images/articles/3161/dsger534rwfefwe.jpg
គំនរបាបនិងគំនរបុណ្យ
ផ្សាយ : ១៦ មករា ឆ្នាំ២០២៣
អកុសលរាសិសូត្រ ទី៥
[១៩] សាវត្ថីនិទាន។ ក្នុងទីនោះឯង ព្រះដ៏មានព្រះភាគ។ បេ។ បានត្រាស់នូវភាសិតនេះថា ម្នាលភិក្ខុទាំងឡាយ កាលបើបុគ្គលពោលថា គំនរនៃអកុសលដូច្នេះ បើពោលដោយត្រឹមត្រូវ ត្រូវពោលចំពោះនីវរណៈទាំង ៥។ ម្នាលភិក្ខុទាំងឡាយ គំនរនៃអកុសលទាំងអស់នេះ គឺ នីវរណៈទាំង ៥ នេះឯង។ នីវរណៈទាំង ៥ តើអ្វីខ្លះ។ គឺកាមច្ឆន្ទនីវរណៈ ១ ព្យាបាទនីវរណៈ ១ ថីនមិទ្ធនីវរណៈ ១ ឧទ្ធច្ចកុក្កុច្ចនីវរណៈ ១ វិចិកិច្ឆានីវរណៈ ១។ ម្នាលភិក្ខុទាំងឡាយ កាលបើបុគ្គលពោលថា គំនរនៃអកុសល ដូច្នេះ កាលបើពោលដោយត្រឹមត្រូវ ត្រូវពោលចំពោះ នីវរណៈ ទាំង ៥ នេះឯង។ ម្នាលភិក្ខុទាំងឡាយ គំនរនៃអកុសលទាំងអស់ គឺ នីវរណៈទាំង ៥នេះឯង។
[២០] ម្នាលភិក្ខុទាំងឡាយ កាលបើបុគ្គលពោលថា គំនរនៃកុសល ដូច្នេះ កាលបើពោលដោយត្រឹមត្រូវ ត្រូវពោលចំពោះសតិប្បដ្ឋាន ទាំង ៤។ មា្នលភិក្ខុទាំងឡាយ គំនរនៃកុសលទាំងអស់នេះ គឺ សតិប្បដ្ឋាន ទាំង ៤ នេះឯង។ សតិប្បដ្ឋាន ទាំង ៤ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ជាអ្នកពិចារណាឃើញ នូវកាយក្នុងកាយ ជាប្រក្រតី ជាអ្នកមានព្យាយាម ដុតកំដៅកិលេស ជាអ្នកដឹងខ្លួន មានស្មារតី កំចាត់បង់ នូវអភិជ្ឈា និងទោមនស្ស ក្នុងលោកចេញ។ ជាអ្នកពិចារណាឃើញ នូវវេទនាក្នុងវេទនាទាំងឡាយ ជាប្រក្រតី នូវចិត្តក្នុងចិត្ត ជាប្រក្រតី នូវធម៌ក្នុងធម៌ទាំងឡាយ ជាប្រក្រតី ជាអ្នកមានព្យាយាម ដុតកំដៅ កិលេស ជាអ្នកដឹងខ្លួន មានស្មារតី កំចាត់បង់ នូវអភិជ្ឈា និងទោមនស្ស ក្នុងលោកចេញ ។ ម្នាលភិក្ខុទាំងឡាយ កាលបើបុគ្គលពោលថា គំនរនៃកុសល ដូច្នេះ កាលបើពោលដោយត្រឹមត្រូវ ត្រូវពោលចំពោះសតិប្បដ្ឋាន ទាំង ៤ នេះឯង។ ម្នាលភិក្ខុទាំងឡាយ គំនរនៃកុសលទាំងអស់នេះ គឺ សតិប្បដ្ឋាន ទាំង ៤ នេះឯង។
អកុសលរាសិសូត្រ ទី ៥ ឬ គំនរបាបនិងគំនរបុណ្យ បិដកភាគ ៣៨ ទំព័រ ១៤ ឃ្នាប ១៩
ដោយ៥០០០ឆ្នាំ
images/articles/3102/5twerfsd.jpg
images/articles/3101/3trwe243.jpg
images/articles/3099/64egedrer.jpg
ពាលបណ្ឌិតសូត្រ ទី៩
ផ្សាយ : ១៦ មករា ឆ្នាំ២០២៣
[១៣៥] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងវត្តជេតពន របស់អាថបណ្ឌិកសេដ្ឋី ជិតក្រុងសាវត្ថី។ កាលព្រះមានព្រះភាគ គង់នៅក្នុងវត្តនោះ បានត្រាស់ហៅពួកភិក្ខុថា ម្នាលភិក្ខុទាំងឡាយ។ ភិក្ខុទាំងនោះ ទទួលព្រះពុទ្ធដីកា របស់ព្រះមានព្រះភាគថា ព្រះករុណា ព្រះអង្គ។
[១៣៦] ព្រះមានព្រះភាគ ទ្រង់ត្រាស់ដូច្នេះថា ម្នាលភិក្ខុទាំងឡាយ បុគ្គលពាល មានហេតុជាគ្រឿងចំណាំថា ពាល មានហេតុជាគ្រឿងសំគាល់ថា ពាល មានចរិកជាពាល ៣យ៉ាងនេះ។ ហេតុ៣យ៉ាង តើអ្វីខ្លះ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលពាល ក្នុងលោកនេះ ជាអ្នកគិតគំនិតអាក្រក់១ និយាយសំដីអាក្រក់១ ធ្វើអំពើអាក្រក់១។ ម្នាលភិក្ខុទាំងឡាយ ប្រសិនបើបុគ្គលពាល ជាអ្នកមិនគិតគំនិតអាក្រក់ផង មិននិយាយសំដីអាក្រក់ផង មិនធ្វើអំពើអាក្រក់ផងទេ។ តើពួកបណ្ឌិតណា នឹងស្គាល់គេថា អ្នកដ៏ចម្រើននេះ ជាមនុស្សពាល ជាអសប្បុរស ដូច្នេះបាន។ ម្នាលភិក្ខុទាំងឡាយ បុគ្គលពាល តែងជាអ្នកគិតគំនិតអាក្រក់ផង និយាយសំដីអាក្រក់ផង ធ្វើអំពើអាក្រក់ផង ព្រោះហេតុណា ហេតុនោះ បានជា បណ្ឌិតទាំងឡាយ ស្គាល់គេថា អ្នកដ៏ចម្រើននេះ ជាមនុស្សពាល ជាអសប្បុរសបាន។ ម្នាលភិក្ខុទាំងឡាយ បុគ្គលពាលនោះឯង តែងទទួលទុក្ខ ទោសមនស្ស ៣យ៉ាង ក្នុងបច្ចុប្បន្ននេះ។
[១៣៧] ម្នាលភិក្ខុទាំងឡាយ បើបុគ្គលពាល អង្គុយក្នុងសាលាក្តី អង្គុយក្នុងច្រកក្តី អង្គុយក្នុងផ្លូវបែកជា៤ក្តី ចំណែកអ្នកផង ដែលអង្គុយក្នុងបរិស័ទនោះ តែងប្រឹក្សាពាក្យ (ថ្លែងអំពីទោស) ដែលកើតអំពីអំពើនោះ សមគួរដល់អំពើនោះ [ប្រឹក្សាអំពីទោសរបស់បញ្ចវេរា ដែលប្រព្រឹត្តទៅ ក្នុងបច្ចុប្បន្ន និងបរលោក។ អដ្ឋកថា]។ ម្នាលភិក្ខុទាំងឡាយ ប្រសិនបើបុគ្គលពាល ជាអ្នកសម្លាប់សត្វ កាន់យកទ្រព្យ ដែលគេមិនបានឲ្យ ប្រព្រឹត្តខុសក្នុងកាមទាំងឡាយ និយាយកុហក ជាអ្នកតាំងនៅក្នុងសេចក្តីប្រមាទ គឺផឹកនូវទឹកស្រវឹង គឺសុរា និងមេរ័យ ម្នាលភិក្ខុទាំងឡាយ បុគ្គលពាល តែងគិតក្នុងពាក្យ ដែលអ្នកផងនិយាយនោះ យ៉ាងនេះថា អ្នកផង តែងប្រឹក្សាពាក្យណា ដែលកើតអំពីអំពើនោះ សមគួរដល់អំពើនោះ ធម៌ទាំងឡាយនោះ ក៏មាននៅក្នុងអញផង ខ្លួនអញសោត ក៏ប្រាកដក្នុងធម៌ទាំងនោះផង។ ម្នាលភិក្ខុទាំងឡាយ បុគ្គលពាល តែងទទួលទុក្ខ ទោមនស្ស ទី១នេះ ក្នុងបច្ចុប្បន្ន។
[១៣៨] ម្នាលភិក្ខុទាំងឡាយ មួយទៀត បុគ្គលពាល ឃើញព្រះរាជាទាំងឡាយ កាលចាប់ចោរ ដែលប្រព្រឹត្តអាក្រក់បានហើយ ត្រាស់បង្គាប់ឲ្យធ្វើកម្មករណ៍ផ្សេងៗ គឺឲ្យវាយដោយរំពាត់ខ្លះ ឲ្យវាយដោយផ្តៅខ្លះ ឲ្យវាយដោយដំបងខ្លីខ្លះ ឲ្យកាត់ដៃខ្លះ ឲ្យកាត់ជើងខ្លះ ឲ្យកាត់ទាំងដៃ ទាំងជើងខ្លះ ឲ្យកាត់ស្លឹកត្រចៀកខ្លះ ឲ្យកាត់ច្រមុះខ្លះ ឲ្យកាត់ទាំងស្លឹកត្រចៀក ទាំងច្រមុះខ្លះ ឲ្យធ្វើពិលង្គថាលិកកម្ម [១-១៣មើលនយលក្ខណៈ ក្នុងមហាទុក្ខក្ខន្ធសូត្រ ក្នុងគម្ពីមជ្ឈិមនិកាយមូលបណ្ណាសកៈ បឋមភាគ ទំព័រ ៣២០-៣២១] គឺអំពើដែលគេធ្វើក្បាល ឲ្យដូចជាឆ្នាំងដាក់ទឹកជ្រក់ខ្លះ ឲ្យធ្វើនូវសង្ខមុណ្ឌិកកម្ម [២] គឺអំពើដែលគេធ្វើក្បាល ឲ្យរលីងដូចជាសំបកស័ង្ខខ្លះ ឲ្យធ្វើរាហុមុខកម្ម [៣] គឺអំពើដែលគេធ្វើមាត់ ឲ្យដូចជាមាត់រាហុខ្លះ ឲ្យធ្វើនូវជោតិមាលិកកម្ម [៤] គឺអំពើដែលគេធ្វើខ្លួនមនុស្ស ឲ្យដូចជាផ្កាភ្លើងខ្លះ ឲ្យធ្វើនូវហត្ថប្បជោតិកកម្ម [៥] គឺអំពើដែលគេដុតដៃខ្លះ ឲ្យធ្វើនូវឯរកវត្តិកកម្ម [៦] គឺអំពើដែលគេធ្វើដូចជាគេពន្លាត់ស្បែកពពែខ្លះ ឲ្យធ្វើនូវចីរកវាសិកកម្ម [៧] គឺអំពើដែលគេធ្វើឲ្យដូចជាស្លៀកសំពត់សំបកឈើខ្លះ ឲ្យធ្វើនូវឯណេយ្យកកម្ម [៨] គឺអំពើដែលគេធ្វើឲ្យដូចជាជើងសត្វទ្រាយខ្លះ ឲ្យធ្វើនូវពលិសមំសិកកម្ម [៩] គឺអំពើដែលគេថ្ពក់មាត់ដោយកាង ឬសន្ទូចខ្លះ ឲ្យធ្វើនូវកហាបណកកម្ម [១០] គឺអំពើដែលគេធ្វើឲ្យខូចសរីរៈប្រមាណប៉ុនកហាបណមួយៗខ្លះ ឲ្យធ្វើនូវខារាបតច្ឆិកកម្ម [១១] គឺអំពើដែលគេយកទឹកផ្សាស្រោចខ្លះ ឲ្យធ្វើនូវពលីឃបរិវត្តិកកម្ម [១២] គឺអំពើដែលគេធ្វើឲ្យដូចជាបង្វិលជើងគុល ឬសសរគោលខ្លះ ឲ្យធ្វើនូវបលាលបីឋកកម្ម [១៣] គឺអំពើដែលគេធ្វើឲ្យដូចជាកណ្តាប់ចំបើងខ្លះ ឲ្យស្រោចដោយប្រេងដ៏ក្តៅខ្លះ ឲ្យឆ្កែខាំខ្លះ ឲ្យដេកផ្ងាលើឈើអណ្តោតទាំងរស់ខ្លះ ឲ្យកាត់ក្បាលដោយដាវខ្លះ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលពាល តែងត្រិះរិះក្នុងអំពើទាំងនោះ យ៉ាងនេះថា ព្រះរាជាទាំងឡាយ ចាប់ចោរដែលប្រព្រឹត្តអាក្រក់បានហើយ ត្រាស់បង្គាប់ឲ្យធ្វើកម្មករណ៍ផ្សេងៗ គឺឲ្យវាយដោយរំពាត់ខ្លះ។បេ។ ឲ្យកាត់ក្បាល ដោយដាវខ្លះ ព្រោះតែបាបកម្ម មានសភាពយ៉ាងណាៗ។ ធម៌ទាំងឡាយនោះ ក៏មាននៅក្នុងអញផង ខ្លួនអញសោត ក៏ប្រាកដក្នុងធម៌ទាំងនោះផង។ បើព្រះរាជាទាំងឡាយ ជ្រាបនូវអញហើយ មុខជាព្រះរាជា នឹងចាប់អញ ហើយត្រាស់បង្គាប់ឲ្យធ្វើកម្មករណ៍ផ្សេងៗមិនខាន គឺឲ្យវាយដោយរំពាត់ខ្លះ។បេ។ ឲ្យដេកផ្ងាលើឈើអណ្តោតទាំងរស់ខ្លះ ឲ្យកាត់ក្បាលដោយដាវខ្លះ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលពាល តែងទទួលទុក្ខ ទោមនស្ស ទី២ នេះឯង ក្នុងបច្ចុប្បន្ន។
[១៣៩] ម្នាលភិក្ខុទាំងឡាយ មួយទៀត បុគ្គលពាល កាលឡើងកាន់តាំងក្តី ឡើងកាន់គ្រែក្តី ដេកលើផែនដីក្តី អំពើអាក្រក់ទាំងឡាយ គឺការប្រព្រឹត្តអាក្រក់ដោយកាយ ប្រព្រឹត្តិអាក្រក់ដោយវាចា ប្រព្រឹត្តិអាក្រក់ដោយចិត្តណា ដែលគេធ្វើទុកក្នុងកាលមុន អំពើអាក្រក់ទាំងនោះឯង តែងគ្របដណ្តប់ សង្កត់សង្កិន រួបរឹតគេ ក្នុងសម័យនោះ។ ម្នាលភិក្ខុទាំងឡាយ ស្រមោលនៃកំពូលភ្នំដ៏ធំ តែងក្រាលរាលដាល គ្របលើផែនដី ក្នុងវេលាថ្ងៃរសៀល មានឧបមាយ៉ាងណាមិញ ម្នាលភិក្ខុទាំងឡាយ មានឧបមេយ្យ ដូចបុគ្គលពាល កាលឡើងកាន់តាំងក្តី ឡើងកាន់គ្រែក្តី ដេកលើផែនដីក្តី អំពើអាក្រក់ទាំងឡាយ គឺការប្រព្រឹត្តិអាក្រក់ដោយកាយ ប្រព្រឹត្តិអាក្រក់ដោយវាចា ប្រព្រឹត្តិអាក្រក់ដោយចិត្តណា ដែលធ្វើទុកក្នុងកាលមុន អំពើអាក្រក់ទាំងនោះឯង តែងគ្របដណ្តប់ សង្កត់សង្កិន រួបរឹតគេ ក្នុងសម័យនោះ ដូច្នោះឯង។ ម្នាលភិក្ខុទាំងឡាយ បុគ្គលពាល តែងគិតក្នុងអារម្មណ៍ ដែលប្រាកដ ក្នុងចក្ខុទ្វារនោះ យ៉ាងនេះថា អើហ្ន៎ អាត្មាអញ មិនបានធ្វើអំពើល្អ មិនបានធ្វើកុសល មិនបានធ្វើបុណ្យ សម្រាប់ការពារភ័យទុកសោះ អាត្មាអញ ធ្វើតែបាប ធ្វើតែអំពើអាក្រក់ ធ្វើតែអំពើក្តៅក្រហាយទុក ពួកជនដែលមិនបានធ្វើអំពើល្អ មិនបានធ្វើកុសល មិនបានធ្វើបុណ្យ សម្រាប់ការពារភ័យទុក ជាអ្នកបានធ្វើតែអំពើបាប ធ្វើតែអំពើអាក្រក់ ធ្វើតែអំពើក្តៅក្រហាយទុក រមែងមានគតិណា អាត្មាអញ នឹងទៅកាន់គតិនោះ ក្នុងបរលោក។ បុគ្គលពាលនោះ តែងក្រៀមក្រំចិត្ត លំបាក ខ្សឹកខ្សួល គក់ទ្រូង ទ្រហោយំ ដល់នូវសេចក្តីវង្វេង។ ម្នាលភិក្ខុទាំងឡាយ បុគ្គលពាល តែងទទួលទុក្ខ ទោមនស្ស ទី៣ នេះឯង ក្នុងបច្ចុប្បន្ន។
[១៤០] ម្នាលភិក្ខុទាំងឡាយ បុគ្គលពាលនោះ ប្រព្រឹត្តទុច្ចរិតដោយកាយ ប្រព្រឹត្តទុច្ចរិតដោយវាចា ប្រព្រឹត្តទុច្ចរិតដោយចិត្ត លុះបែកធ្លាយរាងកាយស្លាប់ទៅ រមែងទៅកើតក្នុងអបាយ ទុគ្គតិ វិនិបាត នរក។ ម្នាលភិក្ខុទាំងឡាយ អ្នកផងដែលនិយាយតាមហេតុ តែងនិយាយចំពោះទីណាថា ជាទីមិនគួរប្រាថ្នាតែមួយយ៉ាង មិនគួរត្រេកអរតែមួយយ៉ាង មិនគួរពេញចិត្តតែមួយយ៉ាង ដូច្នេះ ទីនោះ គឺនរកនុ៎ះឯង ដែលអ្នកផងនិយាយតាមហេតុ តែងនិយាយថា ជាទីមិនគួរប្រាថ្នាតែមួយយ៉ាង មិនគួរត្រេកអរតែមួយយ៉ាង មិនគួរពេញចិត្តតែមួយយ៉ាង។ ម្នាលភិក្ខុទាំងឡាយ សេចក្តីនេះ មិនងាយនឹងធ្វើឧបមា ឲ្យដល់កម្រិតនរក ដែលមានទុក្ខបានឡើយ។
[១៤១] កាលបើព្រះអង្គទ្រង់ត្រាស់ យ៉ាងនេះហើយ មានភិក្ខុមួយរូប ក្រាបបង្គំទូលសួរសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគថា បពិត្រព្រះអង្គដ៏ចម្រើន ចុះព្រះអង្គ អាចនឹងធ្វើសេចក្តីឧបមាបានឬទេ។ ព្រះមានព្រះភាគត្រាស់តបថា ម្នាលភិក្ខុ តថាគត អាចនឹងធ្វើបាន រួចទ្រង់សំដែងថា ម្នាលភិក្ខុទាំងឡាយ ដូចពួករាជបុរស ចាប់ចោរប្រព្រឹត្តអាក្រក់បានហើយ នាំមកថ្វាយព្រះរាជា ទូលថា បពិត្រព្រះសម្មតិទេព អ្នកនេះជាចោរ ប្រព្រឹត្តអាក្រក់នឹងព្រះអង្គ បើទ្រង់សព្វព្រះហ្ឬទ័យនឹងដាក់អាជ្ញាណា ដល់ចោរនេះ សូមទ្រង់ដាក់អាជ្ញានោះចុះ។ ព្រះរាជា មានព្រះឱង្ការ យ៉ាងនេះថា នែប្រស្តែង ចូរអ្នករាល់គ្នា ទៅយកលំពែងមួយរយ ចាក់បុរសនេះ ក្នុងវេលាព្រឹកព្រហាមចុះ។ ពួករាជបុរស ក៏យកលំពែងមួយរយ ចាក់បុរសនោះ ក្នុងវេលាព្រឹកព្រហាម។ លុះវេលាថ្ងៃត្រង់ ព្រះរាជា មានព្រះឱង្ការសួរ យ៉ាងនេះថា នែប្រស្តែង ចុះបុរសនោះ តើដូចម្តេចទៅ។ ពួករាជបុរស ក្រាបទូលថា បពិត្រព្រះសម្មតិទេព បុរសនោះ រស់នៅឡើយទេ។ ព្រះរាជា ត្រាស់បង្គាប់ យ៉ាងនេះថា នែប្រស្តែង ចូរអ្នករាល់គ្នា ទៅយកលំពែងមួយរយ ចាក់បុរសនោះ ក្នុងវេលាថ្ងៃត្រង់ចុះ។ ពួករាជបុរស យកលំពែងមួយរយ ចាក់បុរសនោះ ក្នុងវេលាថ្ងៃត្រង់។ លុះវេលាថ្ងៃរសៀល ព្រះរាជា ក៏មានព្រះឱង្ការសួរ យ៉ាងនេះថា នែប្រស្តែង ចុះបុរសនោះ តើដូចម្តេចទៅ។ ពួករាជបុរស ក្រាបទូលថា បពិត្រព្រះសម្មតិទេព បុរសនោះ រស់នៅឡើយទេ។ ព្រះរាជា មានព្រះឱង្ការបង្គាប់ យ៉ាងនេះថា នែប្រស្តែង ចូរអ្នករាល់គ្នា ទៅយកលំពែងមួយរយ ចាក់បុរសនោះ ក្នុងវេលាថ្ងៃរសៀលចុះ។ លុះវេលាថ្ងៃរសៀល ពួករាជបុរស ក៏យកលំពែងមួយរយ ចាក់បុរសនោះទៀត។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ សំគាល់សេចក្តីនោះ ថាដូចម្តេច បុរសនោះ កាលបើគេចាក់ដោយលំពែងបីរយ តើនឹងទទួលទុក្ខ ទោមនស្ស ព្រោះលំពែងនោះជាហេតុដែរឬទេ។ ពួកភិក្ខុក្រាបទូលថា បពិត្រព្រះអង្គដ៏ចម្រើន បុរសនោះ សូម្បីគេចាក់ដោយលំពែងតែមួយ ក៏ទទួលទុក្ខ ទោមនស្ស ព្រោះលំពែងនោះ ជាហេតុទៅហើយ ចាំបាច់និយាយថ្វី ដល់ទៅចាក់ដោយលំពែងបីរយ។
[១៤២] គ្រានោះឯង ព្រះមានព្រះភាគ ទ្រង់ចាប់ថ្មតូច ប្រមាណប៉ុនបាតដៃ ហើយត្រាស់សួរពួកភិក្ខុថា ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ សំគាល់សេចក្តីនោះ ថាដូចម្តេច ដុំថ្មប្រមាណប៉ុនបាតដៃ ដែលតថាគតកំពុងកាន់នេះ និងស្តេចភ្នំហិមពាន្ត តើណាធំជាង។ ពួកភិក្ខុក្រាបទូលថា បពិត្រព្រះអង្គដ៏ចម្រើន ដុំថ្មតូចប្រមាណប៉ុនបាតដៃ ដែលព្រះអង្គកំពុងកាន់នេះ តូចពេកណាស់ ប្រៀបផ្ទឹមនឹងស្តេចភ្នំហិមពាន្តនោះ មិនដល់នូវការរាប់ផង មិនដល់មួយចំណិតផង មិនដល់នូវការប្រៀបធៀបផង។ ព្រះអង្គត្រាស់ថា ម្នាលភិក្ខុទាំងឡាយ សេចក្តីនេះ មានឧបមេយ្យ ដូចជាបុរស ដែលគេចាក់ដោយលំពែងបីរយ រមែងរងទុក្ខ ទោមនស្សណា ព្រោះលំពែងនោះជាហេតុ។ ទុក្ខនោះឯង ប្រៀបផ្ទឹមនឹងទុក្ខរបស់នរក ក៏មិនដល់នូវការរាប់ផង មិនដល់មួយចំណិតផង មិនដល់នូវការប្រៀបធៀបផង។
[១៤៣] ម្នាលភិក្ខុទាំងឡាយ ពួកនិរយបាល ធ្វើកម្មករណ៍ឈ្មោះ បញ្ចពិធពន្ធន៍ (ចំណង៥ប្រការ) ចំពោះសត្វនរកនោះ។ គឺផ្តេក (សត្វនរកនោះ) ហើយបោះដែកគោលដ៏ក្តៅ ត្រង់ដៃ (ខាងស្តាំ) ១ បោះដែកគោលដ៏ក្តៅ ត្រង់ដៃខាងឆ្វេង១ បោះដែកគោលដ៏ក្តៅ ត្រង់ជើង (ខាងស្តាំ) ១ បោះដែកគោលដ៏ក្តៅ ត្រង់ជើងខាងឆ្វេង១ បោះដែកគោលដ៏ក្តៅ ចំកណ្តាលទ្រូង១។ សត្វនោះ រងទុក្ខវេទនា ក្លាខ្លាំង ខ្លោចផ្សាក្នុងទីនោះ បើបាបកម្មនោះ មិនទាន់អស់ដរាបណា ក៏មិនធ្វើមរណកាលដរាបនោះ។ ម្នាលភិក្ខុទាំងឡាយ ពួកនិរយបាល លុះផ្តេកសត្វនរកនោះរួចហើយ ទើបយកដឹងចាំង។ សត្វនោះ ក៏រងទុក្ខវេទនា ក្លាខ្លាំង ក្នុងទីនោះ។បេ។ ម្នាលភិក្ខុទាំងឡាយ ពួកនិរយបាល ចាប់សត្វនោះ យកជើងឡើងលើ យកក្បាលចុះក្រោម ហើយច្រាសដោយកាំបិតព្រា។ សត្វនោះ ក៏រងទុក្ខវេទនា ក្លាខ្លាំង ក្នុងទីនោះ។បេ។ ម្នាលភិក្ខុទាំងឡាយ ពួកនិរយបាល ទឹមសត្វនោះនឹងរថ ហើយបរទៅ បរមក លើប្រថពី ដែលភ្លើងកំពុងឆេះសព្វ ភ្លឺសន្ធោសន្ធៅ ច្រាលឆ្អៅ។ សត្វនោះ ក៏រងទុក្ខវេទនា ក្លាខ្លាំង។បេ។ ម្នាលភិក្ខុទាំងឡាយ ពួកនិរយបាល ប្រើសត្វនោះ ឲ្យឡើងភ្នំ ឲ្យចុះអំពីភ្នំរងើកភ្លើងដ៏ធំ ដែលកំពុងឆេះក្តៅសព្វ ភ្លឺសន្ធោសន្ធៅ ច្រាលឆ្អៅ។ សត្វនោះ រងទុក្ខវេទនា ក្លាខ្លាំង ខ្លោចផ្សាក្នុងទីនោះ បើបាបកម្មនោះ មិនទាន់អស់ដរាបណា ក៏មិនធ្វើមរណកាលដរាបនោះ។ ម្នាលភិក្ខុទាំងឡាយ ពួកនិរយបាល ចាប់សត្វនោះ យកជើងឡើងលើ យកក្បាលចុះក្រោម ទំលាក់ទៅក្នុងខ្ទះទង់ដែងដ៏ក្តៅ ដែលភ្លើងកំពុងឆេះក្តៅសព្វ ភ្លឺសន្ធោសន្ធៅ ច្រាលឆ្អៅ។ សត្វនោះ ឆេះនឹងកំសួលពពុះ ក្នុងខ្ទះទង់ដែងនោះ។ កាលសត្វនោះ ឆេះនឹងកំសួលពពុះ ក្នុងខ្ទះទង់ដែងនោះ ចួនកាលអណ្តែតឡើងលើម្តង ចួនកាលអណ្តែតចុះក្រោមម្តង ចួនកាលអណ្តែតទទឹងម្តង។ សត្វនោះ រងទុក្ខវេទនា ក្លាខ្លាំង ខ្លោចផ្សាក្នុងខ្ទះទង់ដែងនោះ បើបាបកម្មនោះ មិនទាន់អស់ដរាបណា ក៏មិនធ្វើមរណកាលដរាបនោះ។ ម្នាលភិក្ខុទាំងឡាយ ពួកនិរយបាល ក៏ចាប់បោះសត្វនោះ ទៅក្នុងមហានរក។ ម្នាលភិក្ខុទាំងឡាយ មហានរកនោះសោត មានជ្រុងបួន មានទ្វារបួន បែងចែកដោយចំណែកៗ មានរបងដែកព័ទ្ធជុំវិញ គ្របដោយគម្របដែក។ ផ្ទៃក្រោមនៃមហានរកនោះ សុទ្ធតែដែក មានភ្លើងឆេះ ភ្លឺច្រាលរន្ទាល ផ្សាយទៅ បានមួយរយយោជន៍ជុំវិញ តាំងនៅសព្វៗកាល។ ម្នាលភិក្ខុទាំងឡាយ តថាគត នឹងសម្តែងរៀបរាប់ អំពីនរក ដោយអនេកបរិយាយទៅ ក៏បាន។ ម្នាលភិក្ខុទាំងឡាយ តែដំណើរដែលតថាគតពោលទៅ មិនងាយនឹងដល់កម្រិតនរក ដែលមានទុក្ខបានឡើយ។
[១៤៤] ម្នាលភិក្ខុទាំងឡាយ មានពួកសត្វតិរច្ឆាន (ខ្លះ) មានស្មៅជាអាហារ។ ពួកសត្វតិរច្ឆានទាំងនោះ រមែងស៊ីស្មៅស្រស់ ច្រឹបផ្តាច់ដោយធ្មេញ។ ម្នាលភិក្ខុទាំងឡាយ ចុះពួកសត្វតិរច្ឆាន ដែលមានស្មៅជាអាហារ តើអ្វីខ្លះ គឺ សេះ គោ លា ពពែ ម្រឹគ ឬក៏សត្វតិរច្ឆានណាមួយដទៃទៀត ដែលមានស្មៅជាអាហារដូចគ្នា។ ម្នាលភិក្ខុទាំងឡាយ បុគ្គលពាលនោះឯង ជាអ្នកជាប់នឹងរស់អាហារ ក្នុងកាលពីមុន ក្នុងលោកនេះ ហើយធ្វើកម្មដ៏លាមក ក្នុងលោកនេះ លុះបែងធ្លាយរាងកាយស្លាប់ទៅ ក៏ទៅកើតជាមួយនឹងពួកសត្វ ដែលមានស្មៅជាអាហារនោះ។
[១៤៥] ម្នាលភិក្ខុទាំងឡាយ មានពួកសត្វតិរច្ឆាន (ខ្លះ) មានលាមកជាអាហារ។ ពួកសត្វតិរច្ឆានទាំងនោះ គ្រាន់តែធំក្លិនលាមកអំពីចម្ងាយ ក៏ស្ទុះទៅ ដោយគិតថា យើងនឹងស៊ីក្នុងទីនុ៎ះ យើងនឹងស៊ីក្នុងទីនុ៎ះ។ ពួកព្រាហ្មណ៍ តែងស្ទុះទៅតាមក្លិននៃគ្រឿងបូជា ដោយគិតថា យើងនឹងបរិភោគ ក្នុងទីនុ៎ះ យើងនឹងបរិភោគ ក្នុងទីនុ៎ះ សេចក្តីនេះ មានឧបមាយ៉ាងណា ម្នាលភិក្ខុទាំងឡាយ មានពួកសត្វតិរច្ឆាន ដែលមានលាមកជាអាហារ ពួកសត្វតិរច្ឆាននោះ គ្រាន់តែធំក្លិនលាមកអំពីចម្ងាយ ក៏ស្ទុះទៅ ដោយគិតថា យើងនឹងស៊ីក្នុងទីនុ៎ះ យើងនឹងស៊ីក្នុងទីនុ៎ះ ក៏មានឧបមេយ្យ យ៉ាងនោះឯង។ ម្នាលភិក្ខុទាំងឡាយ មានពួកសត្វតិរច្ឆាន ដែលមានលាមកជាអាហារ តើអ្វីខ្លះ គឺ មាន់ ជ្រូក ឆ្កែ ចចក ឬក៏សត្វតិរច្ឆានណាមួយ ក្រៅពីនេះទៀត ដែលមានលាមកជាអាហារដូចគ្នា។ ម្នាលភិក្ខុទាំងឡាយ បុគ្គលពាលនោះឯង ជាអ្នកជាប់នឹងរសអាហារ ក្នុងកាលមុន ក្នុងលោកនេះ ហើយធ្វើនូវកម្មដ៏លាមកក្នុងលោកនេះ លុះបែកធ្លាយរាងកាយស្លាប់ទៅ ក៏ទៅកើតជាមួយនឹងពួកសត្វ ដែលមានលាមកជាអាហារនោះ។
[១៤៦] ម្នាលភិក្ខុទាំងឡាយ មានពួកសត្វតិរច្ឆាន កើតក្នុងទីងងឹត ចាស់ក្នុងទីងងឹត ស្លាប់ក៏ក្នុងទីងងឹត។ ម្នាលភិក្ខុទាំងឡាយ ចុះពួកសត្វតិរច្ឆាន កើតក្នុងទីងងឹត ចាស់ក្នុងទីងងឹត ស្លាប់ក៏ក្នុងទីងងឹត តើអ្វីខ្លះ គឺ កន្លាត ទាក ជន្លេន ឬក៏សត្វតិរច្ឆានណាមួយ ក្រៅពីនេះទៀត ដែលកើតក្នុងទីងងឹត ចាស់ក្នុងទីងងឹត ស្លាប់ក៏ក្នុងទីងងឹតដែរ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលពាលនោះឯង ជាអ្នកជាប់នឹងរសអាហារ ក្នុងកាលមុន ក្នុងលោកនេះ ហើយធ្វើនូវកម្មដ៏លាមក ក្នុងលោកនេះ លុះបែកធ្លាយរាងកាយស្លាប់ទៅ ក៏ទៅកើតជាមួយនឹងពួកសត្វ ដែលកើតក្នុងទីងងឹត ចាស់ក្នុងទីងងឹត ស្លាប់ក៏ក្នុងទីងងឹតនោះ។
[១៤៧] ម្នាលភិក្ខុទាំងឡាយ មានពួកសត្វតិរច្ឆាន កើតក្នុងទឹក ចាស់ក្នុងទឹក ស្លាប់ក៏ក្នុងទឹក។ ម្នាលភិក្ខុទាំងឡាយ ចុះពួកសត្វតិរច្ឆាន កើតក្នុងទឹក ចាស់ក្នុងទឹក ស្លាប់ក៏ក្នុងទឹក តើអ្វីខ្លះ គឺ ត្រី អណ្តើក ក្រពើ ឬក៏សត្វតិរច្ឆានណាមួយ ក្រៅពីនេះទៀត ដែលកើតក្នុងទឹក ចាស់ក្នុងទឹក ស្លាប់ក៏ក្នុងទឹកដែរ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលពាលនោះឯង ជាអ្នកជាប់នឹងរសអាហារ ក្នុងកាលមុន ក្នុងលោកនេះ ហើយធ្វើនូវកម្មដ៏លាមក ក្នុងលោកនេះ លុះបែកធ្លាយរាងកាយស្លាប់ទៅ ក៏ទៅកើតជាមួយនឹងពួកសត្វ ដែលកើតក្នុងទឹក ចាស់ក្នុងទឹក ស្លាប់ក៏ក្នុងទឹកនោះ។
[១៤៨] ម្នាលភិក្ខុទាំងឡាយ មានពួកសត្វតិរច្ឆាន កើតក្នុងទីមិនស្អាត ចាស់ក្នុងទីមិនស្អាត ស្លាប់ក៏ក្នុងទីមិនស្អាត។ ម្នាលភិក្ខុទាំងឡាយ ចុះពួកសត្វតិរច្ឆាន កើតក្នុងទីមិនស្អាត ចាស់ក្នុងទីមិនស្អាត ស្លាប់ក៏ក្នុងទីមិនស្អាត តើដូចម្តេចខ្លះ។ ម្នាលភិក្ខុទាំងឡាយ ពួកសត្វដែលកើតក្នុងត្រីស្អុយក៏មាន ចាស់ក្នុងត្រីស្អុយក៏មាន ស្លាប់ក្នុងត្រីស្អុយក៏មាន ក្នុងសាកសពស្អុយក៏មាន… ក្នុងនំស្អុយក៏មាន … ក្នុងរណ្តៅជ្រាំក៏មាន … កើតក្នុងប្រឡាយបង្ហូរជ្រាំក៏មាន។បេ។ ឬក៏ពួកសត្វតិរច្ឆានណាមួយ ក្រៅពីនេះទៀត ដែលកើតក្នុងទីមិនស្អាត ចាស់ក្នុងទីមិនស្អាត ស្លាប់ក៏ក្នុងទីមិនស្អាតដែរ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលពាលនោះឯង ជាអ្នកជាប់នឹងរសអាហារ ក្នុងកាលមុន ក្នុងលោកនេះ ហើយធ្វើនូវកម្មដ៏លាមកក្នុងលោកនេះ លុះបែកធ្លាយរាងកាយស្លាប់ទៅ ក៏ទៅកើតជាមួយនឹងពួកសត្វដែល កើតក្នុងទីមិនស្អាត ចាស់ក្នុងទីមិនស្អាត ស្លាប់ក៏ក្នុងទីមិនស្អាតនោះ។ ម្នាលភិក្ខុទាំងឡាយ តថាគតនឹងសំដែង រៀបរាប់នូវកំណើត នៃសត្វតិរច្ឆាន ដោយអនេកបរិយាយទៅក៏បាន។ ម្នាលភិក្ខុទាំងឡាយ តែដំណើរដែលតថាគតពោលទៅ ក៏មិនងាយនឹងដល់កម្រិតកំណើតសត្វតិរច្ឆាន ដែលមានទុក្ខបានឡើយ។
[១៤៩] ម្នាលភិក្ខុទាំងឡាយ ដូចបុរសដាក់នឹម ដែលមានច្បោះតែមួយ ទៅក្នុងមហាសមុទ្រ។ ខ្យល់ពីខាងកើត បក់បន្សាត់នឹមនោះទៅខាងលិច ខ្យល់ពីខាងលិច បក់បន្សាត់ទៅខាងកើត ខ្យល់ពីខាងជើង បក់បន្សាត់ទៅខាងត្បូង ខ្យល់ពីខាងត្បូង បក់បន្សាត់ទៅខាងជើង។ ក្នុងមហាសមុទ្រនោះ មានអណ្តើកខ្វាក់មួយ អណ្តើកនោះ អំណើះទៅមួយរយឆ្នាំ ទើបងើបឡើងម្តង។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ សំគាល់សេចក្តីនោះ ថាដូចម្តេច អណ្តើកខ្វាក់នោះ តើអាចនឹងច្រកកឲ្យចូលទៅក្នុងនឹម ដែលមានច្បោះតែមួយនោះបានឬទេ។ ភិក្ខុទាំងឡាយ ក្រាបទូលថា បពិត្រព្រះអង្គដ៏ចម្រើន មិនបានទេ បពិត្រព្រះអង្គដ៏ចម្រើន បើក្រែងតែកន្លងកាលទៅម្តងៗ យូរអង្វែងណាស់ (ទើបអណ្តើកនោះ ច្រកកចូលទៅក្នុងច្បោះនឹមនោះបាន)។ ព្រះអង្គត្រាស់ថា ម្នាលភិក្ខុទាំងឡាយ អណ្តើកខ្វាក់នោះ ច្រកកឲ្យចូលទៅក្នុងនឹម ដែលមានច្បោះតែមួយនោះ ទុកថាជាឆាប់ណាស់ផង។ ម្នាលភិក្ខុទាំងឡាយ តថាគតពោលថា បុគ្គលពាល ទៅកើតជាវិនិបាតម្តងហើយ កម្រនឹងបានអត្តភាពមកជាមនុស្សវិញ ជាងអណ្តើកខ្វាក់នោះទៅទៀត ដំណើរនោះ តើព្រោះហេតុអ្វី ម្នាលភិក្ខុទាំងឡាយ ព្រោះថា ក្នុងវិនិបាតនោះ មិនមានការប្រព្រឹត្តិធម៌ដ៏ស្មើ មិនមានការធ្វើកុសល មិនមានការធ្វើបុណ្យទេ ម្នាលភិក្ខុទាំងឡាយ មានតែការខាំស៊ីនូវគ្នា និងគ្នា សម្លាប់គ្នាដែលមានកម្លាំងថយ តែងមាននៅក្នុងវិនិបាតនោះ។
[១៥០] ម្នាលភិក្ខុទាំងឡាយ បុគ្គលពាលនោះឯង ប្រសិនបើអំណើះកាល យូរអង្វែងទៅ ម្តងៗ ទើបបានមកកាន់អត្តភាពជាមនុស្ស ក្នុងកាលជាខាងក្រោយ តែងកើតក្នុងត្រកូលថោកទាប គឺ ត្រកូលចណ្ឌាល ត្រកូលអ្នកនេសាទ ត្រកូលអ្នកត្បាញផែង ត្រកូលអ្នកធ្វើរថ ត្រកូលអ្នកកើបសម្រាម ជាត្រកូលកំសត់ ឥតមានបាយ ទឹក ភោជន ប្រព្រឹត្តរស់នៅដោយលំបាក ជាត្រកូលរកបាយស៊ី និងសំពត់ស្លៀកបានដោយត្រដាបត្រដួស។ បុគ្គលនោះឯង ជាមនុស្សមានសម្បុរអាក្រក់ មិនគួរអ្នកផងមៀងមើល ជាមនុស្សតឿ មានជម្ងឺច្រើន ជាមនុស្សខ្វាក់ ក្ងែង ខ្ចក ខ្វិន ជាអ្នកមិនបានបាយ ទឹក សំពត់ យាន ផ្កាកម្រង គ្រឿងក្រអូប គ្រឿងលាបផ្សេងៗ ទីដេក ទីនៅអាស្រ័យ គ្រឿងប្រទីបឡើយ។ បុគ្គលនោះ ប្រព្រឹត្តទុច្ចរិត ដោយកាយ ប្រព្រឹត្តទុច្ចរិត ដោយវាចា ប្រព្រឹត្តទុច្ចរិត ដោយចិត្ត។ បុគ្គលនោះ លុះប្រព្រឹត្តទុច្ចរិត ដោយកាយ ប្រព្រឹត្តទុច្ចរិត ដោយវាចា ប្រព្រឹត្តទុច្ចរិត ដោយចិត្តហើយ ដល់បែកធ្លាយរៀងកាយស្លាប់ទៅ តែងទៅកើតក្នុងកំណើតតិរច្ឆាន ប្រេត អសុរកាយ នរក។
[១៥១] ម្នាលភិក្ខុទាំងឡាយ ដូចយ៉ាងអ្នកលេងល្បែងភ្នាល់ តែងធ្វើកូនឲ្យហិនហោចទៅផង ធ្វើប្រពន្ធឲ្យហិនហោចទៅផង ធ្វើសម្បត្តិទាំងពួង ឲ្យហិនហោចទៅផង ដោយការចាញ់ជាដំបូង តទៅមុខ ក៏ដល់នូវការជាប់វ័ណ្ឌខ្លួនឯងទៀត។ ម្នាលភិក្ខុទាំងឡាយ ត្រង់ហេតុដែលអ្នកលេងល្បែងភ្នាល់នោះ ធ្វើកូនឲ្យហិនហោចទៅផង ធ្វើប្រពន្ធឲ្យហិនហោចទៅផង ធ្វើសម្បត្តិទាំងពួង ឲ្យហិនហោចទៅផង ដោយការចាញ់ជាដំបូង តទៅមុខ ក៏ដល់នូវការជាប់វ័ណ្ឌខ្លួនឯងទៀតនោះ ឈ្មោះថា ចាញ់បន្តិចបន្តួចទេ។ ចំណែកខាងបុគ្គលពាលនោះ ប្រព្រឹត្តទុច្ចរិត ដោយកាយ ប្រព្រឹត្តទុច្ចរិត ដោយវាចា ប្រព្រឹត្តទុច្ចរិត ដោយចិត្តហើយ លុះបែកធ្លាយរាងកាយ ស្លាប់ទៅ ក៏ទៅកើតក្នុងកំណើតសត្វតិរច្ឆាន ប្រេត អសុរកាយ នរកនេះឯង ទើបឈ្មោះថា ការចាញ់យ៉ាងធំ ជាងនោះទៅទៀត។ ម្នាលភិក្ខុទាំងឡាយ នេះឯង ឈ្មោះថា ពាលភូមិ ដ៏បរិបូណ៌គ្រប់គ្រាន់។
[១៥២] ម្នាលភិក្ខុទាំងឡាយ ជនជាបណ្ឌិត មានហេតុជាគ្រឿងចំណាំថា ជាបណ្ឌិត មានហេតុជាគ្រឿងសំគាល់ថាជាបណ្ឌិត មានចរិតជាបណ្ឌិត ៣ យ៉ាងនេះ។ ហេតុ៣យ៉ាង តើអ្វីខ្លះ។ ម្នាលភិក្ខុទាំងឡាយ ជនជាបណ្ឌិតក្នុងលោកនេះ ជាអ្នកគិតគំនិតល្អ១ និយាយសំដីល្អ១ ធ្វើអំពើល្អ១។ ម្នាលភិក្ខុទាំងឡាយ ប្រសិនបើជនជាបណ្ឌិតនោះ ជាអ្នកមិនគិតគំនិតល្អផង មិននិយាយសំដីល្អផង មិនធ្វើអំពើល្អផងទេ។ តើពួកអ្នកប្រាជ្ញណា នឹងស្គាល់ជនជាបណ្ឌិតនោះថា អ្នកដ៏ចម្រើននេះ ជាបណ្ឌិត ជាសប្បុរស ដូច្នេះបាន។ ម្នាលភិក្ខុទាំងឡាយ ជនជាបណ្ឌិត ជាអ្នកគិតគំនិតល្អផង និយាយសំដីល្អផង ធ្វើអំពើល្អផង ព្រោះហេតុណា ហេតុនោះ បានជាពួកអ្នកប្រាជ្ញ ស្គាល់ជនជាបណ្ឌិតនោះថា អ្នកនេះជាបណ្ឌិត ជាសប្បុរស។ ម្នាលភិក្ខុទាំងឡាយ ជនជាបណ្ឌិតនោះសោត តែងទទួលនូវសេចក្តីសុខ សោមនស្ស ៣យ៉ាង ក្នុងបច្ចុប្បន្ននេះ។
[១៥៣] ម្នាលភិក្ខុទាំងឡាយ ប្រសិនបើជនជាបណ្ឌិត អង្គុយក្នុងសាលាក្តី អង្គុយក្នុងច្រកក្តី អង្គុយក្នុងផ្លូវបែកជា៤ក្តី ចំណែកអ្នកផង ដែលអង្គុយក្នុងបរិស័ទនោះ តែងប្រឹក្សាពាក្យ (ថ្លែងអំពីទោស) ដែលកើតអំពីអំពើនោះ ដ៏សមគួរដល់អំពើនោះ។ ម្នាលភិក្ខុទាំងឡាយ បើជនជាបណ្ឌិត ជាអ្នកវៀរចាកបាណាតិបាត វៀរចាកអទិន្នាទាន វៀរចាកកាមេសុមិច្ឆាចារ វៀរចាកមុសាវាទ វៀរចាកហេតុជាទីតាំង នៃសេចក្តីប្រមាទ គឺផឹកនូវសុរា និងមេរ័យ ម្នាលភិក្ខុទាំងឡាយ ជនជាបណ្ឌិតនោះ តែងគិតក្នុងពាក្យ ដែលអ្នកផងនិយានោះថា អ្នកផងតែងប្រឹក្សាពាក្យណា ដែលកើតអំពីអំពើនោះ ដ៏សមគួរដល់អំពើនោះ ធម៌ទាំងឡាយនោះ មាននៅក្នុងអញផង ខ្លួនអញសោត ក៏ប្រាកដក្នុងធម៌ទាំងនោះផង។ ម្នាលភិក្ខុទាំងឡាយ ជនជាបណ្ឌិត តែងទទួលនូវសេចក្តីសុខ សោមនស្ស ទី១នេះ ក្នុងបច្ចុប្បន្ន។
[១៥៤] ម្នាលភិក្ខុទាំងឡាយ មួយទៀត ជនជាបណ្ឌិតឃើញនូវព្រះរាជាទាំងឡាយ កាលចាប់នូវចោរ ដែលប្រព្រឹត្តអាក្រក់បានហើយ ត្រាស់បង្គាប់ឲ្យធ្វើកម្មករណ៍ផ្សេងៗ គឺឲ្យវាយដោយរំពាត់ខ្លះ ឲ្យវាយដោយផ្តៅខ្លះ ឲ្យវាយដោយដំបងខ្លីខ្លះ ឲ្យកាត់ដៃខ្លះ ឲ្យកាត់ជើងខ្លះ ឲ្យកាត់ទាំងដៃ ទាំងជើងខ្លះ ឲ្យកាត់ស្លឹកត្រចៀកខ្លះ ឲ្យកាត់ច្រមុះខ្លះ ឲ្យកាត់ទាំងស្លឹកត្រចៀក ទាំងច្រមុះខ្លះ ឲ្យធ្វើពិលង្គថាលិកកម្ម គឺអំពើដែលគេធ្វើឲ្យដូចជាឆ្នាំងដាក់ទឹកជ្រក់ខ្លះ [១។ល។ ១៣ មើលនយលក្ខណៈ ក្នុងមហាទុក្ខក្ខន្ធសូត្រ ក្នុងគម្ពីរមជ្ឈិមនិកាយ មូលបណ្ណាសកៈ បឋមភាគ ត្រង់ទំព័រ ៣២០-៣២១។] ឲ្យធ្វើនូវសង្ខមុណ្ឌិកកម្ម គឺអំពើដែលគេធ្វើក្បាល ឲ្យរលីងដូចជាសំបកស័ង្ខខ្លះ [២] ឲ្យធ្វើនូវរាហុមុខកម្ម គឺអំពើដែលគេធ្វើមាត់ ឲ្យដូចជាមាត់រាហុខ្លះ [៣] ឲ្យធ្វើនូវជោតិមាលិកកម្ម គឺអំពើដែលគេធ្វើខ្លួនមនុស្ស ឲ្យដូចជាផ្កាភ្លើងខ្លះ [៤] ឲ្យធ្វើនូវហត្ថប្បជ្ជោតិកកម្ម គឺអំពើដែលគេដុតដៃខ្លះ [៥] ឲ្យធ្វើនូវឯរកវត្តិកកម្ម គឺអំពើដែលគេធ្វើដូចជាពន្លាត់ស្បែកពពែខ្លះ [៦] ឲ្យធ្វើនូវចីរកវាសិកកម្ម គឺអំពើដែលគេធ្វើ ឲ្យដូចជាស្លៀកសំពត់សំបកឈើខ្លះ [៧] ឲ្យធ្វើនូវឯណេយ្យកកម្ម គឺអំពើដែលគេធ្វើឲ្យដូចជាជើងសត្វទ្រាយខ្លះ [៨] ឲ្យធ្វើនូវពលិសមំសិកកម្ម គឺអំពើដែលគេថ្ពក់មាត់ ដោយកាង ឬសន្ទូច [៩] ខ្លះ ឲ្យធ្វើនូវកហាបណកកម្ម គឺអំពើដែលគេធ្វើ ឲ្យខូចសរីរៈប្រមាណប៉ុនកហាបណៈ មួយៗខ្លះ [១០] ឲ្យធ្វើនូវខារាបតច្ឆិកកម្ម គឺអំពើដែលគេយកទឹកផ្សាស្រោចខ្លះ [១១] ឲ្យធ្វើនូវបលីឃបរិវត្តិកកម្ម គឺអំពើដែលគេធ្វើឲ្យដូចជាបង្វិលជើងគុល ឬសសរគោលខ្លះ [១២] ឲ្យធ្វើនូវបលាលបីឋកកម្ម គឺអំពើដែលគេធ្វើឲ្យដូចជាកណ្តាប់ចំបើងខ្លះ [១៣] ឲ្យស្រោចដោយប្រេងដ៏ក្តៅខ្លះ ឲ្យឆ្កែខាំខ្លះ ឲ្យដេកផ្ងាលើឈើអណ្តោតទាំងរស់ខ្លះ ឲ្យកាត់ក្បាលដោយដាវខ្លះ។ ម្នាលភិក្ខុទាំងឡាយ បណ្ឌិតតែងត្រិះរិះ ក្នុងអំពើទាំងនោះ យ៉ាងនេះថា ព្រះរាជាទាំងឡាយ ចាប់ចោរដែលប្រព្រឹត្តអាក្រក់បានហើយ ត្រាស់បង្គាប់ឲ្យធ្វើកម្មករណ៍ផ្សេងៗ គឺឲ្យវាយដោយរំពាត់ខ្លះ ឲ្យវាយដោយផ្តៅខ្លះ ឲ្យវាយដោយដំបងខ្លីខ្លះ ឲ្យកាត់ដៃខ្លះ ឲ្យកាត់ជើងខ្លះ ឲ្យកាត់ទាំងដៃ ទាំងជើងខ្លះ ឲ្យកាត់ស្លឹកត្រចៀកខ្លះ ឲ្យកាត់ច្រមុះខ្លះ ឲ្យកាត់ទាំងស្លឹកត្រចៀក ទាំងច្រមុះខ្លះ ឲ្យធ្វើពិលង្គថាលិកកម្ម គឺអំពើដែលគេធ្វើឲ្យដូចជាឆ្នាំងដាក់ទឹកជ្រក់ខ្លះ ឲ្យធ្វើនូវសង្ខមុណ្ឌិកកម្ម គឺអំពើដែលគេធ្វើក្បាលឲ្យរលីងដូចជាសំបកស័ង្ខខ្លះ ឲ្យធ្វើនូវរាហុមុខកម្ម គឺអំពើដែលគេធ្វើមាត់ឲ្យដូចជាមាត់រាហុខ្លះ ឲ្យធ្វើនូវជោតិមាលិកកម្ម គឺអំពើដែលគេធ្វើខ្លួនមនុស្សឲ្យដូចជាផ្កាភ្លើងខ្លះ ឲ្យធ្វើនូវហត្ថប្បជ្ជោតិកកម្ម គឺអំពើដែលគេដុតដៃខ្លះ ឲ្យធ្វើនូវឯរកវត្តិកកម្ម គឺអំពើដែលគេធ្វើឲ្យដូចជាពន្លាត់ស្បែកពពែខ្លះ ឲ្យធ្វើនូវចីរកវាសិកកម្ម គឺអំពើដែលគេធ្វើ ឲ្យដូចជាស្លៀកសំពត់សំបកឈើខ្លះ ឲ្យធ្វើនូវឯណេយ្យកកម្ម គឺអំពើដែលគេធ្វើ ឲ្យដូចជាជើងសត្វទ្រាយខ្លះ ឲ្យធ្វើនូវពលិសមំសិកកម្ម គឺអំពើដែលគេថ្ពក់មាត់ ដោយកាង ឬសន្ទូចខ្លះ ឲ្យធ្វើនូវកហាបណកកម្ម គឺអំពើដែលគេធ្វើ ឲ្យខូចសរីរៈប្រមាណប៉ុនកហាបណៈមួយៗខ្លះ ឲ្យធ្វើនូវខារាបតច្ឆិកកម្ម គឺអំពើដែលគេយកទឹកផ្សា ស្រោចខ្លះ ឲ្យធ្វើនូវបលីឃបរិវត្តិកកម្ម គឺអំពើដែលគេធ្វើ ឲ្យដូចជាបង្វិលជើងគុល ឬសសរគោលខ្លះ ឲ្យធ្វើនូវបលាលបីឋកកម្ម គឺអំពើដែលគេធ្វើឲ្យដូចជាកណ្តាប់ចំបើងខ្លះ ឲ្យស្រោចដោយប្រេងដ៏ក្តៅខ្លះ ឲ្យឆ្កែខាំខ្លះ ឲ្យដេកផ្ងាលើឈើអណ្តោតទាំងរស់ខ្លះ ឲ្យកាត់ក្បាលដោយដាវខ្លះ ព្រោះហេតុបាបកម្ម មានសភាពយ៉ាងណាៗ។ ធម៌ទាំងឡាយនោះ មិនមានក្នុងអាត្មាអញ ទាំងអាត្មាអញសោត ក៏មិនប្រាកដក្នុងធម៌ទាំងឡាយនោះឡើយ។ ម្នាលភិក្ខុទាំងឡាយ ជនជាបណ្ឌិត រមែងទទួលសេចក្តីសុខ សោមនស្ស ទី២ នេះឯង ក្នុងបច្ចុប្បន្ន។
[១៥៥] ម្នាលភិក្ខុទាំងឡាយ មួយទៀត ជនជាបណ្ឌិត កាលឡើងកាន់តាំងក្តី ឡើងកាន់គ្រែក្តី ដេកលើផែនដីក្តី អំពើល្អទាំងឡាយ គឺការប្រព្រឹត្តិល្អដោយកាយ ការប្រព្រឹត្តិល្អដោយវាចា ការប្រព្រឹត្តិល្អដោយចិត្តណា ដែលជនជាបណ្ឌិតនោះ ធ្វើទុកក្នុងកាលមុន អំពើល្អទាំងនោះឯង តែងគ្របដណ្តប់ ស្រោចស្រង់ ទំនុកបម្រុងនូវជនជាបណ្ឌិតនោះ ក្នុងសម័យនោះ។ ម្នាលភិក្ខុទាំងឡាយ ស្រមោលនៃកំពូលភ្នំដ៏ធំ តែងក្រាល រាលដាល គ្របលើផែនដី ក្នុងវេលាថ្ងៃរសៀល មានឧបមា យ៉ាងណាមិញ ម្នាលភិក្ខុទាំងឡាយ មានឧបមេយ្យ ដូចជនជាបណ្ឌិត កាលឡើងកាន់តាំងក្តី ឡើងកាន់គ្រែក្តី ដេកលើផែនដីក្តី អំពើល្អទាំងឡាយ គឺការប្រព្រឹត្តិល្អដោយកាយ ការប្រព្រឹត្តិល្អដោយវាចា ការប្រព្រឹត្តិល្អដោយចិត្តណា ដែលជនជាបណ្ឌិតនោះ ធ្វើទុកក្នុងកាលមុន អំពើល្អទាំងនោះឯង តែងគ្របដណ្តប់ ស្រោចស្រង់ ទំនុកបម្រុងនូវជនជាបណ្ឌិតនោះ ក្នុងសម័យនោះ ដូច្នោះឯង។ ម្នាលភិក្ខុទាំងឡាយ ជនជាបណ្ឌិត តែងគិតក្នុងអារម្មណ៍ ដែលប្រាកដក្នុងចក្ខុទ្វារនោះ យ៉ាងនេះថា អើហ្ន៎ អាត្មាអញ មិនបានធ្វើបាប មិនបានធ្វើអំពើអាក្រក់ មិនបានធ្វើអំពើក្តៅក្រហាយទុកទេ អាត្មាអញ ធ្វើតែអំពើល្អ ធ្វើតែអំពើកុសល ធ្វើតែបុណ្យសម្រាប់ការពារភ័យ ពួកជនដែលមិនបានធ្វើបាប មិនបានធ្វើអំពើអាក្រក់ មិនបានធ្វើអំពើក្តៅក្រហាយទុក ជាអ្នកធ្វើតែអំពើល្អ ធ្វើតែកុសល ធ្វើតែបុណ្យសម្រាប់ការពារភ័យ រមែងមានគតិយ៉ាងណា អាត្មាអញ នឹងទៅកាន់គតិនោះ ក្នុងបរលោក។ ជនជាបណ្ឌិតនោះ តែងមិនក្រៀមក្រំចិត្ត មិនលំបាក មិនខ្សឹកខ្សួល មិនគក់ទ្រូងទ្រហោយំ មិនដល់នូវសេចក្តីវង្វេង។ ម្នាលភិក្ខុទាំងឡាយ ជនជាបណ្ឌិត តែងទទួលសេចក្តីសុខ សោមនស្ស ទី៣ នេះឯង ក្នុងបច្ចុប្បន្ន។
[១៥៦] ម្នាលភិក្ខុទាំងឡាយ ជនជាបណ្ឌិតនោះសោត បានប្រព្រឹត្តសុចរិតដោយកាយ ប្រព្រឹត្តសុចរិតដោយវាចា ប្រព្រឹត្តសុចរិតដោយចិត្ត លុះបែកធ្លាយរាងកាយស្លាប់ទៅ ក៏ទៅកើតក្នុងសុគតិ សួគ៌ ទេវលោក។ ម្នាលភិក្ខុទាំងឡាយ អ្នកផងដែលនិយាយតាមហេតុ តែងនិយាយចំពោះទីណា ថាជាទីគួរប្រាថ្នាតែមួយយ៉ាង គួរត្រេកអរតែមួយយ៉ាង គួរពេញចិត្តតែមួយយ៉ាងដូច្នេះ ទីនោះ គឺឋានសួគ៌នោះឯង ដែលអ្នកផងនិយាយតាមហេតុ តែងនិយាយថា ជាទីគួរប្រាថ្នាតែមួយយ៉ាង គួរត្រេកអរតែមួយយ៉ាង គួរពេញចិត្តតែមួយយ៉ាង។ ម្នាលភិក្ខុទាំងឡាយ សេចក្តីនេះ មិនងាយនឹងធ្វើឧបមា ឲ្យដល់កម្រិតឋានសួគ៌ ដែលមានសេចក្តីសុខបានឡើយ។
[១៥៧] កាលបើព្រះអង្គត្រាស់យ៉ាងនេះហើយ មានភិក្ខុមួយរូប ក្រាបបង្គំទូលសួរសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគថា បពិត្រព្រះអង្គដ៏ចម្រើន ចុះព្រះអង្គ អាចនឹងធ្វើឧបមាបានឬទេ។ ព្រះមានព្រះភាគ ត្រាស់តបថា ម្នាលភិក្ខុ តថាគត អាចនឹងធ្វើបាន ហើយទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ដូចស្តេចចក្រពត្តិ ទ្រង់ប្រកបដោយរតនៈ ៧ប្រការ និង ដោយឫទ្ធិ ៤យ៉ាង ហើយទ្រង់សោយសេចក្តីសុខ សោមនស្ស ព្រោះរតនៈ និង ឫទ្ធិនោះ ជាហេតុ។ រតនៈ ទាំង៧ប្រការ នោះ តើដូចម្តេចខ្លះ។
....អានបន្តបញ្ចប់អត្ថបទ....
images/articles/3104/756ryergre.jpg
កតិច្ឆិន្ទិសូត្រ ទី ៥
ផ្សាយ : ១៦ មករា ឆ្នាំ២០២៣
[១១] លុះទេវតានោះ ឈរក្នុងទីដ៏សមគួរហើយ ទើបពោលគាថា សួរព្រះមានព្រះភាគថា
ជនត្រូវកាត់បង់ធម៌ប៉ុន្មាន ត្រូវលះបង់ធម៌ប៉ុន្មាន ត្រូវអប់រំធម៌ប៉ុន្មានតទៅ ភិក្ខុកន្លងបង់ នូវធម៌ ជាគ្រឿងចំពាក់ប៉ុន្មាន ទើបហៅថា អ្នកឆ្លងឱឃៈបាន។
[១២] ព្រះមានព្រះភាគ ត្រាស់តបថា ជនត្រូវកាត់សំយោជនៈ ជាចំណែកខាងក្រោម៥ ត្រូវលះបង់សំយោជនៈ ជាចំណែកខាងលើ៥ ត្រូវអប់រំ នូវឥន្ទ្រិយ ទាំង៥ តទៅ ភិក្ខុកន្លងបង់នូវសង្គៈ គឺធម៌ជាគ្រឿងចំពាក់ [សំដៅយក រាគៈ ទោសៈ មោហៈ មានះ ទិដ្ឋិ។] ទាំង៥យ៉ាង ទើបហៅថា អ្នកឆ្លងអន្លង់បាន។
កតិច្ឆិន្ទិសូត្រ ទី ៥ បិដកភាគ ២៩ ទំព័រ ៦ ឃ្នាប ១១
ដោយ៥០០០ឆ្នាំ
images/articles/3103/64rthtgd.jpg
ចង្កមសូត្រ ទី ៥
ផ្សាយ : ១៦ មករា ឆ្នាំ២០២៣
[៣៣] សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់ក្បែរភ្នំគិជ្ឈកូដ ជិតក្រុងរាជគ្រឹះ។ ក្នុងសម័យនោះឯង ព្រះសារីបុត្តមានអាយុ កំពុងចង្ក្រមក្នុងទីជិតព្រះមានព្រះភាគ ជាមួយនឹងភិក្ខុទាំងឡាយច្រើនរូប ព្រះមហាមោគ្គល្លានមានអាយុ កំពុងចង្ក្រមក្នុងទីជិតព្រះមានព្រះភាគ ជាមួយនឹងភិក្ខុទាំងឡាយច្រើនរូប ព្រះមហាកស្សបមានអាយុ កំពុងចង្ក្រម ក្នុងទីជិតព្រះមានព្រះភាគ ជាមួយនឹងភិក្ខុទាំងឡាយច្រើនរូប ព្រះអនុរុទ្ធមានអាយុ កំពុងចង្ក្រម ក្នុងទីជិតព្រះមានព្រះភាគ ជាមួយនឹងភិក្ខុទាំងឡាយច្រើនរូប ព្រះបុណ្ណមន្តានីបុត្តមានអាយុ កំពុងចង្ក្រម ក្នុងទីជិតព្រះមានព្រះភាគ ជាមួយនឹងភិក្ខុទាំងឡាយច្រើនរូប ព្រះឧបាលិមានអាយុ កំពុងចង្ក្រម ក្នុងទីជិតព្រះមានព្រះភាគ ជាមួយនឹងភិក្ខុទាំងឡាយច្រើនរូប ព្រះអានន្ទមានអាយុ កំពុងចង្ក្រម ក្នុងទីជិតព្រះមានព្រះភាគ ជាមួយនឹងភិក្ខុទាំងឡាយច្រើនរូប ទេវទត្ត កំពុងចង្ក្រម ក្នុងទីជិតព្រះមានព្រះភាគ ជាមួយនឹងភិក្ខុទាំងឡាយច្រើនរូបដែរ។
[៣៤] គ្រានោះឯង ព្រះមានព្រះភាគ ត្រាស់នឹងភិក្ខុទាំងឡាយថា ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ ឃើញសារីបុត្ត កំពុងចង្ក្រម ជាមួយនឹងពួកភិក្ខុច្រើនរូប ដែរឬ។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលថា ព្រះករុណា ព្រះអង្គ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុទាំងអស់នុ៎ះ ជាអ្នកមានបញ្ញាច្រើន ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ ឃើញមហាមោគ្គល្លាន កំពុងចង្ក្រម ជាមួយនឹងពួកភិក្ខុច្រើនរូប ដែរឬ។ ព្រះករុណា ព្រះអង្គ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុទាំងអស់នុ៎ះ ជាអ្នកមានឫទ្ធិច្រើន ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ ឃើញមហាកស្សប កំពុងចង្ក្រម ជាមួយនឹងពួកភិក្ខុច្រើនរូប ដែរឬ។ ព្រះករុណា ព្រះអង្គ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុទាំងអស់នុ៎ះ ជាធុតវាទ (អ្នកពោលពាក្យកំចាត់បង់កិលេស) ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ ឃើញអនុរុទ្ធ កំពុងចង្ក្រម ជាមួយនឹងពួកភិក្ខុច្រើនរូប ដែរឬ។ ព្រះករុណា ព្រះអង្គ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុទាំងអស់នុ៎ះ ជាអ្នកបានទិព្វចក្ខុ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ ឃើញបុណ្ណមន្តានីបុត្ត កំពុងចង្ក្រម ជាមួយនឹងពួកភិក្ខុច្រើនរូប ដែរឬ។ ព្រះករុណា ព្រះអង្គ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុទាំងអស់នុ៎ះ ជាធម្មកថិក ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ ឃើញឧបាលិ កំពុងចង្ក្រម ជាមួយនឹងពួកភិក្ខុច្រើនរូប ដែរឬ។ ព្រះករុណា ព្រះអង្គ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុទាំងអស់នុ៎ះ ជាវិនយធរ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ ឃើញអានន្ទ កំពុងចង្ក្រម ជាមួយនឹងពួកភិក្ខុច្រើនរូប ដែរឬ។ ព្រះករុណា ព្រះអង្គ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុទាំងអស់នុ៎ះ ជាពហុស្សូត ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ ឃើញទេវទត្ត កំពុងចង្ក្រម ជាមួយនឹងពួកភិក្ខុច្រើនរូប ដែរឬ។ ព្រះករុណា ព្រះអង្គ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុទាំងអស់នុ៎ះ ជាអ្នកមានសេចក្តីប្រាថ្នាលាមក។
[៣៥] ម្នាលភិក្ខុទាំងឡាយ សត្វទាំងឡាយ ត្រូវគ្នា សមគ្នា [ស្មើគ្នា ប្រហែលគ្នា។] ដោយធាតុ គឺពួកជនមានអធ្យាស្រ័យថោកទាប ត្រូវគ្នា សមគ្នា ជាមួយនឹងពួកជនមានអធ្យាស្រ័យថោកទាប ពួកជនមានអធ្យាស្រ័យល្អ ត្រូវគ្នា សមគ្នា ជាមួយនឹងពួកជនមានអធ្យាស្រ័យល្អ ម្នាលភិក្ខុទាំងឡាយ សូម្បីក្នុងអតីតកាល សត្វទាំងឡាយ ត្រូវគ្នា សមគ្នា ដោយធាតុ គឺពួកជនមានអធ្យាស្រ័យថោកទាប ត្រូវគ្នា សមគ្នា ជាមួយនឹងពួកជនមានអធ្យាស្រ័យថោកទាប ពួកជនមានអធ្យាស្រ័យល្អ ត្រូវគ្នា សមគ្នា ជាមួយនឹងពួកជនមានអធ្យាស្រ័យល្អ។ ម្នាលភិក្ខុទាំងឡាយ សូម្បីក្នុងអនាគតកាល សត្វទាំងឡាយ នឹងត្រូវគ្នា នឹងសមគ្នា ដោយធាតុ គឺពួកជនមានអធ្យាស្រ័យថោកទាប នឹងត្រូវគ្នា នឹងសមគ្នា ជាមួយនឹងពួកជនមានអធ្យាស្រ័យថោកទាប ពួកជនមានអធ្យាស្រ័យល្អ នឹងត្រូវគ្នា នឹងសមគ្នា ជាមួយនឹងពួកជនមានអធ្យាស្រ័យល្អ។ ម្នាលភិក្ខុទាំងឡាយ សូម្បីក្នុងបច្ចុប្បន្នកាលនេះ សត្វទាំងឡាយ ត្រូវគ្នា សមគ្នា ដោយធាតុ គឺ ពួកជនមានអធ្យាស្រ័យថោកទាប ត្រូវគ្នា សមគ្នា ជាមួយនឹងពួកជនមានអធ្យាស្រ័យថោកទាប ពួកជនមានអធ្យាស្រ័យល្អ ត្រូវគ្នា សមគ្នា ជាមួយនឹងពួកជនមានអធ្យាស្រ័យល្អ។ ចប់សូត្រទី៥។
ចង្កមសូត្រ ទី ៥ បិដកភាគ ៣២ ទំព័រ ៣៣ ឃ្នាប ៣៣
ដោយ៥០០០ឆ្នាំ
images/articles/3106/6yergerw343.jpg
មិត្តគួរសេពគប់ ៤ ពួក
ផ្សាយ : ១៦ មករា ឆ្នាំ២០២៣
[៦៣] ម្នាលគហបតិបុត្រ មនុស្ស៤ពួកនេះ អ្នកត្រូវដឹងថា ជាមិត្ត មានសន្តានល្អ គឺមិត្តមានឧបការៈ អ្នកត្រូវដឹងថា ជាមិត្តមានសន្តានល្អ១ មិត្តរួមសុខទុក្ខ អ្នកត្រូវដឹងថា ជាមិត្តមានសន្តានល្អ១ មិត្តប្រាប់ប្រយោជន៍ អ្នកត្រូវដឹងថា ជាមិត្តមានសន្តានល្អ១ មិត្តមានសេចក្តីឈឺឆ្អាល អ្នកត្រូវដឹងថា ជាមិត្តមានសន្តានល្អ១។
[៦៤] ម្នាលគហបតិបុត្រ មិត្តមានឧបការៈ ជាមិត្តមានសន្តានល្អ អ្នកត្រូវដឹងដោយស្ថាន៤យ៉ាងគឺ រក្សាមិត្តដែលធ្វេសប្រហែស១ រក្សាសម្បត្តិរបស់មិត្ត ដែលធ្វេសប្រហែស១ ជាទីពឹងពំនាក់ នៃមិត្តដែលមានសេចក្តីភិតភ័យ១ កាលបើកិច្ចដែលត្រូវធ្វើ កើតឡើងហើយ តែងជួយផ្តល់ភោគៈ ជាទ្វិគុណ ជាងទ្រព្យដែលមិត្តត្រូវការនោះ១។ ម្នាលគហបតិបុត្ត មិត្តមានឧបការៈ ជាមិត្តមានសន្តានល្អ អ្នកត្រូវដឹងដោយស្ថាន៤យ៉ាងនេះឯង។
[៦៥] ម្នាលគហបតិបុត្រ មិត្តរួមសុខទុក្ខ ជាមិត្តមានសន្តានល្អ អ្នកត្រូវដឹងដោយស្ថាន៤យ៉ាងគឺ ប្រាប់នូវអាថ៌កំបាំងរបស់ខ្លួនដល់មិត្ត១ ជួយបិទបាំងនូវអាថ៌កំបាំងរបស់មិត្ត១ មិនបោះបង់គ្នា ក្នុងគ្រាមានវិបត្តិ១ សូម្បីជីវិត ក៏ហ៊ានលះបង់ ដើម្បីប្រយោជន៍ដល់មិត្ត (ស៊ូប្តូរជីវិត)១។ ម្នាលគហបតិបុត្ត មិត្តរួមសុខទុក្ខ ជាមិត្តមានសន្តានល្អ អ្នកត្រូវដឹងដោយស្ថាន៤យ៉ាងនេះឯង។
[៦៦] ម្នាលគហបតិបុត្រ មិត្តប្រាប់ប្រយោជន៍ ជាមិត្តមានសន្តានល្អ អ្នកត្រូវដឹងដោយស្ថាន៤យ៉ាងគឺ ហាមមិត្តឲ្យឃ្លាតចាកអំពើអាក្រក់១ ដឹកនាំឲ្យមិត្តតំកល់នៅតែក្នុងអំពើល្អ១ ឲ្យបានឮពាក្យដែលមិនធ្លាប់បានឮ១ ប្រាប់ផ្លូវឋានសួក៌១។ ម្នាលគហបតិបុត្ត មិត្តប្រាប់ប្រយោជន៍ ជាមិត្តមានសន្តានល្អ អ្នកត្រូវដឹងដោយស្ថាន៤យ៉ាងនេះឯង។
[៦៧] ម្នាលគហបតិបុត្រ មិត្តមានសេចក្តីឈឺឆ្អាល ជាមិត្តមានសន្តានល្អ អ្នកត្រូវដឹងដោយស្ថាន៤យ៉ាងគឺ ជួយព្រួយចិត្ត ពីព្រោះមិត្តបានសេចក្តីវិនាស១ ជួយត្រេកអរ ព្រោះមិត្តបានសេចក្តីចម្រើន១ ទទឹងទាស់នឹងមនុស្ស ដែលពោលទោសមិត្ត១ សរសើរតែមនុស្ស ដែលពណ៌នាគុណមិត្ត១។ ម្នាលគហបតិបុត្ត មិត្តមានសេចក្តីឈឺឆ្អាល ជាមិត្តមានសន្តានល្អ អ្នកត្រូវដឹង ដោយស្ថាន៤យ៉ាងនេះឯង។ ព្រះមានព្រះភាគ ទ្រង់បានសំដែងសេចក្តីនេះ លុះព្រះសុគត ជាសាស្តា ត្រាស់សេចក្តីនេះហើយ ទើបទ្រង់សំដែងពាក្យជាគាថាព័ន្ធ តទៅទៀតថា
[៦៨] មិត្តដែលមានឧបការៈ សំឡាញ់ដែលរួមសុខទុក្ខ មិត្តដែលប្រាប់ប្រយោជន៍ មិត្តដែលមានសេចក្តីឈឺឆ្អាល បណ្ឌិតស្គាល់ជាក់ នូវបុគ្គលទាំង៤ពួកនុ៎ះថា ជាមិត្តមែនទែន ហើយគប្បីចូលទៅអង្គុយជិតស្និទ្ធស្នាល ដូចជាមាតា និងបុត្ត ដែលកើតពីទ្រូង។ អ្នកប្រាជ្ញបរិបូណ៌ដោយសីល តែងរុងរឿង ដូចជាភ្លើងដែលភ្លឺដូច្នោះឯង កាលបុគ្គលសន្សំទ្រព្យ រមែងធ្វើទ្រព្យ ឲ្យជាគំនរ ដូចជាឃ្មុំដូច្នោះឯង។ ភោគៈទាំងឡាយ តែងដល់នូវការពូនជាគំនរ ដូចជាដំបូក ដែលកណ្តៀរ កពូន ដូច្នោះឯង។ គ្រហស្ថក្នុងត្រូកូល បានសន្សំភោគៈទាំងឡាយ យ៉ាងនេះហើយ ទើបអាច (តាំងខ្លួន) កុលបុត្រដែលចែកភោគៈទាំងឡាយជា៤ចំណែក គឺបិរភោគភោគៈទាំងឡាយ១ចំណែក ប្រកបការងារពីរចំណែក ទាំងតំកល់ទុកនូវចំណែកទី៤ ដោយក្រែងមានអន្តរាយទាំងឡាយ (ទៅខាងមុខ) កុលបុត្រនោះ ទើបឈ្មោះថា ចងបាច់មិត្តទាំងឡាយបាន [ចំណែកទីមួយ បរិភោគ ប្រើប្រាស់ ចាយវាយ ចំណែកទី២ ទី៣ ប្រកបការងារ គឺប្រកបកសិកម្ម និងពាណិជ្ជកម្មផ្សេងៗ ចំណែកជាគំរប់៤ ទុកសម្រាប់ការពារអន្តរាយផ្សេងៗ មានអន្តរាយអំពីស្តេចជាដើម។ ម្យ៉ាងទៀត ឲ្យរំលែកអំពីចំណែកទាំង៤ នោះ ធ្វើកុសល ឬឲ្យជាថ្លៃគ្រឿងស្លៀកពាក់ និងឈ្នួលកោរកាត់ (អដ្ឋកថា)។ ]។
មិត្តគួរសេពគប់ ៤ ពួក
បិដក ១៩ ទំព័រ ៨១ ឃ្នាប ៦៣
ដោយ៥០០០ឆ្នាំ
images/articles/3105/756yerg.jpg
មិត្តមិនគួរសេពគប់ ៤ យ៉ាង
ផ្សាយ : ១៦ មករា ឆ្នាំ២០២៣
[៥៧] ម្នាលគហបតិបុត្ត អ្នកត្រូវស្គាល់ពួកមនុស្ស ដែលមិនមែនជាមិត្ត គ្រាន់តែជាមិត្តប្លម៤ពួកនេះគឺ អ្នកត្រូវស្គាល់ពួកមនុស្ស ដែលគិតយកតែប្រយោជន៍ខ្លួនថា មិនមែនជាមិត្ត គ្រាន់តែជាមិត្តប្លម១ អ្នកត្រូវស្គាល់ពួកមនុស្ស ល្អតែសំដីថា មិនមែនជាមិត្ត គ្រាន់តែជាមិត្តប្លម១ អ្នកត្រូវស្គាល់មនុស្ស ដែលនិយាយចាក់បណ្តោយ ឲ្យគាប់ចិត្តថា មិនមែនជាមិត្ត គ្រាន់តែជាមិត្តប្លម១ អ្នកត្រូវស្គាល់មនុស្ស ជាសំឡាញ់ ក្នុងការវិនាសភោគៈទាំងឡាយថា មិនមែនជាមិត្ត គ្រាន់តែជាមិត្តប្លម១។
[៥៨] ម្នាលគហបតិបុត្ត មនុស្សគិតយកតែប្រយោជន៍ខ្លួន មិនមែនជាមិត្ត គ្រាន់តែជាមិត្តប្លម (នោះ) អ្នកត្រូវស្គាល់ដោយស្ថាន៤យ៉ាង គឺមិត្តគិតយកតែប្រយោជន៍ខ្លួន១ មិត្តប្រាថ្នាយករបស់ច្រើន ដោយ(ឲ្យ)របស់តិចតួច១ ទាល់តែមានភ័យ ទើបជួយធ្វើកិច្ចរបស់មិត្ត១ សេពគប់មិត្ត ព្រោះហេតុតែប្រយោជន៍១។ ម្នាលគហបតិបុត្ត មិត្តគិតយកតែប្រយោជន៍ខ្លួន មិនមែនជាមិត្តទេ គ្រាន់តែជាមិត្តប្លម អ្នកត្រូវស្គាល់ដោយស្ថាន៤យ៉ាងនេះឯង។
[៥៩] ម្នាលគហបតិបុត្ត មិត្តល្អតែសំដី មិនមែនជាមិត្ត គ្រាន់តែជាមិត្តប្លម អ្នកត្រូវស្គាល់ដោយស្ថាន៤ គឺមិត្តទទួលរាក់ទាក់ដោយរបស់ដែលកន្លងហើយ១ ទទួលរាក់ទាក់ដោយរបស់ដែលមិនទាន់មានមក១ សង្គ្រោះដោយអំពើឥតប្រយោជន៍ ១ កាលកិច្ចទាំងឡាយ កើតឡើងភ្លាមៗ ក៏សំដែងអាងរបស់ខូចខាត [ពឹងការអ្វីមិនបាន បើត្រូវពឹងរកអ្វីៗ ក៏ប្រាប់ថារបស់នោះ ខូចនេះ បាត់នោះជាដើម។]១ ម្នាលគហបតិបុត្ត មិត្តល្អតែសំដី មិនមែនជាមិត្តទេ គ្រាន់តែជាមិត្តប្លម អ្នកត្រូវស្គាល់ដោយស្ថាន៤យ៉ាងនេះឯង។
[៦០] ម្នាលគហបតិបុត្ត មិត្តនិយាយចាក់បណ្តោយ ឲ្យគាប់ចិត្ត មិនមែនជាមិត្តទេ គ្រាន់តែជាមិត្តប្លម អ្នកត្រូវស្គាល់ដោយស្ថាន៤យ៉ាង គឺបើមិត្តធ្វើអំពើអាក្រក់ ក៏យល់ព្រមតាម១ មិត្តធ្វើអំពើល្អ ក៏យល់ព្រមតាម១ ពណ៌នាគុណមិត្ត តែក្នុងទីចំពោះមុខ១ ពោលទោសមិត្ត ក្នុងទីកំបាំងមុខ១។ ម្នាលគហបតិបុត្ត មិត្តនិយាយចាក់បណ្តោយ ឲ្យគាប់ចិត្ត មិនមែនជាមិត្តទេ គ្រាន់តែជាមិត្តប្លម អ្នកត្រូវស្គាល់ដោយស្ថាន៤យ៉ាងនេះឯង។
[៦១] ម្នាលគហបតិបុត្ត មនុស្សជាសំឡាញ់ ក្នុងផ្លូវវិនាស មិនមែនជាមិត្តទេ គ្រាន់តែជាមិត្តប្លម អ្នកត្រូវស្គាល់ដោយស្ថាន៤យ៉ាង គឺជាសំឡាញ់ក្នុងកិរិយាប្រកបរឿយៗ នូវការផឹកទឹកស្រវឹង គឺសុរាមេរ័យ ដែលជាទីតាំងនៃសេចក្តីប្រមាទ១ ជាសំឡាញ់ក្នុងការប្រកបរឿយៗ នូវការត្រាច់ទៅតាមច្រកល្ហក ខុសកាល១ ជាសំឡាញ់ក្នុងកិរិយាដើរមើលល្បែង មហោស្រព១ ជាសំឡាញ់ក្នុងកិរិយាប្រកបរឿយៗ នូវល្បែងភ្នាល់ ដែលជាហេតុ ជាទីតាំងនៃសេចក្តីប្រមាទ១។ ម្នាលគហបតិបុត្ត មនុស្សជាសំឡាញ់ ក្នុងផ្លូវវិនាស មិនមែនជាមិត្តទេ គ្រាន់តែជាមិត្តប្លម អ្នកត្រូវស្គាល់ដោយស្ថាន៤យ៉ាងនេះឯង។ ព្រះមានព្រះភាគ ទ្រង់បានសំដែងសេចក្តីនេះ លុះព្រះសុគត ជាសាស្តា សំដែងសេចក្តីនេះហើយ ទើបទ្រង់សំដែងពាក្យគាថាព័ន្ធ តទៅទៀតថា
[៦២] បុគ្គលដែលជាមិត្ត គិតយកតែប្រយោជន៍ខ្លួន១ បុគ្គលដែលជាមិត្ត ល្អតែសំដី១ បុគ្គលដែលនិយាយចាក់បណ្តោយ ឲ្យគាប់ចិត្ត១ បុគ្គលដែលជាសំឡាញ់ ក្នុងផ្លូវវិនាស១ បណ្ឌិត ដឹងថាបុគ្គលទាំង៤ពួកនុ៎ះ មិនមែនជាមិត្តហើយ គប្បីចៀសវាងឲ្យឆ្ងាយ ដូចជាអ្នកដំណើរ ចៀសវាងផ្លូវដែលប្រកបដោយភ័យ ដូច្នោះ។
មិត្តមិនគួរសេពគប់ ៤ យ៉ាង
បិដក ១៩ ទំព័រ ៧៨ ឃ្នាប ៥៧
ដោយ៥០០០ឆ្នាំ
images/articles/3109/243Ek.jpg
តួនាទីឪពុកម្តាយនិងតួនាទីកូនប្រុសស្រី
ផ្សាយ : ១៦ មករា ឆ្នាំ២០២៣
[៦៩] ម្នាលគហបតិ អរិយសាវ័ក បិទបាំងទិសទាំង៦ដូចម្តេច។ ម្នាលគហបតិបុត្ត អ្នកត្រូវដឹងទិសទាំង៦ ដូច្នេះគឺ មាតាបិតា អ្នកត្រូវដឹងថា ទិសខាងកើត១ អាចារ្យ អ្នកត្រូវដឹងថា ទិសខាងត្បូង១ កូននិងប្រពន្ធ អ្នកត្រូវដឹងថា ទិសខាងលិច១ មិត្តអាមាត្រ អ្នកត្រូវដឹងថា ទិសខាងជើង១ ទាសៈ និងកម្មករ [ខ្ញុំកំដរ និងអ្នកធ្វើការស៊ីឈ្នួល។] អ្នកត្រូវដឹងថា ទិសខាងក្រោម១ សមណព្រាហ្មណ៍ អ្នកត្រូវដឹងថា ទិសខាងលើ១។
[៧០] ម្នាលគហបតិបុត្ត មាតាបិតា ជាទិសខាងកើត កូនត្រូវទំនុកបំរុង ដោយស្ថានទាំងឡាយ៥យ៉ាង គឺកូនត្រូវតាំងចិត្តថា អាត្មាអញ មាតាបិតាបានចិញ្ចឹមរក្សាមកហើយ នឹងចិញ្ចឹមមាតាបិតាវិញ១ នឹងជួយធ្វើការងាររបស់មាតាបិតា១ ទាំងតំកល់វង្សត្រកូល១ ប្រតិបត្តិឲ្យជាអ្នកសមគួរទទួលទ្រព្យមត៌កបាន១ មួយទៀត ឧទ្ទិសទក្ខិណាទាន ដល់មាតាបិតា ដែលធ្វើកាលកិរិយា ទៅកាន់បរលោកហើយ១។ ម្នាលគហបតិបុត្ត មាតាបិតា ជាទិសខាងកើត ដែលកូនទំនុកបំរុង ដោយស្ថានទាំងឡាយ ៥យ៉ាងនេះឯងហើយ រមែងអនុគ្រោះកូន ដោយស្ថានទាំងឡាយ ៥យ៉ាង វិញដូច្នេះ គឺហាមឃាត់កូន ចាកអំពើអាក្រក់១ ឲ្យកូនតម្កល់នៅតែក្នុងអំពើល្អ១ ឲ្យកូនរៀនសូត្រសិល្បសាស្ត្រ១ ដណ្តឹងភរិយាស្វាមីសមគួរឲ្យ១ ចែកទ្រព្យឲ្យកូនក្នុងសម័យគួរ១។ ម្នាលគហបតិបុត្ត មាតាបិតា ជាទិសខាងកើត ដែលកូនទំនុកបំរុង ដោយស្ថាន៥យ៉ាងនេះឯងហើយ រមែងអនុគ្រោះកូន ដោយស្ថាន៥យ៉ាងនេះ ទិសខាងកើតនោះ ដែលកូនបានបិទបាំងហើយ ជាទិសមានសេចក្តីក្សេម ឥតមានភយន្តរាយយ៉ាងនេះ។
តួនាទីឪពុកម្តាយនិងតួនាទីកូនប្រុសស្រី
បិដកភាគ ១៩_ ទំព័រ ៨៤ ឃ្នាប ៦៩
ដោយ៥០០០ឆ្នាំ
images/articles/3119/20ecple_W.jpg
តួនាទីស្វាមីនិងតួនាទីភរិយា
ផ្សាយ : ១៦ មករា ឆ្នាំ២០២៣
[៧២] ម្នាលគហបតិបុត្ត ភរិយាជាទិសខាងលិច ស្វាមីត្រូវទំនុកបម្រុង ដោយស្ថាន៥យ៉ាងគឺ ដោយការរាប់អាន ជាភរិយាពេញទី១ ដោយមិនមើលងាយ១ ដោយមិនប្រព្រឹត្តក្បត់ចិត្ត១ ដោយប្រគល់ឲ្យជាធំ (ក្នុងការផ្ទះ)១ ដោយការឲ្យគ្រឿងតែងខ្លួន១។ ម្នាលគហបតិបុត្ត ភរិយាជាទិសខាងលិច ដែលស្វាមីទំនុកបម្រុង ដោយស្ថានទាំងឡាយ៥យ៉ាងនេះឯងហើយ រមែងអនុគ្រោះស្វាមី ដោយស្ថានទាំងឡាយ ៥យ៉ាងវិញ គឺ ចាត់ចែងការងារដោយល្អ១ សង្គ្រោះជនជាញាតិទាំងពីរខាងដោយល្អ១ មិនប្រព្រឹត្តក្បត់១ ថែទាំទ្រព្យដែលស្វាមីរកបានមក១ ឈ្លាស មិនខ្ជិលច្រអូស ក្នុងកិច្ចការសព្វគ្រប់១។ ម្នាលគហបតិបុត្ត ភរិយាជាទិសខាងលិច ដែលស្វាមីទំនុកបម្រុងដោយស្ថាន៥យ៉ាងនេះឯងហើយ រមែងអនុគ្រោះស្វាមីដោយស្ថាន៥យ៉ាងនេះ ទិសខាងលិចនោះ ដែលស្វាមីបិទបាំងហើយ ជាទិសមានសេចក្តីក្សេម ឥតមានភយន្តរាយយ៉ាងនេះ។
តួនាទីស្វាមីនិងតួនាទីភរិយា
បិដក ១៩ ទំព័រ ៨៦ ឃ្នាប ៧២
ដោយ៥០០០ឆ្នាំ
images/articles/3120/20eube.jpg
ទោសរបស់បុគ្គលអ្នកមានអំពើមិនជាទីជ្រះថ្លា ៥ យ៉ាង
ផ្សាយ : ១៦ មករា ឆ្នាំ២០២៣
ទុតិយអបាសាទិកសូត្រ ទី ៨
[១១៨] ម្នាលភិក្ខុទាំងឡាយ ទោសរបស់បុគ្គល អ្នកមានអំពើមិនជាទីជ្រះថ្លានេះ មាន ៥ យ៉ាង ។ ទោស ៥ យ៉ាង គឺអ្វីខ្លះ។ គឺពួកជន ដែលមិនទាន់ជ្រះថ្លា រមែងមិនជ្រះថ្លា ១ ពួកជនខ្លះដែលជ្រះថ្លាហើយ ក៏ត្រឡប់ជាងាកចិត្តចេញ ១ ឈ្មោះថា មិនធ្វើតាមពាក្យប្រដៅរបស់ព្រះសាស្តា ១ ប្រជុំជនខាងក្រោយនឹងយកតម្រាប់តាម ១ ចិត្តរបស់បុគ្គលនោះ មិនជ្រះថ្លា ១។ ម្នាលភិក្ខុទាំងឡាយ ទោសរបស់បុគ្គលអ្នកមានអំពើមិនជាទីជ្រះថ្លា មាន ៥ យ៉ាងនេះឯង ។ ម្នាលភិក្ខុទាំងឡាយ អានិសង្សរបស់បុគ្គល អ្នកមានអំពើជាទីជ្រះថ្លានេះ មាន ៥ យ៉ាង។ អានិសង្ស ៥ យ៉ាង គឺអ្វីខ្លះ។ គឺពួកជនដែលមិនទាន់ជ្រះថ្លា រមែងជ្រះថ្លា ១ ពួកជនដែលជ្រះថ្លារួចហើយ រឹតតែជ្រះថ្លាឡើង ១ ឈ្មោះថា ធ្វើតាមពាក្យប្រដៅរបស់ព្រះសាស្តា ១ ប្រជុំជនខាងក្រោយ នឹងយកតម្រាប់តាម ១ ចិត្តរបស់បុគ្គលនោះ រមែងជ្រះថ្លា ១។ ម្នាលភិក្ខុទាំងឡាយ អានិសង្សរបស់បុគ្គល អ្នកមានអំពើជាទីជ្រះថ្លា មាន ៥ យ៉ាងនេះឯង។
អគ្គិសូត្រ ទី ៩
[១១៩] ម្នាលភិក្ខុទាំងឡាយ ទោសក្នុងភ្លើងនេះ មាន ៥ យ៉ាង។ ទោស ៥ យ៉ាង គឺអ្វីខ្លះ។ គឺឲ្យងងឹតភ្នែក ១ ធ្វើសម្បុរឲ្យអាក្រក់ ១ ធ្វើកម្លាំងឲ្យខ្សោយ ១ កុះករដោយពួកគណៈ ១ ប្រព្រឹត្តទៅ ដើម្បីតិរច្ឆានកថា ១។ ម្នាលភិក្ខុទាំងឡាយ ទោសក្នុងភ្លើង មាន ៥ យ៉ាងនេះឯង ។
មធុរាសូត្រ ទី ១០
[១២០] ម្នាលភិក្ខុទាំងឡាយ ទោសក្នុងដែនមធុរានេះ មាន ៥ យ៉ាង។ ទោស ៥ យ៉ាង គឺអ្វីខ្លះ។ គឺទីមិនស្មើ ១ មានធុលីច្រើន ១ មានឆ្កែសាហាវ ១ មានយក្សកាច ១ រកបាយបានក្រ ១។ ម្នាលភិក្ខុទាំងឡាយ ទោសក្នុងដែនមធុរា មាន ៥ យ៉ាងនេះឯង។
ចប់ អក្កោសកវគ្គ ទី ២ ។
ទុតិយអបាសាទិកសូត្រ ទី ៨_ ឬ ទោសរបស់បុគ្គលអ្នកមានអំពើមិនជាទីជ្រះថ្លា ៥ យ៉ាង បិដកភាគ ៤៥ ទំព័រ ២៥៣ ឃ្នាប ១១៨
ដោយ៥០០០ឆ្នាំ
images/articles/3133/20ccver.jpg
តួនាទីរបស់មិត្ត ៥ យ៉ាង
ផ្សាយ : ១៦ មករា ឆ្នាំ២០២៣
[៧៣] ម្នាលគហបតិបុត្ត មិត្តអាមាត្យជាទិសខាងជើង កុលបុត្ត ត្រូវប្រតិបត្តិដោយស្ថាន៥យ៉ាងគឺ ដោយការឲ្យរបស់១ ដោយការនិយាយតែពាក្យគាប់ចិត្ត១ ដោយការប្រព្រឹត្តិ ឲ្យជាប្រយោជន៍១ ដោយការប្រព្រឹត្តិខ្លួនស្មើ១ ដោយការមិនកុហកបញ្ឆោត១។
ម្នាលគហបតិបុត្ត មិត្តអាមាត្យជាទិសខាងជើង ដែលកុលបុត្តប្រតិបត្តិដោយស្ថាន៥យ៉ាងនេះឯងហើយ រមែងអនុគ្រោះកុលបុត្ត ដោយស្ថាន៥យ៉ាង គឺ រក្សាមិត្តដែលធ្វេសប្រហែស១ ជួយថែទាំទ្រព្យសម្បត្តិ របស់មិត្តដែលធ្វេសប្រហែស១ ជាទីពឹងរបស់មិត្តដែលមានភ័យ១ មិនបោះបង់គ្នាក្នុងគ្រាវិបត្តិ១ រាប់អានរហូតដល់ផៅពង្សរបស់មិត្ត១។ ម្នាលគហបតិបុត្ត មិត្តអាមាត្យ ជាទិសខាងជើង ដែលកុលបុត្តប្រតិបត្តិ ដោយស្ថាន៥យ៉ាងនេះឯងហើយ រមែងអនុគ្រោះកុលបុត្ត ដោយស្ថាន៥យ៉ាងនេះ ទិសខាងជើងនោះ ដែលកុលបុត្តបានបិទបាំងហើយ ជាទិសមានសេចក្តីក្សេម ឥតមានភយន្តរាយយ៉ាងនេះ។
តួនាទីរបស់មិត្ត ៥ យ៉ាង - បិដកភាគ ១៩ ទំព័រ ៨៧ ឃ្នាប ៧៣
ដោយ៥០០០ឆ្នាំ
images/articles/3145/bvhj6645e.jpg
ទោស ៥ យ៉ាង របស់បុគ្គលទ្រុស្តសីល
ផ្សាយ : ១៤ មករា ឆ្នាំ២០២៣
សីលសូត្រ ទី៣
[១១៣] ម្នាលភិក្ខុទាំងឡាយ ទោសនៃសីលវិបត្តិរបស់បុគ្គលទ្រុស្តសីលនេះ មាន ៥ យ៉ាង។ ទោស ៥ យ៉ាង គឺអ្វីខ្លះ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលទ្រុស្តសីល វិបត្តិចាកសីល ក្នុងលោកនេះ តែងដល់នូវសេចក្តីវិនាសសម្បត្តិដ៏ច្រើន ហេតុមកពីសេចក្តីប្រមាទ ម្នាលភិក្ខុទាំងឡាយ នេះជាទោស ទី១ នៃសីលវិបត្តិ របស់បុគ្គលទ្រុស្តសីល។
ម្នាលភិក្ខុទាំងឡាយ មួយទៀត បុគ្គលទ្រុស្តសីល វិបត្តិចាកសីលហើយ តែងមានកិត្តិសព្ទដ៏អាក្រក់ខ្ចរខ្ចាយទៅ ម្នាលភិក្ខុទាំងឡាយ នេះជាទោសទី២ នៃសីលវិបត្តិ របស់បុគ្គលទ្រុស្តសីល។ ម្នាលភិក្ខុទាំងឡាយ មួយទៀត បុគ្គលទ្រុស្តសីល វិបត្តិចាកសីលហើយ (បើ) ចូលទៅកាន់បរិសទ្យណា ទោះបីជាខត្តិយបរិសទ្យក្តី ព្រាហ្មណបរិសទ្យក្តី គហបតិបរិសទ្យក្តី សមណបរិសទ្យក្តី ក៏គ្មានក្លៀវក្លា តែងមានមុខឱនចុះ ដើរចូលទៅ ម្នាលភិក្ខុទាំងឡាយ នេះជាទោសទី៣ នៃសីលវិបត្តិ របស់បុគ្គលទ្រុស្តសីល។
ម្នាលភិក្ខុទាំងឡាយ មួយទៀត បុគ្គលទ្រុស្តសីល វិបត្តិចាកសីល តែងស្លាប់វង្វេងស្មារតី ម្នាលភិក្ខុទាំងឡាយ នេះជាទោសទី៤ នៃសីលវិបត្តិ របស់បុគ្គលទ្រុស្តសីល។ ម្នាលភិក្ខុទាំងឡាយ មួយវិញទៀត បុគ្គលទ្រុស្តសីល វិបត្តិចាកសីលហើយ លុះបែកធ្លាយរាងកាយស្លាប់ទៅ រមែងកើតជាតិរច្ឆាន ប្រេត អសុរកាយ និងនរក ម្នាលភិក្ខុទាំងឡាយ នេះជាទោសទី៥ នៃសីលវិបត្តិ របស់បុគ្គលទ្រុស្តសីល។ ម្នាលភិក្ខុទាំងឡាយ ទោសនៃសីលវិបត្តិ របស់បុគ្គលទ្រុស្តសីល មាន ៥ យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ អានិសង្សនៃសីលសម្បទា របស់បុគ្គលមានសីលនេះ មាន ៥ យ៉ាង។ អានិសង្ស ៥ យ៉ាង គឺអ្វីខ្លះ។
ម្នាលភិក្ខុទាំងឡាយ បុគ្គលមានសីល បរិបូណ៌ដោយសីល ក្នុងលោកនេះ តែងបាននូវគំនរសម្បត្តិដ៏ច្រើន ហេតុមកពីសេចក្តីមិនប្រមាទ ម្នាលភិក្ខុទាំងឡាយ នេះជាអានិសង្សទី ១ នៃសីលសម្បទា របស់បុគ្គលមានសីល។ ម្នាលភិក្ខុទាំងឡាយ មួយទៀត បុគ្គលមានសីល បរិបូណ៌ដោយសីលហើយ តែងមានកិត្តិសព្ទដ៏ពីរោះខ្ចរខ្ចាយទៅ ម្នាលភិក្ខុទាំងឡាយ នេះជាអានិសង្សទី ២ នៃសីលសម្បទា របស់បុគ្គលមានសីល។
ម្នាលភិក្ខុទាំងឡាយ មួយទៀត បុគ្គលមានសីល បរិបូណ៌ដោយសីលហើយ (បើ) ចូលទៅកាន់បរិសទ្យណា ទោះបីជាខត្តិយបរិសទ្យក្តី ព្រាហ្មណបរិសទ្យក្តី គហបតិបរិសទ្យក្តី សមណបរិសទ្យក្តី តែងក្លៀវក្លា មិនឱនមុខចុះដើរចូលទៅ ម្នាលភិក្ខុទាំងឡាយ នេះជាអានិសង្សទី ៣ នៃសីលសម្បទា របស់បុគ្គលមានសីល។
ម្នាលភិក្ខុទាំងឡាយ មួយទៀត បុគ្គលមានសីល បរិបូណ៌ដោយសីល តែងស្លាប់ មិនវង្វេងស្មារតីឡើយ ម្នាលភិក្ខុទាំងឡាយ នេះជាអានិសង្សទី ៤ នៃសីលសម្បទា របស់បុគ្គលមានសីល។ ម្នាលភិក្ខុទាំងឡាយ មួយវិញទៀត បុគ្គលមានសីល បរិបូណ៌ដោយសីល លុះបែកធ្លាយរាងកាយស្លាប់ទៅ តែងទៅកើតក្នុងសុគតិសួគ៌ ទេវលោក ម្នាលភិក្ខុទាំងឡាយ នេះជាអានិសង្សទី ៥ នៃសីលសម្បទា របស់បុគ្គលមានសីល។ ម្នាលភិក្ខុទាំងឡាយ អានិសង្ស នៃសីលសម្បទា របស់បុគ្គលមានសីល មាន ៥ យ៉ាងនេះឯង។
សីលសូត្រ ទី ៣ ឬ ទោស ៥ យ៉ាង របស់បុគ្គលទ្រុស្តសីល
បិដក ៤៥ ទំព័រ ២៤៧ ឃ្នាប ១១៣
ដោយ៥០០០ឆ្នាំ
images/articles/3173/_____________________________________________.jpg
សេចក្តីព្រមព្រៀងនៃសង្ឃនាំមកនូវសេចក្តីសុខ
ផ្សាយ : ១៣ មករា ឆ្នាំ២០២៣
ខ្ញុំបានស្ដាប់មកថា ព្រះមានព្រះភាគ ទ្រង់ត្រាស់ហើយ ព្រះអរហន្តសំដែងហើយ។ ម្នាលភិក្ខុទាំងឡាយ ធម៌ ១ កាលកើតឡើងក្នុងលោក តែងកើតឡើង ដើម្បីជាប្រយោជន៍ដល់ជនច្រើន ដើម្បីជាសុខដល់ជនច្រើន ដើម្បីជាប្រយោជន៍ ដើម្បីសេចក្ដីចំរើនដល់ជនច្រើន ដើម្បីជាសុខដល់ទេវតា និងមនុស្សទាំងឡាយ។ ធម៌ ១ តើដូចម្ដេច។ គឺសេចក្ដីព្រមព្រៀងរបស់សង្ឃ។
ម្នាលភិក្ខុទាំងឡាយ កាលបើសង្ឃព្រមព្រៀងគ្នាហើយ ការឈ្លោះប្រកែកគ្នានឹងគ្នា ក៏មិនកើតមាន ការប្រទេចផ្ដាសាគ្នានឹងគ្នា ក៏មិនកើតមាន ការបោកបោះពាក្យសំដីដល់គ្នានឹងគ្នា ក៏មិនកើតមាន ការលះបង់គ្នានឹងគ្នា ក៏មិនកើតមាន ជនទាំងឡាយ ដែលមិនជ្រះថ្លាក្នុងសង្ឃនោះ ក៏រមែងជ្រះថ្លា ពួកជនដែលជ្រះថ្លាស្រាប់ហើយ ក៏រឹងរឹតតែជ្រះថ្លាឡើង។ លុះព្រះមានព្រះភាគ ទ្រង់សំដែងសេចក្ដីនុ៎ះហើយ។
ទ្រង់ត្រាស់គាថាព័ន្ធនេះ ក្នុងសូត្រនោះថា សេចក្ដីព្រមព្រៀងនៃសង្ឃ ជាហេតុនាំសេចក្ដីសុខមកឲ្យ ការអនុគ្រោះបុគ្គលទាំងឡាយ ដែលមានសេចក្ដីព្រមព្រៀងគ្នា (ជាហេតុនាំសេចក្ដីសុខមកឲ្យ) បុគ្គលត្រេកអរ ក្នុងជនដែលព្រមព្រៀងគ្នា តាំងនៅក្នុងធម៌ រមែងមិនសាបសូន្យ ចាកធម៌ជាទីក្សេមចាកយោគៈ បុគ្គលធ្វើសង្ឃ ឲ្យព្រមព្រៀងគ្នា រមែងរីករាយ ក្នុងឋានសួគ៌ អស់ ១ កប្ប។
ខ្ញុំបានស្ដាប់មកហើយថា សេចក្ដីនេះឯង ព្រះមានព្រះភាគ ត្រាស់ទុកហើយ។ សូត្រ ទី៩។
បិដក ភាគ ៥៣ - ទំព័រទី ១៧
ដោយ៥០០០ឆ្នាំ
images/articles/3171/____________________________________.jpg
មាតាបិតាទាំងឡាយឈ្មោះថាព្រហ្ម
ផ្សាយ : ១៣ មករា ឆ្នាំ២០២៣
ម្នាលភិក្ខុទាំងឡាយ ត្រកូលទាំងឡាយណា ដែលកូនបូជាមាតាបិតា ក្នុងផ្ទះរបស់ខ្លួន ត្រកូលទាំងឡាយនោះ ឈ្មោះថា នៅរួមជាមួយនឹងព្រហ្ម។ ម្នាលភិក្ខុទាំងឡាយ ត្រកូលទាំងឡាយណា ដែលកូនបូជាមាតាបិតា ក្នុងផ្ទះរបស់ខ្លួន ត្រកូលទាំងឡាយនោះ ឈ្មោះថា នៅរួមជាមួយនឹងបុព្វទេវតា (ទេវតាដើម)។ ម្នាលភិក្ខុទាំងឡាយ ត្រកូលទាំងឡាយណា ដែលកូនបូជាមាតាបិតាក្នុងផ្ទះរបស់ខ្លួន ត្រកូលទាំងឡាយនោះ ឈ្មោះថា នៅរួមជាមួយនឹងបុព្វាចារ្យ (អាចារ្យដើម)។
ម្នាលភិក្ខុទាំងឡាយ ត្រកូលទាំងឡាយណា ដែលកូនបូជាមាតាបិតាក្នុងផ្ទះរបស់ខ្លួន ត្រកូលទាំងឡាយនោះ ឈ្មោះថា នៅរួមជាមួយនឹងអាហុនេយ្យបុគ្គល (បុគ្គលគួរបូជា)។ ម្នាលភិក្ខុទាំងឡាយ ពាក្យថា ព្រហ្មនុ៎ះ ជាឈ្មោះរបស់មាតាបិតា។ ម្នាលភិក្ខុទាំងឡាយ ពាក្យថា បុព្វទេវតានុ៎ះ ជាឈ្មោះរបស់មាតាបិតា។ ម្នាលភិក្ខុទាំងឡាយ ពាក្យថា បុពា្វចារ្យនុ៎ះ ជាឈ្មោះរបស់មាតាបិតា។ ម្នាលភិក្ខុទាំងឡាយ ពាក្យថា អាហុនេយ្យៈនុ៎ះ ជាឈ្មោះរបស់មាតាបិតា។ ដំណើរនោះ ព្រោះហេតុអ្វី។ ម្នាលភិក្ខុទាំងឡាយ (ព្រោះ) មាតាបិតា មានឧបការៈច្រើន ជាអ្នកបីបាច់ (ឲ្យគង់ជីវិត) ជាអ្នកចិញ្ចឹម (ឲ្យបៅទឹកដោះ) ទាំងជាអ្នកបង្ហាញនូវលោកនេះ ដល់កូនទាំងឡាយ។
មាតាបិតាទាំងឡាយ ដែលហៅថា ព្រហ្មក្តី បុព្វាចារ្យក្តី អាហុនេយ្យៈក្តី (សុទ្ធតែ) ជាអ្នកអនុគ្រោះដល់ពួកសត្វ គឺកូន។ ព្រោះហេតុនោះឯង អ្នកប្រាជ្ញ គួរនមស្ការ គួរធ្វើសក្ការៈដល់មាតាបិតាទាំងនោះ ដោយបាយ ទឹក សំពត់ គ្រឿងដេក គ្រឿងអប់ គ្រឿងផ្ងូតទឹក និងទឹកសម្រាប់លាងជើង។ ព្រោះការដែលបានទំនុកបំរុងមាតាបិតានោះហើយ បានជាអ្នកប្រាជ្ញទាំងឡាយ សរសើរនូវបុគ្គលនោះ ក្នុងលោកនេះឯង បុគ្គលនោះ លុះលះលោកនេះទៅហើយ រមែងរីករាយក្នុងឋានសួគ៌។ សូត្រ ទី៧។
បិដក ភាគ ៥៣ - ទំព័រទី ១៤១
ដោយ៥០០០ឆ្នាំ
images/articles/3172/_______________________________________.jpg
ចិត្តប្រទូស្តរបស់បុគ្គលធ្វើមរណកាល
ផ្សាយ : ១៣ មករា ឆ្នាំ២០២៣
ខ្ញុំបានស្ដាប់មកថា ព្រះមានព្រះភាគ ទ្រង់ត្រាស់ហើយ ព្រះអរហន្តសំដែងហើយ។ ម្នាលភិក្ខុទាំងឡាយ តថាគត កំណត់ចិត្តដោយចិត្តហើយ ដឹងច្បាស់បុគ្គលពួកខ្លះ ក្នុងលោកនេះ ដែលមានចិត្តប្រទូស្ដយ៉ាងនេះថា បើបុគ្គលនេះ ធ្វើមរណកាលទៅ ក្នុងសម័យនេះ មុខជាទៅកើតក្នុងនរក ដូចជាគេនាំយកទៅទំលាក់។ រឿងនោះ ព្រោះហេតុអ្វី ម្នាលភិក្ខុទាំងឡាយ ព្រោះបុគ្គលនោះ មានចិត្តប្រទូស្ដ។ ម្នាលភិក្ខុទាំងឡាយ សត្វទាំងឡាយពួកខ្លះ ក្នុងលោកនេះ ហេតុតែមានចិត្តប្រទូស្ដ លុះបែកធ្លាយរាងកាយស្លាប់ទៅ ក៏រមែងទៅកើតក្នុងអបាយ ទុគ្គតិ វិនិបាត និងនរក។
លុះព្រះមានព្រះភាគ ទ្រង់សំដែងសេចក្ដីនុ៎ះហើយ។ ទ្រង់ត្រាស់គាថាព័ន្ធនេះ ក្នុងសូត្រនោះថា ព្រះពុទ្ធ ទ្រង់ជ្រាបបុគ្គលពួកខ្លះ ក្នុងលោកនេះ ដែលមានចិត្តប្រទូស្ដ ទើបទ្រង់ព្យាករសេចក្ដីនុ៎ះ ក្នុងសំណាក់ភិក្ខុទាំងឡាយថា បើបុគ្គលនេះ ធ្វើមរណកាលទៅ ក្នុងសម័យនេះ មុខជាទៅកើតក្នុងនរក ព្រោះតែបុគ្គលនោះ មានចិត្តប្រទូស្ដ បុគ្គលបែបនោះ ដូចជាគេនាំយកទៅទំលាក់យ៉ាងនេះឯង សត្វទាំងឡាយ រមែងទៅកាន់ទុគ្គតិ ព្រោះហេតុតែមានចិត្តប្រទូស។
ខ្ញុំបានស្ដាប់មកហើយថា សេចក្ដីនេះឯង ព្រះមានព្រះភាគ បានត្រាស់ទុកហើយ។ សូត្រ ទី១០។
បិដក ភាគ ៥៣ - ទំព័រទី ១៨
ដោយ៥០០០ឆ្នាំ
images/articles/3190/rf434feee3333ee.jpg
ភរិយា ៧ ពួក
ផ្សាយ : ១៣ មករា ឆ្នាំ២០២៣
ភរិយាសូត្រ ទី១០
[៦០] គ្រានោះ ព្រះដ៏មានព្រះភាគ ទ្រង់ស្បង់ ប្រដាប់បាត្រ និងចីវរ ក្នុងបុព្វណ្ហសម័យ ហើយចូលទៅលំនៅរបស់អនាថបិណ្ឌិកគហបតី លុះចូលទៅដល់ហើយ ក៏គង់លើអាសនៈ ដែលគេក្រាលថ្វាយ។ សម័យនោះឯង មនុស្សទាំងឡាយ មានសម្លេងហ៊ោកញ្ជ្រៀវ ក្នុងលំនៅនៃអនាថបិណ្ឌិកគហបតី។ លំដាប់នោះ អនាថបិណ្ឌិកគហបតី ចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ហើយ ក៏ក្រាបថ្វាយបង្គំព្រះដ៏មានព្រះភាគ ហើយអង្គុយក្នុងទីសមគួរ។ លុះអនាថបិណ្ឌិកគហបតី អង្គុយក្នុងទីសមគួរហើយ ព្រះដ៏មានព្រះភាគ ក៏ទ្រង់ត្រាស់ដូច្នេះថា ម្នាលគហបតី មនុស្សទាំងឡាយ មានសំឡេងហ៊ោកញ្ជ្រៀវ ក្នុងលំនៅនៃអ្នក ទំនងដូចជាញ្រនសន្ទូចចាប់ត្រី ដូចម្តេចហ្ន៎។ បពិត្រព្រះអង្គដ៏ចំរើន នាងសុជាតានេះ ជាឃរសុណ្ហា (កូនប្រសាស្រ្តីក្នុងផ្ទះ) ខ្ញុំព្រះអង្គបាននាំមកអំពីត្រកូលស្តុកស្តម្ភ នាងសុជាតានោះ មិនអើពើនឹងឪពុកក្មេក មិនអើពើនឹងម្តាយក្មេក មិនអើពើនឹងស្វាមី ទាំងមិនបានធ្វើសក្ការ មិនបានគោរព មិនបានរាប់អាន មិនបានបូជាព្រះដ៏មានព្រះភាគ។ លំដាប់នោះ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ហៅនាងសុជាតា ជាឃរសុណ្ហាថា ម្នាលនាងសុជាតា ចូរនាងមកនេះ។ នាងសុជាតា ជាឃរសុណ្ហា បានទទួលព្រះពុទ្ធដីកាព្រះដ៏មានព្រះភាគថា ព្រះករុណា ព្រះអង្គ ហើយក៏ចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ហើយ ក៏ក្រាបថ្វាយបង្គំព្រះដ៏មានព្រះភាគ ហើយអង្គុយក្នុងទីសមគួរ។ លុះនាងសុជាតា ជាឃរសុណ្ហា អង្គុយក្នុងទីសមគួរហើយ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ដូច្នេះថា ម្នាលនាងសុជាតា ភរិយារបស់បុរសនេះ មាន ៧ ពួក។ ភរិយា ៧ ពួក តើដូចម្តេចខ្លះ។ គឺ វធសមាភរិយា (ភរិយាស្មើដោយអ្នកសម្លាប់) ១ ចោរសមាភរិយា (ភរិយាស្មើដោយចោរ) ១ អយ្យសមាភរិយា (ភរិយាស្មើដោយម្ចាស់) ១ មាតុសមាភរិយា (ភរិយាស្មើដោយមាតា) ១ ភគិនិសមាភរិយា (ភរិយាស្មើដោយប្អូនស្រី) ១ សខីសមាភរិយា (ភរិយាស្មើដោយសំឡាញ់) ១ ទាសីសមាភរិយា (ភរិយាស្មើដោយខ្ញុំស្រី) ១។ ម្នាលនាងសុជាតា នេះជាភរិយា ៧ ពួក របស់បុរស។ បណ្តាភរិយាទាំង ៧ ពួកនោះ នាងជាភរិយាដូចម្តេច។ បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គមិនបានដឹងនូវអត្ថនៃភាសិតនេះ ដែលព្រះដ៏មានព្រះភាគ ទ្រង់សំដែងដោយសេចក្តីសង្ខេប ឲ្យពិស្តារបានទេ។ បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គ គប្បីដឹងនូវអត្ថនៃភាសិតនេះ ដែលព្រះដ៏មានព្រះភាគ ទ្រង់សំដែងហើយ ដោយសេចក្តីសង្ខេប ឲ្យពិស្តារបាន យ៉ាងណា សូមព្រះដ៏មានព្រះភាគ សំដែងនូវធម៌ឲ្យប្រពៃ ដល់ខ្ញុំព្រះអង្គ យ៉ាងនោះ។ ម្នាលនាងសុជាតា បើដូច្នោះ ចូរនាងចាំស្តាប់ ចូរធ្វើទុកក្នុងចិត្ត ដោយប្រពៃ តថាគតនឹងសំដែង។ នាងសុជាតា ជាឃរសុណ្ហា បានទទួលព្រះពុទ្ធដីកា ព្រះដ៏មានព្រះភាគថា ព្រះករុណា ព្រះអង្គ។ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ដូច្នេះថា
ភរិយាដែលស្វាមីលោះមកដោយទ្រព្យ ស្រ្តីមានចិត្តប្រទូស្ត (នឹងស្វាមី) មានសេចក្តីមិនអនុគ្រោះនូវប្រយោជន៍ ជាអ្នកត្រេកត្រអាលក្នុងបុរសដទៃ មើលងាយប្តី ខ្វល់ខ្វាយដើម្បីសម្លាប់ (ប្តី) ស្រ្តីណាជាភរិយានៃបុរស មានសភាពដូច្នេះ ស្រ្តីនោះហៅថា វធកាភរិយា។ ស្វាមីនៃស្រ្តី បាននូវទ្រព្យណា ហើយដំកល់ទុក ដើម្បីធ្វើនូវសិល្បៈក្តី នូវជំនួញក្តី នូវកសិកម្មក្តី ស្ត្រីនោះ ប្រាថ្នាដើម្បីលួចកិបយកនូវទ្រព្យ សូម្បីបន្តិចបន្តួចអំពីទ្រព្យនោះ ស្ត្រីណា ជាភរិយានៃបុរស មានសភាពដូច្នេះ ស្រ្តីនោះ ហៅថា ចោរីភរិយា។ ស្ត្រីមិនមានសេចក្តីប្រាថ្នា នឹងធ្វើនូវការងារ ជាអ្នកខ្ជិលច្រអូស ស៊ីច្រើន រឹងរូស កាច ពោលនូវពាក្យអាក្រក់ ប្រព្រឹត្តគ្របសង្កត់នូវស្វាមី ដែលមានព្យាយាម ប្រឹងប្រែង ស្ត្រីណា ជាភរិយានៃបុរសមានសភាពដូច្នេះ ស្ត្រីនោះ ហៅថា អយ្យាភរិយា។ ស្ត្រីណា មានសេចក្តីអនុគ្រោះនូវប្រយោជន៍សព្វ ៗកាល ចេះរក្សាប្តី ដូចជាមាតារក្សាកូន ទាំងរក្សានូវទ្រព្យដែលស្វាមីនោះ បានមកអំពីទីនោះ ៗ ស្រ្តីណាជាភរិយានៃបុរស មានសភាពដូច្នេះ ស្រ្តីនោះ ហៅថា មាតាភរិយា។ ស្រ្តីមានសេចក្តីគោរព ក្នុងស្វាមីរបស់ខ្លួន ដូចប្អូនស្រីគោរពបងប្រុស មានសេចក្តីអៀនខ្មាស ប្រព្រឹត្តទៅតាមអំណាចនៃភស្តា ស្រ្តីណា ជាភរិយានៃបុរស មានសភាពដូច្នេះ ស្ត្រីនោះ ហៅថា ភគិនីភរិយា។ ស្ត្រីណា ក្នុងលោកនេះ បានឃើញនូវប្តីហើយ ក៏រីករាយ ដូចជាសំឡាញ់ បានឃើញសំឡាញ់ ដែលមកអស់កាលយូរ ស្រ្តីនោះ បរិបូណ៌ដោយត្រកូល មានសីលធម៌ ជាស្រ្តីមានវត្តប្រតិបត្តិក្នុងប្តី ស្រ្តីណា ជាភរិយានៃបុរស មានសភាពដូច្នេះ ស្រ្តីនោះ ហៅថា សខីភរិយា។ ស្រ្តីដែលស្វាមីជេរ វាយ គំរាមដោយដំបង មិនមានចិត្តប្រទូស្តវិញ ចេះអត់សង្កត់ដល់ប្តី មិនក្រោធ ប្រព្រឹត្តទៅតាមអំណាចនៃភស្តា ស្ត្រីណាជាភរិយានៃបុរស មានសភាពដូច្នេះ ស្ត្រីនោះ ហៅថា ទាសីភរិយា។ ភរិយាណា ក្នុងលោកនេះ ដែលហៅថា វធកាក្តី ហៅថា ចោរីក្តី ហៅថា អយ្យាក្តី ភរិយាទាំងនោះ មានសភាពជាស្ត្រីទ្រុស្តសីល រឹងរូស មិនមានសេចក្តីគោរព លុះបែកធ្លាយរាងកាយស្លាប់ទៅ រមែងទៅកាន់នរក។ ភរិយាណា ក្នុងលោកនេះ ដែលហៅថាមាតាក្តី ភគិនីក្តី សខីក្តី ទាសីក្តី ភរិយាទាំងនោះ ជាស្រ្តីសង្រួមអស់កាលជាយូរអង្វែង ព្រោះតាំងនៅក្នុងសីលធម៌ លុះបែកធ្លាយរាង កាយស្លាប់ទៅ រមែងទៅកាន់សុគតិ។
ម្នាលនាងសុជាតា នេះជាភរិយារបស់បុរស ៧ ពួក បណ្តាភរិយា ទាំង ៧ ពួកនោះ នាងតើជាភរិយាដូចម្តេច។ បពិត្រព្រះអង្គដ៏ចំរើន សូមព្រះដ៏មានព្រះភាគ សំគាល់ទុកនូវខ្ញុំព្រះអង្គ ថាជាភរិយាស្មើដោយទាសីរបស់ស្វាមី ចាប់ដើមអំពីថ្ងៃនេះតទៅ។
ភរិយា ៧ ពួក - បិដកភាគ ៤៧ ទំព័រ ១៦៧ ឃ្នាប ៦០
ដោយ៥០០០ឆ្នាំ
images/articles/3187/ewfew32we2___.jpg
ធម៌ ២ ប្រការនេះ ជាចំណែកនៃវិជ្ជា
ផ្សាយ : ១៣ មករា ឆ្នាំ២០២៣
[២៧៥] ម្នាលភិក្ខុទាំងឡាយ ធម៌ទាំងឡាយពីរប្រការនេះ ជាចំណែកនៃវិជ្ជា។ ធម៌ពីរ ប្រការ តើដូចម្តេច។ គឺ សមថៈ ១ វិបស្សនា ១។ ម្នាលភិក្ខុទាំងឡាយ សមថៈ ដែលបុគ្គលចំរើនហើយ នឹងសម្រេចប្រយោជន៍អ្វី។ នឹងញ៉ាំងចិត្តឲ្យចំរើន។ ចិត្តដែលចំរើនហើយ នឹងសម្រេចប្រយោជន៍អ្វី។ នឹងលះបង់ នូវរាគៈចេញបាន។ ម្នាលភិក្ខុទាំងឡាយ វិបស្សនា ដែលបុគ្គលចំរើនហើយ នឹងសម្រេចប្រយោជន៍អ្វី។ នឹងញុំាងបញ្ញាឲ្យចំរើន។ បញ្ញាដែល ចំរើនហើយ នឹងសម្រេចប្រយោជន៍អ្វី។ នឹងលះនូវអវិជ្ជាចេញបាន។
[២៧៦] ម្នាលភិក្ខុទាំងឡាយ ចិត្តដែលសៅហ្មងដោយរាគៈហើយ រមែងមិនរួចផុតស្រឡះ ឬបញ្ញាដែលសៅហ្មង ដោយអវិជ្ជាហើយ រមែងមិនចំរើនឡើយ។ ម្នាលភិក្ខុទាំងឡាយ ចេតោវិមុតិ្តកើត ព្រោះប្រាសចាករាគៈ បញ្ញាវិមុតិ្តកើត ព្រោះប្រាសចាកអវិជ្ជា ដោយប្រការ ដូច្នេះ។
ចប់ ពាលវគ្គ ទី៣។
ពាលវគ្គ ទី ៣ ឬ ធម៌ ២ ប្រការនេះ ជាចំណែកនៃវិជ្ជា - បិដកភាគ ៤០ ទំព័រ ១៣៥ ឃ្នាប ២៧៥
ដោយ៥០០០ឆ្នាំ