Monday, 30 Jan B.E.2566  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូត្រនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
ព្រះពុទ្ធសាសនានិងសង្គម (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
Recently Listen / Read
Notification
Live Radio
Kalyanmet Radio
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
Metta Radio
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ២៤ម៉ោង
Radio Koltoteng
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
Radio RVD BTMC
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុរស្មីព្រះអង្គខ្មៅ
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ២៤ម៉ោង
Punnareay Radio
ទីតាំងៈ ខេត្តកណ្តាល
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
All Visitors
Today 76,183
Today
Yesterday 225,503
This Month 6,235,864
Total ២៩៨,០១១,៥៥៤
Flag Counter
Online
STORY
images/articles/2913/_____________________.jpg
Public date : 22, Jul 2022 (11,967 Read)
ព្រះសាស្ដា កាលស្ដេចគង់នៅវត្តជេតពន ទ្រង់ប្រារព្ធឧក្កណ្ឋិតភិក្ខុមួយរូប បានត្រាស់ព្រះធម្មទេសនានេះ មានពាក្យថា ឯកា និសិន្នា ដូច្នេះជាដើម ។ រឿងរ៉ាវរបស់ជាតកនេះ នឹងមានជាក់ច្បាស់ក្នុងកុសជាតក (ខុទ្ទកនិកាយ ជាតក សត្តតិនិបាត បិដក​លេខ​ ៦១ ទំព័រ ៦៤) ឯណោះ ។ ព្រះសាស្ដាសួរភិក្ខុនោះថា ម្នាលភិក្ខុ បានឮថា អ្នកអផ្សុកពិតមែនឬ កាល​ភិក្ខុនោះឆ្លើយថា បពិត្រព្រះអង្គ ពិតមែនហើយ ទ្រង់ទើបត្រាស់ថា ម្នាលភិក្ខុ អ្នកបួសក្នុងសាសនា​ដែលដឹកនាំឲ្យរួចផុតចាកទុក្ខមានសភាពបែបនេះហើយ ព្រោះហេតុអ្វី បានជាអ្នកអផ្សុក ? បុរាណ​បណ្ឌិតទាំងឡាយ កាលសោយរាជសម្បត្តិក្នុងសុរុន្ធននគរ ដែលមានទំហំ ១២ យោជន៍ សម្រេច​ហើយ សូម្បីនៅក្នុងបន្ទប់តែមួយជាមួយនឹងស្ត្រីដែលស្រដៀងនឹងទេពធីតា អស់កាល ៧០០ ឆ្នាំ ក៏​មិនឲ្យបែកធ្លាយឥន្ទ្រិយទាំងឡាយ មិនបានសម្លឹងមើលដោយអំណាចនៃលោភៈ ដូច្នេះហើយ ទ្រង់​បាននាំអតីតនិទានមកសម្ដែងថា ក្នុងអតីតកាល ព្រះរាជាកាសីសោយរាជសម្បត្តិ នៅសុរុន្ធននគរ ក្នុងដែនកាសី ព្រះរាជានោះមិនមានព្រះឱរស មិនមានព្រះធីតាឡើយ ។ ព្រះរាជាកាសីត្រាស់នឹងព្រះទេវីរបស់ខ្លួនថា នាងចូរប្រាថ្នាបុត្រ ។ សូម្បីព្រះអគ្គមហេសីទទួលពាក្យរបស់ព្រះរាជាហើយ ក៏ធ្វើយ៉ាងនោះ ។ គ្រានោះ ព្រះពោធិសត្វចុតិពីព្រហ្មលោក បានកើតក្នុងផ្ទៃនៃព្រះអគ្គមហេសី របស់ព្រះរាជានោះ ។ លំដាប់នោះ ហឫទ័យរបស់មហាជនបានចម្រើនឡើងដោយកំណើតរបស់ព្រះពោធិសត្វនោះ ដូច្នេះទើបនាំគ្នាធ្វើព្រះនាមថ្វាយទ្រង់ថា ឧទយភទ្ទ ។ ក្នុងកាលព្រះរាជកុមារចេះដើរ មានសត្វសូម្បីដទៃបានចុតិពីព្រហ្មលោក កើតជាកុមារិកាក្នុងផ្ទៃនៃព្រះទេវីដទៃរបស់ព្រះរាជាកាសីនោះ មហាជនទាំងឡាយបានធ្វើព្រះនាមថ្វាយ សូម្បីដល់ព្រះនាងថា ឧទយភទ្ទា ។ ព្រះកុមារកាលចម្រើនវ័យធំហើយ ដល់នូវការសម្រេចក្នុងសិល្បសាស្ត្រទាំងពួង តែទ្រង់ជាអ្នកប្រព្រឹត្តធម៌ដ៏ប្រសើរដោយកំណើត មិនស្គាល់នូវមេថុនធម្មសូម្បីដោយការយល់សប្តិ ចិត្តរបស់ព្រះអង្គមិនជាប់ក្នុងកិលេសទាំងឡាយ ។ ព្រះរាជបិតាប្រាថ្នានឹងអភិសេកនូវបុត្រក្នុងរាជសម្បត្តិ បានបញ្ជូនសារទៅថា ឥឡូវនេះ ជាកាលនៃការសោយសុខក្នុងរាជសម្បត្តិ របស់ព្រះរាជកុមារហើយ អ្នកទាំងឡាយចូរតម្កល់នូវស្ត្រីរបាំទាំងឡាយចំពោះព្រះកុមារ ។ ព្រះពោធិសត្វហាមឃាត់ដោយពោលថា ខ្ញុំមិនត្រូវការដោយរាជសម្បត្តិ ចិត្តរបស់ខ្ញុំមិនជាប់ជំពាក់ក្នុងកិលេសទាំងឡាយ ដូច្នេះហើយ កាលពោលហាមរឿយៗ ក៏បានញ៉ាំងគេឲ្យរូបស្ត្រី ដែលសម្រេចអំពីមាសជម្ពូទនពណ៌ក្រហម (ឈ្មោះមាសវិសេសមួយប្រភេទ កើតអំពីកករដីដែលជ្រាបជោកដោយទឹកផ្លែព្រីងប្រចាំទ្វីប, ជាមាសបរិសុទ្ធឥតមានមន្ទិល មានសាច់ល្អបំផុតជាងមាសទាំងពួង, មាសនេះ សូម្បី​ព្រះសម្មាសម្ពុទ្ធ ក៏ទ្រង់ត្រាស់សរសើរដែរ; ខ្មែរយើងហៅក្លាយមកជា មាសជម្ពូនុទ) ហើយបញ្ជូនទៅឲ្យព្រះរាជមាតាបិតាដោយពាក្យថា កាលបានស្ត្រីដែលមានរូបយ៉ាងនេះ ទើបខ្ញុំនឹងទទួលរាជសម្បត្តិ ។ ព្រះរាជមាតាបិតាឲ្យគេនាំរូបមាសនោះទៅកាន់ជម្ពូទ្វីបទាំងមូល កាលមិនបានស្ត្រីដែលមានរូបយ៉ាងនោះ ទើបប្រដាប់តាក់តែងនាងឧទយភទ្ទា យកមកតម្កល់ទុកក្នុងសម្នាក់រូបមាសនោះ ។ រូបនាង​ឧទយ​ភទ្ទាគ្របសង្កត់នូវរូបមាសនោះ ហើយឋិតនៅ ។ លំដាប់នោះ ព្រះមាតាព្រះបិតាបានធ្វើព្រះនាងឧទយភទ្ទាកុមារីដែលជាប្អូនស្រីមានមាតាផ្សេងគ្នា ឲ្យជាអគ្គមហេសី (របស់ឧទយភទ្ទកុមារ) ទាំងដែលអ្នកទាំង ២ នោះមិនប្រាថ្នា ហើយអភិសេកព្រះពោធិសត្វក្នុងរាជសម្បត្តិ ។ ចំណែកព្រះឧ​ទយ​ភទ្ទ​កុមារ និង ព្រះឧទយភទ្ទាកុមារីទាំង ២ នោះ (ជាអ្នក) នៅក្នុងព្រហ្មចរិយៈប៉ុណ្ណោះ ។ ក្នុងកាលខាងក្រោយមក កាលដែលព្រះរាជមាតាបិតាកន្លងផុតទៅ ព្រះពោធិសត្វបានគ្រប់គ្រងរាជសម្បត្តិ ។ ព្រះអង្គទាំងពីរសូម្បីនៅក្នុងបន្ទប់តែមួយ ក៏ទ្រង់មិនទម្លាយឥន្ទ្រិយ សម្លឹងមើលគ្នានឹងគ្នា ដោយអំណាចនៃលោភៈឡើយ ។ តែព្រះអង្គបានធ្វើការប្ដេជ្ញាគ្នាថា បណ្ដាយើងទាំងពីរ បើអ្នកណាធ្វើកាលកិរិយាមុន អ្នកនោះត្រូវមកអំពីស្ថានទីកើត ហើយប្រាប់ថា ខ្ញុំបានកើតក្នុងទីឈ្មោះឯណោះ ។ លំដាប់នោះ ព្រះពោធិសត្វក៏បានធ្វើកាលកិរិយា ដោយកាលកន្លង ៧០០ ឆ្នាំ អំពីឆ្នាំអភិសេក ។ មិនមានអ្នកដទៃឡើងសោយរាជ្យឡើយ អំណាចរាជការប្រព្រឹត្តទៅក្នុងព្រះនាងឧទយភទ្ទានោះឯង ។ អាមាត្យ​ទាំងឡាយ (រួមគ្នា) គ្រប់គ្រងរាជ្យ ។ ចំណែកព្រះពោធិសត្វក្នុងខណៈចុតិ (កាលចុតិហើយ) បានដល់ភាពជាស្ដេចសក្កៈក្នុងភពតាវត្តិង្ស មិនអាចនឹងរលឹកអស់ ៧ ថ្ងៃ ព្រោះភាពជាអ្នកមានយសធំ ។ ព្រោះហេតុដូច្នេះ ទើបជាកាលកន្លងទៅ ៧០០ ឆ្នាំ ដោយការរាប់ឆ្នាំមនុស្ស ព្រះឥន្ទនោះក៏រឭកបាន ទើបគិតថា យើងនឹងសាកល្បងព្រះរាជធីតាឧទយភទ្ទាដោយទ្រព្យ ញ៉ាំងឲ្យនាងបន្លឺសីហនាទ យើងនឹងសម្ដែងធម៌ កាលបានរួចចាកការប្ដេជ្ញាហើយសឹមត្រឡប់មក ។ គ្រានោះ បានឮមកថា ជាកាល​ដែល​មនុស្ស​មានអាយុ ១ ម៉ឺនឆ្នាំ ។ សូម្បីព្រះរាជធីតាទ្រង់គង់នៅស្ងៀមតែមួយអង្គឯង ក្នុងបន្ទប់ដ៏មានសិរីដែលប្រដាប់តាក់តែងហើយ លើប្រាសាទដ៏ប្រសើរជាន់ទី ៧ ដែលបានតម្កល់ការរក្សា ត្រង់ទ្វារដែលបានបិទហើយ ក្នុងពេលរាត្រី កាលពិចារណាសីលរបស់ខ្លួន ទើបអង្គុយ អស់ថ្ងៃនោះ ។ លំដាប់នោះ ស្ដេចសក្កៈកាន់យកភាជនៈមាសមួយដែលពេញទៅដោយមាសកៈមាស មកប្រាកដក្នុងបន្ទប់ផ្ទំ ហើយឋិតនៅកន្លែងមួយ កាលនឹងចរចាជាមួយព្រះរាជធីតា ទើបត្រាស់គាថាទី ១ ថា ឯកា និសិន្នា សុចិ សញ្ញតូរូ, បាសាទមារុយ្ហ អនិន្ទិតង្គី; យាចាមិ តំ កិន្នរនេត្តចក្ខុ, ឥមេករត្តិំ ឧភយោ វសេមា។ ម្នាលនាងមានចក្ខុប្រាកដស្មើដោយភ្នែកនៃកិន្នរ នាងស្លៀកសំពត់ដ៏ស្អាត មានភ្លៅរៀបស្រួលបួល មានអវយវៈតិះដៀលមិនបាន ឡើងកាន់ប្រាសាទ អង្គុយតែម្នាក់ឯង បងសូមអង្វរនាង សូមយើងទាំងពីរនាក់នៅ (ជាមួយគ្នា) អស់មួយយប់នេះ ។ លំដាប់នោះ ព្រះរាជធីតាបានត្រាស់ ២ ព្រះគាថា ថា ឱកិណ្ណន្តរបរិខំ, ទឡ្ហមដ្ដាលកោដ្ឋកំ; រក្ខិតំ ខគ្គហត្ថេហិ, ទុប្បវេសមិទំ បុរំ។ បុរីនេះ មានគូខណ្ឌ ជាសង្កាត់ ៗ មានប៉មនិងខ្លោងទ្វារ យ៉ាងមាំ (មានទាហាន ១០០០០ នាក់) កាន់ព្រះខាន់គ្រប់ដៃ រក្សាហើយ គេចូលបានដោយក្រ ។ ទហរស្ស យុវិនោ ចាបិ, អាគមោ ច ន វិជ្ជតិ; អថ កេន នុ វណ្ណេន, សង្គមំ ឥច្ឆសេ មយា។ មិនមានប្រុសជំទង់ ឬប្រុសកំលោះមក (ក្នុងទីនេះ ទាំងថ្មើរណេះទេ) បើយ៉ាងនេះ តើហេតុអ្វី បានជាអ្នកចង់មកជួបនឹងខ្ញុំ (ទាំងថ្មើរណេះ) ។ លំដាប់នោះ ស្ដេចសក្កៈទើបត្រាស់គាថាទី ៤ ថា យក្ខោហមស្មិ កល្យាណិ, អាគតោស្មិ តវន្តិកេ; ត្វំ មំ នន្ទយ ភទ្ទន្តេ, បុណ្ណកំសំ ទទាមិ តេ។ ម្នាលនាងកល្យាណី យើងជាយក្ខ (បុគ្គលដែលគេតែងបូជា) មកក្នុងសម្នាក់នាង ម្នាលនាងដ៏ចម្រើន នាងចូរត្រេកអរនឹងយើង យើងនឹងឲ្យភាជន៍មាសដ៏ពេញដោយមាស ដល់នាង ។ គាថានោះមានសេចក្ដីថា ម្នាលនាងកល្យាណី ស្រីមានរូបគួរទស្សនា បងជាទេវតា (រូបសង្ហា)មួយ មកក្នុងទីនេះដោយអានុភាពនៃទេវតា ក្នុងថ្ងៃនេះ អូនចូរត្រេកអរនឹងបង បងនឹងឲ្យភាជនៈមាសដែលពេញទៅដោយមាសកៈមាសនេះដល់អូន ។ ព្រះនាងស្ដាប់ពាក្យនោះហើយ ទើបត្រាស់គាថាទី ៥ ថា ទេវំវ យក្ខំ អថ វា មនុស្សំ, ន បត្ថយេ ឧទយមតិច្ច អញ្ញំ; គច្ឆេវ ត្វំ យក្ខ មហានុភាវ, មា ចស្សុ គន្ត្វា បុនរាវជិត្ថ។ ម្នាលទេវបុត្រ មានអានុភាពច្រើន ខ្ញុំមិនប្រាថ្នាបុគ្គលដទៃ ទោះបីជាទេវតា យក្ស ឬមនុស្ស លើសជាងព្រះបាទឧទយៈទេ អ្នកចូរទៅចុះ លុះអ្នកទៅហើយ កុំត្រឡប់មកវិញឡើយ ។ គាថានោះមានសេចក្ដីថា បពិត្រទេវរាជ ខ្ញុំកាលកន្លងផុតពីព្រះបាទឧទយៈហើយ ខ្ញុំមិនប្រាថ្នាបុរសដទៃ សូម្បីជាទេវតាក៏ដោយ យក្សក៏ដោយ លោកចូរទៅចុះ កុំឋិតនៅក្នុងទីនេះ ខ្ញុំមិនត្រូវការដោយបណ្ណាការដែលលោកនាំមក ចូរទៅ ហើយកុំត្រឡប់មកទីនេះម្ដងទៀត ។ សក្កទេវរាជស្ដាប់សីហនាទរបស់នាងហើយ មិនឋិតនៅ ធ្វើដូចជាទៅ បាត់ទៅក្នុងទីនោះឯង ហើយឋិតនៅ ។ ថ្ងៃស្អែក ក្នុងវេលានោះឯង ព្រះអង្គកាន់យកភាជនៈប្រាក់ដែលពេញដោយមាសកៈមាស កាលនឹងចរចាជាមួយព្រះនាង ទើបត្រាស់គាថាទី ៦ ថា យា សា រតិ ឧត្តមា កាមភោគិនំ, យំហេតុ សត្តា វិសមំ ចរន្តិ; មា តំ រតិំ ជីយិ តុវំ សុចិម្ហិតេ, ទទាមិ តេ រូបិយំ កំសបូរំ។ សេចក្តីត្រេកត្រអាលណាដ៏ឧត្តម របស់ពួកសត្វអ្នកបរិភោគកាម ពួកសត្វប្រព្រឹត្តមិនស្មើ ព្រោះហេតុនៃសេចក្តីត្រេកត្រអាលណា នាងកុំផ្ចាញ់សេចក្តីត្រេកត្រអាលនោះ ក្នុងធម្មជាតិស្អាតរបស់នាង យើងនឹងឲ្យភាជន៍បា្រក់ ដ៏ពេញដោយមាស ដល់នាង ។ គាថានោះមានសេចក្ដីថា ម្នាលរាជធីតាដ៏ចម្រើន បណ្ដាសេចក្ដីត្រេកអរទាំងឡាយណា របស់សត្វអ្នកបរិភោគកាម សេចក្ដីត្រេកអរក្នុងមេថុន ឈ្មោះថា ជាសេចក្ដីត្រេកអរដ៏ថ្លៃថ្លា សត្វទាំងឡាយតែងប្រព្រឹត្តមិនស្មើមានកាយទុច្ចរិតជាដើម ដោយហេតុនៃសេចក្ដីត្រេកអរណា ម្នាលនាងដ៏ចម្រើន សូមនាងកុំផ្ចាញ់សេចក្ដីត្រេកអរនោះ ក្នុងចិត្តដែលត្រេកអរ ក្នុងធម្មជាតិស្អាតរបស់នាង ។ សូម្បីយើង កាលមក មិនមែនមកដោយដៃទទេ ថ្ងៃម្សិលមិញ យើងបាននាំនូវភាជនៈមាសដែលពេញទៅដោយមាសកៈមាស ថ្ងៃនេះ យើងនាំនូវភាជនៈប្រាក់ដែលពេញទៅដោយមាសកៈមាស យើងនឹងឲ្យភាជនៈប្រាក់ ដែលពេញដោយ មាសកៈមាសនេះដល់នាង ។ ព្រះរាជធីតាគិតថា ទេវបុត្រនេះ កាលបានការសន្ទនា តែងមករឿយៗ យើងនឹងមិននិយាយជាមួយគេ ដូច្នេះហើយ ទើបមិនពោលនូវពាក្យអ្វីឡើយ ។ សក្កទេវរាជដឹងនូវភាពមិននិយាយស្ដីរបស់ព្រះនាង ទើបបាត់ទៅក្នុងទីនោះឯង ថ្ងៃស្អែក ក្នុងវេលានោះឯង ទ្រង់កាន់យកភាជនៈលោហៈដែលពេញដោយកហាបណៈ មកហើយពោលថា ហៃអូនសម្លាញ់ដ៏ចម្រើន អូនចូរត្រេកអរដោយតម្រេកក្នុងកាមជាមួយនឹងបង បងនឹងឲ្យភាជនៈលោហៈដែលពេញដោយកហាបណៈនេះដល់អូន ។ ព្រះរាជធីតាស្ដាប់ពាក្យនោះ ទើបត្រាស់គាថាទី ៧ ថា នារិំ នរោ និជ្ឈបយំ ធនេន, ឧក្កំសតី យត្ថ ករោតិ ឆន្ទំ; វិបច្ចនីកោ តវ ទេវធម្មោ, បច្ចក្ខតោ ថោកតរេន ឯសិ។ បុរសកាលលួងលោមស្ត្រី ដោយទ្រព្យ ធ្វើនូវសេចក្តីពេញចិត្ត ក្នុងស្ត្រីណា ក៏លើកតម្កើងស្ត្រីនោះ ទេវធម៌របស់អ្នកខុសគេ (ព្រោះថា) អ្នកមកដោយវត្ថុរឹតតែតិច ដោយពិតប្រាកដ ។ គាថានោះមានសេចក្ដីថា នែបុរសល្ងង់ខ្មៅ នរជនឈ្មោះថា កាលលួងលោមស្ត្រីដោយទ្រព្យ ព្រោះហេតុនៃសេចក្ដីត្រេកអរដោយកិលេស រមែងធ្វើឆន្ទៈរបស់ស្ត្រីឲ្យយល់ព្រម តែងញ៉ាំងនាងឲ្យខ្ពង់ខ្ពស់ តែងពោល តែងសរសើ និងលួងលោមដោយទ្រព្យឲ្យច្រើនឡើង សភាពទេវតារបស់លោកខុសគេ ព្រោះថា លោកនាំទ្រព្យឲ្យតិចជាងមុន មកប្រាដកដល់ខ្ញុំ ក្នុងថ្ងៃទី ១ លោកនាំភាជនៈមាសដែលពេញដោយមាសមក, ថ្ងៃទី ២ នាំភាជនៈប្រាក់ដែលពេញដោយមាសមក, ថ្ងៃទី ៣ លោកនាំភាជនៈលោហៈដែលពេញដោយកហាបណៈមក ។ សក្កទេវរាជស្ដាប់ពាក្យនោះហើយ ពោលថា ម្នាលរាជកុមារីដ៏ចម្រើន យើងជាពាណិជដ៏ឆ្លាត យើងមិនឲ្យប្រយោជន៍វិនាសដោយវត្ថុមិនមានប្រយោជន៍ឡើយ បើនាងចេះតែចម្រើនដោយអាយុ (នៅមានវ័យក្មេង) ឬដោយពណ៌សម្បុរ យើងនឹងបន្ថែមបណ្ណាការឲ្យច្រើន ហើយនាំមកឲ្យនាង ប៉ុន្តែនាងមានតែការអស់ទៅប៉ុណ្ណោះ ព្រោះហេតុនោះ សូម្បីយើងក៏ត្រូវបន្ថយទ្រព្យឲ្យអស់ទៅដែរ ដូច្នេះហើយ ទើបត្រាស់គាថាទាំងឡាយ ៣ ថា អាយុ ច វណ្ណោ ច មនុស្សលោកេ, និហីយតិ មនុជានំ សុគត្តេ; តេនេវ វណ្ណេន ធនម្បិ តុយ្ហំ, និហីយតិ ជិណ្ណតរាសិ អជ្ជ។ ម្នាលនាងមានខ្លួនល្អ អាយុ និងវណ្ណៈរបស់ពួកមនុស្ស ក្នុងមនុស្សលោក រមែងសាបសូន្យទៅ ព្រោះហេតុនោះឯង បានជាទ្រព្យរបស់នាងក៏សាបសូន្យដែរ នាងរឹតតែចាស់ទៅក្នុងថ្ងៃនេះ ។ ឯវំ មេ បេក្ខមានស្ស, រាជបុត្តិ យសស្សិនិ; ហាយតេវ តវ វណ្ណោ, អហោរត្តានមច្ចយេ។ ម្នាលរាជបុត្រី មានយស កាលយើងរមិលមើលយ៉ាងនេះ ពណ៌សម្បុររបស់នាងក៏សាបសូន្យទៅ ក្នុងកាលកន្លងទៅនៃថ្ងៃនិងយប់ទាំងឡាយ ។ ឥមិនាវ ត្វំ វយសា, រាជបុត្តិ សុមេធសេ; ព្រហ្មចរិយំ ចរេយ្យាសិ, ភិយ្យោ វណ្ណវតី សិយា។ ម្នាលរាជបុត្រី មានប្រាជ្ញាល្អ នាងគប្បីប្រព្រឹត្តព្រហ្មចារ្យដោយវ័យនេះ នាងមុខជានឹងមានពណ៌សម្បុរដ៏ក្រៃលៃង ។ បន្ទាប់មក ព្រះរាជធីតាត្រាស់គាថាដទៃថា ទេវា ន ជីរន្តិ យថា មនុស្សា, គត្តេសុ តេសំ វលិយោ ន ហោន្តិ; បុច្ឆាមិ តំ យក្ខ មហានុភាវ, កថំ នុ ទេវាន សរីរទេហោ។ ទេវតាទាំងឡាយ មិនចាស់ដូចពួកមនុស្សទេ ការជ្រួញជ្រីវក្នុងខ្លួនរបស់ទេវតាទាំងនោះ មិនមានទេឬ បពិត្រយក្ខ ខ្ញុំសូមសួរលោក ដែលមានអានុភាពច្រើន រាងកាយ គឺសរីរៈរបស់ទេវតាទាំងឡាយ (មិនចាស់) តើដោយហេតុអ្វី ។ លំដាប់នោះ សក្កទេវរាជកាលនឹងឆ្លើយប្រាប់នាង ទើបពោលគាថាដទៃថា ទេវា ន ជីរន្តិ យថា មនុស្សា, គត្តេសុ តេសំ វលិយោ ន ហោន្តិ; សុវេ សុវេ ភិយ្យតរោវ តេសំ, ទិព្ពោ ច វណ្ណោ វិបុលា ច ភោគា។ ទេវតាទាំងឡាយមិនចាស់ ដូចពួកមនុស្សទេ ការជ្រួញជ្រីវក្នុងខ្លួនរបស់ទេវតាទាំងនោះ មិនមានឡើយ ពណ៌សម្បុរជាទិព្វ និងភោគៈដ៏ច្រើន របស់ទេវតាទាំងឡាយនោះ រឹងរឹតតែចម្រើនឡើង រាល់ ៗ ថ្ងៃ ។ ព្រះនាងបានស្ដាប់គុណរបស់ទេវលោកហើយ កាលនឹងសួរផ្លូវ ជាទីទៅទេវលោកនោះ ទើបពោលគាថាដទៃទៀតថា កិំសូធ ភីតា ជនតា អនេកា, មគ្គោ ច នេកាយតនំ បវុត្តោ; បុច្ឆាមិ តំ យក្ខ មហានុភាវ, កត្ថដ្ឋិតោ បរលោកំ ន ភាយេ។ ប្រជុំជនដ៏ច្រើនក្នុងលោកនេះ ខ្លាចអ្វី (ទើបមិនទៅកាន់ទេវលោក) ម្យ៉ាងទៀត ផ្លូវ (ទៅទេវលោក) បណ្ឌិតសំដែងដោយអណ្តូង គឺកំពង់ច្រើន (ផ្លូវណា ជាផ្លូវទៅទេវលោក) បពិត្រយក្ខ មានអានុភាពច្រើន ខ្ញុំសូមសួរលោក បុគ្គល (កាលទៅ) កាន់បរលោក តើឋិតនៅក្នុងផ្លូវណា ទើបមិនខ្លាច ។ លំដាប់នោះ ស្ដេចសក្កៈកាលនឹងប្រាប់ដល់ព្រះនាង ទើបពោលគាថាដទៃទៀតថា វាចំ មនញ្ច បណិធាយ សម្មា, កាយេន បាបានិ អកុព្ពមានោ; ពហុន្នបានំ ឃរមាវសន្តោ, សទ្ធោ មុទូ សំវិភាគី វទញ្ញូ; សង្គាហកោ សខិលោ សណ្ហវាចោ, ឯត្ថដ្ឋិតោ បរលោកំ ន ភាយេ។ បុគ្គលបានតាំងវាចា និងចិត្ត ដោយត្រឹមត្រូវ មិនធ្វើបាបទាំងឡាយដោយកាយ នៅគ្រប់គ្រងផ្ទះ ដែលមានបាយ និងទឹកដ៏ច្រើន ជាអ្នកមានសទ្ធា មានចិត្តទន់ បានចែករំលែកនូវទាន ជាអ្នកដឹងនូវពាក្យស្មូម ជាអ្នកសង្គ្រោះគេ មានវាចាផ្អែម មានវាចាល្អិតល្អ បានឋិតនៅក្នុងគំនរនៃគុណនេះហើយ (កាលនឹងទៅ) កាន់បរលោក មិនខ្លាចឡើយ ។ គាថានោះមានសេចក្ដីអធិប្បាយថា ម្នាលនាងដ៏ចម្រើន បុគ្គលណាតាំងវាចា និងចិត្តដោយប្រពៃ សូម្បីទាំងកាយក៏មិនបានធ្វើបាបផ្សេងៗ គឺប្រព្រឹត្តមាំមួនក្នុងកុសលកម្មបថ ១០ កាលនៅគ្រប់គ្រងផ្ទះមានបាយនិងទឹកច្រើន គឺមានទេយ្យធម៌ល្មម ប្រកបដោយការជឿដ៏មាំថា វិបាកនៃទានមាន មានចិត្តទន់, បានឈ្មោះថា អ្នកបរិច្ចាគព្រោះចេះចែកទាន, បានឈ្មោះថា អ្នកដឹងពាក្យសូម ព្រោះដឹងនូវការឲ្យបច្ច័យដល់ពួកបព្វជិត, បានឈ្មោះថា អ្នកសង្គ្រោះ ព្រោះចូលចិត្តសង្គ្រោះដោយសង្គហវត្ថុ ៤ ប្រការ, បានឈ្មោះថា មានវាចាផ្អែម ព្រោះជាអ្នកនិយាយវាចាគួរជាទីស្រឡាញ់, បានឈ្មោះថា មានវាចាល្អិតល្អន់ ព្រោះពោលវាចាដែលមានប្រយោជន៍ បុគ្គលនោះតាំងនៅក្នុងគុណធម៌ទាំងនេះ គឺមានប្រមាណប៉ុណ្ណេះ កាលនឹងទៅកាន់បរលោក រមែងមិនខ្លាច ។ បន្ទាប់ពីព្រះរាជធីតាបានស្ដាប់ពាក្យរបស់សក្កទេវរាជហើយ កាលនឹងធ្វើការសរសើរ ទើបពោលគាថាដទៃទៀតថា អនុសាសសិ មំ យក្ខ, យថា មាតា យថា បិតា; ឧឡារវណ្ណ បុច្ឆាមិ, កោ នុ ត្វមសិ សុព្រហា។ បពិត្រទេវបុត្រ លោកប្រៀនប្រដៅខ្ញុំ ដូចជាមាតា ដូចជាបិតា បពិត្រលោកមានសម្បុរដ៏លើសលុប ខ្ញុំសូមសួរ លោកមានសរីរៈ សមរម្យល្អ លោកជាអ្វី ។ គាថានោះមានសេចក្ដីថា មាតាបិតាប្រៀនប្រដៅបុត្រយ៉ាងណា លោកបានប្រៀនប្រដៅខ្ញុំយ៉ាងនោះដែរ ។ បពិត្រលោកដែលមានពណ៌សម្បុរដ៏ក្រៃលែង មានរូបដែលដល់ភាពស្រស់ស្អាត តើលោកជាអ្នកណា ទើបមានសរីរៈស្អាតយ៉ាងនេះ ។ លំដាប់នោះ ព្រះពោធិសត្វទើបពោលគាថាដទៃទៀតថា ឧទយោហមស្មិ កល្យាណិ, សង្គរត្តា ឥធាគតោ; អាមន្ត ខោ តំ គច្ឆាមិ, មុត្តោស្មិ តវ សង្គរា។ ម្នាលនាងកល្យាណី យើងឈ្មោះឧទយៈ បានមកក្នុងទីនេះ ដើម្បីដោះពាក្យប្តេជា្ញ យើងបា្រប់នាងហើយនឹងទៅ យើងរួចចាកពាក្យប្តេជ្ញា របស់នាងហើយ ។ គាថានេះមានសេចក្ដីអធិប្បាយថា ម្នាលនាងមានរូបល្អគួរទស្សនា ក្នុងភពមុន យើងជាស្វាមីរបស់នាង ឈ្មោះ ឧទយៈ យើងបានកើតជាស្ដេចសក្កៈក្នុងភពតាវត្តិង្ស មកក្នុងទីនេះ មិនមែនមកដោយអំណាចកិលេស យើងរឭកនូវនាងហើយនឹងរួចផុតពាក្យប្ដេជ្ញា ទើបមកដោយភាពជាអ្នកធ្វើតាមពាក្យប្ដេជ្ញា ដែលបានប្ដេជ្ញាក្នុងកាលមុន ឥឡូវនេះ យើងប្រាប់នាងហើយ នឹងសូមលាទៅ យើងរួចផុតពីការប្ដេជ្ញារបស់នាងហើយ ។ ព្រះរាជធីតាត្រេកអរហើយ ដោយពោលថា បពិត្រព្រះស្វាមី ព្រះអង្គជាឧទយភទ្ទ ដូច្នេះកាលទឹកនេត្រាហូរស្រក់ ទើបពោលថា ខ្ញុំម្ចាស់មិនអាចនឹងនៅដោយវៀចាកព្រះអង្គបានឡើយ តើខ្ញុំម្ចាស់នឹងនៅក្នុងសម្នាក់ព្រះអង្គបានយ៉ាងណា សូមទ្រង់ប្រៀនប្រដៅខ្ញុំម្ចាស់យ៉ាងនោះ ដូច្នេះហើយ ទើបពោលគាថាដទៃទៀតថា សចេ ខោ ត្វំ ឧទយោសិ, សង្គរត្តា ឥធាគតោ; អនុសាស មំ រាជបុត្ត, យថាស្ស បុន សង្គមោ។ បពិត្រព្រះរាជបុត្រ ប្រសិនបើព្រះអង្គ ព្រះនាមឧទយៈ បានមកក្នុងទីនេះ ដើម្បីប្រយោជន៍ដល់ពាក្យប្តេជា្ញ សូមព្រះអង្គប្រៀនប្រដៅខ្ញុំ ឲ្យបានជួបគា្នទៀត ។ លំដាប់នោះ ព្រះមហាសត្វកាលនឹងទូន្មានព្រះនាង ទើបពោលគាថាទាំង ៤ ថា អតិបតតិ វយោ ខណោ តថេវ, ឋានំ នត្ថិ ធុវំ ចវន្តិ សត្តា; បរិជីយតិ អទ្ធុវំ សរីរំ, ឧទយេ មា បមាទ ចរស្សុ ធម្មំ។ វ័យកន្លងទៅឆាប់ ខណៈចិត្តក៏កន្លងទៅឆាប់ដូចគ្នា ការតាំងនៅ (នៃសង្ខារទាំងឡាយ) មិនមាន ពួកសត្វតែងច្យុតទៅដោយពិត សរីរៈមិនទៀង តែងទ្រុឌទ្រោមទៅ ម្នាលនាងឧទយភទ្ទា នាងកុំប្រមាទ ចូរប្រព្រឹត្តធម៌ចុះ ។ កសិណា បថវី ធនស្ស បូរា, ឯកស្សេវ សិយា អនញ្ញធេយ្យា; តំ ចាបិ ជហតិ អវីតរាគោ, ឧទយេ មា បមាទ ចរស្សុ ធម្មំ។ ផែនដីទាំងមូលរបស់សេ្តចតែមួយព្រះអង្គ ដ៏ពេញដោយទ្រព្យ ជាផែនដីដែលអ្នកដទៃទ្រទ្រង់មិនបាន ឯបុគ្គលដែលមិនទាន់ប្រាសចាករាគៈ រមែងលះបង់នូវទ្រព្យនោះ ម្នាលនាងឧទយភទ្ទា នាងកុំប្រមាទ ចូរប្រព្រឹត្តធម៌ចុះ ។ មាតា ច បិតា ច ភាតរោ ច, ភរិយា យាបិ ធនេន ហោតិ កីតា; តេ ចាបិ ជហន្តិ អញ្ញមញ្ញំ, ឧទយេ មា បមាទ ចរស្សុ ធម្មំ។ មាតា បិតា បងប្អូនប្រុស បងប្អូនស្ត្រី និងប្រពន្ធក្តី ប្តីក្តី ព្រមទាំងទ្រព្យ ឯជនទាំងនោះ រមែងលះបង់នូវគ្នានឹងគ្នា ម្នាលនាងឧទយភទ្ទា នាងកុំប្រមាទ ចូរប្រព្រឹត្តធម៌ចុះ ។ កាយោ បរភោជនន្តិ ញត្វា, សំសារេ សុគតិញ្ច ទុគ្គតិញ្ច; ឥត្តរវាសោតិ ជានិយាន, ឧទយេ មា បមាទ ចរស្សុ ធម្មំ។ ម្នាលនាងឧទយភទ្ទា នាងដឹងថា កាយជាចំណីនៃពួកសត្វដទៃ ដឹងថា សុគតិ និងទុគ្គតិក្នុងសង្សារ ជាលំនៅរបស់សត្វថោកទាប ដូច្នេះហើយ កុំប្រមាទ ចូរប្រព្រឹត្តធម៌ចុះ ។ ព្រះមហាសត្វបានឲ្យឱវាទយ៉ាងនេះដល់ព្រះនាង ។ សូម្បីព្រះនាងឧទយភទ្ទា ក៏ត្រេកអរនឹងធម្មកថារបស់ព្រះមហាសត្វ កាលនឹងសរសើរ ទើបពោលគាថាចុងក្រោយថា សាធុ ភាសតិយំ យក្ខោ, អប្បំ មច្ចាន ជីវិតំ; កសិរញ្ច បរិត្តញ្ច, តញ្ច ទុក្ខេន សំយុតំ; សាហំ ឯកា បព្ពជិស្សាមិ, ហិត្វា កាសិំ សុរុន្ធនំ។ យក្ខនោះ ពោលពីរោះណាស់ ជីវិតរបស់ពួកសត្វខ្លី លំបាកផង តិចផង ព្រោះជីវិតនោះ ប្រកបដោយទុក្ខ ខ្ញុំនោះនឹងលះដែនកាសី និងក្រុងសុរុន្ធនៈ បួសតែម្នាក់ឯង ។ ព្រះពោធិសត្វឲ្យឱវាទដល់ព្រះនាងហើយ ទើបយាងទៅកាន់លំនៅរបស់ខ្លួន ។ សូម្បីព្រះនាងក៏បានឲ្យអាមាត្យទាំងឡាយ ទទួលរាជសម្បត្តិ ហើយទ្រង់បួសជាឥសីក្នុងព្រះរាជឧទ្យានដែលជាទីគួររីករាយ ដែលនៅខាងក្នុងនគរនោះឯង កាលបានប្រព្រឹត្តធម៌ ក្នុងទីបំផុតនៃអាយុ ព្រះនាងក៏កើតជាបាទបរិចារិការបស់ព្រះពោធិសត្វ ក្នុងភពតាវត្តិង្ស ។ ព្រះសាស្ដាបាននាំព្រះធម្មទេសនានេះមកហើយ ទ្រង់ប្រកាសសច្ចៈទាំងឡាយ រួចប្រជុំជាតក ក្នុងកាលជាទីបញ្ចប់នៃសច្ចៈ ឧក្កណ្ឋិតភិក្ខុបានតាំងនៅក្នុងសោតាបត្តិផល ។ តទា រាជធីតា រាហុលមាតា អហោសិ រាជធីតាក្នុងកាលនោះ បានមកជា រាហុលមាតា ។ សក្កោ បន អហមេវ អហោសិំ ចំណែកស្ដេចសក្កៈ គឺ តថាគត នេះឯង ។ (ជាតកដ្ឋកថា សុត្តន្តបិដក ជាតក ឯកាទសកនិបាត បិដកលេខ ៥៩ ទំព័រ ២១៩) ដោយខេមរ អភិធម្មាវតារ ព.ស.២៥៦១ ដោយ៥០០០ឆ្នាំ
images/articles/2934/xxpic.jpg
Public date : 22, Jul 2022 (7,094 Read)
ព្រះសាស្ដាកាលស្ដេចគង់នៅវត្តឃោសិតារាម ដែលអាស្រ័យនឹងក្រុងកោសម្ពី ទ្រង់ប្រារព្ធភិក្ខុទាំងឡាយ ដែលបង្កជម្លោះគ្នាក្នុងក្រុងកោសម្ពី បានត្រាស់ព្រះធម្មទេសនានេះ មានពាក្យថា បុថុសទ្ទោ ដូច្នេះជាដើម ។ រឿងរ៉ាវរបស់ភិក្ខុទាំងនោះ មានមកក្នុងកោសម្ពកក្ខន្ធកៈ (វិនយបិដក មហាវគ្គ បិដកលេខ ៨ ទំព័រ ៣០៤​) នោះឯង ។ ចំណែកសេចក្ដី (ខាងក្រោម) នេះជារឿងរ៉ាវសង្ខេប ក្នុងជាតកនេះ ។ បានឮមកថា ក្នុងពេលនោះ ភិក្ខុ ២ រូប គឺព្រះវិនយធរ (អ្នកទ្រទ្រង់វិន័យ) មួយរូប ព្រះសុត្តន្តិកៈ (អ្នកទ្រទ្រង់ព្រះសូត្រ) មួយរូប នៅក្នុងអាវាសមួយជាមួយគ្នា ។ ក្នុងបណ្ដាភិក្ខុ ២ រូបនោះ ថ្ងៃមួយ ព្រះសុត្តន្តិកៈបន្ទោបង់ឧច្ចារៈ ដាក់ភាជនៈដែលបន្សល់ទឹកសម្រាប់ជម្រះក្នុងផើងទឹក ហើយចេញទៅ ។ ព្រះវិនយធរចូលទៅក្នុងទីនោះតាមក្រោយ ឃើញទឹកនោះ រួចចេញមកសួរថា អាវុសោ លោកបន្សល់ទឹកឬ ? ព្រះសុត្តន្តិកៈពោលថា ពិតមែនហើយ អាវុសោ ។ ព្រះវិនយធរពោលថា លោកមិនដឹងភាពជាអាបត្តិក្នុងចំណុចនេះឬ? ព្រះសុត្តន្តិកៈ ពោលថា ពិតមែនហើយ អាវុសោ ខ្ញុំមិនដឹងទេ ។ ព្រះវិនយធរពោលថា អាវុសោ ការដែលលោកបន្សល់ទឹកទុកក្នុងភាជនៈជាអាបត្តិ ។ ព្រះសុត្តន្តិកៈពោលថា បើយ៉ាងនោះ ខុំនឹងសម្ដែងអាបត្តិនោះ ។ ព្រះវិនយធរពោលថា អាវុសោ បើលោកមិនក្លែង ទៅដោការមិនមានសតិ រមែងមិនមានអាបត្តិ ។ ព្រះសុត្តន្តិកៈនោះក៏យល់ថា មិនជាអាបត្តិ ក្នុងអាបត្តិនោះ ។ ចំណែកព្រះវិនយធរប្រាប់កូនសិស្សរបស់ខ្លួនថា ព្រះសុត្តន្តិកៈនេះ សូម្បីត្រូវអាបត្តិហើយ ក៏មិនដឹង ។ សិស្សទាំងនោះឃើញសិស្សរបស់ព្រះសុត្តន្តិកៈនោះហើយពោលថា ឧបជ្ឈាយ៍របស់លោក សូម្បីត្រូវអាបត្តិហើយ ក៏មិនដឹងភាពជាអាបត្តិ ។ សិស្សទាំងនោះ ទៅប្រាប់ឧបជ្ឈាយ៍របស់ខ្លួន ។ ព្រះសុត្តន្តិកៈនោះពោលយ៉ាងនេះថា ព្រះវិនយធរនេះ ក្នុងកាលមុនពោលថា មិនជាអាបត្តិ តែឥឡូវមកពោលថា ជាអាបត្តិ លោកនោះជាអ្នកនិយាយកុហក ។ សិស្សរបស់ព្រះសុត្តន្តិកៈនាំគ្នាទៅ ពោលថា ឧបជ្ឈាយ៍របស់លោក ជាមនុស្សនិយាយកុហក ដូច្នេះហើយ សិស្សរបស់ព្រះវិនយធរនិងរបស់ព្រះសុត្តន្តិកៈ ក៏បង្កជម្លោះដល់គ្នានឹងគ្នា យ៉ាងនេះឯង ។ លំដាប់នោះ ព្រះវិនយធរបានឱកាស ធ្វើឧក្ខេបនីកម្ម (ការលើកវត្ត) ដោយការមិនឃើញអាបត្តិដល់ព្រះសុត្តន្តិកៈនោះ ។ ចាប់ពីពេលនោះមក សូម្បីឧបាសកឧបាសិកាទាំងឡាយដែលជាអ្នកថ្វាយបច្ច័យដល់ភិក្ខុទាំងនោះ ក៏បែកគ្នាជាពីរចំណែក ។ សូម្បីភិក្ខុនីទាំងឡាយដែលជាអ្នកទទួលឱវាទ ក៏បែកគ្នាជាពីរចំណែក សូម្បីពួកអារក្ខទេវតា ក៏បែកគ្នាជាពីរចំណែក ។ សូម្បីអាកាសដ្ឋទេវតាដែលជាមិត្រធ្លាប់ឃើញគ្នារបស់អារក្ខទេវតា និង ទេវតាជាបុថុជ្ជនទាំងឡាយ ដរាបដល់ព្រហ្មលោក ក៏បែកជាពីរចំណែក ។ កោលាហលនេះបានប្រព្រឹត្តដរាបដល់ឋានអកនិដ្ឋភព ។ លំដាប់នោះ ភិក្ខុមួយរូបចូលគាល់ព្រះតថាគត ក្រាបទូលលទ្ធិរបស់ភិក្ខុអ្នកលើកទោសថា ព្រះសុត្តន្តិកៈនេះត្រូវយើងលើកទោសដោយកម្មដែលជាធម៌ និងលទ្ធិរបស់អ្នកប្រព្រឹត្តតាមភិក្ខុដែលគេលើកវត្តថា ឧបជ្ឈាយ៍របស់យើងត្រូវគេលើកទោសដោយកម្មមិនជាធម៌ និងភាពដែលភិក្ខុទាំងនោះសូម្បីភិក្ខុអ្នកលើកទោសទាំងឡាយហាម ក៏នៅត្រាច់តាម ឡោមព័ទ្ធព្រះសុត្តន្តិកៈនោះ ឲ្យព្រះសាស្ដាជ្រាប ។ ព្រះភគវាទ្រង់បញ្ជូនព្រះតម្រាស់ទៅអស់វារៈ ២ ដងថា អ្នកទាំងឡាយចូរសាមគ្គីគ្នា ។ ព្រះអង្គបានស្ដាប់ថា ភិក្ខុមិនប្រាថ្នានឹងសាមគ្គីគ្នា។ ក្នុងវារៈទី ៣ ទ្រង់បានឮថា ភិក្ខុសង្ឃបែកគ្នាហើយ ទើបស្ដេចយាងទៅកាន់សម្នាក់ភិក្ខុទាំងនោះ ហើយសម្ដែងទោសក្នុងការលើកទោសរបស់ភិក្ខុអ្នកលើកទោស និងសម្ដែងទោសក្នុងការមិនឃើញអាបត្តិរបស់ភិក្ខុដទៃដែលក្លែង ហើយព្រះអង្គក៏យាងចេញទៅ ។ ព្រះមានព្រះភាគទ្រង់បញ្ញត្តភត្តគ្គវត្ត (វត្តក្នុងរោងភត្ត) ថា ភិក្ខុគប្បីអង្គុយក្នុងរវាងអាសនៈ ដូច្នេះ ដល់ភិក្ខុទាំងនោះ ដែលធ្វើឧបោសថជាដើម ក្នុងសីមាជាមួយគ្នា ក្នុងវត្ត ឃោសិតារាមនោះ រួចហើយទ្រង់បានស្ដាប់ថា សូម្បីឥឡូវនេះ ភិក្ខុទាំងឡាយនៅតែឈ្លោះគ្នាទៀត ទើបព្រះអង្គយាងទៅក្នុងទីនោះរួចត្រាស់ថា ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយកុំឈ្លោះគ្នា ដូច្នេះហើយ កាលភិក្ខុជាធម្មវាទីមួយរូប ដែលមិនប្រាថ្នាឲ្យព្រះមានព្រះភាគលំបាក ក្រាបទូលថា បពិត្រព្រះអង្គដ៏ចម្រើន សូមព្រះដ៏មានព្រះ​ភាគ​ជាធម្មាសាមី ទ្រង់នៅស្ងៀមចុះ បពិត្រព្រះអង្គដ៏ចម្រើន សូមព្រះអង្គចូរមានសេចក្ដីខ្វល់ខ្វាយតិចចុះ ព្រះមានព្រះភាគចូរប្រកបដោយការនៅជាសុខក្នុងបច្ចុប្បន្ន ហើយប្រព្រឹត្តទៅចុះ ពួកយើងខ្ញុំព្រះ​អង្គ​នឹងបង្កហេតុ បង្កជម្លោះ បង្កសេចក្ដីប្រកួតប្រកាន់ បង្កវិវាទ ទើបព្រះសាស្ដាត្រាស់ថាម្នាល​​ភិក្ខុទាំងឡាយ រឿងធ្លាប់មានមកហើយយ៉ាងនេះថា មានព្រះរាជាព្រះនាម ព្រហ្មទត្ត ជាស្ដេចសោយរាជ្យក្នុងនគរពារាណសី ដូច្នេះហើយ ទ្រង់ត្រាស់រឿងដែលព្រះបាទព្រហ្មទត្តដណ្ដើមរាជ្យរបស់ព្រះបាទ​ទីឃីតិកោសល ហើយសម្លាប់ព្រះបាទទីឃីតិកោសល ដែលទ្រង់ក្លែងខ្លួនមិនឲ្យអ្នកណាស្គាល់ និងរឿងដែលទីឃាវុកុមារឲ្យជីវិត ដល់ព្រះបាទ ព្រហ្មទត្តនោះ ហើយស្ដេចទាំង ២ ក៏ផ្ដើមសាមគ្គីគ្នាចាប់ពីពេលនោះមក ព្រះមានព្រះភាគឲ្យឱវាទថា ម្នាលភិក្ខុទាំងឡាយ សូម្បីព្រះរាជាអ្នកមានអាជ្ញា ក៏គង់នៅមានខន្តិ និងសោរច្ចៈ (សេចក្តីស្ងប់ស្ងៀម) ម្នាលភិក្ខុទាំងឡាយ ចុះអ្នកទាំងឡាយបួសក្នុងធម្មវិន័យ ដែលតថាគតសម្ដែងល្អហើយនេះ ក៏គួរមានខន្តី និងសោរច្ចៈ ដូច្នេះហើយ ទ្រង់ហាមជាគម្រប់ពីរ ជាគម្រប់បីដងថា ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយកុំបង្កជម្លោះឈ្លោះទាស់ទែងគ្នា ដូច្នេះហើយ ទ្រង់ឃើញការមិនធូរថយ ទ្រង់ត្រិះរិះថា មោឃបុរសទាំងនេះត្រូវកិលេសគ្របសង្កត់ មិនអាចនឹងឲ្យដឹងបានឡើយ ដូច្នេះហើយ ទើបទ្រង់ចៀសចេញទៅ ។ ក្នុងថ្ងៃស្អែក កាលព្រះសាស្ដាយាងត្រឡប់ពីបិណ្ឌបាត ទ្រង់សម្រាកបន្តិច ទ្រង់រៀបចំសេនាសនៈ ហើយកាន់យកបាត្រនិងចីវរ ទ្រង់ឋិតនៅលើអាកាស កណ្ដាលសង្ឃ ត្រាស់ព្រះគាថាទាំងឡាយនេះថា បុថុសទ្ទោ សមជនោ, ន ពាលោ កោចិ មញ្ញថ; សង្ឃស្មិំ ភិជ្ជមានស្មិំ, នាញ្ញំ ភិយ្យោ អមញ្ញរុំ។ ជនសុទ្ធតែមានសំឡេងខ្លាំងស្មើគ្នា មិនមានជនណាមួយដឹងថា អាត្មាអញជាបុគ្គលពាលឡើយ កាលបើសង្ឃកំពុងបែកគ្នា ក៏មិនមានជនណាមួយ ដឹងនូវហេតុដទៃ ឲ្យក្រៃលែងជាងនេះទៅទៀត ។ បរិមុដ្ឋា បណ្ឌិតាភាសា, វាចាគោចរភាណិនោ; យាវិច្ឆន្តិ មុខាយាមំ, យេន នីតា ន តំ វិទូ។ ពួកជនអ្នកភ្លេចស្មារតី មានអាការស្រដៀងនឹងបណ្ឌិត មានវាចាជាអារម្មណ៍ ចេះតែល្មោភនិយាយ តាមដែលខ្លួនចង់និយាយឲ្យតែរួចពីមាត់ មានគេដឹកនាំ ដោយជម្លោះណា ក៏នៅតែមិនស្គាល់នូវជម្លោះនោះឡើយ ។ អក្កោច្ឆិ មំ អវធិ មំ, អជិនិ មំ អហាសិ មេ; យេ ច តំ ឧបនយ្ហន្តិ, វេរំ តេសំ ន សម្មតិ។ ពួកជនណា ចងសេចក្តីក្រោធនោះទុក ដោយគិតថា ជនឯណោះ បានជេរអញ បានវាយអញ បានផ្ចាញ់អញ បានលួចយក (ទ្រព្យ) អញ ដូច្នេះ ពៀររបស់ជនទាំងនោះ រមែងមិនស្ងប់រម្ងាប់បានឡើយ ។ អក្កោច្ឆិ មំ អវធិ មំ, អជិនិ មំ អហាសិ មេ; យេ ច តំ នុបនយ្ហន្តិ, វេរំ តេសូបសម្មតិ។ លុះតែពួកជនណា មិនចងសេចក្តីក្រោធនោះទុក ដោយគិតថា ជនឯណោះ បានជេរអញ បានវាយអញ បានផ្ចាញ់អញ បានលួចយក (ទ្រព្យ) អញ ដូច្នេះ ទើបពៀររបស់ជននោះ ស្ងប់រម្ងាប់បាន ។ ន ហិ វេរេន វេរានិ, សម្មន្តីធ កុទាចនំ; អវេរេន ច សម្មន្តិ, ឯស ធម្មោ សនន្តនោ។ ពៀរទាំងឡាយក្នុងលោកនេះ មិនស្ងប់រម្ងាប់ដោយពៀរក្នុងកាលណាម្តងឡើយ មានតែស្ងប់រម្ងាប់ ដោយមិនមានពៀរ នេះជាធម៌មានមកតាំងអំពីដើម ។ បរេ ច ន វិជានន្តិ, មយមេត្ថ យមាមសេ; យេ ច តត្ថ វិជានន្តិ, តតោ សម្មន្តិ មេធគា។ ពួកជនក្រៅពីបណ្ឌិត មិនដឹងច្បាស់ថា ពួកយើងនឹងដល់នូវសេចក្តីវិនាសក្នុងកណ្តាល សង្ឃនេះទេ បណ្តាជនទាំងនោះ លុះតែពួកជនណាដឹងច្បាស់ (យ៉ាងនេះថា ពួកយើងនឹងដល់នូវសេចក្តីវិនាស) ទើបកលហធម៌ គឺការឈ្លោះប្រកែកទាំងឡាយ ស្ងប់រម្ងាប់អំពីសម្នាក់ពួកជននោះទៅបាន ។ អដ្ឋិច្ឆិន្នា បាណហរា, គវាស្សធនហារិនោ; រដ្ឋំ វិលុម្បមានានំ, តេសម្បិ ហោតិ សង្គតិ; កស្មា តុម្ហាក នោ សិយា។ អម្បាលពួកជនដែលបានកាត់ឆ្អឹងគ្នា បានសម្លាប់គ្នា បានលួចយកគោ សេះ និងទ្រព្យ ប្លន់យកទាំងដែន គេគង់រួមគ្នាបាន ហេតុអ្វីក៏ពួកអ្នករួមគ្នាមិនបាន ។ សចេ លភេថ និបកំ សហាយំ, សទ្ធិំចរំ សាធុវិហារិធីរំ; អភិភុយ្យ សព្ពានិ បរិស្សយានិ, ចរេយ្យ តេនត្តមនោ សតីមា។ បើបុគ្គលបានសម្លាញ់ ដែលមានប្រាជ្ញា ជាគ្រឿងរក្សាខ្លួន ជាអ្នកប្រាជ្ញត្រាច់ទៅជាមួយ មានវិហារធម៌ដ៏ប្រពៃ គប្បីគ្របសង្កត់ នូវសេចក្តីអន្តរាយទាំងឡាយទាំងពួង ហើយមានចិត្តត្រេកអរ មានស្មារតី ត្រាច់ទៅជាមួយនឹងសម្លាញ់នោះចុះ ។ នោ ចេ លភេថ និបកំ សហាយំ, សទ្ធិំចរំ សាធុវិហារិធីរំ; រាជាវ រដ្ឋំ វិជិតំ បហាយ, ឯកោ ចរេ មាតង្គរញ្ញេវ នាគោ។ បើបុគ្គលមិនបានសម្លាញ់ ដែលមានប្រាជ្ញា ជាគ្រឿងរក្សាខ្លួន ជាអ្នកប្រាជ្ញត្រាច់ទៅជាមួយគ្នា មានវិហារធម៌ដ៏ល្អទេ គប្បីត្រាច់ទៅតែម្នាក់ឯង ដូចជាព្រះរាជាលះបង់ដែនដែលឈ្នះហើយ (ពុំនោះសោត) ដូចដំរីដ៏ប្រសើរ ដែលត្រាច់ទៅតែម្នាក់ឯងក្នុងព្រៃ ។ ឯកស្ស ចរិតំ សេយ្យោ, នត្ថិ ពាលេ សហាយតា; ឯកោ ចរេ ន បាបានិ កយិរា, អប្បោស្សុក្កោ មាតង្គរញ្ញេវ នាគោ។ ការត្រាច់ទៅម្នាក់ឯង ប្រសើរជាង (ព្រោះ) សហាយតាគុណមិនមានក្នុងបុគ្គលពាលទេ បុគ្គលគួរត្រាច់ទៅតែម្នាក់ឯង តែថាត្រូវជាអ្នកខ្វល់ខ្វាយតិច កុំធ្វើបាបទាំងឡាយឡើយ ដូចជាដំរីដ៏ប្រសើរ ដែលត្រាច់ទៅក្នុងព្រៃ ។ បទថា អដ្ឋិច្ឆិន្នា សេចក្ដីថា គាថានេះ ព្រះមានព្រះភាគត្រាស់សំដៅដល់ព្រះបាទព្រហ្មទត្ត និងទីឃាវុកុមារ ។ សូម្បីព្រះរាជាទាំងនោះក៏ត្រឡប់មកសាមគ្គីគ្នាបាន ។ ព្រោះហេតុអ្វី ពួកអ្នកដែលមិនបានកាត់ឆ្អឹងមាតាបិតារបស់គ្នា មិនបានសម្លាប់គ្នា មិនបានលួចទ្រព្យគ្នា មិនអាចនឹងសាមគ្គីគ្នាចឹង ។ ព្រះទសពលទ្រង់អធិប្បាយថា ម្នាលភិក្ខុទាំងឡាយ ព្រះរាជាអ្នកមានអាជ្ញាក៏នៅសាមគ្គីគ្នា ធ្វើនូវអាវាហវិវាហៈឲ្យជាសម្ព័ន្ធភាព ផឹកទឹក និងសោយភោជនជាមួយគ្នា ចំណែកពួកអ្នកបានបួស ក្នុងសាសនាដែលមានសភាពបែបនេះ ម្ដេចក៏មិនអាចនឹងលះបង់សូម្បីតែពៀរវេរារបស់ខ្លួន ភាវៈជាភិក្ខុរបស់ពួកអ្នក តើដូចម្ដេច ។ បទថា រាជាវ រដ្ឋំ វិជិតំ បហាយ សេចក្ដីថា គប្បីត្រាច់ទៅតែឯង ដូចព្រះបាទ មហាជនក និងព្រះបាទអរិន្ទមៈ ដែលលះបង់ដែនរបស់ខ្លួនហើយត្រាច់ទៅដូច្នោះ ។ បទថា មាតង្គរញ្ញេវ នាគោ សេចក្ដីថា ដំរីមាតង្គក្នុងព្រៃ ។ បទថា មាតង្គោ សេចក្ដីថា ជាឈ្មោះនៃដំរី ។ បទថា នាគោ សេចក្ដីថា ជាឈ្មោះនៃដីរីធំ ។ លោកអធិប្បាយថា ដំរីមាតង្គៈជាអ្នកចិញ្ចឹមមាតាត្រាច់ទៅតែឯងក្នុងព្រៃ យ៉ាងណា ដំរីសីលវហត្ថីមិនធ្វើបាបទាំងឡាយ យ៉ាងណា ដំរីបាលិលេយ្យកៈមិនធ្វើបាបទាំងឡាយត្រាច់ទៅតែឯង យ៉ាងណា អ្នកគប្បីមិនធ្វើបាប ហើយត្រាច់ទៅតែឯង ក៏យ៉ាងនោះដែរ ។ ព្រះសាស្ដា សូម្បីត្រាស់យ៉ាងនេះហើយ កាលមិនអាចនឹងឲ្យភិក្ខុទាំងឡាយនោះសាមគ្គីគ្នាបាន ទើបយាងទៅកាន់ស្រុកពាលកលោណកៈ ហើយសម្ដែងអានិសង្សនៃភាពជាអ្នកត្រាច់ទៅតែឯង ដល់ព្រះភគុត្ថេរ បន្ទាប់មកព្រះអង្គក៏យាងទៅកាន់លំនៅរបស់កុលបុត្រទាំង ៣ សម្ដែងអានិសង្សនៃការនៅដោយសាមគ្គីដល់កុលបុត្រទាំងនោះ បន្ទាប់ពីនោះ យាងទៅព្រៃបាលិលេយ្យក៍ ហើយគង់នៅទីនោះអស់ ៣ ខែ ទ្រង់មិនមកនគរកោសម្ពីម្ដងទៀតឡើយ ស្ដេចយាងទៅកាន់ក្រុងសាវត្ថី ។ ចំណែកឧបាសកឧបាសិកាទាំងឡាយ អ្នករស់នៅនគរកោសម្ពីប្រឹក្សាគ្នាថា ភិក្ខុទាំងឡាយដែលនៅក្រុងកោសម្ពីនេះ ធ្វើមិនជាប្រយោជន៍ដល់ពួកយើងច្រើន ព្រះមានព្រះភាគត្រូវភិក្ខុទាំងឡាយនេះបៀតបៀនហើយទ្រង់យាងចេញទៅ ពួកយើងនឹងមិនធ្វើការអភិវាទជាដើម ដល់ភិក្ខុទាំងនេះ នឹងមិនឲ្យបិណ្ឌបាតដល់ភិក្ខុ ដែលចូលទៅបិណ្ឌបាត កាលធ្វើយ៉ាងនេះ ភិក្ខុទាំងនេះនឹងគេចទៅខ្លះ នឹងរម្ងាប់ពៀរខ្លះ នឹងឲ្យព្រះភគវន្តជ្រះថ្លាខ្លះ ប្រឹក្សាគ្នាដូច្នេះហើយ ក៏បាននាំគ្នាធ្វើយ៉ាងនោះ ។ ភិក្ខុទាំងនោះត្រូវឧបាសកឧបាសិកាទាំងឡាយបៀតបៀន ដោយទណ្ឌកម្មនោះហើយ បាននាំគ្នាទៅក្រុងសាវត្ថី ឲ្យព្រះមានព្រះភាគអត់ទោសឲ្យ ។ ព្រះសាស្ដានាំព្រះធម្មទេសនានេះមកហើយ ទ្រង់ប្រជុំជាតថាបិតា សុទ្ធោទនមហារាជា អហោសិ បិតាបានមកជាព្រះសុទ្ធោទនមហារាជមាតា មហាមាយា មាតាបានមកជាព្រះនាងមហាមាយា ទីឃាវុកុមារោ បន អហមេវ អហោសិំ ចំណែកទីឃាវុកុមារ គឺ តថាគត នេះឯង ។ ចប់ កោសម្ពិយជាតក ៕ (ជាតកដ្ឋកថា សុត្តន្តបិដក ខុទ្ទកនិកាយ ជាតក នវកនិបាត បិដកលេខ ៥៩ ទំព័រ ១៣៧) ថ្ងៃច័ន្ទ ៩ កើត ខែវិសាខ ឆ្នាំច សំរិទ្ធិស័ក ច.ល. ១៣៨០ ថ្ងៃទី ២៣ ខែមេសា ព.ស. ២៥៦១ គ.ស.២០១៨ ដោយ ស.ដ.វ.ថ. ដោយ៥០០០ឆ្នាំ
images/articles/2943/ccvffic.jpg
Public date : 22, Jul 2022 (68,377 Read)
ជាតកនេះមានពាក្យថា លុទ្ធានំ លហុចិត្តានំ ដូច្នេះជាដើម នឹងមានប្រាកដជាក់ច្បាស់ក្នុងកុណាលជាតក (សុត្តន្តបិដក ខុទ្ទកនិកាយ ជាតក អសីតិនិបាត កុណាលជាតក បិដកលេខ ៦១ ទំព័រ ១៥៤) ឯណោះ ។ (សេចក្ដីខាងក្រោមនេះជាខ្លឹមសារចូឡកុណាលជាតកក្នុងព្រះត្រៃបិដក ៖ សត្វតាវ៉ៅបានពោលថា លុទ្ធានំ លហុចិត្តានំ, អកតញ្ញូន ទុព្ភិនំ, នាទេវសត្តោ បុរិសោ, ថីនំ សទ្ធាតុមរហតិ។ បុរសដែលមិនជាប់ចំពាក់ ដោយទេវតា (ខ្មោចមិនចូល) មិនគួរជឿ (នូវសីលនិងវត្ត) របស់ពួកស្ត្រី ជាអ្នកឈ្លានពាន មានចិត្តរហ័ស មិនដឹងនូវឧបការគុណ ដែលគេធ្វើហើយ ជាអ្នកប្រទូស្តមិត្រទេ ។ ន តា បជានន្តិ កតំ ន កិច្ចំ, ន មាតរំ បិតរំ ភាតរំ វា, អនរិយា សមតិក្កន្តធម្មា, សស្សេវ ចិត្តស្ស វសំ វជន្តិ។ ស្ត្រីទាំងនោះមិនដឹងនូវឧបការគុណ ដែលគេធ្វើហើយដល់ខ្លួន មិនដឹងច្បាស់នូវកិច្ច (ដែលខ្លួនត្រូវធ្វើ) មិនដឹងច្បាស់នូវមាតាបិតា ឬបងប្អូន មិនអៀនខ្មាស តែងប្រព្រឹត្តកន្លងច្បាប់ជាធម្មតា លុះក្នុងអំណាចនៃចិត្តរបស់ខ្លួន ។ ចិរានុវុដ្ឋម្បិ បិយំ មនាបំ, អនុកម្បកំ បាណសមម្បិ ភត្តុំ, អាវាសុ កិច្ចេសុ ច នំ ជហន្តិ, តស្មាហមិត្ថីនំ ន វិស្សសាមិ។ ស្ត្រីទាំងនោះ តែងលះបង់នូវបុរសនោះ ដែលជាទីស្រឡាញ់ ជាទីគាប់ចិត្ត សូម្បីនៅជាមួយគ្នាអស់កាលយូរ ជាអ្នកអនុគ្រោះសូម្បីស្មើដោយជីវិត ក្នុងគ្រោះថា្នក់ទាំងឡាយផង ក្នុងកិច្ចការទាំងឡាយផង ព្រោះហេតុនោះ ខ្ញុំមិនស្និទ្ធស្នាលនឹងស្ត្រីទាំងឡាយឡើយ ។ ថីនញ្ហិ ចិត្តំ យថា វានរស្ស, កន្នប្បកន្នំ យថា រុក្ខឆាយា, ចលាចលំ ហទយមិត្ថិយានំ, ចក្កស្ស នេមិ វិយ បរិវត្តតិ។ ព្រោះថា ចិត្តរបស់ពួកស្ត្រីប្រែប្រួល ដូចជាសត្វស្វា ឬដូចជាម្លប់ឈើ ចិត្តរបស់ពួកស្ត្រី ច្រាស់ច្រាល់ វិលវង់ ដូចជាខ្នងកង់ កាលវិលទៅដូច្នោះ ។ យទា តា បស្សន្តិ សមេក្ខមានា, អាទេយ្យរូបំ បុរិសស្ស វិត្តំ, សណ្ហាហិ វាចាហិ នយន្តិ មេនំ, កម្ពោជកា ជលជេនេវ អស្សំ។ ក្នុងកាលដែលស្ត្រីទាំងនោះ សម្លឹងឃើញទ្រព្យរបស់បុរស មានសភាពគួរយកបាន ក៏នាំបុរសនុ៎ះទៅ (កាន់អំណាចខ្លួន) ដោយសំដីដ៏ផ្អែមល្ហែមទាំងឡាយ ដូចជាពួកជនអ្នកនៅក្នុងដែនកម្ពោជៈ កាលនាំសេះទៅកាន់អំណាចខ្លួន ដោយស្លែដូច្នោះ ។ យទា ន បស្សន្តិ សមេក្ខមានា, អាទេយ្យរូបំ បុរិសស្ស វិត្តំ, សមន្តតោ នំ បរិវជ្ជយន្តិ, តិណ្ណោ នទីបារគតោវ កុល្លំ។ ក្នុងកាលដែលស្ត្រីទាំងនោះ សម្លឹងមើលមិនឃើញទ្រព្យរបស់បុរស មានសភាពគួរយកបានទេ ក៏គេចចៀសបុរសនុ៎ះ ដោយជុំវិញ ដូចជាបុគ្គលអ្នកឆ្លង ទៅដល់ត្រើយស្ទឹងហើយ ក៏វៀរបង់នូវក្បូនដូច្នោះ ។ សិលេសូបមា សិខិរិវ សព្វភក្ខា, តិក្ខមាយា នទីរិវ សីឃសោតា, សេវន្តិ ហេតា បិយមប្បិយញ្ច, នាវា យថា ឱរកូលំ បរញ្ច។ ស្ត្រីទាំងឡាយនោះ មានសេចក្តីប្រៀបធៀបដោយជ័រ ដូចជាភ្លើងដែលស៊ីនូវវត្ថុគ្រប់យ៉ាង មានមាយាដ៏ក្លៀវក្លា ដូចជាស្ទឹងមានខ្សែទឹកដ៏រហ័ស ព្រោះថា ស្ត្រីទាំងនុ៎ះ តែងសេពនូវបុរសជាទីស្រឡាញ់ និងមិនជាទីស្រឡាញ់ ដូចជាទូកដែលអែបនូវច្រាំងទាំងខាងអាយ ទាំងច្រាំងខាងនាយ ដូច្នោះ ។ ន តា ឯកស្ស ន ទ្វិន្នំ, អាបណោវ បសារិតោ, យោ តា មយ្ហន្តិ មញ្ញេយ្យ, វាតំ ជាលេន ពាធយេ ។ ស្ត្រីទាំងនោះ មិនមែនរបស់បុរសម្នាក់ មិនមែនរបស់បុរសពីរនាក់ទេ ដូចជារានផ្សារ ដែលគេរៀបហើយ បុរសណា សម្គាល់នូវស្ត្រីទាំងនោះ ថាជារបស់អញ បុរសនោះ គប្បីចងខ្យល់ដោយសំណាញ់បាន ។ យថា នទី ច បន្ថោ ច, បានាគារំ សភា បបា, ឯវំ លោកិត្ថិយោ នាម, វេលា តាសំ ន វិជ្ជតិ ។ ស្ទឹង ផ្លូវ តៀមស្រា រោងសម្រាប់ប្រជុំ និងអណ្តូង យ៉ាងណា ធម្មតាស្ត្រីទាំងឡាយ ក្នុងលោក ក៏យ៉ាងនោះដែរ ឯវេលារបស់ស្ត្រីទាំងនោះ មិនមានឡើយ ។ ឃតាសនសមា ឯតា, កណ្ហសប្បសិរូបមា, គាវោ ពហិតិណស្សេវ, ឱមសន្តិ វរំ វរំ។ ស្ត្រីទាំងនោះ ស្មើដោយភ្លើងឆេះឆ្នាំងខ្លាញ់ ឧបមាដោយក្បាលពស់វែក ឬដូចជាពួកគោស៊ីច្បិចតែចុងស្មៅដ៏ប្រសើរ ៗ ខាងក្រៅ ។ ឃតាសនំ កុញ្ជរំ កណ្ហសប្បំ, មុទ្ធាភិសិត្តំ បមទា ច សព្វា, ឯតេ នរោ និច្ចយតោ ភជេថ, តេសំ ហវេ ទុព្វិទុ សព្វភាវោ ។ នរជនគប្បីសង្រួមជានិច្ច ហើយគប់រកនូវជនទាំងនេះ គឺភ្លើង ១ ដំរី ១ ពស់វែក ១ សេ្តចដែលបានមុទ្ធាភិសេកហើយ ១ ពួកស្ត្រីទាំងអស់ ១ ភាវៈទៀងទាត់ របស់ជនទាំងនោះ គេស្គាល់បានដោយក្រ ។ នច្ចន្តវណ្ណា ន ពហូនំ កន្តា, ន ទក្ខិណា បមទា សេវិតព្វា, ន បរស្ស ភរិយា ន ធនស្ស ហេតុ, ឯតិត្ថិយោ បញ្ច ន សេវិតព្វា។ ស្ត្រីមានសម្បុរល្អឆើត បុរសមិនគួរសេពទេ ស្ត្រីជាទីស្រឡាញ់នៃបុរសច្រើនគ្នា បុរសមិនគួរសេពទេ ស្ត្រីប្រសប់រាំច្រៀង បុរសមិនគួរសេពទេ ស្ត្រីជាប្រពន្ធរបស់បុគ្គលដទៃ បុរសមិនគួរសេពទេ ស្រ្តី (គប់រកបុរស) ព្រោះហេតុតែទ្រព្យ បុរសមិនគួរសេពទេ ស្ត្រីទាំង ៥ ពួកនេះ បុរសមិនគួរសេពឡើយ ។) (ជាតកដ្ឋកថា សុត្តន្តបដិក ខុទ្ទកនិកាយ ជាតក ទ្វាទសកនិបាត ចូឡកុណាលជាតក បិដកលេខ ៥៩ ទំព័រ ២៣៧) ថ្ងៃ សៅរ៍ ៩ រោច ខែ ផគ្គុន ឆ្នាំ រកា ព.ស.២៥៦១ នព្វស័ក ច.ស. ១៣៧៩ ម.ស. ១៩៣៩ ត្រូវនឹងថ្ងៃទី ១០ ខែ មីនា គ.ស. ២០១៨ ដោយខេមរ អភិធម្មាវតារ ដោយ៥០០០ឆ្នាំ
images/articles/2953/wssqss21pic.jpg
Public date : 22, Jul 2022 (103,061 Read)
គ្រាមួយ ជាថ្ងៃពេញបូណ៌មី មានតិថី ១៥ កើត ក្នុងពេលព្រឹក ព្រះបាទសិវិ ប្រថាប់លើរាជបល្ល័ង្កខាងក្រោមសមុស្សិតស្វេតច្ឆត្រ ទ្រង់ត្រិះរិះដល់ទានដែលព្រះអង្គបានបរិច្ចាគ មិនបាន ឃើញពាហិរវត្ថុណាមួយដែលព្រះអង្គនៅធ្លាប់ឲ្យឡើយ ទើបទ្រង់ព្រះចិន្តាថា ពាហិរវត្ថុដែលឈ្មោះថា យើងនៅមិនបានបរិច្ចាគ មិនមាន ពាហិរទាននេះ មិនបានញ៉ាំងយើងឲ្យត្រេកអរឡើយ យើងប្រាថ្នានឹងឲ្យអជ្ឈត្តិកទាន ។ ឱហ៎្ន ! ក្នុងថ្ងៃនេះ វេលាដែលយើងទៅរោងទាន យាចកណានីមួយប៉ុណ្ណោះ កុំសូមពាហិរវត្ថុឡើយ គប្បីកាន់យកនូវឈ្មោះនៃអជ្ឈត្តិកទានចុះ, ពិតមែន ប្រសិនបើអ្នកណានីមួយ គប្បីកាន់យកនូវឈ្មោះនៃសាច់បេះដូង របស់យើងសោត យើងនឹងពុះទ្រូងដោយច្បូក នាំ​យក​បេះ​ដូង​ដែលជាទីហូរចេញនៃដំណក់ឈាមហើយឲ្យ បីដូចជា កាលដកឡើងនូវបទុមជាតិទាំងដើម ចេញអំពីទឹកដ៏ថ្លា ។ ដូច្នោះ បើអ្នកណាមួយ ចេញមាត់សូមសាច់ក្នុងសរីរៈរបស់យើង យើងនឹងពន្លះសាច់ក្នុងសរីរៈហើយឲ្យ បីដូចជាកាលឆូតនូវ ចន្ទន៍ក្រហម ដោយសត្រាសម្រាប់ឆូតដូច្នោះ ប្រសិនបើអ្នកណាសូមលោហិត យើងនឹងចូលទៅក្នុងយន្តមុខ (អាវុធ) ញ៉ាំងភោជនដែលមនុស្សនាំចូលទៅហើយឲ្យពេញ ហើយឲ្យនូវលោហិត ។ ម្យ៉ាងទៀត ប្រសិនបើអ្នកណាមួយនិយាយនឹងយើងថា ការងារក្នុងផ្ទះរបស់ខ្ញុំមិនប្រព្រឹត្តទៅ ព្រះអង្គចូរធ្វើនូវការងារនៃទាសៈ ក្នុងផ្ទះ របស់ខ្ញុំ ដូច្នេះ យើងនឹងលះការតែងខ្លួនជាក្សត្រ ធ្វើខ្លួនឲ្យតាំងនៅក្នុងចំណែកខាងក្រៅតំណែង ហើយប្រកាសខ្លួនធ្វើការងាររបស់ទាសៈ ។ បើអ្នកណាសូមកែវភ្នែករបស់យើង យើងនឹងឆ្កៀលកែវភ្នែកទាំងគូឲ្យ ហាក់បីដូចជាកាលនាំចេញ នូវសាច់ត្នោត ដូច្នោះ ។ ដោយស.ដ.វ.ថ. ។ ដោយ៥០០០ឆ្នាំ
images/articles/3244/____________________________________.jpg
Public date : 06, Jul 2022 (1,765 Read)
ព្រះសាស្ដា កាលស្ដេចគង់នៅវត្តជេតពន ទ្រង់ប្រារព្ធការចូលទៅកាន់ផែនដី របស់ទេវទត្ត បានត្រាស់ព្រះធម្មទេសនានេះ មានពាក្យថា ធម្មោ ហវេ ហតោ ហន្តិ ដូច្នេះជាដើម ។ រឿងរ៉ាវបច្ចុប្បន្នថា ក្នុងថ្ងៃមួយ ភិក្ខុទាំងឡាយញ៉ាំងកថាឲ្យតាំងឡើងក្នុងធម្មសភាថា ម្នាលអាវុសោ ទេវទត្តធ្វើមុសាវាទ ហើយចូលទៅកាន់ផែនដី កើតក្នុងអវីចិនរក។ ព្រះសាស្ដា យាងមកហើយត្រាស់សួរថា ម្នាលភិក្ខុទាំងឡាយ អម្បាញ់មិញនេះ អ្នកទាំងឡាយអង្គុយប្រជុំគ្នានិយាយរឿងអ្វី ? កាលភិក្ខុទាំងឡាយទូលថា ដោយរឿងឈ្មោះនេះ ទើបព្រះសាស្ដា ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ មិនមែនតែក្នុងកាលឥឡូវនេះប៉ុណ្ណោះទេ សូម្បីក្នុងកាលមុន ក៏ទេវទត្តបានចូលទៅកាន់ផែនដីដែរ ដូច្នេះហើយ ទ្រង់នាំយកអតីតនិទានមកសម្ដែងថា ៖ ក្នុងអតីតកាល គ្រាកាលបឋមកប្ប មានព្រះរាជាមួយព្រះអង្គព្រះនាមថា មហាសម្មតៈ ទ្រង់មានព្រះជន្មាយុ ១ អសង្ខេយ្យ ។ បុត្ររបស់ព្រះបាទមហាសម្មតរាជ មានព្រះនាមថា រោជៈ ។ បុត្ររបស់ព្រះបាទរោជៈ ព្រះនាមថា វររោជៈ ។ បុត្ររបស់ព្រះបាទវររោជៈ ព្រះនាមថា កល្យាណ ។ បុត្ររបស់ព្រះបាទកល្យាណ ព្រះនាមថា វរកល្យាណ ។ បុត្ររបស់ព្រះបាទវរកល្យាណ ព្រះនាមថា ឧបោសថ ។ បុត្ររបស់ព្រះបាទឧបោសថ ព្រះនាមថា វរឧបោសថ ។ បុត្ររបស់ព្រះបាទវរឧបោសថ ព្រះនាមថា មន្ធាតុ ។ បុត្ររបស់ព្រះបាទមន្ធាតុ ព្រះនាមថា វរមន្ធាតុ ។ បុត្ររបស់ព្រះបាទវរមន្ធាតុ ព្រះនាមថា វរៈ ។ បុត្ររបស់ព្រះបាទវរៈ ព្រះនាមថា ឧបវរៈ តែមនុស្សទាំងឡាយហៅព្រះអង្គថា ឧបរិវរៈ ។ ព្រះបាទឧបរិវរៈនោះសោយរាជសម្បត្តិនៅសោត្ថិយនគរ ក្នុងដែនចេតិយរដ្ឋ, ទ្រង់មានរាជឫទ្ធិ ៤ យ៉ាង គឺ ១. ឧបរិចរោ អាកាសគាមី ត្រាច់ទៅខាងលើ ដើរលើអាកាសបាន ។ ២. ចត្តារោ នំ ទេវបុត្តា ចតូសុ ទិសាសុ ខគ្គហត្ថា រក្ខន្តិ មានទេវបុត្រ ៤ អង្គកាន់ព្រះខ័ននៅចាំរក្សាក្នុងទិសទាំង ៤ ។ ៣. កាយតោ ចន្ទនគន្ធោ វាយតិ មានក្លិនខ្លឹមចន្ទន៍ផ្សាយចេញអំពីកាយ ។ ៤. មុខតោ ឧប្បលគន្ធោ មានក្លិនឧប្បលផ្សាយចេញអំពីមាត់ ។ ព្រះបាទឧបរិវរៈនោះមានព្រាហ្មណ៍បុរោហិតម្នាក់ ឈ្មោះថា កបិល ។ កបិល-ព្រាហ្មណ៍នោះមានប្អូនមួយឈ្មោះថា កោរកលម្ពៈ គេជាសម្លាញ់ដ៏ជិតស្និទ្ធរបស់ព្រះបាទឧបរិវរៈ បានសិក្សាសិល្បសាស្ត្រ ជាក្នុងត្រកូលអាចារ្យតែមួយជាមួយនឹងព្រះអង្គ ។ ព្រះបាទឧបរិវរៈកាលនៅជាកុមារបានប្ដេជ្ញានឹងកោរកលម្ពៈនោះថា “កាលយើងបានរាជសម្បត្តិ នឹងប្រទានតំណែងបុរោហិតដល់អ្នក” ។ ព្រះអង្គកាលបានសោយរាជ្យហើយ មិនអាចនឹងដកកបិលព្រាហ្មណ៍ ដែលជាបុរោហិតរបស់ព្រះបិតា ឲ្យចេញពីតំណែងបុរោហិតឡើយ ។ ព្រះរាជាតែងសម្ដែងការកោតក្រែង ដោយសេចក្ដីគោរព ក្នុងកាលដែលបុរោហិតចូលមកគាល់ព្រះអង្គ ។ ព្រាហ្មណ៍បុរោហិតសង្កេតឃើញអាការៈនោះ ហើយគិតថា “ធម្មតាការគ្រប់គ្រងរាជសម្បត្តិ គួរដល់អ្នកដែលវ័យប្រហាក់ប្រហែលគ្នា ទើបសមគួរ អញនឹង​ទូល​លាព្រះរាជាហើយនឹងបួស” គិតដូច្នេះរួច ទើបទូលព្រះរាជាថា “បពិត្រព្រះសម្មតិទេព ទូលព្រះបង្គំចាស់ហើយ កុមារក្នុងផ្ទះ (របស់ទូលព្រះបង្គំ) ក៏មាន សូមព្រះអង្គតែងតាំងកុមារនោះឲ្យជាបុរោហិតចុះ ទូលព្រះបង្គំនឹងបួស” យ៉ាងនេះហើយ ក៏បានសូមរាជានុញ្ញាតតែងតាំងបុត្រ (របស់ខ្លួន) ឲ្យជាបុរោហិត ហើយចូលទៅកាន់រាជឧទ្យាន បួសជាឥសី និងធ្វើឈានអភិញ្ញាឲ្យកើតឡើង ហើយសម្រេចការរស់នៅក្នុងឧទ្យាននោះ ដោយអាស្រ័យបុត្រ (ជាអ្នកទំនុកបម្រុង) ។ កោរកលម្ពៈចងអាឃាតនឹងបងប្រុសថា “កបិលព្រាហ្មណ៍នេះសូម្បីបួសហើយ មិនប្រគល់តំណែងបុរោហិតដល់យើង” ។ថ្ងៃមួយ កាលព្រះរាជាប្រថាប់ ហើយត្រាស់កថាជាសុខថា ម្នាលកោរកលម្ពៈ អ្នកមិនបានតំណែងបុរោហិតឬ ? កោរកលម្ពៈក៏ទូលថា បពិត្រព្រះសម្មតិទេព ទូលព្រះបង្គំបានទេ បងប្រុសរបស់ខ្ញុំ គាត់បាន ។ព្រះរាជសួរថា ចុះក្រែង បងប្រុសរបស់អ្នកបួសហើយតើ ? កោរកលម្ពៈទូលថា ពិតមែនហើយព្រះអង្គ គាត់បួសហើយ តែគាត់ប្រគល់តំណែងបុរោហិតដល់កូនរបស់គាត់ ។ ព្រះរាជាត្រាស់ថា បើយ៉ាងនោះ អ្នកចូរធ្វើជាបុរោហិតចុះ ។ កោរកលម្ពៈទូលថា បពិត្រព្រះអង្គ ខ្ញុំមិនអាចឲ្យបងប្រុសឃ្លាតចាកតំណែង តាមប្រពៃណីឡើយ ។ព្រះរាជាត្រាស់ថា បើយ៉ាងនោះមែន យើងនឹងធ្វើអ្នកឲ្យជាបង ហើយធ្វើបងរបស់អ្នកឲ្យជាប្អូន ។ កោរកលម្ពៈទូលសួរថា ព្រះអង្គនឹងធ្វើដូចម្ដេច ? ព្រះរាជាត្រាស់ថា យើងធ្វើមុសាវាទ ។ កោរកលម្ពៈទូលថា បពិត្រព្រះរាជា ព្រះអង្គមិនដឹងឬ បងប្រុសរបស់ខ្ញុំជាអ្នកមានធម៌ដ៏ចម្លែកច្រើន ជាអ្នកទ្រទ្រង់វិជ្ជា ក្នុងកាលណា បងប្រុសរបស់ខ្ញុំនឹងបោកបញ្ឆោតព្រះអង្គដោយធម៌ដ៏ចម្លែក គឺ នឹងធ្វើដូចជា ទេវបុត្រទាំង ៤ ឲ្យបាត់ទៅ, នឹងធ្វើដូចជា ឲ្យមានក្លិនល្អ ក្លិនអាក្រក់ផ្សាយចេញអំពីកាយ និងមាត់, នឹងធ្វើដូចជា ឲ្យព្រះអង្គធ្លាក់ចុះពីអាកាស មកលើផែនដី, នឹងធ្វើដូចជា ឲ្យព្រះអង្គត្រូវផែនដីស្រូប ក្នុងកាលនោះ ព្រះអង្គមិនអាចនឹងតាំងក្នុងពាក្យរបស់ខ្លួនឡើយ ។ ព្រះរាជាត្រាស់ថា អ្នកកុំសម្គាល់យ៉ាងនេះឡើយ យើងអាចធ្វើបាន ។កោរកលម្ពៈទូលសួរថា ព្រះអង្គនឹងធ្វើពេលណា ? ព្រះបាទឧបរិវរៈត្រាស់ថា រាប់អំពីថ្ងៃនោះទៅ ៧ ថ្ងៃទៀត ។ សេចក្ដីថ្លែងការនោះ បានឮទូទៅ ក្នុងនគរទាំងអស់ ។សេចក្ដីត្រិះរិះកើតឡើងដល់មហាជនយ៉ាងនេះថា “បានឮថា ព្រះរាជាធ្វើមុសាវាទ ធ្វើអ្នកធំឲ្យជាអ្នកតូច ធ្វើអ្នកតូចឲ្យជាអ្នកធំ ហើយប្រទានតំណែងដល់អ្នកតូច ឈ្មោះថា មុសាវាទនោះ ដូចជាអ្វី ជាពណ៌ខៀវ ឬជាពណ៌ដទៃមានពណ៌លឿងជាដើម” ។ បានឮមកថា ក្នុងកាលនោះ ជាកាលដែលសត្វលោកពោលនូវពាក្យសច្ចៈ មនុស្សទាំងឡាយមិនស្គាល់ថា ឈ្មោះថា មុសាវាទ មានសភាពសដូចម្ដេចឡើយ ។ ចំណែកបុត្ររបស់បុរោហិតស្ដាប់ពាក្យនោះហើយ ក៏ទៅកាន់សំណាក់បិតា ប្រាប់បិតាថា បពិត្រលោកឪពុក បានឮថា ព្រះរាជាធ្វើមុសាវាទ ធ្វើលោកឪពុកឲ្យជាអ្នកតូច ហើយនឹងប្រទានតំណែងដល់ពូរបស់ខ្ញុំវិញ ។ កបិលឥសីពោលថា នែកូន ព្រះរាជាសូម្បីធ្វើមុសាវាទ ក៏មិនអាចដកហូតតំណែងរបស់ឪពុកបានដែរ ។ រួចគាត់សួរថា ព្រះរាជានឹងមុសាវាទក្នុងថ្ងៃណា ? បុត្ររបស់គាត់ពោលថា បានឮថា រាប់អំពីថ្ងៃនេះទៅ ៧ ថ្ងៃទៀត ។ កបិលតាបសពោលថា បើយ៉ាងនោះ កាលនោះ អ្នកចូរប្រាប់យើង ។ក្នុងថ្ងៃទី ៧ មហាជនមកជួបជុំគ្នាត្រង់ព្រះលានហ្លួង ដោយគិតថា “យើងនឹងមើលនូវមុសាវាទ” ដូច្នេះទើបចងគ្រែលើគ្រែ ហើយឋិតនៅ ។ បុត្របុរោហិតក៏ទៅប្រាប់បិតា ។ ព្រះរាជាប្រដាប់តាក់តែងហើយ យាងចេញទៅ ឋិតនៅលើអាកាស ត្រង់ព្រះលានហ្លួង នៅកណ្ដាលមហាជន ។ ចំណែកកបិលតាបសហោះមកតាមអាកាស ក្រាលសំពត់និសីទនៈ អង្គុយពែនភ្នែន នៅខាងមុខព្រះរាជា ហើយពោលថា បពិត្រមហារាជ បានឮថា ព្រះអង្គធ្វើមុសាវាទ ធ្វើអ្នកតូចឲ្យជាអ្នកធំ ហើយប្រទានតំណែងដល់អ្នកនោះ តើពិតឬទេ ?ព្រះបាទឧបរិវរៈពោលថា ពិតមែនហើយ លោកអាចារ្យ យើងនឹងពោលយ៉ាងនោះ ។ គ្រានោះ តាបសឲ្យឱវាទព្រះរាជាថា បពិត្រមហារាជ ឈ្មោះថា មុសាវាទ ជាកម្មកម្ចាត់គុណដ៏ធ្ងន់ នឹងញ៉ាំងព្រះអង្គឲ្យកើតក្នុងអបាយភូមិ ៤, ធម្មតា ព្រះរាជា កាលធ្វើមុសាវាទ រមែងសម្លាប់នូវធម៌ ព្រះរាជានោះកាលសម្លាប់ធម៌ហើយ ក៏រមែងសម្លាប់ខ្លួនឯងដែរ ដូច្នេះហើយ លោកក៏ពោលគាថាទី ១ ថា ធម្មោ ហវេ ហតោ ហន្តិ, នាហតោ ហន្តិ កិញ្ចនំ; តស្មា ហិ ធម្មំ ន ហនេ, មា ត្វំ ធម្មោ ហតោ ហនិ។ ធម៌ដែលបុគ្គលសម្លាប់ហើយ រមែងសម្លាប់វិញដោយពិត ធម៌ដែលបុគ្គលមិនបានសម្លាប់ រមែងមិនសម្លាប់វិញ តិចតួចឡើយ ព្រោះហេតុនោះ ព្រះអង្គមិនត្រូវសម្លាប់ធម៌ ព្រះអង្គកុំឲ្យធម៌ដែលព្រះអង្គសម្លាប់ហើយ ត្រឡប់សម្លាប់ព្រះអង្គវិញបានឡើយ ។ បណ្ដាបទទាំងនោះ បទថា ធម្មោ (ធម៌) លោកអធិប្បាយថា បានដល់ ជេដ្ឋាបចាយ-នធម៌ (ធម៌គឺសេចក្ដីគោរពកោតក្រែងបុគ្គលរៀមច្បង) ។ លំដាប់នោះ កបិលតាបសកាលនឹងឲ្យឱវាទព្រះរាជាឲ្យក្រៃលែងឡើងថែមទៀត ទើបពោលថា បពិត្រមហារាជ ប្រសិនបើព្រះអង្គធ្វើមុសាវាទ ឫទ្ធិទាំង ៤ នឹងអន្តរធាន ដូច្នេះហើយ ក៏ពោលគាថាទី ២ ថា អលិកំ ភាសមានស្ស, អបក្កមន្តិ ទេវតា; បូតិកញ្ច មុខំ វាតិ, សកដ្ឋានា ច ធំសតិ; យោ ជានំ បុច្ឆិតោ បញ្ហំ, អញ្ញថា នំ វិយាករេ។ កាលបើសេ្តច ពោលពាក្យកុហក ពួកទេវតារមែងគេចចេញ (លែងរក្សា) សេ្តចណាជា្របកាលគេសួរប្រស្នា ហើយព្យាករប្រស្នានោះ ដោយប្រការដទៃវិញ ព្រះឱស្ឋសេ្តចនោះ រមែងមានក្លិនស្អុយ ផ្សាយចេញទៅ ទាំងសេ្តចនោះទៀត រមែងឃ្លាតចាកកនែ្លងរបស់ខ្លួន ។ ព្រះរាជាស្ដាប់ពាក្យនោះហើយ ភ័យខ្លាច រួចសម្លឹងមើលកោរកលម្ពៈ ។ ពេលនោះ កោរក​លម្ពៈពោលនឹងព្រះរាជាថា បពិត្រមហារាជ សូមព្រះអង្គកុំភ័យឡើយ ខ្ញុំព្រះអង្គបានពោលពាក្យនោះនឹងព្រះអង្គជាដំបូងហើយតើ ។ ព្រះរាជាសូម្បីបានស្ដាប់ពាក្យរបស់កបិល តាបសហើយ ក៏មិនអើពើ កាលនឹងធ្វើនូវពាក្យដែលខ្លួនពោលឲ្យនៅខាងមុខ ទើបត្រាស់ថា បពិត្រលោកម្ចាស់ លោកត្រូវជាប្អូន កោរកលម្ពៈត្រូវជាបង ។ គ្រានោះ ទេវបុត្រទាំង ៤ គិតថា “ពួកយើងនឹងមិនរក្សានូវស្ដេចដែលពោលមុសាវាទឡើយ” ដូច្នេះទើបបោះព្រះខ័នចោលនៅនឹងបាទមូល ហើយអន្តរធានបាត់ទៅ ព្រមនឹងពេលដែលព្រះរាជាពោលមុសានោះ​ឯង,មាត់ក៏មានក្លិនអាក្រក់ផ្សាយចេញទៅ ហាក់ដូចជាក្លិនពងមាន់ស្អុយបែក និងកាយក៏មានក្លិនអាក្រក់ផ្សាយចេញទៅ ហាក់ដូចជាក្លិនវច្ចកុដិដែលបើកចំហ, ព្រះអង្គក៏ធ្លាក់ចុះអំពីអាកាស មកឋិតនៅលើផែនដី, សូម្បីឫទ្ធីទាំង ៤ ក៏វិនាសទៅ ។ លំដាប់នោះ មហាបុរោហិតពោលនឹងព្រះរាជាថា បពិត្រមហារាជ សូមព្រះអង្គកុំភ័យឡើយ បើព្រះអង្គពោលពាក្យពិត ខ្ញុំព្រះអង្គនឹងធ្វើព្រះអង្គឲ្យតាំងនៅដូចដើមវិញទាំាំងអស់ ដូច្នេះទើបពោលគាថាទី ៣ ថា សចេ ហិ សច្ចំ ភណសិ, ហោហិ រាជ យថា បុរេ; មុសា ចេ ភាសសេ រាជ, ភូមិយំ តិដ្ឋ ចេតិយ។ បពិត្រព្រះរាជា បើប្រសិនជាព្រះអង្គទ្រង់ពោលពាក្យពិត សូមឲ្យព្រះអង្គឋិតនៅដូចដើម បពិត្រព្រះបាទចេតិយៈ បើព្រះអង្គទ្រង់ពោលពាក្យកុហក សូមឲ្យព្រះអង្គឋិតនៅលើផែនដី ។ ព្រះរាជានោះ សូម្បីកបិលតាបសពោលថា “បពិត្រមហារាជ សូមទ្រង់មើលចុះ កាលព្រះអង្គពោលមុសាវាទតែម្ដងប៉ុណ្ណោះ ឫទ្ធិទាំង ៤ របស់ព្រះអង្គក៏អន្តរធានទៅ សូមទ្រង់ពិចារណាចុះ សូម្បីឥឡូវនេះ ទូលព្រះបង្គំអាចធ្វើព្រះអង្គឲ្យជាប្រក្រតីដូចដើមវិញបាន” ដូច្នេះហើយទ្រង់ពោលថា “លោកពោលយ៉ាងនេះ ប្រាថ្នានឹងបោកញ្ឆោតយើង” រួចព្រះអង្គពោលមុសាវាទជាលើកទី ២ (ធ្វើឲ្យ) ព្រះអង្គចូលទៅកាន់ផែនដីត្រឹមកជើង ។ លំដាប់នោះ ព្រាហ្មណ៍តាបសពោលនឹងព្រះរាជាម្ដងទៀតថា បពិត្រមហារាជ សូមទ្រង់កំណត់មើលចុះ សូម្បីឥឡូវនេះ ទូលបង្គំអាចធ្វើឲ្យព្រះអង្គតាំងនៅដូចប្រក្រតីវិញបាន រួចហើយលោកក៏ពោលគាថាទី ៤ ថា អកាលេ វស្សតី តស្ស, កាលេ តស្ស ន វស្សតិ; យោ ជានំ បុច្ឆិតោ បញ្ហំ, អញ្ញថា នំ វិយាករេ។ សេ្តចណាជា្រប កាលគេសួរប្រស្នាហើយ ក៏ព្យាករប្រស្នានោះ ដោយប្រការដទៃវិញ ភ្លៀងរមែងធ្លាក់ចុះ ក្នុងកាលមិនគួរ (ក្នុងដែន) របស់សេ្តចនោះ ភ្លៀងរមែងមិនធ្លាក់ចុះ ក្នុងកាលគួរ (ក្នុងដែនរបស់សេ្តចនោះ) ។ លំដាប់នោះ សូម្បីកបិលតាបសពោលនឹងព្រះរាជា ដែលកំពុងចូលទៅកាន់ផែនដីដរាបដល់ត្រឹមស្មងជើង ដោយផលមុសាវាទ ថា បពិត្រមហារាជ សូមទ្រង់កំណត់មើលចុះ ដូច្នេះហើយ ក៏ពោលគាថាទី ៥ ថា សចេ ហិ សច្ចំ ភណសិ, ហោហិ រាជ យថា បុរេ; មុសា ចេ ភាសសេ រាជ, ភូមិំ បវិស ចេតិយ។ បពិត្រព្រះរាជា បើព្រះអង្គទ្រង់ពោលនូវពាក្យពិត សូមឲ្យព្រះអង្គទ្រង់ឋិតនៅដូចដើម បពិត្រព្រះបាទចេតិយៈ បើព្រះអង្គទ្រង់ពោលពាក្យកុហក សូមព្រះអង្គចូលទៅកាន់ផែនដី (ត្រឹមព្រះជាណុ) ។ ព្រះបាទឧបរិវរៈនៅតែពោលមុសាវាទជាលើកទី ៣ ថា បពិត្រលោកម្ចាស់ លោកជាប្អូន កោរកលម្ពៈជាបង ដូច្នេះហើយ ទ្រង់ចូលទៅកាន់ផែនដីដរាបដល់ត្រឹមព្រះជាណុ ។ ពេលនោះ កបិលតាបសពោលនឹងព្រះរាជាម្ដងទៀតថា បពិត្រមហារាជ សូមទ្រង់កំណត់មើលចុះ ដូច្នេះហើយ ក៏ពោល ២ គាថា ថា ជិវ្ហា តស្ស ទ្វិធា ហោតិ, ឧរគស្សេវ ទិសម្បតិ; យោ ជានំ បុច្ឆិតោ បញ្ហំ, អញ្ញថា នំ វិយាករេ។ បពិត្រព្រះអង្គជាធំក្នុងទិស សេ្តចណាជា្របកាលគេសួរប្រស្នាហើយ ក៏ព្យាករប្រស្នានោះ ដោយប្រការដទៃវិញ អណ្តាតរបស់សេ្តចនោះ រមែងបែកជាពីរដូចជាអណ្តាតនៃពស់ ។ សចេ ហិ សច្ចំ ភណសិ, ហោហិ រាជ យថា បុរេ; មុសា ចេ ភាសសេ រាជ, ភិយ្យោ បវិស ចេតិយ។ បពិត្រព្រះរាជា បើព្រះអង្គទ្រង់ពោលពាក្យពិត សូមឲ្យព្រះអង្គឋិតនៅដូចដើម បពិត្រព្រះបាទចេតិយៈ បើព្រះអង្គទ្រង់ពោលពាក្យកុហក សូមឲ្យព្រះអង្គចូលទៅកាន់ផែនដីក្រៃលែង (ជាងនេះគឺត្រឹមចង្កេះ) ។ គ្រាតាបសពោល ២ គាថានេះហើយ លោកពោលទៀតថា ឥឡូវនេះ ទូលបង្គំអាចធ្វើព្រះអង្គឲ្យជាប្រក្រតីបាន ។ ព្រះរាជាសូម្បីស្ដាប់ពាក្យរបស់តាបសហើយ ក៏ទ្រងមិនអើពើ ពោលមុសាវាទជាគម្រប់ ៤ ថា បពិត្រលោកម្ចាស់ លោកត្រូវជាប្អូន កោរកលម្ពៈត្រូវជាបង ដូច្នេះហើយ ទ្រង់ចូលទៅក្នុងផែនដីដរាបត្រឹមចង្កេះ ។ លំដាប់នោះ ព្រាហ្មណ៍ពោលនឹងព្រះរាជាថា បពិត្រមហារាជ សូមទ្រង់កំណត់មើលចុះ ដូច្នេះហើយ ក៏ពោល ២ គាថា ថា ជិវ្ហា តស្ស ន ភវតិ, មច្ឆស្សេវ ទិសម្បតិ; យោ ជានំ បុច្ឆិតោ បញ្ហំ, អញ្ញថា នំ វិយាករេ។ បពិត្រព្រះអង្គជាធំក្នុងទិស ស្តេចណាជ្រាប កាលគេសួរប្រស្នាហើយ ក៏ព្យាករប្រស្នានោះ ដោយប្រការដទៃវិញ ស្តេចនោះ មិនមានអណ្តាត ដូចត្រី ។ សចេ ហិ សច្ចំ ភណសិ, ហោហិ រាជ យថា បុរេ; មុសា ចេ ភាសសេ រាជ, ភិយ្យោ បវិស ចេតិយ។ បពិត្រព្រះរាជា បើព្រះអង្គទ្រង់ពោលពាក្យពិត សូមឲ្យព្រះអង្គទ្រង់ឋិតនៅដូចដើម បពិត្រព្រះបាទចេតិយៈ បើព្រះអង្គទ្រង់ពោលពាក្យកុហក សូមព្រះអង្គចូលទៅកាន់ផែនដីក្រៃលែង (ជាងនេះគឺត្រឹមផ្ចិត) ។ ព្រះរាជាធ្វើមុសាវាទជាគម្រប់ ៥ ថា បពិត្រលោកម្ចាស់ លោកត្រូវជាប្អូន កោរកលម្ពៈត្រូវជាបង ដូច្នេះហើយ ទ្រង់ចូលទៅក្នុងផែនដីដរាបត្រឹមព្រះនាភី (ផ្ចិត) ។ លំដាប់នោះ ព្រាហ្មណ៍ពោលនឹងព្រះរាជាថា បពិត្រមហារាជ សូមទ្រង់កំណត់មើលចុះ ដូច្នេះហើយ ក៏ពោល ២ គាថា ថា ថិយោវ តស្ស ជាយន្តិ, ន បុមា ជាយរេ កុលេ; យោ ជានំ បុច្ឆិតោ បញ្ហំ, អញ្ញថា នំ វិយាករេ។ សេ្តចណាជ្រាប កាលគេសួរប្រស្នាហើយ ក៏ព្យាករប្រស្នានោះ ដោយប្រការដទៃវិញ ក្នុងត្រកូលស្តេចនោះ កើតតែកូនស្រី កូនប្រុសមិនកើតទេ ។ សចេ ហិ សច្ចំ ភណសិ, ហោហិ រាជ យថា បុរេ; មុសា ចេ ភាសសេ រាជ, ភិយ្យោ បវិស ចេតិយ។ បពិត្រព្រះរាជា បើព្រះអង្គទ្រង់ពោលពាក្យពិត សូមឲ្យព្រះអង្គទ្រង់ឋិតនៅដូចដើម បពិត្រព្រះបាទចេតិយៈ បើព្រះអង្គទ្រង់ពោលពាក្យកុហក សូមឲ្យព្រះអង្គ ចូលទៅកាន់ផែនដីក្រៃលែង (ជាងនេះ គឺត្រឹមដោះ) ។ ព្រះរាជាមិនអើពើនឹងពាក្យរបស់តាបស ពោលមុសាវាទជាគម្រប់ ៦ ទ្រង់ក៏ចូលទៅក្នុងផែនដីដរាបដល់ត្រឹមដោះ ។ លំដាប់នោះ ព្រាហ្មណ៍ពោលនឹងព្រះរាជាថា បពិត្រមហារាជ សូមទ្រង់កំណត់មើលចុះ ដូច្នេះហើយ ក៏ពោល ២ គាថា ថា បុត្តា តស្ស ន ភវន្តិ, បក្កមន្តិ ទិសោទិសំ; យោ ជានំ បុច្ឆិតោ បញ្ហំ, អញ្ញថា នំ វិយាករេ។ សេ្តចណាជា្រប កាលគេសួរប្រស្នាហើយ ក៏ព្យាករប្រស្នានោះ ដោយប្រការដទៃវិញ កូនប្រុសរបស់សេ្តចនោះ រមែងមិនមានឡើយ បើជាមាន រមែងគេចចេញទៅកាន់ទិសតូចទិសធំបាត់អស់ ។ សចេ ហិ សច្ចំ ភណសិ, ហោហិ រាជ យថា បុរេ; មុសា ចេ ភាសសេ រាជ, ភិយ្យោ បវិស ចេតិយ។ បពិត្រព្រះរាជា បើព្រះអង្គទ្រង់ពោលពាក្យពិត សូមឲ្យព្រះអង្គទ្រង់ឋិតនៅដូចដើម បពិត្រព្រះបាទចេតិយៈ បើព្រះអង្គទ្រង់ពោលពាក្យកុហក សូមឲ្យព្រះអង្គចូលទៅកាន់ផែនដីក្រៃលែង (ជាងនេះទៅទៀត គឺលិចផុត) ។ ដោយទោសនៃការសេពគប់បាបមិត្រ ធ្វើឲ្យព្រះរាជាមិនអើពើនឹងពាក្យតាបស ហើយទ្រង់ពោលមុសាវាទជាគម្រប់ ៧ យ៉ាងនោះទៀត ។ គ្រានោះ ផែនដីក៏បើកចំហ សំណាញ់អណ្ដាតភ្លើងតាំងឡើងពីអវីចិនរក ចាប់យកព្រះរាជា ។ ស រាជា ឥសិនា សត្តោ, អន្តលិក្ខចរោ បុរេ; បាវេក្ខិ បថវិំ ចេច្ចោ, ហីនត្តោ បត្វ បរិយាយំ។ សេ្តចនោះ កាលពីដើមត្រាច់ទៅ ក្នុងអាកាសបាន (ដល់មកខាងក្រោយ) ត្រូវឥសីផ្តាសា ហើយ ក៏បែរជាមានសភាពសាបសូន្យ ដល់វេនរបស់ខ្លួន ចូលទៅកាន់ផែនដី ។ តស្មា ហិ ឆន្ទាគមនំ, នប្បសំសន្តិ បណ្ឌិតា; អទុដ្ឋចិត្តោ ភាសេយ្យ, គិរំ សច្ចូបសំហិតំ។ ព្រោះហេតុនោះ អ្នកប្រាជ្ញទាំងឡាយ ទើបមិនសរសើរ នូវការលុះក្នុងអំណាចនៃ សេចក្តីប្រាថ្នា បុគ្គលគួរជាអ្នកមានចិត្តមិនប្រទូស្ត ហើយពោលនូវវាចាដ៏ប្រកបដោយសច្ចៈ ។ ពីរគាថានេះ ជាអភិសម្ពុទ្ធគាថា ។ មហាជនដល់នូវសេចក្ដីភ័យខ្លាច ដោយឃើញថា ព្រះបាទចេតិយរាជជេរឥសី ធ្វើមុសាវាទ ហើយចូលទៅកាន់អវីចិនរក ។ចំណែកព្រះរាជបុត្រទាំង ៥ របស់ព្រះរាជា មកហើយ ក្រាបចុះទាបជើងរបស់ព្រាហ្មណ៍ពោលថា សូមលោកជាទីពឹងរបស់ពួកយើង ។ ព្រាហ្មណ៍ពោលថា ម្នាលរាជបុត្រ បិតារបស់អ្នកញ៉ាំងធម៌ឲ្យវិនាស ធ្វើមុសាវាទ ជេរឥសី ក៏ចូលដល់អវីចិនរក ធម្មតាធម៌រមែងសម្លាប់អ្នកសម្លាប់ធម៌ សូម្បីអ្នកទាំងឡាយក៏មិនអាចនឹងនៅក្នុងទីនេះឡើយ ។ បណ្ដារាជបុត្រទាំងនោះ ឥសីពោលនឹងរាជបុត្រដែលបងគេបង្អស់ថា អ្នកចូរមក ហើយចេញទៅតាមទ្វារទិសខាងកើត ទៅត្រង់រហូត អ្នកនឹងឃើញហត្ថិ-រតន៍ ដែលមានសម្បុរសសុទ្ធ ហើយឲ្យគេកសាងនគរ រស់នៅក្នុងទីនោះ ដោយសញ្ញានោះ នគរនោះ នឹងមានឈ្មោះថា ហត្ថិបុរៈ ។ ហៅរាជបុត្រទី ២ មកប្រាប់ថា អ្នកចូរចេញទៅតាមទ្វារទិសខាងត្បូង ទៅត្រង់រហូត អ្នកនឹងឃើញអស្សរតន៍ ដែលមានសម្បុរសសុទ្ធ ហើយឲ្យគេកសាងនគរ រស់នៅក្នុងទីនោះ ដោយសញ្ញានោះ នគរនោះ នឹងមានឈ្មោះថា អស្សបុរៈ ។ ហៅរាជបុត្រទី ៣ មកប្រាប់ថា អ្នកចូរចេញទៅតាមទ្វារទិសខាងលិច ទៅត្រង់រហូត អ្នកនឹងឃើញកេសរសីហៈ ហើយឲ្យគេកសាងនគរ រស់នៅក្នុងទីនោះ ដោយសញ្ញានោះ នគរនោះ នឹងមានឈ្មោះថា សីហបុរៈ ។ ហៅរាជបុត្រទី ៤ មកប្រាប់ថា អ្នកចូរចេញទៅតាមទ្វារទិសខាងជើង ទៅត្រង់រហូត អ្នកនឹងឃើញចក្កបញ្ជរ ដែលសម្រេចដោយរតនៈទាំងពួង ហើយឲ្យគេកសាងនគរ រស់នៅក្នុងទីនោះ ដោយសញ្ញានោះ នគរនោះ នឹងមានឈ្មោះថា ឧត្តរបញ្ចាល ។ ហៅរាជបុត្រទី ៥ មកប្រាប់ថា នែរាជបុត្រ អ្នកមិនអាចនៅក្នុងទីនេះទេ, ចូរធ្វើមហាស្តូបក្នុងនគរនេះ រួចចេញទៅតាមទ្វារទិសខាងលិចឆៀងខាងជើង ទៅត្រង់រហូត អ្នកនឹងឃើញភ្នំពីរទង្គិចគ្នា ឮសំឡេងទទ្ទរៈ ហើយឲ្យគេកសាងនគរ រស់នៅក្នុងទីនោះ ដោយសញ្ញានោះ នគរនោះ នឹងមានឈ្មោះថា ទទ្ទរបុរៈ ។ ជនទាំង ៥ នោះ ទៅតាមសញ្ញានោះៗ ហើយកសាងនគរ និងរស់នៅក្នុងទីនោះៗ ។ ព្រះសាស្ដានាំព្រះធម្មទេសនានេះមកហើយ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ មិនមែនតែក្នុងកាលឥឡូវនេះទេ សូម្បីកាលមុន ទេវទត្តក៏ធ្វើមុសាវាទ ហើយត្រូវផែនដីស្រូបដែរ ដូច្នេះហើយ ព្រះអង្គប្រជុំជាតកថា តទា ចេតិយរាជា ទេវទត្តោ អហោសិ ព្រះបាទចេតិយៈ ក្នុងកាលនោះ បានមកជាទេវទត្ត កបិលព្រាហ្មណោ បន អហមេវ អហោសិំ ចំណែកកបិលព្រាហ្មណ៍ គឺតថាគតនេះឯង ។ ចេតិយជាតក ៕ (ជាតកដ្ឋកថា ខុទ្ទកនិកាយ ជាតក អដ្ឋកនិបាត បិដកលេខ ៥៩ ទំព័រ ១២៣) ថ្ងៃ អង្គារ ៦ រោច ខែផល្គុន ឆ្នាំច សំរិទ្ធិស័ក ច.ស. ១៣៨០ ម.ស. ១៩៤០ ថ្ងៃទី ២៦ ខែ មីនា ព.ស. ២៥៦២ គ.ស.២០១៨ ដោយស.ដ.វ.ថ. ដោយ៥០០០ឆ្នាំ
images/articles/2864/gfdsetry.jpg
Public date : 01, Jul 2022 (6,337 Read)
ព្រះបរមសាស្តា កាលទ្រង់គង់នៅក្នុងវត្តជេតពន ទ្រង់ប្រារព្ធភិក្ខុអ្នកច្រើនទៅ ដោយការអួតមួយរូប បានត្រាស់ព្រះធម្មទេសនានេះ មានពាក្យផ្តើមថា ពហុម្បិ សោ វិកត្ថេយ្យ ដូច្នេះជាដើម ។ រឿងរបស់ភិក្ខុនោះ ដូចរឿងដែលបានពោលហើយក្នុងកាលមុននោះឯង ។ ក្នុងអតីតកាល កាលព្រះបាទព្រហ្មទត្តសោយរាជសម្បត្តិនៅក្នុងនគរពារាណសី ព្រះបរមពោធិសត្វ​សោយ​ព្រះជាតិជាសេដ្ឋីអ្នកមានទ្រព្យសម្បត្តិស្តុកស្តម្ភ ។ ភរិយារបស់ សេដ្ឋីប្រសូតបុត្ត ចំណែកទាសីរបស់​សេដ្ឋីក៏ប្រសូតបុត្តក្នុងថ្ងៃនោះដែរ ។ ក្មេងទាំងពីរ នោះ ធំឡើងជាមួយគ្នា កាលបុត្តសេដ្ឋីទៅរៀនអក្សរ​ កូនទាសីក៏កាន់ក្តារឈ្នួនទៅតាម រៀនអក្សរជាមួយបុត្តសេដ្ឋីនោះដែរ បានសរសេរ បានអានពីរ-បី​ដង​ កូនទាសីនោះ ក៏ចាំ ពាក្យនោះ ឈ្លាសវៃក្នុងវោហារដោយលំដាប់ ។ លុះធំពេញវ័យ កំលោះនោះ មាន​រូបរាង សង្ហាមានឈ្មោះថា កដាហកៈ ។ កូនទាសីនោះមាននាទីជាអ្នករក្សាឃ្លាំងក្នុងផ្ទះរបស់ សេដ្ឋី គេគិតថា មនុស្សទាំងនេះគង់នឹងមិនប្រើអញឲ្យធ្វើជាអ្នករក្សាឃ្លាំងរហូតទៅទេ ពេលឃើញទោសអ្វីបន្តិចបន្ទួច គង់នឹងវាយចាប់ចងបោះត្រា ដើម្បីជាគ្រឿង​សម្គាល់ ហើយប្រើប្រាស់ដូចជាទាសៈតទៅ នៅឯជាយដែនមានសេដ្ឋីម្នាក់ដែលជា សម្លាញ់នឹង សេដ្ឋី​នេះ បើដូច្នោះ អញកាន់សំបុត្រដែលជាពាក្យរបស់សេដ្ឋីទៅកាន់ទៅទីនោះ ប្រាប់ ថា អញជាកូនសេដ្ឋី ​កុហកសេដ្ឋី​នោះហើយ សូមធីតារបស់សេដ្ឋីនោះធ្វើជាគូគ្រង គប្បី នៅយ៉ាងសុខ ។ កូនទាសីនោះ សរសេរសំបុត្រដោយខ្លួនឯងថា ខ្ញុំបញ្ជូនកូនប្រុសខ្ញុំ ឈ្មោះនេះទៅកាន់សម្នាក់របស់លោក​ ធម្មតាសម្ព័ន្ធគ្នារវាងលោកជាមួយខ្ញុំ ខ្ញុំជា​មួយ លោកជាការសមគួរណាស់ ព្រោះហេតុនោះ សូមលោក​លើកធីតារបស់លោកឲ្យកុមារ នេះ ហើយឲ្យគេនៅទីនោះចុះ ចាំមានឱកាសខ្ញុំនឹងទៅលេងលោក ដូច្នេះ​ហើយ យកត្រា របស់សេដ្ឋី​មក​បោះ​លើសំបុត្រនោះ កាន់យកស្បៀងនិងគ្រឿងឧបភោគ និងសំពត់ជាដើម ទៅតាមការពេញចិត្ត ។ លុះទៅដល់បច្ចន្តជនបទជួបសេដ្ឋី ថ្វាយបង្គំហើយឈរក្នុង ទីដ៏សមគួរមួយ ។ ពេលនោះសេដ្ឋីសួរថា នែមាណព អ្នកមកអំពីណា? កដាហកៈឆ្លើយថា បពិត្រលោកសេដ្ឋី ខ្ញុំមកពីនគរពារាណសី ។ សេដ្ឋីសួរថា មាណពឯងជាកូនរបស់អ្នកណា ? កដាហកៈឆ្លើយថា ខ្ញុំជាបុត្តសេដ្ឋីនគរពារាណសី ។ សេដ្ឋីសួរថា មកទីនេះមានការអ្វី ? ពេលនោះកដាហកៈក៏ឲ្យសំបុត្រព្រមនឹង ពោលថា បពិត្រសេដ្ឋី លោក​​​មើល​សំបុត្រនេះហើយនឹងជ្រាប ។ សេដ្ឋីអានសំបុត្រហើយ សប្បាយចិត្តថា ពេលនេះអញនឹងរស់​នៅ​​យ៉ាងសុខសប្បាយ ចាត់ចែងលើកធីតាឲ្យ ។ សេដ្ឋីនោះមានបរិវារច្រើន កាលមានអ្នកនាំយាគូនឹង​​​រ​បស់​​បរិភោគជាដើមទៅឲ្យ ឬនាំ សំពត់ដែលអប់ដោយគ្រឿងក្រអូបចូលទៅឲ្យ កដាហកៈក៏តិះ​ដៀល​​​យា​គូ​ជា​ដើមថា ឱ អ្នកស្រុកក្រៅដាំយាគូស្អីបែបនេះ ធ្វើរបស់គួរបរិភោគស្អីបែបនេះ ដាំបាយស្អីបែប​នេះ តិះ​ដៀល​សំពត់និងកម្មករជាដើមថា ព្រោះជាមនុស្សស្រុកស្រែ ទើបមិនចេះប្រើប្រាស់ សំពត់ថ្មី ៗ មិនចេះប្រើ​ប្រាស់​គ្រឿង​ក្រអូប ​មិនចេះទ្រទ្រង់ផ្កាកម្រង ។ ព្រះបរមពោធិសត្វកាលមិនឃើញទាសៈក៏សួរថា យើងមិនបានឃើញកដាហកៈ វាទៅណា ? នាំគ្នាតាម​រកវាមើល៍ ដូច្នេះហើយប្រើឲ្យមនុស្សដើររកដោយជុំវិញ ។ បណ្តា មនុស្សទាំងនោះ បុរសម្នាក់ទៅកាន់ទី​នោះ បានឃើញកូនទាសីនោះហើយចាំបាន ។ កូន ទាសីនោះមិនបានដឹងថា មានគេឃើញខ្លួន ។ បុរសដែល​ឃើញកូនទាសីនោះ ទៅប្រាប់ សេដ្ឋីពោធិសត្វ ។ សេដ្ឋីពោធិសត្វស្តាប់រឿងនោះហើយគិតថា កដា​ហកៈ​នោះធ្វើយ៉ាង នោះមិនសមគួរឡើយ ត្រូវទៅចាប់វាមកក្រាបទូលព្រះរាជា ។ សេដ្ឋីពោធិសត្វចេញអំពី ផ្ទះទៅជាមួយបរិវារជាច្រើន ដំណឹងបានផ្សាយទូទៅថា បានឮថា លោកសេដ្ឋីទៅកាន់ បច្ចន្ត​ជន​បទ ។ កដាហកៈស្តាប់ឮថាសេដ្ឋីមក គិតថា សេដ្ឋីមកដោយរឿងដទៃក៏ទេ គឺមក ដោយរឿងអញនោះឯង ប្រសិន​​​​បើ​អញ​គេ​ច​ចេញទៅ មិនអាចត្រឡប់មកបានទៀតទេ ឧបាយនោះនៅមាន អញត្រូវទៅជួបសេដ្ឋីដែល​​​ជា​ចៅ​​ហ្វាយ​នាយ ហើយធ្វើកិច្ចរបស់ ទាសៈ ធ្វើឲ្យសេដ្ឋីអត់ទោសឲ្យទាល់តែបាន ។ ចាប់ពីពេលនោះមក កូនទាសីនោះពោល យ៉ាងនេះកណ្តាលបរិស័ទថា ពួកបុគ្គលពាលដទៃ ៗ មិនដឹងគុណមាតាបិតាព្រោះខ្លួនជា បុគ្គលពាល ពេលដែលមាតាបិតាបរិភោគ មិនមានការគោរព បរិភោគរួមជា​មួយ មាតាបិតាជានិច្ច ចំណែកយើងពេលមាតាបិតាបរិភោគតែងតែរង់ចាំលើកវត្ថុចូលទៅ លើកកន្ថោរចូល​ទៅ ពេលខ្លះក៏បក់ផ្លិតជូន ចូលទៅឈរជិតៗ លុះពោលដូច្នេះហើយ ប្រកាសកិច្ចដែលពួកទាសៈត្រូវ​ធ្វើចំពោះចៅហ្វាយនាយគ្រប់យ៉ាង រហូតដល់ការកាន់ ផ្តិលទឹកទៅកាន់ទីកំបាំងក្នុងពេលដែលចៅ​ហ្វាយនាយបន្ទោបង់ឧច្ចារៈបស្សាវៈជាដើម ។ លុះធ្វើឲ្យបរិស័ទដឹងយ៉ាងនេះហើយ ពេលដែលព្រះបរមពោធិ​សត្វមកជិតដល់បច្ចន្ត ជនបទក៏ប្រាប់សេដ្ឋីដែលជាឪពុកក្មេកថា បពិត្របិតា បានឮថា បិតារបស់ខ្ញុំមក​ដើម្បីជួប បិតា សូមបិតាបញ្ជាឲ្យគេត្រៀមខាទនីយភោជនីយាហារចុះ ខ្ញុំនឹងកាន់យកគ្រឿង បណ្ណា​ការ​ (ចេញទៅទទួលបិតារបស់ខ្ញុំ ) សេដ្ឋីពោលថា ប្រពៃហើយកូន ។ កដាហកៈកាន់បណ្ណាការធ្វើដំណើរទៅជាមួយបរិវារជាច្រើន ថ្វាយបង្គំសេដ្ឋី ពោធិសត្វហើយជូនបណ្ណា​ការ ។ ចំណែកសេដ្ឋីពោធិសត្វទទួលបណ្ណាការហើយធ្វើ បដិសណ្ឋារៈនឹងកូនទាសីនោះ ដល់វេលាបរិភោគ​អាហារពេលព្រឹកក៏ឲ្យបោះជំរំសម្រាក ហើយ ចូលទៅកាន់ទីកំបាំងដើម្បីបន្ទោបង់ឧច្ចារៈបស្សាវៈ កដាហកៈ​ឲ្យបរិវាររបស់ខ្លូន ត្រឡប់ហើយ កាន់ផ្តិលទឹកទៅកាន់សម្នាក់ព្រះបរមពោធិសត្វ ។ កាលសម្រេច​ឧទកកិច្ច ហើយ ក៏ក្រាបទៀបជើងទាំងពីរពោលថា បពិត្រលោកម្ចាស់ ខ្ញុំនឹងជូនទ្រព្យដល់លោក តាមដែលលោកត្រូវការ សូមមេត្តាកុំធ្វើយសរបស់ខ្ញុំឲ្យវិនាសឡើយ ។ ព្រះពោធិសត្វ ជ្រះថ្លាក្នុងការបរិបូណ៌ដោយវត្តរបស់កូនទាសីនោះ ក៏លួងលោមថា នែអ្នកដ៏ចម្រើន អ្នកកុំខ្លាចឡើយ អន្តរាយអំពីសម្នាក់របស់យើងមិនមានដល់អ្នកទេ ហើយចូលទៅកាន់ បច្ចន្តនគរ សក្ការៈយ៉ាងច្រើនមានដល់ព្រះមហាសត្វ ។ ចំណែកកដាហកៈ ក៏ធ្វើកិច្ចដែល ទាសៈត្រូវធ្វើដល់សេដ្ឋីពោធិសត្វរហូតគ្រប់វេលា ។ គ្រានោះ បច្ចន្តសេដ្ឋីពោលជាមួយនឹងព្រះពោធិសត្វដែលអង្គុយយ៉ាងសប្បាយក្នុងពេលមួយថា បពិត្រសេដ្ឋី ខ្ញុំឃើញ សំបុត្ររបស់លោកភ្លាម ក៏លើកកូនស្រីឲ្យកូនរបស់លោកភ្លាមដែរ ។ ព្រះមហាសត្វក៏ធ្វើ កដាហកៈឲ្យជាកូនដែរ ពោលពាក្យជាទីស្រឡាញ់ ពេញចិត្តឲ្យសេដ្ឋីត្រេកអរ តាំងពី ពេលនោះមកក៏គ្មានអ្នកណាហ៊ានសម្លឹងមើលមុខកដាហកៈឡើយ ។ ថ្ងៃមួយ ព្រះបរម ពោធិសត្វហៅធីតារបស់សេដ្ឋីមកពោលថា នែកូនស្រី មកនេះ ជួយរកចៃលើក្បាលឲ្យ ពុកបន្តិចដូច្នេះហើយ ពោលពាក្យជាទីស្រឡាញ់ដល់កូនប្រសាដែលឈររកចៃឲ្យ រួចសួរ ថា នែកូនស្រី កូនរបស់ឪពុកមិនប្រមាទក្នុងសុខទុក្ខរបស់កូនទេឬ ? អ្នកទាំងពីរនៅ ស្រឡាញ់គ្នាទេឬ ? នាងឆ្លើយថា បពិត្រលោកឪពុក បុត្ររបស់លោកឪពុកមិនមានចំណុចដទៃដែល គួរឲ្យតិះដៀលទេ គ្រាន់​តែ​រអ៊ូរទាំរឿងអាហារប៉ុណ្ណោះ ។សេដ្ឋីពោលថា នែកូនស្រី កូនពុកម្នាក់នេះ មានប្រក្រតីស៊ីរើសបន្តិច ណ្ហើយ​ចុះ ពុកនឹងឲ្យមន្តសម្រាប់​ចងមាត់វាដល់កូន កូនចូររៀនមន្តនោះឲ្យល្អ កាលកូនរបស់ពុក រអ៊ូរទាំក្នុងពេលបរិភោគ កូនចូរឈរអំពីមុខហើយ ពោលតាមដែលបានរៀនមក ហើយឲ្យធីតារបស់សេដ្ឋីរៀនគាថា​ សម្រាកនៅពីរ-បីថ្ងៃក៏ត្រឡប់ទៅនគរពារាណសីវិញ ។ ចំណែកកដាហកៈ ក៏យកខាទនីយភោជ​នីយា​ហារច្រើនសន្ធឹកសន្ធាប់ តាមព្រះបរម ពោធិសត្វទៅ ជូនទ្រព្យជាច្រើនដល់ព្រះបរមពោធិសត្វ ហើយលាត្រឡប់មកវិញ ។ ចាប់ពី ពេលដែលព្រះបរមពោធិសត្វត្រឡប់ទៅវិញហើយនោះ កដាហកៈក្អេងក្អាង យ៉ាងក្រៃលែង ។ ថ្ងៃមួយ កាលសេដ្ឋីធីតានាំភោជនមានរសប្រណីតៗចូលទៅឲ្យ កាន់ វែករង់ចាំបម្រើ កដាហកៈ​ក៏តិះដៀលអាហារ ។ សេដ្ឋីធីតាក៏សូត្រគាថានោះ តាមទំនង ដែលបានរៀន ហើយក្នុងសម្នាក់ព្រះបរមពោធិសត្វថា ពហុម្បិ សោ វិកត្ថេយ្យ, អញ្ញំ ជនបទំ គតោ; អន្វាគន្ត្វាន ទូសេយ្យ, ភុញ្ជ ភោគេ កដាហកា។ ទាសៈឈ្មោះកដាហកៈនោះ ទៅកាន់ជនបទដទៃ ពោលអួតនូវពាក្យច្រើន សេដ្ឋី ជាម្ចាស់មកតាម ( ម្តងទៀត ) គប្បីប្រទូស្តមិនខាន ម្នាលកដាហកៈ អ្នកចូរបរិភោគនូវ ភោគៈទាំងឡាយទៅ ។ បណ្ណាបទទាំងនោះ បទថា ពហុម្បិ សោ វិកត្ថេយ្យ អញ្ញំ ជនបទំ គតោ សេចក្តីថា អ្នកណាទៅកាន់ជនបទដទៃអំពីជាតិភូមិរបស់ខ្លួន ក្នុងទីដែលមិនមានអ្នកដឹង កំណើតរបស់ខ្លួន អ្នកនោះគប្បីរអ៊ូរទាំ គឺ ពោលអួតនូវពាក្យច្រើនក៏បាន ។ បទថា អន្វាគន្ត្វាន ទូសេយ្យ សេចក្តីថា ព្រោះបានទៅធ្វើកិច្ចរបស់ទាសៈ តាមផ្លូវឲ្យចៅហ្វាយនាយហើយ ទើបអ្នករួចផុតអំពីការវាយដោយរំពាត់ផ្តៅ ដែលនឹង លាត់ស្បែកខ្នងឡើង​ថា​ជាទាសៈ និងការបោះត្រាធ្វើជាគ្រឿងសម្គាល់ ប្រសិនបើអ្នកនៅ តែចចេសធ្វើអាក្រក់ទៀត សេដ្ឋីជា​ម្ចាស់នឹងមកតាមប្រទូស្តមិនខាន គឺតាមមកដល់ ផ្ទះនេះ ហើយគប្បីប្រទូស្ត ធ្វើឲ្យដល់នូវសេចក្តីអន្តរាយម្តងទៀត ដោយការវាយនឹងរំពាត់ផ្តៅ ការបោះត្រាធ្វើជាគ្រឿងសម្គាល់ជាទាសៈ និងដោយការប្រកាសកំណើតក៏បាន ហេតុនោះ កដាហកៈអើយ អ្នកចូរលះបង់ការប្រព្រឹត្តិមិនល្អនេះ ហើយបរិភោគនូវភោគៈ ទាំងឡាយទៅ កុំធ្វើឲ្យភាពជាទាសៈរបស់ខ្លួនបា្រកដឡើង ហើយត្រូវក្តៅក្រហាយស្តាយ ក្នុងកាលជាខាងក្រោយឡើយ នេះជាការអត្ថាធិប្បាយរបស់សេដ្ឋី ។ ចំណែកដសេដ្ឋីធីតាមិនដឹងសេចក្តីនោះ មិនយល់ន័យក្នុងគាថានោះ ពោលបាន តាមគន្លងព្យញ្ជនៈតាមការរៀនប៉ុណ្ណោះ ។ កដាហកៈគិតថា សេដ្ឋីប្រាប់រឿងអាក្រក់របស់ អញហើយ ពិតជាប្រាប់រឿងទាំងអស់ដល់នាងនេះមិនខាន ចាប់តាំងពីពេលនោះមក ឈប់តិះដៀលអាហារទៀត លះបង់មានះ​ចោល បរិភោគអាហារតាមមានតាមបាន ក្រោយអំពីចុតិក៏ទៅតាមយថាកម្ម ។ ព្រះបរមសាស្តា ទ្រង់នាំយកព្រះធម្មទេសនានេះមកហើយ ទ្រង់ប្រជុំជាតកថាៈតទា កដាហកោ វិកត្ថកភិក្ខុ អហោសិ កដាហកៈក្នុងកាលនោះ បានមកជាភិក្ខុដែលច្រើនទៅដោយការអួតក្នុងកាលឥឡូវនេះ ។ពារាណសិសេដ្ឋិ បន អហមេវ អហោសិំ ចំណែកពារាណសីសេដ្ឋី គឺ តថាគត នេះឯង ៕ ចប់ កដាហកៈជាតក ។ (ជាតកដ្ឋកថា សុត្តន្តបិដក ជាតក ឯកកនិបាត កុសនាឡិវគ្គ បិដកលេខ ៥៨ ទំព័រ ៥៥) ដោយ៥០០០ឆ្នាំ
images/articles/2886/______red.jpg
Public date : 01, Jul 2022 (6,113 Read)
ខ្ញុំបានស្តាប់មកយ៉ាងនេះ ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងវត្តវេឡុវ័ន ជាកលន្ទនិវាបស្ថាន ជិតក្រុងរាជគ្រឹះ ។ សម័យនោះឯង ព្រះសារីបុត្តដ៏មានអាយុ និងព្រះមហាមោគ្គល្លានដ៏មានអាយុ ​នៅក្នុងវត្តកបោតកន្ទរា ។ សម័យនោះ ព្រះសារីបុត្តដ៏មានអាយុមានសក់ទើបកោរថ្មី ។ អង្គុយក្នុង​ទីវាល ចូលកាន់សមាធិណាមួយ ក្នុងរាត្រីខាងខ្នើត ។ សម័យនោះ មានយក្ខពីរនាក់ជាសម្លាញ់នឹងគ្នា មកអំពីទិសខាងជើង ទៅទិសខាងត្បូង ដោយកិច្ចណា​មួយ ។ យក្ខទាំងនោះ បានឃើញព្រះសារីបុត្តដ៏មានអាយុ មានសក់ទើបកោរថ្មី ៗ អង្គុយក្នុងទីវាល ក្នុង​រាត្រីខាងខ្នើត លុះយក្ខម្នាក់បានឃើញហើយ និយាយប្រាប់យក្ខម្នាក់ទៀតថា ម្នាលសម្លាញ់ ចិត្តរបស់​ខ្ញុំកើតប្រាកដ ដើម្បីប្រហារក្បាលសមណៈនេះ ។ កាលបើយក្ខម្នាក់ និយាយយ៉ាងនេះហើយ យក្ខ​នោះក៏និយាយទៅនឹងយក្ខម្នាក់ទៀតនោះថា កុំសម្លាញ់ អ្នកកុំប្រហារសមណៈឡើយ ម្នាលសម្លាញ់​ សមណៈនោះមានគុណដ៏លើសលុបមានឫទ្ធិច្រើន មានអានុភាពច្រើន ។ យក្ខម្នាក់នោះ បាននិយាយនឹងយក្ខនោះជាគម្រប់ពីរដងទៀតថា ម្នាលសម្លាញ់ ចិត្តរបស់ខ្ញុំកើតប្រាកដ ​ដើម្បីប្រហារក្បាលសមណៈនេះ ។ យក្ខនោះ និយាយទៅនឹងយក្ខម្នាក់ទៀតនោះ ជាគម្រប់ពីរ ដង​ទៀត​ថា កុំសម្លាញ់ អ្នកកុំប្រហារសមណៈឡើយ ម្នាលសម្លាញ់ សមណៈនោះមានគុណដ៏​លើស​លុប​ មាន​ឫទ្ធិច្រើន មានអានុភាពច្រើន ។ យក្ខម្នាក់នោះ និយាយទៅនឹងយក្ខនោះ ជាគម្រប់បីដងទៀត​ថា ម្នាលសម្លាញ់ ចិត្តរបស់ខ្ញុំកើតប្រាកដ ដើម្បីប្រហារក្បាលសមណៈនេះ ។ យក្ខនោះនិយាយទៅនឹងយក្ខម្នាក់ទៀតនោះ ជាគម្រប់បីដងទៀតថា កុំសម្លាញ់ អ្នកកុំប្រហារសមណៈឡើយ ម្នាលសម្លាញ់សមណៈនោះ មានគុណដ៏លើសលុប មានឫទ្ធិច្រើន មានអានុភាពច្រើន ។ លំដាប់នោះ យក្ខម្នាក់នោះ មិនអើពើនឹងយក្ខនោះឡើយ ហើយប្រហារចំព្រះសិរ្សៈ ព្រះសារីបុត្តត្ថេរដ៏មានអាយុ ។ មានសេចក្តីដំណាលថា យក្ខនោះអាចពន្លិចដំរីមានកម្ពស់ ៧ ហត្ថ ឬ ៨ ហត្ថ (ឲ្យស្រុតទៅ​ក្នុងផែនដី) ក៏បាន អាចធ្វើកំពូលភ្នំធំ ឲ្យបែកខ្ទេចខ្ទីក៏បាន ដោយការប្រហារនោះ ។ លំដាប់នោះ ស្រាប់​តែយក្ខនោះពោលថា ខ្ញុំក្តៅណាស់ដូច្នេះ ហើយធ្លាក់ទៅកាន់មហានរក ត្រង់ទីនោះឯង ។ ព្រះមហាមោគ្គល្លានដ៏មានអាយុ បានឃើញយក្ខនោះ កំពុងប្រហារចំព្រះសិរ្សៈ ព្រះសារីបុត្តដ៏មានអាយុ ដោយទិព្វចក្ខុ ដ៏បរិសុទ្ធកន្លងចក្ខុរបស់មនុស្សធម្មតា លុះឃើញហើយ ក៏ចូលទៅរកព្រះសារីបុត្តដ៏មានអាយុ លុះចូលទៅដល់ហើយ ក៏និយាយនឹងព្រះសារីបុត្តដ៏មានអាយុថា ម្នាលអាវុសោ លោកល្មមអត់ធន់បានដែរឬ ល្មមប្រព្រឹត្តទៅ បានដែរឬ មិនមាន សេច​ក្តី​ទុ​ក្ខតិចតួចទេឬ ។ ព្រះសារីបុត្តដ៏មានអាយុ ប្រាប់ថា ម្នាលអាវុសោមោគ្គល្លាន ខ្ញុំល្មមអត់ធន់បាន ម្នាលអាវុសោមោគ្គ​ល្លាន​ ខ្ញុំល្មមប្រព្រឹត្តទៅបាន តែថា មានសេចក្តីទុក្ខបន្តិច ត្រង់ក្បាលរបស់ខ្ញុំ ។ ម្នាលអាវុសោសារីបុត្ត អស្ចារ្យ​ណាស់ ម្នាលអាវុសោសារីបុត្ត ចម្លែកណាស់ ព្រោះថា សារីបុត្តដ៏មានអាយុ មានឫទ្ធិច្រើន មានអានុភាពច្រើន ។ ម្នាលអាវុសោសារីបុត្ត ក្នុងទីនេះ មានយក្ខមួយប្រហារ ចំព្រះសិរ្សៈនៃលោក (ការប្រហារនោះ) ពេញជាការ​ប្រហារខ្លាំង ឯយក្ខនោះអាចពន្លិចដំរី មានកម្ពស់ ៧ ហត្ថ ឬ ៨ ហ្ថ (ឲ្យស្រុតទៅក្នុងផែនដីបាន) អាច​ធ្វើកំពូលភ្នំធំឲ្យបែកខ្ទេចខ្ទីបាន ដោយការប្រហារនោះ ។ ហេតុអ្វីក៏ព្រះសារីបុត្តដ៏មានអាយុ និយាយ​យ៉ាងនេះថា ម្នាលអាវុសោមោគ្គល្លាន ខ្ញុំល្មមអត់ធន់បាន ម្នាលអាវុសោមោគ្គល្លាន ខ្ញុំល្មមប្រព្រឹត្ត​ទៅបាន តែថា មានសេចក្តីទុក្ខបន្តិច ត្រង់ក្បាលរបស់ខ្ញុំ ។ ម្នាលអាវុសោមោគ្គល្លាន អស្ចារ្យណាស់ ម្នាលអាវុសោមោគ្គល្លាន ចម្លែកណាស់ ព្រោះថា មហាមោគ្គ​ល្លាន​ដ៏ មានអាយុ មានឫទ្ធិច្រើន មានអានុភាពច្រើន មើលយក្សឃើញបាន ចំណែកខាងយើង មិនឃើញ​សូម្បី​បិសាច ដែលអាស្រ័យនឹងអាចម៍ដីសោះឡើយ ។ ព្រះមានព្រះភាគ ទ្រង់ព្រះសណ្តាប់ពាក្យចរចា មានសភាពយ៉ាងនេះ របស់ព្រះមហានាគត្ថេរទាំងពីរអង្គនោះ ដោយទិព្វសោតធាតុដ៏បរិសុទ្ធ កន្លងសោតធាតុ របស់ មនុស្សធម្មតា ។ លុះព្រះមានព្រះភាគ ទ្រង់ជ្រាបច្បាស់សេចក្តីនុ៎ះហើយ ទើបបន្លឺឧទាននេះ ក្នុងវេលានោះថា យស្ស សេលូបមំ ចិត្តំ ឋិតំ នានុបកម្បតិ វិរត្តំ រជនីយេសុ កោបនេយ្យេ ន កុប្បតិ យស្សេវំ ភាវិតំ ចិត្តំ កុតោ តំ ទុក្ខមេស្សតិ។ ចិត្តរបស់បុគ្គលណា មានឧបមាដោយថ្មតាន់ នៅនឹង មិនញាប់ញ័រ ប្រាស់ចាកតម្រេក ក្នុងហេតុគួររីករាយទាំងឡាយ មិនក្រោធក្នុងវត្ថុគួរក្រោធ ចិត្តដែលបុគ្គលណា បានចម្រើនយ៉ាងនេះហើយ សេចក្តីទុក្ខនឹងមានមកដល់បុគ្គលនោះ អំពីណាបាន ។ (សុត្តន្តបិដក ខុទ្ទកនិកាយ ឧទាន មេឃិយវគ្គ បិដកលេខ ៥២ ទំព័រ ២០៥) ព្រះសារីបុត្រដ៏មានអាយុមានសម្បុរដូចមាស ព្រះមហាមោគ្គល្លានដ៏មានអាយុមានសម្បុរដូចផ្កាឧប្បល​ខៀវ ។ ព្រះថេរៈទាំងអង្គនោះឯង មានជាតិជាព្រាហ្មណ៍ ដល់ព្រមដោយអភិនីហារអស់ ១ អសង្ខេយ្យ និង ១ សែនកប្ប ជាអ្នកបាន សម្រេចអភិញ្ញា៦ និង បដិសម្ភិទា ជាព្រះមហាខីស្រព បាន​សមា​បត្តិគ្រប់យ៉ាង ដល់ទីបំផុត សាវកបារមីញាណ ៦៧ ប្រការ ធ្វើកបោតកន្ទរវិហារនោះឲ្យស្វាង​ស្វៃ​​ជាមួយគ្នា ដូចសីហៈពីរនៅល្អាងមាសតែមួយជាមួយគ្នា ដូចខ្លាធំពីរទម្រេតខ្លួនលើផែនដីតែមួយជា​មួយ​គ្នា ដូចស្ដេចដំរីឆទ្ទន្តពីរចូលព្រៃសាលវ័ន ដែលមានផ្ការីកស្គុះស្គាយ តែមួយជាមួយគ្នា ដូចស្ដេចគ្រុឌពីរ​នៅព្រៃសិម្ពលី តែមួយជាមួយគ្នា ដូចស្ដេចវេស្សវ័ណពីរអង្គឡើងយាន ដែលនាំ ដោយមនុស្សតែមួយ​ជាមួយគ្នា ដូចស្ដេចសក្កៈពីរអង្គ ប្រថាប់អង្គុយលើបណ្ឌុកម្ពល សិលាសនៈតែមួយជាមួយគ្នា ដូចស្ដេច​មហាព្រហ្មពីរអង្គនៅក្នុងវិមានតែមួយ ជាមួយគ្នា ដូចដួងចន្ទពីរដួង និង ព្រះអាទិត្យពីរដួងនៅក្នុងផ្ទៃអាកាសតែមួយជាមួយគ្នា ដូច្នេះ ។ បណ្ដាព្រះថេរៈទាំងអង្គនោះ ព្រះមហាមោគ្គល្លានដ៏អាយុបានគង់នៅស្ងៀម ចំណែកព្រះសារីបុត្រដ៏មានអាយុចូលសមាបត្ដិ ។ ពាក្យថា ចូលកាន់សមាធិណាមួយ បានដល់ ឧបេក្ខាព្រហ្មវិហារសមាបត្តិ ។ កេចិអាចារ្យទាំងឡាយពោលថាជា សញ្ញាវេទយិតនិរោធសមាបត្តិ ។’ ចំណែកអាចារ្យមួយពួកទៀតពោលថាជា ផលសមាបត្តិ ។ ពិតមែន សមាបត្តិទាំងឡាយ ៣ នេះ អាចដើម្បីនឹងរក្សានូវកាយបាន ។ (បរមត្ថទីបនី អដ្ឋកថា សុត្តន្តបិដក ខុទ្ទកនិកាយ ឧទាន មេឃិយវគ្គ យក្ខបហារសុត្ត) ដោយ៥០០០ឆ្នាំ
images/articles/629/Untitled-1.jpg
Public date : 05, Jun 2022 (34,683 Read)
រឿងបល្លង្កអណ្តែត ( ចាក វិ. ខុ. ) ( សទ្ធាជាពូជ នៃសិរីក្នុងលោក ) ក្នុងពុទ្ធកាល​ ព្រះមហា​មោគ្គល្លានត្ថេរ​ បាននិមន្ត​ទៅស្ថាន​ត្រៃត្រឹង្ស​ទេវ​លោក
images/articles/631/Untitled-1.jpg
Public date : 05, Jun 2022 (18,946 Read)
រឿងរុក្ខទេវតា ( ចាក ព្យ. តិ. ) ( អ្នកមានទ្រព្យ មានយសស័ក្តិ គួរក្សាអ្នកក្រឥតយសស័ក្តិ ) ក្នុងកាល​កន្លង​ទៅហើយ​ ព្រះបាទ​ព្រហ្មទត្ត​សោយរាជ​សម្បត្តិ​ក្នុង​ក្រុង
images/articles/451/2020-07-22_14_23_08-indian_kill_pig_-_Google_Search.jpg
Public date : 05, Jun 2022 (18,938 Read)
ព្រះបរមសាស្តា ទ្រង់បានប្រារឰ នូវបុរសសម្លាប់ជ្រូកម្នាក់ ឈ្មោះ ចុន្ទសូករិក ។ នាយចុន្ទសូករិកនេះ ជាមនុស្សគ្មានសីលធម៌ ប្រាសចាកមេត្តាចិត្ត គិតតែពីកាប់សម្លាប់ជ្រូក យកសាច់លក់ចិញ្ចឹមជីវិត ឣស់រយៈពេល ៥៥ ឆ្នាំ គាត់មិនដែលបានធ្វើបុណ្យ ឲ្យទានបន្តិចសោះ, ថ្ងៃដែលគាត់បានឃើញបាបកម្ម ដ៏កាចសាហាវ របស់គាត់នោះ គឺថ្ងៃដែលគាត់ជិតនឹងស្លាប់... គាត់មានសេចក្តីក្តៅក្រហល់ក្រហាយ ឣន្ទះឣន្ទែង វារទៅមក បីដូចជាភ្លើង ក្នុងឣវិចីនរក ដុតរោលទាំងរស់ រើបម្រះននៀល ដូចជាសត្វជ្រូក ដែលគាត់សម្លាប់ ដោយយកទឹកក្តៅច្រក ក្នុងមាត់ ដើម្បីសម្លាប់ យ៉ាងនោះឯង ។ គាត់ទទួលទុក្ខវេទនាបែបនេះ រហូតដល់ទៅ ៧ ថ្ងៃ ទើបបានធ្វើមរណកាល ទៅកើតសោយទុក្ខវេទនា នៅក្នុងឣវិចីនរក ។ នៅពេលដែលនាយចុន្ទសូករិក កំពុងតែទទួល នូវទុក្ខវេទនា រវាង ៧ ថ្ងៃនោះ, ភិក្ខុទាំងឡាយ បាននិមន្តទៅ ដើម្បីបិណ្ឌបាត្រ នៅក្បែរផ្ទះគាត់ ហើយបានឮនូវសម្លេងស្រែកទួញយំ ដូចជាជ្រូកស្រែក ទើបនាំយករឿងនេះ ទៅក្រាបទូលដល់ព្រះសាស្តា ។ ព្រះបរមសាស្តា ទ្រង់ត្រាស់ថា “សម្លេងនោះ គឺមិនមែនជាសម្លេងជ្រូកស្រែកទេ គឺជាសម្លេង របស់នាយចុន្ទសូករិក” ហើយទ្រង់ត្រាស់នូវព្រះគាថានេះ ថា ៖ ឥធ សោចតិ បេច្ច សោចតិ បាបការី ឧភយត្ថ សោចតិ សោ សោចតិ សោ វិហញ្ញតិ ទិស្វា កម្មកិលិដ្ឋមត្តនោ ។ បុគ្គលឣ្នកធ្វើបាប តែងសោកស្តាយ ក្នុងលោកទាំងពីរ គឺសោកស្តាយ ក្នុងលោកនេះផង ក្នុងលោកខាងមុខផង, បុគ្គលនោះ តែងសោកស្តាយក្តៅក្រហាយ ព្រោះឃើញឣំពើសៅហ្មងរបស់ខ្លួន ។ ដោយ៥០០០ឆ្នាំ
images/articles/461/Untit53452345led-1.gif
Public date : 05, Jun 2022 (34,496 Read)
នៅ​ក្នុង​ភទ្រកប្ប​យើង​នេះ ផែនដី​ដែល​មាន​ឈ្មោះថា ភទ្រកប្ប គឺ​មាន​ព្រះសម្មាសម្ពុទ្ធ​ត្រាស់​ដឹង ៥​ព្រះអង្គ។ ហើយ​ចំពោះ​ផែន​ដី​ដែល​មាន​ព្រះពុទ្ធត្រាស់​ដឹង ៥​ព្រះអង្គ​នេះ​គឺ​ថា​ជា​ការកម្រ​រក​​បាន​ណាស់
images/articles/529/11xtpic.jpg
Public date : 05, Jun 2022 (20,486 Read)
រឿងគុត្តិលមាណព (ចាក វិ. ខុ) (ចំណេះវិជ្ជាពិតប្រាកដ ជាឃ្លាំងនៃសិរីក្នុងលោក) ក្នុងកាលកន្លងទៅ​ហើយ​ មាន​ព្រះ​មហាក្សត្រិយ៍​មួយ​ព្រះអង្គ​ ព្រះនាម​ព្រហ្មទត្ត​សោយ​រាជ​សម្បត្តិ​ក្នុង ក្រុង​ពារាណសី ។
images/articles/1061/Untitled-1-Recovered.jpg
Public date : 04, Jun 2022 (14,568 Read)
រឿង​យក​មកប្បាជិហារិយ៍ (ចាក ធ. ខុ..) (អនួត​ហួស​ប្រមាណ ជា​គ្រឿង​ទំលាយ​បង់​នូវ​ចរិយា​ល្អ) រឿង​រ៉ាវ​នេះ​កើត​មាន​ឡើង​នៅ​ក្រុង​រាជគហៈ ។ សេដ្ឋី​ដំណាល​ថា​ក្នុង​សម័យ​មួយ​រាជគហ​សេដ្ឋី បាន​ចាត់​ចែង​ឲ្យ​គេ​យក​សំណាញ់​ទៅ​ហ៊ុំ​ព័ទ្ធ​កន្លែង​លេង​ទឹក​មួយដើម្បី​កាពារ​គ្រឿង​អលង្ការ​កុំ​ឲ្យ​រសាត់​តាម​ទឹក​នឹង​ការពារ​សេចក្តី​អន្តរាយ​ណា​មួយ​ដែល​​កើត​មាន​ឡើង ។លំដាប់​នោះ​មាន​ឈើ​ចន្ទន៍​ក្រហម​មួយ​ដុំ មាន​សណ្ឋាន​ប៉ុន​ក្អម​អណ្តែត​តាម​ទឹក​មក​ជាប់​នឹង​សំណាញ់ ។ សេដ្ឋី​បាន​ឲ្យ​គេ​ស្រង់​រើស​យក​ទៅ​ទុក​ឯ​ផ្ទះ ។ ប៉ុន្តែ​សេដ្ឋី​នោះ​ជា​មជ្ឈត្តិជន មិន​ជា​អ្នក​សម្មាទិដ្ឋី ឬ​មិច្ឆាទិដ្ឋិ​ឡើយ គាត់​បាន​គិត​ថា​ខ្លឹម​ចន្ទន៍​ក្នុង​ផ្ទះ​អញ​ក៏​មាន​ច្រើន​ដែរ តើ​អញ​យក​ខ្លឹម​ចន្ទន៍​នេះ​ទៅ​ធ្វើ​អ្វី​ទៀត​គាត់​គត​ថា ក្នុង​សម័យ​បច្ចុប្បន្ន​នេះ មាន​អ្នក​បួស​ជា​ច្រើន​បាន​ដើរ​ឃោសនា​ថា " យើង​ជា​ព្រះ​អរហន្ត ! យើង​ជា​ព្រះ​អរហន្ត ! គ្រប់​ៗ​តែ​គ្នា​ហើយ​អញ​មិន​ដឹង​ឲ្យ​ជាក់​ច្បាស់​ថា តើ​ពួក​ណា​ជា​ព្រះ​អរហន្ត ពួក​ណា​មិន​មែន​ជា​ព្រះ​អរហន្ត​ទេ? បើ​ដូច្នោះ​អញ​នឹង​ជួល​ជាង​ឲ្យ​ក្រឡឹង​ខ្លឹម​ចន្ទន៍​នេះ​ធ្វើ​ជា​បាត្រ ហើយ​ចង​ព្យួរ​កំពស់​ ៦០​ហត្ថ រួច​អញ​ប្រកាស​ឃោសនា​ថា " បើ​លោក​អង្គ​ណា​ប្រាកដ​ជា​ព្រះ​អរហន្ត​មែន សូម​ហោះ​តាម​អាកាស ហើយ​យក​បាត្រ​នេះ​ចុះ យើង​ខ្ញុំ​ព្រម​ទាំង​បុត្រ នឹង​ថ្វាយ​ខ្លួន​ជា​ឧបាសក បាសិកា " ។ សេដ្ឋី​បាន​ជួល​ជាង​ឲ្យ​​ធ្វើ​តាម​គំនិត​ដែល​ខ្លួន​បាន​គិត​ទុក រួច​ប្រកាស​ឃោសនា​ដូច​មាន​គំនិត​មែន ។ ដំណឹង​នេះ​បាន​ផ្សាយ​ទូ​ទៅ​ពេញ​ទី​ក្រុង​និង​ខេត្ត​ក្រៅ រហូត​ដល់​ពួក​មហាគ្រូ​៦​រូប​មាន​និគណ្ឋនា​បុត្រ​ជា​ដើម ។ ហើយ​ពួក​គ្រូ​ទាំង​នោះ​ទៅ​អង្វរ​សូម​បាត្រ​ពី​សេដ្ឋី​ៗ​ថា "​នឹង​ប្រគេន ប្រសិន​បើ​លោក​អាច​ហោះ​តាម​អាកាស​បាន? ។ និគណ្ឋនាដ​បុត្រ​អង្វរ​មហាសេដ្ឋី​ថា សព្វ​បើ​គ្រាន់​តែ​បាត្រ​ឈើ​ប៉ុណ្ណឹង មិន​បាច់​ឲ្យ​យើង​ហោះ​តាម​អាកាស​មក​យក​ទេ សូម​លោក​សេដ្ឋី​ប្រគេន​តែ​ម្តង​មក! ។ ទុក​ជា​អង្វរ​យ៉ាង​ណា​ក្តី រាជគហសេដ្ឋី​នៅ​តែ​ប្រកាន់​ខ្ជាប់​នូវ​ពាក្យ​ដដែល ។ ឯ​និគណ្ឋនាដ​បុត្រ​ព្រម​ទាំង​កូន​សិស្ស​គណ​ចេះ​តែ​លួង​លោម​អង្វរ​សេដ្ឋី​ៗ នៅ​តែ​ប្រកែក​មិន​ព្រម​ប្រគេន ។ ថ្ងៃ​មួយ​និគណ្ឋនាដ​បុត្រ បាន​ពិចារណា​គ្នា​ថា " យើង​សំដែង​អាការះ​ដូច​ជា​ចង់​ហោះ​ឡើង​ព្ធ​ដ៏​អាកាស ហើយ​អ្នក​រាល់​គ្នា​ប្រញាប់​ចាប់​ដៃ​យើង​ទាញ​ហើយ​និយាយ​ថា លោក​គ្រូ! កុំ​បង្ហាញ​គុណ​វិសេស​ដល់​សាធារណជន ព្រោះ​ហេតុ​តែ​បាត្រ​ឈើ​នេះ ព្រោះ​គុណ​វិសេស​នេះ យើង​បាន​មក​ដោយ​ព្យាយាម​មាំ​ណាស់! ។ គិត​គ្នា​រួច​ហើយ និគណ្ឋនាដ​បុត្រ​ព្រម​ទាំង​សិស្ស​ក៏​បាន​ធ្វើ​ដូច​ពាក្យ​សន្មត់​ដែល​ខ្លួន​បាន​កំណត់​ទុក​តែមិន​អាច​ធ្វើ​ឲ្យ​សេដ្ឋី​ប្រគេន​បាត្រ​បាន​ឡើយ ។ និគណ្ឋនាដបុត្រ​នេះ ព្យាយាម​សូម​បាត្រ​សេដ្ឋី​អស់​រយះ​វេលា​៦​ថ្ងៃ​តែ​ពុំ​បាន​សម្រេច​សោះ ។ លុះ​ដល់​ថ្ងៃ​ទី​៧ ព្រះ​មហាមោគ្គលាន​ត្ថេរ នឹង​បណ្ឌោល​ភារ​ទ្វាជត្ថេរ រៀប​ចំ​ឃ្លុំ​ចីពរ​ស្ពាយ​បាត្រ ដើម្បី​ទទួល​បិណ្ឌបាត្រ​ក្នុង​រាជគហះ​បាន​ឮ​ពួក​របាំ​និយាយ​គ្នា​ថា "​នែ​វើយ​គ្នា​យើង​! កាល​ពី​ដើម​គ្រូ​ទាំង​៦​រូប​ដើរ​ឃោសនា​ថា " ពួក​យើង​ជា​ព្រះ​អរហន្ត! ពួក​យើង​ជា​អ្នក​បាន​សម្រេច​នូវ​គុណ​វិសេស​ជាន់​ខ្ពស់ " ដើម្បី​សុំ​បាត្រ​ខ្លឹម​ចន្ទន៍​ពី​រាជគហសេដ្ឋី​តែ​រាជគហសេដ្ឋី​បាន​ប្រកាស​ថា " បើ​លោក​អាច​ហោះ​តាម​អាកាស​មក​យក​បាន​សូម​លោក​យក​ចុះ " ។ សេដ្ឋី​បើក​ឃោសនា​អស់​វារៈ​៦​ថ្ងៃ​ហើយ​ឥឡូវ​ថ្ងៃ​នេះ​ហើយ​ជា​ថ្ងៃ​ដែល​បញ្ជាក់​ឲ្យ​យើង​ដឹង​ថា​ព្រះ​អរហន្ត​ក្នុង​លោក​នេះ​មិន​មាន​ទេ" ។ព្រះ​មហាមោគ្គលាន​ត្ថេរ បាន​ឮ​ពាក្យ​ដំណេះ​ដំនៀល​ពី​ពួក​អ្នក​របាំ​ហើយ មាន​ពុទ្ធ​ដីកា​ទៅ​នឹង​បិណ្ឌោល​ការ​ទ្វារ​ជត្ថេរ​ថា នែ​ភារទ្វារ​ជះ​ដ៏​មាន​អាយុ! លោក​បាន​ឮ​ពួក​អ្នក​របាំ​ទាំង​នេះ​ពោល​ពាក្យ​បោក​បោះ​មក​លើ​ពុទ្ធ​សាសនា ឬ​ទេ? នែ​លោក​! លោក​ក៏​មាន​ឬទ្ធិ​ច្រើន ខ្ញុំ​ក៏​មាន​ឬទ្ធិ​ច្រើន​ចូរ​លោក​ហោះ​ទៅ​យក​បាត្រ​នោះ​មក ! " "នែ​អាវុសោមោគ្គលាន! លោក​ជា​ច្បង​ជា​ភិក្ខុ​អ្នក​មាន​ឬទ្ធិ​ទាំង​អស់ សូម​លោក​ហោះ​ទៅ​យក​បាត្រ​នោះ​មក​បើ​លោក​មិន​ទៅ​យក​ខ្ញុំ​នឹង​យក​ឥឡូវ​" " អើ​ភារ​ទ្វាជះ​ចូរ​លោក​យក​ចុះ! " ។ បិណ្ឌោលភារ​ទ្វាជត្ថេរ បាន​យក​អភិញ្ញា ៦ បង្កើត​ឲ្យ​ជា​ចត្ត​ជ្ឈាន ហើយ​ត្បៀត​ថ្ម​ភ្នំ​មួ​យដុំ​ទំហំ​បី​គាវុត​ហើយ​ប្រ​ទិក្សិណ​​ក្រុង​រាជ​គហះ​អស់​វារះ​៧​ជុំ វិស័យ​ដូច​ប៉ុយ​គរ ដែល​ប៉ឹង​តាម​ខ្យល់ ។ ដុំ​ថ្ម​នោះ​ហាក់​ដូច​ជា​នឹង​គ្រប​ទី​ក្រុង​ទាំង​មូល​មិន​ឲ្យ​ត្រូវ​ពន្លឺ​ព្រះ​អាទិត្យ ។ ពួក​ជន​ក្នុង​ក្រុង​ឃើញ​ថ្ម​ហាក់​ដូច​ជា​នឹង​ធ្លាក់​គ្រប​ទី​ក្រុង​ទាំង​មូល ក៏​ស្រែក​ផ្អើល​ឆោឡោ​ឡើង​ថា " ថ្ម​នឹង​ធ្លាក់​សង្កត់​យើង​ហើយ ! ថ្ម​នឹង​ធា្លក់​សង្កត់​យើង​ហើយ! " ពួក​ខ្លះ​ចង្អេរ​គ្រប​ក្បាល​កូន​ចៅ ខ្លះ​ចូល​ក្នុង​រូង​ឈើ ខ្លះ​ពួន​ក្រោម​ផ្ទះ ។ ឯ​ព្រះ​បិណ្ឌោភារទ្វាជះ​លុះ​ហោះ​ក្រឡឹង​ទី​ក្រុង​បាន​៧​ជុំ​ផ្ទាត់​ថ្ម​ឲ្យ​ទៅ​នៅ​កន្លែង​ដើម​វិញ ហើយ​ទើប​បង្ហាញ​ខ្លួន ។ ក្នុង​គ្រា​នោះ​ពួក​មហាជន​ផ្អើល​ភ្លួក​ភ្លឹក​ឆោឡោ ដោយ​ឃើញ​ព្រះ​ថេរៈ ទើប​និយាយ​អង្វរ​ថា ៖ "បពិត្រ​ព្រះ​ភារទ្វាជះ សូម​ទាន​មេត្តា​ចាប់​ថ្ម​ឲ្យ​ជាប់​កុំ​ទំលាក់​លើ​យើង​ខ្ញុំ​ព្រះ​ករុណា​ឡើយ!" ។ ព្រះ​ថេរះ​និមន្ត​ចុះ​លើ​ដំបូល​ផ្ទះ​សេដ្ឋី សេដ្ឋី​ឃើញ​ព្រះ​ថេរះ​បាន​និយាយ​និមន្ត​ឲ្យ​ចុះ​មក​គង់​ក្នុង​ផ្ទះ ប្រគេន​ចង្ហាន់​មាន​រស​ជាតិ​៤​មុខ ហើយ​ឲ្យ​គេ​យក​បាត្រ​ខ្លឹម​ចន្ទន៍​មក​ប្រគេន​ព្រះ​ថេរះ ។ ឯ​ពួក​មហា​ជន​ទាំង​ឡាយ ដែល​មិន​ឃើញ​ព្រះ​ថេរះ​សំដែង​បាដិហារិយះ ចេះ​តែ​អង្វរ​ឲ្យ​លោក​សំដែង​បាដិហារិយះ​ឲ្យ​មើល​ព្រះ​ថេរះ​ក៏​ចេះ​តែ​សំដែង​បាដិហារិយះ​ឲ្យ​មើល​ជា​លំដាប់ ។ ពួក​មហាជន​ណា​ដែល​ពុំ​ទាន់​ឃើញ ក៏​ចេះ​តែ​ដើរ​ហែ​ហម​ចោម​រោម​លោក​អង្វរ​ឲ្យ​ព្រះ​ថេរះ​សំដែង​ទៀត ។ ដំណឹង​នេះ​មិន​ស្ងប់​ស្ងាត់ ក៏​ចូល​ទៅ​ដល់​ព្រះ​ស្រោតា​នៃ​ព្រះ​អរហន្ត​សម្មាសម្ពុទ្ធ ។ ព្រះ​បរមសម្ពុទ្ធ​ទ្រង់​មាន​ព្រះ​ពុទ្ធ​ដីកា នឹង​ព្រះ​អានន្ទ​ថា អានន្ទ​! សំដែង​បដិហារិយ​ហោះ​យក​បាត្រ​ខ្លឹម​ចន្ទន៍​ ដែល​រាជ​គហសេដ្ឋី​ព្យួរ​ព្ធ​ដ៏​អាកាស ហើយ​ពួក​មហាជន​ចោមរោម​ចង់​ឃើញ​បដិហារិយ​នេះ​ទៀត" ។ ព្រះ​បរម​គ្រូ​ទ្រង់​ព្រះ​សណ្តាប់​ដូច្នោះ ទ្រង់​ហៅ​ព្រះ​បិណ្ឌោល​ភារទ្វាជះ​មក​សាក​សួរ​សព្វ​គ្រប់​ទ្រង់​ត្មិះ​តិះ​ដៀល​ដោយ​ប្រការ​ផ្សេង​ៗ ទើប​ទ្រង់​បញ្ញត្តិ​សិក្ខាបទ​លែង​ឲ្យ​សារក​អង្គ​ដទៃ​សំដែង​បដិហារិយ​ត​ទៅទៀត ។ ឯ​ពួក​តិរ្ថិយ​ឮ​ថា​ព្រះ​បរម​គ្រូ​បញ្ញត្តិ​សិក្ខាបទ​ចំពោះ​សាវក​ ពី​រឿង​ធ្វើ​បាដិហារិយ​ដូច្នោះ តាំង​ដើរ​អាក្រោស​ឃោសនា​បន្តុះ​បង្អាប់​ដោយ​ប្រការ​ផ្សេងៗ ចំពោះ​ពុទ្ធ​សាសមណ្ឌល​ថា " ឥឡូវ​ឮ​ថា​ព្រះ​សមណគោតម​បញ្ញត្តិ​សិក្ខាបទ​ហើយ​ពួក​សាវក នឹង​មិន​ហ៊ាន​ប្រព្រឹត្ត​ល្មើស​សិក្ខាបទ​នេះ​ទេ​ទាំង​ព្រះ​សមណគោតម​ក៏​មិន​ល្មើស​កន្លង​ដោយ​ព្រះ​អង្គ​ឯង​ដែរ​នេះ​ជា​ឳកាស​ល្អ​របស់​យើង ហើយ​សាវក​ព្រះ​សមណគោតម​បង្ហាញ​ធម៌​ជាន់​ខ្ពស់​ដល់​មហាជន​ព្រោះ​តែ​បាត​ឈើ​ឯ​ពួក​យើង​មិន​ធ្វើ​ដូច​សាវក​ព្រះ​សមណគោតម​ទេ​ឥឡូវ​នេះ​ពួក​យើង​នឹង​ធ្វើ​បាដិហារិយ ប្រជែង​នឹង​ព្រះ​សមណគោតម​គ្រានេះ​ម្តង" ។ គ្រា​នោះ​ព្រះ​រាជា​នាម​ពិម្ពិសារ​ទ្រង់​ព្រះ​សណ្តាប់​ការ​ឃោសនា​របស់​ពួក​តិរិ្ថយ ទ្រង់​យាង​ទៅ​ក្រាប​ទូល​ព្រះ​សាស្តា​ពី​រឿង​ពួក​តិរិ្ថយ​ចង់​ធ្វើ​បាដិហារិយ​ប្រជែង​នឹង​ព្រះ​អង្គ ព្រះ​សម្ពុទ្ធ​ក៏​ទ្រង់​ទទួល​ថា​នឹង​ធ្វើ​ផ្ចាញ់​ផ្ចាល​ពួក​តិរិ្ថយ​ទាំង​នោះ​ដែរ តែ​ព្រះ​ចៅ​ពុម្ពាសារ​ទ្រង់​ទូល​សួរ​ថា​ " ចុះ​ក្រែង​ព្រះ​អង្គ​បញ្ញត្តិ​សិក្ខាបទ​មិន​ឲ្យ​សាវក​ធ្វើ​ហើយ ព្រះ​អង្គ​នឹង​ធ្វើ​ដូម្តេច​បាន​? " ព្រះ​សម្ពុទ្ធ​ទ្រង់​ត្រាស់​ថា អើ​មហារាជ ! តថាគត​សូម​សួរ​មហារាជ​សិន​ថា មហារាជ​មាន​ស្វាយ​មួយ​ដើម​ក្នុង​សួន ដែល​មាន​ផ្លែ​មីរដេសដាស ហើយ​ប្រជារាស្រ្ត​ព្រះ​អង្គ​បេះ​យក​មក​បរិភោគ តើ​ព្រះ​អង្គ​មាន​ដាក់​ទ័ណ្ឌ​កម្ម​ដែរ​ឬ​ទេ? ហើយ​បើ​មហារាជ​បេះ​សោយ​ខ្លួន​ព្រះ​អង្គ​តើ​គួរ​ដាក់​ទណ្ឌ​កម្ម​ដែរ​ឬ? ព្រះ​បាទ​ពិម្ពាសារ​ទូល​តប​ថា បពិត្រ​ព្រះ​អង្គ​ដ៏​ចម្រើន ! បើ​ខ្ញុំ​ព្រះ​អង្គ​បេះ​សោយ​ដោយ​ខ្លួន​ឯង​មិន​មាន​ទោស​ទេ តែ​បើ​ប្រជារាស្ត្រ​បេះ​វិញ​នោះ ទើប​ខ្ញុំ​ព្រះ​អង្គ​ត្រូវ​ដាក់​ទោស ។ បពិត្រ​មហារាជ​!​ពិត​មែន​ហើយ​អំណាច​របស់​ព្រះ​អង្គ​លាត​ក្រាល​លើ​អាណាចក្របាន​៣០​យោជន៍​គឺ​ព្រះ​អង្គ​មាន​អំណាច​អាច​ដាក់​ទណ្ឌ​កម្ម​ដល់​ប្រជារាស្ត្រ​ណា​ម្នាក់​ដែល​ប្រព្រឹត្ត​ល្មើស​នឹង​ព្រះ​រាជ​បញ្ញត្តិ ដោយ​ការ​បេះ​ផ្លែ​ស្វាយ​របស់​ទ្រង់​ទៅ​បរិភោគ ផ្ទុយ​ទៅ​វិញ បើ​ព្រះ​អង្គ​បេះ​មក​សោយ​នោះ ពុំ​អាច​ដាក់​ទណ្ឌ​កម្ម​ខ្លួន​ឯង​ទេ រឿង​នេះ​មាន​ឧបមា​ដូច​តថាគត​ដែរ គឺ​បើ​សាវក​ណា​មួយ​ប្រព្រឹត្ត​កន្លង​សិក្ខាបទ ដែល​តថាគត​បញ្ញាត្តិ​ហើយ ត្រូវ​មាន​ទោស​រីឯ​តថាគត​ជា​អ្នក​បញ្ញាត្តិ​មិន​មាន​ទោស​ទេ ដូច្នោះ​តថាគត អាច​នឹង​ធ្វើ​បដិហារិយ ផ្ចាញ់​ផ្ចាល​ពួក​តិរ្ថិយ​ទាំង​នោះ​បាន មិន​ទាស់​ខុស​ឡើយ ។ ឯ​ពួក​តិរិ្ថយ​ឮ​ថា ព្រះ​បរម​សម្ពុទ្ធ​ទ្រង់​បញ្ញាត្តិ​សិក្ខាបទ​ចំពោះ​តែ​សាវក​ហើយ​ព្រះ​អង្គ​នឹង​ធ្វើ​បដិហារិយ​ដោយ​ព្រះ​អង្គ​ឯង ទើប​ប្រជុំ​គ្នា​ថា "ពួក​យើង​វឹក​ហើយ ព្រោះ​ព្រះ​សមណគោតម​នឹង​ធ្វើ​បដិហារិយ​ជា​មួយ​យើង ។ តាំង​ពី​នោះ​មក​ពួក​តិរ្ថិយ ចេះ​តែ​ដើរ​តាម​ប្រកិត​ជាប់​នឹង​ព្រះ​សម្មាសម្ពុទ្ធ​យាង​ទៅ​បិណ្ឌបាត ក៏​ដើរ​តាម​ទៅ ហើយ ប្រកាស​ឃោសនា​ថា​ពួក​ខ្លួន​នឹង​ធ្វើ​បាដិហារិយ​ប្រណាំង​ប្រជែង​ជា​មួយ​ព្រះ​សមណគោតម​ ។ រី​ពួក​មហាជន​ដែល​ចង់​ឃើញ​ឬទ្ធិ​បារមី នៃ​ពួក​តិរ្ថិយ នឹង​ព្រះ​បរម​សម្ពុទ្ធ​ក៏​ចេះ​តែ​ដើរ​ហែម​ហម ដើម្បី​រង់​ចាំ​មើល​បាដិហារិយ​នេះ ។ ព្រះ​សម្មាសម្ពុទ្ធ​ទ្រង់​កំណត់​ថា​នឹង​ធ្វើ​បាដិហារិយ នៅ​ក្រុង​សាវត្ថី​កំណត់​៤​ខែ​ទៀត ។ លុះ​ដល់​ថ្ងៃ​កំណត់​ថា​នឹង​ធ្វើ​ហើយ បួក​តិរ្ថិយ បាន​អង្គាស​ឃោនា​ឧបដ្ឋាក​របស់​ខ្លួន​ចំនួន ១០០០ រៀល​មួយ​ផ្ទះ ដើម្បី​ចាត់​ចែង​ធ្វើ​រោង​ក្រសាល​ប្រក់​ព្រំ​ដោយ​គ្រឿង​ផ្កា​គ្រប់​យ៉ាង សំរាប់​ធ្វើ​បាដិហារិយ ។ គ្រានោះ​ព្រះ​ចៅ​សេនទិកោសល ឃើញ​ពួក​តិរ្ថិយ​ធ្វើ​រោង​ក្រសាល ទើប​ចូល​ទៅ​ទូល​សួរ​ព្រះ​សម្ពុទ្ធ​ថា ទ្រង់​នឹង​ធ្វើ​រោង​សម្រាប់​អង្គ​ព្រះ​សម្ពុទ្ធ​បាដិហារិយ តែ​ព្រះ​អង្គ​ទ្រង់​ហាម​ឃាត់ ហើយ​ទ្រង់​សម្រេច​ព្រះ​ទ័យ​ថ្វាយ​ព្រះ​ចៅ​បសេនទិកោសល​ថា តថាគត​នឹង​ធ្វើ​បាដិហារិយ​ក្រោម​ដើម​អម្ព​ព្រឹក្ស ក៏​បបួល​ញាតិ​សិស្ស​គណ​របស់​ខ្លួន​កាប់​រំលំ​ដើម​អម្ពរ​ព្រឹក្ស​ចោស​អស់ ដោយ​ហោច​ទៅ​សូម្បី​តែ​ឈើ​អម្ពរ​ព្រឹក្ស​នោះ​ទើប​នឹង​ដុះ​ក្នុង​ថ្ងៃ​នោះ​ក៏​ដក​ចោល​អស់​ដែរ ។ ដល់​ថ្ងៃ​កំណត់​ថា​នឹង​ធ្វើ​បាដិហារិយ ព្រះ​សម្មាសម្ពុទ្ធ​ទ្រង់​យាង​ទៅ​កាន់​ក្រុង​សាវត្ថី នា​ថ្ងៃ​បុណ្ណមី​ខែអាសាធ បាន​ជួប​នឹង​ឧធ្យាន​បាល របស់​ព្រះ​បាទ​ពិម្ពិសារ​ម្នាក់​ឈ្មោះ​គណ្ឌះ កំពុង​កាន់​ស្វាយ​ដើរ​មក​ដោយ​បំណង​ថា​នឹង​យក​ទៅ​ថ្វាយ​ព្រះ​បាទ​ពិម្ពិសារ ។ ឧធ្យាន​បាល​ឈ្មោះ​គណ្ឌ បាន​ជួប​នឹង​ព្រះ​សាស្តា គាត់​គិត​ថា " បើ​អញ​យក​ស្វាយ​ទុំ​នេះ​ទៅ​ថ្វាយ​ស្តេច​ៗ ប្រគល់​រង្វាន់​ឲ្យ​អញ​ត្រឹម​តែ​២៥ ឬ ១៦ កហាបណះ ប៉ុណ្ណោះ បើ​អញ​ប្រគេន​ព្រះ​សាស្តា​វិញ ប្រហែល​ជា​មាន​ផលានិសង្ស​ច្រើន" បើ​អញ្ចឹង​អញ​នឹង​ប្រគេន​ព្រះ​សាស្តា​វិញ​ចុះ ។ លុះ​គិត​ហើយ ទើប​គណ្ឌះ​បង្អោន​ស្វាយ​នោះ​ប្រគេន​ព្រះ​សាស្តា ។ ព្រះ​សាស្តា​ទទួល​ហើយ ទ្រង់​គង់​ឲ្យ​អានន្ទ​ច្របាច់​ស្វាយ​ត្រង់​ធ្វើ​ជា​ទឹក​បាន​ឆាន់​ក្នុង​វេលា​នោះ ។ ឆាន់​រួច​ហើយ​ព្រះ​បរម​សាស្តា​ហុច​គ្រាប់​ស្វាយ​ទៅ​ឲ្យ​ធ្យាន​បាល​គណ្ឌះ ដោយ​ព្រះ​ពុទ្ធ​ដិកាថា នែ​គណ្ឌ ! ចូរ​ឯង​កប់​គ្រាប់​ស្វាយ​ក្នុង​ទី​នេះ​ចុះ គណ្ឌ​ធ្វើ​តាម​ព្រះ​ពុទ្ធ​ដីកា រួច​ព្រះ​សាស្តា​ទ្រង់​ចាក់​ទឹក​លាង​ព្រះ​ហស្ថ​លើ​គ្រាប់​ស្វាយ​ដែល​កប់​ហើយ​នុះ ។ ព្រះ​សាស្តា​ដក​ព្រះ​ហស្ថ​មិន​ទាន់​ទាំង​ផុត​ពី​នោះ​ផង​ស្រាប់​តែ​គ្រាប់​ស្វាយ​ធ្លុះ​ដុះ​ចេញ​ជា​ពន្លក ដើម​ប៉ុន​ភ្នៀង​នង្គ័ល​ភ្លាម ហើយ​លូត​ធំ​ឡើង​ជា​លំដាប់ ដោយ​បារមី​នៃ​ព្រះ​អង្គ ។ មែក​ម្ខាង​ៗ នៃ​ស្វាយ​នោះ​មាន​ប្រវែង​៥០​ហត្ថ ដែល​មាន​ស្លឹក​ម្លប់​ទ្រឈឹង​ទ្រឈៃ​បែក​មែក​គ្រប់​ទិស គឺ​មែក​លយ​ចេញ​ទៅ​គ្រប់​ទិស​ទាំង​៤ នឹង​ដុះ​ត្រង់​ទៅ​លើ​មួយ ហើយ​ចេញ​ជា​ផ្កា​ផ្លែ​ក្នុង​មួយ​ខណះ​នោះ​ភ្លាម ។ ឯ​ពួក​សាវក​ដែល​និមន្ត​តាម​លំដាប់​មុន​ក្រោយ ក៏​បាន​ឆាន់​ផ្លែ​ស្វាយ​ទាំង​នោះ​តាម​លំដាប់ ។ ព្រះ​បាទ​ពិម្ពិសារ​ទ្រង់​ជ្រាប​ពត៌​មាន​នោះ បាន​ដាក់​បញ្ញត្តិ​មិន​ឲ្យ​នរណា​ម្នាក់​កាប់​រំលំ​ដើម​ស្វាយ​នោះ​ឡើយ ។ ឯ​ពួក​របាំ​ក៏​បាន​ស៊ី​ផ្លែ​ស្វាយ​ទាំង​នោះ​ដែរ​ហើយ​ស្រែក​ថា នែ​ពួក​តិរ្ថិយ​ចង្រៃ អ្នក​ឯង​ ពួក​អ្នក​ឯង​ចង្រៃ​ណាស់​ដើរ​ដក​កាប់​រំលំ​ស្វាយ​អស់​គ្មាន​សល់ ដើម្បី​កុំ​ឲ្យ​ព្រះ​អង្គ​ធ្វើ​បាដិហារិយ​បាន ។ លំដាប់​នោះ ព្រះ​ឥន្ទ្រ​បង្គាប់​រលាហក​ទេវបុត្រ​ឲ្យ​ធ្វើ​ជា​ខ្យល់​បំប៉ើង​បារាំ​ពួក​តិរ្ថិយ​វិនាស​អស់ ។ ព្រះ​សរិយ​ទេវបុត្រ បើក​ពន្លឺ​ថ្ងៃ​យ៉ាង​ក្តៅ​បញ្ចាំង​លើ​ពួក​តិរ្ថិយ​មាន​ញើស​ហូរ​ចេញ​ជា​ទឹក​ ត្រូវ​ប៉ះ​នឹង​ធូលី​ដែល​ហុយ​ផង មាន​សភាព​ដូច​ជា​គោប​ពាល​ខ្នង បែក​បាក់​គ្នា​ខ្ចាត់​ខ្ចាយ​រត់​រក​ច្រក​តែ​រៀង​ៗ​ខ្លួន ។ លំដាប់​នោះ​មនាកសិករ​ម្នាក់​ជា​ឧបដ្ឋាក​របស់​គ្រូ​ឈ្មោះ​បរណក​ស្សបះ​បាន​គិត​ថា ឥឡូវ​នេះ​ជាកាល​អញ​ត្រូវ​ធ្វើ​បាដិហារិយ​ហើយ​អញ​នឹង​ទៅ​មើល​ពិធី បាដិហារិយ​លោក​គ្រូអញ " រួច​ស្រាយ​គោ​លែង​កាន់​នឹង​ឆ្នាំង​បបរ​ដើរ​តម្រង់​ទៅ​កន្លែង​ធ្វើ​បាដិហារិយ ស្រាប់​តែ​ជួប​នឹង​គ្រូ​បូរណបស្សបះ​កំពុង​រត់​តាម​ផ្លូវ​ទើប​សួរ​ថា​លោក​គ្រូៗ ! លោក​គ្រូ​រត់​ទៅ​ណា? ខ្ញុំ​មក​ក្នុង​ទី​នេះ​ប៉ង​ថា​នឹង​មើល​ពិធី​បាដិហារិយ​របស់​លោក​គ្រូ ចុះ​លោក​គ្រូ​រត់​ទៅ​ណា​មិន​បាន​ធ្វើ​បាដិបារិយ​ទេ​ឬ? " ។ បូរ​ណក​ស្សបះ តប​ថា​មាន​ប្រយោជន៍​អ្វី​ដោយ​ការ​ធ្វើ​បាដិហារិយ​នោះ ចូរ​អ្នក​ឯង​ឲ្យ​ខ្សែ​នឹង​ឆ្នាំង​បបរ​មក​អាត្មា កសិករ​ជា​ឧបដ្ឋាក ក៏​ប្រគេន​ឆ្នាំង​នឹង​ខ្សែ​នោះ​ទៅ​ ។ បូរណកស្សបះ ទទួល​យក​ខ្សែ​នឹង​ឆ្នាំង​បបរ​ហើយ ដើរ​​សំដៅ​ទៅ​កំពង់​ទឹក​យក​ខ្សែ​ម្ខាង ចង់​ភ្ជាប់​នឹង​ក​ឆ្នាំង​ចុង​ខ្សែ​ម្ខាង​ទៀត​ចង​ភ្ជាប់​នឹង​ក​ខ្លួន​រួច​ប្រមៀល​ទម្លាក់​ទៅ​ក្នុង​ទឹក ។ ឯ​ឆ្នាំង​ត្រូវ​ទឹក​ចូល​ពេញ ក៏​ទាញ​បូរណកស្សបះ​ឲ្យ​ជ្រមុជ​ចុះ​ដល់​នូវ​ជីវិត​ក្ស័យ ក្នុង​គ្រា​នោះ ឯង ។ ឯ​ព្របរម​សាស្តា​ទ្រង់​និម្មិត​ទី​ចង្រ្កម ដ៏​មាន​ចុង​ម្ខាង​គ្រប​ដល់​កណ្តាប់​ចក្រ​ឡ​ខាង​កើត ម្ខាង​ទៀត​ដល់​កណ្តាប់​ចក្រវាឡ​ខាង​លិច​ឲ្យ​ទៅ​ជា​ម្លប់​សម្រាប់​ពុទ្ធ​បរិស័ទ​រួច​ទ្រង់​យាង​ចេញ​ពី​គន្ធ​កុដិ​ឆ្ពោះ​ទៅ​កាន់​ទី​ចង្រ្កម​នោះ​ដោយ​ព្រះ​ទ័យ​ថា ពេល​នេះ​ជា​ពេល​គួរ​ធ្វើ​បាដិហារិយ​ហើយ " ។ ក្នុង​ពេល​នោះ​ មាន​អនាគាមី​ឧបាសិកា​មួយ​រូប​ឈ្មោះ​ឃរណី ចូល​ទៅ​ថ្វាយ​បង្គំ​ព្រះ​បរម​សាស្តា​សុំ​ធ្វើ​បាដិហារិយ​ជំនួស ដើម្បី​កុំ​ឲ្យ​ព្រះ​អង្គ​លំបាក​ព្រះ​កាយ ។ ព្រះ​សាស្តា​ទ្រង់​សួរ​ថា ចុះ​នាង​នឹង​ធ្វើ​ពិធី​បាដិហារិយ​ជា​ទឹក ហើយ​ខ្ញុំ​ព្រះ​អង្គ​នឹង​មុជ​ចុះ​ក្នុង​ទឹក​ឲ្យ​ដូច​សកុណី​ទឹក ពី​មាត់​ចក្រវាឡ​ខាង​លិច​ទៅ​ផុស​នៅ​កណ្តាប់​មាត់​ចក្រវាឡ​ខាង​កើត មុជ​ពី​ខាង​ជើង​ទៅ​ផុស​ខាង​ត្បួង កាល​បើ​មហាជន​ឃើញ​ហើយ នឹង​នឹក​ស្ងើច​ដល់​ខ្ញុំ​ព្រះ​អង្គ​ថា គ្រាន់​តែ​សាវកា​របស់​ព្រះ​អង្គ​មាន​ឬទ្ធិ មាន​អានុភាព​ម្លឹង​ទៅ​ហើយ ចុះ​ចំណង់​បើ​ព្រះ​អង្គ​វិញ នឹង​មាន​ឬទ្ធិ​អានុភាព​យ៉ាង​ណា​ទៅ ? " ឯ​ពួក​តិរ្ថិយ​កាល​បើ​ឃើញ​ដូច្នេះ មុខ​ជា​នឹង​បាក់​បប​ខ្លប​ខ្លាច​អំណាច​រត់​ខ្ចាត់​ខ្ចាយ​អស់​ពុំ​ខាន ។ ព្រះ​សាស្តា​ព្រះ​សណ្តាប់​ហើយ ទ្រង់​មិន​អនុញ្ញាត​ឲ្យ ។ ត​ពី​នោះ​មក​មាន​សាវក សវិកា ជា​ច្រើន​សុំ​សេចក្តី​អនុញ្ញាត​ធ្វើ​បាដិហារិយ​ពី​អង្គ​ព្រះ​សម្ពុទ្ធ​ដូច​ជា ចូឡ​អនាថិបិណ្ឌិក នាង​វីវសាមណេវី​ព្រះ​ជន្ម​៧​ឆ្នាំ ចន្ទ​សាមណេរ​ព្រះ​ជន្ម​៧​ឆ្នាំ ព្រះ​បរម​សាស្តា​ទ្រង់​សួរ​តាម​លំដាប់ ពួក​សាវក​ទាំង​នោះ​ក៏​ឆ្លើយ ទូល​ពុទ្ធ​ដីកា​តាម​ការ​ប៉ិន​ប្រសប់​រៀង​ៗ​ខ្លួន ។ ចុង​ក្រោយ​បំផុត​ ព្រះ​មហាមោគ្គ​លាន​ត្ថេរ​ចូល​សុំ​ធ្វើ​ដែរ ព្រះ​សាស្តា​ទ្រង់​សួរ​ថា​អ្នក​ធ្វើ​ដូចម្តេច​? ព្រះ​មហាមោគ្គលាន​ទូល​ថា ខ្ញុំ​ព្រះ​អង្គ​នឹង​យក​ភ្នំ​នេរុរាជ​មក​ដាក់​ត្រង់​ចន្លោះ​ធ្មេញ រួច​ទំពារ​ស៊ី​ដូច​ជា​បុគ្គល​ទំពារ​ស៊ី​គ្រាប់​ស្ពៃ មូរ​មហា​ផែន​ដី​ដូច​ជា​កន្ទេល​វែង​ ចាប់​ផែន​ដី​បង្វិល​ឲ្យ​ដូច​ជា​កង​ចក្រ ជា​វិការះ​នៃ​ដី រួច​ដាក់​មហាផែន​ដី​លើ​បាត​ដៃ​ឆ្វេង ដាក់​សត្វ​លោក​បាត​ដៃ​ខាង​ស្តាំ រួច​យក​ភ្នំ​សិនេរុរាជ​ធ្វើ​ជា​ឆត្រ​ទ្រ​មហា​ផែនដី​ធ្វើ​ឲ្យ​ទៅ​ឆត្រ​បាំង​លើ​សត្វ​ទាំង​អស់ រួច​ខ្ញុំ​ព្រះ​អង្គ​ដើរ​ចង្រ្គម ឲ្យ​ដូច​ជា​ភិក្ខុ​មួយ​អង្គ​បាំង​ឆត្រ​ដើរ​ចង្រ្គម​ដូច្នោះ ។ ព្រះ​បរម​គ្រូ​ទ្រង់​ហាម​ឃាត់​ថា​តថាគត​ដឹង​ថា​អ្នក​ទាំង​អស់​គ្នា​មាន​អានុភាព​ច្រើន​ហើយ តែ​តថាគត​មិន​អនុញ្ញាត​ឲ្យ​ទេ ព្រោះ​ភារៈ​នេះ​តែង​កើត​មាន​ដល់​ព្រះ​ពុទ្ធ​តាំង​ពី​បុរាណ​កាល​មក ។ លុះ​មាន​ពុទ្ធ​ដិកា​ចប់​ហើយ ព្រះ​អង្គ​ទ្រង់​យាង​ទៅ​កាន់​ទី​ចង្រ្កម​ដែល​មាន​ពុទ្ធ​បរិស័ទ​២៤​យោជន៍​ជុំ​វិញ ចោម​រោម​ចាំ​មើល​ពិធី​បាដិហារិយ ពិធី​សំដែង​បាដិហារិយ ក៏​បាន​ចាប់​ផ្តើម​ឡើង ។ បុច្ឆា ចុះ​ពុទ្ធ​ញាណ​ដ្រល​ប្រព្រឹត្ត​ទៅ​ក្នុង​ពិធី​បាដិហារិយ​នោះ​មាន​សភាព​ដូម្តេច? វិសជ្ជនា​ថា ញាណ​របស់​ព្រះ​តថាគត​ក្នុង​ពិធីសម្តែង​បាដហារិយ​នេះ មិន​សាធារណ៍​ដល់​ពួក​សាវក​ទេ ព្រោះ​ថា​ពិធី​ធ្វើ​បាដិហារិយ​នេះកើត​មាន​តែ​មួយ​ដង​ៗ សម្រាប់​ព្រះ​ពុទ្ធ​គ្រប់​អង្គ​ព្រោះ​ហេតុ​នោះ​ពួក​សាវក​សាវិកា​ពុំ​អាច​ធ្វើ​បាន​ឡើយ គឺ​មាន​សភាព​ដូច​តទៅ​នេះ ៖ គំនរ​ភ្លើង​ចេញ​ពី​ព្រះ​កាយ​ខាង​លើ ទរ​ទឹក​ចេញ​ពី​ព្រះ​កាយ​ខាង​ក្រោម គំនរ​ភ្លើង​ចេញ​ពី​ព្រះ​កាយ​ទរទឹក​ចេញ​ពី​ព្រះ​កាយ​ខាង​ក្រោម​ គំនរ​ភ្លើង​ចេញ​ពី​ព្រះ​កាយ​ទរ​ទឹក​ចេញ​ពី​ព្រះ​កាយ​ខាង​មុខ គំនរ​ភ្លើង​ចេញ​ពី​ព្រះ​កាយ​ខាង​ស្តាំ ទរ​ទឹក​ចេញ​ពី​ព្រះ​កាយ​ខាង​មុខ គំនរ​ភ្លើង​ចេញ​ពី​ព្រះ​កាយ​ខាង​ឆ្វេង ទរទឹក​ចេញ​ពី​ព្រះ​កាយ​ខាង​ស្តាំ គំនរ​ភ្លើង​ចេញ​ពី​ព្រះ​នាសាខាង​ស្តាំ ទរ​ទឹក​ចេញ​ពី​ព្រះ​នាសា​ខាង​ឆ្វេង ទរ​ទឹក​ចេញ​ពី​ព្រះ​នាសា​ខាង​ស្តាំ​គំនរ​ភ្លើង​ចេញ​ពី​ស្មា​ខាង​ស្តាំ​គំនរ​ភ្លើង​ចេញ​ពី​ព្រះ​ហស្ថស្តាំ​ទរទឹក​ចេញ​ពី​ព្រះ​ហស្ថ​ឆ្វេង គំនរ​ភ្លើង​ចេញ​ពី​ព្រះ​ហស្ថ​ឆ្វេង ទរទឹក​ចេញ​ពី​ព្រះ​ហស្ថ​ស្តាំ គំនរ​ភ្លើង​ចេញ​ពី​ព្រះ​បាទ​ឆ្វេង ទរទឹក​ចេញ​ពី​ព្រះ​បាទ​ស្តាំ ព្រះ​រស្មី​ប្រាំ​មួយ​ពណ៌ គឺ​ខៀវ លឿង ក្រហម ស ហង្ស​បាទ​នឹង​ភ្លឺ​ផ្លេក​ផ្សាយ​ចេញ​ពី​សរីរះ​ទាំង​មូល ទ្រង់​និម្មិត​ជា​ព្រះ​ពុទ្ធ​បី​អង្គ​ទៀត​គឺ​ព្រះ​មាន​ព្រះ​ភាគ​ទ្រង់​ចង្រ្កម ព្រះ​ពុទ្ធ​ដែល​ទ្រង់​និម្មិត​ឈរ អង្គុយ​នឹង​សឹង​បើ​ព្រះ​មាន​ព្រះ​ភាគ​ទ្រង់​សឹង ព្រះ​ពុទ្ធ​និម្មិត​ឈរ អង្គុយ​ចង្រ្កម ។ នេះ​ជា​ពុទ្ធ​ញ្ញាណ​ក្នុង​ការ​សំដែង​បាដិហារិយ ។ ក្នុង​ការ​សំដែង​បាដិហារិយ​នេះ​គំនរ​ភ្លើង នឹង​ទរទឹក​ឥត​មាន​ការ​ច្រឡូក​ច្រឡំ​គ្នា​ទេ គឺគំនរ​ភ្លើង ហើយ​នឹង​ទរទឹក​ផ្លាស់​គ្នា​ចេញ​ពី​ព្រះ​កាយ​ខាង​ស្តាំ​ម្តង ខាង​ឆ្វេង​ម្តង​ហើយ​លាត​ត្រដាង​រហូត​ដល់​កណ្តាប់នៃ​ចក្រវាឡ​ទាំង​មូល ។ មហាជន​ដែល​ឈរ​ត្រៀប​ត្រា​មាន​ចំនួន ២៤ យោជន៍​ជុំ​វិញ​បាន​ឃើញ​បាដិហារិយ ដ៏​អស្ចារ្យ​ដូច្នោះ​ហើយ បាន​ថ្វាយ​សព្ទ​សារធុការ​ចំពោះ​ព្រះ​បរម​គ្រូ​យ៉ាង​អនេក​កប្បការ ។ ក្នុង​ពេល​សំដែង​បាដិហារិយ ព្រះ​បរម​គ្រូ​ឆ្លៀត​ឳកាស​សំដែង​ធម្មទេសនា​ប្រោស​សត្វ​ផង ។ ធម្មាភិ​សម័យ​គឺ​ការ​ត្រាស់​ដឹង​នូវ​ធម៌ ក៏​បាន​កើត​ប្រាកដ​ដល់​មហាជន​ក្នុងឳកាស​នោះ ។ ឯ​ពួក​និគ្រន្យអន្យតិរ្ថិយ កាល​បើ​ឃើញ​ឬទ្ធី​ចេស្តា នៃ​ព្រះ​បរម​គ្រូ​ហើយ បែរ​ជា​បាក់​បប​ខ្លប​ខា្លច​អំណាច​បារមី​នៃ​ព្រះ​អង្គ​ព្រម​ចុះ​ចាញ់​ក្នុង​ពេល​នោះ​ហោង ។ លុះ​ពិធី​សំដែង​បាដិហារិយ បាន​ចប់​សព្វ​គ្រប់​ហើយ ព្រះ​ពុទ្ធ​បង្កូរ​បណ្តូល​សាស្តា​ទ្រង់​ប្រលើល​ថា ព្រះ​ពុទ្ថ​បូរាណ​កាល​បើ​បាន​ធ្វើ​បាដិហារិយ​រួច​ហើយ តែង​គង់​ចាំ​វស្សា​ក្នុង​ទី​ណា​អេះ ! ? ទ្រង់​ជ្រាប​ថា តាម​ធម្មតា​បើ​ធ្វើ​បាដិហារិយ ព្រះ​ពុទ្ធ​គ្រប់​ព្រះ​អង្គ​តែង​យាង​ទៅ​គង់​ចាំ​វស្សានា​តាវ​តឹង្ស​ភព ដើម្បី​សំដែង​ព្រះ​អភធម្ម​បិដក​ប្រោស​ពុទ្ធ​មាតា ។ លុះ​ទ្រង់​រំពឹង​ដូច្នេះ​ហើយ ទ្រង់​ក៏​លើក​ព្រះ​បាទ​ខាង​ស្តាំ​ដាក់​ជាន់​លើ​កំពូល​ភ្នំ​យុគន្ធរ​ព្រះ​បាទ​ឆ្វេង​ដាក់​លើ​កំពូល​ភ្នំ​សិនេរុ ។ គេ​សួរ​ថា ចុះ​ភ្នំ​ស្ថិត​នៅ​ឆ្ងាយ​ៗ​ម្ល៉េះ ហេតុ​ម្តេច​ក៏​ព្រះ​សម្មាសម្ពុទ្ធ​ទ្រង់​ឈាន​ជាន់​បាន ? ឆ្លើយ​ថា​ដោយ​អំណាច​នៃ​ឬទ្ធានុភាព និង​បារមី​របស់​ព្រះ​អង្គ​ ទើប​ភ្នំ​ទាំង​អស់​ទទួល​ទ្រង់​ព្រះ​បាទ នៅ​ពេល​ដែល​ព្រះ​អង្គ​លើក​ព្រះ​បាទ​ជាន់​លុះ​ឈាន​ផុត​ទៅ​ទើប​ភ្នំ​ទាំង​នោះ​ទៅ​ឋិត​នៅ​ទី​ដើម​វិញ ។ កាល​ដែល​អង្គ​ព្រះ​បរម​គ្រូ​យាង​ផុត​ទៅ ពួក​ពុទ្ធ​បរិស័ទ​មាន​ការ​សោក​ស្តាយ​ទន្ទក់​ទន្ទេញ​រលឹក​ព្រះ​អង្គ​ដោយ​ខ្សឹក​ខ្សួល​ជា​បទ​គាថា​ថា" គួរ​ស្តាយ​ណាស់​ហ្ន៎! ព្រះ​សម្ពុទ្ធ​ទ្រង់​យាង​ជាន់​លើ​ភ្នំ​គិជ្ឈកូដ ភ្នំ​កៃ​លាស​និង​ភ្នំ​យុគន្ធរ​ទៅ​ផុត​ហើយ យើង​ខ្ញុំ​លែង​បាន​ឃើញ​ព្រះ​អង្គ​ជា​ច្បង​លើ​លោក​ទៀត​ហើយ! ។ ឯ​ព្រះ​បរម​លោក​នាថ​ទ្រង់​គង់​ក្នុង​កណ្តាល​ទេវបរិស័ទ​សំដែង​អភិធម្ម​បិដក​ប្រារព្ធ​គុណ​ព្រះ​មាតា មាន​បទ​ដើម​ថា " កុសលា ធម្មា អកុសលា ធម្មា អព្យាកតា ធម្មា ធម៌​ទាំង​ឡាយ​ជា​កុសល ធម៌​ទាំង​ឡាយ​ជា​អកុសល ធម៌​ទាំង​ឡាយ​ជា​អព្យាក្រិត " ។ ទ្រង់​សំដែង​តែ​អភិ​ធម្ម​បិដក​នេះ​អស់​វារះ​៣​ខែ​គត់ ។ លុះ​ដល់​តិថី ១៤​កើត​ខែ​អស្សុជ​ជា​ថ្ងៃ​បវារ​ណាចេញ​ព្រះ​វស្សា ព្រះ​បរម​ពុទ្ធ​ទ្រង់​មាន​ព្រះ​បន្ទូល​ទៅ​នឹង​សក្កទេវរាជ​ថាបពិត្រ​មហារាជ ! ថ្ងៃ​នេះ​ជា​ថ្ងៃ​ត្រូវ​បវារណា ចេញ​វស្សា​ហើយ​តថាគត​នឹង​ត្រូវ​ចុះ​ទៅ​កាន់​មនុស្ស​ថាន​វិញ​ហើយ " ។ សក្កទេវរាជ​ក៏​បាន​និម្មិត​ជណ្តើរ ៣ សម្រាប់​ចុះ​ចាក​ឋាន​តាវ​តឹង្ស គឺ​ជណ្តើរ​មួយ​និម្មិត​អំពី​មាស​ជណ្តើរ​មួយ​និម្មិត​អំពី​កែវ​មណី នឹង​ជណ្តើរ​មួយ​ទៀត​និម្មិត​អំពី​ប្រាក់ ដែល​សុទ្ធ​តែ​មាន​ជើង​តំកល់​នៅ​ទៀប​ទ្វារ​សង្កសទ្រគរ នឹង​ក្បាល​ដំកល់​លើ​កំពូល​ភ្នំ​សិនេរុ ។ បណ្តា​ជណ្តើរ​ទាំង​បី​នោះ ជណ្តើរ​មាស​សម្រាប់​ពួក​ទេវតា ជណ្តើរ​បា្រក់​សម្រាប់​ពួក​មហាព្រហ្ម និង​ជណ្តើរ​កែវ​សម្រាប់​ព្រះ​តថាគត ។ សេចក្តី​អស្ចារ្យ​ថា កាល​ព្រះ​អង្គ​យាង​ចុះ​ពី​ឋាន​តាវ​តឹង្ស ទ្រង់​ប្រថាប់​លើ​កំពូល​ភ្នំ​សិនេរុ សម្តែង​បាដិហារិយ ដើម្បី​យាង​ចុះ​មក​ទ្រង់​ញ៉ាំង​ព្រហ្ម​លោក ទេវលោក​ មនុស្ស​លោក អវិចិមហានរក និង​ចក្រវាឡ​ទាំង​អស់​ឲ្យ​មាន​ការ​ភ្លឺ​ស្វាង អាច​មើល​គ្នា​ទៅ​វិញ​ទៅ​មក​ឃើញ ។ ក្នុង​ព្រះ​រាជ​ដំណើរ​យាង​ចុះ​មក​នេះ ពួក​បញ្ចសិខគន្ធព​ទេវបុត្រ​ដែល​ស្ទាត់​ជំនាញ​ខាង​តន្ត្រី បាន​ប្រគំ​ដូរ្យ​តន្ត្រី​បូជា​ព្រះ​អង្គ​នៅ​ខាង​ស្តាំ​មាតលិសង្គាហក​ទេវបុត្រ​បូជ​ផ្កា និង​គ្រឿង​ក្រអូប​នៅ​ខាង​ឆ្វេង មហា​ព្រហ្មបាំង​ក្លស់​ថ្វាយ និង​សុយាមះ​កាន់​ផ្លិត​បក់​ថ្វាយ ។ ការ​យាង​ចុះ​ពី​ឋាន​តាវតឹង្ស​ប្រកប​ដោយ​ពុទ្ធ​សិរីឥត​បី​ប្រៀប ដ៏​មាន​ពួក​ទេវតា​ជា​បរិវារ​ចោម​រោម​ហែហម​រហូត​ដល់​ទ្វារ​នគរ​សង្កស្សះ ។ ឯ​ព្រះ​សារី​បុត្តត្ថេរ និមន្ត​ទៅថ្វាយ​បង្គំ​ព្រះ​សាស្តា​រួច​ពោល​សរសើរ​អំពី​ពុទ្ធ​សិរី​ដូច​នេះ​ថា " កាល​ពី​មុន​ខ្ញុំ​មិន​ធ្លាប់​បាន​ឃើញ​ពុទ្ធ​សិរី​ព្រះ​អង្គ​ទេ​ទាំង​សម្លេង​ក៏​ពុំ​ធ្លាប់​បាន​ស្តាប់ ឯ​ព្រះ​សាស្តា​ព្រះ​អង្គ​មាន​សម្លេង​ដូច​ព្រហ្ម​យ៉ាង​នេះ ទ្រង់​យាង​ចុះ​ហើយ​ពី​ថាន​ត្រៃ​ត្រឹង្ស​មក​កាន់​មនុស្ស​លោក​ដោយ​ពុទ្ធ​ដំណើរ​ដ៏​មាន​សិរី​ " រួច​គ្រាប​ទូល​អង្គ​តថាគត​ថា បពិត្រ​ព្រះ​ចមកុដ​បំផុត​លោក ថ្ងៃ​នេះ​ពួក​មនុស្ស នឹង​ទេវតា​ទន្ទឹង​មើល​ផ្លូវ​ព្រះ​អង្គ​គ្រប់​ៗ​គ្នា ។ លំដាប់​នោះ​ព្រះ​បរម​សាស្តា​ទ្រង់​ត្រាស់​ថា អើសារីបុត្រ ! ជា​ការ​ធម្មតា​ទេ ព្រោះ​ទេវតា នឹង​មនុស្ស​តែង​ស្រឡាញ់ ឬ ប្រាថ្នា​ឲ្យ​តែ​បាន​ជួប​នឹង​អ្នក​ប្រាជ្ញ ដែល​មាន​គុណ​សម្បត្តិ​របៀប​នេះ​ឯង " រួច​ទ្រង់​សំដែង​ធម្មទេសនា​ថានរណា​មួយ​ជា​អ្នក​ប្រាជ្ញ មាន​ការ​ខ្វល់​ខ្វាយ​តែ​ក្នុង​ឈាន ត្រេក​អរ​តែ​ក្នុង​នេក្ខម្មះ ទេវតា​នឹង​មនុស្ស​តែង​ប្រាថ្នា​តែង​ប្រាថ្នា​ចង់​បាន​ចង់​ជួប​នឹង​អ្នក​នោះ​ឯង​ដែល​មាន​ប្រាជ្ញា​ត្រាស់​ដឹង​ព្រម​ទាំង​ស្មារតី ។ លុះ​ចប់​ធម្មទេសនា ពុទ្ធ​បរិស័ទ​ទាំង​៤ ក៏​បាន​សំរេច​នូវ​ធម៌​ជាន់​ខ្ពស់​គ្រប់​ៗ​គ្នា​ក្នុង​ពេល​នោះ​ហោង ។ អត្ថបទ​នេះ​ដក​ស្រង់​ចេញ​ពី​សៀវភៅៈ ប្រជុំជាតក វាយ​អត្ថបទ​ដោយៈ កញ្ញា ជា ម៉ានិត ដោយ៥០០០ឆ្នាំ
images/articles/1062/Untitled-1-Recovered.jpg
Public date : 04, Jun 2022 (22,943 Read)
រឿង​ទីឃាវុកុមារ (ចាក ធ. ខុ.) (សេចក្តី​អត់​ធន់ ងាយ​សម្រេច​យោជន៍​គ្រប់យ៉ាង) កាល​ព្រះ​បាទ​ព្រហ្ម​ទត្ត​គ្រង​រាជ​សម្បត្តិ​ក្នុង​ក្រុង​ពារាណសី ដែនកាសី ព្រះ​បាទ​ទី​ឃិតិ​គ្រង​រាជ​សម្បត្តិ​ក្នុង​ក្រុង​សាវត្ថី​ដែន​កោសល ។ គ្រា​នោះ​ព្រះ​បាទ​ព្រហ្មទត្ត​លើក​ពល​ទៅ​វាយ​ក្រុង​សាវត្ថី​បាន ។ ព្រះ​បាទ​ទីឃីតិ​នាំ​ព្រះ​អគ្គមហេសី​ទៅ​អាស្រ័យ​នឹង​ស្មូន​ឆ្នាំង​ម្នាក់​ក្នុង​ប្រទេស​១ ជា​ទី​បំផុត​ដែន ។
images/articles/1063/Untitled-1-Recovered.jpg
Public date : 04, Jun 2022 (12,078 Read)
រឿង​ប្រេត​ញី​ស៊ី​កូន​ម្តង​៥ (បេ. ខុ.) (ការ​ស្បថ​ទាំង​បំពាន មាន​ផល​ដូច​សម្បថ) កាល​អង្គ​សម្តេច​ព្រះ​បរម​សាស្តា ទ្រង់​គង់​សម្រេច​សម្រាន្ត​ព្រះ​ឥរីយាបថ​ក្នុង​ក្រុង​សាវត្ថី មាន​ប្រេត​ញី​មួយ​រូប​ស៊ី​កូន​ឯង​ម្តង​៥ ។ កាល​ពី​អតីត​ជាតិ ប្រេត​ញី​នោះ​ជា​ស្រ្តី​មួយ​រូប​ដែល​ត្រូវ​ជា​ភរិយា​កុដុម្ពី​ម្នាក់​ក្នុង​ក្រុង​សាវត្ថី​នោះ​ដែរ តែ​នាង​ជា​ស្រ្តី​អាឥត​កូន​ម្នាក់​សោះ ។
images/articles/1064/Untitled-1-Recovered.jpg
Public date : 04, Jun 2022 (21,052 Read)
រឿង​អគ្គិទត្ត​បុរោ​ហិត (ចាក ធ. ខុ.) (បុព្វសិក្ខា នឹង​បុព្វ​ចរិយា​ទុល​ជា​សរ​សរក​ទី​ដៅ​នៃ​ដំណើរ ប៉ុន្តែ​បុគ្គល​ណាក៏​ដោយ កាល​បើ​គ្មាន​បច្ច័យ​វិសេស​ជួយ​បង្ហើប​មុខ នៃ​ឧត្តម​គតិ​ផង​ទេ​មិន​អាច​នឹង​ស្វែង​រក​ឃើញ​ទី​បំផុត​នៃ​ជាតិ​បាន​ឡើយ ) មាន​សេចក្តី​ដំណាល​ថា មាន​បុរោហិត​ម្នាក់​ឈ្មោះ​អគ្គិទត្ត​ជា​សហសេវិក​របស់​ព្រះ​បាទ​កោសល នៅ​ក្នុង​ដែន​កោសល ។
images/articles/1065/Untitled-1-Recovered.jpg
Public date : 04, Jun 2022 (30,550 Read)
រឿង​រុថកា​ប្រេត (ចាក ធ. ខុ.) (ផល​ល្អ​និង​អាក្រក់​តែង​ជ្រៀត​ជ្រែក​ឲ្យ​ផល​តាម​កម្លាំង​របស់​ខ្លួន) មាន​សេចក្តី​ដំណាល​ថា ក្នុង​សាសនា​ព្រះ​ពុទ្ធ​ព្រះ​នាម​កស្សបៈ​មាន​ស្រ្តី​ម្នាក់​មាន​សទ្ធា​ជ្រះ​ថ្លា​ក្នុង​ព្រះរតនត្រ័យ បាន​កសាង​អារាម​១ ប្រគេន​ព្រះ​ភិក្ខុ​សង្ខ​ឲ្យ​គង់​នៅ​ជា​សប្បាយ ព្រម​ទាំង​ចង្ហាន់​ដ៏​ត្រកាល​ជា​ប្រក្រតី ។ លុះ​ចំណេរ​ចីរ​កាល​ត​ទៅ នាង​ក៏​ធ្វើ​កាល​កិរិយា​ដោយ​ផលកម្ម​អកុសល ដែល​នាង​បាន​ធ្វើ​បី​ជាតិ​មុន
images/articles/1066/Untitled-1-Recovered.jpg
Public date : 04, Jun 2022 (25,680 Read)
រឿង​សុជាតមាណព (ចាក បេ.ខុ.) (ព្រះ​ធម៌​អាច​រម្ងាប់​សេចក្តី​សោក​បាន​ឆាប់​រហ័ស) កាល​ព្រះ​បរម​សាស្តា​សារពេជ្ញតាញាណ ព្រះ​អង្គ​គង់​សម្រាន្ត​ព្រះ​ឥរិយាបធ​នៅ​ក្នុង​សុគន្ធកុដិ​នៃ​វត្ត​ជេតពន មាន​កុដុម្ពី​ម្នាក់​នៅ​ក្នុង​ក្រុង​សាវត្ថី​បិតា​អិច្ចកម្ម​ទៅ កុដុម្ពី​នោះ​មាន​សេចក្តី​សោយ​សោក​ស្រែក​យំ​ដំឳរាយាត្រា​ទៅ​ដូច​ជា​មនុស្ស​ឆ្កួត បាន​ឃើញ​បុគ្គល​ណា ក៏​សួរ​បុគ្គល​នោះ​ថា​បាន​ឃើញ​បិតា​ខ្ញុំ​ដែរ ឬ​ទេ?
© Founded in June B.E.2555 by 5000-years.org (Khmer Buddhist).
បិទ
ទ្រទ្រង់ការផ្សាយសម្រាប់ឆ្នាំថ្មីនេះ ABA 000 185 807
   នាមអ្នកមានឧបការៈចំពោះការផ្សាយ៥០០០ឆ្នាំ ៖  ✿  ឧបាសិកា កាំង ហ្គិចណៃ 2022 ✿  ឧបាសក ធី សុរ៉ិល ឧបាសិកា គង់ ជីវី ព្រមទាំងបុត្រាទាំងពីរ ✿  ឧបាសិកា អ៊ា-ហុី ឆេងអាយ រស់នៅប្រទេសស្វីស 2022 ✿  ឧបាសិកា គង់-អ៊ា គីមហេង រស់នៅប្រទេសស្វីស  2022 ✿  ឧបាសិកា សុង ចន្ថា និង លោក អ៉ីវ វិសាល ព្រមទាំងក្រុមគ្រួសារទាំងមូលមានដូចជាៈ 2022 ✿  ( ឧបាសក ទា សុង និងឧបាសិកា ង៉ោ ចាន់ខេង ✿  លោក សុង ណារិទ្ធ ✿  លោកស្រី ស៊ូ លីណៃ និង លោកស្រី រិទ្ធ សុវណ្ណាវី  ✿  លោក វិទ្ធ គឹមហុង ✿  លោក សាល វិសិដ្ឋ អ្នកស្រី តៃ ជឹហៀង ✿  លោក សាល វិស្សុត និង លោក​ស្រី ថាង ជឹង​ជិន ✿  លោក លឹម សេង ឧបាសិកា ឡេង ចាន់​ហួរ​ ✿  កញ្ញា លឹម​ រីណេត និង លោក លឹម គឹម​អាន ✿  លោក សុង សេង ​និង លោកស្រី សុក ផាន់ណា​ ✿  លោកស្រី សុង ដា​លីន និង លោកស្រី សុង​ ដា​ណេ​  ✿  លោក​ ទា​ គីម​ហរ​ អ្នក​ស្រី ង៉ោ ពៅ ✿  កញ្ញា ទា​ គុយ​ហួរ​ កញ្ញា ទា លីហួរ ✿  កញ្ញា ទា ភិច​ហួរ ) ✿  ឧបាសិកា ណៃ ឡាង និងក្រុមគ្រួសារកូនចៅ មានដូចជាៈ (ឧបាសិកា ណៃ ឡាយ និង ជឹង ចាយហេង  ✿  ជឹង ហ្គេចរ៉ុង និង ស្វាមីព្រមទាំងបុត្រ  ✿ ជឹង ហ្គេចគាង និង ស្វាមីព្រមទាំងបុត្រ ✿   ជឹង ងួនឃាង និងកូន  ✿  ជឹង ងួនសេង និងភរិយាបុត្រ ✿  ជឹង ងួនហ៊ាង និងភរិយាបុត្រ)  2022 ✿  ឧបាសិកា ទេព សុគីម 2022 ✿  ឧបាសក ឌុក សារូ 2022 ✿  ឧបាសិកា សួស សំអូន និងកូនស្រី ឧបាសិកា ឡុងសុវណ្ណារី 2022 ✿  លោកជំទាវ ចាន់ លាង និង ឧកញ៉ា សុខ សុខា 2022 ✿  ឧបាសិកា ទីម សុគន្ធ 2022 ✿   ឧបាសក ពេជ្រ សារ៉ាន់ និង ឧបាសិកា ស៊ុយ យូអាន 2022 ✿  ឧបាសក សារុន វ៉ុន & ឧបាសិកា ទូច នីតា ព្រមទាំងអ្នកម្តាយ កូនចៅ កោះហាវ៉ៃ (អាមេរិក) 2022 ✿  ឧបាសិកា ចាំង ដាលី (ម្ចាស់រោងពុម្ពគីមឡុង)​ 2022 ✿  លោកវេជ្ជបណ្ឌិត ម៉ៅ សុខ 2022 ✿  ឧបាសក ង៉ាន់ សិរីវុធ និងភរិយា 2022 ✿  ឧបាសិកា គង់ សារឿង និង ឧបាសក រស់ សារ៉េន  ព្រមទាំងកូនចៅ 2022 ✿  ឧបាសិកា ហុង គីមស៊ែ 2022 ✿  ឧបាសិកា រស់ ជិន 2022 ✿  Mr. Maden Yim and Mrs Saran Seng  ✿  ភិក្ខុ សេង រិទ្ធី 2022 ✿  ឧបាសិកា រស់ វី 2022 ✿  ឧបាសិកា ប៉ុម សារុន 2022 ✿  ឧបាសិកា សន ម៉ិច 2022 ✿  ឃុន លី នៅបារាំង 2022 ✿  ឧបាសិកា លាង វួច  2022 ✿  ឧបាសិកា ពេជ្រ ប៊ិនបុប្ផា ហៅឧបាសិកា មុទិតា និងស្វាមី ព្រមទាំងបុត្រ  2022 ✿  ឧបាសិកា សុជាតា ធូ  2022 ✿  ឧបាសិកា ស្រី បូរ៉ាន់ 2022 ✿  ឧបាសិកា ស៊ីម ឃី 2022 ✿  ឧបាសិកា ចាប ស៊ីនហេង 2022 ✿  ឧបាសិកា ងួន សាន 2022 ✿  ឧបាសក ដាក ឃុន  ឧបាសិកា អ៊ុង ផល ព្រមទាំងកូនចៅ 2022 ✿  ឧបាសិកា ឈង ម៉ាក់នី ឧបាសក រស់ សំណាង និងកូនចៅ  2022 ✿  ឧបាសក ឈង សុីវណ្ណថា ឧបាសិកា តឺក សុខឆេង និងកូន 2022 ✿  ឧបាសិកា អុឹង រិទ្ធារី និង ឧបាសក ប៊ូ ហោនាង ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសិកា ទីន ឈីវ (Tiv Chhin)  2022 ✿  ឧបាសិកា បាក់​ ថេងគាង ​2022 ✿  ឧបាសិកា ទូច ផានី និង ស្វាមី Leslie ព្រមទាំងបុត្រ  2022 ✿  ឧបាសិកា ពេជ្រ យ៉ែម ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសក តែ ប៊ុនគង់ និង ឧបាសិកា ថោង បូនី ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសិកា តាន់ ភីជូ ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសក យេម សំណាង និង ឧបាសិកា យេម ឡរ៉ា ព្រមទាំងបុត្រ  2022 ✿  ឧបាសក លី ឃី នឹង ឧបាសិកា  នីតា ស្រឿង ឃី  ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសិកា យ៉ក់ សុីម៉ូរ៉ា ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសិកា មុី ចាន់រ៉ាវី ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសិកា សេក ឆ វី ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសិកា តូវ នារីផល ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសក ឌៀប ថៃវ៉ាន់ 2022 ✿  ឧបាសក ទី ផេង និងភរិយា 2022 ✿  ឧបាសិកា ឆែ គាង 2022 ✿  ឧបាសិកា ទេព ច័ន្ទវណ្ណដា និង ឧបាសិកា ទេព ច័ន្ទសោភា  2022 ✿  ឧបាសក សោម រតនៈ និងភរិយា ព្រមទាំងបុត្រ  2022 ✿  ឧបាសិកា ច័ន្ទ បុប្ផាណា និងក្រុមគ្រួសារ 2022 ✿  ឧបាសិកា សំ សុកុណាលី និងស្វាមី ព្រមទាំងបុត្រ  2022 ✿  លោកម្ចាស់ ឆាយ សុវណ្ណ នៅអាមេរិក 2022 ✿  ឧបាសិកា យ៉ុង វុត្ថារី 2022 ✿  លោក ចាប គឹមឆេង និងភរិយា សុខ ផានី ព្រមទាំងក្រុមគ្រួសារ 2022 ✿  ឧបាសក ហ៊ីង-ចម្រើន និង​ឧបាសិកា សោម-គន្ធា 2022 ✿  ឩបាសក មុយ គៀង និង ឩបាសិកា ឡោ សុខឃៀន ព្រមទាំងកូនចៅ  2022 ✿  ឧបាសិកា ម៉ម ផល្លី និង ស្វាមី ព្រមទាំងបុត្រី ឆេង សុជាតា 2022 ✿  លោក អ៊ឹង ឆៃស្រ៊ុន និងភរិយា ឡុង សុភាព ព្រមទាំង​បុត្រ 2022 ✿  ឧបាសិកា លី យក់ខេន និងកូនចៅ 2022 ✿   ឧបាសិកា អូយ មិនា និង ឧបាសិកា គាត ដន 2022 ✿  ឧបាសិកា ខេង ច័ន្ទលីណា 2022 ✿  ឧបាសិកា ជូ ឆេងហោ 2022 ✿  ឧបាសក ប៉ក់ សូត្រ ឧបាសិកា លឹម ណៃហៀង ឧបាសិកា ប៉ក់ សុភាព ព្រមទាំង​កូនចៅ  2022 ✿  ឧបាសិកា ពាញ ម៉ាល័យ និង ឧបាសិកា អែប ផាន់ស៊ី  ✿  ឧបាសិកា ស្រី ខ្មែរ  ✿  ឧបាសក ស្តើង ជា និងឧបាសិកា គ្រួច រាសី  ✿  ឧបាសក ឧបាសក ឡាំ លីម៉េង ✿  ឧបាសក ឆុំ សាវឿន  ✿  ឧបាសិកា ហេ ហ៊ន ព្រមទាំងកូនចៅ ចៅទួត និងមិត្តព្រះធម៌ និងឧបាសក កែវ រស្មី និងឧបាសិកា នាង សុខា ព្រមទាំងកូនចៅ ✿  ឧបាសក ទិត្យ ជ្រៀ នឹង ឧបាសិកា គុយ ស្រេង ព្រមទាំងកូនចៅ ✿  ឧបាសិកា សំ ចន្ថា និងក្រុមគ្រួសារ ✿  ឧបាសក ធៀម ទូច និង ឧបាសិកា ហែម ផល្លី 2022 ✿  ឧបាសក មុយ គៀង និងឧបាសិកា ឡោ សុខឃៀន ព្រមទាំងកូនចៅ ✿  អ្នកស្រី វ៉ាន់ សុភា ✿  ឧបាសិកា ឃី សុគន្ធី ✿  ឧបាសក ហេង ឡុង  ✿  ឧបាសិកា កែវ សារិទ្ធ 2022 ✿  ឧបាសិកា រាជ ការ៉ានីនាថ 2022 ✿  ឧបាសិកា សេង ដារ៉ារ៉ូហ្សា ✿  ឧបាសិកា ម៉ារី កែវមុនី ✿  ឧបាសក ហេង សុភា  ✿  ឧបាសក ផត សុខម នៅអាមេរិក  ✿  ឧបាសិកា ភូ នាវ ព្រមទាំងកូនចៅ ✿  ក្រុម ឧបាសិកា ស្រ៊ុន កែវ  និង ឧបាសិកា សុខ សាឡី ព្រមទាំងកូនចៅ និង ឧបាសិកា អាត់ សុវណ្ណ និង  ឧបាសក សុខ ហេងមាន 2022 ✿  លោកតា ផុន យ៉ុង និង លោកយាយ ប៊ូ ប៉ិច ✿  ឧបាសិកា មុត មាណវី ✿  ឧបាសក ទិត្យ ជ្រៀ ឧបាសិកា គុយ ស្រេង ព្រមទាំងកូនចៅ ✿  តាន់ កុសល  ជឹង ហ្គិចគាង ✿  ចាយ ហេង & ណៃ ឡាង ✿  សុខ សុភ័ក្រ ជឹង ហ្គិចរ៉ុង ✿  ឧបាសក កាន់ គង់ ឧបាសិកា ជីវ យួម ព្រមទាំងបុត្រនិង ចៅ ។   ✿ ✿ ✿  លោកអ្នកអាចជួយទ្រទ្រង់ដំណើរការផ្សាយ ៥០០០ឆ្នាំ សម្រាប់ឆ្នាំ២០២២  ដើម្បីគេហទំព័រ៥០០០ឆ្នាំ មានលទ្ធភាពពង្រីកនិងបន្តការផ្សាយ ។  សូមបរិច្ចាគទាន មក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987   ✿ ✿ ✿     សូមអរព្រះគុណ និង សូមអរគុណ ។...       ✿  ✿  ✿