images/articles/3106/6yergerw343.jpg
មិត្តគួរសេពគប់ ៤ ពួក
ផ្សាយ : ១៦ មករា ឆ្នាំ២០២៣
[៦៣] ម្នាលគហបតិបុត្រ មនុស្ស៤ពួកនេះ អ្នកត្រូវដឹងថា ជាមិត្ត មានសន្តានល្អ គឺមិត្តមានឧបការៈ អ្នកត្រូវដឹងថា ជាមិត្តមានសន្តានល្អ១ មិត្តរួមសុខទុក្ខ អ្នកត្រូវដឹងថា ជាមិត្តមានសន្តានល្អ១ មិត្តប្រាប់ប្រយោជន៍ អ្នកត្រូវដឹងថា ជាមិត្តមានសន្តានល្អ១ មិត្តមានសេចក្តីឈឺឆ្អាល អ្នកត្រូវដឹងថា ជាមិត្តមានសន្តានល្អ១។
[៦៤] ម្នាលគហបតិបុត្រ មិត្តមានឧបការៈ ជាមិត្តមានសន្តានល្អ អ្នកត្រូវដឹងដោយស្ថាន៤យ៉ាងគឺ រក្សាមិត្តដែលធ្វេសប្រហែស១ រក្សាសម្បត្តិរបស់មិត្ត ដែលធ្វេសប្រហែស១ ជាទីពឹងពំនាក់ នៃមិត្តដែលមានសេចក្តីភិតភ័យ១ កាលបើកិច្ចដែលត្រូវធ្វើ កើតឡើងហើយ តែងជួយផ្តល់ភោគៈ ជាទ្វិគុណ ជាងទ្រព្យដែលមិត្តត្រូវការនោះ១។ ម្នាលគហបតិបុត្ត មិត្តមានឧបការៈ ជាមិត្តមានសន្តានល្អ អ្នកត្រូវដឹងដោយស្ថាន៤យ៉ាងនេះឯង។
[៦៥] ម្នាលគហបតិបុត្រ មិត្តរួមសុខទុក្ខ ជាមិត្តមានសន្តានល្អ អ្នកត្រូវដឹងដោយស្ថាន៤យ៉ាងគឺ ប្រាប់នូវអាថ៌កំបាំងរបស់ខ្លួនដល់មិត្ត១ ជួយបិទបាំងនូវអាថ៌កំបាំងរបស់មិត្ត១ មិនបោះបង់គ្នា ក្នុងគ្រាមានវិបត្តិ១ សូម្បីជីវិត ក៏ហ៊ានលះបង់ ដើម្បីប្រយោជន៍ដល់មិត្ត (ស៊ូប្តូរជីវិត)១។ ម្នាលគហបតិបុត្ត មិត្តរួមសុខទុក្ខ ជាមិត្តមានសន្តានល្អ អ្នកត្រូវដឹងដោយស្ថាន៤យ៉ាងនេះឯង។
[៦៦] ម្នាលគហបតិបុត្រ មិត្តប្រាប់ប្រយោជន៍ ជាមិត្តមានសន្តានល្អ អ្នកត្រូវដឹងដោយស្ថាន៤យ៉ាងគឺ ហាមមិត្តឲ្យឃ្លាតចាកអំពើអាក្រក់១ ដឹកនាំឲ្យមិត្តតំកល់នៅតែក្នុងអំពើល្អ១ ឲ្យបានឮពាក្យដែលមិនធ្លាប់បានឮ១ ប្រាប់ផ្លូវឋានសួក៌១។ ម្នាលគហបតិបុត្ត មិត្តប្រាប់ប្រយោជន៍ ជាមិត្តមានសន្តានល្អ អ្នកត្រូវដឹងដោយស្ថាន៤យ៉ាងនេះឯង។
[៦៧] ម្នាលគហបតិបុត្រ មិត្តមានសេចក្តីឈឺឆ្អាល ជាមិត្តមានសន្តានល្អ អ្នកត្រូវដឹងដោយស្ថាន៤យ៉ាងគឺ ជួយព្រួយចិត្ត ពីព្រោះមិត្តបានសេចក្តីវិនាស១ ជួយត្រេកអរ ព្រោះមិត្តបានសេចក្តីចម្រើន១ ទទឹងទាស់នឹងមនុស្ស ដែលពោលទោសមិត្ត១ សរសើរតែមនុស្ស ដែលពណ៌នាគុណមិត្ត១។ ម្នាលគហបតិបុត្ត មិត្តមានសេចក្តីឈឺឆ្អាល ជាមិត្តមានសន្តានល្អ អ្នកត្រូវដឹង ដោយស្ថាន៤យ៉ាងនេះឯង។ ព្រះមានព្រះភាគ ទ្រង់បានសំដែងសេចក្តីនេះ លុះព្រះសុគត ជាសាស្តា ត្រាស់សេចក្តីនេះហើយ ទើបទ្រង់សំដែងពាក្យជាគាថាព័ន្ធ តទៅទៀតថា
[៦៨] មិត្តដែលមានឧបការៈ សំឡាញ់ដែលរួមសុខទុក្ខ មិត្តដែលប្រាប់ប្រយោជន៍ មិត្តដែលមានសេចក្តីឈឺឆ្អាល បណ្ឌិតស្គាល់ជាក់ នូវបុគ្គលទាំង៤ពួកនុ៎ះថា ជាមិត្តមែនទែន ហើយគប្បីចូលទៅអង្គុយជិតស្និទ្ធស្នាល ដូចជាមាតា និងបុត្ត ដែលកើតពីទ្រូង។ អ្នកប្រាជ្ញបរិបូណ៌ដោយសីល តែងរុងរឿង ដូចជាភ្លើងដែលភ្លឺដូច្នោះឯង កាលបុគ្គលសន្សំទ្រព្យ រមែងធ្វើទ្រព្យ ឲ្យជាគំនរ ដូចជាឃ្មុំដូច្នោះឯង។ ភោគៈទាំងឡាយ តែងដល់នូវការពូនជាគំនរ ដូចជាដំបូក ដែលកណ្តៀរ កពូន ដូច្នោះឯង។ គ្រហស្ថក្នុងត្រូកូល បានសន្សំភោគៈទាំងឡាយ យ៉ាងនេះហើយ ទើបអាច (តាំងខ្លួន) កុលបុត្រដែលចែកភោគៈទាំងឡាយជា៤ចំណែក គឺបិរភោគភោគៈទាំងឡាយ១ចំណែក ប្រកបការងារពីរចំណែក ទាំងតំកល់ទុកនូវចំណែកទី៤ ដោយក្រែងមានអន្តរាយទាំងឡាយ (ទៅខាងមុខ) កុលបុត្រនោះ ទើបឈ្មោះថា ចងបាច់មិត្តទាំងឡាយបាន [ចំណែកទីមួយ បរិភោគ ប្រើប្រាស់ ចាយវាយ ចំណែកទី២ ទី៣ ប្រកបការងារ គឺប្រកបកសិកម្ម និងពាណិជ្ជកម្មផ្សេងៗ ចំណែកជាគំរប់៤ ទុកសម្រាប់ការពារអន្តរាយផ្សេងៗ មានអន្តរាយអំពីស្តេចជាដើម។ ម្យ៉ាងទៀត ឲ្យរំលែកអំពីចំណែកទាំង៤ នោះ ធ្វើកុសល ឬឲ្យជាថ្លៃគ្រឿងស្លៀកពាក់ និងឈ្នួលកោរកាត់ (អដ្ឋកថា)។ ]។
មិត្តគួរសេពគប់ ៤ ពួក
បិដក ១៩ ទំព័រ ៨១ ឃ្នាប ៦៣
ដោយ៥០០០ឆ្នាំ
images/articles/3105/756yerg.jpg
មិត្តមិនគួរសេពគប់ ៤ យ៉ាង
ផ្សាយ : ១៦ មករា ឆ្នាំ២០២៣
[៥៧] ម្នាលគហបតិបុត្ត អ្នកត្រូវស្គាល់ពួកមនុស្ស ដែលមិនមែនជាមិត្ត គ្រាន់តែជាមិត្តប្លម៤ពួកនេះគឺ អ្នកត្រូវស្គាល់ពួកមនុស្ស ដែលគិតយកតែប្រយោជន៍ខ្លួនថា មិនមែនជាមិត្ត គ្រាន់តែជាមិត្តប្លម១ អ្នកត្រូវស្គាល់ពួកមនុស្ស ល្អតែសំដីថា មិនមែនជាមិត្ត គ្រាន់តែជាមិត្តប្លម១ អ្នកត្រូវស្គាល់មនុស្ស ដែលនិយាយចាក់បណ្តោយ ឲ្យគាប់ចិត្តថា មិនមែនជាមិត្ត គ្រាន់តែជាមិត្តប្លម១ អ្នកត្រូវស្គាល់មនុស្ស ជាសំឡាញ់ ក្នុងការវិនាសភោគៈទាំងឡាយថា មិនមែនជាមិត្ត គ្រាន់តែជាមិត្តប្លម១។
[៥៨] ម្នាលគហបតិបុត្ត មនុស្សគិតយកតែប្រយោជន៍ខ្លួន មិនមែនជាមិត្ត គ្រាន់តែជាមិត្តប្លម (នោះ) អ្នកត្រូវស្គាល់ដោយស្ថាន៤យ៉ាង គឺមិត្តគិតយកតែប្រយោជន៍ខ្លួន១ មិត្តប្រាថ្នាយករបស់ច្រើន ដោយ(ឲ្យ)របស់តិចតួច១ ទាល់តែមានភ័យ ទើបជួយធ្វើកិច្ចរបស់មិត្ត១ សេពគប់មិត្ត ព្រោះហេតុតែប្រយោជន៍១។ ម្នាលគហបតិបុត្ត មិត្តគិតយកតែប្រយោជន៍ខ្លួន មិនមែនជាមិត្តទេ គ្រាន់តែជាមិត្តប្លម អ្នកត្រូវស្គាល់ដោយស្ថាន៤យ៉ាងនេះឯង។
[៥៩] ម្នាលគហបតិបុត្ត មិត្តល្អតែសំដី មិនមែនជាមិត្ត គ្រាន់តែជាមិត្តប្លម អ្នកត្រូវស្គាល់ដោយស្ថាន៤ គឺមិត្តទទួលរាក់ទាក់ដោយរបស់ដែលកន្លងហើយ១ ទទួលរាក់ទាក់ដោយរបស់ដែលមិនទាន់មានមក១ សង្គ្រោះដោយអំពើឥតប្រយោជន៍ ១ កាលកិច្ចទាំងឡាយ កើតឡើងភ្លាមៗ ក៏សំដែងអាងរបស់ខូចខាត [ពឹងការអ្វីមិនបាន បើត្រូវពឹងរកអ្វីៗ ក៏ប្រាប់ថារបស់នោះ ខូចនេះ បាត់នោះជាដើម។]១ ម្នាលគហបតិបុត្ត មិត្តល្អតែសំដី មិនមែនជាមិត្តទេ គ្រាន់តែជាមិត្តប្លម អ្នកត្រូវស្គាល់ដោយស្ថាន៤យ៉ាងនេះឯង។
[៦០] ម្នាលគហបតិបុត្ត មិត្តនិយាយចាក់បណ្តោយ ឲ្យគាប់ចិត្ត មិនមែនជាមិត្តទេ គ្រាន់តែជាមិត្តប្លម អ្នកត្រូវស្គាល់ដោយស្ថាន៤យ៉ាង គឺបើមិត្តធ្វើអំពើអាក្រក់ ក៏យល់ព្រមតាម១ មិត្តធ្វើអំពើល្អ ក៏យល់ព្រមតាម១ ពណ៌នាគុណមិត្ត តែក្នុងទីចំពោះមុខ១ ពោលទោសមិត្ត ក្នុងទីកំបាំងមុខ១។ ម្នាលគហបតិបុត្ត មិត្តនិយាយចាក់បណ្តោយ ឲ្យគាប់ចិត្ត មិនមែនជាមិត្តទេ គ្រាន់តែជាមិត្តប្លម អ្នកត្រូវស្គាល់ដោយស្ថាន៤យ៉ាងនេះឯង។
[៦១] ម្នាលគហបតិបុត្ត មនុស្សជាសំឡាញ់ ក្នុងផ្លូវវិនាស មិនមែនជាមិត្តទេ គ្រាន់តែជាមិត្តប្លម អ្នកត្រូវស្គាល់ដោយស្ថាន៤យ៉ាង គឺជាសំឡាញ់ក្នុងកិរិយាប្រកបរឿយៗ នូវការផឹកទឹកស្រវឹង គឺសុរាមេរ័យ ដែលជាទីតាំងនៃសេចក្តីប្រមាទ១ ជាសំឡាញ់ក្នុងការប្រកបរឿយៗ នូវការត្រាច់ទៅតាមច្រកល្ហក ខុសកាល១ ជាសំឡាញ់ក្នុងកិរិយាដើរមើលល្បែង មហោស្រព១ ជាសំឡាញ់ក្នុងកិរិយាប្រកបរឿយៗ នូវល្បែងភ្នាល់ ដែលជាហេតុ ជាទីតាំងនៃសេចក្តីប្រមាទ១។ ម្នាលគហបតិបុត្ត មនុស្សជាសំឡាញ់ ក្នុងផ្លូវវិនាស មិនមែនជាមិត្តទេ គ្រាន់តែជាមិត្តប្លម អ្នកត្រូវស្គាល់ដោយស្ថាន៤យ៉ាងនេះឯង។ ព្រះមានព្រះភាគ ទ្រង់បានសំដែងសេចក្តីនេះ លុះព្រះសុគត ជាសាស្តា សំដែងសេចក្តីនេះហើយ ទើបទ្រង់សំដែងពាក្យគាថាព័ន្ធ តទៅទៀតថា
[៦២] បុគ្គលដែលជាមិត្ត គិតយកតែប្រយោជន៍ខ្លួន១ បុគ្គលដែលជាមិត្ត ល្អតែសំដី១ បុគ្គលដែលនិយាយចាក់បណ្តោយ ឲ្យគាប់ចិត្ត១ បុគ្គលដែលជាសំឡាញ់ ក្នុងផ្លូវវិនាស១ បណ្ឌិត ដឹងថាបុគ្គលទាំង៤ពួកនុ៎ះ មិនមែនជាមិត្តហើយ គប្បីចៀសវាងឲ្យឆ្ងាយ ដូចជាអ្នកដំណើរ ចៀសវាងផ្លូវដែលប្រកបដោយភ័យ ដូច្នោះ។
មិត្តមិនគួរសេពគប់ ៤ យ៉ាង
បិដក ១៩ ទំព័រ ៧៨ ឃ្នាប ៥៧
ដោយ៥០០០ឆ្នាំ
images/articles/3109/243Ek.jpg
តួនាទីឪពុកម្តាយនិងតួនាទីកូនប្រុសស្រី
ផ្សាយ : ១៦ មករា ឆ្នាំ២០២៣
[៦៩] ម្នាលគហបតិ អរិយសាវ័ក បិទបាំងទិសទាំង៦ដូចម្តេច។ ម្នាលគហបតិបុត្ត អ្នកត្រូវដឹងទិសទាំង៦ ដូច្នេះគឺ មាតាបិតា អ្នកត្រូវដឹងថា ទិសខាងកើត១ អាចារ្យ អ្នកត្រូវដឹងថា ទិសខាងត្បូង១ កូននិងប្រពន្ធ អ្នកត្រូវដឹងថា ទិសខាងលិច១ មិត្តអាមាត្រ អ្នកត្រូវដឹងថា ទិសខាងជើង១ ទាសៈ និងកម្មករ [ខ្ញុំកំដរ និងអ្នកធ្វើការស៊ីឈ្នួល។] អ្នកត្រូវដឹងថា ទិសខាងក្រោម១ សមណព្រាហ្មណ៍ អ្នកត្រូវដឹងថា ទិសខាងលើ១។
[៧០] ម្នាលគហបតិបុត្ត មាតាបិតា ជាទិសខាងកើត កូនត្រូវទំនុកបំរុង ដោយស្ថានទាំងឡាយ៥យ៉ាង គឺកូនត្រូវតាំងចិត្តថា អាត្មាអញ មាតាបិតាបានចិញ្ចឹមរក្សាមកហើយ នឹងចិញ្ចឹមមាតាបិតាវិញ១ នឹងជួយធ្វើការងាររបស់មាតាបិតា១ ទាំងតំកល់វង្សត្រកូល១ ប្រតិបត្តិឲ្យជាអ្នកសមគួរទទួលទ្រព្យមត៌កបាន១ មួយទៀត ឧទ្ទិសទក្ខិណាទាន ដល់មាតាបិតា ដែលធ្វើកាលកិរិយា ទៅកាន់បរលោកហើយ១។ ម្នាលគហបតិបុត្ត មាតាបិតា ជាទិសខាងកើត ដែលកូនទំនុកបំរុង ដោយស្ថានទាំងឡាយ ៥យ៉ាងនេះឯងហើយ រមែងអនុគ្រោះកូន ដោយស្ថានទាំងឡាយ ៥យ៉ាង វិញដូច្នេះ គឺហាមឃាត់កូន ចាកអំពើអាក្រក់១ ឲ្យកូនតម្កល់នៅតែក្នុងអំពើល្អ១ ឲ្យកូនរៀនសូត្រសិល្បសាស្ត្រ១ ដណ្តឹងភរិយាស្វាមីសមគួរឲ្យ១ ចែកទ្រព្យឲ្យកូនក្នុងសម័យគួរ១។ ម្នាលគហបតិបុត្ត មាតាបិតា ជាទិសខាងកើត ដែលកូនទំនុកបំរុង ដោយស្ថាន៥យ៉ាងនេះឯងហើយ រមែងអនុគ្រោះកូន ដោយស្ថាន៥យ៉ាងនេះ ទិសខាងកើតនោះ ដែលកូនបានបិទបាំងហើយ ជាទិសមានសេចក្តីក្សេម ឥតមានភយន្តរាយយ៉ាងនេះ។
តួនាទីឪពុកម្តាយនិងតួនាទីកូនប្រុសស្រី
បិដកភាគ ១៩_ ទំព័រ ៨៤ ឃ្នាប ៦៩
ដោយ៥០០០ឆ្នាំ
images/articles/3119/20ecple_W.jpg
តួនាទីស្វាមីនិងតួនាទីភរិយា
ផ្សាយ : ១៦ មករា ឆ្នាំ២០២៣
[៧២] ម្នាលគហបតិបុត្ត ភរិយាជាទិសខាងលិច ស្វាមីត្រូវទំនុកបម្រុង ដោយស្ថាន៥យ៉ាងគឺ ដោយការរាប់អាន ជាភរិយាពេញទី១ ដោយមិនមើលងាយ១ ដោយមិនប្រព្រឹត្តក្បត់ចិត្ត១ ដោយប្រគល់ឲ្យជាធំ (ក្នុងការផ្ទះ)១ ដោយការឲ្យគ្រឿងតែងខ្លួន១។ ម្នាលគហបតិបុត្ត ភរិយាជាទិសខាងលិច ដែលស្វាមីទំនុកបម្រុង ដោយស្ថានទាំងឡាយ៥យ៉ាងនេះឯងហើយ រមែងអនុគ្រោះស្វាមី ដោយស្ថានទាំងឡាយ ៥យ៉ាងវិញ គឺ ចាត់ចែងការងារដោយល្អ១ សង្គ្រោះជនជាញាតិទាំងពីរខាងដោយល្អ១ មិនប្រព្រឹត្តក្បត់១ ថែទាំទ្រព្យដែលស្វាមីរកបានមក១ ឈ្លាស មិនខ្ជិលច្រអូស ក្នុងកិច្ចការសព្វគ្រប់១។ ម្នាលគហបតិបុត្ត ភរិយាជាទិសខាងលិច ដែលស្វាមីទំនុកបម្រុងដោយស្ថាន៥យ៉ាងនេះឯងហើយ រមែងអនុគ្រោះស្វាមីដោយស្ថាន៥យ៉ាងនេះ ទិសខាងលិចនោះ ដែលស្វាមីបិទបាំងហើយ ជាទិសមានសេចក្តីក្សេម ឥតមានភយន្តរាយយ៉ាងនេះ។
តួនាទីស្វាមីនិងតួនាទីភរិយា
បិដក ១៩ ទំព័រ ៨៦ ឃ្នាប ៧២
ដោយ៥០០០ឆ្នាំ
images/articles/3120/20eube.jpg
ទោសរបស់បុគ្គលអ្នកមានអំពើមិនជាទីជ្រះថ្លា ៥ យ៉ាង
ផ្សាយ : ១៦ មករា ឆ្នាំ២០២៣
ទុតិយអបាសាទិកសូត្រ ទី ៨
[១១៨] ម្នាលភិក្ខុទាំងឡាយ ទោសរបស់បុគ្គល អ្នកមានអំពើមិនជាទីជ្រះថ្លានេះ មាន ៥ យ៉ាង ។ ទោស ៥ យ៉ាង គឺអ្វីខ្លះ។ គឺពួកជន ដែលមិនទាន់ជ្រះថ្លា រមែងមិនជ្រះថ្លា ១ ពួកជនខ្លះដែលជ្រះថ្លាហើយ ក៏ត្រឡប់ជាងាកចិត្តចេញ ១ ឈ្មោះថា មិនធ្វើតាមពាក្យប្រដៅរបស់ព្រះសាស្តា ១ ប្រជុំជនខាងក្រោយនឹងយកតម្រាប់តាម ១ ចិត្តរបស់បុគ្គលនោះ មិនជ្រះថ្លា ១។ ម្នាលភិក្ខុទាំងឡាយ ទោសរបស់បុគ្គលអ្នកមានអំពើមិនជាទីជ្រះថ្លា មាន ៥ យ៉ាងនេះឯង ។ ម្នាលភិក្ខុទាំងឡាយ អានិសង្សរបស់បុគ្គល អ្នកមានអំពើជាទីជ្រះថ្លានេះ មាន ៥ យ៉ាង។ អានិសង្ស ៥ យ៉ាង គឺអ្វីខ្លះ។ គឺពួកជនដែលមិនទាន់ជ្រះថ្លា រមែងជ្រះថ្លា ១ ពួកជនដែលជ្រះថ្លារួចហើយ រឹតតែជ្រះថ្លាឡើង ១ ឈ្មោះថា ធ្វើតាមពាក្យប្រដៅរបស់ព្រះសាស្តា ១ ប្រជុំជនខាងក្រោយ នឹងយកតម្រាប់តាម ១ ចិត្តរបស់បុគ្គលនោះ រមែងជ្រះថ្លា ១។ ម្នាលភិក្ខុទាំងឡាយ អានិសង្សរបស់បុគ្គល អ្នកមានអំពើជាទីជ្រះថ្លា មាន ៥ យ៉ាងនេះឯង។
អគ្គិសូត្រ ទី ៩
[១១៩] ម្នាលភិក្ខុទាំងឡាយ ទោសក្នុងភ្លើងនេះ មាន ៥ យ៉ាង។ ទោស ៥ យ៉ាង គឺអ្វីខ្លះ។ គឺឲ្យងងឹតភ្នែក ១ ធ្វើសម្បុរឲ្យអាក្រក់ ១ ធ្វើកម្លាំងឲ្យខ្សោយ ១ កុះករដោយពួកគណៈ ១ ប្រព្រឹត្តទៅ ដើម្បីតិរច្ឆានកថា ១។ ម្នាលភិក្ខុទាំងឡាយ ទោសក្នុងភ្លើង មាន ៥ យ៉ាងនេះឯង ។
មធុរាសូត្រ ទី ១០
[១២០] ម្នាលភិក្ខុទាំងឡាយ ទោសក្នុងដែនមធុរានេះ មាន ៥ យ៉ាង។ ទោស ៥ យ៉ាង គឺអ្វីខ្លះ។ គឺទីមិនស្មើ ១ មានធុលីច្រើន ១ មានឆ្កែសាហាវ ១ មានយក្សកាច ១ រកបាយបានក្រ ១។ ម្នាលភិក្ខុទាំងឡាយ ទោសក្នុងដែនមធុរា មាន ៥ យ៉ាងនេះឯង។
ចប់ អក្កោសកវគ្គ ទី ២ ។
ទុតិយអបាសាទិកសូត្រ ទី ៨_ ឬ ទោសរបស់បុគ្គលអ្នកមានអំពើមិនជាទីជ្រះថ្លា ៥ យ៉ាង បិដកភាគ ៤៥ ទំព័រ ២៥៣ ឃ្នាប ១១៨
ដោយ៥០០០ឆ្នាំ
images/articles/3133/20ccver.jpg
តួនាទីរបស់មិត្ត ៥ យ៉ាង
ផ្សាយ : ១៦ មករា ឆ្នាំ២០២៣
[៧៣] ម្នាលគហបតិបុត្ត មិត្តអាមាត្យជាទិសខាងជើង កុលបុត្ត ត្រូវប្រតិបត្តិដោយស្ថាន៥យ៉ាងគឺ ដោយការឲ្យរបស់១ ដោយការនិយាយតែពាក្យគាប់ចិត្ត១ ដោយការប្រព្រឹត្តិ ឲ្យជាប្រយោជន៍១ ដោយការប្រព្រឹត្តិខ្លួនស្មើ១ ដោយការមិនកុហកបញ្ឆោត១។
ម្នាលគហបតិបុត្ត មិត្តអាមាត្យជាទិសខាងជើង ដែលកុលបុត្តប្រតិបត្តិដោយស្ថាន៥យ៉ាងនេះឯងហើយ រមែងអនុគ្រោះកុលបុត្ត ដោយស្ថាន៥យ៉ាង គឺ រក្សាមិត្តដែលធ្វេសប្រហែស១ ជួយថែទាំទ្រព្យសម្បត្តិ របស់មិត្តដែលធ្វេសប្រហែស១ ជាទីពឹងរបស់មិត្តដែលមានភ័យ១ មិនបោះបង់គ្នាក្នុងគ្រាវិបត្តិ១ រាប់អានរហូតដល់ផៅពង្សរបស់មិត្ត១។ ម្នាលគហបតិបុត្ត មិត្តអាមាត្យ ជាទិសខាងជើង ដែលកុលបុត្តប្រតិបត្តិ ដោយស្ថាន៥យ៉ាងនេះឯងហើយ រមែងអនុគ្រោះកុលបុត្ត ដោយស្ថាន៥យ៉ាងនេះ ទិសខាងជើងនោះ ដែលកុលបុត្តបានបិទបាំងហើយ ជាទិសមានសេចក្តីក្សេម ឥតមានភយន្តរាយយ៉ាងនេះ។
តួនាទីរបស់មិត្ត ៥ យ៉ាង - បិដកភាគ ១៩ ទំព័រ ៨៧ ឃ្នាប ៧៣
ដោយ៥០០០ឆ្នាំ
images/articles/3173/_____________________________________________.jpg
សេចក្តីព្រមព្រៀងនៃសង្ឃនាំមកនូវសេចក្តីសុខ
ផ្សាយ : ១៣ មករា ឆ្នាំ២០២៣
ខ្ញុំបានស្ដាប់មកថា ព្រះមានព្រះភាគ ទ្រង់ត្រាស់ហើយ ព្រះអរហន្តសំដែងហើយ។ ម្នាលភិក្ខុទាំងឡាយ ធម៌ ១ កាលកើតឡើងក្នុងលោក តែងកើតឡើង ដើម្បីជាប្រយោជន៍ដល់ជនច្រើន ដើម្បីជាសុខដល់ជនច្រើន ដើម្បីជាប្រយោជន៍ ដើម្បីសេចក្ដីចំរើនដល់ជនច្រើន ដើម្បីជាសុខដល់ទេវតា និងមនុស្សទាំងឡាយ។ ធម៌ ១ តើដូចម្ដេច។ គឺសេចក្ដីព្រមព្រៀងរបស់សង្ឃ។
ម្នាលភិក្ខុទាំងឡាយ កាលបើសង្ឃព្រមព្រៀងគ្នាហើយ ការឈ្លោះប្រកែកគ្នានឹងគ្នា ក៏មិនកើតមាន ការប្រទេចផ្ដាសាគ្នានឹងគ្នា ក៏មិនកើតមាន ការបោកបោះពាក្យសំដីដល់គ្នានឹងគ្នា ក៏មិនកើតមាន ការលះបង់គ្នានឹងគ្នា ក៏មិនកើតមាន ជនទាំងឡាយ ដែលមិនជ្រះថ្លាក្នុងសង្ឃនោះ ក៏រមែងជ្រះថ្លា ពួកជនដែលជ្រះថ្លាស្រាប់ហើយ ក៏រឹងរឹតតែជ្រះថ្លាឡើង។ លុះព្រះមានព្រះភាគ ទ្រង់សំដែងសេចក្ដីនុ៎ះហើយ។
ទ្រង់ត្រាស់គាថាព័ន្ធនេះ ក្នុងសូត្រនោះថា សេចក្ដីព្រមព្រៀងនៃសង្ឃ ជាហេតុនាំសេចក្ដីសុខមកឲ្យ ការអនុគ្រោះបុគ្គលទាំងឡាយ ដែលមានសេចក្ដីព្រមព្រៀងគ្នា (ជាហេតុនាំសេចក្ដីសុខមកឲ្យ) បុគ្គលត្រេកអរ ក្នុងជនដែលព្រមព្រៀងគ្នា តាំងនៅក្នុងធម៌ រមែងមិនសាបសូន្យ ចាកធម៌ជាទីក្សេមចាកយោគៈ បុគ្គលធ្វើសង្ឃ ឲ្យព្រមព្រៀងគ្នា រមែងរីករាយ ក្នុងឋានសួគ៌ អស់ ១ កប្ប។
ខ្ញុំបានស្ដាប់មកហើយថា សេចក្ដីនេះឯង ព្រះមានព្រះភាគ ត្រាស់ទុកហើយ។ សូត្រ ទី៩។
បិដក ភាគ ៥៣ - ទំព័រទី ១៧
ដោយ៥០០០ឆ្នាំ
images/articles/3171/____________________________________.jpg
មាតាបិតាទាំងឡាយឈ្មោះថាព្រហ្ម
ផ្សាយ : ១៣ មករា ឆ្នាំ២០២៣
ម្នាលភិក្ខុទាំងឡាយ ត្រកូលទាំងឡាយណា ដែលកូនបូជាមាតាបិតា ក្នុងផ្ទះរបស់ខ្លួន ត្រកូលទាំងឡាយនោះ ឈ្មោះថា នៅរួមជាមួយនឹងព្រហ្ម។ ម្នាលភិក្ខុទាំងឡាយ ត្រកូលទាំងឡាយណា ដែលកូនបូជាមាតាបិតា ក្នុងផ្ទះរបស់ខ្លួន ត្រកូលទាំងឡាយនោះ ឈ្មោះថា នៅរួមជាមួយនឹងបុព្វទេវតា (ទេវតាដើម)។ ម្នាលភិក្ខុទាំងឡាយ ត្រកូលទាំងឡាយណា ដែលកូនបូជាមាតាបិតាក្នុងផ្ទះរបស់ខ្លួន ត្រកូលទាំងឡាយនោះ ឈ្មោះថា នៅរួមជាមួយនឹងបុព្វាចារ្យ (អាចារ្យដើម)។
ម្នាលភិក្ខុទាំងឡាយ ត្រកូលទាំងឡាយណា ដែលកូនបូជាមាតាបិតាក្នុងផ្ទះរបស់ខ្លួន ត្រកូលទាំងឡាយនោះ ឈ្មោះថា នៅរួមជាមួយនឹងអាហុនេយ្យបុគ្គល (បុគ្គលគួរបូជា)។ ម្នាលភិក្ខុទាំងឡាយ ពាក្យថា ព្រហ្មនុ៎ះ ជាឈ្មោះរបស់មាតាបិតា។ ម្នាលភិក្ខុទាំងឡាយ ពាក្យថា បុព្វទេវតានុ៎ះ ជាឈ្មោះរបស់មាតាបិតា។ ម្នាលភិក្ខុទាំងឡាយ ពាក្យថា បុពា្វចារ្យនុ៎ះ ជាឈ្មោះរបស់មាតាបិតា។ ម្នាលភិក្ខុទាំងឡាយ ពាក្យថា អាហុនេយ្យៈនុ៎ះ ជាឈ្មោះរបស់មាតាបិតា។ ដំណើរនោះ ព្រោះហេតុអ្វី។ ម្នាលភិក្ខុទាំងឡាយ (ព្រោះ) មាតាបិតា មានឧបការៈច្រើន ជាអ្នកបីបាច់ (ឲ្យគង់ជីវិត) ជាអ្នកចិញ្ចឹម (ឲ្យបៅទឹកដោះ) ទាំងជាអ្នកបង្ហាញនូវលោកនេះ ដល់កូនទាំងឡាយ។
មាតាបិតាទាំងឡាយ ដែលហៅថា ព្រហ្មក្តី បុព្វាចារ្យក្តី អាហុនេយ្យៈក្តី (សុទ្ធតែ) ជាអ្នកអនុគ្រោះដល់ពួកសត្វ គឺកូន។ ព្រោះហេតុនោះឯង អ្នកប្រាជ្ញ គួរនមស្ការ គួរធ្វើសក្ការៈដល់មាតាបិតាទាំងនោះ ដោយបាយ ទឹក សំពត់ គ្រឿងដេក គ្រឿងអប់ គ្រឿងផ្ងូតទឹក និងទឹកសម្រាប់លាងជើង។ ព្រោះការដែលបានទំនុកបំរុងមាតាបិតានោះហើយ បានជាអ្នកប្រាជ្ញទាំងឡាយ សរសើរនូវបុគ្គលនោះ ក្នុងលោកនេះឯង បុគ្គលនោះ លុះលះលោកនេះទៅហើយ រមែងរីករាយក្នុងឋានសួគ៌។ សូត្រ ទី៧។
បិដក ភាគ ៥៣ - ទំព័រទី ១៤១
ដោយ៥០០០ឆ្នាំ
images/articles/3172/_______________________________________.jpg
ចិត្តប្រទូស្តរបស់បុគ្គលធ្វើមរណកាល
ផ្សាយ : ១៣ មករា ឆ្នាំ២០២៣
ខ្ញុំបានស្ដាប់មកថា ព្រះមានព្រះភាគ ទ្រង់ត្រាស់ហើយ ព្រះអរហន្តសំដែងហើយ។ ម្នាលភិក្ខុទាំងឡាយ តថាគត កំណត់ចិត្តដោយចិត្តហើយ ដឹងច្បាស់បុគ្គលពួកខ្លះ ក្នុងលោកនេះ ដែលមានចិត្តប្រទូស្ដយ៉ាងនេះថា បើបុគ្គលនេះ ធ្វើមរណកាលទៅ ក្នុងសម័យនេះ មុខជាទៅកើតក្នុងនរក ដូចជាគេនាំយកទៅទំលាក់។ រឿងនោះ ព្រោះហេតុអ្វី ម្នាលភិក្ខុទាំងឡាយ ព្រោះបុគ្គលនោះ មានចិត្តប្រទូស្ដ។ ម្នាលភិក្ខុទាំងឡាយ សត្វទាំងឡាយពួកខ្លះ ក្នុងលោកនេះ ហេតុតែមានចិត្តប្រទូស្ដ លុះបែកធ្លាយរាងកាយស្លាប់ទៅ ក៏រមែងទៅកើតក្នុងអបាយ ទុគ្គតិ វិនិបាត និងនរក។
លុះព្រះមានព្រះភាគ ទ្រង់សំដែងសេចក្ដីនុ៎ះហើយ។ ទ្រង់ត្រាស់គាថាព័ន្ធនេះ ក្នុងសូត្រនោះថា ព្រះពុទ្ធ ទ្រង់ជ្រាបបុគ្គលពួកខ្លះ ក្នុងលោកនេះ ដែលមានចិត្តប្រទូស្ដ ទើបទ្រង់ព្យាករសេចក្ដីនុ៎ះ ក្នុងសំណាក់ភិក្ខុទាំងឡាយថា បើបុគ្គលនេះ ធ្វើមរណកាលទៅ ក្នុងសម័យនេះ មុខជាទៅកើតក្នុងនរក ព្រោះតែបុគ្គលនោះ មានចិត្តប្រទូស្ដ បុគ្គលបែបនោះ ដូចជាគេនាំយកទៅទំលាក់យ៉ាងនេះឯង សត្វទាំងឡាយ រមែងទៅកាន់ទុគ្គតិ ព្រោះហេតុតែមានចិត្តប្រទូស។
ខ្ញុំបានស្ដាប់មកហើយថា សេចក្ដីនេះឯង ព្រះមានព្រះភាគ បានត្រាស់ទុកហើយ។ សូត្រ ទី១០។
បិដក ភាគ ៥៣ - ទំព័រទី ១៨
ដោយ៥០០០ឆ្នាំ
images/articles/3190/rf434feee3333ee.jpg
ភរិយា ៧ ពួក
ផ្សាយ : ១៣ មករា ឆ្នាំ២០២៣
ភរិយាសូត្រ ទី១០
[៦០] គ្រានោះ ព្រះដ៏មានព្រះភាគ ទ្រង់ស្បង់ ប្រដាប់បាត្រ និងចីវរ ក្នុងបុព្វណ្ហសម័យ ហើយចូលទៅលំនៅរបស់អនាថបិណ្ឌិកគហបតី លុះចូលទៅដល់ហើយ ក៏គង់លើអាសនៈ ដែលគេក្រាលថ្វាយ។ សម័យនោះឯង មនុស្សទាំងឡាយ មានសម្លេងហ៊ោកញ្ជ្រៀវ ក្នុងលំនៅនៃអនាថបិណ្ឌិកគហបតី។ លំដាប់នោះ អនាថបិណ្ឌិកគហបតី ចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ហើយ ក៏ក្រាបថ្វាយបង្គំព្រះដ៏មានព្រះភាគ ហើយអង្គុយក្នុងទីសមគួរ។ លុះអនាថបិណ្ឌិកគហបតី អង្គុយក្នុងទីសមគួរហើយ ព្រះដ៏មានព្រះភាគ ក៏ទ្រង់ត្រាស់ដូច្នេះថា ម្នាលគហបតី មនុស្សទាំងឡាយ មានសំឡេងហ៊ោកញ្ជ្រៀវ ក្នុងលំនៅនៃអ្នក ទំនងដូចជាញ្រនសន្ទូចចាប់ត្រី ដូចម្តេចហ្ន៎។ បពិត្រព្រះអង្គដ៏ចំរើន នាងសុជាតានេះ ជាឃរសុណ្ហា (កូនប្រសាស្រ្តីក្នុងផ្ទះ) ខ្ញុំព្រះអង្គបាននាំមកអំពីត្រកូលស្តុកស្តម្ភ នាងសុជាតានោះ មិនអើពើនឹងឪពុកក្មេក មិនអើពើនឹងម្តាយក្មេក មិនអើពើនឹងស្វាមី ទាំងមិនបានធ្វើសក្ការ មិនបានគោរព មិនបានរាប់អាន មិនបានបូជាព្រះដ៏មានព្រះភាគ។ លំដាប់នោះ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ហៅនាងសុជាតា ជាឃរសុណ្ហាថា ម្នាលនាងសុជាតា ចូរនាងមកនេះ។ នាងសុជាតា ជាឃរសុណ្ហា បានទទួលព្រះពុទ្ធដីកាព្រះដ៏មានព្រះភាគថា ព្រះករុណា ព្រះអង្គ ហើយក៏ចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ហើយ ក៏ក្រាបថ្វាយបង្គំព្រះដ៏មានព្រះភាគ ហើយអង្គុយក្នុងទីសមគួរ។ លុះនាងសុជាតា ជាឃរសុណ្ហា អង្គុយក្នុងទីសមគួរហើយ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ដូច្នេះថា ម្នាលនាងសុជាតា ភរិយារបស់បុរសនេះ មាន ៧ ពួក។ ភរិយា ៧ ពួក តើដូចម្តេចខ្លះ។ គឺ វធសមាភរិយា (ភរិយាស្មើដោយអ្នកសម្លាប់) ១ ចោរសមាភរិយា (ភរិយាស្មើដោយចោរ) ១ អយ្យសមាភរិយា (ភរិយាស្មើដោយម្ចាស់) ១ មាតុសមាភរិយា (ភរិយាស្មើដោយមាតា) ១ ភគិនិសមាភរិយា (ភរិយាស្មើដោយប្អូនស្រី) ១ សខីសមាភរិយា (ភរិយាស្មើដោយសំឡាញ់) ១ ទាសីសមាភរិយា (ភរិយាស្មើដោយខ្ញុំស្រី) ១។ ម្នាលនាងសុជាតា នេះជាភរិយា ៧ ពួក របស់បុរស។ បណ្តាភរិយាទាំង ៧ ពួកនោះ នាងជាភរិយាដូចម្តេច។ បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គមិនបានដឹងនូវអត្ថនៃភាសិតនេះ ដែលព្រះដ៏មានព្រះភាគ ទ្រង់សំដែងដោយសេចក្តីសង្ខេប ឲ្យពិស្តារបានទេ។ បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គ គប្បីដឹងនូវអត្ថនៃភាសិតនេះ ដែលព្រះដ៏មានព្រះភាគ ទ្រង់សំដែងហើយ ដោយសេចក្តីសង្ខេប ឲ្យពិស្តារបាន យ៉ាងណា សូមព្រះដ៏មានព្រះភាគ សំដែងនូវធម៌ឲ្យប្រពៃ ដល់ខ្ញុំព្រះអង្គ យ៉ាងនោះ។ ម្នាលនាងសុជាតា បើដូច្នោះ ចូរនាងចាំស្តាប់ ចូរធ្វើទុកក្នុងចិត្ត ដោយប្រពៃ តថាគតនឹងសំដែង។ នាងសុជាតា ជាឃរសុណ្ហា បានទទួលព្រះពុទ្ធដីកា ព្រះដ៏មានព្រះភាគថា ព្រះករុណា ព្រះអង្គ។ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ដូច្នេះថា
ភរិយាដែលស្វាមីលោះមកដោយទ្រព្យ ស្រ្តីមានចិត្តប្រទូស្ត (នឹងស្វាមី) មានសេចក្តីមិនអនុគ្រោះនូវប្រយោជន៍ ជាអ្នកត្រេកត្រអាលក្នុងបុរសដទៃ មើលងាយប្តី ខ្វល់ខ្វាយដើម្បីសម្លាប់ (ប្តី) ស្រ្តីណាជាភរិយានៃបុរស មានសភាពដូច្នេះ ស្រ្តីនោះហៅថា វធកាភរិយា។ ស្វាមីនៃស្រ្តី បាននូវទ្រព្យណា ហើយដំកល់ទុក ដើម្បីធ្វើនូវសិល្បៈក្តី នូវជំនួញក្តី នូវកសិកម្មក្តី ស្ត្រីនោះ ប្រាថ្នាដើម្បីលួចកិបយកនូវទ្រព្យ សូម្បីបន្តិចបន្តួចអំពីទ្រព្យនោះ ស្ត្រីណា ជាភរិយានៃបុរស មានសភាពដូច្នេះ ស្រ្តីនោះ ហៅថា ចោរីភរិយា។ ស្ត្រីមិនមានសេចក្តីប្រាថ្នា នឹងធ្វើនូវការងារ ជាអ្នកខ្ជិលច្រអូស ស៊ីច្រើន រឹងរូស កាច ពោលនូវពាក្យអាក្រក់ ប្រព្រឹត្តគ្របសង្កត់នូវស្វាមី ដែលមានព្យាយាម ប្រឹងប្រែង ស្ត្រីណា ជាភរិយានៃបុរសមានសភាពដូច្នេះ ស្ត្រីនោះ ហៅថា អយ្យាភរិយា។ ស្ត្រីណា មានសេចក្តីអនុគ្រោះនូវប្រយោជន៍សព្វ ៗកាល ចេះរក្សាប្តី ដូចជាមាតារក្សាកូន ទាំងរក្សានូវទ្រព្យដែលស្វាមីនោះ បានមកអំពីទីនោះ ៗ ស្រ្តីណាជាភរិយានៃបុរស មានសភាពដូច្នេះ ស្រ្តីនោះ ហៅថា មាតាភរិយា។ ស្រ្តីមានសេចក្តីគោរព ក្នុងស្វាមីរបស់ខ្លួន ដូចប្អូនស្រីគោរពបងប្រុស មានសេចក្តីអៀនខ្មាស ប្រព្រឹត្តទៅតាមអំណាចនៃភស្តា ស្រ្តីណា ជាភរិយានៃបុរស មានសភាពដូច្នេះ ស្ត្រីនោះ ហៅថា ភគិនីភរិយា។ ស្ត្រីណា ក្នុងលោកនេះ បានឃើញនូវប្តីហើយ ក៏រីករាយ ដូចជាសំឡាញ់ បានឃើញសំឡាញ់ ដែលមកអស់កាលយូរ ស្រ្តីនោះ បរិបូណ៌ដោយត្រកូល មានសីលធម៌ ជាស្រ្តីមានវត្តប្រតិបត្តិក្នុងប្តី ស្រ្តីណា ជាភរិយានៃបុរស មានសភាពដូច្នេះ ស្រ្តីនោះ ហៅថា សខីភរិយា។ ស្រ្តីដែលស្វាមីជេរ វាយ គំរាមដោយដំបង មិនមានចិត្តប្រទូស្តវិញ ចេះអត់សង្កត់ដល់ប្តី មិនក្រោធ ប្រព្រឹត្តទៅតាមអំណាចនៃភស្តា ស្ត្រីណាជាភរិយានៃបុរស មានសភាពដូច្នេះ ស្ត្រីនោះ ហៅថា ទាសីភរិយា។ ភរិយាណា ក្នុងលោកនេះ ដែលហៅថា វធកាក្តី ហៅថា ចោរីក្តី ហៅថា អយ្យាក្តី ភរិយាទាំងនោះ មានសភាពជាស្ត្រីទ្រុស្តសីល រឹងរូស មិនមានសេចក្តីគោរព លុះបែកធ្លាយរាងកាយស្លាប់ទៅ រមែងទៅកាន់នរក។ ភរិយាណា ក្នុងលោកនេះ ដែលហៅថាមាតាក្តី ភគិនីក្តី សខីក្តី ទាសីក្តី ភរិយាទាំងនោះ ជាស្រ្តីសង្រួមអស់កាលជាយូរអង្វែង ព្រោះតាំងនៅក្នុងសីលធម៌ លុះបែកធ្លាយរាង កាយស្លាប់ទៅ រមែងទៅកាន់សុគតិ។
ម្នាលនាងសុជាតា នេះជាភរិយារបស់បុរស ៧ ពួក បណ្តាភរិយា ទាំង ៧ ពួកនោះ នាងតើជាភរិយាដូចម្តេច។ បពិត្រព្រះអង្គដ៏ចំរើន សូមព្រះដ៏មានព្រះភាគ សំគាល់ទុកនូវខ្ញុំព្រះអង្គ ថាជាភរិយាស្មើដោយទាសីរបស់ស្វាមី ចាប់ដើមអំពីថ្ងៃនេះតទៅ។
ភរិយា ៧ ពួក - បិដកភាគ ៤៧ ទំព័រ ១៦៧ ឃ្នាប ៦០
ដោយ៥០០០ឆ្នាំ
images/articles/3187/ewfew32we2___.jpg
ធម៌ ២ ប្រការនេះ ជាចំណែកនៃវិជ្ជា
ផ្សាយ : ១៣ មករា ឆ្នាំ២០២៣
[២៧៥] ម្នាលភិក្ខុទាំងឡាយ ធម៌ទាំងឡាយពីរប្រការនេះ ជាចំណែកនៃវិជ្ជា។ ធម៌ពីរ ប្រការ តើដូចម្តេច។ គឺ សមថៈ ១ វិបស្សនា ១។ ម្នាលភិក្ខុទាំងឡាយ សមថៈ ដែលបុគ្គលចំរើនហើយ នឹងសម្រេចប្រយោជន៍អ្វី។ នឹងញ៉ាំងចិត្តឲ្យចំរើន។ ចិត្តដែលចំរើនហើយ នឹងសម្រេចប្រយោជន៍អ្វី។ នឹងលះបង់ នូវរាគៈចេញបាន។ ម្នាលភិក្ខុទាំងឡាយ វិបស្សនា ដែលបុគ្គលចំរើនហើយ នឹងសម្រេចប្រយោជន៍អ្វី។ នឹងញុំាងបញ្ញាឲ្យចំរើន។ បញ្ញាដែល ចំរើនហើយ នឹងសម្រេចប្រយោជន៍អ្វី។ នឹងលះនូវអវិជ្ជាចេញបាន។
[២៧៦] ម្នាលភិក្ខុទាំងឡាយ ចិត្តដែលសៅហ្មងដោយរាគៈហើយ រមែងមិនរួចផុតស្រឡះ ឬបញ្ញាដែលសៅហ្មង ដោយអវិជ្ជាហើយ រមែងមិនចំរើនឡើយ។ ម្នាលភិក្ខុទាំងឡាយ ចេតោវិមុតិ្តកើត ព្រោះប្រាសចាករាគៈ បញ្ញាវិមុតិ្តកើត ព្រោះប្រាសចាកអវិជ្ជា ដោយប្រការ ដូច្នេះ។
ចប់ ពាលវគ្គ ទី៣។
ពាលវគ្គ ទី ៣ ឬ ធម៌ ២ ប្រការនេះ ជាចំណែកនៃវិជ្ជា - បិដកភាគ ៤០ ទំព័រ ១៣៥ ឃ្នាប ២៧៥
ដោយ៥០០០ឆ្នាំ
images/articles/3189/45wedffghjklyttt.jpg
កុលបុត្រមិនងាយនឹងធ្វើការតបគុណ ដល់បុគ្គលពីរពួកបានទេ
ផ្សាយ : ១៣ មករា ឆ្នាំ២០២៣
សមចិត្តវគ្គ ទី៤
[២៧៨] ម្នាលភិក្ខុទាំងឡាយ តថាគតពោលថា កុលបុត្តមិនងាយនឹងធ្វើការតបគុណ ដល់បុគ្គលពីរពួកបានទេ។ បុគ្គលពីរពួក តើនរណាខ្លះ។ គឺមាតា ១ បិតា ១។ ម្នាលភិក្ខុទាំងឡាយ កុលបុត្តមានអាយុ ១០០ ឆ្នាំ រស់នៅអស់រវាង ១០០ ឆ្នាំ គប្បីបញ្ជិះមាតា ដោយស្មាម្ខាង បញ្ជិះបិតា ដោយស្មាម្ខាង កុលបុត្តនោះ បម្រើមាតាបិតាទាំងពីរនោះ ដោយការដុសជម្រះបំបាត់ក្លិនអាក្រក់ រិតនួតដៃ ផ្ងូតទឹក គក់ច្របាច់ដៃជើង ឯមាតាបិតាទាំងពីរនោះ ក៏បន្ទោបង់មូត្រ ករីស លើស្មាកុលបុត្តនោះឯង ម្នាលភិក្ខុទាំងឡាយ (ហេតុមានប្រមាណប៉ុណ្ណេះ) គង់មិនទាន់ហៅថា ធ្វើ ឬ ថា ធ្វើតបដល់មាតា និងបិតាឡើយ។ ម្នាលភិក្ខុទាំងឡាយ កុលបុត្ត តម្កើងមាតា និងបិតា ឲ្យតាំងនៅក្នុងរាជសម្បត្តិ មានឥស្សរភាពជាអធិបតី លើផែនដីធំ ដែលមានកែវ ទាំង ៧ ប្រការ ច្រើននេះ ម្នាលភិក្ខុទាំងឡាយ (ហេតុមានប្រមាណប៉ុណ្ណេះ) គង់មិនទាន់ហៅថា ធ្វើ ឬថា ធ្វើតបដល់មាតា និងបិតាឡើយ។ ដំណើរនោះ ព្រោះហេតុអី្វ។ ម្នាលភិក្ខុទាំងឡាយ ព្រោះថា មាតា និងបិតា មានឧបការៈច្រើន ដល់បុត្រទាំងឡាយ ព្រោះជាអ្នកថែរក្សា ចិញ្ចឹម បង្ហាញនូវលោកនេះ។ ម្នាលភិក្ខុទាំងឡាយ (បើ) កុលបុត្តណាមួយ ដឹកនាំមាតា និងបិតា ដែលមិនមានសទ្ធា ឲ្យកាន់យក ឲ្យអាស្រ័យនៅ ឲ្យតាំងនៅក្នុងសទ្ធាសម្បទា បើទ្រុស្តសីល ឲ្យកាន់យក ឲ្យអាស្រ័យនៅ ឲ្យតាំងនៅក្នុងសីលសម្បទា បើកំណាញ់ ឲ្យកាន់យក ឲ្យអាស្រ័យនៅ ឲ្យតាំងនៅក្នុងចាគសម្បទា បើឥតបញ្ញា ឲ្យកាន់យក ឲ្យអាស្រ័យនៅ ឲ្យតាំងនៅក្នុងបញ្ញាសម្បទា ម្នាលភិក្ខុទាំងឡាយ ហេតុមានប្រមាណប៉ុណ្ណេះ ទើបហៅថា ធ្វើ ឬថា ធ្វើតបដល់មាតា និងបិតាមែន។
កុលបុត្រមិនងាយនឹងធ្វើការតបគុណ ដល់បុគ្គលពីរពួកបានទេ - បិដកភាគ ៤០ ទំព័រ ១៣៧ ឃ្នាប ២៧៨
ដោយ៥០០០ឆ្នាំ
images/articles/3191/4rtyurtrer333334.jpg
ប្រពន្ធត្រូវគោរពប្រតិបត្តិប្ដី
ផ្សាយ : ១៣ មករា ឆ្នាំ២០២៣
ឧគ្គហសូត្រ ទី៣
[៣៣] សម័យមួយ ព្រះដ៏មានព្រះភាគ គង់នៅក្នុងជាតិយាវន ទៀបក្រុងភទ្ទិយៈ។ គ្រានោះ ឧគ្គហមេណ្ឌកនត្តា (ជាចៅមេណ្ឌកសេដ្ឋី) ចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ ថ្វាយបង្គំព្រះដ៏មានព្រះភាគ ហើយអង្គុយក្នុងទីសមគួរ។ លុះឧគ្គហមេណ្ឌកនត្តា អង្គុយក្នុងទីសមគួររួចហើយ បានក្រាបទូលព្រះដ៏មានព្រះភាគ យ៉ាងនេះថា បពិត្រព្រះអង្គដ៏ចំរើន សូមព្រះដ៏មានព្រះភាគ មានភិក្ខុជាគម្រប់ ៤ នឹងព្រះអង្គ ទទួលភត្តខ្ញុំព្រះអង្គ ក្នុងថ្ងៃស្អែក។ ព្រះដ៏មានព្រះភាគ ទទួលដោយតុណ្ហីភាព។ គ្រានោះ ឧគ្គហមេណ្ឌកនត្តាដឹងច្បាស់ថា ព្រះដ៏មានព្រះភាគ ទទួលនិមន្តហើយ ក៏ក្រោកចាកអាសនៈ ថ្វាយបង្គំព្រះដ៏មានព្រះភាគ ធ្វើប្រទក្សិណចេញទៅ។ ដល់វេលារាត្រីកន្លងហើយ ព្រះដ៏មានព្រះភាគ ទ្រង់ស្បង់ ប្រដាប់បាត្រ និងចីវរ ក្នុងបុព្វណ្ហសម័យ ស្តេចចូលទៅឯលំនៅ របស់ឧគ្គហមេណ្ឌកនត្តា លុះចូលទៅដល់ហើយ ទ្រង់គង់លើអាសនៈ ដែលគេក្រាលថ្វាយ។
លំដាប់នោះ ឧគ្គហមេណ្ឌកនត្តា អង្គាសព្រះដ៏មានព្រះភាគ ឲ្យឆ្អែតស្កប់ស្កល់ ដោយខាទនីយភោជនីយាហារដ៏ថ្លៃថ្លា ដោយដៃខ្លួនឯង ត្រាតែព្រះដ៏មានព្រះភាគ ទ្រង់ឃាត់។ លុះឧគ្គហមេណ្ឌកនត្តា (ឃើញ) ព្រះដ៏មានព្រះភាគឆាន់រួច លែងលូកព្រះហស្តក្នុងបាត្រហើយ ក៏អង្គុយក្នុងទីសមគួរ។ លុះឧគ្គហមេណ្ឌកនត្តា អង្គុយក្នុងទីសមគួរហើយ ទើបក្រាបទូលព្រះដ៏មានព្រះភាគ យ៉ាងនេះថា បពិត្រព្រះអង្គដ៏ចំរើន ពួកកុមារីរបស់ខ្ញុំព្រះអង្គទាំងអម្បាលនេះ មុខជានឹងទៅកាន់ត្រកូលប្តី បពិត្រព្រះអង្គដ៏ចំរើន សូមព្រះដ៏មានព្រះភាគ ទូន្មានពួកកុមារីទាំងនោះឲ្យទាន បពិត្រព្រះអង្គដ៏ចំរើន សូមព្រះដ៏មានព្រះភាគ ប្រៀនប្រដៅពួកកុមារីទាំងនោះ ដោយឱវាទានុសាសនៈណា ដែលនាំឲ្យបានប្រយោជន៍ និងសេចក្តីសុខ អស់កាលដ៏វែង ដល់កុមារីទាំងនោះ។
លំដាប់នោះ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់នឹងពួកកុមារីទាំងនោះ យ៉ាងនេះថា ម្នាលកុមារីទាំងឡាយ ហេតុដូច្នោះ ពួកកុមារីក្នុងលោកនេះ ត្រូវសិក្សាយ៉ាងនេះថា មាតា និងបិតា ជាអ្នកប្រាថ្នាសេចក្តីចំរើន ជាអ្នកស្វែងរកប្រយោជន៍ ជាអ្នកអនុគ្រោះ អាស្រ័យសេចក្តីអនុគ្រោះហើយ ឲ្យដល់បុរសជាស្វាមីណា យើងទាំងឡាយ ជាស្រីភ្ញាក់ឡើងមុនគេ ដេកក្រោយគេ ប្រុងខ្លួននឹងទទួលកិច្ចការអ្វីៗ ប្រព្រឹត្តផ្គាប់ផ្គុន និយាយពាក្យផ្អែមល្ហែម ដល់ស្វាមីនោះ ម្នាលកុមារីទាំងឡាយ ឲ្យនាងត្រូវសិក្សា យ៉ាងនេះចុះ។
ម្នាលកុមារីទាំងឡាយ ហេតុដូច្នោះ ពួកកុមារីក្នុងលោកនេះ ត្រូវសិក្សាយ៉ាងនេះថា បុគ្គលណា ជាទីគោរពនៃស្វាមី ទោះជាមាតាក្តី បិតាក្តី សមណព្រាហ្មណ៍ក្តី យើងទាំងឡាយ នឹងធ្វើសក្ការៈ គោរព រាប់អាន បូជាដល់បុគ្គលទាំងនោះ ទាំងទទួលគួរសម រៀបចំដោយអាសនៈ និងទឹកលាងជើង ចំពោះជនទាំងឡាយ ដែលមកដល់ហើយ ម្នាលកុមារីទាំងឡាយ ពួកនាងត្រូវសិក្សាយ៉ាងនេះ។
ម្នាលកុមារីទាំងឡាយ ហេតុដូច្នោះ ពួកកុមារី ក្នុងលោកនេះ ត្រូវសិក្សាយ៉ាងនេះថា ការងារទាំងឡាយណា ខាងក្នុងផ្ទះរបស់ប្តី ទោះរោមចៀមក្តី កប្បាសក្តី ពួកយើងនឹងជាស្រីឈ្លាសវៃ ក្នុងការងារទាំងនោះ មិនខ្ជិលច្រអូស បរិបូណ៌ដោយឧបាយ និងការត្រិះរិះ ក្នុងកិច្ចការទាំងនោះថា គួរធ្វើ គួរចាត់ចែង ម្នាលកុមារីទាំងឡាយ ពួកនាងត្រូវសិក្សាយ៉ាងនេះ។ ម្នាលកុមារីទាំងឡាយ ហេតុដូច្នោះ ពួកកុមារី ក្នុងលោកនេះ ត្រូវសិក្សាយ៉ាងនេះថា ជនណា ជាជនខាងក្នុងផ្ទះរបស់ស្វាមី ទោះខ្ញុំក្តី អ្នកបម្រើក្តី អ្នកធ្វើការងារក្តី ពួកយើងដឹងការងារ ដែលជនទាំងនោះធ្វើហើយ ព្រោះការងារដែលជនទាំងនោះ ធ្វើហើយផង ដឹងការងារ ដែលជនទាំងនោះមិនបានធ្វើ ព្រោះការងារ ដែលជនទាំងនោះ មិនបានធ្វើផង ដឹងថាឈឺធ្ងន់ ឈឺស្រាលផង ហើយចែករំលែក ខាទនីយភោជនីយាហារ ជាចំណែកៗ ដល់ជនទាំងនោះផង ម្នាលកុមារីទាំងឡាយ ពួកនាងត្រូវសិក្សារយ៉ាងនេះ។
ម្នាលកុមារីទាំងឡាយ ហេតុដូច្នោះ ពួកកុមារីក្នុងលោកនេះ ត្រូវសិក្សារយ៉ាងនេះថា ស្វាមីនាំរបស់ណាមក ទោះទ្រព្យក្តី ស្រូវក្តី ប្រាក់ក្តី មាសក្តី យើងទាំងឡាយ នឹងធ្វើរបស់នោះ ឲ្យសម្រេច ដោយការរក្សា និងការគ្រប់គ្រង មិនជាស្រីអ្នកលេង មិនជាស្រីអ្នកលួច មិនជាស្រីអ្នកផឹកសុរា មិនមែនជាស្រីអ្នកបំផ្លាញរបស់ទ្រព្យ ដែលខ្លួនគ្រប់គ្រងនោះ ម្នាលកុមារីទាំងឡាយ ពួកនាងត្រូវសិក្សារយ៉ាងនេះ។ ម្នាលនាងកុមារីទាំងឡាយ មាតុគ្រាម ប្រកបដោយធម៌ទាំង ៥ យ៉ាងនេះឯង លុះបែកធ្លាយរាងកាយស្លាប់ទៅ រមែងទៅកើត ក្នុងពួកទេវតា មានកាយជាគាប់ចិត្ត។
ស្វាមីណា ចិញ្ចឹមភរិយានោះសព្វកាល មានព្យាយាម ខ្វល់ខ្វាយជានិច្ច ភរិយាមិន ត្រូវមើលងាយស្វាមីអ្នកចិញ្ចឹម អ្នកបំពេញសេចក្តីប្រាថ្នាទាំងពួង (នោះ) ឡើយ ស្រ្តីល្អមិនត្រូវក្រោធខឹងនឹងស្វាមី ដោយកិរិយាប្រព្រឹត្តឫស្យាផង ស្រ្តីអ្នកចេះដឹង រមែងគួរសមនឹងពួកជនទាំងពួង អ្នកជាទីគោរព របស់ស្វាមីផង ភរិយាជាស្រ្តីមានព្យាយាម មិនខ្ជិលច្រអូស សង្រ្គោះជនជាខាងក្នុងផ្ទះស្វាមី ប្រព្រឹត្តកិច្ចការជាទីគាប់ចិត្តរបស់ស្វាមី រក្សាទុកនូវសម្បត្តិ ដែលស្វាមីបានមកហើយ ដោយប្រពៃ។ នារីណាបានប្រព្រឹត្តិយ៉ាងនេះ លុះតាមអំណាចសេចក្តីប្រាថ្នារបស់ស្វាមី នារីនោះ រមែងទៅកើតក្នុងពួកទេវតាទាំងនោះ ដែលមានកាយជាទីពេញចិត្ត។
ប្រពន្ធត្រូវគោរពប្រតិបត្តិប្ដី - បិដកភាគ ៤៤ ទំព័រ ៧១ ឃ្នាប ៣៣ ( 5000 )
ដោយ៥០០០ឆ្នាំ
images/articles/3179/_________________________________.jpg
ឧបោសថសូត្រ ទី ១០
ផ្សាយ : ២៤ តុលា ឆ្នាំ២០២២
សម័យមួយ ព្រះដ៏មានព្រះភាគ ទ្រង់គង់នៅក្នុងមិគារមាតុប្រាសាទ ក្នុងបុព្វារាម ទៀបក្រុងសាវត្ថី។ សម័យនោះឯង ព្រះដ៏មានព្រះភាគ មានភិក្ខុសង្ឃចោមរោម ទ្រង់គង់ក្នុងឧបោសថថ្ងៃនោះ។ លុះវេលារាត្រីអស់ហើយ បឋមយាមកន្លងទៅហើយ ព្រះអានន្ទដ៏មានអាយុ ក៏ក្រោកចាកអាសនៈ ធ្វើឧត្តរាសង្គៈ ឆៀងស្មាម្ខាង លើកអញ្ជលីប្រណម្យ ចំពោះព្រះដ៏មានព្រះភាគ ក្រាបបង្គំទូលព្រះដ៏មានព្រះភាគថា បពិត្រព្រះអង្គដ៏ចំរើន វេលារាត្រីអស់ហើយ បឋមយាមកន្លងទៅហើយ ភិក្ខុសង្ឃអង្គុយចាំយូរហើយ បពិត្រព្រះអង្គដ៏ចំរើន សូមព្រះដ៏មានព្រះភាគ ទ្រង់សំដែងបាតិមោក្ខដល់ភិក្ខុទាំងឡាយ។
កាលដែលព្រះអានន្ទដ៏មានអាយុ ក្រាបបង្គំទូលយ៉ាងនេះហើយ ព្រះដ៏មានព្រះភាគ ក៏គង់ស្ងៀម។ កាលបើវេលារាត្រីអស់ហើយ មជ្ឈិមយាម កន្លងទៅហើយ ព្រះអានន្ទដ៏មានអាយុ ក៏ក្រោកចាកអាសនៈ ធ្វើឧត្តរាសង្គៈ ឆៀងស្មាម្ខាង លើកអញ្ជលីប្រណម្យ ចំពោះព្រះដ៏មានព្រះភាគ ក្រាបបង្គំទូលព្រះដ៏មានព្រះភាគ អស់វារៈជាគំរប់ពីរដងទៀតថា បពិត្រព្រះអង្គដ៏ចំរើន វេលារាត្រីអស់ហើយ មជ្ឈិមយាមកន្លងទៅហើយ ភិក្ខុសង្ឃអង្គុយចាំយូរហើយ បពិត្រព្រះអង្គដ៏ចំរើន សូមព្រះដ៏មានព្រះភាគ សំដែងបាតិមោក្ខដល់ភិក្ខុទាំងឡាយ។ ព្រះដ៏មានព្រះភាគ ទ្រង់គង់ស្ងៀម អស់វារៈជាគំរប់ពីរដង។
កាលបើវេលារាត្រីអស់ហើយ បច្ឆិមយាម កន្លងទៅហើយ រាត្រីប្រាកដដូចជាមានមុខស្រស់ (បំព្រង) ក្នុងពេលដែលអរុណរះឡើង ព្រះអានន្ទដ៏មានអាយុ ក៏ក្រោកចាកអាសនៈ ហើយធ្វើឧត្តរាសង្គៈ ឆៀងស្មាម្ខាង លើកអញ្ជលីប្រណម្យចំពោះព្រះដ៏មានព្រះភាគ ក្រាបបង្គំទូលព្រះដ៏មានព្រះភាគ អស់វារៈជាគំរប់ ៣ដងទៀតដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន ឥឡូវនេះ រាត្រីអស់ហើយ បច្ឆិមយាមកន្លងទៅហើយ អរុណក៏រះហើយ រាត្រីក៏ប្រាកដដូចជាមុខស្រស់ហើយ ភិក្ខុសង្ឃក៏អង្គុយចាំយូរហើយ បពិត្រព្រះអង្គដ៏ចំរើន សូមព្រះដ៏មានព្រះភាគ ទ្រង់សំដែងបាតិមោក្ខដល់ភិក្ខុទាំងឡាយ។
ព្រះអង្គទ្រង់ត្រាស់ថា ម្នាលអានន្ទ មានបរិសទ្យមិនបរិសុទ្ធទេ។
គ្រានោះ ព្រះមហាមោគ្គល្លានដ៏មានអាយុ មានសេចក្តីត្រិះរិះដូច្នេះថា ព្រះដ៏មានព្រះភាគ ទ្រង់ដៅយកបុគ្គលណាហ្ន៎ បានជាទ្រង់ត្រាស់ថា ម្នាលអានន្ទ បរិសទ្យ មិនបរិសុទ្ធទេ យ៉ាងនេះ។ លំដាប់នោះ ព្រះមហាមោគ្គល្លានដ៏មានអាយុ ស្ទង់មើលចិត្ត (របស់ភិក្ខុសង្ឃ) ដោយចិត្ត (របស់លោក) ហើយធ្វើទុកក្នុងចិត្តចំពោះភិក្ខុសង្ឃទាំងអស់នោះ។ ព្រះមហាមោគ្គល្លានដ៏មានអាយុ បានឃើញបុគ្គលនោះទ្រុស្តសីល មានធម៌លាមក មានមារយាទមិនស្អាត គួរឲ្យរង្កៀស មានអំពើអាក្រក់បិទបាំងទុក មិនមែនជាសមណៈ ប្តេជ្ញាខ្លួនថាជាសមណៈ ប្រព្រឹត្តធម៌មិនប្រសើរ ប្តេជ្ញាខ្លួនថាជាអ្នកប្រព្រឹត្តធម៌ដ៏ប្រសើរ ស្អុយក្នុង មានចិត្តជោកដោយរាគៈ ក្រខ្វក់ដូចសម្រាម អង្គុយនៅក្នុងកណ្តាលភិក្ខុសង្ឃ លុះឃើញហើយ ក៏ក្រោកចាកអាសនៈ ចូលទៅរកបុគ្គលនោះ លុះចូលទៅជិតហើយ ក៏ពោលចំពោះទៅបុគ្គលនោះ ដូច្នេះថា នែអាវុសោ អ្នកចូរក្រោកចេញ ដ្បិតព្រះដ៏មានព្រះភាគ ទ្រង់បានឃើញអ្នកច្បាស់ហើយ អ្នកលែងបាននៅរួមជាមួយនឹងភិក្ខុទាំងឡាយហើយ។
កាលដែលព្រះមហាមោគ្គល្លាន ពោលយ៉ាងនេះហើយ បុគ្គលនោះក៏នៅស្ងៀម។ ព្រះមហាមោគ្គល្លានដ៏មានអាយុ បាននិយាយនឹងបុគ្គលនោះ ជាគំរប់ពីរដងទៀត ដូច្នេះថា នែអាវុសោ អ្នកចូរក្រោកចេញ ដ្បិតព្រះដ៏មានព្រះភាគ ទ្រង់បានឃើញអ្នកច្បាស់ហើយ អ្នកលែងបាននៅរួមជាមួយនឹងភិក្ខុទាំងឡាយហើយ។ បុគ្គលនោះក៏នៅស្ងៀម អស់វារៈពីរដងទៀត។ ព្រះមហាមោគ្គល្លានដ៏មានអាយុ បាននិយាយនឹងបុគ្គលនោះ ជាគំរប់បីដងទៀតដូច្នេះថា នែអាវុសោ អ្នកចូរក្រោកចេញ ដ្បិតព្រះដ៏មានព្រះភាគ ទ្រង់បានឃើញអ្នកច្បាស់ហើយ អ្នកលែងបាននៅរួមជាមួយនឹងភិក្ខុទាំងឡាយទៀតហើយ។ បុគ្គលនោះក៏នៅស្ងៀម អស់វារៈជាគំរប់បីដងទៀត។ ទើបព្រះមហាមោគ្គលា្លនដ៏មានអាយុ ចាប់ដើមដៃបុគ្គលនោះ ទាញចេញទៅខាងក្រៅស៊ុំទ្វារ ហើយខ្ទាស់គន្លឹះ និងរនុកទ្វារ រួចចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ហើយ ក៏ក្រាបបង្គំទូលព្រះដ៏មានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន បុគ្គល (ទ្រុស្តសីល) នោះ ខ្ញុំព្រះអង្គបានបណ្តេញឲ្យដើរចេញហើយ ឥឡូវនេះ បរិសទ្យបរិសុទ្ធហើយ បពិត្រព្រះអង្គដ៏ចំរើន សូមព្រះអង្គទ្រង់សំដែងបាតិមោក្ខ ដល់ភិក្ខុទាំងឡាយ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលមោគ្គល្លាន ហេតុនេះ អស្ចារ្យណាស់ ម្នាលមោគ្គលា្លន ហេតុនេះចំឡែកណាស់ មោឃបុរសនោះ មិនសមបើនឹងបង្អង់ទាល់តែចាប់ទាញដៃចេញសោះ។ លំដាប់នោះ ព្រះមានព្រះភាគ ទ្រង់ត្រាស់ហៅភិក្ខុទាំងឡាយថា ម្នាលភិក្ខុទាំងឡាយ ឥឡូវនេះ អ្នកទាំងឡាយ គប្បីធ្វើឧបោសថ គប្បីសំដែងបាតិមោក្ខចុះ។
ម្នាលភិក្ខុទាំងឡាយ ឥឡូវនេះ តថាគត ឈប់សំដែងបាតិមោក្ខ ចាប់ដើមតាំងអំពីថ្ងៃនេះតទៅ។ ម្នាលភិក្ខុទាំងឡាយ ព្រះតថាគត គប្បីសំដែងនូវបាតិមោក្ខដល់បរិសទ្យ មិនបរិសុទ្ធ ដោយហេតុណា ហេតុនោះមិនមែនជាឋានៈ មិនមែនជាបច្ច័យឡើយ។ ម្នាលភិក្ខុទាំងឡាយ ក្នុងមហាសមុទ្រ មានហេតុជាអស្ចារ្យចំឡែក ៨ យ៉ាងនេះ ដែលពួកអសុរឃើញហើយ ៗ តែងរីករាយក្នុងមហាសមុទ្រ។ ហេតុជាអស្ចារ្យចំឡែក ៨ យ៉ាង តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ មហាសមុទ្រ មានទំនាបទៅដោយលំដាប់ មានទីជម្រាលទៅដោយលំដាប់ មានទីទេរទៅដោយលំដាប់ មិនមែនចោតជ្រៅតែម្តង ដូចជាអណ្តូងទេ។
ម្នាលភិក្ខុទាំងឡាយ មហាសមុទ្រ មានទំនាបទៅដោយលំដាប់ មានទីជម្រាលទៅដោយលំដាប់ មានទីទេរទៅដោយលំដាប់ មិនមែនចោតជ្រៅទៅតែម្តង ដូចជាអណ្តូង ដោយហេតុណា ម្នាលភិក្ខុទាំងឡាយ នេះជាហេតុអស្ចារ្យចំឡែក ទី១ ក្នុងមហាសមុទ្រ ដែលពួកអសុរឃើញហើយៗ តែងរីករាយក្នុងមហាសមុទ្រ។ សេចក្តីពិស្តារ ដូចពាក្យខាងដើមដែរ។បេ។ ម្នាលភិក្ខុទាំងឡាយ មួយទៀត មហាសមុទ្រ ជាទីនៅអាស្រ័យនៃពួកសត្វធំ ៗ ជាច្រើន ពួកសត្វធំៗ ទាំងនេះ ដែលនៅក្នុងមហាសមុទ្រនោះគឺ ត្រីឈ្មោះតិមិ ឈ្មោះតិមិង្គលៈ ឈ្មោះតិមិរមិង្គលៈ និងពួកអសុរ នាគ គន្ធព្វ ដែលមានអត្តភាព ១០០ យោជន៍ខ្លះ។បេ។ មានអត្តភាព ៥០០ យោជន៍ខ្លះ តែងនៅក្នុងមហាសមុទ្រ។ ម្នាលភិក្ខុទាំងឡាយ មហាសមុទ្រ ជាទីនៅអាស្រ័យ នៃពួកសត្វធំៗ ជាច្រើន ពួកសត្វធំៗទាំងនេះ ដែលនៅក្នុងមហាសមុទ្រនោះ គឺត្រីឈ្មោះតិមិ ឈ្មោះតិមិង្គលៈ ឈ្មោះតិមិរមិង្គលៈ និងពួកអសុរ នាគ គន្ធព្វ ដែលមានអត្តភាព ១០០ យោជន៍ខ្លះ។បេ។ មានអត្តភាព ៥០០ យោជន៍ខ្លះ តែងនៅក្នុងមហាសមុទ្រ ដោយហេតុណា ម្នាលភិក្ខុទាំងឡាយ នេះជាហេតុអស្ចារ្យចំឡែក ទី៨ ក្នុងមហាសមុទ្រ ដែលពួកអសុរឃើញហើយ ៗ តែងរីករាយក្នុងមហាសមុទ្រ។ ម្នាលភិក្ខុទាំងឡាយ ក្នុងមហាសមុទ្រ មានហេតុជាអស្ចារ្យចំឡែក ៨ យ៉ាងនេះឯង ដែលពួកអសុរឃើញហើយ ៗ តែងរីករាយក្នុងមហាសមុទ្រ។
ម្នាលភិក្ខុទាំងឡាយ ក្នុងធម្មវិន័យនេះ មានហេតុជាអស្ចារ្យចំឡែក ៨ យ៉ាងនេះ ដែលពួកភិក្ខុឃើញហើយ ៗ តែងរីករាយក្នុងធម្មវិន័យនេះ។ ហេតុជាអស្ចារ្យចំឡែក ៨ យ៉ាង តើដូចម្តេចខ្លះ។ ម្នាលភិក្ខុទាំងឡាយ មហាសមុទ្រ ដែលមានទំនាបទៅដោយលំដាប់ មានទីជម្រាលទៅដោយលំដាប់ មានទីទេរទៅដោយលំដាប់ មិនចោតជ្រៅទៅតែម្តង ដូចជាអណ្តូង យ៉ាងណាមិញ ម្នាលភិក្ខុទាំងឡាយ ក្នុងធម្មវិន័យនេះ មានការសិក្សាដោយលំដាប់ មានកិច្ចដែលត្រូវធ្វើ ដោយលំដាប់ មានសេចក្តីប្រតិបត្តិដោយលំដាប់ មិនមែនបានត្រាស់ដឹងនូវអរហត្តផលតែម្តងទេ ក៏យ៉ាងនោះដែរ។
ម្នាលភិក្ខុទាំងឡាយ ក្នុងធម្មវិន័យនេះ មានការសិក្សាដោយលំដាប់ មានកិច្ចដែលត្រូវធ្វើដោយលំដាប់ មានសេចក្តីប្រតិបត្តិដោយលំដាប់ មិនមែនបានត្រាស់ដឹងនូវអរហត្តផលតែម្តងទេ ដោយហេតុណា ម្នាលភិក្ខុទាំងឡាយ នេះជាហេតុអស្ចារ្យ ចំឡែក ទី១ ក្នុងធម្មវិន័យនេះ ដែលពួកភិក្ខុឃើញហើយ ៗ តែងរីករាយក្នុងធម្មវិន័យនេះ។បេ។ ម្នាលភិក្ខុទាំងឡាយ មហាសមុទ្រ ជាទីអាស្រ័យនៃពួកសត្វធំ ៗ ជាច្រើន ពួកសត្វធំ ៗ ទាំងនេះ ដែលនៅក្នុងមហាសមុទ្រនោះគឺ ត្រីឈ្មោះតិមិ ឈ្មោះតិមិង្គលៈ ឈ្មោះតិមិរមិង្គលៈ និងពួកអសុរ នាគ គន្ធព្វ ដែលមានអត្តភាព ១០០ យោជន៍ខ្លះ។បេ។ មានអត្តភាព ៥០០ យោជន៍ខ្លះ ដែលនៅក្នុងមហាសមុទ្រ យ៉ាងណាមិញ។បេ។ ម្នាលភិក្ខុទាំងឡាយ ធម្មវិន័យនេះ ជាទីនៅអាស្រ័យនៃពួកបុគ្គលធំ ៗ ជាច្រើនពួក បុគ្គលទាំងនេះ ក្នុងធម្មវិន័យនោះ គឺ សោតាបន្នបុគ្គល និងបុគ្គលដែលកំពុងប្រតិបត្តិ ដើម្បីធ្វើអោយជាក់ច្បាស់នូវសោតាបត្តិផល។បេ។ អរហន្ត និងបុគ្គលដែលកំពុងប្រតិបត្តិ ដើម្បីភាវៈនៃខ្លួនជាអរហន្ត ក៏យ៉ាងនោះដែរ។
ម្នាលភិក្ខុទាំងឡាយ ធម្មវិន័យនេះ ជាទីនៅអាស្រ័យនៃពួកបុគ្គលធំ ៗ ជាច្រើន បុគ្គលទាំងនេះ ក្នុងធម្មវិន័យនោះ គឺ សោតាបន្នបុគ្គល និងបុគ្គលដែលកំពុងប្រតិបត្តិ ដើម្បីធ្វើឲ្យជាក់ច្បាស់ នូវសោតាបត្តិផល។បេ។ អរហន្ត និងបុគ្គលដែលកំពុងប្រតិបត្តិ ដើម្បីភាវៈនៃខ្លួនជាអរហន្ត ដោយហេតុណា ម្នាលភិក្ខុទាំងឡាយ នេះជាហេតុអស្ចារ្យចំឡែក ទី៨ ក្នុងធម្មវិន័យនេះ ដែលពួកភិក្ខុឃើញហើយ ៗ តែងរីករាយ ក្នុងធម្មវិន័យនេះ។ ម្នាលភិក្ខុទាំងឡាយ ក្នុងធម្មវិន័យនេះ មានហេតុជាអស្ចារ្យចំឡែក ៨ យ៉ាងនេះឯង ដែលពួកភិក្ខុឃើញហើយ ៗ តែងរីករាយ ក្នុងធម្មវិន័យនេះ។
អង្គុត្តរនិកាយ អដ្ឋកនិបាត នវមភាគ
(ព្រះត្រៃបិដក ភាគ ៤៨)
ដោយ៥០០០ឆ្នាំ
images/articles/3167/2022-01-14_13_01_46-Life_of_the_Buddha_in_Pictures.jpg
បុគ្គលជាមិច្ឆាទិដ្ឋិនឹងបាននូវគតិ ២ យ៉ាង
ផ្សាយ : ០២ កញ្ញា ឆ្នាំ២០២២
[២៧១] ម្នាលភិក្ខុទាំងឡាយ បុគ្គលជាអ្នកបិទបាំងបាបកម្ម នឹងបាននូវគតិ [ដំណើរទៅកាន់ភព។] ពីរយ៉ាង គតិ ណាមួយ គឺនរក ឬកំណើតតិរច្ឆាន ពុំលែងឡើយ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលជាអ្នកមិនបិទបាំងបាបកម្ម នឹងបាននូវគតិពីរយ៉ាង គតិណាមួយ គឺទេវតា ឬមនុស្ស ពុំលែងឡើយ។
[២៧២] ម្នាលភិក្ខុទាំងឡាយ បុគ្គលជាមិច្ឆាទិដិ្ឋ នឹងបាននូវគតិពីរយ៉ាង គតិណាមួយ គឺនរក ឬកំណើតតិរច្ឆាន ពុំខានឡើយ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលជាសម្មាទិដិ្ឋ នឹងបាននូវគតិពីរយ៉ាង គតិណាមួយ គឺ ទេវតា ឬមនុស្ស ពុំខានឡើយ។
[២៧៣] ម្នាលភិក្ខុទាំងឡាយ បុគ្គលទ្រុស្តសីល រមែងទទួលឋានៈ ២ ប្រការ គឺនរក ១ កំណើតតិរច្ឆាន ១។ ម្នាលភិក្ខុទាំងឡាយ បុគ្គលអ្នកមានសីល រមែងទទួលឋានៈ ២ ប្រការ គឺ ទេវតា ១ មនុស្ស ១។
បុគ្គលជាមិច្ឆាទិដ្ឋិនឹងបាននូវគតិ ២ យ៉ាង - បិដកភាគ ៤០_ ទំព័រ ១៣៤ ឃ្នាប ២៧១
ដោយ៥០០០ឆ្នាំ
images/articles/3166/2022-01-14_12_49_15-Thai_Monks_Kneel_To_Pray_For_Tree_Cloud_Elements__Flaky_Clouds__Monks_And_Priest.jpg
បុគ្គលពាលនេះមាន ២ ពួក
ផ្សាយ : ០២ កញ្ញា ឆ្នាំ២០២២
តតិយវគ្គ
[១៩១] ម្នាលភិក្ខុទាំងឡាយ បុគ្គលមួយ កាលកើតឡើងក្នុងលោក ក៏កើតឡើងដើម្បី មិនជាប្រយោជន៍ ដល់ជនច្រើន ដើម្បីមិនជាសុខ ដល់ជនច្រើន ដើម្បីសេចក្តីវិនាស ដល់ជនច្រើន ដើម្បីមិនជាប្រយោជន៍ ដើម្បីសេចក្តីទុក្ខ ដល់ទេវតា និងមនុស្សទាំងឡាយ។ បុគ្គលម្នាក់ គឺអ្នកណា។ គឺបុគ្គលជាមិច្ឆាទិដ្ឋិ ជាអ្នកយល់ខុស បុគ្គលនោះ រមែងនាំជនច្រើនឲ្យឃ្លាតចាកព្រះសទ្ធម្ម ឲ្យតាំងនៅក្នុងអសទ្ធម្ម។ ម្នាលភិក្ខុទាំងឡាយ បុគ្គលម្នាក់នេះឯង កាលកើតឡើងក្នុងលោក ក៏កើតឡើង ដើម្បីមិនជាប្រយោជន៍ ដល់ជនច្រើន ដើម្បីមិនជាសុខ ដល់ជនច្រើន ដើម្បីសេចក្តីវិនាស ដល់ជនច្រើន ដើម្បីមិនជាប្រយោជន៍ ដើម្បីសេចក្តីទុក្ខ ដល់ទេវតា និងមនុស្សទាំងឡាយ។
[១៩២] ម្នាលភិក្ខុទាំងឡាយ បុគ្គលម្នាក់ កាលកើតឡើងក្នុងលោក ក៏កើតឡើង ដើម្បី ជាប្រយោជន៍ ដល់ជនច្រើន ដើម្បីសេចក្តីសុខ ដល់ជនច្រើន ដើម្បីសេចក្តីចំរើន ដល់ជនច្រើន ដើម្បីជាប្រយោជន៍ ដើម្បីសេចក្តីសុខ ដល់ទេវតា និងមនុស្សទាំងឡាយ។ បុគ្គលម្នាក់ គឺអ្នក ណា។ គឺបុគ្គលជាសម្មាទិដ្ឋិ ជាអ្នកយល់ត្រូវ បុគ្គលនោះ រមែងនាំជនច្រើន ឲ្យឃ្លាតចាកអសទ្ធម្ម ឲ្យតាំងនៅក្នុងព្រះសទ្ធម្ម។ ម្នាលភិក្ខុទាំងឡាយ បុគ្គលម្នាក់នេះឯង កាលកើតឡើយក្នុងលោក ក៏កើតឡើង ដើម្បីជាប្រយោជន៍ ដល់ជនច្រើន ដើម្បីសេចក្តីសុខ ដល់ជនច្រើន ដើម្បីសេចក្តីចំរើន ដល់ជនច្រើន ដើម្បីជាប្រយោជន៍ ដើម្បីសេចក្តីសុខ ដល់ទេវតា និងមនុស្សទាំងឡាយ។
តតិយវគ្គ ឬ បុគ្គលម្នាក់កើតឡើងក្នុងលោកដើម្បីជាទុក្ខដល់មនុស្សនិងទេវតាទាំងឡាយ - បិដកភាគ ៤០ ទំព័រ ៧៥ ឃ្នាប ១៩១
ដោយ៥០០០ឆ្នាំ
images/articles/3065/2021ook.jpg
សង្វាស ៤ យ៉ាង
ផ្សាយ : ០២ កញ្ញា ឆ្នាំ២០២២
បឋមសំវាសសូត្រ ទី៣
[៥៤] សម័យមួយ ព្រះដ៏មានព្រះភាគ ទ្រង់ពុទ្ធដំណើរទៅកាន់ផ្លូវឆ្ងាយ ក្នុងចន្លោះស្រុកមធុរា និងចន្លោះស្រុកវេរញ្ជា។ មានពួក [ជនទាំងនោះ មានដំណើរទៅរៀបចំអាវាហវិវាហមង្គល ឲ្យកូនចៅក្នុងស្រុកនោះ ព្រោះហេតុនោះ បានជានាំគ្នាដើរ ទៅតាមផ្លូវនោះដែរ។ អដ្ឋកថា។] គហបតី និងពួកគហបតានីជាច្រើននាក់ ដើរទៅកាន់ផ្លូវឆា្ងយ ក្នុងចន្លោះស្រុកមធុរា និងចន្លោះស្រុកវេរញ្ជាដែរ។
គ្រានោះ ព្រះដ៏មានព្រះភាគ ទ្រង់គេចចេញ ចាកផ្លូវហើយ ទ្រង់គង់ក្រោមម្លប់ឈើមួយ។ ពួកគហបតី និងគហបតានី ទាំងនោះ បានឃើញព្រះដ៏មានព្រះភាគ សេ្តចគង់ក្រោមម្លប់ឈើមួយ លុះឃើញហើយ ក៏នាំគ្នាចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ ថ្វាយបង្គំព្រះដ៏មានព្រះភាគ ហើយអង្គុយក្នុងទីសមគួរ។
លុះពួកគហបតី និងគហបតានីទាំងនោះ អង្គុយក្នុងទីសមគួរហើយ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ថា ម្នាលគហបតី និងគហបតានីទាំងឡាយ សង្វាស (ការនៅរួមគ្នាជាមួយនឹងស្វាមីភរិយា) នេះ មាន ៤ យ៉ាង។ សង្វាស ៤ យ៉ាង តើដូចម្តេចខ្លះ។ គឺខ្មោចប្រុស នៅរួមគ្នាជាមួយនឹងខ្មោចស្រី ១ ខ្មោចប្រុស នៅរួមគ្នាជាមួយនឹងទេវតាស្រី ១ ទេវតាប្រុស នៅរួមគ្នាជាមួយនឹងខ្មោចស្រី ១ ទេវតាប្រុស នៅរួមគ្នាជាមួយនឹងទេវតាស្រី ១។ ម្នាលគហបតីទាំងឡាយ ចុះខ្មោចប្រុស នៅរួមគ្នាជាមួយនឹងខ្មោចស្រី តើដូចម្តេច។
ម្នាលគហបតីទាំងឡាយ ស្វាមីក្នុងលោកនេះ ជាអ្នកធ្វើនូវបាណាតិបាត ធ្វើនូវអទិន្នាទាន ប្រព្រឹត្តនូវកាមេសុមិច្ឆាចារ ពោលពាក្យមុសា ក្រេបផឹកនូវទឹកស្រវឹង គឺសុរា និងមេរ័យ ដែលជាទីតាំងនៃសេចក្តីប្រមាទ ជាអ្នកទ្រុស្តសីល មានធម៌ដ៏លាមក មានចិត្តត្រូវមន្ទិល គឺសេចក្តីកំណាញ់រួបរឹត នៅគ្រប់គ្រងផ្ទះ ជាអ្នកជេរប្រទេចពួកសមណញ្រហ្មណ៍ ទាំងភរិយារបស់ស្វាមីនោះ ក៏ជាអ្នកប្រព្រឹត្តធ្វើនូវបាណាតិបាត ប្រព្រឹត្តធ្វើ នូវអទិន្នាទាន ប្រព្រឹត្តធ្វើនូវកាមេសុមិច្ឆាចារ ពោលនូវពាក្យមុសា ក្រេបផឹកនូវទឹកស្រវឹង គឺសុរា និងមេរ័យ ដែលជាទីតាំងនៃសេចក្តីប្រមាទ ជាអ្នកទ្រុស្តសីល មានធម៌ដ៏លាមក មានចិត្តត្រូវមន្ទិល គឺសេចក្តីកំណាញ់រួបរឹត នៅគ្រប់គ្រងផ្ទះ ជាអ្នកជេរប្រទេចពួកសមណញ្រហ្មណ៍ដែរ។
ម្នាលគហបតីទាំងឡាយ យ៉ាងនេះឯង ឈ្មោះថា ខ្មោចប្រុស នៅរួមគ្នាជាមួយនឹងខ្មោចស្រី។ ម្នាលគហបតីទាំងឡាយ ចុះខ្មោចប្រុស នៅរួមជាមួយនឹងទេវតាស្រី តើដូចម្តេច។ ម្នាលគហបតីទាំងឡាយ ស្វាមីក្នុងលោកនេះ ជាអ្នកធ្វើនូវបាណាតិបាត ។បេ។ ក្រេបផឹកនូវសុរា និងមេរ័យ ដែលជាទីតាំងនៃសេចក្តីប្រមាទ ជាអ្នកទ្រុស្តសីល មានធម៌ដ៏លាមក មានចិត្តត្រូវមន្ទិល គឺសេចក្តីកំណាញ់រួបរឹត នៅគ្រប់គ្រងផ្ទះ ជាអ្នកជេរប្រទេចពួកសមណញ្រហ្មណ៍ ប៉ុន្តែភរិយារបស់ស្វាមីនោះ ជាអ្នកវៀរចាកបាណាតិបាត វៀរចាកអទិន្នាទាន វៀរចាកកាមេសុមិច្ឆាចារ វៀរចាកមុសាវាទ ជាអ្នកវៀរចាកការក្រេបផឹកទឹកស្រវឹង គឺសុរា និងមេរ័យ ដែលជាទីតាំង នៃសេចក្តីប្រមាទ ជាអ្នកមានសីល មានធម៌ល្អ មានចិត្តប្រាសចាកមន្ទិល គឺសេចក្តីកំណាញ់ នៅគ្រប់គ្រងផ្ទះ ជាអ្នកមិនជេរប្រទេចពួកសមណញ្រហ្មណ៍។
ម្នាលគហបតីទាំងឡាយ យ៉ាងនេះឯង ឈ្មោះថា ខ្មោចប្រុស នៅរួមគ្នាជាមួយនឹងទេវតាស្រី។ ម្នាលគហបតីទាំងឡាយ ចុះទេវតាប្រុស នៅរួមជាមួយគ្នានឹងខ្មោចស្រី តើដូចម្តេច។ ម្នាល គហបតីទាំងឡាយ ស្វាមីក្នុងលោកនេះ ជាអ្នកវៀរចាកបាណាតិបាត វៀរចាកអទិន្នាទាន វៀរចាកកាមេសុមិច្ឆាចារ វៀរចាកមុសាវាទ វៀរចាកការក្រេបផឹកនូវទឹកស្រវឹង គឺសុរា និងមេរ័យ ដែលជាទីតាំង នៃសេចក្តីប្រមាទ មានសីល មានធម៌ល្អ មានចិត្តប្រាសចាកមន្ទិល គឺសេចក្តីកំណាញ់ នៅគ្រប់គ្រងផ្ទះ ជាអ្នកមិនជេរប្រទេចពួកសមណញ្រហ្មណ៍ ទើបឯភរិយារបស់ស្វាមីនោះ ជាអ្នកប្រព្រឹត្តធ្វើនូវបាណាតិបាត។បេ។ ក្រេបផឹកនូវទឹកស្រវឹង គឺសុរា និងមេរ័យ ដែលជាទីតាំងនៃសេចក្តីប្រមាទ ជាអ្នកទ្រុស្តសីល មានធម៌ដ៏លាមក មានចិត្តត្រូវមន្ទិល គឺសេចក្តីកំណាញ់រួបរឹត នៅគ្រប់គ្រងផ្ទះ ជាអ្នកជេរប្រទេចពួកសមណញ្រហ្មណ៍។
ម្នាលគហបតីទាំងឡាយ យ៉ាងនេះឯង ឈ្មោះថា ទេវតាប្រុស នៅរួមគ្នាជាមួយនឹងខ្មោចស្រី។ ម្នាលគហបតីទាំងឡាយ ចុះទេវតាប្រុស នៅរួមជាមួយគ្នានឹងទេវតាស្រី តើដូចម្តេច។ ម្នាលគហបតីទាំងឡាយ ស្វាមីក្នុងលោកនេះ ជាអ្នកវៀរចាកបាណាតិបាត។បេ។ វៀរចាកការក្រេបផឹកនូវទឹកស្រវឹង គឺសុរា និងមេរ័យ ដែលជាទីតាំងនៃសេចក្តីប្រមាទ ជាអ្នកមានសីល មានធម៌ដ៏ល្អ មានចិត្តប្រាសចាកមន្ទិល គឺសេចក្តីកំណាញ់ នៅគ្រប់គ្រងផ្ទះ ជាអ្នកមិនជេរប្រទេចពួកសមណញ្រហ្មណ៍ ទាំងភរិយារបស់ស្វាមីនោះ ក៏ជាអ្នកវៀរចាកបាណាតិបាត។បេ។ វៀរចាកការក្រេបផឹក នូវទឹកស្រវឹង គឺសុរា និងមេរ័យ ដែលជាទីតាំងនៃសេចក្តីប្រមាទ ជាអ្នកមានសីល មានធម៌ដ៏ល្អ មានចិត្ត ប្រាសចាកមន្ទិល គឺសេចក្តីកំណាញ់ នៅគ្រប់គ្រងផ្ទះ ជាអ្នកមិនជេរប្រទេច ពួកសមណញ្រហ្មណ៍ដែរ។ ម្នាលគហបតីទាំងឡាយ យ៉ាងនេះឯង ឈ្មោះថា ទេវតាប្រុស នៅរួមគ្នាជាមួយនឹងទេវតាស្រី។ ម្នាលគហបតីទាំងឡាយ សង្វាស (ការនៅរួមគ្នា មាន ៤) យ៉ាងនេះឯង។
ជនទាំងពីរនាក់ ជាអ្នកទ្រុស្តសីល ជាអ្នកកំណាញ់ស្វិតស្វាញ ជេរប្រទេច (នូវសមណញ្រហ្មណ៍) ប្រពន្ធ និងប្តី ទាំងពីរនាក់នោះ ឈ្មោះថា ខ្មោចមកនៅរួមគ្នា។ ស្វាមី ជាអ្នកទ្រុស្តសីល មានសេចក្តីកំណាញ់ស្វិតស្វាញ ជេរប្រទេច (នូវសមណញ្រហ្មណ៍) ភរិយា ជាអ្នកមានសីល ដឹងនូវពាក្យពេចន៍ នៃពួកស្មូម មានសេចក្តីកំណាញ់ ប្រាសចេញហើយ ភរិយានោះឯង ឈ្មោះថា ទេវតាស្រី នៅរួមគ្នាជាមួយនឹងប្តីខ្មោច។
ស្វាមី ជាអ្នកមានសីល ដឹងនូវពាក្យពេចន៍ នៃពួកស្មូម ជាអ្នកមានសេចក្តីកំណាញ់ប្រាសចេញហើយ ភរិយា ជាអ្នកទ្រុស្តសីល មានសេចក្តីកំណាញ់ស្វិតស្វាញ ជេរប្រទេច (នូវសមណញ្រហ្មណ៍) ភរិយានោះឯង ឈ្មោះថា ស្រីខ្មោចនៅរួម គ្នាជាមួយនឹងប្តីទេវតា។ ជនទាំងពីរនាក់ ជាអ្នកមានសទ្ធា ដឹងនូវពាក្យពេចន៍ នៃពួកស្មូម ជាអ្នកសង្រួម (ក្នុងសីល) ជាអ្នកចិញ្ចឹមជីវិតតាមគន្លងធម៌ ប្រពន្ធ និងប្តីទាំងពីរនាក់នោះ ពោលពាក្យផ្អែមល្ហែម ទៅរកគ្នានឹងគ្នា រមែងមានសេចក្តីចំរើនដ៏ច្រើន ទាំងមានការនៅជាសុខ កើតឡើងដល់គ្នានឹងគ្នា ពួកសត្រូវ រមែងអាក់អន់ចិត្តចំពោះជនទាំងពីរនាក់ ដែលមានសីលស្មើគ្នា ជនទាំងពីរនាក់ មានសីល និងវត្តស្មើគ្នា លុះប្រព្រឹត្តធម៌ ក្នុងលោកនេះហើយ បើនៅមានចំណង់ក្នុងកាម ក៏រមែងជាអ្នកត្រេកអរ រីករាយ ក្នុងទេវលោកបាន។
បឋមសំវាសសូត្រ ទី ៣ ឬសង្វាស ៤ យ៉ាង បិដកភាគ ៤២ ទំព័រ ១៤០ ឃ្នាប ៥៤
ដោយ៥០០០ឆ្នាំ
images/articles/3090/53TERGS.jpg
ចេតិយសូត្រ
ផ្សាយ : ០២ កញ្ញា ឆ្នាំ២០២២
[៤៤៦] ម្នាលភិក្ខុទាំងឡាយ ។ សម័យមួយ ព្រះដ៏មានព្រះភាគ គង់នៅក្នុងកូដាគារសាលា នាមហាវន ជិតក្រុងវេសាលី ។ គ្រានោះឯង ព្រះដ៏មានព្រះភាគ ទ្រង់ស្បង់ទ្រង់បាត្រនិងចីវរ ក្នុងបុព្វណ្ហសម័យ ស្តេចចូលទៅកាន់ក្រុងវេសាលី ដើម្បីបិណ្ឌបាត ហើយត្រឡប់ពីបិណ្ឌបាតក្នុងបច្ឆាភត្ត ត្រាស់ហៅព្រះអានន្ទដ៏មានអាយុថា ម្នាលអានន្ទ អ្នកចូរកាន់យកនូវសំពត់គឺសីទនៈ តថាគតនិងចូលទៅឯបាវាលចេតិយ ដើម្បីសម្រាកក្នុងវេលាថ្ងៃ ។ ព្រះអានន្ទដ៏មានអាយុ ទទួលព្រះពុទ្ធដីកាព្រះដ៏មានព្រះភាគថា ព្រះករុណា ព្រះអង្គ ហើយក៏កាន់នូវសំពត់សីទនៈដើរតាមក្រោយ ៗ ព្រះដ៏មានព្រះភាគទៅ ។
[៤៤៧] គ្រានោះឯង ព្រះដ៏មានព្រះភាគទ្រង់ចូលទៅបាវាលចេតិយ លុះចូលទៅដល់ហើយ ក៏គង់លើអាសនៈ ដែលបុគ្គលតាក់តែងថ្វាយ ។ ព្រះអានន្ទដ៏មានអាយុ ក៏ថ្វាយបង្គំព្រះដ៏មានព្រះភាគ ហើយអង្គុយក្នុងទីសមគួរ ។ លុះព្រះអានន្ទដ៏មានអាយុ អង្គុយក្នុងទីសមគួរហើយ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ដូច្នេះថា ម្នាលអានន្ទ ក្រុងវេសាលី គួរជាទីរីករាយ ឧទេនៈចេតិយ គួរជាទីរីករាយ គោតមកចេតិយ គួរជាទីរីករាយ សត្តម្ពចេតិយ គួរជាទីរីករាយ ពហុបុត្តកចេតិយ គួរជាទីរីករាយ សារន្ទទចេតិយ គួរជាទីរីករាយ បាវាលចេតិយ គួរជាទីរីករាយ ។ ម្នាលអានន្ទ បុគ្គលណាមួយបានចម្រើនឥទ្ធិបាទ ៤ បានធ្វើឲ្យរឿយ ៗ ធ្វើឲ្យដូចជាយាន ធ្វើឲ្យជាទីនៅ តាំងទុករឿយ ៗ សន្សំទុក ផ្តើមល្អហើយ កាលបើបុគ្គលនោះប្រាថ្នា អាចស្ថិតនៅអស់មួយអាយុកប្ប ឬជាងមួយអាយុកប្បក៏បាន ។ ម្នាលអានន្ទ ឥទ្ធិបាទ ៤ តថាគតបានចម្រើនហើយ ធ្វើឲ្យរឿយ ៗ ហើយ ធ្វើឲ្យដូចជាយាន ធ្វើឲ្យជាទីនៅ តាំងទុករឿយ ៗ សន្សំទុក ផ្តើមល្អហើយ ។ ម្នាលអានន្ទ បើតថាគតប្រាថ្នា អាចស្ថិតនៅអស់មួយអាយុកប្ប ឬជាងមួយអាយុកប្បក៏បាន ។
[៤៤៨] កាលបើព្រះដ៏មានព្រះភាគទ្រង់ធ្វើនិមិត្ត ជាឱឡារិក ទ្រង់ធ្វើឱកាសជាឱឡារិកយ៉ាងនេះក៏ដោយ ព្រះអានន្ទដ៏មានអាយុ នៅតែមិនអាចនិងយល់សេចក្តីច្បាស់លាស់បានឡើយ មិនបានអារាធនាព្រះដ៏មានព្រះភាគថា បពិត្រព្រះអង្គដ៏ចម្រើន សូមព្រះដ៏មានព្រះភាគទ្រង់គង់នៅអស់ ១ អាយុកប្ប សូមព្រះសុគតទ្រង់គង់នៅអស់ ១ អាយុកប្ប ដើម្បីប្រយោជន៍ ដល់ជនច្រើន ដើម្បីសេចក្តីសុខដល់ជនច្រើន ដើម្បីអនុគ្រោះដល់សត្វលោក ដើម្បីសេចក្តីចម្រើន ដើម្បីប្រយោជន៍ ដើម្បីសេចក្តីសុខដល់ទេវតានិងមនុស្សទាំងឡាយដូច្នេះឡើយ ព្រោះមារចូលមកជ្រែកចិត្ត ។
[៤៤៩] ព្រះដ៏មានព្រះភាគ ទ្រង់មានព្រះពុទ្ធដីកា (និងព្រះអានន្ទ) ជាគំរប់ពីរដង ។ ព្រះដ៏មានព្រះភាគទ្រង់ត្រាស់និងព្រះអានន្ទដ៏មានអាយុជាគំរប់ ៣ ដងថា ម្នាលអានន្ទ ក្រុងវេសាលី គួរជាទីរីករាយ ឧទេនចេតិយ គួរជាទីរីករាយ គោតមកចេតិយ គួរជាទីរីករាយ សត្តម្ពចេតិយ គួរជាទីរីករាយ ពហុមុត្តកចេតិយ គួរជាទីរីករាយ សារន្ទទចេតិយ គួរជាទីរីករាយ បាវាលចេតិយ គួរជាទីរីករាយ ។ ម្នាលអានន្ទ បុគ្គលណាមួយបានចម្រើន ឥទ្ធិបាទ ៤ ធ្វើឲ្យច្រើន ធ្វើឲ្យដូចជាយាន ធ្វើឲ្យជាទីតាំងនៅ តាំងទុករឿយ ៗ សន្សំទុក ផ្តើមទុកល្អហើយ បើបុគ្គលនោះប្រាថ្នា អាចនៅអស់ ១ អាយុកប្ប ឬជាងមួយអាយុកប្បក៏បាន ។ ម្នាលអានន្ទ តថាគតបានចម្រើនឥទ្ធិបាទ ៤ បានធ្វើឲ្យរឿយ ៗ បានធ្វើឲ្យដូចជាយាន បានធ្វើឲ្យជាទីតាំងនៅ បានតាំងទុករឿយ ៗ បានសន្សំទុក បានផ្តើមទុកល្អហើយ ។ ម្នាលអានន្ទ បើតថាគតប្រាថ្នា អាចនៅអស់មួយអាយុកប្ប ឬជាងមួយអាយុកប្បក៏បាន ។
[៤៥០] កាលព្រះដ៏មានព្រះភាគ ទ្រង់ធ្វើនិមិត្តជាឱឡារិក ទ្រង់ធ្វើឱកាលជាឱឡារិកយ៉ាងនេះក៏ដោយ ព្រះអានន្ទដ៏មានអាយុ នៅតែមិនយល់សេចក្តីច្បាស់លាស់ឡើយ មិនបានអាពាធ ព្រះដ៏មានព្រះភាគថា បពិត្រព្រះអង្គដ៏ចម្រើន សូមព្រះដ៏មានព្រះភាគទ្រង់គង់នៅអស់មួយអាយុកប្ប សូមព្រះសុគត ទ្រង់គង់នៅអស់មួយអាយុកប្ប ដើម្បីប្រយោជន៍ដល់ជនច្រើន ដើម្បីសេចក្តីសុខដល់ជនច្រើន ដើម្បីអនុគ្រោះដល់សត្វលោក ដើម្បីសេចក្តីចម្រើន ដើម្បីជាប្រយោជន៍ ដើម្បីសេចក្តីសុខដល់ទេវតា និងមនុស្សទាំងឡាយដូច្នេះឡើយ ព្រោះមារចូលមកជ្រែកចិត្ត ។
[៤៥១] លំដាប់នោះ ព្រះដ៏មានព្រះភាគទ្រង់ត្រាស់និងព្រះអានន្ទដ៏មានអាយុថា ម្នាលអានន្ទ អ្នកចូរទៅចុះ ចូរសំគាល់នូវកាលគួរក្នុងកាលឥឡូវនេះចុះ ។ ព្រះអានន្ទដ៏មានអាយុទទួលព្រះពុទ្ធដីកាព្រះដ៏មានព្រះភាគថា ករុណា ព្រះអង្គ រួចក៏ក្រោកចាកអាសនៈ ថ្វាយបង្គំព្រះដ៏មានព្រះភាគ ដើរប្រទក្សិណ ហើយអង្គុយជិតគល់ឈើមួយដើម ដ៏មិនឆ្ងាយប៉ុន្មាន ។
[៤៥២] (កាលដែលព្រះអានន្ទដ៏មានអាយុចេញទៅមិនយូរប៉ុន្មាន) មារមានចិត្តបាបចូលទៅរកព្រះដ៏មានព្រះភាគ លុះចូលទៅដល់ហើយ ក៏ឈរក្នុងទីសមគួរ ។ (លុះមារមានចិត្តបាបឈរក្នុងទីសមគួរហយ) ក៏ក្រាបទូលអារាធនាព្រះដ៏មានព្រះភាគយ៉ាងនេះថា បពិត្រព្រះអង្គដ៏ចម្រើន សូមព្រះដ៏មានព្រះភាគបរិនិព្វានក្នុងកាលឥឡូវនេះទៅ សូមព្រះសុគតនិព្វានទៅ បពិត្រព្រះអង្គដ៏ចម្រើន ឥឡូវនេះ ព្រះដ៏មានព្រះភាគល្មមបរិនិព្វានហើយ ។ បពិត្រព្រះអង្គដ៏ចម្រើន ព្រះដ៏មានព្រះភាគបានត្រាស់វាចានេះថា នែមារមានចិត្តបាប (បើ) ពួកភិក្ខុជាសាវករបស់តថាគតដែលឈ្លាស វាងវៃ ក្លៀវក្លា ជាពហុស្សូត ទ្រទ្រង់ធម៌ ប្របិបត្តិធម៌សមគួរដល់ធម៌ ប្រតិបត្តិដោយកោតក្រែង ប្រព្រឹត្តតាមធម៌នៅមិនទានមាន ទាំងមិនទាន់រៀនវាទៈនៃអាចារ្យរបស់ខ្លួន ហើយនិងប្រាប់ សម្តែង បញ្ញត្ត តាំងទុក បើក ចែក ធ្វើឲ្យងាយបាន ទាំងមិនទាន់បានសង្កត់សង្កិនបរប្បវាទដែលកើតឡើងហើយ ឲ្យជាកិច្ចដែលខ្លួនបានសង្កត់សង្កិនល្អ តាមពាក្យដែលសមហេតុ ហើយនិងសម្តែងធម៌ប្រកបដោយបាដិហារ្យដរាបណាទេ តថាគតនឹងមិនទាន់បរិនិព្វានដរាបនោះឡើយ ។ បពិត្រព្រះអង្គដ៏ចម្រើន ឥឡូវនេះ ពួកជាសាវករបស់ព្រះដ៏មានព្រះភាគ បានឈ្លាស វាងវៃ ក្លៀវក្លា ជាពហូស្សូត ទ្រទ្រង់ធម៌ ប្រតិបត្តិធម៌សមគួរដល់ធម៌ ប្រតិបត្តិដោយកោតក្រែង ប្រព្រឹត្តតាមធម៌ទាំងបានរៀននូវវាទៈនៃអាចារ្យរបស់ខ្លួន ហើយប្រាប់ សម្តែង បញ្ញត្ត តាំងទុក បើក ចែក ធ្វើឲ្យងាយបានហើយ ទាំងសង្កត់សង្កិនបរប្បវាទដែលកើតឡើងហើយ ឲ្យជាកិច្ចដែលបានសង្កត់សង្កិនដោយល្អ តាមពាក្យដែលសមហេតុ ហើយសម្តែងធម៌ប្រកបដោយបាដិហារ្យបានហើយ ។ បពិត្រព្រះអង្គដ៏ចម្រើន សូមព្រះដ៏មានព្រះភាគបរិនិព្វានក្នុងកាលឥឡូវនេះទៅ សូមព្រះសុគតបរិនិព្វានទៅ បពិត្រព្រះអង្គដ៏ចម្រើន ឥឡូវនេះ ជាកាលគួរព្រះដ៏មានព្រះភាគបរិនិព្វានហើយ ។
[៤៥៣] បពិត្រព្រះអង្គដ៏ចម្រើន ព្រោះព្រះដ៏មានព្រះភាគត្រាស់វាចារនេះថា ម្នាលមារមានចិត្តបាប តថាគតនឹងមិនទាន់បរិនិព្វានទេ ព្រោះពួកភិក្ខុនីជាសាវិការបស់តថាគត ឈ្លាស វាងវៃ ក្លៀវក្លា ជាពហុសូ្សត ទ្រទ្រង់ធម៌ ប្រតិបត្តិធម៌សមគួរដល់ធម៌ ប្រតិបត្តិដោយកោតក្រែង ប្រព្រឹត្តតាមធម៌ នៅមិនទាន់មាន ទាំងមិនទាន់រៀននូវវាទៈនៃអាចារ្យរបស់ខ្លួន ហើយនឹងប្រាប់ សម្តែង បញ្ញត្ត តាំងទុក បើក ចែក ធ្វើឲ្យងាយបាន ទាំងមិនទាន់សង្កត់សង្កិនបរប្បវាទដែលកើតឡើងហើយ ឲ្យជាកិច្ចដែលខ្លួនបានសង្កត់សង្កិនដោយល្អ តាមពាក្យដែលសមហេតុ ហើយនិងសម្តែងធម៌ប្រកបដោយបាដិហារ្យទេ ។ បពិត្រព្រះអង្គដ៏ចម្រើន ក៏ក្នុងកាលឥឡូវនេះ ពួកភិក្ខុនីជាសាវិការបស់ព្រះដ៏មានព្រះភាគ បានឈ្លាស វាងវៃ ក្លៀវក្លា ជាពហុស្សូត ទ្រទ្រង់ធម៌ ប្រតិបត្តិធម៌សមគួរដល់ធម៌ ប្រតិបត្តិដោយកោតក្រែង ប្រព្រឹត្តតាមធម៌ហើយ ទាំងបានរៀននូវវាទៈនៃអាចារ្យរបស់ខ្លួន ហើយប្រាប់ សម្តែង បញ្ញត្ត តាំងទុក បើក ចែក ធ្វើឲ្យងាយបានហើយ ទាំងសង្កត់សង្កិននូវបរប្បវាទដែលកើតឡើងហើយ ឲ្យជាកិច្ចដែលខ្លួនសង្កត់សង្កិនដោយល្អ តាមពាក្យដែលសមហេតុ ហើយសម្តែងធម៌ប្រកបដោយបាដិហារ្យបានហើយ ។ បពិត្រព្រះអង្គដ៏ចម្រើន ឥឡូវនេះ សូមព្រះដ៏មានព្រះភាគបរិនិព្វាន ទៅ សូមព្រះសុគតបរិនិព្វានទៅ បពិត្រព្រះអង្គដ៏ចម្រើន ព្រោះឥឡូវនេះ ជាកាលគួរល្មមព្រះដ៏មានព្រះភាគបរិនិព្វានហើយ ។
[៤៥៤] បពិត្រព្រះអង្គដ៏ចម្រើន មួយទៀត ព្រះដ៏មានព្រះភាគបានត្រាស់វាចារនេះថា ម្នាលមារមានចិត្តបាប តថាគតនិងមិនទាន់បរិនិព្វានទេ ព្រោះពួកឧបាសក (ជាសាវក) របស់តថាគត ។បេ។ ព្រោះពួកឧបាសិកាជាសាវិការបស់តថាគត ដែលឈ្លាស វាងវៃ ក្លៀវក្លា ជាពហុស្សូត ទ្រទ្រង់ធម៌ ប្រតិបត្តិធម៌សមគួរដល់ធម៌ ប្រតិបត្តិដោយកោតក្រែង ប្រព្រឹត្តតាមធម៌នៅមិនទាន់មាន ទាំងមិនទាន់រៀននូវវាទៈនៃអាចារ្យរបស់ខ្លួន ហើយនិងប្រាប់ សម្តែង បញ្ញត្ត តាំងទុក បើក ចែក ធ្វើឲ្យងាយបាន ទាំងមិនទាន់សង្កត់សង្កិន នូវបរប្បវាទ ដែលកើតឡើងហើយ ឲ្យជាកិច្ចដែលសង្កត់សង្កិនដោយល្អ តាមពាក្យដែលសមហេតុ ហើយនិងសម្តែងធម៌ប្រកបដោយបាដិហារ្យទេ ។ បពិត្រព្រះអង្គដ៏ចម្រើន ក៏ឥឡូវនេះ មានពួកឧបាសិកាជាសាវិការបស់ព្រះដ៏មានព្រះភាគ បានឈ្លាស វាងវៃ ក្លៀវក្លា ជាពហុស្សូត ទ្រទ្រង់ធម៌ ប្រតិបត្តិធម៌សមគួរដល់ធម៌ ប្រតិបត្តិដោយកោតក្រែង ប្រព្រឹត្តតាមធម៌ទាំងបានរៀននូវវាទៈនៃអាចារ្យរបស់ខ្លួន ហើយប្រាប់ សម្តែង បញ្ញត្ត តាំងទុក បើក ចែក ធ្វើឲ្យងាយបាន ទាំងសង្កត់សង្កិននូវបរប្បវាទដែលកើតឡើងហើយ ឲ្យជាកិច្ចដែលសង្កត់សង្កិនដោយល្អ តាមពាក្យដែលសមហេតុ ហើយសម្តែងធម៌ប្រកបដោយបាដិហារ្យបានហើយ ។ បពិត្រព្រះអង្គដ៏ចម្រើន ឥឡូវនេះ សូមព្រះដ៏មានព្រះភាគបរិនិព្វានទៅ សូមព្រះសុគតបរិនិព្វានទៅ បពិត្រព្រះអង្គដ៏ចម្រើន ព្រោះឥឡូវនេះ ជាកាលគួរល្មមព្រះដ៏មានព្រះភាគបរិនិព្វានហើយ ។
[៤៥៥] បពិត្រព្រះអង្គដ៏ចម្រើន មួយទៀត ព្រះដ៏មានព្រះភាគបានត្រាស់វាចារនេះថា ម្នាលមារមានចិត្តបាប តថាគតនឹងមិនទាន់បរិនិព្វានទេ ព្រោះព្រហ្មចារ្យរបស់តថាគតនេះ នៅមិនទាន់ខ្ជាប់ខ្ជួន មិនទាន់ចម្រើន មិនទាន់ផ្សាយទៅសព្វទិស គេមិនទាន់ដឹងច្រើនគ្នា មិនទាន់ពេញបរិបូណ៌ ពួកទេវតានិងមនុស្ស មិនទានចេះសម្តែងបានដោយប្រពៃទេ ។ បពិត្រព្រះអង្គដ៏ចម្រើន ព្រហ្មចារ្យរបស់ព្រះដ៏មានព្រះភាគនោះបានខ្ជាប់ខ្ជួនហើយ បានចម្រើនហើយ បានផ្សាយទៅសព្វទិសហើយ គេបានដឹងច្រើនគ្នាហើយ បានពេញបរិបូណ៌ហើយ ពួកទេវតានិងមនុស្សចេះសម្តែងបានដោយល្អហើយ ។ បពិត្រព្រះអង្គដ៏ចម្រើន ឥឡូវនេះ សូមព្រះដ៏មានព្រះភាគបរិនិព្វានទៅ សូមព្រះសុគតបរិនិព្វានទៅ បពិត្រព្រះអង្គដ៏ចម្រើន ព្រោះឥឡូវនេះជាកាលគួរល្មម ព្រះដ៏មានព្រះភាគបរិនិព្វានហើយ ។
[៤៥៦] កាលបើក្រុងមារក្រាបទូលបង្គំនេះហើយ ព្រះដ៏មានព្រះភាគ ចូរអ្នកមានសេចក្តីខ្វល់ខ្វាយតិចចុះ ការបរិនិព្វានរបស់តថាគតមិនយូរប៉ុន្មានទេ កន្លង ៣ ខែអំពីកាលនេះទៅ តថាគតនឹងបរិនិព្វាន ។
[៤៥៧] លំដាប់នោះឯង ព្រះដ៏មានព្រះភាគទ្រង់មានព្រះសតិសម្បជញ្ញៈ ទ្រង់ដាក់អាយុសង្ខារព្ធដ៏បាវាលចេតិយ ។ លុះព្រះដ៏មានព្រះភាគដាក់អាយុសង្ខារហើយ ក៏កើតកក្រើកផែនដីយ៉ាងធំ គួរឲ្យភ្លូកភ្លឹកព្រឺព្រួចរោម ទាំងផ្គរក៏លាន់ឮឡើង ។
[៤៥៨] គ្រានោះឯង ព្រះដ៏មានព្រះភាគទ្រង់ជ្រាបច្បាស់នូវដំណើរនោះហើយ ក៏បន្លឺនូវឧទាននេះក្នុងវេលានោះថា ៖
ព្រះពុទ្ធជាអ្នកប្រាជ្ញ ពិចារណាឃើញនូវព្រះនិព្វានដែលមានគុណ
ថ្លឹងមិនបានផង នូវភពផង លះបង់នូវសង្ខារដែលនាំសត្វទៅកាន់
ភពហើយ ត្រេកអរចំពោះអារម្មណ៍ខាងក្នុង (ដោយអំណាច-
វិបស្សនា) មានចិត្តតាំងមាំ (ដោយអំណាចសមថៈ) បានទំលាយ
ហើយនូវបណ្តាញ គឺកិលេសដែលកើតមាននៅក្នុងខ្លួនដូចជា
ក្រោម ។
ចប់ បាវាលវគ្គទី ១ ។
(បិ៣៨ ទំ២៧១)
ដោយ៥០០០ឆ្នាំ