Tueday, 26 Oct B.E.2565  
Listen to Dhamma (Mp3)
Listening to Tripitaka (Mp3)
Teaching Dhamma (Mp3)
Audio Books (Mp3)
Block Thor Sot (Mp3)
កម្រងកំណាព្យនិងស្មូត្រ (Mp3)
កម្រងបទភ្លេងនិងចម្រៀង (Mp3)
Buddhism​ & Society (Mp3)
Read Dhamma (eBook)
Video Gallery
Recently Listen / Read
Live Radio
Metta Radio
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
Kalyanmet Radio
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
Buddha Speech Radio
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
Radio Koltoteng
ទីតាំងៈ វត្តគល់ទទឹង
ម៉ោងផ្សាយៈ ២៤ម៉ោង
Voice of Dhamma Radio
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
Radio RVD BTMC
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ០៤.០០​​​ - ២២.០០
Ponletrayroth Radio
ទីតាំងៈ ខេត្តតាកែវ
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
Notification
All Visitors
Today 106,903
Today
Yesterday 183,789
This Month 4,731,203
Total ២២៩,៥០៥,៩៨៦
free counters
កំពុងទស្សនា ចំនួន
STORY
images/articles/866/Untitled-1.jpg
Public date : 23, Jul 2021 (30860 Read)
រឿង​ជ្រូក​ឈ្មោះ​តច្ឆកៈ (​ ចាក​ ត​. ប. ) ( ចេះ​ស្តាប់​បង្គាប់​នាយ​ជន អាច​ញុំាង​ប្រ​យោជន៍​ឲ្យ​សម្រេច​បាន​​ ) កាល​កន្លង​ទៅ​ហើយ​ ក្នុង​ក្រុង​ពា​រាណសី​ មាន​ជាង​ឈើ​ម្នាក់​ ចូល​ទៅ​កាប់​ឈើ​ក្នុង​​ព្រៃ​ បាន​ឃើញ​ជ្រូក​ព្រៃ​តូច​មួយ​ធ្លាក់​អណ្តូង​ ក៏​រើស​យក​មក​ចិញ្ចឹម​ឲ្យ​ឈ្មោះ​ថា​ ត​ច្ឆ​កៈ ដល់​ជ្រូក​នោះ​ធំ​ឡើង​ ចេះ​ជួយ​ធ្វើ​ការ​ជាង​ឈើ​នោះ​តាម​សមត្ថ​ភាព​ រ​បស់​ខ្លួន​ មាន​ឈ្មុស​ត្រឡប់​ឈើ​ជា​ដើម​ ។​
images/articles/2275/Untitled-1-Recovered.jpg
Public date : 25, Jun 2021 (13902 Read)
រឿងដំរីឈ្មោះមហិឡាមុខ ក្នុងអតីតកាល ព្រះរាជា​ព្រះបាទព្រហ្មទត្ត ក្នុង​ព្រះនគរពារាណសី បាន​មាន​ដំរីមង្គល ឈ្មោះមហិឡាមុខ ជាសត្វ​មានសីល បរិបូរណ៍​ដោយមាយាទ មិនចេះបៀតបៀន​អ្នកណាម្នាក់​ឡើយ។ ក្រោយ​មក ថ្ងៃមួយ ក្នុងពេលរាត្រី ពួកចោរមកហើយបានអង្គុយ​ប្រឹក្សាគ្នា នៅក្បែររោងដំរីរបស់​ព្រះរាជា​អង្គ​នោះ ថា "ពួកយើង ត្រូវទំលាយឧម្មង្គ (រូង) យ៉ាងដូច្នេះ,
images/articles/2042/Untitled-1-Recovered.jpg
Public date : 25, Jun 2021 (90057 Read)
រឿង​សូ​ក​រប្រេត​ (​ព្រះ​នារទ​ត្ថេរ​សួរ​ថា​) កាយ​​ទាំង​មូល​របស់​អ្នក​ មាន​សម្បុរ​ដូច​មាស​ មាន​រស្មី​ភឺ្ល​ស្វាង​ សព្វ​ទិស​ តែ​មាត់​របស់​អ្នក​ដូច​មាត់​ជ្រូក តើ​អំពី​ភព​មុន​ អ្នក​បាន​ធ្វើ​អំពើ​ ដូច​ម្តេច ។ (​ប្រេត​តប​ថា​) បព្រិត​ព្រះ​នារ​ទៈ ខ្ញុំ​ជា​បុគ្គល​បាន​សង្រួម​កាយ​ តែ​មិន​សង្រួម​វា​ចា​ ព្រោះ​ហេតុ​នោះ​ បាន​ជា​ខ្ញុំ​មា​សម្បុរ​បែ​ប​នោះ ដូច​លោក​ម្ចាស់​បាន​ឃើញ​ស្រាប់​ហើយ បពិត្រ​ព្រះ​នារ​ទៈ ខ្ញុំ​សូម​ទូល​រឿង​នោះ
images/articles/2293/Untitled-1-Recovered.jpg
Public date : 25, Jun 2021 (64827 Read)
រឿង សេះឈ្មោះបណ្ឌវៈ ក្នុងអតីតកាល បានមានព្រះរាជា​ទ្រង់​ព្រះនាម​ថា សាមៈ ក្នុងក្រុងពារាណសី។ ព្រះពោធិសត្វបានជាអមាត្យ​អ្នក​បង្រៀន​អត្ថនិងធម៌​របស់ព្រះរាជាអង្គ​នោះ។ ក៏​ព្រះរាជា​ទ្រង់មានសេះ​មង្គល ឈ្មោះបណ្ឌវៈ។ អ្នកគង្វាល​សេះ​របស់​ព្រះអង្គ​ឈ្មោះ គិរិទត្ត ជាមនុស្សខ្ចក។ សេះឃើញ​អ្នក​គង្វាល​សេះ​នោះ​ចាប់​ខ្សែបង្ហៀរ (ដឹក) នាំមុខ​ហើយ ក៏សម្គាល់​ថា "អ្នកគង្វាល​សេះនេះ
images/articles/1886/Untitled-1-Recovered.jpg
Public date : 19, Jun 2021 (15978 Read)
រឿង​វិសមលោមរាជកុមារ (ផល​នៃ​ការ​ធ្វើ​ទាន​ដោយ​សេចក្ដី​ជ្រះថ្លា) កាល​សាសនា​ព្រះសម្ពុទ្ធ​ព្រះនាម​កស្សប មាន​បុរសម្នាក់​បាន​ស្ដាប់​ធម៌​ទេសនា ព្រះសម្ពុទ្ធ​មាន​សេចក្ដី​ជ្រះថ្លា​បាន​ធ្វើ​ទាន​ប្រគេន​ចង្ហាន់​ចំពោះ​ព្រះសង្ឃ​មាន​ព្រះពុទ្ធ​ជា​ប្រធាន លុះ​ស្លាប់ទៅ​បាន​កើត​ក្នុង​សុគតិភព អស់​កាល​ជា​យូរ​អង្វែង​ដល់​មក សាសនា​ព្រះសម្ពុទ្ធគោតម បរមគ្រូ​របស់​យើង​នេះ ព្រះអង្គ​បរិនិព្វាន​ផុត​ទៅ​ហើយ​បាន
images/articles/1713/Untitled-1-Recovered.jpg
Public date : 19, Jun 2021 (18345 Read)
រឿង ភិក្ខុ​៣០​រូប វិន័យបិដកកឋិនក្ខន្ធកៈមាន​ចែង​អំពី​ប្រភព​នៃ​កឋិនចីវ​ថា​ក្នុង​បឋម​ពោធិកាល​ព្រះបរមសាស្ដា ទ្រង់​ឲ្យ​ភិក្ខុ​ប្រើប្រាស់​តែ​បង្សុកូលចីវរ ពុំ​ទាន់​ទ្រង់​អនុញ្ញាត​ឲ្យ​ប្រើ​គហបតីចីវរ​នៅ​ឡើយ។ សម័យ​មួយ​កាល​ដែល​ទ្រង់​គង់​ចាំ​វស្សា​នៅ​វត្ត​ជេតពន​ជិត​ដល់​ថ្ងៃ​ចូល​វស្សា​ភិក្ខុ​៣០​អង្គ​ទៅ​ស្រុក​បាវាគឺ​ប្រាថ្នា​ចង់​មក​ថ្វាយ​បង្គំ​ព្រះអង្គ​មុន​ថ្ងៃ​ចូល​វស្សា​តែ​មក​មិន​ទាន់​ក៏​ចូល​វស្សា​
images/articles/2934/xxpic.jpg
Public date : 19, Jun 2021 (4577 Read)
ព្រះសាស្ដាកាលស្ដេចគង់នៅវត្តឃោសិតារាម ដែលអាស្រ័យនឹងក្រុងកោសម្ពី ទ្រង់ប្រារព្ធភិក្ខុទាំងឡាយ ដែលបង្កជម្លោះគ្នាក្នុងក្រុងកោសម្ពី បានត្រាស់ព្រះធម្មទេសនានេះ មានពាក្យថា បុថុសទ្ទោ ដូច្នេះជាដើម ។ រឿងរ៉ាវរបស់ភិក្ខុទាំងនោះ មានមកក្នុងកោសម្ពកក្ខន្ធកៈ (វិនយបិដក មហាវគ្គ បិដកលេខ ៨ ទំព័រ ៣០៤​) នោះឯង ។ ចំណែកសេចក្ដី (ខាងក្រោម) នេះជារឿងរ៉ាវសង្ខេប ក្នុងជាតកនេះ ។ បានឮមកថា ក្នុងពេលនោះ ភិក្ខុ ២ រូប គឺព្រះវិនយធរ (អ្នកទ្រទ្រង់វិន័យ) មួយរូប ព្រះសុត្តន្តិកៈ (អ្នកទ្រទ្រង់ព្រះសូត្រ) មួយរូប នៅក្នុងអាវាសមួយជាមួយគ្នា ។ ក្នុងបណ្ដាភិក្ខុ ២ រូបនោះ ថ្ងៃមួយ ព្រះសុត្តន្តិកៈបន្ទោបង់ឧច្ចារៈ ដាក់ភាជនៈដែលបន្សល់ទឹកសម្រាប់ជម្រះក្នុងផើងទឹក ហើយចេញទៅ ។ ព្រះវិនយធរចូលទៅក្នុងទីនោះតាមក្រោយ ឃើញទឹកនោះ រួចចេញមកសួរថា អាវុសោ លោកបន្សល់ទឹកឬ ? ព្រះសុត្តន្តិកៈពោលថា ពិតមែនហើយ អាវុសោ ។ ព្រះវិនយធរពោលថា លោកមិនដឹងភាពជាអាបត្តិក្នុងចំណុចនេះឬ? ព្រះសុត្តន្តិកៈ ពោលថា ពិតមែនហើយ អាវុសោ ខ្ញុំមិនដឹងទេ ។ ព្រះវិនយធរពោលថា អាវុសោ ការដែលលោកបន្សល់ទឹកទុកក្នុងភាជនៈជាអាបត្តិ ។ ព្រះសុត្តន្តិកៈពោលថា បើយ៉ាងនោះ ខុំនឹងសម្ដែងអាបត្តិនោះ ។ ព្រះវិនយធរពោលថា អាវុសោ បើលោកមិនក្លែង ទៅដោការមិនមានសតិ រមែងមិនមានអាបត្តិ ។ ព្រះសុត្តន្តិកៈនោះក៏យល់ថា មិនជាអាបត្តិ ក្នុងអាបត្តិនោះ ។ ចំណែកព្រះវិនយធរប្រាប់កូនសិស្សរបស់ខ្លួនថា ព្រះសុត្តន្តិកៈនេះ សូម្បីត្រូវអាបត្តិហើយ ក៏មិនដឹង ។ សិស្សទាំងនោះឃើញសិស្សរបស់ព្រះសុត្តន្តិកៈនោះហើយពោលថា ឧបជ្ឈាយ៍របស់លោក សូម្បីត្រូវអាបត្តិហើយ ក៏មិនដឹងភាពជាអាបត្តិ ។ សិស្សទាំងនោះ ទៅប្រាប់ឧបជ្ឈាយ៍របស់ខ្លួន ។ ព្រះសុត្តន្តិកៈនោះពោលយ៉ាងនេះថា ព្រះវិនយធរនេះ ក្នុងកាលមុនពោលថា មិនជាអាបត្តិ តែឥឡូវមកពោលថា ជាអាបត្តិ លោកនោះជាអ្នកនិយាយកុហក ។ សិស្សរបស់ព្រះសុត្តន្តិកៈនាំគ្នាទៅ ពោលថា ឧបជ្ឈាយ៍របស់លោក ជាមនុស្សនិយាយកុហក ដូច្នេះហើយ សិស្សរបស់ព្រះវិនយធរនិងរបស់ព្រះសុត្តន្តិកៈ ក៏បង្កជម្លោះដល់គ្នានឹងគ្នា យ៉ាងនេះឯង ។ លំដាប់នោះ ព្រះវិនយធរបានឱកាស ធ្វើឧក្ខេបនីកម្ម (ការលើកវត្ត) ដោយការមិនឃើញអាបត្តិដល់ព្រះសុត្តន្តិកៈនោះ ។ ចាប់ពីពេលនោះមក សូម្បីឧបាសកឧបាសិកាទាំងឡាយដែលជាអ្នកថ្វាយបច្ច័យដល់ភិក្ខុទាំងនោះ ក៏បែកគ្នាជាពីរចំណែក ។ សូម្បីភិក្ខុនីទាំងឡាយដែលជាអ្នកទទួលឱវាទ ក៏បែកគ្នាជាពីរចំណែក សូម្បីពួកអារក្ខទេវតា ក៏បែកគ្នាជាពីរចំណែក ។ សូម្បីអាកាសដ្ឋទេវតាដែលជាមិត្រធ្លាប់ឃើញគ្នារបស់អារក្ខទេវតា និង ទេវតាជាបុថុជ្ជនទាំងឡាយ ដរាបដល់ព្រហ្មលោក ក៏បែកជាពីរចំណែក ។ កោលាហលនេះបានប្រព្រឹត្តដរាបដល់ឋានអកនិដ្ឋភព ។ លំដាប់នោះ ភិក្ខុមួយរូបចូលគាល់ព្រះតថាគត ក្រាបទូលលទ្ធិរបស់ភិក្ខុអ្នកលើកទោសថា ព្រះសុត្តន្តិកៈនេះត្រូវយើងលើកទោសដោយកម្មដែលជាធម៌ និងលទ្ធិរបស់អ្នកប្រព្រឹត្តតាមភិក្ខុដែលគេលើកវត្តថា ឧបជ្ឈាយ៍របស់យើងត្រូវគេលើកទោសដោយកម្មមិនជាធម៌ និងភាពដែលភិក្ខុទាំងនោះសូម្បីភិក្ខុអ្នកលើកទោសទាំងឡាយហាម ក៏នៅត្រាច់តាម ឡោមព័ទ្ធព្រះសុត្តន្តិកៈនោះ ឲ្យព្រះសាស្ដាជ្រាប ។ ព្រះភគវាទ្រង់បញ្ជូនព្រះតម្រាស់ទៅអស់វារៈ ២ ដងថា អ្នកទាំងឡាយចូរសាមគ្គីគ្នា ។ ព្រះអង្គបានស្ដាប់ថា ភិក្ខុមិនប្រាថ្នានឹងសាមគ្គីគ្នា។ ក្នុងវារៈទី ៣ ទ្រង់បានឮថា ភិក្ខុសង្ឃបែកគ្នាហើយ ទើបស្ដេចយាងទៅកាន់សម្នាក់ភិក្ខុទាំងនោះ ហើយសម្ដែងទោសក្នុងការលើកទោសរបស់ភិក្ខុអ្នកលើកទោស និងសម្ដែងទោសក្នុងការមិនឃើញអាបត្តិរបស់ភិក្ខុដទៃដែលក្លែង ហើយព្រះអង្គក៏យាងចេញទៅ ។ ព្រះមានព្រះភាគទ្រង់បញ្ញត្តភត្តគ្គវត្ត (វត្តក្នុងរោងភត្ត) ថា ភិក្ខុគប្បីអង្គុយក្នុងរវាងអាសនៈ ដូច្នេះ ដល់ភិក្ខុទាំងនោះ ដែលធ្វើឧបោសថជាដើម ក្នុងសីមាជាមួយគ្នា ក្នុងវត្ត ឃោសិតារាមនោះ រួចហើយទ្រង់បានស្ដាប់ថា សូម្បីឥឡូវនេះ ភិក្ខុទាំងឡាយនៅតែឈ្លោះគ្នាទៀត ទើបព្រះអង្គយាងទៅក្នុងទីនោះរួចត្រាស់ថា ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយកុំឈ្លោះគ្នា ដូច្នេះហើយ កាលភិក្ខុជាធម្មវាទីមួយរូប ដែលមិនប្រាថ្នាឲ្យព្រះមានព្រះភាគលំបាក ក្រាបទូលថា បពិត្រព្រះអង្គដ៏ចម្រើន សូមព្រះដ៏មានព្រះ​ភាគ​ជាធម្មាសាមី ទ្រង់នៅស្ងៀមចុះ បពិត្រព្រះអង្គដ៏ចម្រើន សូមព្រះអង្គចូរមានសេចក្ដីខ្វល់ខ្វាយតិចចុះ ព្រះមានព្រះភាគចូរប្រកបដោយការនៅជាសុខក្នុងបច្ចុប្បន្ន ហើយប្រព្រឹត្តទៅចុះ ពួកយើងខ្ញុំព្រះ​អង្គ​នឹងបង្កហេតុ បង្កជម្លោះ បង្កសេចក្ដីប្រកួតប្រកាន់ បង្កវិវាទ ទើបព្រះសាស្ដាត្រាស់ថាម្នាល​​ភិក្ខុទាំងឡាយ រឿងធ្លាប់មានមកហើយយ៉ាងនេះថា មានព្រះរាជាព្រះនាម ព្រហ្មទត្ត ជាស្ដេចសោយរាជ្យក្នុងនគរពារាណសី ដូច្នេះហើយ ទ្រង់ត្រាស់រឿងដែលព្រះបាទព្រហ្មទត្តដណ្ដើមរាជ្យរបស់ព្រះបាទ​ទីឃីតិកោសល ហើយសម្លាប់ព្រះបាទទីឃីតិកោសល ដែលទ្រង់ក្លែងខ្លួនមិនឲ្យអ្នកណាស្គាល់ និងរឿងដែលទីឃាវុកុមារឲ្យជីវិត ដល់ព្រះបាទ ព្រហ្មទត្តនោះ ហើយស្ដេចទាំង ២ ក៏ផ្ដើមសាមគ្គីគ្នាចាប់ពីពេលនោះមក ព្រះមានព្រះភាគឲ្យឱវាទថា ម្នាលភិក្ខុទាំងឡាយ សូម្បីព្រះរាជាអ្នកមានអាជ្ញា ក៏គង់នៅមានខន្តិ និងសោរច្ចៈ (សេចក្តីស្ងប់ស្ងៀម) ម្នាលភិក្ខុទាំងឡាយ ចុះអ្នកទាំងឡាយបួសក្នុងធម្មវិន័យ ដែលតថាគតសម្ដែងល្អហើយនេះ ក៏គួរមានខន្តី និងសោរច្ចៈ ដូច្នេះហើយ ទ្រង់ហាមជាគម្រប់ពីរ ជាគម្រប់បីដងថា ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយកុំបង្កជម្លោះឈ្លោះទាស់ទែងគ្នា ដូច្នេះហើយ ទ្រង់ឃើញការមិនធូរថយ ទ្រង់ត្រិះរិះថា មោឃបុរសទាំងនេះត្រូវកិលេសគ្របសង្កត់ មិនអាចនឹងឲ្យដឹងបានឡើយ ដូច្នេះហើយ ទើបទ្រង់ចៀសចេញទៅ ។ ក្នុងថ្ងៃស្អែក កាលព្រះសាស្ដាយាងត្រឡប់ពីបិណ្ឌបាត ទ្រង់សម្រាកបន្តិច ទ្រង់រៀបចំសេនាសនៈ ហើយកាន់យកបាត្រនិងចីវរ ទ្រង់ឋិតនៅលើអាកាស កណ្ដាលសង្ឃ ត្រាស់ព្រះគាថាទាំងឡាយនេះថា បុថុសទ្ទោ សមជនោ, ន ពាលោ កោចិ មញ្ញថ; សង្ឃស្មិំ ភិជ្ជមានស្មិំ, នាញ្ញំ ភិយ្យោ អមញ្ញរុំ។ ជនសុទ្ធតែមានសំឡេងខ្លាំងស្មើគ្នា មិនមានជនណាមួយដឹងថា អាត្មាអញជាបុគ្គលពាលឡើយ កាលបើសង្ឃកំពុងបែកគ្នា ក៏មិនមានជនណាមួយ ដឹងនូវហេតុដទៃ ឲ្យក្រៃលែងជាងនេះទៅទៀត ។ បរិមុដ្ឋា បណ្ឌិតាភាសា, វាចាគោចរភាណិនោ; យាវិច្ឆន្តិ មុខាយាមំ, យេន នីតា ន តំ វិទូ។ ពួកជនអ្នកភ្លេចស្មារតី មានអាការស្រដៀងនឹងបណ្ឌិត មានវាចាជាអារម្មណ៍ ចេះតែល្មោភនិយាយ តាមដែលខ្លួនចង់និយាយឲ្យតែរួចពីមាត់ មានគេដឹកនាំ ដោយជម្លោះណា ក៏នៅតែមិនស្គាល់នូវជម្លោះនោះឡើយ ។ អក្កោច្ឆិ មំ អវធិ មំ, អជិនិ មំ អហាសិ មេ; យេ ច តំ ឧបនយ្ហន្តិ, វេរំ តេសំ ន សម្មតិ។ ពួកជនណា ចងសេចក្តីក្រោធនោះទុក ដោយគិតថា ជនឯណោះ បានជេរអញ បានវាយអញ បានផ្ចាញ់អញ បានលួចយក (ទ្រព្យ) អញ ដូច្នេះ ពៀររបស់ជនទាំងនោះ រមែងមិនស្ងប់រម្ងាប់បានឡើយ ។ អក្កោច្ឆិ មំ អវធិ មំ, អជិនិ មំ អហាសិ មេ; យេ ច តំ នុបនយ្ហន្តិ, វេរំ តេសូបសម្មតិ។ លុះតែពួកជនណា មិនចងសេចក្តីក្រោធនោះទុក ដោយគិតថា ជនឯណោះ បានជេរអញ បានវាយអញ បានផ្ចាញ់អញ បានលួចយក (ទ្រព្យ) អញ ដូច្នេះ ទើបពៀររបស់ជននោះ ស្ងប់រម្ងាប់បាន ។ ន ហិ វេរេន វេរានិ, សម្មន្តីធ កុទាចនំ; អវេរេន ច សម្មន្តិ, ឯស ធម្មោ សនន្តនោ។ ពៀរទាំងឡាយក្នុងលោកនេះ មិនស្ងប់រម្ងាប់ដោយពៀរក្នុងកាលណាម្តងឡើយ មានតែស្ងប់រម្ងាប់ ដោយមិនមានពៀរ នេះជាធម៌មានមកតាំងអំពីដើម ។ បរេ ច ន វិជានន្តិ, មយមេត្ថ យមាមសេ; យេ ច តត្ថ វិជានន្តិ, តតោ សម្មន្តិ មេធគា។ ពួកជនក្រៅពីបណ្ឌិត មិនដឹងច្បាស់ថា ពួកយើងនឹងដល់នូវសេចក្តីវិនាសក្នុងកណ្តាល សង្ឃនេះទេ បណ្តាជនទាំងនោះ លុះតែពួកជនណាដឹងច្បាស់ (យ៉ាងនេះថា ពួកយើងនឹងដល់នូវសេចក្តីវិនាស) ទើបកលហធម៌ គឺការឈ្លោះប្រកែកទាំងឡាយ ស្ងប់រម្ងាប់អំពីសម្នាក់ពួកជននោះទៅបាន ។ អដ្ឋិច្ឆិន្នា បាណហរា, គវាស្សធនហារិនោ; រដ្ឋំ វិលុម្បមានានំ, តេសម្បិ ហោតិ សង្គតិ; កស្មា តុម្ហាក នោ សិយា។ អម្បាលពួកជនដែលបានកាត់ឆ្អឹងគ្នា បានសម្លាប់គ្នា បានលួចយកគោ សេះ និងទ្រព្យ ប្លន់យកទាំងដែន គេគង់រួមគ្នាបាន ហេតុអ្វីក៏ពួកអ្នករួមគ្នាមិនបាន ។ សចេ លភេថ និបកំ សហាយំ, សទ្ធិំចរំ សាធុវិហារិធីរំ; អភិភុយ្យ សព្ពានិ បរិស្សយានិ, ចរេយ្យ តេនត្តមនោ សតីមា។ បើបុគ្គលបានសម្លាញ់ ដែលមានប្រាជ្ញា ជាគ្រឿងរក្សាខ្លួន ជាអ្នកប្រាជ្ញត្រាច់ទៅជាមួយ មានវិហារធម៌ដ៏ប្រពៃ គប្បីគ្របសង្កត់ នូវសេចក្តីអន្តរាយទាំងឡាយទាំងពួង ហើយមានចិត្តត្រេកអរ មានស្មារតី ត្រាច់ទៅជាមួយនឹងសម្លាញ់នោះចុះ ។ នោ ចេ លភេថ និបកំ សហាយំ, សទ្ធិំចរំ សាធុវិហារិធីរំ; រាជាវ រដ្ឋំ វិជិតំ បហាយ, ឯកោ ចរេ មាតង្គរញ្ញេវ នាគោ។ បើបុគ្គលមិនបានសម្លាញ់ ដែលមានប្រាជ្ញា ជាគ្រឿងរក្សាខ្លួន ជាអ្នកប្រាជ្ញត្រាច់ទៅជាមួយគ្នា មានវិហារធម៌ដ៏ល្អទេ គប្បីត្រាច់ទៅតែម្នាក់ឯង ដូចជាព្រះរាជាលះបង់ដែនដែលឈ្នះហើយ (ពុំនោះសោត) ដូចដំរីដ៏ប្រសើរ ដែលត្រាច់ទៅតែម្នាក់ឯងក្នុងព្រៃ ។ ឯកស្ស ចរិតំ សេយ្យោ, នត្ថិ ពាលេ សហាយតា; ឯកោ ចរេ ន បាបានិ កយិរា, អប្បោស្សុក្កោ មាតង្គរញ្ញេវ នាគោ។ ការត្រាច់ទៅម្នាក់ឯង ប្រសើរជាង (ព្រោះ) សហាយតាគុណមិនមានក្នុងបុគ្គលពាលទេ បុគ្គលគួរត្រាច់ទៅតែម្នាក់ឯង តែថាត្រូវជាអ្នកខ្វល់ខ្វាយតិច កុំធ្វើបាបទាំងឡាយឡើយ ដូចជាដំរីដ៏ប្រសើរ ដែលត្រាច់ទៅក្នុងព្រៃ ។ បទថា អដ្ឋិច្ឆិន្នា សេចក្ដីថា គាថានេះ ព្រះមានព្រះភាគត្រាស់សំដៅដល់ព្រះបាទព្រហ្មទត្ត និងទីឃាវុកុមារ ។ សូម្បីព្រះរាជាទាំងនោះក៏ត្រឡប់មកសាមគ្គីគ្នាបាន ។ ព្រោះហេតុអ្វី ពួកអ្នកដែលមិនបានកាត់ឆ្អឹងមាតាបិតារបស់គ្នា មិនបានសម្លាប់គ្នា មិនបានលួចទ្រព្យគ្នា មិនអាចនឹងសាមគ្គីគ្នាចឹង ។ ព្រះទសពលទ្រង់អធិប្បាយថា ម្នាលភិក្ខុទាំងឡាយ ព្រះរាជាអ្នកមានអាជ្ញាក៏នៅសាមគ្គីគ្នា ធ្វើនូវអាវាហវិវាហៈឲ្យជាសម្ព័ន្ធភាព ផឹកទឹក និងសោយភោជនជាមួយគ្នា ចំណែកពួកអ្នកបានបួស ក្នុងសាសនាដែលមានសភាពបែបនេះ ម្ដេចក៏មិនអាចនឹងលះបង់សូម្បីតែពៀរវេរារបស់ខ្លួន ភាវៈជាភិក្ខុរបស់ពួកអ្នក តើដូចម្ដេច ។ បទថា រាជាវ រដ្ឋំ វិជិតំ បហាយ សេចក្ដីថា គប្បីត្រាច់ទៅតែឯង ដូចព្រះបាទ មហាជនក និងព្រះបាទអរិន្ទមៈ ដែលលះបង់ដែនរបស់ខ្លួនហើយត្រាច់ទៅដូច្នោះ ។ បទថា មាតង្គរញ្ញេវ នាគោ សេចក្ដីថា ដំរីមាតង្គក្នុងព្រៃ ។ បទថា មាតង្គោ សេចក្ដីថា ជាឈ្មោះនៃដំរី ។ បទថា នាគោ សេចក្ដីថា ជាឈ្មោះនៃដីរីធំ ។ លោកអធិប្បាយថា ដំរីមាតង្គៈជាអ្នកចិញ្ចឹមមាតាត្រាច់ទៅតែឯងក្នុងព្រៃ យ៉ាងណា ដំរីសីលវហត្ថីមិនធ្វើបាបទាំងឡាយ យ៉ាងណា ដំរីបាលិលេយ្យកៈមិនធ្វើបាបទាំងឡាយត្រាច់ទៅតែឯង យ៉ាងណា អ្នកគប្បីមិនធ្វើបាប ហើយត្រាច់ទៅតែឯង ក៏យ៉ាងនោះដែរ ។ ព្រះសាស្ដា សូម្បីត្រាស់យ៉ាងនេះហើយ កាលមិនអាចនឹងឲ្យភិក្ខុទាំងឡាយនោះសាមគ្គីគ្នាបាន ទើបយាងទៅកាន់ស្រុកពាលកលោណកៈ ហើយសម្ដែងអានិសង្សនៃភាពជាអ្នកត្រាច់ទៅតែឯង ដល់ព្រះភគុត្ថេរ បន្ទាប់មកព្រះអង្គក៏យាងទៅកាន់លំនៅរបស់កុលបុត្រទាំង ៣ សម្ដែងអានិសង្សនៃការនៅដោយសាមគ្គីដល់កុលបុត្រទាំងនោះ បន្ទាប់ពីនោះ យាងទៅព្រៃបាលិលេយ្យក៍ ហើយគង់នៅទីនោះអស់ ៣ ខែ ទ្រង់មិនមកនគរកោសម្ពីម្ដងទៀតឡើយ ស្ដេចយាងទៅកាន់ក្រុងសាវត្ថី ។ ចំណែកឧបាសកឧបាសិកាទាំងឡាយ អ្នករស់នៅនគរកោសម្ពីប្រឹក្សាគ្នាថា ភិក្ខុទាំងឡាយដែលនៅក្រុងកោសម្ពីនេះ ធ្វើមិនជាប្រយោជន៍ដល់ពួកយើងច្រើន ព្រះមានព្រះភាគត្រូវភិក្ខុទាំងឡាយនេះបៀតបៀនហើយទ្រង់យាងចេញទៅ ពួកយើងនឹងមិនធ្វើការអភិវាទជាដើម ដល់ភិក្ខុទាំងនេះ នឹងមិនឲ្យបិណ្ឌបាតដល់ភិក្ខុ ដែលចូលទៅបិណ្ឌបាត កាលធ្វើយ៉ាងនេះ ភិក្ខុទាំងនេះនឹងគេចទៅខ្លះ នឹងរម្ងាប់ពៀរខ្លះ នឹងឲ្យព្រះភគវន្តជ្រះថ្លាខ្លះ ប្រឹក្សាគ្នាដូច្នេះហើយ ក៏បាននាំគ្នាធ្វើយ៉ាងនោះ ។ ភិក្ខុទាំងនោះត្រូវឧបាសកឧបាសិកាទាំងឡាយបៀតបៀន ដោយទណ្ឌកម្មនោះហើយ បាននាំគ្នាទៅក្រុងសាវត្ថី ឲ្យព្រះមានព្រះភាគអត់ទោសឲ្យ ។ ព្រះសាស្ដានាំព្រះធម្មទេសនានេះមកហើយ ទ្រង់ប្រជុំជាតថាបិតា សុទ្ធោទនមហារាជា អហោសិ បិតាបានមកជាព្រះសុទ្ធោទនមហារាជមាតា មហាមាយា មាតាបានមកជាព្រះនាងមហាមាយា ទីឃាវុកុមារោ បន អហមេវ អហោសិំ ចំណែកទីឃាវុកុមារ គឺ តថាគត នេះឯង ។ ចប់ កោសម្ពិយជាតក ៕ (ជាតកដ្ឋកថា សុត្តន្តបិដក ខុទ្ទកនិកាយ ជាតក នវកនិបាត បិដកលេខ ៥៩ ទំព័រ ១៣៧) ថ្ងៃច័ន្ទ ៩ កើត ខែវិសាខ ឆ្នាំច សំរិទ្ធិស័ក ច.ល. ១៣៨០ ថ្ងៃទី ២៣ ខែមេសា ព.ស. ២៥៦១ គ.ស.២០១៨ ដោយ ស.ដ.វ.ថ. ដោយ៥០០០ឆ្នាំ
images/articles/2935/otpic.jpg
Public date : 19, Jun 2021 (3509 Read)
ព្រះសាស្ដាកាលស្ដេចគង់នៅវត្តជេតពន ទ្រង់ប្រារព្ធភិក្ខុមួយរូប បានត្រាស់ព្រះធម្ម-ទេសនានេះ មានពាក្យថា ទុមោ យទា ហោតិ ដូច្នេះជាដើម ។ បានឮមកថា ភិក្ខុនោះកាន់យកកម្មដ្ឋានក្នុងសម្នាក់ព្រះសាស្ដា ហើយទៅនៅក្នុងព្រៃ ដែលអាស្រ័យនឹងបច្ចន្តគ្រាមមួយ ក្នុងកោសលជនបទ ។ មនុស្សទាំង​ឡាយតាក់តែងកសាងទីនៅក្នុងពេលយប់ ទីនៅក្នុងថ្ងៃដល់លោក និងធ្វើសេនាសនៈក្នុងទីដែលដល់ព្រមដោយ គមនាគម ហើយទំនុកបម្រុងដោយសេចក្ដីគោរព ។ កាលភិក្ខុនោះកំពុងចាំ ក្នុងខែដំបូងនោះឯង ក៏មានភ្លើងឆេះស្រុក សូម្បីត្រឹមតែគ្រាប់់ពូជរបស់មនុស្សទាំងឡាយ ក៏មិនមាន​សេស​សល់ ​។ ពួកគេទើបមិនអាចនឹងថ្វាយបិណ្ឌបាតប្រណីតដល់ភិក្ខុនោះ ។ ភិក្ខុនោះ សូម្បីបានសេនាសនៈសប្បាយ តែកាលលំបាកដោយចង្ហាន់បិណ្ឌបាត ទើបមិនអាចនឹងញ៉ាំងមគ្គ និងផលឲ្យកើតឡើង ។ លំដាប់នោះ ដោយកាលកន្លងទៅ ៣ ខែ ភិក្ខុនោះក៏ធ្វើដំណើរមក ដើម្បីនឹងថ្វាយបង្គំព្រះសាស្ដា ។ ព្រះសាស្ដាធ្វើបដិសណ្ឋារៈនឹងភិក្ខុនោះ ហើយត្រាស់សួរថា ម្នាលភិក្ខុ អ្នកមិនលំបាកដោយបិណ្ឌបាតទេឬ សេនាសនៈជាទីសប្បាយទេឬ ។ ភិក្ខុនោះប្រាប់សេចក្ដីនោះ ។ ព្រះសាស្ដាដឹងថា សេនាសនៈសប្បាយមានដល់លោក ដូច្នេះហើយ ត្រាស់ថា ម្នាលភិក្ខុ ឈ្មោះថា សមណៈ កាលមានសេនាសនៈជាទីសប្បាយហើយ គួរលះសេចក្ដីល្មោភក្នុងអាហារចេញ ត្រូវបរិភោគបច្ច័យតាមដែលមានបាននោះឯង គួរដើម្បីនឹងធ្វើសមណធម៌ ដោយសេចក្ដីសន្តោស ។ បោរាណកបណ្ឌិតទាំងឡាយ សូម្បីកើតក្នុងកំណើតសត្វតិរច្ឆាន ទំពាស៊ីកម្ទេចឈើស្ងួតដែលខ្លួននៅ លះសេចក្ដីល្មោភក្នុងអាហារ ជាអ្នកសន្តោស មិនទម្លាយមិត្តធម៌ មិនទៅកាន់ទីដទៃ ព្រោះហេតុអ្វី អ្នកទើបគិតថា បិណ្ឌបាតតិច សៅហ្មង ហើយលះសេនាសនៈសប្បាយ ដូច្នេះហើយ ព្រះអង្គដែលភិក្ខុទូលអារាធនាហើយ ទើបនាំអតីតនិទានមកថា ក្នុងអតីតកាល នៅនឹងច្រាំងទន្លេគង្គាក្នុងព្រៃហិមពាន្ត មានសត្វសេកច្រើនសែន នៅក្នុងព្រៃឧទុម្ពរ (ព្រៃល្វារ) មួយ ។ បណ្ដាសេកទាំងនោះ ស្ដេចសេកមួយ កាលដើមឈើរបស់ខ្លួនអស់ផ្លែហើយ វត្ថុណាដែលនៅសល់ ទោះជាពន្លកក្ដី ស្លឹកក្ដី សំបកក្ដី ក្រម៉ក្ដី ក៏ទំពាស៊ីវត្ថុទាំងនោះ ផឹកទឹកទន្លេគង្គា ជាអ្នកប្រាថ្នាតិច និងមានសេចក្ដីសន្តោសដ៏ក្រៃលែង មិនទៅកាន់ទីដទៃ ។ ព្រោះគុណនៃភាពជាអ្នកប្រាថ្នាតិច និងសន្តោសរបស់ស្ដេចសេកនោះ ភពរបស់សក្កទេវរាជក៏កម្រើកញាប់ញ័រ ។ ស្ដេចសក្កៈកាលពិចារណាមើល បានឃើញហេតុនោះ ដើម្បីនឹងសាកល្បងចិត្តរបស់សេកនោះ ព្រះអង្គក៏បណ្ដាលឲ្យដើមឈើនោះ ស្វិតក្រៀមស្រពោនដោយអានុភាពរបស់ខ្លួន ។ ដើមឈើបានក្លាយជាដង្គត់ កាលខ្យល់បក់មកត្រូវ ក៏មានប្រហោងតូចធំ តាំងនៅដូចជាមានគេមកវាយ ។ លម្អិតទាំងឡាយហូរចេញតាមប្រហោងដើមឈើនោះ ។ សេកសុវរាជបរិភោគលម្អិតនោះផឹកទឹកក្នុងទន្លេគង្គា មិនទៅកាន់ទីដទៃ មិនអើពើនឹងខ្យល់និងកម្ដៅ អង្គុយលើដង្គត់ដើមឧទុម្ពរ ។ សក្កទេវរាជបានដឹងភាពជាអ្នកប្រាថ្នាតិចដ៏ក្រៃលែងរបស់សេកនោះហើយ ទ្រង់គិតថា យើងនឹងមក ឲ្យស្ដេចសេកសម្ដែងគុណនៃមិត្តធម៌ ហើយនឹងឲ្យពរដល់សេកនោះ និងធ្វើឲ្យដើមឧទុម្ពរនោះមានផ្លែរហូត ដូច្នេះហើយ ទើបព្រះអង្គក្លែងខ្លួនជាស្ដេចហង្ស ធ្វើនាងសុជាអសុរកញ្ញាឲ្យនៅខាងមុខ យាងមកព្រៃឧទុម្ពរនោះ អង្គុយលើមែកដើមឈើមួយ ក្នុងទីមិនឆ្ងាយ កាលនឹងញ៉ាំងកថាឲ្យតាំងឡើងជាមួយនឹងស្ដេចសេកនោះ ទើបពោលគាថាទី ១ ថា ទុមោ យទា ហោតិ ផលូបបន្នោ, ភុញ្ជន្តិ នំ វិហង្គមា សម្បតន្តា; ខីណន្តិ ញត្វាន ទុមំ ផលច្ចយេ, ទិសោទិសំ យន្តិ តតោ វិហង្គមា។ កាលណា ឈើមានផ្លែបរិបូណ៌ ពួកសត្វស្លាបក៏ហើរសំដៅទៅបរិភោគផ្លែឈើនោះ លុះពួកសត្វស្លាបបានដឹងថា ឈើអស់ផ្លែហើយ ក៏ហើរចេញអំពីដើមឈើនោះ ទៅកាន់ទិសផ្សេង ៗ ក្នុងវេលាជាទីអស់ទៅនៃផ្លែ ។ អ្នកសិក្សាគប្បីជ្រាបសេចក្ដីនៃគាថានោះថា បពិត្រស្ដេចសេក កាលណាដើមឈើដែលមានផ្លែបរិបូណ៌ កាលនោះ ហ្វូងបក្សីទាំងឡាយនាំគ្នាមកបរិភោគផ្លៃនោះ អំពីមែកមួយទៅមែកមួយ កាលដឹងថា ដើមឈើនេះអស់ផ្លែហើយ ហ្វូងបក្សីនាំគ្នាហើរចេញពីដើមនោះ ទៅកាន់ទិសតូចទិសធំ ។ កាលពោលយ៉ាងនេះហើយ ដើម្បីបញ្ជូនស្ដេចសេកនោះ ចេញពីទីនោះ ស្ដេចហង្សទើបពោលគាថាទី ២ ថា ចរ ចារិកំ លោហិតតុណ្ឌ មា មរិ, កិំ ត្វំ សុវ សុក្ខទុមម្ហិ ឈាយសិ; តទិង្ឃ មំ ព្រូហិ វសន្តសន្និភ, កស្មា សុវ សុក្ខទុមំ ន រិញ្ចសិ។ ម្នាលសេកមានចំពុះក្រហម អ្នកចូរត្រាច់ទៅកាន់ចារិក កុំឲ្យខ្លួនអ្នកស្លាប់ឡើយ ម្នាលសេក ម្តេចក៏អ្នកនៅសញ្ជប់សញ្ជឹងលើដើមឈើងាប់ (នេះ) ម្នាលសេកមានសម្បុរខៀវ ស្រដៀងនឹងឈើ ក្នុងវស្សន្តរដូវ យើងសូមដាស់តឿនអ្នក អ្នកចូរថាមកមើល ព្រោះហេតុអ្វី ក៏បានជាអ្នកមិនលះបង់នូវឈើងាប់នេះ ។ បណ្ដាបទទាំងនោះ បទថា ឈាយសិ សេចក្ដីថា ព្រោះហេតុអ្វី អ្នកទើបសញ្ជប់សញ្ជឹង ឋិតនៅលើកំពូលដើមឈើស្ងួត ។ បទថា ឥង្ឃ សេចក្ដីថា ជានិបាត ចុះក្នុងអត្ថដាស់តឿន ។ បទថា វសន្តសន្និភ សេចក្ដីថា ក្នុងរដូវភ្លៀង ព្រៃសណ្ឌៈ នឹងមានពណ៌ខៀវ ដូចដេរដាសដោយហ្វូងសេក ព្រោះហេតុនោះ ស្ដេចហង្សទើបហៅស្ដេចសេកថា វសន្តសន្និភៈ ។ បទថា ន រិញ្ចសិ ប្រែថា អ្នកមិនលះ ។ លំដាប់នោះ ស្ដេចសេកពោលថា បពិត្រហង្ស ខ្ញុំមិនលះដើមឈើនេះ ព្រោះភាពជា កតញ្ញុកតវេទី របស់ខ្លួន ដូច្នេះទើបពោល ២ គាថា ថា យេ វេ សខីនំ សខារោ ភវន្តិ, បាណច្ចយេ ទុក្ខសុខេសុ ហំស; ខីណំ អខីណម្បិ ន តំ ជហន្តិ, សន្តោ សតំ ធម្មមនុស្សរន្តា។ ម្នាលហង្ស ពួកសប្បុរសណា រលឹករឿយ ៗ នូវធម៌របស់ពួកសប្បុរស លោកជាសម្លាញ់ និងពួកសម្លាញ់ (ទៅវិញទៅមកហើយ) ពួកសប្បុរសនោះ សូម្បីដល់នូវការអស់ទៅនៃជីវិត ក៏មិនលះបង់សម្លាញ់នោះចោល ដោយគិតថាអស់ ឬមិនអស់ ក្នុងកាលដែលបានសុខ និងទុក្ខឡើយ ។ សោហំ សតំ អញ្ញតរោស្មិ ហំស, ញាតី ច មេ ហោតិ សខា ច រុក្ខោ; តំ នុស្សហេ ជីវិកត្ថោ បហាតុំ, ខីណន្តិ ញត្វាន ន ហេស ធម្មោ។ ម្នាលហង្ស ខ្ញុំជាសប្បុរសដែរ ដើមឈើនេះ ទុកជាញាតិ ឬជាសម្លាញ់របស់ខ្ញុំក៏បាន ខ្ញុំជាអ្នកត្រូវការដោយជីវិត ក៏មិនអាចនឹងលះបង់នូវដើមឈើនោះចោលឡើយ (បើខ្ញុំដឹងថា ឈើនោះអស់ហើយ ៗ លះបង់ចោល) នុ៎ះ មិនមែនជាធម៌របស់សប្បុរសទេ ។ ស្ដេចសក្កៈបានស្ដាប់ពាក្យរបស់ស្ដេចសេកនោះហើយ មានចិត្តត្រេកអរ ត្រាស់សរសើរ កាលប្រាថ្នានឹងឲ្យពរ ទើបពោល ២ គាថា ថា សាធុ សក្ខិ កតំ ហោតិ, មេត្តិ សំសតិ សន្ថវោ; សចេតំ ធម្មំ រោចេសិ, បាសំសោសិ វិជានតំ។ ម្នាលបក្សី សេចក្តីមេត្រី សេចក្តីជួបជុំ និងសេចក្តីស្និទ្ធស្នាល ដែលអ្នកបានធ្វើហើយ ជាការប្រពៃណាស់ បើអ្នកពេញចិត្តនឹងធម៌នោះ អ្នកនឹងបានជាទីសរសើរនៃពួកវិញ្ញូជន ។ សោ តេ សុវ វរំ ទម្មិ, បត្តយាន វិហង្គម; វរំ វរស្សុ វក្កង្គ, យំ កិញ្ចិ មនសិច្ឆសិ។ ម្នាលសេក អ្នកមានស្លាបជាយាន ហើរទៅព្ធដ៏អាកាស យើងឲ្យពរដល់អ្នក ម្នាលបក្សី បើអ្នកមានចិត្តប្រាថ្នានូវពរណាមួយ ចូរទទួលយកនូវពរនោះចុះ ។ ស្ដេចសេកស្ដាប់ពាក្យនោះហើយ កាលទទួលពរ ទើបពោលគាថាទី ៧ ថា វរញ្ច មេ ហំស ភវំ ទទេយ្យ, អយញ្ច រុក្ខោ បុនរាយុំ លភេថ; សោ សាខវា ផលិមា សំវិរូឡ្ហោ, មធុត្ថិកោ តិដ្ឋតុ សោភមានោ។ ម្នាលហង្ស អ្នកគប្បីឲ្យពរដល់ខ្ញុំ សូមឲ្យដើមឈើនេះ ត្រឡប់មានអាយុរស់វិញ សូមឲ្យដើមឈើនោះ មានមែក មានផ្លែ លូតលាស់ល្អ មានផ្លែ មានរសផ្អែមល្អ ។ លំដាប់នោះ សក្កទេវរាជកាលឲ្យពរ ទើបពោលគាថាទី ៨ ថា តំ បស្ស សម្ម ផលិមំ ឧឡារំ, សហាវ តេ ហោតុ ឧទុម្ពរេន; សោ សាខវា ផលិមា សំវិរូឡ្ហោ, មធុត្ថិកោ តិដ្ឋតុ សោភមានោ។ ម្នាលសម្លាញ់ អ្នកចូរមើលដើមឈើ ដែលមានផ្លែដ៏លើសលុបនេះចុះ ទីលំនៅរបស់អ្នកចូរកើតជាមួយនឹងដើមល្វា ដើមល្វានោះ ចូរមានមែក មានផ្លែលូតលាស់ល្អ មានផ្លែ មានរសផ្អែមល្អ ។ បណ្ដាបទទាំងនោះ បទថា សហាវ តេ ហោតុ ឧទុម្ពរេនា សេចក្ដីថា ការនៅជាមួយនឹងដើមល្វាចូរមានដល់លោក ។ ស្ដេចសក្កៈកាលពោលយ៉ាងនេះហើយ ក៏លះបង់អត្តភាពនោះ សម្ដែងអានុភាពរបស់ខ្លួន និងនាងសុជា កាន់យកទឹកដោយដៃពីទន្លេគង្គា ស្រោចដង្គត់ដើមល្វា ។ ក្នុងពេលនោះឯង ដើមល្វាក៏ដល់ព្រមដោយមែកនិងប្រគាប មានផ្លែផ្អែម តាំងឡើង ឋិតនៅយ៉ាងស្រស់បំព្រង ហាក់ដូចជាមុណ្ឌមណិបព៌ត ។ ស្ដេចសេកឃើញដើមឈើនោះហើយ ក៏មានសេចក្ដីសោមនស្ស កាលធ្វើការសរសើរដល់សក្កទេវរាជ ទើបពោលគាថាទី ៩ ថា ឯវំ សក្ក សុខី ហោហិ, សហ សព្ពេហិ ញាតិភិ; យថាហមជ្ជ សុខិតោ, ទិស្វាន សផលំ ទុមំ។ បពិត្រសក្កៈ កាលបើយ៉ាងនេះ សូមឲ្យព្រះអង្គបានសេចក្តីសុខ ព្រមទាំងពួកញាតិទាំងអស់ ឲ្យដូចខ្ញុំដែលបានសេចក្តីសុខ ព្រោះបានឃើញដើមឈើ ប្រកបដោយផ្លែ ក្នុងថ្ងៃនេះឯង ។ ចំណែកសក្កទេវរាជកាលឲ្យពរដល់ស្ដេចសេកនោះហើយ ក៏បានធ្វើដើមល្វាឲ្យមានផ្លែជាប់ជានិច្ច ហើយទើបទៅកាន់ឋានរបស់ខ្លួន ជាមួយនឹងនាងសុជា ។ ព្រះសាស្ដាកាលសម្ដែងសេចក្ដីនោះ ទ្រង់ក៏តម្កល់អភិសម្ពុទ្ធគាថា ថា សុវស្ស ច វរំ ទត្វា, កត្វាន សផលំ ទុមំ; បក្កាមិ សហ ភរិយាយ, ទេវានំ នន្ទនំ វនំ។ ព្រះឥន្ទបានឮពាក្យសេកហើយ ក៏ធ្វើនូវដើមឈើនោះ ឲ្យមានផ្លែ រួចចៀសចេញទៅកាន់នន្ទនវនឧទ្យានរបស់ពួកទេវតា ជាមួយនឹងភរិយា ។ ព្រះសាស្ដាបាននាំព្រះធម្មទេសនានេះមកហើយ ត្រាស់ថា ម្នាលភិក្ខុ បោរាណកបណ្ឌិតទាំងឡាយសូម្បីកើតក្នុងកំណើតសត្វតិរច្ឆាន ក៏លះសេចក្ដីល្មោភក្នុងអាហារ ។ ព្រោះហេតុអ្វី អ្នកដែលបានបួសក្នុងសាសនាមានសភាពបែបនេះហើយ ក៏នៅប្រព្រឹត្តល្មោភអាហារទៀត អ្នកចូរទៅ ហើយនៅក្នុងទីនោះចុះ ដូច្នេះហើយ ទ្រង់សម្ដែងកម្មដ្ឋានដល់ភិក្ខុនោះ ហើយប្រជុំជាតក ។ ភិក្ខុនោះ ទៅក្នុងទីនោះ កាលចម្រើនវិបស្សនា ក៏បានសម្រេចព្រះអរហត្ត ។ តទា សក្កោ អនុរុទ្ធោ អហោសិ ស្ដេចសក្កៈក្នុងកាលនោះ បានមកជា អនុរុទ្ធ សុវរាជា បន អហមេវ អហោសិំ ចំណែកស្ដេចសេក គឺ តថាគត នេះឯង ។ ចប់ មហាសុវរាជ ៕ (ជាតកដ្ឋកថា សុត្តន្តបិដក ខុទ្ទកនិកាយ ជាតក នវកនិបាត បិដកលេខ ៥៩ ទំព័រ ១៣៩) ថ្ងៃអង្គារ ១០ កើត ខែវិសាខ ឆ្នាំច សំរិទ្ធិស័ក ច.ល. ១៣៨០ ថ្ងៃទី ២៤ ខែមេសា ព.ស. ២៥៦១ គ.ស.២០១៨ ដោយ ស.ដ.វ.ថ. ដោយ៥០០០ឆ្នាំ
images/articles/2937/cvfic.jpg
Public date : 19, Jun 2021 (4534 Read)
ចូឡសុវជាតក (បិដកខ្មែ៛ថា ចុល្លសុវករាជជាតក) ព្រះសាស្ដា កាលស្ដេចគង់នៅវត្តជេតពន ក្នុងក្រុងសាវត្ថី ទ្រង់ប្រារព្ធវេរញ្ជកណ្ឌ (វិនយបិដកលេខ ១ ទំព័រ ១) បានត្រាស់ព្រះធម្មទេសនានេះ មានពាក្យថា សន្តិ រុក្ខា ដូច្នេះជាដើម ។ កាលព្រះសាស្ដាគង់នៅចាំវស្សាក្នុងស្រុកវេរញ្ជា ហើយយាងតាមលំដាប់មកដល់ក្រុងសាវត្ថី ភិក្ខុទាំងឡាយញ៉ាំងកថាឲ្យតាំងឡើងក្នុងធម្មសភាថា ម្នាលអាវុសោ ព្រះតថាគតជា ខត្តិយសុខុមាលជាតិ ជាពុទ្ធសុខុមាលជាតិ ទ្រង់ប្រកបដោយឥទ្ធានុភាពច្រើន កាលនៅចាំវស្សាអស់ ៣ ខែដោយការនិមន្តរបស់វេរញ្ជព្រាហ្មណ៍ ទ្រង់មិនបានភិក្ខាសូម្បីតែមួយថ្ងៃអំពីសម្នាក់ព្រាហ្មណ៍នោះ ដោយអំណាចនៃមារបង្វិលចិត្ត ទ្រង់លះសេចក្ដីល្មោភក្នុងអាហារ ទ្រង់ញ៉ាំងព្រះជន្មឲ្យប្រព្រឹត្តទៅដោយអាហារសម្រាប់សេះមួយនាឡិអស់ ៣ ខែ ស្ដេចមិនយាងទៅក្នុងទីដទៃ សេចក្ដីប្រាថ្នាតិច និងសេចក្ដីសន្តោសរបស់ព្រះតថាគត អស្ចារ្យណាស់ ។ ព្រះសាស្ដាយាងមកហើយសួរថា ម្នាលភិក្ខុទាំងឡាយ អម្បាញ់មិញនេះ អ្នកទាំងឡាយអង្គុយប្រជុំគ្នាដោយរឿងអ្វី ។ កាលភិក្ខុទាំងឡាយទូលថា ដោយរឿងឈ្មោះនេះ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ការលះសេចក្ដីល្មោភក្នុងអាហារ ក្នុងកាលឥឡូវនេះ របស់តថាគត មិនជាអស្ចារ្យទេ សូម្បីក្នុងកាលមុន កាលតថាគតកើតក្នុងកំណើតសត្វតិរច្ឆាន ក៏លះសេចក្ដីល្មោភក្នុងអាហារដែរ ដូច្នេះហើយ ព្រះអង្គទើបនាំអតីតនិទានមក ។ រឿងរ៉ាវសូម្បីទាំងអស់ អ្នកសិក្សាគប្បីឲ្យពិស្ដារដោយន័យដំបូងនោះឯង ។ (សេ្តចហង្សនិយាយនឹងសេ្តចសេកថា) សន្តិ រុក្ខា ហរិបត្តា, ទុមា នេកផលា ពហូ; កស្មា នុ សុក្ខេ កោឡាបេ, សុវស្ស និរតោ មនោ។ ដើមឈើទាំងឡាយច្រើនណាស់ ដែលមានស្លឹកខៀវ មានផ្លែជាអនេក ព្រោះហេតុអ្វីហ្ន៎ បានជាសេកនេះ មានចិត្តរីករាយជានិច្ច តែនឹងដង្គត់ឈើពុកស្ងួត ។ (សេ្តចសេកនិយាយតបវិញថា) ផលស្ស ឧបភុញ្ជិម្ហា, នេកវស្សគណេ ពហូ; អផលម្បិ វិទិត្វាន, សាវ មេត្តិ យថា បុរេ។ យើងបានចូលទៅបរិភោគផ្លែឈើនោះ រាប់ដោយឆ្នាំច្រើនជាអនេក ទោះបីយើងដឹងថា ឈើនោះ មិនមានផ្លែហើយ ការមេត្រីនោះ ក៏នៅដូចដើម ។ (ស្តេចហង្សនិយាយថា) សុក្ខញ្ច រុក្ខំ កោឡាបំ, ឱបត្តមផលំ ទុមំ; ឱហាយ សកុណា យន្តិ, កិំ ទោសំ បស្សសេ ទិជ។ សត្វស្លាបទាំងឡាយ តែងលះបង់នូវដើមឈើដែលពុកស្ងួត ជ្រុះស្លឹកអស់ មិនមានផ្លែ ហើយហើរទៅ ម្នាលអ្នកជាទ្វិជាតិ អ្នកសម្គាល់ឃើញទោស (ក្នុងការលះចោលនោះ) ដូចម្តេច ។ (សេ្តចសេកនិយាយថា) យេ ផលត្ថា សម្ភជន្តិ, អផលោតិ ជហន្តិ នំ; អត្តត្ថបញ្ញា ទុម្មេធា, តេ ហោន្តិ បក្ខបាតិនោ។ ពួកសត្វណា មានសេចក្តីត្រូវការដោយផ្លែ ហើយគប់រកនូវដើមឈើ លុះដឹងថា មិនមានផ្លែ ក៏លះចោលនូវដើមឈើនោះ ពួកសត្វស្លាបនោះ ឈ្មោះថាមានប្រាជ្ញាគិតតែប្រយោជន៍ផ្ទាល់ខ្លួន មានប្រាជ្ញាមិនល្អ រមែងញ៉ាំងចំណែកនៃសេចក្តីរាប់អានឲ្យវិនាស ។ (ស្តេចហង្សនិយាយថា) សាធុ សក្ខិ កតំ ហោតិ, មេត្តិ សំសតិ សន្ថវោ; សចេតំ ធម្មំ រោចេសិ, បាសំសោសិ វិជានតំ។ ម្នាលបក្សី សេចក្តីមេត្រី សេចក្តីជួបជុំ និងសេចក្តីស្និទ្ធស្នាល ដែលអ្នកបានធ្វើហើយ ជាការប្រពៃណាស់ បើអ្នកពេញចិត្តធម៌នេះ អ្នកនឹងបានជាទីសរសើរនៃពួកវិញ្ញូជន ។ សោ តេ សុវ វរំ ទម្មិ, បត្តយាន វិហង្គម; វរំ វរស្សុ វក្កង្គ, យំ កិញ្ចិ មនសិច្ឆសិ។ មា្នលសេក អ្នកមានស្លាបជាយាន ហើរទៅតាមអាកាស យើងឲ្យពរដល់អ្នក ម្នាលបក្សី បើអ្នកមានចិត្តប្រាថ្នានូវពរណានីមួយ ចូរទទួលយកពរនោះចុះ ។ (សេ្តចសេកនិយាយថា) អបិ នាម នំ បស្សេយ្យំ, សបត្តំ សផលំ ទុមំ; ទលិទ្ទោវ និធិំ លទ្ធា, នន្ទេយ្យាហំ បុនប្បុនំ។ ខ្ញុំសូមឲ្យបានឃើញនូវដើមឈើនោះ មានស្លឹក និងផ្លែឡើងវិញដូចដើម ខ្ញុំគប្បីរីករាយរឿយ ៗ ដូចមនុស្សកម្សត់ បានកំណប់ទ្រព្យ ។ (អភិសម្ពុទ្ធគាថា) តតោ អមតមាទាយ, អភិសិញ្ចិ មហីរុហំ; តស្ស សាខា វិរូហិំសុ, សីតច្ឆាយា មនោរមា។ លំដាប់នោះ ព្រះឥន្ទបានយកទឹកអម្រឹត មកស្រោច នូវឈើដុះលើផែនដី ដើមឈើនោះ មានមែកលូតលាស់ត្រសាយត្រសុំ មានម្លប់ដ៏ត្រជាក់ ជាទីរីករាយនៃចិត្ត ។ (ស្តេចសេកនិយាយថា) ឯវំ សក្ក សុខី ហោហិ, សហ សព្ពេហិ ញាតិភិ; យថាហមជ្ជ សុខិតោ, ទិស្វាន សផលំ ទុមំ។ បពិត្រសក្កៈ កាលបើយ៉ាងនេះ សូមឲ្យព្រះអង្គបានសេចក្តីសុខ ព្រមទាំងពួកញាតិទាំងអស់ ឲ្យដូចជាខ្ញុំដែលបានសេចក្តីសុខ ព្រោះឃើញនូវដើមឈើដ៏ប្រកបដោយផ្លែ ក្នុងថ្ងៃនេះ ។ (អភិសម្ពុទ្ធគាថា) សុវស្ស ច វរំ ទត្វា, កត្វាន សផលំ ទុមំ; បក្កាមិ សហ ភរិយាយ, ទេវានំ នន្ទនំ វនំ។ ព្រះឥន្ទបានឮពាក្យសេកហើយ ក៏ធ្វើនូវឈើនោះ ឲ្យមានផ្លែ រួចក៏ចៀសចេញទៅកាន់នន្ទនវនឧទ្យាន នៃទេវតាទាំងឡាយ ជាមួយនឹងភរិយា ។ សូម្បីបញ្ហានិងពាក្យតបបញ្ហា សូម្បីអត្ថសេចក្ដី អ្នកសិក្សាគប្បីជ្រាបតាមន័យដំបូងនោះឯង ចំណែកក្នុងជាតកនេះ ខ្ញុំនឹងពណ៌នាបទដែលលំបាកប៉ុណ្ណោះ ។ បទថា ហរិបត្តា សេចក្ដីថា ដេរដាសដោយស្លឹកពណ៌ខៀវ ។ បទថា កោឡាបេ សេចក្ដីថា ដែលមិនមានខ្លឹម កាលខ្យល់បក់ មានសំឡេងដូចគេសំពង ។ បទថា សុវស្ស សេចក្ដីថា ព្រោះហេតុអ្វី ស្ដេចសេកសុវរាជដ៏មានអាយុមានចិត្តត្រេកអរស៊ប់នឹងដើមឈើ ដែលមានសភាពបែបនោះ ។ បទថា ផលស្ស សេចក្ដីថា ផ្លែដើមឈើនោះ។ បទថា នេកវស្សគណេ សេចក្ដីថា ជាច្រើនឆ្នាំ ។ បទថា ពហូ សេចក្ដីថា សូម្បីអស់កាលច្រើនរយឆ្នាំ មិនមែន ២ ឆ្នាំ មិនមែន ៣ ឆ្នាំ គឺច្រើន ។ បទថា វិទិត្វាន សេចក្ដីថា សេកសុវរាជកាលប្រកាសសេចក្ដីនោះទើបពោលថា បពិត្រស្ដេចហង្ស ឥឡូវនេះ សូម្បីខ្ញុំដឹងថា ដើមឈើនេះមិនមានផ្លែ មេត្រីភាពជាមួយនឹងដើមឈើនោះក្នុងកាលមុនយ៉ាងណា មេត្រីភាពនោះ ពួកខ្ញុំនឹងមិនទម្លាយមេត្រីភាពនោះ ព្រោះថាអ្នកដែលទម្លាយមេត្រីភាព ឈ្មោះថា ជាមនុស្សមិនល្អ ជាអសប្បុរស ។ បទថា អបិ នាម នំ សេចក្ដីថា បពិត្រស្ដេចហង្ស បើសេចក្ដីប្រាថ្នារបស់ខ្ញុំគប្បីបាន ពរដែលលោកឲ្យ គប្បីសម្រេច ខ្ញុំចង់ឃើញដើមឈើនេះមានស្លឹក មានផ្លែម្ដងទៀត បន្ទាប់មក ខ្ញុំដែលជាសត្វកម្សត់បានកំណប់នេះ នឹងគប្បីត្រេកអរនឹងដើមឈើនោះរឿយៗ កាលបានឃើញដើមឈើនោះ ខ្ញុំនឹងមានចិត្តរីករាយ ។ បទថា អមតមាទាយ សេចក្ដីថា ឋិតនៅដោយអានុភាពរបស់ខ្លួន កាន់យកទឹកទន្លេគង្គា មកស្រោច ។ ក្នុងជាតកនេះ មានអភិសម្ពុទ្ធគាថា ២ មួយអន្លើដោយគាថាទាំងឡាយនេះ ។ ព្រះសាស្ដាបាននាំព្រះធម្មទេសនានេះមកហើយ ទ្រង់ប្រជុំជាតកថា តទា សក្កោ អនុរុទ្ធោ អហោសិ ស្ដេចសក្កៈក្នុងកាលនោះ បានមកជា អនុរុទ្ធ សុវរាជា បន អហមេវ អហោសិំ ស្ដេចសេកសុវរាជ គឺ តថាគត នេះឯង ។ ចប់ ចូឡសុវជាតក ៕ (ជាតកដ្ឋកថា សុត្តន្តបិដក ខុទ្ទកនិកាយ ជាតក នវកនិបាត បិដកលេខ ៥៩ ទំព័រ ១៤២) ថ្ងៃច័ន្ទ ៩ កើត ខែវិសាខ ឆ្នាំច សំរិទ្ធិស័ក ច.ល. ១៣៨០ ថ្ងៃទី ២៣ ខែមេសា ព.ស. ២៥៦១ គ.ស.២០១៨ ដោយ ស.ដ.វ.ថ. ដោយ៥០០០ឆ្នាំ
images/articles/2938/zaxtpic.jpg
Public date : 19, Jun 2021 (5289 Read)
ព្រះសាស្ដាកាលសេ្ដចគង់នៅជេតពន ទ្រង់ប្រារព្ធលោលភិក្ខុ (ភិក្ខុល្មោភ) មួយរូប បានត្រាស់ព្រះធម្មទេសនានេះ មានពាក្យថា ឥទានិ ខោម្ហិ ដូច្នេះជាដើម ។ រឿងនៃសេចក្ដីល្មោភរបស់ភិក្ខុនោះមានពិស្ដារជាច្រើនហើយ ។ ចំណែកព្រះសាស្ដាត្រាស់សួរភិក្ខុនោះថា ម្នាលភិក្ខុ បានឮថា អ្នកជាមនុស្សល្មោភឬ ? លោលភិក្ខុទូលថា បពិត្រព្រះអង្គដ៏ចម្រើន ពិតមែន ។ ព្រះមានព្រះភាគត្រាស់ថា ម្នាលភិក្ខុ មិនមែនតែក្នុងកាលឥឡូវនេះទេ សូម្បីក្នុងកាលមុន អ្នកក៏ជាមនុស្សល្មោភដែរ ហើយបានដល់នូវការអស់ជីវិត ព្រោះភាពជាមនុស្សល្មោភ ដូច្នេះហើយ ព្រះអង្គនាំអតីតនិទានមកថា ក្នុងអតីតកាល កាលព្រះបាទព្រហ្មទត្តសោយរាជសម្បត្តិក្នុងនគរពារាណសី ព្រះពោធិសត្វកើតក្នុងកំណើតសត្វព្រាប អាស្រ័យនៅនឹងកំប្រោងក្នុងរោងបាយ របស់សេដ្ឋីក្រុងពារាណសី ។ លំដាប់នោះ មានក្អែកមួយ ជាសត្វលោភនឹងត្រីនិងសាច់ បានធ្វើមេត្រីភាពជាមួយនឹងព្រាបពោធិសត្វនោះ ហើយនៅក្នុងទីនោះដែរ ។ ថ្ងៃមួយ ក្អែកនោះឃើញត្រីនិងសាច់ជាច្រើន គិតថា យើងបរិភោគត្រីនិងសាច់នេះ ដូច្នេះហើយ ទើបដេកដកដង្ហើមធំក្នុងកំប្រោងនោះឯង ។ កាលដល់វេលាស្វែងរកចំណី ព្រាបពោលនឹងក្អែកនោះថា នែសម្លាញ់ ចូរមក យើងនឹងទៅរកចំណី ។ ក្អែកពោលថា ខ្ញុំឈឺពោះ សូមដេកហើយ អ្នកចូរទៅចុះ ។ កាលព្រាបពោធិសត្វទៅហើយ ក្អែកគិតថា បច្ចាមិត្តជាសត្រូវរបស់យើងទៅហើយ ឥឡូវនេះ យើងនឹងបរិភោគត្រីនិងសាច់តាមសេចក្ដីប្រាថ្នា ដូច្នេះហើយ ទើបពោលគាថាទី ១ ថា ឥទានិ ខោម្ហិ សុខិតោ អរោគោ, និក្កណ្ដកោ និប្បតិតោ កបោតោ; កាហាមិ ទានី ហទយស្ស តុដ្ឋិំ, តថា ហិ មំ មំសសាកំ ពលេតិ។ ឥឡូវនេះ អញបានសុខ មិនមានរោគ មិនមានសត្រូវដូចបន្លា (ព្រោះ) ព្រាបហើរចេញទៅហើយ ឥឡូវនេះ អញនឹងធ្វើនូវសេចក្តីត្រេកអរនៃចិត្ត ព្រោះថាសាច់ និងអន្លក់ រមែងញ៉ាំងអញ ឲ្យមានកម្លាំង ។ បណ្ដាបទទាំងនោះ បទថា និប្បតិតោ សេចក្ដីថា ចេញទៅហើយ ។ បទថាកបោតោ បានដល់ បារាវតៈ សត្វព្រាប ។ បទថា កាហាមិ ទានី សេចក្ដីថា ឥឡូវនេះ យើងនឹងធ្វើ ។ បទថា តថា ហិ មំ មំសសាកំ ពលេតិ សេចក្ដីថា ពិតមែន សាច់ និងអន្លក់ដ៏សេសរមែងធ្វើកម្លាំងដល់យើង ដោយពិត អធិប្បាយថា សាច់និងអន្លក់រមែងធ្វើឧស្សាហៈដល់យើង ហាក់ដូចជានិយាយថា ចូរក្រោកឡើងបរិភោគចុះ ។ ក្នុងកាលដែលចុងភៅចម្អិនត្រីនិងសាច់ហើយ ចេញពីរោងបាយ ដើម្បីឲ្យញើសហូរចេញពីសរីរៈ ក្អែកនោះ ក៏ពួនសម្ងំនៅនឹងភាជនៈអាហារ ធ្វើសំឡេងឲ្យលាន់ឮថា កិរិ កិរិ ។ នាយចុងភៅមកដោយរហ័ស ចាប់ក្អែកដកស្លាបទាំងអស់ ហើយកុកខ្ញីនិងម្ទេសស្រស់ជាមួយនឹងគ្រាប់ស្ពៃ ច្របល់ដោយទឹកដោះជូរនិងខ្ទឹម រួចលាបសរីរៈទាំងអស់ ត្រដុសចាក់នឹងដុំក្រួស ចងកក្អែកនោះដោយអំបោះ ហើយបោះទៅក្នុងកំប្រោង រួចក៏ចេញទៅ ។ ព្រាបមកហើយ ឃើញក្អែកនោះ កាលសើចចំអក ទើបពោលថា កុកនោះដូចម្ដេច មកដេកក្នុងកំប្រោងរបស់សម្លាញ់នៃយើង សម្លាញ់របស់យើងនោះកាចណាស់ គេមកហើយនឹងគប្បីសម្លាប់អ្នក ដូច្នេះហើយ ក៏ពោលគាថាទី ២ ថា កាយំ ពលាកា សិខិនី, ចោរី លង្ឃិបិតាមហា; ឱរំ ពលាកេ អាគច្ឆ, ចណ្ឌោ មេ វាយសោ សខា។ នេះជាកុកអ្វី ជាសត្វមានកំប៉ោយ ជាចោរ មានមេឃជាបិតា នែនាងកុក នាងចូរមកខាងអាយ ក្អែកជាសម្លាញ់របស់ខ្ញុំកាច ។ គាថានោះ មានសេចក្ដីដូចដែលពោលហើយក្នុងខាងក្រោយនោះឯង ។ ក្អែកស្ដាប់ពាក្យនោះហើយ ពោលគាថាទី ៣ ថា អលញ្ហិ តេ ជគ្ឃិតាយេ, មមំ ទិស្វាន ឯទិសំ; វិលូនំ សូទបុត្តេន, បិដ្ឋមណ្ឌេន មក្ខិតំ។ អ្នកមិនគួរសើចនឹងខ្ញុំ ព្រោះឃើញខ្ញុំ (ដល់នូវសេចក្តីទុក្ខ) យ៉ាងនេះ ដែលត្រូវកូនអ្នកគ្រួ ដកស្លាបប្រឡាក់ដោយម្សៅម៉ត់ ។ បណ្ដាបទទាំងនោះ បទថា អលំ នេះ ជានិបាតចុះក្នុងអត្ថបដិសេធ ។ បទថាជគ្ឃិតាយេ សេចក្ដីថា សើច ។ ក្អែកពោលថា ឥឡូវនេះ លោកឃើញខ្ញុំដែលដល់សេចក្ដីទុក្ខបែបនេះហើយ កុំសើចអី សូមលោកកុំធ្វើការសើចចំអកក្នុងកាលនេះឡើយ ។ ព្រាបនោះកាលនឹងសើចចំអក ទើបពោលគាថាទី ៤ ទៀតថា សុន្ហាតោ សុវិលិត្តោសិ, អន្នបានេន តប្បិតោ; កណ្ឋេ ច តេ វេឡុរិយោ, អគមា នុ កជង្គលំ។ អ្នកមានខ្លួនងូតស្អាត ស្រលាបដោយល្អ ឆ្អែតស្កប់ស្កល់ ដោយបាយ និងទឹក អ្នកមានកែវពៃទូរ្យព្ធដ៏ក នឹងទៅកាន់នគរកជង្គលៈឬ ។ បណ្ដាបទទាំងនោះ បទថា កណ្ឋេ ច តេ វេឡុរិយោ នេះ ព្រាបសំដៅយកអំបែងនោះ ពោលថា សូម្បីកែវពៃទូរ្យនិងកែវមណីដែលលោកប្រដាប់ត្រង់ក លោកមិនបានសម្ដែងដល់យើងអស់កាលប្រមាណប៉ុណ្ណេះ ។ បទថា កជង្គលំ សេចក្ដីថា ក្រុងពារាណសីនោះឯង ព្រាបពោលថា កជង្គលៈ ក្នុងទីនេះ ។ ព្រាបសួរថា លោកចេញអំពីទីនេះ នឹងទៅខាងក្នុងនគរឬ ។ លំដាប់នោះ ក្អែកក៏ពោលគាថាទី ៥ ថា មា តេ មិត្តោ អមិត្តោ វា, អគមាសិ កជង្គលំ; បិញ្ឆានិ តត្ថ លាយិត្វា, កណ្ឋេ ពន្ធន្តិ វដ្ដនំ។ សត្វជាមិត្ត ឬជាសត្រូវរបស់អ្នក កុំទៅកាន់នគរកជង្គលៈឡើយ ពួកជនក្នុងនគរនោះ បានបោចរោមហើយចងប្រឡៅត្រង់ក ។ បណ្ដាបទទាំងនោះ បទថា បិញ្ឆានិ បានដល់ ស្លាប ។ បទថា តត្ថ លាយិត្វា សេចក្ដីថា មនុស្សក្នុងនគរពារាណីនោះ ដកហើយ ។ បទថា វដ្ដនំ បានដល់ ក្បឿង ។ ព្រាបស្ដាប់ពាក្យនោះហើយ ពោលគាថាចុងក្រោយថា បុនបាបជ្ជសី សម្ម, សីលញ្ហិ តវ តាទិសំ; ន ហិ មានុសកា ភោគា, សុភុញ្ជា ហោន្តិ បក្ខិនា។ ម្នាលសម្លាញ់ អ្នកនឹងដល់នូវអំពើយ៉ាងនេះទៀត ព្រោះមារយាទរបស់អ្នកតែយ៉ាងហ្នឹង ភោគៈទាំងឡាយរបស់មនុស្ស មិនមែងសត្វស្លាប បរិភោគបានទេ ។ បណ្ដាបទទាំងនោះ បទថា បុនបាបជ្ជសី សេចក្ដីថា អ្នកនឹងដល់សេចក្ដីទុក្ខបែបនេះទៀត ។ បើសីលមារយាទរបស់អ្នកនៅតែបែបនេះ ។ ព្រាបពោធិសត្វឲ្យឱវាទ ដល់ក្អែកយ៉ាងនេះហើយ មិនអាចនឹងនៅក្នុងទីនោះទៀត ទើបទទះស្លាប ហើរទៅកាន់ទីដទៃ ។ ចំណែកក្អែកក៏ដល់នូវការអស់ជីវិតក្នុងទីនោះឯង ។ ព្រះសាស្ដាបាននាំព្រះធម្មទេសនានេះមកហើយ ទ្រង់ប្រកាសសច្ចៈទាំងឡាយ និងប្រជុំជាតក ក្នុងកាលទីបញ្ចប់នៃសច្ចៈ លោលភិក្ខុបានតាំងនៅក្នុងអនាគាមិផល ។ តទា លោលកាកោ លោលភិក្ខុ អហោសិ ក្អែកលោ្មភក្នុងកាលនោះ បានមកជាលោលភិក្ខុ កបោតោ បន អហមេវ អហោសិំ ចំណែកព្រាប គឺ តថាគត នេះឯង ។ ចប់ កបោតកជាតក ៕ (ជាតកដ្ឋកថា សុត្តន្តបិដក ខុទ្ទកនិកាយ ជាតក បញ្ចកនិបាត អឌ្ឍវគ្គ បិដកលេខ ៥៩ ទំព័រ ៣២) ដោយខេមរ អភិធម្មាវតារ ដោយ៥០០០ឆ្នាំ
images/articles/2942/kkktpic.jpg
Public date : 17, May 2021 (13432 Read)
ចតុទ្វារជាតក (មហាមិត្តវិន្ទកជាតក) ព្រះសាស្ដាកាលស្ដេចគង់នៅវត្តជេតពន ទ្រង់ប្រារព្ធទុព្វចភិក្ខុ (ភិក្ខុដែលគេប្រដៅក្រ) មួយរួបបានត្រាស់ព្រះធម្មទេសនានេះ មានពាក្យថា ចតុទ្វារមិទំ នគរំ ដូច្នេះជាដើម ។ រឿងរ៉ាវបច្ចុប្បន្ន បានពោលពិស្ដារហើយក្នុងជាតកដំបូងនៃនវកនិបាត ។ ចំណែកព្រះសាស្ដាត្រាស់សួរភិក្ខុនោះថា ម្នាលភិក្ខុ បានឮថា អ្នកជាមនុស្សប្រដៅក្រឬ ។ ភិក្ខុនោះទូលថា ពិតមែនហើយ ព្រះអង្គ ។ ព្រះមានព្រះភាគត្រាស់ថា ម្នាលភិក្ខុ សូម្បីក្នុងកាលមុន អ្នកមិនធ្វើតាមពាក្យរបស់បណ្ឌិត ព្រោះភាពជាអ្នកប្រដៅក្រ ហើយដល់នូវខុរចក្រ ដូច្នេះហើយ ទ្រង់ទើបនាំអតីតនិទានមកថា ក្នុងអតីតកាល កាលសាសនានៃព្រះកស្សបទសពល ក្នុងនគរពារាណសី មានបុរសម្នាក់ជាបុត្ររបស់សេដ្ឋីដែលមានទ្រព្យ ៨០ កោដិ ឈ្មោះ មិត្តវិន្ទកៈ ។ មាតាបិតារបស់ មិត្តវិន្ទកៈនោះជាព្រះសោតាបន្ន តែគេនោះជាមនុស្សទ្រុស្តសីល មិនមានសទ្ធា ។ ក្នុងកាលជាខាងក្រោយមក កាលបិតារបស់គេធ្វើកាលកិរិយាហើយ មាតាកាលពិចារណាទ្រព្យ បានពោលនឹងគេថា នែកូន អត្តភាពជាមនុស្សដែលអ្នកបានហើយ ជារបស់ដែលគេបានដោយក្រ អ្នកចូរឲ្យទាន ចូររក្សាសីល ចូរធ្វើឧបោសថកម្ម ចូរស្ដាប់ធម៌ ។ មិត្តវិន្ទកៈពោលថា បពិត្រអ្នកម៉ែ ប្រយោជន៍ដោយទានទាំងឡាយជាដើម មិនមានដល់ខ្ញុំ ម៉ែកុំពោលអ្វីឡើយ ខ្ញុំនឹងទៅតាមយថាកម្ម ។ កាលពោលយ៉ាងនេះហើយ ថ្ងៃមួយជាថ្ងៃបុណ្ណមុបោសថ (ឧបោសថថ្ងៃពេញបូណ៌មី) មាតាពោលនឹងគេថា នែកូន ថ្ងៃនេះ ជាថ្ងៃអភិលក្ខិតមហាឧបោសថ (ថ្ងៃឧបសថធំដែលគេកំណត់ទុក) ថ្ងៃនេះ អ្នកចូរសមាទានឧបោសថ ទៅវត្ត ហើយស្ដាប់ធម៌អស់រាត្រី រួចសឹម​ត្រឡប់​មក ម៉ែនឹងឲ្យប្រាក់ ១០០០ ដល់អ្នក ។ មិត្តវិន្ទកៈនោះទទួលថា ល្អ ហើយសមាទានឧបោសថ ដោយសេចក្ដីប្រាថ្នាចង់បានទ្រព្យ ។ កាលគេបរិភោគអាហារព្រឹករួច ក៏ទៅវត្ត ញ៉ាំងថ្ងៃឲ្យកន្លងទៅ ធម្មបទសូម្បីតែមួយមិនប៉ះត្រចៀកអស់រាត្រី យ៉ាងណា គេក៏ដេកលក់យ៉ាងស៊ប់ក្នុងកន្លែងមួយ យ៉ាងនោះ ថ្អៃស្អែក ទើបជម្រះមុខអំពីព្រឹក ហើយទៅអង្គុយក្នុងផ្ទះ ។ ចំណែកមាតារបស់គេគិតថា ថ្ងៃនេះ កូនរបស់យើង ស្ដាប់ធម៌ហើយ នឹងនាំព្រះធម្មកថិកមកអំពីព្រឹក ដូច្នេះទើបចាត់ចែងយាគូ ខាទនីយៈ និងភោជនីយៈ រៀបចំអាសនៈ រង់ចាំមើលដំណើរមករបស់កូន ឃើញកូនមកតែម្នាក់ គាត់ពោលថា នែកូន ហេតុអ្វីមិននាំព្រះធម្មកថិកមក ។ គេពោលថា ប្រយោជន៍ដោយព្រះធម្មកថិក មិនមានដល់ខ្ញុំ ។ មាតាពោលថា បើយ៉ាងនេះ កូនចូរផឹកបបរចុះ ។ មិត្តវិន្ទកៈពោលថា ម៉ែបានពោលថា នឹងឲ្យប្រាក់ ១០០០ ដល់ខ្ញុំ ចូរឲ្យប្រាក់នោះមុន ទើបខ្ញុំផឹកបបរតាមក្រោយ ។ មាតាពោលថា នែកូន អ្នកចូរ​ផឹក​សិន​ចុះ ម៉ែនឹងឲ្យតាមក្រោយ ។ គេពោលថា ទាល់តែបានប្រាក់ហើយ ទើបខ្ញុំផឹកបបរ ។ លំដាប់នោះ មាតា​ក៏ដាក់កញ្ចប់ប្រាក់ ១០០០ អំពីមុខគេ ។ មិត្តវិន្ទកៈផឹកបបរហើយ កាន់យកកញ្ចប់ប្រាក់ ១០០០ កាល​ធ្វើការរក្សាសន្សំ មិនយូរប៉ុន្មាន គេបានប្រាក់ ១២០០០០ ។ លំដាប់នោះ មិត្តវិន្ទកៈគិតថា យើងនឹងឡើងនាវា ធ្វើជំនួញ ។ គេរៀបចំនឹងឡើងនាវាបានពោលនឹងមាតាថា បពិត្រអ្នកម៉ែ ខ្ញុំនឹងធ្វើជំនួញដោយនាវា ។ មាតាពោលហាមគេថា នែកូន អ្នកជាកូនតែមួយ សូម្បីទ្រព្យច្រើនក៏មានក្នុងផ្ទះនេះ សមុទ្រមានទោសច្រើន អ្នកកុំទៅអី។ មិត្តវិន្ទកៈនោះ ពោលថា ខ្ញុំនឹងទៅ ម៉ែមិនអាចហាមខ្ញុំបានទេ ។ មាតាពោលថា នែកូន ម៉ែនឹងហាមអ្នក ដូច្នេះហើយ គាត់ក៏ចាប់ដៃគេ ។ មិត្តវិន្ទកៈដោះដៃហើយ ក៏ប្រហារមាតាឲ្យដួល ធ្វើឲ្យមានចន្លោះ ហើយទៅ នាវាក៏ចេញទៅកាន់សមុទ្រ ។ នាវាដែលមិត្តវិន្ទកៈអាស្រ័យនោះ ក្នុងថ្ងៃទី ៧ ក៏កឿងលើខ្នងសមុទ្រ ឋិតនៅ ឥតកម្រើន​ ។ កាលមនុស្សទាំងឡាយធ្វើស្លាកកាឡកណ្ណី ស្លាកនោះធ្លាក់ចុះលើដៃមិត្តវិន្ទកៈប៉ុណ្ណោះអស់ ៣ ដង ។ មនុស្សទាំងឡាយឲ្យក្បូនដល់គេ បោះគេទៅក្នុងសមុទ្រ ដោយគិតថា មនុស្សជាច្រើនចូរកុំវិនាសដោយអាស្រ័យបុរសម្នាក់នេះ ។ គ្រាន់តែធ្វើដូច្នេះ នាវាក៏ស្ទុះយ៉ាងលឿងទៅកាន់មហាសមុទ្រ ។ ចំណែកមិត្តវិន្ទកៈនោះដេកលើក្បូន ហើយបានដល់កោះមួយ ។ ក្នុងកោះនោះ គេបានឃើញនាងវេមានិកប្រេត ៤ នាក់ លើវិមានកែវផលិក ។ នាងវេមានិកប្រេតទាំងនោះ សោយទុក្ខ ៧ ថ្ងៃ សោយសុខ ៧ ថ្ងៃ ។ មិត្តវិន្ទកៈនោះក៏សោយទិព្វសម្បត្តិអស់ ៧ ថ្ងៃ មួយអន្លើដោយនាងវេមានិកប្រេតទាំងនោះ ។ លំដាប់នោះ កាលនាងវេមានិកប្រេតនោះដល់វេលាទៅសោយទុក្ខ នាងបានពោលនឹងគេថា បពិត្រស្វាមី ពួកខ្ញុំនឹងទៅអស់ ៧ ថ្ងៃ ពួកខ្ញុំនឹងមក ដរាបណា បងកុំអផ្សុក ដរាបនោះ ចូរនៅក្នុងទីនេះឯង ដូច្នេះក៏ធ្វើដំណើរទៅ ។ មិត្តវិន្ទកៈជាអ្នកមានតណ្ហាច្រើន កាលដេកលើវិមានកែវផលិកនោះ ក៏ទៅកាន់សមុទ្រម្ដងទៀត ហើយបានដល់កោះដទៃ ក្នុងកោះនោះ គេបានឃើញនាងវេមានិកប្រេត ៨ លើវិមានប្រាក់ ។ ដោយឧបាយនេះឯង ក្នុងកោះដទៃទៀត គេបានឃើញនាងវេមានិកប្រេត ១៨ លើវិមានកែវមណី, ក្នុងកោះដទៃទៀត គេបានឃើញនាងវេមានិកប្រេត ៣២ លើវិមានមាស ហើយសោយទិព្វសម្បត្តិ មួយអន្លើដោយនាងវេមានិកប្រេតទាំងនោះ កាលដែលនាងវេមានិកប្រេតទាំងនោះ ដល់វេលាទៅសោយទុក្ខ គេក៏ទៅកាន់សមុទ្រទៀត បានឃើញនគរដែលមានទ្វារ ៤ ឡោមព័ទ្ធដោយកំពែងមួយ ។ បានឮមកថា ទីនោះជាឧស្សទនរក ជាកន្លែងសោយកម្មរបស់នេរយិកសត្វទាំងឡាយដ៏ច្រើន តែប្រាកដដល់នាយមិត្តវិន្ទកៈ ហាក់ដូចជានគរដែលតាក់តែងដោយគ្រឿងអលង្ការ ។ មិត្តវិន្ទកៈនោះគិតថា យើងនឹងចូលនគរនេះហើយនឹងបានជាព្រះរាជា ដូច្នេះហើយ ឃើញសត្វនរកដែលកំពុងសោយទុក្ខ មានខុរចក្រវិលលើក្បាល ។ ពេលនោះ ខុរចក្រដែលនៅលើក្បាលនេរយិកសត្វនោះ ប្រាកដដល់គេហាក់ដូចជាផ្កាឈូក ។ ចំណងទាំង ៥ ឰដ៏ទ្រូង ប្រាកដដូចជាគ្រឿងក្រោះគ្រឿងបសាធនៈ ឈាមដែលហូរចេញពីក្បាល ប្រាកដដូចជា ចន្ទន៍ក្រហមជាគ្រឿងលាប សំឡេងបរិទេវៈទ្រហោយំ ប្រាកដដូចសំឡេងច្រៀងដ៏ពីរោះ ។ មិត្តវិន្ទកៈទៅកាន់សម្នាក់នេរយិកសត្វនោះ ពោលថា នែបុរសដ៏ចម្រើន អ្នកទ្រទ្រង់ផ្កាឈូកអស់កាលដ៏យូរ អ្នកចូរឲ្យផ្កាឈូកនោះដល់ខ្ញុំ ។ សត្វនរកពោលថា នែសម្លាញ់ នេះមិនមែនផ្កាឈូក នេះគឺខុរចក្រ ។ មិត្តវិន្ទកៈពោលថា អ្នកពោលយ៉ាងនេះ ព្រោះមិនប្រាថ្នាឲ្យដល់ខ្ញុំ ។ នេរយិកសត្វ គិតថា (ប្រហែលជា) កម្មរបស់យើងអស់ហើយ សូម្បីអ្នកនេះ គប្បីជាអ្នកប្រហារមាតាដូចយើងហើយមក យើងនឹងឲ្យខុរចក្រដល់គេ ។ គ្រានោះ នេរយិកសត្វពោលថា មកចុះ បុរសដ៏ចម្រើន លោកចូរទទួលផ្កាឈូកនេះចុះ ថាហើយ ក៏បោះខុរចក្រទៅលើក្បាលមិត្តវិន្ទកៈនោះ ខុរចក្រនោះ ធ្លាក់ចុះ កិនក្បាលរបស់គេ ។ ក្នុងខណៈនោះ មិត្តវិន្ទកៈក៏ដឹងថា ផ្កាឈូកនោះ គឺខុរចក្រ ហើយទើបពោលថា អ្នកចូរកាន់យកខុរចក្ររបស់អ្នក ចូរកាន់យកខុរចក្ររបស់អ្នក ដូច្នេះ ដល់នូវទុក្ខវេទនា យំខ្សឹកខ្សួល ចំណែកសត្វនរកនោះ ក៏បាត់ទៅ ។ គ្រានោះ ព្រះពោធិសត្វកើតជារុក្ខទេវតា កាលត្រាច់ចារិកមកកាន់ឧស្សទនរក ដោយបរិវារដ៏ច្រើន ក៏ដល់កន្លែងនោះ ។ មិត្តវិន្ទកៈសម្លឹងមើលព្រះពោធិសត្វហើយពោលថា បពិត្រទេវរាជជាម្ចាស់ ចក្រនេះធ្លាក់ចុះ កិនលើក្បាលរបស់ខ្ញុំ ដូចជាការធ្វើប្រេង តើខ្ញុំបានធ្វើបាបកម្មដូចម្ដេច ដូច្នេះកាលនឹងសួរ ទើបពោល ២ គាថា ថា ចតុទ្វារមិទំ នគរំ, អាយសំ ទឡ្ហបាការំ; ឱរុទ្ធបដិរុទ្ធោស្មិ, កិំ បាបំ បកតំ មយា។ ក្រុងនេះមានទ្វារ ៤ ជាវិការៈនៃដែក មានកំពែងដ៏មាំ ខ្ញុំត្រូវកំពែងព័ទ្ធជាប់ជុំវិញ តើខ្ញុំបានធ្វើបាបអ្វី ។ សព្ពេ អបិហិតា ទ្វារា, ឱរុទ្ធោស្មិ យថា ទិជោ; កិមាធិករណំ យក្ខ, ចក្កាភិនិហតោ អហំ។ ទ្វារទាំងអស់បិទជិត ខ្ញុំក៏ជាប់នៅ ដូចជាសត្វស្លាប (ជាប់នៅក្នុងទ្រុង) បពិត្រយក្ខ ហេតុដូចម្តេច ទើបខ្ញុំត្រូវចក្រវិលសង្កិន ។ លំដាប់នោះ ទេវរាជកាលនឹងសម្ដែងហេតុនោះ ទើបពោល ៦ គាថា ថា លទ្ធា សតសហស្សានិ, អតិរេកានិ វីសតិ; អនុកម្បកានំ ញាតីនំ, វចនំ សម្ម នាករិ។ អ្នកបានទ្រព្យជាង ១ សែន ២ ម៉ឺន១ មិនធ្វើតាមពាក្យរបស់ញាតិទាំងឡាយ ដែលជាអ្នកជួយអនុគ្រោះដោយល្អ ។ លង្ឃិំ សមុទ្ទំ បក្ខន្ទិ, សាគរំ អប្បសិទ្ធិកំ; ចតុព្ភិ អដ្ឋជ្ឈគមា, អដ្ឋាហិបិ ច សោឡស។ អ្នកស្ទុះលឿនទៅកាន់ទូក ដែលអណែ្តតទៅកាន់សមុទ្រសាគរ ជាទីសម្រេចប្រយោជន៍តិច បាននាងវេមានិកប្រេត ៤ នាក់ នាងវេមានិកប្រេត ៨ នាក់ លុះចេញអំពីវេមានិកប្រេត ៨ នាក់ ក៏បាននាងវេមានិកប្រេត ១៦ នាក់ ។ សោឡសាហិ ច ពាត្តិំស, អតិច្ឆំ ចក្កមាសទោ; ឥច្ឆាហតស្ស បោសស្ស, ចក្កំ ភមតិ មត្ថកេ។ អ្នកចេញអំពីនាងវេមានិកប្រេត ១៦ នាក់ ក៏បាននាងវេមានិកប្រេត ៣២ នាក់ អ្នកជាមនុស្សមានសេចក្តីប្រាថ្នាដ៏លើសលុប បានមកប្រទះនឹងចក្រ ទាំងចក្រក៏វិលកិន នូវអំបែងក្បាលនៃបុរស ដែលមានសេចក្តីប្រាថ្នាគ្របសង្កត់ ។ ឧបរិវិសាលា ទុប្បូរា, ឥច្ឆា វិសដគាមិនី; យេ ច តំ អនុគិជ្ឈន្តិ, តេ ហោន្តិ ចក្កធារិនោ។ សេចក្តីប្រាថ្នា ជាធម្មជាតិដ៏ទូលាយលើសលុប ដែលគេបំពេញបានដោយក្រ ជាផ្លូវដល់នូវសេចក្តីវិបត្តិ ព្រោះសេចក្តីប្រាថ្នា ពួកជនណា ត្រេកអរតាមសេចក្តីប្រាថ្នានោះ ពួកជននោះ រមែងជាអ្នកទ្រទ្រង់នូវចក្រ ។ ពហុភណ្ឌំ អវហាយ, មគ្គំ អប្បដិវេក្ខិយ; យេសញ្ចេតំ អសង្ខាតំ, តេ ហោន្តិ ចក្កធារិនោ។ ពួកជនណា មិនពិចារណានូវផ្លូវនេះ ដូចជាអ្នកលះបង់នូវទ្រព្យច្រើន មិនពិចារណានូវផ្លូវ (ដែលខ្លួនត្រូវដើរទៅ) ពួកជននោះ រមែងជាអ្នកទ្រទ្រង់នូវចក្រ ។ កម្មំ សមេក្ខេ វិបុលញ្ច ភោគំ, ឥច្ឆំ ន សេវេយ្យ អនត្ថសំហិតំ; ករេយ្យ វាក្យំ អនុកម្បកានំ, តំ តាទិសំ នាតិវត្តេយ្យ ចក្កំ។ បុគ្គលគប្បីពិចារណានូវកិច្ចការដែលត្រូវធ្វើ និងភោគៈដ៏ច្រើន ហើយមិនគប្បីគប់រកនូវសេចក្តីប្រាថ្នា ដែលមិនប្រកបដោយប្រយោជន៍ ធ្វើតាមពាក្យរបស់ពួកជនអ្នកអនុគ្រោះ ចក្រមិនគប្បីវិលសង្កិនបុគ្គលបែបនោះបាន ។ បណ្ដាបទទាំងនោះ បទថា លទ្ធា សតសហស្សានិ, អតិរេកានិ វីសតិ សេចក្ដីថា អ្នកធ្វើឧបោសថ បានទទួលប្រាក់ ១០០០ អំពីសម្នាក់មាតា កាលធ្វើការសន្សំ អ្នកក៏បានប្រាក់ ១ សែន លើសដោយ ២ ម៉ឺន (១សែន២ម៉ឺន) ។ បទថា នាករិ សេចក្ដីថា ទេវរាជសម្ដែងថា អ្នកមិនត្រេកអរដោយទ្រព្យនោះ កាលទៅកាន់សមុទ្រដោយនាវា សូម្បីត្រូវមាតាសម្ដែងទោសក្នុងសមុទ្រ ហើយធ្វើការហាម អ្នកមិនធ្វើតាមពាក្យរបស់ញាតិដែលអនុគ្រោះ បានប្រហារមាតាដែលជាព្រះសោតាបន្ន ធ្វើឲ្យមានចន្លោះ ហើយចេញទៅ ។ បទថា ចតុព្ភិ អដ្ឋ សេចក្ដីថា គ្រានាវាឈប់នៅស្ងៀមព្រោះអាស្រ័យអ្នក មនុស្សទាំងឡាយបានឲ្យក្បូនហើយបោះអ្នកចូលក្នុងសមុទ្រ អ្នកក៏បានស្ត្រី ៤ ក្នុងវិមានកែវផលិក ព្រោះអានិសង្សនៃឧបោសថកម្មដែលអ្នកបានធ្វើអស់មួយថ្ងៃ ដែលអាស្រ័យនឹងមាតាប្រាប់ បន្ទាប់ពីនោះ អ្នកបានស្ត្រី ៨ ក្នុងវិមានប្រាក់, បានស្ត្រី ១៦ ក្នុងវិមានកែវមណី និងបានស្ត្រី ៣២ ក្នុងវិមានមាស ។ បទថា អតិច្ឆំ ចក្កមាសទោ សេចក្ដីថា ពេលដែលអ្នកមិនសន្ដោសដោយរបស់ដែលមាន ជាអ្នកប្រាថ្នាច្រើន ព្រោះដល់ព្រមដោយសេចក្ដីប្រាថ្នា ពោលគឺ កន្លងលាភដែលខ្លួនបានហើយៗ ដោយគិតថា យើងនឹងបានក្រៃលែងឡើងក្នុងទីនោះ ដូច្នេះអ្នកដែលជាបុគ្គលបាប កន្លងស្ត្រីទាំង ៣២ ព្រោះអស់បុណ្យនៃឧបោសថកម្មនោះ អ្នកមកកាន់បេតនគរនេះ ព្រោះវិបាកនៃអកុសលដែលអ្នកបានប្រហារមាតានោះ ទើបអ្នកដល់នូវខុរចក្រនេះ ។ មិត្តវិន្ទកៈស្ដាប់ពាក្យនោះហើយ គិតថា ទេវបុត្រនេះដឹងកម្មដែលយើងបានធ្វើដោយពិត ទេវបុត្រនេះគង់នឹងដឹងប្រមាណកាលនៃការសោយកម្មរបស់យើង យើងនឹងសួរគាត់ ដូច្នេះហើយ ទើបពោលគាថាទី ៩ ថា កីវចិរំ នុ មេ យក្ខ, ចក្កំ សិរសិ ឋស្សតិ; កតិ វស្សសហស្សានិ, តំ មេ អក្ខាហិ បុច្ឆិតោ។ បពិត្រយក្ខ ចក្រនឹងឋិតនៅលើក្បាលរបស់ខ្ញុំអស់កាលយូរប៉ុនា្មនហ្ន៎ ប៉ុន្មានពាន់ឆ្នាំ ខ្ញុំសួរហើយ សូមលោកប្រាប់ហេតុនោះ ។ លំដាប់នោះ ព្រះមហាសត្វកាលនឹងសម្ដែងដល់គេ ទើបពោលគាថាទី ១០ ថា អតិសរោ បច្ចសរោ, មិត្តវិន្ទ សុណោហិ មេ; ចក្កំ តេ សិរសិ មាវិទ្ធំ, ន តំ ជីវំ បមោក្ខសិ។ ម្នាលមិត្តវិន្ទ អ្នកចូរនឹករលឹកឲ្យក្រៃលែង នឹករលឹកឲ្យខ្ជាប់ ហើយចូរស្តាប់នូវពាក្យយើង ចក្រ (នេះ) វិលកិនក្បាលរបស់អ្នក អ្នកកាលរស់នៅ រមែងមិនទាន់រួចទេ ។ លោកអធិប្បាយថា នែមិត្តវិន្ទកៈសម្លាញ់ អ្នកចូរស្ដាប់ពាក្យរបស់យើង អ្នកចូររលឹកឲ្យក្រៃលែងចុះ ព្រោះកម្មដែលអ្នកបានធ្វើនេះធ្ងន់ណាស់ មិនអាចកំណត់វិបាកដោយការគណនាឆ្នាំ អ្នកត្រូវទទួលទុក្ខវិបាកដ៏ច្រើនរកប្រមាណមិនបាន ព្រោះហេតុនោះ យើងមិនអាចនឹងប្រាប់ថា អស់កាលមួយពាន់ឆ្នាំដូច្នេះជាដើមបានទេ ។ ទេវបុត្រពោលពាក្យនេះហើយ ក៏ទៅកាន់ទេវដ្ឋានរបស់ខ្លួន ចំណែកមិត្តវិន្ទកៈនេះក៏ដល់សេចក្ដីទុក្ខដ៏ធំ ។ ព្រះសាស្ដាបាននាំព្រះធម្មទេសនានេះមកហើយ ទ្រង់ប្រជុំជាតកថា តទា មិត្តវិន្ទកោ អយំ ទុព្ពចភិក្ខុ អហោសិ មិត្តវិន្ទកៈក្នុងកាលនោះ បានមកជាទុព្វចភិក្ខុនេះ ។ ទេវរាជា បន អហមេវ អហោសិំ ចំណែកទេវរាជ គឺ តថាគត នេះឯង ។ ចប់ ចតុទ្វារជាតក ៕ (ជាតកដ្ឋកថា សុត្តន្តបិដក ខុទ្ទកនិកាយ ជាតក ទសកនិបាត បិដកលេខ ៥៩ ទំព័រ ១៦២) ដោយ ស.ដ.វ.ថ. ព.ស. ២៥៦១ ដោយ៥០០០ឆ្នាំ
images/articles/2941/nhyic.jpg
Public date : 14, May 2021 (3841 Read)
ព្រះសាស្ដាកាលស្ដេចគង់នៅវត្តជេតពន ទ្រង់ទុព្វចភិក្ខុមួយរូប បានត្រាស់ព្រះធម្ម-ទេសនានេះមានពាក្យថា បរិសង្កុបថោ នាម ដូច្នេះជាដើម ។ បានឮមកថា ភិក្ខុនោះជាកុលបុត្រមួយរូប សូម្បីបួសក្នុងសាសនាដែលដឹកនាំឲ្យរួចផុតចាកទុក្ខហើយ កាលអាចារ្យ ឧបជ្ឈាយ៍ និងសព្រហ្មចារីទាំងឡាយដែលជាអ្នកប្រាថ្នាប្រយោជន៍ពោលប្រៀនប្រដៅថា លោកគប្បីឈានទៅយ៉ាងនេះ គប្បីថយត្រឡប់យ៉ាងនេះ គប្បីសម្លឹងមើលយ៉ាងនេះ គប្បីមៀងមើលយ៉ាងនេះ គប្បីដាក់ដៃជើងយ៉ាងនេះ គប្បីលាតលាយ៉ាងនេះ គប្បីស្លៀកយ៉ាងនេះ គប្បីដណ្ដប់យ៉ាងនេះ គប្បីកាន់បាត្រយ៉ាងនេះ គប្បីទទួលភត្តតែល្មមមួយចម្អែត ត្រូវពិចារណាហើយសឹមបរិភោគ គប្បីជាអ្នកគ្រប់គ្រងទ្វារក្នុងឥន្ទ្រិយទាំងឡាយ គប្បីដឹងប្រមាណក្នុងភោជន គប្បីប្រកបដោយសេចក្ដីភ្ញាក់រលឹក គប្បីដឹងថា នេះជាអាគន្តុកវត្ត នេះជាគមិកវត្ត ទាំងនេះជាខន្ធកវត្ត ១៤ ទាំងនេះជាមហាវត្ត ៨០ លោកគប្បីប្រព្រឹត្តឲ្យល្អក្នុងវត្តទាំងនោះ គប្បីសមាទានធុតង្គគុណ ១៣ ដូច្នេះ ភិក្ខុនោះជាអ្នកដែលគេប្រដៅក្រ មិនអត់ធន់នឹងឱវាទ មិនកាន់យកពាក្យប្រៀនប្រដៅជាចំណែកខាងស្ដាំ មិនធ្វើតាមពាក្យទូន្មាន ។ លោកពោលត្រឡប់ថា ខ្ញុំមិនពោលនឹងលោក ព្រោះហេតុអ្វី លោកទាំងឡាយទើបពោលនឹងខ្ញុំ ខ្ញុំប៉ុណ្ណោះដឹងអំពើជាប្រយោន៍ និងមិនជាប្រយោជន៍ដែលជារបស់ខ្លួនហើយ ដូច្នេះទើបធ្វើខ្លួនឲ្យជាអ្នកដែលគេពោលស្ដីថាមិនបាន ។ លំដាប់នោះ ភិក្ខុទាំងឡាយដឹងភាពជាអ្នកប្រដៅក្ររបស់ភិក្ខុនោះហើយ ទើបអង្គុយពោលពាក្យមិនជាគុណរបស់ភិក្ខុនោះក្នុងធម្មសភា ។ ព្រះសាស្ដាយាងមកហើយត្រាស់សួរថា ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយអង្គុយប្រជុំគ្នាដោយរឿងអ្វី ។ កាលភិក្ខុទាំងឡាយទូលថា ដោយរឿងឈ្មោះនេះ ដូច្នេះហើយ ព្រះអង្គក៏ឲ្យហៅភិក្ខុនោះមក ហើយសួរបញ្ជាក់ថា ម្នាលភិក្ខុ បានឮថា អ្នកជាបុគ្គលប្រដៅក្រ ពិតមែនឬ ? ភិក្ខុនោះទូលថា ពិតមែនហើយ ព្រះអង្គ ។ ព្រះទសពលត្រាស់ថា ម្នាលភិក្ខុ ព្រោះហេតុអ្វី ដែលអ្នកបានបួសក្នុងនិយ្យានិកសាសនានេះហើយ មិនធ្វើតាមពាក្យរបស់អ្នកប្រាថ្នាប្រយោជន៍ចឹង សូម្បីក្នុងកាលមុន អ្នកក៏មិនធ្វើតាមពាក្យបណ្ឌិតទាំងឡាយ បានក្លាយជាលម្អិតតូចធំ ក្នុងមាត់ខ្យល់វេរម្ភៈ យ៉ាងនេះហើយ ទ្រង់នាំអតីតនិទានមកថា ក្នុងអតីតកាលដ៏យូរលង់ណាស់មកហើយ ព្រះពោធិសត្វកើតក្នុងកំណើតសត្វត្មាត លើភ្នំគិជ្ឈកូដ ។ កូនរបស់ព្រះពោធិសត្វនោះជាស្ដេចត្មាតមានឈ្មោះថា សុបត្តៈ មានត្មាតច្រើនពាន់ជាបរិវារ ជាអ្នកដល់ព្រមដោយកម្លាំង ។ សុបត្តត្មាតនោះចិញ្ចឹមមាតាបិតា ព្រោះជាអ្នកមានកម្លាំងខ្លាំង ទើបហើរទីកាន់ទីដ៏សែនឆ្ងាយ ។ លំដាប់នោះ ត្មាតជាបិតាពោលប្រៀនប្រដៅគេថា នែកូន អ្នកកន្លងឋានប្រមាណប៉ុណ្ណេះហើយ មិនគប្បីទៅទៀតឡើយ ។ ស្ដេចត្មាតសុបត្តៈនោះសូម្បីពោលថា ល្អហើយ ក៏ដោយ តែថ្ងៃមួយ កាលភ្លៀងបង្អុរចុះ ស្ដេចត្មាតនោះហើរទៅជាមួយនឹងត្មាតទាំងឡាយ ហើយបានលះបង់ត្មាតដ៏សេស ហើរទៅកាន់ទីដ៏ខ្ពស់ ក៏ដល់មាត់ខ្យល់វេរម្ភៈ (ត្រូវខ្យល់វេរម្ភៈបោកបក់កម្ទេច) បានដល់នូវភាពជាលម្អិតតូចធំ ។ ព្រះសាស្ដាកាលសម្ដែងសេចក្ដីនោះ ទើបត្រាស់អភិសម្ពុទ្ធគាថាទាំងឡាយនេះថា បរិសង្កុបថោ នាម, គិជ្ឈបន្ថោ សនន្តនោ; តត្រាសិ មាតាបិតរោ, គិជ្ឈោ បោសេសិ ជិណ្ណកេ; តេសំ អជគរមេទំ, អច្ចហាសិ ពហុត្តសោ។ មានផ្លូវលើគិជ្ឈបព៌ត ឈ្មោះបរិសង្កុបថៈ ជាផ្លូវមានមក តាំងអំពីបុរាណ ត្មាតមួយចិញ្ចឹមមាតាបិតា ដែលចាស់ជរា នៅក្នុងផ្លូវនោះ ត្មាតនោះ បានទៅនាំយកកន្សោមខ្លាញ់ពស់ថ្លាន់ មកចិញ្ចឹមមាតាបិតាទាំងនោះ ដោយច្រើន ។ បិតា ច បុត្តំ អវច, ជានំ ឧច្ចំ បបាតិនំ; សុបត្តំ ថាមសម្បន្នំ, តេជស្សិំ ទូរគាមិនំ។ ចំណែកត្មាតជាបិតា កាលបើដឹងថា ត្មាតឈ្មោះសុបត្តៈ ជាកូន មានស្លាបបរិបូណ៌ មានតេជះ ហើរទៅកាន់ទីខ្ពស់ ទាំងហើរទៅកាន់ទីឆ្ងាយបាន ក៏និយាយដាស់តឿន ។ បរិប្លវន្តំ បថវិំ, យទា តាត វិជានហិ; សាគរេន បរិក្ខិត្តំ, ចក្កំវ បរិមណ្ឌលំ; តតោ តាត និវត្តស្សុ, មាស្សុ ឯត្តោ បរំ គមិ។ នែបា (បើ) អ្នកដឹងនូវផែនដីថា អណែ្តត (ដូចជាស្លឹកឈូក) មានសាគរព័ទ្ធជុំវិញមូលដូចកង់ វេលាណាហើយ នែបា ចូរអ្នកត្រឡប់មក អំពីទីនោះវិញ អ្នកកុំទៅឲ្យហួសទៅនាយ អំពីទីនេះឡើយ ។ ឧទបត្តោសិ វេគេន, ពលី បក្ខី ទិជុត្តមោ; ឱលោកយន្តោ វក្កង្គោ, បព្ពតានិ វនានិ ច។ (ត្មាតឈ្មោះសុបត្តៈ) ជាបក្សីមានកក្ងក់ មានកម្លាំងដ៏ប្រសើរជាងទិជជាតិ (សត្វដែលកើត២ដង សំដៅដល់សត្វដែលកើតក្នុងស៊ុត) ហើរស្ទុះឡើង ដោយសន្ទុះដ៏ខ្លាំង រមិលមើលនូវភ្នំ និងព្រៃទាំងឡាយ ។ អទ្ទស្ស បថវិំ គិជ្ឈោ, យថាសាសិ បិតុស្សុតំ; សាគរេន បរិក្ខិត្តំ, ចក្កំវ បរិមណ្ឌលំ។ ត្មាត (ឈ្មោះសុបត្តៈនោះ) បានឃើញផែនដីមានសាគរព័ទ្ធជុំវិញ មូលដូចជាកង់ សមដូចពាក្យប្រដៅរបស់បិតា ដែលខ្លួនបានឮមកហើយ ។ តញ្ច សោ សមតិក្កម្ម, បរមេវច្ចវត្តថ; តញ្ច វាតសិខា តិក្ខា, អច្ចហាសិ ពលិំ ទិជំ។ ត្មាតនោះ ហើររំលងទីនោះ ប្លោងហួសទៅកាន់ទីខាងនាយ ស្រាប់តែមានខ្យល់ព្យុះយ៉ាងខ្លាំង បក់កួចត្មាតដ៏មានកម្លាំងនោះ ខ្ទេចខ្ទីអស់ទៅ ។ នាសក្ខាតិគតោ បោសោ, បុនទេវ និវត្តិតុំ; ទិជោ ព្យសនមាបាទិ, វេរម្ភានំ វសំ គតោ។ បក្សីត្មាតនោះ ហើរជ្រុលហួសទៅនាយហើយ ក៏មិនអាចហើរត្រឡប់មកវិញបាន លុះក្នុងអំណាចខ្យល់ព្យុះ ក៏ដល់នូវសេចក្តីវិនាសទៅ ។ តស្ស បុត្តា ច ទារា ច, យេ ចញ្ញេ អនុជីវិនោ; សព្ពេ ព្យសនមាបាទុំ, អនោវាទករេ ទិជេ។ ពួកកូន និងប្រពន្ធរបស់ត្មាតនោះក្តី ពួកត្មាតដទៃដែលរស់នៅដោយសារត្មាតនោះ (បរិវារ) ក្តី ក៏ដល់នូវសេចក្តីវិនាសទាំងអស់គ្នា ព្រោះតែត្មាតសុបត្តៈនោះ មិនធ្វើតាមឱវាទ ។ ឯវម្បិ ឥធ វុឌ្ឍានំ, យោ វាក្យំ នាវពុជ្ឈតិ; អតិសីមចរោ ទិត្តោ, គិជ្ឈោវាតីតសាសនោ; ស វេ ព្យសនំ បប្បោតិ, អកត្វា វុឌ្ឍសាសនំ។ ពួកជនណា ក្នុងលោកនេះ មិនធ្វើតាមពាក្យប្រដៅ របស់បុគ្គលចាស់ព្រឹទ្ធាចារ្យទាំងឡាយ យ៉ាងនេះហើយ ពួកជនទាំងអស់នោះ រមែងដល់នូវសេចក្តីវិនាស ព្រោះតែមិនធ្វើតាមពាក្យប្រដៅ របស់បុគ្គលចាស់ព្រឹទ្ធាចារ្យ ដូចជាត្មាតដ៏មានកម្លាំង ប្រព្រឹត្តល្មើសពាក្យប្រដៅ ហើរហួសទីព្រំប្រទល់ ។ បណ្ដាបទទាំងនោះ បទថា បរិសង្កុបថោ គឺសង្កុបថោ ។ មនុស្សទាំងឡាយកាលទៅដើម្បីរកមាសនិងប្រាក់ បានបោះបង្គោលក្នុងទីនោះ ចងខ្សែនឹងបង្អោលនោះហើយទៅ ព្រោះហេតុនោះ ទីនោះជាផ្លូវដែលទៅដោយស្មង លើភ្នំគិជ្ឈកូដនោះ លោកទើបហៅថា សង្កុបថៈ ។ បទថា គិជ្ឈបន្ថោ បានដល់ ផ្លូវធំលើកំពូលភ្នំគិជ្ឈកូដ ។ បទថា សនន្តនោ ប្រែថា តាំងអំពីបុរាណ ។ បទថា តត្រាសិ សេចក្ដីថា មានត្មាតមួយនៅនឹងសង្កុបថៈ លើកំពូលភ្នំគិជ្ឈកូដ ត្មាតនោះចិញ្ចឹមមាតាបិតាដែលចាស់ជរា ។ បទថា អជគរមេទំ បានដល់ ខ្លាញ់ខាប់ពស់ថ្លាន់ ។ បទថា អច្ចហាសិ សេចក្ដីថា នាំមកដ៏ច្រើន ។បទថា ពហុត្តសោ បានដល់ ដោយច្រើន។ បទថា ជានំ ឧច្ចំ បបាតិនំ សេចក្ដីថា ត្មាតជាបិតាបានស្ដាប់ថា កូនរបស់លោកហក់លោតកាន់ទីដ៏ខ្ពស់ ទើបដឹងថា សុបត្តត្មាតនេះឡើងកាន់ទីខ្ពស់ ។ បទថា តេជស្សិំ សេចក្ដីថា ដល់ព្រមដោយតេជះរបស់បុរស ។ បទថា ទូរគាមិនំ សេចក្ដីថា ទៅឆ្ងាយដោយតេជះនោះឯង ។ បទថា បរិប្លវន្តំ សេចក្ដីថា អណែ្តតលើទឹក ដូចជាស្លឹកឈូក ។ បទថាវិជានហិ សេចក្ដីថា អ្នកដឹង ។ បទថា ចក្កំវ បរិមណ្ឌលំ សេចក្ដីថា ត្មាតបិតាពោលប្រៀនប្រដៅយ៉ាងនេះថា កាលណាជម្ពូទ្វីបនេះ ដែលកំណត់ដោយសមុទ្រ ឋិតនៅក្នុងទីណា ប្រាកដដូចមណ្ឌលចក្រដល់អ្នកណា នែកូន អ្នកចូរត្រឡប់អំពីទីនោះ ។ បទថា ឧទបត្តោសិ សេចក្ដីថា ត្មាតសុបត្តៈមិនធ្វើតាមឱវាទរបស់បិតា ថ្ងៃមួយ ហើរទៅជាមួយនឹងត្មាតទាំងឡាយ លះបង់ត្មាតទាំងនោះ ទៅដល់ទីដែលបិតាប្រាប់ ។ បទថាឱលោកយន្តោ សេចក្ដីថា សុបត្តត្មាត ដល់ទីនោះហើយ ក្រឡេកមើលខាងក្រោម ។ បទថា វក្កង្គោ ប្រែថា ងាកក ។ បទថា យថាសាសិ បិតុស្សុតំ សេចក្ដីថា បានស្ដាប់មកអំពីសម្នាក់បិតាយ៉ាងណា ក៏បានមើលឃើញយ៉ាងនោះ បាឋៈថា យថាស្សាសិ ក៏មាន ។ បទថា បរមេវច្ចវត្តថ សេចក្ដីថា ហើរកន្លងហួសដែនដែលបិតាប្រាប់ហើយ ទៅខាងមុខទៀត ។ បទថា តញ្ច វាតសិខា តិក្ខា សេចក្ដីថា ខ្យល់ព្យុះយ៉ាងខ្លាំង បក់កួចត្មាតជាទិជជាតិ ដែលជាអ្នកមិនធ្វើតាមឱវាទសូម្បីមានកម្លាំង ធ្វើឲ្យខ្ទេចខ្ទី ។ បទថា នាសក្ខាតិគតោ សេចក្ដីថា មិនអាចនឹងត្រឡប់មកវិញបាន ។ បទថា បោសោ ប្រែថា សត្វ ។ បទថា អនោវាទករេ សេចក្ដីថា កាលស្ដេចត្មាតសុបត្តៈជាទិជជាតិនោះ មិនធ្វើតាមឱវាទរបស់បណ្ឌិតទាំងឡាយ ត្មាតទាំងនោះសូម្បីទាំងអស់ក៏ដល់នូវសេចក្ដីទុក្ខដ៏ធំ ។ បទថា អកត្វា វុឌ្ឍសាសនំ សេចក្ដីថា មិនធ្វើតាមពាក្យរបស់បិតាដែលជាអ្នកប្រាថ្នាសេចក្ដីចម្រើន និងប្រយោជន៍ រមែងដល់សេចក្ដីទុក្ខធំយ៉ាងនេះ ។ ម្នាលភិក្ខុ ព្រោះហេតុនោះ អ្នកចូរកុំដូចសត្វត្មាតនោះឡើយ អ្នកចូរធ្វើតាមពាក្យរបស់អ្នកប្រាថ្នាប្រយោជន៍ចុះ ។ ភិក្ខុនោះកាលព្រះសាស្ដាឲ្យឱវាទយ៉ាងនេះហើយ ចាប់ពីពេលនោះមក លោកក៏ជាអ្នកដែលគេទូន្មានបានដោយល្អ ។ ព្រះសាស្ដានាំព្រះធម្មទេសនានេះមកហើយ ទ្រង់ប្រជុំជាតកថាតទា ទុព្ពចគិជ្ឈោ ឯតរហិ ទុព្ពចភិក្ខុ អហោសិ ទុព្វចត្មាតក្នុងកាលនោះ បានមកជាទុព្វចភិក្ខុនេះ គិជ្ឈបិតា បន អហមេវ អហោសិំ ចំណែកត្មាតជាបិតា គឺ តថាគត នេះឯង ។ ចប់ គិជ្ឈជាតក ៕ (ជាតកដ្ឋកថា សុត្តន្តបិដក ខុទ្ទកនិកាយ ជាតក នវកនិបាត បិដកលេខ ៥៩ ទំព័រ ១៣៥) ថ្ងៃច័ន្ទ ៩ កើត ខែវិសាខ ឆ្នាំច សំរិទ្ធិស័ក ច.ល. ១៣៨០ ថ្ងៃទី ២៣ ខែមេសា ព.ស. ២៥៦១ គ.ស.២០១៨ ដោយ ស.ដ.វ.ថ. ដោយ៥០០០ឆ្នាំ
images/articles/2936/ccpic.jpg
Public date : 09, May 2021 (2099 Read)
ព្រះសាស្ដាកាលស្ដេចគង់នៅវត្តជេតពន ទ្រង់ប្រារព្ធការលួងលោមរបស់ថុល្លកុមារិកា បានត្រាស់ព្រះធម្មទេសនានេះ មានពាក្យថា សុតិតិក្ខំ ដូច្នេះជាដើម ។ រឿងបច្ចុប្បន្នរបស់ជាតកនេះ នឹងមានជាក់ច្បាស់ក្នុងចូឡនារទជាតក ក្នុងតេរសកនិបាតឯណោះ .។ ចំណែករឿងក្នុងអតីត (ព្រះពោធិសត្វកាលភរិយារបស់ខ្លួនស្លាប់ហើយ គិតថា សេចក្ដីស្លាប់មានដល់ភរិយាជាទីស្រឡាញ់របស់យើង យ៉ាងណា សេចក្ដីស្លាប់នោះនឹងមានដល់យើង ក៏យ៉ាងនោះ ទើបនាំកូនរបស់ខ្លួន ទៅព្រៃហិមពាន្ត បួសជាឥសី ញ៉ាំងឈានអភិញ្ញាកើតឡើង មានមើមឈើនិងផ្លែឈើក្នុងព្រៃជាអាហារ ក្នុងពេលនោះ ពួកចោរក្នុងបច្ចន្តជនបទចូលមកប្លន់អ្នកស្រុក ហើយចាប់មនុស្សយកទៅធ្វើជាឈ្លើយ ក្នុងបណ្ដាលឈ្លើយទាំងនោះ មានកុមារិកាម្នាក់ បានរត់រួច ហើយក៏មកដល់អាស្រមរបស់តាបស ចំពេលដែលតាបសជាបិតា ចូលទៅរកមើមឈើផ្លែឈើ) កុមារិកានោះ (ក៏បានឱកាស) ទម្លាយសីលរបស់តាបសកុមារនោះ និងដឹងភាពដែលតាបសនោះឋិតក្នុងអំណាចរបស់ខ្លួនហើយ គិតថា យើងនឹងបោកបញ្ឆោតតាបសនេះ ហើយនឹងនាំទៅកាន់ស្រុកមនុស្ស ដូច្នេះហើយ ពោលថា ឈ្មោះថា សីលដែលរក្សាក្នុងព្រៃ ជាទីវៀរចាកកាមគុណទាំងឡាយមានរូបជាដើម រមែងមិនមានផលច្រើន សីលដែលរក្សាក្នុងស្រុកមនុស្សជាទីតាំងនៃកាមគុណទាំងឡាយមានរូបជាដើម ទើបមានផលច្រើន លោកចូរមក ទៅទីនោះជាមួយនឹងខ្ញុំ ព្រៃនឹងជាប្រយោជន៍អ្វីដល់លោក ពោលយ៉ាងនេះហើយ ទើបពោលគាថាទី ១ ថា សុតិតិក្ខំ អរញ្ញម្ហិ, បន្តម្ហិ សយនាសនេ; យេ ច គាមេ តិតិក្ខន្តិ, តេ ឧឡារតរា តយា។ ការដែលលោកអត់ទ្រាំក្នុងព្រៃ ជាសេនាសនៈដ៏ស្ងាត់ ជាការប្រពៃហើយ តែថាពួកជនណាអត់ទ្រាំនៅក្នុងស្រុក ពួកជននោះ ឈ្មោះថា ប្រសើរលើសលុប ជាងលោកទៅទៀត ។ បណ្ដាបទទាំងបទថា សុតិតិក្ខំ សេចក្ដីថា ការអត់ធន់ដោយល្អ ។ បទថា តិតិក្ខន្តិ សេចក្ដីថា ការអត់ធន់នឹងត្រជាក់ជាដើម ។ តាបសកុមារស្ដាប់ពាក្យនោះហើយ ពោលថា បិតារបស់ខ្ញុំទៅព្រៃ កាលបិតារបស់ខ្ញុំមក ខ្ញុំនឹងលាគាត់ ហើយខ្ញុំនឹងទៅ ។ នាងកុមារិកានោះគិតថា បានឮថា តាបសនេះមានបិតា បើបិតារបស់តាបសនេះនឹងឃើញយើង គាត់នឹងវាយយើងដោយចុងដងរែក ឲ្យយើងដល់នូវសេចក្ដីវិនាស យើងគួរទៅមុន ។ លំដាប់នោះ កុមារិកាពោលនឹងកុមារតាបសថា បើយ៉ាងនោះ ខ្ញុំនឹងធ្វើគ្រឿងសម្គាល់ផ្លូវទុក ខ្ញុំនឹងទៅមុន លោកចូរមកតាមក្រោយចុះ ថាដូច្នេះនាងក៏ចេញទៅ ។ តាបសនោះ កាលនាងកុមារិកាទៅហើយ ក៏មិននាំឧសមកទុក មិនតម្កល់ទឹកប្រើប្រាស់ និងទឹកផឹក គិតតែអង្គុយសញ្ជប់សញ្ជឹងតែប៉ុណ្ណោះ កាលបិតាមក ក៏មិនការក្រោកទទួល ។ គ្រានោះ បិតាសូម្បីដឹងថា កូននេះលុះក្នុងអំណាចស្ត្រីហើយ ក៏ពោលនឹងតាបសនោះថា នែកូន ព្រោះហេតុអ្វី បានជាអ្នកមិននាំឧសមកទុក មិនតម្កល់ទឹកប្រើប្រាស់និងទឹកផឹក ហើយអង្គុយសញ្ជប់សញ្ជឹងចឹង ។ ពេលនោះ តាបសកុមារពោលនឹងបិតាថា បពិត្របិតា បានឮថា សីលដែលរក្សាក្នុងព្រៃ ឈ្មោះថា មិនមានផលច្រើន ការរក្សាសីលក្នុងស្រុកមនុស្សទើបមានផលច្រើន ខ្ញុំនឹងទៅរក្សាសីលនៅទីនោះ សម្លាញ់របស់ខ្ញុំពោលនឹងខ្ញុំថា អ្នកគប្បីមក គេទៅមុនហើយ ខ្ញុំទៅរកគេ តើបុរសណាមួយ ដែលខ្ញុំគប្បីសេពដោយការនៅ ក្នុងទីនោះ ដូច្នេះកាលនឹងសួរ ទើបពោលគាថាទី ២ ថា អរញ្ញា គាមមាគម្ម, កិំសីលំ កិំវតំ អហំ; បុរិសំ តាត សេវេយ្យំ, តំ មេ អក្ខាហិ បុច្ឆិតោ។ បពិត្របិតា លុះដល់ខ្ញុំចេញអំពីព្រៃមកកាន់ស្រុក តើគួរសេពគប់បុរសមានសីលដូចមេ្តច មានវត្តដូចម្តេច ខ្ញុំសួរហើយ សូមបិតាប្រាប់ហេតុនោះ ។ លំដាប់នោះ បិតាកាលសម្ដែងប្រាប់ ទើបពោលគាថាដ៏សេសថា យោ តេ វិស្សាសយេ តាត, វិស្សាសញ្ច ខមេយ្យ តេ; សុស្សូសី ច តិតិក្ខី ច, តំ ភជេហិ ឥតោ គតោ។ នៃបា បើបុគ្គលណាស្និទ្ធស្នាលនឹងអ្នក ថែមទាំងគាប់ចិត្តនឹងសេចក្តីស្និទ្ធស្នាលរបស់អ្នក ហើយស្តាប់បង្គាប់ និងអត់ទ្រាំ (នូវពាក្យសំដី) អ្នកចេញអំពីព្រៃនេះទៅ ចូរសេពគប់បុគ្គលនោះចុះ ។ យស្ស កាយេន វាចាយ, មនសា នត្ថិ ទុក្កដំ; ឧរសីវ បតិដ្ឋាយ, តំ ភជេហិ ឥតោ គតោ។ បុគ្គលណាមិនមានអំពើអាក្រក់ ដោយកាយវាចាចិត្ត អ្នកចេញអំពីព្រៃនេះទៅ ចូរតាំងខ្លួនដូចជាកូន ហើយសេពគប់បុគ្គលនោះចុះ ។ យោ ច ធម្មេន ចរតិ, ចរន្តោបិ ន មញ្ញតិ; វិសុទ្ធការិំ សប្បញ្ញំ, តំ ភជេហិ ឥតោ គតោ។ មួយទៀត បុគ្គលណាប្រព្រឹត្តតាមធម៌ ទោះបីកំពុងប្រព្រឹត្ត ក៏មិនប្រកាន់ខ្លួន លុះដល់អ្នកចេញអំពីព្រៃនេះទៅ ចូរសេពគប់នូវបុគ្គល ដែលជាអ្នកធ្វើអំពើដ៏បរិសុទ្ធ ប្រកបដោយប្រាជ្ញានោះចុះ ។ ហលិទ្ទិរាគំ កបិចិត្តំ, បុរិសំ រាគវិរាគិនំ; តាទិសំ តាត មា សេវិ, និម្មនុស្សម្បិ ចេ សិយា។ នែបា បុគ្គលណា មានចិត្តដូចជាសំពត់ជ្រលក់រមៀត មានចិត្តដូចស្វា ត្រេកអរហើយ បែរជាមិនត្រេកអរវិញ បើទុកជា (ក្នុងជម្ពូទ្វីបនេះ) មិនមានមនុស្សសោះ អ្នកកុំគប់រកបុរសបែបនោះឡើយ ។ អាសីវិសំវ កុបិតំ, មីឡ្ហលិត្តំ មហាបថំ; អារកា បរិវជ្ជេហិ, យានីវ វិសមំ បថំ។ អ្នកចូរចៀសវាង (បុគ្គលបែបនោះ) អំពីចម្ងាយ ឲ្យដូចបុគ្គលចៀសវាងអាសិរពិសដែលក្រោធ ឬចៀសវាងផ្លូវធំ ដែលប្រឡាក់ដោយលាមក ឬដូចបុគ្គលអ្នកទៅដោយយាន ចៀសវាងផ្លូវមិនស្មើ ។ អនត្ថា តាត វឌ្ឍន្តិ, ពាលំ អច្ចុបសេវតោ; មាស្សុ ពាលេន សំគច្ឆិ, អមិត្តេនេវ សព្ពទា។ នែបា អំពើមិនជាប្រយោជន៍ទាំងឡាយ តែងចម្រើនដល់បុគ្គល ដែលគប់រកបុគ្គលពាល អ្នកកុំគប់រកបុគ្គលពាល ដែលដូចជាសត្រូវសព្វ ៗ កាលឡើយ ។ តំ តាហំ តាត យាចាមិ, ករស្សុ វចនំ មម; មាស្សុ ពាលេន សំគច្ឆិ, ទុក្ខោ ពាលេហិ សង្គមោ។ នែបា ព្រោះហេតុនោះហើយ បានជាយើងសូមអង្វរអ្នក ចូរអ្នកធ្វើតាមពាក្យយើង ចូរអ្នកកុំគប់រកបុគ្គលពាលឡើយ (ព្រោះ) ការគប់រកនូវបុគ្គលពាលទាំងឡាយ តែងនាំមកនូវសេចក្តីទុក្ខ ។ តាបសកំលោះកាលស្ដាប់ឱវាទរបស់បិតាយ៉ាងនេះហើយ ពោលថា បពិត្របិតា ខ្ញុំទៅកាន់ស្រុកមនុស្សហើយ នឹងមិនបានបណ្ឌិតដែលដូចបិតា ខ្ញុំខ្លាចការទៅស្រុកមនុស្ស ខ្ញុំនឹងនៅក្នុងសម្នាក់របស់បិតាក្នុងទីនេះឯង ។ លំដាប់នោះ បិតាកាលឱវាទដល់កូនឲ្យក្រៃលែងឡើងហើយ ក៏ប្រាប់ការបរិកម្មកសិណ ។ មិនយូរប៉ុន្មាន តាបសកំលោះបានញ៉ាំងអភិញ្ញាសមាបត្តិឲ្យកើតឡើង ហើយជាអ្នកមានព្រហ្មលោកជាទីទៅខាងមុខ ជាមួយនឹងបិតា ។ ព្រះសាស្ដាបាននាំព្រះធម្មទេសនានេះមកហើយ ទ្រង់ប្រកាសសច្ចៈទាំងឡាយ និងប្រជុំជាកត ក្នុងកាលជាទីបញ្ចប់នៃសច្ចៈ ឧក្កណ្ឋភិក្ខុបានតាំងនៅក្នុងសោតាបត្តិផល ។ តទា តាបសកុមារោ ឧក្កណ្ឋិតភិក្ខុ អហោសិ តាបសកុមារក្នុងកាលនោះ បានមកជាឧក្កណ្ឋភិក្ខុ កុមារិកា ថុល្លកុមារិកាវ កុមារិកាបានមកជាថុល្លកុមារិកា បិតា តាបសោ បន អហមេវ អហោសិំ ចំណែកតាបសជាបិតា គឺ តថាគត នេះឯង ។ ចប់ ហលិទ្ទិរាគជាតក ៕ (ជាតកដ្ឋកថា សុត្តន្តបិដក ខុទ្ទកនិកាយ ជាតក នវកនិបាត បិដកលេខ ៥៩ ទំព័រ ១៥៣) ថ្ងៃអង្គារ ១០ កើត ខែវិសាខ ឆ្នាំច សំរិទ្ធិស័ក ច.ល. ១៣៨០ ថ្ងៃទី ២៤ ខែមេសា ព.ស. ២៥៦១ គ.ស.២០១៨ ដោយ ស.ដ.វ.ថ. ដោយ៥០០០ឆ្នាំ
images/articles/2940/nnpic.jpg
Public date : 09, May 2021 (2877 Read)
ព្រះសាស្ដាកាលស្ដេចគង់នៅវត្តជេតពន ទ្រង់ប្រារព្ធឧក្កណ្ឋិតភិក្ខុ បានត្រាស់ព្រះធម្មទេសនានេះ មានពាក្យថា ឧភយំ មេ ន ខមតិ ដូច្នេះជាដើម ។ ព្រះសាស្ដាកាលសម្ដែង (ទោសរបស់មាតុគ្រាម) ទើបត្រាស់ថា ធម្មតាមាតុគ្រាម ជារបស់ដែលគេរក្សាមិនបាន តែងធ្វើបាបកម្ម ហើយបញ្ឆោតស្វាមីដោយឧបាយកលយ៉ាងណាមួយ ដូច្នេះហើយ ព្រះអង្គនាំអតីតនិទានមកថា ក្នុងអតីតកាល កាលព្រះបាទព្រហ្មទត្តសោយរាជសម្បត្តិ ក្នុងនគរពារាណសី (ក្នុងកាលនោះ) ព្រះពោធិសត្វកើតក្នុងត្រកូលគហបតី ក្នុងដែលកាសី កាលចម្រើនវ័យធំហើយ ក៏កាន់យកភាពជាឃរាវាស ។ ភរិយារបស់ព្រះពោធិសត្វនោះជាស្ត្រីទ្រុស្តសីល បានប្រព្រឹត្តអនាចារ (ការប្រព្រឹត្តខុសបែបបទប្រពៃណី) មួយអន្លើដោយគាមភោជក (មេស្រុក) ។ ព្រះពោធិសត្វបានដឹងរឿងនោះ កាលនឹងតាមដានចាប់ ទើបប្រព្រឹត្ត (ដូចជាគ្មានរឿងអ្វី) ។ ក្នុងគ្រានោះ ក្នុងកាលខាងចុងនៃរដូវភ្លៀង កាលពូជទាំងឡាយត្រូវនាំចេញទៅ ជាកាលនៃសេចក្ដីស្រែកឃ្លាន ជាកាលដែលសន្ទូងកាន់យកគភ៌ ។ អ្នកស្រុកទាំងអស់រួមគ្នាកាន់យកគោចាស់មួយអំពីដៃរបស់មេស្រុក មកបរិភោគដោយពោលថា ចាប់ពីពេលនេះទៅ ២ ខែទៀត ពួកយើងច្រូតកាត់ហើយ នឹងឲ្យស្រូវដល់លោក ។ ក្នុងថ្ងៃមួយ មេស្រុកសម្លឹងមើលឱកាស ពេលដែលព្រះពោធិសត្វចេញទៅក្រៅ គាត់ក៏ចូលមកផ្ទះរបស់ព្រះពោធិសត្វ ។ ក្នុងខណៈដែលអ្នកទាំងពីរកំពុងដេកជាសុខនោះឯង ព្រះពោធិសត្វចូលមកតាមទ្វារស្រុក បែរមុខមកកាន់ផ្ទះ រួចដើរទៅ ។ ស្ត្រីនោះ បែរមុខទៅកាន់ទ្វារស្រុក ក៏ឃើញព្រះពោធិសត្វ គិតថា នោះជាអ្នកណា ហើយក្រោកឈរត្រង់ធរណីទ្វារ បានដឹងថា ជាព្រះពោធិសត្វ ដូច្នេះហើយ ទើបប្រាប់ដល់មេស្រុក មេស្រុកភិតភ័យនឹងញ័រខ្លួន ។ លំដាប់នោះ នាងប្រាប់គាត់ថា លោកកុំភ័យអី ខ្ញុំមានឧបាយមួយ កាលមុន ពួកយើងបានបរិភោគសាម់គោអំពីដៃរបស់លោក លោកចូរធ្វើហាក់ដូចជាមកទាមទារតម្លៃនៃសាច់ ហើយខ្ញុំចូលកាន់ជង្រុក ឋិតនៅត្រង់ទ្វារជង្រុក ចំណែកលោកឋិតនៅកណ្ដាលផ្ទះហើយពោលទាររឿយៗថា ក្មេងក្នុងផ្ទះរបស់យើងឃ្លានហើយ ចូរឲ្យតម្លៃសាច់ រួចខ្ញុំទើបពោលថា មិនមានស្រូវ ដូច្នេះហើយ នាងក៏ចូលក្នុងជង្រុក ហើយអង្គុយនៅត្រង់ទ្វារជង្រុក ។ ចំណែកមេស្រុកឈរនៅកណ្ដាលផ្ទះពោលថា ចូរឲ្យតម្លៃសាច់ ។ នាងដែលអង្គុយត្រង់ទ្វារ ជង្រុកពោលថា ស្រូវមិនមានក្នុងជង្រុក កាលច្រូតហើយ ខ្ញុំនឹងឲ្យ លោកចូទៅសិនចុះ ។ ព្រះពោធិសត្វចូលផ្ទះហើយ ឃើញកិរិយារបស់អ្នកទាំងពីរនោះ ដឹងថា នេះជាឧបាយកលរបស់ស្រីអាក្រក់នេះ ដូច្នេះហើយ ក៏ហៅមេស្រុក រួចពោលថា នែមេស្រុក កាលយើងបរិភោគសាច់គោចាស់របស់លោក យើងបានពោលថា ចាប់ពីពេលនេះទៅ ពីរខែទៀត យើងនឹងឲ្យស្រូវ ឥឡូវនេះ មិនទាន់បានកន្លងកន្លះខែផង ព្រោះហេតុអ្វី បានជាលោកមកទារស្រូវ លោកមិនមែនមកដោយហេតុនេះទេ ប្រាកដជាមកដោយហេតុដទៃ យើងមិនពេញចិត្តនឹងកិរិយារបស់លោក ចំណែកស្រីនេះ ជាអ្នកប្រព្រឹត្តអនាចារ មានធម៌ដ៏លាមក ដឹងហើយថា ស្រូវមិនមានក្នុងជង្រុក ឥឡូវនេះ នាងចូលក្នុងជង្រុក ហើយពោលថា ស្រូវមិនមាន ហើយលោកពោលថា ចូរឲ្យ យើងមិនពេញចិត្តនឹងអំពើរបស់អ្នកទាំងពីរឡើយ ដូច្នេះហើយ កាលប្រកាសសេចក្ដីនោះ ទើបពោលគាថាទាំងនេះថា ឧភយំ មេ ន ខមតិ, ឧភយំ មេ ន រុច្ចតិ; យាចាយំ កោដ្ឋមោតិណ្ណា, នទស្សំ ឥតិ ភាសតិ។ ហេតុទាំងពីរយ៉ាងមិនគួរដល់យើង ហេតុទាំងពីរយ៉ាង យើងមិនពេញចិត្តទេ ស្រីនេះចុះកាន់ជង្រុកហើយនិយាយថា ខ្ញុំមិនសងដូច្នេះ ។ តំ តំ គាមបតិ ព្រូមិ, កទរេ អប្បស្មិ ជីវិតេ; ទ្វេ មាសេ សង្គរំ កត្វា, មំសំ ជរគ្គវំ កិសំ; អប្បត្តកាលេ ចោទេសិ, តម្បិ មយ្ហំ ន រុច្ចតិ។ ម្នាលម្ចាស់ស្រុក ព្រោះហេតុនោះ បានជាយើងនិយាយនឹងអ្នក កាលបើជីវិតលំបាកតិច (ប្រព្រឹត្តទៅយ៉ាងនេះ កាលយើងកាន់យក) នូវសាច់ អ្នក (បានឲ្យ) នូវគោចាស់ស្គមហើយធ្វើនូវការកំណត់ពីរខែ ឥឡូវនេះ មកតឿនទារក្នុងកាលដែលមិនទាន់ដល់កំណត់ ក៏អំពើនោះ យើងមិនពេញចិត្តឡើយ ។ បណ្ដាបទទាំងនោះ បទថា តំ តំ គាមបតិ ព្រូមិ សេចក្ដីថា នែអ្នកជាប្រធាននៃស្រុក ព្រោះហេតុនោះ យើងសូមពោលនឹងលោក ។ បទថា កទរេ អប្បស្មិ ជីវិតេ សេចក្ដីថា ធម្មតាជីវិតរបស់យើងលំបាក ស្វិតស្វាញ សៅហ្មង ត្រដាប​ត្រដួសផង តិចតួច ស្ដួចស្ដើងផង ជីវិតរបស់យើងប្រព្រឹត្តក្នុងសភាពបែបនេះ ។ បទថា ទ្វេ មាសេ សង្គរំ កត្វា, មំសំជរគ្គវំ កិសំ សេចក្ដីថា កាលយើងកាន់យកសាច់ អ្នកក៏ឲ្យគោចាស់ គឺគោយ៉ាងកញ្ចាស់ ស្គម ខ្សោយគ្មានកម្លាំង ហើយធ្វើការកំណត់ពេលសងតម្លៃអស់ ២ ខែថា កន្លងទៅ ២ ខែ គប្បីសងតម្លៃ ។ បទថា អប្បត្តកាលេ ចោទេសិ សេចក្ដីថា កាលមិនទាន់ដល់វេលា អ្នកក៏មកទារ ។ បទថា តម្បិ មយ្ហំ ន រុច្ចតិ សេចក្ដីថា ចំណែកស្រីអាក្រក់មានធម៌ដ៏លាមក ទ្រុស្តសីលនេះ កាលដឹងថា ស្រូវមិនមានក្នុង​ជង្រុកហើយ ធ្វើដូចជាមិនដឹង ចុះកាន់ជង្រុក ឋិតនៅត្រង់ទ្វារជង្រុក ហើយពោលថា ខ្ញុំមិនឲ្យដូច្នេះ អ្នកទាមទារខុសកាល ហេតុទាំងពីរនេះ យើងមិនពេញចិត្តទេ ។ ព្រះពោធិសត្វកាលពោលយ៉ាងនេះហើយ ក៏ចាប់សក់មេស្រុកនោះទាញឲ្យដួលនៅកណ្ដាលផ្ទះ ហើយជេរប្រទេចដោយពាក្យជាដើមថា អ្នកឯងហ៊ានប្រទូស្តនឹងភរិយាដែលគេគ្រប់គ្រងរក្សា ដោយសម្គាល់ថា យើងជាមេស្រុក ដូច្នេះហើយ ព្រះពោធិសត្វក៏វាយមេស្រុក ធ្វើឲ្យខ្សោយ រួចចាប់កអូសបណ្ដេញចេញអំពីផ្ទះ ហើយមកចាប់សក់ស្រីអាក្រក់នោះអូសចេញពីជង្រុក វាយគម្រាមថា ប្រសិនបើនាងធ្វើបែបនេះទៀត នាងនឹងបានដឹងខ្លួន ។ ចាប់ពីពេលនោះមក មេស្រុកមិនហ៊ានសូម្បីតែសម្លឹងផ្ទះនោះ សូម្បីស្រីអាក្រក់នោះ ក៏មិនអាចនឹងប្រព្រឹត្តកន្លង សូម្បីដោយចិត្ត ។ ព្រះសាស្ដាបាននាំព្រះធម្មទេសនានេះមកហើយ ទ្រង់ប្រកាសសច្ចៈទាំងឡាយ និងប្រជុំជាតក ក្នុងកាលជាទីបញ្ចប់នៃសច្ចៈ ឧក្កណ្ឋិតភិក្ខុបានតាំងនៅក្នុងសោតាបត្តិផល ។ តទា គាមភោជកោ ទេវទត្តោ មេស្រុកក្នុងកាលនោះ បានមកជាទេវទត្ត និគ្គហការកោ គហបតិ បន អហមេវ អហោសិំ គហបតីដែលសង្កត់សង្កិនមេស្រុក គឺតថាគតនេះឯង ។ គហបតិជាតក ចប់ ៕ (ជាតកដ្ឋកថា សុត្តន្តបិដក ខុទ្ទកនិកាយ ជាតក ទុកនិបាត រុហកវគ្គ បិដកលេខ ៥៨ ទំព័រ ៩៩) ដោយខេមរ អភិធម្មាវតារ ដោយ៥០០០ឆ្នាំ
images/articles/2899/texewe3tpic.jpg
Public date : 19, Mar 2021 (3401 Read)
ព្រះសាស្ដា កាលស្ដេចគង់នៅវត្តជេតពន ទ្រង់ប្រារព្ធនូវសិរិចោរព្រាហ្មណ៍ម្នាក់ បានត្រាស់ព្រះធម្មទេសនានេះ មានពាក្យថា យំ ឧស្សុកា សង្ឃរន្តិ ដូច្នេះជាដើម ។ បច្ចុប្បន្នវត្ថុក្នុងជាតកនេះ មានពិស្ដារហើយក្នុងខទិរង្គារជាតក (សុត្តន្តបិដក ខុទ្ទក-និកាយ ជាតក ឯកកនិបាត កុលាវកវគ្គ បិដកលេខ ៥៨ ទំព័រ១៨) នោះឯង ។ ចំណែកក្នុងក្នុងជាតកនេះ មិច្ឆាទិដ្ឋិទេវតាដែលនៅនឹងខ្លោងទ្វារទីបួន ក្នុងផ្ទះរបស់អនាថបិណ្ឌិកសេដ្ឋីនោះ កាលធ្វើនូវទណ្ឌកម្ម បាននាំទ្រព្យ ៥៤ កោដិ មកបំពេញក្នុងឃ្លាំង ហើយបានក្លាយជាសម្លាញ់នឹងអនាថបិណ្ឌិកសេដ្ឋី ។ លំដាប់នោះ អនាថបិណ្ឌិកសេដ្ឋីបាននាំនូវទេវតានោះទៅកាន់សម្នាក់របស់ព្រះសាស្ដា ។ ព្រះសាស្ដាសម្ដែងធម៌ដល់ទេវតានោះ ទេវតានោះបានស្ដាប់ធម៌ហើយ ក៏បានជាព្រះសោតាបន្ន ។ ចាប់តាំងពីពេលនោះមក យសដូចដើមក៏កើតមានដល់លោកសេដ្ឋីវិញ ។ គ្រានោះ មានព្រាហ្មណ៍អ្នកដឹងនូវសិរីលក្ខណៈដែលរស់នៅក្នុងក្រុងសាវត្ថីមួយរូប គិតថា អនាថបិណ្ឌិកសេដ្ឋីធ្លាក់ខ្លួនក្រ ហើយមានឥស្សរៈវិញទៀត បើដូច្នោះ យើងនឹងទៅធ្វើអាការៈដូចជាប្រាថ្នានឹងឃើញនូវគាត់ ហើយលួចនូវសិរីអំពីផ្ទះរបស់គាត់ រួចនឹងត្រឡប់មក ។ ព្រាហ្មណ៍នោះទៅកាន់ផ្ទះរបស់លោកសេដ្ឋី កាលលោកសេដ្ឋីធ្វើសក្ការៈនិងសម្មានៈហើយពោលពាក្យជាទីរលឹកថា លោកមកដើម្បីប្រយោជន៍អ្វី ? ព្រាហ្មណ៍ក៏ ពិនិត្យមើលថា សិរីឋិតនៅទីណាហ៎្ន ។ សេដ្ឋីមានមាន់ពណ៌សសុទ្ធប្រៀបដូចស័ង្ខដែលគេខាត់ហើយ ដាក់ក្នុងទ្រុងមាស សិរីតាំងនៅលើជុកមាន់នោះ ។ ព្រាហ្មណ៍កាលក្រឡេកមើល បានដឹងភាពនៃសិរីដែលតាំងនៅក្នុងទីនោះ ទើបពោលថា បពិត្រមហាសេដ្ឋី ខ្ញុំញ៉ាំងនូវមាណព ៥០០ ឲ្យពោលនូវមន្ត, ព្រោះអាស្រ័យមាន់មួយដែលរងាវខុសកាល មាណពនិងខ្ញុំទើបលំបាក, បានឮថា មាន់នេះរងាវត្រូវកាល ខ្ញុំដើម្បីត្រូវការមាន់នេះ លោកមេត្តាឲ្យមាន់នេះដល់ខ្ញុំផង ។ សេដ្ឋីពោលថា នែព្រាហ្មណ៍ លោកចូរចាប់យកចុះ យើងឲ្យមាន់នេះដល់លោក ។ ក្នុងខណៈដែលលោកសេដ្ឋីពោលថា ឲ្យ ប៉ុណ្ណោះ សិរីក៏ឃ្លាតចាកជុកមាន់ មកឋិតនៅលើដួងកែវមណី ដែលនៅលើក្បាលដំណេក ។ ព្រាហ្មណ៍បានដឹងនូវភាពនៃសិរីដែលតាំងនៅក្នុងកែវមណី ទើបសូមកែវមណីនោះ។ក្នុងខណៈដែលលោកសេដ្ឋីពោលថា យើងឲ្យសូម្បីនូវកែវមណី ដូច្នេះ សិរីក៏ផ្លាស់ចេញអំពីកែវមណី ទៅតាំងនៅលើឈើច្រត់ដែលរក្សាទុកលើក្បាលដំណេក ។ ព្រាហ្មណ៍បានដឹងនូវភាពនៃសិរីដែលតាំងនៅនឹងឈើច្រត់នោះ ទើបសូម្បីនូវឈើច្រត់នោះទៀត ។ លោកសេដ្ឋីពោលថា លោកចូរកាប់យកចុះ ដូច្នេះ ក្នុងខណៈដែលលោកសេដ្ឋីពោលនោះឯង សិរីក៏គេចចេញអំពីឈើច្រត់ ទៅប្រតិស្ឋាននៅលើក្បាលភរិយារបស់សេដ្ឋីដែលឈ្មោះថា បុញ្ញលក្ខណទេវី ។ សិរិចោរព្រាហ្មណ៍ដឹងភាពនៃសិរីដែលតាំងនៅក្នុងទីនោះ គិតថា នោះជាភណ្ឌៈដែលសេដ្ឋីលះមិនបាន ទើបមិនអាចនឹងសូមនូវរបស់នោះ ដូច្នេះហើយ ក៏ប្រាប់នូវការមកដល់សេដ្ឋីថា បពិត្រមហាសេដ្ឋី ខ្ញុំមកដើម្បីនឹងលួចសិរីក្នុងផ្ទះរបស់លោក ប៉ុន្តែសិរីដែលតាំងនៅនឹងជុកមាន់របស់លោក បានប្រាសចេញអំពីទីនោះ ក្នុងពេលដែលលោកឲ្យដល់ខ្ញុំ មកតាំងនៅនឹងកែវមណី, ពេលលោកឲ្យកែវមណី ក៏មកតាំងនៅនឹងឈើច្រត់, ពេលលោកឲ្យឈើច្រត់ សិរីក៏ប្រាសចេញអំពីនោះ មកតាំងនៅលើក្បាលរបស់បុញ្ញលក្ខណទេវី ខ្ញុំគិតថា នេះជាភណ្ឌៈដែលលោកលះឲ្យមិនបាន ភណ្ឌៈនេះក៏ខ្ញុំមិនគួរកាន់យក ខ្ញុំមិនអាចនឹងលួចសិរីរបស់លោកបាន, សិរីរបស់លោកចូរនៅក្នុងសម្នាក់លោកចុះ ថាហើយ ទើបក្រោកឡើយ ចៀសចេញទៅ ។ អនាថបិណ្ឌិកសេដ្ឋីគិតថា នឹងក្រាបទូលហេតុការណ៍នេះដល់ព្រះមានព្រះភាគ ទើបទៅកាន់ព្រះវិហារ (វត្តអារាម) បូជាព្រះសាស្ដា និងថ្វាយបង្គំហើយអង្គុយក្នុងទីដ៏សមគួរមួយ បានក្រាបទូលរឿងរ៉ាវទាំងអស់ដល់ព្រះតថាគត ។ ព្រះសាស្ដាស្ដាប់រឿងនោះហើយ ត្រាស់ថា ម្នាលគហបតី មិនមែនតែក្នុងកាលឥឡូវនេះទេ ដែលសិរីរបស់មនុស្សដទៃ ទៅក្នុងទីដទៃសូម្បីក្នុងកាលមុន សិរីដែលកើតឡើងដល់មនុស្សអ្នកឥតបុណ្យ ហើយបានទៅកាន់បាទមូលរបស់មនុស្សអ្នកមានបុណ្យ ដូច្នេះហើយ ទ្រង់ដែលអនាថបិណ្ឌិកសេដ្ឋីទូលអង្វរអារាធនា ទើបនាំយកអតីតនិទានមកសម្ដែងថាៈ ក្នុងអតីតកាល កាលព្រះបាទព្រហ្មទត្តសោយរាជសម្បត្តិក្នុងនគរនគរពារាណសី ។ ព្រះពោធិសត្វកើតក្នុងត្រកូលព្រាហ្មណ៍ កាលមានវ័យចម្រើនឡើងហើយ បានសិក្សានូវសិល្បៈក្នុងនគរតក្កសិលា រួចក៏នៅគ្របគ្រងផ្ទះ កាលមាតាបិតាធ្វើកាលកិរិយាហើយ ជាអ្នកមានសេចក្ដីសង្វេគ បានចេញចាកផ្ទះ បួសជាឥសីក្នុងហិមវន្តប្រទេស បានញ៉ាំងអភិញ្ញា និងសមាបត្តិឲ្យកើតឡើង ។ ដោយកាលកន្លងទៅអស់កាលយូរ ព្រះពោធិសត្វក៏ទៅកាន់ជនបទដើម្បីប្រយោជន៍ដល់ការសេពនូវរសជូរនិងប្រៃ ហើយបាននៅក្នុងឧទ្យាន របស់ព្រះរាជា ពារាណសី ក្នុងថ្ងៃស្អែកឡើង កាលត្រាច់ភិក្ខា ព្រះពោធិសត្វក៏បានទៅកាន់ទ្វារផ្ទះរបស់ហត្ថាចារ្យ ។ នាយហត្ថាចារ្យនោះជ្រះថ្លាក្នុងអាចារៈ និងវិហារធម៌របស់តាបសនោះ ក៏ថ្វាយនូវភិក្ខា ហើយឲ្យតាបសគង់នៅក្នុងឧទ្យាន និងទំនុកបម្រុងអស់កាលជានិច្ច ។ គ្រានោះ មានមនុស្សអ្នករកឧសចិញ្ចឹមជីវិតមួយរូប នាំឈើទាំងឡាយមកអំពីព្រៃ មិនអាចនឹងទៅដល់ទ្វារនគរ ។ ក្នុងវេលាល្ងាប ទើបធ្វើនូវគំនរឈើជាក្បាលដំណេក ដេកក្នុងខ្ទមទេវតាមួយ ។ (នៅទីនោះ) មានមាន់ជាច្រើនដែលអ្នកស្រុកលែងទុកក្នុងខ្ទមទេវតា នាំគ្នាដេកលើដើមឈើមួយដែលនៅមិនឆ្ងាយពីទីនោះ ។ បណ្ដាមាន់ទាំងនោះ ក្នុងវេលាជិតភ្លឺ មាន់ដែលដេកខាងលើគេ បានញ៉ាំងអាចម៍ឲ្យធ្លាក់ចុះលើសរីរៈរបស់មាន់ដែលដេកខាងក្រោម ។ មាន់ខាងក្រោមសួរថា អ្នកណាជុះអាចម៍ដាក់សរីរៈរបស់យើង ? មាន់ខាងលើឆ្លើយថា គឺ យើង ។ មាន់ខាងក្រោមពោលថា ព្រោះហេតុអ្វី ? មាន់ខាងលើពោលថា ព្រោះមិនបានពិចារណា (បានបន្តិច) ក៏ជុះអាចម៍ម្ដង ។ បន្ទាប់មក មាន់សូម្បីទាំងពីរក៏ក្រោធដាក់គ្នានឹងគ្នា ហើយធ្វើនូវជម្លោះថា កម្លាំងរបស់អ្នកប៉ុណ្ណា កម្លាំងរបស់អ្នកប៉ុណ្ណា ។ លំដាប់នោះ មាន់ដែលដេកខាងក្រោមថា ក្នុងព្រឹកនេះ អ្នកបានសម្លាប់យើង ហើយស៊ីសាច់ដែលចម្អិនដោយរងើកភ្លើង នឹងបានទ្រព្យមួយពាន់ ។ មាន់ដែលដេកខាងលើពោលថា អម្ភោ នែអ្នកដ៏ចម្រើន អ្នកកុំនិយាយដោយអាងអានុភាពមានប្រមាណប៉ុណ្ណេះឡើយ ព្រោះថា អ្នកណាបានស៊ីសាច់ដ៏ធាត់របស់យើងនឹងបានជាព្រះរាជា, អ្នកស៊ីសាច់ខាងក្រៅ បើបុរសនឹងបានតំណែងជាសេនាបតី, បើស្ត្រីនឹងបានតំណែងជាអគ្គមហេសី ។ ចំណែកអ្នកដែលបានស៊ីសាច់និងឆ្អឹងរបស់យើង បើជាគ្រហស្ថនឹងបានជានាយឃ្លាំង, បើជាបព្វជិតនឹងបានជាជីតុនរបស់រាជត្រកូល ។ បុរសអ្នករកឧសបានស្ដាប់ពាក្យរបស់មាន់ទាំងនោះហើយ គិតថា កាលយើងបានរាជសម្បត្តិហើយ កិច្ចដោយទ្រព្យមួយពាន់រមែងមិនមាន ដូច្នេះហើយ ទើបឡើងសន្សឹមៗទៅចាប់មាន់ដែលដេកខាងលើ យកមកសម្លាប់ ធ្វើនូវថ្នក់ ដោយគិតថា យើងនឹងជាព្រះរាជា ដូច្នេះហើយ ទើបដើរទៅ ចូលកាន់ព្រះនគរក្នុងវេលាទ្វារបើកនោះឯង ធ្វើនូវមាន់ឲ្យមិនមានស្បែក លាងទឹកឲ្យស្អាត បានឲ្យមាន់បជាបតី (ប្រពន្ធ) ដោយពោលថា សាច់មាន់នេះ អូនចូរតាក់តែង (ចម្អិន) ឲ្យល្អ ។ ភរិយានោះតាក់តែងសាច់មាន់ និងភត្តរួចក៏បង្អោនជូនដល់បុរសជាប្ដីនោះថា បពិត្រសាមិ បងចូរបរិភោគចុះ ។ ស្វាមីនាងពោលថា ហៃអូនសម្លាញ់ដ៏ចម្រើនអើយ សាច់នេះមានអានុភាពធំណាស់ បងបរិភោគសាច់នេះ បងនឹងជាព្រះរាជា អូននឹងបានជាអគ្គមហេសី យើងកាន់យកភត្ត និងសាច់នោះ ទៅកាន់ច្រាំងទន្លេគង្គា មុជហើយ យើងនឹងបរិភោគ ដូច្នេះហើយ ទើបដាក់ភាជនៈដែលដាក់ភត្តនៅនឹងច្រាំង រួចក៏ចុះទៅមុជទឹក ។ ក្នុងខណៈនោះ រលកទឹកត្រូវខ្យល់បក់មក ក៏កៀរយកភាជនៈភត្តហូរទៅ ។ ភាជនៈភត្តត្រូវក្រសែទឹកបន្សាត់នាំទៅ ពេលនោះ មហាមាត្យដែលជាហត្ថាចារ្យមួយរូប កំពុងញ៉ាំងដំរីឲ្យមុជទឹក ក្នុងទន្លេដែលនៅខាងក្រោមក្រសែទឹក បានឃើញហើយឲ្យគេរើសឡើងមក បើកមើល ហើយសួរថា អ្វីហ្នឹង ? ពួកបរិវារឆ្លើយថា បពិត្រលោកម្ចាស់ គឺភត្ត និងសាច់មាន់ ។ មហាមាត្យនោះទើបឲ្យគេបិទភាជនៈភត្តនោះ ហើយឲ្យបោះត្រា រួចបញ្ជូនទៅឲ្យភរិយាដោយពោលថា នាងកុំបើកភត្តនេះ ដរាបដល់យើងមក ។ ចំណែកបុរសអ្នករកឧសនោះ មានផ្ទៃពោះហើមប៉ោង ព្រោះត្រូវទឹកនិងខ្សាច់ដែលចូលតាមមាត់ ទើបគេចទៅ ។ លំដាប់នោះ ទិព្វចក្ខុកតាបសដែលជាកុលូបកៈរបស់នាយហត្ថាចារ្យនោះ កាលពិចារណា (មើល) ដោយទិព្វចក្ខុបានឃើញថា ឧបដ្ឋាករបស់យើង មិនផុតពីតំណែង ហត្ថាចារ្យ កាលណាហ៎្ន នឹងបាននូវសម្បត្តិ ដូច្នេះហើយ បានឃើញនូវបុរសនោះ និងដឹងនូវហេតុនោះ ទើបប្រញាប់ទៅកាន់ផ្ទះ ហើយអង្គុយលើអាសនៈរបស់នាយហត្ថាចារ្យ ។ នាយហត្ថាចារ្យមកហើយ ថ្វាយបង្គំតាបស រួចអង្គុយក្នុងទីសមគួរមួយ ទើបឲ្យគេនាំភាជនៈភត្តនោះមកហើយពោលថា អ្នកទាំងឡាយចូរអង្គាសព្រះតាបសដោយសាច់និងបាយ ។ តាបសកាន់យកនូវតែភត្ត មិនកាន់យកសាច់ដែលគេថ្វាយ ដោយពោលថា យើងនឹងចាត់ចែងនូវសាច់នេះ ។ កាលនាយហត្ថាចារ្យពោលថា ចូរចាត់ចែងចុះ លោកម្ចាស់ ។ តាបសក៏ឲ្យគេធ្វើជាចំណែកមួយ ៗ មានសាច់ធាត់ជាដើម ហើយឲ្យសាច់ធាត់ដល់នាយហត្ថាចារ្យ, សាច់ខាងក្រៅឲ្យដល់ភរិយារបស់គាត់, ឆ្អឹងនិងសាច់ តាបសឆាន់ដោយខ្លួនឯង ។ តាបសនោះ កាលទៅក្នុងវេលាដែលបញ្ចប់នូវភត្តកិច្ចហើយ ទើបពោលថា អ្នកនឹងបានជាព្រះរាជាក្នុងថ្ងៃទីបីអំពីថ្ងៃនេះ ចូរអ្នកកុំប្រមាទ ដូច្នេះហើយ ក៏ចៀសចេញទៅ ។ ក្នុងថ្ងៃទីបី ព្រះរាជាក្នុងសាមន្តរដ្ឋមួយព្រះអង្គ (លើកទ័ព) មកឡោមព័ទ្ធនគរ ពារាពណី ។ ស្ដេចពារាណសីឲ្យនាយហត្ថាចារ្យកាន់យកភេទជាព្រះរាជា ហើយបញ្ជាឲ្យឡើងលើដំរីដើម្បីប្រយុទ្ធ ។ ព្រះរាជាអង្គឯង ក្លែងភេទដែលមិនមានអ្នកណាស្គាល់ ត្រាច់ទៅក្នុងពួកសេនា ទ្រង់បានត្រូវដោយកូនសរដែលមានកម្លាំងខ្លាំងមួយ ស្ដេចក៏ចូលទិវង្គតក្នុងពេលនោះឯង ។ នាយហត្ថាចារ្យបានដឹងនូវភាពដែលព្រះរាជាចូលទិវង្គតហើយ ទើបឲ្យគេនាំយកកហាបណៈដ៏ច្រើន ឲ្យត្រាស់វាយស្គរប្រកាសថា អ្នកណាត្រូវការទ្រព្យចូលច្បាំងនៅខាងមុខ ។ ពលកាយបានញ៉ាំងនូវជីវិតរបស់ព្រះរាជាសាមន្តរដ្ឋ ឲ្យអស់ទៅក្នុងពេលមួយរំពេចនោះឯង ។ អាមាត្យទាំងឡាយធ្វើនូវសរីរកិច្ចរបស់ព្រះរាជាហើយ កាលប្រជុំប្រឹក្សាគ្នាថា យើងនឹងធ្វើអ្នកណាឲ្យជាព្រះរាជា ក៏ពោលថា ព្រះរាជារបស់យើង កាលមានព្រះជន្ម បានប្រទាននូវភេទរបស់ខ្លួនឲ្យដល់នាយហត្ថាចារ្យ នាយហត្ថាចារ្យនេះធ្វើនូវចម្បាំង បានរក្សានូវរាជសម្បត្តិនេះ ពួកយើងនឹងឲ្យរាជសម្បត្តិនេះដល់គាត់ ដូច្នេះហើយ បានអភិសេកនាយហត្ថាចារ្យនោះដោយរាជសម្បត្តិ និងធ្វើនូវភរិយារបស់គាត់ឲ្យជាអគ្គមហេសី ។ ព្រះពោធិសត្វបានជារាជកុលូបកៈ ។ ព្រះសាស្ដាបាននាំអតីតនិទាននេះមកហើយ កាលទ្រង់ត្រាស់ដឹងជាព្រះសម្មាសម្ពុទ្ធ ទើបព្រះអង្គត្រាស់ព្រះគាថាទាំងឡាយ ២ ថា យំ ឧស្សុកា សង្ឃរន្តិ, អលក្ខិកា ពហុំ ធនំ; សិប្បវន្តោ អសិប្បា ច, លក្ខិវា តានិ ភុញ្ជតិ។ ពួកបុគ្គលឥតបុណ្យ ខ្វល់ខ្វាយ ប្រមូលទ្រព្យណាដ៏ច្រើន ចំណែកខាងបុគ្គល អ្នកមានបុណ្យ ទោះមានសិល្បៈក្ដី មិនមានសិល្បៈក្ដី ក៏រមែងបានបរិភោគនូវទ្រព្យទាំងនោះ ។ សព្ពត្ថ កតបុញ្ញស្ស, អតិច្ចញ្ញេវ បាណិនោ; ឧប្បជ្ជន្តិ ពហូ ភោគា, អប្បនាយតនេសុបិ។ ភោគៈទាំងឡាយច្រើន រមែងកន្លងនូវពួកបុគ្គលឥតបុណ្យ កើតឡើងសម្រាប់បុគ្គល អ្នកមានបុណ្យធ្វើហើយ ក្នុងទីទាំងពួងសូម្បីក្នុងទីមិនមែនជាកន្លែងសម្រាប់កើត ។ បណ្ដាបទទាំងនោះ បទថា យំ ឧស្សុកា សេចក្ដីថា បុគ្គលដែលមិនមានបុណ្យ ដល់សេចក្ដីខ្វល់ខ្វាយក្នុងកាប្រមូលទ្រព្យ គឺកើតឆន្ទៈប្រមូលទ្រព្យដ៏ច្រើនដោយការងារ ។ បាលីថា យេ ឧស្សុកា ដូច្នេះក៏មាន អធិប្បាយថា បុរសទាំងឡាយណា ព្យាយាមប្រមូលទ្រព្យ នឹងមានសិប្បៈ ដោយអំណាចនៃសិល្បៈដំរីជាដើម ឬមិនមានសិល្បៈក៏ដោយ ដោយហោចទៅ គ្រាន់តែធ្វើការដោយតម្លៃឈ្លួលក៏រមែងប្រមូលទ្រព្យដ៏ច្រើនទុកបាន ។ បទថា លក្ខិវា តានិ ភុញ្ជតិ សេចក្ដីថា បុរសដែលមានបុណ្យកាលនឹងបរិភោគនូវផលនៃបុណ្យរបស់ខ្លួន សូម្បីនឹងមិនធ្វើនូវការងារអ្វី ក៏រមែងបានប្រើប្រាស់ទ្រព្យ ដែលពោលថា ទ្រព្យច្រើន ។ បទថា អតិច្ចញ្ញេវ បាណិនោ សេចក្ដីថា កន្លងនូវសត្វទាំងឡាយដទៃនោះឯង ។ ឯវអក្សរគប្បីប្រកបដោយបទខាងដើមនោះ មានសេចក្ដីថា បុគ្គលដែលបានធ្វើបុណ្យ រមែងកន្លងពួកសត្វដែលមិនបានធ្វើបណ្យដទៃ ក្នុងទីទាំងពួង ។ បទថា អប្បនាយតនេសុបិ សេចក្ដីថា ពិតមែនហើយ ភោគៈទាំងឡាយដ៏ច្រើន ទាំងជាសវិញ្ញាណកៈនិងអវិញ្ញាណកៈរមែងកើតឡើង សូម្បីក្នុងទីដែលមិនមែនជាកន្លែងកើត គឺ រតនៈទាំងឡាយរមែងកើតឡើងក្នុងទីដែលមិនមែនជាកន្លែងធ្វើរតនៈ, មាសទាំងឡាយរមែងកើត ក្នុងទីមិនមែនកន្លែងកើតមាស, ដំរីទាំងឡាយរមែងកើតក្នុងទីមិនមែនកន្លែងកើតដំរីជាដើម ។ ក្នុងបណ្ដាទ្រព្យទាំងនោះ កែវមុក្ដានិងកែវមណីជាដើមរមែងកើតក្នុងទីមិនមែនកន្លែងកើត គប្បីសម្ដែងរឿងរបស់ព្រះបាទទុដ្ឋគាមណិមហារាជ ។ ចំណែកព្រះសាស្ដាកាលត្រាស់ព្រះគាថា ២ នេះហើយ ទើបត្រាស់តទៅថា ម្នាលគហបតី ឈ្មោះថា ទីកើតដទៃដែលស្មើដោយបុណ្យរបស់សត្វទាំងឡាយនេះ រមែងមិនមាន, ព្រោះរតនៈទាំងឡាយ រមែងកើតឡើងសូម្បីក្នុងទីមិនមែនកន្លែងកើត ដល់អ្នកមានបុណ្យទាំងឡាយប៉ុណ្ណោះ ដូច្នេះហើយ ព្រះអង្គទើបសម្ដែងព្រះធម៌ថា ឯស ទេវមនុស្សានំ, សព្ពកាមទទោ និធិ; យំ យទេវាភិបត្ថេន្តិ, សព្ពមេតេន លព្ភតិ។ កំណប់ទ្រព្យ គឺបុណ្យណា ជាប់តាមខ្លួនទៅបាន អ្នកប្រាជ្ញ ធ្វើនូវកំណប់ទ្រព្យគឹបុណ្យនោះ កំណប់ទ្រព្យ គឺបុណ្យនុ៎ះ ឲ្យនូវសេចក្តីប្រាថ្នា គ្រប់យ៉ាងដល់ទេវតា និងមនុស្សទាំងឡាយ ពួកទេវតា និងមនុស្សទាំងឡាយប្រាថ្នានូវផលណា ៗ ផលទាំងពួងនោះៗ រមែងបានដោយកំណប់ទ្រព្យ គឺបុណ្យនុ៎ះ ។ សុវណ្ណតា សុសរតា, សុសណ្ឋានា សុរូបតា; អាធិបច្ចបរិវារោ, សព្ពមេតេន លព្ភតិ។ ភាពជាអ្នកមានសម្បុរផូរផង់ មានសំឡេងពីរោះ ទ្រង់ទ្រាយល្អ រូបល្អ ជាអធិបតី មានយស បរិវារ ផលទាំងអស់ រមែងបានដោយកំណប់ទ្រព្យគឺបុណ្យនុ៎ះ ។ បទេសរជ្ជំ ឥស្សរិយំ, ចក្កវត្តិសុខំ បិយំ; ទេវរជ្ជម្បិ ទិព្ពេសុ, សព្ពមេតេន លព្ភតិ។ ភាពជាស្តេចប្រទេសរាជ ឥស្សរិយយស សេចក្តីសុខរបស់ស្តេចចក្រពត្តិជាទីស្រឡាញ់ ភាពជាស្តេចនៃទេវតាក្នុងទេពនិកាយទាំងឡាយ ផលទាំងអស់រមែងបានដោយកំណប់ទ្រព្យគឺបុណ្យនុ៎ះ។ មានុស្សិកា ច សម្បត្តិ, ទេវលោកេ ច យា រតិ; យា ច និព្ពានសម្បត្តិ, សព្ពមេតេន លព្ភតិ។ សម្បត្តិជារបស់មនុស្សណាផង សេចក្តីត្រេកអរ ក្នុងទេវលោកណាផង សម្បត្តិគឺព្រះនិព្វានណាផង សម្បត្តិទាំងអស់ រមែងបានដោយកំណប់ទ្រព្យគឺបុណ្យនុ៎ះ ។ មិត្តសម្បទមាគម្ម, យោនិសោវ បយុញ្ជតោ; វិជ្ជាវិមុត្តិវសីភាវោ, សព្ពមេតេន លព្ភតិ។ ភាពនៃបុគ្គលកាលអាស្រ័យមិត្តសម្បទា បើប្រកបសេចក្តីព្យាយាម ដោយឧបាយ ដែលត្រូវ ជាអ្នកស្ទាត់ក្នុងវិជ្ជានិងវិមុត្តិ ឥដ្ឋផលទាំងអស់ បានដោយកំណប់ទ្រព្យគឺបុណ្យនុ៎ះ ។ បដិសម្ភិទា វិមោក្ខា ច, យា ច សាវកបារមី; បច្ចេកពោធិ ពុទ្ធភូមិ, សព្ពមេតេន លព្ភតិ។ បដិសម្ភិទា វិមោក្ខ សាវកបារមីញាណ បច្ចេកពោធិញាណ និងភូមិណាៗ ឥដ្ឋផលទាំងអស់ រមែងបានដោយកំណប់ទ្រព្យគឺបុណ្យនុ៎ះ ។ ឯវំ មហត្ថិកា ឯសា, យទិទំ បុញ្ញសម្បទា; តស្មា ធីរា បសំសន្តិ, បណ្ឌិតា កតបុញ្ញតំ។ បុញ្ញសម្បទានេះ ឲ្យសម្រេចប្រយោជន៍ដ៏ធំ ដោយប្រការដូច្នេះ ព្រោះហេតុនោះ អ្នកប្រាជ្ញទាំងនោះ ជាធីរជន ទើបសរសើរនូវភាពនៃបុគ្គលជាអ្នកមានបុណ្យធ្វើទុកហើយ ។ (សុត្តន្តបិដក ខុទ្ទកនិកាយ ខុទ្ទកបាឋ និធិកណ្ឌសូត្រ បិដកលេខ ៥២ ទំព័រ ១៥) ឥឡូវនេះ កាលនឹងទ្រង់សម្ដែងរតនៈទាំងឡាយនោះ ដែលជាទីតាំងនៅនៃសិរីរបស់អនាថបិណ្ឌិកសេដ្ឋី ព្រះមានព្រះភាគទើបត្រាស់ថា កុក្កុដោ ដូច្នេះជាដើម ។ (ពាក្យថាពេញថា ) កុក្កុដោ មណយោ ទណ្ឌោ, ថិយោ ច បុញ្ញលក្ខណា; ឧប្បជ្ជន្តិ អបាបស្ស, កតបុញ្ញស្ស ជន្តុនោ។ មាន់ឈ្មោលក្ដី កែវមណីក្ដី ឈើច្រត់ក្ដី នាងបុញ្ញលក្ខណាទេវី ជាប្រពន្ធ (របស់សេដ្ឋី) ក្ដី រមែងកើតឡើងដល់អនាថបណ្ឌិកសេដ្ឋី អ្នកមិនមានបាប ជាអ្នកមានបុណ្យធ្វើហើយ ។ បណ្ដាបទទាំងនោះ បទថា ទណ្ឌោ លោកពោលសំដៅយក ឈើច្រត់, បទថា ថិយោ បានដល់ បុញ្ញលក្ខណទេវីដែលជាភរិយារបស់លោកសេដ្ឋី ។ ពាក្យដ៏សេស ងាយស្រួលហើយ ។ព្រះសាស្ដាបានត្រាស់គាថានេះហើយ ទ្រង់ប្រជុំជាតកថាតទា រាជា អានន្ទោ អហោសិ ព្រះរាជាក្នុងកាលនោះ បានមកជា អានន្ទ ។ កុលូបកតាបសោ បន អហមេវ សម្មាសម្ពុទ្ធោ អហោសិំ ចំណែក កុលូបកតាបស គឺ តថាគតជាព្រះសម្មាសម្ពុទ្ធ នេះឯង ។ ចប់ សិរីជាតក ៕ (ជាតកដ្ឋកថា សុត្តន្តបិដក ខុទ្ទកនិកាយ ជាតក តិកនិបាត អព្ភន្តរវគ្គ បិដកលេខ ៥៨ ទំព័រ ១៥៩) ដោយខេមរ អភិធម្មាវតារ ដោយ៥០០០ឆ្នាំ
images/articles/2836/7ttxtpic.jpg
Public date : 13, Feb 2021 (2977 Read)
ព្រះសាស្ដាកាលគង់នៅក្នុងវត្តជេតវ័ន ទ្រង់ប្រារព្ធកុដុម្ពិកៈដែលមានបិតា ស្លាប់មួយរូប បានត្រាស់ធម្មទេសនានេះ មានពាក្យផ្ដើមថា ឯថ លក្ខណសីតា ច ដូចនេះ ។ សេចក្ដីពិស្ដារថា កុដុម្ពិកៈនោះ កាលបិតាធ្វើកាលកិរិយាហើយត្រូវសេចក្ដីសោក​គ្របសង្កត់ ទើបបោះ​បង់​កិច្ចទាំងពួង បណ្ដោយទៅតាមសេចក្ដី សោកសៅ ។ ព្រះសាស្ដាទ្រង់ប្រមើលមើលសត្វលោកក្នុងបច្ចូសសម័យ (ក្នុង វេលាជិតភ្លឺ) ទតឃើញឧបនិស្ស័យសោតាបត្តិផលរបស់កុដុម្ពិកៈនោះ ព្រឹកឡើងទើប​ស្ដេចត្រាច់ទៅដើម្បីបិណ្ឌបាត្រ ក្នុងក្រុងសាវត្ថី សោយក្រយាហារ ស្រេចហើយ ទ្រង់បញ្ជូនភិក្ខុទាំង​ឡាយឲ្យត្រឡប់ ទ្រង់កាន់យកសមណបច្ឆាមួយរូបទៅកាន់ផ្ទះរបស់កុដុម្ពិកៈនោះ កាលព្រះសា​ស្ដា​ត្រាស់ហៅកុដុម្ពិកៈដែលថ្វាយបង្គំហើយអង្គុយចុះ ដោយពាក្យដ៏ពីរោះទើបត្រាស់ថា កិំ សោចសិ ឧបាសក ម្នាលឧបាសក អ្នកសោយសោកព្រោះអ្វី ? កាលកុដុម្ពិកៈទូលថា អាម, ភន្តេ, បិតុសោកោ មំ ពាធតិ ករុណា ព្រះអង្គដ៏ចម្រើន ! សេចក្ដីសោកព្រោះបិតាកំពុងបៀតបៀនខ្ញុំព្រះករុណា ព្រះសាស្ដាត្រាស់ថា ម្នាល ឧបាសក បណ្ឌិតក្នុងកាលមុនបានដឹងលោកធម៌ ៨ ប្រការ តាមសេចក្ដីពិត កាលបិតាធ្វើកាលកិរិយាហើយ ក៏មិនបានប្រសព្វសេចក្ដីសោក សូម្បីបន្តិចបន្តួចឡើយ កុដុម្ពិកៈក៏ក្រាបទូលអារាធនា ទើបទ្រង់នាំអតីតនិទានមកត្រាស់ថាៈ អតីតេ ពារាណសិយំ ទសរថមហារាជា នាម ក្នុងអតីតកាល ព្រះរាជាព្រះនាម ទសរថមហារាជ ទ្រង់លះបង់នូវអគតិ សោយរាជ្យសម្បត្តិប្រកបដោយធម៌ ក្នុងក្រុងពារាណសី ។ ព្រះអគ្គហមេសីដែលជាធំជាងស្ត្រី ១៦,០០០ របស់ព្រះបាទទសរថមហារាជនោះ ប្រសូតព្រះឱរស ២ ព្រះអង្គ ព្រះធីតា ១ ព្រះ​អង្គ ​។ ព្រះឱរសច្បងព្រះនាមថា រាមបណ្ឌិត ព្រះឱរសទីពីរ ព្រះនាមថា លក្ខណកុមារ ព្រះធីតាព្រះនាម​ថា សីតាទេវី១ ។ ក្នុងកាលជាចំណែកខាងមុខ ព្រះអគ្គមហេសីទ្រង់សោយព្រះពិលាល័យ (ព្រះអគ្គ​មហេសីអស់ព្រះជន្ម) ។ ព្រះរាជាទ្រង់ដល់អំណាចនៃសេចក្ដីសោក អស់កាលដ៏យូរព្រោះការ​សោយ​​ព្រះ​ពិលាល័យនៃព្រះអគ្គមហេសីនោះ ពួកអាមាត្យបាន នាំគ្នាក្រាបទូលឲ្យទ្រង់ស្រាកស្រាន្ត ទ្រង់ធ្វើការបរិហារដែលគប្បីធ្វើដល់ព្រះនាងហើយ ទ្រង់តាំងស្ត្រីដទៃទុកក្នុងតំណែងជាអគ្គមហេសី ។ ព្រះអគ្គមហេសីថ្មីនោះជាស្រឡាញ់ ជាទីគាប់ព្រះហឫទ័យនៃព្រះរាជា ។ ក្នុងកាលជាខាងក្រោយមក សូម្បីព្រះអគ្គមហេសីនោះក៏ទ្រង់គភ៌ ទ្រង់បានទទួលព្រះរាជទានគ្រឿងរក្សាគភ៌ បានប្រសូតនូវព្រះឱ​រស​ ព្រះញាតិវង្សបានដាក់ព្រះនាមរបស់ព្រះឱរសនោះថា ភរតកុមារ ។ ព្រះរាជាត្រាស់ថា ម្នាលនាងដ៏ចម្រើន យើងសូមឲ្យពរដល់នាង នាងចូរទទួលពរចុះ ដោយទ្រង់ស្រឡាញ់ក្នុងព្រះឱរស ។ ព្រះនាងធ្វើការ​ទទួលហើយ ក្នុងពេលដែលព្រះកុមារមានព្រះជន្មាយុបាន ៧-៨ វស្សា ទើបចូលទៅគាល់ព្រះរាជាក្រាបទូលថា បពិត្រព្រះសម្មតិទេព ព្រះអង្គបានព្រះរាជទានពរដល់បុត្ររបស់ខ្ញុំម្ចាស់ ឥឡូវនេះ សូមទ្រង់ព្រះករុណា មេត្តាព្រះរាជទានពរនោះដល់បុត្ររបស់ខ្ញុំម្ចាស់នោះ ។ កាលព្រះរាជាត្រាស់ថា ម្នាលនាងដ៏ចម្រើន ចូរទទួលចុះ ព្រះនាងទើបក្រាបទូលថា បពិត្រព្រះសម្មតិ-ទេព សូមទ្រង់ព្រះរាជទានរាជសម្បត្តិដល់បុត្ររបស់ខ្ញុំម្ចាស់ ។ ព្រះរាជាទ្រង់ ទះព្រះហស្តត្រាស់គម្រាមថា នែស្រីថោកទាប នាងចូរវិនាសទៅ បុត្រទាំងឡាយ ២ របស់យើងរមែងរុងរឿងបីដូចជាគំនរភ្លើង នាងនឹងឲ្យយើងសម្លាប់បុត្រទាំង ២ ហើយ សូមរាជសម្បត្តិឲ្យបុត្ររបស់នាង ។ ព្រះអគ្គមហេសី នោះភិតភ័យហើយចូលកាន់ដំណាក់ដ៏មានសិរី សូម្បីក្នុងថ្ងៃដទៃៗ ក៏គង់ទូលសុំរាជសម្បត្តិប៉ុណ្ណោះនឹងព្រះរាជារឿយៗ ។ ព្រះរាជាគ្រាមិនប្រទានដល់ព្រះនាង ទើបទ្រង់ត្រិះរិះថា ឈ្មោះថា មាតុគ្រាម ជាមនុស្សអកតញ្ញូ ទ្រុស្តមិត្ត នាងនេះនឹងក្លែងសារ ឬ ជួលឲ្យគេសម្លាប់បុត្រទាំង ២ របស់យើង ។ ព្រះអង្គ ទើបត្រាស់ឲ្យហៅព្រះឱរសទាំង ២ ចូលគាល់ ទ្រង់ប្រាប់សេចក្ដីនោះ មានព្រះតម្រាស់ថា ម្នាលបុត្រ អន្តរាយគង់នឹងមានដល់អ្នកដែលនៅក្នុងទីនេះ អ្នក ចូរនាំគ្នាទៅកាន់ដែននៃសាមន្តរដ្ឋ ឬ កាន់ព្រៃ និងត្រឡប់មកវិញក្នុងពេលដែលបិតាចូលទិវង្គត គប្បីកាន់យករាជសម្បត្តិរបស់ត្រកូលចុះ ដូចនេះហើយ ត្រាស់បញ្ជាឲ្យពួកព្រាហ្មណ៍ចូលគាល់ម្ដងទៀត ត្រាស់សួរនូវការកំណត់ព្រះជន្មាយុរបស់ព្រះអង្គ ទ្រង់ស្ដាប់ថា នឹងប្រព្រឹត្តទៅដល់ ១២ ឆ្នាំខាងមុខ ទើបត្រាស់ថា ម្នាលបុត្រ ដោយកន្លងទៅ ១២ ឆ្នាំអំពីនេះទៅ ពួកអ្នកចូរនាំគ្នា មកឲ្យមហាជនលើកស្វេតច្ឆត្រថ្វាយ ។ ព្រះឱរសទាំងនោះក្រាបទូលថា ល្អ ហើយ នាំគ្នាថ្វាយបង្គំព្រះបិតា ទ្រង់ព្រះកន្សែង ហើយស្ដេចចេញចាកប្រាសាទ ព្រះនាងសីតាទេវីទ្រង់ព្រះតម្រិះថា សូម្បីយើងក៏នឹងទៅជាមួយព្រះម្ចាស់បង ថ្វាយបង្គំព្រះបិតាហើយទ្រង់ព្រះកន្សែងស្ដេចចេញទៅ ។ ក្សត្រទាំង ៣ ព្រះ អង្គនោះ ឡោមព័ទ្ធដោយមហាជនចេញចាកព្រះនគរ ទ្រង់ឲ្យមហាជននាំគ្នា ត្រឡប់ ស្ដេចចូលកាន់ហិមវន្តប្រទេសដោយលំដាប់ សាងអាស្រមក្នុងប្រទេស ដែលមានទឹកនិងមូលផលាផលសម្បូរណ៍ ទ្រង់ចិញ្ចឹមជីវិតដោយផលាផល បានអាស្រ័យនៅហើយក្នុងទីនោះ ។ ចំណែកព្រះលក្ខណបណ្ឌិត និងព្រះនាងសីតា បានទូលសុំព្រះរាម​បណ្ឌិត​ហើយទទួលប្ដេជ្ញាថា សូមព្រះអង្គតាំងនៅក្នុងឋានៈនៃព្រះបិតារបស់យើងខ្ញុំព្រះអង្គ ហេតុនោះ សូមទ្រង់ប្រថាប់នៅក្នុងអាស្រមប៉ុណ្ណោះ យើងខ្ញុំនឹងនាំផលាផលទំនុកបម្រុងព្រះអង្គ ។ ចាប់ផ្ដើមអំពីនោះមក ព្រះរាមបណ្ឌិតគង់នៅជាប្រចាំក្នុងអាស្រមប៉ុណ្ណោះ ។ ព្រះលក្ខណបណ្ឌិត និងព្រះសីតាទាំង ២ នាំគ្នាស្វែងរកផលាផលមកទំនុកបម្រុងព្រះរាមបណ្ឌិត ។ កាល​ក្សត្រទាំង ៣ ព្រះអង្គនោះ ទ្រង់ចិញ្ចឹមជីវិតដោយផលាផលយ៉ាងនេះ ព្រះបាទទសរថមហារាជ ស្ដេចបានសោយទិវង្គតក្នុងឆ្នាំទី ៩ ដោយសេចក្ដីសោកសៅព្រោះ (ព្រាត់ប្រាស) ព្រះឱរស ។ ព្រះទេវីក៏ធ្វើសរីរកិច្ច (ថ្វាយព្រះភ្លើង) នៃព្រះរាជានោះហើយ ទ្រង់ត្រាស់ថា សូមពួកលោកចូរថ្វាយស្វេត​ច្ឆត្រដល់​ភរតកុមារដែលជាបុត្រយើង ។ តែពួកអាមាត្យទូលថា ម្ចាស់របស់ស្វេតច្ឆត្រនេះនៅក្នុងព្រៃ ដូចនេះហើយទើបមិនព្រមថ្វាយ ។ ព្រះភរតកុមារត្រាស់ថា យើងនឹងនាំយកព្រះរាមបណ្ឌិត ដែលជាព្រះភាតារបស់យើងមកអំពីព្រៃ នឹងឲ្យទ្រង់លើកឡើងនូវស្វេតច្ឆត្រ ទ្រង់កាន់នូវបញ្ចរាជកកុធភណ្ឌ ៥ យ៉ាង១ ព្រមដោយសេនា ៤ ពួក ចូលដល់ទីប្រថាប់របស់ព្រះរាមបណ្ឌិតនោះ ឲ្យតាំងបន្ទាយក្នុងទីមិនឆ្ងាយ ស្ដេចចូលទៅអាស្រមជាមួយអាមាត្យ ២-៣ នាក់ ក្នុងវេលាដែលព្រះលក្ខណបណ្ឌិត និងព្រះនាងសីតាស្ដេច ទៅព្រៃ ចូលទៅគាល់ព្រះរាមបណ្ឌិត អ្នកប្រាសចាកសេចក្ដីសង្ស័យ ប្រថាប់គង់ជាសុខ ហាក់បី ដូចរូបមាសដែលតាំងទុកជិតទ្វារអាស្រម ថ្វាយបង្គំហើយ ឋិតនៅក្នុងទីសមគួរមួយ ក្រាបទូលនូវការប្រព្រឹត្តទៅរបស់ព្រះរាជា ហើយក៏ដួលចុះជិតព្រះបាទ (របស់ព្រះរាម) ទ្រង់ព្រះកន្សែងអន្លើដោយពួកអាមាត្យ ។ ព្រះរាមបណ្ឌិតទ្រង់មិនបានសោយសោក មិនបានព្រះកន្សែងឡើយ ។ សូម្បីអាការៈខុសប្រក្រតីនៃឥន្ទ្រិយ ក៏មិនបានមានដល់ព្រះអង្គឡើយ ។ ក្នុងវេលាដែលព្រះភរតៈប្រថាប់គង់ព្រះកន្សែងនោះ ជាវេលាសាយន្ហសម័យ ព្រះលក្ខណបណ្ឌិត និងព្រះនាងសីតាទាំង ២ ព្រះអង្គ ទ្រង់នាំគ្នាកាន់ផលាផលស្ដេច​មកដល់ ។ ព្រះរាមបណ្ឌិតទ្រង់ត្រិះរិះថា ប្អូនលក្ខណ៍ និងនាងសីតានៅ ក្មេងខ្ចី មិនមានប្រាជ្ញាកំណត់​ពិចារណាដូចយើង បានទទួលដំណឹងថា បិតារបស់របស់ខ្លួនសោយទិវង្គតដោយរហ័ស កាលមិនអាចនឹងទប់ទល់សេចក្ដីសោកបាន សូម្បីបេះដូងរបស់គេក៏អាចនឹងបែកទៅ យើងត្រូវធ្វើឧបាយឲ្យ ប្អូនលក្ខណ៍ និងនាងសីតាចូលទៅកាន់ត្រាំទឹកហើយ យើងនឹងប្រាប់ដំណឹងនោះ ។ លំដាប់នោះ ទ្រង់ចង្អុលបង្ហាញឧទកដ្ឋានមួយខាងមុខនៃក្សត្រទាំង ២ ទើបត្រាស់ថា អ្នកទាំង ២ ត្រឡប់​មកយូរណាស់ នេះជាទណ្ឌកម្មរបស់អ្នក អ្នកចូរចុះទៅត្រាំទឹក ហើយឋិតនៅ ដូចនេះហើយ ទើប​ត្រាស់កន្លះគាថាថាៈម្នាលលក្ខណៈ និងនាងសីតា អ្នកទាំងឡាយចូរមក អ្នកទាំង ២ នាក់ចូរចុះទឹក ។ ពាក្យដែលជាគាថានោះ មានអធិប្បាយថា មកនេះប្អូនលក្ខណ៍ និងនាង សីតា ចូរនាំគ្នាមក ចូរចុះ​កាន់ទឹកទាំង ២ នាក់ ។ ព្រះលក្ខណៈ និង ព្រះនាងសីតាទាំង ២ ព្រះអង្គនោះ ចូរនាំគ្នាទៅឈរ (ក្នុង​ទឹក) ដោយព្រះតម្រាស់មួយគ្រាប៉ុណ្ណោះ ។ លំដាប់នោះ ព្រះរាមបណ្ឌិត កាលនឹងប្រាប់ដំណឹងរបស់ព្រះបិតាដល់ក្សត្រទាំង ២ ព្រះអង្គនោះ ទើបត្រាស់កន្លះគាថាដ៏សេសថាភរតកុមារ បាននិយាយយ៉ាងនេះថា ព្រះបាទទសរថទ្រង់ទិវង្គតហើយ ។ ព្រះលក្ខណ៍ និងព្រះនាងសីតាទាំង ២ ព្រះអង្គនោះ បានស្ដាប់ដំណឹងថា ព្រះរាជបិតាសោយទិវង្គតប៉ុណ្ណោះ ក៏ដល់វិសញ្ញិភាព (សន្លប់បាត់ទៅ) ។ (ពេលភ្ញាក់ដឹងខ្លួនឡើង) ព្រះរាមបណ្ឌិតត្រាស់ប្រាប់ម្ដងទៀត ព្រះលក្ខណ៍ និងព្រះនាងសីតានោះ ក៏សន្លប់ម្ដងទៀត ។ ពួកអាមាត្យជួយលើកក្សត្រទាំង ២ ដែលទ្រង់ដល់វិសញ្ញី ដរាបដល់គ្រាទី ៣ ដោយអាការៈនេះ ចេញចាកទឹកឲ្យឋិតនៅលើដី ។ កាលក្សត្រ​ទាំង ២ បានខ្យល់អស្សាសបស្សាសៈហើយ គ្រប់អង្គ នាំគ្នាអង្គុយព្រះកន្សែងសោយសោករឿយ​ៗ ​។ គ្រានោះ ព្រះភរតកុមារទ្រង់ត្រិះរិះថា ព្រះភាតារបស់យើង លក្ខណកុមារ និងព្រះភគិនីសីតាទេវីស្ដាប់ដំណឹងថា ព្រះបាទទសរថសោយទិវង្គតហើយ មិនអាចទប់ទល់សេចក្ដីសោកបាន តែព្រះរាម​បណ្ឌិត​ទ្រង់មិនបានសោយសោក មិនបានគ្រាំគ្រាឡើយ អ្វីហ្ន៎ ជាហេតុនៃសេចក្ដីមិនសោក របស់ព្រះ​អង្គ ​ត្រូវសួរព្រះអង្គមើល ។ កាលព្រះភរតៈនឹងត្រាស់សួរ ទើបពោលគាថាទី ២ ថាបពិត្រព្រះរាម ដោយ​អានុភាពអ្វី ទើបទ្រង់បានឮថា ព្រះបិតាទិវង្គតហើយ មិនសោកសា្តយរបស់ដែលគួរសោកស្តាយ សេចក្តីទុក្ខមិនគ្របសង្កត់ទ្រង់ ។ លំដាប់នោះ ព្រះរាមបណ្ឌិត កាលនឹងសម្ដែងហេតុដែលរារាំងមិនឲ្យព្រះអង្គសោយសោកដល់ព្រះកុមារភរតៈនោះ ទើបត្រាស់ថាជីវិតណា (របស់ពួកសត្វ) បណ្តាពួកបុរសដែលរវើរវាយ បុរស (សូម្បីតែ មា្នក់) ក៏មិនអាចដើម្បីរក្សាជីវិតច្រើននោះបានទេ វិញ្ញូជនជាមេធាវីនោះ ធ្វើខ្លួនឲ្យក្តៅក្រហាយ ដើម្បីអ្វី ។ សេចក្តីពិតថា ជនទាំងឡាយណា ទាំងក្មេង ទាំងចាស់ ទាំងល្ងង់ ទាំងប្រាជ្ញ ទាំងអ្នកមាន ទាំងអ្នកក្រ ជនទាំងអស់នោះ សុទ្ធតែមានសេចក្តីស្លាប់ នៅខាងមុខ ។ ផ្លែឈើទុំទាំងឡាយ មានសេចក្តីខ្លាច អំពីកិរិយាជ្រុះជានិច្ច យ៉ាងណាមិញ ពួកសត្វកើតហើយ ក៏មានសេចក្តីខ្លាច អំពីសេចក្តីស្លាប់ជានិច្ច យ៉ាងនោះដែរ ។ ជនទាំងឡាយច្រើនពួកខ្លះ គេឃើញក្នុងវេលាព្រឹក វេលាល្ងាចមិនឃើញ ជនទាំងឡាយច្រើនពួកខ្លះ គេឃើញក្នុងវេលាល្ងាច វេលាព្រឹកមិនឃើញ ។ បើបុគ្គលអ្នកវង្វេង កាលខ្សឹកខ្សួល បៀតបៀនខ្លួន ហើយគប្បីនាំមកនូវប្រយោជន៍បន្តិចបន្តួចបាន អ្នកប្រាជ្ញ ក៏គប្បីធ្វើសេចក្តីខ្សឹកខ្សួលនោះដែរ ។ (បុគ្គល​ខ្សឹកខ្សួល) បៀតបៀនខ្លួនរបស់ខ្លួន ជាអ្នកស្គម មិនមានពណ៌សម្បុរ ពួកសត្វដែលទៅកាន់បរ​លោក ​មិនមែនញុំាងអត្តភាពឲ្យប្រព្រឹត្តទៅ ដោយសេចក្តីខ្សឹកខ្សួលនោះឡើយ ព្រោះថាសេចក្តីខ្សឹក​ខ្សួល​ មិនមានប្រយោជន៍ទេ ។ (បណ្ឌិតបុរស) គប្បីញុំាងផ្ទះដែលភ្លើងឆេះឲ្យរលត់ ដោយទឹកបានយ៉ាងណាមិញ ធីរជន ជាមេធាវី​បណ្ឌិត​ បានស្តាប់ហើយ គប្បីញុំាងសេចក្តីសោក ដែលកើតហើយឲ្យរលត់ឆាប់ ដូចខ្យល់បក់ផាត់នូវប៉ុយ យ៉ាងនោះដែរ ។ សត្វរមែងទៅកាន់បរលោកតែម្នាក់ឯង កើតក្នុងត្រកូលក៏តែម្នាក់ឯង ការសមគប់នៃពួកសត្វទាំងអស់ គឺមានការជួបជុំ ជាការប្រសើរបំផុត ។ ព្រោះហេតុនោះ សេចក្តីសោកទាំងឡាយ សូម្បីធំ ក៏មិនដុតកម្ដៅនូវ ហទយវត្ថុ និងចិត្តរបស់អ្នកប្រាជ្ញ ជាពហុស្សូត ដែលឃើញច្បាស់នូវលោកនេះ និងលោកខាងមុខ ព្រោះដឹងច្បាស់នូវធម៌ ។ យើងនោះ នឹងរក្សានូវយសផង ភោគៈផង ភរិយាទាំងឡាយផង ញាតិទាំងឡាយផង និងជនដ៏វិសេស​ផង នេះជាកិច្ចរបស់អ្នកប្រាជ្ញ ។ ព្រះរាមបណ្ឌិតបានប្រកាស នូវអនិច្ចតាធម៌ ដោយគាថាទាំង​ឡាយ ១០ នេះ ។ ពួកជនស្ដាប់ធម្មទេសនា ដែលប្រកាសសេចក្ដីមិនទៀង របស់ព្រះរាមបណ្ឌិត​នេះហើយ នាំគ្នាស្រាកសោក ។ បន្ទាប់ពីនោះ ព្រះភរតកុមារថ្វាយបង្គំ ព្រះរាមបណ្ឌិតទូលថា សូមព្រះអង្គទ្រង់ទទួល​រាជសម្បត្តិ ក្នុងនគរពារាណសី ។ ម្នាលប្អូន អ្នកចូរនាំព្រះលក្ខណ៍ និងសីតាទេវីទៅគ្រងរាជសម្បត្តិ ចុះ ។ ព្រះភរតៈទូលថា ព្រះអង្គប៉ុណ្ណោះជាអ្នកគ្រងរាជសម្បត្តិ ។ ព្រះរាម ត្រាស់ថា ម្នាលប្អូន ព្រះបិតារបស់យើងបានត្រាស់ទុកនឹងបងថា តទៅដោយ កន្លង ១២ ឆ្នាំ អ្នកចូរមកគ្រងរាជសម្បត្តិ កាលបងនឹងទៅក្នុងកាលឥឡូវនេះ ក៏ឈ្មោះថា មិនធ្វើតាមព្រះតម្រាស់របស់ព្រះអង្គ តែក្នុងកាលផុតអំពី ៣ ឆ្នាំ ដទៃទៅ បង​នឹងទៅ ។ ព្រះភរតៈទូលសួរថា រហូតកាលត្រឹមប៉ុណ្ណេះ អ្នកណានឹងគ្រងរាជសម្បត្តិ ។ ព្រះរាមត្រាស់ថា ពួកអ្នកចូរគ្រងរាជសម្បត្តិចុះ ។ ព្រះភរតៈទូលថា ពួកខ្ញុំនឹងមិនគ្រងរាជសម្បត្តិទេ ។ ទើបព្រះរាម​ត្រាស់ថា បើយ៉ាងនោះ ទ្រនាប់ជើងទាំងនេះ នឹងគ្រងរាជសម្បត្តិរហូតដល់បងទៅ ហើយទ្រង់ដោះ​តិណបាទុកា (ទ្រនាប់ជើងដែលធ្វើដោយស្មៅ) របស់ព្រះអង្គប្រទានឲ្យ ។ ក្សត្រទាំង ៣ ព្រះអង្គទទួលទ្រនាប់ជើង ហើយថ្វាយបង្គំព្រះរាមបណ្ឌិត ឡោមព័ទ្ធដោយមហាជន ស្ដេច​​ទៅ​កាន់នគរពារាណសី ។ ទ្រនាប់ជើងគ្រងនូវរាជសម្បត្តិអស់ ៣ ឆ្នាំ ។ ពួកអាមាត្យនាំគ្នាតម្កល់​តិណ​​បាទុកា (ទ្រនាប់ជើងដែលធ្វើដោយស្មៅ) លើរាជបល្ល័ង្ក ហើយនាំគ្នាកាត់ក្ដី ។ បើកាត់ក្ដីមិនល្អ ទ្រនាប់​ជើង រមែងខ្ទាំងខ្ទប់នូវគ្នានឹងគ្នា ដោយសញ្ញានោះ ត្រូវនាំគ្នាកាត់ក្ដីជាថ្មី ។ ពេលដែលកាត់ក្ដីល្អប្រពៃហើយ ទ្រនាប់ជើងប្រាសចាកសំឡេង នឹងនៅស្ងៀម ។ ដោយកាលកន្លងទៅ ៣ ឆ្នាំ ព្រះរាម​បណ្ឌិត​ចេញចាកព្រៃ ហើយបានដល់នគរពារាណសី បានចូលទៅហើយកាន់ឧទ្យាន ។ ព្រះកុមារទាំងឡាយទ្រង់ជ្រាប សេចក្ដីដែលព្រះរាមស្ដេចមក មានពួកអាមាត្យឡោមព័ទ្ធទៅកាន់ព្រះឧទ្យាន ទ្រង់ធ្វើព្រះនាងសីតាឲ្យជាអគ្គមហេសី ហើយធ្វើនូវការអភិសេក សូម្បីដល់ក្សត្រទាំងពីរ ។ ព្រះមហា​សត្វទ្រង់ដល់ការអភិសេកយ៉ាងនេះហើយ ប្រថាប់ លើរាជរថដែលគេប្រដាប់តាក់តែងហើយ ស្ដេចចូលកាន់ព្រះនគរដោយបរិវារដ៏ច្រើន ទ្រង់ប្រទក្សិណនគរហើយស្ដេចឡើងកាន់ទីអាស្រ័យនៃចន្ទ​ក​ប្រាសាទ តាំងតែពេលនោះ ទ្រង់គ្រងរាជសម្បត្តិដោយធម៌អស់ ១៦០០០ ឆ្នាំក្នុងវេលាអស់ព្រះជន្មា​យុ ទ្រង់ញ៉ាំងសគ្គបុរីឲ្យពេញ (ទ្រង់កើតក្នុងស្ថានសួគ៌) ។ អភិសម្ពុទ្ធគាថានេះសម្ដែងសេចក្ដីនោះថាព្រះបាទរាមៈ មានព្រះសូរង្គ ដូចជារូបសំណាកមាស មានព្រះពាហុធំ បានសោយរាជ្យអស់ ១៦ ០០០ ឆ្នាំ ។ ព្រះសាស្ដាទ្រង់នាំព្រះធម្មទេសនានេះមកហើយ ទ្រង់ប្រកាសសច្ចៈ ក្នុង វេលាចប់សច្ចៈ កុដុម្ពិកៈតាំងនៅក្នុងសោតាបត្តិផល ។ ទ្រង់ប្រជុំជាតកថា ព្រះបាទទសរថមហារាជគ្រានោះ បានមកជាព្រះបាទសុទ្ធោទនមហារាជ, ព្រះមាតាបានមកជាព្រះនាងមហាមាយាទេវី, នាងសីតាបានមកជារាហុលមាតា,ភតរៈបានមកជាអានន្ទ, លក្ខណកុមារបានមកជាសារីបុត្រ,បរិស័ទបានមកជា ពុទ្ធបរិស័ទ, រាមបណ្ឌិតបានមកជាតថាគតនេះឯង ។ ចប់ ទសរថជាតក ។ ដោយ៥០០០ឆ្នាំ
images/articles/2862/ythvrdfcrgd.jpg
Public date : 10, Feb 2021 (4179 Read)
ព្រះបរមសាស្តា កាលទ្រង់គង់នៅវត្តជេតពន ទ្រង់ប្រារព្ធព្រះលោឡុទាយិត្ថេរ ត្រាស់ព្រះធម្មទេសនានេះ មាន​ពាក្យផ្តើមថា អសព្វត្ថគាមិំ វាចំ ដូច្នេះជាដើម ។បានឮថា ព្រះថេរៈនោះ កាលពោលធម៌ មិនដឹងធម៌ដែល​គួរនិងមិនគួរថា ក្នុងទីនេះ គួរពោលធម៌នេះ ក្នុងទីនេះមិនគួរពោលធម៌នេះ ក្នុងមង្គលការក៏ពោល​អវ​មង្គល ធ្វើការអនុមោទនាអវមង្គលថា តិរោកុដ្ដេសុ តិដ្ឋន្តិ, សន្ធិសិង្ឃាដកេសុ ច ពួកប្រេតទាំងឡាយនាំគ្នាមកឈរនៅខាងក្រៅជញ្ជាំង ជិតទា្វរក្រុង និងទ្វារផ្ទះជាដើម ។ លុះដល់ អវមង្គល ក៏ធ្វើការអនុមោទ​នា​ថា ពហូ ទេវា មនុស្សា ច, មង្គលានិ អចិន្តយុំ ទេវតានិងមនុស្សទាំងឡាយជាច្រើន បានគិតរកនូវមង្គលទាំងឡាយជាដើម ហើយពោលដដែល ៗ ថា សូមឲ្យអ្នកទាំងឡាយអាចធ្វើមង្គលបែបនោះ​ឲ្យបាន ១ រយដង ១ ពាន់ដងចុះ ។ ថ្ងៃមួយ ភិក្ខុទាំងឡាយ លើករឿងនេះឡើងសន្ទនាគ្នាក្នុងធម្មសភាថា ម្នាលអ្នកមានអាយុទាំងឡាយ ព្រះលោឡុទាយិត្ថេរ មិនដឹងធម៌ដែលគួរនិងមិនគួរ ពោលវាចាដែលមិនគួរពោលទូទៅគ្រប់ទីកន្លែង ។ ព្រះបរមសាសា្ត ស្តេចយាងមកទ្រង់ត្រាស់សួរថា ម្នាលភិក្ខុទាំងឡាយ អម្បាញ់មិញនេះ អ្នកទាំងឡាយអង្គុយប្រជុំសន្ទនាគ្នាអំពីរឿងអ្វី ? កាលភិក្ខុទាំងឡាយ​ក្រាប​ទូល​ឲ្យទ្រង់ជ្រាបហើយ ទើបទ្រង់ត្រាស់ថា ម្នាល​ភិក្ខុ​ទាំងឡាយ មិនមែនតែពេលនេះទេ ដែលលោឡុទាយីនេះមិនឈ្លាសវៃ កាលពោលធម៌ ក៏មិនដឹងធម៌ដែលគួរនិងមិនគួរនោះ សូម្បី​ក្នុង​កាលមុនក៏ជាអ្នកនិយាយផ្តេសផ្តាសដូច្នោះដែរ ហើយទ្រង់នាំយករឿងក្នុងអតីត​មកសម្តែងដូចតទៅថាៈ អតីតេ ក្នុងអតីតកាល កាលព្រះបាទព្រហ្មទត្តសោយរាជសម្បត្តិនៅក្នុងនគរពារាណសី ព្រះបរមពោធិ​សត្វ​បដិសន្ធិក្នុងត្រកូលព្រាហ្មណ៍មហាសាល ចម្រើនវ័យ ហើយ រៀនសព្វសិល្បវិទ្យា ក្នុងនគរតក្កសិលា បាន​ជាអាចារ្យទិសាបាមោក្ខក្នុងនគរពារាណសី បង្រៀនសិល្បវិទ្យាដល់មាណព ៥០០ រូប ។ គ្រានោះ បណ្តា​មាណពទាំងនោះ មានមាណពម្នាក់មិនឈ្លាសវៃ (បញ្ញាទន់ខ្សោយ) និយាយផ្តេសផ្តាស ជាធម្មន្តេ​វា​សិក (សិស្សដែលរៀនធម៌ឬសិល្បសាស្ត្រក្នុងសម្នាក់អាចារ្យ) ប៉ុន្តែមិនអាចរៀនបាន (រៀនមិនចេះ) ព្រោះជាអ្នកអាប់ឥតប្រាជ្ញា ប៉ុន្តែជាអ្នកមានឧបការៈចំពោះព្រះបរមពោធិសត្វ ធ្វើកិច្ចគ្រប់យ៉ាងដូចជាទាសៈ ។ ​ថ្ងៃមួយ ព្រះពោធិសត្វ បរិភោគអាហារល្ងាចហើយសម្រាន្តនៅលើគ្រែ ពោលនឹងមាណពដែលមកច្របាច់ដៃ ជើង និងខ្នងថា នែអ្នកដ៏ចម្រើន អ្នកជួយកល់ជើងគ្រែឲ្យបន្តិចសិន សឹមទៅ ។ មាណព​កល់ជើងគ្រែ ម្ខាងហើយ មិនមានអ្វីកល់ជើងគ្រែម្ខាងទៀត ក៏លើកដាក់លើភ្លៅរបស់ខ្លួនរហូតមួយ​យប់ ។ ព្រះបរមពោធិសត្វក្រោកឡើងពេលព្រឹក ឃើញមាណពនោះក៏សួរថា នែអ្នកដ៏ចម្រើន អ្នកអង្គុយ​ ធ្វើអ្វី ? មាណពឆ្លើយថា បពិត្រលោកអាចារ្យ ខ្ញុំរកអ្វីកល់ជើងគ្រែមិនមាន ទើបខ្ញុំលើកដាក់លើភ្លៅរបស់ខ្ញុំ​ហើយអង្គុយ ។ ព្រះបរមពោធិសត្វសង្វេគ គិតថា មាណពនេះមានឧបការៈគុណ ចំពោះអញក្រែ​លែ​ង​ណាស់ ក្នុងក្រុមមាណពមានប្រមាណប៉ុណ្ណេះ មាណពនេះល្ងង់ជាងគេ រៀនសិល្បៈមិនចេះ ធ្វើដូចម្តេចហ្ន៎ ទើបធ្វើឲ្យមាណពនេះឈ្លាសវែបាន លុះគិតដូច្នោះហើយ ក៏មានគំនិតថា មានឧបាយមួយ អញចាំ​សួរមាណពនេះ ពេលដែលមាណពនេះទៅរកឧសរកបន្លែមកថា ថ្ងៃនេះអ្នកឃើញអ្វី ? អ្នកធ្វើអី្វ ? កាលបើដូច្នោះ មាណពនេះនឹងប្រាប់អញថា ថ្ងៃនេះខ្ញុំឃើញវត្ថុឈ្មោះនេះ ធ្វើកិច្ចនេះ ពេលនោះអញនឹងសួរថា កន្លែងដែលអ្នកឃើញ កន្លែងដែលអ្នកធ្វើនោះ ដូចអ្វី ? មាណពនេះនឹងប្រាប់អញដោយឧបមានិង​ដោ​យ​​ហេតុថា យ៉ាងនេះ ដោយវិធីនេះអញឲ្យមាណពពោលឧបមានិងដោយហេតុហើយ នឹងធ្វើឲ្យ​មាណ​ព​​នោះឈ្លាសវៃ បានដោយឧបាយនេះ (គិតដូច្នេះហើយ) ទើបហៅមាណពនោះមកប្រាប់ថា នែមាណព ចាប់ពី ពេលនេះទៅ ក្នុងទីកន្លែងដែលអ្នកទៅរកឧសនិងរកបន្លែនោះ អ្នកបានឃើញ បានបរិ​ភោគ​ បានផឹក ឬ បានទំពាវត្ថុណាក្នុងទីនោះ ពេលមកដល់កន្លែងត្រូវប្រាប់វត្ថុនោះដល់យើង ។ មាណពនោះយល់ព្រមថា ប្រពៃហើយលោកអាចារ្យ ។ ថ្ងៃមួយ មាណពទៅព្រៃដើម្បីរកឧសជាមួយនឹងមាណព​ទាំងឡាយ ឃើញពស់ក្នុងព្រៃ ពេលត្រឡប់មកវិញប្រាប់អាចារ្យថា បពិត្រលោកអាចារ្យ ខ្ញុំឃើញ​ពស់ ។អាចារ្យ​សួរថា នែមាណព ដែលឈ្មោះថាពស់ ដូចអ្វី ?មាណពឆ្លើយថា ដូចដងនង្គ័ល ។អាចារ្យ​ត្រេកអរថា ល្អហើយ ល្អហើយ មាណព ឧបមាដែលអ្នកនាំមកថា ពស់ដូច ដងនង្គ័ល ជាទីពេញចិត្ត​យើង​​ហើយ ។គ្រានោះ ព្រះបរមពោធិសត្វត្រិះរិះថា ឧបមាគួរពេញចិត្ត មាណពនាំមកបាន អញអាចនឹង​ធ្វើ​​ឲ្យមាណពនេះឆ្លាតបាន ។ ថ្ងៃមួយ មាណពនោះបានឃើញដំរីក្នុងព្រៃ ក៏មកប្រាប់ថា បពិត្រលោកអាចារ្យ​ ខ្ញុំឃើញដំរី ។អាចារ្យសួរថា ដំរីដូចអ្វី ?មាណពឆ្លើយថា ក៏ដូចដងនង្គ័លដែរ ។ ព្រះបរមពោធិសត្វគិតថា ប្រមោយដំរីក៏ង ដូចដងនង្គ័ល អវយវៈដទៃៗ ដូចជាភ្លុកជាដើម អាចមានរូប​រាង​ដូច្នេះបាន ប៉ុន្តែមាណពនេះ មិនអាចចែកហើយពោលព្រោះខ្លួនល្ងង់ ប្រហែលនិយាយសំដៅយកប្រមោយ​ដំរី ហើយក៏នៅស្ងៀម ។ ថ្ងៃមួយ មាណពនោះបានបរិភោគអំពៅក្នុងទីដែលគេអញ្ជើញទៅ ក៏​មក​​ប្រាប់ថា បពិត្រលោកអាចារ្យ ថ្ងៃនេះខ្ញុំបានបរិភោគអំពៅ ។ កាលអាចារ្យសួរថា អំពៅដូចអ្វី ? ក៏ពោល​ថា ដូចដងនង្គ័ល ។ ព្រះបរមពោធិសត្វគិតថា មាណពនេះពោលហេតុផលសមគួរបន្តិច ហើយក៏នៅ​​ស្ងៀម ។ ថ្ងៃមួយទៀត ក្នុងទីដែលបានទទួលអញ្ជើញ មាណពពួកខ្លះបានបរិភោគស្ករអំពៅ និងទឹក​ដោះ​ជូរ ពួកខ្លះបរិភោគស្ករអំពៅ និងទឹកដោះស្រស់ ។ មាណព​នោះមកដល់កន្លែងវិញ ប្រាប់អាចារ្យថា បពិត្រលោកអាចារ្យ ថ្ងៃនេះ ខ្ញុំបរិភោគទឹកដោះជូរផង ទឹក​ដោះស្រស់ផង កាលត្រូវអាចារ្យសួរថា នែមាណព ទឹកដោះជូរនិងទឹកដោះស្រស់ដូចអ្វី ? ក៏ឆ្លើយថា ដូច​ដងនង្គ័ល ។ ព្រះបរមពោធិសត្វពោលថា មាណពនេះ កាលពោលថា ពស់ដូចដងនង្គ័ល ពោលបានត្រឹម​ត្រូវ សូម្បីពោលថា ដំរីដូចដងនង្គ័ល ក៏អាចពោលបាន ដោយសំដៅយកប្រមោយ សូម្បីដែលពោល​ថា​ អំពៅដូចដងនង្គ័លក៏នៅសមគួរ ប៉ុន្តែទឹកដោះជូរ ទឹកដោះស្រស់ ពណ៌សជានិច្ច ទ្រទ្រង់ខ្លួនដោយភាជនៈ​ មិនគួរនឹងពោលឧបមាក្នុងរឿងនេះបាន ដោយប្រការទាំងពួង អញមិនអាចឲ្យមនុស្សល្ងង់ម្នាក់នេះ ​សិក្សាបាន ទើបពោលគាថានេះថា អសព្ពត្ថគាមិំ វាចំ, ពាលោ សព្ពត្ថ ភាសតិ; នាយំ ទធិំ វេទិ ន នង្គលីសំ, ទធិប្បយំ មញ្ញតិ នង្គលីសំ។ បុគ្គលពាលរមែងពោលនូវវាចា ដែលមិនគួរពោលគ្រប់យ៉ាងបាន ក្នុងទីទាំងពួង មាណពនេះមិនស្គាល់ទឹកដោះជូរ មិនស្គាល់ដងនង្គ័លឡើយ ទើបសម្គាល់នូវទឹកដោះជូរ និងទឹកដោះស្រស់ថា ដូចដងនៃនង្គ័លទៅវិញ ។ ក្នុងគាថានោះ មានសេចក្តីសង្ខេបដូច្នេះថា វាចាណាដែលមិនសមគួរក្នុងទីទាំងពួងដោយអំណាចនៃឧបមា​ វាចាដែលមិនសមគួរក្នុងទីទាំងពួងនោះ បុគ្គលពាលតែងពោលបានក្នុងទីគ្រប់អន្លើ ដូចត្រូវសួរថា ទឹកដោះជូរដូចអ្វី ? ក៏ឆ្លើយភ្លាមថា ដូចដងនង្គ័ល កាលពោលយ៉ាងនេះ ព្រោះមិនស្គាល់ទឹកដោះជូរនិងទឹកដោះស្រស់ ។សួរថា ព្រោះហេតុអ្វី ?ឆ្លើយថា ព្រោះថា សូម្បីតែទឺកដោះជូរក៏គេសម្គាល់ថាជា ដង​នង្គ័ល​បាន ។ ន័យម៉្យាងទៀត ព្រោះគេសម្គាល់ទឺកដោះជូរនិងទឹកដោះស្រស់ថា ដូចដងនង្គ័ល មាណពនេះ​ល្ងង់ដល់កម្រិតនេះ ព្រះបរមពោធិសត្វគិតថា ប្រយោជន៍អ្វីដោយមាណពនេះ ទើបប្រាប់អន្តេវាសិកទាំង​ឡាយឲ្យស្បៀងហើយបញ្ជូនមាណពនេះ ឲ្យត្រឡប់ទៅផ្ទះវិញ ។ ព្រះបរមសាស្តា ទ្រង់នាំយកព្រះធម្មទេសនានេះមកហើយ ទ្រង់ប្រជុំជាតកថាតទា លាឡកមាណវោ លាឡុទាយី អហោសិ មាណព ល្ងង់ក្នុងកាលនោះ បានមកជាលោឡុទាយី ។ទិសាបាមោក្ខោ អាចរិយោ បន អហមេវ អហោសិំ ចំណែកអាចារ្យ ទិសាបាមោក្ខ គឺ តថាគត នេះឯង ៕ ចប់ នង្គលីសជាតក ។ (ជាតកដ្ឋកថា សុត្តន្តបិដក ខុទ្ទកនិកាយ ជាតក ឯកកនិបាត កុសនាឡិវគ្គ បិដកលេខ ៥៨ ទំព័រ ៥៥) ដោយ៥០០០ឆ្នាំ
images/articles/2863/jhgfd.jpg
Public date : 10, Feb 2021 (3182 Read)
(សេចក្ដីលោភតែងញ៉ាំងបុគ្គលឲ្យវិនាស) ព្រះបរមសាស្តា កាលស្ដេចគង់នៅក្នុងវត្តជេតពន ទ្រង់ប្រារព្ធភិក្ខុនីឈ្មោះថុល្លនន្ទា បានត្រាស់ព្រះធម្មទេសនានេះ មានពាក្យផ្តើមថា យំ លទ្ធំ តេន តុដ្ឋព្វំ ដូច្នេះ ជាដើម ។ សេចក្តីពិស្តារថា ឧបាសកម្នាក់នៅក្នុងនគរសាវត្ថី បវារណាខ្ទឹមចំពោះភិក្ខុនីសង្ឃ ហើយ ផ្តាំអ្នកចម្ការថា ប្រសិនបើអ្នកព្រះនាងម្ចាស់ទាំងឡាយមកយកខ្ទឹម ចូរប្រគេនមួយ អង្គ ពីរ-បីកញ្ចប់ចុះ ។ ចាប់ពីពេលនោះមក ភិក្ខុនីទាំងឡាយត្រូវការខ្ទឹម ក៏នាំគ្នាទៅកាន់ ផ្ទះឧបាសកនោះខ្លះ ទៅកាន់ចម្ការខ្លះ លុះដល់ថ្ងៃមហោស្រពមួយ ខ្ទឹមក្នុងផ្ទះរបស់ឧបាសកនោះអស់ទៅ ។ ភិក្ខុនីឈ្មោះ ថុល្លនន្ទា មួយអន្លើដោយបរិវារទៅកាន់ផ្ទះ ឧបាសកនោះ ហើយពោលថា នែអ្នកមានអាយុ អាត្មាត្រូវការខ្ទឹម ។ អ្នកបម្រើពោលថា បពិត្រអ្នកនាងម្ចាស់ ខ្ទឹមនៅផ្ទះមិនមានទេ អស់ហើយ និមន្តទៅចម្ការចុះ ទើបនាំគ្នាទៅ ចម្ការជញ្ជូនខ្ទឹមទៅដោយមិនស្គាល់ប្រមាណ ។អ្នកចាំចម្ការពោលទោសថា ព្រោះហេតុ អ្វី ទើបភិក្ខុនីទាំងឡាយ នាំគ្នាជញ្ជូនខ្ទឹមយកទៅដោយមិនស្គាល់ប្រមាណយ៉ាងនេះ ពួក ភិក្ខុនីដែលមានសេចក្តីប្រាថ្នាតិច បានស្តាប់ពាក្យរបស់អ្នកចាំចម្ការហើយ ពោលទោស ភិក្ខុនីទាំងនោះ ។ ពួកភិក្ខុលុះបានឮអំពីភិក្ខុនីទាំងនោះ ក៏នាំគ្នាពោលទោស ហើយ ក៏ក្រាបទូលរឿងនោះចំពោះព្រះដ៏មានព្រះភាគ ។ ព្រះមានព្រះភាគទ្រង់តិះដៀលភិក្ខុនី ឈ្មោះថុល្លនន្ទាហើយ ទ្រង់សម្តែងធម៌ដ៏សមគួរដល់រឿងនោះ ដល់ភិក្ខុនីទាំងឡាយ ដោយន័យមានជាអាទិ៍ថា ម្នាលភិក្ខុទាំងឡាយ ធម្មតាបុគ្គលអ្នកមានសេចក្តីប្រាថ្នាច្រើន មិនជាទីស្រឡាញ់ មិនជាទីត្រេកអរ មិនជាទីចម្រើនចិត្ត សូម្បីដល់មាតាបិតាបង្កើត មិនអាចនឹងញ៉ាំងអ្នកដែលមិនទាន់ជ្រះថ្លា ឲ្យជ្រះថ្លាបាន មិនអាចញ៉ាំងអ្នកដែលជ្រះថ្លា ហើយឲ្យរឹងរឹតតែជ្រះថ្លាបានឡើងទេ មិនអាចញ៉ាំងលាភដែលមិនទាន់កើតឲ្យកើត ឬ លាភដែលកើតហើយ ក៏មិនអាចធ្វើឲ្យឋិតថេរគង់វង្សបាន ចំណែកអ្នកដែលប្រាថ្នាតិច រមែងញ៉ាំងលាភដែលមិនទាន់កើតឲ្យកើត លាភដែលកើតហើយក៏ធ្វើឲ្យឋិតថេរគង់វង្ស បាន ហើយទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ មិនមែនតែពេលនេះប៉ុណ្ណោះ​ទេ ដែល ភិក្ខុនីឈ្មោះថុល្លនន្ទាមានសេចក្តីប្រាថ្នាច្រើននោះ សូម្បីក្នុងកាលមុនក៏ធ្លាប់មានសេចក្តីច្រើនដែរ ហើយទ្រង់នាំយករឿងក្នុងអតីត មកសម្តែងដូចតទៅថា ក្នុងអតីតកាល កាលព្រះបាទព្រហ្មទត្តសោយរាជសម្បត្តិនៅក្នុងនគរពារាណសី ព្រះបរមពោធិសត្វបដិ​សន្ធិក្នុងត្រកូលព្រាហ្មណ៍ កាលចម្រើនវ័យហើយ មាតាបិតារៀប ចំឲ្យមានភរិយាដែលមានជាតិត្រកូលស្មើគ្នា មានធីតាបីនាក់ ឈ្មោះ នន្ទា នន្ទវតី សុន្ទរីនន្ទា កាលធីតាទាំងនោះមានស្វាមីគ្រប់គ្នាហើយ ព្រះពោធិ​សត្វក៏ធ្វើកាលកិរិយាទៅ កើតជាសត្វហង្សមាស ហើយមានញាណរលឹកជាតិបានទៀត​ផង ហង្សមាសនោះធំ ឡើងហើយ ឃើញអត្តភាពដែលពេញបរិបូណ៌ដោយរោមដែលជាមាស ក៏គិតថា អញ ចុតិ​មក​អំពីទីណាហ្ន៎ ទើបមកកើតក្នុងទីនេះ ក៏ដឹងថា មកអំពីមនុស្សលោក ពិចារណា តទៅទៀតថា ព្រាហ្ម​ណី​និងពួកធីតារបស់អញ នៅមានជីវិតឬហ្ន៎ ? ក៏បានដឹងថា ទីទ័លក្រ ត្រូវស៊ីឈ្នួលគេចិញ្ចឹមជីវិតយ៉ាងលំបាក ទើបគិតថា រោមទាំងឡាយក្នុងសរីរៈ របស់អញជាមាសទាំងអស់ អញនឹងឲ្យ​រោម​អំពីសរីរៈនេះដល់នាងទាំងនោះ ម្តងមួយៗ ដោយហេតុនោះ ភរិយានិងធីតាទាំងបី របស់អញនឹងរស់នៅដោយមិនលំបាក គឺរស់នៅ ដោយសុខសប្បាយ ។ សុវណ្ណហង្សក៏ហើរទៅកាន់ទីនោះ ទំលើ​ត្បាល់​ជាន់ ។ ព្រាហ្ម​ណី និងធីតាឃើញព្រះមហាសត្វហើយក៏សួរថា បពិត្រអ្នកដ៏ចម្រើន តើអ្នកមកអំពីទីណា ? ហង្សមាសពោធិសត្វឆ្លើយថា យើងជាបិតារបស់អ្នកទាំងឡាយ ស្លាប់ទៅកើតជា ហង្សមាសមកដើម្បី​ជួប​អ្នកទាំងឡាយ តាំងពីពេលនេះទៅអ្នកទាំងឡាយមិនបាច់ទៅស៊ី ឈ្នួលអ្នកដទៃ ដើម្បីចិញ្ចឹមជីវិតដោយ​លំបាកទៀតទេ យើងនឹងឲ្យរោមដល់អ្នកទាំង ឡាយម្តងមួយៗ ចូរយកទៅលក់ចិញ្ចឹមជីវិតតាមសប្បាយចុះ ជម្រុះរោមទុកឲ្យមួយ ហើយទើបហើរទៅ ។ ហង្សមាសនោះមកជាចន្លោះៗ រលាស់ជម្រុះ​រោម​ឲ្យម្តងមួយដោយ ទំនងនេះ ព្រាហ្មណីនិងកូនៗ បានធូរធារឡើងៗ ចិញ្ចឹមជីវិតដោយសុខស្រួល មាន​ សេចក្តីសុខសប្បាយគ្រប់គ្នា ។ ថ្ងៃមួយព្រាហ្មណីប្រឹក្សាជាមួយកូនៗថា នែនាងទាំង ឡាយ ធម្មតាសត្វតិរច្ឆានស្គាល់ចិត្តបានដោយលំបាក ពេលខ្លះ បិតារបស់កូនមិនមកទី នេះ ពួកយើងនឹងធ្វើដូចម្តេច ឥឡូវនេះ ពេលដែលបិតារបស់កូនឯងមក ពួកយើងនាំគ្នា ចាប់ដករោមឲ្យអស់ចុះ ។ ពួកកូនស្រីនាំគ្នានិយាយថា ធ្វើយ៉ាងនោះ បិតារបស់ពួកខ្ញុំនឹង លំបាក ម្នាក់ៗក៏មិនយល់ព្រម ប៉ុន្តែនាងព្រាហ្មណីព្រោះតែមានសេចក្តីប្រាថ្នាធំ ថ្ងៃមួយ ពេលដែលស្តេចហង្សមាសមកក៏និយាយថា បពិត្រអ្នកជាម្ចាស់ មកនេះសិន លុះស្តេច ហង្សមាសចូលទៅជិតក៏ចាប់ដោយដៃទាំងពីរ ដករោមអស់ ប៉ុន្តែព្រោះចាប់ដកយក ដោយកម្លាំងល្មោភ ព្រះពោធិសត្វមិនបានឲ្យដោយសុទ្ធចិត្ត រោមទាំងនោះទើបដូចជា រោមកុកទាំងអស់ ។ ព្រះមហាសត្វមិនអាចនឹងត្រដាងស្លាបហើរទៅបាន ព្រាហ្មណីក៏ ចាប់ហង្សមាស​យក​ទៅដាក់ក្នុងពាងធំដើម្បីចិញ្ចឹមថែទាំ រោមដែលដុះឡើងថ្មីរបស់ហង្ស មាសនោះ ក្លាយជាពណ៌សទាំង​អស់ ។ ហង្សនោះលុះរោមដុះឡើងគ្រប់គ្រាន់ ហើយ ក៏លោតឡើងហើរទៅលំនៅរបស់ខ្លួនភ្លាម ហើយក៏មិនបានមកទៀតឡើយ ។ ព្រះបរមសាស្តា ទ្រង់នាំយករឿងក្នុងអតីតនេះមកសម្តែងហើយ ទើបទ្រង់ត្រាស់ ថា ម្នាលភិក្ខុទាំងឡាយ មិនមែនតែពេលនេះប៉ុណ្ណោះទេ ដែលថុល្លនន្ទាមានសេចក្តី ប្រាថ្នាច្រើន សូម្បីក្នុងកាលមុនក៏មានសេចក្តីប្រាថ្នាច្រើនដែរ ហើយព្រោះតែមានសេចក្តី ប្រាថ្នាច្រើន ទើបត្រូវវិនាសចាកមាស ពេលនេះព្រោះហេតុតែខ្លួនមានសេចក្តីប្រាថ្នា ច្រើននោះឯង នឹងត្រូវសាបសូន្យសូម្បីតែខ្ទឹម ព្រោះហេតុនោះ តាំងពីពេលនេះទៅ​នឹង​ មិនបានសូម្បីតែឆាន់ខ្ទឹម សូម្បីភិក្ខុនីដ៏សេសទាំងឡាយ ព្រោះអាស្រ័យថុល្លនន្ទានោះ ក៏នឹងមិនបានឆាន់​ខ្ទឹមដូចថុល្លនន្ទាដែរ (ទ្រង់បញ្ញត្តសិក្ខាបទថា ភិក្ខុនីណាមួយទំពាស៊ីខ្ទឹម ត្រូវអាបត្តិបាចិត្តិយ) ហេតុនោះ សូម្បីនឹងបានច្រើនក៏ត្រូវស្គាល់ ប្រមាណ ប៉ុន្តែបើបានតិច ក៏គប្បីត្រេកអរពេញចិត្តតាមដែលបានប៉ុណ្ណោះ មិនគួរប្រាថ្នា ឲ្យក្រៃលែងឡើងឡើយ ហើយទ្រង់ត្រាស់ព្រះគាថានេះថា យំ លទ្ធំ តេន តុដ្ឋព្ពំ, អតិលោភោ ហិ បាបកោ; ហំសរាជំ គហេត្វាន, សុវណ្ណា បរិហាយថា។ ទ្រព្យណា ដែលបុគ្គលបានមកហើយ បុគ្គលគប្បីត្រេកអរដោយទ្រព្យនោះ ព្រោះ ថាសេចក្តីល្មោភហួសជារបស់លាមក (ដូចនាងព្រាហ្មណី) ក៏សាបសូន្យ ចាកមាស ព្រោះចាប់ស្តេចហង្ស ។ បណ្តាបទទាំងនោះ បទថា តុដ្ឋព្វំ ប្រែថា គប្បីត្រេកអរ ។ ព្រះបរមសាស្តា លុះទ្រង់ត្រាស់ព្រះធម្មទេសនានេះហើយ ទ្រង់តិះដៀលដោយ អនេកបរិយាយ ហើយទ្រង់បញ្ញត្តសិក្ខាបទថា យា បន ភិក្ខុនី លសុណំ ខាទេយ្យ, បាចិត្តិយំ ភិក្ខុនីណា ឆាន់ខ្ទឹមត្រូវអាបត្តិបាចិត្តិយៈ (បិដកលេខ ៥ ទំព័រ ១៥៦) ដូច្នេះហើយ ទ្រង់​ប្រជុំជាតកថាតទា ព្រាហ្មណី អយំ ថុល្លនន្ទា អហោសិ ព្រាហ្មណីក្នុងកាលនោះ បានមកជា​ថុល្លន​ន្ទាភិក្ខុនី ។តិស្សោ ធីតរោ ឥទានិ តិស្សោយេវ ភគិនិយោ ធីតាទាំងបីបានមកជា បងប្អូនស្រីក្នុងកាលឥឡូវនេះ ។សុវណ្ណហំសរាជា បន អហមេវ អហោសិំ ចំណែកសុវណ្ណហង្សគឺ តថាគតនេះឯង ។ ចប់ សុវណ្ណហំសជាតក ។ (ជាតកដ្ឋកថា សុត្តន្តបិដក ខុទ្ទកនិកាយ ជាតក ឯកកនិបាត អសម្បទានវគ្គ បិដកលេខ ៥៨ ទំព័រ ៦០) ដោយ៥០០០ឆ្នាំ
images/articles/2864/gfdsetry.jpg
Public date : 10, Feb 2021 (4152 Read)
ព្រះបរមសាស្តា កាលទ្រង់គង់នៅក្នុងវត្តជេតពន ទ្រង់ប្រារព្ធភិក្ខុអ្នកច្រើនទៅ ដោយការអួតមួយរូប បានត្រាស់ព្រះធម្មទេសនានេះ មានពាក្យផ្តើមថា ពហុម្បិ សោ វិកត្ថេយ្យ ដូច្នេះជាដើម ។ រឿងរបស់ភិក្ខុនោះ ដូចរឿងដែលបានពោលហើយក្នុងកាលមុននោះឯង ។ ក្នុងអតីតកាល កាលព្រះបាទព្រហ្មទត្តសោយរាជសម្បត្តិនៅក្នុងនគរពារាណសី ព្រះបរមពោធិសត្វ​សោយ​ព្រះជាតិជាសេដ្ឋីអ្នកមានទ្រព្យសម្បត្តិស្តុកស្តម្ភ ។ ភរិយារបស់ សេដ្ឋីប្រសូតបុត្ត ចំណែកទាសីរបស់​សេដ្ឋីក៏ប្រសូតបុត្តក្នុងថ្ងៃនោះដែរ ។ ក្មេងទាំងពីរ នោះ ធំឡើងជាមួយគ្នា កាលបុត្តសេដ្ឋីទៅរៀនអក្សរ​ កូនទាសីក៏កាន់ក្តារឈ្នួនទៅតាម រៀនអក្សរជាមួយបុត្តសេដ្ឋីនោះដែរ បានសរសេរ បានអានពីរ-បី​ដង​ កូនទាសីនោះ ក៏ចាំ ពាក្យនោះ ឈ្លាសវៃក្នុងវោហារដោយលំដាប់ ។ លុះធំពេញវ័យ កំលោះនោះ មាន​រូបរាង សង្ហាមានឈ្មោះថា កដាហកៈ ។ កូនទាសីនោះមាននាទីជាអ្នករក្សាឃ្លាំងក្នុងផ្ទះរបស់ សេដ្ឋី គេគិតថា មនុស្សទាំងនេះគង់នឹងមិនប្រើអញឲ្យធ្វើជាអ្នករក្សាឃ្លាំងរហូតទៅទេ ពេលឃើញទោសអ្វីបន្តិចបន្ទួច គង់នឹងវាយចាប់ចងបោះត្រា ដើម្បីជាគ្រឿង​សម្គាល់ ហើយប្រើប្រាស់ដូចជាទាសៈតទៅ នៅឯជាយដែនមានសេដ្ឋីម្នាក់ដែលជា សម្លាញ់នឹង សេដ្ឋី​នេះ បើដូច្នោះ អញកាន់សំបុត្រដែលជាពាក្យរបស់សេដ្ឋីទៅកាន់ទៅទីនោះ ប្រាប់ ថា អញជាកូនសេដ្ឋី ​កុហកសេដ្ឋី​នោះហើយ សូមធីតារបស់សេដ្ឋីនោះធ្វើជាគូគ្រង គប្បី នៅយ៉ាងសុខ ។ កូនទាសីនោះ សរសេរសំបុត្រដោយខ្លួនឯងថា ខ្ញុំបញ្ជូនកូនប្រុសខ្ញុំ ឈ្មោះនេះទៅកាន់សម្នាក់របស់លោក​ ធម្មតាសម្ព័ន្ធគ្នារវាងលោកជាមួយខ្ញុំ ខ្ញុំជា​មួយ លោកជាការសមគួរណាស់ ព្រោះហេតុនោះ សូមលោក​លើកធីតារបស់លោកឲ្យកុមារ នេះ ហើយឲ្យគេនៅទីនោះចុះ ចាំមានឱកាសខ្ញុំនឹងទៅលេងលោក ដូច្នេះ​ហើយ យកត្រា របស់សេដ្ឋី​មក​បោះ​លើសំបុត្រនោះ កាន់យកស្បៀងនិងគ្រឿងឧបភោគ និងសំពត់ជាដើម ទៅតាមការពេញចិត្ត ។ លុះទៅដល់បច្ចន្តជនបទជួបសេដ្ឋី ថ្វាយបង្គំហើយឈរក្នុង ទីដ៏សមគួរមួយ ។ ពេលនោះសេដ្ឋីសួរថា នែមាណព អ្នកមកអំពីណា? កដាហកៈឆ្លើយថា បពិត្រលោកសេដ្ឋី ខ្ញុំមកពីនគរពារាណសី ។ សេដ្ឋីសួរថា មាណពឯងជាកូនរបស់អ្នកណា ? កដាហកៈឆ្លើយថា ខ្ញុំជាបុត្តសេដ្ឋីនគរពារាណសី ។ សេដ្ឋីសួរថា មកទីនេះមានការអ្វី ? ពេលនោះកដាហកៈក៏ឲ្យសំបុត្រព្រមនឹង ពោលថា បពិត្រសេដ្ឋី លោក​​​មើល​សំបុត្រនេះហើយនឹងជ្រាប ។ សេដ្ឋីអានសំបុត្រហើយ សប្បាយចិត្តថា ពេលនេះអញនឹងរស់​នៅ​​យ៉ាងសុខសប្បាយ ចាត់ចែងលើកធីតាឲ្យ ។ សេដ្ឋីនោះមានបរិវារច្រើន កាលមានអ្នកនាំយាគូនឹង​​​រ​បស់​​បរិភោគជាដើមទៅឲ្យ ឬនាំ សំពត់ដែលអប់ដោយគ្រឿងក្រអូបចូលទៅឲ្យ កដាហកៈក៏តិះ​ដៀល​​​យា​គូ​ជា​ដើមថា ឱ អ្នកស្រុកក្រៅដាំយាគូស្អីបែបនេះ ធ្វើរបស់គួរបរិភោគស្អីបែបនេះ ដាំបាយស្អីបែប​នេះ តិះ​ដៀល​សំពត់និងកម្មករជាដើមថា ព្រោះជាមនុស្សស្រុកស្រែ ទើបមិនចេះប្រើប្រាស់ សំពត់ថ្មី ៗ មិនចេះប្រើ​ប្រាស់​គ្រឿង​ក្រអូប ​មិនចេះទ្រទ្រង់ផ្កាកម្រង ។ ព្រះបរមពោធិសត្វកាលមិនឃើញទាសៈក៏សួរថា យើងមិនបានឃើញកដាហកៈ វាទៅណា ? នាំគ្នាតាម​រកវាមើល៍ ដូច្នេះហើយប្រើឲ្យមនុស្សដើររកដោយជុំវិញ ។ បណ្តា មនុស្សទាំងនោះ បុរសម្នាក់ទៅកាន់ទី​នោះ បានឃើញកូនទាសីនោះហើយចាំបាន ។ កូន ទាសីនោះមិនបានដឹងថា មានគេឃើញខ្លួន ។ បុរសដែល​ឃើញកូនទាសីនោះ ទៅប្រាប់ សេដ្ឋីពោធិសត្វ ។ សេដ្ឋីពោធិសត្វស្តាប់រឿងនោះហើយគិតថា កដា​ហកៈ​នោះធ្វើយ៉ាង នោះមិនសមគួរឡើយ ត្រូវទៅចាប់វាមកក្រាបទូលព្រះរាជា ។ សេដ្ឋីពោធិសត្វចេញអំពី ផ្ទះទៅជាមួយបរិវារជាច្រើន ដំណឹងបានផ្សាយទូទៅថា បានឮថា លោកសេដ្ឋីទៅកាន់ បច្ចន្ត​ជន​បទ ។ កដាហកៈស្តាប់ឮថាសេដ្ឋីមក គិតថា សេដ្ឋីមកដោយរឿងដទៃក៏ទេ គឺមក ដោយរឿងអញនោះឯង ប្រសិន​​​​បើ​អញ​គេ​ច​ចេញទៅ មិនអាចត្រឡប់មកបានទៀតទេ ឧបាយនោះនៅមាន អញត្រូវទៅជួបសេដ្ឋីដែល​​​ជា​ចៅ​​ហ្វាយ​នាយ ហើយធ្វើកិច្ចរបស់ ទាសៈ ធ្វើឲ្យសេដ្ឋីអត់ទោសឲ្យទាល់តែបាន ។ ចាប់ពីពេលនោះមក កូនទាសីនោះពោល យ៉ាងនេះកណ្តាលបរិស័ទថា ពួកបុគ្គលពាលដទៃ ៗ មិនដឹងគុណមាតាបិតាព្រោះខ្លួនជា បុគ្គលពាល ពេលដែលមាតាបិតាបរិភោគ មិនមានការគោរព បរិភោគរួមជា​មួយ មាតាបិតាជានិច្ច ចំណែកយើងពេលមាតាបិតាបរិភោគតែងតែរង់ចាំលើកវត្ថុចូលទៅ លើកកន្ថោរចូល​ទៅ ពេលខ្លះក៏បក់ផ្លិតជូន ចូលទៅឈរជិតៗ លុះពោលដូច្នេះហើយ ប្រកាសកិច្ចដែលពួកទាសៈត្រូវ​ធ្វើចំពោះចៅហ្វាយនាយគ្រប់យ៉ាង រហូតដល់ការកាន់ ផ្តិលទឹកទៅកាន់ទីកំបាំងក្នុងពេលដែលចៅ​ហ្វាយនាយបន្ទោបង់ឧច្ចារៈបស្សាវៈជាដើម ។ លុះធ្វើឲ្យបរិស័ទដឹងយ៉ាងនេះហើយ ពេលដែលព្រះបរមពោធិ​សត្វមកជិតដល់បច្ចន្ត ជនបទក៏ប្រាប់សេដ្ឋីដែលជាឪពុកក្មេកថា បពិត្របិតា បានឮថា បិតារបស់ខ្ញុំមក​ដើម្បីជួប បិតា សូមបិតាបញ្ជាឲ្យគេត្រៀមខាទនីយភោជនីយាហារចុះ ខ្ញុំនឹងកាន់យកគ្រឿង បណ្ណា​ការ​ (ចេញទៅទទួលបិតារបស់ខ្ញុំ ) សេដ្ឋីពោលថា ប្រពៃហើយកូន ។ កដាហកៈកាន់បណ្ណាការធ្វើដំណើរទៅជាមួយបរិវារជាច្រើន ថ្វាយបង្គំសេដ្ឋី ពោធិសត្វហើយជូនបណ្ណា​ការ ។ ចំណែកសេដ្ឋីពោធិសត្វទទួលបណ្ណាការហើយធ្វើ បដិសណ្ឋារៈនឹងកូនទាសីនោះ ដល់វេលាបរិភោគ​អាហារពេលព្រឹកក៏ឲ្យបោះជំរំសម្រាក ហើយ ចូលទៅកាន់ទីកំបាំងដើម្បីបន្ទោបង់ឧច្ចារៈបស្សាវៈ កដាហកៈ​ឲ្យបរិវាររបស់ខ្លូន ត្រឡប់ហើយ កាន់ផ្តិលទឹកទៅកាន់សម្នាក់ព្រះបរមពោធិសត្វ ។ កាលសម្រេច​ឧទកកិច្ច ហើយ ក៏ក្រាបទៀបជើងទាំងពីរពោលថា បពិត្រលោកម្ចាស់ ខ្ញុំនឹងជូនទ្រព្យដល់លោក តាមដែលលោកត្រូវការ សូមមេត្តាកុំធ្វើយសរបស់ខ្ញុំឲ្យវិនាសឡើយ ។ ព្រះពោធិសត្វ ជ្រះថ្លាក្នុងការបរិបូណ៌ដោយវត្តរបស់កូនទាសីនោះ ក៏លួងលោមថា នែអ្នកដ៏ចម្រើន អ្នកកុំខ្លាចឡើយ អន្តរាយអំពីសម្នាក់របស់យើងមិនមានដល់អ្នកទេ ហើយចូលទៅកាន់ បច្ចន្តនគរ សក្ការៈយ៉ាងច្រើនមានដល់ព្រះមហាសត្វ ។ ចំណែកកដាហកៈ ក៏ធ្វើកិច្ចដែល ទាសៈត្រូវធ្វើដល់សេដ្ឋីពោធិសត្វរហូតគ្រប់វេលា ។ គ្រានោះ បច្ចន្តសេដ្ឋីពោលជាមួយនឹងព្រះពោធិសត្វដែលអង្គុយយ៉ាងសប្បាយក្នុងពេលមួយថា បពិត្រសេដ្ឋី ខ្ញុំឃើញ សំបុត្ររបស់លោកភ្លាម ក៏លើកកូនស្រីឲ្យកូនរបស់លោកភ្លាមដែរ ។ ព្រះមហាសត្វក៏ធ្វើ កដាហកៈឲ្យជាកូនដែរ ពោលពាក្យជាទីស្រឡាញ់ ពេញចិត្តឲ្យសេដ្ឋីត្រេកអរ តាំងពី ពេលនោះមកក៏គ្មានអ្នកណាហ៊ានសម្លឹងមើលមុខកដាហកៈឡើយ ។ ថ្ងៃមួយ ព្រះបរម ពោធិសត្វហៅធីតារបស់សេដ្ឋីមកពោលថា នែកូនស្រី មកនេះ ជួយរកចៃលើក្បាលឲ្យ ពុកបន្តិចដូច្នេះហើយ ពោលពាក្យជាទីស្រឡាញ់ដល់កូនប្រសាដែលឈររកចៃឲ្យ រួចសួរ ថា នែកូនស្រី កូនរបស់ឪពុកមិនប្រមាទក្នុងសុខទុក្ខរបស់កូនទេឬ ? អ្នកទាំងពីរនៅ ស្រឡាញ់គ្នាទេឬ ? នាងឆ្លើយថា បពិត្រលោកឪពុក បុត្ររបស់លោកឪពុកមិនមានចំណុចដទៃដែល គួរឲ្យតិះដៀលទេ គ្រាន់​តែ​រអ៊ូរទាំរឿងអាហារប៉ុណ្ណោះ ។សេដ្ឋីពោលថា នែកូនស្រី កូនពុកម្នាក់នេះ មានប្រក្រតីស៊ីរើសបន្តិច ណ្ហើយ​ចុះ ពុកនឹងឲ្យមន្តសម្រាប់​ចងមាត់វាដល់កូន កូនចូររៀនមន្តនោះឲ្យល្អ កាលកូនរបស់ពុក រអ៊ូរទាំក្នុងពេលបរិភោគ កូនចូរឈរអំពីមុខហើយ ពោលតាមដែលបានរៀនមក ហើយឲ្យធីតារបស់សេដ្ឋីរៀនគាថា​ សម្រាកនៅពីរ-បីថ្ងៃក៏ត្រឡប់ទៅនគរពារាណសីវិញ ។ ចំណែកកដាហកៈ ក៏យកខាទនីយភោជ​នីយា​ហារច្រើនសន្ធឹកសន្ធាប់ តាមព្រះបរម ពោធិសត្វទៅ ជូនទ្រព្យជាច្រើនដល់ព្រះបរមពោធិសត្វ ហើយលាត្រឡប់មកវិញ ។ ចាប់ពី ពេលដែលព្រះបរមពោធិសត្វត្រឡប់ទៅវិញហើយនោះ កដាហកៈក្អេងក្អាង យ៉ាងក្រៃលែង ។ ថ្ងៃមួយ កាលសេដ្ឋីធីតានាំភោជនមានរសប្រណីតៗចូលទៅឲ្យ កាន់ វែករង់ចាំបម្រើ កដាហកៈ​ក៏តិះដៀលអាហារ ។ សេដ្ឋីធីតាក៏សូត្រគាថានោះ តាមទំនង ដែលបានរៀន ហើយក្នុងសម្នាក់ព្រះបរមពោធិសត្វថា ពហុម្បិ សោ វិកត្ថេយ្យ, អញ្ញំ ជនបទំ គតោ; អន្វាគន្ត្វាន ទូសេយ្យ, ភុញ្ជ ភោគេ កដាហកា។ ទាសៈឈ្មោះកដាហកៈនោះ ទៅកាន់ជនបទដទៃ ពោលអួតនូវពាក្យច្រើន សេដ្ឋី ជាម្ចាស់មកតាម ( ម្តងទៀត ) គប្បីប្រទូស្តមិនខាន ម្នាលកដាហកៈ អ្នកចូរបរិភោគនូវ ភោគៈទាំងឡាយទៅ ។ បណ្ណាបទទាំងនោះ បទថា ពហុម្បិ សោ វិកត្ថេយ្យ អញ្ញំ ជនបទំ គតោ សេចក្តីថា អ្នកណាទៅកាន់ជនបទដទៃអំពីជាតិភូមិរបស់ខ្លួន ក្នុងទីដែលមិនមានអ្នកដឹង កំណើតរបស់ខ្លួន អ្នកនោះគប្បីរអ៊ូរទាំ គឺ ពោលអួតនូវពាក្យច្រើនក៏បាន ។ បទថា អន្វាគន្ត្វាន ទូសេយ្យ សេចក្តីថា ព្រោះបានទៅធ្វើកិច្ចរបស់ទាសៈ តាមផ្លូវឲ្យចៅហ្វាយនាយហើយ ទើបអ្នករួចផុតអំពីការវាយដោយរំពាត់ផ្តៅ ដែលនឹង លាត់ស្បែកខ្នងឡើង​ថា​ជាទាសៈ និងការបោះត្រាធ្វើជាគ្រឿងសម្គាល់ ប្រសិនបើអ្នកនៅ តែចចេសធ្វើអាក្រក់ទៀត សេដ្ឋីជា​ម្ចាស់នឹងមកតាមប្រទូស្តមិនខាន គឺតាមមកដល់ ផ្ទះនេះ ហើយគប្បីប្រទូស្ត ធ្វើឲ្យដល់នូវសេចក្តីអន្តរាយម្តងទៀត ដោយការវាយនឹងរំពាត់ផ្តៅ ការបោះត្រាធ្វើជាគ្រឿងសម្គាល់ជាទាសៈ និងដោយការប្រកាសកំណើតក៏បាន ហេតុនោះ កដាហកៈអើយ អ្នកចូរលះបង់ការប្រព្រឹត្តិមិនល្អនេះ ហើយបរិភោគនូវភោគៈ ទាំងឡាយទៅ កុំធ្វើឲ្យភាពជាទាសៈរបស់ខ្លួនបា្រកដឡើង ហើយត្រូវក្តៅក្រហាយស្តាយ ក្នុងកាលជាខាងក្រោយឡើយ នេះជាការអត្ថាធិប្បាយរបស់សេដ្ឋី ។ ចំណែកដសេដ្ឋីធីតាមិនដឹងសេចក្តីនោះ មិនយល់ន័យក្នុងគាថានោះ ពោលបាន តាមគន្លងព្យញ្ជនៈតាមការរៀនប៉ុណ្ណោះ ។ កដាហកៈគិតថា សេដ្ឋីប្រាប់រឿងអាក្រក់របស់ អញហើយ ពិតជាប្រាប់រឿងទាំងអស់ដល់នាងនេះមិនខាន ចាប់តាំងពីពេលនោះមក ឈប់តិះដៀលអាហារទៀត លះបង់មានះ​ចោល បរិភោគអាហារតាមមានតាមបាន ក្រោយអំពីចុតិក៏ទៅតាមយថាកម្ម ។ ព្រះបរមសាស្តា ទ្រង់នាំយកព្រះធម្មទេសនានេះមកហើយ ទ្រង់ប្រជុំជាតកថាៈតទា កដាហកោ វិកត្ថកភិក្ខុ អហោសិ កដាហកៈក្នុងកាលនោះ បានមកជាភិក្ខុដែលច្រើនទៅដោយការអួតក្នុងកាលឥឡូវនេះ ។ពារាណសិសេដ្ឋិ បន អហមេវ អហោសិំ ចំណែកពារាណសីសេដ្ឋី គឺ តថាគត នេះឯង ៕ ចប់ កដាហកៈជាតក ។ (ជាតកដ្ឋកថា សុត្តន្តបិដក ជាតក ឯកកនិបាត កុសនាឡិវគ្គ បិដកលេខ ៥៨ ទំព័រ ៥៥) ដោយ៥០០០ឆ្នាំ
images/articles/2865/cxdscdsds.jpg
Public date : 10, Feb 2021 (4136 Read)
(ក្អែកជាសត្វមិនមានខ្លាញ់រាវ) ព្រះបរមសាស្តា កាលទ្រង់គង់នៅក្នុងវត្តជេតពន ទ្រង់ប្រារព្ធ ញាតត្ថចរិយា គឺ ការប្រព្រឹត្តជាប្រយោជន៍ដល់ព្រះញាតិ បានត្រាស់ព្រះធម្មទេសនានេះ មានពាក្យផ្តើមថា និច្ចំ ឧព្វិគ្គហទយា ដូច្នេះជាដើម ។ រឿងក្នុងបច្ចុប្បន្ននឹងមានជាក់ច្បាស់នៅក្នុងភទ្ទសាលជាតក ទ្វាទសកនិបាត ។ ក្នុងអតីតកាល កាលព្រះបាទព្រហ្មទត្តសោយរាជសម្បត្តិនៅក្នុងនគរពារាណសី ព្រះបរមពោធិសត្វបដិ​សន្ធិ​ក្នុងកំណើតក្អែក ។ ថ្ងៃមួយបុរោហិតរបស់ព្រះរាជាងូតទឹកក្នុងស្ទឹងក្រៅនគរ ផាត់ម្សៅ តែងកាយ ប្រដាប់​កម្រងផ្កា ស្លៀកសំពត់សមនឹងយសសក្តិ កំពុងធ្វើដំណើរចូលនគរ ។ នៅលើចុងសសរបន្ទាយជិត​​នគរ​មានក្អែកពីរទំនៅទីនោះ បណ្តាក្អែកទាំងពីរនោះ ក្អែកមួយនិយាយនឹងក្អែកមួយទៀតថា នែសម្លាញ់ ខ្ញុំនឹងជុះអាចម៍ដាក់ក្បាលព្រាហ្មណ៍នេះ ។ ក្អែកមួយទៀតជំទាស់ថា អ្នកកុំនឹកចង់សប្បាយយ៉ាងនេះឡើយ ព្រាហ្មណ៍នេះជា អ្នកធំ ធម្មតាការបង្ក​ពៀរ​វេរានឹងឥស្សរជន អ្នកនឹងជួបប្រសព្វនឹងផលអាក្រក់ក្រៃលែង ណាស់ ព្រោះថាកាលបើព្រាហ្មណ៍នោះ​ក្រោធហើយ នឹងធ្វើក្អែកទាំងអស់ឲ្យវិនាសបាន ។ក្អែកមួយនោះពោលថា ខ្ញុំមិនអាចផ្លាស់ប្តូរចិត្តបាន ។ ក្អែកមួយទៀតពោលថា បើយ៉ាងនោះ អ្នកនឹងបានដឹងខ្លួនឯង ហើយក៏ហើរចៀសចេញទៅ ។ ក្អែកមួយនោះ ពេលព្រាហ្មណ៍មកដល់ខាងក្រោមសសរបន្ទាយ ក៏ធ្វើជាបន្ទន់ខ្លួនចុះ ហើយជុះអាចម៍ដាក់​ក្បាលព្រាហ្មណ៍នោះ ។ ព្រាហ្មណ៍ក្រោធ ចងពៀរ នឹងហ្វូងក្អែក ។ គ្រានោះ ទាសីបម្រើខាងបុកអង្ករម្នាក់ យកស្រូវហាលនៅក្បែរផ្ទះ អង្គុយយាម រួចក៏ដេកលក់ទៅ ពពែ​រោម​វែង​មួយដឹងថា ទាសីនោះធ្វេសប្រហែស ក៏មកស៊ីស្រូវ ទាសីនោះ ភ្ញាក់ឡើងឃើញពពែក៏ដេញទៅ ពពែលួចមកស៊ីស្រូវ ពេលដែលទាសីនោះដេកលក់ យ៉ាងនោះឯង អស់វារៈពីរបីដង ទាសីនោះក៏​ដេញ​ពពែនោះទៅទាំងបីដង ហើយគិតថា កាលពពែស៊ីរឿយ ៗ នឹងស៊ីស្រូវអស់ពាក់កណ្តាល អញនឹងខាតប្រយោជន៍ជាច្រើន ពេលនេះ ត្រូវធ្វើយ៉ាងណាកុំឲ្យពពែមកបានទៀត ។ នាងក៏កាន់ចន្លុះ (គ្រឿងអុជបំភ្លឺ ធ្វើដោយជ័រនិងស្លឹកឈើ ឬធ្វើដោយសំបកឈើមានជ័រ; មានច្រើនយ៉ាង : ចន្លុះស្លឹក, ចន្លុះក្រាក់, ចន្លុះស្មាច់...។ ) អង្គុយធ្វើដូចជាដេកលក់ កាលពពែចូលមកស៊ីស្រូវក៏ក្រោកឡើងគប់ពពែដោយចន្លុះ ពពែក៏ត្រូវភ្លើងឆេះ កាលរាងកាយត្រូវភ្លើងឆេះ ពពែគិតឲ្យភ្លើង រលត់ ទើបរត់ទៅយ៉ាងលឿន យកខ្លួនត្រដុសនឹងខ្ទមស្មៅមួយដែលនៅជិតរោងដំរី ខ្ទមនោះក៏ឆេះសន្ធោះសន្ធៅ អណ្តាតភ្លើងដែលកើតអំពីខ្ទមនោះ រាលទៅ​ឆេះ​រោង​ដំរី កាលរោងដំរីឆេះ ខ្នងដំរីក៏ឆេះដែរ ដំរីនីមួយ ៗ មានខ្លួនរបួសយ៉ាងដំណំ ។ ពួកហ្មដំរីមិនអាចនឹងព្យាបាល​ឲ្យជាបាន ក៏ក្រាបទូលព្រះរាជា ។ ព្រះរាជាក៏ត្រាស់នឹងបុរោហិតថា លោកអាចារ្យ ហ្មដំរីអស់ថ្វី​ដៃ ​ដែលនឹងរក្សាហ្វូងដំរីហើយ លោកល្មមនឹងស្គាល់ថ្នាំអ្វី ៗ ខ្លះឬ ? បុរោហិតទទួលព្រះរាជតម្រាស់​ថា​ ព្រះករុណាថ្លៃវិសេស ។ ព្រះរាជាត្រាស់សួរថា បានអ្វីទើបគួរ ? បុរោហិតក្រាបទូលថា បពិត្រ​មហារាជ ទាល់​តែ​បានខ្លាញ់ក្អែក ទើបអាចព្យាបាល បាន ។ ព្រះរាជាត្រាស់ថា បើដូច្នោះអ្នកទាំងឡាយ ចូរប្រើមនុស្សឲ្យទៅសម្លាប់ក្អែកយក ខ្លាញ់មកចុះ ។ ចាប់តាំងពីពេលនោះមក មនុស្សទាំងឡាយក៏នាំគ្នាទៅសម្លាប់ក្អែក មិនបានខ្ញាញ់ក៏បោះចោលជាគំនរ ៗ ក្នុងទីនោះ ៗ ។ មហាភ័យបានកើតឡើងដល់ហ្វូងក្អែក ។ គ្រានោះ ព្រះមហាបុរសមានហ្វូងក្អែក ៨ ម៉ឺនជាបរិវារនៅក្នុងព្រៃខ្មោច ។ មានក្អែកមួយមកប្រាប់ព្រះពោធិ​សត្វអំពីភ័យដែលកើតឡើងដល់ហ្វូងក្អែក ។ ព្រះមហាសត្វត្រិះរិះថា វៀរអាត្មាអញចេញហើយ អ្នកដទៃដែលអាចបំបាត់ភ័យ ដែលកំពុងកើតឡើង ដល់ពួកញាតិរបស់អញមិនមានឡើយ អញត្រូវកម្ចាត់​ភ័យ​នោះ ហើយរំពឹងនឹកដល់បារមី ១០ ប្រការ ធ្វើមេត្តាបារមីឲ្យជាបុរេចារិក (ប្រកបដោយកិរិយាប្រព្រឹត្តិទៅក្នុងខាងមុខ, ឱ្យជាចិត្តប្រកបដោយកិរិយាត្រាច់ទៅក្នុងខាមុខ) ហើយហើរទៅម្នាក់ឯងប៉ុណ្ណោះ ចូលទៅតាមប្រហោងបង្អួចដែលគេបើកទុក ចូលទៅលាក់ខ្លួននៅខាងក្រោមរាជាសនៈ ។ ពេលនោះ អាមាត្យម្នាក់ ធ្វើអាកប្បកិរិយា នឹងចាប់ស្តេចក្អែកពោធិសត្វ ព្រះរាជាត្រាស់ហាមឃាត់ថា ក្អែក​ចូលមករកទីពឹង កុំចាប់ក្អែកនោះឡើយ ។ ស្តេចក្អែកសម្រាកនៅទីនោះបន្តិច ហើយរំពឹងនឹកដល់ព្រះ​​បារមី ចេញអំពីអាសនៈ ក្រាបទូលព្រះរាជាថា បពិត្រមហារាជ ធម្មតាព្រះរាជាមិនត្រូវលុះក្នុងអំណាច​អគតិ មានឆន្ទាគតិជាដើម ទើបប្រពៃ កម្មណា ៗ ដែលនឹងត្រូវធ្វើ កម្មនោះ ៗ ត្រូវពិចារណា ឲ្យល្អិត​​ល្អន់ហើយសឹមធ្វើ ទើបប្រពៃ ម៉្យាងទៀត កម្មណាដែលនឹងធ្វើត្រូវបានផល កម្មនោះប៉ុណ្ណោះទើបគួរធ្វើ កម្មក្រៅអំពីនេះមិនគួរធ្វើ ប្រសិនបើព្រះរាជាទាំងឡាយ ទ្រង់ធ្វើកម្មដែលធ្វើទៅមិនសម្រេចផលនោះ មហាភ័យ មានមរណភ័យជាទីបំផុត រមែងកើតឡើងដល់មហាជន ត្បិតបុរោហិតឋិតនៅក្នុងអំណាចនៃការចងពៀរ បានក្រាបទូលកុហក ធម្មតាខ្ញាញ់រាវរបស់ក្អែកទាំងឡាយមិនមានឡើយ ។ ព្រះរាជាទ្រង់ព្រះសណ្តាប់ពាក្យនោះហើយ មានព្រះទ័យជ្រះថ្លា ឲ្យព្រះបរមពោធិសត្វទំនៅលើតាំង ឲ្យរាជបុរសលាបស្លាបដោយប្រេងដែលរម្ងាស់ហើយ ១ សែនដង ឲ្យបរិភោគអាហារដ៏ស្អាតដូចជាព្រះក្រយាហារ ឲ្យផឹកទឹក លុះស្តេចក្អែកសប្បាយចិត្ត បាត់ការហត់នឿយហើយ ទើបត្រាស់ពាក្យនេះថា នែបណ្ឌិត អ្នកពោលថា ធម្មតាខ្ញាញ់រាវរបស់ក្អែកទាំងឡាយមិនមាន ព្រោះហេតុដូចម្តេច ទើបក្អែកទាំងឡាយមិនមានខ្ញាញ់រាវ ? ព្រះមហាសត្វកាលនឹងក្រាបទូល ក៏ពន្យល់ថា បពិត្រមហារាជ ដោយហេតុឈ្មោះនេះ ដោយហេតុឈ្មោះនេះ ធ្វើព្រះរាជវាំងទាំងមូលឲ្យមានសំឡេងតែមួយ សម្តែងធម៌ពោលគាថានេះថា និច្ចំ ឧព្ពិគ្គហទយា, សព្ពលោកវិហេសកា; តស្មា នេសំ វសា នត្ថិ, កាកានម្ហាក ញាតិនំ។ ក្អែកទាំងឡាយ ជាសត្វមានហឫទ័យភ្ញាក់ផ្អើលជានិច្ច ជាសត្វបៀតបៀនមនុស្សលោកទាំងពួង ព្រោះហេតុនោះ បានជាខ្លាញ់រាវនៃពួកក្អែក ជាញាតិរបស់យើងទាំងនោះ មិនចេះមានឡើយ ។ ក្នុងគាថានោះ មានសេចក្តីសង្ខេបដូច្នេះ បពិត្រមហារាជ ធម្មតាហ្វូងក្អែកមានចិត្តភ្ញាក់ផ្លើល គឺធ្លាប់តែតក់​ស្លុតជានិច្ច ។ បទថា សព្វលោកវិហេសកា សេចក្តីថា ក្អែកទាំងឡាយជាសត្វចូលចិត្តបៀតបៀន គម្រាម​កំហែងមនុស្សដែលជាធំ មានក្សត្រជាដើមខ្លះ ស្ត្រីបុរសទូទៅខ្លះ ក្មេងប្រុសក្មេងស្រីជាដើមខ្លះ ហេតុ​នោះ គឺដោយហេតុពីរប្រការនេះ ខ្ញាញ់រាវរបស់ក្អែកទាំងឡាយដែលជាញាតិរបស់ទូលបង្គំទាំងនោះ ទើបមិនមាន សូម្បីក្នុងអតីតក៏មិនធ្លាប់មាន សូម្បីក្នុងអនាគតក៏នឹងមិនមាន ។ ស្តេច​ក្អែកពោធិសត្វចង្អុលបង្ហាញហេតុនេះ ដោយប្រការដូច្នេះហើយ ទូលដាស់តឿនព្រះរាជាថា បពិត្រ​មហា​​រាជ ធម្មតាព្រះរាជាមិនបានពិចារណាហើយ មិនគប្បីបដិបត្តិព្រះរាជកិច្ច ។ ព្រះរាជាទ្រង់ពេញព្រះ​ទ័យ​បូជា​ព្រះបរមពោធិសត្វដោយរាជសម្បត្តិ ។ ព្រះមហាសត្វថ្វាយរាជសម្បត្តិចំពោះព្រះរាជាវិញ ឲ្យព្រះ​រាជា​តាំងនៅក្នុងបញ្ចសីល ទូលសូមព្រះរាជទានអភ័យដល់សត្វទាំងពួង ។ ព្រះរាជាទ្រង់ព្រះសណ្តាប់​នូវព្រះធម្មទេសនាហើយ ទ្រង់ព្រះរាជទានអភ័យដល់សត្វទាំងពួង ទ្រង់តម្កល់និពទ្ធទាន គឺទានដែល​ឲ្យជាប្រចាំដល់ហ្វូងក្អែក ហើយបញ្ជាឲ្យដាំបាយប្រមាណមួយថាំង (ប្រដាប់ធ្វើដោយឈើសម្រាប់​ដង, សម្រាប់រែកទឹក ) លាយដោយវត្ថុដែលមានរសដ៏ប្រណីតផ្សេង ៗ ព្រះរាជទានដល់ហ្វូងក្អែករាល់ ៗ ថ្ងៃ ចំណែកព្រះបរមពោធិសត្វបានទទួលព្រះរាជទានព្រះក្រយាហារនោះឯង ។ ព្រះបរមសាស្តា ទ្រង់នាំយកព្រះធម្មទេសនានេះមកហើយ ទ្រង់ប្រជុំជាតកថាតទា ពារាណសិរាជា អានន្ទោ អហោសិ ព្រះរាជានគរពារាណសីក្នុងកាលនោះ បានមកជាអានន្ទ ។កាករាជា បន អហមេវ អហោសិំ ចំណែកស្តេចក្អែក គឺ តថាគតនេះឯង ៕ កាកជាតក ចប់ ។ (ជាតកដ្ឋកថា សុត្តន្តបិដក ខុទ្ទកនិកាយ ជាតក ឯកកនិបាត អសម្បទានវគ្គ បិដកលេខ ៥៨ ទំព័រ ៦១) ដោយ៥០០០ឆ្នាំ
© Founded in June B.E.2555 by 5000-years.org (Khmer Buddhist).