច្រើនក៏បាន ។ បទថា អន្វាគន្ត្វាន ទូសេយ្យ សេចក្តីថា ព្រោះបានទៅធ្វើកិច្ចរបស់ទាសៈ តាមផ្លូវឲ្យចៅហ្វាយនាយហើយ ទើបអ្នករួចផុតអំពីការវាយដោយរំពាត់ផ្តៅ ដែលនឹង លាត់ស្បែកខ្នងឡើង​ថា​ជាទាសៈ និងការបោះត្រាធ្វើជាគ្រឿងសម្គាល់ ប្រសិនបើអ្នកនៅ តែចចេសធ្វើអាក្រក់ទៀត សេដ្ឋីជា​ម្ចាស់នឹងមកតាមប្រទូស្តមិនខាន គឺតាមមកដល់ ផ្ទះនេះ ហើយគប្បីប្រទូស្ត ធ្វើឲ្យដល់នូវសេចក្តីអន្តរាយម្តងទៀត ដោយការវាយនឹងរំពាត់ផ្តៅ ការបោះត្រាធ្វើជាគ្រឿងសម្គាល់ជាទាសៈ និងដោយការប្រកាសកំណើតក៏បាន ហេតុនោះ កដាហកៈអើយ អ្នកចូរលះបង់ការប្រព្រឹត្តិមិនល្អនេះ ហើយបរិភោគនូវភោគៈ ទាំងឡាយទៅ កុំធ្វើឲ្យភាពជាទាសៈរបស់ខ្លួនបា្រកដឡើង ហើយត្រូវក្តៅក្រហាយស្តាយ ក្នុងកាលជាខាងក្រោយឡើយ នេះជាការអត្ថាធិប្បាយរបស់សេដ្ឋី ។ ចំណែកដសេដ្ឋីធីតាមិនដឹងសេចក្តីនោះ មិនយល់ន័យក្នុងគាថានោះ ពោលបាន តាមគន្លងព្យញ្ជនៈតាមការរៀនប៉ុណ្ណោះ ។ កដាហកៈគិតថា សេដ្ឋីប្រាប់រឿងអាក្រក់របស់ អញហើយ ពិតជាប្រាប់រឿងទាំងអស់ដល់នាងនេះមិនខាន ចាប់តាំងពីពេលនោះមក ឈប់តិះដៀលអាហារទៀត លះបង់មានះ​ចោល បរិភោគអាហារតាមមានតាមបាន ក្រោយអំពីចុតិក៏ទៅតាមយថាកម្ម ។ ព្រះបរមសាស្តា ទ្រង់នាំយកព្រះធម្មទេសនានេះមកហើយ ទ្រង់ប្រជុំជាតកថាៈតទា កដាហកោ វិកត្ថកភិក្ខុ អហោសិ កដាហកៈក្នុងកាលនោះ បានមកជាភិក្ខុដែលច្រើនទៅដោយការអួតក្នុងកាលឥឡូវនេះ ។ពារាណសិសេដ្ឋិ បន អហមេវ អហោសិំ ចំណែកពារាណសីសេដ្ឋី គឺ តថាគត នេះឯង ៕ ចប់ កដាហកៈជាតក ។ (ជាតកដ្ឋកថា សុត្តន្តបិដក ជាតក ឯកកនិបាត កុសនាឡិវគ្គ បិដកលេខ ៥៨ ទំព័រ ៥៥) ដោយ៥០០០ឆ្នាំ
images/articles/2865/cxdscdsds.jpg
Public date : 10, Feb 2021 (3284 Read)
(ក្អែកជាសត្វមិនមានខ្លាញ់រាវ) ព្រះបរមសាស្តា កាលទ្រង់គង់នៅក្នុងវត្តជេតពន ទ្រង់ប្រារព្ធ ញាតត្ថចរិយា គឺ ការប្រព្រឹត្តជាប្រយោជន៍ដល់ព្រះញាតិ បានត្រាស់ព្រះធម្មទេសនានេះ មានពាក្យផ្តើមថា និច្ចំ ឧព្វិគ្គហទយា ដូច្នេះជាដើម ។ រឿងក្នុងបច្ចុប្បន្ននឹងមានជាក់ច្បាស់នៅក្នុងភទ្ទសាលជាតក ទ្វាទសកនិបាត ។ ក្នុងអតីតកាល កាលព្រះបាទព្រហ្មទត្តសោយរាជសម្បត្តិនៅក្នុងនគរពារាណសី ព្រះបរមពោធិសត្វបដិ​សន្ធិ​ក្នុងកំណើតក្អែក ។ ថ្ងៃមួយបុរោហិតរបស់ព្រះរាជាងូតទឹកក្នុងស្ទឹងក្រៅនគរ ផាត់ម្សៅ តែងកាយ ប្រដាប់​កម្រងផ្កា ស្លៀកសំពត់សមនឹងយសសក្តិ កំពុងធ្វើដំណើរចូលនគរ ។ នៅលើចុងសសរបន្ទាយជិត​​នគរ​មានក្អែកពីរទំនៅទីនោះ បណ្តាក្អែកទាំងពីរនោះ ក្អែកមួយនិយាយនឹងក្អែកមួយទៀតថា នែសម្លាញ់ ខ្ញុំនឹងជុះអាចម៍ដាក់ក្បាលព្រាហ្មណ៍នេះ ។ ក្អែកមួយទៀតជំទាស់ថា អ្នកកុំនឹកចង់សប្បាយយ៉ាងនេះឡើយ ព្រាហ្មណ៍នេះជា អ្នកធំ ធម្មតាការបង្ក​ពៀរ​វេរានឹងឥស្សរជន អ្នកនឹងជួបប្រសព្វនឹងផលអាក្រក់ក្រៃលែង ណាស់ ព្រោះថាកាលបើព្រាហ្មណ៍នោះ​ក្រោធហើយ នឹងធ្វើក្អែកទាំងអស់ឲ្យវិនាសបាន ។ក្អែកមួយនោះពោលថា ខ្ញុំមិនអាចផ្លាស់ប្តូរចិត្តបាន ។ ក្អែកមួយទៀតពោលថា បើយ៉ាងនោះ អ្នកនឹងបានដឹងខ្លួនឯង ហើយក៏ហើរចៀសចេញទៅ ។ ក្អែកមួយនោះ ពេលព្រាហ្មណ៍មកដល់ខាងក្រោមសសរបន្ទាយ ក៏ធ្វើជាបន្ទន់ខ្លួនចុះ ហើយជុះអាចម៍ដាក់​ក្បាលព្រាហ្មណ៍នោះ ។ ព្រាហ្មណ៍ក្រោធ ចងពៀរ នឹងហ្វូងក្អែក ។ គ្រានោះ ទាសីបម្រើខាងបុកអង្ករម្នាក់ យកស្រូវហាលនៅក្បែរផ្ទះ អង្គុយយាម រួចក៏ដេកលក់ទៅ ពពែ​រោម​វែង​មួយដឹងថា ទាសីនោះធ្វេសប្រហែស ក៏មកស៊ីស្រូវ ទាសីនោះ ភ្ញាក់ឡើងឃើញពពែក៏ដេញទៅ ពពែលួចមកស៊ីស្រូវ ពេលដែលទាសីនោះដេកលក់ យ៉ាងនោះឯង អស់វារៈពីរបីដង ទាសីនោះក៏​ដេញ​ពពែនោះទៅទាំងបីដង ហើយគិតថា កាលពពែស៊ីរឿយ ៗ នឹងស៊ីស្រូវអស់ពាក់កណ្តាល អញនឹងខាតប្រយោជន៍ជាច្រើន ពេលនេះ ត្រូវធ្វើយ៉ាងណាកុំឲ្យពពែមកបានទៀត ។ នាងក៏កាន់ចន្លុះ (គ្រឿងអុជបំភ្លឺ ធ្វើដោយជ័រនិងស្លឹកឈើ ឬធ្វើដោយសំបកឈើមានជ័រ; មានច្រើនយ៉ាង : ចន្លុះស្លឹក, ចន្លុះក្រាក់, ចន្លុះស្មាច់...។ ) អង្គុយធ្វើដូចជាដេកលក់ កាលពពែចូលមកស៊ីស្រូវក៏ក្រោកឡើងគប់ពពែដោយចន្លុះ ពពែក៏ត្រូវភ្លើងឆេះ កាលរាងកាយត្រូវភ្លើងឆេះ ពពែគិតឲ្យភ្លើង រលត់ ទើបរត់ទៅយ៉ាងលឿន យកខ្លួនត្រដុសនឹងខ្ទមស្មៅមួយដែលនៅជិតរោងដំរី ខ្ទមនោះក៏ឆេះសន្ធោះសន្ធៅ អណ្តាតភ្លើងដែលកើតអំពីខ្ទមនោះ រាលទៅ​ឆេះ​រោង​ដំរី កាលរោងដំរីឆេះ ខ្នងដំរីក៏ឆេះដែរ ដំរីនីមួយ ៗ មានខ្លួនរបួសយ៉ាងដំណំ ។ ពួកហ្មដំរីមិនអាចនឹងព្យាបាល​ឲ្យជាបាន ក៏ក្រាបទូលព្រះរាជា ។ ព្រះរាជាក៏ត្រាស់នឹងបុរោហិតថា លោកអាចារ្យ ហ្មដំរីអស់ថ្វី​ដៃ ​ដែលនឹងរក្សាហ្វូងដំរីហើយ លោកល្មមនឹងស្គាល់ថ្នាំអ្វី ៗ ខ្លះឬ ? បុរោហិតទទួលព្រះរាជតម្រាស់​ថា​ ព្រះករុណាថ្លៃវិសេស ។ ព្រះរាជាត្រាស់សួរថា បានអ្វីទើបគួរ ? បុរោហិតក្រាបទូលថា បពិត្រ​មហារាជ ទាល់​តែ​បានខ្លាញ់ក្អែក ទើបអាចព្យាបាល បាន ។ ព្រះរាជាត្រាស់ថា បើដូច្នោះអ្នកទាំងឡាយ ចូរប្រើមនុស្សឲ្យទៅសម្លាប់ក្អែកយក ខ្លាញ់មកចុះ ។ ចាប់តាំងពីពេលនោះមក មនុស្សទាំងឡាយក៏នាំគ្នាទៅសម្លាប់ក្អែក មិនបានខ្ញាញ់ក៏បោះចោលជាគំនរ ៗ ក្នុងទីនោះ ៗ ។ មហាភ័យបានកើតឡើងដល់ហ្វូងក្អែក ។ គ្រានោះ ព្រះមហាបុរសមានហ្វូងក្អែក ៨ ម៉ឺនជាបរិវារនៅក្នុងព្រៃខ្មោច ។ មានក្អែកមួយមកប្រាប់ព្រះពោធិ​សត្វអំពីភ័យដែលកើតឡើងដល់ហ្វូងក្អែក ។ ព្រះមហាសត្វត្រិះរិះថា វៀរអាត្មាអញចេញហើយ អ្នកដទៃដែលអាចបំបាត់ភ័យ ដែលកំពុងកើតឡើង ដល់ពួកញាតិរបស់អញមិនមានឡើយ អញត្រូវកម្ចាត់​ភ័យ​នោះ ហើយរំពឹងនឹកដល់បារមី ១០ ប្រការ ធ្វើមេត្តាបារមីឲ្យជាបុរេចារិក (ប្រកបដោយកិរិយាប្រព្រឹត្តិទៅក្នុងខាងមុខ, ឱ្យជាចិត្តប្រកបដោយកិរិយាត្រាច់ទៅក្នុងខាមុខ) ហើយហើរទៅម្នាក់ឯងប៉ុណ្ណោះ ចូលទៅតាមប្រហោងបង្អួចដែលគេបើកទុក ចូលទៅលាក់ខ្លួននៅខាងក្រោមរាជាសនៈ ។ ពេលនោះ អាមាត្យម្នាក់ ធ្វើអាកប្បកិរិយា នឹងចាប់ស្តេចក្អែកពោធិសត្វ ព្រះរាជាត្រាស់ហាមឃាត់ថា ក្អែក​ចូលមករកទីពឹង កុំចាប់ក្អែកនោះឡើយ ។ ស្តេចក្អែកសម្រាកនៅទីនោះបន្តិច ហើយរំពឹងនឹកដល់ព្រះ​​បារមី ចេញអំពីអាសនៈ ក្រាបទូលព្រះរាជាថា បពិត្រមហារាជ ធម្មតាព្រះរាជាមិនត្រូវលុះក្នុងអំណាច​អគតិ មានឆន្ទាគតិជាដើម ទើបប្រពៃ កម្មណា ៗ ដែលនឹងត្រូវធ្វើ កម្មនោះ ៗ ត្រូវពិចារណា ឲ្យល្អិត​​ល្អន់ហើយសឹមធ្វើ ទើបប្រពៃ ម៉្យាងទៀត កម្មណាដែលនឹងធ្វើត្រូវបានផល កម្មនោះប៉ុណ្ណោះទើបគួរធ្វើ កម្មក្រៅអំពីនេះមិនគួរធ្វើ ប្រសិនបើព្រះរាជាទាំងឡាយ ទ្រង់ធ្វើកម្មដែលធ្វើទៅមិនសម្រេចផលនោះ មហាភ័យ មានមរណភ័យជាទីបំផុត រមែងកើតឡើងដល់មហាជន ត្បិតបុរោហិតឋិតនៅក្នុងអំណាចនៃការចងពៀរ បានក្រាបទូលកុហក ធម្មតាខ្ញាញ់រាវរបស់ក្អែកទាំងឡាយមិនមានឡើយ ។ ព្រះរាជាទ្រង់ព្រះសណ្តាប់ពាក្យនោះហើយ មានព្រះទ័យជ្រះថ្លា ឲ្យព្រះបរមពោធិសត្វទំនៅលើតាំង ឲ្យរាជបុរសលាបស្លាបដោយប្រេងដែលរម្ងាស់ហើយ ១ សែនដង ឲ្យបរិភោគអាហារដ៏ស្អាតដូចជាព្រះក្រយាហារ ឲ្យផឹកទឹក លុះស្តេចក្អែកសប្បាយចិត្ត បាត់ការហត់នឿយហើយ ទើបត្រាស់ពាក្យនេះថា នែបណ្ឌិត អ្នកពោលថា ធម្មតាខ្ញាញ់រាវរបស់ក្អែកទាំងឡាយមិនមាន ព្រោះហេតុដូចម្តេច ទើបក្អែកទាំងឡាយមិនមានខ្ញាញ់រាវ ? ព្រះមហាសត្វកាលនឹងក្រាបទូល ក៏ពន្យល់ថា បពិត្រមហារាជ ដោយហេតុឈ្មោះនេះ ដោយហេតុឈ្មោះនេះ ធ្វើព្រះរាជវាំងទាំងមូលឲ្យមានសំឡេងតែមួយ សម្តែងធម៌ពោលគាថានេះថា និច្ចំ ឧព្ពិគ្គហទយា, សព្ពលោកវិហេសកា; តស្មា នេសំ វសា នត្ថិ, កាកានម្ហាក ញាតិនំ។ ក្អែកទាំងឡាយ ជាសត្វមានហឫទ័យភ្ញាក់ផ្អើលជានិច្ច ជាសត្វបៀតបៀនមនុស្សលោកទាំងពួង ព្រោះហេតុនោះ បានជាខ្លាញ់រាវនៃពួកក្អែក ជាញាតិរបស់យើងទាំងនោះ មិនចេះមានឡើយ ។ ក្នុងគាថានោះ មានសេចក្តីសង្ខេបដូច្នេះ បពិត្រមហារាជ ធម្មតាហ្វូងក្អែកមានចិត្តភ្ញាក់ផ្លើល គឺធ្លាប់តែតក់​ស្លុតជានិច្ច ។ បទថា សព្វលោកវិហេសកា សេចក្តីថា ក្អែកទាំងឡាយជាសត្វចូលចិត្តបៀតបៀន គម្រាម​កំហែងមនុស្សដែលជាធំ មានក្សត្រជាដើមខ្លះ ស្ត្រីបុរសទូទៅខ្លះ ក្មេងប្រុសក្មេងស្រីជាដើមខ្លះ ហេតុ​នោះ គឺដោយហេតុពីរប្រការនេះ ខ្ញាញ់រាវរបស់ក្អែកទាំងឡាយដែលជាញាតិរបស់ទូលបង្គំទាំងនោះ ទើបមិនមាន សូម្បីក្នុងអតីតក៏មិនធ្លាប់មាន សូម្បីក្នុងអនាគតក៏នឹងមិនមាន ។ ស្តេច​ក្អែកពោធិសត្វចង្អុលបង្ហាញហេតុនេះ ដោយប្រការដូច្នេះហើយ ទូលដាស់តឿនព្រះរាជាថា បពិត្រ​មហា​​រាជ ធម្មតាព្រះរាជាមិនបានពិចារណាហើយ មិនគប្បីបដិបត្តិព្រះរាជកិច្ច ។ ព្រះរាជាទ្រង់ពេញព្រះ​ទ័យ​បូជា​ព្រះបរមពោធិសត្វដោយរាជសម្បត្តិ ។ ព្រះមហាសត្វថ្វាយរាជសម្បត្តិចំពោះព្រះរាជាវិញ ឲ្យព្រះ​រាជា​តាំងនៅក្នុងបញ្ចសីល ទូលសូមព្រះរាជទានអភ័យដល់សត្វទាំងពួង ។ ព្រះរាជាទ្រង់ព្រះសណ្តាប់​នូវព្រះធម្មទេសនាហើយ ទ្រង់ព្រះរាជទានអភ័យដល់សត្វទាំងពួង ទ្រង់តម្កល់និពទ្ធទាន គឺទានដែល​ឲ្យជាប្រចាំដល់ហ្វូងក្អែក ហើយបញ្ជាឲ្យដាំបាយប្រមាណមួយថាំង (ប្រដាប់ធ្វើដោយឈើសម្រាប់​ដង, សម្រាប់រែកទឹក ) លាយដោយវត្ថុដែលមានរសដ៏ប្រណីតផ្សេង ៗ ព្រះរាជទានដល់ហ្វូងក្អែករាល់ ៗ ថ្ងៃ ចំណែកព្រះបរមពោធិសត្វបានទទួលព្រះរាជទានព្រះក្រយាហារនោះឯង ។ ព្រះបរមសាស្តា ទ្រង់នាំយកព្រះធម្មទេសនានេះមកហើយ ទ្រង់ប្រជុំជាតកថាតទា ពារាណសិរាជា អានន្ទោ អហោសិ ព្រះរាជានគរពារាណសីក្នុងកាលនោះ បានមកជាអានន្ទ ។កាករាជា បន អហមេវ អហោសិំ ចំណែកស្តេចក្អែក គឺ តថាគតនេះឯង ៕ កាកជាតក ចប់ ។ (ជាតកដ្ឋកថា សុត្តន្តបិដក ខុទ្ទកនិកាយ ជាតក ឯកកនិបាត អសម្បទានវគ្គ បិដកលេខ ៥៨ ទំព័រ ៦១) ដោយ៥០០០ឆ្នាំ
images/articles/2837/t323efwtpic.jpg
Public date : 01, Dec 2020 (2189 Read)
វិរោចជាតក (រឿងភិក្ខុទេវទត្តធ្វើតាមពុទ្ធលីលា) ជាតកដ្ឋកថា សុត្តន្តបិដក ខុទ្ទកនិកាយ ជាតក ឯកកនិបាត កកណ្ដកវគ្គ បិដកលេខ ៥៨ ទំព័រ ៦៣ ព.ស. ២៥៦១ ព្រះសាស្ដា កាលស្ដេចគង់នៅក្នុងវត្តជេតពន ទ្រង់ប្រារព្ធភាពដែលភិក្ខុទេវទត្តសម្ដែងអាកប្បកិរិយាដូចព្រះសុគតនៅគយាសីសប្រទេស បានត្រាស់ព្រះធម្មទេសនានេះ មានពាក្យថា លសី ច តេ និប្ផលិតា ដូច្នេះជាដើម ។ សេចក្ដីពិស្ដារថា ភិក្ខុទេវទត្តមានឈានសាបសូន្យហើយ ក៏សាបសូន្យចាកលាភ​​សក្ការៈ​ផងដែរ បានគិតថា នៅមានឧបាយម្យ៉ាងទៀត លុះគិតដូច្នេះហើយ ទើបក្រាបទូលសូមវត្ថុ ៥ ប្រការ (សូមឲ្យភិក្ខុទាំងឡាយនៅតែក្នុងព្រៃជាវត្តអស់មួយជីវិត ភិក្ខុណានៅក្នុងស្រុក ភិក្ខុនោះនឹងត្រូវទោស ១ សូមឲ្យភិក្ខុទាំងឡាយកាន់បិណ្ឌបាតជាវត្តអស់មួយជីវិត ភិក្ខុណាត្រេកអរដោយការនិមន្តន៍ ភិក្ខុនោះនឹងត្រូវទោស ១ សូមឲ្យភិក្ខុទាំងឡាយប្រើប្រាស់តែសំពត់បង្សុកូលអស់មួយជីវិត ភិក្ខុណាត្រេកអរចំពោះគហ​បតិចីវរ ភិក្ខុនោះនឹងត្រូវទោស ១ សូមឲ្យភិក្ខុទាំងឡាយនៅទៀបគល់ឈើជាវត្តអស់មួយជីវិត ភិក្ខុណាចូល​ទៅនៅក្នុងទីប្រក់ទីបាំង ភិក្ខុនោះនឹងត្រូវទោស ១ សូមកុំឲ្យភិក្ខុទាំងឡាយឆាន់ត្រី និងសាច់អស់មួយ​ជីវិត ភិក្ខុណាឆាន់ត្រី និងសាច់ ភិក្ខុនោះនឹងត្រូវទោស១) អំពីព្រះសាស្ដា កាលមិនបាន ក៏បបួលភិក្ខុ ​៥០០ រូបដែលជាសទ្ធិវិហារិក (អ្នកនៅជាមួយ គឺភិក្ខុឬសាមណេរដែលជាសិស្សរបស់ឧបជ្ឈាយ៍ ត្រូវ​នៅក្នុងអំណាច ឧបជ្ឈាយ៍ឲ្យលោកមើលការខុសត្រូវស្ដីប្រដៅជានិច្ច)របស់ព្រះអគ្គសាវកទាំងពីរ ដែល​ទើបនឹងបួសថ្មី មិនទាន់ចេះដឹងក្នុងព្រះធម្មវិន័យ ទៅកាន់គយាសីសប្រទេស បំបែកសង្ឃ ធ្វើសង្ឃ​កម្មផ្សេងគ្នាក្នុងសីមាជាមួយគ្នា ។ ព្រះសាស្ដាទ្រង់ជ្រាបវេលានៃបញ្ញារបស់ភិក្ខុទាំងនោះចាស់ក្លាហើយ ទើបបញ្ជូនព្រះអគ្គសាវកទាំងពីរទៅកាន់ទីនោះ ។ ទេវទត្តឃើញព្រះអគ្គសាវកទាំងពីរភ្លាមក៏សប្បាយចិត្ត គិតថា កាលអញសម្ដែងធម៌មួយយប់ទល់ភ្លឺនឹងធ្វើ អាកប្បកិរិយាដូចព្រះពុទ្ធ លុះគិតដូច្នោះហើយ កាលនឹងសម្ដែងអាកប្បកិរិយាដូចព្រះសុគត ទើបពោលថា ម្នាលសារីបុត្រ ភិក្ខុសង្ឃមិនទាន់ងោកងុយនៅឡើយទេ អ្នកចូរសម្ដែងធម្មី​ក​ថាដល់ភិក្ខុទាំងឡាយចុះ តថាគតរោយខ្នងខ្លាំងណាស់ តថាគតនឹងតម្រង់ខ្នងបន្តិច ហើយក៏ចូល​ទៅសិង ។ ព្រះអគ្គសាវកទាំងពីរសម្ដែងធម៌ដល់ភិក្ខុទាំងនោះឲ្យភ្ញាក់ដោយមគ្គផលទាំងឡាយហើយ ​បាននាំត្រឡប់មកកាន់វត្តវេឡុវ័នទាំងអស់ ។ ភិក្ខុកោកាលិកឃើញវិហារសូន្យចាកភិក្ខុ ក៏ទៅកាន់​សម្នាក់ទេវទត្ត ហើយពោលថា នៃអាវុសោទេវទត្ត អគ្គសាវកទាំងពីររបស់លោក ទម្លាយបរិស័ទរបស់​​លោកហើយ នាំភិក្ខុទាំងនោះទៅអស់ នៅសល់តែវិហារទទេ ចំណែកលោករវល់តែសិងដល់ពេល​ណា​​ទៀត ហើយកន្ត្រាក់សំពត់ដណ្ដប់របស់ទេវទត្តចេញ យកកែងជើងធាក់កណ្ដាលទ្រូង ដូចដំដែក​គោល​​នឹងជញ្ជាំងផ្ទះ ភ្លាមនោះឯង ឈាមក៏ហូរចេញអំពីមាត់របស់ទេវទត្ត តាំងអំពីពេលនោះ​មក ទេវ​ទត្តក៏ធ្លាក់ខ្លួនឈឺ ។ ព្រះសាស្ដាត្រាស់សួរព្រះសារីបុត្រថា ម្នាលសារីបុត្រ វេលាដែលអ្នកនាំគ្នាទៅ ទេវទត្តកំពុងធ្វើអ្វី ? ព្រះថេរៈទូលថា បពិត្រព្រះអង្គដ៏ចម្រើន ទេវទត្តឃើញខ្ញុំព្រះអង្គទាំងពីរហើយ គិតនឹងធ្វើតាមព្រះអង្គ កាលសម្ដែងអាកប្បកិរិយាដូចព្រះសុគត ក៏ដល់នូវការវិនាសធំ ។ ព្រះសាស្ដាត្រាស់ថា ម្នាលសារីបុត្រ មិន​មែន​​តែពេលនេះប៉ុណ្ណោះទេ ដែលទេវទត្តធ្វើតាមតថាគតហើយដល់ការវិនាសនោះ សូម្បីក្នុងកាលមុនក៏ធ្លាប់ធ្វើតាមតថាគត ហើយដល់ការវិនាសដូចគ្នាដែរ កាលព្រះថេរៈទូលអារាធនា ទើបទ្រង់នាំអតីតនិទានមកសម្ដែងដូចតទៅៈ អតីតេ ក្នុងអតីតកាល កាលព្រះបាទព្រហ្មទត្តសោយរាជសម្បត្តិក្នុងនគរពារាណសី ព្រះពោធិសត្វ​សោយ​ព្រះជាតិជាកេសររាជសីហ៍ នៅក្នុងគុហាមាស ក្នុងព្រៃហិមពាន្ត ។ ថ្ងៃមួយ ស្ដេចរាជសីហ័ពោធិ​សត្វ​ចេញអំពីគុហារលាស់កាយ សម្លឹងមើលទិសទាំង ៤ បន្លឺសីហនាទ ហើយចេញទៅរកចំណី បានសម្លាប់​ក្របីធំមួយស៊ីសាច់ ហើយចុះកាន់ស្រះ ផឹកទឹកដែលមានពណ៌ដូចកែវមណី ឆ្អែតពេញពោះហើយ ​ដើរសំដៅទៅគុហាវិញ ។ គ្រានោះ មានចចកមួយខ្វល់ខ្វាយស្វែងរកចំណី ពើបផ្លូវនឹងរាជសីហ៍ពោធិសត្វ កាលមិនអាចនឹងគេច​ចេញ​ទៅណាបាន ក៏ដេកក្រាបចុះជិតជើងខាងមុខរបស់រាជសីហ៍ កាលរាជសីហ៍សួរថា នែចចក អ្នកមាន​ការអ្វីហ្នឹង ? ចចកក៏ពោលថា បពិត្រលោកម្ចាស់ ខ្ញុំមកទីនេះ ដោយបំណងថា នឹងបម្រើលោក ។ រាជសីហ៍ពោលថា ល្អហើយចឹង អ្នកចូរបម្រើយើងចុះ យើងនឹងឲ្យអ្នកបានស៊ីសាច់ឆ្ងាញ់ៗ ហើយនាំចចកទៅកាន់គុហាមាស ។ ចាប់ពីពេលនោះមក ចចកក៏បានស៊ីសាច់ដែលសល់អំពីរាជសីហ៍ កន្លងទៅបានពីរបីថ្ងៃ ចចករៀងមានសាច់មានឈាមធំធាត់ ។ ក្រោយមករាជសីហ៍ដេកនៅក្នុងគុហាប្រាប់ចចកថា អ្នកចូរទៅចុះ ចូរឡើង​លើកំពូលភ្នំ ហើយបើចង់ស៊ីសាច់សត្វណា មានដំរី សេះ ក្របីជាដើម ដែលត្រាច់ទៅមកនៅជើងភ្នំនេះ ចូរ​ចំណាំសត្វនោះទុក ហើយមកប្រាប់យើងថា ខ្ញុំចង់ស៊ីសាច់សត្វឯណោះ ហើយចូរប្រាប់ថា សូមលោក​ម្ចាស់ចូរចម្រើន ដូច្នេះហើយ យើងនឹងសម្លាប់សត្វនោះ ស៊ីសាច់ឆ្ងាញ់ៗហើយនឹងចែកដល់អ្នក ។ ចចកក៏ឡើងទៅកាន់កំពូលភ្នំរកមើលហ្វូងម្រឹគផ្សេងៗ លុះនឹកចង់ស៊ីសាច់សត្វប្រភេទណា ក៏ចូលទៅកាន់គុហាមាសប្រាប់សត្វនោះដល់រាជសីហ៍ ហើយក្រាបចុះជិតជើងរាជសីហ៍ពោលថា បពិត្រលោក​ម្ចាស់ សូមលោកម្ចាស់ចូរចម្រើន ។ រាជសីហ៍រត់ទៅយ៉ាងលឿន ប្រសិនបើឃើញដំរីចុះប្រេង ក៏សម្លាប់ឲ្យស្លាប់នៅទីនោះតែម្ដង ហើយខ្លួនឯងស៊ីសាច់ល្អៗខ្លះ ឲ្យចចកខ្លះ ចចកស៊ីសាច់ឆ្អែតហើយចូលគុហាដេកលក់យ៉ាងស្រួល ។ លុះវេលាកន្លងយូរទៅ ចចកក៏កើតមានះថា សូម្បីយើងក៏ជាសត្វជើង ៤ ដែរ ហេតុអ្វីចាំបាច់ឲ្យអ្នកដទៃចិញ្ចឹមរាល់ៗថ្ងៃ ចាប់ពីថ្ងៃនេះទៅ យើងនឹងសម្លាប់ដំរីជាដើមស៊ីសាច់សូម្បីតែរាជសីហ៍ដែលជាស្ដេចម្រឹគ ក៏ត្រូវអាស្រ័យអញជួយពោលថា បពិត្រលោកម្ចាស់ សូមលោកម្ចាស់ចូរចម្រើន ដូច្នេះប៉ុណ្ណោះ ក៏សម្លាប់ដំរីបាន អញត្រូវឲ្យរាជសីហ៍និយាយនឹងអញខ្លះថា បពិត្រចចក សូមលោកចូរចម្រើន ដូច្នេះក៏នឹងសម្លាប់ដំរី ហើយស៊ីសាច់ដែរ ។ ចចកនោះ លុះគិតដូច្នោះហើយ ក៏ចូលទៅរករាជសីហ៍ហើយពោលថា បពិត្រលោកម្ចាស់ ខ្ញុំស៊ីសាច់ដំរីដែលលោកម្ចាស់សម្លាប់មកយូរហើយ ខ្ញុំចង់សម្លាប់ដំរីមួយស៊ីសាច់ដែរ ហេតុនោះ ខ្ញុំសូមដេកក្នុងគុហាមាសលើទីដេករបស់លោក សូមលោកជួយមើលដំរីដែលត្រាច់ទៅមកតាមជើងភ្នំ ហើយមកកាន់សម្នាក់ខ្ញុំប្រាប់ថា នែចចក សូមអ្នកចូរចម្រើន សូម្បីត្រឹមតែប៉ុណ្ណេះឯង លោកកុំកំណាញ់ឡើយ ។ ពេលនោះ រាជសីហ៍ប្រាប់ចចកនោះថា នែចចក អ្នកមិនអាចសម្លាប់ដំរីបានទេ ធម្មតា ចចកដែលកើតក្នុងត្រកូលសីហៈ អាចសម្លាប់ដំរីបានមិនមានក្នុងលោកឡើយ អ្នកកុំពេញចិត្តយ៉ាងនេះឡើយ រង់ចាំស៊ីសាច់ដំរីដែលយើងសម្លាប់បានហើយចុះ ។ សូម្បីរាជសីហ៍ប្រាប់យ៉ាងនេះហើយ ចចកនោះមិនលះបង់ការតាំងចិត្ត នៅតែរំអុកដដែល ។ រាជសីហ៍កាលមិនអាចហាមចចកបានក៏ទទួលពាក្យ ហើយពោល​ថា ​បើដូច្នោះ អ្នកចូរទៅកាន់លំនៅរបស់យើង ដេករង់ចាំចុះ ហើយឲ្យចចកដេកក្នុងគុហាមាស ខ្លួន​ឯង​រង់ចាំមើលដំរីចុះប្រេងដែលដើរនៅតាមជើងភ្នំ ហើយទៅកាន់មាត់ទ្វារគុហាប្រាប់ថា នែចចក សូមអ្នក​ចូរចម្រើន ។ ចចកចេញអំពីគុហារលាស់ខ្លួន សម្លឹងមើលទិសទាំង ៤ លូបីដង រួចគិតថា យើងត្រូវ​លោតចុះឲ្យចំត្រង់ក្បាលដំរីចុះប្រេង ក៏ភ្លាត់ធ្លាក់នៅក្បែរជើងដំរី ដំរីលើកជើងស្ដាំជាន់ក្បាលល​​លាដ៍​​ក្បាល​បែកជាលម្អិតតូចធំ ពេលនោះ ដំរីយកជើងជាន់ឈ្លីរាងកាយរបស់ចចកនោះធ្វើជាដុំៗហើយចុះអាចម៍ដាច់ចចក បន្លឺកោញ្ចនាទរួចចូលព្រៃទៅ ។ ព្រះពោធិសត្វឃើញការការប្រព្រឹត្តទៅដូច្នោះ ក៏ពោលថា នែចចក ពេលនេះ អ្នកចូរបន្លឺសំឡេងចុះ ដូច្នេះហើយ ទើបពោលគាថានេះថា លសី ច តេ និប្ផលិតា, មត្ថកោ ច បទាលិតោ; សព្ពា តេ ផាសុកា ភគ្គា, អជ្ជ ខោ ត្វំ វិរោចសិ។ ខួរក្បាលរបស់អ្នកធ្លាយចេញផង លលាដ៍ក្បាលរបស់អ្នកបែកធ្លាយផង ឆ្អឹងជំនីរទាំងអស់របស់អ្នកដំរីបំបាក់ហើយផង ក្នុងថ្ងៃនេះ អ្នកនៅរុងរឿងអ្វីទៀត ។ បណ្ដាបទទាំងនោះ បទថា លសី ប្រែថា ខួរក្បាល ។ បទថា និប្ផលិតា ប្រែថា ហូរចេញហើយ ។ ព្រះសាស្ដាទ្រង់នាំព្រះធម្មទេសនានេះមកហើយ ទ្រង់ប្រជុំជាតកថា តទា សិង្គាលោ ទេវទត្តោ អហោសិ ចចកក្នុងកាលនោះ គឺ ទេវទត្ត ។ សីហោ បន អហមេវ អហោសិំ ចំណែករាជសីហ៍ គឺតថាគតនេះឯង ។ ចប់ វិរោចជាតក ។ (ជាតកដ្ឋកថា សុត្តន្តបិដក ខុទ្ទកនិកាយ ជាតក ឯកកនិបាត កកណ្ដកវគ្គ បិដកលេខ ៥៨ ទំព័រ ៦៣ ) ដោយ៥០០០ឆ្នាំ
images/articles/2838/thjxtpic.jpg
Public date : 01, Dec 2020 (2594 Read)
ព្រះនាលកត្ថេរបានស្ដាប់ដូចនោះហើយ ក៏ជាអ្នកមានសេចក្ដីប្រាថ្នាតិចក្នុងឋានៈ ៣ គឺ ការក្នុងឃើញ ១ ក្នុងការស្ដាប់ ១ ក្នុងការសួរ ១ ។ កាលចប់ព្រះធម្មទេសនា ព្រះនាលកៈមានចិត្តជ្រះថ្លា ថ្វាយបង្គំព្រះ​មានព្រះភាគ ហើយចូលទៅកាន់ព្រៃ មិនញ៉ាំងការប្រាថ្នាច្រើនឲ្យកើតឡើងថា ធ្វើយ៉ាងណាហ៎្ន ទើប​​យើងបានគាល់ព្រះមានព្រះភាគទៀត នេះគឺជាភាពជាអ្នកប្រាថ្នាតិចក្នុងការឃើញរបស់ព្រះនា​ល​កៈ ​។ មួយទៀត មិនញ៉ាំងការប្រាថ្នាច្រើនឲ្យកើតឡើងថា ធ្វើយ៉ាងណាហ៎្ន យើងគប្បីបានស្ដាប់ព្រះធម្មទេសនាទៀត នេះគឺភាពជាអ្នកប្រាថ្នាតិក្នុងការស្ដាប់របស់ព្រះនាលកៈ ។ មួយទៀត មិនញ៉ាំងការប្រាថ្នា​ច្រើនឲ្យកើតឡើងថា ធ្វើដូចម្ដេចហ៎្ន យើងគប្បីបានសាកសួរក្នុងមោនេយ្យបដិបទាទៀត នេះគឺ ភាពជាអ្នកប្រាថ្នាតិក្នុងការសួររបស់ព្រះនាលកៈនោះ ។ ព្រះនាលកៈនោះ ជាអ្នកមានសេចក្ដីប្រាថ្នាតិចយ៉ាងនេះ ចូលទៅកាន់ជើងភ្នំហើយ មិននៅអស់ ២ ថ្ងៃក្នុង​ព្រៃមួយ, មិនអង្គុយអស់ ២ ថ្ងៃ នៅក្រោមដើមឈើមួយ, មិនចូលទៅបិណ្ឌបាតក្នុងស្រុកមួយ អស់ ២ ​ថ្ងៃ ។ ព្រះនាលកៈត្រាច់ពីព្រៃមួយទៅព្រៃមួយ ពីដើមឈើមួយទៅដើមឈើមួយ ពីស្រុកមួយទៅស្រុក​មួយ បដិបត្តិបដិបទាដ៏សមគួរ ហើយតាំងនៅក្នុងអរហត្តផល ។ ភិក្ខុអ្នកបំពេញមោនេយ្យបដិ​បទា​យ៉ាងឧក្រិដ្ឋ នឹងមានជីវិតរស់នៅបាន ៧ ខែប៉ុណ្ណោះ ។ បំពេញយ៉ាងកណ្ដាល នឹងមានជីវិតរស់​នៅ​បាន ៧ ឆ្នាំ ។ បើបំពេញកម្រិតស្រាល នឹងមានជីវិតរស់នៅបាន ១៦ ឆ្នាំ ។ ព្រះនាលកត្ថេរនេះ លោកបដិបត្តិយ៉ាងឧក្រិដ្ឋ ដូច្នោះលោករស់នៅបានត្រឹមតែ ៧ ខែ ដឹងថា ខ្លួននឹងអស់​អាយុ ទើបស្រង់ទឹក ស្លៀកបណ្ដប់សំពត់ ក្រវ៉ាត់វត្ថពន្ធចង្កេះ ដណ្ដប់សង្ឃាដិ ២ ជាន់ បែរមុខទៅទិស​ដែលព្រះទសពលគង់នៅ ថ្វាយបង្គំដោយបញ្ចង្គបត្រិស្ថាន ផ្គងអញ្ជលី ឈរត្រង់ចង្កេះភ្នំហិង្គុ​លិកៈ ​បរិនិព្វានដោយអនុបាទិសេសនិព្វានធាតុ ។ ព្រះមានព្រះភាគទ្រង់ជ្រាបថា ព្រះនាលកៈបរិនិព្វានហើយ ទើបស្ដេចយាងទៅកាន់ភ្នំនោះព្រមដោយភិក្ខុ​សង្ឃ ធ្វើឈាបនកិច្ច ឲ្យកាន់យកព្រះធាតុយកទៅបញ្ចុះនៅចេតិយ ហើយស្ដេចយាងត្រឡប់ ។ (បរមត្ថជោតិកា សុត្តន្តបិដក ខុទ្ទកនិកាយ សុត្តនិបាត មហាវគ្គ នាលកសូត្រ) ដោយខេមរ អភិធម្មាវតារ ដោយ៥០០០ឆ្នាំ
images/articles/2886/______red.jpg
Public date : 01, Dec 2020 (2957 Read)
ខ្ញុំបានស្តាប់មកយ៉ាងនេះ ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងវត្តវេឡុវ័ន ជាកលន្ទនិវាបស្ថាន ជិតក្រុងរាជគ្រឹះ ។ សម័យនោះឯង ព្រះសារីបុត្តដ៏មានអាយុ និងព្រះមហាមោគ្គល្លានដ៏មានអាយុ ​នៅក្នុងវត្តកបោតកន្ទរា ។ សម័យនោះ ព្រះសារីបុត្តដ៏មានអាយុមានសក់ទើបកោរថ្មី ។ អង្គុយក្នុង​ទីវាល ចូលកាន់សមាធិណាមួយ ក្នុងរាត្រីខាងខ្នើត ។ សម័យនោះ មានយក្ខពីរនាក់ជាសម្លាញ់នឹងគ្នា មកអំពីទិសខាងជើង ទៅទិសខាងត្បូង ដោយកិច្ចណា​មួយ ។ យក្ខទាំងនោះ បានឃើញព្រះសារីបុត្តដ៏មានអាយុ មានសក់ទើបកោរថ្មី ៗ អង្គុយក្នុងទីវាល ក្នុង​រាត្រីខាងខ្នើត លុះយក្ខម្នាក់បានឃើញហើយ និយាយប្រាប់យក្ខម្នាក់ទៀតថា ម្នាលសម្លាញ់ ចិត្តរបស់​ខ្ញុំកើតប្រាកដ ដើម្បីប្រហារក្បាលសមណៈនេះ ។ កាលបើយក្ខម្នាក់ និយាយយ៉ាងនេះហើយ យក្ខ​នោះក៏និយាយទៅនឹងយក្ខម្នាក់ទៀតនោះថា កុំសម្លាញ់ អ្នកកុំប្រហារសមណៈឡើយ ម្នាលសម្លាញ់​ សមណៈនោះមានគុណដ៏លើសលុបមានឫទ្ធិច្រើន មានអានុភាពច្រើន ។ យក្ខម្នាក់នោះ បាននិយាយនឹងយក្ខនោះជាគម្រប់ពីរដងទៀតថា ម្នាលសម្លាញ់ ចិត្តរបស់ខ្ញុំកើតប្រាកដ ​ដើម្បីប្រហារក្បាលសមណៈនេះ ។ យក្ខនោះ និយាយទៅនឹងយក្ខម្នាក់ទៀតនោះ ជាគម្រប់ពីរ ដង​ទៀត​ថា កុំសម្លាញ់ អ្នកកុំប្រហារសមណៈឡើយ ម្នាលសម្លាញ់ សមណៈនោះមានគុណដ៏​លើស​លុប​ មាន​ឫទ្ធិច្រើន មានអានុភាពច្រើន ។ យក្ខម្នាក់នោះ និយាយទៅនឹងយក្ខនោះ ជាគម្រប់បីដងទៀត​ថា ម្នាលសម្លាញ់ ចិត្តរបស់ខ្ញុំកើតប្រាកដ ដើម្បីប្រហារក្បាលសមណៈនេះ ។ យក្ខនោះនិយាយទៅនឹងយក្ខម្នាក់ទៀតនោះ ជាគម្រប់បីដងទៀតថា កុំសម្លាញ់ អ្នកកុំប្រហារសមណៈឡើយ ម្នាលសម្លាញ់សមណៈនោះ មានគុណដ៏លើសលុប មានឫទ្ធិច្រើន មានអានុភាពច្រើន ។ លំដាប់នោះ យក្ខម្នាក់នោះ មិនអើពើនឹងយក្ខនោះឡើយ ហើយប្រហារចំព្រះសិរ្សៈ ព្រះសារីបុត្តត្ថេរដ៏មានអាយុ ។ មានសេចក្តីដំណាលថា យក្ខនោះអាចពន្លិចដំរីមានកម្ពស់ ៧ ហត្ថ ឬ ៨ ហត្ថ (ឲ្យស្រុតទៅ​ក្នុងផែនដី) ក៏បាន អាចធ្វើកំពូលភ្នំធំ ឲ្យបែកខ្ទេចខ្ទីក៏បាន ដោយការប្រហារនោះ ។ លំដាប់នោះ ស្រាប់​តែយក្ខនោះពោលថា ខ្ញុំក្តៅណាស់ដូច្នេះ ហើយធ្លាក់ទៅកាន់មហានរក ត្រង់ទីនោះឯង ។ ព្រះមហាមោគ្គល្លានដ៏មានអាយុ បានឃើញយក្ខនោះ កំពុងប្រហារចំព្រះសិរ្សៈ ព្រះសារីបុត្តដ៏មានអាយុ ដោយទិព្វចក្ខុ ដ៏បរិសុទ្ធកន្លងចក្ខុរបស់មនុស្សធម្មតា លុះឃើញហើយ ក៏ចូលទៅរកព្រះសារីបុត្តដ៏មានអាយុ លុះចូលទៅដល់ហើយ ក៏និយាយនឹងព្រះសារីបុត្តដ៏មានអាយុថា ម្នាលអាវុសោ លោកល្មមអត់ធន់បានដែរឬ ល្មមប្រព្រឹត្តទៅ បានដែរឬ មិនមាន សេច​ក្តី​ទុ​ក្ខតិចតួចទេឬ ។ ព្រះសារីបុត្តដ៏មានអាយុ ប្រាប់ថា ម្នាលអាវុសោមោគ្គល្លាន ខ្ញុំល្មមអត់ធន់បាន ម្នាលអាវុសោមោគ្គ​ល្លាន​ ខ្ញុំល្មមប្រព្រឹត្តទៅបាន តែថា មានសេចក្តីទុក្ខបន្តិច ត្រង់ក្បាលរបស់ខ្ញុំ ។ ម្នាលអាវុសោសារីបុត្ត អស្ចារ្យ​ណាស់ ម្នាលអាវុសោសារីបុត្ត ចម្លែកណាស់ ព្រោះថា សារីបុត្តដ៏មានអាយុ មានឫទ្ធិច្រើន មានអានុភាពច្រើន ។ ម្នាលអាវុសោសារីបុត្ត ក្នុងទីនេះ មានយក្ខមួយប្រហារ ចំព្រះសិរ្សៈនៃលោក (ការប្រហារនោះ) ពេញជាការ​ប្រហារខ្លាំង ឯយក្ខនោះអាចពន្លិចដំរី មានកម្ពស់ ៧ ហត្ថ ឬ ៨ ហ្ថ (ឲ្យស្រុតទៅក្នុងផែនដីបាន) អាច​ធ្វើកំពូលភ្នំធំឲ្យបែកខ្ទេចខ្ទីបាន ដោយការប្រហារនោះ ។ ហេតុអ្វីក៏ព្រះសារីបុត្តដ៏មានអាយុ និយាយ​យ៉ាងនេះថា ម្នាលអាវុសោមោគ្គល្លាន ខ្ញុំល្មមអត់ធន់បាន ម្នាលអាវុសោមោគ្គល្លាន ខ្ញុំល្មមប្រព្រឹត្ត​ទៅបាន តែថា មានសេចក្តីទុក្ខបន្តិច ត្រង់ក្បាលរបស់ខ្ញុំ ។ ម្នាលអាវុសោមោគ្គល្លាន អស្ចារ្យណាស់ ម្នាលអាវុសោមោគ្គល្លាន ចម្លែកណាស់ ព្រោះថា មហាមោគ្គ​ល្លាន​ដ៏ មានអាយុ មានឫទ្ធិច្រើន មានអានុភាពច្រើន មើលយក្សឃើញបាន ចំណែកខាងយើង មិនឃើញ​សូម្បី​បិសាច ដែលអាស្រ័យនឹងអាចម៍ដីសោះឡើយ ។ ព្រះមានព្រះភាគ ទ្រង់ព្រះសណ្តាប់ពាក្យចរចា មានសភាពយ៉ាងនេះ របស់ព្រះមហានាគត្ថេរទាំងពីរអង្គនោះ ដោយទិព្វសោតធាតុដ៏បរិសុទ្ធ កន្លងសោតធាតុ របស់ មនុស្សធម្មតា ។ លុះព្រះមានព្រះភាគ ទ្រង់ជ្រាបច្បាស់សេចក្តីនុ៎ះហើយ ទើបបន្លឺឧទាននេះ ក្នុងវេលានោះថា យស្ស សេលូបមំ ចិត្តំ ឋិតំ នានុបកម្បតិ វិរត្តំ រជនីយេសុ កោបនេយ្យេ ន កុប្បតិ យស្សេវំ ភាវិតំ ចិត្តំ កុតោ តំ ទុក្ខមេស្សតិ។ ចិត្តរបស់បុគ្គលណា មានឧបមាដោយថ្មតាន់ នៅនឹង មិនញាប់ញ័រ ប្រាស់ចាកតម្រេក ក្នុងហេតុគួររីករាយទាំងឡាយ មិនក្រោធក្នុងវត្ថុគួរក្រោធ ចិត្តដែលបុគ្គលណា បានចម្រើនយ៉ាងនេះហើយ សេចក្តីទុក្ខនឹងមានមកដល់បុគ្គលនោះ អំពីណាបាន ។ (សុត្តន្តបិដក ខុទ្ទកនិកាយ ឧទាន មេឃិយវគ្គ បិដកលេខ ៥២ ទំព័រ ២០៥) ព្រះសារីបុត្រដ៏មានអាយុមានសម្បុរដូចមាស ព្រះមហាមោគ្គល្លានដ៏មានអាយុមានសម្បុរដូចផ្កាឧប្បល​ខៀវ ។ ព្រះថេរៈទាំងអង្គនោះឯង មានជាតិជាព្រាហ្មណ៍ ដល់ព្រមដោយអភិនីហារអស់ ១ អសង្ខេយ្យ និង ១ សែនកប្ប ជាអ្នកបាន សម្រេចអភិញ្ញា៦ និង បដិសម្ភិទា ជាព្រះមហាខីស្រព បាន​សមា​បត្តិគ្រប់យ៉ាង ដល់ទីបំផុត សាវកបារមីញាណ ៦៧ ប្រការ ធ្វើកបោតកន្ទរវិហារនោះឲ្យស្វាង​ស្វៃ​​ជាមួយគ្នា ដូចសីហៈពីរនៅល្អាងមាសតែមួយជាមួយគ្នា ដូចខ្លាធំពីរទម្រេតខ្លួនលើផែនដីតែមួយជា​មួយ​គ្នា ដូចស្ដេចដំរីឆទ្ទន្តពីរចូលព្រៃសាលវ័ន ដែលមានផ្ការីកស្គុះស្គាយ តែមួយជាមួយគ្នា ដូចស្ដេចគ្រុឌពីរ​នៅព្រៃសិម្ពលី តែមួយជាមួយគ្នា ដូចស្ដេចវេស្សវ័ណពីរអង្គឡើងយាន ដែលនាំ ដោយមនុស្សតែមួយ​ជាមួយគ្នា ដូចស្ដេចសក្កៈពីរអង្គ ប្រថាប់អង្គុយលើបណ្ឌុកម្ពល សិលាសនៈតែមួយជាមួយគ្នា ដូចស្ដេច​មហាព្រហ្មពីរអង្គនៅក្នុងវិមានតែមួយ ជាមួយគ្នា ដូចដួងចន្ទពីរដួង និង ព្រះអាទិត្យពីរដួងនៅក្នុងផ្ទៃអាកាសតែមួយជាមួយគ្នា ដូច្នេះ ។ បណ្ដាព្រះថេរៈទាំងអង្គនោះ ព្រះមហាមោគ្គល្លានដ៏អាយុបានគង់នៅស្ងៀម ចំណែកព្រះសារីបុត្រដ៏មានអាយុចូលសមាបត្ដិ ។ ពាក្យថា ចូលកាន់សមាធិណាមួយ បានដល់ ឧបេក្ខាព្រហ្មវិហារសមាបត្តិ ។ កេចិអាចារ្យទាំងឡាយពោលថាជា សញ្ញាវេទយិតនិរោធសមាបត្តិ ។’ ចំណែកអាចារ្យមួយពួកទៀតពោលថាជា ផលសមាបត្តិ ។ ពិតមែន សមាបត្តិទាំងឡាយ ៣ នេះ អាចដើម្បីនឹងរក្សានូវកាយបាន ។ (បរមត្ថទីបនី អដ្ឋកថា សុត្តន្តបិដក ខុទ្ទកនិកាយ ឧទាន មេឃិយវគ្គ យក្ខបហារសុត្ត) ដោយ៥០០០ឆ្នាំ
images/articles/1891/Untitled-1-Recovered.jpg
Public date : 25, Nov 2020 (59667 Read)
កាល​ពី​ព្រេង​នាយ មាន​ភ្នំ​មួយ​ឈ្មោះ​បំសុបពិត ស្ថិត​នៅ​ក្បែរ​ព្រំ​អាណាចក្រ​ពារាណសី។ នៅ​ញកភ្នំ​នោះ​មាន​ខ្លា​ធំ​មួយ មេ​ស្លាប់​ចោល​ទៅ នៅ​ជា​មួយ​បា​ចាស់​ជរា។ កាល​នោះ​មាន​សេក​មួយ​ក៏​ជា​សត្វ​សប្បុរស​ដែរ​អាស្រ័យ នៅ​នា​ភ្នំ​នោះ បាន​យក​ខ្លា​ធ្វើ​ជា​មិត្ត​សំឡាញ់​យ៉ាង​ជិត​ស្និទ្ធ។ សម័យ​ខាង​ក្រោយ​មក​មាន​បុរស​ម្នាក់​នៅ ក្នុង​បច្ចន្តជនបទ​ជា​មនុស្ស​ អសប្បុរស​ឈ្លោះ​ទាស់​ប្ដី​ប្រពន្ធ​លែង​លះ គ្នា​មនុស្ស​អសប្បុរស​នោះ ក៏​ដើរ​ស្ពាយ​បង្វិច​កាត់​ភ្នំ​បំសុបពិត​នោះ​សំដៅ​ទៅក្រុង ពារាណសី ទៅ​ដល់​ជើង​ភ្នំ​ជួប​នឹង​សេកៗ ធ្វើ​បដិសណ្ឋារៈ​សួរ​ដំណើរ​សព្វ​គ្រប់​បាន​ដឹង ថា​នឹង​ឆ្លង​កាត់​ភ្នំ​ទៅ​ក្រុង​ពារាណសី ក៏​ប្រាប់​ថា ភ្នំ​នេះ​មាន​ខ្លា​សាហាវ​ច្រើន​ណាស់ អញ្ជើញ​ទៅ​ពុំ​បាន​ទេ ក្រែង​មាន​គ្រោះ​ថ្នាក់​អញ្ជើញ​វាង តាម​ជើង​ភ្នំ​នេះ​ទៅ​វិញ។ បុរស​នោះ​មិន​ព្រម ឆ្លើយ​ប្រាប់​ថា​ខ្ញុំ​ចង់​ប្រញាប់​ស៊ូ​ដើរ​កាត់​ទៅ​ចុះ។ សេក​យល់​អធ្យាស្រ័យ​ហើយ ក៏​និយាយ​ប្រាប់ថា​បើ​ដូច្នោះ​អញ្ជើញ​ត្រង់​ញក​ភ្នំ​នេះ​ទៅ ខ្ញុំ​មាន​ពួក​ម៉ាក សំឡាញ់​ខ្លា​ធំ​មួយ​បើ​ទៅ​ជួប​ប្រាប់​ថា អ្នក​ជា​មិត្ត​ភ័ក្ត្រ​នឹង​ខ្ញុំៗ ឲ្យ​ជូន​ដំណើរ​ទៅ ក្រុង​ពារាណសី មើល​សុខទុក្ខ​តាមផ្លូវ​ឲ្យ​ផង​​ក្រែង​សត្រូវ​មើល​ងាយ។ មនុស្ស​អសប្បុរស​ ឮ​ដូច្នោះ​ មាន​សង្ឃឹម​ថា​នឹង​ ធ្វើ​ដំណើរ​កាត់​ភ្នំ​នេះ​បាន​ស្រួល​ហើយ ក៏​រកអាហារ​ស៊ី​ឲ្យ​មាន​ កម្លាំង​សេក​ក៏ បាន​រក​ផ្លែ​ឈើ​ឲ្យ​បរិភោគ​មិន​បរិភោគ​តែ​ផ្លែ​ឈើ​ប៉ុណ្ណោះ​ ដ៏​យក​ដំបង វាយ​សំលាប់​សេក នោះ​បោច​អាំង​ស៊ី​ថែម​ទៀត លុះ​ស៊ី​ហើយ​ក៏​ដើរ​សំដៅ ទៅ​រក​កន្លែង ខ្លាធំ​ដែល​សេក​បាន​ប្រាប់ ខ្លា​ឃើញ​បាន​ដឹង​ថា​ជា​មិត្ត​សំឡាញ់​នឹង​សេក ក៏​រាក់​ទាក់​ឲ្យ​ សំណាក់​នៅ​មួយ​យប់​សិន ខ្លា​ធំក៏​ចេញ​ទៅ​រក​ចំណី​អាហារ​មក​ជប់លៀង។ ក្នុង​ពេល ដែល​ខ្លាធំ​ចេញ​ទៅ បុរស​នោះ​ ជា​មួយ​ខ្លា​ចាស់​ជា​ឪពុក ក៏​និយាយ​ប្រាប់​ខ្លា​ចាស់​នោះ​ថា​អម្បាញ់​មិញ​ខ្ញុំ​សម្លាប់​សេក​មួយ អាំង​ស៊ី​ឆ្ងាញ់​ជាង​សេក​ធម្មតា ដែល​និយាយ​​យ៉ាង​នេះ​ដោយ​គិត​ថា​ខ្លា​ចាស់​មិន ដឹង​សេក​ជា​មិត្ត សំឡាញ់​នឹង​ខ្លា​ធំ​ជា​កូន​ទេ។ ឯ​ខ្លា​ធំ​រក​ចំណី​បាន ហើយ​ឲ្យ​បុរសនោះ​បរិភោគ​ឆ្អែក​ដេក​លក់។ ខ្លា​ចាស់​ប្រាប់​ថា បុរស​នេះ​សម្លាប់​សេក​ មិត្រ​ភក្តិ​កូន​ ឯង​ស្លាប់​ហើយ។ ខ្លា​ធំ​ឮ​ហើយ​យំ សោក ស្ទុះ​រត់​ទៅ​មើល​កន្លែង​ដែល​សេក នៅ​ឃើញ​តែ​រោម​នៅ​លើ​ដី​នឹក​ខឹង​ថា​នឹង​ស៊ីបុរស​នេះ​វិញ។ ឯ​បុរស​នោះ​ភ្ញាក់​ឡើង​បាត់ ខ្លា​ធំ ក៏​សួរ​ខ្លា​ចាស់​បាន​ដឹង​ថា​ទៅ​មើល​សេក​ដែល​ខ្លួន​ស៊ី ក៏​កើត​ទោសៈ​ចំពោះ​ខ្លាចាស់​ យក​ដំ​ថ្ម​គប់​ខ្លា​ចាស់​នោះ​ស្លាប់​ទៅ ហើយ​យក​ដំបង​មួយ​យ៉ាង​ធំ​ឈរ ក្បែរ​គល់​ឈើ​ចាំ វាយ​សំឡាប់​ខ្លា​ធំ​ទៀត ប៉ុន្តែ​ដោយ​ខ្លា​ធំ​មាន​ធម៌សប្បុរស​មិន​អាច​សម្លាប់ បាន​ឡើយ ឃើញ​ខ្លា​ធំ​មក​ដល់ បុរស​នោះ​ភ័យ​ញាប់ញ័រ​ក្រាប​ថ្វាយ​បង្គំ​សុំទោស។ ខ្លា​ធំ​ក្រឡេក មើល​ទៅ​ឃើញ​ឪពុក​ត្រូវ​ដំបង​បែកក្បាល​ស្លាប់ ដឹង​ថាបុរស​នោះ​ស្លាប់ នឹក​តូច​ចិត្ត​គិត​ខាំ​បុរស​នោះ​ម្ដង។ ប៉ុន្តែ​ធម្មតា​អ្នក​មាន​ធម៌​សប្បុរស​តែង មាន​គំនិត​គិត​វែង​ឆ្ងាយ ជឿ​បុណ្យ​ជឿ​ បាប​យល់​ហេតុ​ផល​ច្បាស់​លាស់ ទើប​មាន​គំនិត​ថា​មនុស្ស​នេះ​អសប្បុរស​អញ​មិន​គួរ​ប្រទូស្ដ​តប​ឲ្យ ជាប់​ពៀរ​នឹង​វា​ទេ សំឡាញ់​អញ​ក្ដី ឪពុក​អញ​ក្ដី ដែលស្លាប់​ ទៅ​គឺ​ជា​ផលកម្ម​របស់​គាត់​បាន សាង​ពី​បុព្វ​ជាតិ​មក យល់​ច្បាស់​ដូច្នេះ​ហើយ ក៏​និយាយ​រាក់​ទាក់​ទៅ​រក​បុរស​នោះ​ហើយ​ជូន​ដំណើរ ទៅ​ទៀត​ដរាបដល់​ផុត​ទី​មាន​គ្រោះ​ថ្នាក់។ ឯសេក​ដែល​ស្លាប់​ទៅ បាន​ទៅ​កើត​នៅ​ស្ថានសួគ៌​បរិបូណ៌​ដោយ​ទិព្វសម្បត្តិ​ដោយ អំណាច​នៃ​សប្បុរសធម៌។ ចំណែក​ខាង​ខ្លា​ធំ​ដល់​អស់​អាយុ​ ក៏បាន​ទៅ​កើត​នៅ​ស្ថាន ទេវលោក​ដូច​សេក​ដែរ។ សេចក្ដី​ពិសេស គួរ​សង្ស័យ​ថា​ខ្លា​ចាប់​តែ​សត្វ​ស៊ី​ជា​អាហារ ធ្វើ​បាណាតិបាត​រាល់​ពេល​ហេតុ​អ្វី​ក៏​បាន​កើត​ស្ថាន​សួគ៌​ដែរ? ដែល​ទៅ​កើត​ស្ថានសួគ៌ នោះ​មិន​មែន​អំពើ​បាណាតិបាត​នាំ​ទៅ​កើត​ទេ គឺ​សប្បុរស​ធម៌​ដែល​មាន​ក្នុង​សម័យ​ដែល មិន​គួរ​មាន​នោះ​ទេ នាំ​ទៅ​កើត មិន​ចាំ​បាច់​និយាយ​ឡើយ​ដល់​ទៅ​ខ្លា​ធំ ដែល​មាន សប្បុរស​ដល់​ម្ល៉ោះ សូម្បី​គ្មាន​សោះ​ក៏ ដោយ​បើ​ប្រសិន​ជា​ពេល​ជិត​ស្លាប់​ជនចិត្ត ចាប់​បាន កុសល​ធម៌​ណា​មួយ​ហើយ ទៀត​តែទៅ​សួគ៌​សិន មិន​ខាន​ដូច​ពុទ្ធភាសិត​ថា ចិត្តេ បរិសុទ្ធេ សុគតិ បាដិកង្ខា ចិត្ត​បរិសុទ្ធ ទៅសុគតិ។ ដកស្រង់ចេញពីសៀវភៅ ខំសាងកុសល ដោយ៥០០០ឆ្នាំ
© Founded in June B.E.2555 by 5000-years.org (Khmer Buddhist).